ឆ. ស្ដីពីរបៀបបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ
៤០៤. ក្នុងនាមជាសមាជិកនៃអម្បូរមនុស្សលោក និងជាគ្រីស្ទបរិស័ទដែលគោរពកោតខ្លាចព្រះជាម្ចាស់ ការលះបង់ចិត្តគំនិត និងរូបកាយរបស់យើង ដើម្បីបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ គឺជាទំនួលខុសត្រូវ និងជាកាតព្វកិច្ចរបស់យើងរាល់គ្នា ដ្បិតជីវិតយើងទាំងមូលបានមកពីព្រះជាម្ចាស់ ហើយវាកើតមានមកបាន ក៏ដោយសារអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើចិត្តគំនិត និងរូបកាយរបស់យើង មិនមែនសម្រាប់បញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ និងមិនមែនសម្រាប់បុព្វហេតុសុចរិតរបស់មនុស្សទេ នោះព្រលឹងរបស់យើង នឹងមានអារម្មណ៍ថាមិនសមនឹងតម្លៃរបស់អស់អ្នកដែលសុខចិត្តរងទុក្ខដើម្បីបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ឡើយ ហើយកាន់តែគ្មានតម្លៃសមនឹងព្រះជាម្ចាស់ ជាព្រះដែលបានប្រទាននូវអ្វីៗគ្រប់យ៉ាងមកដល់យើងដែរ។
(ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៤០៥. របៀបដែលអ្នកប្រព្រឹត្តដាក់បញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ មានសារៈសំខាន់បំផុត ហើយនេះជារឿងធ្ងន់ធ្ងរណាស់។ ប្រសិនបើអ្នកមិនអាចបំពេញនូវអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្តាក់នឹងមនុស្សទេ នោះអ្នកមិនស័ក្តិសមនឹងរស់នៅក្នុងព្រះវត្តមានទ្រង់ទេ ហើយអ្នកគួរតែត្រូវទទួលទោស។ នេះត្រូវបានតែងតាំងឡើងដោយសា្ថនសួគ៌ ហើយទទួលស្គាល់ដោយផែនដី ដែលមនុស្សត្រូវបំពេញនូវគ្រប់បញ្ជាបេសកកម្មដែលព្រះជាម្ចាស់ផ្ទុកផ្ដាក់នឹងពួកគេឱ្យនេះ។ នេះជាទំនួលខុសត្រូវដ៏ខ្ពស់បំផុតរបស់មនុស្ស និងមានសារៈខាន់ដូចជាជីវិតរបស់ពួកគេដែរ។ ប្រសិនបើអ្នកមិនបានទទួលយកបញ្ជាបេសកកម្មនេះឱ្យបានម៉ឺងមាត់ទេនោះ គឺអ្នកកំពុងតែក្បត់នឹងព្រះអង្គ ក្នុងរបៀបដ៏គួរឱ្យសង្វេគហើយ។ បែបនេះ អ្នកអាក្រក់ជាងយូដាសទៅទៀត ហើយសមនឹងទទួលបណ្តាសា។ មនុស្សត្រូវទទួលបានការយល់ដឹងយ៉ាងហ្មត់ចត់អំពីរបៀបប្រព្រឹត្តចំពោះអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្តាក់ដល់ពួកគេ ហើយយ៉ាងហោចណាស់ ពួកគេត្រូវយល់ថា បញ្ជាបេសកកម្មដែលព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិ គឺជាការលើកតម្កើង និងសេចក្ដីសន្ដោសជាពិសេសមកពីព្រះជាម្ចាស់ ព្រមទាំងយល់ថា អ្វីៗទាំងនោះគឺជាសិរីល្អខ្លាំងបំផុត។ អ្វីផ្សេងទៀតអាចបោះបង់ចោលបាន។ ទោះបីជាមនុស្សម្នាក់ត្រូវលះបង់ជីវិតរបស់ខ្លួនក៏ដោយ ក៏គេត្រូវបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដដែលហ្នឹង។
(ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
៤០៦. ភារកិច្ចរបស់មនុស្ស និងការដែលគេត្រូវទទួលបានព្រះពរ ឬបណ្ដាសានោះ គឺពុំមានជាប់ទាក់ទងគ្នាទេ។ ភារកិច្ចគឺជាអ្វីដែលមនុស្សត្រូវបំពេញ ជាបេសកកម្មដែលប្រទានមកពីស្ថានសួគ៌ ហើយមិនគប្បីត្រូវពឹងផ្អែកលើការប៉ះប៉ូវ លក្ខខណ្ឌ ឬមូលហេតុអ្វីឡើយ។ មានតែពេលនោះប៉ុណ្ណោះ ដែលមនុស្សនឹងបំពេញភារកិច្ចរបស់គេ។ ការទទួលបានព្រះពរ គឺនៅពេលដែលមនុស្សម្នាក់ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ហើយមានព្រះពរពីព្រះជាម្ចាស់ ក្រោយពីឆ្លងកាត់ការជំនុំជម្រះរួច។ ទទួលរងបណ្ដាសាគឺនៅពេលដែលនិស្ស័យរបស់មនុស្សម្នាក់មិនបានផ្លាស់ប្ដូរ ក្រោយពេលដែលពួកគេឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលរួច គឺនៅពេលដែលពួកមិនបានឆ្លងកាត់នូវការប្រោសឱ្យបានគ្រប់លក្ខណ៍ ប៉ុន្តែត្រូវរងនូវការដាក់ទោសទៅវិញ។ ប៉ុន្តែ មិនថាពួកគេត្រូវទទួលបានព្រះពរ ឬការដាក់បណ្ដាសានោះទេ ភាវៈដែលព្រះបានបង្កើតមក គប្បីបំពេញភារកិច្ចរបស់ពួកគេ ធ្វើអ្វីដែលពួកគេត្រូវធ្វើ និងធ្វើអ្វីដែលពួកគេអាចធ្វើបាន។ នេះគឺជាកិច្ចការតិចតួចបំផុតដែលមនុស្សម្នាក់ដែលដេញតាមព្រះជាម្ចាស់ គួរធ្វើ។ អ្នកមិនគួរបំពេញភារកិច្ចរបស់អ្នក ដើម្បីតែការប្រទានពរនោះទេ ហើយអ្នកមិនគួរបដិសេធមិនបំពេញកិច្ចការដោយការភ័យខ្លាចចំពោះការដាក់បណ្ដាសានោះទេ។ ខ្ញុំប្រាប់អ្នករាល់គ្នាពីរឿងមួយនេះចុះ៖ ការបំពេញភារកិច្ចរបស់ខ្លួន ជាអ្វីដែលមនុស្សគួរធ្វើ ហើយប្រសិនបើគេមិនអាចបំពេញភារកិច្ចរបស់គេបានទេ នោះគឺការបះបោររបស់ពួកគេ។ គឺតាមរយៈដំណើរការនៃការបំពេញភារកិច្ចរបស់គេនេះហើយដែលមនុស្សបានបំផ្លាស់បំប្រែបន្តិចម្ដងៗ ហើយតាមដំណើរនេះហើយ ដែលមនុស្សបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន។ តាមរបៀបនេះ កាលណាដែលអ្នកអាចបំពេញភារកិច្ចរបស់អ្នកបានកាន់តែច្រើន នោះអ្នកនឹងកាន់តែទទួលបានសេចក្ដីពិតកាន់តែច្រើនដែរ ហើយការបើកបង្ហាញរបស់អ្នកក៏កាន់តែជាក់ស្ដែងជាងមុនដែរ។ អស់អ្នកណាដែលគ្រាន់តែឆ្លងកាត់សកម្មភាពក្នុងការបំពេញកិច្ចការរបស់ពួកគេ និងមិនស្វែងរកសេចក្ដីពិត នឹងត្រូវផាត់ចោលនៅចុងបំផុត ដ្បិតមនុស្សបែបនេះមិនបំពេញភារកិច្ចរបស់ពួកគេនៅក្នុងការអនុវត្តសេចក្ដីពិតទេ ហើយក៏មិនអនុវត្តសេចក្ដីពិតនៅក្នុងបំពេញភារកិច្ចរបស់ពួកគេឡើយ។ ពួកគេជាមនុស្សដែលមិនព្រមបំផ្លាស់បំប្រែ ហើយនឹងត្រូវបណ្ដាសា។ មិនត្រឹមតែការបើកបង្ហាញរបស់ពួកគេមិនបរិសុទ្ធនោះទេ ប៉ុន្តែគ្រប់យ៉ាងដែលពួកគេបង្ហាញមក គឺសុទ្ធតែអាក្រក់ទាំងអស់។
(ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៤០៨. នៅពេលដែលមនុស្សម្នាក់ទទួលយកអ្វីដែលព្រះជាម្ចាស់ផ្ញើទុកនឹងពួកគេ ព្រះជាម្ចាស់មានខ្នាតដើម្បីវិនិច្ឆ័យថាតើទង្វើរបស់គេល្អឬអាក្រក់ និងថាតើបុគ្គលនោះស្តាប់បង្គាប់ឬអត់ និងថាតើបុគ្គលនោះបានបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬអត់ និងថាតើពួកគេបំពេញតាមខ្នាតនោះដែរឬអត់។ អ្វីដែលព្រះជាម្ចាស់យកព្រះទ័យទុកដាក់ គឺដួងចិត្តរបស់មនុស្ស មិនមែនទង្វើពីសម្បកក្រៅរបស់ពួកគេទេ។ មិនមែនឱ្យតែនរណាម្នាក់ធ្វើអ្វីមួយ នោះព្រះជាម្ចាស់នឹងប្រទានពរ ដោយមិនគិតថាតើពួកគេធ្វើបែបណានោះទេ។ នេះគឺជាការយល់ច្រឡំមួយរបស់មនុស្សចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនមែនគ្រាន់តែទតមើលពីលទ្ធផលចុងក្រោយប៉ុណ្ណោះទេ ប៉ុន្ដែព្រះអង្គក៏ផ្តោតព្រះទ័យទុកដាក់បន្ថែមលើថាតើចិត្តនិងអាកប្បកិរិយារបស់មនុស្សនោះបែបណា ក្នុងអំឡុងពេលដែលអ្វីៗមានការវិវឌ្ឍ ហើយព្រះអង្គក៏ទតមើលផងដែរថាតើនៅក្នុងចិត្តរបស់ពួកគេមានការស្តាប់បង្គាប់ ការគិតគូរ និងបំណងប្រាថ្នាចង់បំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬអត់។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
៤០៩. មិនថាអ្នកកំពុងបំពេញភារកិច្ចអ្វីទេ អ្នកត្រូវតែស្វែងរកគោលការណ៍នៃសេចក្តីពិត យល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ដឹងពីសេចក្តីតម្រូវរបស់ទ្រង់ដែលពាក់ព័ន្ធនឹងភារកិច្ច និងយល់ដឹងពីអ្វីដែលអ្នកគួរធ្វើ ដើម្បីឈានទៅសម្រេចភារកិច្ចនោះ។ មានតែធ្វើបែបនេះទេ ទើបអ្នកអាចអនុវត្តកិច្ចការរបស់អ្នកស្របតាមគោលការណ៍បាន។ ចំពោះការបំពេញភារកិច្ចរបស់អ្នក ច្បាស់ណាស់ថាអ្នកមិនអាចធ្វើតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដោយគ្រាន់តែធ្វើតាមអ្វីដែលអ្នកចង់ធ្វើ អ្វីដែលអ្នកចង់សប្បាយ និងមានអារម្មណ៍កក់ក្ដៅក្នុងការធ្វើវា ឬអ្វីដែលនឹងធ្វើឱ្យអ្នកមើលទៅហាក់ដូចជាល្អនោះឡើយ។ ប្រសិនបើអ្នកបង្ខំដាក់នូវចំណង់ចំណូលចិត្តរបស់អ្នកលើព្រះជាម្ចាស់ ឬអនុវត្តចំណូលចិត្តទាំងនោះដោយធ្វើដូចទាំងនោះជាសេចក្ដីពិត ដោយពិនិត្យមើលចំណុចទាំងនោះដូចវាជាគោលការណ៍សេចក្ដីពិត នោះវាមិនបានបំពេញនូវភារកិច្ចរបស់អ្នកនោះទេ ហើយការបំពេញភារកិច្ចរបស់អ្នកក្នុងរបៀបនេះ នឹងមិនអាចឱ្យព្រះជាម្ចាស់ចងចាំបានឡើយ។ មនុស្សមួយចំនួនមិនយល់ពីសេចក្ដីពិត ហើយពួកគេមិនដឹងពីអត្ថន័យនៃការបំត្រូវពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អនោះទេ។ ពួកគេមានអារម្មណ៍ថា ដោយសារតែពួកគេបានដាក់ចិត្ត និងការខិតខំប្រឹងប្រែងចូលទៅក្នុងនោះ ដោយលះបង់សាច់ឈាម និងបានរងទុក្ខ នោះការបំពេញភារកិច្ចរបស់ពួកគេគួរតែត្រូវតាមបទដ្ឋាន ប៉ុន្តែហេតុអ្វីបានជាព្រះជាម្ចាស់តែងតែមិនគាប់ព្រះទ័យ។ តើមនុស្សទាំងនេះបានធ្វើខុសត្រង់ចំណុចណាដែរ? កំហុសរបស់ពួកគេគឺមិនស្វែងរកសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយពួកគេបែរជាប្រព្រឹត្តស្របតាមគំនិតរបស់គេផ្ទាល់ទៅវិញ។ ពួកគេចាត់ទុកបំណងប្រាថ្នា ចំណង់ចំណូលចិត្តរបស់ខ្លួនគេផ្ទាល់ និងការជំរុញចិត្តបែបអាត្មានិយមថាជាសេចក្ដីពិត ហើយពួកគេចាត់ទុកចំណុចទាំងនេះហាក់ដូចជាទទួលបានការស្រលាញ់ពីព្រះជាម្ចាស់ គឺទុកដូចជាចំណុចទាំងនេះជាបទដ្ឋាន និងសេចក្ដីតម្រូវរបស់ទ្រង់។ ពួកគេបានឃើញអ្វីដែលពួកគេជឿថាត្រឹមត្រូវ ល្អ និងស្រស់ស្អាតចំពោះសេចក្ដីពិត។ ការនេះមិនត្រឹមត្រូវទេ។ តាមការពិត ទោះបីជាពេលខ្លះមនុស្សអាចគិតថាអ្វីមួយត្រឹមត្រូវ ហើយការនោះស្របតាមសេចក្ដីសេចក្ដីពិត ក៏មិនមែនសុទ្ធតែមានន័យថាវាស្របតាមបំណងព្រះឫទ័យរបស់ព្រះជាម្ចាស់ដែរ។ កាលណាមនុស្សកាន់តែគិតថាអ្វីមួយត្រឹមត្រូវ នោះពួកគេរឹតតែគួរប្រុងប្រយ័ត្នកាន់តែខ្លាំង និងរឹតតែគួរស្វែងរកសេចក្ដីពិត ដើម្បីមើលថាតើអ្វីដែលពួកគេកំពុងគិតអាចបំពេញសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ដែរឬទេ។ ប្រសិនបើវាកើតឡើងដើម្បីជំទាស់នឹងសេចក្ដីតម្រូវរបស់ទ្រង់ និងជំទាស់ព្រះបន្ទូលរបស់ទ្រង់ នោះវាមិនអាចទទួលយកបានឡើយ បើទោះបីជាអ្នកគិតថាវាត្រឹមត្រូវ វាប្រាកដជាត្រឹមត្រូវ តែត្រូវតាមគំនិតមនុស្សប៉ុណ្ណោះ ហើយវានឹងមិនអាចស្របតាមសេចក្ដីពិតឡើយ មិនថាអ្នកគិតថាវាត្រឹមត្រូវយ៉ាងណាក៏ដោយ។ ការតាំងចិត្តរបស់អ្នកអំពីអ្វីដែលត្រូវ និងអ្វីដែលខុស ត្រូវតែឈរលើមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុង ហើយមិនថាអ្នកគិតថាវាត្រូវប៉ុនណានោះទេ លុះត្រាណាតែវាមាននូវមូលដ្ឋានសម្រាប់វានៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ បើពុំដូច្នោះទេ អ្នកត្រូវតែបោះបង់វាចោល។ តាមរបៀបនេះ ការបំពេញភារកិច្ចរបស់អ្នកនឹងត្រូវតាមបទដ្ឋាន។ តើភារកិច្ចជាអ្វី? វាជាបញ្ជាបេសកកម្មមួយ ដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស ជាផ្នែកមួយនៃកិច្ចការនៅដំណាក់ព្រះជាម្ចាស់ ហើយជាការទទួលខុសត្រូវ និងកាតព្វកិច្ច ដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ម្នាក់ៗគួរតែរ៉ាប់រង។ តើភារកិច្ចជាកិច្ចខិតខំប្រឹងប្រែងមួយឬ? តើវាជាបញ្ហាគ្រួសារផ្ទាល់ខ្លួនឬ? ការដែលនិយាយថា នៅពេលអ្នកបានទទួលភារកិច្ចណាមួយ ភារកិច្ចនោះក្លាយជាអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក តើត្រឹមត្រូវដែរឬទេ? វាមិនត្រឹមត្រូវជាដាច់ខាត។ ដូច្នេះ តើអ្នកគួរបំពេញភារកិច្ចរបស់អ្នកដោយរបៀបណា? គឺដោយប្រព្រឹត្តតាមសេចក្តីតម្រូវ តាមព្រះបន្ទូល តាមបទដ្ឋានរបស់ព្រះជាម្ចាស់ និងដោយផ្អែកតាមឥរិយាបថស្របតាមគោលការណ៍នៃសេចក្តីពិត ដោយមិនផ្អែកតាមបំណងប្រាថ្នាបែបអត្តនោម័តរបស់មនុស្សឡើយ។ អ្នកខ្លះនិយាយថា៖ «នៅពេលខ្ញុំទទួលបានភារកិច្ចមួយ តើភារកិច្ចនោះមិនមែនជាអាជីវកម្មរបស់ខ្ញុំទេឬអី? ភារកិច្ចខ្ញុំជាបន្ទុករបស់ខ្ញុំ ដូច្នេះ តើអ្វីដែលខ្ញុំរ៉ាប់រង មិនមែនជាអាជីវកម្មរបស់ខ្ញុំទេឬអី? ប្រសិនបើខ្ញុំចាត់ទុកភារកិច្ចជាអាជីវកម្មរបស់ខ្ញុំ តើនោះមិនមានន័យថា ខ្ញុំនឹងបំពេញវាឱ្យបានត្រឹមត្រូវទេឬអី? បើខ្ញុំមិនចាត់ទុកភារកិច្ចជាអាជីវកម្មរបស់ខ្ញុំ តើខ្ញុំនឹងបំពេញភារកិច្ចនោះបានល្អឬទេ?» តើពាក្យសម្តីទាំងនេះត្រូវ ឬក៏ខុស? ពាក្យសម្តីទាំងនេះខុសហើយ។ ពាក្យសម្តីទាំងនេះផ្ទុយនឹងសេចក្តីពិត។ ភារកិច្ចមិនមែនជាអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកទេ។ ភារកិច្ចជាអាជីវកម្មរបស់ព្រះជាម្ចាស់ ជាផ្នែកមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែធ្វើតាមអ្វីដែលព្រះជាម្ចាស់ត្រាស់បង្គាប់។ មានតែតាមរយៈការបំពេញភារកិច្ចរបស់អ្នកដោយដួងចិត្តនៃការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់ទេ ទើបអ្នកអាចបំពេញតាមបទដ្ឋានបាន។ ប្រសិនបើអ្នកតែងតែបំពេញភារកិច្ចរបស់អ្នកស្របតាមសញ្ញាណ ការស្រមើស្រមៃរបស់អ្នក និងស្របតាមទំនោរចិត្តរបស់អ្នក នោះអ្នកនឹងគ្មានថ្ងៃបំពេញតាមបទដ្ឋាននេះបានឡើយ។ ការគ្រាន់តែបំពេញភារកិច្ចរបស់អ្នកតាមការចង់បានរបស់ខ្លួន មិនមែនជាការបំពេញភារកិច្ចរបស់អ្នកនោះទេ ព្រោះអ្វីដែលអ្នកកំពុងតែធ្វើនោះ មិនស្ថិតនៅក្នុងវិសាលភាពនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ ទំនោរចិត្តមិនមែនជាកិច្ចការនៃដំណាក់ព្រះជាម្ចាស់នោះទេ។ ផ្ទុយទៅវិញ អ្នកកំពុងតែមានប្រតិបត្តិការផ្ទាល់ខ្លួន កំពុងអនុវត្តកិច្ចការរបស់អ្នកផ្ទាល់ ដូច្នេះ ព្រះជាម្ចាស់មិននឹកចាំពីកិច្ចការនេះឡើយ។
(ដកស្រង់ពី «មានតែតាមរយៈការស្វែងរកគោលការណ៍នៃសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សអាចបំពញភារកិច្ចរបស់ខ្លួនបានល្អ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
៤១០. សម្រាប់មនុស្សមួយចំនួន មិនថាពួកគេជួបប្រទះនូវបញ្ហាអ្វីនៅពេលពួកគេបំពេញភារកិច្ចនោះទេ ពួកគេមិនស្វែងរកសេចក្ដីពិតឡើយ ហើយពួកគេតែងតែប្រព្រឹត្តតាមគំនិត សញ្ញាណ ការស្រមៃឃើញ និងបំណងចិត្តរបស់ខ្លួនគេផ្ទាល់។ ពួកគេបំពេញតាមបំណងអាត្មានិយមរបស់គេឥតឈប់ឈរ ហើយនិស្ស័យពុករលួយរបស់គេតែងតែគ្រប់គ្រងលើសកម្មភាពរបស់ពួកគេ។ ពួកគេអាចទំនងជាបំពេញភារកិច្ចរបស់ខ្លួនជានិច្ច ប៉ុន្តែដោយសារតែពួកគេមិនដែលទទួលយកសេចក្តីពិត និងគ្មានសមត្ថភាពធ្វើកិច្ចការស្របតាមគោលការណ៍នៃសេចក្តីពិត ចុងក្រោយ ពួកគេនឹងមិនទទួលបានសេចក្តីពិត និងជីវិតឡើយ ហើយនឹងក្លាយជាអ្នកស៊ីឈ្នួលដែលស័ក្តិសមនឹងឈ្មោះ។ ដូច្នេះ តើមនុស្សបែបនេះពឹងផ្អែកទៅលើអ្វីទៅ នៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួន? ពួកគេមិនមែនកំពុងពឹងផ្អែកលើសេចក្ដីពិត ហើយក៏មិនពឹងផ្អែកលើព្រះជាម្ចាស់ឡើយ។ សេចក្ដីពិតបន្តិចបន្តួចដែលពួកគេបានយល់ មិនបានចាប់យកអធិបតេយ្យភាពនៅក្នុងដួងចិត្តរបស់ពួកគេឡើយ។ ពួកគេកំពុងពឹងផ្អែកលើអំណោយទាន និងទេពកោសល្យផ្ទាល់ខ្លួន គឺពឹងលើចំណេះដឹងគ្រប់យ៉ាងដែលគេបានទទួល ក៏ដូចជាឆន្ទៈផ្ទាល់ខ្លួន ឬចេតនាល្អរបស់ខ្លួន ដើម្បីបំពេញភារកិច្ចទាំងនេះ។ ហើយបើបែបនេះ តើពួកគេនឹងអាចបំពេញភារកិច្ចរបស់ខ្លួនស្របតាមបទដ្ឋានដែលអាចទទួលយកបានដែរឬទេ? នៅពេលដែលមនុស្សពឹងអាងលើសភាពពីធម្មជាតិ សញ្ញាណ ការស្រមើស្រមៃ ឯកទេស និងការរៀនសូត្ររបស់ខ្លួន ដើម្បីបំពេញភារកិច្ច ទោះបីការនេះអាចទំនងជាពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួន និងមិនប្រព្រឹត្តការអាក្រក់ក៏ដោយ ក៏ពួកគេមិនអនុវត្តសេចក្តីពិត និងមិនបានធ្វើអ្វីដែលជាទីគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់ដែរ។ មានបញ្ហាមួយទៀត ដែលមិនអាចព្រងើយកន្ដើយផងដែរ៖ ក្នុងអំឡុងពេលនៃដំណើរការបំពេញភារកិច្ចរបស់អ្នក ប្រសិនបើសញ្ញាណ ការស្រមៃ និងបំណងផ្ទាល់ខ្លួន មិនដែលផ្លាស់ប្ដូរ និងមិនដែលជំនួសសេចក្ដីពិត ហើយប្រសិនបើសកម្មភាព និងទង្វើរបស់អ្នកមិនដែលត្រូវបានធ្វើឡើងស្របតាមគោលការណ៍នៃសេចក្ដីពិត តើលទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណា? អ្នកនឹងគ្មានច្រកចូលទៅក្នុងជីវិត អ្នកនឹងក្លាយជាអ្នកស៊ីឈ្នួលម្នាក់ ដែលសម្រេចតាមព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២២-២៣)។ ហេតុអ្វីបានជាព្រះជាម្ចាស់ហៅមនុស្សដែលខិតខំប្រឹងប្រែង និងផ្ដល់ការបម្រើថាជាមនុស្សប្រព្រឹត្តអំពើទុច្ចរិត? មានមួយចំណុចដែលយើងអាចប្រាកដបាន ហើយមិនថាភារកិច្ច ឬកិច្ចការដែលមនុស្សទាំងនេះធ្វើទេ ការលើកទឹកចិត្ត កម្លាំងជំរុញ ចេតនា និងគំនិតរបស់ពួកគេកើតឡើងចេញពីបំណងចិត្តដែលអាត្មានិយមរបស់ពួកគេទាំងស្រុង ហើយគ្រប់យ៉ាង គឺដើម្បីការពារប្រយោជន៍ និងអនាគតរបស់ពួកគេ ព្រមទាំងដើម្បីបំពេញមោទនភាព អំនួត និងឋានៈរបស់ខ្លួន។ គ្រប់យ៉ាងសុទ្ធតែផ្តោតជុំវិញការគិតគូរ និងការគណនាទាំងនេះ គ្មានសេចក្តីពិតនៅក្នុងចិត្តពួកគេទេ ពួកគេមិនមានដួងចិត្តដែលកោតខ្លាច និងស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ។ ឫសគល់នៃបញ្ហា គឺនៅត្រង់នេះឯង។ សព្វថ្ងៃនេះ តើអ្វីទៅជារឿងសំខាន់ដែលអ្នកដេញតាម? នៅក្នុងគ្រប់កិច្ចការ អ្នកត្រូវតែស្វែងរកសេចក្តីពិត ហើយអ្នកត្រូវតែបំពេញភារកិច្ចរបស់អ្នកឱ្យបានត្រឹមត្រូវស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ និងអ្វីដែលទ្រង់ចង់បាន។ បើអ្នកធ្វើបែបនេះ អ្នកនឹងទទួលបានការសរសើរពីព្រះជាម្ចាស់។ ដូច្នេះ តើការបំពេញភារកិច្ចរបស់អ្នកស្របតាមអ្វីដែលព្រះជាម្ចាស់ចង់បាននោះ ពាក់ព័ន្ធនឹងអ្វីឱ្យប្រាកដទៅ? នៅក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ អ្នកត្រូវតែរៀនអធិស្ឋានទៅព្រះជាម្ចាស់ អ្នកត្រូវតែឆ្លុះបញ្ចាំងមើលការជំរុញចិត្តដែលអ្នកមាន គំនិតអ្វីដែលអ្នកមាន និងថាតើការជំរុញចិត្ត និងគំនិតទាំងនេះស្របតាមសេចក្តីពិតឬក៏អត់។ បើវាមិនស្របទេ អ្នកគួរតែទុកវានៅដោយឡែកសិន ក្រោយមក អ្នកគួរតែប្រព្រឹត្តតាមគោលការណ៍នៃសេចក្តីពិត និងទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់។ ការនេះនឹងធានាថា អ្នកអនុវត្តសេចក្តិពិត។ ប្រសិនបើអ្នកមានការជំរុញចិត្ត និងគោលបំណងផ្ទាល់ខ្លួន ហើយអ្នកដឹងយ៉ាងច្បាស់ថា វាបំពានសេចក្តីពិត និងផ្ទុយនឹងបំណងព្រះហឫទ័យព្រះជាម្ចាស់ ប៉ុន្តែអ្នកនៅតែមិនអធិស្ឋានទៅព្រះជាម្ចាស់ និងស្វែងរកសេចក្តីពិតសម្រាប់ដំណោះស្រាយ ពេលនោះ វាមានគ្រោះថ្នាក់ណាស់ អ្នកងាយនឹងប្រព្រឹត្តការអាក្រក់ និងធ្វើរឿងដែលប្រឆាំងនឹងព្រះជាម្ចាស់។ ប្រសិនបើអ្នកប្រព្រឹត្តការអាក្រក់ម្ដង ឬពីរដង រួចប្រែចិត្ត នោះអ្នកនៅតែមានសង្ឃឹមទទួលបានសេចក្តីសង្រ្គោះដដែល។ ប្រសិនបើអ្នកបន្តប្រព្រឹត្តការអាក្រក់ បើអ្នកប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង ហើយនៅតែមិនប្រែចិត្តទៀត ពេលនោះ អ្នកមានបញ្ហាហើយ ពោលគឺព្រះជាម្ចាស់នឹងផាត់អ្នកចោល ឬបោះបង់អ្នកចោល ដែលនេះមានន័យថា អ្នកប្រថុយនឹងការត្រូវបានផាត់ចោល។ មនុស្សដែលប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង នឹងប្រាកដជាត្រូវទទួលទោស និងផាត់ចោលមិនខាន។
(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
៤១១. រាល់ភារកិច្ចដែលអ្នកបំពេញ សុទ្ធតែពាក់ព័ន្ធនឹងច្រកចូលទៅក្នុងជីវិត។ ផ្ទុយទៅវិញ ទោះបីជាភារកិច្ចរបស់អ្នកទៀងទាត់ ឬមិនទៀងទាត់ ស្ពឹកស្រពន់ ឬក៏រស់រវើកក៏ដោយ ក៏អ្នកត្រូវតែទទួលបានច្រកចូលទៅក្នុងជីវិតជានិច្ចដែរ។ ភារកិច្ចដែលមនុស្សមួយចំនួនបំពេញគឺមានលក្ខណៈឯកតោ ពួកគេធ្វើកិច្ចការដដែលៗជារៀងរាល់ថ្ងៃ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលបំពេញភារកិច្ចទាំងនោះ សភាពដែលមនុស្សទាំងនេះបើកសម្ដែងឱ្យឃើញមិនមែនសុទ្ធតែដូចគ្នានោះទេ។ ពេលខ្លះ នៅពេលដែលមានអារម្មណ៍ល្អ មនុស្សឧស្សាហ៍ព្យាយាមជាងមុនបន្ដិច និងធ្វើការបានល្អជាងមុន។ ពេលខ្លះទៀត ដោយសារឥទ្ធិពលដែលមិនស្គាល់មួយចំនួន និស្ស័យពុករលួយរបស់ពួកគេដែលមកពីសាតាំងក៏បង្កើតការរំខាននៅក្នុងពួកគេ ដោយជំរុញឱ្យពួកគេមានទស្សនៈមិនសមរម្យ និងស្ថិតនៅក្នុងសភាពដែលអាក្រក់ ព្រមទាំងមានអារម្មណ៍មិនល្អ ជាហេតុដែលធ្វើឱ្យពួកគេបំពេញភារកិច្ចរបស់ខ្លួនឱ្យរួចតែពីដៃ។ សភាពខាងក្នុងរបស់មនុស្សតែងតែផ្លាស់ប្ដូរជាប់ជានិច្ច។ សភាពទាំងនោះអាចផ្លាស់នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ មិនថាសភាពរបស់អ្នកផ្លាស់ប្ដូរយ៉ាងណានោះទេ ការប្រព្រឹត្តដោយផ្អែកលើអារម្មណ៍របស់អ្នកគឺតែងតែខុសជានិច្ច។ ការនិយាយថាអ្នកធ្វើបានប្រសើរជាងនៅពេលដែលអ្នកមានអារម្មណ៍ល្អ និងធ្វើអាក្រក់នៅពេលដែលអ្នកមានអារម្មណ៍មិនល្អ តើនេះគឺជារបៀបធ្វើកិច្ចការមួយដែលប្រកបដោយគោលការណ៍ដែរឬទេ? តើការនេះនឹងអនុញ្ញាតឱ្យអ្នកបំពេញភារកិច្ចរបស់អ្នកដល់កម្រិតស្តង់ដារដែលអាចទទួលយកបានដែរឬទេ? មិនថាអារម្មណ៍របស់ពួកគេយ៉ាងណានោះទេ មនុស្សត្រូវតែចេះអធិស្ឋាននៅចំពោះព្រះជាម្ចាស់ ហើយស្វែងរកសេចក្ដីពិត។ មានតែធ្វើតាមវិធីនេះទេ ទើបពួកគេអាចជៀសផុតពីការគ្រប់គ្រង និងការយោលទៅមកតាមអារម្មណ៍របស់ខ្លួន។ នៅពេលបំពេញភារកិច្ចរបស់អ្នក អ្នកគួរតែងតែពិនិត្យពិច័យមើលពីខ្លួនឯងដើម្បីមើលថាតើអ្នកកំពុងធ្វើអ្វីៗស្របតាមគោលការណ៍ឬទេ មើលថាតើការបំពេញកាតព្វកិច្ចរបស់អ្នកត្រូវនឹងបទដ្ឋានឬទេ មិនថាអ្នកកំពុងធ្វើវាក្នុងលក្ខណៈគ្រាន់តែជាការគម្រប់កិច្ច មិនថាអ្នកបានព្យាយាមគេចចេញពីភារកិច្ចរបស់ខ្លួន និងមិនថាមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងឥរិយាបថរបស់អ្នក និងរបៀបដែលអ្នកគិតនោះទេ។ នៅពេលដែលអ្នកមានការឆ្លុះបញ្ចាំងពីខ្លួនឯង ហើយរឿងទាំងនេះមានភាពច្បាស់លាស់ចំពោះអ្នក នោះអ្នកនឹងមានពេលងាយស្រួលជាងមុនក្នុងការបំពេញភារកិច្ចរបស់អ្នក។ មិនថាអ្វីដែលអ្នកជួបប្រទះក្នុងអំឡុងពេលបំពេញភារកិច្ចឡើយ មិនថាជាភាពអវិជ្ជមាន និងភាពកម្សោយ ឬការមាននូវអារម្មណ៍មិនល្អក្រោយពេលដោះស្រាយវានោះទេ អ្នកគួរតែធ្វើវាឲ្យបានសមរម្យត្រឹមត្រូវ ហើយអ្នកក៏ត្រូវតែស្វែងរកសេចក្ដីពិត និងស្វែងយល់អំពីបំណងព្រហឫទ័យរបស់ព្រះជាម្ចាស់ផងដែរ។ តាមរយៈការធ្វើបែបនេះ អ្នកនឹងមានផ្លូវដើម្បីអនុវត្តបាន។ ប្រសិនបើអ្នកចង់ធ្វើឲ្យបានល្អក្នុងការបំពេញភារកិច្ចរបស់ខ្លួន នោះអ្នកមិនត្រូវទទួលរងឥទ្ធិពលពីអារម្មណ៍របស់ខ្លួនឡើយ។ មិនថាអ្នកមានអារម្មណ៍អវិជ្ជមាន ឬខ្សោយប៉ុនណានោះទេ អ្នកគួរតែអនុវត្តសេចក្ដីពិតក្នុងគ្រប់អ្វីៗដែលអ្នកធ្វើ ដោយធ្វើដោយភាពតឹងតែង និងខ្ជាប់ខ្ជួនទៅនឹងគោលការណ៍។ ប្រសិនបើអ្នកធ្វើបែបនេះ នោះអ្នកនឹងមិនត្រឹមតែមានការឯកភាពពីអ្នកដទៃនោះទេ តែព្រះជាម្ចាស់ក៏នឹងសព្វព្រះទ័យចំពោះអ្នកដូចគ្នាដែរ។ ដូចនេះ អ្នកនឹងជាមនុស្សដែលមានទំនួលខុសត្រូវ និងជាអ្នកដែលរែកអម្រែកនៃបន្ទុក។ អ្នកនឹងក្លាយជាមនុស្សល្អជាប្រាកដ ដែលបានបំពេញនូវភារកិច្ចរបស់អ្នកត្រូវនឹងបទដ្ឋាន និងជាអ្នកដែលសម្ដែងចេញយ៉ាងពេញលេញនូវលក្ខណៈនៃមនុស្សពិតប្រាកដ។ មនុស្សបែបនេះត្រូវបានបន្សុទ្ធ និងទទួលនូវការបំផ្លាស់បំប្រែពិតប្រាកដនៅពេលបំពេញភារកិច្ចរបស់គេ ហើយពួកគេអាចត្រូវបានចាត់ទុកថាមានភាពស្មោះត្រង់នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់។ មានតែមនុស្សស្មោះត្រង់ប៉ុណ្ណោះដែលអាចស៊ូទ្រាំជាមួយការអនុវត្តសេចក្ដីពិត និងជោគជ័យចំពោះការប្រព្រឹត្តិតាមគោលការណ៍ ព្រមទាំងអាចបំពេញភារកិច្ចរបស់ពួកគេឲ្យត្រូវតាមបទដ្ឋានទៀតផង។ មនុស្សដែលប្រព្រឹត្តតាមគោលការណ៍បំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អិតល្អន់ នៅពេលដែលពួកគេមានអារម្មណ៍ល្អ។ ពួកគេមិនធ្វើការក្នុងលក្ខណៈដើម្បីតែជាការគម្រប់កិច្ចនោះទេ ពួកគេមិនក្រអឺតក្រទម ហើយពួកគេមិនអួតអំពីខ្លួនឯងដើម្បីឲ្យអ្នកផ្សេងគិតល្អពីពួកគេឡើយ។ នៅពេលពួកគេមានអារម្មណ៍មិនល្អ ពួកគេអាចបំពេញកិច្ចការប្រចាំថ្ងៃរបស់ខ្លួនដោយអស់ពីចិត្ត និងដោយទំនួលខុសត្រូវ ហើយទោះបីជាពួកគេជួបប្រទះនូវអ្វីដែលធ្វើឲ្យខូចដល់ការបំពេញភារកិច្ចរបស់គេក្ដី ឬទោះបីការនោះបានដាក់សម្ពាធដល់ពួកគេបន្តិចបន្តួចក្ដី ឬបង្កនូវការរំខានក្នុងពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួនក្ដី ក៏ពួកគេនៅតែអាចមានភាពស្ងប់ស្ងៀមនៅក្នុងដួងចិត្តនៅចំពោះព្រះជាម្ចាស់ ព្រមទាំងអធិស្ឋាន និងពោលថា «មិនថាបញ្ហាធំប៉ុនណាដែលទូលបង្គំជួបប្រទះនោះទេ បើទោះបីជាមេឃត្រូវក្រឡាប់ចុះក៏ដោយ ឱ្យតែខ្ញុំនៅមានជីវិត ខ្ញុំតាំងចិត្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ រាល់ថ្ងៃដែលខ្ញុំរស់នៅ គឺជាថ្ងៃដែលខ្ញុំត្រូវតែបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ ដើម្បីឲ្យទូលបង្គំមានតម្លៃសមនឹងភារកិច្ចដែលព្រះជាម្ចាស់បានប្រទានមកឲ្យទូលបង្គំនេះ ក៏ដូចជាដង្ហើមដែលទ្រង់បានប្រទានដាក់លើរូបកាយរបស់ទូលបង្គំដែរ។ មិនខ្វល់ថាទូលបង្គំអាចជួបភាពលំបាកធំប៉ុនណានោះទេ ទូលបង្គំនឹងទុកវាមួយឡែក ដ្បិតការបំពេញភារកិច្ចរបស់ទូលបង្គំគឺជារឿងសំខាន់ចាំបាច់បំផុត!» អស់អ្នកដែលមិនរងឥទ្ធិពលពីបុគ្គល ព្រឹត្តិការណ៍ រឿងរ៉ាវ ឬមជ្ឈដ្ឋានជុំវិញណាមួយ អ្នកដែលមិនត្រូវបានរឹតត្បិតដោយអារម្មណ៍ ឬស្ថានភាពខាងក្រៅ ហើយអ្នកដែលយកកាតព្វកិច្ច និងបេសកកម្មដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ជារឿងទីមួយ និងសំខាន់បំផុត នោះពួកគេគឺជាអ្នកដែលមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងជាអ្នកដែលចុះចូលនឹងព្រះអង្គដ៏ពិតប្រាកដ។ មនុស្សបែបនេះបានទទួលច្រកចូលទៅក្នុងជីវិត និងបានចូលក្នុងសេចក្ដីពិតដ៏ជាក់ស្ដែង។ នេះគឺជាការសម្តែងចេញដ៏ពិត និងជាក់ស្តែងបំផុតមួយនៃការសម្តែងចេញពសេចក្តីពិត។
(ដកស្រង់ពី «ច្រកចូលទៅក្នុងជីវិតចាប់ផ្តើមដោយការបំពេញភារកិច្ច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
៤១២. មិនថាអ្វីដែលព្រះជាម្ចាស់ស្នើសុំពីអ្នកនោះទេ អ្នកគ្រាន់តែត្រូវការធ្វើវាដោយអស់ពីកម្លាំងរបស់អ្នកប៉ុណ្ណោះ ហើយខ្ញុំសង្ឃឹមថា នៅទីបញ្ចប់ អ្នកនឹងអាចមកចំពោះព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់ ហើយថ្វាយការលះបង់ដ៏ច្រើនបំផុតរបស់អ្នកទៅទ្រង់។ ដរាបណាអ្នកអាចមើលឃើញស្នាមញញឹមដ៏គាប់ព្រះទ័យរបស់ព្រះជាម្ចាស់ ខណៈដែលទ្រង់គង់នៅលើបល្ល័ង្ករបស់ទ្រង់ សូម្បីតែពេលនេះគឺជាពេលដែលសេចក្ដីស្លាប់របស់អ្នកមកដល់ក៏ដោយ ក៏អ្នកគួរតែអាចសើច និងញញឹមបានដែរ ខណៈពេលដែលអ្នកបិទភ្នែករបស់អ្នក។ អំឡុងពេលដែលអ្នកមានជីវិតនៅលើផែនដី អ្នកត្រូវតែបំពេញភារកិច្ចចុងក្រោយរបស់អ្នកសម្រាប់ព្រះជាម្ចាស់។ កាលពីអតីតកាល ពេត្រុស ត្រូវបានគេឆ្កាងបញ្ច្រាសក្បាល ដើម្បីផលប្រយោជន៍របស់ព្រះជាម្ចាស់។ ប៉ុន្តែអ្នកត្រូវតែធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យនៅទីបញ្ចប់ ហើយបញ្ចេញថាមពលទាំងអស់របស់អ្នកដើម្បីផលប្រយោជន៍របស់ទ្រង់។ តើអ្វីដែលភាវៈត្រូវបានបង្កើតមកអាចធ្វើតំណាងឱ្យព្រះជាម្ចាស់? ដូច្នេះ អ្នកគួរតែថ្វាយខ្លួនរបស់អ្នកទៅព្រះជាម្ចាស់ កាន់តែឆាប់កាន់តែល្អ ដើម្បីឱ្យទ្រង់លះបង់អ្នកតាមតែទ្រង់សព្វព្រះទ័យ។ នៅពេលដែលវាធ្វើឱ្យព្រះជាម្ចាស់សប្បាយព្រះទ័យ និងសព្វព្រះទ័យ នោះចូរឱ្យទ្រង់ធ្វើតាមតែទ្រង់នឹងសព្វព្រះទ័យជាមួយអ្នកចុះ។ តើមនុស្សមានសិទ្ធិអ្វីក្នុងការនិយាយពាក្យរអ៊ូរទាំ?
(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៤១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៤១៣. សព្វថ្ងៃនេះ អ្វីដែលអ្នករាល់គ្នាតម្រូវឱ្យសម្រេច មិនមែនជាការទាមទារបន្ថែមឡើយ ប៉ុន្តែវាជាភារកិច្ចរបស់មនុស្ស និងជាកិច្ចការដែលមនុស្សទាំងអស់គួរតែធ្វើប៉ុណ្ណោះ។ ប្រសិនបើអ្នករាល់គ្នាគ្មានសមត្ថភាពក្នុងការធ្វើភារកិច្ចរបស់អ្នករាល់គ្នា ឬធ្វើវាឱ្យបានល្អផង តើអ្នកមិនមែនកំពុងតែនាំបញ្ហាដាក់ខ្លួនទេឬអី? តើអ្នកមិនមែនកំពុងប្រថុយនឹងគ្រោះថ្នាក់ទេឬអី? តើអ្នកអាចនៅតែរំពឹងចង់មានអនាគតល្អ និងភាពជោគជ័យដោយរបៀបណាទៅ? កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ហើយកិច្ចសហប្រតិបត្តិការរបស់មនុស្ស ត្រូវបានផ្ដល់ជូនសម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ក្រោយពេលដែលព្រះជាម្ចាស់បានធ្វើគ្រប់កិច្ចការដែលទ្រង់គួរតែធ្វើរួចហើយ មនុស្សតម្រូវឱ្យអនុវត្តកិច្ចការរបស់ខ្លួនដោយគ្មានការដាក់កម្រិត និងសហការជាមួយព្រះជាម្ចាស់។ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សមិនគួរធ្វើការឱ្យតែរួចពីដៃឡើយ ប៉ុន្តែគួរតែធ្វើយ៉ាងអស់ពីចិត្តរបស់ខ្លួន ហើយមិនគួរអណ្ដែតអណ្ដូងនៅក្នុងសញ្ញាណជាច្រើនឬអង្គុយនៅស្ងៀមរង់ចាំសេចក្តីស្លាប់នោះឡើយ។ ព្រះជាម្ចាស់អាចលះបង់អង្គទ្រង់សម្រាប់មនុស្សបាន ចុះហេតុអ្វីបានជាមនុស្សមិនអាចថ្វាយចិត្តភក្តីភាពរបស់គេដល់ព្រះជាម្ចាស់វិញបាន? ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ចំពោះមនុស្សយ៉ាងខ្លាំង ចុះហេតុអ្វីបានជាមនុស្សមិនអាចផ្ដល់កិច្ចសហប្រតិបត្តិការសូម្បីតែបន្ដិច? ព្រះជាម្ចាស់ធ្វើការសម្រាប់មនុស្សជាតិ ហេតុអ្វីបានជាមនុស្សមិនអាចបំពេញភារកិច្ចខ្លះរបស់គេសម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់? កិច្ចការព្រះមកដល់កម្រិតនេះ ប៉ុន្តែអ្នករាល់គ្នានៅតែអង្គុយមើល មិនព្រមធ្វើសកម្មភាពហើយអ្នកនៅតែស្ដាប់ តែមិនព្រមធ្វើចលនាទៅវិញ។ តើមនុស្សបែបនេះមិនមែនជាកម្មវត្ថុដែលត្រូវធ្លាក់នរកទេឬអី? ព្រះជាម្ចាស់បានប្រទានអ្វីៗគ្រប់យ៉ាងរបស់ទ្រង់ដល់មនុស្សរួចហើយ ដូច្នេះ ហេតុអ្វីបានជាមនុស្សនាពេលសព្វថ្ងៃនេះគ្មានសមត្ថភាពបំពេញភារកិច្ចរបស់ខ្លួនយ៉ាងអស់ពីចិត្ត? សម្រាប់ព្រះជាម្ចាស់ កិច្ចការរបស់ទ្រង់គឺជាអាទិភាពទីមួយរបស់ទ្រង់ ហើយកិច្ចការគ្រប់គ្រងរបស់ទ្រង់ ពិតជាសំខាន់បំផុត។ សម្រាប់មនុស្សវិញ ការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត និងការបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ គឺជាអាទិភាពទីមួយរបស់គេ។ នេះហើយជាចំណុចដែលអ្នករាល់គ្នាគួរតែយល់។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៤១៤. ការបំពេញភារកិច្ចរបស់មនុស្ស តាមពិតទៅ គឺជាការសម្រេចនូវគ្រប់កិច្ចការទាំងអស់ដែលត្រូវធ្វើក្នុងនាមជាមនុស្សដែលនេះមានន័យថា ជាកិច្ចការដែលមនុស្សអាចធ្វើបាន។ គឺនៅពេលនោះហើយដែលគេអាចបំពេញកិច្ចការរបស់គេបាន។ ភាពខ្វះខាតរបស់មនុស្សក្នុងអំឡុងពេលនៃការបម្រើរបស់គេ គឺត្រូវកាត់បន្ថយបន្តិចម្ដងៗតាមរយៈបទពិសោធជឿនលឿនទៅមុខ និងដំណើរការនៃការឆ្លងកាត់ ការជំនុំជម្រះ។ ពួកគេពុំបង្កការរំខាន ឬប៉ះពាល់ដល់ភារកិច្ចរបស់មនុស្សឡើយ។ អស់អ្នកណាដែលឈប់បម្រើ ឬផ្ដល់ផល និងធ្លាក់ទៅវិញដោយខ្លាចថា អាចនឹងមានកំហុសចំពោះការបម្រើរបស់ពួកគេ អ្នកនោះជាមនុស្សកំសាកខ្លាំងជាងគេបំផុត។ ប្រសិនបើមនុស្សមិនអាចសម្ដែងឱ្យឃើញនូវអ្វីដែលពួកគេគួរសម្ដែងឱ្យឃើញ ក្នុងអំឡុងពេលនៃការបម្រើ ឬសម្រេចនូវអ្វីដែលមនុស្សអាចធ្វើបានពីកំណើត ហើយផ្ទុយទៅវិញ បែរជាចំណាយពេលវេលាឥតប្រយោជន៍ និងធ្វើឱ្យរួចតែពីដៃ នោះពួកគេបានបាត់បង់មុខងារដែលភាវៈត្រូវបានបង្កើតមក គួរតែមានហើយ។ មនុស្សបែបនេះ គេហៅថា «មនុស្សមិនសូវពូកែ»។ ពួកគេគឺជាកាកសំណល់ដែលគ្មានបានការ។ តើមនុស្សបែបនេះអាចហៅឱ្យត្រូវថា ជាភាវៈដែលព្រះបានបង្កើតមកដោយរបៀបណាទៅ? តើពួកគេមិនមែនជាភាវៈពុករលួយដែលចាំងចែងតែខាងក្រៅ ប៉ុន្តែរលួយខាងក្នុងទេឬអី? ប្រសិនបើមនុស្សហៅខ្លួនឯងថាព្រះជាម្ចាស់ ប៉ុន្តែមិនអាចបើកសម្ដែងនូវភាពជាព្រះ បំពេញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ឬតំណាងឱ្យព្រះជាម្ចាស់បានទេ នោះមិនបាច់ឆ្ងល់ទេ គេមិនមែនជាព្រះជាម្ចាស់ឡើយ ដ្បិតគេមិនមានសារជាតិរបស់ព្រះជាម្ចាស់ឡើយ ហើយអ្វីដែលព្រះជាម្ចាស់អាចសម្រេចបាន គឺពុំមានពិតនៅក្នុងខ្លួនរបស់គេទេ។ ប្រសិនបើមនុស្សបាត់បង់អ្វីដែលគេអាចទទួលបានពីកំណើតមក គេនឹងមិនអាចហៅថាជាមនុស្សបានទៀតទេ ហើយគេគ្មានតម្លៃដើម្បីឈរក្នុងនាមជាភាវៈមួយដែលបានបង្កើតមក ឬត្រូវមកចំពោះព្រះជាម្ចាស់ និងបម្រើទ្រង់ឡើយ។ បន្ថែមលើនេះ គេមិនមានតម្លៃដើម្បីទទួលនូវព្រះគុណរបស់ព្រះជាម្ចាស់ ឬដើម្បីឱ្យព្រះជាម្ចាស់ឃ្លាំមើល ការពារ និងធ្វើឱ្យគេបានគ្រប់លក្ខណ៍ឡើយ។ មនុស្សជាច្រើនដែលបានបាត់បង់ទំនុកចិត្តចំពោះព្រះជាម្ចាស់ ក៏បន្តបាត់បង់ព្រះគុណរបស់ព្រះជាម្ចាស់ដែរ។ ពួកគេមិនត្រឹមតែមិនស្អប់ខ្ពើមអំពើខុសឆ្គងរបស់ពួកគេទេ ប៉ុន្តែពួកគេថែមទាំងផ្សព្វផ្សាយគំនិតរបស់ពួកគេដោយឥតញញើត ថាផ្លូវរបស់ព្រះជាមិនត្រឹមត្រូវ ហើយពួកបះបោរថែមទាំងបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់ទៀតផង។ តើមនុស្ស ដែលមានការបះបោរបែបនេះ អាចមានសិទ្ធិត្រេកអរសប្បាយ នឹងព្រះគុណរបស់ព្រះជាម្ចាស់បានដោយរបៀបណា? អស់អ្នកណាដែលមិនបំពេញភារកិច្ចរបស់ខ្លួន គឺបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយជំពាក់ទ្រង់យ៉ាងច្រើន ប៉ុន្តែពួកគេបែរខ្នង និងស្ដីបន្ទោសខ្លាំងៗថា ព្រះជាម្ចាស់មិនត្រឹមត្រូវ។ តើមនុស្សបែបនេះ អាចមានតម្លៃដើម្បីធ្វើឱ្យបានគ្រប់លក្ខណ៍ដោយរបៀបណាទៅ? តើនេះមិនមែនជាការនាំឆ្ពោះទៅកាន់ការត្រូវផាត់ចោល និងការដាក់ទោសទេឬអី? មនុស្សមិនបំពេញភារកិច្ចរបស់ពួកគេនៅចំពោះព្រះជាម្ចាស់ គឺមានអារម្មណ៍ខុសឆ្គង់ជាស្រេចនៅក្នុងបទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដ្បិតសូម្បីតែការដាក់ទោសដល់ស្លាប់ក្ដី ក៏នៅមិនទាន់គ្រប់គ្រាន់ដែរ ប៉ុន្តែពួកគេមានលេសក្នុងការតវ៉ាជាមួយព្រះជាម្ចាស់ និងប្រៀបធៀបខ្លួនពួកគេជាមួយនឹងទ្រង់ទៀតផង។ តើការធ្វើឱ្យមនុស្សបែបនេះបានគ្រប់លក្ខណ៍មានតម្លៃអ្វីទៅ? នៅពេលដែលមនុស្សមិនបានបំពេញភារកិច្ចរបស់ពួកគេ ពួកគេគួរតែមានអារម្មណ៍ដឹងកំហុស និងជាប់ជំពាក់។ ពួកគេគប្បីស្អប់ខ្ពើមចំណុចខ្សោយ និងភាពមិនបានការរបស់ពួកគេ ស្អប់ខ្ពើមការបះបោរ និងសេចក្ដីពុករលួយរបស់ពួកគេ ហើយថែមទាំងត្រូវប្រគល់ជីវិតរបស់ពួកគេថ្វាយដល់ព្រះជាម្ចាស់ទៀតផង។ មានតែពេលនោះប៉ុណ្ណោះដែលពួកគេមានលក្ខណៈជាភាវៈមួយដែលត្រូវបានបង្កើតមក ដែលស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដ ហើយមានតែមនុស្សបែបនេះទេ ដែលមានតម្លៃក្នុងការត្រេកអរសប្បាយនឹងព្រះពរ និងសេចក្ដីសន្យារបស់ព្រះជាម្ចាស់ ហើយអាចឱ្យទ្រង់ប្រោសឱ្យបានគ្រប់លក្ខណ៍។ ហើយចុះភាគច្រើននៃអ្នករាល់គ្នាវិញ? តើអ្នករាល់គ្នាប្រព្រឹត្តដាក់ព្រះជាម្ចាស់ដែលគង់នៅក្នុងចំណោមអ្នករាល់គ្នាដូចម្តេច? តើអ្នករាល់គ្នាបានបំពេញភារកិច្ចរបស់អ្នករាល់គ្នានៅចំពោះទ្រង់ដោយរបៀបណា? តើអ្នកបានបំពេញគ្រប់ការទាំងអស់ដែលអ្នកត្រូវបានត្រាស់ហៅឱ្យទៅបំពេញ ទោះបីជាត្រូវលះបង់ជីវិតផ្ទាល់ខ្លួនរបស់អ្នកក្ដីហើយឬនៅ? តើអ្នករាល់គ្នាបានលះបង់អ្វីខ្លះហើយ? តើអ្នករាល់គ្នាមិនបានទទួលច្រើនគ្រប់គ្រាន់ពីខ្ញុំទេឬអី? តើអ្នករាល់គ្នាយល់ដែរឬទេ? តើអ្នករាល់គ្នាស្មោះត្រង់ចំពោះខ្ញុំដល់កម្រិតណា? តើអ្នកបានបម្រើដល់ខ្ញុំដូចម្តេចខ្លះ? ហើយតើខ្ញុំបានប្រទានអ្វីខ្លះដល់ឱ្យអ្នករាល់គ្នា និងបានធ្វើអ្វីខ្លះសម្រាប់អ្នករាល់គ្នា? តើអ្នករាល់គ្នាបានវាស់ស្ទង់កិច្ចការទាំងអស់នោះហើយឬនៅ? តើអ្នករាល់គ្នាបានវិនិច្ឆ័យ និងប្រៀបធៀបកិច្ចការទាំងអស់នេះ ដោយប្រើមនសិការតិចតួចដែលអ្នកមាននៅក្នុងខ្លួនឯង ហើយឬនៅ? តើពាក្យសម្ដី និងទង្វើរបស់អ្នកអាចមានតម្លៃចំពោះនរណាខ្លះ? តើវាអាចទេដែលការលះបង់តិចតួចរបស់អ្នករាល់គ្នា មានតម្លៃចំពោះគ្រប់អ្វីៗដែលខ្ញុំបានប្រទានដល់អ្នករាល់គ្នានោះ? ខ្ញុំគ្មានជម្រើសអ្វីផ្សេងទៀតឡើយ ហើយខ្ញុំបានលះបង់អស់ពីព្រះហឫទ័យចំពោះអ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាបែរជាមានបំណងអាក្រក់ និងមានចិត្តពីរចំពោះខ្ញុំទៅវិញ។ នោះគឺជាទំហំនៃភារកិច្ចរបស់អ្នករាល់គ្នា ជាមុខងារតែមួយគត់របស់អ្នករាល់គ្នា។ តើវាមិនមែនបែបនេះទេឬអី? តើអ្នកមិនដឹងថា ខ្លួនឯងមិនបានបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើតមកទេឬអី? តើអាចចាត់ទុកអ្នកជាភាវៈដែលព្រះបង្កើតមកដោយរបៀបណា? តើអ្នករាល់គ្នាមិនច្បាស់អំពីអ្វីដែលអ្នករាល់គ្នាកំពុងសម្ដែងចេញ និងកំពុងរស់នៅតាមទេឬអី? អ្នករាល់គ្នាមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឡើយ ប៉ុន្តែអ្នកព្យាយាមចង់បាននូវការអត់ឱន និងព្រះគុណដ៏ច្រើនសន្ធឹកសន្ធាប់របស់ព្រះជាម្ចាស់។ ព្រះគុណបែបនេះមិនបានរៀបចំសម្រាប់អ្នកដែលគ្មានតម្លៃ និងថោកទាប ដូចជាអ្នកនោះទេ ប៉ុន្តែគឺសម្រាប់អស់អ្នកណាដែលមិនស្នើសុំអ្វីសោះ និងជាអ្នកដែលលះបង់ដោយរីករាយ។ មនុស្សធុនកណ្ដាលដូចជាអ្នកនេះ គ្មានតម្លៃទទួលបានព្រះគុណនៃស្ថានសួគ៌សូម្បីណាឡើយ។ មានតែទុក្ខលំបាក និងការដាក់ទោសមិនចេះចប់ មិនចេះហើយប៉ុណ្ណោះ ដែលត្រូវកើតមាននៅសម័យរបស់អ្នករាល់គ្នា! ប្រសិនបើអ្នករាល់គ្នា មិនអាចស្មោះត្រង់ចំពោះខ្ញុំបានទេ នោះវាសនារបស់អ្នករាល់គ្នានឹងត្រូវជាវាសនាមួយដែលរងទុក្ខវេទនា។ ប្រសិនបើអ្នកមិនអាចទទួលខុសត្រូវចំពោះព្រះបន្ទូលរបស់ខ្ញុំ និងកិច្ចការរបស់ខ្ញុំបានទេ នោះលទ្ធផលរបស់អ្នករាល់គ្នានឹងទៅជាលទ្ធផលនៃការដាក់ទោស។ គ្រប់ព្រះគុណ ព្រះពរ និងជីវិតដ៏អស្ចារ្យនៃនគរព្រះ គឺគ្មានអ្វីពាក់ព័ន្ធជាមួយនឹងអ្នករាល់គ្នាឡើយ។ នេះគឺជាចុងបញ្ចប់ដែលអ្នករាល់គ្នាត្រូវជួបប្រទះ និងជាលទ្ធផលនៃការប្រព្រឹត្តរបស់អ្នកផ្ទាល់។
(ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)