១. ពិភពលោកនាពេលសព្វថ្ងៃកាន់តែខ្មៅងងឹតទៅៗ ហើយមនុស្សជាតិក៏កាន់តែពុករលួយទៅៗផងដែរ។ ពិភពលោកធ្លាក់ចុះ សីលធម៌ត្រូវបានបាត់បង់ មនុស្សល្អៗដែលជឿលើព្រះជាម្ចាស់ និងដើរនៅលើផ្លូវដែលត្រឹមត្រូវរងការសម្លុត ការសង្កត់សង្កិន និងការបៀតបៀន ខណៈពេលពួកអែបអប និងពួកលួចបន្លំដែលធ្វើគ្រប់ការអាក្រក់ទាំងនោះ បែរជាចម្រុងចម្រើនទៅវិញ។ ហេតុអ្វីបានជាពិភពលោកខ្មៅងងឹត និងអាក្រក់ខ្លាំងយ៉ាងនេះ? សេចក្តីពុករលួយរបស់មនុស្សជាតិបានឡើងដល់កម្រិតកំពូលហើយ តើវាដល់ពេលដែលមនុស្សត្រូវបំផ្លាញដោយព្រះជាម្ចាស់ហើយឬ?

១. ហេតុអ្វីបានជាពិភពលោកខ្មៅងងឹត និងអាក្រក់ខ្លាំងបែបនេះ?

ខគម្ពីរយោង៖

«លោកីយ៍ទាំងមូលដេកនៅក្នុងសេចក្តីទុច្ចរិត» (១ យ៉ូហាន ៥:១៩)

«ហើយនេះគឺជាដាក់ទោសគឺថា ពន្លឺចូលក្នុងពិភពលោក ហើយមនុស្សបានស្រឡាញ់ភាពងងឹតជាងពន្លឺ ព្រោះទង្វើរបស់គេសុទ្ធតែអាក្រក់។ ដ្បិតអ្នកណាដែលធ្វើអាក្រក់ អ្នកនោះស្អប់ពន្លឺ ក៏មិនមករកពន្លឺដែរ ហើយទង្វើរបស់គេគួរតែត្រូវបានស្ដីប្រដៅ» (យ៉ូហាន ៣:១៩-២០)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ក្រោយពីមានការធ្លាក់ចូលក្នុងសេចក្ដីពុករលួយជាច្រើនពាន់ឆ្នាំមក មនុស្សលោកមានភាពស្ពឹកស្រពន់ និងល្ងិតល្ងង់ ដ្បិតគេបានក្លាយជាអារក្សដែលបានទាស់ប្រឆាំងនឹងព្រះជាម្ចាស់ រហូតដល់ការបះបោររបស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានចងក្រងក្នុងសៀវភៅប្រវត្ដិសាស្ដ្រ ហើយមនុស្សលោកខ្លួនឯងទៀតសោត ក៏មិនអាចរៀបរាប់អស់អំពីទង្វើបះបោររបស់ខ្លួនបានពេញលេញដែរ ដ្បិតមនុស្សត្រូវបានសាតាំងបណ្ដាលឱ្យក្លាយជាពុករលួយអស់ ហើយសាតាំងក៏បាននាំឱ្យមនុស្សវង្វេង រហូតដល់មិនដឹងថា តើត្រូវងាកមកវិញនៅត្រង់ណាដែរ។ សូម្បីសព្វថ្ងៃនេះក្ដី មនុស្សលោកនៅតែក្បត់នឹងព្រះជាម្ចាស់ដដែល ដ្បិតនៅពេលមនុស្សបានមើលឃើញព្រះជាម្ចាស់ហើយ ក៏គេនៅតែក្បត់នឹងទ្រង់ ហើយនៅពេលដែលគេមិនអាចឃើញព្រះអង្គ នោះក៏គេនៅតែក្បត់នឹងព្រះអង្គដដែល។ ជាងនេះទៀត សូម្បីតែអ្នកដែលបានធ្វើជាសក្ខីភាពនៃបណ្ដាសា និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏នៅតែក្បត់នឹងព្រះអង្គទៀត។ ដូច្នេះ ខ្ញុំសូមប្រាប់ថាញ្ញាណរបស់មនុស្សបានបាត់បង់មុខងារដើមហើយ រីឯមនសិការរបស់មនុស្សក៏ដូចគ្នាដែរ។ ... មនុស្សដែលកើតមកក្នុងទឹកដីកខ្វក់បែបនេះ បានរងការខូចខាតពីសង្គមយ៉ាងខ្លាំង បានរងឥទ្ធិពលពីក្រមសីលធម៌សក្ដិភូមិ ហើយក៏ទទួលបានការបង្រៀននៅ «វិទ្យាស្ថានឧត្ដមសិក្សា» ទៀតផង។ ការគិតថយក្រោយ ការអាក្រក់ខូចផ្នែកសីលធម៌ ការយល់ឃើញតូចទាបពីជីវិត ទស្សនៈវិទ្យាសម្រាប់ការរស់នៅដ៏គួរឱ្យស្អប់ខ្ពើម ជីវិតរស់នៅដែលគ្មានតម្លៃទាល់តែសោះ ព្រមទាំងរបៀបរស់នៅ និងទំនៀមទម្លាប់ដ៏ថោកទាប ដែលទាំងអស់នេះបានឈ្លានពានដួងចិត្ដរបស់មនុស្សយ៉ាងខ្លាំងក្លា ព្រមទាំងបានធ្វើឱ្យចុះខ្សោយ និងវាយប្រហារមនសិការរបស់ពួកគេផងដែរ។ ជាលទ្ធផល មនុស្សលោកកាន់តែស្ថិតនៅឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់ ហើយកាន់តែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ច្រើនទៀតផង។ បន្តិចម្តងៗ និស្ស័យរបស់មនុស្សក៏កាន់តែសាហាវទៅៗដែរ ហើយមិនមាននរណាម្នាក់ដែលសុខចិត្ដបោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ឡើយ គ្មាននរណាម្នាក់ដែលនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ចេញពីចិត្ដ ហើយលើសពីនេះទៅទៀតនោះ ក៏គ្មានបុគ្គលណាម្នាក់ដែលនឹងស្វែងរកការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់អស់ពីចិត្ដដែរ។ ផ្ទុយទៅវិញ ដោយស្ថិតក្រោមដែនត្រួតត្រារបស់សាតាំង មនុស្សលោកមិនបានធ្វើអ្វីទាល់តែសោះ ក្រៅពីចង់បានការសប្បាយ ដោយយល់ព្រមឱ្យភាពពុករលួយនៃសាច់ឈាមនៅក្នុងទឹកដីដែលពេញដោយភក់ជ្រាំនេះ។ សូម្បីពេលដែលពួកគេបានឮអំពីសេចក្ដីពិតហើយក្ដី អស់អ្នកដែលរស់នៅក្នុងភាពងងឹតមិនបានគិតដល់ការយកសេចក្ដីពិតទៅអនុវត្ដទេ ហើយពួកគេក៏មិនមានទំនោរក្នុងការស្វែងរកព្រះជាម្ចាស់ដែរ ទោះបីជាពួកគេបានឃើញការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់ហើយក្ដី។ តើមនុស្សលោកដែលគួរឱ្យស្អប់ខ្ពើមយ៉ាងនេះ អាចមានឱកាសទទួលបានការសង្គ្រោះបានយ៉ាងដូចម្ដេច? តើមនុស្សលោកដែលអាប់ឳនខ្លាំងយ៉ាងនេះ អាចរស់នៅក្នុងពន្លឺបានយ៉ាងដូចម្ដេច?

(ដកស្រង់ពី «ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អស់រយៈពេលរាប់ពាន់ឆ្នាំ ទឹកដីនេះបានក្លាយជាទឹកដីនៃសេចក្តីស្មោកគ្រោក។ វាកខ្វក់យ៉ាងខ្លាំង ពេញដោយសេចក្តីកំសត់វេទនា ព្រលឹងខ្មោចហោះហើរពាសពេញគ្រប់កន្លែង ជាទីដែលពេញដោយកលល្បិចនិងការបោកបញ្ឆោត ចោទប្រកាន់គ្មានមូលដ្ឋាន[១] គ្មានមេត្តានិងកាចសាហាវ ចូរដើរចេញពីទីក្រុងខ្មោចនេះ ហើយទុកឱ្យវាមានពេញទៅដោយសាកសពចុះ។ ក្លិនដ៏ស្អុយរលួយមានពាសពេញដី ហុយឡើងពាសពេញអាកាសវេហា ហើយវាត្រូវបានការពារយ៉ាងមាំ។[២] តើនរណាអាចមើលឃើញពិភពលោកដែលហួសពីមេឃទៅ? អារក្សចងរឹតរាងកាយមនុស្សយ៉ាងជាប់ណែន វាគ្របបាំងភ្នែករបស់គេទាំងពីរ ហើយបិទមាត់របស់គេយ៉ាងជិត។ ស្ដេចអារក្សបានច្រឡោតអស់រយៈពេលរាប់ពាន់ឆ្នាំ រហូតដល់សព្វថ្ងៃនេះ វានៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទីក្រុងខ្មោច គឺដូចទីក្រុងនេះជារាជវាំងហាមប្រាមរបស់ពួកអារក្សអ៊ីចឹង។ ក្នុងពេលនេះ ពួកឃ្លាំមើលមួយក្រុមនេះខំប្រឹងសម្លក់សម្លឹង ទាំងក្នុងចិត្តភ័យខ្លាចថា ព្រះជាម្ចាស់នឹងចាប់ពួកវាទាំងមិនដឹងខ្លួន ហើយបោសសម្អាតពួកវាទាំងអស់ចោល ដោយគ្មានទុកកន្លែងឱ្យពួកវាមានសេចក្តីសុខ និងសុភមង្គលឡើយ។ តើមនុស្សនៃទីក្រុងខ្មោចមួយនេះអាចធ្លាប់ឃើញព្រះជាម្ចាស់ដោយរបៀបណាទៅ? តើពួកវាធ្លាប់ទទួលបានការថ្នាក់ថ្នម និងភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើពួកវាមានការកោតសរសើរអ្វីខ្លះចំពោះកិច្ចការនៅពិភពរបស់មនុស្ស? តើមានមនុស្សណាខ្លះដែលអាចយល់អំពីបំណងព្រះហឫទ័យដ៏ជ្រាលជ្រៅរបស់ព្រះជាម្ចាស់? វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបន្តលាក់កំបាំងទាំងស្រុងនោះ៖ នៅក្នុងសង្គមដ៏ខ្មៅងងឹត ជាទីដែលពួកអារក្សដ៏គ្មានមេត្តា និងកាចសាហាវស្ថិតនៅនេះ តើស្ដេចអារក្សដែលសម្លាប់មនុស្សមិនប៉ប្រិចភ្នែកនេះ អាចទទួលយកអត្ថិភាពរបស់ព្រះជាម្ចាស់ ដែលជាព្រះដ៏គួរឱ្យស្រឡាញ់ សប្បុរស និងបរិសុទ្ធបានដោយរបៀបណា? តើវាអាចទះដៃសាទរ និងអបអរចំពោះការមកដល់របស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ឱ ពួកកញ្ជះដាច់ថ្លៃអើយ! តាំងពីយូរមកហើយ ពួកគេតបស្នងសេចក្តីសប្បុរសដោយសេចក្តីស្អប់ ពួកគេបានចាប់ផ្ដើមចាត់ទុកព្រះជាម្ចាស់ជាសត្រូវតាំងពីយូរមកហើយ ពួកគេបំពានព្រះជាម្ចាស់ ពួកវាច្រឡោតខឹងយ៉ាងខ្លាំង ពួកវាគ្មានការគោរពចំពោះព្រះជាម្ចាស់សូម្បីតែបន្ដិច ពួកវាជាចោរលួចប្លន់ ពួកវាបានបាត់បង់មនសិការ ពួកវាប្រព្រឹត្តផ្ទុយពីមនសិការ ហើយពួកវាបានល្បួងមនុស្សស្លូតត្រង់ឱ្យប្រព្រឹត្តអំពើដ៏ល្ងង់ខ្លៅ។ តើនេះឬជាបុព្វបុរសពីសម័យបុរាណនោះ? ជាមេដឹកនាំដ៏គួរឱ្យស្រឡាញ់ឬ? ពួកវាសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់! ការជ្រៀតជ្រែករបស់ពួកវាបានធ្វើឱ្យពិភពក្រោមមេឃស្ថិតនៅក្នុងសភាពខ្មៅងងឹត និងភាពជ្រួលច្របល់! តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះឬ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ! តើនរណាបានក្រសោបយកកិច្ចការរបស់ព្រះជាម្ចាស់? តើនរណាបានលះបង់ជីវិត ឬបង្ហូរឈាមសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់? ពីមួយជំនាន់ទៅមួយជំនាន់ ពីឪពុកម្ដាយទៅកូន មនុស្សដែលជាទាសករបានយកព្រះជាម្ចាស់ជាទាសករយ៉ាងច្រងេងច្រងាង តើទង្វើនេះមិនញ៉ាំងឱ្យមានសេចក្តីខ្ញាល់ម្ដេចនឹងកើតទៅ? រយៈពេលរាប់ពាន់ឆ្នាំនៃការស្អប់ដែលមាននៅក្នុងដួងចិត្ត រាជ្យមួយពាន់ឆ្នាំនៃអំពើបាបត្រូវបានចារឹកពីលើដួងចិត្ត តើការនេះអាចមិនបណ្ដាលឱ្យមានការស្អប់ខ្ពើមយ៉ាងម៉េចកើតទៅ? ព្រះជាម្ចាស់ដែលសងសឹក ដែលលុបបំបាត់សត្រូវរបស់ទ្រង់ទាំងស្រុង មិនបណ្តោយឱ្យវារត់ពាសវាលពាសកាលទៀតឡើយ ហើយក៏មិនបណ្ដោយឱ្យវាសោយរាជ្យជាស្ដេចត្រាញ់នោះដែរ! ឥឡូវនេះ វាដល់ពេលហើយ៖ មនុស្សបានប្រមែប្រមូលកម្លាំង ខិតខំប្រឹងប្រែង ហ៊ានលះបង់គ្រប់យ៉ាងសម្រាប់ការនេះ គឺដើម្បីបកអាក្រាតមុខមាត់ដ៏ព្រៃផ្សៃរបស់អារក្សនេះ ហើយជួយឱ្យមនុស្ស ដែលត្រូវបានកំបាំងភ្នែក និងត្រូវបានរងទុក្ខលំបាកវេទនាសព្វបែបយ៉ាង ងើបឡើងចេញពីការឈឺចាប់របស់គេ ហើយបែរខ្នងដាក់អារក្សដ៏កញ្ចាស់មួយនេះ។ ហេតុអ្វីបានជាត្រូវដាក់របាំងហាមប្រាមចំពោះកិច្ចការរបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកលល្បិចផ្សេងៗ ដើម្បីបញ្ឆោតរាស្ត្ររបស់ព្រះជាម្ចាស់? តើឯណាទៅជាសេរីភាពដ៏ពិត សិទ្ធិស្របច្បាប់ និងផលប្រយោជន៍នោះ? តើឯណាទៅសេចក្តីយុត្តិធម៌? តើឯណាទៅការលួងលោម? តើឯណាទៅភាពកក់ក្ដៅ? ហេតុអ្វីត្រូវប្រើកលឧបាយ ដើម្បីបញ្ឆោតប្រជារាស្ត្ររបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកម្លាំង ដើម្បីសង្កត់សង្កិនដល់ការយាងមករបស់ព្រះជាម្ចាស់? ហេតុអ្វីមិនអនុញ្ញាតឱ្យព្រះជាម្ចាស់មានសេរីភាពក្នុងការដើរហើរនៅលើផែនដីដែលទ្រង់បានបង្កើតមកនេះ? ហេតុអ្វីត្រូវតាមប្រមាញ់ព្រះជាម្ចាស់រហូតដល់ទ្រង់គ្មានកន្លែង ដើម្បីកើយព្រះសិរសារបស់ទ្រង់ដូច្នេះ? តើឯណាទៅជាទីដ៏កក់ក្ដៅនៅចំណោមមនុស្ស? តើឯណាទៅជាការស្វាគមន៍នៅក្នុងចំណោមមនុស្ស? ហេតុអ្វីបង្កឱ្យមានការស្រេកឃ្លានចង់បានព្រះជាម្ចាស់យ៉ាងខ្លាំង? ហេតុអ្វីចាំបាច់ឱ្យព្រះជាម្ចាស់ស្រែកហៅម្ដងហើយម្ដងទៀតដូច្នេះ? ហេតុអ្វីបង្ខំឱ្យព្រះជាម្ចាស់ព្រួយព្រះទ័យចំពោះព្រះបុត្រាដ៏ស្ងួនភ្ញារបស់ទ្រង់? នៅក្នុងសង្គមដ៏ខ្មៅងងឹតនេះ ហេតុអ្វីបានជាពួកឆ្កែការពារដ៏កំសត់របស់វាមិនអនុញ្ញាតឱ្យព្រះជាម្ចាស់មានសេរីភាពយាងមកនៅក្នុងចំណោមពិភពលោកដែលទ្រង់បានបង្កើតមក?

(ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖


(១) «ចោទប្រកាន់គ្មានមូលដ្ឋាន» សំដៅទៅលើវិធីសាស្ត្រដែលអារក្សប្រើ ដើម្បីធ្វើបាបមនុស្ស។

(២) «ត្រូវបានការពារយ៉ាងមាំ» បង្ហាញថា វិធីសាស្ត្រដែលអារក្សប្រើ ដើម្បីធ្វើបាបមនុស្សនោះមានភាពសាហាវព្រៃផ្សៃយ៉ាងពិសេស ហើយវាត្រួតត្រាមនុស្សយ៉ាងខ្លាំង រហូតដល់ពួកគេមិនអាចកម្រើកបាន។

អស់អ្នកដែលប្រព្រឹត្តអាក្រក់ ពេញមួយជីវិតរបស់ពួកគេ សុទ្ធតែធ្វើអ្វីៗសម្រាប់តែខ្លួនគេ។ ទស្សនៈ និងពាក្យសម្តីរបស់ពួកគេចេញមកពីសាតាំង ដូចជាគេនិយាយថា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «មនុស្សស្លាប់ព្រោះប្រាក់ ឯសត្វស្លាប់ព្រោះចំណី» និងសេចក្តីខុសឆ្គងបែបនេះផ្សេងទៀត។ ពាក្យសម្តីទាងអស់នេះដែលបានថ្លែងឡើងដោយមេអារក្ស បុគ្គលអស្ចារ្យ និងទស្សនវិទូ បានក្លាយជារបៀបរស់នៅរបស់មនុស្ស។ ជាពិសេសនោះ ពាក្យសម្ដីភាគច្រើនរបស់ខុងជឺ ដែលត្រូវបានជនជាតិចិនចាត់ទុកជា «អ្នកប្រាជ្ញ» បានក្លាយជាជីវិតរបស់មនុស្ស។ ក៏មានសុភាសិតល្បីល្បាញពីអ្នកជឿខាងពុទ្ធសាសនា និងសាសនាតាវ និងពាក្យភាសិតបុរាណនិយាយពីបុគ្គលមួយចំនួនដែរ។ សេចក្តីទាំងអស់នេះ គឺជាសេចក្តីសង្ខេបនៃទស្សនៈវិជ្ជា និងធម្មជាតិរបស់សាតាំង។ ទាំងនេះក៏ជាការបង្ហាញ និងសេចក្ដីពន្យល់ដ៏ល្អបំផុតអំពីធម្មជាតិរបស់សាតាំងដែរ។ សារជាតិពិសពុលដែលត្រូវបានចាក់បញ្ចូលទៅក្នុងដួងចិត្តរបស់មនុស្សទាំងនេះ គឺសុទ្ធតែមកពីសាតាំង និងមិនមកពីព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ។ ពាក្យសម្តីអស់ទាំងនោះ ក៏ជាអ្វីមួយដែលប្រឆាំងទាស់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់ដែរ។ វាជាការពិតជាក់ច្បាស់ខ្លាំងណាស់ ដែលភាពពិតនៃគ្រប់អ្វីៗដែលវិជ្ជមានទាំងអស់ សុទ្ធតែចេញមកពីព្រះជាម្ចាស់ ហើយរាល់សេចក្ដីអវិជ្ជមានដែលបំពុលមនុស្ស គឺមកពីសាតាំង។ ហេតុដូចនេះ អ្នកអាចស្ទង់មើលពីធម្មជាតិរបស់បុគ្គលណាម្នាក់ និងមើលថាតើពួកគេស្ថិតនៅក្រោមឥទ្ធិពលរបស់នរណា តាមរយៈការពិនិត្យមើលទស្សនៈជីវិត និងគុណតម្លៃរបស់ពួកគេ។ សាតាំងធ្វើឱ្យមនុស្សពុករលួយតាមរយៈការអប់រំ និងឥទ្ធិពលនៃរដ្ឋាភិបាលថ្នាក់ជាតិ មនុស្សល្បីល្បាញ និងមនុស្សអស្ចារ្យ។ ពាក្យសម្តីស្មោកគ្រោករបស់ពួកគេ បានក្លាយទៅជាជីវិត និងធម្មជាតិរបស់មនុស្ស។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ជាឃ្លាមួយដ៏ល្បីរបស់សាតាំងដែលត្រូវបានបញ្ចូលទៅក្នុងគ្រប់គ្នា ហើយវាក្លាយជាជីវិតរស់នៅរបស់មនុស្ស។ មានពាក្យផ្សេងទៀតនិយាយពីជីវិតរស់នៅរបស់អ្នកទស្សនៈវិទូផ្សេងៗ ដែលមានលក្ខណៈបែបដូច្នេះដែរ។ សាតាំងប្រើប្រាស់ទំនៀមទំលាប់វប្បធម៌បុរាណ មកអប់រំមនុស្ស បោកប្រាស់ និងធ្វើឱ្យមនុស្សពុករលួយ បណ្តាលឱ្យមនុស្សជាតិធ្លាក់់ចុះ ហើយហ៊ុំព័ទ្ធដោយរណ្ដៅនៃសេចក្តីហិនវិនាស ហើយនៅទីបំផុត គេនឹងត្រូវបានបំផ្លាញដោយព្រះជាម្ចាស់ ព្រោះតែពួកគេបម្រើសាតាំង ហើយតតាំងនឹងព្រះជាម្ចាស់។ អ្នកខ្លះបានបម្រើការជាមន្ត្រីសាធារណៈនៅក្នុងសង្គមអស់រយៈពេលរាប់ទសវត្សរ៍។ សាកស្រមៃមើល តាមរយៈការសាកសួរពួកគេនូវសំណួរនេះ៖ «អ្នកធ្វើបានល្អណាស់ក្នុងសមត្ថភាពនេះ តើពាក្យភាសិតសំខាន់ណាខ្លះដែលអ្នករស់នៅតាម?» ពួកគេអាចនិយាយថា «រឿងមួយដែលខ្ញុំយល់គឺថា 'មន្រ្តីមិនបង្កការលំបាកដល់អ្នកដែលឱ្យអំណោយទេ ហើយអ្នកដែលមិនចេះនិយាយបញ្ជោ ក៏មិនសម្រេចបានអ្វីដែរ'»។ នេះគឺជាទស្សនវិជ្ជាបែបសាតាំង ដែលពួកគេយកជាគោល ដើម្បីអាជីពរបស់ពួកគេ។ តើពាក្យទាំងនេះមិនមែនជាការតំណាងឱ្យធម្មជាតិរបស់បុគ្គលបែបនេះទេឬអី? ការប្រើមធ្យោបាយណាមួយ ដើម្បីទទួលបានតំណែង បានក្លាយជាធម្មជាតិរបស់ពួកគេទៅហើយ ការិយាធិបតេយ្យ និងជោគជ័យក្នុងអាជីពជាគោលដៅរបស់ពួកគេ។ នៅមានសារជាតិពិសពុលបែបសាតាំងជាច្រើនទៀតនៅក្នុងជីវិត ការប្រព្រឹត្ត និងឥរិយាបថរបស់មនុស្ស។ ជាឧទាហរណ៍ ទស្សនវិជ្ជាសម្រាប់ជីវិតរស់នៅ របៀបដែលពួកគេធ្វើកិច្ចការ សុភាសិតដែលនៅក្នុងជីវិតរបស់ពួកគេទាំងអស់ត្រូវបានបំពុលពេញដោយសារជាតិពិសពុលរបស់នាគដ៏ធំមានសម្បុរក្រហម ហើយសេចក្តីទាំងអស់នេះចេញមកពីសាតាំង។ ហេតុដូចនេះ អ្វីៗដែលហូរកាត់ឆ្អឹង និងឈាមរបស់មនុស្ស គឺចេញមកពីសាតាំងទាំងអស់។ មន្រ្តីដែលកាន់ការទាំងអស់ អ្នកដែលក្តោបក្តាប់អំណាច ហើយនិងអ្នកដែលដែលបំពេញកិច្ចការជាច្រើន មាននូវមាគ៌ា និងអាថ៌កំបាំងរៀងៗខ្លួន ពីភាពជោគជ័យរបស់ពួកគេ។ តើអាថ៌កំបាំងទាំងនោះមិនមែនជាតំណាងយ៉ាងឥតខ្ចោះ ដែលតំណាងឱ្យជីវិតរបស់ពួកគេទេឬ? ពួកគេបានធ្វើកិច្ចការធំៗជាច្រើននៅលើផែនដីនេះ ហើយគ្មាននរណាម្នាក់អាចមើលឃើញពីគ្រោងការណ៍ និងល្បិចកល្បទុច្ចរិតរបស់ពួកគេ ដែលនៅខាងក្រោយទាល់តែសោះ។ នេះបង្ហាញពីរបៀបដែលគេប្រើកលល្បិច និងភាពពិសពុលនៃសារជាតិរបស់ពួកគេថា វាយ៉ាងណា។ មនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយយ៉ាងសម្បើមពីសំណាក់សាតាំង។ ភាពពិសពុលរបស់សាតាំងត្រូវបានបង្ហូរចេញមកតាមរយៈឈាមនៃបុគ្គលគ្រប់គ្នា ដែលយើងអាចនិយាយបានថា ធម្មជាតិរបស់មនុស្ស គឺពុករលួយ អាក្រក់ ប្រឆាំង ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ ត្រូវបានបំពេញ និងជ្រួតជ្រាបនៅក្នុងទស្សនវិជ្ជា និងសារជាតិពិសពុលរបស់សាតាំង។ វាបានក្លាយជាធម្មជាតិ និងសារជាតិរបស់សាតាំងទាំងស្រុង។ នេះហើយជាមូលហេតុដែលមនុស្សបដិសេដ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ។

(ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

មនុស្សបានដើរឆ្លងកាត់រយៈពេលទាំងអស់នេះជាមួយព្រះជាម្ចាស់ ប៉ុន្ដែមិនដឹងថា ព្រះជាម្ចាស់គ្រប់គ្រងលើគោលដៅនៃរបស់សព្វសារពើ និងសត្វមានជីវិតទាំងអស់នោះទេ ហើយក៏មិនដឹងថាព្រះជាម្ចាស់រៀបចំ និងដឹកនាំអ្វីៗទាំងអស់យ៉ាងដូចម្ដេចដែរ។ មនុស្សមិនបានយល់អំពីការនេះ តាំងពីយូរយារណាស់មកហើយ រហូតមកដល់សព្វថ្ងៃនេះ។ ចំពោះមូលហេតុ គឺមិនមែនដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់លាក់កំបាំងពេក ឬដោយសារផែនការរបស់ព្រះជាម្ចាស់មិនទាន់ត្រូវបានគេដឹងនៅឡើយនោះទេ ប៉ុន្ដែ គឺដោយសារតែដួងចិត្ត និងវិញ្ញាណរបស់មនុស្សនៅឆ្ងាយពីព្រះជាម្ចាស់រហូតដល់ចំណុចមួយដែលគាត់ស្ថិតនៅក្នុងការបម្រើរបស់អារក្សសាតាំង ទោះបីជាគាត់ដើរតាមព្រះជាម្ចាស់ក៏ដោយ ក៏គាត់នៅតែមិនដឹងដែរ។ គ្មាននរណាម្នាក់ស្វែងរកយ៉ាងសកម្ម នូវស្នាមព្រះបាទារបស់ព្រះជាម្ចាស់ និងការបង្ហាញអង្គទ្រង់របស់ព្រះជាម្ចាស់នោះទេ ហើយគ្មាននរណាម្នាក់មានឆន្ទៈចង់ស្ថិតនៅក្នុងការយកព្រះទ័យទុកដាក់ និងការថែរក្សារបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ ពួកគេប្រាថ្នាចង់ពឹងផ្អែកលើភាពពុកផុយរបស់អារក្សសាតាំង ដែលជាមេកំណាច ដើម្បីសម្របខ្លួនទៅនឹងពិភពលោកនេះ និងច្បាប់ជីវិតដែលមនុស្សអាក្រក់អនុវត្តតាម។ ត្រង់ចំណុចនេះ ដួងចិត្ត និងវិញ្ញាណរបស់មនុស្សបានក្លាយទៅជាសួយសារអាករ និងជាចំណីរបស់អារក្សសាតាំង។ ជាងនេះទៅទៀត ដួងចិត្ត និងវិញ្ញាណរបស់មនុស្សបានក្លាយទៅជាកន្លែងមួយដែលអារក្សសាតាំងអាចរស់នៅ និងជាកន្លែងលេងរបស់វា។ ដូច្នេះ មនុស្សបាត់បង់ការយល់ដឹងរបស់ខ្លួនអំពីគោលការណ៍នៃភាពជាមនុស្ស និងគុណតម្លៃ ព្រមទាំងអត្ថន័យនៃជីវិតមនុស្ស ទាំងមិនដឹងខ្លួន។ ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ និងសម្ព័ន្ធមេត្រីរវាងព្រះជាម្ចាស់ និងមនុស្ស បានរលាយចេញពីដួងចិត្តរបស់មនុស្សបន្ដិចម្ដងៗ ហើយគេក៏ឈប់ស្វែងរក ឬក៏លែងយកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់។ តាមរយៈការឆ្លងកាត់ពេលវេលា មនុស្សលែងយល់ពីមូលហេតុដែលព្រះជាម្ចាស់បានបង្កើតខ្លួនមក ហើយក៏មិនយល់ពីព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ និងអ្វីៗគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់ដែរ។ ដូច្នេះ មនុស្សក៏ចាប់ផ្ដើមប្រឆាំងចំពោះច្បាប់ និងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ហើយដួងចិត្ត និងវិញ្ញាណរបស់គេក៏ប្រែជាស្ពឹកស្រពន់...។ ព្រះជាម្ចាស់បាត់បង់មនុស្សដែលទ្រង់បានបង្កើតពីដំបូងមក ហើយមនុស្សបាត់បង់ឫសគល់ដែលមានពីដើមកំណើតរបស់ខ្លួនមក៖ នេះគឺជាទុក្ខព្រួយនៃពូជមនុស្ស។

(ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២. ដោយមនុស្សជាតិស្ថិតនៅទីកំពូលនៃសេចក្តីពុករលួយ តើវាគួរតែត្រូវបំផ្លាញដែរឬទេ?

ខគម្ពីរយោង៖

«ព្រះ‌ជាម្ចាស់បានទតមើលមកផែនដី ហើយឃើញថា ផែន‌ដីបានពុករលួយ ព្រោះគ្រប់សាច់ឈាមទាំងអស់បានពុករលួយតាមផ្លូវរបស់ខ្លួននៅលើផែន‌ដី។ ព្រះ‌ជាម្ចាស់បានមានបន្ទូលមកកាន់លោកណូអេថា ខ្ញុំសម្រេចបំផ្លាញសាច់ឈាមទាំងអស់ឱ្យវិនាសផុតពីមុខខ្ញុំ ដ្បិតផែនដីបានពេញដោយអំពើឃោរឃៅ ដោយសារតែពួកគេ។ មើល៍ ខ្ញុំនឹងបំផ្លាញពួកគេឱ្យវិនាសទៅជាមួយនឹងផែនដី» (លោកុប្បត្តិ ៦:១២-១៣)

«ហើយគ្រារបស់កូនមនុស្សក៏នឹងកើតឡើងដូចជាជំនាន់របស់ណូអេផងដែរ។ ពួកគេគិតតែពីរឿងស៊ីផឹក រៀបការប្រពន្ធ រៀបមង្គលការ រហូតដល់ថ្ងៃដែលណូអេបានចូលទៅក្នុងទូកធំ ហើយទឹកជំនន់ក៏បានមកដល់ បំផ្លាញពួកគេគ្រប់គ្នា។ ហេតុការណ៍នេះក៏បានកើតឡើងនៅជំនាន់របស់ឡុតដែរ គឺពួកគេគិតតែពីរឿងស៊ីផឹក ទិញ លក់ ដាំដុះ និងសង់ផ្ទះ ប៉ុន្តែនៅថ្ងៃដែលឡុតបានចេញពីក្រុងសូដុម ភ្លើង និងស្ពាន់ធ័រក៏បានធ្លាក់ពីលើមេឃ មកបំផ្លាញពួកគេគ្រប់គ្នា។ នៅថ្ងៃដែលកូនមនុស្សត្រូវបានបើកសម្ដែង នោះក៏នឹងកើតមានបែបនេះដែរ» (លូកា ១៧:២៦-៣០)

«ពេលមនុស្សអាក្រក់ដុះឡើងដូចជាស្មៅ ហើយពេលដែលគ្រប់មនុស្សទុច្ចរិតលូតលាស់ឡើង ក៏គង់តែគេនឹងត្រូវវិនាសអន្តរាយជារៀងរហូតនោះដែរ» (ទំនុកដំកើង ៩២:៧)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺត្រូវបានរៀបចំផែនការយ៉ាងច្បាស់លាស់។ នៅពេលដែលព្រះអង្គទតឃើញរឿង ឬស្ថានភាពអ្វីមួយកើតឡើង នៅក្នុងព្រះនេត្ររបស់ព្រះអង្គមានខ្នាតដើម្បីវាស់វែងវារួចជាស្រេចទៅហើយ ហើយខ្នាតនេះកំណត់ថាតើព្រះអង្គត្រូវចាប់ផ្តើមផែនការដើម្បីដោះស្រាយវា ឬប្រើវិធីសាស្រ្តអ្វីដោះស្រាយជាមួយរឿងនេះ ឬស្ថានភាពនេះ។ ព្រះជាម្ចាស់មិនដែលព្រងើយកន្ដើយ ឬមិនមែនមិនចាប់ភ្លឹកនឹងអ្វីៗទាំងអស់នោះឡើយ។ តាមពិត គឺផ្ទុយគ្នាស្រឡះ។ មានខគម្ពីរមួយដែលចែងពីព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងទៅកាន់លោកណូអេថា៖ «ខ្ញុំសម្រេចបំផ្លាញសាច់ឈាមទាំងអស់ឱ្យវិនាសផុតពីមុខខ្ញុំ ដ្បិតផែនដីបានពេញដោយអំពើឃោរឃៅ ដោយសារតែពួកគេ។ មើល៍ ខ្ញុំនឹងបំផ្លាញពួកគេឱ្យវិនាសទៅជាមួយនឹងផែនដី»។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលបែបនេះ តើព្រះអង្គចង់មានន័យថា ព្រះអង្គនឹងបំផ្លាញតែមនុស្សប៉ុណ្ណោះឬ? អត់ទេ! ព្រះជាម្ចាស់បានមានបន្ទូលថា ព្រះអង្គនឹងបំផ្លាញសាច់ឈាមដែលមានជីវិតចោលទាំងអស់។ ហេតុអ្វីបានជាព្រះជាម្ចាស់ចង់បំផ្លាញចោល? ត្រង់ចំណុចនេះ មានការបើកសម្តែងពីនិស្ស័យរបស់ព្រះជាម្ចាស់មួយផ្សេងទៀត។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ព្រះអង្គមានការអត់ធ្មត់មានកម្រិតចំពោះសេចក្ដីពុករលួយរបស់មនុស្ស ចំពោះភាពស្មោកគ្រោក អំពើឃោរឃៅ និងការមិនស្តាប់បង្គាប់របស់សាច់ឈាមទាំងអស់។ តើអ្វីទៅជាដែនកំណត់របស់ទ្រង់? ដូចដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ «ព្រះ‌ជាម្ចាស់បានទតមើលមកផែនដី ហើយឃើញថា ផែន‌ដីបានពុករលួយ ព្រោះគ្រប់សាច់ឈាមទាំងអស់បានពុករលួយតាមផ្លូវរបស់ខ្លួននៅលើផែន‌ដី»។ តើឃ្លាថា «ព្រោះគ្រប់សាច់ឈាមទាំងអស់បានពុករលួយតាមផ្លូវរបស់ខ្លួននៅលើផែន‌ដី» នេះ មានអត្ថន័យយ៉ាងដូចម្តេច? វាមានន័យថា គ្រប់ទាំងភាវៈរស់ទាំងអស់ រួមទាំងអ្នកដែលដើរតាមព្រះជាម្ចាស់ អ្នកដែលអំពាវនាវរកព្រះនាមព្រះជាម្ចាស់ អ្នកដែលថ្វាយតង្វាយដុតដល់ព្រះជាម្ចាស់ អ្នកដែលទទួលស្គាល់ព្រះជាម្ចាស់តែមាត់ ទាំងអ្នកសរសើរព្រះជាម្ចាស់ផងនោះ នៅពេលដែលឥរិយាបថរបស់ពួកគេពោរពេញទៅដោយសេចក្ដីពុករលួយ និងត្រូវព្រះជាម្ចាស់ទតឃើញនឹងព្រះនេត្របែបនេះហើយ នោះព្រះអង្គត្រូវតែបំផ្លាញពួកគេចោល។ នោះគឺជាដែនកំណត់របស់ព្រះជាម្ចាស់។ ដូច្នេះ តើព្រះជាម្ចាស់បានទ្រាំអត់ធ្មត់ចំពោះមនុស្ស និងសេចក្ដីពុករលួយរបស់សាច់ឈាមទាំងអស់ដល់កម្រិតណា? គឺដល់កម្រិតមួយដែលមនុស្សរាល់គ្នា មិនថាជាអ្នកដើរតាមព្រះជាម្ចាស់ ឬជាអ្នកមិនជឿទេ សុទ្ធតែដើរលើផ្លូវខុសទាំងអស់។ ដល់កម្រិតមួយដែលមនុស្សមិនត្រឹមតែខូចសីលធម៌ និងពេញទៅដោយអំពើអាក្រក់ទេ ក៏ប៉ុន្តែដល់ថ្នាក់ថាគ្មានអ្នកណាម្នាក់ជឿថាមានព្រះ គ្មានអ្នកណាជឿថាព្រះជាម្ចាស់ជាអ្នកគ្រប់គ្រងលើពិភពលោកនេះ គ្មានអ្នកណាជឿថាព្រះជាម្ចាស់អាចនាំមនុស្សចូលទៅក្នុងពន្លឺ និងផ្លូវត្រូវ។ ដល់កម្រិតដែលមនុស្សស្អប់អត្ថិភាពរបស់ព្រះជាម្ចាស់ ហើយថែមទាំងមិនឱ្យព្រះជាម្ចាស់មានអត្ថិភាពទៀតផង។ នៅពេលដែលសេចក្ដីពុករលួយរបស់មនុស្សបានឈានដល់កម្រិតនេះហើយ នោះព្រះជាម្ចាស់នឹងទ្រាំលែងបានតទៅទៀតហើយ។ តើអ្វីដែលនឹងមកជំនួសវិញ? គឺការមកដល់នៃសេចក្ដីក្រោធ និងការដាក់ទោសពីព្រះជាម្ចាស់។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

លោកុប្បត្តិ ១៩:១-១១ នាពេលល្ងាច ទេវតាពីរអង្គបានទៅដល់ក្រុងសូដុម ឯឡុតគាត់អង្គុយនៅមាត់ទ្វារក្រុង។ កាលឡុតឃើញទេវតាទាំងពីរ គាត់ក៏ក្រោកទៅទទួល រួចក្រាបផ្កាប់មុខនឹងដី ហើយជម្រាបថា លោកម្ចាស់ខ្ញុំអើយ ឥឡូវសូមអញ្ជើញចូលទៅក្នុងផ្ទះខ្ញុំប្របាទ ជាអ្នកបម្រើរបស់លោក ដើម្បីលាងជើង និងស្នាក់នៅមួយយប់នេះសិន រួចសឹមលោកភ្ញាក់ឡើងពីព្រលឹមអញ្ជើញបន្ដដំណើរទៅទៀតចុះ។ តែទេវតាទាំងពីរឆ្លើយថាទេ យប់នេះ យើងនឹងសម្រាកនៅតាមផ្លូវវិញ។ ប៉ុន្តែ ដោយឡុតចេះតែទទូចខ្លាំងពេក ទេវតាក៏ចូលទៅក្នុងផ្ទះគាត់ ហើយគាត់រៀប‌ចំជប់‌លៀង ដុតនំបុ័ងឥតដំបែ រួចទេវតាក៏បរិភោគ។ ប៉ុន្តែ កាលគេមិនទាន់ដេកនៅឡើយ ពួកមនុស្សទាំងអស់នៅក្នុងទីក្រុងសូដុម ទាំងក្មេងទាំងចាស់ បានមកឡោម‌ព័ទ្ធផ្ទះគាត់ ទាំងស្រែកហៅឡុតសួរថា តើមនុស្សដែលចូលមកក្នុងផ្ទះអ្នកកាលពីល្ងាចមិញនេះនៅឯណា? ចូរនាំវាចេញមកឯយើង ដើម្បីឱ្យយើងបានស្គាល់គេផង។ លោកឡុតក៏បានចេញទៅជួបពួកគេនៅមាត់ទ្វារ រួចបិទទ្វារពីក្រោយខ្នងវិញ ទាំងអង្វរថា៖ បងប្អូនខ្ញុំអើយ សូមកុំធ្វើអាក្រក់ដូច្នេះឡើយ។ មើល៍ ខ្ញុំមានកូនស្រីពីរនាក់ ដែលមិនទាន់ស្គាល់ប្រុសណាទេ ចាំខ្ញុំនាំវាចេញមក ប្រគល់ឱ្យអ្នករាល់គ្នាប្រព្រឹត្តតាមចិត្តចុះ តែសូមកុំធ្វើអ្វីដល់បុរសទាំងពីរនេះឡើយ ដ្បិតពួកលោកបានចូលមកស្នាក់នៅក្រោមដំបូលផ្ទះខ្ញុំ។ ប៉ុន្តែ គេកំហែងទៅថា ចូរថយចេញ ហើយគេនិយាយទៀតថា អាមួយនេះបានចូលមកស្នាក់នៅទីនេះសោះ តែបែរជាចង់តាំងខ្លួនធ្វើជាចៅ‌ក្រមទៅវិញ! ឥឡូវ យើងនឹងធ្វើបាបអ្នក ឱ្យអាក្រក់ជាងពីរនាក់នោះទៅទៀត។ រួចគេក៏ច្រានឡុតយ៉ាងខ្លាំង ហើយនាំគ្នាចូលទៅបម្រុងនឹងទម្លាយទ្វារ។ ប៉ុន្តែ ទេវតាទាំងពីរលូកដៃទៅចាប់ឡុត ទាញចូលមកក្នុងផ្ទះវិញ រួចបិទទ្វារជិត។ ទេវតាបានធ្វើឱ្យមនុស្សទាំងអស់ទាំងតូចទាំងធំដែលនៅត្រង់មាត់ទ្វារនោះខ្វាក់ភ្នែកទៅ ដូច្នេះ គេក៏អស់ចិត្តនឹងរកទ្វារទៀត។

លោកុប្បត្តិ ១៩:២៤-២៥ ពេលនោះ ព្រះ‌យេហូវ៉ាទ្រង់បង្អុរភ្លើងស្ពាន់‌ធ័រ និងភ្លើងពីលើមេឃ មកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ ព្រះអង្គបានបំផ្លាញក្រុងទាំងនោះ ទាំងតំបន់វាលរាបទាំងមូល និងមនុស្សទាំងប៉ុន្មាននៅក្រុងនោះ ព្រមទាំងរុក្ខជាតិទាំងអស់ដែលដុះនៅលើដីផង។

............

ចេញពីទស្សនៈរបស់មនុស្ស សូដុមជាទីក្រុងមួយដែលអាចបំពេញបំណងប្រាថ្នា និងអំពើអាក្រក់របស់មនុស្សយ៉ាងស្កប់ស្កល់។ ការពេញដោយភាពស្រើបស្រាល និងភាពត្រេកត្រអាល ការចាក់ភ្លេង និងការរាំច្រៀងរាល់យប់ ភាពចម្រុងចម្រើននៃទីក្រុងនេះបាននាំមនុស្សទៅរកភាពជាប់ចិត្ត និងភាពឆ្កួតលេលា។ អំពើអាក្រក់របស់ទីក្រុងនេះបានស៊ីរូងដល់ដួងចិត្តរបស់មនុស្ស និងធ្វើឱ្យពួកគេត្រេកត្រអាលធ្លាក់ទៅក្នុងអំពើពុករលួយ។ នេះគឺជាទីក្រុងមួយដែលពួកវិញ្ញាណស្មោកគ្រោក និងវិញ្ញាណអាក្រក់បានក្រឡុកធ្វើឱ្យវក់ឆ្កួត ហើយវាបានពេញពោរដោយអំពើបាប ការកាប់សម្លាប់ និងការបង្ហូរឈាម ទាំងមានក្លិនស្អុយយ៉ាងខ្លាំង។ វាជាទីក្រុងមួយដែលបានធ្វើឱ្យមនុស្សភ័យខ្លាច ជាទីក្រុងដែលមនុស្សថយចេញទាំងរន្ធត់ចិត្ត។ គ្មាននរណាម្នាក់នៅក្នុងទីក្រុងនេះ មិនថាជាបុរស ឬស្ត្រី ក្មេង ឬចាស់ ដែលចង់ស្វែងរកផ្លូវពិតឡើយ។ គ្មាននរណាម្នាក់ចង់បានពន្លឺ ឬទន្ទឹងចង់ដើរចេញពីអំពើបាបទេ។ ពួកគេបានរស់នៅក្រោមការត្រួតត្រារបស់សាតាំង ក្រោមសេចក្តីពុករលួយ និងសេចក្តីបោកបញ្ឆោតរបស់សាតាំង។ ពួកគេបានបាត់បង់ភាពជាមនុស្សរបស់ខ្លួន ពួកគេបានវង្វេងស្មារតី ហើយពួកគេបានបាត់បង់គោលដៅដើមដំបូងរបស់មនុស្សអំពីអត្ថិភាព។ ពួកគេបានប្រព្រឹត្តអំពើអាក្រក់ប្រឆាំងនឹងព្រះជាម្ចាស់រាប់មិនអស់ ហើយពួកគេបានបដិសេធមិនទទួលយកការដឹកនាំរបស់ទ្រង់ ព្រមទាំងប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ទ្រង់ផង។ វាជាអំពើដ៏អាក្រក់របស់ពួកគេដែលបានជំរុញមនុស្សទាំងអស់ ទីក្រុង និងភាវៈមានជីវិតទាំងអស់នៅក្នុងទីក្រុងនេះមួយជំហានម្ដងៗ ឱ្យធ្លាក់ទៅក្នុងផ្លូវនៃសេចក្តីវិនាស។

ទោះបីអត្ថបទគម្ពីរទាំងពីរនេះមិនបានកត់ត្រាគ្រប់ទាំងសេចក្តីលម្អិត ទាក់ទងនឹងកម្រិតនៃសេចក្តីពុករលួយរបស់អ្នកក្រុងសូដុម ហើយកត់ត្រាត្រឹមទង្វើរបស់គេចំពោះអ្នកបម្រើទាំងពីររបស់ព្រះជាម្ចាស់ ក្រោយពេលចូលមកដល់ក្នុងទីក្រុងក៏ដោយ ក៏វាមាននូវការពិតដ៏សាមញ្ញមួយដែលបើកសម្ដែងពីកម្រិតនៃសេចក្ដីពុករលួយ ការអាក្រក់ និងការប្រឆាំងរបស់អ្នកក្រុងសូដុមចំពោះព្រះជាម្ចាស់ដែរ។ តាមរយៈការនេះ មុខមាត់ដ៏ពិត និងសារជាតិរបស់អ្នកក្រុងនេះក៏ត្រូវបានលាតត្រដាងដែរ។ មនុស្សទាំងនេះមិនគ្រាន់តែបដិសេធមិនទទួលសេចក្តីព្រមានរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មិនខ្លាចចំពោះការដាក់ទោសរបស់ទ្រង់ដែរ។ ផ្ទុយទៅវិញ ពួកគេបែរជាចំអកឡកឡឺយចំពោះព្រះពិរោធរបស់ព្រះជាម្ចាស់ទៅវិញ។ ពួកគេបានប្រឆាំងនឹងព្រះជាម្ចាស់ទាំងងងឹតងងល់។ មិនថាទ្រង់បានធ្វើអ្វី ឬទ្រង់បានធ្វើវាដោយរបៀបណាឡើយ និស្ស័យដ៏សាហាវរបស់គេមានកាន់តែអាក្រក់ខ្លាំងឡើង ហើយពួកគេនៅតែបន្តប្រឆាំងនឹងព្រះជាម្ចាស់ដដែល។ អ្នកក្រុងសូដុមបានប្រឆាំងទាស់នឹងព្រះវត្តមានរបស់ព្រះជាម្ចាស់ ប្រឆាំងនឹងការយាងមកដល់របស់ទ្រង់ ការដាក់ទោសរបស់ទ្រង់ ហើយកាន់តែអាក្រក់ទៀតនោះគឺ ពួកគេប្រឆាំងនឹងសេចក្តីព្រមានរបស់ទ្រង់។ ពួកគេពិតជាក្រអឺតក្រទមហួសហេតុពេកហើយ។ ពួកគេបានបំផ្លាញ ព្រមទាំងធ្វើបាបដល់មនុស្សទាំងអស់ដែលគេអាចបំផ្លាញ និងធ្វើបាបបាន ហើយពួកគេគ្មានរើសមុខនរណាសោះឡើយ សូម្បីតែអ្នកបម្រើព្រះជាម្ចាស់ ក៏ពួកគេប្រព្រឹត្តដាក់បែបនេះដែរ។ ទាក់ទងនឹងគ្រប់ទង្វើអាក្រក់ដែលអ្នកក្រុងសូដុមបានប្រព្រឹត្ត ការធ្វើបាបដល់អ្នកបម្រើរបស់ព្រះជាម្ចាស់តែគ្រាន់តែជាចំណែកតូចមួយប៉ុណ្ណោះ ហើយធម្មជាតិដ៏អាក្រក់របស់គេដែលត្រូវបានបើកសម្ដែងនេះ តាមពិតទៅ ដូចជាអំពើមួយនៅក្នុងចំណោមអំពើអាក្រក់យ៉ាងធំធេងដូចសមុទ្រដ៏ធំដូច្នោះដែរ។ ហេតុនេះហើយ បានជាព្រះជាម្ចាស់ជ្រើសរើសបំផ្លាញពួកគេដោយភ្លើងនោះ។ ព្រះជាម្ចាស់មិនបានប្រើទឹកជំនន់ ហើយក៏មិនបានប្រើព្យុះកំណាច គ្រោះរញ្ជួយដី រលកយក្សស៊ូណាមិ ឬវិធីសាស្ត្រណាផ្សេង ដើម្បីបំផ្លាញទីក្រុងនេះឡើយ។ តើការដែលព្រះជាម្ចាស់ប្រើភ្លើង ដើម្បីបំផ្លាញទីក្រុងនេះមានន័យដូចម្ដេចទៅ? វាមានន័យថា ទីក្រុងទាំងមូលត្រូវបានបំផ្លាញទាំងស្រុង។ វាមានន័យថា ទីក្រុងត្រូវបានវិនាសហិនហោចទាំងស្រុង និងបាត់ស្រមោលពីផែនដី។ ពាក្យថា «ការបំផ្លាញ» នៅត្រង់នេះ មិនគ្រាន់តែសំដៅទៅលើសេចក្តីវិនាសនៃទ្រង់ទ្រាយ និងរចនាសម្ព័ន្ធ ឬរូបរាងខាងក្រៅនៃទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែវាក៏សំដៅលើព្រលឹងរបស់មនុស្សនៅក្នុងទីក្រុង ដែលលែងមានជីវិតរស់ ដែលត្រូវបានវិនាសស្លាប់ទាំងអស់ដែរ។ និយាយឱ្យចំទៅគឺ គ្រប់ទាំងមនុស្ស ព្រឹត្តិការណ៍ និងអ្វីទាំងអស់ៗដែលពាក់ព័ន្ធនឹងទីក្រុងនោះត្រូវបានបំផ្លាញតែម្ដង។ វានឹងគ្មានជាតិក្រោយ ឬការចាប់កំណើតម្ដងទៀតសម្រាប់ប្រជាជននៃទីក្រុងនេះឡើយ ព្រោះព្រះជាម្ចាស់បានបំផ្លាញពួកគេចេញពីចំណោមមនុស្សនៅក្នុងសត្តនិកររបស់ទ្រង់ជារៀងរហូតបាត់ទៅហើយ។ ការប្រើភ្លើងមានន័យថា ជាការបញ្ចប់អំពើបាបនៅក្នុងកន្លែងមួយ ព្រមទាំងមានន័យថា អំពើបាបនៅទីក្រុងនោះត្រូវបានរាំងខ្ទប់ ដើម្បីកុំឱ្យវាមាន និងសាយភាយតទៅទៀត។ វាមានន័យថា អំពើអាក្រក់របស់សាតាំងបានបាត់បង់ដីដ៏មានជីវជាតិរបស់វា ព្រមទាំងបាត់បង់ទីបញ្ចុះសពដែលផ្ដល់កន្លែងឱ្យវាស្នាក់នៅ និងរស់នៅ។ នៅក្នុងការធ្វើសង្រ្គាមរវាងព្រះជាម្ចាស់និងសាតាំង ការដែលព្រះជាម្ចាស់ប្រើភ្លើង គឺជាសញ្ញានៃជ័យជម្នះរបស់ទ្រង់ ដែលបានដាក់សញ្ញាសម្គាល់សាតាំង។ សេចក្តីហិនវិនាសនៃក្រុងសូដុម គឺជាកំហុសដ៏ធំមួយនៅក្នុងមហិច្ឆតារបស់សាតាំង ដើម្បីប្រឆាំងនឹងព្រះជាម្ចាស់ តាមរយៈការធ្វើឱ្យមនុស្សពុករលួយ និងការបំផ្លាញពួកគេ ហើយវាក៏ជាសញ្ញាដ៏អាម៉ាស់នៃពេលវេលាមួយនៅក្នុងការអភិវឌ្ឈរបស់មនុស្សផងដែរ ដែលមនុស្សបានបដិសេធការដឹកនាំរបស់ព្រះជាម្ចាស់ ហើយបានបណ្ដោយខ្លួនឱ្យធ្វើរឿងឧបាយមុខគ្រប់យ៉ាង។ លើសពីនេះទៅទៀត វាជាកំណត់ត្រាមួយអំពីការបើកសម្ដែងដ៏ពិតអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

មនុស្សនេះបានត្រលប់ជាពុករលួយយ៉ាងខ្លាំង។ មនុស្សទាំងនេះមិនបានស្គាល់ព្រះជាម្ចាស់ជានរណា ឬដឹងថាខ្លួនឯងមកពីប្រភពណានោះឡើយ។ ប្រសិនបើអ្នកលើកឡើងអំពីព្រះជាម្ចាស់ប្រាប់ពួកគេ នោះពួកគេនឹងវាយប្រហារ មួលបង្កាច់ និងជេរប្រមាថជាមិនខាន។ សូម្បីតែនៅពេលដែលអ្នកបម្រើរបស់ព្រះជាម្ចាស់បានទៅប្រាប់អំពីសេចក្តីព្រមានរបស់ទ្រង់ក៏ដោយ ក៏មនុស្សដ៏ពុករលួយទាំងនេះមិនបង្ហាញពីសញ្ញានៃការប្រែចិត្តណាមួយឡើយ ហើយមិនតែប៉ុណ្ណោះ ពួកគេក៏មិនបានបោះបង់ចោលទង្វើដ៏អាក្រក់របស់គេដែរ ផ្ទុយទៅវិញ គេបែរជាធ្វើបាបដល់អ្នកបម្រើរបស់ព្រះជាម្ចាស់យ៉ាងគឃ្លើនទៅវិញ។ អ្វីដែលពួកគេបានបង្ហាញ និងបើកសម្ដែង គឺជាធម្មជាតិ និងសារជាតិរបស់គេដែលប្រឆាំងយ៉ាងខ្លាំងចំពោះព្រះជាម្ចាស់។ យើងអាចមើលឃើញថា ការប្រឆាំងរបស់មនុស្សដ៏ពុករលួយទាំងនេះចំពោះព្រះជាម្ចាស់ គឺលើសពីការបើកសម្ដែងអំពីនិស្ស័យដ៏ពុករលួយរបស់គេទៅទៀត ដូចជាលើសពីការគ្រាន់តែមួលបង្កាច់ ឬការសើចចំអក ដែលគ្រាន់តែមានឫសគល់ចេញពីកង្វះការយល់ដឹងអំពីសេចក្តីពិតទៅទៀត។ មិនមែនភាពល្ងង់ខ្លៅ ឬភាពអវិជ្ជាដែលធ្វើឱ្យពួកគេប្រព្រឹត្តអាក្រក់នោះឡើយ ហើយពួកគេបានប្រព្រឹត្តបែបនេះ ក៏មិនមែនដោយសារតែពួកគេត្រូវបានបោកបញ្ឆោតនោះដែរ ហើយវាក៏មិនមែនដោយសារតែពួកគេត្រូវបានចាញ់កលគេនោះដែរ។ ទង្វើរបស់គេបានឡើងដល់កម្រិតមួយនៃការប្រឆាំង ការជំទាស់ និងការស្រែកតវ៉ាយ៉ាងឥតអៀនខ្មាសទាំងស្រុងចំពោះព្រះជាម្ចាស់។ គ្មានអ្វីដែលត្រូវឆ្ងល់ឡើយ ឥរិយាបថមនុស្សបែបនេះនឹងធ្វើឱ្យព្រះជាម្ចាស់ខ្ញាល់ ហើយវាក៏នឹងធ្វើឱ្យនិស្ស័យរបស់ទ្រង់ក្រោធឡើងដែរ ព្រោះថានិស្ស័យរបស់ទ្រង់នេះមិនអាចត្រូវបានបំពាននោះឡើយ។ នេះជាហេតុផលដែលនាំឱ្យព្រះជាម្ចាស់បញ្ចេញសេចក្ដីក្រោធ និងឫទ្ធានុភាពរបស់ទ្រង់ដោយផ្ទាល់ និងដោយចំហ ដ្បិតនេះជាការបើកសម្ដែងដ៏ពិតអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់។ ដោយប្រឈមជាមួយទីក្រុងមួយដែលពេញដោយអំពើបាប ព្រះជាម្ចាស់ចង់បំផ្លាញវាឱ្យលឿនបំផុតតាមតែអាចធ្វើទៅបាន គឺបំផ្លាញមនុស្សនៅក្នុងទីក្រុងនេះ និងអំពើបាបរបស់ពួកគេទាំងស្រុងតែម្ដង ដោយធ្វើឱ្យប្រជាជនក្នុងក្រុងនេះលែងមានតទៅទៀត និងដើម្បីបញ្ឈប់អំពើបាបដែលមាននៅក្នុងក្រុងនេះ កុំឱ្យរាលដាលទៅកន្លែងផ្សេងទៀត។ វិធីដ៏លឿនបំផុត ហើយកម្ទេចបានទាំងស្រុងនោះ គឺជាការដុតបំផ្លាញវាដោយភ្លើង។ អាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះអ្នកក្រុងសូដុម មិនមែនជាការបោះបង់ចោល ឬការមិនគោរពនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានប្រើសេចក្ដីក្រោធ ឫទ្ធានុភាព និងសិទ្ធិអំណាចរបស់ទ្រង់ ដើម្បីដាក់ទោស រំលាយ និងបំផ្លាញមនុស្សទាំងនេះចោលទាំងស្រុងតែម្ដង។ អាកប្បកិរិយារបស់ទ្រង់ចំពោះពួកគេ មិនមែនគ្រាន់តែជាការបំផ្លាញខាងឯរូបកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបំផ្លាញខាងឯព្រលឹង ដែលជាការបំផ្លាញអស់កល្បជានិច្ចដែរ។ នេះគឺជាសេចក្តីសន្និដ្ឋានពិតប្រាកដចំពោះអត្ថន័យដែលព្រះជាម្ចាស់ចង់មានន័យចំពោះឃ្លាថា «លែងឱ្យមានតទៅទៀត»។

(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះជាម្ចាស់ស្អប់មនុស្ស ពីព្រោះមនុស្សបានតាំងខ្លួនជាសត្រូវទាស់នឹងព្រះអង្គ ក៏ប៉ុន្តែ នៅក្នុងព្រះទ័យរបស់ទ្រង់ ការយកព្រះទ័យទុកដាក់ ការព្រួយបារម្ភ និងសេចក្ដីមេត្ដាករុណាចំពោះមនុស្សជាតិ នៅដូចមុនដដែលមិនផ្លាស់ប្តូរឡើយ។ សូម្បីតែនៅពេលដែលព្រះអង្គបានបំផ្លាញមនុស្សជាតិហើយក៏ដោយ ក៏ព្រះទ័យរបស់ទ្រង់នៅតែមិនផ្លាស់ប្តូរដដែល។ នៅពេលមនុស្សពោរពេញទៅដោយសេចក្ដីពុករលួយ និងការមិនស្តាប់បង្គាប់ចំពោះព្រះជាម្ចាស់ ព្រះអង្គត្រូវតែបំផ្លាញមនុស្សជាតិនេះចោល ដោយព្រោះតែនិស្ស័យនិងសារជាតិរបស់ទ្រង់ និងស្របតាមគោលការណ៍របស់ទ្រង់។ ប៉ុន្ដែ ដោយសារតែសារជាតិរបស់ព្រះជាម្ចាស់ ព្រះអង្គនៅតែអាណិតអាសូរចំពោះមនុស្សជាតិដដែល ហើយថែមទាំងចង់ប្រើវិធីផ្សេងៗដើម្បីប្រោសលោះពួកគេផង ដើម្បីឱ្យពួកគេអាចបន្តរស់នៅបានតទៅទៀត។ ក៏ប៉ុន្តែ មនុស្សបែរប្រឆាំងនឹងព្រះជាម្ចាស់ បន្តមិនស្តាប់បង្គាប់ទ្រង់ ហើយថែមទាំងបដិសេធមិនទទួលយកសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ទៀតផង។ នោះគឺជាការបដិសេធមិនព្រមទទួលយកបំណងល្អរបស់ព្រះអង្គហើយ។ មិនថាព្រះជាម្ចាស់បានត្រាស់ហៅពួកគេ ដាស់តឿនពួកគេ ទំនុកបម្រុងពួកគេ ជួយពួកគេ ឬអត់ឱនដល់ពួកគេយ៉ាងណាក៏ដោយ ក៏មនុស្សមិនយល់ ឬលើកសរសើរពីការនោះដែរ ហើយពួកគេក៏មិនបានយកចិត្តទុកដាក់អ្វីដែរ។ ទោះក្នុងការឈឺចាប់ក៏ដោយ ក៏ព្រះជាម្ចាស់នៅតែមិនភ្លេចប្រទាននូវការអត់ឱនដ៏ច្រើនរបស់ទ្រង់ដល់មនុស្សដែរ ដោយរង់ចាំឱ្យពួកគេងាកក្រោយវិញ។ បន្ទាប់ពីព្រះអង្គបានអត់ធ្មត់ដល់កម្រិតហើយ ព្រះអង្គក៏បានធ្វើកិច្ចការដែលព្រះអង្គត្រូវធ្វើដោយគ្មានការស្ទាក់ស្ទើរឡើយ។ អាចនិយាយម៉្យាងទៀតថា ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានរៀបចំផែនការដើម្បីបំផ្លាញមនុស្សជាតិ រហូតមកដល់ពេលចាប់ផ្តើមកិច្ចការរបស់ទ្រង់ក្នុងការបំផ្លាញមនុស្សជាតិ គឺមានពេលវេលា និងដំណើរការជាក់លាក់ណាស់។ ដំណើរការនេះកើតមានឡើង គឺមានគោលបំណងដើម្បីធ្វើឱ្យមនុស្សអាចបកក្រោយវិញ ហើយនេះគឺជាឱកាសលើកចុងក្រោយដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស។ ដូច្នេះ មុនពេលដែលព្រះអង្គបំផ្លាញមនុស្សជាតិ តើព្រះជាម្ចាស់បានធ្វើអ្វីខ្លះនៅក្នុងអំឡុងពេលនេះ? ព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើនដើម្បីក្រើនរំឭក និងដាស់តឿនដល់ពួកគេ។ មិនថានៅក្នុងព្រះទ័យរបស់ទ្រង់មានការឈឺចាប់ និងមានទុក្ខព្រួយច្រើនប៉ុនណានោះទេ ក៏ព្រះអង្គនៅតែបន្តយកព្រះទ័យទុកដាក់ ព្រួយបារម្ភ និងប្រទានសេចក្តីមេត្តាករុណាយ៉ាងពេញបរិបូរដល់មនុស្សជាតិដដែល។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ការអត់ធ្មត់របស់ព្រះជាម្ចាស់ គឺមានកម្រិតចំពោះសេចក្ដីពុករលួយ ភាពស្មោកគ្រោគ និងអំពើឃោរឃៅរបស់មនុស្ស។ នៅពេលដែលព្រះអង្គឈានដល់កម្រិតកំណត់នោះហើយ ព្រះអង្គនឹងលែងអត់ធ្មត់ទៀតហើយ ព្រះអង្គនឹងចាប់ផ្តើមការគ្រប់គ្រងថ្មី និងផែនការថ្មីរបស់ទ្រង់ ចាប់ផ្តើមធ្វើអ្វីដែលព្រះអង្គត្រូវធ្វើ បើកសម្តែងពីកិច្ចការរបស់ទ្រង់ និងផ្នែកនៃនិស្ស័យរបស់ទ្រង់ដទៃទៀត។ សកម្មភាពរបស់ទ្រង់នេះ គឺមិនមែនដើម្បីបង្ហាញថា ព្រះអង្គដាច់ខាតមិនឱ្យមនុស្សប្រមាថ ឬថាព្រះអង្គពេញដោយសិទ្ធិអំណាច និងសេចក្តីក្រោធនោះទេ ហើយក៏មិនមែនបង្ហាញថា ព្រះអង្គអាចបំផ្លាញមនុស្សបាននោះដែរ។ នោះគឺថា និស្ស័យ និងសារជាតិដ៏បរិសុទ្ធរបស់ទ្រង់ មិនអាចអនុញ្ញាត ឬអត់ធ្មត់ចំពោះមនុស្សជាតិប្រភេទនេះ មិនអាចឱ្យគេរស់នៅចំពោះទ្រង់ ឬក៏រស់នៅក្រោមការត្រួតត្រារបស់ទ្រង់បានទៀតឡើយ។ នោះគឺបានន័យថា នៅពេលដែលមនុស្សទាំងអស់ប្រឆាំងនឹងទ្រង់ ហើយនៅពេលដែលគ្មាននរណាម្នាក់នៅលើផែនដីទាំងមូលដែលទ្រង់អាចសង្គ្រោះបាន នោះព្រះអង្គនឹងលែងមានការអត់ធ្មត់ចំពោះមនុស្សប្រភេទនេះទៀតហើយ ព្រះអង្គនឹងអនុវត្តផែនការរបស់ព្រះអង្គដោយគ្មានអល់អែក ដើម្បីបំផ្លាញមនុស្សជាតិប្រភេទនេះចោល។ ទង្វើរបស់ព្រះជាម្ចាស់បែបនេះ គឺកំណត់ដោយនិស្ស័យរបស់ព្រះអង្គ។ នេះគឺជាលទ្ធផលមួយដែលមិនអាចជៀសផុតបាន ហើយក៏ជាផលវិបាកមួយដែលភាវៈដែលព្រះបានបង្កើតមកដែលកំពុងស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ ត្រូវតែទទួលផងដែរ។ តើការនេះមិនមែនបង្ហាញថា នៅក្នុងយុគសម័យនេះ ព្រះជាម្ចាស់មិនអាចរង់ចាំដើម្បីបញ្ចប់ផែនការរបស់ទ្រង់ និងសង្គ្រោះមនុស្សដែលព្រះអង្គចង់សង្រ្គោះបានតទៀតទេឬអី? ក្នុងកាលៈទេសៈទាំងនេះ តើព្រះជាម្ចាស់យកព្រះទ័យទុកដាក់នឹងអ្វីខ្លាំងជាងគេបំផុត? គឺមិនមែនផ្ដោតលើរបៀបដែលអ្នកទាំងនោះមិនដើរតាមព្រះអង្គទាល់តែសោះ ឬអ្នកដែលប្រឆាំង ឬទាស់ទទឹងនឹងទ្រង់ទេ ក៏មិនផ្ដោតលើរបៀបដែលមនុស្សជាតិមួលបង្កាច់ទ្រង់ដែរ។ ព្រះអង្គខ្វល់ព្រះទ័យតែលើអ្នកដែលដើរតាមទ្រង់ ដែលជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ទ្រង់នៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់តែប៉ុណ្ណោះ ថាតើពួកគេនោះត្រូវបានទ្រង់ប្រោសឱ្យបានពេញខ្នាតឬអត់ ថាតើពួកគេបានក្លាជាមនុស្សមានតម្លៃគាប់ព្រះហឫទ័យរបស់ទ្រង់ឬអត់។ ចំណែកអ្នកដែលមិនដើរតាមព្រះអង្គវិញ ព្រះអង្គគ្រាន់តែប្រទានការដាក់ទោសបន្តិចបន្តួច ដើម្បីបង្ហាញពីសេចក្តីក្រោធរបស់ព្រះអង្គប៉ុណ្ណោះ។ ឧទាហរណ៍៖ រលកយក្សស៊ូណាមិ រញ្ជួយដី និងបន្ទុះភ្នំភ្លើងជាដើម។ ក្នុងពេលជាមួយគ្នានោះដែរ ព្រះអង្គក៏កំពុងការពារ និងមើលថែអ្នកដែលដើរតាមព្រះអង្គ ហើយពួកគេជិតត្រូវបានទ្រង់សង្គ្រោះហើយ។ និស្ស័យរបស់ព្រះជាម្ចាស់គឺបែបនេះ៖ ម្ខាង ព្រះអង្គអាចមានការអត់ធ្មត់ និងការត្រាប្រណីយ៉ាងខ្លាំងចំពោះមនុស្សដែលព្រះអង្គមានបំណងចង់ប្រោសឱ្យបានពេញខ្នាត ហើយព្រះអង្គអាចរង់ចាំពួកគេយូរតាមដែលព្រះអង្គអាចរង់ចាំបាន។ ម្ខាងទៀត ព្រះជាម្ចាស់ស្អប់ និងខ្ពើមរអើមមនុស្សប្រភេទសាតាំងណាស់ ដែលមិនដើរតាមទ្រង់ ហើយប្រឆាំងនឹងទ្រង់។ ទោះបីព្រះអង្គមិនខ្វល់ថាតើមនុស្សប្រភេទសាតាំងនេះដើរតាមទ្រង់ ឬថ្វាយបង្គំទ្រង់ឬអត់ក៏ដោយ ក៏ព្រះអង្គនៅតែស្អប់ពួកគេដដែល ទាំងដែលក្នុងព្រះទ័យរបស់ទ្រង់នៅមានការអត់ធ្មត់ចំពោះពួកគេដដែល ហើយក្នុងពេលដែលព្រះអង្គកំពុងកំណត់ពីទីបញ្ចប់របស់មនុស្សប្រភេទសាតាំងនេះ ព្រះអង្គក៏កំពុងរង់ចាំការមកដល់នៃផែនការគ្រប់គ្រងរបស់ព្រះអង្គក្នុងជំហានបន្ទាប់ផងដែរ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

កិច្ចការរបស់ខ្ញុំមានរយៈពេលប្រាំមួយពាន់ឆ្នាំប៉ុណ្ណោះ ហើយខ្ញុំបានសន្យាថាការគ្រប់គ្រងរបស់អារក្សលើមនុស្សជាតិទាំងមូល ក៏ស្ថិតនៅមិនលើសពីប្រាំមួយពាន់ឆ្នាំដែរ។ ដូច្នេះ ឥលូវនេះដល់ពេលហើយ។ ខ្ញុំនឹងមិនបន្ដ ហើយក៏មិនពន្យារពេលតទៅទៀតដែរ៖ ក្នុងអំឡុងពេលគ្រាចុងក្រោយ ខ្ញុំនឹងធ្វើឱ្យសាតាំងវិនាស ខ្ញុំនឹងយកសិរីល្អទាំងអស់របស់ខ្ញុំត្រលប់មកវិញ ហើយខ្ញុំនឹងទាមទារព្រលឹងទាំងអស់ដែលជាកម្មសិទ្ធិរបស់ខ្ញុំនៅលើផែនដីត្រលប់មកវិញ ដើម្បីឱ្យព្រលឹងដែលរងទុក្ខព្រួយទាំងអស់នេះអាចគេចផុតពីសមុទ្រទុក្ខ ដើម្បីឱ្យកិច្ចការទាំងមូលរបស់ខ្ញុំនៅលើផែនដីនឹងត្រូវបញ្ចប់។ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងមិនត្រលប់មកជាសាច់ឈាមនៅលើផែនម្ដងទៀតឡើយ ហើយវិញ្ញាណគ្រប់គ្រងទាំងអស់របស់ខ្ញុំក៏នឹងមិនធ្វើកិច្ចការនៅលើផែនដីម្ដងទៀតដែរ។ ខ្ញុំនឹងមិនធ្វើកិច្ចការអ្វីទៀតឡើយនៅលើផែនដីនេះ ក្រៅតែពីកិច្ចការម្យ៉ាងគឺ៖ ខ្ញុំនឹងបង្កើតមនុស្សជាតិជាថ្មី ជាមនុស្សជាតិដែលបរិសុទ្ធ និងជាទីក្រុងដ៏ស្មោះត្រង់របស់ខ្ញុំនៅលើផែនដី។ ប៉ុន្ដែចូរដឹងថា ខ្ញុំនឹងមិនបំផ្លាញពិភពលោកទាំងមូលឡើយ ហើយខ្ញុំក៏នឹងមិនបំផ្លាញមនុស្សជាតិទាំងមូលដែរ។ ខ្ញុំនឹងរក្សាទុកមនុស្សមួយភាគបី ជាមនុស្សដែលស្រលាញ់ខ្ញុំ និងជាមនុស្សដែលខ្ញុំបានយកឈ្នះដោយហ្មត់ចត់ ហើយខ្ញុំនឹងធ្វើឱ្យមនុស្សមួយភាគបីនេះបង្កើតផលផ្លែ និងចម្រើនកូនចៅឡើងនៅលើផែនដី ដូចជាជនជាតិអ៊ីស្រាអែលបានធ្វើក្រោមក្រឹត្យវិន័យដែរ ដោយប្រទានឱ្យពួកគេមានហ្វូងចៀម គោក្របីជាច្រើន និងទ្រព្យសម្បត្តិទាំងអស់នៅលើផែនដី។ មនុស្សជាតិនេះនឹងនៅជាប់ជាមួយខ្ញុំជារៀងរហូត ប៉ុន្ដែមិនមែនជាមនុស្សជាតិដែលកខ្វក់គួរឱ្យស្អប់ខ្ពើមនាពេលសព្វថ្ងៃនេះទេ តែជាមនុស្សជាតិមួយក្រុមដែលខ្ញុំបានទទួលមក។ មនុស្សជាតិប្រភេទនេះនឹងមិនត្រូវបំផ្លាញ រំខាន ឬក៏ឡោមព័ទ្ធដោយសាតាំងឡើយ ហើយពួកគេគឺជាមនុស្សជាតិតែមួយក្រុមគត់ដែលរស់នៅលើផែនដីក្រោយពេលដែលខ្ញុំយកជ័យជម្នះលើសាតាំង។ នេះគឺជាមនុស្សជាតិមួយក្រុមដែលខ្ញុំបានយកឈ្នះនៅថ្ងៃនេះ និងបានទទួលសេចក្ដីសន្យារបស់ខ្ញុំ។ ដូច្នេះហើយ មនុស្សជាតិដែលត្រូវបានយកឈ្នះក្នុងអំឡុងពេលគ្រាចុងក្រោយ ក៏ជាមនុស្សជាតិដែលនឹងនៅរស់រានមានជីវិត និងទទួលព្រះពរដ៏នៅអស់កល្បជានិច្ចរបស់ខ្ញុំដែរ។ វានឹងក្លាយជាភស្ដុតាងតែមួយគត់អំពីជ័យជម្នះរបស់ខ្ញុំលើសាតាំង និងជាជ័យភណ្ឌតែមួយគត់នៃចម្បាំងរបស់ខ្ញុំជាមួយសាតាំង។ ខ្ញុំបានសង្គ្រោះជ័យភណ្ឌទាំងនេះចេញពីការគ្រប់គ្រងរបស់សាតាំង ហើយពួកគេជាការបង្ហាញយ៉ាងច្បាស់ និងជាផលផ្លែតែមួយនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ។ ពួកគេមកពីគ្រប់ជាតិសាសន៍ និងគ្រប់និកាយ ពីគ្រប់ទីកន្លែង និងគ្រប់ប្រទេសទាំងអស់នៅលើសាកលលោក។ ពួកគេមកពីពូជអំបូរផ្សេងគ្នា មានភាសា ទំនៀមទម្លាប់ និងពណ៌សម្បុរផ្សេងគ្នា ហើយពួកគេបែកខ្ញែកទៅគ្រប់ប្រជាជាតិ និងគ្រប់និកាយទាំងអស់នៅលើសាកលលោក ព្រមទាំងគ្រប់ផ្នែកទាំងអស់នៅលើពិភពលោក។ នៅទីបំផុត ពួកគេនឹងមករួមគ្នាបង្កើតជាមនុស្សជាតិពេញលេញមួយក្រុម គឺជាក្រុមមនុស្សដែលកម្លាំងរបស់សាតាំងមិនអាចឈោងទៅដល់។

(ដកស្រង់ពី «គ្មាននរណាម្នាក់ដែលមានសាច់ឈាមអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានឡើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ៣. សព្វថ្ងៃនេះ គ្រោះមហន្តរាយកំពុងតែកើតឡើងកាន់តែធ្ងន់ធ្ងរ និងកាន់តែញឹកញាប់។ សញ្ញាទាំងនេះបង្ហាញថា គ្រោះមហន្តរាយធំៗនៃគ្រាចុងក្រោយដែលត្រូវបានទស្សន៍ទាយទុកនៅក្នុងព្រះគម្ពីរហៀបនឹងចាប់ផ្ដើមហើយ។ តើយើងអាចទទួលបានការការពាររបស់ព្រះជាម្ចាស់ និងរួចជីវិតពីគ្រោះមហន្តរាយទាំងនេះយ៉ាងដូចម្ដេចទៅ?

បន្ទាប់៖ ២. អ្នកធ្វើបន្ទាល់ថា ក្នុងអំឡុងនៃគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញនូវសេចក្តីពិត និងអនុវត្តកិច្ចការជំនុំជម្រះ និងការបន្សុទ្ធមនុស្ស។ នៅទីបំផុត ទ្រង់នឹងទទួលយកអ្នកមានជ័យជម្នះមួយក្រុម ហើយបន្ទាប់មក ទ្រង់នឹងបំផ្លាញចោលយុគសម័យដ៏ចាស់ និងអាក្រក់នេះ ដោយនាំមនុស្សចូលទៅក្នុងយុគសម័យមួយថ្មី។ តើអ្នកអាចប្រកបគ្នាកាន់តែលម្អិតបន្ថែមទៀតអំពីរបៀបដែលព្រះជាម្ចាស់បំផ្លាញយុគសម័យដ៏ចាស់ និងអាក្រក់នេះក្នុងអំឡុងនៃគ្រាចុងក្រោយបានដែរឬទេ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ