សេចក្តីផ្ដើម
(ដកស្រង់ចេញពី ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា)
មនុស្សគ្រប់គ្នាត្រូវតែយល់ពីគោលបំណងនៃកិច្ចការរបស់ខ្ញុំនៅលើផែនដីនេះ ពោលគឺអ្វីដែលខ្ញុំសព្វព្រះហឫទ័យចង់ទទួលបាននៅពេលចុងក្រោយបំផុត និងកម្រិតដែលខ្ញុំត្រូវសម្រេចបាននៅក្នុងកិច្ចការនេះ មុនពេលវាត្រូវបញ្ចប់។ បន្ទាប់ពីបានដើរជាមួយខ្ញុំរហូតមកដល់ថ្ងៃនេះហើយ ប្រសិនបើមនុស្សនៅតែមិនយល់ពីអ្វីដែលជាកិច្ចការរបស់ខ្ញុំទៀត នោះតើពួកគេមិនមែនដើរជាមួយខ្ញុំដោយឥតប្រយោជន៍ទេឬអី? ប្រសិនបើមនុស្សដើរតាមខ្ញុំ នោះពួកគេគួរតែដឹងពីព្រះរាជបំណងរបស់ខ្ញុំ។ ខ្ញុំបានធ្វើការនៅលើផែនដី អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ហើយរហូតមកដល់សព្វថ្ងៃនេះ ក៏ខ្ញុំនៅតែបន្ដបំពេញកិច្ចការរបស់ខ្ញុំតទៅទៀតដែរ។ ទោះបីជាមានគម្រោងជាច្រើននៅក្នុងកិច្ចការរបស់ខ្ញុំក៏ដោយ ក៏គោលបំណងនៃកិច្ចការនោះមិនផ្លាស់ប្ដូរដែរ ហើយទោះបីជាខ្ញុំពេញដោយការជំនុំជម្រះ និងការដាក់ទោសចំពោះមនុស្សក៏ដោយ ក៏អ្វីដែលខ្ញុំធ្វើ នៅតែដើម្បីជួយសង្គ្រោះមនុស្ស និងដើម្បីធ្វើឱ្យដំណឹងល្អរបស់ខ្ញុំ កាន់តែរីកសុសសាយ ព្រមទាំងដើម្បីពង្រីកកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃទាំងអស់ដែរ នៅពេលដែលមនុស្សបានជាបរិបូរ។ ដូច្នេះ ទោះបីជានៅពេលដែលមនុស្សជាច្រើនបានលិចលង់ជ្រៅទៅក្នុងសេចក្ដីអស់សង្ឃឹមជាយូរមកហើយក៏ដោយ ក៏ថ្ងៃនេះខ្ញុំនៅតែបន្ដធ្វើកិច្ចការរបស់ខ្ញុំតទៅទៀតដែរ គឺខ្ញុំបន្ដកិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីជំនុំជម្រះ និងដាក់ទោសដល់មនុស្សលោក។ ទោះបីជាមនុស្សធុញទ្រាន់នឹងអ្វីដែលខ្ញុំមានបន្ទូល ហើយមិនខ្វល់ខ្វាយចំពោះកិច្ចការរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែបំពេញភារកិច្ចរបស់ខ្ញុំដែរ ព្រោះគោលបំណងនៃកិច្ចការរបស់ខ្ញុំ មិនផ្លាស់ប្ដូរឡើយ ហើយផែនការដើមរបស់ខ្ញុំក៏មិនបានបរាជ័យដែរ។ គោលបំណងនៃការជំនុំជម្រះរបស់ខ្ញុំ គឺដើម្បីឱ្យមនុស្សចុះចូលនឹងខ្ញុំកាន់តែប្រសើរ ហើយគោលបំណងនៃការវាយផ្ចាលរបស់ខ្ញុំ គឺដើម្បីឱ្យមនុស្សសម្រេចបានការផ្លាស់ប្ដូរកាន់តែប្រសើរ។ ទោះបីជាអ្វីៗគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺដើម្បីតែការគ្រប់គ្រងរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនដែលធ្វើកិច្ចការណាមួយដែលគ្មានប្រយោជន៍ដល់មនុស្សដែរ ព្រោះខ្ញុំចង់ធ្វើឱ្យប្រជាជាតិទាំងអស់ដែលនៅក្រៅអ៊ីស្រាអែល ចេះចុះចូលដូចជនជាតិអ៊ីស្រាអែលដែរ ដើម្បីធ្វើឱ្យពួកគេក្លាយជាមនុស្សពិតប្រាកដ ដើម្បីឱ្យខ្ញុំអាចមានកន្លែងឈរជើងនៅក្នុងដែនដីនានានៅក្រៅអ៊ីស្រាអែល។ នេះគឺជាការគ្រប់គ្រងរបស់ខ្ញុំ វាគឺជាកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមប្រជាជាតិនៃសាសន៍ដទៃ។ សូម្បីតែពេលនេះ មនុស្សជាច្រើននៅតែមិនយល់ពីការគ្រប់គ្រងរបស់ខ្ញុំ ពីព្រោះពួកគេមិនខ្វល់ពីរឿងបែបនេះទេ តែបែរជាខ្វល់អំពីអនាគត និងទិសដៅផ្ទាល់ខ្លួនរបស់ពួកគេទៅវិញ។ មិនថាខ្ញុំនិយាយអ្វីក៏ដោយ ក៏មនុស្សនៅតែព្រងើយកន្តើយចំពោះកិច្ចការដែលខ្ញុំធ្វើ ហើយបែរជាផ្ដោតអារម្មណ៍អស់ពីចិត្តទៅលើទិសដៅអនាគតរបស់ពួកគេទៅវិញ។ ប្រសិនបើអ្វីៗនៅតែបន្តទៅមុខតាមរបៀបនេះ តើកិច្ចការរបស់ខ្ញុំអាចផ្សាយបានយ៉ាងដូចម្ដេច? តើដំណឹងល្អរបស់ខ្ញុំអាចត្រូវបានផ្សាយទៅទូទាំងពិភពលោកយ៉ាងដូចម្ដេច? អ្នករាល់គ្នាគួរដឹងថា នៅពេលដែលកិច្ចការរបស់ខ្ញុំផ្សាយទៅ ខ្ញុំនឹងបំបែកអ្នករាល់គ្នា ហើយវាយអ្នករាល់គ្នា ដូចដែលព្រះយេហូវ៉ាបានវាយកុលសម្ព័ន្ធនីមួយៗរបស់អ៊ីស្រាអែលដែរ។ គ្រប់យ៉ាងទាំងនេះនឹងត្រូវធ្វើឡើង ដើម្បីឱ្យដំណឹងល្អរបស់ខ្ញុំអាចផ្សាយទៅពាសពេញផែនដី ដើម្បីឱ្យកិច្ចការរបស់ខ្ញុំអាចផ្សាយទៅដល់ប្រជាជាតិនៃសាសន៍ដទៃ ដោយធ្វើឱ្យព្រះនាមរបស់ខ្ញុំត្រូវបានលើកតម្កើងថាជាធំ ទាំងនៅក្នុងចំណោមមនុស្សពេញវ័យ និងកុមារដូចគ្នា ហើយព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំត្រូវបានគេសរសើរតម្កើងនៅក្នុងមាត់របស់ប្រជាជនមកពីគ្រប់ជាតិសាសន៍ និងគ្រប់ប្រជាជាតិ។ នៅក្នុងគ្រាចុងក្រោយបំផុតនេះ ចូរឱ្យព្រះនាមរបស់ខ្ញុំត្រូវបានលើកតម្កើងថាជាធំនៅក្នុងចំណោមប្រជាជាតិនៃសាសន៍ដទៃ ចូរឱ្យមនុស្សនៃប្រជាជាតិនៃសាសន៍ដទៃមើលឃើញពីទង្វើរបស់ខ្ញុំ ចូរឱ្យពួកគេហៅខ្ញុំថាជាព្រះដ៏មានគ្រប់ចេស្ដា ដោយសារតែទង្វើរបស់ខ្ញុំ ហើយចូរឱ្យព្រះបន្ទូលរបស់ខ្ញុំឆាប់បានសម្រេច។ ខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ដឹងថា ខ្ញុំមិនត្រឹមតែជាព្រះរបស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះរបស់ប្រជាជននៃប្រជាជាតិនៃសាសន៍ដទៃទាំងអស់ផងដែរ សូម្បីតែប្រជាជាតិដែលខ្ញុំបានដាក់បណ្ដាសាក៏ដោយ។ ខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ឃើញថា ខ្ញុំគឺជាព្រះនៃសព្វសត្វលោកដែលត្រូវបានបង្កើតទាំងអស់។ នេះគឺជាកិច្ចការដ៏អស្ចារ្យបំផុតរបស់ខ្ញុំ ជាគោលបំណងនៃផែនការកិច្ចការរបស់ខ្ញុំសម្រាប់គ្រាចុងក្រោយ និងជាកិច្ចការតែមួយគត់ដែលខ្ញុំចង់សម្រេចនៅក្នុងគ្រាចុងក្រោយ។
(ដកស្រង់ពី «កិច្ចការផ្សាយដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
តើអ្នកអាចនិយាយប្រាប់ពីនិស្ស័យដែលព្រះជាម្ចាស់បានសម្តែងចេញនៅក្នុងយុគសម័យនីមួយៗឱ្យបានជាក់លាក់ ដោយប្រើភាសាសមស្រប និងបង្ហាញពីសារៈសំខាន់នៃយុគសម័យនោះបានដែរទេ? ដោយបានដកពិសោធន៍ពីកិច្ចការរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ តើអ្នកអាចពិពណ៌នាពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ឱ្យបានពិស្តារបានដែរឬទេ? តើអ្នកអាចធ្វើបន្ទាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវបានដែរឬទេ? តើអ្នកនឹងប្រាប់អ្វីដែលបានឃើញ និងបានដកពិសោធន៍នោះទៅដល់អ្នកកាន់សាសនាដែលជឿស៊ប់ ទុគ៌ត និងគួរឱ្យអាណិត ដែលស្រេកឃ្លានចង់បានសេចក្តីសុចរិត និងកំពុងរង់ចាំឱ្យអ្នកមកឃ្វាលពួកគេនោះយ៉ាងដូចម្តេច? តើមនុស្សជំពូកណាដែលកំពុងរង់ចាំឱ្យអ្នកមកឃ្វាលពួកគេ? តើអ្នកអាចនឹកស្រមៃឃើញទេ? តើអ្នកដឹងពីអម្រែកនៅលើស្មារបស់អ្នក ពីបញ្ជាបេសកកម្មរបស់អ្នក និងពីទំនួលខុសត្រូវរបស់អ្នកដែរឬទេ? តើស្មារតីយល់ដឹងអំពីបេសកកម្មជាប្រវត្តិសាស្ត្ររបស់អ្នកនៅឯណា? តើអ្នកនឹងបំពេញតួនាទីបានត្រឹមត្រូវជាម្ចាស់នៃយុគសម័យបន្ទាប់ដោយរបៀបណា? តើអ្នកមានស្មារតីជាម្ចាស់ខ្លាំងដែរឬទេ? តើគួរពន្យល់ដូចម្តេចអំពីម្ចាស់នៃរបស់សព្វសារពើ? តើនោះពិតជាម្ចាស់នៃគ្រប់សត្វមានជីវិត និងវត្ថុធាតុនៅក្នុងពិភពលោកនេះមែនទេ? តើអ្នកមានផែនការអ្វីខ្លះសម្រាប់ការរីកចម្រើនទៅមុខនៃដំណាក់កាលបន្ទាប់នៃកិច្ចការនេះ? តើមានមនុស្សប៉ុន្មាននាក់ដែលកំពុងរង់ចាំឱ្យអ្នកធ្វើជាអ្នកគង្វាលរបស់ពួកគេ? តើកិច្ចការរបស់អ្នកធ្ងន់ណាស់មែនទេ? ពួកគេទុរគត គួរឱ្យអាណិត ភ្នែកខ្វាក់ និងវង្វេងផ្លូវផង ទាំងកំពុងទ្រហោយំនៅទីងងឹត។ តើផ្លូវនៅឯណា? ពួកគេស្រេកឃ្លានចង់ឃើញពន្លឺ ដូចជាទេពច្យុតដែលធ្លាក់ចុះមកភ្លាមៗ និងបំបាត់កម្លាំងនៃភាពងងឹត ដែលបានជិះជាន់មនុស្សអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ ពួកគេសង្ឃឹម និងប្រាថ្នាយ៉ាងអន្ទះសាចង់ឃើញពន្លឺនោះទាំងថ្ងៃទាំងយប់ តើមានអ្នកណាអាចដឹង រឿងនេះទាំងស្រុងដែរឬទេ? សូម្បីនៅថ្ងៃដែលពន្លឺចាំងជះផុតក៏ដោយ ក៏មនុស្សដែលកំពុងរងទុក្ខយ៉ាងខ្លាំងទាំងនោះ នៅតែជាប់នៅក្នុងគុកងងឹត គ្មានក្ដីសង្ឃឹមទទួលបានការដោះលែងដែរ។ តើពេលណាទើបពួកគេលែងយំតទៅទៀត? វិញ្ញាណដ៏ផុយស្រួយទាំងនេះ រងគ្រោះអកុសលខ្លាំងណាស់ ដែលមិនធ្លាប់បានសម្រាកឡើយ ខ្សែចំណងដ៏គ្មានមេត្តា និងប្រវត្តិសាស្ត្រដែលកកដូចថ្នាំង បានចងស្ទះពួកគេឱ្យជាប់នៅក្នុងសភាពនេះជាយូរមកហើយ។ តើមាននរណាធ្លាប់ឮសំឡេងទ្រហោយំរបស់ពួកគេដែរទេ? តើមាននរណាធ្លាប់បានមើលឃើញសភាពវេទនារបស់ពួកគេដែរទេ? តើអ្នកធ្លាប់គិតទេថា ព្រះជាម្ចាស់ព្រួយព្រះហឫទ័យ និងមានក្ដីសោកសង្រេងប៉ុនណាទេ? តើទ្រង់អាចទ្រាំមើលមនុស្សដែលគ្មានទោសពៃរ៍ ដែលទ្រង់បានបង្កើតមកដោយព្រះហស្តទ្រង់ផ្ទាល់ ឱ្យរងការឈឺចាប់ខ្លាំងបែបនេះយ៉ាងដូចម្តេចទៅ? តាមពិតទៅ មនុស្សបានក្លាយជាជនរងគ្រោះដែលត្រូវគេបំពុល។ ហើយទោះបីជាមនុស្សអាចរួចជីវិតរហូតដល់សព្វថ្ងៃនេះក៏ដោយ តើមាននរណាបានដឹងថា មនុស្សជាតិត្រូវអាកំណាចបំពុលមកជាយូរហើយនោះ? តើអ្នកភ្លេចខ្លួនហើយមែនទេថា អ្នកក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមនោះដែរ? ដោយក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ តើអ្នកគ្មានឆន្ទៈប្រឹងប្រែងជួយសង្គ្រោះអ្នកដែលនៅរស់រាន្តទាំងអស់នេះទេឬ? តើអ្នកគ្មានបំណងលះបង់អស់ទាំងកម្លាំងរបស់ខ្លួន ដើម្បីតបស្នងចំពោះព្រះជាម្ចាស់ដែលស្រឡាញ់មនុស្សជាតិ ដូចជាសាច់ឈាមរបស់ទ្រង់ផ្ទាល់ទេឬអី? តើអ្នកយល់យ៉ាងណាឱ្យប្រាកដអំពីការដែលព្រះជាម្ចាស់ប្រើអ្នកឱ្យរស់នៅក្នុងជីវិតពិសេសខុសពីធម្មតានេះ? តើអ្នកពិតជាមានការតាំងចិត្ត និងសេចក្ដីជំនឿ ដើម្បីរស់ក្នុងជីវិតដ៏មានន័យជាមនុស្សដែលគោរព និងបម្រើព្រះជាម្ចាស់មែនទេ?
(ដកស្រង់ពី «តើអ្នកគួរប្រព្រឹត្តិចំពោះបេសកកម្មនាពេលអនាគតរបស់អ្នកយ៉ាងដូចម្តេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
អ្វីដែលអ្នករាល់គ្នាបានជួបប្រទះ និងបានឃើញ គឺអស្ចារ្យជាងពួកបរិសុទ្ធ និងពួកហោរាពីគ្រប់យុគសម័យទៅទៀត ប៉ុន្តែតើទីបន្ទាល់ដែលអ្នករាល់គ្នាថ្វាយដល់ខ្ញុំ អាចអស្ចារ្យជាងពាក្យពេជន៍របស់ពួកបរិសុទ្ធ និងពួកហោរាពីសម័យបុរាណទាំងនេះដែរឬទេ? អ្វីដែលខ្ញុំប្រទានឱ្យអ្នករាល់គ្នាឥឡូវនេះ គឺប្រសើរលើសម៉ូសេ ហើយច្រើនជាងដាវីឌផង ដូច្នេះ ខ្ញុំក៏សុំឱ្យទីបន្ទាល់របស់អ្នករាល់គ្នាល្អលើសម៉ូសេ ហើយសុំឱ្យពាក្យរបស់អ្នករាល់គ្នាអស្ចារ្យជាងដាវីឌផងដែរ។ ខ្ញុំប្រទានដល់អ្នករាល់គ្នាលើសគេមួយរយដង ដូច្នេះ ខ្ញុំតម្រូវឱ្យអ្នករាល់គ្នាតបស្នងមកខ្ញុំវិញដូចគ្នាផងដែរ។ អ្នកត្រូវតែដឹងថា ខ្ញុំគឺជាព្រះមួយអង្គដែលប្រទានជីវិតដល់មនុស្សលោក គឺជាអ្នករាល់គ្នាហើយដែលទទួលបាននូវជីវិតពីខ្ញុំ និងត្រូវធ្វើបន្ទាល់សម្រាប់ខ្ញុំ។ នេះជាភារកិច្ចដែលខ្ញុំប្រទានដល់អ្នករាល់គ្នា ហើយវាជាអ្វីដែលអ្នករាល់គ្នាគួរតែធ្វើសម្រាប់ខ្ញុំ។ ខ្ញុំបានប្រទាននូវសិរីល្អទាំងអស់របស់ខ្ញុំដល់អ្នករាល់គ្នា ខ្ញុំបានប្រទានដល់អ្នករាល់គ្នានូវជីវិត ដែលពួកអ៊ីស្រាអែលជារាស្ដ្ររើសតាំងរបស់ខ្ញុំ មិនធ្លាប់បានទទួលពីមុនឡើយ។ អ្នករាល់គ្នាគួរតែធ្វើបន្ទាល់ពីខ្ញុំ ហើយថ្វាយភាពយុវវ័យរបស់អ្នក និងលះបង់ជីវិតរបស់អ្នកសម្រាប់ខ្ញុំ។ អស់អ្នកណាដែលខ្ញុំប្រទានសិរីល្អខ្ញុំដល់គេ អ្នកនោះនឹងត្រូវធ្វើបន្ទាល់ពីខ្ញុំ និងថ្វាយជីវិតរបស់គេសម្រាប់ខ្ញុំ។ នេះជាសេចក្ដីដែលខ្ញុំបានកំណត់ទុកមុនមកហើយ។ សំណាងល្អហើយដែលខ្ញុំប្រទានសិរីល្អរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយភារកិច្ចរបស់អ្នករាល់គ្នា គឺត្រូវធ្វើបន្ទាល់ពីសិរីល្អរបស់ខ្ញុំ។ បើអ្នករាល់គ្នាជឿលើខ្ញុំ ដោយព្រោះតែចង់បានព្រះពរ នោះកិច្ចការរបស់ខ្ញុំនឹងទទួលបាននូវសារៈសំខាន់តិចតួចបំផុត ហើយអ្នករាល់គ្នានឹងមិនបំពេញភារកិច្ចរបស់អ្នករាល់គ្នាឡើយ។ ពួកអ៊ីស្រាអែលបានឃើញតែសេចក្តីមេត្តា សេចក្តីស្រឡាញ់ និងភាពធំឧត្ដមរបស់ខ្ញុំប៉ុណ្ណោះ ហើយពួកយូដាបានឃើញព្រះទ័យអត់ធ្មត់ និងការប្រោសលោះរបស់ខ្ញុំផ្ទាល់ភ្នែកដែរ។ ពួកគេបានឃើញកិច្ចការនៃព្រះវិញ្ញាណរបស់ខ្ញុំតិចតួចបំផុត គឺថាពួកគេយល់បានតែមួយភាគមួយម៉ឺននៃអ្វីដែលអ្នករាល់គ្នាបានឮ និងបានឃើញប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាបានឃើញ គឺប្រសើរជាងពួកសម្ដេចសង្ឃដែលស្ថិតនៅក្នុងចំណោមពួកគេទៅទៀត។ សេចក្តីពិតដែលអ្នករាល់គ្នាយល់នាពេលសព្វថ្ងៃ គឺប្រសើរលើសសេចក្តីពិតដែលគេយល់ទៅទៀត។ អ្វីដែលអ្នករាល់គ្នាបានឃើញនាពេលសព្វថ្ងៃ គឺប្រសើរលើសអ្វីដែលគេបានឃើញ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យក៏ដូចជាយុគសម័យនៃព្រះគុណទៅទៀត ហើយសេចក្ដីអ្វីដែលអ្នករាល់គ្នាបានពិសោធ ក៏លើសទាំងម៉ូសេ និងអេលីយ៉ាផងដែរ។ ដ្បិតអ្វីដែលពួកអ៊ីស្រាអែលបានយល់ គឺគ្រាន់តែជាក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយអ្វីដែលពួកគេបានឃើញ គឺគ្រាន់តែជាប្រឹស្ដាង្គរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ អ្វីដែលពួកយូដាបានយល់ គ្រាន់តែជាការប្រោសលោះរបស់ព្រះយេស៊ូវ។ អ្វីដែលពួកគេបានទទួល គ្រាន់តែជាព្រះគុណដែលព្រះយេស៊ូវបានប្រទានមក ហើយអ្វីដែលពួកគេបានឃើញ គឺគ្រាន់តែជារូបអង្គរបស់ព្រះយេស៊ូវ នៅក្នុងផ្ទះរបស់សាសន៍យូដាប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាមើលឃើញសព្វថ្ងៃ គឺជាសិរីល្អរបស់ព្រះយេហូវ៉ា ការប្រោសលោះរបស់ព្រះយេស៊ូវ និងគ្រប់ទាំងទង្វើរបស់ខ្ញុំនៅសម័យនេះ។ ដូច្នេះ អ្នកក៏បានឮអំពីព្រះបន្ទូលនៃព្រះវិញ្ញាណរបស់ខ្ញុំដែរ ហើយបានកោតសរសើរព្រះប្រាជ្ញាញាណរបស់ខ្ញុំ ស្គាល់ពីឫទ្ធិបារមីរបស់ខ្ញុំ និងបានរៀនអំពីនិស្ស័យរបស់ខ្ញុំផង។ ខ្ញុំក៏បានប្រាប់អ្នករាល់គ្នាអំពីផែនការគ្រប់គ្រងទាំងអស់របស់ខ្ញុំដែរ។ អ្វីដែលអ្នករាល់គ្នាបានឃើញ មិនគ្រាន់តែជាព្រះជាម្ចាស់ដ៏ពេញដោយសេចក្តីស្រឡាញ់ និងក្តីមេត្តាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះដ៏ពេញដោយសេចក្តីសុចរិតផងដែរ។ អ្នកបានឃើញកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ និងបានដឹងហើយថា ខ្ញុំពេញពោរដោយព្រះចេស្ដា និងសេចក្ដីក្រោធ។ លើសពីនេះទៅទៀត អ្នកដឹងថា ខ្ញុំធ្លាប់នាំសេចក្តីក្រោធរបស់ខ្ញុំមកលើពូជពង្សអ៊ីស្រាអែល ហើយដឹងថា នៅថ្ងៃនេះ សេចក្ដីក្រោធនេះបានមកដល់អ្នករាល់គ្នាហើយ។ អ្នករាល់គ្នាយល់អំពីសេចក្តីលាក់កំបាំងរបស់ខ្ញុំនៅឯស្ថានសួគ៌ ច្រើនជាងអេសាយ និងយ៉ូហានទៅទៀតផង ហើយអ្នករាល់គ្នាក៏ស្គាល់ពីភាពគួរឱ្យស្រឡាញ់ និងភាពគួរឱ្យគោរពរបស់ខ្ញុំ ច្រើនជាងពួកបរិសុទ្ធទាំងអស់ កាលពីអតីតកាលផងដែរ។ អ្វីដែលអ្នករាល់គ្នាបានទទួល មិនគ្រាន់តែជាសេចក្តីពិត ជាផ្លូវ និងជាជីវិតរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្ត និងការបើកសម្ដែងដែលអស្ចារ្យជាងអ្វីដែលយ៉ូហានបានទទួលទៅទៀត។ អ្នករាល់គ្នាយល់នូវសេចក្តីលាក់កំបាំងច្រើនលើសនេះទៅទៀត ហើយក៏បានសម្លឹងឃើញព្រះភក្ត្រពិតរបស់ខ្ញុំផងដែរ។ អ្នករាល់គ្នាបានទទួលការជំនុំជម្រះរបស់ខ្ញុំកាន់តែច្រើន ហើយក៏ស្គាល់អំពីនិស្ស័យសុចរិតរបស់ខ្ញុំកាន់តែច្រើនផងដែរ។ ហើយទោះបីជាអ្នករាល់គ្នាបានកើតមកនៅគ្រាចុងក្រោយក៏ដោយ ក៏អ្នករាល់គ្នាមានការយល់ដឹងអំពីរឿងដែលកើតឡើងពីអតីតកាល និងពីសម័យមុន ហើយអ្នកក៏បានពិសោធរឿងរ៉ាវសព្វថ្ងៃ ដែលការទាំងអស់នេះ សុទ្ធតែត្រូវបានធ្វើឡើងដោយខ្ញុំផ្ទាល់។ អ្វីដែលខ្ញុំតម្រូវពីអ្នករាល់គ្នា មិនជ្រុលពេកឡើយ ដ្បិតខ្ញុំបានប្រទានដល់អ្នករាល់គ្នាច្រើនណាស់ ហើយអ្នករាល់គ្នាក៏បានឃើញរឿងរ៉ាវជាច្រើន នៅក្នុងខ្ញុំផងដែរ។ ដូច្នេះ ខ្ញុំសុំឱ្យអ្នករាល់គ្នាធ្វើបន្ទាល់ពីខ្ញុំទៅកាន់ពួកបរិសុទ្ធនាសម័យមុន ហើយនេះជាបំណងព្រះហឫទ័យតែមួយគត់របស់ខ្ញុំ។
(ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
អ្វីដែលខ្ញុំចង់បាន គឺជាភក្តីភាព និងការចុះចូលសេចក្តីស្រឡាញ់ និងបន្ទាល់របស់អ្នកនៅពេលនេះ។ ទោះបីជាពេលនេះអ្នកមិនដឹងថា អ្វីទៅជាទីបន្ទាល់ ឬអ្វីទៅជាសេចក្តីស្រឡាញ់ក៏ដោយ ប៉ុន្តែអ្នកគួតែថ្វាយដល់ខ្ញុំនូវអ្វីគ្រប់យ៉ាងរបស់អ្នក ហើយប្រគល់ដល់ខ្ញុំនូវទ្រព្យសម្បត្តិតែមួយគត់ដែលអ្នកមានគឺជាភក្តីភាព និងការចុះចូលរបស់អ្នក។ អ្នកគួរតែដឹងថា ទីបន្ទាល់អំពីជ័យជម្នះរបស់ខ្ញុំលើអារក្សសាតាំង គឺស្ថិតនៅក្នុងភក្តីភាព និងការស្ដាប់បង្គាប់របស់មនុស្សហើយក៏ស្ថិតលើទីបន្ទាល់អំពីជ័យជម្នះទាំងស្រុងរបស់ខ្ញុំ ទៅលើមនុស្សផងដែរ។ ភារកិច្ចនៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ គឺត្រូវធ្វើបន្ទាល់អំពីខ្ញុំ មានភក្តីភាពចំពោះខ្ញុំតែម្នាក់គត់ ហើយចុះចូលដល់ទីបញ្ចប់។ មុនពេលខ្ញុំចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ តើអ្នកនឹងធ្វើបន្ទាល់អំពីខ្ញុំយ៉ាងដូចម្ដេច? តើអ្នកនឹងមានភក្តីភាព និងចុះចូលនឹងខ្ញុំដោយរបៀបណា? តើអ្នកដាក់ភក្តីភាពទាំងស្រុងរបស់អ្នកចំពោះកិច្ចការរបស់អ្នក ឬក៏អ្នកនឹងគ្រាន់តែបោះបង់វាចោល? តើអ្នកនឹងចុះចូលចំពោះគ្រប់ទាំងការរៀបចំរបស់ខ្ញុំ (ទោះបីជាត្រូវស្លាប់ ឬវិនាស) ឬក៏រត់យករួចខ្លួនទាំងពាក់កណ្ដាលទី ដើម្បីគេចវេសពីការវាយផ្ចាលរបស់ខ្ញុំ? ខ្ញុំវាយផ្ចាលអ្នក ដើម្បីឱ្យអ្នកនឹងធ្វើបន្ទាល់ពីខ្ញុំ មានភក្ដីភាព និងចុះចូលនឹងខ្ញុំ។ លើសពីនេះ ការវាយផ្ចាលនាពេលសព្វថ្ងៃ គឺដើម្បីបើកបង្ហាញពីជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ និងអនុញ្ញាតឱ្យកិច្ចការនេះវិវឌ្ឍទៅមុខ ដោយគ្មានការបង្អាក់។ ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នកថា អ្នកគួរតែមានប្រាជ្ញា ហើយមិនត្រូវចាត់ទុកជីវិតរបស់អ្នក ក៏ដូចជាសារៈសំខាន់នៃវត្តមានជីវិតអ្នក ដូចជាគ្រាប់ខ្សាច់ដែលគ្មានតម្លៃនោះទេ។ តើអ្នកអាចដឹងថា កិច្ចការនាពេលខាងមុខរបស់ខ្ញុំ នឹងមានលក្ខណៈបែបណាឱ្យប្រាកដដែរឬទេ? តើអ្នកដឹងអំពីរបៀបដែលខ្ញុំនឹងធ្វើការនៅថ្ងៃខាងមុខ និងរបៀបដែលកិច្ចការរបស់ខ្ញុំនឹងបើកបង្ហាញដែរឬទេ? អ្នកគួរតែដឹងពីសារៈសំខាន់នៃបទពិសោធន៍របស់អ្នកអំពីកិច្ចការរបស់ខ្ញុំ ហើយលើសពីនេះទៅទៀត គឺដឹងអំពីសារៈសំខាន់នៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ។ ខ្ញុំបានធ្វើកិច្ចការជាច្រើនរួចទៅហើយ។ តើខ្ញុំអាចបោះបង់ចោលទាំងពាក់កណ្ដាលទី ដូចអ្នកស្រមើស្រមៃយ៉ាងដូចម្ដេច? ខ្ញុំបានធ្វើការយ៉ាងច្រើនម្ល៉ឹងហើយ តើខ្ញុំអាចបំផ្លាញវាចោលយ៉ាងដូចម្ដេច? តាមពិតទៅ ខ្ញុំបានមកដើម្បីបញ្ចប់យុគសម័យនេះ។ នេះជាសេចក្តីពិត ប៉ុន្តែលើសពីនេះទៅទៀត អ្នកត្រូវតែដឹងថា ខ្ញុំកំពុងតែចាប់ផ្ដើមយុគសម័យមួយថ្មី ចាប់ផ្ដើមកិច្ចការមួយថ្មី ហើយអ្វីដែលសំខាន់បំផុតនោះគឺដើម្បីផ្សាយដំណឹងល្អអំពីនគរព្រះ។ ដូច្នេះ អ្នកគួរតែដឹងថា កិច្ចការបច្ចុប្បន្ន គឺគ្រាន់តែចាប់ផ្ដើមយុគសម័យមួយ និងចាក់គ្រឹះមូលដ្ឋាន សម្រាប់ការផ្សាយដំណឹងល្អនាពេលខាងមុខ ហើយបញ្ចប់សម័យកាលនេះ នៅពេលអនាគត។ កិច្ចការរបស់ខ្ញុំ មិនមែនសាមញ្ញដូចអ្វីដែលអ្នកគិតឡើយ ហើយក៏មិនមែនគ្មានតម្លៃ ឬគ្មានន័យដូចអ្វីដែលអ្នកជឿដែរ។ ដូច្នេះ ខ្ញុំនៅតែត្រូវនិយាយទៅកាន់អ្នកថា៖ អ្នកគួរតែថ្វាយជីវិតរបស់អ្នកដើម្បីកិច្ចការរបស់ខ្ញុំ ហើយលើសពីនេះ អ្នកគួរតែលះបង់ជីវិតរបស់អ្នកសម្រាប់សិរីល្អរបស់ខ្ញុំ។ ខ្ញុំបានទន្ទឹងរង់ចាំឱ្យអ្នកធ្វើបន្ទាល់ពីខ្ញុំយូរណាស់មកហើយ ហើយខ្ញុំក៏ទន្ទឹងឱ្យអ្នកផ្សាយដំណឹងល្អរបស់ខ្ញុំយូរជាងនេះទៅទៀត។ អ្នកគួរតែយល់អំពីអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ខ្ញុំ។
(ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅទូទាំងចក្រវាល ខ្ញុំកំពុងធ្វើកិច្ចការរបស់ខ្ញុំ ហើយនៅទិសខាងកើត សំឡេងផ្គរលាន់យ៉ាងកងរំពងបន្លឺឡើងឥតឈប់ឈរ ធ្វើឲ្យរញ្ជួយគ្រប់ជាតិសាសន៍ និងគ្រប់និកាយទាំងអស់។ គឺជាសូរសៀងរបស់ខ្ញុំ ដែលបាននាំមនុស្សទាំងអស់មកដល់សព្វថ្ងៃនេះ។ ខ្ញុំធ្វើឲ្យមនុស្សទាំងអស់ត្រូវបានយកឈ្នះដោយសារសូរសៀងរបស់ខ្ញុំ ឲ្យធ្លាក់ចូលទៅក្នុងអូរនេះ និងឲ្យចុះចូលនៅចំពោះមុខខ្ញុំ ពីព្រោះខ្ញុំបានដកយកសិរីរុងរឿងរបស់ខ្ញុំពីផែនដីទាំងមូលជាយូរមកហើយ ហើយបានបញ្ចេញវាម្តងទៀតនៅទិសខាងកើត។ តើអ្នកណាមិនប្រាថ្នាចង់ឃើញសិរីរុងរឿងរបស់ខ្ញុំ? តើអ្នកណាមិនទន្ទឹងរង់ចាំដោយអន្ទះសានូវការយាងត្រឡប់មកវិញរបស់ខ្ញុំ? តើអ្នកណាមិនស្រេកឃ្លានចង់ឲ្យខ្ញុំលេចមកម្តងទៀត? តើអ្នកណាមិនអាឡោះអាល័យនឹងភាពគួរឲ្យស្រឡាញ់របស់ខ្ញុំ? តើអ្នកណាមិនចង់មកឯពន្លឺ? តើអ្នកណាមិនចង់ឃើញភាពបរិបូរណ៍នៃស្រុកកាណាន? តើអ្នកណាមិនប្រាថ្នាចង់ឲ្យព្រះដ៏ប្រោសលោះយាងត្រឡប់មកវិញ? តើអ្នកណាមិនកោតស្ញប់ស្ញែងដល់ព្រះអង្គដែលមានព្រះចេស្ដាដ៏មហិមា? សូរសៀងរបស់ខ្ញុំនឹងត្រូវបានផ្សព្វផ្សាយនៅទូទាំងផែនដី។ ខ្ញុំនឹងបន្លឺសូរសៀង ហើយមានបន្ទូលកាន់តែច្រើនទៅកាន់រាស្ដ្ររើសតាំងរបស់ខ្ញុំ ប្រៀបដូចជាផ្គរលាន់ដ៏ខ្លាំងក្លាដែលធ្វើឲ្យរញ្ជួយភ្នំ និងទន្លេ។ ខ្ញុំមានបន្ទូលទៅកាន់ចក្រវាលទាំងមូល និងទៅកាន់មនុស្សជាតិ។ ហេតុនេះ ព្រះបន្ទូលចេញពីមាត់ខ្ញុំបានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស ហើយមនុស្សទាំងអស់ស្រឡាញ់ព្រះបន្ទូលរបស់ខ្ញុំ។ ផ្លេកបន្ទោរបញ្ចេញពន្លឺចេញពីទិសខាងកើតរហូតដល់ទិសខាងលិច។ ព្រះបន្ទូលរបស់ខ្ញុំគឺបែបនេះ ដែលមនុស្សមិនចង់ឃ្លាតចេញពីព្រះបន្ទូលទាំងនោះឡើយ ហើយក៏ជាព្រះបន្ទូលដែលមនុស្សមិនអាចស្ទង់បានដែរ ហើយរឹតតែខ្លាំងជាងនេះទៅទៀត ព្រះបន្ទូលទាំងនោះនាំឲ្យមនុស្សមានសេចក្តីអំណរ។ ប្រៀបដូចជាទារកទើបនឹងកើត មនុស្សទាំងអស់មានអារម្មណ៍ត្រេកអរនិងរីករាយ ហើយអបអរសាទរការយាងមកដល់របស់ខ្ញុំ។ តាមរយៈសូរសៀងរបស់ខ្ញុំ ខ្ញុំនឹងនាំមនុស្សទាំងអស់មកនៅចំពោះមុខខ្ញុំ។ ចាប់ពីពេលនោះមក ខ្ញុំនឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ ដើម្បីឲ្យពួកគេមកថ្វាយបង្គំខ្ញុំ។ ដោយសារសិរីរុងរឿងដែលខ្ញុំបញ្ចេញ និងព្រះបន្ទូលចេញពីមាត់ខ្ញុំ ខ្ញុំនឹងធ្វើឲ្យមនុស្សទាំងអស់មកនៅចំពោះមុខខ្ញុំ ហើយឃើញថាផ្លេកបន្ទោរភ្លឺចេញពីទិសខាងកើត ថាខ្ញុំបានយាងចុះមកលើ «ភ្នំដើមអូលីវ» នៅទិសខាងកើត ហើយបានមកដល់ផែនដីជាយូរមកហើយ និងថាខ្ញុំលែងជាបុត្ររបស់ជនជាតិយូដាទៀតហើយ តែជាផ្លេកបន្ទោរនៃទិសខាងកើតវិញ។ ពីព្រោះខ្ញុំបានរស់ពីសុគតឡើងវិញជាយូរមកហើយ ហើយបានចាកចេញពីកណ្តាលចំណោមមនុស្សជាតិ រួចបានលេចមកម្តងទៀតដោយសិរីរុងរឿងនៅក្នុងចំណោមមនុស្ស។ ខ្ញុំគឺជាព្រះអង្គដែលត្រូវបានគេថ្វាយបង្គំរាប់មិនអស់តាំងពីច្រើនយុគសម័យកន្លងមក ហើយខ្ញុំក៏ជាទារកដែលត្រូវបានបោះបង់ចោលដោយជនជាតិអ៊ីស្រាអែលរាប់មិនអស់តាំងពីច្រើនយុគសម័យកន្លងមកដែរ។ រឹតតែខ្លាំងជាងនេះទៅទៀត ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលពេញដោយសិរីល្អនៃយុគសម័យបច្ចុប្បន្ននេះ! ចូរឲ្យមនុស្សទាំងអស់មកនៅចំពោះបល្ល័ង្ករបស់ខ្ញុំ ហើយឃើញព្រះភក្ត្រដ៏រុងរឿងរបស់ខ្ញុំ ឮព្រះសូរសៀងរបស់ខ្ញុំ និងឃើញពីកិច្ចការរបស់ខ្ញុំ។ នេះគឺជាបំណងព្រះហឫទ័យរបស់ខ្ញុំទាំងមូល ជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ខ្ញុំ ក៏ដូចជាគោលបំណងនៃការគ្រប់គ្រងរបស់ខ្ញុំដែរ ពោលគឺដើម្បីឲ្យជាតិសាសន៍ជាច្រើនថ្វាយបង្គំខ្ញុំ ឲ្យមាត់ជាច្រើនទទួលស្គាល់ខ្ញុំ ឲ្យមនុស្សជាច្រើនដាក់សេចក្តីជំនឿរបស់ខ្លួនមកលើខ្ញុំ និងឲ្យរាស្ដ្ររើសតាំងរបស់ខ្ញុំជាច្រើនចុះចូលនឹងខ្ញុំ!
(ដកស្រង់ពី «សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)