ជ. ស្ដីពីរបៀបសម្រេចបានការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់

៤១៥. ភាវាៈដែលព្រះបានបង្កើតពិតប្រាកដ ត្រូវដឹងថា ព្រះអាទិករជានរណា មនុស្សកើតមកដើម្បីអ្វី ត្រូវបំពេញទំនួលខុសត្រូវជាមនុស្សដោយរបៀបណា ហើយត្រូវថ្វាយបង្គំព្រះអម្ចាស់នៃអ្វីៗទាំងអស់ដែលបានបង្កើតមក ត្រូវដឹង ត្រូវយល់ ត្រូវស្គាល់ និងយកចិត្តទុកដាក់ចំពោះចេតនា បំណងព្រះហឫទ័យ និងការ ទាមទាររបស់ព្រះអាទិករ ហើយត្រូវប្រព្រឹត្តស្របតាមផ្លូវរបស់ព្រះអាទិករ គឺកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។

តើការកោតខ្លាចព្រះជាម្ចាស់គឺជាអ្វី? ហើយតើមនុស្ស អាចគេចពីសេចក្ដីអាក្រក់យ៉ាងដូចម្ដេច?

«កោតខ្លាចព្រះជាម្ចាស់» មិនមែនជាការភិតភ័យ និងរន្ធត់បែបអនាមិក ក៏មិនមែនជាការគេចចេញទៅឱ្យឆ្ងាយ ក៏មិនមែនជាការថ្វាយបង្គំរូបព្រះ ឬអបិយជំនឿនោះដែរ។ ផ្ទុយទៅវិញ វាគឺជាការស្ងើចសរសើរ ការគោរព ការជឿទុកចិត្ត ការយល់ដឹង ការយកចិត្តទុកដាក់ ការស្ដាប់បង្គាប់ ការញែកជាបរិសុទ្ធ ក្ដីស្រឡាញ់ ក៏ដូចជាការថ្វាយបង្គំ ការតបស្នង និងការចុះចូលឥតលក្ខខណ្ឌ ព្រមទាំងគ្មានការរអ៊ូរទាំ។ គ្មានចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ នោះមនុស្សក៏មិនមានការស្ងើចសរសើរ ការជឿទុកចិត្ត ការយល់ដឹង ការយកចិត្តទុកដាក់ ឬការស្ដាប់បង្គាប់ដ៏ពិតប្រាកដដែរ មានតែការយល់ដឹង និងការគេចចេញគួរឱ្យខ្លាច មានតែការសង្ស័យ និងការគេចមុខប៉ុណ្ណោះ។ បើគ្មានចំណេះដឹងពិតអំពីព្រះជាម្ចាស់ មនុស្សនឹងគ្មានការញែកជាបរិសុទ្ធ និងការតបស្នងពិតប្រាកដឡើយ។ បើគ្មានចំណេះពិតអំពីព្រះជាម្ចាស់ មនុស្សនឹងគ្មានការថ្វាយបង្គំ និងការចុះចូលពិតប្រាកដឡើយ មានតែការថ្វាយបង្គំរូបព្រះ និងអបិយជំនឿដ៏ងងឹតងងល់ប៉ុណ្ណោះ។ បើគ្មានចំណេះដឹងពិតអំពីព្រះជាម្ចាស់ មនុស្សមិនអាចប្រព្រឹត្តស្របទៅនឹងមាគ៌ារបស់ព្រះជាម្ចាស់ ឬកោតខ្លាចព្រះជាម្ចាស់ ឬគេចចេញពីសេចក្ដីអាក្រក់ឡើយ។ ផ្ទុយទៅវិញ គ្រប់សកម្មភាព និងឥរិយាបថដែលមនុស្សពាក់ព័ន្ធនឹងពោរពេញទៅដោយការបះបោរ និងការរឹងទទឹង ពេញដោយការចោទប្រកាន់ដោយការមួលបង្កាច់ និងការវិនិច្ឆ័យអគតិចំពោះទ្រង់ និងពេញដោយកិរិយាអាក្រក់ ដែលកំពុងតែដំណើរការផ្ទុយនឹងសេចក្ដីពិត និងអត្ថន័យពិតនៃព្រះបន្ទូល របស់ព្រះជាម្ចាស់។

នៅពេលដែលមនុស្សមានទំនុកចិត្តពិតលើព្រះជាម្ចាស់ ពួកគេនឹងដើរតាមព្រះជាម្ចាស់ ហើយពឹងអាងលើទ្រង់ពិតប្រាកដ។ មានតែទំនុកចិត្ត និងការពឹងអាងពិតប្រាកដលើព្រះជាម្ចាស់ទេ ទើបមនុស្សអាចមានការយល់ដឹង និងការជ្រួតជ្រាបដ៏ពិតប្រាកដ។ ការជ្រួតជ្រាបពីព្រះជាម្ចាស់ពិតប្រាកដ មកជាមួយនឹងការយកចិត្តទុកដាក់ចំពោះព្រះអង្គពិតប្រាកដ។ ទាល់តែមានការយកចិត្តទុកដាក់ពិតប្រាកដចំពោះព្រះជាម្ចាស់ ទើបមនុស្សអាចមានការស្ដាប់បង្គាប់ពិតប្រាកដ។ ទាល់តែមានការស្ដាប់បង្គាប់ពិតប្រាកដ ទើបមនុស្សអាចមានការញែកជាបរិសុទ្ធពិតប្រាកដ។ ទាល់តែមានការញែកជាបរិសុទ្ធពិតប្រាកដ ទើបមនុស្សអាចមានការតបស្នងឥតលក្ខខណ្ឌ និងគ្មានការរអ៊ូរទាំ។ ទាល់តែមានការជឿទុកចិត្ត និងការពឹងអាងពិតប្រាកដ មានការយល់ដឹង និងការយកចិត្តទុកដាក់ពិតប្រាកដ មានការស្ដាប់បង្គាប់ពិតប្រាកដ មានការញែកជាបរិសុទ្ធ និងមានការតបស្នងពិតប្រាកដ ទើបមនុស្សអាចចាប់ផ្ដើមស្គាល់ពិតប្រាកដនូវអត្តសញ្ញាណរបស់ព្រះអាទិករ។ ទាល់តែពួកគេចាប់ផ្ដើមស្គាល់ព្រះអាទិករពិតប្រាកដ ទើបមនុស្សអាចបង្កើតឱ្យមានការថ្វាយបង្គំ និងការចុះចូលពិតប្រាកដនៅក្នុងខ្លួនគេផ្ទាល់បាន។ ទាល់តែមនុស្សមានការថ្វាយបង្គំ និងការចុះចូលពិតប្រាកដចំពោះព្រះអាទិករ ទើបពួកគេពិតជាអាចលះបង់ផ្លូវអាក្រក់របស់គេ ពោលគឺគេចចេញពីសេចក្ដីអាក្រក់។

ការនេះបង្កើតនូវដំណើរការទាំងមូលនៃ «ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់» ហើយក៏ជាសារជាតិនៃភាពពេញលេញនៃដំណើរការនៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ដែរ។ នេះជាផ្លូវដែលត្រូវតែឆ្លងកាត់ ដើម្បីទទួលបាននូវការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់។

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៤១៦. ជាដំបូង យើងដឹងហើយថា និស្ស័យរបស់ព្រះជាម្ចាស់ គឺមានឫទ្ធានុភាព និងសេចក្ដីក្រោធ។ ទ្រង់មិនមែនជាកូនចៀមសម្រាប់ឱ្យនរណាម្នាក់កាប់សម្លាប់នោះទេ ហើយទ្រង់ក៏មិនមែនជាអាយ៉ងសម្រាប់ឱ្យមនុស្សញាក់តាមអំពើចិត្តនោះដែរ។ ទ្រង់ក៏មិនមែនជាខ្យល់ទទេ សម្រាប់ឱ្យគេផ្លុំទៅនេះទៅនោះដែរ។ ប្រសិនបើអ្នកពិតជាជឿថា ព្រះជាម្ចាស់មានអត្ថិភាពមែន នោះអ្នកគួរតែមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ហើយអ្នកគួរតែដឹងថា សារជាតិរបស់ទ្រង់មិនមែនជាសារជាតិមួយដែលមិនចេះខ្ញាល់នោះឡើយ។ សេចក្តីខ្ញាល់នេះអាចបង្កឡើងដោយពាក្យសម្ដីមួយម៉ាត់ ឬប្រហែលជាគំនិតមួយ ឥរិយាបថដែលគ្មានបានការ ឬសូម្បីតែឥរិយាបថស្លូតបូត ពោលគឺជាឥរិយាបថមួយដែលសមគួរនៅក្នុងភ្នែក និងក្រមសីលធម៌របស់មនុស្ស ឬប្រហែលជាព្រះពិរោធនេះកើតឡើងដោយសារតែគោលលទ្ធិ ឬក៏ទ្រឹស្ដីមួយ។ យ៉ាងណាមិញ នៅពេលដែលអ្នកបានធ្វើឱ្យព្រះជាម្ចាស់ខ្ញាល់ ឱកាសរបស់អ្នកត្រូវបានបាត់បង់ ហើយថ្ងៃចុងក្រោយរបស់អ្នកបានមកដល់។ នេះជារឿងដ៏អាក្រក់ណាស់! ប្រសិនបើអ្នកមិនយល់ថា ព្រះជាម្ចាស់មិនអាចត្រូវបានប្រមាថ នោះអ្នកប្រហែលជាមិនខ្លាចទ្រង់ឡើយ ហើយអ្នកនឹងមានទម្លាប់ប្រមាថលើទ្រង់មិនខាន។ ប្រសិនបើអ្នកមិនដឹងពីរបៀបកោតខ្លាចព្រះជាម្ចាស់ទេ នោះអ្នកមិនអាចកោតខ្លាចព្រះជាម្ចាស់បានឡើយ ហើយអ្នកនឹងមិនដឹងពីរបៀបយកខ្លួនដើរនៅលើផ្លូវរបស់ព្រះជាម្ចាស់ ដែលជាការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់នោះដែរ។ នៅពេលដែលអ្នកដឹង និងយល់ថា ព្រះជាម្ចាស់មិនអាចបំពានលើ នោះអ្នកនឹងដឹងពីអត្ថន័យនៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់មិនខាន។

(ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៤១៧. ទោះបីជាសារជាតិរបស់ព្រះជាម្ចាស់មានផ្ទុកសមាសធាតុនៃសេចក្តីស្រឡាញ់ ហើយទោះបីជាទ្រង់មានសេចក្តីមេត្តាករុណាចំពោះមនុស្សម្នាក់ៗក៏ដោយ ក៏មនុស្សបានមើលរំលង និងបំភ្លេចចោលការពិតដែលថា សារជាតិរបស់ទ្រង់ក៏មានសេចក្តីថ្លៃថ្នូរដែរ។ ការដែលទ្រង់មានសេចក្តីស្រឡាញ់ មិនមែនមានន័យថា មនុស្សអាចបំពានទ្រង់តាមទំនើងចិត្ត ដោយមិនបញ្ឆេះអារម្មណ៍របស់ទ្រង់ ឬធ្វើឱ្យទ្រង់មានប្រតិកម្មនោះឡើយ ហើយការដែលទ្រង់មានសេចក្តីមេត្តាករុណា ក៏មិនមែនមានន័យថា ទ្រង់គ្មានគោលការណ៍ទាក់ទងនឹងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះមនុស្សនោះដែរ។ ព្រះជាម្ចាស់មានព្រះជន្មរស់ ហើយទ្រង់ពិតជាមានអត្ថិភាពមែន។ ទ្រង់មិនមែនជារូបត្លុកដែលគេស្រមៃ ឬជាវត្ថុណាមួយនោះឡើយ។ ទាក់ទងនឹងការដែលទ្រង់មានព្រះជន្មមែន យើងគួរតែស្ដាប់ព្រះសូរសៀងនៃព្រះហឫទ័យរបស់ទ្រង់ដោយប្រុងប្រយ័ត្នគ្រប់ពេលវេលា យកចិត្តទុកដាក់ចំពោះអាកប្បកិរិយារបស់ទ្រង់ ហើយព្យាយាមយល់អំពីព្រះទ័យរបស់ទ្រង់។ យើងមិនគួរប្រើការស្រមើស្រមៃរបស់មនុស្ស ដើម្បីកំណត់អត្ថន័យព្រះជាម្ចាស់ ឬមិនគួរបង្ខំឱ្យទ្រង់ធ្វើតាមគំនិត ឬបំណងប្រាថ្នារបស់មនុស្ស ដោយឱ្យព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សទៅតាមការស្រមើស្រមៃរបស់មនុស្សនោះឡើយ។ ប្រសិនបើអ្នកធ្វើបែបនេះ អ្នកកំពុងតែធ្វើឱ្យព្រះជាម្ចាស់ខ្ញាល់ កំពុងតែល្បួងសេចក្ដីក្រោធរបស់ទ្រង់ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ទ្រង់ហើយ! ដូច្នេះ នៅពេលដែលអ្នករាល់គ្នាចាប់ផ្ដើមយល់អំពីភាពធ្ងន់ធ្ងរនៃរឿងនេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាម្នាក់ៗថា អ្នកគួរតែប្រុងប្រយ័ត្ន និងប្រព្រឹត្តដោយប្រាជ្ញាផងនៅក្នុងទង្វើរបស់អ្នក។ ចូរប្រុងប្រយ័ត្ន និងមានប្រាជ្ញានៅក្នុងការនិយាយស្ដីរបស់អ្នក ហើយទាក់ទងនឹងរបៀបដែលអ្នកប្រព្រឹត្តចំពោះព្រះជាម្ចាស់វិញ បើអ្នកមានការប្រុងប្រយ័ត្ន និងមានប្រាជ្ញាកាន់តែច្រើន នោះវាកាន់តែប្រសើរ! នៅពេលដែលអ្នកមិនយល់អំពីអាកប្បកិរិយារបស់ព្រះជាម្ចាស់ ចូររៀនចេះទប់មាត់កុំនិយាយពាក្យសម្ដីផ្ដេសផ្ដាស ត្រូវចេះប្រុងប្រយ័ត្នជាមួយទង្វើរបស់អ្នក ហើយមិនត្រូវនិយាយទទឹងទិសនោះឡើយ។ កាន់តែសំខាន់ទៀតនោះគឺ មិនត្រូវឆាប់ធ្វើសេចក្តីសន្និដ្ឋានតាមអំពើចិត្តឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែរង់ចាំ និងស្វែងរក ព្រោះទង្វើទាំងនេះក៏ជាការស្ដែងចេញអំពីការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ដែរ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកអាចសម្រេចការនេះបាន ហើយបើអ្នកមានអាកប្បកិរិយាបែបនេះទៀត នោះព្រះជាម្ចាស់នឹងមិនស្ដីបន្ទោសអ្នកចំពោះភាពល្ងង់ខ្លៅ ភាពល្ងីល្ងើ និងកង្វះការយល់ដឹងរបស់អ្នកអំពីហេតុផលដែលនៅពីក្រោយនោះឡើយ។ ផ្ទុយទៅវិញ ដោយសារតែអ្នកមានអាកប្បកិរិយាខ្លាចបំពានព្រះជាម្ចាស់ គោរពចំពោះបំណងព្រះហឫទ័យរបស់ទ្រង់ និងព្រមស្ដាប់បង្គាប់តាមទ្រង់ នោះព្រះជាម្ចាស់នឹងនឹកចាំពីអ្នក ដឹកនាំ និងបំភ្លឺអ្នក ឬអត់ឱនចំពោះភាពក្មេងខ្ចី និងភាពល្ងង់ខ្លៅរបស់អ្នកមិនខាន។ ផ្ទុយទៅវិញ បើអាកប្បកិរិយារបស់អ្នកចំពោះទ្រង់ជាការមិនគោរព ការវិនិច្ឆ័យលើទ្រង់តាមចិត្តដែលអ្នកចង់ ឬចេះតែស្មាន និងកំណត់អត្ថន័យតាមទំនើងចិត្តចំពោះព្រះតម្រិះរបស់ទ្រង់ នោះព្រះជាម្ចាស់នឹងថ្កោលទោសអ្នក ប្រៀនប្រដៅអ្នក ហើយថែមទាំងដាក់ទោសអ្នកទៀតផង ឬក៏ទ្រង់អាចនឹងមានបន្ទូលផ្ដល់យោបល់ដល់អ្នក។ ប្រហែលជាការផ្ដល់យោបល់នេះនឹងមានការពាក់ព័ន្ធនៅក្នុងលទ្ធផលរបស់អ្នក។ ដូច្នេះហើយ បានជាខ្ញុំចង់បញ្ជាក់ម្ដងទៀតថា៖ អ្នករាល់គ្នាម្នាក់ៗគួរតែប្រុងប្រយ័ត្ន និងមានប្រាជ្ញាអំពីអ្វីៗគ្រប់យ៉ាងដែលចេញមកពីព្រះជាម្ចាស់។ មិនត្រូវនិយាយផ្ដេសផ្ដាស ហើយក៏មិនត្រូវធ្វេសប្រហែសនៅក្នុងទង្វើរបស់អ្នកដែរ។ មុនពេលដែលអ្នកនិយាយអ្វីមួយ អ្នកគួរគិតសិនថា៖ តើទង្វើរបស់ខ្ញុំនឹងធ្វើឱ្យព្រះជាម្ចាស់ខ្ញាល់ឬទេ? ដោយធ្វើបែបនេះ តើខ្ញុំកំពុងតែគោរពស្រឡាញ់ព្រះជាម្ចាស់ឬទេ? ទោះបីនៅក្នុងរឿងដ៏សាមញ្ញក៏ដោយ ក៏អ្នកគួរតែព្យាយាមស្វែងយល់អំពីសំណួរទាំងនេះ ហើយចំណាយពេលពិចារណាអំពីសំណួរទាំងនេះបន្ថែមទៀតដែរ។ ប្រសិនបើអ្នកអាចអនុវត្តបានយ៉ាងពិតប្រាកដស្របតាមគោលការណ៍ទាំងនេះនៅគ្រប់ទិដ្ឋភាព នៅគ្រប់កិច្ចការ គ្រប់ពេលវេលា ហើយមានអាកប្បកិរិយាបែបនេះ ជាពិសេស នៅពេលដែលអ្នកមិនយល់អំពីអ្វីមួយ នោះព្រះជាម្ចាស់នឹងតែងតែដឹកនាំអ្នក និងប្រទានដល់អ្នកនូវផ្លូវមួយក្នុងការដើរតាមមិនខាន។

(ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៤១៨. ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឱ្យស្វែងយល់ឱ្យបានច្បាស់ជាងនេះអំពីខ្លឹមសារនៃបញ្ញត្ដិរដ្ឋបាល និងខិតខំប្រឹងប្រែងស្វែងយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់។ បើមិនដូច្នោះទេ អ្នករាល់គ្នាមុខជាពិបាកបិទមាត់ឱ្យជិតណាស់ ហើយអណ្តាតរបស់អ្នកនឹងចេះតែគ្រលាស់គ្មានគិត បន្លឺសំឡេងខ្លាំងៗ ហើយអ្នករាល់គ្នានឹងប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ដោយមិនដឹងខ្លួនមិនខាន ចុងក្រោយក៏ត្រូវធ្លាក់ចូលទៅក្នុងភាពងងឹត បាត់បង់វត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធ និងបាត់បង់ពន្លឺ។ ដោយសារតែក្នុងសកម្មភាពរបស់អ្នករាល់គ្នា គ្មានគោលការណ៍ ដោយសារតែអ្នករាល់គ្នាធ្វើនិងនិយាយអ្វីដែលអ្នករាល់គ្នាមិនគួរធ្វើនិងនិយាយ ដូច្នេះហើយ អ្នករាល់គ្នានឹងត្រូវទទួលកម្មពៀរដែលស័ក្តិសម។ អ្នកគួរតែដឹងថា ទោះបីជានៅក្នុងពាក្យសម្ដីនិងការប្រព្រឹត្ដរបស់អ្នកគ្មានគោលការណ៍ក៏ដោយ តែព្រះជាម្ចាស់មានគោលការណ៍នៅក្នុងចំណុចទាំងពីរនេះណាស់។ មូលហេតុដែលអ្នកទទួលកម្មពៀរ គឺដោយសារតែអ្នកបានប្រមាថព្រះជាម្ចាស់ មិនមែនដោយសារអ្នកប្រមាថបុគ្គលណាម្នាក់ទេ។ នៅក្នុងជីវិតរបស់អ្នក ប្រសិនបើអ្នកប្រព្រឹត្ដអំពើប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ច្រើន នោះអ្នកនឹងក្លាយជាកូននរកមិនខាន។ ក្នុងភ្នែកមនុស្ស មើលទៅដូចជាអ្នកបានប្រព្រឹត្តតែអំពើមួយចំនួនតូចដែលមិនស្របនឹងសេចក្ដីពិតប៉ុណ្ណោះ មិនបានធ្វើអ្វីផ្សេងឡើយ។ ក៏ប៉ុន្តែ តើអ្នកដឹងទេថា នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកបានក្លាយជាមនុស្សម្នាក់ដែលគ្មានតង្វាយលោះបាបរួចទៅហើយ? ដោយសារតែអ្នកបានប្រព្រឹត្តខុសនឹងបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ច្រើនដងមកហើយ ហើយជាងនេះទៅទៀត អ្នកមិនបានបង្ហាញពីសញ្ញានៃការប្រែចិត្តអ្វីទេ ហេតុដូច្នេះ អ្នកគ្មានអ្វីជាគ្រឿងពឹងអាងផ្សេង ក្រៅតែពីត្រូវធ្លាក់ទៅឋាននរក ជាកន្លែងដែលព្រះជាម្ចាស់ដាក់ទោសមនុស្សឡើយ។ ពេលកំពុងដើរតាមព្រះជាម្ចាស់ មានមនុស្សមួយចំនួនតូចទៀត បានប្រព្រឹត្ដអំពើមួយចំនួនដែលបានបំពានគោលការណ៍ ប៉ុន្តែបន្ទាប់ពីបានដោះស្រាយជាមួយ និងបានទទួលការណែនាំរួច ពួកគេក៏បានមើលឃើញពីសេចក្ដីពុករលួយរបស់ខ្លួនគេផ្ទាល់បន្តិចម្ដងៗ ហើយបន្ទាប់មកទៀត ក៏បានដើរលើផ្លូវនៃតថភាពដែលត្រឹមត្រូវវិញ ហើយសព្វថ្ងៃនេះ ពួកគេនៅតែបន្ទាបខ្លួនដដែល។ មនុស្សបែបនេះ គឺជាមនុស្សដែលនឹងត្រូវបន្ដរស់នៅរហូតដល់ទីបញ្ចប់។ ទោះយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែស្វែងរកភាពស្មោះត្រង់ដដែល។ ប្រសិនបើអ្នកជាមនុស្សស្មោះត្រង់ និងជាមនុស្សម្នាក់ដែលធ្វើតាមគោលការណ៍ នោះអ្នកអាចក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់បានហើយ។ នៅក្នុងសកម្មភាពរបស់អ្នក ប្រសិនបើអ្នកមិនបានប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ទេ ហើយបានស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមានចិត្តគោរពព្រះជាម្ចាស់ នោះសេចក្ដីជំនឿរបស់អ្នកនឹងស្របតាមបទដ្ឋានហើយ។ អ្នកណាដែលមិនគោរពព្រះជាម្ចាស់ និងគ្មានចិត្តញាប់ញ័រខ្លបខ្លាចទេ ភាគច្រើនគឺអាចប្រព្រឹត្តខុសនឹងបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនបម្រើព្រះជាម្ចាស់ដោយអំណាចនៃចិត្តស្រឡាញ់របស់ពួកគេ ប៉ុន្តែពួកគេគ្មានការយល់ដឹងពីបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ទេ ហើយក៏គ្មានការយល់ដឹងអ្វីច្រើនពីអត្ថន័យនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ហេតុដូច្នេះហើយទើបចេតនាល្អរបស់គេ តែងនាំគេឱ្យធ្វើអ្វីៗដែលបង្អាក់ដល់ការរៀបចំរបស់ព្រះជាម្ចាស់ទៅវិញ។ ក្នុងករណីធ្ងន់ធ្ងរ ពួកគេនឹងត្រូវបណ្តេញចេញ លែងមានឱកាសដើរតាមព្រះជាម្ចាស់តទៅទៀត ហើយត្រូវបោះចូលទៅឋាននរក ហើយទំនាក់ទំនងទាំងអស់ជាមួយនឹងដំណាក់របស់ព្រះជាម្ចាស់ ក៏ត្រូវបញ្ចប់។ មនុស្សទាំងនេះ ធ្វើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយកំលាំងនៃចេតនាល្អតែល្ងង់ខ្លៅ ហើយចុងក្រោយ ក៏ធ្វើឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ក្រោធ។ មនុស្សនាំយកទម្លាប់នៃការបម្រើពួកអ្នកដឹកនាំ និងម្ចាស់របស់ពួកគេមកប្រើក្នុងដំណាក់របស់ព្រះជាម្ចាស់ និងព្យាយាមអនុវត្តទម្លាប់ទាំងនោះ ដោយគិតទាំងឥតបានការថា ទម្លាប់ទាំងនោះ អាចអនុវត្តបានដោយងាយនៅទីនេះ។ ពួកគេមិនដែលនឹកស្រម៉ៃថា ព្រះជាម្ចាស់មិនមែនមាននិស្ស័យជាកូនចៀមទេ តែទ្រង់មាននិស្ស័យជាសត្វសិង្ហវិញទេតើ។ ដូច្នេះ អ្នកដែលទាក់ទងព្រះជាម្ចាស់ជាលើកដំបូង មិនអាចប្រាស្រ័យទាក់ទងជាមួយទ្រង់បានទេ ដ្បិតព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខុសពីដួងចិត្ដមនុស្ស។ ទាល់តែអ្នកបានយល់ពីសេចក្ដីពិតបានច្រើនហើយ ទើបអ្នកអាចបន្ដស្វែងយល់ពីព្រះជាម្ចាស់បាន។ ចំណេះដឹងនេះមិនមែនមានតែពាក្យសម្ដី និងគោលលទ្ធិទេ តែក៏អាចប្រើជារតនសម្បត្តិបានផងដែរ តាមរយៈការជឿជាក់លើព្រះជាម្ចាស់កាន់តែខ្លាំង ហើយក៏ជាសេចក្ដីសម្អាងថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នកដែរ។ ប្រសិនបើអ្នកខ្វះតថភាពនៃចំណេះដឹង ហើយមិនបានបំពាក់បំប៉នខ្លួនដោយសេចក្ដីពិតទេ នោះការបម្រើដោយងប់ងល់របស់អ្នក នាំមកតែការជិនឆ្អន់ និងការស្អប់ខ្ពើមពីព្រះជាម្ចាស់ប៉ុណ្ណោះ។

(ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤១៩. ប្រសិនបើអ្នករាល់គ្នាមិនយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ នោះអ្នកមិនអាចធ្វើកិច្ចការដែលអ្នកគួរធ្វើថ្វាយទ្រង់បានឡើយ។ ប្រសិនបើអ្នករាល់គ្នាមិនស្គាល់សារជាតិរបស់ព្រះជាម្ចាស់ នោះអ្នករាល់គ្នាមិនអាចគោរពប្រណិបតន៍ និងកោតខ្លាចទ្រង់បានឡើយ ផ្ទុយទៅវិញ គឺមានតែទង្វើធ្វើឱ្យតែបានរួចពីដៃដោយគ្មានការប្រុងប្រយ័ត្ន និងការកុហកបោកប្រាស់តែប៉ុណ្ណោះ ហើយលើសពីនេះ គឺមានតែការប្រមាថដែលគ្មានអ្វីអាចទូន្មានបាន។ ថ្វីបើការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ ហើយការស្គាល់សារជាតិរបស់ព្រះជាម្ចាស់ ក៏មិនអាចមើលរំលងបានមែន ក៏គ្មាននរណាម្នាក់បានពិនិត្យពិច័យ ឬក៏ជជីកវែកញែកសេចក្ដីទាំងនេះឱ្យបានហ្មត់ចត់នោះដែរ។ អ្នករាល់គ្នាបានច្រានចោលបញ្ញត្តិគ្រប់គ្រងនានាដែលខ្ញុំបានដាក់ចេញយ៉ាងច្បាស់ណាស់។ ប្រសិនបើអ្នករាល់គ្នាមិនយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់នោះអ្នកក៏ងាយនឹងប្រព្រឹត្តទាស់នឹងនិស្ស័យរបស់ទ្រង់ដែរ។ ការប្រព្រឹត្តទាស់នឹងនិស្ស័យរបស់ព្រះជាម្ចាស់ គឺដូចគ្នានឹងការជំរុញឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ទ្រង់មានសេចក្ដីក្រោធ ហើយក្នុងករណីនេះ ផលចុងក្រោយនៃទង្វើរបស់អ្នក គឺការបំពានបញ្ញត្តិគ្រប់គ្រងនោះហើយ។ ពេលនេះ អ្នកគប្បីទទួលស្គាល់ហើយថា កាលណាអ្នកស្គាល់សារជាតិរបស់ព្រះជាម្ចាស់ នោះអ្នកក៏អាចយល់អំពីនិស្ស័យរបស់ទ្រង់បានដែរ ហើយកាលណាអ្នកយល់អំពីនិស្ស័យរបស់ទ្រង់ នោះអ្នកក៏នឹងបានយល់អំពីបញ្ញត្តិរដ្ឋបាលនោះដែរ។ មិនចាំបាច់និយាយច្រើនទេ សារជាតិភាគច្រើននៅក្នុងបញ្ញត្តិរដ្ឋបាលនោះ សុទ្ធតែនិយាយអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនមែនគ្រប់និស្ស័យទាំងអស់របស់ទ្រង់ សុទ្ធតែមាននៅក្នុងបញ្ញត្តិរដ្ឋបាលនោះទេ ហើយអំណេះតទៅ អ្នករាល់គ្នាត្រូវបង្កើនការយល់ដឹងរបស់ខ្លួន ទាក់ទងនឹងនិស្ស័យរបស់ព្រះជាម្ចាស់ ឱ្យកាន់តែស៊ីជម្រៅជាងនេះ។

(ដកស្រង់ពី «ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤២០. ព្រះជាម្ចាស់ជាព្រះដ៏មានព្រះជន្មរស់ ហើយមនុស្សមានឥរិយាបថខុសគ្នាទៅតាមស្ថានភាពផ្សេងគ្នាបែបណា នោះអាកប្បកិរិយារបស់ទ្រង់ចំពោះឥរិយាបថទាំងនេះ ក៏ខុសគ្នាទៅតាមនោះដែរ ដោយសារតែទ្រង់មិនមែនជាអាយ៉ង ក៏មិនមែនជាខ្យល់ទទេនោះដែរ។ ការបានដឹងអំពីអាកប្បកិរិយារបស់ព្រះជាម្ចាស់ គឺជារឿងដែលសក្ដិសមក្នុងការស្វែងយល់សម្រាប់មនុស្សជាតិ។ តាមរយៈការដឹងអំពីអាកប្បកិរិយារបស់ព្រះជាម្ចាស់ មនុស្សគួរតែរៀនពីរបៀបដែលពួកគេអាចទទួលបានបន្ដិចម្ដងៗនូវចំណេះដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងយល់ពីព្រះហឫទ័យរបស់ទ្រង់។ នៅពេលដែលអ្នកចាប់ផ្ដើមយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់បន្ដិចម្ដងៗ នោះអ្នកនឹងមិនមានអារម្មណ៍ថា ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ គឺជារឿងដែលពិបាកសម្រេចបាននោះឡើយ។ លើសពីនេះទៅទៀត នៅពេលដែលអ្នកយល់ពីព្រះជាម្ចាស់ នោះអ្នកនឹងមិនទំនងជាទាញសេចក្តីសន្និដ្ឋានអំពីទ្រង់ឡើយ។ នៅពេលដែលអ្នកឈប់ទាញសេចក្តីសន្និដ្ឋានអំពីព្រះជាម្ចាស់ នោះអ្នកនឹងទំនងជាមិនសូវបំពានទ្រង់ឡើយ ហើយព្រះជាម្ចាស់នឹងនាំអ្នកឱ្យទទួលបានចំណេះដឹងអំពីទ្រង់ដោយមិនដឹងខ្លួន។ ការនេះនឹងបំពេញដួងចិត្តរបស់អ្នកនូវការគោរពស្រឡាញ់ចំពោះទ្រង់។ បន្ទាប់មក អ្នកនឹងឈប់ដាក់កម្រិតព្រះជាម្ចាស់ តាមរយៈរបៀបនៃគោលលទ្ធិ ន័យពាក្យ និងទ្រឹស្ដីដែលអ្នកបានរៀន។ ផ្ទុយទៅវិញ តាមរយៈការបន្តស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការ នោះអ្នកនឹងក្លាយជាបុគ្គលស្ងួនភ្ញារបស់ព្រះជាម្ចាស់ទាំងមិនដឹងខ្លួន។

មនុស្សមិនអាចមើលឃើញ និងប៉ះពាល់កិច្ចការរបស់ព្រះជាម្ចាស់បានឡើយ ប៉ុន្តែចំពោះព្រះជាម្ចាស់វិញ ទ្រង់ជ្រាបដឹង ហើយថែមទាំងទតមើលឃើញនូវទង្វើរបស់មនុស្សម្នាក់ៗ រួមជាមួយអាកប្បកិរិយារបស់ពួកគេដែលមានចំពោះទ្រង់ទៀតផង។ នេះជាអ្វីមួយដែលមនុស្សគ្រប់គ្នាគួរតែទទួលស្គាល់ និងដឹងយ៉ាងច្បាស់។ អ្នកប្រហែលជាសួរខ្លួនឯងគ្រប់ពេលថា៖ «តើព្រះជាម្ចាស់ជ្រាបដឹងអំពីអ្វីដែលខ្ញុំកំពុងតែធ្វើនៅទីនេះទេ? តើទ្រង់ជ្រាបដឹងអំពីអ្វីដែលខ្ញុំកំពុងតែគិតឥឡូវនេះឬទេ? ប្រហែលជាទ្រង់ជ្រាបដឹង ហើយទ្រង់ប្រហែលជាមិនជ្រាបដឹងឡើយ»។ ប្រសិនបើអ្នកមានទស្សនៈបែបនេះ នោះការដើរតាម និងការជឿលើព្រះជាម្ចាស់ ទាំងមានចិត្តសង្ស័យចំពោះកិច្ចការ និងអត្ថិភាពរបស់ទ្រង់ នោះមិនយូរមិនឆាប់ អ្នកនឹងធ្វើឱ្យទ្រង់ខ្ញាល់នៅថ្ងៃណាមួយមិនខាន ព្រោះថាអ្នកកំពុងតែឈរឃ្លីងឃ្លោងនៅចុងជ្រោះដ៏គ្រោះថ្នាក់។ ខ្ញុំបានឃើញមនុស្សដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែពួកគេនៅតែមិនទទួលបានតថភាពនៃសេចក្តីពិត ហើយក៏មិនបានយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ មនុស្សទាំងនេះគ្មានវឌ្ឍនភាពនៅក្នុងជីវិត និងកម្ពស់របស់ពួកគេឡើយ ដ្បិតពួកគេប្រកាន់ខ្ជាប់តែនឹងគោលលទ្ធិដ៏រាក់កំផែលបំផុតប៉ុណ្ណោះ។ នោះគឺដោយសារតែមនុស្សបែបនេះមិនដែលអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេក៏មិនដែលទទួលយក និងទទួលស្គាល់អត្ថិភាពរបស់ទ្រង់ដែរ។ តើអ្នកគិតថា ព្រះជាម្ចាស់មានពេញដោយសេចក្តីអំណរចំពោះមនុស្សបែបនេះឬទេ? តើពួកគេកម្សាន្តព្រះទ័យទ្រង់ឬទេ? ដូច្នេះ វាជារបៀបដែលមនុស្សជឿលើព្រះជាម្ចាស់ដែលកំណត់ពីវាសនារបស់ខ្លួន។ ទាក់ទងនឹងរបៀបដែលមនុស្សស្វែងរក និងរបៀបដែលមនុស្សចូលទៅជិតព្រះជាម្ចាស់ អាកប្បកិរិយារបស់ពួកគេពិតជាសំខាន់ណាស់។ មិនត្រូវព្រងើយកន្ដើយដាក់ព្រះជាម្ចាស់ ធ្វើដូចទ្រង់ជាខ្យល់ទទេរសាត់អណ្ដែតជុំវិញក្បាលអ្នកពីខាងក្រោយឡើយ។ អ្នកត្រូវគិតអំពីព្រះជាម្ចាស់ដែលអ្នកជឿ ជាព្រះដ៏មានព្រះជន្មរស់ ជាព្រះដ៏ពិតវិញ។ ទ្រង់មិនមែនជាព្រះដែលកំពុងតែគង់នៅស្ថានសួគ៌ជាន់ទីបី ទាំងគ្មានកិច្ចការដែលត្រូវធ្វើនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់តែងតែទតមើលដួងចិត្តរបស់មនុស្សគ្រប់រូប សង្កេតមើលអ្វីដែលអ្នកធ្វើ ទតមើលគ្រប់ទាំងពាក្យសម្ដី និងគ្រប់ទាំងទង្វើតូចៗរបស់អ្នក ទតមើលពីរបៀបដែលអ្នកប្រព្រឹត្ត និងអាកប្បកិរិយាដែលអ្នកមានចំពោះទ្រង់។ មិនថាអ្នកព្រមថ្វាយខ្លួនដល់ព្រះជាម្ចាស់ ឬក៏អត់នោះឡើយ គ្រប់ទាំងឥរិយាបថ គំនិត និងយោបល់របស់អ្នកសុទ្ធតែត្រូវបានលាតត្រដាងនៅចំពោះទ្រង់ ហើយទ្រង់កំពុងតែទតឃើញយ៉ាងច្បាស់។ ដោយផ្អែកលើឥរិយាបថ ទង្វើ និងអាកប្បកិរិយារបស់អ្នកដែលមានចំពោះទ្រង់ នោះព្រះតម្រិះរបស់ព្រះជាម្ចាស់ចំពោះអ្នក និងអាកប្បកិរិយាដែលទ្រង់មានចំពោះអ្នក ក៏ផ្លាស់ប្ដូរទៅតាមនោះដែរ។ ខ្ញុំចង់ផ្ដល់ជាដំបូន្មានខ្លះដល់មនុស្សមួយចំនួនថា៖ កុំចាត់ទុកខ្លួន ដូចជាទារកនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយគិតថាទ្រង់គួរតែស្រឡាញ់អ្នក ទ្រង់មិនអាចចាកចោលអ្នក ហើយអាកប្បកិរិយារបស់ទ្រង់ចំពោះអ្នកនៅតែដដែល និងមិនប្រែប្រួលនោះឡើយ ហើយខ្ញុំសូមផ្ដល់យោបល់ថា អ្នកគួរតែឈប់ស្រមើស្រមៃទៀតទៅ! ព្រះជាម្ចាស់ជាព្រះដ៏សុចរិតនៅក្នុងការប្រព្រឹត្តរបស់ទ្រង់ចំពោះមនុស្សម្នាក់ៗ ហើយទ្រង់តែងតែស្មោះត្រង់ចំពោះវិធីសាស្ត្ររបស់ទ្រង់ក្នុងការយកឈ្នះ និងការសង្រ្គោះមនុស្ស។ នេះគឺជាការគ្រប់គ្រងរបស់ទ្រង់។ ទ្រង់ប្រព្រឹត្តចំពោះមនុស្សម្នាក់ៗយ៉ាងម៉ឺងម៉ាត់ គឺមិនដូចជាសត្វចិញ្ចឹមដែលប្រលែងលេងនោះឡើយ។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស មិនមែនជាសេចក្តីស្រឡាញ់បែបថ្នាក់ថ្នម ឬបែបធ្វើឱ្យក្មេងខូចនោះឡើយ ហើយសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ចំពោះមនុស្សជាតិវិញ ក៏មិនបណ្ដែតបណ្តោយ ឬធ្វេសប្រហែសនោះដែរ។ ផ្ទុយទៅវិញ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សពាក់ព័ន្ធនឹងការស្ញប់ស្ញែង ការអាណិត និងការគោរពចំពោះជីវិត ហើយសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់បង្ហាញពីសេចក្តីរំពឹងទុករបស់ទ្រង់ចំពោះពួកគេ ហើយវាជាអ្វីដែលមនុស្សត្រូវការដើម្បីរស់រាន។ ព្រះជាម្ចាស់ជាព្រះដ៏មានព្រះជន្មរស់ ហើយព្រះជាម្ចាស់តែងតែមានអត្ថិភាពជានិច្ច។ អាកប្បកិរិយារបស់ទ្រង់ចំពោះមនុស្សជាតិផ្អែកលើសេចក្តីសុចរិត មិនមែនចេញពីក្បួនច្បាប់ដ៏ម៉ឺងម៉ាត់ឡើយ ហើយវាអាចផ្លាស់ប្ដូរបាន។ ចេតនារបស់ទ្រង់ចំពោះមនុស្សជាតិកំពុងតែផ្លាស់ប្ដូរ និងផ្លាស់ប្រែបន្ដិចម្ដងៗទៅតាមពេលវេលា អាស្រ័យលើកាលៈទេសៈដែលកើតឡើង និងស្របតាមអាកប្បកិរិយារបស់មនុស្សម្នាក់ៗ។ ដូច្នេះ អ្នកគួរតែដឹងនៅក្នុងចិត្តរបស់អ្នកយ៉ាងច្បាស់ថា សារជាតិរបស់ព្រះជាម្ចាស់មិនប្រែប្រួលឡើយ ហើយដឹងទៀតថា និស្ស័យរបស់ទ្រង់នឹងបង្ហាញចេញនៅពេលវេលាខុសគ្នា និងនៅក្នុងបរិបទខុសគ្នា។ អ្នកប្រហែលជាគិតថា នេះមិនមែនជារឿងធំឡើយ ហើយអ្នកអាចប្រើសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ដើម្បីស្រមៃពីរបៀបដែលព្រះជាម្ចាស់គួរតែធ្វើរឿងផ្សេងៗ។ យ៉ាងណាមិញ វាមានពេលខ្លះដែលភាពផ្ទុយគ្នាទាំងស្រុងនៃទស្សនៈរបស់អ្នកអាចជាការពិត ហើយដោយប្រើប្រាស់សញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ដើម្បីព្យាយាមវាស់ស្ទង់ព្រះជាម្ចាស់ នោះអ្នកបានធ្វើឱ្យទ្រង់ខ្ញាល់រួចទៅហើយ។ នោះគឺដោយសារតែព្រះជាម្ចាស់មិនធ្វើការតាមរបៀបដែលអ្នកគិតថា ទ្រង់ត្រូវធ្វើនោះឡើយ ហើយទ្រង់ក៏មិនចាត់ទុករឿងនេះ ដូចអ្វីដែលអ្នកនិយាយថា ទ្រង់នឹងចាត់ទុកនោះដែរ។ ដូច្នេះ ខ្ញុំសូមរំឭកអ្នកឱ្យប្រុងប្រយ័ត្ន និងមានប្រាជ្ញានៅក្នុងរបៀបគ្រប់យ៉ាងដែលអ្នកធ្វើ ហើយរៀនពីរបៀបដើរតាមគោលការណ៍នៃការដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការទាំងអស់ ដែលជាការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់វិញ។ អ្នកត្រូវតែមានការយល់ដឹងឱ្យបានម៉ឺងម៉ាត់ទាក់ទងនឹងបំណងព្រះហឫទ័យ និងអាកប្បកិរិយារបស់ព្រះជាម្ចាស់ អ្នកត្រូវតែរកមនុស្សដែលទទួលបានការបំភ្លឺ ដើម្បីប្រាប់រឿងនេះដល់អ្នក ហើយអ្នកត្រូវតែស្វែងរកទ្រង់យ៉ាងអស់ពីចិត្ត។ មិនត្រូវចាត់ទុកព្រះជាម្ចាស់នៃជំនឿរបស់អ្នក ដូចជារូបត្លុក ដោយវិនិច្ឆ័យទ្រង់តាមចិត្ត ទាញសេចក្តីសន្និដ្ឋានអំពីទ្រង់តាមអំពើចិត្ត ហើយមិនប្រព្រឹត្តចំពោះទ្រង់ ដោយការគោរពដែលទ្រង់សមទទួលនោះឡើយ។ ទោះបីព្រះជាម្ចាស់កំពុងតែនាំសេចក្តីសង្រ្គោះដល់អ្នក និងកំពុងតែកំណត់ពីលទ្ធផលរបស់អ្នកក៏ដោយ ក៏ទ្រង់អាចប្រទានដល់អ្នកនូវសេចក្តីមេត្តាករុណា សេចក្តីអត់ឱន ឬការជំនុំជម្រះ និងការវាយផ្ចាលបានដែរ ប៉ុន្តែលើសពីនេះ អាកប្បកិរិយារបស់ទ្រង់ចំពោះអ្នកមិននៅដដែលឡើយ។ វាអាស្រ័យលើអាកប្បកិរិយារបស់អ្នកដែលមានចំពោះទ្រង់ ក៏ដូចជាការយល់ដឹងរបស់អ្នកអំពីទ្រង់ដែរ។

(ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៤២១. មនុស្សដែលជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដ តែងតែមានទ្រង់នៅក្នុងដួងចិត្តរបស់ខ្លួនជានិច្ច ហើយពួកគេតែងតែផ្ទុកនៅក្នុងខ្លួនគេនូវដួងចិត្តដែលគោរពដល់ព្រះជាម្ចាស់ និងដួងចិត្តដែលស្រឡាញ់ដល់ព្រះជាម្ចាស់។ អស់អ្នកដែលជឿលើព្រះជាម្ចាស់ គប្បីធ្វើអ្វីៗដោយប្រយ័ត្នប្រយែង និងដោយប្រុងប្រយ័ត្ន ហើយគ្រប់អ្វីដែលពួកគេធ្វើ គប្បីស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយអាចផ្គាប់ព្រះហឫទ័យរបស់ទ្រង់បាន។ ពួកគេមិនគួររឹងចចេស និងធ្វើអ្វីដែលពួកគេពេញចិត្ត ដែលមិនសមនឹងបែបបទរបស់ពួកបរិសុទ្ធឡើយ។ មនុស្សមិនត្រូវប្រព្រឹត្តអ្វីដែលមិនសមរម្យ លើកព្រះនាមព្រះជាម្ចាស់គ្រប់ទីកន្លែងដោយភាពក្រអឺតក្រទម និងបោកប្រាស់គ្រប់ទីកន្លែងនោះឡើយ។ នេះគឺជាប្រភេទនៃការប្រព្រឹត្ដិដែលបះបោរខ្លាំងបំផុត។ គ្រួសារមានច្បាប់ទម្លាប់របស់ខ្លួន ហើយប្រជាជាតិនានាមានច្បាប់របស់ខ្លួន ហើយតើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មិនមានច្បាប់ទម្លាប់ច្រើនជាងនេះទេឬអី? តើនោះមិនកាន់តែមានបទដ្ឋានតឹងរ៉ឹងខ្លាំងទេឬអី? តើនោះមិនកាន់តែមានបញ្ញត្ដិរដ្ឋបាលច្រើនទេឬអី? មនុស្សមានសេរីភាពធ្វើអ្វីដែលពួកគេចង់ធ្វើ ប៉ុន្តែបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់មិនអាចធ្វើការផ្លាស់ប្តូរតាមតែចិត្តនោះឡើយ។ ព្រះជាម្ចាស់គឺជាព្រះដែលមិនអត់ឱនចំពោះការប្រព្រឹត្តខុសរបស់មនុស្សឡើយ ទ្រង់គឺជាព្រះជាម្ចាស់ដែលប្រហារជីវិតមនុស្ស។ តើមនុស្សពិតជាមិនបានដឹងពីរឿងនេះហើយទេឬ?

(ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤២២. នៅគ្រប់យុគសម័យនៃកិច្ចការរបស់ព្រះជាម្ចាស់ ព្រះអង្គប្រទានព្រះបន្ទូលមួយចំនួនដល់មនុស្ស និងថ្លែងប្រាប់ពួកគេអំពីសេចក្តីពិតមួយចំនួន។ សេចក្តីពិតទាំងនេះដើរតួជាផ្លូវដែលមនុស្សគួរតែប្រកាន់ខ្ជាប់ ជាផ្លូវដែលពួកគេគួរតែដើរតាម ជាផ្លូវដែលជួយឱ្យពួកគេកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ព្រមទាំងជាផ្លូវដែលមនុស្សគួរតែយកមកអនុវត្ត និងប្រកាន់ខ្ជាប់នៅក្នុងជីវិតរបស់គេ និងនៅលើដំណើរផ្លូវនៃជីវិតរបស់គេផង។ គឺដោយសារតែហេតុផលទាំងនេះហើយបានជាព្រះជាម្ចាស់បង្ហាញព្រះសូរសៀងទាំងនេះទៅកាន់មនុស្ស។ មនុស្សគួរតែប្រកាន់ខ្ជាប់ព្រះបន្ទូលដែលចេញពីព្រះជាម្ចាស់ទាំងនេះ ហើយការប្រកាន់ខ្ជាប់ចំពោះព្រះបន្ទូលទាំងនេះ គឺជាការទទួលបានជីវិត។ ប្រសិនបើមនុស្សមិនប្រកាន់ខ្ជាប់តាមព្រះបន្ទូលទាំងនេះ មិនអនុវត្តតាម និងមិនរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់គេទេ នោះបុគ្គលនេះមិនមែនកំពុងអនុវត្តតាមសេចក្តីពិតឡើយ។ លើសពីនេះទៅទៀត ប្រសិនបើមនុស្សមិនអនុវត្តតាមសេចក្តីពិតទេ នោះពួកគេមិនមែនកំពុងតែកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ឡើយ ហើយពួកគេក៏មិនបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ មនុស្សដែលគ្មានសមត្ថភាពបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនអាចទទួលបានការសរសើរពីទ្រង់ឡើយ ហើយមនុស្សបែបនេះក៏គ្មានលទ្ធផលអ្វីនោះដែរ។

(ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៤២៣. ការដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់មិនមែនជាការកាន់តាមក្បួនច្បាប់បែបលំៗនោះឡើយ ផ្ទុយទៅវិញ វាមានន័យថា នៅពេលដែលអ្នកជួបបញ្ហាមួយ ជាដំបូង អ្នកមើលទៅកាន់បញ្ហានោះថាជាស្ថានភាពមួយដែលត្រូវបានរៀបចំ ដោយព្រះជាម្ចាស់ ជាទំនួលខុសត្រូវមួយដែលទ្រង់បានប្រទានដល់អ្នក ឬជាកិច្ចការមួយដែលទ្រង់បានផ្ទុកផ្ដាក់ដល់អ្នកឬយ៉ាងណា។ នៅពេលដែលជួបបញ្ហានេះ អ្នកគួរតែមើលឃើញវាថាជាការល្បងលមួយដែលព្រះជាម្ចាស់បានកំណត់ទុកសម្រាប់អ្នក។ នៅពេលដែលអ្នកជួបបញ្ហានេះ អ្នកត្រូវតែមានបទដ្ឋានមួយនៅក្នុងដួងចិត្តរបស់អ្នក ហើយអ្នកត្រូវតែគិតថា រឿងនេះមកពីព្រះជាម្ចាស់។ អ្នកត្រូវតែគិតអំពីវិធីដោះស្រាយជាមួយវានៅក្នុងរបៀបមួយដែលអ្នកអាចបំពេញតាមទំនួលខុសត្រូវរបស់អ្នកផង ព្រមទាំងបន្តមានស្វាមីភក្ដិចំពោះព្រះជាម្ចាស់ផង ហើយក៏ត្រូវគិតអំពីរបៀបធ្វើវា ដោយមិនធ្វើឱ្យទ្រង់ខ្ញាល់ ឬបំពានលើនិស្ស័យរបស់ទ្រង់ដែរ។ ... ព្រោះថា ដើម្បីដើរតាមមាគ៌ារបស់ព្រះជាម្ចាស់បាន យើងមិនអាចបោះបង់ចោលអ្វីមួយដែលកើតឡើងចំពោះយើង ឬជុំវិញយើង រួមទាំងរឿងតូចតាចនោះឡើយ។ ទោះបីយើងគិតថា យើងគួរតែយកចិត្តទុកដាក់ចំពោះរឿងនេះឬក៏អត់ កិច្ចការណាក៏ដោយដែលយើងកំពុងតែជួប យើងមិនត្រូវបណ្ដែតបណ្ដោយនោះឡើយ។ អ្វីៗទាំងអស់ដែលកើតឡើង គួរតែត្រូវបានចាត់ទុកជាការល្បងលដែលព្រះជាម្ចាស់បានប្រទានដល់យើង។ តើអ្នកគិតដូចម្ដេចដែរអំពីទស្សនៈនេះ? ប្រសិនបើអ្នកមានអាកប្បកិរិយាបែបនេះ នោះវាបញ្ជាក់អំពីការពិតថា៖ នៅក្នុងជម្រៅចិត្ត អ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយអ្នកព្រមគេចចេញពីសេចក្ដីអាក្រក់។ ប្រសិនបើអ្នកមានបំណងបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្វីដែលអ្នកយកទៅអនុវត្ត នឹងមិនឃ្លាតចាកពីការបំពេញតាមបទដ្ឋាននៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់នោះឡើយ។

ជារឿយៗ មានមនុស្សដែលជឿថា កិច្ចការដែលមនុស្សមិនសូវជាយកចិត្តទុកដាក់ និងមិនសូវជាលើកឡើង គឺជាកិច្ចការកំប៉ិកកំប៉ុកដែលគ្មានទាក់ទងអ្វីជាមួយនឹងការអនុវត្តតាមសេចក្តីពិតឡើយ។ នៅពេលដែលជួបជាមួយបញ្ហាបែបនេះ មនុស្សទាំងនេះមិនគិតច្រើនឡើយ ហើយបន្ទាប់មក ពួកគេបណ្ដោយឱ្យវារសាត់បាត់ទៅ។ យ៉ាងណាមិញ នៅក្នុងការពិតជាក់ស្ដែង រឿងនេះគឺជាមេរៀនមួយដែលអ្នកគួរតែរៀនសូត្រ ជាមេរៀនអំពីរបៀបកោតខ្លាចព្រះជាម្ចាស់ និងរបៀបគេចចេញពីសេចក្ដីអាក្រក់។ លើសពីនេះទៅទៀត អ្វីដែលអ្នកគួរតែខ្វល់ខ្វាយកាន់តែខ្លាំងនោះ គឺជាការដឹងអំពីអ្វីដែលព្រះជាម្ចាស់កំពុងតែធ្វើ នៅពេលដែលរឿងនេះកើតមានចំពោះអ្នក។ ព្រះជាម្ចាស់គង់នៅជិតអ្នក សង្កេតមើលគ្រប់ទាំងពាក្យសម្ដី និងទង្វើរបស់អ្នក ហើយទតមើលអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ និងការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងគំនិតរបស់អ្នក។ នេះហើយជាកិច្ចការរបស់ព្រះជាម្ចាស់។ អ្នកខ្លះសួរថា «បើនេះជាសេចក្តីពិត ចុះហេតុអ្វីបានជាខ្ញុំមិនមានអារម្មណ៍អំពីវាដូច្នេះ?» អ្នកមិនមានអារម្មណ៍អំពីវា ដោយសារតែអ្នកមិនបានប្រកាន់ខ្ជាប់តាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ដែលជាផ្លូវដ៏សំខាន់របស់អ្នក។ ដូច្នេះហើយបានជាអ្នកមិនមានអារម្មណ៍អំពីកិច្ចការដ៏ល្អិតល្អន់ដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស ដែលស្ដែងចេញស្របតាមគំនិត និងសកម្មភាពផ្សេងៗរបស់មនុស្ស។ អ្នកពិតជាភ្លេចច្រើនមែន! តើអ្វីទៅជាកិច្ចការធំ? តើអ្វីទៅជាកិច្ចការតូច? កិច្ចការដែលពាក់ព័ន្ធនឹងការដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់ មិនអាចបែងចែកជាកិច្ចការធំ ឬកិច្ចការតូចឡើយ ប៉ុន្តែ តើអ្នករាល់គ្នាអាចទទួលយកការនេះដែរឬទេ? (យើងអាចទទួលយកវាបាន។) ទាក់ទងនឹងកិច្ចការប្រចាំថ្ងៃវិញ មានកិច្ចការខ្លះដែលមនុស្សចាត់ទុកជាកិច្ចការធំ និងសំខាន់ខ្លាំង ហើយកិច្ចការខ្លះទៀតដែលគេចាត់ទុកជាកិច្ចការកំប៉ិកកំប៉ុក។ ជារឿយៗ មនុស្សមើលឃើញកិច្ចការធំទាំងនេះ ជាកិច្ចការសំខាន់ ហើយគេចាត់ទុកកិច្ចការទាំងនោះ ជាកិច្ចការដែលព្រះជាម្ចាស់បានបញ្ជូនមក។ ទោះបីជាយ៉ាងណា នៅពេលដែលកិច្ចការធំទាំងនេះកើតឡើង ដោយសារតែឋានៈក្មេងខ្ចីរបស់មនុស្ស និងដោយសារតែគុណសម្បត្តិទន់ខ្សោយរបស់គេ ជារឿយៗ មនុស្សមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ គេមិនអាចទទួលបានការបើកសម្ដែងណាមួយ ព្រមទាំងមិនអាចទទួលបានចំណេះដឹងជាក់ស្ដែងណាមួយដែលមានតម្លៃឡើយ។ ទាក់ទងនឹងកិច្ចការតូចតាចវិញ មនុស្សចូលចិត្តមើលរំលង ហើយឱ្យកន្លងផុតទៅស្ងាត់ៗបន្តិចម្ដងៗ។ បើបែបនេះ មនុស្សបានបាត់បង់ឱកាសជាច្រើនក្នុងការទទួលបានការពិនិត្យនៅចំពោះព្រះជាម្ចាស់ និងដើម្បីឱ្យទ្រង់ល្បងលហើយ។ តើវាមានន័យដូចម្ដេចទៅ បើអ្នកតែងតែមើលរំលងមនុស្ស ព្រឹត្តិការណ៍ វត្ថុ និងស្ថានភាពដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់អ្នកនោះ? វាមានន័យថា រាល់ថ្ងៃ និងសូម្បីតែរាល់វិនាទីផង អ្នកកំពុងតែបដិសេធការប្រោសឱ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ចំពោះអ្នក ក៏ដូចជាការដឹកនាំរបស់ទ្រង់ហើយ។ គ្រប់ពេលដែលព្រះជាម្ចាស់រៀបចំស្ថានភាពមួយសម្រាប់អ្នក នោះទ្រង់នឹងទតមើលនៅទីលាក់កំបាំង សម្លឹងមើលដួងចិត្តរបស់អ្នក សង្កេតមើលគំនិត និងការសញ្ជឹងគិតរបស់អ្នក ទតមើលពីរបៀបដែលអ្នកគិត និងរង់ចាំមើលរបៀបដែលអ្នកនឹងប្រព្រឹត្ត។ ប្រសិនបើអ្នកជាមនុស្សធ្វេសប្រហែស ជាម្នាក់ដែលមិនហ្មត់ចត់នឹងផ្លូវរបស់ព្រះជាម្ចាស់ នឹងព្រះបន្ទូល ឬសេចក្តីពិតរបស់ទ្រង់ នោះអ្នកនឹងមិនគិតគូរ ឬយកចិត្តទុកដាក់ចំពោះកិច្ចការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សម្រេច ឬសេចក្ដីតម្រូវដែលទ្រង់រំពឹងឱ្យអ្នកបំពេញ នៅពេលដែលទ្រង់រៀបចំបរិយាកាសជាក់លាក់មួយសម្រាប់អ្នកនោះឡើយ។ អ្នកនឹងមិនដឹងអំពីរបៀបដែលមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដែលអ្នកជួបនោះ មានទំនាក់ទំនងនឹងសេចក្តីពិត ឬព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ក្រោយពេលដែលអ្នកជួបជាមួយកាលៈទេសៈ និងការល្បងលដដែលៗបែបនេះ ហើយព្រះជាម្ចាស់មិនបានទតឃើញលទ្ធផលណាមួយនៅក្នុងអ្នក តើទ្រង់នឹងចាត់ការដោយរបៀបណាទៅ? ក្រោយពេលជួបការល្បងលដដែលៗ អ្នកមិនបានពង្រីកព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នកឡើយ ហើយអ្នកក៏មិនបានមើលឃើញកាលៈទេសៈដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នក ទុកជាការល្បងល និងការសាកល្បងមកពីព្រះជាម្ចាស់នោះដែរ។ ផ្ទុយទៅវិញ អ្នកបានបដិសេធឱកាសដែលព្រះជាម្ចាស់បានប្រទានដល់អ្នកដដែលៗ ដោយបណ្ដែតបណ្ដោយឱ្យវារសាត់បាត់ទៅម្ដងហើយម្ដងទៀត។ តើនេះមិនមែនជាការមិនស្ដាប់បង្គាប់បំផុតដែលមនុស្សបង្ហាញចេញទេឬ? (វាពិតមែនហើយ។) តើព្រះជាម្ចាស់នឹងមានព្រះទ័យឈឺចាប់ ដោយសារតែការមិនស្ដាប់បង្គាប់នេះដែរឬទេ? (ទ្រង់នឹងឈឺចាប់។) ខុសហើយ ព្រះជាម្ចាស់នឹងមិនឈឺព្រះទ័យឡើយ! នៅពេលដែលឮខ្ញុំនិយាយបែបនេះ អ្នករាល់គ្នាប្រហែលជាមានអារម្មណ៍រន្ធត់ចិត្តម្ដងទៀត។ អ្នកប្រហែលជាគិតថា៖ «តើវាមិនបានថ្លែងពីខាងលើថា ព្រះជាម្ចាស់តែងតែមានព្រះទ័យឈឺចាប់ទេឬ? ដូច្នេះ តើព្រះជាម្ចាស់នឹងមិនឈឺព្រះទ័យទេឬ? អ៊ីចឹង តើទ្រង់ឈឺព្រះទ័យនៅពេលណាទៅ?» ជារួមមក ព្រះជាម្ចាស់នឹងមិនឈឺព្រះទ័យនៅក្នុងស្ថានភាពបែបនេះឡើយ។ បើដូច្នេះ តើព្រះជាម្ចាស់មានអាកប្បកិរិយាបែបណាទៅចំពោះឥរិយាបថដែលបានពណ៌នាខាងលើ? នៅពេលដែលមនុស្សបដិសេធការល្បងល និងការសាកល្បងដែលព្រះជាម្ចាស់បញ្ជូនមកពួកគេ ហើយនៅពេលដែលពួកគេគេចវេះពីការល្បងលទាំងនោះ ព្រះជាម្ចាស់មានអាកប្បកិរិយាតែមួយប៉ុណ្ណោះចំពោះមនុស្សបែបនេះ។ តើវាជាចិត្តគំនិតអ្វីទៅ? ព្រះជាម្ចាស់ច្រានចោលមនុស្សប្រភេទនេះចេញពីជម្រៅនៃព្រះហឫទ័យរបស់ទ្រង់។ សម្រាប់ពាក្យថា «ច្រានចោល» មានអត្ថន័យពីរយ៉ាង។ តើខ្ញុំគួរតែពន្យល់ពាក្យនេះចេញពីទស្សនៈរបស់ខ្ញុំដោយរបៀបណាទៅ? នៅក្នុងជម្រៅចិត្ត ពាក្យថា «ច្រានចោល» មានបង្កប់ន័យអំពីការខ្ពើមរអើម និងការស្អប់។ ចុះអត្ថន័យមួយទៀតរបស់វាជាអ្វីទៅ? នោះជាផ្នែកមួយដែលសំដៅលើការបោះបង់ចោលអ្វីមួយ។ អ្នករាល់គ្នាដឹងអំពីអត្ថន័យនៃពាក្យថា «បោះបង់ចោល» ហើយមែនទេ? សរុបមក ពាក្យថា «ច្រានចោល» គឺជាពាក្យមួយដែលតំណាងឱ្យប្រតិកម្ម និងអាកប្បកិរិយាចុងក្រោយរបស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្សទាំងឡាយដែលកំពុងតែប្រព្រឹត្តនៅក្នុងរបៀបបែបនេះ។ វាជាការស្អប់យ៉ាងខ្លាំងចំពោះពួកគេ និងជាការខ្ពើមរអើមផង ហើយជាលទ្ធផល វាបង្កើតឱ្យមានការសម្រេចចិត្តបោះបង់ពួកគេចោល។ នេះគឺជាការសម្រេចព្រះទ័យចុងក្រោយរបស់ព្រះជាម្ចាស់ចំពោះមនុស្សដែលមិនដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់ និងមិនដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។

(ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៤២៤. ការកោតខ្លាច និងការស្ដាប់បង្គាប់របស់យ៉ូបចំពោះព្រះជាម្ចាស់ គឺជាគំរូមួយសម្រាប់មនុស្សជាតិ ហើយភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់គាត់ គឺជាចំណុចខ្ពស់បំផុតដែលមនុស្សគួរតែមាននៅក្នុងខ្លួន។ ទោះបីគាត់មើលមិនឃើញព្រះជាម្ចាស់ ក៏គាត់ទទួលស្គាល់ថា ព្រះជាម្ចាស់មានពិតប្រាកដ ហើយដោយសារតែការទទួលស្គាល់បែបនេះហើយ ទើបគាត់កោតខ្លាចព្រះជាម្ចាស់ ហើយដោយសារការកោតខ្លាចដល់ព្រះជាម្ចាស់របស់គាត់បែបនេះហើយ ទើបគាត់អាចស្ដាប់បង្គាប់ព្រះជាម្ចាស់បាន។ គាត់បានឱ្យព្រះជាម្ចាស់ដកយកអ្វីគ្រប់យ៉ាងដែលគាត់មាន តាមបំណងព្រះហឫទ័យទ្រង់ ហើយគាត់មិនបានត្អូញត្អែរអ្វីឡើយ គាត់បានក្រាបចុះចំពោះព្រះជាម្ចាស់ ហើយទូលទៅទ្រង់ថា នៅវេលានេះ ទោះបីជាព្រះជាម្ចាស់យកទាំងសាច់ឈាមរបស់ទូលបង្គំ ក៏ទូលបង្គំត្រេកអរនឹងឱ្យទ្រង់ធ្វើដូច្នេះដោយមិនត្អូញត្អែរឡើយ។ កិរិយាឫកពាររបស់គាត់ទាំងអស់នេះ គឺមកពីភាពជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់របស់គាត់។ មានន័យថា ដោយសារភាពគ្មានទោស ភាពស្មោះត្រង់ និងក្ដីសប្បុរសរបស់គាត់នេះហើយ ទើបយ៉ូបឥតងាករេក្នុងការទទួលស្គាល់ថាព្រះជាម្ចាស់មានពិត និងក្នុងការដកពិសោធន៍ពីព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់។ ឈរលើមូលដ្ឋាននេះ គាត់ក៏បានបង្គាប់ខ្លួន និងកំណត់ក្បួនខ្នាតនៃការគិត ការប្រព្រឹត្ត ឥរិយាបថ និងគោលការណ៍នៃការប្រព្រឹត្តរបស់គាត់ចំពោះព្រះជាម្ចាស់ ឱ្យស្របទៅនឹងការណែនាំរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ដែលគាត់បានឃើញ ក្នុងចំណោមរបស់សព្វសារពើទាំងអស់។ លុះយូរទៅ បទពិសោធរបស់គាត់បានធ្វើឱ្យគាត់មានការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់យ៉ាងពិតប្រាកដ និងជាក់ស្ដែង។ នេះគឺជាប្រភពនៃភាពស្មោះត្រង់ដែលយ៉ូបប្រកាន់ខ្ជាប់។ យ៉ូបមានភាពជាមនុស្សស្មោះត្រង់ ឥតទោស និងសប្បុរស ហើយគាត់ក៏មានបទពិសោធពិតប្រាកដពីការកោតខ្លាចព្រះជាម្ចាស់ ការស្ដាប់បង្គាប់ព្រះជាម្ចាស់ ការគេចចេញពីសេចក្ដីអាក្រក់ ក៏ដូចជាការដឹងថា «ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ»។ ដោយសារតែលក្ខណៈទាំងនេះហើយ ទើបគាត់អាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់គាត់បាននៅក្នុងការវាយប្រហារដ៏សាហាវៗពីសំណាក់សាតាំង ហើយដោយសារលក្ខណៈទាំងនេះហើយ ទើបគាត់មិនធ្វើឱ្យព្រះជាម្ចាស់ខកព្រះទ័យ និងអាចផ្ដល់ចម្លើយដែលគាប់ព្រះទ័យព្រះជាម្ចាស់បាន នៅពេលដែលព្រះជាម្ចាស់បានល្បងលគាត់។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៤២៥. យ៉ូបមិនធ្លាប់បានឃើញព្រះភ័ក្ដ្រព្រះជាម្ចាស់ ក៏មិនធ្លាប់បានឮព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងមកដែរ ហើយគាត់កាន់តែមិនធ្លាប់ឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ដោយផ្ទាល់ទៀត តែការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ និងទីបន្ទាល់របស់គាត់ក្នុងគ្រាដែលគាត់ត្រូវល្បងល សុទ្ធតែត្រូវមនុស្សគ្រប់គ្នាមើលឃើញផ្ទាល់នឹងភ្នែក ហើយសេចក្ដីទាំងនេះក៏ត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ ត្រេកអរ និងលើកសរសើរផងដែរ ហើយមនុស្សច្រណែន កោតសរសើរ ហើយជាងនេះទៅទៀត ពួកគេថែមទាំងច្រៀងសរសើរទៀតផង។ ជីវិតរបស់គាត់គ្មានអ្វីអស្ចារ្យ ឬពិសេសជាងគេនោះទេ៖ គាត់បានរស់នៅក្នុងជីវិតធម្មតាដូចជាមនុស្សសាមញ្ញម្នាក់ដែរ ដោយចេញទៅធ្វើការតាំងពីព្រលឹម រួចត្រឡប់មកផ្ទះវិញសម្រាកនៅពេលព្រលប់។ ភាពខុសគ្នានោះគឺថា ក្នុងអំឡុងពេលនៃជីវិតរស់នៅរបស់គាត់ដែលគ្មានអ្វីគួរឱ្យកត់សម្គាល់ប៉ុន្មានទស្សវត្សរ៍នេះ គាត់បានយល់ច្បាស់អំពីផ្លូវរបស់ព្រះជាម្ចាស់ ហើយបានដឹង និងយល់ពីព្រះចេស្ដាដ៏អស្ចារ្យ ព្រមទាំងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ផង ដ្បិតគ្មានបុគ្គលណាម្នាក់ធ្លាប់បានយល់ដឹងបែបនេះឡើយ។ គាត់មិនឆ្លាតជាងមនុស្សធម្មតានោះទេ ជីវិតរបស់គាត់ក៏គ្មានការតាំងចិត្តអ្វីពិសេសដែរ ហើយជាងនេះទៀត គាត់ក៏គ្មានជំនាញពិសេស ដែលគេមើលមិនឃើញអ្វីនោះដែរ។ ប៉ុន្តែអ្វីដែលគាត់មានប្រាកដនោះគឺ បុគ្គលិកលក្ខណៈមួយដែលស្មោះត្រង់ មានចិត្តសប្បុរស និងទៀងត្រង់ ជាបុគ្គលិកលក្ខណៈមួយដែលស្រឡាញ់ភាពត្រឹមត្រូវ សេចក្ដីសុចរិត និងអ្វីៗដែលវិជ្ជមាន។ មនុស្សធម្មតាភាគច្រើនគ្មានបុគ្គលិកលក្ខណៈទាំងអស់នេះទេ។ គាត់បែងចែកដាច់រវាងសេចក្ដីស្រឡាញ់ និងសេចក្ដីស្អប់ ហើយមានស្មារតីស្រឡាញ់យុត្តិធម៌ និងនៅតែរក្សាគោលជំហរយ៉ាងមាំ ហើយតស៊ូ និងបានយកចិត្តទុកដាក់គិតគូរយ៉ាងល្អិតល្អន់។ ដូច្នេះ ក្នុងគ្រាដែលគាត់រស់ជាមនុស្សសាមញ្ញនៅលើផែនដី គាត់បានឃើញពីការអស្ចារ្យជាច្រើនដែលព្រះជាម្ចាស់បានធ្វើ ហើយគាត់បានឃើញភាពអស្ចារ្យ ភាពបរិសុទ្ធ និងសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ គាត់បានឃើញពីព្រះទ័យព្រួយបារម្ភរបស់ព្រះជាម្ចាស់ ភាពពេញដោយព្រះគុណ និងការការពារសម្រាប់មនុស្ស ហើយគាត់ក៏បានឃើញពីព្រះកិត្តិនាម និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលឧត្តុង្គឧត្តមផងដែរ។ ហេតុផលទីមួយដែលយ៉ូបអាចទទួលបានអ្វីទាំងអស់នេះ ដែលមនុស្សធម្មតាមិនអាចសម្រេចបាន នោះគឺមកពីគាត់មានចិត្តបរិសុទ្ធ ហើយដួងចិត្តរបស់គាត់ជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ និងត្រូវព្រះអាទិករដឹកនាំ។ ហេតុផលទីពីរ គឺការដេញតាមរបស់គាត់៖ ការដេញតាមដើម្បីឱ្យបានជាមនុស្សឥតខ្ជោះ និងគ្រប់លក្ខណ៍ ដើម្បីឱ្យក្លាយជាមនុស្សម្នាក់ដែលធ្វើតាមបំណងស្ថានសួគ៌ ជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យ និងជាមនុស្សដែលគេចចេញពីសេចក្ដីអាក្រក់។ យ៉ូបមានចំណុចទាំងអស់ ហើយគាត់ក៏បានព្យាយាមដេញតាមរបស់ទាំងអស់នេះដែរ នៅពេលដែលគាត់ពុំអាចមើលឃើញព្រះជាម្ចាស់ ឬស្ដាប់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទោះបីគាត់មិនធ្លាប់បានឃើញព្រះជាម្ចាស់ ក៏គាត់ចាប់ផ្ដើមដឹងពីមធ្យោបាយដែលព្រះជាម្ចាស់គ្រប់គ្រងលើរបស់សព្វសារពើដែរ ហើយគាត់ក៏បានយល់ពីព្រះប្រាជ្ញាញាណដែលព្រះជាម្ចាស់ធ្វើកិច្ចការនេះដែរ។ ទោះបីជាគាត់មិនធ្លាប់បានឮព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងមកក៏ដោយ ក៏យ៉ូបដឹងថា កិច្ចការនៃការប្រទានរង្វាន់ដល់មនុស្ស និងការដកយកពីមនុស្សវិញ គឺសុទ្ធតែមកអំពីព្រះជាម្ចាស់ទាំងអស់។ ទោះបីជាអាយុកាលនៃជីវិតរបស់គាត់មិនខុសពីមនុស្សធម្មតាក៏ដោយ ក៏គាត់មិនអនុញ្ញាតឱ្យភាពសាមញ្ញនៃជីវិតរបស់គាត់នោះ ប៉ះពាល់ដល់ការយល់ដឹងរបស់គាត់ចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ឬប៉ះពាល់ដល់ការដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ដែរ។ ក្នុងក្រសែភ្នែករបស់គាត់ ក្រឹត្យក្រមនៃរបស់សព្វសារពើ ពោរពេញទៅដោយស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ហើយអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ អាចមើលឃើញបាននៅគ្រប់ផ្នែកនៃជីវិតរបស់មនុស្ស។ គាត់មិនធ្លាប់បានឃើញព្រះជាម្ចាស់ទេ ប៉ុន្តែ គាត់អាចដឹងថា កិច្ចការរបស់ព្រះជាម្ចាស់មាននៅគ្រប់ទីកន្លែង ហើយក្នុងគ្រាដែលគាត់រស់នៅក្នុងជីវិតសាមញ្ញនៅលើផែនដីនេះ គាត់អាចមើលឃើញ និងដឹងបានពីកិច្ចការដ៏អស្ចារ្យ និងវិសេសវិសាលរបស់ព្រះជាម្ចាស់ នៅគ្រប់ជ្រុងជ្រោយនៃជីវិតរបស់គាត់ ហើយគាត់ក៏អាចមើលឃើញពីការរៀបចំដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ផងដែរ។ ការលាក់បាំង និងភាពស្ងប់ស្ងាត់របស់ព្រះជាម្ចាស់ ពុំបានរារាំងយ៉ូបមិនឱ្យដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនប៉ះពាល់ដល់ការយល់ដឹងរបស់គាត់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើនោះដែរ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ ជីវិតរបស់គាត់គឺជាការទទួលស្គាល់នូវអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ដែលព្រះអង្គត្រូវលាក់បំពួនក្នុងចំណោមរបស់សព្វសារពើ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ គាត់ក៏បានស្ដាប់ឮ និងយល់ពីព្រះសូរសៀងនៃព្រះហឫទ័យ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ ដែលស្ងប់ស្ងាត់នៅក្នុងចំណោមរបស់សព្វសារពើ តែសម្ដែងចេញនូវព្រះសូរសៀងនៃព្រះហឫទ័យរបស់ទ្រង់ និងព្រះបន្ទូលរបស់ទ្រង់ តាមរយៈការគ្រប់គ្រងលើច្បាប់នៃរបស់សព្វសារពើផង។ ដូច្នេះ អ្នកឃើញហើយថា ប្រសិនបើមនុស្សមានភាពជាមនុស្ស និងការដេញតាមដូចយ៉ូបដែរ នោះពួកគេក៏អាចទទួលបានការទទួលស្គាល់ និងចំណេះដឹងដូចជាយ៉ូបដែរ ហើយអាចទទួលបានការយល់ដឹង និងចំណេះដឹងពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើដូចជាយ៉ូបដែរមិនខាន។ ព្រះជាម្ចាស់មិនបានលេចមកចំពោះមុខយ៉ូប ឬមានបន្ទូលមកកាន់គាត់ទេ ប៉ុន្តែយ៉ូបអាចធ្វើជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់បាន ហើយកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង។ អាចនិយាយម្យ៉ាងទៀតបានថា កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងចំណោមរបស់សព្វសារពើ គឺគ្រប់គ្រាន់នឹងឱ្យមនុស្សដឹងពីព្រះវត្តមានដ៏គង់នៅ ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដោយមិនចាំបាច់ឱ្យព្រះជាម្ចាស់លេចមកឱ្យមនុស្សឃើញ ឬមានបន្ទូលមកកាន់គេនោះឡើយ ហើយព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ល្មមគ្រប់គ្រាន់នឹងធ្វើឱ្យមនុស្សដើរតាមផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់បានហើយ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៤២៦. «ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់» និងការស្គាល់ព្រះជាម្ចាស់ ត្រូវបានផ្សារភ្ជាប់គ្នាឥតដាច់ដោយតំណជាច្រើន ហើយការផ្សារភ្ជាប់រវាងសេចក្ដីទាំងនេះបញ្ជាក់ចេញមកយ៉ាងច្បាស់ ដោយមិនបាច់ពន្យល់។ ប្រសិនបើមនុស្សម្នាក់ចង់ទទួលបានការគេចចេញពីសេចក្ដីអាក្រក់ ដំបូងគេត្រូវមានការកោតខ្លាចពិតចំពោះព្រះជាម្ចាស់ ប្រសិនបើគេចង់ទទួលបានការកោតខ្លាចពិតចំពោះព្រះជាម្ចាស់ ដំបូងគេត្រូវតែមានចំណេះដឹងពិតអំពីព្រះជាម្ចាស់ ប្រសិនបើគេចង់ទទួលបានចំណេះដឹងពិតអំពីព្រះជាម្ចាស់ ដំបូងគេត្រូវឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ ប្រសិនបើមនុស្សចង់ឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដំបូងគេត្រូវប្រឈមនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយមុខទល់នឹងមុខ ប្រឈមនឹងព្រះជាម្ចាស់ដោយមុខទល់នឹងមុខ និងទូលសុំព្រះជាម្ចាស់ឱ្យប្រទានឱកាសឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគ្រប់សណ្ឋាន គ្រប់ប្រភេទនៃបរិយាកាសទាក់ទងនឹងមនុស្ស ព្រឹត្តិការណ៍ និងវត្ថុបំណង ហើយប្រសិនបើគេចង់ប្រឈមជាមួយព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ដោយមុខទល់នឹងមុខ ដំបូងគេត្រូវមានចិត្តសាមញ្ញ និងស្មោះត្រង់ មានការត្រៀមខ្លួនទទួលសេចក្ដីពិត និងមានឆន្ទៈក្នុងការទ្រាំទ្រទុក្ខលំបាក មានការតាំងចិត្ត និងភាពក្លាហានក្នុងការគេចចេញពីសេចក្ដីអាក្រក់ និងមានមហិច្ឆតាចង់ក្លាយជាមនុស្សដែលត្រូវបានបង្កើតពិតប្រាកដ...។ តាមវិធីនេះ អ្នកនឹងចូលទៅកៀកព្រះជាម្ចាស់ ដោយឆ្ពោះទៅមុខមួយជំហានម្ដងៗ ដួងចិត្តរបស់អ្នកនឹងរឹតតែស្អាតបរិសុទ្ធ ហើយជីវិត និងគុណតម្លៃនៃការរស់រានរបស់អ្នក នឹងកាន់តែមានន័យ ក្នុងការដែលអ្នកចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ កាន់តែមានន័យ និងកាន់តែមានរស្មី។ លុះដល់ថ្ងៃមួយ អ្នកនឹងដឹងថា ព្រះ អាទិករលែងជាប្រស្នាទៀតហើយ ដឹងថាព្រះអាទិករមិនធ្លាប់លាក់បំពួនពីអ្នកឡើយ ដឹងថាព្រះអាទិករមិនធ្លាប់លាក់ព្រះភក្ត្រពីអ្នក ដឹងថាព្រះអាទិករនៅមិនឆ្ងាយពីអ្នក ដឹងថាព្រះអាទិករលែងជាព្រះដែលអ្នកចង់បានជាដរាប ក្នុងគំនិតរបស់អ្នកទៀតហើយ ប៉ុន្តែជាព្រះដែលអ្នកមិនអាចឈោងដល់ដោយអារម្មណ៍របស់អ្នក ដឹងថាទ្រង់ពិតជា និងប្រាកដជាកំពុងឈរការពារអ្នកពីខាងឆ្វេង ដល់ខាងស្ដាំអ្នក ទាំងផ្គត់ផ្គង់ជីវិតអ្នក ហើយគ្រប់គ្រងជោគវាសនារបស់អ្នកផង។ ទ្រង់មិនមែននៅជើងមេឃសន្លឹម ក៏មិនបានលាក់បំពួនអង្គទ្រង់យ៉ាងខ្ពស់នៅក្នុងពពកដែរ។ ទ្រង់នៅក្បែរអ្នកបង្កើយ ដោយគង់ជាម្ចាស់លើគ្រប់យ៉ាងជារបស់អ្នក ទ្រង់ជាអ្វីៗគ្រប់យ៉ាងដែលអ្នកមាន ហើយទ្រង់ជារបស់តែមួយគត់ដែលអ្នកមាន។ ព្រះជាម្ចាស់បែបនេះ អនុញ្ញាតឱ្យអ្នកស្រឡាញ់ទ្រង់ចេញពីចិត្ត ប្រតោងទ្រង់ឱ្យជាប់ ប្រទាញទ្រង់ឱ្យកៀក ស្ងើចសរសើរទ្រង់ ខ្លាចបាត់បង់ទ្រង់ ហើយមិនព្រមបោះបង់ទ្រង់តទៅទៀត លែងរឹងចចេសនឹងទ្រង់ ឬលែងគេចពីទ្រង់ ឬនៅឆ្ងាយពីទ្រង់។ គ្រប់យ៉ាងដែលអ្នកចង់បានគឺយកចិត្តទុកដាក់នឹងទ្រង់ តបស្នងគ្រប់យ៉ាងដែលទ្រង់ប្រទានឱ្យអ្នក ហើយចុះចូលនឹងអំណាចគ្រប់គ្រងរបស់ទ្រង់។ អ្នកលែងបដិសេធមិនឱ្យទ្រង់ដឹងនាំ មិនឱ្យទ្រង់ផ្គត់ផ្គង់ មិនឱ្យទ្រង់ការពារ និងមិនឱ្យទ្រង់ថែរក្សា លែងបដិសេធនូវអ្វីដែលទ្រង់បង្គាប់ និងបញ្ជាឱ្យអ្នកធ្វើទៀតហើយ។ គ្រប់យ៉ាងដែលអ្នកចង់បានគឺដើរតាមទ្រង់ នៅជិតទ្រង់ដោយសហការនឹងទ្រង់ គ្រប់យ៉ាងដែលអ្នកចង់បានគឺទទួលទ្រង់ធ្វើជាជីវិតតែមួយគត់របស់អ្នក ទទួលទ្រង់ធ្វើជាព្រះអម្ចាស់តែមួយគត់របស់អ្នក និងជាព្រះជាម្ចាស់តែមួយគត់របស់អ្នក។

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៤២៧. កាលណាមនុស្សមានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ ចំណេះដឹងទីមួយដែលគេមានចំពោះព្រះអង្គ គឺទ្រង់ជាព្រះដែលយល់មិនបានឈ្លាសវៃ និងអស្ចារ្យ ហើយពួកគេកោតខ្លាចទ្រង់ទាំងមិនដឹងខ្លួន ហើយដឹងអំពីអាថ៌កំបាំងនៃកិច្ចការដែលទ្រង់ធ្វើ ជាកិច្ចការដែលហួសពីការយល់ដឹងនៃគំនិតរបស់មនុស្ស។ មនុស្សចង់ត្រឹមអាចបំពេញសេចក្ដីតម្រូវរបស់ទ្រង់ ចង់ផ្គាប់តាមព្រះទ័យចង់បានរបស់ទ្រង់ ពួកគេមិនចង់ឱ្យលើសព្រះអង្គឡើយ ដ្បិតកិច្ចការដែលមនុស្សធ្វើ ហើសពីការគិត និងការស្រមើស្រមៃរបស់មនុស្សហើយក៏ពុំមានមនុស្សណាអាចធ្វើជំនួសទ្រង់បានដែរ។ សូម្បីមនុស្សខ្លួនឯង ក៏មិនស្គាល់សេចក្ដីកម្សោយរបស់ខ្លួនផង ប៉ុន្តែព្រះបានបង្កើតផ្លូវថ្មីមួយ ហើយមានយាងមកនាំមនុស្សទៅក្នុងពិភពមួយថ្មី និងស្រស់ស្អាតជាងមុន ដូច្នេះមនុស្សជាតិបានបង្កើតនូវវឌ្ឍនភាពថ្មី ហើយមានការចាប់ផ្ដើមមួយថ្មីផងដែរ។ អ្វីដែលមនុស្សគិតចំពោះព្រះជាម្ចាស់គឺមិនមែនជាការសរសើរទេ ម្យ៉ាងទៀត វាក៏មិនមែនត្រឹមតែជាការសរសើរដែរ។ បទពិសោធដ៏ស៊ីជម្រៅបំផុតរបស់គេ គឺ ការស្ញប់ស្ញែង និងសេចក្ដីស្រឡាញ់។ អារម្មណ៍ដែលគេមានគឺ ព្រះជាម្ចាស់ពិតជាអស្ចារ្យខ្លាំងណាស់។ ទ្រង់ធ្វើកិច្ចការដែលមនុស្សមិនអាចធ្វើបាន ហើយមានបន្ទូលនូវសេចក្ដីដែលមនុស្សមិនអាចនិយាយបាន។ មនុស្សដែលបានស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ តែងតែមានអារម្មណ៍ដែលពុំអាចបរិយាយបាន។ មនុស្សដែលមានបទពិសោធស៊ីជម្រៅគួរសម អាចយល់អំពីក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេអាចមិនដឹងពីលក្ខណៈគួរឱ្យស្រឡាញ់របស់ទ្រង់បានថា កិច្ចការរបស់ទ្រង់វាងវៃ និងអស្ចារ្យណាស់ ហើយមានព្រះចេស្ដាដ៏ឥតព្រំដែន កើតឡើង ក្នុងកិច្ចការរបស់ទ្រង់ដែរ។ នេះមិនមែនជាភាពភ័យខ្លាច ឬសេចក្ដីស្រឡាញ់ និងការគោរពមួយគ្រាៗនោះដែរ តែជាញាណយល់ដឹងដ៏ស៊ីជម្រៅអំពីសេចក្ដីមេត្តាករុណាដែលព្រះជាម្ចាស់មានចំពោះមនុស្សលោក និងព្រះទ័យអធ្យាស្រ័យរបស់ព្រះអង្គ។ យ៉ាងណាមិញ មនុស្សដែលមានបទពិសោធនូវការវាយផ្ចាល និងការជំនុំជម្រះ ដឹងពីតេជានុភាពរបស់ទ្រង់ និងដឹងថាទ្រង់មិនអធ្យាស្រ័យសេចក្ដីល្មើសនោះឡើយ។ សូម្បីតែមនុស្សដែលបានស្គាល់នូវកិច្ចការជាច្រើនរបស់ព្រះអង្គក៏មិនអាចយល់ពីព្រះអង្គដែរ។ មនុស្សទាំងអស់ដែលគោរពកោតខ្លាចព្រះអង្គពិតប្រាកដ ដឹងថាកិច្ចការរបស់ទ្រង់មិនស្របនឹងសញ្ញាណរបស់មនុស្សទេ គឺតែងតែទាស់នឹងសញ្ញាណរបស់គេវិញ។ ទ្រង់មិនត្រូវការឱ្យមនុស្សសរសើរទ្រង់ ឬបង្ហាញពីការចុះចូលចំពោះព្រះអង្គទាំងស្រុងដែរ ផ្ទុយទៅវិញ ពួកគេគប្បីមាននូវការកោតខ្លាច និងការចុះចូលពិតប្រាកដ។ មនុស្សណាដែលមានបទពិសោធពិត មានអារម្មណ៍កោតខ្លាចព្រះអង្គ ខ្លាំងជាងការសរសើតម្កើងទ្រង់ នៅក្នុងកិច្ចការជាច្រើនរបស់ព្រះអង្គ។ មនុស្សធ្លាប់ឃើញនិស្ស័យរបស់ទ្រង់ ដោយសារកិច្ចការនាំការវាយផ្ចាល និងការជំនុជម្រះរបស់ទ្រង់ ដូច្នេះហើយ ពួកគេគោរពកោតខ្លាចទ្រង់ក្នុងចិត្តរបស់គេ។ ព្រះជាម្ចាស់ គឺជាព្រះសម្រាប់ឱ្យមនុស្សកោតខ្លាច និងស្ដាប់បង្គាប់ ដ្បិតលក្ខណៈ និងនិស្ស័យរបស់ទ្រង់ មិនដូចនឹងមនុស្សដែលត្រូវបានបង្កើតមកឡើយ ហើយខ្ពង់ខ្ពស់ជាងអ្វីៗដែលត្រូវបានបង្កើតមកដែរ។ ព្រះជាម្ចាស់មានវត្តមានគង់នៅដោយអង្គឯង និងអស់កល្បជានិច្ច ទ្រង់ពុំមែនជាសភាវៈដែលត្រូវបានបង្កើតមកឡើយ ហើយមានតែព្រះជាម្ចាស់ទេ ដែលស័ក្ដិសមទទួលនូវការគោរពកោតខ្លាច និងស្ដាប់បង្គាប់។ មនុស្សមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះសេចក្ដីនេះទេ។ ដូច្នេះ អស់អ្នកដែលបានស្គាល់កិច្ចការរបស់ទ្រង់ ហើយស្គាល់ទ្រង់ពិត ពួកគេមានចិត្តគោរពកោតខ្លាចចំពោះទ្រង់។ យ៉ាងណាមិញ អស់អ្នកដែលមិនបោះបង់ចោលសញ្ញាណដែលមានចំពោះព្រះអង្គ គឺអស់អ្នកដែលមិនរាប់ព្រះអង្គថាជាព្រះ គេពុំមានការគោរពកោតខ្លាចចំពោះព្រះអង្គឡើយ ហើយទោះបីជាពួកគេដើរតាមទ្រង់ ក៏ពួកគេមិនមែនត្រូវបានយកឈ្នះដែរ ពួកគេជាមនុស្សរឹងចចេសពីកំណើតមក។ កិច្ចការដែលទ្រង់ចង់សម្រេចឱ្យបានតាមរយៈកិច្ចការនេះ គឺដើម្បីឱ្យមនុស្សគ្រប់ៗគ្នាដែលត្រូវបានបង្កើតមក មានដួងចិត្តគោរពកោតខ្លាចព្រះអាទិករ ថ្វាយបង្គំទ្រង់ និងចុះចូលចំពោះអំណាចគ្រប់គ្រងរបស់ទ្រង់ ដោយគ្មានលក្ខខណ្ឌ។ នេះគឺជាលទ្ធផលចុងក្រោយដែលកិច្ចការរបស់ព្រះអង្គចង់សម្រេចឱ្យបាន។ ប្រសិនបើមនុស្សដែលបានឆ្លងកាត់កិច្ចការនេះហើយ មិនគោរពកោតខ្លាចព្រះជាម្ចាស់សូម្បីតែបន្តិច ហើយប្រសិនបើចរិតរឹងចចេសរបស់គេពុំផ្លាស់ប្ដូរសោះ នោះពួកគេប្រាកដជាត្រូវផាត់ចោលមិនខាន។ ប្រសិនបើអាកប្បកិរិយាដែលមនុស្សម្នាក់មានចំពោះព្រះជាម្ចាស់ មានត្រឹមតែការសរសើរទ្រង់ ឬបង្ហាញការគោរពដល់ទ្រង់ពីចម្ងាយ និងមិនស្រឡាញ់ទ្រង់បន្តិចសោះ នោះវាជាលទ្ធផលដែលបុគ្គលគ្មានដួងចិត្តស្រឡាញ់ព្រះជាម្ចាស់នឹងមកដល់ ហើយបុគ្គលនោះក៏ពុំមានលក្ខខណ្ឌ ដើម្បីឱ្យបានគ្រប់លក្ខណ៍ឡើយ។ ប្រសិនបើកិច្ចការជាច្រើនក៏មិនអាចទទួលបានសេចក្ដីស្រឡាញ់ពិតពីមនុស្ស នោះគេក៏មិនទទួលបានព្រះជាម្ចាស់ ហើយគេក៏មិនព្យាយាមឱ្យបានសេចក្ដីពិត យ៉ាងពិតប្រាកដដែរ។ បុគ្គលដែលមិនស្រឡាញ់ព្រះជាម្ចាស់ មិនស្រឡាញ់សេចក្ដីពិតទេ ដូច្នេះគេមិនអាចទទួលបានព្រះជាម្ចាស់ឡើយ ហើយក៏កាន់តែមិនទទួលបានការសរសើរពីព្រះជាម្ចាស់ដែរ។ មនុស្សបែបនេះ បើទោះបីជាពួកគេស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយបើទោះបីជាពួកគេឆ្លងកាត់ការជំនុំជម្រះ ក៏គេមិនអាចកោតខ្លាចព្រះជាម្ចាស់ដែរ។ មនុស្សទាំងនេះ គឺសុទ្ធតែជាមនុស្សដែលមានសន្ដានមិនប្រែប្រួល ហើយជាមនុស្សដែលមាននិស្ស័យអាក្រក់ហួសហេតុ។ មនុស្សទាំងអស់ដែលមិនកោតខ្លាចព្រះជាម្ចាស់នឹងត្រូវផាត់ចោល គឺជាវត្ថុបំណងនៃទណ្ឌកម្ម និងត្រូវទទួលទោសដូចមនុស្សអាក្រក់ គឺត្រូវរងទុក្ខខ្លាំងជាងមនុស្សដែលបានប្រព្រឹត្តអំពើទុច្ចរិតផង។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ឆ. ស្ដីពីរបៀបបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ

បន្ទាប់៖ ឈ. ស្ដីពីរបៀបជ្រើសរើសផ្លូវដើររបស់ខ្លួននៅក្នុងសេចក្តីជំនឿ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ