ចំណុចទីប្រាំ៖ ពួកគេបំភាន់ អូសទាញ គំរាមកំហែង និងត្រួតត្រាមនុស្ស
ផ្នែកបន្ថែម៖ រឿងរបស់តាបាវ និងស៊ាវបាវ
មុនពេលយើងចាប់ផ្ដើមការប្រកបគ្នារបស់យើងជាផ្លូវការនៅថ្ងៃនេះ ខ្ញុំសូមចាប់ផ្ដើមជាមួយនឹងរឿងមួយសិន។ តើអ្នករាល់គ្នាចូលចិត្តស្ដាប់រឿងដែរឬទេ? (មែនហើយ។) ឥឡូវនេះ តើមានគោលការណ៍ក្នុងការស្ដាប់រឿងដែរឬទេ? នៅក្នុងរឿងដែលកំពុងត្រូវបាននិទាន អ្នកគួរតែអាចយល់ដឹងទិដ្ឋភាពមួយនៃសេចក្ដីពិត យល់ពីទិដ្ឋភាពមួយនៃបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទទួលស្គាល់ទិដ្ឋភាពមួយនៃសារជាតិធម្មជាតិរបស់មនុស្ស ឬស្វែងរកឱ្យឃើញនៅក្នុងរឿងនោះនូវតថភាពនៃសេចក្ដីពិត ដែលមនុស្សគួរតែអនុវត្ត និងចូលទៅក្នុង។ នេះហើយជាអត្ថន័យនៃការនិទានរឿង វាមិនមែនជាការនិយាយរឿងឥតប្រយោជន៍នោះទេ ហើយវាក៏ច្បាស់ជាមិនមែនជាការនិយាយចេចចូចដែរ។ មនុស្សខ្លះ នៅពេលពួកគេស្ដាប់រឿង ពួកគេគ្រាន់តែចាប់យល់ព្រឹត្តិការណ៍ប៉ុណ្ណោះ តើពួកគេជាមនុស្សប្រភេទណា? (មនុស្សដែលមានគុណសម្បត្តិខ្សោយ។) គុណសម្បត្តិខ្សោយមានន័យថា ពួកគេមិនចេះគិត ជាចម្បង ពួកគេខ្វះការយល់ដឹងខាងវិញ្ញាណ។ មិនថាពួកគេស្ដាប់រឿងអ្វីនោះទេ ពួកគេអាចចងចាំបានត្រឹមតែព្រឹត្តិការណ៍ ឬចាប់បានបទប្បញ្ញត្តិមួយចំនួនពីរឿងនោះប៉ុណ្ណោះ។ ប៉ុន្តែ នៅពេលនិយាយដល់សេចក្ដីពិតផ្សេងៗដែលមនុស្សគួរតែយល់ពីក្នុងរឿងនោះ ពួកគេមិនចាប់យល់ មិនយល់ ឬយល់ដឹងអត្ថន័យឡើយ។ តើឥរិយាបថ នេះមិនបង្ហាញពីការយល់ដឹងខាងវិញ្ញាណតិចតួចបំផុតទេឬ? (មែនហើយ។) ក្នុងចំណោមអ្នករាល់គ្នា តើមាននរណាម្នាក់ធ្លាប់បង្ហាញឥរិយាបថ បែបនេះ បន្ទាប់ពីបានស្ដាប់រឿងមួយដែរឬទេ? បន្ទាប់ពីបានស្ដាប់រួច ពួកគេមិនសូវយល់ មានអារម្មណ៍ថារឿងនោះគ្មានន័យ ហើយមិនថានិទានឬមិននិទានក៏មិនសំខាន់ដែរ។ តើមនុស្សបែបនេះមានសមត្ថភាពយល់ដឹងដែរឬទេ? នៅពេលអ្នករាល់គ្នាស្ដាប់រឿងមួយ តើអ្នករាល់គ្នាអាចទទួលបានប្រយោជន៍ខ្លះពីព្រឹត្តិការណ៍នៅក្នុងរឿងនោះដែរឬទេ? មិនថាអ្នកអាចយល់សេចក្ដីពិតពីរឿងនោះឬអត់ទេ អ្នករាល់គ្នាគួរតែយល់ពីគោលការណ៍ដែលខ្ញុំទើបតែបានលើកឡើងទាក់ទងនឹងការស្ដាប់រឿង។ ឥឡូវនេះ ចូរយើងចាប់ផ្ដើមជាមួយនឹងរឿងនេះចុះ។
មានក្មេងប្រុសតូចម្នាក់ឈ្មោះ ស៊ាវបាវ។ ថ្មីៗនេះ មានបុរសម្នាក់បានមកផ្ទះរបស់គេ ហើយបុរសនេះឧស្សាហ៍ចេញទៅផ្សាយដំណឹងល្អជាមួយឪពុកម្ដាយរបស់ស៊ាវបាវណាស់។ ថ្ងៃមួយ ឪពុកម្ដាយរបស់ស៊ាវបាវបានចេញទៅក្រៅដើម្បីចាត់ចែងធុរៈខ្លះៗ ដោយទុកឱ្យបុរសនោះ និងស៊ាវបាវនៅផ្ទះតែពីរនាក់។ រឿងរបស់យើងចាប់ផ្ដើមនៅត្រង់នេះ។ ដោយសារស៊ាវបាវមិនសូវស្និទ្ធស្នាលជាមួយបុរសនោះ បុរសនោះក៏បានសម្រេចចិត្តដើរទៅជិត ហើយធ្វើខ្លួនឱ្យស្និទ្ធស្នាលជាមួយស៊ាវបាវ ខណៈពេលដែលគេកំពុងលេង។ គាត់បានប្រាប់ស៊ាវបាវថា គាត់ស្គាល់គេ ហើយថែមទាំងស្គាល់ឈ្មោះរបស់គេទៀតផង។ ស៊ាវបាវមានអារម្មណ៍សប្បាយចិត្ត ហើយគិតថាបុរសនោះមិនអាចជាមនុស្សអាក្រក់ឡើយ។ បន្ទាប់មក បុរសនោះបានសួរស៊ាវបាវថា៖ «ស៊ាវបាវ តើឪពុកម្ដាយរបស់ក្មួយធ្លាប់និយាយពីពូ ពេលដែលពួកគាត់កំពុងនិយាយគ្នាដែរឬទេ?» ស៊ាវបាវបានគិតមួយសន្ទុះ រួចបាននិយាយថា៖ «ខ្ញុំមិនដឹងទេ»។ បុរសនោះបាននិយាយថា៖ «ក្មួយជាក្មេងស្មោះត្រង់។ ក្មេងល្អតែងតែនិយាយអ្វីដែលខ្លួនដឹង»។ គាត់បានសួរស៊ាវបាវម្ដងទៀតថា៖ «តើឪពុកម្ដាយរបស់ក្មួយធ្លាប់និយាយពីពូ ឬក៏អត់?» ស៊ាវបាវនៅតែបាននិយាយថា គេមិនដឹងដដែល។ បុរសនោះបានបន្តទៀតថា៖ «ស៊ាវបាវ ធ្វើជាក្មេងល្អណា ប្រសិនបើក្មួយប្រាប់ពូពីការពិត ពូនឹងឱ្យស្ករគ្រាប់ក្មួយខ្លះ»។ ស៊ាវបាវបានគិតមួយសន្ទុះ ប៉ុន្តែនៅតែនិយាយថា គេមិនដឹងដដែល។ បុរសនោះបានរិះគិតថា៖ «តើខ្ញុំអាចធ្វើឱ្យគេប្រាប់ខ្ញុំពីការពិតដោយរបៀបណាទៅ?» គាត់បានគិតមួយសន្ទុះ រួចក៏បាននិយាយទៅកាន់ស៊ាវបាវថា៖ «ស៊ាវបាវ ឪពុកម្ដាយរបស់ក្មួយជឿលើព្រះជាម្ចាស់ ហើយពូក៏ជឿដែរ។ ពូគឺជាមិត្តភក្ដិដ៏ល្អបំផុតរបស់ឪពុកម្ដាយក្មួយ។ យើងទាំងបីនាក់សុទ្ធតែជឿលើព្រះជាម្ចាស់ ហើយក្មួយក៏ជឿលើព្រះជាម្ចាស់ដែរ។ តើក្មួយដឹងទេថា តើព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងក្មេងប្រភេទណា?» ស៊ាវបាវគិតពីរឿងនេះ រួចនិយាយថា៖ «ខ្ញុំមិនដឹងទេ»។ បុរសនោះនិយាយថា៖ «ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងក្មេងស្មោះត្រង់ ជាក្មេងដែលមិននិយាយកុហក។ នៅពេលពួកគេដឹងពីរឿងអ្វីមួយ ពួកគេនិយាយថាដឹង ហើយនៅពេលពួកគេមិនដឹង ពួកគេនិយាយថាមិនដឹង។ នោះហើយជាក្មេងស្មោះត្រង់ ហើយព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងក្មេងបែបនេះណាស់»។ ស៊ាវបាវបានគិតពីរឿងនេះ រួចបាននិយាយថា៖ «បាទ»។ បន្ទាប់មក គេក៏លែងនិយាយថា គេមិនដឹងទៀតហើយ។ បុរសនោះបានបន្តទៀតថា៖ «ប្រសិនបើក្មួយប្រាប់ពូពីការពិត នោះក្មួយនឹងក្លាយជាក្មេងស្មោះត្រង់ ជាក្មេងដែលព្រះជាម្ចាស់ស្រឡាញ់»។ ស៊ាវបាវបានគិតពីរឿងនេះ រួចបាននិយាយថា៖ «អ៊ីចឹងក៏បាន»។ បុរសនោះបានសួរថា៖ «តើពាក្យថា 'អ៊ីចឹងក៏បាន' មានន័យថាម៉េច?» ស៊ាវបាវបាននិយាយថា៖ «វាមានន័យថា ឪពុកម្ដាយរបស់ខ្ញុំធ្លាប់និយាយរឿងខ្លះពីពូពីមុនមក»។ បន្ទាប់មក បុរសនោះចេះតែបន្តសួរថា តើពួកគាត់និយាយអ្វីខ្លះ ហើយបានប្រាប់ស៊ាវបាវម្ដងហើយម្ដងទៀតឱ្យធ្វើជាក្មេងស្មោះត្រង់ និងមិនត្រូវនិយាយកុហកឡើយ។ ស៊ាវបាវបាននិយាយថា៖ «ប៉ាម៉ាក់របស់ខ្ញុំបាននិយាយថា ពូមិនមែនជាមនុស្សល្អទេ។ ពួកគាត់បាននិយាយថា ពូមិនសូវស្មោះត្រង់ទេ ហើយពួកគាត់គួរតែប្រយ័ត្នប្រយែងនៅពេលនិយាយជាមួយពូ»។ បុរសនោះបានសួរម្ដងទៀតថា៖ «តើប៉ាម៉ាក់របស់ក្មួយមាននិយាយអ្វីទៀតទេ?» ស៊ាវបាវបានឆ្លើយថា៖ «ខ្ញុំចាំមិនបានទេ»។ បុរសនោះបាននិយាយថា៖ «ធ្វើជាក្មេងល្អណា!» បន្ទាប់មក ស៊ាវបាវបានឆ្លើយថា៖ «ប៉ាម៉ាក់របស់ខ្ញុំបាននិយាយថា ពួកគាត់មិនគួរប្រាប់ពូគ្រប់រឿងនោះទេ»។ បន្ទាប់មក បុរសនោះនៅតែបន្តសួរគេទៀត ហើយស៊ាវបាវក៏បានប្រាប់គាត់យ៉ាងច្រើន។ បុរសនោះមានអារម្មណ៍កាន់តែមិនស្រួលក្នុងចិត្ត ហើយក៏បាននិយាយទៅកាន់ស៊ាវបាវថា៖ «ស៊ាវបាវ ក្មួយពិតជាក្មេងល្អមែន ជាក្មេងដែលព្រះជាម្ចាស់ស្រឡាញ់ ពីព្រោះក្មួយជាមនុស្សស្មោះត្រង់ ហើយក្មួយប្រាប់ពូគ្រប់យ៉ាងដែលក្មួយដឹង»។ មកដល់ពេលនេះ ស៊ាវបាវលែងមានចិត្តប្រយ័ត្នដូចកាលពីដំបូងជាមួយបុរសនេះទៀតហើយ ហើយគេក៏លែងឆ្លើយតបថា «ខ្ញុំមិនដឹងទេ» ចំពោះគ្រប់សំណួរដែលគាត់បានសួរគេទៀតដែរ។ គេចង់ប្រាប់បុរសនោះគ្រប់រឿង ចង់ប្រាប់គាត់នូវអ្វីក៏ដោយដែលបុរសនោះមិនបានដឹង ពោលគឺគាត់គ្រាន់តែសួរស៊ាវបាវមកគឺបានហើយ។ បុរសនោះក៏បានបើកឱ្យដឹងដល់ស៊ាវបាវថា៖ «ឈ្មោះក្រៅរបស់ពូគឺ តាបាវ ដូច្នេះ ក្មួយឃើញទេ ក្មួយឈ្មោះ ស៊ាវបាវ ចំណែកពូឈ្មោះ តាបាវ។ តើយើងមិនគួរក្លាយជាមិត្តសម្លាញ់នឹងគ្នាទេឬ?» ស៊ាវបាវឆ្លើយថា៖ «បាទ»។ ពេលពួកគេបានបន្តសន្ទនាឆ្លើយឆ្លងគ្នា ពួកគេបាននិយាយអំពីរឿងជាច្រើន ហើយកាន់តែនិយាយ ពួកគេកាន់តែមានអារម្មណ៍សប្បាយចិត្ត។ ស៊ាវបាវក៏ទទួលបានស្ករគ្រាប់ខ្លះញ៉ាំ ហើយឈប់មានចិត្តប្រយ័ត្នចំពោះបុរសនោះទៀត។ បន្ទាប់មក បុរសនោះបានដាក់លក្ខខណ្ឌតម្រូវនេះលើស៊ាវបាវថា៖ «ទៅថ្ងៃមុខ ប្រសិនបើប៉ាម៉ាក់របស់ក្មួយនិយាយអ្វីពីពូម្ដងទៀត តើក្មួយអាចប្រាប់ពូបានទេ?» ស៊ាវបាវបាននិយាយថា៖ «ប្រាកដជាបាន ព្រោះយើងជាមិត្តល្អនឹងគ្នា»។ ស៊ាវបាវលែងមានចិត្តប្រយ័ត្នចំពោះបុរសនេះទៀតហើយ ហើយបុរសនេះក៏ទទួលបានព័ត៌មានដែលគាត់ចង់បានពីគេដែរ។ ចាប់ពីថ្ងៃនោះមក ពួកគេបានក្លាយជាមិត្តភក្ដិដ៏ល្អនឹងគ្នា។ រាល់ពេលដែលប៉ាម៉ាក់របស់ស៊ាវបាវនិយាយអ្វីមួយពីបុរសនោះ ស៊ាវបាវមុខជាប្រញាប់ប្រាប់រឿងនោះទៅគាត់ភ្លាម។ បុរសនោះក៏បានសន្យាជាមួយស៊ាវបាវថា៖ «ពូដាច់ខាតនឹងមិនប្រាប់ប៉ាម៉ាក់របស់ក្មួយអំពីរឿងរវាងយើងទាំងពីរនាក់ទេ វាជាការសម្ងាត់របស់យើង។ ទៅថ្ងៃមុខ ប្រសិនបើក្មួយចង់បានរបស់ឆ្ងាញ់ៗញ៉ាំ ឬរបស់លេងសប្បាយៗ ពូប្រាកដជានឹងទិញឱ្យក្មួយមិនខាន។ ហើយប្រសិនបើមានរឿងអ្វីដែលក្មួយមិនចង់ឱ្យប៉ាម៉ាក់របស់ក្មួយដឹង ពូនឹងលាក់ទុកជាការសម្ងាត់សម្រាប់ក្មួយ»។ ដូច្នេះ ស៊ាវបាវកាន់តែមានអារម្មណ៍ធូរស្រាលក្នុងចិត្ត និងទុកចិត្តបុរសនោះយ៉ាងអស់ពីចិត្ត។ គេបានរក្សាទំនាក់ទំនងយ៉ាងស្មោះត្រង់ជាមួយគាត់ ហើយពួកគេក៏បានក្លាយជា «មិត្តល្អនឹងគ្នាយ៉ាងពិតប្រាកដ»។
នោះគឺជារឿងទាំងមូល។ រឿងនេះមិនមានតួអង្គច្រើនទេ តួអង្គសំខាន់គឺ តាបាវ និងស៊ាវបាវ។ ប្រធានបទជាក់លាក់ គឺនិយាយអំពីរបៀបដែលបុរសឈ្មោះ តាបាវ ព្យាយាមបំភាន់ លួងលោម និងអូសទាញក្មេងឈ្មោះ ស៊ាវបាវ ដោយធ្វើឱ្យគេប្រាប់បុរសនោះនូវព័ត៌មានមួយចំនួនដែលគាត់ចង់ដឹង។ នេះហើយជាប្រភេទរឿង និងការសន្ទនានេះ។ តើយើងអាចមើលឃើញអ្វីខ្លះពីសាច់រឿង និងការសន្ទនាដ៏សាមញ្ញនេះ? តើចរិតលក្ខណៈរបស់អ្នកណាដែលត្រូវបានលើកយកមកពិភាក្សាជាចម្បងនៅទីនេះ? តើជាក្មេង ឬក៏មនុស្សធំ? (មនុស្សធំ។) ដូច្នេះ តើអ្វីដែលកំពុងត្រូវបានបង្ហាញនៅទីនេះ? តើអ្វីជាប្រធានបទចម្បងនៃរឿងនេះ? ប្រធានបទចម្បង គឺពាក់ព័ន្ធនឹងរបៀបដែលមនុស្សធំម្នាក់នេះប្រើមធ្យោបាយផ្សេងៗ ដើម្បីសម្រេចគោលដៅរបស់គាត់។ តើអ្នករាល់គ្នាយល់ពីមធ្យោបាយដែលគាត់បានប្រើដែរឬទេ? (ការអូសទាញ និងការបំភាន់។) គាត់បានប្រើការលើកទឹកចិត្តដើម្បីអូសទាញក្មេងនោះ និងប្រើពាក្យសម្ដីត្រឹមត្រូវដើម្បីបំភាន់គេ ហើយគាត់ថែមទាំងបានល្បួងគេទៀតផង។ តើគាត់បានប្រើអ្វីដើម្បីល្បួងគេ? គឺផលប្រយោជន៍ គាត់បានល្បួងក្មេងនោះដោយប្រើផលប្រយោជន៍។ ការអូសទាញ ការល្បួង និងការបំភាន់ នេះបង្កើតទាំងការល្បួង និងការបំភាន់ ដោយប្រើពាក្យសម្ដីត្រឹមត្រូវដើម្បីល្បួង ហើយក៏មានធម្មជាតិគំរាមកំហែងបន្តិចបន្តួចផងដែរ។ ពាក្យសម្ដីទាំងនោះអាចស្ដាប់ទៅត្រឹមត្រូវ ប៉ុន្តែតើគាត់បានប្រើពាក្យសម្ដីទាំងនេះដើម្បីអ្វី? (ដើម្បីសម្រេចផែនការលាក់កំបាំងផ្ទាល់ខ្លួនរបស់គាត់។) គាត់បានប្រើពាក្យទាំងនោះដើម្បីសម្រេចគោលបំណងលាក់កំបាំងផ្ទាល់ខ្លួនរបស់គាត់។ មធ្យោបាយដែលគាត់បានប្រើ គឺច្បាស់លាស់ជាមូលដ្ឋានទៅហើយ។ តើនេះជាឥរិយាបថ ដែលភាពជាមនុស្សធម្មតាមានដែរឬទេ? (ទេ។) ចុះតើអាកប្បកិរិយានេះស្ថិតក្នុងទិដ្ឋភាពណានៃនិស្ស័យពុករលួយរបស់សាតាំង? (សេចក្តីទុច្ចរិត។) ហេតុអ្វីបានជាយើងនិយាយថាជាសេចក្តីទុច្ចរិត ជំនួសឱ្យសេចក្តីបោកបញ្ឆោត? សេចក្តីទុច្ចរិតមានកម្រិតជ្រៅជាងសេចក្តីបោកបញ្ឆោត វាមានលក្ខណៈពិសពុលជាង លាក់កំបាំងជាង បំភាន់ជាង និងពិបាកវាស់ស្ទង់ជាង ហើយសេចក្តីទុច្ចរិតមានបង្កប់នូវការទាក់ទាញ ការលួងលោម ការអូសទាញ ការទិញទឹកចិត្ត ការសូកប៉ាន់ និងការល្បួង។ សកម្មភាព និងឥរិយាបថទាំងនេះ គឺហួសពីសេចក្តីបោកបញ្ឆោតទៅទៀត វាគឺទុច្ចរិតដោយគ្មានមន្ទិលឡើយ។ បុរសនោះមិនបាននិយាយថា៖ «ប្រសិនបើក្មួយមិនប្រាប់ពូទេ ពូនឹងវាយក្មួយ ទាត់ក្មួយ ឬសម្លាប់ក្មួយ!» គាត់មិនបានប្រើវិធីសាស្ត្របែបនេះទេ ហើយមើលពីសំបកក្រៅ គាត់មិនបង្ហាញពីភាពព្យាបាទឡើយ។ ទោះជាយ៉ាងនេះក្តី នេះគឺគួរឱ្យខ្លាចជាងភាពព្យាបាទទៅទៀត នេះគឺជាសេចក្តីទុច្ចរិត។ ហេតុអ្វីបានជាខ្ញុំនិយាយថាវាជាសេចក្តីទុច្ចរិត? សេចក្តីបោកបញ្ឆោត ជាធម្មតាអាចត្រូវបានមនុស្សភាគច្រើនមើលដឹង ប៉ុន្តែវិធីសាស្ត្ររបស់គាត់គឺវៀចវេរជាង។ មើលពីសំបកក្រៅ គាត់ប្រើភាសាគួរសមដែលស្របតាមមនោសញ្ចេតនារបស់មនុស្ស ប៉ុន្តែក្នុងតថភាព នៅក្នុងជម្រៅចិត្ត មានរឿងដែលលាក់កំបាំងជាងនេះទៅទៀត។ សកម្មភាព និងវិធីសាស្ត្ររបស់គាត់ គឺលាក់កំបាំងជាង ពិសពុលជាងសេចក្តីបោកបញ្ឆោតដែលមនុស្សតាមធម្មតាឃើញ និងជួបប្រទះទៅទៀត។ យុទ្ធវិធីរបស់គាត់គឺស្មុគស្មាញជាង មានភាពបោកប្រាស់ជាង និងបំភាន់ជាង។ នេះហើយគឺជាសេចក្តីទុច្ចរិត។
នៅក្នុងជីវិតប្រចាំថ្ងៃ តើអ្នករាល់គ្នាអាចបែងចែក និងញែកដឹងការបញ្ចេញឱ្យឃើញ និស្ស័យទុច្ចរិតរបស់អ្នកដទៃ និងឥរិយាបថទុច្ចរិតរបស់ពួកគេបានដែរឬទេ? ខណៈពេលដែលបុគ្គលបោកបញ្ឆោតអាចក្រឡេចក្រឡុចគួរសម បន្ទាប់ពីបានប្រាស្រ័យទាក់ទងជាមួយពួកគេមួយរយៈ មនុស្សភាគច្រើននៅតែអាចមើលធ្លុះពួកគេបាន។ ទោះជាយ៉ាងនេះក្តី អស់អ្នកដែលមាននិស្ស័យទុច្ចរិត គឺមិនងាយនឹងមើលធ្លុះនោះទេ។ ប្រសិនបើអ្នកមិនអាចមើលឃើញពីសារជាតិ ឬផលវិបាកទេ នោះអ្នកគ្មានផ្លូវមើលធ្លុះពួកគេឡើយ។ បុគ្គលទុច្ចរិតមានល្បិចលាក់លៀមជាងបុគ្គលបោកបញ្ឆោតទៅទៀត។ អ្នកគ្មានផ្លូវមើលធ្លុះពួកគេបាន ដោយគ្រាន់តែស្ដាប់សម្ដីមួយឃ្លាឬពីរឃ្លានោះទេ។ នៅពេលនិយាយដល់មនុស្សដែលមាននិស្ស័យទុច្ចរិត ក្នុងអំឡុងពេលណាមួយ ឬរយៈពេលខ្លីណាមួយ អ្នកប្រហែលជាមិនអាចមើលធ្លុះ ឬឈ្វេងយល់ដល់ឫសគល់ពីមូលហេតុដែលពួកគេធ្វើរឿងនោះ មូលហេតុដែលពួកគេនិយាយ ឬធ្វើសកម្មភាពក្នុងរបៀបបែបនោះឡើយ។ ថ្ងៃមួយ នៅពេលពួកគេត្រូវបានបើកសម្ដែងយ៉ាងពេញលេញ និងលាតត្រដាងទាំងស្រុង នោះមនុស្សគ្រប់គ្នានឹងរកឃើញនៅទីបំផុតថា តើពួកគេជាមនុស្សប្រភេទណា។ នេះគឺលើសពីសេចក្តីបញ្ឆោតទៅទៀត វាគឺជាសេចក្តីទុច្ចរិត។ ហេតុដូច្នេះហើយ ការញែកដឹងនិស្ស័យទុច្ចរិតទាមទារពេលវេលាមួយរយៈ ហើយជួនកាល ផលវិបាកត្រូវតែលេចចេញមកឱ្យឃើញជាមុនសិន ទើបគេអាចញែកដឹងវាបាន នេះមិនមែនជារឿងដែលអាចត្រូវបានញែកដឹងបានយ៉ាងឆាប់រហ័សនោះទេ។ ឧទាហរណ៍៖ នាគដ៏ធំមានសម្បុរក្រហមបានបំភាន់មនុស្សអស់ជាច្រើនទសវត្សរ៍មកហើយ ហើយទើបតែពេលនេះទេ ដែលមនុស្សមួយចំនួនតូចមានការញែកដឹងខ្លះៗ។ នាគដ៏ធំមានសម្បុរក្រហមជារឿយៗនិយាយរឿងដែលស្ដាប់ទៅពីរោះបំផុត និងស្របតាមសញ្ញាណរបស់មនុស្សបំផុត ដោយលើកទង់នៃការបម្រើប្រជាជនដើម្បីបំភាន់មនុស្ស និងទង់នៃយុត្តិធម៌ដើម្បីបណ្ដេញអ្នកដែលមានគំនិតប្រឆាំង ដោយធ្វើឱ្យមនុស្សល្អរាប់មិនអស់រងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ មានមនុស្សតិចតួចណាស់ដែលអាចញែកដឹងរឿងនេះបាន ពីព្រោះអ្វីដែលវានិយាយ និងធ្វើ គឺមើលទៅត្រឹមត្រូវសម្រាប់មនុស្ស។ មនុស្សសុទ្ធតែគិតថា អ្វីគ្រប់យ៉ាងដែលវាធ្វើ គឺយុត្តិធម៌ និងស័ក្ដិសម ស្របច្បាប់ និងសមហេតុផល ហើយស្របតាមមនុស្សធម៌។ ជាលទ្ធផល វាបានបំភាន់មនុស្សអស់ជាច្រើនទសវត្សរ៍មកហើយ។ នៅពេលវាត្រូវបានលាតត្រដាង និងដួលរលំនៅទីបំផុត មនុស្សនឹងឃើញថា មុខមាត់ពិតរបស់វាគឺជាមុខមាត់របស់អារក្ស ហើយសារជាតិធម្មជាតិរបស់វាគឺទុច្ចរិត។ នាគដ៏ធំមានសម្បុរក្រហមបានបំភាន់មនុស្សអស់ជាច្រើនឆ្នាំមកហើយ ហើយភាពពិសពុលរបស់នាគដ៏ធំមានសម្បុរក្រហមគឺមាននៅក្នុងមនុស្សគ្រប់គ្នា ពោលគឺ ពួកគេបានក្លាយជាកូនចៅរបស់វា។ តើក្នុងចំណោមអ្នករាល់គ្នា មាននរណាម្នាក់មានសមត្ថភាពធ្វើរឿងប្រភេទដែលនាគដ៏ធំមានសម្បុរក្រហមបានធ្វើដែរឬទេ? មនុស្សខ្លះនិយាយដូចជានាគដ៏ធំមានសម្បុរក្រហម ដោយប្រើពាក្យសម្ដីដែលគួរឱ្យចង់ស្ដាប់បំផុត ប៉ុន្តែមិនធ្វើកិច្ចការជាក់ស្តែងអ្វីឡើយ។ ពាក្យសម្ដីទាំងអស់របស់ពួកគេគឺពីរោះស្ដាប់ ប៉ុន្តែពួកគេមិនធ្វើកិច្ចការជាក់ស្តែងអ្វីឡើយ។ ម្យ៉ាងទៀត ពួកគេមានល្បិចលាក់លៀម និងទុច្ចរិតខ្លាំងណាស់។ នៅពេលនិយាយដល់មនុស្សបែបនេះ ប្រសិនបើមាននរណាម្នាក់ប្រមាថពួកគេ ពួកគេនឹងមិនបណ្ដោយឱ្យរឿងនេះកន្លងផុតទៅឡើយ។ មិនយូរមិនឆាប់ ពួកគេនឹងស្វែងរកឱកាសដ៏ស័ក្ដិសមដើម្បីសម្រេចគោលបំណងសងសឹករបស់ពួកគេ ប៉ុន្តែមិនផ្ដល់ឱកាសឱ្យអ្នកទាំងនោះចាប់កំហុសបានឡើយ។ ពួកគេថែមទាំងអាចចាត់ចែងរឿងនេះដោយមិនចាំបាច់ចេញមុខ និងបង្ហាញមុខទៀតផង។ តើនេះមិន ទុច្ចរិតទេឬ? មនុស្សទុច្ចរិតធ្វើសកម្មភាពដោយមានគោលការណ៍ វិធីសាស្ត្រ បំណង បំណងជំរុញចិត្ត និងគោលបំណងដែលលាក់កំបាំង និងអាថ៌កំបាំងយ៉ាងខ្លាំង។ បុគ្គលទុច្ចរិតប្រើផែនការកលល្បិចដើម្បីធ្វើឱ្យអ្នកដទៃរងគ្រោះថ្នាក់ ជួនកាលប្រើអ្នកដទៃឱ្យសម្លាប់ជំនួសពួកគេ ជួនកាលធ្វើបាបអ្នកដទៃដោយល្បួងពួកគេឱ្យប្រព្រឹត្តអំពើបាប ហើយជួនកាលប្រើច្បាប់ ឬប្រើមធ្យោបាយថោកទាបគ្រប់បែបយ៉ាងដើម្បីធ្វើបាបអ្នកដទៃ។ ទាំងនេះសុទ្ធតែជាការបង្ហាញចេញនូវសេចក្តីទុច្ចរិត ហើយគ្មានវិធីសាស្ត្រណាមួយយុត្តិធម៌ ឬស្មោះត្រង់ឡើយ។ តើក្នុងចំណោមអ្នករាល់គ្នា មាននរណាម្នាក់បង្ហាញឥរិយាបថ ឬការបញ្ចេញឱ្យឃើញទាំងនេះដែរឬទេ? តើអ្នករាល់គ្នាអាចញែកដឹងរឿងទាំងនេះបានដែរឬទេ? តើអ្នកដឹងទេថា រឿងទាំងនេះជានិស្ស័យទុច្ចរិតមួយ? ជាធម្មតា សេចក្តីបញ្ឆោតអាចត្រូវបានមើលឃើញពីខាងក្រៅបាន៖ នរណាម្នាក់និយាយវាង ឬប្រើពាក្យសម្ដីផ្អែមល្ហែម ហើយគ្មាននរណាម្នាក់អាចដឹងពីអ្វីដែលពួកគេកំពុងគិតឡើយ។ នោះហើយគឺជាសេចក្តីបញ្ឆោត។ តើអ្វីជាលក្ខណៈចម្បងនៃសេចក្តីទុច្ចរិត? គឺត្រង់ថា ពាក្យសម្ដីរបស់ពួកគេស្ដាប់ទៅពីរោះជាពិសេស ហើយអ្វីៗមើលទៅត្រឹមត្រូវនៅសំបកក្រៅ។ មើលទៅហាក់ដូចជាគ្មានបញ្ហាអ្វីឡើយ ហើយអ្វីៗមើលទៅល្អប្រសើរគ្រប់ជ្រុងជ្រោយ។ នៅពេលពួកគេធ្វើអ្វីមួយ អ្នកមិនឃើញពួកគេប្រើមធ្យោបាយជាក់លាក់ណាមួយឡើយ ហើយមើលពីសំបកក្រៅ គ្មានសញ្ញានៃចំណុចខ្សោយ ឬកំហុសឆ្គងអ្វីទេ ប៉ុន្តែពួកគេនៅតែអាចសម្រេចគោលដៅរបស់ពួកគេបាន។ ពួកគេធ្វើរឿងរ៉ាវក្នុងរបៀបលាក់កំបាំងបំផុត។ នេះហើយជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់មនុស្ស។ មនុស្ស និងរឿងរ៉ាវបែបនេះ គឺពិបាកនឹងញែកដឹងបំផុត។ មនុស្សខ្លះជារឿយៗនិយាយរឿងត្រឹមត្រូវ ប្រើលេសដែលស្ដាប់ទៅល្អ និងប្រើគោលលទ្ធិ ពាក្យពោល ឬសកម្មភាពមួយចំនួនដែលស្របតាមមនោសញ្ចេតនារបស់មនុស្ស ដើម្បីបិទបាំងភ្នែកមនុស្ស។ ពួកគេបន្លំធ្វើរឿងមួយ ខណៈពេលដែលកំពុងធ្វើរឿងមួយផ្សេងទៀត ដើម្បីសម្រេចគោលបំណងលាក់កំបាំងរបស់ពួកគេ។ នេះគឺជាសេចក្តីទុច្ចរិត ប៉ុន្តែមនុស្សភាគច្រើនចាត់ទុកឥរិយាបថទាំងនេះថាបោកបញ្ឆោត។ មនុស្សមានការយល់ដឹង និងការវែកញែកនៅមានកម្រិតខ្លាំងដែរទាក់ទងនឹងសេចក្តីទុច្ចរិត។ តាមពិតទៅ សេចក្តីទុច្ចរិតគឺពិបាកញែកដឹងជាងសេចក្តីបញ្ឆោតទៅទៀត ពីព្រោះវាលាក់កំបាំងជាង ហើយវិធីសាស្ត្រ និងសកម្មភាពរបស់វាគឺពោរពេញដោយភាពវៃឆ្លាតក្រឡេចក្រឡុចខ្ពស់។ ប្រសិនបើនរណាម្នាក់មាននិស្ស័យបោកបញ្ឆោតនៅក្នុងខ្លួន ជាធម្មតា អ្នកដទៃអាចមើលដឹងសេចក្តីបញ្ឆោតរបស់គេនោះក្នុងរយៈពេលពីរឬបីថ្ងៃនៃការប្រាស្រ័យទាក់ទងជាមួយគេ ឬពួកគេអាចយល់ដឹងពីការបញ្ចេញឱ្យឃើញនិស្ស័យបោកបញ្ឆោតរបស់បុគ្គលនោះ នៅក្នុងសកម្មភាព និងពាក្យសម្ដីរបស់បុគ្គលនោះ។ ទោះជាយ៉ាងនេះក្តី ឧបមាថាបុគ្គលនោះជាមនុស្សទុច្ចរិត៖ នេះមិនមែនជារឿងដែលអាចត្រូវបានញែកដឹងបានក្នុងរយៈពេលពីរបីថ្ងៃនោះទេ ពីព្រោះបើគ្មានព្រឹត្តិការណ៍សំខាន់ៗ ឬកាលៈទេសៈពិសេសណាមួយកើតឡើងក្នុងរយៈពេលខ្លីទេ វាមិនងាយស្រួលក្នុងការញែកដឹងអ្វីមួយ ដោយគ្រាន់តែស្ដាប់គេនិយាយនោះឡើយ។ គេតែងតែនិយាយ និងធ្វើរឿងត្រឹមត្រូវ ហើយបង្ហាញគោលលទ្ធិត្រឹមត្រូវមួយហើយមួយទៀត។ បន្ទាប់ពីបានប្រាស្រ័យទាក់ទងជាមួយគេពីរបីថ្ងៃ អ្នកប្រហែលជាគិតថាបុគ្គលនេះល្អគួរសម អាចលះបង់របស់របរ និងលះបង់ខ្លួន មានការយល់ដឹងខាងវិញ្ញាណ មានចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ ហើយមានទាំងមនសិការ និងវិចារណញ្ញាណនៅក្នុងរបៀបដែលគេធ្វើសកម្មភាព។ ប៉ុន្តែ បន្ទាប់ពីគេចែងការរឿងរ៉ាវពីរបីរួចមក អ្នកឃើញថាពាក្យសម្ដី និងសកម្មភាពរបស់គេមានលាយឡំជាមួយនឹងផែនការអាថ៌កំបាំងជាច្រើនពេក មានបំណងពោរពេញដោយល្បិចកលលួចលាក់ជាច្រើនពេក។ អ្នកដឹងថាបុគ្គលនេះមិនមែនជាមនុស្សស្មោះត្រង់ទេ តែជាមនុស្សបោកបញ្ឆោត ជាអាទុច្ចរិត។ គេជាញឹកញាប់ប្រើពាក្យសម្ដីត្រឹមត្រូវ និងឃ្លាពីរោះៗដែលស្របតាមសេចក្ដីពិត និងមានមនោសញ្ចេតនាជាមនុស្ស ដើម្បីប្រាស្រ័យទាក់ទងជាមួយមនុស្ស។ ក្នុងទិដ្ឋភាពមួយ គេកសាងមុខមាត់ខ្លួនឯង ហើយ ក្នុងទិដ្ឋភាពផ្សេងទៀត គេបំភាន់អ្នកដទៃ ដោយទទួលបានកិត្យានុភាព និងឋានៈក្នុងចំណោមមនុស្ស។ បុគ្គលបែបនេះពិតជាបំភាន់មនុស្សខ្លាំងណាស់ ហើយនៅពេលពួកគេទទួលបានអំណាច និងឋានៈ ពួកគេអាចបំភាន់ និងធ្វើឱ្យមនុស្សជាច្រើនរងគ្រោះថ្នាក់។ មនុស្សដែលមាននិស្ស័យទុច្ចរិត គឺមានគ្រោះថ្នាក់ខ្លាំងណាស់។ តើមានមនុស្សបែបនេះនៅជុំវិញអ្នករាល់គ្នាដែរឬទេ? តើអ្នករាល់គ្នាខ្លួនឯងជាមនុស្សបែបនេះដែរឬទេ? (មែនហើយ។) ចុះតើវាធ្ងន់ធ្ងរប៉ុនណាទៅ? ការនិយាយ និងការធ្វើសកម្មភាពដោយគ្មានគោលការណ៍សេចក្ដីពិតណាមួយ ដោយពឹងផ្អែកទាំងស្រុងលើធម្មជាតិទុច្ចរិតរបស់អ្នកដើម្បីធ្វើសកម្មភាព តែងតែចង់បំភាន់អ្នកដទៃ និងរស់នៅពាក់របាំងមុខ ដើម្បីកុំឱ្យអ្នកដទៃអាចមើលធ្លុះ ឬមើលដឹងអ្នក ហើយនឹងចាត់ទុកភាពជាមនុស្ស និងឋានៈរបស់អ្នកដោយការគោរព និងការកោតសរសើរ ពោលគឺ នេះហើយគឺជាសេចក្តីទុច្ចរិត។ តើអ្នករាល់គ្នាបង្ហាញឥរិយាបថទុច្ចរិតទាំងនេះតែម្ដងម្កាល ឬក៏អ្នករាល់គ្នាជាមនុស្សបែបនេះភាគច្រើន? តើនេះគ្រាន់តែជាលក្ខណៈរបស់អ្នក ហើយតើវាពិបាកសម្រាប់អ្នកក្នុងការរំដោះខ្លួនចេញដែរឬទេ? ប្រសិនបើអ្នកប្រើវិធីសាស្ត្របែបនេះតែម្ដងម្កាល នោះវានៅតែអាចផ្លាស់ប្ដូរបាន។ ទោះជាយ៉ាងនេះក្តី ប្រសិនបើនេះគ្រាន់តែជាលក្ខណៈរបស់អ្នក ដោយតែងតែធ្វើសកម្មភាពដោយក្រឡេចក្រឡុច និងដោយសេចក្តីបញ្ឆោត ហើយតែងតែពឹងផ្អែកលើផែនការកលល្បិច នោះអ្នកគឺជាអារក្សដែលមានល្បិចកលបំផុតហើយ។ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាពីការពិត៖ មនុស្សបែបនេះនឹងមិនផ្លាស់ប្ដូរឡើយ។
នៅក្នុងរឿងនេះ តាបាវប្រើវិធីសាស្ត្រទាំងនេះដើម្បីបំភាន់ស៊ាវបាវ និងធ្វើឱ្យក្មេងប្រុសនេះប្រាប់គាត់ពីការពិត។ ប្រាប់ខ្ញុំមកមើល៍ តើនរណាបានបង្រៀនគាត់ឱ្យប្រព្រឹត្តបែបនេះ? គ្មាននរណាម្នាក់បានបង្រៀនគាត់ឡើយ។ ដូច្នេះ តើល្បិចកលទាំងនេះបានមកពីណា? (មកពីធម្មជាតិរបស់គាត់។) វាបានមកពីធម្មជាតិរបស់គាត់ មកពីសារជាតិពុករលួយរបស់គាត់។ គាត់គ្រាន់តែជាមនុស្សប្រភេទនោះប៉ុណ្ណោះ។ គាត់មិនលើកលែងសូម្បីតែក្មេងម្នាក់ តើគួរឱ្យស្អប់ខ្ពើមយ៉ាងណាទៅ! ប្រសិនបើគាត់ចង់ដឹងពីការពិត គាត់អាចសួរឪពុកម្ដាយរបស់ក្មេងនោះដោយផ្ទាល់ ឬគាត់អាចស្វែងយល់យ៉ាងសកម្មពីខ្លួនឯង និងបើកចំហចិត្តប្រាប់ពួកគេ នោះពួកគេប្រហែលជានឹងប្រាប់គាត់ពីការពិត។ មិនចាំបាច់ប្រើវិធីសាស្ត្របែបនេះ ដើម្បីធ្វើរឿងគួរឱ្យអាម៉ាស់ និងឆ្គាំឆ្គងទាំងនេះនៅពីក្រោយខ្នងអ្នកដទៃឡើយ។ នេះហើយជាអ្វីដែលមនុស្សមាននិស្ស័យទុច្ចរិតធ្វើ។ ប្រាប់ខ្ញុំមកមើល៍ តើវាមិនគួរឱ្យជិនឆ្អន់ទេឬ? (វាគួរឱ្យជិនឆ្អន់។) គាត់មិនលើកលែងសូម្បីតែក្មេងម្នាក់ គាត់មើលឃើញថាក្មេងនោះងាយនឹងសម្លុត បោកប្រាស់ និងបោកបញ្ឆោត ដូច្នេះគាត់ក៏រៀបចំផែនការប្រឆាំងនឹងគេ។ ឥឡូវនេះ ប្រសិនបើគាត់ឃើញមនុស្សធំម្នាក់ដែលស្មោះត្រង់ និងចិត្តល្អ តើគាត់នឹងប្រព្រឹត្តចំពោះពួកគេយ៉ាងដូចម្ដេច? តើគាត់អាចលើកលែងឱ្យគេបានទេ? ដាច់ខាតគឺមិនបានឡើយ។ ប្រសិនបើគាត់ឃើញនរណាម្នាក់ដែលស្រដៀងនឹងខ្លួនគាត់ ជានរណាម្នាក់ដែលចូលចិត្តប្រើកលល្បិចនៅក្នុងពាក្យសម្ដី និងសកម្មភាពរបស់ពួកគេ តើគាត់នឹងធ្វើអ្វី? (គាត់ដឹងថាបុគ្គលនោះក៏ទុច្ចរិតដូចគាត់ដែរ ហើយប្រហែលជាមានចិត្តប្រយ័ត្នចំពោះគេ ដោយមិនបើកឱ្យដឹងអ្វីដោយងាយឡើយ។) ក្រៅពីការមានចិត្តប្រយ័ត្ន តើគាត់អាចធ្វើអ្វីផ្សេងទៀត? (គាត់នឹងប្រកួតប្រជែង។) គាត់នឹងប្រកួតប្រជែងដោយចំហ និងដោយលាក់កំបាំង គឺបែបនេះឯង។ នេះគឺជាឥរិយាបថរបស់មនុស្សដែលមាននិស្ស័យទុច្ចរិត។ មនុស្សបែបនេះចូលចិត្តប្រកួតប្រជែងជាមួយអ្នកដទៃដោយចំហ និងដោយលាក់កំបាំង ហើយគេចាប់យកគ្រប់ឱកាសទាំងអស់។ គេមានពាក្យទំនៀមដ៏ល្បីមួយ ហើយប្រសិនបើអ្នកជួបមនុស្សបែបនេះ ហើយឮគេនិយាយពាក្យនេះ អ្នកអាចប្រាកដថាគេមាននិស្ស័យទុច្ចរិត។ តើគេនិយាយអ្វី? ឧទាហរណ៍៖ នៅពេលអ្នកស្នើឱ្យគេសហការជាមួយបុគ្គលម្នាក់ទៀតដើម្បីបំពេញភារកិច្ចរបស់គេ គេនិយាយថា៖ «អូ! ខ្ញុំមិនអាចប្រកួតប្រជែងជាមួយបុគ្គលម្នាក់នោះបានទេ!» គំនិតដំបូងរបស់គេ គឺតែងតែគិតអំពី «ការប្រកួតប្រជែង»។ គំនិតដំបូងរបស់គេ មិនមែនគិតអំពីរបៀបសហការជាមួយអ្នកដទៃដើម្បីបំពេញការងារឱ្យបានល្អនោះទេ ប៉ុន្តែគឺគិតអំពីការប្រកួតប្រជែងជាមួយពួកគេ។ នេះគឺជាពាក្យទំនៀមដ៏ល្បីរបស់គេ។ មិនថាគេស្ថិតក្នុងក្រុមមនុស្សណាក៏ដោយ មិនថាក្នុងចំណោមអ្នកគ្មានជំនឿ បងប្អូនប្រុសស្រី ឬសមាជិកគ្រួសារឡើយ តើអ្វីជាច្បាប់តែមួយគត់របស់គេ? នោះគឺការប្រកួតប្រជែង ហើយប្រសិនបើគេមិនអាចយកឈ្នះអ្នកដទៃដោយចំហបានទេ នោះគេនឹងធ្វើវាដោយលាក់កំបាំង។ និស្ស័យប្រភេទនេះ គឺទុច្ចរិត។ មនុស្សខ្លះមើលពីសំបកក្រៅ ហាក់ដូចជាកំពុងជជែកលេងធម្មតាជាមួយអ្នកដទៃ ប៉ុន្តែនៅក្នុងចិត្តរបស់ពួកគេ ពួកគេកំពុងប្រកួតប្រជែងដោយលាក់កំបាំង ដោយប្រើមធ្យោបាយ និងបច្ចេកទេសផ្សេងៗដើម្បីវាយប្រហារ និងបន្ទាបបន្ថោកមនុស្សដទៃទៀតដោយប្រយោល។ មនុស្សដែលមិនអាចញែកដឹងរឿងនេះបាន នឹងមិនអាចមើលធ្លុះយុទ្ធវិធីរបស់ពួកគេឡើយ ហើយនៅពេលមមនុស្សទាំងនោះអាចមើលធ្លុះ ការប្រកួតប្រជែងរបស់ពួកគេក៏បានចេញជាលទ្ធផលបាត់ទៅហើយ។ នេះគឺជាសេចក្តីទុច្ចរិត។ នៅពេលមនុស្សទុច្ចរិតប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ គឺសុទ្ធតែពាក់ព័ន្ធនឹងការប្រកួតប្រជែងដោយចំហ និងដោយលាក់កំបាំង ដោយប្រើផែនការល្បិចកល ផែនការអាក្រក់ ឬវិធីសាស្ត្រជាក់លាក់ផ្សេងៗដើម្បីយកឈ្នះអ្នកដទៃ ធ្វើឱ្យអ្នកទាំងនោះចុះចាញ់ ហើយទីបំផុត ធ្វើឱ្យមនុស្សគ្រប់គ្នាចុះញ៉មនឹងពួកគេ។ ចាប់តាំងពីមានមនុស្សជាតិរហូតមកដល់បច្ចុប្បន្ននេះ ប្រវត្តិសាស្ត្រទាំងមូលរបស់មនុស្សជាតិ គឺពោរពេញទៅដោយ «ការប្រកួតប្រជែង»។ មិនថាក្នុងទ្រង់ទ្រាយធំរវាងប្រជាជាតិ ទ្រង់ទ្រាយតូចរវាងគ្រួសារ ឬកម្រិតបុគ្គលរវាងមនុស្សម្នាក់ៗឡើយ គឺគ្មានក្រុមណាមួយដែលមិនពោរពេញទៅដោយជម្លោះនោះទេ ប្រសិនបើមិនមែនជាការប្រកួតប្រជែងដោយចំហទេ នោះវាគឺជាការប្រកួតប្រជែងដោយលាក់កំបាំង ប្រសិនបើមិនមែនជាការប្រឈមមុខដាក់គ្នាដោយពាក្យសម្ដីទេ នោះវាគឺជាការប្រឈមមុខដាក់គ្នាដោយកម្លាំងបាយ។ សម័យកាលដែលមានសង្គ្រាមញឹកញាប់បំផុតក្នុងចំណោមក្រុមជនជាតិផ្សេងៗនៅក្នុងប្រវត្តិសាស្ត្រចិន គឺសម័យផ្ការីកនិងសរទរដូវ និងសម័យនគរចម្បាំង។ សៀវភៅដ៏ល្បីល្បាញភាគច្រើនស្ដីពីយុទ្ធសាស្ត្រយោធា ត្រូវបានបង្កើតឡើងក្នុងអំឡុងសម័យកាលទាំងពីរនោះ ដូចជាយុទ្ធវិធី ដែលមាននៅក្នុងសៀវភៅសិល្បៈនៃសង្គ្រាមរបស់ស៊ុនអ៊ូ ជាដើម ទាំងនេះសុទ្ធតែត្រូវបានបង្កើតឡើងក្នុងអំឡុងពេលនោះ។ វាក៏មានសៀវភៅយុទ្ធសាស្ត្រសាមសិបប្រាំមួយ ដែលកត់ត្រាពីយុទ្ធវិធីផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមផងដែរ។ យុទ្ធសាស្ត្រ និងយុទ្ធវិធីយោធាមួយចំនួននេះ នៅតែត្រូវបានប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។ ប្រាប់ខ្ញុំមកមើល៍ តើមានយុទ្ធសាស្ត្រអ្វីខ្លះនៅក្នុងសៀវភៅនោះ? (យុទ្ធសាស្ត្រ «ធ្វើបាបខ្លួនឯង»។) (យុទ្ធសាស្ត្រ «បង្វែរចំណាប់អារម្មណ៍»។) (យុទ្ធសាស្ត្រ «ភ្នាក់សម្ងាត់ទ្វេ» យុទ្ធសាស្ត្រ «ក្រុងទទេ» និងយុទ្ធសាស្ត្រ «អន្ទាក់ទឹកឃ្មុំ»។) យុទ្ធសាស្ត្រដ៏ល្បីល្បាញទាំងអស់នេះ មិនថាវាមានឈ្មោះថា «អន្ទាក់ទឹកឃ្មុំ» «ក្រុងទទេ» ឬ «បង្វែរចំណាប់អារម្មណ៍» នោះទេ គឺសុទ្ធតែមានពាក្យ «យុទ្ធសាស្ត្រ»។ តើពាក្យ «យុទ្ធសាស្ត្រ» មានន័យថាម៉េច? («យុទ្ធវិធី» ឬ «ផែនការកលល្បិច»។) វាបង្កប់ន័យពីយុទ្ធវិធីដ៏ពិសពុល ក្បត់ លាក់កំបាំង ឬសម្ងាត់មួយចំនួន។ «យុទ្ធវិធី» ទាំងនេះមិនមានអ្វីពាក់ព័ន្ធនឹងការរៀបចំផែនការឡើយ គឺវាពាក់ព័ន្ធនឹងការប្រើផែនការកលល្បិច តើយើងឃើញអ្វីខ្លះនៅពីក្រោយយុទ្ធវិធីទាំងនេះ? តើសកម្មភាពរបស់ពួកគេ ឥរិយាបថរបស់ពួកគេ និងយុទ្ធវិធី ព្រមទាំងការអនុវត្តទាំងនេះដែលពួកគេប្រើប្រាស់ក្នុងសង្គ្រាម ស្របតាមភាពជាមនុស្ស និងសេចក្ដីពិតដែរឬទេ? (ទេ។) តើព្រះជាម្ចាស់ធ្វើការតាមរបៀបនេះដែរឬទេ? (ទេ។) ដាច់ខាតគឺមិនមែនឡើយ។ ដូច្នេះ តើការអនុវត្តទាំងនេះតំណាងឱ្យនរណា? វាតំណាងឱ្យសាតាំង និងមនុស្សជាតិដ៏ទុច្ចរិតនេះ។ តើយុទ្ធសាស្ត្ររបស់មនុស្សជាតិដ៏ទុច្ចរិតទាំងនេះមកពីណា? (សាតាំង។) វាត្រូវបានទទួលពីសាតាំង។ មនុស្សខ្លះប្រហែលជាពិបាកយល់ពីរឿងនេះ ដូច្នេះខ្ញុំគួរតែនិយាយថា វាទទួលបានពីស្ដេចអារក្ស នោះមនុស្សនឹងយល់។ តើស្ដេចអារក្សជានរណា? ពួកគេគឺជាពួកអារក្ស និងសាតាំង ដែលបានចាប់ជាតិមកក្នុងពិភពលោក ដើម្បីសាបព្រោះការបែកបាក់ និងបង្កវិនាសកម្មក្នុងចំណោមមនុស្សជាតិ ពួកគេបានបង្កើតយុទ្ធសាស្ត្រទាំងនេះឡើង។ នៅក្នុងកំណត់ត្រានៃកិច្ចការរបស់ព្រះជាម្ចាស់ តើអ្នករាល់គ្នាធ្លាប់ឃើញទ្រង់ប្រើប្រាស់យុទ្ធសាស្ត្រ «ក្រុងទទេ» ឬយុទ្ធសាស្ត្រ «បង្វែរចំណាប់អារម្មណ៍» ដែរឬទេ? តើផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់មានរួមបញ្ចូលយុទ្ធសាស្ត្រទាំងនេះដែរឬទេ? ព្រះជាម្ចាស់មិនដែលប្រើប្រាស់យុទ្ធសាស្ត្របែបនេះ ដើម្បីគ្រប់គ្រងកិច្ចការរបស់ទ្រង់ឡើយ។ យុទ្ធសាស្ត្រទាំងនេះត្រូវបានប្រើប្រាស់ដោយមនុស្សជាតិដ៏ទុច្ចរិតទាំងមូល។ ពីប្រជាជាតិមួយ ឬរាជវង្សមួយក្នុងទ្រង់ទ្រាយធំ ទៅកុលសម្ព័ន្ធមួយ ឬគ្រួសារមួយក្នុងទ្រង់ទ្រាយតូច ហើយសូម្បីតែរហូតដល់ទំនាក់ទំនងរវាងបុគ្គលម្នាក់ៗ គ្រប់ទីកន្លែងដែលអ្នករកឃើញមនុស្សជាតិពុករលួយ អ្នកនឹងរកឃើញជម្លោះ។ តើពួកគេកំពុងប្រយុទ្ធគ្នាដើម្បីអ្វី? តើពួកគេកំពុងប្រកួតប្រជែងដើម្បីអ្វី? តើគោលដៅរបស់ពួកគេគឺជាអ្វី? គឺដើម្បីតែអំណាច ឋានៈ និងផលប្រយោជន៍ ដើម្បីទទួលបានរបស់ទាំងនេះ។ ប្រជាជាតិមួយប្រយុទ្ធប្រឆាំងនឹងប្រជាជាតិមួយទៀត ដើម្បីគ្រប់គ្រងលើមនុស្សឱ្យបានកាន់តែច្រើន។ កុលសម្ព័ន្ធប្រយុទ្ធគ្នាដើម្បីដណ្ដើមទឹកដី មនុស្ស និងអធិបតេយ្យភាព។ បុគ្គលម្នាក់ៗប្រយុទ្ធគ្នាដើម្បីភាពឧត្តុង្គឧត្តម និងផលប្រយោជន៍។ គ្រប់ទីកន្លែងដែលមានមនុស្សជាតិ គឺមានជម្លោះ ពីព្រោះគ្រប់ទីកន្លែងដែលមានមនុស្សជាតិ គឺមានសេចក្ដីពុករលួយរបស់សាតាំង។ មនុស្សជាតិទាំងមូលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ដូច្នេះពិភពលោកគឺពោរពេញទៅដោយជម្លោះ និងការបង្ហូរឈាម។ មិនថាមនុស្សជាតិពុករលួយធ្វើអ្វីក៏ដោយ ពួកគេមិនអាចគេចផុតពីចំណងនៃនិស្ស័យរបស់សាតាំងឡើយ។ ហេតុដូច្នេះហើយ ប្រវត្តិសាស្ត្រទាំងមូលរបស់មនុស្សជាតិ មិនថានៅលោកខាងលិច ឬលោកខាងកើតទេ គ្រប់ផ្នែកទាំងអស់នៃប្រវត្តិសាស្ត្ររបស់វា គឺជាកំណត់ត្រាដ៏គួរឱ្យសោកស្ដាយនៃការតស៊ូដ៏ទុច្ចរិតរបស់មនុស្សជាតិ។ មនុស្សជាតិថែមទាំងចាត់ទុករឿងទាំងនេះថាប្រកបដោយកិត្តិគុណទៀតផង។ មនុស្សខ្លះនៅតែសិក្សាពីយុទ្ធសាស្ត្រសាមសិបប្រាំមួយរបស់ចិនរហូតមកដល់សព្វថ្ងៃនេះ។ តើអ្នករាល់គ្នាកំពុងសិក្សាពីយុទ្ធសាស្ត្រទាំងនេះដែរឬទេ? (ទេ។) ប្រសិនបើអ្នកមានចេតនាសិក្សាពីរឿងទាំងនេះ ដោយស្រូបយកបទពិសោធ មេរៀន មធ្យោបាយ វិធីសាស្ត្រ និងបច្ចេកទេសដែលមាននៅក្នុងនោះ ដើម្បីបំពេញខួរក្បាលរបស់អ្នកឱ្យសម្បូរបែប ហើយធ្វើឱ្យវាជាផ្នែកមួយនៃជំនាញរបស់អ្នកសម្រាប់ការរស់រានមានជីវិត នោះគឺពិតជាខុសហើយ។ អ្នកច្បាស់ជានឹងខិតទៅជិតសាតាំងកាន់តែខ្លាំង ក្លាយជាមនុស្សកាន់តែទុច្ចរិត និងកាន់តែអាក្រក់មិនខាន។ ទោះជាយ៉ាងនេះក្តី ប្រសិនបើអ្នកអាចផ្លាស់ប្ដូរទស្សនៈរបស់អ្នក ហើយវែកញែក ញែកដឹង និងលាតត្រដាងរឿងទាំងនោះស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើអ្នកនឹងទទួលបានលទ្ធផលបែបណា? អ្នកនឹងស្អប់សាតាំងកាន់តែខ្លាំង ហើយយល់ដឹង និងស្អប់ខ្លួនឯងកាន់តែខ្លាំង។ តើអ្វីជាលទ្ធផលដែលកាន់តែល្អប្រសើរជាងនេះទៅទៀត? នោះគឺការបដិសេធសាតាំង និងតាំងចិត្តយ៉ាងមុតមាំក្នុងការដើរតាមព្រះជាម្ចាស់។ សាតាំងប្រើប្រាស់អ្វីដែលហៅថាវប្បធម៌ប្រពៃណីទាំងនេះ ព្រមទាំងចំណេះដឹង និងទ្រឹស្ដីគ្រប់ប្រភេទដែលមនុស្សជាតិបានប្រមូលផ្ដុំអស់រយៈពេលរាប់ពាន់ឆ្នាំ ដើម្បីប្រាប់ផ្លូវ និងបញ្ជ្រាបចូលទៅក្នុងមនុស្ស ក្នុងគោលបំណងធ្វើឱ្យពួកគេពុករលួយ និងត្រួតត្រាពួកគេក្នុងកម្រិតកាន់តែជ្រៅ។ ប្រសិនបើអ្នកស្ទាត់ជំនាញលើរឿងទាំងនេះ ហើយដឹងពីរបៀបប្រើប្រាស់វា នោះអ្នកនឹងក្លាយជាសាតាំងរស់ ហើយអ្នកនឹងត្រូវបាន ជម្រុះចោលទាំងស្រុងដោយព្រះជាម្ចាស់។
នៅពេលប្រកបគ្នាអំពីការយល់ដឹងពីខ្លួនឯងក្នុងអំឡុងពេលជួបជុំកន្លងមក មនុស្សភាគច្រើនជារឿយៗលើកឡើងពីបញ្ហានៃនិស្ស័យក្រអឺតក្រទម ដែលជានិស្ស័យពុករលួយទូទៅបំផុត ហើយអត្ថិភាពរបស់វាគឺមាននៅគ្រប់ទីកន្លែង។ តើមាននិស្ស័យពុករលួយអ្វីផ្សេងទៀតដែលកើតមានជាទូទៅប្រហាក់ប្រហែលគ្នាដែរ? (សេចក្តីបោកបញ្ឆោត និងភាពរឹងទទឹង។) សេចក្តីបោកបញ្ឆោត ភាពរឹងទទឹង ការស្អប់ខ្ពើមសេចក្ដីពិត និងទង្វើកាចសាហាវ ទាំងនេះគឺជារឿងដែលមនុស្សជួបប្រទះជាញឹកញាប់។ សេចក្តីទុច្ចរិតគឺមិនសូវឃើញមានទេ ហើយក៏មិនសូវមានការមើលដឹងពីវាប៉ុន្មានដែរ។ គេអាចនិយាយបានថា និស្ស័យទុច្ចរិត គឺពិបាកនឹងមើលដឹងបំផុត ហើយវាជាប្រភេទនិស្ស័យពុករលួយដែលលាក់កំបាំងយ៉ាងជ្រៅ និងមានលក្ខណៈសម្ងាត់គួរសម តើមែនទេ? ឧទាហរណ៍៖ ឧបមាថាមនុស្សពីរនាក់រស់នៅជាមួយគ្នា ហើយពួកគេទាំងពីរនាក់មិនស្រឡាញ់សេចក្ដីពិត ឬដេញតាមសេចក្ដីពិតឡើយ ហើយពួកគេក៏មិនស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ពួកគេដែរ។ មើលពីខាងក្រៅ អ្នកទាំងពីរអាចមើលទៅហាក់ដូចជារស់នៅជាមួយគ្នាយ៉ាងចុះសម្រុង ដោយគ្មានបញ្ហាអ្វីទាល់តែសោះ។ ទោះជាយ៉ាងនេះក្តី នៅក្នុងជម្រៅចិត្ត ពួកគេទាំងពីរនាក់មិនដេញតាមសេចក្ដីពិតឡើយ ហើយនិស្ស័យពុករលួយផ្សេងៗនៅតែមាន ទោះបីជាអ្នកមិនអាចមើលឃើញក៏ដោយ។ ហេតុអ្វីបានជាអ្នកមិនអាចមើលឃើញ? នោះគឺដោយសារតែបុគ្គលទាំងពីរនេះ ពិតជាបោកបញ្ឆោត និងមានល្បិចកលយ៉ាងខ្លាំងនៅក្នុងសកម្មភាពរបស់ពួកគេ។ ដោយសារអ្នកមិនយល់សេចក្ដីពិត និងខ្វះការញែកដឹងគ្រប់យ៉ាងទាំងអស់ អ្នកមិនអាចមើលធ្លុះសារជាតិនៃបញ្ហារបស់ពួកគេឡើយ។ សេចក្ដីពិតដែលអ្នកយល់គឺមានតិចតួច កម្ពស់របស់អ្នកគឺទាបពេក ដូច្នេះមានបញ្ហាស្មុគស្មាញជាច្រើនដែលអ្នកគ្មានផ្លូវនឹងយល់ដឹងបាន ហើយអ្នកគ្មានសមត្ថភាពក្នុងការជួយអ្នកដទៃដោះស្រាយបញ្ហារបស់ពួកគេឡើយ។ ក្នុងនាមជាអ្នកដឹកនាំ តើអ្នករាល់គ្នាគួរធ្វើអ្វី នៅពេលអ្នកជួបមនុស្សបែបនេះ? ប្រសិនបើអ្នកលាតត្រដាង និងញែកដឹងពួកគេ តើពួកគេងាយនឹងទទួលយកវាដែរឬទេ? ទេ ពួកគេមិនទទួលយកឡើយ។ ដូច្នេះ តើអ្នកគួរដោះស្រាយជាមួយមនុស្សបែបនេះដោយរបៀបណា? តើមានវិធីដើម្បីធ្វើវាដែរឬទេ? តើអ្វីជាគោលការណ៍ក្នុងការដោះស្រាយជាមួយមនុស្សបែបនេះ? ប្រសិនបើពួកគេមានជំនាញបច្ចេកទេស ឬវិជ្ជាជីវៈខ្លះៗ ដើម្បីធ្វើការដោយកម្លាំងសម្រាប់ជាប្រយោជន៍ដល់ដំណាក់របស់ព្រះជាម្ចាស់ អ្នកគួរតែប្រព្រឹត្តចំពោះពួកគេដូចជាបងប្អូនប្រុសស្រី និងដាក់សេចក្ដីតម្រូវដល់ពួកគេក្នុងនាមជាបងប្អូនប្រុសស្រី។ ទោះជាយ៉ាងនេះក្តី ដោយឃើញថាមនុស្សបែបនេះមិនដេញតាមសេចក្ដីពិត តើពួកគេអាចស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ពួកគេបានដែរឬទេ? (ទេ។) តើឥរិយាបថអ្វីដែលបង្ហាញថាពួកគេខ្វះភាពស្មោះត្រង់? តើមនុស្សបែបនេះមិនស្ទាត់ជំនាញខាងធ្វើរឿងដើម្បីតែសម្តែងទេឬ? នៅពេលគ្មាននរណាម្នាក់នៅក្បែរ ពួកគេលេងសើច និងធ្វើការយឺតៗ។ ពេលឃើញមានគេមកភ្លាម ពួកគេក៏បង្កើនល្បឿនការងារ។ ពួកគេថែមទាំងអាចលើកឡើងនូវសំណួរជាច្រើន ដោយសួរថាតើធ្វើបែបនេះ ឬបែបនោះអាចទទួលយកបានដែរឬទេ។ កាលណា បុគ្គលនោះចេញទៅបាត់ ពួកគេក៏ឈប់ធ្វើការ មិនធ្វើអ្វីសោះ គ្មានបញ្ហាអ្វីត្រូវលើកឡើងទាល់តែសោះ ហើយថែមទាំងនិយាយនៅក្នុងចិត្តរបស់ពួកគេថា៖ «ខ្ញុំគ្រាន់តែលេងសើចជាមួយអ្នកប៉ុណ្ណោះ ខ្ញុំមិនល្ងង់ដល់ថ្នាក់ហ្នឹងទេ!» មនុស្សបែបនេះធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតែសម្តែង ពួកគេជំនាញជាពិសេសខាងសម្ដែងពុតជាល្អនៅសំបកក្រៅ និងស្ទាត់ជំនាញខាងធ្វើពុត ដោយផ្ដល់ឱ្យមនុស្សនូវការយល់ឃើញខុស។ មនុស្សជាច្រើនដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយពួកគេអស់ជាច្រើនឆ្នាំ នៅតែមិនអាចមើលធ្លុះសារជាតិមានល្បិចកល និងបោកបញ្ឆោតរបស់ពួកគេដដែល។ នៅពេលអ្នកដទៃសួរនាំពីពួកគេ ពួកគេថែមទាំងនិយាយថា៖ «បុគ្គលនេះល្អគួរសម ប្រព្រឹត្តល្អចំពោះមនុស្សគ្រប់គ្នា មិនដែលធ្វើឱ្យ នរណាម្នាក់រងគ្រោះថ្នាក់ឡើយ គ្រាន់តែជាមនុស្សផ្គាប់ចិត្តគេប៉ុណ្ណោះ។ សូម្បីតែពេលមាននរណាម្នាក់ធ្វើខុស ក៏គេមិនលួសកាត់អ្នកនោះដែរ គេបន្តដាស់តឿន និងលួងលោមអ្នកដទៃជានិច្ច»។ តើមធ្យោបាយ និងវិធីសាស្ត្រអ្វីខ្លះដែលមនុស្សទាំងនេះប្រើប្រាស់ នៅក្នុងការប្រាស្រ័យទាក់ទងរបស់ពួកគេជាមួយអ្នកដទៃ? ពួកគេសម្ដែងទៅតាមកាលៈទេសៈ ក្រឡេចក្រឡុច និងមានល្បិចកល ហើយមនុស្សភាគច្រើននិយាយថាពួកគេជាមនុស្សល្អ។ តើមានមនុស្សបែបនេះនៅជុំវិញអ្នករាល់គ្នាដែរឬទេ? (មែនហើយ។) មនុស្សគ្រប់គ្នាមានទំនោរបញ្ចេញឱ្យឃើញនិស្ស័យពុករលួយផ្ទាល់ខ្លួនរបស់ខ្លួន ប៉ុន្តែបុគ្គលទាំងនេះបិទបាំងខ្លួនឯងយ៉ាងជិតឈឹង ដែលធ្វើឱ្យគ្មាននរណាម្នាក់អាចរកឃើញបញ្ហារបស់ពួកគេឡើយ។ តើនេះមិនមែនជាបញ្ហាទេឬ? នៅក្នុងប្រវត្តិសាស្ត្រ ព្រះចៅអធិរាជមួយចំនួនបានប្រព្រឹត្តអំពើខុសឆ្គងជាច្រើន ប៉ុន្តែមនុស្សជំនាន់ក្រោយនៅតែហៅពួកគេថាជាអ្នកគ្រប់គ្រងដ៏ឈ្លាសវៃ។ ហេតុអ្វីបានជាមនុស្សមានទស្សនៈបែបនេះចំពោះពួកគេ? តើពួកគេមិនបានខិតខំប្រឹងប្រែង និងធ្វើរឿងមួយចំនួនដើម្បីរក្សាកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេទេឬ? ម្យ៉ាងវិញ ពួកគេបានធ្វើរឿងល្អៗមួយចំនួនសម្រាប់ជាប្រយោជន៍ដល់សមិទ្ធផលនយោបាយផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែម្យ៉ាងវិញទៀត ពួកគេបានបំភ្លៃប្រវត្តិសាស្ត្រ និងបានសម្លាប់អស់អ្នកដែលសរសេរពីសេចក្ដីពិត និងការពិតអំពីពួកគេ ដើម្បីលាក់បាំងអំពើខុសឆ្គងរបស់ពួកគេ។ ទោះជាយ៉ាងនេះក្តី មិនថាពួកគេបានព្យាយាមលាក់បាំងយ៉ាងណាក៏ដោយ ក៏ច្បាស់ជាមានកំណត់ត្រាពីទង្វើរបស់ពួកគេដោយគ្មានមន្ទិលឡើយ។ ពួកគេមិនអាចជម្រុះចោលមនុស្សគ្រប់គ្នាដែលបានដឹងពីសេចក្ដីពិតបានឡើយ។ ទីបំផុត រឿងរ៉ាវទាំងនោះត្រូវបានលាតត្រដាងបន្តិចម្ដងៗដោយមនុស្សជំនាន់ក្រោយ។ នៅពេលមនុស្សបានដឹង ពួកគេមានអារម្មណ៍ថាត្រូវបានបោកប្រាស់។ តាមរយៈការលាតត្រដាងពីការពិតក្នុងប្រវត្តិសាស្ត្រទាំងនេះ មនុស្សគួរតែមានការយល់ដឹងថ្មីអំពីសេចក្ដីពិតទាក់ទងនឹងមនុស្សជាតិទាំងមូល។ តើការយល់ដឹងប្រភេទណា? ពីព្រះមហាក្សត្ររហូតដល់ប្រជារាស្ត្រសាមញ្ញ មនុស្សជាតិទាំងមូលស្ថិតនៅក្នុងកណ្ដាប់ដៃរបស់មនុស្សទុច្ចរិត ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ដូច្នេះមនុស្សម្នាក់ៗគឺទុច្ចរិតជាងមនុស្សម្នាក់ទៀតទៅទៀត។ គ្មាននរណាម្នាក់ដែលមិនអាក្រក់នោះទេ គ្មាននរណាម្នាក់ដែលមិនខូចនោះទេ។ ពួកគេសុទ្ធតែ បានប្រព្រឹត្តអំពើខុសឆ្គងជាច្រើន ពួកគេសុទ្ធតែទុច្ចរិតខ្លាំងណាស់ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេដែលល្អឡើយ។ មនុស្សខ្លះនិយាយថា៖ «នៅក្នុងរាជវង្សនីមួយៗ មានមន្ត្រីស្មោះត្រង់ពីរបីនាក់។ តើមន្ត្រីស្មោះត្រង់ទាំងនេះរាប់បញ្ចូលថាជាមនុស្សទុច្ចរិតដែរឬទេ?» ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់នៅក្រោមអំណាចរបស់មន្ត្រីស្មោះត្រង់ទាំងនេះ ចាំមើលថាតើពួកគេនឹងចាប់ខ្លួនអ្នកឬក៏អត់។ ប្រសិនបើអ្នកធ្វើបន្ទាល់អំពីព្រះជាម្ចាស់ប្រាប់ពួកគេ ចូរសង្កេតមើលអាកប្បកិរិយារបស់ពួកគេ។ អ្នកនឹងដឹងភ្លាមថាតើពួកគេទុច្ចរិតឬក៏អត់។ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងសេចក្ដីពិតដែលទ្រង់សម្ដែងចេញ បើកសម្តែងមនុស្សពីធាតុពិតរបស់ពួកគេ លើសពីរឿងអ្វីៗទាំងអស់។ អ្នកគ្រប់គ្រង និងមន្ត្រីមួយចំនួនប្រហែលជាសម្រេចបាននូវសមិទ្ធផលនយោបាយខ្លះៗ និងបានធ្វើអំពើល្អមួយចំនួន ប៉ុន្តែតើអំពើល្អទាំងនេះមានធម្មជាតិបែបណា? តើនរណាជាអ្នកទទួលបានប្រយោជន៍ពីអំពើទាំងនោះ? ទាំងនេះគឺជាអំពើល្អដែលត្រូវបានទាមទារដោយវណ្ណៈគ្រប់គ្រង។ តើអំពើល្អដែលពួកគេធ្វើ គឺជាអំពើល្អដែលព្រះជាម្ចាស់សព្វព្រះហឫទ័យដែរឬទេ? តើ «សមិទ្ធផលនយោបាយ» ទាំងនេះគឺជាការអនុវត្តសេចក្ដីពិត និងការចុះចូលនឹងព្រះជាម្ចាស់ដែរឬទេ? ដាច់ខាតគឺមិនមែនឡើយ។ សមិទ្ធផលនយោបាយ និងអំពើល្អរបស់ពួកគេ គឺគ្មានទំនាក់ទំនងទាល់តែសោះជាមួយនឹងសេចក្ដីពិត ឬជាមួយនឹងការចុះចូលនឹងព្រះជាម្ចាស់។ អំពើល្អ និងសមិទ្ធផលនយោបាយដែលពួកគេធ្វើ គឺសុទ្ធតែត្រូវបានជំរុញដោយបំណង និងបំណងជំរុញចិត្តរបស់ពួកគេ គឺធ្វើឡើងសុទ្ធតែដើម្បីធ្វើឱ្យខ្លួនឯងមានកេរ្តិ៍ឈ្មោះអមតៈ និងដើម្បីឱ្យអ្នកដទៃសរសើរតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ទោះបីជាពួកគេធ្វើអំពើល្អប៉ុន្មាន ឬពួកគេប្រមូលបានសមិទ្ធផលនយោបាយប៉ុន្មានក៏ដោយ ក៏វាមិនអាចបញ្ជាក់ថាពួកគេជាមនុស្សល្អដែលមានចិត្តសប្បុរសបានឡើយ កុំថាឡើយដល់ទៅបញ្ជាក់ថាពួកគេមិនដែលប្រព្រឹត្តអំពើអាក្រក់ ឬមិនមានធម្មជាតិទុច្ចរិតនោះ។ តើអ្នកច្បាស់ទេថា មនុស្សទាំងនេះជាមនុស្សប្រភេទណានៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់? តើអ្នករាល់គ្នាអាចប្រើរឿងទាំងនេះដើម្បីយល់ពី ខ្លួនឯងបានដែរឬទេ? តើអ្នករាល់គ្នាមានការអនុវត្តបែបនេះដែរឬទេ ដែលអ្នកចង់សម្ញែងភ្លាមៗនៅពេលអ្នកធ្វើរឿងល្អអ្វីមួយ ដោយធ្វើឱ្យប្រាកដថាមនុស្សគ្រប់គ្នាបានដឹង រួចហើយនិយាយនៅសំបកក្រៅថា គេមិនគួរអួតអាង ឬក្រអឺតក្រទមឡើយ ថាគេគួរតែប្រព្រឹត្តខ្លួនដោយការបន្ទាបខ្លួន? ឧទាហរណ៍៖ អ្នកទៅធ្វើការនៅពួកជំនុំថ្មីមួយ ហើយមនុស្សមិនដឹងថាអ្នកស្ថិតក្នុងតំណែងជាអ្នកដឹកនាំឡើយ ដូច្នេះអ្នកត្រូវតែព្យាយាមគ្រប់មធ្យោបាយដើម្បីឱ្យមនុស្សដឹងថាអ្នកគឺជាអ្នកដឹកនាំ ហើយអ្នកខំប្រឹងគិតពេញមួយយប់ ទីបំផុតក៏រកឃើញដំណោះស្រាយដ៏ល្អមួយ។ តើដំណោះស្រាយនោះគឺជាអ្វី? អ្នកប្រមូលមនុស្សគ្រប់គ្នាសម្រាប់ការប្រជុំមួយ ហើយនិយាយថា៖ «ក្នុងអំឡុងពេលនៃការជួបជុំនៅថ្ងៃនេះ ចូរយើងប្រកបគ្នាថាតើខ្ញុំ ក្នុងនាមជាអ្នកដឹកនាំត្រូវតាមស្ដង់ដាឬក៏អត់។ ប្រសិនបើខ្ញុំមិនត្រូវតាមស្ដង់ដាទេ អ្នករាល់គ្នាអាចលាតត្រដាង និងដកខ្ញុំចេញបាន។ ប្រសិនបើខ្ញុំត្រូវតាមស្ដង់ដា នោះខ្ញុំនឹងបន្តក្នុងតួនាទីនេះទៀត»។ ពេលមនុស្សគ្រប់គ្នាឮដូច្នេះ ពួកគេដឹងភ្លាមថាអ្នកគឺជាអ្នកដឹកនាំ។ តើអ្នកមិនបានសម្រេចគោលដៅរបស់អ្នកតាមរយៈរឿងនេះទេឬ? តើគោលដៅនេះមកពីណា? វាផុសចេញពីធម្មជាតិទុច្ចរិតរបស់អ្នក។ ការមានមហិច្ឆតាគឺជាលក្ខណៈទូទៅរបស់មនុស្ស ប៉ុន្តែទោះបីជាមនុស្សគ្រប់រូបមានមហិច្ឆតាក៏ដោយ ក៏មនុស្សខ្លះប្រើប្រាស់ភាសា វិធីសាស្ត្រ និងយុទ្ធសាស្ត្រផ្សេងៗគ្នានៅពេលវេលា និងទីកន្លែងផ្សេងៗគ្នា ដើម្បីសម្រេចគោលដៅដែលពួកគេចង់បាន។ នេះគឺជាសេចក្តីទុច្ចរិត។
ទាក់ទងនឹងប្រធានបទនៃធម្មជាតិទុច្ចរិតនេះ យើងនឹងបន្តពិភាក្សាវាជាញឹកញាប់។ តាមរបៀបនេះ អ្នករាល់គ្នានឹងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទិដ្ឋភាពនៃសេចក្ដីពិត និងនិស្ស័យពុករលួយនេះ។ ក្នុងទិដ្ឋភាពមួយ អ្នកនឹងអាចយល់ពីខ្លួនឯង ហើយ ក្នុងទិដ្ឋភាពមួយទៀត អ្នកនឹងអាចញែកដឹងមនុស្សប្រភេទផ្សេងៗបាន។ អ្នកក៏នឹងមានការចូលកាន់តែស៊ីជម្រៅទៅក្នុងសេចក្ដីពិតផងដែរ។ ប្រសិនបើខ្ញុំគ្រាន់តែប្រកបគ្នាអំពីគោលគំនិតទូទៅ ឬអំពីទិដ្ឋភាពមួយនៃនិយមន័យ នោះការយល់ដឹងរបស់អ្នករាល់គ្នានឹងនៅរាក់គួរសម។ ទោះជាយ៉ាងនេះក្តី តាមរយៈការប្រើប្រាស់ការពិតមួយចំនួន និងការផ្ដល់ឧទាហរណ៍សម្រាប់ការប្រកបគ្នារបស់យើង នោះការយល់ដឹងរបស់អ្នករាល់គ្នាអាច កាន់តែស៊ីជម្រៅ។ ឧទាហរណ៍៖ ឧបមាថាក្មេងពីរនាក់កំពុងនិយាយគ្នា។ ម្នាក់ក្នុងចំណោមពួកគេសួរថា៖ «តើឯងបានធ្វើកិច្ចការផ្ទះទេថ្ងៃនេះ?» ក្មេងម្នាក់ទៀតឆ្លើយថា៖ «ទេ ខ្ញុំមិនបានធ្វើទេ»។ បន្ទាប់មក ក្មេងទីមួយនិយាយថា៖ «ខ្ញុំក៏មិនបានធ្វើដែរ»។ តើពួកគេទាំងពីរនាក់កំពុងនិយាយការពិតឬ? (មែនហើយ។) អ្នកយល់ខុសហើយ ម្នាក់ក្នុងចំណោមពួកគេកំពុងនិយាយកុហក។ តើគេកំពុងគិតអ្វីនៅក្នុងចិត្ត? «អាល្ងង់ ឯងគិតថាខ្ញុំពិតជាមិនបានធ្វើមែនឬ? ខ្ញុំមិនល្ងង់ដល់ថ្នាក់ហ្នឹងទេ! បើខ្ញុំមិនធ្វើកិច្ចការផ្ទះទេ ខ្ញុំនឹងត្រូវគេដាក់ទោស។ តើខ្ញុំមិនធ្វើវាយ៉ាងម៉េចនឹងបាន? ខ្ញុំ មានចេតនាធ្វើឱ្យឯងគិតថាខ្ញុំមិនបានធ្វើ ដើម្បីកុំឱ្យឯងធ្វើវាដែរ។ ទីបំផុត ឯងនឹងត្រូវគេដាក់ទោស ហើយខ្ញុំអាចសើចចំអកឱ្យឯងបានយ៉ាងសប្បាយ»។ តើក្មេងនេះអាក្រក់ដែរឬទេ? (គេអាក្រក់ណាស់។) តើក្នុងចំណោមអ្នករាល់គ្នា មាននរណាម្នាក់ធ្លាប់ធ្វើរឿងបែបនេះដែរឬទេ? នេះគឺជាឧទាហរណ៍មួយទៀត៖ នៅក្នុងថ្នាក់រៀននៅថ្ងៃច័ន្ទ សិស្សម្នាក់និយាយថានាងបានទៅដើរទិញឥវ៉ាន់នៅថ្ងៃអាទិត្យ ចំណែកសិស្សម្នាក់ទៀតអះអាងថានាងបានទៅលេងមិត្តភក្ដិ។ ក្នុងតថភាព ពួកគេទាំងពីរនាក់នៅផ្ទះរៀនសូត្រសោះ។ ជាពិសេសនៅក្នុងបរិយាកាសដែលមានការប្រកួតប្រជែងខ្ពស់ដូចជានៅប្រទេសចិន រឿងទាំងនេះត្រូវបាននិយាយឡើងដើម្បីធ្វើឱ្យគូប្រជែងរបស់អ្នកបន្ធូរបន្ថយចិត្តប្រយ័ត្ន ដើម្បីឱ្យអ្នកអាចយកឈ្នះគេបាន។ នេះហើយជាអ្វីដែលហៅថាយុទ្ធសាស្ត្រ។ រឿងបែបនេះគឺជារឿងធម្មតានៅក្នុងជីវិតប្រចាំថ្ងៃ។ ជួនកាល ឪពុកម្ដាយ និងកូនៗមានការសន្ទនាស្រដៀងគ្នា និង បង្ហាញឱ្យឃើញនិស្ស័យស្រដៀងគ្នា ដែលមិត្តភក្ដិក៏អាចបង្ហាញឱ្យឃើញក្នុងចំណោមពួកគេផងដែរ។ ការបង្ហាញឱ្យឃើញនិស្ស័យនេះ អាចសង្កេតឃើញនៅគ្រប់ទីកន្លែង អ្នកគ្រាន់តែត្រូវតាមដានមើលវាដោយប្រុងប្រយ័ត្នប៉ុណ្ណោះ។ ហេតុអ្វីត្រូវតាមដានមើល? វាមិនមែនសម្រាប់ប្រមូលព័ត៌មាន និយាយរឿងឥតប្រយោជន៍ និយាយចេចចូច ឬបង្កើតសាច់រឿងនោះទេ។ ផ្ទុយទៅវិញ គឺដើម្បីកែលម្អការញែកដឹងរបស់អ្នក ដោយអនុញ្ញាតឱ្យអ្នកប្រៀបធៀបខ្លួនឯងជាមួយនឹងអ្វីដែលអ្នកដទៃធ្វើ និងអ្វីដែលពួកគេបង្ហាញឱ្យឃើញ និងបង្ហាញ ដើម្បីឱ្យអ្នកអាចមើលឃើញថាតើអ្នកបង្ហាញឥរិយាបថស្រដៀងគ្នាដែរឬទេ។ នៅពេលអ្នកឃើញនរណាម្នាក់បង្ហាញឥរិយាបថបែបនេះ អ្នកនឹងយល់ថាពួកគេមាននិស្ស័យនេះ។ ទោះជាយ៉ាងនេះក្តី នៅពេលអ្នកក៏បង្ហាញឥរិយាបថ បែបនេះដែរ តើអ្នកនឹងអាចទទួលស្គាល់ថាអ្នកក៏មាននិស្ស័យនេះដែរឬទេ? ប្រសិនបើអ្នកមិនអាចទទួលស្គាល់វាទេ នោះការយល់ដឹងរបស់អ្នកអំពីនិស្ស័យរបស់ពួកគេគឺក្លែងក្លាយ៖ អ្នកមិនទាន់យល់ពីវាពិតប្រាកដទេ ឬម្យ៉ាងទៀត អ្នកគ្មានការយល់ដឹងខាងវិញ្ញាណឡើយ ហើយអ្នកមិនទាន់យល់ពីវាបានត្រឹមត្រូវនោះទេ។ ប្រធានបទទាំងនេះមិនអាចគ្របដណ្ដប់ទាំងស្រុងក្នុងរយៈពេលពីរបីថ្ងៃបានឡើយ។ ការពិភាក្សាពីវាបន្តិចបន្តួច នឹងជួយឱ្យអ្នករាល់គ្នាទទួលបានបន្តិចបន្តួច ហើយការយល់ដឹងរបស់អ្នកអំពីសេចក្ដីពិតនឹងកាន់តែស៊ីជម្រៅបន្តិច។ ប្រសិនបើអ្នកពិតជាស្រឡាញ់សេចក្ដីពិតមែន អ្នកនឹងមានការចូលទៅក្នុងកម្រិតកាន់តែជ្រៅមិនខាន។ ជម្រៅនៃបទពិសោធ និងការចូលទៅក្នុងរបស់អ្នក គឺមិនអាចបំបែកចេញពីការយល់ដឹងរបស់អ្នកបានឡើយ។ ជម្រៅនៃបទពិសោធ និងការចូលទៅក្នុងរបស់អ្នក ច្បាស់ជានឹងកំណត់ពីជម្រៅនៃការយល់ដឹងរបស់អ្នកមិនខាន។ ស្រដៀងគ្នានេះដែរ ជម្រៅនៃការយល់ដឹងរបស់អ្នក ក៏អាចបង្ហាញពីជម្រៅដែលអ្នកបានដកពិសោធ និងចូលទៅក្នុងផងដែរ។ ទាំងពីរនេះមានទំនាក់ទំនងគ្នាទៅវិញទៅមក។ នេះគឺជាមាគ៌ាដើម្បីចូលទៅក្នុងសេចក្ដីពិត ហើយមានតែការចូលទៅក្នុងសេចក្ដីពិតប៉ុណ្ណោះ ទើបអ្នកអាចមានតថភាពបាន។ យើងនឹងបញ្ចប់ប្រធានបទនេះនៅត្រង់នេះ ហើយបន្តទៅប្រធានបទចម្បងនៃការប្រកបគ្នានៅថ្ងៃនេះ។
ការវែកញែកអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ អូសទាញ គំរាមកំហែង និងត្រួតត្រាមនុស្ស
I. ការវែកញែកអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់មនុស្ស
នៅការជួបជុំលើកមុន យើងបានបញ្ចប់ការប្រកបគ្នារបស់យើងអំពីចំណុចទីបួននៃការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ថ្ងៃនេះ យើងនឹងចាប់ផ្ដើមប្រកបគ្នាអំពីចំណុចទីប្រាំ៖ របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ អូសទាញ គំរាមកំហែង និងត្រួតត្រាមនុស្ស។ មានកិរិយាសព្ទចំនួនបួនដែលពាក់ព័ន្ធនឹងទិដ្ឋភាពនៃការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះ ហើយចេញពីកិរិយាសព្ទទាំងបួន និងឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះ យើងអាចមើលឃើញពីនិស្ស័យរបស់ពួកគេបាន។ កិរិយាសព្ទទីមួយគឺ «បំភាន់»។ តើមាននិស្ស័យប្រភេទណាដែលបង្កប់នៅក្នុងរឿងនេះ? នោះគឺសេចក្តីទុច្ចរិត។ ចុះចំណែកពាក្យ «អូសទាញ» វិញ? តើការអូសទាញ ជាទូទៅប្រើពាក្យសម្ដីពីរោះៗ ឬមិនពីរោះ? (ពាក្យសម្ដីពីរោះៗ។) ដូច្នេះ តើនិស្ស័យប្រភេទណាដែលគ្រប់គ្រងឥរិយាបថនេះ? គឺសេចក្តីទុច្ចរិត។ ចុះចំណែកពាក្យ «គំរាមកំហែង» និង «ត្រួតត្រា» វិញ តើនិស្ស័យអ្វីដែលគ្រប់គ្រងទង្វើទាំងនេះ? (ទង្វើកាចសាហាវ។) ត្រូវហើយ គឺទង្វើកាចសាហាវ។ ចេញពីចំណុចទីប្រាំ យើងអាចមើលឃើញពីនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទបាន។ តើអ្វីទៅជាការបង្ហាញចេញចម្បងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងចំណុចនេះ? (សេចក្តីទុច្ចរិត និងទង្វើកាចសាហាវ។) និស្ស័យទាំងពីរនៃសេចក្តីទុច្ចរិត និងទង្វើកាចសាហាវនេះ គឺសុទ្ធតែលេចធ្លោ និងច្បាស់ក្រឡែតណាស់។ ចូរយើងពិភាក្សាអំពីឥរិយាបថទាំងនេះម្ដងមួយៗ ដោយចាប់ផ្ដើមពីពាក្យ «បំភាន់»។ តើពាក្យ «បំភាន់» ជាទូទៅមានន័យដូចម្ដេច? តើវាមានជាប់ពាក់ព័ន្ធនឹងការបង្ហាញចេញនៃភាពស្មោះត្រង់ណាមួយដែរឬទេ? តើមានពាក្យសម្ដីស្មោះត្រង់ណាមួយនៅក្នុងនោះដែរឬទេ? (ទេ។) គ្មានពាក្យសម្ដីស្មោះត្រង់ណាមួយនៅក្នុងនោះឡើយ ពោលគឺ អ្វីៗសុទ្ធតែក្លែងក្លាយ វាគឺជាការបង្កើតរូបភាពក្លែងក្លាយ ការអះអាងក្លែងក្លាយ និងពាក្យសម្ដីបោកបញ្ឆោត ដើម្បីធ្វើឱ្យអ្នកដទៃជឿថា អ្វីដែលខ្លួននិយាយគឺត្រឹមត្រូវ ដែលតាមរយៈនេះ ធ្វើឱ្យអ្នកដទៃទទួលស្គាល់ និងទុកចិត្តលើខ្លួន។ នេះហើយគឺជាអត្ថន័យនៃពាក្យ «បំភាន់»។ តើអស់អ្នកដែលត្រូវបានបំភាន់ ទទួលបានសេចក្ដីពិត ឬដើរលើផ្លូវត្រូវដែរឬទេ? ពួកគេមិនទទួលបានរឿងណាមួយនៃរឿងទាំងនេះឡើយ។ ឥរិយាបថ និងការអនុវត្តនៃការបំភាន់មនុស្ស ពិតប្រាកដណាស់គឺអវិជ្ជមាន មិនមែនវិជ្ជមានឡើយ។ អស់អ្នកដែលត្រូវបានបំភាន់ តាមពិតទៅគឺត្រូវបានបោកប្រាស់ហើយ។ ពួកគេមិនយល់ពីការពិតជាក់ស្ដែង ស្ថានភាពជាក់ស្តែង ឬបរិបទពិតប្រាកដនោះទេ រួចហើយពួកគេក៏ជ្រើសរើសផ្លូវ និងទិសដៅខុស ព្រមទាំងជ្រើសរើសមនុស្សខុសដើម្បីដើរតាម។ នេះគឺជាឥទ្ធិពលដែលការបំភាន់មានទៅលើអ្នកដែលចាញ់បោកគេ។ វាប្រៀបដូចជាការផ្សាយពាណិជ្ជកម្មនៅក្នុងផ្សារទំនើបអ៊ីចឹង៖ គេសរសេរវាបានយ៉ាងល្អ ហើយនៅពេលមនុស្សឃើញការផ្សាយទាំងនោះ ពួកគេក៏ជឿតាមការមើលឃើញពីសំបកក្រៅ ប៉ុន្តែបន្ទាប់ពីទិញរួច ពួកគេទើបដឹងថាផលិតផលទាំងនោះគ្មានប្រយោជន៍សោះ។ នោះហើយហៅថាការត្រូវបោកប្រាស់។ ដូច្នេះ តើអ្វីទៅជាគោលបំណងនៅពីក្រោយ ពួកទទឹងនឹងព្រះគ្រីស្ទដែលប្រព្រឹត្តក្នុងរបៀបដែលបំភាន់មនុស្សនោះ? តើពួកគេប្រើវិធីសាស្ត្រអ្វីខ្លះ និយាយពាក្យសម្ដីអ្វីខ្លះ និងធ្វើរឿងអ្វីខ្លះ ដើម្បីបំភាន់មនុស្ស? ដំបូង ចូរយើងនិយាយអំពីគោលបំណងរបស់ពួកគេសិន។ ប្រសិនបើពួកគេគ្មានគោលបំណងទាល់តែសោះ តើពួកគេចាំបាច់ត្រូវខិតខំប្រឹងប្រែង ឬនិយាយពាក្យសម្ដីពីរោះៗ ដើម្បីអូសទាញ និងបំភាន់មនុស្សដែរឬទេ? មានពាក្យមួយឃ្លានិយាយនៅក្នុងចំណោមអ្នកគ្មានជំនឿថា «គ្មានអ្វីដែលបានមកដោយទទេៗនោះទេ»។ ប្រសិនបើអ្នកមិនអាចមើលធ្លុះរឿងនេះទេ នោះអ្នកមុខជាត្រូវបានបោកប្រាស់មិនខាន។ ពិភពលោកនេះគឺទុច្ចរិតបែបនេះឯង មនុស្សប្រើល្បិចប្រឆាំងគ្នាទៅវិញទៅមក ហើយបំពានគ្នាទៅវិញទៅមក។ នេះគឺជាជីវិតរបស់មនុស្សជាតិដែលពុករលួយ។ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទខិតខំប្រឹងប្រែងនិយាយបញ្ឆិតបញ្ឆៀង ដើម្បីបំភាន់មនុស្ស? ពួកគេនិយាយ និងធ្វើសកម្មភាពដោយមានគោលបំណងច្បាស់លាស់ នោះគឺដើម្បីដណ្ដើមអំណាច និងត្រួតត្រាលើមនុស្ស រឿងនេះគឺគ្មានអ្វីគួរឱ្យសង្ស័យឡើយ។ គោលដៅរបស់ពួកគេ គឺមិនខុសពីគោលដៅរបស់អ្នកនយោបាយឡើយ។ ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់យុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីបំភាន់មនុស្ស? តើពួកគេធ្វើវាដោយរបៀបណា? ទីមួយ ពួកគេធ្វើឱ្យអ្នកចូលចិត្តពួកគេ។ នៅពេលអ្នកមានចំណាប់អារម្មណ៍ល្អចំពោះពួកគេ អ្នកនឹងលែងប្រុងប្រយ័ត្នចំពោះពួកគេទៀតហើយ៖ អ្នកនឹងទុកចិត្តពួកគេ ហើយបន្ទាប់មក អ្នកនឹងទទួលយកការដឹកនាំរបស់ពួកគេ ព្រមទាំងស្ដាប់បង្គាប់ពួកគេដោយស្ម័គ្រចិត្ត។ អ្នកនឹងសុខចិត្តស្ដាប់តាមអ្វីក៏ដោយដែលពួកគេនិយាយ និងអ្វីក៏ដោយដែលពួកគេប្រាប់ឱ្យអ្នកធ្វើ។ តើការសុខចិត្តស្ដាប់តាមនេះ មានន័យដូចម្ដេច? វាមានន័យថា ការមិនអនុវត្តការញែកដឹង ហើយស្ដាប់តាម និងស្ដាប់បង្គាប់ដោយគ្មានគោលការណ៍។ តើពួកទទឹងនឹងព្រះគ្រីស្ទអាចសម្រេចបាននូវឥទ្ធិពលនៃការបំភាន់មនុស្ស ដោយប្រើពាក្យសម្ដី ឬវិធីសាស្ត្រនៃការថ្កោលទោសដែរឬទេ? ពិតជាមិនអាចដាច់ខាត។ ដូច្នេះ តើជាទូទៅពួកគេប្រើវិធីសាស្ត្រអ្វីខ្លះ ដើម្បីសម្រេចបាននូវឥទ្ធិពលនេះ? ភាគច្រើន ពួកគេប្រើពាក្យសម្ដីដែលស្របតាមសញ្ញាណរបស់មនុស្ស ក៏ដូចជាគោលលទ្ធិនៃមនោសញ្ចេតនារបស់មនុស្ស។ ជួនកាល ពួកគេក៏និយាយពាក្យពេចន៍ និងគោលលទ្ធិខ្លះៗដែលស្របតាមសេចក្ដីពិតផងដែរ។ នេះធ្វើឱ្យពួកគេងាយស្រួលក្នុងការសម្រេចគោលដៅរបស់ពួកគេក្នុងការបំភាន់មនុស្ស ហើយមនុស្សក៏ងាយនឹងទទួលយកពួកគេដែរ។ ឧទាហរណ៍៖ នៅពេលបងប្អូនប្រុសស្រីធ្វើអ្វីមួយខុស ដែលបណ្ដាលឱ្យមានការខាតបង់ដល់កិច្ចការរបស់ពួកជំនុំ ហើយពួកគេមានអារម្មណ៍អវិជ្ជមាន និងទន់ខ្សោយ ពួកទទឹងនឹងព្រះគ្រីស្ទមិនប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីគាំទ្រ និងជួយពួកគេឡើយ។ ផ្ទុយទៅវិញ ពួកគេនិយាយថា៖ «ការដែលមនុស្សទន់ខ្សោយ គឺជារឿងដែលកើតឡើងជាញឹកញាប់ គឺវាជារឿងធម្មតាទេ។ ខ្ញុំក៏ឧស្សាហ៍ទន់ខ្សោយដែរ។ ព្រះមិនចងចាំរឿងទាំងនេះទេ»។ ក្នុងតថភាព តើពួកគេដឹងទេថា ព្រះជាម្ចាស់ចងចាំរឿងទាំងនេះឬអត់? ទេ ពួកគេមិនដឹងឡើយ។ ពួកគេនិយាយថា៖ «វាមិនអីទេ ដែលរឿងនេះមិនត្រូវបានចាត់ការឱ្យបានត្រឹមត្រូវនោះ។ គ្រាន់តែកែតម្រូវវានៅពេលក្រោយទៅ។ ដំណាក់របស់ព្រះមិនដឹងទេ ហើយក៏គ្មាននរណាម្នាក់សួរនាំពីរឿងនេះដែរ។ ដរាបណាខ្ញុំមិនរាយការណ៍រឿងនេះឡើងទៅលើទេ ថ្នាក់ដឹកនាំខាងលើនឹងមិនដឹងពីរឿងនេះឡើយ ហើយខាងលើក៏នឹងច្បាស់ជាមិនដឹងដែរ រួចហើយព្រះក៏នឹងមិនដឹងដូចគ្នា ហេតុដូច្នេះ ព្រះនឹងមិនយកចិត្តទុកដាក់ចំពោះរឿងនេះទេ។ ពួកយើងសុទ្ធតែជាមនុស្សពុករលួយ អ្នកមានសេចក្ដីពុករលួយ ហើយខ្ញុំក៏មានដែរ។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ ខ្ញុំប្រៀបដូចជាឪពុកម្ដាយអ៊ីចឹង៖ រាល់កំហុសដែលអ្នករាល់គ្នាធ្វើ គឺជាការទទួលខុសត្រូវរបស់ខ្ញុំ។ វាគឺជាកំហុសរបស់ខ្ញុំ ដែលមានកម្ពស់ទាប ហើយមិនអាចគាំទ្រ និងជួយអ្នករាល់គ្នាបាន ដែលបណ្ដាលឱ្យអ្នករាល់គ្នាធ្វើរឿងខុសឆ្គង។ ប្រសិនបើខ្ញុំមានកម្ពស់ខ្ពស់ជាងនេះ ខ្ញុំប្រាកដជាអាចជួយអ្នករាល់គ្នាបាន ហើយអ្នករាល់គ្នាក៏នឹងមិនធ្វើខុសដែរ។ ការទទួលខុសត្រូវចំពោះរឿងនេះ គឺធ្លាក់មកលើខ្ញុំ។ ទោះបីជារឿងនេះអាចបណ្ដាលឱ្យមានការខាតបង់ខ្លះៗដល់កិច្ចការរបស់ពួកជំនុំក៏ដោយ ក៏យើងអាចដោះស្រាយរឿងនេះដោយខ្លួនឯងបានដែរ ហើយរឿងនេះនឹងត្រូវបញ្ចប់ត្រឹមហ្នឹង។ មិនគួរមាននរណាម្នាក់សួរនាំពីរឿងនេះទេ ហើយក៏មិនគួរមាននរណាម្នាក់រាយការណ៍រឿងនេះឡើងទៅលើដែរ ចូរយើងទុកវាជារឿងសម្ងាត់រវាងអ្នក និងខ្ញុំចុះ។ ប្រសិនបើខ្ញុំមិននិយាយរឿងនេះប្រាប់បងប្អូនប្រុសស្រីដទៃទៀតទេ នោះនឹងគ្មាននរណាម្នាក់រាយការណ៍រឿងនេះទៅថ្នាក់លើឡើយ ហើយរឿងនេះនឹងត្រូវទម្លាក់ចោល។ យើងគ្រាន់តែត្រូវអធិដ្ឋាន និងស្បថនៅចំពោះព្រះថា យើងនឹងមិនធ្វើរឿងបែបនេះ ឬធ្វើខុសបែបនេះម្ដងទៀតឡើយ។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ ខ្ញុំមានការទទួលខុសត្រូវក្នុងការការពារអ្នករាល់គ្នា។ ព្រះគឺខ្ពង់ខ្ពស់ណាស់ តើវាជារឿងប្រាកដនិយមទេ ដែលយើងសុំការការពារពីព្រះនោះ? ម្យ៉ាងវិញទៀត ព្រះមិនខ្វាយខ្វល់ពីរឿងកំប៉ិកកំប៉ុកទាំងនេះនៅក្នុងជីវិតរបស់មនុស្សឡើយ ដូច្នេះ ការទទួលខុសត្រូវក្នុងការការពារអ្នករាល់គ្នា គឺធ្លាក់មកលើស្មារបស់ខ្ញុំដោយប្រយោល ក្នុងនាមជាអ្នកដឹកនាំ។ អ្នករាល់គ្នាមានកម្ពស់ទាប ដូច្នេះ ខ្ញុំនឹងរ៉ាប់រងកំហុសជំនួស ប្រសិនបើអ្នករាល់គ្នាធ្វើខុស។ កុំបារម្ភអី ប្រសិនបើដល់ពេលដែលរឿងរ៉ាវពិតជាមានបញ្ហា ហើយខាងលើបានរកឃើញ ឬដឹងពីរឿងនេះ ខ្ញុំនឹងចេញមុខការពារអ្នករាល់គ្នា»។ ពេលមនុស្សឮដូច្នេះ ពួកគេគិតថា៖ «ល្អណាស់! ខ្ញុំបារម្ភខ្លាំងណាស់ពីរឿងត្រូវទទួលខុសត្រូវ ពោលគឺ អ្នកដឹកនាំនេះគឺល្អអស្ចារ្យមែន!» តើពួកគេមិនត្រូវបានបំភាន់ទេឬ? តើមានអ្វីនៅក្នុងសម្ដីរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលស្របតាមសេចក្ដីពិតដែរឬទេ? តើមានអ្វីដែលមានប្រយោជន៍ ឬ ជួយស្អាងដល់មនុស្សដែរឬទេ? តើមានអ្វីដែលចាត់ការលើបញ្ហាដោយផ្អែកលើគោលការណ៍ដែរឬទេ? (ទេ។) ដូច្នេះ តើនេះជាពាក្យសម្ដីប្រភេទណា? ទាំងនេះគឺជាពាក្យសម្ដីដែលប្រើប្រាស់មនោសញ្ចេតនារបស់មនុស្ស ការយល់ចិត្ត និងការអភ័យទោស ដើម្បីបង្កើតទំនាក់ទំនង ដោយផ្ដោតសំខាន់លើអារម្មណ៍ និងមិត្តភាព ដើម្បីធ្វើឱ្យទំនាក់ទំនងឈានដល់កម្រិតណាមួយ ដែលធ្វើឱ្យមនុស្សមានអារម្មណ៍ថា ពួកទទឹងនឹងព្រះគ្រីស្ទពិតជាយល់ចិត្ត ពិតជាចេះអភ័យទោស និងអត់ឱនដល់មនុស្សខ្លាំងណាស់។ ប៉ុន្តែ គ្មានគោលការណ៍ ឬសេចក្ដីពិតណាមួយនៅក្នុងរឿងនេះឡើយ។ តើការយល់ចិត្តពីសំបកក្រៅនេះគឺជាអ្វីទៅ? វាគ្រាន់តែជាការសម្របសម្រួលបិទបាំងរឿងរ៉ាវប៉ុណ្ណោះ វាប្រៀបដូចជាការលួងលោមកូនក្មេងអ៊ីចឹង។ តើយុទ្ធសាស្ត្រអ្វីខ្លះដែលត្រូវបានប្រើប្រាស់នៅទីនេះ? គឺការលួងលោម ការបោកប្រាស់ ការបង្កើតទំនាក់ទំនង ការសម្របសម្រួលបិទបាំងរឿងរ៉ាវ និងការធ្វើពុតជាមនុស្សល្អ ដែលសុទ្ធតែធ្វើឱ្យខាតបង់ដល់ផលប្រយោជន៍របស់បងប្អូនប្រុសស្រី និងក្បត់នឹងផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ ដើម្បីសម្រេចគោលដៅរបស់ពួកគេក្នុងការបោកបញ្ឆោត និងបំភាន់មនុស្ស។ តើអ្វីទៅជាផលវិបាកចុងក្រោយនៃរឿងនេះ? វាធ្វើឱ្យមនុស្សឃ្លាតឆ្ងាយពីព្រះជាម្ចាស់ មានចិត្តប្រុងប្រយ័ត្នចំពោះព្រះជាម្ចាស់ និងកាន់តែស្និទ្ធស្នាលនឹងពួកទទឹងនឹងព្រះគ្រីស្ទ។ សូម្បីតែបន្ទាប់ពីត្រូវបានបំភាន់ហើយក៏ដោយ ក៏មនុស្សទាំងនេះនៅតែនិយាយថា៖ «បន្ទាប់ពីខ្ញុំបានធ្វើខុស ខ្ញុំបារម្ភខ្លាំងណាស់។ ខ្ញុំបានអធិដ្ឋានទៅព្រះជាម្ចាស់ជាច្រើនដង ប៉ុន្តទ្រង់មិនបានលួងលោមខ្ញុំឡើយ។ ខ្ញុំមានអារម្មណ៍ថាមិននឹងនរ និងមិនស្ងប់ក្នុងចិត្តសោះ ហើយខ្ញុំមិនអាចរកដំណោះស្រាយពីព្រះជាម្ចាស់បានទេ។ ប៉ុន្តែ ឥឡូវនេះមិនអីទេ ឱ្យតែខ្ញុំទៅរកអ្នកដឹកនាំ នោះបញ្ហាទាំងអស់របស់ខ្ញុំត្រូវបានដោះស្រាយហើយ។ ខ្ញុំពិតជាមានសំណាងណាស់ ដែលមានអ្នកដឹកនាំបែបនេះ។ អ្នកដឹកនាំរបស់យើងគឺល្អជាងអ្នកណាៗទាំងអស់!» មកដល់ចំណុចនេះ ដួងចិត្ត និងទស្សនៈរបស់ពួកគេ បានងាករេទៅរកពួកទទឹងនឹងព្រះគ្រីស្ទរួចបាត់ទៅហើយ ហើយពួកគេក៏ត្រូវបានត្រួតត្រាដោយពួកទទឹងនឹងព្រះគ្រីស្ទផងដែរ។ តើពួកគេអាចត្រូវពួកទទឹងនឹងព្រះគ្រីស្ទត្រួតត្រាដោយរបៀបណាទៅ? ពីព្រោះពួកគេទទួលបានអារម្មណ៍សុវត្ថិភាពពីពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ។ ពួកគេទទួលបានការយល់ចិត្ត ហើយនៅជ្រៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេទទួលបានការស្កប់ស្កល់ និងការលួងលោម។ នេះបង្ហាញថា ពួកគេត្រូវបានបំភាន់ហើយ។
កាលពីមុន ខាងលើបានរកឃើញថា មាននរណាម្នាក់ដែលមានភាពមនុស្សអាក្រក់នៅក្នុងពួកជំនុំមួយ ដែលតែងតែបង្កការរំខាន និងការបង្អាក់ជានិច្ច ដោយគ្មានសញ្ញានៃការប្រែចិត្តទាល់តែសោះ ដូច្នេះ ខាងលើក៏បានប្រាប់អ្នកដឹកនាំពួកជំនុំក្នុងតំបន់ ឱ្យ ជម្រះបុគ្គលនេះចេញ។ នៅពេលអ្នកដឹកនាំពួកជំនុំក្នុងតំបន់បានឮដូច្នេះ គាត់ក៏គិតថា៖ «ជម្រះគាត់ចេញឬ? ខ្ញុំត្រូវគិតមើលសិន។ គាត់គឺជាមនុស្សរបស់ខ្ញុំ ពោលគឺ អ្នករាល់គ្នាមិនអាចជម្រះគាត់ចេញទាំងងាយៗបែបនេះទេ។ ខ្ញុំត្រូវតែចេញមុខការពារគាត់។ ខាងលើមិនយល់ពីសភាពពិតនៃកិច្ចការនោះទេ។ ការព្យាយាមជម្រះគាត់ចេញទាំងងាយៗបែបនេះ គឺពិតជាហួសហេតុពេកហើយ។ គាត់ច្បាស់ជាខូចចិត្តខ្លាំងណាស់!» គាត់បានយល់ព្រមតាមមាត់ថានឹង ជម្រះបុគ្គលនោះចេញ ប៉ុន្តែនៅក្នុងចិត្តរបស់គាត់ គាត់គ្មានបំណងធ្វើដូច្នេះឡើយ។ តើអ្នកអាចទាយបានទេថា គាត់បានចាត់ការលើរឿងនេះយ៉ាងដូចម្តេច? គាត់បានត្រិះរិះពីរឿងនេះថា៖ «តើខ្ញុំអាចដោះស្រាយស្ថានភាពនេះដូចម្តេចទៅ ក្នុងរបៀបដែលអ្នកនៅខាងក្រោមពេញចិត្តនឹងខ្ញុំក្នុងនាមជាអ្នកដឹកនាំរបស់ពួកគេ ហើយខាងលើក៏មិនស្អប់ខ្ពើមខ្ញុំ?» បន្ទាប់ពីគិតច្បាស់រួច គាត់ក៏បាននឹកឃើញផែនការមួយ។ គាត់បានហៅអ្នកគ្រប់គ្នាឱ្យមកជួបជុំគ្នា ហើយនិយាយថា៖ «ថ្ងៃនេះ យើងមានរឿងពិសេសមួយត្រូវដោះស្រាយ។ តើវាជារឿងអ្វីទៅ? មាននរណាម្នាក់ដែលខាងលើមិនសូវពេញចិត្ត ហើយចង់ជម្រះគាត់ចេញ។ ដូច្នេះ តើយើងគួរធ្វើដូចម្ដេចចំពោះរឿងនេះ? ចូរយើងទាំងអស់គ្នាសម្រេចថាតើត្រូវជម្រះគាត់ចេញឬអត់ តាមរយៈការបោះឆ្នោតចុះ»។ លទ្ធផលនៃការបោះឆ្នោតត្រូវបានរាប់ ហើយមនុស្សប្រហែល ៨០ ទៅ ៩០% បានយល់ព្រមជម្រះបុគ្គលនោះចេញ ប៉ុន្តែមានសំឡេងឆ្នោតប្រឆាំងមួយចំនួនតូច។ យើងនឹងមិននិយាយអំពីថាតើអ្នកប្រឆាំងទាំងនេះ ជាអ្នកដើរតាមស្មោះស្ម័គ្ររបស់មនុស្សអាក្រក់នោះ ឬថាតើពួកគេធ្វើបែបនេះដោយសារហេតុផលផ្សេងនោះទេ ក្នុងករណីណាក៏ដោយ មានមនុស្សមួយចំនួនមិនយល់ព្រម ហើយមតិគឺមិនឯកច្ឆន្ទឡើយ។ បន្ទាប់មក អ្នកដឹកនាំបាននិយាយថា៖ «តាមរយៈការបោះឆ្នោត ខ្ញុំបានកត់សម្គាល់ឃើញថាមានសំឡេងខុសៗគ្នា។ នេះជារឿងសំខាន់ណាស់ ហើយយើងត្រូវតែគោរពសំឡេងទាំងនេះ។ យើងត្រូវតែអនុវត្តលទ្ធិប្រជាធិបតេយ្យ។ មើលចុះថាតើប្រព័ន្ធប្រជាធិបតេយ្យលោកខាងលិចល្អអស្ចារ្យប៉ុនណា៖ យើងក៏ត្រូវតែអនុវត្តបែបនោះនៅក្នុងពួកជំនុំដែរ យើងត្រូវតែខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ឥឡូវនេះ ដោយសារមានសំឡេងឆ្នោតប្រឆាំងមួយចំនួនតូច យើងមិនអាចជម្រះបុគ្គលនេះចេញបានទេ។ យើងត្រូវតែគោរពមតិរបស់បងប្អូនប្រុសស្រីរបស់យើង។ តើបងប្អូនប្រុសស្រីជានរណា? ពួកគេគឺជារាស្ដ្ររើសតាំងរបស់ព្រះ! យើងមិនអាចព្រងើយកន្តើយនឹងមតិរបស់ពួកគេបានឡើយ។ សូម្បីតែមានរាស្ដ្ររើសតាំងរបស់ព្រះតែម្នាក់មិនយល់ព្រមក៏ដោយ ក៏យើងមិនអាចបន្តការជម្រះនេះបានដែរ»។ ក្នុងតថភាព អ្វីដែលគាត់បាននិយាយគឺគ្មានមូលដ្ឋានទាល់តែសោះ ព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលបែបនេះឡើយ។ គាត់គ្រាន់តែនិយាយផ្ដេសផ្ដាសប៉ុណ្ណោះ។ ក្រោយមក ពេលខាងលើបានរកឃើញថា មនុស្សអាក្រក់នោះនៅតែមិនទាន់ត្រូវបានជម្រះចេញនៅឡើយ ខាងលើក៏បានប្រាប់ឱ្យអ្នកដឹកនាំក្នុងតំបន់ប្រញាប់ចាត់ចែងរឿងនេះ។ គាត់បានសន្យាដោយនិយាយថា៖ «មែនហើយ វានឹងរួចរាល់ក្នុងពេលឆាប់ៗនេះហើយ»។ តើការសន្យារបស់គាត់មានន័យដូចម្ដេច? វាមានន័យថា គាត់នឹងពន្យារពេល។ គាត់បានគិតថា៖ «អ្នករាល់គ្នាប្រាប់ឱ្យខ្ញុំជម្រះគាត់ចេញ ប៉ុន្តែខ្ញុំមិនអាចធ្វើវាភ្លាមៗបានទេ។ នរណាទៅដឹង ប្រសិនបើពេលវេលាកន្លងផុតទៅយូរ ប្រហែលជាអ្នករាល់គ្នានឹងភ្លេចពីរឿងនេះ ហើយខ្ញុំក៏មិនបាច់ជម្រះគាត់ចេញដែរ»។ ក្រោយមក គាត់បានហៅអ្នកគ្រប់គ្នាឱ្យមកជួបជុំគ្នាម្តងទៀត និងបោះឆ្នោតម្តងទៀត។ តាមរយៈការប្រកបគ្នា និងការញែកដឹង មនុស្សគ្រប់គ្នាសុទ្ធតែបានឃើញច្បាស់ថា បុគ្គលនោះពិតជាត្រូវបោសសម្អាតចេញមែន។ សំឡេងឆ្នោតប្រឆាំងបានថយចុះ ប៉ុន្តែនៅតែមានសំឡេងឆ្នោតមួយប្រឆាំងនឹងការជម្រះ គាត់ចេញដដែល។ អ្នកដឹកនាំនៅតែមិនជម្រះគាត់ចេញម្ដងទៀត ដោយនិយាយថា៖ «ដរាបណាមានសំឡេងឆ្នោតមួយប្រឆាំងនឹងរឿងនេះ យើងមិនអាចជម្រះគាត់ចេញបានឡើយ»។ មនុស្សភាគច្រើនគិតថា៖ «ប្រសិនបើខាងលើបញ្ជាឱ្យជម្រះហើយ នោះ ជម្រះគាត់ចេញទៅ។ ខាងលើច្បាស់ជាអាចមើលធ្លុះរឿងនេះហើយមែនទេ? ពួកគេច្បាស់ជាមិនច្រឡំទេ មែនទេ?» តើការចុះចូលនឹងការរៀបចំចាត់ចែងរបស់ខាងលើ គឺជាគោលការណ៍ដែរឬទេ? តើវាគឺជាសេចក្ដីពិតដែរឬទេ? (មែនហើយ។) អ្នកដឹកនាំនេះមិនបានដឹងថា នេះគឺជាសេចក្ដីពិតឡើយ។ តើគាត់បានធ្វើអ្វីខ្លះ? គាត់បាននិយាយថា៖ «នៅតែមានសំឡេងឆ្នោតមួយប្រឆាំងនឹងរឿងនេះ ដូច្នេះ យើងមិនអាចជម្រះគាត់ចេញបានទេ។ យើងត្រូវតែគោរពមតិរបស់បងប្អូនប្រុសស្រីរបស់យើងដាច់ខាត។ នេះហើយដែលហៅថាសិទ្ធិមនុស្សខ្ពស់បំផុតនោះ»។ ក្រោយមក នៅពេលខាងលើបានសួរនាំពីរឿងនេះម្ដងទៀត អ្នកដឹកនាំនៅតែបន្តដោះស្រាយឱ្យតែរួចពីដៃ និងបន្តពន្យារពេលដដែល។ ទីបំផុត នៅពេលខាងលើបានឃើញថាគាត់មិនបានជម្រះមនុស្សអាក្រក់នោះចេញទេ ខាងលើក៏បានដកហូតតំណែង និងជម្រះគាត់ចេញដែរ។ ខាងលើបានតែងតាំងគាត់ជាអ្នកដឹកនាំ ប៉ុន្តែគាត់មិនបានស្ដាប់តាមខាងលើឡើយ។ ខាងលើមានសិទ្ធិអំណាចក្នុងការប្រើប្រាស់គាត់ និង ដកហូតតំណែងគាត់ នេះគឺជាបញ្ញត្តិរដ្ឋបាល។ បន្ទាប់ពីរឿងនេះ បក្ខពួករបស់គាត់ក៏ត្រូវបានជម្រះចេញដូចគ្នា។ តើការរៀបចំចាត់ចែងរបស់ខាងលើ ចាំបាច់ត្រូវឆ្លងកាត់ការបោះឆ្នោតពីមនុស្សគ្រប់គ្នាដែរឬទេ? (ទេ។) ហេតុអ្វីបានជាមិនចាំបាច់? អ្នករាល់គ្នាមិនអាចពន្យល់ពីមូលហេតុបានទេ វាហាក់ដូចជាអ្នករាល់គ្នាមានលក្ខណៈ ស្រដៀងនឹងអ្នកដឹកនាំដ៏វង្វេងវង្វាន់នោះណាស់ តើមិនមែនអ៊ីចឹងទេឬ? ប្រាប់ខ្ញុំមកមើល៍ តើពាក្យសម្តីទាំងនេះដែលខ្ញុំកំពុងប្រកបគ្នាប្រាប់អ្នករាល់គ្នា ជាគោលលទ្ធិ ឬជាតថភាព? (ជាតថភាព។) ប្រសិនបើមនុស្សអនុវត្ត និងប្រតិបត្តិតាមពាក្យសម្តីទាំងនេះ តើវានឹងត្រឹមត្រូវដែរឬទេ? (មែនហើយ។) ប្រសិនបើវាត្រឹមត្រូវហើយ តើចាំបាច់ត្រូវឱ្យមនុស្សគ្រប់គ្នាបោះឆ្នោតសម្រេចលើរឿងនេះដែរឬទេ? (ទេ។) តើខាងលើអាចផ្ដល់ភាពអយុត្តិធម៌ដល់នរណាម្នាក់ដែរឬទេ តាមរយៈការបញ្ជាថាគេត្រូវតែបានជម្រះចេញនោះ? ពិតជាមិនអាចទេ។ ដូច្នេះ នៅពេលខាងលើបានបញ្ជាឱ្យជម្រះ មនុស្សអាក្រក់នេះចេញ ហើយអ្នកដឹកនាំនេះបដិសេធមិនព្រមអនុវត្តតាម តើមានបញ្ហាអ្វីនៅទីនេះ? (ការប្រឆាំងដោយចំហ។) វាមិនត្រឹមតែជាការប្រឆាំងដោយចំហប៉ុណ្ណោះទេ វាគឺជាការបង្កើតនគរឯករាជ្យមួយ។ នៅពេលខាងលើបានបញ្ជាឱ្យជម្រះមនុស្សអាក្រក់នោះចេញ អ្នកដឹកនាំក្លែងក្លាយនេះបានពន្យារពេល និងមិនព្រមអនុវត្តតាមឡើយ ហើយគាត់ថែមទាំងបានរៀបចំការបោះឆ្នោត និងស្ទង់មតិសាធារណៈទៀតផង។ តើគាត់កំពុងស្ទង់មតិសាធារណៈអ្វីទៅ? តើមតិសាធារណៈគឺជាអ្វី? តើមនុស្សភាគច្រើនតំណាងឱ្យអ្វីទៅ? តើមនុស្សភាគច្រើនយល់ ឬមានសេចក្ដីពិតដែរឬទេ? (ទេ។) មនុស្សភាគច្រើនសូម្បីតែការញែកដឹងក៏គ្មានផង ដូច្នេះ តើពួកគេអាចជាមនុស្សដែលយល់ពីសេចក្ដីពិតបានដែរឬទេ? អ្នកដឹកនាំនេះថែមទាំងបានស្ទង់មតិសាធារណៈទៀតផង តើរឿងនេះពិតជាអាចដោះស្រាយបញ្ហាអ្វីមួយបានដែរឬទេ? តើវាចាំបាច់ដែរឬទេ? មនុស្សភាគច្រើនខ្វះការញែកដឹង ហើយខាងលើបានមើលការខុសត្រូវដោយផ្ទាល់ និងបានបញ្ជាឱ្យជម្រះមនុស្សអាក្រក់នោះចេញ ប៉ុន្តែ អាទទឹងនឹងព្រះគ្រីស្ទនេះបានពន្យារពេល និងមិនបានជម្រះគាត់ចេញឡើយ ដោយផ្ដល់ជម្រក និងការពារមនុស្សអាក្រក់ ព្រមទាំងអនុញ្ញាតឱ្យគាត់ស្នាក់នៅក្នុងពួកជំនុំ និងបង្កការរំខាន។ នៅទីណាដែលមានមនុស្សអាក្រក់ នៅទីនោះមានភាពវឹកវរ និងគ្មានសណ្ដាប់ធ្នាប់ឡើយ។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មិនអាចបំពេញភារកិច្ចរបស់ពួកគេបានជាប្រក្រតីទេ ហើយកិច្ចការរបស់ពួកជំនុំក៏មិនអាចដំណើរការទៅមុខបានជាប្រក្រតីដែរ។ មានតែការជម្រះមនុស្សអាក្រក់ចេញឱ្យបានឆាប់ប៉ុណ្ណោះ ទើបអាចធានាបានថា ការងាររបស់ពួកជំនុំដំណើរការទៅជាប្រក្រតី។ ទោះជាយ៉ាងនេះក្តី នៅកន្លែងដែលពួកទទឹងនឹងព្រះគ្រីស្ទក្ដោបក្ដាប់អំណាច អស់អ្នកដែលធ្វើឱ្យខាតបង់ដល់ផលប្រយោជន៍ដំណាក់របស់ព្រះជាម្ចាស់ បង្កការរំខាន ប្រព្រឹត្តដោយគ្មានហេតុផល និងបំពេញភារកិច្ចរបស់ពួកគេដោយគ្មានភាពស្មោះត្រង់សូម្បីតែបន្តិច គឺមិនអាចត្រូវបានជម្រះចេញឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទធ្វើរឿងអាក្រក់យ៉ាងគឃ្លើននៅក្នុងពួកជំនុំ ដោយផ្ដល់ជម្រក និងការពារមនុស្សអាក្រក់ និងអ្នកមិនជឿទាំងនោះ។ តើពួកគេធ្វើបែបនេះក្រោមលេសអ្វី? ក្រោមលេសថាពួកគេគឺជាមន្ត្រី ដូច្នេះ ពួកគេត្រូវតែធ្វើជាម្ចាស់លើអ្នកដទៃ។ ពួកគេតាំងខ្លួនជាមន្ត្រីនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេចង់ធ្វើជាម្ចាស់លើអ្នកដទៃ។ ប្រាប់ខ្ញុំមកមើល៍ តើនរណាជាម្ចាស់របស់មនុស្ស? (ព្រះជាម្ចាស់។) ព្រះជាម្ចាស់ និងសេចក្ដីពិត គឺជាម្ចាស់របស់មនុស្ស។ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះគ្មានជាអ្វីឡើយ! ពួកគេចង់ធ្វើជាម្ចាស់លើមនុស្សទាំងនេះ ប៉ុន្តែពួកគេសូម្បីតែម្ចាស់របស់ខ្លួនជានរណាក៏មិនដឹងផង! តើពួកគេមិនមែនជាមនុស្សពាលទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទប្រើវិធីសាស្ត្រនេះដើម្បីប្រាប់មនុស្សថា៖ «ខ្ញុំអាចធ្វើជាម្ចាស់របស់អ្នករាល់គ្នាបាន។ ប្រសិនបើអ្នករាល់គ្នាមានទុក្ខព្រួយ មានការមិនពេញចិត្តណាមួយ ឬប្រសិនបើអ្នករាល់គ្នារងនូវភាពអយុត្តិធម៌ ឬទុក្ខលំបាកណាមួយ ខ្ញុំ ក្នុងនាមជាអ្នកដឹកនាំរបស់អ្នករាល់គ្នា អាចដោះស្រាយរឿងនេះជូនអ្នករាល់គ្នាបាន»។ អស់អ្នកដែលមិនយល់ពីសេចក្ដីពិត ឬការពិតជាក់ស្ដែង ក៏ត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះបំភាន់។ ពួកគេចាត់ទុកពួកទទឹងនឹងព្រះគ្រីស្ទជាដូនតា និងជាព្រះជាម្ចាស់ ហើយដើរតាម និងថ្វាយបង្គំ។ តើអស់អ្នកដែលយល់ពីសេចក្ដីពិតមានអារម្មណ៍យ៉ាងណា នៅពេលពួកគេជួបប្រទះនឹងពួកទទឹងនឹងព្រះគ្រីស្ទបែបនេះ? ពួកគេមានអារម្មណ៍ខ្ពើមរអើម និងស្អប់ខ្ពើមចំពោះពួកទទឹងនឹងព្រះគ្រីស្ទ ដោយនិយាយថា៖ «អ៊ីចឹង អ្នកចង់ធ្វើជាម្ចាស់របស់យើង និងត្រួតត្រាយើងឬ? កុំសង្ឃឹមឱ្យសោះ! យើងបានជ្រើសរើសអ្នកជាអ្នកដឹកនាំរបស់យើង ដើម្បីឱ្យអ្នកដឹកនាំយើងមកចំពោះព្រះជាម្ចាស់ មិនមែនមកចំពោះខ្លួនអ្នកឡើយ»។ នេះមានន័យថា ពួកគេបានមើលធ្លុះនូវល្បិចកលរបស់ពួកទទឹងនឹងព្រះគ្រីស្ទហើយ។ ពួកទទឹងនឹងព្រះគ្រីស្ទបំភាន់មនុស្សក្រោមលេសថាធ្វើជាម្ចាស់របស់ពួកគេ ដោយធ្វើឱ្យពួកគេគិតថា នេះគឺស្របតាមតម្រូវការរបស់ពួកគេ មិនថាតម្រូវការទាំងនោះជាតម្រូវការខាងមនោសញ្ចេតនា ផ្លូវចិត្ត វិញ្ញាណ ឬតម្រូវការផ្សេងៗទៀតឡើយ។ អស់អ្នកដែលមិនយល់ពីសេចក្ដីពិត ឬការពិតជាក់ស្ដែង ជាញឹកញាប់ធ្លាក់ជាជនរងគ្រោះនៃការបំភាន់របស់ពួកទទឹងនឹងព្រះគ្រីស្ទ រហូតដល់ថ្នាក់បន្ទាប់ពីត្រូវបានបំភាន់ហើយ ពួកគេមិនត្រឹមតែមិនអាចត្រឡប់ក្រោយ និងឆ្លុះបញ្ចាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចចេញមុខនិយាយការពារពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះទៀតផង។ ការដែលពួកគេអាចចេញមុខនិយាយការពារពួកទទឹងនឹងព្រះគ្រីស្ទ បង្ហាញយ៉ាងគ្រប់គ្រាន់ថា ពួកគេពិតជាត្រូវបានបំភាន់មែន តើមិនមែនអ៊ីចឹងទេឬ? (មែនហើយ។) ហេតុអ្វីបានជាមនុស្សជឿលើព្រះជាម្ចាស់? តើមិនមែនដើម្បីទទួលបានសេចក្ដីសង្គ្រោះទេឬ? ប្រសិនបើអ្នកដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ តើអ្នកមិនមែនកំពុងប្រឆាំងនឹងព្រះជាម្ចាស់ និងក្បត់នឹងទ្រង់ ទេឬ? តើអ្នកមិនមែនកំពុងឈរនៅខាងកម្លាំងដែលប្រទូសរ៉ាយនឹងព្រះជាម្ចាស់ទេឬ? ក្នុងករណីនោះ តើព្រះជាម្ចាស់នៅតែចង់បានអ្នកទៀតឬទេ? ប្រសិនបើអ្នកគ្រាន់តែដើរតាមព្រះជាម្ចាស់តាមតែឈ្មោះ ប៉ុន្តែអ្នកបែរជាដើរតាមមនុស្សទៅវិញ តើព្រះជាម្ចាស់នឹងទតមើលអ្នក និងប្រព្រឹត្តចំពោះអ្នកយ៉ាងដូចម្ដេច? ប្រសិនបើអ្នកបដិសេធព្រះជាម្ចាស់ តើទ្រង់នឹងមិនស្អប់ខ្ពើមនិងបដិសេធអ្នកទេឬ? ប្រសិនបើមនុស្សសូម្បីតែគោលលទ្ធបន្តិចបន្តួចនេះក៏មិនយល់ផង តើពួកគេអាចយល់ពីសេចក្ដីពិតបានដែរឬទេ? តើមនុស្សទាំងនេះមិនមែនជាមនុស្សវង្វេងវង្វាន់ទេឬ?
ការដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់មនុស្ស មិនមែនជាការបង្ហាញចេញដែលកើតឡើងម្ដងម្កាលនោះទេ ពួកគេធ្វើបែបនេះជារឿយៗ វាគឺជាគោលការណ៍នៃសកម្មភាពដ៏ខ្ជាប់ខ្ជួនរបស់ពួកគេ ឬគេអាចនិយាយបានថា វាគឺជាមូលដ្ឋាន វិធីសាស្ត្រ និងរបៀបធ្វើរឿងរ៉ាវរបស់ពួកគេ វាគឺជារចនាបថនៃសកម្មភាពដ៏ខ្ជាប់ខ្ជួនរបស់ពួកគេ។ បើមិនដូច្នេះទេ តើនរណានឹងគោរពពួកគេទៅ? ទីមួយ ពួកគេមិនយល់ពីសេចក្ដីពិតឡើយ។ ទីពីរ ពួកគេមានភាពជាមនុស្សអាក្រក់។ ទីបី ពួកគេក៏ខ្វះចិត្តកោតខ្លាចព្រះជាម្ចាស់ដែរ។ ដូច្នេះ តើពួកគេអាចធ្វើឱ្យមនុស្សចុះញ៉មនឹងពួកគេទាំងស្រុង គោរពពួកគេ និងកោតសរសើរពួកគេដោយរបៀបណាទៅ? ពួកគេពឹងផ្អែកលើមធ្យោបាយ និងវិធីសាស្ត្រផ្សេងៗដើម្បីអួតសម្ញែង ដោយធ្វើឱ្យមនុស្សគោរព និងថ្វាយបង្គំពួកគេ។ ពួកគេប្រើវិធីសាស្ត្រទាំងនេះដើម្បីបំភាន់មនុស្ស ដោយបង្កើតរូបភាពក្លែងក្លាយមួយចំនួនដល់មនុស្សទាំងនោះ ធ្វើឱ្យមនុស្សទាំងនោះឃើញថា ពួកគេមានភាពខាងវិញ្ញាណ ពួកគេស្រឡាញ់ព្រះជាម្ចាស់ ពួកគេលះបង់ ពួកគេតែងតែនិយាយពាក្យសម្ដីត្រឹមត្រូវ និងបង្ហាញទ្រឹស្ដីត្រឹមត្រូវ ហើយពួកគេការពារផលប្រយោជន៍របស់បងប្អូនប្រុសស្រី។ បន្ទាប់មក ពួកគេប្រើរូបភាពក្លែងក្លាយទាំងនេះ ដើម្បីបង្កើតអារម្មណ៍គោរព និងកោតសរសើរនៅក្នុងចិត្តមនុស្ស ដោយសម្រេចបាននូវគោលដៅរបស់ពួកគេក្នុងការអាចបំភាន់មនុស្ស និងធ្វើឱ្យមនុស្សដើរតាម។ នៅពេលពួកគេបំភាន់មនុស្សបែបនេះ តើរឿងដែលពួកគេធ្វើ ស្របតាមសេចក្ដីពិតដែរឬទេ? ទោះបីជាពួកគេនិយាយអ្វីៗត្រឹមត្រូវទាំងអស់ក៏ដោយ ក៏រឿងដែលពួកគេធ្វើ ពិតជាមិនស្របតាមសេចក្ដីពិតឡើយ។ អស់អ្នកដែលគ្មានការញែកដឹង មិនអាចមើលឃើញពីបញ្ហានេះទេ។ ចំពោះសារជាតិនៃការបំភាន់មនុស្ស សកម្មភាពរបស់ពួកគេធ្វើឱ្យមនុស្សពិបាកនឹងមើលឃើញថា ពួកគេមិនស្របតាមសេចក្ដីពិតណាស់។ ប្រសិនបើ រឿងនេះអាចត្រូវបានមើលឃើញ តើមនុស្សមិនអាចឃើញការបោកប្រាស់របស់ពួកគេបានទេឬ? ក្នុងតថភាព អ្វីដែលពួកគេធ្វើ និងអ្វីដែលពួកគេបញ្ចេញឱ្យឃើញ គឺជាភាពខាងវិញ្ញាណក្លែងក្លាយ។ ដូច្នេះ តើអ្វីទៅជាការបង្ហាញចេញនៃភាពខាងវិញ្ញាណក្លែងក្លាយ? ឥរិយាបថ សកម្មភាព និងពាក្យពោល ជាច្រើនដែលពាក់ព័ន្ធនឹងភាពខាងវិញ្ញាណក្លែងក្លាយ មើលទៅហាក់ដូចជាត្រឹមត្រូវ ប៉ុន្តែតាមពិត ពួកវាគ្រាន់តែជាសកម្មភាពពីសំបកក្រៅប៉ុណ្ណោះ ហើយគ្មានជាប់ពាក់ព័ន្ធនឹងការអនុវត្តសេចក្ដីពិតឡើយ។ ដូចជាពួកផារិស៊ីដែលទាស់ទទឹងនឹងព្រះអម្ចាស់យេស៊ូវអ៊ីចឹង៖ ពួកគេបានកាន់បទគម្ពីរនៅក្នុងដៃ ហើយអធិដ្ឋានយ៉ាងខ្លាំងៗនៅតាមកែងផ្លូវ ដោយនិយាយថា «ឱព្រះអម្ចាស់នៃទូលបង្គំអើយ...» ដើម្បីបង្ហាញមនុស្សពីសក្ការៈរបស់ពួកគេ។ ជាលទ្ធផល សព្វថ្ងៃនេះពាក្យ «ផារិស៊ី» បានក្លាយជាពាក្យជំនួសសម្រាប់មនុស្សដែលលាក់ពុត។ តើគុណនាមអ្វីដែលនៅពីមុខពាក្យផារិស៊ី? គឺលាក់ពុត។ តាមពិតទៅ ដោយមិនបាច់និយាយពាក្យ «លាក់ពុត» ឱ្យតែពាក្យ «ផារិស៊ី» ត្រូវបានលើកឡើង អ្នកនឹងដឹងថា វាមិនមែនជាពាក្យវិជ្ជមានឡើយ វាដូចគ្នានឹងពាក្យ «មនុស្សពាល» ឬ «អារក្ស» ដែរ ហើយមានន័យដូចគ្នា។ និយាយពីភាពខាងវិញ្ញាណក្លែងក្លាយ សព្វថ្ងៃនេះ មិនសូវមានមនុស្សនិយាយអំពីភាពខាងវិញ្ញាណទេ ហើយនៅពេលណាក៏ដោយដែលមាននរណាម្នាក់និយាយអំពីភាពខាងវិញ្ញាណ តើពួកគេបន្ថែមពាក្យអ្វីនៅពីមុខវា? (ក្លែងក្លាយ។) ត្រូវហើយ ក្លែងក្លាយ។ ក្នុងករណីភាគច្រើន ការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលបំភាន់មនុស្ស តាមពិតគឺជាការបង្ហាញចេញនៃភាពខាងវិញ្ញាណក្លែងក្លាយ។ ពាក្យសម្ដី សកម្មភាព និងឥរិយាបថដែលពាក់ព័ន្ធនឹងភាពខាងវិញ្ញាណក្លែងក្លាយ មើលទៅហាក់ដូចជាល្អណាស់ មានចិត្តគោរពប្រតិបត្តិណាស់ និងស្របតាមសេចក្ដីពិតណាស់។ នៅពេលពួកគេឃើញនរណាម្នាក់ទន់ខ្សោយ ពួកគេភ្លេចបាយភ្លេចទឹក ហើយប្រញាប់ទៅគាំទ្រពួកគេ។ នៅពេលពួកគេឃើញថានរណាម្នាក់មានបញ្ហានៅផ្ទះ ពួកគេទុកកិច្ចការផ្ទាល់ខ្លួនចោល ហើយប្រញាប់ទៅជួយគេ។ ទោះជាយ៉ាងនេះក្តី ការជួយរបស់ពួកគេមានត្រឹមតែការនិយាយពាក្យសម្ដីត្រឹមត្រូវមួយចំនួន ឬពាក្យសម្ដីពីរោះៗ និងពាក្យសម្ដីអាណិតអាសូរប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីនិយាយច្រើនយ៉ាងនេះ បញ្ហាពិតរបស់អ្នកនោះ គឺមិនត្រូវបានដោះស្រាយទាល់តែសោះ។ ចុះតើអ្វីទៅជាគោលបំណងនៃការដែលពួកគេធ្វើបែបនេះ? មនុស្សមានការរំជួលចិត្តជាពិសេសចំពោះឥរិយាបថរបស់ពួកគេ ហើយពួកគេមានអារម្មណ៍ថា ការមានអ្នកដឹកនាំបែបនេះសម្រាប់ពឹងផ្អែកនៅពេលមានតម្រូវការ គឺជារឿងដ៏ល្អអស្ចារ្យណាស់ ពួកគេពិតជាសប្បាយចិត្តណាស់។ ដូច្នេះ គេអាចនិយាយបានថា ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែប្រើពាក្យសម្ដីដើម្បីបំភាន់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ពួកគេក៏ប្រើប្រាស់ឥរិយាបថផ្សេងៗដើម្បីបំភាន់មនុស្សផងដែរ ដើម្បីធ្វើឱ្យមនុស្សជឿថា ពួកគេមានភាពខាងវិញ្ញាណខ្ពស់ អស្ចារ្យ និងស័ក្ដិសមនឹងទទួលបានការទុកចិត្ត និងការពឹងផ្អែកពីពួកគេ។ អ្នកខ្លះថែមទាំងអាចគិតថា៖ «ការជឿលើព្រះជាម្ចាស់ ហាក់ដូចជាស្រពេចស្រពិលបន្តិច ប៉ុន្តែការជឿលើអ្នកដឹកនាំរបស់យើង គឺជារឿងជាក់ស្ដែង។ វាគឺជាក់ស្តែង និងពិតប្រាកដណាស់៖ អ្នកអាចប៉ះពួកគេ និងមើលឃើញពួកគេ ហើយនៅពេលអ្នកកំពុងដោះស្រាយរឿងរ៉ាវ អ្នកអាចសួរពួកគេ និងនិយាយជាមួយពួកគេដោយផ្ទាល់បាន។ តើវាល្អអស្ចារ្យប៉ុនណា ទៅ!» ក្នុងការសម្រេចបានលទ្ធផលបែបនេះ ពួកទទឹងនឹងព្រះគ្រីស្ទបានសម្រេចគោលដៅរបស់ពួកគេហើយ ប៉ុន្តែអស់អ្នកដែលពួកគេបានបំភាន់ ចុងក្រោយបែរជាត្រូវរងទុក្ខវេទនាទៅវិញ។ បន្ទាប់ពីត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់អស់មួយរយៈ ពេលមនុស្សទាំងនេះមកចំពោះព្រះជាម្ចាស់ម្ដងទៀត ពួកគេលែងដឹងពីរបៀបអធិដ្ឋាន ឬបើកចំហដួងចិត្តរបស់ពួកគេទៅកាន់ទ្រង់ទៀតហើយ។ លើសពីនេះ នៅពេលមនុស្សទាំងនេះជួបជុំគ្នា ពួកគេបញ្ជោរគ្នាទៅវិញទៅមក ធ្វើពុតជាមានភាពខាងវិញ្ញាណ ហើយបំភាន់ និងបោកប្រាស់គ្នាទៅវិញទៅមក។ ទីបំផុត ពួកទទឹងនឹងព្រះគ្រីស្ទថែមទាំងអះអាងថា៖ «បងប្អូនប្រុសស្រីគ្រប់រូបនៅក្នុងពួកជំនុំរបស់យើង ស្រឡាញ់ព្រះ។ នៅពេលប្រឈមមុខនឹងបញ្ហា ពួកគេម្នាក់ៗសុទ្ធតែចេញមុខតទល់នឹងបញ្ហា សូម្បីតែពួកគេត្រូវបាននាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួនក៏ដោយ ក៏ពួកគេទាំងអស់គ្នាអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបានដែរ។ នឹងគ្មានយូដាសសូម្បីតែម្នាក់នៅក្នុងចំណោមយើងឡើយ ខ្ញុំហ៊ានធានា!» តាមពិតទៅ ពេលពួកគេត្រូវបានចាប់ខ្លួន ភាគច្រើននៃពួកគេបានប្រែទៅជាយូដាស។ តើពួកគេមិនមែនជាក្រុមមនុស្សពាលទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទប្រើពាក្យសម្ដី និងពាក្យស្លោកទទេៗទាំងនេះ ដើម្បីបោកបញ្ឆោត បំភាន់ និងបោកប្រាស់បងប្អូនប្រុសស្រី។ មនុស្សភាគច្រើនល្ងង់ខ្លៅ និងមិនដឹងអី ខ្វះការញែកដឹង ហើយបណ្ដោយឱ្យពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តយ៉ាងគឃ្លើន។ ការរៀបចំចាត់ចែងការងារពីខាងលើ សង្កត់ធ្ងន់ជាយូរមកហើយអំពីរបៀបដោះស្រាយកាលៈទេសៈនៅពេលវាកើតឡើង និងកិច្ចការអ្វីដែលត្រូវធ្វើ ដោយមានគោលដៅធានាថា រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់ អាចបំពេញភារកិច្ចរបស់ពួកគេនៅក្នុងបរិយាកាសដែលមានសុវត្ថិភាព។ ក្នុងករណីមានការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញ ការខាតបង់គួរតែត្រូវបានកាត់បន្ថយឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ប្រសិនបើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់ត្រូវបានចាប់ខ្លួន និងជាប់គុក ដោយបាត់បង់ជីវិតពួកជំនុំរបស់ពួកគេទាំងស្រុង តើនេះមិនបណ្ដាលឱ្យមានការខ្វះខាតនៅក្នុងការចូលទៅក្នុងជីវិតរបស់ពួកគេទេឬ? បើមិនអាចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងគុកបានទេ តើជីវិតរបស់មនុស្សម្នាក់អាចចាស់ទុំបានដែរឬទេ? ពួកគេអាចចងចាំទំនុកបរិសុទ្ធបានតែពីរបីម៉ាត់ប៉ុណ្ណោះ ហើយរៀងរាល់ថ្ងៃ ជីវិតរបស់ពួកគេពឹងផ្អែកលើពាក្យពីរបីម៉ាត់នោះ។ នៅពេលពួកគេអធិដ្ឋាននៅពេលយប់ ពួកគេអាចធ្វើវាបានត្រឹមតែស្ងាត់ៗនៅក្នុងចិត្តប៉ុណ្ណោះ ហើយពួកគេមិនហ៊ានសូម្បីតែកម្រើកបបូរមាត់។ អ្វីដែលនៅសេសសល់ក្នុងដួងចិត្តរបស់ពួកគេ គឺមានតែគំនិតដូចជា៖ «កុំក្បត់ កុំធ្វើជាយូដាស ត្រូវប្រកាន់ខ្ជាប់នូវទីបន្ទាល់ថ្វាយព្រះជាម្ចាស់ និងលើកតម្កើងទ្រង់ កុំធ្វើឱ្យទ្រង់អាប់ព្រះភក្ត្រ» គឺគ្មានអ្វីផ្សេងទៀតឡើយ ពោលគឺ មនុស្សមានកម្ពស់តិចតួចត្រឹមតែប៉ុណ្ណឹងឯង។ ពួកទទឹងនឹងព្រះគ្រីស្ទមិនពិចារណាពីរឿងទាំងនេះទេ។ ហេតុអ្វីបានជាពួកគេត្រូវបានគេហៅថា ពួកទទឹងនឹងព្រះគ្រីស្ទ? ពួកគេបំពានអ្នកដទៃ និងធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រុសស្រី ដោយមិនប៉ប្រិចភ្នែកសោះឡើយ! ការរៀបចំចាត់ចែងកិច្ចការពីខាងលើ តម្រូវឱ្យមនុស្សបំពេញភារកិច្ចរបស់ពួកគេនៅក្នុងបរិបទ ដែលមានសុវត្ថិភាព និងជៀសវាងគ្រោះថ្នាក់ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទមិនធ្វើតាមការរៀបចំចាត់ចែងកិច្ចការទាំងនេះទេ នៅពេលពួកគេបំពេញការងាររបស់ពួកគេ។ ពួកគេស្រែកក្ដែងៗ និងធ្វើសកម្មភាពទាំងងងឹតងងល់តាមតែឆន្ទៈផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនខ្វល់ពីសុវត្ថិភាពឡើយ។ បុគ្គលល្ងង់ខ្លៅមួយចំនួនខ្វះការញែកដឹង ហើយគិតថា៖ «ហេតុអ្វីបានជាខាងលើតែងតែលើកឡើងពីសុវត្ថិភាព? ហេតុអ្វីបានជាខាងលើខ្លាចមានគ្រោះថ្នាក់ម៉្លេះ? តើមានអ្វីត្រូវខ្លាចទៅ? អ្វីៗគឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ហើយ!» តើវាមិនល្ងង់ខ្លៅទេឬ ដែលនិយាយរឿងបែបនេះ? កម្ពស់របស់អ្នកអាចនឹងទាប អ្នកអាចនឹងខ្វះការយល់ដឹង ហើយអ្នកអាចនឹងមិនអាចមើលធ្លុះរឿងរ៉ាវបាន ប៉ុន្តែអ្នកមិនអាចប្រព្រឹត្តដោយល្ងង់ខ្លៅបានទេ! ខាងលើបានរៀបចំចាត់ចែងអំពីរបៀបដែលមនុស្សគួរជួបជុំគ្នាក្រោមកាលៈទេសៈជាក់លាក់ណាមួយ និងគោលការណ៍អ្វីខ្លះដែលពួកគេគួរធ្វើតាម តើការរៀបចំចាត់ចែងដ៏លម្អិតទាំងនេះគឺសម្រាប់អ្វីទៅ? ការរៀបចំចាត់ចែងទាំងនេះ គឺដើម្បីការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដើម្បីឱ្យពួកគេអាចជួបជុំគ្នា និងបំពេញភារកិច្ចរបស់ពួកគេបានជាប្រក្រតី និងប្រកបដោយសុវត្ថិភាព។ សុវត្ថិភាពអនុញ្ញាតឱ្យអ្នកបន្តជឿលើព្រះជាម្ចាស់ រស់នៅជីវិតពួកជំនុំរបស់អ្នក និងហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជាប្រក្រតី។ ប្រសិនបើសូម្បីតែសុវត្ថិភាពរបស់អ្នកក៏បាត់បង់ ប្រសិនបើអ្នកត្រូវបាននាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួន ហើយនៅក្នុងគុក អ្នកមិនអាចឮ ឬអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកមិនអាចច្រៀងទំនុកបរិសុទ្ធ និងមិនមានការជួបជុំ តើអ្នកនៅតែអាចជឿលើព្រះជាម្ចាស់បានដោយរបៀបណាទៅ? អ្នកប្រហែលជាក្លាយជាអ្នកជឿត្រឹមតែឈ្មោះប៉ុណ្ណោះ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនខ្វាយខ្វល់ពីរឿងទាំងនេះទេ ពួកគេមិនខ្វល់ពីការស្លាប់រស់របស់មនុស្សឡើយ។ ដើម្បីបំពេញមហិច្ឆតា និងបំណងប្រាថ្នារបស់ខ្លួន ពួកគេលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាក្រោកឈរឡើង ហើយស្រែកទាំងងងឹតងងល់ថា៖ «យើងមិនខ្លាចកាលៈទេសៈទេ យើងមានព្រះ!» អស់អ្នកដែលល្ងង់ខ្លៅ មិនយល់អ្វីទាំងអស់ ហើយត្រូវបានពាក្យសម្ដីទាំងនេះបំភាន់។ មនុស្សគ្រប់គ្នាមានគំនិតស្រពេចស្រពិល និងគំនិតទទេៗ ដោយគិតថា៖ «យើងជឿលើព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ការពារយើង ប្រសិនបើមានរឿងអ្វីកើតឡើងចំពោះយើង នោះគឺដោយសារការអនុញ្ញាតពីព្រះជាម្ចាស់»។ តើនេះមិនមែនជាពាក្យសម្ដីទទេៗទេឬ? នេះហើយជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទ និងអស់អ្នកដែលមិនយល់ពីសេចក្ដីពិត ប្រព្រឹត្ត។ ទោះបីជាបងប្អូនប្រុសស្រីប្រហែលជាមិនយល់ក៏ដោយ ក្នុងនាមជាអ្នកដឹកនាំដែលជារឿយៗប្រកបគ្នាអំពីការរៀបចំចាត់ចែងការងារ អ្នកមិនដឹងអី ពីរឿងទាំងនេះឡើយ។ អ្នកត្រូវតែអនុវត្តកិច្ចការស្របតាមការរៀបចំចាត់ចែងកិច្ចការ ហើយមិនត្រូវតែងតែចង់និយាយច្រើន ដើម្បីបំពេញមហិច្ឆតា និងបំណងប្រាថ្នារបស់អ្នកឡើយ សូម្បីតែគិតថា កាន់តែមានមនុស្សស្ដាប់អ្នកច្រើន កាន់តែល្អ ហើយកាន់តែមានមនុស្សច្រើន ការនិយាយរបស់អ្នកកាន់តែមានភាពក្លៀវក្លា។ ដើម្បីអូសទាញទឹកចិត្តអ្នកដែលនៅក្រោមបង្គាប់ពួកគេ និងធ្វើឱ្យ មនុស្សទាំងនោះស្ដាប់តាមការណែនាំរបស់ខ្លួន ពួកទទឹងនឹងព្រះគ្រីស្ទប្រមូលមនុស្សទាំងនេះមកជួបជុំគ្នានៅពេលទំនេរ ដោយមិនខ្វល់ពីសុវត្ថិភាពនៃបរិយាកាសឡើយ ដែលជាលទ្ធផល ធ្វើឱ្យមនុស្សទាំងនេះដើរទៅរកសេចក្ដីវិនាសរបស់ពួកគេ។
ពួកទទឹងនឹងព្រះគ្រីស្ទជំនាញខាងនិយាយរឿងធំដុំ និងប្រើប្រាស់មូលដ្ឋានទ្រឹស្ដីទទេៗ និងភាពខាងវិញ្ញាណក្លែងក្លាយមួយចំនួន ដើម្បីបំភាន់មនុស្ស។ មនុស្សជាច្រើនដែលខ្វះការញែកដឹង គ្រាន់តែស្ដាប់តាមពួកគេ ហើយមនុស្សទាំងនោះស្ដាប់បង្គាប់ពួកទទឹងនឹងព្រះគ្រីស្ទ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទប្រើឧបាយកលលើពួកគេទាំងនោះយ៉ាងណាក៏ដោយ ដែលបណ្ដាលឱ្យមានបញ្ហា និងការចាប់ខ្លួន។ តើបញ្ហាទាំងនេះអាចកើតឡើងដោយរបៀបណា? អ្នកខ្លះអាចនិយាយថា នោះគឺដោយសារតែព្រះជាម្ចាស់មិនបានការពារពួកគេ។ ប៉ុន្តែ តើនេះមិនមែនជាការរអ៊ូរទាំអំពីព្រះជាម្ចាស់ទេឬ? ការស្ដីបន្ទោសចំពោះរឿងនេះ មិនអាចទម្លាក់លើព្រះជាម្ចាស់បានទេ។ ព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សឆ្លងកាត់បទពិសោធនៃកិច្ចការរបស់ទ្រង់ នៅក្នុងកាលៈទេសៈផ្សេងៗ។ ប្រសិនបើអ្នកអនុវត្តស្របតាមគោលការណ៍ដែលផ្អែកលើការរៀបចំចាត់ចែងកិច្ចការ ហើយនៅពេលបរិយាកាសអំណោយផល មិនថាមានមនុស្សប៉ុន្មាននាក់ជួបជុំគ្នានោះទេ អ្នកអាចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជាប្រក្រតី ឆ្លងកាត់បទពិសោធនៃកិច្ចការរបស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចដែលអ្នកគួរធ្វើ នោះព្រះជាម្ចាស់នឹងដឹកនាំអ្នក ហើយបំពេញកិច្ចការរបស់ទ្រង់នៅក្នុងអ្នក។ ប្រសិនបើអ្នកប្រឆាំងនឹងសេចក្ដីតម្រូវពីខាងលើ ហើយធ្វើសកម្មភាពទាំងងងឹតងងល់តាមតែឆន្ទៈរបស់ខ្លួន ហើយមានរឿងអ្វីមួយកើតឡើង នោះគ្រាន់តែជាភាពល្ងង់ខ្លៅ និងការមិនដឹងអីប៉ុណ្ណោះ។ ព្រះជាម្ចាស់គ្មានបំណងដាក់មនុស្សគ្រប់គ្នានៅក្នុងគុក ដើម្បីបន្សុទ្ធពួកគេឡើយ។ បំណងព្រះហឫទ័យរបស់ទ្រង់ គឺចង់ឱ្យមនុស្សម្នាក់ៗហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ និងឆ្លងកាត់បទពិសោធនៃកិច្ចការរបស់ទ្រង់ ឱ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងនេះក្តី ពួកទទឹងនឹងព្រះគ្រីស្ទមិនយល់ពីរឿងនេះទេ។ ពួកគេជឿលើតក្កវិជ្ជារបស់ខ្លួនឯង ដោយគិតថា ដោយមានការការពារពីព្រះជាម្ចាស់ នោះគ្មានអ្វីត្រូវខ្លាចឡើយ។ ពួកគេគ្មានការយល់ដឹងអំពីគោលការណ៍នៃការការពាររបស់ព្រះជាម្ចាស់ទេ ហើយធ្វើតាមបទប្បញ្ញត្តិទាំងងងឹតងងល់ ដោយតែងតែដាក់កំហិតព្រះជាម្ចាស់ជានិច្ច។ មនុស្សជាច្រើនត្រូវបានពួកគេបំភាន់ ហើយធ្វើសកម្មភាពទាំងងងឹតងងល់តាមពួកគេ ដោយព្រងើយកន្តើយនឹងការរៀបចំចាត់ចែងពីខាងលើ ហើយជាលទ្ធផល មានរឿងកើតឡើង ពួកគេត្រូវបានចាប់ខ្លួន និងរងទារុណកម្មនៅក្នុងគុក។ តើមនុស្សទាំងនេះមានកម្ពស់បែបណា នៅពេលមានបញ្ហាកើតឡើង? ពួកគេគ្រាន់តែមានភាពក្លៀវក្លាបន្តិចបន្តួច ពួកគេយល់ពីគោលលទ្ធិបន្តិចបន្តួច និងអាចស្រែកពាក្យស្លោកបានពីរបីឃ្លា ប៉ុន្តែពួកគេគ្មានការស្គាល់ព្រះជាម្ចាស់ទាល់តែសោះ ពួកគេគ្មានការយល់ដឹង ចំណេះដឹង ឬបទពិសោធពិតប្រាកដអំពីសេចក្ដីពិតឡើយ ហើយក៏គ្មានការយល់ដឹងអំពីរបៀបដែលព្រះជាម្ចាស់បំពេញកិច្ចការដើម្បីសង្គ្រោះមនុស្សដែរ។ ពួកគេគ្រាន់តែពឹងផ្អែកលើភាពក្លៀវក្លាដើម្បីដើរតាមព្រះជាម្ចាស់ និងមានការប្ដេជ្ញាចិត្តបន្តិចបន្តួចប៉ុណ្ណោះ។ តើមនុស្សដែលមានកម្ពស់បែបនេះ អាចធ្វើបន្ទាល់បានដែរឬទេ នៅពេលពួកគេត្រូវបានចាប់ខ្លួន និងដាក់គុកនោះ? ពិតជាមិនអាចទេ។ ពេលពួកគេក្បត់ភ្លាម តើមានផលវិបាកអ្វីខ្លះ? ពួកគេចាប់ផ្ដើមគិតថា៖ «តើព្រះមិនមានគ្រប់ចេស្ដាទេឬ? អ្វីៗគឺស្ថិតនៅក្នុងដៃរបស់ព្រះហើយ ចុះហេតុអ្វីបានជាមិនសង្គ្រោះខ្ញុំ? ហេតុអ្វីបានជាបណ្ដោយឱ្យខ្ញុំរងទុក្ខបែបនេះ? តើពិតជាមានព្រះមែនឬទេ? តើអាចទេដែលយើងខុស ដែលមានភាពក្លៀវក្លាខ្លាំងបែបនេះ? ប្រសិនបើពួកអ្នកដឹកនាំរបស់យើងបានដឹកនាំពួកយើងឱ្យវង្វេងផ្លូវ ចុះហេតុអ្វីបានជាព្រះមិនប្រៀនប្រដៅពួកគេ? ហេតុអ្វីបានជានាំយើងមកទីនេះ? ហេតុអ្វីបានជាបណ្ដោយឱ្យយើងប្រឈមមុខនឹងកាលៈទេសៈបែបនេះ?» ការរអ៊ូរទាំចាប់ផ្ដើមលេចឡើង ដែលតាមពីក្រោយយ៉ាងកៀកដោយការបដិសេធព្រះជាម្ចាស់៖ «សកម្មភាពរបស់ព្រះមិនស្របតាមបំណងរបស់មនុស្សឡើយ។ សកម្មភាពរបស់ព្រះប្រហែលជាមិនតែងតែត្រឹមត្រូវនោះទេ ហើយក៏ប្រហែលជាមិនមែនជាសេចក្ដីពិតដែរ»។ ទីបំផុត បន្ទាប់ពីរងទុក្ខយ៉ាងច្រើន និងស៊ូទ្រាំអស់មួយរយៈ សូម្បីតែគោលលទ្ធិបន្តិចបន្តួចដែលពួកគេបានដឹង និងភាពខ្នះខ្នែងដ៏តិចតួចដែលពួកគេមាន ក៏រលាយបាត់ទៅដែរ។ ពួកគេបដិសេធព្រះជាម្ចាស់ និងបាត់បង់សេចក្ដីជំនឿរបស់ពួកគេ សូម្បីតែក្លាយជាយូដាសក៏មាន។ បន្ទាប់ពីត្រូវបានដោះលែងពីគុក ពួកគេថែមទាំងគិតថា៖ «ឥឡូវនេះ ខ្ញុំមិនចាំបាច់បារម្ភពីកាលៈទេសៈទៀតទេ។ មើលចុះថាអស់អ្នកដែលមិនជឿព្រះ មានជីវិតល្អយ៉ាងណា៖ ពួកគេមានសេរីភាពខ្លាំងណាស់នៅខាងក្រៅនោះ។ តើពួកយើងកំពុងធ្វើអ្វី ដែលជឿដោយលួចលាក់នោះ? ប្រសិនបើប្រទេសហាមឃាត់ការជឿ នោះឈប់ជឿទៅ»។ តើមនុស្សបែបនេះនៅតែអាចជឿលើព្រះជាម្ចាស់នៅពេលក្រោយបានដែរឬទេ? (ទេ ពួកគេមិនអាចទេ។) ហេតុអ្វីបានជាពួកគេមិនអាច? ព្រះជាម្ចាស់លែងចង់បានពួកគេទៀតហើយ។ ព្រះជាម្ចាស់ជ្រើសរើសអ្នកតែម្ដងគត់ ហើយអ្នកបានបាត់បង់ឱកាសរបស់អ្នករួចទៅហើយ ដូច្នេះ ព្រះជាម្ចាស់នឹងមិនចង់បានអ្នកជាលើកទីពីរឡើយ។ តើមនុស្សបែបនេះមានសង្ឃឹមអ្វីដើម្បីទទួលបានសេចក្ដីសង្គ្រោះទៅ? គឺសូន្យ គ្មានសង្ឃឹមសេសសល់ឡើយ។ នេះគឺជាផលវិបាកដែលពួកទទឹងនឹងព្រះគ្រីស្ទទីបំផុតបង្កឡើង តាមរយៈការប្រព្រឹត្តយ៉ាងគឃ្លើន និងការប្រើប្រាស់ទ្រឹស្ដីនៃភាពខាងវិញ្ញាណក្លែងក្លាយមួយចំនួន ដើម្បីបំភាន់មនុស្ស ដែលបណ្ដាលឱ្យពួកគេដេញតាមភាពខាងវិញ្ញាណ និងភាពខ្នះខ្នែងពីសំបកក្រៅ។ តើផលវិបាកគឺជាអ្វី? (ពួកគេត្រូវវិនាស។) ថាតើព្រះជាម្ចាស់សង្គ្រោះពួកគេឬអត់ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែយ៉ាងហោចណាស់សម្រាប់ពេលនេះ វាហាក់ដូចជាថានៅពេលផ្លូវនៃសេចក្ដីជំនឿរបស់មនុស្សលើព្រះជាម្ចាស់ឈានមកដល់ចំណុចនេះ អនាគត និងគោលដៅរបស់ពួកគេ គឺត្រូវវិនាសជាមូលដ្ឋានទៅហើយ។ ពេលនិយាយដល់រឿងនេះ តើនរណាជាអ្នកបានបង្កឱ្យមានរឿងនេះឡើង? គឺពួកទទឹងនឹងព្រះគ្រីស្ទជាអ្នកបានបង្កឡើង។ ប្រសិនបើពួកគេមិនបធ្វើសកម្មភាពទាំងងងឹតងងល់បែបនេះទេ ប៉ុន្តែធ្វើសកម្មភាពស្របតាមការរៀបចំចាត់ចែងកិច្ចការ ដោយដឹកនាំបងប្អូនប្រុសស្រីស្របតាមសេចក្ដីតម្រូវពីខាងលើ និងនាំមនុស្សគ្រប់គ្នាមកចំពោះព្រះជាម្ចាស់ នោះរឿងទាំងនេះនឹងមិនកើតឡើងឡើយ។ តើមនុស្សទាំងនេះនៅតែមានសង្ឃឹមក្នុងការត្រូវបានសង្គ្រោះដែរឬទេ? (មាន។) មនុស្សទាំងនេះនៅតែមានសង្ឃឹមក្នុងការទទួលបានការសង្គ្រោះ។ ដោយសារតែមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានពង្រីកយ៉ាងខ្លាំង ប្រសិនបើគ្មាននរណាម្នាក់នៅទីនោះដើម្បីការពារពួកគេ និងស្ដាប់ពួកគេទេ ពួកគេមានអារម្មណ៍ថាជីវិតគឺគួរឱ្យធុញទ្រាន់ និងសោះកក្រោះណាស់។ ពួកគេចាត់ទុកមនុស្សវង្វេងវង្វាន់ដែលដើរតាមពួកគេ ដូចជាកូនអុក និងប្រដាប់ប្រដាក្មេងលេងសម្រាប់ប្រើឧបាយកល ដោយធ្វើឱ្យពួកគេទាំងអស់គ្នាដើរតាមការដឹកនាំរបស់ខ្លួន។ ពួកគេមានអារម្មណ៍ថា ពួកគេមានសមត្ថភាព និងមានសេចក្ដីរីករាយ ហើយជីវិតនេះគឺមានតម្លៃក្នុងការរស់នៅ។ ដើម្បីបំពេញមហិច្ឆតា និងបំណងប្រាថ្នារបស់ខ្លួន ពួកគេប្រើពាក្យសម្ដីដែលហៅថាខាងវិញ្ញាណ និងពាក្យសម្ដីពីរោះៗទាំងនេះ ដើម្បីបំភាន់អស់អ្នកដែលដើរតាមពួកគេ ហើយបន្ទាប់ពីពួកគេទាំងនោះត្រូវបាន បំភាន់ ពួកគេធ្វើឱ្យអ្នកទាំងនោះងាកចេញពីផ្លូវពិត និងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឃ្លាតឆ្ងាយពីព្រះជាម្ចាស់ដើម្បីដើរតាមពួកគេ និងដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើលទ្ធផលចុងក្រោយគឺជាអ្វី? អនាគត និងគោលដៅរបស់មនុស្សទាំងនេះត្រូវវិនាស ហើយពួកគេបាត់បង់ឱកាសក្នុងការទទួលបានសេចក្ដីសង្គ្រោះ។ តើមានផលវិបាកអ្វីខ្លះ នៅពេលមនុស្សមិនជឿលើព្រះជាម្ចាស់ឱ្យបានត្រឹមត្រូវ ប៉ុន្តែបែរជាដើរតាមមនុស្សផ្សេងទៅវិញ? តើអ្នករាល់គ្នានៅតែច្រណែននឹងនរណាម្នាក់ដែលមើលទៅហាក់ដូចជាមានភាពខាងវិញ្ញាណទៀតឬទេ? (ទេ យើងមិនច្រណែនទេ។) ចុះចំណែកពាក្យ «ខាងវិញ្ញាណ» វិញ? វាគឺគ្មានន័យអ្វីឡើយ។ មនុស្សគឺជារបស់សាច់ឈាម ពួកគេគឺជាភាវៈដែលព្រះបានបង្កើត។ ប្រសិនបើអ្នកពិតជាមានភាពខាងវិញ្ញាណមែន នោះសាច់ឈាមរបស់អ្នកនឹងលែងមានទៀតហើយ ចុះតើអ្នកនឹងមានភាពខាងវិញ្ញាណកម្រិតណាទៅនៅពេលនោះ? តើនេះមិនមែនគ្រាន់តែជាការនិយាយទទេៗទេឬ? ដូច្នេះ អ្នកឃើញទេ ពាក្យ «ខាងវិញ្ញាណ» នេះផ្ទាល់ គឺមិនសមហេតុផលឡើយ វាគ្រាន់តែជាការនិយាយទទេៗប៉ុណ្ណោះ។ នៅថ្ងៃអនាគត ប្រសិនបើអ្នកឮនរណាម្នាក់និយាយថា ពួកគេកំពុងដេញតាមភាពខាងវិញ្ញាណ ចូរប្រាប់ពួកគេថា៖ «អ្នកគួរតែដេញតាមការធ្វើជាមនុស្សស្មោះត្រង់ និងការរស់នៅចំពោះព្រះជាម្ចាស់ នោះទើបប្រាកដនិយមជាង។ ប្រសិនបើអ្នកដេញតាមភាពខាងវិញ្ញាណ នោះគឺជាផ្លូវទាល់ហើយ! កុំដេញតាមភាពខាងវិញ្ញាណឱ្យសោះ វាមិនមែនជារឿងដែលមនុស្សត្រូវដេញតាមឡើយ វាពិតជាមិនសមហេតុផលទាល់តែសោះ»។ ប្រាប់ខ្ញុំមកមើល៍ បន្ទាប់ពីជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំមក តើនរណាបានក្លាយជាមនុស្សខាងវិញ្ញាណទៅ? បុគ្គលល្បីៗ និងអ្នកបកស្រាយព្រះគម្ពីរនៃសាសនាទាំងនោះ តើពួកគេមានភាពខាងវិញ្ញាណដែរឬទេ? ពួកគេសុទ្ធតែជាមនុស្សលាក់ពុត គ្មាននរណាម្នាក់ក្នុងចំណោមពួកគេមានភាពខាងវិញ្ញាណឡើយ។ មនុស្សដែលបង្កើតពាក្យ «ខាងវិញ្ញាណ» នេះឡើង កំពុងប្រើពាក្យទទេៗនេះដើម្បីបំភាន់អ្នកដទៃ។ ពួកគេគឺជាមនុស្សពាល និងជាអារក្ស។ តើមនុស្សប្រភេទណាដែលអាចនិយាយរឿងទទេៗបែបនេះបាន? តើពួកគេមានការយល់ដឹងខាងវិញ្ញាណដែរឬទេ? (ទេ ពួកគេគ្មានទេ។) ប្រសិនបើអ្នកសូម្បីតែមិនអាចយល់ពីអ្វីដែលមនុស្សគួរដេញតាម នៅពេលពួកគេជឿលើព្រះជាម្ចាស់ ឬអ្វីដែលពួកគេគួរតែមានលក្ខណៈផង តើអ្នកអាចយល់ពីសេចក្ដីពិតបានដែរឬទេ? ពីធម្មជាតិ អ្នកគឺជាភាវៈដែលព្រះបានបង្កើត ជាសមាជិកនៃមនុស្សជាតិដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ បើនិយាយពីការមានលក្ខណៈជាអ្វីមួយ អ្នកគឺមានលក្ខណៈជាសាច់ឈាម នោះគឺជាលក្ខណៈរបស់មនុស្ស។ ជាការពិតណាស់ ប្រសិនបើអ្នកស្វែងរកការមានលក្ខណៈជាសាច់ឈាម នោះអ្នកគឺជារបស់សាតាំង៖ នោះគឺជាការដើរលើផ្លូវរបស់លោកីយ៍។ មនុស្សដែលជឿលើព្រះជាម្ចាស់ គួរតែដេញតាមសេចក្ដីពិត នោះទើបត្រឹមត្រូវ។ ប្រសិនបើមនុស្សស្វែងរកការមានភាពខាងវិញ្ញាណ ឬដូចជាព្រះ តើនេះជារឿងដែលពួកគេអាចឈានដល់កម្រិតនោះបានដែរឬទេ? ទោះបីជាពួកគេដេញតាមវាយ៉ាងណាក៏ដោយ ក៏វាគ្មានប្រយោជន៍ដែរ។ នេះមិនមែនជាផ្លូវត្រូវសម្រាប់ការជឿលើព្រះជាម្ចាស់ឡើយ។ ដូច្នេះ ការស្វែងរកការមានភាពខាងវិញ្ញាណ ឬដូចជាព្រះ គ្រាន់តែជាពាក្យស្លោក ជាទ្រឹស្ដីនៃភាពខាងវិញ្ញាណក្លែងក្លាយ ដែលមិនពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់ អ្នកគួរតែបំពេញភារកិច្ចរបស់អ្នកឱ្យបានត្រឹមត្រូវ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត ហើយអាចចុះចូលនឹងព្រះជាម្ចាស់ និងបំពេញព្រះហឫទ័យរបស់ទ្រង់។ នេះគឺជាតថភាពនៃសេចក្ដីពិត។
ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទស្ដាប់សេចក្ដីអធិប្បាយច្រើនប៉ុនណាក៏ដោយ ក៏ពួកគេមិនអាចយល់ពីសេចក្ដីពិតបានឡើយ។ អ្វីដែលពួកគេយល់ និងអាចនិយាយចេញមកបាន គឺសុទ្ធតែជាគោលលទ្ធិទាំងអស់។ ពួកគេយកពាក្យពេចន៍ទាំងនោះដែលពួកគេអាចយល់ដឹង និងចងចាំបាន ហើយកែច្នៃវានៅក្នុងគំនិតរបស់ពួកគេ ដើម្បីប្រែក្លាយវាទៅជាគោលលទ្ធិខាងវិញ្ញាណដែលស្របតាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស រួចហើយក៏ផ្សព្វផ្សាយវាចេញទៅតាមតែអំពើចិត្ត ដោយពន្យល់ប្រាប់ដល់អ្នកដទៃ។ នៅពេលអស់អ្នកដែលគ្មានការយល់ដឹងខាងវិញ្ញាណ និងមិនយល់ពីសេចក្ដីពិត បានឮរឿងទាំងនេះ ពួកគេមានអារម្មណ៍ថា សម្ដីទាំងនោះពិតជាសមហេតុផលណាស់ ហើយក៏សុខចិត្តទទួលយកសម្ដីទាំងនោះ។ ជាលទ្ធផល ពួកគេក៏ត្រូវបានបំភាន់ ហើយចាប់ផ្ដើមគោរពបូជាពួកទទឹងនឹងព្រះគ្រីស្ទ។ នោះហើយជាពេលដែលបញ្ហាកើតឡើង។ តាមពិតទៅ ពួកទទឹងនឹងព្រះគ្រីស្ទមិនយល់ពីសេចក្ដីពិតទាល់តែសោះ។ ប្រសិនបើអ្នកស្ដាប់ដោយយកចិត្តទុកដាក់ និងញែកដឹងនូវអ្វីដែលពួកគេហៅថាជាពាក្យពេចន៍ដ៏ត្រឹមត្រូវនោះ អ្នកនឹងឃើញថា សម្ដីទាំងនោះគឺជាទ្រឹស្ដីទទេ ដែលស្របតាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សប៉ុណ្ណោះ។ ជាការពិតណាស់ អ្នកដែលមិនយល់ពីសេចក្ដីពិត គិតថាសម្ដីទាំងនេះគឺត្រឹមត្រូវ ហើយក៏ងាយនឹងជឿតាមពួកគេ។ តើអ្នករាល់គ្នាធ្លាប់ជួបប្រទះស្ថានភាពបែបនេះដែរឬទេ? តើអ្នករាល់គ្នាអាចលើកឧទាហរណ៍បានទេ? ប្រសិនបើអ្នករាល់គ្នាអាចលើកឧទាហរណ៍ និងមើលឃើញយ៉ាងច្បាស់ពីរបៀបដែលអ្នកទាំងនោះជំនាញខាងនិយាយពាក្យពេចន៍ និងគោលលទ្ធិ បំភាន់អ្នកដទៃ នោះបញ្ជាក់ថា អ្នករាល់គ្នាយល់ ហើយអាចអនុវត្តវាបាន។ ប្រសិនបើអ្នករាល់គ្នាមិនអាចលើកឧទាហរណ៍បានទេ នោះបញ្ជាក់ថា អ្នករាល់គ្នាមិនទាន់យល់ពីរឿងទាំងនោះនៅឡើយទេ ហើយក៏មិនអាចអនុវត្តវាបានដែរ។ នៅពេលជួបជាមួយអ្នកទាំងនោះដែលជំនាញខាងនិយាយពាក្យពេចន៍ និងគោលលទ្ធិ អ្នករាល់គ្នាច្បាស់ជាមិនអាចញែកដឹងពួកគេបានឡើយ។ (ខ្ញុំធ្លាប់ស្ថិតក្នុងសភាពបែបនេះ។ នៅពេលបងប្អូនប្រុសស្រីប្រឈមមុខនឹងការលួសកាត់ ការវាយផ្ចាល និងសេចក្ដីប្រៀនប្រដៅ ហើយពួកគេមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពួកគេក៏មកស្វែងយល់ជាមួយខ្ញុំ។ តាមពិត ខ្ញុំក៏មិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬសារជាតិនៃបញ្ហាទាំងនេះដែរ។ ប៉ុន្តែ ខ្ញុំប្រាប់ពួកគេនូវពាក្យទទេមួយចំនួន ឧទាហរណ៍៖ «ការលួសកាត់ ការវាយផ្ចាល និងសេចក្ដីប្រៀនប្រដៅ សុទ្ធតែជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ ទាំងនេះគឺជារបៀបដែលព្រះជាម្ចាស់ធ្វើការលើនិស្ស័យពុករលួយរបស់យើង»។ សូម្បីតែពេលកំពុងនិយាយបែបនេះ ក៏ខ្ញុំអាចដឹងថា ខ្ញុំមិនបានពន្យល់យ៉ាងពេញលេញអំពីសារជាតិនៃបញ្ហារបស់ពួកគេប្រាប់ពួកគេឡើយ ដូចជា ហេតុអ្វីបានជាពួកគេប្រឈមមុខនឹងកាលៈទេសៈនេះ តើសកម្មភាព និងការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់ពួកគេស្ថិតក្នុងប្រភេទនិស្ស័យពុករលួយ ប្រភេទណា ឬធម្មជាតិរបស់វាអាចជាអ្វី ហើយតើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺជាអ្វី ពោលគឺរឿងទាំងនេះ និងរឿងជាច្រើនទៀត ខ្ញុំមិនអាចប្រកបគ្នាអំពីរឿងទាំងនេះជាមួយពួកគេបានឡើយ។ ខ្ញុំគ្រាន់តែនិយាយគោលលទ្ធិត្រឹមត្រូវមួយចំនួន និងពាក្យស្លោកដែលស្ដាប់ទៅពីរោះ ដែលពិតជាមិនបានជួយនរណាម្នាក់ឡើយ។) នេះគឺដោយសារតែអ្នកផ្ទាល់មិនមានការយល់ដឹងច្បាស់លាស់អំពីសេចក្ដីពិត ដូច្នេះ អ្នកមិនអាចដោះស្រាយបញ្ហាពិតប្រាកដរបស់បងប្អូនប្រុសស្រីរបស់អ្នកបានឡើយ។ ដូច្នេះ តើការដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់មនុស្ស និងរឿងនេះ មានភាពខុសគ្នាដែរឬទេ? ពួកទទឹងនឹងព្រះគ្រីស្ទមិនជួយមនុស្សចេញពីចេតនាល្អនោះទេ ហេតុផលជំរុញ និងគោលបំណងរបស់ពួកគេ គឺដើម្បីបំភាន់ និងត្រួតត្រាមនុស្ស។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទធ្វើរឿងបែបនេះ ហើយនៅពេលពួកគេកំពុងស្រែកពាក្យស្លោក ចូរមើលឥរិយាបថរបស់ពួកគេ និងថាតើពួកគេបញ្ចេញឱ្យឃើញនូវនិស្ស័យប្រភេទណា នេះគឺជាគន្លឹះក្នុងការញែកដឹងពួកទទឹងនឹងព្រះគ្រីស្ទ។ មនុស្សមួយចំនួនមានកម្ពស់តូចហើយពួកគេខ្វះការយល់ដឹងច្បាស់លាស់អំពីសេចក្ដីពិត។ ការខិតខំប្រឹងប្រែងធ្វើការរបស់ពួកគេប្រហែលជាមិនអាចសម្រេចបាននូវលទ្ធផលចាំបាច់នោះទេ ប៉ុន្តែពួកគេមិនមានហេតុផលជំរុញ ឬគោលដៅដើម្បីបំភាន់ ឬត្រួតត្រាមនុស្សឡើយ។ ពួកគេក៏ចង់ដឹកនាំមនុស្សមកចំពោះព្រះជាម្ចាស់ដែរ គ្រាន់តែសមត្ថភាពរបស់ពួកគេនៅខ្វះ មិនអាចសម្រេចតាមបំណងប្រាថ្នារបស់ពួកគេបាន។ ទោះបីជាពួកគេមិនទាន់សម្រេចបានលទ្ធផលច្បាស់លាស់ក៏ដោយ ក៏មនុស្សអាចមើលឃើញថា ពួកគេមានចេតនាត្រឹមត្រូវ ថាពួកគេចង់ដឹកនាំមនុស្សមកចំពោះព្រះជាម្ចាស់។ ទោះជាយ៉ាងណាក៏ដោយ តើគោលបំណងរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី? (ដើម្បីទទួលបានការទទួលស្គាល់ពីមនុស្ស ហើយឱ្យមនុស្សស្ដាប់តាមពួកគេ និងដើរតាមពួកគេ។) ដូច្នេះ តើមានភាពខុសគ្នាអ្វីខ្លះ រវាងអ្វីដែលពួកគេនិយាយ និងសម្ដីរបស់បុគ្គលដែលសមត្ថភាពមិនអាចសម្រេចតាមបំណងប្រាថ្នារបស់ខ្លួននោះ? បុគ្គលដែលមានសមត្ថភាពមិនគ្រប់គ្រាន់ និយាយចេញពីចិត្តរបស់ខ្លួន ប៉ុន្តែពួកគេមិនអាចមើលធ្លុះដល់សារជាតិ និងឫសគល់នៃបញ្ហាបានឡើយ។ ពួកគេមិនអាចប្រកបគ្នាអំពីវាឱ្យបានច្បាស់លាស់ទេ ហើយទីបំផុត ពួកគេមិនអាចដោះស្រាយបញ្ហា ឬផ្គត់ផ្គង់ដល់អ្នកដទៃបានឡើយ។ ចុះចំណែកឯសម្ដីរបស់អាទទឹងនឹងព្រះគ្រីស្ទវិញ? តើសម្ដីទាំងនោះចេញពីចិត្តរបស់គេដែរឬទេ? (ទេ មិនមែនទេ។) ច្បាស់ណាស់ គឺមិនមែនទេ៖ អ្វីដែលគេនិយាយ សុទ្ធតែជាពាក្យកុហក។ ហេតុអ្វីបានជាគេត្រូវនិយាយកុហក? គេចង់បោកប្រាស់ និងបំភាន់អ្នក។ អត្ថន័យរបស់គេគឺ៖ «ខ្ញុំបានធ្វើកិច្ចការដែលខ្ញុំគួរធ្វើក្នុងនាមជាអ្នកដឹកនាំរួចហើយ ខ្ញុំបានប្រកបគ្នាអំពីអ្វីដែលខ្ញុំគួរប្រកបគ្នារួចហើយ ហើយអ្វីគ្រប់យ៉ាងដែលខ្ញុំបាននិយាយ គឺត្រឹមត្រូវទាំងអស់។ ប្រសិនបើអ្នកមិនទទួលយកសម្ដីទាំងនោះ ហើយបញ្ហានៅតែមិនអាចដោះស្រាយបាន នោះគឺជាកំហុសរបស់អ្នកហើយ កុំបន្ទោសខ្ញុំអី»។ គេមិនចង់ដោះស្រាយបញ្ហារបស់អ្នកដោយពិតប្រាកដនោះទេ ប៉ុន្តែគ្រាន់តែបង្រ្គប់កិច្ច ដោយគ្មានជម្រើសអ្វីក្រៅពីនិយាយពាក្យត្រឹមត្រូវទាំងនេះ ដើម្បីរក្សាឋានៈរបស់គេប៉ុណ្ណោះ។ គេនិយាយរឿងទាំងនេះដោយបង្ខំចិត្ត ហើយទោះបីជាគេនិយាយវាក៏ដោយ ក៏មិនមែននិយាយដោយស្ម័គ្រចិត្តដែរ ពោលគឺ វាមិនមែនជាអ្វីដែលគេពិតជាគិត នៅក្នុងចិត្តរបស់គេឡើយ។ ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន ជាធម្មតាអាចរៀននិយាយពាក្យត្រឹមត្រូវមួយចំនួន ដើម្បីជួយអ្នកដទៃឱ្យជម្នះភាពអវិជ្ជមានរបស់អ្នកដទៃ ប៉ុន្តែនៅពេលពួកគេផ្ទាល់ប្រឈមមុខនឹងការលួសកាត់ ឬត្រូវបានដកហូតតំណែង ពួកគេធ្លាក់ទៅក្នុងភាពអវិជ្ជមានយ៉ាងខ្លាំង ពួកគេមិនអាចស្គាល់ខ្លួនឯងបានពីដើមដល់ចប់ឡើយ ហើយពួកគេត្រូវពឹងផ្អែកលើបងប្អូនប្រុសស្រីដើម្បីជួយពួកគេ។ តើរឿងនេះធ្លាប់កើតឡើងដែរឬទេ? (ធ្លាប់។) រឿងបែបនេះកើតឡើងញឹកញាប់ណាស់។ ពាក្យពេចន៍ និងគោលលទ្ធិដែលអាទទឹងនឹងព្រះគ្រីស្ទតែងតែផ្សាយទៅកាន់អ្នកដទៃ សូម្បីតែជួយខ្លួនឯងក៏មិនបានផង។ ដូច្នេះ តើសម្ដីទាំងនេះចេញពីជម្រៅចិត្តរបស់គេដែរឬទេ? តើសម្ដីទាំងនោះជាលទ្ធផលនៃបទពិសោធពិតរបស់គេដែរឬទេ? (ទេ មិនមែនទេ។) បើដូច្នេះ អ្វីដែលគេនិយាយ គឺគ្រាន់តែជាពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ មិនមែនជាការឆ្លុះបញ្ចាំងពីកម្ពស់ពិតប្រាកដរបស់គេឡើយ។ កិច្ចការដែលគេធ្វើដើម្បីជួយអ្នកដទៃ គឺគ្រាន់តែជាការប្រើប្រាស់រូបភាពក្លែងក្លាយពីខាងក្រៅ សកម្មភាព និងឥរិយាបថល្អ ដើម្បីធ្វើឱ្យតែរួចពីដៃ ដើម្បីឱ្យមនុស្សទទួលស្គាល់ ទទួលយក និងពេញចិត្តនឹងគេក្នុងនាមជាអ្នកដឹកនាំប៉ុណ្ណោះ។ នៅពេលមនុស្សទទួលស្គាល់គេជាអ្នកដឹកនាំ តើពួកគេមិនស្ដាប់តាមគេទេឬ? ប្រសិនបើមនុស្សស្ដាប់តាមគេ តើអាទទឹងនឹងព្រះគ្រីស្ទមិនទទួលបានឋានៈទេឬ? តើឋានៈរបស់គេមិនមានភាពរឹងមាំទេឬ? នេះហើយគឺច្បាស់ណាស់ជាគោលដៅរបស់គេ។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួន ខ្វះការយល់ដឹងអំពីសេចក្ដីពិត ហើយសមត្ថភាពរបស់ពួកគេមិនគ្រប់គ្រាន់ដើម្បីសម្រេចតាមបំណងប្រាថ្នារបស់ពួកគេបានឡើយ ក្នុងពេលចែងកិច្ចការរបស់ខ្លួន។ នេះយ៉ាងច្រើនបំផុត គ្រាន់តែជាសញ្ញាបញ្ជាក់ថាកម្ពស់របស់ពួកគេនៅតូចហើយថាពួកគេមិនមែនជាអ្នកដឹកនាំដែលត្រូវតាមស្ដង់ដាប៉ុណ្ណោះ។ ប៉ុន្តែ នៅពេលអាទទឹងនឹងព្រះគ្រីស្ទធ្វើការ គេមិនគិតពិចារណាថាតើគេអាចជួយ ឬផ្គត់ផ្គង់ដល់បងប្អូនប្រុសស្រីបានឬអត់នោះទេ។ គេគិតតែពីឋានៈ និងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ នេះគឺជាភាពខុសគ្នារវាងមនុស្សពីរប្រភេទនេះ៖ និស្ស័យរបស់ពួកគេគឺខុសគ្នា។ ហេតុដូច្នេះហើយ ទោះបីជាអាទទឹងនឹងព្រះគ្រីស្ទនិយាយពាក្យពេចន៍ដែលស្ដាប់ទៅពីរោះជាច្រើនក៏ដោយ ក៏សម្ដីទាំងនោះមិនបានឆ្លុះបញ្ចាំងពីតថភាពរបស់គេឡើយ។ គេនិយាយរឿងទាំងនេះទាំងបង្ខំចិត្ត។ គេគ្រាន់តែប្រើប្រាស់គោលលទ្ធិ និងពាក្យស្លោកដែលត្រឹមត្រូវនៅសំបកក្រៅមួយចំនួន ឬពាក្យពេចន៍ដែលស្របតាមមនោសញ្ចេតនារបស់មនុស្ស ដើម្បីទូន្មានមនុស្ស និងធ្វើការឱ្យតែរួចពីដៃប៉ុណ្ណោះ។ ហេតុអ្វីបានជាគេត្រូវធ្វើការឱ្យតែរួចពីដៃ? នោះគឺដោយសារតែ ប្រសិនបើគេឃើញនរណាម្នាក់មានភាពអវិជ្ជមាន ឬទន់ខ្សោយ ហើយមិនអើពើជួយបុគ្គលនោះ នោះអ្នកដទៃនឹងនិយាយថា គេមិនបានធ្វើកិច្ចការជាក់ស្ដែងទេ ហើយក៏មិនបានបំពេញការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាអ្នកដឹកនាំដែរ។ ដោយសារខ្លាចការចោទប្រកាន់បែបនេះ គេគ្មានជម្រើសអ្វីក្រៅពីបង្ខំចិត្តធ្វើបែបនោះទេ។ ហេតុដូច្នេះហើយ គោលដៅរបស់គេមិនមែនគ្រាន់តែដើម្បីបំពេញភារកិច្ចរបស់ខ្លួនសុទ្ធសាធនោះទេ គេខ្លាចថា ប្រសិនបើគេមិនបង្ហាញខ្លួនភ្លាមៗនៅពេលបងប្អូនប្រុសស្រីប្រឈមមុខនឹងការលំបាក ហើយជួយ និងផ្គត់ផ្គង់ដល់ពួកគេ ដោយបំពេញការទទួលខុសត្រូវរបស់ខ្លួនទេ នោះអ្នកទាំងនោះនឹងលែងគាំទ្រគេទៀតហើយ។ នៅក្នុងការបោះឆ្នោតលើកក្រោយ អ្នកទាំងនោះប្រហែលជាមិនជ្រើសរើសគេឡើយ ហើយគេនឹងមិនក្លាយជាអ្នកដឹកនាំពិតប្រាកដទេ ប៉ុន្តែនឹងគ្រាន់តែមានឈ្មោះទទេប៉ុណ្ណោះ។ តើការគ្រាន់តែមានឈ្មោះទទេ គឺជាអ្វីដែលគេប្រាថ្នានៅក្នុងចិត្តមែនទេ? (ទេ មិនមែនទេ។) ដូច្នេះ តើគេចង់បានអ្វី? គេចង់បានអំណាច និងឋានៈពិតប្រាកដ គេចង់ឱ្យបងប្អូនប្រុសស្រីគោរពបូជា គាំទ្រ និងដើរតាមគេចេញពីក្នុងចិត្ត។ ហេតុដូច្នេះហើយ គេខិតខំប្រឹងប្រែងដើម្បីត្រូវបានបោះឆ្នោតជ្រើសរើសជាអ្នកដឹកនាំនៅក្នុងរាល់ការបោះឆ្នោត នោះហើយគឺជាគោលដៅរបស់គេ។
អ្នកដែលគេហៅថាជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួន ក្លាយជាមានភាពក្លៀវក្លាយ៉ាងខ្លាំងនៅពេលការបោះឆ្នោតខិតជិតមកដល់ ដោយអួតបង្ហាញខ្លួននៅគ្រប់ទីកន្លែង និងប្រព្រឹត្តខុសប្រក្រតី។ មនុស្សបែបនេះអាចស្ថិតក្នុងប្រភេទពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើពួកគេពិតជាអាចធ្វើបែបនេះមែន នោះពិតជាគួរឱ្យស្អប់ខ្ពើមណាស់! អ្នកដែលពិតជាមានមនសិការ និងវិចារណញ្ញាណ នឹងមានអារម្មណ៍ថាខ្លួនមានកំហុសនៅក្នុងចិត្តដោយធម្មជាតិ នៅពេលធ្វើសកម្មភាពដោយមានហេតុផលជំរុញ និងគោលបំណង។ ដោយសារមនសិការ និងវិចារណញ្ញាណរបស់ពួកគេទប់ស្ដាក់ពួកគេ ពួកគេនឹងដឹងថា ពួកគេមិនសូវក្លៀវក្លាបែបនេះទេកាលពីមុន ហើយមនុស្សច្បាស់ជានឹងកត់សម្គាល់ឃើញពីភាពក្លៀវក្លាភ្លាមៗរបស់ពួកគេមិនខាន។ សូម្បីតែពួកគេផ្ទាល់ក៏មានអារម្មណ៍ខ្ពើមរអើមចំពោះខ្លួនឯងដែរ ហើយពួកគេសុខចិត្តមិនឈរឈ្មោះបោះឆ្នោត ជាជាងធ្វើសកម្មភាព បែបនោះ។ ដោយសារតែពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយមានកម្ពស់បន្តិចបន្តួច ព្រមទាំងមានសេចក្ដីអៀនខ្មាសខ្លះៗ ទីបំផុត ពួកគេអាចទប់ចិត្តខ្លួនឯងបាន។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទមិនទប់ចិត្តខ្លួនឯងឡើយ ពួកគេធ្វើតាមតែអំពើចិត្ត និងធ្វើអ្វីដែលពួកគេចង់ធ្វើ។ ពួកគេមានមហិច្ឆតា និងមានហេតុផលជំរុញ គោលបំណង ព្រមទាំងល្បិចកលផ្សេងៗ។ ពួកគេដឹងរឿងនេះច្បាស់នៅក្នុងចិត្ត ប៉ុន្តែពួកគេនៅតែទទូចធ្វើរឿងតាមរបៀបនេះ ដោយតែងតែគិតពីកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនជានិច្ច។ ពួកគេមានអារម្មណ៍ថា ការធ្វើកិច្ចការសម្រាប់ពួកជំនុំ និងសម្រាប់បងប្អូនប្រុសស្រីរបស់ពួកគេ គឺជាការខាតបង់ខ្លាំងពេក ហើយមិនមានតម្លៃឱ្យធ្វើឡើយ។ ហេតុដូច្នេះហើយ ពួកគេចាត់ទុកខ្លួនឯងជាអាទិភាពក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ ហើយតែងតែគិតពីប្រយោជន៍ផ្ទាល់ខ្លួនជានិច្ច។ នៅពេលការបោះឆ្នោតមកដល់ ពួកគេខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលនៅគ្រប់ទីកន្លែង ដោយបំភាន់ និងអូសទាញមនុស្សឱ្យបោះឆ្នោតឱ្យពួកគេ ហើយថែមទាំងលួចបន្ថែមសន្លឹកឆ្នោតពីរបីសន្លឹកសម្រាប់ខ្លួនឯងដោយសម្ងាត់ ក្នុងអំឡុងពេលបោះឆ្នោតទៀតផង។ តើវាមិនគួរឱ្យស្អប់ខ្ពើមទេឬ ដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើសកម្មភាពបែបនេះ? ប្រសិនបើពួកគេគ្មានមហិច្ឆតាទេ តើហេតុអ្វីបានជាពួកគេត្រូវធ្វើដល់ថ្នាក់នេះ? តើនេះមិនមែនបង្ហាញយ៉ាងច្បាស់ថា មហិច្ឆតាកំពុងជំរុញពួកគេទេឬ? ឱ្យតែមានគេលើកឡើងថា នរណាម្នាក់មានមហិច្ឆតា នោះវាមិនមែនជារឿងវិជ្ជមានឡើយ អ្វីៗគ្រប់យ៉ាងដែលមនុស្សបែបនេះធ្វើ គឺពិតជាគួរឱ្យស្អប់ខ្ពើម និងអាក្រក់ហួសថ្លែង ដោយគ្មានការសង្ស័យ។ អ្វីគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ គឺក្លែងក្លាយ និងបោកបញ្ឆោត ពួកគេតែងតែប្រើប្រាស់សំបកក្រៅក្លែងក្លាយ ដើម្បីបំភាន់មនុស្ស។ អស់អ្នកដែលមិនដឹងពីការពិតនៃរឿងនេះ ឃើញបែបនេះក៏គិតថា៖ «អ្នកដឹកនាំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយលះបង់ការដេកពួន និងការហូបចុក ធ្វើការទាំងយប់ទាំងថ្ងៃ និងនាំមុខក្នុងគ្រប់កិច្ចការទាំងអស់។ ពួកគេបានរងទុក្ខមិនតិចទេ ហើយនឿយហត់យ៉ាងខ្លាំង រហូតដល់ស្រកទម្ងន់អស់ជាច្រើន ថែមទាំងមានសក់ស្កូវច្រើនជាងមុនទៀតផង»។ បងប្អូនប្រុសស្រីមួយចំនួនឃើញបែបនេះ ក៏មានអារម្មណ៍អាណិតអាសូរដល់អាទទឹងនឹងព្រះគ្រីស្ទនោះ ហើយទីបំផុត ក្នុងអំឡុងពេលបោះឆ្នោត ពួកគេក៏បោះឆ្នោតឱ្យអ្នកនោះ។ តើអាទទឹងនឹងព្រះគ្រីស្ទមិនបានសម្រេចគោលដៅរបស់ខ្លួនទេឬ? (មែនហើយ។) នេះហើយជាអត្ថន័យនៃការរិះរកល្បិច និងការប្រើប្រាស់យុទ្ធវិធី នេះហើយជាអត្ថន័យថាទុច្ចរិត។ ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទបំភាន់មនុស្សមិនត្រឹមតែដោយពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែជាច្រើនលើកច្រើនសា គឺតាមរយៈសកម្មភាព និងឥរិយាបថ ដែលប្រាប់មនុស្សដោយស្ងៀមស្ងាត់ថា ពួកគេមានភាពក្លៀវក្លាប៉ុនណា ចុះចូលប៉ុនណា និងចេះគិតគូរដល់បងប្អូនប្រុសស្រីប៉ុនណា។ ពួកគេប្រើប្រាស់រូបភាពដែលមើលទៅហាក់ដូចជាល្អ និងត្រឹមត្រូវទាំងនេះ ព្រមទាំងសំបកក្រៅក្លែងក្លាយ ដើម្បីប្រាប់មនុស្សម្ដងហើយម្ដងទៀត បញ្ជាក់ម្ដងហើយម្ដងទៀត និងឱ្យមនុស្សដឹងថា ពួកគេគឺជាពួកអ្នកដឹកនាំដែលត្រូវតាមស្ដង់ដា ជាពួកអ្នកដឹកនាំដ៏ល្អដែលមនុស្សគួរតែទទួលយក។ នេះគឺដូចជាការបោះឆ្នោតនៅក្នុងប្រទេសប្រជាធិបតេយ្យដែរ ដែលបេក្ខជនដើរថ្លែងសុន្ទរកថា បញ្ចុះបញ្ចូល និងឃោសនាបោះឆ្នោតនៅគ្រប់ទីកន្លែង។ ពួកគេថែមទាំងលួចបន្លំក្នុងអំឡុងពេលដំណើរការបោះឆ្នោតទៀតផង។ ប៉ុន្តែ មនុស្សទាំងនេះមិនមានអារម្មណ៍ខ្មាសអៀនឡើយ ពួកគេធ្វើតាមជំនឿដែលថា «មនុស្សពិតប្រាកដត្រូវតែមានភាពពិសពុល»។ ពួកគេប្រើប្រាស់គ្រប់មធ្យោបាយចាំបាច់ទាំងអស់ដើម្បីឈ្នះការបោះឆ្នោត នេះគឺជាគំនិត និងទស្សនៈរបស់អ្នកគ្មានជំនឿ។ តើពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះធ្វើបែបនេះដែរឬទេ? ពិតប្រាកដណាស់! ដើម្បីតែអំណាច និងឋានៈ នៅជ្រុងជ្រៅបំផុតនៃដួងចិត្តរបស់ពួកគេ បុគ្គលទាំងនេះធ្វើសកម្មភាពយ៉ាងក្លៀវក្លា និងយ៉ាងក្ដៅគគុកក្នុងគ្រប់កិច្ចការទាំងអស់ ហើយខិតខំប្រឹងប្រែងគិតរកវិធីដើម្បីសម្រេចកិច្ចការទាំងនោះ។ ពួកគេពិតជាមិនស្កប់ស្កល់នឹងអ្វីដែលខ្លួនមានឡើយ។ ដូច្នេះ ប្រសិនបើអស់អ្នកដែលមានភាពក្លៀវក្លាយ៉ាងខ្លាំងចំពោះអំណាច និងឋានៈ ពោលគឺអ្នកដែលមិនអាចគ្រប់គ្រងមហិច្ឆតារបស់ខ្លួនបាន ទីបំផុតត្រូវបានគេបោះឆ្នោតជ្រើសរើសជាពួកអ្នកដឹកនាំ នោះពួកគេមិនត្រឹមតែដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះទេ ពួកគេថែមទាំងអាចក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទខ្លួនឯងទៀតផង។ តើអ្នករាល់គ្នាមានមហិច្ឆតាដែរឬទេ? តើអ្នករាល់គ្នាអាចគ្រប់គ្រងមហិច្ឆតារបស់អ្នករាល់គ្នាឱ្យស្ថិតក្នុងព្រំដែននៃភាពជាមនុស្ស និងវិចារណញ្ញាណបានដែរឬទេ? ប្រសិនបើអ្នករាល់គ្នាអាចគ្រប់គ្រងវាបាន នោះអ្នករាល់គ្នានឹងអាចជៀសផុតពីគ្រោះថ្នាក់នៃការដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយអ្នករាល់គ្នានឹងមិនក្លាយជាអាទទឹងនឹងព្រះគ្រីស្ទ និងត្រូវបានគេជម្រុះចោលឡើយ។ ប្រសិនបើអ្នករាល់គ្នាមានអារម្មណ៍ថា មហិច្ឆតារបស់អ្នករាល់គ្នាធំធេងពេក ដែលអ្នករាល់គ្នាតែងតែប្រើប្រាស់គ្រប់មធ្យោបាយដើម្បីតែឋានៈ ហើយថែមទាំងសុខចិត្តលះបង់ការហូបចុក ស៊ូទ្រាំនឹងទុក្ខលំបាកណាមួយ ហើយថែមទាំងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់វិធីសាស្ត្រដ៏គួរឱ្យស្អប់ខ្ពើមណាមួយ ប្រសិនបើអ្នករាល់គ្នាបានឈានដល់ចំណុចមួយដែលអ្នករាល់គ្នាគ្មានសេចក្ដីអៀនខ្មាស ហើយមហិច្ឆតារបស់អ្នករាល់គ្នាពិបាកនឹងទប់ស្កាត់ នោះមានបញ្ហាហើយ ពោលគឺ អ្នករាល់គ្នាគឺជាអាទទឹងនឹងព្រះគ្រីស្ទដោយគ្មានការសង្ស័យឡើយ។ ប្រសិនបើអ្នករាល់គ្នាគ្រាន់តែបង្ហាញនូវការបង្ហាញចេញរបស់អាទទឹងនឹងព្រះគ្រីស្ទ នោះនៅតែមានសង្ឃឹមសម្រាប់សេចក្ដីសង្គ្រោះ។ ប៉ុន្តែ តើអ្នករាល់គ្នាបានរួចផុតពីគ្រោះថ្នាក់ហើយឬនៅ? នៅមិនទាន់ទេ។ ប្រសិនបើអ្នកបង្ហាញនូវការបង្ហាញចេញ របស់អាទទឹងនឹងព្រះគ្រីស្ទទាំងនេះ នោះមានន័យថា អ្នកនៅតែប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដោយត្រៀមខ្លួនរួចជាស្រេចដើម្បីទាស់ទទឹង និងបដិសេធទ្រង់នៅគ្រប់ពេលវេលា។ ឬប្រហែលជា ដោយសារតែរឿងខ្លះដែលព្រះជាម្ចាស់បានធ្វើ មិនស្របតាមសញ្ញាណរបស់អ្នក អ្នកអាចនឹងសិក្សាពីព្រះជាម្ចាស់ យល់ខុសលើទ្រង់ វិនិច្ឆ័យទ្រង់ ហើយថែមទាំងផ្សព្វផ្សាយសញ្ញាណអំពីទ្រង់ទៀតផង។ បន្ទាប់មក អ្នកអាចនឹងបដិសេធព្រះជាម្ចាស់ ហើយដើរតាមផ្លូវផ្ទាល់ខ្លួនរបស់អ្នក ហើយទីបំផុតត្រូវបានជម្រុះចោលដោយព្រះជាម្ចាស់។ រឿងដែលអ្នកបញ្ចេញឱ្យឃើញនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង អាចតំណាងឱ្យនិស្ស័យរបស់អ្នកបាន។ ហេតុដូច្នេះហើយ រឿងដែលអ្នកបញ្ចេញឱ្យឃើញនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង គឺជាការបញ្ចេញឱ្យឃើញនូវនិស្ស័យរបស់អ្នក។ ហេតុអ្វីបានជាយើងតែងតែពិភាក្សាអំពីការផ្លាស់ប្ដូរនិស្ស័យ? ពីព្រោះមនុស្សដែលនិស្ស័យរបស់ពួកគេមិនផ្លាស់ប្តូរ គឺជាសត្រូវរបស់ព្រះជាម្ចាស់។ ពួកទទឹងនឹងព្រះគ្រីស្ទទាំងអស់ សុទ្ធតែមិនព្រមកែប្រែចិត្តយ៉ាងដាច់អហង្ការ ដោយប្ដូរជីវិតរបស់ពួកគេដើម្បីប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងឈរទាស់ទទឹងនឹងទ្រង់រហូតដល់ទីបញ្ចប់។ ទោះបីជាពួកគេទទួលស្គាល់អត្ថិភាពរបស់ព្រះជាម្ចាស់នៅក្នុងចិត្ត ទទួលស្គាល់ថាព្រះជាម្ចាស់បានបង្កើតមនុស្សជាតិ និងថាព្រះជាម្ចាស់អាចសង្គ្រោះមនុស្សជាតិក៏ដោយ ក៏ដោយសារតែធម្មជាតិរបស់ពួកគេ ពួកគេមិនអាចផ្លាស់ប្ដូរមាគ៌ាដែលពួកគេដើរបានឡើយ ហើយពួកគេក៏មិនអាចផ្លាស់ប្ដូរសារជាតិនៃការទាស់ទទឹងនឹងព្រះជាម្ចាស់ និងការប្រទូសរ៉ាយនឹងទ្រង់បានដែរ។
សារជាតិនៃសកម្មភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺពួកគេតែងតែប្រើប្រាស់មធ្យោបាយ និងវិធីសាស្ត្រផ្សេងៗ ដើម្បីបំពេញមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេ ដើម្បីបំភាន់ និងដាក់អន្ទាក់មនុស្ស ព្រមទាំងទទួលបានឋានៈខ្ពស់ ដើម្បីឱ្យមនុស្សដើរតាម និងថ្វាយបង្គំពួកគេ។ វាអាចទៅរួចដែលថានៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេមិនបានតាំងចិត្តដណ្ដើមមនុស្សពីព្រះជាម្ចាស់ឡើយ ប៉ុន្តែមានរឿងមួយដែលច្បាស់លាស់៖ សូម្បីតែពួកគេមិនដណ្ដើមមនុស្សពីព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅតែប្រាថ្នាចង់បានឋានៈ និងអំណាចក្នុងចំណោមមនុស្សដែរ។ សូម្បីតែថ្ងៃមួយពួកគេដឹងខ្លួនថា ពួកគេកំពុងដណ្ដើមឋានៈពីព្រះជាម្ចាស់ ហើយពួកគេទប់ចិត្តខ្លួនឯងបានបន្តិចក៏ដោយ ក៏ពួកគេនៅតែប្រើប្រាស់វិធីសាស្ត្រផ្សេងៗដើម្បីស្វែងរកឋានៈ និងកេរ្តិ៍ឈ្មោះដដែល។ ពួកគេដឹងច្បាស់នៅក្នុងចិត្តថា ពួកគេនឹងទទួលបានឋានៈត្រឹមត្រូវ ឱ្យតែពួកគេអាចទទួលបានការទទួលស្គាល់ និងការកោតសរសើរពីមនុស្សមួយចំនួន។ សរុបមក ទោះបីជាអ្វីគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ មើលទៅហាក់ដូចជាការបំពេញភារកិច្ចរបស់ពួកគេក៏ដោយ ក៏ផលវិបាករបស់វាគឺការបំភាន់មនុស្ស និងធ្វើឱ្យមនុស្សថ្វាយបង្គំ ព្រមទាំងដើរតាមពួកគេ។ ហេតុដូច្នេះហើយ ការបំពេញភារកិច្ចរបស់ពួកគេតាមរបៀបនេះ គឺជាការលើកតម្កើង និងធ្វើបន្ទាល់ឱ្យខ្លួនឯង។ មហិច្ឆតារបស់ពួកគេក្នុងការត្រួតត្រាមនុស្ស និងទទួលបានឋានៈ ព្រមទាំងអំណាចនៅក្នុងពួកជំនុំ នឹងមិនដែលផ្លាស់ប្ដូរឡើយ។ ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងពិតប្រាកដ។ មិនថាព្រះជាម្ចាស់មានព្រះបន្ទូល ឬធ្វើអ្វីក៏ដោយ ហើយមិនថាទ្រង់តម្រូវអ្វីពីមនុស្សក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនធ្វើអ្វីដែលពួកគេគួរធ្វើ ឬបំពេញភារកិច្ចរបស់ពួកគេតាមរបៀបដែលស័ក្ដិសមនឹងព្រះបន្ទូល និងសេចក្ដីតម្រូវរបស់ទ្រង់ឡើយ ហើយពួកគេក៏មិនបោះបង់ចោលការស្វែងរកអំណាច និងឋានៈរបស់ពួកគេ ដោយសារតែការយល់ពីសេចក្ដីពិតបានបន្តិចបន្តួចនោះដែរ។ នៅគ្រប់ពេលវេលា មហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេនៅតែមាន ហើយនៅតែគ្របដណ្ដប់ដួងចិត្តរបស់ពួកគេ និងត្រួតត្រាពួកគេទាំងមូល ដោយដឹកនាំឥរិយាបថ និងគំនិតរបស់ពួកគេ ព្រមទាំងកំណត់មាគ៌ាដែលពួកគេដើរ។ ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទពិតប្រាកដ។ តើអ្វីដែលគេឃើញច្រើនជាងគេនៅក្នុងពួកទទឹងនឹងព្រះគ្រីស្ទ? មនុស្សមួយចំនួននិយាយថា៖ «ពួកទទឹងនឹងព្រះគ្រីស្ទដណ្ដើមមនុស្សពីព្រះជាម្ចាស់ ពួកគេមិនទទួលស្គាល់ព្រះជាម្ចាស់ទេ»។ វាមិនមែនថាពួកគេមិនទទួលស្គាល់ព្រះជាម្ចាស់នោះទេ នៅក្នុងចិត្តរបស់ពួកគេ ពួកគេពិតជាទទួលស្គាល់ និងជឿលើអត្ថិភាពរបស់ទ្រង់មែន។ ពួកគេសុខចិត្តដើរតាមទ្រង់ និងចង់ស្វែងរកសេចក្ដីពិត ប៉ុន្តែពួកគេមិនអាចទប់ចិត្តខ្លួនឯងបានឡើយ ដូច្នេះហើយទើបពួកគេអាចធ្វើអំពើអាក្រក់បាន។ ទោះបីជាពួកគេអាចនិយាយរឿងជាច្រើនដែលស្ដាប់ទៅពីរោះក៏ដោយ ក៏មានរឿងមួយដែលនឹងមិនផ្លាស់ប្ដូរឡើយ៖ មហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេចំពោះអំណាច និងឋានៈ នឹងមិនដែលផ្លាស់ប្ដូរឡើយ។ ពួកគេនឹងមិនបោះបង់ចោលការស្វែងរកអំណាច និងឋានៈរបស់ពួកគេឡើយ ដោយសារតែការបរាជ័យ ឬឧបសគ្គ ឬដោយសារតែព្រះជាម្ចាស់បានផាត់ពួកគេចោល ឬបោះបង់ពួកគេនោះទេ។ នេះហើយគឺជាធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះ តើអ្នកយល់យ៉ាងណាដែរ តើធ្លាប់មានអាទទឹងនឹងព្រះគ្រីស្ទណាម្នាក់ ដែលបានផ្លាស់ប្ដូរផ្លូវរបស់ពួកគេ ហើយបានចាប់ផ្ដើមស្វែងរកសេចក្ដីពិត ដោយសារតែពួកគេបានរងទុក្ខលំបាក ឬបានយល់ពីសេចក្ដីពិតបន្តិចបន្តួច និងបានទទួលបានការស្គាល់បន្តិចបន្តួចអំពីព្រះជាម្ចាស់ដែរឬទេ តើមានមនុស្សបែបនេះដែរឬទេ? យើងមិនដែលឃើញរឿងនោះឡើយ។ មហិច្ឆតា និងការស្វែងរកឋានៈ ព្រមទាំងអំណាចរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នឹងមិនដែលផ្លាស់ប្ដូរឡើយ ហើយនៅពេលពួកគេក្ដោបក្ដាប់អំណាចបាន ពួកគេច្បាស់ជាមិនលែងវាឡើយ នេះកំណត់យ៉ាងចំៗថាតើសារជាតិធម្មជាតិរបស់ពួកគេគឺជាអ្វី។ មិនមានភាពមិនត្រឹមត្រូវសូម្បីតែបន្តិច នៅក្នុងការដែលព្រះជាម្ចាស់កំណត់លក្ខណៈមនុស្សបែបនេះថាជាពួកទទឹងនឹងព្រះគ្រីស្ទឡើយ វាត្រូវបានកំណត់ដោយសារជាតិធម្មជាតិរបស់ពួកគេផ្ទាល់។ មនុស្សមួយចំនួន ប្រហែលជាជឿថា ពួកទទឹងនឹងព្រះគ្រីស្ទព្យាយាមដណ្ដើមមនុស្សជាតិពីព្រះជាម្ចាស់។ ទោះជាយ៉ាងនេះក្តី ជួនកាលពួកទទឹងនឹងព្រះគ្រីស្ទមិនចាំបាច់ត្រូវដណ្ដើមជាមួយទ្រង់ឡើយ ចំណេះដឹង ការយល់ដឹង និងតម្រូវការឋានៈ ព្រមទាំងអំណាចរបស់ពួកគេ គឺមិនដូចជារបស់មនុស្សធម្មតាឡើយ។ មនុស្សធម្មតាជួនកាលអាចមានភាពអួតអាង ពួកគេអាចព្យាយាមយកមុខមាត់ជាមួយអ្នកដទៃ ព្យាយាមធ្វើឱ្យគេមានចំណាប់អារម្មណ៍ល្អមកលើខ្លួន និងព្យាយាមដណ្ដើមយកចំណាត់ថ្នាក់ល្អ។ នេះគឺជាមហិច្ឆ តារបស់មនុស្សធម្មតា។ ប្រសិនបើពួកគេត្រូវបានដកហូតតំណែង ពីភាពជាអ្នកដឹកនាំ ដោយបាត់បង់ឋានៈរបស់ពួកគេ វានឹងក្លាយជារឿងលំបាកសម្រាប់ពួកគេ ប៉ុន្តែជាមួយនឹងការផ្លាស់ប្ដូរនៅក្នុងបរិយាកាសរបស់ពួកគេ កម្ពស់របស់ពួកគេបានលូតលាស់បន្តិចបន្តួច ការទទួលបានការចូលទៅក្នុងសេចក្ដីពិតខ្លះៗ ឬការទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីសេចក្ដីពិត មហិច្ឆ តារបស់ពួកគេក៏សាបរលាបបន្តិចម្ដងៗ។ ការផ្លាស់ប្ដូរមួយកើតឡើងនៅលើមាគ៌ាដែលពួកគេដើរ និង ទិសដៅដែលពួកគេបន្តទៅមុខទៀត ហើយការស្វែងរកឋានៈ និងអំណាចរបស់ពួកគេក៏សាបរលាបទៅ។ ចំណង់របស់ពួកគេក៏កាន់តែតិចទៅៗដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកទទឹងនឹងព្រះគ្រីស្ទគឺខុសគ្នា៖ ពួកគេអាចនឹងមិនបោះបង់ចោលការស្វែងរកឋានៈ និងអំណាចរបស់ពួកគេឡើយ។ នៅពេលមានឱកាស នៅក្នុងបរិយាកាសណាមួយ ហើយមិនថាមនុស្សប្រភេទណាដែលនៅជុំវិញពួកគេ ហើយមិនថាអ្នកទាំងនោះចាស់ប៉ុនណានោះទេ គឺមហិច្ឆតារបស់ពួកគេនឹងមិនដែលផ្លាស់ប្ដូរឡើយ។ តើមានអ្វីដែលបង្ហាញថា មហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេនឹងមិនដែលផ្លាស់ប្ដូរនោះ? ឧទាហរណ៍ថា ពួកគេគឺជាអ្នកដឹកនាំពួកជំនុំ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេតែងតែគិតអំពីរបៀបដែលពួកគេអាចត្រួតត្រាមនុស្សគ្រប់គ្នានៅក្នុងពួកជំនុំ។ ប្រសិនបើពួកគេត្រូវបានផ្លាស់ប្ដូរទៅពួកជំនុំមួយផ្សេងទៀត ដែលពួកគេមិនមែនជាអ្នកដឹកនាំ តើពួកគេនឹងធ្វើជាអ្នកដើរតាមធម្មតាដោយក្ដីរីករាយដែរឬទេ? ច្បាស់ជាមិនមែនទេ។ ពួកគេនៅតែគិតអំពីរបៀបដើម្បីទទួលបានឋានៈ និងរបៀបត្រួតត្រាមនុស្សគ្រប់គ្នាដដែល។ មិនថាពួកគេទៅទីណាទេ ពួកគេប្រាថ្នាចង់គ្រប់គ្រងដូចជាស្ដេច។ សូម្បីតែពួកគេត្រូវបានដាក់នៅកន្លែងដែលគ្មានមនុស្ស នៅក្នុងហ្វូងចៀម ក៏ពួកគេនៅតែចង់ដឹកនាំហ្វូងចៀមនោះដែរ។ ប្រសិនបើពួកគេត្រូវបានដាក់នៅជាមួយសត្វឆ្មា និងសត្វឆ្កែ ពួកគេនឹងចង់ធ្វើជាស្ដេចនៃសត្វឆ្មា និងសត្វឆ្កែ ហើយគ្រប់គ្រងលើសត្វទាំងនោះ។ មហិច្ឆ តាបានលេបត្របាក់ពួកគេ មែនទេ? តើនិស្ស័យរបស់មនុស្សបែបនេះមិនមែនជានិស្ស័យបែបអារក្សទេឬ? តើទាំងនេះមិនមែនជានិស្ស័យបែបសាតាំងទេឬ? សាតាំងគឺជារបស់បែបនេះឯង។ នៅស្ថានសួគ៌ សាតាំងចង់ឈរស្មើនឹងព្រះជាម្ចាស់ ហើយបន្ទាប់ពីត្រូវបានបោះទម្លាក់មកផែនដី វាតែងតែព្យាយាមត្រួតត្រាមនុស្ស ដើម្បីឱ្យមនុស្សថ្វាយបង្គំវា និងចាត់ទុកវាជាព្រះជាម្ចាស់។ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែចង់ត្រួតត្រាមនុស្ស ពីព្រោះពួកគេមានធម្មជាតិបែបសាតាំង ពួកគេរស់នៅស្របតាមនិស្ស័យបែបសាតាំងរបស់ពួកគេ ដែលបានហួសពីព្រំដែននៃវិចារណញ្ញាណរបស់មនុស្សធម្មតារួចទៅហើយ។ តើនេះមិនខុសប្រក្រតីបន្តិចទេឬ? តើភាពខុសប្រក្រតីនេះសំដៅទៅលើអ្វី? វាមានន័យថា ឥរិយាបថរបស់ពួកគេមិនគួរមាននៅក្នុងភាពជាមនុស្សធម្មតាឡើយ។ ដូច្នេះ តើឥរិយាបថនេះគឺជាអ្វី? តើអ្វីជាអ្នកគ្រប់គ្រងវា? វាត្រូវបានគ្រប់គ្រងដោយធម្មជាតិរបស់ពួកគេ។ ពួកគេមានសារជាតិនៃវិញ្ញាណអាក្រក់ ហើយមិនដូចមនុស្សជាតិពុករលួយធម្មតាឡើយ។ នេះគឺជាភាពខុសគ្នា។ ការដែលពួកទទឹងនឹងព្រះគ្រីស្ទមិនញញើតនឹងធ្វើអ្វីទាំងអស់ក្នុងការ ដេញតាមអំណាច និងឋានៈរបស់ពួកគេ មិនត្រឹមតែលាតត្រដាងពីសារជាតិធម្មជាតិរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញឱ្យមនុស្សឃើញថា មុខមាត់ដ៏គួរឱ្យស្អប់ខ្ពើមរបស់ពួកគេ គឺប្រាកដឥតខ្ចោះ ជាមុខមាត់របស់សាតាំង និងពួកអារក្ស។ ពួកគេមិនត្រឹមតែដណ្ដើមឋានៈជាមួយមនុស្សប៉ុណ្ណោះទេ ពួកគេថែមទាំងហ៊ានដណ្ដើមឋានៈពីព្រះជាម្ចាស់ទៀតផង។ ពួកគេនឹងស្កប់ស្កល់ លុះត្រាតែពួកគេដណ្ដើមយករាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មកជារបស់ខ្លួន ហើយដាក់អ្នកទាំងនោះឱ្យស្ថិតនៅក្រោមការត្រួតត្រារបស់ពួកគេទាំងស្រុង។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងពួកជំនុំ ឬក្រុមមនុស្សណាមួយឡើយ ពួកគេចង់ទទួលបានឋានៈ ក្ដោបក្ដាប់អំណាច និងធ្វើឱ្យមនុស្សស្ដាប់តាមពួកគេ។ ទោះបីជាថាតើមនុស្សស្ម័គ្រចិត្ត ឬយល់ព្រម ឬអត់ក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទចង់ក្លាយជាអ្នកសម្រេចចិត្តចុងក្រោយ ហើយឱ្យមនុស្សស្ដាប់បង្គាប់ និងទទួលយកពួកគេ។ តើនេះមិនមែនជាធម្មជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទទេឬ? តើមនុស្សសុខចិត្តស្ដាប់តាមពួកគេដែរឬទេ? តើពួកគេបោះឆ្នោតជ្រើសរើស និងស្នើណែនាំពួកគេដែរឬទេ? ទេ។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទនៅតែចង់ក្លាយជាអ្នកសម្រេចចិត្តចុងក្រោយដដែល។ មិនថាមនុស្សយល់ព្រម ឬអត់នោះទេ ពួកទទឹងនឹងព្រះគ្រីស្ទចង់និយាយ និងធ្វើសកម្មភាពជំនួសមនុស្សទាំងនោះ ពួកគេចង់ត្រូវបានកត់សម្គាល់។ ពួកគេថែមទាំងព្យាយាមបង្ខំគំនិតរបស់ពួកគេទៅលើអ្នកដទៃទៀតផង ហើយប្រសិនបើមនុស្សមិនទទួលយកវាទេ ពួកទទឹងនឹងព្រះគ្រីស្ទនឹងខិតខំប្រឹងប្រែងគិតរកវិធីដើម្បីធ្វើឱ្យពួកគេទទួលយកវា។ តើនេះជាបញ្ហាអ្វី? នេះគឺជាភាពគ្មានសេចក្ដីអៀនខ្មាស និងភាពគឃ្លើន។ មនុស្សបែបនេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទពិតប្រាកដ ហើយមិនថាពួកគេជាអ្នកដឹកនាំ ឬអត់នោះទេ ពួកគេនៅតែជាពួកទទឹងនឹងព្រះគ្រីស្ទដដែល។ ពួកគេមានសារជាតិធម្មជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ។
មនុស្សមួយចំនួនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរកឱ្យឃើញថាតើនរណាជាពួកអ្នកដឹកនាំពួកជំនុំ នរណាខ្លះពាក់ព័ន្ធនឹងការផ្សាយដំណឹងល្អ តើពួកគេទាំងអស់រស់នៅទីណា ពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយនរណា និងរឿងផ្សេងៗទៀត។ ដូចជាអ្នកស៊ើបការណ៍របស់សាតាំងអ៊ីចឹង ពួកគេតែងតែជជីកសួរ និងរកឱ្យឃើញពីរឿងទាំងនេះ។ ហេតុអ្វីបានជាពួកគេតែងតែខ្វល់ខ្វាយពីរឿងទាំងនេះ? មនុស្សជាច្រើនមិនអាចយល់ពីហេតុផលជំរុញរបស់ពួកគេបានឡើយ ពួកគេគ្រាន់តែមានអារម្មណ៍ថា បុគ្គលទាំងនេះមានលក្ខណៈខុសប្រក្រតីបន្តិច។ មនុស្សភាគច្រើនមិនចាប់អារម្មណ៍នឹងរឿងទាំងនេះទេ ពួកគេរវល់នឹងភារកិច្ចផ្ទាល់ខ្លួនរបស់ខ្លួនឯងគ្រប់គ្រាន់ទៅហើយ ហើយគ្មានពេលទៅលូកដៃចូលរឿងអ្នកដទៃឡើយ។ ពួកគេផ្ដោតលើការបំពេញភារកិច្ចរបស់ខ្លួន និងផ្ដោតលើការអនុវត្តសេចក្ដីពិត ហើយដោយមិនដឹងខ្លួន និស្ស័យរបស់ពួកគេក៏ផ្លាស់ប្ដូរ ពោល នេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់។ ទោះជាយ៉ាងនេះក្តី មានមនុស្សមួយប្រភេទដែលមានភាពក្លៀវក្លាយ៉ាងខ្លាំងក្នុងការជជីកសួរ និងរកឱ្យឃើញពីរឿងគ្រប់យ៉ាងទាក់ទងនឹងពួកជំនុំ។ នៅពេលពួកគេជួបអ្នកដឹកនាំ ពួកគេសួរថា៖ «តើអ្នករាល់គ្នាបានចាត់ការលើមនុស្សអាក្រក់ឈ្មោះនេះឈ្មោះនោះនៅក្នុងពួកជំនុំយ៉ាងដូចម្តេច?» អ្នកដឹកនាំឆ្លើយតបថា៖ «តើវាជារឿងរបស់អ្នកឬ ដែលពួកយើងបានចាត់ការលើវាយ៉ាងណានោះ? តើអ្នកកំពុងធ្វើអ្វី បានជាមកជជីកសួរ ពីរឿងនេះ? តើអ្នកស្គាល់មនុស្សនោះដែរឬទេ?» មនុស្សនោះនិយាយថា៖ «ខ្ញុំគ្រាន់តែខ្វល់ខ្វាយ តើអ្នកដឹងទេ? នេះជារឿងនៃដំណាក់របស់ព្រះជាម្ចាស់។ ក្នុងនាមជាសមាជិកនៃដំណាក់ព្រះ យើងគួរតែមានភាពខ្នះខ្នែង និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរឿងរ៉ាវនៃដំណាក់របស់ព្រះជាម្ចាស់។ តើយើងអាចព្រងើយកន្តើយចំពោះរឿងទាំងនោះបានដោយរបៀបណា?» អ្នកដឹកនាំប្រាប់គេថា៖ «អ្នកមិនគួរជជីកសួរពីរឿងនេះទេ។ ចូរផ្ដោតលើការស្ដាប់សេចក្ដីអធិប្បាយ និងការចូលរួមការជួបជុំចុះ។ ការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាកិច្ចការដ៏ត្រឹមត្រូវរបស់អ្នក។ វាគ្រប់គ្រាន់ហើយសម្រាប់អ្នក ក្នុងការជឿលើព្រះជាម្ចាស់ឱ្យបានត្រឹមត្រូវ»។ មនុស្សនោះនៅតែទទូចថា៖ «ធ្វើបែបនេះមិនកើតទេ ខ្ញុំត្រូវតែខ្វល់ខ្វាយ»។ ដោយសារគ្មាននរណាម្នាក់ប្រាប់គេ គេក៏គិតរកកន្លែងដែលត្រូវទៅជជីកសួរ។ នៅពេលពួកអ្នកដឹកនាំថ្នាក់លើរៀបចំការប្រជុំអ្នករួមការងារនៅផ្ទះរបស់ពួកអ្នកដឹកនាំទាំងនោះ គេមានអារម្មណ៍ថា ការចូលរួមនឹងមើលទៅហាក់ដូចជាមិនសូវសមហេតុផល ដូច្នេះ គេធ្វើពុតជាយកទឹកចូលទៅ ហើយសាកសួរថាតើមនុស្សអាក្រក់នោះត្រូវបានបណ្ដេញចេញ ឬត្រូវបានអនុញ្ញាតឱ្យនៅបន្ត។ នៅពេលគ្មាននរណាម្នាក់ប្រាប់គេ គេក៏ចេញទៅខាងក្រៅ ហើយបើកទ្វារចំហបន្តិច ដោយឈរលួចស្ដាប់នៅទីនោះ។ តើមនុស្សនេះមិនឡប់សតិទេឬ? មែនហើយ គេឡប់សតិហើយ នៅក្នុងពាក្យសាមញ្ញ យើងហៅវាថាជា «អ្នកចូលចិត្តលូកដៃចូលរឿងគេ»។ មនុស្សបែបនេះពិតជាមានមហិច្ឆតា។ គេចង់ក្លាយជាអ្នកដឹកនាំ ប៉ុន្តែគេមិនអាចធ្វើបាន ដូច្នេះ គេលូកដៃចូលកិច្ចការរបស់អ្នកដទៃដើម្បីលួងលោមខ្លួនឯង ហើយក្នុងពេលជាមួយគ្នានោះ ធ្វើឱ្យប្រាកដថាមនុស្សឃើញថាគេដឹងច្រើន និងមានការយល់ដឹងយ៉ាងជ្រាលជ្រៅ។ តាមរបៀបនេះ គេអាចនឹងត្រូវបានបោះឆ្នោតជ្រើសរើសជាអ្នកដឹកនាំនៅថ្ងៃអនាគត។ ដើម្បីក្លាយជាអ្នកដឹកនាំ គេចង់ចូលរួមក្នុងគ្រប់កិច្ចការទាំងអស់ សាកសួរពីរឿងគ្រប់យ៉ាង និងដឹងរឿងគ្រប់យ៉ាង។ គេជឿថា តាមរយៈការចូលរួមក្នុងរឿងទាំងនេះពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាគេមិនក្លាយជាអ្នកដឹកនាំក៏ដោយ ក៏គេនៅតែជាអ្នកទទួលបន្ទុកលើកិច្ចការនានាដែរ ហើយគេអាចធ្វើឱ្យមនុស្សឱ្យតម្លៃខ្ពស់លើគេបាន។ គេមិនមានចំណាប់អារម្មណ៍លើសេចក្ដីពិតសូម្បីតែបន្តិច គេខ្វល់តែពីការលូកដៃចូលកិច្ចការរបស់អ្នកដទៃប៉ុណ្ណោះ គេជំនាញខាងជជីកសួរពីរឿងដែលគេចង់ដឹង។ កន្លែងណាដែលមានបញ្ហា គេនឹងនៅទីនោះ ដោយហើរក្រវែលដូចជាសត្វរុយដ៏គួរឱ្យរំខាន។ តើមនុស្សបែបនេះមិនគួរឱ្យស្អប់ខ្ពើមទេឬ? គេវង្វេងវង្វាន់ដល់កម្រិតនេះទៅហើយ ប៉ុន្តែគេនៅតែមានភាពរស់រវើកយ៉ាងខ្លាំង គេគ្រាន់តែមិនគិតពីការធ្វើកិច្ចការត្រឹមត្រូវណាមួយប៉ុណ្ណោះ។ គេបំពេញភារកិច្ចរៀបចំទទួលភ្ញៀវនៅផ្ទះរបស់គេ ប៉ុន្តែគេមិនព្រមជូតកម្រាលឥដ្ឋផ្ទះបាយឡើយ ទោះបីជាវាកខ្វក់ក៏ដោយ។ គេជឿថាខ្លួនឯងកំពុងចាត់ចែងរឿងសំខាន់ៗ ហើយការជូតកម្រាលឥដ្ឋគឺជារឿងដែលមនុស្សសាមញ្ញធ្វើ។ គេមិនអាចធ្វើកិច្ចការតូចតាចបែបនេះបានទេ ជាមួយនឹងគុណសម្បត្តិប្រភេទរបស់គេ។ គេមិនធ្វើកិច្ចការជាក់ស្តែងទាល់តែសោះ មិនអាចរែកពុនកិច្ចការដែលជាផ្នែកមួយនៃភារកិច្ចផ្ទាល់ខ្លួនរបស់ខ្លួនបាន មិនអាចបំពេញភារកិច្ចណាមួយឱ្យបានល្អឡើយ ហើយក៏មិនធ្វើកិច្ចការដោយស្មោះសរ ឬដោយម៉ត់ចត់ដែរ ផ្ទុយទៅវិញ គេចង់តែជជីកសួរពីកិច្ចការរបស់ពួកជំនុំ ក៏ដូចជារឿងសំខាន់ៗដែលពាក់ព័ន្ធនឹងពួកអ្នកដឹកនាំ ពួកអ្នកធ្វើការ និងបងប្អូនប្រុសស្រីនៃពួកជំនុំ។ គេចង់បញ្ចេញមតិរបស់ខ្លួនលើគ្រប់កិច្ចការទាំងអស់ ហើយប្រសិនបើមនុស្សមិនសុខចិត្តស្ដាប់គេទេ គេនិយាយថា៖ «ប្រសិនបើអ្នកមិនស្ដាប់សម្ដីរបស់ខ្ញុំទេ អ្នកនឹងខាតបង់មិនខាន!» តើនេះមិនមែនជាការគ្មានហេតុផលទេឬ? (មែនហើយ។) ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនលាក់មុខ ពួកគេមិនចាំបាច់ត្រូវតែមានឋានៈនោះទេ។ សូម្បីតែគ្មានឋានៈក៏ដោយ ក៏ពួកគេនៅតែមិននៅស្ងៀមឡើយ។ ប្រសិនបើពួកគេទទួលបានឋានៈ តើវានឹងកាន់តែអាក្រក់ដល់កម្រិតណាទៅ? តើពួកគេនឹងលោតបានខ្ពស់ប៉ុនណាទៅ? សូម្បីតែពួកគេធ្លាក់ស្លាប់ ក៏ពួកគេមិនខ្វល់ដែរ។ ប្រាប់ខ្ញុំមកមើល៍ ប្រសិនបើមនុស្សបែបនេះត្រូវបានជ្រើសរើសជាពួកអ្នកដឹកនាំ តើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចមានជីវិតដ៏រីករាយដែរឬទេ? ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនលាក់មុខ តើនេះមានន័យដូចម្ដេច? វាមានន័យថា ពួកទទឹងនឹងព្រះគ្រីស្ទមិនមែនក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទនៅពេលពួកគេទទួលបានឋានៈនោះទេ ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទតាំងពីដើមដំបូងមកម្ល៉េះ។ គ្រាន់តែដោយសារតែកម្ពស់របស់មនុស្សនៅតូចទាប ហើយពួកគេមិនអាចញែកដឹងអ្នកទាំងនោះបាន ឬប្រហែលជាពួកជំនុំមួយចំនួនមិនអាចស្វែងរកអស់អ្នកដែលដេញតាមសេចក្ដីពិតបាន ទើបពួកគេជ្រើសរើសមនុស្សដែលមានភាពក្លៀវក្លា ដែលអាចរៀបចំផែនការ និងរត់ការកិច្ចការផ្សេងៗ ធ្វើជាពួកអ្នកដឹកនាំរបស់ពួកគេ។ សម្រាប់ពេលនេះ យើងកុំទាន់ពិភាក្សាថាតើការជ្រើសរើសពួកគេជាពួកអ្នកដឹកនាំគឺត្រូវ ឬខុសអី ចូរយើងផ្ដោតលើអ្វីដែលគួរធ្វើ នៅពេលគេរកឃើញថាពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេគួរតែត្រូវបានលាតត្រដាង និងបដិសេធចោល។ ប្រសិនបើនរណាម្នាក់ត្រូវបានកំណត់លក្ខណៈថាជាអាទទឹងនឹងព្រះគ្រីស្ទ ហើយត្រូវបានដកហូតតំណែងពីតួនាទីរបស់ពួកគេ តើមនុស្សបែបនេះគួរត្រូវបានជ្រើសរើសជាពួកអ្នកដឹកនាំម្ដងទៀតនៅថ្ងៃអនាគតដែរឬទេ? (ទេ មិនគួរទេ។) ហេតុអ្វី? (ធម្មជាតិរបស់ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ។) នរណាម្នាក់ដែលត្រូវបានកំណត់លក្ខណៈថាជាអាទទឹងនឹងព្រះគ្រីស្ទ មិនគួរត្រូវបានជ្រើសរើសជាអ្នកដឹកនាំម្ដងទៀតឡើយ ពីព្រោះសារជាតិធម្មជាតិរបស់គេមិនអាចផ្លាស់ប្ដូរបានទេ។ ពួកទទឹងនឹងព្រះគ្រីស្ទគ្រាន់តែធ្វើការឱ្យសាតាំងប៉ុណ្ណោះ ពួកគេគ្រាន់តែជាទាសកររបស់សាតាំង។ ពួកគេនឹងមិនធ្វើអ្វី ឬនិយាយអ្វីដើម្បីជាប្រយោជន៍ដល់សេចក្ដីពិតឡើយ។ សារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ គឺប្រទូសរ៉ាយនឹងព្រះជាម្ចាស់ ស្អប់ខ្ពើមសេចក្ដីពិត ហើយបដិសេធ និងមើលងាយវា។ ធម្មជាតិរបស់គេនឹងមិនផ្លាស់ប្ដូរឡើយ។ ប្រសិនបើមនុស្សបែបនេះមិនធ្លាប់ធ្វើជាពួកអ្នកដឹកនាំពីមុនមកទេ ពួកគេមិនគួរត្រូវបានជ្រើសរើសឡើយ ហើយប្រសិនបើពួកគេធ្លាប់ជាពួកអ្នកដឹកនាំពីមុនមក ប៉ុន្តែត្រូវបានដកហូតតំណែង តើពួកគេនឹងផ្លាស់ប្ដូរដែរឬទេ ប្រសិនបើពួកគេក្លាយជាពួកអ្នកដឹកនាំម្ដងទៀតនៅថ្ងៃអនាគត? (ទេ ពួកគេនឹងមិនផ្លាស់ប្ដូរទេ។) ពួកគេនៅតែជាពួកទទឹងនឹងព្រះគ្រីស្ទដដែល។ សារជាតិធម្មជាតិរបស់ពួកគេជាអ្នកកំណត់រឿងនេះ។
II. ការវែកញែកអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទអូសទាញមនុស្ស
យើងទើបតែបានពិភាក្សាអំពីការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលបំភាន់មនុស្ស។ ការបំភាន់ និងការអូសទាញ មានន័យស្ទើរតែដូចគ្នា ប៉ុន្តែវាខុសគ្នាទាំងធម្មជាតិ និងវិធីសាស្ត្រ។ ការបំភាន់ គឺជាការប្រើប្រាស់ភាពក្លែងក្លាយដើម្បីណែនាំមនុស្សឱ្យខុស ដោយធ្វើឱ្យពួកគេជឿថាជារឿងពិត។ ការអូសទាញ គឺជាការប្រើប្រាស់វិធីសាស្ត្រមួយចំនួនដោយចេតនា ដើម្បីធ្វើឱ្យមនុស្សស្ដាប់តាមបុគ្គលណាម្នាក់ ហើយដើរតាមផ្លូវរបស់ពួកគេ ពោលគឺចេតនារបស់ពួកគេច្បាស់លាស់ណាស់។ ការបំភាន់ និងការអូសទាញ ពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្ដីដែលស្ដាប់ទៅហាក់ដូចជាត្រឹមត្រូវដើម្បីបំភាន់មនុស្ស ដោយនិយាយរឿងដែលស្របនឹងសញ្ញាណរបស់មនុស្ស ហើយដែលមនុស្សងាយនឹងទទួលយក ដើម្បីបំភាន់ពួកគេ។ មនុស្សចាប់ផ្ដើមជឿ និងដើរតាមពួកគេដោយមិនដឹងខ្លួន ដោយឈរនៅខាងពួកគេ និងចូលរួមក្នុងបក្សពួករបស់ពួកគេ។ តាមរបៀបនេះ ពួកទទឹងនឹងព្រះគ្រីស្ទអូសទាញមនុស្សចេញពីក្រុមមនុស្សដែលត្រឹមត្រូវ ហើយបញ្ចូលទៅក្នុងជំរំរបស់ពួកគេផ្ទាល់។ សរុបមក ប្រសិនបើមនុស្សទទួលយកទង្វើបែបនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នោះពួកគេអាចនឹងជឿ និងថ្វាយបង្គំពួកគេ រួចហើយក៏ទទួលយក និងស្ដាប់បង្គាប់គ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយ ដោយចាប់ផ្ដើមដើរតាមពួកគេដោយមិនដឹងខ្លួន។ តើពួកគេមិនមែនត្រូវគេបោកបញ្ឆោត និងអូសទាញទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទខ្លះ ច្រើនតែប្រើល្បិចកលមួយចំនួន ដើម្បីសម្រេចគោលដៅរបស់ពួកគេក្នុងការបំភាន់ និងអូសទាញមនុស្ស ក្នុងពេលប្រាស្រ័យទាក់ទង និងនិយាយជាមួយពួកគេ ដែលជាលទ្ធផល នាំឱ្យមានការបែកបាក់ ការបង្កើតបក្សពួក និងក្រុមតូចៗនៅក្នុងពួកជំនុំ។ ឧទាហរណ៍៖ ប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទម្នាក់មកពីភាគខាងត្បូង ហើយជួបអ្នកភាគខាងត្បូងម្នាក់ទៀត អាទទឹងនឹងព្រះគ្រីស្ទនោះអាចនឹងនិយាយថា៖ «យើងទាំងពីរនាក់សុទ្ធតែជាអ្នកភាគខាងត្បូង៖ យើងបានធំដឹងក្ដីឡើងដោយផឹកទឹកពីទន្លេតែមួយ ហើយយើងនិយាយភាសាដូចគ្នា។ អ្នកភាគខាងជើងមិននិយាយភាសារបស់យើងទេ គឺមិនអាចទៅរួចឡើយក្នុងការស្និទ្ធស្នាលជាមួយពួកគេ! ទោះបីជាយើងទាំងអស់គ្នាជឿលើព្រះតែមួយក៏ដោយ ក៏ទម្លាប់រស់នៅរបស់ពួកគេក្នុងនាមជាអ្នកភាគខាងជើង គឺខុសពីយើង ហើយបុគ្គលិកលក្ខណៈរបស់យើងក៏មិនចុះសម្រុងគ្នាដែរ។ យើងគ្មានរឿងអ្វីត្រូវនិយាយគ្នាទេ។ ដូច្នេះ អ្នកនិងខ្ញុំគឺដូចជាគ្រួសារតែមួយ ហើយយើងត្រូវតែរួបរួមគ្នា»។ ពាក្យសម្ដីនេះអាចស្ដាប់ទៅសមហេតុផល ហាក់ដូចជាពួកគេគ្រាន់តែបញ្ចេញទស្សនៈណាមួយប៉ុណ្ណោះ ប៉ុន្តែគេនិយាយវាដោយមានហេតុផលជំរុញ និងគោលបំណង ហើយមនុស្សគួរតែមានការវែកញែក។ ក្នុងតថភាព អ្វីដែលអាទទឹងនឹងព្រះគ្រីស្ទនិយាយ មិនមែនជាអ្វីដែលមាននៅក្នុងចិត្តរបស់គេឡើយ។ គេ ជាសត្វបង្កួយប្ដូរពណ៌ ដោយកែប្រែពាក្យសម្ដីរបស់គេ អាស្រ័យលើមនុស្សដែលគេកំពុងនិយាយជាមួយ។ នៅពេលអាទទឹងនឹងព្រះគ្រីស្ទជួបអ្នកភាគខាងជើង គេអាចនឹងនិយាយថា៖ «ភាគខាងជើងល្អណាស់ ខ្យល់អាកាសនៅទីនោះបរិសុទ្ធ។ ទោះបីជាខ្ញុំកើតនៅភាគខាងត្បូងក៏ដោយ ក៏ខ្ញុំបានធំដឹងក្ដីឡើងដោយផឹកទឹកនៅភាគខាងជើងដែរ។ យ៉ាងហោចណាស់ ចំណុចនេះធ្វើឱ្យយើងស្និទ្ធស្នាលនឹងគ្នា!» នៅពេលអ្នកភាគខាងជើងឮដូច្នេះ គេអាចនឹងមានអារម្មណ៍ថា អាទទឹងនឹងព្រះគ្រីស្ទនោះជាមនុស្សល្អគួរសម ហើយក៏ចាប់ផ្ដើមទាក់ទងជាមួយគេ។ អាទទឹងនឹងព្រះគ្រីស្ទស្ទាត់ជំនាញខ្លាំងណាស់ក្នុងការបំភាន់មនុស្ស និងអូសទាញពួកគេ ដោយប្រើល្បិចកលផ្សេងៗដើម្បីបំបែកបំបាក់ពួកជំនុំ ធ្វើឱ្យអ្នកភាគខាងត្បូង និងអ្នកភាគខាងជើងបង្កើតជាក្រុមដាច់ដោយឡែកពីគ្នា ដែលទាំងអស់នេះគឺដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់អាទទឹងនឹងព្រះគ្រីស្ទ ដើម្បីសម្រេចគោលដៅរបស់គេក្នុងការប្រមូលបក្សពួក និងបង្កើតកម្លាំងបក្សពួកផ្ទាល់ខ្លួនរបស់គេ។ ជាពិសេសក្នុងអំឡុងពេលបោះឆ្នោតនៅក្នុងពួកជំនុំ ប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទឃើញថា បងប្អូនប្រុស ឬបងប្អូនស្រីនៅភាគខាងជើងអាចនឹងជាប់ឆ្នោត គេក៏ធ្វើសកម្មភាពលួចលាក់ ដោយលួចបន្លំសន្លឹកឆ្នោត ហើយទីបំផុត ពួកអ្នកដឹកនាំពួកជំនុំ និងគ្រូជំនួយដែលជាប់ឆ្នោតទាំងអស់ សុទ្ធតែជាអ្នកមកពីភាគខាងត្បូង។ ពួកទទឹងនឹងព្រះគ្រីស្ទហ៊ានធ្វើគ្រប់យ៉ាងដើម្បីបំភាន់មនុស្ស និងអូសទាញពួកគេ ដោយបង្កឱ្យមានការបែកបាក់ និងការបែងចែកបក្សពួក ព្រមទាំងប្រើប្រាស់វិធីសាស្ត្រទាំងនេះដើម្បីបំបែកបំបាក់ និងគ្រប់គ្រងពួកជំនុំ។ តើពួកគេមានគោលបំណងអ្វីក្នុងការធ្វើបែបនេះ? (ដើម្បីបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេ។) តើការបង្កើតនគរឯករាជ្យមានធម្មជាតិបែបណា? វាមានន័យថា មិនអាចស្រុះស្រួលនឹងព្រះគ្រីស្ទ ដោយដណ្ដើមយករាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មកជារបស់ខ្លួនឯង ហើយឈរប្រឆាំងនឹងព្រះជាម្ចាស់ក្នុងឋានៈស្មើនឹងទ្រង់។ តើនេះមិនមែនប្រៀបដូចជាការរៀបចំឆាកប្រកួតប្រជែងប្រឆាំងនឹងព្រះជាម្ចាស់ទេឬ? (មែនហើយ។) គឺប្រាកដឥតខ្ចោះបែបនេះមែន។ ដូច្នេះ តើមានផលវិបាកអ្វីខ្លះ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទធ្វើទង្វើបែបនេះ? ទង្វើរបស់ពួកគេបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំយ៉ាងធ្ងន់ធ្ងរ ហើយទង្វើទាំងនោះគឺជារឿងដែលប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ព្រះជាម្ចាស់នឹងចាត់ការពួកគេដោយសេចក្ដីក្រោធ ហើយពួកទទឹងនឹងព្រះគ្រីស្ទទាំងអស់នេះ ច្បាស់ជាត្រូវប្រឈមមុខនឹងការដាក់ទោស និងការបំផ្លិចបំផ្លាញជាមិនខាន នេះជារឿងដែលមិនគួរឱ្យសង្ស័យឡើយ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ពួកមេដឹកនាំទាំង ២៥០ នាក់ ដែលបានជំនុំជម្រះម៉ូសេ បានទទួលការដាក់ទោសដោយផ្ទាល់។ នៅក្នុងយុគសម័យនៃព្រះគុណ អស់អ្នកដែលបានឆ្កាងព្រះអម្ចាស់យេស៊ូវ ក៏បានប្រឈមមុខនឹងការដាក់ទោសដោយផ្ទាល់ផងដែរ ពួកគេត្រូវបានដាក់បណ្ដាសា និងមានចុងបញ្ចប់ដ៏អាក្រក់។ នេះគឺជាលទ្ធផលនៃពួកទទឹងនឹងព្រះគ្រីស្ទដែលប្រឆាំងនឹងព្រះជាម្ចាស់ ហើយក៏ជាទីបញ្ចប់ដ៏ស័ក្តិសមសម្រាប់អស់អ្នកដែលទាស់ទទឹងនឹងព្រះជាម្ចាស់ផងដែរ។
តើពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់វិធីសាស្ត្រផ្សេងៗដើម្បីអូសទាញមនុស្ស ក្នុងគោលបំណងបំបែកបំបាក់ពួកជំនុំយ៉ាងដូចម្តេច? ដំបូង អាទទឹងនឹងព្រះគ្រីស្ទនឹងអូសទាញមនុស្សដែលមានអំណោយទាន និងនិយាយប្រកបដោយវោហារសាស្ត្រ ដោយធ្វើឱ្យមនុស្សទាំងនេះមានចំណាប់អារម្មណ៍ល្អចំពោះគេជាមុនសិន រួចពង្រីកទំហំកម្លាំងផ្ទាល់ខ្លួនរបស់គេតាមរយៈការរាប់អានមិត្តភក្តិ។ គេនឹងមិនយកចិត្តទុកដាក់ ឬថែមទាំងផាត់ចោលមនុស្សក្រីក្រ ឬអ្នកដែលមានគុណសម្បត្តិទាប ឬអ្នកដែលគ្មានល្បិចនោះទេ។ អ្នកណាក៏ដោយដែលមានឋានៈ និងទ្រព្យសម្បត្តិនៅក្នុងសង្គម គេនឹងគិតរកវិធីដើម្បីទាញយកមនុស្សទាំងនេះមកខាងគេ ចំណែកឯបងប្អូនប្រុសស្រីដែលលះបង់ខ្លួនដោយស្មោះសរ ប៉ុន្តែមានលុយកាក់តិចតួច ឬអស់អ្នកដែលមានឋានៈសង្គមទាប គ្មានឥទ្ធិពលអ្វីត្រូវនិយាយ និងងាយរងការយាយី ពីអ្នកដទៃ នឹងត្រូវគេចាត់ទុកជាពលរដ្ឋថ្នាក់ទីពីរនៅក្នុងពួកជំនុំ។ តាមរបៀបនេះ ពួកជំនុំដែលមានសមាជិកប៉ុន្មានសិបនាក់ ត្រូវបានបែងចែកជាមនុស្សពីរថ្នាក់ដោយមិនដឹងខ្លួន។ តើនរណាជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ? (ពួកទទឹងនឹងព្រះគ្រីស្ទ។) ពួកទទឹងនឹងព្រះគ្រីស្ទនឹងធ្វើរឿងបែបនេះ។ ប្រសិនបើអ្នកដឹកនាំល្អម្នាក់ដែលពិតជាយល់ពីសេចក្ដីពិត រកឃើញស្ថានភាពបែបនេះកើតឡើងនៅក្នុងពួកជំនុំ គាត់នឹងប្រើប្រាស់សេចក្ដីពិតដើម្បីដោះស្រាយវា។ គាត់នឹងមិនអនុញ្ញាតឱ្យមនុស្សនៅក្នុងពួកជំនុំត្រូវបានបែងចែកតាមឋានៈ ឬចាត់ថ្នាក់ដោយផ្អែកលើឋានៈសង្គមរបស់ពួកគេឡើយ ហើយគាត់ក៏មិនបំបែកបំបាក់ពួកជំនុំដែរ។ គាត់នឹងធានាថា បងប្អូនប្រុសស្រីទាំងអស់ មិនថាពួកគេមកពីណា ឬមានឋានៈសង្គមឬអត់នោះទេ គឺសុទ្ធតែរួបរួមគ្នានៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងនៅចំពោះព្រះជាម្ចាស់។ ផ្ទុយទៅវិញ ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែមិនដោះស្រាយបញ្ហាបែបនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់និស្ស័យពុករលួយរបស់មនុស្សដើម្បីសម្រេចគោលដៅរបស់ពួកគេទៀតផង។ ពួកគេស្វែងរកអ្នកដែលមានឋានៈសង្គម និងទ្រព្យសម្បត្តិ ហើយអូសទាញពួកគេ។ តើពួកគេអូសទាញមនុស្សទាំងនោះដោយរបៀបណា? ពួកគេអាចនឹងនិយាយថា៖ «ឋានៈសង្គមរបស់អ្នក គឺជាព្រះពរមកពីព្រះ ដែលត្រូវបានកំណត់ដោយព្រះ។ អ្នកគួរតែប្រើប្រាស់លក្ខខណ្ឌរបស់អ្នក ដើម្បីបំពេញភារកិច្ចរបស់អ្នកនៅក្នុងដំណាក់របស់ព្រះ។ ឥឡូវនេះ ខ្ញុំជាអ្នកដឹកនាំម្នាក់ ហើយមានឈ្មោះបោះសំឡេងគួរសមនៅក្នុងតំបន់នេះដោយសារជំនឿរបស់ខ្ញុំ។ គ្រួសាររបស់ខ្ញុំធ្វើទុក្ខបុកម្នេញខ្ញុំខ្លាំងណាស់ ហើយមានហានិភ័យមួយចំនួនពាក់ព័ន្ធនឹងតួនាទីជាអ្នកដឹកនាំរបស់ខ្ញុំ។ ខ្ញុំត្រូវការមនុស្សដូចជាអ្នក ដើម្បីជួយការពារសុវត្ថិភាពរបស់ខ្ញុំ។ ប្រសិនបើអ្នកអាចធ្វើរឿងនោះសម្រាប់ខ្ញុំបាន អ្នកនឹងទទួលបានព្រះពរយ៉ាងធំធេងនៅថ្ងៃអនាគត ហើយអ្នកនឹងមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងជីវិត!» នេះជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទអូសទាញ និងលួងលោមមនុស្សឱ្យដើរតាមពួកគេ។ ប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទពេញចិត្តនរណាម្នាក់ ឬឃើញថាអ្នកនោះមានប្រយោជន៍ គេនឹងរៀបចំឱ្យអ្នកនោះមានភារកិច្ចស្រាលៗ ឬភារកិច្ចដែលអ្នកនោះអាចលេចធ្លោបាន ដោយខិតខំអស់ពីសមត្ថភាពដើម្បីលើកស្ទួយអ្នកនោះ។ គេមិនខ្វល់ទេថាតើអ្នកនោះស្របតាមគោលការណ៍សម្រាប់ការប្រើប្រាស់មនុស្សនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឬក៏អត់នោះទេ។ ដរាបណាអ្នកនោះមានឋានៈសង្គម និងអាចមានប្រយោជន៍ដល់គេ នោះគេនឹងអូសទាញបុគ្គលនេះ។ ដើម្បីសម្រេចគោលដៅរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទចូលទៅជិត បញ្ជោរនិងអូសទាញអ្នកដែលមានទ្រព្យសម្បត្តិ និងឋានៈនៅក្នុងសង្គម ស្របពេលដែលពួកគេកេងប្រវ័ញ្ចយកផលប្រយោជន៍សម្រាប់ខ្លួនឯង។ ពួកគេក៏មានវិធីសាស្ត្រទីពីរក្នុងការអូសទាញមនុស្សដែលមានលុយកាក់ មានអំណាច និងមានឋានៈផងដែរ នោះគឺការបណ្ដោយតាមពួកគេ។ មនុស្សបែបនេះច្រើនតែប្រព្រឹត្តអំពើខុសឆ្គងនៅក្នុងពួកជំនុំ ដោយធ្វើឱ្យបាត់បង់ភាពក្លៀវក្លារបស់បងប្អូនប្រុសស្រី និងរំខានដល់ជីវិតពួកជំនុំ។ ពួកទទឹងនឹងព្រះគ្រីស្ទឈរមើលដោយក្ដីរីករាយ ហើយអនុញ្ញាតឱ្យពួកគេប្រព្រឹត្តអំពើអាក្រក់អ្វីក៏ដោយតាមតែពួកគេចង់។ តើការបណ្ដោយតាមរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ មានគោលបំណងអ្វី? វានៅតែដើម្បីអូសទាញពួកគេ និងទាញយកផលប្រយោជន៍ពីពួកគេ បន្ទាប់ពីអូសទាញបានហើយ។ ពួកទទឹងនឹងព្រះគ្រីស្ទថែមទាំងធ្វើពុតជានិយាយប្រាប់ពួកគេថា៖ «ទោះបីជាអ្នករាល់គ្នាបានជ្រើសរើសខ្ញុំជាអ្នកដឹកនាំ ហើយខ្ញុំមានការទទួលខុសត្រូវក្នុងការដឹកនាំអ្នករាល់គ្នាក៏ដោយ ក៏ពួកជំនុំនេះមិនមែនជារបស់ខ្ញុំតែម្នាក់ឯងដែរ។ ខ្ញុំមិនអាចសម្រេចចិត្តដោយខ្លួនឯងនៅក្នុងពួកជំនុំបានទេ។ អ្នករាល់គ្នាក៏ត្រូវជួយផងដែរ។ ប្រសិនបើមានរឿងអ្វីកើតឡើង អ្នករាល់គ្នាក៏អាចបញ្ចេញមតិបានដែរ ពោលគឺ នេះហើយជាអត្ថន័យនៃការសហការ»។ ពួកគេនិយាយបែបនេះទៅកាន់អ្នកដែលមានទ្រព្យសម្បត្តិ មានឥទ្ធិពល និងមានប្រយោជន៍ដល់ពួកគេ ដោយខិតខំអស់ពីសមត្ថភាពដើម្បីអូសទាញបុគ្គលទាំងនេះ រហូតដល់ចំណុចមួយដែលពួកគេអាចគ្រប់គ្រងអ្នកទាំងនោះបាន។ ទោះជាយ៉ាងណាក៏ដោយ ចំពោះអ្នកដែលពិតជាជឿលើព្រះជាម្ចាស់ ប៉ុន្តែខ្វះខាតលុយកាក់ ឋានៈសង្គម ឬគ្មានប្រយោជន៍អ្វីច្បាស់លាស់ ពួកគេព្យាយាមគ្រប់មធ្យោបាយដើម្បីផាត់ចោល វាយប្រហារ ឬគ្រាន់តែមិនអើពើនឹងអ្នកទាំងនោះ។ តើការមិនអើពើរបស់ពួកគេមានន័យដូចម្ដេច? «ប្រសិនបើយើងពីរបីនាក់រួបរួមគ្នា ហើយក្លាយជាបន្ទាយដែកថែប ខ្ញុំប៉ាន់ស្មានថា អ្នករាល់គ្នាដែលជាមនុស្សធម្មតា មិនអាចធ្វើឱ្យមានផលប៉ះពាល់អ្វីធំដុំបានឡើយ។ ប្រសិនបើអ្នកស្ដាប់តាមពាក្យសម្ដីរបស់ខ្ញុំដោយការស្ដាប់បង្គាប់ ខ្ញុំនឹងអនុញ្ញាតឱ្យអ្នកបន្តជឿទៀត។ ប៉ុន្តែ ប្រសិនបើអ្នកនៅតែបន្តចាប់កំហុស បញ្ចេញមតិរបស់អ្នកអំពីខ្ញុំ ឬរាយការណ៍ពីខ្ញុំទៅថ្នាក់លើ នោះខ្ញុំនឹងធ្វើបាបអ្នក ហើយបណ្ដេញអ្នកចេញ!» នេះគឺជាផែនការរបស់ពួកគេ។ មនុស្សមួយចំនួនខ្វះការញែកដឹង ហើយក៏មានការភ័យខ្លាច ដោយនិយាយថា៖ «យើងមិនត្រូវធ្វើឱ្យពួកគេថ្នាំងថ្នាក់ទេ។ ពួកគេបានបង្កើតបក្សពួកផ្ទាល់ខ្លួនរបស់ពួកគេហើយ ហើយយើងមិនអាចតតាំងនឹងពួកគេបានទេ។ ពាក្យសម្ដីរបស់យើងគ្មានទម្ងន់ទេ ហើយប្រសិនបើយើងចៃដន្យនិយាយអ្វីមួយដែលធ្វើឱ្យពួកគេមិនសប្បាយចិត្ត ហើយអ្នកដឹកនាំពិតជាបណ្ដេញយើងចេញមែន នោះយើងនឹងបាត់បង់ឱកាសក្នុងការជឿលើព្រះជាម្ចាស់ហើយ»។ មនុស្សទាំងនេះភ័យខ្លាចរហូតដល់បាត់បង់ស្មារតី។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទអូសទាញមនុស្ស នៅក្នុងឥរិយាបថនេះ មានបង្កប់នូវនិស្ស័យទុច្ចរិត កាចសាហាវ និងព្យាបាទ។ តើពួកគេមានគោលបំណងអ្វីក្នុងការអូសទាញមនុស្ស? វាក៏ដើម្បីពង្រឹងតំណែងរបស់ពួកគេផងដែរ។ តើពួកគេមានគោលបំណងអ្វីក្នុងការបង្កើតក្រុមតូចៗ ឬបក្សពួក? គឺដើម្បីពង្រីកទំហំកម្លាំងរបស់ពួកគេ ដើម្បីឱ្យមនុស្សគាំទ្រពួកគេ ដែលធ្វើឱ្យអំណាច និងឋានៈរបស់ពួកគេកាន់តែរឹងមាំ។ តើអ្នករាល់គ្នាធ្លាប់ជួបប្រទះរឿងបែបនេះដែរឬទេ? នៅពេលបុគ្គលទទឹងនឹងព្រះគ្រីស្ទគ្រប់គ្រងពួកជំនុំ អ្នកណាដែលមានលុយកាក់ មានឋានៈ ឬមានចរិតត្រួតត្រា នឹងប្រមូលផ្ដុំគ្នានៅជុំវិញគេ ហើយពួកគេក៏រួមគ្នាគ្រប់គ្រង ដោយក្លាយជាបក្សពួកមួយ ជាក្រុមដែលមានមនុស្សបួន ប្រាំ ឬប្រាំមួយនាក់។ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យលាតត្រដាងពីបញ្ហារបស់ពួកគេឡើយ។ អាទទឹងនឹងព្រះគ្រីស្ទអូសទាញមនុស្សទាំងនេះ ពីព្រោះវាជារឿងលំបាកសម្រាប់គេក្នុងការគ្រប់គ្រងអ្នកទាំងនោះ។ គេត្រូវតែអូសទាញអ្នកទាំងនោះឱ្យមកជិត ដោយធ្វើឱ្យអ្នកទាំងនោះក្លាយជាជំនួយការរបស់គេ ដើម្បីធានាដល់តំណែងរបស់គេ។ លើសពីនេះ មនុស្សទាំងនេះមានតម្លៃដែលអាទទឹងនឹងព្រះគ្រីស្ទអាចកេងចំណេញបាន។ វិធីសាស្ត្ររបស់គេក្នុងការអូសទាញអ្នកទាំងនោះ ក្នុងន័យមួយ គឺជាមធ្យោបាយដើម្បីធ្វើឱ្យអ្នកទាំងនោះស្ងប់ចិត្ត និងរារាំងអ្នកទាំងនោះមិនឱ្យបង្កការគំរាមកំហែងដល់តំណែងរបស់គេ។
ទាក់ទងនឹងទិដ្ឋភាពនៃការអូសទាញមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះ យើងទើបតែបានពិភាក្សាអំពីការបង្ហាញចេញចំនួនពីរ។ តើរឿងបែបនេះមានកើតឡើងនៅក្នុងពួកជំនុំរបស់អ្នករាល់គ្នាដែរឬទេ? ចូរប្រាប់ខ្ញុំមើល៍ តើរឿងបែបនេះមានដែរឬទេ? (មាន។) គឺពិតជាមានមែន។ ដូច្នេះ ក្នុងចំណោមរឿងគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងការអូសទាញមនុស្ស តើមានការបង្ហាញចេញអ្វីផ្សេងទៀត ដែលមានធម្មជាតិនៃការអូសទាញមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? តើការអូសទាញពួកគេមានផលវិបាកអ្វីខ្លះ? ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទចង់អូសទាញមនុស្ស? ប្រសិនបើពួកគេមិនអូសទាញមនុស្សទេ តើពួកគេអាចសម្រេចគោលដៅរបស់ពួកគេក្នុងការគ្រប់គ្រងមនុស្សបានដែរឬទេ? (ពួកគេមិនអាចទេ។) ពួកគេត្រូវតែនាំមនុស្សដែលស្ដាប់តាមពួកគេ និងស្របតាម ឆន្ទៈរបស់ពួកគេ មកនៅចំពោះមុខពួកគេ ដើម្បីឱ្យពួកគេអាចកាន់កាប់តំណែងមួយ និងមានកម្មវត្ថុ សម្រាប់អនុវត្តសិទ្ធិអំណាចពីលើ។ ប្រសិនបើគ្មាននរណាម្នាក់នៅក្បែរដែលស្ដាប់តាមពួកគេទេ តើពួកគេនឹងមិនអាចបំពេញមហិច្ឆតារបស់ពួកគេចំពោះឋានៈ និងអំណាចទេមែនទេ? ហេតុដូច្នេះហើយ មានតែនៅពេលពួកគេអូសទាញមនុស្សគ្រប់ប្រភេទដែលអាចអូសទាញបានប៉ុណ្ណោះ ទើបពួកគេទទួលបានតំណែង និងអំណាច។ តើពួកគេដោះស្រាយយ៉ាងដូចម្តេចជាមួយអ្នកដែលមិនអាចអូសទាញបាន? (ពួកគេផាត់ចោល និងវាយប្រហារអ្នកទាំងនោះ។) ពួកគេចាប់ផ្ដើមវាយប្រហារ និងផាត់ចោលអ្នកទាំងនោះ។ តើមិនធ្លាប់មានពួកទទឹងនឹងព្រះគ្រីស្ទដែលបានប្រែក្លាយអ្នកនៅក្នុងពួកជំនុំដែលមិនអាចអូសទាញបាន ឱ្យទៅជាអ្វីដែលហៅថា «អ្នកស្ដាប់» ទេឬ? សេចក្ដីអធិប្បាយ ទំនុកបរិសុទ្ធ និងសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវបានចេញដោយពួកជំនុំ គឺមិនត្រូវបានផ្ដល់ឱ្យមនុស្សទាំងនេះទាល់តែសោះ ឬពួកគេមិនត្រូវបានគេជូនដំណឹងអំពីការជួបជុំក្នុងរយៈពេលដ៏យូរ។ រឿងបែបនេះពិតជាមានមែន ហើយរឿងទាំងនោះសុទ្ធតែជារឿងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ។ អស់អ្នកដែលត្រូវពួកទទឹងនឹងព្រះគ្រីស្ទវាយប្រហារ និងផាត់ចោល មិនត្រូវបានពួកជំនុំលុបឈ្មោះចេញទេ ពួកគេមិនបានចាកចេញដោយស្ម័គ្រចិត្តឡើយ ហើយពួកគេក៏មិនបានឈប់ចូលរួមការជួបជុំដោយស្ម័គ្រចិត្តដែរ។ ពួកគេសុទ្ធតែជាអ្នកជឿលើព្រះជាម្ចាស់ដោយស្មោះសរ ប៉ុន្តែដោយសារពួកគេមានការញែកដឹងខ្លះៗទាក់ទងនឹងពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេច្រើនតែត្រូវគេផាត់ចោល ហើយមិនអាចទទួលបានសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្ដីអធិប្បាយ ទំនុកបរិសុទ្ធ និងការរៀបចំកិច្ចការផ្សេងៗដែលត្រូវបានចេញដោយពួកជំនុំបានទាន់ពេលវេលាឡើយ ហើយពួកគេក៏មិនអាចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរ។ ម្យ៉ាងវិញទៀត អស់អ្នកដែលនៅក្រោមបង្គាប់ពួកទទឹងនឹងព្រះគ្រីស្ទ ពោលគឺអស់អ្នកដែលអាចស្ដាប់តាមពួកគេ ដែលត្រូវបានពួកគេអូសទាញ និងបានត្រឡប់មកចុះចូលនឹងពួកគេ ទទួលបានអាទិភាពក្នុងការទទួលបានសៀវភៅ និងវីដេអូផ្សេងៗដែលចែកចាយដោយដំណាក់របស់ព្រះជាម្ចាស់ ដោយរីករាយនឹងការប្រព្រឹត្តចំពោះដ៏ល្អនេះ។ ហេតុនេះ ពួកជំនុំក៏ធ្លាក់ចូលទៅក្នុងភាពវឹកវរ និងបែកបាក់ដោយសារតែឥរិយាបថ និងទង្វើរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយដួងចិត្តរបស់មនុស្សក៏មានភាពច្របូកច្របល់។
តើមានលក្ខខណ្ឌអ្វីខ្លះដែលពួកទទឹងនឹងព្រះគ្រីស្ទស្វែងរកដើម្បីអូសទាញមនុស្ស? តើពួកគេអូសទាញអស់អ្នកដែលស្រឡាញ់សេចក្ដីពិត និងពិតជាចុះចូលនឹងព្រះជាម្ចាស់ដែរឬទេ? (ទេ) អស់អ្នកដែលស្រឡាញ់សេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់ មានការញែកដឹងខ្លះៗ ពួកគេមិនអាចត្រូវគេអូសទាញបានឡើយ ហើយពួកគេក៏មិនដើរតាមពួកទទឹងនឹងព្រះគ្រីស្ទដែរ។ ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទអូសទាញនរណា? នៅក្នុងចិត្តរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទពេញចិត្តបំផុតចំពោះអ្នកដែលពូកែ បញ្ជោរមនុស្សមានឋានៈ អ្នកដែលពូកែយកចិត្ត និងនិយាយផ្អែមល្ហែមដាក់មនុស្ស និងអ្នកខ្លះដែលបានប្រព្រឹត្តអំពើអាក្រក់ ហើយខ្លាចត្រូវគេបណ្ដេញចេញ ហេតុនេះទើបខិតខំអស់ពីសមត្ថភាពដើម្បីផ្គាប់ចិត្តពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់លក្ខខណ្ឌនៃការការពារពួកគេ ដើម្បីអូសទាញមនុស្ស និងទិញទឹកចិត្តពួកគេ ដោយអនុញ្ញាតឱ្យពួកគេចូលមកជិត។ មនុស្សភាគច្រើនដែលពួកទទឹងនឹងព្រះគ្រីស្ទអូសទាញ ក្រៅពីអ្នកជឿថ្មីដែលមិនយល់ពីសេចក្ដីពិត គឺជាមនុស្សដែលមិនស្រឡាញ់សេចក្ដីពិត។ តើអស់អ្នកទាំងអស់ដែលមិនស្រឡាញ់សេចក្ដីពិត សុទ្ធតែមានមនសិការ និង វិចារណញ្ញាណដែរឬទេ? គ្មាននរណាម្នាក់ក្នុងចំណោមពួកគេល្អឡើយ ហើយព្រះជាម្ចាស់មិនជ្រើសរើសមនុស្សបែបនេះទេ។ ពួកទទឹងនឹងព្រះគ្រីស្ទអូសទាញមនុស្សទាំងនេះ ហើយដឹកនាំពួកគេដូចជាតួត្លុកអ៊ីចឹង។ ពួកគេថែមទាំងគិតថា ពួកគេទទួលបានតំណែងជាផ្លូវការ និងមានឋានៈ ហើយមានការពេញចិត្តយ៉ាងខ្លាំងនៅក្នុងចិត្តរបស់ពួកគេ។ តើនេះមិនគួរឱ្យអៀនខ្មាសទេឬ? តើមានមនុស្សប្រភេទណាផ្សេងទៀតដែលពួកទទឹងនឹងព្រះគ្រីស្ទអូសទាញ? (មនុស្សដែលមានភាពជាមនុស្សអាក្រក់គួរសម។) ប្រាកដឥតខ្ចោះហើយ គឺមនុស្សអាក្រក់។ តើពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះមនុស្សអាក្រក់យ៉ាងដូចម្តេច? ពួកគេការពារអ្នកទាំងនោះ។ ឧទាហរណ៍ ឧបមាថាមានមនុស្សអាក្រក់ម្នាក់នៅក្នុងពួកជំនុំ ហើយបងប្អូនប្រុសស្រីទាំងអស់រាយការណ៍ថា បុគ្គលនេះអាក្រក់ខ្លាំងណាស់ ដោយបង្កភាពវឹកវរនៅក្នុងពួកជំនុំរាល់ពេលគេនៅក្បែរ គឺរំខានមនុស្សគ្រប់គ្នាមិនឱ្យបំពេញភារកិច្ចរបស់ពួកគេ និងរំខានដល់កិច្ចការរបស់ពួកជំនុំ។ ដរាបណាគេត្រូវបាននាំចូលមកដើម្បីបំពេញភារកិច្ច នោះកិច្ចការរបស់ពួកជំនុំនឹងរងការខាតបង់។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទមើលឃើញថាមនុស្សអាក្រក់បែបនេះមានប្រយោជន៍ ហើយក៏អូសទាញពួកគេមកខាងខ្លួនដើម្បីបម្រើពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនបណ្ដេញមនុស្សអាក្រក់ចេញទេ ផ្ទុយទៅវិញ ពួកគេការពារអ្នកទាំងនោះ។ លើកលែងតែមនុស្សអាក្រក់មួយចំនួនមិនគាំទ្រអាទទឹងនឹងព្រះគ្រីស្ទ ឬអាចញែកដឹងគេបាន ទើបគេនឹងដោះស្រាយជាមួយអ្នកទាំងនោះ។ ដរាបណាមនុស្សអាក្រក់បញ្ជោរ អាទទឹងនឹងព្រះគ្រីស្ទ គាំទ្រគេ និងមិនប្រឆាំងនឹងគេ នោះគេនឹងអូសទាញបុគ្គលនេះ និងទាញយកគេមកខាងខ្លួន ដើម្បីពង្រឹងកម្លាំងផ្ទាល់ខ្លួនរបស់គេ។ ឥឡូវនេះ តើពួកទទឹងនឹងព្រះគ្រីស្ទចុះសម្រុងជាមួយមនុស្សដែលមិនដេញតាមសេចក្ដីពិតទាំងនេះដោយរបៀបណា? របៀបនៃការប្រាស្រ័យទាក់ទងរបស់ពួកគេ ជាសំខាន់ គឺការបញ្ជោរគ្នាទៅវិញទៅមក និងការនិយាយផ្អែមល្ហែម។ រាល់កន្លែងដែលពួកទទឹងនឹងព្រះគ្រីស្ទទៅ មនុស្សអាក្រក់ទាំងនេះប្រមូលផ្ដុំគ្នាជាមួយពួកគេដូចជាសត្វរុយ។ ពួកគេច្បាស់ជាមិនជួបជុំគ្នាដើម្បីប្រកបគ្នាអំពីសេចក្ដីពិតឡើយ ពីព្រោះពួកគេទាំងអស់គ្នាមិនពេញចិត្តនឹងសេចក្ដីពិត ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេស្វែងរកការដោះស្រាយបញ្ហាតាមរយៈការប្រកបគ្នាអំពីសេចក្ដីពិតនោះទេ។ អ្វីទាំងអស់ដែលពួកគេនិយាយ គឺជាពាក្យសម្ដីដែលអ្នកគ្មានជំនឿនិយាយ ពួកគេភាគច្រើនកំពុងសាបព្រោះការបែកបាក់ដោយការនិយាយចេចចូច មើលងាយអ្នកដទៃ និងលើកតម្កើងខ្លួនឯង ព្រមទាំងពិគ្រោះគ្នាអំពីវិធីធ្វើបាបមនុស្ស។ លើសពីនេះ ពួកគេសិក្សាពីរបៀបការពារទាស់នឹងដំណាក់របស់ព្រះជាម្ចាស់ ពិភាក្សាពីរបៀបប្រឈមមុខនឹងខាងលើ របៀបដឹងជាមុនថាតើមាននរណាម្នាក់ចង់រាយការណ៍ពីបញ្ហារបស់ពួកគេឬអត់ និងរបៀបឆ្លើយតបនៅពេលពួកគេដឹង។ ទាំងនេះគឺជាបញ្ហាដែលក្រុមមនុស្សអាក្រក់នេះពិភាក្សាគ្នា។ នៅពេលពួកគេនៅជាមួយគ្នា ពួកគេមិនដែលប្រកបគ្នាអំពីរឿងដូចជាការបំពេញភារកិច្ចរបស់ពួកគេឡើយ ហើយក៏មិនដែលប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាដែរ។ ឧទាហរណ៍ ពួកគេមិនដែលពិភាក្សាអំពីរឿងត្រឹមត្រូវ ដូចជាការគាំទ្រ និងការជួយបងប្អូនប្រុសស្រីដែលបានក្លាយជាអវិជ្ជមាន និងទន់ខ្សោយ ហើយគ្មានកម្លាំងដើម្បីបំពេញភារកិច្ចរបស់ពួកគេ ឬការស្វែងរកដំណោះស្រាយ និងផ្លូវដើម្បីកែលម្អប្រសិទ្ធភាពនៃទិដ្ឋភាពមួយចំនួននៃកិច្ចការពួកជំនុំឡើយ។ ពួកគេនិយាយអំពីរបៀបបោកប្រាស់ខាងលើ និងរបៀបបោកប្រាស់ដំណាក់របស់ព្រះជាម្ចាស់ ដោយធានាថាដំណាក់របស់ព្រះជាម្ចាស់មិនដឹងពីការពិតអំពីពួកគេ។ នៅពេលពួកគេរកឃើញថា មាននរណាម្នាក់កំពុងទាក់ទងជាមួយខាងលើ ឬបានរាយការណ៍អំពីស្ថានភាពរបស់ពួកគេ ពួកគេចាត់ទុកថាវាជាការគំរាមកំហែងដល់តំណែងរបស់ពួកគេ និងជាការបំផ្លិចបំផ្លាញដល់កិច្ចការរបស់ពួកគេ។ ពួកគេស៊ើបអង្កេតដោយឥតឈប់ឈរថាតើនរណាជាអ្នកទទួលខុសត្រូវ ដោយស្វែងរកជនសង្ស័យ ហើយនៅពេលពួកគេរកឃើញ ពួកគេក៏ដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក បញ្ជូនគេទៅកន្លែងផ្សេង រួចចេញបញ្ជាហាមឃាត់មិនឱ្យនរណាម្នាក់រាយការណ៍ពីស្ថានភាពរបស់ពួកគេទៅខាងលើឡើយ។ នេះធានាថាគ្មាននរណាម្នាក់ហ៊ានរាយការណ៍ពីពួកគេទេ។ ពួកទទឹងនឹងព្រះគ្រីស្ទទទួលបានការគ្រប់គ្រងទាំងស្រុងលើពួកជំនុំតាមរបៀបនេះ។ ខាងលើគ្មានផ្លូវដឹងថាពួកគេប្រព្រឹត្តអំពើអាក្រក់អ្វីខ្លះនៅពីក្រោយខ្នងឡើយ រហូតទាល់តែខាងលើដឹងពីស្ថានភាពនេះ និងរកឃើញចំណុចខ្សោយរបស់ពួកគេ រួចបញ្ជាឱ្យមានការស៊ើបអង្កេតលើពួកគេ ហើយទីបំផុតក៏ដកហូតតំណែង ឬបណ្ដេញពួកគេចេញ។ ក្រុមពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់នេះ អាចធ្វើឱ្យកិច្ចការរបស់ពួកជំនុំមានភាពរញ៉េរញ៉ៃក្នុងរយៈពេលត្រឹមតែពីរបីខែប៉ុណ្ណោះ ហើយអាចធ្វើឱ្យបងប្អូនប្រុសស្រីសង្ស័យគ្នាទៅវិញទៅមក ចាក់រុកគ្នាទៅវិញទៅមក លាតត្រដាងគ្នាទៅវិញទៅមក និងវាយប្រហារគ្នាទៅវិញទៅមក ដែលធ្វើឱ្យពួកជំនុំបែកបាក់។ នេះគឺជាផលវិបាកនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទដែលបំភាន់មនុស្ស និងគ្រប់គ្រងពួកជំនុំ។ តាមរបៀបនេះ ពួកទទឹងនឹងព្រះគ្រីស្ទបំភាន់អស់អ្នកទាំងអស់ដែលមិនដេញតាមសេចក្ដីពិត ហើយថែមទាំងអូសទាញមនុស្សអាក្រក់ដែលមានប្រយោជន៍មួយចំនួនដើម្បីគ្រប់គ្រងពួកជំនុំ ដោយពង្រឹងតំណែង និងសិទ្ធិអំណាចផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រសិនបើមនុស្សអាក្រក់ស្ដាប់តាមពួកគេ ពួកគេការពារអ្នកទាំងនោះ។ ប្រសិនបើមិនស្ដាប់ទេ ពួកគេដោះស្រាយជាមួយមនុស្សអាក្រក់ទាំងនោះមុនគេ។ ប្រសិនបើមនុស្សអាក្រក់ដើរតាមពួកគេ ហើយអាចត្រូវគេកេណ្ឌ និងអូសទាញបាន ពួកគេអនុញ្ញាតឱ្យអ្នកទាំងនោះក្លាយជាកូនចៅរបស់ពួកគេ ជាដៃជើង និងជាភ្នែករបស់ពួកគេសម្រាប់ប្រព្រឹត្តអំពើអាក្រក់ ដោយជ្រៀតចូលក្នុងចំណោមបងប្អូនប្រុសស្រី ស្វែងរកថាតើនរណាមានការជំទាស់នឹងពួកគេ នរណាញែកដឹងទង្វើរបស់ពួកគេ តើអំពើអាក្រក់មួយណាខ្លះរបស់ពួកគេដែលត្រូវបានគេរកឃើញ ហើយនរណាតែងតែចង់ទាក់ទងទៅខាងលើដើម្បីរាយការណ៍ពីបញ្ហារបស់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ ធ្វើការស៊ើបអង្កេតជាពិសេសលើបញ្ហាទាំងនេះ ដែលពួកគេព្រួយបារម្ភបំផុត។ ពួកគេច្រើនតែពិភាក្សាគ្នាអំពីវិធានការទប់ទល់ ដោយចាត់ទុកអ្នកដែលអាចញែកដឹងពួកគេ ឬសង្ស័យពួកគេ ថាជាសត្រូវ។ ពួកគេរកលេសដើម្បីធ្វើបាបមនុស្សម្នាក់នៅថ្ងៃនេះ ហើយនៅថ្ងៃស្អែក ពួកគេរកបានចំណុចខ្សោយដើម្បីធ្វើបាបមនុស្សម្នាក់ទៀត។ ពួកគេថែមទាំងប្រើប្រាស់ហេតុផល និងលេសផ្សេងៗដើម្បីញុះញង់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យបោសសម្អាត និងបណ្ដេញបុគ្គលទាំងនេះចេញទៀតផង។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទក្លាយជាអ្នកដឹកនាំ ឬអ្នកធ្វើការ ពួកគេប្រព្រឹត្តទង្វើទាំងនេះ។ ក្នុងរយៈពេលត្រឹមតែពីរបីខែប៉ុណ្ណោះ ពួកគេអាចធ្វើឱ្យពួកជំនុំធ្លាក់ចូលទៅក្នុងភាពវឹកវរ ថែមទាំងពន្លត់ភាពក្លៀវក្លាដ៏ខ្លាំងក្លារបស់ពួកជំនុំនៃអ្នកជឿថ្មី ដូចជាទឹកជះលើភ្លើងអ៊ីចឹង។ ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទពិតជាសត្រូវរបស់ព្រះជាម្ចាស់ និងជាសត្រូវនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មែន។ នេះមិនមែនជាការនិយាយបំផ្លើសទាល់តែសោះ គឺវាត្រឹមត្រូវខ្លាំងណាស់! កន្លែងណាដែលពួកទទឹងនឹងព្រះគ្រីស្ទ ឬមនុស្សអាក្រក់កាន់អំណាច ពួកជំនុំនៅទីនោះមានបរិយាកាសអាក្រក់។ គ្មានជីវិតពួកជំនុំទាល់តែសោះ គ្មានការហូប និងផឹកជាប្រក្រតីនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយក៏គ្មានបរិយាកាសនៃការប្រកបគ្នាអំពីសេចក្ដីពិតដែរ។ ផ្ទុយទៅវិញ ទីនោះពោរពេញទៅដោយការឃុបឃិត និងការប្រព្រឹត្តខុសឆ្គងយ៉ាងអនាធិបតេយ្យ។ នេះហើយជាអត្ថន័យនៃការដែលអារក្សមានការគ្រប់គ្រង។ តើអាចមានលទ្ធផលល្អអ្វីកើតឡើង នៅពេលអារក្សមានការគ្រប់គ្រងនោះ? រឿងនេះអាចនាំមកត្រឹមតែមហន្តរាយដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ នេះជារឿងដែលប្រាកដជាមិនគួរឱ្យសង្ស័យឡើយ។
ពួកទទឹងនឹងព្រះគ្រីស្ទខ្លះ នៅពេលពួកគេមកកាន់ពួកជំនុំដើម្បីទទួលតួនាទីជាអ្នកដឹកនាំ ដំបូង ពួកគេស៊ើបអង្កេតថាតើនរណានៅក្នុងពួកជំនុំដែលធ្លាប់រាយការណ៍ពីបញ្ហាទៅខាងលើញឹកញាប់កាលពីអតីតកាល។ ពួកគេចង់ឱ្យមនុស្សបែបនេះនៅឆ្ងាយពីពួកគេ ហើយមិនទៅស្នាក់នៅផ្ទះរបស់អ្នកទាំងនោះឡើយ ទោះបីជាអ្នកទាំងនោះអាចទទួលពួកគេឱ្យស្នាក់នៅ បានក៏ដោយ។ ប្រសិនបើមាននរណាម្នាក់ពូកែបញ្ជោរមនុស្ស តែងតែនៅក្បែរអ្នកដឹកនាំ និងយកចិត្តគេ នោះផ្ទះរបស់បុគ្គលនោះហើយគឺជាកន្លែងដែលពួកគេមានគម្រោងទៅស្នាក់នៅ។ មាននរណាម្នាក់និយាយថា៖ «ពួកគេកំពុងទទួលឱ្យបងប្អូនស្រីពីរនាក់ស្នាក់នៅ»។ បុគ្គលទទឹងនឹងព្រះគ្រីស្ទឆ្លើយតបថា៖ «មិនកើតទេ ឱ្យពួកគេរើទៅកន្លែងផ្សេងទៅ»។ បុគ្គលនោះនិយាយថា៖ «អ្នកមិនអាចចេះតែផ្លាស់ប្ដូរមនុស្សតាមតែចិត្តចង់នោះទេ បងប្អូនស្រីពីរនាក់នោះស័ក្តិសមនឹងកន្លែងនោះណាស់ ការផ្លាស់ប្ដូរពួកគេអាចប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់ពួកគេ»។ គេឆ្លើយតបថា៖ «ក្នុងនាមជាអ្នកដឹកនាំ អ្វីដែលខ្ញុំនិយាយ គឺត្រូវតែធ្វើតាម ហើយអ្នកត្រូវតែស្ដាប់បង្គាប់ខ្ញុំ!» បន្ទាប់មក គេក៏បង្ខំបងប្អូនស្រីពីរនាក់នោះឱ្យរើចេញ។ ហេតុអ្វីបានជាគេទទូចចង់ស្នាក់នៅផ្ទះនេះ? គឺដោយសារតែគ្រួសារនេះគ្មានល្បិច និងទន់ខ្សោយ ដែលមិនបង្កការគំរាមកំហែងដល់អាទទឹងនឹងព្រះគ្រីស្ទឡើយ។ មិនថាគេប្រព្រឹត្តអំពើខុសឆ្គងអ្វី ឬឥរិយាបថរបស់គេក្លាយជាគ្មានការទប់ស្កាត់យ៉ាងណានៅពីក្រោយខ្នងមនុស្សទេ ក៏គ្រួសារនោះនឹងមិនរាយការណ៍ពីគេដែរ។ ដូច្នេះ គេស្វែងរកកន្លែងស្នាក់នៅបែបនេះ។ មួយរយៈក្រោយមក គេនាំបក្សពួកអាក្រក់របស់គេមកជាមួយ ហើយពួកគេប្រព្រឹត្តអំពើអាក្រក់របស់ពួកគេនៅទីនោះ ដោយពិភាក្សាអំពីវិធានការទប់ទល់ និងរៀបចំផែនការធ្វើបាបបុគ្គលនេះ ឬបុគ្គលនោះ។ នៅពេលអាទទឹងនឹងព្រះគ្រីស្ទ ឬមនុស្សអាក្រក់លេចមុខនៅក្នុងពួកជំនុំ ដំបូង គេស្វែងរកមនុស្សដែលគេចូលចិត្ត និងអាចកេងចំណេញបាន ដោយពង្រីក និងពង្រឹងកម្លាំងរបស់គេជាមុនសិន។ គេទុកចោលអស់អ្នកដែលយល់ពីសេចក្ដីពិតសិន ដើម្បីកុំឱ្យបង្កគ្រោះថ្នាក់ដល់តំណែងផ្ទាល់ខ្លួនរបស់គេ។ គេមិនទាន់រំខានដល់សណ្ដាប់ធ្នាប់បច្ចុប្បន្ននៅឡើយទេ។ បន្ទាប់ពីបង្រួបបង្រួមតំណែងរបស់គេ និងស្វែងរកអ្នកសមគំនិតដែលស័ក្តិសមបានហើយ គេចាប់ផ្ដើមពិភាក្សាអំពីវិធានការទប់ទល់ដើម្បីធ្វើបាប និង ដោះស្រាយជាមួយបងប្អូនប្រុសស្រីទាំងនោះដែលដេញតាមសេចក្ដីពិត។ តើគេធ្វើបាប និង ដោះស្រាយជាមួយអ្នកទាំងនោះយ៉ាងដូចម្តេច? ដំបូង គេអូសទាញអស់អ្នកដែលយល់ព្រមជាមួយគេ អ្នកដែលគ្មានការញែកដឹងពីគេ និងអ្នកដែលគេអាចប្រើប្រាស់បាន។ ប្រសិនបើមានមនុស្សដែលគេមិនអាចអូសទាញបាន ឬអ្នកដែលញែកដឹងគេ គេរកលេស ឬហេតុផលដើម្បីដាក់អ្នកទាំងនោះឱ្យនៅដាច់ដោយឡែក ឬបោសសម្អាតអ្នកទាំងនោះចេញ។ តើនិស្ស័យប្រភេទណាដែលត្រូវបានបញ្ចេញឱ្យឃើញតាមរយៈឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ? (សេចក្តីកាចសាហាវ។) កន្លែងណាដែលពួកគេទទួលតួនាទីជាអ្នកដឹកនាំ កន្លែងនោះមានបរិយាកាសអាក្រក់។ សណ្ដាប់ធ្នាប់នៃជីវិតពួកជំនុំត្រូវបានរំខាន។ ប្រសសិនបើអ្នកមិនស្ដាប់តាមពួកគេទេ អ្នកនឹងត្រូវគេគាបសង្កត់ ដាក់កំហិត ឬថែមទាំងត្រូវគេបោសសម្អាត ឬបណ្ដេញចេញទៀតផង។ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះធ្វើខ្លួនដូចជាជនពាល ជនក្មេងទំនើង ឬស្រីកាចឆ្នាស។ សូម្បីតែបន្ទាប់ពីជឿលើព្រះជាម្ចាស់ហើយក៏ដោយ ក៏ពួកគេនៅតែចង់ទទួលបានតំណែង ធ្វើសកម្មភាពផ្ដាច់ការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងគ្រប់គ្រងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដដែល។ តាមរបៀបនេះ ពួកគេធ្វើឱ្យពួកជំនុំមានភាពរញ៉េរញ៉ៃ។ ប្រសិនបើមនុស្សខ្វះការញែកដឹង ពួកគេនឹងត្រូវអ្នកទាំងនោះបំភាន់ និងគ្រប់គ្រង ដែលទីបំផុតនាំទៅរកសេចក្ដីស្លាប់ផ្ទាល់ខ្លួនរបស់ពួកគេ។
ពួកយើងបានពិភាក្សាគ្នាស្ទើរតែរួចរាល់ហើយអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទអូសទាញមនុស្ស។ នៅពេលអ្នករាល់គ្នាកំពុងស្ដាប់រឿងរ៉ាវទាំងនេះដែលខ្ញុំបានប្រកបគ្នា តើអ្នករាល់គ្នាមានអារម្មណ៍ថា ទាំងនេះជារឿងកម្រដែរឬទេ? តើអ្នករាល់គ្នាមានការភ្ញាក់ផ្អើល ដោយគិតថា៖ «តើរឿងនេះពិតជាអាចកើតឡើងមែនឬ? វាមិនអាចទៅរួចទេ មែនទេ? តើមនុស្សបែបនេះអាចមានវត្តមាននៅក្នុងចំណោមអ្នកជឿដោយរបៀបណា?» ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ស្ថានការណ៍អាចនឹងអាក្រក់ជាងនេះទៅទៀត។ មនុស្សគ្រប់គ្នាធ្វើពុតជាមានលក្ខណៈជាមនុស្ស នៅពេលពួកគេនៅចំពោះមុខអ្នកដទៃ ប៉ុន្តែទង្វើដែលពួកគេធ្វើនៅពីក្រោយខ្នង ទើបជាអ្វីដែលបើកឱ្យដឹង មុខមាត់ពិតរបស់ពួកគេ។ ពាក្យសម្ដី និងទង្វើរបស់ពួកគេនៅពេលនៅចំពោះមុខអ្នកដទៃ គ្រាន់តែជាការក្លែងបន្លំ និងជារូបភាពក្លែងក្លាយប៉ុណ្ណោះ។ អ្វីដែលពួកគេនិយាយ និងធ្វើនៅពីក្រោយខ្នង ទើបជាអ្វីដែលឆ្លុះបញ្ចាំងពីធាតុពិតរបស់ពួកគេ។ ប្រសិនបើមនុស្សម្នាក់បង្ហាញរបៀបម្យ៉ាងនៅចំពោះមុខមនុស្ស ហើយបង្ហាញរបៀប ម្យ៉ាងទៀតនៅពីក្រោយខ្នង អ្នកគួរតែអាចញែកដឹងបានថា មួយណាពិត និងមួយណាក្លែងក្លាយហើយ មែនទេ? អាទទឹងនឹងព្រះគ្រីស្ទ អាចនឹងបង្ហាញភាពសុភាពរាបសាយ៉ាងខ្លាំងនៅចំពោះមុខមនុស្ស ប៉ុន្តែប្រសិនបើពួកគេបានដឹងពីអ្វីដែលអាទទឹងនឹងព្រះគ្រីស្ទបានធ្វើនៅពីក្រោយខ្នង ពួកគេមុខជានឹងមានអារម្មណ៍ថាគួរឱ្យខ្ពើមរអើមជាមិនខាន។ ពួកគេនឹងមានអារម្មណ៍ថា ការទាក់ទងជាមួយបុគ្គលទទឹងនឹងព្រះគ្រីស្ទ គឺជាភាពអាប់មុខមួយ ថាបុគ្គលនោះមិនមែនជាមនុស្សដែលមានសេចក្ដីទៀងត្រង់ឡើយ តែជាមនុស្សថោកទាប និងមានចិត្តចង្អៀត។ ក្នុងករណីនោះ តើអាទទឹងនឹងព្រះគ្រីស្ទអាចចុះសម្រុងជាមួយមនុស្សធម្មតាបានដែរឬទេ? ទេ ពួកគេមិនអាចទេ។ នេះមិនមែនជារឿងរបស់មនុស្សធម្មតាដែលមានទម្លាប់អាក្រក់បន្តិចបន្តួចនោះទេ ប៉ុន្តែវាជារឿងនិស្ស័យរបស់ពួកគេ។ ពេលដែលអ្នកបានឃើញពីនិស្ស័យរបស់ពួកគេភ្លាម អ្នកនឹងដឹងថា ពួកគេមិនមែនជាមនុស្សទេ ប៉ុន្តែជាសត្វតិរច្ឆាន ជាអារក្ស។ ចូរប្រាប់ខ្ញុំមកមើល៍ តើវាមានអារម្មណ៍បែបណា នៅពេលមនុស្សប្រាស្រ័យទាក់ទងជាមួយសត្វ? វាប្រៀបដូចជាការយកជ្រូកមួយក្បាលចូលមកក្នុងផ្ទះ ងូតទឹកសម្អាតវា ស្លៀកសម្លៀកបំពាក់តូចៗឱ្យវា និងចាត់ទុកវាជាសត្វចិញ្ចឹមអ៊ីចឹង។ នៅថ្ងៃបន្ទាប់ អ្នកឃើញថា ផ្ទះនោះបានក្លាយទៅជាទ្រុងជ្រូកបាត់ទៅហើយ។ វាស៊ី ផឹក និងបន្ទោបង់នៅក្នុងផ្ទះ ដោយមិនខ្វល់ពីភាពស្អាតបាតទាល់តែសោះ។ នោះហើយជាពេលដែលអ្នកដឹងថា អ្នកមិនអាចចិញ្ចឹមជ្រូកតាមរបៀបនេះបានទេ ពោលគឺ ពួកវាគឺជាសត្វ! មនុស្សដូចជាពួកទទឹងនឹងព្រះគ្រីស្ទ អាចមើលទៅសំបកក្រៅហាក់ដូចជាពួកគេមានគុណសម្បត្តិ និងការអប់រំខ្លះៗ ឬពួកគេប្រហែលជាធ្លាប់ជាបុគ្គលដែលមានកេរ្តិ៍ឈ្មោះនៅក្នុងសង្គម ដែលធ្វើឱ្យពួកគេទទួលបានការគោរពខ្លះៗ។ ប៉ុន្តែ ភាគច្រើននៃពួកគេគឺប្រៀបដូចជាសត្វ ដែលសូម្បីតែមនសិការ និងវិចារណញ្ញាណក៏គ្មានដែរ។ តើពួកគេមានភាពជាមនុស្សធម្មតាដែរឬទេ? (ទេ)។ បើគ្មានភាពជាមនុស្សធម្មតាទេ តើពួកគេនៅតែអាចចាត់ទុកជាមនុស្សបានដែរឬទេ? តើអ្នករាល់គ្នាអាចទទួលយកការដឹកនាំរបស់ពួកគេបានដែរឬទេ? តើនឹងមានអ្វីកើតឡើង ប្រសិនបើបងប្អូនប្រុសស្រីធ្លាក់ទៅក្នុងដៃរបស់មនុស្សបែបនេះ? ពួកគេនឹងត្រូវបានបំភាន់ និងអូសទាញ ហើយពួកគេច្បាស់ជានឹងរងទុក្ខមិនខាន។ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាពួកអារក្ស ហើយពួកគេគ្មានមនសិការ ឬវិចារណញ្ញាណឡើយ។ នៅសំបកក្រៅ ពួកគេមើលទៅហាក់ដូចជាពោរពេញដោយក្ដីស្រឡាញ់ យោគយល់ និងអាណិតអាសូរចំពោះការលំបាក ភាពទន់ខ្សោយ និងតម្រូវការខាងផ្លូវអារម្មណ៍របស់មនុស្សមួយចំនួន។ ក្នុងតថភាព មនុស្សទាំងនេះគឺជាអ្នកដែលពួកគេពេញចិត្ត និងជាអ្នកដែលបញ្ជោរពួកគេប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើមនុស្សទាំងនេះគំរាមកំហែងដល់ឋានៈ ឬកេរ្តិ៍ឈ្មោះរបស់ពួកគេ សូម្បីតែអ្នកទាំងនោះក៏នឹងមិនត្រូវបានប្រព្រឹត្តចំពោះដោយសេចក្ដីសប្បុរសដែរ ប៉ុន្តែនឹងត្រូវបានប្រព្រឹត្តចំពោះដោយគ្មានត្រាប្រណី ដោយប្រើវិធីសាស្ត្រដែលកាន់តែព្យាបាទ ដោយគ្មានការអាណិតអាសូរ ឬការអត់ឱនសូម្បីតែបន្តិច។ សេចក្ដីស្រឡាញ់ និងការអត់ឱនរបស់ពួកទទឹងនឹងព្រះគ្រីស្ទ សុទ្ធតែជាការក្លែងបន្លំ ហើយគោលដៅរបស់ពួកគេគឺដាច់ខាតមិនមែនដើម្បីនាំមនុស្សមកចំពោះព្រះជាម្ចាស់ឡើយ ប៉ុន្តែដើម្បីធ្វើឱ្យមនុស្សថ្វាយបង្គំ និងដើរតាមពួកគេ។ គោលបំណងរបស់ពួកគេក្នុងការដាក់អន្ទាក់មនុស្សតាមរបៀបនេះ គឺដើម្បីការពារតំណែងផ្ទាល់ខ្លួនរបស់ពួកគេ និងទទួលបានការថ្វាយបង្គំ ព្រមទាំងការដើរតាមពីសំណាក់មនុស្ស។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទប្រើវិធីសាស្ត្រអ្វីក៏ដោយ ដើម្បីបំភាន់ និងអូសទាញមនុស្ស មានរឿងមួយដែលច្បាស់លាស់នោះគឺ៖ ពួកគេនឹងប្រឹងប្រែងគិតរកគ្រប់ល្បិចកល និងប្រើគ្រប់មធ្យោបាយចាំបាច់ ដើម្បីតែអំណាច និងឋានៈរបស់ខ្លួន។ ភាពច្បាស់លាស់មួយទៀតនោះគឺ ទោះបីជាពួកគេធ្វើអ្វីក៏ដោយ ពួកគេមិនមែនធ្វើវាដើម្បីបំពេញភារកិច្ចរបស់ខ្លួននោះទេ ហើយពួកគេច្បាស់ជាមិនមែនធ្វើវាដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អឡើយ ផ្ទុយទៅវិញ ពួកគេធ្វើវាដើម្បីសម្រេចគោលដៅរបស់ពួកគេក្នុងការក្ដោបក្ដាប់អំណាចនៅក្នុងពួកជំនុំ។ លើសពីនេះទៅទៀត ទោះបីជាពួកគេធ្វើអ្វីក៏ដោយ ពួកគេមិនដែលគិតគូរពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេច្បាស់ជាមិនគិតគូរពីផលប្រយោជន៍នៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរ។ នៅក្នុងវចនានុក្រមរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ការគិតគូរទាំងពីរនេះគឺមិនមានវត្តមានឡើយ ពួកគេគឺគ្មានការគិតគូរទាំងនេះពីកំណើតតែម្ដង។ ទោះបីជាពួកគេស្ថិតក្នុងកម្រិតនៃការដឹកនាំក៏ដោយ ក៏ពួកគេមិនបង្ហាញការខ្វល់ខ្វាយសូម្បីតែបន្តិច ចំពោះផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ឬរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ។ នៅក្នុងគំនិត និងទស្សនៈរបស់ពួកគេ កិច្ចការរបស់ពួកជំនុំ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ គឺជារឿងមិនពាក់ព័ន្ធ និងមិនសក្ដិសមនឹងឋានៈរបស់ពួកគេឡើយ។ ពួកគេគិតតែពីឋានៈរបស់ខ្លួន និងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ តាមរយៈចំណុចនេះ គេអាចមើលឃើញថា សារជាតិធម្មជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ ក្រៅពីទុច្ចរិត គឺពិតជាអាត្មានិយម និងថោកទាបយ៉ាងខ្លាំង។ ពួកគេធ្វើសកម្មភាពដើម្បីតែកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់ខ្លួនប៉ុណ្ណោះ ដោយមិនខ្វល់ខ្វាយសូម្បីតែបន្តិចពីការរស់ឬស្លាប់របស់អ្នកដទៃឡើយ។ អ្នកណាក៏ដោយដែលបង្កការគំរាមកំហែងដល់ឋានៈរបស់ពួកគេ នឹងត្រូវរងការគាបសង្កត់ និងការផាត់ចេញដោយគ្មានត្រាប្រណី ហើយត្រូវបានគេធ្វើបាបយ៉ាងចាស់ដៃ។ ជួនកាល នៅពេលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានគេរាយការណ៍ពីបទធ្វើអំពើអាក្រក់ច្រើនពេក ហើយខាងលើបានដឹងពីរឿងរបស់ពួកគេ ហើយពួកគេមានអារម្មណ៍ថា ពួកគេហៀបនឹងបាត់បង់តំណែងរបស់ខ្លួន ពួកគេក៏ចាប់ផ្ដើមយំសម្រក់ទឹកភ្នែកយ៉ាងជូរចត់។ មើលពីសំបកក្រៅ ពួកគេហាក់ដូចជាប្រែចិត្ត ហើយហាក់ដូចជាកំពុងងាកត្រឡប់មកកាន់ព្រះជាម្ចាស់វិញ ប៉ុន្តែតើអ្វីទៅជាមូលហេតុពិតប្រាកដនៅពីក្រោយទឹកភ្នែករបស់ពួកគេ? តើពួកគេពិតជាសោកស្ដាយចំពោះរឿងអ្វីទៅ? ពួកគេកើតទុក្ខ និងរងទុក្ខ ពីព្រោះពួកគេបានបាត់បង់ការគាំទ្រពីមនុស្ស បាត់បង់តំណែងរបស់ខ្លួន និងកេរ្តិ៍ឈ្មោះរបស់ពួកគេ។ នេះហើយជាអ្វីដែលបង្កប់នៅក្នុងទឹកភ្នែករបស់ពួកគេ។ ក្នុងពេលជាមួយគ្នានេះ ពួកគេកំពុងរៀបចំផែនការសម្រាប់ជំហានបន្ទាប់របស់ពួកគេរួចទៅហើយ ដើម្បីពង្រឹងតំណែងរបស់ខ្លួន រៀនសូត្រពីបរាជ័យរបស់ពួកគេ និងស្ដារអំណាចរបស់ពួកគេឡើងវិញ។ បើមើលតាមឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះ ពួកគេមិនដែលមានអារម្មណ៍សោកស្ដាយ ឬរងទុក្ខដោយសារតែអំពើរំលង និងនិស្ស័យពុករលួយដែលពួកគេបានបញ្ចេញឱ្យឃើញនោះទេ ហើយពួកគេច្បាស់ជានឹងមិនស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ ឬប្រែចិត្តឡើយ។ ពួកគេអាចនឹងលុតជង្គង់នៅចំពោះព្រះជាម្ចាស់ យំសម្រក់ទឹកភ្នែកយ៉ាងជូរចត់ ឆ្លុះបញ្ចាំងពីខ្លួនឯង និងដាក់បណ្ដាសាខ្លួនឯង ប៉ុន្តែនេះគ្រាន់តែជារូបភាពក្លែងក្លាយក្នុងគោលបំណងបំភាន់មនុស្សប៉ុណ្ណោះ ហើយមនុស្សមួយចំនួនថែមទាំងអាចជឿថាវាជារឿងពិតទៀតផង។ វាអាចទៅរួចដែលថា នៅពេលនោះ អារម្មណ៍របស់ពួកគេគឺពិតប្រាកដ។ ទោះជាយ៉ាងនេះក្តីចាំបាច់ត្រូវចាំថា ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនដែលមានការសោកស្ដាយយ៉ាងពិតប្រាកដឡើយ។ សូម្បីតែថ្ងៃណាមួយ ពួកគេត្រូវបានបើកសម្តែង និងជម្រុះចោលក៏ដោយ ក៏ពួកគេនឹងមិនមានអារម្មណ៍សោកស្ដាយយ៉ាងពិតប្រាកដដែរ។ ពួកគេនឹងត្រឹមតែទទួលស្គាល់ពីបរាជ័យផ្ទាល់ខ្លួនរបស់ពួកគេ ថាពួកគេបានសម្ដែងខុស និងបានលាតត្រដាងរាល់អំពើអាក្រក់របស់ពួកគេប៉ុណ្ណោះ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ពីព្រោះ ដោយផ្អែកលើធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលស្អប់សេចក្ដីពិត និងព្រះជាម្ចាស់ ពួកគេនឹងមិនទទួលយកសេចក្ដីពិតឡើយ។ ហេតុដូច្នេះហើយ ការស្គាល់ខ្លួនឯងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺតែងតែក្លែងក្លាយជានិច្ច។ ពួកគេនឹងត្រឹមតែសារភាពថា ពួកគេបានបាត់បង់ការគាំទ្រពីមនុស្ស ពីព្រោះពួកគេមិនបានក្ដាប់បានឱកាសដើម្បីចាប់យកអំណាច និងពង្រឹងតំណែងប៉ុណ្ណោះ។ ការសោកស្ដាយ និងការរងទុក្ខរបស់ពួកគេ គឺដោយសារតែមូលហេតុទាំងនេះឯង។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទមានសេចក្ដីទុក្ខព្រួយ ពួកគេក៏អាចសម្រក់ទឹកភ្នែកដែរ ប៉ុន្តែហេតុអ្វីបានជាពួកគេយំ? តើមានអ្វីនៅពីក្រោយទឹកភ្នែករបស់ពួកគេ? ពួកគេយំ ពីព្រោះអំពើអាក្រក់ជាច្រើនរបស់ពួកគេត្រូវបានគេលាតត្រដាង ហើយពួកគេបានបាត់បង់តំណែងរបស់ខ្លួន។ ប្រសិនបើពួកគេពិតជាអាចសោកស្ដាយ និងយំដោយសារតែការធ្វើខុស និងមានអារម្មណ៍ថាជំពាក់គុណព្រះជាម្ចាស់មែននោះ ពួកគេមុខជានឹងមិនប្រព្រឹត្តអំពើអាក្រក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះឡើយ។ ពួកគេគ្មានមនសិការដែលដឹងខុស ហើយមិនព្រមទទួលស្គាល់អំពើអាក្រក់របស់ខ្លួនឡើយ ចុះតើការសោកស្ដាយយ៉ាងពិតប្រាកដអាចកើតមានឡើងដោយរបៀបណាទៅ? បន្ទាប់ពីធ្វើអំពើអាក្រក់រួច ពួកគេមិនមានអារម្មណ៍សោកស្ដាយទេ ពួកគេពោរពេញដោយភាពព្រងើយកន្តើយ ដោយគ្រាន់តែមានអារម្មណ៍ថា ពួកគេបានបាត់បង់មុខមាត់ និងធ្វើឱ្យខ្លួនឯងក្លាយជាទីអាម៉ាស់ប៉ុណ្ណោះ។ អារម្មណ៍របស់ពួកគេអាចនឹងធ្លាក់ចុះបន្តិចបន្តួច។ ទោះបីជាមើលពីសំបកក្រៅហាក់ដូចជាគ្មានរឿងអ្វីខុសប្រក្រតីក៏ដោយ ក្នុងតថភាព នៅក្នុងជម្រៅចិត្តរបស់ពួកគេ គឺប្រៀបដូចជាមនុស្សគរហូបថ្នាំល្វីងអ៊ីចឹង គឺរងទុក្ខដោយស្ងៀមស្ងាត់។ ពួកគេជួបប្រទះនឹងអារម្មណ៍ច្របូកច្របល់នៅក្នុងចិត្តរបស់ពួកគេ ហើយសម្រក់ទឹកភ្នែកយ៉ាងជូរចត់ ប៉ុន្តែគ្មានការសោកស្ដាយយ៉ាងពិតប្រាកដឡើយ។ នេះគឺជាស្ថានភាពពិតប្រាកដ។ ជួនកាល ពួកទទឹងនឹងព្រះគ្រីស្ទអាចនិយាយពាក្យសម្ដីដែលស្ដាប់ទៅពីរោះត្រចៀក ដូចជា៖ «គឺដោយសារតែគុណសម្បត្តិរបស់ខ្ញុំខ្សោយ ទើបខ្ញុំមិនបានបំពេញការងារឱ្យបានត្រឹមត្រូវ ហើយខ្ញុំបានប្រព្រឹត្តអំពើនៃការរំខាន និងការបង្អាក់មួយចំនួន។ ខ្ញុំបានបរាជ័យក្នុងការដឹកនាំ ហើយខ្ញុំមិនសក្ដិសមនឹងតំណែងជាអ្នកដឹកនាំឡើយ។ សូមឱ្យព្រះប្រៀនប្រដៅ និងដាក់បណ្ដាសាខ្ញុំចុះ។ ប្រសិនបើអ្នករាល់គ្នាសម្រេចចិត្តមិនជ្រើសរើសខ្ញុំសម្រាប់តំណែងជាអ្នកដឹកនាំនៅថ្ងៃអនាគតទេ ខ្ញុំនឹងមិនត្អូញត្អែរឡើយ»។ ភ្លាមៗបន្ទាប់ពីនិយាយបែបនេះ ពួកគេក៏យំសស្រាក់។ មនុស្សមួយចំនួន ដែលខ្វះការញែកដឹង មានក្ដីអាណិតអាសូរចំពោះពួកគេ ហើយនិយាយថា៖ «កុំយំអី ពួកយើងនឹងជ្រើសរើសអ្នកម្ដងទៀតនៅថ្ងៃអនាគត»។ ពេលបានឮដូច្នេះ ពួកគេក៏ឈប់យំភ្លាម។ ឥឡូវនេះ តើអ្នករាល់គ្នាបានឃើញពីធាតុពិតរបស់ពួកគេហើយឬនៅ? នៅពេលពួកគេនិយាយពាក្យសម្ដីពីរោះៗបន្តិចបន្តួច គឺដើម្បីទិញទឹកចិត្តមនុស្ស បំភាន់មនុស្ស និងបោកប្រាស់មនុស្ស ហើយមនុស្សមួយចំនួនថែមទាំងចាញ់បោកពួកគេទៀតផង។ រាល់ពេលដែលពួកទទឹងនឹងព្រះគ្រីស្ទសម្រក់ទឹកភ្នែក ច្បាស់ណាស់ថាមានល្បិចកលនៅពីក្រោយរឿងនេះ។ នៅពេលអស់អ្នកដែលថ្វាយបង្គំពួកគេ ចាប់ផ្ដើមសង្ស័យលើពួកគេ ហើយឋានៈរបស់ពួកគេចាប់ផ្ដើមរង្គោះរង្គើ ពួកគេក៏យំ។ ពួកគេមានអារម្មណ៍រសាប់រសល់យ៉ាងខ្លាំង រហូតដល់ហូបមិនចូល ដេកមិនលក់ ដោយប្រាប់គ្រួសាររបស់ពួកគេម្ដងហើយម្ដងទៀតថា៖ «តើខ្ញុំអាចបន្តទៅមុខទៀតបានដោយរបៀបណា ប្រសិនបើខ្ញុំមិនស្ថិតក្នុងតួនាទីជាអ្នកដឹកនាំនោះ?» គ្រួសាររបស់ពួកគេឆ្លើយតបថា៖ «តើពីមុនអ្នកមិនរស់នៅបានសុខសប្បាយទេឬ ទោះបីជាគ្មានឋានៈក៏ដោយនោះ? ហេតុអ្វីបានជាអ្នកមិនអាចបន្តរស់នៅបាន?» ពួកគេតបវិញថា៖ «ប្រសិនបើមិនមែនដោយសារឋានៈរបស់ខ្ញុំទេ តើខ្ញុំអាចទទួលបានអត្ថប្រយោជន៍ទាំងនេះដែរឬទេ? តើពួកយើងអាចមានជីវភាពធូរធារបែបនេះដែរឬទេ? ហេតុអ្វីបានជាអ្នកល្ងង់ម្ល៉េះ?» នៅផ្ទះ អ្នកខ្លះនិយាយដោយបើកចំហថា៖ «តើមានប្រយោជន៍អ្វីក្នុងការរស់នៅដោយគ្មានឋានៈនោះ? តើជីវិតមានន័យអ្វីទៅ? គ្រួសារយើងមានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះ ហើយនៅផ្ទះ ខ្ញុំអាចគ្រប់គ្រងបានតែមនុស្សប៉ុន្មាននាក់នេះឯង។ ខ្ញុំគ្រាន់តែជាមេគ្រួសារម្នាក់ប៉ុណ្ណោះ ហើយឋានៈរបស់ខ្ញុំមិនខ្ពង់ខ្ពស់ឡើយ។ ខ្ញុំគួរតែកាន់តំណែងនៅក្នុងពួកជំនុំ បើមិនដូច្នេះទេ ជីវិតរបស់ខ្ញុំគឺឥតប្រយោជន៍ហើយ។ ម្យ៉ាងវិញទៀត បើគ្មានតំណែងនៅក្នុងពួកជំនុំនេះទេ តើគ្រួសារយើងអាចមានជីវិតដ៏ល្អបែបនេះបានដែរឬទេ?» នៅពេលបិទទ្វារជិត ពួកគេនិយាយដោយស្មោះត្រង់ ហើយមហិច្ឆតារបស់ពួកគេត្រូវបានលាតត្រដាងយ៉ាងច្បាស់។ តើនេះមិនមែនជាបុគ្គលដែលគ្មានភាពអៀនខ្មាសទេឬ? ការបំភាន់របស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនមែនជាអំពើរំលងដែលកើតឡើងម្ដងម្កាលនោះទេ វាមិនមែនជារឿងអចេតនាឡើយ។ ប្រសិនបើទាំងនេះជាទង្វើអាក្រក់ដែលកើតឡើងម្ដងម្កាល និងដោយអចេតនាមែននោះ ពួកគេមុខជានឹងមិនត្រូវបានចាត់ទុកជាពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទបំភាន់មនុស្សដោយចេតនា ពួកគេត្រូវបានគ្រប់គ្រងដោយធម្មជាតិរបស់សាតាំង។ នេះហើយជាមូលហេតុដែលពួកគេតែងតែបំភាន់មនុស្សជានិច្ច ដោយប្រើប្រាស់វិធីសាស្ត្រនេះដោយចេតនា ដើម្បីគ្រប់គ្រងពួកគេ និងទទួលបានអំណាចនៅទីបញ្ចប់។ តាមពិតទៅ គោលបំណងរបស់អាទទឹងនឹងព្រះគ្រីស្ទក្នុងការបំភាន់ និងគ្រប់គ្រងមនុស្ស គឺដើម្បីធ្វើឱ្យមនុស្សស្ដាប់ពួកគេ ដើរតាមការដឹកនាំរបស់ពួកគេ និងឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ ចេតនារបស់អាទទឹងនឹងព្រះគ្រីស្ទគឺច្បាស់លាស់ណាស់ ពួកគេមានបំណងប្រកួតប្រជែងជាមួយព្រះជាម្ចាស់ដើម្បីដណ្ដើមយកមនុស្ស។ សកម្មភាពរបស់ពួកគេមិនមែនជាការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយមួយឆាវនោះទេ ហើយក៏មិនមែនធ្វើឡើងដោយតក់ក្រហល់ ដោយមិនដឹងខ្លួននោះដែរ ហើយច្បាស់ណាស់ថាមិនមែនដោយសារតែកាលៈទេសៈពិសេសបង្ខំនោះឡើយ។ វាគឺដោយសារតែធម្មជាតិទុច្ចរិតរបស់ពួកគេ មហិច្ឆតា និងបំណងប្រាថ្នាដ៏ធំសម្បើមរបស់ពួកគេ និស្ស័យដ៏ពិសពុលរបស់ពួកគេ និងផែនការដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកគេទាំងស្រុង។ សមត្ថភាពរបស់ពួកគេក្នុងការធ្វើរឿងទាំងនេះនៅពេលនេះ គឺត្រូវបានកំណត់ដោយសារជាតិធម្មជាតិរបស់ពួកគេ៖ បន្ទាប់ពីជឿលើព្រះជាម្ចាស់ ពួកគេបានលាក់ទុកនូវចេតនា និងផែនការទាំងនេះ ដោយគ្រាន់តែរង់ចាំក្លាយជាអ្នកដឹកនាំ ដើម្បីចាប់ផ្ដើមសម្រេចក្ដីស្រមៃទាំងនេះ និងសម្រេចគោលដៅរបស់ពួកគេប៉ុណ្ណោះ។ នេះគឺជាស្ថានភាពពិតប្រាកដនៃដួងចិត្តរបស់អាទទឹងនឹងព្រះគ្រីស្ទ យ៉ាងពិតប្រាកដឥតល្អៀង។
តាមរយៈខ្លឹមសារដែលបានពិភាក្សាខាងលើ អ្នករាល់គ្នាគួរតែយល់ពីសេចក្ដីពិតដែលអ្នករាល់គ្នាត្រូវចូលទៅក្នុង។ ម្យ៉ាង អ្នករាល់គ្នាគួរតែញែកដឹងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ដែលបង្ហាញឥរិយាបថ និងសារជាតិធម្មជាតិបែបនេះ។ ម្យ៉ាងទៀត អ្នករាល់គ្នាក៏គួរតែប្រៀបធៀបខ្លួនឯង ដើម្បីមើលថាតើអ្នករាល់គ្នាមានឥរិយាបថទាំងនេះដែរឬទេ។ ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាអាចរកឃើញភាពស៊ីគ្នាគ្នារវាងអ្វីដែលអ្នករាល់គ្នានិយាយ និងសម្ដីរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ឬប្រសិនបើអ្នកទាំងពីរបង្ហាញ ឥរិយាបថដូចគ្នាក្នុងស្ថានភាពស្រដៀងគ្នា នោះតើអ្នករាល់គ្នាអាចញែកដឹងភាពស្រដៀងគ្នានៃនិស្ស័យដែលបានបញ្ចេញឱ្យឃើញ ឬក្នុងការអនុវត្តរវាងអ្នករាល់គ្នា និងពួកទទឹងនឹងព្រះគ្រីស្ទបានដែរឬទេ? តើអ្នករាល់គ្នាអាចចាប់យល់សេចក្ដីពិតដែលបានប្រកបគ្នានៅទីនេះ តាមរយៈឧទាហរណ៍មួយចំនួនដែលខ្ញុំពិភាក្សា ឬព័ត៌មានលម្អិត ពាក្យសម្ដី និងសកម្មភាពដែលបានរៀបរាប់ក្នុងឧទាហរណ៍ទាំងនោះបានដែរឬទេ ឬតើអ្នករាល់គ្នាអាចយល់ពីនិស្ស័យពុករលួយរបស់មនុស្សដែលត្រូវបានលាតត្រដាងនៅទីនេះបានដែរឬទេ? តើអ្នករាល់គ្នាអាចស្ដាប់តាមរបៀបនេះបានដែរឬទេ? តើអ្នករាល់គ្នាកំពុងស្ដាប់ពីទស្សនៈបែបណា? ប្រសិនបើអ្នករាល់គ្នាកំពុងញែកដឹងនិស្ស័យ និងសារជាតិទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយមើលឥរិយាបថ និងការអនុវត្តទាំងនេះទាំងស្រុងពីទស្សនៈរបស់អ្នកឈរមើល តើអ្នករាល់គ្នាអាចទទួលបានសេចក្ដីពិតដែរឬទេ? (ទេ)។ ចុះតើអ្នករាល់គ្នាគួរស្ដាប់ពីទស្សនៈបែបណាវិញ? (ការប្រៀបធៀបខ្លួនឯង)។ ប្រៀបធៀបខ្លួនឯង នេះគឺជារឿងជាមូលដ្ឋានបំផុត។ តើមានអ្វីទៀត? (បំពាក់ខ្លួនឯងដោយសេចក្ដីពិត)។ ត្រឹមត្រូវហើយ អ្នករាល់គ្នាត្រូវតែយល់ពីសេចក្ដីពិតដែលអ្នករាល់គ្នាត្រូវយល់ នៅក្នុងរាល់ឧទាហរណ៍ដែលខ្ញុំពិភាក្សា។ អស់អ្នកដែលគ្មានការយល់ដឹងខាងវិញ្ញាណ អាចយល់ដឹងបានត្រឹមតែការពិតប៉ុណ្ណោះ ចំណែកឯអស់អ្នកដែលមានការយល់ដឹងខាងវិញ្ញាណ និងមានគុណសម្បត្តិល្អ អាចយល់ និងទទួលបានសេចក្ដីពិតពីឧទាហរណ៍ទាំងនោះ។ តើអ្នករាល់គ្នាអាចបែងចែកសេចក្ដីពិតដែលពាក់ព័ន្ធនឹងរឿងរ៉ាវ និងឧទាហរណ៍ដែលត្រូវបានពិភាក្សាបានដែរឬទេ? ការប្រកបគ្នាអំពីរឿងរ៉ាវ ឬឧទាហរណ៍មួយចំនួន គឺមានគោលបំណងជួយមនុស្សឱ្យភ្ជាប់រឿងទាំងនោះទៅនឹងតថភាពជាក់ស្ដែង ដើម្បីយល់កាន់តែច្បាស់ពីបញ្ហាផ្សេងៗដែលឆ្លុះបញ្ចាំងនៅក្នុងតថភាព និងដើម្បីធ្វើឱ្យពួកគេមានចំណាប់អារម្មណ៍កាន់តែជ្រាលជ្រៅចំពោះការបង្ហាញចេញ និងសារជាតិផ្សេងៗដែលពាក់ព័ន្ធនឹងទិដ្ឋភាពនៃសេចក្ដីពិតនេះ។ និយាយម្យ៉ាងទៀត នៅពេលនិយាយដល់ទិដ្ឋភាពនៃសេចក្ដីពិត ឬសារជាតិធម្មជាតិនេះ អ្នកនឹងនឹកឃើញដល់ឧទាហរណ៍ ឬសេណារីយ៉ូជាក់លាក់ណាមួយ។ តាមរបៀបនោះ នៅពេលអ្នកយល់ពីខ្លួនឯង ឬញែកដឹងអ្នកដទៃ អ្នកនឹងមានការយល់ដឹងដែលអាចមើលឃើញជារូបភាព ដែលងាយស្រួលយល់ដឹងជាង ជាក់ស្ដែងជាង និងច្បាស់លាស់ជាងការគ្រាន់តែអានទ្រឹស្ដី ឬអត្ថបទ។ ប្រសិនបើវាគ្រាន់តែជាអត្ថបទ ហើយអ្នកគ្មានបទពិសោធជាមួយវាទេ ការយល់ដឹងរបស់អ្នកចំពោះអត្ថបទនោះ អាចនឹងត្រូវបានកំណត់ត្រឹមតែពាក្យសម្ដីផ្ទាល់ តែងតែត្រូវបានរឹតត្បិតដោយបទពិសោធដ៏មានកម្រិតរបស់អ្នក ហើយស្ថិតនៅក្នុងរង្វង់នោះប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី ប្រសិនបើខ្ញុំបន្ថែមឧទាហរណ៍មួយចំនួន បញ្ចូលគ្នានូវរឿងរ៉ាវមួយចំនួន ទិដ្ឋភាពមួយចំនួន ពាក្យសម្ដី និងសកម្មភាពជាក់លាក់ ព្រមទាំងឥរិយាបថនៅក្នុងការប្រកបគ្នារបស់ខ្ញុំ វានឹងមានឥទ្ធិពលជំនួយដល់ការយល់ដឹងរបស់អ្នកអំពីសេចក្ដីពិតនៅក្នុងទិដ្ឋភាពនេះ។ ប្រសិនបើសម្រេចបានឥទ្ធិពលនេះ វាមានន័យថាអ្នកបានយល់ពីទិដ្ឋភាពនៃសេចក្ដីពិតនេះហើយ។ តើអ្នកត្រូវតែឈានដល់កម្រិតនៃការយល់ដឹងកម្រិតណា ទើបចាត់ទុកថាជាការយល់ដឹង? វាមិនចាំបាច់ទាល់តែ ១០០% នោះទេ ប៉ុន្តែការយល់ដឹង ការកំណត់និយមន័យ ទស្សនទាន និងចំណេះដឹងរបស់អ្នកអំពីទិដ្ឋភាពនៃសេចក្ដីពិតនេះ យ៉ាងហោចណាស់គួរតែត្រូវបានពង្រឹងឱ្យរឹងមាំ។ តើការពង្រឹងឱ្យរឹងមាំនេះមានន័យដូចម្ដេច? វាមានន័យថា វាក្លាយជាបរិសុទ្ធគួរសម ជាមូលដ្ឋានគឺគ្មានចំណេះដឹង សញ្ញាណ ការស្រមើស្រមៃ ឬការស្មានរបស់មនុស្សលាយឡំឡើយ ឬមានរឿងទាំងនេះលាយឡំតិចតួច។ ទាំងនេះគឺជាឥទ្ធិពលដែលឧទាហរណ៍បែបនេះមាន។ អ្នកអាចនឹងស្គាល់មនុស្ស ឬព្រឹត្តិការណ៍ដែលខ្ញុំបានលើកឡើងនៅក្នុងឧទាហរណ៍មួយចំនួនទាំងនេះ ឬថែមទាំងធ្លាប់បានទាក់ទង និងស្គាល់មនុស្សបែបនេះច្បាស់ ឬអ្នកអាចនឹងធ្លាប់បានជួបប្រទះព្រឹត្តិការណ៍បែបនេះ ហើយថែមទាំងបានឃើញផ្ទាល់ភ្នែកនូវដំណើរការទាំងមូលនៃមនុស្សទាំងនេះដែលធ្វើរឿងបែបនេះ។ ប៉ុន្តែ តើវាមានអត្ថប្រយោជន៍អ្វីខ្លះចំពោះការយល់ដឹង និងការទទួលស្គាល់សេចក្ដីពិតរបស់អ្នក? វាអាចទៅរួចដែលថា អ្នកប្រហែលជាធ្លាប់រស់នៅជាមួយមនុស្សបែបនេះ អ្នកធ្លាប់បានឃើញរឿងរ៉ាវបែបនេះកើតឡើង ហើយបានជួបប្រទះដោយផ្ទាល់នូវអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងរឿងទាំងនេះ ប៉ុន្តែវាមិនប្រាកដថាអ្នកយល់ពីទិដ្ឋភាពនៃសេចក្ដីពិតនេះឡើយ។ តើខ្ញុំចង់សំដៅលើអ្វី? កុំសន្មតថា ដោយសារតែអ្នកស្គាល់ ឬធ្លាប់ស្គាល់មនុស្ស ឬព្រឹត្តិការណ៍ដែលខ្ញុំកំពុងនិយាយនេះ អ្នកមិនចាំបាច់ស្ដាប់ព័ត៌មានលម្អិត ឬសេចក្ដីពិត និងខ្លឹមសារជាក់លាក់ដែលបានប្រកបគ្នានៅទីនេះនោះ។ នោះគឺជាកំហុសដ៏ធំមួយ។ សូម្បីតែមនុស្សនោះគឺជាអ្នកដែលអ្នកស្គាល់ច្បាស់ក៏ដោយ ក៏វាមិនមានន័យថាអ្នកបានយល់ និងក្ដាប់បានសេចក្ដីពិតនៅទីនេះរួចហើយនោះដែរ។ ហេតុអ្វីបានជាខ្ញុំរំលឹកអ្នកអំពីរឿងនេះ? គឺដើម្បីការពារកុំឱ្យអ្នករាល់គ្នាផ្ដោតខ្លាំងតែលើព័ត៌មានលម្អិត។ រាល់ពេលដែលអ្នកឃើញនរណាម្នាក់ធ្វើរឿងបែបនេះ ហើយព្រះជាម្ចាស់លើកពួកគេធ្វើជាឧទាហរណ៍ អ្នកក៏សើចចំអកឱ្យពួកគេ និងមើលងាយមនុស្សបែបនេះ។ តើនេះជាអាកប្បកិរិយាដ៏ត្រឹមត្រូវដែលត្រូវមានចំពោះសេចក្ដីពិតដែរឬទេ? (ទេ)។ តើនេះជាអាកប្បកិរិយាអ្វីទៅ? តើនេះមិនមែនជាការដើរខុសផ្លូវទេឬ? នេះគឺជាការយល់ដឹងដែលលម្អៀងហើយ។ គឺដោយសារតែឧទាហរណ៍ដ៏រស់រវើក រឿងរ៉ាវ និងមនុស្សព្រមទាំងព្រឹត្តិការណ៍ជាក់លាក់ទាំងនេះហើយ ទើបមនុស្សគ្រប់គ្នាអាចពិតជាយល់ដឹងយ៉ាងស៊ីជម្រៅថា តើការបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយរបស់មនុស្សមានលក្ខណៈបែបណា ដើម្បីពិតជាឃើញផ្ទាល់ភ្នែកថា តើការបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ និងសារជាតិធម្មជាតិរបស់មនុស្សមានលក្ខណៈបែបណា តើសារជាតិធម្មជាតិរបស់មនុស្សគឺជាអ្វី តើនិស្ស័យពុករលួយគឺជាអ្វី តើមនុស្សដែលមានប្រភេទនៃនិស្ស័យពុករលួយ និងសារជាតិធម្មជាតិជាក់លាក់ណាមួយ ដើរតាមផ្លូវបែបណា តើពួកគេស្រឡាញ់អ្វី តើភាពប្រែប្រួលនៃអារម្មណ៍របស់ពួកគេមានលក្ខណៈបែបណា តើពួកគេប្រព្រឹត្តខ្លួន និងប្រាស្រ័យទាក់ទងជាមួយពិភពលោក ដោយរបៀបណា ហើយតើទស្សនៈជីវិតរបស់ពួកគេគឺជាអ្វី តើគោលការណ៍របស់ពួកគេក្នុងការដោះស្រាយរឿងរ៉ាវគឺជាអ្វី ហើយតើអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ និងសេចក្ដីពិតអាចមានលក្ខណៈបែបណា។ គឺដោយសារតែឧទាហរណ៍ទាំងនេះ បុគ្គលជាក់លាក់ និងព្រឹត្តិការណ៍ជាក់ស្ដែងទាំងនេះហើយ ទើបមនុស្សអាចរួមបញ្ចូលតថភាពនៃសេចក្ដីពិត ទៅនឹងការបើកសម្ដែងរបស់ព្រះជាម្ចាស់អំពីសារជាតិរបស់មនុស្សបានកាន់តែល្អប្រសើរ ដោយសម្រេចបាននូវការយល់ឃើញមួយដែលកាន់តែច្បាស់លាស់ និងត្រឹមត្រូវជាងមុនចំពោះរឿងទាំងនេះ។ ដូច្នេះ តើខ្ញុំចង់សំដៅលើអ្វីនៅពីក្រោយពាក្យសម្ដីទាំងនេះ? គឺថា អ្នកមិនគួរមើលស្រាលរឿងរ៉ាវទាំងនេះឡើយ។ ទោះបីជាខ្ញុំប្រាប់រឿងរ៉ាវប្រភេទណាក៏ដោយ ជារឿងរបស់អ្នកណា ឬជារឿងរបស់មនុស្សប្រភេទណាក៏ដោយ គឺមានគោលដៅតែមួយគត់ នោះគឺដើម្បីជួយអ្នកឱ្យយល់ពីសេចក្ដីពិត។ ប្រសិនបើអ្នកទទួលបានសេចក្ដីពិតពីរឿងនោះ នោះ ឥទ្ធិពលដែលប្រាថ្នាចង់បានត្រូវបានសម្រេចបានហើយ។ ហេតុដូច្នេះហើយ រឿងរ៉ាវទាំងនេះអាចត្រឹមតែជួយឱ្យអ្នកយល់ពីសេចក្ដីពិតរាក់កំភែលមួយចំនួនប៉ុណ្ណោះនៅពេលអ្នកស្ដាប់ឮជាលើកដំបូង ដើម្បីចាប់យល់អត្ថន័យសំបកក្រៅ ឬការបកស្រាយតាមន័យត្រង់។ ទោះជាយ៉ាងនេះក្តី នៅពេលកម្ពស់របស់អ្នកបន្តលូតលាស់ នៅពេលអ្នកមានអាយុកាន់តែច្រើន នៅពេលអ្នកលូតលាស់ក្នុងជីវិតតាមរយៈកាលៈទេសៈផ្សេងៗ ជីវិតរបស់អ្នកក៏ចាស់ទុំបន្តិចម្ដងៗដែរ ហើយអ្នកនឹងមានការយល់ដឹងខុសៗគ្នាអំពីព្រឹត្តិការណ៍នៅក្នុងរឿងរ៉ាវទាំងនេះ ព្រមទាំងសារជាតិធម្មជាតិ ឥរិយាបថ និងការបង្ហាញចេញរបស់បុគ្គលផ្សេងៗដែលបានឆ្លុះបញ្ចាំងនៅទីនេះ។ តើការយល់ដឹងទាំងនេះកើតឡើងដោយរបៀបណា? ពួកវាកើតចេញពីសេចក្ដីពិតដែលពាក់ព័ន្ធនៅក្នុងរឿងរ៉ាវទាំងនេះ មិនមែនកើតចេញពីរឿងរ៉ាវទាំងនោះផ្ទាល់ឡើយ។ ប្រសិនបើវាគ្រាន់តែជាការនិទានរឿង ដូចជារឿង «ក្មេងឃ្វាលចៀមដែលចូលចិត្តកុហក» នោះបន្ទាប់ពីអ្នកស្ដាប់រួច គឺចប់ត្រឹមហ្នឹង វាគ្មានពាក់ព័ន្ធអ្វីនឹងសេចក្ដីពិតឡើយ។ វាគ្រាន់តែណែនាំមនុស្សពីរបៀបប្រព្រឹត្តប៉ុណ្ណោះ៖ វាគឺសាមញ្ញ និងរាក់កំភែលណាស់។ ប៉ុន្តែ នៅពេលនិយាយដល់សេចក្ដីពិត ជម្រៅនៃរឿងបែបនេះ គឺលើសពីអត្ថន័យសំបកក្រៅដែលមនុស្សម្នាក់អាចយល់បានយ៉ាងងាយទៅទៀត។ វាពាក់ព័ន្ធនឹងនិស្ស័យពុករលួយ និងសារជាតិធម្មជាតិរបស់មនុស្ស ដោយពាក់ព័ន្ធនឹងរបៀបញែកដឹងមនុស្ស របៀបជ្រើសរើសផ្លូវរបស់ខ្លួន របៀបចូលទៅជិតសេចក្ដីពិត និងថាតើអាកប្បកិរិយារបស់មនុស្សគួរតែមានលក្ខណៈបែបណា ដើម្បីឆ្លើយតបទៅនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ វាពាក់ព័ន្ធនឹងអ្វីដែលមនុស្សគួរតែបដិសេធចោល និងអ្វីដែលពួកគេគួរតែទទួលយក។ ប្រសិនបើអ្នករាល់គ្នាអាចស្ដាប់តាមរបៀបនេះ រាល់ពេលដែលអ្នករាល់គ្នាស្ដាប់សេចក្ដីអធិប្បាយ អ្នករាល់គ្នានឹងទទួលបានអ្វីមួយ អ្នករាល់គ្នានឹងទទួលបានពន្លឺកាន់តែច្រើន និងយល់ពីគោលការណ៍កាន់តែច្រើនទាក់ទងនឹងទិដ្ឋភាពផ្សេងៗនៃសេចក្ដីពិត ហើយទទួលបានការចូលទៅក្នុងជីវិតខ្លះៗ។ នៅពេលមនុស្សមានអាយុកាន់តែច្រើន នៅពេលពេលវេលាកន្លងផុតទៅ នៅពេលកាលៈទេសៈសង្គមផ្លាស់ប្ដូរ នៅពេលនិន្នាការផ្លាស់ប្ដូរ សេចក្ដីពិតនៅតែបន្តធ្វើការនៅក្នុងដួងចិត្តរបស់មនុស្ស ហើយពួកគេនឹងដឹងពីរបៀបអនុវត្តសេចក្ដីពិត ព្រមទាំងរបៀបមើលមនុស្ស និងរឿងរ៉ាវដោយផ្អែកលើសេចក្ដីពិត។ នេះហើយជាអត្ថន័យនៃការទទួលបានជីវិត ពោលគឺសេចក្ដីពិតអាចក្លាយជាជីវិតរបស់មនុស្សម្នាក់បាន។ ហេតុដូច្នេះហើយ ទោះបីជារឿងមួយកំពុងត្រូវបាននិទាននៅពេលណាក៏ដោយ កុំគ្រាន់តែស្ដាប់ម្ដងហើយចាត់ទុកថាចប់ឱ្យសោះ។ ចូរស្ដាប់បន្តទៀត ហើយប្រសិនបើអ្នកមិនយល់ទេ អ្នកអាចប្រកបគ្នាអំពីរឿងនោះបាន។ ប្រសិនបើអ្នកយល់ថាវាពិបាកក្នុងការក្ដាប់បាននៅដំណាក់កាលបច្ចុប្បន្នរបស់អ្នក វាអាចបណ្ដាលមកពីកម្ពស់របស់អ្នកមិនទាន់គ្រប់គ្រាន់។ ក្នុងករណីនោះ ចូរស្ដាប់អ្វីដែលអ្នកអាចយល់បាន ហើយជ្រើសរើសអ្វីដែលស័ក្ដិសមនឹងកម្ពស់បច្ចុប្បន្នរបស់អ្នក។ ប្រសិនបើរឿងមួយស្ដាប់ទៅហាក់ដូចជាច្បាស់លាស់នៅពេលអ្នកឮវា ប៉ុន្តែក្រោយមកបែរជាមើលទៅជ្រាលជ្រៅ ប្រសិនបើវាហួសពីការយល់ដឹងរបស់អ្នក ឬមិនស្របនឹងបទពិសោធ និងកាលៈទេសៈជីវិតរបស់អ្នកនៅដំណាក់កាលនេះទេ នោះចូររក្សាទុកវានៅក្នុងចិត្តរបស់អ្នក ហើយបណ្ដោយឱ្យវាដក់ជាប់ក្នុងចិត្តរបស់អ្នកចុះ។ នៅពេលអ្នកជួបប្រទះស្ថានភាពស្រដៀងគ្នានៅពេលក្រោយ អ្វីដែលអ្នកបានរក្សាទុកក្នុងចិត្តរបស់អ្នក អាចនឹងត្រូវបានឆ្លុះបញ្ចាំងចេញមកក្រៅ។ វាប្រៀបដូចជាវាក្យសព្ទ និងពាក្យបច្ចេកទេសដែលអ្នកបានសិក្សា ឬព័ត៌មានដែលខួរក្បាលរបស់អ្នកបានស្រូបយកអ៊ីចឹង។ តើអ្នកគិតពីវាជារៀងរាល់ថ្ងៃដែរឬទេ? ប្រហែលជាមិនមែនទេ។ ជាទូទៅ អ្នកមិនសូវគិតដល់វាទេ ប៉ុន្តែនៅពេលអ្នកស្ថិតក្នុងបរិយាកាសមួយដែលពាក្យបច្ចេកទេស វាក្យសព្ទ ឬព័ត៌មានទាំងនេះមានការពាក់ព័ន្ធ នោះរឿងមួយចំនួននឹងផុសឡើងក្នុងគំនិតរបស់អ្នក។ មនុស្សមានការចងចាំ ហើយតាមធម្មជាតិ ពួកគេរក្សាទុករឿងមួយចំនួននៅក្នុងគំនិតរបស់ពួកគេ។ រឿងទាំងនេះគឺគ្រប់គ្រាន់សម្រាប់អ្នកក្នុងការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ហើយអាចមានប្រយោជន៍ខ្លះៗ ប៉ុន្តែប្រសិនបើអ្នកព្យាយាមប្រើប្រាស់វាដោយចេតនា និងអនុវត្តបទប្បញ្ញត្តិទាំងងងឹតងងល់ នោះអ្នកកាន់តែងាយនឹងធ្វើខុសហើយ។ អ្នកគួរតែជ្រើសរើសស្ដាប់ដោយផ្អែកលើកម្ពស់ផ្ទាល់ខ្លួនរបស់អ្នក និងកាលៈទេសៈដែលអ្នកធ្លាប់បានជួបប្រទះ។ តាមរបៀបនេះ ភាពរីកចម្រើនរបស់អ្នកនឹងកាន់តែលឿន។ អស់អ្នកដែលចេះស្ដាប់ នឹងទទួលបានកាន់តែច្រើន ចំណែកឯអ្នកដែលមិនចេះស្ដាប់ នឹងទទួលបានតិចជាង ឬប្រហែលជាមិនទទួលបានអ្វីទាល់តែសោះ។ ពួកគេថែមទាំងអាចមានអារម្មណ៍ថា ពួកគេមិនចង់ស្ដាប់រឿងរ៉ាវទាំងនេះទេ ថាគ្មានរឿងណាមួយពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ ហើយឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំមិននិយាយអំពីសេចក្ដីពិត បែរជាមកនិយាយរឿងអត់ប្រយោជន៍ និងនិយាយចេចចូចរហូតទៅវិញ។ តើមនុស្សប្រភេទណាដែលបង្ហាញឥរិយាបថបែបនេះ? (អ្នកដែលគ្មានការយល់ដឹងខាងវិញ្ញាណ)។ មនុស្សដែលគ្មានការយល់ដឹងខាងវិញ្ញាណ អាចនឹងគិតបែបនេះ។ ពួកគេអាចនឹងគិតថា នៅពេលខ្ញុំផ្តល់សេចក្តីអធិប្បាយ ខ្ញុំនិយាយតែពីរឿងរ៉ាវប្រចាំថ្ងៃទាំងនេះប៉ុណ្ណោះ។ ចុះបើអ៊ីចឹង ពួកគេក៏អាចធ្វើបានដែរ ដូច្នេះ នៅពេលពួកគេគ្មានរឿងអ្វីផ្សេងត្រូវធ្វើ ពួកគេក៏និយាយរឿងអត់ប្រយោជន៍ជាមួយអ្នកដទៃទៅ។ អ្នកអាចនឹងដឹងរឿងនិយាយចេចចូចច្រើនជាងរឿងរ៉ាវដែលខ្ញុំនិទានទៅទៀត ប៉ុន្តែតើការពិភាក្សារបស់អ្នកមានពាក់ព័ន្ធនឹងសេចក្ដីពិតដែរឬទេ? (ទេ មិនពាក់ព័ន្ធទេ)។ ប្រសិនបើវាមិនពាក់ព័ន្ធនឹងសេចក្ដីពិតទេ ចូរប្រយ័ត្នកុំនិយាយផ្ដេសផ្ដាស បើមិនដូច្នេះទេ ចុងក្រោយអ្នកអាចនឹងពិភាក្សាពីរឿងដែលមិនពាក់ព័ន្ធនឹងសេចក្ដីពិត។ ខ្ញុំនិទានរឿង ដើម្បីជួយមនុស្សឱ្យយល់ពីសេចក្ដីពិត។ អ្នករាល់គ្នាមិនគួរត្រាប់តាមខ្ញុំទាំងងងឹតងងល់ឡើយ។ អ្នករាល់គ្នាគួរតែផ្ដោតតែលើការស្វែងរកសេចក្ដីពិត ការយល់ពីសេចក្ដីពិត និងការខិតខំចាត់ការលើរឿងរ៉ាវទៅតាមគោលការណ៍ប៉ុណ្ណោះ។ ទោះបីជានៅក្នុងពាក្យសម្ដី ឬសកម្មភាពរបស់អ្នករាល់គ្នាក៏ដោយ ចូរផ្ដល់អាទិភាពលើការស្របទៅតាមគោលការណ៍សេចក្ដីពិត។ តាមរបៀបនេះ អ្នកនឹងចូលទៅក្នុងតថភាពនៃសេចក្ដីពិតបន្តិចម្ដងៗ។
III. ការវែកញែកអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទគំរាមកំហែងមនុស្ស
ពួកយើងបានប្រកបគ្នារួចរាល់ហើយអំពីការបង្ហាញ ចេញទាំងពីរយ៉ាងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ក្នុងការបំភាន់មនុស្ស និងការអូសទាញពួកគេ។ ឥឡូវនេះ ចូរយើងប្រកបគ្នាអំពីរបៀបដែលពួកគេគំរាមកំហែងមនុស្សវិញម្ដង។ វិធីសាស្ត្រទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺកាន់តែធ្ងន់ធ្ងរឡើងៗពីមួយទៅមួយ។ នៅពេលប្រៀបធៀបទៅនឹងការបំភាន់ និងការអូសទាញ តើវិធីសាស្ត្រនៃការគំរាមកំហែងនេះ មានលក្ខណៈស្មុគស្មាញជាង ឬក៏មិនសូវស្មុគស្មាញ? (មិនសូវស្មុគស្មាញទេ)។ ប្រសិនបើការបំភាន់ និងការអូសទាញមិនបានផលទេ ពួកគេនឹងងាកទៅរកការគំរាមកំហែង។ តើអាទទឹងនឹងព្រះគ្រីស្ទគំរាមកំហែងមនុស្សដោយរបៀបណា? ហេតុអ្វីបានជាពួកគេងាកទៅរកវិធីសាស្ត្របែបនេះ? (ពីព្រោះគោលបំណងរបស់ពួកគេមិនបានសម្រេច)។ គោលបំណងរបស់ពួកគេមិនបានសម្រេចឡើយ។ មានអត្ថន័យមួយទៀតដែលបង្កប់នៅក្នុងការគំរាមកំហែង តើឃ្លាអ្វីដែលអាចត្រូវបានប្រើដើម្បីសម្តែងចេញវាបាន? (ការលាតត្រដាងពីធាតុពិតរបស់ពួកគេ)។ វាមិនសូវត្រឹមត្រូវនោះទេ សូមសាកល្បងឃ្លាមួយទៀតមើល។ (ការខឹងសម្បាដោយសារតែភាពអាម៉ាស់)។ អ្នកនិយាយជិតត្រូវហើយ។ តើមានឃ្លាណាដែលស័ក្តិសមជាងនេះទេ? (មានអារម្មណ៍ក្ដៅក្រហាយ និងខឹងសម្បាយ៉ាងខ្លាំង)។ ប្រាកដឥតខ្ចោះ គឺមានអារម្មណ៍ក្ដៅក្រហាយ និងខឹងសម្បាយ៉ាងខ្លាំង។ វាប្រៀបដូចជាពាក្យចាស់ពោលថា «ខឹងឆេវឆាវ» អ៊ីចឹង អត្ថន័យគឺ «ខ្ញុំបានព្យាយាមប្រើទាំងពាក្យសម្ដីទន់ភ្លន់ និងពាក្យសម្ដីតឹងរ៉ឹងហើយ។ ភាគច្រើន ខ្ញុំមិនដែលប្រព្រឹត្តអយុត្តិធម៌ចំពោះអ្នករាល់គ្នាឡើយ។ ហេតុអ្វីបានជាអ្នកនឹងមិនព្រមស្ដាប់ខ្ញុំ? ដោយសារតែអ្នកនឹងមិនព្រមស្ដាប់ ដូច្នេះ អ្នកនឹងទទួលរងផលវិបាកមិនខាន៖ ខ្ញុំនឹងប្រើកលល្បិចនេះទៅលើអ្នក គឺការគំរាមកំហែង!»។ ពួកគេផ្លាស់ប្ដូរកលល្បិចរបស់ពួកគេ។ សាតាំងមានកលល្បិចផ្សេងៗគ្នា ដែលសុទ្ធសឹងតែជារឿងគួរឱ្យស្អប់ខ្ពើម។ ការគំរាមកំហែង ជាធម្មតាត្រូវបានរួមបញ្ចូលជាមួយនឹងការលួងលោម។ ប្រសិនបើពួកគេប្រើតែការគំរាមកំហែង មនុស្សមួយចំនួនមិនខ្លាច ហើយក៏មិនស្ដាប់ពួកគេដែរ។ ពេលនោះ ពួកគេគ្មានជម្រើសអ្វីផ្សេងឡើយ ហើយជួនកាលអាចនឹងងាកទៅរកការលួងលោមវិញ។ ប្រសិនបើវិធីនេះមិនបានផលទេ នោះពួកគេព្យាយាមធ្វើវិធីនោះ គឺពួកគេប្រើទាំងកលល្បិចទន់ភ្លន់ និងកលល្បិចចាស់ដៃ។ ដូច្នេះ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទគំរាមកំហែងមនុស្ស? តើស្ថិតក្នុងកាលៈទេសៈបែបណា ទើបពួកគេងាកទៅរកការគំរាមកំហែង? ប្រសិនបើមនុស្សពីរនាក់រួមរស់ជាមួយគ្នាដោយសន្តិភាព ដោយម្នាក់ៗដើរតាមផ្លូវរៀងៗខ្លួន ហើយគ្មានជម្លោះផលប្រយោជន៍រវាងពួកគេទេ តើពួកគេនឹងងាកទៅរកការគំរាមកំហែងដែរឬទេ? (ទេ ពួកគេនឹងមិនធ្វើឡើយ)។ ចុះតើស្ថិតក្នុងកាលៈទេសៈបែបណា ទើបឥរិយាបថ និងទង្វើនៃការគំរាមកំហែងនេះ ចាប់ផ្ដើមកើតមានឡើង? ជាការពិតណាស់ គឺនៅពេលវាពាក់ព័ន្ធនឹងផលប្រយោជន៍ ឬកេរ្តិ៍ឈ្មោះរបស់ពួកគេ នៅពេលគោលបំណងរបស់ពួកគេមិនត្រូវបានបំពេញ។ ពួកគេបញ្ចេញក្បាច់ចុងក្រោយ ដោយគិតថា៖ «អ៊ីចឹង អ្នកនឹងមិនព្រមស្ដាប់ខ្ញុំទេឬ? បើដូច្នេះ ខ្ញុំនឹងបង្ហាញអ្នកឱ្យឃើញពីផលវិបាក!»។ តើផលវិបាកទាំងនេះមានអ្វីខ្លះ? គឺអ្វីក៏ដោយដែលអ្នកខ្លាច។ តើអ្នករាល់គ្នាអាចនឹកឃើញឧទាហរណ៍ណាមួយនៃការគំរាមកំហែង ដែលអ្នករាល់គ្នាធ្លាប់បានឃើញដែរឬទេ? (ពួកទទឹងនឹងព្រះគ្រីស្ទខ្លះ នៅពេលពួកគេឃើញបងប្អូនប្រុសស្រីមិនចុះចូលនឹងពួកគេ ពួកគេក៏ចាប់ផ្ដើមវិនិច្ឆ័យ និងថ្កោលទោសអ្នកទាំងនោះ ដោយនិយាយថា៖ «ការខកខានក្នុងការចុះចូលនឹងពួកអ្នកដឹកនាំ គឺជាការខកខានក្នុងការចុះចូលនឹងព្រះ» ហើយពួកគេប្រើចំណុចនេះដើម្បីគំរាមកំហែងមនុស្ស)។ (ខ្ញុំអាចនឹកឃើញឧទាហរណ៍មួយទៀត ដែលប្រសិនបើនរណាម្នាក់មិនស្ដាប់តាមថ្នាក់ដឹកនាំទេ អ្នកដឹកនាំនោះប្រើអំណាចរបស់ខ្លួនដើម្បីបណ្ដេញពួកគេចេញ)។ ទោះជាយ៉ាងណាក៏ដោយ ពួកគេចង់ឱ្យមនុស្សយល់ថា ការមិនស្ដាប់ពួកគេ នឹងនាំឱ្យមានផលវិបាក។ ដូច្នេះ តើពួកគេមានមូលដ្ឋានអ្វី ដើម្បីធ្វើឱ្យមនុស្សស្ដាប់ពួកគេ? ពួកគេជារឿយៗនិយាយថា៖ «ការចុះចូលនឹងថ្នាក់ដឹកនាំ គឺជាការចុះចូលនឹងព្រះ ពីព្រោះថ្នាក់ដឹកនាំត្រូវបានតែងតាំងដោយព្រះ។ អ្នកត្រូវតែចុះចូល។ ប្រសិនបើអ្នកមិនចុះចូល ឬមិនស្ដាប់ពួកអ្នកដឹកនាំទេ នោះគឺជាភាពក្រអឺតក្រទម ការរាប់ខ្លួនឯងជាសុចរិត និងការទាស់ទទឹងនឹងព្រះហើយ។ ផលវិបាកនៃការទាស់ទទឹងនឹងព្រះ គឺការត្រូវបានជម្រុះចោល។ ក្នុងករណីស្រាលៗ អ្នកអាចនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង ចំណែកក្នុងករណីធ្ងន់ធ្ងរ អ្នកថែមទាំងអាចនឹងត្រូវបណ្ដេញចេញពីពួកជំនុំទៀតផង!»។ ពួកគេប្រើប្រាស់ភាពខុសទំនងដែលស្ដាប់ទៅហាក់ដូចជាសមហេតុផលទាំងនេះ ដើម្បីបង្ខិតបង្ខំមនុស្សឱ្យចុះចូលនឹងពួកគេ។ ក្រៅពីនេះ តើពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនទៀត គំរាមកំហែងមនុស្សដោយរបៀបណា? ពួកគេញុះញង់អ្នកដទៃឱ្យប្រមូលផ្ដុំគ្នាប្រឆាំង និងបដិសេធអស់អ្នកណាដែលមិនចុះចូលនឹងពួកគេ។ បន្ថែមពីនេះ ពួកគេដកហូតតំណែង ឬ កែសម្រួលការចាត់តាំងភារកិច្ចរបស់អស់អ្នកណាដែលមិនស្ដាប់បង្គាប់ពួកគេ។ បុគ្គលមួយចំនួនពិតជាខ្លាចថា ពួកគេនឹងគ្មានភារកិច្ចត្រូវធ្វើមែន។ ពួកគេជឿថា តាមរយៈការបំពេញភារកិច្ចរបស់ពួកគេ ពួកគេអាចនឹងមានឱកាសទទួលបានសេចក្ដីសង្គ្រោះ ហើយការខកខានក្នុងការបំពេញភារកិច្ច អាចនឹងដកហូតឱកាសនោះចេញ។ ពួកទទឹងនឹងព្រះគ្រីស្ទគិតនៅក្នុងចិត្តរបស់ពួកគេថា៖ «ខ្ញុំដឹងពីចំណុចខ្សោយរបស់អ្នក។ ប្រសិនបើអ្នកមិនស្ដាប់ខ្ញុំទេ ខ្ញុំនឹងដកហូតសិទ្ធិរបស់អ្នកក្នុងការបំពេញភារកិច្ច។ ខ្ញុំនឹងមិនឱ្យអ្នកបំពេញភារកិច្ចរបស់អ្នកឡើយ!»។ តើពួកគេមិនឱ្យមនុស្សបំពេញភារកិច្ច ដោយសារតែមនុស្សទាំងនេះបំពេញភារកិច្ចមិនត្រូវតាមស្ដង់ដា ឬដោយសារតែការបំពេញភារកិច្ចរបស់ពួកគេធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់មែនទេ? (ទេ)។ ចុះហេតុអ្វីបានជាពួកគេធ្វើបែបនេះ? គឺដើម្បីផាត់ចេញនូវអ្នកដែលមានគំនិតផ្ទុយ និងប្រើប្រាស់វិធីសាស្ត្រនេះដើម្បីគំរាមកំហែងមនុស្ស និងធ្វើឱ្យពួកគេព្រមស្ដាប់តាម។ នៅពេលនិយាយដល់ការគំរាមកំហែង ពួកទទឹងនឹងព្រះគ្រីស្ទច្បាស់ណាស់មិនធ្វើតាមគោលការណ៍សេចក្ដីពិត ក្នុងការប្រព្រឹត្តចំពោះមនុស្ស ឬចាត់ការលើបញ្ហាឡើយ។ ផ្ទុយទៅវិញ ពួកគេប្រើប្រាស់ការគំរាម ការប្រើកម្លាំង និងការបង្ខិតបង្ខំ ដើម្បីធ្វើឱ្យមនុស្សចុះចូលយ៉ាងស្តាប់បង្គាប់ និងស្ដាប់ពួកគេ ហើយមិនបង្កបញ្ហាណាមួយដល់ពួកគេ ឬបំផ្លាញកិច្ចការរបស់ពួកគេឡើយ។
ការប្រើប្រាស់ការគំរាមកំហែងរបស់ អាទទឹងនឹងព្រះគ្រីស្ទ មិនមែនគ្រាន់តែដោយសារតែមនុស្សមិនស្ដាប់បង្គាប់ពួកគេ ឬមិនចាត់ទុកពួកគេថាសំខាន់ ហើយមិនអើពើនឹងពួកគេនោះទេ នោះគ្រាន់តែជាទិដ្ឋភាពមួយប៉ុណ្ណោះ។ មានមូលហេតុមួយទៀត នោះគឺនៅពេលអ្នកដទៃរកឃើញបញ្ហារបស់អាទទឹងនឹងព្រះគ្រីស្ទ ហើយចង់លាតត្រដាងគេ ឬរាយការណ៍ពីគេទៅខាងលើ ពួកគេខ្លាចថាខាងលើអាចនឹងដឹង ឬមានមនុស្សកាន់តែច្រើនដឹងពីរឿងនេះ ដូច្នេះ ពួកគេធ្វើគ្រប់យ៉ាងដែលស្ថិតក្នុងអំណាចរបស់ពួកគេ ដើម្បីលាក់បាំង និងបំបិទរឿងទាំងនេះ ដោយមិនអនុញ្ញាត រឿងទាំងនេះត្រូវបានលាតត្រដាងឡើយ។ តើនឹងមានអ្វីកើតឡើង ប្រសិនបើមានមនុស្សកាន់តែច្រើនបានដឹង? ពួកគេនឹងបដិសេធ និងដាក់បណ្ដាសាអាទទឹងនឹងព្រះគ្រីស្ទ គ្មាននរណាម្នាក់ ថ្វាយបង្គំគេទៀតឡើយ ហើយគេនឹងបាត់បង់តំណែង និងសិទ្ធិអំណាចរបស់គេ។ ហេតុដូច្នេះហើយ គោលបំណងរបស់ អាទទឹងនឹងព្រះគ្រីស្ទក្នុងការប្រើប្រាស់វិធីសាស្ត្រនៃការគំរាមកំហែងមនុស្សនេះ ក៏ដើម្បីការពារតំណែង និងសិទ្ធិអំណាចផ្ទាល់ខ្លួនរបស់គេផងដែរ។ គេជឿថា ប្រសិនបើគេមិនធ្វើបែបនេះទេ បងប្អូនប្រុសស្រីនឹងចាប់ផ្ដើមញែកដឹងគេ ហើយគេនឹងមិនត្រូវបានជ្រើសរើសនៅក្នុងការបោះឆ្នោតលើកក្រោយឡើយ ដែលធ្វើឱ្យគេធ្លាក់ខ្លួនទៅជាអ្នកជឿសាមញ្ញ ម្នាក់។ តើការក្លាយជាអ្នកជឿសាមញ្ញម្នាក់ មានន័យដូចម្ដេចសម្រាប់គេ? វាមានន័យថា គេគ្មានសិទ្ធិអំណាច គ្មានអ្នកណាដើរតាមគេ ឬក្លាយជាអ្នកគាំទ្ររបស់គេឡើយ ហើយតួនាទី និងសិទ្ធិអំណាចរបស់គេត្រូវបានដកហូតចេញ ដែលធ្វើឱ្យមហិច្ឆ តា និងបំណងប្រាថ្នារបស់គេមិនត្រូវបានបំពេញ។ គេមិនចង់ធ្វើជាអ្នកជឿ ឬអ្នកដើរតាមសាមញ្ញនោះទេ ដូច្នេះ គេប្រើប្រាស់វិធីសាស្ត្រនៃការគំរាមកំហែងមនុស្សនេះ ដើម្បីគំរាម និងបង្ខិតបង្ខំមនុស្សឱ្យស្ដាប់ និងស្តាប់បង្គាប់ពួកគេ ដែលអនុញ្ញាតឱ្យគេបន្តក្ដោបក្ដាប់សិទ្ធិអំណាច និងតំណែងរបស់គេ បន្តគ្រប់គ្រងមនុស្ស និងទទួលបានការគាំទ្រពីមនុស្សមួយចំនួន។ អ្វីគ្រប់យ៉ាងដែលអាទទឹងនឹងព្រះគ្រីស្ទធ្វើ គឺសុទ្ធតែផ្តោតលើតំណែងរបស់គេ។ រាល់ ពេលណាដែលរឿងអ្វីមួយពាក់ព័ន្ធនឹងតំណែងរបស់គេ គេនឹងប្រើប្រាស់មធ្យោបាយ ឬវិធីសាស្ត្រមួយចំនួន ដើម្បីការពារ និងថែរក្សាវាឱ្យបានយ៉ាងមុតមាំ។ សូម្បីតែនៅពេលខាងលើសួរពួកគេមួយចំនួនអំពីរឿងជាក់លាក់ណាមួយក៏ដោយ ក៏ពួកគេអាចកុហកយ៉ាងគឃ្លើន នៅចំពោះមុខបានដែរ។ ឧទាហរណ៍៖ នៅពេលខាងលើសួរថា តើពួកជំនុំទទួលបានមនុស្សប៉ុន្មាននាក់ តាមរយៈការផ្សាយដំណឹងល្អក្នុងខែនេះ ទោះបីជាអាទទឹងនឹងព្រះគ្រីស្ទដឹងថា មិនទទួលបាននរណាម្នាក់សោះក៏ដោយ ក៏គេអាចនឹងកុហក ហើយនិយាយថា ទទួលបានមនុស្សប្រាំនាក់ដែរ។ នៅពេលបងប្អូនប្រុសស្រីដែលដឹងការពិត តទល់នឹងទទឹងនឹងព្រះគ្រីស្ទ ដោយនិយាយថា៖ «មនុស្សប្រាំនាក់នោះគ្រាន់តែស្វែងយល់ប៉ុណ្ណោះ។ ហេតុអ្វីបានជាអ្នកនិយាយថា ពួកយើងទទួលបានមនុស្សប្រាំនាក់? អ្នកគួរតែប្រាប់ការពិតទៅខាងលើ» តើអាទទឹងនឹងព្រះគ្រីស្ទនិយាយបែបណា? «ហេតុអ្វីបានជាពួកយើងមិនអាចទទួលបានប្រាំនាក់? ខ្ញុំបាននិយាយថាប្រាំនាក់ ដូច្នេះវាគឺប្រាំនាក់ហើយ។ មតិរបស់អ្នកមិនរាប់ជាការទេ។ ប្រសិនបើយើងនិយាយថា យើងមិនទទួលបានមនុស្សសូម្បីតែម្នាក់ តើខ្ញុំត្រូវពន្យល់រឿងនោះទៅខាងលើដោយរបៀបណា? ប្រសិនបើអ្នកចង់រាយការណ៍ពីរឿងនេះ ចូរធ្វើទៅចុះ ប៉ុន្តែប្រសិនបើអ្នកនិយាយការពិត ខាងលើអាចនឹងលួសកាត់អ្នក។ ពួកគេអាចនឹងដកហូតតំណែងអ្នករាល់គ្នាទាំងអស់ដែលពាក់ព័ន្ធនឹងការផ្សាយដំណឹងល្អចេញ ឬថែមទាំងរំសាយក្រុមផ្សាយដំណឹងល្អទៀតផង។ ពេលនោះ អ្នកនឹងមិនអាចបំពេញភារកិច្ចរបស់អ្នកបានទេ ហើយខ្ញុំនឹងមិនទទួលខុសត្រូវចំពោះរឿងនេះឡើយ»។ ពេលបុគ្គលនេះឮដូច្នេះ គេក៏ស្រឡាំងកាំង ហើយមិនហ៊ានរាយការណ៍ឡើយ។ តើនេះមិនមែនជាការគំរាមកំហែងទេឬ? (មែនហើយ)។ វាគឺជាការគំរាមកំហែងយ៉ាងច្បាស់ក្រឡែត ដែលត្រូវបានបញ្ចេញមកយ៉ាងចំហបែបនេះ។ ពេលមនុស្សមួយចំនួនឮដូច្នេះ ពួកគេគិតថា៖ «ការធ្វើជាមនុស្សស្មោះត្រង់មានផលវិបាករបស់វា។ ប្រសិនបើខ្ញុំស្មោះត្រង់ ខ្ញុំនឹងមិនអាចបំពេញភារកិច្ចរបស់ខ្ញុំបានទេ ដូច្នេះ ខ្ញុំនឹងមិនរាយការណ៍ឡើយ។ យើងត្រូវតែរាយការណ៍ថាមានមនុស្សប្រាំនាក់»។ មនុស្សមួយចំនួនមានអារម្មណ៍មិនស្រួលក្នុងចិត្ត ដោយនិយាយថា៖ «ប្រសិនបើយើងមិនទទួលបាននរណាម្នាក់ទេ នោះវាក៏អ៊ីចឹងទៅ។ យើងគួរតែចុះចូល ទោះបីជាខាងលើជ្រើសរើសចាត់ការលើយើងតាមរបៀបណាក៏ដោយ»។ តើអាទទឹងនឹងព្រះគ្រីស្ទមានទស្សនៈបែបណា ពេលឮដូច្នេះ? «ការចុះចូលឬ? វាអាស្រ័យលើស្ថានភាព។ តើខាងលើដឹងពីការលំបាកដែលយើងជួបប្រទះ ក្នុងការផ្សាយដំណឹងល្អឥឡូវនេះដែរឬទេ? តើពួកគេខ្វល់ពីរឿងនេះដែរឬទេ?» នៅពេលខាងលើសាកសួរពីស្ថានភាពនៃការផ្សាយដំណឹងល្អ ពួកគេមិនមែនមិនដឹងពីបញ្ហាប្រឈមដែលពាក់ព័ន្ធនោះទេ។ ពួកគេដឹងថា យ៉ាងហោចណាស់អាចទទួលបានមនុស្សប៉ុន្មាននាក់ក្នុងមួយខែៗ ហើយពួកគេមិនដែលនិយាយថា ប្រសិនបើក្រុមផ្សាយដំណឹងល្អមិនទទួលបាននរណាម្នាក់ក្នុងមួយខែ ពួកគេនឹងត្រូវរំសាយនោះទេ។ ដូច្នេះ តើអាទទឹងនឹងព្រះគ្រីស្ទបានពាក្យសម្ដីនេះមកពីណា? (គេប្រឌិតវាឡើង)។ គេប្រឌិតវាឡើងដោយខ្លួនឯង ដើម្បីលាក់បាំងការកុហករបស់គេ ដើម្បីគ្រប់គ្រងមនុស្សទាំងនេះ ដើម្បីរារាំងខាងលើ ឬបងប្អូនប្រុសស្រីមិនឱ្យមើលធ្លុះការកុហករបស់គេ និងដើម្បីរក្សាតំណែងរបស់គេឱ្យជាប់ ដើម្បីកុំឱ្យគេត្រូវបានដកហូតតំណែង។ ដើម្បីរឿងនេះ គេហ៊ានប្រឌិតពាក្យរបស់អារក្សបែបនេះឡើង។ ការញែកដឹងបុគ្គល អាចលាតត្រដាងពួកគេបាន ប៉ុន្តែអស់អ្នកដែលខ្វះការញែកដឹងត្រូវបានបំភាន់ ដោយគិតថា៖ «ពិតមែនហើយ ភារកិច្ចនេះមិនងាយស្រួលទទួលបាននោះទេ។ យើងមិនអាចស្មោះត្រង់ជាមួយខាងលើបានឡើយ។ ប្រសិនបើអ្នកនិយាយថាមានមនុស្សប្រាំនាក់ នោះគឺប្រាំនាក់ហើយ។ ទោះបីជាយើងមិនទទួលបានប្រាំនាក់ក្នុងខែនេះក៏ដោយ ក៏យើងនឹងសំដៅរកឱ្យបាននៅខែក្រោយដែរ។ យ៉ាងណាមិញ ប្រសិនបើយើងទទួលបានពួកគេនៅខែក្រោយ នោះវានឹងមិនមែនជាការកុហកឡើយ»។ អាទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តល្បិចកល ហើយអ្នកដែលខ្វះការញែកដឹង ក៏ចូលរួមប្រព្រឹត្តជាមួយគេដែរ។ ពួកគេគឺជាក្រុមអ្នកបោកប្រាស់។ តើអាទទឹងនឹងព្រះគ្រីស្ទគំរាមកំហែងមនុស្សក្នុងគោលបំណងអ្វី? គឺដើម្បីធ្វើឱ្យមនុស្សស្ដាប់បង្គាប់ និងស្តាប់តាមគេ។ គេកុហក និងប្រព្រឹត្តអំពើអាក្រក់ គ្រប់គ្រងពួកជំនុំ បំភាន់មនុស្ស បំពេញកិច្ចការដោយមិនប្រកាន់ខ្ជាប់នូវគោលការណ៍ ឬការរៀបចំចាត់ចែងការងារឡើយ ហើយទោះបីជាគេប្រព្រឹត្តដោយព្រហើនយ៉ាងណាក៏ដោយ ក៏គេមិនអនុញ្ញាតឱ្យបងប្អូនប្រុសស្រីលាតត្រដាង ឬរាយការណ៍ពីគេទៅខាងលើដែរ។ ពេលគេរកឃើញថានរណាម្នាក់គ្រោងនឹងរាយការណ៍ពីគេទៅខាងលើ នោះហើយជាពេលដែលគេងាកទៅរកការគំរាមកំហែង។ តើគេគំរាមកំហែងបុគ្គលនោះដោយរបៀបណា? គេនិយាយថា៖ «យើងកំពុងធ្វើការនៅខាងក្រោម ហើយកិច្ចការនេះគឺលំបាកណាស់។ យើងថែមទាំងប្រឈមនឹងហានិភ័យនៃការចាប់ខ្លួនពីសំណាក់នាគដ៏ធំមានសម្បុរក្រហមទៀតផង។ ខាងលើតែងតែទាមទារឱ្យ ការអនុវត្តរបស់យើងប្រកាន់ខ្ជាប់តាមការរៀបចំចាត់ចែងការងារ។ យើងស៊ូទ្រាំនឹងទុក្ខលំបាកយ៉ាងច្រើន និងប្រថុយប្រឈមហានិភ័យយ៉ាងខ្លាំង ក្នុងការផ្សាយដំណឹងល្អ។ នៅពេលលទ្ធផលមិនបានល្អ អ្នកនៅតែចង់រាយការណ៍រឿងទាំងនេះទៅខាងលើទៀត។ បន្ទាប់ពីអ្នករាយការណ៍រួច ពួកគេនឹងលួសកាត់អ្នក។ ខ្ញុំមិនខ្លាចត្រូវបានដកហូតតំណែង ជាអ្នកដឹកនាំ បន្ទាប់ពីពួកគេលួសកាត់អ្នកនោះទេ ខ្ញុំខ្លាចតែអ្នករាល់គ្នានឹងគ្មានភារកិច្ចត្រូវធ្វើទៀតប៉ុណ្ណោះ។ ប្រសិនបើអ្នករាល់គ្នាគ្មានភារកិច្ចត្រូវធ្វើទៀតទេ កុំបន្ទោសខ្ញុំឱ្យសោះ!»។ ស្ដាប់ទៅហាក់ដូចជាសមហេតុផលណាស់! គេក៏និយាយដែរថា៖ «តើអ្នកណាពិតជាចង់រាយការណ៍ពីរឿងនេះ? ប្រសិនបើអ្នករាល់គ្នាចង់រាយការណ៍ ខ្ញុំនឹងមិនឃាត់អ្នករាល់គ្នាទេ យ៉ាងណាមិញ មនុស្សគ្រប់គ្នាដឹងពីរឿងទាំងនេះរួចទៅហើយ។ ប្រសិនបើអ្នករាល់គ្នាមិនរាយការណ៍រឿងនេះទៅខាងលើទេ នោះពួកគេនឹងមិនបន្ទោសយើងឡើយ។ ប្រសិនបើអ្នករាល់គ្នារាយការណ៍ នោះយើងនឹងត្រូវបានលួសកាត់។ អ្នករាល់គ្នាអាចជ្រើសរើសដោយខ្លួនឯងបាន។ ប្រសិនបើអ្នករាល់គ្នាចង់រាយការណ៍រឿងនេះទៅខាងលើ ចូរធ្វើទៅចុះ។ ឥឡូវនេះ នរណាក៏ដោយដែលចង់រាយការណ៍ សូមលើកដៃឡើង»។ នៅពេលមនុស្សគ្រប់គ្នាឮទឹកដមសំឡេងបែបនេះរបស់គេ ពួកគេក៏ចាប់ផ្ដើមរិះគិតថា៖ «តើខ្ញុំពិតជាត្រូវបានអនុញ្ញាតឱ្យរាយការណ៍ពីរឿងនេះ ឬក៏អត់?»។ បន្ទាប់ពីរិះគិតរួច មនុស្សមួយចំនួនក៏លើកដៃឡើង។ អាទទឹងនឹងព្រះគ្រីស្ទឃើញដូច្នេះ ក៏គិតថា៖ «អ្នកនៅតែចង់រាយការណ៍ទៀតឬ? តើអ្នកមិនមែនកំពុងរក បញ្ហាដាក់ខ្លួនទេឬ? ល្អ ខ្ញុំនឹងមិនភ្លេចអ្នកឡើយ»។ បន្ទាប់មក គេចាប់ផ្ដើមរកនឹកឱកាសដើម្បីធ្វើបាបបុគ្គលនេះ។ គេរកលេស ដោយនិយាយថា៖ «ថ្មីៗនេះ អ្នកមិនទទួលបានលទ្ធផលអ្វីសោះ ក្នុងពេលបំពេញភារកិច្ចរបស់អ្នក។ នរណាដែលមិនទទួលបានលទ្ធផលក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនរយៈពេលបីខែ នឹងត្រូវដកហូតសិទ្ធិក្នុងការបំពេញភារកិច្ច។ ប្រសិនបើការបំពេញការងាររបស់គេមិនមានភាពប្រសើរឡើងទេ គេនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក។ ប្រសិនបើគេនៅតែមិនប្រែចិត្តទេ នោះគេនឹងត្រូវបោសសម្អាតចេញ ឬបណ្ដេញចេញ!»។ តើមនុស្សល្ងង់ មនុស្សកំសាកនោះ នៅហ៊ានរាយការណ៍ទៀតឬទេ? ពេលឮដូច្នេះ គេគិតថា៖ «ខ្ញុំមិនរាយការណ៍ពីរឿងនេះ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ តើមានប្រយោជន៍អ្វីដែលខ្ញុំត្រូវរាយការណ៍ពីរឿងនេះ? ចុះបើខ្ញុំរាយការណ៍ ហើយបន្ទាប់មកអ្នកដឹកនាំវាយប្រហារខ្ញុំ និងសងសឹកខ្ញុំ ហើយបងប្អូនប្រុសស្រីរបស់ខ្ញុំមិនរាប់រកខ្ញុំ តើនឹងមានអ្វីកើតឡើង? ពេលនោះ ខ្ញុំនឹងត្រូវគេដាក់ឱ្យនៅដាច់ដោយឡែកនៅក្នុងពួកជំនុំ។ អ្វីដែលសំខាន់ជាងនេះ គឺខ្ញុំត្រូវស្ដាប់អ្នកដឹកនាំ។ ខ្ញុំមិនទាំងដឹងថាព្រះនៅឯណាផង តើព្រះអាចខ្វល់ពីការរស់ឬស្លាប់របស់ខ្ញុំដែរឬទេ?» ដូច្នេះ គេក៏លែងរាយការណ៍ទៀតទៅ។ តើគេមិនត្រូវបានអាទទឹងនឹងព្រះគ្រីស្ទបន្លាចទេឬ? (មែនហើយ)។ បុគ្គលនោះជឿថា៖ «ការប្រមាថព្រះ មិនមែនជារឿងធំដុំនោះទេ។ ព្រះមានសេចក្ដីស្រឡាញ់ មានសេចក្ដីមេត្តាករុណា មានការអត់ឱន និងមានការអត់ធ្មត់។ ព្រះមិនងាយនឹងខឹង ឬដាក់បណ្ដាសា និងដាក់ទោសមនុស្សឡើយ។ ប៉ុន្តែ ប្រសិនបើខ្ញុំប្រមាថអ្នកដឹកនាំ នោះខ្ញុំនឹងត្រូវរងទុក្ខមិនខាន។ ការរាយការណ៍ពីបញ្ហា នឹងមិនផ្ដល់ផលល្អអ្វីដល់ខ្ញុំឡើយ ខ្ញុំនឹងត្រូវមនុស្សគ្រប់គ្នាមិនរាប់រក។ ខ្ញុំមិនអាចធ្វើរឿងដ៏ល្ងង់ខ្លៅបែបនេះបានទេ»។ តើនេះមិនមែនជាការកំសាកញញើតទេឬ? (មែនហើយ)។ តើបុគ្គលដែលកំសាកញញើតបែបនេះ គួរត្រូវបានប្រព្រឹត្តចំពោះយ៉ាងដូចម្តេច? តើពួកគេស័ក្តិសមនឹងទទួលបានការអាណិតអាសូរដែរឬទេ? បុគ្គលដែលកំសាកញញើតបែបនេះ គួរតែត្រូវបានប្រគល់ទៅឱ្យសាតាំង ទៅឱ្យអាទទឹងនឹងព្រះគ្រីស្ទ ដើម្បីឱ្យអាទទឹងនឹងព្រះគ្រីស្ទធ្វើបាបបុគ្គលនោះ គេសមមុខហើយ។ បុគ្គលនោះខ្វះសេចក្ដីជំនឿ ការប្ដេជ្ញាចិត្ត និងកម្លាំង ដើម្បីអនុវត្តសេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់ ប៉ុន្តែនៅពេលនិយាយដល់ការចុះចូលនឹងអាទទឹងនឹងព្រះគ្រីស្ទ គេបែរជាទទួលបានកម្លាំងយ៉ាងពិសេស សុខចិត្តធ្វើអ្វីក៏ដោយដែលត្រូវបានសុំឱ្យគេធ្វើ និងពោរពេញដោយភាពក្លៀវក្លាទៅវិញ។ នៅពេលអាទទឹងនឹងព្រះគ្រីស្ទគំរាមកំហែង និងបន្លាចគេ គេក៏មិនហ៊ានរាយការណ៍ពីបញ្ហាទៀតឡើយ។ តើនេះមិនមែនជាមនុស្សកំសាកទេឬ? តើពាក្យសាមញ្ញសម្រាប់ហៅមនុស្សបែបនេះ គឺជាអ្វី? គឺជាមនុស្សទន់ជ្រាយ ដែលចុះញ៉មនៅពេលប្រឈមមុខនឹងអាទទឹងនឹងព្រះគ្រីស្ទ។ មានមនុស្សមិនតិចទេនៅក្នុងពួកជំនុំ ដែលបានក្លាយជាមនុស្សទន់ជ្រាយ ដោយសារតែការគំរាមកំហែងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ! បុគ្គលទាំងនេះមិនដឹងថាត្រូវយល់ពីឃ្លាដែលថា «ព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់» ដោយរបៀបណាឡើយ។ នៅពេលអាទទឹងនឹងព្រះគ្រីស្ទគំរាមកំហែង មិនរាប់រក ឬដាក់ពួកគេឱ្យនៅដាច់ដោយឡែក ពួកគេមានអារម្មណ៍ថាពួកគេគ្មានបង្អែក ពួកគេមិនជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើអ្វីៗគ្រប់យ៉ាង ឬលើសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនជឿថា អាយុជីវិតរបស់មនុស្ស គឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ដែរ។ គ្រាន់តែឮពាក្យសម្ដីគំរាម ឬគំរាមកំហែងមួយម៉ាត់ពីរម៉ាត់ពីអាទទឹងនឹងព្រះគ្រីស្ទ ពួកគេក៏ភ័យខ្លាច ចុះញ៉ម ហើយមិនហ៊ានរាយការណ៍ទៀតឡើយ។
នៅពេលអាទទឹងនឹងព្រះគ្រីស្ទរាយការណ៍ពីកិច្ចការរបស់ពួកគេទៅខាងលើ គេកុហក និងបោកប្រាស់ខាងលើយ៉ាងគឃ្លើន។ អ្នកខ្លះដែលដឹងការពិត មិនអាចទ្រាំនឹងរឿងនេះបានទេ ហើយចង់រាយការណ៍ពីស្ថានភាពនេះទៅខាងលើ។ អាទទឹងនឹងព្រះគ្រីស្ទគ្រប់គ្រងមនុស្សយ៉ាងតឹងរ៉ឹង និង ឃ្លាំមើលពួកគេយ៉ាងដិតដល់។ គេអាចមើលដឹងភ្លាមៗនូវនរណាដែលអាចមានទំនោរចង់រាយការណ៍ពីបញ្ហាទៅខាងលើ។ នៅពេលគេគ្មានអ្វីផ្សេងត្រូវធ្វើ គេផ្ដោតលើការសង្កេតមើលមនុស្ស មើលពាក្យសម្ដី និងទឹកមុខរបស់ពួកគេ ដោយស្វែងរកអស់អ្នកដែលមានមតិទាស់នឹងគេ អស់អ្នកដែលមិនស្មោះត្រង់ អស់អ្នកដែលមិនស្ដាប់បង្គាប់គេ អស់អ្នកដែលបង្កការគំរាមកំហែងដល់តំណែងរបស់គេ អ្នកដែលព្រងើយកន្តើយនឹងគេ អ្នកដែលមិនចាត់ទុកគេថាសំខាន់ អ្នកដែលមិនផ្ដល់កន្លែងអង្គុយកិត្តិយសដល់គេ និងអ្នកដែលមិនឱ្យគេហូបបាយមុនគេនៅពេលទទួលទានអាហារ។ នេះនាំឱ្យមានបញ្ហាដល់មនុស្សទាំងនេះហើយ។ តើអាទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីខ្លះចំពោះបុគ្គលបែបនេះ? ពួកទទឹងនឹងព្រះគ្រីស្ទខ្លះដែលពិសពុល មិនបញ្ចេញឱ្យឃើញធាតុពិតរបស់ពួកគេភ្លាមៗនោះទេ។ ពួកគេរង់ចាំឱកាសដើម្បីដោះស្រាយជាមួយអ្នក។ ប្រសិនបើវិធីនោះមិនបានផលទេ ពួកគេងាកទៅរកការគំរាមកំហែងយ៉ាងចាស់ដៃ ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ថា អាយុជីវិតរបស់អ្នកគឺស្ថិតនៅក្នុងក្ដាប់ដៃរបស់ពួកគេ។ ក្នុងនាមជាអ្នកជឿម្នាក់ ថាតើអ្នកអាចត្រូវបានសង្គ្រោះ ថាតើអ្នកអាចដើរដល់ទីបញ្ចប់ ថាតើអ្នកអាចស្នាក់នៅក្នុងពួកជំនុំបានឬអត់នោះ អ្វីៗទាំងអស់នេះគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពួកគេ ហើយវាអាស្រ័យលើពាក្យសម្ដីតែមួយម៉ាត់របស់ពួកគេប៉ុណ្ណោះ។ ពួកគេគឺជាអ្នកសម្រេចចុងក្រោយ។ ប្រសិនបើអ្នកមិនស្ដាប់ មិនស្តាប់បង្គាប់នឹងការគ្រប់គ្រងរបស់ពួកគេ មិនចាត់ទុកពួកគេថាសំខាន់ ហើយនៅតែព្យាយាមរាយការណ៍ពីបញ្ហារបស់ពួកគេទៀត នោះអ្នកនឹងត្រូវរងទុក្ខមិនខាន។ ពួកគេនឹងចាប់ផ្ដើមរៀបចំផែនការពីរបៀបធ្វើបាបអ្នក។ តើអាទទឹងនឹងព្រះគ្រីស្ទយល់ឃើញយ៉ាងណា ចំពោះឥរិយាបថរបស់បងប្អូនប្រុសស្រីដែលរាយការណ៍ពីបញ្ហារបស់ពួកគេទៅខាងលើ? (ចាត់ទុកថាជាការអុចអាល)។ ប្រាកដឥតខ្ចោះគេមិនចាត់ទុកវាថាជាការរាយការណ៍ពីស្ថានភាពនោះទេ គេចាត់ទុកវាថាជាការអុចអាល។ តើការអុចអាលមានន័យដូចម្ដេច? វាមានន័យថា ជាការរាយការណ៍ពីរឿងរ៉ាវផ្សេងៗដែលគេធ្វើ ដែលប្រឆាំងនឹងសេចក្ដីពិត និងអំពើអាក្រក់ទាំងអស់របស់គេទៅខាងលើ ឬជាការរៀបរាប់ពីរឿងរ៉ាវរបស់គេដែលអ្នកដទៃមិនដឹង ទៅប្រាប់ខាងលើ។ គេចាត់ទុករឿងនេះថាជាការអុចអាល។ ពេលគេរកឃើញថានរណាម្នាក់កំពុងអុចអាល បុគ្គលនោះច្បាស់ជាត្រូវគេធ្វើបាបមិនខាន។ មនុស្សដែលវង្វេងវង្វាន់ និងទន់ជ្រាយមួយចំនួន ត្រូវបានបន្លាចដោយការគំរាមកំហែងរបស់អាទទឹងនឹងព្រះគ្រីស្ទ ដោយសារវិធីផ្ដាច់ការ និងអាក្រក់ជូរជាតិរបស់គេ។ នៅពេលអាទទឹងនឹងព្រះគ្រីស្ទសួរថា តើនរណាមានទំនាក់ទំនងជាមួយខាងលើ សូម្បីតែមុនពេលអាទទឹងនឹងព្រះគ្រីស្ទសួរទៅដល់ពួកគេក៏ដោយ ក៏ពួកគេប្រញាប់បញ្ជាក់យ៉ាងច្បាស់ថា៖ «មិនមែនខ្ញុំទេ»។ អាទទឹងនឹងព្រះគ្រីស្ទសួរថា៖ «ចុះតើខាងលើដឹងពីរឿងនោះដោយរបៀបណា?» ពួកគេគិតពីរឿងនេះ ហើយនិយាយថា៖ «ខ្ញុំក៏មិនដឹងដែរ»។ អាទទឹងនឹងព្រះគ្រីស្ទធ្វើបាបពួកគេ រហូតដល់ថ្នាក់ពួកគេរស់នៅក្នុងភាពភ័យខ្លាចជានិច្ច ព្រួយបារម្ភគ្រប់ពេល ដោយខ្លាចថាអាទទឹងនឹងព្រះគ្រីស្ទអាចនឹងបណ្ដេញពួកគេចេញពីពួកជំនុំ។ ពួកគេមានការថប់បារម្ភ និងភ័យខ្លាច រហូតដល់ថ្នាក់ពិបាកនឹងឆ្លងកាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ តើពួកគេនឹងភ័យខ្លាចបែបនេះដែរឬទេ ប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទមិនបានគំរាមកំហែងពួកគេបែបនេះនោះ? ទេ ពួកគេនឹងមិនខ្លាចឡើយ។ លើសពីនេះទៅទៀត តើពួកគេមានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ដែរឬទេ? ទេ ពួកគេគ្មានឡើយ។ ពួកគេគឺជាមនុស្សទន់ជ្រាយ និងជាមនុស្សវង្វេងវង្វាន់។ ពេលពួកគេជួបនឹងអាទទឹងនឹងព្រះគ្រីស្ទ ពួកគេក៏រួញរា។ ពួកគេគ្មានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ទេ ប៉ុន្តែពួកគេសុខចិត្តចុះញ៉មនឹងអាទទឹងនឹងព្រះគ្រីស្ទ ដោយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើតាមបញ្ជារបស់គេ។ តាមធម្មជាតិរបស់ពួកគេ ពួកគេគឺជាអ្នកបម្រើសាតាំង។
តើមានទង្វើអ្វីផ្សេងទៀត ដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើដើម្បីគំរាមកំហែងមនុស្ស? ពួកទទឹងនឹងព្រះគ្រីស្ទខ្លះ ពូកែខាងនិយាយគោលលទ្ធិមួយចំនួនដែលស្ដាប់ទៅត្រឹមត្រូវ និងពីរោះស្ដាប់ ដើម្បីដាក់កំហិត និងរឹតត្បិតអ្នក។ ពួកគេនិយាយថា៖ «តើអ្នកមិនស្រឡាញ់សេចក្ដីពិតទេឬ? ប្រសិនបើអ្នកស្រឡាញ់សេចក្ដីពិត អ្នកត្រូវតែស្ដាប់ខ្ញុំ ពីព្រោះខ្ញុំជាអ្នកដឹកនាំ។ អ្វីគ្រប់យ៉ាងដែលខ្ញុំនិយាយ គឺស្របតាមសេចក្ដីពិត។ អ្នកត្រូវតែស្ដាប់បង្គាប់រាល់អ្វីដែលខ្ញុំនិយាយ។ នៅពេលខ្ញុំប្រាប់ឱ្យទៅកើត អ្នកមិនត្រូវទៅលិចឡើយ។ នៅពេលខ្ញុំនិយាយអ្វីមួយ អ្នកមិនត្រូវមានគំនិតស្ទាក់ស្ទើរឡើយ អ្នកមិនត្រូវមានមតិអ្វី ឬលូកដៃចូលដោយងងឹតងងល់នោះទេ។ អ្វីដែលខ្ញុំនិយាយ គឺជាសេចក្ដីពិត»។ ប្រសិនបើអ្នកមិនស្ដាប់ពួកគេទេ ពួកគេអាចនឹងស្អប់ ឬថ្កោលទោសអ្នក។ តើជាការថ្កោលទោសបែបណា? ពួកគេនឹងនិយាយថា៖ «អ្នកមិនមែនជាមនុស្សដែលស្រឡាញ់សេចក្ដីពិតពិតប្រាកដនោះទេ ប្រសិនបើអ្នកពិតជាស្រឡាញ់សេចក្ដីពិតមែន នោះក្នុងនាមជាអ្នកដឹកនាំ ពាក្យសម្ដីរបស់ខ្ញុំគឺត្រឹមត្រូវហើយ ចុះហេតុអ្វីបានជាអ្នកមិនព្រមស្ដាប់តាម?» ពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ទ្រឹស្ដី និងគោលលទ្ធិដែលហាក់ដូចជាត្រឹមត្រូវទាំងនេះ ដើម្បីគ្រប់គ្រង និងដាក់កំហិតអ្នក។ លើសពីនេះទៅទៀត ពួកទទឹងនឹងព្រះគ្រីស្ទខ្លះ ប្រើមនុស្សឱ្យចាត់ចែងកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេ ដោយនិយាយថា៖ «ឥឡូវនេះ ខ្ញុំជាអ្នកដឹកនាំម្នាក់ ហើយខ្ញុំគ្មានពេលសម្រាប់កិច្ចការផ្ទាល់ខ្លួនមួយចំនួននោះទេ។ ម្យ៉ាងវិញទៀត ខ្ញុំគឺជាអ្នកដឹកនាំម្នាក់ ហើយកិច្ចការរបស់ខ្ញុំ គឺជាកិច្ចការនៃដំណាក់របស់ព្រះ។ កិច្ចការនៃដំណាក់របស់ព្រះ ក៏ជាកិច្ចការរបស់ខ្ញុំដែរ។ ពួកយើងមិនអាចបែងចែកវាឱ្យដាច់ស្រឡះពីគ្នាទៀតបានទេ។ ហេតុដូច្នេះហើយ អ្នករាល់គ្នាត្រូវជួយរំលែកបន្ទុកខ្លះក្នុងកិច្ចការនៅផ្ទះរបស់ខ្ញុំ ដូចជារឿងមើលថែកូនៗ ធ្វើស្រែចម្ការ លក់បន្លែ ឬសង់ផ្ទះ និងរឿងខ្វះខាតលុយកាក់នៅក្នុងផ្ទះជាដើម។ រឿងទាំងនេះធ្លាប់ជាភារកិច្ចរបស់ខ្ញុំ ប៉ុន្តែឥឡូវនេះ ដោយសារខ្ញុំជាអ្នកដឹកនាំ វាបានក្លាយជាភារកិច្ចរបស់អ្នករាល់គ្នាវិញ ពោលគឺ អ្នករាល់គ្នាត្រូវតែជួយរំលែកបន្ទុកនេះ។ បើមិនដូច្នេះទេ ខ្ញុំនឹងបារម្ភពីកិច្ចការផ្ទះរបស់ខ្ញុំជានិច្ច ហើយត្រូវរំខានដោយរឿងទាំងនេះ ចុះតើខ្ញុំនៅតែអាចធ្វើជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាពម្នាក់បានដែរឬទេ?» កាន់តែនិយាយ ពួកគេកាន់តែគ្មានភាពអៀនខ្មាស។ មនុស្សមួយចំនួនឮដូច្នេះ ក៏គិតថា៖ «ពួកយើងមិនចេះគិតគូរដល់ចិត្តរបស់អ្នកសោះ ពួកយើងពិតជាអត់ចិត្តមែន! អ្នកមិនបាច់និយាយអ្វីទៀតទេ ចាប់ពីពេលនេះតទៅ ពួកយើងនឹងរ៉ាប់រងរាល់កិច្ចការផ្ទះរបស់អ្នកទាំងអស់»។ តើពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ ដាក់ឈ្មោះដ៏ពីរោះស្ដាប់បែបណា សម្រាប់កិច្ចការផ្ទះរបស់ពួកគេ និងកិច្ចការក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ? ពួកគេហៅវាថា «ភារកិច្ចរបស់មនុស្ស» ពោលគឺ ពួកទទឹងនឹងព្រះគ្រីស្ទយកមនុស្សឱ្យមកធ្វើការឱ្យគ្រួសាររបស់ពួកគេ បម្រើចាស់ក្មេងនៅក្នុងផ្ទះរបស់ពួកគេ និងចាត់ចែងកិច្ចការជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ហើយប្រែក្លាយរឿងទាំងនេះទៅជាកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ដោយសារតែឥឡូវនេះ វាជាកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទៅហើយ មនុស្សគ្រប់រូបគួរតែចូលរួមចំណែកឱ្យបានសមរម្យ ហើយប្រសិនបើអ្នកដឹកនាំចង់ឱ្យអ្នកធ្វើអ្វីមួយ នោះវានឹងក្លាយជាភារកិច្ចរបស់អ្នកហើយ។ តើនេះស្ដាប់ទៅមិនត្រឹមត្រូវទេឬ? មនុស្សដែលគ្មានការញែកដឹង អាចនឹងគិតថាវាត្រឹមត្រូវ។ ពួកគេជឿថា ដោយសារតែអ្នកដឹកនាំរវល់ពេកមិនអាចចាត់ការលើកិច្ចការផ្ទាល់ខ្លួននៅផ្ទះបាន ហើយពួកគេខ្លួនឯងមានគុណសម្បត្តិទាប និងមិនអាចបំពេញភារកិច្ចអ្វីបាន ពួកគេអាចត្រឹមតែជួយអ្នកដឹកនាំរ៉ាប់រងកិច្ចការផ្ទះមួយចំនួនប៉ុណ្ណោះ។ ដូច្នេះ នៅពេលណាដែលពួកគេមិនរវល់ ពួកគេធ្វើការនៅផ្ទះរបស់អ្នកដឹកនាំ ដោយជួយកិច្ចការផ្សេងៗ។ តើនេះអាចចាត់ទុកថាជាការបំពេញភារកិច្ចរបស់ពួកគេដែរឬទេ? នេះអាចត្រឹមតែចាត់ទុកថាជាការជួយមនុស្សដោយភាពក្លៀវក្លាប៉ុណ្ណោះ។ សម្រាប់មនុស្សដែលពិតជាលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ដែលធ្វើតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ នៅពេលគ្រួសាររបស់ពួកគេជួបប្រទះការលំបាក ពួកជំនុំរៀបចំមនុស្សឱ្យជួយ និងមើលថែកិច្ចការក្នុងផ្ទះរបស់ពួកគេ។ ក្នុងករណីបែបនេះ នេះអាចចាត់ទុកថាជាការបំពេញភារកិច្ចក្នុងកម្រិតណាមួយ។ តើឥឡូវនេះអ្នករាល់គ្នាយល់ហើយឬនៅ? អាទទឹងនឹងព្រះគ្រីស្ទ ដែលរវល់នឹងការបំភាន់ និងគ្រប់គ្រងមនុស្សនៅក្នុងពួកជំនុំ បានរៀបចំកិច្ចការផ្ទះរបស់គេឱ្យបងប្អូនប្រុសស្រីធ្វើ ដោយអះអាងថានេះក៏ជាការបំពេញភារកិច្ចរបស់ពួកគេដែរ។ បងប្អូនប្រុសស្រីមួយចំនួន ដោយសារតែខ្វះការយល់ដឹងសេចក្ដីពិត ត្រូវបានបំភាន់ ហើយស្ម័គ្រចិត្តរ៉ាប់រងកិច្ចការទាំងនេះ ដោយមានអារម្មណ៍សប្បាយចិត្តនឹងធ្វើវា។ ទីបំផុត ពួកគេថែមទាំងមានអារម្មណ៍ថា ពួកគេជំពាក់គុណអ្នកដឹកនាំ ដោយគិតថា៖ «អ្នកដឹកនាំបានលះបង់កម្លាំងកាយចិត្ត និងហត់នឿយនិយាយទាល់តែប្រេះបបូរមាត់ដើម្បីពួកយើង។ ពួកយើងពិតជាមិនស័ក្តិសមសោះ។ ពួកយើងបានធ្វើកិច្ចការយ៉ាងច្រើន ប៉ុន្តែហេតុអ្វីបានជាពួកយើងនៅតែមិនយល់ពីសេចក្ដីពិតសោះ?» ប្រសិនបើអ្នករវល់តែធ្វើការឱ្យអ្នកដឹកនាំពេញមួយថ្ងៃ ហើយមិនអើពើនឹងការចូលរួមការជួបជុំ ឬការស្ដាប់សេចក្ដីអធិប្បាយទេ តើអ្នកអាចចាប់យល់សេចក្ដីពិតបានដែរឬទេ? គឺមិនអាចទៅរួចជាដាច់ខាត។ នេះគឺជាការបញ្ចើចបញ្ចើគេរហូតដល់ស្លាប់ខ្លួនហើយ! នេះគឺជាការរត់តាមអាទទឹងនឹងព្រះគ្រីស្ទ និងវង្វេងចូលទៅក្នុងផ្លូវវៀចវេរហើយ។ អាទទឹងនឹងព្រះគ្រីស្ទជារឿយៗប្រើប្រាស់ពាក្យសម្ដីដែលហាក់ដូចជាត្រឹមត្រូវ ដោយតុបតែង និងកែច្នៃវាទៅជាសម្ដីដ៏ត្រឹមត្រូវ ដែលធ្វើឱ្យមនុស្សជឿខុសថា ពាក្យសម្ដីទាំងនេះពិតជាសេចក្ដីពិតមែន ជាអ្វីដែលពួកគេគួរតែធ្វើតាម និងអនុវត្ត ហើយថាពួកគេគួរតែទទួលយកពាក្យសម្ដីទាំងនេះ។ តាមរបៀបនោះ មនុស្សមិនចាំបាច់ញែកដឹងថា តើអ្វីដែលអ្នកដឹកនាំកំពុងធ្វើគឺត្រូវ ឬខុស ឬថាតើអ្វីដែលពួកគេកំពុងធ្វើតាមគឺត្រូវ ឬខុសនោះទេ។ តើវាមិនមែនបែបនេះទេឬ? នេះហៅថាការបំភាន់ ហើយវាក៏ជាការគំរាមកំហែងមនុស្សផងដែរ។ អាទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ទ្រឹស្ដី និងពាក្យសម្ដីដែលហាក់ដូចជាត្រឹមត្រូវទាំងនេះ ដើម្បីគ្រប់គ្រងមនុស្សទាំងនេះ។ តើពួកគេគ្រប់គ្រងមនុស្សទាំងនេះដល់កម្រិតណា? មនុស្សទាំងនេះស្ម័គ្រចិត្តបញ្ចេញកម្លាំងសម្រាប់គេ ពុះពារធ្វើការធ្ងន់សម្រាប់គេ និងចាត់ចែងរាល់កិច្ចការផ្ទាល់ខ្លួនរបស់គេ។ ពួកគេសុខចិត្តរំលងការជួបជុំ មិនអើពើនឹងភារកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ បោះបង់កិច្ចការផ្ទាល់ខ្លួនចោល និងលះបង់ពេលវេលាផ្ទាល់ខ្លួនសម្រាប់ការចំណាយពេលខាងវិញ្ញាណ ការជួបជុំ និងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គ្រាន់តែដើម្បីបម្រើការ និងពុះពារធ្វើការធ្ងន់ឱ្យអាទទឹងនឹងព្រះគ្រីស្ទពេញម៉ោងប៉ុណ្ណោះ។ ហេតុអ្វីបានជាពួកគេអាចពុះពារធ្វើការធ្ងន់បែបនេះបាន? វាមានហេតុផលសម្រាប់រឿងនេះ។ តើជាហេតុផលអ្វី? គឺដោយសារតែ អាទទឹងនឹងព្រះគ្រីស្ទមានចេតនាប្រាប់ពួកគេថា៖ «ប្រសិនបើអ្នកមិនអាចទាំងចាត់ចែងរឿងទាំងនេះឱ្យបានត្រឹមត្រូវផង តើអ្នកអាចបំពេញភារកិច្ចអ្វីបាន? ប្រសិនបើអ្នកមិនអាចបំពេញភារកិច្ចរបស់អ្នកបានទេ តើអ្នកនៅតែជាសមាជិកនៃដំណាក់របស់ព្រះដែរឬទេ? បើអ៊ីចឹង ខ្ញុំនឹងមិនដឹកនាំអ្នកទេ។ ប្រសិនបើខ្ញុំមិនដឹកនាំអ្នកទេ អ្នកនឹងមិនត្រូវបានរាប់បញ្ចូលក្នុងចំនួនមនុស្សនៃដំណាក់របស់ព្រះឡើយ។ ដោយសារខ្ញុំត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ខ្ញុំគឺជាច្រកទ្វារចូលទៅកាន់ពួកជំនុំនេះ។ អ្នកណាដែលចង់ចូលក្នុងពួកជំនុំ ត្រូវតែមានការអនុម័តពីខ្ញុំ។ បើគ្មានការយល់ព្រមពីខ្ញុំទេ គ្មាននរណាម្នាក់អាចចូលបានឡើយ។ សូម្បីតែពេលពួកជំនុំកំពុងបោសសម្អាតនរណាម្នាក់ចេញ ក៏ត្រូវតែមានការអនុម័តពីខ្ញុំសិនដែរ ទើបពួកគេអាចចាកចេញបាន។ ហេតុដូច្នេះហើយ ការងារដែលខ្ញុំចាត់តាំងឱ្យអ្នករាល់គ្នា និងកិច្ចការដែលខ្ញុំប្រគល់ឱ្យអ្នករាល់គ្នា គឺជាភារកិច្ចរបស់អ្នករាល់គ្នាហើយ។ ប្រសិនបើអ្នករាល់គ្នាមិនបំពេញភារកិច្ចនេះទេ ព្រះបន្ទូលរបស់ព្រះបានចែងថា អស់អ្នកដែលមិនបំពេញភារកិច្ច នឹងគ្មានឱកាសទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយថាពួកគេនឹងមិនត្រូវបានរាប់បញ្ចូលក្នុងចំនួនមនុស្សនៃដំណាក់របស់ព្រះទេ!» តើនេះមិនមែនជាការគំរាមកំហែងទេឬ? (មែនហើយ)។ តើវិធីសាស្ត្រអ្វីដែលត្រូវបានប្រើដើម្បីគំរាមកំហែងមនុស្ស? (ពាក្យសម្ដីត្រឹមត្រូវ)។ គឺការគំរាមកំហែងមនុស្សដោយប្រើពាក្យសម្ដីត្រឹមត្រូវ ជាពាក្យសម្ដីដែលហាក់ដូចជាស្របតាមសេចក្ដីពិត នេះគឺជាការបន្លំគំនិតហើយ។ អាទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ការបំពេញភារកិច្ចជាលេស ដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួនរបស់គេ។ ប៉ុន្តែ តើការធ្វើរឿងផ្សេងៗសម្រាប់គេ ពិតជាការបំពេញភារកិច្ចមែនឬ? គេបំភ្លៃវា ដើម្បីធ្វើឱ្យវាហាក់ដូចជាភារកិច្ចដែលមនុស្សគួរតែធ្វើ ហើយបន្ទាប់មកប្រើប្រាស់គោលការណ៍ និងស្ដង់ដានៃការបំពេញភារកិច្ច ដើម្បីទាមទារឱ្យបងប្អូនប្រុសស្រីពុះពារធ្វើការធ្ងន់សម្រាប់ពួកគេ។ ពួកគេថែមទាំងគំរាមកំហែងថា ប្រសិនបើពួកគេមិនពុះពារធ្វើការធ្ងន់សម្រាប់ពួកគេទេ ពួកគេនឹងគ្មានឱកាសទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយនឹងត្រូវបោសសម្អាតចេញពីពួកជំនុំ ព្រមទាំងត្រូវកាត់ផ្ដាច់ពីដំណាក់របស់ព្រះជាម្ចាស់ទៀតផង។ ពេលបុគ្គលដ៏ល្ងង់ខ្លៅ និងគ្មានការញែកដឹងទាំងនេះ ឮពីភាពធ្ងន់ធ្ងរនៃផលវិបាក ពួកគេក៏ប្រញាប់រ៉ាប់រងរាល់កិច្ចការផ្ទះរបស់ពួកអ្នកដឹកនាំ និងកិច្ចការប្រចាំថ្ងៃរបស់ពួកគេ ដោយមានអារម្មណ៍ធូរស្រាលនៅពេលពួកគេធ្វើរួច។ ពួកគេថែមទាំងគិតដោយពេញចិត្តនឹងខ្លួនឯងថា៖ «ឥឡូវនេះ ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងត្រឹមត្រូវហើយ។ ខ្ញុំមិនបានខ្ជិលច្រអូសទាល់តែសោះ ហើយខ្ញុំបានគិតគូរដល់បំណងរបស់អ្នកដឹកនាំ។ ខ្ញុំបានធ្វើគ្រប់យ៉ាងដែលអ្នកដឹកនាំបានណែនាំឱ្យខ្ញុំធ្វើ ហើយខ្ញុំបានចាត់ចែងរាល់កិច្ចការផ្ទះរបស់អ្នកដឹកនាំទាំងអស់។ នេះហើយជាអត្ថន័យនៃការគិតគូរដល់ព្រះ! អ្នកដឹកនាំពេញចិត្ត ហើយព្រះក៏ពេញព្រះហឫទ័យដែរ។ ឥឡូវនេះ ខ្ញុំមានសង្ឃឹមទទួលបានសេចក្ដីសង្គ្រោះហើយ!» តើនេះហៅថាសេចក្ដីសង្ឃឹមឬ? តើពួកគេមិនបានក្លាយជាទាសកររបស់អាទទឹងនឹងព្រះគ្រីស្ទទេឬ? តើពួកគេមិនត្រូវបានអាទទឹងនឹងព្រះគ្រីស្ទដឹកនាំឱ្យវង្វេងផ្លូវទេឬ? តើអាទទឹងនឹងព្រះគ្រីស្ទកំពុងដើរតួជាអ្វីនៅទីនេះ? តើ គេមិនមែនកំពុងធ្វើខ្លួនដូចជាអ្នកចាប់ជម្រិតទេឬ? គេមាននិស្ស័យទុច្ចរិត ហើយ សេចក្តីទុច្ចរិតពិតណាស់គឺធ្ងន់ធ្ងរជាងសេចក្តីបោកបញ្ឆោតទៅទៀត។ ដូច្នេះ គេដឹងទាំងស្រុង ថាត្រូវនិយាយអ្វី និងត្រូវប្រើទ្រឹស្ដីអ្វីដើម្បីដាក់កំហិតមនុស្ស ដើម្បីសម្រេចបាននូវគោលបំណងលាក់កំបាំងរបស់ពួកគេ ដើម្បីទិញទឹកចិត្តមនុស្ស និងដើម្បីគ្រប់គ្រងឥរិយាបថ និងគំនិតរបស់ពួកគេ។ គេដឹងច្បាស់ពីរឿងទាំងអស់នេះ។ ហេតុដូច្នេះហើយ គោលដៅដែលអាទទឹងនឹងព្រះគ្រីស្ទចង់សម្រេចបាន តាមរយៈអ្វីគ្រប់យ៉ាងដែលគេនិយាយ និងធ្វើ គឺត្រូវបានគិតគូរយ៉ាងល្អិតល្អន់ និងបានរៀបចំទុកជាមុនតាំងពីយូរមកហើយ។ នេះច្បាស់ណាស់មិនមែនជារឿងនៃការនិយាយ ឬធ្វើអ្វីមួយដោយមិនដឹងខ្លួន ហើយបន្ទាប់មកទទួលបានលទ្ធផលដែលមិននឹកស្មានដល់នោះទេ គឺវាពិតជាមិនមែនបែបនេះឡើយ។ ដូច្នេះ អស់អ្នកដែលស្ម័គ្រចិត្តបម្រើការ និងពុះពារធ្វើការធ្ងន់សម្រាប់អាទទឹងនឹងព្រះគ្រីស្ទ ក្រៅពីត្រូវបានបំភាន់ដោយពាក្យសម្ដីរបស់គេ ពួកគេក៏ត្រូវបានគំរាមកំហែង និងបង្ខិតបង្ខំដោយវោហារម្យ៉ាងពីអាទទឹងនឹងព្រះគ្រីស្ទផងដែរ។ ប្រហែលជាពួកគេធ្វើរឿងទាំងនោះសម្រាប់អាទទឹងនឹងព្រះគ្រីស្ទដោយស្ម័គ្រចិត្ត ប៉ុន្តែតើមិនមានបញ្ហាជាមួយនឹង «ភាពស្ម័គ្រចិត្ត» នេះទេឬ? តើវាមិនគួរត្រូវបានដាក់ក្នុងសញ្ញាសម្រង់ទេឬ? (មែនហើយ)។ នេះជាដាច់ខាតមិនមែនជាការបំពេញភារកិច្ចពិតប្រាកដនោះទេ ប៉ុន្តែវាគឺជាផលវិបាកដែលបណ្ដាលមកពីការត្រូវបានបំភាន់ដោយទ្រឹស្ដីណាមួយ ដោយអំណះអំណាង ឬវោហារដ៏ត្រឹមត្រូវ និងពីរោះស្ដាប់ណាមួយ ដែលបំភាន់មនុស្ស។ ដោយសារតែពួកគេបារម្ភថាពួកគេនឹងមិនអាចបំពេញភារកិច្ចរបស់ពួកគេបាន ថាពួកគេនឹងត្រូវគេបណ្ដេញចេញ ហើយពួកគេនឹងមិនត្រូវបានសង្គ្រោះ ពួកគេក៏ស្ម័គ្រចិត្តទទួលយកកិច្ចការដែលអាទទឹងនឹងព្រះគ្រីស្ទបានចាត់តាំងឱ្យពួកគេ ដោយថែមទាំងគិតថា ពួកគេកំពុងបំពេញភារកិច្ចរបស់ពួកគេសម្រាប់ព្រះជាម្ចាស់ទៀតផង។ ពួកគេពិតជាវង្វេងវង្វាន់ខ្លាំងណាស់!
ការគំរាមកំហែងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អនុញ្ញាតឱ្យមនុស្សមើលឃើញពីធាតុពិតរបស់ពួកគេយ៉ាងច្បាស់។ តើអ្នករាល់គ្នាធ្លាប់ធ្វើការគំរាមកំហែងបែបនេះដែរឬទេ? តើមានភាពខុសគ្នារវាងការគំរាមកំហែង និងការព្រមាន ឬការទូន្មានដែរឬទេ? (មាន)។ តើអ្នករាល់គ្នាអាចញែកដឹងពីរឿងនេះបានឬក៏អត់? តើភាពខុសគ្នានេះនៅត្រង់ណា? ចូរស្វែងរកភាពខុសគ្នានេះ នោះអ្នករាល់គ្នានឹងយល់ ហើយអាចញែកដឹងបាន។ (ចេតនាគឺខុសគ្នា)។ ចេតនា និងហេតុផលជំរុញចិត្តពិតជាខុសគ្នាមែន។ ដូច្នេះ តើភាពខុសគ្នានេះគឺនៅត្រង់ណាឱ្យប្រាកដ? តើអ្វីទៅជាការគំរាមកំហែង? ការគំរាមកំហែងពាក់ព័ន្ធនឹងពាក្យសម្ដីដែលស្ដាប់ទៅហាក់ដូចជាល្អ និងត្រឹមត្រូវ ហើយមនុស្សមិនមានអារម្មណ៍អន់ចិត្តខ្លាំងពេកទេនៅពេលពួកគេឮពាក្យទាំងនោះ ប៉ុន្តែគោលបំណងរបស់ពួកគេគឺដើម្បី លាភសក្ការៈផ្ទាល់ខ្លួន។ ម្យ៉ាងវិញទៀត តើការទូន្មាន និងការព្រមានមានគោលបំណងអ្វី? គឺដើម្បីជួយមនុស្ស ដើម្បីរារាំងពួកគេមិនឱ្យធ្វើខុស មិនឱ្យវង្វេងចេញពីផ្លូវ ឬដើរផ្លូវវាង មិនឱ្យត្រូវបានបំភាន់ និងដើម្បីជួយពួកគេកាត់បន្ថយ ឬទប់ស្កាត់ការខាតបង់។ គោលដៅមិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ប៉ុន្តែគឺដើម្បីជួយអ្នកដទៃសុទ្ធសាធ។ តើនេះមិនមែនជាភាពខុសគ្នាទេឬ? (មែនហើយ)។ ទាក់ទងនឹងរឿងនេះ អ្នកត្រូវតែរៀនញែកដឹង។ គ្រាន់តែការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងការគំរាមកំហែងមនុស្ស ត្រូវបានប្រកបគ្នាអំពីរួចហើយនោះ វាមិនមានន័យថា អ្នករាល់គ្នាមិនហ៊ានផ្ដល់ការព្រមាននៅពេលចាំបាច់ ក្នុងពេលកំពុងនិយាយជាមួយអ្នកដទៃនោះទេ។ នៅពេលការព្រមានគឺជារឿងចាំបាច់ អ្នកគួរតែចេញការព្រមាន។ ការព្រមាន និងការទូន្មាន មិនដូចគ្នានឹងការគំរាមកំហែងឡើយ។ ការព្រមានពិតជាមានគោលដៅជួយមនុស្ស ដើម្បីឱ្យពួកគេអាចបំពេញភារកិច្ចរបស់ពួកគេបានយ៉ាងត្រឹមត្រូវ ដោយធានាថាកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់មិនត្រូវបានប៉ះពាល់ឡើយ។ គោលដៅរបស់ពួកគេគឺត្រឹមត្រូវ។ ផ្ទុយទៅវិញ ការគំរាមកំហែងមានគោលបំណងលាក់កំបាំង និងមិនត្រឹមត្រូវ វាពាក់ព័ន្ធនឹងមហិច្ឆតាផ្ទាល់ខ្លួន និងបំណងប្រាថ្នាដ៏អាត្មានិយម។ ឧទាហរណ៍៖ នៅពេលអាទទឹងនឹងព្រះគ្រីស្ទប្រើអ្នកដទៃឱ្យធ្វើកិច្ចការផ្ទះរបស់គេ តើបំណងប្រាថ្នាដ៏អាត្មានិយមរបស់គេគឺជាអ្វី? គេគ្រាន់តែចង់ទទួលបានផលប្រយោជន៍នៃឋានៈ ដោយប្រើអ្នកដទៃឱ្យធ្វើការងារកខ្វក់ និងហត់នឿយ ចំណែកឯគេមិនធ្វើអ្វីសោះ។ បន្ទាប់មក ថែមទាំងមានអ្នកត្រូវបម្រើអាហារបីពេលក្នុងមួយថ្ងៃដល់គេទៀតផង។ គេជឿថា ឥឡូវនេះដោយសារគេមានតំណែង ការសោយសុខរបស់គេអាចចាប់ផ្ដើមបានហើយ។ ទោះជាយ៉ាងនេះក្តី វាជារឿងមិនសមហេតុផលទេក្នុងការប្រាប់មនុស្សដោយផ្ទាល់ឱ្យធ្វើកិច្ចការសម្រាប់គេ ដូច្នេះ អាទទឹងនឹងព្រះគ្រីស្ទបង្កើតលេសមួយចំនួន ដោយនិយាយថា៖ «ឥឡូវនេះ ដោយសារខ្ញុំជាអ្នកដឹកនាំ ខ្ញុំរវល់នឹងភារកិច្ចរបស់ខ្ញុំណាស់។ ប្រសិនបើអ្នករាល់គ្នាមានបន្ទុក និងមានភាពជាមនុស្ស នោះអ្នករាល់គ្នាគួរតែរៀនសហការ។ តើអ្នករាល់គ្នាអាចធ្វើអ្វីបាន? អ្វីដែលអ្នករាល់គ្នាអាចធ្វើបាន គឺគ្រាន់តែបញ្ចេញកម្លាំងប៉ុណ្ណោះ តើមិនដូច្នឹងទេឬ? គ្មាននរណាម្នាក់ធ្វើកិច្ចការនៅក្នុងចម្ការបន្លែនៅផ្ទះរបស់ខ្ញុំទេ ហើយអ្នករាល់គ្នាក៏មិនព្រមជួយដែរ! ប្រសិនបើអ្នករាល់គ្នាជួយ វាបញ្ជាក់ថាអ្នករាល់គ្នាមានចិត្តល្អ ហើយតាមពិត អ្នករាល់គ្នាកំពុងបំពេញភារកិច្ចរបស់អ្នករាល់គ្នា តាមរយៈការជួយខ្ញុំធ្វើកិច្ចការ។ ខ្ញុំគឺជាអ្នកដឹកនាំរបស់អ្នករាល់គ្នា តើកិច្ចការរបស់ខ្ញុំមិនមែនជាកិច្ចការរបស់អ្នករាល់គ្នាដែរទេឬ? តើកិច្ចការរបស់អ្នករាល់គ្នា មិនមែនជារឿងដែលអ្នករាល់គ្នាគួរតែធ្វើទេឬ ហើយអ្វីដែលអ្នករាល់គ្នាគួរតែធ្វើ គឺជាភារកិច្ចរបស់អ្នករាល់គ្នា តើមិនដូច្នឹងទេឬ?»។ នៅពេលគេទម្លាក់ការទទួលខុសត្រូវដ៏ធំបែបនេះមកលើស្មារបស់អ្នក ហើយអ្នករិះគិតថាអ្វីដែលអ្នកដឹកនាំនិយាយគឺសមហេតុផល អ្នកក៏ទៅធ្វើកិច្ចការឱ្យគេ។ តើនេះមិនមែនជាការចាញ់បោកគេទេឬ? អាទទឹងនឹងព្រះគ្រីស្ទមានគោលដៅផ្ទាល់ខ្លួនរបស់គេ ហើយមុនពេលគេអាចសម្រេចគោលដៅទាំងនោះបាន គេត្រូវស្វែងរកហេតុផលដោះសា និងទ្រឹស្ដីដែលសមស្រប ដើម្បីបង្កើតជាលេស។ បន្ទាប់មក អស់អ្នកដែលទទួលយកទ្រឹស្ដីទាំងនេះ ក៏ទៅធ្វើកិច្ចការឱ្យគេ គេសម្រេចបានគោលបំណងរបស់គេ ហើយបន្ទាប់មក គេអាចទទួលបានផលប្រយោជន៍នៃឋានៈ។ តើនេះមិនមែនជាមនុស្សដែលរស់នៅពឹងលើពួកជំនុំទេឬ? (មែនហើយ)។ វាពិតជាបែបនេះមែន។ គេខ្ជិលច្រអូស និងមិនចង់ធ្វើការ ដោយលោភលន់ចង់បានភាពស្រណុកសុខស្រួលខាងសាច់ឈាម និងផលប្រយោជន៍នៃឋានៈ។ គេឆ្លៀតឱកាសនិយមតាមបែបប្រើល្បិចកលហើយនៅពេលគេរកពាក្យសម្ដីដែលសមស្របមិនបាន គេទាញយកឃ្លាដែលសមហេតុផល និងងាយស្រួលទទួលយកជាង ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគោលលទ្ធិដែលគេយល់។ គេប្រើប្រាស់ពាក្យសម្ដីទាំងនេះ ដើម្បីបំភាន់ និងដាក់់កំហិតអស់អ្នកដែលមិនចាប់យល់សេចក្ដីពិត និងល្ងង់ខ្លៅ។ តាមរយៈការធ្វើបែបនេះ គេសម្រេចបាននូវគោលបំណងលាក់កំបាំងរបស់គេ ដោយធ្វើឱ្យមនុស្សស្ម័គ្រចិត្តទទួលយកការប្រើឧបាយកលរបស់គេ។ មនុស្សមួយចំនួនថែមទាំងគិតថា ប្រសិនបើពួកគេមិនស្ដាប់ពាក្យសម្ដីរបស់អ្នកដឹកនាំ ឬខកខានក្នុងការបំពេញកិច្ចការដែលអ្នកដឹកនាំបានចាត់តាំងឱ្យបានល្អ នោះពួកគេមិនបានបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវឡើយ។ ពួកគេមានអារម្មណ៍ថាខ្លួនជំពាក់ព្រះជាម្ចាស់ ហើយថែមទាំងសម្រក់ទឹកភ្នែកទៀតផង។ តើនេះមិនមែនជាកម្រិតដ៏ជ្រាលជ្រៅនៃភាពវង្វេងវង្វាន់ទេឬ? ពួកគេវង្វេងវង្វាន់ខ្លាំងណាស់ រហូតដល់គួរឱ្យខ្ពើមរអើម។
ពួកទទឹងនឹងព្រះគ្រីស្ទតែងតែនិយាយដោយប្រើការគំរាមកំហែង ដើម្បីសម្រេចគោលដៅរបស់ពួកគេ ប៉ុន្តែការគំរាមកំហែងរបស់ពួកគេ ជួនកាលកើតមានឡើងក្នុងទម្រង់ជាពាក្យសម្ដីត្រឹមត្រូវ និងក្នុងលក្ខណៈទន់ភ្លន់ ដូចជាសត្វពស់ដែលរុំព័ទ្ធជុំវិញអ្នកបន្តិចម្ដងៗ ពោលគឺ ពេលដែលអ្នកត្រូវរុំព័ទ្ធហើយ ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីទារយកអាយុជីវិតរបស់អ្នក។ ពេលខ្លះទៀត ការគំរាមកំហែងរបស់ពួកគេមិនទន់ភ្លន់នោះទេ ប៉ុន្តែវាចាស់ដៃ និងកាចសាហាវ ដូចជាសត្វចចកដែលឃើញសត្វចៀម ហើយបញ្ចេញឱ្យឃើញទឹកមុខដ៏កាចសាហាវរបស់វាអ៊ីចឹង។ ចេតនារបស់ពួកគេគឺចង់ប្រាប់មនុស្សថា៖ «ប្រសិនបើអ្នកមិនស្ដាប់ខ្ញុំទេ អ្នកនឹងទទួលបាននូវអ្វីដែលអ្នកស័ក្តិសមនឹងទទួលមិនខាន ហើយប្រសិនបើមានផលវិបាកកើតឡើង អ្នកនឹងត្រូវទទួលខុសត្រូវដោយខ្លួនឯង!» តើអ្វីជាចំណុចតថ្លៃទូទៅ ដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ក្នុងការគំរាមកំហែងរបស់ពួកគេ? ពួកគេសំដៅទៅលើគោលដៅរបស់មនុស្ស ភារកិច្ចរបស់ពួកគេ និងសូម្បីតែតំណែងរបស់ពួកគេ ព្រមទាំងការទៅ ឬការស្នាក់នៅក្នុងពួកជំនុំ។ ពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់កលល្បិចទាំងនេះ ហើយពិតណាស់មានកលល្បិចផ្សេងៗទៀត ដើម្បីគំរាមកំហែងបុគ្គលទាំងនោះ។ ទោះជាយ៉ាងនេះក្តី យុទ្ធសាស្ត្ររបស់ពួកគេជាទូទៅ ធ្លាក់ចូលទៅក្នុងប្រភេទទាំងពីរនេះ៖ ជួនកាល ពួកគេនឹងលួងលោមអ្នកដោយពាក្យសម្ដីពីរោះស្ដាប់ ហើយពេលខ្លះទៀត ពួកគេនឹងវាយប្រហារអ្នកដោយការបង្ខិតបង្ខំ និងដោយក្ដីព្យាបាទ។ តើការគំរាមកំហែងរបស់ពួកទទឹងនឹងព្រះគ្រីស្ទមានគោលបំណងអ្វី? ជាបឋម និងសំខាន់បំផុត ពួកគេចង់ឱ្យមនុស្សស្ដាប់ពួកគេ។ ពួកគេមានគោលដៅទាញយកផលប្រយោជន៍ពីអ្នកដទៃ ទទួលបានផលប្រយោជន៍នៃឋានៈ និងសោយសុខនឹងអត្ថប្រយោជន៍ និងសេចក្ដីរីករាយផ្សេងៗដែលមានមកជាមួយវា។ ទីពីរ ពួកគេមិនចង់ឱ្យនរណាម្នាក់បើកឱ្យដឹងពីសភាពពិតនៃកិច្ចការ ឬតតាំងនឹងតំណែងរបស់ពួកគេឡើយ។ ពួកគេនឹងមិនអត់ឱនឱ្យមនុស្សដែលធ្វើអ្វីមួយ ដែលគំរាមកំហែងដល់តំណែងរបស់ពួកគេឡើយ។ ឧទាហរណ៍៖ ប្រសិនបើមនុស្សមួយចំនួនចង់រាយការណ៍ពីស្ថានភាពរបស់ពួកគេទៅថ្នាក់លើ ឬប្រសិនបើមនុស្សមួយចំនួនញែកដឹងពួកគេ ហើយចង់បង្រួបបង្រួមបងប្អូនប្រុសស្រីឱ្យមិនរាប់រក និងដកពួកគេចេញពីតំណែង នោះពួកទទឹងនឹងព្រះគ្រីស្ទនឹងងាកទៅរកកលល្បិចនៃការគំរាមកំហែង។ ទិដ្ឋភាពមួយនៃគោលដៅនៃការធ្វើការគំរាមកំហែង គឺដើម្បីទទួលបានផលប្រយោជន៍ជាច្រើនដែលមានមកជាមួយ តំណែងរបស់ពួកគេ ហើយទិដ្ឋភាពមួយទៀត គឺដើម្បីរក្សាតំណែងរបស់ពួកគេឱ្យជាប់។ ទាំងនេះ ចំត្រឹមត្រូវណាស់គឺជាគោលបំណងទាំងពីរ ដែលពួកទទឹងនឹងព្រះគ្រីស្ទមានក្នុងការគំរាមកំហែងមនុស្ស ពោលគឺ គោលបំណងទាំងពីរនេះសុទ្ធតែផ្ដោតលើតំណែង។ តើផលប្រយោជន៍ផ្សេងៗទាំងអស់នេះមកពីណា? វាក៏មកពីតំណែងរបស់ពួកគេដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះនិយាយថា៖ «ប្រសិនបើអ្នករាល់គ្នាមិនធ្វើតាមក្នុងរឿងនេះទេ អ្នករាល់គ្នានឹងត្រូវទទួលរងផលវិបាកមិនខាន!»។ ប្រសិនបើនរណាម្នាក់ញែកដឹងពួកគេ ហើយនឹងមិនព្រមស្ដាប់ពួកគេ តើពួកគេគិតរកវិធីដើម្បីចាត់ការលើរឿងនេះដែរឬទេ? ពួកគេនឹងមិនគ្រាន់តែបណ្ដោយខ្លួនទៅតាមអ្វីដែលអាចកើតឡើងនោះទេ។ ដរាបណាមានសង្ឃឹមសូម្បីតែបន្តិចបន្តួចសម្រាប់ពួកគេក្នុងការរក្សាតំណែងរបស់ពួកគេ ពួកគេនឹងតស៊ូយ៉ាងស្វិតស្វាញដើម្បីវា។ ភាពអន្ទះសាចង់បានតំណែងរបស់ពួកគេ គឺលើសពីមនុស្សភាគច្រើនទៅទៀត។ វាប្រៀបដូចជាសត្វចចកដែលឃើញសត្វចៀមអ៊ីចឹង មាត់របស់វាចាប់ផ្ដើមហូរទឹកមាត់ សូម្បីតែមុនពេលវាចាប់ផ្ដើមស៊ីទៅទៀត។ ភ្នែករបស់វាបញ្ចេញពន្លឺដ៏កាចសាហាវ ហើយវារកនឹកចង់ស៊ីសត្វចៀម នេះគឺជាប្រភេទនៃសេចក្ដីស្រេកឃ្លានដែលវាមាន។ តើនេះមិនមែនជាធម្មជាតិរបស់វាទេឬ? (មែនហើយ)។ សេចក្ដីស្រេកឃ្លានឋានៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺស្រដៀងនឹងសេចក្ដីស្រេកឃ្លានរបស់សត្វចចកចំពោះសត្វចៀមដែរ ដែលជាតម្រូវការនៅក្នុងធម្មជាតិដ៏ព្យាបាទរបស់ពួកគេ។ ហេតុដូច្នេះហើយ ការគំរាមកំហែងរបស់ពួកគេចំពោះអ្នកដទៃ គឺជារឿងដែលខានមិនបានឡើយ។
IV. ការវែកញែកអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទត្រួតត្រាមនុស្ស
ការត្រួតត្រាមនុស្ស គឺជាល្បិចកលមួយដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់។ តើពួកគេត្រួតត្រាមនុស្សដោយរបៀបណា? ពួកទទឹងនឹងព្រះគ្រីស្ទមានវិធីសាស្ត្រលើសពីមួយសម្រាប់ត្រួតត្រាមនុស្ស គឺពួកគេមានច្រើនវិធីសាស្ត្រ។ តើអ្នករាល់គ្នាធ្លាប់ជួបប្រទះរឿងនេះដែរឬទេ? បុគ្គលខ្លះប្រហែលជាមិនធ្លាប់ធ្វើជាពួកអ្នកដឹកនាំទេ ប៉ុន្តែពួកគេលាក់ទុកនូវបំណងប្រាថ្នាចង់ត្រួតត្រាអ្នកដទៃ នេះហើយគឺជាលក្ខណៈរបស់អាទទឹងនឹងព្រះគ្រីស្ទ។ មិនថាគេមានអាយុប៉ុន្មាន នៅទីណា ឬមានរឿងអ្វីក៏ដោយ គេចង់ពុះពារត្រួតត្រាលើមនុស្ស។ សូម្បីតែក្នុងរឿងហូបចុក ធ្វើការ ឬក្នុងផ្នែកជំនាញ ឬបញ្ហាវិជ្ជាជីវៈផ្សេងៗក៏ដោយ ក៏គេចង់ឱ្យមនុស្សស្ដាប់តាមគេដែរ ហើយគេនឹងមិនអត់ឱនឱ្យអ្នកណាដែលមិនស្ដាប់តាមឡើយ។ គេមិនអាចសូម្បីតែគ្រប់គ្រងបំណងប្រាថ្នារបស់ខ្លួនក្នុងការកាន់អំណាចនៅក្នុងពួកជំនុំផង។ គេចាត់ទុករឿងនេះថាជាការបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួន ដោយគិតថាគេគ្រាន់តែបំពេញតួនាទីរបស់ខ្លួនប៉ុណ្ណោះ ដោយមិនដឹងថានេះគឺជាមហិច្ឆតា និងបំណងប្រាថ្នារបស់គេ ហើយថានេះជានិស្ស័យពុករលួយរបស់ពួកគេឡើយ។ ដូច្នេះ តើអាទទឹងនឹងព្រះគ្រីស្ទត្រួតត្រាមនុស្សដោយរបៀបណា? ឧទាហរណ៍៖ នៅពេលគេត្រូវបានជ្រើសតាំងជាអ្នកដឹកនាំ នៅថ្ងៃដំបូងភ្លាម គេចាប់ផ្ដើមគិតថា៖ «មនុស្សទាំងនេះមានទម្លាប់នៃការហូបចុក និងទម្លាប់ប្រចាំថ្ងៃមិនទៀងទាត់ទេ មានកិច្ចការជាច្រើនដែលត្រូវធ្វើ។ ការធ្វើជាអ្នកដឹកនាំ មានទំនួលខុសត្រូវដ៏ធំធេង ពោល វាគឺជាបន្ទុកដ៏ធ្ងន់មួយ!» អាទទឹងនឹងព្រះគ្រីស្ទចំណាយពេលពេញមួយថ្ងៃបិទទ្វារសម្ងំនៅក្នុងបន្ទប់ ដោយសរសេរឯកសារបានពីរឬបីទំព័រ។ តើមានអ្វីខ្លះនៅក្នុងឯកសារនេះ? ទីមួយ គឺទាក់ទងនឹងការហូបចុក។ ការហូបចុកត្រូវតែធ្វើឡើងតាមពេលវេលាជាក់លាក់ នៅទីកន្លែងជាក់លាក់ ជាមួយនឹងបរិមាណអាហារជាក់លាក់។ អាហារពេលព្រឹកនៅម៉ោង ៦:៣០ ព្រឹក អាហារពេលថ្ងៃត្រង់នៅម៉ោង ១២:៣០ រសៀល និងអាហារពេលល្ងាចនៅម៉ោង ៦:៣០ ល្ងាច ការហូបចុកនឹងត្រូវធ្វើឡើងនៅពេលវេលាទាំងបីនេះ មិនឱ្យមុន ឬក្រោយសូម្បីតែមួយនាទីឡើយ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏អ្នកត្រូវតែទៀងទាត់ពេលវេលាដែរ សូម្បីតែមានភ្លៀងធ្លាក់ ឬមានព្យុះក៏ដោយ ហើយប្រសិនបើអ្នកបំពានច្បាប់ទាំងនេះ នោះអ្នកនឹងមិនទទួលបានអាហារឡើយ។ បន្ទាប់មក គឺបញ្ហាទម្លាប់ប្រចាំថ្ងៃ ដែលជារឿងសំខាន់ណាស់។ អ្នកត្រូវតែក្រោកពីគេងនៅម៉ោង ៦:០០ ព្រឹកជារៀងរាល់ព្រឹក មិនថាយប់មិញអ្នកចូលគេងយឺតយ៉ាងណាក៏ដោយ។ អ្នកគួរតែសម្រាកបន្ទាប់ពីអាហារពេលថ្ងៃត្រង់នៅម៉ោង ១:០០ រសៀល ហើយចូលគេងឱ្យបានទៀងទាត់នៅម៉ោង ១០:០០ យប់ជារៀងរាល់យប់។ នៅពេលគេបង្កើតច្បាប់សម្រាប់ការហូបចុក និងទម្លាប់ប្រចាំថ្ងៃរួចរាល់ហើយ នៅមានបទប្បញ្ញត្តិជាក់លាក់ផ្សេងៗជាច្រើនទៀត។ ជាឧទាហរណ៍៖ អ្នកត្រូវតែហូបចុកនៅកន្លែងដែលបានកំណត់ ហើយមិនត្រូវបញ្ចេញសំឡេងរំខាននៅពេលកំពុងហូបចុកឡើយ។ មនុស្សម្នាក់ៗត្រូវបានតម្រូវឱ្យស្លៀកពាក់សម្លៀកបំពាក់ជាក់លាក់ណាមួយ និងមានច្បាប់ផ្សេងៗទៀត។ ច្បាប់ទាំងនេះមានភាពលម្អិតខ្លាំងណាស់ សូម្បីតែលម្អិតជាងបញ្ញត្តិរដ្ឋបាលនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៅទៀត។ រឿងល្អិតល្អន់ប្រចាំថ្ងៃទាំងនេះ គ្មានពាក់ព័ន្ធអ្វីនឹងសេចក្ដីពិតឡើយ។ ដរាបណាជីវិតប្រចាំថ្ងៃ និងទម្លាប់នៃការហូបចុករបស់មនុស្សម្នាក់មានរបៀបរៀបរយ និងស័ក្តិសម ដោយមិនប៉ះពាល់ដល់សុខភាពរបស់ខ្លួន ការអនុវត្តតាមគោលការណ៍នេះគឺគ្រប់គ្រាន់ហើយ។ មិនចាំបាច់មានបទប្បញ្ញត្តិលម្អិតបែបនេះទេ។ ដូច្នេះ ហេតុអ្វីបានជាអាទទឹងនឹងព្រះគ្រីស្ទបង្កើតច្បាប់លម្អិតបែបនេះ? គេនិយាយថា៖ «វាមិនល្អទេដែលទុកឱ្យមនុស្សនៅដោយគ្មានការគ្រប់គ្រងនោះ។ រឿងទាំងនេះមិនដែលត្រូវបានលើកឡើងនៅក្នុងពាក្យរបស់ព្រះឡើយ ហើយបើគ្មានព័ត៌មានលម្អិតជាក់លាក់ទាំងនេះទេ ជីវិតរបស់យើងនឹងគ្មានវិន័យ គ្មានរបៀបរៀបរយ និងគ្មានលក្ខណៈជាមនុស្សឡើយ។ ឥឡូវនេះ ដោយសារខ្ញុំជាអ្នកដឹកនាំ អ្នករាល់គ្នាអាចត្រូវបានកែតម្រូវហើយ។ អ្នករាល់គ្នាលែងជាចៀមវង្វេងទៀតហើយ គឺមានអ្នកមើលថែអ្នករាល់គ្នាហើយ»។ ទាំងរឿងធំ និងរឿងតូចតាចនៅក្នុងជីវិតប្រចាំថ្ងៃ ដូចជាសម្លៀកបំពាក់ អាហារ កន្លែងស្នាក់នៅ និង យានជំនិះសម្រាប់ធ្វើដំណើរ សុទ្ធតែត្រូវបានកំណត់យ៉ាងល្អិតល្អន់។ បន្ទាប់មក គេប្រាប់ «អាថ៌កំបាំង» មួយដល់អ្នក ដោយនិយាយថា៖ «ពាក្យរបស់ព្រះមិនដែលលើកឡើងពីព័ត៌មានលម្អិតជាក់លាក់នៃជីវិតប្រចាំថ្ងៃទាំងនេះទេ។ គ្រាន់តែព្រះមិនបាននិយាយអំពីរឿងនេះ មិនមែនមានន័យថាយើងមិនគួរដឹងពីរឿងនេះនោះទេ។ យើងជាមនុស្សត្រូវតែទទួលបន្ទុកលើកិច្ចការនៃរឿងលម្អិតទាំងអស់នេះ ដែលព្រះមិនដែលបាននិយាយ»។ គេបង្កើតសំណុំច្បាប់ និងបទប្បញ្ញត្តិឡើងដោយខ្លួនឯងនៅក្រៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមើលទៅហាក់ដូចជាលម្អិត និងត្រូវបានកំណត់យ៉ាងច្បាស់លាស់ជាមួយនឹងលក្ខខណ្ឌជាក់លាក់ ដើម្បីជំនួសសេចក្ដីពិត និងដឹកនាំអ្នកដទៃ។ នៅពេលបទប្បញ្ញត្តិដ៏ជាក់លាក់ និងច្បាស់លាស់ទាំងនេះត្រូវបានដាក់ចេញ មនុស្សត្រូវបានរំពឹងថានឹងគោរពតាមអ្វីដែលគេហៅថាជាច្បាប់នោះ។ ប្រសិនបើមាននរណាម្នាក់មិនអនុវត្តតាម មិនស្ដាប់បង្គាប់ មិនអើពើ ឬបំពានច្បាប់ទាំងនេះ នោះ អាទទឹងនឹងព្រះគ្រីស្ទនឹងលួសកាត់ពួកគេ។ បន្ទាប់ពីការលួសកាត់ពួកគេរួច គេធ្វើឱ្យប្រាកដថាបុគ្គលនោះទទួលយកច្បាប់ទាំងនេះ ហើយទទួលយកច្បាប់ទាំងនេះថាមកពីព្រះជាម្ចាស់។ គេប្រើប្រាស់រឿងទាំងនេះដើម្បីជំនួសសេចក្ដីពិត និងដឹកនាំមនុស្ស ដូច្នេះ តើមនុស្សទាំងនោះនឹងដើរតាមផ្លូវបែបណា? ពួកគេនឹងគ្រាន់តែគោរពតាមបទប្បញ្ញត្តិ និងទម្លាប់ ដោយគ្រាន់តែធ្វើតាមទម្រង់ប៉ុណ្ណោះ។ ក្រោមការដឹកនាំបែបនេះ មនុស្សអាចនឹងជឿទាំងខុសឆ្គងតាមរយៈសញ្ញាណរបស់ពួកគេផ្ទាល់ថា៖ «ប្រសិនបើខ្ញុំអាចរក្សាបាននូវបទប្បញ្ញត្តិ និងទម្រង់ការ ប្រសិនបើខ្ញុំអាចប្រកាន់ខ្ជាប់នូវកាលវិភាគសម្រាប់ការក្រោកពីគេង ការចូលគេង និងការហូបចុក តើនេះមិនមែនមានន័យថា ខ្ញុំកំពុងអនុវត្តសេចក្ដីពិតទេឬ? តើខ្ញុំនឹងមិនត្រូវបានសង្គ្រោះទេឬ?» តើសេចក្ដីសង្រ្គោះពិតជាងាយស្រួលបែបនេះមែនឬ? តើសេចក្ដីពិតងាយនឹងទទួលបានបែបនេះមែនឬ? តើសេចក្ដីពិតពាក់ព័ន្ធតែនឹងឥរិយាបថរបស់មនុស្សប៉ុណ្ណោះឬ? ទេ វាមិនមែនទេ។ តើអាទទឹងនឹងព្រះគ្រីស្ទចាត់ទុកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់មនុស្ស ការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិត និងការអនុវត្តសេចក្ដីពិតយ៉ាងដូចម្ដេច? គេចាត់ទុករឿងទាំងនេះហាក់ដូចជាស្មើនឹងការគោរពសណ្ដាប់ធ្នាប់សាធារណៈ ឬការប្រកាន់ខ្ជាប់នូវច្បាប់របស់ប្រទេសជាតិអ៊ីចឹង។ គេថែមទាំងធ្វើឱ្យមនុស្សជឿទាំងខុសឆ្គងថា ច្បាប់ និងបទប្បញ្ញត្តិទាំងនេះខ្ពស់ជាង ព្រមទាំងច្បាស់លាស់ និងជាក់ស្តែងជាងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត។ ក្នុងតថភាព គេប្រើប្រាស់រឿងទាំងនេះដើម្បីបំភាន់ និងត្រួតត្រាមនុស្ស ដោយគ្រប់គ្រងឥរិយាបថរបស់ពួកគេយ៉ាងតឹង។ គេមិនដោះស្រាយបញ្ហាដោយសេចក្ដីពិតទេ ហើយគេក៏មិនលើកទឹកចិត្តមនុស្សឱ្យរស់នៅ ប្រព្រឹត្ត និងបំពេញភារកិច្ចរបស់ខ្លួនស្របតាមគោលការណ៍សេចក្ដីពិតដែរ។ ផ្ទុយទៅវិញ គេបង្កើតបែបប្រឌិតសំណុំច្បាប់ បទប្បញ្ញត្តិ និងប្រព័ន្ធ ដើម្បីឱ្យមនុស្សធ្វើតាម។ តើគេមានគោលបំណងអ្វី? គេចង់ឱ្យមនុស្សយល់ព្រមតាមគេ គិតថាគេឆ្លាត និងស្ដាប់បង្គាប់ការដឹកនាំរបស់គេ តាមរយៈការអនុវត្ត និងការធ្វើតាមច្បាប់ និងបទប្បញ្ញត្តិទាំងនេះ។ តាមរបៀបនេះ គេសម្រេចបាននូវគោលដៅរបស់គេ។ គេមានបំណងសម្រេចគោលដៅរបស់ខ្លួនក្នុងការត្រួតត្រាគ្រប់យ៉ាងអំពីមនុស្សគ្រប់គ្នា តាមរយៈការរឹតត្បិត និងការធ្វើឱ្យឥរិយាបថរបស់មនុស្សមានស្ដង់ដា។ ហើយប្រហែលជា ទាក់ទងនឹងចេតនាលាក់កំបាំងរបស់គេក្នុងការប្រព្រឹត្ត គេអាចមិនមានបំណងប្រាថ្នាច្បាស់លាស់ចង់បានឋានៈនោះទេ ប៉ុន្តែផលវិបាកចុងក្រោយគឺថា ពួកគេត្រួតត្រាមនុស្ស ហើយមនុស្សរស់នៅ និងប្រព្រឹត្តទាំងស្រុងស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលគេបានកំណត់។ ក្នុងស្ថានភាពបែបនេះ តើសេចក្ដីពិតនៅតែមានកន្លែងនៅក្នុងដួងចិត្តរបស់មនុស្សដែរឬទេ? គឺមិនមានទេ។ ពួកទទឹងនឹងព្រះគ្រីស្ទគ្មានការយល់ដឹងខាងវិញ្ញាណទេ ហើយពួកគេមិនយល់ពីសេចក្ដីពិតឡើយ។ ប្រសិនបើអ្នករស់នៅក្នុងជីវិតពួកជំនុំជាមួយពួកគេ ពួកគេនឹងប្រាប់អ្នកឱ្យធ្វើរឿងនេះនៅថ្ងៃនេះ និងធ្វើរឿងនោះនៅថ្ងៃស្អែក ដោយជាមូលដ្ឋានគ្រឹះ ពួកគេមិនអាចប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិតបានឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងគ្រាន់តែផ្ដល់ឱ្យអ្នកនូវបទប្បញ្ញត្តិមួយគំនរដើម្បីធ្វើតាមប៉ុណ្ណោះ។ អ្នកអាចនឹងហត់នឿយខ្លាំងដោយសារការធ្វើតាមពួកគេ ប៉ុន្តែការបដិសេធមិនធ្វើតាមពួកគេ មិនមែនជាជម្រើសឡើយ។ ពួកគេនឹងមិនបណ្ដោយឱ្យអ្នកប្រព្រឹត្តដោយសេរីឡើយ។ នេះគឺជាវិធីមួយដែលពួកទទឹងនឹងព្រះគ្រីស្ទត្រួតត្រាមនុស្ស។
តើអាទទឹងនឹងព្រះគ្រីស្ទជាចម្បងត្រួតត្រាអ្វីនៅក្នុងខ្លួនមនុស្ស? (គំនិតរបស់ពួកគេ។) ត្រឹមត្រូវហើយ គេត្រួតត្រាគំនិតរបស់មនុស្សជាចម្បង។ វាមិនមែនគ្រាន់តែជាការត្រួតត្រាលើអ្វីដែលមនុស្សនិយាយ និងធ្វើនោះទេ។ ក្រោមលេសនៃការប្រកបគ្នាអំពីសេចក្ដីពិត គេប្រើប្រាស់ទ្រឹស្ដីទទេស្អាត និងវោហារសាស្ត្រ បោកបញ្ឆោតដ៏ប៉ិនប្រសប់ដើម្បីបំភាន់អ្នក ក្នុងគោលបំណងត្រួតត្រាគំនិតរបស់អ្នក ធ្វើឱ្យអ្នកស្ដាប់បង្គាប់គេ និងធ្វើតាមការដឹកនាំរបស់គេ។ នេះហើយជាអ្វីដែលមានន័យថាការបំភាន់ និងត្រួតត្រាមនុស្ស។ ប្រសិនបើអ្នកមិនធ្វើតាមការប្រាប់ផ្លូវរបស់គេទេ អ្នកប្រហែលជាមានអារម្មណ៍ថាហាក់ដូចជាអ្នកកំពុងប្រឆាំងនឹងសេចក្ដីពិត ហើយអ្នកថែមទាំងអាចមានអារម្មណ៍ថាជំពាក់គេ ឬហាក់ដូចជាអ្នកមិនអាចប្រឈមមុខនឹងគេឡើយ។ នេះគឺជាសញ្ញាបញ្ជាក់ថា អ្នកស្ថិតក្រោមការត្រួតត្រារបស់គេរួចបាត់ទៅហើយ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកមិនអនុវត្តសេចក្ដីពិត ឬមិនចុះចូលនឹងព្រះជាម្ចាស់ទេ តើអ្នកមានអារម្មណ៍ថាជំពាក់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នកដែរឬទេ? ប្រសិនបើអ្នកមិនមានអារម្មណ៍បែបនេះទេ នោះមានន័យថាអ្នកខ្វះមនសិការ និងភាពជាមនុស្សហើយ។ ប្រសិនបើអ្នកអាចស្ដាប់បង្គាប់អាទទឹងនឹងព្រះគ្រីស្ទ ជំនួសឱ្យការអនុវត្តសេចក្ដីពិត ដោយគ្មានអារម្មណ៍ថាមិនស្រួលនៅក្នុងដួងចិត្តរបស់អ្នក ឬគ្មានមនសិការខុសឆ្គងទាល់តែសោះ នេះមានន័យថាអ្នកស្ថិតក្រោមការត្រួតត្រារបស់គេហើយ។ បាតុភូតទូទៅបំផុតនៃការត្រួតត្រារបស់អាទទឹងនឹងព្រះគ្រីស្ទ គឺថានៅក្នុងដែនអំណាចរបស់គេ មានតែគេម្នាក់គត់ដែលមានសិទ្ធិសម្រេចចុងក្រោយ។ ប្រសិនបើគេមិននៅទីនោះទេ គ្មាននរណាម្នាក់ហ៊ានធ្វើការសម្រេចចិត្ត ឬដោះស្រាយបញ្ហាឡើយ។ បើគ្មានគេទេ អ្នកដទៃក្លាយជាដូចក្មេងវង្វេងផ្លូវ ដែលមិនដឹងពីរបៀបអធិដ្ឋាន ស្វែងរក ឬពិភាក្សាជាមួយគ្នាឡើយ ដោយប្រព្រឹត្តដូចជាអាយ៉ង ឬមនុស្សស្លាប់អ៊ីចឹង។ ទាក់ទងនឹងអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទឧស្សាហ៍និយាយដើម្បីបំភាន់ និងត្រួតត្រាមនុស្ស យើងនឹងមិនលម្អិតនៅទីនេះទេ។ ប្រាកដណាស់ មានពាក្យសម្ដី និងល្បិចកលជាច្រើនដែលពួកគេប្រើប្រាស់ ហើយផលវិបាកដែលកើតចេញពីទង្វើនេះ អាចត្រូវបានមើលឃើញយ៉ាងច្បាស់នៅលើអស់អ្នកដែលត្រូវបានបំភាន់។ ខ្ញុំនឹងលើកឧទាហរណ៍មួយ។ មានបុគ្គលមួយចំនួនដែលមានគុណសម្បត្តិមធ្យម មិនអន់ពេកទេ ដែលបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ ហើយកម្រនឹងមានភាពអវិជ្ជមានណាស់។ ក៏ប៉ុន្តែ បន្ទាប់ពីធ្វើការជាមួយអាទទឹងនឹងព្រះគ្រីស្ទដើម្បីបំពេញភារកិច្ចរបស់ពួកគេ បានមួយរយៈ ពួកគេក្លាយជាពឹងផ្អែកលើអាទទឹងនឹងព្រះគ្រីស្ទនោះ។ ពួកគេចូលចិត្តធ្វើតាមការដឹកនាំរបស់អាទទឹងនឹងព្រះគ្រីស្ទក្នុងរឿងគ្រប់យ៉ាង ហើយអាទទឹងនឹងព្រះគ្រីស្ទនោះក្លាយជាទីពឹងចម្បងរបស់ពួកគេ។ ឱ្យតែពួកគេឃ្លាតឆ្ងាយពីអាទទឹងនឹងព្រះគ្រីស្ទនេះភ្លាម ពួកគេក្លាយជាគ្មានប្រសិទ្ធភាពក្នុងរឿងគ្រប់យ៉ាងដែលពួកគេធ្វើ។ បើគ្មានវត្តមានអាទទឹងនឹងព្រះគ្រីស្ទទេ ពួកគេឈប់មានសេចក្តីរីកចម្រើនក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយសូម្បីតែពេលប្រឈមមុខនឹងបញ្ហា ក៏ពួកគេមិនអាចទទួលបានលទ្ធផលតាមរយៈការប្រកបគ្នាដែរ។ ពួកគេអាចត្រឹមតែរង់ចាំឱ្យអាទទឹងនឹងព្រះគ្រីស្ទត្រឡប់មកវិញ ហើយដោះស្រាយបញ្ហានោះឱ្យពួកគេប៉ុណ្ណោះ។ ក្នុងតថភាព បុគ្គលទាំងនេះដើមឡើយមានសមត្ថភាពចាត់ការលើរឿងបែបនេះ ដោយសារគុណសម្បត្តិ ប្រាជ្ញាស្មារតី បទពិសោធ និងប្រវត្តិរបស់ពួកគេ មុនពេលមានការត្រួតត្រាពីអាទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែបន្ទាប់ពីត្រូវបានគេត្រួតត្រារួចមក ឥឡូវនេះគ្មាននរណាម្នាក់ហ៊ានធ្វើការសម្រេចចិត្ត ឬផ្ដល់ដំណោះស្រាយច្បាស់លាស់ដើម្បីដោះស្រាយបញ្ហា ដោយគ្មានអាទទឹងនឹងព្រះគ្រីស្ទនៅទីនោះឡើយ។ គំនិតរបស់ពួកគេហាក់ដូចជាត្រូវបានជាប់ឃុំឃាំង ដែលស្រដៀងនឹងចរិតលក្ខណៈរបស់មនុស្សរុក្ខជាតិ ពាក់កណ្ដាលអ៊ីចឹង។ តើអាទទឹងនឹងព្រះគ្រីស្ទដែលត្រួតត្រាមនុស្សទាំងនេះ បានធ្វើរឿងអ្វីខ្លះ ទើបធ្វើឱ្យពួកគេបង្ហាញឥរិយាបថបែបនេះ? ប្រាកដណាស់ ច្បាស់ជាមានពាក្យពោល ឬការលើកឡើងច្បាស់លាស់មួយចំនួន ដែលធ្វើឱ្យពួកគេស្ដាប់បង្គាប់នៅក្នុងដួងចិត្ត និងគំនិត។ វាក៏ច្បាស់ជាមានការលើកឡើង ទស្សនៈ ឬសកម្មភាពជាក់លាក់ណាមួយ ដែលមនុស្សទាំងនេះបានយល់ស្របផងដែរ។ ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទពិតជាខ្វះតថភាពនៃសេចក្ដីពិតទាំងស្រុង។ ការលើកឡើង និងទស្សនៈរបស់ពួកគេ ទោះបីជាត្រឹមត្រូវក៏ដោយ ក៏មានគោលបំណងបំភាន់មនុស្សដែរ ហើយមិនតំណាងឱ្យតថភាពនៃសេចក្ដីពិតណាមួយនៅក្នុងខ្លួនពួកគេឡើយ។ មនុស្សមួយចំនួនកោតសរសើរពួកទទឹងនឹងព្រះគ្រីស្ទ ពីព្រោះពួកគេពិតជាមានអំណោយទាន និងទេពកោសល្យខ្លះមែន។ ក៏ប៉ុន្តែ លក្ខណៈសម្បត្តិទាំងនេះមិនមែនបញ្ជាក់ថាពួកគេមានតថភាពនៃសេចក្ដីពិតនោះទេ។ អស់អ្នកដែលថ្វាយបង្គំពួកទទឹងនឹងព្រះគ្រីស្ទ ធ្វើដូច្នេះក៏ព្រោះតែពួកគេខ្វះសេចក្ដីពិត និងមិនអាចញែកដឹងមនុស្សបាន នេះហើយជាមូលហេតុដែលពួកគេអាចថ្វាយបង្គំពួកទទឹងនឹងព្រះគ្រីស្ទ និងសូម្បីតែបុគ្គលល្បីល្បាញ និងអស្ចារ្យខាងវិញ្ញាណមួយចំនួន។ មនុស្សមួយចំនួនអាចត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ ប៉ុន្តែនេះគ្រាន់តែជាបណ្ដោះអាសន្នប៉ុណ្ណោះ ហើយនៅពេលពួកគេភ្ញាក់ដឹងខ្លួនថា ពួកទទឹងនឹងព្រះគ្រីស្ទអាចត្រឹមតែនិយាយអំពីទ្រឹស្ដីខាងវិញ្ញាណ តែមិនអនុវត្តសេចក្ដីពិត ថាពួកទទឹងនឹងព្រះគ្រីស្ទមិនបានធ្វើអ្វីសោះដើម្បីការពារកិច្ចការរបស់ពួកជំនុំ ហើយពិតជាពួកផារិស៊ីដ៏មានពុតត្បុតមែននោះ នោះពួកគេនឹងបដិសេធ និងស្អប់ពួកទទឹងនឹងព្រះគ្រីស្ទ។ មានករណីជាច្រើនដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់អំណោយទាន និងវោហារសាស្ត្ររបស់ពួកគេ ដើម្បីបំភាន់អស់អ្នកដែលមិនយល់ពីសេចក្ដីពិត។ ឧទាហរណ៍៖ ប្រសិនបើអ្នកស្នើសុំសំណើដ៏សមហេតុផលមួយ មនុស្សគ្រប់គ្នាគួរតែផ្ដោតលើសំណើដ៏ត្រឹមត្រូវនេះ ហើយបន្តប្រកបគ្នាអំពីវា ហើយនេះគឺជាផ្លូវដ៏ត្រឹមត្រូវ ព្រមទាំងបង្ហាញពីភាពស្មោះត្រង់ និងទំនួលខុសត្រូវចំពោះភារកិច្ចរបស់ពួកគេ ប៉ុន្តែនៅក្នុងចិត្តរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ គេគិតថា៖ «ហេតុអ្វីបានជាខ្ញុំមិននឹកឃើញសំណើនោះមុនគេអ៊ីចឹង?» នៅក្នុងជម្រៅចិត្ត គេទទួលស្គាល់ថាសំណើនោះត្រឹមត្រូវ ប៉ុន្តែតើគេអាចទទួលយកវាបានដែរឬទេ? ដោយសារតែធម្មជាតិរបស់គេ គេពិតជានឹងមិនទទួលយកសំណើដ៏ត្រឹមត្រូវរបស់អ្នកឡើយ។ គេនឹងធ្វើគ្រប់មធ្យោបាយដើម្បីបដិសេធសំណើរបស់អ្នក បន្ទាប់មករកនឹកផែនការជំនួសមួយ ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ថាសំណើរបស់អ្នកមិនអាចធ្វើទៅកើត បានទាល់តែសោះ ហើយផែនការរបស់គេទើបល្អជាង។ គេចង់ឱ្យអ្នកមានអារម្មណ៍ថា អ្នកមិនអាចធ្វើបានទេបើគ្មានគេ ហើយថាមានតែគេធ្វើការទេ ទើបមនុស្សគ្រប់គ្នាអាចមានប្រសិទ្ធភាពបាន។ បើគ្មានពួកគេទេ គ្មានកិច្ចការណាមួយអាចធ្វើបានត្រឹមត្រូវឡើយ ហើយមនុស្សគ្រប់គ្នាក្លាយជាមនុស្សគ្មានបានការ និងមិនអាចសម្រេចកិច្ចការអ្វីបានឡើយ។ យុទ្ធសាស្ត្ររបស់អាទទឹងនឹងព្រះគ្រីស្ទ គឺតែងតែធ្វើខ្លួនឱ្យមើលទៅថ្មីប្លែក និងពិសេសមានតែមួយគត់ ហើយនិយាយអួតក្អេងក្អាង។ ទោះបីជាការលើកឡើងរបស់អ្នកដទៃត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ពួកគេនឹងបដិសេធវាដែរ។ ទោះបីជាសំណើរបស់អ្នកដទៃស្របគ្នានឹងគំនិតរបស់ពួកគេផ្ទាល់ក៏ដោយ ប្រសិនបើសំណើទាំងនោះមិនត្រូវបានស្នើឡើងដោយពួកគេមុនគេទេ ពួកគេនឹងមិនទទួលស្គាល់ ឬយកវាមកអនុវត្តឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីបន្ទាបបន្ថោកសំណើទាំងនោះ បន្ទាប់មកបដិសេធ និងថ្កោលទោសសំណើទាំងនោះ ដោយរិះគន់ឥតឈប់ឈរ រហូតដល់អ្នកដែលផ្ដល់សំណើមានអារម្មណ៍ថាគំនិតរបស់ពួកគេខុស ហើយទទួលស្គាល់កំហុសផ្ទាល់ខ្លួនរបស់ខ្លួន។ ទាល់តែដល់ពេលនោះ ទើបពួកទទឹងនឹងព្រះគ្រីស្ទនឹងព្រមបញ្ឈប់។ ពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តលើកតម្កើងខ្លួនឯង ស្របពេលដែលបន្ទាបបន្ថោកអ្នកដទៃ ក្នុងគោលបំណងធ្វើឱ្យអ្នកដទៃថ្វាយបង្គំពួកគេ និងចាត់ទុកពួកគេជាចំណុចកណ្ដាល។ ពួកគេអនុញ្ញាតឱ្យតែខ្លួនឯងប៉ុណ្ណោះដែលលេចធ្លោ ចំណែកឯអ្នកដទៃអាចត្រឹមតែឈរនៅពីក្រោយប៉ុណ្ណោះ។ អ្វីក៏ដោយដែលពួកគេនិយាយ ឬធ្វើ គឺសុទ្ធតែត្រូវ ហើយអ្វីក៏ដោយដែលអ្នកដទៃនិយាយ ឬធ្វើ គឺសុទ្ធតែខុស។ ពួកគេឧស្សាហ៍លើកឡើងនូវទស្សនៈថ្មីប្លែកៗ ដើម្បីបដិសេធទស្សនៈ និងសកម្មភាពរបស់អ្នកដទៃ ដោយចាប់កំហុសលើសំណើរបស់អ្នកដទៃ ព្រមទាំងបង្អាក់ និងបដិសេធសំណើរបស់អ្នកដទៃ។ តាមរបៀបនេះ អ្នកដទៃត្រូវតែស្ដាប់ពួកគេ ហើយប្រព្រឹត្តតាមផែនការរបស់ពួកគេ។ ពួកគេប្រើប្រាស់វិធីសាស្ត្រ និងយុទ្ធសាស្ត្រទាំងនេះ ដើម្បីបន្តបដិសេធអ្នក វាយប្រហារអ្នក និងធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកគ្មានសមត្ថភាព ដោយតាមរបៀបនោះធ្វើឱ្យអ្នកកាន់តែចុះចូលនឹងពួកគេ កោតសរសើរពួកគេកាន់តែខ្លាំង និងឱ្យតម្លៃពួកគេកាន់តែខ្ពស់។ តាមរបៀបនោះ អ្នកនឹងក្លាយជាត្រូវបានពួកគេត្រួតត្រាទាំងស្រុង។ នេះគឺជាដំណើរការដែលពួកទទឹងនឹងព្រះគ្រីស្ទបង្ក្រាប និងត្រួតត្រាមនុស្ស។
អាទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់វិធីសាស្ត្រផ្សេងៗដើម្បីបំភាន់ និងត្រួតត្រាមនុស្ស។ វាមិនមែនគ្រាន់តែជាការប៉ប្រិចភ្នែក ឬពាក្យសម្ដីពីរបីម៉ាត់ ដែលអាចធ្វើឱ្យមនុស្សធ្វើតាមគេនោះទេ វាមិនធម្មតាបែបនេះទាល់តែសោះ។ មិនថាវាជាការត្រួតត្រាមនុស្ស ឬការត្រួតត្រាលើផ្នែកណាមួយនៃអំណាច ដូចជាការសម្រេចចិត្តលើបុគ្គលិក បញ្ហាហិរញ្ញវត្ថុ ឬសិទ្ធិសម្រេចចុងក្រោយនោះទេ គេនឹងប្រើប្រាស់ល្បិចកលផ្សេងៗ ហើយគេពិតជានឹងមិនធ្វើរឿងទាំងនេះតែម្ដងម្កាលឡើយ ប៉ុន្តែនឹងខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីបង្អួតខ្លួន និងធ្វើបន្ទាល់ពីខ្លួនឯង រហូតដល់មនុស្សកោតសរសើរ ហើយបោះឆ្នោតជ្រើសរើសគេ បន្ទាប់មកអំណាចនោះនឹងក្លាយជារបស់គេ។ គេបានចំណាយពេលមួយរយៈដើម្បីសម្រេចគោលដៅនេះ។ វិធីសាស្ត្រមួយទៀតដែលអាទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ដើម្បីបំភាន់ និងត្រួតត្រាមនុស្ស គឺការអួតសម្ញែងខ្លួនឥតឈប់ឈរ និងធ្វើឱ្យមនុស្សគ្រប់គ្នាស្វែងយល់អំពីពួកគេ ព្រមទាំងធ្វើឱ្យមនុស្សកាន់តែច្រើនដឹងពីការចូលរួមចំណែករបស់ពួកគេចំពោះដំណាក់របស់ព្រះជាម្ចាស់។ ឧទាហរណ៍៖ ពួកគេអាចនិយាយថា៖ «ពីមុន ខ្ញុំបានរកនឹកឃើញវិធីសាស្ត្រមួយចំនួនសម្រាប់ការផ្សាយដំណឹងល្អ ហើយវាបានបង្កើនប្រសិទ្ធភាពនៃការផ្សាយដំណឹងល្អ។ សព្វថ្ងៃនេះ ពួកជំនុំផ្សេងទៀតមួយចំនួនក៏កំពុងអនុវត្តតាមវិធីសាស្ត្រទាំងនេះដែរ»។ ក្នុងតថភាព ពួកជំនុំផ្សេងៗបានទាញយកបទពិសោធជាច្រើនគួរសមក្នុងការផ្សាយដំណឹងល្អ ប៉ុន្តែអាទទឹងនឹងព្រះគ្រីស្ទបន្តអួតអាងអំពីការសម្រេចចិត្តដ៏ត្រឹមត្រូវ និងសមិទ្ធផលរបស់ខ្លួន ដោយប្រាប់មនុស្សពីរឿងទាំងនេះ សង្កត់ធ្ងន់លើរឿងទាំងនេះ និងនិយាយរឿងទាំងនេះដដែលៗនៅគ្រប់ទីកន្លែងដែលគេទៅ រហូតដល់មនុស្សគ្រប់គ្នាបានដឹង។ តើគេមានគោលដៅអ្វី? គឺដើម្បីកសាងមុខមាត់ និងកិត្យានុភាពរបស់ខ្លួន ដើម្បីទទួលបានការសរសើរ ការគាំទ្រ និងការកោតសរសើរពីមនុស្សកាន់តែច្រើន ហើយដើម្បីធ្វើឱ្យមនុស្សងាកមករកពួកគេក្នុងរឿងគ្រប់យ៉ាង។ តើការណ៍នេះមិនបានសម្រេចនូវគោលដៅរបស់អាទទឹងនឹងព្រះគ្រីស្ទ ក្នុងការបំភាន់ និងត្រួតត្រាមនុស្សទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទភាគច្រើនប្រព្រឹត្តតាមរបៀបនេះ ដោយដើរតួនាទីក្នុងការបំភាន់ ដាក់អន្ទាក់ និងត្រួតត្រាមនុស្ស។ មិនថានៅក្នុងពួកជំនុំ ក្រុមមនុស្ស ឬកន្លែងធ្វើការណាក៏ដោយ ពេលណាអាទទឹងនឹងព្រះគ្រីស្ទលេចមុខមក មនុស្សភាគច្រើនចាប់ផ្ដើមថ្វាយបង្គំ និងកោតសរសើរពួកគេដោយមិនដឹងខ្លួន។ ពេលណាពួកគេជួបប្រទះការលំបាក ដែលពួកគេមានអារម្មណ៍ច្រឡំបល់ និងត្រូវការនរណាម្នាក់ដើម្បីផ្ដល់ការណែនាំ ជាពិសេសក្នុងស្ថានភាពដ៏លំបាកដែលត្រូវធ្វើការសម្រេចចិត្ត ពួកគេនឹងនឹកឃើញដល់អាទទឹងនឹងព្រះគ្រីស្ទដែលមានអំណោយទាននោះ។ ពួកគេជឿនៅក្នុងចិត្តថា៖ «ឱ្យតែមានគេនៅទីនេះ នោះវានឹងមិនអីទេ។ មានតែពួកគេទេដែលអាចផ្ដល់ដំបូន្មាន និងសំណើដើម្បីជួយយើងឱ្យឆ្លងកាត់ការលំបាកនេះបាន។ គេមានគំនិត និងដំណោះស្រាយច្រើនជាងគេ បទពិសោធរបស់គេគឺសម្បូរបែបជាងគេ ហើយគំនិតរបស់ពួកគេគឺរហ័សរហួនជាងគេ»។ តើការដែលមនុស្សទាំងនេះអាចថ្វាយបង្គំអាទទឹងនឹងព្រះគ្រីស្ទដល់កម្រិតនេះ មិនមានទំនាក់ទំនងផ្ទាល់ទៅនឹងទម្លាប់នៃការអួតសម្ញែងខ្លួន ការសម្ដែង និងការដើរអួតបង្ហាញខ្លួនរបស់គេទេឬ? ប្រសិនបើគេបង្ហាញចេញភាពត្រឹមត្រូវនៅក្នុងពាក្យសម្ដី និងសកម្មភាពរបស់គេ ប្រសិនបើគេជាមនុស្សដែលផ្ដោតអារម្មណ៍ និងខិតខំធ្វើការ ប្រសិនបើគេនិយាយតិច និងធ្វើការយ៉ាងឧស្សាហ៍ព្យាយាម ដោយមិនដែលផ្សព្វផ្សាយ ឬ អួតសម្ញែងខ្លួន ហើយរឹតតែមិនអួតអាងទៀតនោះ នោះគេនឹងមិនអាចបំភាន់មនុស្ស និងធ្វើឱ្យមនុស្សឱ្យតម្លៃ និងកោតសរសើរគេឡើយ។ ដូច្នេះ ហេតុអ្វីបានជាមនុស្សមួយចំនួនដែលមានភាពស្មោះត្រង់គួរសម ហើយអាចអនុវត្តសេចក្ដីពិត និងធ្វើការយ៉ាងឧស្សាហ៍ព្យាយាម កម្រនឹងត្រូវបានបោះឆ្នោតជ្រើសរើសជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការម៉្លេះ? នោះក៏ព្រោះតែមនុស្សភាគច្រើនខ្វះតថភាពនៃសេចក្ដីពិត និងមិនជំនាញខាងការញែកដឹង។ មនុស្សមានទំនោរចូលចិត្តអ្នកដែលមានអំណោយទាន មានវោហារសាស្ត្រ និងមានចំណូលចិត្តក្នុងការអួតសម្ញែងខ្លួន។ ជាពិសេស ពួកគេច្រណែន និងពេញចិត្តចំពោះមនុស្សបែបនេះណាស់ ហើយពួកគេចូលចិត្តប្រាស្រ័យទាក់ទងជាមួយពួកគេ។ ជាលទ្ធផល ពួកទទឹងនឹងព្រះគ្រីស្ទក្លាយជាកម្មវត្ថុនៃការថ្វាយបង្គំ និងកោតសរសើរសម្រាប់មនុស្សភាគច្រើនដោយធម្មជាតិ។ ទោះជាយ៉ាងណាក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទមានសំណុំវិធីសាស្ត្រសម្រាប់ត្រួតត្រាមនុស្ស ហើយពួកគេមិនស្ទាក់ស្ទើរក្នុងការចំណាយពេលវេលា និងកម្លាំងដើម្បីកសាងឋានៈ និងមុខមាត់របស់ពួកគេនៅក្នុងដួងចិត្តរបស់មនុស្សឡើយ សុទ្ធតែមានជាមួយនឹងគោលដៅចុងក្រោយនៃការទទួលបានការត្រួតត្រាលើមនុស្ស។ តើអាទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីខ្លះ មុនពេលសម្រេចបានគោលដៅនេះ? តើគេមានអាកប្បកិរិយាបែបណាចំពោះឋានៈ? វាមិនមែនជាការចូលចិត្ត ឬការចង់បានធម្មតានោះទេ វាគឺជាផែនការរយៈពេលវែង ជាចេតនាដ៏ច្បាស់លាស់ដើម្បីទទួលបានវា។ គេ ជាប់ជំពាក់ចិត្តនឹងភាពសំខាន់ជាពិសេសចំពោះអំណាច និងឋានៈ ហើយចាត់ទុកឋានៈជាលក្ខខណ្ឌជាមុន សម្រាប់សម្រេចគោលដៅនៃការបំភាន់ និងត្រួតត្រាមនុស្ស។ នៅពេលពួកគេទទួលបានឋានៈ ការរីករាយនឹងផលប្រយោជន៍ទាំងអស់របស់វា គឺជារឿងធម្មតាទៅហើយ។ ហេតុដូច្នេះហើយ សមត្ថភាពរបស់អាទទឹងនឹងព្រះគ្រីស្ទក្នុងការបំភាន់ និងត្រួតត្រាមនុស្ស គឺជាលទ្ធផលនៃការរៀបចំយ៉ាងយកចិត្តទុកដាក់។ វាមិនមែនដោយសារតែពួកគេដើរលើផ្លូវនេះដោយចៃដន្យទាល់តែសោះ អ្វីគ្រប់យ៉ាងដែលគេធ្វើ គឺមានគោលបំណង មានការគិតទុកជាមុន និងមានការគណនាយ៉ាងប្រុងប្រយ័ត្ន។ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ការទទួលបានអំណាច និងការសម្រេចគោលដៅរបស់ពួកគេក្នុងការត្រួតត្រាមនុស្ស គឺជារង្វាន់ ពោលគឺ នេះគឺជាលទ្ធផលដែលពួកគេប្រាថ្នាចង់បានបំផុត។ ការដេញតាមអំណាច និងឋានៈរបស់ពួកគេ គឺមានការជំរុញទឹកចិត្ត មានគោលបំណង មានចេតនា និងត្រូវបានគ្រប់គ្រងដោយខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពោលគឺ នៅពេលពួកគេនិយាយ ឬធ្វើសកម្មភាព ពួកគេមានគោលបំណង និងចេតនាយ៉ាងខ្លាំង ហើយគោលដៅរបស់ពួកគេត្រូវបានកំណត់ជាពិសេស។ ឧទាហរណ៍៖ ពួកគេអួតអាងអំពីការធ្លាប់ធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការនៅកម្រិតណាមួយ ទទួលបានមនុស្សចំនួនណាមួយតាមរយៈការផ្សាយដំណឹងល្អ ឬបានបង្កើតវិធីសាស្ត្រគំរូផ្សេងៗសម្រាប់ការផ្សាយដំណឹងល្អ ពួកគេអួតសម្ញែងពីបទពិសោធ និងលក្ខណៈសម្បត្តិរបស់ពួកគេ។ តើពួកគេគិតអ្វីខ្លះនៅពេលពួកគេអួតអាង? តើអ្វីជាចេតនាលាក់កំបាំងរបស់ពួកគេ? តើពួកគេមិនបានគិតគូរទេឬ ថាតើពាក្យសម្ដីអ្វីដែលពួកគេគួរប្រើ ហើយតើពួកគេគួរលាយឡំសេចក្ដីពិតជាមួយនឹងការកុហកយ៉ាងដូចម្តេច? ពាក្យសម្ដីរបស់ពួកគេមិនមែនចេះតែនិយាយផ្ដេសផ្ដាសនោះទេ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយសុទ្ធតែមានគោលបំណង ហើយវាពិតជាមិនមែនគ្រាន់តែជារឿងនៃការសរសើរខ្លួនឯងប៉ុណ្ណោះទេ។ ពាក្យសម្ដីរបស់ពួកគេអាចស្ដាប់ទៅហាក់ដូចជាមានការថ្លឹងថ្លែង និងមានគោលដៅជាពិសេស ដោយបង្ហាញពីការយល់ដឹងយ៉ាងច្បាស់អំពីភាពសមរម្យ។ ជាឧទាហរណ៍ ប្រសិនបើពួកគេជួបប្រទះបុគ្គលដែលយល់ពីសេចក្ដីពិត នោះចិត្តរបស់ពួកគេមានការប្រុងប្រយ័ត្ន ពួកគេនឹងមិននិយាយ ឬធ្វើរឿងដោយខ្ជីខ្ជា នៅចំពោះមុខអ្នកទាំងនោះឡើយ ដោយខ្លាចថាពួកគេនឹងត្រូវបានញែកដឹង។ ពួកគេនឹងមានវិន័យជាងមុន។ ក៏ប៉ុន្តែ ប្រសិនបើពួកគេកំពុងប្រាស្រ័យទាក់ទងជាមួយអ្នកជឿថ្មី ឬអ្នកជឿសាមញ្ញ ពួកគេនឹងពិចារណាយ៉ាងយកចិត្តទុកដាក់នូវអ្វីដែលត្រូវនិយាយទៅកាន់បុគ្គលទាំងនេះ។ ប្រសិនបើពួកគេកំពុងប្រាស្រ័យទាក់ទងជាមួយពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ពួកគេនឹងគិតគូរពីអ្វីដែលត្រូវនិយាយទៅកាន់ក្រុមនេះ។ ប្រសិនបើពួកគេកំពុងប្រាស្រ័យទាក់ទងជាមួយអស់អ្នកដែលយល់ពីចំណេះដឹងវិជ្ជាជីវៈ ពួកគេនឹងពិចារណាពីអ្វីដែលត្រូវនិយាយទៅកាន់មនុស្សទាំងនេះ។ ពួកគេប៉ិនប្រសប់យ៉ាងខ្លាំងចំពោះរឿងខាងក្រៅ ដោយដឹងថាត្រូវនិយាយពាក្យអ្វីទៅកាន់នរណា និងដឹងពីរបៀប បញ្ជូនសារឱ្យមានប្រសិទ្ធភាព គឺពួកគេច្បាស់លាស់យ៉ាងខ្លាំងអំពីរឿងទាំងអស់នេះ។ និយាយម្យ៉ាងទៀត ពួកទទឹងនឹងព្រះគ្រីស្ទតែងតែមានចេតនាជាក់លាក់ជានិច្ច នៅពេលពួកគេធ្វើសកម្មភាព។ ពាក្យសម្ដី សកម្មភាព និង ការប្រព្រឹត្តរបស់ពួកគេ សូម្បីតែការជ្រើសរើសការប្រើពាក្យពេចន៍ជាក់លាក់ខណៈពេលពួកគេនិយាយ ក៏សុទ្ធតែមានចេតនាដែរ។ ពួកគេមិនមែនប្រព្រឹត្តដោយសារតែការបញ្ចេញឱ្យឃើញមួយភ្លែតនូវសេចក្ដីពុករលួយ កម្ពស់តូចទាប ភាពល្ងង់ខ្លៅ ឬភាពមិនដឹងអី ដោយនិយាយផ្ដេសផ្ដាសនៅគ្រប់ទីកន្លែងដែលពួកគេទៅនោះទេ វាមិនមែនបែបនេះទាល់តែសោះ។ តាមរយៈការពិនិត្យពិច័យ វិធីសាស្ត្ររបស់ពួកគេ របៀបធ្វើរឿងរ៉ាវរបស់ពួកគេ និងការជ្រើសរើសពាក្យសម្ដីរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមើលទៅពិតជាវៀចវេរ និងទុច្ចរិតណាស់។ ដើម្បីប្រយោជន៍នៃឋានៈផ្ទាល់ខ្លួនរបស់ខ្លួន និងដើម្បីសម្រេចគោលដៅរបស់ពួកគេក្នុងការត្រួតត្រាមនុស្ស ពួកគេចាប់យកគ្រប់ឱកាសដើម្បីអួតសម្ញែង ទាញយកប្រយោជន៍ពីគ្រប់រឿងតូចតាច ហើយពួកគេនឹងមិនបណ្ដោយឱ្យកន្លងផុតឱកាសសូម្បីតែមួយឡើយ។ ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សបែបនេះនឹងបង្ហាញឱ្យឃើញលក្ខណៈទាំងនេះនៅចំពោះមុខខ្ញុំដែរឬទេ? (មែនហើយ។) ហេតុអ្វីបានជាអ្នករាល់គ្នានិយាយថាពួកគេនឹងធ្វើបែបនេះ? (ពីព្រោះសារជាតិធម្មជាតិរបស់ពួកគេគឺការអួតសម្ញែង។) តើការអួតសម្ញែង គឺជាគោលដៅចុងក្រោយសម្រាប់អាទទឹងនឹងព្រះគ្រីស្ទមែនទេ? តើគេមានគោលដៅអ្វីក្នុងការអួតសម្ញែង? គេចង់ទទួលបានឋានៈ ហើយនេះគឺជាអ្វីដែលពួកគេចង់មានន័យ៖ «តើអ្នកមិនដឹងទេឬថាខ្ញុំជានរណា? មើលរឿងដែលខ្ញុំបានធ្វើចុះ គឺខ្ញុំនេះហើយដែលបានធ្វើរឿងល្អៗទាំងនេះ ខ្ញុំបានចូលរួមចំណែកយ៉ាងច្រើនចំពោះដំណាក់របស់ព្រះ។ ឥឡូវនេះ ដោយសារអ្នកបានដឹងហើយ តើអ្នកមិនគួរផ្ដល់ការងារសំខាន់ជាងនេះឱ្យខ្ញុំទេឬ? តើអ្នកមិនគួរឱ្យតម្លៃខ្ញុំខ្ពស់ទេឬ? តើអ្នកមិនគួរពឹងផ្អែកលើខ្ញុំក្នុងរឿងគ្រប់យ៉ាងដែលអ្នកធ្វើទេឬ?» តើនេះមិនមែនជាការគិតទុកជាមុន ទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទចង់ត្រួតត្រាអ្នកណាក៏ដោយ មិនថាពួកគេជានរណានោះទេ។ តើមានពាក្យអ្វីផ្សេងទៀតសម្រាប់ការត្រួតត្រា? គ្រប់គ្រងដោយប្រើឧបាយកល ចាត់ទុកដូចជាកូនអុក ពោលគឺ ពួកគេគ្រាន់តែចង់គ្រប់គ្រងអ្នកប៉ុណ្ណោះ។ ឧទាហរណ៍៖ នៅពេលបងប្អូនប្រុសស្រីសរសើររឿងអ្វីមួយថាធ្វើបានល្អ អាទទឹងនឹងព្រះគ្រីស្ទនិយាយភ្លាមថាគេជាអ្នកធ្វើវា ដោយធ្វើឱ្យមនុស្សគ្រប់គ្នាអរគុណគេ។ តើមនុស្សដែលសមហេតុផលពិតប្រាកដនឹងប្រព្រឹត្តបែបនេះដែរឬទេ? មិនប្រព្រឹត្តបែបនេះទាល់តែសោះ។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទធ្វើរឿងល្អបានបន្តិចបន្តួច ពួកគេចង់ឱ្យមនុស្សគ្រប់គ្នាដឹងពីរឿងនេះ ឱ្យតម្លៃពួកគេខ្ពស់ និងសរសើរពួកគេ នេះទើបធ្វើឱ្យពួកគេពេញចិត្ត។ មិនថាពួកគេធ្វើអ្វីក៏ដោយ ពួកគេប្រាថ្នាចង់ទទួលបានការសរសើរ និងការថ្វាយបង្គំពីមនុស្ស ហើយពួកគេសុខចិត្តស៊ូទ្រាំនឹងរឿងអ្វីក៏ដោយដើម្បីទទួលបានវា។ ដើម្បីប្រយោជន៍ឋានៈ និងអំណាច ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនបណ្ដោយឱ្យឱកាសណាមួយក្នុងការអួតសម្ញែងកន្លងផុតទៅឡើយ ទោះបីជាការអួតសម្ញែងរបស់ពួកគេមើលទៅល្ងង់ខ្លៅ ឬវិធីសាស្ត្ររបស់ពួកគេច្រឡោះបោះ ហើយទទួលបានការមើលងាយពីអ្នកដទៃក៏ដោយ ក៏ពួកគេនៅតែមិនបោះបង់ឱកាសបែបនេះដែរ។ ស្រដៀងគ្នានេះដែរ ពួកគេប្រើប្រាស់គ្រប់មធ្យោបាយចាំបាច់ដើម្បីសម្រេចគោលដៅរបស់ពួកគេក្នុងការត្រួតត្រាមនុស្ស ហើយខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចរឿងនេះ។ ពួកគេខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងគិតទាល់តែចង់បែកក្បាលដើម្បីបង្កើតផែនការអាក្រក់របស់ពួកគេ។ នៅពេលពួកគេធ្វើរឿងល្អអ្វីមួយ ពួកគេបន្តអួតអាង និងបង្ហាញវាប្រាប់គេឯងនៅគ្រប់ទីកន្លែង។ ប្រសិនបើអ្នកដទៃបានធ្វើរឿងល្អអ្វីមួយ ពួកគេច្រណែននឹងរឿងនោះ ហើយព្យាយាមធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីទាញយករឿងនោះមកជារបស់ខ្លួន ឬនិយាយថាពួកគេមានចំណែកនៅក្នុងរឿងនោះ ដើម្បីយកស្នាដៃសម្រាប់ខ្លួនឯង។ សរុបមក ពួកទទឹងនឹងព្រះគ្រីស្ទមានល្បិចកលសម្រាប់ត្រួតត្រាមនុស្ស។ វាពិតជាមិនមែនជាការបោកបញ្ឆោតមួយភ្លែតនោះទេ ហើយវាក៏មិនមែនជាសកម្មភាពតែម្ដងម្កាលនោះដែរ។ ផ្ទុយទៅវិញ ពួកគេធ្វើ និងនិយាយរឿងជាច្រើន។ ពាក្យសម្ដីរបស់ពួកគេមានលក្ខណៈបំភាន់ សកម្មភាពរបស់ពួកគេមានលក្ខណៈបំភាន់ ហើយគោលដៅចុងក្រោយរបស់ពួកគេក្នុងការធ្វើ និងនិយាយរឿងទាំងនេះ គឺដើម្បីត្រួតត្រាមនុស្ស។
តើគោលបំណងរបស់អាទទឹងនឹងព្រះគ្រីស្ទ ក្នុងការត្រួតត្រាមនុស្សគឺជាអ្វី? គឺដើម្បីទទួលបានឋានៈ និងសិទ្ធិអំណាចនៅក្នុងដួងចិត្តរបស់មនុស្ស។ នៅពេលគេមានសិទ្ធិអំណាច និងឋានៈ គេអាចរីករាយនឹងផលប្រយោជន៍នៃឋានៈ និងអត្ថប្រយោជន៍ផ្សេងៗដែលវានាំមក។ ជាឧទាហរណ៍៖ ក្នុងរដូវក្ដៅ ខណៈពេលអ្នកដទៃស្នាក់នៅក្នុងបន្ទប់ដែលគ្មានម៉ាស៊ីនត្រជាក់ គេមានសិទ្ធិស្នាក់នៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ នៅពេលហូបបាយ ខណៈពេលអ្នកដទៃមានបន្លែ និងបាយតែមួយមុខ គេមានសិទ្ធិបន្ថែមសាច់ និងស៊ុបបន្តិចបន្តួច។ នៅពេលចូលទៅក្នុងបន្ទប់ដែលគ្មានកន្លែងអង្គុយ អ្នកដទៃត្រូវអង្គុយនៅលើឥដ្ឋ ដោយទុកកៅអីតែមួយគត់ដែលត្រូវបានបម្រុងទុកសម្រាប់គេ។ ការប្រព្រឹត្តចំំពោះដ៏ពិសេសនេះគឺជាលទ្ធផលនៃឋានៈរបស់គេ ហើយគេរីករាយនឹងការបណ្ដោយខ្លួនទៅតាមផលប្រយោជន៍ដែលកើតចេញពីឋានៈនោះ។ ជាការពិតណាស់ អត្ថប្រយោជន៍ និងការសោយសុខទាំងនេះ គឺមិនទាន់គ្រប់គ្រាន់ដើម្បីបំពេញមហិច្ឆតារបស់គេឡើយ។ គេមិនត្រឹមតែត្រូវការផលប្រយោជន៍ខាងសម្ភារៈដែលឋានៈរបស់គេផ្ដល់ឱ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការភាពចង់បានមុខមាត់ ការពេញចិត្ត និងអារម្មណ៍សុវត្ថិភាពដែលវានាំមកដល់ពិភពខាងក្នុងរបស់គេផងដែរ។ តើអស់អ្នកដែលត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ ទាក់ទាញ និងត្រួតត្រា មានឥរិយាបថបែបណាខ្លះ? ពួកគេប្រៀបធៀបឋានៈ អំណាច អំណោយទាន និងសមត្ថភាពរបស់គ្នាទៅវិញទៅមក ព្រមទាំងប្រវត្តិគ្រួសារ និងវណ្ណៈ ហើយពួកគេប្រកួតប្រជែងគ្នាថាតើនរណារកនឹកឃើញគំនិតទុច្ចរិតបានច្រើនជាង និងថាតើគំនិតរបស់នរណារហ័សរហួនជាង។ ពួកទទឹងនឹងព្រះគ្រីស្ទនៃសាសនា ក៏ប្រកួតប្រជែងគ្នាថាតើនរណាអធិដ្ឋានបានយូរជាងគេដែរ។ ប្រសិនបើម្នាក់អធិដ្ឋានដប់នាទី ម្នាក់ទៀតនឹងអធិដ្ឋានម្ភៃនាទី ហើយក្នុងអំឡុងពេលជួបជុំ ពួកគេប្រហែលជាមិនធ្វើអ្វីផ្សេងក្រៅពីអធិដ្ឋានឥតឈប់ឈរឡើយ ដែលស្រដៀងនឹងមនុស្សដែលសូត្រធម៌នៅក្នុងវត្តសាសនាព្រះពុទ្ធអ៊ីចឹង ដោយបញ្ចេញសូរខ្សឹបៗមិនឈប់។ តើព្រះជាម្ចាស់ស្ដាប់ការអធិដ្ឋានបែបនេះដែរឬទេ? ដោយវិនិច្ឆ័យតាមរបៀបដែលពួកគេអធិដ្ឋាន ព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការលើពួកគេឡើយ។ ពួកគេមើលថាតើនរណាអាចអធិដ្ឋានបានយូរជាងគេ នរណាអាចអធិដ្ឋានដោយសំឡេងខ្លាំងជាងគេ ដែលអាចគ្របដណ្ដប់ឈ្នះលើអ្នកដទៃបាន។ តើនេះមិនមែនជាភាពឆ្កួតលីលាទាំងស្រុងទេឬ? សកម្មភាពរបស់ពួកគេគឺមិនគួរឱ្យជឿ និងមិនសមហេតុផលឡើយ។ ទាំងនេះគឺជាការបង្ហាញចេញដែលត្រូវបានមើលឃើញជាចម្បងនៅក្នុងអស់អ្នកដែលត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងត្រួតត្រា។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទដឹកនាំមនុស្ស នេះគឺជាលទ្ធផលដែលកើតមានឡើង។ ហេតុដូច្នេះហើយ ប្រសិនបើអ្នកត្រូវបានអាទទឹងនឹងព្រះគ្រីស្ទបំភាន់ និងត្រួតត្រា អ្នកនឹងកោតសរសើរគេ ដើរតាមគេ និងស្ដាប់បង្គាប់គេក្នុងរឿងគ្រប់យ៉ាង។ អ្នកនឹងមិនស្ដាប់នរណាម្នាក់ផ្សេងទៀតឡើយ ទោះបីជាព្រះជាម្ចាស់កំពុងមានព្រះបន្ទូលក៏ដោយ។ ទាំងនេះនឹងក្លាយជាឥរិយាបថដែលអ្នកបង្ហាញចេញមក។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទត្រួតត្រាមនុស្ស វាហាក់ដូចជាសាតាំងកំពុងគ្រប់គ្រងលើពួកគេអ៊ីចឹង។ ប្រសិនបើអ្នកស្ថិតក្រោមការត្រួតត្រារបស់សាតាំង ហើយប្រសិនបើមានកន្លែងនៅក្នុងដួងចិត្តរបស់អ្នកសម្រាប់មនុស្ស និងមានកន្លែងសម្រាប់សាតាំង នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការលើអ្នកឡើយ ពោលគឺ ទ្រង់នឹងបោះបង់អ្នកចោល។ តើអ្នកមិនចូលចិត្តដើរតាមពួកទទឹងនឹងព្រះគ្រីស្ទទេឬ? តើអ្នកមិនចូលចិត្តកោតសរសើរពួកគេទេឬ? តើអ្នកមិនចូលចិត្តទទួលយកការត្រួតត្រា និងការគ្រប់គ្រងដោយប្រើឧបាយកលរបស់ពួកគេទេឬ? នោះអ្នកនឹងត្រូវបានប្រគល់ទៅឱ្យពួកគេ។ ប្រសិនបើអ្នកជឿថា អ្វីក៏ដោយដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយគឺជាសេចក្ដីពិត នោះអ្នកអាចស្ដាប់ពួកគេ និងដើរតាមពួកគេ ហើយអ្នកនឹងត្រូវបានប្រគល់ទៅឱ្យពួកគេ។ ទោះជាយ៉ាងនេះក្តី អ្នកត្រូវតែទទួលខុសត្រូវចំពោះខ្លួនឯងសម្រាប់ផលវិបាកទាំងនោះ។ ប្រសិនបើថ្ងៃណាមួយ អ្នកមិនទទួលបានសេចក្ដីសង្គ្រោះទេ កុំទម្លាក់កំហុសលើព្រះជាម្ចាស់ ឬត្អូញត្អែរអំពីទ្រង់ឡើយ រឿងនេះគ្មានពាក់ព័ន្ធអ្វីនឹងព្រះជាម្ចាស់ទេ។ វាគឺជាជម្រើសរបស់អ្នកផ្ទាល់ ហើយអ្នកត្រូវតែបង់ថ្លៃសម្រាប់ជម្រើសរបស់អ្នក។
យើងបានប្រកបគ្នាស្ទើរតែរួចរាល់ហើយអំពីការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងការត្រួតត្រាមនុស្ស។ មនុស្សត្រូវតែយល់ពីអត្ថន័យនៃការត្រូវបានត្រួតត្រា។ នៅខាងក្រៅ មើលទៅហាក់ដូចជាមនុស្សមួយចំនួនកំពុងដើរតាមព្រះជាម្ចាស់ ស្ដាប់សេចក្ដីអធិប្បាយរបស់ទ្រង់ ហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ រស់នៅក្នុងជីវិតពួកជំនុំ និងបំពេញភារកិច្ចរបស់ខ្លួន ហើយថាពួកគេមិនបានចាកចេញពីដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ ហេតុអ្វីបានជាពួកគេត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទត្រួតត្រា? នោះក៏ព្រោះតែជាចម្បង ពួកគេខ្វះសេចក្ដីពិត។ ទីមួយ មនុស្សទាំងនេះត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ ហើយបន្ទាប់មកក៏ចាប់ផ្ដើមថ្វាយបង្គំពួកគេយ៉ាងខ្លាំង ដែលនាំឱ្យត្រូវបានត្រួតត្រាដោយពួកគេ។ តើការត្រូវបានត្រួតត្រាមានន័យដូចម្ដេច? វាមានន័យថា ត្រូវបានពួកគេអូសទាញ និងរឹតត្បិត។ ទោះបីជាអ្នកកំពុងបំពេញភារកិច្ចរបស់អ្នកក៏ដោយ ខណៈពេលអ្នកកំពុងស្វែងរកគោលការណ៍សេចក្ដីពិតក្នុងការបំពេញភារកិច្ច អ្នកត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់។ នៅពេលការលើកឡើង និងទស្សនៈរបស់ពួកគេកាន់តែស្របនឹងសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់អ្នក នោះអ្នកកាន់តែចាត់ទុកថាវាត្រឹមត្រូវ និងស្របតាមសេចក្ដីពិត ហើយអ្នកឈប់ស្វែងរកគោលការណ៍សេចក្ដីពិត លែងចង់គិតដោយឯករាជ្យ និងលែងផ្អែកការអនុវត្តរបស់អ្នកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតហើយ។ អ្នកជឿថាទស្សនៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទមិនមានកំហុសទាល់តែសោះ ហើយអ្នកបញ្ជាក់ពីភាពត្រឹមត្រូវរបស់វាដោយអស់ពីចិត្ត។ នៅពេលរឿងនេះកើតឡើង ប្រសិនបើអ្នកពិតជាអនុវត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន នោះអ្នកមានអារម្មណ៍ថាមិនស្រួល និងមិនស្ងប់ចិត្តឡើយ។ អ្នកមានអារម្មណ៍ថាអ្នកបានធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទខកចិត្ត ហើយថាអ្នកមិនអាចប្រព្រឹត្តបែបនេះបានជាដាច់ខាត។ តើអ្នកមិនកំពុងត្រូវបានរឹតត្បិតទាំងស្រុងដោយការលើកឡើង និងទស្សនៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬ? នៅពេលអ្នកធ្វើរឿងអ្វីមួយ អ្នកមិនដឹងពីរបៀបវិនិច្ឆ័យ ស្វែងរក ឬគោរពតាមដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ អ្នកមិនដឹងពីរបៀបធ្វើបែបនេះទេ ហើយអ្នកក៏មិនហ៊ានធ្វើវាដែរ។ ហេតុអ្វីបានជាអ្នកមិនដឹងពីរបៀបធ្វើ ហើយហេតុអ្វីបានជាអ្នកមិនហ៊ាន? ពួកទទឹងនឹងព្រះគ្រីស្ទមិនទាន់បាននិយាយនៅឡើយទេ ពួកគេមិនទាន់បានផ្ដល់ការសម្រេចចិត្ត ឬឈានដល់ការសន្និដ្ឋានណាមួយសម្រាប់អ្នកនៅឡើយទេ ហើយពួកគេមិនទាន់បានប្រាប់អ្នកពីលទ្ធផល ឬចង្អុលបង្ហាញទិសដៅណាមួយដល់អ្នកនៅឡើយទេ។ នោះហើយជាមូលហេតុដែលអ្នកមិនហ៊ានប្រព្រឹត្តតាមការយល់ដឹងរបស់អ្នក ហើយអ្នកខ្លាចដើរខុសផ្លូវ ខ្លាចធ្វើរឿងខុស។ តើអ្នកមិនកំពុងត្រូវបានត្រួតត្រាទេឬ? ហេតុអ្វីបានជាអ្នកតែងតែភ័យខ្លាចម៉្លេះ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាមិនច្បាស់លាស់មែនឬ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានប្រាប់អ្នកពីគោលការណ៍ ឬប្រាប់អ្នកពីអ្វីដែលត្រូវធ្វើទេឬ? ហេតុអ្វីបានជាអ្នកមិនអើពើនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅតែរឹងរូសស្ដាប់ពួកទទឹងនឹងព្រះគ្រីស្ទ? អ្នកកំពុងត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងត្រួតត្រាហើយ។ ឧទាហរណ៍៖ ខ្ញុំបានប្រាប់នរណាម្នាក់ឱ្យសាងសង់ជញ្ជាំងមួយ ដោយបញ្ជាក់ពីកម្ពស់ ប្រវែង និងទីតាំងរបស់វា។ បន្ទាប់មក អាទទឹងនឹងព្រះគ្រីស្ទម្នាក់បានមកដល់ ហើយបាននិយាយថា៖ «កម្ពស់ជញ្ជាំងនេះមិនអីទេ ប៉ុន្តែមានបញ្ហាមួយនៅទីនេះ។ ប្រសិនបើអ្នកសាងសង់វាបែបនេះ តើវានឹងរលំដែរឬទេនៅពេលមានខ្យល់បក់មក?» ពេលឮដូច្នេះ បុគ្គលនោះក៏បាននិយាយថា៖ «នេះជាចំណុចល្អមួយ តើវាអាចរលំដែរឬទេ? ព្រះជាម្ចាស់មិនបានមានព្រះបន្ទូលទេ ដូច្នេះខ្ញុំនឹងមិនទាន់សាងសង់វាឡើយ»។ ពេលខ្ញុំបានទៅពិនិត្យមើលពួកគេនៅពេលក្រោយ ខ្ញុំបានសួរថា៖ «ហេតុអ្វីបានជាអ្នកមិនទាន់សាងសង់ជញ្ជាំងនេះ? ប៉ុន្មានថ្ងៃកន្លងផុតទៅហើយ តែវានៅតែមិនទាន់បានសាងសង់រួចរាល់ តើអ្នកមិនកំពុងពន្យារពេលកិច្ចការទេឬ?» គេបានឆ្លើយតបថា មាននរណាម្នាក់បានលើកឡើងពីក្ដីបារម្ភអំពីការដែលជញ្ជាំងនេះអាចនឹងត្រូវខ្យល់បក់រលំ។ ខ្ញុំបានប្រាប់ពួកគេឱ្យប្រើសសរមួយសម្រាប់ទប់ ប្រសិនបើពួកគេបារម្ភពីខ្យល់ ហើយគេក៏ចងចាំរឿងនេះទុកក្នុងចិត្ត។ ក្រោយមក អាទទឹងនឹងព្រះគ្រីស្ទបានត្រឡប់មករំខានគេម្ដងទៀត ដោយនិយាយថា៖ «តើសសរមួយគ្រប់គ្រាន់ដែរឬទេ? តើអ្នកមិនគួរប្រើសសរពីរទេឬ?» បុគ្គលនោះបានពិចារណារឿងនេះ ដោយគិតថាព្រះជាម្ចាស់គ្រាន់តែមានព្រះបន្ទូលឱ្យប្រើសសរមួយប៉ុណ្ណោះ មិនមែនពីរទេ ហើយជាថ្មីម្ដងទៀតនេះ គេក៏មិនដឹងថាត្រូវធ្វើអ្វីដែរ។ បន្ទាប់ពីត្រូវបានអាទទឹងនឹងព្រះគ្រីស្ទបំភាន់ និងរំខានយ៉ាងខ្លាំងបែបនេះ ពាក្យពេចន៍ទាំងអស់ដែលខ្ញុំបានថ្លែងពីមុនមក គឺឥតប្រយោជន៍ ហើយគេមិនអាចបន្តកិច្ចការនេះបានឡើយ។ តើនេះមិនស្មើនឹងការត្រូវបានអាទទឹងនឹងព្រះគ្រីស្ទត្រួតត្រាទេឬ? តើគេគួរស្ដាប់នរណានៅក្នុងរឿងនេះ? (ស្ដាប់ព្រះជាម្ចាស់។) ចុះហេតុអ្វីបានជាគេមិនស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើគេមិនចង់ស្ដាប់ទេឬ? គេចង់ស្ដាប់ ប៉ុន្តែគេត្រូវបានបំភាន់ដោយសេចក្ដីបង្រៀនខុសឆ្គង និងសេចក្តីខុសទំនងមួយក្នុងចំណោមសេចក្ដីបង្រៀនខុសឆ្គង និងសេចក្តីខុសទំនងនានារបស់អាទទឹងនឹងព្រះគ្រីស្ទ។ នៅពេលគេត្រូវបានបំភាន់ គេបានស្ដាប់បង្គាប់អាទទឹងនឹងព្រះគ្រីស្ទ ដែលស្មើនឹងការត្រូវបានចាប់ជម្រិតដោយអាទទឹងនឹងព្រះគ្រីស្ទអ៊ីចឹង។ ប្រសិនបើឥរិយាបថ និងគំនិតរបស់គេត្រូវបានអាទទឹងនឹងព្រះគ្រីស្ទរឹតត្បិត និងដាក់ខ្នោះ នោះគេស្ថិតក្រោមការត្រួតត្រារបស់អាទទឹងនឹងព្រះគ្រីស្ទហើយ។ ទីបំផុត បុគ្គលនេះមិនបានបំពេញភារកិច្ចរបស់ខ្លួនទេ ហើយពួកគេមិនបានចុះចូលនឹងព្រះជាម្ចាស់ ឬស្ដាប់ព្រះបន្ទូលរបស់ទ្រង់ឡើយ។ តើនរណាជាអ្នកបង្កឱ្យមានលទ្ធផលនេះ? វាត្រូវបានបង្កឡើងដោយភាពមិនដឹងអីរបស់គេ ហើយមិនអាចកាត់ផ្ដាច់ពីការបំភាន់ ការរំខាន និងការត្រួតត្រារបស់អាទទឹងនឹងព្រះគ្រីស្ទឡើយ។ ដូច្នេះ តើវាមានន័យដូចម្ដេចដែលអាទទឹងនឹងព្រះគ្រីស្ទបានជ្រៀតជ្រែកបែបនេះ? គេចង់បង្ហាញពីភាពឆ្លាតវៃរបស់គេ ហើយអ្វីដែលគេពិតជានិយាយនោះគឺ៖ «ហេតុអ្វីបានជាអ្នកស្ដាប់ព្រះទាំងងងឹតងងល់ នៅពេលដែលព្រះប្រាប់អ្នកឱ្យសាងសង់ជញ្ជាំងនេះនៅទីនេះ? ហេតុអ្វីបានជាដំណើរការគិតរបស់អ្នកសាមញ្ញម៉្លេះ? ប្រសិនបើអ្នកសាងសង់ជញ្ជាំងនៅទីនេះ តើវានឹងមិនរលំទេឬ នៅពេលខ្យល់ចាប់ផ្ដើមបក់មកនោះ? ការស្ដាប់ព្រះ គឺមិនត្រឹមត្រូវដូចការស្ដាប់ខ្ញុំទេ អ្នកត្រូវតែស្ដាប់ខ្ញុំ។ ប្រសិនបើអ្នកស្ដាប់ខ្ញុំ ខ្ញុំនឹងពេញចិត្ត ប៉ុន្តែប្រសិនបើអ្នកស្ដាប់ព្រះ នោះវានឹងមិនសមស្របសម្រាប់ខ្ញុំទេ ហើយខ្ញុំនឹងមិនពេញចិត្តឡើយ។ វាមិនមិនកើតទេដែលអ្នកស្ដាប់ព្រះ តើនឹងទុកខ្ញុំចោលនៅឯណាទៅ?» គេមិនបាននិយាយរឿងនេះដោយផ្ទាល់ទេ គេបានជ្រៀតជ្រែក និងញុះញង់រឿងនេះដោយចេតនា។ បន្ទាប់ពីការជ្រៀតជ្រែករបស់ពួកគេ កិច្ចការនោះមិនអាចបញ្ចប់បានឡើយ ហើយពួកគេមើលទៅហាក់ដូចជាមានប្រាជ្ញា ដែលធ្វើឱ្យពួកគេសប្បាយចិត្ត។ នៅពេលព្រះជាម្ចាស់ប្រាប់ផ្លូវនរណាម្នាក់ឱ្យសាងសង់ជញ្ជាំង បុគ្គលនោះគួរតែសាងសង់វាភ្លាមៗ ប៉ុន្តែឥឡូវនេះ លទ្ធផលគឺថាជញ្ជាំងនោះមិនត្រូវបានសាងសង់ឡើយ។ តើនរណាជាអ្នកបង្កឱ្យមានលទ្ធផលនេះ? វាត្រូវបានបង្កឡើងដោយអាទទឹងនឹងព្រះគ្រីស្ទ បុគ្គលនេះត្រូវបានអាទទឹងនឹងព្រះគ្រីស្ទបំភាន់ រំខាន និងត្រួតត្រា។ នេះគឺស្រដៀងនឹងរបៀបដែលសត្វពស់បានល្បួងអ័ដាម និងអេវ៉ាដែរ។ ព្រះជាម្ចាស់បានមានព្រះបន្ទូលទៅកាន់អ័ដាម និងអេវ៉ាថា៖ «មិនត្រូវបរិភោគផ្លែចេញពីដើមដឹងខុសត្រូវឡើយ៖ ដ្បិតនៅថ្ងៃណាដែលអ្នកបរិភោគវា អ្នកប្រាកដជាស្លាប់មិនខាន»។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះគឺជាសេចក្ដីពិតដែរឬទេ? ព្រះបន្ទូលទាំងនេះគឺជាសេចក្ដីពិត ហើយអ្នកមិនចាំបាច់យល់ពីសារៈសំខាន់របស់វាទេ អ្នកគ្រាន់តែត្រូវស្ដាប់ និងចុះចូលប៉ុណ្ណោះ។ ទោះបីជាស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនអាចផ្លាស់ប្ដូរបានឡើយ ហើយប្រសិនបើព្រះជាម្ចាស់ចង់ឱ្យអ្នកធ្វើអ្វីមួយ នោះចូរធ្វើវាទៅ។ កុំវិភាគវាអី។ ទោះបីជាអ្នកមិនយល់ពីវាក៏ដោយ ក៏អ្នកត្រូវតែដឹងថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺត្រឹមត្រូវដែរ អ្នកត្រូវតែយល់ពីនិយមន័យនេះនៅក្នុងដួងចិត្តរបស់អ្នក។ និយាយម្យ៉ាងទៀត អ្នកត្រូវតែដឹងពីសេចក្ដីពិតនេះជាបឋម និងជាចម្បងបំផុតសិន។ មិនថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្របនឹងសញ្ញាណរបស់អ្នកផ្ទាល់ ឬអត់ មិនថាអ្នកយល់ពីព្រះបន្ទូលទាំងនោះ ឬអត់ ហើយមិនថាអ្នកអាចនឹងវង្វេងវង្វាន់យ៉ាងណាក៏ដោយ ក៏អ្នកត្រូវតែប្រកាន់ខ្ជាប់នូវព្រះបន្ទូលរបស់ទ្រង់ដែរ។ នេះគឺជា ទំនួលខុសត្រូវ និងភារកិច្ចរបស់អ្នក។ នៅពេលអ្នកបានតាំងចិត្តលើរឿងនេះហើយ តើអ្នកគួរធ្វើអ្វី នៅពេលសាតាំងមកល្បួងអ្នក? អ្នកគួរតែប្រកាន់ខ្ជាប់នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដើរតាមមាគ៌ារបស់ទ្រង់ នេះគឺជាគោលការណ៍ចម្បងបំផុត។ កុំអើពើនឹងអ្វីដែលសាតាំងនិយាយឡើយ។ តើលទ្ធផលចុងក្រោយនៃការដែលអ័ដាម និងអេវ៉ាស្ដាប់ពាក្យសម្ដីរបស់សត្វពស់ គឺជាអ្វី? ពួកគេត្រូវបានសាតាំងបំភាន់ និងត្រួតត្រា។ ដោយគ្រាន់តែប្រើពាក្យរបស់អារក្សដែល បិទបាំងភ្នែក និងស្រពេចស្រពិលមួយឃ្លាប៉ុណ្ណោះ សាតាំងអាចអូសទាញ និងត្រួតត្រាឥរិយាបថរបស់អ័ដាម និងអេវ៉ាបាន។ នេះគឺជាលទ្ធផលដែលព្រះជាម្ចាស់មិនចង់ទតឃើញឡើយ។ តើសត្វពស់មានគោលបំណងអ្វីក្នុងការនិយាយពាក្យទាំងនោះ? តាមរយៈពាក្យទាំងនេះ វាចង់ធ្វើឱ្យគំនិតរបស់មនុស្សច្របូកច្របល់ អូសទាញឥរិយាបថរបស់ពួកគេ ព្រមទាំងធ្វើឱ្យពួកគេឈប់ស្ដាប់ និងលះបង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលគំនិតសកម្មនេះត្រូវបានបណ្ដុះនៅក្នុងខួរក្បាលរបស់មនុស្ស ពួកគេក៏បានដើរតាមផ្លូវដែលវាបានចង្អុលបង្ហាញ។ តើសាតាំងមានគោលបំណងអ្វី? គឺចង់និយាយថា៖ «កុំស្ដាប់អ្វីដែលព្រះប្រាប់ឱ្យសោះ។ អ្នកត្រូវតែស្ដាប់ខ្ញុំ អ្នកត្រូវតែបរិភោគផ្លែឈើនេះ»។ ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលប្រាប់ពួកគេកុំឱ្យបរិភោគវា ចំណែកឯសាតាំងប្រាប់ពួកគេឱ្យបរិភោគវា។ នៅទីបញ្ចប់ តើអ័ដាម និងអេវ៉ាបានបរិភោគផ្លែឈើនោះដែរឬទេ? (ពួកគេបានបរិភោគ។) នេះហើយជារបៀបដែលសាតាំងបានត្រួតត្រាមនុស្ស។ នៅពេលអ្នកស្ដាប់ពាក្យរបស់អារក្សនៃ អាទទឹងនឹងព្រះគ្រីស្ទ អ្នកអាចនឹងវង្វេងវង្វាន់ និងបាត់បង់ទិសដៅ ហើយអ្នកងាយនឹងមិនស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ តើនេះមិនមែនមានន័យថា ឥរិយាបថ និងគំនិតរបស់អ្នកត្រូវបានអាទទឹងនឹងព្រះគ្រីស្ទនេះអូសទាញ និងត្រួតត្រាទេឬ? នេះហើយគឺជាអត្ថន័យនៃការត្រួតត្រា។ តើអ្នករាល់គ្នាធ្លាប់ជួបប្រទះស្ថានភាពបែបនេះដែរឬទេ? មនុស្សដែលមានចេតនាអាក្រក់មួយចំនួនឃើញថា អ្នកកំពុងបញ្ចប់កិច្ចការយ៉ាងរលូន ហើយរៀបនឹងសម្រច បានលទ្ធផល រៀបនឹងធ្វើឱ្យខ្លួនឯងលេចធ្លោ ហើយពួកគេដឹងថា ពួកគេនឹងមិនមានការចូលរួមច្រើននៅក្នុងរឿងនេះឡើយ។ ប្រសិនបើអ្នកលេចធ្លោ នោះពួកគេនឹងមិនលេចធ្លោឡើយ ដូច្នេះ ពួកគេលើកឡើងនូវទស្សនៈ ឬសំណួរដែលស្ដាប់ទៅហាក់ដូចជាសមហេតុផល ដើម្បីបំភាន់ រំខាន និងត្រួតត្រាអ្នក។ ជាលទ្ធផល អ្នកក្លាយជាវង្វេងវង្វាន់ ដោយគិតថាពាក្យសម្ដីរបស់ពួកគេក៏សមហេតុផលដែរ។ អ្នកមិនដឹងថាត្រូវធ្វើអ្វីទៀតទេ ហើយមិនអាចបន្តបំពេញភារកិច្ចរបស់អ្នកបានឡើយ ដូច្នេះ អ្នកក៏បញ្ឈប់វា។ តើនេះមិនមែនជាភាពល្ងង់ខ្លៅទេឬ? ដំបូងឡើយ នៅពេលអ្នកមិនទាន់ត្រូវបានគេបំភាន់ អ្នកមានគំនិតច្បាស់លាស់ណាស់ ហើយបានដឹងថាត្រូវធ្វើអ្វី ប៉ុន្តែពេលដែលអាទទឹងនឹងព្រះគ្រីស្ទរំខានអ្នកភ្លាម អ្នកក៏ច្របូកច្របល់ ហើយមិនដឹងពីរបៀបដោះស្រាយរឿងរ៉ាវឱ្យបានសមរម្យឡើយ។ តើមានបញ្ហាអ្វីនៅទីនេះ? (ការត្រូវបានបំភាន់។) មនុស្សដែលងាយនឹងត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទ ឬសាតាំងបំភាន់ និងត្រួតត្រា គឺជាបុគ្គលដែលមិនដឹងអី និងវង្វេងវង្វាន់។ ទាក់ទងនឹងការបង្ហាញចេញអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងត្រួតត្រាមនុស្ស តើការប្រកបគ្នារបស់យើងមានភាពជាក់លាក់គ្រប់គ្រាន់ហើយឬនៅ? អ្នកគួរតែអាចយល់បាន ហើយនៅពេលមានរឿងកើតឡើងចំពោះអ្នក អ្នកគួរតែផ្ទៀងផ្ទាត់រឿងទាំងនោះជាមួយនឹងសេចក្ដីពិតផ្សេងៗ ដើម្បីឆ្លុះបញ្ចាំងពីពាក្យសម្ដី សកម្មភាព និងសារជាតិរបស់អ្នក។ ក្នុងពេលជាមួយគ្នានេះ អ្នកគួរតែព្យាយាមស្វែងយល់ និង ញែកដឹងមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗនៅជុំវិញអ្នក ដើម្បីទទួលបានការយល់ដឹងកាន់តែច្បាស់អំពីសេចក្ដីពិត និងការយល់ដឹងកាន់តែត្រឹមត្រូវអំពីសារជាតិធម្មជាតិនៃមនុស្សផ្សេងៗគ្នា។
សព្វថ្ងៃនេះ អ្នករាល់គ្នាជាច្រើនទើបតែចាប់ផ្ដើមស្គាល់ពីសភាព និងការ បង្ហាញចេញជាក់លាក់នៃសេចក្ដីពិតផ្សេងៗប៉ុណ្ណោះ។ ហេតុអ្វីបានជាខ្ញុំនិយាយថា អ្នករាល់គ្នាទើបតែចាប់ផ្ដើមស្គាល់ពីរឿងទាំងនេះ? នោះក៏ព្រោះតែអ្នករាល់គ្នាទើបតែយល់ពីព័ត៌មានលម្អិតមួយចំនួនប៉ុណ្ណោះ ប៉ុន្តែនៅមានចម្ងាយឆ្ងាយទៀត មុននឹងឈានដល់ការចូលទៅក្នុងពិតប្រាកដ។ ការយល់ដឹងមិនស្មើនឹងការចូលទៅក្នុងឡើយ។ នៅពេលអ្នកយល់ វាគ្រាន់តែមានន័យថានៅក្នុងគំនិតរបស់អ្នក ការយល់ដឹងរបស់អ្នកអំពីគោលគំនិត និងនិយមន័យនៃរឿងទាំងនេះ គឺមានភាពត្រឹមត្រូវគួរសម និងស្របនឹងសេចក្ដីពិតកាន់តែខ្លាំងប៉ុណ្ណោះ ប៉ុន្តែអ្នកនៅឆ្ងាយពីការចូលទៅក្នុងផ្ទាល់ខ្លួននៅឡើយ។ ការយល់ដឹង ការទទួលស្គាល់ និងការអាចភ្ជាប់រឿងទាំងនេះទៅនឹងសភាពរបស់អ្នក ព្រមទាំងមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗនៅជុំវិញអ្នក មិនមែនមានន័យថាអ្នកមានការចូលទៅក្នុងឡើយ។ ទាំងនេះគឺជារឿងពីរដាច់ដោយឡែកពីគ្នា។ ដើម្បីឱ្យមនុស្សម្នាក់ត្រូវបានសង្គ្រោះ និងសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ វាចាប់ផ្ដើមដោយការយល់ដឹងពីសេចក្ដីពិតផ្សេងៗទាំងអស់ ហើយការចូលទៅក្នុងតថភាពនៃសេចក្ដីពិត ចាប់ផ្ដើមដោយការអនុវត្តសេចក្ដីពិតទាំងនេះ។ ប្រសិនបើអ្នករាល់គ្នាមានមូលដ្ឋានជាក់លាក់ណាមួយ នៅក្នុងការយល់ដឹង និងការចូលរបស់អ្នករាល់គ្នាទៅក្នុងសេចក្ដីពិតផ្សេងៗ នោះនៅពេលខ្ញុំបានសុំឧទាហរណ៍ពីអ្នករាល់គ្នា អ្នករាល់គ្នាអាចនឹកឃើញភ្លាមៗពីការបង្ហាញចេញរបស់អ្នករាល់គ្នាផ្ទាល់ ឬរឿងមួយចំនួនដែលអ្នករាល់គ្នាធ្លាប់បានឃើញ និងបានជួបប្រទះ។ នេះនឹងធ្វើឱ្យការប្រកបគ្នារបស់ខ្ញុំកាន់តែងាយស្រួល ហើយខ្ញុំនឹងមិនចាំបាច់និយាយលម្អិតបែបនេះទេ ពីព្រោះអ្នករាល់គ្នានឹងមានបទពិសោធរួចទៅហើយ ហើយអាចឈានដល់កម្រិតនោះបាន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលខ្ញុំសួរអ្នករាល់គ្នានៅពេលនេះ អ្នករាល់គ្នាត្រូវគិតភ្លាមៗនៅនឹងកន្លែង ហើយអ្នករាល់គ្នាក៏ត្រូវគាស់កកាយ និងស្វែងរកការចងចាំរបស់អ្នករាល់គ្នាផងដែរ។ នៅពេលខ្ញុំឃើញថាអ្នករាល់គ្នាមិនដឹងពីរឿងទាំងនេះ ហើយមិនធ្លាប់ជួបប្រទះដោយខ្លួនឯង ខ្ញុំត្រូវតែពន្យល់ឱ្យបានលម្អិត បញ្ជាក់ឱ្យច្បាស់ពីទិដ្ឋភាពកណ្ដាល និងទិដ្ឋភាពស្នូល ព្រមទាំងបញ្ហាសំខាន់ៗនៃរឿងទាំងនេះ ហើយផ្ដល់ឱ្យអ្នករាល់គ្នានូវការយល់ដឹងជាមូលដ្ឋានអំពីព័ត៌មានលម្អិតនៃសេចក្ដីពិតផ្សេងៗ ដើម្បីកុំឱ្យអ្នករាល់គ្នាច្រឡំទិដ្ឋភាពនៃគោលគំនិត ឬទិដ្ឋភាពនៃនិយមន័យនៅពេលអ្នករាល់គ្នាអនុវត្ត ហើយដើម្បីកុំឱ្យអ្នករាល់គ្នាជំនួសគោលគំនិតមួយដោយគោលគំនិតមួយទៀត ឬគិតថារឿងទាំងនេះស្មុគស្មាញពេក អ្នករាល់គ្នានឹងអាចបែងចែកយ៉ាងច្បាស់រវាងទិដ្ឋភាពផ្សេងៗគ្នា។ តាមរបៀបនេះ លើកក្រោយពេលដែលខ្ញុំប្រកបគ្នាអំពីរឿងទាំងនេះ វានឹងមានភាពងាយស្រួល។ បច្ចុប្បន្ននេះ អ្នករាល់គ្នានៅតែមានការខ្វះខាតនៅឡើយ ដូច្នេះ ខ្ញុំតែងតែត្រូវពន្យល់រឿងទាំងនេះឱ្យបានលម្អិត។ តើខ្លឹមសារច្រើនប៉ុនណានៃការប្រកបគ្នានៅឯការជួបជុំរបស់យើង ដែលអ្នករាល់គ្នាអាចត្រិះរិះ និងយកមកគិតដោយល្អិតល្អន់បាន? ប្រសិនបើបានត្រឹមតែដប់ភាគរយ នោះអ្នករាល់គ្នាសឹងតែគ្មានកម្ពស់គួរឱ្យកត់សម្គាល់ឡើយ ហើយប្រសិនបើបានសាមសិបភាគរយ នោះអ្នករាល់គ្នាទើបតែយល់បានខ្លះៗប៉ុណ្ណោះ។ ប្រសិនបើអ្នករាល់គ្នាឈានដល់ហាសិបភាគរយ នោះអ្នករាល់គ្នាមានកម្ពស់ និងការចូលទៅក្នុងកម្រិតណាមួយ ប៉ុន្តែប្រសិនបើអ្នករាល់គ្នាមិនអាចឈានដល់កម្រិតនោះទេ នោះអ្នករាល់គ្នាមិនមានការចូលទៅក្នុងឡើយ។ អ្នករាល់គ្នាយល់ហើយ តើមែនទេ? ប្រសិនបើអ្នករាល់គ្នានៅតែមិនអាចយល់បាន នៅពេលខ្ញុំប្រកបគ្នាបែបនេះ នោះមានន័យថាគុណសម្បត្តិរបស់អ្នករាល់គ្នាទាបពេកហើយ ហើយអ្នករាល់គ្នាគ្មានផ្លូវយល់ពីសេចក្ដីពិតឡើយ។ ល្អហើយ ការប្រកបគ្នារបស់យើងសម្រាប់ថ្ងៃនេះ ត្រូវបានបញ្ចប់ត្រឹមនេះ។ ជួបគ្នាពេលក្រោយ!
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩