១. អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់បានត្រលប់ជាសាច់ឈាម បានយាងចុះស្ងាត់ៗមកកាន់ផែនដី និងកំពុងតែបំពេញកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមចេញពីដំណាក់របស់ព្រះជាម្ចាស់។ តើការនេះអាចកើតឡើងម្ដេចកើតទៅ? ព្រះគម្ពីរថ្លែងទំនាយច្បាស់ៗថា៖ «ហើយពេលនោះ ទីសម្គាល់អំពីបុត្រមនុស្សនឹងលេចមកនៅលើមេឃ ហើយគ្រប់កុលសម្ព័ន្ធនៅលើផែនដីនឹងនាំគ្នាកាន់ទុក្ខ ដ្បិតពួកគេនឹងឃើញបុត្រមនុស្សកំពុងយាងមកលើពពកនៅលើមេឃ ប្រកបដោយព្រះចេស្ដា និងសិរីល្អយ៉ាងខ្លាំង» (ម៉ាថាយ ២៤:៣០)។ «មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រាប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់» (វិវរណៈ ១:៧)។ យើងជឿថា នៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញ ទ្រង់គួរតែយាងមកជាមួយពពក និងលេចមកឲ្យមនុស្សទាំងអស់ឃើញជាចំហ។ ប៉ុន្តែ អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់បានយាងត្រលប់ជាសាច់ឈាមរួចហើយ និងបានយាងចុះស្ងាត់ៗមកកាន់ផែនដី ដែលមានលក្ខណៈខុសគ្នាស្រឡះពីការយល់ដឹងរបស់យើង។ តើមានអ្វីកើតឡើងទៅ?
ខគម្ពីរយោង៖
«យើងក៏មានទំនាយដ៏ពិតប្រាកដ ដែលអ្នករាល់គ្នាគួរយកចិត្តទុកដាក់ធ្វើតាមឲ្យបានល្អ ទុកដូចជាពន្លឺដែលបំភ្លឺនៅក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះក្នុងចិត្តអ្នករាល់គ្នា។ ដោយដឹងសេចក្ដីនេះជាមុនថា គ្មានទំនាយណាមួយនៃបទគម្ពីរ ត្រូវកាត់ស្រាយតាមចិត្តនោះទេ។ ដ្បិតទំនាយពីសម័យបុរាណមិនចេញមកពីបំណងមនុស្សទេ តែចេញពីមនុស្សបរិសុទ្ធរបស់ព្រះជាម្ចាស់ដែលបានថ្លែង តាមដែលព្រះវិញ្ញាណបរិសុទ្ធបណ្ដាលចិត្តពួកគេ» (២ ពេត្រុស ១:១៩-២១)។
«មើល៎! ខ្ញុំមកដូចជាចោរ។ មានពរហើយ អ្នកណាដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួន បើមិនដូច្នោះទេ គេត្រូវដើរទាំងអាក្រាត ហើយឃើញកេរ្តិ៍ខ្មាសរបស់ខ្លួនមិនខាន» (វិវរណៈ ១៦:១៥)។
«បើអ្នកនឹងមិនចាំយាមទេ នោះខ្ញុំនឹងមកឯអ្នកដូចជាចោរ។ ហើយអ្នកនឹងមិនដឹងថាខ្ញុំនឹងមកនៅពេលណាឡើយ» (វិវរណៈ ៣:៣)។
«ចូរអ្នករាល់គ្នាត្រៀមខ្លួនជាស្រេចដែរ ដ្បិតបុត្រមនុស្សនឹងយាងមកនៅវេលាដែលអ្នករាល់គ្នាមិនបានគិត» (លូកា ១២:៤០)។
«ដ្បិតដូចជាផ្លេកបន្ទោរ ដែលចាំងចេញពីផ្នែកម្ខាងនៅក្រោមមេឃ ហើយបំភ្លឺទៅដល់ផ្នែកម្ខាងទៀតនៅក្រោមមេឃយ៉ាងណា នោះបុត្រមនុស្សនៅថ្ងៃដែលទ្រង់យាងមក ក៏នឹងមានសភាពដូច្នោះដែរ។ ប៉ុន្តែ ជាដំបូង ទ្រង់ត្រូវរងទុក្ខវេទនាជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធចោល» (លូកា ១៧:២៤-២៥)។
«លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ» (ម៉ាថាយ ២៥:៦)។
«មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
រាប់ពាន់ឆ្នាំមកហើយដែលមនុស្សចង់បានសមត្ថភាពមើលឃើញការយាងមកដល់របស់ព្រះអង្គសង្គ្រោះផ្ទាល់នឹងភ្នែក។ មនុស្សស្រេកឃ្លានចង់មើលឃើញព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះដោយផ្ទាល់ភ្នែក នៅពេលដែលទ្រង់យាងចុះមក ដោយគង់នៅលើពពកសមួយដុំ នៅកណ្ដាលចំណោមមនុស្សដែលរង់ចាំទ្រង់ អស់រយៈពេលរាប់ពាន់ឆ្នាំយ៉ាងក្រៀមក្រំ និងដោយអន្ទះសា។ មនុស្សក៏ចង់ឱ្យព្រះអង្គសង្គ្រោះ យាងត្រឡប់មកវិញ និងចង់ឱ្យទ្រង់បានរួបរួមជាមួយនឹងពួកគេដែរ ពោលគឺ ពួកគេចង់ឱ្យព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលបានគង់ឆ្ងាយពីពួកគេអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយនោះ យាងត្រឡប់មកវិញ និងមកអនុវត្តកិច្ចការនៃការប្រោសលោះដែលទ្រង់បានធ្វើក្នុងចំណោមសាសន៍យូដានោះម្ដងទៀត យាងមកសម្ដែងចិត្តក្ដួលអាណិត និងក្ដីស្រឡាញ់ដល់មនុស្ស យាងមកអត់ទោសបាបមនុស្សលោក និងយកបាបនេះដាក់លើអង្គទ្រង់ ព្រមទាំងស្ពាយយកអស់ទាំងសេចក្ដីរំលងរបស់គេ ហើយប្រោសគេឱ្យរួចពីអំពើបាបផង។ អ្វីដែលមនុស្សចង់បានបំផុត គឺចង់ឱ្យព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ យាងមកធ្វើដូចគ្រាមុន គឺមកធ្វើជាព្រះអង្គសង្គ្រោះដែលពោរពេញដោយសេចក្ដីស្រឡាញ់ ព្រះទ័យសប្បុរស និងគួរជាទីគោរព ជាព្រះដែលគ្មានសេចក្ដីក្រោធ ចំពោះមនុស្ស ក៏មិនដែលស្ដីបន្ទោសឱ្យគេ គឺមានតែការអត់ទោសនិងដកយកអំពើបាបរបស់មនុស្សទាំងអស់ ហើយថែមទាំងសុគតលើឈើឆ្កាង ជំនួសមនុស្សដូចគ្រាមុនផង។ តាំងពីពេលដែលព្រះយេស៊ូវបានយាងចេញទៅបាត់ ពួកសិស្សដែលដើរតាមទ្រង់ និងពួកបរិសុទ្ធដែលបានសង្គ្រោះដោយនូវព្រះនាមទ្រង់ នាំគ្នាស្វែងរកទ្រង់យ៉ាងក្រៀមក្រំ និងកំពុងទន្ទឹងមើលផ្លូវទ្រង់។ អស់អ្នកដែលបានសង្គ្រោះដោយសារព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងយុគសម័យនៃព្រះគុណ ក៏នៅតែអន្ទះសាចង់ឃើញថ្ងៃដ៏រីករាយនៅគ្រាចុងក្រោយ ពេលដែលព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ យាងចុះមកលើពពក ដើម្បីបង្ហាញព្រះកាយដល់មនុស្សគ្រប់ គ្នា។ ប្រាកដណាស់ នេះជាក្ដីប្រាថ្នារួមរបស់មនុស្សគ្រប់គ្នា ដែលទទួលយកព្រះនាមព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះនៅថ្ងៃនេះ។ គ្រប់ៗគ្នាក្នុងសកលលោក ដែលដឹងពីសេចក្ដីសង្គ្រោះរបស់ព្រះយេស៊ូវ ដ៏ជាព្រះអង្គសង្គ្រោះ គេអន្ទះសាយ៉ាងខ្លាំង ចង់ឱ្យព្រះយេស៊ូវគ្រីស្ទយាងមកដល់ភ្លាមៗ ដើម្បីសម្រេចនូវអ្វីដែលទ្រង់បានមានបន្ទូលកាលទ្រង់នៅគង់លើផែនដីថា៖ «ខ្ញុំនឹងត្រឡប់មកវិញ ដូចគ្នានឹងរបៀបដែលខ្ញុំបានចាកចេញទៅដែរ»។ មនុស្សជឿថា បន្ទាប់ពីត្រូវគេឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូវបានយាងត្រឡប់ទៅស្ថានសួគ៌ដោយគង់នៅលើពពកសមួយដុំ ដើម្បីទៅទទួលតំណែងរបស់ទ្រង់ គឺគង់ខាងស្ដាំនៃព្រះដ៏ខ្ពស់បំផុត។ ព្រះយេស៊ូវនឹងយាងចុះមកវិញម្ដងទៀត ដោយគង់នៅលើពពកសមួយដុំក្នុងលក្ខណៈដូចគ្នា (ពពកនេះ គឺសំដៅលើពពកដែលព្រះយេស៊ូវគង់ ពេលទ្រង់យាងត្រឡប់ទៅស្ថានសួគ៌វិញ) មកក្នុងចំណោមមនុស្សដែលទន្ទឹងចាំទ្រង់ ដោយក្ដីសង្ឃឹមជាខ្លាំងអស់រយៈពេលរាប់ពាន់ឆ្នាំ ហើយព្រះអង្គនឹងយកសណ្ឋានជាសាសន៍យូដា ព្រមទាំងស្លៀកសម្លៀកបំពាក់សាសន៍យូដាផង។ បន្ទាប់ពីលេចមកឱ្យមនុស្សឃើញ ទ្រង់នឹងប្រទានអាហារឱ្យពួកគេ ហើយធ្វើឱ្យទឹករស់ហូរយ៉ាងគំហុកមករកគេ ព្រមទាំងរស់នៅកណ្ដាលចំណោមមនុស្ស ពេញដោយព្រះគុណនិងពេញដោយក្ដីស្រឡាញ់ ផូរផង់ និងប្រាកដប្រជា។ ការយល់ឃើញទាំងអស់នេះហើយ គឺជាអ្វីដែលមនុស្សជឿ។ ដោយឡែក ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ទ្រង់មិនបានធ្វើដូច្នេះទេ ទ្រង់ធ្វើផ្ទុយស្រឡះពីអ្វីដែលមនុស្សយល់ឃើញ។ ទ្រង់មិនបានយាងមកក្នុងចំណោមមនុស្សដែលរង់ចាំការយាងត្រឡប់មកវិញរបស់ទ្រង់ ដោយសង្ឃឹមនោះទេ ហើយទ្រង់ក៏មិនលេចមកឱ្យមនុស្សគ្រប់ៗគ្នាឃើញ នៅពេលដែលទ្រង់គង់នៅលើពពកសដែរ។ ទ្រង់បានយាងមកដល់ហើយ ប៉ុន្តែមនុស្សមិនបានដឹងទេ ហើយក៏នៅតែមិនអើពើ។ មនុស្សគ្រាន់តែរង់ចាំទ្រង់ដោយគ្មានបំណង ក៏មិនដឹងថាទ្រង់បានយាងមកដោយគង់នៅលើ «ពពកស» មួយដុំរួចហើយដែរ (ពពកនេះ គឺជាព្រះវិញ្ញាណទ្រង់ ព្រះបន្ទូលទ្រង់ និស្ស័យរបស់ទ្រង់ទាំងមូល និងលក្ខណៈទាំងអស់របស់ទ្រង់) ចំណែកពេលនេះ ទ្រង់កំពុងគង់កណ្ដាលចំណោមក្រុមមនុស្សដែលមានជ័យជម្នះ ដែលទ្រង់នឹងបង្កើតឡើងនៅគ្រាចុងក្រោយ។ មនុស្សមិនដឹងរឿងមួយ គឺ៖ បើទោះជាព្រះអង្គសង្គ្រោះ ដ៏បរិសុទ្ធ មានសេចក្ដីស្រឡាញ់គ្រប់យ៉ាងដល់មនុស្ស តើធ្វើម្ដេចឱ្យទ្រង់ធ្វើការនៅក្នុង «ព្រះវិហារ» ដែលមានសុទ្ធតែវិញ្ញាណស្មោកគ្រោក និងមិនបរិសុទ្ធដូច្នេះបាន? ថ្វីដ្បិតថាមនុស្សកំពុងទន្ទឹងរង់ចាំការយាងមកដល់របស់ទ្រង់ តើទ្រង់អាចលេចមកឱ្យអស់អ្នកដែលបរិភោគសាច់ឈាមមនុស្សទុច្ចរិត ផឹកឈាមមនុស្សទុច្ចរិត ហើយស្លៀកសម្លៀកបំពាក់មនុស្សទុច្ចរិត ជាអ្នកដែលជឿដល់ទ្រង់ ប៉ុន្តែមិនស្គាល់ទ្រង់ ហើយក៏ជាអ្នកដែលកំហែងព្រះអង្គរហូតមក បានឃើញយ៉ាងដូចម្ដេចកើត? មនុស្សដឹងត្រឹមថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ទ្រង់ពោរពេញដោយក្ដីស្រឡាញ់ ហើយមានក្ដីមេត្តាករុណាដ៏ហូរហៀរ និងដឹងថា ទ្រង់ជាតង្វាយលោះបាប ពោរពេញដោយការប្រោសលោះ។ យ៉ាងណាមិញ គេពុំដឹងសោះថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលមានពេញដោយភាពសុចរិត ឬទ្ធានុភាព សេចក្ដីក្រោធ និងការជំនុំជម្រះ ហើយមានសិទ្ធិអំណាច និងពេញដោយសេចក្ដីថ្លៃថ្នូរនោះឡើយ។ ហេតុនេះ ទោះបីជាមនុស្សអន្ទះសារង់ចាំ និងទទូចចង់ឃើញការវិលត្រឡប់របស់ព្រះដ៏ប្រោសលោះយ៉ាងណា ហើយទោះបីជាសេចក្ដីអធិដ្ឋានរបស់គេធ្វើឱ្យ «ស្ថានសួគ៌» រង្គើក៏ដោយ ក៏ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ មិនលេចមកឱ្យអស់អ្នកដែលជឿលើទ្រង់ តែមិនស្គាល់ព្រះអង្គ បានឃើញនោះដែរ។
(ដកស្រង់ពី «ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយនៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ដូចដែលមនុស្សនឹកស្រមៃ ប្រសិនបើព្រះយេស៊ូវនឹងយាងមកម្ដងទៀតនៅគ្រាចុងក្រោយ ហើយនៅតែត្រូវហៅថាព្រះយេស៊ូវ និងនៅតែយាងមកលើដុំពពកស ដោយយាងចុះមកក្នុងចំណោមមនុស្សជារូបអង្គរបស់ព្រះយេស៊ូវ៖ តើនោះមិនមែនជាកិច្ចការដដែលៗរបស់ទ្រង់ទេឬអី? តើព្រះវិញ្ញាណបរិសុទ្ធអាចនៅជាប់នឹងរឿងចាស់បានទេ? អ្វីដែលមនុស្សជឿ គឺជាសញ្ញាណ ហើយអ្វីៗដែលមនុស្សយល់ គឺស្របទៅតាមន័យត្រង់ ហើយក៏ស្របទៅតាមការស្រមៃរបស់ពួកគេដែរ។ អ្វីទាំងនោះ មិនស្របគ្នាជាមួយនឹងគោលការណ៍នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយក៏មិនអនុលោមទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់នឹងមិនបំពេញកិច្ចការដោយបែបនេះទេ។ ព្រះជាម្ចាស់មិនល្ងង់ខ្លៅ និងល្ងីល្ងើនោះទេ ហើយកិច្ចការរបស់ទ្រង់ គឺមិនធម្មតាដូចជាអ្នកនឹកស្រមៃឡើយ។ ផ្អែកតាមគ្រប់យ៉ាងដែលមនុស្សនឹកស្រមៃ ព្រះយេស៊ូវនឹងយាងមកនៅលើដុំពពក និងយាងចុះមកក្នុងចំណោមពួកអ្នករាល់គ្នា។ អ្នករាល់គ្នានឹងឃើញទ្រង់គង់នៅលើដុំពពក ហើយទ្រង់នឹងមានបន្ទូលប្រាប់អ្នករាល់គ្នាថា ទ្រង់គឺជាព្រះយេស៊ូវ។ អ្នករាល់គ្នាក៏នឹងឃើញស្នាមដែកគោលនៅលើព្រះហស្ដរបស់ទ្រង់ ហើយនឹងស្គាល់ទ្រង់ថាជា ព្រះយេស៊ូវ។ ហើយទ្រង់នឹងសង្គ្រោះអ្នករាល់គ្នាម្ដងទៀត ហើយនិងធ្វើជាព្រះដ៏មានគ្រប់ចេស្ដារបស់អ្នករាល់គ្នា។ ទ្រង់នឹងសង្គ្រោះអ្នករាល់គ្នា ប្រទានឈ្មោះថ្មីដល់អ្នករាល់គ្នា និងប្រទានដុំថ្មសដល់អ្នករាល់គ្នាម្នាក់មួយដុំ ដែលបន្ទាប់ពីនោះមក អ្នករាល់គ្នានឹងត្រូវអនុញ្ញាតឱ្យចូលទៅក្នុងនគរស្ថានសួគ៌ ហើយនឹងត្រូវទទួលយកទៅស្ថានសួគ៌។ តើជំនឿបែបនេះ មិនមែនជាសញ្ញាណរបស់មនុស្សទេឬអី? តើព្រះជាម្ចាស់បំពេញកិច្ចការស្របតាមសញ្ញាណរបស់មនុស្សមែនទេ ឬតើទ្រង់បំពេញកិច្ចការទាស់នឹងសញ្ញាណរបស់មនុស្សមែនទេ? តើសញ្ញាណរបស់មនុស្សសុទ្ធតែមកអំពីសាតាំងមែនទេ? តើមនុស្សទាំងអស់មិនសុទ្ធតែត្រូវសាតាំងធ្វើឱ្យពុករលួយទេឬអី? ប្រសិនបើព្រះជាម្ចាស់បានបំពេញកិច្ចការស្របទៅតាមសញ្ញាណរបស់មនុស្ស តើទ្រង់មិនក្លាយជាសាតាំងទេមែនទេ? តើទ្រង់នឹងមិនមែនជាប្រភេទតែមួយនឹងភាវៈដែលព្រះបង្កើតមកទេឬអី? ដោយសារភាវៈដែលព្រះបង្កើតមកត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំងក្នុងពេលនេះ ទើបមនុស្សបានក្លាយទៅជារូបតំណាងរបស់សាតាំង ប្រសិនបើព្រះជាម្ចាស់ត្រូវធ្វើការស្របទៅតាមអ្វីជារបស់សាតាំង តើទ្រង់នឹងមិនឃុបឃិតគ្នាជាមួយនឹងសាតាំងទេឬអី? តើមនុស្សអាចយល់ពីកិច្ចការរបស់ព្រះជាម្ចាស់បានដោយរបៀបណា? ហេតុដូច្នេះ ព្រះជាម្ចាស់នឹងមិនធ្វើការស្របទៅតាមសញ្ញាណរបស់មនុស្សឡើយ ហើយនឹងមិនដែលធ្វើកិច្ចការដូចដែលអ្នកនឹកស្រមៃនោះទេ។ មានមនុស្សដែលនិយាយថា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកនៅលើដុំពពក។ តើវាពិតទេថា ព្រះជាម្ចាស់បានមានព្រះបន្ទូលបែបនេះដោយផ្ទាល់ព្រះអង្គទ្រង់នោះ ប៉ុន្តែតើអ្នកមិនដឹងថា គ្មានមនុស្សណាម្នាក់អាចយល់ពីអាថ៌កំបាំងរបស់ព្រះជាម្ចាស់បានទេឬ? តើអ្នកមិនដឹងទេថា គ្មានមនុស្សណាម្នាក់អាចពន្យល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន? តើអ្នកច្បាស់ប្រាកដទេថា អ្នកត្រូវបានបំភ្លឺ និងស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធនោះ? ច្បាស់ណាស់ គឺមិនមែនព្រះវិញ្ញាណបរិសុទ្ធទេដែលបានបង្ហាញអ្នកតាមរបៀបមួយដោយផ្ទាល់បែបនេះនោះ? តើព្រះវិញ្ញាណបរិសុទ្ធមែនទេដែលបានណែនាំអ្នក ឬជាសញ្ញាណរបស់អ្នកបានដឹកនាំអ្នកឱ្យគិតបែបនេះ? អ្នកនិយាយថា «ព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលបែបនេះ»។ ប៉ុន្តែ យើងមិនអាចប្រើសញ្ញាណ និងគំនិតផ្ទាល់របស់យើងដើម្បីវាស់ស្ទង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ សម្រាប់ពាក្យដែលអេសាយបាននិយាយ តើអ្នកអាចពន្យល់ពាក្យរបស់គាត់ឱ្យបានច្បាស់លាស់ដែរឬទេ? តើអ្នកហ៊ានពន្យល់ពាក្យរបស់គាត់ដែរឬទេ? ដោយសារអ្នកមិនហ៊ានពន្យល់សម្ដីរបស់អេសាយ តើហេតុអ្វីបានជាអ្នកហ៊ានពន្យល់ពីព្រះបន្ទូលរបស់ព្រះយេស៊ូវ? តើនរណាខ្ពង់ខ្ពស់ជាង ព្រះយេស៊ូវ ឬអេសាយ? ដោយសារចម្លើយ គឺព្រះយេស៊ូវខ្ពង់ខ្ពស់ជាង តើហេតុអ្វីបានជាអ្នកពន្យល់ព្រះបន្ទូលដែលព្រះយេស៊ូវបានថ្លែងមក? តើព្រះជាម្ចាស់នឹងមានបន្ទូលប្រាប់អ្នកអំពីកិច្ចការរបស់ទ្រង់ជាមុនដែរឬទេ? គ្មានភាវៈដែលព្រះបង្កើតណាមួយដែលអាចដឹងបានទេ គ្មានអ្នកនាំសារស្ថានសួគ៌ណាមួយដឹងឡើយ ហើយកូនមនុស្សក៏មិនដឹងដែរ ដូច្នេះ តើអ្នកអាចដឹងបានដោយរបៀបណា?
(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ការលេចមករបស់ព្រះជាម្ចាស់ សំដៅលើការយាងមកកាន់ផែនដីរបស់ទ្រង់ ដើម្បីបំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់។ ទ្រង់នឹងយាងចុះមកក្នុងចំណោមមនុស្សជាតិដើម្បីបំពេញកិច្ចការនៃការបង្កើតយុគសម័យមួយ និងបញ្ចប់យុគសម័យមួយដែរ ដោយប្រើអត្តសញ្ញាណ និងនិស្ស័យរបស់ទ្រង់ផ្ទាល់ និងតាមវិធីដែលទ្រង់មានស្រាប់។ ការលេចមកប្រភេទនេះ គឺមិនមែនជាទម្រង់នៃពិធីណាមួយឡើយ។ វាមិនមែនជាទីសម្គាល់ ជារូបភាព ជាការអស្ចារ្យ ឬជានិមិត្តដ៏ធំអស្ចារ្យអ្វីនោះទេ ហើយវាក៏មិនមែនជាដំណើរនៃកិច្ចការសាសនាអ្វីដែរ។ វាគឺជាសេចក្តីពិត និងជាតថភាពជាក់ស្តែង ដែលមនុស្សអាចប៉ះបាន និងអាចមើលឃើញបាន។ ការលេចមកប្រភេទនេះ គឺមិនមែនគ្រាន់តែធ្វើឱ្យតែបាន ឬសម្រាប់ជាការសន្យារយៈពេលខ្លីនោះទេ ផ្ទុយទៅវិញ វាជាផ្នែកមួយនៃកិច្ចការនៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ទេ។ ការលេចមករបស់ព្រះជាម្ចាស់ គឺសុទ្ធតែមានអត្ថន័យខ្លឹមសារជានិច្ច និងតែងមានទំនាក់ទំនងខ្លះៗទៅនឹងផែនការគ្រប់គ្រងរបស់ទ្រង់។ អ្វីដែលហៅថា ការលេចមក នៅទីនេះ គឺខុសគ្នាទាំងស្រុងពី «ការលេចមក» ផ្សេងទៀត ដែលព្រះជាម្ចាស់ណែនាំ ដឹកនាំ និងបំភ្លឺដល់មនុស្ស។ ព្រះជាម្ចាស់បំពេញកិច្ចការដ៏វិសេសរបស់ទ្រង់ក្នុងចំណែកណាមួយ រៀងរាល់ពេលដែលទ្រង់លេចមកដោយផ្ទាល់។ កិច្ចការនេះគឺខុសគ្នាពីកិច្ចការនៃយុគសម័យផ្សេងទៀត។ កិច្ចការនេះ មនុស្សមិនអាចស្រមៃនឹកដល់ និងមិនដែលធ្លាប់បានជួបប្រទះពីមុនមកឡើយ។ វាជាកិច្ចការដែលចាប់ផ្តើមនូវយុគសម័យថ្មីមួយ និងបញ្ចប់ទៅវិញនូវយុគសម័យមុន ហើយជាទម្រង់នៃកិច្ចការថ្មីដែលបានកែលម្អរួច សម្រាប់ជាការសង្គ្រោះដល់មនុស្សលោក។ បន្ថែមលើនេះ វាគឺជាកិច្ចការដែលនាំមនុស្សទៅកាន់យុគសម័យថ្មីមួយទៀត។ នេះហើយគឺជាអត្ថន័យនៃការលេចមករបស់ព្រះជាម្ចាស់។
(ដកស្រង់ពី «ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បាននាំមកនូវយុគសម័យថ្មី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ឥលូវនេះ កិច្ចការថ្មីរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមហើយ ហើយវាក៏ជាការចាប់ផ្ដើមនៃយុគសម័យថ្មីមួយដែរ។ ព្រះជាម្ចាស់នាំអស់អ្នកដែលទទួលបានការប្រោសលោះចូលទៅក្នុងដំណាក់របស់ទ្រង់ ដើម្បីចាប់ផ្ដើមកិច្ចការថ្មីនៃសេចក្ដីសង្គ្រោះរបស់ទ្រង់។ ពេលនេះ កិច្ចការនៃសេចក្ដីសង្គ្រោះមានភាពហ្មត់ចត់ជាងកាលពីអតីតកាល។ ព្រះវិញ្ញាណបរិសុទ្ធមិនមែនជាអ្នកដែលកែខៃមនុស្ស ដើម្បីជំរុញឱ្យគេផ្លាស់ប្ដូរដោយខ្លួនឯងឡើយ ក៏មិនមែនជារូបអង្គរបស់ព្រះយេស៊ូវដែលលេចមកក្នុងចំណោមមនុស្សលោកដើម្បីធ្វើកិច្ចការនេះដែរ ហើយក៏មិនអាចបំពេញកិច្ចការនេះតាមមធ្យោបាយផ្សេងទៀតដែរ។ ផ្ទុយទៅវិញ គឺព្រះជាម្ចាស់ដែលយកនិស្ស័យជាមនុស្សមកធ្វើកិច្ចការនេះ និងណែនាំឱ្យធ្វើកិច្ចការនេះដោយអង្គឯង។ ទ្រង់ធ្វើវាតាមរបៀបនេះ ដើម្បីដឹកនាំមនុស្សចូលទៅក្នុងកិច្ចការថ្មី។ តើនេះមិនមែនជាកិច្ចការមួយដ៏អស្ចារ្យទេឬអី? ព្រះជាម្ចាស់មិនធ្វើកិច្ចការនេះតាមរយៈក្រុមមនុស្សលោកណាមួយ ឬតាមរយៈការថ្លែងទំនាយទេ ផ្ទុយទៅវិញ ព្រះជាម្ចាស់ធ្វើកិច្ចការនេះដោយអង្គឯង។ មនុស្សមួយចំនួនប្រហែលជានិយាយថា នេះមិនមែនជាកិច្ចការមួយដ៏អស្ចារ្យទេ ហើយថា វាក៏មិនអាចនាំភាពរំជើបរំជួលមកឱ្យមនុស្សដែរ។ ប៉ុន្ដែ ខ្ញុំសូមនិយាយប្រាប់អ្នកថា កិច្ចការរបស់ព្រះជាម្ចាស់មិនមែនត្រឹមប៉ុននេះទេ ប៉ុន្ដែជាកិច្ចការមួយដែលអស្ចារ្យជាងនេះឆ្ងាយណាស់។
នៅពេលនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការក្នុងរូបកាយខាងព្រលឹងវិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត វាគឺជារូបកាយរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សជាលើកទីពីរ ហើយជារូបកាយដែលព្រះជាម្ចាស់ត្រលប់មកជាសាច់ឈាមវិញដែរ។ វាជាសាច់ឈាមដ៏សាមញ្ញណាស់។ បើមើលទៅកាន់ទ្រង់ អ្នកមិនអាចមើលឃើញអ្វីៗដែលធ្វើឱ្យទ្រង់លេចធ្លោជាងអ្នកដទៃទេ ប៉ុន្ដែអ្នកអាចទទួលបានពីទ្រង់នូវសេចក្ដីពិតដែលមិនធ្លាប់ឮពីមុនមក។ គ្រាន់តែរូបកាយសាច់ឈាមមិនសំខាន់នេះ ជាតំណាងនៃអស់ទាំងព្រះបន្ទូលនៃសេចក្ដីពិតរបស់ព្រះជាម្ចាស់ ជាអ្នកទទួលបន្ទុកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងការសម្ដែងចេញពីនិស្ស័យរបស់ព្រះជាម្ចាស់ទាំងមូលឱ្យមនុស្សបានយល់ទៀតផង។ តើអ្នកមិនប្រាថ្នាចង់ឃើញព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់យល់ពីព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់ឃើញទិសដៅរបស់មនុស្សលោកជាខ្លាំងទេឬអី? ទ្រង់នឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាំងអស់នេះ ជាអាថ៌កំបាំងដែលគ្មានមនុស្សណាធ្លាប់អាចប្រាប់អ្នកបានឡើយ ហើយទ្រង់ក៏នឹងប្រាប់អ្នកពីសេចក្ដីពិតដែលអ្នកមិនយល់ដែរ។ ទ្រង់ជាក្លោងទ្វាររបស់អ្នក សម្រាប់ចូលទៅក្នុងនគរស្ថានសួគ៌ និងជាមគ្គុទេសក៏របស់អ្នកសម្រាប់ចូលទៅក្នុងយុគសម័យថ្មី។ រូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះ ផ្ទុកនូវអាថ៌កំបាំងជាច្រើនដែលមិនអាចយល់បាន។ ទង្វើរបស់ទ្រង់អាចនឹងពិបាកយល់សម្រាប់អ្នក ប៉ុន្ដែគោលដៅទាំងមូលនៃកិច្ចការដែលទ្រង់ធ្វើ ល្មមគ្រប់គ្រាន់នឹងឱ្យអ្នកមើលឃើញថា ទ្រង់មិនមែនជារូបកាយសាច់ឈាមធម្មតាមួយដូចដែលមនុស្សជឿនោះទេ។ ដ្បិតទ្រង់តំណាងឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការថែរក្សាដែលព្រះជាម្ចាស់បានបង្ហាញចំពោះមនុស្សលោកនៅគ្រាចុងក្រោយ។ ទោះបីជាអ្នកមិនអាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ដែលហាក់ដូចជាអង្រួនឱ្យផ្ទៃមេឃ និងផែនដីរញ្ជួយ ទោះបីជាអ្នកមិនអាចមើលឃើញព្រះនេត្ររបស់ទ្រង់ ថាជាអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅ ហើយទោះបីជាអ្នកមិនអាចទទួលការដាក់វិន័យដោយដំបងដែករបស់ទ្រង់ក៏ដោយ ក៏អ្នកអាចស្ដាប់ឮពីព្រះបន្ទូលរបស់ទ្រង់ថា ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ហើយដឹងថា ព្រះជាម្ចាស់កំពុងបង្ហាញព្រះហឫទ័យក្ដួលអាណិតចំពោះមនុស្សលោកដែរ។ អ្នកអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយលើសពីនេះទៀត អ្នកក៏អាចដឹងពីការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោកទាំងអស់ដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺដើម្បីឱ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ កំពុងរស់នៅជាមួយមនុស្សលោកលើផែនដី និងដើម្បីជួយឱ្យមនុស្សអាចស្គាល់ ស្ដាប់បង្គាប់ គោរព និងស្រលាញ់ព្រះជាម្ចាស់។ នេះហើយជាមូលហេតុដែលទ្រង់បានយាងត្រលប់មកយកនិស្ស័យសាច់ឈាមជាលើកទីពីរ។
(ដកស្រង់ពី «តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
វាមិនពិបាកក្នុងការពិនិត្យពិច័យរឿងបែបនេះឡើយ ប៉ុន្តែវាតម្រូវឱ្យយើងម្នាក់ៗដឹងអំពីសេចក្តីពិតមួយនេះជាមុនសិន៖ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស មានការសម្ដែងចេញនៃព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដូច្នេះ ទ្រង់នឹងនាំយកជាមួយទ្រង់នូវកិច្ចការដែលទ្រង់បម្រុងធ្វើ ហើយដោយសារតែទ្រង់គឺជាព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្ស ដូច្នេះទ្រង់នឹងសម្ដែងចេញនូវលក្ខណៈរបស់ព្រះជាម្ចាស់ ហើយទ្រង់អាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងបង្ហាញផ្លូវដល់គេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្សទេ។ ចំពោះរឿងនេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់ពិនិត្យពិច័យថាតើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែកំណត់ការណ៍នេះ ដោយចេញពីនិស្ស័យដែលទ្រង់សម្តែងចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីកំណត់ថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដូច្នេះ ចំណុចគន្លឺះថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះសូរសៀងរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាភ្លីភ្លើ និងល្ងង់ខ្លៅហើយ។ រូបរាងខាងក្រៅមិនអាចកំណត់ពីសារជាតិបានឡើយ។ ជាងនេះទៅទៀត កិច្ចការរបស់ព្រះជាម្ចាស់មិនអាចស្របតាមសញ្ញាណរបស់មនុស្សបានទេ។ តើរូបរាងខាងក្រៅរបស់ព្រះយេស៊ូវមិនផ្ទុយពីសញ្ញាណរបស់មនុស្សទេឬអី? តើទឹកមុខ និងសម្លៀកបំពាក់របស់ទ្រង់មិនអាចផ្ដល់ជាតម្រុយអំពីអត្តសញ្ញាណដ៏ពិតរបស់ទ្រង់ទេឬអី? តើពួកផារីស៊ីនៅគ្រាដំបូងមិនបានប្រឆាំងនឹងព្រះយេស៊ូវ ដោយសារតែពួកគេគ្រាន់តែមើលទៅកាន់រូបរាងខាងក្រៅរបស់ទ្រង់ និងមិនអាចទទួលព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ទេឬអី? ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីម្នាក់ៗដែលស្វែងរកការលេចមករបស់ព្រះជាម្ចាស់ នឹងមិនដើរជាន់ដានប្រវត្តិសាស្ត្រដែលពេញដោយសោកនាដកម្មនេះឡើយ។ អ្នកមិនត្រូវក្លាយជាពួកផារីស៊ីសម័យទំនើប ហើយដំដែកគោលព្រះជាម្ចាស់ទៅនឹងឈើឆ្កាងម្ដងទៀតឡើយ។ អ្នកគួរតែពិចារណាយ៉ាងយកចិត្តទុកដាក់អំពីរបៀបស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះជាម្ចាស់ ហើយអ្នកគួរតែមានគំនិតជ្រះថ្លាទាក់ទងនឹងរបៀបក្លាយជាមនុស្សម្នាក់ដែលចុះចូលចំពោះសេចក្តីពិតវិញ។ នេះជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នា ដែលកំពុងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវនៅលើពពក។ យើងគួរតែញីភ្នែកខាងវិញ្ញាណរបស់យើង ដើម្បីឱ្យមើលឃើញច្បាស់ ហើយមិនផុងជ្រៅនៅក្នុងពាក្យនិយាយបំផ្លើសបែបរវើរវាយ។ យើងគួរតែគិតអំពីកិច្ចការដ៏ពិតជាក់របស់ព្រះជាម្ចាស់ និងមើលទៅកាន់ទិដ្ឋភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់វិញ។ ចូរកុំបណ្ដោយខ្លួនឱ្យអណ្ដែតអណ្ដូង ឬវង្វេងនៅក្នុងការរវើរវាយឡើយ ប៉ុន្តែចូរទន្ទឹងរង់ចាំជានិច្ចនូវថ្ងៃដែលព្រះអម្ចាស់ព្រះយេស៊ូវយាងនៅលើពពក ចុះមកភ្លាមៗក្នុងចំណោមអ្នករាល់គ្នា ហើយនាំយកអ្នករាល់គ្នាដែលមិនធ្លាប់ស្គាល់ ឬធ្លាប់ឃើញទ្រង់ និងអស់អ្នកដែលមិនដឹងពីរបៀបធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ដូច្នេះ ការគិតអំពីកិច្ចការជាក់ស្ដែង គឺជារឿងដែលប្រសើរជាង!
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
អ្នករាល់គ្នាមិនដឹងថាព្រះជាម្ចាស់ជាអ្វី មិនដឹងថាព្រះគ្រីស្ទជាអ្វី ក៏មិនដឹងពីរបៀបកោតខ្លាចព្រះយេហូវ៉ា មិនដឹងថាត្រូវចូលទៅក្នុងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ហើយក៏មិនដឹងពីវិធីបែងចែកភាពខុសគ្នា រវាងកិច្ចការផ្ទាល់របស់ព្រះជាម្ចាស់ និងការបំភាន់របស់មនុស្សផង។ អ្នកដឹងត្រឹមតែថ្កោលទោសព្រះបន្ទូលនៃសេចក្ដីពិត ដែលព្រះជាម្ចាស់សម្ដែងចេញមក ជាសេចក្ដីពិតដែលមិនត្រូវនឹងគំនិតផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ តើឯណាទៅការបន្ទាបខ្លួនរបស់អ្នក? តើឯណាទៅការចុះចូលរបស់អ្នក? តើឯណាទៅភក្ដីភាពរបស់អ្នក? តើឯណាទៅអាកប្បកិរិយានៃការស្វែងរកសេចក្ដីពិតរបស់អ្នក? តើចិត្តដែលកោតខ្លាចព្រះជាម្ចាស់របស់អ្នក នៅឯណា? ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ ព្រោះតែទីសម្គាល់ គឺច្បាស់ណាស់ ជាពពួកដែលនឹងត្រូវបំផ្លាញជាក់ជាពុំខាន។ អស់អ្នកដែលមិនអាចទទួលយកព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានត្រឡប់ជាសាច់ឈាមវិញ គឺច្បាស់ណាស់ជាពូជពង្សនរក ជាកូនចៅមហាទេវតា ជាពពួកដែលត្រូវបំផ្លាញចោលអស់កល្បជានិច្ច។ មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ពីសម្ដីរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែចង់ប្រាប់អ្នកដើរតាមព្រះយេស៊ូវ ជាអ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាគ្រាលេចមកជាសាធារណៈរបស់ព្រះអាទិត្យនៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក យ៉ាងណាក្តី អ្នកគួរដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏នឹងជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីទទួលទុក្ខទោសដែរជាគ្រាដែលការបិទបញ្ចប់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានប្រកាស ហើយដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់នឹងបានបញ្ចប់មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាគ្រាដែលមានតែសម្ដែងចេញសេចក្ដីពិតប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយត្រូវបានបន្សុទ្ធ នឹងត្រូវនាំមកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា «ព្រះយេស៊ូវដែលមិនយាងចុះមកដោយជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ» ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលធ្វើសញ្ញាសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលសម្ដែងចេញការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបញ្ចេញជីវិត និងផ្លូវពិត។ ដូច្នេះ គឺមានតែព្រះយេស៊ូវទេ ទើបអាចដោះស្រាយជាមួយពួកគេបាន នៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហ នៅលើពពកស។ ពួកគេចចេសរឹងរូស មានភាពជឿជាក់លើខ្លួនឯងខ្លាំងពេក និងក្រអឺតក្រទមណាស់។ តើមនុស្សថោកទាបបែបនេះ អាចនឹងទទួលបានរង្វាន់ពីព្រះយេស៊ូវដូចម្ដេចបានទៅ? ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាសេចក្ដីសង្គ្រោះដ៏មហិមា ដល់អស់អ្នកណាដែលអាចទទួលយកសេចក្ដីពិតបាន ប៉ុន្តែការយាងត្រឡប់មកវិញរបស់ទ្រង់ គឺជាទីសម្គាល់នៃការដាក់ទោសដល់អស់អ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតបាន។ អ្នករាល់គ្នាតោងជ្រើសរើសផ្លូវរបស់ខ្លួន និងមិនគប្បីប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ និងបដិសេធសេចក្ដីពិតឡើយ។ អ្នកមិនគួរធ្វើជាមនុស្សល្ងង់ខ្លៅ និងក្រអឺតក្រទមឡើយ ប៉ុន្តែត្រូវធ្វើជាមនុស្សម្នាក់ដែលចុះចូលនឹងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយប្រឹងសង្វាត និងខ្នះខ្នែងរកសេចក្ដីពិត។ គឺទាល់តែបែបនេះ ទើបអ្នកនឹងទទួលបានប្រយោជន៍។ ខ្ញុំសូមទូន្មានអ្នករាល់គ្នាឱ្យដើរតាមផ្លូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់ដោយយកចិត្តទុកដាក់។ ចូរកុំប្រញាប់សន្មតតាមអំពើចិត្តពេក ហើយលើសពីនេះទៀត សូមកុំឱ្យជំនឿដែលអ្នកមានលើព្រះជាម្ចាស់ ក្លាយជាជំនឿធម្មតា ហើយខ្វះការពិចារណានោះឡើយ។ អ្នករាល់គ្នាតោងដឹងថា យ៉ាងហោចណាស់អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ គួរតែមានការបន្ទាបខ្លួន និងមានដួងចិត្តដែលកោតខ្លាចដល់ព្រះជាម្ចាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត តែបដិសេធមិនទទួលយកសេចក្ដីពិតនេះ គឺល្ងីល្ងើ និងល្ងង់ខ្លៅណាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត ប៉ុន្តែបែរជាប្រញាប់សន្មតដោយធ្វេសប្រហែស ឬថ្កោលទោសសេចក្ដីពិត អ្នកនោះគឺជាមនុស្សដែលក្រអឺតក្រទម។ គ្មាននរណាម្នាក់ដែលជឿព្រះយេស៊ូវ មានសិទ្ធិជេរប្រមាថ ឬមួយក៏ថ្កោលទោសអ្នកដទៃឡើយ។ អ្នករាល់គ្នាគប្បីធ្វើជាមនុស្សដែលមានហេតុផល ហើយទទួលយកនូវសេចក្ដីពិត។
(ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកសម្គាល់ឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)