១. បច្ចុប្បន្ននេះ មាននូវហេតុការណ៍បោកបញ្ឆោតជាច្រើនពីសំណាក់ពួកព្រះគ្រីស្ទក្លែងក្លាយនៅក្នុងសហគមន៍សាសនាផ្សេងៗនៅទូទាំងពិភពលោក។ ដោយមិនអាចមើលឃើញពីការបោកបញ្ឆោតនេះឲ្យពិតប្រាកដ មនុស្សជាច្រើនបានដើរតាមព្រះគ្រីស្ទក្លែងក្លាយទាំងនេះ ដោយនាំទៅសម្រេចតាមសេចក្តីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ «ហើយប្រសិនបើមានមនុស្សនិយាយប្រាប់អ្នករាល់គ្នាថា មើលណ៎! ព្រះគ្រីស្ទនៅទីនេះ ឬទីនោះ ចូរកុំជឿឲ្យសោះ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ ហើយសម្ដែងទីសម្គាល់ និងភាពអស្ចារ្យដ៏គគ្រឹកគគ្រេងដើម្បីបំភាន់ពួកជ្រើសតាំង ប្រសិនបើអាច» (ម៉ាថាយ ២៤:២៣-២៤)។ ដូច្នេះ យើងជឿថា អស់អ្នកណាដែលធ្វើបន្ទាល់ថាជាការយាងមករបស់ព្រះអម្ចាស់គឺជាព្រះគ្រីស្ទក្លែងក្លាយយ៉ាងពិតប្រាកដ ហើយវាគ្មានភាពចាំបាច់អ្វីដែលត្រូវស្វែងរកពួកគេ និងសិក្សាពីពួកគេនោះឡើយ។ តើយើងខុសទេដែលជឿបែបនេះ?

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់យកកំណើតជាមនុស្ស មានព្រះនាមថាព្រះគ្រីស្ទ ហេតុដូច្នេះហើយការហៅព្រះគ្រីស្ទដែលអាចប្រទានសេចក្តីពិតដល់មនុស្សថាជាព្រះជាម្ចាស់ គឺមិនមែនជាការហួសហេតុទាល់តែសោះ។ នេះគឺដោយសារទ្រង់មានសារជាតិរបស់ព្រះជាម្ចាស់ និងទ្រង់មានទាំងនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ដែលអ្វីៗទាំងនេះ មនុស្សមិនអាចមាននោះឡើយ។ អស់អ្នកដែលហៅខ្លួនឯងថាព្រះគ្រីស្ទ ប៉ុន្តែមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គឺជាមនុស្សបោកប្រាស់ហើយ។ ព្រះគ្រីស្ទមិនមែនត្រឹមតែជាការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់នៅលើផែនដីនេះទេ តែជារូបកាយសាច់ឈាមជាពិសេស ដែលព្រះជាម្ចាស់សណ្ឋិតពេលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់នៅលើផែនដី និងសម្រេចកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមមនុស្ស។ សាច់ឈាមនេះមិនមែនមនុស្សណាក៏សុទ្ធតែអាចជំនួសបាននោះទេ ប៉ុន្តែជារូបកាយសាច់ឈាមមួយ ដែលអាចទ្រាំទ្រកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះបានល្មមគ្រប់គ្រាន់ ដែលស្ដែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ ដែលអាចតំណាងឱ្យព្រះជាម្ចាស់បានល្មមគ្រប់គ្រាន់ ហើយដែលអាចប្រទានឱ្យមនុស្សមានជីវិតផង។ មិនយូរមិនឆាប់ មនុស្សដែលក្លែងធ្វើជាព្រះគ្រីស្ទ នឹងត្រូវដួលចុះ ថ្វីបើពួកគេប្រកាសខ្លួនឯងថាជាព្រះគ្រីស្ទក៏ពិតមែន ប៉ុន្តែពួកគេគ្មានសារជាតិរបស់ព្រះគ្រីស្ទឡើយ សូម្បីតែមួយ។ ហេតុនេះ ខ្ញុំប្រាប់ឱ្យដឹងទៅចុះថា យថាភាពរបស់ព្រះគ្រីស្ទ គ្មានមនុស្សណាអាចកំណត់បានឡើយ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចឆ្លើយ និងសម្រេចបាន។

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស មានការសម្ដែងចេញនៃព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដូច្នេះ ទ្រង់នឹងនាំយកជាមួយទ្រង់នូវកិច្ចការដែលទ្រង់បម្រុងធ្វើ ហើយដោយសារតែទ្រង់គឺជាព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្ស ដូច្នេះទ្រង់នឹងសម្ដែងចេញនូវលក្ខណៈរបស់ព្រះជាម្ចាស់ ហើយទ្រង់អាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងបង្ហាញផ្លូវដល់គេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្សទេ។ ចំពោះរឿងនេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់ពិនិត្យពិច័យថាតើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែកំណត់ការណ៍នេះ ដោយចេញពីនិស្ស័យដែលទ្រង់សម្តែងចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីកំណត់ថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដូច្នេះ ចំណុចគន្លឺះថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះសូរសៀងរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាភ្លីភ្លើ និងល្ងង់ខ្លៅហើយ។

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ទោះបីព្រះគ្រីស្ទនៅលើផែនដី អាចបំពេញកិច្ចការជំនួសព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានក៏ដោយ ក៏ទ្រង់មិនបានយាងមកក្នុងបំណងដើម្បីបង្ហាញរូបអង្គទ្រង់នៅខាងសាច់ឈាមឱ្យមនុស្សគ្រប់គ្នាបានឃើញដែរ។ ទ្រង់មិនបានយាងមកដើម្បីឱ្យមនុស្សគ្រប់គ្នាឃើញទ្រង់ទេ ប៉ុន្តែទ្រង់យាងមកដើម្បីអនុញ្ញាតឱ្យមនុស្សទទួលបានការដឹកនាំពីព្រះហស្តទ្រង់ និងអាចឱ្យគេចូលទៅក្នុងយុគសម័យថ្មីបាន។ មុខងារសាច់ឈាមរបស់ព្រះគ្រីស្ទ គឺដើម្បីកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ពោលគឺដើម្បីកិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាមតែម្ដង មិនមែនដើម្បីនាំមនុស្សឱ្យយល់ពីសារជាតិនៃសាច់ឈាមរបស់ទ្រង់ទាំងស្រុងឡើយ។ មិនថាទ្រង់បំពេញកិច្ចការដោយរបៀបណាទេ គ្មានកិច្ចការណាមួយដែលទ្រង់ធ្វើ ហួសពីសមត្ថភាពដែលសាច់ឈាមអាចធ្វើបានឡើយ។ មិនថាទ្រង់ធ្វើការបែបណាទេ ទ្រង់ធ្វើការនោះនៅខាងសាច់ឈាមក្នុងភាពជាមនុស្សសាមញ្ញម្នាក់ ហើយមិនបានបើកសម្ដែងពីទឹកព្រះភ័ក្រ្តពិតរបស់ព្រះជាម្ចាស់ឱ្យមនុស្សបានឃើញទាំងស្រុងឡើយ។ លើសពីនេះទៅទៀត កិច្ចការរបស់ទ្រង់នៅខាងសាច់ឈាម មិនដែលហួសពីនិស្ស័យធម្មជាតិ ឬច្រើនលើសលប់ដល់ថ្នាក់មនុស្សយល់មិនបាននោះទេ។ ទោះបីជាព្រះគ្រីស្ទតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៅខាងសាច់ឈាម និងបំពេញកិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគួរតែបំពេញដោយផ្ទាល់ក៏ពិតមែន ក៏ប៉ុន្តែ ទ្រង់មិនបានបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់នៅឯស្ថានសួគ៌ ហើយទ្រង់ក៏មិនបានប្រកាសពីកិច្ចការផ្ទាល់របស់ទ្រង់យ៉ាងប្រញាប់ប្រញាល់នោះដែរ។ ផ្ទុយទៅវិញ ទ្រង់បន្តលាក់បាំង បន្ទាបខ្លួននៅខាងសាច់ឈាមរបស់ទ្រង់។ ក្រៅពីព្រះគ្រីស្ទ អ្នកណាដែលក្លែងបន្លំអះអាងថាខ្លួនជាព្រះគ្រីស្ទ គ្មានគុណសម្បត្តិរបស់ទ្រង់ឡើយ។ នៅពេលដែលដាក់ផ្គូផ្គងគ្នាជាមួយនឹងនិស្ស័យក្រអឺតក្រទម តម្កើងខ្លួនរបស់ពួកព្រះគ្រីស្ទក្លែងក្លាយទាំងនោះ គេអាចឃើញយ៉ាងច្បាស់ថាលក្ខណៈខាងសាច់ឈាមបែបណាគឺជាលក្ខណៈពិតប្រាកដរបស់ព្រះគ្រីស្ទ។ កាលណាលក្ខណៈទាំងនោះកាន់តែក្លែងបន្លំ នោះកាន់តែបង្ហាញថា ពួកគេជាព្រះគ្រីស្ទក្លែងក្លាយ ហើយកាន់តែបង្ហាញថា លក្ខណៈទាំងនោះជាទីសម្គាល់ និងការអស្ចារ្យ ដើម្បីបោកបញ្ឆោតមនុស្ស។ ព្រះគ្រីស្ទក្លែងក្លាយគ្មានគុណសម្បត្តិរបស់ព្រះជាម្ចាស់ឡើយ។ ព្រះគ្រីស្ទគ្មានប្រឡាក់ប្រឡូសទៅដោយធាតុណាមួយជារបស់ពួកព្រះគ្រីស្ទក្លែងក្លាយទេ។ ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ដើម្បីតែបញ្ចប់កិច្ចការនៅខាងសាច់ឈាមប៉ុណ្ណោះ មិនមែនដើម្បីឱ្យមនុស្សមើលឃើញទ្រង់នោះទេ។ ផ្ទុយទៅវិញ ទ្រង់អនុញ្ញាតឱ្យកិច្ចការរបស់ទ្រង់ បញ្ជាក់ពីអត្តសញ្ញាណរបស់ទ្រង់ និងអនុញ្ញាតឱ្យអ្វីដែលទ្រង់បើកសម្ដែងនោះ បញ្ជាក់ពីសារជាតិរបស់ទ្រង់។ សារជាតិរបស់ទ្រង់មិនមែនគ្មានមូលដ្ឋាននោះទេ ហើយអត្តសញ្ញាណរបស់ទ្រង់ក៏មិនក្ដាប់ជាប់ក្នុងព្រះហស្តរបស់ទ្រង់ដែរ តែអត្តសញ្ញាណទ្រង់ត្រូវបានកំណត់ដោយកិច្ចការ និងសារជាតិរបស់ទ្រង់។

(ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការចុះចូលតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ប្រសិនបើមានការលេចឡើងនូវមនុស្សម្នាក់ដែលអាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមី បណ្ដេញអារក្ស ប្រោសអ្នកជំងឺឱ្យជា និងធ្វើការអស្ចារ្យជាច្រើនផ្សេងទៀត ហើយប្រសិនបើបុគ្គលនោះអះអាងថា ខ្លួនជាព្រះយេស៊ូវដែលបានយាងមក នោះវាជាការក្លែងបន្លំ ដែលពួកវិញ្ញាណអាក្រក់បានធ្វើ ដើម្បីក្លែងខ្លួនជាព្រះយេស៊ូវហើយ។ សូមចងចាំអំពីការនេះ! ព្រះជាម្ចាស់ទ្រង់មិនធ្វើកិច្ចការដដែលម្ដងទៀតឡើយ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវបានបញ្ចប់ទាំងស្រុងរួចហើយ ហើយព្រះជាម្ចាស់នឹងមិនធ្វើដំណាក់កាលនៃកិច្ចការនោះម្ដងទៀតឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ខុសស្រឡះពីសញ្ញាណរបស់មនុស្ស។ ឧទាហរណ៍ ព្រះគម្ពីរសញ្ញាចាស់បានថ្លែងទំនាយទស្សន៍ទាយអំពីការយាងមករបស់ព្រះមែស្ស៊ី ហើយលទ្ធផលនៃសេចក្តីទំនាយនេះ គឺជាការយាងមករបស់ព្រះយេស៊ូវ។ ការនេះបានកើតឡើងរួចហើយ ដូច្នេះ វាជារឿងខុសឆ្គងដែលមានព្រះមែស្ស៊ីមួយទៀតបានយាងមកម្ដងទៀត។ ព្រះយេស៊ូវបានយាងមករួចហើយ ហើយវាជារឿងខុសឆ្គង ប្រសិនបើព្រះយេស៊ូវត្រូវយាងមកម្ដងទៀតនាពេលបច្ចុប្បន្ន។ មានព្រះនាមសម្រាប់គ្រប់យុគសម័យ ហើយព្រះនាមនីមួយៗមានផ្ទុកនូវចរិតលក្ខណៈនៃយុគសម័យនោះ។ នៅក្នុងសញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់ត្រូវតែសម្ដែងទីសម្គាល់ និងឫទ្ធិបារមីជានិច្ច ទ្រង់ត្រូវតែប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្ស ហើយទ្រង់ត្រូវតែដូចជាព្រះយេស៊ូវជានិច្ច។ ប៉ុន្តែ លើកនេះ ព្រះជាម្ចាស់មិនធ្វើកិច្ចការដូចជាពេលនោះសោះឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ ប្រសិនបើព្រះជាម្ចាស់នៅតែបង្ហាញទីសម្គាល់ និងឫទ្ធិបារមី ហើយនៅតែបណ្ដេញអារក្ស និងប្រោសអ្នកជំងឺឱ្យជា ប្រសិនបើទ្រង់បានធ្វើដូចដែលព្រះយេស៊ូវបានធ្វើ នោះព្រះជាម្ចាស់នឹងធ្វើកិច្ចការដដែលម្ដងទៀតហើយ បើដូច្នេះ កិច្ចការរបស់ព្រះយេស៊ូវនឹងគ្មានតម្លៃ ឬសំខាន់នោះឡើយ។ ដូច្នេះ ព្រះជាម្ចាស់អនុវត្តដំណាក់កាលនៃកិច្ចការមួយនៅគ្រប់យុគសម័យ។ នៅពេលដែលដំណាក់កាលនីមួយៗនៃកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នោះពួកវិញ្ញាណអាក្រក់នឹងយកតម្រាប់តាមភ្លាមៗមិនខាន ហើយក្រោយពេលអារក្សសាតាំងចាប់ផ្ដើមចម្លងកិច្ចការរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងផ្លាស់ប្ដូរទៅប្រើប្រាស់វិធីសាស្ត្រផ្សេងវិញ។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ពួកវិញ្ញាណអាក្រក់ក៏ចម្លងតាមកិច្ចការរបស់ទ្រង់។ អ្នករាល់គ្នាត្រូវតែប្រាកដច្បាស់ពីរឿងនេះ។

(ដកស្រង់ពី «ចំណេះដឹងនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មានមនុស្សខ្លះត្រូវវិញ្ញាណអាក្រក់សណ្ឋិត ហើយស្រែកយ៉ាងកងរំពងថា «ខ្ញុំគឺជាព្រះជាម្ចាស់!» ប៉ុន្តែនៅទីបញ្ចប់ ពួកគេក៏ត្រូវបានបើកបង្ហាញ ដ្បិតពួកគេខុសពីអ្វីដែលគេតំណាង។ ពួកគេតំណាងឱ្យមារសាតាំង ហើយព្រះវិញ្ញាណបរិសុទ្ធមិនយកព្រះទ័យទុកដាក់នឹងពួកគេទេ។ ទោះបីអ្នកលើកតម្កើងខ្លួនឯងខ្ពស់យ៉ាងណា ឬទោះបីអ្នកស្រែកខ្លាំងយ៉ាងណា ក៏អ្នកនៅតែជាមនុស្ស ហើយជាមនុស្សដែលជាកម្មសិទ្ធិរបស់សាតាំងផង។ ខ្ញុំមិនដែលស្រែកថា «ខ្ញុំគឺជាព្រះជាម្ចាស់ ខ្ញុំគឺជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់!» ឡើយ ប៉ុន្តែកិច្ចការដែលខ្ញុំធ្វើ គឺជាកិច្ចការរបស់ព្រះជាម្ចាស់។ តើខ្ញុំចាំបាច់អីត្រូវស្រែកដែរឬទេ? មិនចាំបាច់មានការលើកតម្កើងទេ។ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ដោយអង្គទ្រង់ ហើយមិនត្រូវការឱ្យមនុស្សថ្វាយឋានៈដល់ទ្រង់ ឬថ្វាយគោរមងារជាកិត្តិយសដល់ទ្រង់ឡើយ៖ កិច្ចការរបស់ទ្រង់បង្ហាញឱ្យឃើញពីអត្តសញ្ញាណ និងឋានៈរបស់ទ្រង់។ មុនពេលព្រះយេស៊ូវធ្វើពិធីជ្រមុជទឹក តើព្រះអង្គមិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេឬអី? តើព្រះអង្គមិនមែនជាសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ទេឬអី? ប្រាកដណាស់ មិនអាចនិយាយបានថា ទាល់តែក្រោយពេលដែលទ្រង់បានទទួលសក្ខីភាព ទើបទ្រង់បានក្លាយជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់នោះឡើយ មែនទេ? មុនពេលដែលព្រះអង្គបានចាប់ផ្ដើមកិច្ចការរបស់ព្រះអង្គជាយូរមកហើយនោះ តើពុំមានមនុស្សម្នាក់ ដែលមានឈ្មោះថា យេស៊ូវ ស្រេចទៅហើយទេឬអី? អ្នកមិនអាចនាំមកនូវផ្លូវថ្មី ឬបង្ហាញឱ្យឃើញព្រះវិញ្ញាណបានឡើយ។ អ្នកមិនអាចបង្ហាញពីកិច្ចការរបស់ព្រះវិញ្ញាណ ឬព្រះបន្ទូលដែលទ្រង់ថ្លែងបានឡើយ។ អ្នកមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់បានឡើយ ហើយអ្នកក៏មិនអាចធ្វើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ព្រះប្រាជ្ញាញាណ ការអស្ចារ្យ និងភាពយល់មិនបានរបស់ព្រះជាម្ចាស់ ព្រមទាំងនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ ដែលទ្រង់ប្រើមកវាយផ្ចាលមនុស្ស ទាំងអស់នេះសុទ្ធតែលើសពីសមត្ថភាពដែលអ្នកអាចបង្ហាញឱ្យឃើញបាន។ ដូច្នេះ ការព្យាយាមអះអាងខ្លួនឯងជាព្រះជាម្ចាស់ គឺមុខជាឥតប្រយោជន៍ទទេ។ អ្នកមានតែត្រឹមឈ្មោះ ហើយចំណែកឯលក្ខណៈវិញ គឺគ្មានសោះ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានយាងមកហើយ ប៉ុន្តែគ្មាននរណាម្នាក់ទទួលស្គាល់ព្រះអង្គឡើយ ដោយឡែក ទ្រង់បន្តធ្វើកិច្ចការរបស់ព្រះអង្គ ហើយធ្វើកិច្ចការនោះក្នុងការសម្ដែងឱ្យឃើញពីព្រះវិញ្ញាណបរិសុទ្ធ។ ទោះបីជាអ្នកហៅទ្រង់ថា មនុស្ស ឬព្រះជាម្ចាស់ ព្រះអម្ចាស់ ឬព្រះគ្រីស្ទ ឬហៅទ្រង់ថា បងស្រី ក៏គ្មានបញ្ហាអ្វីដែរ។ ប៉ុន្តែ កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងតំណាងឱ្យកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទ្រង់មិនខ្វល់ពីឈ្មោះដែលមនុស្សហៅទ្រង់នោះឡើយ។ តើឈ្មោះនោះអាចកំណត់កិច្ចការរបស់ទ្រង់ដែរឬទេ? ទោះបីជាអ្នកហៅទ្រង់តាមព្រះនាមអ្វីក៏ដោយ តាមព្រះតម្រិះព្រះជាម្ចាស់ ទ្រង់នៅតែជាសាច់ឈាមជាមនុស្សនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដដែល។ ប្រសិនបើអ្នកមិនអាចរៀបចំផ្លូវ សម្រាប់យុគសម័យថ្មីមួយ ឬមិនអាចបញ្ចប់យុគសម័យចាស់ ឬមិនអាចចាប់ផ្ដើមយុគសម័យថ្មីមួយ ឬមិនអាចធ្វើកិច្ចការថ្មី នោះអ្នកមិនអាចឱ្យគេហៅថាជាព្រះជាម្ចាស់បានឡើយ!

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ៤. តើអ្វីទៅជាភាពខុសគ្នារវាងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវបានបញ្ជូនដោយលោកហោរាអេសាយ អេសេគាល និងដានីយ៉ែលនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវបានសម្ដែងចេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស?

បន្ទាប់៖ ២. បច្ចុប្បន្ននេះ ខ្ញុំបានអានព្រះបន្ទូលជាច្រើនរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបានរកឃើញថា ព្រះបន្ទូលទាំងនោះមានទាំងព្រះចេស្ដា និងសិទ្ធិអំណាច។ គ្រប់ទាំងព្រះសូរសៀងរបស់ទ្រង់សុទ្ធតែជាសេចក្តីពិត ជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ។ ប៉ុន្តែ មានរឿងមួយដែលខ្ញុំមិនយល់៖ បច្ចុប្បន្ននេះ មានមនុស្សមួយចំនួនដែលកំពុងតែធ្វើពុតជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ ហើយពួកគេក៏មានព្រះបន្ទូលដែលថ្លែងដោយព្រះឱស្ឋផងដែរ។ ពាក្យមួយចំនួនរបស់ពួកគេត្រូវបានចងក្រងជាសៀវភៅផ្សេងៗ ហើយមនុស្សជាច្រើនបានចាញ់បញ្ឆោត ដោយដើរតាមពួកគេ។ តើយើងអាចដឹងយ៉ាងដូចម្ដេចទៅថានោះជាពាក្យរបស់ព្រះគ្រីស្ទក្លែងក្លាយ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ