១. អ្នកនិយាយថា ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ដោយបែងចែកម្នាក់ៗទៅតាមប្រភេទ និងប្រទានរង្វាន់ដល់ការល្អ ហើយដាក់ទោសការអាក្រក់។ ដូច្នេះ តើមនុស្សប្រភេទអ្វីទៅដែលព្រះជាម្ចាស់សង្រ្គោះ និងប្រភេទអ្វីទៅដែលទ្រង់លុបបំបាត់?
ខគម្ពីរយោង៖
«មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ។ មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២១-២៣)។
«ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា លើកលែងតែអ្នកត្រូវបានផ្លាស់ប្រែ និងក្លាយជាដូចកូនក្មេងសិន នោះទើបអ្នកនឹងបានចូលក្នុងនគរស្ថានសួគ៌» (ម៉ាថាយ ១៨:៣)។
«អ្នកណាដែលឈ្នះនឹងបានទទួលសេចក្ដីទាំងនេះទុកជាមរតក ហើយខ្ញុំនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាកូនរបស់ខ្ញុំ។ ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់មនុស្សដែលភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ ហើយនោះជាសេចក្ដីស្លាប់ទីពីរ» (វិវរណៈ ២១:៧-៨)។
«មានពរហើអស់អ្នកណាដែលធ្វើតាមបញ្ញត្តិរបស់ទ្រង់ ពួកគេអាចមានសិទ្ធិចូលទៅដើមជីវិត ហើយអាចចូលទៅក្នុងក្រុងតាមទ្វារ។ ដ្បិតនៅខាងក្រៅ គឺជាពួកឆ្កែ ពួកមន្តអាគម ពួកសហាយស្មន់ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ ហើយនិយាយភូតភរ» (វិវរណៈ ២២:១៤-១៥)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
បច្ចុប្បន្ននេះ អ្នកដែលស្វែងរក និងអ្នកដែលមិនស្វែងរក គឺជាមនុស្សពីរប្រភេទដែលខុសគ្នាស្រឡះ ហើយទិសដៅរបស់ពួកគេ ក៏ខុសគ្នាយ៉ាងខ្លាំងផងដែរ។ អស់អ្នកដែលស្វែងរកចំណេះដឹងអំពីសេចក្ដីពិត និងអនុវត្តនូវសេចក្ដីពិត គឺមនុស្សដែលព្រះជាម្ចាស់នឹងប្រទានសេចក្ដីសង្គ្រោះដល់គេ។ អស់អ្នកណាដែលមិនដឹងអំពីផ្លូវពិត គឺសុទ្ធតែជាពួកអារក្ស និងជាពួកសត្រូវ។ ពួកគេជាកូនចៅនៃមហាទេវតា ហើយនឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ សូម្បីតែអស់អ្នកណាដែលជឿស៊ប់លើព្រះជាម្ចាស់ដែលស្រពេចស្រពិល តើពួកគេមិនមែនជាពួកអារក្សទេឬអី? មនុស្សដែលមានសតិសម្បជញ្ញៈល្អ ប៉ុន្តែពុំទទួលយកផ្លូវពិត គឺសុទ្ធតែពួកជាអារក្ស។ សារជាតិរបស់ពួកគេ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកណាដែលមិនទទួលយកផ្លូវត្រូវ គឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយទោះបីជាមនុស្សបែបនេះ ទទួលរងនូវទុក្ខលំបាកក្ដី ក៏ពួកគេនឹងនៅតែត្រូវបំផ្លាញចោលដដែល។ អស់អ្នកណាដែលមិនសុខចិត្តលះបង់លោកិយនេះ អស់អ្នកណាដែលមិនអាចអត់ទ្រាំបែកចេញពីឪពុកម្ដាយរបស់ពួកគេបាន និងអស់អ្នកណាដែលមិនអាចលះបង់នូវការសប្បាយរីករាយខាងសាច់ឈាមបាន គឺសុទ្ធតែជាមនុស្សរឹងចចេសនឹងព្រះជាម្ចាស់ ហើយអ្នកទាំងអស់នេះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ជាងនេះទៅទៀត នរណាម្នាក់ដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជាពួកអារក្ស ហើយនឹងត្រូវបំផ្លាញចោល។ អស់អ្នកណាដែលមានសេចក្ដីជំនឿ ប៉ុន្តែមិនបានអនុវត្តតាមសេចក្ដីពិត អស់អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងអស់អ្នកណាដែលមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ក៏នឹងក្លាយទៅជារបស់ដែលត្រូវបំផ្លាញចោលផងដែរ។ អ្នកទាំងឡាយណាដែលនឹងត្រូវអនុញ្ញាតឱ្យបន្តរស់នៅ គឺសុទ្ធតែជាមនុស្សដែលបានឆ្លងកាត់នូវទុក្ខវេទនានៃការបន្សុទ្ធ និងប្រកាន់ខ្ជាប់នូវជំហរយ៉ាងរឹងមាំ។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលបានឆ្លងកាត់ការល្បងលយ៉ាងពិតប្រាកដ។ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ គឺជាសត្រូវ ពោលគឺ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស (មិនថា ពួកគេនៅក្នុង ឬនៅក្រៅកិច្ចការបម្រើទេ) គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើសាតាំងជានរណា តើអារក្សជានរណា ហើយតើសត្រូវរបស់ព្រះជាម្ចាស់ជានរណា ប្រសិនបើមិនមែនជាពួកតតាំងដែលមិនជឿលើព្រះជាម្ចាស់នោះ? តើពួកគេមិនមែនជាមនុស្សដែលរឹងទទឹងនឹងព្រះជាម្ចាស់ទេឬអី? តើពួកគេមិនជាមនុស្សដែលអះអាងថា ខ្លួនមានសេចក្ដីជំនឿ តែខ្វះនូវសេចក្ដីពិតទេឬអី? តើពួកគេមិនមែនជាពួកដែលគ្រាន់តែព្យាយាមចង់បានព្រះពរ តែមិនអាចធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ទេឬអី? សព្វថ្ងៃនេះ អ្នកនៅលាយឡំជាមួយនឹងពួកអារក្ស ទាំងមានសតិសម្បជញ្ញៈ និងសេចក្ដីស្រឡាញ់ចំពោះពួកវា ប៉ុន្តែ ក្នុងករណីនេះ តើអ្នកមិនកំពុងបន្ថែមសមានចិត្តចំពោះសាតាំងទេឬអី? តើអ្នកមិនមែននៅក្នុងក្រុមជាមួយនឹងពួកអារក្សទេឬអី? ប្រសិនបើមនុស្សសម័យនេះ នៅតែមិនអាចបែងចែកភាពខុសគ្នា រវាងអ្វីល្អនិងអ្វីអាក្រក់ទេ ហើយបន្តធ្វើជាមនុស្សគួរឱ្យស្រឡាញ់ និងមានមេត្តាធម៌ទាំងងងឹតងងល់ ដោយគ្មានបំណងចង់ឈ្វេងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬអាចដាក់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅក្នុងចិត្តរបស់ខ្លួនដោយវិធីណាមួយបាន នោះចុងបញ្ចប់របស់ពួកគេរាល់គ្នានឹងកាន់អាក្រក់ទៅៗ។ អ្នកណាមួយដែលមិនជឿលើព្រះជាម្ចាស់ដែលសណ្ឋិតក្នុងសាច់ឈាម គឺជាសត្រូវរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកអាចមានសតិសម្បជញ្ញៈ និងក្ដីស្រឡាញ់ចំពោះសត្រូវ តើអ្នកមិនមែនខ្វះស្មារតីនៃសេចក្ដីសុចរិតទេឬអី? ប្រសិនបើអ្នកចុះសម្រុងនឹងអស់អ្នកដែលខ្ញុំស្អប់ខ្ពើម និងអស់អ្នកដែលខ្ញុំមិនយល់ស្របនោះ ហើយនៅតែមានសេចក្ដីស្រឡាញ់ និងអារម្មណ៍ផ្ទាល់ខ្លួនដក់ជាប់ចំពោះពួកគេ ដូច្នេះ តើអ្នកមិនមែនជាមនុស្សរឹងចចេសទេឬអី? តើអ្នកមិនមែនកំពុងប្រឆាំងនឹងព្រះជាម្ចាស់ដោយចេតនាទេឬអី? តើមនុស្សបែបនេះ មានសេចក្ដីពិតដែរឬទេ? ប្រសិនបើមនុស្សដែលមានសតិសម្បជញ្ញៈចំពោះសត្រូវ មានសេចក្ដីស្រឡាញ់ចំពោះពួកអារក្ស និងមានសេចក្ដីសន្ដោសប្រណីចំពោះសាតាំង ដូច្នេះ តើពួកគេមិនមែនកំពុងតែរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ដោយចេតនាទេឬអី? អស់អ្នកណាដែលជឿតែលើព្រះយេស៊ូវគ្រីស្ទនិងមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក្នុងគ្រាចុងក្រោយ ក៏ដូចជាអស់អ្នកដែលអះអាងដោយបបូរមាត់ថា គេជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស តែប្រព្រឹត្តអំពើអាក្រក់ គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ ដោយមិនចាំបាច់និយាយដល់អ្នកណាដែលមិនបានជឿលើព្រះជាម្ចាស់ឡើយ។ មនុស្សអស់ទាំងនេះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ក្បួនខ្នាតដែលមនុស្សលោកវិនិច្ឆ័យអ្នកដទៃ គឺផ្អែកលើឥរិយាបថរបស់ពួកគេ។ អស់អ្នកណាដែលប្រព្រឹត្តអំពើល្អគឺជាមនុស្សសុចរិត រីឯអស់អ្នកណាប្រព្រឹត្តអំពើគួរឱ្យស្អប់ខ្ពើម គឺជាមនុស្សទុច្ចរិត។ ក្បួនខ្នាតដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្សលោក គឺផ្អែកលើថា តើសារជាតិរបស់ពួកគេ ចុះចូលនឹងទ្រង់ដែរឬអត់។ នរណាម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ គឺជាមនុស្សសុចរិត រីឯនរណាម្នាក់ដែលមិនចុះចូល គឺជាសត្រូវ និងជាមនុស្សទុច្ចរិត ទោះបីជាអាកប្បកិរិយារបស់មនុស្សម្នាក់នោះល្អឬអាក្រក់ ហើយទោះបីជាសម្ដីរបស់ពួកគេត្រឹមត្រូវឬមិនត្រូវឡើយ។ មនុស្សមួយចំនួនចង់ប្រើប្រាស់អំពើល្អ ដើម្បីទទួលបានទិសដៅល្អនាពេលអនាគត ហើយមនុស្សខ្លះទៀតចង់ប្រើប្រាស់សម្ដីល្អៗ ដើម្បីទទួលបានទិសដៅល្អមួយ។ មនុស្សគ្រប់គ្នាជឿទាំងខុសឆ្គងថា ព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្សក្រោយពីទ្រង់បានទតឃើញអាកប្បកិរិយារបស់ពួកគេឬក្រោយពីទ្រង់បានស្ដាប់ឮសម្ដីរបស់ពួកគេ។ ហេតុនេះ មនុស្សភាគច្រើនចង់ទាញយកផលចំណេញពីចំណុចនេះ ដើម្បីបោកបញ្ឆោតព្រះជាម្ចាស់ឱ្យប្រទាននូវការអនុគ្រោះដល់ពួកគេបានមួយគ្រា។ នៅពេលអនាគត មនុស្សដែលនឹងនៅរស់រានក្នុងសភាពនៃការសម្រាក សុទ្ធតែនឹងត្រូវឆ្លងកាត់នូវគ្រារងទុក្ខវេទនា ហើយក៏នឹងត្រូវធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ផងដែរ។ ពួកគេនឹងក្លាយជាមនុស្សដែលបានបំពេញភារកិច្ចរបស់ខ្លួន និងជាអ្នកដែលបានចុះចូលនឹងព្រះជាម្ចាស់ ដោយចេតនាពិត។ អស់អ្នកណាដែលគ្រាន់តែចង់ប្រើឱកាសនេះ មកបម្រើដោយមានចេតនាគេចវេសពីការអនុវត្តនូវសេចក្ដីពិត នឹងមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅទៀតឡើយ។ ព្រះជាម្ចាស់មានក្បួនខ្នាតសមស្រប សម្រាប់ការរៀបចំលទ្ធផលរបស់បុគ្គលម្នាក់ៗ។ ទ្រង់មិនមែនគ្រាន់តែសម្រេចព្រះទ័យ លើការទាំងអស់នេះ ស្របទៅតាមសម្ដី និងទង្វើរបស់មនុស្សម្នាក់ៗនោះឡើយ ហើយទ្រង់ក៏មិនសម្រេចព្រះទ័យផ្អែកតាមទង្វើរបស់មនុស្សម្នាក់ក្នុងអំឡុងពេលតែមួយគ្រានោះដែរ។ ទ្រង់នឹងមិនអត់ឱនជាដាច់ខាតចំពោះទង្វើអាក្រក់របស់មនុស្សណាម្នាក់ ដោយសារតែពួកគេបានបម្រើដល់ទ្រង់កាលពីមុនមកឡើយ ហើយទ្រង់ក៏នឹងមិនលើកលែងដល់នរណាម្នាក់ឱ្យរួចផុតពីសេចក្ដីស្លាប់ ដោយសារការលះបង់របស់ពួកគេ ចំពោះព្រះជាម្ចាស់តែមួយគ្រានោះឡើយ។ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាសម្រាប់អំពើអាក្រក់របស់គេឡើយ ហើយគ្មាននរណាម្នាក់អាចគ្របបាំងអាកប្បកិរិយាអាក្រក់របស់ពួកគេ ហើយគេចចេញពីទុក្ខវេទនានៃសេចក្ដីអន្តរាយបានទេ។ ប្រសិនបើមនុស្សអាចបំពេញភារកិច្ចរបស់ពួកគេបានដោយពិតប្រាកដ នោះមានន័យថា ពួកគេស្មោះត្រង់ជានិច្ចចំពោះព្រះជាម្ចាស់ និងមិនព្យាយាមចង់បានរង្វាន់នោះទេ ទោះបីជាពួកគេទទួលបានព្រះពរ ឬទទួលសំណាងអាក្រក់ក៏ដោយ។ ប្រសិនបើមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់ នៅពេលដែលពួកគេឃើញព្រះពរ ប៉ុន្តែបាត់បង់ភាពស្មោះត្រង់របស់ពួកគេ នៅពេលដែលពួកគេមិនអាចមើលឃើញព្រះពរ ហើយនៅចុងបញ្ចប់ ប្រសិនបើពួកគេនៅតែមិនអាចធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចដែលត្រូវបានប្រគល់ជូនពួកគេ នោះពួកគេនឹងនៅតែជារបស់ដែលត្រូវបំផ្លាញចោលដដែល ទោះបីជាពួកគេធ្លាប់បានបម្រើព្រះជាម្ចាស់ដោយស្មោះត្រង់កាលពីមុនមក ឬក៏អត់ក្ដី។ និយាយឱ្យខ្លី មនុស្សទុច្ចរិតមិនអាចរស់រាននៅបានរហូតអស់កល្បជានិច្ចឡើយ ហើយពួកគេក៏មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដែរ។ មានតែមនុស្សសុចរិតប៉ុណ្ណោះ ទើបជាម្ចាស់នៃសេចក្ដីសម្រាក។
(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
មនុស្សមានជីវិតត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់។ ពួកគេត្រូវបានជំនុំជម្រះ និងវាយផ្ចាលដោយព្រះជាម្ចាស់ ពួកគេចង់ថ្វាយខ្លួន និងរីករាយក្នុងការថ្វាយជីវិតរបស់ពួកសម្រាប់ព្រះជាម្ចាស់ ហើយពួកគេនឹងបូជាជីវិតរបស់ពួកគេទាំងមូលថ្វាយព្រះជាម្ចាស់យ៉ាងរីករាយ។ ទាល់តែពេលដែលមនុស្សមានជីវិតធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ទើបសាតាំងត្រូវអាម៉ាស់មុខ។ ទាល់តែមនុស្សមានជីវិត ទើបអាចផ្សព្វផ្សាយកិច្ចការដំណឹងល្អរបស់ព្រះជាម្ចាស់បាន ទាល់តែមនុស្សមានជីវិត ទើបត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយទាល់តែមនុស្សមានជីវិត ទើបជាមនុស្សពិត។ ដំបូងឡើយ មនុស្សដែលព្រះជាម្ចាស់បានបង្កើត គឺនៅមានជីវិត ប៉ុន្តែដោយសារតែសេចក្តីពុករលួយរបស់សាតាំង នោះមនុស្សរស់នៅក្នុងសេចក្តីស្លាប់ ហើយរស់នៅក្រោមឥទ្ធិពលរបស់សាតាំង ហើយដោយសារតែបែបនេះ ទើបមនុស្សបានក្លាយជាមនុស្សស្លាប់គ្មានវិញ្ញាណ ពួកគេបានក្លាយជាសត្រូវដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ពួកគេបានក្លាយជាឧបករណ៍របស់សាតាំង ហើយពួកគេបានក្លាយជាចំណាប់ខ្មាំងរបស់សាតាំងទៀតផង។ មនុស្សមានជីវិតទាំងអស់ដែលព្រះជាម្ចាស់បានបង្កើត បានក្លាយជាមនុស្សស្លាប់ ដូច្នេះ ព្រះជាម្ចាស់បានបាត់បង់ទីបន្ទាល់របស់ទ្រង់ ហើយទ្រង់បានបាត់បង់មនុស្សជាតិដែលទ្រង់បានបង្កើត និងដែលជាវត្ថុតែមួយគត់ដែលមានខ្យល់ដង្ហើមរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់នឹងត្រូវយកទីបន្ទាល់របស់ទ្រង់ត្រឡប់មកវិញ ហើយយកអស់អ្នកដែលទ្រង់បានបង្កើតដោយព្រះហស្ដរបស់ទ្រង់ផ្ទាល់ ប៉ុន្តែដែលត្រូវបានសាតាំងចាប់ជាចំណាប់ខ្មាំងត្រឡប់មកវិញ នោះទ្រង់ត្រូវតែប្រោសឱ្យពួកគេរស់ឡើងវិញ ដើម្បីឱ្យពួកគេក្លាយជាភាវៈមានជីវិត ហើយទ្រង់ត្រូវតែទទួលយកពួកគេមកវិញ ដើម្បីឱ្យពួកគេរស់នៅក្នុងពន្លឺរបស់ទ្រង់។ មនុស្សស្លាប់ គឺជាមនុស្សដែលគ្មានវិញ្ញាណ មនុស្សស្ពឹកស្រពន់បំផុត និងជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ ពួកគេនៅខាងមុខបង្អស់ក្នុងចំណោមអ្នកដែលមិនស្គាល់ព្រះជាម្ចាស់។ មនុស្សទាំងនេះគ្មានបំណងស្តាប់បង្គាប់ព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ។ ពួកគេមានតែបះបោរប្រឆាំងនឹងទ្រង់ ហើយទាស់ទទឹងនឹងទ្រង់ ព្រមទាំងគ្មានភាពស្មោះត្រង់សូម្បីតែបន្តិច។ មនុស្សមានជីវិតជាមនុស្សដែលមានវិញ្ញាណកើតជាថ្មី ជាមនុស្សដែលចេះស្តាប់បង្គាប់ព្រះជាម្ចាស់ និងជាមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់។ ពួកគេមានសេចក្តីពិត និងទីបន្ទាល់ ហើយមានតែមនុស្សទាំងនេះទេ ទើបគាប់ព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងដំណាក់របស់ទ្រង់។ ព្រះជាម្ចាស់សង្គ្រោះមនុស្សដែលអាចមកឯជីវិត ជាមនុស្សដែលអាចមើលឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់ ជាមនុស្សដែលអាចស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងជាមនុស្សសុខចិត្តស្វះស្វែងរកព្រះជាម្ចាស់។ ទ្រង់សង្គ្រោះអស់អ្នកដែលជឿលើការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងជឿលើការលេចមករបស់ទ្រង់។ មនុស្សមួយចំនួនអាចចូលមកឯជីវិត ហើយមនុស្សមួយចំនួនមិនអាច។ រឿងនេះអាស្រ័យលើថា តើធម្មជាតិរបស់ពួកគេអាចត្រូវបានសង្គ្រោះ ឬអត់។ មនុស្សជាច្រើនបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើន ប៉ុន្តែពួកគេមិនយល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ ហើយពួកគេនៅតែមិនអាចយកព្រះបន្ទូលទាំងនោះ ទៅអនុវត្តដដែល។ មនុស្សបែបនេះមិនអាចស្ដែងចេញនូវសេចក្តីពិតណាមួយតាមរយៈការរស់នៅ ហើយក៏ជ្រៀតជ្រែកនូវកិច្ចការរបស់ព្រះជាម្ចាស់ដោយចេតនាដែរ។ ពួកគេមិនអាចធ្វើកិច្ចការណាមួយសម្រាប់ព្រះជាម្ចាស់ឡើយ ពួកគេមិនអាចថ្វាយអ្វីមួយទៅទ្រង់ឡើយ ហើយពួកគេក៏ចំណាយលុយរបស់ក្រុមជំនុំជាសម្ងាត់ ព្រមទាំងទទួលទាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយមិនបង់ថ្លៃផង។ មនុស្សទាំងនេះ គឺជាមនុស្សស្លាប់ ហើយពួកគេនឹងមិនត្រូវបានសង្គ្រោះឡើយ។ ព្រះជាម្ចាស់សង្គ្រោះអស់អ្នកដែលនៅក្នុងកិច្ចការរបស់ទ្រង់ ប៉ុន្តែមានមនុស្សមួយចំនួនដែលមិនអាចទទួលបានការសង្គ្រោះរបស់ទ្រង់។ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលអាចទទួលបានការសង្គ្រោះរបស់ទ្រង់។ នេះដោយសារតែមនុស្សភាគច្រើនត្រូវបានធ្វើឱ្យពុករលួយយ៉ាងខ្លាំង និងបានក្លាយជាមនុស្សស្លាប់ ហើយពួកគេនៅហួសពីការសង្គ្រោះ។ ពួកគេត្រូវបានកេងប្រវ័ញ្ចដោយសាតាំងទាំងស្រុង ហើយធម្មជាតិរបស់ពួកគេអាក្រក់ខ្លាំងពេក។ មនុស្សមួយចំនួនតូចនោះ ក៏មិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់យ៉ាងពេញលេញដែរ។ ពួកគេមិនមែនជាមនុស្សដែលស្មោះត្រង់បំផុតចំពោះព្រះជាម្ចាស់តាំងពីដើមរៀងមក ឬជាមនុស្សដែលមានសេចក្តីស្រឡាញបំផុតសម្រាប់ព្រះជាម្ចាស់តាំងពីដំបូងនោះទេ។ ផ្ទុយទៅវិញ ដោយសារតែកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់ ទើបពួកគេបានស្តាប់បង្គាប់ព្រះជាម្ចាស់ ដោយសារតែសេចក្តីស្រឡាញ់ដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ ទើបពួកគេមើលឃើញព្រះជាម្ចាស់ ដោយសារតែនិស្ស័យសុច្ចរិតរបស់ព្រះជាម្ចាស់ ទើបពួកគេមានការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេ ហើយដោយសារតែកិច្ចការរបស់ទ្រង់ ជាកិច្ចការដែលជាក់ស្តែង និងសាមញ្ញផង ទើបពួកគេចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់។
(ដកស្រង់ពី «តើអ្នកគឺជាមនុស្សម្នាក់ដែលចូលមកឯជីវិតឬ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ គឺជាការសង្គ្រោះដល់អស់អ្នកណាដែលស្រឡាញ់សេចក្ដីពិត ជាការសង្គ្រោះនៃផ្នែកណាមួយរបស់ពួកគេដែលមានបំណង និងការតាំងចិត្ត និងនៃផ្នែកណាមួយដែលជាការចង់បានរបស់ពួកគេចំពោះសេចក្ដីពិត និងសេចក្ដីសុចរិតនៅក្នុងចិត្តរបស់ពួកគេ។ ការតាំងចិត្តរបស់មនុស្សម្នាក់ គឺជាផ្នែកនៃការតាំងចិត្តនៅក្នុងដួងចិត្តរបស់ពួកគេ ដែលចង់បានសេចក្ដីសុចរិត សេចក្ដីល្អ និងសេចក្ដីពិត ហើយប្រកបដោយមនសិការ។ ព្រះជាម្ចាស់សង្គ្រោះផ្នែកនេះរបស់មនុស្ស ហើយតាមរយៈការណ៍នេះ ទ្រង់ផ្លាស់ប្ដូរនិស្ស័យដ៏ពុករលួយរបស់ពួកគេ ដើម្បីឱ្យពួកគេអាចយល់ និងទទួលបានសេចក្ដីពិត ដើម្បីឱ្យសេចក្ដីពុករលួយរបស់ពួកគេអាចត្រូវបានសម្អាត ហើយនិស្ស័យជីវិតរបស់ពួកគេអាចត្រូវបានផ្លាស់ប្ដូរ។ ប្រសិនបើអ្នកមិនមានអ្វីៗទាំងនេះនៅជាមួយអ្នកទេ នោះអ្នកមិនអាចត្រូវបានសង្គ្រោះឡើយ។ នៅក្នុងអ្នក ប្រសិនបើមានគ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិត ឬសេចក្ដីប្រាថ្នាចំពោះសេចក្ដីសុចរិត និងពន្លឺ។ ពេលណាក៏ដោយ ប្រសិនបើអ្នកជួបប្រទះរឿងអាក្រក់ ហើយអ្នកមិនមានបំណងកម្ចាត់រឿងអាក្រក់ចេញ ឬមានការតាំងចិត្តដើម្បីឈឺចាប់នឹងការលំបាក។ ជាងនេះទៅទៀត ប្រសិនបើមនសិការរបស់អ្នកស្ពឹក បើសម្បទារបស់អ្នកក្នុងការទទួលយកសេចក្ដីពិតក៏ត្រូវបានធ្វើឱ្យស្ពឹក ហើយអ្នកមិនអាចស្រុះស្រួលចំពោះសេចក្ដីពិត និងហេតុការណ៍ដែលកើតឡើង ហើយនៅចំពោះមុខនៃអ្វីដែលកើតឡើងចំពោះអ្នក អ្នកមិនអាចស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហា និងចេះតែមានអារម្មណ៍អវិជ្ជមាន នោះអ្នកគ្មានផ្លូវទទួលបានសេចក្តីសង្រ្គោះទេ។ មនុស្សបែបនេះ គ្មានអ្វីត្រូវផ្ដល់ការណែនាំដល់ពួកគេទេ គ្មានតម្លៃនឹងឱ្យព្រះជាម្ចាស់ធ្វើការលើពួកគេឡើយ។ មនសិការរបស់ពួកគេស្ពឹក គំនិតរបស់ពួកគេប្រឡូកប្រឡាក់ ហើយពួកគេមិនស្រឡាញ់សេចក្ដីពិត និងចង់បានសេចក្ដីសុចរិតយ៉ាងជ្រាលជ្រៅនៅក្នុងចិត្តរបស់ពួកគេនោះទេ ហើយមិនថា ព្រះជាម្ចាស់មានបន្ទូលអំពីសេចក្ដីពិតច្បាស់ ឬមានតម្លាភាពប៉ុនណា ក៏ពួកគេមិនមានការឆ្លើយតបបន្តិចណាសោះ គឺហាក់ដូចជាដួងចិត្តរបស់ពួកគេបានស្លាប់បាត់ទៅហើយអ៊ីចឹង។ តើអ្វីៗមិនហួសសម្រាប់ពួកគេទៅហើយឬ? មនុស្សម្នាក់ដែលមានដង្ហើមនៅសល់ក្នុងពួកគេ អាចត្រូវបានសង្គ្រោះដោយការដកដង្ហើមសិប្បនិម្មិត ប៉ុន្តែ ប្រសិនបើពួកគេបានស្លាប់រួចហើយ ហើយព្រលឹងរបស់ពួកគេបានចាកចេញហើយ នោះការដកដង្ហើមសិប្បនិម្មិតនឹងមិនអាចធ្វើអ្វីបានទេ។ ពេលជួបប្រទះបញ្ហា និងការលំបាក ប្រសិនបើបុគ្គលណាម្នាក់រួញរា និងគេចវេះពីបញ្ហានិងការលំបាកនោះ ដូច្នេះពួកគេមិនបានស្វែងរកសេចក្តីពិតសោះឡើយ ហើយប្រសិនបើពួកគេជ្រើសរើសធ្វើឱ្យខ្លួនគេប្រែជាអវិជ្ជមាន និងមានការខ្ជិលច្រអូសនៅក្នុងកិច្ចការរបស់ពួកគេ នោះចរិតពិតរបស់ពួកគេ នឹងត្រូវបើកសម្ដែងឱ្យឃើញមិនខាន។ មនុស្សបែបនេះគ្មានពិសោធន៍ ឬទីបន្ទាល់អ្វីសោះឡើយ។ ពួកគេជាមនុស្សចាំតែទទួលផលស្រាប់ៗ ជាបន្ទុកដ៏ធំ ពួកគេគ្មានប្រយោជន៍អ្វីនៅក្នុងដំណាក់របស់ព្រះជាម្ចាស់នោះទេ ហើយចុងក្រោយ ពួកគេនឹងត្រូវវិនាសមិនខាន។
(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
មនុស្សជាច្រើនសុខចិត្តឱ្យគេដាក់ទោសធ្លាក់នរក ក៏មិនព្រមនិយាយពាក្យពិត និងធ្វើរឿងស្មោះត្រង់ដែរ។ គ្មានអ្វីប្លែកទេដែលខ្ញុំនៅមានការប្រព្រឹត្តផ្សេងទៀតចំពោះអ្នកដែលមិនស្មោះត្រង់នោះ។ ជាការពិតណាស់ ខ្ញុំដឹងយ៉ាងច្បាស់ថា អ្នករាល់គ្នាពិបាកនឹងធ្វើជាមនុស្សស្មោះត្រង់ណាស់។ ដោយសារតែអ្នករាល់គ្នាសុទ្ធតែមានភាពឆ្លាតវៃ សុទ្ធតែពូកែខាងវាស់ស្ទង់មនុស្សដោយប្រើម៉ែត្រដ៏ខ្លីរបស់ខ្លួន ហេតុនេះហើយទើបធ្វើឱ្យកិច្ចការរបស់ខ្ញុំកាន់តែសាមញ្ញជាងមុន។ ហើយដោយសារតែអ្នករាល់គ្នាឱបក្រសោបអាថ៌កំបាំងរបស់ខ្លួននៅជាប់នឹងទ្រូងមិនលែង ដូច្នេះ ចាំខ្ញុំដាក់អ្នករាល់គ្នាម្តងមួយៗចូលទៅក្នុងគ្រោះមហន្តរាយ ដើម្បីឱ្យភ្លើង «ផ្ដល់មេរៀន» ដល់អ្នករាល់គ្នា ដើម្បីឱ្យក្រោយមកទៀត អ្នករាល់គ្នាអាចលះបង់ចិត្ដគំនិតដើម្បីជឿលើបន្ទូលរបស់ខ្ញុំ។ នៅទីបំផុត ខ្ញុំនឹងអាចឮសម្ដីចេញពីមាត់របស់អ្នករាល់គ្នាថា «ព្រះជាម្ចាស់ជាព្រះដ៏ស្មោះត្រង់» ពេលនោះ អ្នករាល់គ្នានឹងទះទ្រូង រួចពោលទាំងកំសត់ថា៖ «ដួងចិត្តមនុស្ស អីក៏វៀចវេរដល់ម្ល៉េះ!»។ ពេលនេះ តើអ្នករាល់គ្នាមានអារម្មណ៍បែបណា? ខ្ញុំស្រម៉ៃថា អ្នករាល់គ្នានឹងគ្មានអារម្មណ៍ត្រេកអរដូចពេលនេះទេ ហើយអ្នករាល់គ្នាក៏នឹងគ្មានអារម្មណ៍ «ជ្រាលជ្រៅ និងពិបាកយល់» ដូចពេលនេះដែរ។ នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ មនុស្សខ្លះសុទ្ធតែធ្វើខ្លួនសមសួន និងត្រឹមត្រូវ ពួកគេទ្រាំលេបការឈឺចាប់ដើម្បីបង្ហាញ «ឫកពារល្អ» ប៉ុន្ដែនៅចំពោះព្រះភក្រ្តព្រះវិញ្ញាណវិញ ពួកគេបញ្ចេញចង្កូម និងក្រញាំរបស់ពួកគេដាក់ទ្រង់។ តើអ្នកនឹងរាប់មនុស្សបែបនេះចូលក្នុងចំណោមជួរមនុស្សស្មោះត្រង់ដែរឬទេ? ប្រសិនបើអ្នកជាមនុស្សលាក់ពុតដែលមានជំនាញក្នុង «ការទំនាក់ទំនងគ្នា» ដូច្នេះ ខ្ញុំហ៊ាននិយាយថា អ្នកប្រាកដជាមនុស្សម្នាក់ដែលព្យាយាមលេងសើចនឹងព្រះជាម្ចាស់ហើយ។ ប្រសិនបើពាក្យសម្តីរបស់អ្នករអាក់រអួលលាយឡំនឹងលេសដោះសារ និងហេតុផលដែលគ្មានតម្លៃ នោះខ្ញុំហ៊ាននិយាយថា អ្នកជាមនុស្សដែលស្អប់មិនចង់អនុវត្តសេចក្តីពិតទេ។ ប្រសិនបើអ្នកមានការសម្ងាត់ច្រើនដែលអ្នកស្ទាក់ស្ទើរមិនចង់និយាយចេញមក ប្រសិនបើអ្នកមិនពេញចិត្តនឹងលាតត្រដាងពីអាថ៌កំបាំងរបស់អ្នក ពីការលំបាករបស់អ្នកនៅចំពោះមុខអ្នកដទៃ ដើម្បីស្វែងរកផ្លូវនៃពន្លឺទេ នោះខ្ញុំហ៊ាននិយាយថា អ្នកជាមនុស្សដែលមិនងាយនឹងទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយអ្នកក៏មិនងាយនឹងងើបចេញផុតពីភាពងងឹតដែរ។ ប្រសិនបើអ្នកពេញចិត្តខ្លាំងនឹងការស្វែងរកផ្លូវនៃសេចក្តីពិត នោះអ្នកជាមនុស្សម្នាក់ដែលតែងតែរស់នៅក្នុងពន្លឺជាប់ជានិច្ចមិនខាន។ ប្រសិនបើអ្នកពេញចិត្តនឹងខ្លាំងធ្វើជាអ្នកស៊ីឈ្នួលនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយបំពេញការងារដោយក្ដីឧស្សាហ៍ព្យាយាម មានមនសិការ មិនអួតអាង តែងតែផ្តល់ឱ្យគេ និងមិនដែលសុំអ្វីមកវិញ នោះខ្ញុំហ៊ាននិយាយថា អ្នកជាបុគ្គលបរិសុទ្ធស្មោះត្រង់ ពីព្រោះអ្នកមិនបានស្វែងរករង្វាន់ទេ គ្រាន់តែធ្វើជាមនុស្សស្មោះត្រង់ម្នាក់ប៉ុណ្ណោះ។ ប្រសិនបើអ្នកសុខចិត្តនិយាយចេញមកដោយឥតលាក់លៀម ប្រសិនបើអ្នកសុខចិត្តលះបង់អ្វីៗទាំងអស់របស់អ្នក ប្រសិនបើអ្នកអាចលះបង់ជីវិតរបស់អ្នកដើម្បីព្រះជាម្ចាស់ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ប្រសិនបើអ្នកស្មោះត្រង់រហូតដល់ថ្នាក់អ្នកគិតតែពីការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនខ្វល់ពីខ្លួនឯង ឬសុំអ្វីសម្រាប់ខ្លួនឯង នោះខ្ញុំហ៊ាននិយាយថា មនុស្សបែបនេះ គឺជាមនុស្សដែលបានធំធាត់នៅក្នុងពន្លឺ និងជាមនុស្សដែលត្រូវរស់នៅក្នុងនគរព្រះអស់កល្បជានិច្ច។ អ្នកគប្បីដឹងថា ក្នុងខ្លួនអ្នកមានសេចក្ដីជំនឿពិត និងភាពស្មោះត្រង់ពិតឬអត់ ថាតើអ្នកមានកំណត់ត្រានៃការរងទុក្ខដើម្បីព្រះជាម្ចាស់ឬអត់ ហើយថាតើអ្នកបានចុះចូលនឹងព្រះជាម្ចាស់ទាំងស្រុងឬអត់។ ប្រសិនបើអ្នកខ្វះចំណុចទាំងនេះ ដូច្នេះ នៅក្នុងខ្លួនអ្នក ច្បាស់ជានៅមានការមិនស្តាប់បង្គាប់ ការបោកបញ្ឆោត ការលោភលន់ និងការស្ដីបន្ទោសមិនខាន។ ដោយសារចិត្តរបស់អ្នកនៅមិនទាន់មានភាពស្មោះត្រង់នៅឡើយ ដូច្នេះ អ្នកមិនដែលទទួលបានការទទួលស្គាល់ជាវិជ្ជមានពីព្រះជាម្ចាស់ឡើយ ហើយក៏មិនដែលបានរស់នៅក្នុងពន្លឺដែរ។ វាសនារបស់មនុស្សម្នាក់នឹងទៅជាយ៉ាងណានៅទីបញ្ចប់នោះ គឺអាស្រ័យលើថាតើគេមានបេះដូងស្មោះត្រង់មានឈាមក្រហមច្រាលឬអត់ និងថាតើពួកគេមានព្រលឹងបរិសុទ្ធឬអត់។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលគ្មានភាពស្មោះត្រង់សោះ ជាមនុស្សដែលមានចិត្តព្យាបាទ ជាមនុស្សដែលមានព្រលឹងមិនបរិសុទ្ធ នោះអ្នកច្បាស់ជាត្រូវធ្លាក់ចូលទៅក្នុងទីកន្លែងដែលមនុស្សត្រូវទទួលរងការដាក់ទោសមិនខាន ដូចដែលបានកត់ត្រាទុកនៅក្នុងកំណត់ត្រានៃវាសនារបស់អ្នកដូច្នោះដែរ។
(ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
អស់អ្នកនៅក្នុងចំណោមបងប្អូនប្រុសស្រីដែលតែងតែបង្ហាញនូវភាពអវិជ្ជមានរបស់ខ្លួន គឺជាកញ្ជះរបស់សាតាំង ហើយពួកគេរំខានដល់ពួកជំនុំ។ មនុស្សបែបនេះ នឹងត្រូវបណ្តេញ និងផាត់ចោលនៅថ្ងៃណាមួយជាមិនខាន។ នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ប្រសិនបើមនុស្សមិនមានដួងចិត្តគោរពចំពោះព្រះជាម្ចាស់ ប្រសិនបើពួកគេមិនមានដួងចិត្តនៃការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់នោះទេ នោះពួកគេមិនត្រឹមតែមិនអាចធ្វើកិច្ចការណាមួយសម្រាប់ទ្រង់ប៉ុណ្ណោះទេ តែផ្ទុយទៅវិញ ពួកគេនឹងក្លាយជាអ្នកដែលរំខានដល់កិច្ចការរបស់ទ្រង់ ហើយជាអ្នកដែលបំពានលើទ្រង់។ ការជឿលើព្រះជាម្ចាស់តែមិនស្តាប់បង្គាប់ ឬគោរពចំពោះទ្រង់ ហើយបែរជាទាស់ប្រឆាំងនឹងទ្រង់ទៅវិញ នោះគឺជាការបង្ខូចព្រះកិត្តិនាមយ៉ាងខ្លាំងចំពោះអ្នកជឿ។ ប្រសិនបើអ្នកជឿទាំងឡាយ គ្រាន់តែជាមនុស្សធម្មតា និងមិនចេះទប់ការនិយាយរបស់ខ្លួន ហើយប្រព្រឹត្ដដូចជាអ្នកមិនជឿ នោះពួកគេគឺអាក្រក់ជាងអ្នកមិនជឿទៅទៀត។ ពួកគេគឺជាអារក្សពីបុរាណ។ អស់អ្នកដែលបញ្ចេញសម្ដីពិសពុល និងរប៉ិលរប៉ូចនៅក្នុងក្រុមជំនុំ ជាអ្នកផ្សាយពាក្យចចាមអារាម បង្កជាភាពមិនចុះសម្រុងគ្នា និងបង្កជាបក្សពួកមនុស្សខូចក្នុងចំណោមបងប្អូនប្រុសស្រី គឺពួកគេគួរត្រូវបណ្តេញចេញពីក្រុមជំនុំ។ ប៉ុន្ដែដោយសារឥឡូវនេះជាយុគសម័យនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលខុសពីមុន មនុស្សទាំងនេះត្រូវបានដាក់កម្រិត ដ្បិតពួកគេត្រូវបានកំណត់ថានឹងត្រូវផាត់ចោល។ អស់អ្នកដែលត្រូវបានធ្វើឱ្យពុករលួយដោយសាតាំង គឺមាននិស្ស័យពុករលួយ។ អ្នកខ្លះមិនមានអ្វីក្រៅពីនិស្ស័យពុករលួយឡើយ ខណៈពេលដែលអ្នកខ្លះទៀតមានភាពខុសប្លែកគ្នា៖ ពួកគេមិនត្រឹមតែមាននិស្ស័យរបស់សាតាំងដែលពុករលួយប៉ុណ្ណោះទេ ប៉ុន្តែធម្មជាតិរបស់ពួកគេក៏មានលក្ខណៈព្យាបាទផងដែរ។ មិនត្រឹមតែពាក្យសម្ដី និងសកម្មភាពរបស់ពួកគេ បង្ហាញពីការពុករលួយ និងនិស្ស័យសាតាំងរបស់ពួកគេប៉ុណ្ណោះទេ លើសពីនេះទៅទៀត មនុស្សទាំងនេះជាអារក្សសាតាំងដ៏ពិតប្រាកដ។ ឥរិយាបថរបស់ពួកគេកាត់ផ្ដាច់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ វារារាំងដល់ការចូលរបស់បងប្អូនប្រុសស្រីទៅក្នុងជីវិត ហើយវាធ្វើឱ្យខូចខាតដល់ជីវិតធម្មតារបស់ពួកជំនុំ។ មិនយូរមិនឆាប់ ចចកដែលពាក់រោមចៀមទាំងនេះ នឹងត្រូវបានកំចាត់ចោល។ អាកប្បកិរិយាដែលឥតមេត្តា និងអាកប្បកិរិយាដែលបដិសេធ គួរត្រូវបានទទួលយកដោយកញ្ជះរបស់សាតាំងទាំងនេះ។ មានតែការធ្វើដូច្នេះទេ ទើបអាចឈរនៅខាងព្រះជាម្ចាស់បាន ហើយអស់អ្នកដែលខកខានមិនបានធ្វើដូចេ្នះ គឺនឹងផុងទៅយ៉ាងជ្រៅជាមួយសាតាំង។
(ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
គ្រប់ក្រុមជំនុំទាំងអស់សុទ្ធតែមានមនុស្សដែលបង្កបញ្ហាដល់ក្រុមជំនុំ ឬជ្រៀតជ្រែកក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេទាំងអស់ជាសាតាំងដែលបានបន្លំខ្លួនជ្រៀតចូលក្នុងដំណាក់របស់ព្រះជាម្ចាស់។ មនុស្សបែបនេះពូកែសំដែងណាស់៖ ពួកគេមកនៅចំពោះខ្ញុំដោយការគោរពដ៏ខ្ពង់ខ្ពស់ ដោយឱនក្រាបថ្វាយបង្គំ រស់នៅដូចឆ្កែអង្គែស៊ី និងលះបង់ «អ្វីៗទាំងអស់» របស់ពួកគេ ដើម្បីសម្រេចគោលបំណងផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែនៅចំពោះមុខបងប្អូនប្រុសស្រី ពួកគេបង្ហាញផ្នែកអាក្រក់របស់ពួកគេ។ នៅពេលពួកគេឃើញមនុស្សដែលអនុវត្តនូវសេចក្ដីពិត ពួកគេវាយវាយប្រហារមនុស្សទាំងនោះ ហើយដាក់មនុស្សទាំងនោះមួយឡែក។ នៅពេលដែលពួកគេឃើញមនុស្សដែលអស្ចារ្យជាងខ្លួន ពួកគេបញ្ចើចបញ្ចើ និងលែបខាយចំពោះមនុស្សទាំងនោះ។ ពួកគេធ្វើអ្វីតាមចិត្តនៅក្នុងក្រុមជំនុំ។ អាចនិយាយបានថា «មនុស្សរករឿងគេក្នុងក្រុមជំនុំ» បែបនេះ និង «មនុស្សចាំតែធ្វើតាមគេប្រាប់» បែបនេះ មាននៅក្នុងក្រុមជំនុំភាគច្រើន។ ពួកគេដើរចុះឡើងជាមួយគ្នា ព្រិចភ្នែក និងឱ្យសញ្ញាសម្ងាត់គ្នាទៅវិញទៅមក ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេអនុវត្តនូវសេចក្ដីពិតទេ។ អ្នកណាដែលពិសពុលខ្លាំងជាងគេ គឺជា «មេអារក្ស» ហើយអ្នកណាមានកិត្យានុភាពខ្ពស់បំផុតនឹងដឹកនាំពួកគេ ដោយលើកទង់របស់គេខ្ពស់ឡើង។ មនុស្សទាំងនេះទាស់ទែងគ្នានៅក្នុងក្រុមជំនុំ ដោយផ្សាយពីភាពអវិជ្ជមានរបស់ពួកគេ បង្ហាញពីការស្លាប់ ធ្វើអ្វីតាមដែលពួកគេពេញចិត្ត និយាយតាមដែលពួកគេពេញចិត្ត ហើយគ្មាននរណាម្នាក់ហ៊ានបញ្ឈប់ពួកគេទេ។ ពួកគេពោរពេញទៅដោយនិស្ស័យរបស់សាតាំង។ មិនយូរប៉ុន្មាន ពួកគេបណ្តាលឱ្យមានការរំខានជាងខ្យល់នៃសេចក្តីស្លាប់ចូលក្រុមជំនុំទៅទៀត។ អស់អ្នកដែលនៅក្នុងក្រុមជំនុំដែលអនុវត្តនូវសេចក្តីពិត ត្រូវបានបណ្តេញចេញ មិនអាចធ្វើអ្វីបានទាំងអស់ ខណៈអ្នកដែលរំខានដល់ពួកជំនុំ ហើយលាតត្រដាងពីសេចក្ដីស្លាប់ដោយភាពក្រេវក្រោធ ហើយមានច្រើនទៀត បែរជាមានមនុស្សភាគច្រើនដើរតាមពួកគេទៅវិញ។ ជាការពិត ពួកជំនុំបែបនេះគ្រប់គ្រងដោយសាតាំង ហើយអារក្សគឺជាស្តេចរបស់ពួកគេ។ ប្រសិនបើពួកជំនុំមិនក្រោកឡើង ហើយបដិសេធនឹងមេអារក្សនោះទេ នោះពួកគេមិនយូរមិនឆាប់នឹងត្រូវវិនាសអន្តរាយដែរ។ ចាប់ពីពេលនេះទៅ ចំណាត់ការត្រូវធ្វើឡើងទាស់ប្រឆាំងនឹងពួកជំនុំបែបនេះ។ ប្រសិនបើអស់អ្នកដែលមានសមត្ថភាព តែមិនអនុវត្តស្វែងរកនូវសេចក្ដីពិតបន្តិចបន្តួចនោះទេ ពេលនោះពួកជំនុំនោះនឹងត្រូវបណ្តេញចេញ។ ប្រសិនបើពួកជំនុំមិនមាននរណាម្នាក់ដែលមានឆន្ទៈអនុវត្តនូវសេចក្តីពិត ហើយគ្មាននរណាម្នាក់ដែលអាចធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់បានទេ នោះពួកជំនុំនោះគប្បីនៅដាច់ឆ្ងាយពីគេទាំងស្រុង ហើយទំនាក់ទំនងរបស់ពួកជំនុំនោះជាមួយពួកជំនុំផ្សេងទៀត ត្រូវតែកាត់ផ្តាច់។ នេះគេហៅថា «ការបញ្ចុះសព»។ នេះជាអត្ថន័យនៃការបណ្ដេញអារក្សចេញ។ ប្រសិនបើពួកជំនុំមួយមានក្រុមមនុស្សរករឿងគេច្រើន ហើយពួកគេត្រូវបានដើរតាមដោយ «ពួកពលបរិវារ» ដែលខ្វះនូវយោបល់ទាំងស្រុង ហើយប្រសិនបើពួកជំនុំដែលសូម្បីតែបន្ទាប់ពីបានឃើញនូវសេចក្ដីពិតហើយ នៅតែមិនអាចបដិសេធបានចំពោះការចងភ្ជាប់ និងឧបាយកលនៃក្រុមមនុស្សដែលរករឿងទាំងនេះបានទេ នោះមនុស្សល្ងីល្ងើទាំងអស់នោះ នឹងត្រូវផាត់ចោលនៅទីបំផុត។ ពួកពលបរិវារទាំងនេះប្រហែលជាមិនបានធ្វើអ្វីមួយដែលអាក្រក់នោះទេ ប៉ុន្តែពួកគេកាន់តែមានភាពបោកបញ្ឆោត កាន់តែវង្វេង ហើយមនុស្សគ្រប់រូបដែលបែបនេះនឹងត្រូវផាត់ចោល។ មិនមាននរណាម្នាក់ឡើយដែលនឹងនៅសល់! អស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំងនឹងត្រូវត្រឡប់ទៅសាតាំងវិញ រីឯអស់អ្នកដែលជារបស់ព្រះជាម្ចាស់ ប្រាកដជាស្វែងរកនូវសេចក្តីពិត។ ការនេះគឺសម្រេចដោយធម្មជាតិរបស់ពួកគេ។ អស់អ្នកដែលដើរតាមសាតាំងទាំងអស់នឹងត្រូវវិនាស! គ្មានការអាណិតអាសូរណា នឹងត្រូវបានបង្ហាញដល់មនុស្សបែបនេះឡើយ។ ចូរឱ្យអ្នកដែលស្វែងរកសេចក្តីពិតនឹងត្រូវបានប្រទានឱ្យ ហើយចូរឱ្យពួកគេអាចរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តដែលស្កប់របស់ពួកគេ។ ព្រះជាម្ចាស់ទ្រង់សុចរិត។ ទ្រង់នឹងមិនបង្ហាញការសព្វព្រះទ័យដោយលំអៀងចំពោះនរណាម្នាក់ឡើយ។ ប្រសិនបើអ្នកជាអារក្ស នោះអ្នកមិនអាចអនុវត្តនូវសេចក្ដីពិតបានឡើយ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលស្វែងរកសេចក្ដីពិត នោះវាប្រាកដច្បាស់ថា អ្នកនឹងមិនត្រូវបានចាប់ជាឈ្លើយដោយសាតាំងឡើយ។ ការនេះគឺហួសពីការសង្ស័យទាំងអស់។
(ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
មនុស្សដែលជឿលើព្រះជាម្ចាស់ពិតប្រាកដ គឺជាអ្នកដែលមានឆន្ទៈអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានឆន្ទៈអនុវត្តនូវសេចក្តីពិត។ មនុស្សដែលពិតជាអាចឈររឹងមាំក្នុងការធ្វើបន្ទាល់របស់ពួកគេអំពីព្រះជាម្ចាស់ ក៏ជាអ្នកដែលមានឆន្ទៈអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ហើយអាចឈរយ៉ាងពិតប្រាកដនៅខាងសេចក្តីពិតបានដែរ។ មនុស្សដែលចូលចិត្តប្រើកលល្បិច និងភាពអយុត្តិធម៌ ពួកគេទាំងអស់នោះខ្វះនូវសេចក្ដីពិត ហើយពួកគេទាំងអស់នាំនូវភាពអាម៉ាស់ទៅកាន់ព្រះជាម្ចាស់។ អ្នកដែលបង្កជម្លោះនៅក្នុងក្រុមជំនុំ គឺជាកញ្ជះរបស់សាតាំង ពួកគេជាតំណាងរបស់សាតាំង។ មនុស្សបែបនេះគឺរប៉ិលរប៉ូចណាស់។ អស់អ្នកដែលគ្មានយោបល់ ហើយមិនអាចឈរនៅខាងសេចក្ដីពិត អ្នកទាំងអស់នោះមានបំណងអាក្រក់ ហើយធ្វើឱ្យខូចដល់សេចក្ដីពិត។ លើសពីនេះទៅទៀត ពួកគេគឺជាអ្នកតំណាងពីបុរាណរបស់សាតាំង។ ពួកគេគឺលើសហួសពីការប្រោសលោះ ហើយនឹងត្រូវផាត់ចោលដោយធម្មជាតិ។ គ្រួសាររបស់ព្រះជាម្ចាស់ មិនអនុញ្ញាតឱ្យអស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត នៅសល់នោះឡើយ ហើយក៏មិនអនុញ្ញាតឱ្យនៅតែសល់ អស់អ្នកដែលជាអ្នកដែលមានចិត្តចង់រុះរើពួកជំនុំនោះដែរ។ ទោះយ៉ាងណា ពេលនេះមិនមែនជាពេលវេលាដើម្បីធ្វើកិច្ចការបណ្តេញចេញនោះទេ។ មនុស្សបែបនេះនឹងត្រូវបានលាតត្រដាង និងផាត់ចោលនៅទីបំផុត។ គ្មានកិច្ចការដែលគ្មានប្រយោជន៍ទៀត ដែលត្រូវលះបង់សម្រាប់មនុស្សទាំងនេះទេ។ អស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំង មិនអាចឈរនៅខាងសេចក្តីពិតបានឡើយ រីឯអស់អ្នកដែលស្វែងរកនូវសេចក្តីពិត គឺអាចឈរនៅខាងសេចក្ដីពិតបាន។ មនុស្សដែលមិនអនុវត្តនូវសេចក្តីពិត គឺមិនសមនឹងស្តាប់ឮផ្លូវនៃសេចក្តីពិត និងមិនសក្តិសមក្នុងការធ្វើបន្ទាល់ពីសេចក្តីពិតឡើយ។ សេចក្ដីពិតគឺមិនមែនសម្រាប់ត្រចៀករបស់ពួកគេទេ។ ផ្ទុយទៅវិញ វាត្រូវត្រឡប់ឆ្ពោះទៅឯអ្នកដែលអនុវត្តនូវសេចក្ដីពិត។ មុនពេលចុងបញ្ចប់របស់មនុស្សគ្រប់រូបត្រូវបានបើកសម្ដែង អស់អ្នកដែលយាយីដល់ពួកជំនុំ ហើយរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវទុកចោលជាមុនសិនសម្រាប់ពេលឥឡូវនេះ ដើម្បីដោះស្រាយនៅពេលក្រោយ។ នៅពេលដែលកិច្ចការត្រូវបានបញ្ចប់ មនុស្សទាំងនេះនឹងត្រូវបានលាតត្រដាង ហើយបន្ទាប់មកពួកគេនឹងត្រូវផាត់ចោល។ សម្រាប់ពេលបច្ចុប្បន្ននេះ ខណៈពេលដែលសេចក្ដីពិតកំពុងត្រូវបានប្រទានឱ្យ សេចក្ដីពិតនឹងត្រូវគេមិនអើពើ។ នៅពេលដែលសេចក្តីពិតទាំងមូលត្រូវបានបើកសម្ដែងដល់មនុស្ស មនុស្សទាំងនោះនឹងត្រូវផាត់ចោល។ នោះគឺជាពេលវេលាដែលមនុស្សទាំងអស់នឹងត្រូវបានចាត់ថ្នាក់តាមប្រភេទរបស់ពួកគេ។ ឧបាយកលតូចតាចរបស់អ្នកដែលមិនមានយោបល់ នឹងនាំទៅដល់ការបំផ្លាញពួកគេ ដោយដៃរបស់មនុស្សអាក្រក់ ហើយពួកគេនឹងត្រូវល្បួងដោយការទាំងនោះ ដោយមិនវិលត្រឡប់មកវិញឡើយ។ ហើយការប្រព្រឹត្តបែបនេះ គឺជាអ្វីដែលពួកគេសមនឹងទទួល ព្រោះពួកគេមិនស្រឡាញ់សេចក្តីពិត ព្រោះពួកគេមិនអាចឈរនៅខាងនៃសេចក្តីពិតបាន ពីព្រោះពួកគេដើរតាមមនុស្សអាក្រក់ ហើយឈរនៅខាងមនុស្សអាក្រក់ ហើយដោយសារតែពួកគេឃុបឃិតជាមួយមនុស្សអាក្រក់ និងប្រឆាំងព្រះជាម្ចាស់។ ពួកគេដឹងយ៉ាងច្បាស់ថាអ្វីដែលមនុស្សអាក្រក់បញ្ចេញគឺជាអំពើអាក្រក់ ប៉ុន្តែពួកគេមានចិត្តរឹងរូស ហើយបែរខ្នងដាក់សេចក្ដីពិតដើម្បីដើរតាមពួកគេវិញ។ តើមនុស្សទាំងនេះដែលមិនអនុវត្តនូវសេចក្តីពិត ប៉ុន្តែជាអ្នកដែលបំផ្លាញ និងគួរឱ្យស្អប់ខ្ពើម មិនមែនសុទ្ធតែប្រព្រឹត្តអំពើអាក្រក់ទេឬអី? ទោះបីមានអ្នកខ្លះក្នុងចំណោមពួកគេដែលធ្វើខ្លួនគេថាជាស្តេច និងជាអ្នកដទៃទៀតដែលដើរតាមពួកគេក៏ដោយ តើធម្មជាតិដែលប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ មិនដូចគ្នាទាំងអស់ទេឬ? តើមានលេសអ្វីដែលពួកគេអាចអះអាងថាព្រះជាម្ចាស់មិនជួយសង្រ្គោះពួកគេនោះ? តើមានលេសអ្វីដែលពួកគេអាចអះអាងថាព្រះជាម្ចាស់មិនសុចរិត? តើវាមិនមែនជាអំពើអាក្រក់របស់ពួកគេដែលកំពុងតែបំផ្លាញពួកគេទេឬ? តើវាមិនមែនជាការបះបោររបស់ពួកគេដែលកំពុងទាញពួកគេធ្លាក់ចូលក្នុងនរកទេឬ? នៅទីបំផុតមនុស្សដែលអនុវត្តនូវសេចក្តីពិត នឹងត្រូវបានសង្គ្រោះ និងធ្វើឱ្យបានគ្រប់លក្ខណ៍ ដោយសារតែសេចក្ដីពិត។ នៅទីបំផុត អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត នឹងនាំសេចក្តីអន្តរាយដល់ខ្លួនគេដោយសារតែសេចក្តីពិត។ ទាំងនេះគឺជាការបញ្ចប់ដែលរង់ចាំអ្នកដែលអនុវត្តនូវសេចក្តីពិត និងអ្នកដែលមិនអនុវត្តនូវសេចក្ដីពិត។
(ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
មិនថាពួកគេត្រូវបានសាកល្បងបែបណាឡើយ ចិត្តភក្ដីភាពរបស់អស់អ្នកដែលមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេនៅតែមិនផ្លាស់ប្ដូរដដែល ប៉ុន្តែសម្រាប់អស់អ្នកដែលមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេវិញ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនមានប្រយោជន៍សម្រាប់សាច់ឈាមរបស់ពួកគេ នោះពួកគេប្រាកដជាផ្លាស់ប្ដូរទស្សនៈរបស់ពួកគេអំពីព្រះជាម្ចាស់ ហើយថែមទាំងឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់ទៀតផង។ មនុស្សបែបនេះនឹងមិនឈររឹងមាំនៅក្នុងគ្រាចុងក្រោយឡើយ ដ្បិតពួកគេជាមនុស្សស្វែងរកតែព្រះពររបស់ព្រះជាម្ចាស់ ហើយគ្មានបំណងចង់លះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់និងថ្វាយខ្លួនទាំងស្រុងដល់ទ្រង់ឡើយ។ មនុស្សគ្មានតម្លៃបែបនេះនឹងត្រូវបណ្ដេញចេញទាំងអស់ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ហើយពួកគេមិនសក្តិសមនឹងឱ្យអាណិតឡើយ។ អស់អ្នកណាដែលគ្មានភាពជាមនុស្ស នឹងគ្មានសមត្ថភាពស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ នៅពេលដែលបរិយាកាសមានសុវត្ថិភាព និងសន្តិសុខល្អ ឬមានប្រយោជន៍ដល់ពួកគេ ពួកគេក៏ស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ប៉ុន្តែពេលដែលការប៉ងប្រាថ្នារបស់គេត្រូវបានចរចា ឬជំទាស់នៅចុងបញ្ចប់ភ្លាមៗនោះ ពួកគេក៏បះបោរ។ ទោះបីជានៅក្នុងពេលតែមួយយប់ក៏ដោយ ក៏ពួកគេអាចប្រែប្រួលពីមនុស្សម្នាក់ដែលញញឹមញញែម «ចិត្តល្អ» ទៅក្លាយជាឃាតកមុខអាក្រក់ និងកាចសាហាវម្នាក់ដែរ ដោយចាត់ទុកអ្នកមានគុណរបស់ពួកគេកាលពីអតីតកាល ជាខ្មាំងសត្រូវស្លាប់រស់របស់ពួកគេតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ប្រសិនបើពួកអារក្សទាំងនេះមិនត្រូវបានបណ្ដេញចេញទេ នោះពួកវានឹងសម្លាប់មនុស្សដោយគ្មានចិត្តអល់អែកនោះឡើយ ដូច្នេះ តើពួកវានឹងមិនក្លាយជាគ្រោះថ្នាក់កំបាំងមុខទេឬអី? កិច្ចការនៃការសង្រ្គោះមនុស្ស មិនត្រូវបានសម្រេច ក្រោយការសម្រេចនៃកិច្ចការយកឈ្នះនោះឡើយ។ ទោះបីជាកិច្ចការនៃការយកឈ្នះបានមកដល់ទីបញ្ចប់ក៏ដោយ ប៉ុន្តែកិច្ចការបន្សុទ្ធមនុស្សឱ្យបរិសុទ្ធមិនទាន់បានចប់នៅឡើយទេ។ កិច្ចការបែបនេះនឹងត្រូវសម្រេចបាន លុះត្រាតែមនុស្សត្រូវបានញែកជាបរិសុទ្ធទាំងស្រុង លុះត្រាតែមនុស្សដែលបានចុះចូលចំពោះព្រះជាម្ចាស់យ៉ាងពិតប្រាកដ ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ និងលុះត្រាតែមនុស្សក្លែងបន្លំដែលគ្មានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេទាំងនោះ ត្រូវបានកម្ចាត់ចោលឱ្យស្អាតសិន។ អស់អ្នកណាដែលមិនបំពេញតាមព្រះទ័យរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់ នឹងត្រូវផាត់ចោលទាំងស្រុង ហើយអស់អ្នកណាដែលត្រូវផាត់ចោល គឺសុទ្ធតែមកពីអារក្ស។ នៅពេលដែលពួកគេគ្មានសមត្ថភាពបំពេញតាមព្រះទ័យព្រះជាម្ចាស់ ពួកគេបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយទោះបីជាមនុស្សទាំងនេះដើរតាមព្រះជាម្ចាស់នាពេលសព្វថ្ងៃក៏ដោយ ក៏វាមិនបញ្ជាក់បានថា ពួកគេជាមនុស្សដែលនឹងបន្តដើរតាមទ្រង់រហូតដល់ចុងក្រោយនោះដែរ។ នៅក្នុងឃ្លាថា «អស់អ្នកដែលដើរតាមព្រះជាម្ចាស់ដល់ទីចុងបញ្ចប់នឹងទទួលបានសេចក្តីសង្រ្គោះ» អត្ថន័យនៃពាក្យថា «ដើរតាម» គឺជាការឈររឹងមាំនៅក្នុងពេលជួបទុក្ខវេទនា។ សព្វថ្ងៃនេះ មនុស្សជាច្រើនជឿថា ការដើរតាមព្រះជាម្ចាស់ គឺជារឿងងាយស្រួល ប៉ុន្តែនៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ជិតមកដល់ទីបញ្ចប់នោះអ្នកនឹងដឹងអំពីអត្ថន័យដ៏ពិត នៃពាក្យថា «ដើរតាម» មិនខាន។ ដោយគ្រាន់តែអ្នកនៅតែអាចដើរតាមព្រះជាម្ចាស់នាពេលសព្វថ្ងៃ ក្រោយត្រូវបានទ្រង់យកឈ្នះ ការនេះមិនបញ្ជាក់បានថា អ្នកជាម្នាក់នៅក្នុងចំណោមមនុស្សដែលនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍នោះឡើយ។ អស់អ្នកណាដែលមិនអាចទ្រាំទ្រនឹងការសាកល្បង ជាអ្នកដែលគ្មានសមត្ថភាពមានជ័យជម្នះនៅក្នុងពេលជួបទុក្ខវេទនានាពេលចុងបញ្ចប់ គេនឹងគ្មានសមត្ថភាពឈររឹងមាំ ហើយគេនឹងមិនអាចដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់នោះឡើយ។ អស់អ្នកណាដែលដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ អាចឈរមាំនឹងការសាកល្បងនៃកិច្ចការរបស់ពួកគេ ខណៈមនុស្សដែលមិនដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ នឹងគ្មានសមត្ថភាពឈរមាំនឹងការសាកល្បងណាមួយរបស់ព្រះជាម្ចាស់ឡើយ។ មិនយូរមិនឆាប់ ពួកគេនឹងត្រូវបណ្ដេញចេញ ខណៈពេលដែលពួកអ្នកមានជ័យជម្នះនឹងបន្តនៅក្នុងនគរព្រះ។ មនុស្សម្នាក់ស្វែងរកព្រះជាម្ចាស់យ៉ាងពិតប្រាកដឬយ៉ាងណា គឺត្រូវកំណត់ដោយការសាកល្បងនៃកិច្ចការរបស់គេ ដែលជាការល្បងលរបស់ព្រះជាម្ចាស់ ហើយវាគ្មានទាក់ទងអ្វីជាមួយនឹងការសម្រេចចិត្តដែលមនុស្សធ្វើនោះឡើយ។ ព្រះជាម្ចាស់មិនបដិសេធបុគ្គលណាម្នាក់ដោយឥតហេតុផលឡើយ ហើយគ្រប់កិច្ចការដែលទ្រង់ធ្វើ អាចធ្វើឱ្យមនុស្សជឿជាក់ទាំងស្រុង។ ទ្រង់មិនធ្វើអ្វីមួយដែលមនុស្សមើលមិនឃើញ ឬធ្វើកិច្ចការណាមួយដែលមិនអាចធ្វើឱ្យមនុស្សជឿនោះទេ។ បើចង់ដឹងថា សេចក្តីជំនឿរបស់មនុស្សពិត ឬក្លែងក្លាយ គឺត្រូវបញ្ជាក់ដោយការពិត ហើយវាមិនអាចត្រូវបានសម្រេចចិត្តដោយមនុស្សឡើយ។ «ស្រូវមិនអាចធ្វើឱ្យក្លាយជាស្រងែបានឡើយ ហើយស្រងែក៏មិនអាចធ្វើឱ្យក្លាយជាស្រូវបានដែរ» នេះជាចំណុចមួយដែលគ្មានអ្វីគួរឱ្យសង្ស័យឡើយ។ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ចុងបញ្ចប់ គេនឹងបន្តនៅក្នុងនគរព្រះ ហើយព្រះជាម្ចាស់នឹងមិនធ្វើបាបនរណាម្នាក់ដែលស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដឡើយ។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ឥឡូវនេះ ការដេញតាមរបស់អ្នកមានប្រសិទ្ធភាពឬក៏អត់ នោះគឺត្រូវបានវាស់វែងដោយអ្វីដែលអ្នករាល់គ្នាមានក្នុងពេលបច្ចុប្បន្ន។ នេះជាអ្វីដែលត្រូវបានប្រើ ដើម្បីកំណត់ពីលទ្ធផលរបស់អ្នករាល់គ្នា។ គឺអាចនិយាយបានថា លទ្ធផលរបស់អ្នករាល់គ្នាត្រូវបានបើកសម្ដែងនៅក្នុងការលះបង់ដែលអ្នករាល់គ្នាបានធ្វើ ព្រមទាំងនៅក្នុងកិច្ចការដែលអ្នកបានធ្វើ។ លទ្ធផលរបស់អ្នករាល់គ្នានឹងត្រូវបានគេដឹង តាមរយៈការដេញតាមរបស់អ្នក សេចក្តីជំនឿរបស់អ្នក និងអ្វីដែលអ្នករាល់គ្នាបានធ្វើ។ នៅក្នុងចំណោមអ្នករាល់គ្នា មានមនុស្សជាច្រើនដែលនៅឆ្ងាយពីសេចក្តីសង្រ្គោះរួចទៅហើយ ដ្បិតនៅថ្ងៃនេះគឺជាថ្ងៃនៃការបើកសម្ដែងអំពីលទ្ធផលរបស់មនុស្ស ហើយខ្ញុំនឹងមិនច្របូកច្របល់នៅក្នុងកិច្ចការរបស់ខ្ញុំទេ។ ខ្ញុំនឹងមិនដឹកនាំអស់អ្នកដែលនៅឆ្ងាយពីសេចក្តីសង្រ្គោះ ចូលទៅក្នុងយុគសម័យបន្ទាប់ឡើយ។ នាពេលមួយ កិច្ចការរបស់ខ្ញុំនឹងត្រូវបានបញ្ចប់។ ខ្ញុំនឹងមិនធ្វើការលើសាកសពដែលគ្មានវិញ្ញាណស្អុយរលួយទាំងនោះ ដែលមិនអាចត្រូវបានសង្រ្គោះសោះនោះឡើយ។ ឥឡូវនេះគឺជាគ្រាចុងក្រោយនៃសេចក្តីសង្រ្គោះរបស់មនុស្ស ហើយខ្ញុំនឹងមិនធ្វើកិច្ចការដែលគ្មានប្រយោជន៍ទេ។ ចូរកុំតវ៉ានឹងផ្ទៃមេឃនិងផែនដីឡើយ ដ្បិតចុងបញ្ចប់នៃពិភពលោកកំពុងតែចូលមកដល់ហើយ។ វាមិនអាចចៀសផុតទេ។ អ្វីៗបានមកដល់ចំណុចនេះ ហើយក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក គ្មានអ្វីមួយដែលអ្នកអាចធ្វើបាន ដើម្បីបញ្ឈប់ការទាំងនោះទេ។ អ្នកមិនអាចផ្លាស់ប្ដូរអ្វីៗតាមតែចិត្តរបស់អ្នកនោះឡើយ។ កាលពីម្សិលមិញ អ្នកមិនបានបង់ថ្លៃ ដើម្បីដេញតាមសេចក្តីពិត ហើយអ្នកមិនមានភក្ដីភាពទេ។ នៅថ្ងៃនេះ ពេលកំណត់បានមកដល់ អ្នកនៅឆ្ងាយពីសេចក្តីសង្រ្គោះ។ ហើយនៅថ្ងៃស្អែក អ្នកនឹងត្រូវផាត់ចោល ហើយវានឹងគ្មានពេលបន្ថែមសម្រាប់សេចក្តីសង្រ្គោះរបស់អ្នកឡើយ។ ទោះបីជាខ្ញុំមានព្រះហឫទ័យស្លូតត្រង់ ហើយខ្ញុំកំពុងតែព្យាយាមសង្រ្គោះអ្នកក៏ដោយ បើអ្នកមិនស្វះស្វែងដោយខ្លួនឯង ឬចេះគិតគូរសម្រាប់ខ្លួនឯងទេ តើការនេះត្រូវពាក់ព័ន្ធអ្វីជាមួយខ្ញុំទៅ? អស់អ្នកដែលគិតតែពីសាច់ឈាមរបស់ខ្លួន និងអ្នកដែលរីករាយនឹងភាពស្រណុកសុខស្រួល អស់អ្នកដែលហាក់ដូចជាជឿ តែមិនជឿយ៉ាងពិតប្រាកដ អស់អ្នកដែលពាក់ព័ន្ធនៅក្នុងការព្យាបាលតាមបែបផ្លូវអាក្រក់ និងអំពើអាបធ្មប់ អស់អ្នកដែលប្រាសចាកសីលធម៌ រយីករយាក អស់អ្នកដែលលួចយញ្ញបូជាដែលថ្វាយដល់ព្រះយេហូវ៉ា និងទ្រព្យសម្បត្តិរបស់ទ្រង់ អស់អ្នកដែលចូលចិត្តការសូកប៉ាន់ អស់អ្នកដែលកំជិលអាំងផេះ ហើយស្រមៃចង់ឡើងស្ថានសួគ៌ អស់អ្នកដែលអួតក្អេងក្អាង និងក្រអឺតក្រទម ដែលស្វះស្វែងរកតែភាពល្បីល្បាញ និងភាពស្ដុកស្ដម្ភ អស់អ្នកដែលបោះសម្ដីទ្រគោះបោះបោក អស់អ្នកដែលប្រមាថព្រះជាម្ចាស់ដោយផ្ទាល់ អស់អ្នកដែលគ្មានធ្វើអ្វីសោះ ក្រៅពីធ្វើការវិនិច្ឆ័យ និងមួលបង្កាច់ព្រះជាម្ចាស់ផ្ទាល់ អស់អ្នកដែលបង្កើតក្រុម ដើម្បីស្វែងរកឯករាជ្យ អស់អ្នកដែលលើកតម្កើងខ្លួនខ្ពស់ជាងព្រះជាម្ចាស់ ពួកបុរសស្ត្រីទាំងវ័យក្មេង ទាំងវ័យកណ្ដាល និងទាំងវ័យចំណាស់ដ៏ផ្ដេសផ្ដាសដែលផុងជាប់នៅក្នុងអំពើប្រាសចាក ពួកបុរសស្ត្រីទាំងប៉ុន្មានដែលរីករាយនឹងភាពល្បីល្បាញ និងទ្រព្យសម្បត្តិស្ដុកស្ដម្ភរបស់ខ្លួន ហើយដេញតាមឋានៈបុណ្យសក្ដិផ្ទាល់ខ្លួននៅក្នុងចំណោមអ្នកដទៃ ព្រមទាំងមនុស្សមិនប្រែចិត្តដែលបានជាប់នៅក្នុងអំពើបាប តើពួកគេទាំងអស់នេះមិននៅឆ្ងាយពីសេចក្តីសង្រ្គោះទេឬ? អំពើប្រាសចាកសីលធម៌ អំពើបាប ការព្យាបាលក្នុងផ្លូវអាក្រក់ អំពើអាបធ្មប់ ការប្រមាថព្រះ និងពាក្យទ្រគោះបោះបោក សុទ្ធតែកើនឡើងយ៉ាងរហ័សនៅក្នុងចំណោមអ្នករាល់គ្នា។ ហើយសេចក្តីពិត និងព្រះបន្ទូលនៃជីវិតត្រូវបានជាន់ឈ្លីនៅក្នុងចំណោមអ្នករាល់គ្នា ហើយភាសាបរិសុទ្ធក៏ត្រូវបានបង្ខូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ។ អ្នកដែលជាសាសន៍ដទៃ ត្រូវបានពេញពោរដោយសេចក្ដីស្មោកគ្រោក និងការមិនស្ដាប់បង្គាប់! តើលទ្ធផលចុងក្រោយរបស់អ្នកនឹងក្លាយជាអ្វីទៅ? តើអស់អ្នកដែលស្រឡាញ់សាច់ឈាម ដែលប្រព្រឹត្តអំពើអាបធ្មប់នៃសាច់ឈាម និងដែលបានជាប់នៅក្នុងអំពើបាបដ៏ប្រាសចាកសីលធម៌ មានភាពអង់អាចក្នុងការបន្តរស់នៅម្ដេចកើតទៅ? តើអ្នកមិនដឹងទេឬថា មនុស្សបែបអ្នករាល់គ្នាគឺជាសត្វដង្កូវដែលនៅឆ្ងាយពីសេចក្តីពិត? តើអ្វីទៅដែលផ្ដល់ឱ្យអ្នកមានសិទ្ធិទាមទារនេះ និងទាមទារនោះ? មកដល់ពេលនេះ មិនទាន់មានការផ្លាស់ប្ដូរសូម្បីតែបន្ដិចឡើយនៅក្នុងអស់អ្នកដែលមិនស្រឡាញ់សេចក្តីពិត ហើយស្រឡាញ់តែសាច់ឈាមនោះ។ តើមនុស្សបែបនេះអាចត្រូវបានសង្គ្រោះដោយរបៀបណា? អស់អ្នកដែលមិនស្រឡាញ់ផ្លូវនៃជីវិត ដែលមិនលើកតម្កើងព្រះជាម្ចាស់ និងធ្វើបន្ទាល់អំពីទ្រង់ ដែលរៀបគម្រោងសម្រាប់តែផលប្រយោជន៍នៃឋានៈបុណ្យសក្ដិផ្ទាល់ខ្លួន ដែលលើកសរសើរខ្លួនឯង តើពួកគេមិននៅតែដដែល រហូតដល់សព្វថ្ងៃទេឬ? តើអ្វីទៅជាគុណតម្លៃនៃការសង្រ្គោះពួកគេទៅ? ថាតើអ្នកអាចត្រូវបានសង្រ្គោះឬក៏អត់ នោះមិនអាស្រ័យលើអតីតភាពខ្ពស់កម្រិតណាដែលអ្នកមាន ឬថាអ្នកបានកំពុងតែធ្វើការជាច្រើនឆ្នាំនោះឡើយ ហើយក៏មិនអាស្រ័យលើសញ្ញាប័ត្រដែលអ្នកបានខំសាងនោះដែរ។ ផ្ទុយទៅវិញ វាអាស្រ័យលើថាតើការដេញតាមរបស់អ្នកបានបង្កើតជាផលផ្លែឬអត់។ អ្នកគួរតែដឹងថា អស់អ្នកដែលត្រូវបានសង្រ្គោះគឺជា «ដើមឈើ» ដែលបង្កើតផលផ្លែ មិនមែនជាដើមឈើដែលមានស្លឹកខៀវស្រងាត់ និងផ្កាច្រើន តែមិនបង្កើតផលផ្លែនោះឡើយ។ ទោះបើអ្នកបានចំណាយពេលជាច្រើនឆ្នាំដើរត្រាច់ចរតាមដងផ្លូវ តើវាសំខាន់អ្វីទៅ? តើទីបន្ទាល់របស់អ្នកនៅកន្លែងណា? ការគោរពរបស់អ្នកចំពោះព្រះជាម្ចាស់គឺនៅខ្សោយជាងការស្រឡាញ់របស់អ្នកចំពោះខ្លួនឯង និងចំពោះសេចក្តីប៉ងប្រាថ្នាដ៏ស្រើបស្រាលរបស់អ្នកទៅទៀត។ តើបុគ្គលបែបនេះមិនត្រូវចុះខ្សោយទៅៗទេឬ? តើពួកគេអាចក្លាយជាបុគ្គលគំរូសម្រាប់សេចក្តីសង្រ្គោះម្ដេចកើតទៅ? ធម្មជាតិរបស់អ្នកមិនអាចកែបាន អ្នកជាមនុស្សបះបោរខ្លាំងណាស់ ហើយក៏នៅឆ្ងាយពីសេចក្តីសង្រ្គោះដែរ! តើមនុស្សបែបនេះមិនមែនជាមនុស្សដែលនឹងត្រូវផាត់ចោលទេឬ? តើពេលវេលាដែលកិច្ចការរបស់ខ្ញុំត្រូវបានបញ្ចប់ មិនមែនជាពេលនៃការមកដល់នៃគ្រាចុងក្រោយរបស់អ្នកទេឬ? ខ្ញុំបានធ្វើកិច្ចការយ៉ាងច្រើន ហើយក៏បានថ្លែងនូវព្រះបន្ទូលយ៉ាងច្រើននៅក្នុងចំណោមអ្នករាល់គ្នាដែរ តើមានព្រះបន្ទូលប៉ុន្មានហើយដែលបានចូលត្រចៀករបស់អ្នកយ៉ាងពិតប្រាកដនោះ? តើមានព្រះបន្ទូលចំនួនប៉ុន្មានហើយដែលអ្នកបានស្ដាប់បង្គាប់តាម? នៅពេលដែលកិច្ចការខ្ញុំត្រូវបញ្ចប់ នោះវានឹងក្លាយជាពេលមួយ ដែលអ្នកឈប់ប្រឆាំងនឹងខ្ញុំ ជាពេលដែលអ្នកឈប់ទាស់នឹងខ្ញុំ។ នៅពេលដែលខ្ញុំធ្វើការ អ្នករាល់គ្នាតែងតែប្រព្រឹត្តទាស់នឹងខ្ញុំជានិច្ច។ អ្នករាល់គ្នាមិនដែលធ្វើស្របតាមព្រះបន្ទូលរបស់ខ្ញុំឡើយ។ ខ្ញុំធ្វើកិច្ចការរបស់ខ្ញុំ ហើយអ្នកធ្វើ «កិច្ចការ» របស់អ្នក ដោយបង្កើតនគរដ៏តូចរបស់អ្នកផ្ទាល់។ អ្នករាល់គ្នាគ្រាន់តែជាឆ្កែព្រៃ និងឆ្កែស្រុកមួយក្រុម ដែលកំពុងតែធ្វើអ្វីៗគ្រប់យ៉ាងប្រឆាំងនឹងខ្ញុំប៉ុណ្ណោះ! អ្នកកំពុងតែព្យាយាមក្ដាប់ក្រសោបយកមនុស្សដែលផ្ដល់សេចក្តីស្រឡាញ់ទាំងស្រុងរបស់ពួកគេដល់អ្នក តើការគោរពរបស់អ្នកនៅឯណាទៅ? គ្រប់យ៉ាងដែលអ្នកធ្វើសុទ្ធតែជាការបោកបញ្ឆោត! អ្នកគ្មានការស្ដាប់បង្គាប់ ឬការគោរពទេ ហើយគ្រប់យ៉ាងដែលអ្នកធ្វើគឺជារឿងបោកបញ្ឆោត និងការប្រមាថប៉ុណ្ណោះ! តើមនុស្សបែបនេះអាចត្រូវបានសង្គ្រោះដែរឬទេ? បុរសៗដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ និងសម្រើបកាម តែងតែចង់អូសទាញស្ត្រីពេស្យាដែលម្ញ៉ិកម៉្ញក់ទៅឯពួកគេ ដើម្បីឱ្យពួកគេសប្បាយ។ ដាច់ខាត ខ្ញុំនឹងមិនសង្រ្គោះពួកអារក្សប្រាសចាកសីលធម៌ខាងផ្លូវភេទបែបនេះឡើយ។ ខ្ញុំស្អប់អ្នករាល់គ្នាដែលជាពួកអារក្សអសោច ហើយភាពសម្រើបកាម និងភាពម្ញ៉ិចម្ញ៉ក់របស់អ្នករាល់គ្នានឹងនាំអ្នករាល់គ្នាឱ្យធ្លាក់នរកមិនខាន។ តើអ្នករាល់គ្នាត្រូវនិយាយអ្វីខ្លះ ដើម្បីការពារខ្លួនទៅ? ឱពួកអារក្សអសោច និងពួកវិញ្ញាណអាក្រក់អើយ អ្នករាល់គ្នាពិតជាគួរឱ្យស្អប់ខ្ពើមណាស់! អ្នកគួរឱ្យរអើមណាស់! តើសំរាមបែបនេះអាចត្រូវបានសង្រ្គោះម្ដេចកើតទៅ? តើពួកគេដែលត្រូវបានជាប់នៅក្នុងបាប អាចនៅតែត្រូវបានសង្គ្រោះដែរឬទេ? នៅថ្ងៃនេះ សេចក្តីពិតនេះ ផ្លូវនេះ និងជីវិតនេះមិនទាក់ទាញអ្នករាល់គ្នាទេ ផ្ទុយទៅវិញ អ្នករាល់គ្នាបែរជាជាប់ចិត្តនឹងអំពើបាប លុយកាក់ ឋានៈបុណ្យសក្ដិ ភាពល្បីល្បាញ និងផលប្រយោជន៍ សេចក្តីសប្បាយនៃសាច់ឈាម ភាពសង្ហារបស់បុរស និងភាពមានមន្តស្នេហ៍របស់ស្ត្រីទៅវិញ។ តើអ្វីទៅដែលធ្វើឱ្យអ្នករាល់គ្នាមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅក្នុងនគររបស់ខ្ញុំទៅ? រូបកាយរបស់អ្នករាល់គ្នាថែមទាំងធំជាងរូបអង្គរបស់ព្រះជាម្ចាស់ ឋានៈរបស់អ្នករាល់គ្នាថែមទៀតខ្ពស់ជាងឋានៈរបស់ព្រះជាម្ចាស់ កុំនិយាយដល់កិត្យានុភាពរបស់អ្នកនៅក្នុងចំណោមមនុស្សឡើយ ពោលគឺអ្នករាល់គ្នាបានក្លាយជារូបព្រះដែលមនុស្សថ្វាយបង្គំទៅហើយ។ តើអ្នកមិនបានក្លាយជាមហាទេវតាទេឬអី? នៅពេលដែលលទ្ធផលរបស់មនុស្សត្រូវបានបើកសម្ដែង ហើយនោះក៏ជាពេលដែលកិច្ចការសង្រ្គោះនឹងជិតចូលដល់ទីបញ្ចប់ដែរ មនុស្សជាច្រើននៅក្នុងចំណោមអ្នករាល់គ្នានឹងក្លាយជាសាកសពដែលនៅឆ្ងាយពីសេចក្តីសង្រ្គោះ ហើយត្រូវបានផាត់ចោលតែម្ដង។
(ដកស្រង់ពី «ការអនុវត្ត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)