៥. នៅក្នុងសម័យនៃព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ព្រះជាម្ចាស់បានធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែល។ ព្រះអម្ចាស់យេស៊ូវបានថ្លែងទំនាយថា ទ្រង់នឹងយាងត្រលប់មកវិញក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ដូច្នេះ នៅពេលដែលទ្រង់យាងត្រលប់មកវិញ ទ្រង់គួរតែយាងមកនៅក្នុងប្រទេសអ៊ីស្រាអែល។ ប៉ុន្តែ អ្នកបែរជាធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញរួចហើយ ថាទ្រង់បានលេចមកជាសាច់ឈាម និងកំពុងតែបំពេញកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសចិនទៅវិញ។ ប្រទេសចិនជាប្រជាជាតិមួយដែលត្រូវបានគ្រប់គ្រងដោយបក្សនយោបាយទមិឡ។ គ្មានប្រទេសណាមួយដែលប្រឆាំងចំពោះព្រះជាម្ចាស់ និងបៀតបៀនគ្រីស្ទបរិស័ទខ្លាំងជាងប្រទេសនេះនោះឡើយ។ តើព្រះអម្ចាស់អាចយាងត្រលប់មកវិញនៅប្រទេសចិនយ៉ាងដូចម្ដេចទៅ?

ខគម្ពីរយោង៖

«ដ្បិតចាប់តាំងពីថ្ងៃរះរហូតដល់ថ្ងៃលិចវិញព្រះនាមខ្ញុំនឹងបានធំឧត្ដមនៅក្នុងចំណោមសាសន៍ដទៃ...នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ» (ម៉ាឡាគី ១:១១)

«ពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់បុត្រមនុស្សក៏យ៉ាង។ ដ្បិតទីណាមានសាកសព ទីនោះក៏នឹងមានសត្វឥន្ទ្រីប្រមូលគ្នាដែរ» (ម៉ាថាយ ២៤:២៧-២៨)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់ គឺជាព្រះអម្ចាស់នៃភាវៈទាំងអស់ដែលព្រះបានបង្កើត

ដំណាក់កាលនៃកិច្ចការមួយនៅក្នុងយុគសម័យចំនួនពីរកាលពីមុន ត្រូវបានធ្វើឡើងនៅអ៊ីស្រាអែល ហើយមួយទៀតត្រូវបានធ្វើឡើងនៅស្រុកយូដា។ និយាយរួម កិច្ចការទាំងពីរដំណាក់កាលនេះ គ្មានដំណាក់កាលណាមួយចាកចេញពីអ៊ីស្រាអែលឡើយ ហើយដំណាក់កាលនីមួយៗ ត្រូវបានធ្វើឡើងនៅលើរាស្រ្តរើសតាំងមុនដំបូងគេ។ ជាលទ្ធផល ជនជាតិអ៊ីស្រាអែលជឿថាព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលតែមួយគត់។ ដោយសារព្រះយេស៊ូវបានធ្វើការនៅស្រុកយូដា ជាទីកន្លែងដែលទ្រង់បានបំពេញនូវកិច្ចការជាប់ឆ្កាង ទើបជនជាតិយូដាចាត់ទុកទ្រង់ ជាព្រះដ៏ប្រោសលោះរបស់ជនជាតិយូដា។ ពួកគេយល់ថាទ្រង់ជាស្តេចរបស់ជនជាតិយូដាតែមួយគត់ មិនមែនជាស្ដេចរបស់ជាតិសាសន៍ផ្សេងទៀតទេ គឺទ្រង់មិនមែនជាព្រះអម្ចាស់ដែលប្រោសលោះជនជាតិអង់គ្លេស ក៏មិនមែនជាព្រះអម្ចាស់ដែលប្រោសលោះជនជាតិអាមេរិកាំងនោះដែរ តែទ្រង់ជាព្រះអម្ចាស់ដែលប្រោសលោះជនជាតិអ៊ីស្រាអែល គឺជាជនជាតិយូដា ដែលទ្រង់បានប្រោសលោះនៅអ៊ីស្រាអែល។ តាមពិតទៅ ព្រះជាម្ចាស់គឺជាម្ចាស់នៃរបស់សព្វសារពើ។ ទ្រង់គឺជាព្រះជាម្ចាស់នៃភាវៈដែលព្រះបង្កើតទាំងអស់។ ទ្រង់មិនត្រឹមតែជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែល និងជនជាតិយូដាប៉ុណ្ណោះទេ ទ្រង់គឺជាព្រះជាម្ចាស់នៃភាវៈដែលព្រះបង្កើតទាំងអស់។ កិច្ចការរបស់ទ្រង់កាលពីគ្រាមុនចំនួនពីរដំណាក់កាល បានកើតឡើងនៅអ៊ីស្រាអែល គឺកិច្ចការនេះហើយដែលបានបង្កើតសញ្ញាណជាក់លាក់នៅក្នុងចិត្តមនុស្ស។ ពួកគេជឿថា ព្រះយេហូវ៉ាបានធ្វើកិច្ចការរបស់ទ្រង់នៅអ៊ីស្រាអែល និងជឿថា ព្រះយេស៊ូវផ្ទាល់បានបំពេញកិច្ចការរបស់ទ្រង់នៅស្រុកយូដា ហើយលើសពីនេះទៀត ទ្រង់បានក្លាយជាសាច់ឈាមដើម្បីធ្វើការ ហើយទោះជាក្នុងករណីណាក៏ដោយ ក៏កិច្ចការនេះមិនលាតសន្ធឹង ហួសពីអ៊ីស្រាអែលដែរ។ ព្រះជាម្ចាស់មិនបានធ្វើការនៅក្នុងជនជាតិអេហ្ស៊ីប ឬជនជាតិឥណ្ឌានោះទេ។ ទ្រង់ធ្វើការក្នុងជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះ។ ដូច្នេះ មនុស្សបង្កើតនូវសញ្ញាណផ្សេងៗ ហើយកំណត់ព្រំដែននៃកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងវិសាលភាពជាក់លាក់មួយ។ ពួកគេនិយាយថា នៅពេលព្រះជាម្ចាស់ធ្វើការ ទ្រង់ត្រូវតែធ្វើកិច្ចការនោះក្នុងចំណោមមនុស្សដែលទ្រង់បានជ្រើសរើស និងនៅអ៊ីស្រាអែល។ ក្រៅពីជនជាតិអ៊ីស្រាអែល ព្រះជាម្ចាស់មិនធ្វើការនឹងជនជាតិដទៃឡើយ ហើយកិច្ចការរបស់ទ្រង់ ក៏មិនមានវិសាលភាពធំជាងនេះដែរ។ និយាយដល់ការរក្សាព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាមឱ្យនៅក្នុងដែនកំណត់ពួកគេ តឹងរឹងជាពិសេសតែម្ដង ហើយមិនអនុញ្ញាតឱ្យទ្រង់ឆ្លងហួសព្រំដែនអ៊ីស្រាអែលឡើយ។ តើទាំងនេះមិនមែនគ្រាន់តែជាសញ្ញាណរបស់មនុស្សទេឬអី? ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃផែនដី និងរបស់សព្វសារពើ ទ្រង់បានបង្កើតគ្រប់ភាវៈដែលព្រះបង្កើតទាំងអស់ ដូច្នេះតើទ្រង់អាចកម្រិតកិច្ចការរបស់ទ្រង់ ត្រឹមតែអ៊ីស្រាអែលបានយ៉ាងដូចម្តេច? ប្រសិនបើដូច្នោះមែន តើទ្រង់បង្កើតភាវៈដែលព្រះបង្កើតទាំងអស់មកដើម្បីអ្វី? ទ្រង់បានបង្កើតពិភពលោកទាំងមូល ហើយទ្រង់បានអនុវត្តផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ មិនត្រឹមតែនៅក្នុងប្រទេសអ៊ីស្រាអែលប៉ុណ្ណោះទេ គឺអនុវត្តលើមនុស្សគ្រប់រូប នៅក្នុងសកលលោកទាំងមូលទៀតផង។ បើទោះបីជាពួកគេរស់នៅក្នុងប្រទេសចិន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឬប្រទេសរុស្ស៊ីក្តី មនុស្សគ្រប់គ្នាសុទ្ធតែជាពូជពង្សរបស់អ័ដាម។ ពួកគេទាំងអស់ត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចគេចផុតពីព្រំដែននៃភាវៈដែលព្រះបង្កើតទេ ហើយក៏គ្មាននរណាម្នាក់អាចផ្ដាច់ខ្លួនពីស្លាកសញ្ញានៃ «ពូជពង្សរបស់អ័ដាម» ឡើយ។ ពួកគេសុទ្ធតែជាភាវៈដែលព្រះបានបង្កើត ពួកគេទាំងអស់សុទ្ធតែជាពូជរបស់អ័ដាម ហើយពួកគេក៏ជាពូជពង្សដែលពុករលួយរបស់អ័ដាមនិងអេវ៉ាដែរ។ ភាវៈដែលព្រះបានបង្កើត មិនមែនមានតែជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះទេ ប៉ុន្តែជាមនុស្សទាំងអស់វិញ គ្រាន់តែថាអ្នកខ្លះត្រូវបណ្តាសា ចំណែកអ្នកខ្លះទៀតត្រូវបានព្រះជាម្ចាស់ប្រទានពរ។ មានចំណុចគួរឱ្យសរសើរជាច្រើនអំពីជនជាតិអ៊ីស្រាអែល។ ព្រះជាម្ចាស់បានធ្វើការនឹងពួកគេតាំងពីដំបូង ពីព្រោះពួកគេជាមនុស្សដែលពុករលួយតិចតួចជាងគេ។ ជនជាតិចិន មិនមានអ្វីប្រៀបធៀបជាមួយពួកគេបានទេ។ ពួកគេអន់ជាងពួកអ៊ីស្រាអែលឆ្ងាយណាស់។ ដូច្នេះពីដំបូងឡើយ ព្រះជាម្ចាស់បានធ្វើការក្នុងចំណោមប្រជាជនអ៊ីស្រាអែល ហើយដំណាក់កាលទីពីរនៃកិច្ចការរបស់ទ្រង់ ត្រូវបានអនុវត្តនៅតែស្រុកយូដាប៉ុណ្ណោះ ដែលនាំឱ្យមានសញ្ញាណ និងច្បាប់ជាច្រើនក្នុងចំណោមមនុស្ស។ តាមពិត ប្រសិនបើព្រះជាម្ចាស់ធ្វើតាមសញ្ញាណរបស់មនុស្ស ទ្រង់នឹងធ្វើជាព្រះជាម្ចាស់របស់អ៊ីស្រាអែលតែមួយអង្គគត់ ហើយដូច្នេះ ទ្រង់មិនអាចមានសមត្ថភាពពង្រីកកិច្ចការរបស់ទ្រង់ដល់ជាតិសាសន៍ដទៃបានឡើយ ពីព្រោះទ្រង់នឹងធ្វើជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ ហើយមិនមែនជាព្រះជាម្ចាស់របស់ភាវៈដែលព្រះបង្កើតទាំងអស់ទេ។ ទំនាយជាច្រើនបានទាយថា ព្រះនាមរបស់ព្រះយេហូវ៉ានឹងត្រូវជានាមដ៏អស្ចារ្យក្នុងចំណោមជាតិសាសន៍ដទៃ ហើយព្រះនាមរបស់ទ្រង់នឹងសុសសាយដល់ជាតិសាសន៍ដទៃដែរ។ ហេតុអ្វីបានជាមានទំនាយបែបនេះ? ប្រសិនបើព្រះជាម្ចាស់ គឺជាព្រះរបស់ជនជាតិអ៊ីស្រាអែលតែមួយមែននោះ ទ្រង់នឹងធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលតែមួយប៉ុណ្ណោះ។ លើសពីនេះទៀត ទ្រង់នឹងមិនផ្សព្វផ្សាយកិច្ចការនេះទេ ហើយទ្រង់ក៏នឹងមិនធ្វើការទាយទុកបែបនេះដែរ។ ដោយសារទ្រង់បានទាយទុក ដូច្នេះ ទ្រង់ប្រាកដជាពង្រីកកិច្ចការរបស់ទ្រង់ ក្នុងចំណោមជាតិសាសន៍ដទៃ ក្នុងចំណោមប្រជាជាតិនីមួយៗ និងគ្រប់ដែនដីទាំងអស់។ ដោយសារព្រះជាម្ចាស់មានបន្ទូលបែបនេះ ទ្រង់ត្រូវតែធ្វើឱ្យបាន។ នេះគឺជាផែនការរបស់ទ្រង់ ដ្បិតទ្រង់ជាព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី និងអ្វីៗសព្វសារពើ ហើយជាព្រះជាម្ចាស់នៃភាវៈដែលព្រះបង្កើតទាំងអស់។ ទោះបីជាទ្រង់ធ្វើការក្នុងចំណោមជនជាតិអ៊ីស្រាអែលក្ដី ធ្វើការពេញស្រុកយូដាទាំងមូលក្ដី ក៏កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការនៃសកលលោកទាំងមូល និងជាកិច្ចការរបស់មនុស្សលោកទាំងអស់។ កិច្ចការដែលទ្រង់ធ្វើនាពេលសព្វថ្ងៃនេះ នៅក្នុងប្រទេសនាគដ៏ធំមានសម្បុរក្រហម គឺនៅក្នុងជាតិសាសន៍ដទៃមួយ ក៏នៅតែជាកិច្ចការរបស់មនុស្សលោកទាំងមូលដែរ។ អ៊ីស្រាអែលអាចជាមូលដ្ឋានសម្រាប់កិច្ចការរបស់ទ្រង់ នៅលើផែនដី។ ដូចគ្នាដែរ ប្រទេសចិនក៏អាចជាមូលដ្ឋានសម្រាប់កិច្ចការរបស់ទ្រង់ក្នុងចំណោមជាតិសាសន៍ដទៃដែរ។ ពេលនេះ តើទ្រង់មិនបានសម្រេចទំនាយថា៖ «ព្រះនាមរបស់ព្រះយេហូវ៉ានឹងត្រូវជានាមដ៏អស្ចារ្យក្នុងចំណោមជាតិសាសន៍ដទៃ» ទេ មែនទេ? ជំហានដំបូងនៃកិច្ចការរបស់ទ្រង់ក្នុងចំណោមជាតិសាសន៍ដទៃ គឺកិច្ចការនេះ ហើយជាកិច្ចការដែលទ្រង់បានធ្វើនៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម។ ព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាមដែលគួរតែធ្វើការនៅក្នុងទឹកដីនេះ និងធ្វើការក្នុងចំណោមមនុស្សដែលត្រូវបណ្ដាសាទាំងនេះ មានលក្ខណៈខុសស្រឡះពីសញ្ញាណរបស់មនុស្ស ពួកគេជាមនុស្សតូចទាបបំផុតក្នុងចំណោមមនុស្សទាំងអស់ ពួកគេគ្មានតម្លៃទាល់តែសោះ ហើយពួកគេត្រូវបានព្រះយេហូវ៉ាបោះបង់ចោលតាំងពីដំបូង។ មនុស្សអាចត្រូវបានមនុស្សផងគ្នាបោះបង់ចោល ប៉ុន្តែប្រសិនបើពួកគេត្រូវបានព្រះជាម្ចាស់បោះបង់ចោល នោះពុំមាននរណាម្នាក់មានឋានៈទាបជាងគេទៀតឡើយ គ្មាននរណាម្នាក់មានតម្លៃទាបជាងពួកគេទៀតឡើយ។ សម្រាប់ភាវៈដែលព្រះបានបង្កើត ការដែលត្រូវសាតាំងសណ្ឋិត ឬត្រូវមនុស្សផងគ្នាបោះបង់ចោល គឺជារឿងដែលធ្វើឱ្យគេមានអារម្មណ៍ឈឺចាប់ខ្លាំង ប៉ុន្តែសម្រាប់ភាវៈដែលព្រះបានបង្កើតដែលត្រូវព្រះអាទិករបោះបង់ចោល មានន័យថាពួកគេមិនអាចរកឋានៈណាដែលទាបជាងនេះបានទេ។ ពូជពង្សរបស់ម៉ូអាប់ត្រូវបណ្តាសា ហើយពួកគេក៏បានទៅកើតក្នុងប្រទេសអន់ថយនេះ។ ក្នុងចំណោមមនុស្សទាំងអស់ដែលស្ថិតក្រោមឥទ្ធិពលនៃភាពងងឹត ប្រាកដណាស់ ពូជពង្សរបស់ម៉ូអាប់មានឋានៈទាបជាងគេបំផុត។ ដោយសារមនុស្សទាំងនេះមានឋានៈទាបជាងគេបំផុតតាំងតែពីមុនមក នោះកិច្ចការដែលធ្វើទៅលើពួកគេអាចបំផ្លាញសញ្ញាណរបស់មនុស្សយ៉ាងប្រសើរបំផុត ហើយវាក៏ជាកិច្ចការដែលមានអត្ថប្រយោជន៍ច្រើនបំផុតសម្រាប់ផែនការទាំងមូលនៃការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ដែរ។ ការធ្វើកិច្ចការបែបនេះក្នុងចំណោមជនទាំងនេះ គឺជាវិធីដ៏ល្អបំផុតក្នុងការបំផ្លាញសញ្ញាណរបស់មនុស្ស ហើយព្រះជាម្ចាស់ក៏ចាប់ផ្តើមសករាជមួយដោយប្រើវិធីនេះ។ ទ្រង់បំផ្លាញសញ្ញាណទាំងអស់របស់មនុស្សដោយវិធីនេះ។ ហើយទ្រង់ក៏បញ្ចប់កិច្ចការក្នុងយុគសម័យនៃព្រះគុណទាំងមូលដោយវិធីនេះដែរ។ កិច្ចការដំបូងរបស់ទ្រង់ ត្រូវបានអនុវត្តនៅស្រុកយូដាក្នុងដែនដីនៃប្រទេសអ៊ីស្រាអែល។ ទ្រង់មិនបានធ្វើកិច្ចការណាមួយ ដើម្បីចាប់ផ្តើមសករាជថ្មីក្នុងចំណោមសាសន៍ដទៃឡើយ។ ដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ មិនត្រឹមតែត្រូវបានអនុវត្តក្នុងចំណោមជាតិសាសន៍ដទៃប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានអនុវត្តកាន់តែច្រើន ក្នុងចំណោមមនុស្សដែលត្រូវបណ្តាសាផងដែរ។ ចំណុចមួយនេះ គឺជាភស្ដុតាងដែលអាចបន្ថោកបន្ទាបសាតាំងបានខ្លាំងបំផុត ហើយដូច្នេះព្រះជាម្ចាស់ក៏ «ក្លាយជា» ព្រះជាម្ចាស់នៃភាវៈទាំងអស់ដែលព្រះបានបង្កើតនៅក្នុងសកលលោក ជាម្ចាស់នៃអ្វីៗទាំងអស់ ជាកម្មវត្ថុនៃការថ្វាយបង្គំ សម្រាប់អ្វីៗទាំងអស់ដែលមានជីវិត។

សព្វថ្ងៃនេះ នៅតែមានមនុស្សដែលនៅតែមិនយល់ពីកិច្ចការថ្មីដែលព្រះជាម្ចាស់បានចាប់ផ្តើមនៅឡើយ។ ព្រះជាម្ចាស់បានបើកការចាប់ផ្ដើមថ្មីក្នុងចំណោមសាសន៍ដទៃ។ ទ្រង់បានចាប់ផ្តើមសករាជថ្មី ហើយបានចាប់ផ្តើមកិច្ចការថ្មី ហើយទ្រង់បំពេញកិច្ចការនេះលើកូនចៅរបស់ម៉ូអាប់។ តើនេះមិនមែនជាកិច្ចការថ្មីបំផុតរបស់ទ្រង់ទេឬអី? នៅក្នុងប្រវត្តិសាស្ត្រទាំងមូល គ្មាននរណាម្នាក់ធ្លាប់មានបទពិសោធអំពីកិច្ចការនេះពីមុនមកទេ។ គ្មានអ្នកណាម្នាក់ធ្លាប់បានឮអំពីរឿងនេះទេ ហើយរឹតតែមិនឱ្យតម្លៃចំពោះកិច្ចការនេះ។ ប្រាជ្ញាញាណ ភាពអស្ចារ្យ ភាពមិនអាចយល់បាន ភាពមហិមា និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ សុទ្ធតែត្រូវបានបង្ហាញតាមរយៈដំណាក់កាលនៃកិច្ចការនេះ គឺជាកិច្ចការនៃគ្រាចុងក្រោយ។ តើនេះមិនមែនជាកិច្ចការថ្មី កិច្ចការដែលកម្ចាត់កម្ចាយសញ្ញាណរបស់មនុស្សទេឬអី? ក៏មានមនុស្សដែលគិតយ៉ាងដូច្នេះថា «ដោយសារព្រះជាម្ចាស់បានដាក់បណ្ដាសាពួកម៉ូអាប់ និងបានមានបន្ទូលថា ទ្រង់នឹងបោះបង់កូនចៅម៉ូអាប់ តើពេលនេះទ្រង់អាចសង្គ្រោះពួកគេដូចម្ដេចបាន?» មនុស្សទាំងអស់នេះ គឺជាសាសន៍ដទៃដែលត្រូវបណ្ដាសាពីព្រះជាម្ចាស់ និងត្រូវបណ្ដេញចេញពីអ៊ីស្រាអែល។ សាសន៍អ៊ីស្រាអែលហៅពួកគេថា «សុនខសាសន៍ដទៃ»។ នៅក្នុងទស្សនៈរបស់មនុស្សគ្រប់គ្នា ពួកគេមិនគ្រាន់តែជាសុនខសាសន៍ដទៃប៉ុណ្ណោះទេ តែគេអាក្រក់ជាងសុនខទៅទៀត គឺកូននៃសេចក្ដីហិនវិនាស មានន័យថា ពួកគេមិនមែនជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នោះឡើយ។ ពួកគេប្រហែលជាកើតនៅក្នុងទឹកដីអ៊ីស្រាអែល ក៏ប៉ុន្តែពួកគេមិនមែនជាសាសន៍អ៊ីស្រាអែលទេ ហើយត្រូវបណ្ដេញឱ្យទៅក្នុងចំណោមសាសន៍ដទៃផង។ ពួកគេ គឺជាមនុស្សតូចទាបជាងគេក្នុងចំណោមមនុស្សទាំងអស់។ ប្រាកដណាស់ ដោយសារតែពួកគេជាមនុស្សតូចទាបជាងគេនៅក្នុងចំណោមមនុស្សដែលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់អំពីការចាប់ផ្ដើមយុគសម័យថ្មីនៅក្នុងចំណោមពួកគេ ដ្បិតពួកគេជាតំណាងមនុស្សពុករលួយ។ កិច្ចការរបស់ព្រះជាម្ចាស់សម្រិតសម្រាំង និងមានគោលដៅច្បាស់លាស់ណាស់។ កិច្ចការដែលទ្រង់ធ្វើនៅក្នុងមនុស្សទាំងនេះនៅថ្ងៃនេះ ក៏ជាកិច្ចការដែលត្រូវបានធ្វើចំពោះភាវៈដែលព្រះបានបង្កើតដែរ។ ណូអេ គឺជាភាវៈដែលព្រះបង្កើត ចំណែកឯកូនចៅរបស់គាត់ក៏ដូច្នោះដែរ។ ក្នុងពិភពលោកនេះ នរណាក៏ដោយដែលមានសាច់មានឈាម គឺសុទ្ធតែជាភាវៈដែលព្រះបានបង្កើតមក។ កិច្ចការរបស់ព្រះជាម្ចាស់មានទិសដៅសម្រាប់ភាវៈដែលព្រះបានបង្កើតមក មិនមែនផ្អែកលើមនុស្សដែលត្រូវបណ្ដាសា ឬក៏មិនត្រូវបណ្ដាសា បន្ទាប់ពីពួកគេត្រូវបានបង្កើតមកនោះទេ។ កិច្ចការគ្រប់គ្រងរបស់ទ្រង់មានទិសដៅសម្រាប់ភាវៈដែលព្រះបានបង្កើតមកទាំងអស់ មិនមែនសម្រាប់តែមនុស្សជ្រើសរើសដែលមិនត្រូវបណ្ដាសានោះទេ។ ដោយសារព្រះជាម្ចាស់ចង់អនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមភាវៈដែលព្រះបង្កើតនោះ ទ្រង់ច្បាស់ជានឹងអនុវត្តកិច្ចការនេះឱ្យសម្រេចដោយជោគជ័យ ហើយទ្រង់នឹងធ្វើការក្នុងចំណោមមនុស្សដែលមានប្រយោជន៍ដល់កិច្ចការរបស់ទ្រង់។ ដូច្នេះ ទ្រង់បំផ្លាញបទបញ្ញត្តិទាំងអស់ នៅពេលដែលកិច្ចការរបស់ទ្រង់ក្នុងចំណោមមនុស្ស។ ចំពោះព្រះអង្គ ពាក្យថា «ត្រូវបណ្ដាសា» «ត្រូវវាយផ្ចាល» និង «ត្រូវប្រទានពរ» មិនមានន័យចំពោះទ្រង់ទេ! ជនជាតិយូដា គឺជាមនុស្សល្អ ចំណែកឯជនជាតិអ៊ីស្រាអែលដែលជារាស្ត្ររើសតាំង ក៏ជាមនុស្សល្អដែរ។ ពួកគេគឺជាមនុស្សដែលមានគុណសម្បត្តិល្អ និងមានភាពជាមនុស្ស។ កាលពីដំបូង ព្រះយេហូវ៉ាបានចាប់ផ្តើមកិច្ចការរបស់ទ្រង់ ហើយនិងបានបំពេញកិច្ចការដំបូងបំផុតរបស់ទ្រង់ក្នុងចំណោមពួកគេ ប៉ុន្តែការអនុវត្តកិច្ចការយកឈ្នះលើពួកគេនាបច្ចុប្បន្ននេះ គឺគ្មានន័យទេ។ ពួកគេក៏អាចជាផ្នែកមួយនៃភាវៈដែលព្រះបានបង្កើតនេះដែរ ហើយអាចមានរឿងរ៉ាវវិជ្ជមានអំពីពួកគេជាច្រើនទៀត ប៉ុន្តែការអនុវត្តដំណាក់កាលនៃកិច្ចការនេះក្នុងចំណោមពួកគេ គ្មានប្រយោជន៍ឡើយ។ ព្រះជាម្ចាស់នឹងមិនអាចយកឈ្នះមនុស្សបានទេ ហើយព្រះអង្គក៏នឹងមិនអាចបញ្ចុះបញ្ចូលភាវៈដែលព្រះបានបង្កើតទាំងអស់ឱ្យជឿបានដែរ ដែលជាអត្ថន័យនៃការបង្វែរកិច្ចការរបស់ទ្រង់ មករកប្រជាជននៃប្រទេសនាគដ៏ធំមានសម្បុរក្រហមនេះ។ សារៈសំខាន់ដ៏វិសេសវិសាលនេះ គឺជាការចាប់ផ្តើមសករាជមួយរបស់ទ្រង់ ជាការដែលទ្រង់បំផ្លាញបទប្បញ្ញត្តិ និងសញ្ញាណទាំងអស់របស់មនុស្ស ព្រមទាំងការបញ្ចប់កិច្ចការយុគសម័យនៃព្រះគុណទាំងមូលរបស់ទ្រង់។ ប្រសិនបើកិច្ចការបច្ចុប្បន្នរបស់ទ្រង់ត្រូវបានអនុវត្តក្នុងចំណោមប្រជាជនអ៊ីស្រាអែលនោះ លុះដល់ពេលដែលផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ដល់ទីបញ្ចប់ មនុស្សគ្រប់គ្នានឹងជឿថាព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលតែមួយប៉ុណ្ណោះ មានតែប្រជាជនអ៊ីស្រាអែលមួយប៉ុណ្ណោះ គឺជាមនុស្សដែលព្រះជាម្ចាស់បានជ្រើសរើស មានតែជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះ ដែលសមនឹងទទួលព្រះពរ និងការសន្យារបស់ព្រះជាម្ចាស់ជាមរតក។ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ នៅក្នុងសាសន៍ដទៃនៃប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហម សម្រេចបាននូវកិច្ចការក្លាយជាព្រះជាម្ចាស់នៃភាវៈដែលព្រះបានបង្កើតមកទាំងអស់។ ទ្រង់បញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ទាំងអស់បានពេញលេញ និងបញ្ចប់កិច្ចការស្នូលរបស់ព្រះអង្គនៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម។ ចំណុចស្នូលដ៏សំខាន់នៃកិច្ចការទាំងបីដំណាក់កាលនេះ គឺការសង្គ្រោះមនុស្សលោក ពោលគឺការធ្វើឱ្យភាវៈដែលព្រះបង្កើតមកទាំងអស់ ថ្វាយបង្គំព្រះអាទិករ។ ដូច្នេះ មានអត្ថន័យដ៏ជ្រាលជ្រៅណាស់សម្រាប់ដំណាក់កាលនៃកិច្ចការនីមួយៗ។ ព្រះជាម្ចាស់មិនធ្វើអ្វីដែលគ្មានន័យ ឬគ្មានតម្លៃទេ។ ម្យ៉ាងទៀត ដំណាក់កាលនៃកិច្ចការនេះ គឺជាការចាប់ផ្តើមសករាជថ្មី និងបញ្ចប់សករាជមុនចំនួនពីរ។ ម៉្យាងវិញទៀត កិច្ចការនេះបំផ្លាញចោលនូវសញ្ញាណរបស់មនុស្ស និងរបៀបរបបនៃជំនឿ និងចំណេះដឹងចាស់គំរឹលទាំងអស់របស់មនុស្ស។ កិច្ចការនៃយុគសម័យមុនចំនួនពីរ ត្រូវបានអនុវត្តស្របទៅតាមសញ្ញាណខុសៗគ្នារបស់មនុស្ស។ ប៉ុន្តែដំណាក់កាលនេះ ផាត់ចោលទាំងស្រុងនូវសញ្ញាណរបស់មនុស្ស ហើយដោយហេតុនេះ ក៏បានជាការយកឈ្នះមនុស្សលោកទាំងស្រុង។ ព្រះជាម្ចាស់នឹងយកឈ្នះមនុស្សទាំងអស់លើសាកលលោកទាំងមូល តាមរយៈការយកឈ្នះពូជពង្សរបស់ម៉ូអាប់ និងតាមរយៈកិច្ចការដែលព្រះជាម្ចាស់បានអនុវត្ត ក្នុងចំណោមពូជពង្សម៉ូអាប់។ នេះគឺជាសារៈសំខាន់ដ៏ជ្រាលជ្រៅបំផុតនៃកិច្ចការរបស់ព្រះជាម្ចាស់នៅដំណាក់កាលនេះ ហើយវាគឺជាចំណែកដ៏មានតម្លៃបំផុតនៃកិច្ចការរបស់ទ្រង់ ក្នុងដំណាក់កាលនេះ ទោះបីជានៅពេលនេះអ្នកដឹងថា ឋានៈរបស់អ្នកតូចទាប ហើយអ្នកមានតម្លៃតិចតួចក៏ដោយ ក៏អ្នកនៅតែមានអារម្មណ៍ថា អ្នកបានជួបរឿងរីករាយបំផុត៖ អ្នកបានទទួលព្រះពរដ៏ប្រសើរទុកជាមរតក ទទួលបានការសន្យាដ៏ប្រសើរ ហើយអ្នកអាចជួយសម្រេចនូវកិច្ចការដ៏វិសេសវិសាលមួយនេះរបស់ព្រះជាម្ចាស់បាន។ អ្នកបានឃើញនូវព្រះភក្ត្រពិតរបស់ព្រះជាម្ចាស់ អ្នកស្គាល់និស្ស័យដើមរបស់ព្រះជាម្ចាស់ ហើយអ្នកដើរតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពីរដំណាក់កាលមុននៃកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តនៅអ៊ីស្រាអែល។ បើដំណាក់កាលនៃកិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយនេះ ក៏ត្រូវបានអនុវត្តនៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទៀត នោះភាវៈដែលព្រះបានបង្កើតទាំងអស់ មិនត្រឹមតែជឿថាមានតែជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះទើបជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នោះទេ ប៉ុន្តែផែនការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ នឹងមិនសម្រេចនូវលទ្ធផលដូចដែលទ្រង់ចង់បាននោះឡើយ។ ក្នុងអំឡុងពេលដែលដំណាក់កាលពីរនៃកិច្ចការរបស់ទ្រង់ ត្រូវបានអនុវត្តនៅក្នុងប្រទេសអ៊ីស្រាអែល គ្មានកិច្ចការថ្មី ឬកិច្ចការនៃការបើកសករាជថ្មី ត្រូវបានអនុវត្តក្នុងចំណោមជាតិសាសន៍ដទៃឡើយ។ ដំណាក់កាលនៃកិច្ចការបច្ចុប្បន្ន ពោលគឺកិច្ចការនៃការចាប់ផ្តើមសករាជថ្មី ត្រូវបានអនុវត្តដំបូងក្នុងចំណោមជាតិសាសន៍ដទៃ ហើយលើសពីនេះទៀត ត្រូវបានអនុវត្តក្នុងចំណោមពូជពង្សរបស់ម៉ូអាប់ពីដំបូងនេះ ហើយជាការចាប់ផ្តើមនៃសករាជនេះទាំងមូល។ ព្រះជាម្ចាស់បានបំផ្លាញចំណេះដឹងដែលមាននៅក្នុងសញ្ញាណរបស់មនុស្ស មិនឱ្យនៅសេសសល់ឡើយ។ នៅក្នុងកិច្ចការនៃការយកឈ្នះរបស់ទ្រង់ ព្រះជាម្ចាស់បានបំផ្លាញសញ្ញាណរបស់មនុស្ស ដែលជារបៀបរបបចាស់បុរាណនៃចំណេះដឹងរបស់មនុស្សពីដើម។ ទ្រង់អនុញ្ញាតឱ្យមនុស្សឃើញថា នៅក្នុងព្រះជាម្ចាស់គ្មានបទប្បញ្ញត្តិទេ ឃើញថាគ្មានអ្វីចាស់គំរឹលអំពីព្រះជាម្ចាស់ ឃើញថាកិច្ចការដែលទ្រង់ធ្វើគឺគ្មានគំនាបទាំងស្រុង មានសេរីភាពពេញទី ហើយឃើញថាទ្រង់ត្រឹមត្រូវក្នុងគ្រប់សព្វសារពើដែលទ្រង់ធ្វើ។ អ្នកត្រូវតែចុះចូលចំពោះកិច្ចការដែលទ្រង់ធ្វើ នៅក្នុងចំណោមភាវៈដែលព្រះបង្កើតមកទាំងអស់ឱ្យបានពេញលេញ។ កិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើ មានអត្ថន័យ ហើយត្រូវបានអនុវត្តស្របតាមបំណងព្រះហឫទ័យ និងប្រាជ្ញាញាណរបស់ទ្រង់ផ្ទាល់ ហើយមិនអនុលោមតាមការសម្រេចចិត្ត និងសញ្ញាណរបស់មនុស្សឡើយ។ ប្រសិនបើមានអ្វីមួយដែលមានប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ទ្រង់នឹងធ្វើកិច្ចការនោះ ហើយប្រសិនបើមានអ្វីមួយមិនមានប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ នោះទ្រង់មិនធ្វើទេ មិនថាកិច្ចការល្អយ៉ាងណាទេ! ទ្រង់ធ្វើការ និងជ្រើសរើសអ្នកទទួល និងជ្រើសរើសទីតាំងនៃកិច្ចការរបស់ទ្រង់ ស្របតាមអត្ថន័យ និងគោលបំណងនៃកិច្ចការរបស់ទ្រង់។ ទ្រង់មិនប្រកាន់តាមច្បាប់បុរាណឡើយ នៅពេលដែលទ្រង់ធ្វើការ ហើយទ្រង់ក៏មិនធ្វើតាមរូបមន្តចាស់ដែរ។ ផ្ទុយទៅវិញ ទ្រង់រៀបផែនការនៃកិច្ចការរបស់ទ្រង់យោងទៅតាមសារៈសំខាន់នៃកិច្ចការនោះ។ នៅទីបំផុត ទ្រង់នឹងទទួលបានប្រសិទ្ធភាពពិតប្រាកដ និងសម្រេចគោលដៅដែលបានរំពឹងទុក។ ប្រសិនបើអ្នកមិនយល់ពីកិច្ចការទាំងនេះនៅថ្ងៃនេះទេ កិច្ចការនេះនឹងមិនមានឥទ្ធិពលលើអ្នកឡើយ។

(ដកស្រង់ពី «ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១)

កិច្ចការរបស់ព្រះយេហូវ៉ា គឺជាការបង្កើតពិភពលោកនេះ ដែលវាគឺជាការចាប់ផ្ដើមដំបូង។ ដំណាក់កាលនៃកិច្ចការនេះ គឺជាចុងបញ្ចប់នៃកិច្ចការ ហើយវាក៏ជាការបិទបញ្ចប់ដែរ។ កាលពីដើមដំបូង កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តក្នុងចំណោមរាស្រ្តរើសតាំងនៃស្រុកអ៊ីស្រាអែល ហើយវាគឺជាការចាប់ផ្ដើមនៃយុគសម័យថ្មីមួយនៅកន្លែងដែលបរិសុទ្ធបំផុតនៃគ្រប់ទីកន្លែង។ ដំណាក់កាលចុងក្រោយនៃកិច្ចការនេះ គឺត្រូវធ្វើឡើងនៅក្នុងប្រទេសដែលមិនបរិសុទ្ធជាងគេបំផុតក្នុងចំណោមប្រទេសទាំងអស់ ដើម្បីជំនុំជម្រះលោកិយនេះ និងនាំយុគសម័យនេះទៅដល់ទីចុងបញ្ចប់។ នៅក្នុងដំណាក់កាលដំបូង កិច្ចការរបស់ព្រះជាម្ចាស់ត្រូវធ្វើឡើងនៅកន្លែងដែលមានពន្លឺខ្លាំងបំផុត ហើយដំណាក់កាលចុងក្រោយត្រូវអនុវត្តនៅក្នុងកន្លែងងងឹតបំផុត ហើយភាពងងឹតនេះនឹងត្រូវបណ្ដេញចេញ រួចពន្លឺនឹងមកជំនួសវិញ ហើយមនុស្សទាំងអស់នឹងត្រូវបានយកឈ្នះ។ នៅពេលដែលមនុស្សនៅកន្លែងមិនបរិសុទ្ធ និងងងឹតជាងគេបំផុត ត្រូវបានយកឈ្នះ ហើយប្រជាជនទាំងអស់បានទទួលស្គាល់ថា មានព្រះជាម្ចាស់មួយអង្គ ដែលជាព្រះដ៏ពិត ហើយមនុស្សគ្រប់គ្នាបានជឿជាក់ទាំងស្រុង នោះការពិតនេះនឹងត្រូវប្រើដើម្បីអនុវត្តកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល។ ដំណាក់កាលនៃកិច្ចការនេះ គឺជានិមិត្តសញ្ញា៖ នៅពេលដែលកិច្ចការនៃយុគសម័យនេះត្រូវបានបញ្ចប់ នោះកិច្ចការនៃការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះនឹងត្រូវចូលមកដល់ទីបញ្ចប់ទាំងស្រុង។ នៅពេលអស់អ្នកដែលស្ថិតនៅក្នុងកន្លែងងងឹតជាងគេបំផុតត្រូវបានយកឈ្នះ នោះច្បាស់ណាស់ថា គ្រប់កន្លែងដទៃផ្សេងទៀតក៏នឹងត្រូវបានយកឈ្នះដែរ។ ហេតុដូច្នេះ មានតែកិច្ចការនៃការយកឈ្នះនៅក្នុងប្រទេសចិនប៉ុណ្ណោះ ដែលមាននិមិត្តសញ្ញាដ៏មានអត្ថន័យខ្លឹមសារ។ ប្រទេសចិនតំណាងឱ្យគ្រប់កម្លាំងនៃសេចក្ដីងងឹត ហើយប្រជាជនចិនតំណាងឱ្យអស់អ្នកដែលនៅខាងសាច់ឈាម នៅខាងសាតាំង និងខាងសាច់ និងឈាម។ គឺជនជាតិចិននេះហើយដែលត្រូវបាននាគដ៏ធំមានសម្បុរក្រហមធ្វើឱ្យពុករលួយយ៉ាងខ្លាំង ជាអ្នកដែលមានការទទឹងទាស់នឹងព្រះជាម្ចាស់ខ្លាំងជាងគេបំផុត ហើយភាពជាមនុស្សរបស់ពួកគេ គឺថោកទាប និងមិនបរិសុទ្ធឡើយ ដូច្នេះហើយ ពួកគេគឺជាប្រភេទគំរូនៃភាពជាមនុស្សដែលពុករលួយទាំងអស់។ នេះមិនមែនចង់និយាយថា ប្រទេសដទៃទៀតគ្មានបញ្ហាអ្វីនោះទេ។ សញ្ញាណរបស់មនុស្ស គឺសុទ្ធតែដូចគ្នាទាំងអស់ ហើយបើទោះបីជាប្រជាជននៃប្រទេសទាំងអស់នោះ អាចមានគុណសម្បត្តិល្អក្ដី ប្រសិនបើពួកគេមិនស្គាល់ព្រះជាម្ចាស់ទេ នោះច្បាស់ជាដោយសារតែពួកគេទាស់ទទឹងនឹងទ្រង់ហើយ។ តើហេតុអ្វីបានជាសាសន៍យូដាក៏ទាស់ទទឹង និងបះបោរប្រឆាំងនឹងព្រះជាម្ចាស់ដែរនោះ? តើហេតុអ្វីបានជាពួកផារិស៊ីក៏ទទឹងទាស់នឹងទ្រង់ដែរនោះ? តើហេតុអ្វីបានជាយូដាសក្បត់ព្រះយេស៊ូវដែរ? នៅពេលនោះ សិស្សជាច្រើនមិនបានស្គាល់ព្រះយេស៊ូវឡើយ។ បន្ទាប់ពីព្រះយេស៊ូវត្រូវបានគេឆ្កាង និងមានព្រះជន្មរស់ឡើងវិញ តើមូលហេតុអ្វីបានជាមនុស្សនៅតែមិនជឿលើទ្រង់ដដែល? តើការបះបោរប្រឆាំងរបស់មនុស្ស មិនសុទ្ធតែដូចគ្នាទេឬអី? គឺគ្រាន់តែថា ប្រជាជនចិនត្រូវបានធ្វើជាឧទាហរណ៍អំពីការយកឈ្នះប៉ុណ្ណោះ ហើយនៅពេលដែលពួកគេត្រូវបានយកឈ្នះ ពួកគេនឹងក្លាយជាពុម្ព និងជាគំរូ ហើយនឹងក្លាយជាទីសម្អាងសម្រាប់អ្នកដទៃ។ តើហេតុអ្វីបានជាខ្ញុំតែងតែមានព្រះបន្ទូលថា អ្នករាល់គ្នាគឺជាមនុស្សបន្ទាប់បន្សំនៅក្នុងផែនការនៃការគ្រប់គ្រងរបស់ខ្ញុំ? គឺប្រជាជនចិននេះហើយដែលបើកបង្ហាញអំពីសេចក្ដីពុករលួយ ភាពមិនបរិសុទ្ធ ភាពទុច្ចរិត ការទាស់ទទឹង និងការបះបោរទាំងស្រុង និងបើកសម្ដែងឱ្យឃើញនៅក្នុងទម្រង់ខុសៗគ្នា។ ចំណុចម្ខាង ពួកគេមានលក្ខណៈសម្បត្តិអន់ខ្សោយ ហើយចំណុចម្ខាងទៀត ជីវិត និងផ្នត់គំនិតរបស់ពួកគេគឺអន់ខ្សោយ ហើយទម្លាប់ មជ្ឈដ្ឋាន គ្រួសារកំណើតរបស់ពួកគេ គ្រប់សព្វបែបយ៉ាងទាំងអស់ គឺសុទ្ធតែអន់ខ្សោយខ្លាំងណាស់ និងអន់ថយជាងគេបំផុត។ ឋានៈរបស់ពួកគេក៏តូចទាបខ្លាំងណាស់ដែរ។ កិច្ចការនៅក្នុងកន្លែងនេះ គឺជានិមិត្តសញ្ញា ហើយបន្ទាប់ពីការសាកល្បងនេះត្រូវបានអនុវត្តចប់ទាំងស្រុង នោះកិច្ចការបន្ទាប់របស់ព្រះជាម្ចាស់នឹងកាន់តែងាយស្រួលជាងនេះ។ ប្រសិនបើដំណាក់កាលនៃកិច្ចការនេះអាចបញ្ចប់ទៅបាន នោះកិច្ចការបន្ទាប់ក៏នឹងអាចបញ្ចប់ទៅបានដូចគ្នាដែរ។ នៅពេលដែលដំណាក់កាលនៃកិច្ចការនេះត្រូវបានបញ្ចប់ នោះជោគជ័យដ៏អស្ចារ្យនឹងត្រូវសម្រេចបានដោយពេញលេញ ហើយកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល នឹងឈានចូលដល់ទីបញ្ចប់។ តាមពិតទៅ នៅពេលដែលកិច្ចការក្នុងចំណោមអ្នករាល់គ្នាសម្រេចបានជោគជ័យ នោះកិច្ចការនេះ គឺមិនខុសអ្វីពីជោគជ័យនៅទូទាំងសាកលលោកទាំងមូលឡើយ។ នេះគឺជាសារៈសំខាន់នៃមូលហេតុដែលខ្ញុំឱ្យអ្នករាល់គ្នាធ្វើជាពុម្ព និងជាគំរូ។ ការបះបោរ ការទាស់ទទឹង ភាពមិនបរិសុទ្ធ សេចក្ដីទុច្ចរិត ទាំងអស់នេះសុទ្ធតែមាននៅក្នុងខ្លួនមនុស្សទាំងអស់នេះ ហើយនៅក្នុងពួកគេ គឺសុទ្ធតែតំណាងឱ្យការបះបោររបស់មនុស្សជាតិ។ ពួកគេពិតជាអាក្រក់មែន។ ហេតុនេះ ពួកគេត្រូវបានចាត់ទុកជាគំរូល្អបំផុតនៃការយកឈ្នះ ហើយនៅពេលដែលពួកគេត្រូវបានយកឈ្នះរួចហើយ ពួកគេនឹងក្លាយជាពុម្ព និងជាគំរូសម្រាប់មនុស្សដទៃទៀតដោយឯកឯង។

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់បានយកមនុស្សក្រុមនេះជាចំណុចស្នូលនៃកិច្ចការរបស់ទ្រង់ក្នុងសកលលោកទាំងមូល។ ទ្រង់បានលះបង់ព្រះលោហិតទាំងអស់នៃដួងព្រះហឫទ័យរបស់ទ្រង់សម្រាប់អ្នករាល់គ្នា ហើយទ្រង់បានទាមទារមកវិញ និងបានប្រទានកិច្ចការរបស់ព្រះវិញ្ញាណដល់អ្នករាល់គ្នា នៅទូទាំងសាកលលោក។ ដូច្នេះហើយ អ្នករាល់គ្នាគឺជាមនុស្សដែលមានសំណាង។ លើសពីនេះទៅទៀត ទ្រង់បានបង្វែរសិរីល្អរបស់ទ្រង់ពីអ៊ីស្រាអែល ដែលជារាស្ដ្ររើសតាំងរបស់ទ្រង់ ទៅឱ្យអ្នករាល់គ្នា ហើយទ្រង់នឹងធ្វើឱ្យគោលបំណងនៃផែនការរបស់ទ្រង់ ស្ដែងចេញឱ្យឃើញយ៉ាងជាក់ច្បាស់តាមរយៈមនុស្សមួយក្រុមនេះ។ ដូច្នេះ អ្នករាល់គ្នាជាមនុស្សដែលនឹងទទួលបានមរតករបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត អ្នកគឺជាទាយាទនៃសិរីល្អរបស់ព្រះជាម្ចាស់។ ប្រហែលជាអ្នករាល់គ្នានឹកចាំអំពីពាក្យទាំងអស់នេះហើយថា៖ «ដ្បិតទុក្ខលំបាកដ៏ស្រាលរបស់យើង គឺតែមួយភ្លែតទេ តែវានឹងធ្វើឱ្យយើងមានសិរីរុងរឿងយ៉ាងច្រើនលើសលុប អស់កល្បជានិច្ច។» អ្នករាល់គ្នាធ្លាប់ស្ដាប់ឮពាក្យទាំងអស់នេះពីមុនមកហើយ ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់យល់ពីអត្ថន័យពិតប្រាកដនៃពាក្យទាំងនេះទេ។ ថ្ងៃនេះ អ្នករាល់គ្នាដឹងយ៉ាងច្បាស់អំពីសារៈសំខាន់ពិតប្រាកដនៃពាក្យទាំងនេះហើយ។ ពាក្យទាំងនេះ នឹងបានសម្រេចដោយព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយវានឹងបានសម្រេចនៅក្នុងអស់អ្នកដែលទទួលរងការបៀតបៀនយ៉ាងឃោរឃៅពីសំណាក់នាគដ៏ធំមានសម្បុរក្រហមនៅក្នុងទឹកដីដែលវាបានរុំព័ទ្ធជុំជិត។ នាគដ៏ធំមានសម្បុរក្រហមនេះបៀតបៀនព្រះជាម្ចាស់ និងជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ដូច្នេះហើយបានជាមនុស្សនៅក្នុងទឹកដីនេះ ត្រូវរងការអាម៉ាស់ និងការធ្វើទុក្ខបុកម្នេញដោយព្រោះការជឿលើព្រះជាម្ចាស់ ហើយជាលទ្ធផល ពាក្យទាំងនេះនឹងសម្រេចនៅក្នុងអ្នករាល់គ្នាដែលជាមនុស្សមួយក្រុមនេះ។ កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ត្រូវជួបឧបសគ្គធំៗជាច្រើន ហើយព្រះបន្ទូលរបស់ទ្រង់ជាច្រើន មិនអាចសម្រេចបានភ្លាមៗនោះទេដោយសារតែកិច្ចការនេះបានចាប់ផ្ដើមនៅក្នុងទឹកដីមួយដែលប្រឆាំងនឹងព្រះជាម្ចាស់។ ដូច្នេះ មនុស្សត្រូវបានបន្សុទ្ធដោយសារផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាផ្នែកមួយនៃការរងទុក្ខផងដែរ។ វាពិតជាពិបាកខ្លាំងណាស់សម្រាប់ព្រះជាម្ចាស់ ក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅក្នុងទឹកដីរបស់នាគដ៏ធំមានសម្បុរក្រហម ប៉ុន្ដែគឺតាមរយៈការលំបាកនេះហើយ ដែលព្រះជាម្ចាស់សម្រេចកិច្ចការរបស់ទ្រង់បានមួយដំណាក់កាល ដោយបង្ហាញឱ្យឃើញច្បាស់នូវព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់ ព្រមទាំងប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើឱ្យមនុស្សមួយក្រុមនេះបានពេញខ្នាត។ គឺតាមរយៈការរងទុក្ខរបស់មនុស្ស តាមរយៈគុណសម្បត្តិរបស់ពួកគេ និងតាមរយៈនិស្ស័យជាសាតាំងរបស់មនុស្សនៅក្នុងទឹកដីដ៏គួរឱ្យស្អប់ខ្ពើមនេះហើយ ដែលព្រះជាម្ចាស់ធ្វើកិច្ចការបន្សុទ្ធ និងការយកឈ្នះរបស់ទ្រង់ ប្រយោជន៍ឱ្យទ្រង់បានទទួលសិរីល្អតាមរយៈកិច្ចការនេះ និងដើម្បីឱ្យទ្រង់អាចទទួលបានអស់អ្នកដែលនឹងធ្វើបន្ទាល់ពីស្នាព្រះហស្តរបស់ទ្រង់។ នេះគឺជាចំណុចសំខាន់ទាំងស្រុងនៃការលះបង់ទាំងអស់ដែលព្រះជាម្ចាស់បានធ្វើសម្រាប់មនុស្សមួយក្រុមនេះ។ ពោលគឺតាមរយៈអ្នកដែលប្រឆាំងនឹងទ្រង់ទាំងអស់នោះហើយ ដែលព្រះជាម្ចាស់ធ្វើការយកឈ្នះ ហើយមានតែតាមរយៈការនេះប៉ុណ្ណោះ ដែលអំណាចចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់បានបង្ហាញឱ្យឃើញច្បាស់។ អាចនិយាយម្យ៉ាងទៀតបានថា មានតែអស់អ្នកដែលនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះប៉ុណ្ណោះ ដែលសមនឹងទទួលបានសិរីល្អរបស់ព្រះជាម្ចាស់ទុកជាមរតក ហើយមានតែការនេះប៉ុណ្ណោះ ដែលអាចរំលេចឱ្យឃើញនូវអំណាចចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះហើយ បានជាតាមរយៈទឹកដីដ៏កខ្វក់ និងតាមរយៈអស់អ្នកដែលរស់នៅក្នុងទឹកដីដ៏កខ្វក់នេះហើយ ដែលព្រះជាម្ចាស់បានទទួលសិរីល្អ។ នេះហើយជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ ក៏ដូចគ្នាដែរ៖ ទ្រង់អាចត្រឹមតែទទួលបានសិរីល្អតែពីក្នុងចំណោមពួកផារិស៊ីដែលបានបៀតបៀនទ្រង់ប៉ុណ្ណោះ។ ប្រសិនបើមិនមែនដោយសារការបៀតបៀនរបស់ពួកផារិស៊ី និងការក្បត់របស់យូដាសទេ ម្ល៉េះព្រះយេស៊ូវនឹងមិនត្រូវគេចំអក ឬក៏និយាយបង្ខូចបង្កាច់ ក៏រឹតតែមិនត្រូវគេឆ្កាង និងមិនអាចទទួលបានសិរីល្អដែរ។ កន្លែងណាដែលព្រះជាម្ចាស់ធ្វើការក្នុងសម័យកាលនីមួយៗ និងកន្លែងណាដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់ខាងសាច់ឈាម គឺជាកន្លែងដែលទ្រង់ទទួលបានសិរីល្អ និងជាកន្លែងដែលទ្រង់ទទួលបានអស់អ្នកដែលទ្រង់សព្វព្រះហឫទ័យចង់ទទួល។ នេះហើយជាផែនការនៃកិច្ចការរបស់ព្រះជាម្ចាស់ និងជាការគ្រប់គ្រងរបស់ទ្រង់។

នៅក្នុងផែនការរាប់ពាន់ឆ្នាំរបស់ព្រះជាម្ចាស់ មានកិច្ចការពីរផ្នែកដែលបានសម្រេចតាមរយៈសាច់ឈាម៖ ទីមួយ គឺកិច្ចការជាប់ឆ្កាង ដែលទ្រង់បានទទួលសិរីល្អ ហើយមួយទៀតគឺកិច្ចការនៃការយកឈ្នះ និងភាពគ្រប់លក្ខណ៍នៅគ្រាចុងក្រោយ ដែលទ្រង់ទទួលសិរីល្អ។ នេះហើយជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដូច្នេះ ចូរកុំចាត់ទុកថាកិច្ចការរបស់ព្រះជាម្ចាស់ ឬក៏បញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នា គឺជារឿងធម្មតានោះឡើយ។ អ្នករាល់គ្នា គឺជាទាយាទដែលត្រូវទទួលបានសិរីល្អដ៏លើសលប់ និងជាសិរីល្អដ៏នៅអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ ហើយឋានៈត្រូវបានតែងតាំងជាពិសេសដោយព្រះជាម្ចាស់។ ក្នុងចំណោមផ្នែកទាំងពីរនៃសិរីល្អរបស់ទ្រង់ គឺទីមួយបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅក្នុងអ្នករាល់គ្នា ហើយភាពពេញលេញនៃផ្នែកទីមួយនៃសិរីល្អរបស់ព្រះជាម្ចាស់នេះ បានប្រទានមកអ្នករាល់គ្នាទុកជាមរតក។ នេះជាការលើកតម្កើងរបស់ព្រះជាម្ចាស់ចំពោះអ្នក ហើយវាក៏ជាផែនការដែលទ្រង់បានកំណត់ទុកជាយូរមកហើយដែរ។ តាមភាពអស្ចារ្យនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងទឹកដីដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅ គឺច្បាស់ជាបានទទួលផ្លែផ្កាជាយូរមកហើយ ហើយមនុស្សក៏បានត្រៀមជាស្រេចដើម្បីនឹងទទួលយកដែរ ប្រសិនបើកិច្ចការនេះត្រូវបានផ្លាស់ទៅធ្វើនៅកន្លែងផ្សេង។ លើសពីនេះទៅទៀត កិច្ចការនេះនឹងកាន់តែងាយទទួលយកសម្រាប់បុព្វជិតទាំងអស់នៅភាគខាងលិចដែលជឿលើព្រះជាម្ចាស់ ព្រោះដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ ដើរតួជាគំរូមួយ។ នេះហើយជាមូលហេតុដែលព្រះជាម្ចាស់មិនអាចសម្រេចបាននូវដំណាក់កាលនៃការទទួលសិរីល្អនៅកន្លែងផ្សេងទៀត ដ្បិតសិរីល្អរបស់ព្រះជាម្ចាស់មិនអាចនៅទ្រឹងនៅពេលកិច្ចការនេះមានការគាំទ្រពីមនុស្ស និងត្រូវបានទទួលស្គាល់ពីជាតិសាសន៍នានានោះទេ។ ប្រាកដណាស់ នេះហើយជាចំណុចដ៏សំខាន់បំផុត ដែលធ្វើឱ្យកិច្ចការនៅដំណាក់កាលនេះ នៅទ្រឹងក្នុងទឹកដីនេះ។

(ដកស្រង់ពី «តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅតាមកន្លែងជាច្រើន ព្រះជាម្ចាស់បានថ្លែងទំនាយថា ទ្រង់នឹងទទួលយកអ្នកមានជ័យជម្នះមួយក្រុមនៅក្នុងស្រុកស៊ីនីម ដែលស្រុកនេះនៅទិសខាងកើតនៃពិភពលោកដែលអ្នកមានជ័យជន្នះនឹងត្រូវបានព្រះជាម្ចាស់ទទួលយក ដូច្នេះ កន្លែងដែលព្រះជាម្ចាស់ដាក់ព្រះបាទានៅក្នុងការយកកំណើតជាមនុស្សលើកទីពីររបស់ទ្រង់ គ្មានអ្វីគួរឱ្យសង្ស័យឡើយ គឺជាស្រុកស៊ីនីម ជាទីដ៏ប្រាកដដែលនាគដ៏ធំមានសម្បុរក្រហមស្ថិតនៅ។ នៅទីនោះ ព្រះជាម្ចាស់នឹងទទួលយកពូជពង្សរបស់នាគដ៏ធំមានសម្បុរក្រហម ដើម្បីឱ្យវាត្រូវបានចាញ់ និងអាម៉ាស់ទាំងស្រុង។ ព្រះជាម្ចាស់កំពុងតែដាស់មនុស្សទាំងនេះឡើង ជាអ្នកដែលរងទុក្ខវេទនាយ៉ាងខ្លាំង គឺដាស់ពួកគេឡើង រហូតដល់ពួកគេភ្ញាក់ឡើងដឹងស្មារតីទាំងស្រុង និងធ្វើឱ្យពួកគេដើរចេញពីផ្សែងដ៏អ័ព្ទអួរ ហើយបដិសេធនាគដ៏ធំមានសម្បុរក្រហមនោះ។ ពួកគេនឹងភ្ញាក់ពីសុបិនរបស់ខ្លួន ស្គាល់ពីធាតុពិតនៃនាគដ៏ធំមានសម្បុរក្រហមនោះ អាចថ្វាយដួងចិត្តរបស់គេទាំងស្រុងដល់ព្រះជាម្ចាស់ ក្រោកឡើងចេញពីការសង្កត់សង្កិននៃកម្លាំងដ៏ខ្មៅងងឹត ក្រោកឈរនៅក្នុងទិសខាងកើតនៃពិភពលោក ហើយក្លាយជាភស្តុតាងបញ្ជាក់អំពីជ័យជម្នះរបស់ព្រះជាម្ចាស់។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់នឹងទទួលបានសិរីល្អ។ ដោយសារតែហេតុផលមួយនេះ ព្រះជាម្ចាស់បាននាំយកកិច្ចការដែលបានបញ្ចប់នៅក្នុងស្រុកអ៊ីស្រាអែលមកកាន់ទឹកដីមួយជាទីដែលនាគដ៏ធំមានសម្បុរក្រហមស្ថិតនៅ ហើយរយៈពេលជិតពីរពាន់ឆ្នាំ ក្រោយពេលចាកចេញ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមម្ដងទៀត ដើម្បីបន្តកិច្ចការនៅយុគសម័យនៃព្រះគុណ។ ចំពោះភ្នែកទទេរបស់មនុស្ស ព្រះជាម្ចាស់កំពុងតែចាប់ផ្ដើមកិច្ចការថ្មីនៅក្នុងសាច់ឈាម។ ប៉ុន្តែ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់វិញ ទ្រង់កំពុងតែបន្តកិច្ចការនៅយុគសម័យនៃព្រះគុណ គ្រាន់តែក្រោយពេលសម្រាករយៈពេលពីរបីពាន់ឆ្នាំ ព្រមជាមួយការផ្លាស់ប្ដូរនៅក្នុងទីតាំង និងកម្មវិធីនៃកិច្ចការរបស់ទ្រង់។

(ដកស្រង់ពី «កិច្ចការ និងការចូល (៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មិនថាអ្នកជាជនជាតិអាមេរិក អង់គ្លេស ឬជាតិសាសន៍ដទៃនោះទេ អ្នកគប្បីដើរចេញពីរនាំងជាតិសាសន៍ផ្ទាល់ខ្លួនរបស់អ្នក ដោយទៅឱ្យផុតពីខ្លួនឯង និងគិតពីកិច្ចការរបស់ព្រះជាម្ចាស់តាមទីស្ថានរបស់ភាវៈដែលព្រះបានបង្កើតមក។ តាមរបៀបនេះ អ្នកនឹងមិនដាក់កំហិតចំពោះស្នាមព្រះបាទារបស់ព្រះជាម្ចាស់ឡើយ។ នេះគឺដោយសារបច្ចុប្បន្ននេះ មានមនុស្សជាច្រើនយល់ថាវាមិនអាចទៅរួចនោះទេ ដែលព្រះជាម្ចាស់នឹងលេចមកនៅក្នុងជាតិសាសន៍ណាមួយ ឬក្នុងចំណោមក្រុមមនុស្សណាមួយ។ កិច្ចការរបស់ព្រះជាម្ចាស់ ពិតជាមានអត្ថន័យជ្រាលជ្រៅ ហើយការលេចមករបស់ព្រះជាម្ចាស់ ពិតជាមានសារៈសំខាន់ណាស់! តើសញ្ញាណ និងគំនិតរបស់មនុស្សអាចធ្វើការវាស់ស្ទង់បានដោយរបៀបណា? ហេតុនេះហើយបានជាខ្ញុំមានបន្ទូលថា អ្នកគប្បីទម្លុះនូវសញ្ញាណជាតិសាសន៍ និងពូជសាសន៍ដើម្បីស្វែងរកការលេចមករបស់ព្រះជាម្ចាស់។ មានតែការធ្វើបែបនេះទេ ទើបអ្នកនឹងមិនត្រូវសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកដាក់កំហិត។ ហើយមានតែការធ្វើបែបនេះទេ ទើបអ្នកនឹងមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលស្វាគមន៍ការលេចមករបស់ព្រះជាម្ចាស់។ បើពុំដូច្នោះទេ អ្នកនឹងស្ថិតក្នុងភាពងងឹតជាដរាប និងមិនអាចទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ឡើយ។

ព្រះជាម្ចាស់ គឺជាព្រះនៃមនុស្សគ្រប់ជាតិសាសន៍ទាំងមូល។ ទ្រង់ពុំចាត់ទុកអង្គទ្រង់ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួននៃជាតិសាសន៍ ឬមនុស្សមួយក្រុមណាឡើយ ប៉ុន្តែទ្រង់ផ្តើមបំពេញកិច្ចការរបស់ទ្រង់ដូចដែលទ្រង់បានគ្រោងទុក ដោយពុំមានការបង្ខាំងដោយទម្រង់ណាមួយ ចំពោះសាសន៍ណាមួយ ឬចំពោះក្រុមមនុស្សណាមួយឡើយ។ ប្រហែលជាអាចមកពីអ្នកពុំធ្លាប់ស្រមៃដល់លក្ខណៈនេះ ឬមកពីអ្នកមានអាកប្បកិរិយាបដិសេធលក្ខណៈនេះ ឬមកពីប្រជាជាតិដែលព្រះជាម្ចាស់សម្ដែងអង្គទ្រង់ និងបណ្ដាមនុស្សដែលទ្រង់លេចមកក្នុងចំណោមពួកគេ ជាមនុស្សដែលគេគ្រប់គ្នារើសអើង ហើយជាមនុស្សដែលអន់ខ្សោយបំផុតនៅលើផែនដី។ តែព្រះជាម្ចាស់មានព្រះប្រាជ្ញាញាណរបស់ទ្រង់។ ព្រះអង្គពិតជាទទួលបានក្រុមមនុស្សដែលមានគំនិតដូចទ្រង់ ហើយជាក្រុមមនុស្សដែលទ្រង់ចង់កែច្នៃឱ្យបានបរិបូរ ជាក្រុមមនុស្សដែលទ្រង់បានយកឈ្នះដោយព្រះចេស្ដាដ៏មហិមា និងដោយសេចក្ដីពិត ព្រមទាំងនិស្ស័យដ៏អង់អាចរបស់ទ្រង់ ជាក្រុមមនុស្សដែលបានទ្រាំទ្រទុក្ខលំបាក សេចក្ដីវេទនា និងការបៀតបៀនគ្រប់យ៉ាង ហើយនៅតែអាចដើរតាមទ្រង់រហូតដល់ទីបញ្ចប់។ គោលបំណងនៃការលេចមករបស់ព្រះជាម្ចាស់ គឺដើម្បីឱ្យទ្រង់អាចបំពេញកិច្ចការរបស់ទ្រង់បានទៅតាមអ្វីដែលទ្រង់បានគ្រោងទុក ដោយពុំមានដាក់ដែនកំណត់ក្នុងលក្ខណៈណាមួយ ឬដោយសាសន៍ណាមួយឡើយ។ នេះគឺដូចកាលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមនៅស្រុកយូដាដែរ៖ គោលបំណងរបស់ទ្រង់ គឺដើម្បីបញ្ចប់កិច្ចការនៃការត្រូវឆ្កាងដើម្បីប្រោសលោះមនុស្សទាំងមូល។ ក៏ប៉ុន្តែសាសន៍យូដាបានជឿថា ព្រះជាម្ចាស់មិនអាចធ្វើរឿងបែបនេះបានទេ ហើយពួកគេបានគិតថា ព្រះជាម្ចាស់មិនអាចត្រលប់ជាសាច់ឈាម និងក្លាយជារូបអង្គនៃព្រះអម្ចាស់យេស៊ូវបានឡើយ។ គំនិត «មិនអាចទៅរួច» របស់ពួកគេ បានក្លាយជាមូលដ្ឋានដែលពួកគេថ្កោលទោស និងបដិសេធព្រះជាម្ចាស់ ហើយចុងក្រោយនាំទៅដល់ការបំផ្លិចបំផ្លាញស្រុកអ៊ីស្រាអែល។ សព្វថ្ងៃនេះ មនុស្សជាច្រើនបានប្រព្រឹត្តកំហុសស្រដៀងគ្នានេះដែរ។ ពួកគេប្រកាសប្រាប់ពីការលេចមករបស់ព្រះជាម្ចាស់ដែលនឹងជិតមកដល់ អស់ពីកម្លាំងរបស់ពួកគេ តែក្នុងពេលដំណាលគ្នានោះ គេបែរជាថ្កោលទោសចំពោះការលេចមករបស់ទ្រង់ទៅវិញ។ គំនិត «មិនអាចទៅរួច» របស់ពួកគេ ដាក់កំហិតម្ដងទៀតលើការលេចមករបស់ព្រះជាម្ចាស់នៅក្នុងព្រំដែននៃការស្រមើស្រមៃរបស់ពួកគេ។ ហេតុនេះ ខ្ញុំបានឃើញមនុស្សជាច្រើនផ្ទុះសំណើចក្អាកក្អាយ និងកងរំពង ក្រោយជួបព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចៃដន្យ។ ប៉ុន្តែតើសំណើចនេះខុសគ្នាពីការថ្កោលទោស និងការប្រមាថរបស់សាសន៍យូដាដែរទេ? អ្នករាល់គ្នាពុំមានការគោរពចំពោះវត្តមាននៃសេចក្តីពិតទេ ហើយអ្នកក៏មិនមានអាកប្បកិរិយាស្រេកឃ្លានសេចក្ដីពិតដែរ។ អ្វីទាំងអស់ដែលអ្នកធ្វើ គឺសិក្សាស្វែងយល់ដោយមិនរើសមុខ និងរង់ចាំដោយត្រេកអរ គ្មានការខ្វល់ខ្វាយសោះឡើយ។ តើអ្នកអាចទទួលបានអ្វីខ្លះ ពីការសិក្សាស្វែងយល់ និងការរង់ចាំបែបនេះ? តើអ្នកគិតថា អ្នកនឹងទទួលបានការដឹកនាំពីព្រះជាម្ចាស់ដោយផ្ទាល់ដែរឬទេ? ប្រសិនបើអ្នកមិនអាចយល់ពីសូរសៀងរបស់ព្រះជាម្ចាស់ តើអ្នកមានលក្ខណសម្បត្តិបែបណា ដើម្បីអាចធ្វើបន្ទាល់អំពីការលេចមករបស់ព្រះជាម្ចាស់បាន? នៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានការបើកសម្តែងអំពីសេចក្តីពិត ហើយនៅទីនោះមានសូរសៀងរបស់ព្រះជាម្ចាស់។ មានតែអ្នកដែលអាចទទួលយកនូវសេចក្តីពិតនេះប៉ុណ្ណោះដែលនឹងអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់បាន ហើយមានតែមនុស្សជំពូកនេះទេ ដែលមានលក្ខណសម្បត្តិធ្វើបន្ទាល់ពីការលេចមករបស់ព្រះជាម្ចាស់។ ត្រូវជម្រុះចោលនូវសញ្ញាណរបស់អ្នកចេញ! ចូររក្សាភាពស្ងប់ស្ងៀម និងអានព្រះបន្ទូលទាំងនេះដោយយកចិត្តទុកដាក់។ បើអ្នកចង់ឃើញសេចក្តីពិត នោះព្រះជាម្ចាស់នឹងបំភ្លឺអ្នក ហើយអ្នកនឹងយល់ពីបំណងព្រះហឫទ័យ និងព្រះបន្ទូលរបស់ទ្រង់។ ត្រូវជម្រុះចោលនូវទស្សនៈរបស់អ្នករាល់គ្នាចំពោះគំនិតថា «មិនអាចទៅរួច» នេះចេញ! នៅពេលដែលមនុស្សជឿកាន់តែខ្លាំងថា អ្វីមួយមិនអាចទៅរួច នោះវានឹងកាន់តែអាចកើតមានឡើង ដោយសារព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ អណ្ដែតឡើងខ្ពស់ជាងឋានសួគ៌ ព្រះតម្រិះរបស់ព្រះជាម្ចាស់ ខ្ពស់ជាងគំនិតរបស់មនុស្ស ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏ហួសព្រំដែននៃការគិត និងសញ្ញាណរបស់មនុស្សដែរ។ នៅពេលអ្វីមួយកាន់តែមិនអាចទៅរួច នោះវាមានសេចក្តីពិតកាន់តែច្រើនដែលអាចស្វែងរកបាន។ នៅពេលអ្វីមួយស្ថិតនៅហួសពីសញ្ញាណ និងការស្រមៃរបស់មនុស្ស នោះវាមានបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើនដែរ។ ដ្បិតទោះបីជាព្រះអង្គបង្ហាញអង្គទ្រង់នៅទីណា ក៏ទ្រង់នៅតែជាព្រះជាម្ចាស់ ហើយនិស្ស័យពិតរបស់ទ្រង់ ក៏មិនប្រែប្រួលតាមទីកន្លែង ឬលក្ខណៈនៃការលេចមករបស់ទ្រង់ដែរ។ និស្ស័យរបស់ព្រះជាម្ចាស់ នៅរក្សាដូចដើមដដែល មិនថាស្នាមព្រះបាទារបស់ទ្រង់នៅទីណានោះទេ ហើយមិនថាទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់នោះទេ ទ្រង់គឺជាម្ចាស់នៃមនុស្សជាតិទាំងអស់ គឺដូចជាព្រះអម្ចាស់យេស៊ូវ ដែលមិនមែនគ្រាន់តែជាព្រះជាម្ចាស់នៃពួកសាសន៍អ៊ីស្រាអែលឡើយ ប៉ុន្តែជាព្រះជាម្ចាស់នៃមនុស្សគ្រប់គ្នា មិនថាជាតិសាសន៍អាស៊ី អឺរ៉ុប និងអាមេរិក និងជាតិសាសន៍ដទៃទៀតឡើយ ទ្រង់គឺជាព្រះតែមួយអង្គគត់នៅក្នុងសកលលោកទាំងមូលនេះ។ ដូចនេះ ចូរយើងស្វែងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្វែងរកការលេចមករបស់ទ្រង់នៅក្នុងព្រះសូរសៀងរបស់ទ្រង់ និងត្រូវដើរឱ្យទាន់លំអាននៃស្នាមព្រះបាទារបស់ទ្រង់! ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ព្រះបន្ទូលរបស់ទ្រង់ និងការលេចមករបស់ទ្រង់កើតឡើងដំណាលគ្នា ហើយនិស្ស័យនិងស្នាមព្រះបាទារបស់ទ្រង់ បើកចំហចំពោះមនុស្សជាតិនៅគ្រប់ពេលវេលាទាំងអស់។ បងប្អូនប្រុសស្រីអើយ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាអាចមើលឃើញពីការលេចមករបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលទាំងនេះ និងចាប់ផ្ដើមដើរតាមលំអាននៃស្នាមព្រះបាទារបស់ទ្រង់នៅពេលអ្នកបោះជំហានទៅមុខ ទៅក្នុងយុគសម័យថ្មីមួយ និងចូលទៅក្នុងឋានសួគ៌ និងផែនដីថ្មីដ៏ស្រស់ស្អាត ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អស់អ្នកដែលរង់ចាំការលេចមករបស់ទ្រង់!

(ដកស្រង់ពី «ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បាននាំមកនូវយុគសម័យថ្មី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ៤. យើងបានជឿលើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក៏តែងតែធ្វើការយ៉ាងសស្រាក់សស្រាំសម្រាប់ទ្រង់ ដោយទន្ទឹងយ៉ាងប្រុងប្រយ័ត្នចំពោះការយាងត្រលប់មកវិញរបស់ទ្រង់ផងដែរ។ យើងជឿថា យើងគួរតែជាមនុស្សដំបូងគេដែលទទួលបានការបើកសម្ដែងអំពីការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់។ ឥឡូវ អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់ព្រះយេស៊ូវបានយាងត្រលប់មកវិញរួចហើយ ចុះហេតុអ្វីបានជាយើងមិនទទួលបានការបើកសម្ដែងអំពីវា? ការនេះមិនបានបញ្ជាក់ចំពោះយើងថា ព្រះអម្ចាស់បានយាងត្រលប់មកវិញឡើយ។ តើការដែលយើងគិតបែបនេះខុសដែរឬទេ?

បន្ទាប់៖ ៦. យើងបានអានព្រះបន្ទូលជាច្រើនរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះបន្ទូលទាំងនោះមាននូវសិទ្ធិអំណាច និងព្រះចេស្ដា ហើយក៏ជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ពិតប្រាកដដែរ។ ប៉ុន្តែ គ្រូគង្វាល និងពួកចាស់ទុំនិយាយថា នៅក្នុងព្រះគម្ពីរត្រូវបានចែងថា៖ «ខ្ញុំភ្ញាក់ផ្អើលណាស់ដែលអ្នករាល់គ្នាឆាប់ងាកចេញពីព្រះអង្គ ដែលបានត្រាស់ហៅអ្នករាល់គ្នាឲ្យចូលក្នុងព្រះគុណរបស់ព្រះគ្រីស្ទ ហើយបែរទៅរកដំណឹងល្អមួយទៀត។ គ្មានដំណឹងល្អមួយទៀតឡើយ ដ្បិតមានមនុស្សខ្លះតាមរំខានអ្នករាល់គ្នា ហើយចង់បង្ខូចដំណឹងល្អរបស់ព្រះគ្រីស្ទប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើយើងខ្ញុំ ឬទេវតាណាម្នាក់ពីស្ថានសួគ៌ ប្រកាសដំណឹងណាផ្សេងទៅកាន់អ្នករាល់គ្នា ខុសពីដំណឹងដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នា ចូរឲ្យអ្នកនោះត្រូវបណ្ដាសាចុះ» (កាឡាទី ១:៦-៨)។ ស្របទៅតាមពាក្យដែលត្រូវបានថ្លែងដោយលោកប៉ុលទាំងនេះ គ្រូគង្វាល និងពួកចាស់ទុំនិយាយថា ជំនឿរបស់យើងលើព្រះដ៏មានគ្រប់ព្រះចេស្ដាវង្វេងចេញពីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ និងចេញពីផ្លូវរបស់ព្រះអម្ចាស់យេស៊ូវហើយ។ ពួកគេនិយាយថា យើងជឿលើដំណឹងល្អមួយទៀត និងថានេះជាការបោះបង់ចោលជំនឿ ពោលគឺជាការក្បត់ព្រះអម្ចាស់។ ទោះបីយើងមានអារម្មណ៍ថា អ្វីដែលពួកគេនិយាយនោះខុសក៏ដោយ ក៏យើងមិនប្រាកដថាពួកគេនិយាយខុសទៅលើរឿងអ្វីដែរ។ សូមប្រកបគ្នាជាមួយយើងអំពីការនេះ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ