ជំពូកទី ១០

ក្នុងអំឡុងពេលកសាងក្រុមជំនុំ ព្រះជាម្ចាស់ស្ទើរតែមិនបានលើកឡើងអំពីការកសាងនគរព្រះ។ សូម្បីតែនៅពេលដែលទ្រង់បានលើកឡើងក៏ដោយ ក៏ទ្រង់មានព្រះបន្ទូលបែបភាសាខាងពេលវេលាប៉ុណ្ណោះ។ នៅពេលយុគសម័យនៃនគរព្រះបានមកដល់ ព្រះជាម្ចាស់បានលុបចោលវិធីសាស្ត្រ និងបញ្ហាមួយចំនួនអំពីពេលវេលាកសាងក្រុមជំនុំយ៉ាងខ្លាំងមួយរំពេច ហើយទ្រង់មិនដែលមានព្រះបន្ទូលអំពីពួកវាម្ដងទៀតសោះឡើយ។ នេះពិតជាខ្លឹមសារសំខាន់របស់ «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ» ដែលទ្រង់តែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ។ ដូចគ្នាដែរ រឿងរ៉ាវដែលអាចនឹងធ្លាប់កើតឡើងនៅក្នុងអតីតកាល ពួកវាគឺជាផ្នែកនៃយុគដែលបានកន្លងផុតទៅហើយ ដូច្នេះ ព្រះជាម្ចាស់ចាត់ទុកព្រឹត្តិការណ៍ពីអតីតកាលបែបនេះថាជារឿងដែលបានកើតឡើងនៅគ្រាមុនព្រះគ្រីស្ទ ចំណែកឯសម័យបច្ចុប្បន្នត្រូវបានហៅថាជាគ្រាក្រោយព្រះគ្រីស្ទ។ តាមរយៈការនេះ គេអាចឃើញថា ការកសាងក្រុមជំនុំ គឺជាតម្រូវការជាមុនសម្រាប់ការកសាងនគរព្រះ។ វាបានចាក់គ្រឹះសម្រាប់ព្រះជាម្ចាស់កាន់កាប់អំណាចគ្រប់គ្រងរបស់ទ្រង់នៅក្នុងនគរព្រះ។ ការកសាងក្រុមជំនុំគឺជារូបភាពនៃសព្វថ្ងៃនេះ។ កិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី ផ្ដោតសំខាន់ទៅលើការកសាងនគរព្រះ។ មុនពេលទ្រង់បានបញ្ចប់ការកសាងក្រុមជំនុំ ទ្រង់បានត្រៀមរួចរាល់សម្រាប់កិច្ចការដែលត្រូវធ្វើទាំងអស់ ហើយនៅពេលដែលវេលាបានមកដល់ នោះទ្រង់ក៏បានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ជាផ្លូវការ។ ដូច្នេះហើយបានជាព្រះជាម្ចាស់បានមានព្រះបន្ទូលថា «យុគសម័យនៃនគរព្រះ គឺខុសគ្នាពីសម័យមុនៗទាំងអស់។ មិនខ្វល់ថាតើមនុស្សមានសកម្មភាពយ៉ាងណានោះទេ ផ្ទុយទៅវិញ ខ្ញុំបានយាងចុះមកលើផែនដីដើម្បីអនុវត្តកិច្ចការរបស់ខ្ញុំដោយផ្ទាល់ ជាកិច្ចការដែលមនុស្សជាតិអាចមិននឹកគិតដល់ ហើយក៏មិនសម្រេចបាន»។ ពិតមែន កិច្ចការនេះត្រូវតែអនុវត្តដោយព្រះជាម្ចាស់ដោយផ្ទាល់ (គ្មានមនុស្សណាម្នាក់អាចធ្វើកិច្ចការបែបនេះបានទេ) ពួកគេរ៉ាប់រងកិច្ចការនេះមិនបានឡើយ។ ក្រៅពីព្រះជាម្ចាស់ តើនរណាអាចបំពេញកិច្ចការដ៏អស្ចារ្យបែបនេះនៅក្នុងចំណោមមនុស្សជាតិបានទៅ? តើមាននរណាផ្សេងទៀតទេដែលអាចដាក់ទារុណកម្មមនុស្សជាតិឱ្យស្លាប់ពាក់កណ្ដាលបាននោះ? តើមនុស្សអាចរៀបចំកិច្ចការបែបនេះបានឬទេ? ហេតុអ្វីបានជាទ្រង់មានព្រះបន្ទូលថា «ខ្ញុំបានយាងចុះមកលើផែនដីដើម្បីអនុវត្តកិច្ចការរបស់ខ្ញុំដោយផ្ទាល់»? តើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ពិតជាអាចបាត់ពីលំហអាកាសទាំងអស់បានឬទេ? ឃ្លាដែលថា «ខ្ញុំបានយាងចុះមកលើផែនដីដើម្បីអនុវត្តកិច្ចការរបស់ខ្ញុំដោយផ្ទាល់» សំដៅទៅលើការពិតដែលថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បានយកកំណើតជាមនុស្សក្នុងភាពជាសាច់ឈាមដើម្បីអនុវត្តកិច្ចការ ព្រមទាំងការពិតដែលថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ កំពុងតែធ្វើការយ៉ាងច្បាស់លាស់តាមរយៈមនុស្សជាតិ។ តាមរយៈការបំពេញកិច្ចការរបស់ទ្រង់ដោយព្រះអង្គឯងផ្ទាល់ ទ្រង់អនុញ្ញាតឱ្យមនុស្សជាច្រើនមើលឃើញព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដោយភ្នែកទទេរបស់ពួកគេ ដោយពួកគេមិនចាំបាច់ស្វែងរកទ្រង់យ៉ាងយកចិត្តទុកដាក់នៅក្នុងវិញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេឡើយ។ លើសពីនេះទៅទៀត ទ្រង់អនុញ្ញាតឱ្យមនុស្សទាំងអស់មើលឃើញដំណើរការនៃព្រះវិញ្ញាណដោយភ្នែកផ្ទាល់ខ្លួនរបស់ពួកគេ ដោយបង្ហាញពួកគេថា មានភាពខុសគ្នាយ៉ាងច្បាស់លាស់រវាងសាច់ឈាមរបស់មនុស្ស និងរបស់ព្រះជាម្ចាស់។ ក្នុងពេលជាមួយគ្នានេះដែរ នៅពាសពេញលំហអាកាស និងសកលលោកទាំងអស់ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់កំពុងតែធ្វើការ។ រាស្ត្ររបស់ព្រះជាម្ចាស់ទាំងអស់ដែលទទួលបានការបំភ្លឺ ដែលបានទទួលយកព្រះនាមរបស់ព្រះជាម្ចាស់ ចូរមើលពីរបៀបដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ធ្វើការចុះ នោះនឹងកាន់តែស្គាល់ច្បាស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ដូចនេះ លុះត្រាតែភាពជាព្រះរបស់ព្រះជាម្ចាស់ធ្វើការដោយផ្ទាល់ប៉ុណ្ណោះ ពោលគឺ មានតែពេលដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ អាចធ្វើការបានដោយគ្មានការជ្រៀតជ្រែកសូម្បីតែបន្តិច ទើបមនុស្សជាតិអាចស្គាល់ច្បាស់ពីព្រះជាម្ចាស់ដ៏ជាក់ស្ដែងផ្ទាល់ព្រះអង្គបាន។ នេះគឺជាលក្ខណៈនៃការកសាងនគរព្រះ។

តើព្រះជាម្ចាស់យកកំណើតជាមនុស្សក្នុងភាពជាសាច់ឈាមប៉ុន្មានដងហើយ? វាអាចពីរបីដងហើយមែនទេ? ហេតុអ្វីបានជា ព្រះជាម្ចាស់មានព្រះបន្ទូលជាច្រើនដងថា «ខ្ញុំធ្លាប់យាងចុះមកក្នុងពិភពមនុស្ស ហើយបានមានបទពិសោធន៍ និងបានសង្កេតមើលការរងទុក្ខរបស់ពួកគេ ប៉ុន្តែខ្ញុំបានធ្វើដូច្នោះដោយមិនបានបំពេញគោលបំណងនៃការយកកំណើតជាមនុស្សរបស់ខ្ញុំទេ»? តើវាមានន័យថា ព្រះជាម្ចាស់បានយកកំណើតជាមនុស្សពីរបីដងហើយ ប៉ុន្តែមនុស្សមិនដែលដឹងម្ដងណាឡើយ មែនទេ? នោះមិនមែនជាអត្ថន័យនៃសេចក្ដីថ្លែងនេះទេ។ លើកដំបូង ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ហើយគោលបំណងរបស់ទ្រង់គឺពិតជាមិនចង់ឱ្យមនុស្សស្គាល់ទ្រង់ទេ ផ្ទុយទៅវិញ ទ្រង់បានបំពេញកិច្ចការរបស់ទ្រង់ ហើយបន្ទាប់មក បានបាត់ព្រះកាយដោយគ្មាននរណាម្នាក់កត់សំគាល់ ឬក៏គ្មានសូម្បីតែឱកាសស្គាល់ទ្រង់។ ទ្រង់មិនបានអនុញ្ញាតឱ្យមនុស្សស្គាល់ទ្រង់យ៉ាងពេញលេញឡើយ ហើយទ្រង់ក៏មិនមានគោលបំណងក្នុងការយកកំណើតជាមនុស្សទាំងស្រុងនោះដែរ ដូចនេះ គេមិនអាចថា ទ្រង់បានយកកំណើតជាមនុស្សពេញលេញនោះទេ។ នៅក្នុងការយកកំណើតជាមនុស្សគ្រាដំបូង ព្រះជាម្ចាស់គ្រាន់តែប្រើរូបកាយដែលគ្មានធម្មជាតិបាបដើម្បីអនុវត្តកិច្ចការងារនោះប៉ុណ្ណោះ បន្ទាប់ពីកិច្ចការចប់ នោះមិនចាំបាច់និយាយអ្វីបន្ថែមទៀតទេ។ ចំពោះមនុស្សទាំងនោះដែលព្រះជាម្ចាស់ប្រើប្រាស់ឆ្លងកាត់យុគសម័យនានា ការកើតមានបែបនេះគឺមិនសមនឹងហៅថា «ការយកកំណើតជាមនុស្ស» ឡើយ។ មានតែព្រះដ៏ជាក់ស្ដែងផ្ទាល់ព្រះអង្គនៅសព្វថ្ងៃនេះប៉ុណ្ណោះ ដែលស្ថិតក្រោមសម្បកជាមនុស្សធម្មតា និងមានភាពជាព្រះ ពេញលេញនៅខាងក្នុង ហើយមានគោលបំណងអនុញ្ញាត ឱ្យមនុស្សជាតិស្គាល់ទ្រង់ ទើបគេអាចហៅបានយ៉ាងពេញលេញថាជា «ការយកកំណើតជាមនុស្ស»។ សារៈសំខាន់នៃការយាងមកជាលើកដំបូងរបស់ព្រះជាម្ចាស់នៅលើពិភពលោកនេះ គឺជាផ្នែកមួយអំពីសារៈសំខាន់នៃអ្វីដែលហៅថាជាការយកកំណើតជាមនុស្សនៅសព្វថ្ងៃនេះ ប៉ុន្តែការយាងមកនេះគ្មានអ្វីក្រៅតែពីផ្ដល់នូវអត្ថន័យពេញលេញអំពីអ្វីដែលគេហៅនាពេលបច្ចុប្បន្ននេះថា ការយកកំណើតជាមនុស្សនោះទេ។ ដូច្នេះហើយទើបព្រះជាម្ចាស់បានមានព្រះបន្ទូលថា «ដោយមិនបានបំពេញគោលបំណងនៃការយកកំណើតជាមនុស្សរបស់ខ្ញុំទេ»។ ដូចដែលព្រះជាម្ចាស់មានព្រះបន្ទូលថា ការដកពិសោធន៍ និងការសង្កេតមើលការរងទុក្ខរបស់មនុស្ស សំដៅទៅលើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងការយកកំណើតជាមនុស្សចំនួនពីរ។ ដោយហេតុនេះហើយ ទើបព្រះជាម្ចាស់បានមានព្រះបន្ទូលថា «នៅពេលការកសាងនៃនគរព្រះបានចាប់ផ្ដើម នោះសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ខ្ញុំក៏បានចាប់ផ្ដើមអនុវត្តកិច្ចការព័ន្ធកិច្ចរបស់ខ្ញុំជាផ្លូវការ ពោលគឺ ស្ដេចនៃនគរព្រះបានឡើងកាន់អំណាចគ្រប់គ្រងរបស់ទ្រង់ជាផ្លូវការ»។ ទោះបីជាការកសាងក្រុមជំនុំគឺជាទីបន្ទាល់អំពីព្រះនាមរបស់ព្រះជាម្ចាស់ក្ដី ក៏កិច្ចការមិនទាន់បានចាប់ផ្ដើមជាផ្លូវការនៅឡើយទេ មានតែសព្វថ្ងៃនេះប៉ុណ្ណោះ ទើបគេអាចនិយាយបានថាជាការកសាងនគរព្រះ។ អ្វីៗទាំងអស់ដែលបានធ្វើកាលពីមុន គឺគ្រាន់តែជាការពិសោធន៍ប៉ុណ្ណោះ វាមិនមែនជារឿងពិតទេ។ ទោះបីជាគេនិយាយថា នគរព្រះបានចាប់ផ្ដើមហើយក៏ដោយ ក៏មិនទាន់មានការអនុវត្តនូវកិច្ចការណាមួយនៅឡើយទេ។ មានតែសព្វថ្ងៃនេះទេ ទើបកំពុងមានការអនុវត្តកិច្ចការនៅក្នុងភាពជាព្រះរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ជាផ្លូវការ ហើយនៅទីបំផុតមនុស្សជាតិបានចូលក្នុងនគរព្រះហើយ។ ដូច្នេះ «ការចុះមកនៃនគរព្រះចូលមកក្នុងពិភពមនុស្ស ខុសឆ្ងាយពីការគ្រាន់តែជាការបង្ហាញឲ្យឃើញដែលគ្មានខ្លឹមសារ គឺជាការពិតជាក់ស្ដែងមួយ នេះជាចំណុចមួយនៃអត្ថន័យនៃ 'ភាពជាក់ស្ដែងនៃការអនុវត្ត'»។ ការដកស្រង់នេះគឺជាការសង្ខេបសមនឹងការអធិប្បាយខាងលើ។ ដោយបានផ្ដល់នូវការពិពណ៌នានេះ ព្រះជាម្ចាស់បន្តឆ្ពោះទៅកំណត់សភាពទូទៅនៃមនុស្សជាតិ ដោយទុកឱ្យមនុស្សស្ថិតក្នុងសភាពរវល់ឥតឈប់ឈរ។ «នៅពាសពេញពិភពលោក មនុស្សគ្រប់រូបរស់នៅក្នុងសេចក្ដីមេត្តាករុណា និងសេចក្ដីសន្ដោសប្រណីរបស់ខ្ញុំ តែទោះដូច្នោះក្ដី មនុស្សជាតិទាំងអស់សុទ្ធតែស្ថិតនៅក្រោមការជំនុំជម្រះរបស់ខ្ញុំ និងដាក់ឲ្យស្ថិតក្រោមការល្បងលរបស់ខ្ញុំផងដែរ»។ ជីវិតរបស់មនុស្សត្រូវបានគ្រប់គ្រងទៅតាមគោលការណ៍ និងវិន័យជាក់លាក់ ដែលរៀបចំដោយព្រះជាម្ចាស់ និងដែលមានដូចជា៖ ពេលវេលាមានសុភមង្គល ខណៈពេលខូចចិត្ត និងជាងនេះទៅទៀតគឺ ពេលវេលាបន្សុទ្ធតាមបែបទុក្ខលំបាកដែលត្រូវតែស៊ូទ្រាំ។ ដូច្នេះ គ្មាននរណាម្នាក់ដែលរស់នៅក្នុងជីវិតសុទ្ធតែមានសុភមង្គល ឬក៏សុទ្ធតែរងទុក្ខឡើយ រាល់ជីវិតសុទ្ធតែមានពេលឡើង និងពេលចុះ។ នៅក្នុងមនុស្សជាតិទាំងអស់ មិនមែនមានតែសេចក្ដីមេត្តា‌ករុណា និងសេចក្ដីសន្ដោសប្រណីរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានការជំនុំជម្រះរបស់ទ្រង់ និងនិស្ស័យទាំងមូលរបស់ទ្រង់ដែរ។ អាចនិយាយបានថា មនុស្សទាំងអស់រស់រាននៅក្រោមការល្បងលរបស់ព្រះជាម្ចាស់ មែនទេ? នៅទូទាំងពិភពលោកដ៏ធំល្វឹងល្វើយនេះ មនុស្សទាំងអស់រវល់នឹងការស្វែងរកផ្លូវចេញសម្រាប់ខ្លួនឯង។ ពួកគេមិនច្បាស់ថាតើពួកគេមានតួនាទីអ្វីនោះទេ ហើយអ្នកខ្លះថែមទាំងបំផ្លាញ ឬធ្វើឱ្យបាត់បង់ជីវិតរបស់ខ្លួនសម្រាប់ជាប្រយោជន៍ដល់វាសនាទៀតផង។ សូម្បីតែ យ៉ូប ក៏គេចមិនផុតពីច្បាប់នេះដែរ៖ ទោះបីជាគាត់បានស៊ូទ្រាំនឹងការល្បងលរបស់ព្រះជាម្ចាស់យ៉ាងណាក៏ដោយ ក៏គាត់នៅតែស្វែងរកផ្លូវចេញសម្រាប់ខ្លួនឯងដែរ។ មិនធ្លាប់មាននរណាម្នាក់អាចឈរយ៉ាងជាប់មាំក្រោមការល្បងលរបស់ព្រះជាម្ចាស់ឡើយ។ ដោយសារតែភាពលោភលន់ និងនិស្ស័យរបស់មនុស្ស ទើបគ្មាននរណាម្នាក់ពេញចិត្តទាំងស្រុងនឹងស្ថានភាពបច្ចុប្បន្នរបស់ពួកគេ និងគ្មាននរណាម្នាក់ឈរយ៉ាងជាប់មាំក្រោមការល្បងលឡើយ មនុស្សរាល់រូបវិនាសក្រោមការជំនុំជម្រះរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់ធ្វើម៉ឺងម៉ាត់ជាមួយមនុស្សជាតិ ហើយបើសិនជាទ្រង់នៅតែប្រកាន់យកការទាមទារតឹងរ៉ឹងបែបនេះពីមនុស្ស នោះវានឹងដូចអ្វីដែលទ្រង់បានមានព្រះបន្ទូលថា៖ «នោះមនុស្សជាតិទាំងមូលនឹងដួលរលំនៅក្រោមការសម្លឹងមើលទាំងក្ដៅក្រហាយរបស់ខ្ញុំ»។

ថ្វីដ្បិតតែការស្ថាបនានគរព្រះបានចាប់ផ្ដើមជាផ្លូវការមែន ក៏ប៉ុន្តែការគំនាប់ចំពោះនគរព្រះមិនទាន់បន្លឺសំឡេងឡើងនៅឡើយទេ ឥឡូវនេះ វាគ្រាន់តែជាទំនាយអំពីអ្វីដែលនឹងមកដល់ប៉ុណ្ណោះ។ នៅពេលមនុស្សទទួលបានការធ្វើឱ្យពេញខ្នាតអស់ហើយ ហើយគ្រប់ប្រទេសទាំងអស់នៅលើផែនដីក្លាយជាព្រះនគររបស់ព្រះគ្រីស្ទ ពេលនោះវាគឺជាវេលាដែលផ្គរលាន់ទាំងប្រាំពីរបញ្ចេញសូរសព្ទ។ សព្វថ្ងៃនេះគឺជាជំហានឆ្ពោះទៅដំណាក់កាលនោះ ឯបន្ទុកត្រូវបានបញ្ចេញឆ្ពោះទៅថ្ងៃនោះហើយ។ នេះគឺជាផែនការរបស់ព្រះជាម្ចាស់ ហើយនៅពេលអនាគតដ៏ខ្លីខាងមុខនេះ វានឹងបានសម្រេច។ ទោះយ៉ាងណាក៏ដោយ ព្រះជាម្ចាស់ទទួលបាននូវអ្វីៗដែលទ្រង់បានថ្លែងរួចហើយ។ ដូច្នេះ វាច្បាស់ហើយថា ប្រទេសនៅលើផែនដីគ្រាន់តែជាប្រាសាទធ្វើពីដីខ្សាច់ ដែលញាប់ញ័រពេលជំនោរខ្ពស់មកជិតទេតើ៖ ថ្ងៃចុងក្រោយជិតមកដល់ហើយ នាគដ៏ធំមានសម្បុរក្រហម នឹងដួលរលំនៅក្រោមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដើម្បីធានាថា ផែនការរបស់ទ្រង់ត្រូវបានអនុវត្តដោយជោគជ័យនោះ ទេវតានៅស្ថានសួគ៌បានចុះមកលើផែនដី ដោយធ្វើកិច្ចការខ្លាំងបំផុត ដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលយកកំណើតជាមនុស្សបានដាក់ពង្រាយដល់សមរភូមិដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងសត្រូវ។ កន្លែងដែលមានការយកកំណើតជាមនុស្ស គឺជាកន្លែងដែលសត្រូវវិនាសគ្មានសល់។ ចិនជាប្រទេសទីមួយដែលនឹងត្រូវកម្ទេចចោល វានឹងត្រូវបានបំផ្លាញទាំងស្រុងដោយព្រះហស្តរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមិនត្រាប្រណីដល់ទីនោះជាដាច់ខាត។ ភស្តុតាងអំពីការដួលរលំនៃវឌ្ឍនភាពរបស់នាគដ៏ធំមានសម្បុរក្រហមអាចត្រូវបានគេមើលឃើញតាមរយៈភាពពេញវ័យជាបន្តបន្ទាប់របស់មនុស្ស ហើយការនេះមានភាពជាក់ស្ដែង និងអាចមើលឃើញដោយមនុស្សគ្រប់គ្នា។ ភាពពេញវ័យរបស់មនុស្សគឺជាទីសម្គាល់នៃការស្លាប់របស់សត្រូវ។ នេះគឺជាការពន្យល់បន្តិចបន្តួចពីអត្ថន័យនៃពាក្យ «ប្រកួត»។ ដូច្នេះ ព្រះជាម្ចាស់បានរំឭកមនុស្សជាច្រើនលើកច្រើនសាឱ្យធ្វើទីបន្ទាល់ល្អៗពីទ្រង់ដើម្បីលុបចោលឋានៈដែលកាន់កាប់ដោយសញ្ញាណ ដែលជាភាពអាក្រក់របស់នាគដ៏ធំមានសម្បុរក្រហម នៅក្នុងដួងចិត្តរបស់មនុស្ស។ ព្រះជាម្ចាស់ប្រើការរំឭកបែបនេះដើម្បីដាស់សេចក្ដីជំនឿរបស់មនុស្ស ហើយដោយធ្វើដូច្នេះ កិច្ចការរបស់ទ្រង់ក៏សម្រេចបាននូវសមិទ្ធផល។ នេះក៏ព្រោះតែព្រះជាម្ចាស់មានព្រះបន្ទូលថា «តើមនុស្សមានសមត្ថភាពធ្វើអ្វីបានឲ្យពិតប្រាកដទៅ? តើវាមិនសមទេឬដែលថា ខ្ញុំធ្វើវាដោយអង្គខ្ញុំ?» មនុស្សទាំងអស់គឺសុទ្ធតែអ៊ីចឹង ពួកគេមិនត្រឹមតែគ្មានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងងាយធ្លាក់ទឹកចិត្ត និងខកចិត្តទៀតផង។ ដោយហេតុនេះហើយ ពួកគេមិនអាចស្គាល់ព្រះជាម្ចាស់បានទេ។ ព្រះជាម្ចាស់មិនត្រឹមតែធ្វើឱ្យសេចក្ដីជំនឿរបស់មនុស្សជាតិរស់ឡើងវិញប៉ុណ្ណោះទេ ទ្រង់ថែមទាំងបំពេញឱ្យមនុស្សនូវកម្លាំងដោយស្ងាត់ៗ និងឥតឈប់ឈរទៀតផង។

បន្ទាប់មក ព្រះជាម្ចាស់បានចាប់ផ្ដើមមានព្រះបន្ទូលទៅកាន់សកលលោកទាំងមូល។ ព្រះជាម្ចាស់មិនត្រឹមតែបានចាប់ផ្ដើមកិច្ចការថ្មីរបស់ទ្រង់នៅប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែគឺនៅទូទាំងសកលលោក ទ្រង់បានចាប់ផ្ដើមធ្វើកិច្ចការថ្មីនៅសព្វថ្ងៃនេះ។ នៅក្នុងកិច្ចការនាដំណាក់កាលនេះ ដោយសារព្រះជាម្ចាស់មានបំណងបើកឱ្យដឹងនូវអំពើទាំងអស់របស់ទ្រង់នៅពាសពេញពិភពលោក ដើម្បីឱ្យមនុស្សទាំងអស់ដែលបានក្បត់ទ្រង់ នឹងមកវិញដើម្បីចុះចូលនៅពីមុខព្រះរាជបល្ល័ង្ករបស់ទ្រង់ ឯការជំនុំជម្រះរបស់ព្រះជាម្ចាស់ នឹងនៅតែមានសេចក្ដីមេត្តាករុណា និងសេចក្ដីសន្ដោសប្រណីរបស់ទ្រង់។ ព្រះជាម្ចាស់ប្រើព្រឹត្តិការណ៍បច្ចុប្បន្ននៅពាសពេញពិភពលោកធ្វើជាឱកាស ធ្វើឱ្យមនុស្សមានអារម្មណ៍ស្លន់ស្លោដើម្បីជំរុញពួកគេឱ្យស្វែងរកព្រះជាម្ចាស់ ដូច្នេះពួកគេអាចនឹងត្រឡប់មកនៅពីមុខព្រះភក្ត្រទ្រង់វិញ។ ដូច្នោះហើយ ទើបទ្រង់មានព្រះបន្ទូលថា «នេះជាវិធីធ្វើការមួយបែបរបស់ខ្ញុំ និងដោយគ្មានការសង្ស័យ ក៏ជាទង្វើនៃការសង្គ្រោះមនុស្សជាតិផងដែរ ហើយអ្វីដែលខ្ញុំពង្រីកទៅដល់ពួកគេ នៅតែជាប្រភេទនៃសេចក្ដីស្រឡាញ់»។ នៅទីនេះ ព្រះជាម្ចាស់បើកសម្ដែងពីនិស្ស័យពិតរបស់មនុស្សជាតិដោយភាពជាក់លាក់បានយ៉ាងលឿន យ៉ាងច្បាស់ និងយ៉ាងងាយគ្មានអ្វីប្រៀបផ្ទឹមបាន។ ការនេះធ្វើឱ្យមនុស្សលាក់មុខរបស់ពួកគេដោយភាពខ្មាស់អៀនយ៉ាងអាម៉ាស់មុខមែនទែន។ រាល់ពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល ទោះម្ដេចក្ដីទ្រង់តែងតែបានចង្អុលបង្ហាញនូវចំណុចខ្លះៗអំពី ការអនុវត្តដ៏គួរឱ្យអាម៉ាស់របស់មនុស្សជាតិ ដើម្បីឱ្យនៅពេលស្រួល មនុស្សមិនភ្លេចការស្គាល់ខ្លួនឯង និងមិនចាត់ទុកការស្គាល់ខ្លួនឯងថាជាកិច្ចការចាស់ឡើយ។ យោងតាមធម្មជាតិរបស់មនុស្ស ប្រសិនបើព្រះជាម្ចាស់ឈប់ចង្អុលបង្ហាញពីកំហុសរបស់ពួកគេសូម្បីតែមួយភ្លែត នោះពួកគេអាចនឹងប្រព្រឹត្តខុសគន្លង និងក្រអឺតក្រទមភ្លាម។ ហេតុនេះហើយទើបព្រះជាម្ចាស់មានព្រះបន្ទូលម្តងទៀតនៅសព្វថ្ងៃនេះថា «មនុស្សជាតិ នៅឆ្ងាយពីការមានតម្លៃស្មើងារដែលខ្ញុំបានប្រទានឲ្យពួកគេ ព្រោះតែងារជា 'អ្នកស៊ីឈ្នួល' ពួកគេច្រើននាក់ណាស់រក្សាការថ្នាំងថ្នាក់នៅក្នុងដួងចិត្តរបស់ពួកគេ ហើយព្រោះតែងារជា 'រាស្ត្ររបស់ខ្ញុំ' ពួកគេច្រើននាក់ណាស់បង្កើតសេចក្ដីស្រឡាញ់ចំពោះខ្ញុំនៅក្នុងដួងចិត្តរបស់ពួកគេ។ ពួកគេមិនគួរព្យាយាមបន្លំខ្ញុំទេ ព្រះនេត្ររបស់ខ្ញុំមើលឃើញគ្រប់យ៉ាង!» ឱ្យតែមនុស្សអានសេចក្ដីថ្លែងនេះភ្លាម ពួកគេមានអារម្មណ៍មិនស្រួលចិត្តភ្លាម។ ពួកគេមានអារម្មណ៍ថា សកម្មភាពកន្លងមករបស់ពួកគេគឺក្មេងខ្ចីខ្លាំងណាស់ (គ្រាន់តែជាប្រភេទទង្វើថោកទាបដែលប្រមាថព្រះជាម្ចាស់ប៉ុណ្ណោះ)។ ថ្មីៗនេះពួកគេចង់បំពេញព្រះហឫទ័យព្រះជាម្ចាស់ ប៉ុន្តែខណៈដែលពួកគេមានឆន្ទៈកាន់តែខ្លាំង ពួកគេបែរជាខ្វះថាមពលក្នុងការអនុវត្ត និងមិនដឹងថាតើពួកគេគួរតែធ្វើអ្វីនោះទេ។ ពួកគេពោរពេញទៅដោយការតាំងចិត្តថ្មីទាំងមិនដឹងខ្លួន។ នេះគឺជាផលនៃការអានព្រះបន្ទូលទាំងនេះក្រោយពេលមនុស្សក្លាយទៅជាមានភាពងាយស្រួល។

ម៉្យាង ព្រះជាម្ចាស់មានព្រះបន្ទូលថា សាតាំង គឺ វិកលចរិតខ្លាំងមែនទែន រីឯម្យ៉ាងទៀត ទ្រង់ចង្អុលបង្ហាញថា ធម្មជាតិចាស់ដែលមានក្នុងមនុស្សភាគច្រើន មិនបានផ្លាស់ប្ដូរទេ។ តាមរយៈការនេះ វាច្បាស់ណាស់ថា សកម្មភាពរបស់សាតាំងត្រូវបានបង្ហាញឱ្យឃើញតាមរយៈមនុស្សជាតិ។ ហេតុដូច្នោះហើយ ព្រះជាម្ចាស់រឹឭកមនុស្សកុំឱ្យប្រព្រឹត្តខុសគន្លង ក្រែងលោពួកគេត្រូវសាតាំងត្របាក់ស៊ី។ នេះមិនត្រឹមតែទាយថា មនុស្សខ្លះនឹងបះបោរប៉ុណ្ណោះទេ លើសពីនេះទៅទៀត វាគឺជាការព្រមានដែលបន្លឺសំឡេងដើម្បីដាស់តឿនមនុស្សទាំងអស់ឱ្យទុកចោលអតីតកាលជាប្រញាប់ ហើយស្វែងរកបច្ចុប្បន្នកាលវិញ។ គ្មាននរណាម្នាក់ចង់ឱ្យអារក្សគ្រប់គ្រងខ្លួន ឬក៏ឱ្យពួកវិញ្ញាណអាក្រក់យកឈ្នះខ្លួននោះទេ ដូច្នេះព្រះបន្ទូលរបស់ព្រះជាម្ចាស់ រឹតតែអស្ចារ្យទៀតនោះ គឺជាការព្រមាន និងក្រើនរំឭកដល់ពួកគេ។ ទោះយ៉ាងណា នៅពេលមនុស្សភាគច្រើនផ្លាស់ប្ដូរទៅដល់ចុងម្ខាងទៀត ដែលភ្ជាប់សេចក្ដីសំខាន់ដ៏អស្ចារ្យទៅនឹងរាល់ព្រះបន្ទូលចុងក្រោយរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់បន្តមានព្រះបន្ទូលថា «មនុស្សភាគច្រើនកំពុងតែរង់ចាំឲ្យខ្ញុំបើកសម្ដែងពីអាថ៌កំបាំងឲ្យច្រើនថែមទៀតដើម្បីឲ្យពួកគេបានសប្បាយភ្នែកមើល។ ទោះយ៉ាងណាក៏ដោយ ថ្វីបើអ្នកបានបែរមកយល់ពីអាថ៌កំបាំងទាំងអស់នៃស្ថានសួគ៌ក៏ដោយ តែជាក់ស្ដែង តើអ្នកអាចធ្វើអ្វីបានជាមួយចំណេះដឹងទាំងនោះ? តើវានឹងបង្កើនក្ដីស្រឡាញ់របស់អ្នកចំពោះខ្ញុំបានទេ? តើវានឹងដាស់អារម្មណ៍ស្រឡាញ់របស់អ្នកចំពោះខ្ញុំដែរឬទេ?» តាមរយៈការនេះ វាជាភស្តុតាងបញ្ជាក់ថា មនុស្សមិនប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីស្គាល់ព្រះជាម្ចាស់ និងស្រឡាញ់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញពួកគេប្រើដើម្បីតែបង្កើនចំនួនទំនិញក្នុង «ឃ្លាំងដ៏តូច» របស់ខ្លួនតែប៉ុណ្ណោះ។ ដូច្នេះហើយទើបព្រះជាម្ចាស់ប្រើឃ្លាថា «ដើម្បីឱ្យពួកគេបានសប្បាយភ្នែកមើល» ដើម្បីពណ៌នាអំពីភាពជ្រុលនិយមរបស់មនុស្ស ដែលឆ្លុះបញ្ចាំងពីរបៀបដែលមនុស្សស្រឡាញ់ព្រះជាម្ចាស់នៅមិនទាន់បរិសុទ្ធទាំងស្រុងនៅឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនបានបង្ហាញអាថ៌កំបាំងនានាទេនោះ មនុស្សនឹងមិនផ្ដល់សារៈសំខាន់ខ្លាំងដល់ព្រះបន្ទូលរបស់ទ្រង់ឡើយ ផ្ទុយទៅវិញពួកគេគ្រាន់តែមើលតែបន្តិចប៉ុណ្ណោះ គឺថាក្រឡេកមើលតែមួយប៉ប្រិចភ្នែក ប្រៀបដូចជាជិះលើខ្នងសេះបំផាយកាត់ផ្កាអ៊ីចឹង។ ពួកគេនឹងមិនចំណាយពេលក្នុងការឆ្លុះបញ្ចាំង ឬពិចារណាឱ្យបានពិតប្រាកដអំពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សភាគច្រើនមិនស្រឡាញ់ព្រះបន្ទូលរបស់ទ្រង់ពិតនោះទេ។ ពួកគេមិនចូលទៅឱ្យស៊ីជម្រៅដើម្បីហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ឡើយ ផ្ទុយទៅវិញ ពួកគេគ្រាន់តែមើលត្រួសៗបែបបង្គ្រប់កិច្ចប៉ុណ្ណោះ។ ហេតុអ្វីបានជាឥឡូវនេះព្រះជាម្ចាស់មានព្រះបន្ទូលតាមរបៀបមួយដែលខុសពីរបៀបដែលទ្រង់មានព្រះបន្ទូលពីមុន? ហេតុអ្វីបានជាព្រះបន្ទូលទាំងអស់របស់ទ្រង់សុទ្ធតែមិនអាចវាស់ស្ទង់បាន? ឧទាហរណ៍ដូចជាពាក្យ «ពាក់លើក្បាល» នៅក្នុងឃ្លា «ខ្ញុំនឹងមិនពាក់លើក្បាលពួកគេនូវស្លាកបែបនេះយ៉ាងគាប់ជួនដូច្នេះសោះឡើយ» ពាក្យ «មាសសុទ្ធ» នៅក្នុងឃ្លា «តើមានអ្នកណាម្នាក់ដែលអាចទទួលបានមាសសុទ្ធបំផុតដែលកើតពីព្រះបន្ទូលរបស់ខ្ញុំឬទេ?» ពាក្យដែលទ្រង់លើកឡើងកាលពីមុន «ការកែច្នៃ» នៅក្នុងឃ្លា «ដោយមិនទទួលរងការកែច្នៃណាមួយពីសាតាំងឡើយ» និងឃ្លាបែបនេះផ្សេងៗទៀត។ មនុស្សមិនយល់ពីមូលហេតុដែលព្រះជាម្ចាស់មានព្រះបន្ទូលបែបនេះទេ ពួកគេមិនអាចយល់ច្បាស់ពីមូលហេតុដែលទ្រង់មានព្រះបន្ទូលបែបកំប្លែង លេងសើច និងបែបបង្ករឿងដូចនេះនោះទេ។ វាច្បាស់ណាស់ថា ទាំងនេះគឺជាការបង្ហាញឱ្យឃើញពីគោលបំណងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តាំងពីដើមបំផុតរៀងមក មនុស្សតែងតែមិនអាចយល់ច្បាស់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយវាមើលទៅប្រៀបដូចជាព្រះសូរសៀងរបស់ទ្រង់ ពិតជាធ្ងន់ធ្ងរ និងតឹងរឹងអ៊ីចឹង។ ដោយបន្ថែមការលេងសើចតែបន្តិចប៉ុណ្ណោះ ដោយបន្ថែមពាក្យកំប្លែងពីនេះពីនោះពីរបី ទ្រង់អាចធ្វើឱ្យមានការបន្ធូរអារម្មណ៍ជាមួយនឹងព្រះបន្ទូលរបស់ទ្រង់ ហើយអនុញ្ញាតឱ្យមនុស្សសម្រាកសាច់ដុំរបស់ពួកគេបានខ្លះ។ តាមរយៈការធ្វើដូច្នេះ ទ្រង់អាចទទួលបានផលកាន់តែអស្ចារ្យឡើង ដែលជំរុញឱ្យមនុស្សរាល់រូបសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។

ខាង​ដើម៖ ជីវិតពេត្រុស

បន្ទាប់៖ ជំពូកទី ១១

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ