២. អ្នកនិយាយថា ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ ដើម្បីបែងចែកម្នាក់ៗទៅតាមប្រភេទរបស់គេ ដើម្បីប្រទានរង្វាន់ដល់ការល្អ និងដាក់ទោសការអាក្រក់ ដើម្បីបិទបញ្ចប់យុគសម័យចាស់ ហើយនៅទីបំផុត នគររបស់ព្រះគ្រីស្ទនឹងត្រូវលេចជារូបរាងនៅលើផែនដី។ តើនគររបស់ព្រះគ្រីស្ទនឹងលេចមកនៅលើផែនដីដោយរបៀបណា? តើសោភ័ណភាពនៃនគរព្រះនឹងមានលក្ខណៈដូចម្ដេចទៅ?
ខគម្ពីរយោង៖
«ចំណែកខ្ញុំ ជាយ៉ូហានបានឃើញទីក្រុងដ៏វិសុទ្ធ ជាទីក្រុងយេរូសាឡឹមថ្មី បានចុះមកពីស្ថានសួគ៌ គឺចុះមកពីព្រះជាម្ចាស់ ដោយបានរៀបចំខ្លួនដូចភរិយាសម្រាប់ស្វាមីរបស់ខ្លួន។ ហើយខ្ញុំក៏បានឮសម្លេងដ៏អស្ចារ្យមកពីស្ថានសួគ៌ ដោយពោលថា មើល៎រោងឧបោសថរបស់ព្រះជាម្ចាស់នៅជាមួយមនុស្ស ហើយទ្រង់នឹងរស់នៅជាមួយពួកគេ ហើយពួកគេនឹងធ្វើជារាស្ដ្ររបស់ទ្រង់ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនឹងគង់នៅជាមួយពួកគេ និងធ្វើជាព្រះរបស់ពួកគេ។ ហើយព្រះជាម្ចាស់នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ។ ហើយនឹងមិនមានសេចក្ដីស្លាប់ទៀត គ្មានសេចក្ដីទុក្ខសោក គ្មានការទួញយំ ហើយក៏នឹងគ្មានការឈឺចាប់ទៀតដែរ៖ ដ្បិតរឿងពីមុនបានកន្លងផុតទៅហើយ» (វិវរណៈ ២១:២-៤)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
នគរព្រះកំពុងពង្រីកនៅក្នុងចំណោមមនុស្ស វាកំពុងតែលេចរូបរាងនៅក្នុងចំណោមមនុស្ស ហើយវាកំពុងតែឈរនៅក្នុងចំណោមមនុស្ស។ គ្មានកម្លាំងណាអាចបំផ្លាញនគររបស់ខ្ញុំបានទេ។ នៅក្នុងចំណោមប្រជារាស្ត្ររបស់ខ្ញុំដែលនៅក្នុងនគរព្រះនាពេលបច្ចុប្បន្ននេះ តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ដែលមិនមែនជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សទាំងអស់? តើនរណាក្នុងចំណោមអ្នករាល់គ្នា ដែលដេកនៅខាងក្រៅស្ថានភាពរបស់មនុស្ស? នៅពេលដែលចំណុចចាប់ផ្តើមថ្មីរបស់ខ្ញុំត្រូវបានប្រកាសដល់ហ្វូងមនុស្សទាំងឡាយ តើមនុស្សនឹងមានប្រតិកម្មយ៉ាងដូចម្តេច? អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែករបស់អ្នករាល់គ្នាហើយ អំពីសភាពរបស់មនុស្សជាតិ តើអ្នកនៅតែមិនមានសង្ឃឹមពិតប្រាកដក្នុងការស៊ូទ្រាំជារៀងរហូតនៅក្នុងពិភពលោកនេះឬ? ខ្ញុំកំពុងតែយាងគ្រប់ទីកន្លែងជាមួយប្រជារាស្ត្ររបស់ខ្ញុំ ហើយខ្ញុំរស់នៅកណ្តាលចំណោមពួកគេ។ បច្ចុប្បន្ននេះ អស់អ្នកដែលមានសេចក្តីស្រលាញ់ពិតចំពោះខ្ញុំ មនុស្សប្រភេទនេះគឺជាមនុស្សដែលមានព្រះពរ។ មានពរហើយអស់អ្នកណាដែលថ្វាយខ្លួនដល់ខ្ញុំ ពួកគេនឹងស្នាក់នៅក្នុងនគររបស់ខ្ញុំយ៉ាងពិតប្រាកដ។ មានពរហើយអស់អ្នកណាដែលស្គាល់ខ្ញុំ ពួកគេនឹងកាន់កាប់អំណាចនៅក្នុងនគររបស់ខ្ញុំយ៉ាងពិតប្រាកដ។ មានពរហើយអស់អ្នកណាដែលដើរតាមខ្ញុំ ពួកគេនឹងគេចផុតពីចំណងរបស់សាតាំង ហើយរីករាយនឹងព្រះពររបស់ខ្ញុំយ៉ាងពិតប្រាកដ។ មានពរហើយអស់អ្នកណាដែលអាចបោះបង់ខ្លួនឯង ដ្បិតពួកគេនឹងចូលទៅក្នុងទ្រព្យសម្បត្តិរបស់ខ្ញុំ ហើយទទួលបានអំណោយនៃនគររបស់ខ្ញុំទុកជាមរតក។ ខ្ញុំនឹងចងចាំអស់អ្នកដែលរត់ស្វះស្វែងដើម្បីខ្ញុំ ខ្ញុំនឹងឱបអស់អ្នកដែលបានចំណាយដើម្បីខ្ញុំដោយអំណរ ហើយខ្ញុំនឹងប្រទានភាពរីករាយដល់អស់អ្នកណាដែលថ្វាយតង្វាយដល់ខ្ញុំ។ ខ្ញុំនឹងប្រទានពរដល់អស់អ្នកណាដែលស្វែងរកភាពរីករាយនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។ ពួកគេនឹងក្លាយជាសរសដែលទប់បង្គោលនគររបស់ខ្ញុំយ៉ាងពិតប្រាកដ ពួកគេនឹងមានភាពបរិបូរណ៍ដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងដំណាក់របស់ខ្ញុំ ហើយគ្មាននរណាម្នាក់អាចប្រៀបផ្ទឹមជាមួយពួកគេបានទេ។ តើអ្នករាល់គ្នាធ្លាប់បានទទួលយកព្រះពរ ដែលបានផ្តល់ដល់អ្នករាល់គ្នាហើយឬនៅ? តើអ្នករាល់គ្នាធ្លាប់ស្វែងរកសេចក្តីសន្យា ដែលបានធ្វើសម្រាប់អ្នករាល់គ្នាហើយឬនៅ? ក្រោមការចង្អុលបង្ហាញនៃពន្លឺរបស់ខ្ញុំ អ្នករាល់គ្នាប្រាកដជានឹងយកឈ្នះការហ៊ុមព័ទ្ធនៃកម្លាំងរបស់ភាពងងឹត។ នៅកណ្តាលភាពងងឹត អ្នកប្រាកដជានឹងមិនបាត់បង់ពន្លឺដែលកំពុងដឹកនាំអ្នកនោះទេ។ អ្នកប្រាកដជានឹងក្លាយជាម្ចាស់នៃរបស់សព្វសារពើទាំងអស់។ អ្នកប្រាកដជានឹងក្លាយជាអ្នកដែលមានជ័យជម្នះម្នាក់នៅចំពោះមុខសាតាំង។ នៅពេលដែលអាណាចក្រនៃនាគដ៏ធំមានសម្បុរក្រហមដួលរលំ នោះអ្នកប្រាកដជានឹងក្រោកឈរនៅកណ្តាលហ្វូងមនុស្សជាច្រើន ដើម្បីធ្វើបន្ទាល់អំពីភាពជោគជ័យរបស់ខ្ញុំ។ អ្នកប្រាកដជានឹងឈរយ៉ាងរឹងមាំ និងមិនរង្គោះរង្គើ នៅក្នុងដែនដីនៃស៊ីនីម។ តាមរយៈការរងទុក្ខដែលអ្នកស៊ូទ្រាំ អ្នកនឹងទទួលព្រះពររបស់ខ្ញុំជាមរតក ហើយនឹងផ្សាយសីរីរុងរឿងរបស់ខ្ញុំទៅទូទាំងពិភពលោកទាំងមូលជាក់ជាមិនខាន។
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅពេលដែលកិច្ចការនៃការយកឈ្នះត្រូវបានបញ្ចប់ជាស្ថាពរ មនុស្សនឹងត្រូវនាំទៅកាន់ពិភពលោកមួយដ៏ស្រស់បំព្រង។ ជាការពិតណាស់ ជីវិតនេះនឹងមាននៅលើផែនដី ប៉ុន្តែវានឹងខុសគ្នាទាំងស្រុងពីជីវិតរបស់មនុស្សក្នុងពេលបច្ចុប្បន្ននេះ។ វាគឺជាជីវិតដែលមនុស្សនឹងត្រូវមាន ក្រោយពីមនុស្សជាតិទាំងមូលត្រូវបានយកឈ្នះ វានឹងក្លាយជាការចាប់ផ្ដើមជាថ្មីសម្រាប់មនុស្សនៅលើផែនដី ហើយការដែលធ្វើឱ្យមនុស្សមានជីវិតមួយបែបនេះ នឹងក្លាយជាសេចក្ដីសំអាងដែលបញ្ជាក់ថាមនុស្សបានចូលទៅក្នុងពិភពថ្មីមួយដែលស្រស់បំព្រង។ វានឹងក្លាយជាការចាប់ផ្ដើមនៃជីវិតរបស់មនុស្ស និងព្រះជាម្ចាស់នៅលើផែនដី។ ការលើកឡើងសម្រាប់ជីវិតដ៏ស្រស់បំព្រងក្រោយពីមនុស្សត្រូវបានបន្សុទ្ធ និងយកឈ្នះរួចមក គឺគេនឹងត្រូវចុះចូលនៅចំពោះព្រះអាទិករ។ ហេតុនេះហើយ កិច្ចការនៃការយកឈ្នះ គឺជាដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ នៅមុនពេលដែលមនុស្សចូលទៅក្នុងគោលដៅដ៏អស្ចារ្យនេះ។ ជីវិតបែបនេះ គឺជាជីវិតរបស់មនុស្សនៅលើផែនដីនាពេលអនាគត ជាជីវិតដ៏ស្រស់បំព្រងនៅលើផែនដី ជាជីវិតដែលមនុស្សទន្ទឹងចង់បាន ជាប្រភេទនៃជីវិតដែលមនុស្សមិនធ្លាប់ឈានដល់នៅក្នុងប្រវត្តិសាស្រ្តពិភពលោកឡើយ។ វាគឺជាលទ្ធផលចុងក្រោយនៃកិច្ចការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំ។ វាគឺជាអ្វីដែលមនុស្សស្រេកឃ្លានចង់បានបំផុត ហើយវាក៏ជាការសន្យារបស់ព្រះជាម្ចាស់ចំពោះមនុស្សផងដែរ។ ប៉ុន្តែ ការសន្យានេះ មិនអាចចូលមកដល់ភ្លាមៗនោះទេ។ មនុស្សនឹងចូលទៅក្នុងទិសដៅអនាគត នៅពេលណាដែលកិច្ចការនៃគ្រាចុងក្រោយបង្អស់ ត្រូវបានបញ្ចប់រួចរាល់ និងពេលដែលមនុស្សត្រូវបានយកឈ្នះរួចទាំងស្រុងតែប៉ុណ្ណោះ ពោលគឺនៅពេលណាដែលសាតាំងត្រូវបានយកឈ្នះទាំងស្រុង។ បន្ទាប់ពីមនុស្សត្រូវបានបន្សុទ្ធរួច គេនឹងលែងមានធម្មជាតិដែលមានបាបទៀតហើយ ដ្បិតព្រះជាម្ចាស់បានយកឈ្នះលើសាតាំងជាស្រេចហើយ មានន័យថា នឹងគ្មានការឈ្លានពានដោយកម្លាំងកម្រោល ហើយគ្មានកម្លាំងណាមួយដែលអាចវាយប្រហារលើសាច់ឈាមរបស់មនុស្សបានឡើយ។ ដូចនេះហើយ មនុស្សនឹងត្រូវដោះលែងឱ្យមានសេរីភាព និងបានបរិសុទ្ធ គេនឹងបានចូលទៅក្នុងភាពអស់កល្បជានិច្ច។ ទាល់តែអំណាចទទឺងនៃភាពងងឹតត្រូវបានដាក់ជាបាវបម្រើ ទើបមនុស្សអាចត្រូវបានដោះលែងឱ្យមានសេរីភាពនៅគ្រប់ទីកន្លែងដែលមនុស្សទៅដល់បាន ហេតុដូច្នេះ គេនឹងគ្មានការបះបោរ ឬការប្រឆាំងទាស់ឡើយ។ សាតាំងគ្មានអ្វីក្រៅតែពីត្រូវចាប់ធ្វើជាបាវបម្រើទេ ហើយអ្វីគ្រប់យ៉ាងនឹងត្រូវល្អប្រសើរសម្រាប់មនុស្ស។ ស្ថានភាពបច្ចុប្បន្ន កើតមានដោយសារសាតាំងនៅបន្តបង្កបញ្ហានៅគ្រប់ទីកន្លែងនៅលើផែនដី ហើយដោយសារកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងមូល មិនទាន់សម្រេចដល់ទីបញ្ចប់នៅឡើយ។ នៅពេលដែលសាតាំងត្រូវបានយកឈ្នះរួច មនុស្សនឹងត្រូវដោះលែងឱ្យមានសេរីភាពទាំងស្រុង នៅពេលមនុស្សទទួលយកព្រះជាម្ចាស់ និងចេញផុតពីដែនត្រួតត្រារបស់សាតាំង នោះគេនឹងអាចឃើញព្រះអាទិត្យនៃសេចក្ដីសុចរិត។
(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅពេលដែលព្រះជាម្ចាស់បន្ធូរសេចក្តីក្រោធដ៏ខ្លាំងរបស់ទ្រង់ ពិភពលោកទាំងមូលនឹងជួបគ្រោះមហន្តរាយគ្រប់ប្រភេទ ដូចជាការផ្ទុះភ្នំភ្លើងជាដើម។ ពេលឈរយ៉ាងខ្ពស់នៅលើផ្ទៃមេឃ អាចមើលឃើញថា នៅលើផែនដី រាល់ទម្រង់នៃទុក្ខភ័យខិតមករកមនុស្សជាតិទាំងអស់ ហើយខិតមកកាន់តែជិតពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយមើលពីទីខ្ពស់មកក្រោម ផែនដីបង្ហាញទេសភាពជាច្រើនប្រភេទ ដូចទៅនឹងទេសភាពដែលមាននៅមុនពេលរញ្ជួយផែនដីដូច្នោះដែរ។ អណ្តាតភ្លើងដែលរាវឆេះឡើងសន្ធោរសន្ធៅដោយគ្មានការបង្អាក់ កំអែភ្នំភ្លើងហូរយ៉ាងសេរី ភ្នំទាំងឡាយរំកិល ហើយពន្លឺដ៏ត្រជាក់បានបញ្ចេញរស្មីដ៏ភ្លឺគ្របដណ្តប់របស់សព្វសារពើ។ ពិភពលោកទាំងមូលបានលិចទៅក្នុងភ្លើង។ នេះគឺជាទិដ្ឋភាពដែលព្រះជាម្ចាស់បញ្ចេញសេចក្តីក្រោធរបស់ទ្រង់ ហើយវាគឺជាពេលវេលានៃការជំនុំជម្រះរបស់ទ្រង់។ អស់អ្នកដែលនៅក្នុងសាច់ឈាម នឹងមិនអាចរត់គេចបានទេ។ ដូច្នេះហើយ ដើម្បីបំផ្លាញពិភពលោកទាំងមូល គឺមិនត្រូវការសង្គ្រាមរវាងប្រទេសនិងប្រទេស ក៏ដូចជាជម្លោះរវាងមនុស្សនិងមនុស្សនោះទេ។ ផ្ទុយទៅវិញ ពិភពលោកនឹង «រីករាយទាំងដឹងខ្លួន» នៅក្នុងអង្រឹងនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់នឹងអាចរត់គេចបានទេ។ មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់ការល្បងលនេះម្តងម្នាក់ៗ។ បន្ទាប់ពីនោះ ពិភពលោកទាំងមូលនឹងបញ្ចេញពន្លឺម្តងទៀតដោយរស្មីដ៏បរិសុទ្ធ ហើយមនុស្សជាតិទាំងអស់នឹងចាប់ផ្តើមជីវិតថ្មីម្តងទៀត។ ព្រះជាម្ចាស់នឹងសម្រាកនៅពីលើពិភពលោក ហើយនឹងប្រទានពរដល់មនុស្សជាតិជារៀងរាល់ថ្ងៃ។
(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅពេលដែលព្រះបន្ទូលរបស់ខ្ញុំបានសម្រេច នោះនគរព្រះនឹងលេចរូបរាងឡើងបន្តិចម្តងៗនៅលើផែនដី ហើយមនុស្សនឹងត្រឡប់មកភាពប្រក្រតីវិញបន្តិចម្តងៗ ដូច្នេះ នៅក្នុងព្រះហឫទ័យរបស់ខ្ញុំ គឺមាននគរព្រះបានបង្កើតនៅលើផែនដីហើយ។ នៅក្នុងនគរនោះ រាស្ដ្ររបស់ព្រះជាម្ចាស់ទាំងអស់ ស្តារជីវិតជាមនុស្សប្រក្រតីឡើងវិញ។ រដូវរងារដ៏ត្រជាក់ក៏បាត់ទៅ ដោយត្រូវជំនួសដោយពិភពទីក្រុងនៃរដូវផ្ការីក ជាកន្លែងដែលមានផ្ការីកពេញមួយឆ្នាំ។ មនុស្សមិនប្រឈមមុខនឹងភាពងងឹត មិនប្រឈមមុខនឹងពិភពមនុស្សដែលអកុសល ហើយពួកគេមិនអត់ធន់នឹងភាពត្រជាក់នៃពិភពរបស់មនុស្សតទៅទៀតទេ។ មនុស្សមិនឈ្លោះគ្នា ប្រទេសជាតិមិនធ្វើសង្គ្រាមប្រឆាំងគ្នា លែងមានការកាប់សម្លាប់គ្នា និងលែងមានឈាមដែលហូរចេញពីការសម្លាប់គ្នាតទៅទៀត។ ដែនដីទាំងអស់ពេញទៅដោយសុភមង្គល ហើយគ្រប់ទីកន្លែងពោរពេញទៅដោយភាពកក់ក្តៅរវាងមនុស្ស និងមនុស្ស។ ខ្ញុំផ្លាស់ទៅគ្រប់កន្លែងនៃពិភពលោក ខ្ញុំរីករាយពីលើកំពូលបល្ល័ង្កនៃខ្ញុំ ហើយខ្ញុំគង់នៅក្នុងចំណោមដួងផ្កាយទាំងពួង។ ពួកទេវតាច្រៀងចម្រៀងថ្មី និងរាំរបាំថ្មីថ្វាយដល់ខ្ញុំ។ ភាពងាយរងគ្រោះរបស់ពួកគេ លែងធ្វើឱ្យពួកគេស្រក់ទឹកភ្នែកតទៅទៀតហើយ។ ខ្ញុំលែងឮសំឡេងពួកទេវតាយំខ្សឹកខ្សួលនៅចំពោះព្រះភ័ក្ត្រខ្ញុំតទៅទៀតហើយ ហើយក៏លែងមាននរណាម្នាក់រអ៊ូរទាំដាក់ខ្ញុំអំពីការលំបាកតទៅទៀតដែរ។ ថ្ងៃនេះ អ្នករាល់គ្នារស់នៅចំពោះមុខខ្ញុំ។ ថ្ងៃស្អែក អ្នករាល់គ្នានឹងរស់នៅក្នុងនគររបស់ខ្ញុំ។ តើនេះមិនមែនជាព្រះពរដ៏ធំបំផុតដែលខ្ញុំប្រទានដល់មនុស្សទេឬអី?
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ការរស់នៅក្នុងសេចក្ដីសម្រាក សំដៅលើជីវិតមួយដែលគ្មានចម្បាំង គ្មានភាពស្មោកគ្រោក និងគ្មានការតតាំងជាមួយសេចក្ដីទុច្ចរិត។ មានន័យថា ជីវិតនេះ គឺជាជីវិតមួយដែលគ្មានការរំខានពីសាតាំង (ក្នុងន័យនេះ «សាតាំង» សំដៅលើអំណាចសត្រូវ) និងសេចក្ដីពុករលួយរបស់សាតាំង ហើយជីវិតនេះនឹងមិនរងនូវការឈ្លានពានពីអំណាចណាមួយដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ឡើយ។ គឺជាជីវិតមួយដែលគ្រប់សព្វសារពើទាំងអស់ ដើរតាមប្រភេទរៀងៗខ្លួន និងអាចថ្វាយបង្គំព្រះអម្ចាស់ដែលបង្កើតសព្វសារពើបាន ហើយស្ថានសួគ៌និងផែនដី មានសភាពស្ងប់ស្ងាត់ទាំងស្រុង។ នេះគឺជាអត្ថន័យពាក្យថា «ជីវិតស្រាកស្រាន្តរបស់មនុស្ស»។ នៅពេលដែលព្រះជាម្ចាស់សម្រាក សេចក្ដីទុច្ចរិតនឹងលែងមាននៅលើផែនដីនេះទៀតហើយ ហើយក៏លែងមានការឈ្លានពានបន្ថែមទៀតពីអំណាចសត្រូវដែរ ហើយមនុស្សជាតិនឹងចូលទៅក្នុងពិភពថ្មីមួយ គេលែងជាមនុស្សជាតិដែលត្រូវសាតាំងធ្វើឱ្យពុករលួយទៀតហើយ ប៉ុន្តែផ្ទុយទៅវិញ ជាមនុស្សជាតិដែលត្រូវបានសង្គ្រោះ ក្រោយពីត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ ថ្ងៃសម្រាករបស់មនុស្សជាតិ ក៏នឹងក្លាយជាថ្ងៃសម្រាករបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់បានបាត់បង់សេចក្ដីសម្រាករបស់ទ្រង់ដោយសារមនុស្សជាតិមិនអាចចូលទៅក្នុងសេចក្ដីសម្រាកបាន មិនមែនដោយសារទ្រង់មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានតាំងពីដើមមកនោះទេ។ ការចូលទៅក្នុងសេចក្ដីសម្រាកពុំមានន័យថា អ្វីគ្រប់សព្វសារពើឈប់កម្រើក ឬឈប់វិវឌ្ឍនោះទេ ហើយវាក៏មិនមានន័យថា ព្រះជាម្ចាស់ឈប់បំពេញកិច្ចការ ឬមានន័យថា មនុស្សឈប់រស់នៅដែរ។ ទីសម្គាល់នៃការចូលទៅក្នុងសេចក្ដីសម្រាក គឺនៅពេលដែលសាតាំងត្រូវបានបំផ្លាញ នៅពេលដែលមនុស្សទុច្ចរិតដែលចូលដៃជើងក្នុងការប្រព្រឹត្តអំពើអាក្រក់របស់វា ត្រូវបានដាក់ទោស និងត្រូវកម្ចាត់ចោល និងនៅពេលដែលគ្រប់អំណាចទាំងអស់ដែលទទឹងនឹងព្រះជាម្ចាស់លែងកើតមាន។ ព្រះជាម្ចាស់ដែលយាងចូលទៅក្នុងសេចក្ដីសម្រាក សំដៅលើថា ទ្រង់នឹងលែងបំពេញកិច្ចការរបស់ទ្រង់ក្នុងសេចក្ដីសង្គ្រោះមនុស្សលោកទៀត។ មនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា មនុស្សជាតិទាំងមូលនឹងរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ និងរស់នៅក្រោមព្រះពររបស់ទ្រង់ គ្មានសេចក្ដីពុករលួយរបស់សាតាំង ហើយសេចក្ដីទុច្ចរិតក៏នឹងលែងកើតមានទៀត។ ស្ថិតក្រោមការថែទាំរបស់ព្រះជាម្ចាស់ មនុស្សលោកនឹងរស់នៅតាមធម្មតានៅលើផែនដី។ នៅពេលដែលព្រះជាម្ចាស់ និងមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា មានន័យថា មនុស្សជាតិត្រូវបានសង្គ្រោះ ហើយសាតាំងត្រូវបានបំផ្លាញ ហើយកិច្ចការរបស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺមានលក្ខណៈពេញលេញទាំងស្រុង។ ព្រះជាម្ចាស់នឹងលែងបន្តបំពេញកិច្ចការចំពោះមនុស្សលោក ហើយពួកគេនឹងលែងរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងទៀត។ ដូច្នេះ ព្រះជាម្ចាស់នឹងលែងជាប់រវល់ទៀត ហើយមនុស្សនឹងលែងត្រូវដើរឥតឈប់ទៀតហើយ។ ព្រះជាម្ចាស់និងមនុស្សជាតិ នឹងចូលទៅក្នុងសេចក្ដីសម្រាកក្នុងពេលជាមួយគ្នា។ ព្រះជាម្ចាស់នឹងត្រឡប់ទៅកាន់កន្លែងដើមរបស់ទ្រង់វិញ ហើយមនុស្សម្នាក់ៗនឹងត្រូវត្រឡប់ទៅកន្លែងរបស់គេរៀងៗខ្លួនវិញ។ ទាំងអស់នេះ គឺជាទិសដៅដែលព្រះជាម្ចាស់និងមនុស្សលោកនឹងត្រូវរស់នៅ នៅពេលការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់។ ព្រះជាម្ចាស់មានទិសដៅរបស់ទ្រង់ ហើយមនុស្សជាតិមានទិសដៅរបស់មនុស្សជាតិ។ នៅពេលកំពុងសម្រាក ព្រះជាម្ចាស់នឹងបន្តដឹកនាំមនុស្សលោកទាំងអស់នៅក្នុងជីវិតរស់នៅរបស់ពួកគេនៅលើផែនដី ហើយនៅពេលស្ថិតក្នុងពន្លឺរបស់ទ្រង់ពួកគេនឹងថ្វាយបង្គំព្រះជាម្ចាស់ដ៏ពិតតែមួយអង្គគត់នៅលើស្ថានសួគ៌។ ព្រះជាម្ចាស់នឹងលែងរស់នៅក្នុងចំណោមមនុស្សលោក ហើយមនុស្សលោកក៏នឹងលែងអាចរស់នៅជាមួយព្រះជាម្ចាស់នៅក្នុងទិសដៅរបស់ទ្រង់ទៀតបានដែរ។ ព្រះជាម្ចាស់និងមនុស្សលោក មិនអាចរស់នៅក្នុងពិភពដូចគ្នាបានទេ ក៏ប៉ុន្តែទាំងព្រះជាម្ចាស់និងមនុស្សលោក មានលក្ខណៈនៃការរស់នៅរៀងៗខ្លួន។ ព្រះជាម្ចាស់ គឺជាព្រះដែលដឹកនាំមនុស្សជាតិទាំងអស់ ហើយគ្រប់មនុស្សជាតិទាំងអស់ គឺជាការបង្ហាញឱ្យឃើញច្បាស់អំពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ មនុស្សលោក គឺជាមនុស្សដែលត្រូវព្រះជាម្ចាស់ដឹកនាំនិងគ្មានសារជាតិដូចព្រះជាម្ចាស់ឡើយ។ «សម្រាក» មានន័យថា ត្រឡប់ទៅកាន់កន្លែងដើមរៀងៗខ្លួនវិញ។ ហេតុនេះ នៅពេលដែលព្រះជាម្ចាស់យាងចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា ទ្រង់បានយាងត្រឡប់ទៅកាន់កន្លែងដើមរបស់ទ្រង់វិញហើយ។ ទ្រង់នឹងលែងរស់នៅលើផែនដីនេះ ឬគង់ក្នុងចំណោមមនុស្សជាតិ ដើម្បីរួមចំណែកក្នុងភាពសប្បាយរីករាយ និងទុក្ខសោករបស់ពួកគេទៀតហើយ។ នៅពេលដែលមនុស្សចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា ពួកគេបានក្លាយជារបស់ពិតប្រាកដនៃការបង្កើតសព្វសារពើមក។ ពួកគេនឹងថ្វាយបង្គំព្រះជាម្ចាស់ពីផែនដីនេះ និងរស់នៅក្នុងជីវិតជាមនុស្សសាមញ្ញធម្មតា។ មនុស្សនឹងលែងរឹងចចេសនឹងព្រះជាម្ចាស់ ឬលែងប្រឆាំងនឹងទ្រង់ទៀតហើយ ហើយគេនឹងត្រូវត្រឡប់ទៅកាន់ជីវិតដើមរបស់អ័ដាម និងអេវ៉ាវិញ។ ទាំងអស់នេះ នឹងក្លាយជាជីវិត និងជាទិសដៅរៀងៗខ្លួនរបស់ព្រះជាម្ចាស់និងមនុស្សលោក បន្ទាប់ពីព្រះជាម្ចាស់និងមនុស្សលោកចូលទៅក្នុងសេចក្ដីសម្រាក។ ការបរាជ័យរបស់សាតាំង គឺជារឿងដែលមិនអាចគេចផុតបាន នៅក្នុងសង្គ្រាមរវាងសាតាំងនឹងព្រះជាម្ចាស់។ ដូច្នេះ ការចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះជាម្ចាស់ ក្រោយពីបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ និងបញ្ចប់ការសង្គ្រោះមនុស្សជាតិទាំងស្រុង រួចចូលទៅក្នុងសេចក្ដីសម្រាក ក៏បានក្លាយជារឿងដែលមិនអាចគេចផុតដូចគ្នាដែរ។ កន្លែងសម្រាករបស់មនុស្សជាតិគឺនៅលើផែនដី ហើយកន្លែងសម្រាករបស់ព្រះជាម្ចាស់ គឺនៅឯស្ថានសួគ៌។ ពេលមនុស្សលោកថ្វាយបង្គំព្រះជាម្ចាស់ក្នុងសេចក្ដីសម្រាក ពួកគេនឹងរស់នៅលើផែនដីនេះ ហើយពេលព្រះជាម្ចាស់ដឹកនាំមនុស្សជាតិ ដែលនៅសេសសល់ក្នុងសេចក្ដីសម្រាក ទ្រង់នឹងដឹកនាំពួកគេពីស្ថានសួគ៌ មិនមែនពីផែនដីឡើយ។ ព្រះជាម្ចាស់នឹងនៅតែជាព្រះវិញ្ញាណដដែល ចំណែកមនុស្សនឹងនៅតែជាសាច់ឈាមដដែល។ ព្រះជាម្ចាស់ និងមនុស្សលោក សម្រាកក្នុងលក្ខណៈខុសគ្នា។ នៅពេលដែលព្រះជាម្ចាស់សម្រាក ទ្រង់នឹងយាងយក ហើយលេចឡើងក្នុងចំណោមមនុស្សលោក។ នៅពេលដែលមនុស្សលោកសម្រាក ព្រះជាម្ចាស់នឹងដឹកនាំពួកគេទៅលេងស្ថានសួគ៌ក៏ដូចជាទៅត្រេកអរ សប្បាយនឹងជីវិតនៅទីនោះផងដែរ។
(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅពេលមនុស្សសម្រេចជីវិតជាមនុស្សពិតនៅលើផែនដី ហើយអំណាចទាំងស្រុងរបស់សាតាំងត្រូវបានដាក់ជាបាវបម្រើ នោះមនុស្សនឹងរស់នៅលើផែនដីបានងាយស្រួល។ រឿងរ៉ាវនានានឹងមិនស្មុគស្មាញដូចជាពេលសព្វថ្ងៃនេះទេ៖ ទំនាក់ទំនងរបស់មនុស្ស ទំនាក់ទំនងសង្គម ទំនាក់ទំនងគ្រួសារដែលស្មុគស្មាញ នាំមកនូវបញ្ហាជាច្រើន នាំមកនូវការឈឺចាប់យ៉ាងក្រៃលែង! ជីវិតរបស់មនុស្សនៅទីនេះ គឺវេទនាខ្លាំងណាស់! នៅពេលណាដែលមនុស្សត្រូវបានយកឈ្នះរួចហើយ ដួងចិត្តនិងចិត្តគំនិតរបស់គេ នឹងត្រូវបំផ្លាស់បំប្រែ៖ គេនឹងមានដួងចិត្តមួយដែលគោរពកោតខ្លាច និងស្រឡាញ់ព្រះជាម្ចាស់។ នៅពេលណាដែលអស់អ្នកទាំងឡាយដែលស្ថិតក្នុងសាកលលោកនេះ ដែលស្វះស្វែងដើម្បីស្រឡាញ់ព្រះជាម្ចាស់ ត្រូវបានយកឈ្នះរួចហើយ ពោលគឺនៅពេលដែលសាតាំងត្រូវបានបង្ក្រាបរួចហើយ ហើយនៅពេលដែលសាតាំង ពោលគឺគ្រប់អំណាចនៃភាពងងឹតទាំងអស់ ត្រូវបានដាក់ឱ្យជាប់ចំណងរួច នោះជីវិតរបស់មនុស្សនៅលើផែនដីនឹងលែងមានបញ្ហាទៀត ហើយគេនឹងអាចរស់នៅនៅលើផែនដីបានដោយសេរី។ ប្រសិនបើជីវិតរបស់មនុស្សមិនមានទំនាក់ទំនងខាងសាច់ឈាម និងគ្មានភាពស្មុគស្មាញខាងសាច់ឈាមទេ នោះជីវិតនេះនឹងកាន់តែមានភាពងាយស្រួលជាងមុន។ ទំនាក់ទំនងរបស់មនុស្សខាងសាច់ឈាម មានភាពស្មុគស្មាញយ៉ាងខ្លាំង ហើយការដែលមនុស្សមានអ្វីទាំងអស់ទាំងនេះ គឺជាសេចក្ដីសម្អាងដែលបញ្ជាក់ថា គេមិនទាន់បានរំដោះខ្លួនចេញផុតពីឥទ្ធិពលរបស់សាតាំងឡើយ។ ប្រសិនបើអ្នកមានទំនាក់ទំនងដូចគ្នាជាមួយបងប្អូនប្រុស និងបងប្អូនស្រីរបស់អ្នក ប្រសិនបើអ្នកមានទំនាក់ទំនងដូចគ្នា ជាមួយសមាជិកគ្រួសាររបស់អ្នក នោះអ្នកនឹងគ្មានក្ដីកង្វល់ និងមិនចាំបាច់ត្រូវព្រួយបារម្ភអំពីនរណាម្នាក់ឡើយ។ គ្មានអ្វីល្អប្រសើរជាងនេះឡើយ ហើយបែបនេះ មនុស្សនឹងត្រូវសម្រាលការឈឺចាប់របស់គេបានពាក់កណ្ដាល។ ការរស់នៅក្នុងជីវិតមនុស្សដែលធម្មតានៅលើផែនដី មនុស្សនឹងមានលក្ខណៈស្រដៀងគ្នាទៅនឹងពួកទេវតា។ ថ្វីបីគេនៅជាសាច់ឈាមនៅឡើយ តែគេនឹងកាន់តែមានលក្ខណៈដូចទេវតាមួយអង្គដែរ។ នេះគឺជាការសន្យាចុងក្រោយ ជាការសន្យាចុងបង្អស់ដែលបានប្រទានមកឱ្យមនុស្ស។
(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅពេលមនុស្សចូលទៅក្នុងទិសដៅដ៏អស់កល្បជានិច្ច នោះមនុស្សនឹងថ្វាយបង្គំព្រះអាទិករ ហើយដ្បិតមនុស្សបានទទួលនូវសេចក្ដីសង្គ្រោះ និងបានចូលក្នុងភាពអស់កល្បជានិច្ច នោះមនុស្សនឹងមិនស្វែងរកវត្ថុបំណងណាមួយឡើយ ហើយបន្ថែមលើនេះ គេក៏នឹងមិនត្រូវការព្រួយបារម្ភចំពោះការឡោមព័ទ្ធពីសំណាក់សាតាំងដែរ។ នៅពេលនេះ មនុស្សនឹងដឹងពីកន្លែងរបស់គេ ហើយនឹងបំពេញភារកិច្ចរបស់គេ ហើយបើទោះបីជាពួកគេមិនត្រូវបានវាយផ្ចាល ឬជំនុំជម្រះក្ដី ក៏មនុស្សម្នាក់ៗនឹងត្រូវបំពេញភារកិច្ចរបស់ពួកគេដែរ។ នៅពេលនោះ មនុស្សនឹងមានទាំងអត្តសញ្ញាណនិងឋានៈជាសត្តនិករ។ នឹងលែងមានភាពខុសគ្នារវាងខ្ពស់និងទាប។ មនុស្សម្នាក់ៗ នឹងគ្រាន់តែត្រូវបំពេញមុខងារផ្សេងៗគ្នាតែប៉ុណ្ណោះ។ បែបនេះក្ដី ក៏មនុស្សនៅតែបន្តរស់នៅក្នុងទិសដៅដែលត្រឹមត្រូវ និងសមស្របសម្រាប់មនុស្សជាតិ។ មនុស្សនឹងបំពេញភារកិច្ចរបស់ខ្លួនដើម្បីបានថ្វាយបង្គំព្រះអាទិករ ហើយគឺមនុស្សជាតិនេះហើយ ដែលនឹងត្រូវក្លាយជាមនុស្សជាតិអស់កល្បជានិច្ច។ នៅពេលនោះ មនុស្សនឹងបានទទួលនូវជីវិតមួយដែលព្រះជាម្ចាស់បានបំភ្លឺ ជាជីវិតមួយដែលស្ថិតក្រោមការបីបាច់ និងការការពារពីព្រះជាម្ចាស់ ជាជីវិតមួយសមប្រកបជាមួយព្រះជាម្ចាស់។ មនុស្សជាតិនឹងដឹកនាំជីវិតធម្មតាមួយនៅលើផែនដី ហើយមនុស្សទាំងអស់នឹងចូលទៅក្នុងផ្លូវដែលត្រឹមត្រូវ។ នៅទីបំផុត ផែនការនៃការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំ នឹងបានបង្ក្រាបលើសាតាំង ដែលមានន័យថា ព្រះជាម្ចាស់នឹងបានស្រោចស្រង់នូវរូបភាពដើមរបស់មនុស្ស ដែលទ្រង់បានបង្កើតមក យ៉ាងនោះ ទើបបំណងព្រះហឫទ័យដើមរបស់ព្រះជាម្ចាស់ នឹងបានសម្រេចជោគជ័យ។
(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅពេលដែលមនុស្សលោកត្រូវបានស្រោចស្រង់មកជាលក្ខណៈដើមរបស់ពួកគេវិញ ហើយនៅពេលដែលពួកគេអាចបំពេញភារកិច្ចរៀងៗខ្លួន រក្សាទីតាំងត្រឹមត្រូវរបស់ខ្លួន និងចុះចូលនឹងការរៀបចំទាំងអស់របស់ព្រះជាម្ចាស់បាន នោះព្រះជាម្ចាស់នឹង ទទួលយកមនុស្សមួយក្រុមនៅលើផែនដីដែលថ្វាយបង្គំទ្រង់ ហើយទ្រង់ក៏នឹងបានបង្កើតនគរមួយនៅលើផែនដីដែលថ្វាយបង្គំទ្រង់ផងដែរ។ ទ្រង់នឹងមានជ័យជម្នះជាអស់កល្បជានិច្ចនៅលើផែនដីនេះ ហើយអ្នកដែលប្រឆាំងនឹងទ្រង់ នឹងត្រូវវិនាសហិនហោចជាអស់កល្បជានិច្ច។ កិច្ចការនេះនឹងស្រោចស្រង់នូវបំណងព្រះហឫទ័យដើមរបស់ទ្រង់នៅក្នុងការបង្កើតមនុស្សជាតិនេះត្រឡប់មកវិញ។ វានឹងស្រោចស្រង់នូវបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការបង្កើតគ្រប់សព្វសារពើ ហើយក៏នឹងស្រោចស្រង់នូវសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដី ក្នុងចំណោមគ្រប់សព្វសារពើ និងក្នុងចំណោមសត្រូវរបស់ទ្រង់ត្រឡប់មកវិញផងដែរ។ ទាំងអស់នេះ នឹងក្លាយជានិមិត្តរូបនៃជ័យជម្នះទាំងស្រុងរបស់ទ្រង់។ ចាប់ពីពេលនោះមក មនុស្សជាតិនឹងចូលទៅក្នុងសេចក្ដីសម្រាក និងចាប់ផ្ដើមជីវិតមួយដែលស្ថិតនៅលើផ្លូវត្រូវ។ ព្រះជាម្ចាស់ ក៏នឹងចូលទៅក្នុងសេចក្ដីសម្រាកជាអស់កល្បជានិច្ចជាមួយមនុស្សជាតិផងដែរ និងចាប់ផ្ដើមជីវិតដ៏អស់កល្បជានិច្ច រួមគ្នាដោយទ្រង់ផ្ទាល់ព្រះអង្គ និងដោយមនុស្សលោក។ ភាពស្មោកគ្រោក និងការមិនស្ដាប់បង្គាប់នៅលើផែនដី នឹងត្រូវបាត់អស់ ហើយអ្នកស្រែកទួញថ្ងូរ នឹងបានរសាយចិត្ត ហើយគ្រប់សព្វសារពើទាំងអស់នៅក្នុងពិភពលោកនេះ ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ នឹងត្រូវឈប់កើតមានទៀត។ មានតែព្រះជាម្ចាស់ និងអ្នកដែលទទួលបាននូវសេចក្ដីសង្គ្រោះរបស់ទ្រង់ប៉ុណ្ណោះ ដែលនឹងនៅបន្តទៀត។ មានតែសព្វសារពើដែលទ្រង់បង្កើតមកប៉ុណ្ណោះ ដែលនឹងត្រូវនៅបន្តទៀត។
(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ដីទាំងមូលពោរពេញទៅដោយសំឡេងសើចក្អាកក្អាយ គ្រប់ទីកន្លែងនៅលើផែនដី មានបរិយាកាសនៃការលើកសរសើរ ហើយគ្មានកន្លែងណាមួយដែលគ្មានសិរីល្អរបស់ខ្ញុំឡើយ។ ព្រះប្រាជ្ញាញាណរបស់ខ្ញុំនៅគ្រប់ទីកន្លែងនៅលើផែនដី និងនៅទូទាំងសកលលោកទាំងមូល។ ក្នុងចំណោមរបស់សព្វសារពើគឺជាផលផ្លែនៃព្រះប្រាជ្ញាញាណរបស់ខ្ញុំ ក្នុងចំណោមមនុស្សទាំងអស់គឺពោរពេញទៅដោយស្នាព្រះហស្ដនៃព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ អ្វីៗគ្រប់យ៉ាងគឺដូចរបស់សព្វសារពើនៅក្នុងព្រះនគររបស់ខ្ញុំ ហើយមនុស្សទាំងអស់រស់នៅក្នុងសេចក្ដីស្ងប់ក្រោមផ្ទៃមេឃរបស់ខ្ញុំដូចចៀមនៅលើវាលស្មៅរបស់ខ្ញុំអ៊ីចឹង។ ខ្ញុំផ្លាស់ទីពីលើមនុស្សទាំងអស់ ហើយខ្ញុំកំពុងមើលគ្រប់ទីកន្លែង។ គ្មានអ្វីមួយដែលមើលទៅចាស់ទេ ហើយក៏គ្មាននរណាម្នាក់មានសភាពដូចពួកគេធ្លាប់មានពីមុនមកនោះដែរ។ ខ្ញុំសម្រាកនៅលើរាជបល្ល័ង្ក ខ្ញុំទម្រេតព្រះកាយពីលើសកលលោកទាំងមូល ហើយខ្ញុំសព្វព្រះហឫទ័យទាំងស្រុង ត្បិតរបស់សព្វសារពើបានទទួលមកវិញនូវភាពបរិសុទ្ធ ហើយខ្ញុំអាចគង់នៅយ៉ាងមានសន្តិភាពនៅក្នុងក្រុងស៊ីយ៉ូនម្ដងទៀត ហើយមនុស្សនៅលើផែនដីអាចដឹកនាំភាពស្ងប់ស្ងៀម ដោយរីករាយនឹងជីវិតក្រោមការណែនាំរបស់ខ្ញុំ។ មនុស្សទាំងអស់កំពុងគ្រប់គ្រងអ្វីគ្រប់យ៉ាងនៅក្នុងព្រះហស្តរបស់ខ្ញុំ មនុស្សទាំងអស់បានទទួលមកវិញនូវរូបរាងដើម និងប្រាជ្ញាពីមុនរបស់ពួកគេ។ ពួកគេលែងគ្របដណ្ដប់ដោយធូលីទៀតហើយ ប៉ុន្តែនៅក្នុងព្រះនគររបស់ខ្ញុំ ពួកគេគឺបរិសុទ្ធដូចជាថ្លើមថ្មអ៊ីចឹង ដោយម្នាក់ៗមានផ្ទៃមុខដូចជាអ្នកដ៏បរិសុទ្ធនៅក្នុងដួងចិត្តរបស់មនុស្សអ៊ីចឹង ដ្បិតព្រះនគររបស់ខ្ញុំត្រូវបានបង្កើតឡើងនៅក្នុងចំណោមមនុស្ស។
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
«ខ្ញុំផ្លាស់ទីពីលើមនុស្សទាំងអស់ ហើយខ្ញុំកំពុងមើលគ្រប់ទីកន្លែង។ គ្មានអ្វីមួយដែលមើលទៅចាស់ទេ ហើយក៏គ្មាននរណាម្នាក់មានសភាពដូចពួកគេធ្លាប់មានពីមុនមកនោះដែរ។ ខ្ញុំសម្រាកនៅលើរាជបល្ល័ង្ក ខ្ញុំទម្រេតព្រះកាយពីលើសកលលោកទាំងមូល...»។ នេះជាលទ្ធផលនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ រាស្ត្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់ ត្រឡប់ទៅជាទម្រង់ដើមរបស់ពួកគេវិញ ពីព្រោះពួកទេវតាដែលបានរងទុក្ខអស់ពេលជាច្រើនឆ្នាំ ត្រូវបានដោះលែង ដូចព្រះជាម្ចាស់មានព្រះបន្ទូលថា «ពួកគេមានផ្ទៃមុខដូចជាអ្នកដ៏បរិសុទ្ធនៅក្នុងដួងចិត្តរបស់មនុស្សអ៊ីចឹង»។ ដោយសារពួកទេវតាធ្វើការនៅលើផែនដី និងបម្រើព្រះជាម្ចាស់នៅលើផែនដី ហើយដោយសារតែសិរីល្អរបស់ព្រះជាម្ចាស់សាយភាយពាសពេញពិភពលោក ទើបស្ថានសួគ៌មកដល់ផែនដី រីឯផែនដីឡើងដល់ស្ថានសួគ៌។ ហេតុដូច្នេះហើយ មនុស្សគឺជាតំណដែលភ្ជាប់ស្ថានសួគ៌ និងផែនដី។ ស្ថានសួគ៌ និងផែនដីលែងឃ្លាតគ្នាទៀតហើយ លែងបែកគ្នាទៀតហើយ ប៉ុន្តែភ្ជាប់គ្នាតែមួយ។ នៅទូទាំងពិភពលោក មានតែព្រះជាម្ចាស់ និងមនុស្សប៉ុណ្ណោះ។ មិនមានធូលី ឬភាពកខ្វក់ឡើយ ហើយអ្វីៗទាំងអស់សុទ្ធតែថ្មីឡើងវិញ ដូចកូនចៀមដែលដេកនៅលើវាលស្មៅបៃតងក្រោមមេឃ ដោយរីករាយនឹងព្រះគុណគ្រប់យ៉ាងរបស់ព្រះជាម្ចាស់។ ហើយដោយសារតែការមកដល់នៃភាពបៃតង ទើបដង្ហើមជីវិតភ្លឺចែងចាំងឡើង ដ្បិតព្រះជាម្ចាស់យាងមកកាន់ពិភពលោកដើម្បីរស់នៅជាមួយមនុស្សអស់កល្បជានិច្ចដូចដែលព្រះជាម្ចាស់បានមានព្រះបន្ទូលចេញពីព្រះឱស្ឋថា «ខ្ញុំអាចគង់នៅយ៉ាងមានសន្តិភាពនៅក្នុងក្រុងស៊ីយ៉ូនម្ដងទៀត»។ នេះគឺជានិមិត្តរូបនៃការចាញ់របស់សាតាំង វាគឺជាថ្ងៃដែលព្រះជាម្ចាស់សម្រាក ហើយថ្ងៃនេះនឹងត្រូវបានប្រកាសលើកសរសើរដោយមនុស្សទាំងអស់ និងធ្វើពិធីរំឭកដោយមនុស្សទាំងអស់។ នៅពេលព្រះជាម្ចាស់សម្រាកនៅលើរាជបល្ល័ង្ក នោះក៏ជាពេលដែលព្រះជាម្ចាស់បញ្ចប់កិច្ចការរបស់ទ្រង់នៅលើផែនដីនេះដែរ ហើយវាគឺជាពេលដែលអាថ៌កំបាំងទាំងអស់របស់ព្រះជាម្ចាស់ត្រូវបានបង្ហាញដល់មនុស្ស ព្រះជាម្ចាស់ព្រមទាំងមនុស្ស នឹងមានភាពសុខដុមនឹងគ្នា លែងបែកគ្នាជារៀងរហូត ទាំងនេះគឺជាទស្សនីយភាពដ៏ស្រស់ស្អាតនៃនគរព្រះ!
(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅក្នុងពន្លឺនៃផ្លេកបន្ទោរមួយ រាល់សត្វទាំងអស់ត្រូវបានបង្ហាញក្នុងទម្រង់ដ៏ពិតរបស់វា។ ដូចគ្នានេះដែរ ដោយត្រូវបានបំភ្លឺដោយពន្លឺរបស់ខ្ញុំ មនុស្សក៏បានទទួលភាពបរិសុទ្ធដែលគេធ្លាប់មានឡើងវិញ។ ឱពិភពលោកចាស់ដ៏ពុករលួយអើយ! នៅទីបំផុត វាបានដួលរលំទៅក្នុងទឹកដែលគួរឱ្យខ្ពើម ហើយវាបានរលាយទៅជាភក់ជ្រាំ ដោយលិចនៅខាងក្រោមផ្ទៃដី! ឱមនុស្សជាតិទាំងអស់ដែលជាការបង្កើតរបស់ខ្ញុំអើយ! នៅទីបំផុត ពួកគេបានត្រឡប់មករកជីវិតសារជាថ្មីនៅក្នុងពន្លឺ ពួកគេបានរកឃើញមូលដ្ឋានគ្រឹះនៃជីវិត ហើយឈប់ជាប់គាំងនៅក្នុងភក់ជ្រាំទៀតហើយ! ឱរបស់សព្វសារពើនៃការបង្កើតជាច្រើនដែលខ្ញុំកាន់នៅក្នុងព្រះហស្តរបស់ខ្ញុំអើយ! តាមរយៈព្រះបន្ទូលរបស់ខ្ញុំ តើពួកវាមិនអាចផ្លាស់ប្រែជាថ្មីបានយ៉ាងដូចម្តេចទៅ? នៅក្នុងពន្លឺ តើពួកវាមិនអាចធ្វើតាមតួនាទីរបស់ពួកវាបានយ៉ាងដូចម្តេចទៅ? ផែនដីលែងនៅស្ងៀម ហើយនៅទ្រឹងដូចស្លាប់តទៅទៀតហើយ ស្ថានសួគ៌លែងសោះកក្រោះ និងទុក្ខព្រួយតទៅទៀតហើយ។ ដោយមិនត្រូវបានចែកខណ្ឌដោយលំហតទៅទៀត ស្ថានសួគ៌ និងផែន រួមគ្នាតែមួយ និងមិនដែលកាត់ចេញពីគ្នាម្តងទៀតនោះទេ។ ក្នុងឱកាសដ៏រីករាយ និងពេលវេលាដ៏សប្បាយនេះ សេចក្តីសុចរិត និងភាពបរិសុទ្ធរបស់ខ្ញុំបានពង្រីកទូទាំងពិភពលោក ហើយមនុស្សជាតិទាំងអស់កោតសរសើរដល់សេចក្តីសុចរិត និងភាពបរិសុទ្ធនោះឥតឈប់ឈរ។ ទីក្រុងទាំងឡាយនៃស្ថានសួគ៌ កំពុងតែសើចដោយក្តីសប្បាយរីករាយ។ ហើយនគរនៃផែនដីកំពុងរាំច្រៀងយ៉ាងសប្បាយ។ នៅពេលនេះ តើនរណាមិនរីករាយ ហើយតើនរណាមិនយំ? ផែនដីដែលនៅក្នុងសភាវៈដំបូងរបស់ខ្លួន គឺជាកម្មសិទ្ធិរបស់ស្ថានសួគ៌ ហើយស្ថានសួគ៌រួបរួមជាមួយផែនដី។ មនុស្សគឺជាខ្សែភ្ជាប់រវាងស្ថានសួគ៌ និងផែនដី ហើយដោយសារតែភាពបរិសុទ្ធ និងការផ្លាស់ប្រែជាថ្មីរបស់មនុស្ស នោះស្ថានសួគ៌លែងលាក់បាំងពីផែនដីតទៅទៀតហើយ ចំណែកផែនដីក៏លែងស្ងប់ស្ងាត់ចំពោះស្ថានសួគ៌ដែរ។ ទឹកមុខរបស់មនុស្សជាតិ ពោរពេញទៅដោយស្នាមញញឹមនៃភាពរីករាយ ហើយនៅក្នុងចិត្តរបស់ពួកគេ មានបង្កប់នូវភាពផ្អែមល្ហែមមួយ ដែលភាពផ្អែមល្ហែមនោះ មិនផ្លាស់ប្តូរនោះទេ។ មនុស្សមិនឈ្លោះទាស់ទែងជាមួយមនុស្ស ឬក៏វាយគ្នានោះទេ។ តើនៅក្នុងពន្លឺរបស់ខ្ញុំ មានមនុស្សដែលមិនរស់នៅដោយសុខក្សេមក្សាន្តជាមួយអ្នកដទៃឬទេ? តើនៅក្នុងរជ្ជកាលរបស់ខ្ញុំ មានមនុស្សដែលធ្វើឱ្យខូចកិត្តិយសព្រះនាមរបស់ខ្ញុំឬទេ? មនុស្សទាំងអស់តម្រង់ការសម្លឹងដោយគោរពរបស់ពួកគេឆ្ពោះមករកខ្ញុំ ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេស្រែករកខ្ញុំដោយអាថ៌កំបាំង។ ខ្ញុំបានតាមរកមើលគ្រប់សកម្មភាពរបស់មនុស្សជាតិ៖ នៅក្នុងចំណោមមនុស្សដែលបានលាងសម្អាត គ្មាននរណាម្នាក់ដែលមិនស្តាប់បង្គាប់ខ្ញុំនោះទេ ហើយក៏គ្មាននរណាម្នាក់ផ្ទេរការជំនុំជម្រះថ្វាយខ្ញុំនោះដែរ។ គ្រប់មនុស្សជាតិទាំងអស់ត្រូវបានផ្សព្វផ្សាយដោយនិស្ស័យរបស់ខ្ញុំ។ មនុស្សទាំងអស់កំពុងតែមកស្គាល់ខ្ញុំ កំពុងតែមកកាន់តែជិតខ្ញុំ ហើយកំពុងតែស្រឡាញ់ខ្ញុំ។ ខ្ញុំឈរយ៉ាងមាំមួននៅក្នុងវិញ្ញាណរបស់មនុស្ស ខ្ញុំត្រូវបានលើកតម្កើងទៅកាន់កំពូលដ៏ខ្ពស់បំផុតនៅក្នុងក្រសែភ្នែករបស់មនុស្ស ហើយខ្ញុំហូរតាមលោហិតនៅក្នុងសរសៃឈាមរបស់មនុស្ស។ ការលើកតម្កើងដ៏រីករាយនៅក្នុងចិត្តរបស់មនុស្ស បំពេញគ្រប់ទីកន្លែងនៅលើផែនដី ខ្យល់មានសភាពត្រជាក់និងបរិសុទ្ធ អ័ភ្រដ៏ក្រាស់ក៏លែងក្រាលគ្របលើដីតទៅទៀត ហើយព្រះអាទិត្យបញ្ចេញរស្មីយ៉ាងត្រចះត្រចង់។
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅក្នុងពន្លឺរបស់ខ្ញុំ មនុស្សមើលឃើញពន្លឺម្តងទៀត។ នៅក្នុងព្រះបន្ទូលរបស់ខ្ញុំ មនុស្សស្វែងរកអ្វីៗដែលពួកគេរីករាយ។ ខ្ញុំបានយាងមកពីទិសខាងកើត ខ្ញុំចេញមកពីទិសខាងកើត។ នៅពេលដែលសិរីល្អរបស់ខ្ញុំបញ្ចេញពន្លឺឡើង នោះជាតិសាសន៍ទាំងអស់ត្រូវបានបំភ្លឺ គ្រប់យ៉ាងត្រូវបាននាំមកនៅក្នុងពន្លឺ មិនមែនអ្វីមួយនៅក្នុងភាពងងឹតឡើយ។ នៅក្នុងនគរព្រះ ជីវិតដែលរាស្ត្ររបស់ព្រះជាម្ចាស់រស់នៅជាមួយព្រះជាម្ចាស់ គឺមានសេចក្តីសុខមិនអាចវាស់ស្ទង់បាន។ ទឹករាំដោយអំណរក្នុងជីវិតដ៏មានព្រះពររបស់មនុស្ស ភ្នំរីករាយជាមួយមនុស្សដែលជាភាពបរិបូរណ៍របស់ខ្ញុំ។ មនុស្សទាំងអស់តស៊ូ ធ្វើការយ៉ាងប្រឹងប្រែង ដោយបង្ហាញភក្តីភាពរបស់ពួកគេនៅក្នុងនគររបស់ខ្ញុំ។ នៅក្នុងនគរព្រះ ការបះបោរលែងមានតទៅទៀតហើយ ការទាស់ទទឹងក៏លែងមានទៀតដែរ។ ស្ថានសួគ៌ និងផែនដីពឹងអាស្រ័យគ្នាទៅវិញទៅមក ខ្ញុំនិងមនុស្សចូលមកជិតគ្នាដោយអារម្មណ៍ដ៏ជ្រាលជ្រៅ ដោយផ្អែកខ្នងដាក់គ្នា តាមរយៈសុភមង្គលដ៏ផ្អែមល្ហែមរបស់ជីវិត...។ នៅពេលនេះ ខ្ញុំចាប់ផ្តើមជីវិតរបស់ខ្ញុំនៅស្ថានសួគ៌ជាផ្លូវការ។ ការរំខានរបស់សាតាំងលែងមានតទៅទៀត ហើយមនុស្សចូលទៅក្នុងទីសម្រាក។ ទូទាំងសាកលលោកទាំងមូល រាស្ត្ររើសតាំងរបស់ខ្ញុំរស់នៅក្នុងសិរីល្អរបស់ខ្ញុំ ដោយទទួលព្រះពរមិនអាចប្រៀបធៀបបាន មិនដូចជាមនុស្សដែលរស់នៅក្នុងចំណោមមនុស្សនោះទេ ប៉ុន្តែជាមនុស្សដែលរស់នៅជាមួយព្រះជាម្ចាស់។ មនុស្សទាំងអស់បានឆ្លងកាត់សេចក្តីពុករលួយរបស់សាតាំង ហើយបានផឹកភាពល្វីងជូរចត់ និងភាពផ្អែមល្ហែមនៃជីវិតរហូតទាល់តែអស់។ ពេលនេះ តើបុគ្គលម្នាក់អាចមិនអរសប្បាយក្នុងការរស់នៅក្នុងពន្លឺរបស់ខ្ញុំបានយ៉ាងដូចម្ដេចកើត? តើបុគ្គលម្នាក់អាចរំលងពេលវេលាដ៏ស្រស់បំព្រងនេះ ហើយបណ្តោយឱ្យវាកន្លងទៅបានយ៉ាងដូចម្ដេចកើត? ម្នាលបណ្ដាជនទាំងឡាយអើយ! ចូរច្រៀងចម្រៀងនៅក្នុងចិត្តរបស់អ្នក ហើយរាំដោយក្តីអំណរដើម្បីខ្ញុំ! ចូរលើកចិត្តដ៏ស្មោះស្ម័គ្ររបស់អ្នកឡើង ហើយថ្វាយវាមកខ្ញុំ! ចូរទូងស្គររបស់អ្នក ហើយលេងយ៉ាងរីករាយដើម្បីខ្ញុំ! ខ្ញុំបញ្ចេញសេចក្តីអំណររបស់ខ្ញុំទៅទូទាំងសាកលលោកទាំងមូល! ខ្ញុំបើកសម្តែងព្រះភ័ក្ត្រដ៏រុងរឿងរបស់ខ្ញុំចំពោះមនុស្ស! ខ្ញុំនឹងស្រែកដោយសម្លេងយ៉ាងឮ! ខ្ញុំនឹងទៅហួសពីសាកលលោក! ខ្ញុំសោយរាជ្យនៅក្នុងមនុស្សរួចហើយ! ខ្ញុំត្រូវបានមនុស្សលើកតម្កើង! ខ្ញុំរសាត់នៅក្នុងផ្ទៃមេឃពណ៌ខៀវនៅខាងលើ ហើយមនុស្សដើរជាមួយខ្ញុំ។ ខ្ញុំយាងក្នុងចំណោមមនុស្ស ហើយរាស្ត្ររបស់ខ្ញុំនៅជុំវិញខ្ញុំ! ចិត្តរបស់មនុស្សសប្បាយរីករាយ ចម្រៀងរបស់ពួកគេអង្រួនសាកលលោក ដោយបន្ទរស្ថានសួគ៌! សាកលលោកលែងគ្របដណ្តប់ដោយអ័ព្ទតទៅទៀតហើយ លែងមានភក់ជ្រាំតទៅទៀត និងលែងមានគំនរសំរាមតទៅទៀត។ ឱមនុស្សបរិសុទ្ធនៃសាកលលោកអើយ! នៅក្រោមការត្រួតពិនិត្យរបស់ខ្ញុំ អ្នកបង្ហាញទឹកមុខពិតរបស់អ្នក។ អ្នកមិនមែនជាមនុស្សដែលគ្រប់ដណ្តប់ដោយភាពកខ្វក់នោះទេ ប៉ុន្តែជាពួកបរិសុទ្ធដែលបរិសុទ្ធដូចកែវចរណៃ អ្នកទាំងអស់គ្នាជាមនុស្សជាទីស្រឡាញ់របស់ខ្ញុំ អ្នកទាំងអស់គ្នាជាក្តីអំណររបស់ខ្ញុំ! របស់សព្វសារពើបានត្រឡប់ជាមានជីវិត! ពួកបរិសុទ្ធទាំងអស់បានត្រឡប់មកបម្រើខ្ញុំនៅស្ថានសួគ៌ ដោយចូលទៅក្នុងការឱបក្រសោបដ៏កក់ក្តៅរបស់ខ្ញុំ លែងយំ លែងព្រួយបារម្ភតទៅទៀតហើយ ដោយថ្វាយខ្លួនចំពោះខ្ញុំ ត្រឡប់មកដំណាក់របស់ខ្ញុំ ហើយនៅក្នុងស្រុកកំណើតរបស់ពួកគេ ពួកគេនឹងស្រឡាញ់ខ្ញុំដោយគ្មានទីបញ្ចប់! ភាពអស់កល្បទាំងអស់មិនដែលផ្លាស់ប្តូរឡើយ! ឯណាទៅក្តីទុក្ខព្រួយ! ឯណាទៅទឹកភ្នែក! ឯណាទៅសាច់ឈាម! ផែនដីកន្លងផុតទៅ ប៉ុន្តែស្ថានសួគ៌ស្ថិតនៅអស់កល្បជានិច្ច។ ខ្ញុំលេចមកចំពោះមនុស្សទាំងអស់ ហើយមនុស្សទាំងអស់សរសើរតម្កើងខ្ញុំ។ ជីវិតនេះ ភាពស្រស់បំព្រងនេះ ចាប់ពីពេលដែលមិនអាចបំភ្លេចបាននេះ រហូតដល់ចុងបញ្ចប់ នឹងមិនផ្លាស់ប្តូរឡើយ។ នេះគឺជាជីវិតនៃនគរព្រះ។
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ចូរអរសប្បាយ ម្នាលជនទាំងឡាយអើយ! នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)