របៀបដេញតាមសេចក្ដីពិត (៣១)
កាលពីលើកមុន យើងបានប្រកបគ្នាអំពីការលះបង់ចោលនូវសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សអំពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលពាក់ព័ន្ធនឹងប្រធានបទ «របៀបដេញតាមសេចក្ដីពិត» តើមែនទេ? (មែនហើយ។) ទាក់ទងនឹងរឿងនេះ យើងបានប្រកបគ្នាអំពីប្រធានបទ «ការមិនចាត់ទុកព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ស្មើនឹងមនុស្សជាតិពុករលួយ» ហើយនៅក្នុងប្រធានបទនេះ យើងបានប្រកបគ្នាអំពីរបៀបដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ទតមើលការរងទុក្ខ ដែលពាក់ព័ន្ធនឹងគំនិត ទស្សនៈ និងមតិមួយចំនួនស្ដីពីការរងទុក្ខ។ ការប្រកបគ្នាអំពីរបៀបដែលមនុស្សគួរយល់ឃើញចំពោះការរងទុក្ខ អនុញ្ញាតឱ្យមនុស្សមានគំនិត និងទស្សនៈត្រឹមត្រូវអំពីការរងទុក្ខ ដែលធ្វើឱ្យគេអាចយល់ដឹងពីការរងទុក្ខបានយ៉ាងត្រឹមត្រូវ និងមានការប្រព្រឹត្តត្រឹមត្រូវចំពោះការរងទុក្ខ។ ពោលគឺ អ្នកត្រូវតែស៊ូទ្រាំនឹងការរងទុក្ខដែលអ្នកគួរតែស៊ូទ្រាំ។ ប្រសិនបើអ្នកស៊ូទ្រាំនឹងការរងទុក្ខដែលមិនមែនជាអ្វីដែលអ្នកគួរតែស៊ូទ្រាំ ឬដែលគ្មានន័យ នោះព្រះជាម្ចាស់នឹងមិននឹកចាំពីការរងទុក្ខនោះឡើយ។ ប្រសិនបើវាជាការរងទុក្ខដែលអ្នកគួរតែស៊ូទ្រាំ ហើយការស៊ូទ្រាំនឹងការរងទុក្ខនេះ គឺជារឿងដែលអ្នកគួរតែធ្វើ នោះអ្នកត្រូវតែប្រព្រឹត្តចំពោះរឿងនេះឱ្យបានត្រឹមត្រូវ ទទួលយកវាពីព្រះជាម្ចាស់ និងមានផ្នត់គំនិតនៃការចុះចូល។ អ្នកមិនគួររអ៊ូរទាំឡើយ ហើយអ្នកមិនគួរបដិសេធ ឬគេចវេះពីការរងទុក្ខនោះឡើយ ផ្ទុយទៅវិញ ត្រូវយល់ដឹងពីវាឱ្យបានត្រឹមត្រូវ។ ការយល់ដឹងពីរឿងនេះឱ្យបានត្រឹមត្រូវ មានន័យថា ត្រូវយល់ឃើញឱ្យបានត្រឹមត្រូវអំពីអត្ថន័យនៃការរងទុក្ខ តម្លៃនៃការរងទុក្ខ ព្រមទាំងអ្វីដែលមនុស្សគួរសម្រេចបាន និងអ្វីដែលមនុស្សគួរទទួលបាន បន្ទាប់ពីបានស៊ូទ្រាំនឹងការរងទុក្ខ។ សរុបមក ការរងទុក្ខគឺជារឿងដែលមនុស្សគ្រប់រូបត្រូវតែឆ្លងកាត់។ មនុស្សទាំងអស់ដែលរស់នៅក្នុងសាច់ឈាម ត្រូវតែរងទុក្ខ។ មិនថាអ្នកកំពុងដេញតាមជីវិតដ៏ល្អ ដេញតាមសេចក្ដីប្រាថ្នា ឬដេញតាមសេចក្ដីពិតដើម្បីសម្រេចបានសេចក្ដីសង្គ្រោះនៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់នោះទេ ក៏ការរងទុក្ខគឺជារឿងដែលមនុស្សត្រូវតែឆ្លងកាត់ និងជារឿងដែលមនុស្សគួរតែប្រព្រឹត្តចំពោះវាឱ្យបានត្រឹមត្រូវ។ មនុស្សត្រូវតែយល់ឃើញឱ្យបានត្រឹមត្រូវ និងយល់ដឹងឱ្យបានត្រឹមត្រូវចំពោះបញ្ហានៃការរងទុក្ខ។ ប្រសិនបើវាជាការរងទុក្ខដែលមនុស្សគួរតែស៊ូទ្រាំ នោះគេគួរតែទទួលយកវា និងចុះចូល ហើយមិនគួររអ៊ូរទាំ មិនគួរបដិសេធវា និងមិនគួរគេចវេះពីវាឡើយ។ ក្នុងពេលជាមួយគ្នានេះ គេត្រូវតែស្វែងរកសេចក្ដីពិត និងស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅកណ្ដាលការរងទុក្ខនោះ។ ជាការពិតណាស់ វារឹតតែប្រសើរ ប្រសិនបើនៅក្នុងដំណើរការនៃការរងទុក្ខ អ្នកអាចដឹងពីសេចក្ដីពុករលួយ និងទង្វើបះបោររបស់អ្នកផ្ទាល់ ហើយដឹងពីភាពខ្វះខាត និងភាពមិនគ្រប់គ្រាន់របស់អ្នកផ្ទាល់ ព្រមទាំងដឹងថាតើសេចក្ដីពិត និងគោលការណ៍នៃការប្រព្រឹត្តខ្លួនអ្វីខ្លះ ដែលព្រះជាម្ចាស់អនុញ្ញាតឱ្យអ្នកដកបទពិសោធ ទទួលដឹង និងទទួលបាន នៅក្នុងមជ្ឈដ្ឋាន ឬកាលៈទេសៈនៃទុក្ខលំបាកនេះ។ សរុបមក ការរងទុក្ខគឺជារឿងដែលមនុស្សគ្រប់រូបគួរតែឆ្លងកាត់ និងគួរតែទទួលយក។ ជាការពិតណាស់ យើងក៏បានប្រកបគ្នាដែរថា ប្រសិនបើការរងទុក្ខដែលមនុស្សម្នាក់ស៊ូទ្រាំ គឺជារឿងចាំបាច់ និងមានតម្លៃ ត្រូវបានព្រះជាម្ចាស់សព្វព្រះហឫទ័យ ហើយជាការរងទុក្ខដែលមនុស្សគួរតែស៊ូទ្រាំ នោះវាគឺជាការរងទុក្ខដែលពាក់ព័ន្ធនឹងការអនុវត្តសេចក្ដីពិតហើយ។ ប្រសិនបើការរងទុក្ខដែលមនុស្សម្នាក់ស៊ូទ្រាំ គ្មានអ្វីពាក់ព័ន្ធនឹងការអនុវត្តសេចក្ដីពិតទេ ប្រសិនបើវាជាការរងទុក្ខដែលមនុស្សបង្កើតឡើង ឬជាការរងទុក្ខដែលដេញតាមដោយសារតែឆន្ទៈរបស់មនុស្ស នោះវាមិនមែនជាការរងទុក្ខដែលយើងគាំទ្រឡើយ។ ការបង្កើតឱ្យមានការលំបាក និងរឿងអំពល់ទុក្ខមួយចំនួន ការបង្កើតឱ្យមានបញ្ហាមួយចំនួន ហើយបន្ទាប់មកខំប្រឹងជម្នះទៅឆ្លងកាត់រឿងទាំងនោះ គឺសុទ្ធតែជារឿងមិនចាំបាច់ និងជារឿងឥតប្រយោជន៍។ លើសពីនេះ ការរងទុក្ខដែលមនុស្សស៊ូទ្រាំដើម្បីបំពេញមហិច្ឆតា និងបំណងប្រាថ្នារបស់ខ្លួន ដើម្បីបំពេញការស្រេកឃ្លានចំពោះឋានៈ ឬដើម្បីបំពេញបំណងប្រាថ្នាដ៏អាត្មានិយមរបស់ពួកគេ ក៏ជារឿងមិនចាំបាច់ដែរ។ ធម្មជាតិនៃការស៊ូទ្រាំនឹងការរងទុក្ខប្រភេទនេះ គឺខុសពីធម្មជាតិនៃការរងទុក្ខពិតប្រាកដ ដែលជាការរងទុក្ខដែលត្រូវស៊ូទ្រាំដើម្បីទទួលបានសេចក្ដីពិត និងទទួលបានផលពិតប្រាកដ។ យើងបានប្រកបគ្នាអំពីទិដ្ឋភាពនេះ តើមែនទេ? (មែនហើយ។) ឥឡូវនេះ តើអ្នករាល់គ្នាយល់ឃើញយ៉ាងណាចំពោះបញ្ហានៃការរងទុក្ខ? (ពីមុន ខ្ញុំមានទស្សនៈ និងការយល់ដឹងដែលវៀចខុសទំនងជាច្រើននៅក្នុងចិត្តរបស់ខ្ញុំទាក់ទងនឹងការរងទុក្ខ ដោយជឿថា នៅពេលនិយាយដល់ការបំពេញភារកិច្ចរបស់ខ្ញុំ មិនថាខ្ញុំរងទុក្ខយ៉ាងណា ហើយមិនថាខ្ញុំស៊ូទ្រាំនឹងការរងទុក្ខប្រភេទណានោះទេ ក៏ព្រះជាម្ចាស់នឹងគាប់ព្រះហឫទ័យនឹងការរងទុក្ខនោះ ហើយទ្រង់នឹងសព្វព្រះហឫទ័យចំពោះវា។ ទាល់តែបន្ទាប់ពីព្រះជាម្ចាស់បានប្រកបគ្នាអំពីប្រភេទនៃការរងទុក្ខដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ និងប្រភេទនៃការរងទុក្ខដែលធ្វើឡើងដើម្បីការអនុវត្តសេចក្ដីពិត ទើបខ្ញុំចាប់ផ្ដើមញែកដឹងពីទស្សនៈដែលខុសទំនងរបស់ខ្ញុំផ្ទាល់ចំពោះរឿងនានា។ ហើយនៅពេលនោះហើយ ទើបខ្ញុំចាប់ផ្ដើមឆ្លុះបញ្ចាំងពីរបៀបដែលខ្ញុំប្រព្រឹត្តចំពោះការរងទុក្ខ និងឆ្លុះបញ្ចាំងថាតើការរងទុក្ខណាដែលខ្ញុំកំពុងស៊ូទ្រាំនាពេលនេះ ជាការរងទុក្ខដែលត្រូវបានប្រឌិតឡើង និងឥតប្រយោជន៍ តើការរងទុក្ខណាដែលខ្ញុំស៊ូទ្រាំដើម្បីតែបំណងប្រាថ្នាដ៏អាត្មានិយម កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួន ឬមហិច្ឆតា និងបំណងប្រាថ្នារបស់ខ្ញុំ ហើយតើការរងទុក្ខណាដែលខ្ញុំគួរតែស៊ូទ្រាំ និងមិនគួរបដិសេធ។ ឧទាហរណ៍៖ ការរងទុក្ខដែលត្រូវស៊ូទ្រាំដើម្បីយល់ពីសេចក្ដីពិត និងអនុវត្តសេចក្ដីពិត ការរងទុក្ខដែលត្រូវស៊ូទ្រាំដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ការរងទុក្ខដែលត្រូវស៊ូទ្រាំដើម្បីបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ និងធ្វើឱ្យព្រះជាម្ចាស់ពេញព្រះហឫទ័យ ព្រមទាំងការរងទុក្ខដែលត្រូវស៊ូទ្រាំដើម្បីការបំផ្លាស់បំប្រែនិស្ស័យ ពោលគឺ ការរងទុក្ខប្រភេទនេះត្រូវតែស៊ូទ្រាំ ហើយអ្វីដែលទទួលបានបន្ទាប់ពីស៊ូទ្រាំនឹងការរងទុក្ខនេះ គឺសេចក្ដីពិត។ ទាល់តែបន្ទាប់ពីព្រះជាម្ចាស់បានប្រកបគ្នាអំពីរឿងនេះ ទើបខ្ញុំដឹងថា ខ្ញុំត្រូវតែយល់ដឹងពីបញ្ហានៃការរងទុក្ខឱ្យបានត្រឹមត្រូវ ហើយថាខ្ញុំមិនគួរមានអារម្មណ៍ទាស់ទទឹងចំពោះការរងទុក្ខដែលខ្ញុំគួរតែស៊ូទ្រាំនោះទេ ប៉ុន្តែផ្ទុយទៅវិញ ត្រូវទទួលយកវា និងចុះចូល ដោយខិតខំប្រឹងប្រែងឆ្ពោះទៅមុខបន្តិចម្ដងៗ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំអាចឈានដល់ចំណុចនៃការអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដូចដែលពេត្រុសបានធ្វើ ដោយប្រាថ្នាចង់ឱ្យការដាក់ទណ្ឌកម្ម និងការជំនុំជម្រះរបស់ព្រះជាម្ចាស់កុំចាកចេញពីខ្ញុំ ហើយអាចទទួលយកការរងទុក្ខនៃការជំនុំជម្រះ និងការដាក់ទណ្ឌកម្ម ព្រមទាំងការល្បងល និងការបន្សុទ្ធ ដើម្បីឱ្យខ្ញុំអាចមានការចូលទៅក្នុងជីវិតពិតប្រាកដបាន។) អ្នករាល់គ្នាត្រូវតែប្រព្រឹត្តឱ្យបានត្រឹមត្រូវចំពោះរឿងនៃការរងទុក្ខ ហើយអ្នករាល់គ្នាត្រូវតែមានការយល់ដឹងដ៏ស្អាតស្អំអំពីរឿងនេះ។ សរុបមក នៅពេលនិយាយដល់ការរងទុក្ខដែលមិនមែនជារឿងដែលអ្នកគួរតែស៊ូទ្រាំ កុំបង្កើតទុក្ខលំបាក ឬកុំបង្កើតឧបសគ្គផ្សេងៗ ដើម្បីធ្វើឱ្យរឿងរ៉ាវកាន់តែលំបាកសម្រាប់ខ្លួនអ្នកឡើយ។ ការធ្វើឱ្យរឿងរ៉ាវកាន់តែលំបាកសម្រាប់ខ្លួនអ្នក គឺជាការខ្វះភាពជាមនុស្ស ហើយវាក៏ជារឿងដែលមិនប្រកបដោយវិចារណញ្ញាណផងដែរ។ អ្វីដែលសំខាន់បំផុតនោះគឺ មិនថាអ្នកធ្វើឱ្យរឿងរ៉ាវកាន់តែលំបាកសម្រាប់ខ្លួនអ្នកយ៉ាងណានោះទេ មិនថាវាជាការជម្នះលើបញ្ហាផ្ទាល់ខ្លួនមួយចំនួនរបស់អ្នក ឬការបង្កើតរឿងអំពល់ទុក្ខមួយចំនួនដើម្បីធ្វើឱ្យរឿងរ៉ាវកាន់តែលំបាកសម្រាប់ខ្លួនអ្នកក៏ដោយ ក៏អ្វីដែលអ្នកទទួលបាននៅទីបញ្ចប់ យ៉ាងច្រើនបំផុតនឹងគ្រាន់តែជាការបំពេញមហិច្ឆតា និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នក ឬការស្កប់ស្កល់ខាងមនោសញ្ចេតនារបស់អ្នកប៉ុណ្ណោះ ប៉ុន្តែអ្នកនឹងមិនទទួលបានតថភាពសេចក្ដីពិតយ៉ាងពិតប្រាកដឡើយ។ ប្រសិនបើការរងទុក្ខដែលអ្នកស៊ូទ្រាំ គឺដើម្បីការពារអត្ថិភាពនៃអ្វីៗដែលវិជ្ជមាន ដើម្បីការពារអត្ថិភាពនៃយុត្តិធម៌ និងដើម្បីការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ហើយវាជាការរងទុក្ខដែលអ្នកស៊ូទ្រាំដើម្បីមានសេចក្ដីស្មោះស្ម័គ្រ ដើម្បីបំពេញការទទួលខុសត្រូវរបស់អ្នក និងដើម្បីឈានដល់ចំណុចនៃការចុះចូលនឹងព្រះជាម្ចាស់ និងការធ្វើឱ្យព្រះជាម្ចាស់ពេញព្រះហឫទ័យ នោះការស៊ូទ្រាំនឹងការរងទុក្ខបែបនេះ គឺមានតម្លៃ និងមានន័យ។ វាគឺជាការរងទុក្ខដែលមនុស្សគួរតែស៊ូទ្រាំ។ ប្រសិនបើការរងទុក្ខដែលអ្នកស៊ូទ្រាំ គឺដើម្បីការពារអំនួត ឋានៈ និងកេរ្តិ៍ឈ្មោះរបស់អ្នកផ្ទាល់ ដើម្បីបំពេញបំណងប្រាថ្នាដ៏អាត្មានិយមរបស់អ្នក និងបំពេញមហិច្ឆតារបស់អ្នកផ្ទាល់ ព្រមទាំងដើម្បីទទួលបានឋានៈ និងទទួលបានកិត្យានុភាពដ៏អស្ចារ្យនៅក្នុងចំណោមមនុស្ស ប៉ុន្តែនៅក្នុងការស៊ូទ្រាំនឹងការរងទុក្ខនេះ អ្នកមិនបានការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងមិនបានការពារអ្វីៗដែលវិជ្ជមាន ហើយវាមិនមែនជាការស៊ូទ្រាំដើម្បីបំពេញការទទួលខុសត្រូវរបស់អ្នក ហើយរឹតតែមិនមែនដើម្បីឈានដល់ចំណុចនៃការមានសេចក្ដីស្មោះស្ម័គ្រ និងឈានដល់ចំណុចនៃការធ្វើឱ្យព្រះជាម្ចាស់ពេញព្រះហឫទ័យទៀតនោះ នោះការរងទុក្ខទាំងអស់នេះ គឺជាការរងទុក្ខដែលមិនចាំបាច់ និងជាការរងទុក្ខដែលគ្មានតម្លៃឡើយ។ ទោះបីជាអ្នកស៊ូទ្រាំនឹងការរងទុក្ខនោះក៏ដោយ ក៏អ្នកធ្វើដូច្នេះដោយឥតប្រយោជន៍ដែរ។ អ្នកគួរតែចៀសវាងការរងទុក្ខបែបនេះឱ្យច្រើនតាមដែលអាចធ្វើទៅបាន។ តើអ្នកអាចចៀសវាងពីវាដោយរបៀបណា? តើរឿងនេះងាយធ្វើដែរឬទេ? (ជាដំបូង យើងគួរតែទទួលយកទស្សនៈត្រឹមត្រូវស្ដីពីការរងទុក្ខដែលមកពីព្រះជាម្ចាស់ ហើយបន្ទាប់មក យកទស្សនៈទាំងនោះមកផ្ទៀងផ្ទាត់នឹងខ្លួនយើងបន្តិចម្ដងៗនៅក្នុងបទពិសោធរបស់យើង។ នៅពេលយើងដឹងថា ការរងទុក្ខបែបនេះគឺគ្មានតម្លៃ នោះយើងនឹងលែងស៊ូទ្រាំនឹងការរងទុក្ខដែលគ្មានន័យបែបនេះទៀតហើយ។)
ពួកជំនុំខ្លះស្ថិតនៅក្នុងតំបន់ដែលមានលក្ខខណ្ឌរស់នៅលំបាក។ មជ្ឈដ្ឋានហូបចុក និងស្នាក់នៅគឺអន់ ហើយសូម្បីតែការរកទឹកស្អាតមួយកែវ ក៏ជារឿងលំបាកដែរ ប៉ុន្តែអ្នកត្រូវបានតម្រូវឱ្យបំពេញភារកិច្ចរបស់អ្នកនៅទីនោះ តើគួរធ្វើដូចម្ដេចក្នុងស្ថានភាពនេះ? ឧបមាថា អ្នកគិតក្នុងចិត្តខ្លួនឯងថា៖ «ការរងទុក្ខដែលកើតចេញពីលក្ខខណ្ឌខាងក្រៅទាំងនេះ មិនមែនជាអ្វីដែលខ្ញុំគួរតែស៊ូទ្រាំឡើយ។ ខ្ញុំកើតមកដើម្បីធ្វើកិច្ចការពួកជំនុំ។ ខ្ញុំគឺជាអ្នកដឹកនាំម្នាក់ ហើយការប្រព្រឹត្តចំពោះដែលខ្ញុំទទួលបាន គួរតែល្អជាងអ្វីដែលមនុស្សសាមញ្ញទទួលបាន។ លក្ខខណ្ឌរស់នៅទីនេះគឺលំបាកពេក ដែលប៉ះពាល់ដល់អារម្មណ៍របស់ខ្ញុំ និងរារាំងខ្ញុំមិនឱ្យធ្វើកិច្ចការរបស់ខ្ញុំឱ្យបានល្អ។ បែបនេះមិនកើតទេ។ មជ្ឈដ្ឋានដ៏លំបាកនេះ មិនស័ក្តិសមសម្រាប់ខ្ញុំក្នុងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។ ខ្ញុំត្រូវប្ដូរទៅកន្លែងដែលមានទេសភាពស្រស់ស្អាត និងមានមជ្ឈដ្ឋានគាប់ប្រសើរ ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំក៏ត្រូវមានផ្ទះទទួលភ្ញៀវដ៏ល្អមួយ ដែលមានម្ហូបឆ្ងាញ់ ហើយខ្ញុំអាចគេងបានយ៉ាងស្រួល ដែលមានម៉ាស៊ីនត្រជាក់នៅខាងក្នុង និងមានទេសភាពស្អាតៗ ព្រមទាំងមានកន្លែងសម្រាប់ដើរលេងនៅខាងក្រៅផងដែរ។ កន្លែងបែបនោះហើយ ទើបស័ក្តិសមសម្រាប់ខ្ញុំក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ»។ ជាលទ្ធផល អ្នកក៏ជ្រើសរើសចាកចេញពីកន្លែងដ៏លំបាកនោះ ហើយស្វែងរកកន្លែងណាមួយដែលមានមជ្ឈដ្ឋានល្អ ដើម្បីបំពេញភារកិច្ចរបស់អ្នក។ តើការអនុវត្តបែបនេះយ៉ាងម៉េចដែរ? (វាមិនល្អទេ។) អ្នកខ្លះនិយាយថា៖ «តើព្រះអង្គមិនបានព្រះមានបន្ទូលទេឬថា មិនត្រូវបង្កើតរឿងអំពល់ទុក្ខឱ្យខ្លួនយើងនោះ? ការមកកាន់មជ្ឈដ្ឋានដ៏ក្រីក្រ និងលំបាក ដែលការហូបចុក និងការស្នាក់នៅមិនល្អបែបនេះ តើនេះមិនមែនជាការនាំរឿងអំពល់ទុក្ខដាក់ខ្លួនឯង និងនាំការរងទុក្ខដាក់ខ្លួនឯងទេឬ? ដោយសារតែនេះគឺជាការស្វែងរកការរងទុក្ខ និងស្វែងរករឿងអំពល់ទុក្ខ ហើយបង្កើតឧបសគ្គសម្រាប់កិច្ចការ ដូច្នេះ ទូលបង្គំគួរតែស្វែងរកកន្លែងដែលគ្មានរឿងអំពល់ទុក្ខ»។ តើការធ្វើបែបនេះអាចទទួលយកបានដែរឬទេ? (មិនអាចទេ។) ចូរប្រាប់ខ្ញុំមកមើល តើមានអ្នកណាយល់ដឹងពីរឿងរ៉ាវតាមរបៀបនេះដែរឬទេ? (មាន។) តើការយល់ដឹងពីរឿងរ៉ាវតាមរបៀបនេះ ត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ ការយល់ដឹងប្រភេទនេះគឺវៀចខុសទំនងបន្តិចហើយ។) ដូច្នេះ នៅពេលអ្នករាល់គ្នាជួបប្រទះនឹងមជ្ឈដ្ឋាននៃទុក្ខលំបាកបែបនេះ ដែលមជ្ឈដ្ឋានហូបចុក និងស្នាក់នៅគឺអន់ ម្ហូបអាហារ និងភេសជ្ជៈមិនមានអនាម័យ តែងតែមានរុយ មូស និងសត្វល្អិតគ្រប់ប្រភេទហើរចុះហើរឡើង អ្នករាល់គ្នាគេងនៅលើគ្រែឈើដ៏រឹង ភួយសើម និងកខ្វក់ អ្នករាល់គ្នាមិនអាចគេងលក់ស្រួលនៅពេលយប់ គ្មានកន្លែងស្ងាត់ដើម្បីរៀបចំការជួបជុំ មជ្ឈដ្ឋានមិនមានសុវត្ថិភាព ហើយលើសពីនេះទៅទៀត របបរបស់សាតាំងធ្វើការធ្វើទុក្ខបុកម្នេញ និងតាមប្រមាញ់ចាប់ខ្លួននៅទីនោះ នោះតើអ្នករាល់គ្នាមិននិយាយទេឬថា អ្នករាល់គ្នាប្រាកដជាស៊ូទ្រាំនឹងការរងទុក្ខយ៉ាងច្រើននៅក្នុងមជ្ឈដ្ឋានបែបនេះ? (មែនហើយ។) ប៉ុន្តែមានពួកជំនុំមួយនៅកន្លែងនេះ ហើយមានកិច្ចការដែលត្រូវធ្វើ ដូច្នេះ តើអ្នកគួរធ្វើដូចម្ដេច? តើអ្នកនឹងស៊ូទ្រាំនឹងការរងទុក្ខនេះឬក៏អត់? (ពួកយើងត្រូវតែស៊ូទ្រាំនឹងវា។) និយាយតាមគោលលទ្ធិ មនុស្សអាចទទួលយករឿងនេះ និងដឹងថា ពួកគេត្រូវតែស៊ូទ្រាំនឹងការរងទុក្ខនេះ ប៉ុន្តែហេតុអ្វីបានជាពួកគេត្រូវតែស៊ូទ្រាំនឹងវា? (ដោយសារតែកិច្ចការរបស់ពួកជំនុំទាមទារឱ្យធ្វើបែបនេះ ដូចគ្នានឹងភារកិច្ចរបស់យើងដែរ ដូច្នេះការរងទុក្ខនេះត្រូវតែស៊ូទ្រាំ។) នេះគឺជាកិច្ចការដែលអ្នកគួរតែធ្វើ ហើយវាគឺជាការទទួលខុសត្រូវដែលអ្នកគួរតែបំពេញ។ នៅពេលមានរឿងដូច្នេះ វាពាក់ព័ន្ធនឹងបញ្ហាថាតើអ្នកមានសេចក្ដីស្មោះស្ម័គ្រក្នុងការបំពេញភារកិច្ចរបស់អ្នកដែរឬទេ។ អ្នកមិនអាចពិចារណាថាតើមជ្ឈដ្ឋាននោះមានផាសុកភាពឬអត់នោះទេ ហើយអ្នកក៏មិនអាចប្រព្រឹត្តដោយផ្អែកលើថាតើសាច់ឈាមរបស់អ្នកមានផាសុកភាព ឬក៏ឈឺចាប់នោះដែរ។ អ្នកមិនអាចធ្វើតាមអារម្មណ៍ទាំងនេះឡើយ។ អ្នកត្រូវតែព្យាយាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីជម្នះការលំបាកផ្សេងៗ ដើម្បីបំពេញការទទួលខុសត្រូវ និងភារកិច្ចរបស់អ្នក។ អ្នកខ្លះនិយាយថា៖ «ខ្ញុំផ្ទាល់នឹងមិនទៅទេ។ ខ្ញុំនឹងរកអ្នកណាម្នាក់ដែលស័ក្តិសមឱ្យទៅធ្វើកិច្ចការនេះ និងស៊ូទ្រាំនឹងការរងទុក្ខនេះ។ ខ្ញុំនឹងសន្សំកម្លាំងរបស់ខ្ញុំដើម្បីធ្វើកិច្ចការសំខាន់ៗផ្សេងទៀត ហើយខ្ញុំនឹងមិនចាំបាច់ស៊ូទ្រាំនឹងការរងទុក្ខដែលគ្មានន័យនោះឡើយ»។ តើការយល់ដឹងពីរឿងនេះតាមរបៀបនេះ ត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។ ប្រសិនបើវាប្រាកដណាស់ថា នេះគឺជាកន្លែងដែលខ្ញុំគួរតែទៅ ហើយថាមានកិច្ចការដែលខ្ញុំគួរតែធ្វើ ប៉ុន្តែខ្ញុំរៀបចំឱ្យអ្នកផ្សេងធ្វើវាដោយសារតែខ្លាចការរងទុក្ខ នេះគឺជាការធ្វើខ្លួនរអិលដូចអន្ទង់ និងការខ្ជិលច្រអូសហើយ។) ប្រសិនបើវាប្រាកដណាស់ថា នេះគឺជាកន្លែងដែលអ្នកគួរតែទៅ ហើយថាមានកិច្ចការដែលអ្នកគួរតែធ្វើ មានភារកិច្ចដែលអ្នកគួរតែធ្វើ និងមានបញ្ហាដែលអ្នកគួរតែដោះស្រាយនៅទីនោះ ប៉ុន្តែអ្នកមិនទៅ ហើយបែរជារកលេស និងហេតុផលគ្រប់បែបយ៉ាងដើម្បីឱ្យអ្នកផ្សេងទៅជំនួស នេះមិនមែនជាការមានសេចក្ដីស្មោះស្ម័គ្រឡើយ ហើយនេះគឺជាការគេចវេះ និងការបដិសេធទុក្ខលំបាក។ មូលហេតុជាមូលដ្ឋានបំផុតដែលអ្នកឱ្យអ្នកផ្សេងទៅជំនួស មិនមែនដោយសារតែវាមិនងាយស្រួលសម្រាប់ឱ្យអ្នកទៅនោះទេ ហើយក៏មិនមែនដោយសារតែការទៅទីនោះគឺជាជម្រើសសម្រាប់អ្នកនោះដែរ ប៉ុន្តែដោយសារតែមជ្ឈដ្ឋាននៅទីនោះអាក្រក់ ហើយលក្ខខណ្ឌរស់នៅគឺអន់ ហើយអ្នកខ្លាចការស៊ូទ្រាំនឹងការរងទុក្ខ នោះហើយជាមូលហេតុដែលអ្នកមិនសុខចិត្តទៅ។ ប្រសិនបើអ្នកមានផ្នត់គំនិត និងចេតនាបែបនេះ នេះគឺជាការគ្មានសេចក្ដីស្មោះស្ម័គ្រទាល់តែសោះ ហើយនេះគឺជាការគេចវេះពីការរងទុក្ខ និងការបដិសេធមិនស៊ូទ្រាំនឹងការរងទុក្ខ។ អ្នកត្រូវតែទទួលយកការរងទុក្ខដែលអ្នកគួរតែស៊ូទ្រាំ មិនថាមានការលំបាកច្រើនប៉ុនណាក៏ដោយ ក៏អ្នកមិនអាចគេចវេះពីវាបានឡើយ។ មិនថាមានគ្រោះថ្នាក់ខ្លាំងប៉ុនណាក៏ដោយ ក៏អ្នកត្រូវតែប្រឈមមុខនឹងវាដែរ។ ហើយទោះបីជាមានមហន្តរាយប្រភេទណាមួយកំពុងកើតឡើងនៅទីនោះក៏ដោយ ក៏អ្នកត្រូវតែទៅ អ្នកមិនអាចគេចវេះពីវាបានឡើយ ហើយអ្នកត្រូវតែប្រឈមមុខនឹងការលំបាកទាំងនោះដោយផ្ទាល់។ នេះហៅថាការមានសេចក្ដីស្មោះស្ម័គ្រ។ ឧបមាថា ទោះបីជាអ្នកដឹងថាការទៅទីនោះនឹងធ្វើឱ្យសាច់ឈាមរបស់អ្នករងទុក្ខ ហើយថានឹងមានគ្រោះថ្នាក់ក៏ដោយ ក៏អ្នកមិនបដិសេធ ឬគេចវេះពីវាឡើយ ហើយថែមទាំងអាចប្រឈមមុខនឹងគ្រោះថ្នាក់ និងជម្នះការលំបាកធ្វើជាអ្នកនាំមុខគេទៀតផង ដើម្បីកិច្ចការរបស់ពួកជំនុំ និងដើម្បីបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ។ នេះហៅថាការមានសេចក្ដីស្មោះស្ម័គ្រ នេះហៅថាការបំពេញការទទួលខុសត្រូវរបស់អ្នក ហើយនេះហៅថាការមានការគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់។ ការដែលអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួននៅក្នុងមជ្ឈដ្ឋាននៃទុក្ខលំបាក គឺជាអ្វីដែលមនុស្សត្រូវតែសម្រេចឱ្យបាន ហើយវាក៏ជាការអនុវត្តដែលមនុស្សគួរតែមានផងដែរ តើមែនទេ? (មែនហើយ។) នៅពេលជួបប្រទះនឹងស្ថានភាពបែបនេះ អ្នកត្រូវតែយល់ដឹងពីរឿងនេះតាមរបៀបនេះ និងអនុវត្តតាមរបៀបនេះ។
ប្រសិនបើអ្នកទៅកន្លែងណាមួយដើម្បីបំពេញភារកិច្ចរបស់ខ្លួន ហើយលក្ខខណ្ឌរស់នៅទីនោះគឺល្អ មជ្ឈដ្ឋានក៏ល្អ ម្ហូបអាហារក៏ឆ្ងាញ់ណាស់ដែរ អ្នកអាចញ៉ាំសាច់ស្ទើរតែរាល់ពេលអាហារ ហើយកន្លែងស្នាក់នៅរបស់អ្នកក៏មានផាសុកភាពខ្លាំង ដោយមានម៉ាស៊ីនកម្ដៅនៅរដូវរងា និងម៉ាស៊ីនត្រជាក់នៅរដូវក្ដៅ ហើយលក្ខខណ្ឌទាំងអស់គឺល្អណាស់ តើអ្នកគួរប្រព្រឹត្តចំពោះមជ្ឈដ្ឋានធ្វើកិច្ចការប្រភេទនេះដោយរបៀបណា នៅពេលអ្នកជួបប្រទះនឹងវា? អ្នកខ្លះនិយាយថា៖ «ការធ្វើកិច្ចការនៅក្នុងមជ្ឈដ្ឋានបែបនេះ គឺពិតជាគួរឱ្យសប្បាយរីករាយណាស់។ ប្រសិនបើខ្ញុំធ្វើកិច្ចការរបស់ខ្ញុំនៅកន្លែងនេះ តើខ្ញុំកំពុងសម្ងំយកសុខក្នុងភាពសុខស្រួលមែនទេ? តើខ្ញុំមិនមានសេចក្ដីស្មោះស្ម័គ្រចំពោះភារកិច្ចរបស់ខ្ញុំទេឬ? តើនេះមិនខុសទេឬ?» ប្រសិនបើអ្នកជួបប្រទះនឹងមជ្ឈដ្ឋានដែលមានលក្ខខណ្ឌរស់នៅល្អបែបនេះ តើអ្នកយល់ដឹងពីរឿងនេះដោយរបៀបណា? (ជាដំបូង ខ្ញុំត្រូវកំណត់ថាតើនេះគឺជាតម្រូវការសម្រាប់កិច្ចការរបស់ពួកជំនុំដែរឬទេ។ ប្រសិនបើកិច្ចការតម្រូវឱ្យខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំនៅកន្លែងនេះ នោះខ្ញុំគួរតែប្រព្រឹត្តឱ្យបានត្រឹមត្រូវចំពោះមជ្ឈដ្ឋាននេះ មិនត្រូវសម្ងំយកសុខក្នុងភាពសុខស្រួលឡើយ ហើយមិនត្រូវផ្ដោតលើការហូបចុកឆ្ងាញ់ ឬការស្លៀកពាក់ស្អាតបាតនោះទេ ប៉ុន្តែផ្ទុយទៅវិញ ត្រូវផ្ដោតលើការបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ មានតែការធ្វើបែបនេះប៉ុណ្ណោះ ទើបជាមនុស្សដែលមានមនសិការ និងវិចារណញ្ញាណ។ ប៉ុន្តែ ប្រសិនបើកិច្ចការមិនតម្រូវឱ្យខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំនៅទីនោះទេ ហើយខ្ញុំមានចេតនាជ្រើសរើសកន្លែងដែលមានលក្ខខណ្ឌរស់នៅល្អ ដើម្បីទទួលបានការសោយសុខខាងសាច់ឈាមកាន់តែច្រើន នោះគឺជាការសម្ងំយកសុខក្នុងភាពសុខស្រួលហើយ។) ទោះបីជាអ្នកស្ថិតនៅក្នុងមជ្ឈដ្ឋានដែលមានលក្ខខណ្ឌរស់នៅល្អក៏ដោយ ក៏អ្នកមិនគួរអនុញ្ញាតឱ្យរឿងនេះរារាំងអ្នកពីការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អនោះដែរ។ អ្នកមិនគួរសម្ងំយកសុខនៅក្នុងមជ្ឈដ្ឋានរស់នៅបែបនេះឡើយ គ្រាន់តែធ្វើអ្វីដែលអ្នកគួរតែធ្វើ ហើយបំពេញភារកិច្ចរបស់អ្នកតាមរបៀបដែលវាគួរតែត្រូវបានបំពេញទៅបានហើយ។ ប្រសិនបើគ្រួសារទទួលភ្ញៀវយកចិត្តទុកដាក់ចំពោះអ្នកជាពិសេស ដោយសារតែអ្នកគឺជាអ្នកដឹកនាំ ឬជាអ្នកធ្វើការម្នាក់ ដោយផ្ដល់ឱ្យអ្នកនូវម្ហូបអាហារល្អៗដើម្បីបរិភោគ និងរបស់របរល្អៗដើម្បីប្រើប្រាស់ ព្រមទាំងផ្ដល់ឱ្យអ្នកនូវការថែទាំពិសេស និងការប្រព្រឹត្តចំពោះយ៉ាងពិសេសមួយចំនួន ហើយអ្នកគិតថា៖ «ខ្ញុំត្រូវតែទទួលយករឿងនេះពីព្រះជាម្ចាស់។ នេះគឺជាការដែលព្រះជាម្ចាស់ប្រទានព្រះគុណដល់ខ្ញុំ ហើយវាគឺជាអ្វីដែលខ្ញុំគួរតែសោយសុខ ដូច្នេះ ខ្ញុំនឹងគ្រាន់តែសោយសុខនឹងវាចុះ។ ខ្ញុំមិនអាចបដិសេធបានទេ» នោះវាគឺជារឿងខុសឆ្គងហើយ ដែលអ្នកគិតបែបនេះ។ តាមពិត របៀបដែលគ្រួសារទទួលភ្ញៀវប្រព្រឹត្ត និងមើលថែអ្នក គឺល្អខ្លាំងជាងរបៀបដែលពួកគេធ្វើនៅពេលពួកគេទទួលបងប្អូនប្រុសស្រីធម្មតាទៅទៀត។ វាបានលើសពីស្ដង់ដា និងគោលការណ៍នៃការទទួលភ្ញៀវឆ្ងាយណាស់ទៅហើយ។ ដូច្នេះ តើអ្នកគួរប្រព្រឹត្តចំពោះស្ថានភាពនេះដោយរបៀបណា? (ខ្ញុំត្រូវតែរៀនបដិសេធ។) តើអ្នកគួរបដិសេធដោយរបៀបណា? (ជាដំបូង ខ្ញុំគួរតែប្រកបគ្នាឱ្យបានច្បាស់លាស់ជាមួយគ្រួសារទទួលភ្ញៀវ អំពីគោលការណ៍នៃការទទួលភ្ញៀវ ដោយប្រាប់ពួកគេថា ពួកគេមិនគួរផ្ដល់ការថែទាំពិសេសដល់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ គ្រាន់តែដោយសារតែពួកគេមានឋានៈនោះទេ ព្រោះការធ្វើបែបនេះ ងាយនឹងធ្វើឱ្យពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការសម្ងំយកសុខក្នុងភាពសុខស្រួលណាស់។ លើសពីនេះ ខ្ញុំផ្ទាល់ត្រូវតែរៀនបដិសេធពួកគេ ដោយសោយសុខនឹងការប្រព្រឹត្តចំពោះដ៏ពិសេសនេះឡើយ។ ខ្ញុំគួរតែបង្ហាញការបដិសេធរបស់ខ្ញុំ តាមរយៈការប្រព្រឹត្តជាក់ស្ដែងរបស់ខ្ញុំ និងតាមរយៈសកម្មភាពរបស់ខ្ញុំ។) ចុះតើអ្នកចាំបាច់ត្រូវទទួលយករឿងនេះពីព្រះជាម្ចាស់ដែរឬទេ? (មិនចាំបាច់ទេ។) អ្នកផ្ទាល់ត្រូវតែចេះញែកដឹងពីស្ថានភាពទាំងនោះ ហើយដឹងពីរបៀបប្រព្រឹត្តចំពោះរឿងទាំងនោះឱ្យបានសមស្រប។ អ្នកខ្លះនិយាយថា៖ «នេះគ្រាន់តែជារបៀបដែលគ្រួសារទទួលភ្ញៀវរស់នៅប៉ុណ្ណោះ។ ប្រសិនបើខ្ញុំបដិសេធ តើវាមិនមែនជាការបដិសេធព្រះគុណរបស់ព្រះជាម្ចាស់ទេឬ? តើវាមិនមែនជាការនាំទុក្ខដាក់ខ្លួនទេឬ? ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ គួរតែទទួលបានលក្ខខណ្ឌនៃការទទួលភ្ញៀវដ៏ល្អ នៅពេលបំពេញកិច្ចការរបស់ពួកគេ»។ តើការយល់ដឹងនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ការយល់ដឹងនេះប្រាកដជាខុសហើយ។ ប្រសិនបើអ្នកទៅដល់កន្លែងមួយដែលលក្ខខណ្ឌរស់នៅក្នុងតំបន់នោះល្អខ្លាំង ហើយអ្វីដែលគ្រួសារទទួលភ្ញៀវផ្ដល់ឱ្យអ្នក ក៏ជាផ្នែកមួយនៃការចំណាយ និងតម្រូវការធម្មតានៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេដែរ ហើយនេះគ្រាន់តែជារឿងធម្មតានៅក្នុងជីវិតរបស់ពួកគេ នោះអ្នកគួរតែគោរពទម្លាប់នៃការរស់នៅរបស់ពួកគេ។ នោះគ្រាន់តែជាលក្ខខណ្ឌរស់នៅប្រចាំតំបន់ប៉ុណ្ណោះ។ ប្រសិនបើអ្នកបដិសេធ វាមើលទៅហាក់ដូចជាធ្វើឫកបន្តិចហើយ។ អ្នកគួរតែទទួលយករឿងនេះពីព្រះជាម្ចាស់ និងប្រព្រឹត្តចំពោះវាឱ្យបានត្រឹមត្រូវ អ្នកគួរតែអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានព្រះគុណដល់អ្នក ហើយអ្នកមិនគួរព្យាយាមស្វែងរកការរងទុក្ខដាក់ខ្លួនឡើយ។ ប៉ុន្តែ ប្រសិនបើការប្រព្រឹត្តចំពោះដែលគ្រួសារទទួលភ្ញៀវផ្ដល់ឱ្យអ្នក លើសពីស្ដង់ដារស់នៅប្រចាំថ្ងៃរបស់ពួកគេ ដែលមានន័យថា ពួកគេមើលថែអ្នកតាមរបៀបពិសេសមួយចំនួន នោះវាមិនស្របតាមគោលការណ៍ឡើយ។ អ្នកគួរតែបដិសេធ ហើយអ្នកគួរតែប្រកបគ្នាអំពីគោលការណ៍ជាមួយពួកគេ អ្នកមិនគួរធ្វើឱ្យពួកគេលំបាកឡើយ។ តើនេះមិនមែនជារបៀបដែលអ្នកគួរអនុវត្តទេឬ? (មែនហើយ។) ប្រសិនបើអ្នករកលេស ដោយនិយាយថា៖ «នេះគ្រាន់តែជាស្ដង់ដារស់នៅធម្មតារបស់ពួកគេប៉ុណ្ណោះ។ ពួកគេហូបចុកយ៉ាងហ៊ឺហាជារៀងរាល់ថ្ងៃ ហើយតែងតែមានផ្លែឈើស្រស់គ្រប់ប្រភេទ ដូច្នេះ ខ្ញុំក៏គួរតែសោយសុខនឹងរបស់ទាំងនេះដែរ» តើវាត្រឹមត្រូវដែរឬទេដែលអ្នករកលេសបែបនេះ? (មិនត្រឹមត្រូវទេ។) នេះគឺជាការសម្ងំយកសុខក្នុងភាពសុខស្រួលហើយ។ ពេលដែលមនុស្សមួយចំនួនទៅដល់កន្លែងដែលមានលក្ខខណ្ឌរស់នៅល្អ ពួកគេមិនចង់ចាកចេញទេ ហើយពួកគេស្នាក់នៅកន្លែងបែបនោះក្នុងរយៈពេលយូរជាពិសេស។ ពួកគេខ្លាចថាខ្លួនឯងនឹងស៊ូទ្រាំនឹងការរងទុក្ខ ប្រសិនបើពួកគេទៅកន្លែងផ្សេង ដូច្នេះ ពួកគេរកលេសគ្រប់បែបយ៉ាងដើម្បីកុំឱ្យទៅ។ ទោះបីជាមានកិច្ចការនៅកន្លែងផ្សេង ដែលមានបញ្ហាដែលពួកគេត្រូវដោះស្រាយក៏ដោយ ក៏ពួកគេគ្រាន់តែទៅដើម្បីបញ្ចប់ភារកិច្ចក្នុងរយៈពេលមួយថ្ងៃឬពីរថ្ងៃប៉ុណ្ណោះ រួចក៏ប្រញាប់ត្រឡប់មកកន្លែងដ៏ល្អនេះវិញ។ តើនេះមិនមែនជាការខ្លាចការស៊ូទ្រាំនឹងការរងទុក្ខទេឬ? (មែនហើយ។) នេះគឺជាការខ្លាចការស៊ូទ្រាំនឹងការរងទុក្ខ ហើយវាគឺជាការសម្ងំយកសុខក្នុងភាពសុខស្រួល។ ពួកគេថ្នាក់ថ្នមសាច់ឈាមរបស់ខ្លួន រហូតដល់ពួកគេប្រែជាធាត់ទ្រលុកទ្រលន់ និងសខ្ចី ហើយពួកគេនៅតែរកហេតុផល និងលេស ដោយនិយាយថា៖ «ប្រសិនបើខ្ញុំមិនហូបចុកឱ្យបានល្អ ឬមិនស្នាក់នៅកន្លែងល្អ ហើយខ្ញុំធ្លាក់ខ្លួនឈឺ តើនេះនឹងមិនប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់ខ្ញុំជាអ្នកដឹកនាំទេឬ? ដើម្បីធ្វើកិច្ចការឱ្យបានល្អ ខ្ញុំត្រូវតែថ្នាក់ថ្នមសាច់ឈាមរបស់ខ្ញុំ រក្សាសាច់ឈាមរបស់ខ្ញុំឱ្យមានសុខភាពល្អ និងពោរពេញដោយថាមពល។ មានតែការធ្វើបែបនេះទេ ទើបខ្ញុំមានប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ»។ តើទាំងនេះមិនមែនជាលេសទេឬ? (មែនហើយ គឺជាលេស។) នេះគឺជាការរកលេសឱ្យការសម្ងំយកសុខក្នុងភាពសុខស្រួល។ សរុបមក មិនថាវាជាមជ្ឈដ្ឋាននៃទុក្ខលំបាក ឬជាមជ្ឈដ្ឋាននៃភាពសុខស្រួលនោះទេ ក៏អ្នកគួរតែអាចជៀសវាងពីការរងឥទ្ធិពល ឬត្រូវបានរឹតត្បិតពីរឿងនេះ។ ប្រសិនបើគ្មានទុក្ខលំបាកទេ កុំបង្កើតទុក្ខលំបាកឱ្យខ្លួនអ្នកអី។ ប្រសិនបើមានទុក្ខលំបាក ក៏កុំបដិសេធវាឡើយ។ ប្រសិនបើមជ្ឈដ្ឋានដែលអ្នកជួបប្រទះ តម្រូវឱ្យមានការរងទុក្ខ អ្នកត្រូវតែស៊ូទ្រាំនឹងវា។ មិនថាទុក្ខលំបាកនោះធំធេងប៉ុនណាក៏ដោយ ក៏អ្នកត្រូវតែជម្នះវាដែរ។ គោលបំណងនៃការជម្នះទុក្ខលំបាក គឺដើម្បីបំពេញភារកិច្ចរបស់អ្នកឱ្យបានកាន់តែល្អ មិនមែនដើម្បីមានចេតនាធ្វើបាបសាច់ឈាមរបស់អ្នកផ្ទាល់នោះទេ។ មិនថាការលំបាកនោះធំធេងប៉ុនណាក៏ដោយ ក៏អ្នកមិនគួរបដិសេធ ឬគេចវេះពីវាឡើយ ផ្ទុយទៅវិញ អ្នកគួរតែគិតរកវិធីគ្រប់បែបយ៉ាងដើម្បីធ្វើកិច្ចការឱ្យបានល្អ បំពេញភារកិច្ចដែលអ្នកគួរតែបំពេញឱ្យបានល្អ ហើយនិយាយអ្វីដែលគួរតែនិយាយ ព្រមទាំងចាត់ចែង និងដោះស្រាយបញ្ហាទាំងនោះ រួចហើយអ្នកអាចចាកចេញបាន។ នោះទើបសមស្រប។ នៅពេលអ្នកទៅកន្លែងណាមួយដែលមានលក្ខខណ្ឌរស់នៅល្អ អ្នកក៏ត្រូវតែអាចបំពេញភារកិច្ច និងកិច្ចការរបស់អ្នកជាធម្មតាផងដែរ ដោយមិនត្រូវជាប់ជំពាក់នឹងភាពសុខស្រួល និងការសោយសុខខាងសាច់ឈាមឡើយ ផ្ទុយទៅវិញ ត្រូវផ្ដោតនៅក្នុងចិត្តរបស់អ្នកលើការធ្វើកិច្ចការឱ្យបានល្អ។ ជាការពិតណាស់ នៅក្នុងមជ្ឈដ្ឋានបែបនេះ អ្នកមិនចាំបាច់បង្កើតទុក្ខលំបាកបន្ថែម ដើម្បីធ្វើឱ្យរឿងរ៉ាវកាន់តែលំបាកសម្រាប់ខ្លួនអ្នក ឬដើម្បីថ្វាយភាពស្មោះត្រង់ ឬបង្ហាញពីការតាំងចិត្តរបស់អ្នកចំពោះព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ អ្នកមិនគួរទទួលរងឥទ្ធិពលពីមជ្ឈដ្ឋាននេះទេ អ្នកមិនគួរសម្ងំយកសុខក្នុងភាពសុខស្រួលខាងសាច់ឈាមឡើយ ហើយអ្នកមិនគួរក្លាយជាធ្លាក់ចុះអន់ថយឡើយ។ អ្នកមិនគួរបណ្ដោយឱ្យលក្ខខណ្ឌរស់នៅដ៏ល្អ និងមជ្ឈដ្ឋានដ៏មានផាសុកភាព ប៉ះពាល់ដល់ដំណើរការនៃកិច្ចការ ឬប៉ះពាល់ដល់ការតាំងចិត្តរបស់អ្នកក្នុងការរងទុក្ខ និងសេចក្ដីស្មោះស្ម័គ្ររបស់អ្នកចំពោះភារកិច្ចរបស់ខ្លួនឡើយ។ នៅក្នុងមជ្ឈដ្ឋាននៃភាពសុខស្រួល អ្នកនៅតែត្រូវតែបំពេញការទទួលខុសត្រូវរបស់អ្នក និងបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អដដែល។ ប្រសិនបើមានកិច្ចការនៅកន្លែងផ្សេង ហើយអ្នកគួរតែទៅ នោះអ្នកត្រូវតែទៅ។ អ្នកមិនអាចវក់នឹងការសោយសុខរបស់អ្នក រហូតដល់អ្នកភ្លេចអំពីភារកិច្ចរបស់ខ្លួន ហើយមិនចង់ទៅកន្លែងផ្សេង គ្រាន់តែដោយសារសាច់ឈាមរបស់អ្នកមានផាសុកភាព និងសុខស្រួល ហើយជីវិតរបស់អ្នកនៅទីនេះគឺគាប់ចិត្តនោះទេ។ នេះគឺជារឿងខុសឆ្គងហើយ។ នេះគឺជាការបដិសេធមិនស៊ូទ្រាំនឹងការរងទុក្ខ វាគឺជាការសម្ងំយកសុខក្នុងភាពសុខស្រួល ហើយវាមិនមែនជាការមានសេចក្ដីស្មោះស្ម័គ្រចំពោះភារកិច្ចរបស់អ្នកឡើយ។ តើមិនអ៊ីចឹងទេឬ? (អ៊ីចឹងមែន។)
មិនថាមានទុក្ខលំបាកនៅក្នុងមជ្ឈដ្ឋានដែលអ្នកបំពេញភារកិច្ចរបស់អ្នក មជ្ឈដ្ឋានកិច្ចការរបស់អ្នក ឬក៏មជ្ឈដ្ឋានរស់នៅរបស់អ្នកនោះទេ សរុបមក អ្នកគួរតែយល់ដឹងពីបញ្ហានៃការរងទុក្ខឱ្យបានត្រឹមត្រូវ ហើយអ្នកក៏គួរតែប្រព្រឹត្តចំពោះវាប្រកបដោយវិចារណញ្ញាណ និងដោយអាកប្បកិរិយាត្រឹមត្រូវផងដែរ។ ប្រសិនបើការរងទុក្ខដែលអ្នកស៊ូទ្រាំ គឺដើម្បីបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ ដើម្បីអាចអនុវត្តស្របតាមគោលការណ៍សេចក្ដីពិត ដើម្បីថ្វាយសេចក្ដីស្មោះស្ម័គ្ររបស់អ្នក និងដើម្បីអាចចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ នោះអ្នកគួរតែទទួលយកវា។ មិនថាការលំបាកនោះធំធេងប៉ុនណាក៏ដោយ ក៏អ្នកត្រូវតែជម្នះវា ហើយអ្នកត្រូវតែស៊ូទ្រាំនឹងវា អ្នកមិនគួរបដិសេធ ឬគេចវេះពីវាឡើយ។ ក៏ប៉ុន្តែ ប្រសិនបើគ្មានទុក្ខលំបាក ឬការលំបាកទេ ហើយអ្នកហូបចុកបានល្អ និងរស់នៅដោយមានផាសុកភាព ព្រមទាំងមិនប្រឈមមុខនឹងស្ថានភាពលំបាកណាមួយក្នុងរយៈពេលយូរ ពោលគឺប្រសិនបើអ្វីៗគ្រប់យ៉ាងសុទ្ធតែល្អគ្រប់ទិដ្ឋភាព នោះអ្នកមិនគួរមានអារម្មណ៍មិនស្រួលក្នុងចិត្តឡើយ។ នៅក្នុងមជ្ឈដ្ឋាននៃភាពសុខស្រួលបែបនេះ អ្នករឹតតែគួរធ្វើឱ្យចិត្តរបស់អ្នកស្ងប់នៅចំពោះព្រះជាម្ចាស់ ធ្វើការចំណាយពេលខាងវិញ្ញាណរបស់អ្នកឱ្យបានត្រឹមត្រូវ បំពាក់បំប៉នខ្លួនអ្នកដោយសេចក្ដីពិត និងពង្រឹងការយល់ដឹងរបស់អ្នក។ អ្នកគួរតែឆ្លុះបញ្ចាំងពីភាពខ្វះខាតរបស់អ្នកក្នុងអំឡុងពេលនេះ ឬឆ្លុះបញ្ចាំងថាតើនិស្ស័យពុករលួយណាខ្លះដែលអ្នកបានបញ្ចេញឱ្យឃើញ ហើយចាំបាច់ត្រូវដឹង និងចាំបាច់ត្រូវដោះស្រាយតាមរយៈការស្វែងរកសេចក្ដីពិត។ បន្ទាប់មក ត្រូវមើលថាតើអ្នកនៅមានបញ្ហាអ្វីខ្លះ បញ្ហាណាខ្លះដែលអ្នកមិនដឹងពីរបៀបដោះស្រាយ តើទិដ្ឋភាពណាខ្លះនៃសេចក្ដីពិតដែលអ្នកនៅខ្វះខាត ហើយតើទិដ្ឋភាពណាខ្លះដែលអ្នកចាំបាច់ត្រូវចូលទៅក្នុង និងចាំបាច់ត្រូវកែលម្អ។ នេះគឺជារបៀបនៃការអនុវត្ត ដើម្បីប្រព្រឹត្តចំពោះបញ្ហានៃការរងទុក្ខឱ្យបានត្រឹមត្រូវ និងដើម្បីប្រព្រឹត្តចំពោះមជ្ឈដ្ឋានដែលព្រះជាម្ចាស់រៀបចំសម្រាប់អ្នកឱ្យបានត្រឹមត្រូវ។ ប្រសិនបើនេះជារបៀបដែលអ្នកអនុវត្ត នោះជាមូលដ្ឋាន អ្នកនឹងមិនទទួលរងឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅឡើយ។ មិនថាទុក្ខលំបាកនៅក្នុងមជ្ឈដ្ឋានខាងក្រៅធំធេងប៉ុនណាក៏ដោយ ដរាបណាមនុស្សម្នាក់អាចមានគោលដៅត្រឹមត្រូវ និងទិសដៅនៃការដេញតាមដ៏ត្រឹមត្រូវនៅក្នុងចិត្តរបស់គេ អាចរក្សាចិត្តឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់ អាចគិតថាតើគោលការណ៍សេចក្ដីពិតជាអ្វី និងរបៀបអនុវត្តបែបណានៅពេលគេជួបប្រទះនឹងរឿងរ៉ាវនានា ហើយបន្ទាប់មកធ្វើការវិនិច្ឆ័យដែលត្រឹមត្រូវ និងអនុវត្តឱ្យបានត្រឹមត្រូវ នោះតាមរយៈការប្រព្រឹត្តចំពោះបញ្ហានៃការរងទុក្ខតាមរបៀបនេះ នៅទីបំផុត គេនឹងទទួលបានអ្វីៗដែលវិជ្ជមានមួយចំនួនដែលគេគួរតែទទួលបាន។ ឧទាហរណ៍៖ ជួនកាល អ្នកអាចនឹងជួបប្រទះបញ្ហាធំៗដែលចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ ខណៈពេលបំពេញភារកិច្ចរបស់អ្នក ដែលតម្រូវឱ្យអ្នកក្រោកពីព្រលឹម និងចូលគេងយប់ជ្រៅ ឬតម្រូវឱ្យអ្នកអត់បាយ ឬតម្រូវឱ្យអ្នកធ្វើដំណើរផ្លូវឆ្ងាយ និងឆ្លងកាត់ភ្នំ និងជ្រលងភ្នំ។ ជាពិសេស កន្លែងដាច់ស្រយាលមួយចំនួន មិនអាចធ្វើដំណើរទៅដល់ដោយយានយន្តបានទេ ហើយសូម្បីតែផ្លូវជិះកង់ក៏គ្មានដែរ ដូច្នេះ អ្នកអាចត្រឹមទៅដល់ទីនោះបានដោយការដើរប៉ុណ្ណោះ។ ដូច្នេះ តើអ្នកគួរធ្វើដូចម្ដេច នៅពេលអ្នកប្រឈមមុខនឹងមជ្ឈដ្ឋាននៃទុក្ខលំបាកបែបនេះ? ទាំងនេះគឺជាប្រភេទនៃទុក្ខលំបាកជាក់លាក់មួយចំនួន។ នៅពេលអ្នកជួបប្រទះនឹងមជ្ឈដ្ឋានទាំងនេះ អ្នកមិនអាចបដិសេធ ឬគេចវេះពីវាឡើយ។ នេះគឺជាការរងទុក្ខដែលអ្នកគួរតែស៊ូទ្រាំ។ ដើម្បីបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ អ្នកត្រូវតែស៊ូទ្រាំនឹងការរងទុក្ខបែបនេះ។ ក៏ប៉ុន្តែ កាលៈទេសៈពិសេសមួយចំនួន ចាំបាច់ត្រូវប្រព្រឹត្តតាមរបៀបផ្សេង។ ឧទាហរណ៍៖ នៅក្នុងតំបន់មួយចំនួនដែលមានពួកជំនុំ ស្ថានភាពគឺអាក្រក់ខ្លាំង ដោយគណបក្សកុម្មុយនីស្តចិនធ្វើការចាប់ខ្លួនយ៉ាងឆ្កួតលីលា។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួនត្រូវបានចាប់ខ្លួន ហើយបងប្អូនប្រុសស្រីមួយចំនួន ត្រូវស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងពីគណបក្សកុម្មុយនីស្តចិន។ កិច្ចការរបស់ពួកជំនុំបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយចាំបាច់ត្រូវតែត្រូវបានដោះស្រាយ។ ប្រសិនបើអ្នកទៅទីនោះ អ្នកនឹងប្រឈមហានិភ័យនៃការត្រូវបានចាប់ខ្លួន ហើយជីវិតរបស់អ្នកថែមទាំងអាចនឹងជួបគ្រោះថ្នាក់ទៀតផង។ នៅក្នុងស្ថានភាពបែបនេះ អ្នកត្រូវតែប្រើប្រាជ្ញាខ្លះ។ អ្នកអាចសរសេរសំបុត្រទាក់ទងគ្នា ឬឱ្យអ្នកមើលការខុសត្រូវក្នុងតំបន់ប្រមូលផ្ដុំគ្នានៅតំបន់ផ្សេងដើម្បីប្រកបគ្នា ហើយជួយពួកគេចាត់ចែងកិច្ចការបន្តបន្ទាប់ ដើម្បីឱ្យកិច្ចការរបស់ពួកជំនុំអាចដើរលើគន្លងត្រឹមត្រូវវិញបានឆាប់តាមដែលអាចធ្វើទៅបាន។ សរុបមក នៅក្នុងមជ្ឈដ្ឋានដ៏គ្រោះថ្នាក់បែបនេះ អ្នកត្រូវតែប្រុងប្រយ័ត្នជាពិសេស ហើយមិនអាចប្រថុយប្រថានឡើយ។ នៅក្នុងស្ថានភាពខ្លះ អ្នកអាចព្យាយាមប្រថុយប្រថានបាន ប៉ុន្តែនៅក្នុងស្ថានភាពផ្សេងទៀត វាមិនសមស្របក្នុងការធ្វើដូច្នេះឡើយ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ នៅពេលអ្នកយល់ដឹងពីបញ្ហានៃការរងទុក្ខបានត្រឹមត្រូវ អ្នកគួរតែឆ្លុះបញ្ចាំងពីខ្លួនឯង ដោយផ្អែកលើគំនិត និងទស្សនៈដ៏ត្រឹមត្រូវទាំងនេះ។ ចូរមើលពីការរងទុក្ខដែលអ្នកប្រឈមមុខនៅក្នុងជីវិតរបស់អ្នក និងនៅក្នុងដំណើរនៃការបំពេញភារកិច្ចរបស់អ្នក។ ចូរមើលថាតើការរងទុក្ខប្រភេទណាដែលអ្នកគួរតែស៊ូទ្រាំ ហើយប្រភេទណាដែលស្របតាមគោលការណ៍សេចក្ដីពិត គឺការរងទុក្ខប្រភេទនេះហើយដែលអ្នកត្រូវតែស៊ូទ្រាំ អ្នកត្រូវតែទទួលយកវាពីព្រះជាម្ចាស់។ ចូរមើលថាតើការរងទុក្ខប្រភេទណាដែលមិនចាំបាច់ ហើយគ្រាន់តែជាបញ្ហាដែលអ្នកបានបង្កើតឱ្យខ្លួនឯង។ មិនថាអ្នកស៊ូទ្រាំនឹងការរងទុក្ខប្រភេទនេះច្រើនប៉ុនណាក៏ដោយ ក៏ព្រះជាម្ចាស់នឹងមិននឹកចាំពីវាឡើយ។ ប្រសិនបើអ្នកផ្សេងបង្កើតបញ្ហាដែលប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ ហើយអ្នកគួរតែដោះស្រាយបញ្ហាដ៏រញ៉េរញ៉ៃនេះ និងគួរតែបំពេញការទទួលខុសត្រូវរបស់អ្នក នោះអ្នកមិនអាចរអ៊ូរទាំឡើយ។ អ្នកត្រូវតែមើលការខុសត្រូវអ្វីក៏ដោយដែលអ្នកគួរតែចាត់ចែង។ ឧទាហរណ៍៖ អ្នកខ្លះធ្វើឱ្យខូចខាតដល់បរិក្ខារ ឧបករណ៍ និងសម្ភារផ្សេងៗទៀតរបស់ពួកជំនុំ ឬប្រព្រឹត្តអំពើខុសឆ្គងដោយមិនគិតមុខគិតក្រោយ ដែលបណ្ដាលឱ្យមានស្ថានភាពអាក្រក់ ឬមនុស្សមានគំនិតច្របូកច្របល់ ឬក៏មនុស្សដែលមានកម្រិតសមត្ថភាពអន់ ធ្វើឱ្យខូចការអ្វីមួយ អ្នកចាំបាច់ត្រូវតែដោះស្រាយរឿងនេះ។ នៅពេលបែបនេះ អ្នកមិនអាចនិយាយថា៖ «អ្នកណាធ្វើ អ្នកនោះទទួលខុសត្រូវ។ រឿងនេះមិនពាក់ព័ន្ធនឹងខ្ញុំទេ។ នេះមិនមែនជាការរងទុក្ខដែលខ្ញុំគួរតែស៊ូទ្រាំឡើយ។ ខ្ញុំបដិសេធមិនទទួលយកភារកិច្ចនេះទេ!» តើការនិយាយបែបនេះត្រឹមត្រូវដែរឬទេ? (ទេ នេះគឺជាការគ្មានសេចក្ដីស្មោះស្ម័គ្រ និងគ្មានស្មារតីទទួលខុសត្រូវ។) នេះពាក់ព័ន្ធនឹងសេចក្ដីស្មោះស្ម័គ្ររបស់មនុស្សម្ដងទៀតហើយ។ ប្រសិនបើវាជារឿងដែលធ្លាក់មកលើអ្នកត្រូវធ្វើ នោះអ្នកត្រូវតែទៅមើលការខុសត្រូវ និងចាត់ចែងវា។ ទោះបីជាការចាត់ចែងរឿងនេះមានន័យថាត្រូវស្រោចស្រង់ស្ថានការណ៍ដ៏អាក្រក់ណាមួយក៏ដោយ ក៏អ្នកនៅតែត្រូវតែទៅដែរ។ អ្នកមិនត្រូវប្រកែកឡើយ ហើយអ្នកមិនត្រូវរអ៊ូរទាំឡើយ ដោយនិយាយថា៖ «មនុស្សមានគំនិតច្របូកច្របល់ទាំងនេះ មនុស្សល្ងង់ខ្លៅដែលមានកម្រិតសមត្ថភាពអន់ទាំងនេះ បានបន្សល់ទុកនូវបញ្ហាដ៏រញ៉េរញ៉ៃនេះ ដូច្នេះ ហេតុអ្វីបានជាខ្ញុំត្រូវជាអ្នកដោះស្រាយវាទៅវិញ? តើខ្ញុំមិនមែនកំពុងរងទុក្ខលើសពីអ្វីដែលចាំបាច់ទេឬ? ស្ថានភាពនេះត្រូវបានបង្កឡើងដោយមនុស្ស។ វាមិនមែនមកពីព្រះជាម្ចាស់ឡើយ»។ វាគឺជារឿងខុសឆ្គងហើយ ដែលអ្នកនិយាយបែបនេះ។ វាអាចថាការដោះស្រាយបញ្ហាដ៏រញ៉េរញ៉ៃនេះ និងការស្រោចស្រង់ស្ថានការណ៍ឡើងវិញ មិនមែនជាភារកិច្ចរបស់អ្នកទេ ហើយក៏មិនស្ថិតក្នុងវិសាលភាពនៃកិច្ចការរបស់អ្នកផ្ទាល់ដែរ ប៉ុន្តែរឿងនេះពាក់ព័ន្ធនឹងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ដូច្នេះ តើអ្នកគួរប្រព្រឹត្តចំពោះវាយ៉ាងដូចម្ដេច? ប្រសិនបើអ្នកមិនទៅដោះស្រាយបញ្ហាដ៏រញ៉េរញ៉ៃនេះទេ នោះកិច្ចការរបស់ពួកជំនុំនឹងត្រូវពន្យារពេល ហើយផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់នឹងរងការខាតបង់។ ប៉ុន្តែ ដើម្បីដោះស្រាយបញ្ហាដ៏រញ៉េរញ៉ៃនេះ អ្នកត្រូវនិយាយពាក្យសម្ដីជាច្រើនដើម្បីប្រកបគ្នាអំពីសេចក្ដីពិត និងដោះស្រាយបញ្ហាទាំងនោះ។ នៅក្នុងស្ថានភាពនេះ តើអ្នកអាចតស៊ូព្យាយាមដោះស្រាយបញ្ហាទាំងអស់ និងធ្វើកិច្ចការឱ្យបានល្អគ្រប់ជ្រុងជ្រោយដែរឬទេ? អ្នកផ្សេងមិនអាចដោះស្រាយបញ្ហាទាំងនោះបាន ហើយមិនបានធ្វើកិច្ចការឱ្យបានល្អឡើយ ដូច្នេះ អ្នកត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាទាំងនោះ និងធ្វើកិច្ចការឱ្យបានល្អគ្រប់ជ្រុងជ្រោយ។ មានតែការធ្វើបែបនេះប៉ុណ្ណោះ ទើបធ្វើឱ្យអ្នកស័ក្តិសមនឹងឱ្យព្រះជាម្ចាស់ប្រើ។ នៅពេលអ្នកត្រូវបានតម្រូវឱ្យរងទុក្ខ អ្នកត្រូវតែស៊ូទ្រាំនឹងវា។ មិនថាមានបញ្ហាច្រើនប៉ុនណាក៏ដោយ ក៏អ្នកត្រូវតែដោះស្រាយវាដែរ។ នៅពេលការលំបាកទាំងនេះកើតឡើងនៅក្នុងកិច្ចការ តើអ្នកនៅតែធ្វើកិច្ចការនោះដែរឬទេ? (ពួកយើងនៅតែត្រូវតែធ្វើវា។) មិនថាមជ្ឈដ្ឋានរស់នៅរបស់អ្នកល្អ ឬអាក្រក់នោះទេ ហើយមិនថាអារម្មណ៍របស់អ្នកយ៉ាងណានោះទេ ក៏អ្នកត្រូវតែធ្វើកិច្ចការដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់អ្នកឱ្យបានល្អ ហើយអ្នកត្រូវតែបំពេញភារកិច្ចនេះឱ្យបានល្អ។ ប្រសិនបើអ្នកមិនចង់ទទួលយកភារកិច្ចនេះទេ អ្នកអាចដើរចេញពីវាបាន។ ដំណាក់របស់ព្រះជាម្ចាស់នឹងមិនបង្ខំអ្នកឡើយ។ ប៉ុន្តែ ដោយសារតែអ្នកបានទទួលយកវាហើយ អ្នកគួរតែបំពេញភារកិច្ចនេះឱ្យបានល្អ។ ជាពិសេស នៅពេលវាពាក់ព័ន្ធនឹងកិច្ចការពង្រីកដំណឹងល្អ រាស្ត្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់សុទ្ធតែមានការទទួលខុសត្រូវ។ ទោះបីជាអ្នកប្រឈមមុខនឹងការលំបាក ឬត្រូវស៊ូទ្រាំនឹងការរងទុក្ខយ៉ាងធំធេងក៏ដោយ ក៏អ្នកត្រូវតែតស៊ូព្យាយាមធ្វើវាដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? (ពីព្រោះរឿងនេះពាក់ព័ន្ធនឹងភារកិច្ចរបស់យើង ហើយមនុស្សគួរតែការពារផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់។) រឿងរ៉ាវដែលពាក់ព័ន្ធនឹងភារកិច្ចរបស់មនុស្ស មិនមែនជារឿងសាមញ្ញឡើយ។ ម្យ៉ាង រឿងទាំងនោះពាក់ព័ន្ធនឹងការចូលទៅក្នុងជីវិតរបស់មនុស្ស ហើយក្នុងពេលជាមួយគ្នានេះ វាក៏ពាក់ព័ន្ធនឹងការប្រតិបត្តិព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ហេតុដូច្នេះហើយ ក្នុងការប្រព្រឹត្តចំពោះបញ្ហាទាំងនេះ មនុស្សគួរតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវា ហើយគួរតែបំពេញភារកិច្ចរបស់ខ្លួនដើម្បីការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ នេះគឺជាការទទួលខុសត្រូវដែលមិនអាចគេចវេះបានឡើយ! ការមានការទទួលខុសត្រូវដែលមិនអាចគេចវេះបាន មានន័យថាជាការមានសេចក្ដីស្មោះស្ម័គ្រ និងការបំពេញការទទួលខុសត្រូវរបស់អ្នក។ មិនថាអ្នកជួបប្រទះនឹងបញ្ហា ឬការលំបាកអ្វីនោះទេ ក៏កុំរអ៊ូរទាំឡើយ ហើយនៅពេលដែលអ្នកខឹង កុំយកកំហឹងនោះទៅជះកិច្ចការរបស់ពួកជំនុំឡើយ។ ចូរធ្វើកិច្ចការឱ្យបានត្រឹមត្រូវតាមរបៀបដែលគួរធ្វើ។ ចូររៀបចំការជួបជុំ និងការប្រកបគ្នាអំពីគោលការណ៍ជាមួយមនុស្ស រួចហើយដោះស្រាយបញ្ហាដ៏រញ៉េរញ៉ៃនេះ ដើម្បីឱ្យកិច្ចការរបស់ពួកជំនុំអាចដើរលើគន្លងត្រឹមត្រូវវិញ ហើយកិច្ចការដែលត្រូវបានពន្យារពេល អាចត្រឡប់មកប្រក្រតីវិញ។ ឧទាហរណ៍៖ កាលពីមុន មនុស្សមានគំនិតច្របូកច្របល់ និងមនុស្សអាក្រក់មួយចំនួន បានកាន់អំណាច និងធ្វើជាអ្នកដឹកនាំ។ ពួកគេបានធ្វើឱ្យប្រសិទ្ធភាពនៃកិច្ចការរបស់ពួកជំនុំធ្លាក់ចុះ ឬជាប់គាំង ដែលបណ្ដាលឱ្យកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់រងការខាតបង់។ ឥឡូវនេះ អ្នកត្រូវតែប្រញាប់កែខៃរឿងនេះ ដោយធ្វើការកែសម្រួលបុគ្គលិកឱ្យបានសមស្រប ធ្វើការកែសម្រួលផែនការ និងវិធីសាស្ត្រកិច្ចការឱ្យបានសមស្រប ព្រមទាំងគិតរកវិធីគ្រប់បែបយ៉ាងដើម្បីពន្លឿនរឿងរ៉ាវ។ កាលពីមុន អ្នកប្រហែលជាធ្វើការប្រាំបីម៉ោងក្នុងមួយថ្ងៃ។ ឥឡូវនេះ អ្នកធ្វើការបន្ថែមពីរម៉ោងទៀតជារៀងរាល់ថ្ងៃ ដើម្បីពន្លឿនកិច្ចការឱ្យបានលឿនដូចដើមវិញ និងប៉ះប៉ូវការខាតបង់ពីមុននៅក្នុងកិច្ចការ។ នេះហៅថាការមានសេចក្ដីស្មោះស្ម័គ្រ។ ការរងទុក្ខនេះត្រូវតែស៊ូទ្រាំ។ ការស៊ូទ្រាំនឹងការរងទុក្ខនេះ គឺមានន័យ និងមានតម្លៃ។ វាគឺជាអំពើល្អ ហើយព្រះជាម្ចាស់នឹងនឹកចាំពីវា។ ក្នុងការធ្វើដូច្នេះ អ្នកកំពុងតែអនុវត្តសេចក្ដីពិតហើយ។ តើការអនុវត្តសេចក្ដីពិតនៅត្រង់នេះ សំដៅលើអ្វី? វាមានន័យថាជាការថ្វាយសេចក្ដីស្មោះស្ម័គ្ររបស់អ្នក ការការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងការប៉ះប៉ូវការខាតបង់ដែលបានកើតឡើងនៅក្នុងកិច្ចការ។ នេះគឺជាការអនុវត្តសេចក្ដីពិត ហើយនេះហៅថាការធ្វើអំពើល្អ។ វាអាចថា ក្នុងអំឡុងពេលដែលអ្នកកំពុងធ្វើកិច្ចការនេះ អ្នករវល់ខ្លាំងណាស់។ អ្នកអាចសម្រាកបានតែក្រោយម៉ោងដប់ពីរយប់ប៉ុណ្ណោះ ហើយអ្នកក្រោកពីព្រលឹមមុនពេលថ្ងៃរះ។ អ្នកហូបអាហារយ៉ាងប្រញាប់ប្រញាល់ រួចក៏ប្រញាប់ត្រឡប់ទៅរវល់នឹងកិច្ចការវិញ។ នេះក៏ព្រោះតែកិច្ចការនៅនឹងមុខអ្នកស្រាប់ ពោលគឺមានការកែសម្រួលបុគ្គលិកជាច្រើនដែលត្រូវធ្វើ ហើយមានរឿងរ៉ាវជាច្រើនដែលត្រូវចាត់ចែង។ ការចូលគេងពីព្រលប់គឺមិនកើតទេ ដោយសារតែកិច្ចការមួយចំនួនមិនទាន់ត្រូវបានបញ្ចប់នៅឡើយ។ ការក្រោកពីគេងយឺតក៏មិនកើតដែរ ដោយសារតែមនុស្សគ្រប់គ្នាកំពុងរង់ចាំអ្នករៀបចំចាត់ចែងកិច្ចការ។ អ្នកត្រូវតែរៀបផែនការកិច្ចការដែលត្រូវធ្វើនៅថ្ងៃនេះ មុនពេលមនុស្សគ្រប់គ្នាក្រោកពីគេង រួចហើយរៀបចំ និងចាត់តាំងកិច្ចការនោះ។ អ្នករងទុក្ខគួរសមដែរក្នុងអំឡុងខែនេះ។ សាច់ឈាមរបស់អ្នកហត់នឿយបន្តិច និងអស់កម្លាំងបន្តិច អ្នកមានពេលសម្រាកតិចជាងមុន ហើយអ្នកបានស្រកទម្ងន់អស់គួរសមដែរ ប៉ុន្តែបន្ទាប់ពីតស៊ូព្យាយាមអស់មួយខែ ដំណើរការនៃកិច្ចការរបស់ពួកជំនុំក្លាយជាប្រក្រតីគ្រប់ទិដ្ឋភាព ហើយនៅទីបំផុត អ្វីៗគ្រប់យ៉ាងក៏ត្រូវបានដោះស្រាយរួច។ តើការដែលអ្វីៗគ្រប់យ៉ាងត្រូវបានដោះស្រាយរួច មានន័យដូចម្ដេច? វាមានន័យថា មនុស្សដែលត្រូវបានចាត់តាំងឱ្យបំពេញតួនាទីនីមួយៗ សុទ្ធតែស័ក្តិសម។ គ្មានអ្នកណាបង្កការបង្អាក់ និងការរំខាន ឬបង្កបញ្ហាឡើយ គ្មានអ្នកណាស្រែកពាក្យស្លោក ឬពោលទ្រឹស្ដីដែលស្ដាប់ទៅខ្ពង់ខ្ពស់ឡើយ ហើយក៏គ្មានអ្នកណាតែងតែអវិជ្ជមានដែរ។ មនុស្សគ្រប់គ្នាអាចបំពេញភារកិច្ចរបស់ខ្លួនជាធម្មតា ហើយមនុស្សនៅគ្រប់តួនាទី សុទ្ធតែមានសមត្ថភាពក្នុងកិច្ចការរបស់ពួកគេ។ គ្មានអ្នកទំនេរអត់ការងារធ្វើឡើយ ហើយក៏គ្មានអ្នកដែលរស់នៅទទេៗពឹងលើពួកជំនុំដែរ។ គ្រប់កិច្ចការទាំងអស់ កំពុងដំណើរការជាធម្មតាស្របតាមសេចក្ដីតម្រូវនៃការរៀបចំចាត់ចែងកិច្ចការ កំពុងផ្ដល់លទ្ធផល និងបានដើរលើគន្លងត្រឹមត្រូវ។ មានតែពេលនោះទេ ទើបអ្នកជាមនុស្សដែលរស់នៅចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកអាចស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយរាល់ការលំបាកដែលអ្នកជួបប្រទះ ហើយអ្នកធ្វើអ្វីដែលស្ថិតក្នុងវិសាលភាពនៃកិច្ចការរបស់អ្នកផ្ទាល់បានយ៉ាងល្អ នោះតើការរងទុក្ខទាំងអស់ដែលអ្នកស៊ូទ្រាំនេះ សមតម្លៃដែរឬទេ? (មែនហើយ។) វាពិតជាសមតម្លៃខ្លាំងណាស់! អ្នកខ្លះស៊ូទ្រាំនឹងការរងទុក្ខមួយចំនួន ដើម្បីបំពេញភារកិច្ចរបស់ពួកគេ ហើយនៅពេលពួកគេឈានចូលវ័យខ្ទង់សែសិបឆ្នាំ ឬហាសិបឆ្នាំឆ្នាំប្លាយ ពួកគេក៏កើតមានជំងឺតូចតាចមួយចំនួន។ អ្នកខ្លះមានអាការហឹងក្នុងក្បាល ឬហឹងត្រចៀក ចំណែកឯអ្នកផ្សេងទៀតមានជំងឺពុកឆ្អឹងក ឬឈឺចង្កេះ និងឈឺជើង។ ទោះបីជាពួកគេបានស៊ូទ្រាំនឹងការរងទុក្ខមួយចំនួនក៏ដោយ ក៏ពួកគេបានបំពេញការទទួលខុសត្រូវរបស់ខ្លួន និងបានការពារកិច្ចការរបស់ពួកជំនុំដែរ។ ជាថ្នូរនឹងជំងឺ និងការឈឺចាប់ទាំងនេះ ពួកគេទទួលបានសេចក្ដីស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់ ហើយពួកគេទទួលបានការគាប់ព្រះហឫទ័យ និងការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ ព្រមទាំងការនឹកចាំរបស់ព្រះជាម្ចាស់។ តើអ្នករាល់គ្នានឹងនិយាយថាវាសមតម្លៃដែរឬទេ? (មែនហើយ។) បទពិសោធនីមួយៗនៃការរងទុក្ខ បទពិសោធនីមួយៗនៃការការពារកិច្ចការដំណាក់របស់ព្រះជាម្ចាស់ និងបទពិសោធនីមួយៗនៃការថ្វាយសេចក្ដីស្មោះស្ម័គ្ររបស់អ្នក គឺជាការចងចាំដ៏អស្ចារ្យសម្រាប់អ្នក។ ទាំងនេះសុទ្ធតែជាការចងចាំដ៏អស្ចារ្យបំផុតដែលបានបង្កើតឡើង ក្នុងអំឡុងពេលបំពេញភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើត។ ជួនកាល នៅពេលអ្នកមានអារម្មណ៍ចុកចាប់ និងឈឺចាប់នៅក្នុងរាងកាយរបស់អ្នក ហើយបន្ទាប់មករិះគិតពីការរងទុក្ខដែលអ្នកបានស៊ូទ្រាំក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ នៅក្នុងដំណើរនៃការបំពេញភារកិច្ចរបស់អ្នក ក៏ដូចជាលទ្ធផលទាក់ទងនឹងជីវិត និងលទ្ធផលទាក់ទងនឹងកិច្ចការដែលអ្នកទទួលបាន នោះអ្នកនឹងមានអារម្មណ៍ថាវាសមតម្លៃ អ្នកនឹងមិនមានការស្ដាយក្រោយឡើយ ហើយអ្នកនឹងមានអារម្មណ៍សុខស្រួលនៅក្នុងចិត្តរបស់អ្នក។ ចូរប្រាប់ខ្ញុំមកមើល តើការស៊ូទ្រាំនឹងការរងទុក្ខនេះសមតម្លៃដែរឬទេ? (មែនហើយ។) វាពិតជាសមតម្លៃខ្លាំងណាស់! តើអារម្មណ៍សុខស្រួលនៅក្នុងចិត្តរបស់អ្នកនេះ កើតឡើងដោយរបៀបណា? (តាមរយៈការរងទុក្ខ និងការលះបង់ដើម្បីការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។) អ្នកទទួលបានអារម្មណ៍សុខស្រួលពីការរងទុក្ខ ពីព្រោះរឿងរ៉ាវទាំងនេះដែលអ្នកធ្វើ និងកិច្ចការនេះដែលអ្នកបំពេញ សុទ្ធតែជាអ្វីៗដែលវិជ្ជមាន សុទ្ធតែជាការការពារអត្ថិភាពនៃបុព្វហេតុយុត្តិធម៌ សុទ្ធតែជាការការពារផលប្រយោជន៍របស់ព្រះជាម្ចាស់ និងការការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ហើយសុទ្ធតែជាការអនុវត្តសេចក្ដីពិត និងការដើរតាមផ្លូវរបស់ព្រះជាម្ចាស់។ មនសិការរបស់អ្នកមិនចោទប្រកាន់ទោសអ្នកឡើយ ដូច្នេះ អ្នកទទួលបានអារម្មណ៍សុខស្រួលនៅក្នុងចិត្តរបស់អ្នក។ ការរងទុក្ខទាំងអស់នេះដែលអ្នកស៊ូទ្រាំ គឺដើម្បីការពារអត្ថិភាពនៃអ្វីៗដែលវិជ្ជមាន។ តើអ្វីខ្លះជាអ្វីៗដែលវិជ្ជមាន? (ឧទាហរណ៍៖ ដំណើរការជាប្រក្រតីនៃកិច្ចការរបស់ពួកជំនុំ ដំណើរការជាប្រក្រតីនៃកិច្ចការផ្សាយដំណឹងល្អ ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ជាដើម អ្វីៗទាំងនេះសុទ្ធតែជាអ្វីៗដែលវិជ្ជមាន។) ត្រឹមត្រូវហើយ។ អ្នកការពារអត្ថិភាពនៃអ្វីៗដែលវិជ្ជមាន ដោយធានាថាគ្រប់កិច្ចការរបស់ពួកជំនុំ ដំណើរការជាប្រក្រតី និងមានប្រសិទ្ធភាព ធានាថាមនុស្សគ្រប់គ្នាកំពុងបំពេញភារកិច្ចដែលស័ក្តិសមនឹងពួកគេ ហើយធានាថាមនុស្សគ្រប់គ្នាអាចចុះចូលនឹងការរៀបចំរបស់ដំណាក់ព្រះជាម្ចាស់។ គ្មានអ្នកណាបង្កការបង្អាក់ និងការរំខានឡើយ ហើយគ្មានអ្នកណាមិនខ្វល់ពីកិច្ចការត្រឹមត្រូវ ហើយធ្វើជាអ្នកដែលរស់នៅទទេៗពឹងលើពួកជំនុំឡើយ។ ការរៀបចំចាត់ចែងបុគ្គលិក និងកិច្ចការ សុទ្ធតែស័ក្តិសម និងសុទ្ធតែត្រឹមត្រូវ។ ប្រសិនបើមានអ្នកណាបង្កការបង្អាក់ និងការរំខាន អ្នកអាចរកឃើញ និងបញ្ឈប់គេបានទាន់ពេលវេលា ហើយអ្នកអាចប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហានេះ។ ប្រសិនបើបុគ្គលដែលបង្កការបង្អាក់ និងការរំខាន អាចទទួលយកសេចក្ដីពិត ហើយបន្ទាប់ពីអ្នកបានប្រកបគ្នា និងជួយគេជាច្រើនលើកច្រើនសា ព្រមទាំងផ្ដល់ឱកាសឱ្យគេប្រែចិត្ត នៅទីបំផុត គេក៏ផ្លាស់ប្ដូរ នោះវាគឺជាលទ្ធផលនៃកិច្ចការរបស់អ្នក ហើយនេះគឺជាអ្វីដែលវិជ្ជមាន។ ប្រសិនបើគេមិនទទួលយកសេចក្ដីពិតទេ ហើយបន្ទាប់ពីការប្រកបគ្នា ការជួយ និងការលួសកាត់ជាច្រើនលើកច្រើនសា គេនៅតែមិនអាចកែប្រែបាន បន្តបង្កការបង្អាក់ និងការរំខាន ហើយតែងតែបញ្ចេញភាពអវិជ្ជមាន នោះអ្នកគួរតែបោសសម្អាតគេចេញ និងចាត់ការគេឱ្យទាន់ពេលវេលា។ តើនេះមិនមែនសុទ្ធតែជាការការពារអត្ថិភាពនៃអ្វីៗដែលវិជ្ជមានទេឬ? (មែនហើយ។) លើសពីនេះ ប្រសិនបើអ្នកអាចរកឃើញថាតើផ្នែកណាខ្លះនៃកិច្ចការមានកំហុស ឬមានចន្លោះប្រហោងកើតឡើង ដែលបណ្ដាលឱ្យកិច្ចការរងការខាតបង់ ហើយបន្ទាប់មកក៏បញ្ឈប់ ចាត់ចែង និងដោះស្រាយវាបានទាន់ពេលវេលា តើនេះមិនមែនជាការការពារកិច្ចការរបស់ពួកជំនុំទេឬ? តើនេះមិនមែនជាការការពារអ្វីៗដែលវិជ្ជមានទេឬ? (មែនហើយ។) ទាំងអស់នេះសុទ្ធតែជាការការពារអត្ថិភាពនៃអ្វីៗដែលវិជ្ជមាន។ ប្រសិនបើការរងទុក្ខដែលអ្នកស៊ូទ្រាំ គឺសុទ្ធតែដើម្បីការពារអត្ថិភាពនៃអ្វីៗដែលវិជ្ជមានជាក់លាក់ទាំងនេះ នោះនៅពេលអ្នកនឹកឃើញពីរឿងរ៉ាវទាំងនេះដែលអ្នកបានធ្វើនៅទីបញ្ចប់ តើអ្នកនឹងមិនមានអារម្មណ៍សុខស្រួលនៅក្នុងចិត្តរបស់អ្នកទេឬ? អ្នកប្រាកដជានឹងមានអារម្មណ៍សុខស្រួលពេញក្នុងចិត្តមិនខាន។ ក៏ប៉ុន្តែ ឧបមាថា អ្នកនឹកឃើញពីរឿងរ៉ាវបន្តិចម្ដងៗ ហើយអ្នកដឹងថា នៅពីក្រោយរាល់ការរងទុក្ខរបស់អ្នក គឺជាបំណងប្រាថ្នាដើម្បីបំពេញការសោយសុខខាងសាច់ឈាមរបស់អ្នក ឬថាអ្នកបានរងទុក្ខដើម្បីការពារអំនួតរបស់អ្នកផ្ទាល់ ដើម្បីរក្សាឋានៈរបស់អ្នកផ្ទាល់ និងពង្រឹងអំណាចរបស់អ្នកផ្ទាល់ ឬដើម្បីតស៊ូដណ្ដើមផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយ ដូចជាផលប្រយោជន៍ខាងសម្ភារ ផលប្រយោជន៍ខាងហិរញ្ញវត្ថុ ឬផលប្រយោជន៍ខាងផ្លូវចិត្ត ហើយអ្នកមិនបានធ្វើអ្វីដែលវិជ្ជមានសូម្បីតែមួយ។ ហើយទោះបីជាអ្នកបានស៊ូទ្រាំនឹងការរងទុក្ខយ៉ាងច្រើនក៏ដោយ ក៏រាល់ពាក្យសម្ដីដែលអ្នកបាននិយាយ រាល់សកម្មភាពដែលអ្នកបានធ្វើ និងរាល់កិច្ចការដែលអ្នកបានបំពេញ មិនថានៅទីសាធារណៈ ឬនៅទីកំបាំងមុខនោះទេ គឺសុទ្ធតែដើម្បីខ្លួនឯងទាំងស្រុង ដើម្បីអំនួត និងឋានៈរបស់អ្នកផ្ទាល់ និងដើម្បីកេរ្តិ៍ឈ្មោះរបស់អ្នកផ្ទាល់ ហើយអ្វីដែលអ្នកបានការពារ គឺសុទ្ធតែជាអ្វីៗដែលអវិជ្ជមាន។ ក្នុងករណីនោះ នៅពេលអ្នកយកខ្លួនឯងទៅផ្ទៀងផ្ទាត់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងផ្ទៀងផ្ទាត់នឹងសេចក្ដីពិត តើអ្នកនឹងមានអារម្មណ៍យ៉ាងណានៅក្នុងចិត្ត? តើអ្នកនឹងមានអារម្មណ៍ល្អដែរឬទេ? (ទេ មិនល្អទេ។) ឥឡូវនេះ ចូរពិចារណាពីលទ្ធផលនៃកិច្ចការរបស់អ្នក៖ អ្នកមិនបានចាត់ចែងបញ្ហាដែលកើតឡើងនៅក្នុងផ្នែកណាមួយនៃកិច្ចការឱ្យបានទាន់ពេលវេលាឡើយ ហើយរឹតតែមិនបានដោះស្រាយវាទៅទៀត។ មិនថាអ្នកណាបង្កការបង្អាក់ និងការរំខាននោះទេ ដរាបណាវាមិនពាក់ព័ន្ធនឹងឋានៈ និងផលប្រយោជន៍របស់អ្នក នោះមិនថាផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់រងការខូចខាតខ្លាំងប៉ុនណាក៏ដោយ ក៏អ្នកមិនបញ្ឈប់ ឬរឹតត្បិតអ្នកទាំងនោះឡើយ ផ្ទុយទៅវិញ អ្នកបណ្ដោយឱ្យរឿងរ៉ាវកន្លងហួសទៅ ធ្វើមិនដឹងមិនឮ ព្រងើយកន្តើយ និងមិនខ្វល់ពីពួកគេឡើយ។ ក្រោយមក នៅពេលខាងលើស៊ើបអង្កេត និងទាមទារឱ្យចាត់ការភាគីដែលទទួលខុសត្រូវ និងតម្រូវឱ្យពួកគេសងការខាតបង់ អ្នកគ្រាន់តែអនុវត្ត និងប្រតិបត្តិវា ដោយធ្វើឱ្យតែរួចពីដៃ ហើយក៏ត្រឹមតែប៉ុណ្ណឹង។ អ្នកមិនដែលដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងកិច្ចការរបស់អ្នកផ្ទាល់ដោយសកម្មឡើយ។ អ្នកអសកម្មទាំងស្រុង។ តើកិច្ចការអ្វីដែលអ្នកសុខចិត្តធ្វើ ហើយដែលអ្នកម្ចាស់ការធ្វើនោះ? វាគឺជារឿងទាំងអស់ដែលអ្នកធ្វើដើម្បីការពារកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់អ្នកផ្ទាល់ និងដើម្បីការពារផលប្រយោជន៍របស់អ្នកផ្ទាល់។ អ្វីដែលអ្នកការពារ គឺសុទ្ធតែជាអ្វីៗដែលអវិជ្ជមាន។ អ្នកធ្វើរឿងទាំងនេះដោយភាពក្លៀវក្លាឥតនឿយហត់ ប៉ុន្តែអ្នកមិនដែលម្ចាស់ការធ្វើរឿងដូចជាការការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ឬការការពារអ្វីៗដែលវិជ្ជមានឡើយ។ នៅពេលដែលថ្ងៃណាមួយ អ្នកនឹកឃើញពីរឿងនេះ ហើយពិនិត្យមើលសកម្មភាព និងអំពើរបស់អ្នកផ្ទាល់ តើអ្នកនឹងមិនមានវិប្បដិសារីនៅក្នុងចិត្តទេឬ? នៅពេលអ្នកយកខ្លួនឯងទៅប្រៀបធៀបនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកនឹងពោរពេញដោយវិប្បដិសារីនៅក្នុងចិត្តមិនខាន! ប្រសិនបើអ្នកមានវិប្បដិសារី តើអ្នកអាចមានសេចក្ដីសុខសាន្តនៅក្នុងចិត្តដែរឬទេ? តើអ្នកអាចមានអារម្មណ៍សុខស្រួលដែរឬទេ? អ្នកនឹងគ្មានអារម្មណ៍សុខស្រួល ហើយគ្មានសេចក្ដីសុខសាន្តឡើយ។ អ្នកនឹងមិនមានអារម្មណ៍សុខស្រួលណាមួយពីការស៊ូទ្រាំនឹងការរងទុក្ខនេះឡើយ បើដូច្នេះ តើការស៊ូទ្រាំនឹងវាមិនមែនជារឿងឥតន័យទេឬ? (មែនហើយ។) អ្នកបានស៊ូទ្រាំនឹងការរងទុក្ខយ៉ាងច្រើន ប៉ុន្តែអ្នកមិនដឹងថាតើអ្វីដែលអ្នកបានធ្វើពិតជាអំពើល្អដែរឬទេ តើអ្នកបានថ្វាយសេចក្ដីស្មោះស្ម័គ្ររបស់អ្នកដែរឬទេ តើអ្វីដែលអ្នកបានធ្វើត្រូវបានព្រះជាម្ចាស់គាប់ព្រះហឫទ័យដែរឬទេ ឬតើអ្នកពិតជាមនុស្សដែលសម្រេចបានសេចក្ដីសង្គ្រោះនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ដែរឬទេ។ អ្នកមិនដឹងពីរឿងទាំងនេះទាល់តែសោះ ហើយអ្នកភ័យខ្លាចយ៉ាងខ្លាំងនៅក្នុងចិត្ត តើអ្នកនៅតែអាចមានអារម្មណ៍សុខស្រួលបានដែរឬទេ? (ទេ មិនអាចទេ។) ការមានអារម្មណ៍សុខស្រួលនៅក្នុងចិត្តរបស់អ្នក បន្ទាប់ពីបានជឿលើព្រះជាម្ចាស់រហូតដល់ទីបញ្ចប់ គឺជាអ្វីដែលអ្នកអាចទទួលបាន តែតាមរយៈការដើរលើផ្លូវត្រូវ ការធ្វើជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ និងការត្រៀមអំពើល្អជាច្រើននៅក្នុងដំណើរនៃការបំពេញភារកិច្ចរបស់អ្នកប៉ុណ្ណោះ។ វាមិនមែនជាអ្វីដែលអ្នកទទួលបានតាមរយៈការស៊ូទ្រាំនឹងការរងទុក្ខក្នុងកម្រិតណាមួយឡើយ។ ប្រសិនបើលក្ខណៈនៃការរងទុក្ខរបស់អ្នក គឺដើម្បីការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងដើម្បីការពារអ្វីៗដែលវិជ្ជមាន នោះទីបំផុត អ្នកនឹងទទួលបានអារម្មណ៍សុខស្រួលពីរឿងនេះ។ ក៏ប៉ុន្តែ ប្រសិនបើលក្ខណៈនៃការរងទុក្ខរបស់អ្នក គឺដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក និងដើម្បីការពារអ្វីៗដែលអវិជ្ជមាន នោះទីបំផុត អ្នកនឹងមិនត្រឹមតែមិនទទួលបានអារម្មណ៍សុខស្រួលពីរឿងនេះប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងមានអារម្មណ៍បន្ទោសខ្លួនឯង និងមិនស្រួលនៅក្នុងចិត្តរបស់អ្នកផងដែរ។ អស់អ្នកដែលមានអារម្មណ៍មិនស្រួលនៅក្នុងចិត្ត តែងតែរិះគិតថា៖ «តើខ្ញុំទទួលបានអ្វីខ្លះពីការជឿលើព្រះជាម្ចាស់? មើលចុះថាតើពួកទទឹងនឹងព្រះគ្រីស្ទបានលួចតង្វាយប៉ុន្មាន ហើយតើពួកគេបានយកសម្លៀកបំពាក់ល្អៗ គ្រឿងប្រើប្រាស់ល្អៗ និងរបស់របរល្អៗផ្សេងទៀតប៉ុន្មានសម្រាប់ខ្លួនពួកគេ។ ចូរមើលពីអ្វីដែលពួកគេបានសោយសុខ ហើយមើលពីអ្វីដែលខ្ញុំបានសោយសុខចុះ! តើខ្ញុំទទួលបានអ្វីខ្លះពីការស៊ូទ្រាំនឹងការរងទុក្ខយ៉ាងច្រើននេះ?» អ្នកឃើញទេ ពួកគេអាចនិយាយរឿងបែបនេះបាន។ ការដែលពួកគេអាចសួរថា «តើខ្ញុំទទួលបានអ្វីខ្លះពីការជឿលើព្រះជាម្ចាស់?» បញ្ជាក់ថា ពួកគេមិនមានអារម្មណ៍សុខស្រួលនៅក្នុងចិត្តរបស់ពួកគេឡើយ។ ពួកគេមិនមានអារម្មណ៍ស្កប់ស្កល់នៅក្នុងចិត្តទេ ផ្ទុយទៅវិញ គឺទទេស្អាត។ អស់អ្នកដែលគ្មានអារម្មណ៍សុខស្រួល មានអារម្មណ៍មិនស្ងប់នៅក្នុងចិត្ត។ ចំពោះអស់អ្នកដែលមានអារម្មណ៍សុខស្រួល តើហេតុអ្វីបានជាពួកគេមានអារម្មណ៍បែបនេះ? វាមិនមែនគ្រាន់តែដោយសារពួកគេស៊ូទ្រាំនឹងការរងទុក្ខនោះទេ ប៉ុន្តែជាចម្បង គឺដោយសារតែពួកគេបានយល់ពីសេចក្ដីពិតមួយចំនួន និងទទួលបានផលវិជ្ជមាននៅក្នុងដំណើរការនៃការរងទុក្ខ។ ចំណែកអស់អ្នកដែលមិនទទួលបានផលអ្វីសោះពីដំណើរការនៃការរងទុក្ខ គិតថានៅទីបំផុត ពួកគេមិនទទួលបានអ្វីសោះឡើយ ថាពួកគេរងទុក្ខដោយអយុត្តិធម៌ ហើយថាវាមិនសមតម្លៃទេ ព្រមទាំងមានអារម្មណ៍ថាពួកគេបានខាតបង់។ នៅក្នុងស្ថានភាពនេះ ពួកគេមានអារម្មណ៍ថាព្រះជាម្ចាស់មិនសុចរិត ហើយថាព្រះជាម្ចាស់អយុត្តិធម៌ចំពោះពួកគេ ថាអ្នកផ្សេងត្រូវបានដំណាក់របស់ព្រះជាម្ចាស់លើកស្ទួយជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ហើយមានឋានៈខ្ពស់ជាងពួកគេ ខណៈដែលឥឡូវនេះ ពួកគេអន់ជាង ហើយមិនបានសោយសុខនឹងអ្វីសោះ។ បន្ទាប់ពីបានរងទុក្ខ និងលះបង់ខ្លួនឯងអស់ជាច្រើនឆ្នាំ នៅទីបំផុត ពួកគេមិនទទួលបានអ្វីសោះ ដូច្នេះ ពួកគេមានអារម្មណ៍ទាស់ទទឹងនៅក្នុងចិត្ត។ ប្រសិនបើពួកគេអាចមានអារម្មណ៍ទាស់ទទឹង ហើយក៏មានអារម្មណ៍ថារងភាពអយុត្តិធម៌ផងដែរ នោះចូរប្រាប់ខ្ញុំមកមើល តើពួកគេទទួលបានសេចក្ដីពិតដែរឬទេ? (ទេ មិនបានទេ។) ពួកគេប្រាកដជាមិនទទួលបានសេចក្ដីពិតឡើយ។ ប្រសិនបើអ្វីដែលមនុស្សទទួលបានគឺជាសេចក្ដីពិត នោះនៅពេលនិយាយដល់របៀបដែលពួកគេប្រព្រឹត្តចំពោះរឿងខាងសម្ភារគ្រប់ប្រភេទ របៀបដែលពួកគេប្រព្រឹត្តចំពោះឋានៈ និងកេរ្តិ៍ឈ្មោះ របៀបដែលពួកគេប្រព្រឹត្តចំពោះការរងទុក្ខ របៀបដែលពួកគេប្រព្រឹត្តចំពោះភារកិច្ចរបស់ខ្លួន និងរឿងរ៉ាវផ្សេងៗទៀត ពួកគេនឹងមានការយល់ដឹងត្រឹមត្រូវ ព្រមទាំងមានគំនិត និងទស្សនៈត្រឹមត្រូវ។ ទស្សនៈរបស់ពួកគេចំពោះជីវិត និងផ្លូវជីវិតដែលពួកគេជ្រើសរើស នឹងផ្លាស់ប្ដូរ ពោលគឺ ជីវិតនៅខាងក្នុងពួកគេនឹងផ្លាស់ប្ដូរ ហើយទស្សនៈផ្សេងៗនៅពីក្រោយការដេញតាមរបស់ពួកគេ ក៏នឹងផ្លាស់ប្ដូរផងដែរ។ នៅពេលមនុស្សឆ្លងកាត់ការផ្លាស់ប្ដូរទាំងនេះ ហើយនៅពេលពួកគេទទួលបានរឿងទាំងនេះ ពួកគេមានអារម្មណ៍ស្កប់ស្កល់។ ពួកគេមានអារម្មណ៍ថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃការដើរតាមព្រះជាម្ចាស់នេះ ខ្ញុំបានយល់ពីសេចក្ដីពិតជាច្រើន និងទទួលបានយ៉ាងច្រើន។ ផលពិតប្រាកដរបស់ខ្ញុំគឺបរិបូរណ៍ ហើយព្រះពររបស់ខ្ញុំក៏ហូរហៀរដែរ»។ ទោះបីជាសាច់ឈាមរបស់ពួកគេហត់នឿយបន្តិចក៏ដោយ ក៏ពួកគេមានអារម្មណ៍សុខសាន្ត ស្រួលចិត្ត សប្បាយចិត្ត និងសុខស្រួលជាពិសេសនៅក្នុងចិត្តរបស់ពួកគេ។ ផ្ទុយទៅវិញ អស់អ្នកដែលរងទុក្ខដើម្បីដេញតាមឋានៈ និងកេរ្តិ៍ឈ្មោះ នៅទីបំផុត មិនត្រឹមតែមិនទទួលបានផលប្រយោជន៍ដ៏បរិបូរណ៍ប៉ុណ្ណោះទេ ពួកគេថែមទាំងត្រូវបានបញ្ចេញឱ្យឃើញ និងជម្រុះចោលទៀតផង។ ដោយឃើញថាពួកគេគ្មានសង្ឃឹមក្នុងការទទួលបានព្រះពរ ពួកគេមានអារម្មណ៍ថាខ្លួនបានខាតបង់ ពួកគេកាន់តែស្អប់ខ្ពើមសេចក្ដីពិតនៅក្នុងចិត្តរបស់ខ្លួន ហើយពួកគេបាត់បង់សេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ អ្នកខ្លះថែមទាំងលែងចាប់អារម្មណ៍ក្នុងការជឿលើព្រះជាម្ចាស់ទៀតផង។ វាដូចជាមនុស្សខាងសាសនាមួយចំនួន ដែលបានជឿលើព្រះអម្ចាស់អស់មួយជីវិតរបស់ពួកគេអ៊ីចឹង។ នៅទីបំផុត ពេលដែលពួកគេមានអារម្មណ៍ថាពួកគេមិនទទួលបានអ្វីសោះ តើពួកគេនិយាយអ្វីខ្លះ? ពួកគេនិយាយថា៖ «ព្រះអម្ចាស់យេស៊ូវគឺដូចជាជញ្ជាំងដែលរារាំងផ្លូវរបស់ខ្ញុំ រារាំងខ្ញុំមិនឱ្យឆ្ពោះទៅមុខ និងធ្វើឱ្យខ្ញុំមិនអាចមើលឃើញពន្លឺណាមួយឡើយ»។ នេះគឺជាអ្វីដែលពួកអ្នកជឿដែលជឿពេញមួយជីវិតរបស់ខ្លួន ទទួលបាននៅទីបញ្ចប់។ ការដែលពួកគេនិយាយរឿងដែលបះបោរយ៉ាងហួសហេតុបែបនេះ តើអ្នកមិនគិតថាវាជារឿងដ៏អាក្រក់ក្នុងការស្ដាប់ឮរឿងបែបនេះទេឬ? (មែនហើយ។)
មនុស្សដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនទទួលយកសេចក្ដីពិត តែងតែរៀបល្បិចដើម្បីផលប្រយោជន៍ខាងសាច់ឈាមរបស់ពួកគេផ្ទាល់ ហើយពួកគេសុទ្ធតែសុខចិត្តរងទុក្ខដើម្បីកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់ពួកគេផ្ទាល់។ ដរាបណាពួកគេអាចសោយសុខនឹងផលប្រយោជន៍នៃឋានៈ ពួកគេមានអារម្មណ៍ពេញចិត្តនៅក្នុងចិត្តរបស់ពួកគេ។ រាល់សកម្មភាព និងអំពើរបស់ពួកគេ គឺដើម្បីការសោយសុខខាងសាច់ឈាមរបស់ពួកគេផ្ទាល់។ ពួកគេមិនដែលទទួលយកសេចក្ដីពិតឡើយ ពួកគេមិនការពារកិច្ចការរបស់ពួកជំនុំទេ ហើយពួកគេមិនការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ កិច្ចការដែលពួកគេធ្វើ មិនមែនដើម្បីការពារអត្ថិភាពនៃបុព្វហេតុយុត្តិធម៌នោះទេ ផ្ទុយទៅវិញ គឺដើម្បីការពារកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់ពួកគេផ្ទាល់ និងដើម្បីការពារផលប្រយោជន៍របស់ពួកគេផ្ទាល់។ តើពួកគេអាចទទួលបានអ្វីខ្លះ តាមរយៈការរងទុក្ខដើម្បីតែផលប្រយោជន៍របស់ពួកគេផ្ទាល់នោះ? ពួកគេមិនទទួលបានអ្វីទាល់តែសោះ។ វាគ្រាន់តែជាការខិតខំប្រឹងប្រែងដោយឥតប្រយោជន៍ និងអសារបង់ទាំងស្រុងប៉ុណ្ណោះ។ អ្នកខ្លះរស់នៅរាល់ថ្ងៃយ៉ាងជូរចត់ ដូចជាអ្នកបួសតបៈ ដោយមិនហូបចុកឱ្យបានល្អ ឬសោយសុខនឹងរបស់ល្អៗអ្វីឡើយ ពួកគេផ្ដោតតែលើការរត់ចុះរត់ឡើងឱ្យបានច្រើន និងលះបង់ខ្លួនឯងឱ្យបានច្រើនប៉ុណ្ណោះ។ ពួកគេបង្កើតច្បាប់ និងបទប្បញ្ញត្តិជាច្រើនសម្រាប់ខ្លួនឯង ដែលធ្វើឱ្យពួកគេរងទុក្ខយ៉ាងខ្លាំង។ អ្នកខ្លះថែមទាំងធ្វើការរហូតដល់ធ្លាក់ខ្លួនឈឺទៀតផង។ ប៉ុន្តែនៅទីបំផុត ពួកគេមិនទទួលបានសេចក្ដីពិត ឬត្រៀមអំពើល្អបានច្រើនឡើយ។ នេះគឺជារឿងដ៏គួរឱ្យសោកសៅ។ តើអ្វីដែលធ្វើឱ្យវាគួរឱ្យសោកសៅ? តើឫសគល់នៃបញ្ហានៅត្រង់ណា? ពួកគេគ្រាន់តែរងទុក្ខដើម្បីកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់ពួកគេផ្ទាល់ប៉ុណ្ណោះ ហើយពួកគេគ្រាន់តែដេញតាមផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេចាត់ទុក «លាភសក្ការៈ» ធំជាងអ្វីៗទាំងអស់ ហើយផ្ដល់អាទិភាពដល់ផលប្រយោជន៍របស់ពួកគេផ្ទាល់លើសអ្វីៗទាំងអស់។ ពួកគេមិនដែលស្រឡាញ់សេចក្ដីពិតនៅក្នុងចិត្តរបស់ពួកគេឡើយ។ ហេតុដូច្នេះហើយ ពួកគេគ្រាន់តែធ្វើខ្លួនឱ្យរវល់ និងរងទុក្ខដើម្បីផលប្រយោជន៍ខាងសាច់ឈាមរបស់ពួកគេផ្ទាល់ប៉ុណ្ណោះ មិនដែលរងទុក្ខដើម្បីការពារអត្ថិភាពនៃអ្វីៗដែលវិជ្ជមានសូម្បីបន្តិច។ តើពួកគេនៅឯណា ពេលដែលមនុស្សអាក្រក់បង្កការបង្អាក់ និងការរំខាននៅក្នុងកិច្ចការរបស់ពួកជំនុំ? តើពួកគេនៅឯណា ពេលដែលនាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួនរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ឬនៅពេលយូដាសលក់ក្បាលពួកជំនុំ? ពួកគេឃើញរឿងទាំងនេះ ប៉ុន្តែធ្វើពុតជាមិនឃើញ។ ពួកគេដឹងពីរឿងទាំងនេះ ប៉ុន្តែធ្វើពុតជាមិនដឹង។ ទាល់តែបន្ទាប់ពីរឿងនេះត្រូវបានចាត់ចែងរួចរាល់ ទើបពួកគេបង្ហាញមុខ ដោយនិយាយថា៖ «ខ្ញុំមិនបានដឹងពីរឿងនេះទេ។ ប្រសិនបើខ្ញុំបានដឹង ខ្ញុំមុខជាចាត់ចែងវាបាត់ហើយ។ ខ្ញុំមិនបានបំពេញការទទួលខុសត្រូវរបស់ខ្ញុំទេ ខ្ញុំត្រូវតែប្រែចិត្តចំពោះព្រះជាម្ចាស់ ហើយខ្ញុំត្រូវតែសុំទោសបងប្អូនប្រុសស្រី»។ នៅពេលរឿងនេះត្រូវបានចាត់ចែងរួចរាល់ ពួកគេក៏លោតចេញមកដូចជាត្លុក។ ប៉ុន្តែ ពេលមានបញ្ហាកើតឡើងភ្លាម ពួកគេក៏រត់ចូលរន្ធដូចជាសត្វកណ្ដុរ ហើយបាត់ស្រមោលឈឹង។ នៅពេលពិតជាត្រូវការឱ្យពួកគេចេញមុខការពារយុត្តិធម៌ ការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងការពារអ្វីៗដែលវិជ្ជមាន ពួកគេមិនដែលចេញមុខឡើយ។ ពួកគេមិនធ្វើឱ្យអ្នកណាអាក់អន់ចិត្តឡើយ ពួកគេគ្រាន់តែជ្រើសរើសធ្វើជាមនុស្សផ្គាប់ចិត្តគេ ធ្វើគថ្លង់ និងធ្វើពុតជាមិនឃើញ ឬមិនឮអ្វីទាំងអស់។ នៅពេលមនុស្សអាក្រក់បង្កការបង្អាក់ និងការរំខាននៅក្នុងកិច្ចការរបស់ពួកជំនុំ ពួកគេដឹងច្បាស់ណាស់ថាអ្នកណាជាអ្នកបង្ករំខាន ប៉ុន្តែពួកគេគ្រាន់តែមិនព្រមលាតត្រដាងអ្នកនោះ ដោយបដិសេធមិនព្រមនិយាយថាអ្នកណាជាអ្នកធ្វើរឿងនេះឱ្យប្រាកដឡើយ។ មាននរណាម្នាក់ទូន្មានពួកគេ ដោយនិយាយថា៖ «កុំធ្វើជាមនុស្សផ្គាប់ចិត្តគេអី។ ប្រសិនបើអ្នកលាតត្រដាងមនុស្សអាក្រក់ ហើយជម្រះពួកគេចេញពីពួកជំនុំ នោះទោះបីជាអ្នកធ្វើឱ្យមនុស្សអាក់អន់ចិត្ត និងត្រូវគេសម្លក់សម្លឹងក៏ដោយ ក៏នៅទីបំផុត អ្នកនឹងបានការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងបានថ្វាយសេចក្ដីស្មោះស្ម័គ្ររបស់អ្នកដែរ»។ ពួកគេនៅតែរកលេស និងធ្វើខ្លួនគេចវេះ ដោយនិយាយថា៖ «ខ្ញុំមិនដឹងសេចក្ដីលម្អិតទេ ខ្ញុំចាំបាច់ត្រូវស៊ើបមើលរឿងនេះសិន» រួចហើយក៏ប្រញាប់គេចខ្លួនបាត់ទៅ។ ប៉ុន្តែ ប្រសិនបើមានអ្នកណាមានទស្សនៈអវិជ្ជមាន ឬមានមតិចំពោះពួកគេ ឬប្រសិនបើមានបញ្ហាកើតឡើងនៅក្នុងកិច្ចការរបស់ពួកគេ ដែលប៉ះពាល់ដល់ឋានៈ និងកិត្យានុភាពរបស់ពួកគេនៅក្នុងចិត្តមនុស្ស នោះពួកគេចាត់ទុកវាជាមហន្តរាយ។ ពួកគេហូបមិនចូល ដេកមិនលក់ឡើយ។ សូម្បីតែម៉ោងមួយទៀបភ្លឺ ក៏ពួកគេនៅតែរិះគិតពីរបៀបស្រោចស្រង់មុខមាត់របស់ពួកគេដែរ។ នៅពេលព្រឹក ដោយមិនទាន់ទាំងបានហូបអាហារពេលព្រឹកផង ពួកគេចាប់ផ្ដើមហៅមនុស្សគ្រប់គ្នាឱ្យមកជួបជុំគ្នា ដើម្បីដោះសា និងការពារខ្លួនឯង ដោយពន្យល់ពីមូលហេតុដែលពួកគេធ្វើបែបនោះ និងពន្យល់ថាកំហុសឆ្គងស្ថិតនៅត្រង់ណាក្នុងការធ្វើបែបនោះ។ ពួកគេក៏សុំទោសមនុស្សគ្រប់គ្នាផងដែរ ដោយសង្ឃឹមថាគ្មានអ្នកណានឹងយល់ច្រឡំលើពួកគេឡើយ។ ពួកគេអះអាងថា វាមិនមែនដោយសារតែពួកគេមិនសុខចិត្តធ្វើកិច្ចការឱ្យបានល្អនោះទេ ប៉ុន្តែផ្ទុយទៅវិញ ដោយសារតែពួកគេរវល់នឹងរឿងផ្សេង ហើយមិនមានពេលដើម្បីចាត់ចែងកិច្ចការនោះ ព្រមទាំងមិនយល់ពីស្ថានភាពជាក់ស្ដែងផង ដែលជាមូលហេតុធ្វើឱ្យកំហុសឆ្គងកើតឡើងនៅក្នុងកិច្ចការ។ នៅពេលពួកគេទទួលបានការពេញចិត្តពីមនុស្សគ្រប់គ្នា និងបានបញ្ឆោតមនុស្សគ្រប់គ្នាឱ្យផ្ដល់ក្ដីអាណិត និងការទទួលស្គាល់ដល់ពួកគេ ពួកគេមានអារម្មណ៍សុវត្ថិភាពនៅក្នុងចិត្តថា៖ «អឺ កិច្ចការត្រូវបានធ្វើយ៉ាងត្រឹមត្រូវហើយ។ ឥឡូវនេះ ខ្ញុំអាចគេងលក់យ៉ាងស្រួល និងមានផាសុកភាព ហើយអាចហូបអាហារបានយ៉ាងឆ្ងាញ់។ សព្វថ្ងៃនេះ តែងតែមានបញ្ហាជាមួយនឹងការកែសម្រួលបុគ្គលិក តែងតែមានកិច្ចការដែលត្រូវធ្វើមិនចេះចប់ ហើយតែងតែមានបញ្ហាដែលត្រូវដោះស្រាយមិនចេះចប់នៅក្នុងកិច្ចការ មើលចុះថាខ្ញុំហត់នឿយប៉ុនណាទៅ!» នៅពេលមានបញ្ហាកើតឡើងនៅក្នុងកិច្ចការរបស់ពួកជំនុំ ហើយបងប្អូនប្រុសស្រីសួរពួកគេពីរបៀបចាត់ចែងបញ្ហាទាំងនោះ ពួកគេនិយាយថា៖ «មិនបាច់ប្រញាប់ទេ។ ឱ្យតែមានអ្នកកំពុងធ្វើកិច្ចការនោះ ឱ្យតែមានមនុស្សនៅគ្រប់តួនាទី ហើយមនុស្សគ្រប់គ្នាកំពុងរវល់ គឺមិនអីទេ។ កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ នឹងមិនអាចត្រូវបានបញ្ចប់ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃឡើយ។ ដើម្បីធ្វើកិច្ចការនេះ អ្នកត្រូវតែប្រព្រឹត្តចំពោះវាដោយផ្នត់គំនិតរយៈពេលវែង ធ្វើការបន្ទាប់ពីព្រះអាទិត្យរះ និងសម្រាកបន្ទាប់ពីព្រះអាទិត្យលិច ដោយមិនចាំបាច់ប្រញាប់ប្រញាល់ ឬបន្ទាន់់អ្វីឡើយ។ ការធ្វើតិចតួចបន្តិច នឹងមិនធ្វើឱ្យរឿងរ៉ាវកាន់តែអាក្រក់នោះទេ ហើយការធ្វើច្រើនបន្តិច ក៏នឹងមិនធ្វើឱ្យរឿងរ៉ាវកាន់តែល្អប្រសើរនោះដែរ។ ពួកយើងមិនចាំបាច់ធ្វើឱ្យខ្លួនឯងហត់នឿយខ្លាំងយ៉ាងនេះឡើយ។ ប្រសិនបើយើងធ្លាក់ខ្លួនឈឺដោយសារតែភាពហត់នឿយ តើនៅថ្ងៃមុខ អ្នកណានឹងធ្វើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់នោះ? តើវានឹងមិននៅតែធ្លាក់មកលើយើងទេឬ? ប្រសិនបើយើងដួលសន្លប់ដោយសារតែភាពហត់នឿយ តើដំណាក់របស់ព្រះជាម្ចាស់នឹងមិននៅតែត្រូវចំណាយថ្លៃព្យាបាលជំងឺរបស់យើងទេឬ? យើងមិនអាចធ្វើឱ្យខ្លួនឯងហត់នឿយខ្លាំងយ៉ាងនោះទេ។ យើងត្រូវតែសំចៃកម្លាំងបន្តិច»។ តើអ្នកគិតយ៉ាងណាចំពោះទស្សនៈរបស់ពួកគេ? (វាខុសហើយ។) នៅពេលមានបញ្ហាកើតឡើងនៅក្នុងកិច្ចការរបស់ពួកជំនុំ ហើយមានអ្នកណាបង្កការបង្អាក់ និងការរំខាន នេះតម្រូវឱ្យអ្នកចេញមុខដើម្បីដោះស្រាយបញ្ហា និងចាត់ការអ្នកដែលទទួលខុសត្រូវ។ មនុស្សមួយចំនួនក្នុងចំណោមមនុស្សទាំងនេះ នឹងត្រូវដកហូតតំណែង ហើយអ្នកខ្លះនឹងត្រូវបញ្ជូនទៅពួកជំនុំធម្មតា ឬសូម្បីតែក្រុម «ខ» ទៀតផង។ អ្នកនឹងមិនអាចចៀសផុតពីការធ្វើឱ្យមនុស្សអាក់អន់ចិត្តឡើយ ហើយអ្នកនឹងត្រូវអ្នកដទៃស្អប់ ត្រូវអ្នកដទៃជេរប្រមាថ ត្រូវអ្នកដទៃវិនិច្ឆ័យ និងផាត់ចេញ ហើយថែមទាំងត្រូវមនុស្សថោកទាបរៀបល្បិចដាក់អ្នកទៀតផង។ ប៉ុន្តែ មនុស្សទាំងនោះរិះគិតនៅក្នុងចិត្តរបស់ខ្លួនថា៖ «អ្នកចង់ឱ្យខ្ញុំចាត់ការមនុស្សអាក្រក់ឬ? នោះមានន័យថាជាការធ្វើឱ្យអ្នកដទៃអាក់អន់ចិត្តហើយ។ ខ្ញុំមិនល្ងង់ដល់ថ្នាក់ហ្នឹងទេ! ខ្ញុំនឹងគ្រាន់តែមិនចាត់ការពួកគេទៅបានហើយ! មិនថាកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ត្រូវរំខាន ឬមិនថាផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់រងការខូចខាតនោះទេ តើវាពាក់ព័ន្ធអ្វីនឹងខ្ញុំទៅ? ទោះបីជាមានបុគ្គលពីរបីនាក់បង្កបញ្ហា ព្រមទាំងបង្កការបង្អាក់ និងការរំខានក៏ដោយ ក៏វាមិនប៉ះពាល់ដល់ស្ថានភាពរួមដែរ ហើយកិច្ចការនៅតែត្រូវបានធ្វើដដែល ដូច្នេះ ហេតុអ្វីបានជាគួរចាត់ការពួកគេ? ម្យ៉ាងទៀត ប្រសិនបើខ្ញុំចាត់ការពួកគេ តើពួកគេនឹងមិនស្អប់ខ្ញុំទេឬ? ទោះបីជាកិច្ចការនេះត្រូវបានធ្វើឡើងយ៉ាងល្អក៏ដោយ ក៏គ្មានអ្នកណានឹងនិយាយអ្វីល្អអំពីខ្ញុំដែរ ហើយខាងលើក៏នឹងមិនដឹងដែរ។ ខ្ញុំនឹងធ្វើឱ្យមនុស្សអាក់អន់ចិត្ត ហើយបន្ទាប់មក ត្រូវរងការផាត់ចេញពីអ្នកទាំងនោះ និងត្រូវពួកគេសម្លក់សម្លឹង។ ខ្ញុំមិនព្រមស៊ូទ្រាំនឹងការរងទុក្ខនោះជាដាច់ខាត!» នៅពេលប្រឈមមុខនឹងបញ្ហាមនុស្សអាក្រក់បង្កការបង្អាក់ និងការរំខាន ពួកគេមិនដែលចេញមុខឡើយ ពួកគេមិនដែលការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទេ ហើយពួកគេមិនធ្វើកិច្ចការការពារយុត្តិធម៌ឡើយ។ ពួកគេមិននិយាយសូម្បីតែមួយម៉ាត់ដើម្បីលាតត្រដាង ឬបញ្ឈប់អ្នកទាំងនោះ ដោយខ្លាចយ៉ាងខ្លាំងក្នុងការធ្វើឱ្យមនុស្សអាក់អន់ចិត្ត និងត្រូវគេវិនិច្ឆ័យ ឬត្រូវគេសងសឹក។ ដើម្បីការពារកុំឱ្យមនុស្សយល់ច្រឡំលើពួកគេ និងដើម្បីការពារឋានៈ និងមុខមាត់របស់ខ្លួននៅក្នុងចំណោមមនុស្ស ពួកគេនៅតែបន្តរៀបចំការជួបជុំ ដោយខំប្រឹងដោះសា និងការពារខ្លួនឯង ព្រមទាំងនិយាយមិនចេះចប់មិនចេះហើយ។ ប៉ុន្តែ ចំពោះរឿងរ៉ាវនៃការការពារកិច្ចការរបស់ពួកជំនុំវិញ ពួកគេគ្មានអ្វីត្រូវនិយាយឡើយ ហើយមិនបញ្ចេញកម្លាំងសូម្បីតែបន្តិច។ តើមនុស្សបែបនេះមានអំពើល្អណាមួយដែរឬទេ? តើអំពើល្អរបស់ពួកគេនៅឯណា? ទីបំផុត នៅពេលពួកគេស្ថិតនៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ តើពួកគេនឹងអាចទូលឆ្លើយចំពោះទ្រង់បានដែរឬទេ? (ទេ មិនអាចទេ។) ពួកគេនៅតែមានអារម្មណ៍ថា ពួកគេបានស៊ូទ្រាំនឹងការរងទុក្ខយ៉ាងច្រើនក្នុងការធ្វើកិច្ចការរបស់ពួកជំនុំ ប៉ុន្តែតើពួកគេពិតជារងទុក្ខដើម្បីអ្វីទៅ? តើពួកគេកំពុងរងទុក្ខដើម្បីបុព្វហេតុយុត្តិធម៌ និងដើម្បីកិច្ចការងារដំណាក់របស់ព្រះជាម្ចាស់មែនទេ? (មិនមែនទេ ពួកគេកំពុងរងទុក្ខដើម្បីផលប្រយោជន៍របស់ពួកគេផ្ទាល់។) ពួកគេអាចស៊ូទ្រាំរាល់ការរងទុក្ខ ដើម្បីការពារផលប្រយោជន៍របស់ពួកគេផ្ទាល់ ប៉ុន្តែនឹងមិនស៊ូទ្រាំនឹងការរងទុក្ខសូម្បីតែបន្តិច ដើម្បីការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ មនុស្សបែបនេះគឺអាត្មានិយមពេកហើយ ហើយពួកគេមិនដើរលើផ្លូវត្រូវទេ តើមែនទេ? (មែនហើយ។) ពួកគេពិតជាមិនធ្វើអ្វីដែលផ្ដល់ប្រយោជន៍ដល់កិច្ចការរបស់ពួកជំនុំទាល់តែសោះ ប៉ុន្តែពួកគេធ្វើអ្វីៗគ្រប់យ៉ាងដែលផ្ដល់ប្រយោជន៍ដល់កិត្យានុភាព និងឋានៈរបស់ពួកគេផ្ទាល់ ដោយមិនរំលងសូម្បីតែមួយរឿង។ ពួកគេខ្វល់តែពីការការពារផលប្រយោជន៍របស់ពួកគេផ្ទាល់ប៉ុណ្ណោះ។ មនុស្សបែបនេះគឺគួរឱ្យអាម៉ាស់ណាស់! ពួកគេរងទុក្ខដើម្បីតែការពារផលប្រយោជន៍របស់ពួកគេផ្ទាល់ប៉ុណ្ណោះ ប៉ុន្តែពួកគេនៅតែទាមទារគុណបំណាច់ពីព្រះជាម្ចាស់ និងទាមទាររង្វាន់ពីទ្រង់ទៀត។ តើនេះមិនគួរឱ្យស្អប់ខ្ពើមទេឬ? (មែនហើយ។) មនុស្សបែបនេះគឺអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមពេកហើយ។ ពួកគេគ្មានមនសិការទេ ហើយពួកគេគ្មានវិចារណញ្ញាណឡើយ គឺសរុបមក ពួកគេគ្មានភាពជាមនុស្សទេ។ មនុស្សប្រភេទនេះមិនដើរលើផ្លូវត្រូវឡើយ។ ប្រសិនបើមានអ្នកណាមិនពេញចិត្តនឹងគេ ហើយញែកដឹងពីគេនៅពីក្រោយខ្នង ឬសូម្បីតែរាយការណ៍ពីគេទៅខាងលើ និងលាតត្រដាងថាគេមិនធ្វើកិច្ចការជាក់ស្ដែង ប៉ុន្តែបែរជាបានធ្វើរឿងមួយចំនួនដែលបង្កការបង្អាក់ និងការរំខានទៅវិញ នោះបន្ទាប់ពីបានឮរឿងនេះ គេក៏រក្សាទុកសេចក្ដីស្អប់ចំពោះអ្នកដែលបានលាតត្រដាងគេ ហើយតាមសងសឹកនឹងបុគ្គលនោះ។ គេមិនពិនិត្យមើលខ្លួនឯងទេ ហើយក៏មិនប្រព្រឹត្តចំពោះមនុស្សឱ្យបានត្រឹមត្រូវដែរ។ ផ្ទុយទៅវិញ គេប្រឆាំងនឹងមនុស្សដោយការសងសឹកទៅមក តាមចាប់កំហុសនូវរឿងដែលគេអាចប្រើប្រឆាំងនឹងអ្នកទាំងនោះ និងតាមរកកំហុសរបស់អ្នកទាំងនោះ។ គេថែមទាំងប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីវាយប្រហារមនុស្សទៀតផង។ តើនេះមិនមែនជាការប្រមាថព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រមាថសេចក្ដីពិតទេឬ? នេះគឺជាការប្រើសេចក្ដីពិតដើម្បីវាយប្រហារ និងសងសឹកអ្នកដទៃ ដើម្បីការពារឋានៈរបស់ខ្លួនឯង។ នៅទីកំបាំងមុខ មនុស្សអាក្រក់មួយចំនួនវិនិច្ឆ័យព្រះជាម្ចាស់ និងប្រមាថព្រះជាម្ចាស់ វិនិច្ឆ័យការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយបង្ហាញការមិនពេញចិត្តចំពោះទិដ្ឋភាពណាមួយនៃការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ឬការមិនពេញចិត្តចំពោះពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនៅកម្រិតណាមួយនៃដំណាក់របស់ព្រះជាម្ចាស់។ បន្ទាប់ពីបានឮរឿងនេះ មនុស្សទាំងនេះគ្រាន់តែមិនអើពើនឹងវាសោះ ហើយធ្វើដូចជាពួកគេមិនបានឮរឿងនេះអ៊ីចឹង។ ពួកគេមិនដែលចេញមុខដើម្បីការពារព្រះនាមរបស់ព្រះជាម្ចាស់ ឬដើម្បីការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនលាតត្រដាងមនុស្សអាក្រក់ដែរ។ ប្រសិនបើអ្នកចង់ធ្វើជាមនុស្សផ្គាប់ចិត្តគេ ហើយមិនហ៊ានលាតត្រដាងមនុស្សអាក្រក់ទេ នោះអ្នកនៅតែអាចរាយការណ៍ពីមនុស្សអាក្រក់ទាំងនោះទៅខាងលើបាន។ នេះនឹងរាប់ថាជាការបំពេញការទទួលខុសត្រូវមួយចំនួនរបស់អ្នកហើយ។ ក៏ប៉ុន្តែ មនុស្សបែបនេះ មិនអាចបំពេញសូម្បីតែការទទួលខុសត្រូវដ៏តូចតាចនេះផង។ ដើម្បីការពារផលប្រយោជន៍ខាងសាច់ឈាមរបស់ពួកគេ ព្រមទាំងកិត្យានុភាព និងឋានៈរបស់ខ្លួន ពួកគេសុខចិត្តលះបង់គ្រប់យ៉ាង ឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាង និងស៊ូទ្រាំនឹងការរងទុក្ខគ្រប់ប្រភេទ។ ប៉ុន្តែ ពួកគេមិនដែលលះបង់អ្វី ឬស៊ូទ្រាំនឹងការរងទុក្ខណាមួយ ដើម្បីការពារអត្ថិភាពនៃអ្វីៗដែលវិជ្ជមាន ឬដើម្បីធានាថាសេចក្ដីពិតអាចដំណើរការទៅដោយគ្មានការរារាំងឡើយ។ រាល់ពេលដែលរឿងរ៉ាវទាំងនេះដែលបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំកើតឡើង ហើយតម្រូវឱ្យមានអ្នកណាម្នាក់ចេញមុខដើម្បីការពារអត្ថិភាពនៃអ្វីៗដែលវិជ្ជមាន អ្នកមិនដែលឃើញមនុស្សទាំងនេះនៅទីណាឡើយ ឬមិនដែលឮមតិ ឬទស្សនៈណាមួយរបស់ពួកគេឡើយ។ ពួកគេគ្មានទស្សនៈទេ។ ពួកគេគ្រាន់តែឈរនៅទីនោះ ធ្វើគថ្លង់ មិននិយាយស្ដី ឬមិនបញ្ជាក់ពីជំហររបស់ខ្លួនឡើយ ដោយមិនធ្វើឱ្យអ្នកណាអាក់អន់ចិត្តនោះទេ។ ពួកគេខ្លាចធ្វើឱ្យមនុស្សអាក់អន់ចិត្តខ្លាំងណាស់ ប៉ុន្តែមិនខ្លាចធ្វើឱ្យព្រះជាម្ចាស់ទាស់ព្រះហឫទ័យឡើយ។ នេះគឺជារបៀបដែលពួកគេប្រព្រឹត្តចំពោះសេចក្ដីពិត ប្រព្រឹត្តចំពោះការផ្ទុកផ្ដាក់ដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេ ប្រព្រឹត្តចំពោះភារកិច្ចរបស់ពួកគេ និងប្រព្រឹត្តចំពោះអ្វីៗដែលវិជ្ជមាន។ ចំពោះមនុស្សប្រភេទនេះ ការការពារអត្ថិភាពនៃអ្វីៗដែលវិជ្ជមាន និងការការពារអត្ថិភាពនៃបុព្វហេតុយុត្តិធម៌ មិនមានអ្វីពាក់ព័ន្ធនឹងគេឡើយ អ្នកណាដែលធ្វើរឿងនេះគឺជាមនុស្សល្ងង់ ហើយទោះជាយ៉ាងណាក៏ដោយ ក៏គេនឹងមិនធ្វើដូច្នេះឡើយ។ គេមិនដែលនិយាយសូម្បីតែមួយម៉ាត់ដើម្បីការពារអ្វីៗដែលវិជ្ជមាន ហើយគេក៏មិនធ្វើសូម្បីតែមួយរឿងដើម្បីការពារកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ពេលមានបញ្ហាកើតឡើងភ្លាម គេក៏រត់ចូលស្នូកដូចជាសត្វអណ្ដើក ប៉ុន្តែនៅទីបំផុត គេនៅតែទាមទាររង្វាន់ពីព្រះជាម្ចាស់ដដែល។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «អ្នកមិនបានរងទុក្ខដើម្បីសេចក្ដីពិតទាល់តែសោះ»។ គេថែមទាំងរអ៊ូរទាំ ដោយនិយាយថា៖ «ទូលបង្គំបានស៊ូទ្រាំនឹងការរងទុក្ខយ៉ាងច្រើន ទូលបង្គំបានរត់ចុះរត់ឡើងយ៉ាងច្រើន ហើយទូលបង្គំបានបោះបង់ និងលះបង់ខ្លួនយ៉ាងច្រើន។ តើទូលបង្គំបានសោយសុខនឹងអ្វីខ្លះ? តើទូលបង្គំទទួលបានអ្វីខ្លះ?» សេចក្ដីថ្លែងនេះ លាតត្រដាងពីចេតនារបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ ហើយបញ្ជាក់ថា គេគ្រាន់តែស៊ូទ្រាំនឹងការរងទុក្ខ និងលះបង់ខ្លួនដើម្បីទទួលបានព្រះពរប៉ុណ្ណោះ មិនមែនដើម្បីទទួលបានសេចក្ដីពិតឡើយ។ គេមិនបានទទួលយកសេចក្ដីពិតទេ ហើយមិនបានឈានជើងដើរលើផ្លូវត្រូវឡើយ ដូច្នេះ នៅទីបំផុត គេមិនទទួលបានសេចក្ដីពិតណាមួយឡើយ។ នេះគឺជារឿងដែលជៀសមិនរួចទេ។ អ្នកសាបព្រោះអ្វី អ្នកច្រូតកាត់នោះ។ ហេតុដូច្នេះហើយ ក្នុងការមានទស្សនៈចំពោះបញ្ហានៃការរងទុក្ខ ម្យ៉ាងគឺ អ្នកត្រូវតែមានគំនិត និងទស្សនៈត្រឹមត្រូវ។ ម្យ៉ាងវិញទៀត និងសំខាន់បំផុតនោះគឺ អ្នកត្រូវតែពិនិត្យមើលថាតើលក្ខណៈនៃការរងទុក្ខរបស់អ្នកជាអ្វី តើការរងទុក្ខដែលអ្នកស៊ូទ្រាំមានតម្លៃដែរឬទេ ហើយតើវាមានអត្ថន័យដែរឬទេ ព្រមទាំងថាតើការរងទុក្ខនេះគឺជាការរងទុក្ខដែលអ្នកគួរតែស៊ូទ្រាំដែរឬទេ។ ប្រសិនបើវាជាការរងទុក្ខដែលអ្នកគួរតែស៊ូទ្រាំ ជាការរងទុក្ខដែលត្រូវស៊ូទ្រាំដើម្បីការពារអ្វីៗដែលវិជ្ជមាន និងជាការរងទុក្ខដែលត្រូវស៊ូទ្រាំដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ នោះអ្នកប្រាកដជាត្រូវតែស៊ូទ្រាំនឹងការរងទុក្ខនេះ។ អ្នកគួរតែទទួលយកវាពីព្រះជាម្ចាស់ ហើយមិនគួរគេចវេះពីវាឡើយ។
មនុស្សមួយចំនួនតែងតែនិយាយថា៖ «ខ្ញុំបានរងការធ្វើទុក្ខបុកម្នេញ និងទុក្ខវេទនា ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ហើយតើខ្ញុំទទួលបានអ្វីខ្លះទៅ?» តើការនិយាយបែបនេះត្រឹមត្រូវដែរឬទេ? (ទេ មិនត្រឹមត្រូវទេ។) តើវាខុសយ៉ាងដូចម្ដេច? (ការពិតដែលពួកគេអាចនិយាយបែបនេះបាន បញ្ជាក់ថា ពួកគេមិនទទួលបានសេចក្ដីពិតណាមួយឡើយ ហើយថា ពួកគេមិនមែនកំពុងដើរលើផ្លូវនៃការដេញតាមសេចក្ដីពិតនោះទេ។) មានការរងទុក្ខជាច្រើនដែលមនុស្សគួរតែស៊ូទ្រាំ ដូច្នេះ តើពួកគេត្រូវតែទទួលបានអ្វីមួយពីការរងទុក្ខដែរឬទេ? រឿងនេះពាក់ព័ន្ធនឹងការយល់ដឹង និងទស្សនៈរបស់មនុស្សទាក់ទងនឹងការរងទុក្ខ។ ប្រសិនបើការរងទុក្ខនេះ គឺជាអ្វីដែលអ្នកគួរតែស៊ូទ្រាំ ជាអ្វីដែលអ្នកត្រូវតែស៊ូទ្រាំ និងជាអ្វីដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន ដូច្នេះ តើអ្នកអាចទទួលបានអ្វីឱ្យប្រាកដទៅ តាមរយៈការស៊ូទ្រាំនឹងការរងទុក្ខនេះ? ឧទាហរណ៍៖ មនុស្សប្រហែលជាមិនប្រាកដថាទទួលបានអ្វីនោះទេ ពីការស៊ូទ្រាំនឹងការរងទុក្ខក្នុងការចិញ្ចឹមកូន ឬការរងទុក្ខដោយសារការត្រូវគេធ្វើទុក្ខបុកម្នេញ ព្រោះតែការជឿលើព្រះជាម្ចាស់។ ដូច្នេះ តើអ្នកនឹងស៊ូទ្រាំនឹងការរងទុក្ខនេះឬក៏អត់? រឿងនេះអាស្រ័យលើថាតើផ្លូវដែលមនុស្សម្នាក់ដើរនោះត្រឹមត្រូវដែរឬទេ ហើយថាតើគេជាមនុស្សដែលដេញតាមសេចក្ដីពិតឬក៏អត់។ ប្រសិនបើមនុស្សម្នាក់ស្វែងរកសេចក្ដីពិតក្នុងគ្រប់អ្វីៗទាំងអស់ ក្នុងពេលកំពុងដកបទពិសោធពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយមានការចុះចូលពិតប្រាកដចំពោះព្រះជាម្ចាស់ នោះគេនឹងទទួលបានអ្វីៗ ពីការស៊ូទ្រាំនឹងការរងទុក្ខនេះ។ រឿងនេះតម្រូវឱ្យមនុស្សមានការតាំងចិត្តក្នុងការចុះចូល និងចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់។ ពួកគេមិនអាចប្រព្រឹត្តចំពោះការរងទុក្ខ ដោយផ្នត់គំនិតបែបដោះដូរនោះទេ។ មនុស្សមួយចំនួននិយាយថា៖ «ប្រសិនបើខ្ញុំបញ្ចេញកម្លាំងខ្លះ ខ្ញុំគួរតែទទួលបានអ្វីមួយជាថ្នូរមកវិញ។ ប្រសិនបើខ្ញុំស៊ូទ្រាំនឹងការរងទុក្ខបន្តិចបន្តួច ខ្ញុំគួរតែទទួលបានភាពផ្អែមល្ហែមបន្តិចបន្តួចដែរ។ មានតែបែបនេះប៉ុណ្ណោះ ទើបការរងទុក្ខនេះមានតម្លៃ ហើយមានតែបែបនេះទេ ទើបជាតម្លៃនៃការរងទុក្ខរបស់ខ្ញុំ»។ តើទស្សនៈនេះត្រឹមត្រូវដែរឬទេ? (ទេ មិនត្រឹមត្រូវទេ។) ចុះបើនិយាយដល់រឿងការរងទុក្ខវិញ តើការយល់ដឹងបែបណា និងការយល់ឃើញស៊ីជម្រៅបែបណាទើបត្រឹមត្រូវ? (ប្រសិនបើការរងទុក្ខដែលយើងស៊ូទ្រាំ ត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់ ហើយជាអ្វីដែលយើងគួរតែស៊ូទ្រាំ នោះយើងមានកាតព្វកិច្ចត្រូវតែទទួលយកវា។ ទោះបីជាចុងក្រោយយើងមិនទទួលបានអ្វីសោះក៏ដោយ ក៏យើងមិនគួរត្អូញត្អែរដែរ។ យើងគួរតែមានអាកប្បកិរិយាចុះចូល ដោយចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករ។ ក្នុងពេលជាមួយគ្នានេះ ខណៈដែលយើងស៊ូទ្រាំនឹងការរងទុក្ខ យើងគួរតែផ្ដោតលើការស្វែងរកសេចក្ដីពិត និងការទទួលបានសេចក្ដីពិត។ តាមរបៀបនេះ ការរងទុក្ខដែលយើងស៊ូទ្រាំ គឺមានតម្លៃ និងមានន័យ។) ជារឿយៗ គោលបំណងវិជ្ជមាននៃការរងទុក្ខ គឺដើម្បីការពារអត្ថិភាពនៃអ្វីៗដែលវិជ្ជមាន ហើយនៅទីបំផុត អាចទទួលបានអ្វីមួយ ព្រមទាំងអាចទទួលបានសេចក្ដីពិត និងឈានទៅស្គាល់សេចក្ដីពិត។ នេះគឺជាគោលដៅដ៏ប្រសើរបំផុតមួយ។ ក៏ប៉ុន្តែ តាមពិតទៅ ការរងទុក្ខជារឿយៗត្រូវបានដកបទពិសោធ និងត្រូវបានស៊ូទ្រាំ នៅក្នុងដំណើរការដ៏សាមញ្ញធម្មតាមួយ។ នៅពេលអ្នកសង្ខេបវាក្នុងរយៈពេលខ្លី អ្នកឃើញថា អ្នកមិនទទួលបានអ្វីសោះ ថាអ្នកនឿយហត់ខាងរាងកាយខ្លាំងណាស់ ថាអ្នកថែមទាំងប្រហែលជាត្រូវស៊ូទ្រាំនឹងជំងឺខ្លះទៀតផង ហើយថាអ្នកមិនមានវឌ្ឍនភាពនៅក្នុងសេចក្ដីពិតទេ មិនមានការចូលទៅក្នុងកាន់តែជ្រៅទាក់ទងនឹងជីវិតឡើយ ហើយក៏មិនទទួលបានការយល់ដឹងបន្ថែមអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ បើដូច្នេះ តើការស៊ូទ្រាំនឹងការរងទុក្ខនេះ គឺជារឿងឥតប្រយោជន៍ឬ? មនុស្សមួយចំនួនគិតថា៖ «ក្នុងស្ថានភាពនេះ តើខ្ញុំអាចអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីដកខ្ញុំចេញពីមជ្ឈដ្ឋាននៃទុក្ខលំបាកបែបនេះបានទេ? ចុះតើខ្ញុំមានហេតុផលដើម្បីគេចវេះ និងបដិសេធមជ្ឈដ្ឋាននៃទុក្ខលំបាកបែបនេះដែរឬទេ?» តើការគិតបែបនេះត្រឹមត្រូវដែរឬទេ? (ទេ មិនត្រឹមត្រូវទេ។) អ្នកត្រូវយល់ពីរឿងនេះតាមរបៀបនេះ៖ ការដែលអាចទទួលបានអ្វីៗដែលវិជ្ជមាន និងល្អៗខ្លះពីការរងទុក្ខ គឺជាអ្វីដែលមនុស្សម្នាក់សង្ឃឹមចង់បានយ៉ាងខ្លាំង ហើយវាគឺជាលទ្ធផលដ៏ល្អបំផុត ដែលការរងទុក្ខអាចផ្ដល់ឱ្យនៅទីបំផុត។ ក៏ប៉ុន្តែ ប្រសិនបើការរងទុក្ខដែលអ្នកស៊ូទ្រាំនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ត្រូវបានរៀបចំដោយព្រះជាម្ចាស់ និងត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់ ហើយជាអ្វីដែលអ្នកត្រូវតែដកបទពិសោធ ដើម្បីសម្រេចបានសេចក្ដីសង្គ្រោះ នោះអ្នកត្រូវតែទទួលយកវាពីព្រះជាម្ចាស់ ហើយប្រព្រឹត្តចំពោះវាឱ្យបានត្រឹមត្រូវ។ តើអ្នកអាចប្រព្រឹត្តចំពោះវាឱ្យបានត្រឹមត្រូវដោយរបៀបណា? អ្នកត្រូវតែមានគំនិត និងទស្សនៈត្រឹមត្រូវ៖ អ្នកត្រូវតែយល់ថា ការរងទុក្ខគឺជាផ្នែកមួយនៃជីវិតមនុស្ស ហើយជាដំណាក់កាលដែលមនុស្សត្រូវតែដកបទពិសោធនៅពេលពួកគេរស់នៅ ដែលគ្មាននរណាម្នាក់អាចគេចផុតឡើយ។ ជាការពិតណាស់ វាក៏ជាដំណាក់កាលដែលមនុស្សគ្រប់រូបត្រូវតែដកបទពិសោធ ដើម្បីសម្រេចបានសេចក្ដីសង្គ្រោះផងដែរ។ វាអាចថា នៅទីបំផុត អ្នកមិនទទួលបានអារម្មណ៍នៃការកម្សាន្តចិត្តណាមួយឡើយ ប៉ុន្តែអ្នកស្ម័គ្រចិត្តរាល់ពេលដែលអ្នកស៊ូទ្រាំនឹងការរងទុក្ខ អាចទទួលយកវាពីព្រះជាម្ចាស់ និងមានអាកប្បកិរិយាចុះចូល ហើយមិនដែលព្យាយាមតថ្លៃជាមួយព្រះជាម្ចាស់ឡើយ។ ការដើរលើផ្លូវបែបនេះ និងការធ្វើជម្រើសនេះ គឺជាការទទួលខុសត្រូវដែលភាវៈដែលព្រះបានបង្កើតគួរតែបំពេញ ហើយវាគឺជាអាកប្បកិរិយាដែលអ្នកគួរតែមានចំពោះដំណើរជីវិតដែលត្រូវបានរៀបចំដោយព្រះអាទិករ។ វាគឺជាអាកប្បកិរិយាដែលមនុស្សម្នាក់គួរតែមានចំពោះទុក្ខលំបាកក្នុងជីវិត។ ការទទួលយកទុក្ខលំបាក និងការដែលអាចស៊ូទ្រាំនឹងការរងទុក្ខ គឺជាផ្នែកមួយនៃការបំពេញការទទួលខុសត្រូវរបស់អ្នក ដូច្នេះ អ្នកមិនគួរគេចវេះពីវាឡើយ ហើយអ្នកក៏មិនគួរជ្រើសរើសថាតើត្រូវស៊ូទ្រាំនឹងវា ឬអត់នោះដែរ។ មនុស្សគ្រប់រូបត្រូវតែស៊ូទ្រាំនឹងការរងទុក្ខខ្លះៗនៅក្នុងជីវិត និងនៅក្នុងដំណើរការនៃការជឿលើព្រះជាម្ចាស់ ដើម្បីសម្រេចបានសេចក្ដីសង្គ្រោះ។ ជាការពិតណាស់ ការរងទុក្ខដែលយើងកំពុងនិយាយដល់នេះ មិនមែនជាប្រភេទការរងទុក្ខដែលមនុស្សស៊ូទ្រាំដើម្បីដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ឬដើម្បីដេញតាមផលប្រយោជន៍ខាងសាច់ឈាមរបស់ខ្លួនផ្ទាល់នោះទេ ប៉ុន្តែផ្ទុយទៅវិញ វាគឺជាការរងទុក្ខខ្លះៗដែលមនុស្សគ្រប់រូបត្រូវតែស៊ូទ្រាំ នៅក្នុងដំណើរការនៃការដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងជីវិតមនុស្ស និងការដេញតាមសេចក្ដីសង្គ្រោះ។ ការរងទុក្ខប្រភេទនេះ គឺជាផ្នែកមួយនៃជីវិត ជាផ្នែកមួយនៃដំណើរការនៃការរស់រានមានជីវិត ហើយលើសពីនេះទៅទៀតនោះ វាគឺជាដំណាក់កាលដែលមនុស្សត្រូវតែដកបទពិសោធ ដើម្បីសម្រេចបានសេចក្ដីសង្គ្រោះនៅទីបំផុត។ អ្នកគួរតែប្រព្រឹត្តចំពោះការរងទុក្ខនេះឱ្យបានត្រឹមត្រូវ។ នេះគឺជាអាកប្បកិរិយាដែលអ្នកគួរតែមានចំពោះមជ្ឈដ្ឋាននៃទុក្ខលំបាក ហើយវាក៏ជាការទទួលខុសត្រូវដែលអ្នកគួរតែបំពេញផងដែរ។ ពោលគឺ ការរងទុក្ខក៏ជាផ្នែកមួយនៃការបំពេញភារកិច្ចរបស់អ្នក និងការបំពេញការទទួលខុសត្រូវរបស់អ្នក ក្នុងនាមជាភាវៈដែលព្រះបានបង្កើតផងដែរ។ វាមិនមែនជារឿងបន្ថែមនោះទេ។ វាគឺជាអ្វីដែលព្រះអាទិកររៀបចំសម្រាប់គ្រប់ភាវៈដែលព្រះបានបង្កើត។ កម្រិត ពេលវេលា និងរយៈពេលនៃការរងទុក្ខ គឺខុសគ្នាសម្រាប់មនុស្សម្នាក់ៗ ប៉ុន្តែមនុស្សគ្រប់រូបត្រូវតែឆ្លងកាត់វា។ មនុស្សគ្រប់រូបត្រូវតែជម្រះឧបសគ្គនេះ។ នេះគឺជាការទទួលខុសត្រូវដែលមនុស្សគួរតែបំពេញ។ ប្រសិនបើអ្នកចង់ធ្វើឱ្យបានល្អ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត អ្នកគួរតែប្រព្រឹត្តចំពោះការរងទុក្ខឱ្យបានត្រឹមត្រូវ។ អ្នកគួរតែទទួលយកវាពីព្រះជាម្ចាស់ អ្នកមិនគួរបដិសេធវាឡើយ ហើយអ្នកមិនគួរមានអារម្មណ៍ទាស់ទទឹងចំពោះវានោះទេ។ ជាការពិតណាស់ លើសពីនេះទៅទៀត អ្នកមិនគួរប្រើការរងទុក្ខដើម្បីទាមទារគុណបំណាច់ ឬព្យាយាមតថ្លៃជាមួយព្រះជាម្ចាស់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ត្រូវទទួលយកការរងទុក្ខ ជាការទទួលខុសត្រូវដែលអ្នកគួរតែបំពេញ។ តើអ្នករាល់គ្នាយល់ថា ការយល់ដឹងពីរឿងនេះតាមរបៀបនេះ គឺស្អាតស្អំដែរឬទេ? តើវាស្របតាមសេចក្ដីពិតដែរឬទេ? (ស្រប។) តាមរយៈការយល់ដឹងពីរឿងនេះតាមរបៀបនេះ តើអ្នកនឹងមិនមានការយល់ដឹងកាន់តែស៊ីជម្រៅ និងកាន់តែជាក់ស្ដែងអំពីការរងទុក្ខ ព្រមទាំងមានផ្នត់គំនិតត្រឹមត្រូវទេឬ? (មែនហើយ តាមរបៀបនេះ ខ្ញុំនឹងមិនមានអារម្មណ៍ទាស់ទទឹងចំពោះការរងទុក្ខឡើយ ហើយវានឹងងាយស្រួលក្នុងការចុះចូល នៅពេលខ្ញុំស្ថិតក្នុងមជ្ឈដ្ឋានជាក់លាក់ណាមួយ។) ការដែលអាចចុះចូល និងមិនមានអារម្មណ៍ទាស់ទទឹង នេះគឺជាអាកប្បកិរិយាដែលភាវៈដែលព្រះបានបង្កើតគួរតែមានចំពោះការរងទុក្ខ។ ទោះបីជាអ្នកស៊ូទ្រាំនឹងការរងទុក្ខជាច្រើន និងលះបង់ជាច្រើន នៅក្នុងដំណើរការនៃការដេញតាមសេចក្ដីពិត និងការបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើតក៏ដោយ ហើយទោះបីជាអ្នករងការធ្វើទុក្ខបុកម្នេញ និងទុក្ខវេទនាខ្លះ ដោយសារតែជំនឿរបស់អ្នកលើព្រះជាម្ចាស់ក៏ដោយ ពេលដែលអ្នកមានការយល់ដឹងត្រឹមត្រូវអំពីការស៊ូទ្រាំនឹងការរងទុក្ខនេះ និងការលះបង់នេះ អ្នកនឹងមិនមានអារម្មណ៍ថា ការស៊ូទ្រាំនឹងការរងទុក្ខនេះ គឺជាទុនមួយប្រភេទសម្រាប់ខ្លួនអ្នកឡើយ។ អ្នកនឹងមិនចាត់ទុកខ្លួនឯងថាជាមនុស្សដែលមានគុណសម្បត្តិ ដោយសារតែការរងទុក្ខរបស់អ្នកឡើយ ហើយអ្នកក៏នឹងមិនអួតសម្ញែងពីទំហំនៃការរងទុក្ខដែលអ្នកបានស៊ូទ្រាំ ដើម្បីធ្វើបន្ទាល់អំពីការខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់អ្នកផ្ទាល់ ដើម្បីឱ្យអ្នកដទៃឱ្យតម្លៃអ្នកខ្ពស់នោះដែរ។ អ្នកនឹងមិនអួតអាងពីភាពចាស់វស្សារបស់ខ្លួន មិនសម្ងំយកសុខលើស្នាដៃពីមុនរបស់ខ្លួន ឬមិនព្យាយាមតថ្លៃជាមួយព្រះជាម្ចាស់ឡើយ ហើយរឹតតែមិនទាមទារការប្រព្រឹត្តដាក់យ៉ាងពិសេសនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ឬទាមទារគុណបំណាច់ពីនរណាម្នាក់ ដោយសារតែអ្នកបានស៊ូទ្រាំនឹងការរងទុក្ខយ៉ាងច្រើនទៅទៀត។ ប្រសិនបើអ្នកជឿថា ការរងទុក្ខគឺជាការទទួលខុសត្រូវដែលអ្នកគួរតែអនុវត្ត និងគួរតែបំពេញនៅចំពោះព្រះអាទិករ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត នោះអ្នកមិនគួរប្រើការរងទុក្ខជាទុន ដើម្បីទាមទាររង្វាន់ពីព្រះជាម្ចាស់ ឬដើម្បីឱ្យព្រះជាម្ចាស់សង្គ្រោះអ្នកឡើយ តើត្រូវទេ? (ត្រូវហើយ។) ប្រសិនបើអ្នកប្រព្រឹត្តបែបនេះ តើវាអាចជំរុញការតាំងចិត្តរបស់អ្នកក្នុងការដេញតាមសេចក្ដីពិតដែរឬទេ? (ទេ មិនអាចទេ។) ការប្រព្រឹត្តបែបនេះ គឺច្បាស់ក្រឡែតណាស់ថាជាការព្យាយាមធ្វើការដោះដូរជាមួយព្រះជាម្ចាស់ ដែលជារឿងដែលទ្រង់ស្អប់ខ្ពើម។
កាលពីមុន ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការជាច្រើនបានស៊ូទ្រាំនឹងការរងទុក្ខខ្លះ ហើយជាការពិតណាស់ ពេលវេលាទាំងនោះគឺពិបាកឆ្លងកាត់ណាស់។ ដោយសារតែការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញដែលត្រូវបានធ្វើឡើងដោយនាគដ៏ធំមានសម្បុរក្រហម មជ្ឈដ្ឋានគឺអាក្រក់ខ្លាំងណាស់។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការសុទ្ធតែស្ថិតក្នុងហានិភ័យនៃការត្រូវបានចាប់ខ្លួន និងការដាក់ពន្ធនាគារ ដោយសារការធ្វើកិច្ចការពួកជំនុំ។ មនុស្សមួយចំនួនត្រូវគេតាមចាប់ខ្លួន ហើយអាចត្រឹមតែរត់គេច និងរស់នៅនិរទេសខ្លួនប៉ុណ្ណោះ មិនអាចត្រឡប់ទៅផ្ទះវិញបានឡើយ ហើយដោយមានអារម្មណ៍ឯកោ និងទាល់ច្រកតែម្នាក់ឯង ពួកគេឧស្សាហ៍យំយ៉ាងជូរចត់ និងអធិដ្ឋាននៅចំពោះព្រះជាម្ចាស់។ មិនថានិយាយពីលក្ខខណ្ឌនៃការរស់នៅរបស់ពួកគេ ឬនិយាយពីការស្ថិតក្នុងមជ្ឈដ្ឋានដែលពួកគេត្រូវបានតាមប្រមាញ់នោះទេ ពួកគេបានស៊ូទ្រាំនឹងការរងទុក្ខខ្លះ។ ក្រោយមក មនុស្សទាំងនេះតែងតែមានអារម្មណ៍ថា ពួកគេបានចូលរួមចំណែកយ៉ាងធំធេងដល់ដំណាក់របស់ព្រះជាម្ចាស់ និងដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ថាពួកគេបានបម្រើការដ៏មានគុណសម្បត្តិដល់ដំណាក់របស់ព្រះជាម្ចាស់ ហើយថានៅពេលព្រះជាម្ចាស់ទទួលបានសិរីល្អដ៏អស្ចារ្យ ពួកគេគួរតែមានចំណែកនៅក្នុងសិរីល្អរបស់ទ្រង់ដែរ។ ដោយមានគំនិត និងអាកប្បកិរិយាបែបនេះ ពួកគេឧស្សាហ៍ធ្វើបន្ទាល់ក្នុងឱកាសផ្សេងៗអំពីទំហំនៃការរងទុក្ខរបស់ពួកគេ អំពីឆ្នាំ និងខែណាដែលឈឺចាប់បំផុតសម្រាប់ពួកគេ ហើយអំពីរបៀបដែលពួកគេរងការធ្វើបាបនៅពេលនោះ ដល់ថ្នាក់ពួកគេមិនអាចហូបអាហារបាននៅពេលថ្ងៃ និងឧស្សាហ៍ភ្ញាក់ពីដំណេកដោយសារយល់សប្តិអាក្រក់នៅពេលយប់ ព្រមទាំងរងការធ្វើបាបរហូតដល់មុខរបស់ពួកគេប្រែជាស្លេកស្លាំង និងស្រកទម្ងន់អស់យ៉ាងច្រើន។ អស់អ្នកដែលបានឮពួកគេ សុទ្ធតែមានអារម្មណ៍កោតសរសើរ និងច្រណែន។ ជាការពិតណាស់ បុគ្គលមួយចំនួនតូចក៏មានអារម្មណ៍ឈ្នានីសផងដែរ។ ក៏មានអ្នកខ្លះដែលរំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែក ដោយសារបទពិសោធនៃទុក្ខលំបាកដែលមនុស្សទាំងនោះបានរៀបរាប់ ដោយនិយាយថា៖ «វាពិតជាគួរឱ្យកោតសរសើរណាស់ ដែលអ្នកបានរងទុក្ខច្រើនយ៉ាងនេះ! អ្នកបានធ្វើឱ្យពួកយើងរំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែកបែបនេះ ព្រះជាម្ចាស់ប្រាកដជារំជួលព្រះហឫទ័យខ្លាំងដែរហើយ។ ការរងទុក្ខរបស់អ្នកពិតជាមានតម្លៃណាស់។ អ្នកពិតជាអស្ចារ្យមែន!» ពួកគេនឹងមិនធ្វើបន្ទាល់អំពីការរងទុក្ខរបស់ខ្លួនឯង ត្រឹមតែម្ដងនោះទេ ផ្ទុយទៅវិញ ក្នុងឱកាសផ្សេងៗជាច្រើន ពួកគេឧស្សាហ៍ធ្វើបន្ទាល់អំពីទំហំនៃការរងទុក្ខរបស់ពួកគេ និងអំពីសមិទ្ធផលដែលពួកគេសម្រេចបាន ព្រមទាំងទំហំនៃការចូលរួមចំណែករបស់ពួកគេដល់ដំណាក់របស់ព្រះជាម្ចាស់ តាមរយៈការរងទុក្ខនេះ។ ប៉ុន្តែ ពួកគេបែរជាមិននិយាយអំពីទំហំនៃសេចក្ដីពិតដែលពួកគេបានយល់ និស្ស័យពុករលួយអ្វីខ្លះដែលពួកគេបានបោះបង់ កម្រិតនៃការលូតលាស់របស់ពួកគេនៅក្នុងជីវិត ទីបន្ទាល់អ្វីខ្លះដែលពួកគេបានធ្វើថ្វាយព្រះជាម្ចាស់ លទ្ធផលអ្វីខ្លះដែលពួកគេសម្រេចបានក្នុងការធ្វើកិច្ចការពួកជំនុំ ឬបុព្វហេតុយុត្តិធម៌អ្វីខ្លះដែលពួកគេបានការពារ តាមរយៈការរងទុក្ខរបស់ពួកគេនោះទេ។ ពួកគេគ្មានទីបន្ទាល់បែបនេះដើម្បីផ្ដល់ឱ្យឡើយ។ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយ គឺមានតែពីរបៀបដែលពួកគេបានរងទុក្ខ និងទំហំនៃការរងទុក្ខរបស់ពួកគេប៉ុណ្ណោះ។ គោលដៅចុងក្រោយរបស់ពួកគេ គឺឱ្យមនុស្សដឹងថា ពួកគេបានខិតខំធ្វើការ និងបានចូលរួមចំណែកយ៉ាងធំធេង ថាការចូលរួមចំណែកទាំងនេះមិនអាចលុបចោលបានទេ ហើយថា ពួកគេគឺជាសសរទ្រូង និងជាបង្អែកនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយថា ពួកគេគួរតែទទួលបានការប្រព្រឹត្តដាក់យ៉ាងពិសេស និងគួរតែទទួលបានការគោរពបូជាពីមនុស្ស ពោលគឺ មនុស្សមិនត្រឹមតែគួរច្រណែន និងកោតសរសើរពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវលើកតម្កើងពួកគេ និងធ្វើបន្ទាល់អំពីការរងទុក្ខរបស់ពួកគេទៀតផង។ ចូរមើលចុះ ថាតើការរងទុក្ខរបស់ពួកគេ «អស្ចារ្យ» និង «មានតម្លៃ» ប៉ុនណាទៅ! ពួកគេទទួលបានការសរសើរពីមនុស្សគ្រប់គ្នា ដោយសំឡេងសរសើរបានបន្លឺឡើងម្ដងហើយម្ដងទៀត និងបន្លឺឡើងឥតឈប់ឈរនៅក្នុងត្រចៀករបស់ពួកគេ។ ចូរប្រាប់ខ្ញុំមកមើល តើការរងទុក្ខរបស់ពួកគេមានតម្លៃដែរឬទេ? តើមនុស្សទាំងនេះអស្ចារ្យដែរឬទេ? តើពួកគេអាចមានចំណែកនៅក្នុងសិរីល្អរបស់ព្រះជាម្ចាស់ ជាមួយទ្រង់ដែរឬទេ? (ទេ មិនអាចទេ។) ចុះតើពួកគេមានគោលបំណងអ្វី ក្នុងការធ្វើបន្ទាល់អំពីខ្លួនឯងតាមរបៀបនេះ? (ដើម្បីឱ្យមនុស្សឃើញថា ពួកគេបានរងទុក្ខយ៉ាងច្រើន ដើម្បីឱ្យមនុស្សគោរពកោតសរសើរពួកគេ និងឱ្យតម្លៃពួកគេខ្ពស់។) ពួកគេចង់ទទួលបានសិរីល្អ តើត្រូវទេ? (មែនហើយ។) ពួកគេបានព្យាយាមដោះដូរការរងទុក្ខរបស់ពួកគេ ដើម្បីយកសិរីល្អ។ ពួកគេប្រាកដជាមិនមែនធ្វើរឿងនេះ ដើម្បីតែដោះដូរយកមកុដ និងរង្វាន់ទាំងស្រុងនោះទេ។ អ្វីដែលសំខាន់បំផុតនោះគឺ ពួកគេចង់ទទួលបានសិរីល្អក្នុងចំណោមមនុស្ស ពួកគេចង់ឱ្យមនុស្សថ្វាយបង្គំពួកគេ ហើយពួកគេចង់ឱ្យមនុស្សគោរពកោតសរសើរពួកគេ និងចងចាំពួកគេ។ តើពួកគេទាមទារច្រើនពេកទេ? តើមហិច្ឆតារបស់ពួកគេធំធេងដែរឬទេ? (មែនហើយ គឺធំធេងមែន។) សូម្បីតែខ្ញុំ ក៏មិនដែលហ៊ាននិយាយអំពីការទទួលបានសិរីល្អក្នុងចំណោមអ្នករាល់គ្នាដែរ។ តើខ្ញុំតែងតែនិយាយអំពីអ្វី? គឺការនាំអ្នករាល់គ្នាមកចំពោះព្រះជាម្ចាស់ ការនាំអ្នករាល់គ្នាចូលទៅក្នុងតថភាពសេចក្ដីពិត ការជួយអ្នករាល់គ្នាឱ្យយល់ពីសេចក្ដីពិត មានផ្លូវដើម្បីដើរតាម និងដឹងពីរបៀបអនុវត្តស្របតាមគោលការណ៍ ព្រមទាំងការនាំអ្នករាល់គ្នាចូលទៅក្នុងផ្លូវនៃសេចក្ដីសង្គ្រោះ ដើម្បីឱ្យអ្នកទាំងអស់គ្នាអាចត្រូវបានសង្គ្រោះ ប៉ុន្តែខ្ញុំមិនដែលនិយាយអំពីការទទួលបានសិរីល្អឡើយ។ ទោះជាយ៉ាងនេះក្ដី មនុស្សប្រភេទនោះ ធ្វើបន្ទាល់ជាពិសេសអំពីរបៀបដែលពួកគេរងទុក្ខ និងរបៀបដែលពួកគេលះបង់ ដោយនិយាយអំពីរបៀបដែលពួកគេត្រូវបានរដ្ឋាភិបាលចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញ ព្រមទាំងត្រូវបានមនុស្សលោកីយ៍មួលបង្កាច់ និងវិនិច្ឆ័យ អំពីទំហំនៃការផាត់ចេញដែលពួកគេបានទទួលរង អំពីទុក្ខសោកច្រើនប៉ុនណាដែលពួកគេបានទទួលរង អំពីការឈឺចាប់ខាងរាងកាយប៉ុនណាដែលពួកគេបានស៊ូទ្រាំ និងអំពីរបៀបដែលពួកគេបានយកឈ្នះលើរឿងនេះ ដើម្បីការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ពួកគេ។ ពួកគេមិនត្រឹមតែចង់ធ្វើបន្ទាល់អំពីការរងទុក្ខរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ចង់ធ្វើបន្ទាល់ផងដែរអំពីភាពអស្ចារ្យរបស់ខ្លួន អំពីកម្រិតដ៏ខ្ពង់ខ្ពស់ដែលពួកគេស្ថិតនៅ និងអំពីភាពពិសេសខុសពីអ្នកដទៃរបស់ពួកគេ ក្នុងពេលកំពុងស៊ូទ្រាំនឹងការរងទុក្ខរបស់ពួកគេ ព្រមទាំងអំពីរបៀបដែលពួកគេខ្ពស់ជាងសាច់ឈាម ក្នុងអំឡុងដំណើរការនេះ។ ពួកគេចង់ទទួលបានសិរីល្អ តើត្រូវទេ? (មែនហើយ ពួកគេចង់បាន។) ប្រសិនបើនរណាម្នាក់តែងតែធ្វើបន្ទាល់អំពីរបៀបដែលគេបានរងទុក្ខ តើអ្នករាល់គ្នាគិតថា គេមានបំណងចង់ផ្សព្វផ្សាយពីរបៀបដ៏ត្រឹមត្រូវក្នុងការមានទស្សនៈចំពោះការរងទុក្ខ ឬក៏មានបំណងចង់ធ្វើបន្ទាល់ និងផ្សព្វផ្សាយពីរឿងរ៉ាវនៃការរងទុក្ខរបស់ពួកគេផ្ទាល់? (ពួកគេចង់ធ្វើបន្ទាល់ និងផ្សព្វផ្សាយពីរឿងរ៉ាវនៃការរងទុក្ខរបស់ពួកគេផ្ទាល់។) ពួកគេគាំទ្រការប្រើប្រាស់ការរងទុក្ខ ដើម្បីតថ្លៃជាមួយព្រះជាម្ចាស់ និងមានចំណែកនៅក្នុងសិរីល្អជាមួយព្រះអង្គ នេះគឺជាអ្វីដែលពួកគេគាំទ្រ។ គ្រប់ទីកន្លែងដែលពួកគេទៅ ពួកគេធ្វើបន្ទាល់អំពីចំនួនដងដែលពួកគេត្រូវបានវាយដំ ជេរប្រមាថ បណ្ដេញចេញ និងធ្វើទុក្ខបុកម្នេញដោយមនុស្សខាងសាសនា ព្រមទាំងទំហំនៃការរងទុក្ខរបស់ពួកគេ ក្នុងពេលកំពុងផ្សាយដំណឹងល្អ អំពីទំហំនៃការរងទុក្ខរបស់ពួកគេពីការត្រូវបានបដិសេធ មួលបង្កាច់ និងជេរប្រមាថដោយសាច់ញាតិ មិត្តភក្ដិ និងមនុស្សលោកីយ៍ និងអំពីទំហំនៃការរងទុក្ខរបស់ពួកគេពីការត្រូវបានរដ្ឋាភិបាលតាមប្រមាញ់ ដោយត្រូវលាក់ខ្លួនគ្រប់ទីកន្លែង គ្មានផ្ទះសម្បែងត្រឡប់ទៅវិញ ហើយគ្មានសូម្បីតែកន្លែងសម្រាប់កើយក្បាលរបស់ពួកគេ ដូចជាបុត្រមនុស្សអ៊ីចឹង។ ក៏មានមនុស្សមួយចំនួនដែលធ្វើបន្ទាល់អំពីការលំបាកប៉ុន្មានដែលពួកគេបានយកឈ្នះ និងការរងទុក្ខប៉ុនណាដែលពួកគេបានស៊ូទ្រាំ ពេលដែលពួកគេបានយកឈ្នះលើជំងឺខាងសាច់ឈាម ខណៈពេលកំពុងបំពេញភារកិច្ចរបស់ពួកគេផងដែរ។ ជារឿយៗ ពួកគេប្រកាសពីរឿងទាំងនេះនៅចំពោះមុខអ្នកដទៃ ប៉ុន្តែពួកគេមិនដែលចែករំលែកអ្វីសោះអំពីបទពិសោធជីវិតរបស់ខ្លួន។ ពួកគេគ្រាន់តែអធិប្បាយ និងធ្វើបន្ទាល់អំពីរឿងរ៉ាវនៃការរងទុក្ខរបស់ពួកគេផ្ទាល់ប៉ុណ្ណោះ។ គោលបំណងរបស់ពួកគេ គឺគ្រាន់តែចង់ឱ្យមនុស្សឱ្យតម្លៃពួកគេខ្ពស់ប៉ុណ្ណោះ។ ចូរប្រាប់ខ្ញុំមកមើល ពួកគេចង់ឱ្យមនុស្សឱ្យតម្លៃពួកគេខ្ពស់ ប៉ុន្តែតើពួកគេចង់បានអ្វីពីព្រះជាម្ចាស់ទៅ? តើពួកគេគ្រាន់តែចង់ឱ្យព្រះជាម្ចាស់ឱ្យតម្លៃពួកគេខ្ពស់ដូចគ្នាឬ? ពួកគេមិនមែនចង់បានត្រឹមតែប៉ុណ្ណឹងទេ តើត្រូវទេ? បើដូច្នេះ ពួកគេមានទស្សនៈដូចគ្នានឹងប៉ុលដែរ៖ «ខ្ញុំបានប្រយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំបានរក្សាសេចក្តីជំនឿខ្ញុំយ៉ាងមាំ។ ពីពេលនេះតទៅ មានមកុដនៃសេចក្តីសុចរិតមួយ ដែលបម្រុងទុកសម្រាប់ខ្ញុំ» (២ ធីម៉ូថេ ៤:៧-៨)។ នៅទីបំផុត ពួកគេថែមទាំងតថ្លៃជាមួយព្រះជាម្ចាស់ទៀតផង ដោយនិយាយថា៖ «ព្រះជាម្ចាស់ទទួលបានសិរីល្អ ដូច្នេះ ខ្ញុំក៏គួរតែទទួលបានសិរីល្អជាមួយទ្រង់ដែរ! ដោយសារខ្ញុំបានរងទុក្ខជាមួយនឹងព្រះជាម្ចាស់ ខ្ញុំក៏មានចំណែកនៅក្នុងសិរីល្អរបស់ព្រះជាម្ចាស់ដែរ! ព្រះជាម្ចាស់បានពាក់មកុដមាស ទ្រង់ក៏គួរតែប្រទានអលង្ការមួយដល់ខ្ញុំដែរ។ តើខ្ញុំមិនគួរទទួលបានការថ្វាយបង្គំ និងការគោរពបូជាពីមនុស្សជាតិ ដូចព្រះជាម្ចាស់ដែរទេឬ?» តើនេះមិនមែនជាអ្វីដែលពួកគេចង់បានទេឬ? (មែនហើយ។) បើដូច្នេះ តើវាជារឿងល្អដែរឬទេ ដែលពួកគេធ្វើបន្ទាល់អំពីការរងទុក្ខរបស់ពួកគេតាមរបៀបនេះ? (ទេ មិនល្អទេ។) ហេតុអ្វីបានជាវាមិនល្អ? (ពួកគេចង់ដាក់ខ្លួនឯងឱ្យស្មើនឹងព្រះជាម្ចាស់ ដែលជារឿងដែលទ្រង់ស្អប់ខ្ពើម។ ពួកគេក៏កំពុងប្រជែងដណ្ដើមមនុស្សពីព្រះជាម្ចាស់ផងដែរ។) ចូរយើងទុកមួយឡែកសិន ថាតើទស្សនៈ និងបំណងផ្ទាល់ខ្លួនរបស់ពួកគេជាអ្វី គ្រាន់តែនិយាយពីអ្វីដែលពួកគេប្រកបគ្នា តើពួកគេនឹងបំភាន់មនុស្សប៉ុន្មាននាក់ដែលមិនយល់ពីសេចក្ដីពិត? មនុស្សខ្វះការយល់ដឹងដ៏ស្អាតស្អំអំពីការរងទុក្ខរួចទៅហើយ ហើយមិនយល់ពីទិដ្ឋភាពនៃសេចក្ដីពិតនេះទេ។ លើសពីនេះទៅទៀត បើវិនិច្ឆ័យតាមសារជាតិនៃនិស្ស័យពុករលួយខាងសាច់ឈាមរបស់មនុស្ស មនុស្សគ្រប់គ្នាចូលចិត្តការទទួលបានព្រះពរ និងការទទួលបានរង្វាន់។ ប៉ុន្តែ មនុស្សបែបនេះតែងតែធ្វើបន្ទាល់អំពីការរងទុក្ខរបស់ពួកគេផ្ទាល់។ ចេតនារបស់ពួកគេ ព្រមទាំងពាក្យសម្ដី និងសកម្មភាពរបស់ពួកគេផ្ទាល់ គឺផ្គាប់ផ្គុនបំណងប្រាថ្នា និងការទាមទាររបស់មនុស្សជាតិពុករលួយ។ តាមរយៈការនិយាយបែបនេះ និងការធ្វើបែបនេះ ពួកគេបញ្ឆេះមហិច្ឆតា និងបំណងប្រាថ្នារបស់មនុស្ស ពួកគេបញ្ឆេះបំណងប្រាថ្នារបស់មនុស្សក្នុងការដោះដូរការរងទុក្ខដើម្បីយកព្រះពរ ហើយពួកគេក៏បញ្ឆេះគំនិត និងការអនុវត្តនៃការដោះដូរការរងទុក្ខដើម្បីយករង្វាន់ពីព្រះជាម្ចាស់ និងការតថ្លៃជាមួយទ្រង់ផងដែរ។ ជាលទ្ធផលនៃរឿងនេះ តើមនុស្សមានការចុះចូលចំពោះព្រះជាម្ចាស់កាន់តែច្រើន ឬការចុះចូលកាន់តែតិច? (ការចុះចូលកាន់តែតិច។) ហេតុអ្វីបានជាពួកគេមានការចុះចូលកាន់តែតិច? (គឺដោយសារតែមនុស្សមាននិស្ស័យពុករលួយរួចទៅហើយ នៅពេលពួកគេស៊ូទ្រាំនឹងការរងទុក្ខបន្តិចបន្តួច ពួកគេមានទំនោរចាត់ទុកវាជាទុន ដែលពួកគេអាចប្រើដើម្បីធ្វើការដោះដូរជាមួយព្រះជាម្ចាស់ ហើយនៅពេលពួកគេត្រូវបានបំភាន់ដោយពាក្យសម្ដី និងការអនុវត្តរបស់មនុស្សបែបនេះ ពួកគេកាន់តែមានអារម្មណ៍ថា ការដោះដូរការរងទុក្ខដើម្បីយកព្រះពរ គឺជារឿងត្រឹមត្រូវ ហើយពួកគេកាន់តែមិនអាចទទួលស្គាល់ពីចេតនាដ៏គួរឱ្យស្អប់ខ្ពើមរបស់ខ្លួន ក្នុងការធ្វើការដោះដូរជាមួយព្រះជាម្ចាស់។ ដូច្នេះហើយ ពួកគេរឹតតែមិនអាចចុះចូលនឹងព្រះជាម្ចាស់បាន។) ពួកគេមានអារម្មណ៍ថា ពួកគេមានមូលដ្ឋានសម្រាប់ធ្វើរឿងនេះ ហើយមានអារម្មណ៍ថា ពួកគេមានខ្នងបង្អែក។ ហើយនៅពេលពួកគេប្រមូលផ្ដុំគ្នា ពួកគេមានអារម្មណ៍ថាកាន់តែមានអំណាច៖ «មនុស្សច្រើនមានកម្លាំងខ្លាំង។ ពេលមនុស្សគ្រប់គ្នាជាជនល្មើស នោះច្បាប់មិនអាចយកមកអនុវត្តបានទេ។ មនុស្សគ្រប់គ្នាគិតបែបនេះ យល់ដឹងពីរឿងនេះតាមរបៀបនេះ និងដេញតាមក្នុងរបៀបនេះ។ ប្រសិនបើយើងសុទ្ធតែតថ្លៃជាមួយព្រះជាម្ចាស់ និងបង្ខិតបង្ខំទ្រង់ នោះទ្រង់មិនអាចធ្វើអ្វីពួកយើងបានឡើយ»។ ពួកគេច្បាស់ណាស់ថាកំពុងប្រមូលផ្ដុំគ្នាជាក្រុមដើម្បីបង្កបញ្ហា ហើយរួមកម្លាំងគ្នាដើម្បីប្រើប្រាស់សេចក្ដីបង្រៀនខុសឆ្គង និងទស្សនៈខុសទំនង ដើម្បីប្រឆាំងទាស់នឹងព្រះជាម្ចាស់។ តាមរយៈការតែងតែធ្វើបន្ទាល់អំពីការរងទុក្ខរបស់ពួកគេផ្ទាល់ តើមនុស្សទាំងនោះមិនកំពុងបំភាន់អ្នកដទៃទេឬ? តើពួកគេមិនកំពុងធ្វើឱ្យមនុស្សកាន់តែពុករលួយទេឬ? (ពួកគេកំពុងធ្វើបែបនេះមែន។) ហេតុដូច្នេះហើយ ការដែលពួកគេតែងតែធ្វើបន្ទាល់អំពីការរងទុក្ខរបស់ពួកគេផ្ទាល់ មិនត្រឹមតែមិនអាចធ្វើឱ្យមនុស្សស្អាងចិត្ត ឬមិនផ្ដល់លទ្ធផលវិជ្ជមានប៉ុណ្ណោះទេ ផ្ទុយទៅវិញ តាមពិតវាបំភាន់ និងធ្វើឱ្យមនុស្សពុករលួយ។ បើដូច្នេះ តើមនុស្សបែបនេះកំពុងដើរតួជាអ្វី? (តួអង្គរបស់សាតាំង។) ពួកគេកំពុងដើរតួជាសាតាំង។ នេះគឺដូចគ្នាបេះបិទទៅនឹងការដែលសាតាំងបំភាន់មនុស្សអ៊ីចឹង។ សាតាំងនិយាយថា៖ «មនុស្សមិនត្រូវបានព្រះជាម្ចាស់បង្កើតឡើងនោះទេ។ គ្មានព្រះជាម្ចាស់នៅលើលោកនេះទាល់តែសោះ។ មនុស្សបានវិវត្តចេញពីសត្វស្វា។ មួយជំហានម្ដងៗ សត្វស្វាបានចាប់ផ្ដើមដើរត្រង់ខ្លួន ហើយបន្តិចម្ដងៗក៏បានវិវត្តទៅជាមនុស្សសម័យទំនើប!» ពេលបានឮដូច្នេះ មនុស្សក៏ទទួលយកវា៖ «មនុស្សមិនត្រូវបានព្រះជាម្ចាស់បង្កើតឡើងឡើយ។ គ្មានព្រះជាម្ចាស់នៅលើលោកនេះទេ។ យើងមិនអាចមើលឃើញថាព្រះជាម្ចាស់នៅទីណាឡើយ ប៉ុន្តែយើងអាចមើលឃើញថាសត្វស្វាមានលក្ខណៈស្រដៀងនឹងមនុស្សខ្លះដែរ ដូច្នេះ យើងប្រាកដថាមនុស្សបានវិវត្តចេញពីសត្វស្វា»។ នៅពេលមនុស្សទទួលយកសេចក្ដីបង្រៀនខុសឆ្គង និងទស្សនៈខុសទំនងរបស់សាតាំង តើវាគ្រាន់តែជាការទទួលយកដ៏សាមញ្ញមួយឬ? វាមិនមែនដូចជាការហូបអ្វីមួយចូលទៅក្នុងក្រពះរបស់អ្នក ដោយមិនបង្កើតឱ្យមានប្រតិកម្មអ្វីនោះទេ ផ្ទុយទៅវិញ អ្វីដែលកើតឡើងនោះគឺថា គំនិត និងទស្សនៈជាក់លាក់ណាមួយរបស់សាតាំង ចូលទៅក្នុងចិត្តរបស់មនុស្ស ដោយជ្រាបចូលទៅក្នុងឈាម និងខួរឆ្អឹងរបស់ពួកគេ។ បន្ទាប់មក គំនិត និងទស្សនៈរបស់មនុស្សក៏ត្រូវបានផ្លាស់ប្ដូរ ហើយធម្មជាតិបែបសាតាំងរបស់ពួកគេក៏កើតមានឡើង។ បន្ទាប់ពីរឿងនេះ មនុស្សក៏ចាប់ផ្ដើមកើតមានការសង្ស័យ និងមានអារម្មណ៍ទាស់ទទឹងចំពោះព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែង ហើយបដិសេធមិនទទួលយកព្រះបន្ទូលទាំងនោះឡើយ។ ពួកគេបដិសេធថា ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ និងមានអធិបតេយ្យភាពលើរបស់សព្វសារពើ ដោយគិតថា៖ «មនុស្សបានវិវត្តចេញពីសត្វស្វា។ មនុស្សមិនត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ទេ»។ ចំណែកឯការដែលព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ និងចាត់ចែងរបស់សព្វសារពើ ព្រមទាំងវាសនារបស់មនុស្សស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ មនុស្សលែងជឿលើការពិតទាំងនេះទៀតហើយ។ បន្ទាប់មក សាតាំងធ្វើឱ្យអ្នកកាន់តែពុករលួយថែមទៀត ដោយប្រាប់អ្នកថា៖ «មនុស្សអាចយកឈ្នះធម្មជាតិ» និង «តយុទ្ធនឹងស្ថានសួគ៌ជារឿងគួរឱ្យរីករាយ! តយុទ្ធនឹងផែនដីជារឿងគួរឱ្យរីករាយ! តយុទ្ធនឹងមនុស្សជារឿងគួរឱ្យរីករាយ!»។ ក្រោយពីបានឮដូច្នេះ អ្នកក៏ទទួលយកការអះអាងរបស់សាតាំង ហើយប្រឆាំងនឹងច្បាប់ធម្មជាតិ ដើម្បីធ្វើរឿងនេះ និងធ្វើរឿងនោះ។ គំនិត និងទស្សនៈទាំងនេះរបស់សាតាំង មានឥទ្ធិពលលើអ្នកដោយមិនដឹងខ្លួន ដោយធ្វើឱ្យអ្នកក្លាយទៅជាដូចវាបន្តិចម្ដងៗ។ នៅពេលអ្នកឮពាក្យទាំងនេះម្ដងទៀតថា៖ «ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ និងមានអធិបតេយ្យភាពលើវាសនារបស់អ្នក» អ្នកមានអារម្មណ៍ថា៖ «ខ្ញុំមិនអាចមើលឃើញថាព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់ដោយរបៀបណានោះទេ។ គ្មានព្រះជាម្ចាស់ទេ!»។ យ៉ាងម៉េចដែរ? តើមនុស្សមិនត្រូវបានសាតាំងចាប់យកទាំងស្រុងទេឬ? (មែនហើយ។) ការត្រូវបានសាតាំងចាប់យក គឺចាប់ផ្ដើមពីការទទួលយកគំនិត និងទស្សនៈដ៏ខុសទំនង។
មនុស្សមួយចំនួនតែងតែធ្វើបន្ទាល់អំពីការរងទុក្ខរបស់ពួកគេផ្ទាល់ និងផ្សព្វផ្សាយទស្សនៈខុសទំនងអំពីការរងទុក្ខ។ នៅពេលមនុស្សទទួលយកគំនិត និងទស្សនៈទាំងនេះ រួមផ្សំនឹងការពិតដែលថាពួកគេមានមហិច្ឆតា និងបំណងប្រាថ្នា ព្រមទាំងមាននិស្ស័យពុករលួយ ពួកគេក៏ចាត់ទុកថាវាជារឿងប្រាកដណាស់ ដែលពួកគេអាចដោះដូរការរងទុក្ខរបស់ពួកគេដើម្បីយកព្រះពរ និងប្រើប្រាស់ការរងទុក្ខរបស់ពួកគេជាមធ្យោបាយ ដើម្បីមានចំណែកនៅក្នុងសិរីល្អជាមួយទ្រង់។ បន្ទាប់មក ពួកគេទាំងអស់គ្នាក៏ទៅរងទុក្ខ ហើយពួកគេទាំងអស់គ្នាផ្ដោតលើការស៊ូទ្រាំនឹងការរងទុក្ខ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេអនុវត្តសេចក្ដីពិតទេ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេផ្ដោតលើការស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេខិតខំប្រឹងប្រែងលើសេចក្ដីពិតនោះដែរ។ ផ្ទុយទៅវិញ ពួកគេប្រកួតប្រជែងគ្នាដើម្បីមើលថាតើនរណាអាចស៊ូទ្រាំនឹងការរងទុក្ខបានច្រើនជាង ពួកគេប្រកួតប្រជែងគ្នាដើម្បីមើលថាតើនរណារងទុក្ខច្រើនជាង ពួកគេប្រកួតប្រជែងគ្នាដើម្បីមើលថាតើនរណាហូបអាហារអន់ជាង និងពាក់សម្លៀកបំពាក់ចាស់រហែកជាង ហើយពួកគេប្រកួតប្រជែងគ្នាដើម្បីមើលថាតើនរណាក្រោកពីគេងលឿនជាង និងចូលគេងយឺតជាង ពោលគឺនេះជាអ្វីដែលពួកគេប្រកួតប្រជែងគ្នា។ មនុស្សមួយចំនួនមិនទៅហូបអាហារទេ នៅពេលដល់ម៉ោងញ៉ាំអាហារ។ ពួកគេនិយាយថា ពួកគេរវល់នឹងការបំពេញភារកិច្ចរបស់ខ្លួនពេក ដល់ថ្នាក់មិនអាចហូបបានទេ ដូច្នេះ ពួកគេក៏រំលងអាហារមួយពេល។ ពេលបានឮដូច្នេះ មនុស្សមួយចំនួនទៀតនិយាយថា៖ «តើការរំលងអាហារមួយពេលម្ដងម្កាល មានអីធំដុំទៅ? ខ្ញុំមានជំងឺក្រពះ ប៉ុន្តែវាមិនបានពន្យារពេលការបំពេញភារកិច្ចរបស់ខ្ញុំឡើយ»។ ហើយបន្ទាប់មក មាននណារម្នាក់ផ្សេងទៀតបន្ថែមថា៖ «អ្នកមានជំងឺក្រពះ ចំណែកខ្ញុំវិញមានដំបៅក្រពះ»។ ចូរស្ដាប់អ្វីដែលមនុស្សទាំងនេះនិយាយចុះ តើពួកគេមានតថភាពសេចក្ដីពិតដែរឬទេ? ពួកគេគ្រាន់តែប្រកួតប្រជែងគ្នាថាតើនរណារងទុក្ខច្រើនជាង និងជំងឺរបស់នរណាធ្ងន់ធ្ងរជាង ដោយជឿថា ព្រះជាម្ចាស់សព្វព្រះហឫទ័យបំផុតចំពោះអ្នកដែលរងទុក្ខច្រើនបំផុត។ តើពួកគេមានវិចារណញ្ញាណដែរឬទេ នៅពេលពួកគេនិយាយរឿងបែបនេះ? តើពួកគេមិនមានសតិបញ្ញាខ្សោយទេឬ? តើការបង្ហសញចេញនៃការមានសតិបញ្ញាខ្សោយទាំងនេះ មកពីណា? ពួកវាបណ្ដាលមកពីការដែលមនុស្សទទួលយកសេចក្ដីបង្រៀនខុសឆ្គង និងទស្សនៈខុសទំនងគ្រប់ប្រភេទ។ ពួកគេមិនយល់ពីសេចក្ដីពិតទេ។ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គ្រប់ទិដ្ឋភាពនៃសេចក្ដីពិតត្រូវបានប្រកបគ្នាយ៉ាងច្បាស់លាស់ ប៉ុន្តែពួកគេមិនហូប និងមិនផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក៏មិនស្វែងរកសេចក្ដីពិតដែរ។ នៅពេលមានរឿងកើតឡើងចំពោះពួកគេ ពួកគេប្រព្រឹត្តដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ ហើយប្រព្រឹត្តដោយផ្អែកលើគំនិត និងទស្សនៈខុសទំនងផ្សេងៗ ដែលត្រូវបានសាតាំងបណ្ដុះនៅក្នុងពួកគេ។ ពួកគេងាកចេញកាន់តែឆ្ងាយទៅៗពីព្រះជាម្ចាស់ ហើយនៅទីបំផុត ក៏ក្លាយជាមនុស្សមិនប្រក្រតីខាងសតិអារម្មណ៍។ ដូច្នេះ ការតែងតែធ្វើបន្ទាល់អំពីការរងទុក្ខរបស់ខ្លួនឯង តាមទស្សនៈរបស់ខ្ញុំ គឺជារឿងមិនសមរម្យទេ។ តើអ្នករាល់គ្នាគិតយ៉ាងណាដែរ? (វាមិនសមរម្យទេ។ លក្ខណៈនៃរឿងនេះ គឺធ្ងន់ធ្ងរជាពិសេស។) លក្ខណៈនៃរឿងនេះគឺធ្ងន់ធ្ងរ ហើយវាបណ្ដាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើអ្នកជឿថា ការរងទុក្ខអាចត្រូវបានដោះដូរយករង្វាន់ និងព្រះពរ នោះអ្នកគួរតែស្វែងរកសេចក្ដីពិតទាក់ទងនឹងរឿងនេះ។ ប្រសិនបើអ្នកតែងតែព្យាយាមប្រកែកជាមួយព្រះជាម្ចាស់ ហើយអធិស្ឋាន ដោយនិយាយថា៖ «ឱព្រះជាម្ចាស់អើយ សូមទតមើលចុះ ក្នុងអំឡុងពេលជាច្រើនឆ្នាំដែលទូលបង្គំជឿលើព្រះអង្គ ទូលបង្គំបានលះបង់គ្រួសារ និងអាជីពរបស់ទូលបង្គំ ដើម្បីបំពេញភារកិច្ចរបស់ទូលបង្គំ។ ទូលបង្គំក៏បានរងការធ្វើទុក្ខបុកម្នេញពីគណបក្សកុម្មុយនីស្តចិន និងបានស៊ូទ្រាំនឹងការរងទុក្ខយ៉ាងច្រើនផងដែរ។ ទូលបង្គំបានធ្លាក់ខ្លួនឈឺដោយសារការនឿយហត់ ហើយឥឡូវនេះ ទូលបង្គំមានវ័យកណ្ដាល និងមានសុខភាពមិនល្អ។ ដើម្បីការរងទុក្ខទាំងអស់ដែលទូលបង្គំបានស៊ូទ្រាំ តើព្រះអង្គអាចប្រទានរង្វាន់ខ្លះ ឬមកុដមួយដល់ទូលបង្គំនៅទីបំផុតបានឬទេ? ទូលបង្គំយល់ព្រមសូម្បីតែធ្វើជាមេទ័ពរយនាក់នៅក្នុងនគរព្រះនាពេលអនាគតក៏បានដែរ» អ៊ីចឹង ចូរមើលថាតើអ្នកមានអារម្មណ៍យ៉ាងណានៅក្នុងចិត្ត បន្ទាប់ពីអធិដ្ឋានបែបនេះរួច។ ប្រសិនបើអ្នកមិនអាចដឹងថា ការអធិដ្ឋានរបស់អ្នកមានផ្ទុកនូវភាពមិនបរិសុទ្ធ និងមានផ្ទុកនូវបំណងទេ នោះវាគឺជាបញ្ហាសម្រាប់អ្នកហើយ។ ខ្ញុំខ្លាចថានិស្ស័យពុករលួយរបស់អ្នក មិនអាចដោះស្រាយបានឡើយ។ ហេតុដូច្នេះហើយ ប្រសិនបើអ្នកមានវិចារណញ្ញាណ អ្នកគួរតែបង្ហាញទស្សនៈរបស់អ្នក និងបំណងរបស់អ្នកទៅកាន់ព្រះជាម្ចាស់នៅក្នុងការអធិដ្ឋាន ទូលសូមការបំភ្លឺ និងការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ហើយទុកឱ្យព្រះជាម្ចាស់ទតពិនិត្យមើលរឿងរ៉ាវទាំងនេះសម្រាប់អ្នក។ មុនពេលអ្នកទទួលបានភាពប្រាកដប្រជាលើ ថាតើទស្សនៈរបស់អ្នកត្រឹមត្រូវ ឬអត់ អ្នកដាច់ខាតមិនត្រូវផ្សព្វផ្សាយ ឬធ្វើបន្ទាល់អំពីគំនិត និងទស្សនៈរបស់អ្នក ក្នុងចំណោមបងប្អូនប្រុសស្រីឡើយ ហើយរឹតតែមិនត្រូវធ្វើបន្ទាល់អំពីរបៀបដែលអ្នកបានរងទុក្ខ និងរបៀបដែលអ្នកបានលះបង់ទៅទៀត។ ប្រសិនបើអ្នកធ្វើបែបនេះ អ្នកគ្មានវិចារណញ្ញាណទាល់តែសោះ។ នេះគឺដូចគ្នាបេះបិទទៅនឹងការដេញតាមរបស់ប៉ុលដែរ។ ម្យ៉ាង ការផ្សព្វផ្សាយពាក្យសម្ដី និងការធ្វើបន្ទាល់អំពីការរងទុក្ខរបស់អ្នកផ្ទាល់បែបនេះ នឹងប៉ះពាល់ដល់អ្នកដទៃ។ លើសពីនេះទៅទៀត នៅពេលអ្នកបំភាន់មនុស្ស ហើយមនុស្សគ្រប់គ្នាថ្វាយបង្គំអ្នក និងដើរតាមអ្នក នោះលក្ខណៈនៃរឿងនេះនឹងក្លាយជាធ្ងន់ធ្ងរ។ មិនត្រឹមតែការរងទុក្ខដែលអ្នកបានស៊ូទ្រាំ នឹងក្លាយជាអសារបង់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងត្រូវព្រះជាម្ចាស់ដាក់ទោសផងដែរ។ ដូច្នេះ តើលក្ខណៈនៃការធ្វើបន្ទាល់អំពីរបៀបដែលអ្នករងទុក្ខ និងលះបង់ គឺជាអ្វី? ការធ្វើបន្ទាល់អំពីការរងទុក្ខរបស់អ្នកផ្ទាល់តាមរបៀបនេះ គឺជាការបំភាន់មនុស្ស។ វាគឺជារបៀបដែលប៉ុលបានប្រព្រឹត្ត។ អ្នកកំពុងផ្សព្វផ្សាយសេចក្ដីបង្រៀនខុសឆ្គង និងទស្សនៈខុសទំនង ដើម្បីធ្វើបន្ទាល់ឱ្យខ្លួនឯង។ មិនថាអ្នករងទុក្ខច្រើនប៉ុនណាក៏ដោយ ក៏មិនចាំបាច់អួតអាងពីវាដែរ។ ប្រសិនបើអ្នកស្ម័គ្រចិត្តរងទុក្ខ នោះគ្រាន់តែបន្តទៅមុខទៀតទៅ។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកបានរងទុក្ខគ្រប់គ្រាន់ហើយ ហើយមានសិទ្ធិដើម្បីតថ្លៃជាមួយព្រះជាម្ចាស់ នោះចូរទៅចំពោះព្រះជាម្ចាស់ ហើយអធិដ្ឋានទៅកាន់ទ្រង់ចុះ។ ប្រសិនបើព្រះជាម្ចាស់មិនសព្វព្រះហឫទ័យចំពោះអ្នកទេ នោះអ្នកត្រូវតែឆ្លុះបញ្ចាំងថាតើវិធីសាស្ត្រនៃការព្យាយាមដោះដូរការរងទុក្ខដើម្បីយករង្វាន់នេះ អាចទៅរួចដែរឬទេ។ ប្រសិនបើវាមិនអាចទៅរួចទេ នោះអ្នកត្រូវតែជ្រើសរើសផ្លូវដ៏ត្រឹមត្រូវ ដើម្បីទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់។ ឧបមាថា អ្នកនៅតែរឹងរូសប្រកាន់ខ្ជាប់នូវផ្លូវរបស់អ្នកផ្ទាល់ ដោយគិតថា៖ «ការរងទុក្ខរបស់ខ្ញុំគឺជារឿងវិជ្ជមាន។ វាជារឿងត្រឹមត្រូវណាស់ ដែលខ្ញុំទទួលបានរង្វាន់សម្រាប់ការរងទុក្ខច្រើនយ៉ាងនេះ។ ខ្ញុំត្រូវតែស៊ូទ្រាំនឹងការរងទុក្ខដែលអ្នកដទៃមិនស៊ូទ្រាំ ហើយទ្រាំទ្រនឹងទុក្ខលំបាកដែលអ្នកដទៃមិនអាចទ្រាំទ្របាន ពីព្រោះដូចពាក្យពោលថា “បុគ្គលម្នាក់ត្រូវតែស៊ូទ្រាំនឹងការលំបាកបំផុត ដើម្បីក្លាយជាមនុស្សអស្ចារ្យបំផុត”។ តើទស្សនៈនេះមិនល្អណាស់ទេឬ? វាពិតជាអស្ចារ្យ និងត្រឹមត្រូវណាស់! ខ្ញុំត្រូវតែប្រកាន់ខ្ជាប់ទស្សនៈនេះ ហើយមិនបោះបង់វាចោលជាដាច់ខាត។ នេះគឺជាអាវុធសម្ងាត់សម្រាប់ទទួលបានរង្វាន់ និងទទួលបានព្រះពរ!» តើវាជាអាវុធសម្ងាត់មែនទេ? តើនេះមិនមែនជាការព្យាយាមធ្វើការដោះដូរជាមួយព្រះជាម្ចាស់ទេឬ? ប្រហែលជាព្រះជាម្ចាស់ ដោយទតឃើញថាអ្នកបានរងទុក្ខអស់រយៈពេលជាច្រើនឆ្នាំ បានខិតខំធ្វើការ និងបានចូលរួមចំណែកយ៉ាងធំធេង ព្រះអង្គនឹងប្រទានព្រះគុណខ្លះដល់អ្នក ដោយធ្វើឱ្យអ្នកមានមាំមួន និងព្យាបាលអ្នកឱ្យជាសះស្បើយពីគ្រប់ជំងឺទាំងអស់ ឬទ្រង់ប្រហែលជាប្រទានបញ្ញា និងប្រាជ្ញាខ្លះដល់អ្នក ដើម្បីកុំឱ្យអ្នកល្ងង់ខ្លៅបែបនេះតទៅទៀត។ ទាំងនេះសុទ្ធតែជារឿងដែលងាយស្រួលធ្វើបំផុត។ តើនេះមិនមែនជាអ្វីដែលអ្នកកំពុងស្វែងរកទេឬ? វាគឺជារឿងងាយស្រួលពេកហើយសម្រាប់ព្រះជាម្ចាស់ ក្នុងការប្រទានរឿងទាំងនេះដល់មនុស្ស។ ប៉ុន្តែ តើមានតម្លៃណាមួយដែរឬទេ ក្នុងការដោះដូរការរងទុក្ខរបស់អ្នក ដើម្បីយករឿងទាំងនេះ? (ទេ គ្មានតម្លៃទេ។)
តើអ្នករាល់គ្នាសង្ឃឹមថាទទួលបានអ្វីខ្លះ ពីការជឿលើព្រះជាម្ចាស់? តើអ្នករាល់គ្នាមានគោលដៅដែរឬទេ? (មាន។) ពេលនេះ តើគោលដៅរបស់អ្នករាល់គ្នាក្នុងការជឿលើព្រះជាម្ចាស់ ច្បាស់លាស់ហើយឬនៅ? (ពេលនេះ ច្បាស់លាស់ហើយ។) នៅក្នុងការជឿលើព្រះជាម្ចាស់ អ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើ ផ្លូវណាដែលអ្នកគួរដើរ និងផ្លូវណាដែលអ្នកគួរបដិសេធចោល របៀបដែលអ្នកគួរយល់ដឹង និងស្វែងយល់ពីបញ្ហាជាក់លាក់ និងទិដ្ឋភាពជាក់លាក់នៃរឿងរ៉ាវនានា គំនិត និងទស្សនៈណាដែលត្រឹមត្រូវ វិជ្ជមាន និងដែលមនុស្សគួរតែមាន ហើយគំនិត និងទស្សនៈណាដែលវៀចខុសទំនង ងាកចេញពីផ្លូវត្រូវ ជាអ្វីៗដែលអវិជ្ជមាន ហើយដែលមនុស្សគួរតែញែកដឹង និងបដិសេធចោល តើអ្នករាល់គ្នាដឹងពីរឿងទាំងនេះដែរឬទេ? (ដឹងបន្តិចបន្តួច។) ថាតើការរងទុក្ខប្រភេទណាដែលមនុស្សម្នាក់អាចស៊ូទ្រាំបាន គឺវាត្រូវបានគ្រប់គ្រងដោយគំនិត និងទស្សនៈរបស់បុគ្គលនោះ។ ជាការពិតណាស់ បើនិយាយឱ្យស៊ីជម្រៅជាងនេះមួយកម្រិតទៀត ដោយសារវាពាក់ព័ន្ធនឹងគំនិត និងទស្សនៈរបស់មនុស្ស វាក៏ពាក់ព័ន្ធនឹងជម្រើសរបស់ពួកគេដែរ។ បើនិយាយឱ្យកាន់តែច្បាស់ទៅ ដោយសារវាពាក់ព័ន្ធនឹងជម្រើសរបស់មនុស្ស វាក៏ពាក់ព័ន្ធនឹងផ្លូវដែលពួកគេដើរដែរ។ ហើយដោយសារវាពាក់ព័ន្ធនឹងផ្លូវដែលមនុស្សដើរ វាក៏ពាក់ព័ន្ធនឹងសេចក្ដីសង្គ្រោះរបស់ពួកគេដែរ។ ហេតុដូច្នេះហើយ ទោះបីជាការរងទុក្ខហាក់ដូចជាបញ្ហាធម្មតាមួយក៏ដោយ ប្រសិនបើអ្នកមានគំនិត និងទស្សនៈមិនត្រឹមត្រូវចំពោះការរងទុក្ខ ព្រមទាំងមានការដេញតាមមិនត្រឹមត្រូវចំពោះវា នោះវាទំនងណាស់ថានឹងបណ្ដាលឱ្យអ្នកដើរទៅទិសដៅផ្ទុយពីផ្លូវដែលព្រះជាម្ចាស់បានចង្អុលបង្ហាញសម្រាប់អ្នក។ លទ្ធផលចុងក្រោយគឺថា នៅពេលកិច្ចការរបស់ព្រះជាម្ចាស់បញ្ចប់ អ្នកនឹងមិនត្រឹមតែមិនអាចទទួលបានរង្វាន់ ហើយមិនត្រឹមតែមិនត្រូវបានសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងត្រូវបានជម្រុះចោលទៀតផង នេះគឺជារឿងដ៏គួរឱ្យខ្លាចណាស់។ ដើម្បីការពារកុំឱ្យផលវិបាកដ៏គួរឱ្យខ្លាចនេះកើតឡើងនៅទីបំផុត អ្នកត្រូវតែមានគំនិត និងទស្សនៈត្រឹមត្រូវ ព្រមទាំងការយល់ដឹងត្រឹមត្រូវ ទាក់ទងនឹងបញ្ហានៃការរងទុក្ខ រួចហើយកំណត់គោលការណ៍នៃការអនុវត្តឱ្យបានត្រឹមត្រូវ។ ប្រសិនបើគំនិត ទស្សនៈ និងគោលការណ៍នៃការអនុវត្តរបស់អ្នក ដឹកនាំអ្នកទៅកាន់ផ្លូវនៃសេចក្ដីសង្គ្រោះ នោះគំនិត និងទស្សនៈដែលអ្នកមាន ព្រមទាំងផ្លូវនៃការអនុវត្តដែលអ្នកបានជ្រើសរើស គឺត្រឹមត្រូវ វិជ្ជមាន និងស្របតាមសេចក្ដីពិត។ ប្រសិនបើគំនិត និងទស្សនៈដែលអ្នកមាន ព្រមទាំងគោលការណ៍នៃការអនុវត្តដែលអ្នកបានជ្រើសរើស មិនដឹកនាំអ្នកទៅកាន់ផ្លូវនៃសេចក្ដីសង្គ្រោះ និងមិនអាចធ្វើឱ្យអ្នកសម្រេចបានសេចក្ដីសង្គ្រោះទេ នោះគំនិត និងទស្សនៈដែលអ្នកមាន ព្រមទាំងគោលការណ៍នៃការអនុវត្តដែលអ្នកបានជ្រើសរើស គឺខុសហើយ។ រឿងនេះគឺប្រាកដណាស់។ ពោលគឺ ប្រសិនបើគំនិត និងទស្សនៈដែលអ្នកបានជ្រើសរើស ព្រមទាំងផ្លូវនៃការអនុវត្តដែលអ្នកបានកំណត់ ដឹកនាំអ្នកឱ្យវង្វេងផ្លូវ និងដើរផ្ទុយពីផ្លូវនៃសេចក្ដីសង្គ្រោះដែលព្រះជាម្ចាស់បានបង្រៀនអ្នក នោះផ្លូវដែលអ្នកបានជ្រើសរើស គឺខុសហើយ។ អ្នកគួរបដិសេធវាចោល។ អ្នកគួរតែផ្លាស់ប្ដូរគំនិត និងទស្សនៈរបស់អ្នក ហើយផ្លាស់ប្ដូរគោលការណ៍នៃការអនុវត្ត និងវិធីសាស្ត្រនៃការអនុវត្តរបស់អ្នក។ នេះនឹងមានប្រយោជន៍សម្រាប់ការសម្រេចបានសេចក្ដីសង្គ្រោះរបស់អ្នក។ តើអ្នករាល់គ្នាយល់ទេ? (យល់ហើយ។) គ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនោះដែលពាក់ព័ន្ធនឹងការសម្រេចបានសេចក្ដីសង្គ្រោះ គឺជារឿងតូចតាចនោះទេ។ សូម្បីតែបញ្ហាដែលហាក់ដូចជាមិនសូវគួរឱ្យកត់សម្គាល់ និងងាយនឹងត្រូវបានមើលរំលងក៏ដោយ ក៏អ្នកត្រូវតែប្រព្រឹត្តចំពោះបញ្ហាទាំងនោះដោយប្រុងប្រយ័ត្ន និងរិះគិតពីបញ្ហាទាំងនោះឱ្យបានហ្មត់ចត់ដែរ រួចហើយបង្កើតគំនិត ទស្សនៈ និងផ្លូវនៃការអនុវត្តឱ្យបានត្រឹមត្រូវ គឺមានតែបែបនេះទេ ទើបជាការអនុវត្តដែលមនុស្សគួរតែមាន ដើម្បីសម្រេចបានសេចក្ដីសង្គ្រោះ។ អ្នកមិនត្រូវមានភាពច្របូកច្របល់អំពីរឿងនេះឡើយ។
ការប្រកបគ្នារបស់យើងអម្បាញ់មិញនេះ បានគ្របដណ្ដប់ទស្សនៈខុសឆ្គង និងការបង្ហាញចេញដែលវៀចខុសទំនងមួយចំនួនដែលមនុស្សមាន ពាក់ព័ន្ធនឹងការរងទុក្ខ ព្រមទាំងគំនិត និងទស្សនៈត្រឹមត្រូវដែលមនុស្សគួរតែមាន និងគោលការណ៍ដែលពួកគេគួរតែអនុវត្ត។ ដោយសារយើងបាននិងកំពុងតែនិយាយអំពីរបៀបដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សយល់ឃើញចំពោះការរងទុក្ខ អ្វីដែលយើងបានប្រកបគ្នាអម្បាញ់មិញនេះ ម្យ៉ាងគឺតំណាងឱ្យមតិ និងការវាយតម្លៃមួយចំនួនរបស់ខ្ញុំពាក់ព័ន្ធនឹងការរងទុក្ខ ហើយម្យ៉ាងទៀតគឺតំណាងឱ្យគំនិត ទស្សនៈ និងគោលការណ៍នៃការអនុវត្តមួយចំនួនរបស់ខ្ញុំពាក់ព័ន្ធនឹងការរងទុក្ខ។ មិនថាជាគំនិត និងទស្សនៈ ឬក៏គោលការណ៍នៃការអនុវត្តនោះទេ ក៏អ្វីដែលយើងបានប្រកបគ្នាអម្បាញ់មិញនេះ គឺពាក់ព័ន្ធនឹងការបញ្ចេញឱ្យឃើញ និងការបង្ហាញចេញនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នករាល់គ្នា ឬនៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់អ្នករាល់គ្នា។ ដូច្នេះ ចូរយើងក្រឡេកមើលថាតើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប្រព្រឹត្តចំពោះបញ្ហានៃការរងទុក្ខយ៉ាងដូចម្ដេច។ ខ្ញុំបានប្រកបគ្នាជាមួយអ្នករាល់គ្នាអម្បាញ់មិញនេះ អំពីរបៀបប្រព្រឹត្តចំពោះរឿងនៃការរងទុក្ខ។ ការរងទុក្ខ គឺជាផ្នែកមួយនៃជីវិត និងការរស់រានមានជីវិតរបស់មនុស្ស។ បើមើលពីទស្សនៈនៃភាពជាមនុស្សធម្មតា ការរងទុក្ខគឺជារឿងដែលមុខជានឹងកើតឡើង។ ការរស់នៅក្នុងពិភពមនុស្សនេះ ការរស់នៅក្នុងពិភពសម្ភារៈនេះ មនុស្សគ្រប់រូបត្រូវតែស៊ូទ្រាំនឹងការរងទុក្ខយ៉ាងច្រើន ចាប់តាំងពីពេលដែលពួកគេកើតមក រហូតដល់ពេលដែលពួកគេស្លាប់ រួមទាំងភាពមិនស្រួលខាងសាច់ឈាម ភាពមិនសប្បាយចិត្ត និងភាពគ្មានសុភមង្គល។ ស្រដៀងគ្នានេះដែរ ខ្ញុំក៏មានអារម្មណ៍ដឹងពីការរងទុក្ខបែបនេះ ក្នុងការរស់នៅក្នុងមជ្ឈដ្ឋាននៃពិភពពិតនេះដែរ។ ខ្ញុំបានឆ្លងកាត់ និងស៊ូទ្រាំនឹងការឈឺចាប់ជាច្រើន ហើយខ្ញុំក៏កំពុងតែឆ្លងកាត់ការរងទុក្ខមួយចំនួននៅពេលនេះផងដែរ។ នេះគឺជាដំណើរការដែលចៀសមិនរួច ដូច្នេះ ពីទស្សនៈនៃភាពជាមនុស្សធម្មតា ខ្ញុំទទួលយកការរងទុក្ខបែបនេះដោយធម្មជាតិ ឬឆ្លងកាត់វាដោយធម្មជាតិ។ សាច់ឈាមរបស់ខ្ញុំមានអារម្មណ៍ដឹងពីការរងទុក្ខ ប៉ុន្តែគ្មានការទាស់ទទឹង និងគ្មានការបដិសេធនៅក្នុងចិត្តរបស់ខ្ញុំឡើយ។ ខ្ញុំយល់ថា វត្តមាននៃការរងទុក្ខនេះ គឺជារឿងធម្មជាតិ ដូចជាខ្យល់ដែលមនុស្សដកដង្ហើម ឬពន្លឺព្រះអាទិត្យដែលពួកគេទទួលបានអ៊ីចឹងដែរ។ ខ្ញុំមិនមានអារម្មណ៍ថា វាជារឿងបន្ថែមនោះទេ ហើយខ្ញុំក៏មិនមានអារម្មណ៍ថា វាជារឿងលើសពីតម្រូវការដែរ ហើយខ្ញុំរឹតតែមិនមានអារម្មណ៍ថា វាជារឿងដែលខ្ញុំនាំទុក្ខដាក់ខ្លួននោះឡើយ។ ខ្ញុំមានអារម្មណ៍បែបនេះឯង។ ពោលគឺ មិនថាអ្វីដែលបានបណ្ដាលឱ្យមានការរងទុក្ខនោះទេ ឬមិនថាខ្ញុំឆ្លងកាត់ការរងទុក្ខនៅដំណាក់កាលណានោះទេ ឬមិនថាវាជាប្រភេទនៃការរងទុក្ខដែលខ្ញុំជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំ ឬក៏ជាប្រភេទនៃការរងទុក្ខដែលខ្ញុំគួរតែស៊ូទ្រាំក្នុងការបំពេញកិច្ចការរបស់ខ្ញុំនោះទេ ក៏អ្វីដែលខ្ញុំមានអារម្មណ៍នោះ គឺគ្រាន់តែថាមានព្រឹត្តិការណ៍មួយកំពុងតែកើតឡើងប៉ុណ្ណោះ។ មនុស្សម្នាក់ត្រូវតែប្រើប្រាស់គោលការណ៍ណាមួយ ហើយគិតរកវិធីដើម្បីចាត់ចែង និងដោះស្រាយព្រឹត្តិការណ៍នេះ។ ការចាត់ចែង និងការដោះស្រាយរឿងទាំងនេះ ជួនកាលតម្រូវឱ្យមានការស៊ូទ្រាំនឹងការរងទុក្ខខ្លះ ប៉ុន្តែមិនថាខ្ញុំស៊ូទ្រាំនឹងការរងទុក្ខយ៉ាងច្រើន ឬគ្រាន់តែស៊ូទ្រាំនឹងការរងទុក្ខស្រាលៗបន្តិចបន្តួចនោះទេ ក៏ចំពោះខ្ញុំ ទាំងអស់នោះគ្រាន់តែមានអារម្មណ៍ថាជាដំណើរការមួយប៉ុណ្ណោះ។ ខ្ញុំមិនមានអារម្មណ៍ថាវាជាបន្ទុកបន្ថែមនោះទេ។ វាគឺជាអារម្មណ៍ដ៏សាមញ្ញមួយបែបនេះឯង។ នៅពេលនិយាយដល់ការរងទុក្ខ ក្រៅពីអារម្មណ៍ដ៏សាមញ្ញនេះ ខ្ញុំមិនដែលប្រកាសពីការរងទុក្ខដែលខ្ញុំបានស៊ូទ្រាំនោះឡើយ។ ឧទាហរណ៍៖ នៅពេលខ្ញុំទៅកន្លែងមួយចំនួនដែលស្ថានភាពនៅទីនោះរាងអន់ ដើម្បីទាក់ទងជាមួយមនុស្ស និងប្រកបគ្នាជាមួយមនុស្ស ខ្ញុំមិនមានអារម្មណ៍ថា ខ្ញុំកំពុងតែស៊ូទ្រាំនឹងការរងទុក្ខច្រើនដល់ថ្នាក់នោះទេ ហើយខ្ញុំក៏មិនដែលមានអារម្មណ៍ថា ការរងទុក្ខរបស់ខ្ញុំគឺជាការរួមចំណែកណាមួយដែលខ្ញុំធ្វើចំពោះមនុស្សនោះដែរ។ ផ្ទុយទៅវិញ ខ្ញុំមានអារម្មណ៍ថា វាជារឿងធម្មតាណាស់ ហើយមិនសមនឹងលើកយកមកនិយាយនោះទេ។ ខ្ញុំមិនដែលចាត់ទុកការរងទុក្ខថាជាព្រឹត្តិការណ៍ដ៏ធំដុំណាមួយ ដើម្បីអួតអាង ផ្សព្វផ្សាយ ឬធ្វើជារឿងធំដុំ ដើម្បីឱ្យមនុស្សគោរពកោតសរសើរខ្ញុំនោះឡើយ។ ខ្ញុំមិនដែលធ្វើរឿងបែបនេះទេ។ គឺអ្នករាល់គ្នាទេដែលប្រកាសពីការរងទុក្ខដែលខ្ញុំបានស៊ូទ្រាំ ពោលគឺ អ្នករាល់គ្នាបានធ្វើរឿងនេះច្រើនណាស់ ប៉ុន្តែខ្ញុំមិនដែលធ្វើនោះទេ។
ខ្ញុំធ្លាប់បានទៅកន្លែងមួយដើម្បីជជែក និងនិយាយជាមួយមនុស្សនៅទីនោះ និងដើម្បីប្រកបគ្នាអំពីរឿងមួយចំនួនជាមួយពួកគេ។ ដល់ពេលដែលខ្ញុំប្រកបគ្នាចប់ វាហួសម៉ោងបរិភោគអាហារទៅហើយ ហើយខ្ញុំក៏បានចាកចេញទៅ ដោយមិនបានបរិភោគអ្វីឡើយ។ ក្រោយមក មនុស្សមួយចំនួនបានផ្សព្វផ្សាយតៗគ្នាថា៖ «ព្រះជាម្ចាស់បានប្រកបគ្នាជាមួយពួកយើងពេញមួយព្រឹក។ ទ្រង់មិនបានសោយទឹកសូម្បីមួយក្អឹក ហើយទ្រង់បានយាងចេញទៅដោយមិនបានសោយក្រយាឡើយ»។ បន្ទាប់ពីមានមនុស្សម្នាក់បាននិយាយបែបនេះ រឿងនេះក៏បានឮសុះសាយពីម្នាក់ទៅដប់នាក់ និងពីដប់នាក់ទៅមួយរយនាក់ ហើយមនុស្សជាច្រើនក៏បានដឹងអំពីរឿងនេះ។ តើលទ្ធផលនៃការដែលពួកគេបានដឹងរឿងនេះគឺជាអ្វី? មនុស្សទាំងនេះបានចាត់ទុករឿងដ៏តូចតាចនេះ ថាជាប្រធានបទសម្រាប់ការប្រកបគ្នាជាផ្លូវការនៅក្នុងការជួបជុំ ហើយបានប្រកបគ្នាអំពីរឿងនេះ ហាក់ដូចជាវាជាសេចក្ដីពិតអ៊ីចឹង។ ខ្ញុំងឿងឆ្ងល់ថា៖ តើមានអ្វីដែលត្រូវនិយាយពាក់ព័ន្ធនឹងរឿងនេះទៅ? តើការនិយាយអំពីរឿងនេះមានតម្លៃអ្វីទៅ? តើការប្រកបគ្នាអំពីរឿងនេះមានប្រយោជន៍អ្វីទៅ? ជួនកាល ខ្ញុំជជែកជាមួយអ្នករាល់គ្នា ដោយនិយាយអំពីរឿងរ៉ាវនៅក្នុងជីវិតប្រចាំថ្ងៃ ឬរឿងនៅកន្លែងធ្វើការ។ នេះគឺជារឿងធម្មតាណាស់ គឺធម្មតាដូចជាការសន្ទនាដែលអ្នករាល់គ្នាសន្ទនាជាមួយគ្នានោះដែរ។ វាមិនមានអ្វីដែលត្រូវអួតអាងនោះទេ ហើយក៏គ្មានអ្វីដែលត្រូវផ្សព្វផ្សាយដែរ។ ហេតុអ្វីបានជាពួកគេផ្សព្វផ្សាយរឿងនេះនៅពីក្រោយខ្នងខ្ញុំដូច្នេះ? ខ្ញុំងឿងឆ្ងល់ណាស់។ ក្រោយមក នៅពេលពួកគេផ្សព្វផ្សាយតៗគ្នាយ៉ាងច្រើនអំពីរឿងនេះ ខ្ញុំក៏បានយល់ពីរឿងនេះ៖ ពួកគេជឿថា នេះគឺជាការធ្វើបន្ទាល់អំពីបទពិសោធនៃការរងទុក្ខរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយថាពួកគេកំពុងតែពង្រីកសេចក្ដីពិត មិនមែនគ្រាន់តែផ្សព្វផ្សាយតៗគ្នាអំពីព្រឹត្តិការណ៍ណាមួយនោះទេ។ ខ្ញុំប្រាប់ទៅចុះថា ប្រសិនបើអ្នកចង់ធ្វើបន្ទាល់អំពីបទពិសោធនៃការរងទុក្ខរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នោះគឺជារឿងដែលមិនចាំបាច់ទាល់តែសោះ។ ការជួប ការជជែក និងការនិយាយជាមួយអ្នករាល់គ្នា គឺជារឿងដែលខ្ញុំធ្វើដោយស្ម័គ្រចិត្ត។ ខ្ញុំមិនមែនធ្វើវាដើម្បីឱ្យនរណាម្នាក់មើលឃើញនោះទេ ខ្ញុំមិនមែនធ្វើវាដើម្បីយកចិត្តអ្នករាល់គ្នានោះទេ ហើយខ្ញុំក៏មិនមែនកំពុងសម្ដែងនោះដែរ។ ចំពោះការពិតដែលថា ជួនកាលនៅពេលខ្ញុំប្រកបគ្នាក្នុងរយៈពេលយូរ ខ្ញុំមិនបានបរិភោគ ឬផឹកអ្វីសោះនោះ វាមិនមែនជាចេតនានោះទេ គឺដោយសារតែខ្ញុំមិនស្រេក ហើយក៏មិនសូវឃ្លាន។ ប្រសិនបើខ្ញុំឃ្លានរហូតដល់ទ្រាំមិនបាន ខ្ញុំមុខជានឹងប្រាប់អ្នកឱ្យរកម្ហូបអាហារខ្លះឱ្យខ្ញុំ ឬឱ្យអ្នកធ្វើអាហារសាមញ្ញៗឱ្យខ្ញុំមិនខាន។ ខ្ញុំដាច់ខាតមិនទ្រាំនឹងការស្រេកឃ្លាននោះទេ ខ្ញុំក៏នឹងមិនធ្វើជាគួរសមជាមួយអ្នកដែរ។ តើការចាកចេញដោយមិនបានបរិភោគនៅពេលដល់ម៉ោងអាហារ រាប់ថាជាការរងទុក្ខដែរឬទេ? បើវិនិច្ឆ័យតាមអ្វីដែលអ្នករាល់គ្នាកំពុងផ្សព្វផ្សាយ វាហាក់ដូចជាខ្ញុំកំពុងធ្វើរឿងដើម្បីសម្ដែងអ៊ីចឹង។ ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាមិនស្រួលសោះ នៅពេលឮបែបនេះ? វាហាក់ដូចជាខ្ញុំកំពុងធ្វើរឿងនេះ ដើម្បីឱ្យអ្នករាល់គ្នាឃើញថា ខ្ញុំរងទុក្ខខ្លាំងប៉ុនណា ខ្ញុំអាចស៊ូទ្រាំបានកម្រិតណា ខ្ញុំមានសេចក្ដីស្រឡាញ់ចំពោះអ្នករាល់គ្នាច្រើនប៉ុនណា និងខ្ញុំបានរួមចំណែកសម្រាប់អ្នករាល់គ្នាច្រើនប៉ុនណា ដើម្បីឱ្យបន្ទាប់ពីខ្ញុំចាកចេញទៅ អ្នករាល់គ្នានឹងប្រកាសពីរឿងនេះជំនួសខ្ញុំ ដោយផ្សព្វផ្សាយថា ខ្ញុំបានរងទុក្ខខ្លាំងប៉ុនណា និងបានធ្វើរឿងច្រើនប៉ុនណាដើម្បីអ្នករាល់គ្នា ហាក់ដូចជាខ្ញុំកំពុងប្រើវិធីនេះយកចិត្តអ្នករាល់គ្នាអ៊ីចឹង។ តើនេះគឺជាគោលបំណងរបស់ខ្ញុំឬ? (មិនមែនទេ។) នេះមិនមែនជាគោលបំណងរបស់ខ្ញុំឡើយ។ ខ្ញុំទៅលេងដើម្បីជជែក និងនិយាយជាមួយអ្នករាល់គ្នា ហើយជួនកាល ខ្ញុំត្រឡប់ទៅវិញដោយមិនបានបរិភោគអ្វី នៅពេលដល់ម៉ោងអាហារ។ នេះគឺជារឿងធម្មតាណាស់។ ប៉ុន្តែអ្នករាល់គ្នាចាត់ទុករឿងនេះថាជាព្រឹត្តិការណ៍ដ៏ធំដុំណាមួយ ដោយគិតថាខ្ញុំបានរងទុក្ខ ថាមានសេចក្ដីពិតដែលត្រូវស្វែងរកនៅក្នុងរឿងនេះ ថាអ្នករាល់គ្នាគួរតែយកតម្រាប់តាម និងគួរតែធ្វើតាម ហើយអ្នករាល់គ្នាថែមទាំងផ្សព្វផ្សាយរឿងនេះ ហាក់ដូចជាវាជាសេចក្ដីពិតអ៊ីចឹង។ ការផ្សព្វផ្សាយរឿងនេះ គឺស្មើនឹងការផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍។ ខ្ញុំមិនចូលចិត្តឱ្យអ្នករាល់គ្នាផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍នោះទេ។ ខ្ញុំមានអារម្មណ៍ថាស្អប់ខ្ពើម និងខ្ពើមរអើម នៅពេលខ្ញុំឮអំពីរឿងនេះ។ ខ្ញុំខ្ពើមរអើមនឹងអ្នកណាដែលផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍។ ប្រសិនបើខ្ញុំប្រកបគ្នាជាមួយអ្នករាល់គ្នា អំពីខ្លឹមសារមួយចំនួនដែលពាក់ព័ន្ធនឹងសេចក្ដីពិត ឬពាក់ព័ន្ធនឹងកិច្ចការពួកជំនុំ នោះខ្លឹមសារនេះគឺជាអ្វីដែលអ្នករាល់គ្នាត្រូវការ គឺអ្នករាល់គ្នាអាចកត់ត្រាវាទុក ហើយចែករំលែក និងប្រកបគ្នាអំពីរឿងនេះជាមួយមនុស្សគ្រប់គ្នាបាន។ ប៉ុន្តែនៅពេលអ្នករាល់គ្នាផ្សព្វផ្សាយតៗគ្នាអំពីរបៀបដែលខ្ញុំបានរងទុក្ខដោយសារការស្រេកឃ្លាន ឬដោយសារភាពរងានៅកន្លែងណាមួយ នៅពេលអ្នករាល់គ្នាផ្សព្វផ្សាយរឿងទាំងនេះ ខ្ញុំមានអារម្មណ៍ថាខ្ពើមរអើមណាស់។ ខ្ញុំពិតជាស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះការផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍។ ហេតុអ្វីបានជាអ្នករាល់គ្នាសកម្មក្នុងការធ្វើរឿងបែបនេះម៉្លេះ? តើអ្នករាល់គ្នាគិតថាវាធ្វើឱ្យខ្ញុំសប្បាយចិត្តឬ? ខ្ញុំមិនដូចជាអ្នករាល់គ្នាទេ។ រឿងនេះមិនធ្វើឱ្យខ្ញុំសប្បាយចិត្តទាល់តែសោះ។ ហើយខ្ញុំបានទ្រាំនឹងរឿងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រសិនបើខ្ញុំបានដឹងថាអ្នកណាជាអ្នកផ្សព្វផ្សាយតៗគ្នាពីរឿងទាំងនេះមុនគេ ខ្ញុំមុខជានឹងសួរអ្នកនោះថា៖ «ហេតុអ្វីបានជាអ្នកផ្សព្វផ្សាយតៗគ្នាពីរឿងទាំងនេះ? តើគោលដៅរបស់អ្នកគឺជាអ្វី? តើចេតនារបស់អ្នកគឺជាអ្វី? អ្នកមានចេតនាអាក្រក់! នេះគឺស្មើនឹងការបង្កការរំខានហើយ! តើអ្នកដឹងទេថា អ្នកបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ខ្ញុំ? ការផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍បែបនេះ គឺជាវិធីក្លែងបន្លំមួយនៃការរឹតត្បិតសេរីភាពរបស់ខ្ញុំ។ នោះហើយជាលក្ខណៈរបស់រឿងនេះ»។ ខ្ញុំស្អប់ខ្ពើមមនុស្សដែលផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍ ជាពិសេសអ្នកខ្លះដែលមិនដែលប្រកបគ្នាអំពីសេចក្ដីពិត និងមិនដែលប្រកបគ្នាអំពីរឿងណាមួយដែលពាក់ព័ន្ធនឹងការអនុវត្តសេចក្ដីពិត ឬពាក់ព័ន្ធនឹងកិច្ចការពួកជំនុំ ប៉ុន្តែនិយាយតែពីរឿងដែលគ្មានន័យបែបនេះ និងផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍បែបនេះ ថែមទាំងផ្សព្វផ្សាយតៗគ្នាយ៉ាងលម្អិតទៀតផង។ ឧទាហរណ៍៖ ខ្ញុំកំពុងជជែកជាមួយអ្នករាល់គ្នា ហើយខ្ញុំក្អកពីរបីដង ហើយមានមនុស្សមួយចំនួនផ្សព្វផ្សាយតៗគ្នាពីរឿងនេះនៅពីក្រោយខ្នងខ្ញុំ។ តើនេះជាអ្វីដែលអ្នកគួរតែផ្សព្វផ្សាយឬ? តើនេះជាភារកិច្ចរបស់អ្នកឬ? ខ្ញុំខ្ពើមរអើមចំពោះការផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ មនុស្សមួយចំនួនផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍ តាមរបៀបនេះឯង។ នៅពេលរឿងអត់ប្រយោជន៍នេះត្រូវបានផ្សព្វផ្សាយតៗគ្នា មនុស្សមិនតិចទេដែលឮអំពីរឿងនេះ ហើយមនុស្សមានគំនិតច្របូកច្របល់មួយចំនួន ថែមទាំងធ្វើត្រាប់តាមការក្អករបស់ខ្ញុំទៀតផង។ តើការធ្វើត្រាប់តាមរឿងនេះមានប្រយោជន៍អ្វីទៅ? ប្រសិនបើអ្នកធ្វើត្រាប់តាមរបៀបដែលខ្ញុំប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា នោះវានឹងមានប្រយោជន៍ខ្លះដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកធ្វើត្រាប់តាមរបៀបដែលខ្ញុំការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងគិតរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នករាល់គ្នា ហើយធ្វើត្រាប់តាមរបៀបដែលខ្ញុំអាចលើកឧទាហរណ៍ និងបញ្ជាក់ពីការពិតដោយមិនចេះនឿយហត់ នៅពេលប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីឱ្យអ្នកទាំងអស់គ្នាទទួលបានអ្វីមួយ និងមានការរីកចម្រើន ប្រសិនបើអ្នកធ្វើអ្វីៗដែលវិជ្ជមានទាំងនេះ ខ្ញុំមុខជាសប្បាយចិត្តដែលឃើញបែបនេះ។ ហេតុអ្វីបានជាអ្នកមិនធ្វើត្រាប់តាមអ្វីៗដែលវិជ្ជមានទាំងនេះ? ហេតុអ្វីបានជាអ្នកត្រូវតែធ្វើត្រាប់តាមរឿងដែលគ្មានន័យទាំងនោះដូច្នេះ? នេះបញ្ជាក់ថា ផ្នត់គំនិតរបស់អ្នកមានបញ្ហាហើយ។ ប្រសិនបើអ្នកពិតជាគ្មានអ្វីល្អជាងនេះធ្វើទេ អ្នកគួរតែរកការងារត្រឹមត្រូវណាមួយមកធ្វើ។ នេះនឹងមានប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ ហេតុអ្វីមិនធ្វើការងារត្រឹមត្រូវខ្លះទៅ? មនុស្សបែបនេះធ្វេសប្រហែសនឹងភារកិច្ចត្រឹមត្រូវរបស់ខ្លួន។ ពួកគេពិតជាគួរឱ្យស្អប់ខ្ពើមណាស់!
ខ្ញុំបានប្រកបគ្នាអំពីសេចក្ដីពិតអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែខ្ញុំមិនដែលឃើញអ្នករាល់គ្នាខិតខំប្រឹងប្រែងខ្លាំងលើសេចក្ដីពិតនោះទេ ហើយខ្ញុំក៏មិនដែលឃើញអ្នករាល់គ្នាខិតខំប្រឹងប្រែងលើសេចក្ដីពិត ដូចដែលអ្នករាល់គ្នាខិតខំផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍នោះដែរ។ ហេតុអ្វីបានជាមនុស្សទាំងនេះចូលចិត្តផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍ម៉្លេះ? តើការផ្សព្វផ្សាយរឿងទាំងនោះមានប្រយោជន៍អ្វីទៅ? មនុស្សដែលគ្មានការយល់ដឹងខាងវិញ្ញាណទាំងនេះ ពិតជាធ្វេសប្រហែសនឹងភារកិច្ចត្រឹមត្រូវរបស់ខ្លួនមែន! ប្រសិនបើអ្នកពិតជាអាចប្រកបគ្នាយ៉ាងច្បាស់លាស់អំពីទិដ្ឋភាពណាមួយនៃសេចក្ដីពិត ហើយវាផ្ដល់ប្រយោជន៍ និងធ្វើឱ្យស្អាងឡើងដល់បងប្អូនប្រុសស្រីបានខ្លះ នេះគឺជារឿងល្អ ហើយខ្ញុំថែមទាំងគួរតែអរគុណអ្នកទៀតផង។ ប៉ុន្តែអ្នកតែងតែផ្សព្វផ្សាយតៗគ្នាអំពីអ្វីដែលខ្ញុំបានធ្វើនៅថ្ងៃណាមួយ ថាខ្ញុំបានស្នាក់នៅកន្លែងណាមួយយូរប៉ុនណា ខ្ញុំបានដើរឆ្ងាយប៉ុនណា និងខ្ញុំបានត្រឡប់មកវិញយឺតប៉ុនណា។ នៅពេលអ្នករាល់គ្នាតែងតែផ្សព្វផ្សាយរឿងបែបនេះ ខ្ញុំមានអារម្មណ៍ថាខ្ពើមរអើមយ៉ាងខ្លាំង។ មនុស្សមួយចំនួននិយាយថា៖ «ហេតុអ្វីបានជាព្រះអង្គខ្ពើមរអើម? ពួកទូលបង្គំមានបំណងល្អតើ។ តើពួកទូលបង្គំមិនមែនកំពុងធ្វើបន្ទាល់អំពីការរងទុក្ខរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេឬ?» តើទស្សនៈនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) តើវាខុសត្រង់ណា? (ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលយ៉ាងច្រើន និងបានសម្ដែងចេញនូវសេចក្ដីពិតយ៉ាងច្រើន ប៉ុន្តែពួកគេមិនបានប្រកបគ្នាអំពីព្រះបន្ទូល និងសេចក្ដីពិតទាំងនោះទេ។ ពួកគេក៏មិនបាននិយាយអំពីបទពិសោធដែលពួកគេមាន នៅក្នុងការអនុវត្តសេចក្ដីពិតនោះដែរ។ នៅពេលធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ពួកគេមិននិយាយអំពីរឿងទាំងនេះទេ ផ្ទុយទៅវិញ ពួកគេបែរជាយករឿងមួយចំនួននៅក្នុងជីវិតរបស់ព្រះគ្រីស្ទមកធ្វើជារឿងធំដុំទៅវិញ។ ខ្ញុំមានអារម្មណ៍ថា ចិត្តរបស់ពួកគេមិនត្រឹមត្រូវទេ។) អ្នករាល់គ្នាមានអារម្មណ៍ថា ខ្ញុំបានរងទុក្ខក្នុងការធ្វើរឿងទាំងនេះ ប៉ុន្តែតើអ្នករាល់គ្នាយល់ពីការរងទុក្ខដែលខ្ញុំពិតជាស៊ូទ្រាំដែរឬទេ? តើអ្នករាល់គ្នាដឹងពីរឿងនេះដែរឬទេ? (មិនដឹងទេ។) អ្នករាល់គ្នាមិនដឹងឡើយ ហើយក៏មិនក្ដាប់បាន ឬយល់ដឹងពីរឿងនេះដែរ។ អ្នករាល់គ្នាគ្រាន់តែយករឿងដ៏តូចតាចទាំងនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំមកធ្វើជារឿងធំដុំ ហើយផ្សព្វផ្សាយវាគ្រប់ទីកន្លែងប៉ុណ្ណោះ។ ឧទាហរណ៍៖ ខ្ញុំធ្លាប់បានជួបនរណាម្នាក់ដោយចៃដន្យ ហើយបាននិយាយប្រាប់យ៉ាងធម្មតាៗថា៖ «ថ្ងៃនេះ ដៃរបស់ខ្ញុំរាងធ្វើទុក្ខបន្តិចហើយ»។ ខ្ញុំមិនមានន័យអ្វីនោះទេ ប៉ុន្តែបុគ្គលនោះបែរជាគិតហួសហេតុពេក។ បន្ទាប់ពីបានឮដូច្នេះ គាត់គិតថាដៃរបស់ខ្ញុំធ្វើទុក្ខ ដោយសារតែខ្ញុំបានសរសេរច្រើនពេក។ រយៈពេលបីថ្ងៃក្រោយមក រឿងនេះក៏បានផ្សព្វផ្សាយ ដោយមានមនុស្សនិយាយថា ខ្ញុំកំពុងតែស៊ូទ្រាំនឹងការរងទុក្ខ។ តើការដែលដៃរបស់ខ្ញុំធ្វើទុក្ខបន្តិចបន្តួច ត្រូវបានចាត់ទុកថាជាការរងទុក្ខដែរឬទេ? តើនេះឬដែលរាប់ថាជាការរងទុក្ខនៅក្នុងក្រសែភ្នែករបស់អ្នករាល់គ្នានោះ? តើខ្ញុំនិយាយបែបនេះនៅចំពោះមុខអ្នករាល់គ្នា ដើម្បីអួតសម្ញែងថាខ្ញុំកំពុងរងទុក្ខឬ? នេះមិនមែនជាអ្វីដែលខ្ញុំបានគិតនៅក្នុងចិត្តទាល់តែសោះ។ ម្យ៉ាងទៀត តើការរងទុក្ខរបស់ខ្ញុំមានពាក់ព័ន្ធអ្វីនឹងអ្នកទៅ? តើខ្ញុំបានប្រាប់ឱ្យអ្នកផ្សព្វផ្សាយរឿងនេះឬ? ប្រសិនបើមានរឿងអ្វីដែលខ្ញុំចង់ឱ្យអ្នកធ្វើ ខ្ញុំនឹងប្រាប់អ្នកដោយផ្ទាល់។ ខ្ញុំបានណែនាំអ្នករាល់គ្នានៅក្នុងសេចក្ដីអធិប្បាយ និងការប្រកបគ្នាទាំងអស់របស់ខ្ញុំ អំពីកិច្ចការអ្វីដែលអ្នកគួរធ្វើ និងពាក្យសម្ដីអ្វីដែលអ្នកគួរនិយាយ គឺខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ប្រាប់អ្នករាល់គ្នាអស់ហើយ។ ខ្ញុំបានប្រកបគ្នាយ៉ាងច្បាស់លាស់អំពីគោលការណ៍សេចក្ដីពិត និងផ្លូវនៃការអនុវត្ត។ ទាំងនេះគឺជារឿងដែលអ្នករាល់គ្នាគួរតែផ្ដោត និងគួរតែធ្វើ។ អ្នកមិនផ្ដោតលើអ្វីដែលខ្ញុំប្រាប់នោះទេ ប៉ុន្តែបែរជាយកចិត្តទុកដាក់ជាពិសេសចំពោះអ្វីដែលខ្ញុំមិនបានប្រាប់ទៅវិញ ហើយអ្នកថែមទាំងបានធ្វើរឿងទាំងនោះយ៉ាងច្រើនទៀតផង។ ខ្ញុំមានអារម្មណ៍ថាស្អប់ខ្ពើម នៅពេលខ្ញុំឃើញបែបនេះ។ ខ្ញុំដាច់ខាតនឹងមិនសរសើរអ្នក ដោយនិយាយថាអ្នកបានធ្វើរឿងនេះយ៉ាងល្អ ហើយចាត់ទុករឿងនេះថាជាស្នាដៃរបស់អ្នកឡើយ។ ខ្ញុំមិនដែលធ្វើរឿងបែបនេះទេ ហើយខ្ញុំក៏មិនដែលនិយាយពាក្យសម្ដីបែបនេះដែរ។ អ្វីក៏ដោយដែលខ្ញុំតម្រូវឱ្យអ្នករាល់គ្នាធ្វើ ខ្ញុំនឹងប្រាប់យ៉ាងច្បាស់ៗ។ ខ្ញុំមិនបានតម្រូវឱ្យធ្វើរឿងនេះទេ ប៉ុន្តែអ្នករាល់គ្នាបែរជាធ្វើវាទៅវិញ។ ខ្ញុំមានអារម្មណ៍ថាស្អប់ខ្ពើម និងខ្ពើមរអើមយ៉ាងខ្លាំងនៅក្នុងចិត្ត ហើយមិនមែនស្អប់ខ្ពើមតែបន្តិចបន្តួចនោះទេ។ ប៉ុន្តែអ្នករាល់គ្នាបែរជាមានអារម្មណ៍ល្អចំពោះខ្លួនឯងទៅវិញ ដោយគិតថាអ្នករាល់គ្នាមានក្ដីអាណិតអាសូរ និងមានសេចក្ដីស្រឡាញ់យ៉ាងច្រើនចំពោះខ្ញុំ ថាអ្នករាល់គ្នាយល់ចិត្ត ចេះគិតគូរ និងយកចិត្តទុកដាក់ជាពិសេស។ ខ្ញុំប្រាប់ទៅចុះថា អ្នកនៅខ្វះខាតច្រើនណាស់។ ទោះបីជាអ្នកធ្វើរឿងមួយចំនួនបានសមរម្យក៏ដោយ ក៏នៅតែមានគម្លាតរវាងពួកយើងដែរ។ លើសពីនេះទៅទៀត ការផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍ គឺមិនសមរម្យនោះទេ ហើយខ្ញុំក៏មិនចូលចិត្តដែរ។ ការពិតដែលថាខ្ញុំមិនដែលលើកឡើងពីរឿងនេះប្រាប់អ្នករាល់គ្នាពីមុនមក មិនមែនមានន័យថា ខ្ញុំយល់ព្រមដោយស្ងៀមស្ងាត់ចំពោះរឿងនេះនោះទេ។ ពេលនេះ ខ្ញុំកំពុងប្រាប់អ្នករាល់គ្នានូវពាក្យសម្ដីយ៉ាងច្បាស់លាស់ថា៖ ខ្ញុំពិតជាស្អប់ខ្ពើមមនុស្សដែលផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍ណាស់។ ជាពិសេស មនុស្សមួយចំនួនឃើញខ្ញុំស៊ូទ្រាំនឹងការរងទុក្ខបន្តិចបន្តួច រួចក៏មានចេតនាផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍ ក្រោមលេសថាធ្វើបន្ទាល់អំពីការរងទុក្ខរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ខ្ញុំប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ៗទៅចុះថា៖ ខ្ញុំប្រឆាំងនឹងរឿងបែបនេះ ខ្ញុំមានអារម្មណ៍ថាស្អប់ខ្ពើមនឹងរឿងនេះជាពិសេសនៅក្នុងចិត្តរបស់ខ្ញុំ ហើយខ្ញុំមិនចូលចិត្តរឿងនេះទាល់តែសោះ។ នេះមិនមែនជាការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ទេ នេះគឺជាការផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍។ ដូច្នេះ តើវាសមរម្យឬទេ ដែលអ្នករាល់គ្នាធ្វើបែបនេះ? (មិនសមរម្យទេ។) ដោយសារតែវាមិនសមរម្យ តើអ្នករាល់គ្នាគួរធ្វើដូចម្ដេច? (ពួកយើងមិនគួរផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍ទេ។ ពួកយើងមិនគួរធ្វើរឿងបែបនេះឡើយ។)
តើមានការខ្វែងគំនិតគ្នាណាមួយរវាងពួកយើង នៅក្នុងរបៀបដែលយើងប្រព្រឹត្តចំពោះរឿងនៃការរងទុក្ខដែរឬទេ? តើទស្សនៈរបស់យើងខុសគ្នាដែរឬទេ? (ខុស។) ចុះតើទស្សនៈរបស់អ្នករាល់គ្នាចំពោះការរងទុក្ខ ចេញមកពីណា? (ទស្សនៈរបស់ពួកយើងចំពោះការរងទុក្ខ គឺមកពីនិស្ស័យពុករលួយរបស់ពួកយើង បន្ទាប់ពីពួកយើងត្រូវបានសាតាំងធ្វើឱ្យពុករលួយ។) ម្យ៉ាង ទស្សនៈរបស់មនុស្សចំពោះរឿងគ្រប់យ៉ាង គឺមកពីសាតាំង ដូចទៅនឹងសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សដែរ។ ម្យ៉ាងទៀត និយាយឱ្យកាន់តែជាក់ស្ដែងទៅគឺ ទស្សនៈទាំងនោះទទួលរងឥទ្ធិពលពីនិន្នាការសង្គម និងបរិយាកាសសង្គម។ ផលប៉ះពាល់ដោយផ្ទាល់បំផុតនៃការដែលមនុស្សទទួលយកគំនិតខុសឆ្គងទាំងនេះ គឺថាពួកគេបង្កើតបានជាគំនិត និងទស្សនៈដែលខុសទំនងមួយចំនួន។ នៅពេលមនុស្សចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់ជាមួយនឹងគំនិត និងទស្សនៈទាំងនេះ ពួកគេបង្កើតបានជារបៀបប្រព្រឹត្តមិនត្រឹមត្រូវគ្រប់ប្រភេទ។ ហេតុនេះហើយ របៀបប្រព្រឹត្តមួយចំនួនរបស់មនុស្សចំពោះការរងទុក្ខរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏ជាលទ្ធផលនៃការជំរុញពីគំនិត និងទស្សនៈដែលខុសទំនងមួយចំនួនផងដែរ។ នៅក្នុងពិភពដែលគ្មានជំនឿ នៅពេលមនុស្សមានឋានៈ និងមានកិត្យានុភាព បង្ហាញខ្លួនជាសាធារណៈ ពួកគេច្រើនតែធ្វើរឿងរ៉ាវដើម្បីតែរូបរាងសំបកក្រៅ ដែលហៅយ៉ាងសាមញ្ញថាជាការសម្ដែង។ បន្ទាប់ពីសម្ដែងរួច ពួកគេក៏ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្សព្វផ្សាយពីរឿងនោះ ដើម្បីសម្រេចបាននូវគោលដៅក្នុងការរក្សាមុខមាត់របស់ពួកគេ និងពង្រឹងឋានៈរបស់ពួកគេក្នុងចំណោមមនុស្ស ដើម្បីឱ្យពួកគេមានមុខមាត់កាន់តែល្អនៅក្នុងក្រសែភ្នែកសាធារណជន ជំរុញឱ្យមនុស្សកាន់តែគោរពបូជាពួកគេ និងចាក់ឫសខ្លួនឯងឱ្យកាន់តែរឹងមាំនៅក្នុងចិត្តរបស់មនុស្ស។ ហើយរបៀបដែលមនុស្សផ្សព្វផ្សាយព័ត៌មានអំពីការរងទុក្ខរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺភាគច្រើនទទួលរងឥទ្ធិពលពីនិន្នាការនៃពិភពដែលគ្មានជំនឿនេះឯង។ គំនិត និងទស្សនៈរបស់មនុស្សពាក់ព័ន្ធនឹងតម្រូវការមូលដ្ឋានរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ឬសកម្មភាព និងទង្វើប្រចាំថ្ងៃរបស់ទ្រង់ ក៏ដូចគ្នានេះដែរ។ ទោះបីជាមនុស្សមិននិយាយចំៗថា តើគោលបំណងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក្នុងការធ្វើរឿងជាក់លាក់នេះគឺជាអ្វីក៏ដោយ ក៏វិធីសាស្ត្រនៃការផ្សព្វផ្សាយរឿងនេះ បណ្ដាលឱ្យមានផលវិបាកដូចខាងក្រោម៖ វាធ្វើឱ្យមនុស្សមិនផ្ដោតលើការដេញតាមសេចក្ដីពិតនោះទេ ប៉ុន្តែគ្រាន់តែផ្ដោតលើទម្រង់ការខាងក្រៅទាំងនេះប៉ុណ្ណោះ។ វាធ្វើឱ្យពួកគេមិនផ្ដោតលើការចូលទៅក្នុងសេចក្ដីពិតនោះទេ ប៉ុន្តែគ្រាន់តែផ្ដោតលើការរងទុក្ខ ដោយធ្វើរឿងដែលងាយឱ្យមនុស្សសម្រេចបាន និងងាយឱ្យពួកគេយកតម្រាប់តាម។ មនុស្សគិតថា ការធ្វើបែបនេះគឺជាការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយថាការធ្វើបែបនេះគឺជាការអនុវត្តសេចក្ដីពិត ព្រមទាំងការពាររូបអង្គរបស់ព្រះជាម្ចាស់ផងដែរ។ តាមពិតទៅ តើរូបអង្គរបស់ព្រះជាម្ចាស់ត្រូវការឱ្យអ្នកការពារដែរឬទេ? ក្នុងការឱ្យអ្នកធ្វើបន្ទាល់ថ្វាយទ្រង់ តើព្រះជាម្ចាស់មានន័យថាឱ្យអ្នកធ្វើបន្ទាល់អំពីរឿងទាំងនេះឬ? (មិនមែនទេ។) រូបអង្គរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនត្រូវការឱ្យអ្នកការពារនោះទេ ហើយរឹតតែមិនត្រូវការឱ្យការពាររូបអង្គនោះតាមរបៀបនោះទៅទៀត។ អ្នកប្រហែលជាមានចេតនាល្អ ប៉ុន្តែទង្វើរបស់អ្នកបានបង្កឱ្យមានផលវិបាកអាក្រក់ ហើយក្នុងករណីធ្ងន់ធ្ងរ ទង្វើទាំងនោះថែមទាំងបង្កើតបានជាការបង្អាក់ និងការរំខានទៀតផង។ មនុស្សតែងតែជឿថា ការធ្វើបែបនេះគឺសមរម្យ និងសមហេតុផល ថាវាគឺជាអំពើល្អ ហើយថាវាគឺជាអ្វីដែលភាវៈដែលព្រះបានបង្កើតគួរតែធ្វើ។ ខ្ញុំប្រាប់ទៅចុះថា៖ «ខុសហើយ! នេះមិនមែនជាអ្វីដែលអ្នកគួរធ្វើនោះទេ។ អ្នកមិនគួរធ្វើបែបនេះឡើយ»។ ដោយសារអ្នកគឺជាភាវៈដែលព្រះបានបង្កើត អ្នកគួរតែឈរក្នុងកន្លែងដ៏ត្រឹមត្រូវរបស់អ្នកក្នុងនាមជាភាវៈដែលព្រះបានបង្កើត ហើយបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ។ អ្នកមិនគួរដើរតួជាប្រព័ន្ធផ្សព្វផ្សាយរបស់សង្គមនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយធ្វើរឿងដែលប្រព័ន្ធផ្សព្វផ្សាយធ្វើនោះឡើយ។ ថាខ្ញុំនិយាយពាក្យសម្ដីអ្វី ខ្ញុំស៊ូទ្រាំនឹងការរងទុក្ខអ្វី ខ្ញុំទៅទីណាដើម្បីធ្វើអ្វីមួយ កាលវិភាគប្រចាំថ្ងៃរបស់ខ្ញុំគឺជាអ្វី គឺខ្ញុំមិនត្រូវការឱ្យអ្នកផ្សព្វផ្សាយរឿងទាំងនេះទេ ខ្ញុំមិនចូលចិត្តឱ្យផ្សព្វផ្សាយរឿងទាំងនេះទេ ហើយខ្ញុំមានអារម្មណ៍ថាស្អប់ខ្ពើមនឹងការដែលអ្នកផ្សព្វផ្សាយរឿងទាំងនេះណាស់។ ដូច្នេះ សូមបញ្ឈប់ការផ្សព្វផ្សាយបែបនេះទៅ ពីព្រោះការផ្សព្វផ្សាយបែបនេះ គឺជាការផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍ ហើយវាមិនស្របនឹងសេចក្ដីពិតនោះទេ។ តើអ្នកយល់ទេ? (យល់ហើយ។) យកល្អ អ្នកមិនគួរផ្សព្វផ្សាយរឿងទាំងនេះទេ។ ការផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍នេះ គឺគ្មានប្រយោជន៍ឡើយ។ ប្រសិនបើអ្នកពិតជាចង់ធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់មែន នោះអ្នកគួរតែផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យកាន់តែច្រើន ហើយចែករំលែកការយល់ដឹងពីបទពិសោធរបស់អ្នកអំពីសេចក្ដីពិត និងបទពិសោធរបស់អ្នកអំពីសេចក្ដីពិត។ ប្រសិនបើអ្នកពិតជាមានចេតនាល្អ ហើយចង់ធ្វើរឿងល្អៗមួយចំនួន និងត្រៀមអំពើល្អមួយចំនួនមែន នោះចូរមើលថាតើផ្នែកណា ឬចំណែកណានៃកិច្ចការដំណាក់របស់ព្រះជាម្ចាស់ដែលត្រូវការការកែលម្អ ហើយខិតខំប្រឹងប្រែង និងលះបង់ដើម្បីធ្វើកិច្ចការនោះឱ្យបានល្អ ហើយហេតុនេះ វាក៏បង្កើនប្រសិទ្ធភាពកិច្ចការ ពន្លឿនវឌ្ឍនភាពនៃកិច្ចការ ព្រមទាំងសន្សំសំចៃកម្លាំងពលកម្ម និងធនធានហិរញ្ញវត្ថុផងដែរ។ ប្រសិនបើអ្នកធ្វើកិច្ចការប្រភេទនេះ នេះទើបជាអំពើល្អ ហើយនេះគឺជាអ្វីដែលភាវៈដែលព្រះបានបង្កើតគួរតែធ្វើ។ ចំពោះអ្វីដែលខ្ញុំបរិភោគ ឬស្លៀកពាក់ ឬការរងទុក្ខអ្វីដែលខ្ញុំស៊ូទ្រាំ វាមិនចាំបាច់ឱ្យអ្នកផ្សព្វផ្សាយតៗគ្នាអំពីរឿងនោះឡើយ។ ខ្ញុំបានប្រាប់អ្នកជាយូរមកហើយថា តើអ្នកគួរមានអាកប្បកិរិយាបែបណាចំពោះខ្ញុំ ដែលមានត្រឹមតែគោលការណ៍បីប៉ុណ្ណោះគឺ៖ ការបើកចំហ និងស្មោះត្រង់ ការគោរព និងការស្ដាប់បង្គាប់។ វាសាមញ្ញបែបនេះឯង។ ខ្ញុំមិនត្រូវការឱ្យអ្នកធ្វើអ្វីបន្ថែមនោះទេ។ ប្រសិនបើអ្នកធ្វើអ្វីបន្ថែមតាមរបៀបដ៏សមរម្យ ខ្ញុំនឹងចាត់ទុកអ្នកជាបងប្អូនប្រុសស្រីម្នាក់ ហើយខ្ញុំនឹងចងចាំការជួយយកអាសាដែលអ្នកបានធ្វើនេះ។ ប៉ុន្តែបើនិយាយពីទំនាក់ទំនងរវាងពួកយើងវិញ ខ្ញុំបានប្រាប់អ្នកជាយូរមកហើយនូវគោលការណ៍សម្រាប់របៀបដែលគួរប្រព្រឹត្តចំពោះខ្ញុំ។ តើគោលការណ៍ទាំងបីនោះមានអ្វីខ្លះ? (ការបើកចំហ និងស្មោះត្រង់ ការគោរព និងការស្ដាប់បង្គាប់។) គឺពិតជាគោលការណ៍ទាំងបីនេះឯង។ ប្រសិនបើអ្នកបំពេញតាមគោលការណ៍ទាំងបីនេះ វាគឺសមរម្យហើយ ហើយអ្នកនឹងបានប្រកាន់ខ្ជាប់នូវកន្លែងដ៏ត្រឹមត្រូវដែលភាវៈដែលព្រះបានបង្កើតគួរតែប្រកាន់ខ្ជាប់ ព្រមទាំងបានបំពេញការទទួលខុសត្រូវរបស់អ្នក។ ការផ្សព្វផ្សាយតៗគ្នារបស់អ្នកពីរឿងអត់ប្រយោជន៍ គឺគ្មានតម្លៃសូម្បីមួយកាក់មួយសេន ហើយនៅទីបំផុត ខ្ញុំនឹងមានអារម្មណ៍ថាស្អប់ខ្ពើមចំពោះអ្នក។ ប៉ុន្តែប្រសិនបើខ្ញុំណែនាំអ្នកអំពីគោលការណ៍ណាមួយ ចាត់តាំងកិច្ចការណាមួយឱ្យ ឬប្រកបគ្នាអំពីទិដ្ឋភាពណាមួយនៃសេចក្ដីពិត ហើយអ្នកធ្វើតាម និងអនុវត្តតាមអ្វីដែលខ្ញុំប្រាប់ នោះគឺល្អជាងការផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍ឆ្ងាយណាស់។ មានតែការអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ទើបមានតម្លៃ និងត្រូវបានគេចងចាំ។ អ្នកផ្សព្វផ្សាយតៗគ្នានូវរឿងអត់ប្រយោជន៍អំពីខ្ញុំ ដោយនិយាយថា ខ្ញុំហត់នឿយខ្លាំងណាស់ក្នុងការដើរទៅចូលរួមការជួបជុំនៅកន្លែងណាមួយ។ តាមរយៈការផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍នេះ អ្នកអូសទាញយកក្ដីអាណិត និងក្ដីអាសូររបស់មនុស្សចំពោះខ្ញុំ។ ខ្ញុំមិនសប្បាយចិត្តនឹងរឿងនេះទាល់តែសោះ ហើយខ្ញុំក៏មិនចូលចិត្តឱ្យអ្នកធ្វើបែបនេះដែរ។ ខ្ញុំមុខជានឹងសួរអ្នកថា៖ «តើការផ្សព្វផ្សាយរឿងនេះមានប្រយោជន៍អ្វីទៅ? ហេតុអ្វីបានជាអ្នកផ្សព្វផ្សាយពាក្យសម្ដីទាំងនេះ? តើអ្នកពិតជាយល់ពីអត្ថន័យនៃការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ដែរឬទេ?» ប្រសិនបើអ្នកមិនអាចផ្ដល់ហេតុផលដែលស្របនឹងសេចក្ដីពិតទេ ហើយគោលដៅនៅពីក្រោយអ្វីដែលអ្នកនិយាយ និងធ្វើ មិនស្របនឹងសេចក្ដីពិតសូម្បីតែបន្តិច ប៉ុន្តែគ្រាន់តែដើម្បីបំពេញមហិច្ឆតា និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នក និងដើម្បីព្យាយាមយកចិត្តខ្ញុំ នោះខ្ញុំប្រាប់អ្នកទៅចុះថា ខ្ញុំមិនចូលចិត្តឱ្យអ្នកធ្វើបែបនេះទេ។ អ្នកដាច់ខាតមិនត្រូវធ្វើបែបនេះឡើយ។ ចូរឱ្យរឿងនេះកើតឡើងតែម្ដងនេះបានហើយ កុំធ្វើវាម្ដងទៀតឱ្យសោះ! នៅក្នុងការប្រាស្រ័យទាក់ទង និងការធ្វើអន្តរកម្មជាមួយខ្ញុំ អ្នកត្រូវតែរិះគិតម្ដងហើយម្ដងទៀតនូវគោលការណ៍ដែលខ្ញុំប្រាប់អ្នក។ អ្នកត្រូវតែប្រកាន់ខ្ជាប់នូវតំណែងដែលអ្នកគួរប្រកាន់ខ្ជាប់ បំពេញការទទួលខុសត្រូវដែលអ្នកគួរតែបំពេញ និងប្រកាន់ខ្ជាប់នូវគោលការណ៍ដែលអ្នកគួរតែប្រកាន់ខ្ជាប់ ពោលគឺទាំងនេះជារឿងដែលអ្នកគួរតែសម្រេចឱ្យបាន។ កុំតែងតែព្យាយាមគិតរកវិធីយកចិត្តខ្ញុំ ឬបញ្ជោរខ្ញុំឱ្យសោះ។ កុំតែងតែចង់អាណិតខ្ញុំ ឬអាសូរខ្ញុំ ឬចង់ធ្វើឱ្យខ្ញុំសប្បាយចិត្តឱ្យសោះ។ កុំធ្វើរឿងទាំងនេះអី។ ទោះបីជាអ្នកធ្វើរឿងទាំងនេះក៏ដោយ ក៏វានឹងឥតប្រយោជន៍ដែរ។ ខ្ញុំមិនចូលចិត្តឱ្យអ្នកធ្វើរឿងទាំងនេះទេ ហើយខ្ញុំមានអារម្មណ៍ថាស្អប់ខ្ពើមនឹងការដែលអ្នកធ្វើរឿងទាំងនេះណាស់។ ប្រសិនបើអ្នកមិនធ្វើរឿងទាំងនេះទេ ខ្ញុំនឹងប្រព្រឹត្តចំពោះអ្នកតាមគោលការណ៍ ហើយខ្ញុំនឹងអាចធ្វើអន្តរកម្មជាមួយអ្នកបានជាធម្មតា។ ប្រសិនបើអ្នកធ្វើរឿងទាំងនេះ ដោយតែងតែគិតអំពីការបន្ថែមលម្អលើអ្វីដែលខ្ញុំបានធ្វើ និងយករឿងទាំងនេះមកធ្វើជារឿងធំដុំនៅពីក្រោយខ្នងខ្ញុំ ដើម្បីយកចិត្តខ្ញុំ និងធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អចំពោះអ្នក នោះខ្ញុំប្រាប់ទៅចុះថា អ្នកខុសហើយ។ ការធ្វើបែបនេះ នឹងមានតែធ្វើឱ្យខ្ញុំមានអារម្មណ៍ថាស្អប់ខ្ពើមចំពោះអ្នកប៉ុណ្ណោះ។ មិនថាអ្នកធ្វើអ្វីនោះទេ ខ្ញុំនឹងប្រព្រឹត្តចំពោះអ្នក និងវាយតម្លៃអ្នកដោយផ្អែកលើគោលការណ៍សេចក្ដីពិត។ នេះគឺជារបៀបដែលខ្ញុំនឹងយល់ឃើញចំពោះអ្នក។ ប្រសិនបើអ្នកប្រាស្រ័យទាក់ទង និងធ្វើអន្តរកម្មជាមួយខ្ញុំដោយត្រឹមត្រូវ និងសមរម្យ ពួកយើងអាចអន្តរកម្មនឹងគ្នាបានជាធម្មតា។ ប្រសិនបើអ្នកតែងតែផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍នៅពីក្រោយខ្នងខ្ញុំ នោះនៅក្នុងក្រសែភ្នែករបស់ខ្ញុំ ភាពជាមនុស្សរបស់អ្នកគឺមិនល្អទេ។ យ៉ាងហោចណាស់ ខ្ញុំនឹងនិយាយថា អ្នកគ្មានសេចក្ដីទៀងត្រង់ ឬសេចក្ដីថ្លៃថ្នូរនោះទេ ហើយថាអ្នកថោកទាបពេកហើយ។ មនុស្សមួយចំនួននិយាយថា៖ «ទូលបង្គំកំពុងតែនិយាយល្អឱ្យព្រះអង្គតើ តើវាមិនបានទេឬ?» ខ្ញុំប្រាប់ទៅចុះថា៖ «រឿងនោះមិនចាំបាច់ទេ»។ មនុស្សមើលឃើញ និងស្គាល់ថាខ្ញុំជាមនុស្សប្រភេទណា តាមរយៈព្រះបន្ទូលដែលខ្ញុំប្រកបគ្នា និងតាមរយៈសេចក្ដីពិតដែលខ្ញុំបង្រៀនពួកគេ។ ពួកគេមិនមែនមើលឃើញ និងស្គាល់រឿងនេះ តាមរយៈរឿងអត់ប្រយោជន៍ដែលអ្នកផ្សព្វផ្សាយតៗគ្នានោះទេ។ ហេតុដូច្នេះហើយ ការផ្សព្វផ្សាយតៗគ្នារបស់អ្នកពីរឿងអត់ប្រយោជន៍ គឺមិនចាំបាច់ទាល់តែសោះ និងជារឿងលើសពីតម្រូវការ។ ប្រហែលជាគ្មានអ្នកណាផ្សេងមានអារម្មណ៍ថាស្អប់ខ្ពើមចំពោះរឿងនេះទេ ឬប្រហែលជាអ្នកផ្សេងទៀតចូលចិត្តវា ប៉ុន្តែយ៉ាងហោចណាស់ ខ្ញុំមិនចូលចិត្តរឿងនេះទេ ហើយខ្ញុំមានអារម្មណ៍ថាស្អប់ខ្ពើមចំពោះរឿងនេះណាស់។ នៅពេលអ្នកផ្សព្វផ្សាយតៗគ្នានូវរឿងអត់ប្រយោជន៍អំពីខ្ញុំ ទោះបីជាវាពិតជាត្រូវនឹងចំណូលចិត្តរបស់មនុស្សគ្រប់គ្នា និងពិតជាស្របនឹងទស្សនៈរបស់មនុស្សគ្រប់គ្នា ដែលធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ល្អក៏ដោយ ក៏យ៉ាងហោចណាស់ អ្នកគួរតែសួរខ្ញុំសិនដែរ។ ខ្ញុំគឺជាបុគ្គលដែលពាក់ព័ន្ធនឹងរឿងនេះ។ អ្នកត្រូវតែសួរថាតើខ្ញុំយល់ស្របនឹងរឿងនេះដែរឬទេ ហើយថាតើខ្ញុំចូលចិត្តរឿងនេះដែរឬទេ។ តើខ្ញុំបានអនុញ្ញាតឱ្យអ្នកផ្សព្វផ្សាយរឿងបែបនេះដែរឬទេ? ប្រសិនបើខ្ញុំមិនបានអនុញ្ញាតទេ ប៉ុន្តែអ្នកបែរជាផ្សព្វផ្សាយតៗគ្នានូវរឿងអត់ប្រយោជន៍អំពីខ្ញុំ ដោយនិយាយតាមតែអំពើចិត្ត ហើយថែមទាំងផ្សព្វផ្សាយរឿងនេះហាក់ដូចជាវាជាសេចក្ដីពិតទៀតនោះ តើវាមិនមែនមានន័យថា អ្នកមានចេតនាបង្កប់ដ៏អាក្រក់ទេឬ? ចុះតើខ្ញុំនឹងកំណត់លក្ខណៈអ្នកយ៉ាងដូចម្ដេច? ខ្ញុំនឹងនិយាយថា អ្នកកំពុងតែបង្កការបង្អាក់ និងការរំខានហើយ។ មិនថាខ្ញុំទៅទីណា ខ្ញុំនិយាយពាក្យសម្ដីអ្វី ឬខ្ញុំធ្វើរឿងអ្វីនោះទេ ក៏មនុស្សមួយចំនួនផ្ដោតជាពិសេសលើការផ្សព្វផ្សាយរឿងទាំងនេះ ហាក់ដូចជាបន្ទាប់ពីធ្វើបែបនេះហើយ មនុស្សគ្រប់គ្នានឹងគោរពកោតសរសើរខ្ញុំ ហើយនឹងវាយតម្លៃខ្ញុំខ្ពស់អ៊ីចឹង។ តើនេះគឺជាការលើកតម្កើងព្រះជាម្ចាស់ និងការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ដែរឬទេ? (មិនមែនទេ។) ចុះនៅពេលណាដែលខ្ញុំទៅកន្លែងណាមួយដើម្បីធ្វើរឿងមួយចំនួន មិនថាជារឿងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំ ឬរឿងដែលពាក់ព័ន្ធនឹងកិច្ចការនោះទេ ជាពិសេសរឿងដែលមើលទៅដូចជាការរងទុក្ខនៅក្នុងក្រសែភ្នែករបស់មនុស្ស តើការដែលខ្ញុំធ្វើរឿងទាំងនេះ គឺខ្ញុំកំពុងតែសម្ដែងឬ? (មិនមែនទេ។) ដោយសារអ្នកដឹងថាខ្ញុំមិនមែនកំពុងសម្ដែងទេ ដូច្នេះកុំផ្សព្វផ្សាយរឿងទាំងនេះអី។ កុំធ្វើខ្លួនជាឧបករណ៍បំពងសំឡេង ហើយកុំធ្វើខ្លួនជាប្រព័ន្ធផ្សព្វផ្សាយឱ្យសោះ។ ដំណាក់របស់ព្រះជាម្ចាស់គ្មានស្ថាប័នបែបនេះទេ។ កុំបង្កើតប្រព័ន្ធផ្សព្វផ្សាយដោយខ្លួនឯង ហើយធ្វើខ្លួនជាឧបករណ៍បំពងសំឡេងដើម្បីផ្សព្វផ្សាយរឿងទាំងនេះឱ្យសោះ ពីព្រោះខ្ញុំខ្ពើមរអើមយ៉ាងខ្លាំងចំពោះការដែលអ្នកផ្សព្វផ្សាយរឿងទាំងនេះ។ វាមានផលប៉ះពាល់អវិជ្ជមាន។ ដូច្នេះ អ្នកដាច់ខាតមិនត្រូវផ្សព្វផ្សាយតៗគ្នាពីរឿងអត់ប្រយោជន៍ឡើយ ហើយក៏មិនត្រូវផ្សព្វផ្សាយពីរឿងប្រភេទទាំងនេះដែរ។ នេះគឺជាសេចក្ដីតម្រូវមួយដែលខ្ញុំមានចំពោះអ្នករាល់គ្នា។
ការដែលព្រះជាម្ចាស់យកកំណើតជាមនុស្សដើម្បីបំពេញកិច្ចការរបស់ទ្រង់ គឺជាជំហានមួយនៅក្នុងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ វាគឺជាផ្នែកមួយនៅក្នុងនោះ ហើយវាមានលក្ខណៈពិសេសបន្តិចបន្តួចបើនិយាយពីទម្រង់ ពោលគឺវាតម្រូវឱ្យព្រះជាម្ចាស់យាងមកក្នុងចំណោមមនុស្ស ដើម្បីមានព្រះបន្ទូល និងបំពេញកិច្ចការ។ ពោលគឺ ព្រះជាម្ចាស់យករូបអង្គជារូបកាយសាច់ឈាម ក្លាយជាមនុស្សសាមញ្ញម្នាក់ ហើយយាងមកបំពេញកិច្ចការក្នុងចំណោមមនុស្ស។ ក្រៅពីកិច្ចការនៃការថ្លែងព្រះបន្ទូលរបស់ទ្រង់ អ្វីដែលសំខាន់បំផុតនោះគឺ ការរងទុក្ខដែលសាច់ឈាមរបស់ទ្រង់បានស៊ូទ្រាំ។ នេះក៏ជាផ្នែកមួយនៃកិច្ចការផងដែរ ហើយវាគឺជាអ្វីដែលទ្រង់ត្រូវតែឆ្លងកាត់ និងត្រូវតែទ្រាំទ្រ។ ក្នុងអំឡុងពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល និងបំពេញកិច្ចការរបស់ទ្រង់ ក្រៅពីការមានព្រះបន្ទូល និងការបំពេញកិច្ចការ សាច់ឈាមរបស់ទ្រង់ក៏ត្រូវតែស៊ូទ្រាំនឹងការរងទុក្ខខ្លះផងដែរ។ វាជារឿងចៀសមិនរួចឡើយ ដែលព្រះជាម្ចាស់រងទុក្ខ នៅពេលរស់នៅក្នុងចំណោមមនុស្ស។ ព្រះជាម្ចាស់យាងមកជាសាច់ឈាម ហើយរស់នៅក្នុងចំណោមមនុស្ស ដើម្បីសង្គ្រោះមនុស្ស ដើម្បីផ្គត់ផ្គង់សេចក្ដីពិតដល់មនុស្ស ដើម្បីចង្អុលបង្ហាញផ្លូវដល់មនុស្ស និងដើម្បីប្រទានជីវិតដល់មនុស្ស។ ប៉ុន្តែអ្វីដែលទ្រង់ប្រឈមមុខ គឺជាមនុស្សជាតិដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ។ ដូច្នេះ តើព្រះជាម្ចាស់ត្រូវតែទ្រាំទ្រនឹងអ្វីខ្លះ? ទ្រង់ត្រូវតែទ្រាំទ្រនឹងការវិនិច្ឆ័យ ការប្រមាថ ទង្វើបះបោរ និងការក្បត់របស់មនុស្ស ព្រមទាំងការយល់ច្រឡំ ការប្រុងប្រយ័ត្ន និងការរអ៊ូរទាំរបស់មនុស្ស ក៏ដូចជារបៀបផ្សេងៗដែលពួកគេប្រព្រឹត្តបែបបង្គ្រប់កិច្ចចំពោះព្រះជាម្ចាស់ផងដែរ។ ទ្រង់ត្រូវទ្រាំទ្រនឹងរឿងទាំងនេះ។ មនុស្សមួយចំនួននិយាយថា៖ «ពួកទូលបង្គំមិនដែលឃើញព្រះអង្គទ្រាំទ្រនឹងរឿងទាំងនេះទេ»។ នៅពេលព្រះជាម្ចាស់យាងមកជាសាច់ឈាម ទ្រង់មិនរស់នៅក្នុងចំណោមអ្នកគ្មានជំនឿនោះទេ ផ្ទុយទៅវិញ ទ្រង់រស់នៅក្នុងចំណោមរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងរស់នៅក្នុងចំណោមមនុស្សដែលទ្រង់មានព្រះរាជបំណងចង់សង្គ្រោះ។ នៅពេលរស់នៅជាមួយមនុស្សទាំងនេះ សាច់ឈាមរបស់ទ្រង់ច្បាស់ជាត្រូវទាក់ទង ប្រាស្រ័យទាក់ទង និងប្រកបគ្នាជាមួយមនុស្សទាំងនេះ ធ្វើអន្តរកម្មជាមួយពួកគេ ហើយច្បាស់ជាត្រូវចាត់ចែងរឿងរ៉ាវជាច្រើនដោយចៀសមិនរួចឡើយ។ នៅពេលទ្រង់ចាត់ចែងរឿងទាំងនេះ មនុស្សនឹងបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយបែបសាតាំងដោយធម្មជាតិ។ តើអ្នកគិតថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានព្រះហឫទ័យសប្បាយរីករាយ ឬក៏មិនស្រួល នៅពេលទ្រង់ទតឃើញមនុស្សបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ? (គឺមិនស្រួលទេ។) តើការមានអារម្មណ៍ថាមិនស្រួល រាប់ថាជាការរងទុក្ខដែរឬទេ? (រាប់។) ចុះតើទ្រង់ឈប់សង្គ្រោះមនុស្ស ដោយសារតែទ្រង់មានព្រះហឫទ័យមិនស្រួលឬ? តើទ្រង់បោះបង់ចោលការបំពេញកិច្ចការរបស់ទ្រង់ ដោយសារតែទ្រង់មានព្រះហឫទ័យមិនស្រួលឬ? ឬមួយក៏ទ្រង់គ្រាន់តែបំផ្លាញមនុស្សចោលដោយផ្ទាល់តែម្ដង? ទ្រង់មិនអាចធ្វើដូច្នេះទេ។ អស់អ្នកដែលទ្រង់សង្គ្រោះ គឺពិតជាមនុស្សដែលពុករលួយយ៉ាងជ្រាលជ្រៅនេះឯង។ ភាពមិនស្រួលរបស់ទ្រង់ គឺជាបញ្ហាពិតប្រាកដមួយ។ សម្រាប់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ទ្រង់ត្រូវតែប្រឈមមុខនឹងរឿងទាំងអស់នេះ ហើយស៊ូទ្រាំនឹងរឿងទាំងអស់នេះ ដើម្បីសង្គ្រោះមនុស្សជាតិ។ ស្របពេលដែលប្រឈមមុខនឹងរឿងទាំងអស់នេះ និងស៊ូទ្រាំនឹងរឿងទាំងអស់នេះ ទ្រង់ក៏ត្រូវតែបន្តបំពេញកិច្ចការរបស់ទ្រង់ បន្តសម្ដែងចេញនូវព្រះបន្ទូលដើម្បីផ្គត់ផ្គង់សេចក្ដីពិត មានព្រះបន្ទូលទៅកាន់មនុស្សដោយក្ដីអត់ធ្មត់ និងដោយស្មោះស្ម័គ្រ និងបំពេញកិច្ចការក្នុងចំណោមមនុស្ស។ ទ្រង់មិនអាចបោះបង់ចោលការសង្គ្រោះមនុស្ស គ្រាន់តែដោយសារទ្រង់ទតឃើញថាមនុស្សត្រូវបានធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅពេក ថាទង្វើបះបោររបស់ពួកគេមានធំធេងពេក ឬថារឿងដែលពួកគេធ្វើគឺខុសទំនង និងគួរឱ្យខ្ពើមរអើមនោះឡើយ ពីព្រោះនេះគឺជាកិច្ចការរបស់ទ្រង់ ដូច្នេះហើយ ការស៊ូទ្រាំ និងការអនុវត្តសេចក្ដីអត់ធ្មត់ គឺជាផ្នែកមួយនៃកិច្ចការរបស់ទ្រង់ ហើយវាក៏ជាផ្នែកមួយនៃការដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បំពេញព័ន្ធកិច្ចរបស់ទ្រង់ និងបំពេញការទទួលខុសត្រូវរបស់ទ្រង់ផងដែរ។ ពោលគឺ នៅពេលនិយាយដល់មនុស្សជាតិ ព្រះជាម្ចាស់មានការទទួលខុសត្រូវ ទ្រង់ង្គមានក្ដីបារម្ភ ទ្រង់មានកិច្ចការ ហើយទ្រង់ក៏មានក្ដីរំពឹងផងដែរ។ ព្រះជាម្ចាស់ចង់សង្គ្រោះមនុស្សជាតិ ធ្វើឱ្យមនុស្សមួយក្រុមពេញខ្នាត ដើម្បីឱ្យពួកគេចូលទៅក្នុងយុគសម័យបន្ទាប់ និងប្រោសមនុស្សមួយក្រុមឱ្យបានពេញខ្នាត ដើម្បីឱ្យពួកគេសម្រេចបានសេចក្ដីសង្គ្រោះ និងក្លាយជាមនុស្សជាតិថ្មី ដោយនាំកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ទៅរកការសម្រេចបាន និងទទួលបានមនុស្សមួយចំណែក។ នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពីតជាបានយាងមកដើម្បីបំពេញព័ន្ធកិច្ចនេះឯង។ ដូច្នេះហើយ មុនពេលព្រះជាម្ចាស់ក្លាយជាសាច់ឈាមដើម្បីបំពេញកិច្ចការរបស់ទ្រង់ គឺមិនមែនទ្រង់មិនបានជ្រាបថា ទ្រង់នឹងត្រូវប្រឈមមុខនឹងមនុស្សមួយក្រុមដែលពុករលួយយ៉ាងជ្រាលជ្រៅនោះទេ។ ផ្ទុយទៅវិញ ទ្រង់បានជ្រាបយ៉ាងច្បាស់ថា ទ្រង់នឹងសង្គ្រោះមនុស្សមួយក្រុមដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅ។ ហេតុដូច្នេះហើយ សម្រាប់សារជាតិនិស្ស័យរបស់ព្រះជាម្ចាស់ អ្វីៗគ្រប់យ៉ាងដែលទ្រង់នឹងប្រឈមមុខ និងជួបប្រទះ នឹងក្លាយជាទុក្ខលំបាក។ ទុក្ខលំបាកទាំងនេះរួមមានទុក្ខលំបាកមួយចំនួនដែលបង្កឡើងដោយមជ្ឈដ្ឋានខាងក្រៅ ប៉ុន្តែទុក្ខលំបាកដែលបង្កឡើងដោយកាលៈទេសៈ គឺមិនមែនជាបញ្ហានោះទេ។ តើអ្វីទៅជាទុក្ខលំបាកពិតប្រាកដ? ខ្ញុំបានសួរអ្នករាល់គ្នាអម្បាញ់មិញនេះ ហើយអ្នករាល់គ្នាបាននិយាយថាមិនដឹងទេ ដូច្នេះ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នា នោះបន្ទាប់មក អ្នករាល់គ្នានឹងដឹងមិនខាន។ នៅពេលដែលដឹងហើយ អ្នករាល់គ្នានឹងអាចយល់បាន។
បន្ទាប់ពីព្រះជាម្ចាស់ក្លាយជាសាច់ឈាម និស្ស័យ និងសារជាតិរបស់ទ្រង់នៅតែមិនបានផ្លាស់ប្ដូរដដែល។ ទ្រង់មានជីវិតជាព្រះ ហើយទ្រង់ក៏មាននិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ ដូច្នេះ បើនិយាយពីសារជាតិ និងព្រះជន្មរបស់ទ្រង់ មនុស្សជាតិដែលពុករលួយ មិនអាចស្របគ្នានឹងទ្រង់បានឡើយ។ ភាពមិនអាចស្របគ្នានឹងព្រះជាម្ចាស់នេះ មិនមែនមានន័យថា មនុស្សមិនអាចចុះសម្រុងនឹងព្រះជាម្ចាស់ ទាក់ទងនឹងទម្លាប់នៃការរស់នៅ ឬបុគ្គលិកលក្ខណៈនោះទេ ផ្ទុយទៅវិញ វាមានន័យថា មនុស្សមិនអាចស្របគ្នានឹងព្រះជាម្ចាស់បានឡើយ នៅពេលនិយាយដល់គំនិត និងទស្សនៈផ្សេងៗ ព្រមទាំងគោលការណ៍ និងវិធីសាស្ត្រអំពីរបៀបប្រព្រឹត្តចំពោះមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗផ្សេងៗ។ តើនេះមិនមែនជាការពិតទេឬ? (ជាការពិតមែន។) មូលហេតុនៃភាពមិនអាចស្របគ្នានឹងព្រះជាម្ចាស់នេះ គឺដោយសារតែមនុស្សជាតិដែលពុករលួយ ទទួលរងឥទ្ធិពល និងការបញ្ជ្រាបគំនិតយ៉ាងជ្រាលជ្រៅពីសាតាំង បានទទួលយកការល្បួងរបស់សាតាំង ហើយធ្វើអ្វីៗគ្រប់យ៉ាងដោយផ្អែកលើគំនិត និងទស្សនៈរបស់សាតាំង។ គំនិត និងទស្សនៈទាំងនេះរបស់សាតាំង សុទ្ធតែខុសទំនង ហើយវាសុទ្ធតែជាអ្វីៗដែលអវិជ្ជមាន ហេតុនេះ មនុស្សគ្រប់គ្នាក៏មើលទៅកិច្ចការរបស់ព្រះជាម្ចាស់ និងមើលទៅព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដោយទស្សនៈ និងវិធីសាស្ត្រដែលខុសទំនងទាំងនេះ។ នៅពេលនិយាយដល់មនុស្សជាតិ គ្មានមនុស្សណាម្នាក់អាចយល់ពីសារជាតិរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងសូម្បីតែបំណងព្រះហឫទ័យដ៏ផ្ចិតផ្ចង់របស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិបានឡើយ ហើយក៏គ្មានមនុស្សណាម្នាក់អាចទទួលដឹងពីរឿងទាំងនេះបានដែរ។ ជាការពិតណាស់ ក៏គ្មាននរណាម្នាក់អាចប្រព្រឹត្ត និងទទួលយករឿងទាំងនេះបានយ៉ាងត្រឹមត្រូវដែរ ហើយរឹតតែគ្មាននរណាម្នាក់អាចគិតគូរដល់ទ្រង់បានយ៉ាងពិតប្រាកដទៅទៀត។ ទោះជាយ៉ាងនេះក្ដី ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នៅតែត្រូវតែសម្រេចកិច្ចការនៃការសង្គ្រោះមនុស្សជាតិនេះដដែល ហើយទ្រង់ត្រូវតែប្រទានសេចក្ដីពិត ផ្លូវ និងជីវិតដល់មនុស្ស។ នៅក្នុងដំណើរការនៃការប្រទានសេចក្ដីពិត ផ្លូវ និងជីវិតដល់មនុស្ស ទ្រង់ក៏ត្រូវស៊ូទ្រាំនឹងការយល់ច្រឡំ ការរអ៊ូរទាំ និងការវិនិច្ឆ័យរបស់មនុស្ស ហើយសូម្បីតែការបដិសេធ និងការគេចវេះរបស់គេទៀតផង ពោលគឺ ទ្រង់ត្រូវតែប្រឈមមុខនឹងទម្រង់ផ្សេងៗនៃទង្វើបះបោររបស់មនុស្ស។ មិនថាព្រះជាម្ចាស់ប្រកបគ្នាអំពីសេចក្ដីពិតដោយការអត់ធ្មត់ និងដោយស្មោះអស់ពីព្រះហឫទ័យយ៉ាងណាក៏ដោយ ឬមិនថាទ្រង់សង្គ្រោះមនុស្សជាតិដោយបំណងព្រះហឫទ័យដ៏ផ្ចិតផ្ចង់ខ្លាំងយ៉ាងណាក៏ដោយ ក៏ដើម្បីនាំមនុស្សឱ្យចូលទៅក្នុងគន្លងត្រឹមត្រូវ និងនាំមនុស្សឱ្យចូលទៅក្នុងផ្លូវនៃសេចក្ដីសង្គ្រោះ គឺវាពិបាកខ្លាំងណាស់ក្នុងការធ្វើឱ្យមនុស្សយល់ពីទ្រង់បានយ៉ាងពេញលេញ។ ក្នុងន័យនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវតែអនុវត្តសេចក្ដីអត់ធ្មត់ជានិច្ច និងអនុវត្តការអត់ឱនជានិច្ច មិនដែលនឿយហត់ក្នុងការមានព្រះបន្ទូល និងការបំពេញកិច្ចការឡើយ ហើយតាមរយៈវិធីសាស្ត្រផ្សេងៗ និងពីជ្រុងផ្សេងៗគ្នា ទ្រង់ធ្វើឱ្យមនុស្សបោះបង់ចោលទស្សនៈដែលខុសទំនងរបស់ពួកគេ ដើម្បីឱ្យពួកគេអាចចាប់អារម្មណ៍លើអ្វីៗដែលវិជ្ជមាន និងគោលការណ៍សេចក្ដីពិតដែលព្រះជាម្ចាស់បង្រៀនមនុស្ស ហើយឈានជើងចូលទៅក្នុងផ្លូវនៃការដេញតាមសេចក្ដីពិត។ ការស៊ូទ្រាំនឹងរឿងនេះ គឺឈឺចាប់ខ្លាំងណាស់។ មិនថាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប្រកបគ្នាអំពីសេចក្ដីពិតច្រើនប៉ុនណានោះទេ ក៏ទ្រង់នៅតែត្រូវប្រឈមមុខនឹងការយល់ច្រឡំ ការរអ៊ូរទាំ និងសូម្បីតែការដោះសា និងការការពារខ្លួនរបស់មនុស្សដដែល។ មិនថាទ្រង់មានព្រះតម្រិះគិតគូរដ៏ផ្ចិតផ្ចង់ចំពោះមនុស្សច្រើនប៉ុនណា និងមិនថាទ្រង់លះបង់ព្រះកាយរបស់ទ្រង់ដោយមិនអាត្មានិយមយ៉ាងណានោះទេ ក៏ទ្រង់នៅតែត្រូវតែស៊ូទ្រាំនឹងទង្វើបះបោររបស់មនុស្ស និងសូម្បីតែការសម្លក់សម្លឹងយ៉ាងត្រជាក់ស្រេបរបស់ពួកគេដដែល ហើយទ្រង់ក៏ត្រូវតែប្រឈមមុខនឹងការជំរិតទាមទារពីបុគ្គលមួយចំនួនផងដែរ។ ទោះជាយ៉ាងនេះក្ដី ពេញមួយដំណើរការនេះ កិច្ចការរបស់ព្រះជាម្ចាស់មិនដែលបញ្ឈប់ឡើយ ហើយវឌ្ឍនភាពនៃកិច្ចការរបស់ទ្រង់ក៏មិនដែលយឺតយ៉ាវដែរ ហើយល្បឿនដែលទ្រង់ដឹកនាំមនុស្សជាតិទៅមុខ ក៏មិនដែលយឺតយ៉ាវដែរ។ ទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដូចសព្វមួយដង ហើយសម្ដែងចេញនូវព្រះបន្ទូលរបស់ទ្រង់ និងការថ្លែងព្រះបន្ទូលរបស់ទ្រង់ដូចសព្វមួយដង។ នៅក្នុងដំណើរការនេះ ម្យ៉ាងគឺ ដោយសារទ្រង់គឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ទ្រង់មានមនសិការជាមនុស្ស និងមានការដឹងពីមនោសញ្ចេតនា។ ពោលគឺ បើមើលពីទស្សនៈនៃភាពជាមនុស្ស ទ្រង់ក៏មានភាពរសើបផងដែរ។ ទ្រង់មានអារម្មណ៍ ទ្រង់មានមនោសញ្ចេតនា ហើយទ្រង់មានការដឹងខ្លួន គឺទ្រង់មិនមែនគ្មានការដឹងខ្លួននោះទេ។ បើនិយាយពីភាពជាមនុស្ស ភាពជាមនុស្សរបស់ទ្រង់មិនលើសពីមនោសញ្ចេតនាខាងសាច់ឈាម ឬលើសពីមនសិការនៃសាច់ឈាម ដូចព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នោះទេ។ ដូច្នេះហើយ សម្រាប់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក្នុងការទ្រាំទ្រនឹងទង្វើបះបោររបស់មនុស្សជាតិ ទ្រង់ស៊ូទ្រាំនឹងការរងទុក្ខកាន់តែខ្លាំង ហើយត្រូវតែទ្រាំទ្រនឹងការឈឺចាប់កាន់តែច្រើន។ នេះគឺជាប្រភេទដ៏ធំធេងបំផុតមួយនៃការរងទុក្ខ ដែលព្រះជាម្ចាស់ស៊ូទ្រាំ។ ក្រៅពីការស៊ូទ្រាំ និងការទ្រាំទ្រនឹងទម្រង់ផ្សេងៗនៃទង្វើបះបោររបស់មនុស្សក្នុងរយៈពេលយូរ នៅមានការរងទុក្ខមួយប្រភេទទៀត ដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រូវតែស៊ូទ្រាំ ក្នុងការបំពេញកិច្ចការរបស់ទ្រង់ និងការបំពេញព័ន្ធកិច្ចរបស់ទ្រង់ ពោលគឺ ទ្រង់រស់នៅក្នុងចំណោមមនុស្សជាតិ តែទ្រង់មិនមែនជាសមាជិកនៃមនុស្សជាតិឡើយ។ តើនេះមានអត្ថន័យបង្កប់យ៉ាងដូចម្ដេច? ព្រះជាម្ចាស់មានសារជាតិជីវិតដែលខុសពីសារជាតិជីវិតនៃមនុស្សជាតិ ហើយមានព្រះតម្រិះ និងទស្សនៈអំពីរបៀបប្រព្រឹត្តចំពោះអ្វីៗ និងព្រឹត្តិការណ៍ទាំងអស់ ដែលខុសពីអ្វីដែលមនុស្សជាតិមាន។ ជាការពិតណាស់ ដោយសារតែភាពខុសគ្នាទាំងពីរនេះ មុនពេលកិច្ចការរបស់ព្រះជាម្ចាស់ទទួលបានមនុស្សមួយក្រុមដែលសម្រេចបានសេចក្ដីសង្គ្រោះ តើការពិតបែបសត្យានុម័តអ្វី ដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប្រឈមមុខ ខណៈពេលកំពុងរស់នៅក្នុងចំណោមមនុស្ស? នោះគឺថា គ្មាននរណាម្នាក់មានជីវិតនៃសេចក្ដីពិតដែលទ្រង់មាន យ៉ាងពិតប្រាកដឡើយ ហើយក៏គ្មាននរណាម្នាក់មានការយល់ដឹងអំពីផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែលទ្រង់មាន យ៉ាងពិតប្រាកដដែរ។ ហេតុដូច្នេះហើយ ខណៈពេលប្រឈមមុខនឹងមនុស្សជាតិដែលពុករលួយ ឬរស់នៅក្នុងចំណោមពួកគេ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សផ្ទាល់ព្រះអង្គ គឺឯកោ បើទោះបីជាមានមនុស្សមិនតិចទេនៅក្នុងពួកជំនុំដែលដើរតាមព្រះជាម្ចាស់ក៏ដោយ។ តើនេះមិនមែនជាការពិតទេឬ? (ជាការពិតមែន។) ខ្ញុំមិនអាចនិយាយថា សេចក្ដីពិតទាំងអស់នេះដែលខ្ញុំបានប្រកបគ្នា គឺហួសពីសមត្ថភាពរបស់មនុស្សគ្រប់គ្នានោះទេ ប៉ុន្តែយ៉ាងហោចណាស់ រហូតមកទល់ពេលនេះ គ្មានមនុស្សណាម្នាក់អាចយល់បានទាំងស្រុងពីគ្រប់ទិដ្ឋភាពនៃសេចក្ដីពិតឡើយ។ ប្រហែលជាក្រោយពីដកបទពិសោធពីរឿងរ៉ាវនានារយៈពេលដប់ឆ្នាំ ឬម្ភៃឆ្នាំទៀត និងបំពេញភារកិច្ចរបស់អ្នករយៈពេលដប់ឆ្នាំ ឬម្ភៃឆ្នាំទៀត អ្នករាល់គ្នានឹងមានការយល់ដឹង និងមានបទពិសោធអំពីគោលការណ៍សេចក្ដីពិតមួយចំនួន ហើយអ្នករាល់គ្នានឹងទទួលបានផលខ្លះ។ អ្នករាល់គ្នានឹងដឹងពីរបៀបបំពេញកិច្ចការ ហើយអ្នករាល់គ្នានឹងដឹងពីគំនិត និងទស្សនៈដ៏ត្រឹមត្រូវ ដែលអ្នករាល់គ្នាគួរតែប្រព្រឹត្តចំពោះរឿងផ្សេងៗដែលអ្នករាល់គ្នាជួបប្រទះ។ ក៏ប៉ុន្តែ សេចក្ដីពិតដែលអ្នករាល់គ្នាយល់ តាមពិតទៅ នឹងនៅតែមានកម្រិតខ្លាំងដដែល។ ហេតុដូច្នេះហើយ នៅពេលចាត់ចែងបញ្ហាមួយចំនួន ឬនៅពេលប្រព្រឹត្តចំពោះរឿងរ៉ាវផ្សេងៗ ពួកយើងមិនដែលអាចឈានដល់ការឯកភាពគ្នាទាំងស្រុងនៅក្នុងទស្សនៈរបស់យើងឡើយ។ មូលហេតុឫសគល់នៃរឿងនេះ គឺកម្រិតខុសៗគ្នានៃការយល់ដឹងអំពីសេចក្ដីពិត។ ម្យ៉ាងគឺ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវតែស៊ូទ្រាំនឹងការប្រព្រឹត្តយ៉ាងអយុត្តិធម៌ផ្សេងៗពីមនុស្សជាតិ ហើយទ្រង់ក៏ត្រូវតែស៊ូទ្រាំនឹងសញ្ញាណ ការស្រមើស្រមៃ និងការទាមទារដែលមិនសមហេតុផលផ្សេងៗរបស់ពួកគេ ដែលមិនស្របនឹងសេចក្ដីពិតផងដែរ។ ម្យ៉ាងវិញទៀត ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏ត្រូវតែស៊ូទ្រាំនឹងរឿងដ៏ឈឺចាប់បំផុតផងដែរ ដែលវាក៏ជាប្រភេទមួយនៃការរងទុក្ខ ដែលទ្រង់ត្រូវតែស៊ូទ្រាំដោយជៀសមិនរួចនោះគឺ៖ ដោយសារតែមានភាពខុសគ្នារវាងសារជាតិរបស់មនុស្ស និងសារជាតិរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនថាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបំពេញកិច្ចការក្នុងចំណោមមនុស្សអស់ប៉ុន្មានឆ្នាំនោះទេ ក៏ទ្រង់នៅតែឯកោដដែល។ ចូរប្រាប់ខ្ញុំមកមើល៍ តើអារម្មណ៍ឯកោ គឺជាទម្រង់មួយនៃការរងទុក្ខដែរឬទេ? (មែនហើយ។) អារម្មណ៍ឯកោ គឺជាទម្រង់មួយនៃការរងទុក្ខ។ មិនថាសេចក្ដីពិតត្រូវបានប្រកបគ្នាយ៉ាងច្បាស់លាស់ និងយ៉ាងក្បោះក្បាយប៉ុនណានោះទេ ក៏ការចូលទៅក្នុងរបស់មនុស្សជាតិ នៅតែយឺតយ៉ាវដដែល។ កំហុសដដែលៗ និងសេចក្ដីពុករលួយដដែលៗ តែងតែកើតឡើង និងបន្តលេចឡើងម្ដងហើយម្ដងទៀត។ ដោយសេចក្ដីអត់ធ្មត់ និងដោយស្មោះអស់ពីព្រះហឫទ័យ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស តែងតែប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីផ្គត់ផ្គង់ដល់មនុស្ស ហើយតែងតែបង្ហាញសេចក្ដីអត់ធ្មត់ និងការអត់ឱនចំពោះពួកគេ លុះត្រាតែដល់ថ្ងៃដែលកិច្ចការរបស់ព្រះជាម្ចាស់បញ្ចប់ ទើបទ្រង់នឹងលែងត្រូវស៊ូទ្រាំនឹងការរងទុក្ខនេះតទៅទៀត។ នេះគឺដោយសារតែកិច្ចការទាំងស្រុង។ បន្ថែមពីលើនេះ ខ្ញុំ ដែលជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានផ្នែកជាច្រើននៅក្នុងជីវិតប្រចាំថ្ងៃផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលតាមពិតទៅគឺសមរម្យខ្លាំងណាស់ ប៉ុន្តែផ្នែកទាំងនោះក៏រងនូវការរិះគន់ និងការវិនិច្ឆ័យរបស់មនុស្ស ហើយរងនូវការយល់ច្រឡំរបស់មនុស្សផងដែរ ហើយបុគ្គលមួយចំនួនថែមទាំងបង្កជារឿងរញ៉េរញ៉ៃអំពីរឿងទាំងនេះទៀតផង។ មនុស្សមិនអាចស្របគ្នានឹងព្រះជាម្ចាស់បានឡើយ។ ម្យ៉ាង នេះគឺដោយសារតែមនុស្សមានសារជាតិនៃនិស្ស័យពុករលួយ។ ម្យ៉ាងវិញទៀត បើនិយាយពីកម្ពស់របស់មនុស្ស បើនិយាយពីកម្រិតដែលគេស្រឡាញ់សេចក្ដីពិត និងបើនិយាយពីអាកប្បកិរិយារបស់គេចំពោះអ្វីៗដែលវិជ្ជមាន នៅកម្រិតបច្ចុប្បន្នរបស់គេ គឺមិនអាចទៅរួចឡើយដែលមនុស្សអាចស្របគ្នានឹងព្រះជាម្ចាស់នោះ។ ទោះបីជាមនុស្សអាចដេញតាមសេចក្ដីពិតដល់កម្រិតខ្ពស់បំផុតក៏ដោយ ឬខ្ញុំអាចអត់ឱនចំពោះអ្នករាល់គ្នាដល់កម្រិតខ្ពស់បំផុតក៏ដោយ ក៏វានឹងនៅតែមិនអាចទៅរួចដដែល ដែលមនុស្ស និងព្រះជាម្ចាស់អាចស្របគ្នាបាននោះ នៅក្នុងបរិបទនេះ ប្រសិនបើសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នករាល់គ្នាតឹងរ៉ឹងពេក ឬទាមទារខ្លាំងពេកទាក់ទងនឹងល្បឿន នោះអ្នករាល់គ្នានឹងមិនអាចឈានដល់ ឬសម្រេចបានសេចក្ដីតម្រូវទាំងនោះឡើយ ហើយមនុស្សមួយចំនួនដែលមានកម្ពស់តូចទាប នឹងងាយក្លាយជាអវិជ្ជមាន និងទន់ខ្សោយ។ ហេតុផលនេះហើយ ដែលនៅក្នុងបរិបទនេះ ខ្ញុំអាចត្រឹមតែយោគយល់ ហើយខ្ញុំអាចត្រឹមតែអនុវត្តសេចក្ដីអត់ធ្មត់ និងរង់ចាំប៉ុណ្ណោះ។ តើការដែលខ្ញុំរង់ចាំ មានន័យយ៉ាងដូចម្ដេច? វាមានន័យថា មានការរំពឹងទុកដ៏ល្អ ហើយសម្លឹងមើលអ្នករាល់គ្នាដោយក្ដីរំពឹង និងដោយបំណងប្រាថ្នាដ៏ស្រស់បំព្រង ពោលគឺសម្លឹងមើលអ្នករាល់គ្នាតាមរបៀបនេះ និងដោយចិត្តគំនិតបែបនេះ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ មនុស្សមួយចំនួនក្នុងចំណោមអ្នករាល់គ្នា អាចឈានជើងចូលទៅក្នុងផ្លូវនៃការដេញតាមសេចក្ដីពិត ឬមនុស្សមួយចំនួនក្នុងចំណោមអ្នករាល់គ្នា អាចក្លាយជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ និងថ្វាយបង្គំព្រះជាម្ចាស់ ដូចជាពេត្រុស ដូចជាយ៉ូប និងដូចជាអ័ប្រាហាំដែរ។ ខ្ញុំទន្ទឹងរង់ចាំថ្ងៃនេះ។ អស់ជាច្រើនឆ្នាំមកនេះ ក្នុងការមានព្រះបន្ទូល និងការអធិប្បាយប្រាប់អ្នករាល់គ្នា ក្នុងការប្រកបគ្នាអំពីកិច្ចការជាមួយអ្នករាល់គ្នា និងក្នុងការមានព្រះបន្ទូលប្រាប់អំពីរឿងរ៉ាវប្រចាំថ្ងៃ ខ្ញុំតែងតែមានចិត្តគំនិតបែបនេះជានិច្ច។ មិនថាខ្ញុំនៅម្នាក់ឯង ឬរស់នៅក្នុងចំណោមអ្នករាល់គ្នានោះទេ សភាពចិត្តដែលខ្ញុំកំពុងមាននេះ មិនបានផ្លាស់ប្ដូរឡើយ ហើយចិត្តគំនិតរបស់ខ្ញុំនេះ ក៏មិនបានផ្លាស់ប្ដូរដែរ អារម្មណ៍នេះតែងតែនៅដក់ជាប់ជានិច្ច។ ដូច្នេះ ខ្ញុំនិយាយថា ការរងទុក្ខទាក់ទងនឹងមជ្ឈដ្ឋាន ឬតម្រូវការប្រចាំថ្ងៃ ដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ស៊ូទ្រាំដោយសារតែកិច្ចការរបស់ទ្រង់ គឺមិនមែនជារឿងធំដុំឡើយ ហើយក៏មិនសមនឹងលើកយកមកនិយាយដែរ ពោលគឺការរងទុក្ខពិតប្រាកដដែលខ្ញុំស៊ូទ្រាំ គឺជារឿងដែលអ្នករាល់គ្នាមិនអាចមើលឃើញ និងមិនអាចទទួលដឹងបានឡើយ។ នេះហើយជារបៀបដែលខ្ញុំបានឆ្លងកាត់ អស់ជាច្រើនឆ្នាំមកនេះ។ គ្មាននរណាម្នាក់ខ្វល់ពីរឿងទាំងនេះទេ ហើយការរងទុក្ខដែលខ្ញុំស៊ូទ្រាំនៅក្នុងចិត្តរបស់ខ្ញុំ មិនអាចប្រាប់ឱ្យមនុស្សដឹងបានឡើយ។ មនុស្សក៏មិនអាចមើលឃើញរឿងនេះពីខាងក្រៅបានដែរ។ អារម្មណ៍របស់ខ្ញុំមិនផ្លាស់ប្ដូរ បុគ្គលិកលក្ខណៈរបស់ខ្ញុំមិនផ្លាស់ប្ដូរ ទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំមិនរងផលប៉ះពាល់ ហើយកិច្ចការក៏មិនរងផលប៉ះពាល់ដែរ ប៉ុន្តែនៅក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំត្រូវតែស៊ូទ្រាំនឹងភាពឯកោ ហើយភាពឯកោនេះ គឺជារឿងដែលនៅដក់ជាប់។ ចូរប្រាប់ខ្ញុំមកមើល៍ តើការរងទុក្ខនេះធំធេងដែរឬទេ? តើនេះគឺជាការរងទុក្ខពិតប្រាកដមែនទេ? (មែនហើយ។) ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាកុំឱ្យផ្សព្វផ្សាយតៗគ្នាពីរឿងដែលគ្មានប្រយោជន៍ទាំងនោះ។ អ្នករាល់គ្នាមិនដឹង និងមិនអាចទទួលដឹងពីការរងទុក្ខពិតប្រាកដដែលខ្ញុំស៊ូទ្រាំឡើយ។ ហេតុអ្វីបានជាខ្ញុំមិនដែលប្រាប់អ្នករាល់គ្នា អំពីការរងទុក្ខដែលខ្ញុំស៊ូទ្រាំនេះ? អ្នករាល់គ្នានឹងមិនយល់ទេ ហើយទោះបីជាខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីរឿងនេះក៏ដោយ តើវានឹងនាំមកនូវប្រយោជន៍អ្វីទៅ? វាមិនអាចជំនួសការបំពេញកិច្ចការបានទេ វាមិនអាចជំនួសការប្រកបគ្នាអំពីសេចក្ដីពិតបានទេ ហើយវាក៏មិនអាចជំនួសការដាក់ទណ្ឌកម្ម និងការជំនុំជម្រះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរ។
ក្រៅពីការរងទុក្ខចំនួនពីរប្រភេទដែលពួកយើងទើបតែបាននិយាយរួចមក ពោលគឺការស៊ូទ្រាំនឹងទម្រង់ផ្សេងៗនៃសេចក្ដីពុករលួយ និងទង្វើបះបោររបស់មនុស្សជាតិ ព្រមទាំងការស៊ូទ្រាំនឹងភាពឯកោ ក៏នៅមានការរងទុក្ខមួយប្រភេទទៀត ដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សស៊ូទ្រាំ។ អ្នករាល់គ្នាប្រហែលជាមិនអាចទទួលដឹងពីការរងទុក្ខប្រភេទនេះបានឡើយ ប៉ុន្តែដោយសារពួកយើងកំពុងនិយាយអំពីប្រធានបទនៃការរងទុក្ខ ចូរយើងប្រកបគ្នាអំពីរឿងនេះចុះ។ ព្រះជាម្ចាស់បាននិងកំពុងបំពេញកិច្ចការនៃការសង្គ្រោះមនុស្សជាតិអស់រយៈពេលប្រាំមួយពាន់ឆ្នាំមកហើយ។ ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានរៀបផែនការចង់ទទួលបានមនុស្សមួយក្រុម មិនថាតាមរយៈការមានព្រះបន្ទូល ឬតាមរយៈការប្រើប្រាស់ទម្រង់ផ្សេងណាមួយនោះទេ គឺព្រះជាម្ចាស់បានចាប់ផ្ដើមបើកបង្ហាញកិច្ចការនេះឡើង។ ដូច្នេះ តើការបើកបង្ហាញកិច្ចការនេះមានអត្ថន័យយ៉ាងដូចម្ដេចសម្រាប់ព្រះជាម្ចាស់? តើវាមានអត្ថន័យយ៉ាងដូចម្ដេចសម្រាប់មនុស្សជាតិ? វាមានន័យថា ព្រះជាម្ចាស់ហៀបនឹងទទួលបានមនុស្សមួយក្រុម។ បំណងព្រះហឫទ័យ និងផែនការរបស់ព្រះជាម្ចាស់ត្រូវបានកំណត់រួចរាល់ហើយ ហើយទ្រង់ចង់ទទួលបានមនុស្សមួយក្រុម ហើយនៅទីបំផុត មនុស្សមួយក្រុមនេះនឹងក្លាយជាផ្លែផ្ការបស់កិច្ចការនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់។ ដោយសារព្រះជាម្ចាស់បានរៀបចំផែនការ និងបានកំណត់រឿងនេះ ព្រះជាម្ចាស់មានការរំពឹងទុកចំពោះលទ្ធផលនេះ។ ការរំពឹងទុកទាំងនេះ បានអមដំណើរជាមួយកិច្ចការរបស់ទ្រង់រហូតមក។ ចាប់ពីយុគសម័យនៃក្រឹត្យវិន័យ រហូតដល់យុគសម័យនៃព្រះគុណ ព្រះជាម្ចាស់តែងតែមានការរំពឹងទុកចំពោះលទ្ធផលនេះជានិច្ច ហើយការរំពឹងទុកទាំងនេះបានបន្តឥតដាច់ដល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នៅក្នុងដំណាក់កាលទីបីនៃកិច្ចការ។ ដោយសារព្រះជាម្ចាស់បានក្លាយជាសាច់ឈាមម្ដងទៀត មិនថាទ្រង់មានភេទអ្វី ស្ថានភាពរបស់ទ្រង់បែបណា ឬទ្រង់រស់នៅក្នុងមជ្ឈដ្ឋានសង្គមបែបណានោះទេ ក៏ការរំពឹងទុកទាំងនេះតែងតែអមដំណើរជាមួយកិច្ចការរបស់ព្រះអង្គជានិច្ច។ ហេតុដូច្នេះហើយ នៅពេលនិយាយដល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សអង្គនេះ ទ្រង់ក៏ត្រូវតែទទួលយកការរំពឹងទុកទាំងនេះផងដែរ។ គេក៏អាចនិយាយបានដែរថា ទ្រង់ទទួលយកការទទួលខុសត្រូវ និងបន្ទុកពីព្រះជាម្ចាស់ ហើយបំពេញកិច្ចការរបស់ទ្រង់ដោយមានការរំពឹងទុកទាំងនេះ។ ទោះបីជាទ្រង់ទាំងពីរព្រះអង្គមានការរំពឹងទុកដូចគ្នាក៏ដោយ ក៏ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សអង្គនេះ បំពេញកិច្ចការក្នុងរយៈពេលយូរជាងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សលើកទីមួយឆ្ងាយណាស់។ ដោយសារទ្រង់ត្រូវតែផ្គត់ផ្គង់ដល់មនុស្សនូវសេចក្ដីពិតទាំងអស់ដែលពួកគេគួរតែយល់ លក្ខណៈនៃកិច្ចការនេះតម្រូវឱ្យទ្រង់រស់នៅក្នុងចំណោមមនុស្សក្នុងរយៈពេលដ៏យូរ។ វាមិនមែនគ្រាន់តែថា ទ្រង់បញ្ចប់កិច្ចការ និងផ្ដល់របាយការណ៍ ហើយដោយហេតុនេះ ព័ន្ធកិច្ចរបស់ទ្រង់ក៏ត្រូវបានសម្រេចនោះទេ ផ្ទុយទៅវិញ ក្នុងអំឡុងពេលដែលទ្រង់បំពេញកិច្ចការនេះ ទ្រង់រក្សាទុកការរំពឹងទុកនៅក្នុងព្រះហឫទ័យ ដោយចង់ឃើញលទ្ធផលនោះ។ លទ្ធផលនេះមិនមែនកើតឡើងត្រឹមតែមួយយប់នោះទេ ហើយក៏មិនមែនកើតឡើងសូម្បីតែក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំដែរ។ ផ្ទុយទៅវិញ លទ្ធផលនេះត្រូវតែមានការតាមដាន ការយកចិត្តទុកដាក់ និងការរង់ចាំក្នុងរយៈពេលយូរ។ ដូចនេះ ទ្រង់ត្រូវតែចំណាយពេលយ៉ាងយូរក្នុងការតាមដាន និងរង់ចាំលទ្ធផលនេះ ហើយទន្ទឹងរង់ចាំទតឃើញលទ្ធផលបែបនេះ។ ការតាមដាន និងការរង់ចាំនេះ គឺជាការទទួលខុសត្រូវ គឺជាបន្ទុក ហើយជាការពិតណាស់ វាគឺជាកម្រិតមួយនៃការឈឺចាប់សម្រាប់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ទាំងនេះសុទ្ធតែជារឿងដែលស្ថិតនៅក្នុងវិសាលភាពនៃការទទួលខុសត្រូវនៃព័ន្ធកិច្ចរបស់ទ្រង់ វាត្រូវបានរាប់បញ្ចូលនៅក្នុងដែនទទួលខុសត្រូវនៃកិច្ចការដំណាក់កាលនេះ ហើយវាគឺជាផ្នែកមួយនៃកិច្ចការដំណាក់កាលនេះ។ ដំបូង ទ្រង់ត្រូវតែអត់ធ្មត់ ហើយទ្រង់ក៏ត្រូវតែស៊ូទ្រាំនឹងភាពឯកោផងដែរ បន្ទាប់មក ទ្រង់ត្រូវតែតាមដាន និងរង់ចាំ។ គ្មានទិដ្ឋភាពណាមួយក្នុងចំណោមទិដ្ឋភាពទាំងនេះ ដែលអាចខ្វះបានឡើយ។ ទិដ្ឋភាពទាំងបីនេះ សុទ្ធតែឈឺចាប់ខ្លាំងណាស់សម្រាប់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ទ្រង់មិនអាចដកព្រះអង្គទ្រង់ចេញពីទិដ្ឋភាពណាមួយក្នុងចំណោមទិដ្ឋភាពទាំងនេះបានឡើយ គ្មាននរណាម្នាក់អាចឆ្លងកាត់ការឈឺចាប់ជំនួសទ្រង់បានទេ ហើយក៏គ្មានវិធីសាស្ត្រល្អណាមួយដើម្បីដោះស្រាយ ឬរំដោះខ្លួនចេញពីរឿងទាំងនេះបានដែរ។ នេះគឺជារឿងដ៏ឈឺចាប់បំផុតសម្រាប់ព្រះជាម្ចាស់។ ហេតុដូច្នេះហើយ តើការរងទុក្ខអ្វីដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សស៊ូទ្រាំនៅក្នុងជីវិតប្រចាំថ្ងៃរបស់ទ្រង់ ថាតើទ្រង់លះបង់ព្រះអង្គទ្រង់ច្រើនប៉ុនណា និងថាតើទ្រង់លះបង់ច្រើនប៉ុនណា សុទ្ធតែមិនមែនជារឿងធំដុំឡើយ ព្រោះមិនថាទ្រង់ស៊ូទ្រាំនឹងការរងទុក្ខពីខាងក្រៅនេះច្រើនប៉ុនណានោះទេ ក៏វាមិនអាចដោះស្រាយការឈឺចាប់ដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទទួលដឹង ពីការស៊ូទ្រាំនឹងទម្រង់ផ្សេងៗនៃសេចក្ដីពុករលួយ និងទង្វើបះបោររបស់មនុស្សជាតិបានឡើយ ហើយវាក៏មិនអាចរំដោះសាច់ឈាមដែលយកកំណើតជាមនុស្សចេញពីភាពឯកោបានដែរ ហើយជាការពិតណាស់ វារឹតតែមិនអាចជំនួសលទ្ធផលដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ឬព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ រំពឹងទុកទៅទៀត។ រឿងទាំងបីនេះ គឺជាផ្នែកមួយនៃការទទួលខុសត្រូវដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបំពេញ ក្នុងការយាងមកក្នុងចំណោមមនុស្ស ដើម្បីបំពេញដំណាក់កាលចុងក្រោយនៃកិច្ចការ ហើយវាគឺជាការពិតសត្យានុម័តដែលទ្រង់ត្រូវតែប្រឈមមុខ។ ចាប់តាំងពីពេលដែលខ្ញុំបានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ខ្ញុំជាផ្លូវការរហូតមកទល់ពេលនេះ អស់រយៈពេលជាងសាមសិបឆ្នាំមកហើយ ខ្ញុំបានរស់នៅក្នុងសភាពបែបនេះជាប់ជានិច្ច។ វាអាចទៅរួចដែលថា ប្រសិនបើខ្ញុំបានប្រាប់អ្នករាល់គ្នាកាលពីដប់ឆ្នាំមុនថា នេះគឺជាផ្នែកមួយនៃការរងទុក្ខដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សស៊ូទ្រាំ នោះអ្នករាល់គ្នានឹងមិនយល់ទេ ហើយអ្នករាល់គ្នានឹងមិនមានអារម្មណ៍ដឹងពីអ្វីឡើយ ដោយនិយាយថា៖ «តើរឿងនោះរាប់ថាជាការរងទុក្ខយ៉ាងដូចម្ដេចទៅ? ព្រះអង្គមានឋានៈខ្ពង់ខ្ពស់បែបនេះ ព្រះអង្គប្រាកដជាសោយបានល្អ សោយសុខនឹងរបស់ល្អៗ ហើយមិនខ្វះខាតអ្វីឡើយ។ លើសពីនេះទៅទៀត ព្រះអង្គមានមនុស្សជាច្រើនដើរតាមព្រះអង្គ ហើយខិតខំធ្វើការដើម្បីព្រះអង្គ។ តើព្រះអង្គស៊ូទ្រាំនឹងការរងទុក្ខអ្វីទៅ? តើនោះរាប់ថាជាការរងទុក្ខដែរឬទេ?» ប៉ុន្តែ ឥឡូវនេះ អ្នករាល់គ្នាប្រហែលជាអាចយល់បានបន្តិចហើយ។ ប្រសិនបើកាលពីពេលនោះ ខ្ញុំបាននិយាយថា ក្នុងអំឡុងពេលដែលខ្ញុំបានបំពេញកិច្ចការ ខ្ញុំគ្មានផ្ទះសម្បែងត្រូវត្រឡប់ទៅវិញ និងគ្មានកន្លែងកើយក្បាលរបស់ខ្ញុំឡើយ ខ្ញុំសោយមិនបានល្អ ស្លៀកពាក់មិនបានល្អ និងបានរស់នៅក្នុងមជ្ឈដ្ឋានដែលមានលក្ខខណ្ឌកម្សត់កម្រ ហើយថែមទាំងបានស្នាក់នៅក្នុងរូងភ្នំ ដើម្បីគេចពីការតាមប្រមាញ់របស់គណបក្សកុម្មុយនីស្តចិនទៀតផង ប្រសិនបើខ្ញុំបាននិយាយរឿងទាំងនេះ អ្នករាល់គ្នានឹងសុខចិត្តស្ដាប់ ហើយអាចយល់ពីរឿងទាំងនោះបាន។ ប៉ុន្តែ ខ្ញុំមិនដែលនិយាយរឿងទាំងនោះឡើយ។ ចំពោះខ្ញុំ រឿងទាំងនោះមិនរាប់ថាជាការរងទុក្ខប្រភេទណាមួយនោះទេ។ ការរងទុក្ខពិតប្រាកដ គឺជាការរងទុក្ខនៅក្នុងចិត្តរបស់ខ្ញុំ។ អ្វីដែលខ្ញុំបានប្រាប់អ្នករាល់គ្នានៅថ្ងៃនេះ គឺជាការរងទុក្ខពិតប្រាកដដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សស៊ូទ្រាំ។ ខ្ញុំនិយាយរឿងទាំងនេះ ដោយសង្ឃឹមថាអ្នករាល់គ្នានឹងដឹងពីការពិតមួយថា៖ ការដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សយាងមកក្នុងចំណោមមនុស្សដើម្បីបំពេញកិច្ចការ ក៏តម្រូវឱ្យទ្រង់លះបង់ផងដែរ ក៏តម្រូវឱ្យទ្រង់អត់ធ្មត់ផងដែរ ហើយក៏តម្រូវឱ្យទ្រង់ឆ្លងកាត់ការឈឺចាប់ទាំងអស់នេះដោយផ្ទាល់ផងដែរ។ ដោយសារទ្រង់ត្រូវបំពេញព័ន្ធកិច្ចរបស់ទ្រង់ ទ្រង់ក៏ត្រូវតែប្រឈមមុខនឹងការរងទុក្ខដែលទ្រង់គួរតែស៊ូទ្រាំដោយផ្ទាល់ព្រះអង្គ ហើយទ្រាំទ្រនឹងការរងទុក្ខនោះដោយផ្ទាល់ព្រះអង្គ។ ការរងទុក្ខនេះគឺជាអ្វីដែលទ្រង់ត្រូវតែទ្រាំទ្រដោយផ្ទាល់ព្រះអង្គ ដើម្បីបំពេញកិច្ចការ សម្រេចផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងសម្រេចការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់។ មូលហេតុដែលខ្ញុំមិនដែលធ្វើបន្ទាល់អំពីរឿងទាំងនេះ ហើយមិនត្រូវការឱ្យអ្នករាល់គ្នាធ្វើបន្ទាល់អំពីរឿងទាំងនេះ រឹតតែមិនត្រូវការឱ្យអ្នករាល់គ្នាផ្សព្វផ្សាយពីរឿងទាំងនេះ ហើយជាការពិតណាស់ រឹតតែមិនទាមទារគុណបំណាច់ពីអ្នករាល់គ្នា និងមិនត្រូវការឱ្យអ្នករាល់គ្នាដឹងគុណខ្ញុំយ៉ាងជ្រាលជ្រៅទៅទៀតនោះ គឺដោយសារតែការដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សយាងមកក្នុងចំណោមមនុស្សដើម្បីបំពេញកិច្ចការ គឺជារឿងដ៏លំបាកគ្រប់គ្រាន់ទៅហើយ។ នេះគឺជាកិច្ចការរបស់ទ្រង់ ហើយវាក៏ជាការទទួលខុសត្រូវរបស់ទ្រង់ផងដែរ។ ទ្រង់ត្រូវតែស៊ូទ្រាំ ហើយត្រូវតែតាមដាន និងរង់ចាំ។ ខ្ញុំប្រាប់អ្នករាល់គ្នាពីរឿងនេះ គ្រាន់តែដើម្បីឱ្យអ្នករាល់គ្នាដឹងពីអាកប្បកិរិយារបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នៅក្នុងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះទុក្ខលំបាកទាំងនេះ និងដើម្បីប្រាប់អ្នករាល់គ្នាពីគំនិត និងទស្សនៈដ៏ត្រឹមត្រូវប៉ុណ្ណោះ។ វាមិនមែនដើម្បីឱ្យអ្នករាល់គ្នានឹងកាន់តែទទួលដឹងយ៉ាងជ្រាលជ្រៅ ថាតើការរងទុក្ខគឺជាអ្វី និងថាតើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានស៊ូទ្រាំនឹងការរងទុក្ខអ្វីខ្លះនោះទេ។ ខ្ញុំមិនមានអារម្មណ៍ថាកើតទុក្ខដោយសារការស៊ូទ្រាំនឹងការរងទុក្ខឡើយ ហើយខ្ញុំក៏មិនមានអារម្មណ៍ថា ការស៊ូទ្រាំនឹងការរងទុក្ខនេះមានន័យថា ខ្ញុំបានខិតខំធ្វើការយ៉ាងខ្លាំង និងបានបង្កើតស្នាដៃដ៏អស្ចារ្យបែបនេះដែរ។ ខ្ញុំមិនកំពុងព្យាយាមដោះសាឱ្យខ្លួនឯងប្រាប់អ្នករាល់គ្នាទេ ហើយខ្ញុំរឹតតែមិនមែនកំពុងព្យាយាមទាញយកអ្វីមួយពីអ្នករាល់គ្នា ដែលខ្ញុំអាចប្រើជាដើមទុនបានទៅទៀត។ ខ្ញុំស៊ូទ្រាំនឹងការរងទុក្ខដែលខ្ញុំគួរតែស៊ូទ្រាំ ព្រោះខ្ញុំមានការទទួលខុសត្រូវចំពោះអ្នករាល់គ្នា។ ជាការពិតណាស់ បើនិយាយពីព័ន្ធកិច្ចដែលខ្ញុំបំពេញ ខ្ញុំត្រូវតែទទួលខុសត្រូវចំពោះព្រះជាម្ចាស់។ ខ្ញុំមិនចាំបាច់ស្វែងរកគុណបំណាច់ ឬចំណាប់អារម្មណ៍ល្អពីអ្នករាល់គ្នាឡើយ។ ដូច្នេះ និយាយឱ្យចំទៅ អ្នករាល់គ្នាមិនអាចស៊ូទ្រាំនឹងការរងទុក្ខដ៏ពិតប្រាកដនេះជំនួសខ្ញុំបានទេ ហើយក៏គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចរំដោះខ្ញុំចេញពីការរងទុក្ខនេះបានដែរ។ រឿងតែមួយគត់ដែលអ្នករាល់គ្នាអាចធ្វើបាន វិធីតែមួយគត់ដែលអ្នករាល់គ្នាអាចសហការបាន និងរឿងតែមួយគត់ដែលអាចសម្រាលការរងទុក្ខដែលខ្ញុំស៊ូទ្រាំបានខ្លះ គឺការដែលអ្នករាល់គ្នាទទួលបានការចូលទៅក្នុងសេចក្ដីពិត រៀនស្ដាប់បង្គាប់ មានទីបន្ទាល់ដូចជាយ៉ូប និងមានបទពិសោធដូចជាពេត្រុស ការដែលអ្នករាល់គ្នាមានអំពើល្អ មានសេចក្ដីស្មោះស្ម័គ្រក្នុងការបំពេញភារកិច្ចរបស់ខ្លួន ចុះចូលនឹងព្រះជាម្ចាស់ ព្រមទាំងស្រឡាញ់ និងដេញតាមសេចក្ដីពិត ហើយការដែលគ្រប់អត្ថបទទីបន្ទាល់ពីបទពិសោធដែលអ្នករាល់គ្នាសរសេរ មានផ្ទុកនូវបទពិសោធពិត និងការយល់ដឹងពិតប្រាកដខ្លះៗអំពីសេចក្ដីពិត ហើយសម្រេចបានលទ្ធផលខ្លះៗទាក់ទងនឹងការចុះចូលនឹងព្រះជាម្ចាស់។ ផលដែលអ្នករាល់គ្នាទទួលបានទាំងនេះ គឺជាការតបស្នងសងគុណដ៏ធំធេងបំផុត និងជាការកម្សាន្តចិត្តដ៏ធំធេងបំផុតសម្រាប់ខ្ញុំផ្ទាល់។ ខ្ញុំគ្មានសេចក្ដីតម្រូវអ្វីផ្សេងបន្ថែមទៀតពីអ្នករាល់គ្នាឡើយ។
វាមិនមែនជារឿងចៃដន្យទេ ដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សស៊ូទ្រាំនឹងការរងទុក្ខនេះ។ និយាយតាមជាក់ស្ដែង អ្វីដែលព្រះជាម្ចាស់សង្គ្រោះ គឺជាមនុស្សជាតិដែលពុករលួយ ហើយសេចក្ដីពុករលួយរបស់មនុស្សជាតិដែលពុករលួយ គឺជាប្រភេទមួយនៃការឈឺចាប់សម្រាប់ព្រះជាម្ចាស់។ ការរស់នៅជាមួយ ការប្រព្រឹត្តចំពោះ និងការប្រាស្រ័យទាក់ទងជាមួយមនុស្សដែលពុករលួយ ព្រមទាំងការសង្គ្រោះមនុស្សដែលពុករលួយ និងការមានការរំពឹងទុកចំពោះពួកគេ វាជារឿងជៀសមិនរួចឡើយដែលទ្រង់ត្រូវរងទុក្ខ ហើយវាជារឿងជៀសមិនរួចឡើយដែលទ្រង់ត្រូវលះបង់។ ការលះបង់នេះមិនមែនសាមញ្ញត្រឹមតែការមានព្រះបន្ទូលពីរបីម៉ាត់បន្ថែមនោះទេ។ តើព្រះជាម្ចាស់លះបង់អ្វីខ្លះដើម្បីសង្គ្រោះមនុស្សជាតិ? នោះគឺព្រះកាយពលរបស់ទ្រង់ ព្រះលោហិតបេះដូងរបស់ទ្រង់ និងព្រះជន្មរបស់ទ្រង់។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់លះបង់ព្រះលោហិតបេះដូងរបស់ទ្រង់ដើម្បីបំពេញកិច្ចការ ដូចគ្នាដែរ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សលះបង់ព្រះលោហិតបេះដូងរបស់ទ្រង់ និងព្រះកាយពលរបស់ទ្រង់ ដើម្បីដោះដូរយកសេចក្ដីសង្គ្រោះរបស់មនុស្ស ពោលគឺ នេះក៏ជារឿងដូចគ្នាសម្រាប់ទ្រង់ដែរ។ ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សជាតិ ហើយមនុស្សបានមានអត្ថិភាពមក ព្រះជាម្ចាស់បាននិងកំពុងទំនាក់ទំនងជាមួយពួកគេ និងកំពុងប្រាស្រ័យទាក់ទងជាមួយពួកគេ ហើយកំពុងធ្វើកិច្ចការលើមនុស្សជានិច្ច។ ពេញមួយដំណើរការនេះ តាមពិតទៅ ព្រះជាម្ចាស់បានលះបង់ព្រះលោហិតបេះដូងរបស់ទ្រង់យ៉ាងច្រើនរាប់មិនអស់ទៅលើមនុស្ស ហើយបានធ្វើកិច្ចការយ៉ាងច្រើនរាប់មិនអស់លើមនុស្ស។ ប៉ុន្តែ ព្រះជាម្ចាស់មិនដែលលើកឡើងប្រាប់មនុស្សជាតិឡើយ ថាទ្រង់បានរងទុក្ខច្រើនប៉ុនណា ឬទ្រង់បានលះបង់ច្រើនប៉ុនណានោះទេ។ ទ្រង់គ្រាន់តែមានព្រះបន្ទូលជារួមថា ទ្រង់បានលះបង់ព្រះលោហិតបេះដូងរបស់ទ្រង់ បានលះបង់ដោយព្រះជន្មរបស់ទ្រង់ដើម្បីផ្គត់ផ្គង់ដល់មនុស្ស និងបានប្រទានសេចក្ដីពិតដល់មនុស្សដើម្បីធ្វើជាជីវិតរបស់គេប៉ុណ្ណោះ។ ប៉ុន្តែ ព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលឡើយ ថាទ្រង់បានស៊ូទ្រាំនឹងការរងទុក្ខអ្វីខ្លះ ទ្រង់បានទទួលរងនូវការមួលបង្កាច់ និងការប្រមាថអ្វីខ្លះ ទ្រង់បានស៊ូទ្រាំនឹងភាពនឿយហត់ច្រើនប៉ុនណា ទ្រង់បានលះបង់ច្រើនប៉ុនណា ឬការពុះពារដែលទ្រង់បានលះបង់មានច្រើនប៉ុនណានោះទេ ពោលគឺ ទ្រង់មិនដែលលើកឡើងពីរឿងទាំងនេះឡើយ។ មានមូលហេតុនៅពីក្រោយការដែលទ្រង់មិនលើកឡើងពីរឿងទាំងនេះ។ ប្រសិនបើខ្ញុំមិនប្រាប់អ្នករាល់គ្នាទេ អ្នករាល់គ្នានឹងមិនដែលដឹងឡើយ។ មូលហេតុគឺថា ក្នុងការធ្វើកិច្ចការលើមនុស្ស ព្រះជាម្ចាស់មិនដែលគិតរកវិធីចង់ទទួលបានអ្វីពីគេឡើយ។ ទ្រង់គ្រាន់តែស្ម័គ្រព្រះហឫទ័យផ្គត់ផ្គង់ដល់មនុស្សដោយមិនអាត្មានិយម និងលះបង់ព្រះអង្គទ្រង់ដើម្បីមនុស្សដោយមិនអាត្មានិយមប៉ុណ្ណោះ។ ប្រសិនបើពួកយើងត្រូវប្រើភាសាមនុស្សដើម្បីនិយាយថា តើទ្រង់ស្វែងរកការទទួលបានអ្វីតាមរយៈការធ្វើបែបនេះ នោះអ្វីដែលព្រះអង្គស្វែងរកគឺឱ្យមនុស្សដើរក្នុងផ្លូវត្រូវ និងឱ្យមនុស្សអាចរស់នៅបានល្អ ពោលគឺអាចរស់នៅបានត្រឹមត្រូវ និងសម្ដែងចេញនូវលក្ខណៈជាមនុស្ស ហើយអាចរស់នៅស្របតាមផ្លូវដែលព្រះជាម្ចាស់បង្រៀនមនុស្ស លែងត្រូវបានសាតាំងបំផ្លាញ ធ្វើឱ្យពុករលួយ និងបំភាន់តទៅទៀត ហើយអាចចុះចូលនឹងព្រះជាម្ចាស់បានយ៉ាងពិតប្រាកដ។ នេះនឹងធ្វើឱ្យព្រះជាម្ចាស់មានព្រះហឫទ័យស្ងប់។ ប្រសិនបើព្រះជាម្ចាស់ស្វែងរកអ្វីមួយ នោះគឺព្រះហឫទ័យស្ងប់ ពោលគឺឱ្យមនុស្សអាចរស់នៅបានត្រឹមត្រូវ និងប្រព្រឹត្តខ្លួនបានត្រឹមត្រូវតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីកុំឱ្យការលះបង់ដែលព្រះជាម្ចាស់បានធ្វើ និងកិច្ចការដែលទ្រង់បានបំពេញ ក្លាយជាអសារបង់ ហើយដើម្បីទតឃើញលទ្ធផលនៅក្នុងមនុស្ស។ ទោះបីជាព្រះជាម្ចាស់បានរងទុក្ខច្រើនប៉ុនណា ទោះបីជាទ្រង់បានលះបង់ច្រើនប៉ុនណា ទោះបីជាទ្រង់បានរង់ចាំអស់រយៈពេលប៉ុន្មានឆ្នាំ ហើយទោះបីជាទ្រង់បានបង្ហាញសេចក្ដីអត់ធ្មត់ចំពោះមនុស្សអស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ក៏ព្រះជាម្ចាស់ស្ម័គ្រព្រះហឫទ័យទាំងស្រុងក្នុងការធ្វើរឿងទាំងអស់នេះដែរ។ ដើម្បីទទួលបានព្រះហឫទ័យស្ងប់នេះ ព្រះជាម្ចាស់ស្ម័គ្រព្រះហឫទ័យលះបង់បែបនេះដើម្បីមនុស្ស។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមិនដែលស្ដាយក្រោយឡើយ ទោះបីជាទ្រង់រងទុក្ខច្រើនប៉ុនណាក៏ដោយ។ បើប្រើភាសាមនុស្ស គឺទ្រង់មិនដែលស្ទាក់ស្ទើរអំពីរឿងនេះឡើយ។ និយាយឱ្យសាមញ្ញបំផុត ជាពាក្យដែលអ្នករាល់គ្នាអាចយល់បានច្បាស់បំផុត គឺព្រះជាម្ចាស់ធ្វើបែបនេះដើម្បីបញ្ចប់ក្ដីបារម្ភរបស់ទ្រង់នេះឯង។ នេះគឺជាបំណងប្រាថ្នាដែលព្រះជាម្ចាស់មាន។ ព្រះជាម្ចាស់បានបង្កើតមនុស្ស ហើយព្រះជាម្ចាស់មានបំណងប្រាថ្នាចង់ទទួលបានមនុស្សជាតិដែលព្រះបានបង្កើត ដែលអាចរស់នៅ រស់រានមានជីវិត និងគ្រប់គ្រងរបស់សព្វសារពើ ស្របតាមផ្លូវដែលទ្រង់បង្រៀនពួកគេ ដោយលែងរងសេចក្ដីពុករលួយរបស់សាតាំង និងលែងបំផ្លាញខ្លួនឯងទៀត។ គឺមនុស្សមួយក្រុមបែបនេះហើយ ដែលព្រះជាម្ចាស់មានបំណងប្រាថ្នាចង់ទទួលបាន។ ដូច្នេះ ព្រះជាម្ចាស់បានផ្ដួចផ្ដើម និងបានចាប់ផ្ដើមបំពេញកិច្ចការរបស់ទ្រង់ ហើយបានបន្តកិច្ចការនេះរហូតមកទល់ពេលបច្ចុប្បន្ន។ ក្ដីបារម្ភដែលទ្រង់មានចំពោះមនុស្សនេះ មិនបានផ្លាស់ប្ដូរឡើយ ហើយគោលដៅនេះក៏មិនបានផ្លាស់ប្ដូរដែរ។ មិនថាទ្រង់រងទុក្ខច្រើនប៉ុនណា ឬទ្រង់លះបង់ច្រើនប៉ុនណានោះទេ ក៏ព្រះជាម្ចាស់បាននិងកំពុងបំពេញកិច្ចការបែបនេះរហូតមក។ ខណៈពេលកំពុងបំពេញកិច្ចការបែបនេះ តាមពិតទៅ ព្រះជាម្ចាស់បានរងទុក្ខយ៉ាងច្រើន និងបានលះបង់យ៉ាងច្រើន ប៉ុន្តែទ្រង់មិនដែលព្យាយាមដោះសាឱ្យព្រះអង្គទ្រង់ប្រាប់មនុស្សឡើយ មិនដែលពន្យល់រឿងទាំងនេះប្រាប់មនុស្សជាតិឡើយ ហើយក៏មិនដែលលើកឡើងពីរឿងទាំងនេះដែរ។ នេះគឺទាក់ទងដោយផ្ទាល់ទៅនឹងសារជាតិរបស់ព្រះជាម្ចាស់។ មិនថារឿងដែលព្រះជាម្ចាស់ធ្វើអស្ចារ្យប៉ុនណា ទ្រង់ធ្វើកិច្ចការលើមនុស្សជាតិច្រើនប៉ុនណា ទ្រង់លះបង់ច្រើនប៉ុនណា ឬទ្រង់ផ្គត់ផ្គង់ដល់មនុស្សច្រើនប៉ុនណានោះទេ ពោលគឺ មិនថាព្រះជាម្ចាស់ប្រទានដល់មនុស្សច្រើនប៉ុនណា ឬព្រះជាម្ចាស់ប្រទានឱ្យពួកគេច្រើនប៉ុនណានោះទេ ក៏ទ្រង់មិនដែលមានអារម្មណ៍ថា នេះគឺជាគុណបំណាច់ណាមួយឡើយ ហើយទ្រង់ក៏មិនត្រូវការឱ្យមនុស្សជាតិដឹងគុណទ្រង់យ៉ាងជ្រាលជ្រៅដែរ។ ផ្ទុយទៅវិញ បើតាមគំនិត និងទស្សនៈរបស់មនុស្សដែលរស់នៅក្នុងសម័យកាលណាក៏ដោយ មិនថានរណាម្នាក់លះបង់ច្រើនប៉ុនណា និងមិនថាគេធ្វើអ្វីក៏ដោយ គេត្រូវតែសម្លឹងចង់ទទួលបានអ្វីមួយពីរឿងនេះជានិច្ច ហើយគេត្រូវតែគិតអ្វីមួយដើម្បីខ្លួនឯងជានិច្ច។ ប៉ុន្តែ ព្រះជាម្ចាស់មិនដែលមានព្រះតម្រិះបែបនេះឡើយ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមិនអាត្មានិយមយ៉ាងពិតប្រាកដ។ តើការមិនអាត្មានិយមមានន័យយ៉ាងដូចម្ដេច? ការពន្យល់ដ៏សាមញ្ញបំផុតគឺវាមានន័យថា មិនដែលគិតពីខ្លួនឯងឡើយ។ ចូរគិតអំពីរបៀបដែលមនុស្សចិញ្ចឹមកូន និងបីបាច់ពួកគេរហូតដល់ពេញវ័យចុះ គឺឪពុកម្ដាយចំណាយប្រាក់យ៉ាងច្រើនទៅលើកូនៗរបស់ខ្លួន និងលះបង់យ៉ាងច្រើនដើម្បីពួកគេ ក្នុងគោលបំណងចង់ឱ្យកូនៗរបស់ខ្លួនទទួលបានភាពជោគជ័យយ៉ាងធំធេង និងនាំកិត្តិយសមកឱ្យគ្រួសារ ដែលរឿងនេះនឹងអនុញ្ញាតឱ្យឪពុកម្ដាយទទួលបានមុខមាត់ពីកូនៗរបស់ខ្លួននៅថ្ងៃអនាគត។ ព្រះជាម្ចាស់មិនមានព្រះតម្រិះបែបនេះឡើយ។ រាល់សកម្មភាព និងទង្វើរបស់ទ្រង់ រាល់ការគិត និងព្រះតម្រិះរបស់ទ្រង់ ការលះបង់ដែលទ្រង់ធ្វើដើម្បីមនុស្ស និងអ្វីៗទាំងអស់ដែលទ្រង់ប្រទានដល់ពួកគេ មិនត្រឹមតែជារឿងដ៏មានតម្លៃបំផុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្មានបំណងចង់បានអ្វីពីពួកគេទាល់តែសោះ។ វាគ្រាន់តែជាការលះបង់ដែលមិនអាត្មានិយម និងការផ្គត់ផ្គង់ដែលមិនអាត្មានិយមប៉ុណ្ណោះ ដោយផ្គត់ផ្គង់តាមរបៀបនេះជានិច្ច។ នេះគឺជាភាពមិនអាត្មានិយមយ៉ាងពិតប្រាកដ។ អ្វីៗទាំងអស់នេះ ត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនដែលទាមទារគុណបំណាច់ណាមួយពីមនុស្សឡើយ។ នៅក្នុងចំណោមមនុស្សជាតិ មិនថាទ្រង់រងការយល់ច្រឡំ និងការរអ៊ូរទាំច្រើនប៉ុនណាពីមនុស្ស ឬទ្រង់ស៊ូទ្រាំនឹងការថ្នាំងថ្នាក់ច្រើនប៉ុនណានោះទេ ក៏ទ្រង់មិនដែលព្យាយាមដោះសា ឬការពារព្រះអង្គទ្រង់ឡើយ។ ទ្រង់ស្ម័គ្រព្រះហឫទ័យទាំងស្រុងចំពោះអ្វីៗគ្រប់យ៉ាងដែលទ្រង់ធ្វើដើម្បីមនុស្សជាតិ ដោយមិនរអ៊ូរទាំអំពីរឿងនេះ ក៏មិនមានអារម្មណ៍ស្ដាយក្រោយដែរ ហើយទ្រង់មិនដែលមានអារម្មណ៍ថា នេះជារឿងបន្ថែមនោះទេ។ ពោលគឺ ភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់ មិនមានផ្ទុកទស្សនៈបែបដោះដូរដូចដែលមនុស្សមានឡើយ ហើយក៏មិនមានបំណងប្រាថ្នារបស់មនុស្សក្នុងការតថ្លៃដែរ។ ប្រសិនបើអ្នកអាចអនុវត្តសេចក្ដីពិតបាន នៅទីបំផុតអ្នកនឹងអាចរស់រានមានជីវិតបាន។ ការដែលព្រះជាម្ចាស់ប្រទានព្រះគុណបន្តិចបន្តួចដល់អ្នកដោយឥតគិតថ្លៃ គឺមិនមែនជារឿងធំដុំសម្រាប់ទ្រង់ឡើយ។ ទ្រង់អនុញ្ញាតឱ្យអ្នករស់រានមានជីវិត បន្តរស់នៅ និងរស់នៅក្នុងសុភមង្គល ដោយរស់នៅក្នុងចំណោមរបស់សព្វសារពើ ដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សជាតិ។ ទោះបីជាអ្នកសោយសុខនឹងព្រះពរច្រើនប៉ុនណាក៏ដោយ ក៏ព្រះជាម្ចាស់មិនមានអារម្មណ៍ច្រណែនដែរ ហើយទ្រង់មិនព្យាយាមប្រជែងដណ្ដើមរឿងទាំងនោះជាមួយអ្នកឡើយ។ ដរាបណាអ្នកអាចស្គាល់ពីការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករ អាចចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករ ហើយរស់នៅតាមរបៀបដែលព្រះអាទិករតម្រូវ នោះគឺគ្រប់គ្រាន់ហើយ។ ព្រះជាម្ចាស់មិនតម្រូវឱ្យអ្នកមានអារម្មណ៍ដឹងគុណទ្រង់យ៉ាងជ្រាលជ្រៅជានិច្ចនោះទេ ហើយទ្រង់មិនត្រូវការការគោរពបូជារបស់អ្នកឡើយ។ ព្រះជាម្ចាស់មិនដែលតម្រូវឱ្យនរណាម្នាក់សង់អាសនៈសម្រាប់ទ្រង់ ហើយអុជធូបបីសរសៃរៀងរាល់ថ្ងៃឡើយ។ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងរឿងទាំងនេះទេ។ អ្នកឃើញទេ នៅពេលយ៉ូបបានឃើញខ្នងរបស់ព្រះជាម្ចាស់ តើព្រះជាម្ចាស់មានសេចក្ដីតម្រូវអ្វីពីគាត់ដែរឬទេ? (គ្មានទេ។) ព្រះជាម្ចាស់គ្រាន់តែបានប្រទានរង្វាន់ដ៏ធំធេងបំផុតដល់គាត់ប៉ុណ្ណោះ ពោលគឺអនុញ្ញាតឱ្យគាត់ឃើញខ្នងរបស់ព្រះជាម្ចាស់ ដែលបានបង្កើនសេចក្ដីជំនឿរបស់គាត់លើព្រះជាម្ចាស់។ នេះគឺជារង្វាន់របស់ព្រះជាម្ចាស់សម្រាប់គាត់។ បន្ទាប់មក ព្រះជាម្ចាស់ក៏បានយាងចេញទៅ ដោយសង្ឃឹមថាគាត់អាចរស់នៅក្នុងសុភមង្គល រស់នៅក្នុងចំណោមរបស់សព្វសារពើដែលព្រះអាទិករបានបង្កើត និងរស់នៅក្រោមអធិបតេយ្យភាពរបស់ព្រះអាទិករ។ ចំពោះព្រះជាម្ចាស់ នេះគឺជាការតបស្នងសងគុណដ៏ធំធេងបំផុត។ ការដែលយ៉ូបអាចកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ គឺជាការថ្វាយបង្គំយ៉ាងពិតប្រាកដចំពោះព្រះអាទិករ ហើយវាក៏ជាការតបស្នងសងគុណដ៏ធំធេងបំផុតផងដែរ។ អ្នកឃើញទេ អ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សជាតិ ក៏ផ្ដល់ប្រយោជន៍ដល់មនុស្សផងដែរ។ តាមការពិត នៅទីបំផុត គឺជាមនុស្សទេដែលទទួលបានការសោយសុខច្រើនបំផុត និងដែលបានរស់នៅក្នុងសុភមង្គល។ តើព្រះជាម្ចាស់ដាក់សេចក្ដីតម្រូវធ្ងន់ៗលើមនុស្សដែរឬទេ? សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺមិនខ្ពស់ឡើយ។ ប៉ុន្តែ បើមើលទៅលើសេចក្ដីតម្រូវរបស់ទ្រង់ ពួកយើងអាចឃើញថា ព្រះជាម្ចាស់ពិតជាមិនអាត្មានិយមមែន។ ទ្រង់តែងតែលះបង់ព្រះអង្គទ្រង់ជានិច្ច ហើយធ្វើបែបនេះដោយឥតគិតថ្លៃ។ មិនថាទ្រង់លះបង់ច្រើនប៉ុនណា ឬទ្រង់រងទុក្ខច្រើនប៉ុនណានោះទេ ក៏ព្រះជាម្ចាស់ទ្រាំទ្រនឹងរឿងទាំងអស់នេះតែអង្គឯង ហើយមិនព្យាយាមដោះសាឱ្យព្រះអង្គទ្រង់ប្រាប់មនុស្សជាតិដែលពុករលួយឡើយ។ ចូរប្រាប់ខ្ញុំមកមើល៍ តើសាតាំងមានលក្ខណៈសម្បត្តិទាំងនេះដែរឬទេ? (គ្មានទេ។) សាតាំងមិនមានរបស់ណាមួយដែលព្រះជាម្ចាស់មានឡើយ សូម្បីតែទិដ្ឋភាពតូចតាចបំផុតនៃកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ដែលត្រូវបានមនុស្សចាត់ទុកថាមិនសូវគួរឱ្យកត់សម្គាល់បំផុត ក៏សាតាំងមិនមានដែរ ហើយមនុស្សក៏មិនមានរឿងណាមួយក្នុងចំណោមរឿងទាំងនេះដែរ។ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ សុទ្ធតែវិជ្ជមាន សុទ្ធតែស្រស់បំព្រង និងសុទ្ធតែខ្ពង់ខ្ពស់។ វាគឺស្អាតស្អំបំផុត និងបរិសុទ្ធបំផុត។ សារជាតិរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ អាចត្រូវបានហៅថាឥតខ្ចោះ និងឥតសៅហ្មង។ ដោយសាររឿងទាំងនោះឥតសៅហ្មង ទើបត្រូវបានហៅថាបរិសុទ្ធ តើត្រូវទេ? (ត្រូវហើយ។) គោលការណ៍ផ្សេងៗដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះរបស់សព្វសារពើ រួមទាំងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះមនុស្សជាតិ គឺផ្អែកលើសេចក្ដីពិតទាំងស្រុង។ នេះគឺជាអ្វីដែលសុចរិតបំផុត។ អ្នកឃើញទេ មិនថាអ្នកមើលពីទិដ្ឋភាពណានោះទេ ក៏សារជាតិនិស្ស័យរបស់ព្រះជាម្ចាស់ គឺសមនឹងទទួលបានការសរសើរពីមនុស្សជាតិ។ ប៉ុន្តែ សូម្បីតែព្រះជាម្ចាស់បានរងទុក្ខយ៉ាងច្រើនក៏ដោយ ក៏ទ្រង់មិនបានទាមទារអ្វីពីមនុស្សជាតិដែរ។ ទ្រង់មិនដែលតម្រូវឱ្យមនុស្សធ្វើរឿងដូចតទៅនេះឡើយគឺ៖ «អ្នករាល់គ្នាត្រូវតែច្រៀង និងរាំយ៉ាងសប្បាយរីករាយ ដើម្បីសរសើរតម្កើងខ្ញុំរៀងរាល់ថ្ងៃ។ ចូរសរសើរតម្កើងឈ្មោះរបស់ខ្ញុំជារៀងរាល់ថ្ងៃ។ រាល់ពេលដែលអ្នករាល់គ្នាជួបជុំគ្នា ឬបង្កើតកម្មវិធី អ្នករាល់គ្នាត្រូវតែសរសើរតម្កើងឈ្មោះរបស់ខ្ញុំជាមួយគ្នា»។ តើព្រះជាម្ចាស់បានតម្រូវឱ្យមនុស្សធ្វើបែបនេះដែរឬទេ? (មិនដែលទេ។) មិនថាព្រះជាម្ចាស់រងទុក្ខច្រើនប៉ុនណា បំពេញកិច្ចការច្រើនប៉ុនណា ឬប្រទានដល់មនុស្សជាតិច្រើនប៉ុនណានោះទេ ក៏ទ្រង់មិនដែលតម្រូវឱ្យមនុស្សដឹងគុណទ្រង់យ៉ាងជ្រាលជ្រៅ ឬគោរពបូជាទ្រង់ ដូចដែលអ្នកគ្មានជំនឿធ្វើចំពោះរូបព្រះឡើយ។ ព្រះជាម្ចាស់មិនដែលធ្វើរឿងបែបនេះទេ។ ទ្រង់មិនដែលមានព្រះបន្ទូលសូម្បីតែមួយម៉ាត់ ឬធ្វើសូម្បីតែមួយរឿង ដើម្បីឋានៈរបស់ទ្រង់ និងកិត្យានុភាពរបស់ទ្រង់នៅក្នុងចិត្តរបស់មនុស្សជាតិឡើយ។ ទ្រង់មិនដែលធ្វើរឿងទាំងនេះទេ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនធ្វើរឿងបែបនេះឡើយ។ ទ្រង់មិនដែលថ្លែងព្រះបន្ទូលពីរឿងបែបនេះ ឬបន្សល់ទុកសារបែបនេះសម្រាប់មនុស្សជាតិឡើយ។ ដូច្នេះ តើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ធ្លាប់ធ្វើរឿងបែបនេះ ឬមានព្រះបន្ទូលបែបនេះដែរឬទេ? (មិនធ្លាប់ទេ។) ក្នុងអំឡុងពេលប៉ុន្មានឆ្នាំមកនេះនៃការបំពេញកិច្ចការ និងការរងទុក្ខក្នុងចំណោមមនុស្ស ទ្រង់បាននិងកំពុងផ្គត់ផ្គង់ដល់មនុស្សនូវសេចក្ដីពិត និងជីវិតជានិច្ច ហើយទំនុកបម្រុង និងដឹកនាំមនុស្សឱ្យដើរលើផ្លូវត្រូវ។ ទ្រង់គ្រាន់តែសង្ឃឹមថា មនុស្សអាចដេញតាមសេចក្ដីពិត និងរស់រានមានជីវិតប៉ុណ្ណោះ។ ក្រៅពីរឿងនេះ តើទ្រង់មានសេចក្ដីតម្រូវអ្វីផ្សេងបន្ថែមពីអ្នករាល់គ្នាដែរឬទេ? (គ្មានទេ។) ទ្រង់គ្មានសេចក្ដីតម្រូវអ្វីផ្សេងបន្ថែមពីអ្នករាល់គ្នាឡើយ។
បើនិយាយពីលក្ខណៈនៃរឿងនេះ ការរងទុក្ខដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សស៊ូទ្រាំ តាមពិតទៅគឺខុសពីប្រភេទនៃការរងទុក្ខដែលមនុស្សនិយាយដល់។ ក្នុងន័យវិជ្ជមាន មនុស្សស៊ូទ្រាំនឹងការរងទុក្ខរបស់ពួកគេទាំងស្រុង ដើម្បីបោះបង់និស្ស័យពុករលួយរបស់ខ្លួន ក្នុងបំណងសម្រេចបានសេចក្ដីសង្គ្រោះ។ ក្នុងន័យអវិជ្ជមាន ពួកគេស៊ូទ្រាំនឹងការរងទុក្ខនេះទាំងស្រុង ដោយសារតែពួកគេមាននិស្ស័យពុករលួយ ហើយដោយសារតែពួកគេត្រូវបានជំនុំជម្រះ និងដាក់ទណ្ឌកម្មចំពោះការប្រព្រឹត្តសេចក្ដីអាក្រក់ ព្រមទាំងការទាស់ទទឹងនឹងព្រះជាម្ចាស់។ ក្នុងន័យនេះ ការរងទុក្ខរបស់មនុស្សគឺជារឿងចាំបាច់ ហើយវាជារឿងដែលជៀសមិនរួចឡើយ។ ក៏ប៉ុន្តែ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សស៊ូទ្រាំនឹងការរងទុក្ខរបស់ទ្រង់ ដើម្បីបំពេញកិច្ចការរបស់ទ្រង់ ដើម្បីផ្គត់ផ្គង់សេចក្ដីពិតដល់មនុស្ស ហើយដើម្បីឱ្យពួកគេអាចរំដោះខ្លួនចេញពីសេចក្ដីពុករលួយ និងការធ្វើបាបរបស់សាតាំង ហើយឈានជើងចូលទៅក្នុងផ្លូវនៃសេចក្ដីសង្គ្រោះ។ ព្រះជាម្ចាស់ត្រូវស៊ូទ្រាំនឹងទុក្ខលំបាកទាំងនេះក្នុងរយៈពេលយូរ ពោលគឺ នេះក៏ជាផ្នែកមួយនៃកិច្ចការរបស់ទ្រង់ផងដែរ។ ទុក្ខលំបាកទាំងនេះ គឺជារឿងដែលទ្រង់ត្រូវតែទ្រាំទ្រដោយផ្ទាល់ព្រះអង្គ និងត្រូវតែទទួលយកដោយផ្ទាល់ព្រះអង្គ។ ដោយសារព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សកំពុងបំពេញកិច្ចការរបស់ទ្រង់ និងបំពេញព័ន្ធកិច្ចរបស់ទ្រង់ ហើយការរងទុក្ខគឺជាផ្នែកមួយនៃកិច្ចការនេះ ព្រះជាម្ចាស់មិនត្រូវការឱ្យមនុស្សដឹងគុណទ្រង់យ៉ាងជ្រាលជ្រៅចំពោះការស៊ូទ្រាំនឹងការរងទុក្ខនេះទេ ហើយទ្រង់ក៏មិនត្រូវការឱ្យមនុស្សផ្សព្វផ្សាយព័ត៌មានអំពីការរងទុក្ខរបស់ទ្រង់ដែរ ហើយទ្រង់រឹតតែមិនត្រូវការឱ្យមនុស្សដឹងពីរឿងនេះទៅទៀត។ ប្រសិនបើអ្នកចង់ស្គាល់ព្រះជាម្ចាស់ អ្នកគួរតែស្គាល់ទ្រង់តាមរយៈការស្គាល់ពីសារជាតិរបស់ព្រះជាម្ចាស់ តាមរយៈការស្គាល់ពីព្រះតម្រិះ និងទស្សនៈរបស់ព្រះជាម្ចាស់អំពីរបៀបដែលទ្រង់ប្រព្រឹត្តចំពោះអ្វីៗ និងព្រឹត្តិការណ៍ទាំងអស់ និងតាមរយៈការស្គាល់ពីគោលការណ៍របស់ព្រះជាម្ចាស់ក្នុងការចាត់ការមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗផ្សេងៗ។ ការស្គាល់ទ្រង់តាមរបៀបនេះ គឺជាវិធីសាស្ត្រដ៏ល្អបំផុត និងសមរម្យបំផុត។ ចំណែកឯការស្គាល់ពីការរងទុក្ខរបស់ព្រះជាម្ចាស់ អ្នកអាចរំលងរឿងនោះបាន។ អ្នកមិនចាំបាច់ដឹងពីទិដ្ឋភាពនេះឡើយ។ ទោះបីជាអ្នកបានដឹងពីរឿងនេះក៏ដោយ ក៏អ្នកនឹងមិនអាចយល់ព្រះហឫទ័យព្រះជាម្ចាស់បានដែរ អ្នកនឹងមិនអាចគិតគូរដល់ទ្រង់បានទេ ហើយអ្នកនឹងមិនអាចស៊ូទ្រាំនឹងរឿងនេះជំនួសទ្រង់បានឡើយ។ ដូច្នេះ មិនចាំបាច់ប្រកបគ្នាអំពីរឿងនេះទេ។ ប្រសិនបើអ្នករាល់គ្នាដឹងថា ការស៊ូទ្រាំនឹងការរងទុក្ខគឺជាផ្នែកមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយវាគឺជាដំណើរការមួយដែលទ្រង់ឆ្លងកាត់ដោយជៀសមិនរួច ក្នុងការយាងមកក្នុងចំណោមមនុស្ស ការយល់ពីរឿងនេះគឺគ្រប់គ្រាន់ហើយ។ មិនចាំបាច់ធ្វើឱ្យរឿងនេះក្លាយជារឿងធំដុំឡើយ ហើយអ្នករាល់គ្នាក៏មិនចាំបាច់តបស្នងសងគុណអ្វីដែរ។ ប្រសិនបើអ្នករាល់គ្នាដេញតាមសេចក្ដីពិត ថ្ងៃណាមួយអ្នករាល់គ្នាប្រហែលជាអាចយល់បាន ប៉ុន្តែប្រសិនបើអ្នកមិនមែនជាមនុស្សដែលដេញតាមសេចក្ដីពិតទេ នោះអ្នកប្រហែលជាដើរដល់ទីបញ្ចប់ទៅហើយ ហើយនៅតែមិនអាចយល់បានដដែល។
ពួកយើងបានប្រកបគ្នាស្ទើរតែចប់សព្វគ្រប់ហើយ អំពីប្រធានបទនៃការរងទុក្ខ។ ប្រសិនបើអ្នករាល់គ្នាយល់ពីអាកប្បកិរិយារបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សចំពោះការរងទុក្ខ ឬប្រសិនបើអ្នករាល់គ្នាយល់ថាទ្រង់ស៊ូទ្រាំនឹងការរងទុក្ខអ្វីខ្លះ តើអ្នករាល់គ្នានឹងចង់ធ្វើអ្វី? រឿងដ៏ល្អបំផុត គឺការដែលអ្នករាល់គ្នាអាចអនុវត្តសេចក្ដីពិត មានសេចក្ដីស្មោះស្ម័គ្រ ធ្វើជាភាវៈដែលព្រះបានបង្កើតដែលត្រូវតាមស្ដង់ដា និងឱ្យបំណងប្រាថ្នារបស់ព្រះជាម្ចាស់ត្រូវបានបំពេញ។ នេះគឺជាការតបស្នងសងគុណដ៏ធំធេងបំផុតចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកធ្វើបែបនេះ ព្រះជាម្ចាស់នឹងចងចាំវា។ ការតបស្នងសងគុណដ៏ធំធេងបំផុតចំពោះព្រះជាម្ចាស់ គឺការដែលអ្នករាល់គ្នាអាចដេញតាមការអនុវត្តសេចក្ដីពិត ហើយនៅទីបំផុតក៏អាចសម្រេចបានសេចក្ដីសង្គ្រោះ ដោយមិនបណ្ដោយឱ្យផែនការរបស់ព្រះជាម្ចាស់បរាជ័យ មិនបណ្ដោយឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាអសារបង់ ឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានសម្រេចនៅក្នុងអ្នករាល់គ្នា និងឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាជីវិតរបស់អ្នករាល់គ្នា។ ថ្ងៃណាមួយ នៅពេលអ្នករាល់គ្នាបានរស់រានមានជីវិត និងបានក្លាយជាសមាជិកនៃមនុស្សជាតិថ្មី អាចក្លាយជាម្ចាស់នៃរបស់សព្វសារពើ និងរស់នៅក្នុងសុភមង្គល ហើយបានបំពេញតាមព្រះរាជបំណងដើមរបស់ព្រះជាម្ចាស់ក្នុងការបង្កើតមនុស្សជាតិ នោះនឹងក្លាយជាការតបស្នងសងគុណដ៏ធំធេងបំផុតចំពោះព្រះជាម្ចាស់។ នៅថ្ងៃដែលអ្នករាល់គ្នាសម្រេចបានសេចក្ដីសង្គ្រោះ និងក្លាយជាអ្នកដែលបានរស់រានមានជីវិត អ្នករាល់គ្នានឹងបានសម្រេចបំណងប្រាថ្នារបស់ព្រះជាម្ចាស់ក្នុងការបង្កើតមនុស្សជាតិថ្មី។ ព្រះជាម្ចាស់នឹងទទួលបានមនុស្សមួយក្រុមនៅលើផែនដី ដែលអាចថ្វាយបង្គំព្រះជាម្ចាស់ និងអាចកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ពោលគឺបំណងប្រាថ្នារបស់ព្រះជាម្ចាស់នេះ នឹងត្រូវបានសម្រេច។ នៅពេលបំណងប្រាថ្នារបស់ព្រះជាម្ចាស់ត្រូវបានសម្រេច ប្រហែលជានៅថ្ងៃនោះ ព្រះជាម្ចាស់នឹងមានព្រះបន្ទូលថា អ្នកបានជួយទ្រង់ឱ្យសម្រេចបំណងប្រាថ្នារបស់ទ្រង់ ហើយថាអ្នកបានជួយទ្រង់ឱ្យបញ្ចប់រយៈពេលនៃការរងទុក្ខរបស់ទ្រង់។ នេះគឺជាការតបស្នងសងគុណដ៏ធំធេងបំផុតចំពោះព្រះជាម្ចាស់។ នៅពេលបំណងប្រាថ្នារបស់ព្រះជាម្ចាស់ត្រូវបានសម្រេច ព្រះជាម្ចាស់នឹងលែងលះបង់អ្វីដើម្បីមនុស្សជាតិទៀតហើយ។ ការរំពឹងទុករបស់ទ្រង់នឹងត្រូវបានសម្រេច។ ព្រះជាម្ចាស់នឹងលែងចាំបាច់ត្រូវបំពេញកិច្ចការទៀតហើយ។ ទ្រង់នឹងបានឃើញលទ្ធផល និងទទួលបានលទ្ធផល កិច្ចការរបស់ទ្រង់នឹងត្រូវបានបញ្ចប់ ទ្រង់នឹងអាចសម្រាក ហើយទ្រង់នឹងលែងមានក្ដីបារម្ភណាមួយទាក់ទងនឹងមនុស្សជាតិទៀតហើយ។ វានឹងមានន័យថា តាមរយៈការសម្រេចបានសេចក្ដីសង្គ្រោះរបស់អ្នកដោយការដេញតាមសេចក្ដីពិត អ្នកបានជួយព្រះជាម្ចាស់ឱ្យរំដោះព្រះអង្គទ្រង់ចេញពីអារម្មណ៍នៃទុក្ខលំបាកដែលទ្រង់មាន និងចេញពីដំណើរនៃទុក្ខលំបាករយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់។ ព្រះជាម្ចាស់នឹងអរគុណអ្នក។ នេះគឺដោយសារតែវាជាការរង់ចាំដ៏យូរ ប៉ុន្តែជាសំណាងល្អ នៅទីបំផុតព្រះជាម្ចាស់នឹងបានឃើញលទ្ធផល បំណងប្រាថ្នារបស់ទ្រង់នឹងត្រូវបានសម្រេច ហើយទ្រង់នឹងទទួលបានមនុស្សជាតិថ្មី ពោលគឺអ្នកគួរតែត្រេកអរជំនួសព្រះជាម្ចាស់។ ប្រសិនបើអ្នកពិតជាមានចិត្តដែលគិតគូរដល់ព្រះជាម្ចាស់មែន ប្រសិនបើអ្នកពិតជាចង់យល់ និងគិតគូរដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់មែន ហើយអ្នកចង់តបស្នងដល់ព្រះជាម្ចាស់ នោះអ្នកគួរតែស្ដាប់បង្គាប់ និងចុះចូល ដើរលើផ្លូវនៃសេចក្ដីសង្គ្រោះ ដើរលើផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ និងធ្វើជាមនុស្សម្នាក់ដែលអាចថ្វាយបង្គំព្រះជាម្ចាស់បាន។ នេះគឺជាការតបស្នងសងគុណដ៏ធំធេងបំផុតចំពោះព្រះជាម្ចាស់។ ជាការពិតណាស់ នេះក៏ជាវិធីតែមួយគត់ដើម្បីឱ្យព្រះជាម្ចាស់ទទួលបានការកម្សាន្តព្រះហឫទ័យ និងដើម្បីសម្រេចបំណងប្រាថ្នារបស់ព្រះជាម្ចាស់ ដោយឱ្យទ្រង់ទម្លាក់ចោលនូវក្ដីបារម្ភ និងការរំពឹងទុកណាមួយដែលទ្រង់មានទាក់ទងនឹងមនុស្ស។ ជាការពិតណាស់ វាក៏ជាវិធីដ៏ល្អបំផុតដើម្បីជួយព្រះជាម្ចាស់ឱ្យរំដោះព្រះអង្គទ្រង់ចេញពីដំណើរនៃទុក្ខលំបាក ដែលជាការរង់ចាំរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ផងដែរ។ នៅក្នុងទស្សនៈរបស់ព្រះជាម្ចាស់ នេះគឺជាការតបស្នងសងគុណដ៏ធំធេងបំផុតចំពោះទ្រង់។ វាគឺជាអំណោយដ៏ល្អបំផុតដែលអ្នកអាចថ្វាយដល់ព្រះជាម្ចាស់បាន។ អំណោយនេះត្រូវបានព្រះជាម្ចាស់ទទួលយក និងទទួលបានដោយព្រះជាម្ចាស់ ហើយវាមានតម្លៃជាងតង្វាយមួយភាគដប់ដែលអ្នកអាចថ្វាយចំនួនច្រើនប៉ុនណាក៏ដោយ។
តើពួកយើងអាចបញ្ចប់ការប្រកបគ្នាអំពីប្រធានបទនេះត្រឹមនេះបានទេ? (បាន។) អ៊ីចឹងសម្រាប់ថ្ងៃនេះ ពួកយើងបញ្ចប់ការប្រកបគ្នារបស់យើងត្រឹមនេះចុះ។ លាហើយ!
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤