ទាក់ទងនឹងព្រះគម្ពីរ (៤)

មនុស្សជាច្រើនជឿថា ការយល់ដឹង និងការដែលអាចបកស្រាយព្រះគម្ពីរ គឺដូចទៅនឹងការស្វែងរកផ្លូវពិតដូច្នោះដែរ តែតាមពិត តើរឿងនេះពិតជាសាមញ្ញណាស់មែនទេ? គ្មាននរណាម្នាក់ដឹងពីការពិតនៃព្រះគម្ពីរនោះទេថា៖ ព្រះគម្ពីរគ្មានអ្វីក្រៅតែពីការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ និងគ្មានអ្វីក្រៅតែពីការកត់ត្រាសញ្ញាមួយចំពោះដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយថាវាមិនផ្តល់ឱ្យអ្នកនូវការយល់អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ គ្រប់គ្នាដែលបានអានព្រះគម្ពីរសុទ្ធតែដឹងថា ព្រះគម្ពីរកត់ត្រាទុកនូវឯកសារដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គម្ពីរសញ្ញាចាស់កត់ត្រាប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល និងកិច្ចការរបស់ព្រះយេហូវ៉ា ចាប់ពីកំណើតផែនដី រហូតដល់ចុងបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ គម្ពីរសញ្ញាថ្មីកត់ត្រាកិច្ចការរបស់ព្រះយេស៊ូវនៅលើផែនដី ដែលមាននៅក្នុងកណ្ឌគម្ពីរដំណឹងល្អទាំងបួន ក៏ដូចជាកិច្ចការរបស់ប៉ុលផងដែរ តើទាំងនេះមិនមែនជាការកត់ត្រាប្រវត្តិសាស្ត្រទេឬអី? ការលើកយករឿងរ៉ាវពីអតីតកាលមកនិយាយនៅពេលបច្ចុប្បន្ន ធ្វើឱ្យរឿងរ៉ាវទាំងនោះក្លាយជាប្រវត្តិសាស្ត្រ ហើយមិនថារឿងរ៉ាវទាំងនេះពិត ឬប្រាកដបែបណានោះឡើយ ក៏វានៅតែជាប្រវត្តិសាស្ត្រដដែល ហើយប្រវត្តិសាស្ត្រមិនអាចដោះស្រាយរឿងបច្ចុប្បន្នបានឡើយ ដ្បិតព្រះជាម្ចាស់មិនត្រឡប់ទៅទតមើលប្រវត្តិសាស្ត្រវិញនោះទេ! ដូច្នេះ ប្រសិនបើអ្នកត្រឹមតែយល់ព្រះគម្ពីរ ហើយមិនយល់អ្វីអំពីកិច្ចការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើនៅពេលបច្ចុប្បន្ននោះទេ ហើយប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនសម្លឹងរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ នោះអ្នកមិនយល់ពីអ្វីដែលហៅថា ការស្វែងរកព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើអ្នកអានព្រះគម្ពីរ ដើម្បីសិក្សាពីប្រវត្តិសាស្រ្តរបស់ប្រទេសអ៊ីស្រាអែល ស្រាវជ្រាវប្រវត្តិសាស្ត្រនៃការដែលព្រះជាម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី នោះអ្នកមិនជឿលើព្រះជាម្ចាស់ទេ។ ប៉ុន្តែថ្ងៃនេះ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់ និងស្វះស្វែងរកជីវិត ដោយសារតែអ្នកស្វះស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ ហើយមិនស្វះស្វែងរកន័យពាក្យ និងគោលលទ្ធិដែលគ្មានជីវិត ឬស្វះស្វែងរកការយល់ដឹងអំពីប្រវត្តិសាស្ត្រ នោះអ្នកត្រូវតែស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះ ហើយអ្នកត្រូវតែស្វែងរកទិសដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកជាបុរាណវិទូម្នាក់ អ្នកអាចអានព្រះគម្ពីរបាន ប៉ុន្តែអ្នកមិនមែនជាបុរាណវត្ថុវិទូនោះទេ អ្នកគឺជាអ្នកជឿម្នាក់ក្នុងចំណោមអ្នកជឿលើព្រះជាម្ចាស់ ហើយអ្នកខំប្រឹងស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះអស់ពីលទ្ធភាព។ តាមរយៈការអានព្រះគម្ពីរយ៉ាងច្រើន អ្នកយល់បានតិចតួចអំពីប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល អ្នកនឹងដឹងអំពីជីវិតរបស់អ័ប្រាហាំ ដាវីដ និងម៉ូសេ អ្នកនឹងរកឃើញនូវវិធីដែលពួកគេគោរពព្រះយេហូវ៉ា ពីវិធីដែលព្រះយេហូវ៉ាបានដុតពួកអ្នកដែលទាស់ទទឹងនឹងទ្រង់ និងរកឃើញពីវិធីដែលទ្រង់បានមានព្រះបន្ទូលទៅកាន់មនុស្សនៅក្នុងយុគសម័យនោះ។ អ្នកនឹងរកឃើញតែកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអតីតកាលតែប៉ុណ្ណោះ។ ការកត់ត្រារបស់ព្រះគម្ពីរ ទាក់ទងទៅនឹងវិធីដែលប្រជាជនអ៊ីស្រាអែលជំនាន់ដើមគោរពព្រះជាម្ចាស់ ហើយរស់នៅក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា។ ដោយសារជនជាតិអ៊ីស្រាអែល គឺជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ នៅក្នុងសញ្ញាចាស់អ្នកអាចឃើញភាពស្មោះត្រង់របស់ប្រជាជនអ៊ីស្រាអែលទាំងអស់ចំពោះព្រះយេហូវ៉ា អ្នកអាចឃើញពីវិធីដែលព្រះយេហូវ៉ាបានថែរក្សា និងប្រទានពរដល់អស់អ្នកស្តាប់បង្គាប់ទ្រង់។ អ្នកអាចដឹងថា ពេលដែលព្រះជាម្ចាស់បានធ្វើកិច្ចការនៅក្នុងប្រទេសអ៊ីស្រាអែល ទ្រង់មានពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ ហើយមានទាំងអណ្តាតភ្លើង ហើយអ្នកដឹងថា ជនជាតិអ៊ីស្រាអែលទាំងអស់ ចាប់ពីអ្នកតូចតាចដល់អ្នកខ្ពង់ខ្ពស់ បានគោរពព្រះយេហូវ៉ា ដូច្នេះ ប្រទេសទាំងមូលត្រូវបានព្រះជាម្ចាស់ប្រទានពរ។ នេះហើយជាប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល ដែលត្រូវបានកត់ត្រាទុកក្នុងគម្ពីរសញ្ញាចាស់។

ព្រះគម្ពីរគឺជាការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសអ៊ីស្រាអែល ហើយកត់ត្រានូវបទទំនាយជាច្រើនរបស់ពួកហោរាពីបុរាណ ក៏ដូចជាព្រះសូរសៀងមួយចំនួនរបស់ព្រះយេហូវ៉ានៅក្នុងកិច្ចការរបស់ទ្រង់នៅពេលនោះដែរ។ ដូច្នេះ មនុស្សទាំងអស់មើលមកសៀវភៅនេះថា បរិសុទ្ធ (ដោយសារព្រះជាម្ចាស់ទ្រង់បរិសុទ្ធ និងអស្ចារ្យ)។ ពិតណាស់ ទាំងអស់នេះគឺជាលទ្ធផលនៃការគោរពរបស់ពួកគេចំពោះព្រះយេហូវ៉ា និងការស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់។ មនុស្សសំដៅលើសៀវភៅនេះ តាមវិធីនេះ គឺដោយសារតែសត្តនិកររបស់ព្រះជាម្ចាស់គោរព និងស្រឡាញ់ព្រះអាទិកររបស់ពួកគេណាស់ ហើយក៏មានអ្នកខ្លះដែលហៅសៀវភៅនេះទៀតថា ជាសៀវភៅពីស្ថានសួគ៌ទៀតផង។ តាមពិត គម្ពីរគ្រាន់តែជាការកត់ត្រារបស់មនុស្សប៉ុណ្ណោះ។ គម្ពីរមិនត្រូវបានដាក់ឈ្មោះដោយព្រះយេហូវ៉ាផ្ទាល់នោះទេ ហើយព្រះយេហូវ៉ាក៏មិនបានដឹកនាំការបង្កើតគម្ពីរនេះដែរ។ និយាយមួយបែបទៀត អ្នកនិពន្ធរបស់សៀវភៅនេះ មិនមែនជាព្រះជាម្ចាស់នោះទេ ប៉ុន្តែគឺជាមនុស្ស។ ព្រះគម្ពីរបរិសុទ្ធ គ្រាន់តែជាចំណងជើងដ៏គួរឱ្យគោរពដែលមនុស្សផ្តល់ឱ្យប៉ុណ្ណោះ។ ចំណងជើងនេះមិនត្រូវបានសម្រេចព្រះទ័យដោយព្រះយេហូវ៉ា និងព្រះយេស៊ូវ បន្ទាប់ពីព្រះអង្គទាំងទ្វេពិភាក្សាគ្នានោះទេ។ វាគ្មានអ្វីក្រៅពីទស្សនៈរបស់មនុស្សនោះទេ។ ដោយសារសៀវភៅនេះមិនត្រូវបានសរសេរដោយព្រះយេហូវ៉ា នោះព្រះយេស៊ូវក៏កាន់តែមិនមែនជាអ្នកសរសេរទៅទៀត។ ផ្ទុយទៅវិញ ព្រះគម្ពីរគឺជាការនិទានរឿងដំណាលពីពួកហោរា ពួកសាវ័ក និងអ្នកឃើញហេតុការណ៍ពីបុរាណជាច្រើននាក់ ដែលក្រោយមកត្រូវបានមនុស្សជំនាន់ក្រោយចងក្រងរៀបចំជាសៀវភៅសំណេរបែបបុរាណមួយក្បាល សម្រាប់មនុស្ស ព្រះគម្ពីរហាក់ដូចជាសៀវភៅមួយក្បាលដ៏បរិសុទ្ធវិសេសវិសាល ជាសៀវភៅមួយក្បាលដែលពួកគេជឿថា មានអាថ៌កំបាំងជាច្រើនដែលជ្រាលជ្រៅ និងមិនអាចយល់បាន ក៏កំពុងតែរង់ចាំការស្រាយបំភ្លឺពីមនុស្សជំនាន់ក្រោយ។ ហេតុដូចនេះ មនុស្សកាន់តែជឿថា សៀវភៅនេះ គឺជាសៀវភៅពីស្ថានសួគ៌មួយក្បាល។ ជាមួយនឹងការបន្ថែមកណ្ឌគម្ពីរដំណឹងល្អទាំងបួន និងកណ្ឌគម្ពីរវិវរណៈ អាកប្បកិរិយារបស់មនុស្សចំពោះកណ្ឌគម្ពីរនេះ គឺខុសគ្នាខ្លាំងពីកណ្ឌគម្ពីរផ្សេងទៀត ដូច្នេះ គ្មាននរណាម្នាក់ហ៊ានវិភាគវែកញែក «សៀវភៅពីស្ថានសួគ៌» នេះទេ ដោយសារតែវា «ពិសិដ្ឋ» ពេក។

ហេតុអ្វីបានជាមនុស្សអាចស្វែងរកផ្លូវដ៏ត្រឹមត្រូវមួយសម្រាប់អនុវត្តបាន ពេលដែលពួកគេអានព្រះគម្ពីរ? ហេតុអ្វីបានជាពួកគេអាចទទួលបានសេចក្ដីដែលពួកគេមិនអាចយល់បានច្រើនរហូតដល់ម្ល៉ឹង? ថ្ងៃនេះ ខ្ញុំកំពុងតែវិភាគវែកញែកព្រះគម្ពីរតាមវិធីនេះ ហើយវាមិនមានន័យថា ខ្ញុំស្អប់ព្រះគម្ពីរ ឬមានន័យថា ខ្ញុំបដិសេធគុណតម្លៃជាឯកសារយោងរបស់ព្រះគម្ពីរនោះទេ។ ខ្ញុំកំពុងតែពន្យល់ និងស្រាយបំភ្លឺដល់អ្នកអំពីគុណតម្លៃ និងប្រភពដើម ដែលជាប់មកជាមួយរបស់ព្រះគម្ពីរ ដើម្បីបញ្ឈប់អ្នកមិនឱ្យជាប់គាំងនៅក្នុងភាពងងឹត។ មនុស្សមានការយល់ឃើញជាច្រើនអំពីព្រះគម្ពីរ ហើយការយល់ឃើញភាគច្រើន គឺសុទ្ធតែមិនត្រឹមត្រូវ។ ការអានព្រះគម្ពីរតាមវិធីនេះ មិនត្រឹមតែរារាំងពួកគេមិនឱ្យទទួលបាននូវអ្វីដែលពួកគេគួរតែទទួលបាននោះទេ ប៉ុន្តែសំខាន់ជាងនេះ ការអានព្រះគម្ពីរតាមវិធីនេះ រារាំងកិច្ចការដែលខ្ញុំមានបំណងចង់ធ្វើថែមទៀតផង។ វាជ្រៀតជ្រែកយ៉ាងខ្លាំងក្នុងកិច្ចការអនាគត ហើយវាបានត្រឹមតែផ្តល់នូវការបង្អាក់ប៉ុណ្ណោះ មិនមែនផ្តល់ផលប្រយោជន៍នោះឡើយ។ ដូច្នេះ អ្វីដែលខ្ញុំកំពុងតែបង្រៀនអ្នក គ្រាន់តែជាខ្លឹមសារ និងរឿងរ៉ាវពិស្ដារខាងក្នុងរបស់ព្រះគម្ពីរប៉ុណ្ណោះ។ ខ្ញុំមិនសុំឱ្យអ្នកលែងអានព្រះគម្ពីរ ឬឱ្យអ្នកដើរទៅប្រកាសប្រាប់គេថា ព្រះគម្ពីរគ្មានគុណតម្លៃនោះឡើយ ខ្ញុំគ្រាន់តែសុំឱ្យអ្នកមានចំណេះដឹង និងការយល់ឃើញដ៏ត្រឹមត្រូវអំពីព្រះគម្ពីរប៉ុណ្ណោះ។ ចូរកុំលម្អៀងពេក! ទោះបីជាព្រះគម្ពីរ គឺជាសៀវភៅប្រវត្តិសាស្ត្រមួយក្បាលដែលមនុស្សសរសេរក៏ដោយ ព្រះគម្ពីរក៏កត់ត្រាទុកនូវគោលការណ៍ជាច្រើនដែលពួកបរិសុទ្ធ និងពួកហោរាបុរាណបានបម្រើព្រះជាម្ចាស់ ក៏ដូចជាបទពិសោធក្នុងការបម្រើព្រះជាម្ចាស់របស់ពួកសាវ័កបច្ចុប្បន្ននេះដែរ។ ទាំងអស់នេះជាសេចក្ដីដែលត្រូវបានមនុស្សទាំងនេះមើលឃើញ និងដឹងយ៉ាងពិតប្រាកដ ហើយអាចធ្វើជាឯកសារយោងសម្រាប់មនុស្សក្នុងយុគសម័យបច្ចុប្បន្ន ក្នុងការស្វះស្វែងរកផ្លូវពិត។ ដូច្នេះ តាមរយៈការអានព្រះគម្ពីរ មនុស្សក៏អាចទទួលបានផ្លូវជីវិតជាច្រើនដែលមិនមាននៅក្នុងសៀវភៅផ្សេងនោះទេ។ ផ្លូវទាំងនេះ គឺជាផ្លូវជីវិតនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែលពួកហោរា និងពួកសាវ័កនៅក្នុងយុគសម័យមុនៗធ្លាប់ឆ្លងកាត់ ហើយពាក្យពេចន៍ជាច្រើនសុទ្ធតែមានតម្លៃ និងអាចផ្តល់នូវអ្វីដែលមនុស្សត្រូវការ។ ដូច្នេះ មនុស្សទាំងអស់ចូលចិត្តអានព្រះគម្ពីរ។ ដោយសារតែមានរឿងរ៉ាវជាច្រើនបង្កប់នៅក្នុងព្រះគម្ពីរ ទើបការយល់ឃើញរបស់មនុស្សចំពោះព្រះគម្ពីរ គឺមិនដូចទៅនឹងការយល់ឃើញចំពោះសំណេររបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យនានានោះទេ។ ព្រះគម្ពីរគឺជាការកត់ត្រា និងការចងក្រងនៃបទពិសោធ និងចំណេះដឹងរបស់មនុស្សដែលបានបម្រើព្រះយេហូវ៉ា និងព្រះយេស៊ូវនៅក្នុងយុគសម័យចាស់ និងយុគសម័យថ្មី ដូច្នេះមនុស្សជំនាន់ក្រោយអាចទទួលបានការបំភ្លឺ ការស្រាយបំភ្លឺ និងផ្លូវជាច្រើនដើម្បីអនុវត្ត ពីព្រះគម្ពីរ។ មូលហេតុដែលព្រះគម្ពីរឧត្ដុង្គឧត្ដមជាងសំណេររបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាម្នាក់ គឺដោយសារតែសំណេរទាំងអស់របស់ពួកគេគឺដកស្រង់ចេញពីព្រះគម្ពីរ បទពិសោធរបស់ពួកគេទាំងអស់គឺចេញមកពីព្រះគម្ពីរ ហើយពួកគេទាំងអស់ពន្យល់អំពីព្រះគម្ពីរ។ ដូច្នេះ ទោះបីមនុស្សអាចទទួលបានខ្លឹមសារដែលមានចែងនៅក្នុងសៀវភៅរបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាមួយក៏ដោយ ក៏ពួកគេនៅតែថ្វាយបង្គំព្រះគម្ពីរដដែល ដោយសារព្រះគម្ពីរហាក់ដូចជាឧត្ដុង្គឧត្ដម និងជ្រាលជ្រៅសម្រាប់ពួកគេ! ទោះបីជាព្រះគម្ពីរប្រមូលផ្តុំដោយកណ្ឌគម្ពីរព្រះបន្ទូលនៃជីវិតមួយចំនួន ដូចជាសំបុត្ររបស់ប៉ុល និងសំបុត្ររបស់ពេត្រុសជាដើម ហើយទោះបីកណ្ឌគម្ពីរទាំងនេះអាចផ្គត់ផ្គង់ និងផ្តល់ជំនួយដល់មនុស្សក៏ដោយ ក៏កណ្ឌគម្ពីរទាំងនេះហួសសម័យ ហើយពួកវានៅតែស្ថិតនៅក្នុងយុគសម័យចាស់ដដែល ហើយមិនថាកណ្ឌគម្ពីរទាំងនេះល្អបែបណានោះទេ ពួកវាសមស្របសម្រាប់តែរយៈពេលមួយប៉ុណ្ណោះ មិនមែនសមស្របជារៀងរហូតនោះទេ។ ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់តែងតែវិវឌ្ឍន៍ទៅមុខ ហើយវាមិនអាចឈប់នៅត្រឹមតែសម័យកាលប៉ុល ឬពេត្រុស ឬជាប់នៅក្នុងយុគសម័យនៃព្រះគុណដែលព្រះយេស៊ូវត្រូវបានគេឆ្កាងរហូតឡើយ ដូច្នេះ កណ្ឌគម្ពីរទាំងនេះសមស្របសម្រាប់តែយុគសម័យនៃព្រះគុណប៉ុណ្ណោះ មិនមែនសមស្របសម្រាប់យុគសម័យនៃនគរព្រះក្នុងគ្រាចុងក្រោយនោះទេ។ កណ្ឌគម្ពីរទាំងនេះ គ្រាន់តែអាចផ្តល់ឱ្យអ្នកជឿក្នុងយុគសម័យនៃព្រះគុណប៉ុណ្ណោះ មិនមែនសម្រាប់ពួកបរិសុទ្ធក្នុងយុគសម័យនៃនគរព្រះនោះទេ ហើយមិនថាកណ្ឌគម្ពីរទាំងនេះល្អបែបណានោះទេ ពួកវានៅតែហួសសម័យដដែល។ វាដូចគ្នានឹងកិច្ចការនៃការបង្កើតរបស់ព្រះយេហូវ៉ា ឬកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសអ៊ីស្រាអែលដូច្នោះដែរ៖ មិនថាកិច្ចការរបស់ទ្រង់អស្ចារ្យបែបណានោះទេ វានៅតែហួសសម័យដដែល ហើយគង់តែដល់ពេលដែលវាកន្លងផុតទៅ។ កិច្ចការរបស់ព្រះជាម្ចាស់ក៏ដូចគ្នាដែរ៖ វាអស្ចារ្យ ប៉ុន្តែពេលវេលាបញ្ចប់នឹងមកដល់។ វាមិនអាចស្ថិតនៅតែក្នុងកិច្ចការនៃការបង្កើត ឬក្នុងកិច្ចការនៃការជាប់ឆ្កាងជារៀងរហូតនោះទេ។ មិនថាកិច្ចការនៃការជាប់ឆ្កាងគួរឱ្យជឿប៉ុនណា មិនថាកិច្ចការនៃការជាប់ឆ្កាងមានប្រសិទ្ធភាពក្នុងការយកឈ្នះសាតាំងប៉ុនណា សរុបមក កិច្ចការនៅតែជាកិច្ចការ ហើយយុគសម័យនៅតែជាយុគសម័យដដែល។ កិច្ចការមិនអាចស្ថិតនៅលើមូលដ្ឋានគ្រឹះដដែលជានិច្ចនោះឡើយ ហើយពេលវេលាក៏មិនមែនមិនធ្លាប់ផ្លាស់ប្តូរនោះដែរ ពីព្រោះមានការបង្កើត ហើយត្រូវមានគ្រាចុងក្រោយ។ រឿងនេះមិនអាចជៀសរួចនោះទេ! ដូច្នេះ ថ្ងៃនេះ ព្រះបន្ទូលនៃជីវិតនៅក្នុងសញ្ញាថ្មី ដែលជាសំបុត្ររបស់ពួកសាវ័ក និងដំណឹងល្អទាំងបួនក្នុងគម្ពីរសញ្ញាថ្មី បានក្លាយជាសៀវភៅប្រវត្តិសាស្ត្រ សៀវភៅទាំងនេះបានក្លាយជាពាក្យប្រៀនប្រដៅចាស់បុរាណ ហើយធ្វើដូចម្តេចទើបការប្រៀនប្រដៅចាស់បុរាណនេះ អាចនាំមនុស្សចូលទៅក្នុងយុគសម័យថ្មីបាន? មិនថាការប្រៀនប្រដៅទាំងនេះ អាចផ្តល់ជីវិតដល់មនុស្សបែបណា មិនថាការប្រៀនប្រដៅទាំងនេះអាចដឹកនាំមនុស្សទៅកាន់ឈើឆ្កាងបែបណានោះទេ តើវាមិនហួសសម័យទេឬអី? តើការប្រៀនប្រដៅទាំងនេះ មិនមានគុណតម្លៃមែនទេ? ដូច្នេះ ខ្ញុំនិយាយថា អ្នកមិនគួរជឿលើប្រតិទិនកំណត់ហេតុទាំងងងឹតងងល់ឡើយ។ ប្រតិទិនទាំងនេះចាស់គំរិលពេកហើយ វាមិនអាចនាំអ្នកចូលទៅក្នុងកិច្ចការថ្មីបានទេ ហើយវាត្រឹមតែអាចដាក់អម្រែកលើអ្នកប៉ុណ្ណោះ។ ពួកវាមិនត្រឹមតែមិនអាចនាំអ្នកចូលទៅក្នុងកិច្ចការថ្មី និងចូលទៅក្នុងផ្លូវចូលថ្មីប៉ុណ្ណោះទេ ពួកវាថែមទាំងនាំអ្នកទៅក្នុងក្រុមជំនុំសាសនាចាស់ទៀតផង ហើយប្រសិនបើករណីនេះកើតឡើង តើជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ មិនដើរថយក្រោយទេឬអី?

អ្វីដែលព្រះគម្ពីរកត់ត្រាទុក គឺជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសអ៊ីស្រាអែល បូករួមទាំងកិច្ចការមួយចំនួនដែលរាស្ត្ររើសតាំងរបស់អ៊ីស្រាអែលបានធ្វើផងដែរ។ ក្រៅពីការពិតដែលថា មានការជ្រើសរើសផ្នែកដែលត្រូវបានដាក់បញ្ចូល និងផ្នែកដែលត្រូវបានដកចេញក៏ដោយ ហើយទោះបីជាព្រះវិញ្ញាណបរិសុទ្ធមិនបានយល់ព្រមក៏ដោយ ក៏ទ្រង់មិនស្តីបន្ទោសនោះទេ។ ព្រះគម្ពីរគឺជាប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែលសុទ្ធសាធ ក៏ជាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ផងដែរ។ ពិតណាស់ មនុស្ស រឿងរ៉ាវនានា និងអ្វីៗដែលព្រះគម្ពីរកត់ត្រា គឺពិតទាំងអស់ ហើយគ្មានអ្វីដែលមានអត្ថន័យជាតំណាងនោះទេ ក្រៅពីសេចក្តីទំនាយរបស់អេសាយ និងដានីយ៉ែល និងហោរាដទៃទៀត ឬកណ្ឌគម្ពីរនិមិត្តរបស់យ៉ូហាននោះ។ មនុស្សជំនាន់ដើមរបស់អ៊ីស្រាអែល មានចំណេះដឹង និងប្រកបដោយវប្បធម៌ ហើយចំណេះដឹង និងវប្បធម៌បុរាណរបស់ពួកគេក៏រីកចម្រើនគួរសមដែរ ដូច្នេះ អ្វីដែលពួកគេបានសរសេរ គឺស្ថិតក្នុងកម្រិតខ្ពស់ជាងអ្វីដែលមនុស្សបច្ចុប្បន្នសរសេរ។ ជាលទ្ធផល ដែលពួកគេអាចសរសេរកណ្ឌគម្ពីរទាំងនេះបាន វាមិនគួរជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដ្បិតព្រះយេហូវ៉ាបានធ្វើកិច្ចការជាច្រើនក្នុងចំណោមពួកគេ ហើយពួកគេបានឃើញសេចក្ដីជាច្រើនដែរ។ ដាវីដបានមើលឃើញស្នាព្រះហស្តរបស់ព្រះយេហូវ៉ាដោយភ្នែករបស់គាត់ផ្ទាល់ គាត់បានឆ្លងកាត់ស្នាព្រះហស្តនោះដោយផ្ទាល់ ហើយគាត់ក៏បានឃើញទីសម្គាល់ និងការអស្ចារ្យជាច្រើន ដូច្នេះ ទើបគាត់បានតាក់តែងទំនុកតម្កើងទាំងអស់នោះ ជាការសរសើរតម្កើងស្នាព្រះហស្តរបស់ព្រះយេហូវ៉ា។ ពួកគេអាចសរសេរកណ្ឌគម្ពីរទាំងនេះក្រោមកាលៈទេសៈដ៏ជាក់លាក់ មិនមែនដោយសារតែពួកគេមានទេពកោសល្យពិសេសនោះទេ។ ពួកគេបានសរសើរតម្កើងព្រះយេហូវ៉ា ដោយសារតែពួកគេបានឃើញទ្រង់។ ប្រសិនបើអ្នករាល់គ្នាមិនបានឃើញអ្វីសោះពីព្រះយេហូវ៉ា ហើយមិនដឹងពីអត្ថិភាពរបស់ទ្រង់នោះទេ ធ្វើដូចម្តេចទើបអ្នករាល់គ្នាអាចសរសើរតម្កើងទ្រង់បាន? ប្រសិនបើអ្នករាល់គ្នាមិនបានមើលឃើញព្រះយេហូវ៉ានោះទេ នោះអ្នករាល់គ្នានឹងមិនដឹងពីវិធីសរសើរតម្កើងទ្រង់ ឬថ្វាយបង្គំទ្រង់បានឡើយ អ្នកនឹងរឹតតែមិនអាចសរសេរបទចម្រៀងសរសើរតម្កើងទ្រង់បានឡើយ ហើយទោះបីជាអ្នករាល់គ្នាត្រូវបានស្នើសុំឱ្យសរសេរប្រឌិតពីស្នាព្រះហស្តមួយចំនួនរបស់ព្រះយេហូវ៉ាក៏ដោយ ក៏អ្នករាល់គ្នានឹងមិនអាចធ្វើបែបនោះបានដែរ។ សព្វថ្ងៃនេះ អ្នករាល់គ្នាអាចសរសើរតម្កើងព្រះជាម្ចាស់ និងស្រឡាញ់ព្រះជាម្ចាស់បាន ក៏ព្រោះតែអ្នករាល់គ្នាបានឃើញទ្រង់ ហើយបានដកពិសោធន៍ពីកិច្ចការរបស់ទ្រង់ ហើយប្រសិនបើសមត្ថភាពរបស់អ្នករាល់គ្នាកើនឡើង តើអ្នករាល់គ្នានឹងមិនអាចសរសេរកំណាព្យជាការសរសើរតម្កើងព្រះជាម្ចាស់ដូចដាវីឌដែរទេឬអី?

យល់ព្រះគម្ពីរ យល់ប្រវត្តិសាស្ត្រ មិនមែនយល់អំពីអ្វីដែលព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការសព្វថ្ងៃនោះទេ ខុសហើយ! នៅក្នុងការសិក្សាប្រវត្តិសាស្ត្រ អ្នកធ្វើបានល្អណាស់ ប៉ុន្តែអ្នកមិនយល់អំពីកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើសព្វថ្ងៃនេះទាល់តែសោះ។ តើនេះមិនមែនជាភាពល្ងីល្ងើទេឬអី? មនុស្សផ្សេងទៀតសួរអ្នក៖ «សព្វថ្ងៃនេះ តើព្រះជាម្ចាស់កំពុងធ្វើអ្វី? សព្វថ្ងៃនេះ តើអ្នកគួរតែចូលទៅក្នុងអ្វី? តើការស្វះស្វែងរកជីវិតរបស់អ្នកយ៉ាងម៉េចទៅហើយ? តើអ្នកយល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬទេ?» អ្នកនឹងគ្មានចម្លើយឆ្លើយតបចំពោះអ្វីដែលពួកគេសួរនោះទេ ដូច្នេះ តើអ្នកដឹងអ្វីខ្លះ? អ្នកនឹងនិយាយថា៖ «ខ្ញុំគ្រាន់តែដឹងថា ខ្ញុំត្រូវតែបែរខ្នងរបស់ខ្ញុំដាក់សាច់ឈាម ហើយស្គាល់ខ្លួនឯងប៉ុណ្ណោះ»។ ហើយក្រោយមក ប្រសិនបើពួកគេសួរថា៖ «តើអ្នកដឹងអ្វីខ្លះទៀត?» អ្នកនឹងនិយាយថា អ្នកក៏ដឹងពីវិធីស្តាប់បង្គាប់តាមការរៀបចំទាំងអស់របស់ព្រះជាម្ចាស់ ហើយនិយាយថា អ្នកយល់តិចតួចអំពីប្រវត្តិសាស្ត្ររបស់ព្រះគម្ពីរ គឺមានតែប៉ុណ្ណឹង។ តើអ្វីដែលអ្នកទទួលបានពីការជឿព្រះជាម្ចាស់ជាច្រើនឆ្នាំមកនេះ មានតែប៉ុណ្ណឹងទេមែនទេ? ប្រសិនបើអ្នកយល់តែប៉ុណ្ណឹងទេ នោះអ្នកខ្វះច្រើនណាស់។ ដូច្នេះ កម្ពស់បច្ចុប្បន្នរបស់អ្នករាល់គ្នា មែនទែនទៅ គឺមិនអាចសម្រេចនូវអ្វីដែលខ្ញុំតម្រូវពីអ្នករាល់គ្នាឡើយ ហើយសេចក្តីពិតដែលអ្នករាល់គ្នាយល់ គឺអន់ពេក ជាមួយនឹងអំណាចនៃការញែកឱ្យខុសគ្នារបស់អ្នករាល់គ្នា ពោលគឺជំនឿរបស់អ្នករាល់គ្នាលំៗពេក! អ្នកត្រូវតែប្រដាប់ខ្លួនដោយសេចក្តីពិតឱ្យច្រើនជាងមុន អ្នកត្រូវតែមានចំណេះដឹងច្រើនជាងមុន អ្នកត្រូវតែមើលឃើញឱ្យច្រើនជាងមុន ហើយទាល់តែពេលនោះ ទើបអ្នកអាចផ្សព្វផ្សាយដំណឹងល្អបាន ដ្បិតនេះគឺជាអ្វីដែលអ្នករាល់គ្នាគួរតែសម្រេចឱ្យបាន!

ខាង​ដើម៖ ទាក់ទងនឹងព្រះគម្ពីរ (៣)

បន្ទាប់៖ ការអនុវត្ត (១)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ