ចំណុចទីដប់ប្រាំ៖ ពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ហើយពួកគេបដិសេធសារជាតិរបស់ព្រះគ្រីស្ទ (ផ្នែកទីពីរ)

ថ្ងៃនេះ យើងនឹងបន្តប្រកបគ្នាអំពីចំណុចទីដប់ប្រាំនៃការស្ដែងចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ ពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ហើយពួកគេបដិសេធសារជាតិរបស់ព្រះគ្រីស្ទ។ នៅក្នុងការប្រកបគ្នារបស់យើងកាលពីលើកមុន យើងបានបែងចែកប្រធានបទនេះជាពីរផ្នែក។ ផ្នែកទីមួយ គឺជាការស្ដែងចេញផ្សេងៗនៃការមិនជឿរបស់ពួកទទឹងនឹងព្រះគ្រីស្ទទៅលើអត្ថិភាពរបស់ព្រះជាម្ចាស់ ដែលយើងបានបែងចែកបន្ថែមទៀតជាពីរចំណុច៖ ទីមួយ ពួកទទឹងនឹងព្រះគ្រីស្ទបដិសេធអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់។ ទីពីរ ពួកទទឹងនឹងព្រះគ្រីស្ទបដិសេធអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ។ កាលពីលើកមុន យើងបានប្រកបគ្នាជាចម្បងអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់សារជាតិ ឬនិស្ស័យរបស់ព្រះជាម្ចាស់ និងរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់ថា អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺជាសេចក្ដីពិត ហើយតំណាងឱ្យអត្តសញ្ញាណរបស់ទ្រង់ ព្រមទាំងរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទពិតជាមិនទទួលយកអត្ថន័យ និងសេចក្ដីពិតនៅពីក្រោយអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើនោះឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទថ្វាយបង្គំសាតាំង ចាត់ទុកសាតាំងជាព្រះជាម្ចាស់ ហើយប្រើប្រាស់រាល់ពាក្យសម្ដី និងទស្សនៈរបស់សាតាំងធ្វើជាមូលដ្ឋាន និងស្ដង់ដា ដែលពួកគេយកមកវាស់ស្ទង់អត្តសញ្ញាណ សារជាតិ និងអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ។ ដូច្នេះ នៅក្នុងចិត្តរបស់ពួកគេ ពួកគេលើកតម្កើង និងថ្វាយបង្គំអ្វីដែលសាតាំងធ្វើម្ដងហើយម្ដងទៀត។ ពួកគេលើកតម្កើង និងសរសើរទង្វើរបស់សាតាំង ហើយពួកគេយកសាតាំងមកជំនួសអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់។ អ្វីដែលអាក្រក់ជាងនេះទៅទៀតនោះ ដោយផ្អែកលើការទទួលស្គាល់របស់ពួកគេចំពោះអ្វីគ្រប់យ៉ាងដែលសាតាំងធ្វើ ពួកគេតែងតែចោទសួរ បង្កើតសញ្ញាណ និងធ្វើការវិនិច្ឆ័យអំពីព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ ហើយទីបំផុត ពួកគេថ្កោលទោសព្រះបន្ទូល និងកិច្ចការរបស់ទ្រង់។ ហេតុដូច្នេះហើយ នៅក្នុងដំណើរនៃការដើរតាមព្រះជាម្ចាស់ ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាជីវិតរបស់ពួកគេ ជាសេចក្ដីពិតរបស់ពួកគេ ឬជាទិសដៅ និងគោលដៅនៃជីវិតរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ នៅគ្រប់ពេលវេលា ពួកគេប្រឆាំងនឹងព្រះជាម្ចាស់ ហើយយកសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ តក្កវិជ្ជា និងគំនិតរបស់សាតាំង ព្រមទាំងនិស្ស័យ និងវិធីសាស្ត្ររបស់សាតាំង មកវាស់ស្ទង់អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់។ នៅក្នុងដំណើរនៃការដើរតាមព្រះជាម្ចាស់ ពួកគេបន្តសង្ស័យ មានមន្ទិល និងឃ្លាំមើលព្រះជាម្ចាស់មិនឈប់ឈរ។ ពួកគេតែងតែវិនិច្ឆ័យទ្រង់ ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេតែងតែមើលងាយ ថ្កោលទោស និងបដិសេធទ្រង់។ អ្វីៗទាំងអស់នេះដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ និងការស្ដែងចេញផ្សេងៗរបស់ពួកគេ ពិតជាបញ្ជាក់ថា ពួកគេមិនមែនជាអ្នកដើរតាមព្រះជាម្ចាស់ មិនមែនជាអ្នកជឿពិតប្រាកដ ហើយក៏មិនមែនជាអ្នកស្រឡាញ់សេចក្ដីពិត និងអ្វីៗដែលវិជ្ជមានឡើយ។ ផ្ទុយទៅវិញ ពួកគេគឺជាសត្រូវរបស់សេចក្ដីពិត និងព្រះជាម្ចាស់។ នៅពេលដែលមនុស្សទាំងនេះមកកាន់ដំណាក់របស់ព្រះជាម្ចាស់ មកកាន់ពួកជំនុំ ពួកគេមិនមែនមកទីនេះដើម្បីទទួលសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ឬដើម្បីមកចំពោះព្រះជាម្ចាស់ ហើយទទួលយកព្រះបន្ទូលរបស់ទ្រង់ជាជីវិតឡើយ។ ដូច្នេះ តើពួកគេមកទីនេះដើម្បីធ្វើអ្វី? នៅពេលដែលមនុស្សទាំងនេះមកកាន់ដំណាក់របស់ព្រះជាម្ចាស់ ទីមួយ យ៉ាងហោចណាស់ពួកគេព្យាយាមបំពេញការចង់ដឹងចង់ឃើញរបស់ពួកគេ។ ទីពីរ ពួកគេចង់ដើរតាមចរន្តនេះ។ ហើយទីបី ពួកគេចង់បានព្រះពរ។ ទាំងនេះគឺជាចេតនា និងគោលបំណងរបស់ពួកគេ ហើយមានតែប៉ុណ្ណឹងឯង។ ដោយវិនិច្ឆ័យផ្អែកលើសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេមិនដែលមានបំណងទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាជីវិតរបស់ពួកគេឡើយ។ ពួកគេមិនដែលមានគម្រោងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាគោលការណ៍នៃការអនុវត្ត ឬជាទិសដៅ និងគោលដៅជីវិតរបស់ពួកគេឡើយ ហើយពួកគេក៏មិនដែលមានគម្រោងផ្លាស់ប្ដូរ ឬបោះបង់ចោលទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ ឬកែប្រែ ឬបោះបង់ចោលសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ ហើយមកចំពោះព្រះជាម្ចាស់ដើម្បីប្រែចិត្តទាំងស្រុង និងក្រាបនៅចំពោះទ្រង់ ហើយទទួលយកទ្រង់ជាព្រះអង្គសង្គ្រោះរបស់ពួកគេឡើយ។ ពួកគេគ្មានចេតនាបែបនេះឡើយ។ ពួកគេគ្រាន់តែបន្តអួតអាងនៅចំពោះព្រះជាម្ចាស់អំពីភាពអស្ចារ្យរបស់ពួកគេ សមត្ថភាពរបស់ពួកគេ ភាពខ្លាំងពូកែ អំណោយទាន និងទេពកោសល្យរបស់ពួកគេ អំពីរបៀបដែលពួកគេអាចក្លាយជាសសរស្ដម្ភ និងជាឆ្អឹងខ្នងនៃដំណាក់របស់ព្រះជាម្ចាស់ជាដើម។ ពួកគេធ្វើដូច្នេះដោយមានបំណងសម្រេចគោលដៅរបស់ពួកគេក្នុងការទទួលបានការឱ្យតម្លៃខ្ពស់នៅក្នុង ដំណាក់របស់ព្រះជាម្ចាស់ ត្រូវបានព្រះជាម្ចាស់ទទួលស្គាល់ និងត្រូវបានដំឡើងឋានៈនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដើម្បីបំពេញមហិច្ឆិតា និងបំណងប្រាថ្នារបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះទេ ពួកគេក៏ចង់បំពេញមហិច្ឆិតា បំណងប្រាថ្នា និងគម្រោងរបស់ពួកគេក្នុងការ «ទទួលបានមួយជាមួយរយនៅក្នុងជីវិតនេះ និងជីវិតអស់កល្បជានិច្ចនៅបរលោក» ផងដែរ។ តើពួកគេធ្លាប់បោះបង់ចោលមហិច្ឆិតា បំណងប្រាថ្នា និងគម្រោងទាំងនេះដែរឬទេ? តើពួកគេអាចយល់ដឹង បោះបង់ចោល និងដោះស្រាយបញ្ហាទាំងនេះដោយខ្លួនឯងបានដែរឬទេ? ពួកគេមិនដែលមានគម្រោងធ្វើបែបនេះឡើយ។ មិនថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែង ឬលាតត្រដាងយ៉ាងណាក៏ដោយ សូម្បីតែពួកគេអាចភ្ជាប់ព្រះបន្ទូលរបស់ទ្រង់ទៅនឹងខ្លួនឯងក៏ដោយ សូម្បីតែពួកគេដឹងថា គម្រោង គំនិត និងចេតនារបស់ពួកគេកំពុងប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនស្របតាមព្រះបន្ទូលទាំងនោះ ថាអ្វីៗទាំងនេះផ្ទុយនឹងគោលការណ៍សេចក្ដីពិត និងជាការស្ដែងចេញនៃនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏ពួកគេនៅតែប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវទស្សនៈ មហិច្ឆិតា និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេដដែល ហើយមិនមានគម្រោងណាមួយដើម្បីផ្លាស់ប្ដូរខ្លួនឯង បង្វែរទស្សនៈរបស់ពួកគេ បោះបង់ចោលមហិច្ឆិតា និងបំណងប្រាថ្នារបស់ពួកគេ ហើយមកចំពោះព្រះជាម្ចាស់ដើម្បីទទួលយកការលាតត្រដាង ការជំនុំជម្រះ ការវាយផ្ចាល និងការលួសកាត់របស់ទ្រង់ឡើយ។ មនុស្សទាំងនេះមិនត្រឹមតែមានចិត្តរឹងទទឹងប៉ុណ្ណោះទេ ថែមទាំងក្រអឺតក្រទម និងអួតខ្លួនហួសហេតុទៀតផង ពោលគឺពួកគេក្រអឺតក្រទមដល់កម្រិតមួយដែលគ្មានវិចារណញ្ញាណទាល់តែសោះ។ ក្នុងពេលជាមួយគ្នានេះ នៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេស្អប់ខ្ពើម និងស្អប់យ៉ាងខ្លាំងនូវរាល់ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង។ ពួកគេស្អប់ការលាតត្រដាងរបស់ព្រះជាម្ចាស់អំពីសារជាតិធម្មជាតិនៃមនុស្សជាតិពុករលួយ និងការលាតត្រដាងរបស់ទ្រង់អំពីនិស្ស័យពុករលួយផ្សេងៗ។ ពួកគេស្អប់ព្រះជាម្ចាស់ និងសេចក្ដីពិតដោយគ្មានហេតុផលត្រឹមត្រូវ សូម្បីតែស្អប់អ្នកដែលដេញតាមសេចក្ដីពិត និងអ្នកដែលព្រះជាម្ចាស់ស្រឡាញ់ក៏ដោយ។ នេះបង្ហាញយ៉ាងពេញលេញថា និស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទពិតជាទុច្ចរិតមែន។ សេចក្ដីស្អប់ ការប្រទូសរ៉ាយ ការប្រឆាំង ការវិនិច្ឆ័យ និងការបដិសេធរបស់ពួកគេចំពោះព្រះជាម្ចាស់ និងសេចក្ដីពិតដោយគ្មានហេតុផល ក៏បង្ហាញឱ្យយើងឃើញផងដែរថា ពួកទទឹងនឹងព្រះគ្រីស្ទពិតជាមាននិស្ស័យកាចសាហាវមែន។

និស្ស័យផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាគំរូតំណាងដ៏ច្បាស់បំផុតនៃនិស្ស័យដែលមាននៅក្នុងមនុស្សជាតិពុករលួយ ហើយភាពធ្ងន់ធ្ងរនៃនិស្ស័យផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺលើសពីភាពធ្ងន់ធ្ងររបស់បុគ្គលពុករលួយធម្មតាណាម្នាក់ទៅទៀត។ ទោះបីជាព្រះជាម្ចាស់លាតត្រដាងនិស្ស័យពុករលួយរបស់មនុស្សជាតិយ៉ាងស៊ីជម្រៅ ឬជាក់ស្ដែងយ៉ាងណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទបដិសេធ និងច្រានចោលរឿងនេះដែរ ដោយមិនទទួលយកវាជាសេចក្ដីពិត ឬជាកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេគ្រាន់តែទទួលស្គាល់ និងជឿថា ការមានភាពអាក្រក់ ឥតមេត្តា ទុច្ចរិត ពិសពុល និងកាចសាហាវគ្រប់គ្រាន់ គឺជាមធ្យោបាយតែមួយគត់ដើម្បីឈរជើងឱ្យបានរឹងមាំនៅទីបំផុត ព្រមទាំងអាចលេចធ្លោ និងរក្សាកន្លែងឈរជើងរបស់ខ្លួនរហូតដល់ទីបញ្ចប់នៅក្នុងសង្គមនេះ និងក្នុងចំណោមចរន្តអាក្រក់។ នេះគឺជាតក្កវិជ្ជារបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទរក្សាទុកក្នុងចិត្តនូវការប្រទូសរ៉ាយ និងសេចក្ដីស្អប់ចំពោះសារជាតិសុចរិត និងបរិសុទ្ធរបស់ព្រះជាម្ចាស់ ចំពោះភាពស្មោះត្រង់ និងសព្វានុភាពរបស់ព្រះជាម្ចាស់ ព្រមទាំងចំពោះអ្វីៗដែលវិជ្ជមានផ្សេងៗទៀតដូចជារឿងទាំងនេះ។ ទោះបីជាមនុស្សធ្វើបន្ទាល់អំពីអត្តសញ្ញាណ សារជាតិ និងកិច្ចការទាំងអស់របស់ព្រះជាម្ចាស់យ៉ាងណាក៏ដោយ ហើយទោះបីជាពួកគេធ្វើបែបនេះបានជាក់ស្ដែង និងពិតប្រាកដយ៉ាងណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយកវាដែរ ពួកគេមិនទទួលស្គាល់ថាវាជាកិច្ចការរបស់ព្រះជាម្ចាស់ ថាមានសេចក្ដីពិតដែលត្រូវស្វែងរកនៅក្នុងកិច្ចការនោះ ឬថាវាជាឯកសារអប់រំ និងជាទីបន្ទាល់ដ៏ល្អបំផុតសម្រាប់ឱ្យមនុស្សជាតិស្គាល់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ចំពោះរឿងតូចតាចអ្វីក៏ដោយដែលសាតាំងធ្វើ ទោះបីជាដោយដឹងខ្លួន ឬមិនដឹងខ្លួនក្ដី ក៏ពួកទទឹងនឹងព្រះគ្រីស្ទលុតក្រាបដោយកោតសរសើរចំពោះរឿងនោះដែរ។ នៅពេលនិយាយដល់រឿងដែលសាតាំងធ្វើ ពួកទទឹងនឹងព្រះគ្រីស្ទទទួលយក ជឿ ថ្វាយបង្គំ និងដើរតាមរឿងទាំងនេះទាំងអស់ ដោយមិនខ្វល់ថា រឿងទាំងនោះត្រូវបានចាត់ទុកថាខ្ពង់ខ្ពស់ ឬថោកទាបនៅក្នុងចំណោមមនុស្សជាតិឡើយ។ ទោះជាយ៉ាងណាក៏ដោយ មានរឿងមួយដែលធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទមិនសុខចិត្ត៖ ព្រះពុទ្ធបានមានសង្ឃដីកាថា ទ្រង់អាចធ្វើឱ្យមនុស្សឆ្លងទៅកាន់ដែនដីបរិសុទ្ធបាន ហើយពួកទទឹងនឹងព្រះគ្រីស្ទគិតថា៖ «ដែនដីបរិសុទ្ធនេះ ហាក់ដូចជាអន់ជាងនគរស្ថានសួគ៌ និងស្ថានសួគ៌ដែលព្រះបាននិយាយប្រាប់ វាហាក់ដូចជាមិនសូវល្អដូចបំណងនោះទេ។ ទោះបីជាសាតាំងខ្លាំងពូកែ ហើយវាអាចផ្ដល់ផលប្រយោជន៍ឥតព្រំដែនដល់មនុស្ស ព្រមទាំងអាចបំពេញរាល់មហិច្ឆិតា និងបំណងប្រាថ្នារបស់ពួកគេក៏ដោយ ក៏មានរឿងមួយដែលវាមិនអាចធ្វើបាន គឺសន្យាចំពោះមនុស្ស ដោយធ្វើឱ្យមនុស្សអាចចូលទៅក្នុងនគរស្ថានសួគ៌ និងទទួលបានជីវិតអស់កល្បជានិច្ច។ សាតាំងមិនហ៊ានអះអាងបែបនេះទេ ហើយវាក៏មិនអាចសម្រេចរឿងនេះបានដែរ»។ នៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍ថារឿងនេះមិនអាចនឹកស្មានដល់ឡើយ ហើយក្នុងពេលជាមួយគ្នានេះ ពួកគេមានអារម្មណ៍ថា វាជារឿងដែលគួរឱ្យសោកស្ដាយបំផុត។ ដូច្នេះហើយ ខណៈពេលដែលដើរតាមព្រះជាម្ចាស់ដោយបង្ខំចិត្ត ពួកគេនៅតែគិតគូរធ្វើផែនការថា តើត្រូវធ្វើដូចម្ដេចដើម្បីទទួលបានព្រះពរកាន់តែធំ ហើយតើអ្នកណាដែលអាចបំពេញបំណងប្រាថ្នា និងមហិច្ឆិតារបស់ពួកគេបាន។ ពួកគេគិតចុះគិតឡើង ហើយទីបំផុត ពួកគេគ្មានជម្រើសអ្វីឡើយក្រៅពីទទួលយកការសម្របសម្រួលមួយ គឺបន្តស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ដោយផ្អែកលើការស្ដែងចេញទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តើពួកគេមានអាកប្បកិរិយា និងទស្សនៈបែបណាចំពោះព្រះជាម្ចាស់? តើពួកគេមានជំនឿពិតប្រាកដសូម្បីតែបន្តិចដែរឬទេ? តើពួកគេមានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ដែរឬទេ? តើពួកគេទទួលស្គាល់ទង្វើរបស់ព្រះជាម្ចាស់សូម្បីតែបន្តិចដែរឬទេ? តើពួកគេអាចនិយាយពាក្យថា «អាម៉ែន» ចេញពីជម្រៅចិត្តរបស់ពួកគេ ចំពោះការពិតដែលថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ជាជីវិត និងជាផ្លូវ បានដែរឬទេ? ព្រះជាម្ចាស់បានបំពេញកិច្ចការដ៏អស្ចារ្យបែបនេះនៅក្នុងចំណោមមនុស្សជាតិ តើពួកទទឹងនឹងព្រះគ្រីស្ទអាចសរសើរតម្កើងព្រះចេស្ដាដ៏អស្ចារ្យ និងនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ចេញពីជម្រៅចិត្តរបស់ពួកគេបានដែរឬទេ? (ទេ។) គឺដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទបដិសេធអត្តសញ្ញាណ សារជាតិ និងកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ហើយ ទើបពួកគេតែងតែលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង នៅក្នុងដំណើរនៃការដើរតាមទ្រង់ ហើយព្យាយាមទទួលបានការពេញចិត្តពីមនុស្ស និងយកឈ្នះចិត្តរបស់ពួកគេថែមទាំងព្យាយាមត្រួតត្រានិងចាប់ឃុំឃាំងចិត្តមនុស្ស ហើយប្រកួតប្រជែងជាមួយព្រះជាម្ចាស់ដើម្បីដណ្ដើមរាស្ដ្ររើសតាំងរបស់ទ្រង់ទៀតផង។ រាល់ការស្ដែងចេញបែបនេះបញ្ជាក់ថា ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលទទួលស្គាល់អត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ឬព្រមទទួលស្គាល់ថា មនុស្សជាតិ និងរបស់សព្វសារពើ គឺស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះអាទិករឡើយ។ នេះគឺជាអ្វីដែលយើងបានវែកញែកកាលពីលើកមុន អំពីទស្សនៈ ការស្ដែងចេញ និងការបើកសម្ដែងដែលពួកទទឹងនឹងព្រះគ្រីស្ទមាន ទាក់ទងនឹងអត្ថិភាពរបស់ព្រះជាម្ចាស់។ ដោយសារពួកទទឹងនឹងព្រះគ្រីស្ទមានទស្សនៈ និងការស្ដែងចេញទាំងនេះទាក់ទងនឹងអត្ថិភាពរបស់ព្រះជាម្ចាស់ ចុះតើពួកគេមានអាកប្បកិរិយាបែបណាចំពោះព្រះគ្រីស្ទ ដែលជាសាច់ឈាមយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់វិញ? តើពួកគេអាចជឿ ទទួលស្គាល់ ដើរតាម និងចុះចូលនឹងទ្រង់យ៉ាងពិតប្រាកដបានដែរឬទេ? (ទេ។) បើវិនិច្ឆ័យតាមរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តិចំពោះអត្ថិភាពរបស់ព្រះជាម្ចាស់ ពួកគេរក្សាទុកអាកប្បកិរិយាបែបនេះក្នុងចិត្តចំពោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទៅហើយ។ ដូច្នេះ មិនបាច់និយាយក៏ដឹងដែរថា អាកប្បកិរិយារបស់ពួកគេចំពោះសាច់ឈាមយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ច្បាស់ជាគួរឱ្យស្អប់ខ្ពើមជាងអាកប្បកិរិយារបស់ពួកគេចំពោះព្រះវិញ្ញាណរបស់ទ្រង់ទៅទៀត ហើយការស្ដែងចេញរបស់ពួកគេក៏កាន់តែលេចធ្លោ និងកាន់តែធ្ងន់ធ្ងរ។

II. ពួកទទឹងនឹងព្រះគ្រីស្ទបដិសេធសារជាតិរបស់ព្រះគ្រីស្ទ

ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះគ្រីស្ទ ដែលជាសាច់ឈាមយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ដោយផ្អែកលើការមិនជឿរបស់ពួកគេទៅលើអត្ថិភាពរបស់ព្រះជាម្ចាស់។ វាគឺជាការពិតដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ឡើយ។ បន្ទាប់ពីការប្រកប ការលាតត្រដាង និងការវែកញែកទាំងអស់នេះ តើអ្នករាល់គ្នាមានការយល់ដឹងជាក់ស្ដែងខ្លះៗអំពីនិស្ស័យ និងការស្ដែងចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? មិនថាពួកគេទទួលយកកិច្ចការដែលធ្វើឡើងដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ឬការពិតដែលព្រះជាម្ចាស់ក្លាយជាសាច់ឈាមនោះទេ តាមពិតទៅ ពួកគេបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់។ ដូច្នេះ តើពួកគេជាមនុស្សប្រភេទណាឱ្យប្រាកដទៅ? បើនិយាយឱ្យចំទៅ ពួកគេគឺជាអ្នកមិនជឿដែលឆ្លៀតឱកាស ពួកគេគឺជាពួកផារិស៊ី។ អ្នកខ្លះក្នុងចំណោមពួកគេមើលទៅច្បាស់ជាអាក្រក់ ខណៈពេលដែលអ្នកខ្លះទៀតមើលទៅមានភាពបន្ទាបខ្លួន ដោយមានអាកប្បកិរិយាសុភាពរាបសា ថ្លៃថ្នូរ និងខ្ពង់ខ្ពស់ ពោលគឺពួកគេគឺជាពួកផារិស៊ីតាមស្ដង់ដារតែម្ដង។ នៅពេលនិយាយដល់មនុស្សពីរប្រភេទនេះ គឺអ្នកដែលមើលទៅអាក្រក់ និងអ្នកដែលមើលទៅមានសេចក្ដីគោរពប្រតិបត្តិ និងមិនអាក្រក់ ប្រសិនបើជាមូលដ្ឋាន ពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ទេ តើយើងអាចនិយាយថាពួកគេជាអ្នកមិនជឿបានដែរឬទេ? (មែនហើយ។) ថ្ងៃនេះ យើងកំពុងប្រកបគ្នាអំពីទស្សនៈ និងអាកប្បកិរិយាបែបណាខ្លះដែលអ្នកមិនជឿ មានចំពោះព្រះគ្រីស្ទ អំពីការស្ដែងចេញអ្វីខ្លះដែលពួកគេបង្ហាញចំពោះទិដ្ឋភាពផ្សេងៗរបស់ព្រះគ្រីស្ទ និងអំពីរបៀបដែលយើងអាចយល់ពីសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តាមរយៈការស្ដែងចេញទាំងនេះ។

ក. របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះប្រភពដើមរបស់ព្រះគ្រីស្ទ

នៅពេលនិយាយដល់ព្រះគ្រីស្ទ ដែលជាមនុស្សធម្មតាម្នាក់ដែលមានអត្តសញ្ញាណពិសេស តើជាធម្មតា រឿងអ្វីខ្លះដែលមនុស្សយកចិត្តទុកដាក់បំផុត? ជាដំបូងបង្អស់ តើមនុស្សជាច្រើនមិនយកចិត្តទុកដាក់ចំពោះប្រភពដើមរបស់ទ្រង់ទេឬអី? នោះគឺជាចំណុចស្នូលនៃការយកចិត្តទុកដាក់របស់មនុស្ស។ ដូច្នេះ ជាដំបូង សូមប្រកបគ្នាអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះប្រភពដើមរបស់ព្រះគ្រីស្ទ។ មុននឹងប្រកបគ្នាអំពីរឿងនេះ សូមនិយាយអំពីរបៀបដែលព្រះជាម្ចាស់បានរៀបចំទុកនូវទិដ្ឋភាពផ្សេងៗនៃប្រភពដើមរបស់សាច់ឈាមទ្រង់ នៅពេលដែលទ្រង់បានយកកំណើតជាមនុស្ស។ ដូចដែលបានដឹងស្រាប់ហើយ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះគ្រីស្ទត្រូវបានចាប់បដិសន្ធិដោយព្រះវិញ្ញាណបរិសុទ្ធ ហើយប្រសូតពីស្ត្រីព្រហ្មចារីម្នាក់។ ទ្រង់បានប្រសូតនៅក្នុងគ្រួសារធម្មតា និងប្រក្រតីបំផុតមួយ ដែលតាមពាក្យសព្វថ្ងៃនេះ គេហៅថាជាគ្រួសារប្រជាពលរដ្ឋសាមញ្ញ។ ទ្រង់មិនបានប្រសូតនៅក្នុងគ្រួសារអ្នកមាន គ្រួសារមន្ត្រី ឬគ្រួសារធំដុំដ៏ល្បីល្បាញឡើយ សូម្បីតែទ្រង់ក៏បានប្រសូតនៅក្នុងក្រោលសត្វផង ដែលជារឿងពិបាកនឹកស្មានដល់យ៉ាងខ្លាំង និងហួសពីការស្រមើស្រមៃរបស់មនុស្សគ្រប់គ្នា។ បើមើលទៅលើគ្រប់ទិដ្ឋភាពនៃប្រភពដើមនៃសាច់ឈាមយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់ នោះគ្រួសារដែលព្រះជាម្ចាស់យកកំណើតជាមនុស្សបានប្រសូតមក គឺសាមញ្ញណាស់។ ម៉ារា ដែលជាមាតារបស់ទ្រង់ ក៏ជាមនុស្សសាមញ្ញ និងមិនមែនជាមនុស្សឆ្នើមឡើយ ហើយនាងពិតជាមិនមានអំណាចពិសេស ឬទេពកោសល្យដ៏អស្ចារ្យ និងប្លែកពីគេនោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរកត់សម្គាល់នោះគឺថា នាងមិនមែនជាអ្នកមិនជឿ ឬអ្នកមិនជឿឡើយ ប៉ុន្តែជាអ្នកដើរតាមព្រះជាម្ចាស់។ ចំណុចនេះមានសារៈសំខាន់ណាស់។ យ៉ូសែប ដែលជាស្វាមីរបស់ម៉ារា គឺជាជាងឈើ។ ជាងឈើគឺជាសិប្បករមួយប្រភេទ ហើយគាត់មានប្រាក់ចំណូលមធ្យម ប៉ុន្តែគាត់មិនមែនជាអ្នកមាន ហើយក៏មិនមានប្រាក់សល់ច្រើនដែរ។ ទោះជាយ៉ាងណាក៏ដោយ គាត់មិនមែនជាអ្នកក្រីក្រតោកយ៉ាកឡើយ ហើយគាត់អាចបំពេញតម្រូវការមូលដ្ឋានទាំងអស់របស់គ្រួសារគាត់បាន។ ព្រះអម្ចាស់យេស៊ូវបានប្រសូតនៅក្នុងគ្រួសារប្រភេទនេះ។ បើវិនិច្ឆ័យតាមស្ដង់ដានៃប្រាក់ចំណូល និងលក្ខខណ្ឌរស់នៅសព្វថ្ងៃ គ្រួសាររបស់ទ្រង់ស្ទើរតែមិនអាចចាត់ទុកថាជាវណ្ណៈកណ្ដាលផង។ តើគ្រួសារបែបនេះនឹងត្រូវបានចាត់ទុកថាខ្ពង់ខ្ពស់ ឬមានឋានៈទាបនៅក្នុងចំណោមមនុស្សជាតិ? (មានឋានៈទាប។) ដូច្នេះ គ្រួសារដែលព្រះអម្ចាស់យេស៊ូវបានប្រសូតមក គឺមិនមែនជាគ្រួសារល្បីល្បាញ អ្នកមាន ឬថ្កុំថ្កើងឡើយ ហើយរឹតតែមិនមែនជាអ្វីដែលសព្វថ្ងៃនេះចាត់ទុកថាជាវណ្ណៈខ្ពស់ទៅទៀត។ នៅពេលដែលកូនៗមកពីគ្រួសារអ្នកមាន ឬមានឋានៈខ្ពស់ចេញទៅក្រៅ ជាធម្មតាមនុស្សតែងតែចោមរោមពួកគេ និងប្រមូលផ្ដុំជុំវិញពួកគេ ប៉ុន្តែគ្រួសាររបស់ព្រះអម្ចាស់យេស៊ូវគឺផ្ទុយពីនេះ។ ទ្រង់បានប្រសូតនៅក្នុងគ្រួសារដែលគ្មានលក្ខខណ្ឌរស់នៅដ៏ប្រណីត ឬឋានៈគួរឱ្យកត់សម្គាល់ឡើយ។ វាគឺជាគ្រួសារដ៏សាមញ្ញបំផុតមួយ ដែលមនុស្សមិនចាប់អារម្មណ៍ និងមិនអើពើនឹងពួកគេ ដោយគ្មាននរណាម្នាក់លើកសរសើរពួកគេ ឬចោមរោមពួកគេឡើយ។ ក្រោមបរិបទ និងបរិយាកាសសង្គមបែបនេះនៅពេលនោះ តើព្រះគ្រីស្ទមានឱកាសទទួលបានការអប់រំខ្ពស់ ឬរងឥទ្ធិពល និងជ្រួតជ្រាបដោយរបៀបរស់នៅ គំនិត ទស្សនៈផ្សេងៗជាដើម នៃសង្គមជាន់ខ្ពស់ដែរឬទេ? ច្បាស់ណាស់ ទ្រង់គ្មានឱកាសបែបនោះទេ។ ទ្រង់ទទួលបានការអប់រំធម្មតា អានបទគម្ពីរនៅផ្ទះ ស្ដាប់រឿងរ៉ាវពីមាតាបិតារបស់ទ្រង់ និងចូលរួមការថ្វាយបង្គំនៅព្រះវិហារជាមួយពួកគេ។ បើពិនិត្យមើលគ្រប់ទិដ្ឋភាពទាំងអស់ ប្រភពកំណើតរបស់ព្រះអម្ចាស់យេស៊ូវ និងបរិបទដែលទ្រង់បានចម្រើនវ័យ គឺមិនមានកិត្យានុភាព ឬភាពខ្ពង់ខ្ពស់ដូចដែលមនុស្សអាចស្រមើស្រមៃឡើយ។ បរិយាកាសដែលទ្រង់បានចម្រើនវ័យ គឺដូចគ្នានឹងបរិយាកាសដែលមនុស្សធម្មតាបានចម្រើនវ័យដែរ។ ជីវិតប្រចាំថ្ងៃរបស់ទ្រង់គឺសាមញ្ញ និងធម្មតា។ លក្ខខណ្ឌរស់នៅរបស់ទ្រង់គឺស្រដៀងនឹងលក្ខខណ្ឌរស់នៅរបស់មនុស្សទូទៅ ហើយគ្នានអ្វីពិសេសឡើយ។ ទ្រង់ក៏មិនមានលក្ខខណ្ឌរស់នៅដ៏ពិសេស និងល្អប្រសើររបស់វណ្ណៈជាន់ខ្ពស់នៃសង្គមដែរ។ នេះគឺជាបរិបទដែលសាច់ឈាមយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់បានប្រសូតមក និងជាបរិយាកាសដែលទ្រង់បានចម្រើនវ័យ។

ទោះបីជាភេទរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅពេលនេះ ខុសគ្នាទាំងស្រុងពីលើកមុនក៏ដោយ ក៏ប្រវត្តិគ្រួសាររបស់ទ្រង់គឺសាមញ្ញដូចគ្នា ហើយគ្មានឋានៈគួរឱ្យកត់សម្គាល់ឡើយ។ អ្នកខ្លះសួរថា៖ «តើសាមញ្ញកម្រិតណាទៅ?» នៅក្នុងយុគសម័យបច្ចុប្បន្ននេះ ពាក្យថាសាមញ្ញ មានន័យថាជាបរិយាកាសរស់នៅធម្មតាទូទៅ។ ព្រះគ្រីស្ទបានប្រសូតនៅក្នុងគ្រួសារកម្មករ ពោលគឺគ្រួសារដែលពឹងផ្អែកលើប្រាក់ឈ្នួលដើម្បីចិញ្ចឹមជីវិត ដែលអាចផ្គត់ផ្គង់តម្រូវការមូលដ្ឋានរបស់ខ្លួនបាន ប៉ុន្តែមិនមានជីវភាពធូរធារដូចគ្រួសារអ្នកមានឡើយ។ ព្រះគ្រីស្ទបានប្រាស្រ័យទាក់ទងជាមួយមនុស្សធម្មតា ហើយបានស្គាល់េជីវភាពរស់នៅរបស់មនុស្សធម្មតា។ ទ្រង់បានរស់នៅក្នុងបរិយាកាសបែបនេះ ហើយបរិយាកាសនេះគ្មានអ្វីពិសេសឡើយ។ ជាទូទៅ តើកូនៗមកពីគ្រួសារកម្មករមានឱកាសរៀនជំនាញសិល្បៈបានដែរឬទេ? តើពួកគេមានឱកាសបានស្គាល់ទស្សនៈផ្សេងៗដែលពេញនិយមនៅក្នុងសង្គមជាន់ខ្ពស់ដែរឬទេ? (ទេ។) ពួកគេមិនត្រឹមតែគ្មានឱកាសរៀនជំនាញផ្សេងៗប៉ុណ្ណោះទេ រឹតតែមិនមានឱកាសទាក់ទងជាមួយនឹងមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗនៅក្នុងសង្គមជាន់ខ្ពស់ផង។ តាមទស្សនៈនេះ គ្រួសារដែលព្រះជាម្ចាស់យកកំណើតជាមនុស្សបានប្រសូតមកនៅពេលនេះ គឺសាមញ្ញណាស់។ មាតាបិតារបស់ទ្រង់គឺជាមនុស្សដែលរស់នៅប្រចាំថ្ងៃតាមរបៀបសមរម្យ ដែលជីវភាពរស់នៅរបស់ពួកគេពឹងផ្អែកលើការងារ និងមុខរបររបស់ពួកគេ ហើយពួកគេមានលក្ខខណ្ឌរស់នៅធម្មតា។ លក្ខខណ្ឌបែបនេះគឺមានជាទូទៅបំផុតនៅក្នុងសង្គមទំនើប។ តាមទស្សនៈរបស់អ្នកគ្មានជំនឿ បរិយាកាសដែលព្រះគ្រីស្ទបានប្រសូត្រមក ពុំមានលក្ខខណ្ឌល្អប្រសើរអ្វីឡើយ ហើយក្នុងប្រវត្តិគ្រួសារ ឬកម្រិតជីវភាពរបស់ទ្រង់ ក៏គ្មានអ្វីគួរឱ្យយកមកអួតអាងដែរ។ បុគ្គលល្បីៗមួយចំនួនកើតនៅក្នុងគ្រួសារបញ្ញវន្ត។ ដូនតារបស់ពួកគេសុទ្ធតែជាអ្នកអប់រំ និងជាបញ្ញវន្តជាន់ខ្ពស់។ ពួកគេបានចម្រើនវ័យនៅក្នុងបរិយាកាសនេះ ដោយមានរបៀបរបប និងឥរិយាបថបែបគ្រួសារបញ្ញវន្តជាប់មកជាមួយ។ តើព្រះជាម្ចាស់បានជ្រើសរើសប្រវត្តិគ្រួសារស្រដៀងគ្នានេះសម្រាប់សាច់ឈាមយកកំណើតជាមនុស្សរបស់ទ្រង់ដែរឬទេ? ទេ។ លើកនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏មិនមានប្រវត្តិគ្រួសារដែលមានកេរ្តិ៍ឈ្មោះ និងឋានៈសង្គមដ៏លេចធ្លោដែរ ហើយរឹតតែមិនមានបរិយាកាសរស់នៅល្អប្រសើរទៅទៀត ពោលគឺគ្រួសាររបស់ទ្រង់គឺជាគ្រួសារដ៏សាមញ្ញបំផុត។ កុំទាន់អាលពិភាក្សាអំពីមូលហេតុដែលព្រះជាម្ចាស់យកកំណើតជាមនុស្សបានជ្រើសរើសគ្រួសារ បរិយាកាសរស់នៅ និងប្រវត្តិបែបនេះសម្រាប់ទ្រង់ចម្រើនវ័យអី។ យើងនឹងមិននិយាយអំពីសារៈសំខាន់នៃរឿងនេះនៅពេលនេះទេ។ ចូរប្រាប់ខ្ញុំមក តើមិនមានមនុស្សមួយចំនួនយកចិត្តទុកដាក់អំពីថាតើព្រះគ្រីស្ទធ្លាប់បានចូលរៀននៅសាកលវិទ្យាល័យ ឬអត់ទេឬ? ខ្ញុំនឹងប្រាប់អ្នករាល់គ្នានូវការពិត៖ ខ្ញុំបានឈប់រៀនមុនពេលប្រឡងចូលមហាវិទ្យាល័យ ហើយបានចាកចេញពីផ្ទះនៅអាយុ១៧ឆ្នាំ។ ដូច្នេះ តើខ្ញុំធ្លាប់បានចូលរៀននៅសាកលវិទ្យាល័យដែរឬទេ? (ទេ។) តើនេះជាដំណឹងអាក្រក់ ឬជាដំណឹងល្អសម្រាប់អ្នករាល់គ្នា? (ខ្ញុំគិតថា ការដឹងរឿងនេះមិនធ្វើឱ្យមានភាពខុសគ្នាអ្វីឡើយ។ វាគ្មានពាក់ព័ន្ធនឹងការដើរតាមព្រះជាម្ចាស់ឡើយ។) នោះគឺជាទស្សនៈដ៏ត្រឹមត្រូវ។ ខ្ញុំមិនដែលលើកឡើងពីរឿងនេះពីមុនមកទេ មិនមែនដោយសារតែខ្ញុំចង់លាក់បាំង ឬបិទបាំងវានោះទេ ប៉ុន្តែដោយសារតែវាមិនចាំបាច់និយាយ ព្រោះរឿងទាំងនេះមិនពាក់ព័ន្ធទាល់តែសោះនឹងការស្គាល់ និងការដើរតាមព្រះជាម្ចាស់។ ទោះបីជាបរិបទនៃការប្រសូតរបស់ព្រះជាម្ចាស់យកកំណើតជាមនុស្ស បរិយាកាសគ្រួសាររបស់ទ្រង់ និងបរិយាកាសដែលទ្រង់បានចម្រើនវ័យ មិនមានឥទ្ធិពលលើការស្គាល់ព្រះជាម្ចាស់ ឬព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយក៏មិនសូវពាក់ព័ន្ធនឹងរឿងទាំងនេះក៏ដោយ ចុះហេតុអ្វីបានជាខ្ញុំលើកឡើងពីបញ្ហាទាំងនេះនៅទីនេះ? នេះពាក់ព័ន្ធនឹងទស្សនៈមួយរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះគ្រីស្ទ ដែលយើងកំពុងវែកញែកនៅថ្ងៃនេះ។ ព្រះជាម្ចាស់មិនបានជ្រើសរើសឋានៈដ៏លេចធ្លោ អត្តសញ្ញាណដ៏ខ្ពង់ខ្ពស់ ឬប្រវត្តិគ្រួសារ និងសង្គមដ៏ល្បីល្បាញសម្រាប់សាច់ឈាមយកកំណើតជាមនុស្សរបស់ទ្រង់ឡើយ ហើយទ្រង់រឹតតែមិនបានជ្រើសរើសបរិយាកាសដ៏ល្អប្រសើរ គ្មានកង្វល់ សម្បូរសប្បាយ និងប្រណីត ដើម្បីឱ្យទ្រង់ចម្រើនវ័យទៅទៀត។ ព្រះជាម្ចាស់ក៏មិនបានជ្រើសរើសប្រវត្តិគ្រួសារដែលទ្រង់អាចទទួលបានការអប់រំខ្ពស់ ឬអាចមានទំនាក់ទំនងជាមួយសង្គមជាន់ខ្ពស់នោះដែរ។ ដោយពិចារណាលើទិដ្ឋភាពទាំងនេះនៃការជ្រើសរើសដែលព្រះជាម្ចាស់បានធ្វើ នៅពេលដែលទ្រង់បានយកកំណើតជាមនុស្ស តើរឿងទាំងនេះនឹងប៉ះពាល់ដល់កិច្ចការដែលព្រះគ្រីស្ទយាងមកដើម្បីបំពេញដែរឬទេ? (ទេ។) បើពិនិត្យមើលទៅលើដំណើរការ ធម្មជាតិ និងលទ្ធផលនៃកិច្ចការរបស់ទ្រង់នៅពេលក្រោយមក ទិដ្ឋភាពទាំងនេះមិនប៉ះពាល់ដល់ផែនការកិច្ចការ ជំហាន ឬលទ្ធផលរបស់ព្រះជាម្ចាស់ទាល់តែសោះ តែផ្ទុយទៅវិញ ទិដ្ឋភាពទាំងនេះនៃការជ្រើសរើសរបស់ទ្រង់មានអត្ថប្រយោជន៍ជាក់លាក់មួយ ពោលគឺការដែលទ្រង់ជ្រើសរើសប្រសូតនៅក្នុងបរិយាកាសបែបនេះ គឺកាន់តែមានប្រយោជន៍សម្រាប់សេចក្ដីសង្គ្រោះនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដ្បិត៩៩%នៃពួកគេ គឺមកពីប្រវត្តិស្រដៀងគ្នានេះ។ នេះគឺជាទិដ្ឋភាពមួយនៃអត្ថន័យនៃប្រភពដើមរបស់ព្រះជាម្ចាស់យកកំណើតជាមនុស្ស ដែលមនុស្សគួរតែយល់ដឹង។

អម្បាញ់មិញនេះ ខ្ញុំបាននិយាយយ៉ាងសាមញ្ញ និងជាទូទៅអំពីប្រវត្តិ និងបរិយាកាសនៃការប្រសូតរបស់ព្រះគ្រីស្ទ ដើម្បីឱ្យអ្នករាល់គ្នាទទួលបានការយល់ដឹងជាទូទៅអំពីវា។ បន្ទាប់មក ចូរយើងវែកញែកអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះប្រភពដើមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ទីមួយ ពួកទទឹងនឹងព្រះគ្រីស្ទលួចមើលងាយ និងមានអារម្មណ៍ទទឹងទាស់នឹងបរិយាកាស និងប្រវត្តិនៃការប្រសូតរបស់ព្រះគ្រីស្ទ។ ហេតុអ្វីបានជាពួកគេមើលងាយ និងមានអារម្មណ៍ទទឹងទាស់នឹងរឿងនេះ? ពីព្រោះពួកគេរក្សាទុកគំនិត និងសញ្ញាណបែបនេះក្នុងចិត្ត។ តើពួកគេមានទស្សនៈបែបណាអំពីរឿងនេះ? «ព្រះជាម្ចាស់គឺជាព្រះអាទិករ ទ្រង់ខ្ពង់ខ្ពស់បំផុតលើអ្វីៗទាំងអស់។ ទ្រង់ខ្ពស់ជាងស្ថានសួគ៌ ហើយខ្ពស់ជាងមនុស្សជាតិ ព្រមទាំងភាវៈទាំងអស់ផ្សេងទៀតដែលព្រះជាម្ចាស់បានបង្កើត។ ប្រសិនបើបុគ្គលនេះជាព្រះជាម្ចាស់ នោះគាត់គួរតែឡើងទៅកាន់ឋានៈខ្ពស់បំផុតនៅក្នុងចំណោមមនុស្សជាតិ»។ តើពួកគេមានន័យយ៉ាងណាដែលថា គាត់ឡើងទៅកាន់ឋានៈខ្ពស់បំផុតនោះ? ពួកគេមានន័យថា គាត់គួរតែលេចធ្លោលើសមនុស្សគ្រប់គ្នា ថាគាត់គួរតែប្រសូតនៅក្នុងគ្រួសារធំមួយដែលមានកេរ្តិ៍ឈ្មោះ និងថ្លៃថ្នូរ ហើយមិនខ្វះខាតអ្វីឡើយ ថាគាត់គួរតែប្រសូតមកដោយមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មានអំណាចដាច់ខាត ព្រមទាំងមានសិទ្ធិអំណាច និងឥទ្ធិពល ហើយជាពិសេស ត្រូវតែជាអ្នកមាន និងជាមហាសេដ្ឋី។ ក្នុងពេលជាមួយគ្នានេះ គាត់គួរតែទទួលបានការអប់រំខ្ពស់ ដោយរៀនសូត្រអ្វីៗគ្រប់យ៉ាងដែលមនុស្សគួរតែដឹងនៅក្នុងពិភពលោកនេះ។ ឧទាហរណ៍ ដូចជារាជទាយាទ គាត់គួរតែទទួលបានការបង្រៀនជាលក្ខណៈមួយទល់នឹងមួយ ចូលរៀននៅសាលាល្បីៗ និងរីករាយនឹងជីវិតវណ្ណៈខ្ពស់។ គាត់មិនគួរជាកូននៃគ្រួសារធម្មតាឡើយ។ ដោយសារគ្រីស្ទគឺជាសាច់ឈាមយកកំណើតជាមនុស្ស ការអប់រំរបស់ទ្រង់គួរតែខ្ពស់ជាងការអប់រំរបស់មនុស្សទាំងអស់ ហើយឯកសារសិក្សារបស់គាត់គួរតែខុសពីឯកសារសិក្សារបស់មនុស្សធម្មតា។ ពួកគេគិតថា ដោយសារគ្រីស្ទមកដើម្បីសោយរាជ្យជាស្ដេច គាត់គួរតែរៀនសិល្បៈនៃការគ្រប់គ្រង ក៏ដូចជារបៀបគ្រប់គ្រង និងត្រួតត្រាមនុស្សជាតិ ហើយសិក្សាពីយុទ្ធសាស្ត្រទាំងសាមសិបប្រាំមួយ ព្រមទាំងរៀនភាសាជាច្រើន និងជំនាញសិល្បៈមួយចំនួន ដើម្បីឱ្យអ្វីៗរឿងទាំងនេះអាចយកទៅប្រើប្រាស់នៅក្នុងកិច្ចការរបស់គាត់នាពេលអនាគត ហើយដើម្បីឱ្យគាត់អាចគ្រប់គ្រងមនុស្សគ្រប់ប្រភេទនៅថ្ងៃអនាគតបាន។ សម្រាប់ពួកគេ មានតែព្រះគ្រីស្ទបែបនេះទេ ទើបជាព្រះគ្រីស្ទដែលថ្លៃថ្នូរ អស្ចារ្យ និងមានសមត្ថភាពសង្គ្រោះមនុស្សបាន ពីព្រោះទ្រង់នឹងមានចំណេះដឹង និងទេពកោសល្យគ្រប់គ្រាន់ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអានចិត្តមនុស្ស ដើម្បីឱ្យទ្រង់អាចត្រួតត្រាពួកគេបាន។ ពួកទទឹងនឹងព្រះគ្រីស្ទរក្សាទុកសញ្ញាណបែបនេះក្នុងចិត្តអំពីប្រភពដើមនៃសាច់ឈាមយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយពួកគេប្រកាន់ខ្ជាប់នូវសញ្ញាណទាំងនេះ ខណៈពេលដែលទទួលយកព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ទីមួយ ពួកគេមិនទុកសញ្ញាណរបស់ពួកគេមួយឡែក ហើយមកស្វែងយល់ ឬយល់ដឹងជាថ្មីពីអ្វីដែលព្រះជាម្ចាស់ធ្វើ ចេញពីជម្រៅចិត្តរបស់ពួកគេឡើយ។ ពួកគេមិនបដិសេធសញ្ញាណ និងទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ ឬមកយល់ដឹងពីទស្សនៈខុសទំនងដែលពួកគេរក្សាទុកក្នុងចិត្តនោះទេ ហើយពួកគេមិនមកស្គាល់ព្រះគ្រីស្ទ និងសាច់ឈាមយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ព្រមទាំងទទួលយកអ្វីគ្រប់យ៉ាងដែលព្រះគ្រីស្ទមានបន្ទូល និងធ្វើ ដោយមានអាកប្បកិរិយា និងគោលការណ៍នៃការចុះចូលនឹងសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ ពួកគេវាស់ស្ទង់អ្វីគ្រប់យ៉ាងដែលព្រះគ្រីស្ទមានបន្ទូល ដោយប្រើសញ្ញាណ និងទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ។ «សម្ដីនេះរបស់ព្រះគ្រីស្ទគឺគ្មានហេតុផលឡើយ សម្ដីនោះប្រើពាក្យមិនបានល្អ មានកំហុសវេយ្យាករណ៍នៅក្នុងសម្ដីនេះ។ គេអាចមើលដឹងថា ព្រះគ្រីស្ទមិនទទួលបានការអប់រំខ្ពស់ទេ។ តើគាត់មិនកំពុងនិយាយដូចមនុស្សសាមញ្ញទេឬអី? តើព្រះគ្រីស្ទអាចនិយាយបែបនោះបានដោយរបៀបណា? វាមិនមែនជាកំហុសរបស់គាត់ទេ។ តាមពិតទៅ គាត់ក៏ចង់លេចធ្លោ ចង់ឱ្យអ្នកដទៃគោរពឱ្យតម្លៃគាត់ដែរ ប៉ុន្តែវាមិនអាចទៅរួចទេ ដោយគាត់មិនមែនមកពីគ្រួសារល្អឡើយ។ មាតាបិតារបស់ទ្រង់គ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ ហើយភាពជាមនុស្សបែបនោះរបស់ពួកគេ បានជះឥទ្ធិពលឱ្យទ្រង់ក្លាយជាមនុស្សប្រភេទដូចគ្នា។ តើព្រះជាម្ចាស់អាចធ្វើបែបនេះបានដោយរបៀបណា? ហេតុអ្វីបានជាសម្ដី និងឥរិយាបថរបស់ព្រះគ្រីស្ទហាក់ដូចជាមិនសូវថ្លៃថ្នូរ និងខ្ពង់ខ្ពស់សោះអ៊ីចឹង? ហេតុអ្វីបានជាទ្រង់មិនមានការនិយាយស្ដី និងអាកប្បកិរិយាដូចជាអ្នកប្រាជ្ញ និងបញ្ញវន្តដ៏ចេះដឹងជ្រៅជ្រះនៅក្នុងសង្គម ដូចជាព្រះនាង និងព្រះអង្គម្ចាស់មកពីវណ្ណៈខ្ពស់នៃសង្គម? ហេតុអ្វីបានជាពាក្យសម្ដី និងទង្វើរបស់ព្រះគ្រីស្ទ ហាក់ដូចជាមិនស៊ីសង្វាក់នឹងអត្តសញ្ញាណរបស់គាត់សោះអ៊ីចឹង?» នៅក្នុងរបៀបដែលពួកគេមើលព្រះគ្រីស្ទ ព្រះបន្ទូល និងកិច្ចការទាំងអស់របស់ទ្រង់ របៀបដែលទ្រង់ប្រព្រឹត្តចំពោះមនុស្ស ព្រមទាំងរបៀបមានបន្ទូល និងឥរិយាបថរបស់ទ្រង់ ពួកទទឹងនឹងព្រះគ្រីស្ទរក្សាទុកក្នុងចិត្តនូវទស្សនៈបែបនេះ និងរបៀបសង្កេតមើលបែបនេះ ហើយសញ្ញាណក៏កើតមាននៅក្នុងចិត្តរបស់ពួកគេជៀសមិនរួច។ ពួកគេមិនត្រឹមតែមិនចុះចូលនឹងព្រះគ្រីស្ទប៉ុណ្ណោះទេ ពួកគេថែមទាំងមិនអាចប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ទ្រង់បានត្រឹមត្រូវទៀតផង។ ពួកគេនិយាយថា៖ «តើមនុស្សធម្មតាបែបនេះ ជនសាមញ្ញបែបនេះ អាចធ្វើជាព្រះអង្គសង្គ្រោះរបស់ខ្ញុំបានដែរឬទេ? តើទ្រង់អាចប្រទានពរដល់ខ្ញុំបានដែរឬទេ? តើខ្ញុំអាចទទួលបានផលប្រយោជន៍អ្វីពីគាត់ដែរឬទេ? តើបំណង និងក្ដីប្រាថ្នារបស់ខ្ញុំអាចសម្រេចបានដែរឬទេ? បុគ្គលនេះសាមញ្ញពេកហើយ ដល់ថ្នាក់ត្រូវគេមើលងាយទៀតផង»។ កាលណាពួកទទឹងនឹងព្រះគ្រីស្ទមើលឃើញព្រះគ្រីស្ទថាសាមញ្ញ និងមធ្យម ហើយគិតថាព្រះគ្រីស្ទមានភាពប្រក្រតីខ្លាំងប៉ុនណា នោះពួកគេក៏កាន់តែមានអារម្មណ៍ថាខ្លួនឯងខ្ពង់ខ្ពស់ និងថ្លៃថ្នូរ។ ក្នុងពេលជាមួយគ្នានេះ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះថែមទាំងប្រៀបធៀបខ្លួនជាមួយព្រះគ្រីស្ទទៀតផង៖ «អ្នកនៅក្មេង ហើយមិនដឹងចេះស្លៀកពាក់ ឬនិយាយស្ដីជាមួយមនុស្សទេ។ អ្នកមិនដឹងពីរបៀបបញ្ឆោតយកព័ត៌មានពីមនុស្សទេ។ ហេតុអ្វីបានជាអ្នកត្រង់ពេកម្ល៉េះ? តើសម្ដីណាមួយរបស់អ្នក មានលក្ខណៈដូចជាព្រះត្រង់ណាទៅ? តើអ្វីគ្រប់យ៉ាងដែលអ្នកនិយាយ តំណាងឱ្យថាអ្នកជាព្រះជាម្ចាស់ត្រង់ណាទៅ? តើទង្វើ ការនិយាយស្ដី ឥរិយាបថ ឫកពា និងការស្លៀកពាក់របស់អ្នក មានលក្ខណៈដូចជាព្រះត្រង់ណាទៅ? ខ្ញុំមិនគិតថាអ្នកមានលក្ខណៈដូចជាព្រះជាម្ចាស់នៅក្នុងចំណុចណាមួយទាំងនេះឡើយ។ ព្រះគ្រីស្ទគួរតែមានការអប់រំខ្ពស់ ស្គាល់ពីព្រះគម្ពីរយ៉ាងច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងនិយាយបានយ៉ាងប៉ិនប្រសប់ ប៉ុន្តែអ្នកតែងតែនិយាយដដែលៗ ហើយពេលខ្លះ អ្នកប្រើពាក្យដែលមិនសមរម្យទៀតផង»។ បន្ទាប់ពីដើរតាមព្រះគ្រីស្ទអស់រយៈពេលជាច្រើនឆ្នាំមក ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែមិនបានទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតនៅក្នុងចិត្តរបស់ពួកគេប៉ុណ្ណោះទេ ពួកគេថែមទាំងមិនបានទទួលយកការពិតដែលថា ព្រះគ្រីស្ទគឺជាសាច់ឈាមយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ទៀតផង។ នេះស្មើនឹងការដែលពួកគេមិនទទួលយកព្រះគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់ពួកគេអ៊ីចឹង។ ផ្ទុយទៅវិញ ពួកគេកាន់តែមើលងាយសាច់ឈាមយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ដែលជាមនុស្សធម្មតាម្នាក់នេះ នៅក្នុងចិត្តរបស់ពួកគេទៅទៀត។ ដោយសារពួកគេមិនឃើញមានអ្វីពិសេសនៅក្នុងព្រះគ្រីស្ទ ដោយសារប្រភពដើមរបស់ទ្រង់គឺសាមញ្ញ និងធម្មតាខ្លាំង ហើយដោយសារទ្រង់ហាក់ដូចជាមិនអាចនាំមកនូវផលប្រយោជន៍អ្វីដល់ពួកគេនៅក្នុងសង្គម ឬនៅក្នុងចំណោមមនុស្សជាតិ ឬធ្វើឱ្យពួកគេអាចទទួលបានអត្ថប្រយោជន៍ណាមួយ ពួកគេក៏ចាប់ផ្ដើមវិនិច្ឆ័យទ្រង់តាមតែអំពើចិត្ត និងដោយចំហថា៖ «តើអ្នកមិនមែនគ្រាន់តែជាកូនរបស់គ្រួសារនេះ គ្រួសារនោះទេឬអី? ចុះបើខ្ញុំវិនិច្ឆ័យអ្នក តើវាខុសអីទៅ? តើអ្នកអាចធ្វើអ្វីខ្ញុំបាន? ប្រសិនបើអ្នកមានគ្រួសារដ៏ល្បីល្បាញ ឬមានមាតាបិតាជាមន្ត្រី ខ្ញុំប្រហែលជាខ្លាចអ្នកហើយ។ ហេតុអ្វីបានជាខ្ញុំត្រូវខ្លាចអ្នក បើអ្នកគ្រាន់តែជាមនុស្សបែបនេះ? ដូច្នេះ ទោះបីជាអ្នកជាគ្រីស្ទ ជាសាច់ឈាមយកកំណើតជាមនុស្សដែលព្រះបានធ្វើបន្ទាល់ក៏ដោយ ក៏ខ្ញុំមិនខ្លាចអ្នកដែរ! ខ្ញុំនៅតែវិនិច្ឆ័យអ្នកពីក្រោយខ្នងរបស់អ្នក ហើយបញ្ចេញមតិអំពីអ្នកដោយសេរីដដែល។ ពេលណាខ្ញុំមានឱកាស ខ្ញុំនឹងសិក្សាពីគ្រួសារ និងទីកន្លែងកំណើតរបស់អ្នក»។ ទាំងនេះគឺជារឿងដែលពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តបំផុតក្នុងការយកមកធ្វើជាបញ្ហា។ ពួកគេមិនដែលស្វែងរកសេចក្ដីពិតឡើយ ហើយអ្វីក៏ដោយដែលមិនស្របនឹងសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ តែងតែត្រូវបានពួកគេវិនិច្ឆ័យ និងប្រឆាំងម្ដងហើយម្ដងទៀត។ មនុស្សទាំងនេះដឹងយ៉ាងច្បាស់ថា អ្វីដែលព្រះគ្រីស្ទស្ដែងចេញគឺជាសេចក្ដីពិត ចុះហេតុអ្វីបានជាពួកគេមិនដេញតាមសេចក្ដីពិត? ពួកគេពិតជាគ្មានវិចារណញ្ញាណមែន!

ពួកទទឹងនឹងព្រះគ្រីស្ទថ្វាយបង្គំអំណាច និងឋានៈជាពិសេស។ ប្រសិនបើព្រះគ្រីស្ទមកពីគ្រួសារដែលមានទ្រព្យសម្បត្តិ និងអំណាច ពួកគេមុខជាមិនហ៊ាននិយាយអ្វីឡើយ។ ប៉ុន្តែ ប្រសិនបើទ្រង់មកពីគ្រួសារធម្មតាដែលគ្មានអំណាច ពួកគេនឹងមិនខ្លាចទ្រង់ទាល់តែសោះ។ ពួកគេនឹងមានអារម្មណ៍ថា ពួកគេអាចសិក្សា និងជំនុំជម្រះព្រះជាម្ចាស់ ព្រះគ្រីស្ទ តាមតែអំពើចិត្ត ហើយពួកគេនឹងមិនខ្វល់ខ្វាយពីរឿងនេះទាល់តែសោះ។ ប្រសិនបើពួកគេពិតជាទទួលស្គាល់ និងជឿថាបុគ្គលនេះគឺជាសាច់ឈាមយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មែន តើពួកគេអាចធ្វើបែបនេះបានដែរឬទេ? តើនរណាម្នាក់ដែលមានចិត្តកោតខ្លាចព្រះជាម្ចាស់សូម្បីតែបន្តិច នឹងធ្វើរឿងនេះដែរឬទេ? តើពួកគេមិនទប់ចិត្តខ្លួនឯងទេឬអី? (មែនហើយ។) តើមនុស្សប្រភេទណាដែលអាចធ្វើបែបនេះបាន? តើនេះមិនមែនជាអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? (មែនហើយ។) ប្រសិនបើអ្នកទទួលស្គាល់ថាសារជាតិរបស់ព្រះគ្រីស្ទគឺជាព្រះជាម្ចាស់ផ្ទាល់ ហើយថាបុគ្គលដែលអ្នកដើរតាមគឺជាព្រះជាម្ចាស់ តើអ្នកគួរប្រព្រឹត្តចំពោះអ្វីៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងព្រះគ្រីស្ទដោយរបៀបណា? តើមនុស្សមិនគួរមានគោលការណ៍ទេឬអី? (មែនហើយ។) ចុះហេតុអ្វីបានជាពួកគេហ៊ានបំពានគោលការណ៍ទាំងនេះ ដោយគ្មានការញញើតសូម្បីតែបន្តិចសោះអ៊ីចឹង? តើនេះមិនមែនជាការស្ដែងចេញនៃការប្រទូសរ៉ាយចំពោះព្រះគ្រីស្ទទេឬអី? ដោយសារព្រះគ្រីស្ទបានប្រសូតនៅក្នុងគ្រួសារធម្មតាមួយ ខណៈដែលពួកគេមានអារម្មណ៍មិនពេញចិត្តចំពោះទ្រង់ ពួកទទឹងនឹងព្រះគ្រីស្ទក៏រក្សាទុកការប្រទូសរ៉ាយចំពោះគ្រួសារ និងសមាជិកគ្រួសាររបស់ទ្រង់ក្នុងចិត្តផងដែរ។ ហើយខណៈពេលដែលការប្រទូសរ៉ាយនេះកើតឡើងនៅក្នុងចិត្តពួកគេ ពួកគេមិនឈប់ ឬសម្រាកឡើយ ផ្ទុយទៅវិញ ពួកគេដើរក្រវែលជុំវិញផ្ទះរបស់ព្រះគ្រីស្ទ ហើយសាកសួរព័ត៌មានរាល់ពេលដែលពួកគេមានឱកាស ហាក់ដូចជាពួកគេកំពុងប្រកបមុខរបរស្របច្បាប់មួយដូច្នោះដែរ៖ «តើគ្រីស្ទបានត្រឡប់មកវិញហើយឬនៅ? តើមានអ្វីផ្លាស់ប្ដូរនៅក្នុងជីវភាពរបស់គ្រួសារនេះដែរឬទេ ចាប់តាំងពីគ្រីស្ទបានលេចមក?»។ ពួកគេឈ្មុសឈ្មុលសួររឿងទាំងនេះរាល់ពេលដែលពួកគេមានឱកាស។ តើមនុស្សបែបនេះមិនគួរឱ្យស្អប់ខ្ពើមទេឬអី? តើពួកគេមិនគួរឱ្យខ្ពើមរអើមទេឬអី? តើពួកគេមិនថោកទាបទេឬអី? ពួកគេពិតជាថោកទាប និងកង្វក់ខ្លាំងណាស់! កុំទាន់អាលនិយាយអំពីថាតើសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់មានលក្ខណៈបែបណាអី គ្រាន់តែពិចារណាមើលថា៖ តើមនុស្សដែលអាចធ្វើរឿងបែបនេះ និងរក្សាទុកគំនិតកង្វក់បែបនេះក្នុងចិត្ត ត្រូវមានចរិតលក្ខណៈបែបណាទៅ? ពួកគេច្បាស់ជាមានចរិតលក្ខណៈទាបថោកមិនខាន។ ពួកគេសុទ្ធតែជាមនុស្សថោកទាប ហើយថោកទាប និងកង្វក់ដល់កម្រិតបំផុត! ប្រសិនបើអ្នកមិនជឿលើព្រះគ្រីស្ទទេ អ្នកអាចនិយាយមកកាន់ខ្ញុំឱ្យច្បាស់ថា «អ្នកមើលទៅមិនដូចជាព្រះទេ អ្នកគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ។ ខ្ញុំបានវិនិច្ឆ័យអ្នកពីក្រោយខ្នងរបស់អ្នក តើអ្នកអាចធ្វើអ្វីបាន? ខ្ញុំបានបដិសេធអ្នក តើអ្នកអាចធ្វើអ្វីបាន?»។ ប្រសិនបើអ្នកមិនជឿទេ ខ្ញុំនឹងមិនបង្ខំអ្នកឡើយ ហើយក៏គ្មាននរណាម្នាក់នឹងទទុចឱ្យអ្នកជឿដែរ។ ប៉ុន្តែ អ្នកមិនចាំបាច់លួចធ្វើទង្វើកំប៉ិកកំប៉ុកទាំងនេះឡើយ។ តើទង្វើទាំងនេះមានប្រយោជន៍អ្វីទៅ? តើទង្វើទាំងនេះអាចជួយអ្នកឱ្យបង្កើនសេចក្ដីជំនឿរបស់អ្នកបានដែរឬទេ? តើវាអាចជួយឱ្យជីវិតរបស់អ្នកមានការរីកចម្រើន ឬជួយអ្នកឱ្យយល់ពីព្រះជាម្ចាស់កាន់តែច្រើនបានដែរឬទេ? ទង្វើទាំងនេះមិនអាចសម្រេចគោលបំណងណាមួយខាងលើបានឡើយ ចុះហេតុអ្វីបានជាត្រូវធ្វើវាទៅ? យ៉ាងហោចណាស់ អ្នកដែលធ្វើទង្វើបែបនេះ មានភាពជាមនុស្សដ៏គួរឱ្យមើលងាយបំផុត ពួកគេមិនជឿលើសារជាតិរបស់ព្រះគ្រីស្ទ ហើយក៏មិនទទួលស្គាល់អត្តសញ្ញាណរបស់ទ្រង់ដែរ។ ប្រសិនបើអ្នកមិនជឿទេ នោះកុំជឿអី។ ចេញទៅ! ហេតុអ្វីបានជាត្រូវបន្តស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ធ្វើអ្វីទៀត? ការមិនជឿលើព្រះជាម្ចាស់ តែនៅតែចង់បានព្រះពរ និងរក្សាទុកមហិច្ឆតា និងបំណងប្រាថ្នាក្នុងចិត្ត នេះហើយគឺជាភាពថោកទាបរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ មនុស្សបែបនេះ ដោយសារតែគួរឱ្យស្អប់ខ្ពើមខ្លាំងពេក ទើបអាចធ្វើសកម្មភាពដ៏ «អស្ចារ្យ» បែបនេះបាន។ ខ្ញុំបានចាកចេញពីផ្ទះអស់រយៈពេល២០ឆ្នាំ ហើយមនុស្សទាំងនេះបាន «មើលថែយ៉ាងល្អ» នូវផ្ទះនោះអស់រយៈពេល២០ឆ្នាំ។ ខ្ញុំបានចាកចេញអស់រយៈពេល៣០ឆ្នាំ ហើយពួកគេបាន «មើលថែ» វាអស់រយៈពេល៣០ឆ្នាំ។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាពួកគេ «ចិត្តល្អ» និងទំនេរម្ល៉េះ។ ខ្ញុំបានរកឃើញចម្លើយចំពោះសំណួរនេះថា ពួកគេចង់ប្រឆាំងនឹងព្រះជាម្ចាស់រហូតដល់ទីបញ្ចប់។ ពួកគេមិនជឿលើសារជាតិរបស់ព្រះជាម្ចាស់ ឬលើអ្វីគ្រប់យ៉ាងដែលទ្រង់បានធ្វើឡើយ។ តាមសំបកក្រៅ ពួកគេហាក់ដូចជាចង់ដឹងចង់ឃើញ និងខ្វល់ខ្វាយ ប៉ុន្តែតាមសារជាតិ ពួកគេកំពុងតាមដាន និងស្វែងរកចំណុចខ្សោយ រីឯនៅក្នុងចិត្តវិញ ពួកគេមានចិត្តប្រទូសរ៉ាយ បដិសេធ និងថ្កោលទោស។ ហេតុអ្វីបានជាមនុស្សទាំងនេះនៅតែជឿទៀត? តើការដែលពួកគេជឿលើព្រះជាម្ចាស់មានប្រយោជន៍អ្វីទៅ? ពួកគេគួរតែឈប់ជឿ ហើយចេញពីទីនេះឱ្យលឿនទៅ! ដំណាក់របស់ព្រះជាម្ចាស់មិនត្រូវការមនុស្សបែបនេះទេ។ ពួកគេមិនគួរធ្វើឱ្យខ្លួនឯងអាម៉ាស់មុខឡើយ! តើអ្នករាល់គ្នានឹងធ្វើរឿងដូចគ្នានេះដែរឬទេ នៅក្រោមស្ថានភាព និងលក្ខខណ្ឌស្រដៀងគ្នានេះ? ប្រសិនបើអ្នករាល់គ្នាអាចធ្វើបាន នោះអ្នករាល់គ្នាក៏ដូចជាពួកគេដែរ គឺជាពួកទទឹងនឹងព្រះគ្រីស្ទមួយក្រុមដែលប្ដេជ្ញាប្រឆាំងនឹងព្រះជាម្ចាស់រហូតដល់ទីបញ្ចប់ មិនឈប់ឈររហូតដល់ស្លាប់ ហើយព្យាយាមស្វែងរកចំណុចខ្សោយ និងភស្តុតាងអំពីព្រះជាម្ចាស់ ដើម្បីបដិសេធទ្រង់ សារជាតិរបស់ទ្រង់ និងអត្តសញ្ញាណរបស់ទ្រង់។

មិនថាព្រះជាម្ចាស់ធ្វើអ្វីក៏ដោយ ក៏ទ្រង់មិនដែលខុសឡើយ។ មិនថាទ្រង់បានប្រសូតនៅក្នុងបរិយាកាស និងប្រវត្តិសាមញ្ញ និងធម្មតា ឬក៏លេចធ្លោក៏ដោយ គឺគ្មានអ្វីខុសឆ្គងក្នុងរឿងនេះឡើយ ហើយក៏គ្មានអ្វីដែលទុកចន្លោះឱ្យមនុស្សស្វែងរកចំណុចខ្សោយពីទ្រង់បានដែរ។ ប្រសិនបើអ្នកព្យាយាមស្វែងរកកំហុស ឬភស្តុតាងណាមួយនៅក្នុងសាច់ឈាមយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ដើម្បីបញ្ជាក់ថាទ្រង់មិនមែនជាព្រះគ្រីស្ទ ឬថាទ្រង់ខ្វះសារជាតិរបស់ព្រះជាម្ចាស់ទេនោះ ខ្ញុំប្រាប់អ្នកថា អ្នកមិនបាច់ខំប្រឹងព្យាយាមទេ ហើយអ្នកក៏មិនបាច់ខំប្រឹងជឿដែរ។ គ្រាន់តែចេញទៅ តើអ្នកនឹងមិនរួចផុតពីបញ្ហាទេឬអី? ហេតុអ្វីបានជាធ្វើឱ្យជីវិតខ្លួនឯងលំបាកម្ល៉េះ? ការព្យាយាមស្វែងរកកំហុស ឬភស្តុតាងនៅក្នុងព្រះគ្រីស្ទ ដើម្បីចោទប្រកាន់ បដិសេធ ឬថ្កោលទោសទ្រង់ មិនមែនជាមុខរបរស្របច្បាប់ ភារកិច្ច ឬការទទួលខុសត្រូវរបស់អ្នកឡើយ។ មិនថាព្រះគ្រីស្ទបានប្រសូតនៅក្នុងគ្រួសារបែបណា បរិយាកាសដែលទ្រង់បានចម្រើនវ័យ ឬភាពជាមនុស្សដែលទ្រង់មាននោះទេ នេះគឺជាការជ្រើសរើសរបស់ព្រះជាម្ចាស់ផ្ទាល់ ដែលជាព្រះអាទិករ ហើយវាមិនពាក់ព័ន្ធនឹងនរណាម្នាក់ឡើយ។ អ្វីក៏ដោយដែលព្រះជាម្ចាស់ធ្វើ គឺត្រឹមត្រូវ វាគឺជាសេចក្ដីពិត ហើយវាត្រូវបានធ្វើឡើងដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។ ប្រសិនបើព្រះជាម្ចាស់មិនបានប្រសូតនៅក្នុងគ្រួសារធម្មតា ប៉ុន្តែប្រសូតនៅក្នុងរាជវាំងវិញ តើអ្នកដែលជាជនសាមញ្ញធម្មតាម្នាក់ ជាមនុស្សតូចតាចមកពីវណ្ណៈទាបនៃសង្គម នៅតែមានឱកាសប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ដែរឬទេ? អ្នកមុខជាគ្មានឱកាសឡើយ។ ដូច្នេះ តើការដែលព្រះជាម្ចាស់ជ្រើសរើសរបៀបនៃការប្រសូត និងចម្រើនវ័យបែបនេះ មានអ្វីខុសឆ្គងដែរទេ? នេះគឺជាសេចក្ដីស្រឡាញ់ដែលគ្មានអ្វីប្រៀបផ្ទឹមបាននៅក្នុងពិភពលោក វាគឺជាអ្វីដែលវិជ្ជមានបំផុត។ ទោះជាយ៉ាងណាក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទមើលឃើញអ្វីដែលវិជ្ជមានបំផុតដែលព្រះជាម្ចាស់បានធ្វើ ថាជាសញ្ញាបង្ហាញថាទ្រង់ងាយនឹងត្រូវគេធ្វើបាប និងលេងសើចតាមអំពើចិត្ត ហើយចង់តាមដានទ្រង់ជានិច្ច ព្រមទាំងស្វែងរកអ្វីដែលអាចយកមកប្រើប្រឆាំងនឹងទ្រង់។ តើអ្នកកំពុងតាមដានអ្វីទៅ? ប្រសិនបើអ្នកសូម្បីតែមិនអាចទុកចិត្តលើចរិតលក្ខណៈ និងភាពជាមនុស្សរបស់ព្រះគ្រីស្ទផង ហើយអ្នកដើរតាមទ្រង់ដោយចាត់ទ្រង់ជាព្រះជាម្ចាស់ តើអ្នកមិនកំពុងទះកំផ្លៀងខ្លួនឯងទេឬអី? តើអ្នកមិនកំពុងបង្កការលំបាកដល់ខ្លួនឯងទេឬអី? ហេតុអ្វីបានជាលេងល្បែងនេះ? តើវាសប្បាយទេ? ក្រោយមក ខ្ញុំបានអង្កេតឃើញថា មនុស្សភាគច្រើនដែលបានទទួលជឿព្រះដ៏មានគ្រប់ព្រះចេស្ដានៅពេលក្រោយ អាចប្រព្រឹត្តចំពោះរឿងនេះបានយ៉ាងត្រឹមត្រូវ។ មានមនុស្សមួយចំនួនតូចចង់ដឹងចង់ឃើញ នៅពេលដែលពួកគេប្រាស្រ័យទាក់ទងជាមួយខ្ញុំ ប៉ុន្តែខ្ញុំបានចៀសវាង និងមិនអើពើនឹងមនុស្សបែបនេះឡើយ។ ប្រសិនបើអ្នកអាចទទួលយកសេចក្ដីពិតបាន យើងគឺជាគ្រួសារតែមួយ។ ប្រសិនបើអ្នកមិនអាចទេ ហើយតែងតែព្យាយាមសាកសួរអំពីព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំ នោះចូរចេញទៅ។ ខ្ញុំមិនទទួលស្គាល់អ្នកឡើយ យើងមិនមែនជាគ្រួសារទេ ប៉ុន្តែជាសត្រូវ។ ប្រសិនបើ បន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងច្រើន និងទទួលយកកិច្ចការ ព្រមទាំងការគង្វាលរបស់ទ្រង់អស់រយៈពេលជាច្រើនឆ្នាំមក មនុស្សនៅតែរក្សាទុកក្នុងចិត្តនូវគំនិតបែបនេះចំពោះសាច់ឈាមយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយថែមទាំងប្រព្រឹត្តតាមគំនិតទាំងនោះទៀត គេត្រូវតែនិយាយថា មនុស្សបែបនេះមាននិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់។ ពួកគេគឺជាសត្រូវពីកំណើតរបស់ព្រះជាម្ចាស់ ដែលមិនអាចទទួលយកអ្វីៗដែលវិជ្ជមានបានឡើយ។

កាលពីពីរពាន់ឆ្នាំមុន ប៉ុលបានខិតខំយ៉ាងខ្លាំងដើម្បីប្រឆាំងទាស់នឹងព្រះអម្ចាស់យេស៊ូវ ដោយធ្វើទុក្ខបុកម្នេញ វិនិច្ឆ័យ និងថ្កោលទោសទ្រង់យ៉ាងឆ្កួតលីលា។ ហេតុអ្វី? ពីព្រោះព្រះអម្ចាស់យេស៊ូវបានប្រសូតនៅក្នុងគ្រួសារធម្មតាមួយ ទ្រង់គឺជាសមាជិកធម្មតាម្នាក់នៃប្រជាជនទូទៅ ហើយមិនទទួលបានអ្វីដែលហៅថាការអប់រំ ឥទ្ធិពល ឬការជះឥទ្ធិពលពីពួកអាចារ្យ និងពួកផារិស៊ីឡើយ។ នៅក្នុងក្រសែភ្នែករបស់ប៉ុល បុគ្គលបែបនេះមិនស័ក្ដិសមនឹងត្រូវបានហៅថាជាព្រះគ្រីស្ទឡើយ។ ហេតុអ្វីបានជាមិនស័ក្ដិសម? ពីព្រោះទ្រង់មានអត្តសញ្ញាណទាបតូច មិនសូវមានឋានៈក្នុងសង្គម ហើយទ្រង់គឺជាសមាជិកនៃវណ្ណៈក្រោមនៅក្នុងសង្គមមនុស្ស ហេតុដូច្នេះហើយ ទើបមិនស័ក្ដិសមនឹងត្រូវបានហៅថាជាព្រះគ្រីស្ទ ឬជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ឡើយ។ ដោយសារតែរឿងនេះហើយ ទើបប៉ុលហ៊ានខិតខំអស់ពីសមត្ថភាពដើម្បីប្រឆាំងទាស់នឹងព្រះអម្ចាស់យេស៊ូវ ដោយប្រើឥទ្ធិពល និងអំណាចទាក់ទាញរបស់គាត់ ព្រមទាំងរដ្ឋាភិបាល ដើម្បីថ្កោលទោស និងប្រឆាំងទាស់នឹងទ្រង់ រុះរើកិច្ចការរបស់ទ្រង់ និងចាប់ខ្លួនអ្នកដែលដើរតាមទ្រង់។ ខណៈពេលដែលគាត់ប្រឆាំងទាស់នឹងព្រះអម្ចាស់យេស៊ូវ ប៉ុលជឿថាគាត់កំពុងការពារកិច្ចការរបស់ព្រះជាម្ចាស់ ថាទង្វើរបស់គាត់គឺយុត្តិធម៌ ហើយថាគាត់តំណាងឱ្យកម្លាំងដ៏យុត្តិធម៌មួយ។ គាត់គិតថា គាត់មិនមែនកំពុងប្រឆាំងទាស់នឹងព្រះជាម្ចាស់ទេ ប៉ុន្តែកំពុងប្រឆាំងទាស់នឹងមនុស្សធម្មតាម្នាក់។ គឺដោយសារតែគាត់ចាត់ទុកប្រភពដើមរបស់ព្រះគ្រីស្ទថាទាបតូច និងមិនខ្ពង់ខ្ពស់នេះហើយ ទើបគាត់ហ៊ានវិនិច្ឆ័យ និងថ្កោលទោសព្រះគ្រីស្ទយ៉ាងគឃ្លើន និងដោយឥតញញើត ហើយគាត់មានអារម្មណ៍ថាសុខសាន្ត និងនឹងនរនៅក្នុងចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់គាត់។ តើគាត់ជាសត្វលោកប្រភេទណាទៅ? ទោះបីជាគាត់មិនបានដឹងថា ព្រះអម្ចាស់យេស៊ូវគឺជាសាច់ឈាមយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬមិនដឹងថា សេចក្ដីអធិប្បាយ និងព្រះបន្ទូលរបស់ទ្រង់មកពីព្រះជាម្ចាស់ក៏ដោយ តើមនុស្សធម្មតាម្នាក់នេះស័ក្ដិសមនឹងទទួលការវាយប្រហារយ៉ាងចាស់ដៃពីគាត់ដែរឬទេ? តើទ្រង់ស័ក្ដិសមនឹងទទួលការវាយប្រហារដ៏ព្យាបាទបែបនេះដែរឬទេ? តើទ្រង់សមនឹងត្រូវប៉ុលប្រឌិតពាក្យចចាមអារ៉ាម និងពាក្យកុហក ដើម្បីបោកបញ្ឆោតអ្នកដទៃ និងប្រកួតប្រជែងដណ្ដើមមនុស្សជាមួយទ្រង់ដែរឬទេ? តើពាក្យកុហករបស់ប៉ុលមិនមែនជាពាក្យគ្មានមូលដ្ឋានទេឬ? តើមានទង្វើណាមួយរបស់ព្រះអម្ចាស់យេស៊ូវដែលប៉ះពាល់ដល់ផលប្រយោជន៍ ឬឋានៈរបស់ប៉ុលដែរឬទេ? ទេ។ ព្រះអម្ចាស់យេស៊ូវបានផ្សព្វផ្សាយ និងថ្លែងសេចក្ដីអធិប្បាយនៅក្នុងចំណោមវណ្ណៈសង្គមថ្នាក់ក្រោម ហើយក្នុងពេលជាមួយគ្នានោះ មានមនុស្សមិនតិចទេដែលបានដើរតាមទ្រង់។ នេះគឺជាពិភពលោកមួយដែលខុសគ្នាស្រឡះពីបរិយាកាសរស់នៅរបស់មនុស្សដូចជាប៉ុល ចុះហេតុអ្វីបានជាប៉ុលធ្វើទុក្ខបុកម្នេញព្រះអម្ចាស់យេស៊ូវទៅវិញ? នេះគឺជាសារជាតិជាបុគ្គលទទឹងនឹងព្រះគ្រីស្ទរបស់គាត់ដែលកំពុងធ្វើការហើយ។ គាត់គិតថា៖ «មិនថាសេចក្ដីអធិប្បាយរបស់អ្នកអស្ចារ្យ ត្រឹមត្រូវ ឬត្រូវបានគេទទួលយកយ៉ាងណាក៏ដោយ ប្រសិនបើខ្ញុំនិយាយថាអ្នកមិនមែនជាគ្រីស្ទទេ នោះអ្នកមិនមែនជាគ្រីស្ទឡើយ។ ប្រសិនបើខ្ញុំមិនចូលចិត្តអ្នក ខ្ញុំនឹងធ្វើទុក្ខបុកម្នេញអ្នក ចោទប្រកាន់អ្នកតាមតែអំពើចិត្ត ហើយធ្វើឱ្យអ្នកបង់តម្លៃមិនខាន»។ ដោយសារតែរឿងទាំងនេះដែលព្រះគ្រីស្ទមាននៅក្នុងភាពជាមនុស្សធម្មតារបស់ទ្រង់ មិនបានបំពេញតាមតម្រូវការរបស់ប៉ុល ហើយមិនត្រូវបានធ្វើឡើង ឬមាននៅក្នុងទ្រង់ស្របតាមសញ្ញាណ និងការស្រមើស្រមៃរបស់ប៉ុល ទើបពួកទទឹងនឹងព្រះគ្រីស្ទដូចជាប៉ុល អាចវិនិច្ឆ័យ បដិសេធ និងថ្កោលទោសទ្រង់យ៉ាងគឃ្លើនបាន។ តើមានអ្វីកើតឡើងនៅទីបញ្ចប់? បន្ទាប់ពីត្រូវបានព្រះអម្ចាស់យេស៊ូវវាយផ្ដួលរួចមក ទីបំផុត ប៉ុលបានទទួលស្គាល់ថា៖ «តើអ្នកជាអ្នកណា ម្ចាស់អើយ?»។ បន្ទាប់មក ព្រះអម្ចាស់យេស៊ូវមានព្រះបន្ទូលថា៖ «ខ្ញុំគឺយេស៊ូវ ដែលអ្នកកំពុងទាស់ទទឹង»។ ចាប់ពីពេលនោះមក ប៉ុលលែងជឿថាយេស៊ូវគឺជាមនុស្សធម្មតា ឬជាបុគ្គលដែលមិនដូចជាព្រះគ្រីស្ទដោយសារតែប្រភពដើមដ៏តូចតាចរបស់ទ្រង់ទៀតហើយ។ ហេតុអ្វី? ពីព្រោះពន្លឺរបស់ព្រះអម្ចាស់យេស៊ូវអាចធ្វើឱ្យមនុស្សខ្វាក់ភ្នែកបាន ទ្រង់មានសិទ្ធិអំណាច ហើយព្រះបន្ទូលរបស់ទ្រង់អាចវាយផ្ដួលមនុស្ស និងវាយផ្ដួលព្រលឹងរបស់ពួកគេបាន។ ប៉ុលគិតក្នុងចិត្តថា៖ «តើបុគ្គលឈ្មោះយេស៊ូវនេះ ពិតជាអាចជាព្រះមែនឬ? តើគាត់អាចជាកូនរបស់ព្រះដែលមានជីវិតរស់មែនឬ? គាត់អាចវាយផ្ដួលមនុស្សបាន ដូច្នេះ គាត់ច្បាស់ជាព្រះហើយ។ ប៉ុន្តែ មានរឿងតែមួយគត់ គឺអ្នកដែលវាយផ្ដួលមនុស្ស មិនមែនជាមនុស្សធម្មតាម្នាក់នេះដែលត្រូវបានគេហៅថាគ្រីស្ទឡើយ ប៉ុន្តែគឺជាវិញ្ញាណរបស់ព្រះ។ ដូច្នេះ មិនថាយ៉ាងណាក៏ដោយ ដរាបណាអ្នកត្រូវបានគេហៅថាយេស៊ូវ ខ្ញុំនឹងមិនក្រាបថ្វាយបង្គំអ្នកឡើយ។ ខ្ញុំថ្វាយបង្គំតែព្រះនៅស្ថានសួគ៌ ដែលជាវិញ្ញាណរបស់ព្រះប៉ុណ្ណោះ»។ បន្ទាប់ពីត្រូវបានវាយផ្ដួលរួចមក ប៉ុលមានគំនិតមួយ។ ទោះបីជាការដែលគាត់ត្រូវបានវាយផ្ដួលជារឿងអាក្រក់ក៏ដោយ ក៏វាបានធ្វើឱ្យគាត់ដឹងថា បុគ្គលដែលត្រូវបានគេហៅថាគ្រីស្ទ មានអត្តសញ្ញាណពិសេសមួយ ហើយថាការក្លាយជាគ្រីស្ទគឺជាកិត្តិយសដ៏ធំធេង ហើយថាអ្នកណាក៏ដោយដែលក្លាយជាគ្រីស្ទ អាចក្លាយជាកូនរបស់ព្រះដែលមានជីវិតរស់ ចូលកាន់តែជិតព្រះជាម្ចាស់ និងផ្លាស់ប្ដូរទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ ដោយធ្វើឱ្យមនុស្សធម្មតានោះក្លាយជាមនុស្សពិសេស និងផ្លាស់ប្ដូរអត្តសញ្ញាណរបស់មនុស្សធម្មតានោះទៅជាអត្តសញ្ញាណនៃកូនរបស់ព្រះជាម្ចាស់។ គាត់គិតថា៖ «ទោះបីជាអ្នក យេស៊ូវ ជាកូនរបស់ព្រះជាម្ចាស់ដែលមានជីវិតរស់ក៏ដោយ តើរឿងនោះមានអ្វីអស្ចារ្យទៅ? ឪពុករបស់អ្នកគឺជាជាងឈើដ៏ក្រីក្រម្នាក់ ហើយម្ដាយរបស់អ្នកគឺជាស្ត្រីមេផ្ទះធម្មតាម្នាក់។ អ្នកបានធំដឹងក្ដីនៅក្នុងចំណោមមនុស្សសាមញ្ញ ហើយគ្រួសាររបស់អ្នកមានឋានៈសង្គមទាប ឯខ្លួនអ្នកផ្ទាល់ក៏គ្មានសមត្ថភាពពិសេសអ្វីដែរ។ តើអ្នកធ្លាប់អធិប្បាយនៅក្នុងព្រះវិហារបរិសុទ្ធដែរឬទេ? តើពួកអាចារ្យ និងពួកផារិស៊ីទទួលស្គាល់អ្នកដែរឬទេ? តើអ្នកទទួលបានការអប់រំអ្វីខ្លះ? តើឪពុកម្ដាយរបស់អ្នកមានចំណេះដឹងកម្រិតខ្ពស់ដែរឬទេ? អ្នកមិនមានរឿងទាំងនេះណាមួយឡើយ ប៉ុន្តែអ្នកនៅតែជាកូនរបស់ព្រះដែលមានជីវិតរស់ដដែល។ ចុះបើដូច្នេះ ដោយសារខ្ញុំមានចំណេះដឹងកម្រិតខ្ពស់បែបនេះ ហើយខ្ញុំប្រាស្រ័យទាក់ទងជាមួយមនុស្សនៅក្នុងសង្គមជាន់ខ្ពស់ ព្រមទាំងឪពុកម្ដាយរបស់ខ្ញុំជាបញ្ញវន្ត មានការអប់រំ និងមានសាវតាជាក់លាក់មួយ តើវាមិនងាយស្រួលទេឬអី សម្រាប់ខ្ញុំក្នុងការក្លាយជាគ្រីស្ទនោះ?»។ តើគាត់ចង់បង្កប់ន័យអ្វី? «ប្រសិនបើមនុស្សដូចជាយេស៊ូវអាចជាគ្រីស្ទបាន ចុះតើខ្ញុំ ប៉ុល មិនកាន់តែមានសមត្ថភាពធ្វើជាគ្រីស្ទ ជាកូនរបស់ព្រះជាម្ចាស់ដែលមានជីវិតរស់ទេឬអី ដោយសារខ្ញុំអស្ចារ្យ មានភាពទាក់ទាញ មានចំណេះដឹង និងមានឋានៈសង្គមខ្ពស់បែបនេះនោះ? នៅពេលដែលយេស៊ូវនៅមានជីវិត គាត់គ្រាន់តែអធិប្បាយ អានបទគម្ពីរ ផ្សព្វផ្សាយពីផ្លូវនៃការប្រែចិត្ត ដើរគ្រប់ទីកន្លែង ព្យាបាលមនុស្សឱ្យជាពីជំងឺ បណ្ដេញអារក្ស និងធ្វើទីសម្គាល់ ព្រមទាំងការអស្ចារ្យជាច្រើនប៉ុណ្ណោះ។ មានតែប៉ុណ្ណឹងទេ មែនទេ? បន្ទាប់ពីនោះមក គាត់បានក្លាយជាកូនរបស់ព្រះដែលមានជីវិតរស់ ហើយបានឡើងទៅស្ថានសួគ៌។ តើវាពិបាកប៉ុនណាទៅ? ខ្ញុំ ប៉ុល ពោរពេញដោយចំណេះដឹង ហើយមានឋានៈសង្គម និងអត្តសញ្ញាណដ៏ខ្ពង់ខ្ពស់។ ប្រសិនបើខ្ញុំដើរនៅក្នុងចំណោមមនុស្សឱ្យបានច្រើន ដូចដែលយេស៊ូវបានធ្វើ បង្កើនកេរ្តិ៍ឈ្មោះរបស់ខ្ញុំ ទទួលបានអ្នកដើរតាមកាន់តែច្រើន និងផ្ដល់ប្រយោជន៍ដល់មនុស្សកាន់តែច្រើន ហើយប្រសិនបើខ្ញុំអាចស៊ូទ្រាំនឹងទុក្ខលំបាក ចំណាយលះបង់ បន្ទាបឋានៈសង្គមរបស់ខ្ញុំ ធ្វើសេចក្ដីអធិប្បាយឱ្យបានច្រើន ធ្វើការងារឱ្យបានច្រើន និងទទួលបានមនុស្សកាន់តែច្រើន តើអត្តសញ្ញាណរបស់ខ្ញុំនឹងមិនផ្លាស់ប្ដូរទេឬអី? តើខ្ញុំនឹងមិនប្រែពីកូនមនុស្សទៅជាកូនរបស់ព្រះជាម្ចាស់ទេឬអី? តើកូនរបស់ព្រះជាម្ចាស់មិនមែនជាគ្រីស្ទទេឬអី? តើការធ្វើជាគ្រីស្ទមានអ្វីពិបាកទៅ? តើគ្រីស្ទមិនមែនជាកូនមនុស្សដែលកើតពីមនុស្សទេឬអី? ដោយសារយេស៊ូវអាចក្លាយជាព្រះគ្រីស្ទបាន ចុះហេតុអ្វីបានជាខ្ញុំ ប៉ុល មិនអាច? វាងាយស្រួលពេកហើយ! អ្វីក៏ដោយដែលយេស៊ូវបានធ្វើ ខ្ញុំនឹងធ្វើ អ្វីក៏ដោយដែលគាត់បាននិយាយ ខ្ញុំនឹងនិយាយ។ ទោះបីជាគាត់ដើរនៅក្នុងចំណោមមនុស្សយ៉ាងណាក៏ដោយ ខ្ញុំនឹងធ្វើដូចគ្នា។ តើខ្ញុំនឹងមិនមានអត្តសញ្ញាណ និងឋានៈដូចគ្នានឹងយេស៊ូវទេឬអី? តើខ្ញុំនឹងមិនបំពេញតាមលក្ខខណ្ឌដើម្បីទទួលបានការសព្វព្រះហឫទ័យពីពីព្រះជាម្ចាស់ ដូចដែលយេស៊ូវទទួលបានទេឬអី?»។ ហេតុដូច្នេះហើយ តាមរយៈសំបុត្ររបស់ប៉ុល វាមិនពិបាកទេក្នងការមើលឃើញពីការយល់ដឹង និងការយល់ឃើញរបស់គាត់ចំពោះអត្តសញ្ញាណរបស់យេស៊ូវ។ គាត់ជឿថា ព្រះអម្ចាស់យេស៊ូវគឺជាមនុស្សធម្មតាម្នាក់ ដែលតាមរយៈការធ្វើកិច្ចការ និងការចំណាយលះបង់ ហើយជាពិសេសបន្ទាប់ពីត្រូវបានគេឆ្កាង ទ្រង់ទទួលបានការសព្វព្រះហឫទ័យពីព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ហើយបានក្លាយជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ពោលគឺអត្តសញ្ញាណរបស់ទ្រង់បានផ្លាស់ប្ដូរនៅពេលក្រោយមក។ ដូច្នេះ នៅក្នុងគំនិតរបស់មនុស្សដូចជាប៉ុល ពួកគេមិនដែលទទួលស្គាល់យេស៊ូវថាជាសាច់ឈាមដែលព្រះជាម្ចាស់ពាក់នៅលើផែនដី ជាសាច់ឈាមយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សជាតិឡើយ។ ពួកគេមិនដែលទទួលស្គាល់សារជាតិរបស់ព្រះគ្រីស្ទទេ។

ពួកទទឹងនឹងព្រះគ្រីស្ទសព្វថ្ងៃនេះ គឺដូចជាប៉ុលដែរ។ ទីមួយ ពួកគេមានគំនិត មហិច្ឆតា និងវិធីសាស្ត្រដូចគ្នា ព្រមទាំងមានរឿងមួយទៀត គឺលក្ខណៈរួមនៃភាពល្ងង់ខ្លៅ។ តើភាពល្ងង់ខ្លៅរបស់ពួកគេកើតចេញពីណា? វាកើតចេញពីមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទមើលមកសាច់ឈាមយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ មិនថាមើលពីជ្រុងណាក៏ដោយ ក៏ពួកគេមិនអាចមើលឃើញសារជាតិរបស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រីស្ទឡើយ។ មិនថាពួកគេមើលយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចទទួលបានសេចក្ដីពិតពីរឿងនេះ ឬយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ឡើយ។ មិនថាពួកគេមើលយ៉ាងណាក៏ដោយ ក៏ពួកគេតែងតែជឿថា ព្រះគ្រីស្ទគឺជាមនុស្សធម្មតាម្នាក់។ ពួកគេគិតថា ប្រសិនបើគ្រីស្ទបានចុះពីស្ថានសួគ៌ដោយផ្ទាល់ ដើម្បីឱ្យមនុស្សគ្រប់គ្នាបានឃើញ នោះគាត់មុខជាមិនធម្មតាឡើយ។ ពួកគេគិតថា ប្រសិនបើគ្រីស្ទគ្មានប្រភពដើម ឬប្រវត្តិទាល់តែសោះ ហើយស្រាប់តែលេចមុខក្នុងចំណោមមនុស្ស នោះវាច្បាស់ជាប្លែក និងអស្ចារ្យខ្លាំងណាស់! រឿងដែលមនុស្សមិនអាចយល់បាន ដែលជារឿងដ៏អស្ចារ្យ គឺជាអ្វីដែលបំពេញមហិច្ឆតា បំណងប្រាថ្នា និងការចង់ដឹងចង់ឃើញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេសុខចិត្តដើរតាមគ្រីស្ទបែបនោះ ជាជាងមនុស្សធម្មតាម្នាក់ដែលអាចសម្ដែងចេញនូវសេចក្ដីពិត និងប្រទានជីវិតដល់ពួកគេ។ គឺដោយសារតែព្រះគ្រីស្ទបានប្រសូតពីមនុស្ស ហើយពិតជាមនុស្សធម្មតាម្នាក់ ជាមនុស្សប្រក្រតី និងជាក់ស្ដែង ដែលមិនទាក់ទាញចំណាប់អារម្មណ៍គ្រប់គ្រាន់ ឬមានបន្ទូលតាមរបៀបដែលធ្វើឱ្យកក្រើកផ្ទៃមេឃ និងផែនដីនេះហើយ ទើបនៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទបានអង្កេតមើលទ្រង់មួយរយៈ ពួកគេជឿថា អ្វីគ្រប់យ៉ាងដែលព្រះគ្រីស្ទធ្វើ គឺគ្មានអ្វីលើសពីនេះឡើយ។ បន្ទាប់ពីរកឃើញលំនាំមួយចំនួន ពួកគេក៏ចាប់ផ្ដើមត្រាប់តាមព្រះគ្រីស្ទ។ ពួកគេត្រាប់តាមសំនៀងរបស់ទ្រង់ របៀបនៃការមានបន្ទូលរបស់ទ្រង់ និងការលើកដាក់សំឡេងរបស់ទ្រង់។ អ្នកខ្លះថែមទាំងត្រាប់តាមពាក្យជាក់លាក់ដែលទ្រង់ប្រើ សូម្បីតែត្រាប់តាមសំឡេងដកដង្ហើម និងការក្អករបស់ទ្រង់ទៀតផង។ មនុស្សមួយចំនួនសួរថា៖ «តើការត្រាប់តាមនេះគឺដោយសារតែភាពល្ងង់ខ្លៅឬ?»។ វាមិនមែនទេ។ តើអ្វីដែលបណ្ដាលឱ្យមានរឿងនេះ? នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទឃើញព្រះគ្រីស្ទដែលជាមនុស្សធម្មតាបែបនេះ ដែលគ្រាន់តែមានបន្ទូលនូវពាក្យធម្មតាមួយចំនួន មានអ្នកដើរតាមជាច្រើន និងមានមនុស្សជាច្រើនចុះចូលនឹងទ្រង់ តើពេលនោះមិនមានគំនិតខ្លះកើតឡើងនៅក្នុងជម្រៅចិត្តរបស់ពួកគេអំពីរឿងនេះទេឬ? តើពួកគេអរសប្បាយសម្រាប់ព្រះជាម្ចាស់ មានអារម្មណ៍សប្បាយចិត្តសម្រាប់ទ្រង់ និងសរសើរតម្កើងទ្រង់ ឬក៏ពួកគេមានអារម្មណ៍ក្ដៅក្រហាយ គុំកួន ប្រទូសរ៉ាយ ច្រណែន និងឈ្នានីស? (ច្រណែន និងឈ្នានីស។) ពួកគេគិតថា៖ «តើអ្នកក្លាយជាព្រះជាម្ចាស់ដោយរបៀបណា? ហេតុអ្វីបានជាខ្ញុំមិនមែនជាព្រះជាម្ចាស់? តើអ្នកអាចនិយាយបានប៉ុន្មានភាសា? តើអ្នកអាចធ្វើទីសម្គាល់ និងការអស្ចារ្យបានដែរឬទេ? តើអ្នកអាចនាំអ្វីខ្លះដល់មនុស្ស? តើអ្នកមានអំណោយទាន និងទេពកោសល្យអ្វីខ្លះ? តើអ្នកមានសមត្ថភាពអ្វីខ្លះ? តើអ្នកធ្វើដូចម្ដេចទើបមានមនុស្សជាច្រើនដើរតាមអ្នក? ប្រសិនបើគ្រាន់តែសមត្ថភាពរបស់អ្នកប៉ុណ្ណោះក៏អាចធ្វើឱ្យមនុស្សជាច្រើនដើរតាមអ្នកបាន ចុះទម្រាំសមត្ថភាពរបស់ខ្ញុំ មុខជាមានមនុស្សដើរតាមខ្ញុំកាន់តែច្រើនមិនខាន»។ ដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទចង់ផ្ដោតការខិតខំប្រឹងប្រែងរបស់ពួកគេលើរឿងនេះ។ ហេតុដូច្នេះហើយ សម្រាប់ពួកគេ ពួកគេយល់ស្របទាំងស្រុងនឹងទស្សនៈរបស់ប៉ុល ដែលថាការក្លាយជាគ្រីស្ទ គឺជាក្ដីសុបិនដែលអាចសម្រេចបាន។

នៅពេលដែលព្រះជាម្ចាស់ប្រាប់មនុស្សឱ្យធ្វើជាមនុស្សដែលបំពេញភារកិច្ចរបស់ខ្លួន និងជាភាវៈដែលព្រះបានបង្កើតដែលបំពេញភារកិច្ចរបស់ខ្លួន ពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍មើលងាយយ៉ាងខ្លាំងចំពោះព្រះបន្ទូលទាំងនេះ ដោយនិយាយថា៖ «អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូលគឺល្អ និងត្រឹមត្រូវហើយ ប៉ុន្តែការដែលមិនអនុញ្ញាតឱ្យពួកយើងក្លាយជាព្រះគ្រីស្ទ គឺជារឿងខុសឆ្គង។ ហេតុអ្វីបានជាមនុស្សមិនអាចក្លាយជាព្រះគ្រីស្ទបាន? តើព្រះគ្រីស្ទមិនមែនគ្រាន់តែជាអ្នកដែលមានជីវិតរបស់ព្រះជាម្ចាស់ទេឬអី? ដូច្នេះ ប្រសិនបើពួកយើងទទួលយកពាក្យរបស់ព្រះជាម្ចាស់ ទទួលបានការស្រោចស្រព និងការគង្វាលរបស់ព្រះជាម្ចាស់ ហើយមានជីវិតរបស់ព្រះជាម្ចាស់ តើពួកយើងមិនអាចក្លាយជាព្រះគ្រីស្ទបានដែរទេឬអី? អ្នកគឺជាមនុស្សធម្មតាម្នាក់ដែលកើតពីមនុស្ស ហើយពួកយើងក៏ដូចគ្នាដែរ។ តើផ្អែកលើមូលដ្ឋានអ្វី ទើបអ្នកអាចធ្វើជាគ្រីស្ទបាន តែពួកយើងមិនអាចនោះ? តើអ្នកមិនមែនក្លាយជាគ្រីស្ទនៅពេលក្រោយក្នុងជីវិតទេឬអី? ប្រសិនបើពួកយើងរងទុក្ខ និងចំណាយលះបង់ អានពាក្យរបស់ព្រះជាម្ចាស់ឱ្យបានច្រើន មានជីវិតរបស់ព្រះជាម្ចាស់ និយាយពាក្យដូចគ្នាដែលព្រះជាម្ចាស់មានបន្ទូល ធ្វើអ្វីដែលព្រះជាម្ចាស់ចង់ធ្វើ និងត្រាប់តាមព្រះជាម្ចាស់ តើពួកយើងមិនអាចក្លាយជាព្រះគ្រីស្ទបានដែរទេឬអី? តើវាមានអ្វីពិបាកទៅ?»។ ពួកទទឹងនឹងព្រះគ្រីស្ទមិនសប្បាយចិត្តនឹងដើរតាមព្រះគ្រីស្ទ ហើយក្លាយជាអ្នកដើរតាមធម្មតារបស់ព្រះគ្រីស្ទ ឬធ្វើជាភាវៈដែលព្រះបានបង្កើត ហើយស្ថិតក្រោមការត្រួតត្រារបស់ព្រះអាទិករឡើយ។ បំណងប្រាថ្នា និងមហិច្ឆតារបស់ពួកគេជំរុញពួកគេថា៖ «កុំធ្វើជាមនុស្សធម្មតាអី។ ការដើរតាម និងការស្ដាប់បង្គាប់ព្រះគ្រីស្ទគ្រប់ពេលវេលា គឺជាការស្ដែងចេញនៃភាពអសមត្ថភាព។ លើសពីពាក្យរបស់ព្រះគ្រីស្ទ និងការសន្យារបស់ព្រះជាម្ចាស់ អ្នកគួរតែមានការដេញតាមដែលខ្ពស់ជាងនេះ ដូចជាការក្លាយជាកូនរបស់ព្រះជាម្ចាស់ ក្លាយជាកូនប្រុសច្បង ក្លាយជាព្រះគ្រីស្ទ ត្រូវបានព្រះជាម្ចាស់ប្រើប្រាស់យ៉ាងខ្លាំង ឬធ្វើជាសសរស្ដម្ភនៅក្នុងនគររបស់ព្រះជាម្ចាស់។ ទាំងនេះគឺជាគោលដៅដ៏អស្ចារ្យ និងគួរឱ្យជម្រុញទឹកចិត្តណាស់!»។ តើអ្នករាល់គ្នាគិតយ៉ាងណាដែរចំពោះគំនិតទាំងនេះ? តើវាស័ក្ដិសមនឹងលើកកម្ពស់ដែរឬទេ? តើវាជារឿងដែលមនុស្សប្រក្រតីគួរតែមានដែរឬទេ? (ទេ។) គឺដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទមានការយល់ដឹងបែបនេះអំពីអត្តសញ្ញាណ និងសារជាតិរបស់ព្រះគ្រីស្ទហើយ ទើបពួកគេមិនចាត់ទុកពាក្យសម្ដី និងទង្វើរបស់ពួកគេក្នុងការទាស់ទទឹង វិនិច្ឆ័យ ល្បងល បដិសេធ និងថ្កោលទោសព្រះគ្រីស្ទ ជារឿងធ្ងន់ធ្ងរឡើយ។ ពួកគេគិតថា៖ «តើការវិនិច្ឆ័យមនុស្សម្នាក់មានអ្វីគួរឱ្យខ្លាចទៅ? អ្នកគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ តើមែនទេ? អ្នកទទួលស្គាល់ថាអ្នកគឺជាមនុស្ស ដូច្នេះ តើមានអ្វីខុសដែលខ្ញុំជំនុំជម្រះ វាយតម្លៃ ឬថ្កោលទោសអ្នកនោះ? តើមានអ្វីខុសដែលខ្ញុំតាមដាន ឬសិក្សាពីអ្នកនោះ? វាគឺជាសេរីភាពរបស់ខ្ញុំក្នុងការធ្វើរឿងទាំងនេះ!»។ ពួកគេមិនចាត់ទុករឿងនេះថាជាការទាស់ទទឹងនឹងព្រះជាម្ចាស់ ឬប្រឆាំងនឹងទ្រង់ឡើយ ដែលនេះគឺជាទស្សនៈដ៏គ្រោះថ្នាក់ណាស់។ ដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទជាច្រើនបានប្រឆាំងនឹងព្រះគ្រីស្ទតាមរបៀបនេះអស់រយៈពេល២០ ឬ ៣០ឆ្នាំមកហើយ ដោយតែងតែប្រកួតប្រជែងជាមួយទ្រង់នៅក្នុងចិត្តរបស់ពួកគេជានិច្ច។ ខ្ញុំនឹងប្រាប់អ្នកនូវការពិត៖ អ្វីដែលអ្នកធ្វើគឺជាសេរីភាពរបស់អ្នក ប៉ុន្តែប្រសិនបើ ក្នុងនាមជាអ្នកដើរតាមព្រះជាម្ចាស់ អ្នកប្រព្រឹត្តចំពោះសាច់ឈាមយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់យ៉ាងគឃ្លើនបែបនេះ នោះមានរឿងមួយដែលច្បាស់លាស់៖ អ្នកមិនមែនកំពុងបង្កការលំបាកដល់មនុស្សម្នាក់ទេ គឺអ្នកកំពុងស្រែកប្រឆាំង និងតាំងខ្លួនប្រឆាំងនឹងព្រះជាម្ចាស់ដោយចំហ ពោលគឺអ្នកកំពុងឈរប្រឆាំងនឹងព្រះជាម្ចាស់។ អ្វីក៏ដោយដែលពាក់ព័ន្ធនឹងសារជាតិ និស្ស័យ ទង្វើរបស់ព្រះជាម្ចាស់ និងជាពិសេសសាច់ឈាមយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺសុទ្ធតែពាក់ព័ន្ធនឹងបញ្ញត្តិរដ្ឋបាល។ ប្រសិនបើអ្នកប្រព្រឹត្តចំពោះព្រះគ្រីស្ទយ៉ាងគឃ្លើនបែបនេះ ហើយជំនុំជម្រះ និងថ្កោលទោសទ្រង់យ៉ាងគឃ្លើនបែបនេះ នោះសូមឱ្យខ្ញុំប្រាប់អ្នកថា លទ្ធផលរបស់អ្នកត្រូវបានកំណត់រួចរាល់ហើយ។ កុំរំពឹងថាព្រះជាម្ចាស់នឹងសង្គ្រោះអ្នកឱ្យសោះ។ ព្រះជាម្ចាស់មិនអាចសង្គ្រោះអ្នកណាដែលស្រែកប្រឆាំងនឹងទ្រង់ដោយចំហ និងតាំងខ្លួនប្រឆាំងនឹងទ្រង់យ៉ាងគឃ្លើនបានឡើយ។ បុគ្គលបែបនេះគឺជាសត្រូវរបស់ព្រះជាម្ចាស់ ពួកគេគឺជាសាតាំង និងជាអារក្ស ហើយព្រះជាម្ចាស់នឹងមិនសង្គ្រោះពួកគេឡើយ។ ប្រញាប់ទៅរកអ្នកណាដែលអ្នកគិតថាអាចសង្គ្រោះអ្នកបានទៅ។ ដំណាក់របស់ព្រះជាម្ចាស់នឹងមិនឃាត់ឃាំងអ្នកឡើយ ទ្វាររបស់ដំណាក់បើកចំហយ៉ាងទូលាយ។ ប្រសិនបើអ្នកគិតថាប៉ុលអាចសង្គ្រោះអ្នកបាន ចូរទៅរកគាត់ទៅ។ ប្រសិនបើអ្នកគិតថាគ្រូគង្វាលអាចធ្វើបាន ចូរទៅរកពួកគេទៅ។ ប៉ុន្តែ មានរឿងមួយដែលច្បាស់លាស់៖ ព្រះជាម្ចាស់នឹងមិនសង្គ្រោះអ្នកឡើយ។ អ្វីដែលអ្នកធ្វើគឺជាសេរីភាពរបស់អ្នក ប៉ុន្តែថាតើព្រះជាម្ចាស់សង្គ្រោះអ្នកឬអត់ គឺជាសេរីភាពរបស់ទ្រង់ ហើយទ្រង់មានសិទ្ធិសម្រេចចុងក្រោយ។ តើព្រះជាម្ចាស់មានអំណាចនេះដែរឬទេ? តើទ្រង់មានសេចក្ដីថ្លៃថ្នូរនេះដែរឬទេ? (មែនហើយ។) ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សរស់នៅក្នុងចំណោមមនុស្ស ទ្រង់ធ្វើបន្ទាល់ថាទ្រង់គឺជាព្រះគ្រីស្ទ យាងមកដើម្បីបំពេញកិច្ចការនៅគ្រាចុងក្រោយ។ មនុស្សមួយចំនួនទទួលស្គាល់សារជាតិរបស់ព្រះជាម្ចាស់ ហើយដើរតាមទ្រង់ដោយអស់ពីចិត្ត ព្រមទាំងប្រព្រឹត្តចំពោះទ្រង់ និងចុះចូលនឹងទ្រង់ដោយចាត់ទុកទ្រង់ជាព្រះជាម្ចាស់។ អ្នកខ្លះទៀតចង់ប្រឆាំងទាស់នឹងទ្រង់យ៉ាងរឹងទទឹងរហូតដល់ទីបញ្ចប់៖ «មិនថាមានមនុស្សប៉ុន្មាននាក់ជឿថាអ្នកគឺជាគ្រីស្ទក៏ដោយ ក៏ខ្ញុំមិនជឿដែរ។ មិនថាអ្នកនិយាយអ្វីក៏ដោយ ក៏ខ្ញុំមិនចាត់ទុកអ្នកជាព្រះដោយអស់ពីចិត្តឡើយ។ លុះត្រាតែខ្ញុំឃើញព្រះពិតជានិយាយ និងធ្វើបន្ទាល់ឱ្យអ្នក នៅពេលដែលព្រះជាម្ចាស់នៅស្ថានសួគ៌ប្រាប់ខ្ញុំផ្ទាល់ដោយសំឡេងដូចផ្គរលាន់ថា 'នេះគឺជាសាច់ឈាមយកកំណើតជាមនុស្សរបស់ខ្ញុំ ជាទីស្រឡាញ់របស់ខ្ញុំ ជាកូនសម្លាញ់របស់ខ្ញុំ' ទើបខ្ញុំទទួលស្គាល់ និងទទួលយកអ្នកជាព្រះជាម្ចាស់។ លុះត្រាតែខ្ញុំបានឮ និងបានឃើញព្រះជាម្ចាស់នៅស្ថានសួគ៌និយាយ និងធ្វើបន្ទាល់ឱ្យអ្នកដោយផ្ទាល់ ទើបខ្ញុំទទួលយកអ្នក បើមិនដូច្នេះទេ វាមិនអាចទៅរួចឡើយ!»។ តើមនុស្សបែបនេះមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? នៅពេលដែលថ្ងៃនោះពិតជាមកដល់ ទោះបីជាពួកគេទទួលស្គាល់ព្រះគ្រីស្ទជាព្រះជាម្ចាស់ក៏ដោយ ក៏វានឹងក្លាយជាថ្ងៃនៃការដាក់ទោសរបស់ពួកគេដែរ។ ពួកគេបានប្រឆាំងនឹងព្រះជាម្ចាស់ ស្រែកប្រឆាំងនឹងទ្រង់ ហើយពួកគេមានភាពប្រទូសរ៉ាយចំពោះទ្រង់នៅគ្រប់ពេលវេលា តើទង្វើទាំងនេះអាចត្រូវបានលុបចោលទាំងអស់ដោយគ្រាន់តែគូសមួយបន្ទាត់បានដែរឬទេ? (ទេ។) ដូច្នេះ មានសេចក្ដីថ្លែងការណ៍មួយនៅទីនេះដែលជាការពិត នោះគឺថា ព្រះជាម្ចាស់នឹងតបស្នងដល់មនុស្សម្នាក់ៗទៅតាមទង្វើរបស់ពួកគេ។ មនុស្សទាំងនេះមិនត្រឹមតែប្រឈមមុខនឹងការតបស្នងប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងមិនដែលបានឮព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ពួកគេដោយផ្ទាល់ឡើយ។ តើពួកគេស័ក្ដិសមនឹងទទួលបានវាដែរឬទេ? ព្រះជាម្ចាស់សព្វព្រះទ័យនឹងធ្វើបន្ទាល់ពីអង្គទ្រង់ដល់មនុស្ស និងលេចមកចំពោះមនុស្ស និងភាវៈដែលព្រះបានបង្កើតដ៏ពិតប្រាកដ ដោយបើកសម្ដែងពីរូបសណ្ឋានពិតរបស់ទ្រង់ ព្រមទាំងមានព្រះបន្ទូល និងបញ្ចេញសូរសៀង។ ទ្រង់មិនលេចមកចំពោះពួកអារក្ស ឬមានព្រះបន្ទូល និងបញ្ចេញសូរសៀងទៅកាន់ពួកគេឡើយ។ ដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនមានឱកាសបានឃើញរូបសណ្ឋានពិតរបស់ព្រះជាម្ចាស់ ឬបានឮព្រះបន្ទូល និងសូរសៀងរបស់ទ្រង់ដោយផ្ទាល់ត្រចៀករបស់ពួកគេឡើយ។ ពួកគេនឹងមិនមានឱកាសនេះទេ។ ចុះតើពួកគេនឹងជួបការលំបាកនៅថ្ងៃអនាគតដែរឬទេ? (មែនហើយ។) ហេតុអ្វី? ពួកទទឹងនឹងព្រះគ្រីស្ទ ដែលជាភាវៈដែលគ្មានភាពអៀនខ្មាសទាំងនេះ ប្រឆាំងនឹងព្រះជាម្ចាស់ និងស្រែកប្រឆាំងនឹងទ្រង់នៅគ្រប់ពេលវេលា ហើយពួកគេមើលងាយ ថ្កោលទោស និងថែមទាំងចំអកចំពោះអ្វីគ្រប់យ៉ាងដែលទ្រង់ធ្វើទៀតផង។ ដូច្នេះ តើព្រះជាម្ចាស់នឹងប្រព្រឹត្តចំពោះពួកគេដោយរបៀបណា? តើទ្រង់នឹងប្រព្រឹត្តចំពោះពួកគេដោយសេចក្ដីសប្បុរស និងអត់ទោសឱ្យពួកគេដែរឬទេ? តើទ្រង់នឹងប្រទានពរដល់ពួកគេដែរឬទេ? តើទ្រង់នឹងប្រទានការសន្យារបស់ទ្រង់ដល់ពួកគេដែរឬទេ? តើទ្រង់នឹងសង្គ្រោះពួកគេដែរឬទេ? បើនិយាយឱ្យជាក់ស្ដែង តើមនុស្សបែបនេះអាចទទួលបានការបំភ្លឺ និងការណែនាំរបស់ព្រះជាម្ចាស់ដែរឬទេ? នៅក្នុងជីវិតនេះ ពួកគេនឹងមិនទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះជាម្ចាស់ ឬការវាយផ្ចាល និងសេចក្ដីប្រៀនប្រដៅរបស់ទ្រង់ ឬការផ្គត់ផ្គង់របស់ទ្រង់សម្រាប់ជីវិតរបស់ពួកគេឡើយ។ ពួកគេនឹងមិនត្រូវបានសង្គ្រោះឡើយ ហើយនៅបរលោក ពួកគេនឹងបង់តម្លៃយ៉ាងធ្ងន់ធ្ងរចំពោះអំពើអាក្រក់របស់ពួកគេ អស់កល្បជានិច្ច។ នេះគឺជាលទ្ធផលរបស់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទនឹងមានលទ្ធផលដូចគ្នានឹងប៉ុលដែរ។

ខ. របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះភាពប្រក្រតី និងភាពជាក់ស្ដែងរបស់ព្រះគ្រីស្ទ

អម្បាញ់មិញនេះ យើងបានប្រកបគ្នា និងវែកញែកអំពីការសម្ដែងចេញទីមួយរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលបដិសេធសារជាតិរបស់ព្រះគ្រីស្ទ ពោលគឺរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះប្រភពដើមរបស់ព្រះគ្រីស្ទ អំពីទស្សនៈ និងការយល់ដឹងអ្វីខ្លះដែលពួកគេរក្សាទុកក្នុងចិត្ត ព្រមទាំងសកម្មភាពអ្វីខ្លះដែលពួកគេធ្វើ។ យើងបានវែកញែកអំពីការស្ដែងចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីកំណត់សម្គាល់ពីសារជាតិរបស់មនុស្សបែបនេះ។ ទាក់ទងនឹងទិដ្ឋភាពមួយទៀតរបស់ព្រះគ្រីស្ទ គឺភាពប្រក្រតី និងភាពជាក់ស្ដែងរបស់ទ្រង់ តើពួកទទឹងនឹងព្រះគ្រីស្ទមានទស្សនៈអ្វីខ្លះ តើពួកគេធ្វើសកម្មភាពអ្វីខ្លះ ហើយតើពួកគេបង្ហាញនិស្ស័យ និងសារជាតិអ្វីខ្លះ? បន្ទាប់មក យើងនឹងវែកញែកអំពីការស្ដែងចេញទីពីររបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលបដិសេធសារជាតិរបស់ព្រះគ្រីស្ទ ពោលគឺរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះភាពប្រក្រតី និងភាពជាក់ស្ដែងរបស់ព្រះគ្រីស្ទ។ នៅពេលនិយាយដល់ភាពប្រក្រតី និងភាពជាក់ស្ដែង មនុស្សភាគច្រើនគួរតែមានគំនិត និងការយល់ដឹងមួយចំនួន។ ឧទាហរណ៍ ការមិនផឹកទឹក ឬមិនញ៉ាំអាហាររយៈពេលបីថ្ងៃ ប៉ុន្តែមិនមានអារម្មណ៍ថាឃ្លាន ឬស្រេក ហើយថែមទាំងមានអារម្មណ៍ថារាងកាយរឹងមាំ និងមានកម្លាំងជាងមុនទៅទៀត តើនេះចាត់ទុកថាជាភាពប្រក្រតី និងភាពជាក់ស្ដែងដែរឬទេ? មនុស្សធម្មតាមានអារម្មណ៍ថាហត់នឿយ បន្ទាប់ពីដើរបានបួន ឬប្រាំគីឡូម៉ែត្រ។ ប្រសិនបើព្រះគ្រីស្ទមិនមានអារម្មណ៍ថាហត់នឿយ សូម្បីតែបន្ទាប់ពីដើរបាន៤០គីឡូម៉ែត្រ ហើយព្រះបាទារបស់ទ្រង់មិនឈឺ ថែមទាំងស្រាលជាងខ្យល់ ដោយមានអារម្មណ៍ថាកាន់តែមានកម្លាំង តើនេះអាចចាត់ទុកថាប្រក្រតី និងជាក់ស្ដែងបានដែរឬទេ? ប្រសិនបើព្រះគ្រីស្ទមិនផ្ដាសាយនៅពេលរងភាពត្រជាក់ ហើយមិនដែលឈឺក្នុងកាលៈទេសៈណាមួយឡើយ ប្រសិនបើព្រះនេត្ររបស់ទ្រង់អាចបញ្ចេញពន្លឺដែលមានកម្លាំងរាប់សិបដង បើធៀបនឹងពន្លឺខ្លាំងណាក៏ដោយដែលជះមកលើព្រះនេត្ររបស់ទ្រង់ ហើយព្រះនេត្ររបស់ទ្រង់មិនមានអារម្មណ៍ថាហត់នឿយ ឬក្លាយជាម៉្ញូប មិនថាទ្រង់ទតមើលកុំព្យូទ័រយូរប៉ុនណាក៏ដោយ ប្រសិនបើទ្រង់មិនមានអារម្មណ៍ថាពន្លឺព្រះអាទិត្យចាំងព្រះនេត្រ មិនថាទ្រង់ទតមើលវាយូរប៉ុនណាក៏ដោយ ហើយមិនត្រូវការពិលនៅពេលយាងដើរនៅពេលយប់ ទោះបីជាអ្នកដទៃត្រូវការក៏ដោយ ហើយព្រះនេត្ររបស់ទ្រង់កាន់តែភ្លឺឡើងៗ នៅពេលថ្ងៃកាន់តែកន្លងទៅ តើរឿងទាំងនេះចាត់ទុកថាជាភាពប្រក្រតី និងភាពជាក់ស្ដែងដែរឬទេ? រឿងទាំងនេះមិនមែនជាភាពប្រក្រតី និងភាពជាក់ស្ដែងទេ នេះគឺជាចំណេះដឹងទូទៅដែលមនុស្សតែងតែជួបប្រទះ។ ភាពប្រក្រតី និងភាពជាក់ស្ដែង មានន័យថា ការមានអារម្មណ៍ថាស្រេកទឹក បន្ទាប់ពីមិនបានផឹកទឹកអស់រយៈពេលយ៉ាងយូរ ការមានអារម្មណ៍ថាហត់នឿយ បន្ទាប់ពីនិយាយច្រើន ការមានអារម្មណ៍ថាឈឺជើង បន្ទាប់ពីដើរច្រើន និងការមានអារម្មណ៍ថាក្រៀមក្រំ ហើយសម្រក់ទឹកភ្នែក នៅពេលឮដំណឹងដ៏ក្រៀមក្រំ និងគួរឱ្យសោកសង្រេង នេះហើយគឺជាភាពប្រក្រតី និងភាពជាក់ស្ដែង។ ដូច្នេះ តើនិយមន័យច្បាស់លាស់នៃភាពប្រក្រតី និងភាពជាក់ស្ដែង គឺជាអ្វីឱ្យប្រាកដទៅ? អ្វីដែលស្របតាមតម្រូវការធម្មតា និងសភាវគតិនៃសាច់ឈាម ហើយមិនលើសពីដែនកំណត់នេះ គឺជានិយមន័យនៃភាពប្រក្រតី និងភាពជាក់ស្ដែង។ អ្វីដែលស្របតាមសមត្ថភាព និងវិសាលភាពនៃភាពជាមនុស្សធម្មតា ភាពមានវិចារណញាណនៃភាពជាមនុស្សធម្មតា និងអារម្មណ៍នៃភាពជាមនុស្សធម្មតា ដូចជាក្ដីអំណរ កំហឹង ទុក្ខសោក និងសេចក្ដីរីករាយ គឺស្ថិតនៅក្នុងវិសាលភាពនៃភាពប្រក្រតី និងភាពជាក់ស្ដែង។ ព្រះគ្រីស្ទគឺជាសាច់ឈាមដែលព្រះជាម្ចាស់បានគ្រងនៅលើផែនដី។ ដូចមនុស្សធម្មតាដែរ ទ្រង់មានការនិយាយស្ដី និងអាកប្បកិរិយាធម្មតា មានទម្លាប់រស់នៅ និងកាលវិភាគធម្មតា។ ប្រសិនបើទ្រង់មិនផ្ទុំអស់រយៈពេលបីថ្ងៃបីយប់ ទ្រង់នឹងមានអារម្មណ៍ថាងងុយ ហើយចង់ផ្ទុំសូម្បីតែពេលកំពុងឈរក៏ដោយ។ ប្រសិនបើទ្រង់មិនសោយពេញមួយថ្ងៃ ទ្រង់នឹងមានអារម្មណ៍ថាឃ្លាន។ ហើយប្រសិនបើទ្រង់យាងដើរអស់រយៈពេលយ៉ាងយូរ ទ្រង់នឹងហត់នឿយ ហើយគ្មានអ្វីដែលទ្រង់ចង់បានជាងការសម្រាកឱ្យបានឆាប់នោះទេ។ ឧទាហរណ៍ ខ្ញុំក៏មានអារម្មណ៍ថាហត់នឿយដែរ បន្ទាប់ពីជួបជុំ និងប្រកបគ្នាជាមួយអ្នករាល់គ្នាអស់រយៈពេលបី ឬបួនម៉ោង ហើយខ្ញុំក៏ត្រូវការសម្រាកដែរ។ នេះគឺជាភាពប្រក្រតី និងភាពជាក់ស្ដែងនៃសាច់ឈាម។ វាស្របទាំងស្រុងទៅនឹងលក្ខណៈនៃសាច់ឈាម និងការស្ដែងចេញផ្សេងៗ ព្រមទាំងសភាវគតិនៃភាពជាមនុស្សធម្មតា វាមិនអស្ចារ្យហួសធម្មជាតិទាល់តែសោះ។ ហេតុដូច្នេះហើយ សាច់ឈាមបែបនេះមានការស្ដែងចេញ និងការបើកសម្ដែងជាច្រើននៃភាពជាមនុស្ស ហើយរបៀបរស់នៅខាងក្រៅ និងទម្លាប់រស់នៅនៃភាពជាមនុស្សរបស់សាច់ឈាមនេះ គឺមិនខុសពីអ្វីដែលមនុស្សធម្មតា និងប្រក្រតីគ្រប់រូបស្ដែងចេញ និងបើកសម្ដែងឡើយ គឺដូចគ្នាទាំងស្រុង។ ព្រះជាម្ចាស់បានបង្កើតមនុស្សជាតិ ហើយសាច់ឈាមយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ មានលក្ខណៈ និងសភាវគតិជីវិតប្រក្រតី និងជាក់ស្ដែងដូចគ្នានឹងមនុស្សជាតិដែរ ទ្រង់មិនអស្ចារ្យហួសធម្មជាតិទាល់តែសោះ។ មនុស្សមិនអាចដើរទម្លុះជញ្ជាំង ឬទ្វារដែលបិទជិតបានឡើយ ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក៏ដូចគ្នាដែរ។ មនុស្សមួយចំនួននិយាយថា៖ «តើអ្នកមិនមែនជាព្រះដែលយកកំណើតជាមនុស្សទេឬអី? តើអ្នកមិនមែនជាគ្រីស្ទទេឬអី? តើអ្នកមិនមានសារជាតិរបស់ព្រះជាម្ចាស់ទេឬអី? តើអ្នកពិតជាអាចត្រូវរារាំងដោយទ្វារដែលចាក់សោបានមែនឬ? អ្នកគួរតែអាចដើរទម្លុះទ្វារដែលបិទជិតបាន។ មនុស្សមានអារម្មណ៍ថាហត់នឿយ បន្ទាប់ពីដើរបានប្រាំគីឡូម៉ែត្រ ប៉ុន្តែអ្នកមិនគួរមានអារម្មណ៍ថាហត់នឿយឡើយ សូម្បីតែបន្ទាប់ពីដើរបាន៤០គីឡូម៉ែត្រក៏ដោយ។ មនុស្សញ៉ាំអាហារបីពេលក្នុងមួយថ្ងៃ ប៉ុន្តែអ្នកគួរតែអាចមិនញ៉ាំអាហាររយៈពេល៣០ថ្ងៃ ដោយញ៉ាំតែមួយពេលនៅពេលដែលអ្នកចង់ញ៉ាំ ហើយមិនញ៉ាំនៅពេលដែលអ្នកមិនចង់ តែនៅតែអាចអធិប្បាយនៅឯការជួបជុំ និងរស់នៅដោយមានភាពស្វាហាប់ជាងអ្នកដទៃ។ ការឈឺថ្កាត់គឺជាផ្នែកមួយនៃជីវិតមនុស្ស ប៉ុន្តែអ្នកមិនគួរឈឺឡើយ។ ដោយសារអ្នកគឺជាគ្រីស្ទ អ្នកគួរតែមានទិដ្ឋភាពមួយដែលខុសពីមនុស្សធម្មតា មានតែពេលនោះទេ ទើបអ្នកស័ក្ដិសមនឹងត្រូវបានគេហៅថាព្រះគ្រីស្ទ មានតែរឿងនេះទេ ទើបបញ្ជាក់ថាអ្នកមានសារជាតិរបស់ព្រះជាម្ចាស់»។ តើនេះត្រឹមត្រូវដែរឬទេ? (ទេ។) តើវាខុសយ៉ាងដូចម្ដេច? ទាំងនេះគឺជាសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស មិនមែនជាសេចក្ដីពិតឡើយ។

សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺប្រក្រតី និងជាក់ស្ដែង ពោលគឺរាល់សកម្មភាពដែលភាពជាមនុស្សធម្មតារបស់ទ្រង់បានធ្វើ ព្រមទាំងជីវិតប្រចាំថ្ងៃ ការនិយាយស្ដី និងអាកប្បកិរិយារបស់ទ្រង់ សុទ្ធតែជាតថភាពនៃអ្វីៗវិជ្ជមាន។ ចាប់តាំងពីដើមដំបូង នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សមក ទ្រង់បានប្រទានសភាវគតិប្រក្រតី និងជាក់ស្ដែងទាំងនេះដល់ពួកគេ ដូច្នេះ សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ក៏មិនដែលបំពានច្បាប់ទាំងនេះដែរ។ នេះគឺជាហេតុផល និងជាមូលដ្ឋានដែលបញ្ជាក់ថា ភាពប្រក្រតី និងភាពជាក់ស្ដែងរបស់ព្រះគ្រីស្ទ គឺជាអ្វីៗវិជ្ជមាន។ ព្រះជាម្ចាស់បានបង្កើតមនុស្សជាតិ ហើយបានធ្វើឱ្យរាល់ការស្ដែងចេញ និងសភាវគតិរបស់ពួកគេ ស្របតាមព្រះហឫទ័យរបស់ទ្រង់ទាំងស្រុង។ ព្រះជាម្ចាស់បានប្រទានសភាវគតិទាំងនេះដល់មនុស្ស ហើយទាំងនេះគឺជាច្បាប់នៃជីវិតប្រចាំថ្ងៃរបស់មនុស្ស តើព្រះជាម្ចាស់នឹងធ្វើឱ្យសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់បំពានច្បាប់នៃភាពប្រក្រតី និងភាពជាក់ស្ដែងទាំងនេះដែរឬទេ? ច្បាស់ណាស់ ព្រះជាម្ចាស់នឹងមិនធ្វើបែបនោះឡើយ។ ព្រះជាម្ចាស់បានបង្កើតមនុស្សជាតិ ហើយសារជាតិនៃសាច់ឈាមដែលយកកំណើតជាមនុស្ស ក៏ជាព្រះជាម្ចាស់ដែរ ពោលគឺទ្រង់ទាំងពីរមកពីប្រភពតែមួយ ដូច្នេះ គោលការណ៍ និងគោលបំណងនៃសកម្មភាពរបស់ទ្រង់ទាំងពីរ ក៏ដូចគ្នាដែរ។ ដោយសារតែការស្ដែងចេញនៃភាពប្រក្រតី និងភាពជាក់ស្ដែងរបស់ព្រះគ្រីស្ទ នោះជារឿងធម្មតាទេដែលទ្រង់មើលទៅជាមនុស្សសាមញ្ញបំផុតម្នាក់នៅក្នុងក្រសែភ្នែករបស់មហាជន។ នៅក្នុងរឿងជាច្រើន ទ្រង់ខ្វះអំណាចនៃការដឹងមុន និងការមើលឃើញមុន ដូចដែលមនុស្សស្រមើស្រមៃថាទ្រង់មាន ហើយទ្រង់មិនអាចធ្វើឱ្យអ្វីៗបាត់ ឬលេចឡើង ដូចដែលមនុស្សស្រមើស្រមៃឡើយ ហើយទ្រង់រឹតតែមិនអាចលើសពីមនុស្សធម្មតា ហួសពីសមត្ថភាព និងសភាវគតិនៃសាច់ឈាម ឬហួសពីការគិតធម្មតារបស់មនុស្ស ដើម្បីធ្វើរឿងមួយចំនួនដែលគ្មានមនុស្សណាអាចធ្វើបាន ដូចដែលមនុស្សស្រមើស្រមៃទៅទៀត។ ផ្ទុយពីការស្រមើស្រមៃទាំងនេះ បើមើលតាមភ្នែកទទេរបស់មនុស្ស មនុស្សសាមញ្ញម្នាក់នេះមិនបានបើកសម្ដែង ឬស្ដែងចេញនូវតម្រុយណាមួយអំពីព្រះជាម្ចាស់ឡើយ ចាប់តាំងពីការចាប់ផ្ដើមកិច្ចការរបស់ទ្រង់ រហូតមកដល់បច្ចុប្បន្ននេះ។ ចំពោះភ្នែកទទេរបស់មនុស្ស ក្រៅពីការមានបន្ទូល និងកិច្ចការរបស់ទ្រង់ គ្មានតម្រុយណាមួយអំពីព្រះជាម្ចាស់ ឬការបើកសម្ដែងពីអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ដែលអាចសង្កេតឃើញនៅក្នុងសកម្មភាពមនុស្សធម្មតាណាមួយរបស់ទ្រង់ឡើយ។ មិនថាមនុស្សមើលមកទ្រង់យ៉ាងណាក៏ដោយ ក៏ទ្រង់តែងតែមើលទៅដូចជាមនុស្សសាមញ្ញម្នាក់សម្រាប់ពួកគេជានិច្ច។ ហេតុអ្វី? ហេតុផលគឺមានតែមួយគត់៖ អ្វីដែលមនុស្សមើលឃើញ គឺត្រឹមត្រូវ។ សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ពិតជាមនុស្សប្រក្រតី និងជាក់ស្ដែង ជាសាច់ឈាមប្រក្រតី និងជាក់ស្ដែងមែន។ សាច់ឈាមដែលមើលទៅប្រក្រតី និងជាក់ស្ដែងបែបនេះ ឆ្លងកាត់ការបៀតបៀន និងការតាមចាប់ពីនាគដ៏ធំមានសម្បុរក្រហម ដូចមនុស្សដទៃទៀតដែរ ដោយគ្មានកន្លែងសម្រាប់ដាក់ព្រះសិរសា ឬកន្លែងសម្រាប់សម្រាកឡើយ។ នៅក្នុងរឿងនេះ ទ្រង់មិនខុសពីមនុស្សដទៃទៀតឡើយ ហើយទ្រង់ក៏មិនមែនជាករណីលើកលែងដែរ។ ខណៈពេលដែលឆ្លងកាត់ការបៀតបៀនបែបនេះ ទ្រង់ក៏លាក់ព្រះកាយនៅគ្រប់ទីកន្លែងដែលទ្រង់អាចធ្វើបានដែរ។ ទ្រង់មិនអាចធ្វើឱ្យព្រះកាយទ្រង់មើលមិនឃើញ ឬភៀសព្រះកាយទៅក្រោមដីបានឡើយ ហើយទ្រង់មិនមានអំណាចអស្ចារ្យហួសធម្មជាតិ ដើម្បីគេចចេញពីគ្រោះថ្នាក់ទាំងនេះដែរ។ អ្វីតែមួយគត់ដែលទ្រង់អាចធ្វើបាន គឺការទទួលបានព័ត៌មានអំពីគ្រោះថ្នាក់ទាំងនេះជាមុន ហើយបន្ទាប់មកប្រញាប់ប្រញាល់ភៀសព្រះកាយ។ នៅពេលប្រឈមមុខនឹងស្ថានភាពគ្រោះថ្នាក់ មនុស្សមានអារម្មណ៍ជ្រួលច្រាល និងភ័យខ្លាច តើអ្នករាល់គ្នាគិតថាព្រះគ្រីស្ទមានអារម្មណ៍ថាភ័យខ្លាចដែរឬទេ? តើអ្នកគិតថាទ្រង់មានអារម្មណ៍ជ្រួលច្រាលដែរឬទេ? (មែនហើយ។) អ្នកនិយាយត្រូវហើយ តើអ្នករាល់គ្នាដឹងដោយរបៀបណា? (មនុស្សធម្មតាណាក៏ដោយ ក៏នឹងមានអារម្មណ៍ជ្រួលច្រាលដែរនៅក្នុងស្ថានភាពនោះ។) ត្រូវហើយ។ អ្នកនិយាយរឿងនេះបានល្អណាស់។ អ្នករាល់គ្នាពិតជាយល់ពីភាពប្រក្រតី និងភាពជាក់ស្ដែងមែន អ្នកបានយល់រឿងនេះយ៉ាងល្អឥតខ្ចោះ។ ព្រះគ្រីស្ទក៏នឹងមានអារម្មណ៍ថាជ្រួលច្រាល និងភ័យខ្លាចដែរនៅក្នុងស្ថានភាពទាំងនេះ ប៉ុន្តែតើទ្រង់នឹងបង្ហាញភាពកំសាកដែរឬទេ? តើទ្រង់នឹងមានអារម្មណ៍ភ័យតក់ស្លុតចំពោះគណបក្សកាន់អំណាចដែរឬទេ? តើទ្រង់នឹងសម្របសម្រួលជាមួយវាដែរឬទេ? ទេ។ ទ្រង់នឹងគ្រាន់តែមានអារម្មណ៍ជ្រួលច្រាល និងភ័យខ្លាច ហើយចង់គេចចេញពីរូងអារក្សនេះឱ្យបានឆាប់ប៉ុណ្ណោះ។ ទាំងអស់នេះគឺជាការសម្ដែងចេញនៃភាពប្រក្រតី និងភាពជាក់ស្ដែងរបស់ព្រះគ្រីស្ទ។ ជាការពិតណាស់ មានការស្ដែងចេញជាច្រើនទៀតនៃភាពប្រក្រតី និងភាពជាក់ស្ដែងរបស់ព្រះគ្រីស្ទ ដូចជាពេលខ្លះទ្រង់ភ្លេចភ្លាំង ភ្លេចឈ្មោះមនុស្ស បន្ទាប់ពីមិនបានជួបពួកគេអស់រយៈពេលយ៉ាងយូរ និងរឿងផ្សេងៗទៀត។ ភាពប្រក្រតី និងភាពជាក់ស្ដែង គ្រាន់តែជាលក្ខណៈ សភាវគតិ សញ្ញា និងចំណុចសម្គាល់របស់មនុស្សធម្មតា និងសាមញ្ញម្នាក់ប៉ុណ្ណោះ។ គឺដោយសារតែព្រះគ្រីស្ទមានភាពជាមនុស្សធម្មតា និងជាក់ស្ដែង មានសភាវគតិនៃការរស់រានមានជីវិត និងលក្ខណៈទាំងអស់នៃសាច់ឈាមហើយ ទើបទ្រង់អាចមានបន្ទូល និងធ្វើការបានយ៉ាងប្រក្រតី អាចប្រាស្រ័យទាក់ទងជាមួយមនុស្សបានយ៉ាងប្រក្រតី អាចដឹកនាំមនុស្សតាមរបៀបប្រក្រតី និងជាក់ស្ដែង ហើយក៏អាចណែនាំ និងជួយមនុស្សក្នុងការបំពេញកិច្ចការនៃភារកិច្ចរបស់ពួកគេ តាមរបៀបប្រក្រតី និងជាក់ស្ដែងផងដែរ។ គឺដោយសារតែភាពប្រក្រតី និងភាពជាក់ស្ដែងរបស់ព្រះគ្រីស្ទហើយ ទើបមនុស្សដែលព្រះជាម្ចាស់បានបង្កើតទាំងអស់ កាន់តែមានអារម្មណ៍ពីភាពជាក់ស្ដែងនៃកិច្ចការរបស់ព្រះជាម្ចាស់ ទទួលបានប្រយោជន៍ពីកិច្ចការនេះ និងទទួលបានផលដែលកាន់តែជាក់ស្ដែង និងមានអត្ថប្រយោជន៍ពីកិច្ចការនេះ។ ភាពប្រក្រតី និងភាពជាក់ស្ដែងរបស់ព្រះគ្រីស្ទ គឺជាចំណុចសម្គាល់នៃភាពជាមនុស្សធម្មតា។ ភាពទាំងពីរនេះគឺចាំបាច់សម្រាប់សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់ក្នុងការធ្វើកិច្ចការ និងសកម្មភាពធម្មតាទាំងអស់ ព្រមទាំងរស់នៅក្នុងជីវិតជាមនុស្សធម្មតា។ ហើយលើសពីនេះទៅទៀត ភាពទាំងពីរនេះគឺជារឿងដែលអស់អ្នកដែលដើរតាមព្រះជាម្ចាស់ត្រូវការ។ ទោះជាយ៉ាងណាក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទមិនយល់ពីភាពប្រក្រតី និងភាពជាក់ស្ដែងរបស់ព្រះគ្រីស្ទតាមរបៀបនេះឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទជឿថា ព្រះគ្រីស្ទគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ ពីព្រោះគាត់ប្រក្រតី និងជាក់ស្ដែង ហើយស្រដៀងនឹងមនុស្សពេក ដែលមានន័យថា គាត់មិនស័ក្ដិសមនឹងត្រូវបានគេហៅថាជាបុត្ររបស់ព្រះជាម្ចាស់ ជាការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្ស ឬជាព្រះគ្រីស្ទឡើយ ពីព្រោះគាត់ប្រក្រតី និងជាក់ស្ដែងពេក ជាក់ស្ដែងដល់ថ្នាក់មនុស្សមិនអាចមើលឃើញតម្រុយ ឬសារជាតិណាមួយរបស់ព្រះជាម្ចាស់នៅក្នុងគាត់ឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទនិយាយថា៖ «តើព្រះជាម្ចាស់បែបនេះអាចសង្គ្រោះមនុស្សបានដែរឬទេ? តើព្រះជាម្ចាស់បែបនេះស័ក្ដិសមនឹងត្រូវបានគេហៅថាព្រះគ្រីស្ទដែរឬទេ? ព្រះជាម្ចាស់នេះខុសពីព្រះជាម្ចាស់ពេកហើយ! គាត់ខ្វះធាតុផ្សំមួយចំនួននៃសញ្ញាណរបស់មនុស្សអំពីព្រះជាម្ចាស់៖ ទីមួយ គឺភាពអស្ចារ្យហួសធម្មជាតិ ភាពអស្ចារ្យប្លែកពីគេ និងភាពអាថ៌កំបាំង។ ទីពីរ គឺការមានអំណាចអស្ចារ្យ និងសមត្ថភាពក្នុងការបង្ហាញព្រះចេស្ដាដ៏អស្ចារ្យ។ ទីបី គឺរូបរាងដែលស្រដៀងនឹងព្រះជាម្ចាស់ ដោយមានអត្តសញ្ញាណ សេចក្ដីថ្លៃថ្នូរ និងសារជាតិរបស់ព្រះជាម្ចាស់ជាដើម។ ប្រសិនបើមើលមិនឃើញធាតុផ្សំណាមួយក្នុងចំណោមធាតុផ្សំទាំងនេះនៅក្នុងគាត់ទេ តើគាត់អាចជាព្រះបានដោយរបៀបណា? តើការដែលគាត់និយាយពាក្យពីរបីម៉ាត់ និងធ្វើកិច្ចការបន្តិចបន្តួចនោះ មានន័យថាគាត់ជាព្រះជាម្ចាស់មែនទេ? បើអ៊ីចឹង ការក្លាយជាព្រះជាម្ចាស់គឺងាយស្រួលពេកហើយ មែនទេ? តើសាច់ឈាមសាមញ្ញ និងធម្មតា អាចជាព្រះជាម្ចាស់បានដោយរបៀបណា?» នេះគឺជារឿងដែលពួកទទឹងនឹងព្រះគ្រីស្ទមិនអាចទទួលយកបានឡើយ។

ខណៈពេលដែលឆ្លងកាត់ការបៀតបៀនរបស់នាគដ៏ធំមានសម្បុរក្រហមនៅក្នុងប្រទេសចិនដីគោក ខ្ញុំរួមជាមួយនឹងបងប្អូនប្រុសស្រីមួយចំនួន ជាញឹកញាប់ត្រូវលាក់ខ្លួននៅគ្រប់ទីកន្លែងដែលពួកយើងទៅ ដោយខ្វះសេរីភាពផ្ទាល់ខ្លួន។ ពេលខ្លះ នៅពេលឮដំណឹងអំពីគ្រោះថ្នាក់ ពួកយើងត្រូវតែប្រញាប់រត់គេច។ ក្រោមកាលៈទេសៈទាំងនេះ គ្មាននរណាម្នាក់ដែលនៅជាមួយខ្ញុំ បានទៅជាទន់ខ្សោយឡើយ។ តើនេះមានហេតុផលអ្វី? តើពួកគេល្ងង់មែនទេ? តើពួកគេឆោតល្ងង់មែនទេ? ទេ គឺដោយសារតែពួកគេបានទទួលស្គាល់យ៉ាងមុតមាំនូវសារជាតិនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ពួកគេមិនត្រឹមតែមិនមានសញ្ញាណ ឬការថ្កោលទោសអំពីភាពប្រក្រតី និងភាពជាក់ស្ដែងរបស់ព្រះគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញការគិតគូរ និងការយល់ចិត្តចំពោះលក្ខណៈទាំងនេះ ព្រមទាំងយល់ពីលក្ខណៈទាំងនេះតាមរបៀបដ៏ត្រឹមត្រូវទៀតផង។ ទោះបីជាព្រះគ្រីស្ទបានរងទុក្ខលំបាកយ៉ាងណាក៏ដោយ ក៏ពួកគេបានរងទុក្ខលំបាករួមជាមួយទ្រង់ដែរ ហើយមិនថាព្រះគ្រីស្ទបានឆ្លងកាត់ការបៀតបៀន និងការតាមចាប់យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែដើរតាមទ្រង់ដោយគ្មានការរអ៊ូរទាំ ដោយមិនដែលទន់ខ្សោយដោយសារតែកាលៈទេសៈទាំងនេះឡើយ។ មានតែនៅពេលដែលខ្ញុំបានទៅកន្លែងមួយចំនួនប៉ុណ្ណោះ ទើបមានបុគ្គលមួយចំនួន ដែលដឹងថាខ្ញុំបានភៀសខ្លួនយ៉ាងប្រញាប់ប្រញាល់ដើម្បីគេចពីបរិយាកាសគ្រោះថ្នាក់ ហើយថាប្រហែលជាគ្មានកន្លែងផ្សេងទៀតសម្រាប់ខ្ញុំស្នាក់នៅ ព្រមទាំងថាខ្ញុំប្រហែលជាមិនអាចរកកន្លែងផ្សេងទៀតដើម្បីសម្រាកបាន បានគិតនៅក្នុងចិត្ត ថា៖ «ហ៊ឹស! អ្នកអះអាងថាជាព្រះគ្រីស្ទ ជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ប៉ុន្តែមើលស្ថានភាពដ៏គួរឱ្យសង្វេគរបស់អ្នកចុះ។ តើអ្នកស័ក្ដិសមនឹងធ្វើជាព្រះគ្រីស្ទយ៉ាងដូចម្ដេចទៅ? តើអ្នកមានលក្ខណៈដូចជាព្រះជាម្ចាស់ត្រង់ណាទៅ? អ្នកគិតថាអ្នកអាចសង្គ្រោះអ្នកដទៃបានមែនទេ? អ្នកគួរតែប្រញាប់សង្គ្រោះខ្លួនឯងជាមុនសិនទៅ! តើការដើរតាមអ្នក អាចនាំមកនូវព្រះពរដែរឬទេ? វាមើលទៅហាក់ដូចជាមិនអាចទៅរួចទេ! ប្រសិនបើពាក្យសម្ដីរបស់អ្នកអាចសង្គ្រោះអ្នកដទៃបាន ចុះហេតុអ្វីបានជាពាក្យសម្ដីទាំងនោះមិនអាចសង្គ្រោះអ្នកបាន? មើលអ្នកឥឡូវនេះទៅ អ្នកសូម្បីតែគ្មានកន្លែងសម្រាប់ដាក់ក្បាលសម្រាកផង ហើយអ្នកត្រូវតែស្វែងរកជំនួយពីពួកយើងជាមនុស្ស ពីមនុស្សដែលមានអំណាច។ ប្រសិនបើអ្នកជាព្រះជាម្ចាស់ អ្នកមិនគួរមានសភាពគួរឱ្យអាណិតបែបនេះឡើយ។ ប្រសិនបើអ្នកជាសាច់ឈាមយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ អ្នកមិនគួរគ្មានផ្ទះសម្បែងនោះទេ!» ដូច្នេះ មនុស្សបែបនេះមិនអាចយល់ពីរឿងនេះបានឡើយ។ ប្រសិនបើថ្ងៃណាមួយ ពួកគេឃើញដំណឹងល្អអំពីនគរព្រះកំពុងត្រូវបានផ្សព្វផ្សាយនៅបរទេស ដោយមានមនុស្សជាច្រើននៅក្នុងប្រទេសផ្សេងៗទទួលយកវា ហើយពួកគេឃើញថានាគដ៏ធំមានសម្បុរក្រហមបានដួលរលំ ថាអ្នកដើរតាមព្រះជាម្ចាស់កំពុងងើបមុខឡើង ហើយលែងត្រូវបានគេបៀតបៀនទៀត ព្រមទាំងថាពួកគេកំពុងគ្រប់គ្រង និងកាន់អំណាចដោយគ្មាននរណាម្នាក់ហ៊ានសម្លុតធ្វើបាបពួកគេ នោះពួកគេច្បាស់ជានឹងផ្លាស់ប្ដូរអាកប្បកិរិយាដែលពួកគេធ្លាប់មានទាំងស្រុង ហើយលែងរក្សាទុកសញ្ញាណក្នុងចិត្តអំពីការដែលព្រះជាម្ចាស់សោយរាជ្យនៅក្នុងសាច់ឈាមទៀតហើយ។ ហេតុអ្វីបានជាមានការផ្លាស់ប្ដូរភ្លាមៗបែបនេះ? បុគ្គលទាំងនេះពឹងផ្អែកតែលើអ្វីដែលពួកគេមើលឃើញដោយភ្នែករបស់ពួកគេប៉ុណ្ណោះ ពួកគេមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ថាទ្រង់មានគ្រប់ព្រះចេស្ដា ឬថាអ្វីគ្រប់យ៉ាងដែលទ្រង់មានបន្ទូលនឹងកើតឡើងនោះទេ។ តើមនុស្សបែបនេះជឿលើព្រះជាម្ចាស់ដែរឬទេ? តើពួកគេជឿលើអ្វី? (អំណាច។) តើព្រះគ្រីស្ទមានអំណាចដែរឬទេ? នៅក្នុងចំណោមមនុស្សជាតិពុករលួយ ព្រះគ្រីស្ទគ្មានអំណាចឡើយ។ មនុស្សមួយចំនួននិយាយថា៖ «តើព្រះជាម្ចាស់មិនមានសិទ្ធិអំណាចទេឬអី? ប្រសិនបើសារជាតិរបស់គ្រីស្ទគឺជាព្រះជាម្ចាស់ ចុះហេតុអ្វីបានជាគាត់មិនមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់? សិទ្ធិអំណាចគឺធំជាងអំណាចទៅទៀត ដូច្នេះ តើគាត់មិនគួរមានអំណាចដែរទេឬអី?» តើគោលដៅនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជាអ្វី? តើការទទួលខុសត្រូវរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជាអ្វី? តើវាគឺដើម្បីបញ្ចេញអំណាចមែនទេ? (ទេ។) ហេតុដូច្នេះហើយ ដូចមនុស្សធម្មតាណាម្នាក់ដែរ ទ្រង់រងនូវការបដិសេធ ការប្រមាថ ការមួលបង្កាច់ និងការប្រទូសរ៉ាយពីពិភពលោកនេះ ព្រះគ្រីស្ទត្រូវតែស៊ូទ្រាំនឹងរឿងទាំងអស់នេះ ទ្រង់មិនត្រូវបានលើកលែងពីរឿងទាំងនេះឡើយ។

អស់អ្នកដែលដេញតាមសេចក្ដីពិតយ៉ាងពិតប្រាកដ មិនត្រឹមតែមិនមានសញ្ញាណអំពីភាពប្រក្រតី និងភាពជាក់ស្ដែងរបស់ព្រះគ្រីស្ទប៉ុណ្ណោះទេ ផ្ទុយទៅវិញ ពួកគេក៏កាន់តែមើលឃើញភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងលក្ខណៈទាំងនេះ ហើយទទួលបានការយល់ដឹងកាន់តែច្បាស់អំពីសារជាតិពិតរបស់ព្រះជាម្ចាស់ និងសារជាតិពិតរបស់ព្រះអាទិករ តាមរយៈលក្ខណៈទាំងនេះផងដែរ។ ការយល់ដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ កាន់តែស៊ីជម្រៅ កាន់តែជាក់ស្ដែង កាន់តែពិតប្រាកដ និងកាន់តែត្រឹមត្រូវ។ ផ្ទុយទៅវិញ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែមានអារម្មណ៍ថាមិនចង់ដើរតាមព្រះគ្រីស្ទបែបនេះឡើយ ដោយសារតែភាពប្រក្រតី និងភាពជាក់ស្ដែងទាំងអស់របស់ទ្រង់ ដោយគិតថាទ្រង់ខ្វះសមត្ថភាពអស្ចារ្យហួសធម្មជាតិ និងមិនមានអ្វីលេចធ្លោខុសពីមនុស្សធម្មតា ហើយលើសពីនេះទៅទៀត ទ្រង់ឆ្លងកាត់បរិយាកាសរស់នៅដូចគ្នានឹងមនុស្សជាតិដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែមិនអាចទទួលយករឿងទាំងអស់នេះដោយក្ដីអំណរ និងយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ពីរឿងនេះប៉ុណ្ណោះទេ ពួកគេថែមទាំងថ្កោលទោស និង ប្រយ័ត្នប្រយែងចំពោះរឿងនេះ ហើយរឹតតែធ្វើការចោទប្រកាន់អំពីរឿងនេះទៅទៀត។ ឧទាហរណ៍ នៅពេលដែលនរណាម្នាក់ធ្វើអ្វីមួយដែលផ្ទុយនឹងគោលការណ៍ ប្រសិនបើខ្ញុំមិនសួរអំពីរឿងនេះ ហើយគ្មាននរណាម្នាក់ប្រាប់ខ្ញុំអំពីរឿងនេះទេ នោះខ្ញុំនឹងមិនដឹងអំពីរឿងនេះឡើយ។ តើនេះមិនមែនជាការស្ដែងចេញដែលស្ថិតនៅក្នុងវិសាលភាពនៃភាពប្រក្រតី និងភាពជាក់ស្ដែងទេឬអី? (មែនហើយ។) អស់អ្នកដែលមានការយល់ដឹងត្រឹមត្រូវ និងមានភាពជាមនុស្សធម្មតា នឹងពន្យល់រឿងនេះឱ្យខ្ញុំបានច្បាស់លាស់ និងសព្វគ្រប់ ហើយបន្ទាប់មក អនុញ្ញាតឱ្យខ្ញុំដោះស្រាយជាមួយពួកគេតាមដែលខ្ញុំយល់ថាសមរម្យ។ ពួកទទឹងនឹងព្រះគ្រីស្ទធ្វើផ្ទុយពីនេះស្រឡះ។ ពួកគេសង្កេតមើលខ្ញុំដោយភ្នែករបស់ពួកគេ ហើយពួកគេល្បងលខ្ញុំដោយមធ្យោបាយបញ្ឆោតយកព័ត៌មានពីខ្ញុំ។ បន្ទាប់មក ពួកគេគិតនៅក្នុងចិត្តរបស់ពួកគេថា៖ «ដោយសារអ្នកមិនដឹងអំពីរឿងនេះ នោះវាងាយស្រួលដោះស្រាយហើយ៖ ខ្ញុំមានល្បិចដើម្បីដោះស្រាយជាមួយអ្នក ក្នុងករណីដែលអ្នកបានដឹងអំពីរឿងនេះ ហើយខ្ញុំមានល្បិចមួយទៀតដើម្បីដោះស្រាយជាមួយអ្នក ក្នុងករណីដែលអ្នកមិនដឹង។ សម្រាប់បញ្ហាធំ ខ្ញុំនឹងធ្វើឱ្យវាស្ដាប់ទៅដូចជាបញ្ហាតូចតាច ហើយបន្ទាប់មក បង្រួមវាឱ្យទៅជាគ្មានអ្វីសោះតែម្ដង ដោយទុកឱ្យអ្នកមិនដឹងអ្វីទាំងអស់ ហើយបណ្ដោយឱ្យរឿងនេះកន្លងផុតទៅ ដោយសារអ្នកមិនដឹងពីបញ្ហានេះ អ្នកមិនចាំបាច់ដឹងអំពីវានៅពេលខាងមុខទាល់តែសោះឡើយ។ ខ្ញុំនឹងទទួលបន្ទុកលើរឿងនេះ។ នៅពេលដែលអ្នកដឹងអំពីវានៅថ្ងៃណាមួយ វានឹងបានកើតឡើងដូចដែលខ្ញុំចង់បានបាត់ទៅហើយ ចុះតើអ្នកនឹងអាចធ្វើអ្វីខ្ញុំបានទៅ?» តើមនុស្សប្រភេទណាដែលប្រព្រឹត្តចំពោះព្រះគ្រីស្ទតាមរបៀបនេះ? តើពួកគេជាមនុស្សល្អមែនទេ? តើពួកគេជាមនុស្សដែលដេញតាមសេចក្ដីពិតមែនទេ? តើពួកគេមានភាពជាមនុស្ស និងសេចក្ដីទៀងត្រង់ដែរឬទេ? (ទេ។) មានអ្នកដឹកនាំមួយចំនួនដែលបានធ្វើរឿងជាក់លាក់។ ពួកគេបានតែងតាំងបុគ្គលនៅក្នុងពួកជំនុំតាមតែអំពើចិត្ត ពួកគេបានខ្ជះខ្ជាយតង្វាយ ហើយបានទិញអីវ៉ាន់ច្រើនហួសហេតុ និងគ្មានការពិចារណា ហើយមិនថាចំណាយប្រាក់អស់ប៉ុន្មាន ឬមានបញ្ហាសំខាន់អ្វីកើតឡើងនោះទេ ពួកគេមិនបាននិយាយអំពីរឿងនេះសូម្បីតែមួយម៉ាត់។ ខ្ញុំបានទៅទីនោះជាច្រើនដង ហើយពួកគេមិនដែលពិគ្រោះជាមួយខ្ញុំ ឬសួរខ្ញុំអំពីរឿងទាំងនេះឡើយ ពួកគេគ្រាន់តែធ្វើការសម្រេចចិត្តដោយខ្លួនឯងប៉ុណ្ណោះ ពួកគេក៏មិនបានអនុញ្ញាតឱ្យខ្ញុំធ្វើការត្រួតពិនិត្យណាមួយដែរ ហើយខ្ញុំត្រូវតែសួរដេញដោលយកព័ត៌មានពីពួកគេ។ ពួកគេបានប្រព្រឹត្តចំពោះខ្ញុំដូចជាអ្នកក្រៅ៖ «ដោយសារអ្នកនៅទីនេះ ពួកយើងនឹងគ្រាន់តែរាយការណ៍ប្រាប់អ្នក និងប្រាប់អ្នកអំពីអ្វីដែលអ្នកអាចមើលឃើញនៅចំពោះមុខអ្នកប៉ុណ្ណោះ។ ចំណែកឯរឿងដែលពួកយើងបានធ្វើពីក្រោយខ្នងរបស់អ្នកវិញ អ្នកកុំគិតចង់ព្យាយាមស្វែងយល់ពីរឿងណាមួយឱ្យសោះ។ ពួកយើងនឹងមិនអនុញ្ញាតឱ្យអ្នកលូកដៃ ឬសាកសួរឡើយ»។ មិនថាខ្ញុំបានទៅទីនោះប៉ុន្មានដងទេ ពួកគេមិនដែលអនុញ្ញាតឱ្យខ្ញុំសាកសួរអ្វីឡើយ។ ដោយខ្លាចថាខ្ញុំអាចនឹងចាប់ផ្ដើមសួរសំណួរ ពួកគេបានលាក់បាំងការពិតដោយចេតនា តាមរយៈពាក្យសម្ដីក្លែងក្លាយដែលស្ដាប់ទៅពីរោះ ដោយប្រើល្បិចកល។ ពួកគេបានឃុបឃិតគ្នា ឈានដល់ការឯកភាពគ្នា និងផ្លាស់ប្ដូរក្រសែភ្នែកដែលបង្កប់ន័យជាមួយគ្នា។ ពួកគេបានរក្សាជំហររួមគ្នា ហើយមិនបានរាយការណ៍ពីបញ្ហារបស់គ្នាទៅវិញទៅមកឡើយ ដោយបិទបាំងឱ្យគ្នាទៅវិញទៅមក។ នៅពេលដែលខ្ញុំបានដឹងអំពីរឿងដែលពួកគេកំពុងធ្វើពីក្រោយខ្នងរបស់ខ្ញុំ ហើយចង់ឱ្យពួកគេទទួលខុសត្រូវ ពួកគេនៅតែបន្តបិទបាំងឱ្យគ្នាទៅវិញទៅមក ដោយមិនប្រាប់ថាអ្នកណាជាអ្នកទទួលខុសត្រូវ ធ្វើជាល្ងង់ និងលេងល្បិចពាក្យសម្ដីជាមួយខ្ញុំ។ តើពួកគេបានប្រព្រឹត្តកំហុសអ្វី? ពួកគេបានគិតថា៖ «ក្រៅពីការគិតបែបប្រក្រតី និងសាមញ្ញ ព្រមទាំងភាពជាមនុស្សធម្មតា និងប្រក្រតី ព្រះគ្រីស្ទដែលជាមនុស្សសាមញ្ញម្នាក់នេះ គ្មានអ្វីដែលគួរឱ្យអួតអាងឡើយ ហើយក៏គ្មានអំណាចអស្ចារ្យហួសធម្មជាតិដែរ។ បើដូច្នេះមែន ពួកយើងអាចធ្វើសកម្មភាពតូចតាចមួយចំនួនពីក្រោយខ្នងរបស់អ្នក ហើយ ធ្វើរឿងផ្ទាល់ខ្លួនរបស់ពួកយើងដោយស្ងប់ចិត្ត។ ពួកយើងគ្រប់គ្រងលុយរបស់ពួកជំនុំ ដូច្នេះ ពួកយើងនឹងទិញអ្វីក៏ដោយដែលពួកយើងចង់បាន។ ពួកយើងមិនចាំបាច់សុំយោបល់ទាល់តែសោះ នៅពេលដែលត្រូវការហត្ថលេខា ពួកយើងអាចគ្រាន់តែចុះហត្ថលេខាលើការទិញតាមតែអំពើចិត្ត ដោយមិនចាំបាច់ឱ្យមានការត្រួតពិនិត្យឡើយ ហើយចាយលុយតាមអំពើចិត្ត។ តើព្រះគ្រីស្ទមិនមែនជាព្រះជាម្ចាស់ទេឬអី? តើអ្នកអាចគ្រប់គ្រងរឿងទាំងនេះបានដែរឬទេ? ពួកយើងនឹងធ្វើតាមអ្វីដែលពួកយើងចង់បាន។ ក្រៅពីពេលដែលអ្នកមានវត្តមាន ពេលវេលាដែលនៅសល់ ទីនេះគឺជាទឹកដីរបស់ពួកយើង!» តើពួកគេបានប្រព្រឹត្តចំពោះភាពប្រក្រតី និងភាពជាក់ស្ដែងរបស់ព្រះគ្រីស្ទយ៉ាងដូចម្ដេច? តើពួកគេមិនបានចាត់ទុកទ្រង់ជាមនុស្សដែលងាយនឹងត្រូវគេសម្លុតធ្វើបាបទេឬអី? ពួកគេបានគិតថា៖ «ដរាបណាអ្នកមានភាពជាមនុស្សធម្មតា ពួកយើងមិនខ្លាចនឹងសម្លុតធ្វើបាបអ្នកឡើយ។ ប្រសិនបើអ្នកមិនមានភាពជាមនុស្សអស្ចារ្យហួសធម្មជាតិទេ ពួកយើងមិនខ្លាចអ្នកឡើយ»។ តើពួកគេជាមនុស្សប្រភេទណា? ប្រសិនបើវិនិច្ឆ័យតាមភាពជាមនុស្សរបស់ពួកគេ តើពួកគេនឹងត្រូវបានចាត់ទុកថាជាមនុស្សល្អដែរឬទេ? តើពួកគេនឹងត្រូវបានចាត់ទុកថាជាមនុស្សដែលមានសីលធម៌ និងភាពជាមនុស្សដែរឬទេ? តើពួកគេនឹងត្រូវបានចាត់ទុកថាជាមនុស្សដែលមានចរិតលក្ខណៈថ្លៃថ្នូរដែរឬទេ? តើពួកគេពិតជាអ្វីឱ្យប្រាកដទៅ? តើពួកគេមិនមែនជាក្រុមមនុស្សពាលទេឬអី? តើមនុស្សទាំងនេះតំណាងឱ្យអ្នកណា នៅពេលដែលពួកគេធ្វើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់? ពួកគេសូម្បីតែមិនតំណាងឱ្យមនុស្សផង។ ពួកគេតំណាងឱ្យសាតាំង។ ពួកគេបានធ្វើអ្វីៗឱ្យសាតាំង ពួកគេគឺជាអ្នកបម្រើ និងជាបក្ខពួករបស់វា ពួកគេមកទីនេះដើម្បីរំខាន និងបំផ្លាញកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ពួកគេមិនមែនកំពុងបំពេញភារកិច្ចរបស់ពួកគេឡើយ ប៉ុន្តែកំពុងប្រព្រឹត្តអំពើអាក្រក់។ តើក្រុមបក្ខពួករបស់សាតាំងនេះ ខុសគ្នាយ៉ាងដូចម្ដេចពីនាគដ៏ធំមានសម្បុរក្រហម ដែលចាប់ខ្លួន បៀតបៀន និងធ្វើបាបរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នោះ? នាគដ៏ធំមានសម្បុរក្រហមមើលឃើញថា សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ ថាទ្រង់មិនគួរឱ្យខ្លាចទាល់តែសោះ ដូច្នេះ វាព្យាយាមចាប់ព្រះអង្គតាមតែអំពើចិត្ត ហើយនៅពេលដែលវាចាប់ព្រះអង្គបាន វានឹងព្យាយាមសម្លាប់ព្រះអង្គ។ តើបក្ខពួករបស់សាតាំងទាំងនេះ ដែលជាពួកទទឹងនឹងព្រះគ្រីស្ទ មិនបានប្រព្រឹត្តចំពោះព្រះគ្រីស្ទតាមរបៀបដូចគ្នាទេឬអី? តើសារជាតិរបស់ពួកគេមិនដូចគ្នាទេឬអី? (មែនហើយ។) តើពួកគេចាត់ទុកព្រះគ្រីស្ទជាអ្វីនៅក្នុងជំនឿរបស់ពួកគេ? តើពួកគេជឿលើទ្រង់ជាព្រះជាម្ចាស់ ឬជាមនុស្ស? ប្រសិនបើពួកគេចាត់ទុកព្រះគ្រីស្ទជាព្រះជាម្ចាស់ តើពួកគេនឹងប្រព្រឹត្តចំពោះទ្រង់បែបនេះដែរឬទេ? (ទេ។) មានការពន្យល់តែមួយគត់៖ ពួកគេបានមើលឃើញព្រះគ្រីស្ទជាមនុស្ស ជាមនុស្សដែលពួកគេអាចជំនុំជម្រះ បោកប្រាស់ យកមកលេងសើច មើលងាយ និងប្រព្រឹត្តចំពោះទ្រង់តាមតែអំពើចិត្ត នេះមានន័យថា ពួកគេហ៊ានខ្លាំងណាស់។ ប្រសិនបើយើងចាត់ថ្នាក់មនុស្សដ៏គឃ្លើនបែបនេះ តើពួកគេអាចត្រូវបានដាក់នៅក្នុងចំណាត់ថ្នាក់ និងក្រុមនៃភាវៈដែលព្រះបានបង្កើត រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ អ្នកដើរតាមទ្រង់ មនុស្សដែលអាចត្រូវបានទ្រង់ធ្វើឱ្យគ្រប់លក្ខណ៍ និងមនុស្សដែលអាចត្រូវបានទ្រង់សង្គ្រោះ បានដែរឬទេ? (ទេ។) តើសំរាមបែបនេះគួរតែត្រូវបានដាក់នៅឯណា? នៅក្នុងជំរំរបស់សាតាំង។ មនុស្សនៅក្នុងក្រុមនេះ ត្រូវបានកំណត់ថាជាពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេបានប្រព្រឹត្តចំពោះព្រះគ្រីស្ទដូចជាមនុស្សសាមញ្ញម្នាក់ ហើយបានធ្វើសកម្មភាពតាមតែអំពើចិត្ត និងដោយឥតគិតពិចារណា ព្រមទាំងបានប្រើអំណាចដាច់ខាតនៅក្នុងវិសាលភាពនៃឥទ្ធិពលរបស់ពួកគេ ដោយគិតថា៖ «មិនថាបញ្ហានោះជាអ្វីឡើយ ដរាបណាខ្ញុំមិនសុំយោបល់ពីអ្នក ឬមិនប្រាប់អ្នកអំពីវាទេ អ្នកគ្មានសិទ្ធិជ្រៀតជ្រែកឡើយ ហើយអ្នកនឹងមិនដឹងអំពីវាជារៀងរហូត»។ ចូរប្រាប់ខ្ញុំមក តើព្រះគ្រីស្ទមានសិទ្ធិដោះស្រាយជាមួយពួកគេដែរឬទេ? (មែនហើយ។) តើវិធីសាស្ត្រណាដែលសមរម្យដើម្បីធ្វើរឿងនេះ? (បណ្ដេញពួកគេចេញពីពួកជំនុំ។) នេះគឺជារបៀបដែលគេត្រូវតែដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទ និងពួកសាតាំង។ គេមិនត្រូវបង្ហាញការអត់ឱនដល់ពួកគេឡើយ។ នៅពេលដែលមនុស្សបែបនេះជឿលើព្រះជាម្ចាស់ មិនថាព្រះជាម្ចាស់ធ្វើអ្វី របៀបដែលទ្រង់ផ្គត់ផ្គង់សេចក្ដីពិតដល់មនុស្ស ឬកិច្ចការអ្វីដែលទ្រង់ធ្វើនោះទេ ពួកគេមិនខ្វល់ពីរឿងនេះឡើយ។ ប្រសិនបើពួកគេខ្វះអំណាច ពួកគេគិតរកវិធីដើម្បីទទួលបានវា ហើយនៅពេលដែលពួកគេមានអំណាច ពួកគេស្វែងរកការឈរស្មើមុខស្មើមាត់ជាមួយព្រះគ្រីស្ទ ដើម្បីបែងចែកពិភពលោកជាមួយទ្រង់ ដើម្បីប្រកួតប្រជែងមើលថាអ្នកណាប្រសើរជាង និងដណ្ដើមឋានៈជាមួយទ្រង់។ នៅក្នុងវិសាលភាពនៃឥទ្ធិពលរបស់ពួកគេ ពួកគេចង់ប្រកួតប្រជែងជាមួយព្រះគ្រីស្ទ ដោយនិយាយថា៖ «ខ្ញុំចង់មើលថា តើពាក្យសម្ដីរបស់អ្នកណាមានទម្ងន់ជាង ពាក្យសម្ដីរបស់អ្នក ឬពាក្យសម្ដីរបស់ខ្ញុំ។ ពួកជំនុំនេះគឺជាទឹកដីរបស់ខ្ញុំ។ ខ្ញុំនឹងចាយលុយរបស់ពួកជំនុំតាមដែលខ្ញុំចង់បាន ទិញអ្វីដែលខ្ញុំប្រាថ្នា និងដោះស្រាយបញ្ហាតាមដែលខ្ញុំចង់។ អ្នកណាក៏ដោយដែលខ្ញុំសម្រេចថាមិនល្អ គឺមិនល្អហើយ។ ខ្ញុំនឹងប្រើអ្នកណាក៏ដោយដែលខ្ញុំចង់ប្រើ ហើយគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យប៉ះពាល់មនុស្សដែលខ្ញុំជ្រើសរើសប្រើឡើយ។ ប្រសិនបើមាននរណាម្នាក់ធ្វើបែបនេះ ខ្ញុំនឹងមិនបណ្ដោយឱ្យរឿងនេះកន្លងផុតទៅឡើយ សូម្បីតែព្រះជាម្ចាស់និយាយថាគាត់ចង់ធ្វើក៏ដោយ ក៏ខ្ញុំមិនព្រមដែរ!» តើនេះមិនមែនជាការរកសេចក្ដីស្លាប់ដាក់ខ្លួនទេឬអី?

ប្រសិនបើមនុស្សកាន់តែយល់ពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ និងទទួលបានការយល់ដឹងកាន់តែច្បាស់ និងកាន់តែត្រឹមត្រូវអំពីភាពជាក់ស្ដែង និងសារជាតិរបស់ព្រះជាម្ចាស់ តាមរយៈភាពជាមនុស្សធម្មតា និងជាក់ស្ដែងនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នោះពួកគេគឺជាមនុស្សដែលដេញតាមសេចក្ដីពិត និងជាអ្នកដែលមានភាពជាមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនមិនចាត់ទុកព្រះគ្រីស្ទជាព្រះជាម្ចាស់ឡើយ ដោយសារតែទិដ្ឋភាពប្រក្រតី និងជាក់ស្ដែងរបស់ទ្រង់។ ពួកគេធ្វើសកម្មភាពកាន់តែគឃ្លើន និងក្លាហាននៅចំពោះទ្រង់។ ពួកគេកាន់តែមានភាពក្លាហានក្នុងការធ្វើសកម្មភាពតាមតែអំពើចិត្ត ហើយពួកគេកាន់តែមានគំនិតចង់វ៉ាដាច់ព្រះគ្រីស្ទ និងត្រួតត្រារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ពួកគេមានអារម្មណ៍ថា ពួកគេមានដើមទុនសម្រាប់មើលងាយ និងប្រកួតប្រជែងជាមួយព្រះគ្រីស្ទ ព្រមទាំងមានភស្តុតាងដើម្បីចាត់ទុកព្រះគ្រីស្ទជាមនុស្ស។ ពួកគេគិតថា បន្ទាប់ពីពួកគេទទួលបានភស្តុតាងនេះ ពួកគេមិនចាំបាច់ខ្លាចព្រះគ្រីស្ទឡើយ ហើយថាពួកគេអាចរិះគន់ទ្រង់ដោយសេរី អាចជជែក និងសើចលេងជាមួយទ្រង់តាមតែចិត្ត និងចាត់ទុកខ្លួនឯងស្មើមុខស្មើមាត់ជាមួយទ្រង់ ព្រមទាំងពិភាក្សាអំពីកិច្ចការក្នុងគ្រួសារ និងក្ដីកង្វល់ផ្ទាល់ខ្លួនរបស់ពួកគេជាមួយទ្រង់។ អ្នកខ្លះថែមទាំងនិយាយថា៖ «ខ្ញុំបានចែករំលែកពីគំនិតក្នុងចិត្ត ភាពទន់ខ្សោយ និងនិស្ស័យពុករលួយរបស់ខ្ញុំជាមួយអ្នក ដូច្នេះ ចូរប្រាប់ខ្ញុំពីសភាពរបស់អ្នកមក។ ខ្ញុំបានប្រាប់អ្នកអំពីបទពិសោធរបស់ខ្ញុំ មុន និងក្រោយពេលជឿលើព្រះជាម្ចាស់ ហើយខ្ញុំបានប្រាប់អ្នកអំពីរបៀបដែលខ្ញុំបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះ ចូរចែករំលែកបទពិសោធរបស់អ្នកជាមួយខ្ញុំមក»។ តើពួកគេកំពុងព្យាយាមធ្វើអ្វី? តើពួកគេមិនចាត់ទុកព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ថាសាមញ្ញ និងប្រក្រតីពេក ហើយចង់ប្រែក្លាយទ្រង់ឱ្យទៅជាសមាជិកគ្រួសារ ជាសម្លាញ់ ជាមិត្តភក្ដិ ឬជាអ្នកជិតខាងមែនទេ? ទោះបីជាព្រះគ្រីស្ទប្រក្រតី និងជាក់ស្ដែងយ៉ាងណាក៏ដោយ ក៏សារជាតិរបស់ទ្រង់នឹងនៅតែដដែលអស់កល្បជានិច្ច។ មិនថាទ្រង់មានព្រះជន្មប៉ុន្មាន ទ្រង់ប្រសូតនៅទីណា ឬថាតើគុណវុឌ្ឍិ និងបទពិសោធរបស់ទ្រង់មើលទៅច្រើនជាង ឬតិចជាងអ្នក ថាតើទ្រង់មើលទៅខ្ពង់ខ្ពស់ ឬតូចតាចនៅក្នុងក្រសែភ្នែករបស់អ្នកយ៉ាងណាក៏ដោយ ចូរកុំភ្លេចឱ្យសោះថា ទ្រង់តែងតែខុសពីអ្នកជានិច្ច។ ហេតុអ្វីបានជាបែបនេះ? ទ្រង់គឺជាព្រះជាម្ចាស់ដែលរស់នៅក្នុងសាច់ឈាមដែលនៅខាងក្រៅមើលទៅប្រក្រតី និងជាក់ស្ដែង។ សារជាតិរបស់ទ្រង់គឺខុសពីសារជាតិរបស់អ្នកអស់កល្បជានិច្ច។ សារជាតិរបស់ទ្រង់គឺជាសារជាតិរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដែលនៅពីលើមនុស្សជាតិទាំងអស់ ហើយនឹងនៅតែដូច្នេះអស់កល្បជានិច្ច។ ចូរកុំភ្លេចរឿងនេះឱ្យសោះ។ មើលពីខាងក្រៅ ទ្រង់មើលទៅដូចជាមនុស្សសាមញ្ញ និងធម្មតាម្នាក់ ទ្រង់ត្រូវបានគេហៅថាព្រះគ្រីស្ទ ហើយអត្តសញ្ញាណរបស់ទ្រង់គឺជាព្រះគ្រីស្ទ ប៉ុន្តែប្រសិនបើអ្នកជឿលើទ្រង់ជាមនុស្ស ហើយចាត់ទុកទ្រង់ជាមនុស្សសាមញ្ញម្នាក់ ជាសមាជិកម្នាក់នៃមនុស្សជាតិពុករលួយ នោះអ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ។ មិនថានៅពេលណាឡើយ អត្តសញ្ញាណ និងសារជាតិរបស់ព្រះគ្រីស្ទមិនដែលផ្លាស់ប្ដូរទេ។ សារជាតិរបស់ទ្រង់គឺជាសារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់ ហើយអត្តសញ្ញាណរបស់ទ្រង់តែងតែជាអត្តសញ្ញាណរបស់ព្រះជាម្ចាស់ជានិច្ច។ ការពិតដែលថាទ្រង់រស់នៅក្នុងសំបកនៃសាច់ឈាមប្រក្រតី និងជាក់ស្ដែង មិនមែនមានន័យថាទ្រង់ជាសមាជិកនៃមនុស្សជាតិពុករលួយឡើយ ហើយវាក៏មិនមានន័យថាមនុស្សអាចគ្រប់គ្រងដោយប្រើឧបាយកល ឬត្រួតត្រាទ្រង់ ឬថាពួកគេអាចស្មើមុខស្មើមាត់ជាមួយទ្រង់ ឬដណ្ដើមអំណាចជាមួយទ្រង់បាននោះដែរ។ ដរាបណាអ្នកមើលឃើញទ្រង់ជាមនុស្ស ហើយវាស់ស្ទង់ទ្រង់ដោយប្រើមធ្យោបាយ និងទស្សនៈរបស់មនុស្ស ព្រមទាំងព្យាយាមប្រែក្លាយទ្រង់ឱ្យទៅជាមិត្តភក្ដិ ជាអ្នកដែលមានឋានៈស្មើគ្នា ជាមិត្តរួមការងារ ឬជាមន្ត្រីជាន់ខ្ពស់ នោះអ្នកកំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ហើយ។ ហេតុអ្វីបានជាវាមានគ្រោះថ្នាក់? ដរាបណាអ្នកមើលឃើញព្រះគ្រីស្ទជាមនុស្សសាមញ្ញ និងធម្មតាម្នាក់ នោះនិស្ស័យពុករលួយរបស់អ្នកនឹងផ្ទុះឡើង។ ចាប់ពីពេលដែលអ្នកចាត់ទុកព្រះគ្រីស្ទជាមនុស្ស អំពើអាក្រក់របស់អ្នកនឹងចាប់ផ្ដើមត្រូវបានលាតត្រដាង។ តើគ្រោះថ្នាក់មិនស្ថិតនៅត្រង់នេះទេឬអី? ដរាបណាមនុស្សមើលឃើញព្រះគ្រីស្ទជាមនុស្ស ហើយគិតថាទ្រង់ប្រក្រតី និងជាក់ស្ដែង ថាទ្រង់ងាយនឹងត្រូវគេបោកប្រាស់ ហើយថាទ្រង់គឺដូចគ្នានឹងមនុស្សជាតិដែរ នោះពួកគេមិនកោតខ្លាចព្រះជាម្ចាស់ឡើយ ហើយនៅពេលនេះ ទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ក៏ផ្លាស់ប្ដូរ។ តើទំនាក់ទំនងនេះប្រែទៅជាអ្វី? ទំនាក់ទំនងរបស់ពួកគេលែងជាទំនាក់ទំនងរវាងមនុស្សដែលព្រះបានបង្កើត និងព្រះអាទិករទៀតហើយ វាលែងជាទំនាក់ទំនងរវាងអ្នកដើរតាម និងព្រះគ្រីស្ទទៀតហើយ ហើយវាក៏លែងជាទំនាក់ទំនងរវាងអ្នកដែលកំពុងត្រូវបានសង្គ្រោះ និងព្រះជាម្ចាស់ទៀតដែរ។ ផ្ទុយទៅវិញ វាប្រែទៅជាទំនាក់ទំនងរវាងសាតាំង និងព្រះអធិបតីនៃរបស់សព្វសារពើ។ មនុស្សឈរប្រឆាំងនឹងព្រះជាម្ចាស់ ហើយក្លាយជាសត្រូវរបស់ទ្រង់។ នៅពេលដែលអ្នកមើលឃើញព្រះគ្រីស្ទជាមនុស្ស អ្នកផ្លាស់ប្ដូរអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកនៅចំពោះព្រះជាម្ចាស់ និងតម្លៃរបស់អ្នកនៅក្នុងព្រះនេត្ររបស់ទ្រង់។ អ្នកបំផ្លាញអនាគត និងវាសនារបស់អ្នកទាំងស្រុង ដោយបំផ្លាញរឿងទាំងនេះតាមរយៈការបណ្ដោយតាមចិត្តខ្លួនឯង ការបះបោរ សេចក្ដីទុច្ចរិត និងភាពក្រអឺតក្រទមរបស់អ្នក។ ព្រះជាម្ចាស់នឹងទទួលស្គាល់ ណែនាំអ្នក ព្រមទាំងប្រទានជីវិត និងឱកាសឱ្យអ្នកដើម្បីទទួលបានសេចក្ដីសង្គ្រោះ លុះត្រាតែអ្នកគឺជាភាវៈដែលព្រះបានបង្កើត ជាអ្នកដើរតាមព្រះគ្រីស្ទ និងជាបុគ្គលដែលទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ បើមិនដូច្នេះទេ ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់នឹងផ្លាស់ប្ដូរ។ នៅពេលដែលមនុស្សចាត់ទុកព្រះជាម្ចាស់ ព្រះគ្រីស្ទ ជាមនុស្សម្នាក់ តើពួកគេមិនមែនកំពុងយករឿងនេះមកលេងសើចទេឬអី? ជាទូទៅ មនុស្សមិនមើលឃើញថារឿងនេះមានបញ្ហាឡើយ ពួកគេគិតថា៖ «ព្រះគ្រីស្ទបាននិយាយថាគាត់គឺជាមនុស្សសាមញ្ញ និងធម្មតាម្នាក់ ដូច្នេះ តើមានអ្វីខុសក្នុងការប្រព្រឹត្តចំពោះគាត់ដូចជាមនុស្សម្នាក់នោះ?» តាមពិតទៅ គ្មានអ្វីខុសទេចំពោះរឿងនេះ ប៉ុន្តែវាមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ការប្រព្រឹត្តចំពោះព្រះគ្រីស្ទដូចជាមនុស្សម្នាក់ មានអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នក។ ម្យ៉ាង វាលើកកម្ពស់ឋានៈរបស់អ្នក ម្យ៉ាងទៀត វាបង្រួមគម្លាតរវាងអ្នក និងព្រះជាម្ចាស់។ ហើយក្រៅពីនោះ អ្នកនឹងមិនសូវរឹតត្បិតខ្លួននៅចំពោះព្រះជាម្ចាស់ឡើយ អ្នកនឹងមានអារម្មណ៍ធូរស្រាល និងមានសេរីភាព។ អ្នកនឹងមានសិទ្ធិមនុស្ស សេរីភាព និងអារម្មណ៍ថាអត្ថិភាពរបស់អ្នកមានតម្លៃ ហើយមានអារម្មណ៍ពីវត្តមានរបស់អ្នកផ្ទាល់ តើវាមិនល្អទេឬអី? គ្មានអ្វីខុសទេក្នុងការប្រព្រឹត្តចំពោះមនុស្សពិតប្រាកដម្នាក់តាមរបៀបនេះ។ វាបង្ហាញថាអ្នកមានសេចក្ដីថ្លៃថ្នូរ និងសេចក្ដីទឿងត្រង់។ មនុស្សមិនគួរឱនក្បាលដោយងាយឡើយ មនុស្សមិនគួរលុតជង្គង់ ចុះញ៉ម ឬទទួលស្គាល់ថាខ្លួនអន់ជាងបុគ្គលណាម្នាក់ដោយងាយឡើយ។ តើទាំងនេះមិនមែនជាច្បាប់នៃការរស់រានមានជីវិតរបស់មនុស្ស និងជាក្បួនលេងល្បែងរបស់មនុស្សទេឬអី? មនុស្សជាច្រើនអនុវត្តច្បាប់ និងក្បួនលេងល្បែងទាំងនេះមកអនុវត្តក្នុងការប្រាស្រ័យទាក់ទងរបស់ពួកគេជាមួយព្រះគ្រីស្ទ។ នេះនឹងបង្កជាបញ្ហា ហើយវាមានលទ្ធភាពខ្ពស់ណាស់ដែលនឹងប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែសារជាតិធម្មជាតិនៃមនុស្សជាតិទាំងអស់ មិនថាជាពូជសាសន៍អ្វីឡើយ គឺដូចគ្នា។ មានតែព្រះគ្រីស្ទប៉ុណ្ណោះដែលខុសពីមនុស្សជាតិ។ ទោះបីជាព្រះគ្រីស្ទមានរូបរាងនៃភាពប្រក្រតី និងភាពជាក់ស្ដែង ហើយមានរបៀបរស់នៅ និងទម្លាប់នៃភាពជាមនុស្សធម្មតា និងជាក់ស្ដែងក៏ដោយ ក៏សារជាតិរបស់ទ្រង់មិនដូចទៅនឹងមនុស្សពុករលួយណាម្នាក់ឡើយ។ គឺដោយសារតែរឿងនេះហើយ ទើបទ្រង់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទាមទារឱ្យអ្នកដើរតាមទ្រង់ ប្រព្រឹត្តចំពោះទ្រង់តាមរបៀបដែលទ្រង់តម្រូវ។ ក្រៅពីព្រះគ្រីស្ទ គ្មានបុគ្គលណាផ្សេងទៀតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រើប្រាស់វិធីសាស្ត្រ និងស្ដង់ដាទាំងនេះ ដើម្បីធ្វើជាសេចក្ដីតម្រូវពីមនុស្សឡើយ។ ហេតុអ្វី? ពីព្រោះសារជាតិរបស់ព្រះគ្រីស្ទគឺជាព្រះជាម្ចាស់ផ្ទាល់ ហើយពីព្រោះព្រះគ្រីស្ទ ដែលជាមនុស្សសាមញ្ញ និងធម្មតាម្នាក់នេះ គឺជាសាច់ឈាមធម្មតាដែលព្រះជាម្ចាស់បានគ្រង និងជាការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្ស។ ដោយគ្រាន់តែផ្អែកលើរឿងនេះតែមួយមុខ ការមើលព្រះគ្រីស្ទជាមនុស្សគឺមិនត្រឹមត្រូវឡើយ ការប្រព្រឹត្តចំពោះទ្រង់ដូចជាមនុស្ស គឺរឹតតែមិនត្រឹមត្រូវទៅទៀត ហើយការបោកប្រាស់ទ្រង់ ការលេងសើចជាមួយទ្រង់ និងការប្រយុទ្ធប្រឆាំងនឹងទ្រង់ ហាក់ដូចជាទ្រង់ជាមនុស្ស គឺកាន់តែអាក្រក់ទៅទៀត។ ពួកទទឹងនឹងព្រះគ្រីស្ទ ដែលជាក្រុមបុគ្គលដ៏ទុច្ចរិតដែលស្អប់ខ្ពើមសេចក្ដីពិត នៅតែមិនដឹងអំពីបញ្ហាដ៏សំខាន់ និងកំហុសដ៏ច្បាស់ក្រឡែតនេះជារៀងរហូត។ ហេតុអ្វីបានជារឿងនេះអញ្ចឹង? ពីព្រោះសារជាតិធម្មជាតិរបស់ពួកគេ គឺជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេប្រយុទ្ធជាមួយព្រះជាម្ចាស់នៅក្នុងពិភពខាងវិញ្ញាណ ដោយដណ្ដើមឋានៈជាមួយទ្រង់ ដោយមិនដែលហៅទ្រង់ថាជាព្រះជាម្ចាស់ ឬប្រព្រឹត្តចំពោះទ្រង់បែបនោះឡើយ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេធ្វើអាកប្បកិរិយានេះម្ដងទៀត ដោយប្រព្រឹត្តចំពោះព្រះគ្រីស្ទតាមរបៀបដូចគ្នា។ ដូនតារបស់ពួកគេបានប្រព្រឹត្តចំពោះព្រះជាម្ចាស់តាមរបៀបនេះ ដូច្នេះ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលពួកគេមិនអាចទប់ចិត្តមិនឱ្យធ្វើសកម្មភាពតាមរបៀបនេះបាន។ ដោយសារពួកគេមិនអាចទប់ចិត្តមិនឱ្យធ្វើសកម្មភាពតាមរបៀបនេះបាន ហើយសារជាតិធម្មជាតិរបស់ពួកគេត្រូវបានកំណត់រួចហើយ តើមនុស្សបែបនេះនៅតែអាចត្រូវបានព្រះជាម្ចាស់សង្គ្រោះបានដែរឬទេ? តើពួកគេមិនត្រូវត្រូវបានបោសសម្អាត និងបណ្ដេញចេញពីដំណាក់របស់ព្រះជាម្ចាស់ទេឬអី? តើពួកគេមិនគួរត្រូវបានបដិសេធដោយរាស្ដ្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់ទេឬអី? (មែនហើយ។) តើអ្នករាល់គ្នានៅតែមានសញ្ញាណអំពីការដែលដំណាក់របស់ព្រះជាម្ចាស់ថ្កោលទោស បោសសម្អាត និងជម្រុះចោលបុគ្គលបែបនេះដែរឬទេ? (ទេ។) តើពួកគេគួរឱ្យអាណិតដែរឬទេ? (ទេ។) ហេតុអ្វីបានជាពួកគេមិនគួរឱ្យអាណិត? ពួកគេគួរឱ្យស្អប់ និងគួរឱ្យស្អប់ខ្ពើម ដូច្នេះ ពួកគេមិនគួរឱ្យអាណិតឡើយ។

គ. របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះគ្រីស្ទ

ការប្រព្រឹត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះភាពប្រក្រតី និងភាពជាក់ស្ដែងរបស់ព្រះគ្រីស្ទ ស្ដែងចេញតាមវិធីជាច្រើន ហើយយើងទើបតែបានលាតត្រដាងឧទាហរណ៍ជាក់លាក់មួយចំនួនអម្បាញ់មិញនេះ។ យើងនឹងបញ្ចប់ការប្រកបគ្នារបស់យើងអំពីទិដ្ឋភាពនេះត្រឹមនេះ។ ទាក់ទងនឹងទិដ្ឋភាពមួយទៀតរបស់ព្រះគ្រីស្ទ គឺការបន្ទាបខ្លួន និងការលាក់បាំងរបស់ទ្រង់ ពួកទទឹងនឹងព្រះគ្រីស្ទនៅតែបង្ហាញពីសារជាតិនិស្ស័យដ៏ពិសេសរបស់ពួកគេដដែល ហើយពួកគេមានការស្ដែងចេញជាសារវន្ត និងវិធីសាស្ត្រដូចគ្នាទៅនឹងការប្រព្រឹត្តរបស់ពួកគេចំពោះភាពប្រក្រតី និងភាពជាក់ស្ដែងរបស់ព្រះគ្រីស្ទ។ ពួកគេនៅតែមិនអាចទទួលយករឿងទាំងនេះពីព្រះជាម្ចាស់ ឬទទួលយករឿងទាំងនេះថាសេចក្ដីវិជ្ជមានឡើយ ផ្ទុយទៅវិញ ពួកគេមើលងាយរឿងទាំងនេះ ពួកគេថែមទាំងចំអក និងថ្កោលទោសរឿងទាំងនេះ ហើយបន្ទាប់មក ពួកគេក៏បដិសេធរឿងទាំងនេះតែម្ដង។ វាគឺជាស៊េរីដែលមានបីវគ្គ៖ ទីមួយ ពួកគេសង្កេតមើល បន្ទាប់មក ពួកគេថ្កោលទោស ហើយទីបំផុត ពួកគេបដិសេធ។ ទាំងនេះសុទ្ធតែជាទង្វើជាទម្លាប់របស់ពួកទទឹងនឹងព្រះគ្រីស្ទ។ រឿងនេះត្រូវបានកំណត់ដោយសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើការបន្ទាបខ្លួន និងការលាក់បាំង គឺជាអ្វី? វាមិនគួរពិបាកយល់តាមន័យត្រង់នោះទេ ពោលគឺវាមានន័យថា មិនចូលចិត្តអួតអាង មិនបង្អួតខ្លួនឯង រក្សាខ្លួនមិនឱ្យលេចធ្លោ និងមិនឱ្យគេស្គាល់។ នេះពាក់ព័ន្ធនឹងនិស្ស័យរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងបុគ្គលិកលក្ខណៈពីកំណើតរបស់ព្រះជាម្ចាស់។ ដោយផ្អែកលើរូបរាងខាងក្រៅ វាមិនគួរពិបាកសម្រាប់មនុស្សក្នុងការកត់សម្គាល់នោះទេ៖ ព្រះគ្រីស្ទគ្មានមហិច្ឆតាឡើយ ទ្រង់មិនព្យាយាមដណ្ដើមអំណាចទេ ទ្រង់គ្មានសេចក្ដីប្រាថ្នាចង់បានអំណាចឡើយ ទ្រង់មិនបង្ខាំងចិត្តមនុស្សទេ ហើយទ្រង់ក៏មិនសិក្សាពីរបៀបអានចិត្តមនុស្សដែរ។ ព្រះគ្រីស្ទមានបន្ទូលយ៉ាងសាមញ្ញ ត្រង់ៗ ច្បាស់លាស់ ដោយមិនដែលប្រើពាក្យសម្ដីសួរជីកឫសជីកគល់ ឬល្បិចកលដើម្បីបញ្ឆោតឱ្យមនុស្សបញ្ចេញគំនិតពិតរបស់ពួកគេឡើយ។ ប្រសិនបើមនុស្សចង់និយាយអ្វីមួយ ពួកគេអាចនិយាយបាន។ ប្រសិនបើមិនចង់ទេ ទ្រង់ក៏មិនបង្ខំពួកគេដែរ។ នៅពេលដែលព្រះគ្រីស្ទលាតត្រដាងពីនិស្ស័យពុករលួយ និងសភាពផ្សេងៗរបស់មនុស្ស ទ្រង់មានបន្ទូលដោយផ្ទាល់ និងចង្អុលបង្ហាញរឿងទាំងនោះយ៉ាងច្បាស់។ លើសពីនេះទៅទៀត របៀបដែលព្រះគ្រីស្ទដោះស្រាយរឿងរ៉ាវ គឺសាមញ្ញណាស់។ អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយខ្ញុំ គួរតែមានចំណាប់អារម្មណ៍បែបនេះ ដោយនិយាយថា៖ «ព្រះអង្គគឺត្រង់ទៅត្រង់មកណាស់ ដោយគ្មានល្បិចកលសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ឡើយ។ ទោះបីជាមានឋានៈក៏ដោយ ក៏ព្រះអង្គហាក់ដូចជាមិនមានអារម្មណ៍ថាខ្លួនខ្ពស់ជាងអ្នកដទៃ នៅក្នុងក្រុមណាមួយឡើយ»។ សម្ដីនេះពិតជាត្រឹមត្រូវមែន។ ខ្ញុំមិនចូលចិត្តធ្វើជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍ ឬបង្កើនកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅចំពោះមុខអ្នកដទៃឡើយ។ ប្រសិនបើខ្ញុំពិតជាគ្មានឋានៈនេះ ហើយព្រះជាម្ចាស់មិនបានធ្វើបន្ទាល់អំពីខ្ញុំទេនោះ ខ្ញុំមានបុគ្គលិកលក្ខណៈពីកំណើតដែលចូលចិត្តនៅខាងក្រោយហ្វូងមនុស្ស ដោយមិនចង់ឱ្យគេមើលឃើញខ្ញុំឡើយ ហើយទោះបីខ្ញុំមានជំនាញពិសេសខ្លះក៏ដោយ ក៏ខ្ញុំមិនចង់ឱ្យអ្នកដទៃដឹងដែរ ពីព្រោះបើមនុស្សបានដឹង ពួកគេនឹងតាមខ្ញុំទៅគ្រប់ទីកន្លែង ដែលជារឿងរំខាន និងពិបាកដោះស្រាយ។ ដូច្នេះ មិនថាខ្ញុំទៅទីណាទេ ឱ្យតែមនុស្សចាប់ផ្ដើមតាម ខ្ញុំទៅគ្រប់ទីកន្លែង ខ្ញុំតែងតែរកវិធីឱ្យពួកគេចាកចេញ ដោយពិភាក្សារឿងរ៉ាវនៅពេលចាំបាច់ ហើយនៅពេលមិនចាំបាច់ទេ ខ្ញុំក៏ឱ្យពួកគេត្រឡប់ទៅកន្លែងដែលពួកគេនៅវិញភ្លាមៗ ដើម្បីធ្វើអ្វីដែលពួកគេគួរធ្វើ។ សម្រាប់មនុស្សពុករលួយ រឿងនេះមិនអាចនឹកស្មានដល់ឡើយ៖ «ពួកយើងជាមនុស្សស្រឡាញ់ព្រះអង្គ និងគាំទ្រព្រះអង្គខ្លាំងណាស់! ពួកយើងឈ្លក់វង្វេងនឹងព្រះអង្គខ្លាំងណាស់! ហេតុអ្វីបានជាព្រះអង្គមិនព្រមទទួលយកអារម្មណ៍របស់ពួកយើងនេះ?» តើនេះជាការនិយាយស្ដីបែបណាទៅ? ខ្ញុំបាននិយាយអ្វីដែលខ្ញុំគួរនិយាយប្រាប់អ្នករួចហើយ បានណែនាំអ្វីដែលខ្ញុំត្រូវណែនាំរួចហើយ ដូច្នេះ ចូរទៅធ្វើអ្វីដែលអ្នកគួរធ្វើចុះ កុំមកចោមរោមខ្ញុំអី ខ្ញុំមិនចូលចិត្តរឿងនេះទេ។ តាមទស្សនៈរបស់មនុស្ស ពួកគេគិតថា៖ «ឱព្រះជាម្ចាស់ ដោយព្រះអង្គបានបំពេញកិច្ចការដ៏អស្ចារ្យបែបនេះ តើព្រះអង្គមិនមានអារម្មណ៍ស្កប់ស្កល់នឹងខ្លួនឯងជាញឹកញាប់ដែរទេឬអី? ដោយមានអ្នកដើរតាមច្រើនយ៉ាងនេះ តើព្រះអង្គមិនតែងតែមានអារម្មណ៍ថាខ្លួនខ្ពស់ជាងអ្នកដទៃដែរទេឬអី? តើព្រះអង្គមិនតែងតែចង់ទទួលបានការប្រព្រឹត្តដ៏ពិសេសទេឬអី?» ខ្ញុំនិយាយថា ខ្ញុំមិនដែលមានអារម្មណ៍បែបនោះឡើយ។ ខ្ញុំមិនដែលដឹងខ្លួនថាមានអ្នកដើរតាមច្រើនយ៉ាងនេះទេ ខ្ញុំមិនមានអារម្មណ៍ថាខ្លួនខ្ពស់ជាងអ្នកដទៃឡើយ ហើយខ្ញុំក៏មិនដឹងដែរថាឋានៈរបស់ខ្ញុំខ្ពស់ប៉ុនណាដែរ។ ចូរប្រាប់ខ្ញុំមក តើជាទូទៅ មនុស្សធម្មតាម្នាក់នឹងត្រេកអរខ្លាំងប៉ុនណានៅរៀងរាល់ថ្ងៃ ប្រសិនបើគេស្ថិតក្នុងឋានៈបែបនេះ? តើគេនឹងមិនដឹងថាត្រូវហូបអ្វី ឬស្លៀកពាក់អ្វីទេឬអី? តើគេមិនអណ្ដែតអណ្ដូងនៅកណ្ដាលអាកាសពេញមួយថ្ងៃទេឬអី? តើគេមិនតែងតែសង្ឃឹមថានឹងមានមនុស្សតាមចោមរោមពួកគេទេឬអី? (មែនហើយ។) ជាពិសេស អ្នកដែលមានសមត្ថភាពបន្ដិចបន្ដួច តែងតែរកវិធីរៀបចំការប្រជុំ ដើម្បីរីករាយនឹងអារម្មណ៍នៃការទទួលបានការចាប់អារម្មណ៍ និងការទះដៃអបអរសាទរក្នុងអំឡុងពេលថ្លែងសុន្ទរកថា ដោយគិតថាអារម្មណ៍នោះលើសពីក្ដីអំណរនៃការហូបសាច់ និងផឹកស្រាទៅទៀត។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំមិនមានអារម្មណ៍បែបនោះ? ហេតុអ្វីបានជាខ្ញុំមិនមានអារម្មណ៍ថាវាជារឿងល្អ? ហេតុអ្វីបានជាខ្ញុំមិនចូលចិត្តអារម្មណ៍នោះ? នៅក្នុងវិស័យតន្ត្រីរបស់ពិភពលោក អ្នកដែលមានសមត្ថភាពបន្តិចបន្តួច ជាពិសេសអ្នកដែលអាចច្រៀង និងរាំបាន ត្រូវបានគេហៅថា ទេពធីតា អាទិទេព ស្ដេចតន្ត្រី រាជិនីតន្ត្រី ហើយសូម្បីតែហៅថា ឪពុក ម្ដាយ និងលោកតាទៀតផង។ ទាំងនេះមិនមែនជាងារល្អឡើយ។ លើសពីនេះទៅទៀត មនុស្សមួយចំនួនមានអារម្មណ៍មិនពេញចិត្ត នៅពេលដែលគេហៅពួកគេថា «សៀវ (ក) វ៉ាង» ឬ «សៀវ លី» ដោយគិតថាវាធ្វើឱ្យឋានៈជាមនុស្សចាស់ទុំរបស់ពួកគេទាបចុះ ដូច្នេះ ពួកគេស្វែងរកវិធីដើម្បីផ្លាស់ប្ដូរកម្រិតឋានៈជាមនុស្សចាស់ទុំរបស់ខ្លួន ដើម្បីឱ្យមនុស្សហៅពួកគេថា ស្ដេច ឬម្ចាស់ក្សត្រី នៅថ្ងៃអនាគត។ នេះហើយគឺជាពូជមនុស្សពុករលួយ។ មនុស្សមួយចំនួន បន្ទាប់ពីបានមកជឿលើព្រះជាម្ចាស់ ពួកគេនិយាយថា អ្នកជឿមិនគួរព្រហើនដូចអ្នកគ្មានជំនឿឡើយ ថាពួកគេមិនគួរត្រូវបានគេហៅថា ព្រះជាម្ចាស់ ស្ដេច ឬម្ចាស់ក្សត្រីទេ ថាពួកគេត្រូវតែដាក់ខ្លួន និងបន្ទាបខ្លួន។ ពួកគេជឿថា ការហៅខ្លួនឯងដោយផ្ទាល់ថា អ្នកបន្ទាបខ្លួន គឺរាងគ្រោតគ្រាតបន្តិច ថាវាមិនតូចតាច ឬទាបទាបគ្រប់គ្រាន់ទេ ដូច្នេះ ពួកគេហៅខ្លួនឯងថា អ្នកតូចតាច អ្នកល្អិតល្អោច ធូលីដី អ្នកតូច ហើយអ្នកខ្លះថែមទាំងហៅខ្លួនឯងថា គ្រាប់ខ្សាច់ និងណាណូម៉ែត្រទៀតផង។ ពួកគេមិនផ្ដោតលើសេចក្ដីពិតទេ ប៉ុន្តែគិតគូរពីភាពគ្រោតគ្រាតទៅវិញ ដោយប្រើឈ្មោះដូចជា ស្មៅតូច ពន្លក ហើយថែមទាំង ដី ភក់ លាមក ជាដើម។ ឈ្មោះទាំងនេះមួយណាក៏កាន់តែមិនពីរោះ និងទាបទាបជាងឈ្មោះមុនដែរ ប៉ុន្តែតើឈ្មោះទាំងនេះអាចផ្លាស់ប្ដូរអ្វីបានដែរឬទេ? ខ្ញុំឃើញថា មនុស្សដែលមានឈ្មោះទាំងនេះ ក៏ក្រអឺតក្រទម និងមិនល្អណាស់ដែរ ហើយអ្នកខ្លះថែមទាំងជាមនុស្សអាក្រក់ទៀតផង។ អ្នកដែលមានឈ្មោះបែបនេះ មិនត្រឹមតែមិនបានក្លាយជាតូចតាច ឬបន្ទាបខ្លួនជាងមុនប៉ុណ្ណោះទេ ប៉ុន្តែនៅតែព្រហើន ទុច្ចរិត និងព្យាបាទដដែល។

លើកទីមួយដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្សដើម្បីបំពេញកិច្ចការនៅលើផែនដី កិច្ចការរបស់ទ្រង់គឺសាមញ្ញ និងខ្លី ប៉ុន្តែវាគឺជាដំណាក់កាលនៃកិច្ចការដ៏សំខាន់ និងមិនអាចខ្វះបាន សម្រាប់សេចក្ដីសង្គ្រោះនៃមនុស្សជាតិ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីព្រះអម្ចាស់យេស៊ូវត្រូវគេឆ្កាង ទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយយាងឡើងទៅស្ថានសួគ៌ ដោយមិនបានលេចមកឱ្យមនុស្សជាតិឃើញម្ដងទៀតឡើយ។ ហេតុអ្វីបានជាទ្រង់មិនលេចមកឱ្យមនុស្សជាតិឃើញម្ដងទៀត? នេះគឺជាការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់។ យោងតាមតក្កវិជ្ជាធម្មតារបស់មនុស្ស ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ហើយរងទុក្ខអស់រយៈពេលសាមសិបបីឆ្នាំកន្លះ ដោយស៊ូទ្រាំនឹងការបដិសេធ ការមួលបង្កាច់ ការថ្កោលទោស ការជេរប្រមាថ និងរឿងផ្សេងៗទៀតរបស់មនុស្សជាតិ ហើយទ្រង់គួរតែយាងត្រឡប់មកក្នុងចំណោមមនុស្សវិញ ដើម្បីរីករាយនឹងផលនៃជ័យជម្នះ និងសិរីល្អរបស់ទ្រង់ បន្ទាប់ពីទ្រង់ត្រូវគេឆ្កាង និងមានព្រះជន្មរស់ឡើងវិញ។ ទ្រង់គួរតែមានព្រះជន្មរស់នៅសាមសិបបីឆ្នាំកន្លះទៀត ឬយូរជាងនេះ ដោយរីករាយនឹងការ ថ្វាយបង្គំ និងការគោរពកោតសរសើររបស់មនុស្សជាតិចំពោះទ្រង់ ព្រមទាំងទទួលបានឋានៈ និងការប្រព្រឹត្តដែលទ្រង់ស័ក្ដិសមនឹងទទួលបាន។ ទោះជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់មិនបានធ្វើបែបនេះឡើយ។ នៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់បានយាងមកយ៉ាងស្ងៀមស្ងាត់ និងឥតសំឡេង ដោយគ្មានធ្វើពិធីអ្វីឡើយ ហើយមិនដូចមនុស្សដែលព្យាយាមធ្វើឱ្យគេដឹងពីវត្តមានរបស់ខ្លួននៅពេលដែលពួកគេមានសមត្ថភាពបន្តិចបន្តួចនោះទេ ព្រះជាម្ចាស់មិនចង់ប្រកាសប្រាប់ពិភពលោកថា «ខ្ញុំនៅទីនេះ ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់!» ឡើយ។ ព្រះជាម្ចាស់មិនបានមានបន្ទូលសូម្បីតែមួយម៉ាត់បែបនេះអំពីអង្គទ្រង់ផ្ទាល់ឡើយ ប៉ុន្តែទ្រង់បានប្រសូតយ៉ាងស្ងៀមស្ងាត់នៅក្នុងក្រោលសត្វ។ ក្រៅពីអ្នកប្រាជ្ញទាំងបីដែលបានមកថ្វាយបង្គំព្រះជាម្ចាស់ ព្រះជន្មដែលនៅសល់របស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺពោរពេញទៅដោយទុក្ខលំបាក និងការរងទុក្ខ ដែលទាល់តែទ្រង់ត្រូវគេ ឆ្កាង ទើបបានបញ្ចប់។ ព្រះជាម្ចាស់ទទួលបានសិរីល្អ ហើយបានអត់ទោសបាបរបស់មនុស្ស នេះមានន័យថា ទ្រង់បានបំពេញទង្វើដ៏អស្ចារ្យមួយសម្រាប់មនុស្សជាតិ ពីព្រោះទ្រង់បានជួយមនុស្សឱ្យរួចផុតពីអំពើបាប និងសមុទ្រនៃទុក្ខវេទនា ហើយទ្រង់គឺជាព្រះដ៏ប្រោសលោះនៃមនុស្សជាតិ។ ដូច្នេះ បើគិតតាមហេតុផល ព្រះជាម្ចាស់គួរតែបានរីករាយនឹងការថ្វាយបង្គំ ការកោតសរសើរ និងការក្រាបថ្វាយបង្គំរបស់មនុស្សជាតិ។ ទោះជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់បានយាងចេញ យ៉ាងស្ងៀមស្ងាត់ និងឥតសំឡេង ដោយមិនបញ្ចេញសំឡេងអ្វីឡើយ។ ក្នុងរយៈពេលពីរពាន់ឆ្នាំកន្លងមកនេះ កិច្ចការរបស់ព្រះជាម្ចាស់តែងតែត្រូវបាន ផ្សាយជានិច្ច។ ដំណើរការនៃការ ផ្សាយនេះ គឺពោរពេញទៅដោយទុក្ខលំបាក ការបង្ហូរឈាម ព្រមទាំងការថ្កោលទោស និងការមួលបង្កាច់ពីមនុស្សជាតិទាំងមូល។ ប៉ុន្តែ មិនថាមនុស្សជាតិមានអាកប្បកិរិយាយ៉ាងណាចំពោះព្រះជាម្ចាស់ក៏ដោយ ក៏ទ្រង់នៅតែបន្តសម្ដែងចេញសេចក្ដីពិត ហើយមិនដែលបោះបង់ចោលកិច្ចការនៃការសង្គ្រោះមនុស្សរបស់ទ្រង់ឡើយ។ លើសពីនេះទៅទៀត ក្នុងអំឡុងពេលពីរពាន់ឆ្នាំនេះ ព្រះជាម្ចាស់មិនដែលប្រើព្រះបន្ទូលច្បាស់លាស់ដើម្បីប្រកាសអំពីអង្គទ្រង់ផ្ទាល់ ដោយមានបន្ទូលថា ព្រះអម្ចាស់យេស៊ូវគឺជាសាច់ឈាមយកកំណើតជាមនុស្សរបស់ទ្រង់ ហើយថាមនុស្សជាតិគួរតែថ្វាយបង្គំ និងទទួលយកទ្រង់ឡើយ។ ព្រះជាម្ចាស់គ្រាន់តែប្រើវិធីសាស្ត្រដ៏សាមញ្ញបំផុត ដោយចាត់អ្នកបម្រើរបស់ទ្រង់ឱ្យទៅផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ទៅកាន់គ្រប់ប្រជាជាតិ និងគ្រប់ទីកន្លែង ដើម្បីឱ្យមនុស្សកាន់តែច្រើន អាចប្រែចិត្ត មកនៅចំពោះព្រះជាម្ចាស់ និងទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់ ហើយ ដោយហេតុនេះ ពួកគេទទួលបានការអត់ទោសបាបរបស់ពួកគេ។ ព្រះជាម្ចាស់មិនដែលប្រើព្រះបន្ទូលដែលមិនចាំបាច់ណាមួយ ដើម្បីមានបន្ទូលថា ទ្រង់គឺជាព្រះមែស៊ីដែលត្រូវយាងមកនោះឡើយ ផ្ទុយទៅវិញ ទ្រង់បានបញ្ជាក់តាមរយៈការពិតថា អ្វីគ្រប់យ៉ាងដែលទ្រង់បានធ្វើ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ថាការសង្គ្រោះរបស់ព្រះអម្ចាស់យេស៊ូវ គឺជាការសង្គ្រោះរបស់ព្រះជាម្ចាស់ផ្ទាល់ ថាព្រះអម្ចាស់យេស៊ូវបានប្រោសលោះមនុស្សជាតិទាំងមូល ហើយថាទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់។ នៅក្នុងការយកកំណើតជាមនុស្សលើកនេះ ព្រះជាម្ចាស់បានយាងមកក្នុងចំណោមមនុស្ស តាមរបៀប និងទម្រង់ដូចគ្នា។ ការយាងមកជាសាច់ឈាមរបស់ព្រះជាម្ចាស់ គឺជា ព្រះពរដ៏ធំធេងសម្រាប់មនុស្សជាតិ ជាឱកាសដ៏កម្រមិនគួរឱ្យជឿ ហើយលើសពីនេះទៅទៀត វាគឺជាភ័ព្វសំណាងរបស់មនុស្សជាតិ។ ប៉ុន្តែ តើវាមានន័យយ៉ាងណាសម្រាប់ព្រះជាម្ចាស់ផ្ទាល់? វាគឺជារឿងដែលឈឺចាប់បំផុត។ តើអ្នករាល់គ្នាអាចយល់ពីរឿងនេះបានដែរឬទេ? សារជាតិរបស់ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់។ ព្រះជាម្ចាស់ ដែលមានអត្តសញ្ញាណជាព្រះជាម្ចាស់ ពីកំណើតមក គឺគ្មានភាពក្រអឺតក្រទមឡើយ ផ្ទុយទៅវិញ ទ្រង់មានភាពស្មោះត្រង់ បរិសុទ្ធ និងសុចរិត។ តាមរយៈការយាងមកក្នុងចំណោមមនុស្សជាតិ ទ្រង់ត្រូវតែប្រឈមមុខនឹងនិស្ស័យពុករលួយផ្សេងៗរបស់មនុស្ស ដែលមានន័យថា មនុស្សទាំងអស់ដែលទ្រង់ចង់សង្គ្រោះ គឺជាអ្នកដែលទ្រង់ស្អប់ និងចាត់ទុកថាគួរឱ្យខ្ពើមរអើម។ ព្រះជាម្ចាស់គ្មាននិស្ស័យក្រអឺតក្រទម សេចក្ដីទុច្ចរិត និង សេចក្ដីបញ្ឆោតឡើយ ទ្រង់ស្រឡាញ់អ្វីៗដែលវិជ្ជមាន ទ្រង់សុចរិត និងបរិសុទ្ធ ប៉ុន្តែអ្វីដែលទ្រង់ប្រឈមមុខ គឺពិតជាក្រុមមនុស្សដែលផ្ទុយ និងប្រទូសរ៉ាយនឹងសារជាតិរបស់ទ្រង់។ តើព្រះជាម្ចាស់ប្រទានអ្វីច្រើនជាងគេ? គឺសេចក្ដីស្រឡាញ់ ការអត់ធ្មត់ សេចក្ដីករុណា និងការអត់ឱនរបស់ទ្រង់។ សេចក្ដីស្រឡាញ់ សេចក្ដីករុណា និងការអត់ឱនរបស់ព្រះជាម្ចាស់ គឺជាការបន្ទាបខ្លួន និងការលាក់បាំងរបស់ទ្រង់។ មនុស្សជាតិពុករលួយគិតថា៖ «ព្រះជាម្ចាស់បំពេញកិច្ចការដ៏អស្ចារ្យបែបនេះ ទទួលបានសិរីល្អដ៏អស្ចារ្យបែបនេះ ហើយទ្រង់មានអធិបតេយ្យភាពលើអ្វីៗជាច្រើន ចុះហេតុអ្វីបានជាទ្រង់មិនប្រកាស ឬថ្លែងប្រាប់ពីអង្គទ្រង់?» សម្រាប់មនុស្ស រឿងនេះហាក់ដូចជាងាយស្រួលដូចជាការផ្ទាត់ម្រាមដៃរបស់ពួកគេអ៊ីចឹង។ នៅពេលពួកគេធ្វើរឿងល្អមួយ ពួកគេបំប៉ោងវាដប់ដង នៅពេលពួកគេធ្វើរឿងល្អបន្តិចបន្តួច ពួកគេពង្រីកវាពីរឬបីដង ពង្រីកវាដោយគ្មានទីបញ្ចប់ ហើយគិតថា កាលណាពួកគេធ្វើបែបនេះកាន់តែលម្អិត គឺកាន់តែល្អ។ ប៉ុន្តែរឿងទាំងនេះមិនមាននៅក្នុងសារជាតិរបស់ព្រះជាម្ចាស់ឡើយ។ មិនថាព្រះជាម្ចាស់ធ្វើអ្វីក៏ដោយ ក៏គ្មានអ្វីដែលមនុស្សហៅថា «ការដោះដូរ» នៅក្នុងរឿងនោះឡើយ។ ព្រះជាម្ចាស់មិនចង់ទាមទារអ្វីទេ ទ្រង់មិន «ស្វែងរកការតបស្នង» ដូចដែលមនុស្សហៅនោះឡើយ។ ព្រះជាម្ចាស់មិនមានព្រះរាជបំណងចង់បានឋានៈ ដូចមនុស្សជាតិពុករលួយឡើយ ទ្រង់មិនមានបន្ទូលថា «ខ្ញុំគឺជាព្រះជាម្ចាស់ ខ្ញុំធ្វើអ្វីដែលខ្ញុំចង់ធ្វើ ហើយមិនថាខ្ញុំធ្វើអ្វីក៏ដោយ ក៏អ្នករាល់គ្នាត្រូវតែចងចាំសេចក្ដីល្អរបស់ខ្ញុំ អ្នករាល់គ្នាត្រូវតែយកអ្វីៗដែលខ្ញុំធ្វើទុកក្នុងចិត្ត ហើយចងចាំខ្ញុំជានិច្ច» ឡើយ។ ព្រះជាម្ចាស់ពិតជាគ្មានសារជាតិប្រភេទនេះឡើយ ទ្រង់គ្មានមហិច្ឆតាទេ ទ្រង់មិនមាននិស្ស័យក្រអឺតក្រទមរបស់មនុស្សជាតិពុករលួយឡើយ ហើយទ្រង់មិនប្រកាសពីអង្គទ្រង់ទេ។ អ្នកខ្លះនិយាយថា៖ «ប្រសិនបើព្រះអង្គមិនប្រកាសពីអង្គទ្រង់ទេ តើមនុស្សម្ដេចនឹងអាចដឹងថាព្រះអង្គគឺជាព្រះជាម្ចាស់បានទៅ? តើពួកគេម្ដេចនឹងអាចឃើញថាព្រះអង្គមានឋានៈជាព្រះជាម្ចាស់បានទៅ?» វាមិនចាំបាច់ឡើយ នេះគឺជាអ្វីដែលសារជាតិរបស់ព្រះជាម្ចាស់អាចសម្រេចបាន។ ព្រះជាម្ចាស់មានសារជាតិ ជា ព្រះជាម្ចាស់។ មិនថាទ្រង់បន្ទាបខ្លួន និងលាក់បាំងយ៉ាងណាក៏ដោយ មិនថាទ្រង់បំពេញកិច្ចការយ៉ាងសម្ងាត់យ៉ាងណាក៏ដោយ មិនថាទ្រង់បង្ហាញសេចក្ដីករុណា និងការអត់ឱនដល់មនុស្សជាតិយ៉ាងណាក៏ដោយ ក៏ផលចុងក្រោយនៃព្រះបន្ទូល កិច្ចការ ទង្វើ និងរឿងផ្សេងៗទៀតរបស់ទ្រង់ ដែលមានលើមនុស្ស ប្រាកដជានឹងធ្វើឱ្យមនុស្សដែលព្រះបានបង្កើត ទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករ ក្រាបចុះ និងថ្វាយបង្គំព្រះអាទិករ ព្រមទាំងចុះចូលដោយស្ម័គ្រចិត្តចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះអាទិករមិនខាន។ រឿងនេះត្រូវបានកំណត់ដោយសារជាតិរបស់ព្រះជាម្ចាស់។ ហើយអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទមិនអាចសម្រេចបាន គឺពិតជារឿងនេះឯង។ ពួកគេមានមហិច្ឆតា និងបំណងប្រាថ្នា ព្រមទាំងមាននិស្ស័យក្រអឺតក្រទម កាចសាហាវ និងទុច្ចរិត ពួកគេខ្វះសេចក្ដីពិត ប៉ុន្តែពួកគេនៅតែចង់កាន់កាប់ និងត្រួតត្រាមនុស្ស ព្រមទាំងធ្វើឱ្យមនុស្សចុះចូល និងថ្វាយបង្គំពួកគេ។ ដោយវិនិច្ឆ័យផ្អែកលើសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តើពួកគេមិនទុច្ចរិតទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទប្រកែកតវ៉ានឹង ព្រះជាម្ចាស់ ដើម្បីដណ្ដើមយករាស្រ្ដរើសតាំងរបស់ទ្រង់ តើព្រះជាម្ចាស់នឹងប្រកែកតវ៉ានឹងពួកគេដែរឬទេ? តើព្រះជាម្ចាស់មានសារជាតិបែបនេះដែរឬទេ? តើព្រះជាម្ចាស់ទទួលបានការថ្វាយបង្គំ និងការចុះចូលពីមនុស្សដែលព្រះបានបង្កើត ដោយប្រកែកតវ៉ាដណ្ដើមយកដែរឬទេ? (មិនមែនទេ។) តើទ្រង់ទទួលបានវាដោយរបៀបណា? ភារៈដែលព្រះបានបង្កើត ត្រូវបានបង្កើតដោយព្រះជាម្ចាស់។ មានតែព្រះអាទិករទេដែលដឹងថា មនុស្សជាតិត្រូវការអ្វី គួរមានអ្វី និងមនុស្សជាតិគួររស់នៅបែបណា។ ឧទាហរណ៍ ឧបមាថាមនុស្សម្នាក់បង្កើតម៉ាស៊ីនមួយ។ មានតែអ្នកបង្កើតវាទេដែលដឹងពីចំណុចខ្វះខាត និងគុណវិបត្តិរបស់វា ព្រមទាំងរបៀបជួសជុលវា ចំណែកឯអ្នកណាក៏ដោយដែលព្យាយាមធ្វើម៉ាស៊ីនក្លែងក្លាយតាមម៉ាស៊ីននេះ គឺមិនដឹងឡើយ។ ស្រដៀងគ្នានេះដែរ មនុស្សជាតិត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់ទេដែលដឹងថាមនុស្សត្រូវការអ្វី មានតែព្រះជាម្ចាស់ទេដែលអាចសង្គ្រោះមនុស្សជាតិបាន ហើយមានតែព្រះជាម្ចាស់ទេដែលអាចបំផ្លាស់បំប្រែ មនុស្សពុករលួយឱ្យទៅជាមនុស្សពិតប្រាកដបាន។ ព្រះជាម្ចាស់ធ្វើរឿងទាំងអស់នេះ មិនមែនដោយសារសិទ្ធិអំណាចរបស់ទ្រង់ មិនមែនដោយសារការប្រកាសពីអង្គទ្រង់ផ្ទាល់ ការបកស្រាយបញ្ជាក់អំពីភាពត្រឹមត្រូវរបស់អង្គទ្រង់ ហើយក៏មិនមែនដោយការគាបសង្កត់ ការបំភាន់ ឬការ ត្រួតត្រាមនុស្សឡើយ។ ព្រះជាម្ចាស់មិនប្រើមធ្យោបាយ និងវិធីសាស្ត្រទាំងនេះទេ មានតែសាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះដែលធ្វើបែបនេះ។

បន្ទាប់ពីការប្រកបគ្នាយ៉ាងច្រើន តើអ្នករាល់គ្នាយល់យ៉ាងណាអំពីការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់? តើការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់ គឺជាអ្វី? តើការលាក់បាំង គឺជាការលាក់បាំងអត្តសញ្ញាណរបស់ទ្រង់ដោយចេតនា ជាការលាក់បាំងសារជាតិ និងស្ថានភាពពិតប្រាកដរបស់ទ្រង់ដោយចេតនាមែនទេ? (មិនមែនទេ។) តើការបន្ទាបខ្លួន គឺជារឿងដែលក្លែងធ្វើឡើងដោយមិនពិតប្រាកដមែនទេ? តើវាជាការទប់ខ្លួនឯងមែនទេ? តើវាជាការធ្វើពុតមែនទេ? (មិនមែនទេ។) មនុស្សមួយចំនួននិយាយថា៖ «ព្រះអង្គគឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស តើអ្នកដែលមានឋានៈខ្ពង់ខ្ពស់បែបនេះ ម្ដេចនឹងអាចស្លៀកពាក់សម្លៀកបំពាក់សាមញ្ញបែបនេះបានទៅ?» ខ្ញុំនិយាយថា ខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ ដែលរស់នៅក្នុងជីវិតធម្មតាប៉ុណ្ណោះ។ អ្វីៗគ្រប់យ៉ាងអំពីខ្ញុំគឺធម្មតា ចុះហេតុអ្វីបានជាខ្ញុំមិនអាចស្លៀកពាក់សម្លៀកបំពាក់ធម្មតាបាន? អ្នកខ្លះនិយាយថា៖ «ព្រះអង្គគឺជាព្រះគ្រីស្ទ ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ឋានៈរបស់ព្រះអង្គគឺខ្ពង់ខ្ពស់ណាស់ សូមព្រះអង្គកុំបន្ទាបអង្គទ្រង់អី»។ ខ្ញុំនិយាយថា តើខ្ញុំបន្ទាបខ្លួនឯងត្រង់ណា? ខ្ញុំមិនវាយតម្លៃខ្លួនឯងខ្ពស់ពេក ឬបន្ទាបខ្លួនឯង ពេកឡើយ ខ្ញុំគឺជាខ្ញុំ ខ្ញុំធ្វើអ្វីដែលខ្ញុំគួរធ្វើ ហើយខ្ញុំនិយាយអ្វីដែលខ្ញុំគួរនិយាយ តើវាខុសត្រង់ណាទៅ? ការវាយតម្លៃខ្លួនឯងខ្ពស់ពេក ឬទាបពេក សុទ្ធតែមិនត្រឹមត្រូវឡើយ។ ការវាយតម្លៃខ្លួនឯងខ្ពស់ពេក គឺជាភាពក្រអឺតក្រទម ចំណែកការវាយតម្លៃខ្លួនឯងទាបពេក គឺជាការធ្វើពុត និងសេចក្ដីបញ្ឆោត។ អ្នកខ្លះនិយាយថា៖ «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គួរតែមានឬកពាដូចជាបុគ្គលល្បីល្បាញ ហើយការនិយាយស្ដី និងឥរិយាបថរបស់ព្រះអង្គគួរតែថ្លៃថ្នូរ។ សូមមើលម៉ូដសក់ សម្លៀកបំពាក់ និងការតុបតែងមុខរបស់ស្ត្រីដែលមានអំណាចនៅក្នុងសង្គមទាំងនោះទៅ ពួកគេគឺជាអ្នកដែលមានឋានៈ ពួកគេគឺជាអ្នកដែលមនុស្សឱ្យតម្លៃខ្ពស់!» ខ្ញុំនិយាយថា តើឋានៈគឺជាអ្វី? តើការដែលមនុស្សឱ្យតម្លៃខ្ញុំខ្ពស់នោះមានសារៈសំខាន់អ្វី? ខ្ញុំមិនខ្វល់ពីរឿងនេះទេ។ ប្រសិនបើអ្នកឱ្យតម្លៃខ្ញុំខ្ពស់ ខ្ញុំយល់ថារឿងនេះគួរឱ្យខ្ពើមរអើម និងគួរឱ្យចង់ក្អួតណាស់។ សូមយកការឱ្យតម្លៃ ខ្ពស់របស់អ្នកនោះទុកវិញចុះ។ អ្នកផ្សេងទៀតនិយាយថា៖ «សូមមើលសហគ្រិនស្ត្រីនៅក្នុងសង្គមទាំងនោះទៅ ពួកគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ និងសមសួនណាស់។ គ្រាន់តែមើលមួយភ្លែត អ្នកអាចដឹងថាពួកគេជាបុគ្គលដែលមានអំណាច និងជាឥស្សរជនជាន់ខ្ពស់បាត់ទៅហើយ ចុះហេតុអ្វីបានជាព្រះអង្គមិនរៀនសូត្រពីពួកគេ?» ហេតុអ្វីបានជាខ្ញុំគួររៀនសូត្រពីរឿងដែលខ្ញុំមិនចូលចិត្តនោះ? ខ្ញុំស្លៀកសម្លៀកបំពាក់ដែលត្រូវនឹងអាយុរបស់ខ្ញុំ ហេតុអ្វីបានជាខ្ញុំត្រូវធ្វើពុត? ហេតុអ្វីបានជាខ្ញុំគួររៀនសូត្រពីអ្នកដទៃ? ខ្ញុំគឺជាខ្ញុំ តើខ្ញុំធ្វើពុតឱ្យអ្នកណាមើល? តើនេះមិនមែនជាសេចក្ដីបញ្ឆោតទេឬ? ចូរប្រាប់ខ្ញុំមកមើល៍ តើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គួរតែមានលក្ខណៈ រូបរាង ការនិយាយស្ដី និងឥរិយាបថបែបណា ដើម្បីឱ្យត្រូវនឹងអត្តសញ្ញាណរបស់ទ្រង់? តើអ្នករាល់គ្នាមានស្ដង់ដាសម្រាប់រឿងនេះដែរឬទេ? អ្នករាល់គ្នាច្បាស់ជាមានហើយ បើមិនដូច្នេះទេ អ្នករាល់គ្នានឹងមិនមើលមកព្រះគ្រីស្ទក្នុងរបៀបបែបនេះឡើយ។ ខ្ញុំមានស្ដង់ដារបស់ខ្ញុំ តើស្ដង់ដារបស់ខ្ញុំហួសពីវិសាលភាពនៃគោលការណ៍សេចក្ដីពិតដែរឬទេ? (អត់ទេ។) ហេតុអ្វីបានជាមនុស្សមួយចំនួនតែងតែមានសញ្ញាណចំពោះអ្វីដែលខ្ញុំស្លៀកពាក់ ឬហូប ដោយតែងតែទាញសេចក្ដីសន្និដ្ឋានអំពីខ្ញុំ និងវិនិច្ឆ័យខ្ញុំ តើនេះមិនគួរឱ្យខ្ពើមរអើមទេឬ? ហេតុអ្វីបានជាពួកគេមើលមកខ្ញុំបែបនេះ? នៅក្នុងក្រសែភ្នែករបស់ពួកគេ អ្វីក៏ដោយដែលព្រះគ្រីស្ទធ្វើ គឺសុទ្ធតែខុស វាសុទ្ធតែអវិជ្ជមាន តែងតែមានអ្វីមួយគួរឱ្យសង្ស័យនឹងរឿងនោះជានិច្ច។ តើពួកគេទុច្ចរិតយ៉ាងណាទៅ! បើវិនិច្ឆ័យចេញពីស៊េរីនៃអត្តសញ្ញាណផ្សេងៗគ្នា និងទស្សនៈផ្សេងៗគ្នាអំពីព្រះជាម្ចាស់ ចាប់ពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ សារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ រហូតដល់ភាពជាមនុស្សរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺគ្មានភាពក្រអឺតក្រទម ឬមហិច្ឆតា និងបំណងប្រាថ្នាណាមួយរបស់សាតាំង នៅក្នុងសារជាតិរបស់ព្រះជាម្ចាស់ឡើយ ហើយរឹតតែគ្មានអ្វីដែលមនុស្សហៅថា ការជំរុញចិត្តចង់បានឋានៈទៅទៀត។ ក្រៅពីសារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ លក្ខណៈពិសេសដ៏លេចធ្លោបំផុតនៃអ្វីដែលព្រះជាម្ចាស់មាន ចាប់ពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ រហូតដល់សាច់ឈាមយកកំណើតជាមនុស្សរបស់ទ្រង់ គឺការបន្ទាបខ្លួន និងការលាក់បាំងរបស់ទ្រង់។ ការបន្ទាបខ្លួននេះមិនមែនជាការធ្វើពុតទេ ការលាក់បាំងនេះមិនមែនជាការគេចវេះដោយចេតនាឡើយ នេះគឺជាសារជាតិរបស់ព្រះជាម្ចាស់ នេះគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មិនថាព្រះជាម្ចាស់គង់នៅក្នុងពិភពខាងវិញ្ញាណ ឬយកកំណើតជាមនុស្សឡើយ ក៏សារជាតិរបស់ទ្រង់មិនផ្លាស់ប្ដូរនោះទេ។ ប្រសិនបើមាននរណាម្នាក់មិនអាចមើលឃើញថា ព្រះគ្រីស្ទដែលយកកំណើតជាមនុស្សមានសារជាតិជាព្រះជាម្ចាស់ ដោយផ្អែកលើរឿងនេះទេ តើបុគ្គលនោះជាមនុស្សប្រភេទណាទៅ? បុគ្គលនោះគ្មានការយល់ដឹងខាងវិញ្ញាណទេ បុគ្គលនោះជាអ្នកមិនជឿ។ ប្រសិនបើមនុស្សមើលទៅលើសារជាតិនៃការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់ ពួកគេគិតថា៖ «ព្រះជាម្ចាស់ហាក់ដូចជាមិនមានសិទ្ធិអំណាចដ៏អស្ចារ្យបែបនេះឡើយ។ ការនិយាយថាព្រះជាម្ចាស់មានគ្រប់ចេស្ដា ហាក់ដូចជាមិនសូវគួរឱ្យជឿទេ។ បើនិយាយថាព្រះជាម្ចាស់មានចេស្ដាវិញ ទើបត្រឹមត្រូវជាង។ ដោយសារទ្រង់មិនមានសិទ្ធិអំណាចដ៏អស្ចារ្យបែបនេះ តើទ្រង់ម្ដេចនឹងអាចមានអធិបតេយ្យភាពលើមនុស្សជាតិបានទៅ? ដោយសារទ្រង់មិនដែលបង្ហាញពីឋានៈ និងអត្តសញ្ញាណជាព្រះជាម្ចាស់ តើទ្រង់អាចយកឈ្នះលើសាតាំងបានដែរឬទេ? គេនិយាយថាព្រះជាម្ចាស់មានព្រះប្រាជ្ញាញាណ តើព្រះប្រាជ្ញាញាណអាចសម្រេចអ្វីៗគ្រប់យ៉ាងបានដែរឬទេ? តើមួយណាធំធេងជាង រវាងព្រះប្រាជ្ញាញាណ ឬសព្វានុភាព? តើព្រះប្រាជ្ញាញាណអាចមានឥទ្ធិពលលើសព្វានុភាពបានដែរឬទេ? តើព្រះប្រាជ្ញាញាណអាចជះឥទ្ធិពលលើសព្វានុភាពបានដែរឬទេ?» មនុស្សរិះគិតអំពីរឿងនេះ ប៉ុន្តែមិនអាចមើលធ្លុះ ឬយល់ពីរឿងនេះបានឡើយ។ មនុស្សមួយចំនួនរក្សាទុកការសង្ស័យខ្លះៗនៅក្នុងចិត្តរបស់ពួកគេ ហើយបន្ទាប់មក ពួកគេក៏រំលាយការសង្ស័យទាំងនោះបន្តិចម្ដងៗ ដោយបន្តស្វែងរក និងព្យាយាមយល់ពីបញ្ហានេះតាមរយៈបទពិសោធរបស់ពួកគេ ហើយពួកគេក៏ទទួលបានចំណេះដឹងតាមរយៈការយល់ឃើញខ្លះៗដោយមិនដឹងខ្លួន។ មានតែពួកទទឹងនឹងព្រះគ្រីស្ទទេ ដែលបន្ទាប់ពីសង្ស័យលើទិដ្ឋភាពទាំងអស់នេះនៃសារជាតិរបស់ព្រះជាម្ចាស់ ការបង្ហាញចេញទាំងអស់នេះ និងទង្វើទាំងអស់របស់ទ្រង់ ពួកគេមិនត្រឹមតែមិនយល់ថា នេះគឺជាការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់ និងថានេះហើយជាអ្វីដែលគួរឱ្យស្រឡាញ់អំពីព្រះជាម្ចាស់ប៉ុណ្ណោះទេ ផ្ទុយទៅវិញ ពួកគេកាន់តែមានការសង្ស័យចំពោះព្រះជាម្ចាស់ និងមានការថ្កោលទោសព្រះជាម្ចាស់កាន់តែធ្ងន់ធ្ងរទៅទៀត។ ពួកគេសង្ស័យអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើអ្វីៗគ្រប់យ៉ាង ពួកគេសង្ស័យថាព្រះជាម្ចាស់អាចយកឈ្នះលើសាតាំងបាន ពួកគេសង្ស័យថាព្រះជាម្ចាស់អាចសង្គ្រោះមនុស្សជាតិបាន ពួកគេសង្ស័យថាផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់អាចបញ្ចប់ដោយជោគជ័យបាន ហើយលើសពីនេះទៅទៀតពួកគេសង្ស័យលើការពិតដែលថា ព្រះជាម្ចាស់នឹងបង្ហាញឱ្យឃើញអង្គទ្រង់ដល់រាស្ត្ររាប់មិនអស់ នៅពេលទ្រង់ទទួលបានសិរីល្អ។ បន្ទាប់ពីសង្ស័យលើរឿងទាំងនេះ តើពួកគេធ្វើអ្វី? ពួកគេបដិសេធរឿងទាំងនេះ។ ដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទនិយាយថា៖ «ការបន្ទាបខ្លួន និងការលាក់បាំងរបស់គ្រីស្ទ គ្មានន័យអ្វីឡើយ វាមិនស័ក្ដិសមនឹងទទួលបានការសរសើរ ឬការលើកតម្កើងទេ ហើយវាមិនមែនជាសារជាតិរបស់ព្រះជាម្ចាស់ឡើយ។ ការបន្ទាបខ្លួន និងការលាក់បាំងបែបនេះ មិនមែនជាអ្វីដែលព្រះជាម្ចាស់មានឡើយ។ ការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះគ្រីស្ទ គឺជាការបង្ហាញចេញនៃភាពអសមត្ថភាពរបស់ទ្រង់។ នៅក្នុងពិភពលោកនេះ ឱ្យតែនរណាម្នាក់មានឋានៈបន្តិចបន្តួច បុគ្គលនោះនឹងត្រូវបានលើកឱ្យធ្វើជាស្ដេច ជាស្ដេចត្រាញ់ ឬជាអធិរាជ។ ព្រះគ្រីស្ទបានបង្កើតនគររបស់ ទ្រង់ និងមានអ្នកដើរតាមជាច្រើន ហើយក្នុងពេលជាមួយគ្នានេះ កិច្ចការផ្សាយដំណឹងល្អកំពុងរីករាលដាលយ៉ាងខ្លាំងក្លា តើនេះមិនមានន័យថាព្រះចេស្ដា របស់ព្រះគ្រីស្ទកំពុងកើនឡើងទេឬ? ប៉ុន្តែបើវិនិច្ឆ័យផ្អែកលើទង្វើរបស់ ទ្រង់ ទ្រង់មិនមានបំណងចង់បង្កើនព្រះចេស្ដារបស់ទ្រង់ ឬចង់កាន់កាប់ព្រះចេស្ដាបែបនេះឡើយ។ វាហាក់ដូចជា ទ្រង់គ្មានសមត្ថភាពកាន់កាប់ព្រះចេស្ដានេះ និងកាន់កាប់នគររបស់គ្រីស្ទអ៊ីចឹង។ ចុះតើខ្ញុំអាចទទួលបានព្រះពរតាមរយៈការដើរតាមទ្រង់បានដែរឬទេ? តើខ្ញុំអាចក្លាយជាម្ចាស់នៃយុគសម័យបន្ទាប់បានដែរឬទេ? តើខ្ញុំអាចគ្រប់គ្រងលើប្រជាជាតិ និងប្រជាជនរាប់មិនអស់បានដែរឬទេ? តើទ្រង់អាចបំផ្លាញពិភពលោកចាស់នេះ មនុស្សជាតិពុករលួយនេះ បានដែរឬទេ? បើមើលទៅលើរូបរាងដ៏ធម្មតារបស់ព្រះគ្រីស្ទ តើទ្រង់ម៉េចនឹងអាចសម្រេចរឿងដ៏អស្ចារ្យបានទៅ?» ការសង្ស័យបែបនេះតែងតែកើតឡើងនៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទជានិច្ច។ ការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះគ្រីស្ទ ជារឿងដែលមនុស្សពុករលួយទាំងអស់ ជាពិសេសពួកទទឹងនឹងព្រះគ្រីស្ទ មិនអាចទទួលយក យល់ស្រប ឬមើលឃើញឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទយកការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់ ធ្វើជាភស្តុតាងសម្រាប់ការសង្ស័យរបស់ពួកគេចំពោះអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ធ្វើជាភស្តុតាង និងជាជាលេសយកប្រៀប សម្រាប់ការបដិសេធសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយតាមរយៈនេះ ពួកគេបដិសេធអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ ព្រមទាំងសារជាតិរបស់ព្រះគ្រីស្ទ។ បន្ទាប់ពីបដិសេធសារជាតិរបស់ព្រះគ្រីស្ទ ពួកទទឹងនឹងព្រះគ្រីស្ទចាប់ផ្ដើមធ្វើសកម្មភាពប្រឆាំងនឹងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ពួកគេ ដោយគ្មានសេចក្ដីករុណា គ្មានការអនុគ្រោះ និងគ្មានការភ័យខ្លាចឡើយ ហើយក្នុងពេលជាមួយគ្នានេះ ពួកគេមិនបដិសេធ ឬសង្ស័យលើសមត្ថភាព ជំនាញ ឬមហិច្ឆតាផ្ទាល់ខ្លួនរបស់ពួកគេសូម្បីតែបន្តិច។ នៅក្នុងដែនឥទ្ធិពលរបស់ពួកគេ នៅក្នុងដែនដែលពួកគេអាចធ្វើសកម្មភាពបាន ពួកទទឹងនឹងព្រះគ្រីស្ទលូកក្រញ៉ាំរបស់ពួកគេចេញ ដោយត្រួតត្រាអ្នកដែលពួកគេអាចត្រួតត្រាបាន និងបំភាន់អ្នកដែលពួកគេអាចបំភាន់បាន។ ពួកគេលែងគិតគូរដល់ព្រះគ្រីស្ទ និងព្រះជាម្ចាស់ទាំងស្រុង ដោយផ្ដាច់ទំនាក់ទំនងជាមួយព្រះជាម្ចាស់ ព្រះគ្រីស្ទ និងដំណាក់របស់ព្រះជាម្ចាស់យ៉ាងដាច់ស្រឡះ។

តើយើងកំពុងប្រកបគ្នាជាចម្បងអំពីអ្វី ចំពោះចំណុចស្ដីពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះគ្រីស្ទ? ការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់ ដែលមនុស្សគួរតែយល់ដឹង គឺជាលក្ខខណ្ឌដ៏មានអំណោយផលបំផុតនៅក្នុងក្រសែភ្នែករបស់ពួកទទឹងនឹងព្រះគ្រីស្ទ សម្រាប់ឱ្យពួកគេធ្វើអ្វីក៏ដោយដែលពួកគេចង់ធ្វើ និងបង្កើតនគរឯករាជ្យមួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់លាក់បាំងអង្គទ្រង់នៅក្នុងសាច់ឈាម ហើយដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយនេះ មានទម្រង់ខុសពីកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណ។ ទោះបីជាព្រះជាម្ចាស់មិនធ្វើអព្ភូតហេតុ និងការអស្ចារ្យនៅក្នុងដំណាក់កាលនេះក៏ដោយ ក៏ទ្រង់បានថ្លែងព្រះបន្ទូលច្រើនជាងមុនឆ្ងាយណាស់ គឺច្រើនរាប់មិនអស់។ មិនថាព្រះជាម្ចាស់បំពេញកិច្ចការយ៉ាងណាក៏ដោយ ឱ្យតែទ្រង់យកកំណើតជាមនុស្ស ភាពអាម៉ាស់ដ៏ធំធេងតែងតែកើតមានឡើង ស្របពេលដែលទ្រង់បំពេញកិច្ចការរបស់ទ្រង់។ មានតែព្រះជាម្ចាស់បែបនេះទេ ដែលមានសារជាតិជាព្រះជាម្ចាស់ ទើបអាចបន្ទាបខ្លួន និងលាក់បាំងអង្គទ្រង់យ៉ាងពិតប្រាកដ ដើម្បីក្លាយជាមនុស្សធម្មតាម្នាក់សម្រាប់បំពេញកិច្ចការរបស់ទ្រង់បាន ពីព្រោះទ្រង់មានសារជាតិនៃការបន្ទាបខ្លួន និងការលាក់បាំង។ ផ្ទុយទៅវិញ សាតាំងពិតជាមិនអាចធ្វើបែបនេះបានឡើយ។ តើសាតាំងនឹងពាក់សាច់ឈាមប្រភេទណា ដើម្បីបំពេញកិច្ចការនៅក្នុងចំណោមមនុស្ស? ទីមួយ វានឹងមានរូបរាងដ៏គួរឱ្យស្ញប់ស្ញែង ហើយវានឹងកាចសាហាវ បោកបញ្ឆោត និងទុច្ចរិត។ បន្ទាប់មក វាត្រូវតែស្ទាត់ជំនាញខាងយុទ្ធសាស្ត្រ និងបច្ចេកទេសផ្សេងៗ ដើម្បីយកមនុស្សមកធ្វើជារបស់លេង និងគ្រប់គ្រងពួកគេដោយឧបាយកល ព្រមទាំងមានល្បិចបោកបញ្ឆោតផ្សេងៗ ហើយវាត្រូវតែឃោរឃៅ និងព្យាបាទឱ្យបានគ្រប់គ្រាន់។ វាត្រូវតែបង្ហាញខ្លួនឱ្យមនុស្សឃើញជានិច្ច ហើយធ្វើខ្លួនឱ្យក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍នៅគ្រប់ទីកន្លែង ដោយខ្លាចក្រែងមាននរណាម្នាក់មិនស្គាល់វា ហើយវាតែងតែព្យាយាមបង្កើនកេរ្តិ៍ឈ្មោះរបស់វា និងផ្សព្វផ្សាយខ្លួនឯងជានិច្ច។ រហូតដល់មនុស្សហៅវាថាជាស្ដេច ឬជាអធិរាជ ទើបវាស្កប់ស្កល់។ អ្វីដែលព្រះជាម្ចាស់ធ្វើ គឺផ្ទុយស្រឡះពីអ្វីដែលសាតាំងធ្វើ។ ព្រះជាម្ចាស់បន្តអនុវត្តការអត់ធ្មត់ និងការលាក់បាំង ហើយខណៈពេលដែលទ្រង់ធ្វើបែបនេះ ទ្រង់បញ្ចូលព្រះបន្ទូល និងជីវិតរបស់ទ្រង់ទៅក្នុងមនុស្ស ដោយប្រើសេចក្ដីករុណា និងសេចក្ដីសប្បុរសរបស់ព្រះអាទិករ នេះគឺដើម្បីឱ្យមនុស្សអាចយល់ពីសេចក្ដីពិត ត្រូវបានសង្គ្រោះ និងក្លាយជាភាវៈដែលបានបង្កើតយ៉ាងពិតប្រាកដ ដែលមានភាពជាមនុស្សធម្មតា និងមានជីវិតជាមនុស្សធម្មតា។ ទោះបីជាអ្វីដែលព្រះជាម្ចាស់ធ្វើ គឺមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិក៏ដោយ ក៏ព្រះជាម្ចាស់ចាត់ទុកថាវាជាការទទួលខុសត្រូវរបស់ទ្រង់ផ្ទាល់ដែរ។ ដូច្នេះ ទ្រង់ផ្ទាល់បានយកកំណើតជាមនុស្ស ហើយផ្គត់ផ្គង់ ជួយ គាំទ្រ បំភ្លឺ និងស្រាយបំភ្លឺដល់មនុស្សដោយមិនចេះនឿយហត់ ដូចជាម្ដាយ ឬឪពុកអ៊ីចឹង។ ជាការពិតណាស់ ទ្រង់ក៏វាយផ្ចាល ជំនុំជម្រះ វាយដំ និងប្រៀនប្រដៅមនុស្សផងដែរ ដោយសម្លឹងមើលពួកគេផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ រស់នៅក្នុងជីវិតពួកជំនុំដ៏ប្រក្រតីពីមួយថ្ងៃទៅមួយថ្ងៃ និងលូតលាស់នៅក្នុងជីវិតពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺជាតថភាពនៃអ្វីៗដែលវិជ្ជមាន។ នៅក្នុងចំណោមមនុស្សជាតិ មនុស្សសរសើរតម្លៃដែលព្រះជាម្ចាស់បានលះបង់ ព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ និងសិរីល្អរបស់ទ្រង់ ប៉ុន្តែនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើទ្រង់ធ្លាប់មានបន្ទូលប្រាប់មនុស្សនៅពេលណាថា៖ «ខ្ញុំបានធ្វើរឿងនេះ និងរឿងនោះសម្រាប់មនុស្សជាតិ ខ្ញុំបានលះបង់យ៉ាងច្រើន មនុស្សត្រូវតែសរសើរ និងលើកតម្កើងខ្ញុំ» នោះ? តើព្រះជាម្ចាស់មានការទាមទារបែបនេះសម្រាប់មនុស្សជាតិដែរឬទេ? ទេ។ នេះគឺជាព្រះជាម្ចាស់ផ្ទាល់។ ព្រះជាម្ចាស់មិនដែលប្រើលក្ខខណ្ឌដើម្បីធ្វើការដោះដូរជាមួយមនុស្សឡើយ ដោយមានបន្ទូលថា៖ «ខ្ញុំបានដាក់ព្រះគ្រីស្ទនៅក្នុងចំណោមអ្នករាល់គ្នា អ្នករាល់គ្នាត្រូវតែប្រព្រឹត្តចំពោះទ្រង់ឱ្យបានល្អ ស្ដាប់ព្រះបន្ទូលរបស់ទ្រង់ ចុះចូលនឹងទ្រង់ និងដើរតាមទ្រង់។ កុំបង្កការរំខាន ឬការបង្អាក់ឡើយ ចូរធ្វើអ្វីក៏ដោយដែលទ្រង់ប្រាប់ឱ្យអ្នករាល់គ្នាធ្វើ តាមរបៀបដែលទ្រង់ប្រាប់ឱ្យអ្នករាល់គ្នាធ្វើ ហើយនៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានសម្រេច អ្នករាល់គ្នាទាំងអស់នឹងត្រូវបានរាប់ថាមានគុណសម្បត្តិ»។ តើព្រះជាម្ចាស់ធ្លាប់មានបន្ទូលបែបនេះដែរឬទេ? តើនេះជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មែនទេ? ទេ។ ផ្ទុយទៅវិញ គឺពួកទទឹងនឹងព្រះគ្រីស្ទទេ ដែលតែងតែព្យាយាមប្រើមធ្យោបាយផ្សេងៗដើម្បីល្បួង រឹតត្បិត ត្រួតត្រា និងក្ដោបក្ដាប់អ្វីៗគ្រប់យ៉ាងរបស់មនុស្ស ដើម្បីធ្វើឱ្យមនុស្សចាកចេញពីព្រះជាម្ចាស់ ហើយមកចំពោះពួកគេវិញ។ គឺពួកទទឹងនឹងព្រះគ្រីស្ទទេ ដែលប្រកាស និងប្រាប់គេឯងនៅគ្រប់ទីកន្លែង នៅពេលណាដែលពួកគេធ្វើទង្វើបន្តិចបន្តួចនោះ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែមិនអាចយល់ ទទួលយក សរសើរ ឬលើកតម្កើងការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ផ្ទុយទៅវិញ ពួកគេថែមទាំងមើលងាយ និងប្រមាថរឿងទាំងនេះទៀតផង។ រឿងនេះត្រូវបានកំណត់ដោយសារជាតិនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

ថ្ងៃនេះ យើងបានប្រកបគ្នាអំពីការស្ដែងចេញទាំងបី នៃរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទបដិសេធសារជាតិរបស់ព្រះគ្រីស្ទ។ យើងបញ្ចប់ការប្រកបគ្នារបស់យើងអំពីរឿងនេះត្រឹមនេះចុះ។ តើអ្នករាល់គ្នាមានសំណួរអ្វីដែរឬទេ? (ទេ។) បានហើយ លាហើយ!

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០

លេខយោង៖

(ក). អ្នកនិយាយភាសាចិនដាក់ពាក្យ «សៀវ» (Xiao) នៅពីមុខនាមត្រកូលរបស់បុគ្គលដែលក្មេងជាងពួកគេ។

ខាង​ដើម៖ ចំណុចទីដប់មួយ៖ ពួកគេមិនទទួលយកការលួសកាត់ឡើយ ហើយពួកគេក៏មិនមានអាកប្បកិរិយានៃការប្រែចិត្តដែរ នៅពេលពួកគេប្រព្រឹត្តកំហុសណាមួយ ប៉ុន្តែ ផ្ទុយទៅវិញពួកគេផ្សាយពីសញ្ញាណ ហើយធ្វើការវិនិច្ឆ័យព្រះជាម្ចាស់ជាសាធារណៈ

បន្ទាប់៖ សេចក្ដីអធិប្បាយទីបួន៖ ការសង្ខេបអំពីចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងសារជាតិនិស្ស័យរបស់ពួកគេ (ផ្នែកទីមួយ)

គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ Messenger