ការស្គាល់ព្រះជាម្ចាស់ II

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣១

បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមកភ្លាម ទ្រង់ក៏ចាប់ផ្ដើមទាក់ទងជាមួយមនុស្ស និងមានបន្ទូលជាមួយមនុស្ស ហើយនិស្ស័យរបស់ទ្រង់ក៏ចាប់ផ្ដើមសម្ដែងចេញឱ្យមនុស្សបានឃើញ។ និយាយម្យ៉ាងទៀតគឺ ចាប់តាំងពីពេលដែលព្រះជាម្ចាស់ទាក់ទងជាមួយមនុស្សជាតិជាលើកដំបូង ព្រះអង្គក៏ចាប់ផ្ដើមប្រកាសប្រាប់មនុស្សអំពីសារជាតិ ព្រមទាំងកម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់ផង ដោយគ្មានការរំខានណាមួយឡើយ។ មិនថាមនុស្សសម័យមុន ឬមនុស្សសម័យនេះអាចមើលឃើញ ឬយល់ពីសេចក្ដីទាំងនេះបានឬអត់នោះទេ ក៏ព្រះជាម្ចាស់នៅតែមានបន្ទូលមកកាន់មនុស្ស និងធ្វើកិច្ចការក្នុងចំណោមមនុស្សដែរ ដោយបើកសម្ដែងពីនិស្ស័យរបស់ទ្រង់ និងសម្ដែងចេញនូវសារជាតិរបស់ទ្រង់ផង។ នេះគឺជាការពិតមួយ ដែលគ្មានមនុស្សណាម្នាក់អាចបដិសេធបានឡើយ។ នេះក៏បានន័យថា និស្ស័យរបស់ព្រះជាម្ចាស់ សារជាតិរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់ តែងតែត្រូវបញ្ចេញមក និងបើកសម្ដែងឱ្យឃើញ នៅពេលដែលទ្រង់ធ្វើការ និងទាក់ទងជាមួយនឹងមនុស្ស។ ទ្រង់មិនដែលបិទបាំង ឬលាក់បាំងអ្វីមួយពីមនុស្សឡើយ តែផ្ទុយទៅវិញ ព្រះអង្គមានតែប្រកាស និងបញ្ចេញប្រាប់ពីនិស្ស័យរបស់ទ្រង់ផ្ទាល់ ដោយមិនសំចៃទុកអ្វីបន្តិចសោះឡើយ។ ដូច្នេះ ព្រះជាម្ចាស់សង្ឃឹមថា មនុស្សអាចស្គាល់ទ្រង់ ហើយអាចស្គាល់ពីនិស្ស័យ និងសារជាតិរបស់ព្រះអង្គបាន។ ទ្រង់មិនចង់ឱ្យមនុស្សចាត់ទុកនិស្ស័យ និងសារជាតិរបស់ទ្រង់ ជារឿងអាថ៌កំបាំងដ៏អស់កល្បជានិច្ចឡើយ ហើយព្រះអង្គក៏មិនចង់ឱ្យមនុស្សចាត់ទុកព្រះជាម្ចាស់ជាចំណោទបញ្ហាមួយដែលមិនអាចដោះស្រាយបាននោះដែរ។ ទាល់តែមនុស្សជាតិស្គាល់ពីព្រះជាម្ចាស់សិន ទើបមនុស្សអាចស្គាល់ពីផ្លូវដើរទៅមុខ និងអាចទទួលការដឹកនាំពីព្រះជាម្ចាស់បាន ហើយមានតែមនុស្សជាតិបែបនេះទេ ទើបអាចរស់នៅក្រោមការត្រួតត្រាពីព្រះជាម្ចាស់ និងអាចរស់នៅក្នុងពន្លឺ និងក្នុងព្រះពររបស់ព្រះជាម្ចាស់បាន។

ព្រះបន្ទូល និងនិស្ស័យដែលព្រះជាម្ចាស់បានបញ្ចេញ និងបើកសម្ដែងមកនោះ តំណាងឱ្យបំណងព្រះហឫទ័យរបស់ទ្រង់ ហើយក៏តំណាងឱ្យសារជាតិរបស់ទ្រង់ដែរ។ នៅពេលដែលព្រះជាម្ចាស់ទាក់ទងជាមួយមនុស្ស មិនថាទ្រង់មានបន្ទូល ឬធ្វើកិច្ចការអ្វី មិនថាទ្រង់បើកសម្ដែងពីនិស្ស័យអ្វី ហើយមិនថាមនុស្សយល់ឃើញបែបណាចំពោះសារជាតិរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិនិងសារជាតិរបស់ទ្រង់នោះទេ អ្វីគ្រប់យ៉ាង គឺសុទ្ធតែតំណាងឱ្យបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ មិនថាមនុស្សអាចសម្គាល់ដឹង យល់ដឹង ឬយល់បានច្រើនប៉ុនណានោះទេ ក៏សេចក្ដីទាំងអស់នេះសុទ្ធតែតំណាងឱ្យបំណងព្រះហឫទ័យរបស់ទ្រង់ទាំងអស់ ពោលគឺតំណាងឱ្យបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ចំណុចនេះគ្មានអ្វីត្រូវសង្ស័យនោះទេ! បំណងព្រះហឫទ័យដែលព្រះជាម្ចាស់មានចំពោះមនុស្សជាតិ គឺជាសេចក្ដីតម្រូវរបស់ទ្រង់ដែលចង់ឱ្យពួកគេធ្វើជាមនុស្សបែបណា ជាអ្វីដែលទ្រង់តម្រូវឱ្យគេធ្វើ ជារបៀបដែលទ្រង់តម្រូវឱ្យគេរស់នៅ និងជារបៀបដែលទ្រង់តម្រូវឱ្យគេអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ តើសេចក្ដីទាំងនេះមិនអាចកាត់ផ្ដាច់ចេញពីសារជាតិរបស់ព្រះជាម្ចាស់បានទេមែនទេ? អាចនិយាយម្យ៉ាងទៀតបានថា ព្រះជាម្ចាស់បញ្ចេញនិស្ស័យរបស់ទ្រង់ និងអ្វីៗគ្រប់យ៉ាងដែលជាកម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់ ក្នុងពេលតែមួយដែលទ្រង់មានសេចក្ដីតម្រូវពីមនុស្សដែរ។ គ្មានពាក្យកុហក គ្មានការប្រឌិត គ្មានការបិទបាំង និងគ្មានការបន្ថែមបន្ថយអ្វីឡើយ។ ប៉ុន្តែ ហេតុអ្វីក៏មនុស្សមិនអាចស្គាល់បាន ហើយហេតុអ្វីក៏មនុស្សនៅតែមិនអាចស្គាល់ច្បាស់ពីនិស្ស័យរបស់ព្រះជាម្ចាស់ដូច្នេះ? ហេតុអ្វីបានជាមនុស្សនៅតែមិនស្គាល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? សេចក្ដីដែលព្រះជាម្ចាស់បានបើកសម្ដែង និងបញ្ចេញមកនោះ គឺជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយក៏ជាបំណែកនិងចម្រៀកនៃនិស្ស័យពិតប្រាកដរបស់ទ្រង់ផងដែរ។ ដូច្នេះ ហេតុអ្វីបានជាមនុស្សមើលពុំឃើញ? ហេតុអ្វីបានជាមនុស្សមិនអាចមានចំណេះដឹងពេញលេញបាន? មានហេតុផលដ៏សំខាន់មួយចំពោះរឿងនេះ។ ដូច្នេះ តើមានហេតុផលអ្វី? តាំងតែពីគ្រានៃការបង្កើតរបស់សព្វសារពើមក មនុស្សមិនដែលចាត់ទុកព្រះជាម្ចាស់ជាព្រះឡើយ។ នៅសម័យដើម ទោះបីជាព្រះជាម្ចាស់ធ្វើអ្វីដាក់មនុស្ស (មនុស្សដែលទើបនឹងត្រូវបានបង្កើតមក) ក៏ដោយ ក៏មនុស្សចាត់ទុកព្រះជាម្ចាស់ត្រឹមតែជាអ្នកកំដរប៉ុណ្ណោះ ជាមនុស្សម្នាក់សម្រាប់ពឹងអាង ហើយមនុស្សក៏គ្មានចំណេះដឹង ឬការយល់ដឹងអំពីព្រះជាម្ចាស់ដែរ។ មានន័យថា មនុស្សមិនដឹងថា អ្វីដែលត្រូវបានបញ្ចេញមកដោយព្រះមួយអង្គនេះ (ព្រះដែលគេពឹងអាង និងយល់ថាជាអ្នកកំដរគេនេះ) គឺជាសារជាតិរបស់ព្រះជាម្ចាស់ឡើយ ហើយគេក៏មិនដឹងដែរថា ព្រះមួយអង្គនេះ គឺជាព្រះដែលគ្រប់គ្រងលើរបស់សព្វសារពើ។ និយាយឱ្យស្រួលស្ដាប់ទៅគឺថា មនុស្សនៅសម័យនោះ ពុំស្គាល់ព្រះជាម្ចាស់ទាល់តែសោះ។ ពួកគេមិនដឹងថា ផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ សុទ្ធតែត្រូវព្រះអង្គបង្កើតមកនោះទេ ហើយពួកគេក៏មិនដឹងដែរថា ទ្រង់យាងមកពីណា ហើយជាងនេះទៀត ពួកគេក៏មិនដឹងថា ទ្រង់មានលក្ខណបែបណានោះដែរ។ ពិតណាស់ កាលពីសម័យនោះ ព្រះជាម្ចាស់មិនតម្រូវឱ្យមនុស្សស្គាល់ ឬយល់ពីទ្រង់សោះឡើយ ក៏មិនឱ្យគេយល់ពីគ្រប់កិច្ចការដែលទ្រង់បានធ្វើ ឬក៏យល់ពីព្រះហឫទ័យរបស់ទ្រង់នោះដែរ ដ្បិតនោះគឺជាគ្រាដំបូងបង្អស់ បន្ទាប់ពីការបង្កើតមនុស្សជាតិមក។ នៅពេលដែលព្រះជាម្ចាស់ចាប់ផ្ដើមរៀបចំកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ ព្រះជាម្ចាស់ក៏បានធ្វើកិច្ចការខ្លះសម្រាប់មនុស្ស ហើយក៏ចាប់ផ្ដើមទាមទាររបស់ខ្លះពីមនុស្សដែរ ដោយប្រាប់គេពីរបៀបថ្វាយតង្វាយ និងរបៀបថ្វាយបង្គំព្រះជាម្ចាស់ជាដើម។ ទើបតែមកដល់ពេលនោះទេ ដែលមនុស្សមានគំនិតខ្លះៗអំពីព្រះជាម្ចាស់ ហើយទាល់តែពេលនោះឯង ទើបគេស្គាល់ពីភាពខុសគ្នារវាងមនុស្សនិងព្រះជាម្ចាស់ និងដឹងថា ព្រះជាម្ចាស់ជាព្រះដែលបានបង្កើតមនុស្សជាតិមក។ នៅពេលដែលមនុស្សដឹងថា ព្រះជាម្ចាស់គឺជាព្រះ ហើយមនុស្សគឺជាមនុស្ស ក៏កើតមានគម្លាតធំមួយរវាងមនុស្សនិងព្រះជាម្ចាស់ ប៉ុន្តែ ព្រះជាម្ចាស់ក៏នៅតែមិនទាមទារឱ្យមនុស្សមានចំណេះដឹងទូលំទូលាយ ឬការយល់ដឹងស៊ីជម្រៅអ្វីអំពីទ្រង់ដែរ។ ដូច្នេះ ព្រះជាម្ចាស់បានបង្កើតសេចក្ដីតម្រូវខុសៗគ្នាពីមនុស្ស ផ្អែកទៅតាមដំណាក់កាល និងកាលៈទេសៈនៃកិច្ចការរបស់ទ្រង់។ តើអ្នករាល់គ្នាមើលឃើញអ្វីខ្លះនៅក្នុងចំណុចនេះ? តើអ្នកស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ត្រង់ចំណុចណាខ្លះ? តើព្រះជាម្ចាស់មានពិតដែរឬទេ? តើសេចក្ដីតម្រូវដែលព្រះជាម្ចាស់មានចំពោះមនុស្សស័ក្ដិសមដែរឬទេ? នៅគ្រាដំបូង បន្ទាប់ពីព្រះជាម្ចាស់បង្កើតមនុស្សជាតិមក នៅពេលដែលព្រះជាម្ចាស់មិនទាន់អនុវត្តកិច្ចការនៃការយកឈ្នះ និងការប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍ និងមិនទាន់ថ្លែងព្រះបន្ទូលជាច្រើនទៅកាន់មនុស្ស ទ្រង់មិនបានទាមទារអ្វីពីមនុស្សច្រើនទេ។ ទោះបីជាមនុស្សធ្វើអ្វី និងមិនថាគេមានឥរិយាបថបែបណានោះទេ ហើយទោះបីគេបានប្រព្រឹត្តរឿងដែលប្រមាថដល់ព្រះជាម្ចាស់ក៏ដោយ ក៏ព្រះជាម្ចាស់នៅតែអត់ទោស និងមើលរំលងសេចក្ដីនោះជានិច្ច។ នេះគឺមកពីព្រះជាម្ចាស់ជ្រាបពីអ្វីដែលទ្រង់បានប្រទានដល់មនុស្ស និងជ្រាបពីអ្វីដែលមាននៅក្នុងខ្លួនមនុស្ស ដូច្នេះ ទ្រង់ជ្រាបពីក្បួនខ្នាតនៃសេចក្ដីតម្រូវដែលទ្រង់គួរមានចំពោះមនុស្ស។ ទោះបីជានៅសម័យនោះ ក្បួនខ្នាតនៃសេចក្ដីតម្រូវរបស់ទ្រង់ទាបពេកក៏ដោយ ក៏មិនមែនមានន័យថា និស្ស័យរបស់ទ្រង់មិនអស្ចារ្យ ឬថា ព្រះប្រាជ្ញាញាណ និងឫទ្ធានុភាពរបស់ទ្រង់ គ្រាន់តែជាពាក្យឥតបានការនោះដែរ។ ចំពោះមនុស្ស មានផ្លូវតែមួយគត់ ដើម្បីស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ និងស្គាល់ពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នោះគឺ៖ តាមរយៈការដើរតាមជំហាននៃកិច្ចការគ្រប់គ្រង និងសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់ ព្រមទាំងការទទួលយកព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងទៅកាន់មនុស្សជាតិផង។ កាលណាមនុស្សស្គាល់ពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ហើយស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ផង តើគេនឹងនៅតែសុំឱ្យព្រះជាម្ចាស់បង្ហាញអង្គពិតរបស់ទ្រង់ឱ្យគេឃើញទៀតដែរឬទេ? អត់ទេ មនុស្សនឹងមិនសុំទេ ហើយក៏មិនហ៊ានសុំដែរ ដ្បិតពេលដែលគេបានស្គាល់ពីនិស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ហើយ នោះមនុស្សច្បាស់ជាបានឃើញពីព្រះដ៏ពិតជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ព្រមទាំងអង្គពិតរបស់ទ្រង់មិនខាន។ នេះជាលទ្ធផលដែលមិនចៀសផុត។

នៅពេលដែលកិច្ចការ និងផែនការរបស់ព្រះជាម្ចាស់រីកចម្រើនទៅមុខឥតឈប់ឈរ ហើយបន្ទាប់ពីព្រះជាម្ចាស់បានតាំងសេចក្ដីសញ្ញាតាមរយៈឥន្ទធនូជាមួយនឹងមនុស្ស ទុកជាទីសម្គាល់ថា ទ្រង់នឹងមិនបំផ្លាញពិភពលោកនេះ ដោយទឹកជំនន់ម្ដងទៀត ព្រះជាម្ចាស់កាន់តែមានបំណងប្រាថ្នាចង់ទទួលយកមនុស្សណាដែលអាចមានចិត្តគំនិតតែមួយជាមួយនឹងទ្រង់។ ដូច្នេះ ទ្រង់ក៏កាន់តែមានបំណងប្រាថ្នាចង់ទទួលយកមនុស្សដែលអាចធ្វើតាមព្រះហឫទ័យរបស់ទ្រង់នៅលើផែនដី ហើយជាងនេះទៅទៀត គឺចង់ទទួលយកមនុស្សមួយក្រុមដែលអាចរើខ្លួនរួចពីកម្លាំងនៃសេចក្ដីងងឹត និងមិនជាប់ចំណងរបស់សាតាំង ជាក្រុមដែលអាចធ្វើបន្ទាល់អំពីទ្រង់នៅលើផែនដីនេះបាន។ ការទទួលយកមនុស្សមួយក្រុមនេះ គឺជាបំណងប្រាថ្នាដែលព្រះជាម្ចាស់មានជាយូរមកហើយ គឺជាបំណងប្រាថ្នាដែលទ្រង់រង់ចាំ តាំងពីគ្រានៃការបង្កើតរបស់សព្វសារពើមកម្ល៉េះ។ ដូច្នេះ ទោះបីព្រះជាម្ចាស់ប្រើទឹកជំនន់មកបំផ្លាញពិភពលោក ឬតាំងសេចក្ដីសញ្ញាជាមួយមនុស្សក៏ដោយ ក៏បំណងព្រះហឫទ័យ គ្រោងព្រះតម្រិះ ផែនការ និងសេចក្ដីសង្ឃឹមរបស់ព្រះជាម្ចាស់ នៅតែដូចដើមដដែល។ អ្វីដែលទ្រង់ចង់ធ្វើ អ្វីដែលទ្រង់ទន្ទឹងរង់ចាំជាយូរ តាំងពីមុនគ្រានៃការបង្កើតរបស់សព្វសារពើមក គឺដើម្បីទទួលបានមនុស្សនៅក្នុងចំណោមមនុស្សជាតិដែលទ្រង់សព្វព្រះទ័យចង់ទទួលយក ដើម្បីទទួលបានមនុស្សមួយក្រុមដែលអាចយល់ និងស្គាល់ពីនិស្ស័យរបស់ទ្រង់ និងយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ ជាក្រុមមនុស្សដែលអាចថ្វាយបង្គំទ្រង់បាន។ ក្រុមមនុស្សបែបនេះ ពិតជាអាចធ្វើបន្ទាល់អំពីទ្រង់បាន ហើយអាចនិយាយបានថា ពួកគេនេះនឹងក្លាយជាមនុស្សជំនិតរបស់ទ្រង់មិនខាន។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣២

ព្រះជាម្ចាស់សន្យាប្រទានកូនប្រុសម្នាក់ឱ្យលោកអ័ប្រាហាំ

លោកុប្បត្តិ ១៧:១៥-១៧ រួចព្រះជាម្ចាស់ក៏មានបន្ទូលទៅលោកអ័ប្រាហាំថា ចំពោះសារ៉ាយជាភរិយាអ្នក អ្នកមិនត្រូវហៅនាងថាសារ៉ាយទៀតទេ ដ្បិតឈ្មោះនាងត្រូវហៅថាសារ៉ាវិញ។ រួចខ្ញុំនឹងប្រទានពរដល់នាង ហើយខ្ញុំនឹងប្រទានឱ្យអ្នកមានកូនប្រុសម្នាក់ ក៏ជាកូនរបស់នាង៖ អើ ខ្ញុំនឹងប្រទានពរដល់នាង ហើយនាងនឹងក្លាយជាម្ដាយនៃប្រជាជាតិជាច្រើន ក្សត្រជាច្រើននឹងកើតពីពូជនាង។ នោះអ័ប្រាហាំក៏ឱនមុខក្រាបចុះ ហើយក៏អស់សំណើច ហើយនិយាយតែក្នុងចិត្តថា តើមនុស្សដែលមានវ័យមួយរយឆ្នាំទៅហើយនឹងមានកូនទៀតឬ? ហើយតើសារ៉ាដែលមានវ័យកៅសិបឆ្នាំហើយ អាចនឹងកើតកូនបានដែរឬ?

លោកុប្បត្តិ ១៧:២១-២២ ប៉ុន្តែ ខ្ញុំនឹងតាំងសញ្ញារបស់ខ្ញុំជាមួយអ៊ីសាក ជាកូនដែលសារ៉ាបង្កើតឱ្យអ្នក នៅពេលវេលា កំណត់នេះនៅឆ្នាំក្រោយ។ រួចព្រះជាម្ចាស់ក៏ឈប់មានបន្ទូល ជាមួយនឹងលោកអ័ប្រាហាំ រួចទ្រង់ក៏យាងចេញពីគាត់បាត់ ទៅ។

គ្មាននរណាអាចរារាំងកិច្ចការដែលព្រះជាម្ចាស់តាំងព្រះហឫទ័យថានឹងធ្វើបានឡើយ

ដូច្នេះ អ្នករាល់គ្នាទើបតែបានស្ដាប់រឿងរបស់លោកអ័ប្រាហាំអម្បាញ់មិញនេះ បានស្ដាប់ហើយមែនទេ? ក្រោយពីទឹកជំនន់បានបំផ្លាញពិភពលោកហើយ បុរសម្នាក់ត្រូវបានព្រះជាម្ចាស់រើសតាំង គាត់មានឈ្មោះថា អ័ប្រាហាំ។ ហើយកាលលោកមានវ័យមួយរយឆ្នាំ នោះភរិយារបស់លោក គឺនាងសារ៉ា ក៏មានវ័យកៅសិបឆ្នាំដែរ ហើយព្រះជាម្ចាស់បានធ្វើការសន្យានឹងគាត់។ តើព្រះជាម្ចាស់បានសន្យាអ្វីនឹងគាត់? ព្រះជាម្ចាស់បានសន្យា ដែលមានចែងទុកក្នុងបទគម្ពីរថា៖ «រួចខ្ញុំនឹងប្រទានពរដល់នាង ហើយខ្ញុំនឹងប្រទានឱ្យអ្នកមានកូនប្រុសម្នាក់ ក៏ជាកូនរបស់នាង»។ តើមានសាវតារអ្វីបង្កប់ពីក្រោយសេចក្ដីសន្យារបស់ព្រះជាម្ចាស់ក្នុងការប្រទានកូនប្រុសម្នាក់ឱ្យគាត់? បទគម្ពីរផ្ដល់ជាដំណើររឿងដូចតទៅនេះ៖ «នោះអ័ប្រាហាំក៏ឱនមុខក្រាបចុះ ហើយក៏អស់សំណើច ហើយនិយាយតែក្នុងចិត្តថា តើមនុស្សដែលមានវ័យមួយរយឆ្នាំទៅហើយនឹងមានកូនទៀតឬ? ហើយតើសារ៉ាដែលមានវ័យកៅសិបឆ្នាំហើយ អាចនឹងកើតកូនបានដែរឬ?» អាចនិយាយម្យ៉ាងទៀតបានថា គូស្វាមីភរិយាចំណាស់មួយគូនេះ មានវ័យចាស់ពេកហើយក្នុងការបង្កើតកូន។ ហើយបន្ទាប់ពីព្រះជាម្ចាស់បានសន្យានឹងគាត់រួចហើយ តើលោកអ័ប្រាហាំបានធ្វើអ្វីខ្លះ? គាត់បានឱនមុខក្រាបចុះអស់សំណើច ហើយនិយាយក្នុងចិត្តថា «តើមនុស្សដែលមានវ័យមួយរយឆ្នាំទៅហើយនឹងមានកូនទៀតឬ?» លោកអ័ប្រាហាំជឿថា រឿងនេះមិនអាចទៅរួចនោះទេ។ មានន័យថា គាត់ជឿថាការសន្យារបស់ព្រះជាម្ចាស់ចំពោះគាត់ គឺគ្រាន់តែជារឿងកំប្លែងមួយប៉ុណ្ណោះ។ តាមទស្សនៈរបស់មនុស្ស រឿងនេះមនុស្សមិនអាចធ្វើបាននោះទេ ដូច្នេះហើយ ព្រះជាម្ចាស់ក៏គ្មានលទ្ធភាពអាចនឹងសម្រេចកិច្ចការនេះបានដូចគ្នាដែរ។ ប្រហែលចំពោះលោកអ័ប្រាហាំ នេះជារឿងអស់សំណើច៖ «ព្រះជាម្ចាស់បានបង្កើតមនុស្ស ប៉ុន្តែទ្រង់ហាក់ដូចជាមិនជ្រាបសោះថា មនុស្សចាស់បែបនេះមិនអាចបង្កើតកូនបានទេ។ ព្រះជាម្ចាស់មានព្រះតម្រិះថា ទ្រង់អាចឱ្យខ្ញុំបង្កើតកូនមួយបាន ព្រះអង្គមានបន្ទូលថា ទ្រង់នឹងប្រទានកូនប្រុសម្នាក់ដល់ខ្ញុំ។ ច្បាស់ណាស់ រឿងនេះមិនអាចទៅរួចនោះទេ!» ហេតុនេះបានជាអ័ប្រាហាំឱនមុខក្រាបចុះ ហើយក៏អស់សំណើច ដោយគិតក្នុងចិត្តថា៖ «មិនអាចទៅរួចនោះទេ ព្រះជាម្ចាស់កំពុងលេងសើចនឹងខ្ញុំហើយ រឿងនេះមិនអាចក្លាយជាការពិតបានទេ!» គាត់ពុំបានយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្លាំងពេកនោះទេ។ ដូច្នេះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើលោកអ័ប្រាហាំ គឺជាមនុស្សបែបណា? (សុចរិត។) តើត្រង់ចំណុចណាដែលបញ្ជាក់ថាគាត់ជាមនុស្សសុចរិត? អ្នករាល់គ្នាគិតថា មនុស្សគ្រប់គ្នាដែលព្រះជាម្ចាស់ត្រាស់ហៅ សុទ្ធតែសុចរិតនិងគ្រប់លក្ខណ៍ ថាពួកគេសុទ្ធតែជាមនុស្សដែលដើរជាមួយព្រះជាម្ចាស់ទាំងអស់។ អ្នករាល់គ្នាប្រកាន់ខ្ជាប់នឹងគោលលទ្ធិ! អ្នករាល់គ្នាត្រូវមើលឱ្យច្បាស់ថា នៅពេលដែលព្រះជាម្ចាស់កំណត់មនុស្សណាម្នាក់ ទ្រង់មិនមែនកំណត់គេតាមតែព្រះទ័យទ្រង់ឡើយ។ ក្នុងនេះ ព្រះជាម្ចាស់មិនបានមានបន្ទូលថា អ័ប្រាហាំគឺជាមនុស្សសុចរិតនោះទេ។ ក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ ព្រះអង្គមានខ្នាតសម្រាប់វាស់មនុស្សគ្រប់គ្នា។ ទោះបីជាព្រះជាម្ចាស់មិនបានមានបន្ទូលថា លោកអ័ប្រាហាំជាមនុស្សបែបណាក៏ដោយ បើមើលតាមឥរិយាបថរបស់គាត់ តើអ័ប្រាហាំមានសេចក្ដីជំនឿបែបណាចំពោះព្រះជាម្ចាស់? រៀងពិបាកយល់បន្តិចមែនទេ? តើគាត់មានសេចក្ដីជំនឿខ្លាំងដែរទេ? អត់ទេ! គាត់គ្មានសេចក្ដីជំនឿបែបនេះទេ! ការអស់សំណើច និងការគិតរបស់គាត់បានបង្ហាញថា គាត់ជាមនុស្សបែបណាហើយ ដូច្នេះ ការដែលអ្នករាល់គ្នាជឿថា គាត់ជាមនុស្សសុចរិតនោះ គ្រាន់តែជាការប្រឌិតតាមការស្រមៃរបស់អ្នករាល់គ្នាប៉ុណ្ណោះ វាគឺជាការអនុវត្តតាមគោលលទ្ធិទាំងងងឹតងងុល ហើយវាជាការវាយតម្លៃទាំងគ្មានទំនួលខុសត្រូវ។ តើព្រះជាម្ចាស់ទតឃើញការអស់សំណើចរបស់អ័ប្រាហាំ និងការសម្ដែងចេញតិចតួចរបស់គាត់ទេ? តើទ្រង់ជ្រាបរឿងទាំងនេះទេ? ព្រះជាម្ចាស់ទ្រង់ជ្រាប។ ប៉ុន្តែ តើព្រះជាម្ចាស់នឹងផ្លាស់ប្ដូរអ្វីដែលទ្រង់តាំងព្រះទ័យចង់ធ្វើដែរទេ? អត់ទេ! នៅពេលដែលព្រះជាម្ចាស់មានផែនការ និងតាំងព្រះទ័យថា ទ្រង់នឹងរើសតាំងមនុស្សម្នាក់នេះហើយ នោះក៏ត្រូវសម្រេចដោយបែបនោះ។ ទាំងគំនិត ទាំងកិរិយាឫកពាររបស់មនុស្សនឹងគ្មានឥទ្ធិពល ឬមានការរំខានដល់ព្រះជាម្ចាស់សូម្បីបន្តិចណាឡើយ។ ព្រះជាម្ចាស់នឹងមិនផ្លាស់ប្ដូរផែនការរបស់ទ្រង់តាមតែព្រះទ័យទេ ហើយទ្រង់ក៏មិនផ្លាស់ប្ដូរ ឬបញ្ឈប់ផែនការរបស់ទ្រង់តាមសន្ទុះព្រះទ័យ ដោយសារតែកិរិយាឫកពាររបស់មនុស្សនោះដែរ ទោះបីកិរិយាឫកពារនោះជាល្ងង់ខ្លៅក៏ដោយ។ ដូច្នេះ តើនៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិ ១៧:២១-២២ មានចែងដូចម្ដេចខ្លះ? «ប៉ុន្តែ ខ្ញុំនឹងតាំងសញ្ញារបស់ខ្ញុំជាមួយអ៊ីសាក ជាកូនដែលសារ៉ាបង្កើតឱ្យអ្នក នៅពេលវេលាកំណត់នេះនៅឆ្នាំក្រោយ។ រួចព្រះជាម្ចាស់ក៏ឈប់មានបន្ទូលជាមួយនឹងលោកអ័ប្រាហាំ រួចទ្រង់ក៏យាងចេញពីគាត់បាត់ទៅ»។ ព្រះជាម្ចាស់ពុំបានយកព្រះទ័យទុកដាក់នឹងអ្វីដែលអ័ប្រាហាំគិត ឬនិយាយសូម្បីតែបន្តិចណាឡើយ។ តើមូលហេតុអ្វីដែលទ្រង់មិនអើពើបែបនេះ? គឺមកពីនៅពេលនោះ ព្រះជាម្ចាស់មិនបានទាមទារឱ្យមនុស្សមានសេចក្ដីជំនឿអ្វីច្រើនទេ ក៏មិនបានបង្គាប់ឱ្យគេមានចំណេះដឹងអ្វីច្រើនអំពីព្រះជាម្ចាស់ដែរ ហើយលើសពីនេះ ទ្រង់ក៏មិនបានទាមទារឱ្យគេអាចយល់ពីអ្វីដែលព្រះជាម្ចាស់បានធ្វើ និងបានមានបន្ទូលនោះដែរ។ ដូច្នេះ ទ្រង់មិនបានទាមទារឱ្យមនុស្សយល់ពីអ្វីដែលទ្រង់តាំងព្រះទ័យចង់ធ្វើទាំងស្រុងនោះទេ ក៏មិនទាមទារឱ្យគេយល់ពីមនុស្សដែលទ្រង់តាំងព្រះទ័យត្រូវរើសតាំង ឬពីគោលការណ៍នៃសកម្មភាពរបស់ទ្រង់នោះដែរ ដ្បិតកម្ពស់របស់មនុស្ស មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ នៅគ្រានោះ ព្រះជាម្ចាស់បានចាត់ទុកគ្រប់កិច្ចការដែលអ័ប្រាហាំបានធ្វើ និងគ្រប់វិធីដែលគាត់ប្រព្រឹត្តខ្លួនជារឿងធម្មតា។ ទ្រង់មិនបានថ្កោលទោស ឬស្ដីបន្ទោសអ្វីឡើយ គ្រាន់តែមានបន្ទូលថា៖ «សារ៉ានឹងបង្កើតអ៊ីសាក់ឱ្យអ្នក នៅពេលវេលាកំណត់នេះនៅឆ្នាំក្រោយ»។ ចំពោះព្រះជាម្ចាស់ បន្ទាប់ពីព្រះអង្គបានប្រកាសព្រះបន្ទូលទាំងនេះរួច រឿងនេះក៏បានក្លាយជាការពិតបន្តិចម្ដងៗ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ កិច្ចការដែលត្រូវសម្រេចតាមផែនការរបស់ទ្រង់ គឺបានសម្រេចរួចជាស្រេចទៅហើយ។ បន្ទាប់ពីបានសម្រេចការរៀបចំរឿងនេះរួចហើយ ព្រះជាម្ចាស់ក៏យាងចេញទៅបាត់។ អ្វីដែលមនុស្សធ្វើ ឬគិត អ្វីដែលមនុស្សយល់ ផែនការរបស់មនុស្ស ទាំងអស់នេះគ្មានអ្វីពាក់ព័ន្ធនឹងព្រះជាម្ចាស់ឡើយ។ អ្វីគ្រប់យ៉ាងប្រព្រឹត្តទៅតាមផែនការរបស់ព្រះជាម្ចាស់ ត្រូវទៅតាមពេលវេលា និងដំណាក់កាលដែលព្រះជាម្ចាស់បានកំណត់ទុក។ គោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ គឺបែបនេះឯង។ ព្រះជាម្ចាស់មិនជ្រៀតជ្រែកក្នុងរឿងដែលមនុស្សគិត ឬដឹងនោះទេ តែទ្រង់ក៏មិនបណ្ដោយឱ្យផែនការរបស់ទ្រង់កន្លងផុតទៅ ឬក៏បោះបង់កិច្ចការរបស់ទ្រង់ចោល ដោយសារតែមនុស្សមិនជឿ ឬមិនយល់នោះដែរ។ ដូច្នេះ ការពិតនេះក៏សម្រេចតាមផែនការ និងព្រះតម្រិះរបស់ព្រះជាម្ចាស់។ ចំណុចនេះ យើងមើលឃើញច្បាស់នៅក្នុងព្រះគម្ពីរ៖ ព្រះជាម្ចាស់បានធ្វើឱ្យអ៊ីសាកកើតតាមពេលវេលាដែលទ្រង់បានកំណត់ទុក។ តើការពិតនេះបញ្ជាក់ថា កិរិយាឫកពារនិងការប្រព្រឹត្តរបស់មនុស្ស រារាំងដល់កិច្ចការរបស់ព្រះជាម្ចាស់ដែរឬទេ? គឺមិនបានរារាំងដល់កិច្ចការរបស់ព្រះជាម្ចាស់នោះទេ! តើសេចក្ដីជំនឿដ៏តិចតួចដែលមនុស្សមានចំពោះព្រះជាម្ចាស់ ព្រមទាំងសញ្ញាណ និងការស្រមើស្រមៃដែលគេមានចំពោះព្រះជាម្ចាស់នោះ ប៉ះពាល់ដល់កិច្ចការរបស់ព្រះជាម្ចាស់ដែរឬទេ? អត់ទេ មិនប៉ះពាល់នោះទេ! មិនប៉ះពាល់សូម្បីតែបន្តិចណាឡើយ! ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ មិនរងផលប៉ះពាល់ដោយសារមនុស្ស បញ្ហា ឬមជ្ឈដ្ឋានណាមួយឡើយ។ គ្រប់យ៉ាងដែលទ្រង់តាំងព្រះទ័យត្រូវធ្វើហើយ នោះនឹងត្រូវបំពេញនិងសម្រេចឱ្យបានទៅតាមពេលវេលា និងស្របតាមផែនការរបស់ទ្រង់ ហើយក៏គ្មានមនុស្សណាម្នាក់អាចរំខានកិច្ចការរបស់ទ្រង់បានដែរ។ ព្រះជាម្ចាស់មិនយកព្រះទ័យទុកដាក់នឹងទិដ្ឋភាពល្ងីល្ងើ និងល្ងង់ខ្លៅមួយចំនួនរបស់មនុស្សឡើយ រួមទាំងទិដ្ឋភាពជាក់ស្ដែងខ្លះទាក់ទងនឹងការទាស់ទទឹង និងសញ្ញាណដែលគេមានចំពោះទ្រង់ផង ហើយមិនថាយ៉ាងណានោះទេ ក៏ទ្រង់នៅតែធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើដដែល។ នេះជានិស្ស័យរបស់ព្រះជាម្ចាស់ ហើយវាជាការឆ្លុះបញ្ចាំងឱ្យឃើញពីសព្វានុភាពរបស់ព្រះអង្គ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៣

លោកអ័ប្រាហាំថ្វាយអ៊ីសាក

លោកុប្បត្តិ ២២:២-៣ រួចទ្រង់មានបន្ទូលថា ឥឡូវនេះ ចូរយកកូនប្រុសអ្នក គឺអ៊ីសាក ជាកូនប្រុសតែមួយគត់របស់អ្នកដែល អ្នកស្រឡាញ់ រួចយកទៅឯស្រុកម៉ូរីយ៉ា ហើយថ្វាយវាជាតង្វាយដុតនៅលើភ្នំមួយ ដែលខ្ញុំនឹងប្រាប់ដល់អ្នក។ រួចអ័ប្រាហាំក៏ក្រោកឡើងពីព្រឹកព្រលឹម ហើយដាក់កែបលើខ្នងលារបស់គាត់ រួចនាំអ្នកបម្រើកម្លោះៗពីរនាក់ទៅជាមួយគាត់ ព្រមទាំងអ៊ីសាកជាកូនគាត់ផង រួចក៏ពុះអុសសម្រាប់រៀបចំតង្វាយដុត និងក្រោកឡើង ហើយចេញទៅកន្លែងដែលព្រះជាម្ចាស់មានបន្ទូលប្រាប់គាត់។

លោកុប្បត្តិ ២២:៩-១០ ពួកគេក៏មកដល់កន្លែងដែលព្រះជាម្ចាស់បានប្រាប់គាត់ រួចអ័ប្រាហាំក៏ស្អាងអាសនាមួយនៅទីនោះ ហើយរៀបអុសតាមលំដាប់ រួចចងអ៊ីសាកជាកូនរបស់គាត់ ហើយដាក់អ៊ីសាកលើអុសនៅលើអាសនានោះ។ រួចអ័ប្រាហាំក៏លូកដៃរបស់គាត់ ហើយយកកាំបិតបម្រុងសម្លាប់កូនរបស់គាត់។

កិច្ចការនៃការគ្រប់គ្រង និងកិច្ចការសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់ ផ្ដើមចេញពីការដែលលោកអ័ប្រាហាំថ្វាយអ៊ីសាកជាយញ្ញបូជា

ព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងទៅកាន់លោកអ័ប្រាហាំថា ទ្រង់នឹងប្រទានកូនប្រុសម្នាក់ឱ្យអ័ប្រាហាំក៏សម្រេចការពិត។ នេះមិនមែនមានន័យថា ផែនការរបស់ព្រះជាម្ចាស់បានបញ្ឈប់ត្រឹមនេះនោះទេ។ ផ្ទុយទៅវិញ ផែនការដ៏មហិមារបស់ព្រះជាម្ចាស់សម្រាប់ការគ្រប់គ្រង និងការសង្គ្រោះរបស់មនុស្សជាតិ ទើបតែចាប់ផ្ដើមប៉ុណ្ណោះ ចំណែកឯព្រះពរដែលទ្រង់ប្រទានកូនប្រុសម្នាក់ដល់អ័ប្រាហាំ គឺគ្រាន់តែជាការចាប់ផ្ដើមផែនការគ្រប់គ្រងជារួមរបស់ព្រះអង្គប៉ុណ្ណោះ។ នៅគ្រានោះ តើមាននរណាទៅដឹងថា សង្គ្រាមរវាងព្រះជាម្ចាស់និងសាតាំង បានចាប់ផ្ដើមដោយស្ងាត់ៗ នៅពេលដែលអ័ប្រាហាំបានថ្វាយអ៊ីសាកជាយញ្ញបូជាទៅ?

ព្រះជាម្ចាស់មិនខ្វល់ថាមនុស្សល្ងង់ខ្លៅឬអត់នោះទេ ទ្រង់គ្រាន់តែបង្គាប់ឱ្យគេស្មោះត្រង់ប៉ុណ្ណោះ

បន្ទាប់ទៅនេះ យើងនឹងមើលថាតើព្រះជាម្ចាស់បានធ្វើអ្វីខ្លះចំពោះលោកអ័ប្រាហាំ។ នៅក្នុងកណ្ឌគម្ពីរលោកុប្បត្តិ ២២:២ ព្រះជាម្ចាស់បានប្រទានសេចក្ដីបង្គាប់ដល់អ័ប្រាហាំ ដូចតទៅ៖ «ចូរយកកូនប្រុសអ្នក គឺអ៊ីសាក ជាកូនប្រុសតែមួយគត់របស់អ្នកដែលអ្នកស្រឡាញ់ រួចយកទៅឯស្រុកម៉ូរីយ៉ា ហើយថ្វាយវាជាតង្វាយដុតនៅលើភ្នំមួយ ដែលខ្ញុំនឹងប្រាប់ដល់អ្នក»។ អត្ថន័យនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ច្បាស់លាស់ណាស់ គឺទ្រង់កំពុងមានបន្ទូលប្រាប់អ័ប្រាហាំឱ្យថ្វាយអ៊ីសាកជាកូនប្រុសតែម្នាក់គត់ដែលគាត់ស្រឡាញ់នោះ ជាតង្វាយដុត។ ក្រឡេកមកមើលពេលសព្វថ្ងៃនេះវិញ តើសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់នេះ នៅតែផ្ទុយពីសញ្ញាណរបស់មនុស្សដែរឬទេ? ផ្ទុយ! អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើនៅគ្រានោះ គឺផ្ទុយពីសញ្ញាណរបស់មនុស្ស ហើយមនុស្សមិនយល់ឡើយ។ នៅក្នុងសញ្ញាណរបស់មនុស្ស គេជឿដូច្នេះថា នៅពេលដែលមនុស្សមិនជឿ ហើយគិតថាមិនអាចទៅរួច នោះព្រះជាម្ចាស់ក៏ប្រទានកូនប្រុសម្នាក់ឱ្យគាត់ ហើយបន្ទាប់ពីគាត់បានកូនប្រុសម្នាក់ហើយ ព្រះជាម្ចាស់ក៏បង្គាប់ឱ្យគាត់ថ្វាយកូនប្រុសរបស់គាត់ជាយញ្ញបូជាទៅវិញ។ នេះពិតជាមិនគួរឱ្យជឿទាល់តែសោះ! តើព្រះជាម្ចាស់មានបំណងចង់ធ្វើអ្វីឱ្យប្រាកដទៅ? តើព្រះជាម្ចាស់មានចេតនាអ្វីឱ្យប្រាកដទៅ? ទ្រង់បានប្រទានកូនប្រុសម្នាក់ដល់អ័ប្រាហាំដោយឥតលក្ខខណ្ឌ តែទ្រង់ក៏បានបង្គាប់ឱ្យអ័ប្រាហាំថ្វាយតង្វាយដោយឥតលក្ខខណ្ឌវិញដែរ។ តើចំណុចនេះហួសហេតុដែរទេ? តាមទស្សនៈរបស់ភាគីទីបី រឿងនេះមិនត្រឹមតែហួសហេតុនោះទេ តែថែមទាំងជាករណី «បង្ករឿងឥតមូលហេតុ» ថែមទៀតផង។ ប៉ុន្តែ អ័ប្រាហាំផ្ទាល់ក៏មិនជឿថា ព្រះជាម្ចាស់បង្គាប់ច្រើនពេកនោះដែរ។ ទោះបីជាគាត់មានគំនិតផ្ទាល់ខ្លួនតិចតូចអំពីរឿងនេះ ហើយទោះបីជាគាត់សង្ស័យនឹងព្រះជាម្ចាស់បន្តិចក៏ដោយ ក៏គាត់នៅតែរៀបចំថ្វាយតង្វាយដដែល។ ត្រង់ចំណុចនេះ តើអ្នកឃើញអ្វីខ្លះដែលបង្ហាញថា អ័ប្រាហាំព្រមថ្វាយកូនប្រុសរបស់គាត់មែន? តើក្នុងឃ្លាទាំងនេះ ចង់បានន័យថាម៉េច? អត្ថបទដើម កត់ត្រាទុកដូចតទៅនេះថា៖ «រួចអ័ប្រាហាំក៏ក្រោកឡើងពីព្រឹកព្រលឹម ហើយដាក់កែបលើខ្នងលារបស់គាត់ រួចនាំអ្នកបម្រើកម្លោះៗពីរនាក់ទៅជាមួយគាត់ ព្រមទាំងអ៊ីសាកជាកូនគាត់ផង រួចក៏ពុះអុសសម្រាប់រៀបចំតង្វាយដុត និងក្រោកឡើង ហើយចេញទៅកន្លែងដែលព្រះជាម្ចាស់មានបន្ទូលប្រាប់គាត់» (លោកុប្បត្តិ ២២:៣)។ «ពួកគេក៏មកដល់កន្លែងដែលព្រះជាម្ចាស់បានប្រាប់គាត់ រួចអ័ប្រាហាំក៏ស្អាងអាសនាមួយនៅទីនោះ ហើយរៀបអុសតាមលំដាប់ រួចក៏ចងអ៊ីសាកជាកូនរបស់គាត់ ហើយដាក់អ៊ីសាកលើអុសនៅលើអាសនានោះ។ រួចអ័ប្រាហាំក៏លូកដៃរបស់គាត់ ហើយយកកាំបិតបម្រុងសម្លាប់កូនរបស់គាត់» (លោកុប្បត្តិ ២២:៩-១០)។ នៅពេលដែលអ័ប្រាហាំលូកដៃយកកាំបិតបម្រុងសម្លាប់កូនរបស់គាត់ តើព្រះជាម្ចាស់ទតឃើញពីទង្វើរបស់គាត់ដែរឬទេ? ទតឃើញ។ ដំណើររឿងទាំងមូល តាំងពីគ្រាដើមនៅពេលដែលព្រះជាម្ចាស់បង្គាប់ឱ្យអ័ប្រាហាំថ្វាយអ៊ីសាកជាយញ្ញបូជា រហូតដល់ពេលដែលលោកអ័ប្រាហាំលើកកាំបិតបម្រុងនឹងសម្លាប់កូនរបស់គាត់ បង្ហាញឱ្យព្រះជាម្ចាស់ឃើញពីដួងចិត្តរបស់អ័ប្រាហាំ ហើយទោះបីពីមុន គាត់ល្ងីល្ងើ ល្ងង់ខ្លៅ និងយល់ខុសចំពោះព្រះជាម្ចាស់យ៉ាងណាក៏ដោយ ក៏នៅពេលនោះ ដួងចិត្តដែលអ័ប្រាហាំចំពោះព្រះជាម្ចាស់ ជាដួងចិត្តស្មោះត្រង់ពិតប្រាកដ ហើយគាត់ពិតជាបម្រុងនឹងថ្វាយអ៊ីសាក ជាកូនប្រុសដែលព្រះជាម្ចាស់ប្រទានមកឱ្យគាត់ ទៅព្រះជាម្ចាស់វិញមែន។ ព្រះជាម្ចាស់ទតឃើញថា គាត់មានការស្ដាប់បង្គាប់ ជាការស្ដាប់បង្គាប់ដែលព្រះអង្គសព្វព្រះទ័យចង់បានណាស់។

ចំពោះមនុស្ស ព្រះជាម្ចាស់ធ្វើកិច្ចការជាច្រើនដែលរកយល់មិនបាន និងរកជឿមិនបាន។ នៅពេលដែលព្រះជាម្ចាស់ចង់ចាត់ចែងនរណាម្នាក់ ការចាត់ចែងនោះតែងតែផ្ទុយពីសញ្ញាណរបស់មនុស្ស ហើយមនុស្សរកយល់មិនបាន តែភាពមិនចុះសម្រុង និងលក្ខណៈដែលយល់មិនបាននោះហើយ ដែលជាការល្បងល និងជាការពិសោធរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ចំណែកឯអ័ប្រាហាំវិញ គាត់អាចបង្ហាញពីការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់នៅក្នុងខ្លួនគាត់ ដែលជាលក្ខខណ្ឌមូលដ្ឋានគ្រឹះដ៏សំខាន់ដែលគាត់អាចបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បាន។ ទាល់តែពេលដែលអ័ប្រាហាំអាចស្ដាប់បង្គាប់តាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ទាល់តែពេលដែលគាត់ថ្វាយអ៊ីសាក ទើបព្រះជាម្ចាស់មានអារម្មណ៍ជឿទុកចិត្តប្រាកដ និងសព្វព្រះហឫទ័យចំពោះមនុស្សជាតិ ពោលគឺចំពោះអ័ប្រាហាំ ជាមនុស្សដែលព្រះអង្គបានរើសតាំង។ ទាល់តែនៅពេលនោះ ទើបព្រះជាម្ចាស់ប្រាកដថា មនុស្សម្នាក់ដែលទ្រង់បានរើសតាំងនេះ គឺជាអ្នកដឹកនាំដ៏សំខាន់ម្នាក់ដែលអាចបំពេញសេចក្ដីសន្យារបស់ទ្រង់បាន និងអាចអនុវត្តផែនការគ្រប់គ្រប់របស់ទ្រង់ជាបន្តបន្ទាប់បាន។ ទោះបីវាត្រឹមជាការល្បងល និងការពិសោធក៏ដោយ ក៏ព្រះជាម្ចាស់មានអារម្មណ៍សព្វព្រះទ័យដែរ ទ្រង់ជ្រាបពីសេចក្ដីស្រឡាញ់របស់មនុស្សចំពោះទ្រង់ ហើយទ្រង់ត្រូវមនុស្សកម្សាន្តព្រះទ័យ ដែលពីមុនមក ទ្រង់មិនដែលមានអារម្មណ៍បែបនេះឡើយ។ ក្នុងវេលាដែលអ័ប្រាហាំលើកកាំបិតបម្រុងនឹងសម្លាប់អ៊ីសាក តើព្រះជាម្ចាស់បានឃាត់គាត់ដែរឬទេ? ព្រះជាម្ចាស់មិនបានឱ្យអ័ប្រាហាំថ្វាយអ៊ីសាកទេ ដ្បិតព្រះជាម្ចាស់ពុំមានចេតនាចង់យកជីវិតអ៊ីសាកឡើយ។ ដូច្នេះ ព្រះជាម្ចាស់ក៏បានបញ្ឈប់អ័ប្រាហាំទាន់ពេល។ ចំពោះព្រះជាម្ចាស់ ការស្ដាប់បង្គាប់របស់អ័ប្រាហាំបានជាប់ការសាកល្បងហើយ អ្វីដែលគាត់បានធ្វើ គឺគ្រប់គ្រាន់ ហើយព្រះជាម្ចាស់ក៏បានទតឃើញពីលទ្ធផលនៃកិច្ចការដែលទ្រង់មានចេតនានឹងធ្វើនោះដែរ។ តើលទ្ធផលនេះគាប់ព្រះទ័យព្រះជាម្ចាស់ដែរឬទេ? អាចនិយាយបានថា លទ្ធផលនេះ គាប់ព្រះទ័យព្រះជាម្ចាស់ ជាលទ្ធផលដែលព្រះជាម្ចាស់សព្វព្រះទ័យចង់បាន ហើយជាអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យចង់ឃើញជាយូរមកហើយ។ តើនេះជាការពិតទេ? ទោះបីព្រះជាម្ចាស់ប្រើវិធីខុសៗគ្នាក្នុងបរិបទផ្សេងៗគ្នា ដើម្បីសាកល្បងមនុស្សម្នាក់ៗក៏ដោយ ក៏ទ្រង់បានទតឃើញអ្វីដែលទ្រង់សព្វព្រះទ័យចង់ឃើញតាមរយៈទង្វើរបស់អ័ប្រាហាំដែរ ទ្រង់ទតឃើញថា ដួងចិត្តរបស់អ័ប្រាហាំ ជាដួងចិត្តពិត ហើយការស្ដាប់បង្គាប់របស់គាត់ ឥតលក្ខខណ្ឌនោះទេ។ ច្បាស់ណាស់ថា ព្រះជាម្ចាស់សព្វព្រះទ័យចង់បានអ្វីដែល «ឥតលក្ខខណ្ឌ» បែបនេះ។ មនុស្សតែងពោលជារឿយៗថា៖ «ខ្ញុំបានថ្វាយតង្វាយនេះហើយ ខ្ញុំបានថ្វាយតង្វាយនោះហើយ ហេតុអ្វីបានជាព្រះជាម្ចាស់នៅតែមិនសព្វព្រះទ័យនឹងខ្ញុំទៀត? ហេតុអ្វីបានជាទ្រង់នៅតែល្បងលខ្ញុំទៀត? ហេតុអ្វីបានជាទ្រង់នៅតែបន្តសាកល្បងខ្ញុំទៀត?» ចំណុចនេះបង្ហាញពីការពិតមួយថា៖ ព្រះជាម្ចាស់មិនទាន់បានទតឃើញពីដួងចិត្តរបស់អ្នក និងមិនទាន់ទទួលបានដួងចិត្តរបស់អ្នកនៅឡើយទេ។ នេះមានន័យថា ទ្រង់មិនទាន់បានទតឃើញពីភាពស្មោះត្រង់ ដូចគ្រាដែលអ័ប្រាហាំអាចលើកកាំបិតបម្រុងនឹងសម្លាប់កូនគាត់ដោយផ្ទាល់ដៃ និងថ្វាយកូននោះដល់ព្រះជាម្ចាស់នៅឡើយទេ។ ទ្រង់មិនទាន់បានទតឃើញការស្ដាប់បង្គាប់ឥតលក្ខខណ្ឌរបស់អ្នកនៅឡើយទេ ហើយទ្រង់ក៏មិនទទួលបានការកម្សាន្តព្រះទ័យពីអ្នកដែរ។ ដូច្នេះ នេះជារឿងធម្មតាទេ ដែលព្រះជាម្ចាស់នៅតែសាកល្បងអ្នកនោះ។ តើនេះមិនមែនជាការពិតទេឬអី?

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៤

សេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះលោកអ័ប្រាហាំ (អត្ថបទសម្រាំង)

លោកុប្បត្តិ ២២:១៦-១៨ ព្រះយេហូវ៉ាមានបន្ទូលថា ខ្ញុំបានស្បថដោយនាមរបស់ខ្ញុំហើយ ដោយព្រោះតែឯងបានធ្វើដូច្នេះ ហើយមិនបានសំចៃទុកកូនប្រុសតែមួយរបស់អ្នក គឺជាកូនប្រុសតែម្នាក់គត់នោះ៖ ដើម្បីឱ្យមានព្រះពរ នោះខ្ញុំនឹងប្រទានពរដល់អ្នក ហើយចំពោះការចម្រើនឡើងវិញ ខ្ញុំនឹងពហុគុណដល់ពូជអ្នកដូចជាផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ហើយពូជអ្នកនឹងគ្រប់គ្រងទ្វារនៃពួកខ្មាំងសត្រូវរបស់គេ។ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ ដោយសារពូជអ្នក ដ្បិតអ្នកបានស្ដាប់តាមព្រះសូរសៀងរបស់ខ្ញុំ។

នេះជារឿងរ៉ាវទាំងស្រុងអំពីការដែលព្រះជាម្ចាស់ប្រទានពរដល់អ័ប្រាហាំ។ ទោះបីជារឿងនេះខ្លីបន្តិច ប៉ុន្តែវាមានខ្លឹមសារពេញលេញ៖ វារួមបញ្ចូលទាំងមូលហេតុ និងសាវតារដែលព្រះជាម្ចាស់ប្រទានអំណោយដល់អ័ប្រាហាំ ព្រមទាំងអ្វីដែលព្រះអង្គបានប្រទានឱ្យគាត់ផងដែរ។ រឿងនេះក៏ពោរពេញទៅដោយសេចក្ដីអំណរ និងភាពសប្បាយរីករាយផងដែរ ដោយសារតែព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងចេញមកទាំងអស់នោះ ព្រមទាំងតម្រូវការជាបន្ទាន់ដែលព្រះអង្គសព្វព្រះទ័យចង់បានមនុស្សដែលអាចស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់បាន។ នៅក្នុងរឿងនេះ យើងឃើញពីព្រះទ័យស្រឡាញ់ និងភាពទន់ភ្លន់របស់ព្រះជាម្ចាស់ចំពោះមនុស្សដែលស្ដាប់បង្គាប់តាមព្រះបន្ទូលទ្រង់ និងធ្វើតាមសេចក្ដីបង្គាប់របស់ព្រះអង្គផង។ យើងក៏បានមើលឃើញផងដែរពីតម្លៃដែលទ្រង់បានលះបង់ ដើម្បីទទួលបានមនុស្ស ព្រមទាំងព្រះទ័យខ្វាយខ្វល់ និងព្រះតម្រិះដែលទ្រង់គិតដើម្បីទទួលបានពួកគេផង។ លើសពីនេះទៅទៀត អត្ថបទនេះមានឃ្លាថា «ខ្ញុំបានស្បថដោយនាមរបស់ខ្ញុំហើយ» ដែលធ្វើឱ្យយើងមានអារម្មណ៍ដឹងច្បាស់ពីភាពល្វីងជូរចត់ និងការឈឺចាប់ដែលព្រះជាម្ចាស់ស៊ូទ្រាំតែមួយព្រះអង្គឯង នៅពីក្រោយកិច្ចការនៃផែនការគ្រប់គ្រងរបស់ព្រះអង្គនេះ។ អត្ថបទនេះ ជាអត្ថបទបំផុសគំនិតមួយ និងជាអត្ថបទដែលមានសារៈសំខាន់ ជាពិសេសសម្រាប់អ្នកដែលដេញតាម ហើយក៏មានឥទ្ធិពលយ៉ាងខ្លាំងលើពួកគេផងដែរ។

មនុស្សទទួលបានព្រះពរពីព្រះជាម្ចាស់ ដោយសារភាពស្មោះត្រង់ និងការស្ដាប់បង្គាប់របស់គេ

តើព្រះពរដែលព្រះជាម្ចាស់បានប្រទានឱ្យអ័ប្រាហាំ ដែលយើងបានអាននៅក្នុងអត្ថបទនេះ អស្ចារ្យដែរឬទេ? តើអស្ចារ្យបែបណា? មានប្រយោគដ៏សំខាន់មួយនៅទីនេះ៖ «ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ ដោយសារពូជអ្នក»។ ប្រយោគនេះបង្ហាញថា អ័ប្រាហាំបានទទួលព្រះពរ ដែលពុំធ្លាប់បានប្រទានដល់នរណាម្នាក់ តាំងពីមុន និងក្រោយសម័យរបស់គាត់ឡើយ។ នៅពេលដែលអ័ប្រាហាំ បានសងកូនប្រុសតែមួយគត់របស់គាត់ ជាកូនប្រុសសំណព្វចិត្តតែមួយគត់របស់គាត់ថ្វាយដល់ព្រះជាម្ចាស់វិញ តាមដែលព្រះជាម្ចាស់បង្គាប់មកនោះ (ក្នុងន័យនេះ យើងមិនអាចប្រើពាក្យថា «ថ្វាយជាតង្វាយ» បានទេ យើងគួរតែប្រើពាក្យថា សងកូនប្រុសរបស់គាត់ទៅព្រះជាម្ចាស់វិញ) ព្រះជាម្ចាស់មិនត្រឹមតែមិនអនុញ្ញាតឱ្យអ័ប្រាហាំថ្វាយអ៊ីសាកជាតង្វាយប៉ុណ្ណោះទេ តែព្រះអង្គថែមទាំងប្រទានពរដល់គាត់ថែមទៀតផង។ តើព្រះអង្គសន្យាប្រទានពរអ្វីខ្លះដល់អ័ប្រាហាំ? ព្រះអង្គបានប្រទានពរដល់គាត់ដោយសន្យានឹងបង្កើនពូជពង្សរបស់គាត់ជាពហុគុណ។ ហើយតើពួកគេនឹងកើនចំនួនជាពហុគុណនោះច្រើនប៉ុនណា? បទគម្ពីរមានកត់ត្រាទុកដូចតទៅនេះថា៖ «ដូចជាផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ហើយពូជអ្នកនឹងគ្រប់គ្រងទ្វារនៃពួកខ្មាំងសត្រូវរបស់គេ។ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ»។ តើព្រះជាម្ចាស់ថ្លែងព្រះបន្ទូលទាំងនេះក្នុងបរិបទអ្វី? និយាយឱ្យចំ តើលោកអ័ប្រាហាំបានទទួលព្រះពរពីព្រះជាម្ចាស់ដោយវិធីណា? គាត់បានទទួលព្រះពរនេះ ដូចដែលព្រះជាម្ចាស់មានបន្ទូលនៅក្នុងបទគម្ពីរថា៖ «ដ្បិតអ្នកបានស្ដាប់តាមព្រះសូរសៀងរបស់ខ្ញុំ»។ នេះមានន័យថា ដោយសារតែអ័ប្រាហាំបានធ្វើតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ដោយសារតែគាត់បានធ្វើគ្រប់យ៉ាងតាមបន្ទូល និងសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ដោយគ្មានត្អូញត្អែរបន្តិចណាសោះ ដូច្នេះ ព្រះជាម្ចាស់ក៏បានសន្យាបែបនេះចំពោះគាត់។ មានឃ្លាសំខាន់មួយនៅក្នុងសេចក្ដីសន្យានេះ ដែលពាល់ដល់ព្រះតម្រិះរបស់ព្រះជាម្ចាស់នៅពេលនោះ។ តើអ្នករាល់គ្នាបានមើលឃើញទេ? អ្នករាល់គ្នាប្រហែលជាមិនបានយកចិត្តទុកដាក់ខ្លាំងទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា «ខ្ញុំបានស្បថដោយនាមរបស់ខ្ញុំហើយ»។ អត្ថន័យនៃបន្ទូលនេះគឺ នៅពេលដែលព្រះជាម្ចាស់ថ្លែងព្រះបន្ទូលនេះចេញមក គឺទ្រង់ស្បថដោយនាមរបស់ទ្រង់ផ្ទាល់។ នៅពេលដែលមនុស្សស្បថ តើគេយកអ្វីមកស្បថ? គេយកស្ថានសួគ៌មកស្បថ មានន័យថា ពួកគេស្បថចំពោះព្រះជាម្ចាស់ ហើយយកព្រះជាម្ចាស់មកស្បថ។ មនុស្សប្រហែលជាពុំមានការយល់ដឹងច្រើនអំពីហេតុការណ៍នៃការដែលព្រះជាម្ចាស់ស្បថដោយនាមរបស់ទ្រង់នោះឡើយ ប៉ុន្តែអ្នករាល់គ្នានឹងអាចយល់បាន នៅពេលដែលខ្ញុំផ្ដល់ការបកស្រាយដ៏ត្រឹមត្រូវឱ្យអ្នករាល់គ្នាស្ដាប់។ ព្រះជាម្ចាស់មានអារម្មណ៍ឯកោ និងអារម្មណ៍មិនប្រាកដប្រជាម្ដងទៀត នៅពេលដែលទ្រង់ប្រឈមនឹងមនុស្សម្នាក់ ដែលអាចស្ដាប់ឮព្រះបន្ទូលទ្រង់បាន តែមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ អាចនិយាយបានថា ព្រះអង្គបានធ្វើរឿងធម្មតាបំផុតទាំងមិនដឹងខ្លួន និងដោយក្ដីអស់សង្ឃឹម៖ ព្រះជាម្ចាស់បានដាក់ព្រះហស្តលើព្រះឱរាទ្រង់ ហើយថ្លែងបន្ទូលនឹងអង្គទ្រង់ នៅពេលកំពុងប្រទានសេចក្ដីសន្យានេះទៅអ័ប្រាហាំ ហើយតាមរយៈនេះ មនុស្សបានឮព្រះជាម្ចាស់មានព្រះបន្ទូលថា «ខ្ញុំបានស្បថដោយនាមរបស់ខ្ញុំហើយ»។ តាមរយៈសកម្មភាពរបស់ព្រះជាម្ចាស់ អ្នកប្រហែលជាគិតពីខ្លួនអ្នកហើយ។ នៅពេលដែលអ្នកដាក់ដៃលើទ្រូងខ្លួនឯង ហើយនិយាយនៅក្នុងចិត្ត តើអ្នកដឹងច្បាស់ទេថា អ្នកកំពុងនិយាយពីអ្វីខ្លះ? តើអាកប្បកិរិយារបស់អ្នកស្មោះត្រង់ដែរឬទេ? តើអ្នកនិយាយដោយស្មោះត្រង់ចេញពីចិត្តរបស់អ្នកដែរឬទេ? ដូច្នេះ ត្រង់ចំណុចនេះ យើងឃើញថា នៅពេលដែលព្រះជាម្ចាស់មានបន្ទូលទៅកាន់អ័ប្រាហាំ ទ្រង់មានបន្ទូលដោយស្មោះត្រង់ និងឥតលាក់លៀមឡើយ។ នៅក្នុងពេលដែលកំពុងមានបន្ទូល និងប្រទានពរដល់អ័ប្រាហាំ ព្រះជាម្ចាស់ក៏កំពុងមានបន្ទូលទៅកាន់អង្គទ្រង់ផងដែរ។ ទ្រង់កំពុងមានបន្ទូលប្រាប់អង្គទ្រង់ថា៖ ខ្ញុំនឹងប្រទានពរដល់អ័ប្រាហាំ ហើយធ្វើឱ្យកូនចៅរបស់គាត់មានចំនួនច្រើនដូចផ្កាយនៅលើមេឃ និងច្រើនដូចជាខ្សាច់នៅមាត់សមុទ្រដែរ ដ្បិតគាត់បានស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ខ្ញុំ ហើយគាត់គឺជាមនុស្សម្នាក់ដែលខ្ញុំបានរើសតាំង។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំបានស្បថដោយនាមរបស់ខ្ញុំហើយ» ព្រះជាម្ចាស់បានតាំងព្រះទ័យថា តាមរយៈអ័ប្រាហាំ ទ្រង់នឹងបង្កើតរាស្ត្ររើសតាំងនៃស្រុកអ៊ីស្រាអែល បន្ទាប់មក ទ្រង់នឹងដឹកនាំមនុស្សទាំងនេះទៅមុខយ៉ាងឆាប់រហ័សតាមរយៈកិច្ចការរបស់ទ្រង់។ មានន័យថា ព្រះជាម្ចាស់នឹងធ្វើឱ្យកូនចៅរបស់អ័ប្រាហាំ ទទួលយកកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ ហើយអ្វីដែលសម្ដែងចេញតាមរយៈព្រះជាម្ចាស់ នឹងត្រូវចាប់ផ្ដើមពីលោកអ័ប្រាហាំនេះទៅ ហើយបន្តនៅក្នុងចំណោមកូនចៅរបស់អ័ប្រាហាំផង ហេតុនេះហើយក៏សម្រេចតាមបំណងប្រាថ្នារបស់ទ្រង់ក្នុងការសង្គ្រោះមនុស្ស។ អ្វីដែលអ្នករាល់គ្នានិយាយនេះ តើមិនមែនជាព្រះពរទេឬអី? ចំពោះមនុស្សវិញ គ្មានព្រះពរណាធំជាងនេះទៀតឡើយ។ អាចនិយាយបានថា នេះគឺជាការព្រះពរធំបំផុតហើយ។ ព្រះពរដែលអ័ប្រាហាំបានទទួល មិនមែនជាការបង្កើនចំនួនកូនចៅរបស់គាត់ជាពហុគុណនោះទេ ប៉ុន្តែជាការដែលព្រះជាម្ចាស់សម្រេចការគ្រប់គ្រងរបស់ទ្រង់ សម្រេចបញ្ជាបេសកកម្មរបស់ទ្រង់ និងសម្រេចកិច្ចការរបស់ទ្រង់ក្នុងចំណោមកូនចៅរបស់អ័ប្រាហាំវិញទេ។ នេះមានន័យថា ព្រះពរដែលអ័ប្រាហាំទទួលបាន មិនមែនជាព្រះពរបណ្ដោះអាសន្ននោះទេ តែបន្តជាប់រហូត នៅពេលដែលផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ចម្រើនទៅមុខ។ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល នៅពេលដែលព្រះជាម្ចាស់ស្បថដោយនាមរបស់ទ្រង់ គឺទ្រង់បានធ្វើការតាំងព្រះទ័យជាស្រេចហើយ។ តើដំណើរនៃការតាំងព្រះទ័យនេះពិតដែរឬទេ? តើជារឿងពិតដែរឬទេ? ព្រះជាម្ចាស់បានតាំងព្រះទ័យថា ចាប់ពីពេលនេះតទៅ ការប្រឹងប្រែងរបស់ទ្រង់ តម្លៃដែលទ្រង់បានលះបង់ អ្វីជាកម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់ របស់សព្វសារពើរបស់ទ្រង់ ហើយសូម្បីតែព្រះជន្មទ្រង់ផង នឹងត្រូវប្រទានទៅឱ្យអ័ប្រាហាំ និងកូនចៅរបស់អ័ប្រាហាំទាំងអស់។ ព្រះជាម្ចាស់ក៏តាំងព្រះទ័យផងដែរថា ចាប់ពីមនុស្សមួយក្រុមនេះតទៅ ព្រះអង្គនឹងបើកបង្ហាញពីកិច្ចការរបស់ទ្រង់ និងអនុញ្ញាតឱ្យមនុស្សមើលឃើញពីព្រះប្រាជ្ញាញាណ សិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៥

សេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះលោកអ័ប្រាហាំ (អត្ថបទសម្រាំង)

លោកុប្បត្តិ ២២:១៦-១៨ ព្រះយេហូវ៉ាមានបន្ទូលថា ខ្ញុំបានស្បថដោយនាមរបស់ខ្ញុំហើយ ដោយព្រោះតែឯងបានធ្វើដូច្នេះ ហើយមិនបានសំចៃទុកកូនប្រុសតែមួយរបស់អ្នក គឺជាកូនប្រុសតែម្នាក់គត់នោះ៖ ដើម្បីឱ្យមានព្រះពរ នោះខ្ញុំនឹងប្រទានពរដល់អ្នក ហើយចំពោះការចម្រើនឡើងវិញ ខ្ញុំនឹងពហុគុណដល់ពូជអ្នកដូចជាផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ហើយពូជអ្នកនឹងគ្រប់គ្រងទ្វារនៃពួកខ្មាំងសត្រូវរបស់គេ។ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ ដោយសារពូជអ្នក ដ្បិតអ្នកបានស្ដាប់តាមព្រះសូរសៀងរបស់ខ្ញុំ។

ការទទួលបានមនុស្សដែលស្គាល់ព្រះជាម្ចាស់ និងអាចធ្វើបន្ទាល់អំពីព្រះអង្គបាន គឺជាបំណងប្រាថ្នាឥតប្រែប្រួលរបស់ព្រះជាម្ចាស់

ក្នុងពេលដែលទ្រង់កំពុងមានព្រះបន្ទូលក្នុងព្រះទ័យនោះ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលទៅកាន់អ័ប្រាហាំដែរ ប៉ុន្តែ ក្រៅពីការស្ដាប់ឮព្រះពរដែលព្រះជាម្ចាស់បានប្រទានឱ្យគាត់ហើយ តើអ័ប្រាហាំអាចយល់ពីបំណងប្រាថ្នាពិតប្រាកដរបស់ព្រះជាម្ចាស់នៅគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់ ក្នុងពេលនោះទេ? គាត់មិនអាចយល់បានទេ! ហេតុនេះហើយបានជានៅពេលនោះ ពេលដែលព្រះជាម្ចាស់ស្បថដោយនាមរបស់ទ្រង់ ព្រះហឫទ័យរបស់ទ្រង់នៅតែឯកោ និងពេញដោយទុក្ខព្រួយដដែល។ នៅតែគ្មានមនុស្សណាម្នាក់អាចយល់ ឬដឹងពីអ្វីដែលទ្រង់បម្រុងនឹងធ្វើ និងគ្រោងនឹងធ្វើនោះទេ។ នៅគ្រានោះ ពុំមាននរណាម្នាក់ សូម្បីតែលោកអ័ប្រាហាំក៏មិនអាចនិយាយទៅកាន់ព្រះអង្គដោយភាពជឿជាក់ដែរ ហើយក៏គ្មាននរណាម្នាក់អាចសហការជាមួយទ្រង់បាននៅក្នុងការបំពេញកិច្ចការដែលទ្រង់ត្រូវតែធ្វើនោះដែរ។ សម្បកក្រៅ ព្រះជាម្ចាស់ទទួលបានលោកអ័ប្រាហាំហើយ ជាមនុស្សម្នាក់ដែល អាចស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ទ្រង់បាន។ ប៉ុន្តែតាមពិត ចំណេះដឹងរបស់មនុស្សម្នាក់នេះអំពីព្រះជាម្ចាស់ ស្ទើរតែគ្មានសោះឡើយ។ ទោះបីព្រះជាម្ចាស់បានប្រទានពរដល់អ័ប្រាហាំក៏ដោយ ក៏នៅមិនទាន់បំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅឡើយដែរ។ តើមិនទាន់បំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់ មានន័យដូចម្ដេច? មានន័យថា ការគ្រប់គ្រងរបស់ព្រះអង្គទើបតែចាប់ផ្ដើមប៉ុណ្ណោះ មានន័យថា មនុស្សដែលទ្រង់ចង់ទទួលបាន មនុស្សដែលទ្រង់ទន្ទឹងចង់ឃើញ មនុស្សដែលទ្រង់ស្រឡាញ់ គឺនៅឆ្ងាយពីទ្រង់ដដែល។ ទ្រង់ត្រូវការពេលវេលា ទ្រង់ត្រូវរង់ចាំ ហើយទ្រង់ត្រូវអត់ធ្មត់។ ដ្បិតនៅពេលនោះ ក្រៅពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គ្មាននរណាម្នាក់ដឹងថា ទ្រង់ត្រូវការអ្វី ទ្រង់ប្រាថ្នាចង់ទទួលបានអ្វី ឬទ្រង់ទន្ទឹងចង់បានអ្វីនោះទេ។ ដូច្នេះ ក្នុងពេលដែលព្រះជាម្ចាស់មានព្រះទ័យអរសប្បាយនោះ ទ្រង់ក៏មានអារម្មណ៍មិនសប្បាយព្រះទ័យផងដែរ។ ប៉ុន្តែ ព្រះអង្គមិនបានផ្អាកជំហានរបស់ទ្រង់ឡើយ ហើយទ្រង់នៅតែបន្តធ្វើផែនការនៃកិច្ចការដែលទ្រង់ត្រូវធ្វើក្នុងជំហានបន្ទាប់ទៀតដដែល។

នៅក្នុងសេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះអ័ប្រាហាំ តើអ្នករាល់គ្នាមើលឃើញពីអ្វីដែរ? ព្រះជាម្ចាស់បានប្រទានពរលើសលប់ដល់អ័ប្រាហាំ ដោយគ្រាន់តែគាត់ស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ថ្វីបើមើលពីសម្បកក្រៅ រឿងនេះហាក់ដូចជារឿងធម្មតាក៏ពិតមែន ក៏ប៉ុន្តែ ក្នុងនោះ យើងមើលឃើញពីព្រះទ័យរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់ឱ្យតម្លៃជាពិសេសដល់ការស្ដាប់បង្គាប់របស់មនុស្សចំពោះទ្រង់ ហើយសព្វព្រះទ័យនឹងការយល់ដឹង និងភាពស្មោះត្រង់របស់មនុស្សចំពោះព្រះអង្គ។ តើព្រះជាម្ចាស់ពេញព្រះទ័យនឹងភាពស្មោះត្រង់នេះខ្លាំងប៉ុនណា? អ្នករាល់គ្នាប្រហែលជាមិនដឹងទេថា ព្រះអង្គពេញព្រះទ័យនឹងសេចក្ដីនេះខ្លាំងប៉ុនណានោះ ហើយក៏ប្រហែលជាគ្មាននរណាម្នាក់ដឹងរឿងនេះដែរ។ ព្រះជាម្ចាស់បានប្រទានកូនប្រុសម្នាក់ដល់អ័ប្រាហាំ ហើយនៅពេលដែលកូននោះធំឡើង ព្រះជាម្ចាស់ក៏បង្គាប់ឱ្យអ័ប្រាហាំថ្វាយកូនប្រុសម្នាក់នោះជាតង្វាយដល់ព្រះជាម្ចាស់។ អ័ប្រាហាំបានធ្វើតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ គាត់ស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយភាពស្មោះត្រង់របស់គាត់ បានធ្វើឱ្យព្រះជាម្ចាស់រំភើបព្រះទ័យ ហើយព្រះជាម្ចាស់ក៏ឱ្យតម្លៃដែរ។ តើព្រះជាម្ចាស់ឱ្យតម្លៃទង្វើនោះខ្លាំងប៉ុនណា? ហើយហេតុអ្វីបានជាព្រះជាម្ចាស់ឱ្យតម្លៃលើទង្វើនោះ? នៅគ្រាមួយដែលគ្មាននរណាម្នាក់អាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬយល់ពីព្រះទ័យរបស់ទ្រង់បាន អ័ប្រាហាំបានធ្វើរឿងមួយដែលធ្វើឱ្យកក្រើកមេឃ រញ្ជួយដី ហើយរឿងនេះក៏បានធ្វើឱ្យព្រះជាម្ចាស់មានអារម្មណ៍ពេញព្រះទ័យដែរ ដែលទ្រង់មិនធ្លាប់មានពីមុនមកសោះ និងបានធ្វើឱ្យព្រះជាម្ចាស់មានក្ដីអំណរក្នុងការទទួលបានមនុស្សម្នាក់ដែលអាចបង្គាប់ស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់។ ការពេញព្រះទ័យ និងក្ដីអំណរនេះ បានមកពីសត្តនិករមួយដែលព្រះជាម្ចាស់បានបង្កើតដោយព្រះហស្តរបស់ទ្រង់ផ្ទាល់ ហើយជា «យញ្ញបូជា» ដំបូង ដែលមនុស្សបានថ្វាយជាតង្វាយដល់ទ្រង់ ចាប់តាំងពីគ្រាដែលមនុស្សត្រូវបានបង្កើតមក ហើយក៏ជាទង្វើមួយដែលព្រះជាម្ចាស់ឱ្យតម្លៃបំផុតដែរ។ ព្រះជាម្ចាស់បានរង់ចាំយញ្ញបូជានេះយ៉ាងលំបាក ហើយទ្រង់បានចាត់ទុកវាជាអំណោយដ៏សំខាន់បំផុតនិងដំបូងគេបង្អស់ដែលទ្រង់ទទួលបានពីមនុស្សដែលទ្រង់បានបង្កើតមក។ ទង្វើនេះបង្ហាញដល់ព្រះជាម្ចាស់ពីផលដំបូងនៃការប្រឹងប្រែង និងជាផលនៃតម្លៃដែលទ្រង់បានលះបង់ ហើយធ្វើឱ្យទ្រង់ទតឃើញពីក្ដីសង្ឃឹមនៅក្នុងចំណោមមនុស្សជាតិ។ បន្ទាប់មក ព្រះជាម្ចាស់ក៏កាន់តែចង់បានមនុស្សបែបនេះមួយក្រុមទៀត ដើម្បីបានជាគ្នានឹងទ្រង់ ប្រព្រឹត្តដាក់ទ្រង់ដោយភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់ចំពោះទ្រង់ដោយភាពស្មោះត្រង់។ ព្រះជាម្ចាស់ថែមទាំងសង្ឃឹមថា លោកអ័ប្រាហានឹងរស់នៅបានយូរតទៅទៀត ដ្បិតទ្រង់ចង់មានមនុស្សដែលមានចិត្តដូចអ័ប្រាហាំអមដំណើរទ្រង់ ហើយនៅជាមួយទ្រង់ផង នៅពេលទ្រង់បន្តកិច្ចការគ្រប់គ្រងរបស់ទ្រង់តទៅមុខទៀត។ មិនថាព្រះជាម្ចាស់សព្វព្រះទ័យចង់បានអ្វីក៏ដោយ ក៏នោះគ្រាន់តែជាក្ដីប្រាថ្នាមួយ គ្រាន់តែជាព្រះតម្រិះមួយប៉ុណ្ណោះ ដ្បិតអ័ប្រាហាំ គ្រាន់តែជាមនុស្សម្នាក់ដែលអាចស្ដាប់បង្គាប់តាមទ្រង់ តែគ្មានការយល់ដឹង ឬពុំស្គាល់ពីព្រះជាម្ចាស់សូម្បីតែបន្តិចសោះឡើយ។ អ័ប្រាហាំ ជាមនុស្សម្នាក់ដែលខ្វះខាត មិនគ្រប់តាមក្បួនខ្នាតនៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សទេ មានដូចជា ការស្គាល់ព្រះជាម្ចាស់ ការអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងការដែលមានចិត្តគំនិតតែមួយនឹងទ្រង់។ ដូច្នេះ អ័ប្រាហាំមិនអាចដើរជាមួយព្រះជាម្ចាស់បានឡើយ។ ក្នុងការដែលអ័ប្រាហាំថ្វាយអ៊ីសាកជាតង្វាយយញបូជា ព្រះជាម្ចាស់បានទតឃើញពីភាពស្មោះត្រង់ និងការស្ដាប់បង្គាប់របស់អ័ប្រាហាំ និងបានទតឃើញថា គាត់អាចទ្រាំនឹងការសាកល្បងរបស់ព្រះជាម្ចាស់ចំពោះគាត់បាន។ ទោះបីជាព្រះជាម្ចាស់បានទទួលភាពស្មោះត្រង់ និងការស្ដាប់បង្គាប់របស់គាត់ក៏ពិតមែន ក៏ប៉ុន្តែគាត់នៅតែមិនស័ក្ដិសមនឹងធ្វើជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ដដែល មិនស័ក្តិសមនឹងធ្វើជាមនុស្សដែលស្គាល់និងយល់ពីព្រះជាម្ចាស់ និងជាមនុស្សដែលស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ឡើយ រឹតតែមិនស័ក្តិសមនឹងធ្វើជាមនុស្សដែលមានចិត្តគំនិតតែមួយជាមួយព្រះជាម្ចាស់ និងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៀត។ ដូច្នេះ ក្នុងព្រះហឫទ័យរបស់ទ្រង់ ព្រះជាម្ចាស់នៅតែឯកោ នៅតែខ្វល់ព្រះទ័យដដែល។ កាលណាព្រះជាម្ចាស់កាន់តែឯកោ និងខ្វល់ព្រះទ័យខ្លាំងឡើង នោះទ្រង់ក៏រឹតតែត្រូវបន្តកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់ឱ្យបានឆាប់ និងដើម្បីអាចរើសតាំង ព្រមទាំងទទួលបានមនុស្សមួយក្រុម ដើម្បីសម្រេចផែនការគ្រប់គ្រងរបស់ទ្រង់ និងសម្រេចបំណងព្រះហឫទ័យរបស់ទ្រង់ឱ្យបានកាន់តែឆាប់ផងដែរ។ នេះគឺជាសេចក្ដីប្រាថ្នាចង់បានខ្លាំងបំផុតរបស់ព្រះជាម្ចាស់ ហើយសេចក្ដីប្រាថ្នានេះ ក៏នៅតែមិនប្រែប្រួលតាំងពីគ្រាដំបូងដរាបដល់សព្វថ្ងៃនេះដែរ។ ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សនៅគ្រាដំបូងមក ព្រះជាម្ចាស់សព្វព្រះទ័យចង់បានក្រុមអ្នកមានជ័យជម្នះមួយក្រុម ជាក្រុមដែលនឹងដើរជាមួយទ្រង់ ហើយអាចយល់ ស្គាល់ និងដឹងពីនិស្ស័យរបស់ទ្រង់បាន។ សេចក្ដីប្រាថ្នារបស់ព្រះជាម្ចាស់នេះ មិនដែលប្រែប្រួលឡើយ។ ទោះបីជាទ្រង់ត្រូវរង់ចាំយូរយ៉ាងណា ទោះបីជាផ្លូវខាងមុខលំបាកយ៉ាងណា ហើយទោះជាវត្ថុបំណងដែលព្រះអង្គចង់បាននោះនៅឆ្ងាយខ្លាំងប៉ុនណាក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលផ្លាស់ប្ដូរ ឬបោះបង់ក្ដីរំពឹងដែលទ្រង់មានចំពោះមនុស្សដែរ។ ឥឡូវនេះដោយសារខ្ញុំបាននិយាយអំពីរឿងនេះរួចហើយ តើអ្នករាល់គ្នាដឹងពីបំណងប្រាថ្នារបស់ព្រះជាម្ចាស់ដែរឬទេ? ប្រហែលជាអ្វីដែលអ្នករាល់គ្នាបានដឹងនោះ មិនទាន់ជ្រាលជ្រៅនៅឡើយទេ តែវាគង់តែនឹងបានជ្រាលជ្រៅបន្តិចម្ដងៗទេ!

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៦

ព្រះជាម្ចាស់ត្រូវតែបំផ្លាញក្រុមសូដុម (អត្ថបទសម្រាំង)

លោកុប្បត្តិ ១៨:២៦ រួចព្រះយេហូវ៉ាមានបន្ទូលថា ប្រសិនបើខ្ញុំឃើញមានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុងសូដុម នោះខ្ញុំនឹងទុកជីវិតដល់មនុស្សអស់នៅក្នុងទីក្រុងនេះ ដោយយល់ដល់អ្នកទាំងនោះ។

លោកុប្បត្តិ ១៨:២៩ រួចលោកក៏ទូលទៅទ្រង់ម្ដងទៀត ហើយនិយាយថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែសែសិបនាក់ទេ។ រួចទ្រង់ក៏តបថា ខ្ញុំនឹងមិនធ្វើទោសគេទេ ដោយយល់ដល់មនុស្សសុចរិតសែសិបនាក់នោះ។

លោកុប្បត្តិ ១៨:៣០ រួចលោកទូលថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែសាមសិបនាក់ទេ។ រួចទ្រង់ក៏តបថា ខ្ញុំនឹងមិនធ្វើទោសគេទេ ដោយយល់ដល់មនុស្សសុចរិតសាមសិបនាក់នោះ។

លោកុប្បត្តិ ១៨:៣១ រួចលោកទូលថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែម្ភៃនាក់ទេ។ រួចទ្រង់ក៏តបថា ខ្ញុំនឹងមិនបំផ្លាញក្រុងនេះទេ ដោយយល់ដល់មនុស្សសុចរិតម្ភៃនាក់នោះ។

លោកុប្បត្តិ ១៨:៣២ រួចលោកទូលថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែដប់នាក់ទេ។ រួចទ្រង់ក៏តបថា ខ្ញុំនឹងមិនបំផ្លាញក្រុងនេះទេ ដោយយល់ដល់មនុស្សសុចរិតដប់នាក់នោះ។

ព្រះជាម្ចាស់យកព្រះទ័យទុកដាក់តែលើអ្នកណាដែលអាចស្ដាប់បង្គាប់តាមព្រះបន្ទូលទ្រង់ និងធ្វើតាមសេចក្ដីបង្គាប់របស់ទ្រង់ប៉ុណ្ណោះ

អត្ថបទខាងលើ មានពាក្យគន្លឹះជាច្រើន ដូចជាពាក់ព័ន្ធនឹងចំនួនលេខ។ ដំបូង ព្រះយេហូវ៉ាមានព្រះបន្ទូលថា ប្រសិនបើទ្រង់ឃើញមានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុង នោះទ្រង់នឹងទុកទីក្រុងទាំងមូល ដែលនេះមានន័យថា ទ្រង់នឹងមិនបំផ្លាញទីក្រុងនេះទេ។ តាមពិតទៅ តើមានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុមសូដុមទេ? គ្មាននោះទេ។ បន្តិចក្រោយមក តើលោកអ័ប្រាហាំទូលអ្វីខ្លះទៅព្រះជាម្ចាស់? គាត់ទូលថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែសែសិបទេ? រួចព្រះជាម្ចាស់មានបន្ទូលថា ខ្ញុំនឹងមិនបំផ្លាញក្រុងនេះទេ។ បន្ទាប់មក អ័ប្រាហាំទូលថា ប្រហែលជានៅទីនោះ មានមនុស្សសុរចិតតែសាមសិបនាក់ទេ? ព្រះជាម្ចាស់មានបន្ទូលថា ខ្ញុំនឹងមិនបំផ្លាញក្រុងនេះទេ។ បើមានតែម្ភៃនាក់? ខ្ញុំនឹងមិនបំផ្លាញទេ។ ចុះបើមានតែដប់នាក់? ខ្ញុំនឹងមិនបំផ្លាញទេ។ ការពិត តើមានមនុស្សសុចរិតដប់នាក់នៅក្នុងក្រុងនោះទេ? មិនមានដល់ដប់នាក់ឡើយ គឺមានតែម្នាក់ប៉ុណ្ណោះ។ ម្នាក់នោះគឺឡុត។ នៅពេលនោះ មានមនុស្សសុចរិតតែម្នាក់គត់នៅក្នុងក្រុងសូដុម ប៉ុន្តែ តើព្រះជាម្ចាស់តឹងតែង ឬដាច់ខាតពេកដែរឬទេ នៅពេលនិយាយដល់ចំនួននេះ? អត់ទេ ព្រះអង្គពុំតឹងតែងឬដាច់ខាតពេកនោះទេ! ដូច្នេះ នៅពេលដែលមនុស្សនៅតែសួរថា «ចុះបើមានតែសែសិបនាក់វិញ?» «ចុះបើមានតែសាមសិបនាក់វិញ?» រហូតដល់គាត់ទម្លាក់មកថា «ចុះបើមានតែដប់នាក់វិញ?» ព្រះជាម្ចាស់មានបន្ទូលថា «ទោះបើមានតែមនុស្សសុចរិតដប់នាក់ ក៏ខ្ញុំនឹងមិនបំផ្លាញក្រុងនេះដែរ។ ខ្ញុំនឹងទុកក្រុងនេះ ហើយលើកលែងទោសដល់មនុស្សផ្សេងទៀតក្រៅពីមនុស្សទាំងដប់នាក់នោះផង»។ ប្រសិនបើមានតែមនុស្សសុចរិតត្រឹមដប់នាក់ នោះល្មមគួរឱ្យអាណិតហើយ តែមែនទែនទៅ មនុស្សសុចរិតនៅក្នុងក្រុងសូដុមមានមិនដល់ចំនួននេះផង។ ដូច្នេះ អ្នកឃើញហើយ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អំពើបាប និងសេចក្ដីអាក្រក់របស់មនុស្សក្នុងទីក្រុងនេះ វាហួសល្បត់ដល់ថ្នាក់ព្រះជាម្ចាស់លែងមានជម្រើសអ្វីផ្សេងក្រៅតែពីបំផ្លាញពួកគេនោះឡើយ។ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលថា ទ្រង់នឹងមិនបំផ្លាញក្រុងនេះទេ ប្រសិនបើមានមនុស្សសុចរិតហាសិបនាក់ តើព្រះអង្គមានន័យដូចម្ដេច? ចំនួននេះមិនសំខាន់ចំពោះព្រះជាម្ចាស់ទេ។ អ្វីដែលសំខាន់គឺថាតើទីក្រុងនេះមានមនុស្សសុចរិតដែលព្រះជាម្ចាស់សព្វព្រះទ័យចង់បានដែរឬអត់។ ប្រសិនបើទីក្រុងនេះមានមនុស្សសុចរិតតែម្នាក់ ក៏ព្រះជាម្ចាស់នឹងមិនឱ្យពួកគេវេទនា ដោយសារតែការបំផ្លាញទីក្រុងនេះដែរ។ នេះចង់បានន័យថា ទោះបីជាព្រះជាម្ចាស់នឹងត្រូវបំផ្លាញទីក្រុងនេះឬអត់ក៏ដោយចុះ ហើយទោះបីជាក្នុងទីក្រុងនេះ មានមនុស្សសុចរិតប៉ុន្មាននាក់ក៏ដោយ ក៏ចំពោះព្រះជាម្ចាស់ ក្រុងមួយដែលពោរពេញដោយអំពើបាបដែលត្រូវរងបណ្ដាសា និងកាន់តែអាក្រក់ខ្លាំងបែបនេះ គួរតែត្រូវបំផ្លាញចោល គួរតែត្រូវរលាយបាត់ពីព្រះនេត្ររបស់ព្រះជាម្ចាស់ ចំណែកឯមនុស្សសុចរិតវិញ គួរនៅមានជីវិតតទៅទៀត។ មិនថាយុគសម័យណា មិនថាមនុស្សវិវឌ្ឍដល់ដំណាក់កាលណានោះទេ ក៏អាកប្បកិរិយារបស់ព្រះជាម្ចាស់មិនប្រែប្រួលដែរ៖ ទ្រង់ស្អប់សេចក្ដីអាក្រក់ ហើយខ្វល់ព្រះទ័យពីមនុស្សដែលរាប់ជាសុចរិតនៅក្នុងព្រះនេត្រទ្រង់។ អាកប្បកិរិយាច្បាស់លាស់របស់ព្រះជាម្ចាស់នេះ ក៏ជាការបើកសម្ដែងពីសារជាតិពិតរបស់ព្រះជាម្ចាស់ដែរ។ ដោយសារនៅក្នុងទីក្រុងនោះមានមនុស្សសុចរិតតែម្នាក់ ទើបព្រះជាម្ចាស់ឈប់រារែកតទៅទៀត។ លទ្ធផលចុងក្រោយគឺ ទីក្រុងសូដុមចៀសមិនផុតពីត្រូវវិនាសនោះទេ។ តើអ្នករាល់គ្នាមើលឃើញអ្វីខ្លះនៅក្នុងរឿងនេះ? នៅយុគសម័យនោះ ប្រសិនបើមានមនុស្សសុចរិតតែហាសិបនាក់នៅក្នុងក្រុងនោះ ព្រះជាម្ចាស់នឹងមិនបំផ្លាញទីក្រុងនោះទេ ហើយបើមានមនុស្សសុចរិតតែដប់នាក់ ក៏ទ្រង់មិនបំផ្លាញក្រុងនោះដែរ។ នេះមានន័យថា ព្រះជាម្ចាស់នឹងសម្រេចព្រះទ័យអត់ទោសដល់មនុស្សជាតិ និងត្រាប្រណីចំពោះពួកគេ ឬធ្វើកិច្ចការណែនាំខ្លះដល់ពួកគេ ដ្បិតមានមនុស្សតិចតួចដែរ ដែលអាចគោរព និងថ្វាយបង្គំទ្រង់បាន។ ព្រះជាម្ចាស់ឱ្យតម្លៃខ្លាំងទៅលើអំពើសុចរិតរបស់មនុស្ស ទ្រង់ឱ្យតម្លៃខ្ពស់ចំពោះមនុស្សដែលអាចថ្វាយបង្គំទ្រង់បាន ហើយទ្រង់ក៏ឱ្យតម្លៃខ្ពស់ដល់មនុស្សដែលអាចធ្វើអំពើល្អនៅចំពោះព្រះភ័ក្រ្តទ្រង់ផងដែរ។

តាំងពីគ្រាដំបូងបង្អស់មកទល់នឹងបច្ចុប្បន្ននេះ តើអ្នករាល់គ្នាធ្លាប់អានពីការដែលជាម្ចាស់មានបន្ទូលអំពីសេចក្ដីពិត ឬបន្ទូលអំពីផ្លូវរបស់ព្រះជាម្ចាស់ដល់មនុស្សណាម្នាក់ក្នុងព្រះគម្ពីរដែរឬទេ? គ្មានទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងទៅកាន់មនុស្ស ដែលយើងអាននេះ គ្រាន់តែបានប្រាប់មនុស្សពីអ្វីដែលត្រូវធ្វើប៉ុណ្ណោះ។ អ្នកខ្លះក៏បានទៅធ្វើតាម អ្នកខ្លះក៏មិនធ្វើតាម អ្នកខ្លះក៏ជឿ ហើយអ្នកខ្លះក៏មិនជឿ។ អ្វីៗគឺមានតែប៉ុណ្ណេះឯង។ ដូច្នេះ មនុស្សសុចរិតនៅយុគសម័យនោះ (មនុស្សសុចរិតនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់) ត្រឹមតែជាមនុស្សដែលអាចស្ដាប់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ ពួកគេជាអ្នកបម្រើដែលធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចំណោមមនុស្ស។ តើមនុស្សបែបនេះអាចរាប់ថាជាមនុស្សដែលស្គាល់ព្រះជាម្ចាស់បានដែរឬទេ? តើពួកគេអាចរាប់ថាជាមនុស្សដែលព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ដែរឬទេ? អត់ទេ មិនអាចរាប់ពួកគេថាជាមនុស្សបែបនេះបានឡើយ! ដូច្នេះ មិនថាពួកគេមានចំនួនប៉ុន្មាននាក់នោះទេ នៅក្នុងព្រះនេត្រព្រះជាម្ចាស់ តើមនុស្សទាំងនេះសមនឹងរាប់ថាជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ដែរទេ? តើអាចហៅពួកគេថាជាស្មរបន្ទាល់របស់ព្រះជាម្ចាស់បានដែរឬទេ? ច្បាស់ជាមិនអាចនោះទេ! ពួកគេច្បាស់ជាមិនស័ក្តិសមនឹងហៅថាជាមនុស្សជំនិត និងជាស្មរបន្ទាល់នោះទេ។ ដូច្នេះ តើព្រះជាម្ចាស់ហៅមនុស្សបែបនេះដូចម្ដេចវិញ? នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានឧទាហរណ៍ជាច្រើន ដែលព្រះជាម្ចាស់ហៅពួកគេថា «អ្នកបម្រើរបស់ខ្ញុំ»។ នេះមានន័យថា នៅគ្រានោះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សសុចរិតទាំងនេះ គឺជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ពួកគេគឺជាមនុស្សដែលបានបម្រើព្រះជាម្ចាស់នៅលើផែនដី។ ហើយតើព្រះជាម្ចាស់ព្រះតម្រិះបែបណាចំពោះការហៅពួកគេបែបនេះ? ហេតុអ្វីបានជាទ្រង់ហៅពួកគេដូច្នេះ? តើព្រះជាម្ចាស់មានក្បួនខ្នាតក្នុងព្រះទ័យរបស់ទ្រង់សម្រាប់ការហៅមនុស្សដោយបែបនេះដែរឬទេ? ទ្រង់ប្រាកដជាមានហើយ។ មិនថាទ្រង់ហៅពួកគេថាជាមនុស្សសុចរិត មនុស្សគ្រប់លក្ខណ៍ មនុស្សទៀងត្រង់ ឬជាអ្នកបម្រើនោះទេ ព្រះជាម្ចាស់សុទ្ធតែមានក្បួនខ្នាត។ នៅពេលទ្រង់ហៅមនុស្សម្នាក់ថាជាអ្នកបម្រើរបស់ទ្រង់ គឺទ្រង់មានជំនឿមោះមុតថា មនុស្សម្នាក់នេះអាចទទួលអ្នកនាំសាររបស់ទ្រង់បាន អាចធ្វើតាមសេចក្ដីបង្គាប់របស់ទ្រង់បាន និងអាចធ្វើតាមអ្វីដែលអ្នកនាំសាររបស់ទ្រង់បង្គាប់ឱ្យគេធ្វើបាន។ តើមនុស្សម្នាក់នេះអនុវត្តកិច្ចការអ្វីខ្លះ? ពួកគេបំពេញកិច្ចការដែលព្រះជាម្ចាស់បង្គាប់ឱ្យមនុស្សធ្វើ ហើយបំពេញកិច្ចការនេះនៅលើផែនដី។ នៅគ្រានោះ តើអ្វីដែលព្រះជាម្ចាស់បង្គាប់ឱ្យមនុស្សធ្វើ និងបំពេញនៅលើផែនដី អាចហៅថាជាផ្លូវរបស់ព្រះជាម្ចាស់បានដែរឬទេ? មិនអាចហៅបែបនេះបានទេ។ ដ្បិតនៅគ្រានោះ ព្រះជាម្ចាស់បង្គាប់ឱ្យមនុស្សធ្វើតែកិច្ចការងាយៗពីរបីប៉ុណ្ណោះ។ ទ្រង់មានបន្ទូលពីសេចក្ដីបង្គាប់ងាយៗមួយចំនួនតូច ដោយមានបន្ទូលប្រាប់ឱ្យមនុស្សធ្វើតែកិច្ចការនេះ ឬកិច្ចការនោះប៉ុណ្ណោះ និងគ្មានបង្គាប់អ្វីលើសពីនេះឡើយ។ ព្រះជាម្ចាស់កំពុងបំពេញកិច្ចការទៅតាមផែនការរបស់ទ្រង់។ ដោយសារនៅគ្រានោះ មានលក្ខខណ្ឌជាច្រើនដែលមិនទាន់កើតមាននៅឡើយ ដោយសារពេលវេលាមិនទាន់មកដល់ ហើយមនុស្សជាតិពិបាកនឹងទទួលយកផ្លូវរបស់ព្រះជាម្ចាស់ ដូច្នេះហើយ ផ្លូវរបស់ព្រះជាម្ចាស់ ក៏មិនទាន់បានបញ្ចេញមកពីក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ដែរ។ មនុស្សសុចរិតដែលព្រះជាម្ចាស់មានបន្ទូលនោះ ដែលយើងឃើញក្នុងទីនេះ មិនថាមានចំនួនសាមសិបនាក់ ឬម្ភៃនាក់ទេ នៅក្នុងព្រះនេត្ររបស់ទ្រង់ ពួកគេសុទ្ធតែជាអ្នកបម្រើរបស់ទ្រង់ទាំងអស់។ នៅពេលដែលអ្នកនាំសាររបស់ព្រះជាម្ចាស់មកជួបអ្នកបម្រើទាំងនេះ ពួកគេនឹងអាចទទួលអ្នកនាំសារទាំងនោះបាន ហើយអាចធ្វើតាមសេចក្ដីបង្គាប់ និងពាក្យរបស់ពួកគេបាន។ មនុស្សដែលជាអ្នកបម្រើនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ គួរតែធ្វើកិច្ចការនេះឱ្យបាន និងសម្រេចកិច្ចការនេះឱ្យបានជាប្រាកដ។ ព្រះជាម្ចាស់ប្រិតប្រៀងណាស់ក្នុងការដែលទ្រង់ហៅមនុស្ស។ ទ្រង់មិនមែនហៅពួកគេថាជាអ្នកបម្រើទ្រង់ ដោយសារតែពួកគេដូចជាអ្នករាល់គ្នានៅក្នុងពេលនេះនោះទេ មិនមែនដោយសារពួកគេបានស្ដាប់ឮការអធិប្បាយច្រើន ដឹងពីអ្វីដែលព្រះជាម្ចាស់បម្រុងនឹងធ្វើ យល់ច្រើនអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងដឹងពីផែនការគ្រប់គ្រងរបស់ទ្រង់នោះទេ ប៉ុន្តែ គឺដោយសារតែពួកគេមានភាពស្មោះត្រង់ក្នុងភាពជាមនុស្សរបស់ពួកគេ ហើយពួកគេអាចអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ នៅពេលដែលព្រះជាម្ចាស់ត្រាស់បង្គាប់ពួកគេ ពួកគេអាចដាក់ចុះកិច្ចការដែលពួកគេកំពុងតែធ្វើមួយឡែកសិន ដោយបំពេញកិច្ចការដែលព្រះជាម្ចាស់បានបង្គាប់ឱ្យពួកគេធ្វើ។ ដូច្នេះ ចំពោះព្រះជាម្ចាស់ ពាក្យថាអ្នកបម្រើនេះ មានន័យមួយផ្សេងទៀត គឺពួកគេបានរួមសហការក្នុងកិច្ចការរបស់ទ្រង់នៅលើផែនដីនេះ ហើយទោះពួកគេមិនមែនជាអ្នកនាំសាររបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេជាប្រតិបត្តិករ និងជាអ្នកអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅលើផែនដីនេះដែរ។ ដូច្នេះ អ្នកឃើញហើយថា អ្នកបម្រើ ឬមនុស្សសុចរិតទាំងនោះ មានសារៈសំខាន់ខ្លាំងណាស់នៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់។ កិច្ចការដែលព្រះជាម្ចាស់បម្រុងចាប់ផ្ដើមធ្វើនៅលើផែនដី មិនអាចធ្វើទៅបានដោយគ្មានមនុស្សសហការជាមួយព្រះអង្គបានឡើយ ហើយតួនាទីដែលត្រូវបំពេញដោយអ្នកបម្រើរបស់ព្រះជាម្ចាស់ មិនអាចជំនួសដោយអ្នកនាំសាររបស់ទ្រង់បានឡើយ។ ភារកិច្ចនីមួយៗដែលព្រះជាម្ចាស់ត្រាស់បង្គាប់ដល់អ្នកបម្រើទាំងអស់នេះ មានសារៈសំខាន់ចំពោះព្រះអង្គខ្លាំងណាស់ ដូច្នេះហើយ ទ្រង់មិនអាចបាត់បង់ពួកគេបានទេ។ បើគ្មានកិច្ចសហការរបស់អ្នកបម្រើទាំងនេះជាមួយនឹងទ្រង់ទេ នោះកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិមុខជានៅទ្រឹង ហើយលទ្ធផលនៃផែនការគ្រប់គ្រង និងក្ដីសង្ឃឹមរបស់ព្រះជាម្ចាស់ មុខជាអាសារឥតការមិនខាន។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៧

ព្រះជាម្ចាស់ត្រូវតែបំផ្លាញក្រុមសូដុម (អត្ថបទសម្រាំង)

លោកុប្បត្តិ ១៨:២៦ រួចព្រះយេហូវ៉ាមានបន្ទូលថា ប្រសិនបើខ្ញុំឃើញមានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុងសូដុម នោះខ្ញុំនឹងទុកជីវិតដល់មនុស្សអស់នៅក្នុងទីក្រុងនេះ ដោយយល់ដល់អ្នកទាំងនោះ។

លោកុប្បត្តិ ១៨:២៩ រួចលោកក៏ទូលទៅទ្រង់ម្ដងទៀត ហើយនិយាយថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែសែសិបនាក់ទេ។ រួចទ្រង់ក៏តបថា ខ្ញុំនឹងមិនធ្វើទោសគេទេ ដោយយល់ដល់មនុស្សសុចរិតសែសិបនាក់នោះ។

លោកុប្បត្តិ ១៨:៣០ រួចលោកទូលថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែសាមសិបនាក់ទេ។ រួចទ្រង់ក៏តបថា ខ្ញុំនឹងមិនធ្វើទោសគេទេ ដោយយល់ដល់មនុស្សសុចរិតសាមសិបនាក់នោះ។

លោកុប្បត្តិ ១៨:៣១ រួចលោកទូលថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែម្ភៃនាក់ទេ។ រួចទ្រង់ក៏តបថា ខ្ញុំនឹងមិនបំផ្លាញក្រុងនេះទេ ដោយយល់ដល់មនុស្សសុចរិតម្ភៃនាក់នោះ។

លោកុប្បត្តិ ១៨:៣២ រួចលោកទូលថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែដប់នាក់ទេ។ រួចទ្រង់ក៏តបថា ខ្ញុំនឹងមិនបំផ្លាញក្រុងនេះទេ ដោយយល់ដល់មនុស្សសុចរិតដប់នាក់នោះ។

ព្រះជាម្ចាស់ពេញដោយក្ដីមេត្តាករុណាបរិបូរចំពោះមនុស្សដែលទ្រង់យកព្រះហឫទ័យទុកដាក់ ហើយពេញដោយសេចក្ដីក្រោធក្រែលែងចំពោះមនុស្សដែលទ្រង់ស្អប់ និងបដិសេធ

នៅក្នុងសាច់រឿងនៃព្រះគម្ពីរនេះ តើក្នុងក្រុងសូដុម មានអ្នកបម្រើរបស់ព្រះជាម្ចាស់ដប់នាក់ទេ? គ្មានទេ! តើទីក្រុងនេះស័ក្តិសមនឹងឱ្យព្រះជាម្ចាស់ទុកជីវិតឱ្យទេ? នៅក្នុងក្រុងនេះ មានមនុស្សម្នាក់គត់គឺឡុត ដែលបានទទួលអ្នកនាំសាររបស់ព្រះជាម្ចាស់។ តាមរយៈនេះ យើងអាចសន្និដ្ឋានបានថា នៅក្នុងទីក្រុងនេះមានអ្នកបម្រើរបស់ព្រះជាម្ចាស់តែម្នាក់គត់ ដូច្នេះហើយព្រះជាម្ចាស់គ្មានជម្រើសផ្សេងណាក្រៅតែពីសង្គ្រោះឡុត និងបំផ្លាញក្រុងសូដុមចោលនោះទេ។ ការសន្ទនារវាងអ័ប្រាហាំនិងព្រះជាម្ចាស់ ដែលបានដកស្រង់សម្ដីនៅផ្នែកខាងលើ អាចមើលទៅសាមញ្ញមែន ប៉ុន្តែវាបង្ហាញពីអត្ថន័យជ្រាលជ្រៅណាស់៖ កិច្ចការរបស់ព្រះជាម្ចាស់មានគោលការណ៍ ហើយមុនសម្រេចព្រះទ័យ ទ្រង់បានចំណាយពេលយ៉ាងយូរ ដើម្បីសង្កេត និងព្រះតម្រិះ។ ដាច់ខាតព្រះអង្គមិនធ្វើការសម្រេចព្រះទ័យ ឬធ្វើការសន្និដ្ឋាន មុនពេលដែលវេលាដ៏សមគួរមកដល់នោះទេ។ ការសន្ទនារវាងអ័ប្រាហាំ និងព្រះជាម្ចាស់បង្ហាញឱ្យយើងឃើញថា ការដែលព្រះជាម្ចាស់សម្រេចព្រះទ័យបំផ្លាញក្រុងសូដុម គឺមិនខុសទេសូម្បីតែបន្តិចណាឡើយ ដ្បិតព្រះជាម្ចាស់ជ្រាបជាស្រេចហើយថា នៅក្នុងទីក្រុងនេះ គ្មានមនុស្សសុចរិតសែសិបនាក់ សាមសិបនាក់ ឬម្ភៃនាក់នោះឡើយ។ សូម្បីតែដប់នាក់ក៏គ្មានផង។ មនុស្សសុចរិតតែម្នាក់គត់នៅក្នុងក្រុងនេះគឺ ឡុត។ អ្វីៗគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងក្រុងសូដុម និងស្ថានការណ៍នានានៅក្នុងទីក្រុងនេះ ត្រូវបានព្រះជាម្ចាស់សង្កេតមើលអស់ហើយ ហើយព្រះជាម្ចាស់ជ្រាបរឿងនេះច្បាស់ដូចជាបាតព្រះហស្តរបស់ទ្រង់ដែរ។ ដូច្នេះ ការសម្រេចព្រះទ័យរបស់ទ្រង់ គឺមិនអាចខុសនោះទេ។ ផ្ទុយទៅវិញ បើប្រៀបធៀបនឹងព្រះចេស្ដារបស់ព្រះជាម្ចាស់ មនុស្សស្ពឹកស្រពន់ ល្ងីល្ងើ និងល្ងង់ខ្លៅខ្លាំងណាស់ ហើយក៏គ្មានការគិតគូរវែងឆ្ងាយដែរ។ នេះគឺជាអ្វីដែលយើងមើលឃើញតាមរយៈការសន្ទនារវាងអ័ប្រាហាំ និងព្រះជាម្ចាស់។ ព្រះជាម្ចាស់បានបញ្ចេញនិស្ស័យរបស់ទ្រង់តាំងពីគ្រាដើមដំបូង រហូតមកទល់សព្វថ្ងៃនេះ។ នៅក្នុងចំណុចនេះ ក៏មាននិស្ស័យរបស់ព្រះជាម្ចាស់ដែលយើងគួរមើលឃើញដូចគ្នាផងដែរ។ ចំនួនលេខគ្រាន់តែជារឿងធម្មតានោះទេ វាមិនបង្ហាញពីអ្វីទាំងអស់ ប៉ុន្តែ ត្រង់ចំណុចនេះមានការសម្ដែងចេញដ៏សំខាន់មួយពីនិស្ស័យរបស់ព្រះជាម្ចាស់។ បើមានមនុស្សសុចរិតហាសិបនាក់ ព្រះជាម្ចាស់នឹងមិនបំផ្លាញក្រុងនេះទេ។ តើនេះមកពីសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់មែនទេ? តើនេះមកពីសេចក្ដីស្រឡាញ់ និងការត្រាប្រណីរបស់ព្រះអង្គមែនទេ? តើអ្នករាល់គ្នាធ្លាប់ឃើញនិស្ស័យរបស់ព្រះជាម្ចាស់ត្រង់ផ្នែកនេះដែរឬទេ? ទោះបីមានមនុស្សសុចរិតត្រឹមតែដប់នាក់ ក៏ព្រះជាម្ចាស់មិនបំផ្លាញក្រុងនេះដែរ ដ្បិតទ្រង់យល់មុខដល់មនុស្សសុចរិតទាំងដប់នាក់នោះ។ តើនេះជាការត្រាប្រណី និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ មែនឬមិនមែន? ដោយសារសេចក្ដីមេត្តាករុណា ការត្រាប្រណី និងការយកព្រះទ័យទុកដាក់ចំពោះមនុស្សសុចរិតទាំងនោះ ព្រះអង្គនឹងមិនបំផ្លាញទីក្រុងនោះឡើយ។ នេះគឺជាការការត្រាប្រណីរបស់ព្រះជាម្ចាស់។ ហើយនៅទីបញ្ចប់ តើយើងមើលឃើញលទ្ធផលបែបណា? នៅពេលដែលអ័ប្រាហាំនិយាយថា «ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែដប់នាក់ទេ» ព្រះជាម្ចាស់មានព្រះបន្ទូលថា «ខ្ញុំនឹងមិនបំផ្លាញក្រុងនេះទេ»។ ក្រោយមកទៀត អ័ប្រាហាំក៏លែងនិយាយអ្វីទៀត ដ្បិតក្នុងក្រុងសូដុម គ្មានមនុស្សសុចរិតដល់ដប់នាក់ដូចគាត់និយាយនោះទេ រួចគាត់ក៏គ្មានពាក្យនិយាយទៀត ហើយនៅពេលនោះ គាត់ក៏យល់ពីមូលហេតុដែលព្រះជាម្ចាស់បានតាំងព្រះទ័យបំផ្លាញក្រុងសូដុមចោល។ នៅក្នុងចំណុចនេះ តើអ្នករាល់គ្នាឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់អ្វីខ្លះ? តើព្រះជាម្ចាស់បានតាំងព្រះទ័យអ្វីខ្លះ? ព្រះជាម្ចាស់បានតាំងព្រះទ័យថា បើក្រុងនេះគ្មានមនុស្សសុចរិតដល់ដប់នាក់ទេ នោះទ្រង់នឹងមិនទុកក្រុងនេះទៀតឡើយ ហើយចៀសមិនផុត ទ្រង់នឹងបំផ្លាញក្រុងនេះចោល។ តើនេះមិនមែនជាសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ទេឬអី? តើសេចក្ដីក្រោធនេះ តំណាងឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើនិស្ស័យរបស់ព្រះជាម្ចាស់នេះ គឺជាការបើកសម្ដែងពីសារជាតិបរិសុទ្ធរបស់ព្រះជាម្ចាស់ដែរឬទេ? តើនេះជាការបើកសម្ដែងពីសារជាតិសុចរិតរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនអាចប្រមាថបានមែនដែរឬទេ? ដោយបានបញ្ជាក់ច្បាស់ថា ក្នុងក្រុងសូដុមនេះ គ្មានមនុស្សសុចរិតដល់ដប់នាក់ផង ដូច្នេះ ព្រះជាម្ចាស់ប្រាកដក្នុងព្រះទ័យថានឹងត្រូវបំផ្លាញទីក្រុងនេះចោល ហើយនឹងដាក់ទោសមនុស្សនៅក្នុងក្រុងនេះយ៉ាងធ្ងន់ធ្ងរបំផុត ដ្បិតពួកគេទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយដោយសារតែពួកគេស្មោកគ្រោក និងពុករលួយដល់ឆ្អឹង។

ហេតុអ្វីបានយើងវិភាគអត្ថបទព្រះគម្ពីរទាំងនេះតាមវិធីនេះ? នេះមកពីឃ្លាប្រយោគសាមញ្ញៗទាំងអស់នេះ គឺជាការបង្ហាញទាំងស្រុងពីនិស្ស័យរបស់ព្រះជាម្ចាស់ ដែលពេញដោយសេចក្ដីមេត្តាករុណា និងសេចក្ដីក្រោធ។ ក្នុងពេលដែលព្រះជាម្ចាស់ឱ្យតម្លៃដល់មនុស្សសុចរិត និងមានសេចក្ដីមេត្តាករុណា និងព្រះទ័យទុកដាក់ចំពោះពួកគេ នៅពេលនោះក្នុងព្រះទ័យរបស់ទ្រង់ក៏មានការស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះមនុស្សទាំងអស់នៅក្នុងក្រុងសូដុម ដែលត្រូវបានគេធ្វើឱ្យពុករលួយនោះដែរ។ តើនេះជាសេចក្ដីមេត្តាករុណាដ៏ពេញបរិបូរ និងជាសេចក្ដីក្រោធដ៏ខ្លាំងក្រៃ មែនឬមិនមែន? តើព្រះជាម្ចាស់ប្រើមធ្យោបាយអ្វីមកបំផ្លាញក្រុងសូដុម? ដោយប្រើភ្លើង។ ហើយហេតុអ្វីបានជាទ្រង់បំផ្លាញទីក្រុងនេះ ដោយប្រើភ្លើង? នៅពេលដែលអ្នកមើលឃើញអ្វីម្យ៉ាងត្រូវភ្លើងឆេះ ឬនៅពេលដែលអ្នកបម្រុងនឹងដុតអ្វីម្យ៉ាងចោល តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះរបស់ទាំងនោះ? ហេតុអ្វីក៏អ្នកចង់ដុតវាចោល? តើអ្នកមានអារម្មណ៍ថា អ្នកលែងត្រូវការវាទៀតហើយ មានអារម្មណ៍ថា អ្នកលែងចង់ឃើញវាទៀតហើយមែនទេ? តើអ្នកចង់បោះបង់វាចោលមែនឬទេ? ការដែលព្រះជាម្ចាស់ប្រើភ្លើង មានន័យថា ទ្រង់បោះបង់ចោល និងស្អប់របស់នោះណាស់ និងមានន័យថា ទ្រង់លែងចង់ទតឃើញក្រុងសូដុមទៀតហើយ។ នេះជាអារម្មណ៍ដែលព្រះជាម្ចាស់ចង់បំផ្លាញក្រុងសូដុមដោយប្រើភ្លើង។ ការប្រើភ្លើងតំណាងពីទំហំនៃសេចក្ដីខ្ញាល់ខ្លាំងក្រៃរបស់ព្រះជាម្ចាស់។ សេចក្ដីមេត្តាករុណា និងការត្រាប្រណីរបស់ព្រះជាម្ចាស់ គឺមានពិត ប៉ុន្តែភាពបរិសុទ្ធ និងភាពសុចរិតរបស់ព្រះជាម្ចាស់ នៅពេលដែលទ្រង់បញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ ក៏បង្ហាញឱ្យមនុស្សឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់ម្យ៉ាងទៀត ដែលមិនអត់ឱនចំពោះការប្រមាថណាមួយឡើយ។ នៅពេលដែលមនុស្សអាចស្ដាប់បង្គាប់តាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ទាំងស្រុងបាន ហើយអាចប្រព្រឹត្តស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បាន នោះព្រះជាម្ចាស់ក៏ពេញដោយសេចក្ដីមេត្តាករុណារបស់ទ្រង់ចំពោះមនុស្សដែរ។ នៅពេលដែលមនុស្សពោរពេញដោយសេចក្ដីពុករលួយ សេចក្ដីស្អប់ និងភាពជាខ្មាំងសត្រូវនឹងទ្រង់ នោះព្រះជាម្ចាស់ក៏ខ្ញាល់ខ្លាំងណាស់ដែរ។ តើទ្រង់ខ្ញាល់ខ្លាំងកម្រិតណា? សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ នឹងនៅបន្តមានរហូតដល់ទ្រង់លែងទតឃើញការទាស់ទទឹង និងទង្វើអាក្រក់របស់មនុស្សតទៅទៀត រហូតទាល់តែគេលែងមានវត្តមាននៅចំពោះព្រះនេត្ររបស់ទ្រង់តទៅទៀត។ ពេលនោះទើបសេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់រលាយបាត់ទៅវិញ។ និយាយឱ្យចំទៅ មិនថាបុគ្គលនោះជានរណាឡើយ ប្រសិនបើចិត្តរបស់គេនៅឆ្ងាយពីព្រះជាម្ចាស់ ហើយបែរចេញពីព្រះជាម្ចាស់មិនត្រឡប់ក្រោយ នោះទោះបីជាពីសម្បកក្រៅ ឬគេមានសេចក្ដីប្រាថ្នានៅក្នុងចិត្តចង់ថ្វាយបង្គំ ចង់ដើរតាម និងចង់ស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងចិត្ត ឬក្នុងគំនិតរបស់គេយ៉ាងណាក៏ដោយ ក៏សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នឹងនៅតែបញ្ចេញមកឥតឈប់ដដែល។ នៅពេលដែលព្រះជាម្ចាស់បញ្ចេញសេចក្ដីខ្ញាល់ខ្លាំងរបស់ទ្រង់ចេញមក បន្ទាប់ពីបានប្រទានឱកាសគ្រប់គ្រាន់ឱ្យមនុស្សហើយ នៅពេលដែលសេចក្ដីក្រោធនោះត្រូវបានបញ្ចេញមក គឺមិនអាចដកទៅវិញបានឡើយ ហើយទ្រង់នឹងគ្មានសេចក្ដីមេត្តាករុណា និងការត្រាប្រណីដល់មនុស្សជាតិបែបនេះម្ដងទៀតឡើយ។ នេះជានិស្ស័យរបស់ព្រះជាម្ចាស់មួយទៀត ដែលមិនអត់ឱនចំពោះការប្រមាថណាមួយឡើយ។ ត្រង់ចំណុចនេះ មនុស្សយល់ថាជារឿងធម្មតាទេ ដែលព្រះជាម្ចាស់បំផ្លាញក្រុងមួយចោល ដ្បិតក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ក្រុងមួយដែលពេញទៅដោយអំពើបាប មិនអាចទុកឱ្យនៅបន្តទៀតបានឡើយ ហើយវាសមហេតុផលដែលព្រះជាម្ចាស់បំផ្លាញក្រុងនោះចោល។ តែតាមរយៈរឿងដែលបានកើតឡើងមុននិងក្រោយការដែលទ្រង់បំផ្លាញក្រុងសូដុមនោះ យើងមើលឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់ទាំងស្រុង។ ទ្រង់មានសេចក្ដីត្រាប្រណី និងពេញដោយសេចក្ដីមេត្តាករុណាចំពោះអ្វីៗដែលសប្បុរស ស្រស់ស្អាត និងល្អប្រពៃ។ ប៉ុន្ដែចំពោះអ្វីៗដែលអាក្រក់ ពេញដោយអំពើបាប និងទុច្ចរិត គឺទ្រង់មានសេចក្ដីក្រោធជាខ្លាំង ដល់ថ្នាក់មិនអាចបញ្ឈប់សេចក្ដីក្រោធរបស់ទ្រង់បាន។ នេះគឺជាគោលការណ៍ពីរយ៉ាង និងជាទិដ្ឋភាពសំខាន់បំផុតអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត ចំណុចទាំងនេះ ត្រូវបានព្រះជាម្ចាស់បើកសម្ដែងតាំងតែពីដើមរហូតដល់ទីបញ្ចប់៖ សេចក្ដីមេត្តាករុណាពេញបរិបូរ និងសេចក្ដីក្រោធខ្លាំង។ ក្នុងចំណោមអ្នករាល់គ្នា ភាគច្រើនបានដឹងពីសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ហើយ តែនៅក្នុងចំណោមអ្នករាល់គ្នានេះ មានមនុស្សតិចតួចណាស់ដែលបានស្គាល់ពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់នោះ។ សេចក្ដីមេត្តាករុណា និងការអាណិតស្រឡាញ់របស់ព្រះជាម្ចាស់ អាចមើលឃើញបាននៅក្នុងខ្លួនមនុស្សគ្រប់គ្នា។ មានន័យថា ព្រះជាម្ចាស់ពេញដោយសេចក្ដីមេត្តាករុណាបរិបូរចំពោះមនុស្សគ្រប់ៗគ្នា។ ប៉ុន្តែ ព្រះជាម្ចាស់កម្រខ្ញាល់ណាស់ ឬអាចនិយាយបានថា មិនធ្លាប់ខ្ញាល់បុគ្គលណាម្នាក់ ឬក្រុមមនុស្សណាមួយក្នុងចំណោមអ្នករាល់គ្នានេះខ្លាំងឡើយ។ កុំព្រួយថ្វី! មិនយូរមិនឆាប់ទេ មនុស្សគ្រប់គ្នានឹងបានឃើញ នឹងបានស្គាល់ពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ជាមិនខាន ប៉ុន្តែ ពេលនេះ មិនទាន់ដល់ពេលនោះទេ។ ហេតុអ្វី? នេះគឺមកពីពេលដែលព្រះជាម្ចាស់ខ្ញាល់នឹងនរណាម្នាក់ជាប់ជានិច្ច ពោលគឺពេលដែលទ្រង់បញ្ចេញសេចក្ដីក្រោធខ្លាំងរបស់ទ្រង់មកលើពួកគេ នេះមានន័យថា ទ្រង់ស្អប់ ហើយបដិសេធមនុស្សម្នាក់នេះតាំងពីយូរណាស់មកហើយ ទ្រង់ស្អប់អត្ថិភាពរបស់ពួកគេ ហើយទ្រង់មិនអាចទ្រាំទតឃើញវត្តមានរបស់ពួកគេឡើយ។ នៅពេលដែលសេចក្ដីខ្ញាល់របស់ទ្រង់ធ្លាក់មកលើពួកគេភ្លាម នោះពួកគេនឹងរលាយបាត់។ សព្វថ្ងៃនេះ កិច្ចការរបស់ព្រះជាម្ចាស់ នៅមិនទាន់ឈានដល់ចំណុចនេះនៅឡើយទេ។ ក្នុងចំណោមអ្នករាល់គ្នានេះ គ្មាននរណាម្នាក់អាចទ្រាំបានឡើយ នៅពេលដែលព្រះជាម្ចាស់ខ្ញាល់ខ្លាំងនោះ។ ដូច្នេះ អ្នកឃើញហើយថា នៅពេលនេះ ព្រះជាម្ចាស់មានតែសេចក្ដីមេត្ដាករុណាពេញបរិបូរចំពោះអ្នករាល់គ្នារាល់គ្នាប៉ុណ្ណោះ ហើយអ្នកមិនទាន់បានឃើញពីសេចក្ដីខ្ញាល់ខ្លាំងរបស់ទ្រង់នៅឡើយទេ។ បើមានមនុស្សដែលនៅតែមិនព្រមជឿទៀត អ្នកអាចសុំឱ្យសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ធ្លាក់មកលើខ្លួនអ្នកបាន ដើម្បីឱ្យអ្នកបានដឹងថា សេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់ និងនិស្ស័យរបស់ទ្រង់ដែលមិនអត់ឱនចំពោះការប្រមាថណាមួយរបស់មនុស្សនោះ មានពិតមែនឬក៏អត់។ តើអ្នករាល់គ្នាហ៊ានដែរឬទេ?

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៨

មនុស្សនៅគ្រាចុងក្រោយ មើលឃើញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់តែតាមរយៈព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ តែមិនដែលជួបប្រទះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដោយពិតប្រាកដឡើយ

ចាប់ពីគ្រានៃការបង្កើតរបស់សព្វសារពើរហូតមកទល់នឹងពេលសព្វថ្ងៃនេះ មិនមានក្រុមមនុស្សណាដែលបានទទួលព្រះគុណ ឬសេចក្ដីមេត្តាករុណា និងការអាណិតស្រឡាញ់ពីព្រះជាម្ចាស់ ដូចជាក្រុមមនុស្សនៅគ្រាចុងក្រោយនេះទេ។ ថ្វីបើក្នុងដំណាក់កាលចុងក្រោយនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការនៃការជំនុំជម្រះ និងកិច្ចការវាយផ្ចាល និងបានបំពេញកិច្ចការរបស់ទ្រង់ប្រកបដោយឫទ្ធានុភាព និងសេចក្ដីក្រោធក៏ដោយ ក៏ភាគច្រើន ព្រះជាម្ចាស់ប្រើតែព្រះបន្ទូលរបស់ទ្រង់ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ ព្រះអង្គប្រើព្រះបន្ទូលដើម្បីបង្រៀន និងស្រោចស្រព ដើម្បីទំនុកបម្រុង និងប្រទានអាហារ។ ចំណែកឯសេចក្ដីក្រោធរបស់ព្រះជាម្ចាស់វិញ រមែងតែងលាក់កំបាំងជានិច្ច ហើយក្រៅពីការដកពិសោធន៍និស្ស័យដែលពោរពេញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលទ្រង់ មានមនុស្សតិចណាស់ដែលបានជួបនឹងសេចក្ដីខ្ញាល់របស់ទ្រង់ដោយផ្ទាល់នោះ។ នេះមានន័យថា ក្នុងអំឡុងកិច្ចការនៃការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ ទោះបីជាសេចក្ដីក្រោធដែលបានបើកសម្ដែងតាមព្រះបន្ទូលរបស់ទ្រង់ ធ្វើឱ្យមនុស្សស្គាល់ពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ និងការមិនអត់ឱនរបស់ទ្រង់ចំពោះការប្រមាថណាមួយក៏ដោយ ក៏សេចក្ដីក្រោធនេះមិនលើសពីព្រះបន្ទូលរបស់ទ្រង់ដែរ។ អាចនិយាយម្យ៉ាងទៀតបានថា ព្រះជាម្ចាស់ប្រើព្រះបន្ទូលដើម្បីស្ដីបន្ទោសមនុស្ស លាតត្រដាងពីមនុស្ស ជំនុំជម្រះមនុស្ស វាយផ្ចាលមនុស្ស ហើយថែមទាំងថ្កោលទោសមនុស្សផង ប៉ុន្តែព្រះជាម្ចាស់នៅមិនទាន់ខ្ញាល់នឹងមនុស្សខ្លាំងនៅឡើយទេ ហើយរឹតតែមិនធ្លាប់បញ្ចេញសេចក្ដីក្រោធរបស់ទ្រង់មកលើមនុស្សដែរ លើកលែងតែតាមរយៈព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ។ ដូច្នេះ សេចក្ដីមេត្តាករុណា និងការអាណិតសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដែលមនុស្សបានជួបប្រទះនៅក្នុងយុគសម័យនេះ គឺជាការបើកសម្ដែងពីនិស្ស័យពិតរបស់ព្រះជាម្ចាស់ ចំណែកឯសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដែលមនុស្សបានជួបប្រទះនោះ គ្រាន់តែជាចំហាយនៃព្រះសូរសៀងទ្រង់ និងគ្រាន់តែជាអារម្មណ៍ដឹងតាមរយៈព្រះសូរសៀងរបស់ទ្រង់ប៉ុណ្ណោះ។ មនុស្សជាច្រើនយល់ច្រឡំថា ចំហាយនេះជាបទពិសោធពិត និងជាចំណេះដឹងពិតអំពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ ដូច្នេះ មនុស្សភាគច្រើនជឿថា ពួកគេបានឃើញពីសេចក្ដីមេត្តាករុណា និងការអាណិតសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់តាមរយៈបន្ទូលរបស់ទ្រង់ និងជឿថាពួកគេមើលឃើញពីការមិនអត់ឱនរបស់ព្រះជាម្ចាស់ចំពោះការប្រមាថរបស់មនុស្ស ហើយពួកគេភាគច្រើនថែមទាំងចាប់ផ្ដើមឱ្យតម្លៃលើសេចក្ដីមេត្តាករុណា និងការត្រាប្រណីរបស់ព្រះជាម្ចាស់ចំពោះមនុស្សទៀតផង។ ដោយឡែក មិនថាឥរិយាបថរបស់មនុស្សអាក្រក់យ៉ាងណា មិនថានិស្ស័យរបស់គេពុករលួយយ៉ាងណា ក៏ព្រះជាម្ចាស់តែងអត់ទ្រាំជានិច្ច។ ក្នុងការអត់ទ្រាំនេះ ព្រះអង្គមានគោលបំណងរង់ចាំឱ្យព្រះបន្ទូលដែលទ្រង់បានថ្លែងមក រង់ចាំឱ្យការប្រឹងប្រែងដែលទ្រង់បានធ្វើ និងតម្លៃដែលទ្រង់បានលះបង់ សម្រេចផលនៅក្នុងចំណោមមនុស្សដែលទ្រង់ចង់ទទួលយកសិន។ ការរង់ចាំឱ្យសម្រេចផលបែបនេះ ត្រូវការពេលយូរ និងតម្រូវឱ្យមានការបង្កើតមជ្ឈដ្ឋានខុសៗគ្នាសម្រាប់មនុស្ស ប្រៀបដូចមនុស្សកើតមកភ្លាម មិនអាចក្លាយជាមនុស្សធំដឹងក្ដីភ្លែតដូច្នោះដែរ។ គឺត្រូវការពេល ១៨ ឬ ១៩ ឆ្នាំសិន ហើយមនុស្សខ្លះ ត្រូវការរហូតដល់ទៅ ២០ ឬ ៣០ ឆ្នាំសិន ទម្រាំពួកគេមានចរិតចាស់ទុំ ក្លាយជាមនុស្សដឹងក្ដីពិតប្រាកដបាន។ ព្រះជាម្ចាស់រង់ចាំឱ្យដំណើរការនេះបញ្ចប់សិន ទ្រង់រង់ចាំឱ្យវេលានោះមកដល់សិន ហើយទ្រង់រង់ចាំឱ្យលទ្ធផលមួយនេះមកដល់សិន។ ក្នុងអំឡុងពេលដែលព្រះអង្គរង់ចាំនេះ ព្រះជាម្ចាស់ពេញដោយសេចក្ដីមេត្តាករុណាបរិបូរ។ ក៏ប៉ុន្តែ ក្នុងគ្រាដែលព្រះជាម្ចាស់កំពុងបំពេញកិច្ចការវិញ មានចំនួនមនុស្សតិចតួចណាស់ដែលត្រូវវាយផ្ដួល ហើយអ្នកខ្លះក៏ត្រូវដាក់ទោស ដោយសារតែការទាស់ទទឹងដ៏ខ្លាំងក្លាដែលពួកគេមានចំពោះព្រះជាម្ចាស់ដែរ។ ឧទាហរណ៍ទាំងនេះ គឺជាភ័ស្តុតាងដ៏ល្អដែលបញ្ជាក់ ពីនិស្ស័យរបស់ព្រះជាម្ចាស់ដែលមិនអត់ឱនចំពោះការប្រមាថណាមួយរបស់មនុស្ស និងបញ្ជាក់ទាំងស្រុងពីវត្តមានពិតនៃការត្រាប្រណី និងការអត់ទ្រាំដែលព្រះជាម្ចាស់មានចំពោះរាស្រ្តរើសតាំងរបស់ទ្រង់។ ជាការពិតណាស់ ក្នុងឧទាហរណ៍ទូទៅទាំងនេះ ការបើកសម្ដែងពីនិស្ស័យរបស់ព្រះជាម្ចាស់ផ្នែកនេះនៅក្នុងខ្លួនមនុស្សទាំងអស់នេះ មិនប៉ះពាល់ដល់ផែនការគ្រប់គ្រងជារួមរបស់ព្រះជាម្ចាស់ទេ។ តាមការពិត ក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ព្រះជាម្ចាស់បានស៊ូទ្រាំក្នុងគ្រាដែលទ្រង់កំពុងរង់ចាំនោះទាំងស្រុង ហើយទ្រង់បានយកការអត់ទ្រាំ និងព្រះជន្មរបស់ទ្រង់ ទៅប្ដូរនឹងសេចក្ដីសង្គ្រោះសម្រាប់អ្នកដែលដើរតាមព្រះអង្គវិញ។ តើអ្នករាល់គ្នាមើលឃើញពីចំណុចនេះដែរឬទេ? ព្រះជាម្ចាស់មិនផ្លាស់ប្ដូរផែនការរបស់ទ្រង់ដោយគ្មានហេតុផលនោះឡើយ។ ព្រះអង្គអាចបញ្ចេញសេចក្ដីក្រោធរបស់ទ្រង់មកបាន ហើយទ្រង់ក៏អាចពេញដោយសេចក្ដីមេត្តាករុណាផងដែរ។ នេះគឺជាការបើកសម្ដែងពីចំណែកដ៏សំខាន់ទាំងពីរនៃនិស្ស័យរបស់ទ្រង់។ តើចំណុចនេះច្បាស់ឬមិនច្បាស់? និយាយឱ្យចំទៅ ចំពោះព្រះជាម្ចាស់ ត្រូវនិងខុស យុត្តិធម៌និងអយុត្តិធម៌ វិជ្ជមាននិងអវិជ្ជមាន ទាំងអស់នេះសុទ្ធតែត្រូវបានបង្ហាញឱ្យមនុស្សឃើញច្បាស់លាស់អស់ហើយ។ អ្វីដែលទ្រង់នឹងធ្វើ អ្វីដែលទ្រង់សព្វព្រះហឫទ័យ និងអ្វីដែលទ្រង់ស្អប់ ទាំងអស់នេះ សុទ្ធតែអាចឆ្លុះបញ្ចាំងបានដោយផ្ទាល់តាមរយៈនិស្ស័យរបស់ទ្រង់។ សេចក្ដីទាំងអស់នេះ ក៏អាចមើលឃើញជាក់ស្ដែង និងច្បាស់លាស់នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ផងដែរ ហើយសេចក្ដីទាំងនេះមិនមែនស្រពេចស្រពិល ឬធម្មតានោះទេ តែផ្ទុយទៅវិញ សេចក្ដីទាំងនេះអនុញ្ញាតឱ្យមនុស្សមើលឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់ ពីអ្វីដែលជាកម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់បានយ៉ាងច្បាស់ ប្រាកដ និងជាក់ស្ដែង។ នេះគឺជាព្រះដ៏ពិតជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៩

និស្ស័យរបស់ព្រះជាម្ចាស់ មិនដែលលាក់បាំងពីមនុស្សឡើយ តែគឺចិត្តរបស់មនុស្សវិញទេ ដែលវង្វេងឃ្លាតចេញពីព្រះជាម្ចាស់នោះ

តាំងពីគ្រានៃការបង្កើតរបស់សព្វសារពើមក និស្ស័យរបស់ព្រះជាម្ចាស់តែងដើរអមជាមួយនឹងកិច្ចការរបស់ទ្រង់។ និស្ស័យរបស់ទ្រង់មិនដែលលាក់បាំងពីមនុស្សឡើយ ប៉ុន្តែតែងត្រូវបានបញ្ចេញមកទាំងស្រុង និងត្រូវបង្ហាញឱ្យមនុស្សមើលឃើញយ៉ាងច្បាស់។ ក៏ប៉ុន្តែ លុះពេលវេលាកន្លងយូរទៅ ដួងចិត្តរបស់មនុស្សក៏កាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយសេចក្ដីពុករលួយរបស់គេក៏កាន់តែខ្លាំងទៅៗ រួចមនុស្ស និងព្រះជាម្ចាស់ក៏ឃ្លាតឆ្ងាយពីគ្នាកាន់តែឆ្ងាយទៅៗ។ ប្រាកដណាស់ថា មនុស្សបានរលាយបាត់ពីព្រះនេត្ររបស់ព្រះជាម្ចាស់បន្តិចម្ដងៗ។ មនុស្សក៏លែងអាច «មើលឃើញ» ព្រះជាម្ចាស់ទៀត ដែលធ្វើឱ្យគេគ្មាន «ដំណឹង» ណាពីព្រះជាម្ចាស់សោះ។ ដូច្នេះ គេមិនដឹងថា ព្រះជាម្ចាស់មានឬគ្មាននោះទេ ហើយថែមទាំងដល់ថ្នាក់បដិសេធព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ទាំងស្រុងផង។ ដូច្នេះ ការដែលមនុស្សមិនយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ មិនយល់ពីអ្វីដែលជាកម្មសិទ្ធិនិងអត្តសញ្ញាណរបស់ទ្រង់ គឺមិនមែនដោយសារព្រះជាម្ចាស់ត្រូវលាក់បំពួនពីមនុស្សទេ តែមកពីចិត្តរបស់គេ បានបែរចេញឆ្ងាយពីព្រះជាម្ចាស់។ ទោះបីមនុស្សជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ដួងចិត្តរបស់គេគ្មានព្រះជាម្ចាស់ដែរ ហើយគេមិនដឹងពីរបៀបស្រឡាញ់ព្រះជាម្ចាស់ឡើយ ក៏មិនចង់ស្រឡាញ់ព្រះជាម្ចាស់ដែរ ដ្បិតដួងចិត្តរបស់គេមិនដែលស្និទ្ធស្នាលនឹងព្រះជាម្ចាស់ទេ ហើយគេតែងគេចវេសពីព្រះជាម្ចាស់ជានិច្ច។ ហេតុដូច្នេះហើយទើបបានជាដួងចិត្តរបស់មនុស្ស ឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ ដូច្នេះ តើដួងចិត្តរបស់គេនៅឯណា? តាមពិត ដួងចិត្តរបស់មនុស្សមិនបានទៅណានោះទេ៖ គេពុំបានប្រគល់ដួងចិត្តរបស់គេថ្វាយទៅព្រះជាម្ចាស់ ឬបើកចិត្តនោះឱ្យព្រះជាម្ចាស់ទតឃើញឡើយ ផ្ទុយទៅវិញ គេបែរជារក្សាចិត្តនោះទុកសម្រាប់ខ្លួនគេ។ នេះមិននិយាយដល់ការពិតខ្លះដែលមានមនុស្សមួយចំនួនតែងអធិដ្ឋានទៅព្រះជាម្ចាស់ និងទូលទៅទ្រង់ថា «ឱព្រះជាម្ចាស់អើយ សូមទតមើលចិត្តទូលបង្គំផង ដ្បិតទ្រង់ជ្រាបពីអ្វីៗគ្រប់យ៉ាងដែលទូលបង្គំគិតហើយ» ហើយមនុស្សខ្លះថែមទាំងស្បថឱ្យព្រះជាម្ចាស់ពិនិត្យពិច័យពួកគេ និងដាក់ទោសពួកគេ ប្រសិនបើពួកគេក្បត់ពាក្យសម្បថរបស់ខ្លួន។ ទោះបីមនុស្សអនុញ្ញាតឱ្យព្រះជាម្ចាស់ទតមើលចិត្តរបស់គេ ក៏នេះមិនមែនមានន័យថា មនុស្សអាចស្ដាប់បង្គាប់តាមការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់នោះដែរ ក៏មិនមែនមានន័យថា គេទុកវាសនា និងក្ដីសង្ឃឹមរបស់គេ ព្រមទាំងអ្វីគ្រប់យ៉ាងដែលគេមាន នៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់នោះដែរ។ ដូច្នេះមិនថា អ្នកស្បថចំពោះព្រះជាម្ចាស់យ៉ាងណា ឬប្រកាសចំពោះទ្រង់យ៉ាងណានោះទេ ក៏នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ដួងចិត្តរបស់អ្នក នៅតែបិទជិតមិនឱ្យទ្រង់ទតឃើញដដែល ដ្បិតអ្នកគ្រាន់តែអនុញ្ញាតឱ្យព្រះជាម្ចាស់ទតឃើញដួងចិត្តរបស់អ្នកប៉ុណ្ណោះ ប៉ុន្តែអ្នកមិនបានអនុញ្ញាតឱ្យទ្រង់គ្រប់គ្រងដួងចិត្តរបស់អ្នកឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា អ្នកមិនបានប្រគល់ដួងចិត្តរបស់អ្នកថ្វាយទៅព្រះជាម្ចាស់សោះឡោះយ ហើយគ្រាន់តែនិយាយពាក្យពីរោះៗឱ្យព្រះជាម្ចាស់ទ្រង់ព្រះស្ដាប់ប៉ុណ្ណោះ។ ក្នុងពេលនោះដែរ អ្នកក៏បានលាក់បាំងចេតនាបោកបញ្ចោតមួយចំនួន ព្រមទាំងចំណាប់អារម្មណ៍ គ្រោងការ និងផែនការនានារបស់អ្នកមិនឱ្យព្រះជាម្ចាស់ជ្រាបផង ហើយក្ដោបក្ដាប់ក្ដីសង្ឃឹម និងវាសនារបស់អ្នកជាប់នៅក្នុងដៃ ដោយខ្លាចថា ព្រះជាម្ចាស់នឹងដកយករបស់ទាំងនេះពីអ្នកវិញ។ ដូច្នេះ ព្រះជាម្ចាស់មិនដែលទតឃើញពីភាពស្មោះត្រង់ដែលមនុស្សមានចំពោះទ្រង់ឡើយ។ ទោះបីជាព្រះជាម្ចាស់សង្កេតមើលជម្រៅចិត្តរបស់មនុស្ស ហើយអាចទតឃើញពីអ្វីដែលមនុស្សកំពុងគិត និងចង់ធ្វើនៅក្នុងចិត្តរបស់គេ និងអាចទតឃើញពីអ្វីដែលមនុស្សលាក់ទុកក្នុងដួងចិត្តរបស់គេក៏ដោយ ក៏ដួងចិត្តរបស់មនុស្សមិនមែនជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ដែរ ហើយគេក៏មិនបានប្រគល់ដួងចិត្តនេះថ្វាយទៅព្រះជាម្ចាស់ដើម្បីគ្រប់គ្រងនោះដែរ។ នេះមានន័យថា ព្រះជាម្ចាស់មានសិទ្ធិសង្កេតមើល តែទ្រង់គ្មានសិទ្ធិគ្រប់គ្រងដួងចិត្តគេទេ។ នៅក្នុងមនសិការផ្ទាល់ខ្លួនរបស់មនុស្ស គេមិនចង់ ឬគ្មានចេតនាថ្វាយខ្លួនរបស់គេឱ្យព្រះជាម្ចាស់ចាត់ចែងឡើយ។ មនុស្សមិនត្រឹមតែមិនចង់ឱ្យព្រះជាម្ចាស់ចូលមកពាក់ព័ន្ធទេ តែក៏មានមនុស្សខ្លះទៀត ថែមទាំងគិតរកវិធីបិទបាំងដួងចិត្តខ្លួន ដោយប្រើសម្ដីប៉ិនប្រសព្វ និងពាក្យបញ្ចើចបញ្ជោ ដើម្បីបង្កើតចំណាប់អារម្មណ៍ក្លែងក្លាយ និងដើម្បីទទួលបានទំនុកចិត្តពីព្រះជាម្ចាស់ និងបិទបាំងមុខមាត់ពិតរបស់គេពីព្រះនេត្ររបស់ព្រះជាម្ចាស់ទៀតផង។ គោលដៅដែលមិនឱ្យព្រះជាម្ចាស់ទតឃើញ គឺដើម្បីកុំឱ្យព្រះជាម្ចាស់ជ្រាបពីលក្ខណៈពិតប្រាកដរបស់គេ។ ពួកគេមិនចង់ប្រគល់ដួងចិត្តរបស់គេថ្វាយទៅព្រះជាម្ចាស់ឡើយ តែចង់រក្សាចិត្តនោះទុកសម្រាប់ខ្លួនគេវិញ។ អត្ថន័យបង្កប់នៃទង្វើនេះគឺថា អ្វីដែលមនុស្សធ្វើ និងអ្វីដែលមនុស្សចង់បាន គឺសុទ្ធតែត្រូវមនុស្សគ្រោងទុក គិតទុក និងសម្រេចចិត្តរួចជាស្រេចទៅហើយ។ គេមិនត្រូវការការចូលរួម ឬការជ្រៀតជ្រែកពីព្រះជាម្ចាស់ឡើយ គេរឹតតែមិនចង់បានការរៀបចំ និងការចាត់ចែងពីព្រះជាម្ចាស់ទៀត។ ដូច្នេះ ទោះបីពាក់ព័ន្ធ ឬមិនពាក់ព័ន្ធនឹងសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ពាក់ព័ន្ធនឹងបញ្ជាបេសកកម្មរបស់ទ្រង់ ឬសេចក្ដីតម្រូវដែលព្រះជាម្ចាស់សព្វព្រះទ័យចង់បានពីមនុស្សក៏ដោយ ក៏ការសម្រេចចិត្តរបស់មនុស្សធ្វើឡើងដោយផ្អែកលើចេតនា និងប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ ផ្អែកលើសភាពនិងស្ថានការណ៍ផ្ទាល់ខ្លួនរបស់គេនៅពេលនោះដែរ។ មនុស្សតែងប្រើចំណេះដឹង និងតម្រិះជ្រៅជ្រះដែលគេធ្លាប់ចេះដឹង និងបញ្ញារបស់គេផ្ទាល់មកវិនិច្ឆ័យ និងជ្រើសរើសផ្លូវដែលគេគួរដើរ និងមិនអនុញ្ញាតឱ្យមានការលូកដៃ ឬការគ្រប់គ្រងពីព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់ទតឃើញថា មនុស្សមានដួងចិត្តបែបនេះឯង។

តាំងពីគ្រាដំបូងមកទល់បច្ចុប្បន្ននេះ មានតែមនុស្សប៉ុណ្ណោះដែលអាចសន្ទនាជាមួយព្រះជាម្ចាស់បាន។ ពោលគឺ ក្នុងចំណោមភាវៈមានជីវិតទាំងអស់ និងក្នុងចំណោមសត្តនិករដែលព្រះជាម្ចាស់បង្កើតមក គ្មានអ្វីដែលអាចសន្ទនាជាមួយនឹងព្រះជាម្ចាស់បានក្រៅតែពីមនុស្សនេះឡើយ។ មនុស្សមានត្រចៀកដែលអាចឱ្យគេស្ដាប់ឮបាន ហើយមានភ្នែកដែលអាចឱ្យគេមើលឃើញបាន គេមានភាសា និងមានគំនិតផ្ទាល់ខ្លួន ព្រមទាំងមានឆន្ទៈដោយសេរីផង។ គេមានគ្រប់យ៉ាងដែលចាំបាច់ដើម្បីស្ដាប់ឮព្រះជាម្ចាស់មានបន្ទូល ហើយគេយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រមទាំងទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ដូច្នេះព្រះជាម្ចាស់ក៏បង្ហាញពីបំណងប្រាថ្នារបស់ទ្រង់ឱ្យមនុស្សបានដឹង ដោយចង់ធ្វើឱ្យមនុស្សក្លាយជាអ្នករួមដំណើរម្នាក់ដែលមានចិត្តនិងគំនិតដូចនឹងទ្រង់ដែរ និងជាមនុស្សដែលអាចដើរជាមួយទ្រង់បាន។ តាំងពីពេលដែលទ្រង់ចាប់ផ្ដើមការគ្រប់គ្រងមក ព្រះជាម្ចាស់តែងរង់ចាំឱ្យមនុស្សថ្វាយដួងចិត្តរបស់គេដល់ទ្រង់ ដើម្បឱ្យព្រះជាម្ចាស់អាចបន្សុទ្ធ និងបំពាក់បំប៉នដួងចិត្តគេបាន ធ្វើឱ្យគេធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងជាមនុស្សដែលព្រះជាម្ចាស់ស្រឡាញ់ ធ្វើឱ្យគេគោរពព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ព្រះជាម្ចាស់ធ្លាប់បានទន្ទឹងនិងរង់ចាំលទ្ធផលបែបនេះ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤០

ការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះយ៉ូប និងការវាយតម្លៃនៅក្នុងព្រះគម្ពីរ

យ៉ូប ១:១ មានបុរសម្នាក់នៅស្រុកអ៊ូស មានឈ្មោះថាយ៉ូប ហើយបុរសម្នាក់នោះ គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ និងជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយងាកចេញពីសេចក្ដីអាក្រក់ផង។

យ៉ូប ១:៥ លុះក្រោយមក កាលពិធីជប់លៀងរបស់គេបញ្ចប់ទៅ យ៉ូបក៏ចាត់គេទៅ ហើយញែកគេជាបរិសុទ្ធ រួចក្រោកពីព្រលឹម និងថ្វាយតង្វាយដុតតាមចំនួនកូនទាំងអស់៖ ដ្បិតយ៉ូបនិយាយថា កូនខ្ញុំប្រហែលជាបានប្រព្រឹត្តបាប ហើយដាក់បណ្ដាសាព្រះជាម្ចាស់ក្នុងចិត្តរបស់គេ។ យ៉ូបក៏ប្រព្រឹត្តបែបនេះជាបន្តបន្ទាប់។

យ៉ូប ១:៨ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា៖ «តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង»។

តើអ្វីជាចំណុចសំខាន់ដែលអ្នករាល់គ្នាឃើញនៅក្នុងអត្ថបទទាំងនេះ? អត្ថបទព្រះគម្ពីរខ្លីៗទាំងបីនេះ សុទ្ធតែពាក់ព័ន្ធនឹងយ៉ូបទាំងអស់។ ទោះបីជាខ្លីក៏ពិតមែន តែវាបញ្ជាក់យ៉ាងច្បាស់ថា គាត់ជាមនុស្សបែបណា។ តាមរយៈការរៀបរាប់ក្នុងអត្ថបទទាំងនេះអំពីឥរិយាបថ និងកិរិយាឫកពារប្រចាំថ្ងៃរបស់យ៉ូប អត្ថបទទាំងនេះប្រាប់មនុស្សគ្រប់គ្នាថា ការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះយ៉ូប មានមូលដ្ឋានច្បាស់លាស់ មិនមែនគ្មានមូលដ្ឋាននោះទេ។ អត្ថបទទាំងនេះប្រាប់យើងថា ទោះជាការវាយតម្លៃរបស់មនុស្សចំពោះយ៉ូប (យ៉ូប ១:១) ឬការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះគាត់ក្ដី (យ៉ូប ១:៨) ក៏ការវាយតម្លៃនោះសុទ្ធតែជាលទ្ធផលដែលកើតចេញពីទង្វើរបស់យ៉ូបនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ និងនៅចំពោះមុខមនុស្សទាំងអស់ដែរ (យ៉ូប ១:៥)។

ដំបូង សូមអានអត្ថបទទីមួយសិន៖ «មានបុរសម្នាក់នៅស្រុកអ៊ូស មានឈ្មោះថាយ៉ូប ហើយបុរសម្នាក់នោះ គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ និងជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយងាកចេញពីសេចក្ដីអាក្រក់ផង»។ នេះគឺជាការវាយតម្លៃទីមួយចំពោះយ៉ូបនៅក្នុងព្រះគម្ពីរ ហើយប្រយោគនេះ ជាការវាយតម្លៃរបស់អ្នកនិពន្ធ ចំពោះយ៉ូប។ តាមធម្មតា នេះក៏តំណាងឱ្យការវាយតម្លៃរបស់មនុស្សចំពោះលោកយ៉ូបដែរ នោះគឺឃ្លាថា «បុរសម្នាក់នោះ គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ និងជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយងាកចេញពីសេចក្ដីអាក្រក់ផង»។ បន្ទាប់មកទៀត យើងអានអំពីការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះលោកយ៉ូបវិញម្ដង៖ «គ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង»។ ក្នុងចំណោមការវាយតម្លៃទាំងពីរនេះ មួយជាការវាយតម្លៃពីមនុស្ស ឯមួយទៀតជាការវាយតម្លៃពីព្រះជាម្ចាស់។ ការវាយតម្លៃទាំងពីរនេះ គឺជាការវាយតម្លៃដែលមានខ្លឹមសារដូចគ្នា។ ដូច្នេះ យើងអាចមើលឃើញថា ឥរិយាបថ និងកិរយាឫកពាររបស់យ៉ូប ត្រូវមនុស្សឃើញផង និងត្រូវព្រះជាម្ចាស់សរសើរផង។ អាចនិយាយម្យ៉ាងទៀតបានថា កិរិយាឫកពាររបស់យ៉ូបនៅចំពោះមុខមនុស្ស និងកិរិយាឫកពាររបស់គាត់ចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គឺដូចគ្នា។ គាត់បានបង្ហាញពីកិរិយាឫកពារ និងការជំរុញចិត្តរបស់គាត់នៅចំពោះព្រះជាម្ចាស់គ្រប់ពេលវេលា ដើម្បីឱ្យព្រះជាម្ចាស់ទតមើលពីចំណុចទាំងនេះ ហើយគាត់ជាមនុស្សម្នាក់ដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ផង។ ដូច្នេះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ក្នុងចំណោមមនុស្សនៅលើផែនដីនេះ គឺមានតែយ៉ូបម្នាក់គត់ ដែលគ្រប់លក្ខណ៍និងទៀងត្រង់ ជាមនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។

ការបង្ហាញជាក់ច្បាស់ពីការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់របស់យ៉ូប នៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់

បន្ទាប់មកទៀត សូមយើងពិនិត្យមើលពីការបង្ហាញជាក់លាក់ពីការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់របស់យ៉ូប។ បន្ថែមពីលើអត្ថបទនៅមុន និងក្រោយអត្ថបទនេះ សូមយើងអានផងដែរ យ៉ូប ១:៥ ដែលជាអត្ថបទមួយបង្ហាញឱ្យឃើញជាក់ពីការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់របស់យ៉ូប។ អត្ថបទនេះ ទាក់ទងនឹងរបៀបដែលគាត់កោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់នៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់។ អ្វីដែលលេចធ្លោជាងគេបំផុតនោះគេ គាត់មិនត្រឹមតែធ្វើអ្វីតាមដែលគាត់គួរធ្វើដើម្បីការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់របស់គាត់ផ្ទាល់ប៉ុណ្ណោះទេ តែគាត់ក៏បានថ្វាយតង្វាយដុតជាប្រចាំដល់ព្រះជាម្ចាស់ ជំនួសឱ្យកូនប្រុសៗរបស់គាត់ផងដែរ។ គាត់ខ្លាចក្រែងពួកគេឧស្សាហ៍ «ប្រព្រឹត្តបាប ហើយដាក់បណ្ដាសាព្រះជាម្ចាស់ក្នុងចិត្តរបស់គេ» ពេលកំពុងជប់លៀង។ តើការកោតខ្លាចនេះបានបង្ហាញឱ្យយើងឃើញយ៉ាងដូចម្ដេចតាមរយៈយ៉ូប? អត្ថបទដើមបានកត់ត្រាទុកដូចតទៅនេះថា៖ «លុះក្រោយមក កាលពិធីជប់លៀងរបស់គេបញ្ចប់ទៅ យ៉ូបក៏ចាត់គេទៅ ហើយញែកគេជាបរិសុទ្ធ រួចក្រោកពីព្រលឹម និងថ្វាយតង្វាយដុតតាមចំនួនកូនទាំងអស់»។ ការប្រព្រឹត្តរបស់យ៉ូបបង្ហាញយើងថា ការកោតខ្លាចព្រះជាម្ចាស់របស់គាត់ កើតចេញមកពីចិត្តរបស់គាត់ មិនមែនជាការសម្ដែងចេញមកតែក្នុងឥរិយាបថពីសម្បកក្រៅនោះទេ ហើយការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ អាចមើលឃើញបានក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតប្រចាំថ្ងៃរបស់គាត់ នៅគ្រប់ពេលវេលា ដ្បិតគាត់មិនត្រឹមតែគេចចេញពីសេចក្ដីអាក្រក់តែខ្លួនគាត់ទេ ប៉ុន្តែ គាត់ក៏ឧស្សាហ៍ថ្វាយតង្វាយដុតជំនួសកូនប្រុសៗរបស់គាត់ដែរ។ អាចនិយាយបានថា យ៉ូបមិនត្រឹមតែភ័យខ្លាចខ្លាំងចំពោះការប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ និងការបោះបង់ព្រះជាម្ចាស់ប៉ុណ្ណោះទេ តែគាត់ក៏បារម្ភខ្លាចកូនប្រុសរបស់គាត់អាចនឹងប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ ហើយបោះបង់ទ្រង់ពីក្នុងចិត្តរបស់គេផងដែរ។ តាមរយៈសេចក្ដីនេះ យើងអាចមើលឃើញថា ការពិតទាក់ទងនឹងការដែលយ៉ូបកោតខ្លាចព្រះជាម្ចាស់ មិនខ្លាចឱ្យគេពិនិត្យពិច័យឡើយ ហើយក៏គ្មានអ្វីឱ្យមនុស្សត្រូវសង្ស័យនោះដែរ។ តើគាត់ធ្វើបែបនេះម្ដងម្កាល ឬក៏ជាញឹកញាប់? ឃ្លាចុងក្រោយនៃអត្ថបទនេះគឺ «យ៉ូបក៏ប្រព្រឹត្តបែបនេះជាបន្តបន្ទាប់»។ អត្ថន័យនៃឃ្លានេះគឺថា យ៉ូបមិនមែនទៅតាមដានកូនប្រុសរបស់គាត់ម្ដងម្កាល ឬនៅពេលណាដែលគាត់ចង់នោះទេ ហើយគាត់ក៏មិនលន់តួបាបចំពោះព្រះជាម្ចាស់តាមរយៈការអធិដ្ឋានដែរ។ ផ្ទុយទៅវិញ គាត់តែងចាត់កូនប្រុសគាត់ឱ្យបានញែកជាបរិសុទ្ធជាប្រចាំ ហើយថ្វាយតង្វាយដុតជំនួសពួកគេផង។ ពាក្យថា «បន្តបន្ទាប់» ក្នុងអត្ថបទនេះ មិនមែនមានន័យថា គាត់ធ្វើដូច្នេះតែមួយថ្ងៃ ឬពីរថ្ងៃ ឬក៏មួយរយៈពេលខ្លីនោះទេ។ អាចនិយាយបានថា ការបង្ហាញពីការកោតខ្លាចរបស់យ៉ូបចំពោះព្រះជាម្ចាស់ មិនមែនបណ្ដោះអាសន្ននោះទេ ក៏មិនមែនឈប់ត្រឹមចំណេះដឹង និងពាក្យសម្ដីនិយាយចេញមកនេះដែរ។ ផ្ទុយទៅវិញ របៀបនៃការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់នេះ បានដឹកនាំចិត្តរបស់គាត់ បានណែនាំឥរិយាបថរបស់គាត់ ហើយនៅក្នុងចិត្តរបស់គាត់ នេះជាឫសគល់នៃជីវិតរស់រាន្តរបស់គាត់។ ការដែលគាត់ធ្វើបែបនេះជាបន្តបន្ទាប់បង្ហាញថា នៅក្នុងចិត្តរបស់គាត់ គឺគាត់តែងភ័យខ្លាចថា គាត់ខ្លួនឯងនឹងប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ ហើយក៏ខ្លាចថា កូនប្រុសស្រីរបស់គាត់ នឹងប្រព្រឹត្តអំពើបាបទាស់នឹងព្រះជាម្ចាស់ដែរ។ នេះបង្ហាញថា របៀបនៃការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់នេះ មានទម្ងន់ខ្លាំងប៉ុនណានៅក្នុងចិត្តរបស់គាត់។ គាត់ធ្វើបែបនេះជាបន្តបន្ទាប់ ពីព្រោះនៅក្នុងចិត្តរបស់គាត់ គាត់មានការខ្លបខ្លាចនិងការកោតខ្លាច គាត់ខ្លាចថាគាត់បានប្រព្រឹត្តអាក្រក់ និងប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ និងខ្លាចថាគាត់ឃ្លាតឆ្ងាយពីផ្លូវរបស់ព្រះជាម្ចាស់ និងមិនអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ ក្នុងពេលជាមួយគ្នានោះដែរ គាត់ក៏បារម្ភអំពីកូនប្រុសស្រីរបស់គាត់ ខ្លាចថាពួកគេបានប្រមាថដល់ព្រះជាម្ចាស់។ នេះហើយជាការកិរិយាប្រព្រឹត្តជាធម្មតារបស់យ៉ូបនៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់។ ប្រាកដណាស់ កិរិយាប្រព្រឹត្តជាធម្មតានេះហើយដែលបញ្ជាក់ថា ការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់របស់យ៉ូប មិនមែនគ្រាន់តែជាពាក្យឥតបានការនោះទេ ហើយក៏បញ្ជាក់ថាយ៉ូបពិតជាបានរស់នៅតាមតថភាពបែបនេះមែន។ «យ៉ូបក៏ប្រព្រឹត្តបែបនេះជាបន្តបន្ទាប់»៖ ពាក្យទាំងនេះប្រាប់យើងអំពីទង្វើដែលយ៉ូបបានធ្វើជារៀងរាល់ថ្ងៃនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ នៅពេលដែលគាត់ធ្វើបែបនេះជាបន្តបន្ទាប់ តើកិរិយាឫកពារ និងដួងចិត្តរបស់គាត់បានទៅដល់ព្រះជាម្ចាស់ដែរឬទេ? និយាយឱ្យចំទៅ តើព្រះជាម្ចាស់តែងតែសព្វព្រះទ័យនឹងដួងចិត្តនិងឥរិយាបថរបស់គាត់ដែរទេ? ចុះតើយ៉ូបធ្វើដូច្នេះជាបន្តបន្ទាប់ក្នុងសភាព និងបរិបទបែបណា? មនុស្សខ្លះនិយាយថា៖ «នោះមកពីព្រះជាម្ចាស់ឧស្សាហ៍លេចមកឱ្យយ៉ូបឃើញ ទើបគាត់ធ្វើដូច្នោះ»។ អ្នកខ្លះថា៖ «គាត់ធ្វើបែបនេះជាបន្តបន្ទាប់ ដោយសារគាត់មានបំណងគេចចេញពីសេចក្ដីអាក្រក់»។ ហើយអ្នកខ្លះទៀតថា៖ «ប្រហែលជាគាត់គិតថា ទ្រព្យរបស់គាត់មិនមែនបានមកដោយងាយៗទេ ហើយគាត់ដឹងថា ទ្រព្យទាំងនោះ ព្រះជាម្ចាស់ប្រទានឱ្យគាត់ ដូច្នេះហើយ គាត់ពិតជាខ្លាចបាត់បង់ទ្រព្យសម្បត្តិរបស់គាត់ជាខ្លាំង ដោយសារការប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ ឬការប្រមាថដល់ព្រះជាម្ចាស់»។ ក្នុងចំណោមសម្ដីទាំងអស់នេះ តើមានសម្ដីមួយណាពិតដែរឬទេ? ប្រាកដណាស់គឺគ្មានទេ។ ដ្បិតនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្វីដែលព្រះជាម្ចាស់ទទួលយក និងសព្វព្រះទ័យនឹងយ៉ូបខ្លាំងបំផុតនោះ គឺមិនមែនដោយសារតែគាត់ធ្វើបែបនេះជាបន្តបន្ទាប់នោះទេ។ លើសពីនេះទៅទៀត គឺមកពីកិរិយាឫកពាររបស់គាត់ចំពោះព្រះជាម្ចាស់ ចំពោះមនុស្ស និងចំពោះសាតាំងនៅពេលដែលគាត់ត្រូវព្រះជាម្ចាស់ប្រគល់ទៅឱ្យសាតាំងល្បួងល។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤១

សាតាំងល្បួងយ៉ូបលើកទីមួយ (ហ្វូងសត្វរបស់គាត់ត្រូវគេលួច ហើយសោកនាដកម្មបានធ្លាក់មកលើកូនៗរបស់គាត់) (អត្ថបទសម្រាំង)

ក. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់

យ៉ូប ១:៨ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា៖ «តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង»។

យ៉ូប ១:១២ រួចព្រះយេហូវ៉ាមានបន្ទូលទៅសាតាំងថា មើល៎ គ្រប់យ៉ាងដែលគាត់មាន ស្ថិតក្នុងអំណាចរបស់ឯងហើយ។ លើកលែងតែខ្លួនគាត់ប៉ុណ្ណោះដែលឯងមិនត្រូវលូកដៃទៅប៉ះឡើយ។ ដូច្នេះ សាតាំងក៏ចេញពីព្រះវត្តមានរបស់ព្រះយេហូវ៉ាទៅ។

ខ. ចម្លើយតបរបស់សាតាំង

យ៉ូប ១:៩-១១ បន្ទាប់មក សាតាំងបានទូលឆ្លើយព្រះ‌យេហូវ៉ាថា៖ «តើយ៉ូបកោតខ្លាចព្រះ‌អង្គ ដោយសារតែគ្មានប្រយោជន៍ឬ? តើព្រះ‌អង្គមិនបានធ្វើរបងព័ទ្ធជុំ‌វិញគាត់ ក្រុមគ្រួសាររបស់គាត់ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មានទេឬអី? ព្រះ‌អង្គបានប្រទានពរដល់គ្រប់កិច្ចការដែលគាត់ធ្វើ ហើយទ្រព្យ‌សម្បត្តិរបស់គាត់បានកើនចំនួនច្រើនឡើងនៅលើផែនដី។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះ‌ហស្តទៅពាល់អ្វីៗទាំងអស់ដែលគាត់មានមើល៍ នោះគាត់នឹងដាក់បណ្ដាសាព្រះអង្គ នៅចំពោះព្រះភ័ក្ត្រទ្រង់មិនខាន»។

ព្រះជាម្ចាស់អនុញ្ញាតឱ្យសាតាំងល្បួងយ៉ូប ដើម្បីប្រោសសេចក្ដីជំនឿរបស់យ៉ូបឱ្យបានគ្រប់លក្ខណ៍

កណ្ឌគម្ពីរយ៉ូប ១:៨ គឺជាកំណត់ត្រាដំបូងនៅក្នុងព្រះគម្ពីរ ដែលយើងឃើញពីការសន្ទនារវាងព្រះយេហូវ៉ាដ៏ជាព្រះ ជាមួយនឹងសាតាំង។ ដូច្នេះ តើព្រះជាម្ចាស់មានបន្ទូលអ្វីខ្លះ? អត្ថបទដើមមានកត់ត្រាដូចតទៅនេះថា៖ «រួចព្រះ‌យេហូវ៉ាសួរសាតាំងថា៖ តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង»។ នេះគឺជាការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះយ៉ូបនៅនឹងមុខសាតាំង។ ព្រះជាម្ចាស់មានបន្ទូលថា គាត់ជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ ជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ផង។ មុនពេលមានការសន្ទនារវាងព្រះជាម្ចាស់ និងសាតាំងនេះ ព្រះជាម្ចាស់បានតាំងព្រះទ័យជាស្រេចថា ទ្រង់នឹងប្រើសាតាំងឱ្យល្បួងយ៉ូប ថាទ្រង់នឹងប្រគល់យ៉ូបទៅឱ្យសាតាំង។ តាមការយល់ឃើញមួយបែប នេះគឺបង្ហាញថា ការសង្កេត និងការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះយ៉ូប គឺត្រឹមត្រូវ គ្មានខុសឡើយ ព្រមទាំងធ្វើឱ្យសាតាំងត្រូវអាម៉ាស់មុខដោយសារតែទីបន្ទាល់របស់យ៉ូបទៀតផង។ តាមទស្សនៈមួយទៀត ការនេះនឹងប្រោសសេចក្ដីជំនឿរបស់គាត់លើព្រះជាម្ចាស់ឱ្យបានគ្រប់លក្ខណ៍ និងឱ្យគាត់កោតខ្លាចដល់ព្រះជាម្ចាស់។ ដូច្នេះ នៅពេលដែលសាតាំងចូលមកចំពោះព្រះជាម្ចាស់ ព្រះជាម្ចាស់ពុំមានបន្ទូលអ្វីច្រើននោះទេ។ ព្រះអង្គមានបន្ទូលចំៗ រួចសួរសាតាំងថា៖ «តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង»។ នៅក្នុងសំណួររបស់ព្រះជាម្ចាស់ មានអត្ថន័យដូចតទៅ៖ ព្រះជាម្ចាស់ជ្រាបថា សាតាំងបានដើរទៅមកគ្រប់ទីកន្លែង និងបានលបសង្កេតមើលយ៉ូប ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ជារឿយៗផង។ វាឧស្សាហ៍ល្បួង និងវាយប្រហារយ៉ូប ដោយព្យាយាមរិះរកវិធីបំផ្លាញគាត់ ដើម្បីបញ្ជាក់ថា សេចក្ដីជំនឿនិងការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ មិនអាចជាប់លាប់បានឡើយ។ សាតាំងក៏បានរកឱកាសជាស្រេចដើម្បីធ្វើឱ្យយ៉ូបអន្តរាយ ដើម្បីឱ្យយ៉ូបបោះបង់ព្រះជាម្ចាស់ និងដើម្បីឱ្យវាអាចកញ្ឆក់យកគាត់ចេញពីព្រះហស្តរបស់ព្រះជាម្ចាស់បាន។ ប៉ុន្តែ ព្រះជាម្ចាស់បានទតមើលដួងចិត្តរបស់យ៉ូប និងឃើញថា គាត់ជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ ហើយគាត់ក៏កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង។ ព្រះជាម្ចាស់បានប្រើសំណួរមួយប្រាប់ទៅសាតាំងថា យ៉ូប គឺជាមនុស្សសុចរិត និងទៀងត្រង់ម្នាក់ ដែលកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ ហើយយ៉ូបនឹងមិនដែលបោះបង់ព្រះជាម្ចាស់ ទៅដើរតាមសាតាំងវិញឡើយ។ បន្ទាប់ពីបានឮការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះយ៉ូបហើយ ធ្វើឱ្យសាតាំងផ្ទុះកំហឹងចេញពីភាពអាម៉ាស់ ហើយសាតាំងក៏កាន់តែខឹងខ្លាំងឡើងៗ និងរឹតតែអន្ទះសាចង់ដណ្ដើមយកយ៉ូបឱ្យបាន ដ្បិតសាតាំងមិនដែលជឿសោះថា មនុស្សអាចគ្រប់លក្ខណ៍និងទៀងត្រង់បានឡើយ ក៏មិនជឿថា ពួកគេអាចកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បានដែរ។ ក្នុងពេលជាមួយគ្នានោះ សាតាំងក៏ស្អប់ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់នៅក្នុងខ្លួនមនុស្សដែរ ហើយវាក៏ស្អប់មនុស្សដែលអាចកោតខ្លាចដល់ព្រះជាម្ចាស់ និងអាចគេចចេញពីសេចក្ដីអាក្រក់បានផងដែរ។ ដូច្នេះ ទើបមានចែងទុកក្នុងកណ្ឌគម្ពីរយ៉ូប ១:៩-១១ ថា «បន្ទាប់មក សាតាំងបានទូលឆ្លើយព្រះ‌យេហូវ៉ាថា៖ 'តើយ៉ូបកោតខ្លាចព្រះ‌អង្គ ដោយសារតែគ្មានប្រយោជន៍ឬ? តើព្រះ‌អង្គមិនបានធ្វើរបងព័ទ្ធជុំ‌វិញគាត់ ក្រុមគ្រួសាររបស់គាត់ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មានទេឬអី? ព្រះ‌អង្គបានប្រទានពរដល់គ្រប់កិច្ចការដែលគាត់ធ្វើ ហើយទ្រព្យ‌សម្បត្តិរបស់គាត់បានកើនចំនួនច្រើនឡើងនៅលើផែនដី។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះ‌ហស្តទៅពាល់អ្វីៗទាំងអស់ដែលគាត់មានមើល៍ នោះគាត់នឹងដាក់បណ្ដាសាព្រះអង្គ នៅចំពោះព្រះ ភ័ក្ត្រទ្រង់មិនខាន'»។ ព្រះជាម្ចាស់ជ្រាបច្បាស់ពីធម្មជាតិព្យាបាទរបស់សាតាំង និងជ្រាបច្បាស់ថា សាតាំងបានរៀបផែនការដើម្បីបំផ្លាញយ៉ូបជាយូរណាស់មកហើយ ដូច្នេះ តាមរយៈការមានបន្ទូលប្រាប់សាតាំងថា យ៉ូបជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ ហើយថាគាត់កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ជាថ្មីម្ដងទៀត គឺព្រះជាម្ចាស់ប្រាថ្នាឱ្យសាតាំងចូលមកពាក់ព័ន្ធនៅក្នុងរឿងនេះ ដើម្បីឱ្យសាតាំងបង្ហាញមុខមាត់ពិតរបស់វា ព្រមទាំងវាយប្រហារ និងល្បួងយ៉ូបផង។ អាចនិយាយម្យ៉ាងទៀតបានថា ព្រះជាម្ចាស់មានចេតនាបញ្ជាក់យ៉ាងច្បាស់ថា យ៉ូបជាមនុស្សគ្រប់លក្ខណ៍និងទៀងត្រង់ ហើយគាត់កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង ហើយតាមវិធីនេះ ព្រះអង្គបានឱ្យសាតាំងវាយប្រហារយ៉ូប ដ្បិតសាតាំងខឹងស្អប់ចំពោះការដែលយ៉ូបគ្រប់លក្ខណ៍ និងទៀងត្រង់ ហើយជាមនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង។ ហេតុដូច្នេះ ព្រះជាម្ចាស់ក៏បានធ្វើឱ្យសាតាំងអាម៉ាស់មុខ តាមរយៈការបញ្ជាក់ពីការពិតដែលថា យ៉ូបជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ ជាមនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ពិតមែន ម្ល៉ោះហើយសាតាំងនឹងត្រូវអាម៉ាស់មុខ និងបរាជ័យទាំងស្រុង។ បន្ទាប់ពីនោះ សាតាំងនឹងលែងសង្ស័យ ឬចោទប្រកាន់មកលើភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ ការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់របស់យ៉ូបទៀតហើយ។ តាមវិធីនេះ ការល្បងលរបស់ព្រះជាម្ចាស់ និងការល្បួងរបស់សាតាំង គឺសឹងតែចៀសមិនផុតទេ។ មនុស្សតែម្នាក់គត់ដែលអាចទ្រាំទ្រនឹងការល្បងលរបស់ព្រះជាម្ចាស់ និងការល្បួងរបស់សាតាំងបាន គឺមានតែយ៉ូបម្នាក់គត់។ តាមរយៈការសន្ទនាខាងក្រោមនេះ សាតាំងទទួលបានការអនុញ្ញាតឱ្យល្បួងយ៉ូប។ ហេតុនេះ ការវាយប្រហាររបស់សាតាំងនៅជុំទីមួយនេះក៏បានចាប់ផ្ដើម។ គោលដៅនៃការវាយប្រហារនេះ គឺលើទ្រព្យសម្បត្តិរបស់យ៉ូប ដ្បិតសាតាំងបានចោទប្រកាន់ទាស់នឹងយ៉ូបដូច្នេះថា៖ «តើយ៉ូប កោតខ្លាចព្រះ‌អង្គដោយសារតែគ្មានប្រយោជន៍ឬ? ... ព្រះ‌អង្គបានប្រទានពរដល់គ្រប់កិច្ចការដែលគាត់ធ្វើ ហើយ ទ្រព្យ‌សម្បត្តិរបស់គាត់បានកើនចំនួនច្រើនឡើងនៅលើផែនដី»។ ហេតុនេះ ព្រះជាម្ចាស់ក៏អនុញ្ញាតឱ្យសាតាំងដកយកគ្រប់យ៉ាងដែលគាត់មាន។ ហើយនេះគឺជាគោលបំណងតែមួយគត់ដែលព្រះជាម្ចាស់មានបន្ទូលជាមួយសាតាំង។ ដូច្នេះ ព្រះជាម្ចាស់ក៏បានបង្គាប់សាតាំងថា «មើល៎ គ្រប់យ៉ាងដែលគាត់មាន ស្ថិតក្នុងអំណាចរបស់ឯងហើយ។ លើកលែងតែខ្លួនគាត់ប៉ុណ្ណោះដែលឯងមិនត្រូវលូកដៃទៅប៉ះឡើយ» (យ៉ូប ១:១២)។ នេះគឺជាលក្ខខណ្ឌដែលព្រះជាម្ចាស់បានដាក់ បន្ទាប់ពីទ្រង់បានអនុញ្ញាតឱ្យសាតាំងល្បួងយ៉ូប ហើយបានប្រគល់យ៉ូបទៅក្នុងដៃរបស់សាតាំង ហើយនេះគឺជាដែនកំណត់ដែលទ្រង់បានដាក់ឱ្យសាតាំង៖ ទ្រង់បានបង្គាប់សាតាំងមិនឱ្យធ្វើបាបយ៉ូបឡើយ។ ដោយសារតែព្រះជាម្ចាស់ទទួលស្គាល់ថា យ៉ូបជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ និងដោយសារតែទ្រង់មានជំនឿថា ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់យ៉ូបចំពោះព្រះអង្គ មានប្រាកដមែន និងអាចស៊ូទ្រាំនឹងការល្បងលបាន ដូច្នេះបានជាព្រះជាម្ចាស់អនុញ្ញាតឱ្យសាតាំងល្បួងយ៉ូប ប៉ុន្តែបានដាក់កំហិតមួយដល់សាតាំង៖ សាតាំងអនុញ្ញាតឱ្យដកយកទ្រព្យសម្បត្តិទាំងអស់របស់យ៉ូប ប៉ុន្តែ វាមិនអាចលូកដៃទៅពាល់គាត់បានឡើយ។ តើនេះមានន័យដូចម្ដេច? មានន័យថា នៅពេលនោះព្រះជាម្ចាស់មិនបានប្រគល់យ៉ូបទៅឱ្យសាតាំងទាំងស្រុងឡើយ។ សាតាំងអាចល្បួងយ៉ូបតាមគ្រប់មធ្យោបាយដែលវាចង់ធ្វើបាន ក៏ប៉ុន្តែវាមិនអាចធ្វើបាបយ៉ូបបានឡើយ សូម្បីសក់ក្បាលគាត់មួយសរសៃក៏ប៉ះមិនបានផង ព្រោះគ្រប់យ៉ាងដែលមនុស្សមាន ព្រះជាម្ចាស់ជាអ្នកគ្រប់គ្រង ហើយដ្បិតការរស់ ឬការស្លាប់របស់មនុស្ស គឺព្រះជាម្ចាស់ជាអ្នកសម្រេច។ សាតាំងគ្មានសិទ្ធិធ្វើបែបនេះឡើយ។ បន្ទាប់ពីព្រះជាម្ចាស់មានបន្ទូលដូច្នេះទៅសាតាំងហើយ នោះសាតាំងក៏ចាប់ផ្ដើមធ្វើការដោយមិនបង្អង់យូរឡើយ។ វាប្រើគ្រប់មធ្យោបាយដើម្បីល្បួងយ៉ូប ហើយមិនយូរប៉ុន្មាន យ៉ូបក៏បាត់បង់ហ្វូងចៀម និងហ្វូងគោដែលមានតម្លៃស្មើនឹងភ្នំ ព្រមទាំងទ្រព្យសម្បត្តិទាំងអម្បាលម៉ានដែលព្រះជាម្ចាស់បានប្រទានឱ្យគាត់ផង...។ ដូច្នេះ ការល្បងលរបស់ព្រះជាម្ចាស់ក៏កើតមានដល់គាត់។

ទោះបីជាព្រះគម្ពីរប្រាប់យើងពីដើមចមនៃការដែលយ៉ូបត្រូវដាក់ក្នុងការល្បួងក៏ពិតមែន ប៉ុន្តែតើយ៉ូបខ្លួនឯងនេះ ដែលជាមនុស្សត្រូវដាក់ទៅក្នុងការល្បួងទាំងនេះ បានដឹងពីអ្វីដែលនឹងត្រូវកើតឡើងទេ? យ៉ូបគ្រាន់តែជាមនុស្សធម្មតាម្នាក់។ ដូច្នេះពិតណាស់ថា គាត់មិនបានដឹងពីរឿងរ៉ាវដែលនឹងត្រូវកើតមាននៅជុំវិញខ្លួនគាត់ឡើយ។ ក៏ប៉ុន្តែ ការកោតខ្លាចដល់ព្រះជាម្ចាស់ និងភាពគ្រប់លក្ខណ៍ ព្រមទាំងភាពទៀងត្រង់របស់គាត់ បានធ្វើឱ្យគាត់ដឹងថា ការល្បងលរបស់ព្រះជាម្ចាស់បានកើតមានដល់គាត់ហើយ។ គាត់មិនបានដឹងថានៅក្នុងពិភពខាងវិញ្ញាណនោះ មានរឿងអ្វីបានកើតឡើងឡើយ ហើយក៏មិនបានដឹងពីចេតនារបស់ព្រះជាម្ចាស់ នៅពីក្រោយការល្បងលនេះដែរ។ ប៉ុន្តែ ទោះជាមានអ្វីកើតឡើងចំពោះគាត់ក៏ដោយ គាត់បានដឹងថា គាត់គួរតែប្រកាន់ខ្ចាប់នូវភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់គាត់ និងគួរប្រកាន់ខ្ជាប់តាមផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់នេះ។ អាកប្បកិរិយា និងប្រតិកម្មរបស់យ៉ូបចំពោះបញ្ហាទាំងអស់នេះ ត្រូវបានព្រះជាម្ចាស់ទតឃើញយ៉ាងច្បាស់។ តើព្រះជាម្ចាស់ទតឃើញអ្វីខ្លះ? ទ្រង់ទតឃើញដួងចិត្តកោតខ្លាចដល់ព្រះជាម្ចាស់របស់យ៉ូប ពីព្រោះតាំងពីគ្រាដំបូងរហូតដល់គ្រាដែលយ៉ូបត្រូវល្បងល ដួងចិត្តរបស់យ៉ូបនៅតែបើកចំហចំពោះព្រះជាម្ចាស់ដដែល ដួងចិត្តគាត់ត្រូវបានលាតត្រដាងនៅចំពោះព្រះជាម្ចាស់ ហើយយ៉ូបមិនបានបោះបង់ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់គាត់ឡើយ ហើយគាត់ក៏មិនបានបោះបង់ ឬងាកចេញពីផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ និងផ្លូវគេចចេញពីសេចក្ដីអាក្រក់ដែរ។ គ្មានអ្វីដែលធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យជាងនេះទៀតឡើយ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤២

សាតាំងល្បួងយ៉ូបលើកទីមួយ (ហ្វូងសត្វរបស់គាត់ត្រូវគេលួច ហើយសោកនាដកម្មបានធ្លាក់មកលើកូនៗរបស់គាត់) (អត្ថបទសម្រាំង)

ប្រតិកម្មរបស់យ៉ូប

យ៉ូប ១:២០-២១ នោះយ៉ូបក៏ក្រោកឡើង រួចហែកអាវ និងកោរសក់របស់ខ្លួន ហើយលុតក្រាបដល់ដី ថ្វាយបង្គំ រួចនិយាយថា ទូលបង្គំកើតពីពោះម្ដាយទាំងអាក្រាត ហើយទូលបង្គំនឹងត្រឡប់ទៅវិញទាំងអាក្រាតដែរ ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា។

យ៉ូបសុខចិត្តប្រគល់គ្រប់យ៉ាងដែលគាត់មាន ដែលបានមកពីការកោតខ្លាចដល់ព្រះជាម្ចាស់

បន្ទាប់ពីព្រះជាម្ចាស់មានបន្ទូលទៅសាតាំងថា «មើល៎ គ្រប់យ៉ាងដែលគាត់មាន ស្ថិតក្នុងអំណាចរបស់ឯងហើយ។ លើកលែងតែខ្លួនគាត់ប៉ុណ្ណោះដែលឯងមិនត្រូវលូកដៃទៅប៉ះឡើយ» សាតាំងក៏ចាកចេញទៅ ក្រោយមកមិនយូរប៉ុន្មាន យ៉ូបក៏ធ្លាក់ក្នុងការវាយប្រហារដ៏សាហាវមួយរំពេច៖ ដំបូង ហ្វូងគោ និងហ្វូងលារបស់គាត់ត្រូវគេប្លន់ ហើយបាវព្រាវខ្លះរបស់គាត់ ត្រូវគេសម្លាប់។ បន្ទាប់មក ហ្វូងចៀម និងបាវព្រាវខ្លះទៀតក៏ត្រូវភ្លើងដុតសម្លាប់។ ក្រោយមកទៀត ហ្វូងអូដ្ឋរបស់គាត់ក៏ត្រូវគេប្លន់ ហើយបាវព្រាវជាច្រើនទៀតក៏ត្រូវគេសម្លាប់ដែរ។ ជាចុងក្រោយ ជីវិតកូនប្រុស និងកូនស្រីរបស់គាត់ ក៏ត្រូវដកយកទៅទៀត។ ការវាយប្រហារជាបន្តបន្ទាប់នេះ គឺជាទុក្ខទារុណដែលយ៉ូបទទួលរងនៅក្នុងការល្បួងលើកទីមួយនេះ។ នៅក្នុងការវាយប្រហារនេះដែរ សាតាំងសំដៅតែទៅលើទ្រព្យសម្បត្តិ និងកូនៗរបស់យ៉ូបប៉ុណ្ណោះ ពុំបានធ្វើបាបយ៉ូបឡើយ គឺធ្វើដូចដែលព្រះជាម្ចាស់បានបង្គាប់នោះមែន។ ទោះយ៉ាងណា យ៉ូបបានផ្លាស់ប្ដូរមួយរំពេច ពីមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ ទៅជាមនុស្សម្នាក់ដែលគ្មានអ្វីសោះ។ គ្មាននរណាអាចទ្រាំទ្រនឹងការវាយប្រហារដ៏គួរឱ្យតក់ស្លុតបែបនេះបានទេ ហើយក៏គ្មាននរណាអាចប្រតិកម្មតបទៅនឹងរឿងហេតុបែបនេះឱ្យបានសមស្របនោះដែរ។ ប៉ុន្តែយ៉ូបបានបង្ហាញពីផ្នែកដ៏អស្ចារ្យរបស់គាត់។ បទគម្ពីរបានកត់ត្រាទុកមកថា៖ «នោះយ៉ូបក៏ក្រោកឡើង រួចហែកអាវ និងកោរសក់របស់ខ្លួន ហើយលុតក្រាបដល់ដី ថ្វាយបង្គំ»។ បន្ទាប់ពីបានឮថា គាត់បានបាត់បង់កូនៗ និងទ្រព្យសម្បត្តិទាំងអស់របស់គាត់ យ៉ូបមានប្រតិកម្មដំបូងបែបនេះឯង។ ជាងនេះទៅទៀត គាត់ហាក់បីដូចជាមិនភ្ញាក់ផ្អើល ឬភ័យស្លន់ស្លោអ្វីនោះទេ ហើយគាត់ក៏មិនបញ្ចេញកំហឹង ឬការស្អប់ខ្ពើមអ្វីដែរ។ ដូច្នេះ អ្នកឃើញហើយថា នៅក្នុងចិត្តរបស់គាត់ គាត់បានទទួលស្គាល់រួចជាស្រេចហើយថា មហន្តរាយទាំងអស់នេះ មិនមែនជារឿងចៃដន្យ ឬកើតមកពីស្នាដៃមនុស្សទេ ក៏មិនមែនកម្មពៀរមកដល់ ឬជាការដាក់ទោសនោះដែរ។ ផ្ទុយទៅវិញ ការល្បងលរបស់ព្រះយេហូវ៉ាបានធ្លាក់មកលើគាត់ហើយ គឺព្រះយេហូវ៉ាដែលចង់ដកយកទ្រព្យសម្បត្តិ និងកូនៗរបស់គាត់។ ពេលនោះ យ៉ូបមានអារម្មណ៍នឹងធឹង និងមានការត្រិះរិះច្បាស់លាស់ណាស់។ ភាពជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់របស់គាត់ បានធ្វើឱ្យគាត់អាចវិនិច្ឆ័យ និងសម្រេចចិត្តបានសុក្រឹត្យត្រឹមត្រូវទៅតាមហេតុផល និងតាមលក្ខណៈនៃមហន្តរាយដែលបានកើតឡើងមកលើគាត់។ ហេតុនេះហើយទើបគាត់សម្ដែងកិរិយាឫកពារនឹងធឹងខុសពីធម្មតាបែបនេះ៖ «នោះយ៉ូបក៏ក្រោកឡើង រួចហែកអាវ និងកោរសក់របស់ខ្លួន ហើយលុតក្រាបដល់ដី ថ្វាយបង្គំ»។ «ហែកអាវរបស់គាត់» មានន័យថា គាត់គ្មានអ្វីស្លៀកពាក់ គ្មានទ្រព្យសម្បត្តិអ្វីទាំងអស់។ «កោរសក់របស់ខ្លួន» មានន័យថា គាត់បានត្រឡប់ទៅចំពោះព្រះជាម្ចាស់ ក្នុងលក្ខណៈដូចជាទារកដែលទើបនឹងកើតដែរ។ «លុតក្រាបដល់ដី ថ្វាយបង្គំ» មានន័យថា គាត់បានមកក្នុងលោកិយនេះដោយខ្លួនទទេ ហើយថ្ងៃនេះ គាត់ក៏នៅតែគ្មានអ្វីដដែល ហើយគាត់ត្រូវគេប្រគល់ត្រឡប់ទៅឯព្រះជាម្ចាស់វិញ ដូចជាទារកទើបនឹងកើតដូច្នោះដែរ។ អាកប្បកិរិយារបស់យ៉ូបចំពោះគ្រប់យ៉ាងដែលបានកើតឡើងមកលើគាត់ គ្មានសត្តនិករណាមួយដែលព្រះជាម្ចាស់បានបង្កើតមក អាចធ្វើបានឡើយ។ សេចក្ដីជំនឿរបស់គាត់លើព្រះយេហូវ៉ា ហួសពីវិស័យនៃជំនឿទៅទៀត ដ្បិតនេះគឺជាការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ ជាការស្ដាប់បង្គាប់របស់គាត់ចំពោះព្រះជាម្ចាស់។ គាត់មិនត្រឹមតែអាចអរព្រះគុណព្រះជាម្ចាស់ ចំពោះការប្រទានអ្វីដល់គាត់ប៉ុណ្ណោះទេ តែគាត់ក៏អាចអរព្រះគុណព្រះជាម្ចាស់ចំពោះការដកយកអ្វីៗពីគាត់ទៅវិញដែរ។ ជាងនេះទៀត គាត់សុខចិត្តសងគ្រប់យ៉ាងដែលគាត់បានជំពាក់ ថ្វាយទៅព្រះជាម្ចាស់វិញ បូករួមទាំងជីវិតរបស់គាត់ផង។

ការកោតខ្លាច និងការស្ដាប់បង្គាប់របស់យ៉ូបចំពោះព្រះជាម្ចាស់ គឺជាគំរូមួយសម្រាប់មនុស្សជាតិ ហើយភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់គាត់ គឺជាចំណុចខ្ពស់បំផុតដែលមនុស្សគួរតែមាននៅក្នុងខ្លួន។ ទោះបីគាត់មើលមិនឃើញព្រះជាម្ចាស់ ក៏គាត់ទទួលស្គាល់ថា ព្រះជាម្ចាស់មានពិតប្រាកដ ហើយដោយសារតែការទទួលស្គាល់បែបនេះហើយ ទើបគាត់កោតខ្លាចព្រះជាម្ចាស់ ហើយដោយសារការកោតខ្លាចដល់ព្រះជាម្ចាស់របស់គាត់បែបនេះហើយ ទើបគាត់អាចស្ដាប់បង្គាប់ព្រះជាម្ចាស់បាន។ គាត់បានឱ្យព្រះជាម្ចាស់ដកយកអ្វីគ្រប់យ៉ាងដែលគាត់មាន តាមបំណងព្រះហឫទ័យទ្រង់ ហើយគាត់មិនបានត្អូញត្អែរអ្វីឡើយ គាត់បានក្រាបចុះចំពោះព្រះជាម្ចាស់ ហើយទូលទៅទ្រង់ថា នៅវេលានេះ ទោះបីជាព្រះជាម្ចាស់យកទាំងសាច់ឈាមរបស់ទូលបង្គំ ក៏ទូលបង្គំត្រេកអរនឹងឱ្យទ្រង់ធ្វើដូច្នេះដោយមិនត្អូញត្អែរឡើយ។ កិរិយាឫកពាររបស់គាត់ទាំងអស់នេះ គឺមកពីភាពជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់របស់គាត់។ មានន័យថា ដោយសារភាពគ្មានទោស ភាពស្មោះត្រង់ និងក្ដីសប្បុរសរបស់គាត់នេះហើយ ទើបយ៉ូបឥតងាករេក្នុងការទទួលស្គាល់ថាព្រះជាម្ចាស់មានពិត និងក្នុងការដកពិសោធន៍ពីព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់។ ឈរលើមូលដ្ឋាននេះ គាត់ក៏បានបង្គាប់ខ្លួន និងកំណត់ក្បួនខ្នាតនៃការគិត ការប្រព្រឹត្ត ឥរិយាបថ និងគោលការណ៍នៃការប្រព្រឹត្តរបស់គាត់ចំពោះព្រះជាម្ចាស់ ឱ្យស្របទៅនឹងការណែនាំរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ដែលគាត់បានឃើញ ក្នុងចំណោមរបស់សព្វសារពើទាំងអស់។ លុះយូរទៅ បទពិសោធរបស់គាត់បានធ្វើឱ្យគាត់មានការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់យ៉ាងពិតប្រាកដ និងជាក់ស្ដែង។ នេះគឺជាប្រភពនៃភាពស្មោះត្រង់ដែលយ៉ូបប្រកាន់ខ្ជាប់។ យ៉ូបមានភាពជាមនុស្សស្មោះត្រង់ ឥតទោស និងសប្បុរស ហើយគាត់ក៏មានបទពិសោធពិតប្រាកដពីការកោតខ្លាចព្រះជាម្ចាស់ ការស្ដាប់បង្គាប់ព្រះជាម្ចាស់ ការគេចចេញពីសេចក្ដីអាក្រក់ ក៏ដូចជាការដឹងថា «ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ»។ ដោយសារតែលក្ខណៈទាំងនេះហើយ ទើបគាត់អាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់គាត់បាននៅក្នុងការវាយប្រហារដ៏សាហាវៗពីសំណាក់សាតាំង ហើយដោយសារលក្ខណៈទាំងនេះហើយ ទើបគាត់មិនធ្វើឱ្យព្រះជាម្ចាស់ខកព្រះទ័យ និងអាចផ្ដល់ចម្លើយដែលគាប់ព្រះទ័យព្រះជាម្ចាស់បាន នៅពេលដែលព្រះជាម្ចាស់បានល្បងលគាត់។ ទោះបីកិរិយាឫកពាររបស់យ៉ូបក្នុងការល្បួងលើកទីមួយ មានភាពទៀងត្រង់ឥតវៀចវេរក៏ពិតមែន ក៏ប៉ុន្តែមនុស្សជំនាន់ក្រោយៗមកទៀតមិនធានាថាអាចសម្រេចភាពទៀងត្រង់ឥតវៀចវេរបែបនេះបានដែរ ទោះបីជាខំប្រឹងពេញមួយជីវិតក៏ដោយ ហើយពួកគេក៏គ្មានកិរិយាឫកពាររបស់យ៉ូប ដូចបានរៀបរាប់ខាងលើនេះដែរ។ សព្វថ្ងៃនេះ ដោយបានឃើញពីកិរិយាឫកពារទៀងត្រង់ឥតវៀចវេររបស់យ៉ូប ហើយបើប្រៀបធៀបកិរិយាឫកពារនេះទៅនឹងសម្ដី និងការប្ដេជ្ញាចិត្តរបស់មនុស្សដែលអះអាងថាខ្លួនគេជាអ្នកជឿលើព្រះជាម្ចាស់ និងជាអ្នកដើរតាមព្រះជាម្ចាស់ ដោយប្ដេជ្ញាចំពោះព្រះជាម្ចាស់ថា ពួកគេនឹង «ស្ដាប់បង្គាប់ទ្រង់ទាំងស្រុង និងស្មោះត្រង់រហូតដល់ស្លាប់» តើអ្នករាល់គ្នាមានអារម្មណ៍ខ្មាសអៀន ឬក៏គ្មានអារម្មណ៍ខ្មាសអៀនទេ?

ពេលដែលអ្នកអានបទគម្ពីរអំពីអ្វីដែលយ៉ូបនិងគ្រួសារគាត់បានរងទុក្ខ តើអ្នកមានប្រតិកម្មបែបណា? តើអ្នកលង់នៅក្នុងគំនិតរបស់អ្នកដែរឬទេ? តើអ្នកភ្ញាក់ផ្អើលទេ? តើការល្បងលដែលកើតមានដល់យ៉ូបនេះ អាចចាត់ទុកថា «គួរឱ្យខ្លាច» បានដែរឬទេ? និយាយឱ្យចំទៅ ការអានអំពីការល្បងលចំពោះយ៉ូប ដូចដែលបានរៀបរាប់នៅក្នុងបទគម្ពីរនោះ ពិតជាគួរឱ្យរន្ធត់ណាស់ទៅហើយ ទម្រាំបើកើតមានក្នុងជីវិតពិតទៀត នោះមិនចាំបាច់និយាយទេ។ ដូច្នេះ អ្នកឃើញហើយថា អ្វីដែលបានកើតមានចំពោះយ៉ូប គឺមិនមែនជា «ការហាត់សម» ទេ ប៉ុន្តែ វាគឺជា «សមរភូមិ» ពិត ប្រើប្រាស់ «កាំភ្លើង» និង «គ្រាប់រំសេវ» ពិត។ ប៉ុន្តែ តើការល្បងលដែលគាត់បានឆ្លងកាត់នេះ ជាស្នាដៃរបស់អ្នកណា? ពិតណាស់ វាជាទង្វើរបស់សាតាំង ហើយសាតាំងធ្វើកិច្ចការទាំងអស់នេះដោយដៃរបស់វាផ្ទាល់។ ទោះបីជាបែបនេះក្ដី ក៏ប៉ុន្តែអ្វីៗគ្រប់យ៉ាងត្រូវព្រះជាម្ចាស់អនុញ្ញាតឱ្យធ្វើ។ តើព្រះជាម្ចាស់បានប្រាប់សាតាំងឱ្យល្បួងលោកយ៉ូបដោយវិធីអ្វីខ្លះដែរឬទេ? ទ្រង់មិនបានប្រាប់ទេ។ ព្រះជាម្ចាស់គ្រាន់តែដាក់លក្ខខណ្ឌមួយដែលសាតាំងត្រូវប្រកាន់តាមប៉ុណ្ណោះ រួចការល្បួងក៏កើតមានដល់យ៉ូប។ នៅពេលការល្បួងកើតមានចំពោះយ៉ូប បានធ្វើឱ្យមនុស្សដឹងពីសេចក្ដីអាក្រក់ និងភាពគួរឱ្យខ្ពើមរអើមរបស់សាតាំង ឱ្យឃើញពីភាពព្យាបាទ និងការស្អប់ខ្ពើមដែលវាមានចំពោះមនុស្ស និងពីភាពជាខ្មាំងសត្រូវរបស់វាចំពោះព្រះជាម្ចាស់។ ក្នុងរឿងនេះ យើងឃើញថា ការល្បួងនោះសាហាវដល់កម្រិតដែលរកពាក្យមកពិពណ៌នាពុំបាន។ អាចនិយាយបានថា ធម្មជាតិព្យាបាទដែលសាតាំងប្រើមកធ្វើបាបមនុស្ស និងមុខមាត់អាក្រក់របស់វា ត្រូវបានបើកសម្ដែងចេញមកទាំងស្រុងនៅគ្រានោះ។ សាតាំងបានប្រើឱកាសនេះ គឺឱកាសដែលព្រះជាម្ចាស់ប្រទានមកតាមរយៈការអនុញ្ញាតរបស់ទ្រង់ ដើម្បីគាបសង្កត់យ៉ូបឱ្យធ្លាក់ក្រោមការធ្វើបាបយ៉ាងឃោរឃៅ និងគ្មានមេត្តា ហើយវិធីសាស្ដ្រ និងកម្រិតនៃភាពឃោរឃៅនោះ គឺមិនអាចនឹកស្មានបានឡើយ ហើយមនុស្សសព្វថ្ងៃនេះ ក៏មិនអាចទ្រាំទ្របានដែរ។ យើងមិនគួរនិយាយថា យ៉ូបត្រូវសាតាំងល្បួង និងថាគាត់បានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនក្នុងអំឡុងការល្បួងនេះនោះទេ តែផ្ទុយទៅវិញ យកល្អយើងគួរតែនិយាយថា យ៉ូបបានចាប់ផ្ដើមប្រកួតប្រជែងជាមួយនឹងសាតាំង ដើម្បីការពារភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់គាត់ និងការពារផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ នៅក្នុងការល្បងលដែលព្រះជាម្ចាស់បានរៀបចំសម្រាប់គាត់នេះ។ នៅក្នុងការប្រកួតប្រជែងនេះ យ៉ូបបានបាត់បង់ហ្វូងចៀម និងហ្វូងគោដែលមានតម្លៃប៉ុនភ្នំ គាត់ក៏បានបាត់បង់ទ្រព្យសម្បត្តិទាំងអស់របស់គាត់ និងបាត់បង់ទាំងកូនប្រុស និងកូនស្រីរបស់គាត់ផង។ ទោះយ៉ាងណា គាត់មិនបានបោះបង់ភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ ឬការកោតខ្លាចដល់ព្រះជាម្ចាស់ឡើយ។ ពោលគឺនៅក្នុងការប្រកួតប្រជែងជាមួយសាតាំងនេះ យ៉ូបសុខចិត្តបាត់បង់ទ្រព្យសម្បត្តិ និងកូនៗរបស់គាត់ ក៏មិនសុខចិត្តបាត់បង់ភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ និងការកោតខ្លាចដល់ព្រះជាម្ចាស់ដែឬ។ គាត់សុខចិត្តប្រកាន់តាមឫសគល់នៃអត្ថន័យពិតក្នុងការធ្វើជាមនុស្ស។ បទគម្ពីរបានកត់ត្រាទុកយ៉ាងច្បាស់ពីដំណើររឿងទាំងមូល ដែលយ៉ូបបាត់បង់ទ្រពសម្បត្តិរបស់គាត់ ហើយក៏បានកត់ត្រាទុកពីកិរិយាឫកពារ និងអាកប្បកិរិយារបស់យ៉ូបផងដែរ។ កំណត់ត្រាសង្ខេបខ្លីច្បាស់លាស់នេះបានឱ្យយើងដឹងថា យ៉ូបសឹងតែគ្មានអារម្មណ៍តឹងតែងទាល់តែសោះ ក្នុងការប្រឈមនឹងសេចក្ដីល្បួងនេះ ប៉ុន្តែប្រសិនបើរឿងពិតដែលបានកើតឡើងនោះ ត្រូវរៀបចំឱ្យកើតមានម្ដងទៀត ហើយបើគិតពិចារណាអំពីធម្មជាតិព្យាបាទរបស់សាតាំងផង នោះរឿងទាំងនេះនឹងមិនសាមញ្ញ ឬងាយស្រួល ដូចបានរៀបរាប់ក្នុងឃ្លាប្រយោគទាំងនេះឡើយ។ តាមជាក់ស្ដែង គឺអាចមានភាពឃោរឃៅលើសនេះទៅទៀត។ នេះហើយជាកម្រិតនៃការបំផ្លិចបំផ្លាញ និងសេចក្ដីស្អប់ដែលសាតាំងធ្វើដាក់មនុស្សជាតិ និងមនុស្សគ្រប់គ្នាដែលព្រះជាម្ចាស់សព្វព្រះហឫទ័យទទួលយក។ ប្រសិនបើព្រះជាម្ចាស់មិនប្រាប់សាតាំងកុំឱ្យធ្វើបាបយ៉ូបទេ នោះមិនចាំបាច់សង្ស័យទេ ម្ល៉េះសមសាតាំងនឹងសម្លាប់យ៉ូបដោយគ្មានការសោកសៅជាក់ជាមិនខាន។ សាតាំងមិនចង់ឱ្យនរណាម្នាក់ថ្វាយបង្គំព្រះជាម្ចាស់ទេ។ វាក៏មិនចង់ឱ្យមនុស្សដែលសុចរិតនៅក្នុងព្រះនេត្រព្រះជាម្ចាស់ និងមនុស្សដែលគ្រប់លក្ខណ៍និងទៀងត្រង់ អាចបន្តកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បានទេ។ ចំពោះមនុស្សវិញ ការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់នេះ មានន័យថា ពួកគេគេចចេញ និងបោះបង់សាតាំងចោល ដូច្នេះ សាតាំងក៏កេងចំណេញពីការអនុញ្ញាតរបស់ព្រះជាម្ចាស់នេះ ដើម្បីបញ្ចេញកំហឹង និងការស្អប់ខ្ពើមទាំងអម្ចាលម៉ាលរបស់វាដាក់លើយ៉ូបដោយគ្មានមេត្តាសោះឡើយ។ ដូច្នេះ អ្នកឃើញហើយថា ទុក្ខវេទនាដែលយ៉ូបបានទទួលរងនោះខ្លាំងកម្រិតណាហើយ រាប់តាំងពីចិត្តគំនិតដល់សាច់ឈាម ពីខាងក្រៅដល់ខាងក្នុង។ សព្វថ្ងៃនេះ យើងមើលមិនឃើញថា នៅគ្រានោះ រឿងយ៉ាងណានោះទេ ហើយយើងអាចដឹងបានត្រឹមតាមរយៈកំណត់ត្រាក្នុងព្រះគម្ពីរប៉ុណ្ណោះ គឺដឹងបានពីអារម្មណ៍របស់យ៉ូបមួយភ្លែត នៅពេលដែលគាត់ស្ថិតក្នុងទុក្ខលំបាកខ្លាំងនៅពេលនោះប៉ុណ្ណោះ។

ភាពស្មោះត្រង់ឥតងាករេរបស់យ៉ូប ធ្វើឱ្យសាតាំងអាម៉ាស់មុខ ហើយធ្វើឱ្យវារត់គេចទាំងស្លន់ស្លោ

ដូច្នេះ តើព្រះជាម្ចាស់ធ្វើអ្វីខ្លះ នៅពេលដែលយ៉ូបត្រូវធ្លាក់ក្នុងទុក្ខវេទនាបែបនេះ? ព្រះជាម្ចាស់បានសង្កេត បានទតមើល និងបានរង់ចាំលទ្ធផល។ នៅពេលដែលព្រះជាម្ចាស់កំពុងសង្កេត និងទតមើលនោះ តើព្រះអង្គមានព្រះទ័យបែបណា? ពិតណាស់ ព្រះអង្គមានព្រះទ័យសោកសៅ។ ប៉ុន្តែ ដោយសារតែអារម្មណ៍សោកសៅនេះ តើព្រះជាម្ចាស់អាចមានព្រះទ័យស្ដាយក្រោយដែរឬទេ ដែលព្រះអង្គបានអនុញ្ញាតឱ្យសាតាំងល្បួងយ៉ូបបែបនេះ? ចម្លើយគឺ អត់នោះទេ។ ព្រះអង្គមិនអាចមានអារម្មណ៍ស្ដាយក្រោយបែបនោះទេ។ ដ្បិតទ្រង់ជឿប្រាកដថា យ៉ូបជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ ទ្រង់ជឿថា គាត់កោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ព្រះជាម្ចាស់គ្រាន់តែប្រទានឱកាសដល់សាតាំង ដើម្បីបញ្ជាក់ពីភាពសុចរិតរបស់យ៉ូបចំពោះទ្រង់ និងបើកសម្ដែងពីភាពទុច្ចរិត និងភាពគួរឱ្យស្អប់ខ្ពើមរបស់វាប៉ុណ្ណោះ។ ជាងនេះទៅទៀត នេះគឺជាឱកាសមួយសម្រាប់ឱ្យយ៉ូបធ្វើបន្ទាល់អំពីសេចក្ដីសុចរិតរបស់គាត់ និងពីការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ ព្រមទាំងការគេចចេញពីសេចក្ដីអាក្រក់នៅចំពោះមុខមនុស្សនៅក្នុងលោកីយ៍ ចំពោះមុខសាតាំង និងចំពោះមុខអ្នកដែលដើរតាមព្រះជាម្ចាស់ផង។ តើលទ្ធផលចុងក្រោយពិតជាបង្ហាញថា ការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះយ៉ូប ត្រឹមត្រូវ និងគ្មានខុស មែនទេ? តើយ៉ូបពិតជាបានយកឈ្នះលើសាតាំងមែនដែរឬទេ? ទីនេះ យើងបានអានពីសម្ដីគំរូដែលយ៉ូបបាននិយាយចេញមក គឺជាសម្ដីដែលបញ្ជាក់ថា គាត់បានយកឈ្នះលើសាតាំង។ គាត់បាននិយាយថា៖ «ទូលបង្គំកើតពីពោះម្ដាយទាំងអាក្រាត ហើយទូលបង្គំនឹងត្រឡប់ទៅវិញទាំងអាក្រាតដែរ»។ នេះគឺជាអាកប្បកិរិយានៃការស្ដាប់បង្គាប់របស់យ៉ូបចំពោះព្រះជាម្ចាស់។ បន្ទាប់មក គាត់បាននិយាយថា៖ «ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា»។ ពាក្យសម្ដីដែលយ៉ូបបាននិយាយទាំងនេះបញ្ជាក់ថា ព្រះជាម្ចាស់សង្កេតពីជម្រៅចិត្តរបស់មនុស្ស ហើយទ្រង់អាចទតធ្លុះពីចិត្តរបស់មនុស្សបាន ហើយសម្ដីនេះសបញ្ជាក់ថា ការដែលព្រះអង្គសព្វព្រះទ័យនឹងយ៉ូប គឺមិនខុសនោះទេ ហើយមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យនេះ គឺជាមនុស្សសុចរិត។ «ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា»។ ពាក្យទាំងនេះ គឺជាទីបន្ទាល់របស់យ៉ូបចំពោះព្រះជាម្ចាស់។ គឺពាក្យធម្មតាទាំងអស់នេះហើយ ដែលបានបំភ័យសាតាំងឱ្យខ្លាច ធ្វើឱ្យវាអាម៉ាស់មុខ និងធ្វើឱ្យវារត់គេចទាំងស្លន់ស្លោនោះ ហើយជាងនេះទៀត ពាក្យទាំងនេះបានដាក់ច្រវាក់សាតាំងជាប់ និងធ្វើឱ្យវាគ្មានសល់ធនធានអ្វីទៀតសោះឡើយ។ ពាក្យទាំងនេះក៏បានធ្វើឱ្យសាតាំងស្គាល់ពីភាពអស្ចារ្យ និងព្រះចេស្ដានៃកិច្ចការរបស់ព្រះយេហូវ៉ាដ៏ជាព្រះផងដែរ ហើយធ្វើឱ្យវាយល់ពីភាពគួរឱ្យស្រឡាញ់ជាពិសេសរបស់មនុស្សដែលដួងចិត្តគេត្រូវបានគ្រប់គ្រងដោយផ្លូវរបស់ព្រះជាម្ចាស់។ ជាងនេះទៀត សម្ដីនេះបង្ហាញឱ្យសាតាំងឃើញពីភាពស្វាហាប់ក្លៀវក្លារបស់មនុស្សតូចទាប និងមិនសំខាន់ម្នាក់ ក្នុងការប្រកាន់ខ្ជាប់តាមផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ហេតុដូច្នេះ សាតាំងក៏ត្រូវបរាជ័យនៅក្នុងការប្រកួតប្រជែងលើកទីមួយនេះ។ ទោះបីជា «បានរៀនពីការប្រកួតប្រជែងនេះ» ក៏ដោយ ក៏សាតាំងគ្មានចេតនាដោះលែងយ៉ូបឡើយ ហើយធម្មជាតិព្យាបាទរបស់វា ក៏មិនបានផ្លាស់ប្ដូរនោះដែរ។ សាតាំងបានព្យាយាមរកវិធីបន្តវាយប្រហារយ៉ូបទៀត ដូច្នេះ វាក៏បានមកចំពោះព្រះជាម្ចាស់ម្ដងទៀត ...

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៣

សាតាំងល្បួងយ៉ូបម្ដងទៀត (ដំបៅខ្ទុះកើតពេញខ្លួនរបស់យ៉ូប) (អត្ថបទសម្រាំង)

ក. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់

យ៉ូប ២:៣ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង ហើយគាត់នៅតែប្រកាន់ខ្ជាប់សុចរិតភាពរបស់គាត់ដដែល ទោះបើអ្នកបានញុះញង់ឱ្យខ្ញុំទាស់នឹងគាត់ ឱ្យបំផ្លាញគាត់ ដោយគ្មានហេតុផលក៏ដោយ។

យ៉ូប ២:៦ រួចព្រះយេហូវ៉ាមានបន្ទូលទៅសាតាំងថា មើល៎ គាត់ស្ថិតនៅក្នុងដៃរបស់អ្នកហើយ ប៉ុន្តែត្រូវទុកជីវិតឱ្យគាត់។

ខ. ពាក្យសម្ដីរបស់សាតាំង

យ៉ូប ២:៤-៥ សាតាំងទូលទៅព្រះយេហូវ៉ាថា ស្បែកសងដោយស្បែក ដ្បិតមនុស្សនឹងព្រមលះ‌បង់អ្វីគ្រប់យ៉ាង ដើម្បីឱ្យមានជីវិតរស់។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់ឆ្អឹង និងសាច់របស់គាត់មើល៍ នោះគាត់នឹងដាក់បណ្ដាសាទ្រង់ នៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គមិនខាន។

គ. វិធីដែលយ៉ូបដោះស្រាយជាមួយនឹងការល្បងលនេះ

យ៉ូប ២:៩-១០ ប្រពន្ធគាត់ក៏និយាយនឹងគាត់ថា តើអ្នកនៅសច្ចភាពរបស់ខ្លួនដល់ណាទៀត? ជេរប្រមាថព្រះជាម្ចាស់ ហើយស្លាប់ឱ្យផុតទៅ។ ប៉ុន្តែ គាត់ឆ្លើយនឹងនាងវិញថា អ្នកនិយាយដូចជាស្ត្រីល្ងង់។ ម្តេចបានជាបែបនេះទៅវិញ? យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន? ទង្វើនេះមិនបានធ្វើឱ្យយ៉ូបប្រព្រឹត្តបាបដោយបបូរមាត់របស់គាត់ឡើយ។

យ៉ូប ៣:៣-៤ សូមឱ្យថ្ងៃដែលទូលបង្គំកើត និងយប់ដែលគេនិយាយថាមានកូនប្រុសម្នាក់មកចាប់កំណើតនោះ វិនាសទៅ។ សូមឱ្យថ្ងៃនោះប្រែទៅជាងងឹត សូមកុំឱ្យព្រះជាម្ចាស់នឹករកថ្ងៃនោះពីស្ថានលើមក ហើយសូមកុំឱ្យពន្លឺចាំងមកនៅថ្ងៃនោះឡើយ។

យ៉ូបស្រឡាញ់ផ្លូវរបស់ព្រះជាម្ចាស់ លើសពីអ្វីៗទាំងអស់

បទគម្ពីរបានកត់ទុកបន្ទូលនិងពាក្យសម្ដីសន្ទនារវាងព្រះជាម្ចាស់ និងសាតាំង ដូចខាងក្រោម៖ «រួចព្រះ‌យេហូវ៉ាសួរសាតាំងថា តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង ហើយគាត់នៅតែប្រកាន់ខ្ជាប់សុចរិតភាពរបស់គាត់ដដែល ទោះបើអ្នកបានញុះញង់ឱ្យខ្ញុំទាស់នឹងគាត់ ឱ្យបំផ្លាញគាត់ ដោយគ្មានហេតុផលក៏ដោយ» (យ៉ូប ២:៣)។ នៅក្នុងការសន្ទនានេះ ព្រះជាម្ចាស់បានសួរសំណួរដដែលទៅសាតាំង ជាសំណួរមួយដែលបង្ហាញពីការវាយតម្លៃដ៏មុតមាំរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ចំពោះអ្វីដែលយ៉ូបបានបង្ហាញចេញ និងសម្ដែងចេញក្នុងអំឡុងការល្បងលលើកទីមួយ ហើយជាការវាយតម្លៃតែមួយដែលព្រះជាម្ចាស់បានធ្វើឡើងចំពោះយ៉ូប នៅមុនពេលដែលគាត់ឆ្លងកាត់ការល្បួងរបស់សាតាំង។ នេះមានន័យថា នៅមុនពេលកើតមានការល្បួងចំពោះយ៉ូប គាត់ជាមនុស្សគ្រប់លក្ខណ៍នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់រួចទៅហើយ ដូច្នេះទើបព្រះជាម្ចាស់ការពារគាត់និងគ្រួសាររបស់គាត់ ព្រមទាំងប្រទានពរដល់គាត់ផង ដ្បិតនៅក្នុងព្រះនេត្រព្រះជាម្ចាស់ គាត់ស័ក្តិសមនឹងទទួលបានព្រះពរ។ បន្ទាប់ពីការល្បួងរួច យ៉ូបមិនបានប្រព្រឹត្តបាបដោយបបូរមាត់របស់គាត់ ដ្បិតគាត់បានបាត់បង់ទ្រព្យសម្បត្តិ និងកូនៗរបស់គាត់ឡើយ ប៉ុន្តែគាត់នៅតែបន្តសរសើរតម្កើងព្រះនាមរបស់ព្រះយេហូវ៉ាដដែល។ កិរិយាឫកពារពិតរបស់គាត់ បានធ្វើឱ្យព្រះជាម្ចាស់សរសើរដល់គាត់ ហើយដោយសារបែបនេះហើយ ទើបព្រះជាម្ចាស់បានឱ្យពិន្ទុគាត់ពេញ។ ដ្បិតនៅក្នុងភ្នែករបស់យ៉ូប កូនចៅរបស់គាត់ ឬទ្រព្យសម្បត្តិរបស់គាត់ មិនល្មមគ្រប់គ្រាន់នឹងឱ្យគាត់បោះបង់ព្រះជាម្ចាស់ឡើយ។ អាចនិយាយបានថា នៅក្នុងចិត្តគាត់ ព្រះជាម្ចាស់មិនអាចជំនួសដោយកូនៗរបស់គាត់ ឬដោយទ្រព្យសម្បត្តិណាមួយបានឡើយ។ ក្នុងការល្បួងយ៉ូបលើកទីមួយ គាត់បានបង្ហាញដល់ព្រះជាម្ចាស់ថា សេចក្ដីស្រឡាញ់របស់គាត់ចំពោះទ្រង់ និងសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់នោះ ខ្លាំងលើសអ្វីៗទាំងអស់។ គ្រាន់តែថា នៅក្នុងការល្បងលនេះ យ៉ូបបានដកពិសោធន៍ពីការទទួលរង្វាន់ពីព្រះយេហូវ៉ាដ៏ជាព្រះផង និងបានដកពិសោធន៍ពីការដែលត្រូវទ្រង់ដកយកកូនៗ និងទ្រព្យសម្បត្តិរបស់គាត់ទៅវិញផង។

ចំពោះយ៉ូប នេះគឺជាបទពិសោធពិតដែលបានលាងបន្សុទ្ធព្រលឹងរបស់គាត់ ជាការជ្រមុជទឹកនៃជីវិតដែលបានចាក់បំពេញដោយវត្តមានរស់នៅរបស់គាត់ ហើយលើសពីនេះ ជាពិធីជប់លៀងដ៏អស្ចារ្យដែលបានសាកល្បងពីការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់។ ការល្បួងនេះបានផ្លាស់ប្ដូរឋានៈរបស់យ៉ូបពីអ្នកមាន ទៅជាមនុស្សម្នាក់ដែលគ្មានសល់អ្វីសោះ ហើយក៏បានឱ្យគាត់ស្គាល់ពីការធ្វើបាបរបស់សាតាំងចំពោះមនុស្សជាតិដែរ។ ភាពក្រខ្សត់របស់គាត់ មិនបានធ្វើឱ្យគាត់ស្អប់សាតាំងនោះទេ។ ផ្ទុយទៅវិញ គាត់មើលឃើញសេចក្ដីអាក្រក់ និងភាពគួរឱ្យស្អប់ខ្ពើសរបស់សាតាំង នៅក្នុងទង្វើដ៏សាហាវរបស់សាតាំង ព្រមទាំងឃើញពីភាពជាខ្មាំងសត្រូវ និងការបះបោររបស់សាតាំងចំពោះព្រះជាម្ចាស់ផង ហើយចំណុចនេះបានលើកទឹកចិត្តគាត់ឱ្យប្រកាន់ខ្ជាប់តាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់អស់កល្បជានិច្ច។ គាត់បានស្បថថា គាត់នឹងមិនបោះបង់ព្រះជាម្ចាស់ ក៏មិនបែរខ្នងដាក់ផ្លូវរបស់ព្រះជាម្ចាស់ ដោយព្រោះតែកត្តាខាងក្រៅដូចជា ទ្រព្យសម្បត្តិ កូនចៅ ឬញាតិសន្ដាននោះឡើយ ហើយគាត់ក៏មិនធ្វើជាទាសកររបស់សាតាំង ធ្វើជាទាសករទ្រព្យសម្បត្តិ ឬទាសកររបស់មនុស្សណាម្នាក់ដែរ។ ក្រៅតែពីព្រះយេហូវ៉ាដ៏ជាព្រះ គ្មាននរណាម្នាក់អាចធ្វើជាព្រះអម្ចាស់ ឬជាព្រះជាម្ចាស់របស់គាត់បានឡើយ។ យ៉ូបមានក្ដីប្រាថ្នាបែបនេះ។ ម្យ៉ាងវិញទៀត យ៉ូបក៏ទទួលបានរបស់ខ្លះពីការល្បួងនេះដែរ៖ គាត់បានទទួលរបស់ជាច្រើនហូរហៀរ នៅក្នុងគ្រាដែលព្រះជាម្ចាស់ល្បងលគាត់នេះ។

ក្នុងគ្រាដែលយ៉ូបបានរស់នៅជាច្រើនទស្សវត្សមុននេះ គាត់បានមើលឃើញកិច្ចការរបស់ព្រះយេហូវ៉ា និងបានទទួលព្រះពរពីព្រះយេហូវ៉ាដ៏ជាព្រះ ដែលប្រទានឱ្យគាត់។ ព្រះពរទាំងនេះ ធ្វើឱ្យគាត់មានអារម្មណ៍ខ្វល់ខ្វាយ និងជាប់ជំពាក់ជាខ្លាំង ដ្បិតគាត់ជឿថា គាត់មិនបានធ្វើអ្វីដើម្បីព្រះជាម្ចាស់ទាល់តែសោះ ប៉ុន្តែគាត់បែរទទួលបានព្រះពរដ៏ច្រើនសម្បើមបែបនេះជាកេរ្តិ៍ ហើយក៏ទទួលបានព្រះគុណជាច្រើនផងដែរ។ ដោយព្រោះតែមូលហេតុនេះហើយ ទើបគាត់តែងអធិដ្ឋានក្នុងចិត្ត ដោយសង្ឃឹមថា គាត់នឹងអាចតបស្នងព្រះជាម្ចាស់វិញបាន ដោយសង្ឃឹមថា គាត់មុខជាមានឱកាសធ្វើបន្ទាល់អំពីកិច្ចការ និងភាពអស្ចារ្យរបស់ព្រះជាម្ចាស់ ហើយសង្ឃឹមថា ព្រះជាម្ចាស់នឹងសាកល្បងការស្ដាប់បង្គាប់របស់គាត់ ហើយជាងនេះទៅទៀត គាត់សង្ឃឹមថា សេចក្ដីជំនឿរបស់គាត់នឹងត្រូវបានបន្សុទ្ធ រហូតដល់ការស្ដាប់បង្គាប់ និងសេចក្ដីជំនឿរបស់គាត់ ទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់។ បន្ទាប់មក នៅពេលដែលការល្បងលធ្លាក់មកលើយ៉ូប គាត់បានជឿថា ព្រះជាម្ចាស់ទ្រង់បានស្ដាប់ឮការអធិស្ឋានរបស់គាត់។ យ៉ូបឱ្យតម្លៃលើឱកាសនេះជាងអ្វីៗទាំងអស់ ដូច្នេះហើយ គាត់មិនហ៊ានប្រហែសបន្តិចណាឡើយ ដ្បិតសេចក្ដីប្រាថ្នាដ៏ធំបំផុតក្នុងមួយជីវិតរបស់គាត់ អាចនឹងក្លាយជាការពិត។ ឱកាសដែលមកដល់នេះ មានន័យថា ការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់អាចធ្វើការសាកល្បងបាន ហើយក៏អាចប្រោសឱ្យបានបរិសុទ្ធដែរ។ ជាងនេះទៅទៀត នេះមានន័យថា យ៉ូបមានឱកាសទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ និងមានឱកាសចូលទៅក្បែរព្រះជាម្ចាស់។ ក្នុងអំឡុងពេលនៃការល្បងលនេះ សេចក្ដីជំនឿ និងការដេញតាមបែបនេះ ធ្វើឱ្យគាត់កាន់តែគ្រប់លក្ខណ៍ និងកាន់តែស្គាល់ ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ខ្លាំងឡើង។ យ៉ូបក៏រឹតតែដឹងគុណចំពោះព្រះពរ និងព្រះគុណរបស់ព្រះជាម្ចាស់ ហើយនៅក្នុងចិត្តរបស់គាត់ គាត់បានសរសើរតម្កើងកាន់ច្រើនចំពោះទង្វើរបស់ព្រះជាម្ចាស់ ហើយគាត់រឹតតែកោតខ្លាច និងគោរពដល់ព្រះជាម្ចាស់ខ្លាំងឡើង ហើយចង់បានភាពគួរឱ្យស្រឡាញ់ ភាពអស្ចារ្យ និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់កាន់តែខ្លាំង។ ពេលនោះ ក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ យ៉ូបជាមនុស្សម្នាក់ដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ហើយបើនិយាយពីបទពិសោធរបស់គាត់វិញ សេចក្ដីជំនឿ និងចំណេះដឹងរបស់គាត់ បានរីកចម្រើនទៅមុខយ៉ាងខ្លាំង៖ សេចក្ដីជំនឿរបស់គាត់បានកើនឡើង ការស្ដាប់បង្គាប់របស់គាត់ក៏មានជំហរជាប់លាប់ ហើយការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ ក៏កាន់តែខ្លាំងក្លាទៅដែរ។ ទោះបីជាការល្បងលនេះ បានផ្លាស់ប្ដូរវិញ្ញាណ និងជីវិតរបស់យ៉ូបក៏ដោយ ក៏ប៉ុន្តែការផ្លាស់ប្ដូរនេះមិនបានធ្វើឱ្យយ៉ូបពេញចិត្តទេ ក៏មិនបានធ្វើឱ្យគាត់រីកចម្រើនទៅមុខយឺតយ៉ាវដែរ។ ក្នុងពេលដែលគាត់កំពុងគិតគូរពីអ្វីដែលគាត់បានទទួលពីការល្បងលនេះ និងកំពុងពិចារណាពីចំណុចខ្វះខាតរបស់គាត់ផ្ទាល់នោះ គាត់ក៏អធិស្ឋានស្ងាត់ៗ ដោយរង់ចាំឱ្យការល្បងលបន្ទាប់ទៀតធ្លាក់មកលើគាត់ ដ្បិតគាត់ស្រេកឃ្លានចង់ឱ្យសេចក្ដីជំនឿ ការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ ត្រូវបានលើកឡើងក្នុងអំឡុងការល្បងលពីព្រះជាម្ចាស់នាពេលបន្ទាប់ទៀត។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៤

សាតាំងល្បួងយ៉ូបម្ដងទៀត (ដំបៅខ្ទុះកើតពេញខ្លួនរបស់យ៉ូប) (អត្ថបទសម្រាំង)

ក. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់

យ៉ូប ២:៣ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង ហើយគាត់នៅតែប្រកាន់ខ្ជាប់សុចរិតភាពរបស់គាត់ដដែល ទោះបើអ្នកបានញុះញង់ឱ្យខ្ញុំទាស់នឹងគាត់ ឱ្យបំផ្លាញគាត់ ដោយគ្មានហេតុផលក៏ដោយ។

យ៉ូប ២:៦ រួចព្រះយេហូវ៉ាមានបន្ទូលទៅសាតាំងថា មើល៎ គាត់ស្ថិតនៅក្នុងដៃរបស់អ្នកហើយ ប៉ុន្តែត្រូវទុកជីវិតឱ្យគាត់។

ខ. ពាក្យសម្ដីរបស់សាតាំង

យ៉ូប ២:៤-៥ សាតាំងទូលទៅព្រះយេហូវ៉ាថា ស្បែកសងដោយស្បែក ដ្បិតមនុស្សនឹងព្រមលះ‌បង់អ្វីគ្រប់យ៉ាង ដើម្បីឱ្យមានជីវិតរស់។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់ឆ្អឹង និងសាច់របស់គាត់មើល៍ នោះគាត់នឹងដាក់បណ្ដាសាទ្រង់ នៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គមិនខាន។

ក្នុងគ្រាដែលគាត់កំពុងរងទុក្ខធំនោះ យ៉ូបក៏បានដឹងពីព្រះទ័យទុកដាក់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិប្រាកដមែន

ក្រោយពេលដែលព្រះយេហូវ៉ាដ៏ជាព្រះ បានសួរសាតាំងរួច នោះសាតាំងក៏លួចសប្បាយចិត្ត។ នេះគឺមកពីសាតាំងដឹងថា វានឹងទទួលបានការអនុញ្ញាតឱ្យវាយប្រហារមនុស្សដែលគ្រប់លក្ខណ៍នៅក្នុងព្រះនេត្រព្រះជាម្ចាស់ម្ដងទៀតហើយ ដ្បិតចំពោះសាតាំង នេះគឺជាឱកាសមួយដ៏កម្រ។ សាតាំងចង់ប្រើឱកាសនេះ ដើម្បីបំផ្លាញសេចក្ដីជំនឿរបស់យ៉ូបទាំងស្រុង ដើម្បីធ្វើឱ្យគាត់បាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ និងលែងកោតខ្លាចដល់ព្រះជាម្ចាស់ ឬថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ាទៀត។ កត្តានេះនឹងផ្ដល់ឱកាសមួយដល់សាតាំង៖ ទោះបីជានៅទីណា ឬពេលណា វានឹងធ្វើឱ្យយ៉ូបក្លាយទៅជារបស់លេង ដែលនឹងត្រូវធ្លាក់នៅក្រោមការបង្គាប់របស់វា។ សាតាំងលាក់បាំងចេតនាអាក្រក់របស់វាដោយគ្មានដានអ្វីឡើយ តែវាមិនអាចលាក់បាំងធម្មជាតិអាក្រក់របស់វាមិនឱ្យគេមើលឃើញបាននោះទេ។ ការពិតនេះត្រូវបានលេចឡើង នៅក្នុងចម្លើយដែលវាឆ្លើយតបទៅនឹងព្រះបន្ទូលរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដូចមានចែងទុកនៅក្នុងបទគម្ពីរថា៖ «សាតាំងទូលទៅព្រះយេហូវ៉ាថា ស្បែកសងដោយស្បែក ដ្បិតមនុស្សនឹងព្រមលះ‌បង់អ្វីគ្រប់យ៉ាង ដើម្បីឱ្យមានជីវិតរស់។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់ឆ្អឹង និងសាច់របស់គាត់មើល៍ នោះគាត់នឹងដាក់បណ្ដាសាទ្រង់ នៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គមិនខាន» (យ៉ូប ២:៤-៥)។ តាមរយៈការសន្ទនារវាងព្រះជាម្ចាស់ និងសាតាំងនេះ គឺមិនមែនថាមិនអាចទទួលបានចំណេះដឹង និងការវិនិច្ឆ័យសំខាន់ៗ ទាក់ទងនឹងការព្យាបាទរបស់សាតាំងនោះឡើយ។ បន្ទាប់ពីបានស្ដាប់ឮសម្ដីភូតកុហករបស់សាតាំងហើយ មនុស្សគ្រប់គ្នាដែលស្រឡាញ់សេចក្ដីពិត និងស្អប់សេចក្ដីអាក្រក់ ច្បាស់ជារឹតតែស្អប់ភាពជួរជាតិ និងភាពឥតអៀនខ្មាសរបស់សាតាំងមិនខាន ហើយក្នុងពេលជាមួយគ្នានោះ ពួកគេនឹងអធិដ្ឋានកាន់តែខ្លាំង និងប្រសិទ្ធិពរជ័យដោយសុទ្ធចិត្តដល់យ៉ូប ដោយអធិដ្ឋានសុំឱ្យមនុស្សទៀងត្រង់ម្នាក់នេះ អាចសម្រេចនូវភាពគ្រប់លក្ខណ៍ និងប្រាថ្នាឱ្យមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ម្នាក់នេះ នឹងបានយកឈ្នះការល្បួងរបស់សាតាំង និងរស់នៅក្នុងពន្លឺ ក្រោមការដឹកនាំ និងព្រះពររបស់ព្រះជាម្ចាស់។ មនុស្សបែបនេះក៏នឹងប្រាថ្នាឱ្យអំពើសុចរិតរបស់យ៉ូប បានជាការជំរុញចិត្ត និងជាការលើកទឹកចិត្តដល់មនុស្សណាដែលដេញតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ជារៀងរហូតដែរ។ ទោះបីជាបំណងព្យាបាទរបស់សាតាំង អាចមើលឃើញបាននៅក្នុងការអះអាងនេះក្ដី ក៏ព្រះជាម្ចាស់នៅតែយល់ព្រមនឹង «សំណូមពរ» របស់សាតាំងដោយព្រះទ័យរីករាយដដែល។ តែព្រះអង្គបានដាក់លក្ខខណ្ឌមួយគឺ៖ «គាត់ស្ថិតនៅក្នុងដៃរបស់អ្នកហើយ ប៉ុន្តែត្រូវទុកជីវិតឱ្យគាត់» (យ៉ូប ២:៦)។ ម្ដងនេះ ដោយសារសាតាំងបានសុំយកដៃរបស់វាទៅពាល់ធ្វើបាបដល់សាច់ឈាម និងឆ្អឹងរបស់យ៉ូប ដូច្នេះទើបព្រះជាម្ចាស់មានបន្ទូលថា «ប៉ុន្តែត្រូវទុកជីវិតឱ្យគាត់»។ អត្ថន័យពាក្យនេះគឺ ទ្រង់បានប្រគល់សាច់ឈាមរបស់យ៉ូបឱ្យទៅសាតាំងហើយ ប៉ុន្តែជីវិតរបស់យ៉ូប គឺព្រះជាម្ចាស់ជាអ្នករក្សាទុកវិញ។ សាតាំងមិនអាចយកជីវិតរបស់យ៉ូបបានឡើយ ប៉ុន្តែក្រៅពីនេះ សាតាំងអាចប្រើគ្រប់មធ្យោបាយ ឬវិធីសាស្ត្រទាំងអស់ដើម្បីធ្វើបាបយ៉ូបបាន។

បន្ទាប់ពីទទួលបានការអនុញ្ញាតពីព្រះជាម្ចាស់រួចហើយ សាតាំងក៏ប្រញាប់ទៅរកយ៉ូប ហើយបានលូកដៃរបស់វាទៅពាល់ស្បែកយ៉ូប ធ្វើឱ្យកើតជាដំបៅពងខ្ទុះពេញទាំងខ្លួនរបស់គាត់ ហើយយ៉ូបក៏មានអារម្មណ៍ឈឺចាប់នៅលើស្បែកគាត់។ យ៉ូបបានសរសើរពីភាពអស្ចារ្យ និងភាពបរិសុទ្ធរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដែលធ្វើឱ្យសាតាំងកាន់តែបង្ហាញពីសេចក្ដីអាក្រក់របស់វារឹតតែច្បាស់។ ដោយសារវាមានចិត្តត្រេកអរក្នុងការធ្វើបាបមនុស្សបែបនេះ ហេតុដូច្នេះហើយទើបសាតាំងបានលាដៃរបស់វាមកខ្វាចសាច់របស់យ៉ូប ធ្វើឱ្យគាត់កើតជាដំបៅខ្ទុះពេញទាំងខ្លួន។ យ៉ូបក៏មានការឈឺចាប់ និងរងទុក្ខវេទនាខ្លាំងនៅលើសាច់របស់គាត់រកអ្វីប្រៀបផ្ទឹមពុំបាន ហើយគាត់មិនអាចធ្វើអ្វីបាន ក៏យកដៃមកត្រដុសខ្លួនគាត់ពីក្បាលដល់ចុងជើង គាត់ធ្វើបែបនេះ ហាក់បីដូចជាវាអាចជួលសម្រាលទុក្ខលំបាកដែលកំពុងវាយប្រហារមកលើវិញ្ញាណគាត់ តាមរយៈការឈឺចាប់នៃសាច់ឈាមរបស់គាត់ដូច្នោះដែរ។ គាត់ដឹងថា ព្រះជាម្ចាស់គង់នៅក្បែរគាត់ ទាំងកំពុងទតមកគាត់ផង ហើយគាត់ក៏ព្យាយាមអស់ពីសមត្ថភាព ដើម្បីឱ្យគាត់មានការតាំងចិត្តនិងសេចក្ដីក្លាហាន។ គាត់បានលុតជង្គង់នៅលើដីម្ដងទៀត ហើយពោលថា៖ «ព្រះអង្គទតមើលដួងចិត្តមនុស្ស ទ្រង់សង្កេតពីទុក្ខវេទនារបស់គេ។ ហេតុអ្វីបានជាចំណុចខ្សោយរបស់គេធ្វើឱ្យទ្រង់ខ្វល់ព្រះទ័យ? សូមថ្វាយព្រះពរដល់ព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះ»។ សាតាំងបានឃើញការឈឺចាប់មិនអាចទ្រាំបានរបស់យ៉ូប តែវាមើលមិនឃើញថាយ៉ូបបោះបង់ចោលព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះឡើយ។ ដូច្នេះ វាក៏ប្រញាប់លូកដៃរបស់វាទៅពាល់ឆ្អឹងរបស់យ៉ូប គឺចង់ទាញផ្ដាច់អវយវៈរបស់គាត់ចេញពីគ្នា។ រំពេចនោះ យ៉ូបក៏ដឹងពីទារុណកម្មដែលមិនធ្លាប់មានពីមុនមកសោះនោះ។ ហាក់ដូចជាសាច់របស់គាត់ ត្រូវហែកផ្ដាច់ចេញពីឆ្អឹង ហើយឆ្អឹងរបស់គាត់ហាក់ដូចជាកំពុងត្រូវគេវាយបំបែកជាកង់ៗអ៊ីចឹង។ ទារុណកម្មដ៏សែនឈឺចាប់នេះ បានធ្វើឱ្យគាត់គិតថា បើស្លាប់បាត់ទៅគឺល្អជាង...។ សមត្ថភាពរបស់គាត់ ក្នុងការស៊ូទ្រាំនឹងការឈឺចាប់នេះ បានឈានដល់កម្រិតហើយ...។ គាត់ចង់ស្រែកទ្រហោរយំ គាត់ចង់ពន្លះស្បែកលើរាងកាយរបស់គាត់ចេញ ដើម្បីបន្ធូរការឈឺចាប់ ប៉ុន្តែគាត់ប្រឹងទប់សម្រែករបស់គាត់ ហើយមិនបានពន្លះស្បែកនៅលើរាងកាយរបស់គាត់ទេ ដ្បិតគាត់មិនចង់ឱ្យសាតាំងមើលឃើញពីចំណុចខ្សោយរបស់គាត់ឡើយ។ ដូច្នេះ យ៉ូបក៏លុតជង្គង់ចុះម្ដងទៀត តែពេលនេះគាត់ហាក់ដូចជាគ្មានអារម្មណ៍ដឹងពីព្រះវត្តមានព្រះយេហូវ៉ាដ៏ជាព្រះនៅក្បែរគាត់ឡើយ។ គាត់ដឹងថា ព្រះយេហូវ៉ាដ៏ជាព្រះតែងតែគង់នៅខាងមុខគាត់ នៅពីខាងក្រោយគាត់ និងនៅចំហៀងសងខាងគាត់។ តែក្នុងពេលដែលគាត់កំពុងឈឺចាប់នេះ ព្រះជាម្ចាស់មិនបានទតមើលម្ដងណាសោះឡើយ។ ព្រះអង្គខ្ទប់ព្រះភ័ក្ត្រ និងលាក់បំពួនអង្គទ្រង់ ដ្បិតចេតនានៃការដែលព្រះអង្គបង្កើតមនុស្សមក គឺមិនមែននាំការឈឺចាប់មកឱ្យគេឡើយ។ ពេលនោះ យ៉ូបកំពុងទួញយំ និងខំប្រឹងអស់ពីលទ្ធភាព ដើម្បីស៊ូទ្រាំនឹងការឈឺចាប់ខាងសាច់ឈាម តែគាត់មិនអាចឃាត់ខ្លួនគាត់មិនឱ្យថ្វាយការអរព្រះគុណដល់ព្រះជាម្ចាស់បានទេ៖ «មនុស្សដួលចុះពេលត្រូវគេវាយជាលើកទីមួយ គេចុះខ្សោយ ហើយគ្មានកម្លាំងសោះ គេនៅក្មេងខ្ចី ហើយល្ងង់ខ្លៅផង ហេតុអ្វីបានជាទ្រង់ចង់យកព្រះទ័យទុកដាក់ និងថ្នាក់ថ្នមគេដល់ម្ល៉ឹង? ព្រះអង្គវាយទូលបង្គំ ប៉ុន្តែ ការវាយនេះក៏ធ្វើឱ្យទ្រង់ឈឺចាប់ដែរ។ តើមនុស្សមានតម្លៃអ្វីឱ្យទ្រង់យកព្រះហឫទ័យទុកដាក់ និងខ្វល់ខ្វាយចំពោះគេដល់ម្ល៉េះ?» ពាក្យអធិដ្ឋានរបស់យ៉ូប បានឮដល់ព្រះកាណ៍របស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់នៅស្ងៀមទ្រឹងដដែល ទ្រង់គ្រាន់តែទតមើលដោយគ្មានចេញព្រះសូរសៀងអ្វីទាំងអស់...។ បន្ទាប់ពីបានព្យាយាមប្រើគ្រប់ល្បិចកលអស់ហើយ តែនៅគ្មានបានផលអ្វីទៀត ដូច្នេះ សាតាំងក៏ចាកចេញទៅដោយស្ងាត់ៗ តែការនេះមិនទាន់បញ្ឈប់ការល្បងលរបស់ព្រះជាម្ចាស់ចំពោះយ៉ូបឡើយ។ ដោយសារព្រះចេស្ដារបស់ព្រះជាម្ចាស់ ដែលបានបើកសម្ដែងនៅក្នុងខ្លួនយ៉ូប មិនទាន់ត្រូវបានដឹងឮជាសាធារណៈ ដូច្នេះរឿងរបស់យ៉ូបក៏មិនទាន់បានបញ្ចប់ត្រឹមការដកខ្លួនថយរបស់សាតាំងនោះដែរ។ នៅពេលតួអង្គផ្សេងៗទៀតបានចូលមក នោះទស្សនីយភាពអស្ចារ្យជាច្រើនទៀត ក៏នឹងត្រូវចូលមកដល់ដែរ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៥

ការបង្ហាញឱ្យឃើញមួយទៀតពីការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់របស់យ៉ូប គឺគាត់លើកសរសើរពីព្រះនាមរបស់ព្រះជាម្ចាស់គ្រប់រឿង

យ៉ូបបានរងទុក្ខពីការវាយដំពីសំណាក់សាតាំង តែគាត់នៅតែមិនបោះបង់ព្រះនាមព្រះយេហូវ៉ាដ៏ជាព្រះដដែល។ ប្រពន្ធរបស់គាត់ជាមនុស្សទីមួយដែលឈានជើងចាកចេញនិងវាយប្រហារយ៉ូប ដោយដើរតួជាសាតាំងក្នុងលក្ខណៈមួយ ដែលមនុស្សអាចមើលឃើញនឹងភ្នែកបាន។ អត្ថបទដើមពណ៌នាបែបនេះថា៖ «ប្រពន្ធគាត់ក៏និយាយនឹងគាត់ថា តើអ្នកនៅសច្ចភាពរបស់ខ្លួនដល់ណាទៀត? ជេរប្រមាថព្រះជាម្ចាស់ ហើយស្លាប់ឱ្យផុតទៅ» (យ៉ូប ២:៩)។ នេះគឺជាសម្ដីដែលសាតាំងនិយាយដោយការបន្លំខ្លួនធ្វើជាមនុស្ស។ ពាក្យនេះជាការវាយប្រហារ ជាការចោទប្រកាន់ ជាការលួងលោមចិត្ត ជាការល្បួង និងពាក្យមួលបង្កាច់។ បន្ទាប់ពីបរាជ័យក្នុងការវាយប្រហារសាច់ឈាមរបស់យ៉ូប សាតាំងក៏បានវាយប្រហារលើភាពទៀងត្រង់របស់យ៉ូបត្រង់ៗតែម្ដង ដោយចង់ប្រើវិធីនេះដើម្បីធ្វើឱ្យយ៉ូបលះបង់ភាពទៀងត្រង់របស់គាត់ បោះបង់ចោលព្រះជាម្ចាស់ ហើយលែងរស់នៅតទៅទៀត។ សាតាំងក៏ចង់ប្រើពាក្យទាំងនេះ ដើម្បីល្បួងយ៉ូបដែរ៖ ប្រសិនបើយ៉ូបលះបង់ព្រះនាមរបស់ព្រះយេហូវ៉ា នោះគាត់មិនបាច់ទ្រាំនឹងទុក្ខទារុណបែបនេះតទៅទៀតទេ។ គាត់អាចរួចពីទុក្ខទារុណខាងសាច់ឈាមបាន។ ក្រោយពីបានពើបប្រទះនឹងពាក្យណែនាំរបស់ប្រពន្ធគាត់ហើយ យ៉ូបក៏បានស្ដីបន្ទោសដល់នាងដោយពោលថា៖ «អ្នកនិយាយដូចជាស្ត្រីល្ងង់។ ម្តេចបានជាបែបនេះទៅវិញ? យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» (យ៉ូប ២:១០)។ យ៉ូបបានដឹងពីពាក្យសម្ដីនេះជាយូរមកហើយ តែពេលនេះ ក៏បានបញ្ជាក់ឱ្យឃើញការពិតថាគាត់ពិតជាស្គាល់ពាក្យសម្ដីទាំងនេះមែន។

នៅពេលដែលប្រពន្ធរបស់គាត់ណែនាំគាត់ឱ្យប្រមាថដល់ព្រះជាម្ចាស់ រួចស្លាប់ឱ្យផុតទៅ ន័យរបស់នាងគឺ៖ «ព្រះជាម្ចាស់របស់អ្នកប្រព្រឹត្តនឹងអ្នកយ៉ាងនេះ ម្ដេចក៏មិនប្រមាថដល់ទ្រង់ទៅ? នៅរស់ធ្វើអីទៀត? ព្រះជាម្ចាស់របស់អ្នកអយុត្តិធម៌ចំពោះអ្នកណាស់ តែអ្នកនៅតែពោលថា 'សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា' ទៀត។ ម្ដេចក៏ទ្រង់នាំសេចក្ដីអន្តរាយដល់អ្នក ទាំងដែលអ្នកថ្វាយព្រះពរដល់ព្រះនាមទ្រង់យ៉ាងដូច្នេះ? ចូរប្រញាប់បោះបង់ចោលព្រះនាមរបស់ព្រះជាម្ចាស់ភ្លាមទៅ ហើយឈប់ដើរតាមទ្រង់តទៀត។ នោះសេចក្ដីវេទនារបស់អ្នកនឹងត្រូវបញ្ចប់មិនខាន»។ នៅគ្រានោះ ក៏កើតមានទីបន្ទាល់មួយដែលព្រះជាម្ចាស់សព្វព្រះទ័យចង់ឃើញតាមរយៈយ៉ូបដែរ។ ពុំមានមនុស្សធម្មតាណាម្នាក់អាចធ្វើបន្ទាល់បែបនេះបានឡើយ ហើយយើងក៏មិនធ្លាប់បានអានពីទីបន្ទាល់នេះ នៅក្នុងរឿងណាផ្សេងក្នុងព្រះគម្ពីរដែរ តែព្រះជាម្ចាស់បានទតឃើញទីបន្ទាល់នេះ ទាំងមុនពេលដែលយ៉ូបបាននិយាយពាក្យនេះជាយូរណាស់មកហើយ។ ព្រះជាម្ចាស់គ្រាន់តែចង់ប្រើឱកាសនេះដើម្បីឱ្យយ៉ូបបញ្ជាក់ឱ្យគ្រប់គ្នាបានឃើញថា ព្រះជាម្ចាស់ពិតជាត្រូវមែន។ បន្ទាប់ពីបានពើបប្រទះនឹងពាក្យណែនាំរបស់ប្រពន្ធគាត់រួច យ៉ូបមិនត្រឹមតែមិនបោះបង់ចោលភាពទៀងត្រង់របស់គាត់ និងមិនបោះបង់ចោលព្រះជាម្ចាស់ប៉ុណ្ណោះទេ តែគាត់ថែមទាំងនិយាយទៅប្រពន្ធគាត់ទៀតថា៖ «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» តើពាក្យនេះមានទម្ងន់ណាស់មែនទេ? ត្រង់នេះ មានតែការពិតមួយគត់ដែល អាចបញ្ជាក់ពីទម្ងន់នៃពាក្យនេះបាន។ ទម្ងន់នៃពាក្យទាំងនេះគឺត្រង់ថា ព្រះជាម្ចាស់សព្វព្រះទ័យនឹងពាក្យទាំងនេះនៅក្នុងព្រះហឫទ័យរបស់ទ្រង់ ជាពាក្យដែលព្រះជាម្ចាស់ប្រាថ្នាចង់បាន ជាពាក្យដែលព្រះជាម្ចាស់ចង់ព្រះសណ្ដាប់ ហើយជាផលដែលព្រះជាម្ចាស់សព្វព្រះទ័យចង់ឃើញ។ ពាក្យទាំងនេះក៏ជាផ្នែកសំខាន់នៃទីបន្ទាល់របស់យ៉ូបដែរ។ ភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់របស់យ៉ូប ត្រូវបានបញ្ជាក់ឱ្យឃើញតាមរយៈពាក្យទាំងអស់នេះ។ តម្លៃរបស់យ៉ូប បង្កប់នៅត្រង់ថា គាត់នៅតែថ្វាយព្រះពរដល់ព្រះនាមព្រះជាម្ចាស់ ទោះក្នុងគ្រាដែលគាត់ត្រូវល្បួងបែបណា ឬពេលណាក៏ដោយ និងសូម្បីតែក្នុងគ្រាដែលរាងកាយគាត់ទាំងមូលចេញសុទ្ធតែដំបៅខ្ទុះ និងពេលដែលគាត់ស៊ូទ្រាំនឹងទណ្ឌកម្មដ៏លំបាកបំផុត ព្រមទាំងពេលដែលប្រពន្ធ និងសម្លាញ់របស់គាត់ទូន្មានគាត់ក៏ដោយ។ និយាយម្យ៉ាងទៀតគឺថា នៅក្នុងចិត្តរបស់គាត់ គាត់ជឿថា ទោះសេចក្ដីល្បួងនោះជាអ្វីក៏ដោយ ទោះសេចក្ដីវេទនា ឬទុក្ខទារុណនោះធ្ងន់យ៉ាងណាក៏ដោយ ទោះសេចក្ដីស្លាប់នឹងត្រូវធ្លាក់មកលើគាត់ក៏ដោយ ក៏គាត់មិនបោះបង់ព្រះជាម្ចាស់ ឬបែរចេញពីផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ដែរ។ ដូច្នេះ អ្នកឃើញហើយថា ព្រះជាម្ចាស់នៅតែសំខាន់ខ្លាំងបំផុតនៅក្នុងចិត្តរបស់គាត់ ហើយក្នុងចិត្តរបស់គាត់ គឺមានតែព្រះជាម្ចាស់មួយអង្គគត់។ ដោយសារមូលហេតុនេះហើយ ទើបយើងអានដំណើររឿងរបស់គាត់នៅក្នុងបទគម្ពីរថា៖ ទង្វើនេះមិនបានធ្វើឱ្យយ៉ូបប្រព្រឹត្តបាបដោយបបូរមាត់របស់គាត់ឡើយ។ គាត់មិនត្រឹមតែមិនប្រព្រឹត្តបាបដោយបបូរមាត់របស់គាត់ទេ ប៉ុន្តែក្នុងចិត្តរបស់គាត់ ក៏គាត់មិនបានត្អូញត្អែរពីព្រះជាម្ចាស់ដែរ។ គាត់មិនបាននិយាយពាក្យមិនពីរោះស្ដាប់ពីព្រះជាម្ចាស់ ក៏មិនបានប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ដែរ។ គាត់មិនត្រឹមតែថ្វាយព្រះពរដល់ព្រះនាមរបស់ព្រះជាម្ចាស់ដោយបបូរមាត់របស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ថ្វាយព្រះពរដល់ព្រះនាមរបស់ព្រះជាម្ចាស់នៅក្នុងចិត្តគាត់ដែរ មាត់និងចិត្តរបស់គាត់តែមួយ។ យ៉ូបពិតដែលព្រះជាម្ចាស់ទតឃើញគឺបែបនេះ ហើយនេះក៏ជាមូលហេតុដែលព្រះជាម្ចាស់ឱ្យតម្លៃយ៉ូបដែរ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៦

ការយល់ច្រឡំជាច្រើនរបស់មនុស្សចំពោះយ៉ូប

ទុក្ខលំបាកដែលយ៉ូបបានទទួលរង មិនមែនជាកិច្ចការរបស់អ្នកនាំសារដែលព្រះជាម្ចាស់ចាត់មកឡើយ ក៏មិនមែនបង្កឡើងដោយព្រះហស្តរបស់ព្រះជាម្ចាស់ផ្ទាល់ដែរ។ ផ្ទុយទៅវិញ វាបង្កឡើងដោយសាតាំង ដែលជាសត្រូវរបស់ព្រះជាម្ចាស់។ ដូច្នេះ កម្រិតនៃទុក្ខលំបាកដែលយ៉ូបទទួលរង គឺពិតជាធ្ងន់ធ្ងរខ្លាំងណាស់។ ដោយឡែក ក្នុងគ្រានោះ យ៉ូបបានសម្ដែងឱ្យឃើញពីការស្គាល់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់គាត់ជារៀងរាល់ថ្ងៃ ពីគោលការណ៍នៃសកម្មភាពប្រចាំថ្ងៃរបស់គាត់ និងអាកប្បកិរិយាដែលគាត់មានចំពោះព្រះជាម្ចាស់ ដោយគ្មានការលាក់លៀម។ នេះហើយគឺជាសេចក្ដីពិត។ បើយ៉ូបមិនត្រូវបានល្បួងទេ បើព្រះជាម្ចាស់មិនបានល្បងលយ៉ូបទេ នៅពេលដែលយ៉ូបនិយាយថា «ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា» នោះអ្នកមុខជានិយាយថា យ៉ូបគឺជាមនុស្សពុតត្បុត។ ព្រះជាម្ចាស់បានប្រទានទ្រព្យសម្បត្តិជាច្រើនដល់គាត់ ដូច្នេះ គាត់មុខជាថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ាហើយ។ មុនពេលដែលគាត់ត្រូវល្បងល ប្រសិនបើយ៉ូបនិយាយថា «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» នោះអ្នកមុខជាថា យ៉ូបនិយាយបំផ្លើស ហើយថាគាត់មុខជាមិនបោះបង់ចោលព្រះនាមរបស់ព្រះជាម្ចាស់ឡើយ ដ្បិតគាត់តែងតែទទួលបានព្រះពរពីព្រះហស្តរបស់ព្រះជាម្ចាស់។ អ្នកមុខជានិយាយថា ប្រសិនបើព្រះជាម្ចាស់នាំសេចក្ដីអន្តរាយមកដល់គាត់ នោះគាត់ច្បាស់ជាបោះបង់ចោលព្រះនាមរបស់ព្រះជាម្ចាស់ជាមិនខាន។ ដោយឡែក នៅពេលដែលយ៉ូបដឹងខ្លួនថា គាត់កំពុងស្ថិតក្នុងស្ថានភាពដែលគ្មាននរណាម្នាក់ចង់បាន ឬចង់ឃើញ ក្នុងស្ថានភាពដែលគ្មាននរណាម្នាក់ចង់ឱ្យកើតមានដល់ខ្លួនពួកគេ ក្នុងស្ថានភាពដែលពួកគេខ្លាចថានឹងកើតមានមកលើពួកគេ ជាស្ថានភាពដែលសូម្បីតែព្រះជាម្ចាស់ ក៏មិនអាចទ្រាំនឹងទតមើលផង ក៏យ៉ូបនៅតែប្រកាន់ខ្ជាប់នូវភាពទៀងត្រង់របស់គាត់ដដែល៖ «ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា» និង «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» ដោយបានឃើញកិរិយាឫកពាររបស់យ៉ូបនៅពេលនោះ អស់អ្នកដែលចូលចិត្តនិយាយពាក្យពីរោះ និងអ្នកដែលចូលចិត្តនិយាយតាមពាក្យពេចន៍និងគោលលទ្ធិ គឺសុទ្ធតែគាំងរកអ្វីនិយាយគ្មាន។ អស់អ្នកណាដែលលើកសរសើរពីព្រះនាមរបស់ព្រះជាម្ចាស់ ត្រឹមតែពាក្យសម្ដី តែមិនដែលទទួលយកការល្បងលរបស់ព្រះជាម្ចាស់ ត្រូវបានថ្កោលទោសដោយសារភាពទៀងត្រង់ដែលយ៉ូបបានប្រកាន់ខ្ជាប់ ហើយអស់អ្នកណាដែលពុំដែលជឿថា មនុស្សអាចប្រកាន់ខ្ជាប់ផ្លូវរបស់ព្រះជាម្ចាស់បាន ក៏ត្រូវជំនុំជម្រះដោយទីបន្ទាល់របស់យ៉ូបដែរ។ ដោយបានឃើញពីកិរិយាឫកពាររបស់យ៉ូបនៅក្នុងការល្បងលទាំងអស់នេះ ហើយដោយបានឃើញពីពាក្យពេចន៍ដែលគាត់និយាយនោះ មនុស្សខ្លះក៏មានការយល់ច្រឡំ អ្នកខ្លះក៏មានអារម្មណ៍ច្រណែន អ្នកខ្លះក៏មានអារម្មណ៍សង្ស័យ ហើយអ្នកខ្លះទៀតក៏ហាក់ដូចជាទើសចិត្ត ដោយបដិសេធមិនទទួលយកទីបន្ទាល់របស់យ៉ូបទេ ដោយសារតែពួកគេមិនត្រឹមតែមើលមិនឃើញពីទុក្ខទារុណដែលកើតមានលើយ៉ូបប៉ុណ្ណោះទេ តែពួកគេក៏បានឃើញពី «ចំណុចខ្សោយ» របស់មនុស្សផងដែរ ដែលយ៉ូបបានបង្ហាញចេញមក នៅពេលដែលការល្បងលធ្លាក់មកលើគាត់។ ពួកគេជឿថា «ចំណុចខ្សោយ» នេះ ជាចំណុចមិនគ្រប់លក្ខណ៍នៅក្នុងភាពគ្រប់លក្ខណ៍របស់យ៉ូប ជាភាពសៅហ្មងរបស់មនុស្សម្នាក់ដែលនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ជាមនុស្សគ្រប់លក្ខណ៍នោះ។ នេះមានន័យថា ពួកគេជឿថា មនុស្សគ្រប់លក្ខណ៍ជាមនុស្សឥតខុសសោះ ឥតសៅហ្មង និងឥតប្រឡាក់ប្រឡូស ឬគគ្រិច ថាពួកគេគ្មានចំណុចខ្សោយ ពុំស្គាល់ការឈឺចាប់ ថាពួកគេមិនដែលមានអារម្មណ៍មិនសប្បាយចិត្ត ឬក៏បាក់ទឹកចិត្ត និងគ្មានសេចក្ដីស្អប់ ឬគ្មានអាកប្បកិរិយាខាងក្រៅហួសហេតុឡើយ។ ហេតុដូច្នេះហើយ មនុស្សភាគច្រើនមិនជឿថា យ៉ូបជាមនុស្សគ្រប់លក្ខណ៍ពិតនោះទេ។ មនុស្សមិនពេញចិត្តនឹងកិរិយាឫកពារមួយចំនួនធំដែលគាត់មាននៅក្នុងគ្រានៃការល្បងលនោះឡើយ។ ឧទាហរណ៍ នៅពេលដែលយ៉ូបបាត់បង់ទ្រព្យសម្បត្តិ និងកូនៗរបស់គាត់ គឺគាត់មិនបានទ្រហោរយំ ដូចដែលមនុស្សភាគច្រើនស្រមៃឡើយ។ «កង្វះគុណធម៌» របស់គាត់ ធ្វើឱ្យមនុស្សគិតថា គាត់ជាមនុស្សគ្មានមនោសញ្ចេតនា ដ្បិតគាត់គ្មានការយំសោក ឬក្ដីស្រឡាញ់ចំពោះគ្រួសាររបស់គាត់ឡើយ។ ដំបូងបង្អស់ មនុស្សមានការយល់ឃើញមិនល្អបែបនេះលោកយ៉ូប។ ពួកគេយល់ថា អាកប្បកិរិយារបស់គាត់បន្ទាប់ពីនោះ គឺរឹតតែគួរឱ្យងឿងឆ្ងល់ថែមទៀត៖ មនុស្សបកស្រាយថា ការដែលគាត់ «ហែកអាវ» គឺជាការមិនគោរពចំពោះព្រះជាម្ចាស់ ហើយពួកគេជឿទាំងខុសថាការ «កោរសក់របស់ខ្លួន» ជាការប្រមាថ និងការទាស់ទទឹងរបស់យ៉ូបចំពោះព្រះជាម្ចាស់។ ក្រៅពីសម្ដីដែលយ៉ូបបាននិយាយថា «ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា» មនុស្សមិនដឹងពីភាពទៀងត្រង់នៅក្នុងខ្លួនយ៉ូបដែលព្រះជាម្ចាស់សរសើរនោះទាល់តែសោះ ហេតុនេះហើយ ការវាយតម្លៃរបស់មនុស្សភាគច្រើនចំពោះយ៉ូប គ្មានអ្វីក្រៅតែពីការយល់មិនដល់ ការយល់ច្រឡំ ការសង្ស័យ ការថ្កោលទោស និងការពេញចិត្តត្រឹមតែទ្រឹស្ដីនោះឯង។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចយល់ និងស្គាល់ពីព្រះបន្ទូលរបស់ព្រះយេហូវ៉ាពិតប្រាកដដែលថ្លែងថា យ៉ូបគឺជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ ជាមនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់នោះឡើយ។

ផ្អែកលើការយល់ឃើញរបស់ពួកគេចំពោះយ៉ូបនៅផ្នែកខាងលើនេះ មនុស្សនៅមានការងឿងឆ្ងល់ថែមទៀតអំពីភាពទៀងត្រង់របស់គាត់ ដ្បិតសកម្មភាពរបស់យ៉ូប និងកិរិយាឫកពាររបស់គាត់ដែលបានកត់ត្រាទុកក្នុងបទគម្ពីរនេះ គ្មានអ្វីរំជួលចិត្តខ្លាំងដូចដែលមនុស្សធ្លាប់ស្រមៃឡើយ។ គាត់មិនត្រឹមតែមិនបានធ្វើកិច្ចការអស្ចារ្យអ្វីនោះទេ តែគាត់ថែមទាំងយកអំបែងឆ្នាំងមកកោសខ្លួនគាត់ ទាំងដែលកំពុងអង្គុយនៅក្នុងផេះផង។ ទង្វើនេះធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ព្រមទាំងធ្វើឱ្យពួកគេសង្ស័យ ហើយថែមទាំងបដិសេធសេចក្ដីសុចរិតរបស់យ៉ូបផង ដ្បិតពេលដែលយ៉ូបកំពុងកោសខ្លួនគាត់នោះ គាត់មិនបានអធិដ្ឋាន ឬធ្វើការសន្យាអ្វីនឹងព្រះជាម្ចាស់ឡើយ។ ជាងនេះទៅទៀត គេក៏មិនឃើញគាត់ទួញយំដោយការឈឺចាប់អ្វីដែរ។ នៅគ្រានោះ មនុស្សមើលឃើញតែចំណុចខ្សោយរបស់យ៉ូបប៉ុណ្ណោះ មើលមិនឃើញពីអ្វីផ្សេងទៀតឡើយ ហេតុនេះហើយ ទើប នៅពេលដែលពួកគេស្ដាប់ឮយ៉ូបនិយាយថា «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» ពួកគេគ្មានការរំជួលចិត្តអ្វីសោះឡើយ ឬពុំនោះសោត ពួកគេពុំយល់ស្របតាម ហើយនៅតែមិនយល់ពីសេចក្ដីសុចរិតរបស់យ៉ូប តាមរយៈសម្ដីរបស់គាត់ដដែល។ អ្វីដែលមនុស្សចាប់អារម្មណ៍ក្នុងអំឡុងគ្រាដែលយ៉ូបរងទុក្ខលំបាកពីការល្បងលនោះគឺថា គាត់មិនបន្ទាបខ្លួន ក៏មិនក្រអឺតក្រទមដែរ។ មនុស្សមើលមិនឃើញរឿងដែលបង្កប់នៅពីក្រោយឥរិយាបថដែលសម្ដែងចេញពីក្នុងជម្រៅចិត្តរបស់គាត់ឡើយ ហើយពួកគេក៏មើលមិនឃើញពីការកោតខ្លាចព្រះជាម្ចាស់នៅក្នុងចិត្តរបស់គាត់ដែរ ឬការដែលគាត់ប្រកាន់ខ្ជាប់តាមគោលការណ៍នៃផ្លូវគេចចេញពីសេចក្ដីអាក្រក់នោះដែរ។ ភាពស្ងប់ស្ងាត់នៅក្នុងចិត្តរបស់គាត់ ធ្វើ ឱ្យមនុស្សជាច្រើនគិតថា ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់គាត់ គ្រាន់តែជាសម្ដីឥតន័យ ថាការដែលគាត់កោតខ្លាចដល់ព្រះជាម្ចាស់ គ្រាន់តែជាជំនឿខុសឆ្គងប៉ុណ្ណោះ។ ចំណែកឯ «ចំណុចខ្សោយ» ដែលគាត់បានបង្ហាញចេញមកតាមលក្ខណៈខាងក្រៅនេះ ធ្វើឱ្យពួកគេចាប់អារម្មណ៍ខ្លាំង ធ្វើឱ្យពួកគេមាន «ទស្សនៈថ្មី» ហើយថែមទាំងមាន «ការយល់ដឹងថ្មី» អំពីមនុស្សម្នាក់ដែលព្រះជាម្ចាស់កំណត់ថា ជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់។ «ទស្សនៈថ្មី» និង «ការយល់ដឹងថ្មី» នេះ ត្រូវបានបញ្ជាក់ឱ្យឃើញនៅពេលដែលយ៉ូបហាមាត់ដាក់បណ្ដាសាថ្ងៃដែលគាត់កើត។

ទោះបីជាកម្រិតនៃការឈឺចាប់ដែលគាត់បានទទួលរងនេះ មនុស្សគ្រប់គ្នានឹកស្មានមិនដល់ និងមិនអាចយល់បានក៏ដោយ ក៏គាត់មិនបានពោលពាក្យបះបោរប្រឆាំងដែរ តែគាត់បានត្រឹមកាត់បន្ថយការឈឺចាប់នៃរាងកាយរបស់គាត់ទៅតាមមធ្យោបាយផ្ទាល់ខ្លួនប៉ុណ្ណោះ។ ដូចបានកត់ត្រាទុកនៅក្នុងបទគម្ពីរ គាត់បាននិយាយថា៖ «សូមឱ្យថ្ងៃដែលទូលបង្គំកើត និងយប់ដែលគេនិយាយថាមានកូនប្រុសម្នាក់មកចាប់កំណើតនោះ វិនាសទៅ» (យ៉ូប ៣:៣)។ ប្រហែលជាគ្មាននរណាធ្លាប់គិតថាពាក្យពេចន៍នេះសំខាន់ទេ ហើយប្រហែលជាមានមនុស្សដែលធ្លាប់យកចិត្តទុកដាក់នឹងពាក្យសម្ដីទាំងនេះដែរក៏មិនដឹង។ តាមទស្សនៈរបស់អ្នករាល់គ្នា តើពាក្យសម្ដីទាំងនេះមានន័យថា យ៉ូបបានប្រឆាំងទាស់នឹងព្រះជាម្ចាស់មែនទេ? តើពាក្យទាំងនេះគឺជាការត្អូញត្អែរទាស់នឹងព្រះជាម្ចាស់មែនទេ? ខ្ញុំដឹងថា អ្នករាល់គ្នាភាគច្រើនសុទ្ធតែមានគំនិតខ្លះចំពោះពាក្យពេចន៍ដែលយ៉ូបបាននិយាយនេះ និងជឿថា ប្រសិនបើយ៉ូបជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ នោះគាត់មិនគួរបង្ហាញចេញពីចំណុចខ្សោយ ឬទុក្ខសោកអ្វីឡើយ តែផ្ទុយទៅវិញ គាត់គួរតែប្រឈមមុខនឹងការវាយប្រហារពីសាតាំងដោយវិជ្ជមាន ហើយថែមទាំងត្រូវញញឹមដាក់ការល្បួងរបស់សាតាំងទៀតផង។ គាត់មិនគួរមានប្រតិកម្មតបទៅនឹងទុក្ខទារុណដែលសាតាំងបានបង្កមកលើសាច់ឈាមរបស់គាត់សូម្បីបន្តិចណាឡើយ។ គាត់ក៏មិនគួរបង្ហាញអារម្មណ៍ដែលគាត់មានក្នុងចិត្តរបស់គាត់ដែរ។ គាត់គួរណាស់ទូលសុំទៅព្រះជាម្ចាស់ឱ្យល្បងលគាត់ឱ្យកាន់តែឃោរឃៅជាងនេះវិញ។ មនុស្សដែលឥតងាករេ ហើយជាមនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ពិតប្រាកដ គួរបង្ហាញចេញ និងមានលក្ខណៈបែបនេះ។ នៅក្នុងទុក្ខវេទនាដ៏ខ្លាំងសម្បើមនេះ យ៉ូបគ្រាន់តែដាក់បណ្ដាសាថ្ងៃដែលគាត់កើតប៉ុណ្ណោះ។ គាត់មិនបានត្អូញត្អែរពីព្រះជាម្ចាស់ ហើយក៏គ្មានចេតនាប្រឆាំងនឹងព្រះជាម្ចាស់ដែរ។ រឿងនេះ និយាយគឺស្រួលទេ តែធ្វើទើបពិបាក ដ្បិតតាំងពីសម័យបុរាណដរាបដល់បច្ចុប្បន្ននេះ គ្មាននរណាម្នាក់ធ្លាប់បានឆ្លងកាត់ការល្បួងបែបនេះទេ ឬធ្លាប់រងទុក្ខដូចដែលយ៉ូបបានឆ្លងកាត់នោះឡើយ។ ដូច្នេះ ហេតុអ្វីបានជាគ្មាននរណាម្នាក់ធ្លាប់រងការល្បួងដូចយ៉ូប? តាមព្រះតម្រិះរបស់ព្រះជាម្ចាស់ មូលហេតុគឺមកពីគ្មាននរណាម្នាក់អាចរ៉ាប់រងទំនួលខុសត្រូវ ឬបញ្ជាបេសកកម្មបែបនេះបានឡើយ គ្មាននរណាម្នាក់អាចធ្វើបានដូចយ៉ូបឡើយ ហើយជាងនេះទៅទៀត ក្រៅពីការដាក់បណ្ដាសាថ្ងៃដែលគេកើត គ្មាននរណាម្នាក់នៅតែមិនព្រមបោះបង់ចោលព្រះនាមរបស់ព្រះជាម្ចាស់ និងបន្តថ្វាយព្រះពរដល់ព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដូចដែលយ៉ូបបានធ្វើកាលគ្រាដែលទុក្ខទារុណកើតមានដល់គាត់នោះឡើយ។ តើមាននរណាអាចធ្វើដូច្នេះបានទេ? នៅពេលយើងនិយាយពីយ៉ូប តើយើងសរសើរដល់អាកប្បកិរិយារបស់គាត់ដែរឬទេ? គាត់ជាមនុស្សសុចរិតម្នាក់ ហើយអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់បែបនេះបាន និងអាចធ្វើឱ្យសាតាំងរត់គេចទាំងក្ដីអាម៉ាស់ ដើម្បីកុំឱ្យវាត្រឡប់មកចោទប្រកាន់គាត់នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ម្ដងទៀត។ ដូច្នេះ តើការសរសើរគាត់មានអ្វីទាស់ខុសទៅ? តើអាចមកពីអ្នករាល់គ្នាមានក្បួនខ្នាតខ្ពស់ជាងព្រះជាម្ចាស់ទេដឹង? តើអាចថាមកពីអ្នកអាចធ្វើបានល្អជាងយ៉ូប នៅពេលដែលការល្បងលកើតមានដល់អ្នករាល់គ្នាទេដឹង? យ៉ូបត្រូវបានព្រះជាម្ចាស់លើកសរសើរគាត់។ តើអ្នករាល់គ្នាមានអ្វីជំទាស់ខ្លះ?

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៧

យ៉ូបដាក់បណ្ដាសាថ្ងៃកំណើតរបស់គាត់ ដ្បិតគាត់មិនចង់ឱ្យព្រះជាម្ចាស់ឈឺចាប់ដោយសារគាត់ទេ

ខ្ញុំតែងតែនិយាយជារឿយៗថា ព្រះជាម្ចាស់ទតមើលពីចិត្តរបស់មនុស្ស ចំណែកឯមនុស្សវិញមើលពីលក្ខណៈខាងក្រៅរបស់មនុស្ស។ ដោយសារព្រះជាម្ចាស់ទតមើលពីក្នុងចិត្តរបស់មនុស្ស ទើបទ្រង់យល់ពីសារជាតិរបស់ពួកគេ ចំណែកឯមនុស្សវិញ កំណត់ពីសារជាតិរបស់អ្នកដទៃ ដោយផ្អែកលើសម្បកក្រៅរបស់ពួកគេ។ នៅពេលដែលយ៉ូបហាមាត់ដាក់បណ្ដាសាថ្ងៃកំណើតរបស់គាត់ បុគ្គលខាងវិញ្ញាណទាំងអស់ភ្ញាក់ផ្អើលនឹងទង្វើនេះណាស់ រួមទាំងសម្លាញ់ទាំងបីនាក់របស់គាត់ផង។ មនុស្សកើតចេញពីព្រះជាម្ចាស់ ហើយគួរតែដឹងគុណចំពោះជីវិត និងសាច់ឈាម ដែលព្រះជាម្ចាស់ប្រទានដល់គេ ក៏ដូចជាថ្ងៃកំណើតរបស់គេផង ហើយគាត់មិនគួរដាក់បណ្ដាសាទេ។ មនុស្សធម្មតាអាចយល់ និងនឹកគិតបែបនេះ។ ដ្បិតមនុស្សណាដែលដើរតាមព្រះជាម្ចាស់ ការយល់ដឹងនេះ គឺពិសិដ្ឋនិងមិនអាចល្មើសបានឡើយ ហើយវាជាការពិតមួយដែលមិនអាចផ្លាស់ប្ដូរបាន។ ចំណែកឯយ៉ូបវិញ គាត់បានល្មើសវិន័យ៖ គាត់បានដាក់បណ្ដាសាថ្ងៃកំណើតរបស់ខ្លួន។ នេះជាទង្វើមួយដែលមនុស្សធម្មតាចាត់ទុកនិងរាប់បញ្ចូលជាការឆ្លងព្រំដែនចូលទៅតំបន់ហាមឃាត់។ យ៉ូបមិនត្រឹមតែគ្មានសិទ្ធិទទួលបានការយោគយល់ និងចិត្តអាណិតអាសូរពីមនុស្សប៉ុណ្ណោះទេ តែគាត់ក៏គ្មានសិទ្ធិទទួលការអត់ទោសពីព្រះជាម្ចាស់ដែរ។ ក្នុងពេលជាមួយគ្នានេះ មនុស្សកាន់តែច្រើនឡើង មានចិត្តសង្ស័យចំពោះសេចក្ដីសុចរិតរបស់យ៉ូប ដ្បិតគេហាក់មើលឃើញថា ការដែលព្រះជាម្ចាស់សព្វព្រះទ័យចំពោះយ៉ូប បានធ្វើឱ្យគាត់ក្លាយទៅជាមនុស្សបណ្ដែតបណ្ដោយ ធ្វើឱ្យគាត់ឥតកោតក្រែង និងព្រហើនខ្លាំង ដល់ថ្នាក់គាត់មិនត្រឹមតែមិនអរព្រះគុណដល់ព្រះជាម្ចាស់ចំពោះការដែលទ្រង់ប្រទានព្រះពរ និងយកព្រះទ័យទុកដាក់ចំពោះគាត់ក្នុងអំឡុងជីវិតរស់នៅរបស់គាត់ទេ ប៉ុន្តែគាត់ថែមទាំងបានដាក់បណ្ដាសាឱ្យថ្ងៃដែលគាត់កើតនោះវិនាសទៀតផង។ បើមិនមែនជាការប្រឆាំងទាស់នឹងព្រះជាម្ចាស់ទេ តើនេះជាអ្វីវិញ? ចំណុចរាល់កំភែលបែបនេះ ធ្វើឱ្យមនុស្សមានសម្អាង ក្នុងការថ្កោលទោសទង្វើរបស់យ៉ូប ប៉ុន្តែ តើមាននរណាអាចដឹងថាយ៉ូបកំពុងគិតអ្វីឱ្យប្រាកដទេនៅពេលនោះ? តើមាននរណាអាចដឹងពីមូលហេតុដែលយ៉ូបធ្វើបែបនេះទេ? មានតែព្រះជាម្ចាស់ និងយ៉ូបខ្លួនគាត់ប៉ុណ្ណោះ ទើបដឹងពីរឿងអាថ៌កំបាំង និងហេតុផលត្រង់ចំណុចនេះ។

នៅពេលដែលសាតាំងលាដៃរបស់វាទៅពាល់ឆ្អឹងរបស់យ៉ូប នោះយ៉ូបក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់វា ដោយគ្មានវិធីគេចចេញ ឬគ្មានកម្លាំងតតាំងនោះឡើយ។ រាងកាយ និងព្រលឹងរបស់គាត់ រងការឈឺចាប់យ៉ាងខ្លាំង ហើយការឈឺចាប់នេះ បានធ្វើឱ្យគាត់ដឹងច្បាស់អំពីភាពឥតតម្លៃ ភាពទន់ខ្សោយ និងភាពគ្មានអំណាចរបស់មនុស្សដែលកំពុងរស់នៅក្នុងសាច់ឈាមនេះ។ នៅក្នុងពេលជាមួយគ្នានោះ គាត់ក៏ទទួលបាននូវការជ្រួតជ្រាប និងការយល់ដឹងស៊ីជម្រៅពីមូលហេតុដែលព្រះជាម្ចាស់យកព្រះទ័យទុកដាក់ និងមើលថែមនុស្សជាតិ។ នៅក្នុងកណ្ដាប់ដៃរបស់សាតាំង យ៉ូបក៏បានដឹងថា មនុស្សដែលមានសាច់និងឈាម តាមពិតគ្មានអំណាច និងទន់ខ្សោយខ្លាំងណាស់។ នៅពេលដែលគាត់លុតជង្គង់ និងអធិដ្ឋានទៅព្រះជាម្ចាស់ គាត់ហាក់មានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងខ្ទប់ព្រះភ័ក្ត្រ និងលាក់បំពួនអង្គទ្រង់ ដ្បិតព្រះជាម្ចាស់បានប្រគល់គាត់ទៅក្នុងដៃរបស់សាតាំងទាំងស្រុង។ ក្នុងពេលនោះដែរ ព្រះជាម្ចាស់ក៏ទ្រង់ព្រះកន្សែងអាណិតគាត់ដែរ ហើយជាងនេះទៀត ទ្រង់ក៏ឈឺចាប់ជួសគាត់ដែរ។ ការឈឺចាប់របស់គាត់ ក៏ធ្វើឱ្យព្រះជាម្ចាស់ឈឺចាប់ដែរ ហើយការរងទុក្ខរបស់គាត់ ក៏ធ្វើឱ្យព្រះជាម្ចាស់រងទុក្ខដែរ...។ យ៉ូបដឹងពីការឈឺចាប់របស់ព្រះជាម្ចាស់ ហើយគាត់ក៏ដឹងថា ព្រះជាម្ចាស់ពិបាកទ្រាំប៉ុនណា...។ យ៉ូបមិនចង់នាំទុក្ខសោកដល់ព្រះជាម្ចាស់បន្ថែមទៀតឡើយ ក៏មិនចង់ឱ្យព្រះជាម្ចាស់ទ្រង់ព្រះកន្សែងជួសគាត់ដែរ ហើយរឹតតែមិនចង់ឃើញព្រះជាម្ចាស់ឈឺចាប់ដោយសារគាត់ទៀត។ នៅពេលនោះ យ៉ូបចង់តែបោះបង់សាច់ឈាមរបស់គាត់ផ្ទាល់កុំឱ្យនៅទ្រាំនឹងការឈឺចាប់ខាងសាច់ឈាមនេះទៀត ដ្បិតបែបនេះ ព្រះជាម្ចាស់មុខជាលែងរងទុក្ខវេទនាដោយការឈឺចាប់របស់គាត់ទៀតហើយ តែគាត់មិនអាចធ្វើបាន ហើយគាត់មិនត្រឹមតែត្រូវស៊ូទ្រាំនឹងការឈឺចាប់ខាងសាច់ឈាមប៉ុណ្ណោះទេ តែគាត់ក៏ត្រូវស៊ូទ្រាំនឹងការឈឺចាប់ដែលមិនចង់ធ្វើឱ្យព្រះជាម្ចាស់ព្រួយព្រះទ័យផងដែរ។ ការឈឺចាប់ទាំងពីរនេះ ដែលមួយមកពីខាងសាច់ឈាម ឯមួយទៀតមកពីខាងវិញ្ញាណ បានធ្វើឱ្យយ៉ូបសោកសៅ និងឈឺចាប់ក្នុងចិត្តជាខ្លាំង ព្រមទាំងបានធ្វើឱ្យគាត់ដឹងថា ដែនកំណត់របស់មនុស្សដែលជាសាច់និងឈាមនេះ អាចធ្វើឱ្យគេមានអារម្មណ៍ខកចិត្ត និងគ្មានទីពឹងបាន។ ក្នុងកាលៈទេសៈបែបនេះ សេចក្ដីស្រេកឃ្លាតចង់បានព្រះជាម្ចាស់របស់គាត់ក៏កើនឡើងកាន់តែខ្លាំង ហើយចិត្តស្អប់របស់គាត់ចំពោះសាតាំង ក៏កាន់តែខ្លាំងឡើងដែរ។ នៅពេលនោះ យ៉ូបសុខចិត្តមិនឱ្យខ្លួនគាត់កើតនៅក្នុងពិភពមនុស្សនេះ គាត់សុខចិត្តគ្មានជីវិតរស់នៅ ល្អជាងមើលឃើញទឹកព្រះនេត្ររបស់ព្រះជាម្ចាស់ ឬឃើញព្រះជាម្ចាស់ព្រួយព្រះទ័យដោយសារគាត់។ គាត់ចាប់ផ្ដើមស្អប់សាច់ឈាមរបស់គាត់កាន់តែខ្លាំង ចាប់ផ្ដើមធុញទ្រាន់និងនឿយណាយនឹងខ្លួនគាត់ ស្អប់ថ្ងៃដែលគាត់កើត ហើយថែមទាំងស្អប់អ្វីៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងខ្លួនគាត់។ គាត់មិនចង់ឱ្យគេរំឭកពីថ្ងៃដែលគាត់កើត ក៏មិនចង់ឱ្យគេរំឭកដល់អ្វីដែលពាក់ព័ន្ធនឹងថ្ងៃនោះដែរ រួចគាត់ក៏ហាមាត់ដាក់បណ្ដាសាថ្ងៃដែលគាត់បានកើតនោះថា «សូមឱ្យថ្ងៃដែលទូលបង្គំកើត និងយប់ដែលគេនិយាយថាមានកូនប្រុសម្នាក់មកចាប់កំណើតនោះ វិនាសទៅ។ សូមឱ្យថ្ងៃនោះប្រែទៅជាងងឹត សូមកុំឱ្យព្រះជាម្ចាស់នឹករកថ្ងៃនោះពីស្ថានលើមក ហើយសូមកុំឱ្យពន្លឺចាំងមកនៅថ្ងៃនោះឡើយ» (យ៉ូប ៣:៣-៤)។ សម្ដីដែលយ៉ូបពោលថា «សូមឱ្យថ្ងៃដែលទូលបង្គំកើត និងយប់ដែលគេនិយាយថាមានកូនប្រុសម្នាក់មកចាប់កំណើតនោះ វិនាសទៅ» មានបង្កប់នូវការស្អប់ចំពោះខ្លួនគាត់ ក៏ដូចជាការបន្ទោសចំពោះខ្លួនគាត់ដែរ ព្រមទាំងមានអារម្មណ៍ជាប់ជំពាក់ ដ្បិតគាត់បានធ្វើឱ្យព្រះជាម្ចាស់ព្រួយព្រះទ័យ ក្នុងឃ្លាដែលគាត់ថា «សូមឱ្យថ្ងៃនោះប្រែទៅជាងងឹត សូមកុំឱ្យព្រះជាម្ចាស់នឹករកថ្ងៃនោះពីស្ថានលើមក ហើយសូមកុំឱ្យពន្លឺចាំងមកនៅថ្ងៃនោះឡើយ»។ អត្ថបទទាំងពីរនេះ គឺជាការសម្ដែងចេញពីអារម្មណ៍របស់យ៉ូបនៅគ្រានោះ ហើយក៏បង្ហាញពីភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់គាត់ឱ្យមនុស្សទាំងអស់បានឃើញទាំងស្រុងផងដែរ។ នៅក្នុងពេលជាមួយគ្នានោះ សេចក្ដីជំនឿ ការស្ដាប់បង្គាប់ដែលគាត់មានចំពោះព្រះជាម្ចាស់ ក៏ដូចជាការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ ក៏ត្រូវបានលើកតម្កើងដូចដែលយ៉ូបចង់បានដែរ។ ពិតណាស់ ការលើកឡើងនេះ គឺច្បាស់ជាលទ្ធផលដែលព្រះជាម្ចាស់បានរំពឹងទុករួចហើយ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៨

យ៉ូបយកឈ្នះលើសាតាំង ហើយក្លាយជាមនុស្សពិត នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់

កាលយ៉ូបបានឆ្លងកាត់ការល្បងលជាលើកដំបូង គាត់បានបាត់បង់ទ្រព្យសម្បត្តិ និងកូនៗរបស់គាត់ទាំងអស់ ប៉ុន្តែទោះលទ្ធផលបែបនេះក្ដី ក៏គាត់មិនបានដួលចុះ ឬនិយាយអ្វីដែលជាអំពើបាបទាស់នឹងព្រះជាម្ចាស់ឡើយ។ គាត់បានយកឈ្នះលើសេចក្ដីល្បួងរបស់សាតាំង ហើយគាត់បានយកឈ្នះទាំងទ្រព្យសម្បត្តិ ទាំងកូនចៅ និងការល្បងលនៃការបាត់បង់ទ្រព្យសម្បត្តិលោកិយទាំងអស់ផង ដែលនេះមានន័យថា គាត់អាចស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅពេលដែលទ្រង់ដកយកអ្វីៗគ្រប់យ៉ាងចេញពីគាត់ ហើយគាត់ក៏អាចថ្វាយការអរព្រះគុណ និងការសរសើរតម្កើងព្រះជាម្ចាស់ ដោយព្រោះអ្វីដែលទ្រង់បានធ្វើផងដែរ។ នេះហើយជាកិរិយាឫកពាររបស់យ៉ូបក្នុងគ្រាដែលគាត់ត្រូវសាតាំងល្បួងជាលើកដំបូង ហើយនេះក៏ជាទីបន្ទាល់របស់យ៉ូបក្នុងគ្រាដែលព្រះជាម្ចាស់ល្បងលគាត់ជាលើកដំបូងដែរ។ នៅក្នុងការល្បងលលើកទីពីរ សាតាំងបានលាដៃរបស់វាទៅពាល់យ៉ូប ហើយទោះបីយ៉ូបបានរងការឈឺចាប់លើសពីការដែលគាត់ធ្លាប់បានឆ្លងកាត់ពីមុនមក្ដី ក៏ទីបន្ទាល់របស់គាត់នៅតែល្មមនឹងអាចឱ្យមនុស្សភ្ញាក់ផ្អើលបានដែរ។ គាត់បានប្រើក្ដីអំណត់ ជំនឿសប់ និងការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់ ក៏ដូចជាការកោតខ្លាចដល់ព្រះជាម្ចាស់ផងដែរ ដើម្បីយកឈ្នះលើសាតាំងម្ដងទៀត ហើយកិរិយាឫកពារ និងទីបន្ទាល់របស់គាត់ត្រូវបានព្រះជាម្ចាស់សរសើរ និងសព្វព្រះហឫទ័យ។ ក្នុងអំឡុងការល្បួងនេះ យ៉ូបបានប្រើកិរិយាឫកពារជាក់ស្ដែងរបស់គាត់ ដើម្បីប្រកាសប្រាប់សាតាំងថា ការឈឺចាប់ខាងសាច់ឈាម មិនអាចផ្លាស់ប្ដូរសេចក្ដីជំនឿ និងការស្ដាប់បង្គាប់របស់គាត់ចំពោះព្រះជាម្ចាស់បានឡើយ ក៏មិនអាចដកយកភក្ដីភាព និងការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់បានដែរ ហើយគាត់់ក៏នឹងមិនបោះបង់ព្រះជាម្ចាស់ ឬបោះបង់ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់គាត់ដោយសារតែគាត់ប្រឈបនឹងសេចក្ដីស្លាប់នោះដែរ។ ការតាំងចិត្តរបស់គាត់ បានធ្វើឱ្យសាតាំងប្រែជាកំសាក សេចក្ដីជំនឿរបស់គាត់បានធ្វើឱ្យសាតាំងញញើតញាប់ញ័រ កម្លាំងដែលគាត់ប្រយុទ្ធតតាំងក្នុងសង្គ្រាមស្លាប់រស់ជាមួយសាតាំង បានធ្វើឱ្យសាតាំងកើតមានសេចក្ដីស្អប់ និងការខកចិត្តជាខ្លាំង។ ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់គាត់ធ្វើឱ្យសាតាំងគ្មានសល់អ្វីដើម្បីធ្វើដាក់គាត់ទៀត ហេតុនេះហើយបានជាសាតាំងបោះបង់ការវាយប្រហារបស់វាមកលើគាត់ និងឈប់ចោទប្រកាន់ទាស់នឹងយ៉ូបដូចដែលវាបានចោទប្រកាន់គាត់នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់កាលពីមុនទៀត។ នេះមានន័យថា យ៉ូបបានយកឈ្នះលើលោកីយ៍ គាត់បានឈ្នះលើសាច់ឈាម គាត់បានយកឈ្នះលើសាតាំង ហើយគាត់បានយកឈ្នះលើសេចក្ដីស្លាប់។ គាត់ពេញជាមនុស្សម្នាក់ ដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ទាំងស្រុង។ ក្នុងការល្បងលទាំងពីរលើកនេះ យ៉ូបបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន គាត់ពិតជាបានរស់នៅតាមភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់គាត់មែន ហើយបានពង្រីកទំហំគោលការណ៍រស់នៅរបស់គាត់ដែលកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់។ ក្រោយពីបានឆ្លងកាត់ការល្បងលទាំងពីរនេះហើយ យ៉ូបក៏ទទួលបានបទពិសោធកាន់តែច្រើន ហើយបទពិសោធនេះបានធ្វើឱ្យគាត់កាន់តែចាស់ទុំ និងកាន់តែចេះដឹង កាន់តែធ្វើឱ្យគាត់រឹងមាំ និងមានជំនឿកាន់តែអស្ចារ្យ ហើយក៏បានធ្វើឱ្យគាត់កាន់តែជឿជាក់លើភាពត្រឹមត្រូវ និងគុណតម្លៃនៃភាពទៀងត្រង់ដែលគាត់បានប្រកាន់ខ្ជាប់យ៉ាងមាំ។ ការល្បងលរបស់ព្រះយេហូវ៉ាដ៏ជាព្រះចំពោះ យ៉ូប ធ្វើឱ្យគាត់មានការស្គាល់និងការយល់ដឹងស៊ីជម្រៅអំពីព្រះទ័យខ្វល់ខ្វាយរបស់ព្រះជាម្ចាស់ចំពោះមនុស្ស និងឱ្យគាត់បានដឹងពីតម្លៃនៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលតាមរយៈនេះ ចំណុចគួរពិចារណា និងសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ក៏ត្រូវបានបន្ថែមទៅក្នុងការកោតខ្លាចដែល គាត់មានចំពោះព្រះជាម្ចាស់ដែរ។ ការល្បងលរបស់ព្រះយេហូវ៉ាដ៏ជាព្រះ មិនត្រឹមតែមិនបានធ្វើឱ្យយ៉ូបឃ្លាតចេញឆ្ងាយពីព្រះអង្គទេ តែបាននាំឱ្យចិត្តរបស់គាត់ចូលមកកៀកនឹងព្រះជាម្ចាស់កាន់តែខ្លាំងវិញ។ នៅពេលដែលការឈឺចាប់ខាងសាច់ឈាមដែលយ៉ូបឆ្លងកាត់ ឈានដល់កម្រិតកំពូលហើយ នោះគាត់ដឹងថា ព្រះយេហូវ៉ាដ៏ជាព្រះមានព្រះទ័យខ្វល់ខ្វាយចំពោះគាត់ ដូច្នេះគាត់គ្មានជម្រើសអ្វីក្រៅតែពីការដាក់បណ្ដាសាថ្ងៃកំណើតរបស់គាត់ឡើយ។ កិរិយាឫកពារបែបនេះ គឺមិនបានគ្រោងទុកជាយូរមកហើយនោះទេ តែជាការបើកសម្ដែងដោយឯកឯងពីការគិតគូរ និងសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះព្រះជាម្ចាស់នៅក្នុងចិត្តរបស់គាត់ ជាការបើកសម្ដែងដោយឯកឯងចេញពីការគិតគូរ និងសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះព្រះជាម្ចាស់។ នេះមានន័យថា ដោយសារគាត់ស្អប់ខ្លួនឯង ទើបគាត់មិនព្រម និងមិនអាចទ្រាំឱ្យព្រះជាម្ចាស់ឈឺចាប់បាន ដូច្នេះ ការគិតគូរ និងសេចក្ដីស្រឡាញ់របស់គាត់ ក៏ឈានដល់កម្រិតមួយដែលលែងគិតពីខ្លួនឯងទៀត។ នៅពេលនោះ គាត់ក៏បានលើកការស្ញប់ស្ងែង និងការស្រេកឃ្លានចង់បានព្រះជាម្ចាស់ និងភក្ដីភាពរបស់គាត់ចំពោះព្រះជាម្ចាស់ជាយូរមកហើយនោះឡើងទៅដល់កម្រិតដែលចេះគិតគូរ និងមានការស្រឡាញ់។ ក្នុងពេលជាមួយគ្នានោះ គាត់ក៏បានលើកសេចក្ដីជំនឿ និងការស្ដាប់បង្គាប់របស់គាត់ចំពោះព្រះជាម្ចាស់ និងការកោតខ្លាចព្រះជាម្ចាស់ ឡើងទៅដល់កម្រិតដែលចេះគិតគូរ និងមានការស្រឡាញ់ផងដែរ។ គាត់មិនបានបណ្ដោយខ្លួនគាត់ឱ្យធ្វើរឿងអ្វីដែលបង្កគ្រោះថ្នាក់ដល់ព្រះជាម្ចាស់ឡើយ គាត់មិនបានបណ្ដោយខ្លួនឱ្យប្រព្រឹត្តកិរិយាណាមួយដែលនាំឱ្យព្រះជាម្ចាស់ឈឺចាប់នោះទេ ហើយក៏មិនបណ្ដោយខ្លួនគាត់ឱ្យនាំក្ដីទុក្ខព្រួយ ក្ដីបារម្ភ ឬសូម្បីតែរឿងអពមង្គលដល់ព្រះជាម្ចាស់ ដោយសារតែមូលហេតុផ្ទាល់ខ្លួនដែរ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទោះបីយ៉ូបនៅតែជាយ៉ូបដូចកាលពីមុនក៏ដោយ ក៏សេចក្ដីជំនឿ ការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ បានធ្វើឱ្យព្រះជាម្ចាស់ពេញព្រះទ័យ និងត្រេកអរជាពន់ពេក។ នៅគ្រានោះ យ៉ូបបានសម្រេចភាពគ្រប់លក្ខណ៍ ដែលព្រះជាម្ចាស់រំពឹងថាគាត់នឹងសម្រេចបាន។ គាត់បានក្លាយជាមនុស្សម្នាក់ដែលស័ក្ដិសមនឹងហៅថា «មនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់» នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ ទង្វើសុចរិតរបស់គាត់បានធ្វើឱ្យគាត់យកឈ្នះលើសាតាំង និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់គាត់ចំពោះព្រះជាម្ចាស់។ អំពើសុចរិតរបស់គាត់ ក៏បានធ្វើឱ្យគាត់គ្រប់លក្ខណ៍ផងដែរ និងបានធ្វើឱ្យគុណតម្លៃនៃជីវិតរបស់គាត់ត្រូវបានលើកឡើង និងខ្ពស់ត្រដែតជាងពេលណាៗទាំងអស់ផង ហើយក៏បានធ្វើឱ្យគាត់ក្លាយជាមនុស្សដំបូងគេដែលលែងត្រូវសាតាំងវាយប្រហារ និងល្បួងទៀត។ ដោយសារយ៉ូបជាមនុស្សសុចរិត ទើបគាត់ត្រូវសាតាំងចោទប្រកាន់ និងល្បួង ដោយសារតែយ៉ូបជាមនុស្សសុចរិត ទើបគាត់ត្រូវប្រគល់ទៅក្នុងដៃរបស់សាតាំង ហើយដោយសារតែយ៉ូបជាមនុស្សសុចរិតនេះហើយ ទើបគាត់បានយកឈ្នះ និងធ្វើឱ្យសាតាំងបរាជ័យ ហើយបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់គាត់បែបនេះ។ ដូច្នេះ យ៉ូបបានក្លាយជាមនុស្សដំបូងគេដែលនឹងលែងត្រូវប្រគល់ទៅឱ្យសាតាំងទៀត គាត់ពិតជាបានចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបានរស់នៅក្នុងពន្លឺ នៅក្រោមព្រះពររបស់ព្រះជាម្ចាស់ ដោយពុំមានការតាមឈ្លប ឬពុំមានការបំផ្លិចបំផ្លាញពីសាតាំងឡើយ...។ គាត់បានក្លាយជាមនុស្សពិតម្នាក់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ហើយគាត់ត្រូវបានដោះលែងឱ្យមានសេរីភាព ...

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៩

ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យ៉ូប យើងមើលឃើញពីភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់របស់គាត់

បើយើងត្រូវពិភាក្សាអំពីយ៉ូបមែន ដូច្នេះ យើងត្រូវចាប់ផ្ដើមពីការវាយតម្លៃចំពោះគាត់ ដែលថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ផ្ទាល់ថា៖ «គ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង»។

ដំបូង យើងត្រូវសិក្សាអំពីភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់យ៉ូបជាមុនសិន។

តើអ្នករាល់គ្នាយល់យ៉ាងណាចំពោះពាក្យ «គ្រប់លក្ខណ៍» និង «ទៀងត្រង់» នេះ? តើអ្នកជឿថា យ៉ូបគឺជាមនុស្សឥតខុសសោះ ជឿថាគាត់គឺជាមនុស្សមានកិត្តិយសមែនទេ? ប្រាកដណាស់ នេះគឺច្បាស់ជាការបកស្រាយ និងជាការយល់ឃើញបែបន័យត្រង់ចំពោះពាក្យថា «គ្រប់លក្ខណ៍» និង «ទៀងត្រង់» នេះហើយ។ ប៉ុន្តែ បរិបទនៃជីវិតពិត គឺជាចំណុចសំខាន់ចំពោះការស្គាល់ពីយ៉ូបនេះ ព្រោះពាក្យសម្ដី សៀវភៅ និងទ្រឹស្ដីតែប៉ុណ្ណេះ នឹងមិនទាន់ផ្ដល់ជាចម្លើយអ្វីទេ។ យើងនឹងចាប់ផ្ដើមដោយការពិនិត្យមើលពីជីវិតរស់នៅក្នុងគ្រួសាររបស់យ៉ូប មើលថាតើទម្លាប់ធម្មតារបស់គាត់ក្នុងគ្រាដែលគាត់នៅរស់នោះមានអ្វីខ្លះ។ ធ្វើបែបនេះនឹងប្រាប់យើងអំពីគោលការណ៍ និងគោលបំណងនៅក្នុងជីវិតរបស់គាត់ ក៏ដូចជាប្រាប់យើងពីបុគ្គលិកលក្ខណៈ និងការដេញតាមរបស់គាត់ផងដែរ។ ពេលនេះ សូមយើងអានសម្ដីចុងក្រោយនៅក្នុងកណ្ឌគម្ពីរយ៉ូប ១:៣ «បុរសម្នាក់នេះ គឺជាមនុស្សអស្ចារ្យជាងគេក្នុងចំណោមមនុស្សទាំងអស់នៅស្រុកខាងកើត»។ អត្ថន័យនៃពាក្យសម្ដីទាំងនេះគឺថា ឋានៈ និងតួនាទីរបស់យ៉ូបខ្ពង់ខ្ពស់ណាស់ ហើយទោះបីជាគ្មានគេប្រាប់យើងពីមូលហេតុដែលថាគាត់គឺជាមនុស្សអស្ចារ្យជាងគេក្នុងចំណោមមនុស្សទាំងអស់នៅស្រុកខាងកើត ដោយសារទ្រព្យសម្បត្តិដ៏ច្រើនរបស់គាត់ ឬក៏មកពីគាត់ជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ និងកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ក៏ដោយ ក៏ជាទូទៅ យើងដឹងថា ឋានៈ និងតួនាទីរបស់យ៉ូប គឺខ្ពង់ខ្ពស់ខ្លាំងណាស់។ ដូចដែលបានកត់ត្រាទុកក្នុងព្រះគម្ពីរ អ្វីដែលមនុស្សចាប់អារម្មណ៍ដំបូងគេអំពីយ៉ូបគឺ យ៉ូបជាមនុស្សគ្រប់លក្ខណ៍ គាត់កោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ហើយថាគាត់មានទ្រព្យសម្បត្តិច្រើនសន្ធឹក និងមានឋានៈគួរឱ្យគោរពផង។ ចំពោះមនុស្សធម្មតាដែលរស់នៅក្នុងមជ្ឈដ្ឋាន និងស្ថានភាពបែបនេះ របបអាហាររបស់យ៉ូប គុណភាពជីវិត និងទិដ្ឋភាពផ្សេងទៀតនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់គាត់ នឹងក្លាយជាចំណុចដែលដែលមនុស្សភាគច្រើនយកចិត្តទុកដាក់បំផុត។ ដូច្នេះ យើងត្រូវបន្តអានបទគម្ពីរនេះតទៅទៀត៖ «ហើយកូនប្រុសទាំងអស់របស់គាត់ក៏ចេញទៅ ហើយជប់លៀងតាមផ្ទះរបស់គេ តាមវេនមួយថ្ងៃម្នាក់ រួចក៏ចាត់ឱ្យគេទៅហៅប្អូនស្រីទាំងបីរបស់គេ មកស៊ីផឹកជាមួយគេផង។ លុះក្រោយមក កាលពិធីជប់លៀងរបស់គេបញ្ចប់ទៅ យ៉ូបក៏ចាត់គេទៅ ហើយញែកគេជាបរិសុទ្ធ រួចក្រោកពីព្រលឹម និងថ្វាយតង្វាយដុតតាមចំនួនកូនទាំងអស់៖ ដ្បិតយ៉ូបនិយាយថា កូនខ្ញុំប្រហែលជាបានប្រព្រឹត្តបាប ហើយដាក់បណ្ដាសាព្រះជាម្ចាស់ក្នុងចិត្តរបស់គេ។ យ៉ូបក៏ប្រព្រឹត្តបែបនេះជាបន្តបន្ទាប់» (យ៉ូប ១:៤-៥)។ អត្ថបទគម្ពីរនេះប្រាប់យើងអំពីរឿងពីរយ៉ាង៖ ទីមួយគឺ កូនប្រុស និងកូនស្រីរបស់យ៉ូបជប់លៀងជាប្រចាំ ដោយមានការផឹកស៊ីយ៉ាងច្រើនហូរហៀរ។ ទីពីរគឺ យ៉ូបតែងថ្វាយតង្វាយដុត ពីព្រោះគាត់តែងបារម្ភក្រែងលោកូនប្រុសកូនស្រីរបស់គាត់ប្រព្រឹត្តបាប ខ្លាចថានៅក្នុងចិត្តរបស់ពួកគេ ពួកគេបានបោះបង់ចោលព្រះជាម្ចាស់។ នៅត្រង់ចំណុចនេះ មានរៀបរាប់ពីជីវិតមនុស្សពីរប្រភេទខុសគ្នា។ ប្រភេទទីមួយ កូនប្រុសស្រីរបស់យ៉ូប ដែលតែងតែជប់លៀងដោយសារទ្រព្យសម្បត្តិដ៏ហូរហៀររបស់ពួកគេ ទាំងរស់នៅយ៉ាងខ្ជះខ្ជាយ គឺផឹកស៊ីទាល់តែគេស្កប់ចិត្ត ហើយសោយសុខនឹងគុណភាពជីវិតដ៏ឧត្ដុង្គឧត្ដម ដែលបានមកពីភោគទ្រព្យខាងសម្ភារៈផង។ ការរស់ក្នុងជីវិតបែបនេះ ពួកគេមុខជាឧស្សាហ៍ប្រព្រឹត្តអំពើបាប ហើយទាស់នឹងព្រះជាម្ចាស់ដោយគេចមិនផុតឡើយ ប៉ុន្តែ ពួកគេមិនបានសម្អាតខ្លួនគេជាបរិសុទ្ធ ឬថ្វាយតង្វាយដុតឡើយ។ ដូច្នេះ អ្នកអាចឃើញហើយថា នៅក្នុងដួងចិត្តរបស់ពួកគេ គ្មានព្រះជាម្ចាស់នោះទេ ពួកគេពុំបានគិតគូរដល់ព្រះគុណរបស់ព្រះជាម្ចាស់ឡើយ ក៏មិនខ្លាចប្រមាថដល់ព្រះជាម្ចាស់ដែរ ហើយកាន់តែមិនខ្លាចនឹងបោះបង់ចោលព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេទៀត។ ពិតណាស់ យើងពុំផ្ដោតសំខាន់ទៅលើកូនៗរបស់យ៉ូបទេ ប៉ុន្តែ យើងផ្ដោតទៅលើទង្វើដែលយ៉ូបបានធ្វើនៅពេលដែលគាត់ប្រឈមនឹងរឿងរ៉ាវបែបនេះ។ នេះគឺជាបញ្ហាផ្សេងទៀតដែលរៀបរាប់នៅក្នុងអត្ថបទនេះ ជារឿងរ៉ាវដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃរបស់យ៉ូប ហើយជាសារជាតិនៃភាពជាមនុស្សរបស់គាត់។ ត្រង់កន្លែងណាដែលមាននិយាយរៀបរាប់ពីការជប់លៀងរបស់កូនប្រុសស្រីរបស់យ៉ូប ត្រង់ចំណុចនោះពុំមាននិយាយអំពីយ៉ូបឡើយ គ្រាន់តែនិយាយថាកូនប្រុសស្រីរបស់យ៉ូប តែងផឹកស៊ីជាមួយគ្នាជាប្រចាំ។ និយាយម្យ៉ាងទៀត គាត់មិនបានរៀបចំជប់លៀងទេ ហើយគាត់ក៏មិនបានចូលរួមជាមួយកូនប្រុសស្រីរបស់គាត់ក្នុងការផឹកស៊ីយ៉ាងខ្ជះខ្ជាយដែរ។ ទោះបីជាយ៉ូបមានទ្រព្យសម្បត្តិហូរហៀរ និងមានអ្នកបម្រើច្រើនសន្ធឹកយ៉ាងណាក៏ដោយ ក៏ជីវិតរបស់គាត់ពុំមែនជាជីវិតហឺហានោះដែរ។ គាត់មិនបានចាញ់បញ្ឆោតមជ្ឈដ្ឋានរស់នៅដ៏ល្អប្រណីតនេះឡើយ ហើយគាត់ក៏មិនបានចម្អែតខ្លួនឱ្យហួសហេតុ ជាមួយនឹងការកម្សាន្តសប្បាយខាងសាច់ឈាម ឬភ្លេចថ្វាយតង្វាយដុតដែរ ហើយកាន់តែមិនធ្វើឱ្យគាត់គេចចេញពីព្រះជាម្ចាស់បន្តិចម្ដងៗ នៅក្នុងចិត្តរបស់គាត់នោះដែរ។ ជាក់ស្ដែង យ៉ូបគឺជាមនុស្សមានវិន័យនៅក្នុងបែបផែននៃការរស់នៅរបស់គាត់ មិនមែនជាមនុស្សលោភលន់ ឬជាមនុស្សដែលត្រេកត្រអាលដោយសារតែព្រះពរដែលព្រះជាម្ចាស់ប្រទានមកឱ្យគាត់ឡើយ ហើយគាត់ក៏មិនបានផ្ដោតសំខាន់លើគុណភាពជីវិតដែរ។ ផ្ទុយទៅវិញ គាត់ជាមនុស្សបន្ទាបខ្លួននិងដាក់ខ្លួនណាស់ គាត់មិនបណ្ដោយតាមភាពក្អេងក្អាងនោះទេ ហើយគាត់តែងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់ជាប់ជានិច្ច។ គាត់តែងគិតពីព្រះគុណ និងព្រះពររបស់ព្រះជាម្ចាស់ ហើយកោតខ្លាចដល់ព្រះជាម្ចាស់ជាបន្តបន្ទាប់។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់យ៉ូប គាត់តែងតែភ្ញាក់ពីព្រហាម ដើម្បីថ្វាយតង្វាយដុតសម្រាប់កូនប្រុសស្រីគាត់។ និយាយឱ្យចំទៅ យ៉ូបមិនត្រឹមតែកោតខ្លាចដល់ព្រះជាម្ចាស់តែខ្លួនគាត់ប៉ុណ្ណោះទេ តែគាត់ក៏សង្ឃឹមថា កូនៗរបស់គាត់ក៏នឹងកោតខ្លាចដល់ព្រះជាម្ចាស់ និងមិនប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ដូចជាគាត់ដែរ។ យ៉ូបមិនទុកទ្រព្យសម្បត្តិខាងសម្ភារៈនេះនៅក្នុងចិត្តគាត់ទេ ហើយវាក៏មិនបានជំនួសកន្លែងព្រះជាម្ចាស់ដែរ។ សកម្មភាពប្រចាំថ្ងៃរបស់យ៉ូបសុទ្ធតែពាក់ព័ន្ធនឹងការកោតខ្លាចដល់ព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ទាំងអស់ មិនថាសកម្មភាពនោះដើម្បីខ្លួនគាត់ផ្ទាល់ ឬដើម្បីកូនៗរបស់គាត់នោះទេ។ ការកោតខ្លាចរបស់គាត់ចំពោះព្រះយេហូវ៉ាដ៏ជាព្រះ មិនមែនមាននៅតែត្រឹមបបូរមាត់របស់គាត់ឡើយ ប៉ុន្តែជារឿងដែលគាត់យកទៅអនុវត្ត និងសញ្ជឹងគិតក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតប្រចាំថ្ងៃរបស់គាត់។ កិរិយាឫកពារពិតរបស់យ៉ូបនេះ បង្ហាញឱ្យយើងឃើញថា គាត់គឺជាមនុស្សស្មោះត្រង់ និងជាមនុស្សដែលមានសារជាតិស្រឡាញ់ភាពត្រឹមត្រូវ និងអ្វីៗដែលវិជ្ជមាន។ ការដែលយ៉ូបតែងតែចាត់កូនប្រុសស្រីរបស់គាត់ឱ្យទៅ និងញែកពួកគេជាបរិសុទ្ធ គឺមានន័យថា គាត់មិនបានសរសើរ ឬយល់ស្របនឹងឥរិយាបថកូនៗរបស់គាត់ឡើយ។ ផ្ទុយទៅវិញ នៅក្នុងចិត្តគាត់ គាត់ខកចិត្តនឹងឥរិយាបថរបស់ពួកគេណាស់ ហើយក៏ថ្កោលទោសពួកគេដែរ។ គាត់បានសន្និដ្ឋានថា ឥរិយាបថរបស់កូនប្រុសស្រីគាត់ មិនគាប់ព្រះទ័យដល់ព្រះយេហូវ៉ាដ៏ជាព្រះឡើយ ដូច្នេះហើយទើបគាត់តែងប្រាប់ឱ្យពួកគេចូលទៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះ ហើយលន់តួបាបរបស់ពួកគេ។ ទង្វើរបស់យ៉ូបបង្ហាញឱ្យយើងឃើញពីភាពជាមនុស្សរបស់គាត់មួយផ្នែកទៀត ជាផ្នែកមួយដែលបង្ហាញថា គាត់មិនដើរជាមួយនឹងអ្នកដែលតែងតែប្រព្រឹត្តអំពើបាប និងប្រមាថដល់ព្រះជាម្ចាស់ឡើយ តែផ្ទុយទៅវិញ គាត់បានគេចចេញ ហើយចៀសឆ្ងាយពីពួកនោះទៅវិញ។ ទោះបីមនុស្សទាំងនោះ គឺជាកូនប្រុសស្រីរបស់គាត់ក៏ដោយ ក៏គាត់មិនបោះបង់ចោលគោលការណ៍នៃកិរិយាប្រព្រឹត្តផ្ទាល់ខ្លួនរបស់គាត់ដោយសារតែពួកគេជាកូនចៅរបស់គាត់នោះដែរ ហើយគាត់ក៏មិនបណ្ដែតបណ្ដោយតាមអំពើបាបរបស់ពួកគេ ដោយសារតែមនោសញ្ចេតនាផ្ទាល់ខ្លួនរបស់គាត់ដែរ។ ផ្ទុយទៅវិញ គាត់បានជំរុញឱ្យពួកគេឱ្យលន់តួបាប និងទទួលបាននូវការត្រាប្រណីពីព្រះយេហូវ៉ាដ៏ជាព្រះ ហើយគាត់ក៏បានដាស់តឿនពួកគេមិនឱ្យបោះបង់ចោលព្រះជាម្ចាស់ ដើម្បីតែប្រយោជន៍នៃការសប្បាយលោភលន់របស់ពួកគេនោះដែរ។ គោលការណ៍អំពីរបៀបដែលយ៉ូបប្រព្រឹត្តចំពោះអ្នកដទៃ មិនអាចកាត់ផ្ដាច់ចេញពីគោលការណ៍នៃការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់បានឡើយ។ គាត់ស្រឡាញ់អ្វីដែលព្រះជាម្ចាស់ទទួលយក ហើយស្អប់អ្វីដែលព្រះជាម្ចាស់បដិសេធ។ គាត់ស្រឡាញ់មនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ ហើយស្អប់មនុស្សដែលប្រព្រឹត្តអាក្រក់ ឬអំពើបាបទាស់នឹងព្រះជាម្ចាស់។ សេចក្ដីស្រឡាញ់ និងសេចក្ដីស្អប់បែបនេះ ត្រូវបានបង្ហាញចេញមកនៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ ហើយនោះជាភាពទៀងត្រង់ដ៏ពិតប្រាកដរបស់យ៉ូប ដែលព្រះជាម្ចាស់ទ្រង់បានទតឃើញនឹងព្រះនេត្ររបស់ព្រះអង្គ។ តាមធម្មតា នេះក៏ជាការបង្ហាញចេញ និងជាការរស់នៅក្នុងភាពជាមនុស្សពិតប្រាកដរបស់យ៉ូប នៅក្នុងទំនាក់ទំនងរបស់គាត់ជាមួយនឹងមនុស្សដទៃនៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ផងដែរ ដែលយើងត្រូវតែរៀនសូត្រតាម។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥០

ការបង្ហាញឱ្យឃើញពីភាពជាមនុស្សរបស់យ៉ូប ក្នុងគ្រាដែលគាត់ត្រូវល្បងល (ការយល់ដឹងពីភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់របស់យ៉ូបក្នុងគ្រាដែលគាត់កំពុងត្រូវល្បងល)

នៅពេលដែលយ៉ូបបានឮថា ទ្រព្យសម្បត្តិរបស់គាត់ត្រូវចោរលួច ឮថាកូនប្រុសស្រីគាត់ត្រូវបាត់បង់ជីវិត និងឮថា បាវបម្រើរបស់គាត់ត្រូវគេសម្លាប់ គាត់បានប្រតិកម្មតបដូចតទៅ៖ «នោះយ៉ូបក៏ក្រោកឡើង រួចហែកអាវ និងកោរសក់របស់ខ្លួន ហើយលុតក្រាបដល់ដី ថ្វាយបង្គំ» (យ៉ូប ១:២០)។ ពាក្យសម្ដីនេះប្រាប់យើងនូវការពិតមួយថា៖ បន្ទាប់ពីបានឮដំណឹងនេះហើយ យ៉ូបមិនបានស្លន់ស្លោរទេ គាត់មិនបានទ្រហោយំ ឬស្ដីបន្ទោសដល់បាវបម្រើដែលបាននាំដំណឹងមកប្រាប់គាត់នោះទេ គាត់រឹតតែមិនបានទៅពិនិត្យកន្លែងកើតរឿងហេតុ ដើម្បីស៊ើបអង្កេត និងបញ្ជាក់ពីព័ត៌មានលម្អិត ហើយឈ្វេងយល់ថាតើមានរឿងអ្វីបានកើតឡើងពិតប្រាកដនោះដែរ។ គាត់មិនបានបង្ហាញការឈឺចាប់ ឬការសោកស្ដាយចំពោះការបាត់បង់ទ្រព្យសម្បត្តិនោះទេ គាត់ក៏មិនបានសម្រក់ទឹកភ្នែកដោយសារការបាត់បង់កូនៗ និងមនុស្សជាទីស្រឡាញ់របស់គាត់នោះដែរ។ ផ្ទុយទៅវិញ គាត់បែរជាហែកសម្លៀកបំពាក់គាត់ចោល រួចកោរសក់របស់គាត់ លុតក្រាបដល់ដីថ្វាយបង្គំទៅវិញ។ ទង្វើរបស់យ៉ូប មិនដូចនឹងមនុស្សទូទៅឡើយ។ ទង្វើរបស់គាត់បានធ្វើឱ្យមនុស្សជាច្រើនភ័ន្តច្រឡំ ហើយបានធ្វើឱ្យគេបន្ទោសយ៉ូបនៅក្នុងចិត្ត ព្រោះតែ «ភាពជាមនុស្សឈាមត្រជាក់» របស់គាត់។ ចំពោះមនុស្សធម្មតាវិញ នៅពេលបាត់បង់ទ្រព្យសម្បត្តិភ្លាមៗមួយរំពេចបែបនេះ ពួកគេមុខជាបង្ហាញការខូចចិត្ត ឬការអស់សង្ឃឹមមិនខាន ហើយក្នុងករណីមនុស្សខ្លះទៀត ពួកគេប្រហែលជាធ្លាក់ក្នុងការបាក់ទឹកចិត្តខ្លាំងមិនខាន។ នោះគឺមកពីនៅក្នុងចិត្តរបស់មនុស្ស ទ្រព្យសម្បត្តិរបស់គេតំណាងឱ្យការខំប្រឹងប្រែងពេញមួយជីវិតរបស់គេ។ វាជាគ្រឹះដែលគេពឹងអាងក្នុងជីវិតរស់នៅរបស់គេ ជាសេចក្ដីសង្ឃឹមដែលឱ្យគេចង់រស់នៅបន្ត។ ចំពោះពួកគេ ការបាត់បង់ទ្រព្យសម្បត្តិមានន័យថា ការខំប្រឹងប្រែងរបស់គេនឹងទៅជាឥតបានការ មានន័យថា ពួកគេគ្មានសង្ឃឹម ហើយក៏មានន័យថា ពួកគេគ្មានអនាគតទៀតផង។ នេះគឺជាអាកប្បកិរិយាដែលមនុស្សធម្មតាម្នាក់មានចំពោះទ្រព្យសម្បត្តិ និងជាទំនាក់ទំនងជិតស្និទដែលពួកគេមាន ហើយនៅក្នុងក្រសែភ្នែករបស់មនុស្ស ទ្រព្យសម្បត្តិមានសារៈសំខាន់បែបនេះឯង។ ដូច្នេះហើយ ទើបមនុស្សភាគច្រើនភ័ន្តច្រឡំនឹងអាកប្បកិរិយារបស់យ៉ូបដែលមិនអើពើទាល់តែសោះចំពោះការបាត់បង់ទ្រព្យសម្បត្តិរបស់គាត់។ ថ្ងៃនេះ យើងនឹងបំបាត់នូវការភ័ន្តច្រឡំដែលមនុស្សទាំងអស់នេះមាន តាមរយៈការពន្យល់ពីអ្វីដែលមាននៅក្នុងចិត្តរបស់យ៉ូប។

បន្ទាប់ពីព្រះជាម្ចាស់បានប្រទានទ្រព្យសម្បត្តិដ៏ហូរហៀរ បើតាមសុភវិនិច្ឆ័យបញ្ជាក់ថា យ៉ូបគួរតែមានអារម្មណ៍ខ្មាសអៀនចំពោះព្រះជាម្ចាស់ ដោយសារការបាត់បង់ទ្រព្យសម្បត្តិទាំងនេះ ដ្បិតគាត់មិនបានថែទាំ ឬថែរក្សាទ្រព្យសម្បត្តិទាំងអស់នេះឱ្យបានល្អ។ គាត់មិនបានរក្សាទ្រព្យសម្បត្តិដែលព្រះជាម្ចាស់បានប្រទានឱ្យគាត់ឱ្យគត់មុត។ ដូច្នេះ នៅពេលដែលគាត់ឮថា ទ្រព្យសម្បត្តិរបស់គាត់ត្រូវគេលួច ប្រតិកម្មដំបូងរបស់គាត់ គួរតែទៅមើលកន្លែងកើតរឿងហេតុសិន រួចធ្វើបញ្ជីរាយឈ្មោះទ្រព្យសម្បត្តិគ្រប់យ៉ាងដែលបានបាត់បង់ ហើយលន់តួទៅព្រះជាម្ចាស់ ដើម្បីឱ្យគាត់អាចទទួលបានព្រះពរពីព្រះជាម្ចាស់ម្ដងទៀត។ ក៏ប៉ុន្តែ យ៉ូបពុំបានធ្វើបែបនេះឡើយ ហើយធម្មតា គាត់មានហេតុផលផ្ទាល់ខ្លួនដែលគាត់មិនធ្វើដូច្នេះ។ នៅក្នុងចិត្តរបស់យ៉ូប គាត់ជឿពិតថា គ្រប់យ៉ាងដែលគាត់មាន គឺព្រះជាម្ចាស់ជាអ្នកប្រទានឱ្យគាត់ ហើយមិនមែនជាផលនៃការខំប្រឹងរបស់គាត់ឡើយ។ ដូច្នេះ គាត់មិនយល់ឃើញថា ព្រះពរទាំងនេះជាទុនដែលត្រូវពឹងអាងនោះទេ ផ្ទុយទៅវិញ គាត់ពឹងទៅលើគោលការណ៍នៃការរស់រានរបស់គាត់ ក្នុងការប្រកាន់ខ្ជាប់តាមផ្លូវដែលគួរប្រកាន់តាម ដោយកម្លាំងទាំងអម្បាលម៉ានដែលគាត់មាន។ គាត់ពេញចិត្តនឹងព្រះពររបស់ព្រះជាម្ចាស់ ហើយគាត់បានអរព្រះគុណចំពោះរបស់ទាំងអស់នេះ ប៉ុន្តែ គាត់មិនបានងប់នឹងព្រះពរទាំងនេះទេ ហើយគាត់ក៏មិនស្វែងរកព្រះពរទាំងអស់នេះបន្ថែមទៀតដែរ។ នេះហើយជាអាកប្បកិរិយាដែលគាត់មានចំពោះទ្រព្យសម្បត្តិ។ គាត់មិនបានធ្វើកិច្ចការអ្វីដើម្បីទទួលបានព្រះពរនោះទេ ក៏មិនបារម្ភ ឬព្រួយខ្វល់ដោយសារតែកង្វះខាត ឬការបាត់បង់ព្រះពររបស់ព្រះជាម្ចាស់នោះដែរ។ គាត់ក៏មិនអរកញ្ឆេង សប្បាយហួសហេតុ ដោយសារតែព្រះពររបស់ព្រះជាម្ចាស់ដែរ ហើយគាត់ក៏មិនបានព្រងើយកន្ដើយនឹងផ្លូវរបស់ព្រះជាម្ចាស់ ឬក៏ភ្លេចព្រះគុណរបស់ព្រះជាម្ចាស់ ដោយសារតែព្រះពរដែលគាត់បានទទួលជារឿយៗនោះដែរ។ អាកប្បកិរិយារបស់យ៉ូបចំពោះទ្រព្យសម្បត្តិរបស់គាត់ បង្ហាញឱ្យមនុស្សឃើញពីភាពជាមនុស្សពិតរបស់គាត់៖ ទីមួយ យ៉ូបមិនមែនជាមនុស្សលោភលន់ទេ ហើយគាត់ជាមនុស្សដែលស្កប់ស្កល់នឹងជីវិតខាងសាច់ឈាមរបស់គាត់។ ទីពីរ យ៉ូបមិនដែលខ្វល់ ឬខ្លាចថាព្រះជាម្ចាស់នឹងដកយកគ្រប់យ៉ាងដែលគាត់មាននោះទេ ដែលនេះជាអាកប្បកិរិយានៃការស្ដាប់បង្គាប់របស់គាត់ចំពោះព្រះជាម្ចាស់នៅក្នុងចិត្តគាត់។ និយាយឱ្យចំទៅ គាត់ពុំដែលទាមទារ ឬត្អួញត្អែរថាតើពេលណា ឬថាតើព្រះជាម្ចាស់នឹងដកយកអ្វីៗពីគាត់វិញ ឬអត់នោះទេ ហើយគាត់ក៏មិនសួររកហេតុផលអ្វីដែរ គឺគាត់មានតែព្យាយាមស្ដាប់តាមការចាត់ចែងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ទីបី គាត់មិនដែលជឿថា ទ្រព្យសម្បត្តិរបស់គាត់បានមកពីការខំប្រឹងធ្វើការផ្ទាល់ខ្លួនឡើយ តែទ្រព្យសម្បត្តិទាំងនោះត្រូវបានព្រះជាម្ចាស់ប្រទានមកឱ្យគាត់។ នេះគឺជាសេចក្ដីជំនឿរបស់យ៉ូបចំពោះព្រះជាម្ចាស់ ហើយក៏ជាការប្រាប់ឱ្យយើងដឹងពីភាពជឿជាក់របស់គាត់ផងដែរ។ តើភាពជាមនុស្សរបស់យ៉ូប និងការដេញតាមពិតប្រាកដជារៀងរាល់ថ្ងៃរបស់គាត់ ត្រូវបានបញ្ជាក់ច្បាស់នៅក្នុងចំណុចសង្ខេបទាំងបីអំពីគាត់នេះដែរឬទេ? ភាពជាមនុស្ស និងការដេញតាមរបស់យ៉ូប សំខាន់ចំពោះកិរិយាឫកពារចិត្តត្រជាក់របស់គាត់ នៅពេលដែលប្រឈមនឹងការបាត់បង់ទ្រព្យសម្បត្តិ។ ប្រាកដណាស់ មកពីការដេញតាមរាល់ថ្ងៃរបស់គាត់នេះហើយ ទើបយ៉ូបមានកម្ពស់ និងភាពជឿជាក់ហ៊ាននិយាយថា «ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា» ក្នុងគ្រាត្រូវល្បងលពីព្រះជាម្ចាស់។ ពាក្យសម្ដីទាំងអស់នេះ មិនមែនកើតចេញមកភ្លាមៗនោះទេ ក៏ពុំមែនសុខៗស្រាប់តែលេចឡើងនៅក្នុងគំនិតយ៉ូបដែរ។ សម្ដីទាំងនេះគឺជាសេចក្ដីដែលគាត់បានឃើញ និងបានទទួលតាមបទពិសោធជីវិតរាប់សិបឆ្នាំរបស់គាត់។ ប្រៀបធៀបនឹងមនុស្សទាំងអស់ដែលស្វែងរកតែព្រះពររបស់ព្រះជាម្ចាស់ និងមនុស្សដែលខ្លាចព្រះជាម្ចាស់ដកយកពីពួកគេវិញ ព្រមទាំងអ្នកដែលស្អប់រឿងនេះ ហើយត្អូញត្អែរពីរឿងនេះផង តើការស្ដាប់បង្គាប់របស់យ៉ូប មិនមែនជាការស្ដាប់បង្គាប់ពិតទេឬអី? ធៀបទៅនឹងអស់អ្នកដែលជឿថាមានព្រះជាម្ចាស់មួយអង្គ ប៉ុន្តែមិនដែលជឿថា ព្រះជាម្ចាស់គ្រប់គ្រងលើសព្វសារពើ តើយ៉ូបមិនមែនមានភាពស្មោះត្រង់ និងភាពទៀងត្រង់ដ៏អស្ចារ្យទេឬអី?

តម្រិះប្រកបដោយវិចារណញាណរបស់យ៉ូប

បទពិសោធជាក់ស្ដែងរបស់យ៉ូប និងភាពជាមនុស្សទៀងត្រង់ និងស្មោះត្រង់របស់គាត់ មានន័យថា គាត់បានធ្វើការវិនិច្ឆ័យ និងធ្វើការជ្រើសរើសដ៏ត្រឹមត្រូវនិងប្រកបដោយវិចារណញាណបំផុត នៅពេលដែលគាត់បាត់បង់ទ្រព្យសម្បត្តិ និងកូនៗរបស់គាត់។ ជម្រើសដ៏ត្រឹមត្រូវប្រកបដោយវិចារណញាណបែបនេះ ពុំអាចកាត់ផ្ដាច់ពីការដេញតាមជារៀងរាល់ថ្ងៃរបស់គាត់ និងកិច្ចការរបស់ព្រះជាម្ចាស់ ដែលគាត់ចាប់ផ្ដើមស្គាល់នៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់បានឡើយ។ ភាពស្មោះត្រង់របស់យ៉ូបបានធ្វើឱ្យគាត់ជឿថា ព្រះហស្តរបស់ព្រះយេហូវ៉ាគ្រប់គ្រងលើរបស់សព្វសារពើ ហើយជំនឿរបស់គាត់បានធ្វើឱ្យគាត់ដឹងពីការពិតទាក់ទងនឹងអធិបតេយ្យភាពរបស់ព្រះយេហូវ៉ាដ៏ជាព្រះលើរបស់សព្វសារពើ។ ចំណេះដឹងរបស់គាត់ ក៏បានធ្វើឱ្យគាត់យល់ព្រមស្ដាប់បង្គាប់តាមអធិបតេយ្យភាព និងការរៀបចំរបស់ព្រះយេហូវ៉ាដ៏ជាព្រះដែរ។ ការស្ដាប់បង្គាប់របស់គាត់ ជួយឱ្យគាត់កាន់តែមានការកោតខ្លាចពិតប្រាកដដល់ព្រះយេហូវ៉ាដ៏ជាព្រះ។ ការកោតខ្លាចរបស់គាត់ជួយឱ្យគាត់គេចចេញពីសេចក្ដីអាក្រក់ កាន់តែពិតប្រាកដឡើងៗ។ ទីបំផុត យ៉ូបក៏បានក្លាយជាមនុស្សគ្រប់លក្ខណ៍ ដ្បិតគាត់កោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ផង។ ភាពគ្រប់លក្ខណ៍របស់គាត់ បានធ្វើឱ្យគាត់ឈ្លាសវៃ និងផ្ដល់ឱ្យគាត់មានតម្រិះប្រកបដោយវិចារណញាណខ្ពង់ខ្ពស់បំផុត។

តើយើងគួរមានការយល់ដឹងយ៉ាងដូចម្ដេចចំពោះពាក្យថា «តម្រិះប្រកបដោយវិចារណញាណ» នេះ? ការបកស្រាយន័យត្រង់គឺ ពាក្យនេះមានន័យថា ញាណល្អ សមហេតុផល មានសុភវិនិច្ឆ័យក្នុងការត្រិះរិះ ត្រឹមត្រូវទាំងក្នុងការនិយាយស្ដី ការប្រព្រឹត្ត និងការវិនិច្ឆ័យ ព្រមទាំងមានក្បួនខ្នាតសីលធម៌ត្រឹមត្រូវទៅតាមច្បាប់ទម្លាប់ផង។ ប៉ុន្តែ ពាក្យតម្រិះប្រកបដោយវិចារណញាណរបស់យ៉ូបនេះ មិនងាយស្រួលពន្យល់នោះទេ។ នៅពេលដែលគេនិយាយនៅទីនេះថា យ៉ូបមានតម្រិះប្រកបដោយវិចារណញាណខ្ពស់បំផុត ពាក្យនេះត្រូវបានគេនិយាយផ្សារភ្ជាប់ទៅនឹងភាពជាមនុស្ស និងកិរិយាឫកពាររបស់គាត់ចំពោះព្រះជាម្ចាស់។ ព្រោះតែយ៉ូបគឺជាមនុស្សស្មោះត្រង់ ដូច្នេះហើយគាត់អាចជឿ និងស្ដាប់បង្គាប់តាមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បាន ដែលធ្វើឱ្យគាត់មានការយល់ដឹងដែលអ្នកដទៃមិនអាចយល់បាន ហើយចំណេះដឹងនេះបានធ្វើឱ្យគាត់អាចយល់ដឹង វិនិច្ឆ័យ និងកំណត់ពីរឿងរ៉ាវដែលកើតមានចំពោះគាត់បានកាន់តែត្រឹមត្រូវ និងធ្វើឱ្យគាត់អាចជ្រើសរើសអ្វីដែលគាត់ត្រូវធ្វើ និងអ្វីដែលគាត់ត្រូវប្រកាន់ខ្ជាប់បានយ៉ាងត្រឹមត្រូវ និងប្រកបដោយបញ្ញាវាងវៃបំផុត។ នេះមានន័យថា សម្ដីរបស់គាត់ ឥរិយាបថរបស់គាត់ គោលការណ៍បង្កប់ពីក្រោយសកម្មភាពរបស់គាត់ និងក្រមកិរិយាដែលគាត់ប្រព្រឹត្ត សុទ្ធតែត្រឹមត្រូវតាមគន្លង ច្បាស់លាស់ ហើយចំៗ ពុំមែនងងឹតងងុល ធ្វើតាមសន្ទុះចិត្ត ឬតាមអារម្មណ៍នោះទេ។ គាត់ដឹងពីរបៀបដែលត្រូវប្រព្រឹត្តចំពោះរឿងរ៉ាវដែលបានកើតឡើងមកលើគាត់ គាត់ដឹងពីរបៀបថ្លឹងថ្លែង និងរបៀបចាត់ចែងទំនាក់ទំនងរវាងព្រឹត្តិការណ៍ដ៏ស្មុគស្មាញ គាត់ដឹងពីរបៀបប្រកាន់ខ្ជាប់តាមផ្លូវដែលគួរប្រកាន់ខ្ជាប់ ហើយជាងនេះទៀត គាត់ដឹងពីវិធីដែលត្រូវប្រព្រឹត្តចំពោះការប្រទានឱ្យ និងការដកយកទៅវិញពីសំណាក់ព្រះយេហូវ៉ាដ៏ជាព្រះ។ នេះជាតម្រិះប្រកបដោយវិចារណញាណរបស់យ៉ូប។ ច្បាស់ណាស់ថា ដោយសារយ៉ូបមានតម្រិះប្រកបវិចារណញាណបែបនេះហើយ ទើបគាត់និយាយថា «ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា» នៅពេលដែលគាត់បាត់បង់ទ្រព្យសម្បត្តិ និងកូនប្រុសស្រីរបស់គាត់។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥១

មុខមាត់ពិតរបស់យ៉ូប៖ ត្រង់ បរិសុទ្ធ គ្មានពុតត្បុត

យើងនាំគ្នាអានកណ្ឌគម្ពីរយ៉ូប ២:៧-៨ «ដូច្នេះសាតាំងក៏ចាកចេញពីព្រះវត្តមានរបស់ព្រះយេហូវ៉ាទៅ រួចវាយយ៉ូបឱ្យកើតដំបៅ ពីចុងជើងដល់ក្បាលរបស់គាត់។ គាត់ក៏យកអំបែងឆ្នាំងមកកោសខ្លួនគាត់ ហើយអង្គុយនៅក្នុងផេះ»។ នេះគឺជាការរៀបរាប់អំពីកិរិយាឫកពាររបស់យ៉ូប នៅពេលដែលដំបៅខ្ទុះកើតពេញខ្លួនរបស់គាត់។ នៅគ្រានោះ យ៉ូបអង្គុយក្នុងផេះ ពេលដែលគាត់ស៊ូទ្រាំនឹងការឈឺចាប់។ គ្មាននរណាព្យាបាលគាត់ ហើយក៏ពុំមាននរណាអាចជួយបន្ធូរការឈឺចាប់លើរាងកាយរបស់គាត់បានដែរ។ ផ្ទុយទៅវិញ គាត់ប្រើអំបែងមកកោសក្រមរដំបៅចេញ។ សម្បកក្រៅ នេះគ្រាន់តែជាដំណាក់កាលមួយនៃការរងទុក្ខរបស់យ៉ូបប៉ុណ្ណោះ ហើយគ្មានអ្វីពាក់ព័ន្ធនឹងភាពជាមនុស្ស និងការកោតខ្លាចដែលគាត់មានចំពោះព្រះជាម្ចាស់ឡើយ ដ្បិតយ៉ូបមិនបាននិយាយពាក្យអ្វីដើម្បីបង្ហាញពីអារម្មណ៍ និងទស្សនៈរបស់គាត់នៅពេលនេះឡើយ។ ដោយឡែក សកម្មភាពរបស់យ៉ូប និងកិរិយាឫកពាររបស់គាត់ នៅតែបង្ហាញឱ្យឃើញពិតពីភាពជាមនុស្សរបស់គាត់ដដែល។ នៅក្នុងកំណត់ត្រានៃជំពូកមុន យើងបានឃើញថា យ៉ូបគឺជាមនុស្សអស្ចារ្យជាងគេក្នុងចំណោមមនុស្សទាំងអស់នៅស្រុកខាងកើត។ ចំណែកឯ អត្ថបទនេះដែលដកស្រង់ពីជំពូកទីពីរ ក៏បង្ហាញយើងផងដែរថា មនុស្សដ៏អស្ចារ្យម្នាក់ដែលមកពីស្រុកខាងកើតនេះ ពិតជាបានយកអំបែងមកកោសខ្លួនគាត់មែន នៅពេលគាត់កំពុងអង្គុយក្នុងផេះ។ តើការពិពណ៌នាទាំងពីរនេះមិនមែនផ្ទុយគ្នាស្រឡះទេឬអី? នេះជាភាពខុសគ្នាមួយដែលបង្ហាញប្រាប់យើងពីលក្ខណៈផ្ទាល់ខ្លួនពិតប្រាកដរបស់យ៉ូប៖ ទោះបីជាគាត់មានកេរ្តិ៍ឈ្មោះ និងឋានៈខ្ពង់ខ្ពស់ក៏ដោយ ក៏គាត់ពុំដែលបានស្រឡាញ់ ឬយកចិត្តទុកដាក់ចំពោះរឿងទាំងនេះដែរ។ គាត់មិនខ្វល់ថា អ្នកដទៃមានទស្សនៈយ៉ាងណាចំពោះឋានៈរបស់គាត់ទេ ក៏មិនខ្វល់ថាសកម្មភាព ឬកិរិយាឫកពាររបស់គាត់នឹងមានឬគ្មានផលអវិជ្ជមានដល់ឋានៈរបស់គាត់នោះដែរ។ គាត់ក៏មិនបណ្ដោយខ្លួនទៅតាមប្រយោជន៍នៃឋានៈ ក៏មិនត្រេកអរនឹងសិរីល្អដែលបានមកពីឋានៈ និងកេរ្តិ៍ឈ្មោះនោះដែរ។ គាត់ខ្វល់ខ្វាយតែចំពោះគុណតម្លៃរបស់គាត់ និងសារៈសំខាន់នៃការរស់នៅរបស់គាត់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ចរិតលក្ខណៈផ្ទាល់ខ្លួនពិតរបស់យ៉ូប គឺជាសារជាតិពិតរបស់គាត់៖ គាត់មិនស្រឡាញ់កេរ្តិ៍ឈ្មោះ និងទ្រពសម្បត្តិឡើយ ហើយគាត់ក៏មិនរស់ដើម្បីកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិដែរ។ គាត់ជាមនុស្សត្រង់ បរិសុទ្ធ និងគ្មានពុតត្បុតឡើយ។

យ៉ូបញែកសេចក្ដីស្រឡាញ់ ចេញពីសេចក្ដីស្អប់

ផ្នែកម្ខាងទៀតនៃភាពជាមនុស្សរបស់យ៉ូប ត្រូវបានបង្ហាញឱ្យឃើញនៅក្នុងការសន្ទនារបស់យ៉ូប និងប្រពន្ធរបស់គាត់៖ «ប្រពន្ធគាត់ក៏និយាយនឹងគាត់ថា តើអ្នកនៅសច្ចភាពរបស់ខ្លួនដល់ណាទៀត? ជេរប្រមាថព្រះជាម្ចាស់ ហើយស្លាប់ឱ្យផុតទៅ។ ប៉ុន្តែ គាត់ឆ្លើយនឹងនាងវិញថា អ្នកនិយាយដូចជាស្ត្រីល្ងង់។ ម្តេចបានជាបែបនេះទៅវិញ? យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» (យ៉ូប ២:៩-១០)។ ដោយមើលឃើញទុក្ខវេទនាដែលគាត់កំពុងទទួលរង ភរិយារបស់យ៉ូបបានព្យាយាមឱ្យយោបល់ទៅយ៉ូប ដើម្បីជួយឱ្យគាត់រួចផុតពីទុក្ខវេទនានោះ ប៉ុន្តែ «ចេតនាល្អ» របស់នាងមិនទទួលបានការសរសើរពីយ៉ូបឡើយ ផ្ទុយទៅវិញ យោបល់នោះបញ្ឆេះកំហឹងគាត់ទៅវិញ ដ្បិតនាងបដិសេធសេចក្ដីជំនឿរបស់គាត់ និងការស្ដាប់បង្គាប់របស់គាត់ចំពោះព្រះយេហូវ៉ាដ៏ជាព្រះ ហើយក៏បានបដិសេធព្រះវត្តមានគង់នៅរបស់ព្រះយេហូវ៉ាដ៏ជាព្រះផង។ ចំពោះរឿងនេះ យ៉ូបមិនអាចលើកលែងឱ្យបានឡើយ ដ្បិតគាត់ពុំដែលបណ្ដោយខ្លួនឱ្យធ្វើអ្វីមួយដែលប្រឆាំងទាស់ ឬធ្វើឱ្យព្រះជាម្ចាស់ព្រួយព្រះទ័យឡើយ ក៏មិននិយាយអ្វីពីអ្នកដទៃណានោះដែរ។ តើគាត់អាចនៅតែមិនអើពើយ៉ាងដូចម្ដេចបាន នៅពេលដែលគាត់ឃើញអ្នកដទៃនិយាយពាក្យប្រមាថមើលងាយដល់ព្រះជាម្ចាស់បែបនេះ? ដូច្នេះ ទើបគាត់ហៅប្រពន្ធគាត់ថា «ស្ត្រីល្ងង់»។ អាកប្បកិរិយារបស់យ៉ូបចំពោះប្រពន្ធគាត់ គឺមានទាំងកំហឹងផង និងការស្អប់ផង ហើយក៏មានទាំងការរិះគន់ និងការស្ដីបន្ទោសផងដែរ។ នេះជាការបង្ហាញពីភាពជាមនុស្សរបស់យ៉ូបដោយឯកឯង (ជាការបែងចែកភាពខុសគ្នារវាងសេចក្ដីស្រឡាញ់ និងសេចក្ដីស្អប់) ហើយវាក៏ជាការបង្ហាញឱ្យឃើញពិតប្រាកដពីភាពជាមនុស្សទៀងត្រង់របស់គាត់ផងដែរ។ យ៉ូបមានស្មារតីយុត្តិធម៌ ជាស្មារតីដែលធ្វើឱ្យគាត់ស្អប់ខ្យល់ និងរលកនៃសេចក្ដីអាក្រក់ ព្រមទាំងស្អប់ ថ្កោលទោស និងបដិសេធជំនឿខុសឆ្គងដែលផ្ទុយនឹងវិចារណញាណ ការជជែកវែកញែក និងការអះអាងគួរឱ្យអស់សំណើចផង ហើយស្មារតីនេះធ្វើឱ្យគាត់ប្រកាន់ខ្ជាប់តាមគោលការណ៍ និងជំហរត្រឹមត្រូវរបស់គាត់ផ្ទាល់ នៅពេលដែលគាត់ត្រូវបានមនុស្សជាច្រើនបដិសេធ និងត្រូវមនុស្សដែលនៅក្បែរគាត់បោះបង់គាត់ចោល។

ចិត្តសប្បុរស និងភាពទៀងត្រង់របស់យ៉ូប

តាមរយៈកិរិយាឫកពាររបស់យ៉ូប យើងអាចមើលឃើញពីការសម្ដែងចេញនូវទិដ្ឋភាពជាច្រើននៃភាពជាមនុស្ស របស់យ៉ូប ដូច្នេះ តើយើងមើលឃើញអ្វីខ្លះនៅក្នុងភាពជាមនុស្សរបស់យ៉ូប នៅពេលដែលគាត់ហាមាត់ដាក់បណ្ដាសាថ្ងៃកំណើតរបស់គាត់? ប្រធានបទនេះ យើងនឹងចែករំលែកនៅខាងក្រោមនេះ។

ខ្ញុំបាននិយាយអំពីដើមចមនៃការដែលយ៉ូបដាក់បណ្ដាសាថ្ងៃកំណើតរបស់គាត់ពីខាងលើរួចហើយ។ តើអ្នករាល់គ្នាមើលឃើញអ្វីខ្លះនៅក្នុងរឿងនេះ? ប្រសិនបើយ៉ូបមានចិត្តរឹងរូស និងគ្មានសេចក្ដីស្រឡាញ់ទេ ប្រសិនបើគាត់ជាមនុស្សសោះកក្រោះ គ្មានមនោសញ្ចេតនា ហើយគ្មានភាពជាមនុស្សទេ តើគាត់អាចមានចិត្តខ្វល់ខ្វាយនឹងបំណងប្រាថ្នានៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើគាត់អាចស្អប់ថ្ងៃកំណើតខ្លួនឯង ដោយសារតែគាត់ខ្វល់ខ្វាយនឹងព្រះទ័យរបស់ព្រះជាម្ចាស់មែនទេ? ក្នុងន័យមួយវិញទៀត ប្រសិនបើយ៉ូបមានចិត្តរឹងរូស និងគ្មានភាពជាមនុស្សទេ តើគាត់អាចខ្វល់ខ្វាយដោយសារការឈឺចាប់របស់ព្រះជាម្ចាសដែរឬទេ? តើគាត់អាចដាក់បណ្ដាសាថ្ងៃកំណើតខ្លួនឯងដោយសារព្រះជាម្ចាស់ព្រួយព្រះទ័យចំពោះគាត់ដែរឬទេ? ចម្លើយគឺ ច្បាស់ជាអត់ហើយ! ដោយសារយ៉ូបមានចិត្តសប្បុរស ទើបគាត់ខ្វល់ខ្វាយពីព្រះទ័យរបស់ព្រះជាម្ចាស់។ ដោយសារយ៉ូបខ្វល់ខ្វាយពីព្រះទ័យរបស់ព្រះជាម្ចាស់ ទើបគាត់ដឹងពីការឈឺចាប់របស់ព្រះជាម្ចាស់។ ដោយសារគាត់មានចិត្តសប្បុរស ទើបគាត់រងទុក្ខវេទនាយ៉ាងខ្លាំង ក៏ព្រោះគាត់ដឹងពីការឈឺចាប់របស់ព្រះជាម្ចាស់។ ដោយសារគាត់ដឹងពីការឈឺចាប់របស់ព្រះជាម្ចាស់ ទើបគាត់ចាប់ផ្ដើមស្អប់ថ្ងៃកំណើតខ្លួនឯង ព្រមទាំងដាក់បណ្ដាសាថ្ងៃកំណើតរបស់គាត់ផង។ ចំពោះអ្នកក្រៅ កិរិយាឫកពាទាំងអស់របស់យ៉ូបនៅក្នុងគ្រាដែលគាត់ត្រូវល្បងលនេះ គឺជាករណីគំរូមួយ។ មានតែការដាក់បណ្ដាសាថ្ងៃកំណើតរបស់គាត់ទេ ទើបកើតមានជាចម្ងល់អំពីភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់គាត់ ឬផ្ដល់ជាការវាយតម្លៃមួយដោយឡែក។ តាមពិត នេះជាការបង្ហាញឱ្យឃើញយ៉ាងពិតប្រាកដបំផុតអំពីសារជាតិនៃភាពជាមនុស្សរបស់យ៉ូប។ សារជាតិនៃភាពជាមនុស្សរបស់យ៉ូបមិនត្រូវបានបិទបាំង ឬលាក់បាំងអ្វីឡើយ ក៏មិនត្រូវបានផ្លាស់ប្ដូរដោយមនុស្សណាម្នាក់ដែរ។ នៅពេលដែលគាត់ដាក់បណ្ដាសាថ្ងៃកំណើតរបស់គាត់ គឺគាត់បង្ហាញពីចិត្តសប្បុរស និងភាពស្មោះត្រង់នៅក្នុងជម្រៅចិត្តគាត់។ គាត់ប្រៀបបានទៅនឹងទឹកផុសពីក្នុងដីដែលមានទឹកថ្លាយង់ មើលឃើញដល់បាតដីដូច្នោះដែរ។

បន្ទាប់ពីបានដឹងរឿងរ៉ាវរបស់យ៉ូបទាំងអស់នេះហើយ មិនចាំបាច់ឆ្ងល់នោះទេ មនុស្សភាគច្រើននឹងមានការវាយតម្លៃមួយដែលត្រឹមត្រូវ មិនលម្អៀង និងផ្អែកលើការពិតអំពីសារជាតិនៃភាពជាមនុស្សរបស់យ៉ូប។ ពួកគេក៏គួរតែស្គាល់និងយល់ដឹងបានជ្រាលជ្រៅ ជាក់ស្ដែង និងប្រសើរជាងមុនអំពីភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់យ៉ូប ដូចដែលព្រះជាម្ចាស់បានមានព្រះបន្ទូលដែរ។ សង្ឃឹមថាការយល់ដឹង និងការស្គាល់នេះ នឹងជួយឱ្យមនុស្សចាប់ផ្ដើមដើរលើផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ទៅចុះ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥២

ទំនាក់ទំនងរវាងការដែលព្រះជាម្ចាស់ប្រគល់យ៉ូបទៅឱ្យសាតាំង និងគោលដៅនៃកិច្ចការរបស់ព្រះជាម្ចាស់

ទោះបីជាពេលនេះមនុស្សភាគច្រើនទទួលស្គាល់ថា យ៉ូបជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ ហើយថាគាត់កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ក៏ដោយ ក៏ការទទួលស្គាល់នេះ មិនបានធ្វើឱ្យគេមានការយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ច្រើននោះដែរ។ ស្របពេលដែលពួកគេកំពុងច្រណែននឹងភាពជាមនុស្ស និងការដេញតាមរបស់យ៉ូប ពួកគេក៏សួរសំណួរទាំងនេះទៅព្រះជាម្ចាស់ថា៖ យ៉ូបគ្រប់លក្ខណ៍ និងទៀងត្រង់ណាស់ មនុស្សជាច្រើនស្រឡាញ់គាត់ណាស់ ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់ប្រគល់គាត់ទៅឱ្យសាតាំង និងធ្វើឱ្យគាត់រងទុក្ខវេទនាដល់ម្ល៉េះ? មនុស្សជាច្រើន នឹងមានសំណួរបែបនេះនៅក្នុងចិត្តរបស់គេ ឬបើពុំដូច្នោះទេ នៅក្នុងចិត្តរបស់មនុស្សជាច្រើន សុទ្ធតែមានចម្ងល់បែបនេះ។ ដោយសារសំណួរនេះបានធ្វើឱ្យមនុស្សជាច្រើនទាល់តម្រិះ ដូច្នេះហើយទើបយើងត្រូវតែបើកកកាយ និងបកស្រាយសំណួរនេះឱ្យត្រឹមត្រូវ។

អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែចាំបាច់ ហើយមានសារៈសំខាន់ឥតឧបមា ដ្បិតគ្រប់យ៉ាងដែលទ្រង់ធ្វើនៅមកលើមនុស្ស គឺសុទ្ធតែពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ និងការសង្គ្រោះមនុស្សជាតិ។ តាមធម្មតា កិច្ចការដែលព្រះជាម្ចាស់ធ្វើមកលើយ៉ូបក៏មិនខុសគ្នាដែរ ទោះបីជាយ៉ូបគឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ក៏ដោយ។ អាចនិយាយម្យ៉ាងទៀតបានថា ទោះបីជាកិច្ចការដែលព្រះជាម្ចាស់ធ្វើ ឬមធ្យោបាយដែលទ្រង់ធ្វើកិច្ចការនោះយ៉ាងណា ទោះបីត្រូវលះបង់យ៉ាងណា ទោះបីជាទ្រង់មានគោលបំណងយ៉ាងណា ក៏គោលបំណងនៃសកម្មភាពរបស់ទ្រង់មិនប្រែប្រួលដែរ។ គោលបំណងរបស់ទ្រង់ គឺបញ្ចូលព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅក្នុងខ្លួនមនុស្ស ហើយបញ្ចូលសេចក្ដីតម្រូវ និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស។ ម្យ៉ាងទៀត គោលបំណងនេះ គឺដើម្បីបញ្ចូលទៅក្នុងខ្លួនមនុស្សនូវអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ជឿថាវិជ្ជមាន ស្របទៅនឹងជំហានរបស់ទ្រង់ ដោយជួយឱ្យគេអាចយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់ ហើយយល់ពីសារជាតិរបស់ព្រះជាម្ចាស់ ព្រមទាំងអនុញ្ញាតឱ្យមនុស្សស្ដាប់បង្គាប់តាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយធ្វើឱ្យមនុស្សទទួលបានការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង ពោលគឺអ្វីទាំងអស់នេះ គឺជាទិដ្ឋភាពមួយនៃគោលបំណងរបស់ព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។ ទិដ្ឋភាពមួយទៀតគឺដោយសារសាតាំងគឺជាតួអង្គអាក្រក់ និងជាវត្ថុបម្រើក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហេតុដូច្នេះហើយទើបមនុស្សរមែងត្រូវប្រគល់ទៅឱ្យសាតាំង។ នេះគឺជាមធ្យោបាយដែលព្រះជាម្ចាស់ប្រើដើម្បីឱ្យមនុស្សមើលឃើញពីការល្បួងរបស់សាតាំង និងវាយប្រហារសេចក្ដីទុច្ចរិត ភាពស្មោកគ្រោក និងភាពគួរឱ្យស្អប់របស់សាតាំង ដោយធ្វើឱ្យមនុស្សស្អប់សាតាំង ហើយអាចដឹង និងទទួលស្គាល់នូវអ្វីដែលអវិជ្ជមានបាន។ ដំណើរនេះធ្វើឱ្យពួកគេដោះខ្លួនពីការគ្រប់គ្រង ការចោទប្រកាន់ ការជ្រៀតជ្រែក និងការវាយប្រហាររបស់សាតាំងបន្តិចម្ដងៗ រហូតទាល់តែពួកគេយកឈ្នះលើការវាយប្រហារ និងការចោទប្រកាន់របស់សាតាំង ដោយសារបានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចំណេះដឹងដែលពួកគេមាន និងការស្ដាប់បង្គាប់របស់ពួកគេចំពោះព្រះជាម្ចាស់ ព្រមទាំងសេចក្ដីជំនឿ និងការកោតខ្លាចដល់ព្រះជាម្ចាស់ផង។ ទាល់តែពេលនោះទើបពួកគេត្រូវបានដោះលែងឱ្យរួចពីដែនយត្រួតត្រារបស់សាតាំងទាំងស្រុង។ ការរំដោះខ្លួនរបស់មនុស្សមានន័យថា សាតាំងត្រូវបរាជ័យ មានន័យថា មនុស្សលែងជាចំណីនៅក្នុងមាត់របស់សាតាំងទៀតហើយ។ សាតាំងមិនអាចលេបត្របាក់ពួកគេបានទៀតឡើយ តែបែរជាត្រូវខ្ជាក់ពួកគេចេញមកវិញ។ នេះក៏ដោយសារមនុស្សបែបនេះ ទៀងត្រង់ ដោយសារពួកគេមានសេចក្ដីជំនឿ មានការស្ដាប់បង្គាប់ និងមានការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយមកពីពួកគេបែកចេញពីសាតាំងទាំងស្រុងផង។ ពួកគេបាននាំក្ដីអាម៉ាស់ឱ្យសាតាំង ពួកគេធ្វើឱ្យសាតាំងទៅជាកំសាក ហើយពួកគេបានយកឈ្នះលើសាតាំងទាំងស្រុង។ ភាពជឿជាក់របស់ពួកគេក្នុងការដើរតាមព្រះជាម្ចាស់ ព្រមទាំងការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់ពួកគេចំពោះព្រះជាម្ចាស់ បានយកឈ្នះលើសាតាំង និងធ្វើឱ្យសាតាំងលះបង់ពួកគេចោលទាំងស្រុង។ មានតែមនុស្សបែបនេះទេ ទើបត្រូវព្រះជាម្ចាស់ទទួលយកយ៉ាងពិតប្រាកដ ហើយនេះទើបជាគោលបំណងចុងក្រោយបង្អស់ដែលព្រះជាម្ចាស់សង្គ្រោះមនុស្ស។ ប្រសិនបើពួកគេចង់ឱ្យខ្លួនគេបានសង្គ្រោះ និងចង់ឱ្យព្រះជាម្ចាស់ទទួលយកគេទាំងស្រុង នោះអ្នកដែលដើរតាមព្រះជាម្ចាស់ត្រូវតែប្រឈមនឹងការល្បួង ប្រឈមនឹងការវាយប្រហារទាំងធំទាំងតូចពីសាតាំង។ មនុស្សដែលងើបចេញពីការល្បួង និងការវាយប្រហារទាំងនេះ ហើយអាចយកឈ្នះលើសាតាំងបានទាំងស្រុង ទើបជាមនុស្សដែលនឹងត្រូវព្រះជាម្ចាស់សង្គ្រោះ។ នេះចង់បានន័យថា អស់អ្នកណាដែលត្រូវព្រះជាម្ចាស់សង្គ្រោះ គឺជាអ្នកដែលបានឆ្លងកាត់ការល្បងលពីព្រះជាម្ចាស់ និងជាមនុស្សដែលត្រូវសាតាំងល្បួង និងវាយប្រហារជាច្រើនលើកច្រើនសា។ អ្នកដែលត្រូវសង្គ្រោះទៅឯព្រះជាម្ចាស់ យល់ពីបំណងព្រះហឫទ័យ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយអាចទទួលយកអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់បាន ហើយពួកគេមិនបោះបង់ចោលផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ នៅក្នុងគ្រាកំពុងត្រូវសាតាំងល្បួងឡើយ។ អស់អ្នកណាដែលត្រូវសង្គ្រោះទៅឯខាងព្រះជាម្ចាស់ មានភាពស្មោះត្រង់ ពួកគេមានចិត្តសប្បុរស ពួកគេចេះបែងចែកសេចក្ដីស្រឡាញ់និងសេចក្ដីស្អប់ ពួកគេមានស្មារតីយុត្តិធម៌ និងមានវិចារណញាណ ហើយពួកគេអាចយកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់ និងឱ្យតម្លៃអ្វីគ្រប់យ៉ាងដែលជារបស់ព្រះជាម្ចាស់។ មនុស្សបែបនេះ មិនជាប់ចំណង មិនត្រូវឈ្លបមើល មិនត្រូវចោទប្រកាន់ ឬត្រូវបំពានពីសំណាក់សាតាំងឡើយ។ ពួកគេមានសេរីភាពទាំងស្រុង ពួកគេត្រូវបានរំដោះឱ្យមានសេរីភាព ហើយត្រូវដោះលែងឱ្យរួចខ្លួនទាំងស្រុង។ យ៉ូបគឺជាមនុស្សម្នាក់ដែលមានសេរីភាពបែបនោះឯង ហើយច្បាស់ណាស់ នេះគឺជាមូលហេតុដ៏សំខាន់ដែលព្រះជាម្ចាស់បានប្រគល់គាត់ទៅឱ្យទៅសាតាំងនោះ។

យ៉ូបត្រូវសាតាំងធ្វើបាប តែគាត់ក៏បានទទួលសេរីភាព និងការដោះលែងជារៀងរហូតដែរ ហើយគាត់ទទួលបានសិទ្ធិលែងត្រូវដាក់ឱ្យនៅក្រោមសេចក្ដីពុករលួយ ការធ្វើបាប និងការចោទប្រកាន់ពីសំណាក់សាតាំងម្ដងទៀតដែរ ផ្ទុយទៅវិញ គាត់រស់នៅក្នុងពន្លឺនៃព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ដោយមានសេរីភាព និងគ្មានបន្ទុកអ្វីទៀត ហើយរស់នៅក្នុងព្រះពររបស់ព្រះជាម្ចាស់ដែលបានប្រទានដល់គាត់។ គ្មាននរណាម្នាក់អាចដកយក បំផ្លាញ ឬដកហូតសិទ្ធនេះបានឡើយ។ សិទ្ធិនេះត្រូវបានប្រគល់ទៅឱ្យយ៉ូបទុកជាការតបស្នងដល់សេចក្ដីជំនឿ ការតាំងចិត្ត ការស្ដាប់បង្គាប់ និងការកោតខ្លាចដល់ព្រះជាម្ចាស់។ យ៉ូបបានលះបង់តម្លៃជីវិតរបស់គាត់ដើម្បីបានមកវិញនូវសេចក្ដីអំណរ និងសុភមង្គលនៅលើផែនដី និងដើម្បីបានសិទ្ធិ និងការអនុញ្ញាត ដូចដែលបានបញ្ញត្តិទុកដោយស្ថានសួគ៌ និងបានទទួលស្គាល់ដោយផែនដី ដើម្បីថ្វាយបង្គំព្រះអាទិករដោយគ្មានការរំខានណាមួយ នៅក្នុងឋានៈជាសត្តនិករដ៏ពិតរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ ការស៊ូទ្រាំរបស់យ៉ូបចំពោះការល្បួងនេះ ហុចផលដ៏ធំបំផុតនេះឯង។

នៅពេលដែលមនុស្សមិនទាន់បានសង្គ្រោះនៅឡើយ នោះជីវិតរបស់ពួកគេរមែងតែងត្រូវសាតាំងជ្រៀតជ្រែក ហើយថែមទាំងត្រូវវាគ្រប់គ្រងទៀតផង។ អាចនិយាយម្យ៉ាងទៀតបានថា មនុស្សដែលមិនទាន់បានសង្គ្រោះ គឺនៅជាអ្នកទោសរបស់សាតាំងនៅឡើយ ពួកគេគ្មានសេរីភាព ពួកគេមិនទាន់ត្រូវបានសាតាំងដោះលែងនៅឡើយទេ ពួកគេគ្មានលក្ខណៈសម្បត្តិ ក៏គ្មានសិទ្ធិថ្វាយបង្គំព្រះជាម្ចាស់ដែរ ហើយពួកគេត្រូវសាតាំងប្រដេញយ៉ាងប្រកៀក និងត្រូវវាវាយប្រហារយ៉ាងឃោរឃៅផង។ មនុស្សបែបនេះ គ្មានសុភមង្គលអ្វីត្រូវលើកមកនិយាយទេ ពួកគេគ្មានសិទ្ធិទទួលបានវត្តមាននៃជីវិតធម្មតាមួយដែលត្រូវលើកមកនិយាយផង ហើយជាងនេះទៀត ពួកគេគ្មានសេចក្ដីថ្លៃថ្នូរនឹងលើកត្រូវមកនិយាយនោះទេ។ ទាល់តែអ្នកក្រោកឈរឡើង ហើយធ្វើសង្គ្រាមជាមួយសាតាំង ដោយប្រើសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ព្រមទាំងការស្ដាប់បង្គាប់ និងការកោតខ្លាចដល់ព្រះជាម្ចាស់មកធ្វើជាគ្រឿងសាស្ត្រាវុធ ដើម្បីតយុទ្ធក្នុងសង្គ្រាមស្លាប់រស់ជាមួយសាតាំងនេះ ទើបអ្នកអាចយកឈ្នះលើសាតាំងទាំងស្រុងបាន និងធ្វើឱ្យវារត់គេច និងប្រែជាកំសាក ពេលណាវាឃើញអ្នក ដូច្នេះ ទើបវាបោះបង់ការវាយប្រហារ និងការចោទប្រកាន់របស់វាចំពោះអ្នកទាំងស្រុង។ ដល់ពេលនោះ ទើបអ្នកនឹងត្រូវសង្គ្រោះ ហើយមានសេរីភាពបាន។ ប្រសិនបើអ្នកតាំងចិត្តកាត់ផ្ដាច់ចេញពីសាតាំងទាំងស្រុង ប៉ុន្តែនៅមិនទាន់បំពាក់គ្រឿងសាស្ត្រាវុធនេះ ដែលនឹងជួយអ្នកឱ្យយកឈ្នះសាតាំង នោះអ្នកនឹងនៅតែស្ថិតក្នុងគ្រោះថ្នាក់ដដែល។ ពេលវេលាចេះតែកន្លងទៅមុខ ហើយនៅពេលដែលអ្នកត្រូវសាតាំងធ្វើទារុណកម្មខ្លាំង រហូតទាល់តែអ្នកអស់កម្លាំងពីខ្លួនរលីង ប៉ុន្តែអ្នកនៅមិនទាន់អាចធ្វើទីបន្ទាល់បាន នៅមិនទាន់បានរំដោះខ្លួនអ្នកទាំងស្រុងពីការចោទប្រកាន់ និងពីការវាយប្រហារទាស់នឹងអ្នកនៅឡើយ នោះអ្នកនឹងមានសង្ឃឹមទទួលបានសេចក្ដីសង្គ្រោះតិចតួចណាស់។ ទីបំផុត នៅពេលប្រកាសពីចុងបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់ហើយ នោះអ្នកនឹងនៅតែស្ថិតក្នុងកណ្ដាប់ដៃរបស់សាតាំងដដែល មិនអាចរំដោះខ្លួនបានទេ ហេតុដូច្នេះហើយ អ្នកនឹងគ្មានឱកាស ឬគ្មានសង្ឃឹមទៀតទេ។ ពេលនោះ អាចសន្មតបានថា មនុស្សបែបនេះនឹងត្រូវស្ថិតក្នុងការចាប់បង្ខាំងពីសំណាក់សាតាំងទាំងស្រុង។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៣

ទទួលយកការល្បងលពីព្រះជាម្ចាស់ យកឈ្នះលើការល្បួងរបស់សាតាំង និងអនុញ្ញាតឱ្យព្រះជាម្ចាស់ទទួលបានលក្ខណៈរបស់អ្នកទាំងស្រុង

ក្នុងអំឡុងកិច្ចការនៃការផ្គត់ផ្គង់ និងការទំនុកបម្រុងរយៈពេលវែងរបស់ព្រះជាម្ចាស់ដល់មនុស្ស ព្រះអង្គមានបន្ទូលប្រាប់ពីបំណងព្រះហឫទ័យរបស់ទ្រង់ទាំងអស់ និងពីសេចក្ដីតម្រូវដែលទ្រង់សព្វព្រះហឫទ័យចង់បានពីមនុស្ស ហើយបង្ហាញពីកិច្ចការ និស្ស័យ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ដល់មនុស្សផង។ គោលបំណងគឺដើម្បីបំពាក់បំប៉នមនុស្សឱ្យមានកម្ពស់ និងអនុញ្ញាតឱ្យមនុស្សទទួលបានសេចក្ដីពិតជាច្រើនពីព្រះជាម្ចាស់ នៅពេលកំពុងដើរតាមទ្រង់ ជាសេចក្ដីពិតដែលជាគ្រឿងសាស្ត្រាវុធដែលព្រះជាម្ចាស់ប្រទានឱ្យទៅមនុស្ស ដើម្បីតយុទ្ធជាមួយសាតាំង។ ក្រោយពេលបានបំពាក់គ្រឿងសាស្រ្ដាវុធរួចហើយ មនុស្សត្រូវតែប្រឈមនឹងការសាកល្បងរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានវិធី និងមធ្យោបាយជាច្រើនដើម្បីសាកល្បងមនុស្ស ប៉ុន្តែពួកគេគ្រប់គ្នាសុទ្ធតែត្រូវការ «ការសហការ» ពីសត្រូវរបស់ព្រះជាម្ចាស់ដែលជាសាតាំងនេះឯង។ នេះមានន័យថា ការប្រទានគ្រឿងសាស្ត្រាវុធដល់មនុស្សដើម្បីធ្វើសឹកជាមួយសាតាំង គឺព្រះជាម្ចាស់ក៏ប្រគល់មនុស្សទៅឱ្យសាតាំង និងអនុញ្ញាតឱ្យសាតាំង «សាកល្បង» កម្ពស់របស់មនុស្សដែរ។ ប្រសិនបើមនុស្សអាចរើខ្លួនរួចពីក្បួនសឹករបស់សាតាំងបាន ប្រសិនបើគេអាចគេចផុតពីការឡោមព័ទ្ធរបស់សាតាំង ហើយនៅមានជីវិត នោះមនុស្សបានឆ្លងផុតការសាកល្បងជាមិនខាន។ ប៉ុន្តែ ប្រសិនបើមនុស្សមិនអាចចាកចេញពីក្បួនសឹករបស់សាតាំងបាន ហើយចុះចូលនឹងសាតាំង នោះគេនឹងឆ្លងមិនផុតពីការសាកល្បងនេះទេ។ ទោះជាព្រះជាម្ចាស់ពិនិត្យពិច័យលើចំណុចណាមួយរបស់មនុស្សក៏ដោយ ក៏លក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការពិនិត្យពិច័យរបស់ទ្រង់គឺថាតើមនុស្សអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបានឬអត់ នៅពេលត្រូវសាតាំងវាយប្រហារ ហើយថាតើគេបានបោះបង់ចោលព្រះជាម្ចាស់ ហើយបានចុះចាញ់ និងចុះចូលនឹងសាតាំងឬអត់ នៅពេលដែលគេជាប់អន្ទាក់របស់សាតាំង។ អាចនិយាយបានថា មនុស្សត្រូវបានសង្គ្រោះឬអត់នោះ គឺអាស្រ័យលើថា តើគេអាចយកឈ្នះ និងបង្ក្រាបសាតាំងបានឬអត់ ហើយគេអាចទទួលបានសេរីភាពឬអត់នោះ គឺអាស្រ័យលើថាតើគេខ្លួនឯងអាចលើកគ្រឿងសាស្ត្រាវុធដែលព្រះជាម្ចាស់បានប្រទានឱ្យគេនោះ ដើម្បីយកឈ្នះលើចំណងរបស់សាតាំង ដោយធ្វើឱ្យសាតាំងលះបង់ក្ដីសង្ឃឹមចោលទាំងស្រុង ហើយទុកគេចោលឱ្យនៅម្នាក់ឯងឬអត់។ ប្រសិនបើសាតាំងលះបង់ក្ដីសង្ឃឹម ហើយដោះលែងនរណាម្នាក់ នោះមានន័យថា សាតាំងនឹងមិនព្យាយាមយកមនុស្សម្នាក់នេះចេញពីព្រះជាម្ចាស់ម្ដងទៀតឡើយ វានឹងលែងចោទប្រកាន់ និងជ្រៀតជ្រែកមនុស្សម្នាក់នេះទៀតឡើយ វាក៏នឹងឈប់ធ្វើទារុណកម្ម ឬវាយប្រហារពួកគេដោយគ្មានមេត្តាម្ដងទៀតដែរ។ មានតែមនុស្សបែបនេះទេ ដែលត្រូវព្រះជាម្ចាស់ទទួលយកយ៉ាងពិតប្រាកដនោះ។ នេះគឺជាដំណើរទាំងស្រុងដែលព្រះជាម្ចាស់ទទួលបានមនុស្ស។

ការដាស់តឿន និងការបំភ្លឺរបស់យ៉ូបទៅកាន់មនុស្សជំនាន់ក្រោយ តាមរយៈទីបន្ទាល់របស់គាត់

ក្នុងពេលដែលមនុស្សមានការយល់ដឹងអំពីដំណើរដែលព្រះជាម្ចាស់ទទួលបានមនុស្សទាំងស្រុង ក្នុងពេលនោះដែរ មនុស្សក៏នឹងយល់ពីគោលបំណង និងសារៈសំខាន់នៃការដែលព្រះជាម្ចាស់ប្រគល់យ៉ូបទៅឱ្យសាតាំងដែរ។ មនុស្សនឹងលែងត្រូវរងការរំខានពីទុក្ខវេទនារបស់យ៉ូបតទៅទៀត ហើយគេក៏មានការយល់ដឹងថ្មីមួយអំពីសារៈសំខាន់នៃកិច្ចការនេះដែរ។ ពួកគេលែងខ្វល់ថាតើពួកគេផ្ទាល់នឹងត្រូវធ្លាក់នៅក្នុងការល្បួងដូចយ៉ូបឬអត់ណាស់ ហើយគេលែងប្រឆាំងទាស់ ឬបដិសេធការមកដល់នៃការល្បងលរបស់ព្រះជាម្ចាស់ទៀតហើយ។ សេចក្ដីជំនឿរបស់យ៉ូប ការស្ដាប់បង្គាប់ និងទីបន្ទាល់របស់គាត់អំពីការយកឈ្នះលើសាតាំង ជាប្រភពជំនួយ និងជាការលើកទឹកចិត្តដ៏ច្រើនលើសលប់ដល់មនុស្ស។ តាមរយៈយ៉ូប ពួកគេមើលឃើញពីក្ដីសង្ឃឹមដើម្បីទទួលបានសេចក្ដីសង្គ្រោះរបស់ពួកគេផ្ទាល់ ហើយឃើញថា តាមរយៈសេចក្ដីជំនឿ ការស្ដាប់បង្គាប់ ព្រមទាំងការកោតខ្លាចដល់ព្រះជាម្ចាស់ នោះនឹងអាចធ្វើឱ្យសាតាំងបរាជ័យ និងអាចយកឈ្នះលើសាតាំងបានទាំងស្រុង។ ពួកគេមើលឃើញថា ដរាបណាពួកគេទទួលយកអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយដរាបណាពួកគេមានការតាំងចិត្ត និងសេចក្ដីជំនឿដែលមិនបោះបង់ព្រះជាម្ចាស់ចោល បន្ទាប់ពីបាត់បង់អ្វីៗគ្រប់យ៉ាង នោះពួកគេនឹងអាចនាំភាពអាម៉ាស់ និងការបរាជ័យដល់សាតាំងមិនខាន ហើយពួកគេយល់ថា ពួកគេគ្រាន់តែត្រូវមានការតាំងចិត្ត និងការតស៊ូអត់ធ្មត់ប៉ុណ្ណោះ ដើម្បីប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ពួកគេ ដើម្បីឱ្យសាតាំងភ័យខ្លាច ហើយកញ្ជ្រោលដកខ្លួនយ៉ាងប្រញាប់ ទោះបីពួកគេត្រូវលះបង់ជីវិតក៏ដោយ។ ទីបន្ទាល់របស់យ៉ូប គឺជាការដាស់តឿនទៅដល់មនុស្សជំនាន់ក្រោយ ហើយការដាស់តឿននេះប្រាប់ពួកគេថា ប្រសិនបើពួកគេមិនបានធ្វើឱ្យសាតាំងបរាជ័យទេ នោះពួកគេនឹងមិនអាចរួចខ្លួនពីការចោទប្រកាន់ និងការជ្រៀតជ្រែករបស់សាតាំងបានឡើយ ហើយពួកគេក៏នឹងពុំអាចគេចផុតពីការធ្វើបាប និងការវាយប្រហារពីសំណាក់សាតាំងបាននោះដែរ។ ទីបន្ទាល់របស់យ៉ូបបានបំភ្លឺដល់មនុស្សជំនាន់ក្រោយ។ ការបំភ្លឺនេះបង្រៀនមនុស្សថា ទាល់តែពួកគេជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ ទើបពួកគេអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បាន។ ទីបន្ទាល់នេះបង្រៀនពួកគេថា ទាល់តែពួកគេកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ទើបពួកគេអាចធ្វើបន្ទាល់ដ៏ខ្លាំងក្លា និងកងរំពងថ្វាយព្រះជាម្ចាស់បាន។ ទាល់តែពួកគេធ្វើបន្ទាល់ដ៏ខ្លាំងក្លា និងកងរំពងថ្វាយព្រះជាម្ចាស់ ទើបពួកគេលែងត្រូវសាតាំងគ្រប់គ្រងទៀត ហើយត្រូវរស់នៅក្រោមការដឹកនាំ និងការការពាររបស់ព្រះជាម្ចាស់។ ទាល់តែពេលនោះទើបពួកគេត្រូវបានសង្គ្រោះយ៉ាងពិតប្រាកដ។ បុគ្គលិកលក្ខណៈរបស់យ៉ូប និងការដេញតាមនៅក្នុងជីវិតរបស់គាត់ គួរត្រូវមនុស្សគ្រប់គ្នាដែលដេញតាមសេចក្ដីសង្គ្រោះយកតម្រាប់តាម។ នេះហើយជាបុគ្គលិកលក្ខណៈដែលគាត់រស់នៅប្រកាន់តាមក្នុងជីវិតរបស់គាត់ទាំងមូល ហើយកិរិយាឫកពាររបស់គាត់ ក្នុងគ្រាដែលគាត់ត្រូវល្បងល ក៏ជាកំណប់ទ្រព្យដ៏មានតម្លៃដល់មនុស្សណាដែលព្យាយាមដេញតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផងដែរ។

ទីបន្ទាល់របស់យ៉ូប ធ្វើឱ្យព្រះជាម្ចាស់បានកម្សាន្តព្រះហឫទ័យ

ពេលនេះ បើខ្ញុំប្រាប់អ្នករាល់គ្នាថា យ៉ូបគឺជាមនុស្សគួរឱ្យស្រឡាញ់ម្នាក់ អ្នករាល់គ្នាប្រហែលជាមិនអាចយល់ពីន័យក្នុងពាក្យសម្ដីទាំងនេះបានឡើយ ហើយប្រហែលជាមិនអាចដឹងពីមនោសញ្ចេតនាបង្កប់ពីក្រោយមូលហេតុដែលខ្ញុំនិយាយពីរឿងទាំងអស់នេះផង។ ប៉ុន្តែ ចូររង់ចាំរហូតដល់ថ្ងៃដែលអ្នករាល់គ្នាបានឆ្លងកាត់ការល្បងលដូចគ្នា ឬប្រហាក់ប្រហែលគ្នានឹងការល្បងលរបស់យ៉ូបសិនចុះ នៅពេលដែលអ្នករាល់គ្នាបានឆ្លងកាត់ទុក្ខវេទនា នៅពេលដែលអ្នករាល់គ្នាបានឆ្លងកាត់ការល្បងលដោយផ្ទាល់ ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នករាល់គ្នា នៅពេលដែលអ្នករាល់គ្នាលះបង់គ្រប់យ៉ាង ហើយស៊ូទ្រាំនឹងការអាម៉ាស់ និងទុក្ខលំបាក ដើម្បីយកឈ្នះលើសាតាំង និងធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ក្នុងគ្រាកំពុងត្រូវល្បួងនោះ ពេលនោះអ្នកនឹងអាចយល់ពីអត្ថន័យនៃពាក្យសម្ដីដែលខ្ញុំបាននិយាយទាំងអម្បាលម៉ាននេះមិនខាន។ ពេលនោះ អ្នកនឹងមានអារម្មណ៍ថា អ្នកអន់ជាងយ៉ូបឆ្ងាយណាស់ អ្នកនឹងមានអារម្មណ៍ថា យ៉ូបគួរឱ្យស្រឡាញ់ប៉ុនណា ហើយគាត់ស័ក្តិសមនឹងឱ្យគេយកតម្រាប់តាម។ នៅពេលដែលគ្រានោះមកដល់ អ្នកនឹងដឹងថា សម្ដីដែលយ៉ូបបាននិយាយកាលពីមុននោះ សំខាន់យ៉ាងណាចំពោះមនុស្សពុករលួយ និងចំពោះមនុស្សដែលរស់នៅក្នុងសម័យនេះ ហើយអ្នកនឹងដឹងថា អ្វីដែលយ៉ូបសម្រេចបាននោះ វាលំបាកយ៉ាងណាចំពោះមនុស្សសម័យបច្ចុប្បន្ននេះ។ នៅពេលដែលអ្នកមានអារម្មណ៍ដឹងថាវាពិបាក នោះអ្នកនឹងយល់ថា ព្រះទ័យរបស់ព្រះជាម្ចាស់អន្ទះសា និងខ្វល់ខ្វាយកម្រិតណា នោះអ្នកនឹងដឹងថាតម្លៃដែលព្រះជាម្ចាស់បានលះបង់ច្រើនប៉ុនណា ដើម្បីទទួលបានមនុស្សបែបនេះ ហើយដឹងថា កិច្ចការដែលព្រះជាម្ចាស់ធ្វើ និងការលះបង់សម្រាប់មនុស្សជាតិ មានតម្លៃកម្រិតណាមិនខាន។ ពេលនេះ ដោយសារអ្នកបានឮសម្ដីទាំងនេះហើយ ដូច្នេះតើអ្នករាល់គ្នាមានការយល់ដឹង និងការវាយតម្លៃសុក្រឹត្រត្រឹមត្រូវចំពោះយ៉ូបដែរឬទេ? ក្នុងក្រសែភ្នែករបស់អ្នករាល់គ្នា តើយ៉ូបគឺពិតជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ ដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់មែនដែរឬទេ? ខ្ញុំជឿថា មនុស្សភាគច្រើន គឺច្បាស់ជាឆ្លើយថា មែនបែបនេះមិនខាន។ ចំពោះការពិតដែលយ៉ូបបានប្រព្រឹត្ត និងបានបង្ហាញឱ្យឃើញនោះ ទាំងមនុស្ស ទាំងសាតាំងសុទ្ធតែមិនអាចប្រកែកបានឡើយ។ ទាំងអស់នេះ គឺជាភ័ស្តុតាងមានឥទ្ធិពលបំផុតសម្រាប់បញ្ជាក់ពីជ័យជម្នះរបស់យ៉ូបលើសាតាំង។ ភ័ស្តុតាងនេះបង្កើតចេញពីយ៉ូប ហើយជាទីបន្ទាល់ដំបូងគេដែលព្រះជាម្ចាស់បានទទួល។ ហេតុនេះហើយ នៅពេលដែលយ៉ូបបានយកឈ្នះលើការល្បួងរបស់សាតាំង ហើយបានធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ព្រះជាម្ចាស់ក៏ទតឃើញពីក្ដីសង្ឃឹមតាមរយៈយ៉ូប ហើយព្រះអង្គក៏បានកម្សាន្តព្រះទ័យដោយសារយ៉ូបដែរ។ តាំងពីគ្រានៃការបង្កើតរបស់សព្វសារពើមកទល់នឹងសម័យរបស់យ៉ូប នេះជាលើកទីមួយហើយដែលព្រះជាម្ចាស់បានស្គាល់ពីការកម្សាន្តព្រះទ័យពិតប្រាកដ និងបានស្គាល់រសជាតិដែលត្រូវមនុស្សកម្សាន្តព្រះទ័យទ្រង់បែបនេះ។ នេះជាលើកទីមួយហើយដែលទ្រង់បានទតឃើញ និងបានទទួលទីបន្ទាល់ពិត ដែលធ្វើឡើងសម្រាប់ទ្រង់។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៤

យ៉ូបស្ដាប់ឮព្រះជាម្ចាស់ ដោយស្ដាប់ឮនឹងត្រចៀក (អត្ថបទសម្រាំង)

យ៉ូប ៩:១១ មើល៎ ព្រះអង្គយាងកាត់មុខខ្ញុំ ក៏ខ្ញុំមើលមិនឃើញ ទ្រង់យាងហួសខ្ញុំទៅ ក៏ខ្ញុំមិនស្គាល់ទ្រង់ដែរ។

យ៉ូប ២៣:៨-៩ មើល៎ ទូលបង្គំដើរទៅមុខ ប៉ុន្តែទ្រង់មិនគង់នៅទីនោះទេ ទូលបង្គំក៏ដើរទៅក្រោយ តែមិនអាចមើលទ្រង់ស្គាល់៖ នៅខាងឆ្វេង ដែលជាកន្លែងដែលទ្រង់ធ្វើការ ខ្ញុំក៏មិនអាចមើលឃើញទ្រង់៖ ទ្រង់បំពួនអង្គទ្រង់នៅខាងស្ដាំ តែខ្ញុំមិនអាចមើលទ្រង់ឃើញទេ។

យ៉ូប ៤២:២-៦ ទូលបង្គំដឹងថា ព្រះអង្គអាចធ្វើកិច្ចការគ្រប់យ៉ាង និងដឹងថា គ្មានអ្វីអាចឃាត់ព្រះតម្រិះពីទ្រង់បានឡើយ។ តើនរណាជាមនុស្សដែលលាក់ឱវាទ ដោយគ្មានចំណេះដឹង? ហេតុនេះ បានជាទូលបង្គំបាននិយាយនូវអ្វីដែលទូលបង្គំមិនយល់។ អ្វីៗអស្ចារ្យពេកណាស់សម្រាប់ទូលបង្គំ ដែលទូលបង្គំមិនដឹងសោះ។ សូមសណ្ដាប់ទូលបង្គំផង ទូលបង្គំសូមអង្វរទ្រង់ ហើយទូលបង្គំនឹងពោលថា៖ ទូលបង្គំនឹងទារពីទ្រង់ ហើយប្រកាសពីទ្រង់ចំពោះទូលបង្គំ។ ទូលបង្គំបានស្ដាប់ឮទ្រង់ ដោយស្ដាប់ឮនឹងត្រចៀក ប៉ុន្តែពេលនេះទូលបង្គំមើលឃើញទ្រង់នឹងភ្នែកហើយ។ ហេតុអ្វីបានជាទូលបង្គំខ្ពើមខ្លួនឯង ហើយប្រែចិត្តដោយលុតក្រាបក្នុងធូលី និងផេះ។

ទោះព្រះជាម្ចាស់មិនបានបង្ហាញអង្គទ្រង់ឱ្យយ៉ូបបានឃើញក៏ដោយ ក៏យ៉ូបជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរ

តើអ្វីទៅជាចំណុចសំខាន់នៃពាក្យសម្ដីទាំងនេះ? តើក្នុងចំណោមអ្នករាល់គ្នា មាននរណាដែលបានចាប់ភ្លឹកថា មានការពិតមួយនៅត្រង់ចំណុចនេះទេ? ដំបូង ហេតុដូចម្ដេចបានជាយ៉ូបដឹងថាមានព្រះជាម្ចាស់? បន្ទាប់មក ហេតុដូចម្ដេចបានជាគាត់ដឹងថា ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើរផង ត្រូវបានគ្រប់គ្រងដោយព្រះជាម្ចាស់? មានអត្ថបទមួយ ដែលឆ្លើយតបនឹងសំណួរទាំងពីរនេះ៖ «ទូលបង្គំបានស្ដាប់ឮទ្រង់ ដោយស្ដាប់ឮនឹងត្រចៀក ប៉ុន្តែពេលនេះ ទូលបង្គំមើលឃើញទ្រង់នឹងភ្នែកហើយ។ ហេតុអ្វីបានជាទូលបង្គំខ្ពើមខ្លួនឯង ហើយប្រែចិត្តដោយលុតក្រាបក្នុងធូលី និងផេះ»។ តាមរយៈសម្ដីទាំងអស់នេះ យើងដឹងថា យ៉ូបមិនបានឃើញព្រះជាម្ចាស់ផ្ទាល់នឹងភ្នែករបស់គាត់ឡើយ តែផ្ទុយទៅវិញ គាត់បានដឹងពីព្រះជាម្ចាស់តាមរយៈរឿងព្រេងនិទាន។ ដោយសារស្ថិតនៅក្រោមកាលៈទេសៈទាំងនេះហើយ ទើបគាត់ចាប់ផ្ដើមដើរលើមាគ៌ានៃការដើរតាមព្រះជាម្ចាស់ ហើយបន្ទាប់ពីនោះមក ទើបគាត់បញ្ជាក់ពីព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់គាត់ និងក្នុងចំណោមរបស់សព្វសារពើផង។ ត្រង់ចំណុចនេះ គឺមានការពិតមួយដែលមិនអាចបដិសេធបាន។ តើការពិតនោះគឺជាអ្វី? យ៉ូបមិនដែលបានឃើញព្រះជាម្ចាស់ឡើយ ទោះគាត់អាចដើរតាមផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់បានក៏ដោយ។ ក្នុងន័យនេះ តើគាត់មិនមែនដូចមនុស្សក្នុងសម័យបច្ចុប្បន្ននេះទេឬអី? យ៉ូបពុំដែលបានឃើញព្រះជាម្ចាស់ទេ ដែលតាមរយៈនេះ យើងអាចទាញសេចក្ដីសន្និដ្ឋានបានថា ទោះគាត់ធ្លាប់បានឮពីព្រះជាម្ចាស់ក៏ដោយ ក៏គាត់ពុំបានដឹងអំពីកន្លែងដែលព្រះជាម្ចាស់គង់នៅ ឬដឹងថាព្រះជាម្ចាស់មានលក្ខណៈបែបណា ឬព្រះជាម្ចាស់កំពុងធ្វើអ្វីនោះដែរ។ ទាំងអស់នេះ គឺជាកត្តាអត្តនោម័តិ។ បើនិយាយតាមសត្យានុម័តិវិញ ទោះគាត់បានដើរតាមព្រះជាម្ចាស់ក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលលេចមកឱ្យគាត់ឃើញ ឬមានបន្ទូលទៅកាន់គាត់នោះដែរ។ តើនេះមិនមែនជាការពិតទេឬអី? ទោះព្រះជាម្ចាស់មិនធ្លាប់មានបន្ទូលទៅកាន់យ៉ូប ឬត្រាស់បង្គាប់អ្វីដល់គាត់ក៏ដោយ ក៏យ៉ូបបានឃើញពីព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ និងបានឃើញពីអធិបតេយ្យភាពរបស់ទ្រង់ក្នុងចំណោមរបស់សព្វសារពើដែរ និងបានឃើញតាមរយៈរឿងព្រេងនិទានដែលយ៉ូបធ្លាប់បានឮពីព្រះជាម្ចាស់ ដោយស្ដាប់ឮនឹងត្រចៀក ហើយបន្ទាប់ពីនោះមក គាត់បានចាប់ផ្ដើមជីវិតដែលកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់។ ទាំងនេះគឺជាដើមចម និងជាវិធី ដែលយ៉ូបដើរតាមព្រះជាម្ចាស់។ ប៉ុន្តែ មិនថាគាត់កោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់យ៉ាងណា មិនថាគាត់ប្រកាន់ខ្ជាប់តាមភាពទៀងត្រង់របស់គាត់យ៉ាងណានោះទេ ក៏ព្រះជាម្ចាស់នៅតែមិនធ្លាប់លេចមកឱ្យគាត់ឃើញដដែល។ សូមអានអត្ថបទនេះទាំងអស់គ្នា។ គាត់និយាយថា៖ «មើល៎ ព្រះអង្គយាងកាត់មុខខ្ញុំ ក៏ខ្ញុំមើលមិនឃើញ ទ្រង់យាងហួសខ្ញុំទៅ ក៏ខ្ញុំមិនស្គាល់ទ្រង់ដែរ» (យ៉ូប ៩:១១)។ អ្វីដែលពាក្យសម្ដីទាំងអស់នេះចង់បានន័យគឺថា យ៉ូបអាចមានអារម្មណ៍ដឹងថាព្រះជាម្ចាស់មានវត្តមាននៅជុំវិញខ្លួនគាត់ ឬក៏គាត់អាចគ្មានអារម្មណ៍ដឹងនោះទេ។ ប៉ុន្តែ អ្វីដែលច្បាស់នោះគឺ គាត់មិនធ្លាប់បានឃើញព្រះជាម្ចាស់សោះឡើយ។ ច្រើនលើកហើយដែលគាត់ស្រមៃថា ព្រះជាម្ចាស់កំពុងយាងកាត់មុខគាត់ ឬកំពុងធ្វើសកម្មភាព ឬក៏កំពុងដឹកនាំមនុស្ស ប៉ុន្តែគាត់មិនធ្លាប់បានដឹងសោះឡើយ។ ព្រះជាម្ចាស់យាងមករកមនុស្ស នៅពេលដែលគេនឹកស្មានមិនដល់។ មនុស្សមិនដឹងថាព្រះជាម្ចាស់យាងមករកគេនៅពេលណាទេ ក៏មិនដឹងថាទ្រង់យាងមករកគេនៅកន្លែងណាដែរ ដ្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់បាន ដូច្នេះហើយ ទើបមនុស្សយល់ថា ព្រះជាម្ចាស់ត្រូវបានលាក់បាំងពីគេ។

សេចក្ដីជំនឿរបស់យ៉ូបលើព្រះជាម្ចាស់ មិនបានរង្កោះរង្គើដោយសារតែព្រះជាម្ចាស់ត្រូវបានលាក់បំពួនពីគាត់នោះឡើយ

នៅក្នុងអត្ថបទគម្ពីរខាងក្រោមនេះ យ៉ូបបាននិយាយនៅពេលនោះថា៖ «មើល៎ ទូលបង្គំដើរទៅមុខ ប៉ុន្តែទ្រង់មិនគង់នៅទីនោះទេ ទូលបង្គំក៏ដើរទៅក្រោយ តែមិនអាចមើលទ្រង់ស្គាល់៖ នៅខាងឆ្វេង ដែលជាកន្លែងដែលទ្រង់ធ្វើការ ខ្ញុំក៏មិនអាចមើលឃើញទ្រង់៖ ទ្រង់បំពួនអង្គទ្រង់នៅខាងស្ដាំ តែខ្ញុំមិនអាចមើលទ្រង់ឃើញទេ» (យ៉ូប ២៣:៨-៩)។ ក្នុងកំណត់ត្រានេះ យើងដឹងថា តាមរយៈបទពិសោធរបស់យ៉ូប ព្រះជាម្ចាស់ត្រូវបានលាក់បំពួនពីគាត់រហូតមក។ ព្រះជាម្ចាស់មិនដែលលេចមកឱ្យគាត់ឃើញដោយបើកចំហទេ ហើយព្រះអង្គក៏មិនបានមានបន្ទូលអ្វីដោយបើកចំហជាមួយគាត់ដែរ តែក្នុងចិត្តរបស់យ៉ូប គាត់ជឿជាក់លើព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់។ គាត់តែងជឿថា ព្រះជាម្ចាស់ប្រហែលកំពុងដើរនៅមុខគាត់ ឬប្រហែលកំពុងធ្វើការនៅក្បែរគាត់ផង ហើយទោះគាត់មិនអាចមើលឃើញព្រះជាម្ចាស់ក៏ដោយ ក៏ព្រះជាម្ចាស់គង់នៅក្បែរគាត់ និងកំពុងគ្រប់គ្រងលើអ្វីគ្រប់យ៉ាងជារបស់គាត់ដែរ។ យ៉ូបមិនធ្លាប់បានឃើញព្រះជាម្ចាស់ទេ តែគាត់នៅតែអាចរក្សាសេចក្ដីជំនឿពិតរបស់គាត់បានដដែល ដែលគ្មានមនុស្សដទៃណាអាចធ្វើបានឡើយ។ ហេតុអ្វីបានជាមនុស្សដទៃមិនអាចធ្វើដូច្នោះបាន? នោះគឺមកពីព្រះជាម្ចាស់មិនដែលបានមានបន្ទូលទៅកាន់យ៉ូប ឬលេចមកឱ្យគាត់ឃើញទេ ហើយប្រសិនបើគាត់មិនបានជឿដោយពិតប្រាកដទេ ម្ល៉េះសមគាត់ក៏ពុំអាចបន្តដំណើរជីវិតទៅមុខទៀតបានដែរ ហើយគាត់ក៏មិនអាចប្រកាន់ខ្ជាប់តាមផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់នោះដែរ។ តើរឿងនេះពិតឬមិនពិត? តើអ្នកមានអារម្មណ៍បែបណា នៅពេលដែលអ្នកអានពាក្យសម្ដីដែលយ៉ូបបាននិយាយមកនេះ? តើអ្នកមានអារម្មណ៍ថា ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់យ៉ូប ព្រមទាំងសេចក្ដីសុចរិតនៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់នេះ គឺសុទ្ធតែពិត គ្មានការបំផ្លើសពីព្រះជាម្ចាស់ មែនទេ? ទោះបីជាព្រះជាម្ចាស់ប្រព្រឹត្តដាក់យ៉ូបដូចមនុស្សដទៃ ដោយពុំបានលេចមកឱ្យគាត់ឃើញ ឬមានបន្ទូលទៅកាន់គាត់ក៏ដោយ ក៏យ៉ូបនៅតែប្រកាន់ខ្ជាប់តាមសេចក្ដីសុចរិតរបស់គាត់ដដែល គាត់នៅតែជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយជាងនេះទៅទៀត គាត់ក៏តែងតែថ្វាយតង្វាយដុត និងអធិដ្ឋាននៅចំពោះព្រះជាម្ចាស់ជានិច្ច ដោយសារតែគាត់ខ្លាចប្រមាថដល់ព្រះជាម្ចាស់។ តាមសមត្ថភាពដែលយ៉ូបអាចកោតខ្លាចដល់ព្រះជាម្ចាស់ ទាំងមិនធ្លាប់បានឃើញព្រះជាម្ចាស់ផងនោះ យើងឃើញថា គាត់ស្រឡាញ់សេចក្ដីវិជ្ជមានកម្រិតណាហើយ ហើយសេចក្ដីជំនឿរបស់គាត់ក៏រឹងមាំ និងពិតប្រាកដខ្លាំងណាស់។ គាត់មិនបានបដិសេធព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ ដោយសារតែព្រះជាម្ចាស់លាក់បំពួនអង្គទ្រង់មិនឱ្យគាត់ឃើញនោះឡើយ ហើយគាត់ក៏មិនបានបាត់បង់សេចក្ដីជំនឿរបស់គាត់ និងបោះបង់ព្រះជាម្ចាស់ចោល ដោយសារតែគាត់មិនធ្លាប់បានឃើញព្រះជាម្ចាស់នោះដែរ។ ផ្ទុយទៅវិញ គាត់បានទទួលស្គាល់ពីព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ក្នុងកិច្ចការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ក្នុងការគ្រប់គ្រងលើរបស់សព្វសារពើ ហើយក៏បានដឹងពីអធិបតេយ្យភាព និងព្រះចេស្ដារបស់ព្រះជាម្ចាស់ផងដែរ។ គាត់មិនបានបោះបង់ការធ្វើជាមនុស្សទៀងត្រង់ ដោយសារតែព្រះជាម្ចាស់លាក់បំពួនអង្គទ្រង់នោះទេ ក៏មិនបានបោះបង់ចោលផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ ដោយសារតែព្រះជាម្ចាស់មិនធ្លាប់លេចមកឱ្យគាត់បានឃើញនោះដែរ។ យ៉ូបពុំដែលទូលសុំឱ្យព្រះជាម្ចាស់លេចមកឱ្យគាត់បានឃើញដោយបើកចំហ ដើម្បីបញ្ជាក់ពីព្រះវត្តមានដ៏គង់នៅរបស់ទ្រង់ឡើយ ដ្បិតគាត់បានមើលឃើញពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់នៅក្នុងចំណោមរបស់សព្វសារពើ ហើយគាត់ជឿថា គាត់បានទទួលព្រះពរ និងព្រះគុណដែលអ្នកដទៃផ្សេងទៀតពុំទាន់បានទទួលដូចគាត់ឡើយ។ ទោះបីព្រះជាម្ចាស់នៅតែបន្តលាក់បំពួនអង្គទ្រង់ពីយ៉ូបក៏ដោយ ក៏សេចក្ដីជំនឿរបស់គាត់លើព្រះជាម្ចាស់មិនដែលរង្គោះរង្គើឡើយ។ ដូច្នេះ គាត់បានប្រមូលផលដែលគ្មានអ្នកដទៃណាធ្លាប់ទទួលបានឡើយ។ ផលនោះគឺ ការសព្វព្រះទ័យពីព្រះជាម្ចាស់ និងព្រះពររបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៥

យ៉ូបថ្វាយព្រះពរដល់ព្រះនាមព្រះជាម្ចាស់ ហើយមិនបានគិតពីព្រះពរ ឬក្ដីអន្តរាយឡើយ

មានការពិតមួយ ដែលមិនធ្លាប់បានលើកមកនិយាយនៅក្នុងរឿងរបស់យ៉ូបនៅក្នុងបទគម្ពីរទេ ហើយការពិតនេះនឹងក្លាយជាចំណុចផ្ដោតសំខាន់របស់យើងនៅថ្ងៃនេះ។ ថ្វីបើយ៉ូបមិនធ្លាប់បានឃើញព្រះជាម្ចាស់ ឬពុំធ្លាប់បានឮបន្ទូលរបស់ព្រះជាម្ចាស់ផ្ទាល់នឹងត្រចៀករបស់គាត់ក៏ដោយ ក៏នៅក្នុងដួងចិត្តរបស់យ៉ូបនៅមានព្រះជាម្ចាស់ដែរ។ តើយ៉ូបមានអាកប្បកិរិយាបែបណាចំពោះព្រះជាម្ចាស់? អាកប្បកិរិយានោះត្រូវបានលើកឡើងពីខាងដើម តាមរយៈឃ្លាថា «សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា»។ គាត់ថ្វាយព្រះពរដល់ព្រះនាមព្រះជាម្ចាស់ដោយឥតលក្ខខណ្ឌ ឥតគិតពីបរិបទ និងគ្មានជាប់ចំណងហេតុផលណាឡើយ។ យើងឃើញថា យ៉ូបបានប្រគល់ដួងចិត្តរបស់គាត់ថ្វាយដល់ព្រះជាម្ចាស់ ដោយអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រងដួងចិត្តរបស់គាត់។ គ្រប់យ៉ាងដែលគាត់បានគិត គ្រប់យ៉ាងដែលគាត់បានសម្រេចចិត្ត និងគ្រប់យ៉ាងដែលគាត់បានគ្រោងទុកនៅក្នុងចិត្ត សុទ្ធតែត្រូវលាតត្រដាងនៅចំពោះព្រះជាម្ចាស់ និងគ្មានលាក់បាំងអ្វីពីព្រះជាម្ចាស់ឡើយ។ ដួងចិត្តរបស់គាត់ គ្មានការប្រឆាំងទាស់នឹងព្រះជាម្ចាស់ទេ ហើយគាត់ក៏ពុំដែលទូលសុំព្រះជាម្ចាស់ឱ្យធ្វើអ្វីដើម្បីគាត់ ឬប្រទានអ្វីដល់គាត់ដែរ ហើយគាត់ក៏ពុំធ្លាប់លាក់បាំងបំណងប្រាថ្នាហួសហេតុនៅក្នុងចិត្តរបស់គាត់ថា គាត់នឹងទទួលបានអ្វីមួយត្រឡប់មកវិញតាមរយៈការថ្វាយបង្គំព្រះជាម្ចាស់នោះដែរ។ យ៉ូបពុំបាននិយាយពាក្យដោះដូរជាមួយព្រះជាម្ចាស់ឡើយ ហើយក៏មិនបានទូលសុំ ឬទាមទារអ្វីពីព្រះជាម្ចាស់នោះដែរ។ ការដែលគាត់សរសើរព្រះនាមរបស់ព្រះជាម្ចាស់ គឺដោយសារតែព្រះជាម្ចាស់មានព្រះចេស្ដា និងសិទ្ធិអំណាចអស្ចារ្យក្នុងការគ្រប់គ្រងលើរបស់សព្វសារពើ ហើយវាមិនមែនអាស្រ័យលើថាតើគាត់ទទួលបានព្រះពរ ឬត្រូវវាយប្រហាដោយគ្រោះមហន្តរាយនោះទេ។ គាត់ជឿថា ទោះព្រះជាម្ចាស់ប្រទានព្រះពរដល់មនុស្ស ឬក៏នាំសេចក្ដីអន្តរាយដល់គេក៏ដោយ ក៏ព្រះចេស្តា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នឹងមិនប្រែប្រួលដដែល ដូច្នេះហើយ មិនថាមនុស្សជួបកាលៈទេសៈបែបណាទេ ក៏គេត្រូវលើកសរសើរពីព្រះនាមរបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់ប្រទានពរដល់មនុស្សម្នាក់ ដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលសេចក្ដីអន្តរាយកើតមានដល់មនុស្ស ក៏ដោយសារតែអធិតេយ្យភាពរបស់ព្រះជាម្ចាស់ដែរ។ ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់គ្រប់គ្រង និងរៀបចំលើអ្វីៗគ្រប់យ៉ាងពាក់ព័ន្ធនឹងមនុស្ស ហើយការផ្លាស់ប្ដូរវាសនារបស់មនុស្ស គឺជាការបង្ហាញពីព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយទោះបីជាមនុស្សមានទស្សនៈយ៉ាងណាក៏ដោយ ក៏ព្រះនាមរបស់ព្រះជាម្ចាស់ គួរត្រូវលើកសរសើរដែរ។ នេះគឺជាអ្វីដែលយ៉ូបបានឆ្លងកាត់ និងបានដឹងក្នុងអំឡុងពេលរាប់សិបឆ្នាំដែលគាត់បានរស់នៅ។ ទាំងចិត្តគំនិត ទាំងសកម្មភាពរបស់យ៉ូប បានឮដល់ព្រះការណ៍របស់ព្រះជាម្ចាស់ បានទតឃើញដោយព្រះនេត្ររបស់ព្រះជាម្ចាស់ ហើយត្រូវព្រះជាម្ចាស់ចាត់ទុកជារឿងសំខាន់។ ព្រះជាម្ចាស់សព្វព្រះទ័យនឹងការយល់ដឹងរបស់យ៉ូបនេះណាស់ ហើយឱ្យតម្លៃយ៉ូបដែលគាត់មានដួងចិត្តបែបនេះ។ ដួងចិត្តនេះរង់ចាំសេចក្ដីបង្គាប់ពីព្រះជាម្ចាស់ជានិច្ច ហើយគ្រប់ទីកន្លែងទាំងអស់ ហើយមិនថានៅពេលណា ឬកន្លែងណាទេ ក៏ដួងចិត្តនេះទទួលស្វាគមន៍រឿងគ្រប់យ៉ាងដែលកើតមានចំពោះគាត់ដែរ។ យ៉ូបមិនបានទាមទារអ្វីពីព្រះជាម្ចាស់ទេ។ អ្វីដែលគាត់ទាមទារពីខ្លួនគាត់នោះគឺ រង់ចាំ ទទួលយក ប្រឈមមុខ និងស្ដាប់បង្គាប់តាមការចាត់ចែងទាំងអស់ដែលមកអំពីព្រះជាម្ចាស់។ យ៉ូបជឿថា នេះជាភារកិច្ចរបស់គាត់ ហើយនោះច្បាស់ ជាអ្វីដែលព្រះជាម្ចាស់ចង់បាន។ យ៉ូបមិនធ្លាប់បានឃើញព្រះជាម្ចាស់ទេ ក៏មិនដែលបានឮទ្រង់មានព្រះបន្ទូលមួយព្រះឱស្ឋណាដែរ ក៏មិនធ្លាប់ឮទ្រង់ត្រាស់បង្គាប់ ឬប្រទានការបង្រៀន ឬការទូន្មានណាមួយដល់គាត់នោះដែរ។ បើនិយាយពីពេលសព្វថ្ងៃនេះវិញ ការដែលគាត់អាចមានការយល់ដឹង និងអាកប្បកិរិយាបែបនេះចំពោះព្រះជាម្ចាស់ នៅពេលដែលព្រះជាម្ចាស់ពុំបានប្រទានការបំភ្លឺ ការដឹកនាំ ឬការទំនុកបម្រុងសេចក្ដីពិតដល់គាត់ គឺនេះពិតជាមានតម្លៃណាស់ ហើយការដែលគាត់អាចបង្ហាញសេចក្ដីទាំងនេះបាន ក៏គ្រប់គ្រាន់សម្រាប់ព្រះជាម្ចាស់ហើយ ហើយទីបន្ទាល់របស់គាត់ក៏ត្រូវបានព្រះជាម្ចាស់សរសើរ និងសព្វព្រះទ័យផងដែរ។ យ៉ូបមិនដែលបានឃើញព្រះជាម្ចាស់ ឬបានស្ដាប់ឮព្រះជាម្ចាស់មានបន្ទូលបង្រៀនគាត់ដោយផ្ទាល់ទេ តែចំពោះព្រះជាម្ចាស់វិញ ដួងចិត្តរបស់យ៉ូប និងខ្លួនគាត់ផ្ទាល់ មានតម្លៃជាងអ្នកដែលអាចត្រឹមពោលពីទ្រឹស្ដីស៊ីជម្រៅនៅចំពោះព្រះជាម្ចាស់ មានតម្លៃជាងអ្នកដែលអាចត្រឹមអួតអាង និងនិយាយតែពីការថ្វាយតង្វាយ ប៉ុន្តែមិនដែលមានចំណេះដឹងពិតប្រាកដពីព្រះជាម្ចាស់ និងមិនដែលកោតខ្លាចដល់ព្រះជាម្ចាស់ដោយពិតប្រាកដនោះទៅទៀត។ ដ្បិតដួងចិត្តរបស់យ៉ូបបរិសុទ្ធ និងគ្មានការលាក់បាំងពីព្រះជាម្ចាស់ឡើយ ហើយភាពជាមនុស្សរបស់គាត់ក៏ស្មោះត្រង់ និងសប្បុរសផង ហើយគាត់ស្រឡាញ់យុត្តិធម៌ និងអ្វីដែលវិជ្ជមាន។ មានតែមនុស្សម្នាក់ដែលមានដួងចិត្ត និងមានភាពជាមនុស្សដូចគាត់ទេ ទើបអាចដើរតាមផ្លូវរបស់ព្រះជាម្ចាស់បាន ហើយអាចកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់បាន។ មនុស្សបែបនេះ អាចមើលឃើញពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ អាចមើលឃើញពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់ ហើយអាចសម្រេចនូវការស្ដាប់បង្គាប់តាមអធិបតេយ្យភាព និងការចាត់ចែងរបស់ទ្រង់បាន។ មានតែមនុស្សបែបនេះទេ ទើបអាចសរសើរពីព្រះនាមរបស់ព្រះជាម្ចាស់បានយ៉ាងពិតប្រាកដនោះ។ នោះគឺមកពីគាត់មិនបានមើលថាតើព្រះជាម្ចាស់នឹងប្រទានពរឱ្យគាត់ ឬនាំសេចក្ដីអន្តរាយដល់គាត់នោះទេ ប៉ុន្ដែដោយសារគាត់ដឹងថា អ្វីៗគ្រប់យ៉ាងត្រូវបានគ្រប់គ្រងដោយព្រះហស្តរបស់ព្រះជាម្ចាស់ និងដឹងថាការដែលមនុស្សត្រូវខ្វល់ខ្វាយពីរឿងនេះ គឺជាសញ្ញានៃភាពល្ងីល្ងើ ល្ងង់ខ្លៅ ខ្វះវិចារណញាណ និងជាសញ្ញានៃក្ដីមន្ទិលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ និងជាសញ្ញានៃការមិនកោតខ្លាចដល់ព្រះជាម្ចាស់។ ចំណេះដឹងរបស់យ៉ូប គឺជាអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យចង់បានយ៉ាងប្រាកដ។ ដូច្នេះ តើយ៉ូបមានចំណេះដឹងខាងទ្រឹស្ដីអំពីព្រះជាម្ចាស់ច្រើនជាងអ្នករាល់គ្នាដែរទេ? ដោយសារកិច្ចការ និងព្រះសូរសៀងរបស់ព្រះជាម្ចាស់នៅគ្រានោះមានតិចតួច ហេតុដូច្នេះហើយ ការសម្រេចបានការយល់ដឹងអំពីព្រះជាម្ចាស់ គឺមិនមែនជារឿងងាយស្រួលនោះទេ។ សមិទ្ធផលរបស់យ៉ូបនេះ ជាសមិទ្ធផលដែលអាចចាត់ទុកថាអស្ចារ្យហើយ។ គាត់មិនបានឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ មិនធ្លាប់បានស្ដាប់ឮព្រះជាម្ចាស់មានបន្ទូល ក៏មិនធ្លាប់ឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ដែរ។ ការដែលគាត់អាចមានអាកប្បកិរិយាបែបនេះចំពោះព្រះជាម្ចាស់បាន គឺដោយសារតែភាពជាមនុស្ស និងការដេញតាមរបស់គាត់ទាំងស្រុង ពោលគឺជាភាពជាមនុស្ស និងការដេញតាមដែលមនុស្សបច្ចុប្បន្ននេះគ្មានឡើយ។ ដូច្នេះហើយ ទើបនៅក្នុងយុគសម័យនោះ ព្រះជាម្ចាស់មានបន្ទូលថា៖ «គ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់»។ ក្នុងយុគសម័យនោះ ព្រះជាម្ចាស់បានធ្វើការវាយតម្លៃបែបនេះចំពោះគាត់ ហើយក៏បានសម្រេចការសន្និដ្ឋានបែបនេះដែរ។ ទម្រាំដល់សព្វថ្ងៃនេះទៀត តើសេចក្ដីនេះនឹងកាន់តែពិតយ៉ាងណាទៅ?

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៦

ទោះបីព្រះជាម្ចាស់ត្រូវលាក់បំពួនអង្គទ្រង់ពីមនុស្សក៏ដោយ ក៏កិច្ចការរបស់ទ្រង់ក្នុងចំណោមរបស់សព្វសារពើនេះ សមល្មមនឹងឱ្យមនុស្សស្គាល់ទ្រង់ហើយ

យ៉ូបមិនធ្លាប់បានឃើញព្រះភ័ក្ដ្រព្រះជាម្ចាស់ ក៏មិនធ្លាប់បានឮព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងមកដែរ ហើយគាត់កាន់តែមិនធ្លាប់ឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ដោយផ្ទាល់ទៀត តែការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ និងទីបន្ទាល់របស់គាត់ក្នុងគ្រាដែលគាត់ត្រូវល្បងល សុទ្ធតែត្រូវមនុស្សគ្រប់គ្នាមើលឃើញផ្ទាល់នឹងភ្នែក ហើយសេចក្ដីទាំងនេះក៏ត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ ត្រេកអរ និងលើកសរសើរផងដែរ ហើយមនុស្សច្រណែន កោតសរសើរ ហើយជាងនេះទៅទៀត ពួកគេថែមទាំងច្រៀងសរសើរទៀតផង។ ជីវិតរបស់គាត់គ្មានអ្វីអស្ចារ្យ ឬពិសេសជាងគេនោះទេ៖ គាត់បានរស់នៅក្នុងជីវិតធម្មតាដូចជាមនុស្សសាមញ្ញម្នាក់ដែរ ដោយចេញទៅធ្វើការតាំងពីព្រលឹម រួចត្រឡប់មកផ្ទះវិញសម្រាកនៅពេលព្រលប់។ ភាពខុសគ្នានោះគឺថា ក្នុងអំឡុងពេលនៃជីវិតរស់នៅរបស់គាត់ដែលគ្មានអ្វីគួរឱ្យកត់សម្គាល់ប៉ុន្មានទស្សវត្សរ៍នេះ គាត់បានយល់ច្បាស់អំពីផ្លូវរបស់ព្រះជាម្ចាស់ ហើយបានដឹង និងយល់ពីព្រះចេស្ដាដ៏អស្ចារ្យ ព្រមទាំងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ផង ដ្បិតគ្មានបុគ្គលណាម្នាក់ធ្លាប់បានយល់ដឹងបែបនេះឡើយ។ គាត់មិនឆ្លាតជាងមនុស្សធម្មតានោះទេ ជីវិតរបស់គាត់ក៏គ្មានការតាំងចិត្តអ្វីពិសេសដែរ ហើយជាងនេះទៀត គាត់ក៏គ្មានជំនាញពិសេស ដែលគេមើលមិនឃើញអ្វីនោះដែរ។ ប៉ុន្តែអ្វីដែលគាត់មានប្រាកដនោះគឺ បុគ្គលិកលក្ខណៈមួយដែលស្មោះត្រង់ មានចិត្តសប្បុរស និងទៀងត្រង់ ជាបុគ្គលិកលក្ខណៈមួយដែលស្រឡាញ់ភាពត្រឹមត្រូវ សេចក្ដីសុចរិត និងអ្វីៗដែលវិជ្ជមាន។ មនុស្សធម្មតាភាគច្រើនគ្មានបុគ្គលិកលក្ខណៈទាំងអស់នេះទេ។ គាត់បែងចែកដាច់រវាងសេចក្ដីស្រឡាញ់ និងសេចក្ដីស្អប់ ហើយមានស្មារតីស្រឡាញ់យុត្តិធម៌ និងនៅតែរក្សាគោលជំហរយ៉ាងមាំ ហើយតស៊ូ និងបានយកចិត្តទុកដាក់គិតគូរយ៉ាងល្អិតល្អន់។ ដូច្នេះ ក្នុងគ្រាដែលគាត់រស់ជាមនុស្សសាមញ្ញនៅលើផែនដី គាត់បានឃើញពីការអស្ចារ្យជាច្រើនដែលព្រះជាម្ចាស់បានធ្វើ ហើយគាត់បានឃើញភាពអស្ចារ្យ ភាពបរិសុទ្ធ និងសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ គាត់បានឃើញពីព្រះទ័យព្រួយបារម្ភរបស់ព្រះជាម្ចាស់ ភាពពេញដោយព្រះគុណ និងការការពារសម្រាប់មនុស្ស ហើយគាត់ក៏បានឃើញពីព្រះកិត្តិនាម និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលឧត្តុង្គឧត្តមផងដែរ។ ហេតុផលទីមួយដែលយ៉ូបអាចទទួលបានអ្វីទាំងអស់នេះ ដែលមនុស្សធម្មតាមិនអាចសម្រេចបាន នោះគឺមកពីគាត់មានចិត្តបរិសុទ្ធ ហើយដួងចិត្តរបស់គាត់ជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ និងត្រូវព្រះអាទិករដឹកនាំ។ ហេតុផលទីពីរ គឺការដេញតាមរបស់គាត់៖ ការដេញតាមដើម្បីឱ្យបានជាមនុស្សឥតខ្ជោះ និងគ្រប់លក្ខណ៍ ដើម្បីឱ្យក្លាយជាមនុស្សម្នាក់ដែលធ្វើតាមបំណងស្ថានសួគ៌ ជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យ និងជាមនុស្សដែលគេចចេញពីសេចក្ដីអាក្រក់។ យ៉ូបមានចំណុចទាំងអស់ ហើយគាត់ក៏បានព្យាយាមដេញតាមរបស់ទាំងអស់នេះដែរ នៅពេលដែលគាត់ពុំអាចមើលឃើញព្រះជាម្ចាស់ ឬស្ដាប់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទោះបីគាត់មិនធ្លាប់បានឃើញព្រះជាម្ចាស់ ក៏គាត់ចាប់ផ្ដើមដឹងពីមធ្យោបាយដែលព្រះជាម្ចាស់គ្រប់គ្រងលើរបស់សព្វសារពើដែរ ហើយគាត់ក៏បានយល់ពីព្រះប្រាជ្ញាញាណដែលព្រះជាម្ចាស់ធ្វើកិច្ចការនេះដែរ។ ទោះបីជាគាត់មិនធ្លាប់បានឮព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងមកក៏ដោយ ក៏យ៉ូបដឹងថា កិច្ចការនៃការប្រទានរង្វាន់ដល់មនុស្ស និងការដកយកពីមនុស្សវិញ គឺសុទ្ធតែមកអំពីព្រះជាម្ចាស់ទាំងអស់។ ទោះបីជាអាយុកាលនៃជីវិតរបស់គាត់មិនខុសពីមនុស្សធម្មតាក៏ដោយ ក៏គាត់មិនអនុញ្ញាតឱ្យភាពសាមញ្ញនៃជីវិតរបស់គាត់នោះ ប៉ះពាល់ដល់ការយល់ដឹងរបស់គាត់ចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ឬប៉ះពាល់ដល់ការដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ដែរ។ ក្នុងក្រសែភ្នែករបស់គាត់ ក្រឹត្យក្រមនៃរបស់សព្វសារពើ ពោរពេញទៅដោយស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ហើយអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ អាចមើលឃើញបាននៅគ្រប់ផ្នែកនៃជីវិតរបស់មនុស្ស។ គាត់មិនធ្លាប់បានឃើញព្រះជាម្ចាស់ទេ ប៉ុន្តែ គាត់អាចដឹងថា កិច្ចការរបស់ព្រះជាម្ចាស់មាននៅគ្រប់ទីកន្លែង ហើយក្នុងគ្រាដែលគាត់រស់នៅក្នុងជីវិតសាមញ្ញនៅលើផែនដីនេះ គាត់អាចមើលឃើញ និងដឹងបានពីកិច្ចការដ៏អស្ចារ្យ និងវិសេសវិសាលរបស់ព្រះជាម្ចាស់ នៅគ្រប់ជ្រុងជ្រោយនៃជីវិតរបស់គាត់ ហើយគាត់ក៏អាចមើលឃើញពីការរៀបចំដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ផងដែរ។ ការលាក់បាំង និងភាពស្ងប់ស្ងាត់របស់ព្រះជាម្ចាស់ ពុំបានរារាំងយ៉ូបមិនឱ្យដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនប៉ះពាល់ដល់ការយល់ដឹងរបស់គាត់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើនោះដែរ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ ជីវិតរបស់គាត់គឺជាការទទួលស្គាល់នូវអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ដែលព្រះអង្គត្រូវលាក់បំពួនក្នុងចំណោមរបស់សព្វសារពើ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ គាត់ក៏បានស្ដាប់ឮ និងយល់ពីព្រះសូរសៀងនៃព្រះហឫទ័យ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ ដែលស្ងប់ស្ងាត់នៅក្នុងចំណោមរបស់សព្វសារពើ តែសម្ដែងចេញនូវព្រះសូរសៀងនៃព្រះហឫទ័យរបស់ទ្រង់ និងព្រះបន្ទូលរបស់ទ្រង់ តាមរយៈការគ្រប់គ្រងលើច្បាប់នៃរបស់សព្វសារពើផង។ ដូច្នេះ អ្នកឃើញហើយថា ប្រសិនបើមនុស្សមានភាពជាមនុស្ស និងការដេញតាមដូចយ៉ូបដែរ នោះពួកគេក៏អាចទទួលបានការទទួលស្គាល់ និងចំណេះដឹងដូចជាយ៉ូបដែរ ហើយអាចទទួលបានការយល់ដឹង និងចំណេះដឹងពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើដូចជាយ៉ូបដែរមិនខាន។ ព្រះជាម្ចាស់មិនបានលេចមកចំពោះមុខយ៉ូប ឬមានបន្ទូលមកកាន់គាត់ទេ ប៉ុន្តែយ៉ូបអាចធ្វើជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់បាន ហើយកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង។ អាចនិយាយម្យ៉ាងទៀតបានថា កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងចំណោមរបស់សព្វសារពើ គឺគ្រប់គ្រាន់នឹងឱ្យមនុស្សដឹងពីព្រះវត្តមានដ៏គង់នៅ ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដោយមិនចាំបាច់ឱ្យព្រះជាម្ចាស់លេចមកឱ្យមនុស្សឃើញ ឬមានបន្ទូលមកកាន់គេនោះឡើយ ហើយព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ល្មមគ្រប់គ្រាន់នឹងធ្វើឱ្យមនុស្សដើរតាមផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់បានហើយ។ ដោយសារមនុស្សសាមញ្ញម្នាក់ដូចជាយ៉ូបនេះ អាចសម្រេចនូវការកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់បាន នោះមនុស្សធម្មតាគ្រប់ៗគ្នាដែលដើរតាមព្រះជាម្ចាស់ ក៏គួរតែអាចធ្វើដូច្នោះបានដែរ។ ទោះបីជាពាក្យទាំងនេះ ស្ដាប់ទៅហាក់ដូចជាការសន្និដ្ឋានដ៏សមហេតុផលក៏ដោយ ក៏នេះមិនផ្ទុយនឹងក្រឹត្យក្រមនៃរបស់សព្វសារពើដែរ។ ប៉ុន្តែ ការពិតមិនស៊ីគ្នាទៅនឹងការរំពឹងទុកនោះទេ៖ មើលទៅ ការកោតខ្លាចដល់ព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ គឺជាលក្ខណៈរបស់យ៉ូបតែម្នាក់គត់។ នៅពេលដែលនិយាយដល់ «ការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់» មនុស្សគិតថា ការនេះគួរតែយ៉ូបជាអ្នកបំពេញតែម្នាក់ឯងប៉ុណ្ណោះ ហាក់ដូចជាផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់នេះ ត្រូវបានឆ្លាក់ជាប់ដោយឈ្មោះរបស់យ៉ូបទៅហើយ ហើយគ្មានអ្វីពាក់ព័ន្ធនឹងអ្នកដទៃឡើយ។ ហេតុផលនៃរឿងនេះគឺច្បាស់លាស់ណាស់៖ ដោយសារមានតែយ៉ូបប៉ុណ្ណោះ ដែលមានបុគ្គលិកលក្ខណៈស្មោះត្រង់ មានចិត្តសប្បុរស និងទៀងត្រង់ ស្រឡាញ់ភាពត្រឹមត្រូវ និងសេចក្ដីសុចរិត ព្រមទាំងអ្វីៗដែលវិជ្ជមានផង ដូច្នេះ មានតែយ៉ូបម្នាក់ទេ ទើបអាចដើរតាមផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បាន។ អ្នករាល់គ្នាច្បាស់ជាមានការយល់ដឹងអំពីការសន្និដ្ឋាននៅត្រង់នេះហើយ ដ្បិតគ្មាននរណាម្នាក់ដែលមានភាពជាមនុស្សស្មោះត្រង់ មានចិត្តសប្បុរស និងទៀងត្រង់ ព្រមទាំងស្រឡាញ់ភាពត្រឹមត្រូវ សេចក្ដីសុចរិត និងអ្វីៗដែលវិជ្ជមានឡើយ គ្មាននរណាម្នាក់អាចកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បានឡើយ ដូច្នេះហើយ មនុស្សមិនអាចទទួលបានសេចក្ដីអំណរពីព្រះជាម្ចាស់ ឬឈរមាំនៅក្នុងការល្បងលបានឡើយ។ នេះក៏មានន័យថា មនុស្សគ្រប់គ្នាសុទ្ធតែនៅជាប់ចំណង និងជាប់អន្ទាក់របស់សាតាំងនៅឡើយ លើកលែងតែយ៉ូបម្នាក់ចេញ។ ពួកគេសុទ្ធតែត្រូវសាតាំងចោទប្រកាន់ វាយប្រហារ និងធ្វើបាបទាំងអស់។ ពួកគេជាមនុស្សដែលសាតាំងព្យាយាមលេបត្របាក់ ហើយពួកគេគ្រប់គ្នាសុទ្ធតែគ្មានសេរីភាព ហើយជាអ្នកទោសដែលត្រូវសាតាំងចាប់ទុកជាឈ្លើយទាំងអស់។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៧

ប្រសិនបើចិត្តរបស់មនុស្សមានភាពជាសត្រូវនឹងព្រះជាម្ចាស់ តើមនុស្សអាចកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បានយ៉ាងដូចម្ដេចទៅ?

ដោយសារមនុស្សសព្វថ្ងៃនេះគ្មានភាពជាមនុស្សដូចជាយ៉ូប ម្ល៉ោះហើយ តើពួកគេមានធម្មជាតិនិងសារជាតិ និងអាកប្បកិរិយាបែបណាចំពោះព្រះជាម្ចាស់? តើពួកគេកោតខ្លាចដល់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេគេចចេញពីសេចក្ដីអាក្រក់ដែរឬទេ? អ្នកដែលមិនកោតខ្លាចដល់ព្រះជាម្ចាស់ ឬមិនគេចចេញពីសេចក្ដីអាក្រក់ទេ អាចហៅដោយខ្លីត្រឹមពាក្យបីម៉ាត់ថា «សត្រូវព្រះ»។ អ្នករាល់គ្នាតែងនិយាយពាក្យបីម៉ាត់នេះ ប៉ុន្តែ អ្នករាល់គ្នាមិនធ្លាប់បានដឹងពីអត្ថន័យពិតនៃពាក្យនេះទេ។ ពាក្យ «សត្រូវព្រះ» នេះ មានន័យថា៖ ពាក្យទាំងនេះពុំមែនចង់បានន័យថា ព្រះជាម្ចាស់ ចាត់ទុកមនុស្សជាខ្មាំងសត្រូវទេ ប៉ុន្តែគឺមនុស្សវិញទេ ដែលចាត់ទុកព្រះជាម្ចាស់ជាខ្មាំងសត្រូវនោះ។ ដំបូង ពេលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ តើក្នុងចំណោមពួកគេ មានម្នាក់ណាដែលគ្មានគោលដៅ គោលបំណង និងមហិច្ឆតាផ្ទាល់ខ្លួននោះ? ទោះបីជាមនុស្សមួយចំណែកជឿលើព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ និងបានឃើញពីអត្ថិភាពរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ នៅតែមានការជំរុញចិត្តទាំងនោះដដែល ហើយគោលបំណងចុងក្រោយរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ គឺដើម្បីទទួលបានព្រះពររបស់ទ្រង់ និងរបស់ដែលពួកគេចង់បាន។ ក្នុងបទពិសោធជីវិតរបស់មនុស្ស ពួកគេរមែងគិតក្នុងចិត្តថា៖ «ខ្ញុំបានលះបង់គ្រួសារ និងការងាររបស់ខ្ញុំដើម្បីព្រះជាម្ចាស់ហើយ ដូច្នេះតើព្រះអង្គបានប្រទានអ្វីខ្លះដល់ខ្ញុំ? ខ្ញុំត្រូវរាប់ និងបញ្ជាក់ឱ្យបានច្បាស់។ តើថ្មីៗនេះខ្ញុំបានទទួលព្រះពរដែរឬទេ? ក្នុងអំឡុងពេលនេះ ខ្ញុំបានលះបង់ច្រើនណាស់ ខ្ញុំរត់ហើយរត់ទៀត ហើយបានរងទុក្ខជាច្រើន។ តើព្រះជាម្ចាស់បានសន្យាប្រទានអ្វីដល់ខ្ញុំវិញទេ? តើព្រះអង្គបានចងចាំពីអំពើល្អរបស់ខ្ញុំដែរឬទេ? តើទីបញ្ចប់របស់ខ្ញុំនឹងទៅជាយ៉ាងណា? តើខ្ញុំអាចទទួលបានព្រះពរពីព្រះជាម្ចាស់ដែរឬទេ? ...» មនុស្សគ្រប់រូបរមែងគិតគូរបូកដកបែបនេះនៅក្នុងចិត្តរបស់គេ ហើយពួកគេទាមទារពីព្រះជាម្ចាស់ទៅតាមគោលបំណង មហិច្ឆតា និងផ្នត់គំនិតនៃការដោះដូរ។ នេះមានន័យថា នៅក្នុងចិត្តរបស់មនុស្ស គេតែងសាកល្បងព្រះជាម្ចាស់ តែងប្រឌិតផែនការអំពីព្រះជាម្ចាស់ តែងជជែកវែកញែកជាមួយព្រះជាម្ចាស់ដើម្បីទីបញ្ចប់ផ្ទាល់ខ្លួនរបស់គេជានិច្ច និងព្យាយាមដកស្រង់បន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីមើលថាតើ ព្រះជាម្ចាស់អាចប្រទានអ្វីដែលគេចង់បានដែរឬអត់។ ក្នុងពេលដែលមនុស្សកំពុងដេញតាមព្រះជាម្ចាស់ មនុស្សមិនបានចាត់ទុកព្រះជាម្ចាស់ថាជាព្រះឡើយ។ មនុស្សតែងតែព្យាយាមចរចាជាមួយព្រះជាម្ចាស់ជានិច្ច ដោយទាមទារពីទ្រង់ឥតឈប់ ហើយថែមទាំងដាក់សម្ពាធលើទ្រង់គ្រប់ជំហានទៀតផង បានមួយហើយមិនស្កប់ ចង់បានដប់បន្ថែមទៀត។ ក្នុងពេលដែលគេកំពុងចរចាជាមួយព្រះជាម្ចាស់នោះ មនុស្សក៏ប្រកែកជាមួយទ្រង់ដែរ ហើយថែមទាំងមានមនុស្សខ្លះទៅជាទន់ជ្រាយ អសកម្ម និងធ្វេសប្រហែសនៅក្នុងកិច្ចការរបស់គេ និងពោរពេញទៅដោយការត្អូញត្អែរអំពីព្រះជាម្ចាស់ឥតឈប់ នៅពេលដែលការល្បងលធ្លាក់មកលើពួកគេ ឬនៅពេលដែលពួកគេដឹងខ្លួនថា ពួកគេធ្លាក់ក្នុងស្ថានភាពជាក់លាក់មួយចំនួន។ ចាប់តាំងពីពេលដែលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ជាលើកដំបូងមក គេបានចាត់ទុកព្រះជាម្ចាស់ជាកន្ដ្រកផ្លែឈើគ្រប់មុខ ជាកាំបិតមានមុខច្រើនប្រើការបានសព្វមុខ ហើយគេចាត់ទុកខ្លួនឯងជាម្ចាស់បំណុលដ៏ធំបំផុតរបស់ព្រះជាម្ចាស់ ហាក់ដូចជាការព្យាយាមទទួលបានព្រះពរ និងសេចក្ដីសន្យាពីព្រះជាម្ចាស់នោះ គឺជាសិទ្ធិមានពីកំណើត និងជាកាតព្វកិច្ចរបស់គេ ចំណែកឯព្រះជាម្ចាស់វិញ មានទំនួលខុសត្រូវក្នុងការការពារ និងមើលថែមនុស្ស និងទំនុកបម្រុងដល់គេដូច្នោះដែរ។ មនុស្សទាំងអស់ដែលជឿលើព្រះជាម្ចាស់ មានការយល់ដឹងកម្រិតមូលដ្ឋានបែបនេះអំពី «ជំនឿលើព្រះជាម្ចាស់» ហើយការយល់ដឹងបែបនេះ គឺជាការយល់ដឹងជ្រាលជ្រៅបំផុតរបស់ពួកគេអំពីគោលគំនិតនៃជំនឿលើព្រះជាម្ចាស់។ រាប់ចាប់តាំងពីសារជាតិនិងធម្មជាតិរបស់មនុស្ស រហូតដល់ការដេញតាមក្នុងលក្ខណៈផ្ទាល់ខ្លួនរបស់គេ គឺគ្មានអ្វីដែលពាក់ព័ន្ធនឹងការកោតខ្លាចដល់ព្រះជាម្ចាស់សោះឡើយ។ គោលបំណងរបស់មនុស្សក្នុងការជឿលើព្រះជាម្ចាស់ គ្មានអ្វីពាក់ព័ន្ធនឹងការថ្វាយបង្គំព្រះជាម្ចាស់ទេ។ នោះមានន័យថា មនុស្សមិនធ្លាប់គិត ឬក៏ធ្លាប់យល់ថា ជំនឿលើព្រះជាម្ចាស់ តម្រូវឱ្យមានការកោតខ្លាច និងការថ្វាយបង្គំព្រះជាម្ចាស់នោះឡើយ។ ទាក់ទងនឹងស្ថានភាពបែបនេះ សារជាតិរបស់មនុស្សស្ដែងចេញឱ្យឃើញច្បាស់ណាស់។ តើជាសារជាតិអ្វីដែរ? សារជាតិនោះគឺ ដួងចិត្តរបស់មនុស្សមានការព្យាបាទ លាក់ទុកសេចក្ដីវៀចវេរ និងបោកបញ្ឆោត ពុំស្រឡាញ់ភាពត្រឹមត្រូវ និងសេចក្ដីសុចរិត និងអ្វីៗដែលវិជ្ជមាន ហើយជាសារជាតិគួរឱ្យស្អប់ និងលោភលន់។ ចិត្តរបស់មនុស្សមិនអាចស្និទ្ធស្នាលនឹងព្រះជាម្ចាស់ជាងនេះបានទេ។ មនុស្សមិនបានប្រគល់ដួងចិត្តគេថ្វាយដល់ព្រះជាម្ចាស់សោះឡើយ។ ព្រះជាម្ចាស់ពុំដែលទតឃើញពីដួងចិត្តពិតរបស់មនុស្សទេ ហើយមនុស្សក៏មិនដែលថ្វាយបង្គំទ្រង់ដែរ។ ទោះបីជាព្រះជាម្ចាស់លះបង់តម្លៃធំធេងយ៉ាងណា ឬធ្វើកិច្ចការច្រើនយ៉ាងណា ឬប្រទានដល់មនុស្សច្រើនប៉ុនណាក៏ដោយ ក៏មនុស្សនៅតែខ្វាក់ដដែល ហើយទីបំផុត ពួកគេក៏ព្រងើយកន្តើយនឹងរឿងទាំងអស់នេះ។ មនុស្សមិនដែលប្រគល់ដួងចិត្តរបស់គេថ្វាយដល់ព្រះជាម្ចាស់ឡើយ គេគ្រាន់តែចង់គិតពីចិត្តខ្លួនគេប៉ុណ្ណោះ ចង់ធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនគេប៉ុណ្ណោះ ហើយអត្ថន័យបង្កប់នៃរឿងនេះគឺថា មនុស្សមិនចង់ដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ ឬស្ដាប់បង្គាប់តាមអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ឡើយ ក៏មិនចង់ថ្វាយបង្គំព្រះជាម្ចាស់ ទុកជាព្រះដែរ។ សភាពរបស់មនុស្សសព្វថ្ងៃនេះ គឺបែបនេះឯង។ ពេលនេះ សូមយើងក្រឡេកមើលពីយ៉ូបម្ដងទៀត។ ដំបូងបង្អស់ តើគាត់បានចរចាជាមួយព្រះជាម្ចាស់ដែរឬទេ? ក្នុងការប្រកាន់ខ្ជាប់តាមផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់នេះ តើគាត់មានចេតនាលាក់កំបាំងដែរឬទេ? នៅគ្រានោះ តើព្រះជាម្ចាស់បានមានបន្ទូលប្រាប់នរណាម្នាក់ពីទីបញ្ចប់ដែលនឹងត្រូវមកដល់ដែរឬទេ? នៅគ្រានោះ ព្រះជាម្ចាស់ពុំបានសន្យាជាមួយនរណាម្នាក់អំពីទីបញ្ចប់អ្វីទេ រីឯការដែលយ៉ូបអាចកោតខ្លាចព្រះជាម្ចាស់ ហើយអាចគេចចេញពីសេចក្ដីអាក្រក់បាន គឺផ្ទុយទៅនឹងសាវតារនៃរឿងនេះ។ តើមនុស្សសព្វថ្ងៃធ្វើបានដូចយ៉ូបទេ? គឺមានភាពខុសគ្នាច្រើនខ្លាំងណាស់ ពួកគេស្ថិតក្នុងកម្រិតខុសពីគ្នា។ ទោះបីជាយ៉ូបគ្មានចំណេះដឹងអ្វីច្រើនអំពីព្រះជាម្ចាស់ក៏ពិតមែន ក៏ប៉ុន្តែគាត់បានប្រគល់ដួងចិត្តរបស់គាត់ថ្វាយដល់ព្រះជាម្ចាស់ ហើយដួងចិត្តគាត់ជាកម្មសិទ្ធរបស់ព្រះជាម្ចាស់។ គាត់មិនដែលចរចាជាមួយព្រះជាម្ចាស់ទេ ក៏មិនដែលមានក្ដីប្រាថ្នា ឬការទាមទារហួសហេតុពីព្រះជាម្ចាស់នោះដែរ ផ្ទុយទៅវិញ គាត់ជឿថា «ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ»។ នេះគឺជាអ្វីដែលគាត់បានឃើញ និងបានទទួលតាមរយៈការប្រកាន់ខ្ជាប់តាមផ្លូវនៃការកោតដល់ខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ក្នុងអំឡុងជីវិតរស់នៅជាច្រើនឆ្នាំរបស់គាត់។ ដូចគ្នានេះដែរ គាត់ក៏បានទទួលលទ្ធផលដែលបង្ហាញតាមឃ្លាថា៖ «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» ប្រយោគទាំងពីរនេះ គឺជាអ្វីដែលគាត់បានឃើញ និងបានដឹងដោយសារអាកប្បកិរិយានៃការស្ដាប់បង្គាប់របស់គាត់ចំពោះព្រះជាម្ចាស់ ក្នុងអំឡុងបទពិសោធជីវិតរបស់គាត់ ហើយនេះក៏ជាគ្រឿងសាស្ត្រាវុធដ៏មានអនុភាពបំផុត ដែលគាត់បានប្រើដើម្បីយកឈ្នះនៅក្នុងគ្រានៃសេចក្ដីល្បួងរបស់សាតាំង ហើយនេះក៏ជាគ្រឹះនៃការដែលគាត់ប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់គាត់ចំពោះព្រះជាម្ចាស់ដែរ។ ត្រង់ចំណុចនេះ តើអ្នកមាននឹកគិតក្នុងចិត្តថា យ៉ូបជាមនុស្សគួរឱ្យស្រឡាញ់ទេ? តើអ្នករាល់គ្នាសង្ឃឹមចង់ក្លាយជាមនុស្សបែបនេះទេ? តើអ្នករាល់គ្នាមានភ័យខ្លាចថានឹងត្រូវឆ្លងកាត់ការល្បួងរបស់សាតាំងទេ? តើអ្នករាល់គ្នាតាំងចិត្តអធិដ្ឋានទូលសុំឱ្យព្រះជាម្ចាស់ ឱ្យដាក់អ្នករាល់គ្នាទៅក្នុងការល្បងលដូចយ៉ូបដែរឬទេ? គ្មានអ្វីត្រូវឆ្ងល់នោះទេ មនុស្សភាគច្រើនមុខជាមិនហ៊ានអធិដ្ឋានទូលសុំអ្វីបែបនេះឡើយ។ ដូច្នេះ នេះជាភស្តុតាងបញ្ជាក់ថា សេចក្ដីជំនឿរបស់អ្នករាល់គ្នាតូចទាបខ្លាំងណាស់។ បើធៀបទៅនឹងយ៉ូប សេចក្ដីជំនឿរបស់អ្នករាល់គ្នា មិនសមនឹងលើកមកនិយាយផង។ អ្នករាល់គ្នាជាសត្រូវរបស់ព្រះជាម្ចាស់ អ្នករាល់គ្នាមិនកោតខ្លាចដល់ព្រះជាម្ចាស់ឡើយ អ្នករាល់គ្នាមិនអាចប្រកាន់ខ្ចាប់នូវទីបន្ទាល់របស់ខ្លួនថ្វាយព្រះជាម្ចាស់បានឡើយ ហើយអ្នករាល់គ្នា ក៏មិនអាចយកឈ្នះលើការវាយប្រហារ ការចោទប្រកាន់ និងការល្បួងពីសំណាក់សាតាំងបាននោះដែរ។ តើអ្វីដែលធ្វើឱ្យអ្នករាល់គ្នាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាននូវសេចក្ដីសន្យាពីព្រះជាម្ចាស់នោះ? បន្ទាប់ពីបានស្ដាប់រឿងរបស់យ៉ូប និងបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការសង្គ្រោះមនុស្ស និងបានយល់ពីអត្ថន័យនៃសេចក្ដីសង្គ្រោះរបស់មនុស្សហើយ តើពេលនេះអ្នករាល់គ្នាមានសេចក្ដីជំនឿក្នុងការទទួលយកការល្បងលដូចយ៉ូបដែរឬទេ? តើអ្នកគួរមានការតាំងចិត្តតិចតួច ដើម្បីឱ្យខ្លួនអ្នកអាចដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ដែរឬទេ?

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៨

មិនត្រូវមានការសង្ស័យពីការល្បងលរបស់ព្រះជាម្ចាស់ឡើយ

បន្ទាប់ពីទទួលបានទីបន្ទាល់ពីយ៉ូបក្រោយពេលការល្បងលរបស់គាត់បញ្ចប់ ព្រះជាម្ចាស់ក៏បានតាំងព្រះទ័យថា ព្រះអង្គនឹងទទួលយកមនុស្សដូចយ៉ូបឱ្យបានមួយក្រុម ឬច្រើនក្រុមជាងនេះផង ប៉ុន្តែទ្រង់ក៏បានតាំងព្រះទ័យដែរថានឹងមិនបណ្ដោយឱ្យសាតាំងវាយប្រហារ ឬធ្វើបាបមនុស្សណាផ្សេងទៀតណា ដោយប្រើមធ្យោបាយដែលវាធ្លាប់ល្បួង វាយប្រហារ និងធ្វើបាបយ៉ូបតាមរយៈការភ្នាល់ជាមួយព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យសាតាំងធ្វើរឿងបែបនេះមកលើមនុស្សដែលទន់ខ្សោយ ល្ងីល្ងើ និងល្ងង់ខ្លៅទៀតទេ ព្រោះការដែលសាតាំងល្បួងយ៉ូបនោះ គឺគ្រប់គ្រាន់ហើយ! ការដែលមិនបណ្ដោយឱ្យសាតាំងធ្វើបាបមនុស្សតាមដែលចិត្តវាចង់នោះ គឺជាសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់។ ចំពោះព្រះជាម្ចាស់ ការដែលយ៉ូបបានរងនូវការល្បួង និងការធ្វើបាបពីសាតាំងនោះ គឺវាគ្រប់គ្រាន់ណាស់ទៅហើយ។ ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យសាតាំងធ្វើរឿងបែបនេះម្ដងទៀតនោះទេ ដ្បិតជីវិត និងអ្វីគ្រប់យ៉ាងរបស់អ្នកដែលដើរតាមព្រះជាម្ចាស់ សុទ្ធតែត្រូវបានគ្រប់គ្រង និងចាត់ចែងដោយព្រះជាម្ចាស់ទាំងអស់ ហើយសាតាំងពុំមានសិទ្ធិមកបញ្ជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់តាមអំពើចិត្តបានឡើយ។ អ្នករាល់គ្នាគប្បីយល់ពីចំណុចនេះឱ្យបានច្បាស់! ព្រះជាម្ចាស់ខ្វល់ព្រះទ័យនឹងចំណុចខ្សោយរបស់មនុស្ស ហើយជ្រាបពីភាពល្ងីល្ងើ និងភាពល្ងង់ខ្លៅរបស់គេ។ ទោះដើម្បីឱ្យមនុស្សអាចត្រូវបានសង្គ្រោះទាំងស្រុង ព្រះជាម្ចាស់ត្រូវតែប្រគល់មនុស្សទៅឱ្យសាតាំងក៏ពិតមែន ក៏ប៉ុន្តែព្រះជាម្ចាស់មិនព្រមទ្រាំទតមើលមនុស្សត្រូវសាតាំងយកទៅលេងសើច និងធ្វើបាបនោះទេ ហើយព្រះអង្គក៏មិនចង់ទតឃើញមនុស្សរងទុក្ខវេទនារហូតនោះដែរ។ មនុស្សត្រូវព្រះជាម្ចាស់បង្កើតមក ហើយការដែលព្រះជាម្ចាស់គ្រប់គ្រង និងរៀបចំគ្រប់យ៉ាងពាក់ព័ន្ធនឹងមនុស្សនេះ គឺត្រូវបានបញ្ញត្តិទុកដោយស្ថានសួគ៌ និងទទួលស្គាល់ដោយផែនដី។ នេះគឺជាទំនួលខុសត្រូវរបស់ព្រះជាម្ចាស់ ហើយនេះគឺជាសិទ្ធិអំណាចដែលព្រះជាម្ចាស់ប្រើដើម្បីគ្រប់គ្រងលើរបស់សព្វសារពើ! ព្រះជាម្ចាស់មិនបណ្ដោយឱ្យសាតាំងធ្វើបាប និងប្រព្រឹត្តមិនសមរម្យដាក់មនុស្សតាមអំពើចិត្តទេ ទ្រង់ក៏មិនបណ្ដោយឱ្យសាតាំងប្រើមធ្យោបាយផ្សេងៗមកនាំមនុស្សឱ្យវង្វេងដែរ ហើយជាងនេះទៅទៀត ព្រះអង្គក៏មិនបណ្ដោយឱ្យសាតាំងជ្រៀតជ្រែកក្នុងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើមនុស្ស ក៏មិនអនុញ្ញាតឱ្យសាតាំងជាន់ឈ្លី និងបំផ្លាញក្រឹត្យក្រមដែលព្រះជាម្ចាស់គ្រប់គ្រងលើរបស់សព្វសារពើនោះដែរ នេះមិនបាច់និយាយដល់កិច្ចការដ៏អស្ចារ្យនៃការគ្រប់គ្រង និងការសង្គ្រោះមនុស្សជាតិផង! មនុស្សណាដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សង្គ្រោះ ហើយមនុស្សណាដែលអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់បាន គឺជាចំណុចស្នូល និងជាកញ្ចក់ឆ្លុះពីកិច្ចការនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ហើយក៏ជាតម្លៃនៃការខំប្រឹងប្រែងរបស់ទ្រង់នៅក្នុងកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំនេះដែរ។ តើព្រះជាម្ចាស់អាចប្រគល់មនុស្សទាំងនេះទៅឱ្យសាតាំងដោយងាយៗយ៉ាងដូចម្ដេចបានទៅ?

មនុស្សតែងតែខ្វល់ខ្វាយ និងភ័យខ្លាចការល្បងលរបស់ព្រះជាម្ចាស់ តែពួកគេបែរជារស់នៅក្នុងអន្ទាក់របស់សាតាំង និងរស់នៅក្នុងដែនដីគ្រោះថ្នាក់ ដែលពួកគេត្រូវសាតាំងវាយប្រហារ និងធ្វើបាបគ្រប់ពេលទៅវិញ។ ពួកគេបែរជាគ្មានការភ័យខ្លាច ឬការព្រួយបារម្ភអ្វីសោះទៅវិញ។ តើមានរឿងអ្វី? សេចក្ដីជំនឿរបស់មនុស្សលើព្រះជាម្ចាស់ ត្រូវបានកំហិតត្រឹមអ្វីដែលគេអាចមើលឃើញប៉ុណ្ណោះ។ គេគ្មានការយល់ដឹងពីសេចក្ដីស្រឡាញ់ និងព្រះទ័យព្រួយបារម្ភរបស់ព្រះជាម្ចាស់ និងភាពទន់ភ្លន់ និងព្រះទ័យគិតគូររបស់ទ្រង់ចំពោះមនុស្សសូម្បីបន្តិចណាឡើយ។ ប៉ុន្តែដោយសារការខ្លាចរអាបន្តិចបន្តួច ការភ័យខ្លាចចំពោះការល្បងល ការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងឫទ្ធានុភាព និងសេចក្ដីក្រោធរបស់ព្រះជាម្ចាស់នេះ ទើបបានជាមនុស្សគ្មានការយល់ដឹងពីចេតនាល្អរបស់ព្រះជាម្ចាស់សូម្បីតែបន្តិចណាឡើយ។ នៅពេលនិយាយដល់ការល្បងល មនុស្សមានអារម្មណ៍ហាក់ដូចជា ព្រះជាម្ចាស់មានចេតនាលាក់កំបាំងច្រើន ហើយមនុស្សខ្លះថែមទាំងជឿថា ព្រះជាម្ចាស់មានបង្កប់គ្រោងការអាក្រក់ និងមិនដឹងថាព្រះជាម្ចាស់នឹងធ្វើអ្វីដាក់ពួកគេនោះទេ។ ដូច្នេះ ក្នុងពេលដែលពួកគេកំពុងស្រែកពីការស្ដាប់បង្គាប់តាមអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ពួកគេក៏ធ្វើគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីប្រឆាំងទាស់នឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើមនុស្ស និងការរៀបចំរបស់ទ្រង់សម្រាប់មនុស្សផងដែរ ដ្បិតពួកគេជឿថា ប្រសិនបើពួកគេមិនប្រយ័ត្នទេ នោះពួកគេនឹងត្រូវព្រះជាម្ចាស់នាំវង្វេងមិនខាន ហើយថា ប្រសិនបើពួកគេមិនក្ដាប់វាសនាខ្លួននៅក្នុងដៃពួកគេទេ នោះគ្រប់យ៉ាងដែលពួកគេមាន នឹងត្រូវព្រះជាម្ចាស់ដកយកទៅវិញមិនខាន ហើយជីវិតរបស់ពួកគេក៏អាចនឹងត្រូវបញ្ចប់ផងដែរ។ មនុស្សស្ថិតនៅក្នុងជំរុំរបស់សាតាំង ប៉ុន្តែ គេមិនដែលព្រួយបារម្ភពីការដែលខ្លួនគេត្រូវសាតាំងធ្វើបាបឡើយ ហើយគេត្រូវសាតាំងធ្វើបាប តែគេក៏មិនដែលភ័យខ្លាចត្រូវសាតាំងចាប់ជាឈ្លើយនោះដែរ។ គេនៅតែនិយាយថា គេទទួលសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ តែគេមិនដែលទុកចិត្តលើព្រះជាម្ចាស់ ឬជឿថា ព្រះជាម្ចាស់នឹងសង្គ្រោះមនុស្សឱ្យរួចពីក្រញាំរបស់សាតាំងយ៉ាងពិតប្រាកដឡើយ។ ប្រសិនបើមនុស្សអាចចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់បាន ហើយអាចប្រគល់លក្ខណៈទាំងស្រុងរបស់គេទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់បាន ដូច្នេះតើទីបញ្ចប់របស់គេនឹងមិនដូចជាទីបញ្ចប់របស់យ៉ូប ដែលជាការទទួលបានព្រះពរពីព្រះជាម្ចាស់ទេឬអី? ប្រសិនបើមនុស្សអាចទទួលយក ហើយចុះចូលនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់បាន តើមានអ្វីត្រូវខាតបង់ទៅ? ដូច្នេះ ខ្ញុំសូមទូន្មានអ្នករាល់គ្នាឱ្យប្រយ័ត្នចំពោះទង្វើរបស់អ្នករាល់គ្នា ហើយប្រុងប្រយ័ត្នចំពោះគ្រប់យ៉ាង ដែលបម្រុងនឹងកើតចំពោះអ្នករាល់គ្នា។ ចូរកុំប្រញាប់ប្រញាល់ ឬធ្វើតាមអំពើចិត្តអី ហើយមិនត្រូវប្រព្រឹត្តដាក់ព្រះជាម្ចាស់ ព្រមទាំងមនុស្ស បញ្ហា និងវត្ថុដែលព្រះអង្គបានរៀបចំសម្រាប់អ្នករាល់គ្នា ទៅតាមអារម្មណ៍ឆេវឆាវ និងចរិតពីកំណើតរបស់អ្នករាល់គ្នា ឬប្រព្រឹត្តទៅតាមការស្រមើស្រមៃ និងសញ្ញាណរបស់អ្នករាល់គ្នាឡើយ។ អ្នកត្រូវប្រយ័ត្នចំពោះទង្វើរបស់អ្នក ហើយត្រូវអធិដ្ឋាន និងស្វែងរកបន្ថែមទៀត ដើម្បីចៀសពីការដុតបញ្ឆេះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ ចូរចងចាំពីសេចក្ដីនេះទុកចុះ!

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៥៩

យ៉ូបក្រោយពេលត្រូវល្បងលរួច (អត្ថបទសម្រាំង)

យ៉ូប ៤២:៧-៩ ក្រោយពេលព្រះយេហូវ៉ាបានថ្លែងព្រះបន្ទូលទាំងនេះដល់យ៉ូបហើយ ព្រះអង្គក៏មានបន្ទូលទៅអេលីផាស ជាសាសន៍ថេម៉ានថា សេចក្ដីក្រោធរបស់ខ្ញុំឆេះទាស់នឹងអ្នក ព្រមទាំងសម្លាញ់ពីរនាក់របស់អ្នកផង៖ ដ្បិតអ្នកមិនបាននិយាយត្រឹមត្រូវពីខ្ញុំ ដូចយ៉ូបដែលជាអ្នកបម្រើខ្ញុំទេ។ ដូច្នេះ ចូរអ្នកយកគោឈ្មោលប្រាំពីរក្បាល និងយកចៀមឈ្មោលប្រាំពីរក្បាលទៅឱ្យយ៉ូបជាអ្នកបម្រើខ្ញុំ រួចថ្វាយជាតង្វាយដុតសម្រាប់ខ្លួនអ្នករាល់គ្នា ហើយឱ្យយ៉ូប ជាអ្នកបម្រើខ្ញុំអធិស្ឋានឱ្យអ្នករាល់គ្នា ដ្បិតខ្ញុំនឹងទទួលពាក្យគាត់ មិនដូច្នោះទេ ខ្ញុំនឹងប្រព្រឹត្តនឹងអ្នករាល់គ្នា តាមសេចក្ដីលេលារបស់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាមិនបានពោលពាក្យដែលត្រឹមត្រូវពីខ្ញុំ ដូចយ៉ូបដែលជាអ្នកបម្រើខ្ញុំ។ ហេតុនោះ អេលីផាស់ ដែលជាសាសន៍ថេម៉ាន និងប៊ីលដាឌ ជាសាសន៍ស៊ូអា និងសូផារ ជាសាសន៍ន៉ាអាម៉ា ក៏ចេញទៅ ហើយបានធ្វើតាមដែលព្រះយេហូវ៉ាបានបង្គាប់ដល់ពួកគេ៖ ព្រះយេហូវ៉ាក៏បានទទួលតាមពាក្យយ៉ូបដែរ។

យ៉ូប ៤២:១០ ព្រះយេហូវ៉ាបានប្រោសយ៉ូបឱ្យរួចពីចំណង កាលលោកអធិស្ឋានឱ្យសម្លាញ់របស់លោក៖ ព្រះយេហូវ៉ាក៏បានប្រទានឱ្យលោកមានលើសដើមទ្វេដងវិញ។

យ៉ូប ៤២:១២ ហេតុនោះ ព្រះយេហូវ៉ាក៏ប្រទានពរយ៉ូប ក្នុងគ្រាក្រោយនោះ លើសជាងពីគ្រាដំបូងផង ដ្បិតគាត់មានចៀមរហូតដល់ទៅមួយម៉ឺនបួនពាន់ក្បាល និងអូដ្ឋប្រាំមួយពាន់ក្បាល មានគោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។

យ៉ូប ៤២:១៧ ដូច្នេះ លោកយ៉ូបក៏ស្លាប់ ក្នុងពេលដែលលោកមានអាយុយឺនយូរ ហើយស្កប់ស្កល់នឹងជីវិតផង។

មនុស្សណាដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ត្រូវព្រះជាម្ចាស់ទតមើលដោយព្រះទ័យស្រឡាញ់ពេញចិត្ត រីឯមនុស្សណាដែលល្ងង់ខ្លៅ ត្រូវព្រះជាម្ចាស់ចាត់ទុកជាមនុស្សថោកទាប

នៅក្នុងកណ្ឌគម្ពីរយ៉ូប ៤២:៧-៩ ព្រះជាម្ចាស់មានបន្ទូលថា យ៉ូបជាអ្នកបម្រើរបស់ទ្រង់។ ការដែលទ្រង់ប្រើពាក្យ «អ្នកបម្រើ» នេះ ដើម្បីសំដៅលើយ៉ូប បង្ហាញថាយ៉ូបសំខាន់នៅក្នុងព្រះទ័យរបស់ទ្រង់។ ទោះព្រះជាម្ចាស់ពុំបានហៅយ៉ូបឱ្យបានខ្ពង់ខ្ពស់ជាងនេះ ក៏ការហៅនេះពុំមានឥទ្ធិពលអាក្រក់អ្វីដល់សារៈសំខាន់របស់យ៉ូប នៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ដែរ។ ការហៅថា «អ្នកបម្រើ» នៅត្រង់នេះ ជាសម្មតិនាម ដែលព្រះជាម្ចាស់ដាក់ឱ្យយ៉ូប។ ការដែលព្រះជាម្ចាស់លើកឡើងជាច្រើនដងថា «យ៉ូបជាអ្នកបម្រើខ្ញុំ» បង្ហាញថាព្រះអង្គសព្វព្រះទ័យនឹងយ៉ូបណាស់។ ទោះព្រះជាម្ចាស់មិនបានមានព្រះបន្ទូលអំពីអត្ថន័យនៃពាក្យថា «អ្នកបម្រើ» នេះក៏ដោយ ក៏និយមន័យរបស់ព្រះជាម្ចាស់ចំពោះពាក្យថា «អ្នកបម្រើ» នេះ អាចមើលឃើញបានតាមរយៈអត្ថបទគម្ពីរនេះដែរ។ ដំបូង ព្រះជាម្ចាស់មានបន្ទូលទៅកាន់អេលីផាស ជាសាសន៍ថេម៉ានថា៖ «សេចក្ដីក្រោធរបស់ខ្ញុំឆេះទាស់នឹងអ្នក ព្រមទាំងសម្លាញ់ពីរនាក់របស់អ្នកផង៖ ដ្បិតអ្នកមិនបាននិយាយត្រឹមត្រូវពីខ្ញុំ ដូចយ៉ូបដែលជាអ្នកបម្រើខ្ញុំទេ»។ ព្រះបន្ទូលនេះគឺជាលើកទីមួយហើយដែលព្រះជាម្ចាស់ថ្លែងប្រាប់មនុស្សដោយបើកចំហថា ព្រះអង្គទទួលយកគ្រប់យ៉ាងដែលយ៉ូបនិយាយ និងបានធ្វើ បន្ទាប់ពីព្រះជាម្ចាស់បានល្បងលគាត់រួច ហើយក៏ជាលើកទីមួយដែរ ដែលព្រះអង្គបញ្ជាក់ដោយបើកចំហពីសុក្រឹត្យភាព និងភាពត្រឹមត្រូវនៃអ្វីគ្រប់យ៉ាងដែលយ៉ូបបានធ្វើ និងបាននិយាយ។ ព្រះជាម្ចាស់ខ្ញាល់នឹងអេលីផាស និងអ្នកដទៃ ដោយសារតែការនិយាយស្ដីមិនត្រឹមត្រូវ មិនសមហេតុផលរបស់ពួកគេ ដ្បិតពួកគេក៏មិនអាចមើលឃើញការលេចមករបស់ព្រះជាម្ចាស់ ឬស្ដាប់ឮព្រះបន្ទូលដែលព្រះអង្គថ្លែងមកនៅក្នុងជីវិតរបស់ពួកគេដូចជាយ៉ូបដែរ តែយ៉ូបបែរជាមានចំណេះដឹងយ៉ាងប្រត្យក្សអំពីព្រះជាម្ចាស់ ចំណែកឯពួកគេវិញ បានត្រឹមតែគិតស្មានពីព្រះជាម្ចាស់ទាំងងងឹតងងុល ដោយប្រព្រឹត្តទាស់នឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយសាកល្បងភាពអត់ធ្មត់របស់ទ្រង់នៅគ្រប់កិច្ចការដែលពួកគេធ្វើផង។ ហេតុដូច្នេះហើយ ក្នុងពេលដែលព្រះជាម្ចាស់កំពុងទទួលយកគ្រប់យ៉ាងដែលយ៉ូបបានធ្វើ និងបាននិយាយនោះ ព្រះអង្គក៏កាន់តែមានសេចក្ដីក្រោធនឹងអ្នកដទៃដែរ ដ្បិតនៅក្នុងខ្លួនពួកគេ ព្រះអង្គមិនត្រឹមតែមិនអាចទតឃើញពីការកោតខ្លាចដល់ព្រះជាម្ចាស់ដោយពិតប្រាកដនោះទេ ប៉ុន្តែព្រះអង្គក៏ទតមិនឃើញពីការកោតខ្លាចដល់ព្រះជាម្ចាស់នៅក្នុងពាក្យសម្ដីដែលគេនិយាយស្ដីសូម្បីបន្តិចណាសោះដែរ។ ហេតុនេះហើយទើបក្រោយមកទៀត ព្រះជាម្ចាស់បានបង្គាប់ពួកគេដូច្នេះថា៖ «ដូច្នេះ ចូរអ្នកយកគោឈ្មោលប្រាំពីរក្បាល និងយកចៀមឈ្មោលប្រាំពីរក្បាលទៅឱ្យយ៉ូបជាអ្នកបម្រើខ្ញុំ រួចថ្វាយជាតង្វាយដុតសម្រាប់ខ្លួនអ្នករាល់គ្នា ហើយឱ្យយ៉ូប ជាអ្នកបម្រើខ្ញុំអធិស្ឋានឱ្យអ្នករាល់គ្នា ដ្បិតខ្ញុំនឹងទទួលពាក្យគាត់ មិនដូច្នោះទេ ខ្ញុំនឹងប្រព្រឹត្តនឹងអ្នករាល់គ្នា តាមសេចក្ដីលេលារបស់អ្នករាល់គ្នា»។ នៅក្នុងអត្ថបទគម្ពីរនេះ ព្រះជាម្ចាស់កំពុងថ្លែងប្រាប់ទៅអេលីផាស និងអ្នកដទៃទៀត ឱ្យធ្វើកិច្ចការដែលនឹងប្រោសលោះអំពើបាបរបស់ពួកគេ ដ្បិតភាពលេលារបស់ពួកគេ គឺជាអំពើបាបទាស់នឹងព្រះយេហូវ៉ាដ៏ជាព្រះ ហេតុនេះហើយ ពួកគេត្រូវតែថ្វាយតង្វាយដុត ដើម្បីលុបលាងកំហុសរបស់ពួកគេ។ ជាទូទៅ តង្វាយដុតត្រូវថ្វាយទៅព្រះជាម្ចាស់ជារឿយៗ ប៉ុន្តែអ្វីដែលខុសប្រក្រតីពាក់ព័ន្ធនឹងតង្វាយដុតនេះគឺថា តង្វាយដុតនេះត្រូវប្រគល់ឱ្យទៅយ៉ូប។ ព្រះជាម្ចាស់បានទទួលយកយ៉ូប ដ្បិតគាត់បានធ្វើបន្ទាល់អំពីព្រះជាម្ចាស់នៅក្នុងគ្រាដែលគាត់ត្រូវល្បងល។ ចំណែកឯសម្លាញ់របស់យ៉ូបទាំងប៉ុន្មាននាក់នេះវិញ ត្រូវបានលាតត្រដាងនៅក្នុងគ្រាដែលគាត់ត្រូវល្បងល។ ដោយសារតែភាពលេលារបស់ពួកគេនេះហើយ ទើបពួកគេត្រូវព្រះជាម្ចាស់ថ្កោលទោស។ ពួកគេបានបញ្ឆេះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ម្ល៉ោះហើយពួកគេគួរតែត្រូវព្រះជាម្ចាស់ដាក់ទោស គឺដាក់ទោសដោយថ្វាយតង្វាយដុតនៅចំពោះមុខយ៉ូប ហើយបន្ទាប់មក យ៉ូបក៏អធិដ្ឋានឱ្យពួកគេ ដើម្បីសុំលើកលែងការដាក់ទោស និងសេចក្ដីក្រោធដែលព្រះជាម្ចាស់មានចំពោះពួកគេ។ ព្រះជាម្ចាស់មានចេតនា ធ្វើឱ្យពួកគេអាម៉ាស់មុខ ដ្បិតពួកគេមិនមែនជាមនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ឡើយ ហើយពួកគេបានថ្កោលទោសសេចក្ដីសុចរិតរបស់យ៉ូបផង។ ក្នុងន័យមួយ ព្រះជាម្ចាស់កំពុងថ្លែងប្រាប់ពួកគេថា ព្រះអង្គមិនទទួលយកទង្វើរបស់គេទេ ប៉ុន្តែ ព្រះអង្គទទួលយក និងសព្វព្រះទ័យនឹងយ៉ូបណាស់។ ឯក្នុងន័យមួយទៀត ព្រះជាម្ចាស់កំពុងថ្លែងប្រាប់ពួកគេថា ការដែលត្រូវព្រះជាម្ចាស់ទទួលយក គឺជាការលើកមនុស្សឡើងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ស្អប់មនុស្សដោយសារភាពលេលារបស់គេ ហើយភាពលេលារបស់គេនេះហើយដែលប្រមាថដល់ព្រះជាម្ចាស់ និងជាលក្ខណៈអន់ថយ និងថោកទាបនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ ទាំងអស់នេះហើយគឺជានិយមន័យដែលព្រះជាម្ចាស់កំណត់សម្រាប់មនុស្សពីរប្រភេទ ហើយក៏ជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងអំពីតម្លៃ និងឋានៈរបស់មនុស្សទាំងពីរប្រភេទនេះដែរ។ ទោះព្រះជាម្ចាស់ហៅយ៉ូបថាជាអ្នកបម្រើរបស់ទ្រង់ក៏ដោយ ក៏នៅក្នុងព្រះនេត្ររបស់ទ្រង់ អ្នកបម្រើម្នាក់នេះ ជាមនុស្សសំណព្វ ហើយត្រូវប្រទានសិទ្ធិអំណាចដើម្បីអធិដ្ឋានឱ្យអ្នកដទៃ និងអត់ទោសដល់អំពើខុសឆ្គងរបស់ពួកគេផង។ អ្នកបម្រើនេះអាចទូលទៅព្រះជាម្ចាស់ដោយផ្ទាល់ និងអាចមកចំពោះព្រះជាម្ចាស់ដោយផ្ទាល់ ហើយឋានៈរបស់គាត់ក៏ខ្ពង់ខ្ពស់ និងមានកិត្តិយសជាងអ្នកដទៃទៀតដែរ។ នេះគឺជាអត្ថន័យពិតប្រាកដនៃពាក្យ «អ្នកបម្រើ» ដែលព្រះជាម្ចាស់បានមានបន្ទូលនោះ។ យ៉ូបត្រូវបានប្រទានកិត្តិយសដ៏ពិសេសនេះ ដោយសារតែការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ចំណែកមូលហេតុដែលអ្នកដទៃមិនត្រូវបានព្រះជាម្ចាស់ហៅថាជាអ្នកបម្រើ គឺមកពីពួកគេមិនកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់។ អាកប្បកិរិយារបស់ព្រះជាម្ចាស់ទាំងពីរដែលខុសគ្នាស្រឡះនេះ គឺជាអាកប្បកិរិយាដែលទ្រង់មានចំពោះមនុស្សទាំងពីរប្រភេទ៖ អ្នកដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ត្រូវបានព្រះជាម្ចាស់ទទួលយក ហើយចាត់ទុកជារបស់មានតម្លៃនៅក្នុងព្រះនេត្ររបស់ទ្រង់ ចំណែកឯមនុស្សដែលល្ងង់ខ្លៅ មិនកោតខ្លាចដល់ព្រះជាម្ចាស់ មិនអាចគេចចេញពីសេចក្ដីអាក្រក់បាន ហើយមិនអាចទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់ នោះពួកគេត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងថ្កោលទោសជារឿយៗ ហើយជាមនុស្សថោកទាបនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។

ព្រះជាម្ចាស់ប្រទានសិទ្ធិអំណាដល់យ៉ូប

យ៉ូបបានអធិដ្ឋានឱ្យសម្លាញ់របស់គាត់ ហើយបន្ទាប់មក ដោយសារតែការអធិដ្ឋានរបស់យ៉ូប ទើបព្រះជាម្ចាស់មិនបានដោះស្រាយជាមួយពួកគេឱ្យសមនឹងភាពលេលារបស់ពួកគេ។ ព្រះអង្គមិនបានដាក់ទោសពួកគេ ឬសងសឹកពួកគេឡើយ។ ហេតុអ្វីបែបនេះ? នោះគឺមកពីការអធិដ្ឋានដែលយ៉ូប ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ បានអធិដ្ឋានឱ្យពួកគេនោះ បានឮដល់ព្រះការណ៍របស់ទ្រង់។ ព្រះជាម្ចាស់អត់ទោសដល់ពួកគេ ដោយសារទ្រង់ទទួលយកការអធិដ្ឋានរបស់យ៉ូប។ ដូច្នេះ តាមរយៈចំណុចនេះ តើយើងមើលឃើញអ្វីខ្លះ? នៅពេលដែលព្រះជាម្ចាស់ប្រទានពរដល់នរណាម្នាក់ ព្រះអង្គប្រទានរង្វាន់ជាច្រើនដល់គេ មិនមែនត្រឹមតែជារង្វាន់ខាងសម្ភារៈនោះទេ៖ ព្រះជាម្ចាស់ក៏ប្រទានសិទ្ធអំណាចដល់ពួកគេ ប្រទានសិទ្ធិឱ្យពួកគេអធិដ្ឋានឱ្យអ្នកដទៃ ហើយព្រះជាម្ចាស់ក៏បំភ្លេច និងទតរំលងពីអំពើរំលងរបស់មនុស្ស ដោយសារតែទ្រង់ព្រះសណ្ដាប់ឮពាក្យអធិដ្ឋានទាំងអស់នេះ។ នេះគឺជាសិទ្ធិអំណាចដែលព្រះជាម្ចាស់បានប្រទានដល់យ៉ូប។ ព្រះយេហូវ៉ាដ៏ជាព្រះ ក៏បានធ្វើឱ្យមនុស្សល្ងង់ខ្លៅអាម៉ាស់មុខតាមរយៈពាក្យអធិដ្ឋានរបស់យ៉ូបផងដែរ ហើយជាការពិតណាស់ នោះគឺជាការដាក់ទោសពិសេសរបស់ទ្រង់ចំពោះអេលីផាស និងអ្នកដទៃទៀត។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦០

យ៉ូបត្រូវព្រះជាម្ចាស់ប្រទានព្រះពរសាជាថ្មី ហើយលែងត្រូវសាតាំងចោទប្រកាន់ទៀត

ក្នុងចំណោមព្រះបន្ទូលរបស់ព្រះយេហូវ៉ាដ៏ជាព្រះ គឺមានព្រះបន្ទូលថា «អ្នករាល់គ្នាមិនបានពោលពាក្យដែលត្រឹមត្រូវពីខ្ញុំ ដូចយ៉ូបដែលជាអ្នកបម្រើខ្ញុំ»។ តើយ៉ូបបាននិយាយអ្វីខ្លះ? នោះគឺចំណុចដែលយើងបាននិយាយពីខាងដើម ក៏ដូចជាពាក្យសម្ដីជាច្រើនទំព័រទៀត នៅក្នុងកណ្ឌគម្ពីរយ៉ូប ដែលបានកត់ត្រាទុកនូវសម្ដីដែលយ៉ូបបាននិយាយ។ នៅក្នុងពាក្យសម្ដីជាច្រើនទំព័រនេះ យ៉ូបពុំដែលមានពាក្យត្អូញត្អែរ ឬការសង្ស័យពីព្រះជាម្ចាស់ឡើយ។ គាត់គ្រាន់តែរង់ចាំឱ្យលទ្ធផលកើតឡើងប៉ុណ្ណោះ។ ការរង់ចាំនេះហើយ គឺជាអាកប្បកិរិយានៃការស្ដាប់បង្គាប់របស់គាត់នោះឯង ហើយដោយសារអាកប្បកិរិយាបែបនេះ ហើយដោយសារពាក្យសម្ដីដែលគាត់បាននិយាយទៅកាន់ព្រះជាម្ចាស់នេះហើយ ទើបធ្វើឱ្យព្រះជាម្ចាស់ទទួលយកយ៉ូប។ នៅពេលដែលគាត់ទទួលរងការល្បងល និងរងទុក្ខលំបាក ព្រះជាម្ចាស់ក៏គង់នៅក្បែរគាត់ ហើយទោះបីជាទុក្ខលំបាករបស់គាត់មិនបានធូរស្បើយ ដោយសារព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ព្រះជាម្ចាស់បានទតឃើញនូវអ្វីដែលព្រះអង្គសព្វព្រះទ័យចង់ទតឃើញ និងបានព្រះសណ្ដាប់នូវអ្វីដែលព្រះអង្គសព្វព្រះទ័យចង់ឮដែរ។ គ្រប់ទាំងទង្វើ និងសម្ដីរបស់យ៉ូប បានឮដល់ព្រះការណ៍ និងបានទតឃើញដោយព្រះនេត្ររបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮ ហើយទ្រង់ក៏បានទតឃើញដែរ។ នេះគឺជាការពិត។ ចំណេះដឹងរបស់យ៉ូបអំពីព្រះជាម្ចាស់ និងការគិតនៅក្នុងចិត្តរបស់គាត់អំពីព្រះជាម្ចាស់ នៅគ្រានោះ ក្នុងអំឡុងពេលនោះ មិនជាក់លាក់ដូចមនុស្សសព្វថ្ងៃនេះក៏ដោយ តែស្ថិតក្នុងបរិបទសម័យនោះ ព្រះជាម្ចាស់នៅតែទទួលស្គាល់គ្រប់យ៉ាងដែលគាត់បាននិយាយដដែល ដ្បិតឥរិយាបថរបស់គាត់ គំនិតនៅក្នុងចិត្តរបស់គាត់ ព្រមទាំងអ្វីដែលគាត់បានសម្ដែងចេញ និងបើកសម្ដែងមកនោះ សមល្មមនឹងសេចក្ដីតម្រូវរបស់ព្រះអង្គហើយ។ នៅក្នុងគ្រាដែលយ៉ូបត្រូវធ្លាក់ទៅក្នុងការល្បងល អ្វីដែលគាត់គិតនៅក្នុងចិត្តរបស់គាត់ និងកិច្ចការដែលគាត់តាំងចិត្តធ្វើ បានបង្ហាញឱ្យព្រះជាម្ចាស់ទតឃើញពីលទ្ធផលមួយ ជាលទ្ធផលដែលគាប់ព្រះទ័យព្រះជាម្ចាស់ ហើយបន្ទាប់ពីនោះមក ព្រះជាម្ចាស់ក៏ដកការល្បងលចេញពីយ៉ូបវិញ រួចយ៉ូបក៏បានងើបចេញពីបញ្ហារបស់គាត់ ហើយការល្បងលមកលើគាត់ ក៏បាត់ទៅវិញ ហើយមិនដែលកើតមានលើគាត់ម្ដងទៀតឡើយ។ ដោយសារតែយ៉ូបត្រូវបានដាក់ក្នុងការល្បងលជាច្រើន ហើយគាត់ក៏បានឈរមាំក្នុងការល្បងលទាំងអស់នោះ និងបានយកឈ្នះលើសាតាំងទាំងស្រុង ទើបព្រះជាម្ចាស់ប្រទានពរឱ្យគាត់ តាមដែលគាត់សមនឹងទទួលបាន។ ដូចបានកត់ត្រាទុកក្នុងកណ្ឌគម្ពីរយ៉ូប ៤២:១០,១២ យ៉ូបត្រូវបានប្រទានពរម្ដងទៀត ហើយព្រះពរនោះច្រើនជាងគ្រាដែលគាត់បានទទួលកាលពីលើកទីមួយទៅទៀត។ នៅពេលនោះ សាតាំងបានដកថយ ហើយលែងនិយាយឬធ្វើអ្វីទៀត ហើយចាប់តាំងពីពេលនោះមក យ៉ូបក៏លែងត្រូវសាតាំងជ្រៀតជ្រែក ឬវាយប្រហារទៀតដែរ ហើយសាតាំងក៏លែងចោទប្រកាន់ទាស់នឹងព្រះពរដែលព្រះជាម្ចាស់ប្រទានដល់យ៉ូបទៀតដែរ។

យ៉ូបចំណាយពេលពាក់កណ្ដាលជីវិតចុងក្រោយរបស់គាត់ នៅក្នុងព្រះពររបស់ព្រះជាម្ចាស់

ទោះបីជាព្រះពររបស់ទ្រង់នៅសម័យនោះ ត្រូវបានកំហិតត្រឹមហ្វូងចៀម ហ្វូងគោ ហ្វូងអូដ្ឋ របស់ទ្រព្យផ្សេងៗ ។ល។ ក៏ពិតមែន ក៏ប៉ុន្តែព្រះពរដែលព្រះជាម្ចាស់ប្រាថ្នាចង់ប្រទានដល់យ៉ូបនៅក្នុងព្រះទ័យរបស់ទ្រង់ គឺច្រើនជាងនេះទៅទៀត។ នៅគ្រានោះ តើមានកំណត់ត្រាពីសេចក្ដីសន្យាអស់កល្បជានិច្ចប្រភេទណាដែលព្រះជាម្ចាស់ប្រាថ្នាចង់ប្រទានដល់យ៉ូបដែរឬទេ? ក្នុងការដែលព្រះជាម្ចាស់ប្រទានពរដល់យ៉ូប ព្រះអង្គមិនបានមានបន្ទូល ឬនិយាយដល់ទីបញ្ចប់របស់គាត់ឡើយ ហើយទោះបីជាយ៉ូបសំខាន់យ៉ាងណា ឬមានឋានៈអ្វីនៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ក៏ដោយ និយាយរួម ព្រះជាម្ចាស់មានខ្នាតច្បាស់លាស់នៅក្នុងការប្រទានពរ។ ព្រះជាម្ចាស់មិនបានប្រកាសពីទីបញ្ចប់របស់យ៉ូបឡើយ។ តើនេះមានន័យដូចម្ដេច? នៅគ្រានោះ នៅពេលដែលផែនការរបស់ព្រះជាម្ចាស់មិនទាន់ឈានដល់ចំណុចដែលត្រូវប្រកាសពីទីបញ្ចប់របស់មនុស្សទេ ហើយផែនការក៏មិនទាន់ឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់ដែរ ដូច្នេះ ព្រះជាម្ចាស់មិនបានមានបន្ទូលអំពីទីបញ្ចប់អ្វីទេ ព្រះអង្គគ្រាន់តែមានបន្ទូលពីការប្រទានពរជារបស់ទ្រព្យដល់មនុស្សតែប៉ុណ្ណោះ។ អត្ថន័យនៃសេចក្ដីនេះគឺ ពាក់កណ្ដាលជីវិតចុងក្រោយរបស់យ៉ូប ត្រូវឆ្លងកាត់ព្រះពររបស់ព្រះជាម្ចាស់ ដែលធ្វើឱ្យគាត់ខុសប្លែកពីមនុស្សដទៃទៀត។ ប៉ុន្តែគាត់ក៏ចាស់ដូចអ្នកដទៃដែរ ហើយដល់ថ្ងៃមួយ គាត់ក៏ត្រូវលាចាកលោកិយនេះដូចមនុស្សធម្មតាឯទៀតដែរ។ ហេតុនេះទើបមានសេចក្ដីកត់ត្រាទុកមកថា «ដូច្នេះ លោកយ៉ូបក៏ស្លាប់ ក្នុងពេលដែលលោកមានអាយុយឺនយូរ ហើយស្កប់ស្កល់នឹងជីវិតផង» (យ៉ូប ៤២:១៧)។ តើពាក្យថា «ស្លាប់ដោយស្កប់ស្កល់នឹងជីវិត» នៅក្នុងបទគម្ពីរនេះ មានន័យដូចម្ដេច? ក្នុងសម័យកាលមុនគ្រាដែលព្រះជាម្ចាស់ប្រកាសពីទីបញ្ចប់របស់មនុស្ស ព្រះជាម្ចាស់បានកំណត់អាយុរស់នៅសម្រាប់យ៉ូប ហើយនៅពេលដែលឈានដល់អាយុកាលនោះ ព្រះអង្គក៏អនុញ្ញាតឱ្យយ៉ូបលាចាកពីលោកីយ៍នេះតាមសម្រួល។ ចាប់តាំងពីពេលដែលយ៉ូបទទួលបានព្រះពរជាលើកទីពីររហូតដល់ពេលដែលគាត់ស្លាប់ទៅវិញ ព្រះជាម្ចាស់ពុំបានបន្ថែមទុក្ខលំបាកអ្វីដល់គាត់ទៀតឡើយ។ ចំពោះព្រះជាម្ចាស់ ការស្លាប់របស់យ៉ូប គឺជារឿងតាមធម្មជាតិ ហើយក៏ជាការចាំបាច់ផងដែរ។ នេះគឺជារឿងធម្មតាបំផុត មិនមែនជាការជំនុំជម្រះ ឬជាការថ្កោលទោសនោះទេ។ នៅពេលដែលគាត់នៅមានជីវិតរស់នៅឡើយ យ៉ូបថ្វាយបង្គំ និងកោតខ្លាចព្រះជាម្ចាស់។ ទាក់ទងទៅនឹងទីបញ្ចប់បែបណាដែលគាត់នឹងត្រូវទទួលបានក្រោយគាត់ស្លាប់ទៅនោះ ព្រះជាម្ចាស់ពុំបានមានបន្ទូលអ្វីសោះឡើយ ហើយក៏មិនបានអធិប្បាយពីរឿងនេះដែរ។ ព្រះជាម្ចាស់ជ្រាបច្បាស់អំពីភាពសមគួរក្នុងសេចក្ដីដែលទ្រង់មានបន្ទូល និងកិច្ចការដែលទ្រង់ធ្វើ ហើយខ្លឹមសារ និងគោលការណ៍នៃព្រះបន្ទូល និងសកម្មភាពរបស់ទ្រង់ ក៏ស្របគ្នាទៅនឹងដំណាក់កាលនៃកិច្ចការរបស់ទ្រង់ និងគ្រាដែលទ្រង់កំពុងធ្វើការនោះដែរ។ នៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ តើមនុស្សម្នាក់ដូចជាយ៉ូបនេះ មានទីបញ្ចប់បែបណា? ក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ តើព្រះអង្គបានសម្រេចព្រះទ័យបែបណាហើយឬនៅ? ព្រះអង្គប្រាកដជាបានសម្រេចព្រះទ័យរួចហើយ! គ្រាន់តែថាមនុស្សមិនបានដឹងពីរឿងនេះតែប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនចង់ប្រាប់មនុស្សទេ ហើយទ្រង់ក៏ពុំមានចេតនានឹងប្រាប់មនុស្សឱ្យដឹងដែរ។ ដូច្នេះ និយាយឱ្យស្រួលស្ដាប់ទៅ យ៉ូបស្លាប់ក្នុងពេលដែលគាត់ស្កប់ស្កល់នឹងជីវិត ហើយខ្សែជីវិតយ៉ូបគឺបែបនេះឯង។

តម្លៃដែលយ៉ូបរស់នៅតាមក្នុងគ្រាដែលគាត់នៅមានជីវិតនៅឡើយ

តើយ៉ូបបានរស់នៅក្នុងជីវិតដែលមានតម្លៃដែរឬទេ? តើតម្លៃនោះស្ថិតនៅត្រង់ណា? ហេតុអ្វីក៏គេនិយាយថា គាត់បានរស់នៅក្នុងជីវិតដែលមានតម្លៃ? ចំពោះមនុស្ស តើអ្វីជាតម្លៃរបស់គាត់? តាមទស្សនៈរបស់មនុស្ស គាត់តំណាងឱ្យមនុស្សជាតិដែលព្រះជាម្ចាស់សព្វព្រះទ័យចង់សង្គ្រោះ ក្នុងការធ្វើបន្ទាល់ដ៏កងរំពងថ្វាយព្រះជាម្ចាស់ នៅចំពោះមុខសាតាំង និងចំពោះមុខមនុស្សនៅក្នុងលោកីយ៍នេះ។ គាត់បានបំពេញភារកិច្ចដែលសត្តនិកររបស់ព្រះជាម្ចាស់គួរតែបំពេញ គាត់បានធ្វើជាឧទាហរណ៍ និងបានដើរតួជាគំរូ សម្រាប់មនុស្សគ្រប់គ្នាដែលព្រះជាម្ចាស់ប្រាថ្នាចង់សង្គ្រោះ ដោយឱ្យមនុស្សមើលឃើញថា ការយកជ័យជម្នះលើសាតាំង គឺជារឿងដែលអាចធ្វើបានទាំងស្រុង ដោយពឹងអាងលើព្រះជាម្ចាស់។ ចំពោះព្រះជាម្ចាស់វិញ តើគាត់មានតម្លៃអ្វី? ចំពោះព្រះជាម្ចាស់ តម្លៃនៃជីវិតរបស់យ៉ូប ស្ថិតនៅលើសមត្ថភាពដែលគាត់អាចកោតខ្លាចដល់ព្រះជាម្ចាស់ ថ្វាយបង្គំព្រះជាម្ចាស់ ធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ និងសរសើរតម្កើងកិច្ចការរបស់ព្រះជាម្ចាស់ ដោយធ្វើឱ្យព្រះជាម្ចាស់បានកម្សាន្តព្រះទ័យ និងនាំសេចក្ដីអំណរថ្វាយដល់ព្រះជាម្ចាស់។ ចំពោះព្រះជាម្ចាស់ តម្លៃនៃជីវិតរបស់យ៉ូបក៏ស្ថិតនៅលើរបៀបដែលយ៉ូបបានឆ្លងកាត់ការល្បងល និងបានយកឈ្នះលើសាតាំង ហើយបានធ្វើទីបន្ទាល់កងរំពងថ្វាយព្រះជាម្ចាស់នៅចំពោះមុខសាតាំង និងចំពោះមុខមនុស្សក្នុងពិភពលោកនេះ នៅមុនពេលដែលគាត់ស្លាប់ ដើម្បីឱ្យព្រះជាម្ចាស់ទទួលបានសិរីល្អពីក្នុងចំណោមមនុស្សជាតិ ដោយធ្វើឱ្យព្រះអង្គបានក្សាន្តព្រះទ័យ និងឱ្យព្រះទ័យដ៏អន្ទះសារបស់ទ្រង់ បានទតឃើញពីលទ្ធផល និងក្ដីសង្ឃឹម។ ទីបន្ទាល់របស់គាត់បានធ្វើជាគំរូមួយ សម្រាប់សមត្ថភាពក្នុងការប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនថ្វាយព្រះជាម្ចាស់ និងសមត្ថភាពក្នុងការធ្វើឱ្យសាតាំងអាម៉ាស់មុខជំនួសព្រះជាម្ចាស់ នៅក្នុងកិច្ចការនៃគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់។ តើនេះមិនមែនជាតម្លៃនៃជីវិតរបស់យ៉ូបទេឬអី? យ៉ូបបាននាំការកម្សាន្តព្រះទ័យដល់ព្រះជាម្ចាស់ គាត់បានថ្វាយព្រះជាម្ចាស់នូវរសជាតិត្រេកអរនឹងការទទួលបានសិរីល្អ និងបានផ្ដល់ការចាប់ផ្ដើមដ៏អស្ចារ្យមួយសម្រាប់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ចាប់ពីចំណុចនេះតទៅ ឈ្មោះរបស់យ៉ូបបានក្លាយជានិមិត្តរូបនៃការទទួលបានសិរីល្អរបស់ព្រះជាម្ចាស់ និងបានក្លាយជាទីសម្គាល់នៃជ័យជម្នះរបស់មនុស្សជាតិលើសាតាំង។ អ្វីដែលយ៉ូបបានរស់នៅតាមក្នុងគ្រាដែលគាត់មានជីវិតនៅឡើយ ក៏ដូចជាជ័យជម្នះដ៏អស្ចារ្យរបស់គាត់លើសាតាំង នឹងត្រូវព្រះជាម្ចាស់សព្វព្រះទ័យអស់កល្បជានិច្ច ហើយភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ និងការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ នឹងត្រូវមនុស្សជំនាន់ក្រោយគោរព និងយកតម្រាប់តាម។ គាត់នឹងត្រូវព្រះជាម្ចាស់សព្វព្រះទ័យអស់កល្បជានិច្ច ប្រៀបដូចជាគជ់ដ៏មានរស្មីចិញ្ចាចល្អឥតខ្ចោះដូច្នោះដែរ ហើយគាត់ក៏ស័ក្តិសមនឹងឱ្យមនុស្សគោរពឱ្យតម្លៃគាត់ដែរ!

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦១

បទបញ្ជានៅយុគសម័យនៃក្រឹត្យវិន័យ

បញ្ញត្តិទាំងដប់ប្រការ

គោលការណ៍សម្រាប់ការសាងសង់អាសនា

បទបញ្ជាសម្រាប់ការប្រព្រឹត្តចំពោះអ្នកបម្រើ

បទបញ្ជាសម្រាប់អំពើលួចប្លន់ និងការផ្ដល់សំណង

ការកាន់តាមឆ្នាំសប្ប័ទ និងពិធីបុណ្យទាំងបី

បទបញ្ជាសម្រាប់ថ្ងៃសប្ប័ទ

បទបញ្ជាសម្រាប់ការថ្វាយតង្វាយ

តង្វាយដុត

តង្វាយធញ្ញជាតិ

តង្វាយមេត្រី

តង្វាយលោះបាប

តង្វាយសេចក្ដីរំលង

បទបញ្ជាសម្រាប់តង្វាយដែលថ្វាយដោយពួកសង្ឃ (អើរ៉ុន និងពួកកូនប្រុសៗរបស់លោកត្រូវបានបង្គាប់ឱ្យអនុវត្តតាម)

តង្វាយដុត ថ្វាយដោយពួកសង្ឃ

តង្វាយម្សៅ ថ្វាយដោយពួកសង្ឃ

តង្វាយលោះបាប ថ្វាយដោយពួកសង្ឃ

តង្វាយសេចក្ដីរំលង ថ្វាយដោយពួកសង្ឃ

តង្វាយមេត្រី ថ្វាយដោយពួកសង្ឃ

បទបញ្ជាសម្រាប់ការបរិភោគតង្វាយដោយពួកសង្ឃ

ពពួកសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ (សត្វដែលអាចបរិភោគបាន និងសត្វដែលមិនអាចបរិភោគបាន)

បទបញ្ជាសម្រាប់ការញែកស្ត្រីជាបរិសុទ្ធ បន្ទាប់ពីសម្រាលកូនរួច

បទដ្ឋានសម្រាប់ការពិនិត្យរកជំងឺឃ្លង់

បទបញ្ជាសម្រាប់មនុស្សដែលបានជាពីជំងឺឃ្លង់

បទបញ្ជាសម្រាប់ការសម្អាតផ្ទះដែលបានឆ្លងរោគ

បទបញ្ជាសម្រាប់ស្ត្រីដែលមានជំងឺធ្លាក់សខុសធម្មតា

ថ្ងៃធួននឹងបាប ដែលត្រូវតែប្រតិបត្តិតាមមួយឆ្នាំម្ដង

ច្បាប់សម្រាប់ការសម្លាប់សត្វគោ និងសត្វចៀម

បម្រាមមិនឱ្យអនុវត្តតាមទម្លាប់ដ៏គួរឱ្យស្អប់របស់សាសន៍ដទៃ (មិនឱ្យប្រព្រឹត្តស្មន្ធការ ។ល។)

បទបញ្ជាដែលបណ្ដាជនត្រូវអនុវត្តតាម («ចូរឱ្យអ្នករាល់គ្នាបានបរិសុទ្ធ ដ្បិតខ្ញុំជាព្រះយេហូវ៉ាដ៏ជាព្រះជាម្ចាស់នៃអ្នករាល់គ្នា គឺជាព្រះដ៏បរិសុទ្ធ» (លេវីវិន័យ ១៩:២))

ទោសប្រហារជីវិតចំពោះអ្នកណាដែលថ្វាយកូនរបស់ខ្លួនជាយញ្ញបូជាទៅព្រះម៉ូឡុក

បទបញ្ជាសម្រាប់ការដាក់ទោសបទឧក្រិដ្ឋនៃអំពើសហាយស្មន់

ច្បាប់ដែលពួកសង្ឃត្រូវបដិបត្តិតាម (ច្បាប់សម្រាប់ឥរិយាបថប្រចាំថ្ងៃ ច្បាប់សម្រាប់ការទទួលទានរបស់បរិសុទ្ធ ច្បាប់សម្រាប់ការថ្វាយតង្វាយ ។ល។)

បុណ្យដែលគួរកាន់តាម (ថ្ងៃសប្ប័ទ បុណ្យរំលង បុណ្យថ្ងៃទី៥០ ថ្ងៃធួននឹងបាប ។ល។)

បទបញ្ជាផ្សេងៗ (ការអុជចង្កៀង បុណ្យឆ្នាំទី៥០ សិទ្ធិលោះដី ការសច្ចាប្រណិធាន តង្វាយមួយភាគដប់ ។ល។)

បទបញ្ជានៅយុគសម័យនៃក្រឹត្យវិន័យ ជាភ័ស្តុតាងពិតអំពីការដែលព្រះជាម្ចាស់តម្រង់ទិសមនុស្សជាតិគ្រប់គ្នា

ដូច្នេះ តើអ្នករាល់គ្នាបានអានបទបញ្ជា និងគោលការណ៍នៅក្នុងយុគសម័យនៃក្រឹត្យវិន័យរួចហើយមែនទេ? តើបទបញ្ជាទាំងនេះមានវិសាលភាពគ្របដណ្ដប់ធំទូលាយណាស់មែនទេ? ដំបូង គឺគ្របដណ្ដប់លើបញ្ញត្តិទាំងដប់ប្រការ ក្រោយមកទៀត ក៏មានបទបញ្ជាអំពីរបៀបសាងសង់អាសនា ជាដើម ។ល។ បន្ទាប់មកទៀត គឺមានបទបញ្ជាសម្រាប់ការកាន់តាមថ្ងៃសប្ប័ទ និងពិធីបុណ្យទាំងបី ហើយបន្ទាប់ពីនោះមក មានបទបញ្ជាសម្រាប់ការថ្វាយតង្វាយ។ តើអ្នករាល់គ្នាឃើញថាមានតង្វាយប៉ុន្មានប្រភេទដែរទេ? មានតង្វាយដុត តង្វាយធញ្ញជាតិ តង្វាយមេត្រី តង្វាយលោះបាប ។ល។ និង ។ល។ បន្ទាប់មកទៀត មានបទបញ្ជាសម្រាប់តង្វាយដែលថ្វាយដោយពួកសង្ឃ បូករួមទាំងតង្វាយដុត និងតង្វាយម្សៅ ដែលថ្វាយដោយពួកសង្ឃ ព្រមទាំងប្រភេទនៃតង្វាយដទៃទៀតផង។ បទបញ្ជាទីប្រាំបីនោះគឺ ការបរិភោគតង្វាយពីសំណាក់ពួកសង្ឃ។ បន្ទាប់មក ក៏មានបទបញ្ជាសម្រាប់អ្វីដែលគួរកាន់តាមនៅក្នុងជីវិតរបស់មនុស្ស។ មានការចែងអំពីទិដ្ឋភាពជាច្រើនក្នុងជីវិតរបស់មនុស្ស ដូចជាបទបញ្ជាសម្រាប់របស់ដែលគេគួរបរិភោគ ឬមិនគួរបរិភោគ បទបញ្ជាសម្រាប់ការញែកស្ត្រីជាបរិសុទ្ធក្រោយពេលសម្រាលកូនរួច និងបទបញ្ជាសម្រាប់អ្នកដែលបានជាពីជំងឺឃ្លង់ជាដើម។ ក្នុងបទបញ្ជាទាំងនេះ ព្រះជាម្ចាស់ដល់ថ្នាក់មានបន្ទូលអំពីជំងឺ ហើយថែមទាំងមានទាំងច្បាប់សម្រាប់ការសម្លាប់ចៀម និងគោទៀតផង ។ល។ និង ។ល។ សត្វចៀម និងសត្វគោ ត្រូវព្រះជាម្ចាស់បង្កើតមក ដូច្នេះអ្នកគប្បីសម្លាប់វាទៅតាមរបៀបដែលព្រះជាម្ចាស់ថ្លែងប្រាប់ដល់អ្នក។ ប្រាកដណាស់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមានហេតុផល។ ការប្រព្រឹត្តតាមអ្វីដែលព្រះជាម្ចាស់បានបញ្ជាមកនោះ គឺពិតជាត្រឹមត្រូវគ្មានការសង្ស័យឡើយ ហើយច្បាស់ជាមានប្រយោជន៍ដល់មនុស្សមិនខាន។ ក៏មានទាំងពិធីបុណ្យ និងច្បាប់ដែលត្រូវកាន់តាម ដូចជាថ្ងៃសប្ប័ទ បុណ្យរំលង និងបុណ្យជាច្រើនទៀត។ ព្រះជាម្ចាស់សុទ្ធតែមានបន្ទូលអំពីពិធីបុណ្យទាំងអស់នេះ។ ចូរយើងក្រឡេកមើលបទបញ្ជាចុងក្រោយ៖ បទបញ្ជាផ្សេងៗដូចជា ការដុតចង្កៀងនៅឆ្នាំទី៥០ សិទ្ធិលោះដី ការសច្ចាប្រណិធាន តង្វាយមួយភាគដប់ ។ល។ តើបទបញ្ជាទាំងនេះមានវិសាលភាពគ្រប់ដណ្ដប់ធំទូលាយដែរឬទេ? រឿងទីមួយដែលត្រូវយកមកជជែកគឺ រឿងបញ្ហាតង្វាយរបស់បណ្ដាជន។ បន្ទាប់មក មានបទបញ្ជាសម្រាប់អំពើលួចប្លន់ និងការផ្ដល់សំណង ព្រមទាំងការកាន់តាមថ្ងៃសប្ប័ទ...។ ចំណុចលម្អិតគ្រប់យ៉ាងក្នុងជីវិតរបស់មនុស្សគ្រប់គ្នាសុទ្ធតែមានការពាក់ព័ន្ធ។ នេះមានន័យថា នៅពេលដែលព្រះជាម្ចាស់ចាប់ផ្ដើមកិច្ចការនៃផែនការគ្រប់គ្រងរបស់ទ្រង់ជាផ្លូវការ ព្រះអង្គក៏បានកំណត់ពីបទបញ្ជាជាច្រើនដែលមនុស្សត្រូវអនុវត្តតាម។ បទបញ្ជាទាំងអស់នេះគឺដើម្បីឱ្យមនុស្សដឹកនាំជីវិតធម្មតារបស់គេនៅលើផែនដី ជាជីវិតរបស់មនុស្សធម្មតាម្នាក់ ដែលមិនអាចកាត់ផ្ដាច់ពីព្រះជាម្ចាស់ និងការដឹកនាំរបស់ទ្រង់បានឡើយ។ ដំបូង ព្រះជាម្ចាស់ថ្លែងប្រាប់មនុស្សអំពីរបៀបសាងសង់អាសនា និងរបៀបដំឡើងអាសនា។ បន្ទាប់មក ទ្រង់មានបន្ទូលប្រាប់មនុស្សអំពីរបៀបថ្វាយតង្វាយ និងបញ្ញត្តិពីរបៀបដែលមនុស្សត្រូវរស់នៅ ពោលគឺមនុស្សត្រូវយកចិត្តទុកដាក់លើអ្វីខ្លះនៅក្នុងជីវិត គេត្រូវប្រកាន់តាមអ្វីខ្លះ ហើយគេគួរ ឬមិនគួរធ្វើអ្វីខ្លះ។ អ្វីដែលព្រះជាម្ចាស់បានបញ្ញត្តិទុកសម្រាប់មនុស្សគឺល្អិតល្អន់ណាស់ ហើយតាមរយៈទំនៀមទម្លាប់ បទបញ្ជា និងគោលការណ៍ទាំងអស់នេះ ព្រះអង្គបានកំណត់ជាក្បួនខ្នាតឥរិយាបថរបស់មនុស្ស ដឹកនាំជីវិតពួកគេ ដឹកនាំឱ្យពួកគេឱ្យស្គាល់ពីក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ដឹកនាំពួកគេឱ្យមកចំពោះអាសនារបស់ព្រះជាម្ចាស់ ដឹកនាំពួកគេក្នុងការរស់នៅ ក្នុងចំណោមរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មនុស្ស ដែលសុទ្ធតែមានសណ្ដាប់ធ្នាប់ ភាពទៀងទាត់ និងភាពជាកណ្ដាល។ ដំបូង ព្រះជាម្ចាស់បានប្រើបទបញ្ជា និងគោលការណ៍សាមញ្ញទាំងអស់នេះ ដើម្បីដាក់កំហិតលើមនុស្ស ដើម្បីឱ្យមនុស្សនៅលើផែនដី មានជីវិតធម្មតាដែលថ្វាយបង្គំព្រះជាម្ចាស់ និងមានជីវិតរស់នៅជាមនុស្សធម្មតា។ នោះហើយគឺជាខ្លឹមសារជាក់លាក់នៃការចាប់ផ្ដើមផែនការគ្រប់គ្រង រយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់។ បទបញ្ជា និងច្បាប់ទាំងនេះ គ្របដណ្ដប់ខ្លឹមសារទូលំទូលាយណាស់ ជាបញត្តិជាក់លាក់អំពីការណែនាំរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយមនុស្សដែលបានមកដល់យុគសម័យនៃក្រឹត្យវិន័យ ត្រូវតែទទួលយក និងស្ដាប់បង្គាប់តាមបញ្ញត្តិទាំងនេះ ហើយបញ្ញត្តិទាំងនេះ គឺជាការកំណត់ត្រាអំពីកិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយក៏ជាភ័ស្តុតាងពិតអំពីការដឹកនាំ និងការណែនាំរបស់ព្រះជាម្ចាស់ដល់មនុស្សជាតិគ្រប់គ្នា។

មនុស្សជាតិមិនអាចផ្ដាច់ចេញពីការបង្រៀន និងការទំនុកបម្រុងរបស់ព្រះជាម្ចាស់ជារៀងរហូត

តាមរយៈបទបញ្ជាទាំងនេះ យើងមើលឃើញថា អាកប្បកិរិយាដែលព្រះជាម្ចាស់មានចំពោះកិច្ចការរបស់ទ្រង់ ចំពោះការគ្រប់គ្រងរបស់ទ្រង់ និងចំពោះមនុស្សជាតិ គឺប្រាកដប្រជា ប្រយ័ត្នប្រយែង ម៉ឺងម៉ាត់ និងមានទំនួលខុសត្រូវ។ ព្រះអង្គធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើក្នុងចំណោមមនុស្សជាតិ ស្របតាមជំហានរបស់ទ្រង់ ដោយគ្មានភាពល្អៀងគ្នាសូម្បីតែបន្តិច ដោយថ្លែងនូវព្រះបន្ទូល ដែលទ្រង់ត្រូវថ្លែងប្រាប់មនុស្សជាតិគ្មានខុស ឬភ្លេចភ្លាំងសូម្បីបន្តិច ដោយអនុញ្ញាតឱ្យមនុស្សមើលឃើញថា គេមិនអាចកាត់ផ្ដាច់ចេញពីការដឹកនាំរបស់ព្រះជាម្ចាស់បានឡើយ និងបង្ហាញឱ្យគេឃើញថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ និងមានថ្លែងទៅកាន់មនុស្សជាតិ ពិតជាសំខាន់យ៉ាងណា។ កាលដើមដំបូងឡើយ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ទោះបីជាមនុស្សទៅជាយ៉ាងណា ក៏ព្រះជាម្ចាស់នៅតែបំពេញកិច្ចការទាំងអស់នេះដដែលដែរ។ ចំពោះព្រះជាម្ចាស់ គំនិតដែលមនុស្សមានចំពោះព្រះជាម្ចាស់ លោកីយ៍ និងមនុស្សជាតិក្នុងយុគសម័យនោះ គឺពិបាកយល់ និងស្មុគស្មាញណាស់ ហើយទោះបីជាពួកគេមានគំនិត និងចេតនាប្រកបដោយមនសិការក៏ដោយ ក៏ពួកគេទាំងអស់គ្នាមិនយល់ច្បាស់ និងមិនត្រឹមត្រូវដែរ ហេតុនេះហើយទើបមនុស្សជាតិមិនអាចកាត់ផ្ដាច់ ចេញពីការបង្រៀន និងការទំនុកបម្រុងរបស់ព្រះជាម្ចាស់សម្រាប់ពួកគេបាន។ មនុស្សជំនាន់ដើមបង្អស់មិនដឹងអ្វីទេ ដូច្នេះទើបព្រះជាម្ចាស់ត្រូវចាប់ផ្ដើមបង្រៀនមនុស្ស ចាប់តាំងពីគោលការណ៍សាមញ្ញ និងងាយៗបំផុតសម្រាប់ការចិញ្ចឹមជីវិត និងបទបញ្ជានានាសម្រាប់ការរស់នៅ ដោយបញ្ជ្រាបឱ្យគេយល់ពីសេចក្ដីទាំងនេះក្នុងចិត្តរបស់គេបន្តិចម្ដងៗ។ តាមរយៈក្រឹត្យវិន័យដែលជាសុទ្ធតែជាព្រះបន្ទូល និងតាមរយៈបទបញ្ជាទាំងនេះ ព្រះអង្គធ្វើឱ្យមនុស្សមានការយល់ដឹងអំពីព្រះជាម្ចាស់បន្តិចម្ដងៗ ធ្វើឱ្យគេមានការដឹងគុណ និងយល់ដឹងអំពីការដឹកនាំរបស់ទ្រង់សន្សឹមៗ និងប្រទានឱ្យគេនូវទស្សនទានជាមូលដ្ឋានអំពីទំនាក់ទំនងរវាងទ្រង់ និងមនុស្ស។ ទាល់តែសម្រេចបានលទ្ធផលនេះ ទើបព្រះជាម្ចាស់អាចធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើនៅពេលក្រោយបានបន្តិចម្ដងៗ។ ហេតុនេះ បទបញ្ជាទាំងអស់នេះ និងកិច្ចការដែលត្រូវបានព្រះជាម្ចាស់បំពេញនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ គឺជាទ្រនាប់នៃកិច្ចការសង្គ្រោះមនុស្សជាតិរបស់ទ្រង់ ហើយជាដំណាក់កាលទីមួយនៃកិច្ចការនៅក្នុងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ មុនកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ទោះបីជាព្រះជាម្ចាស់មានបន្ទូលទៅកាន់អ័ដាម អេវ៉ា និងកូនចៅរបស់ពួកគេក៏ដោយ ក៏សេចក្ដីបង្គាប់ និងការបង្រៀនទាំងអម្បាលម៉ាននេះគ្មានមានលក្ខណៈជាប្រព័ន្ធ ឬជាក់លាក់ ដោយបានបញ្ចេញមកម្ដងមួយៗឱ្យមនុស្សដឹង និងមិនបានកត់ត្រាទុក ក៏មិនបានក្លាយជាបទបញ្ជាដែរ។ នោះមកពីនៅគ្រានោះ ផែនការរបស់ព្រះជាម្ចាស់មិនទាន់សម្រេចបានច្រើនម្ល៉ឹងទេ ទាល់តែពេលដែលព្រះជាម្ចាស់បានដឹកនាំមនុស្សមកដល់ដំណាក់កាលនេះ ទើបព្រះអង្គអាចចាប់ផ្ដើមថ្លែងពីបទបញ្ជាក្នុងយុគសម័យនៃក្រឹត្យវិន័យទាំងអស់នេះ ហើយចាប់ផ្ដើមធ្វើឱ្យមនុស្សអនុវត្តសេចក្ដីទាំងនេះ។ ទំនៀមទម្លាប់ និងបទបញ្ជាដ៏សាមញ្ញទាំងអស់នេះ បង្ហាញឱ្យមនុស្សមើលឃើញពីជំហាននៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ក៏ត្រូវបានបើកសម្ដែងក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់ជ្រាបពីខ្លឹមសារ និងមធ្យោបាយដែលទ្រង់ត្រូវប្រើដើម្បីចាប់ផ្ដើម ជ្រាបពីមធ្យោបាយដើម្បីបន្ត និងជ្រាបពីមធ្យោបាយដែលទ្រង់ត្រូវប្រើសម្រាប់បញ្ចប់ ដើម្បីឱ្យទ្រង់អាចទទួលបានមនុស្សមួយក្រុម ជាមនុស្សដែលធ្វើបន្ទាល់ពីទ្រង់ និងឱ្យទ្រង់អាចទទួលបានមនុស្សមួយក្រុម ជាមនុស្សដែលមានចិត្តគំនិតដូចទ្រង់។ ទ្រង់ជ្រាបពីអ្វីដែលមាននៅក្នុងខ្លួនមនុស្ស និងជ្រាបពីអ្វីដែលមនុស្សគ្មាន។ ទ្រង់ជ្រាបអំពីអ្វីដែលទ្រង់ត្រូវប្រទាន និងជ្រាបពីរបៀបដែលទ្រង់គួរដឹកនាំមនុស្ស ហើយទ្រង់ក៏ជ្រាបពីអ្វីដែលមនុស្សគួរធ្វើ ឬមិនគួរធ្វើដែរ។ មនុស្សប្រៀបបានទៅនឹងអាយ៉ង៖ ទោះបីជាគេពុំមានការយល់ដឹងអំពីបំណងព្រះទ័យរបស់ព្រះជាម្ចាស់ក៏ដោយ ក៏គេពុំអាចជួយអ្វីបានដែរ ប៉ុន្តែ មានតែត្រូវព្រះជាម្ចាស់ដឹកនាំតាមរយៈកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់ម្ដងមួយជំហានៗ រហូតមកទល់សព្វថ្ងៃនេះ។ នៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ គ្មានភាពស្រពេចស្រពិល ទាក់ទងនឹងអ្វីដែលទ្រង់ត្រូវធ្វើទេ នៅក្នុងព្រះទ័យរបស់ទ្រង់ គឺមានផែនការច្បាស់លាស់ និងរស់រវើក ហើយទ្រង់ក៏បានអនុវត្តកិច្ចការដែលទ្រង់ផ្ទាល់ព្រះអង្គសព្វព្រះទ័យចង់ធ្វើ ស្របតាមជំហាន និងផែនការរបស់ទ្រង់ រាប់ចាប់តាំងពីកិច្ចការកំប៉ិកកំប៉ុក រហូតកិច្ចការសំខាន់។ ទោះបីជាទ្រង់មិនបង្ហាញប្រាប់អំពីកិច្ចការដែលទ្រង់ត្រូវធ្វើនៅពេលក្រោយក៏ដោយ ក៏កិច្ចការបន្ទាប់របស់ទ្រង់នៅតែត្រូវអនុវត្តបន្ត ហើយរីកចម្រើនពិតប្រាកដទៅតាមផែនការរបស់ទ្រង់ ដែលនោះគឺការបង្ហាញឱ្យឃើញពីអ្វីដែលកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ហើយក៏ជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ផងដែរ។ ទោះបីជាព្រះអង្គកំពុងធ្វើការនៅក្នុងដំណាក់កាលណាមួយនៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ក៏ដោយ ក៏និស្ស័យ និងសារជាតិរបស់ទ្រង់នៅតែតំណាងឱ្យព្រះអង្គផ្ទាល់ដដែល។ នេះជាការពិតបំផុត។ ទោះបីជាស្ថិតក្នុងយុគសម័យណា ឬស្ថិតក្នុងដំណាក់កាលនៃកិច្ចការណាក៏ដោយ ក៏មានរឿងជាច្រើនដែលប្រែប្រួលសោះឡើយ៖ ដូចជាប្រភេទមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យ ប្រភេទមនុស្សដែលព្រះជាម្ចាស់ស្អប់ និស្ស័យរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ផង។ ទោះបីជាបទបញ្ជា និងគោលការណ៍ដែលព្រះជាម្ចាស់បានបង្កើតឡើងតាមរយៈកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ ហាក់មើលទៅសាមញ្ញ និងងាយៗចំពោះមនុស្សសម័យបច្ចុប្បន្ន ហើយទោះជាសេចក្ដីទាំងនេះងាយយល់ និងងាយធ្វើបានក៏ពិតមែន ក៏ប៉ុន្តែនៅក្នុងសេចក្ដីទាំងនេះ មានព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងនៅមាននិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងមានកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ផង។ ដ្បិតនៅក្នុងបទបញ្ជាដែលមើលពីក្រៅឃើញថា សាមញ្ញនេះ បានស្ដែងចេញឱ្យឃើញនូវទំនួលខុសត្រូវ និងការយកព្រះទ័យទុកដាក់ដែលព្រះជាម្ចាស់មានមកលើមនុស្សជាតិ ព្រមទាំងសារជាតិល្អផ្ដាច់គេនៃព្រះតម្រិះរបស់ទ្រង់ ដោយអនុញ្ញាតឱ្យមនុស្សទទួលស្គាល់ជាប្រាកដថា ព្រះជាម្ចាស់គ្រប់គ្រងលើរបស់សព្វសារពើ ហើយរបស់សព្វសារពើក៏ត្រូវបានគ្រប់គ្រងដោយព្រះហស្តរបស់ទ្រង់ដែរ។ មិនថាមនុស្សជាតិមានចំណេះដឹងស្ទាត់យ៉ាងណា ឬមានទ្រឹស្ដី ឬយល់ពីអាថ៌កំបាំងច្រើនប៉ុនណាអំពីព្រះជាម្ចាស់នោះទេ ក៏គ្មានសេចក្ដីណាក្នុងចំណោមសេចក្ដីទាំងនេះ អាចមកជំនួសការទំនុកបម្រុង និងការដឹកនាំរបស់ ទ្រង់សម្រាប់មនុស្សជាតិដែរ។ មនុស្សមិនអាចនៅដាច់ឆ្ងាយពីការដឹកនាំ និងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គជារៀងរហូត។ នេះហើយជាទំនាក់ទំនងបេះមិនដាច់រវាងមនុស្ស និងព្រះជាម្ចាស់។ គោលបំណងរបស់ព្រះជាម្ចាស់ គឺដឹកនាំមនុស្សទៅកាន់អនាគតដ៏ស្រស់ត្រកាលមួយ មិនថាព្រះជាម្ចាស់ត្រាស់បង្គាប់ ឬចេញបទបញ្ជា ឬប្រទានសេចក្ដីពិតសម្រាប់ឱ្យអ្នកយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ ហើយមិនថាទ្រង់ធ្វើអ្វីក៏ដោយ។ ព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែង និងកិច្ចការដែលទ្រង់ធ្វើ គឺសុទ្ធតែជាការបង្ហាញឱ្យឃើញពីចំណុចមួយនៃសារជាតិរបស់ទ្រង់ ហើយជាការបង្ហាញឱ្យឃើញពីចំណុចមួយនៃនិស្ស័យរបស់ទ្រង់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់។ ទាំងអស់នេះ គឺសុទ្ធតែជាជំហានសំខាន់ៗនៃផែនការគ្រប់គ្រងរបស់ទ្រង់។ រឿងនេះមិនត្រូវមើលរំលងឡើយ! បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មាននៅក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។ ព្រះជាម្ចាស់មិនខ្លាចការការនិយាយខុសរបស់មនុស្សឡើយ ហើយទ្រង់ក៏មិនខ្លាចរអានឹងសញ្ញាណ ឬតម្រិះណាមួយដែលមនុស្សមានចំពោះទ្រង់នោះដែរ។ ទ្រង់គ្រាន់តែបំពេញកិច្ចការរបស់ទ្រង់ ហើយបន្តការគ្រប់គ្រងរបស់ទ្រង់ ស្របតាមផែនការគ្រប់គ្រងរបស់ទ្រង់ដោយគ្មានការបង្ខិតបង្ខំពីមនុស្ស ពីបញ្ហា ឬពីគោលបំណងណាឡើយ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦២

ការពិនិត្យឡើងវិញអំពីព្រះតម្រិះ យោបល់ និងសកម្មភាពរបស់ព្រះជាម្ចាស់ តាំងពីការបង្កើតពិភពលោករបស់ទ្រង់

នៅថ្ងៃនេះ យើងនឹងសង្ខេបអំពីព្រះតម្រិះ យោបល់របស់ព្រះជាម្ចាស់ និងគ្រប់ទាំងជំហានរបស់ទ្រង់ជាមុនសិន គឺចាប់តាំងពីព្រះអង្គបានបង្កើតមនុស្សជាតិមក។ យើងនឹងពិនិត្យមើលអ្វីដែលទ្រង់បានអនុវត្ត ចាប់តាំងពីការបង្កើតពិភពលោក រហូតដល់ការចាប់ផ្ដើមយុគសម័យនៃព្រះគុណជាផ្លូវការ។ បន្ទាប់មក យើងអាចស្វែងយល់មើលថា តើមានព្រះតម្រិះ និងយោបល់របស់ព្រះជាម្ចាស់ណាខ្លះដែលមនុស្សមិនបានដឹង ហើយចេញពីចំណុចនេះ យើងអាចបញ្ជាក់ពីលំដាប់លំដោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងយល់យ៉ាងហ្មត់ចត់អំពីបរិបទដែលព្រះជាម្ចាស់បានបង្កើតកិច្ចការគ្រប់គ្រងរបស់ទ្រង់ ប្រភពរបស់វា និងដំណើរវិវឌ្ឍ ហើយក៏យល់យ៉ាងហ្មត់ចត់អំពីលទ្ធផលអ្វីខ្លះដែលទ្រង់សព្វព្រះហឫទ័យចង់សម្រេចចេញពីកិច្ចការគ្រប់គ្រងរបស់ទ្រង់ដែរ ដូច្នេះ នេះគឺជាចំណុចស្នូល និងជាគោលបំណងនៃកិច្ចការគ្រប់គ្រងរបស់ទ្រង់។ ដើម្បីយល់អំពីចំណុចទាំងនេះ យើងត្រូវតែត្រលប់ទៅកាន់សម័យកាលដ៏សែនឆ្ងាយ ស្ងប់ស្ងៀម និងស្ងាត់ជ្រងំមួយ ជាសម័យកាលមួយដែលមិនទាន់មានមនុស្សនៅឡើយ ...

ព្រះជាម្ចាស់បង្កើតមនុស្សរស់ដំបូងគេបង្អស់ដោយផ្ទាល់ព្រះអង្គ

នៅពេលដែលព្រះជាម្ចាស់បានក្រោកចេញពីក្រឡាបន្ទំរបស់ទ្រង់ ព្រះតម្រិះដំបូងដែលទ្រង់មានគឺបែបនេះ៖ ត្រូវបង្កើតមនុស្សរស់ម្នាក់ ជាមនុស្សរស់ពិតប្រាកដ ជាមនុស្សម្នាក់ដែលត្រូវរស់នៅជាមួយទ្រង់ និងក្លាយជាមនុស្សរស់នៅបានជាគ្នានឹងទ្រង់ជារៀងរហូត។ មនុស្សនេះអាចស្ដាប់ទ្រង់ ហើយទ្រង់អាចមានបន្ទូលប្រាប់រឿងសម្ងាត់ ព្រមទាំងជជែកលេងជាមួយគេបាន។ បន្ទាប់មក ទ្រង់បានប្រមូលធូលីដីមួយក្ដាប់ជាលើកដំបូង ហើយបង្កើតចេញជាមនុស្សដែលមានជីវិតដំបូងគេ ស្របតាមរូបភាពដែលទ្រង់បានស្រមើស្រមៃនៅក្នុងព្រះតម្រិះរបស់ទ្រង់ ហើយបន្ទាប់មក ទ្រង់បានដាក់ឈ្មោះឱ្យមនុស្សដែលមានជីវិតនេះថា អ័ដាម។ នៅពេលដែលព្រះជាម្ចាស់មានមនុស្សដែលមានជីវិតរស់ និងចេះដកដង្ហើមនេះហើយ តើទ្រង់មានអារម្មណ៍ដូចម្ដេចទៅ? ជាលើកដំបូង ទ្រង់មានអំណរយ៉ាងខ្លាំង ដ្បិតទ្រង់មានមនុស្សជំនិតជាទីស្រឡាញ់ម្នាក់។ ទ្រង់ក៏មានអារម្មណ៍ជាលើកដំបូងអំពីទំនួលខុសត្រូវជាឪពុក ហើយក៏មានក្តីបារម្ភដែរ។ មនុស្សដែលមានជីវិត និងចេះដកដង្ហើមនេះ បាននាំឱ្យព្រះជាម្ចាស់មានសេចក្តីសុខ និងសេចក្តីអំណរ ហើយទ្រង់ក៏មានព្រះទ័យកម្សាន្តចិត្តជាលើកដំបូងដែរ។ នេះជាកិច្ចការទីមួយហើយដែលព្រះជាម្ចាស់បានធ្វើ ដោយមិនសម្រេចតាមព្រះតម្រិះ ឬតាមព្រះបន្ទូលឡើយ ប៉ុន្តែត្រូវបានសម្រេចដោយព្រះហស្តរបស់ទ្រង់ផ្ទាល់។ នៅពេលដែលភាវៈប្រភេទនេះ ពោលគឺមនុស្សដែលមានជីវិតនិងចេះដកដង្ហើម បានឈរនៅចំពោះព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់ ជាមនុស្សដែលត្រូវបានកើតចេញពីសាច់ និងឈាម មានរូបកាយ និងទ្រង់ទ្រាយ ហើយអាចនិយាយជាមួយព្រះជាម្ចាស់បានទៀតនោះ ទ្រង់បានមានសេចក្តីអំណរមួយប្រភេទដែលទ្រង់មិនធ្លាប់មានពីមុនមក។ ព្រះជាម្ចាស់ពិតជាមានព្រះទ័យដឹងពីទំនួលខុសត្រូវរបស់ទ្រង់ ហើយដឹងថាសត្តនិករដែលមានជីវិតនេះ មិនគ្រាន់តែដក់ជាប់នៅក្នុងដួងព្រះហឫទ័យរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែគេក៏ផ្ដល់នូវភាពកក់ក្ដៅ និងធ្វើឱ្យទ្រង់រំជួលព្រះហឫទ័យដែរ នៅគ្រប់ជំហានតូចៗដែលគេដើរ។ នៅពេលដែលមនុស្សដែលមានជីវិតនេះបានឈរនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ វាជាលើកដំបូងហើយដែលទ្រង់បានមានព្រះតម្រិះចង់បានថែមទៀតពីមនុស្សបែបនេះ។ នេះគឺជាសាច់រឿងបន្តបន្ទាប់ដែលបានចាប់ផ្ដើមជាមួយព្រះតម្រិះដំបូងគេបង្អស់ ដែលព្រះជាម្ចាស់មាន។ សម្រាប់ព្រះជាម្ចាស់ ព្រឹត្តិការណ៍ទាំងនេះកំពុងតែកើតឡើងជាលើកដំបូង ប៉ុន្តែមិនថាទ្រង់មានព្រះទ័យបែបណានៅក្នុងព្រឹត្តិការណ៍ដំបូងៗទាំងនេះនោះទេ ពោលគឺមិនថាជាសេចក្តីអំណរ ការទទួលខុសត្រូវ ឬក៏ក្តីបារម្ភនោះឡើយ គឺគ្មាននរណាម្នាក់ដែលទ្រង់អាចចែកចាយពីព្រះហឫទ័យរបស់ទ្រង់ជាមួយបានឡើយ។ ចាប់ពីពេលនោះមក ព្រះជាម្ចាស់មានអារម្មណ៍ឯកោ និងព្រួយព្រះហឫទ័យ ដែលទ្រង់មិនធ្លាប់មានពីមុនមកឡើយ។ ទ្រង់មានព្រះទ័យថា មនុស្សមិនអាចទទួលយក ឬយល់ពីសេចក្តីស្រឡាញ់ និងក្តីបារម្ភរបស់ទ្រង់ ឬមិនយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្សឡើយ ដូច្នេះ ទ្រង់នៅតែមានព្រះទ័យកើតទុក្ខ និងឈឺចាប់នៅក្នុងព្រះហឫទ័យរបស់ទ្រង់ដដែល។ ទោះបីទ្រង់បានធ្វើកិច្ចការទាំងនេះសម្រាប់មនុស្សក៏ដោយ ក៏មនុស្សមិនបានដឹង និងយល់អំពីវាឡើយ។ ក្រៅពីសេចក្តីសុខ សេចក្តីអំណរ និងការកម្សាន្តចិត្ត ដែលមនុស្សនាំមកឱ្យទ្រង់ ភ្លាមៗនោះ វាក៏ធ្វើឱ្យទ្រង់ព្រួយព្រះហឫទ័យ និងឯកោជាលើកដំបូងដែរ។ នេះគឺជាព្រះតម្រិះ និងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅគ្រានោះ។ ខណៈពេលដែលព្រះជាម្ចាស់កំពុងតែធ្វើកិច្ចការទាំងអស់នេះ នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ព្រះអង្គបានចេញពីសេចក្តីអំណរទៅរកទុក្ខព្រួយ និងចេញពីទុក្ខព្រួយទៅរកការឈឺចាប់ ហើយអារម្មណ៍ទាំងនេះបានលាយឡំជាមួយភាពខ្វល់ខ្វាយ។ អ្វីគ្រប់យ៉ាងដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ គឺចង់ឱ្យមនុស្សនេះឆាប់ដឹងអំពីអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ទ្រង់ និងឆាប់យល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់។ បន្ទាប់មក ពួកគេអាចក្លាយជាអ្នកដើរតាមទ្រង់ យល់ពីព្រះតម្រិះរបស់ទ្រង់ ហើយធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ពួកគេនឹងលែងគ្រាន់តែស្ដាប់ព្រះជាម្ចាស់មានបន្ទូល ហើយបន្តនៅស្ងាត់ឈឹងទៀតហើយ។ ពួកគេនឹងលែងគ្មានចំណេះដឹងអំពីរបៀបចូលរួមជាមួយព្រះជាម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់ ហើយលើសពីនេះ ពួកគេនឹងលែងក្លាយជាមនុស្សដែលមិនអើពើចំពោះលក្ខខណ្ឌតម្រូវរបស់ទ្រង់ទៀតហើយ។ កិច្ចការដំបូងៗដែលព្រះជាម្ចាស់បានធ្វើ គឺជាកិច្ចការដ៏មានអត្ថន័យ និងមានតម្លៃយ៉ាងខ្លាំងសម្រាប់ផែនការគ្រប់គ្រងរបស់ទ្រង់ ព្រមទាំងសម្រាប់មនុស្សនាពេលសព្វថ្ងៃ។

បន្ទាប់ពីការបង្កើតរបស់សព្វសារពើ និងមនុស្សជាតិមក ព្រះជាម្ចាស់មិនបានសម្រាកឡើយ។ ទ្រង់មានព្រះទ័យអន្ទះសាចង់អនុវត្តការគ្រប់គ្រងរបស់ទ្រង់ និងចង់ទទួលបានមនុស្សដែលទ្រង់ស្រឡាញ់យ៉ាងខ្លាំងនៅក្នុងចំណោមមនុស្សជាតិ។

ព្រះជាម្ចាស់បំពេញកិច្ចការជាបន្តបន្ទាប់ ដែលមិនធ្លាប់មានពីមុនជុំវិញយុគសម័យនៃក្រឹត្យវិន័យ

បន្ទាប់មក ក្រោយពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សមិនយូរប៉ុន្មានផង ចេញពីព្រះគម្ពីរ យើងឃើញមានទឹកជំនន់ដ៏ធំមួយនៅទូទាំងពិភពលោក។ ណូអេត្រូវបានលើកឡើងនៅក្នុងកំណត់ត្រានៃទឹកជំនន់ ហើយគេអាចនិយាយបានថា ណូអេជាមនុស្សដំបូងគេដែលទទួលបានការត្រាស់ហៅរបស់ព្រះជាម្ចាស់ ក្នុងការធ្វើការជាមួយទ្រង់ ដើម្បីសម្រេចកិច្ចការរបស់ព្រះជាម្ចាស់។ ជាការពិត នេះក៏ជាលើកដំបូងដែលព្រះជាម្ចាស់បានត្រាស់ហៅមនុស្សនៅលើផែនដី ឱ្យធ្វើអ្វីមួយស្របតាមបញ្ជារបស់ទ្រង់ដែរ។ នៅពេលដែលលោកណូអេបានបញ្ចប់ការសង់ទូកធំ ព្រះជាម្ចាស់បានធ្វើឱ្យផែនដីលិចលង់ដោយទឹកជំនន់ជាលើកដំបូង។ នៅពេលដែលព្រះជាម្ចាស់បានបំផ្លាញផែនដីដោយទឹកជំនន់ វាជាលើកទីមួយហើយតាំងពីបង្កើតមនុស្សមកដែលទ្រង់មានព្រះទ័យស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះពួកគេ ហើយដោយសារតែព្រះទ័យស្អប់ខ្ពើមដ៏ខ្លាំងនេះហើយ ទើបព្រះជាម្ចាស់សម្រេចព្រះទ័យដ៏ឈឺចាប់ក្នុងការបំផ្លាញពូជសាសន៍មនុស្សនេះចោល តាមរយៈទឹកជំនន់។ ក្រោយពេលដែលទឹកជំនន់បានបំផ្លាញផែនដី ព្រះជាម្ចាស់បានធ្វើការតាំងសញ្ញាជាលើកដំបូងជាមួយមនុស្ស ជាការតាំងសញ្ញាមួយដែលបង្ហាញថា ទ្រង់នឹងមិនបំផ្លាញពិភពលោកដោយទឹកជំនន់ម្ដងទៀតឡើយ។ ទីសម្គាល់នៃការតាំងសញ្ញានេះគឺជាឥន្ទធនូ។ នេះគឺជាការតាំងសញ្ញាលើកទីមួយរបស់ព្រះជាម្ចាស់ជាមួយមនុស្សជាតិ ដូច្នេះ ឥន្ទធនូគឺជាទីសម្គាល់ទីមួយនៃការតាំងសញ្ញាដែលព្រះជាម្ចាស់បានប្រទានមក ហើយឥន្ទធនូគឺជាវត្ថុដ៏ពិតដែលកើតមានមែន។ ជារឿយៗ គឺវត្តមាននៃឥន្ទធនូដែលធ្វើឱ្យព្រះជាម្ចាស់មានព្រះទ័យសោកសៅសម្រាប់ពូជសាសន៍មនុស្សកាលពីមុន ដែលទ្រង់បានបាត់បង់ ហើយឥន្ទធនូនោះបានបម្រើជាសេចក្តីរំឭកដល់ទ្រង់ឥតឈប់ឈរអំពីអ្វីដែលបានកើតឡើងចំពោះពួកគេ...។ ព្រះជាម្ចាស់នឹងមិនបន្ថយល្បឿនរបស់ទ្រង់ឡើយ ដូច្នេះ ទ្រង់មានព្រះទ័យអន្ទះសាចង់បោះជំហានបន្ទាប់នៅក្នុងការគ្រប់គ្រងរបស់ទ្រង់។ ជាលទ្ធផល ព្រះជាម្ចាស់បានជ្រើសរើសអ័ប្រាហាំ ជាជម្រើសដំបូង ដើម្បីធ្វើកិច្ចការរបស់ទ្រង់តាមរយៈអ៊ីស្រាអែល។ នេះក៏ជាលើកទីមួយដែលព្រះជាម្ចាស់បានជ្រើសរើសបេក្ខជនបែបនេះដែរ។ ព្រះជាម្ចាស់បានសម្រេចព្រះទ័យចាប់ផ្ដើមអនុវត្តកិច្ចការរបស់ទ្រង់ក្នុងការសង្រ្គោះមនុស្សជាតិតាមរយៈបុគ្គលនេះ ហើយបន្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមពូជពង្សរបស់បុគ្គលនេះ។ នៅក្នុងព្រះគម្ពីរ យើងអាចមើលឃើញថា នេះគឺជាអ្វីដែលព្រះជាម្ចាស់បានធ្វើជាមួយអ័ប្រាហាំ។ បន្ទាប់មក ព្រះជាម្ចាស់បានធ្វើឱ្យអ៊ីស្រាអែលក្លាយទៅជាទឹកដីជ្រើសតាំងដំបូងគេ ហើយបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់នៅយុគសម័យនៃក្រឹត្យវិន័យ តាមរយៈពូជជ្រើសតាំងរបស់ទ្រង់ គឺពួកអ៊ីស្រាអែល។ ជាថ្មីម្ដងទៀត ព្រះជាម្ចាស់បានប្រទានដល់អ៊ីស្រាអែលជាលើកដំបូងនូវក្បួនច្បាប់ និងក្រឹត្យវិន័យដ៏ជាក់លាក់ ដែលមនុស្សជាតិគួរតែប្រកាន់ខ្ជាប់ ហើយទ្រង់បានពន្យល់ពួកគេយ៉ាងលម្អិត។ នេះគឺជាលើកទីមួយដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សនូវក្បួនច្បាប់បទដ្ឋានដ៏ជាក់លាក់អំពីរបៀបដែលពួកគេគួរតែថ្វាយយញ្ញបូជា របៀបដែលពួកគេគួរតែរស់នៅ អ្វីដែលពួកគេគួរធ្វើ និងមិនគួរធ្វើ ពិធីបុណ្យ និងថ្ងៃណាខ្លះដែលពួកគេគួរតែប្រកាន់ខ្ជាប់ ព្រមទាំងគោលការណ៍ដែលពួកគេគួរតែដើរតាមនៅក្នុងគ្រប់កិច្ចការដែលគេធ្វើ។ នេះគឺជាលើកទីមួយដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សជាតិនូវក្បួនច្បាប់ និងគោលការណ៍បទដ្ឋានយ៉ាងលម្អិតបែបនេះអំពីរបៀបដែលពួកគេត្រូវរស់នៅ។

គ្រប់ពេលដែលខ្ញុំនិយាយថា «ជាលើកទីមួយ» វាសំដៅលើប្រភេទនៃកិច្ចការដែលព្រះជាម្ចាស់មិនធ្លាប់បានធ្វើកាលពីមុនមក។ វាសំដៅលើកិច្ចការដែលមិនធ្លាប់កើតឡើងពីមុនមក ហើយទោះបីព្រះជាម្ចាស់បានបង្កើតមនុស្សជាតិ សត្វ និងរបស់សព្វសារពើទាំងអស់ក៏ដោយ ក៏នេះជាកិច្ចការមួយដែលទ្រង់មិនធ្លាប់បានធ្វើពីមុនមកដែរ។ កិច្ចការនេះពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ហើយវាត្រូវពាក់ព័ន្ធជាមួយមនុស្ស ព្រមទាំងការសង្រ្គោះ និងការគ្រប់គ្រងរបស់ទ្រង់ចំពោះមនុស្ស។ បន្ទាប់ពីអ័ប្រាហាំ ព្រះជាម្ចាស់បានធ្វើកិច្ចការលើកទីមួយម្ដងទៀត គឺទ្រង់បានជ្រើសរើសយ៉ូបឱ្យក្លាយជាបុគ្គលម្នាក់ដែលរស់នៅក្រោមក្រឹត្យវិន័យ និងដែលអាចអត់ទ្រាំនឹងសេចក្តីល្បួងរបស់អារក្សសាតាំង ក្នុងពេលដែលគាត់បន្តកោតខ្លាចព្រះជាម្ចាស់ គេចចេញពីសេចក្ដីអាក្រក់ និងឈរជាបន្ទាល់សម្រាប់ព្រះជាម្ចាស់។ នេះក៏ជាលើកទីមួយដែរដែលព្រះជាម្ចាស់បានអនុញ្ញាតឱ្យសាតាំងល្បួងមនុស្សម្នាក់ ហើយក៏ជាលើកទីមួយដែលទ្រង់បានធ្វើការភ្នាល់ជាមួយសាតាំង។ នៅទីបញ្ចប់ វាជាលើកទីមួយដែលទ្រង់ទទួលបានមនុស្សម្នាក់ដែលអាចឈរជាបន្ទាល់សម្រាប់ទ្រង់ និងធ្វើបន្ទាល់អំពីទ្រង់ ក្នុងពេលប្រឈមជាមួយសាតាំង ហើយក្លាយជាមនុស្សម្នាក់ដែលអាចធ្វើឱ្យសាតាំងបាក់មុខយ៉ាងខ្លាំង។ ដោយសារតែព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមក ដូច្នេះ នេះជាបុគ្គលទីមួយហើយដែលទ្រង់ទទួលបាន ជាអ្នកដែលអាចធ្វើបន្ទាល់សម្រាប់ទ្រង់។ នៅពេលដែលទ្រង់បានទទួលមនុស្សនេះ ព្រះជាម្ចាស់កាន់តែមានព្រះទ័យអន្ទះសាក្នុងការបន្តការគ្រប់គ្រងរបស់ទ្រង់ និងអនុវត្តដំណាក់កាលបន្ទាប់នៅក្នុងកិច្ចការរបស់ទ្រង់ ដោយរៀបចំទីតាំង និងមនុស្សដែលទ្រង់នឹងជ្រើសរើសសម្រាប់ជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់។

បន្ទាប់ពីបានប្រកបគ្នាអំពីចំណុចទាំងអស់នេះហើយ តើអ្នករាល់គ្នាមានការយល់ដឹងដ៏ពិតអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? ព្រះជាម្ចាស់ចាត់ទុកកិច្ចការគ្រប់គ្រងមនុស្សជាតិ ព្រមទាំងការសង្រ្គោះមនុស្សជាតិរបស់ទ្រង់មានសារៈសំខាន់ជាងកិច្ចការផ្សេងទៀត។ ទ្រង់ធ្វើកិច្ចការទាំងនេះ មិនមែនតែជាមួយព្រះតម្រិះ ព្រះបន្ទូល និងអាកប្បកិរិយាធម្មតាៗប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ក៏ធ្វើកិច្ចការទាំងអស់នេះ ដោយមានផែនការ គោលដៅ បទដ្ឋាន និងជាមួយបំណងព្រះហឫទ័យរបស់ទ្រង់ដែរ។ វាស្ដែងឱ្យឃើញយ៉ាងច្បាស់ថា កិច្ចការសង្រ្គោះមនុស្សជាតិនេះមានភាពសំខាន់ខ្លាំងណាស់សម្រាប់ព្រះជាម្ចាស់ និងសម្រាប់មនុស្ស។ មិនថាកិច្ចការនេះលំបាកបែបណា មិនថាវាមានឧបសគ្គធំៗយ៉ាងណា មិនថាមនុស្សទន់ខ្សោយកម្រិតណា ឬមិនថាមនុស្សជាតិមានការបះបោរខ្លាំងបែបណានោះឡើយ ក៏គ្មានកិច្ចការណាមួយដែលពិបាកចំពោះព្រះជាម្ចាស់នោះដែរ។ ព្រះជាម្ចាស់បន្តមមាញឹក ខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងបន្តគ្រប់គ្រងកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់អនុវត្ត។ ទ្រង់ក៏កំពុងតែរៀបចំអ្វីៗគ្រប់យ៉ាង ហើយអនុវត្តអធិបតេយ្យភាពរបស់ទ្រង់លើមនុស្សទាំងអស់ដែលទ្រង់នឹងធ្វើការ ព្រមទាំងគ្រប់កិច្ចការដែលទ្រង់ចង់សម្រេច ហើយគ្មានកិច្ចការណាមួយធ្លាប់បានធ្វើកាលពីមុនឡើយ។ នេះគឺជាលើកទីមួយដែលព្រះជាម្ចាស់បានប្រើវិធីសាស្ត្រទាំងនេះ និងបានបង់ថ្លៃដ៏ធំបែបនេះសម្រាប់គម្រោងដ៏ធំនៃការគ្រប់គ្រង និងការសង្រ្គោះមនុស្សជាតិ។ ក្នុងពេលដែលព្រះជាម្ចាស់កំពុងតែអនុវត្តកិច្ចការនេះ ទ្រង់កំពុងតែបង្ហាញ និងបញ្ចេញទៅកាន់មនុស្សជាតិបន្ដិចម្ដងៗ ដោយគ្មានលាក់ទុកនូវកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងរបស់ទ្រង់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់ និងគ្រប់ទិដ្ឋភាពនៃនិស្ស័យរបស់ទ្រង់ឡើយ។ ទ្រង់បញ្ចេញ និងបង្ហាញចំណុចទាំងនេះ ព្រោះទ្រង់មិនធ្លាប់បានធ្វើពីមុនមកឡើយ។ ដូច្នេះ នៅក្នុងចក្រវាលទាំងមូល ក្រៅពីមនុស្សដែលព្រះជាម្ចាស់មានបំណងចង់គ្រប់គ្រង និងសង្រ្គោះ គឺមិនធ្លាប់មានសត្តនិករណាមួយដែលជិតស្និទ្ធនឹងព្រះជាម្ចាស់ ហើយមានទំនាក់ទំនងស្និទ្ធស្នាលជាមួយទ្រង់នោះឡើយ។ នៅក្នុងព្រះហឫទ័យរបស់ទ្រង់ មនុស្សជាតិដែលទ្រង់ចង់គ្រប់គ្រង និងសង្រ្គោះនេះ គឺមានតម្លៃសំខាន់បំផុត។ ព្រះអង្គឱ្យតម្លៃទៅលើមនុស្សជាតិនេះខ្ពស់លើសអ្វីៗទាំងអស់។ ទោះបីទ្រង់បានលះបង់តម្លៃដ៏ធំធេងសម្រាប់ពួកគេ ហើយទោះបីពួកគេចេះតែបន្តមិនស្ដាប់បង្គាប់ និងធ្វើឱ្យទ្រង់ឈឺចាប់ក៏ដោយ ក៏ទ្រង់មិនដែលបោះបង់ពួកគេចោលដែរ ហើយទ្រង់នៅតែបន្តធ្វើការយ៉ាងនឿយហត់នៅក្នុងកិច្ចការរបស់ទ្រង់ដោយគ្មានការរអ៊ូរទាំ ឬវិប្បដិសារីឡើយ។ នោះគឺដោយសារតែទ្រង់ជ្រាបថា មិនយូរមិនឆាប់ទេ មនុស្សនឹងភ្ញាក់ដោយសារការត្រាស់ហៅរបស់ទ្រង់ ហើយត្រូវបន្ទូលរបស់ទ្រង់បណ្ដាលចិត្តផង ព្រមទាំងទទួលស្គាល់ថា ទ្រង់ជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើ រួចក៏ត្រលប់មកខាងទ្រង់វិញជាមិនខាន ...

ក្រោយពេលបានឮមេរៀននៅថ្ងៃនេះហើយ អ្នករាល់គ្នាអាចមានអារម្មណ៍ថា អ្វីៗគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺជារឿងសាមញ្ញបំផុត។ ចេញពីព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ វាហាក់ដូចជាមនុស្សតែងតែមានអារម្មណ៍ដឹងអំពីបំណងព្រះហឫទ័យមួយចំនួនដែលព្រះជាម្ចាស់មានសម្រាប់ពួកគេ ប៉ុន្តែវាតែងតែមានគម្លាតមួយនៅចន្លោះរវាងអារម្មណ៍ និងចំណេះដឹងរបស់ពួកគេ និងអ្វីដែលព្រះជាម្ចាស់កំពុងតែមានព្រះតម្រិះ។ នេះជាហេតុផលដែលខ្ញុំគិតថា វាចាំបាច់ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សទាំងអស់អំពីហេតុផលដែលព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមក និងប្រវត្តិសាវតារនៅពីក្រោយបំណងរបស់ទ្រង់ក្នុងការទទួលបានមនុស្សជាតិដែលទ្រង់ប៉ងប្រាថ្នានោះ។ វាជាការសំខាន់ណាស់ដែលត្រូវចែករំលែករឿងនេះជាមួយមនុស្សគ្រប់គ្នា ដើម្បីឱ្យគ្រប់គ្នាមានភាពច្បាស់លាស់ និងយល់ពីសេចក្ដីនេះនៅក្នុងដួងចិត្តរបស់ពួកគេ។ ដោយសារតែគ្រប់ទាំងព្រះតម្រិះ និងយោបល់របស់ព្រះជាម្ចាស់ ហើយគ្រប់ដំណាក់កាល និងអំឡុងពេលនៃកិច្ចការរបស់ទ្រង់មានទំនាក់ទំនង និងចំណងភ្ជាប់ដ៏តឹងណែនទៅនឹងកិច្ចការគ្រប់គ្រងទាំងមូលរបស់ទ្រង់ ដូច្នេះ នៅពេលដែលអ្នកយល់អំពីព្រះតម្រិះ យោបល់ និងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់ជំហាននៃកិច្ចការរបស់ទ្រង់ នោះអ្នកក៏យល់អំពីរបៀបដែលកិច្ចការនៃផែនការគ្រប់គ្រងរបស់ទ្រង់ដំណើរការទៅដែរ។ គឺនៅលើមូលដ្ឋានគ្រឹះនេះហើយដែលអ្នកត្រូវមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីព្រះជាម្ចាស់នោះ។ ទោះបីអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ នៅពេលដែលទ្រង់បានបង្កើតពិភពលោកជាលើកដំបូង ដែលខ្ញុំទើបតែលើកឡើងមុននេះ ហាក់ដូចជាគ្រាន់តែជា «ព័ត៌មាន» មិនទាក់ទងនឹងការដេញតាមសេចក្តីពិតក៏ដោយ ប៉ុន្តែនៅលើដំណើរផ្លូវនៃបទពិសោធរបស់អ្នក នោះនឹងមានថ្ងៃមួយដែលអ្នកគិតថា នេះមិនមែនជាអ្វីមួយដែលសាមញ្ញដូចជាព័ត៌មានធម្មតាៗនោះឡើយ ហើយក៏មិនមែនជាសេចក្តីអាថ៌កំបាំងនោះដែរ។ នៅពេលដែលជីវិតរបស់អ្នកវិវឌ្ឍទៅមុខ នៅពេលដែលព្រះជាម្ចាស់មានកន្លែងខ្លះនៅក្នុងដួងចិត្តរបស់អ្នក ឬនៅពេលដែលអ្នកយល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់កាន់តែហ្មត់ចត់ និងស៊ីជម្រៅ នោះអ្នកនឹងយល់យ៉ាងពិតប្រាកដអំពីសារៈសំខាន់ និងភាពចាំបាច់នៃអ្វីដែលខ្ញុំកំពុងតែនិយាយនៅថ្ងៃនេះ។ ទោះបីជាអ្នករាល់គ្នាទទួលយកសេចក្តីនេះនៅកម្រិតណាក្នុងពេលបច្ចុប្បន្នក៏ដោយ ក៏វានៅតែចាំបាច់ដែលអ្នករាល់គ្នាត្រូវយល់ និងត្រូវដឹងអំពីរឿងទាំងនេះដដែល។ នៅពេលដែលព្រះជាម្ចាស់ធ្វើអ្វីមួយ នៅពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ មិនថាទ្រង់ធ្វើវាជាមួយព្រះតម្រិះរបស់ទ្រង់ ឬដោយព្រះហស្តរបស់ទ្រង់ មិនថាវាជាលើកទីមួយដែលទ្រង់បានធ្វើវា ឬជាលើកចុងក្រោយនោះឡើយ នៅទីបំផុត ព្រះជាម្ចាស់មានផែនការមួយ ហើយទ្រង់តែងតែមានគោលបំណង និងព្រះតម្រិះនៅក្នុងគ្រប់កិច្ចការដែលទ្រង់ធ្វើ។ គោលបំណង និងព្រះតម្រិះទាំងនេះតំណាងឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ ហើយវាស្ដែងចេញឱ្យឃើញអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ និស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់នេះហើយ គឺជាចំណុចដែលមនុស្សគ្រប់គ្នាត្រូវតែមានការយល់ដឹង។ នៅពេលដែលមនុស្សម្នាក់យល់អំពីនិស្ស័យរបស់ទ្រង់ ព្រមទាំងយល់អំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ពួកគេអាចយល់អំពីហេតុផលដែលនាំឱ្យទ្រង់ធ្វើកិច្ចការដែលទ្រង់ធ្វើ និងយល់អំពីហេតុផលដែលនាំឱ្យទ្រង់មានបន្ទូលនូវអ្វីដែលទ្រង់មានបន្ទូលនេះបន្ដិចម្ដងៗ។ ចេញពីមូលដ្ឋាននេះ នោះពួកគេអាចមានសេចក្តីជំនឿកាន់តែខ្លាំងក្នុងការដើរតាមព្រះជាម្ចាស់ ក្នុងការដេញតាមសេចក្តីពិត និងក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ។ ជារួមមក ការយល់ដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ និងសេចក្តីជំនឿរបស់ពួកគេលើព្រះជាម្ចាស់មិនអាចដាច់ចេញពីគ្នាបានឡើយ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦៣

ប្រសិនបើអ្វីដែលមនុស្សមានចំណេះដឹង និងយល់ដឹងនោះ គឺជានិស្ស័យរបស់ព្រះជាម្ចាស់ ហើយជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ នោះអ្វីដែលពួកគេទទួលបាននោះ នឹងក្លាយជាជីវិតដែលចេញមកពីព្រះជាម្ចាស់មិនខាន។ នៅពេលដែលជីវិតបែបនេះត្រូវបានលូតលាស់ឡើងនៅខាងក្នុងអ្នក នោះការគោរពកោតខ្លាចរបស់អ្នកចំពោះព្រះជាម្ចាស់នឹងមានកាន់តែខ្លាំងឡើងៗ។ នេះគឺជាការលូតលាស់មួយដែលដុះឡើងដោយឯកឯង។ ប្រសិនបើអ្នកមិនចង់យល់ ឬចង់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ឬសារជាតិរបស់ទ្រង់ ប្រសិនបើអ្នកមិនចង់ពិចារណា ឬផ្តោតទៅលើចំណុចទាំងនេះទេ នោះខ្ញុំអាចនិយាយប្រាប់អ្នកយ៉ាងច្បាស់ថា ផ្លូវដែលអ្នកកំពុងតែដេញតាមសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ មិនអាចជួយឱ្យអ្នកបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ ឬទទួលបានការស្ងើចសរសើរពីទ្រង់នោះឡើយ។ លើសពីនេះទៅទៀត អ្នកមិនអាចទទួលបានសេចក្តីសង្រ្គោះយ៉ាងពិតប្រាកដឡើយ។ ទាំងនេះហើយជាផលវិបាកចុងក្រោយនោះ។ នៅពេលដែលមនុស្សមិនយល់អំពីព្រះជាម្ចាស់ ហើយមិនដឹងអំពីនិស្ស័យរបស់ទ្រង់ នោះដួងចិត្តរបស់គេមិនអាចបើកចំហចំពោះទ្រង់ឡើយ។ នៅពេលដែលពួកគេបានយល់អំពីព្រះជាម្ចាស់ នោះពួកគេនឹងចាប់ផ្ដើមកោតសរសើរ និងឱ្យតម្លៃលើអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ទ្រង់ ដោយការចាប់អារម្មណ៍ និងសេចក្តីជំនឿ។ នៅពេលដែលអ្នកកោតសរសើរ និងឱ្យតម្លៃលើអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះដួងចិត្តរបស់អ្នកនឹងបើកចំហចំពោះទ្រង់បន្ដិចម្ដងៗមិនខាន។ នៅពេលដែលដួងចិត្តរបស់អ្នកបើកចំហចំពោះទ្រង់ នោះអ្នកនឹងមានអារម្មណ៍អាម៉ាស់ និងគួរឱ្យខ្ពើមអំពីកិច្ចសន្ទនារបស់អ្នកជាមួយព្រះជាម្ចាស់ អំពីការទាមទារចង់បានរបស់អ្នកពីព្រះជាម្ចាស់ និងអំពីបំណងប្រាថ្នាដ៏ខ្ជីខ្ជារបស់អ្នក។ នៅពេលដែលដួងចិត្តរបស់អ្នកបើកចំហយ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់ នោះអ្នកនឹងមើលឃើញថា ព្រះហឫទ័យរបស់ទ្រង់គឺជាពិភពលោកមួយដែលគ្មានដែនកំណត់ ហើយអ្នកនឹងចូលទៅក្នុងពិភពលោកមួយ ដែលអ្នកមិនធ្លាប់មានបទពិសោធពីមុនមកឡើយ។ នៅក្នុងពិភពមួយនេះ វាគ្មានការបោកប្រាស់ គ្មានការបោកបញ្ឆោត គ្មានសេចក្តីងងឹត ហើយក៏គ្មានការអាក្រក់ដែរ។ វាមានតែភាពស្មោះសរ និងសេចក្តីស្មោះត្រង់ មានតែពន្លឺ និងភាពត្រឹមត្រូវ មានតែសេចក្តីសុចរិត និងសេចក្តីសប្បុរសប៉ុណ្ណោះ។ វាជាពិភពមួយដែលពេញដោយសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ ពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱន ហើយតាមរយៈពិភពមួយនេះ អ្នកមានអារម្មណ៍អំពីសេចក្តីសុខ និងសេចក្តីអំណរនៃការមានជីវិតរស់នៅទីនោះ។ ចំណុចទាំងនេះគឺជាអ្វីដែលព្រះជាម្ចាស់នឹងបើកសម្ដែងដល់អ្នក នៅពេលដែលអ្នកបើកចំហដួងចិត្តរបស់អ្នកដល់ទ្រង់។ ពិភពលោកដែលគ្មានដែនកំណត់នេះ គឺជាពិភពមួយ ដែលពេញដោយព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ព្រះជាម្ចាស់ ហើយវាក៏ពេញដោយសេចក្តីស្រឡាញ់ និងសិទ្ធិអំណាចរបស់ទ្រង់ដែរ។ នៅក្នុងពិភពនេះ អ្នកអាចមើលឃើញគ្រប់ទាំងទិដ្ឋភាពនៃកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ មើលឃើញអ្វីដែលនាំឱ្យទ្រង់មានអំណរ អ្វីដែលនាំឱ្យទ្រង់ខ្វល់ខ្វាយ អ្វីដែលនាំឱ្យទ្រង់កើតទុក្ខ ព្រមទាំងអ្វីដែលនាំឱ្យទ្រង់ខ្ញាល់...។ នេះជាអ្វីដែលមនុស្សគ្រប់រូបអាចមើលឃើញ សម្រាប់អ្នកដែលបើកចំហដួងចិត្តរបស់គេ ហើយអនុញ្ញាតឱ្យព្រះជាម្ចាស់យាងចូល។ ព្រះជាម្ចាស់អាចយាងចូលក្នុងដួងចិត្តរបស់អ្នកបាន លុះត្រាតែអ្នកបើកចំហឱ្យទ្រង់យាងចូល។ អ្នកអាចមើលឃើញកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់បាន ហើយអ្នកអាចមើលឃើញពីបំណងព្រះហឫទ័យរបស់ទ្រង់សម្រាប់អ្នកបាន លុះត្រាតែទ្រង់យាងចូលក្នុងដួងចិត្តរបស់អ្នក។ នៅពេលនោះ អ្នកនឹងស្វែងយល់ឃើញថា អ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់ពិតជាមានតម្លៃ ព្រមទាំងដឹងទៀតថា កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺជាកំណប់ទ្រព្យដ៏មានតម្លៃបំផុត។ បើប្រៀបធៀបជាមួយការនេះ មនុស្សដែលនៅជុំវិញអ្នក វត្ថុ និងព្រឹត្តិការណ៍នៅក្នុងជីវិតរបស់អ្នក ហើយថែមទាំងមនុស្សជាទីស្រឡាញ់របស់អ្នក ដៃគូរបស់អ្នក ព្រមទាំងអ្វីៗដែលអ្នកចូលចិត្តនោះ គឺគ្មានតម្លៃនឹងប្រៀបស្មើបានឡើយ។ អ្វីៗទាំងនេះគឺតូចតាច និងទន់ទាបណាស់។ អ្នកនឹងមានអារម្មណ៍ថា គ្មានវត្ថុខាងសម្ភារៈណានឹងអាចទាញអ្នកឱ្យត្រលប់មកវិញ ឬមានអារម្មណ៍ថា គ្មានវត្ថុសម្ភារៈណាមួយនឹងអាចទាក់ទាញអ្នកឱ្យបង់ថ្លៃណាមួយសម្រាប់វាឡើយ។ នៅក្នុងការបន្ទាបអង្គទ្រង់របស់ព្រះជាម្ចាស់ អ្នកនឹងមើលឃើញពីភាពធំធេង និងភាពខ្ពង់ខ្ពស់របស់ទ្រង់។ លើសពីនេះទៅទៀត អ្នកនឹងមើលឃើញនៅក្នុងស្នាព្រះហស្ដមួយចំនួនរបស់ព្រះជាម្ចាស់ដែលអ្នកធ្លាប់បានជឿតិចតួចអំពីព្រះប្រាជ្ញាញាណដ៏គ្មានព្រំដែន និងសេចក្តីអត់ឱនរបស់ទ្រង់ ហើយអ្នកនឹងមើលឃើញពីព្រះទ័យអត់ធ្មត់ ព្រះទ័យអត់ទ្រាំ និងការយល់របស់ទ្រង់ពីអ្នក។ ការនេះនឹងធ្វើឱ្យអ្នកមានការគោរពស្ញប់ស្ញែងចំពោះទ្រង់។ នៅថ្ងៃនោះ អ្នកនឹងមានអារម្មណ៍ថា មនុស្សជាតិកំពុងតែរស់នៅក្នុងពិភពលោកដ៏ស្មោកគ្រោក មានអារម្មណ៍ថា មនុស្សដែលនៅជិតអ្នក និងអ្វីៗដែលកើតឡើងនៅក្នុងជីវិតរបស់អ្នក ហើយថែមទាំងមនុស្សដែលអ្នកស្រឡាញ់ សេចក្តីស្រឡាញ់របស់ពួកគេចំពោះអ្នក ព្រមទាំងការការពារ និងក្ដីកង្វល់របស់ពួកគេដែលមានចំពោះអ្នកនោះ គឺមិនសក្ដិសមនឹងលើកឡើងនោះឡើយ។ គឺមានតែព្រះជាម្ចាស់មួយអង្គគត់ដែលជាព្រះដ៏ជាទីស្រឡាញ់របស់អ្នក ហើយមានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះដែលអ្នកត្រូវឱ្យតម្លៃយ៉ាងខ្ពស់បំផុត។ នៅពេលដែលថ្ងៃនោះមកដល់ ខ្ញុំជឿថា វានឹងមានមនុស្សខ្លះដែលនិយាយថា៖ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាធំធេងណាស់ ហើយសារជាតិរបស់ទ្រង់ក៏បរិសុទ្ធដែរ គឺថានៅក្នុងព្រះជាម្ចាស់ គ្មានការបោកបញ្ឆោត គ្មានការអាក្រក់ គ្មានការច្រណែន ហើយក៏គ្មានជម្លោះនោះដែរ គឺមានតែសេចក្តីសុចរិត និងភាពពិតប្រាកដ ហើយអ្វីៗគ្រប់យ៉ាងដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គួរតែជាអ្វីដែលមនុស្សទន្ទឹងចង់បាន។ មនុស្សគួរតែស្វះស្វែង និងចង់បានវា។ តើសមត្ថភាពរបស់មនុស្សជាតិដែលចង់សម្រេចនោះ ត្រូវបានសង់ពីលើមូលដ្ឋានអ្វីទៅ? វាត្រូវបានសង់ពីលើមូលដ្ឋាននៃការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងការយល់ដឹងរបស់ពួកគេអំពីសារជាតិរបស់ព្រះជាម្ចាស់។ ដូច្នេះ ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងការយល់ដឹងអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺជាមេរៀនពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប។ នេះជាគោលដៅពេញមួយជីវិតដែលត្រូវដេញតាមដោយមនុស្សគ្រប់រូប ដែលស្វះស្វែងចង់ផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ ព្រមទាំងស្វះស្វែងចង់ស្គាល់ព្រះជាម្ចាស់។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦៤

ការត្រឡប់ជាសាច់ឈាមលើកដំបូងរបស់ព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការ

ប្រសិនបើយើងចង់យល់ថែមទៀតអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ យើងមិនអាចឈប់នៅត្រឹមសញ្ញាចាស់ ឬនៅយុគសម័យនៃក្រឹត្យវិន័យឡើយ យើងត្រូវតែបន្តដំណើរទៅមុខទៀត ដើរជាមួយជំហានដែលព្រះជាម្ចាស់បានយាងនៅក្នុងកិច្ចការរបស់ទ្រង់។ ដូច្នេះ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ ហើយចាប់ផ្ដើមយុគសម័យនៃព្រះគុណ ចូរឱ្យជំហានរបស់យើងដើរតាមពីក្រោយចូលទៅក្នុងយុគសម័យនៃព្រះគុណ ដែលជាយុគសម័យមួយពេញដោយព្រះគុណ និងការប្រោសលោះ។ នៅក្នុងយុគសម័យនេះ ព្រះជាម្ចាស់ក៏បានធ្វើកិច្ចការដ៏សំខាន់មួយដែលមិនធ្លាប់បានធ្វើកាលពីមុនមកដែរ។ កិច្ចការនៅក្នុងយុគសម័យថ្មីនេះ សម្រាប់ព្រះជាម្ចាស់ និងមនុស្សជាតិ គឺជាទីចាប់ផ្ដើមថ្មីមួយ ដែលបូកផ្សំជាមួយកិច្ចការថ្មីមួយទៀតដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ ជាកិច្ចការដែលទ្រង់មិនធ្លាប់បានធ្វើពីមុនមកឡើយ។ កិច្ចការថ្មីនេះមិនធ្លាប់បានធ្វើពីមុនឡើយ ព្រោះវាជាអ្វីមួយដែលហួសពីអំណាចនៃការស្រមើស្រមៃរបស់មនុស្ស និងសត្តនិករទាំងអស់។ វាជាអ្វីមួយដែលមនុស្សនាពេលសព្វថ្ងៃបានដឹងទាំងអស់គ្នា។ នេះជាលើកទីមួយហើយដែលព្រះជាម្ចាស់បានត្រលប់ជាមនុស្ស ហើយក៏ជាលើកទីមួយដែរដែលទ្រង់បានចាប់ផ្ដើមធ្វើកិច្ចការថ្មីនៅក្នុងទម្រង់ជាមនុស្ស ដោយមានអត្តសញ្ញាណជាមនុស្ស។ កិច្ចការថ្មីនេះបញ្ជាក់ឱ្យឃើញថា ព្រះជាម្ចាស់បានបញ្ចប់កិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងមានន័យទៀតថា ទ្រង់លែងធ្វើការ ឬមានបន្ទូលអ្វីមួយនៅក្រោមក្រឹត្យវិន័យទៀតហើយ។ ទ្រង់មិនមានបន្ទូល ឬធ្វើការអ្វីមួយនៅក្នុងទម្រង់នៃក្រឹត្យវិន័យ ឬស្របតាមគោលការណ៍ ឬក្បួនច្បាប់នៃក្រឹត្យវិន័យទៀតឡើយ។ នេះមានន័យថា គ្រប់កិច្ចការរបស់ទ្រង់ដែលផ្អែកលើក្រឹត្យវិន័យ ត្រូវបានចប់ជារៀងរហូត និងឈប់បន្តតទៅទៀត ដោយសារតែព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ចាប់ផ្ដើមកិច្ចការថ្មី និងធ្វើកិច្ចការថ្មី។ ជាថ្មីម្ដងទៀត ផែនការរបស់ទ្រង់មានទីចាប់ផ្ដើមមួយថ្មី ដូច្នេះ ព្រះជាម្ចាស់ត្រូវតែដឹកនាំមនុស្សជាតិចូលទៅក្នុងយុគសម័យបន្ទាប់។

ដំណឹងនេះអាចធ្វើឱ្យមនុស្សរីករាយផង ឬមានអារម្មណ៍គំរាមកំហែងផង គឺវាអាស្រ័យលើសារជាតិរបស់បុគ្គលម្នាក់ៗ។ អាចនិយាយបានថា ចំពោះមនុស្សខ្លះ ដំណឹងនេះមិនធ្វើឱ្យគេរីករាយឡើយ ប៉ុន្តែជាការគំរាមកំហែងវិញ ដោយសារតែនៅពេលដែលព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការថ្មីរបស់ទ្រង់ អស់អ្នកដែលដើរតាមក្រឹត្យវិន័យ និងក្បួនច្បាប់ អ្នកដែលដើរតាមគោលលទ្ធិ តែមិនកោតខ្លាចព្រះជាម្ចាស់ មានទំនោរចង់ប្រើប្រាស់កិច្ចការចាស់របស់ព្រះជាម្ចាស់ ដើម្បីថ្កោលទោសកិច្ចការថ្មីរបស់ទ្រង់។ សម្រាប់មនុស្សទាំងនេះ នេះជាដំណឹងដ៏គំរាមកំហែង។ ប៉ុន្តែ សម្រាប់មនុស្សគ្រប់រូបដែលស្លូតត្រង់ និងបើកចំហ ជាអ្នកដែលមានចិត្តស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងព្រមទទួលយកការប្រោសលោះរបស់ទ្រង់ ការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់ គឺជាដំណឹងដ៏គួរឱ្យរីករាយខ្លាំងណាស់។ ដ្បិតចាប់តាំងពីមនុស្សដំបូងត្រូវបានបង្កើតមក នេះគឺជាលើកទីមួយហើយដែលព្រះជាម្ចាស់បានលេចមក ហើយបានរស់នៅក្នុងចំណោមមនុស្សជាតិនៅក្នុងទម្រង់មួយដែលមិនមែនជាព្រះវិញ្ញាណ។ លើកនេះ ទ្រង់បានប្រសូតមកចេញពីមនុស្ស ហើយរស់នៅក្នុងចំណោមមនុស្ស ក្នុងនាមជាបុត្រមនុស្ស និងបានធ្វើការនៅកណ្ដាលចំណោមពួកគេ។ «លើកទីមួយ» នេះបានបញ្ចប់សញ្ញាណរបស់មនុស្ស។ វាហួសពីការស្រមើស្រមៃទាំងអស់។ លើសពីនេះទៅទៀត អ្នកដើរតាមទាំងអស់របស់ព្រះជាម្ចាស់បានទទួលអត្ថប្រយោជន៍បែបរូបិយ។ ព្រះជាម្ចាស់មិនគ្រាន់តែបានបញ្ចប់យុគសម័យចាស់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានបញ្ចប់របៀប និងវិធីសាស្ត្រធ្វើការបែបចាស់ៗរបស់ទ្រង់ផងដែរ។ ទ្រង់លែងស្នើសុំទេវតានាំសាររបស់ទ្រង់ ឱ្យបញ្ជូនសារអំពីបំណងព្រះហឫទ័យរបស់ទ្រង់ទៀតហើយ។ ទ្រង់លែងលាក់ព្រះភ័ក្ត្រនៅក្នុងពពក ហើយក៏លែងលេចមក ឬមានបន្ទូលមកកាន់មនុស្សតាមរយៈផ្គររន្ទះទៀតដែរ។ ខុសពីរបៀបមុនៗ តាមរយៈវិធីសាស្ត្រមួយដែលមនុស្សនឹកស្រមៃមិនដល់ ព្រមទាំងពិបាកសម្រាប់ពួកគេក្នុងការយល់ ឬទទួលយក តាមរយៈការត្រលប់ជាសាច់ឈាមនេះ ទ្រង់បានក្លាយជាបុត្រមនុស្ស ដើម្បីចាប់ផ្ដើមកិច្ចការនៃយុគសម័យនោះ។ កិច្ចការរបស់ព្រះជាម្ចាស់នេះបានធ្វើឱ្យមនុស្សជាតិភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វាបានធ្វើឱ្យពួកគេបាក់មុខ ដោយសារតែព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការថ្មី ដែលទ្រង់មិនធ្លាប់បានធ្វើពីមុនមក។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦៥

ព្រះយេស៊ូវបូតកួរស្រូវបរិភោគនៅថ្ងៃសប្ប័ទ

ម៉ាថាយ ១២:១ នៅវេលានោះ ព្រះយេស៊ូវបានយាងកាត់វាលស្រែនៅថ្ងៃសប្ប័ទ ហើយពួកសិស្សរបស់ទ្រង់បានឃ្លាន ហើយគេចាប់ផ្ដើមបូតគ្រាប់ស្រូវ មកបរិភោគ។

បុត្រមនុស្ស គឺជាព្រះអម្ចាស់នៃថ្ងៃសប្ប័ទ

ម៉ាថាយ ១២:៦-៨ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅកន្លែងនេះ មានបុគ្គលម្នាក់ប្រសើរជាងព្រះ‌វិហារទៅទៀត។ ប៉ុន្តែ បើអ្នករាល់គ្នាបានយល់អំពីអត្ថន័យនៃសេចក្តីដែលចែងទុកមកថា ខ្ញុំមិនចង់បានយញ្ញបូជាទេ ប៉ុន្តែចង់បានសេចក្តីមេត្តា‌ករុណាវិញ នោះអ្នករាល់គ្នានឹងមិនថ្កោលទោសពួកអ្នកដែលគ្មានទោសឡើយ។ ដ្បិតបុត្រមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ។

ជាដំបូង ចូរយើងពិនិត្យមើលអត្ថបទគម្ពីរនេះ៖ «នៅវេលានោះ ព្រះយេស៊ូវបានយាងកាត់វាលស្រែនៅថ្ងៃសប្ប័ទ ហើយពួកសិស្សរបស់ទ្រង់បានឃ្លាន ហើយគេចាប់ផ្ដើមបូតគ្រាប់ស្រូវ មកបរិភោគ»។

ហេតុអ្វីបានជាខ្ញុំជ្រើសរើសអត្ថបទនេះ? តើអត្ថបទនេះមានទំនាក់ទំនងអ្វីជាមួយនិស្ស័យរបស់ព្រះជាម្ចាស់ទៅ? នៅក្នុងអត្ថបទគម្ពីរនេះ ចំណុចទីមួយដែលយើងដឹងនោះគឺថា វាជាថ្ងៃសប្ប័ទ ប៉ុន្តែព្រះអម្ចាស់យេស៊ូវបានយាងចេញខាងក្រៅ ហើយដឹកនាំសិស្សរបស់ទ្រង់ដើរកាត់ចម្ការពោត។ អ្វីដែលកាន់តែ «ខុសឆ្គង» ទៀតនោះគឺថា ពួកគេថែមទាំង «ចាប់ផ្ដើមបូតគ្រាប់ស្រូវ មកបរិភោគ» ទៀតផង។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាដ៏ជាព្រះបានចែងថា មនុស្សមិនអាចចេញទៅខាងក្រៅ ឬចូលរួមសកម្មភាពណាមួយនៅថ្ងៃសប្ប័ទឡើយ ហើយមានកិច្ចការជាច្រើនដែលពួកគេមិនអាចធ្វើបាននៅថ្ងៃសប្ប័ទ។ សកម្មភាពដែលព្រះអម្ចាស់យេស៊ូវធ្វើនេះ កំពុងតែធ្វើឱ្យមនុស្សដែលរស់នៅក្រោមក្រឹត្យវិន័យអស់រយៈពេលជាយូរឆ្នាំមកនោះ មានការភ្ញាក់ផ្អើលជាខ្លាំង ហើយទង្វើនេះថែមទាំងបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងទៀតផង។ ចំពោះការភាន់ច្រឡំរបស់ពួកគេ និងរបៀបដែលពួកគេបាននិយាយអំពីអ្វីដែលព្រះយេស៊ូវបានធ្វើ ឥឡូវនេះ យើងនឹងទុកវានៅម្ដុំសិន ហើយជាដំបូង យើងនឹងពិភាក្សាអំពីហេតុផលដែលនាំឱ្យព្រះអម្ចាស់យេស៊ូវជ្រើសរើសធ្វើកិច្ចការនេះនៅថ្ងៃសប្ប័ទនៅក្នុងចំណោមថ្ងៃទាំងអស់ និងអ្វីដែលទ្រង់ចង់ប្រាស្រ័យទាក់ទងទៅកាន់មនុស្សដែលកំពុងតែរស់នៅក្រោមក្រឹត្យវិន័យ តាមរយៈទង្វើនេះ។ នេះគឺជាទំនាក់ទំនងរវាងអត្ថបទនេះ និងនិស្ស័យរបស់ព្រះជាម្ចាស់ដែលខ្ញុំចង់និយាយ។

នៅពេលដែលព្រះអម្ចាស់យេស៊ូវបានយាងមក ទ្រង់បានប្រើសកម្មភាពជាក់ស្ដែងរបស់ទ្រង់ ដើម្បីប្រាប់ដល់មនុស្សថា ព្រះជាម្ចាស់បានចាកចេញពីយុគសម័យនៃក្រឹត្យវិន័យ ហើយបានចាប់ផ្ដើមកិច្ចការថ្មី និងចង់ប្រាប់ទៀតថា កិច្ចការថ្មីនេះមិនតម្រូវឱ្យមានការកាន់តាមថ្ងៃសប្ប័ទនោះឡើយ។ ការយាងចេញរបស់ព្រះជាម្ចាស់ពីព្រំដែនកម្រិតនៃថ្ងៃសប្ប័ទ គ្រាន់តែជាការភ្លក់ជាមុនអំពីកិច្ចការថ្មីរបស់ទ្រង់ប៉ុណ្ណោះ ព្រោះថាកិច្ចការដ៏ពិត និងអស្ចារ្យនោះគឺនៅខាងមុខនៅឡើយទេ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ ព្រះអង្គបានបោះចោល «ច្រវាក់» នៅយុគសម័យនៃក្រឹត្យវិន័យ ហើយទ្រង់បានកាត់ផ្ដាច់បទបញ្ញត្តិ និងគោលការណ៍នៃយុគសម័យនោះ។ នៅក្នុងទ្រង់ គ្មានដាននៃអ្វីមួយដែលទាក់ទងនឹងក្រឹត្យវិន័យឡើយ។ ទ្រង់បានបោះចោលទាំងស្រុង និងលែងកាន់តាមវាទៀតហើយ ព្រមទាំងលែងតម្រូវឱ្យមនុស្សជាតិកាន់តាមក្រឹត្យវិន័យទៀតដែរ។ ដូច្នេះ នៅត្រង់នេះ អ្នកមើលឃើញព្រះអម្ចាស់យេស៊ូវបានយាងកាត់ចម្ការពោតនៅថ្ងៃសប្ប័ទ និងឃើញទៀតថា ព្រះអម្ចាស់មិនបានសម្រាកឡើយ។ ទ្រង់បានធ្វើការនៅខាងក្រៅ ដោយមិនសម្រាកឡើយ។ ទង្វើរបស់ទ្រង់នេះបានធ្វើឱ្យសញ្ញាណរបស់មនុស្សមានភាពតក់ស្លុត ហើយវាបានប្រាស្រ័យទាក់ទងទៅកាន់ពួកគេថា ទ្រង់លែងរស់នៅក្រោមក្រឹត្យវិន័យទៀតហើយ។ ទង្វើនេះក៏ប្រាប់ទៀតថា ទ្រង់បានយាងចេញពីព្រំដែនកម្រិតនៃថ្ងៃសប្ប័ទ ហើយបានបង្ហាញអង្គទ្រង់នៅចំពោះមនុស្សជាតិ និងនៅកណ្ដាលចំណោមពួកគេក្នុងរូបអង្គមួយថ្មី រួមជាមួយរបៀបធ្វើការមួយថ្មីដែរ។ សកម្មភាពរបស់ទ្រង់នេះបានប្រាប់ដល់មនុស្សថា ទ្រង់បាននាំមកជាមួយទ្រង់នូវកិច្ចការមួយថ្មី ដែលបានចាប់ផ្ដើមដោយការងើបចេញពីការស្ថិតនៅក្រោមក្រឹត្យវិន័យ ហើយកំពុងតែចាកចេញពីថ្ងៃសប្ប័ទ។ នៅពេលដែលព្រះជាម្ចាស់បានអនុវត្តកិច្ចការថ្មីរបស់ទ្រង់ ព្រះអង្គលែងប្រកាន់ខ្ជាប់នឹងអតីតកាល ហើយទ្រង់ក៏លែងខ្វល់ខ្វាយអំពីបទបញ្ញត្តិនៅយុគសម័យនៃក្រឹត្យវិន័យទៀតដែរ។ ទ្រង់មិនបានរងឥទ្ធិពលដោយកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យមុនឡើយ ផ្ទុយទៅវិញ ទ្រង់បានធ្វើការនៅថ្ងៃសប្ប័ទ ដូចជាទ្រង់បានធ្វើការនៅថ្ងៃផ្សេងទៀតដែរ ហើយនៅពេលដែលពួកសិស្សរបស់ទ្រង់បានឃ្លាននៅថ្ងៃសប្ប័ទ ពួកគេអាចបេះគ្រាប់ស្រូវ មកបរិភោគបាន។ នេះគឺជារឿងធម្មតានៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ សម្រាប់ព្រះជាម្ចាស់ ទ្រង់អាចមានទីចាប់ផ្ដើមថ្មីសម្រាប់កិច្ចការថ្មីភាគច្រើនដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ និងព្រះបន្ទូលថ្មីៗដែលទ្រង់សព្វព្រះហឫទ័យចង់មានបន្ទូល។ នៅពេលដែលទ្រង់ចាប់ផ្ដើមអ្វីមួយថ្មី ទ្រង់មិនលើកឡើងអំពីកិច្ចការចាស់របស់ទ្រង់ ហើយក៏មិនបន្តអនុវត្តវាទៀតដែរ។ ដោយសារតែព្រះជាម្ចាស់មានគោលការណ៍របស់ទ្រង់នៅក្នុងកិច្ចការរបស់ទ្រង់ នៅពេលដែលទ្រង់សព្វព្រះហឫទ័យចង់ចាប់ផ្ដើមកិច្ចការថ្មី នោះជាពេលដែលទ្រង់សព្វព្រះហឫទ័យចង់នាំមនុស្សជាតិចូលទៅក្នុងដំណាក់កាលថ្មីនៃកិច្ចការរបស់ទ្រង់ ហើយវាក៏ជាពេលដែលកិច្ចការរបស់ទ្រង់នឹងចូលទៅកាន់ដំណាក់កាលកាន់តែខ្ពស់ដែរ។ ប្រសិនបើមនុស្សបន្តប្រព្រឹត្តតាមពាក្យភាសិត ឬបទបញ្ញត្តិចាស់ៗ ឬបន្តប្រកាន់ខ្ជាប់តាមការទាំងនេះ នោះទ្រង់នឹងមិននឹកចាំ ឬយល់ព្រមនោះឡើយ។ នោះគឺដោយសារតែទ្រង់បាននាំមកនូវកិច្ចការថ្មី និងបានចូលក្នុងដំណាក់កាលថ្មីនៃកិច្ចការរបស់ទ្រង់រួចទៅហើយ។ នៅពេលដែលទ្រង់ចាប់ផ្ដើមកិច្ចការថ្មី ទ្រង់លេចមកឱ្យមនុស្សជាតិឃើញជាមួយរូបអង្គមួយថ្មីទាំងស្រុង ចេញពីជ្រុងថ្មីទាំងស្រុង និងនៅក្នុងរបៀបមួយថ្មីទាំងស្រុង ដើម្បីឱ្យមនុស្សអាចមើលឃើញទិដ្ឋភាពផ្សេងៗនៃនិស្ស័យរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ នេះជាគោលដៅមួយរបស់ទ្រង់នៅក្នុងកិច្ចការថ្មីរបស់ទ្រង់។ ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់នឹងរឿងចាស់ៗ ឬដើរនៅលើផ្លូវដ៏ពេញនិយមឡើយ។ នៅពេលដែលទ្រង់ធ្វើការ និងមានបន្ទូល ទ្រង់មិនហួសហេតុដូចអ្វីដែលមនុស្សស្រមៃនោះឡើយ។ នៅក្នុងព្រះជាម្ចាស់ អ្វីៗគ្រប់យ៉ាងមានឥស្សរភាព និងសេរីភាព ហើយគ្មានការហាមប្រាម ឬការរឹតត្បិតឡើយ គឺថាអ្វីដែលទ្រង់នាំទៅកាន់មនុស្សជាតិ គឺជាឥស្សរភាព និងសេរីភាព។ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់យ៉ាងពិតប្រាកដមែន។ ទ្រង់មិនមែនជារូបត្លុក ឬជារូបសំណាកធ្វើពីដីឥដ្ឋឡើយ ហើយទ្រង់មានលក្ខណៈខុសគ្នាស្រឡះពីរូបសំណាកដែលមនុស្សដាក់តម្កល់ និងថ្វាយបង្គំ។ ទ្រង់មានព្រះជន្មរស់ ហើយអ្វីដែលព្រះបន្ទូល និងកិច្ចការរបស់ទ្រង់នាំមកកាន់មនុស្សជាតិ គឺជាជីវិត និងពន្លឺ ជាឥស្សរភាព និងសេរីភាព ដោយសារតែទ្រង់ជាសេចក្តីពិត ជាជីវិត និងជាផ្លូវ ព្រោះថាទ្រង់មិនត្រូវបានដាក់កម្រិតដោយអ្វីមួយនៅក្នុងកិច្ចការរបស់ទ្រង់ឡើយ។ មិនថាមនុស្សនិយាយអ្វី ហើយមិនថាពួកគេមើលឃើញ ឬវាយតម្លៃកិច្ចការថ្មីរបស់ទ្រង់បែបណានោះទេ គឺទ្រង់នឹងអនុវត្តតាមកិច្ចការរបស់ទ្រង់ ដោយមិនខ្វល់ខ្វាយអំពីអ្វីសោះឡើយ។ ទ្រង់នឹងមិនខ្វល់ខ្វាយអំពីសញ្ញាណ ឬការចោទប្រកាន់របស់នរណាម្នាក់ទាក់ទងនឹងកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ឬថែមទាំងមិនខ្វល់អំពីការប្រឆាំង និងការជំទាស់ដ៏ខ្លាំងរបស់គេចំពោះកិច្ចការថ្មីរបស់ទ្រង់ឡើយ។ គ្មាននរណាម្នាក់នៅក្នុងចំណោមការបង្កើតទាំងអស់អាចប្រើការត្រិះរិះពិចារណារបស់មនុស្ស ឬការស្រមើស្រមៃ ប្រើចំណេះដឹង ឬក្រមសីលធម៌របស់មនុស្ស ដើម្បីវាស់វែង ឬកំណត់នូវអ្វីដែលព្រះជាម្ចាស់ធ្វើ ដើម្បីបង្ខូច បង្អាក់ ឬរាំងស្ទះដល់កិច្ចការរបស់ទ្រង់នោះឡើយ។ វាគ្មានការហាមប្រាមនៅក្នុងកិច្ចការរបស់ទ្រង់ និងអ្វីដែលទ្រង់ធ្វើឡើយ ហើយវាក៏នឹងមិនត្រូវបានរឹតត្បិតដោយមនុស្ស ព្រឹត្តិការណ៍ ឬវត្ថុណាមួយ ព្រមទាំងមិនត្រូវបានបង្អាក់ដោយកម្លាំងប្រឆាំងណាមួយឡើយ។ ចំពោះកិច្ចការថ្មីរបស់ទ្រង់ ទ្រង់ជាព្រះមហាក្សត្រដ៏មានជ័យជម្នះ ហើយគ្រប់ទាំងកម្លាំងប្រឆាំង សាសនាខុសឆ្គង និងជំនឿខុសឆ្គងទាំងអស់របស់មនុស្សត្រូវដួលរលំនៅក្រោមព្រះបាទារបស់ទ្រង់។ ទោះបីទ្រង់កំពុងតែអនុវត្តដំណាក់កាលថ្មីណាមួយនៃកិច្ចការរបស់ទ្រង់ក៏ដោយ ក៏កិច្ចការនោះនឹងត្រូវវិវឌ្ឍទៅមុខ និងពង្រីកធំឡើងនៅក្នុងចំណោមមនុស្សជាតិ ហើយត្រូវបានអនុវត្តយ៉ាងរលូននៅទូទាំងចក្រវាល រហូតដល់កិច្ចការដ៏ធំរបស់ទ្រង់ត្រូវបានបញ្ចប់ដែរ។ នេះគឺជាព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ជាសិទ្ធិអំណាច និងឫទ្ធានុភាពរបស់ទ្រង់។ ដូច្នេះ ព្រះអម្ចាស់យេស៊ូវអាចយាងចេញទៅខាងក្រៅ ហើយធ្វើការដោយចំហនៅថ្ងៃសប្ប័ទបាន ដោយសារតែនៅក្នុងព្រះហឫទ័យរបស់ទ្រង់ វាគ្មានក្បួនច្បាប់ គ្មានចំណេះដឹង ឬគោលលទ្ធិណាមួយដែលមានប្រភពចេញមកពីមនុស្សជាតិឡើយ។ អ្វីដែលទ្រង់មាន គឺជាកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងជាផ្លូវដ៏ពិតរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ទ្រង់ គឺជាផ្លូវដ៏ពិត ដើម្បីរំដោះមនុស្សជាតិឱ្យមានសេរីភាព ដើម្បីស្រាយចំណងមនុស្ស ហើយអនុញ្ញាតឱ្យពួកគេមានជីវិតរស់នៅក្នុងពន្លឺ។ ក្នុងពេលឥឡូវនេះ អស់អ្នកដែលថ្វាយបង្គំរូបសំណាក ឬព្រះក្លែងក្លាយ រស់នៅក្នុងជីវិតរបស់គេរាល់ថ្ងៃ ដោយជាប់ចំណងរបស់សាតាំង ត្រូវបានរឹតត្បិតដោយក្បួនច្បាប់ និងបម្រាមគ្រប់យ៉ាង ពោលគឺនៅថ្ងៃនេះ គេហាមមិនឱ្យធ្វើរឿងមួយ ហើយថ្ងៃស្អែក គេហាមមិនឱ្យធ្វើរឿងមួយទៀត ដូច្នេះ ពួកគេគ្មានសេរីភាពនៅក្នុងជីវិតរបស់គេឡើយ។ ពួកគេប្រៀបដូចជាអ្នកទោសដែលជាប់ច្រវាក់ ដែលកំពុងតែរស់នៅដោយគ្មានអំណរក្នុងការនិយាយស្ដីអ៊ីចឹង។ តើ «ការហាមប្រាម» តំណាងឱ្យអ្វីទៅ? វាតំណាងឱ្យការរឹតត្បិត ចំណង និងការអាក្រក់។ នៅពេលណាដែលមនុស្សម្នាក់ថ្វាយបង្គំរូបសំណាក គឺពួកគេកំពុងតែថ្វាយបង្គំព្រះក្លែងក្លាយ ដែលជាវិញ្ញាណអាក្រក់ហើយ។ ការហាមប្រាមលេចចេញឡើង នៅពេលដែលសកម្មភាពបែបនេះត្រូវបានពាក់ព័ន្ធ។ អ្នកមិនអាចបរិភោគរបស់នេះ ឬរបស់នោះ នៅថ្ងៃនេះអ្នកមិនអាចចេញក្រៅបានឡើយ ថ្ងៃស្អែកអ្នកមិនអាចចម្អិនម្ហូបបានទេ នៅថ្ងៃបន្ទាប់អ្នកមិនអាចរើទៅនៅផ្ទះថ្មីបានឡើយ គេអាចរៀបមង្គលការ និងធ្វើពិធីបុណ្យសពតែនៅថ្ងៃជាក់លាក់ណាមួយ និងរួមទាំងការសម្រាលកូនដែរ។ តើការនេះត្រូវបានហៅថាជាអ្វីទៅ? វាត្រូវបានហៅថាជាការហាមប្រាម។ វាជាចំណងរបស់មនុស្សជាតិ ហើយវាជាច្រវាក់របស់សាតាំង និងពួកវិញ្ញាណអាក្រក់ ដែលកំពុងតែត្រួតត្រាលើមនុស្ស និងកំពុងរឹតត្បិតដួងចិត្ត និងរូបកាយរបស់ពួកគេ។ តើការហាមប្រាមទាំងនេះប្រើជាមួយព្រះជាម្ចាស់ឬទេ? នៅពេលដែលនិយាយអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ជាដំបូង អ្នកគួរតែគិតអំពីការនេះ៖ ជាមួយព្រះជាម្ចាស់ គឺគ្មានការហាមប្រាមឡើយ។ ព្រះជាម្ចាស់ប្រើគោលការណ៍ដែលមានចែងនៅក្នុងព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ប៉ុន្តែវាគ្មានការហាមប្រាមឡើយ ដោយសារតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦៦

«ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅកន្លែងនេះ មានបុគ្គលម្នាក់ប្រសើរជាងព្រះ‌វិហារទៅទៀត។ ប៉ុន្តែ បើអ្នករាល់គ្នាបានយល់អំពីអត្ថន័យនៃសេចក្តីដែលចែងទុកមកថា ខ្ញុំមិនចង់បានយញ្ញបូជាទេ ប៉ុន្តែចង់បានសេចក្តីមេត្តា‌ករុណាវិញ នោះអ្នករាល់គ្នានឹងមិនថ្កោលទោសពួកអ្នកដែលគ្មានទោសឡើយ។ ដ្បិតបុត្រមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ» (ម៉ាថាយ ១២:៦-៨)។ តើពាក្យថា «ព្រះវិហារ» នៅត្រង់នេះសំដៅលើអ្វីទៅ? ជារួមមក វាសំដៅលើអគារដ៏ខ្ពស់ស្កឹមស្កៃ ហើយនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះវិហារគឺជាកន្លែងមួយដែលពួកសង្ឃថ្វាយបង្គំព្រះជាម្ចាស់។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «នៅកន្លែងនេះ មានបុគ្គលម្នាក់ប្រសើរជាងព្រះ‌វិហារទៅទៀត» តើពាក្យថា «បុគ្គលម្នាក់នេះ» សំដៅលើនរណាទៅ? ច្បាស់ណាស់ «បុគ្គលម្នាក់នេះ» គឺជាព្រះអម្ចាស់យេស៊ូវនៅក្នុងសាច់ឈាម ព្រោះថាមានតែទ្រង់ម្នាក់ប៉ុណ្ណោះដែលប្រសើរជាងព្រះវិហារនោះ។ តើពាក្យទាំងនោះប្រាប់មនុស្សអំពីអ្វីខ្លះទៅ? ពាក្យទាំងនោះប្រាប់មនុស្សឱ្យចេញពីព្រះវិហារ ដ្បិតព្រះជាម្ចាស់បានចាកចេញពីព្រះវិហាររួចហើយ ហើយទ្រង់ក៏លែងធ្វើការនៅក្នុងព្រះវិហារទៀតដែរ ដូច្នេះ មនុស្សគួរតែស្វែងរកដានព្រះបាទារបស់ព្រះជាម្ចាស់ដែលនៅខាងក្រៅព្រះវិហារ ហើយដើរតាមជំហានរបស់ទ្រង់នៅក្នុងកិច្ចការថ្មីរបស់ទ្រង់វិញ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលបែបនេះ វាមានសេចក្តីសន្និដ្ឋានមួយនៅពីក្រោយព្រះបន្ទូលរបស់ទ្រង់ដែលស្ថិតនៅក្រោមក្រឹត្យវិន័យ គឺថាមនុស្សមើលឃើញព្រះវិហារជាអ្វីមួយដែលប្រសើរជាងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទៅទៀត។ ដោយសារតែមនុស្សបានថ្វាយបង្គំព្រះវិហារ ជាជាងថ្វាយបង្គំព្រះជាម្ចាស់ ដូច្នេះ ព្រះអម្ចាស់យេស៊ូវបានព្រមានពួកគេមិនឱ្យថ្វាយបង្គំរូបសំណាកឡើយ ប៉ុន្តែត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ ដ្បិតទ្រង់ជាព្រះដ៏ឧត្តុង្គឧត្តម។ ដូច្នេះ ទ្រង់បានមានបន្ទូលថា «ខ្ញុំមិនចង់បានយញ្ញបូជាទេ ប៉ុន្តែចង់បានសេចក្តីមេត្តាករុណាវិញ»។ នេះសបញ្ជាក់ឱ្យឃើញថា នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់យេស៊ូវ មនុស្សភាគច្រើនដែលកំពុងតែរស់នៅក្រោមក្រឹត្យវិន័យ លែងថ្វាយបង្គំព្រះយេហូវ៉ាទៀតហើយ ប៉ុន្តែពួកគេគ្រាន់តែធ្វើតាមទម្លាប់នៃការថ្វាយយញ្ញបូជាប៉ុណ្ណោះ ហើយព្រះអម្ចាស់យេស៊ូវបានកំណត់ថា ទង្វើនេះជាការថ្វាយបង្គំរូបសំណាក។ អ្នកថ្វាយបង្គំរូបសំណាកទាំងនេះបានមើលឃើញព្រះវិហារជាអ្វីមួយដែលប្រសើរ និងខ្ពស់ជាងព្រះជាម្ចាស់ទៅទៀត។ នៅក្នុងដួងចិត្តរបស់ពួកគេ មានតែព្រះវិហារប៉ុណ្ណោះ គឺគ្មានព្រះជាម្ចាស់ឡើយ ហើយបើពួកគេត្រូវបាត់បង់ព្រះវិហារ នោះពួកគេនឹងដូចជាបាត់បង់ទីលំនៅរបស់ពួកគេអ៊ីចឹង។ បើគ្មានព្រះវិហារទេ នោះពួកគេនឹងគ្មានកន្លែងថ្វាយបង្គំ ហើយគេមិនអាចអនុវត្តការការថ្វាយយញ្ញបូជារបស់ពួកគេបានឡើយ។ «ទីលំនៅ» របស់ពួកគេគឺជាកន្លែងដែលពួកគេប្រើ ដើម្បីធ្វើពុតក្លែងជាថ្វាយបង្គំព្រះយេហូវ៉ាដ៏ជាព្រះ ដើម្បីបន្តនៅក្នុងព្រះវិហារ និងអនុវត្តកិច្ចការផ្ទាល់របស់ពួកគេ។ «ការថ្វាយយញ្ញបូជា» របស់ពួកគេគឺជាការដែលពួកគេអនុវត្តការដោះដូរដ៏គួរឱ្យអាម៉ាស់របស់ពួកគេ នៅក្រោមការក្លែងបន្លំនៃការបម្រើរបស់ពួកគេនៅក្នុងព្រះវិហារ។ នេះគឺជាហេតុផលដែលមនុស្សនៅសម័យនោះបានមើលឃើញព្រះវិហារប្រសើរជាងព្រះជាម្ចាស់។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទាំងនេះ ជាពាក្យព្រមានទៅកាន់មនុស្ស ដោយសារតែពួកគេកំពុងតែប្រើព្រះវិហារមកធ្វើជាលេស ហើយប្រើយញ្ញបូជាធ្វើជារបាំងមុខ ដើម្បីបោកបញ្ឆោតមនុស្ស និងបោកបញ្ឆោតព្រះជាម្ចាស់។ ប្រសិនបើអ្នកអនុវត្តតាមព្រះបន្ទូលទាំងនេះនៅក្នុងពេលបច្ចុប្បន្ន ព្រះបន្ទូលនេះនៅតែមានសុពលភាព និងសមហេតុផលដដែល។ ទោះបីមនុស្សនាពេលសព្វថ្ងៃបានដកពិសោធន៍កិច្ចការផ្សេងៗរបស់ព្រះជាម្ចាស់ ខ្លាំងជាងមនុស្សនៅក្នុងយុគសម័យនៃក្រឹត្យវិន័យក៏ដោយ ប៉ុន្តែសារជាតិនៃធម្មជាតិរបស់ពួកគេគឺនៅដដែល។ នៅក្នុងបរិបទនៃកិច្ចការនាពេលសព្វថ្ងៃ មនុស្សនឹងនៅតែធ្វើកិច្ចការដដែល ដោយយកពាក្យ «ព្រះវិហារប្រសើរជាងព្រះជាម្ចាស់» មកធ្វើជាតំណាង។ ឧទាហរណ៍ មនុស្សមើលឃើញការបំពេញភារកិច្ចរបស់ពួកគេ ជាការងាររបស់ពួកគេ។ ពួកគេមើលឃើញការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងប្រយុទ្ធទាស់នឹងនាគដ៏ធំមានសម្បុរក្រហម ជាចលនានយោបាយនៅក្នុងការការពារសិទ្ធិមនុស្ស សម្រាប់លទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ ពួកគេយកភារកិច្ចរបស់ពួកគេ ដើម្បីប្រើជំនាញរបស់ពួកគេនៅក្នុងអាជីព ប៉ុន្តែពួកគេចាត់ទុកការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ថាគ្មានន័យខ្លឹមសារ គឺគ្រាន់តែជាគោលលទ្ធិសាសនាមួយប៉ុណ្ណោះ។ តើឥរិយាបថទាំងនេះមិនមានសារៈសំខាន់ដូចគ្នាទៅនឹង «ព្រះវិហារប្រសើរជាងព្រះជាម្ចាស់» ទេឬ? ភាពខុសគ្នាគឺនៅត្រង់ថា កាលពីពីរពាន់ឆ្នាំមុន មនុស្សធ្វើការរកស៊ីនៅក្នុងព្រះវិហាររូបិយ ប៉ុន្តែសព្វថ្ងៃនេះវិញ មនុស្សធ្វើការរកស៊ីនៅក្នុងព្រះវិហារអរូបិយ។ មនុស្សដែលឱ្យតម្លៃលើក្បួនច្បាប់ទាំងនោះ មើលឃើញក្បួនច្បាប់ថាប្រសើរជាងព្រះជាម្ចាស់ មនុស្សដែលស្រឡាញ់ឋានៈទាំងនោះ មើលឃើញឋានៈថាប្រសើរជាងព្រះជាម្ចាស់ មនុស្សដែលស្រឡាញ់អាជីពទាំងនោះ មើលឃើញអាជីពថាប្រសើរជាងព្រះជាម្ចាស់ជាដើម ដូច្នេះ រាល់ការសម្ដែងចេញរបស់ពួកគេ នាំឱ្យខ្ញុំនិយាយថា៖ «មនុស្សសរសើរតម្កើងព្រះជាម្ចាស់ថាខ្ពង់ខ្ពស់បំផុត តាមរយៈពាក្យសម្ដីរបស់ពួកគេ ប៉ុន្តែនៅក្នុងភ្នែករបស់ពួកគេវិញ អ្វីៗគ្រប់យ៉ាងគឺប្រសើរជាងព្រះជាម្ចាស់ទៅទៀត»។ នោះគឺដោយសារតែពេលណាដែលមនុស្សមានឱកាសនៅលើដំណើរផ្លូវនៃការដើរតាមព្រះជាម្ចាស់ ដើម្បីបង្ហាញពីទេពកោសល្យរបស់ពួកគេ ឬអាចធ្វើជំនួញរកស៊ីបាន ឬចំណេញដល់អាជីពរបស់ពួកគេ នោះពួកគេនឹងដកខ្លួនចេញពីព្រះជាម្ចាស់ ហើយហក់ចូលទៅក្នុងអាជីពដ៏ជាទីស្រឡាញ់របស់ពួកគេមិនខាន។ ចំពោះអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ពួកគេ និងព្រះហឫទ័យរបស់ទ្រង់ គឺពួកគេបានបោះបង់ចោលតាំងពីយូរយារណាស់មកហើយ។ តើអ្វីទៅជាភាពខុសគ្នារវាងសភាពរបស់មនុស្សទាំងនេះ និងមនុស្សដែលបានធ្វើជំនួញរកស៊ីនៅក្នុងព្រះវិហារ កាលពីពីរពាន់ឆ្នាំមុនទៅ?

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦៧

ឃ្លាថា «បុត្រមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ» ប្រាប់មនុស្សថា អ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់ មិនមែនចេញមកពីធម្មជាតិខាងសម្ភារៈឡើយ ហើយទោះបីព្រះជាម្ចាស់អាចប្រទានដល់គ្រប់តម្រូវការខាងសម្ភារៈរបស់អ្នក នៅពេលដែលគ្រប់សេចក្តីតម្រូវការខាងផ្នែកសម្ភារៈរបស់អ្នកត្រូវបានបំពេញហើយក៏ដោយ តើសេចក្តីស្កប់ចិត្តចេញពីរបស់ទាំងនេះអាចជំនួសឱ្យការដេញតាមរបស់អ្នកចំពោះសេចក្តីពិតដែរឬទេ? នោះជារឿងមិនអាចទៅរួចឡើយ! និស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ដែលយើងបានប្រកបគ្នានេះ សុទ្ធតែជាសេចក្តីពិត។ តម្លៃរបស់វាមិនអាចត្រូវបានវាស់វែងដោយវត្ថុខាងសម្ភារៈណាមួយឡើយ ទោះបីវាមានតម្លៃកម្រិតណា ឬតម្លៃរបស់វាត្រូវបានកំណត់ដោយចំនួនជាលុយក៏ដោយ ព្រោះថាអ្វីដែលបំពេញដល់តម្រូវការនៃដួងចិត្តរបស់មនុស្សម្នាក់ៗនោះ មិនមែនជាវត្ថុខាងសម្ភារៈឡើយ។ សម្រាប់មនុស្សគ្រប់គ្នា តម្លៃនៃសេចក្តីពិតអរូបិយទាំងនេះគួរតែមានតម្លៃខ្ពស់ជាងតម្លៃរបស់វត្ថុខាងសម្ភារៈដែលអ្នកផ្ដល់តម្លៃ មិនអ៊ីចឹងឬ? ឃ្លានេះជាអ្វីមួយដែលអ្នករាល់គ្នាត្រូវតែយកទៅពិចារណា។ ចំណុចសំខាន់អំពីអ្វីដែលខ្ញុំបាននិយាយគឺថា កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងអ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់ គឺជារឿងដ៏សំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ ហើយវាមិនអាចត្រូវបានជំនួសដោយវត្ថុខាងសម្ភារៈណាមួយឡើយ។ ខ្ញុំនឹងផ្ដល់ឱ្យអ្នកនូវឧទាហរណ៍មួយ៖ នៅពេលដែលអ្នកឃ្លាន អ្នកត្រូវការអាហារ។ អាហារនេះអាចជាអាហារល្អ ឬមិនសូវល្អ អាចជាអាហារដែលអ្នកចូលចិត្ត ឬមិនសូវជាចូលចិត្ត ប៉ុន្តែដរាបណាអ្នកអាចបរិភោគឆ្អែត នោះអារម្មណ៍មិនសុខស្រួលដែលចេញពីការស្រេកឃ្លានរបស់អ្នកនឹងលែងមានតទៅទៀត។ អ្នកអាចអង្គុយដោយសន្ដិភាព ហើយរាងកាយរបស់អ្នកនឹងមានអារម្មណ៍ស្រួលខ្លួន។ ភាពស្រេកឃ្លានរបស់មនុស្សអាចត្រូវបានដោះស្រាយជាមួយអាហារ ប៉ុន្តែនៅពេលដែលអ្នកកំពុងតែដើរតាមព្រះជាម្ចាស់ ហើយមានអារម្មណ៍ថា អ្នកគ្មានការយល់ដឹងអំពីទ្រង់ តើអ្នកអាចដោះស្រាយភាពទទេនៅក្នុងដួងចិត្តរបស់អ្នកដោយរបៀបណាទៅ? តើវាអាចត្រូវបានដោះស្រាយជាមួយអាហារបានដែរឬទេ? ឬនៅពេលដែលអ្នកកំពុងតែដើរតាមព្រះជាម្ចាស់ ហើយមិនយល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់ តើអ្នកអាចប្រើអ្វីទៅ ដើម្បីបំពេញភាពស្រេកឃ្លាននៅក្នុងដួងចិត្តរបស់អ្នក? នៅក្នុងដំណើរការនៃបទពិសោធរបស់អ្នកចំពោះសេចក្តីសង្រ្គោះតាមរយៈព្រះជាម្ចាស់ ក្នុងពេលដេញតាមការផ្លាស់ប្ដូរមួយនៅក្នុងនិស្ស័យរបស់អ្នក ប្រសិនបើអ្នកមិនយល់អំពីព្រះហឫទ័យរបស់ទ្រង់ ឬមិនស្គាល់អ្វីទៅជាសេចក្តីពិត ប្រសិនបើអ្នកមិនយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ តើអ្នកនឹងមិនមានអារម្មណ៍រសាប់រសល់ទេឬអី? តើអ្នកនឹងមិនមានអារម្មណ៍កាន់តែស្រេកឃ្លាននៅក្នុងដួងចិត្តរបស់អ្នកទេឬ? តើអារម្មណ៍ទាំងនេះមិនរារាំងអ្នកមិនឱ្យមានអារម្មណ៍ស្រួលចិត្តទេឬ? ដូច្នេះ តើអ្នកនឹងបំពេញការស្រេកឃ្លាននៅក្នុងដួងចិត្តរបស់អ្នកដោយរបៀបណាទៅ? តើវាមានផ្លូវដើម្បីដោះស្រាយឬទេ? មនុស្សខ្លះជ្រើសរើសយកការដើរផ្សារទិញទំនិញ អ្នកខ្លះស្វែងរកមិត្តភក្តិដែលគេទុកចិត្ត អ្នកខ្លះដេកយ៉ាងយូរនៅលើគ្រែ អ្នកផ្សេងទៀតអានព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន ឬក៏ធ្វើការកាន់ខ្លាំង និងលះបង់កម្លាំងកាន់តែខ្លាំង ដើម្បីបំពេញភារកិច្ចរបស់ពួកគេ។ តើកិច្ចការទាំងនេះអាចដោះស្រាយទុក្ខលំបាកជាក់ស្ដែងរបស់អ្នកដែរឬទេ? អ្នករាល់គ្នាសុទ្ធតែយល់អំពីការអនុវត្តប្រភេទទាំងនេះហើយ។ នៅពេលដែលអ្នកមានអារម្មណ៍អស់កម្លាំង នៅពេលដែលអ្នកមានអារម្មណ៍ចង់បានការបំភ្លឺពីព្រះជាម្ចាស់ខ្លាំង ដើម្បីជួយឱ្យអ្នកដឹងអំពីតថភាពនៃសេចក្តីពិត និងបំណងព្រះហឫទ័យរបស់ទ្រង់ តើអ្នកត្រូវការអ្វីខ្លាំងបំផុត? អ្វីដែលអ្នកត្រូវការនោះ មិនមែនជាការបរិភោគអាហារឆ្អែតៗ មិនមែនជាព្រះបន្ទូលពីរបី ហើយក៏មិនមែនជាភាពស្រណុក និងការស្កប់ចិត្តបណ្ដោះអាសន្នខាងសាច់ឈាមនោះដែរ ប៉ុន្តែអ្វីដែលអ្នកត្រូវការ គឺឱ្យព្រះជាម្ចាស់មានបន្ទូលប្រាប់អ្នកដោយផ្ទាល់ និងច្បាស់ៗអំពីអ្វីដែលអ្នកគួរតែធ្វើ និងរបៀបដែលអ្នកគួរតែធ្វើវា គឺប្រាប់អ្នកច្បាស់ៗអំពីអ្វីទៅជាសេចក្តីពិត។ ក្រោយពេលដែលអ្នកបានយល់អំពីការនេះហើយ ទោះបីអ្នកទទួលបានការយល់ដឹងតែបន្ដិចបន្តួចក៏ដោយ តើអ្នកនឹងមិនមានអារម្មណ៍ស្កប់ស្កល់នៅក្នុងដួងចិត្តរបស់អ្នក ខ្លាំងជាងអ្នកបានបរិភោគអាហារដ៏ឆ្ងាញ់មួយចានទេឬអី? នៅពេលដែលដួងចិត្តរបស់អ្នកបានស្កប់ស្កល់ តើដួងចិត្ត និងជីវិតរបស់អ្នកទាំងស្រុងមិនទទួលបានសេចក្តីស្ងប់ចិត្តពិតប្រាកដទេឬ? តាមរយៈការប្រៀបធៀប និងការវិភាគនេះ តើអ្នករាល់គ្នាយល់ហើយឬនៅឥឡូវនេះអំពីហេតុផលដែលខ្ញុំចង់ចែករំលែកជាមួយអ្នករាល់គ្នាអំពីឃ្លាថា «បុត្រមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ»? អត្ថន័យរបស់វាគឺថា អ្វីដែលចេញមកពីព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងអ្វីៗគ្រប់យ៉ាងអំពីទ្រង់ គឺប្រសើរខ្ពស់ជាងអ្វីៗផ្សេងទៀត រួមទាំងវត្ថុ ឬមនុស្សដែលអ្នកធ្លាប់ឱ្យតម្លៃបំផុតកាលពីមុនទៅទៀត។ គឺអាចនិយាយបានថា ប្រសិនបើមនុស្សម្នាក់មិនអាចទទួលបានព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ឬពួកគេមិនយល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់ទេ នោះពួកគេមិនអាចទទួលបានសេចក្ដីសម្រាកឡើយ។ នៅក្នុងបទពិសោធនាពេលអនាគតរបស់អ្នក អ្នករាល់គ្នានឹងយល់អំពីហេតុផលដែលខ្ញុំចង់ឱ្យអ្នករាល់គ្នាយល់អំពីបទគម្ពីរនេះនៅថ្ងៃនេះ ព្រោះថាវាពិតជាសំខាន់ណាស់។ អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺជាសេចក្តីពិត និងជាជីវិត។ សេចក្តីពិតគឺជាអ្វីមួយដែលមនុស្សមិនអាចខ្វះបាននៅក្នុងជីវិតរបស់ពួកគេ គឺវាជាអ្វីមួយដែលពួកគេខ្វះមិនបានតែម្ដង។ អ្នកក៏អាចនិយាយថា វាជារឿងដ៏សំខាន់បំផុតដែរ។ ទោះបីអ្នកមិនអាចមើលឃើញ ឬពាល់វាបានក៏ដោយ ប៉ុន្តែភាពសំខាន់របស់វាចំពោះអ្នក មិនអាចព្រងើយកន្ដើយបានឡើយ ព្រោះថាវាជារឿងតែមួយគត់ដែលធ្វើឱ្យដួងចិត្តរបស់អ្នកបានស្ងប់។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦៨

តើការយល់ដឹងរបស់អ្នកអំពីសេចក្តីពិត ត្រូវបានបញ្ចូលគ្នាជាមួយសភាពរបស់អ្នកឬ? នៅក្នុងជីវិតពិត ជាដំបូង អ្នកត្រូវតែគិតថាតើមានសេចក្តីពិតណាខ្លះដែលទាក់ទងនឹងមនុស្ស ព្រឹត្តិការណ៍ ឬវត្ថុដែលអ្នកបានជួបប្រទះ ដោយសារតែនៅក្នុងចំណោមសេចក្តីពិតទាំងនេះហើយ ដែលអ្នកអាចរកឃើញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងផ្សារភ្ជាប់អ្វីដែលអ្នកបានជួបជាមួយនឹងបំណងព្រះហឫទ័យរបស់ទ្រង់។ ប្រសិនបើអ្នកមិនដឹងអំពីទិដ្ឋភាពនៃសេចក្តីពិតណាខ្លះដែលទាក់ទងនឹងរឿងរ៉ាវដែលអ្នកបានជួបផង ប៉ុន្តែ ផ្ទុយទៅវិញ បែរជាចូលទៅដោយផ្ទាល់ ដើម្បីស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នេះគឺជាវិធីសាស្ត្រដ៏ងងឹតងងល់មួយដែលមិននាំឱ្យទទួលបានលទ្ធផលឡើយ។ ប្រសិនបើអ្នកចង់ស្វែងរកសេចក្តីពិត និងចង់យល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាដំបូង អ្នកត្រូវតែមើលទៅកាន់ប្រភេទនៃរឿងរ៉ាវដែលបានកើតឡើងចំពោះអ្នក ថាតើមានទិដ្ឋភាពនៃសេចក្តីពិតណាខ្លះដែលវាពាក់ព័ន្ធជាមួយ ហើយស្វែងរកសេចក្តីពិតជាក់លាក់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលទាក់ទងនឹងអ្វីដែលអ្នកបានមានបទពិសោធនោះ។ បន្ទាប់មក អ្នកស្វែងរកមាគ៌ាអនុវត្តដែលត្រឹមត្រូវសម្រាប់អ្នកនៅក្នុងសេចក្តីពិតនោះ ព្រោះថាបើធ្វើបែបនេះ អ្នកអាចទទួលបានការយល់ដឹងដោយប្រយោលអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ការស្វែងរក និងការអនុវត្តតាមសេចក្តីពិត មិនមែនជាការអនុវត្តតាមគោលលទ្ធិ ឬការធ្វើតាមរូបមន្តនោះឡើយ។ សេចក្តីពិតមិនមែនជាការធ្វើតាមរូបមន្តទេ ហើយវាក៏មិនមែនជាក្រឹត្យវិន័យដែរ។ វាមិនមែនជាអ្វីមួយដែលស្លាប់ឡើយ ប៉ុន្តែ វាជាជីវិត វាជាអ្វីមួយដែលមានជីវិត ហើយវាជាក្បួនច្បាប់មួយដែលមនុស្សត្រូវដើរតាមនៅក្នុងជីវិត និងជាក្បួនច្បាប់ដែលមនុស្សត្រូវមាននៅក្នុងជីវិត។ នេះជាអ្វីមួយដែលអ្នកត្រូវតែយល់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន តាមរយៈបទពិសោធន៍របស់អ្នក។ មិនថាអ្នកបានមកដល់ដំណាក់កាលណានៅក្នុងបទពិសោធរបស់អ្នកឡើយ គឺអ្នកមិនអាចដាច់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្តីពិតបានឡើយ ហើយអ្វីដែលអ្នកយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងអ្វីដែលអ្នកដឹងអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់នោះ គឺត្រូវបានស្ដែងចេញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដូច្នេះ វាត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងសេចក្តីពិត។ និស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺជាសេចក្តីពិតដោយផ្ទាល់។ សេចក្តីពិតជាការសម្ដែងចេញដ៏ពិតអំពីនិស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ វាធ្វើឱ្យកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ មានភាពរឹងមាំច្បាស់លាស់ ហើយវាបង្កើតចេញជាប្រយោគដ៏ច្បាស់មួយអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ វាប្រាប់អ្នកកាន់តែចំៗអំពីអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យ អ្វីដែលទ្រង់មិនសព្វព្រះទ័យ អ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ឱ្យអ្នកធ្វើ និងអ្វីដែលទ្រង់មិនចង់ឱ្យអ្នកធ្វើ មនុស្សណាខ្លះដែលទ្រង់ស្អប់ ហើយមនុស្សណាខ្លះដែលទ្រង់សព្វព្រះទ័យ។ នៅពីក្រោយសេចក្តីពិតដែលព្រះជាម្ចាស់សម្ដែងចេញ មនុស្សអាចមើលឃើញពីភាពរីករាយ ព្រះពិរោធ ទុក្ខព្រួយ និងសេចក្តីសុខរបស់ទ្រង់ ព្រមទាំងសារជាតិរបស់ទ្រង់ដែរ ដ្បិតនេះគឺជាការបើកសម្ដែងអំពីនិស្ស័យរបស់ទ្រង់។ ក្រៅពីការដឹងអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងយល់ដឹងអំពីនិស្ស័យរបស់ទ្រង់ចេញពីព្រះបន្ទូលរបស់ទ្រង់ អ្វីដែលសំខាន់បំផុតនោះ គឺជាតម្រូវការដើម្បីទទួលបានការយល់ដឹងនេះ តាមរយៈបទពិសោធជាក់ស្ដែង។ ប្រសិនបើមនុស្សម្នាក់នៅដាច់ចេញពីជីវិតពិត ដើម្បីស្គាល់ព្រះជាម្ចាស់ នោះពួកគេនឹងមិនអាចសម្រេចបានឡើយ។ ទោះបីមានមនុស្សដែលអាចទទួលបានការយល់ដឹងខ្លះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ការយល់ដឹងរបស់ពួកគេនៅមានកម្រិតត្រឹមជាទ្រឹស្ដី និងពាក្យពេចន៍ប៉ុណ្ណោះ ហើយវានៅតែមានភាពខុសគ្នាជាមួយលក្ខណៈដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដដែល។

អ្វីដែលយើងកំពុងតែប្រាស្រ័យទាក់ទងឥឡូវនេះ គឺស្ថិតនៅក្នុងវិសាលភាពនៃសាច់រឿងដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ។ តាមរយៈសាច់រឿងទាំងនេះ និងតាមរយៈការវិភាគលើអ្វីដែលបានកើតឡើង មនុស្សអាចយល់អំពីនិស្ស័យរបស់ទ្រង់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ដែលព្រះអង្គបានបង្ហាញចេញ ដើម្បីជួយឱ្យពួកគេដឹងអំពីគ្រប់ទិដ្ឋភាពរបស់ព្រះជាម្ចាស់កាន់តែទូលំទូលាយ កាន់តែស៊ីជម្រៅ កាន់តែយល់ និងកាន់តែហ្មត់ចត់។ ដូច្នេះ តើផ្លូវតែមួយគត់ ដើម្បីដឹងអំពីគ្រប់ទិដ្ឋភាពរបស់ព្រះជាម្ចាស់ គឺតាមរយៈសាច់រឿងទាំងនេះឬ? អត់ទេ វាមិនមែនជាផ្លូវតែមួយគត់ឡើយ! ព្រោះថាអ្វីដែលព្រះជាម្ចាស់មានបន្ទូល និងកិច្ចការដែលទ្រង់ធ្វើនៅក្នុងយុគសម័យនៃនគរព្រះ អាចជួយឱ្យមនុស្សកាន់តែដឹងអំពីនិស្ស័យរបស់ទ្រង់ និងដឹងអំពីវាកាន់តែពេញលេញ។ យ៉ាងណាមិញ ខ្ញុំគិតថា វាកាន់តែងាយស្រួលជាងក្នុងការដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងយល់អំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ តាមរយៈឧទាហរណ៍ ឬសាច់រឿងខ្លះដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ ដែលមនុស្សបានស្គាល់។ ប្រសិនបើខ្ញុំយកព្រះបន្ទូលអំពីការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងសេចក្តីពិតដែលព្រះជាម្ចាស់សម្ដែងចេញជាព្រះបន្ទូល និងព្រះបន្ទូលនាពេលសព្វថ្ងៃ ដើម្បីជួយឱ្យអ្នកស្គាល់ទ្រង់នៅក្នុងរបៀបនេះ នោះអ្នកនឹងមានអារម្មណ៍ថា វាគួរឱ្យធុញ និងគួរឱ្យនឿយហត់មិនខាន ហើយអ្នកខ្លះនឹងថែមទាំងមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ហាក់ដូចជាថ្លែងតាមទម្លាប់ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើខ្ញុំយកសាច់រឿងព្រះគម្ពីរទាំងនេះមកធ្វើជាឧទាហរណ៍ ដើម្បីជួយឱ្យមនុស្សដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមិនមានអារម្មណ៍ធុញទ្រាន់ឡើយ។ អ្នកអាចនិយាយបានថា នៅក្នុងដំណើរនៃការពន្យល់ឧទាហរណ៍ទាំងនេះ សេចក្តីលម្អិតអំពីអ្វីដែលស្ថិតនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅគ្រានោះ ដែលជាអារម្មណ៍ ឬមនោសញ្ចេតនារបស់ទ្រង់ ឬជាព្រះតម្រិះ ឬយោបល់របស់ទ្រង់នោះ ត្រូវបានថ្លែងប្រាប់ដល់មនុស្សជាភាសាមនុស្សរួចហើយ ហើយគោលដៅនៃការធ្វើបែបនេះ គឺដើម្បីជួយឱ្យពួកគេយល់ ដើម្បីឱ្យពួកគេមានអារម្មណ៍ដឹងថា កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់នោះ មិនមែនជាការថ្លែងឡើងតាមទម្លាប់ឡើយ។ វាមិនមែនជារឿងព្រេងនិទាន ឬជាអ្វីមួយដែលមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់បានឡើយ។ វាជាអ្វីមួយដែលពិតជាបានកើតឡើង ជាអ្វីមួយដែលមនុស្សអាចមានអារម្មណ៍ដឹង និងយល់បាន។ នេះគឺជាគោលដៅចុងក្រោយ។ អ្នកអាចនិយាយបានថា មនុស្សដែលរស់នៅក្នុងយុគសម័យនេះពិតជាមានពរណាស់។ ពួកគេអាចបើកមើលសាច់រឿងព្រះគម្ពីរ ដើម្បីទទួលបានការយល់ដឹងកាន់តែទូលំទូលាយអំពីកិច្ចការមុនៗរបស់ព្រះជាម្ចាស់។ ពួកគេអាចមើលឃើញនិស្ស័យរបស់ទ្រង់ តាមរយៈកិច្ចការដែលទ្រង់បានធ្វើ។ ពួកគេអាចយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ តាមរយៈនិស្ស័យទាំងនេះដែលទ្រង់បានបង្ហាញចេញ និងយល់អំពីការស្ដែងចេញដ៏ច្បាស់លាស់អំពីភាពបរិសុទ្ធរបស់ទ្រង់ និងការមើលថែរបស់ទ្រង់ចំពោះមនុស្ស ហើយមានតែបែបនេះទេ ទើបពួកគេអាចទទួលបានចំណេះដឹងកាន់តែលម្អិត និងកាន់តែស៊ីជម្រៅអំពីនិស្ស័យរបស់ព្រះជាម្ចាស់។ ខ្ញុំជឿថា ឥឡូវនេះ អ្នករាល់គ្នាអាចមានអារម្មណ៍អំពីការនេះហើយ!

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៦៩

ដោយស្ថិតនៅក្នុងវិសាលភាពនៃកិច្ចការដែលព្រះអម្ចាស់យេស៊ូវបានសម្រេចនៅក្នុងយុគសម័យនៃព្រះគុណ អ្នកអាចមើលឃើញនូវទិដ្ឋភាពមួយទៀតអំពីអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ ទិដ្ឋភាពនេះត្រូវបានស្ដែងចេញតាមរយៈសាច់ឈាមរបស់ទ្រង់ ហើយមនុស្សអាចមើលឃើញ និងយល់អំពីទិដ្ឋភាពនេះបានដោយសារតែភាពជាមនុស្សរបស់ទ្រង់។ នៅក្នុងបុត្រមនុស្ស មនុស្សបានមើលឃើញរបៀបដែលព្រះជាម្ចាស់នៅក្នុងសាច់ឈាម បានរស់នៅក្នុងភាពជាមនុស្សរបស់ទ្រង់ ហើយពួកគេបានឃើញភាពជាព្រះរបស់ព្រះជាម្ចាស់ត្រូវបានសម្ដែងចេញតាមរយៈសាច់ឈាមដែរ។ ការសម្តែងចេញទាំងពីរប្រភេទនេះ បានជួយឱ្យមនុស្សមើលឃើញព្រះជាម្ចាស់ដ៏ពិត ហើយវាក៏ជួយឱ្យមនុស្សមាននូវគោលគំនិតខុសៗគ្នាអំពីព្រះជាម្ចាស់ដែរ។ យ៉ាងណាមិញ ក្នុងអំឡុងពេលរវាងការបង្កើតពិភពលោក និងចុងបញ្ចប់នៃយុគសម័យនៃក្រឹត្យវិន័យ ពោលគឺ មុនពេលយុគសម័យនៃព្រះគុណ ទិដ្ឋភាពតែមួយគត់របស់ព្រះជាម្ចាស់ដែលមនុស្សមើលឃើញ ស្ដាប់ឮ និងដកពិសោធន៍បាន គឺជាភាពជាព្រះរបស់ព្រះជាម្ចាស់ ជាអ្វីៗដែលព្រះជាម្ចាស់បានធ្វើ និងមានបន្ទូលនៅក្នុងពិភពលោកមួយដែលមិនមែនសម្ភារៈ ព្រមទាំងអ្វីៗដែលទ្រង់បានសម្ដែងចេញពីរូបអង្គដ៏ពិតរបស់ទ្រង់ ដែលមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់បាន។ ជារឿយៗ អ្វីៗទាំងនេះបានធ្វើឱ្យមនុស្សមានអារម្មណ៍ថា ព្រះជាម្ចាស់គង់នៅទីដ៏ខ្ពស់ ពេញដោយភាពធំធេងអស្ចារ្យ ហើយពួកគេមិនអាចចូលទៅជិតទ្រង់បានឡើយ។ ការស្ដែងចេញដែលព្រះជាម្ចាស់ជានិច្ចកាលប្រទានដល់មនុស្សគឺថា ទ្រង់បានធ្វើចលនាភ្លឹបភ្លែតៗ ដែលនាំឱ្យពួកគេគ្មានសមត្ថភាពនឹងយល់ពីទ្រង់ ហើយមនុស្សថែមទាំងមានអារម្មណ៍ថា គ្រប់ទាំងព្រះតម្រិះ និងយោបល់របស់ទ្រង់ សុទ្ធតែជាសេចក្តីអាថ៌កំបាំង និងពិបាកខ្លាំង ដែលពួកគេគ្មានផ្លូវនឹងយល់ ហើយពួកគេក៏គ្មានបំណងចង់យល់ និងចង់ស្គាល់ព្រះតម្រិះទាំងនោះឡើយ។ សម្រាប់មនុស្ស អ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់គឺនៅឆ្ងាយណាស់ នៅសែនឆ្ងាយដែលមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់បានឡើយ។ ទ្រង់ហាក់ដូចជាគង់នៅលើមេឃដ៏សែនខ្ពស់ ហើយហាក់ដូចជាគ្មានព្រះជន្មទាល់តែសោះ។ ដូច្នេះ សម្រាប់មនុស្ស ការយល់ដឹងអំពីព្រះហឫទ័យ និងព្រះតម្រិះរបស់ព្រះជាម្ចាស់ គឺមិនអាចទៅរួចឡើយ ហើយក៏លើសពីសមត្ថភាពរបស់ពួកគេដែរ។ ទោះបីព្រះជាម្ចាស់បានធ្វើកិច្ចការដ៏ច្បាស់លាស់មួយចំនួននៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយបានថ្លែងព្រះបន្ទូលជាក់លាក់មួយចំនួន និងបានបង្ហាញនូវនិស្ស័យខ្លះ ដើម្បីជួយឱ្យមនុស្សអាចស្គាល់ និងទទួលបានចំណេះដឹងដ៏ពិតខ្លះអំពីទ្រង់ក៏ដោយ ក៏នៅទីបំផុត ការសម្ដែងចេញអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់នេះ ចេញមកពីពិភពដែលមិនមែនជាសម្ភារៈដដែល ហើយអ្វីដែលមនុស្សបានយល់ អ្វីដែលពួកគេបានដឹង គឺនៅតែអំពីទិដ្ឋភាពជាព្រះទាក់ទងនឹងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ដដែល។ មនុស្សជាតិមិនអាចទទួលបានគោលគំនិតដ៏ច្បាស់លាស់ចេញពីការស្ដែងចេញអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់នេះឡើយ ហើយការចាប់អារម្មណ៍របស់ពួកគេចំពោះព្រះជាម្ចាស់ គឺនៅតែជាប់គាំងក្នុងវិសាលភាពនៃ «រូបកាយខាងវិញ្ញាណមួយដែលពិបាកចូលទៅជិត ជារូបកាយដែលភ្លឹបភ្លែតៗ»។ ដោយសារតែព្រះជាម្ចាស់មិនបានប្រើវត្ថុជាក់លាក់ ឬរូបអង្គមួយដែលជាកម្មសិទ្ធិនៃពិភពខាងសម្ភារៈ ដើម្បីលេចមកនៅមុខមនុស្ស ដូច្នេះ ពួកគេនៅតែមិនអាចកំណត់ភិនភាគរបស់ទ្រង់ ដោយប្រើប្រាស់ភាសារបស់មនុស្សដដែល។ នៅក្នុងដួងចិត្ត និងគំនិតរបស់មនុស្ស ពួកគេតែងតែចង់ប្រើភាសារបស់ពួកគេផ្ទាល់ ដើម្បីបង្កើតជាបទដ្ឋានមួយសម្រាប់ព្រះជាម្ចាស់ ដើម្បីច្នៃទ្រង់ឱ្យមនុស្សអាចមើលឃើញ និងធ្វើឱ្យទ្រង់មានរូបជាមនុស្ស ដូចជា កម្ពស់ មាឌ រូបរាងរបស់ទ្រង់ អ្វីដែលទ្រង់ចូលចិត្ត និងបុគ្គលិកលក្ខណៈរបស់ទ្រង់។ ជាការពិត នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ព្រះជាម្ចាស់បានជ្រាបដឹងថា មនុស្សកំពុងតែគិតបែបនេះរួចទៅហើយ។ ទ្រង់ជ្រាបដឹងយ៉ាងច្បាស់អំពីតម្រូវការរបស់មនុស្ស ហើយទ្រង់ក៏ជ្រាបដឹងអំពីអ្វីដែលទ្រង់គួរតែធ្វើដែរ ដូច្នេះហើយបានជាទ្រង់បានអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងរបៀបខុសៗគ្នានៅក្នុងយុគសម័យនៃព្រះគុណនោះ។ របៀបថ្មីនេះ គឺជារបៀបបែបជាព្រះផង និងបែបជាមនុស្សផង។ នៅក្នុងអំឡុងពេលដែលព្រះអម្ចាស់យេស៊ូវកំពុងតែធ្វើការ មនុស្សអាចមើលឃើញថា ព្រះជាម្ចាស់មានការស្ដែងចេញរបស់មនុស្សជាច្រើន។ ឧទាហរណ៍ ទ្រង់អាចរាំ ទ្រង់អាចចូលរួមពិធីមង្គលការ ទ្រង់អាចប្រាស្រ័យទាក់ទងជាមួយមនុស្ស មានបន្ទូលជាមួយពួកគេ និងពិភាក្សារឿងរ៉ាវផ្សេងៗជាមួយពួកគេ។ បន្ថែមពីលើនេះ ព្រះអម្ចាស់យេស៊ូវក៏បានសម្រេចកិច្ចការជាច្រើនដែលតំណាងឱ្យភាពជាព្រះរបស់ទ្រង់ដែរ ហើយកិច្ចការទាំងអស់នេះគឺជាការបង្ហាញ និងការបើកសម្ដែងអំពីនិស្ស័យរបស់ព្រះជាម្ចាស់។ ក្នុងអំឡុងពេលនេះ នៅពេលដែលភាពជាព្រះរបស់ព្រះជាម្ចាស់ត្រូវបានគេដឹងនៅក្នុងសាច់ឈាមធម្មតាតាមរបៀបមួយដែលមនុស្សអាចមើលឃើញ និងប៉ះពាល់បាន នោះពួកគេលែងមានអារម្មណ៍ថា ទ្រង់កំពុងតែភ្លឹបភ្លែតៗ ឬមានអារម្មណ៍ថា ពួកគេមិនអាចចូលជិតទ្រង់បានទៀតហើយ។ ផ្ទុយទៅវិញ ពួកគេអាចព្យាយាមយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬយល់ពីភាពជាព្រះរបស់ទ្រង់ តាមរយៈការធ្វើចលនា ព្រះបន្ទូល និងកិច្ចការរបស់បុត្រមនុស្ស។ បុត្រមនុស្សដែលយកកំណើតជាមនុស្សនេះបានបង្ហាញចេញនូវភាពជាព្រះរបស់ទ្រង់ តាមរយៈភាពជាមនុស្សរបស់ទ្រង់ ហើយបានបង្ហាញព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅកាន់មនុស្សជាតិ។ តាមរយៈការសម្ដែងចេញរបស់ទ្រង់អំពីព្រះហឫទ័យ និងនិស្ស័យរបស់ព្រះជាម្ចាស់ ទ្រង់ក៏បានបើកសម្ដែងឱ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់បាន ជាព្រះដែលគង់នៅក្នុងពិភពខាងវិញ្ញាណដែរ។ អ្វីដែលមនុស្សបានឃើញ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៅក្នុងទម្រង់រូបិយ ដែលមានជាសាច់ និងឈាម។ ដូច្នេះ បុត្រមនុស្សដែលយកកំណើតជាមនុស្សបានធ្វើឱ្យអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ឋានៈ រូបអង្គ និស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ មានភាពច្បាស់លាស់ និងតាមបែបជាមនុស្ស។ ទោះបីរូបរាងខាងក្រៅរបស់បុត្រមនុស្សមាននូវដែនកំណត់ខ្លះ ទាក់ទងនឹងរូបអង្គរបស់ព្រះជាម្ចាស់ សារជាតិរបស់ទ្រង់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ អាចតំណាងឱ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គក៏ដោយ ក៏វាមាននូវភាពខុសគ្នាមួយចំនួននៅក្នុងទម្រង់នៃការបង្ហាញចេញដែរ។ យើងមិនអាចបដិសេធបានថា បុត្រមនុស្សតំណាងឱ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ ទាំងនៅក្នុងទម្រង់នៃភាពជាមនុស្សរបស់ទ្រង់ និងនៅក្នុងភាពជាព្រះរបស់ទ្រង់នោះឡើយ។ យ៉ាងណាមិញ ក្នុងអំឡុងពេលនេះ ព្រះជាម្ចាស់បានធ្វើការតាមរយៈសាច់ឈាម បានមានបន្ទូលចេញពីទិដ្ឋភាពនៃសាច់ឈាម និងបានឈរនៅមុខមនុស្សជាតិជាមួយអត្តសញ្ញាណ និងឋានៈជាបុត្រមនុស្ស ហើយការនេះបានផ្ដល់ឱ្យមនុស្សនូវឱកាស ដើម្បីជួប និងដកពិសោធន៍នូវព្រះបន្ទូល និងកិច្ចការដ៏ពិតរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សជាតិ។ វាក៏បានជួយឱ្យមនុស្សទទួលបានគតិជ្រៅជ្រះអំពីភាពជាព្រះ និងភាពធំធេងរបស់ទ្រង់នៅក្នុងការបន្ទាបអង្គទ្រង់ ក៏ដូចជាទទួលបានការយល់ដឹង និងនិយមន័យដំបូងអំពីភាពពិតប្រាកដ និងតថភាពរបស់ព្រះជាម្ចាស់ដែរ។ ទោះបីកិច្ចការត្រូវបានសម្រេចដោយព្រះអម្ចាស់យេស៊ូវក៏ដោយ ក៏របៀបនៃការធ្វើការរបស់ទ្រង់ និងទិដ្ឋភាពចេញពីការដែលទ្រង់មានបន្ទូល មានលក្ខណៈខុសគ្នាពីរូបអង្គពិតរបស់ព្រះជាម្ចាស់នៅក្នុងពិភពខាងវិញ្ញាណដែរ ហើយអ្វីៗគ្រប់យ៉ាងអំពីទ្រង់ពិតជាបានតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមែន ដែលមនុស្សជាតិមិនធ្លាប់បានឃើញកាលពីមុនមកឡើយហើយការនេះមិនអាចបដិសេធបានឡើយ! គឺអាចនិយាយបានថា ទោះបីព្រះជាម្ចាស់លេចមកនៅក្នុងទម្រង់បែបណា មិនថាទ្រង់មានបន្ទូលចេញពីទិដ្ឋភាពមួយណា ឬទ្រង់ជួបជាមួយមនុស្សនៅក្នុងរូបភាពអ្វីនោះឡើយ ព្រះជាម្ចាស់មិនបានតំណាងឱ្យអ្វីឡើយ ក្រៅពីអង្គទ្រង់ផ្ទាល់។ ទ្រង់មិនតំណាងឱ្យមនុស្សណាម្នាក់ ឬមនុស្សជាតិដ៏ពុករលួយណាមួយឡើយ។ ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយការនេះមិនអាចបដិសេធបានឡើយ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧០

ប្រស្នាអំពីចៀមដែលបាត់

ម៉ាថាយ ១៨:១២-១៤ តើអ្នករាល់គ្នាយល់យ៉ាងដូចម្ដេច? បើមនុស្សម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយក្បាលបានវងេ្វងបាត់ តើមិនគួរឱ្យគាត់ទុកចៀមកៅ‌សិបប្រាំបួនក្បាល ហើយទៅតាមភ្នំតាមរកចៀមមួយក្បាលដែលវង្វេងបាត់នោះទេឬ? ខ្ញុំសូមប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ថា បើគាត់រកឃើញចៀមមួយនោះ គាត់ប្រាកដជាអរសប្បាយចំពោះចៀមនោះ ខ្លាំងជាងចៀមកៅ‌សិបប្រាំបួន ដែលមិនវង្វេងបាត់ទៅទៀត។ ដូចគ្នាផងដែរ ព្រះ‌វរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថាន‌សួគ៌មិនសព្វព្រះ‌ហឫ‌ទ័យឱ្យអ្នកណាម្នាក់ ក្នុងចំណាមអ្នកតូច‌តាចទាំងនេះ ត្រូវវិនាសឡើយ។

បទគម្ពីរនេះជាប្រស្នាមួយ។ តើប្រស្នានេះធ្វើឱ្យមនុស្សមានអារម្មណ៍ដូចម្ដេចទៅ? ប្រស្នានេះគឺជាន័យធៀបនៅក្នុងភាសារបស់មនុស្ស ហើយវាក៏ស្ថិតនៅក្នុងវិសាលភាពនៃចំណេះដឹងរបស់មនុស្សដែរ។ ប្រសិនបើព្រះជាម្ចាស់មានបន្ទូលអ្វីមួយស្រដៀងគ្នានៅក្នុងយុគសម័យនៃក្រឹត្យវិន័យ នោះមនុស្សនឹងមានអារម្មណ៍ថា ព្រះបន្ទូលបែបនោះមិនស្របគ្នាជាមួយអត្តសញ្ញាណរបស់ព្រះជាម្ចាស់ជានរណានោះឡើយ ប៉ុន្តែនៅពេលដែលបុត្រមនុស្សមានបន្ទូលទាំងនេះនៅក្នុងយុគសម័យនៃព្រះគុណ វាបានធ្វើឱ្យមនុស្សមានអារម្មណ៍កម្សាន្តចិត្ត កក់ក្ដៅ និងស្និទ្ធស្នាល។ នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម នៅពេលដែលទ្រង់បានលេចមកនៅក្នុងទម្រង់ជាមនុស្ស ទ្រង់បានប្រើនូវប្រស្នាដ៏សមគួរមួយដែលចេញមកពីភាពជាមនុស្សរបស់ទ្រង់ ដើម្បីសម្ដែងចេញនូវព្រះសូរសៀងអំពីព្រះហឫទ័យរបស់ទ្រង់។ ព្រះសូរសៀងនេះតំណាងឱ្យព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើនៅក្នុងយុគសម័យនោះ។ វាក៏តំណាងឱ្យអាកប្បកិរិយាដែលព្រះជាម្ចាស់មានចំពោះមនុស្សនៅក្នុងយុគសម័យនៃព្រះគុណដែរ។ បើពិនិត្យមើលតាមទស្សននៃអាកប្បកិរិយារបស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្សវិញ ទ្រង់បានប្រៀបធៀបមនុស្សម្នាក់ៗទៅនឹងចៀមមួយក្បាល។ ប្រសិនបើចៀមនោះវង្វេងបាត់ នោះទ្រង់នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរកចៀមនោះឱ្យឃើញ។ ការនេះបានតំណាងឱ្យគោលការណ៍នៃការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សជាតិនៅគ្រានោះ កាលទ្រង់គង់នៅក្នុងសាច់ឈាម។ ព្រះជាម្ចាស់បានប្រើប្រស្នានេះ ដើម្បីពណ៌នាអំពីការតាំងចិត្ត និងអាកប្បកិរិយារបស់ទ្រង់នៅក្នុងកិច្ចការនោះ។ នេះគឺជាគុណប្រយោជន៍មួយនៃការដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម៖ ទ្រង់អាចទាញប្រយោជន៍ចេញពីចំណេះដឹងរបស់មនុស្សជាតិ ហើយប្រើប្រាស់ភាសារបស់មនុស្ស ដើម្បីមានបន្ទូលទៅកាន់មនុស្ស និងដើម្បីសម្ដែងអំពីបំណងព្រះហឫទ័យរបស់ទ្រង់។ ទ្រង់បានពន្យល់ ឬ «បកស្រាយ» ទៅកាន់មនុស្សអំពីភាសាជាព្រះដ៏ជ្រាលជ្រៅរបស់ទ្រង់ដែលមនុស្សពិបាកនឹងយល់នៅក្នុងភាសារបស់មនុស្ស ព្រមទាំងនៅក្នុងរបៀបរបស់មនុស្ស។ ការនេះបានជួយឱ្យមនុស្សយល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់ និងដឹងអំពីអ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ។ ទ្រង់ក៏អាចមានកិច្ចសន្ទនាជាមួយមនុស្សចេញពីទស្សនៈរបស់មនុស្ស ដោយប្រើប្រាស់ភាសារបស់មនុស្ស និងប្រាស្រ័យទាក់ទងជាមួយមនុស្សនៅក្នុងរបៀបមួយដែលពួកគេអាចយល់បានដែរ។ ទ្រង់ថែមទាំងអាចមានបន្ទូល និងធ្វើការ ដោយប្រើប្រាស់ភាសា និងចំណេះដឹងរបស់មនុស្ស ដើម្បីឱ្យមនុស្សអាចមានអារម្មណ៍ដឹងអំពីសេចក្តីសប្បុរស និងភាពស្និទ្ធស្នាលរបស់ព្រះជាម្ចាស់ ហើយឱ្យពួកគេអាចមើលឃើញពីព្រះហឫទ័យរបស់ទ្រង់ទៀតផង។ តើអ្នករាល់គ្នាមើលឃើញអ្វីខ្លះទៅនៅក្នុងការនេះ? តើមានបម្រាមណាមួយនៅក្នុងព្រះបន្ទូល និងទង្វើរបស់ព្រះជាម្ចាស់ដែរឬទេ? របៀបដែលមនុស្សមើលឃើញនោះគឺថា គ្មានផ្លូវណាមួយដែលព្រះជាម្ចាស់អាចប្រើប្រាស់ចំណេះដឹង ភាសា ឬរបៀបនិយាយបែបមនុស្ស ដើម្បីនិយាយអំពីអ្វីដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គសព្វព្រះហឫទ័យចង់មានបន្ទូល កិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ ឬបង្ហាញពីបំណងព្រះហឫទ័យផ្ទាល់របស់ទ្រង់នោះឡើយ។ ប៉ុន្តែ នេះជាគំនិតភាន់ច្រឡំហើយ។ ព្រះជាម្ចាស់បានប្រើប្រស្នានេះ ដើម្បីឱ្យមនុស្សអាចមានអារម្មណ៍ដឹងពីភាពពិត និងភាពស្មោះត្រង់របស់ព្រះជាម្ចាស់ ព្រមទាំងដើម្បីឱ្យមើលឃើញពីអាកប្បកិរិយារបស់ទ្រង់ដែលមានចំពោះមនុស្សក្នុងអំឡុងពេលនោះ។ ប្រស្នានេះបានជួយដាស់ស្មារតីមនុស្សដែលកំពុងតែរស់នៅក្រោមក្រឹត្យវិន័យអស់រយៈពេលជាយូរ ហើយវាក៏បានជួយបណ្ដាលចិត្តមនុស្សដែលបានរស់នៅក្នុងយុគសម័យនៃព្រះគុណពីមួយជំនាន់ទៅមួយជំនាន់ដែរ។ តាមរយៈការអានបទគម្ពីរអំពីប្រស្នានេះ មនុស្សដឹងអំពីភាពស្មោះត្រង់របស់ព្រះជាម្ចាស់នៅក្នុងការសង្រ្គោះមនុស្សជាតិ និងយល់អំពីទម្ងន់ និងសារៈសំខាន់របស់មនុស្សជាតិនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់។

ចូរយើងពិនិត្យមើលឃ្លាចុងក្រោយនៅក្នុងបទគម្ពីរនេះ៖ «ដូចគ្នាផងដែរ ព្រះ‌វរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថាន‌សួគ៌មិនសព្វព្រះ‌ហឫ‌ទ័យឱ្យអ្នកណាម្នាក់ ក្នុងចំណាមអ្នកតូច‌តាចទាំងនេះ ត្រូវវិនាសឡើយ»។ តើនេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ឬក៏ជាព្រះបន្ទូលរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌? បើមើលសើរៗ វាដូចជាព្រះអម្ចាស់យេស៊ូវកំពុងតែមានបន្ទូល ប៉ុន្តែព្រះហឫទ័យរបស់ទ្រង់តំណាងឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដូច្នេះហើយបានជាទ្រង់មានបន្ទូលថា៖ «ដូចគ្នាផងដែរ ព្រះ‌វរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថាន‌សួគ៌មិនសព្វព្រះ‌ហឫ‌ទ័យឱ្យអ្នកណាម្នាក់ ក្នុងចំណាមអ្នកតូច‌តាចទាំងនេះ ត្រូវវិនាសឡើយ»។ មនុស្សនៅគ្រានោះទទួលស្គាល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ថាជាព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ហើយគេជឿថា បុគ្គលដែលពួកគេបានឃើញនៅមុខគេនេះ គ្រាន់តែជាបុគ្គលម្នាក់ដែលទ្រង់បានបញ្ជូនមកប៉ុណ្ណោះ ហើយគាត់មិនអាចតំណាងឱ្យព្រះវរបិតាដែលគង់នៅស្ថានសួគ៌បានឡើយ។ នេះជាហេតុផលដែលព្រះអម្ចាស់យេស៊ូវបានបន្ថែមឃ្លានេះនៅចុងនៃប្រស្នា ដើម្បីឱ្យមនុស្សអាចមានអារម្មណ៍ដឹងអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ និងមានអារម្មណ៍ដឹងពីភាពពិតប្រាកដ និងភាពសុក្រឹតអំពីសេចក្តីដែលទ្រង់បានមានបន្ទូល។ ទោះបីឃ្លានេះងាយស្រួលនិយាយក៏ដោយ ប៉ុន្តែវាត្រូវបានថ្លែងចេញដោយមានការយកចិត្តទុកដាក់ និងដោយសេចក្តីស្រឡាញ់ ហើយវាបានបើកសម្ដែងពីការបន្ទាបអង្គទ្រង់ និងការលាក់កំបាំងរបស់ព្រះអម្ចាស់យេស៊ូវ។ ទោះបីព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ឬថាតើទ្រង់បានធ្វើការនៅក្នុងពិភពខាងវិញ្ញាណក៏ដោយ ក៏ទ្រង់បានជ្រាបយ៉ាងច្បាស់អំពីដួងចិត្តរបស់មនុស្ស និងយល់យ៉ាងច្បាស់អំពីអ្វីដែលមនុស្សត្រូវការ អ្វីដែលមនុស្សព្រួយបារម្ភ និងអ្វីដែលធ្វើឱ្យពួកគេច្របូកច្របល់ដែរ នេះហើយជាហេតុផលដែលនាំឱ្យទ្រង់បានបន្ថែមឃ្លានេះ។ ឃ្លានេះបានបង្ហាញចេញនូវបញ្ហាមួយដែលកប់ទុកនៅក្នុងមនុស្សជាតិ៖ មនុស្សមានមន្ទិលសង្ស័យអំពីអ្វីដែលបុត្រមនុស្សបានមានបន្ទូល គឺអាចនិយាយបានថា នៅពេលដែលព្រះអម្ចាស់យេស៊ូវកំពុងតែមានបន្ទូលអំពីសេចក្តីដែលទ្រង់បានបន្ថែម៖ «ដូចគ្នាផងដែរ ព្រះ‌វរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថាន‌សួគ៌មិនសព្វព្រះ‌ហឫ‌ទ័យឱ្យអ្នកណាម្នាក់ ក្នុងចំណាមអ្នកតូច‌តាចទាំងនេះ ត្រូវវិនាសឡើយ» ហើយមានតែអាងលើសេចក្តីនេះទេ ទើបព្រះបន្ទូលរបស់ទ្រង់អាចបង្កើតផលផ្លែ ធ្វើឱ្យមនុស្សជឿលើភាពសុក្រឹត្យនៃព្រះបន្ទូលនេះ ហើយបង្កើនភាពគួរឱ្យជឿទុកចិត្តរបស់ពួកគេ។ ការនេះបង្ហាញថា នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាបុត្រមនុស្សធម្មតាម្នាក់ ព្រះជាម្ចាស់ និងមនុស្សជាតិបានមានទំនាក់ទំនងមិនល្អ និងបង្ហាញទៀតថា ស្ថានភាពរបស់បុត្រមនុស្សពិតជាគួរឱ្យអាម៉ាស់ណាស់។ វាក៏បង្ហាញដែរ អំពីភាពមិនសំខាន់នៃឋានៈរបស់ព្រះអម្ចាស់យេស៊ូវនៅក្នុងចំណោមនុស្សកាលនៅគ្រានោះ។ នៅពេលដែលទ្រង់បានមានបន្ទូលសេចក្តីនេះ តាមពិតទៅ វាជាការប្រាប់មនុស្សថា៖ អ្នករាល់គ្នាអាចប្រាកដចិត្តបានថា ព្រះបន្ទូលទាំងនេះមិនតំណាងឱ្យអ្វីដែលមាននៅក្នុងដួងចិត្តរបស់ខ្ញុំឡើយ ប៉ុន្តែវាជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលស្ថិតនៅក្នុងដួងចិត្តរបស់អ្នករាល់គ្នាវិញ។ សម្រាប់មនុស្សជាតិ តើនេះមិនមែនជារឿងឡេះឡោះទេឬ? ទោះបីព្រះជាម្ចាស់ដែលកំពុងធ្វើការនៅក្នុងសាច់ឈាម មានគុណប្រយោជន៍ជាច្រើនដែលទ្រង់មិនមាននៅក្នុងអង្គរបស់ទ្រង់ក៏ដោយ ប៉ុន្តែទ្រង់ត្រូវតែអត់ទ្រាំនឹងភាពសង្ស័យ និងការបដិសេធរបស់ពួកគេ ក៏ដូចជាភាពស្ពឹកស្រពន់ និងភាពគួរឱ្យធុញទ្រាន់របស់ពួកគេដែរ។ គឺអាចនិយាយបានថា ដំណើរការនៃកិច្ចការរបស់បុត្រមនុស្ស គឺជាដំណើរការនៃការទទួលការបដិសេធរបស់មនុស្សជាតិ និងការទទួលការប្រឆាំងរបស់ពួកគេចំពោះទ្រង់។ លើសពីនេះទៅទៀត វាគឺជាដំណើរនៃកិច្ចការដើម្បីទទួលបានការទុកចិត្តពីមនុស្ស និងយកឈ្នះលើមនុស្សជាតិជាបន្តបន្ទាប់ តាមរយៈកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងតាមរយៈនិស្ស័យរបស់ទ្រង់ផង។ នេះមិនមែនមានន័យថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សកំពុងតែធ្វើសង្រ្គាមពិតជាក់ស្ដែងទល់នឹងអារក្សសាតាំងឡើយ ប៉ុន្តែមានន័យថា ព្រះជាម្ចាស់បានត្រលប់ជាមនុស្សធម្មតា និងបានចាប់ផ្ដើមប្រឹងប្រែងតស៊ូជាមួយអស់អ្នកដែលដើរតាមទ្រង់ ហើយនៅក្នុងការប្រឹងប្រែងតស៊ូនេះ បុត្រមនុស្សបានសម្រេចកិច្ចការរបស់ទ្រង់ដោយការបន្ទាបអង្គទ្រង់ ជាមួយនឹងកម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់ ព្រមទាំងសេចក្តីស្រឡាញ់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ផង។ ទ្រង់បានទទួលមនុស្សដែលទ្រង់សព្វព្រះហឫទ័យចង់បាន ទទួលបានអត្តសញ្ញាណ និងឋានៈដែលទ្រង់សមនឹងទទួល ហើយ «បានយាងត្រលប់» ទៅកាន់បល្ល័ង្ករបស់ទ្រង់វិញ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧១

ចូរអត់ទោសប្រាំពីរចិតសិបដង

ម៉ាថាយ ១៨:២១-២២ ពេលនោះ ពេត្រុសក៏មករកទ្រង់ ហើយទូលថា៖ «ព្រះ‌អម្ចាស់អើយ តើត្រូវឱ្យទូលបង្គំអត់ទោសដល់បងប្អូនទូលបង្គំដែលប្រព្រឹត្តបាបទាស់នឹងទូលបង្គំប៉ុន្មានទៅ? រហូតដល់ប្រាំពីរដងឬ?» ព្រះ‌យេស៊ូវមានព្រះ‌បន្ទូលតបទៅគាត់ថា៖ «ខ្ញុំមិនមានបន្ទូលឱ្យអ្នកអត់ទោសត្រឹមតែប្រាំពីរដងឡើយ តែដល់ប្រាំពីរចិត‌សិបដងទៅទៀត»។

សេចក្តីស្រឡាញ់របស់ព្រះអម្ចាស់

ម៉ាថាយ ២២:៣៧-៣៩ ព្រះ‌យេស៊ូវបានមានព្រះ‌បន្ទូលទៅគាត់ថា៖ អ្នកត្រូវស្រឡាញ់ព្រះ‌អម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក។ នេះជាបទ‌បញ្ជាទីមួយ និងសំខាន់ជាងគេ។ ហើយបទ‌បញ្ជាទីពីរក៏សំខាន់ដូចគ្នាគឺ អ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឱ្យដូចស្រឡាញ់ខ្លួនឯង។

ចេញពីអត្ថបទទាំងពីរនេះ អត្ថបទមួយចែងអំពីការអត់ទោស ហើយបទគម្ពីរមួយទៀតចែងអំពីសេចក្តីស្រឡាញ់។ នេះគឺជាប្រធានបទចំនួនពីរដែលលើកឡើងអំពីកិច្ចការដែលព្រះអម្ចាស់យេស៊ូវចង់អនុវត្តនៅក្នុងយុគសម័យនៃព្រះគុណ។

នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ទ្រង់បាននាំមកជាមួយទ្រង់នូវដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់ ដែលជាកិច្ចការជាក់លាក់ និងជានិស្ស័យដែលទ្រង់ចង់បង្ហាញនៅក្នុងយុគសម័យនេះ។ នៅក្នុងអំឡុងពេលនោះ អ្វីៗគ្រប់យ៉ាងដែលបុត្រមនុស្សបានធ្វើ ពាក់ព័ន្ធតែជាមួយកិច្ចការដែលព្រះជាម្ចាស់ចង់អនុវត្តនៅក្នុងយុគសម័យនេះប៉ុណ្ណោះ។ ទ្រង់នឹងមិនធ្វើលើសពីនេះ និងតិចជាងនេះឡើយ។ គ្រប់សេចក្តីដែលទ្រង់មានបន្ទូល និងគ្រប់កិច្ចការដែលទ្រង់បានអនុវត្ត សុទ្ធតែទាក់ទងនឹងយុគសម័យនេះទាំងអស់។ មិនថាទ្រង់បានបង្ហាញវានៅក្នុងរបៀបជាមនុស្ស ដោយភាសារបស់មនុស្ស ឬតាមរយៈភាសារបស់ព្រះ ហើយទោះបីជាទ្រង់បានធ្វើវានៅក្នុងរបៀបណាមួយ ឬចេញពីទស្សនៈណាមួយក៏ដោយ ក៏គោលដៅរបស់ទ្រង់ គឺដើម្បីជួយមនុស្សឱ្យយល់អំពីអ្វីដែលទ្រង់ចង់ធ្វើ អ្វីដែលជាបំណងព្រះហឫទ័យរបស់ទ្រង់ និងអ្វីដែលជាសេចក្ដីតម្រូវរបស់ទ្រង់ចំពោះមនុស្សដែរ។ ទ្រង់អាចប្រើមធ្យោបាយ និងទស្សនៈខុសៗគ្នា ដើម្បីជួយឱ្យមនុស្សយល់ និងដឹងអំពីបំណងព្រះហឫទ័យរបស់ទ្រង់ និងដើម្បីយល់អំពីកិច្ចការនៃការសង្រ្គោះមនុស្សជាតិរបស់ទ្រង់។ ដូច្នេះ នៅក្នុងយុគសម័យនៃព្រះគុណ យើងអាចមើលឃើញថា ភាគច្រើន ព្រះអម្ចាស់យេស៊ូវប្រើប្រាស់ភាសារបស់មនុស្ស ដើម្បីបង្ហាញអំពីអ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ប្រាស្រ័យទាក់ទងទៅកាន់មនុស្សជាតិ។ លើសពីនេះទៅទៀត យើងក៏មើលឃើញទ្រង់ចេញពីទស្សនៈរបស់មគ្គទេសក៍ដ៏សាមញ្ញម្នាក់ដែលនិយាយជាមួយមនុស្ស ផ្គត់ផ្គង់ដល់តម្រូវការរបស់ពួកគេ និងជួយបំពេញសំណើរបស់ពួកគេ។ របៀបនៃការធ្វើការនេះ មិនត្រូវបានមើលឃើញនៅក្នុងយុគសម័យនៃក្រឹត្យវិន័យដែលកើតមុនយុគសម័យនៃព្រះគុណឡើយ។ ទ្រង់កាន់តែមានភាពស្និទ្ធស្នាល និងកាន់តែមានព្រះទ័យក្ដួលអាណិតចំពោះមនុស្សជាតិ ក៏ដូចជាកាន់តែអាចសម្រេចបានលទ្ធផលជាក់ស្ដែងទាំងនៅក្នុងទម្រង់ និងឥរិយាបថដែរ។ សាច់រឿងប្រៀបធៀបអំពីការអត់ទោសមនុស្សប្រាំពីរចិតសិបដងនេះ ពិតជាបញ្ជាក់អំពីចំណុចនេះ។ គោលបំណងដែលត្រូវសម្រេច ដោយចំនួនដងនៅក្នុងសាច់រឿងប្រៀបធៀបនេះ គឺដើម្បីជួយឱ្យមនុស្សយល់អំពីបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់យេស៊ូវនៅគ្រាដែលទ្រង់បានមានបន្ទូលនេះ។ បំណងព្រះហឫទ័យរបស់ទ្រង់គឺថា មនុស្សគួរតែអត់ទោសឱ្យអ្នកដទៃ មិនមែនម្ដង ឬពីរដងឡើយ ហើយក៏មិនមែនប្រាំពីរដងដែរ ប៉ុន្តែ គឺប្រាំពីរចិតសិបដងវិញ។ តើទស្សនៈ «ប្រាំពីរចិតសិបដង» នេះមានបង្កប់នូវអត្ថន័យដូចម្ដេចទៅ? នេះគឺដើម្បីនាំមនុស្សឱ្យយកការអត់ទោសជាការទទួលខុសត្រូវរបស់ពួកគេ ជាអ្វីមួយដែលពួកគេត្រូវតែរៀនសូត្រ និងជា «ផ្លូវ» មួយដែលពួកគេត្រូវប្រកាន់ខ្ជាប់។ ទោះបីវាគ្រាន់តែជារឿងប្រៀបធៀបក៏ដោយ ក៏រឿងនេះបានបង្ហាញនូវចំណុចដ៏សំខាន់។ វាបានជួយឱ្យមនុស្សយល់ដឹងយ៉ាងជ្រាលជ្រៅអំពីអ្វីដែលទ្រង់ចង់មានអត្ថន័យ និងឱ្យគេរកផ្លូវអនុវត្ត និងគោលការណ៍ ព្រមទាំងបទដ្ឋាននៃការអនុវត្តដ៏ត្រឹមត្រូវ។ រឿងប្រៀបធៀបនេះបានជួយឱ្យមនុស្សយល់យ៉ាងច្បាស់ និងបានផ្ដល់ឱ្យពួកគេនូវគោលគំនិតដ៏ត្រឹមត្រូវ ថាពួកគេគួរតែរៀនអំពីការអត់ទោស ហើយអត់ទោសនៅគ្រប់ពេល ដោយគ្មានលក្ខខណ្ឌឡើយ ប៉ុន្តែអត់ទោសដោយមានអាកប្បកិរិយានៃការអត់ឱន និងការយល់ចិត្តរបស់អ្នកដទៃ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលអំពីការនេះ តើអ្វីទៅដែលស្ថិតនៅក្នុងព្រះហឫទ័យរបស់ទ្រង់? តើទ្រង់ពិតជាកំពុងតែព្រះតម្រិះអំពីតួលេខ «ប្រាំពីរចិតសិបដង» ឬ? អត់ទេ ទ្រង់មិនបានព្រះតម្រិះបែបនេះឡើយ។ តើមានចំនួនដងដែលព្រះជាម្ចាស់នឹងអត់ទោសដល់មនុស្សឬ? មានមនុស្សជាច្រើនដែលចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ «ចំនួនដង» ដែលបានលើកឡើងនៅត្រង់នេះ ជាអ្នកដែលចង់យល់អំពីប្រភពដើម និងអត្ថន័យនៃតួលេខនេះ។ ពួកគេចង់យល់អំពីហេតុផលដែលនាំឱ្យព្រះអម្ចាស់យេស៊ូវលើកឡើងអំពីតួលេខនេះ ដ្បិតពួកគេជឿថា តួលេខនេះមានបង្កប់អត្ថន័យដ៏ស៊ីជម្រៅ។ ប៉ុន្តែ ជាក់ស្ដែង វាគ្រាន់តែភាសាប្រៀបធៀបរបស់មនុស្ស ដែលព្រះជាម្ចាស់បានប្រើប៉ុណ្ណោះ។ រាល់ន័យធៀប ឬអត្ថន័យណាមួយ ត្រូវតែយកមកពិចារណាជាមួយសេចក្ដីតម្រូវរបស់ព្រះអម្ចាស់យេស៊ូវសម្រាប់មនុស្សជាតិ។ នៅពេលដែលព្រះជាម្ចាស់មិនទាន់បានត្រលប់ជាសាច់ឈាម មនុស្សមិនបានយល់ច្រើនឡើយអំពីអ្វីដែលទ្រង់បានមានបន្ទូល ដោយសារតែព្រះបន្ទូលរបស់ទ្រង់បានចេញមកពីភាពជាព្រះទាំងស្រុង។ ទស្សនៈ និងបរិបទនៃអ្វីដែលទ្រង់បានមានបន្ទូល គឺមនុស្សជាតិមិនអាចមើលឃើញ និងពាល់បានឡើយ ហើយវាត្រូវបានស្ដែងឡើងចេញពីពិភពខាងវិញ្ញាណដែលមនុស្សមិនអាចមើលឃើញ។ សម្រាប់មនុស្សដែលបានរស់នៅក្នុងសាច់ឈាម ពួកគេមិនអាចឆ្លងកាត់ពិភពខាងវិញ្ញាណបានឡើយ។ ប៉ុន្តែ ក្រោយពេលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ទ្រង់បានមានបន្ទូលទៅកាន់មនុស្សជាតិចេញពីទស្សនៈនៃភាពជាមនុស្ស ហើយទ្រង់បានយាងចេញពីពិភពខាងវិញ្ញាណ និងយាងហួសវិសាលភាពនៃពិភពនេះទៅទៀត។ ទ្រង់អាចបង្ហាញនិស្ស័យជាព្រះ បំណងព្រះហឫទ័យ និងអាកប្បកិរិយារបស់ទ្រង់ តាមរយៈអ្វីៗដែលមនុស្សអាចស្រមៃឃើញ អ្វីដែលពួកគេមើលឃើញ និងជួបប្រទះនៅក្នុងជីវិតរបស់ពួកគេ ហើយប្រើប្រាស់វិធីសាស្ត្រដែលមនុស្សអាចទទួលយក នៅក្នុងភាសាមួយដែលពួកគេអាចយល់ និងជាមួយចំណេះដឹងមួយដែលពួកគេអាចចាប់បាន ដើម្បីជួយឱ្យមនុស្សជាតិអាចយល់ និងដឹងអំពីព្រះជាម្ចាស់ ដើម្បីយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ និងបទដ្ឋានតម្រូវរបស់ទ្រង់ដែលស្ថិតនៅក្នុងវិសាលភាពនៃសមត្ថភាពរបស់ពួកគេ និងនៅកម្រិតមួយដែលពួកគេអាចធ្វើបាន។ នេះគឺជាវិធីសាស្ត្រ និងគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងភាពជាមនុស្ស។ ទោះបីរបៀបរបស់ព្រះជាម្ចាស់ និងគោលការណ៍នៃការធ្វើការរបស់ទ្រង់នៅក្នុងសាច់ឈាម ត្រូវបានសម្រេចភាគច្រើន ដោយមធ្យោបាយ ឬតាមរយៈភាពជាមនុស្សក៏ដោយ ប៉ុន្តែវាពិតជាបានសម្រេចលទ្ធផល ដែលមិនអាចសម្រេចបាន តាមរយៈការធ្វើការដោយផ្ទាល់នៅក្នុងភាពជាព្រះនោះឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងភាពជាមនុស្សមានលក្ខណៈច្បាស់លាស់ ពិតត្រង់ និងចំគោលដៅជាង ហើយវិធីសាស្ត្រមានភាពបត់បែនជាង និងស្ថិតនៅក្នុងទម្រង់មួយដែលហួសពីកិច្ចការដែលត្រូវបានអនុវត្តនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។

បន្ទាប់មក ចូរយើងនិយាយអំពីការស្រឡាញ់ព្រះអម្ចាស់ និងការស្រឡាញ់អ្នកជិតខាង ដូចស្រឡាញ់ខ្លួនឯង។ តើនេះជាអ្វីមួយដែលត្រូវបានសម្ដែងចេញដោយផ្ទាល់នៅក្នុងភាពជាព្រះឬ? អត់ទេ វាមិនបែបនេះឡើយ! នេះគឺជារឿងដែលបុត្រមនុស្សបានមានបន្ទូលនៅក្នុងភាពជាមនុស្ស ហើយមានតែមនុស្សប៉ុណ្ណោះដែលអាចនិយាយអ្វីមួយបែបនេះ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកឱ្យដូចស្រឡាញ់ខ្លួនអ្នកដែរ»។ «ចូរស្រឡាញ់អ្នកដទៃឱ្យដូចអ្នកស្រឡាញ់ជីវិតរបស់អ្នកដែរ»។ ការនិយាយបែបនេះគឺជាការនិយាយស្ដីបែបមនុស្សសុទ្ធសាធ។ ព្រះជាម្ចាស់មិនដែលមានបន្ទូលបែបនេះឡើយ។ យ៉ាងហោចណាស់ ព្រះជាម្ចាស់មិនមានភាសាបែបនេះនៅក្នុងភាពជាព្រះរបស់ទ្រង់ឡើយ ដោយសារតែទ្រង់មិនត្រូវការគោលការណ៍បែបនេះ «ចូរស្រឡាញ់អ្នកជិតខាង ដូចស្រឡាញ់ខ្លួនឯង» ដើម្បីកំណត់នូវសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់មនុស្សជាតិឡើយ ព្រោះថាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ គឺជាការបើកសម្ដែងពីធម្មជាតិមួយអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ តើអ្នករាល់គ្នាធ្លាប់ឮព្រះជាម្ចាស់មានបន្ទូលថា៖ «ខ្ញុំស្រឡាញ់មនុស្សជាតិ ដូចខ្ញុំស្រឡាញ់ខ្លួនឯង» ដែរឬទេ? អ្នកមិនធ្លាប់ឮឡើយ ដោយសារតែសេចក្តីស្រឡាញ់គឺស្ថិតនៅក្នុងសារជាតិរបស់ព្រះជាម្ចាស់ និងនៅក្នុងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ និងអាកប្បកិរិយារបស់ទ្រង់ ព្រមទាំងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះមនុស្ស គឺជាការសម្ដែងចេញពីធម្មជាតិ និងជាការបើកសម្ដែងអំពីនិស្ស័យរបស់ទ្រង់។ ទ្រង់មិនចាំបាច់ធ្វើកិច្ចការនេះនៅក្នុងរបៀបជាក់លាក់មួយ ឬធ្វើតាមវិធីសាស្ត្រ ឬក្រមសីលធម៌ណាមួយ ដើម្បីឱ្យទ្រង់អាចស្រឡាញ់អ្នកជិតខាងទ្រង់ដូចស្រឡាញ់អង្គទ្រង់នោះឡើយ ព្រោះថាទ្រង់មានសារជាតិនេះរួចទៅហើយ។ តើអ្នកមើលឃើញអ្វីខ្លះអំពីចំណុចនេះ? នៅពេលដែលព្រះជាម្ចាស់បានធ្វើការនៅក្នុងភាពជាមនុស្ស មានវិធីសាស្ត្រ ព្រះបន្ទូល និងសេចក្តីពិតរបស់ទ្រង់ជាច្រើនត្រូវបានស្ដែងចេញនៅក្នុងរបៀបជាមនុស្ស។ ប៉ុន្តែ ក្នុងពេលដូចគ្នានោះ និស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងព្រះហឫទ័យរបស់ទ្រង់ត្រូវបានស្ដែងចេញឱ្យមនុស្សដឹង និងយល់។ អ្វីដែលពួកគេបានដឹង និងយល់នោះ គឺជាសារជាតិរបស់ទ្រង់ ព្រមទាំងជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់តែម្ដង ដែលតំណាងឱ្យអត្តសញ្ញាណដើម និងឋានៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ គឺអាចនិយាយបានថា បុត្រមនុស្សនៅក្នុងសាច់ឈាមបានបង្ហាញនិស្ស័យ និងសារជាតិដើមរបស់ព្រះជាម្ចាស់នៅកម្រិតដ៏ខ្ពស់ និងសុក្រឹតបំផុតតាមដែលអាចធ្វើទៅបាន។ ភាពជាមនុស្សរបស់បុត្រមនុស្សមិនគ្រាន់តែមិនក្លាយជារនាំង ឬឧបសគ្គចំពោះការប្រាស្រ័យទាក់ទង និងអន្តរកម្មរបស់មនុស្សជាមួយព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះទេ ប៉ុន្តែតាមពិតទៅ វាជាបណ្ដាញ និងជាស្ពានតែមួយគត់សម្រាប់មនុស្សជាតិ ដើម្បីផ្សារភ្ជាប់ជាមួយព្រះអម្ចាស់នៃរបស់សព្វសារពើ។ ឥឡូវ មកដល់ត្រង់នេះ តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា វាមានភាពស្រដៀងគ្នាជាច្រើនរវាងធម្មជាតិ និងវិធីសាស្ត្រនៃកិច្ចការដែលត្រូវបានធ្វើ ដោយព្រះអម្ចាស់យេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ និងដំណាក់កាលបច្ចុប្បន្ននៃកិច្ចការទេឬ? ដំណាក់កាលបច្ចុប្បន្ននៃកិច្ចការនេះក៏ប្រើប្រាស់ភាសាមនុស្សជាច្រើនដែរ ដើម្បីបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងភាសា និងវិធីសាស្ត្រជាច្រើនចេញពីជីវិតប្រចាំថ្ងៃរបស់មនុស្សជាតិ និងចំណេះដឹងរបស់មនុស្ស ដើម្បីបង្ហាញពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ទោះបីទ្រង់កំពុងតែមានបន្ទូលចេញពីទស្សនៈរបស់មនុស្ស ឬទស្សនៈរបស់ព្រះក៏ដោយ ក៏ភាសា និងវិធីសាស្ត្ររបស់ទ្រង់ជាច្រើនចេញមកតាមរយៈមធ្យោបាយជាភាសា និងវិធីសាស្ត្ររបស់មនុស្សដែរ។ ព្រោះថានៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម នេះជាឱកាសដ៏ល្អបំផុតសម្រាប់អ្នក ដើម្បីមើលឃើញពីសព្វានុភាពរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ព្រមទាំងដើម្បីដឹងអំពីគ្រប់ទិដ្ឋភាពដ៏ពិតរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ខណៈពេលដែលទ្រង់កំពុងតែលូតលាស់ឡើង ទ្រង់បានចាប់ផ្ដើមយល់ រៀនសូត្រ មានចំណេះដឹង សុភនិច្ឆ័យ ភាសា និងវិធីសាស្ត្ររបស់មនុស្សជាតិអំពីការបង្ហាញចេញនៅក្នុងភាពជាមនុស្ស។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានចំណុចទាំងអស់នេះដែលចេញមកពីមនុស្សដែលទ្រង់បានបង្កើតមក។ វាបានក្លាយជាឧបករណ៍របស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ដើម្បីបង្ហាញពីនិស្ស័យ និងភាពជាព្រះរបស់ទ្រង់ ព្រមទាំងជួយឱ្យទ្រង់ធ្វើកិច្ចការរបស់ទ្រង់កាន់តែសមហេតុផល កាន់តែពិតច្បាស់ និងកាន់តែសុក្រឹត នៅពេលដែលទ្រង់កំពុងតែធ្វើការនៅកណ្ដាលចំណោមមនុស្សជាតិ ដោយចេញពីទស្សនៈរបស់មនុស្ស និងប្រើប្រាស់ភាសាមនុស្ស។ ការនេះបានធ្វើឱ្យមនុស្សកាន់តែទទួលបាន និងកាន់តែយល់អំពីកិច្ចការរបស់ទ្រង់ ហើយវាសម្រេចបានលទ្ធផលដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន។ តើការដែលព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាមបែបនេះមិនកាន់តែជាក់ស្ដែងទេឬអី? តើនេះមិនមែនជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ទេឬ? នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម នៅពេលដែលសាច់ឈាមរបស់ព្រះជាម្ចាស់អាចរ៉ាប់រងកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់អនុវត្ត នោះជាពេលដែលទ្រង់នឹងបង្ហាញពីនិស្ស័យ និងកិច្ចការរបស់ទ្រង់ ហើយនោះក៏ជាពេលដែលទ្រង់គួរតែចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ជាផ្លូវការ ក្នុងនាមជាបុត្រមនុស្សដែរ។ នេះមានន័យថា វាលែងមាន «គម្លាតជំនាន់» រវាងព្រះជាម្ចាស់ និងមនុស្សទៀតហើយ មានន័យថា ក្នុងពេលឆាប់ៗ ព្រះជាម្ចាស់នឹងបញ្ចប់ការប្រាស្រ័យទាក់ទងរបស់ទ្រង់ តាមរយៈអ្នកនាំសារ និងមានន័យទៀតថា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គអាចបង្ហាញគ្រប់ទាំងព្រះបន្ទូល និងកិច្ចការដោយផ្ទាល់នៅក្នុងសាច់ឈាមដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ។ វាក៏មានន័យថា មនុស្សដែលព្រះជាម្ចាស់សង្រ្គោះ កាន់តែមានទំនាក់ទំនងស្និទ្ធស្នាលជាមួយទ្រង់ មានន័យថា កិច្ចការគ្រប់គ្រងរបស់ទ្រង់បានចូលក្នុងដែនដីថ្មី និងមានន័យទៀតថា មនុស្សជាតិទាំងអស់ជិតជួបជាមួយយុគសម័យថ្មីហើយ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧២

មនុស្សគ្រប់គ្នាដែលបានអានព្រះគម្ពីរ សុទ្ធតែដឹងថា ព្រឹត្តិការណ៍ជាច្រើនបានកើតឡើង នៅពេលដែលព្រះអម្ចាស់យេស៊ូវបានប្រសូតមក។ ព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនផ្សេងទៀត គឺជាពេលមួយដែលទ្រង់ត្រូវបានស្ដេចអារក្សតាមប្រមាញ់។ នេះជាព្រឹត្តិការណ៍មួយដ៏សំខាន់បំផុត ដ្បិតកុមារទាំងអស់នៅក្នុងទីក្រុងដែលមានអាយុចាប់ពីពីរឆ្នាំចុះ ត្រូវបានគេសម្លាប់។ វាស្ដែងឱ្យឃើញយ៉ាងច្បាស់ថា ព្រះជាម្ចាស់បានប្រថុយប្រថានយ៉ាងខ្លាំងក្នុងការត្រលប់ជាសាច់ឈាមនៅក្នុងចំណោមមនុស្ស ព្រោះថាតម្លៃដ៏ធំបំផុតដែលទ្រង់បានបង់ ដើម្បីបញ្ចប់ការគ្រប់គ្រងរបស់ទ្រង់ក្នុងការសង្រ្គោះមនុស្សជាតិ ក៏ស្ដែងឱ្យឃើញយ៉ាងច្បាស់ដែរ។ សេចក្ដីសង្ឃឹមដ៏ធំដែលព្រះជាម្ចាស់មានសម្រាប់កិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិនៅក្នុងសាច់ឈាម ក៏ត្រូវបានស្ដែងចេញឱ្យឃើញដែរ។ នៅពេលដែលសាច់ឈាមរបស់ព្រះជាម្ចាស់អាចរ៉ាប់រងកិច្ចការនៅក្នុងចំណោមមនុស្សជាតិបាន តើទ្រង់មានព្រះទ័យយ៉ាងដូចម្ដេចដែរ? មនុស្សគួរតែមានការយល់ដឹងនៅកម្រិតណាមួយហើយ មែនទេ? យ៉ាងហោចណាស់ ព្រះជាម្ចាស់មានព្រះទ័យរីករាយ ដោយសារតែទ្រង់អាចចាប់ផ្ដើមអនុវត្តកិច្ចការថ្មីរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវត្រូវបានជ្រមុជទឹក និងចាប់ផ្ដើមកិច្ចការរបស់ទ្រង់ជាផ្លូវការ ដើម្បីសម្រេចព័ន្ធកិច្ចរបស់ទ្រង់ ព្រះហឫទ័យរបស់ព្រះជាម្ចាស់មានអំណរយ៉ាងខ្លាំង ដោយសារតែក្រោយការរង់ចាំ និងការត្រៀមខ្លួនជាច្រើនឆ្នាំមក នៅទីបំផុត ទ្រង់អាចពាក់សាច់ឈាមជាមនុស្សធម្មតា ហើយចាប់ផ្ដើមកិច្ចការថ្មីរបស់ទ្រង់នៅក្នុងទម្រង់ជាមនុស្សដែលមានសាច់ និងឈាម ជាអ្នកដែលមនុស្សអាចមើលឃើញ និងប៉ះពាល់បាន។ នៅទីបំផុត ទ្រង់អាចមានបន្ទូលមុខទល់នឹងមុខ ព្រមទាំងចិត្តទល់នឹងចិត្តជាមួយមនុស្ស តាមរយៈអត្តសញ្ញាណជាមនុស្ស។ នៅទីបំផុត ព្រះជាម្ចាស់អាចយាងមកមុខទល់នឹងមុខជាមួយមនុស្សជាតិ តាមរបៀប និងភាសារបស់មនុស្ស។ ទ្រង់អាចផ្គត់ផ្គង់ដល់មនុស្សជាតិ បំភ្លឺដល់ពួកគេ និងជួយពួកគេឱ្យប្រើប្រាស់ភាសារបស់មនុស្ស ហើយទ្រង់អាចបរិភោគនៅលើតុតែមួយ និងរស់នៅកន្លែងតែមួយជាមួយពួកគេ។ ទ្រង់ក៏អាចទតមើលឃើញមនុស្ស ទតមើលឃើញរបស់របរ និងទតមើលឃើញអ្វីៗគ្រប់យ៉ាងទៅតាមរបៀបដែលមនុស្សមើលឃើញ និងសូម្បីតែតាមរយៈភ្នែករបស់ពួកគេទៀតផង។ គឺអាចនិយាយបានដែរថា វាជាការសម្រេចនៃកិច្ចការដ៏ធំមួយ ហើយជាការពិត វាជាអ្វីមួយដែលព្រះជាម្ចាស់បានមានព្រះទ័យរីករាយបំផុត។ ដោយចាប់ផ្ដើមពីចំណុចនេះ ជាលើកដំបូង ព្រះជាម្ចាស់បានមានអារម្មណ៍កម្សាន្តចិត្តនៅក្នុងកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិ។ គ្រប់ព្រឹត្តិការណ៍ទាំងអស់ដែលបានលេចជារូបរាង សុទ្ធតែមានលក្ខណៈជាក់ស្ដែង និងធម្មជាតិ ហើយការកម្សាន្តចិត្តដែលព្រះជាម្ចាស់មាននោះ គឺជាការពិត។ សម្រាប់មនុស្សជាតិ គ្រប់ពេលដែលដំណាក់កាលថ្មីនៃកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានសម្រេច ហើយគ្រប់ពេលដែលព្រះជាម្ចាស់មានអារម្មណ៍ស្កប់ព្រះទ័យ នោះហើយជាពេលដែលមនុស្សជាតិអាចចូលកាន់តែជិតព្រះជាម្ចាស់ និងសេចក្តីសង្រ្គោះ។ ចំពោះព្រះជាម្ចាស់ នេះក៏ជាការចាប់ផ្ដើមនៃកិច្ចការថ្មីរបស់ទ្រង់ ជាការបោះជំហានទៅមុខនៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ ហើយលើសពីនេះ ក៏ជាពេលដែលបំណងព្រះហឫទ័យរបស់ទ្រង់ត្រូវបានសម្រេចទាំងស្រុងដែរ។ សម្រាប់មនុស្សជាតិ ការមកដល់នៃឱកាសនេះគឺជាសំណាង និងល្អប្រពៃណាស់ ព្រោះថាសម្រាប់មនុស្សទាំងអស់ដែលរង់ចាំសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ នេះជាដំណឹងដ៏សំខាន់ និងរីករាយបំផុត។ នៅពេលដែលព្រះជាម្ចាស់អនុវត្តដំណាក់កាលថ្មីនៃកិច្ចការ នោះទ្រង់មានទីចាប់ផ្ដើមថ្មី ហើយនៅពេលដែលកិច្ចការថ្មី និងទីចាប់ផ្ដើមថ្មីនេះត្រូវបានដំណើរការ និងណែនាំឱ្យស្គាល់នៅក្នុងចំណោមមនុស្សជាតិ នោះជាពេលដែលលទ្ធផលនៃដំណាក់កាលនៃកិច្ចការនេះត្រូវបានកំណត់ទុក និងសម្រេច ហើយព្រះជាម្ចាស់បានទតឃើញអំពីលទ្ធផល និងផលផ្លែចុងក្រោយរួចស្រេចទៅហើយ។ នេះជាពេលដែលលទ្ធផលទាំងនេះធ្វើឱ្យព្រះជាម្ចាស់គាប់ព្រះទ័យ ហើយជាការពិត វាក៏ជាពេលដែលព្រះហឫទ័យរបស់ទ្រង់រីករាយដែរ។ ព្រះជាម្ចាស់មានព្រះទ័យជឿជាក់ជាថ្មី ដោយសារតែនៅក្នុងព្រះនេត្ររបស់ទ្រង់ ទ្រង់បានទតឃើញ និងកំណត់យកមនុស្សដែលទ្រង់កំពុងតែស្វែងរក ហើយបានទទួលយកមនុស្សក្រុមនេះរួចហើយ ជាក្រុមមួយដែលអាចធ្វើឱ្យកិច្ចការរបស់ទ្រង់ទទួលបានជោគជ័យ និងនាំឱ្យទ្រង់ស្កប់ព្រះទ័យ។ ដូចនេះ ទ្រង់ឈប់ព្រួយព្រះទ័យ ហើយទ្រង់មានព្រះទ័យរីករាយឡើងវិញ។ អាចនិយាយម្យ៉ាងទៀតបានថា នៅពេលដែលសាច់ឈាមរបស់ព្រះជាម្ចាស់អាចយាងនៅលើកិច្ចការថ្មីនៅក្នុងចំណោមមនុស្ស ហើយដោយគ្មានការបង្អាក់ ទ្រង់ក៏ចាប់ផ្ដើមធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ ហើយនៅពេលដែលទ្រង់មានអារម្មណ៍ថា អ្វីៗគ្រប់យ៉ាងត្រូវបានសម្រេចហើយ នោះសម្រាប់ទ្រង់ ទ្រង់ទតឃើញផលចុងក្រោយរួចស្រេចទៅហើយ។ ដោយសារតែការនេះ ទ្រង់បានស្កប់ព្រះទ័យ ហើយព្រះហឫទ័យរបស់ទ្រង់មានភាពរីករាយ។ តើព្រះហឫទ័យរីករាយរបស់ព្រះជាម្ចាស់ត្រូវបានស្ដែងចេញដោយរបៀបណាទៅ? តើអ្នករាល់គ្នាអាចស្រមៃឃើញចម្លើយនេះដែរឬទេ? តើព្រះជាម្ចាស់អាចព្រះកន្សែងដែរឬទេ? តើព្រះជាម្ចាស់ព្រះកន្សែងដែរឬ? តើព្រះជាម្ចាស់អាចទះព្រះហស្តឬទេ? តើព្រះជាម្ចាស់អាចរាំឬទេ? តើព្រះជាម្ចាស់អាចច្រៀងឬទេ? បើដូច្នេះ តើទ្រង់នឹងច្រៀងអំពីអ្វីទៅ? ជាការពិត ព្រះជាម្ចាស់អាចច្រៀងបទចម្រៀងមួយដ៏ពីរោះរំជួលចិត្ត ជាបទមួយដែលអាចបង្ហាញនូវសេចក្តីអំណរ និងសេចក្តីសុខដែលមាននៅក្នុងព្រះហឫទ័យរបស់ទ្រង់។ ទ្រង់អាចច្រៀងឱ្យមនុស្សជាតិស្ដាប់ ច្រៀងតែអង្គទ្រង់ និងសម្រាប់អ្វីៗសព្វសារពើ។ សេចក្តីសុខរបស់ព្រះជាម្ចាស់អាចត្រូវបានសម្ដែងចេញនៅក្នុងរបៀបណាមួយ ហើយវាជារឿងធម្មតា ដោយសារតែព្រះជាម្ចាស់មានសេចក្តីអំណរ និងទុក្ខព្រួយ ហើយអារម្មណ៍របស់ទ្រង់អាចបង្ហាញចេញនៅក្នុងរបៀបខុសៗគ្នាដែរ។ នេះជាសិទ្ធិរបស់ទ្រង់ ហើយវាជារឿងធម្មតា និងសមគួរទេ។ មនុស្សមិនគួរគិតអ្វីផ្សេងនោះឡើយ។ អ្នករាល់គ្នាមិនគួរព្យាយាមប្រើ «បាលីកងរឹតក្បាល»[ក] ទៅលើព្រះជាម្ចាស់ ដោយប្រាប់ទ្រង់ថា ទ្រង់មិនគួរធ្វើការនេះ ឬការនោះ ទ្រង់មិនគួរប្រព្រឹត្តបែបនេះ ឬបែបនោះឡើយ ព្រោះថាការធ្វើបែបនេះដាក់ដែនកំណត់ដល់សេចក្តីសុខរបស់ទ្រង់ ឬកម្រិតនូវអារម្មណ៍ដែលទ្រង់អាចមាន។ នៅក្នុងដួងចិត្តរបស់មនុស្ស ព្រះជាម្ចាស់មិនអាចរីករាយ មិនអាចស្រក់ទឹកភ្នែក មិនអាចព្រះកន្សែងទេ គឺទ្រង់មិនអាចសម្ដែងព្រះទ័យណាមួយបានឡើយ។ តាមរយៈអ្វីដែលយើងបានប្រាស្រ័យទាក់ទងក្នុងអំឡុងការប្រកបគ្នាទាំងពីរនេះ ខ្ញុំជឿថា អ្នករាល់គ្នានឹងលែងមើលឃើញព្រះជាម្ចាស់តាមបែបនេះទៀតហើយ ប៉ុន្តែវានឹងជួយឱ្យព្រះជាម្ចាស់មានសេរីភាពក្នុងការបញ្ចេញអារម្មណ៍របស់ទ្រង់វិញ។ នេះគឺជារឿងដ៏ល្អណាស់។ ទៅថ្ងៃអនាគត ប្រសិនបើអ្នករាល់គ្នាអាចមានអារម្មណ៍ដឹងអំពីទុក្ខព្រួយរបស់ព្រះជាម្ចាស់ នៅពេលដែលអ្នកឮថា ទ្រង់មានព្រះទ័យសោកសៅ ហើយអ្នករាល់គ្នាអាចមានអារម្មណ៍ដឹងអំពីសេចក្តីសុខរបស់ទ្រង់ នៅពេលដែលអ្នកឮថា ទ្រង់កំពុងតែរីករាយ នោះយ៉ាងហោចណាស់ អ្នកនឹងអាចដឹង និងយល់យ៉ាងច្បាស់អំពីអ្វីដែលធ្វើឱ្យទ្រង់រីករាយ និងអ្វីដែលធ្វើឱ្យទ្រង់សោកសៅ។ នៅពេលដែលអ្នកមានអារម្មណ៍សោកសៅ ដោយសារតែព្រះជាម្ចាស់មានព្រះទ័យសោកសៅ និងមានអារម្មណ៍រីករាយ នៅពេលដែលព្រះជាម្ចាស់មានព្រះទ័យរីករាយ នោះទ្រង់នឹងទទួលបានដួងចិត្តរបស់អ្នកទាំងស្រុង ហើយវានឹងលែងមានរនាំងណាមួយនៅចន្លោះអ្នក និងទ្រង់ទៀតហើយ។ អ្នកនឹងលែងព្យាយាមរឹតត្បិតព្រះជាម្ចាស់ជាមួយការស្រមើស្រមៃ សញ្ញាណ និងចំណេះដឹងរបស់មនុស្សទៀតហើយ។ ក្នុងពេលដូចគ្នានោះ ព្រះជាម្ចាស់នឹងមានព្រះជន្មរស់ នៅក្នុងដួងចិត្តរបស់អ្នក។ ទ្រង់នឹងក្លាយជាព្រះជាម្ចាស់នៃជីវិតរបស់អ្នក និងជាម្ចាស់នៃអ្វីៗគ្រប់យ៉ាងអំពីអ្នក។ តើអ្នករាល់គ្នាមានសេចក្តីប្រាថ្នាប្រភេទនេះឬទេ? តើអ្នកជឿជាក់ថា អ្នកអាចសម្រេចសេចក្ដីប្រាថ្នានេះបានដែរឬទេ?

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

លេខយោង៖

(ក) «បាលីកងរឹតក្បាល» គឺជាបាលីមួយដែលលោកសង្ឃ ថាងសានចាង (ថាំងចេង) ប្រើនៅក្នុងខ្សែភាពយន្តចិនមួយដែលមានចំណងជើងថា ដំណើរទៅទិសខាងលិច (យុទ្ធសិល្ប៍ស៊ុនអ៊ូខុង)។ លោកសង្ឃថាងបានប្រើបាលីនេះ ដើម្បីគ្រប់គ្រងលើស៊ុនអ៊ូខុង ដោយរឹតបន្តឹងកងព័ទ្ធជុំវិញក្បាលវា ធ្វើឱ្យវាឈឺក្បាលខ្លាំងទ្រាំមិនបាន ដូច្នេះហើយទើបលោកសង្ឃថាងអាចគ្រប់គ្រងលើវាបាន។ ពាក្យនេះ ក៏ក្លាយជាពាក្យប្រៀបធៀបមួយ ដើម្បីពណ៌នាអំពីអ្វីមួយដែលចងមនុស្សជាប់រើមិនរួច។


ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧៣


ប្រស្នារបស់ព្រះអម្ចាស់យេស៊ូវ

ប្រស្នាអំពីអ្នកព្រោះពូជ (ម៉ាថាយ ១៣:១-៩)

ប្រស្នាអំពីស្រងែ (ម៉ាថាយ ១៣:២៤-៣០)

ប្រស្នាអំពីគ្រាប់ពូជល្អិត (ម៉ាថាយ ១៣:៣១-៣២)

ប្រស្នាអំពីមេនំប៉័ង (ម៉ាថាយ ១៣:៣៣)

ប្រស្នាអំពីស្រងែ ត្រូវបានពន្យល់ (ម៉ាថាយ ១៣:៣៦-៤៣)

ប្រស្នាអំពីកំណប់ (ម៉ាថាយ ១៣:៤៤)

ប្រស្នាអំពីកែវ‌មុក្តាដ៏មានតម្លៃ (ម៉ាថាយ ១៣:៤៥-៤៦)

ប្រស្នាអំពីអួន (ម៉ាថាយ ១៣:៤៧-៥០)

ដំបូងគេ គឺជាប្រស្នាអំពីអ្នកព្រោះពូជ។ នេះជាប្រស្នាមួយដ៏គួរឱ្យចាប់អារម្មណ៍ណាស់ ព្រោះថាការព្រោះគ្រាប់ពូជគឺជាព្រឹត្តិការណ៍ទូទៅមួយនៅក្នុងជីវិតរបស់មនុស្ស។ ទីពីរគឺជាប្រស្នាអំពីស្រងែ។ អ្នកណាដែលដាំស្រូវ ហើយប្រាកដណាស់គឺ មនុស្សពេញវ័យទាំងអស់នឹងដឹងថាអ្វីទៅជា «ស្រងែ» ហើយ។ ទីបីគឺជាប្រស្នាអំពីគ្រាប់ពូជល្អិត។ អ្នករាល់គ្នាដឹងអំពីគ្រាប់ពូជល្អិតហើយ មែនទេ? ប្រសិនបើអ្នកមិនទាន់ដឹងទេ អ្នកអាចមើលនៅក្នុងព្រះគម្ពីរបាន។ ប្រស្នាទីបួន គឺជាប្រស្នាអំពីមេនំប៉័ង។ ឥឡូវនេះ មនុស្សភាគច្រើនដឹងថា មេនំប៉័ងត្រូវបានគេប្រើសម្រាប់ការធ្វើឱ្យឡើងមេ ហើយនេះជាអ្វីមួយដែលមនុស្សប្រើនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ប្រស្នាបន្តបន្ទាប់ទៀត រួមមាន ទីប្រាំមួយ គឺជាប្រស្នាអំពីកំណប់ ទីប្រាំពីរជាប្រស្នាអំពីកែវ‌មុក្តាដ៏មានតម្លៃ ហើយទីប្រាំបីជាប្រស្នាអំពីអួន។ ប្រស្នាទាំងអស់នេះសុទ្ធតែដកស្រង់ និងមានប្រភពចេញពីជីវិតពិតរបស់មនុស្ស។ តើប្រស្នាទាំងនេះគូរចេញជារូបភាពអ្វីខ្លះទៅ? វាជារូបភាពមួយអំពីព្រះជាម្ចាស់កំពុងតែក្លាយជាមនុស្សសាមញ្ញ ហើយរស់នៅរួមជាមួយមនុស្សជាតិ ដោយប្រើប្រាស់ភាសានៃជីវិត គឺភាសារបស់មនុស្ស ដើម្បីប្រាស្រ័យទាក់ទងជាមួយមនុស្ស និងប្រទានដល់ពួកគេនូវអ្វីដែលពួកគេត្រូវការ។ នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ហើយរស់នៅកណ្ដាលចំណោមមនុស្សជាតិអស់រយៈពេលជាយូរឆ្នាំ ក្រោយទ្រង់បានឆ្លងកាត់បទពិសោធន និងឃើញផ្ទាល់ភ្នែកអំពីរបៀបរស់នៅផ្សេងៗរបស់មនុស្ស បទពិសោធទាំងនេះបានក្លាយជាសម្ភារៈបង្រៀនរបស់ទ្រង់ ដែលទ្រង់បានផ្លាស់ប្ដូរភាសាជាព្រះរបស់ទ្រង់ ឱ្យក្លាយជាភាសាមនុស្សវិញ។ ជាការពិត រឿងរ៉ាវដែលទ្រង់បានទតឃើញ និងស្ដាប់ឮនៅក្នុងជីវិតនេះ ក៏ជួយឱ្យបុត្រមនុស្សមាននូវបទពិសោធន៍ដ៏សម្បូរបែបជាមនុស្សដែរ។ នៅពេលដែលទ្រង់ចង់ឱ្យមនុស្សយល់អំពីសេចក្តីពិតខ្លះ ចង់ឱ្យយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ខ្លះ នោះទ្រង់អាចប្រើប្រស្នាដែលស្រដៀងទៅនឹងប្រស្នាខាងលើ ដើម្បីប្រាប់មនុស្សអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងអំពីសេចក្ដីតម្រូវរបស់ទ្រង់ចំពោះមនុស្សជាតិ។ ប្រស្នាទាំងនេះសុទ្ធតែទាក់ទងនឹងជីវិតរបស់មនុស្ស គឺគ្មានប្រស្នាណាមួយដែលមិនពាក់ព័ន្ធនឹងជីវិតរបស់មនុស្សឡើយ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានរស់នៅជាមួយមនុស្សជាតិ ទ្រង់បានទតឃើញកសិករកំពុងតែព្យួរស្រែ ហើយទ្រង់បានស្គាល់ស្រងែ ព្រមទាំងមេនំប៉័ង។ ទ្រង់បានយល់ថា មនុស្សស្រឡាញ់កំណប់ ដូច្នេះ ទ្រង់បានប្រើប្រាស់សាច់រឿងប្រៀបធៀបអំពីកំណប់ និងកែវ‌មុក្តាដ៏មានតម្លៃ។ នៅក្នុងជីវិត ទ្រង់បានទតឃើញជាញឹកញាប់នូវអ្នកនេសាទដែលកំពុងតែអូសអួនរបស់ពួកគេ។ ព្រះអម្ចាស់យេស៊ូវបានទតឃើញទិដ្ឋភាពនេះ ព្រមទាំងសកម្មភាពផ្សេងទៀតដែលទាក់ទងនឹងជីវិតរបស់មនុស្ស ហើយទ្រង់ក៏បានដកពិសោធន៍នូវជីវិតប្រភេទនោះដែរ។ ដូចជាជីវិតមនុស្សសាមញ្ញផ្សេងទៀតដែរ ទ្រង់បានដកពិសោធន៍នូវទម្លាប់រស់នៅប្រចាំថ្ងៃជាមនុស្ស និងការទទួលទានអាហារបីពេលក្នុងមួយថ្ងៃ។ ទ្រង់បានដកពិសោធន៍ដោយផ្ទាល់នូវជីវិតជាមនុស្សធម្មតា ហើយបានសង្កេតមើលជីវិតរបស់អ្នកដទៃ។ នៅពេលដែលទ្រង់បានសង្កេតមើល និងដកពិសោធន៍ដោយផ្ទាល់អំពីការទាំងអស់នេះ អ្វីដែលទ្រង់បានព្រះតម្រិះ មិនមែនជារបៀបមានជីវិតដ៏ល្អ ឬរបៀបដែលទ្រង់អាចរស់នៅដោយមានសេរីភាព និងដោយសុខស្រួលនោះឡើយ។ ផ្ទុយទៅវិញ ចេញពីបទពិសោធនៃជីវិតមនុស្សពិតរបស់ទ្រង់នេះ ព្រះអម្ចាស់យេស៊ូវបានទតឃើញនូវទុក្ខលំបាកនៅក្នុងជីវិតរបស់មនុស្ស។ ទ្រង់បានទតឃើញទុក្ខលំបាក ទុក្ខវេទនា និងទុក្ខព្រួយរបស់មនុស្សដែលកំពុងតែរស់នៅក្រោមការត្រួតត្រារបស់សាតាំង និងការរស់នៅក្នុងជីវិតនៃអំពើបាប ក្រោមសេចក្តីពុករលួយរបស់អារក្សសាតាំង។ ខណៈពេលដែលទ្រង់កំពុងតែដកពិសោធន៍ដោយផ្ទាល់នូវជីវិតជាមនុស្សនោះ ទ្រង់ក៏បានដកពិសោធន៍ពីមនុស្សតែលតោលដែលកំពុងតែរស់នៅក្នុងសេចក្តីពុករលួយដែរ ហើយទ្រង់បានទតឃើញ និងដកពិសោធន៍នូវស្ថានភាពដ៏កំសត់របស់មនុស្សដែលបានរស់នៅក្នុងអំពើបាប ដែលបានបាត់បង់ទិសដៅ ក្នុងពេលពួកគេរងទារុណកម្ម ដោយសារតែការស្ថិតក្រោមចំណុះរបស់អារក្សសាតាំង និងការអាក្រក់។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានទតឃើញការទាំងនេះ តើទ្រង់បានទតឃើញពួកគេជាមួយភាពជាព្រះរបស់ទ្រង់ ឬក៏ដោយភាពជាមនុស្សរបស់ទ្រង់? ភាពជាមនុស្សរបស់ទ្រង់ពិតជាមានមែន ហើយក៏រស់រវើកដែរ ព្រោះថាទ្រង់អាចដកពិសោធន៍ និងទតមើលឃើញការទាំងអស់នេះ។ ប៉ុន្តែ ពិតមែនហើយ ទ្រង់ក៏បានទតឃើញការទាំងនេះនៅក្នុងសារជាតិរបស់ទ្រង់ ដែលជាភាពជាព្រះរបស់ទ្រង់ដែរ។ គឺថា ព្រះគ្រីស្ទផ្ទាល់ព្រះអង្គ ដែលជាព្រះអម្ចាស់យេស៊ូវដែលជាមនុស្ស ដោយបានទតឃើញការនេះ ហើយអ្វីៗគ្រប់យ៉ាងដែលទ្រង់បានទតឃើញ បានធ្វើឱ្យទ្រង់មានមានព្រះទ័យដឹងអំពីភាពសំខាន់ និងភាពចាំបាច់នៃកិច្ចការដែលទ្រង់ត្រូវធ្វើក្នុងអំឡុងពេលដែលទ្រង់បានរស់នៅក្នុងសាច់ឈាម។ ទោះបីទ្រង់ផ្ទាល់ព្រះអង្គបានទតឃើញថា ទំនួលខុសត្រូវដែលទ្រង់ត្រូវរ៉ាប់រងនៅក្នុងសាច់ឈាមនោះ ធំសម្បើម ហើយទោះបីទ្រង់បានជ្រាបដឹងពីការឈឺចាប់ដ៏ខ្លាំងដែលទ្រង់នឹងត្រូវទទួលក៏ដោយ ប៉ុន្តែនៅពេលដែលទ្រង់បានទតឃើញមនុស្សជាតិដែលតែលតោលនៅក្នុងអំពើបាប នៅពេលដែលទ្រង់បានទតឃើញទុក្ខវេទនានៃជីវិតរបស់ពួកគេ និងការខំប្រឹងដ៏ទន់ខ្សោយរបស់ពួកគេនៅក្រោមក្រឹត្យវិន័យ ទ្រង់ក៏មានអារម្មណ៍កាន់តែទួញសោក ហើយកាន់តែអន្ទះសាចង់សង្រ្គោះមនុស្សជាតិពីអំពើបាបដែរ។ ទោះបីទ្រង់នឹងត្រូវជួបទុក្ខលំបាក ឬរងការឈឺចាប់ខ្លាំងបែបណាក៏ដោយ ក៏ទ្រង់កាន់តែមានការតាំងចិត្តក្នុងការប្រោសលោះមនុស្សជាតិ ដែលកំពុងតែរស់នៅក្នុងអំពើបាបដែរ។ ក្នុងអំឡុងពេលនៃដំណើរការនេះ អ្នកអាចនិយាយបានថា ព្រះអម្ចាស់យេស៊ូវបានចាប់ផ្ដើមយល់កាន់តែច្បាស់អំពីកិច្ចការដែលទ្រង់ត្រូវធ្វើ និងកិច្ចការដែលទ្រង់បានទទួលការផ្ទុកផ្ដាក់ឱ្យធ្វើ។ ទ្រង់ក៏កាន់តែចង់បញ្ចប់កិច្ចការដែលទ្រង់ត្រូវរ៉ាប់រង គឺទទួលយកបាបទាំងអស់របស់មនុស្សជាតិ លោះបាបរបស់មនុស្សជាតិ ដើម្បីឱ្យពួកគេលែងរស់នៅក្នុងអំពើបាបតទៅទៀត ហើយក្នុងពេលជាមួយគ្នា ព្រះជាម្ចាស់នឹងអាចអត់ទោសដល់បាបរបស់មនុស្ស ដោយសារតែតង្វាយលោះបាប ដើម្បីឱ្យទ្រង់អាចបន្តកិច្ចការរបស់ទ្រង់ក្នុងការសង្រ្គោះមនុស្សជាតិ។ គឺអាចនិយាយបានថា នៅក្នុងព្រះហឫទ័យរបស់ព្រះអម្ចាស់យេស៊ូវ ទ្រង់ព្រមលះបង់អង្គទ្រង់សម្រាប់មនុស្សជាតិ ព្រមលះបង់អង្គទ្រង់ជាយញ្ញបូជា។ ទ្រង់ក៏ព្រមធ្វើជាតង្វាយលោះបាប ដោយជាប់នឹងឈើឆ្កាងដែរ ហើយទ្រង់ពិតជាចង់បញ្ចប់កិច្ចការនេះខ្លាំងណាស់។ នៅពេលដែលទ្រង់បានទតឃើញស្ថានភាពដ៏កំសត់នៃជីវិតរបស់មនុស្ស ទ្រង់កាន់តែចង់បញ្ចប់បេសកកម្មរបស់ទ្រង់ឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ដោយគ្មានចង់ពន្យារពេលមួយនាទី ឬសូម្បីតែមួយវិនាទីនោះឡើយ។ ដោយមានអារម្មណ៍បន្ទាន់បែបនេះ ទ្រង់មិនបានព្រះតម្រិះអំពីការឈឺចាប់ដែលទ្រង់នឹងត្រូវរងទុក្ខ ឬព្រះតម្រិះអំពីការថប់អារម្មណ៍នៃភាពអាម៉ាស់ដ៏ខ្លាំងដែលទ្រង់នឹងត្រូវទទួលនោះឡើយ។ ទ្រង់មានការជឿជាក់តែមួយគត់នៅក្នុងព្រះហឫទ័យរបស់ទ្រង់៖ ដរាបណាទ្រង់បានលះបង់អង្គទ្រង់ ដរាបណាទ្រង់ត្រូវបានជាប់នៅលើឈើឆ្កាងជាតង្វាយលោះបាប នោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងត្រូវបានអនុវត្ត ហើយព្រះជាម្ចាស់នឹងអាចចាប់ផ្ដើមកិច្ចការថ្មីមិនខាន។ ជីវិតរបស់មនុស្សជាតិ និងសភាពនៃអត្ថិភាពរបស់ពួកគេនៅក្នុងអំពើបាប នឹងត្រូវបានបំផ្លាស់បំប្រែទាំងស្រុង។ ការជឿជាក់របស់ទ្រង់ និងអ្វីដែលទ្រង់បានតាំងចិត្តធ្វើ គឺទាក់ទងនឹងការសង្រ្គោះមនុស្ស ហើយទ្រង់មានកម្មវត្ថុតែមួយគត់ គឺជាការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឱ្យព្រះជាម្ចាស់អាចចាប់ផ្ដើមដំណាក់កាលថ្មីនៃកិច្ចការរបស់ទ្រង់ប្រកបដោយភាពជោគជ័យ។ នេះគឺជាអ្វីដែលស្ថិតនៅក្នុងព្រះតម្រិះរបស់ព្រះអម្ចាស់យេស៊ូវនៅគ្រានោះ។

ក្នុងការរស់នៅក្នុងសាច់ឈាមនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានភាពជាមនុស្សធម្មតា ហើយទ្រង់ក៏មានអារម្មណ៍ និងតម្រិះប្រកបដោយវិចារណញ្ញាណដូចជាមនុស្សធម្មតាដែរ។ ទ្រង់បានទតឃើញនូវអ្វីដែលជាសេចក្តីសុខ អ្វីជាការឈឺចាប់ ហើយនៅពេលដែលទ្រង់បានទតឃើញមនុស្សជាតិកំពុងតែរស់នៅក្នុងជីវិតបែបនេះ ទ្រង់បានមានអារម្មណ៍យ៉ាងជ្រាលជ្រៅថា ការគ្រាន់តែប្រទានឱ្យពួកគេនូវសេចក្តីបង្រៀនខ្លះ ប្រទានឱ្យពួកគេនូវអ្វីមួយ ឬបង្រៀនពួកគេអំពីអ្វីមួយ នឹងមិនទាន់គ្រប់គ្រាន់ ដើម្បីនាំពួកគេចេញពីបាបឡើយ។ គ្មានអ្វីមួយអាចជួយឱ្យពួកគេស្ដាប់បង្គាប់តាមបទបញ្ញត្តិ ដើម្បីប្រោសលោះពួកគេពីអំពើបាបឡើយ គឺមានតែពេលដែលទ្រង់ទទួលយកអំពើបាបរបស់មនុស្ស ហើយបានត្រលប់ជាមានលក្ខណៈដូចជាសាច់ឈាមដែលមានបាបប៉ុណ្ណោះ ទើបទ្រង់អាចធ្វើការដោះដូរ ដើម្បីជួយឱ្យមនុស្សជាតិទទួលបានសេរីភាព និងការអត់ទោសរបស់ព្រះជាម្ចាស់។ ដូច្នេះ ក្រោយពេលដែលព្រះអម្ចាស់យេស៊ូវបានដកពិសោធន៍ និងបានទតឃើញផ្ទាល់ភ្នែកនូវជីវិតរបស់មនុស្សដែលរស់នៅក្នុងអំពើបាប ទ្រង់ស្រាប់តែមានសេចក្តីប៉ងប្រាថ្នាដ៏ខ្លាំងនៅក្នុងព្រះហឫទ័យរបស់ទ្រង់ ពោលគឺដើម្បីជួយឱ្យមនុស្សអាចរំដោះខ្លួនឯងចេញពីជីវិតដែលរងទុក្ខលំបាកនៅក្នុងអំពើបាប។ សេចក្តីប៉ងប្រាថ្នានេះបានធ្វើឱ្យទ្រង់កាន់តែមានអារម្មណ៍ខ្លាំងឡើងថា ទ្រង់ត្រូវតែយាងទៅឈើឆ្កាង និងទទួលយកបាបរបស់មនុស្សឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ នេះគឺជាព្រះតម្រិះរបស់ព្រះអម្ចាស់យេស៊ូវនៅគ្រានោះ ក្រោយពេលទ្រង់បានរស់នៅជាមួយមនុស្ស ហើយបានទតឃើញ បានស្ដាប់ឮ និងមានអារម្មណ៍ដឹងអំពីការលំបាកវេទនាដែលពួកគេរស់នៅក្នុងអំពើបាប។ ការដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សអាចមានព្រះហឫទ័យបែបនេះសម្រាប់មនុស្សជាតិ ការដែលទ្រង់អាចបង្ហាញ និងបើកសម្ដែងនូវនិស្ស័យបែបនេះ តើនេះជាអ្វីមួយដែលមនុស្សសាមញ្ញម្នាក់អាចមានឬទេ? ដោយរស់នៅក្នុងបរិយាកាសបែបនេះ តើមនុស្សធម្មតានឹងមើលឃើញអ្វីខ្លះ? តើពួកគេនឹងគិតអំពីអ្វីខ្លះទៅ? ប្រសិនបើមនុស្សធម្មតាម្នាក់ជួបការទាំងអស់នេះ តើពួកគេនឹងមើលទៅកាន់បញ្ហាចេញពីទស្សនៈមួយដែលបានលើកឡើងឬ? គឺមិនបែបនេះឡើយ! ទោះបីរូបរាងខាងក្រៅរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដូចបេះដាក់ទៅនឹងមនុស្សក៏ដោយ ហើយទោះបីទ្រង់មានចំណេះដឹងរបស់មនុស្ស និងចេះនិយាយភាសារបស់មនុស្ស ហើយពេលខ្លះ ទោះបីជាទ្រង់បង្ហាញព្រះតម្រិះរបស់ទ្រង់តាមរយៈវិធីសាស្ត្រ ឬរបៀបនៃការនិយាយរបស់មនុស្សជាតិក៏ដោយ ក៏របៀបដែលទ្រង់ទតឃើញមនុស្សលោក និងទតឃើញសារជាតិនៃរឿងទាំងនោះ មិនដូចគ្នាទៅនឹងរបៀបដែលមនុស្សដ៏ពុករលួយមើលឃើញមនុស្សជាតិ និងសារជាតិនៃរឿងរ៉ាវនោះដែរ។ ទស្សនៈ និងការលើកឡើងរបស់ទ្រង់ដែលទ្រង់ប្រកាន់យក គឺជាអ្វីមួយដែលមនុស្សដ៏ពុករលួយមិនអាចយល់បានឡើយ។ នោះគឺដោយសារតែព្រះជាម្ចាស់ជាសេចក្តីពិត ដោយសារតែសាច់ឈាមដែលទ្រង់ពាក់នោះ ក៏មានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះតម្រិះរបស់ទ្រង់ និងការដែលភាពជាមនុស្សរបស់ទ្រង់បានសម្ដែងចេញនោះ ក៏ជាសេចក្តីពិតដែរ។ សម្រាប់មនុស្សដ៏ពុករលួយ អ្វីដែលទ្រង់សម្ដែងចេញនៅក្នុងសាច់ឈាម គឺជាការប្រទាននូវសេចក្ដីពិត និងជីវិត។ ការប្រទានមកនេះ មិនមែនគ្រាន់តែសម្រាប់មនុស្សម្នាក់ឡើយ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងអស់វិញ។ នៅក្នុងដួងចិត្តរបស់មនុស្សដ៏ពុករលួយ មានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលមានទំនាក់ទំនងជាមួយពួកគេ។ ពួកគេខ្វល់ខ្វាយ និងយកចិត្តទុកដាក់ចំពោះតែមនុស្សមួយក្ដាប់តូចនេះប៉ុណ្ណោះ។ នៅពេលដែលគ្រោះមហន្តរាយលេចឡើង ជាដំបូង ពួកគេគិតដល់កូនចៅ ប្ដីប្រពន្ធ ឬឪពុកម្ដាយរបស់ពួកគេ។ លើសពីនេះទៅទៀត មនុស្សដែលកាន់តែមានចិត្តអាណិតអាសូរនឹងយកគំនិតមកគិតអំពីសាច់ញាតិបងប្អូន ឬមិត្តល្អមួយចំនួន ប៉ុន្តែ តើគំនិតរបស់បុគ្គលដែលមានចិត្តអាណិតអាសូរនេះ អាចបង្ហាញចេញលើសពីនេះដែរឬទេ? អត់ទេ គឺមិនអាចឡើយ! ដោយសារតែមនុស្សគឺជាមនុស្ស ហើយពួកគេអាចមើលទៅកាន់អ្វីៗគ្រប់យ៉ាងចេញពីការលើកឡើង និងទស្សនៈរបស់មនុស្សតែប៉ុណ្ណោះ។ យ៉ាងណាមិញ ព្រះដែលយកកំណើតជាមនុស្ស មានលក្ខណៈខុសស្រឡះពីមនុស្សលោកដ៏ពុករលួយ។ ទោះបីជាសាច់ឈាមនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មានភាពសាមញ្ញ ធម្មតា ព្រមទាំងទន់ទាបកម្រិតណា ឬទោះបីជាមនុស្សចំអកមើលងាយទ្រង់យ៉ាងណាក៏ដោយ ក៏ព្រះតម្រិះ និងអាកប្បកិរិយារបស់ទ្រង់ចំពោះមនុស្សជាតិ គឺជាអ្វីដែលគ្មានមនុស្សណាម្នាក់អាចមាន ឬយកតម្រាប់តាមបានឡើយ។ ទ្រង់នឹងតែងតែសង្កេតមើលមនុស្សចេញពីទស្សនៈនៃភាពជាព្រះ ចេញពីការលើកឡើងនៃមុខតំណែងរបស់ទ្រង់ ក្នុងនាមជាព្រះអាទិករ។ ទ្រង់នឹងតែងតែទតមើលឃើញមនុស្សជាតិ តាមរយៈសារជាតិ និងផ្នត់គំនិតរបស់ព្រះជាម្ចាស់។ ទ្រង់មិនអាចទតមើលមនុស្សជាតិចេញពីទស្សនៈទន់ទាបរបស់មនុស្សសាមញ្ញ ឬចេញពីទស្សនៈរបស់មនុស្សដ៏ពុករលួយនោះឡើយ។ នៅពេលដែលមនុស្សមើលទៅកាន់មនុស្សជាតិ ពួកគេមើលចេញពីភ្នែករបស់មនុស្ស ហើយពួកគេប្រើប្រាស់ចំណេះដឹង ក្បួនច្បាប់ និងទ្រឹស្ដីជាមនុស្សមកធ្វើជាខ្នាតវាស់វែង។ ការនេះស្ថិតនៅក្នុងវិសាលភាពនៃអ្វីដែលមនុស្សអាចមើលឃើញជាមួយភ្នែករបស់ពួកគេ និងវិសាលភាពដែលមនុស្សដ៏ពុករលួយអាចសម្រេចបាន។ នៅពេលដែលព្រះជាម្ចាស់ទតមើលទៅកាន់មនុស្សជាតិ ទ្រង់ទតមើលជាមួយព្រះនេត្រជាព្រះ ហើយទ្រង់ប្រើប្រាស់សារជាតិរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ធ្វើជាខ្នាតវាស់វែង។ វិសាលភាពនេះ រួមបញ្ចូលចំណុចដែលមនុស្សមិនអាចមើលឃើញ ហើយនេះជាទីកន្លែងដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងមនុស្សដ៏ពុករលួយមានលក្ខណៈខុសគ្នាស្រឡះ។ ភាពខុសគ្នានេះត្រូវបានកំណត់ដោយសារជាតិខុសគ្នារបស់មនុស្ស និងរបស់ព្រះជាម្ចាស់ ព្រោះថាគឺជាសារជាតិខុសគ្នាទាំងនេះហើយដែលកំណត់ពីអត្តសញ្ញាណ និងមុខតំណែងរបស់ពួកគេ ក៏ដូចជាទស្សនៈ និងការលើកឡើងចេញពីអ្វីដែលពួកគេមើលឃើញ។ តើអ្នករាល់គ្នាមើលឃើញការបង្ហាញ និងការបើកសម្ដែងរបស់ព្រះជាម្ចាស់នៅក្នុងព្រះអម្ចាស់យេស៊ូវដែរឬទេ? អ្នកអាចនិយាយបានថា អ្វីដែលព្រះអម្ចាស់យេស៊ូវបានធ្វើ និងមានបន្ទូល គឺទាក់ទងនឹងព័ន្ធកិច្ចរបស់ទ្រង់ ព្រមទាំងទាក់ទងនឹងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយនោះគឺជាការបង្ហាញ និងការបើកសម្ដែងអំពីសារជាតិរបស់ព្រះជាម្ចាស់។ ទោះបីទ្រង់មានការបើកបង្ហាញជាមនុស្សក៏ដោយ ក៏សារជាតិជាព្រះរបស់ទ្រង់ និងការបើកសម្ដែងនៃភាពជាព្រះរបស់ទ្រង់មិនអាចត្រូវបដិសេធនោះដែរ។ តើការបើកបង្ហាញរបស់មនុស្សនេះ ពិតជាការបើកបង្ហាញអំពីភាពជាមនុស្សដែរឬទេ? ដោយសារជាតិរបស់វា ការបើកបង្ហាញបែបមនុស្សរបស់ទ្រង់ មានលក្ខណៈខុសគ្នាស្រឡះពីការបើកបង្ហាញបែបមនុស្សរបស់មនុស្សដ៏ពុករលួយ។ ព្រះអម្ចាស់យេស៊ូវគឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ប្រសិនបើទ្រង់បានត្រលប់ជាមនុស្សដ៏ពុករលួយធម្មតាម្នាក់មែន តើទ្រង់អាចទតឃើញជីវិតរបស់មនុស្សនៅក្នុងអំពើបាបចេញពីទស្សនៈជាព្រះដែរឬទេ? ពិតជាមិនអាចឡើយ! នេះគឺជាភាពខុសគ្នារវាងបុត្រមនុស្ស និងមនុស្សធម្មតា។ មនុស្សពុករលួយសុទ្ធតែរស់នៅក្នុងអំពើបាប ហើយនៅពេលដែលអ្នកផ្សេងទៀតមើលឃើញអំពើបាប ពួកគេមិនមានអារម្មណ៍ជាក់លាក់ណាមួយអំពីវាឡើយ។ ពួកគេទាំងអស់គ្នាគឺដូចគ្នា ដូចជាសត្វជ្រូកដែលកំពុងតែរស់នៅក្នុងភក់ជ្រាំ ដែលគ្មានអារម្មណ៍ដឹងទាល់តែសោះអំពីភាពមិនសុខស្រួល ឬភក់ជ្រាំ។ ផ្ទុយទៅវិញ វាគិតតែពីរឿងស៊ីចុក និងដេកលក់យ៉ាងស្រួលប៉ុណ្ណោះ។ ប្រសិនបើមនុស្សម្នាក់លាងសម្អាតទ្រុងជ្រូក សត្វជ្រូកនឹងមានអារម្មណ៍មិនស្រួលឡើយ ហើយវានឹងមិនបន្តរក្សាខ្លួនឱ្យស្អាតឡើយ។ មិនយូរមិនឆាប់ វានឹងទៅរមៀលខ្លួនយ៉ាងសុខស្រួលនៅក្នុងភក់ជ្រាំម្ដងទៀត ដោយសារតែវាជាសត្វដ៏ស្មោកគ្រោក។ មនុស្សមើលឃើញសត្វជ្រូកជាសត្វស្មោកគ្រោក ប៉ុន្តែប្រសិនបើអ្នកលាងសម្អាតទ្រុងជ្រូក នោះវាគ្មានបានប្រសើរអ្វីឡើយ នេះជាហេតុផលដែលគ្មាននរណាម្នាក់ទុកសត្វជ្រូកនៅក្នុងផ្ទះរបស់ពួកគេឡើយ។ របៀបដែលមនុស្សមើលឃើញសត្វជ្រូក នឹងតែងតែខុសគ្នាពីរបៀបដែលសត្វជ្រូកមានអារម្មណ៍ពីខ្លួនវា ដោយសារតែមនុស្ស និងសត្វជ្រូកមិនស្ថិតនៅក្នុងប្រភេទដូចគ្នាឡើយ។ ហើយដោយសារតែបុត្រមនុស្សដែលយកកំណើតជាមនុស្សមិនចេញមកពីមនុស្សដ៏ពុករលួយ នោះមានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ដែលអាចឈរចេញពីទស្សនៈជាព្រះ ចេញពីការលើកឡើងរបស់ព្រះជាម្ចាស់ ចេញពីទីដែលទ្រង់ទតឃើញមនុស្សជាតិ និងអ្វីៗគ្រប់យ៉ាង។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧៤

តើព្រះជាម្ចាស់ត្រូវរងទុក្ខលំបាកអ្វីខ្លះទៅ នៅពេលដែលទ្រង់ត្រលប់ជាសាច់ឈាម និងរស់នៅក្នុងចំណោមមនុស្សជាតិ? តើទុក្ខវេទនានេះជាអ្វីទៅ? តើមាននរណាម្នាក់យល់ដែរឬទេ? មនុស្សខ្លះនិយាយថា ព្រះជាម្ចាស់រងទុក្ខលំបាកយ៉ាងខ្លាំង ទោះបីជាទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ទោះបីជាមនុស្សមិនយល់អំពីសារជាតិរបស់ទ្រង់ក៏ដោយ ក៏មនុស្សតែងតែចាត់ទុកទ្រង់ដូចជាមនុស្ស ដែលនាំឱ្យទ្រង់មានព្រះទ័យឈឺចាប់ និងមានកំហុស។ ដោយសារតែហេតុផលទាំងនេះ ពួកគេនិយាយថា ការរងទុក្ខលំបាករបស់ព្រះជាម្ចាស់ពិតជាធំធេងណាស់។ មនុស្សផ្សេងទៀតនិយាយថា ព្រះជាម្ចាស់គ្មានកំហុស និងគ្មានបាបឡើយ ប៉ុន្តែទ្រង់បែរជារងទុក្ខដូចជាមនុស្សជាតិ ដោយទ្រង់ជួបការបៀតបៀន ការមួលបង្កាច់ និងការឈឺចិត្តរួមជាមួយមនុស្សជាតិទៅវិញ។ ពួកគេនិយាយថា ទ្រង់ក៏រងការយល់ច្រឡំ និងការមិនស្ដាប់បង្គាប់ពីអ្នកដើរតាមរបស់ទ្រង់ដែរ។ ដូច្នេះ ពួកគេនិយាយថា ការរងទុក្ខរបស់ព្រះជាម្ចាស់ពិតជាមិនអាចវាស់វែងបានឡើយ។ ឥឡូវនេះ វាហាក់ដូចជាអ្នករាល់គ្នាមិនទាន់យល់អំពីព្រះជាម្ចាស់ឡើយ។ ជាការពិត ទុក្ខវេទនាដែលអ្នករាល់គ្នានិយាយនេះ មិនទាន់ចាត់ទុកជាទុក្ខវេទនាដ៏ពិតសម្រាប់ព្រះជាម្ចាស់ឡើយ ដោយសារតែមានការរងទុក្ខដែលធំជាងនេះទៅទៀត។ ដូច្នេះ តើអ្វីទៅជាការរងទុក្ខដ៏ពិតសម្រាប់ព្រះជាម្ចាស់? តើអ្វីទៅជាការរងទុក្ខដ៏ពិតសម្រាប់សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់? សម្រាប់ព្រះជាម្ចាស់ ការដែលមនុស្សជាតិមិនយល់អំពីទ្រង់ មិនត្រូវបានរាប់ជាការរងទុក្ខឡើយ ហើយការដែលមនុស្សមានការយល់ច្រឡំអំពីព្រះជាម្ចាស់ និងមិនឃើញទ្រង់ជាព្រះជាម្ចាស់ ក៏មិនរាប់ជាការរងទុក្ខនោះដែរ។ យ៉ាងណាមិញ ជារឿយៗ មនុស្សមានអារម្មណ៍ថា ព្រះជាម្ចាស់ត្រូវតែរងភាពអយុត្តិធម៌ដ៏ធំ មានអារម្មណ៍ថា ក្នុងអំឡុងពេលដែលព្រះជាម្ចាស់ចំណាយពេលនៅក្នុងសាច់ឈាម ទ្រង់មិនអាចបង្ហាញអង្គជាមនុស្សរបស់ទ្រង់ទៅកាន់មនុស្សជាតិ និងអនុញ្ញាតឱ្យមនុស្សមើលឃើញពីភាពធំធេងរបស់ទ្រង់ និងមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងតែបន្ទាបអង្គទ្រង់លាក់ព្រះកាយនៅក្នុងសាច់ឈាមដ៏តូចទាប និងមានអារម្មណ៍ថា ការនេះត្រូវតែជាទារុណកម្មដ៏ធំមួយសម្រាប់ទ្រង់។ មនុស្សយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្វីដែលពួកគេអាចយល់ និងអ្វីដែលពួកគេអាចមើលឃើញអំពីការរងទុក្ខរបស់ព្រះជាម្ចាស់ ហើយចាប់ផ្ដើមបង្ហាញការយល់ចិត្តគ្រប់យ៉ាងអំពីទ្រង់ ហើយជារឿយៗ ពួកគេថែមទាំងសម្ដែងការសរសើរតម្កើងតិចតួចចំពោះការរងទុក្ខរបស់ទ្រង់ទៀតផង។ នៅក្នុងតថភាពជាក់ស្ដែង វាមានភាពខុសគ្នា។ វាមានគម្លាតមួយនៅចន្លោះអ្វីដែលមនុស្សយល់អំពីការរងទុក្ខរបស់ព្រះជាម្ចាស់ និងអ្វីដែលទ្រង់មានអារម្មណ៍យ៉ាងពិតប្រាកដ។ ខ្ញុំកំពុងតែប្រាប់អ្នករាល់គ្នាអំពីការពិតថា សម្រាប់ព្រះជាម្ចាស់ មិនថាជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ឬជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ឡើយ ការរងទុក្ខដែលត្រូវបានពណ៌នាខាងលើនេះ មិនមែនជាការរងទុក្ខដ៏ពិតប្រាកដឡើយ។ តើអ្វីទៅជាការរងទុក្ខពិតប្រាកដរបស់ព្រះជាម្ចាស់? យើងនឹងនិយាយអំពីការរងទុក្ខរបស់ព្រះជាម្ចាស់ ដោយចេញពីទស្សនរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សតែប៉ុណ្ណោះ។

នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ត្រលប់ជាមនុស្សសាមញ្ញធម្មតាម្នាក់ ដែលរស់នៅជាមួយមនុស្សនៅក្នុងចំណោមមនុស្សជាតិ តើទ្រង់មិនអាចទតឃើញ និងមានព្រះទ័យដឹងអំពីវិធីសាស្ត្រ ក្បួនច្បាប់ និងទស្សនវិជ្ជាសម្រាប់ការរស់នៅរបស់មនុស្សទេឬ? តើវិធីសាស្ត្រ និងក្បួនច្បាប់សម្រាប់ការរស់នៅទាំងនេះ ធ្វើឱ្យទ្រង់មានព្រះទ័យដូចម្ដេចដែរ? តើទ្រង់មានអារម្មណ៍ស្អប់ខ្ពើមនៅក្នុងព្រះហឫទ័យរបស់ទ្រង់ឬទេ? ហេតុអ្វីបានជាទ្រង់មានព្រះទ័យស្អប់ខ្ពើម? តើវិធីសាស្ត្រ និងក្បួនច្បាប់សម្រាប់ការរស់នៅរបស់មនុស្សមានអ្វីខ្លះទៅ? តើវាចាក់ឫសនៅក្នុងគោលការណ៍អ្វីខ្លះ? តើវាមានមូលដ្ឋានលើអ្វីទៅ? វិធីសាស្ត្រ ក្បួនច្បាប់របស់មនុស្សជាតិ និងអ្វីៗផ្សេងទៀតដែលមានទំនាក់ទំនងនឹងរបៀបរស់នៅ សុទ្ធតែត្រូវបានបង្កើតឡើងលើមូលដ្ឋានតក្កៈ ចំណេះដឹង និងទស្សនវិជ្ជារបស់អារក្សសាតាំងទាំងអស់។ មនុស្សដែលកំពុងតែរស់នៅក្រោមក្បួនច្បាប់ទាំងនេះ គ្មានភាពជាមនុស្សឡើយ ហើយក៏គ្មានសេចក្តីពិតដែរ ដ្បិតក្បួនច្បាប់ទាំងអស់នេះ សុទ្ធតែបង្ខូចដល់សេចក្តីពិត និងប្រឆាំងនឹងព្រះជាម្ចាស់។ ប្រសិនបើយើងពិនិត្យមើលសារជាតិរបស់ព្រះជាម្ចាស់ នោះយើងនឹងមើលឃើញថា សារជាតិរបស់ទ្រង់ពិតជាផ្ទុយស្រឡះពីតក្កៈ ចំណេះដឹង និងទស្សនវិជ្ជារបស់អារក្សសាតាំង។ សារជាតិរបស់ទ្រង់គឺពេញដោយសេចក្តីសុចរិត សេចក្តីពិត និងភាពបរិសុទ្ធ ព្រមទាំងភាពវិជ្ជមានទាំងអស់ផ្សេងទៀត។ តើព្រះជាម្ចាស់ដែលមានសារជាតិនេះ និងរស់នៅក្នុងចំណោមមនុស្សជាតិបែបនេះ មានព្រះទ័យបែបណាទៅ? តើទ្រង់មានព្រះទ័យយ៉ាងណាខ្លះនៅក្នុងដួងព្រះហឫទ័យរបស់ទ្រង់? តើវាមិនពេញដោយការឈឺចាប់ទេឬអី? ដួងព្រះហឫទ័យរបស់ទ្រង់រងការឈឺចាប់ ជាការឈឺចាប់មួយដែលគ្មាននរណាម្នាក់អាចយល់ ឬជួបប្រទះឡើយ។ នោះគឺដោយសារតែអ្វីៗគ្រប់យ៉ាងដែលទ្រង់ជួបប្រទះ ស្ដាប់ឮ ទតឃើញ និងដកពិសោធន៍ សុទ្ធតែជាសេចក្តីពុករលួយ ការអាក្រក់ ការបះបោរ និងការជំទាស់របស់មនុស្សដែលមានចំពោះសេចក្តីពិត។ អ្វីៗគ្រប់យ៉ាងដែលចេញមកពីមនុស្ស គឺជាប្រភពនៃទុក្ខវេទនារបស់ទ្រង់។ គឺអាចនិយាយបានថា ដោយសារតែសារជាតិរបស់ទ្រង់មិនដូចជាសារជាតិរបស់មនុស្សដ៏ពុករលួយ ទើបសេចក្តីពុករលួយរបស់មនុស្សក្លាយជាប្រភពនៃទុក្ខវេទនាដ៏ធំបំផុតរបស់ទ្រង់។ នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម តើទ្រង់អាចរកឃើញនរណាម្នាក់ដែលមានភាសាដូចគ្នាជាមួយទ្រង់ឬទេ? មនុស្សបែបនេះមិនអាចរកឃើញនៅក្នុងចំណោមមនុស្សជាតិឡើយ។ គ្មាននរណាម្នាក់ដែលទ្រង់អាចប្រាស្រ័យទាក់ទងជាមួយ ឬអាចមានកិច្ចសន្ទនាបែបនេះជាមួយព្រះជាម្ចាស់នោះឡើយ។ តើអ្នកនឹងនិយាយថា ព្រះជាម្ចាស់មានអារម្មណ៍បែបណាទៅ? អ្វីដែលមនុស្សពិភាក្សា ស្រឡាញ់ ដេញតាម និងទន្ទឹងចង់បាន សុទ្ធតែពាក់ព័ន្ធជាមួយអំពើបាប និងទំនោរខាងការអាក្រក់ទាំងអស់។ នៅពេលដែលព្រះជាម្ចាស់ជួបរឿងទាំងនេះ តើវាមិនដូចជាយកកាំបិតមកចាក់ដួងព្រះហឫទ័យរបស់ទ្រង់ទេឬ? ដោយជួបជាមួយរឿងទាំងនេះ តើទ្រង់អាចមានអំណរនៅក្នុងដួងព្រះហឫទ័យរបស់ទ្រង់ដែរឬ? តើទ្រង់អាចមានការកម្សាន្តព្រះទ័យដែរឬទេ? អស់អ្នកដែលកំពុងតែរស់នៅជាមួយទ្រង់ គឺជាមនុស្សដែលពេញដោយការបះបោរ និងការអាក្រក់ តើដួងព្រះហឫទ័យរបស់ទ្រង់អាចមិនរងទុក្ខយ៉ាងម៉េចកើតទៅ? តើទុក្ខវេទនានេះធំធេងប៉ុនណា ហើយតើមាននរណាខ្លះខ្វល់ខ្វាយអំពីទុក្ខរបស់ទ្រង់ទៅ? តើនរណាយកចិត្តទុកដាក់ទៅ? តើនរណាមានសមត្ថភាពអាចយល់បានទៅ? មនុស្សគ្មានផ្លូវនឹងយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ការរអទុក្ខរបស់ទ្រង់ជាអ្វីមួយដែលមនុស្សមិនអាចយល់បានឡើយ ហើយភាពត្រជាក់ និងភាពស្ពឹកស្រពន់របស់មនុស្សធ្វើឱ្យការរងទុក្ខរបស់ព្រះជាម្ចាស់មានកាន់តែខ្លាំងឡើង។

មានមនុស្សមួយចំនួនដែលមានចិត្តអាណិតអាសូរដល់ស្ថានភាពរបស់ព្រះគ្រីស្ទជារឿយៗ ដោយសារតែមានខគម្ពីរមួយចែងថា៖ «កញ្ជ្រោងមានរូងរបស់វា ហើយសត្វបក្សាបក្សីក៏មានសម្បុករបស់វាដែរ ក៏ប៉ុន្តែបុត្រមនុស្សគ្មានកន្លែងណានឹងកើយព្រះសិរសាទ្រង់ឡើយ»។ នៅពេលដែលមនុស្សឮអំពីខគម្ពីរនេះ ពួកគេយកដាក់ក្នុងចិត្ត ហើយជឿថា នេះគឺជាទុក្ខវេទនាដ៏ធំបំផុតដែលព្រះជាម្ចាស់មាន និងជាទុក្ខវេទនាដ៏ធំបំផុតដែលព្រះគ្រីស្ទមាន។ ឥឡូវនេះ បើមើលទៅកាន់បញ្ហានេះចេញពីទស្សនៈនៃការពិតវិញ តើវាជាទុក្ខវេទនាឬទេ? គឺអត់ទេ។ ព្រះជាម្ចាស់មិនជឿថា ទុក្ខលំបាកទាំងនេះជាការរងទុក្ខឡើយ។ ទ្រង់មិនដែលស្រែកឡើងអំពីភាពអយុត្តិធម៌ ដោយសារតែទុក្ខលំបាកខាងសាច់ឈាមរបស់ទ្រង់ ហើយក៏មិនដែលឱ្យមនុស្សតបស្នង ឬផ្ដល់រង្វាន់ដល់ទ្រង់ជាអ្វីមួយនោះដែរ។ យ៉ាងណាមិញ នៅពេលដែលទ្រង់ទតឃើញអ្វីៗគ្រប់យ៉ាងអំពីមនុស្សជាតិ និងអំពីជីវិតដ៏ពុករលួយ និងការអាក្រក់របស់មនុស្សពុករលួយ នៅពេលដែលទ្រង់ទតឃើញថា មនុស្សជាតិស្ថិតនៅក្នុងកណ្ដាប់ដៃរបស់សាតាំង និងត្រូវបានជាប់ឃុំឃាំងដោយអារក្សសាតាំង ហើយគេមិនអាចរត់គេចបាន គឺថាមនុស្សដែលកំពុងរស់នៅក្នុងអំពើបាប មិនដឹងអ្វីជាសេចក្តីពិតឡើយ ហើយទ្រង់មិនអាចអត់ឱនចំពោះអំពើបាបទាំងអស់នេះបានទេ។ ការស្អប់ខ្ពើមរបស់ទ្រង់ចំពោះមនុស្សចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែទ្រង់មានតែអត់ទ្រាំប៉ុណ្ណោះ។ នេះជាការរងទុក្ខដ៏ធំរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនអាចបញ្ចេញព្រះសូរសៀងនៃដួងព្រះហឫទ័យទាំងអស់របស់ទ្រង់ ឬបញ្ចេញព្រះទ័យរបស់ទ្រង់នៅក្នុងចំណោមអ្នកដើរតាមរបស់ទ្រង់ ហើយក៏គ្មាននរណាម្នាក់នៅក្នុងចំណោមអ្នកដើរតាមទ្រង់អាចយល់អំពីទុក្ខវេទនារបស់ទ្រង់នោះដែរ។ គ្មាននរណាម្នាក់ព្យាយាមយល់ ឬកម្សាន្តព្រះហឫទ័យរបស់ទ្រង់ឡើយ គឺទ្រង់ត្រូវតែអត់ទ្រាំទទួលយកការរងទុក្ខនេះពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ និងពីមួយពេលទៅមួយពេលប៉ុណ្ណោះ។ តើអ្នករាល់គ្នាយល់ឃើញអ្វីខ្លះនៅក្នុងចំណុចនេះ? ព្រះជាម្ចាស់មិនបានទាមទារឱ្យមនុស្សតបស្នងសងគុណទ្រង់ចំពោះអ្វីដែលទ្រង់បានប្រទានដល់គេនោះឡើយ ប៉ុន្តែដោយសារតែសារជាតិរបស់ព្រះជាម្ចាស់ ទ្រង់មិនអាចអត់ឱនចំពោះការអាក្រក់ សេចក្តីពុករលួយ និងអំពើបាបរបស់មនុស្សតទៅទៀតបានឡើយ ផ្ទុយទៅវិញ ទ្រង់មានព្រះទ័យខ្ពើមរអើម និងស្អប់យ៉ាងខ្លាំង ដែលនាំឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសាច់ឈាមរបស់ទ្រង់ត្រូវអត់ទ្រាំនឹងទុក្ខវេទនាមិនចេះចប់។ តើអ្នករាល់គ្នាធ្លាប់មើលឃើញការនេះឬទេ? ភាគច្រើន គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាអាចមើលឃើញការនេះឡើយ ដោយសារតែគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាអាចយល់ពីព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ យូរទៅ អ្នកគួរតែដកពិសោធន៍អំពីការនេះដោយខ្លួនឯងបន្ដិចម្ដងៗ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧៥

ព្រះយេស៊ូវប្រទានអាហារដល់មនុស្សប្រាំពាន់នាក់

យ៉ូហាន ៦:៨-១៣ នៅក្នុងចំណោមសិស្សរបស់ទ្រង់ មានសិស្សម្នាក់ ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស ទូលប្រាប់ទ្រង់ថា៖ នៅទីនេះ មានក្មេងប្រុសម្នាក់មាននំបុ័ងម្សៅប្រាំដុំ និងត្រីតូចៗពីរកន្ទុយ ប៉ុន្តែ តើវានឹងឱ្យគ្រាន់ដល់មនុស្សដ៏ច្រើននេះដូចម្ដេចទៅ? ព្រះ‌យេស៊ូវមានព្រះ‌បន្ទូលថា៖ ចូរឱ្យមនុស្សទាំងអស់អង្គុយចុះទៅ។ នៅទីនោះ មានស្មៅជាច្រើន ដូច្នេះ គេនាំគ្នាអង្គុយចុះ ហើយមានចំនួនប្រហែលជាប្រាំពាន់នាក់។ ព្រះ‌យេស៊ូវយកនំបុ័ងមកអរព្រះ‌គុណ រួចប្រទានទៅឱ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ។ ហើយទ្រង់ក៏ធ្វើបែបនេះចំពោះត្រីផងដែរ ហើយចែកដល់ពួកគេ តាមតែគេចង់បាន។ កាលពួកគេបានឆ្អែតគ្រប់គ្នាហើយ ព្រះ‌អង្គមានព្រះ‌បន្ទូលទៅពួកសិស្សថា៖ ចូរប្រមូលបំណែកដែលនៅសល់ ដើម្បីកុំឱ្យបាត់អ្វីឡើយ។ ដូច្នេះ ពួកគេក៏បានប្រមូលបំណែកនំបុ័ងម្សៅ ដែលនៅសល់ពីនំប៉័ងប្រាំដុំ ក្រោយពីបានបរិ‌ភោគហើយនោះ បានពេញដប់ពីរកន្ត្រក។

តើអ្វីទៅជាគោលគំនិតនៃ «នំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ»? តាមធម្មតា តើមានមនុស្សប៉ុន្មាននាក់អាចទទួលទានបានគ្រប់គ្រាន់ជាមួយនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយទៅ? ប្រសិនបើអ្នកវាស់វែងជាមួយរបបអាហាររបស់មនុស្សធម្មតាម្នាក់ នោះវានឹងបានគ្រប់គ្រាន់សម្រាប់តែមនុស្សពីរនាក់ប៉ុណ្ណោះ។ នេះគឺជាគោលគំនិតចម្បងបំផុតនៃ «នំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ»។ យ៉ាងណាមិញ នៅក្នុងបទគម្ពីរនេះ តើមានមនុស្សប៉ុន្មាននាក់ដែលបានទទួលទានឆ្អែត ដោយសារតែនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយទៅ? ខាងក្រោមនេះគឺជាអ្វីដែលត្រូវបានកត់ត្រានៅក្នុងបទគម្ពីរ៖ «នៅទីនោះ មានស្មៅជាច្រើន ដូច្នេះ គេនាំគ្នាអង្គុយចុះ ហើយមានចំនួនប្រហែលជាប្រាំពាន់នាក់»។ បើធៀបជាមួយនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ តើមនុស្សប្រាំពាន់នាក់ជាចំនួនដ៏ច្រើនឬទេ? តើវាបង្ហាញដោយរបៀបណាទៅថា តួលេខនេះជាចំនួនដ៏ធំ? ចេញពីទស្សនៈរបស់មនុស្ស ការបែងចែកនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយជាមួយមនុស្សប្រាំពាន់នាក់ គឺជារឿងមិនអាចទៅរួចនោះឡើយ ដោយសារតែភាពខុសគ្នារវាងមនុស្ស និងអាហារនោះ គឺធំធេងពេក។ ទោះបីជាមនុស្សគ្រប់គ្នាបរិភោគម្នាក់តែមួយម៉ាត់ ក៏វានៅតែមិនគ្រប់គ្រាន់សម្រាប់មនុស្សប្រាំពាន់នាក់នោះដែរ។ ប៉ុន្តែ នៅត្រង់នេះ ព្រះអម្ចាស់យេស៊ូវបានសម្ដែងឫទ្ធិបារមីមួយ។ ទ្រង់មិនគ្រាន់តែធានាឱ្យមនុស្សទាំងប្រាំពាន់នាក់អាចទទួលទានបានឆ្អែតប៉ុណ្ណោះទេ ប៉ុន្តែក៏នៅមានអាហារសេសសល់ទៀតផង។ បទគម្ពីរចែងថា៖ «កាលពួកគេបានឆ្អែតគ្រប់គ្នាហើយ ព្រះ‌អង្គមានព្រះ‌បន្ទូលទៅពួកសិស្សថា៖ ចូរប្រមូលបំណែកដែលនៅសល់ ដើម្បីកុំឱ្យបាត់អ្វីឡើយ។ ដូច្នេះ ពួកគេក៏បានប្រមូលបំណែកនំបុ័ងម្សៅ ដែលនៅសល់ពីនំប៉័ងប្រាំដុំ ក្រោយពីបានបរិ‌ភោគហើយនោះ បានពេញដប់ពីរកន្ត្រក»។ ឫទ្ធិបារមីនេះបានជួយឱ្យមនុស្សមើលឃើញពីអត្តសញ្ញាណ និងឋានៈរបស់ព្រះអម្ចាស់យេស៊ូវ ហើយក៏មើលឃើញថា គ្មានអ្វីមួយដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ។ តាមរបៀបនេះ ពួកគេបានមើលឃើញពីសេចក្ដីពិតនៃសព្វានុភាពរបស់ព្រះជាម្ចាស់។ នំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយគឺមានចំនួនគ្រប់គ្រាន់ ដើម្បីចម្អែតមនុស្សប្រាំពាន់នាក់ ប៉ុន្តែ ប្រសិនបើវាគ្មានអាហារទាំងនេះវិញ តើព្រះជាម្ចាស់នឹងអាចប្រទានអាហារដល់មនុស្សទាំងប្រាំពាន់នាក់នេះបានដែរឬទេ? ជាការពិត ទ្រង់ពិតជាអាចធ្វើបាន! នេះគឺជាឫទ្ធិបារមី ដូច្នេះ មនុស្សមានអារម្មណ៍ថា វាពិតជាហួសពីការយល់ដឹង ពិតជាអស្ចារ្យ និងមានអាថ៌កំបាំងខ្លាំងណាស់ ប៉ុន្តែសម្រាប់ព្រះជាម្ចាស់ វាគ្មានអ្វីដែលអស្ចារ្យនោះឡើយ។ ដោយសារតែនេះជារឿងសាមញ្ញសម្រាប់ព្រះជាម្ចាស់ ហេតុអ្វីបានជាយើងជ្រើសរើសយករឿងនេះមកធ្វើការបកស្រាយឥឡូវនេះ? គឺដោយសារតែអត្ថន័យដែលនៅពីក្រោយឫទ្ធិបារមីនេះ គឺជាបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់យេស៊ូវ ដែលមនុស្សជាតិមិនធ្លាប់បានដឹងពីមុនមកឡើយ។

ជាដំបូង ចូរយើងព្យាយាមយល់អំពីប្រភេទមនុស្សទាំងប្រាំពាន់នាក់នេះសិន។ តើពួកគេជាអ្នកដើរតាមព្រះអម្ចាស់យេស៊ូវឬ? តាមរយៈបទគម្ពីរ យើងដឹងថា ពួកគេមិនមែនជាអ្នកដើរតាមទ្រង់ឡើយ។ តើពួកគេបានដឹងអំពីព្រះអម្ចាស់យេស៊ូវជានរណាដែរឬទេ? គឺអត់ឡើយ! យ៉ាងហោចណាស់ ពួកគេមិនបានដឹងថា បុគ្គលដែលកំពុងតែឈរនៅចំពោះមុខពួកគេ គឺជាព្រះគ្រីស្ទ ឬប្រហែលមានមនុស្សខ្លះបានស្គាល់ព្រះនាមរបស់ទ្រង់ និងធ្លាប់ដឹង ឬធ្លាប់ឮអ្វីមួយដែលទ្រង់បានធ្វើតែប៉ុណ្ណោះ។ ការចង់ដឹងរបស់ពួកគេអំពីព្រះអម្ចាស់យេស៊ូវត្រូវបានកើតឡើង នៅពេលដែលពួកគេបានឮសាច់រឿងអំពីទ្រង់ ប៉ុន្តែអ្នកមិនអាចនិយាយបានថា ពួកគេបានដើរតាមទ្រង់ ឬក៏បានយល់អំពីទ្រង់នោះឡើយ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានទតឃើញមនុស្សទាំងប្រាំពាន់នាក់នេះ ពួកគេបានស្រេកឃ្លាន ហើយគិតតែអំពីអាហារមកចម្អែតក្រពះរបស់ពួកគេប៉ុណ្ណោះ ដូច្នេះ គឺស្ថិតនៅក្នុងបរិបទនេះហើយដែលព្រះអម្ចាស់យេស៊ូវបានបំពេញតាមបំណងរបស់ពួកគេ។ នៅពេលដែលទ្រង់បានបំពេញតាមបំណងរបស់ពួកគេ តើទ្រង់មានព្រះហឫទ័យយ៉ាងណាទៅ? តើទ្រង់មានអាកប្បកិរិយាអ្វីខ្លះចំពោះមនុស្សទាំងនេះ ដែលគ្រាន់តែចង់បានអាហារមកចម្អែតក្រពះនោះ? នៅគ្រានោះ ព្រះតម្រិះ និងអាកប្បកិរិយារបស់ព្រះអម្ចាស់យេស៊ូវ គឺទាក់ទងនឹងនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់។ ដោយប្រឈមជាមួយមនុស្សប្រាំពាន់នាក់ដែលនៅពោះទទេ ស្រេកឃ្លានចង់បានអាហារញ៉ាំឱ្យឆ្អែត ដោយប្រឈមជាមួយមនុស្សពេញដោយភាពចង់ដឹង និងសេចក្តីសង្ឃឹមលើទ្រង់ ព្រះអម្ចាស់យេស៊ូវបានព្រះតម្រិះអំពីការប្រើប្រាស់ឫទ្ធិបារមីនេះ ដើម្បីប្រទានព្រះគុណទៅលើពួកគេតែប៉ុណ្ណោះ។ យ៉ាងណាមិញ ទ្រង់មិនបានបង្កើនសេចក្តីសង្ឃឹមរបស់ទ្រង់ថា ពួកគេនឹងក្លាយជាអ្នកដើរតាមទ្រង់ឡើយ ព្រោះទ្រង់បានជ្រាបថា ពួកគេគ្រាន់តែចង់ចូលរួមសប្បាយ និងបរិភោគឱ្យឆ្អែតតែប៉ុណ្ណោះ ដូច្នេះ ទ្រង់បានប្រើប្រាស់អ្វីដែលទ្រង់មាននៅទីនោះឱ្យអស់លទ្ធភាព ហើយប្រើប្រាស់នំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ ដើម្បីប្រទានអាហារដល់មនុស្សប្រាំពាន់នាក់។ ទ្រង់បានបើកភ្នែករបស់មនុស្សទាំងនេះ ដែលរីករាយនឹងអ្វីៗដ៏រំភើប ជាអ្នកដែលចង់ឃើញការអស្ចារ្យ ហើយពួកគេបានឃើញផ្ទាល់នឹងភ្នែករបស់ពួកគេនូវកិច្ចការដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សអាចសម្រេចបាន។ ទោះបីព្រះអម្ចាស់យេស៊ូវបានប្រើអ្វីមួយរូបិយ ដើម្បីចម្អែតការចង់ដឹងរបស់ពួកគេក៏ដោយ ក៏ទ្រង់ក៏បានជ្រាបក្នុងដួងព្រះហឫទ័យរបស់ទ្រង់រួចទៅហើយថា មនុស្សទាំងប្រាំពាន់នាក់នេះគ្រាន់តែចង់បានអាហារដ៏ឆ្ងាញ់ប៉ុណ្ណោះ ដូច្នេះ ទ្រង់មិនបានអធិប្បាយព្រះបន្ទូលទៅកាន់ពួកគេ ឬមានបន្ទូលអំពីអ្វីមួយសោះឡើយ គឺទ្រង់គ្រាន់តែឱ្យពួកគេមើលឃើញឫទ្ធិបារមីដែលបានកើតឡើងតែប៉ុណ្ណោះ។ ពិតណាស់ ទ្រង់មិនអាចប្រព្រឹត្តចំពោះមនុស្សទាំងនេះទៅតាមរបៀបដូចគ្នាដែលទ្រង់បានប្រព្រឹត្តចំពោះសិស្សរបស់ទ្រង់ ដែលបានដើរតាមទ្រង់យ៉ាងពិតប្រាកដឡើយ ប៉ុន្តែនៅក្នុងព្រះហឫទ័យរបស់ទ្រង់ សត្តនិករទាំងអស់សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ ហើយទ្រង់នឹងអនុញ្ញាតឱ្យសត្តនិករទាំងអស់ដែលស្ថិតនៅក្នុងព្រះនេត្ររបស់ទ្រង់ ទទួលបានព្រះគុណរបស់ព្រះជាម្ចាស់ នៅពេលដ៏ចាំបាច់។ ទោះបីជាមនុស្សទាំងអស់នេះមិនស្គាល់ទ្រង់ជានរណា និងមិនបានយល់ពីទ្រង់ ឬមិនមានការចាប់អារម្មណ៍ ឬចិត្តកតញ្ញូចំពោះទ្រង់ សូម្បីតែក្រោយពេលដែលពួកគេបានទទួលទាននំប៉័ង និងត្រីក៏ដោយ ក៏នេះមិនមែនជាអ្វីមួយដែលធ្វើឱ្យព្រះជាម្ចាស់មានកង្វល់នោះដែរ ដោយសារតែទ្រង់បានប្រទានឱ្យមនុស្សទាំងនេះនូវឱកាសដ៏អស្ចារ្យមួយ ដើម្បីរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ មនុស្សខ្លះនិយាយថា ព្រះជាម្ចាស់មានគោលការណ៍នៅក្នុងអ្វីដែលទ្រង់ធ្វើ គេនិយាយថា ទ្រង់មិនទតមើល ឬការពារអ្នកមិនជឿ និងនិយាយថែមទៀតថា ទ្រង់មិនអនុញ្ញាតឱ្យពួកគេរីករាយនឹងព្រះគុណរបស់ទ្រង់ឡើយ។ តើវាពិតជាបែបនេះមែនទេ? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ដរាបណាពួកគេជាសត្តនិករដែលមានជីវិត ដែលទ្រង់បានបង្កើតមក នោះទ្រង់នឹងគ្រប់គ្រង និងមើលថែពួកគេ ហើយទ្រង់នឹងព្យាបាលពួកគេ រៀបចំផែនការសម្រាប់ពួកគេ និងគ្រប់គ្រងពួកគេតាមរបៀបជាច្រើនយ៉ាង។ នេះគឺជាព្រះតម្រិះ និងអាកប្បកិរិយារបស់ព្រះជាម្ចាស់ដែលមានចំពោះអ្វីៗទាំងអស់។

ទោះបីមនុស្សប្រាំពាន់នាក់ដែលបានទទួលទាននំប៉័ង និងត្រី មិនមានគម្រោងដើរតាមព្រះអម្ចាស់យេស៊ូវក៏ដោយ ប៉ុន្តែទ្រង់មិនបានទាមទារអ្វីមួយពីពួកគេឡើយ។ នៅពេលដែលពួកគេទទួលទានឆ្អែតហើយ តើអ្នករាល់គ្នាដឹងអំពីអ្វីដែលព្រះអម្ចាស់យេស៊ូវបានធ្វើដែរឬទេ? តើទ្រង់បានប្រកាសព្រះបន្ទូលទៅកាន់ពួកគេដែរឬទេ? តើទ្រង់បានយាងទៅណា ក្រោយពេលចម្អែតពួកគេរួចហើយ? បទគម្ពីរមិនបានកត់ត្រាថា ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលអ្វីទៅកាន់ពួកគេឡើយ គឺគ្រាន់តែកត់ត្រាថា ទ្រង់បានចាកចេញទៅស្ងាត់ៗ នៅពេលដែលទ្រង់បានធ្វើឫទ្ធិបារមីរបស់ទ្រង់ហើយ។ ដូច្នេះ តើទ្រង់មានសេចក្ដីតម្រូវណាមួយចំពោះមនុស្សទាំងនេះដែរឬទេ? តើមានការស្អប់ណាមួយឬទេ? គឺគ្មានឡើយ។ ទ្រង់លែងចង់យកព្រះតម្រិះទៅគិតលើមនុស្សទាំងនេះ ដែលមិនអាចដើរតាមទ្រង់ទៀតហើយ ហើយនៅពេលនោះ ព្រះហឫទ័យរបស់ទ្រង់មានការឈឺចាប់។ ដោយសារតែទ្រង់បានទតឃើញភាពអាក្រក់របស់មនុស្សជាតិ ហើយទ្រង់មានព្រះទ័យដឹងពីការបដិសេធរបស់មនុស្សចំពោះទ្រង់ នៅពេលដែលទ្រង់បានទតឃើញមនុស្សទាំងនេះ ហើយទ្រង់បានគង់នៅជាមួយពួកគេ ភាពល្ងីល្ងើ និងភាពល្ងង់ខ្លៅរបស់មនុស្សបានធ្វើឱ្យទ្រង់សោកសៅយ៉ាងខ្លាំង ព្រះហឫទ័យរបស់ទ្រង់បានឈឺចាប់ ហើយអ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ គឺចាកចេញពីមនុស្សទាំងនេះកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ព្រះអម្ចាស់មិនបានទាមទារអ្វីពីពួកគេនៅក្នុងព្រះហឫទ័យរបស់ទ្រង់ឡើយ ទ្រង់មិនចង់យកព្រះតម្រិះទៅគិតពីពួកគេទេ ហើយលើសពីនេះ ទ្រង់មិនចង់ចំណាយថាមពលរបស់ទ្រង់ទៅលើពួកគេទៀតឡើយ។ ទ្រង់បានជ្រាបថា ពួកគេមិនអាចដើរតាមទ្រង់ឡើយ ប៉ុន្តែ ថ្វីបើទ្រង់ជ្រាបដឹងបែបនេះក៏ដោយ ក៏អាកប្បកិរិយារបស់ទ្រង់ចំពោះពួកគេនៅតែច្បាស់លាស់ដដែល។ ទ្រង់គ្រាន់តែចង់ធ្វើល្អដាក់ពួកគេ ប្រទានព្រះគុណដល់ពួកគេ ហើយពិតណាស់ នេះជាអាកប្បកិរិយារបស់ព្រះជាម្ចាស់ដែលមានចំពោះសត្តនិករគ្រប់រូបដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ គឺជាការធ្វើល្អដាក់សត្តនិករគ្រប់រូប ផ្គត់ផ្គង់ដល់ពួកគេ និងជួយឱ្យពួកគេលូតលាស់បានល្អ។ សម្រាប់ហេតុផលដែលនាំឱ្យព្រះអម្ចាស់យេស៊ូវក្លាយជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ទ្រង់បានបើកសម្ដែងយ៉ាងច្បាស់អំពីសារជាតិរបស់ព្រះជាម្ចាស់ និងប្រព្រឹត្តចំពោះមនុស្សទាំងនេះយ៉ាងល្អ។ ទ្រង់បានប្រព្រឹត្តចំពោះពួកគេដោយព្រះហឫទ័យមេត្តា និងសេចក្តីអត់ឱន ហើយទ្រង់ក៏បង្ហាញព្រះហឫទ័យសប្បុរសដល់ពួកគេដែរ។ មិនថាមនុស្សទាំងនេះបានមើលទៅព្រះអម្ចាស់យេស៊ូវបែបណា ហើយទោះបីវាមានលទ្ធផលបែបណាក៏ដោយ ក៏ទ្រង់បានប្រព្រឹត្តចំពោះសត្តនិករគ្រប់រូប ដោយផ្អែកលើគោលជំហររបស់ទ្រង់ ក្នុងនាមជាព្រះអម្ចាស់នៃការបង្កើតទាំងអស់ដែរ។ ដោយគ្មានការលើកលែង អ្វីៗគ្រប់យ៉ាងដែលទ្រង់បានបើកសម្ដែង គឺជានិស្ស័យរបស់ព្រះជាម្ចាស់ ជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ ព្រះអម្ចាស់យេស៊ូវបានធ្វើរឿងនេះស្ងាត់ៗ ហើយបន្ទាប់មក ទ្រង់បានចាកចេញទៅស្ងាត់ៗ។ តើនេះជានិស្ស័យរបស់ព្រះជាម្ចាស់ក្នុងទិដ្ឋភាពបែបណាទៅ? តើអ្នកអាចនិយាយថា នេះជាសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ព្រះជាម្ចាស់ឬ? តើអ្នកអាចនិយាយថា នេះជាភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់ឬ? តើនេះជាអ្វីមួយដែលមនុស្សធម្មតាអាចធ្វើបានឬទេ? មិនប្រាកដឡើយ! ជារួមមក តើនរណាទៅជាមនុស្សទាំងប្រាំពាន់នាក់ដែលព្រះអម្ចាស់យេស៊ូវបានប្រទានអាហារជាមួយនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយនោះ? តើអ្នកអាចនិយាយបានថា ពួកគេជាមនុស្សដែលបានចុះសម្រុងជាមួយទ្រង់ឬ? តើអ្នកអាចនិយាយថា ពួកគេទាំងអស់សុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់ឬ? គឺអាចនិយាយបានយ៉ាងប្រាកដថា ពួកគេមិនបានចុះសម្រុងជាមួយព្រះអម្ចាស់ទេ ហើយសារជាតិរបស់ពួកគេក៏ប្រឆាំងនឹងព្រះជាម្ចាស់ដែរ។ ប៉ុន្តែ តើព្រះជាម្ចាស់បានប្រព្រឹត្តចំពោះពួកគេដោយរបៀបណាទៅ? ទ្រង់បានប្រើវិធីសាស្ត្រកាត់បន្ថយការប្រឆាំងរបស់មនុស្សដែលមានចំពោះព្រះជាម្ចាស់។ វិធីសាស្ត្រនេះត្រូវបានហៅថា «ចិត្តសប្បុរស»។ ព្រោះថាទោះបីជាព្រះអម្ចាស់យេស៊ូវបានទតឃើញមនុស្សទាំងនេះជាមនុស្សបាបក៏ដោយ ប៉ុន្តែនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេជាការបង្កើតរបស់ទ្រង់ ដូច្នេះ ទ្រង់នៅតែប្រព្រឹត្តចំពោះមនុស្សបាបទាំងនេះដោយព្រះហឫទ័យសប្បុរសដដែល។ នេះគឺជាសេចក្តីអត់ទ្រាំរបស់ព្រះជាម្ចាស់ ហើយសេចក្តីអត់ទ្រាំនេះត្រូវបានកំណត់ដោយអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់។ ដូច្នេះ នេះជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់ដែលព្រះជាម្ចាស់បានបង្កើតមកនោះ អាចធ្វើបានឡើយ។ គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើបាន។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧៦

នៅពេលដែលអ្នកអាចយល់បានយ៉ាងពិតប្រាកដអំពីព្រះតម្រិះនិងអាកប្បកិរិយារបស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្សជាតិ នៅពេលដែលអ្នកអាចយល់បានពិតប្រាកដអំពីអារម្មណ៍និងព្រះទ័យខ្វល់ខ្វាយរបស់ព្រះជាម្ចាស់ដែលមានចំពោះភាវៈនីមួយៗដែលព្រះបានបង្កើតមក នោះអ្នកនឹងអាចយល់អំពីភក្ដីភាពនិងសេចក្តីស្រឡាញ់ដែលព្រះអាទិករមានចំពោះមនុស្សគ្រប់ៗគ្នាដែលទ្រង់បានបង្កើតមកមិនខាន។ នៅពេលដែលការនេះកើតឡើង អ្នកនឹងប្រើពាក្យចំនួនពីរ ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ តើអ្វីទៅជាពាក្យទាំងពីរនោះ? អ្នកខ្លះនិយាយថា «មិនអាត្មានិយម» ហើយអ្នកខ្លះទៀតនិយាយថា «សប្បុរសមេត្តា»។ នៅក្នុងចំណោមពាក្យទាំងពីរនេះ ពាក្យ «សប្បុរសមេត្តា» គឺជាពាក្យដែលសក្ដិសមតិចជាងគេបំផុតក្នុងការពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ នេះគឺជាពាក្យមួយដែលមនុស្សប្រើ ដើម្បីពណ៌នាអំពីមនុស្សម្នាក់ដែលមានចិត្តអធ្យាស្រ័យ ឬចិត្តទូលាយ។ ខ្ញុំស្អប់ពាក្យនេះណាស់ ដោយសារតែវាសំដៅទៅលើការបរិច្ចាគសប្បុរសធម៌បែបចោះៗ មិនរើសមុខ ដោយគ្មានពិចារណាលើគោលការណ៍។ វាជាអារម្មណ៍ទន់ទោរជ្រុល ដែលមានចំពោះមនុស្សល្ងីល្ងើ និងមនុស្សច្របូកច្របល់។ នៅពេលដែលពាក្យនេះត្រូវបានប្រើ ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ វាមានបង្កប់នូវន័យប្រមាថដោយចៀសមិនផុតឡើយ។ នៅត្រង់នេះ ខ្ញុំមានពាក្យចំនួនពីរដែលសក្ដិសមជាង ក្នុងការពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ តើវាជាពាក្យអ្វីទៅ? ពាក្យទីមួយគឺ «ធំសម្បើម»។ តើពាក្យនេះមិនដក់ជាប់នៅក្នុងចិត្តពេកទេឬ? ពាក្យទីពីរគឺ «ធំល្វឹងល្វើយ»។ វាមានអត្ថន័យដ៏ពិតដែលស្ថិតនៅពីក្រោយពាក្យទាំងនេះ ដែលខ្ញុំប្រើដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ បើពិនិត្យមើលន័យចំនៃពាក្យថា «ធំសម្បើម» វាពណ៌នាអំពីទំហំ ឬសមត្ថភាពរបស់វត្ថុមួយ ប៉ុន្តែមិនថាវត្ថុនោះធំប៉ុនណាឡើយ វាជាអ្វីមួយដែលមនុស្សអាចប៉ះពាល់ និងមើលឃើញ។ នោះគឺដោយសារតែវាជាវត្ថុមានពិត មិនមែនជាវត្ថុអរូបិយឡើយ ប៉ុន្តែជាអ្វីមួយដែលអាចផ្ដល់ឱ្យមនុស្សនូវគំនិតនៅក្នុងរបៀបមួយដែលសុក្រឹត្យ និងជាក់ស្ដែង។ មិនថាអ្នកមើលវាតាមរូបភាពវិមាត្រពីរ ឬវិមាត្របីនោះទេ គឺអ្នកមិនចាំបាច់ស្រមើស្រមៃថាវាមានពិតរអត់នោះទេ ដោយសារតែវាជាវត្ថុមួយដែលមានពិតមែនជាក់ស្ដែង។ ទោះបីប្រើប្រាស់ពាក្យ «ធំសម្បើម» ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ អាចធ្វើឱ្យមានអារម្មណ៍ថាជាចេតនាក្នុងការកំណត់បរិមាណនៃសេចក្តីស្រឡាញ់របស់ទ្រង់ក៏ដោយ ក៏វាផ្ដល់នូវអារម្មណ៍មួយថា សេចក្តីស្រឡាញ់របស់ទ្រង់មិនអាចរាប់អស់នោះឡើយ។ ខ្ញុំនិយាយថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់អាចរាប់បាន ដោយសារតែសេចក្តីស្រឡាញ់របស់ទ្រង់មិនទទេ និងមិនមែនជារឿងព្រេងនិទានឡើយ។ ផ្ទុយទៅវិញ វាជាអ្វីមួយដែលត្រូវបានចែករំលែកដោយអ្វីៗគ្រប់យ៉ាងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ជាអ្វីមួយដែលត្រូវបានរីករាយដោយគ្រប់សត្តនិករទៅតាមកម្រិតខុសៗគ្នា និងចេញពីទស្សនៈខុសៗគ្នា។ ទោះបីមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់វាបានក៏ដោយ ក៏សេចក្តីស្រឡាញ់នេះនាំមកនូវការទ្រទ្រង់ និងជីវិតទៅកាន់អ្វីៗទាំងអស់ដែរ នៅពេលដែលវាត្រូវបានបើកសម្ដែងបន្ដិចម្ដងៗនៅក្នុងជីវិតរបស់ពួកគេ ហើយពួកគេអាចពឹងអាង និងធ្វើបន្ទាល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលពួកគេរីករាយនៅក្នុងពេលវេលានីមួយៗដែលកន្លងផុតទៅ។ ខ្ញុំនិយាយថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជាចំនួនមិនអាចរាប់បាន ដោយសារតែសេចក្តីអាថ៌កំបាំងរបស់ព្រះជាម្ចាស់ដែលផ្គត់ផ្គង់ និងចិញ្ចឹមអ្វីៗទាំងអស់ គឺជាអ្វីមួយដែលពិបាកសម្រាប់មនុស្សក្នុងការវាស់ស្ទង់ ដូចជាព្រះតម្រិះរបស់ព្រះជាម្ចាស់ចំពោះអ្វីៗគ្រប់យ៉ាង និងជាពិសេសគឺព្រះតម្រិះរបស់ទ្រង់ចំពោះមនុស្សជាតិ។ គឺអាចនិយាយបានថា គ្មាននរណាម្នាក់ដឹងអំពីព្រះលោហិត និងទឹកនេត្រាដែលព្រះអាទិករបានបង្ហូរមកសម្រាប់មនុស្សជាតិឡើយ។ គ្មាននរណាម្នាក់អាចយល់ គ្មាននរណាម្នាក់អាចដឹងអំពីជម្រៅ ឬទម្ងន់នៃសេចក្តីស្រឡាញ់ដែលព្រះអាទិករមានសម្រាប់មនុស្សជាតិ ដែលទ្រង់បានបង្កើតឡើងដោយព្រះហស្តរបស់ទ្រង់ផ្ទាល់នោះឡើយ។ ការពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ថាធំសម្បើម គឺដើម្បីជួយឱ្យមនុស្សយល់ ព្រមទាំងដឹងពីទទឹង និងការពិតនៃអត្ថិភាពរបស់វាប៉ុណ្ណោះ។ ការធ្វើបែបនេះក៏ដើម្បីជួយឱ្យមនុស្សអាចយល់កាន់តែស៊ីជម្រៅអំពីអត្ថន័យជាក់ស្ដែងនៃពាក្យថា «ព្រះអាទិករ» និងដើម្បីឱ្យមនុស្សអាចទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីអត្ថន័យពិតនៃងារជា «ការបង្កើត» ដែរ។ តើពាក្យថា «ធំល្វឹងល្វើយ» ជានិច្ចកាលពណ៌នាអំពីអ្វីទៅ? ជាទូទៅ វាត្រូវបានប្រើដើម្បីពណ៌នាអំពីមហាសមុទ្រ ឬចក្រវាល ឧទាហរណ៍៖ «ចក្រវាលដ៏ធំល្វឹងល្វើយ» ឬ «មហាសមុទ្រដ៏ធំល្វឹងល្វើយ»។ ភាពធំល្វឹងល្វើយ និងជម្រៅដ៏ស្ងប់ស្ងាត់នៃចក្រវាល គឺលើសពីការយល់ដឹងរបស់មនុស្ស។ វាជាអ្វីមួយដែលធ្វើឱ្យមនុស្សស្រមើស្រមៃថាជាអ្វីមួយដែលពួកគេមានអារម្មណ៍ស្ញប់ស្ញែងយ៉ាងខ្លាំង។ សេចក្តីអាថ៌កំបាង និងភាពជ្រាលជ្រៅរបស់វាអាចមើលឃើញ ប៉ុន្តែមិនអាចចាប់បានឡើយ។ នៅពេលដែលអ្នកគិតដល់មហាសមុទ្រ អ្នកគិតដល់ចម្ងាយរបស់វា វាមើលទៅគ្មានដែនកំណត់ ហើយអ្នកអាចមានអារម្មណ៍អំពីសេចក្តីអាថ៌កំបាំង និងសមត្ថភាពដ៏ធំធេងរបស់វាក្នុងការផ្ទុកនូវអ្វីៗជាច្រើន។ នេះជាហេតុផលដែលខ្ញុំប្រើពាក្យ «ធំល្វឹងល្វើយ» ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺដើម្បីជួយឱ្យមនុស្សមានអារម្មណ៍ដឹងអំពីតម្លៃរបស់វា មានអារម្មណ៍ដឹងអំពីសោភ័ណភាពដ៏ជ្រាលជ្រៅនៃសេចក្តីស្រឡាញ់របស់ទ្រង់ និងមានអារម្មណ៍ដឹងទៀតថា ព្រះចេស្ដានៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺគ្មានដែនកំណត់ និងធំល្វឹងល្វើយ។ ខ្ញុំបានប្រើពាក្យនេះ ដើម្បីជួយឱ្យមនុស្សមានអារម្មណ៍ដឹងអំពីភាពបរិសុទ្ធនៃសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយភាពថ្លៃថ្នូរ និងភាពមិនអាចប្រមាថបានរបស់ព្រះជាម្ចាស់ក៏ត្រូវបានសម្ដែងចេញតាមរយៈសេចក្តីស្រឡាញ់របស់ទ្រង់ដែរ។ ឥឡូវនេះ តើអ្នករាល់គ្នាគិតថា ពាក្យ «ធំល្វឹងល្វើយ» ជាពាក្យដ៏សក្ដិសម ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់អាចត្រូវបានពណ៌នាគ្រប់គ្រាន់ជាមួយពាក្យទាំងពីរ «ធំសម្បើម» និង «ធំល្វឹងល្វើយ» នេះដែរឬទេ? ពិតជាបាន! នៅក្នុងភាសារបស់មនុស្ស ពាក្យទាំងពីរនេះគឺសមរម្យ ហើយអាចយកមកពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បាន។ តើអ្នករាល់គ្នាមិនគិតដូច្នោះទេឬ? ប្រសិនបើខ្ញុំឱ្យអ្នករាល់គ្នាពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តើអ្នករាល់គ្នានឹងប្រើពាក្យទាំងពីរនេះដែរឬទេ? ភាគច្រើន អ្នករាល់គ្នានឹងមិនប្រើឡើយ ដោយសារតែការយល់ដឹង និងការកោតសរសើររបស់អ្នករាល់គ្នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺមានកម្រិតត្រឹមវិសាលភាពនៃទស្សនៈដែលមានវិមាត្រពីរ ហើយមិនបានឡើងទៅដល់កម្រិតកម្ពស់លំហមានវិមាត្រាបីឡើយ។ ដូច្នេះ បើខ្ញុំឱ្យអ្នករាល់គ្នាពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ អ្នករាល់គ្នានឹងមានអារម្មណ៍ថា អ្នកខ្វះពាក្យ ឬអ្នកប្រហែលជាទ័លគំនិតគ្មានពាក្យនឹងនិយាយផងមើលទៅ។ ពាក្យទាំងពីរដែលខ្ញុំបាននិយាយនៅថ្ងៃនេះ អាចពិបាកយល់សម្រាប់អ្នករាល់គ្នា ឬអ្នករាល់គ្នាប្រហែលជាមិនយល់ស្របផង។ ការនេះគ្រាន់តែបង្ហាញថា ការយល់ដឹង និងការកោតសរសើររបស់អ្នករាល់គ្នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺរាក់កំផែល ហើយមានវិសាលភាពនៅមានកម្រិតនៅឡើយ។ ខ្ញុំបាននិយាយកាលពីមុនរួចហើយថា ព្រះជាម្ចាស់មិនអាត្មានិយមឡើយ ហើយអ្នករាល់គ្នាចងចាំពាក្យថា «មិនអាត្មានិយម» នេះហើយ។ តើពាក្យនេះមិនមានវិសាលភាពចង្អៀតពេកទេឬ? អ្នកគួរតែពិចារណាលើចំណុចនេះឱ្យបានច្រើន ដើម្បីឱ្យអ្នករាល់គ្នាអាចទទួលបានអ្វីមួយចេញពីវា។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧៧

ការរស់ឡើងវិញរបស់ឡាសារ ថ្វាយសិរីល្អដល់ព្រះជាម្ចាស់

យ៉ូហាន ១១:៤៣-៤៤ កាលព្រះ‌អង្គមានព្រះ‌បន្ទូលទាំងនេះរួច ទ្រង់ក៏បន្លឺព្រះសូរសៀងខ្លាំងៗថា៖ ឡាសារអើយ ចូរចេញមក! ហើយមនុស្សដែលបានស្លាប់នោះក៏ចេញមក ទាំងមានក្រណាត់រុំសព រុំព័ទ្ធជុំវិញដៃជើង ហើយមានកន្សែងគ្របមុខផង។ ព្រះ‌យេស៊ូវមានព្រះ‌បន្ទូលទៅពួកគេថា៖ ចូរស្រាយក្រណាត់ចេញពីខ្លួនគាត់ ហើយឱ្យគាត់អញ្ជើញទៅចុះ។

តើអ្នករាល់គ្នាមានការចាប់អារម្មណ៍អ្វីខ្លះ បន្ទាប់ពីបានអានបទគម្ពីរនេះហើយ? ភាពសំខាន់នៃការអស្ចារ្យដែលព្រះអម្ចាស់យេស៊ូវបានធ្វើ គឺកាន់តែធំធេងជាងឫទ្ធិបារមីមុន ដោយសារតែគ្មានការអស្ចារ្យណាដែលគួរឱ្យស្រឡាំងកាំងជាងការប្រោសមនុស្សស្លាប់ឱ្យមានជីវិតរស់ឡើងវិញនោះឡើយ។ នៅក្នុងយុគសម័យនោះ វាពិតជាសំខាន់ណាស់ដែលព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការបែបនេះ។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម នោះមនុស្សអាចមើលឃើញតែរូបរាងរបស់ទ្រង់ ផ្នែកជាក់ស្ដែងរបស់ទ្រង់ និងផ្នែកមិនសូវសំខាន់របស់ទ្រង់ប៉ុណ្ណោះ។ ទោះបីជាមនុស្សខ្លះបានឃើញ និងបានយល់អំពីអ្វីមួយចេញពីអត្តចរិតរបស់ទ្រង់ ឬដឹងអំពីសមត្ថភាពពិសេសខ្លះដែលទ្រង់មានក៏ដោយ ក៏គ្មាននរណាម្នាក់ដឹងពីកន្លែងដែលព្រះអម្ចាស់យេស៊ូវបានយាងមក ដឹងថាទ្រង់ជានរណាឱ្យពិតប្រាកដនៅក្នុងសារជាតិរបស់ទ្រង់ និងចំណុចផ្សេងទៀតដែលទ្រង់អាចធ្វើបាននោះឡើយ។ អ្វីៗទាំងអស់នេះ គឺមនុស្សជាតិមិនបានដឹងឡើយ។ មានមនុស្សជាច្រើនចង់រកភស្តុតាង ដើម្បីឆ្លើយសំណួរទាំងនេះអំពីព្រះអម្ចាស់យេស៊ូវ និងចង់ដឹងអំពីសេចក្តីពិត។ តើព្រះជាម្ចាស់អាចធ្វើអ្វីមួយ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ទ្រង់ដែរឬទេ? សម្រាប់ព្រះជាម្ចាស់ នេះជារឿងងាយស្រួលបំផុត គឺស្រួលដូចជាបកចេកអ៊ីចឹង។ ទ្រង់អាចធ្វើអ្វីមួយនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីបញ្ជាក់ពីអត្តសញ្ញាណ និងសារជាតិរបស់ទ្រង់ ប៉ុន្តែព្រះជាម្ចាស់មានរបៀបនៃការធ្វើការរបស់ទ្រង់ គឺទ្រង់មានផែនការ និងជំហាននៃការធ្វើការរបស់ទ្រង់។ ទ្រង់មិនធ្វើកិច្ចការតាមការនឹកឃើញឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់រកមើលពេលវេលា និងឱកាសដ៏ត្រឹមត្រូវ ដើម្បីធ្វើអ្វីមួយដែលនឹងជួយឱ្យមនុស្សមើលឃើញ ជាអ្វីមួយដែលជ្រួតជ្រាបពេញដោយអត្ថន័យ។ តាមរបៀបនេះ ទ្រង់បានបញ្ជាក់ពីសិទ្ធិអំណាច និងអត្តសញ្ញាណរបស់ទ្រង់។ ដូច្នេះ តើការរស់ឡើងវិញរបស់ឡាសារអាចបញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវបានដែរឬទេ? ចូរយើងពិនិត្យមើលអត្ថបទគម្ពីរខាងក្រោម៖ «កាលព្រះ‌អង្គមានព្រះ‌បន្ទូលទាំងនេះរួច ទ្រង់ក៏បន្លឺព្រះសូរសៀងខ្លាំងៗថា៖ ឡាសារអើយ ចូរចេញមក! ហើយមនុស្សដែលបានស្លាប់នោះក៏ចេញមក...»។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានធ្វើការនេះ ទ្រង់គ្រាន់តែមានបន្ទូលតែមួយចំណុចគត់៖ «ឡាសារអើយ ចូរចេញមក»។ បន្ទាប់មក ឡាសារក៏បានចេញពីផ្នូររបស់គាត់ ហើយការនេះបានសម្រេច ដោយសារតែព្រះបន្ទូលពីរបីម៉ាត់ដែលព្រះអម្ចាស់បានថ្លែងប៉ុណ្ណោះ។ ក្នុងអំឡុងពេលនេះ ព្រះអម្ចាស់យេស៊ូវមិនបានរៀបចំអាសនាមួយ ហើយទ្រង់មិនបានធ្វើសកម្មភាពណាផ្សេងឡើយ។ ទ្រង់គ្រាន់តែមានបន្ទូលតែមួយចំណុចគត់។ តើនេះគួរតែហៅថាជាឫទ្ធិបារមី ឬក៏ជាការបញ្ជា? ឬក៏វាជាប្រភេទនៃវេទមន្តអ្វីមួយ? បើមើលសើៗ វាហាក់ដូចជាអាចហៅថាជាឫទ្ធិបារមី ហើយប្រសិនបើអ្នកពិនិត្យមើលរឿងនេះចេញពីទស្សនៈមួយនៅសម័យទំនើប ពិតណាស់ អ្នកនៅតែអាចហៅការនេះថាជាឫទ្ធិបារមីដដែល។ យ៉ាងណាមិញ វាមិនអាចត្រូវបានចាត់ទុកជាប្រភេទនៃមន្តអាគមណាមួយ ដែលអាចហៅព្រលឹងមនុស្សឱ្យរស់ពីស្លាប់ឡើងវិញនោះឡើយ ហើយវាក៏មិនមែនជាវេទមន្តអ្វីនោះដែរ។ វាជារឿងត្រឹមត្រូវក្នុងការនិយាយថា ឫទ្ធិបារមីនេះគឺជាការសម្ដែងចេញដ៏តិចតួច និងធម្មតាបំផុតអំពីសិទ្ធិអំណាចរបស់ព្រះអាទិករ។ នេះគឺជាសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានសិទ្ធិអំណាចក្នុងការឱ្យមនុស្សម្នាក់ស្លាប់ ឱ្យវិញ្ញាណរបស់គេចាកចេញពីរាងកាយ ហើយត្រលប់ទៅកាន់ស្ថានឃុំព្រលឹង ឬទៅកាន់កន្លែងណាដែលវាគួរតែទៅ។ ពេលកំណត់នៃសេចក្តីស្លាប់របស់មនុស្សម្នាក់ និងទីកន្លែងដែលពួកគេនឹងត្រូវទៅក្រោយសេចក្តីស្លាប់ គឺត្រូវបានកំណត់ទុកជាស្រេចដោយព្រះជាម្ចាស់។ ទ្រង់អាចធ្វើការសម្រេចព្រះទ័យទាំងនេះនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនត្រូវបានកម្រិតដោយមនុស្ស ព្រឹត្តិការណ៍ វត្ថុ លំហ ឬភូមិសាស្ត្រឡើយ។ ប្រសិនបើទ្រង់សព្វព្រះហឫទ័យចង់ធ្វើវា ទ្រង់អាចធ្វើបាន ដោយសារតែរបស់សព្វសារពើ និងភាវៈមានជីវិតស្ថិតនៅក្រោមការត្រួតត្រារបស់ទ្រង់ ហើយអ្វីៗសព្វសារពើបង្កើតកូនចៅ មានជីវិតរស់ និងវិនាសទៅវិញ ក៏ដោយសារតែព្រះបន្ទូល និងសិទ្ធិអំណាចរបស់ទ្រង់ដែរ។ ទ្រង់អាចប្រោសមនុស្សស្លាប់ឱ្យមានជីវិតរស់ឡើងវិញ ហើយការនេះក៏ជាអ្វីមួយដែលទ្រង់អាចធ្វើនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែរ។ នេះគឺជាសិទ្ធិអំណាចដែលមានតែព្រះអាទិករមួយអង្គប៉ុណ្ណោះដែលមាន។

នៅពេលដែលព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការ ដូចជាការប្រោសឱ្យឡាសារបានរស់ពីស្លាប់ឡើងវិញ គោលដៅរបស់ទ្រង់គឺដើម្បីប្រទានភស្តុតាងដល់មនុស្ស និងឱ្យសាតាំងមើលឃើញ ហើយក៏ជួយឱ្យមនុស្ស និងសាតាំងដឹងថា អ្វីៗគ្រប់យ៉ាងអំពីមនុស្សជាតិ ជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិ សុទ្ធតែត្រូវបានកំណត់ទុកជាស្រេចដោយព្រះជាម្ចាស់ ហើយទោះបីជាទ្រង់បានត្រលប់ជាសាច់ឈាមក៏ដោយ ក៏ទ្រង់បានបន្តគ្រប់គ្រងលើពិភពខាងសាច់ឈាម ដែលអាចមើលឃើញ ក៏ដូចជាពិភពខាងវិញ្ញាណដែលមនុស្សមិនអាចមើលឃើញដែរ។ ការនេះគឺត្រូវបានធ្វើឡើង ដើម្បីឱ្យមនុស្សជាតិ និងសាតាំងដឹងថា អ្វីៗគ្រប់យ៉ាងអំពីមនុស្សជាតិមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់សាតាំងឡើយ។ នេះគឺជាការបើកសម្ដែង និងការបង្ហាញអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយវាក៏ជារបៀបមួយដែលព្រះជាម្ចាស់បញ្ជូនសារទៅកាន់របស់សព្វសារពើថា ជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ការដែលព្រះអម្ចាស់យេស៊ូវបានប្រោសឡាសារឱ្យរស់ពីស្លាប់ឡើង គឺជាវិធីមួយក្នុងចំណោមវិធីជាច្រើនទៀតដែលព្រះអាទិករសព្វព្រះហឫទ័យចង់បង្រៀន និងណែនាំទៅកាន់មនុស្សជាតិ។ វាជាសកម្មភាពដ៏ច្បាស់លាស់មួយដែលទ្រង់បានប្រើព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ ដើម្បីណែនាំ និងប្រទានដល់មនុស្សជាតិ។ នេះជារបៀបមួយដែលព្រះអាទិករអនុញ្ញាតឱ្យមនុស្សជាតិមើលឃើញពីសេចក្តីពិតថា ទ្រង់គ្រប់គ្រងលើរបស់សព្វសារពើ ដោយមិនចាំបាច់ប្រើព្រះបន្ទូល។ វាជារបៀបមួយដែលទ្រង់មានបន្ទូលប្រាប់មនុស្សជាតិ តាមរយៈសកម្មភាពជាក់ស្ដែងថា ក្រៅពីតាមរយៈទ្រង់ គឺគ្មានសេចក្តីសង្រ្គោះណាផ្សេងទៀតឡើយ។ វិធីសាស្ត្រដ៏ស្ងប់ស្ងាត់ដែលទ្រង់បានប្រើដើម្បីណែនាំដល់មនុស្សជាតិនេះ គឺជាវិធីសាស្ត្រដ៏អស់កល្បជានិច្ច និងមិនសាបសូន្យ ដែលនាំឱ្យមនុស្សរន្ធត់ចិត្ត និងប្រទាននូវការបំភ្លឺដែលមិនអាចរលាយបាត់នោះឡើយ។ ការរស់ពីស្លាប់ឡើងវិញរបស់ឡាសារបានថ្វាយសិរីល្អដល់ព្រះជាម្ចាស់។ ការនេះជះឥទ្ធិពលដ៏ជ្រាលជ្រៅទៅលើអ្នកដើរតាមព្រះជាម្ចាស់ម្នាក់ៗ។ វាធ្វើឱ្យមនុស្សម្នាក់ៗដែលមើលឃើញហេតុការណ៍នេះ ទទួលបាននូវការយល់ដឹង ព្រមទាំងនិមិត្តថា មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះដែលអាចគ្រប់គ្រងលើជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិ។ ទោះបីព្រះជាម្ចាស់មានសិទ្ធិអំណាចបែបនេះ ហើយទោះបីទ្រង់បានផ្ញើសារអំពីអធិបតេយ្យភាពរបស់ទ្រង់ដែលមានទៅលើជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិ តាមរយៈការរស់ពីស្លាប់ឡើងវិញរបស់ឡាសារក៏ដោយ ក៏នេះមិនមែនជាកិច្ចការចម្បងរបស់ទ្រង់ឡើយ។ ព្រះជាម្ចាស់មិនដែលធ្វើកិច្ចការអ្វីមួយ ដោយគ្មានអត្ថន័យនោះឡើយ។ គ្រប់កិច្ចការដែលទ្រង់ធ្វើ មានតម្លៃដ៏ធំធេង ហើយប្រៀបដូចជាគ្រឿងអលង្ការដ៏មានតម្លៃបំផុតនៅក្នុងឃ្លាំងកំណប់ទ្រព្យអ៊ីចឹង។ ប្រាកដណាស់ ទ្រង់នឹងមិនដាក់ «ការប្រោសមនុស្សម្នាក់ចេញពីផ្នូរ» ជាគោលដៅ ឬរឿងរ៉ាវចម្បង ឬតែមួយនៃកិច្ចការរបស់ទ្រង់នោះឡើយ។ ព្រះជាម្ចាស់មិនធ្វើអ្វីមួយដែលគ្មានន័យនោះឡើយ។ ការរស់ពីស្លាប់ឡើងវិញរបស់ឡាសារ ដែលជាព្រឹត្តិការណ៍តែមួយនេះ គឺគ្រប់គ្រាន់ដើម្បីបង្ហាញពីព្រះចេស្ដារបស់ព្រះជាម្ចាស់ និងដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវ។ នេះជាហេតុផលដែលព្រះអម្ចាស់យេស៊ូវមិនបានធ្វើឫទ្ធិបារមីប្រភេទនេះម្ដងទៀត។ ព្រះជាម្ចាស់ធ្វើកិច្ចការស្របតាមគោលការណ៍របស់ទ្រង់ផ្ទាល់។ នៅក្នុងភាសារបស់មនុស្ស គឺគេអាចនិយាយបានថា នៅក្នុងព្រះតម្រិះរបស់ព្រះជាម្ចាស់ គឺមានតែបញ្ហាសំខាន់ៗប៉ុណ្ណោះ។ នេះមានន័យថា នៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការអ្វីមួយ ទ្រង់មិនឃ្លាតចាកពីគោលបំណងនៃកិច្ចការរបស់ទ្រង់ឡើយ។ ទ្រង់ជ្រាបដឹងអំពីកិច្ចការអ្វីដែលទ្រង់ត្រូវអនុវត្តនៅក្នុងដំណាក់កាលនេះ អ្វីដែលទ្រង់សព្វព្រះហឫទ័យចង់សម្រេច ហើយទ្រង់នឹងធ្វើការយ៉ាងម៉ឺងម៉ាត់ស្របតាមផែនការរបស់ទ្រង់។ ប្រសិនបើមនុស្សដ៏ពុករលួយមានសមត្ថភាពបែបនេះ នោះគេនឹងគ្រាន់តែគិតអំពីរបៀប ដើម្បីបង្ហាញពីសមត្ថភាពរបស់គេ ដើម្បីឱ្យអ្នកដទៃដឹងថាគេអស្ចារ្យយ៉ាងណាប៉ុណ្ណោះ ដូច្នេះ អ្នកទាំងនោះនឹងក្រាបគោរពគេ ហើយគេអាចត្រួតត្រា និងបំផ្លាញពួកគេបាន។ នេះជាសេចក្តីអាក្រក់ដែលចេញមកពីសាតាំង ដែលមានឈ្មោះថាសេចក្តីពុករលួយ។ ព្រះជាម្ចាស់មិនមាននិស្ស័យបែបនេះឡើយ ហើយទ្រង់ក៏មិនមានសារជាតិបែបនេះដែរ។ គោលបំណងរបស់ទ្រង់ក្នុងការធ្វើកិច្ចការទាំងនេះ គឺមិនមែនដើម្បីសម្ញែងអង្គទ្រង់ឡើយ ប៉ុន្តែដើម្បីប្រទានឱ្យមនុស្សជាតិនូវការបើកសម្ដែង និងការចង្អុលបង្ហាញកាន់តែច្រើនវិញ ហើយនេះជាហេតុផលដែលមនុស្សឃើញមានឧទាហរណ៍តិចតួចណាស់នៅក្នុងព្រះគម្ពីរអំពីព្រឹត្តិការណ៍បែបនេះ។ ការនេះមិនមែនមានន័យថា ព្រះចេស្ដារបស់ព្រះអម្ចាស់យេស៊ូវមានកម្រិត ឬមានន័យថា ទ្រង់គ្មានសមត្ថភាពធ្វើការទាំងនេះនោះឡើយ។ វាគ្រាន់តែមានន័យថា ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យចង់ធ្វើវាប៉ុណ្ណោះ ព្រោះការដែលព្រះអម្ចាស់យេស៊ូវប្រោសឡាសារឱ្យមានជីវិតរស់ឡើងវិញ មាននូវភាពសំខាន់ជាក់ស្ដែង ហើយក៏ដោយសារតែកិច្ចការចម្បងរបស់ព្រះជាម្ចាស់ក្នុងការត្រលប់ជាសាច់ឈាម មិនមែនដើម្បីធ្វើឫទ្ធិបារមី មិនមែនដើម្បីប្រោសមនុស្សឱ្យរស់ពីស្លាប់ឡើងវិញនោះឡើយ ប៉ុន្តែជាកិច្ចការនៃការប្រោសលោះសម្រាប់មនុស្សជាតិវិញ។ ដូច្នេះ កិច្ចការភាគច្រើនដែលព្រះអម្ចាស់យេស៊ូវបានធ្វើ គឺជាការបង្រៀនមនុស្ស ការផ្គត់ផ្គង់ដល់តម្រូវការរបស់ពួកគេ និងការជួយដល់ពួកគេ ហើយព្រឹត្តិការណ៍ដូចជាការប្រោសឡាសារឱ្យមានជីវិតរស់ឡើងវិញ គឺគ្រាន់តែជាផ្នែកដ៏តូចមួយនៃព័ន្ធកិច្ចដែលព្រះអម្ចាស់យេស៊ូវបានអនុវត្តប៉ុណ្ណោះ។ លើសពីនេះទៅទៀត អ្នកអាចនិយាយថា «ការសម្ញែង» មិនមែនជាផ្នែកមួយនៃសារជាតិរបស់ព្រះជាម្ចាស់ឡើយ ដូច្នេះ ព្រះអម្ចាស់យេស៊ូវគ្មានបំណងអ្វីចង់ដាក់កម្រិត តាមរយៈការមិនបង្ហាញឫទ្ធិបារមីថែមទៀត ឬដោយសារតែដែនកំណត់ខាងបរិយាកាស ព្រមទាំងដោយសារតែទ្រង់ខ្វះនូវព្រះចេស្ដានោះឡើយ។

នៅពេលដែលព្រះអម្ចាស់យេស៊ូវបានប្រោសឡាសារឱ្យមានជីវិតរស់ឡើងវិញ ទ្រង់បានប្រើតែព្រះបន្ទូលពីរបីម៉ាត់ប៉ុណ្ណោះ៖ «ឡាសារអើយ ចូរចេញមក»។ ទ្រង់មិនបានមានបន្ទូលណាផ្សេងពីនេះឡើយ។ ដូច្នេះ តើព្រះបន្ទូលទាំងនេះបង្ហាញអំពីអ្វីទៅ? ព្រះបន្ទូលនេះបង្ហាញថា ព្រះជាម្ចាស់អាចសម្រេចអ្វីៗក៏បាន ដោយការមានបន្ទូល ដោយរួមទាំងការប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញដែរ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ នៅពេលដែលទ្រង់បានបង្កើតពិភពលោក ទ្រង់ក៏បានធ្វើដោយមានព្រះបន្ទូលដែរ ជាព្រះបន្ទូលនៃការបង្គាប់បញ្ជា ព្រះបន្ទូលប្រកបដោយសិទ្ធិអំណាច ហើយតាមរបៀបនេះ របស់សព្វសារពើក៏ត្រូវបានបង្កើតមក និងបានសម្រេចឡើង។ ព្រះបន្ទូលតែពីរបីម៉ាត់ ដែលព្រះអម្ចាស់យេស៊ូវបានថ្លែងនោះ គឺដូចជាព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងដែរ នៅពេលដែលទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ។ ដូចគ្នានេះដែរ ព្រះបន្ទូលរបស់ទ្រង់ក៏មាននូវសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងព្រះចេស្ដារបស់ព្រះអាទិករដែរ។ របស់សព្វសារពើត្រូវបានបង្កើតឡើង និងបន្តនៅស្ថិតស្ថេរ ដោយសារតែព្រះបន្ទូលដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយដូចគ្នានេះដែរ ឡាសារបានដើរចេញពីផ្នូររបស់គាត់មក ដោយសារតែព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះអម្ចាស់យេស៊ូវ។ នេះគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលត្រូវបានបង្ហាញ និងបានសម្រេចជាការពិតនៅក្នុងសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់។ សិទ្ធិអំណាច និងសមត្ថភាពបែបនេះជាកម្មសិទ្ធិរបស់ព្រះអាទិករ និងរបស់បុត្រមនុស្សដែលព្រះអាទិករបានស្ដែងចេញនៅក្នុងអង្គទ្រង់។ ការដែលព្រះជាម្ចាស់ប្រោសឡាសារឱ្យមានជីវិតរស់ឡើងវិញនេះ គឺជាការយល់ដឹងមួយដែលទ្រង់ចង់បង្រៀនដល់មនុស្សជាតិ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧៨

ការវិនិច្ឆ័យរបស់ពួកផារីស៊ីទៅលើព្រះយេស៊ូវ

ម៉ាកុស ៣:២១-២២ ហើយពេលដែលមិត្តភក្តិរបស់ទ្រង់បានឮដំណឹងនេះ ពួកគេបានចេញទៅចាប់ព្រះ‌អង្គមកវិញ ព្រោះពួកគេបាននិយាយថា ព្រះ‌អង្គវង្វេងស្មារតី។ ហើយពួកអាចារ្យដែលចុះមកពីក្រុងយេរូ‌សាឡឹមនិយាយថា៖ «ទ្រង់មានអារក្សបេលសេ‌ប៊ូលចូល ហើយទ្រង់ដេញអារក្សបាន ដោយសារមេអារក្សនោះ»។

ការស្ដីបន្ទោសរបស់ព្រះយេស៊ូវទៅកាន់ពួកផារីស៊ី

ម៉ាថាយ ១២:៣១-៣២ ហេតុដូច្នេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា រាល់ទាំងអំពើបាប និងពាក្យប្រមាថនឹងត្រូវអត់ទោសដល់មនុស្សបាន ប៉ុន្តែមនុស្សដែលពោលពាក្យប្រមាថចំពោះព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវអត់ទោសឡើយ។ ហើយអ្នកណាដែលពោលពាក្យប្រឆាំងនឹងបុត្រមនុស្ស គេនឹងត្រូវអត់ទោសឱ្យបាន ប៉ុន្តែអ្នកណាដែលពោលពាក្យប្រឆាំងនឹងព្រះ‌វិញ្ញាណបរិសុទ្ធ អ្នកនោះនឹងមិនត្រូវអត់ទោសឱ្យឡើយ ទោះនៅក្នុងលោកនេះ ឬលោកខាងមុខក៏ដោយ។

ម៉ាថាយ ២៣:១៣-១៥ ប៉ុន្តែ ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឱ្យមនុស្សចូលទៅក្នុងនគរស្ថាន‌សួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឱ្យចូលទៀត។ ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបំផ្លាញផ្ទះរបស់ស្រ្ដីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយូរ។ បើដូច្នេះ អ្នករាល់គ្នាមុខជាទទួលទោសកាន់តែធ្ងន់មិនខាន។ ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាខំធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក ដើម្បីបានមនុស្សម្នាក់ចូលសាសនា តែកាលណាគេចូលសាសនាហើយ អ្នករាល់គ្នាបែរជាធ្វើឱ្យគេអាក្រក់សមនឹងធ្លាក់នរក ជាងអ្នករាល់គ្នាមួយទ្វេជាពីរ។

មាតិកានៃអត្ថបទគម្ពីរទាំងពីរខាងលើនេះមានលក្ខណៈខុសគ្នា។ ជាដំបូង ចូរយើងពិនិត្យមើលអត្ថបទគម្ពីរទីមួយ៖ ការវិនិច្ឆ័យរបស់ពួកផារីស៊ីទៅលើព្រះយេស៊ូវ។

នៅក្នុងព្រះគម្ពីរ ការវាយតម្លៃរបស់ពួកផារីស៊ីទៅលើព្រះយេស៊ូវផ្ទាល់ព្រះអង្គ និងកិច្ចការដែលទ្រង់បានធ្វើគឺ៖ «... ពួកគេបាននិយាយថា ព្រះ‌អង្គវង្វេងស្មារតី។ ... ទ្រង់មានអារក្សបេលសេ‌ប៊ូលចូល ហើយទ្រង់ដេញអារក្សបាន ដោយសារមេអារក្សនោះ» (ម៉ាកុស ៣:២១-២២)។ ការវិនិច្ឆ័យរបស់ពួកអាចារ្យ និងពួកផារីស៊ីទៅលើព្រះអម្ចាស់យេស៊ូវ គឺមិនមែនពួកគេគ្រាន់តែយកតម្រាប់តាមពាក្យរបស់អ្នកដទៃឡើយ ហើយក៏មិនមែនជាការសន្និដ្ឋានដែលគ្មានមូលដ្ឋាននោះដែរ ប៉ុន្តែវាជាការសន្និដ្ឋានមួយដែលពួកគេមានអំពីព្រះអម្ចាស់យេស៊ូវ ចេញពីអ្វីដែលពួកគេបានឃើញ និងបានស្ដាប់ឮ តាមរយៈទង្វើរបស់ទ្រង់។ ទោះបីជាសេចក្តីសន្និដ្ឋានរបស់ពួកគេត្រូវបានធ្វើឡើងដោយអួតក្អេងក្អាងនៅក្នុងនាមសេចក្តីយុត្តិធម៌ ហើយមនុស្សមើលទៅហាក់ដូចជាសមហេតុផលក៏ដោយ ក៏ការដែលពួកគេបានវិនិច្ឆ័យព្រះអម្ចាស់យេស៊ូវទាំងភាពក្រអឺតក្រទមនោះ ពិតជាពិបាកសម្រាប់ពួកគេក្នុងការទប់ស្កាត់ណាស់។ ថាមពលដ៏ក្ដៅនៃចិត្តស្អប់របស់ពួកគេដែលមានចំពោះព្រះអម្ចាស់យេស៊ូវ បានបង្ហាញចេញពីមហិច្ឆតាដ៏ព្រៃផ្សៃ និងទឹកមុខដ៏អាក្រក់បែបសាតាំងរបស់ពួកគេ ក៏ដូចជានិស្ស័យព្យាបាទរបស់ពួកគេដែលនាំឱ្យពួកគេប្រឆាំងនឹងព្រះជាម្ចាស់។ អ្វីៗដែលពួកគេបាននិយាយនៅក្នុងការវិនិច្ឆ័យរបស់ពួកគេចំពោះព្រះអម្ចាស់យេស៊ូវ ត្រូវបានជំរុញចេញមកពីមហិច្ឆតាដ៏ព្រៃផ្សៃ ចិត្តឈ្នានីស និស្ស័យដ៏អាក្រក់ និងព្យាបាទនៃការប្រឆាំងរបស់ពួកគេចំពោះព្រះជាម្ចាស់ និងសេចក្តីពិត។ ពួកគេមិនបានស៊ើបអង្កេតរកមើលប្រភពនៃសកម្មភាពរបស់ព្រះអម្ចាស់យេស៊ូវ ហើយក៏មិនបានស៊ើបរកមើលសារជាតិនៃអ្វីដែលទ្រង់បានមានបន្ទូល ឬបានធ្វើនោះដែរ។ ផ្ទុយទៅវិញ ដោយភាពងងឹតងងុល នៅក្នុងសភាពនៃអារម្មណ៍ដ៏ឆ្កួតឡប់ និងដោយចិត្តព្យាបាទផងនោះ ពួកគេបានវាយប្រហារ និងនិយាយមើលងាយដល់កិច្ចការដែលទ្រង់បានធ្វើ។ ពួកគេបានថែមទាំងនិយាយបង្កាច់បង្ខូចដល់ព្រះវិញ្ញាណរបស់ទ្រង់ ដែលជាព្រះវិញ្ញាណបរិសុទ្ធ និងជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទៀតផង។ នេះជាអ្វីដែលពួកគេចង់មានន័យ នៅពេលដែលពួកគបាននិយាយថា៖ «ព្រះ‌អង្គវង្វេងស្មារតី» «បេលសេប៊ូល» និង «មេអារក្ស»។ គឺអាចនិយាយបានថា ពួកគេបាននិយាយថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាអារក្សបេលសេប៊ូល និងជាមេអារក្ស។ ពួកគេបានចាត់ថ្នាក់កិច្ចការយកកំណើតជាមនុស្សនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលបានពាក់អង្គទ្រង់នៅក្នុងរូបសាច់នោះថាជាដំណើរឆ្កួតលីលា។ ពួកគេមិនគ្រាន់តែប្រមាថព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ថាជាអារក្សបេលសេប៊ូល និងជាមេអារក្សប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏បានថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងថ្កោលទោស និងប្រមាថដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទដែរ។ សារជាតិនៃការប្រឆាំង និងការប្រមាថព្រះជាម្ចាស់របស់គេ គឺដូចទាំងស្រុងទៅនឹងសារជាតិនៃការប្រឆាំង និងការប្រមាថព្រះជាម្ចាស់របស់សាតាំង និងពួកអារក្សដែរ។ ពួកគេមិនគ្រាន់តែតំណាងឱ្យមនុស្សជាតិដ៏ពុករលួយប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជាតំណាងឱ្យសាតាំងដែរ។ ពួកគេជាបណ្ដាញរបស់សាតាំងនៅក្នុងចំណោមមនុស្សជាតិ ហើយពួកគេជាអ្នកសមគំនិត និងជាបាវបម្រើរបស់សាតាំង។ សារជាតិនៃការប្រមាថ និងការនិយាយបង្កាច់បង្ខូចរបស់ពួកគេចំពោះព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺជាការប្រយុទ្ធរបស់ពួកគេទាស់នឹងព្រះជាម្ចាស់ ដើម្បីចង់បានឋានៈ ការប្រកួតប្រជែងរបស់ពួកគេជាមួយព្រះជាម្ចាស់ និងការល្បងលមិនចេះចប់មិនចេះហើយរបស់ពួកគេជាមួយព្រះជាម្ចាស់។ សារជាតិនៃការប្រឆាំងរបស់ពួកគេចំពោះព្រះជាម្ចាស់ និងអាកប្បកិរិយាប្រឆាំងរបស់ពួកគេចំពោះទ្រង់ ក៏ដូចជាពាក្យសម្ដី ព្រមទាំងគំនិតដែលពួកគេបានប្រមាថដោយផ្ទាល់ដល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងធ្វើឱ្យទ្រង់ខ្ញាល់យ៉ាងខ្លាំង។ ដូច្នេះ ព្រះជាម្ចាស់បានសម្រេចនូវការជំនុំជម្រះដ៏សមហេតុផលមួយ ដោយផ្អែកលើអ្វីដែលពួកគេបាននិយាយ និងបានធ្វើ ហើយព្រះជាម្ចាស់បានកំណត់ថា ទង្វើរបស់ពួកគេជាអំពើបាបនៃការប្រមាថទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ។ អំពើបាបនេះមិនអាចអត់ទោសឱ្យបានឡើយ ទាំងនៅក្នុងលោកនេះ និងលោកខាងមុខ ដ្បិតនេះជាអ្វីដែលមានចែងទុកនៅក្នុងបទគម្ពីរខាងក្រោម៖ «មនុស្សដែលពោលពាក្យប្រមាថចំពោះព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវអត់ទោសឡើយ» ហើយ «អ្នកណាដែលពោលពាក្យប្រឆាំងនឹងព្រះ‌វិញ្ញាណបរិសុទ្ធ អ្នកនោះនឹងមិនត្រូវអត់ទោសឱ្យឡើយ ទោះនៅក្នុងលោកនេះ ឬលោកខាងមុខក៏ដោយ»។ នៅថ្ងៃនេះ ចូរយើងជជែកគ្នាអំពីអត្ថន័យដ៏ពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «អ្នកនោះនឹងមិនត្រូវអត់ទោសឱ្យឡើយ ទោះនៅក្នុងលោកនេះ ឬលោកខាងមុខក៏ដោយ»។ ដូច្នេះ ចូរយើងពន្យល់ពីរបៀបដែលព្រះជាម្ចាស់សម្រេចតាមព្រះបន្ទូលថា៖ «អ្នកនោះនឹងមិនត្រូវអត់ទោសឱ្យឡើយ ទោះនៅក្នុងលោកនេះ ឬលោកខាងមុខក៏ដោយ»។

អ្វីៗគ្រប់យ៉ាងដែលយើងបានជជែកគ្នានេះ សុទ្ធតែទាក់ទងនឹងនិស្ស័យរបស់ព្រះជាម្ចាស់ និងអាកប្បកិរិយាដែលទ្រង់មានចំពោះមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗផ្សេងៗ។ តាមធម្មតា អត្ថបទគម្ពីរទាំងពីរខាងលើនេះ គឺគ្មានការលើកលែងឡើយ។ តើអ្នករាល់គ្នាបានកត់សម្គាល់អ្វីមួយនៅក្នុងអត្ថបទគម្ពីរទាំងពីរនេះទេ? អ្នកខ្លះនិយាយថា ពួកគេមើលឃើញព្រះពិរោធរបស់ព្រះជាម្ចាស់នៅក្នុងអត្ថបទគម្ពីរទាំងនេះ។ អ្នកខ្លះនិយាយថា ពួកគេមើលឃើញជ្រុងមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់ដែលមិនអត់ឱនចំពោះការបំពានរបស់មនុស្សជាតិ ហើយនិយាយទៀតថា ប្រសិនបើមនុស្សធ្វើអ្វីមួយដែលប្រមាថចំពោះព្រះជាម្ចាស់ នោះពួកគេនឹងមិនទទួលបានការអត់ទោសរបស់ទ្រង់ឡើយ។ ក្រៅពីការពិតដែលមនុស្សមើលឃើញ និងយល់ឃើញអំពីព្រះពិរោធ និងការមិនអត់ឱនរបស់ព្រះជាម្ចាស់ចំពោះការបំពានរបស់មនុស្សជាតិនៅក្នុងអត្ថបទគម្ពីរទាំងពីរនេះ ពួកគេនៅតែមិនទាន់យល់អំពីអាកប្បកិរិយារបស់ទ្រង់នៅឡើយទេ។ នៅក្នុងអត្ថបទគម្ពីរទាំងពីរនេះ មានបង្កប់ន័យអំពីអាកប្បកិរិយាពិតរបស់ព្រះជាម្ចាស់ និងវិធីសាស្ត្ររបស់ទ្រង់ដែលត្រូវធ្វើចំពោះមនុស្សដែលប្រមាថ និងធ្វើឱ្យទ្រង់ខ្ញាល់។ អាកប្បកិរិយា និងវិធីសាស្ត្ររបស់ទ្រង់បង្ហាញអំពីអត្ថន័យពិតនៃអត្ថបទគម្ពីរខាងក្រោម៖ «អ្នកណាដែលពោលពាក្យប្រឆាំងនឹងព្រះ‌វិញ្ញាណបរិសុទ្ធ អ្នកនោះនឹងមិនត្រូវអត់ទោសឱ្យឡើយ ទោះនៅក្នុងលោកនេះ ឬលោកខាងមុខក៏ដោយ»។ នៅពេលដែលមនុស្សប្រមាថព្រះជាម្ចាស់ និងនៅពេលដែលពួកគេធ្វើឱ្យទ្រង់ខ្ញាល់ ទ្រង់ចេញសាលក្រមមួយ ហើយសាលក្រមនេះគឺជាលទ្ធផលដែលទ្រង់បានសម្រេច។ វាត្រូវបានពណ៌នាតាមបែបនេះនៅក្នុងព្រះគម្ពីរ៖ «ហេតុដូច្នេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា រាល់ទាំងអំពើបាប និងពាក្យប្រមាថនឹងត្រូវអត់ទោសដល់មនុស្សបាន ប៉ុន្តែមនុស្សដែលពោលពាក្យប្រមាថចំពោះព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវអត់ទោសឡើយ» (ម៉ាថាយ ១២:៣១)។ និង «ប៉ុន្តែ ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ!» (ម៉ាថាយ ២៣:១៣)។ យ៉ាងណាក៏ដោយ តើនៅក្នុងព្រះគម្ពីរមានកត់ត្រាទុកដែរឬទេអំពីលទ្ធផលរបស់ពួកអាចារ្យ និងពួកផារីស៊ី ព្រមទាំងមនុស្សដែលបាននិយាយថា ព្រះអម្ចាស់យេស៊ូវឆ្កួតឡប់ ក្រោយពេលដែលទ្រង់បានមានបន្ទូលទាំងនេះ? តើមានកត់ត្រាទុកដែរឬទេថា ពួកគេបានទទួលទារុណកម្មណាមួយ? យើងអាចនិយាយយ៉ាងច្បាស់ថា គឺអត់ទេ។ ការនិយាយថា «អត់ទេ» នៅត្រង់នេះ មិនមែនមានន័យថា វាគ្មានការកត់ត្រាបែបនេះឡើយ ប៉ុន្តែវាគ្រាន់តែមានន័យថា នៅចំពោះភ្នែករបស់មនុស្ស គឺគេមិនអាចមើលឃើញលទ្ធផលនោះឡើយ។ ការនិយាយថា «វាមិនត្រូវបានកត់ត្រាទុក» ចង់បង្ហាញអំពីអាកប្បកិរិយា និងគោលការណ៍របស់ព្រះជាម្ចាស់ក្នុងការដោះស្រាយកិច្ចការផ្សេងៗប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនបានប្រោសឱ្យជាភ្នែកដែលខ្វាក់ ឬត្រចៀកដែលថ្លង់របស់មនុស្សដែលប្រមាថ ឬប្រឆាំងនឹងទ្រង់ ឬមនុស្សដែលនិយាយបង្កាច់បង្ខូចទ្រង់ ជាមនុស្សដែលមានបំណងវាយប្រហារ និយាយបង្កាច់បង្ខូច និងជេរប្រទេចផ្ដាសាទ្រង់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់មានអាកប្បកិរិយាច្បាស់លាស់មួយចំពោះពួកគេ។ ទ្រង់ស្អប់ខ្ពើមមនុស្សទាំងនេះ ហើយទ្រង់ថ្កោលទោសពួកគេនៅក្នុងដួងព្រះហឫទ័យរបស់ទ្រង់។ ទ្រង់ថែមទាំងប្រកាសដោយចំហអំពីលទ្ធផលដែលពួកគេនឹងទទួលបាន ដើម្បីឱ្យមនុស្សដឹងថា ទ្រង់មានអាកប្បកិរិយាច្បាស់លាស់មួយចំពោះមនុស្សដែលប្រមាថទ្រង់ និងដើម្បីឱ្យពួកគេដឹងអំពីរបៀបដែលទ្រង់នឹងកំណត់លទ្ធផលរបស់ពួកគេ។ យ៉ាងណាមិញ ក្រោយពេលដែលព្រះជាម្ចាស់បានមានបន្ទូលរឿងទាំងនេះរួច មនុស្សសឹងតែមិនអាចមើលឃើញពីសេចក្តីពិតអំពីរបៀបដែលព្រះជាម្ចាស់នឹងដោះស្រាយជាមួយមនុស្សទាំងនោះ ហើយពួកគេក៏មិនអាចយល់អំពីគោលការណ៍ដែលនៅពីក្រោយលទ្ធផល និងសាលក្រមដែលព្រះជាម្ចាស់បានចេញចំពោះពួកគេដែរ។ គឺអាចនិយាយបានថា មនុស្សមិនអាចមើលឃើញវិធីសាស្ត្រ និងរបៀបដ៏ជាក់ស្ដែងដែលព្រះជាម្ចាស់មានក្នុងការដោះស្រាយជាមួយពួកគេឡើយ។ ការនេះត្រូវពាក់ព័ន្ធនឹងគោលការណ៍របស់ព្រះជាម្ចាស់ក្នុងការធ្វើកិច្ចការ។ ព្រះជាម្ចាស់ប្រើប្រាស់ព្រឹត្តិការណ៍នៃការពិត ដើម្បីដោះស្រាយជាមួយឥរិយាបថអាក្រក់របស់មនុស្សមួយចំនួន។ នេះមានន័យថា ទ្រង់មិនប្រកាសពីអំពើបាបរបស់ពួកគេ ហើយមិនកំណត់ពីលទ្ធផលរបស់ពួកគេឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់ប្រើប្រាស់ព្រឹត្តិការណ៍នៃការពិត ដើម្បីប្រទានជាទោសទណ្ឌ និងការដាក់ទោសដល់ពួកគេ។ នៅពេលដែលការពិតទាំងនេះកើតឡើង គឺសាច់ឈាមរបស់មនុស្សដែលរងទោសទណ្ឌ ហើយទោសទណ្ឌនេះ មានន័យថាជាអ្វីមួយដែលភ្នែកមនុស្សអាចមើលឃើញ។ នៅពេលដែលដោះស្រាយជាមួយឥរិយាបថអាក្រក់របស់មនុស្ស ព្រះជាម្ចាស់គ្រាន់តែមានព្រះបន្ទូលដាក់បណ្ដាសាពួកគេ ហើយព្រះពិរោធរបស់ទ្រង់ក៏ធ្លាក់លើពួកគេដែរ ប៉ុន្តែទោសទណ្ឌដែលពួកគេទទួលនោះ គឺជាអ្វីមួយដែលមនុស្សមើលមិនឃើញឡើយ។ យ៉ាងណាមិញ លទ្ធផលប្រភេទនេះអាចមានកម្រិតធ្ងន់ធ្ងរជាងលទ្ធផលដែលមនុស្សអាចមើលឃើញ ដូចជាការរងទារុណកម្ម ឬត្រូវគេសម្លាប់ទៅទៀត។ នោះគឺដោយសារតែនៅក្រោមកាលៈទេសៈដែលព្រះជាម្ចាស់បានកំណត់នោះ មិនបានសង្រ្គោះមនុស្សបែបនេះ លែងបង្ហាញសេចក្តីមេត្តាករុណា ឬលែងមានការអត់ឱនចំពោះពួកគេ និងប្រទានឱកាសដល់ពួកគេទៀតហើយ ដូច្នេះ អាកប្បកិរិយាដែលទ្រង់មានចំពោះពួកគេ គឺជាការបោះបង់ពួកគេចោល។ តើអ្វីទៅជាអត្ថន័យនៃ «ការទុកនៅដោយឡែក»? អត្ថន័យមូលដ្ឋាននៃពាក្យនេះ គឺជា ការទុកពួកគេនៅដោយឡែក ឬលែងយកចិត្តទុកដាក់ចំពោះពួកគេតទៅទៀត។ ប៉ុន្តែនៅត្រង់នេះ នៅពេលដែលព្រះជាម្ចាស់ ទុកមនុស្សណាម្នាក់នៅដោយឡែក វាមានសេចក្តីពន្យល់ពីរខុសគ្នាអំពីអត្ថន័យរបស់វា៖ សេចក្តីពន្យល់ទីមួយគឺថា ទ្រង់បានប្រគល់ជីវិត និងអ្វីៗគ្រប់យ៉ាងរបស់បុគ្គលនោះទៅឱ្យសាតាំង ហើយព្រះជាម្ចាស់នឹងលែងទទួលខុសត្រូវ និងគ្រប់គ្រងលើបុគ្គលនោះទៀតហើយ។ មិនថាបុគ្គលនោះឆ្កួត ឬល្ងង់ខ្លៅ ឬមិនថាពួកគេស្លាប់ ឬរស់ ឬប្រសិនបើពួកគេធ្លាក់ទៅក្នុងស្ថាននរកសម្រាប់ទារុណកម្មរបស់ពួកគេក៏ដោយ ក៏វាគ្មានពាក់ព័ន្ធអ្វីជាមួយព្រះជាម្ចាស់នោះដែរ។ នោះមានន័យថា សត្តនិករបែបនេះនឹងគ្មានទំនាក់ទំនងអ្វីជាមួយព្រះអាទិករឡើយ។ សេចក្តីពន្យល់ទីពីរគឺថា ព្រះជាម្ចាស់បានសម្រេចថា ទ្រង់ផ្ទាល់ព្រះអង្គសព្វព្រះហឫទ័យចង់ធ្វើអ្វីមួយជាមួយបុគ្គលនេះ ដោយព្រះហស្តរបស់ទ្រង់ផ្ទាល់។ ទ្រង់អាចនឹងប្រើការបម្រើរបស់បុគ្គលនេះ ឬទ្រង់អាចនឹងប្រើពួកគេជារូបឆ្លុះ។ ទ្រង់អាចនឹងមានរបៀបដ៏ពិសេសមួយក្នុងការដោះស្រាយជាមួយបុគ្គលប្រភេទនេះ ជារបៀបដ៏ពិសេសមួយក្នុងការប្រព្រឹត្តចំពោះពួកគេ ឧទាហរណ៍ ដូចជាប៉ុល។ នេះគឺជាគោលការណ៍ និងអាកប្បកិរិយាដែលមាននៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលទ្រង់បានសម្រេច ដើម្បីដោះស្រាយជាមួយមនុស្សប្រភេទនេះ។ ដូច្នេះ នៅពេលដែលមនុស្សប្រឆាំងនឹងព្រះជាម្ចាស់ និយាយបង្កាច់បង្ខូច និងប្រមាថទ្រង់ ប្រសិនបើពួកគេធ្វើឱ្យនិស្ស័យរបស់ទ្រង់ខ្ញាល់ ឬប្រសិនបើពួកគេធ្វើហួសដែនកំណត់នៃសេចក្ដីអត់ធ្មត់របស់ទ្រង់ នោះផលវិបាកនឹងហួសពីការគិតរបស់គេទៅទៀត។ ផលវិបាកដ៏ធ្ងន់ធ្ងរបំផុតគឺថា ព្រះជាម្ចាស់ប្រគល់ជីវិត និងអ្វីៗគ្រប់យ៉ាងអំពីពួកគេទៅឱ្យសាតាំងតែម្ដងជាសម្រេច។ ពួកគេនឹងមិនទទួលបានការអត់ទោសអស់កល្បជានិច្ច។ នេះមានន័យថា បុគ្គលនេះបានក្លាយជាអាហារនៅក្នុងមាត់របស់សាតាំង ជារបស់លេងនៅក្នុងដៃរបស់វា ហើយចាប់ពីពេលនោះមក ព្រះជាម្ចាស់គ្មានពាក់ព័ន្ធអ្វីទៀតជាមួយពួកគេឡើយ។ តើអ្នករាល់គ្នាអាចស្រមៃឃើញពីទុក្ខវេទនារបស់យ៉ូប នៅពេលដែលសាតាំងបានល្បួងគាត់ដែរឬទេ? ទោះបីស្ថិតនៅក្រោមលក្ខខណ្ឌដែលថា សាតាំងមិនត្រូវបានអនុញ្ញាតឱ្យប៉ះពាល់ជីវិតរបស់យ៉ូបក៏ដោយ ក៏យ៉ូបនៅតែរងទុក្ខវេទនាយ៉ាងខ្លាំងដដែល។ តើវាមិនកាន់តែពិបាកស្រមើស្រមៃអំពីទុក្ខវេទនាដែលសាតាំងនឹងធ្វើទៅលើមនុស្សម្នាក់ដែលព្រះជាម្ចាស់បានប្រគល់ទៅក្នុងដៃរបស់សាតាំង ដែលមនុស្សម្នាក់នេះស្ថិតក្នុងកណ្ដាប់ដៃរបស់វាទាំងស្រុង គេបានបាត់បង់ការយកចិត្តទុកដាក់ និងសេចក្តីមេត្តាករុណាទាំងស្រុងរបស់ព្រះជាម្ចាស់ ដែលលែងស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះអាទិករ ដែលត្រូវបានដកហូតសិទ្ធិក្នុងការថ្វាយបង្គំទ្រង់ និងសិទ្ធិក្នុងការក្លាយជាសត្តនិករម្នាក់នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ ហើយបានកាត់ផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយព្រះអម្ចាស់នៃសត្តនិករនោះ ទេឬអី? ការបៀតបៀនរបស់សាតាំងចំពោះលោកយ៉ូប គឺជាអ្វីមួយដែលភ្នែករបស់មនុស្សអាចមើលឃើញ ប៉ុន្តែប្រសិនបើព្រះជាម្ចាស់ប្រគល់ជីវិតរបស់មនុស្សទៅឱ្យសាតាំងវិញ នោះផលវិបាកនឹងហួសពីការស្រមើស្រមៃរបស់មនុស្សទៅទៀត។ ឧទាហរណ៍ មនុស្សខ្លះអាចកើតម្ដងទៀតជាសត្វគោ ឬសត្វលា ខណៈពេលដែលអ្នកខ្លះទៀតអាចត្រូវបានគ្រប់គ្រង និងកាន់កាប់ដោយពួកវិញ្ញាណអាក្រក់ ឬពួកវិញ្ញាណមិនបរិសុទ្ធជាដើម។ ទាំងនេះគឺជាលទ្ធផលរបស់មនុស្សមួយចំនួនដែលព្រះជាម្ចាស់បានប្រគល់ទៅឱ្យសាតាំង។ បើមើលពីសម្បកខាងក្រៅ វាហាក់ដូចជាមនុស្សដែលចំអក និយាយបង្កាច់បង្ខូច ថ្កោលទោស និងប្រមាថដល់ព្រះអម្ចាស់យេស៊ូវទាំងនោះ មិនទទួលរងផលវិបាកណាមួយឡើយ។ ប៉ុន្ដែការពិតនោះគឺថា ព្រះជាម្ចាស់មានវិធីសាស្ត្រមួយក្នុងការដោះស្រាយជាមួយអ្វីៗទាំងអស់។ ទ្រង់មិនអាចប្រើភាសាច្បាស់លាស់ ដើម្បីមានបន្ទូលប្រាប់មនុស្សអំពីលទ្ធផលនៃរបៀបដែលទ្រង់ដោះស្រាយជាមួយមនុស្សគ្រប់ប្រភេទនោះឡើយ។ ពេលខ្លះ ទ្រង់មិនមានបន្ទូលដោយផ្ទាល់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់បែរជាធ្វើដោយផ្ទាល់វិញ។ ការដែលទ្រង់មិនមានបន្ទូលនោះ មិនមែនមានន័យថា វាគ្មានលទ្ធផលនោះឡើយ ប៉ុន្តែនៅក្នុងករណីនេះ លទ្ធផលអាចនឹងមានកម្រិតកាន់តែធ្ងន់ធ្ងរផង។ បើមើលពីខាងក្រៅ វាអាចមានមនុស្សខ្លះដែលព្រះជាម្ចាស់មិនមានបន្ទូលច្បាស់ៗប្រាប់អំពីឥរិយាបថរបស់ទ្រង់ឡើយ នោះគឺដោយសារតែព្រះជាម្ចាស់លែងគិតគូរអំពីពួកគេតាំងពីយូរណាស់មកហើយ។ ទ្រង់លែងចង់ឃើញពួកគេទៀតហើយ។ ដោយសាតែអ្វីដែលពួកគេបានធ្វើ និងឥរិយាបថរបស់ពួកគេ ដោយសារតែនិស្ស័យ និងសារជាតិរបស់ពួកគេ ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យពួកគេរលាយបាត់ពីព្រះនេត្ររបស់ទ្រង់តែម្ដង ទ្រង់សព្វព្រះហឫទ័យចង់ប្រគល់ពួកគេដោយផ្ទាល់ទៅឱ្យសាតាំង ចង់ប្រទានវិញ្ញាណ ព្រលឹង និងរូបកាយរបស់ពួកគេទៅឱ្យសាតាំង និងបើកដៃឱ្យសាតាំងធ្វើអ្វីតាមអំពើចិត្តរបស់វាជាមួយពួកគេ។ វាស្ដែងចេញឱ្យឃើញយ៉ាងច្បាស់អំពីកម្រិតដែលព្រះជាម្ចាស់ស្អប់ពួកគេ ឃើញពីកម្រិតដែលទ្រង់បានខ្ពើមរអើមពួកគេ។ ប្រសិនបើមនុស្សម្នាក់ធ្វើឱ្យព្រះជាម្ចាស់ខ្ញាល់ដល់កម្រិតមួយដែលព្រះជាម្ចាស់មិនចង់ឃើញពួកគេតទៅទៀត ហើយត្រៀមបោះបង់ពួកគេចោលទាំងស្រុង ដល់កម្រិតមួយដែលទ្រង់លែងចង់ពាក់ព័ន្ធជាមួយពួកគេទៀត ហើយប្រសិនបើវាដល់កម្រិតមួយដែលទ្រង់នឹងប្រគល់ពួកគេទៅឱ្យសាតាំងធ្វើតាមអំពើចិត្តរបស់វា បើកដៃឱ្យសាតាំងត្រួតត្រា ស៊ីបំផ្លាញ និងប្រព្រឹត្តចំពោះពួកគេតាមទំនើងចិត្តរបស់វាទៅហើយ បុគ្គលនេះត្រូវចប់ទាំងស្រុងមិនខាន។ សិទ្ធិរបស់ពួកគេក្នុងការធ្វើជាមនុស្ស ត្រូវបានដកហូតជាអចិន្ត្រៃយ៍ ហើយសិទ្ធិរបស់ពួកគេក្នុងការធ្វើជាសត្តនិករមួយនៃការបង្កើតរបស់ព្រះជាម្ចាស់នោះ ក៏បានមកដល់ទីបញ្ចប់ដែរ។ តើនេះមិនមែនជាទារុណកម្មដ៏ធ្ងន់ធ្ងរបំផុតទេឬអី?

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៧៩

ព្រះបន្ទូលរបស់ព្រះយេស៊ូវទៅកាន់ពួកសិស្សរបស់ទ្រង់ ក្រោយព្រះអង្គមានព្រះជន្មរស់ពីសុគតឡើងវិញ (អត្ថបទសម្រាំង)

យ៉ូហាន ២០:២៦-២៩ ហើយប្រាំបីថ្ងៃក្រោយមក ពួកសិស្សរបស់ទ្រង់បានជុំគ្នានៅក្នុងផ្ទះម្តងទៀត ហើយថូម៉ាសក៏នៅជាមួយដែរ។ កាលនោះ ព្រះ‌យេស៊ូវបានយាងមក ទាំងទ្វារនៅបិទ ទ្រង់ឈរនៅកណ្ដាលពួកគេ ហើយមានព្រះ‌បន្ទូលថា៖ សូមឱ្យសេចក្តីសុខសាន្តកើតមានដល់អ្នករាល់គ្នា។ បន្ទាប់មក ទ្រង់មានព្រះ‌បន្ទូលទៅថូម៉ាសថា៖ ចូរយកម្រាមដៃអ្នក ស្ទាបមើលដៃខ្ញុំមើល៍ ហើយលូកដៃអ្នកមកចាក់ឆ្អឹងជំនីរខ្ញុំនៅត្រង់នេះ។ កុំរឹងរូសមិនព្រមជឿដូច្នេះឡើយ ចូរជឿទៅ។ ថូម៉ាសទូលព្រះ‌អង្គថា៖ ឱព្រះ‌អម្ចាស់នៃទូលបង្គំ និងព្រះជាម្ចាស់នៃទូលបង្គំអើយ! ព្រះ‌យេស៊ូវបានមានព្រះ‌បន្ទូលទៅគាត់ថា៖ ថូម៉ាសអើយ អ្នកបានជឿដោយសារតែអ្នកបានឃើញខ្ញុំ ដូច្នេះមានពរហើយចំពោះអ្នកណាដែលជឿ ដោយមិនបានឃើញនោះ។

យ៉ូហាន ២១:១៦-១៧ ព្រះ‌អង្គបានមានព្រះ‌បន្ទូលទៅគាត់ជាលើកទីពីរថា៖ ស៊ីម៉ូន កូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ? គាត់ទូលទៅទ្រង់ថា៖ ក្រាបទូលព្រះ‌អម្ចាស់ ព្រះ‌អង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះ‌អង្គ។ ព្រះ‌យេស៊ូវបានមានព្រះ‌បន្ទូលទៅគាត់ថា៖ ចូរឱ្យចំណីហ្វូងចៀមរបស់ខ្ញុំផង។ ព្រះ‌អង្គបានមានព្រះ‌បន្ទូលជាលើកទីបីថា៖ ស៊ីម៉ូន កូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ? ពេត្រុសបានចិត្តព្រួយ ដោយសារតែព្រះ‌អង្គមានព្រះ‌បន្ទូលជាលើកទីបីថា តើអ្នកស្រឡាញ់ខ្ញុំឬទេ? លោកទូលតបទៅព្រះ‌អង្គថា៖ ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គជ្រាបអំពីអ្វីៗទាំងអស់ ហើយទ្រង់ក៏ជ្រាបដែរថា ទូលបង្គំស្រឡាញ់ព្រះ‌អង្គ។ ព្រះ‌យេស៊ូវមានព្រះ‌បន្ទូលទៅគាត់ថា៖ ចូរឱ្យចំណីហ្វូងចៀមរបស់ខ្ញុំផង។

អ្វីដែលអត្ថបទគម្ពីរទាំងនេះពណ៌នា គឺជាកិច្ចការដែលព្រះអម្ចាស់យេស៊ូវបានធ្វើ និងបានមានបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់ ក្រោយពេលដែលព្រះអង្គមានព្រះជន្មរស់ពីសុគតឡើងវិញ។ ជាដំបូង ចូរយើងពិនិត្យមើលអំពីភាពខុសគ្នាដែលអាចមាននៅក្នុងព្រះអម្ចាស់យេស៊ូវមុនពេល និងក្រោយពេលការមានព្រះជន្មរស់ឡើងវិញ។ តើទ្រង់នៅតែជាព្រះអម្ចាស់យេស៊ូវដដែលដូចកាលពីមុនឬទេ? អត្ថបទគម្ពីរមានចែងអំពីឃ្លាមួយដែលពណ៌នាអំពីព្រះអម្ចាស់យេស៊ូវ ក្រោយព្រះអង្គមានព្រះជន្មរស់ឡើងវិញថា៖ «កាលនោះ ព្រះ‌យេស៊ូវបានយាងមក ទាំងទ្វារនៅបិទ ទ្រង់ឈរនៅកណ្ដាលពួកគេ ហើយមានព្រះ‌បន្ទូលថា៖ សូមឱ្យសេចក្តីសុខសាន្តកើតមានដល់អ្នករាល់គ្នា!» វាស្ដែងឱ្យឃើញយ៉ាងច្បាស់ថា ព្រះអម្ចាស់យេស៊ូវនៅគ្រានោះលែងគង់សណ្ឋិតនៅក្នុងរូបកាយខាងសាច់ឈាមទៀតហើយ ប៉ុន្តែឥឡូវនេះ ទ្រង់បានគង់នៅក្នុងរូបកាយខាងវិញ្ញាណវិញ។ នោះគឺដោយសារតែទ្រង់បានឡើងហួសដែនកំណត់ខាងសាច់ឈាម ហើយទោះបីជាទ្វារបានជាប់សោក៏ដោយ ក៏ទ្រង់នៅតែអាចយាងចូលទៅក្នុងចំណោមមនុស្ស ហើយអនុញ្ញាតឱ្យពួកគេមើលឃើញទ្រង់ដដែល។ នេះគឺជាភាពខុសគ្នាដ៏ធំមួយរវាងព្រះអម្ចាស់យេស៊ូវ ក្រោយការមានព្រះជន្មរស់ឡើងវិញ និងព្រះអម្ចាស់យេស៊ូវដែលមានព្រះជន្មនៅក្នុងសាច់ឈាម មុនពេលការមានព្រះជន្មរស់ឡើងវិញ។ ទោះបីវាគ្មានភាពខុសគ្នារវាងរូបរាងនៃរូបកាយខាងវិញ្ញាណនាពេលនោះ និងរូបរាងរបស់ព្រះអម្ចាស់យេស៊ូវកាលពីមុនក៏ដោយ ប៉ុន្តែព្រះអម្ចាស់យេស៊ូវនៅក្នុងពេលនោះ បានក្លាយជាព្រះមួយអង្គដែលធ្វើឱ្យមនុស្សមានអារម្មណ៍ថាមិនស្គាល់ទ្រង់ឡើយ ដោយសារតែទ្រង់បានក្លាយជារូបកាយខាងវិញ្ញាណ ក្រោយទ្រង់មានព្រះជន្មរស់ពីសុគតឡើងវិញ ហើយបើធៀបទៅនឹងសាច់ឈាមពីមុនរបស់ទ្រង់វិញ រូបកាយខាងវិញ្ញាណនេះធ្វើឱ្យមនុស្សច្របូកច្របល់ និងភាន់ច្រឡំកាន់តែខ្លាំង។ វាក៏បានបង្កើតឱ្យមានគម្លាតកាន់តែខ្លាំងរវាងព្រះអម្ចាស់យេស៊ូវ និងមនុស្សដែរ ហើយមនុស្សមានអារម្មណ៍នៅក្នុងដួងចិត្តរបស់ពួកគេថា ព្រះអម្ចាស់យេស៊ូវនាពេលនោះកាន់តែមានសភាពអាថ៌កំបាំង។ ការដែលមនុស្សមានការយល់ដឹង និងអារម្មណ៍ទាំងនេះ បាននាំពួកគេវិលត្រលប់ទៅកាន់យុគសម័យនៃការជឿលើព្រះជាម្ចាស់ដែលមិនអាចមិនឃើញ ឬប៉ះពាល់បានមួយរំពេច។ ដូច្នេះ កិច្ចការដំបូងគេដែលព្រះអម្ចាស់យេស៊ូវបានធ្វើ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ គឺជាការជួយឱ្យមនុស្សគ្រប់គ្នាមើលឃើញទ្រង់ និងដើម្បីបញ្ជាក់ថា ទ្រង់ពិតជាមានព្រះជន្មរស់មែន ព្រមទាំងដើម្បីបញ្ជាក់ពីការពិតនៃការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ លើសពីនេះទៅទៀត សកម្មភាពនេះបានស្ដារទំនាក់ទំនងរបស់ទ្រង់ដែលមានជាមួយពួកគេឱ្យវិលត្រលប់ដូចដើមឡើងវិញ ពោលគឺដូចកាលដែលទ្រង់កំពុងតែធ្វើការនៅក្នុងសាច់ឈាម នៅពេលដែលទ្រង់ជាព្រះគ្រីស្ទ ដែលពួកគេអាចមើលឃើញ និងប៉ះពាល់បាន។ លទ្ធផលមួយចេញពីសកម្មភាពនេះគឺ មនុស្សលែងមានមន្ទិលសង្ស័យថា ព្រះអម្ចាស់យេស៊ូវត្រូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ ក្រោយត្រូវបានជាប់ឆា្កង ហើយពួកគេក៏លែងមានមន្ទិលសង្ស័យទៅលើកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវក្នុងការប្រោសលោះមនុស្សជាតិទៀតដែរ។ លទ្ធផលមួយទៀតគឺថា ការពិតដែលព្រះអម្ចាស់យេស៊ូវលេចមកឱ្យពួកគេឃើញ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ និងជួយឱ្យមនុស្សមើលឃើញ និងប៉ះពាល់ទ្រង់នេះ បានជួយឱ្យមនុស្សនៅក្នុងយុគសម័យនៃព្រះគុណមានជំនឿជាក់ថា ចាប់តាំងពីពេលនេះតទៅ មនុស្សនឹងមិនវិលត្រលប់ទៅកាន់យុគសម័យនៃក្រឹត្យវិន័យកាលពីមុន ដោយឈរលើមូលដ្ឋាននឹកស្មានថា ព្រះអម្ចាស់យេស៊ូវ «បានបាត់ព្រះកាយ» ឬនឹកស្មានថា ទ្រង់បាន «ចាកចេញទៅដោយមិនបានលាគ្នាមួយម៉ាត់» នោះឡើយ។ ដូច្នេះ ទ្រង់បានធានាថា ពួកគេនឹងបន្តធ្វើដំណើរទៅមុខ ដើរតាមសេចក្តីបង្រៀនរបស់ព្រះអម្ចាស់យេស៊ូវ និងកិច្ចការដែលទ្រង់បានធ្វើ។ ដូច្នោះ ដំណាក់កាលថ្មីមួយនៅក្នុងកិច្ចការនាយុគសម័យនៃព្រះគុណត្រូវបានបើកសម្ពោធជាផ្លូវការ ហើយចាប់ពីពេលនេះតទៅ មនុស្សដែលបានកំពុងតែរស់នៅក្រោមក្រឹត្យវិន័យ បានងើបចេញពីក្រឹត្យវិន័យជាផ្លូវការ ហើយចូលទៅក្នុងយុគសម័យមួយថ្មី ដែលជាទីចាប់ផ្ដើមថ្មី។ ទាំងនេះគឺជាពហុអត្ថន័យនៃការលេចមករបស់ព្រះអម្ចាស់យេស៊ូវឱ្យមនុស្សជាតិឃើញ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។

ដោយសារតែឥឡូវនេះ ព្រះអម្ចាស់យេស៊ូវកំពុងតែគង់នៅក្នុងរូបកាយខាងវិញ្ញាណ តើមនុស្សអាចប៉ះពាល់ និងមើលឃើញទ្រង់ដោយរបៀបណាទៅ? សំណួរនេះទាក់ទងនឹងភាពសំខាន់នៃការលេចមករបស់ព្រះអម្ចាស់យេស៊ូវឱ្យមនុស្សជាតិឃើញ។ តើអ្នករាល់គ្នាបានកត់សម្គាល់ឃើញអ្វីមួយនៅក្នុងអត្ថបទគម្ពីរដែលយើងទើបតែបានអាននេះឬទេ? ជាទូទៅ រូបកាយខាងវិញ្ញាណមិនអាចមើលឃើញ ឬប៉ះពាល់បានឡើយ ហើយក្រោយការមានព្រះជន្មរស់ឡើងវិញ កិច្ចការដែលព្រះអម្ចាស់យេស៊ូវបានធ្វើនោះ ក៏បានបញ្ចប់ដែរ។ ដូច្នេះ នៅក្នុងទ្រឹស្ដី ទ្រង់មិនចាំបាច់វិលត្រលប់មកគង់នៅកណ្ដាលចំណោមមនុស្សនៅក្នុងរូបអង្គដើមរបស់ទ្រង់ ដើម្បីជួបជាមួយពួកគេឡើយ ប៉ុន្តែការលេចមកនៃរូបកាយខាងវិញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវនៅចំពោះមនុស្សដូចជាការលេចមកនៅចំពោះមុខថូម៉ាស បានធ្វើឱ្យភាពសំខាន់នៃការលេចមករបស់ទ្រង់កាន់តែច្បាស់លាស់ ដើម្បីឱ្យវាចូលកាន់តែស៊ីជម្រៅទៅក្នុងដួងចិត្តរបស់មនុស្ស។ នៅពេលដែលទ្រង់បានយាងទៅរកថូម៉ាស ទ្រង់បានឱ្យថូម៉ាសដែលមានមន្ទិលសង្ស័យនេះ ពាល់ព្រះហស្តរបស់ទ្រង់ ដោយមានបន្ទូលប្រាប់គាត់ថា៖ «លូកដៃអ្នកមកចាក់ឆ្អឹងជំនីរខ្ញុំនៅត្រង់នេះ។ កុំរឹងរូសមិនព្រមជឿដូច្នេះឡើយ ចូរជឿទៅ»។ ព្រះបន្ទូល និងសកម្មភាពទាំងនេះ មិនមែនជាអ្វីដែលព្រះអម្ចាស់យេស៊ូវសព្វព្រះហឫទ័យចង់មានបន្ទូល និងចង់ធ្វើ ក្រោយពេលដែលទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញនោះឡើយ ប៉ុន្តែតាមពិតទៅ ទាំងនេះគឺជាអ្វីដែលទ្រង់សព្វព្រះហឫទ័យចង់មានបន្ទូល និងធ្វើ មុនពេលទ្រង់ត្រូវបានគេឆ្កាងទៅនឹងឈើឆ្កាង ពីព្រោះសេចក្ដីមន្ទិលរបស់ថូម៉ាស មិនមែនទើបតែនឹងកើតនៅពេលនោះទេ ប៉ុន្តែគាត់មានសេចក្ដីមន្ទិលនេះគ្រប់ពេល ចាប់តាំងពីគាត់បានដើរតាមព្រះអម្ចាស់យេស៊ូវមក។ នេះជាភស្ដុតាងបញ្ជាក់ថា មុនពេលដែលទ្រង់ត្រូវបានគេឆ្កាងទៅនឹងឈើឆ្កាង ព្រះអម្ចាស់យេស៊ូវបានស្គាល់មនុស្ស ដូចជាថូម៉ាសរួចស្រេចទៅហើយ។ ដូច្នេះ តើយើងអាចរៀនបានអ្វីខ្លះចេញពីការនេះ? ទ្រង់នៅតែជាព្រះអម្ចាស់យេស៊ូវដដែល ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ សារជាតិរបស់ទ្រង់មិនបានផ្លាស់ប្ដូរឡើយ។ យ៉ាងណាមិញ នេះគឺជាព្រះអម្ចាស់យេស៊ូវដែលបានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានយាងត្រលប់មកពីពិភពខាងវិញ្ញាណវិញជាមួយរូបអង្គដើមរបស់ទ្រង់ ជាមួយនិស្ស័យដើមរបស់ទ្រង់ និងជាមួយការយល់ដឹងរបស់ទ្រង់អំពីមនុស្សជាតិ ចេញពីពេលដែលទ្រង់គង់នៅក្នុងសាច់ឈាម ដូច្នេះ ទ្រង់បានយាងទៅរកថូម៉ាស ហើយឱ្យថូម៉ាសពាល់ឆ្អឹងជំនីររបស់ទ្រង់ ដើម្បីកុំឱ្យថូម៉ាសគ្រាន់តែមើលឃើញរូបកាយខាងវិញ្ញាណរបស់ទ្រង់ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ប៉ុន្តែក៏ដើម្បីឱ្យថូម៉ាសពាល់ និងមានអារម្មណ៍ពីអត្ថិភាពនៃរូបកាយខាងវិញ្ញាណរបស់ទ្រង់ ហើយជម្រះចោលរាល់មន្ទិលសង្ស័យទាំងអស់របស់គាត់ដែរ។ មុនពេលព្រះអម្ចាស់យេស៊ូវបានជាប់ឆ្កាង ថូម៉ាសតែងតែសង្ស័យថា ទ្រង់ជាព្រះគ្រីស្ទ ហើយមិនអាចមានជំនឿឡើយ។ សេចក្តីជំនឿរបស់គាត់លើព្រះជាម្ចាស់ត្រូវបានតាំងឡើងនៅលើមូលដ្ឋាននៃអ្វីដែលគាត់អាចមើលឃើញដោយផ្ទាល់ភ្នែក ព្រមទាំងអ្វីដែលគាត់អាចពាល់ដោយផ្ទាល់ដៃរបស់គាត់ប៉ុណ្ណោះ។ ព្រះអម្ចាស់យេស៊ូវមានការយល់ដឹងដ៏ច្បាស់អំពីសេចក្តីជំនឿរបស់មនុស្សប្រភេទនេះ។ ពួកគេជឿលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌តែមួយអង្គប៉ុណ្ណោះ ហើយពួកគេមិនជឿលើព្រះមួយអង្គដែលព្រះជាម្ចាស់បានបញ្ជូនមកនេះឡើយ ឬមិនជឿលើព្រះគ្រីស្ទដែលគង់នៅក្នុងសាច់ឈាម ហើយពួកគេក៏មិនទទួលយកទ្រង់នោះដែរ។ ដើម្បីឱ្យថូម៉ាសទទួលស្គាល់ និងជឿលើអត្ថិភាពរបស់ព្រះអម្ចាស់យេស៊ូវ និងជឿថា ទ្រង់ពិតជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ទ្រង់បានឱ្យថូម៉ាសលូកដៃមកពាល់ឆ្អឹងជំនីររបស់ទ្រង់។ តើភាពមន្ទិលសង្ស័យរបស់ថូម៉ាសមានលក្ខណៈខុសគ្នាដែរឬទេ មុនពេល និងក្រោយពេលដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ? គាត់តែងតែសង្ស័យជានិច្ច ហើយមានតែពេលដែលរូបកាយខាងវិញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវលេចមកឱ្យគាត់បានឃើញដោយផ្ទាល់ និងជួយឱ្យគាត់ពាល់ស្នាមដែកគោលដែលមាននៅលើព្រះកាយរបស់ទ្រង់ប៉ុណ្ណោះ បើមិនដូច្នោះទេ គ្មាននរណាម្នាក់អាចដោះមន្ទិល និងធ្វើឱ្យគាត់ជម្រះចោលរាល់ភាពសង្ស័យរបស់គាត់នោះឡើយ។ ដូច្នេះ ចាប់តាំងពីពេលដែលព្រះអម្ចាស់យេស៊ូវបានឱ្យថូម៉ាសពាល់ឆ្អឹងជំនីររបស់ទ្រង់ និងឱ្យគាត់មានអារម្មណ៍ដឹងអំពីអត្ថិភាពនៃស្នាមដែកគោលមក ភាពសង្ស័យរបស់ថូម៉ាសក៏បានរលាយបាត់សូន្យឈឹង ហើយគាត់បានដឹងយ៉ាងប្រាកដថា ព្រះអម្ចាស់យេស៊ូវពិតជាបានមានព្រះជន្មរស់ឡើងវិញ ហើយគាត់បានទទួលស្គាល់ និងជឿថា ព្រះអម្ចាស់យេស៊ូវគឺជាព្រះគ្រីស្ទ និងជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សយ៉ាងប្រាកដមែន។ ទោះបីនៅពេលនោះថូម៉ាសលែងមានមន្ទិលសង្ស័យក៏ដោយ ក៏គាត់បានបាត់បង់ជារៀងរហូតនូវឱកាសដើម្បីជួបជាមួយព្រះគ្រីស្ទដែរ។ គាត់បានបាត់បង់ជារៀងរហូតនូវឱកាស ដើម្បីនៅជាមួយទ្រង់ ដើរតាមទ្រង់ និងស្គាល់ទ្រង់។ គាត់បានបាត់បង់នូវឱកាស ដើម្បីឱ្យព្រះគ្រីស្ទប្រោសគាត់ឱ្យបានគ្រប់លក្ខណ៍។ ការលេចមករបស់ព្រះអម្ចាស់យេស៊ូវ និងព្រះបន្ទូលរបស់ទ្រង់ បានប្រទាននូវសេចក្តីសន្និដ្ឋាន និងសាលក្រមមួយទៅលើសេចក្តីជំនឿរបស់អស់អ្នកដែលពេញដោយភាពសង្ស័យ។ ទ្រង់បានប្រើប្រាស់ព្រះបន្ទូល និងសកម្មភាពពិតៗរបស់ទ្រង់ ដើម្បីមានបន្ទូលប្រាប់ដល់បុគ្គលមានចិត្តសង្ស័យ ប្រាប់មនុស្សដែលគ្រាន់តែជឿលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ តែមិនជឿលើព្រះគ្រីស្ទថា៖ ព្រះជាម្ចាស់មិនបានកោតសរសើរដល់ជំនឿរបស់ពួកគេ ហើយទ្រង់ក៏មិនកោតសរសើរពួកគេសម្រាប់ការដើរតាមទ្រង់ ក្នុងពេលដែលពួកគេសង្ស័យលើទ្រង់នោះដែរ។ ថ្ងៃដែលពួកគេជឿទាំងស្រុងលើព្រះជាម្ចាស់ និងព្រះគ្រីស្ទ មានតែជាថ្ងៃដែលព្រះជាម្ចាស់បានបញ្ចប់កិច្ចការដ៏ធំរបស់ទ្រង់ប៉ុណ្ណោះ។ ជាការពិត ថ្ងៃនោះក៏ជាថ្ងៃដែលសាលក្រមត្រូវបានសម្រេចចំពោះភាពសង្ស័យរបស់ពួកគេដែរ។ អាកប្បកិរិយារបស់ពួកគេដែលមានចំពោះព្រះគ្រីស្ទបានកំណត់នូវវាសនារបស់ពួកគេ ហើយភាពសង្ស័យដ៏រឹងចចេសរបស់ពួកគេបានធ្វើឱ្យសេចក្តីជំនឿរបស់ពួកគេមិនបង្កើតផលផ្លែ ហើយចិត្តរឹងរបស់ពួកគេបានធ្វើឱ្យសេចក្តីសង្ឃឹមរបស់ពួកគេទៅជាអសារឥតការ។ ដោយសារតែជំនឿរបស់ពួកគេលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌បានពេញដោយភាពភាន់ច្រឡំ ហើយភាពសង្ស័យរបស់គេចំពោះព្រះគ្រីស្ទ គឺជាអាកប្បកិរិយាពិតរបស់ពួកគេដែលមានចំពោះព្រះជាម្ចាស់ ទោះបីជាពួកគេបានពាល់ស្នាមដែកគោលនៅលើព្រះកាយរបស់ព្រះអម្ចាស់យេស៊ូវក៏ដោយ ក៏សេចក្តីជំនឿរបស់ពួកគេនៅតែគ្មានប្រយោជន៍ ហើយលទ្ធផលរបស់ពួកគេអាចត្រូវបានពណ៌នា ដូចជាការដងទឹកដោយប្រើកន្ត្រកឫស្សីអ៊ីចឹង គឺវាគ្មានបានការអ្វីសោះឡើយ។ អ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទៅកាន់ថូម៉ាស ក៏ជារបៀបដែលទ្រង់កំពុងតែមានបន្ទូលប្រាប់ទៅកាន់មនុស្សគ្រប់រូបយ៉ាងច្បាស់ថា៖ ព្រះអម្ចាស់យេស៊ូវដែលបានរស់ឡើងវិញ គឺជាព្រះអម្ចាស់យេស៊ូវដែលបានចំណាយពេលសាមសិបបីឆ្នាំកន្លះធ្វើការនៅក្នុងចំណោមមនុស្សជាតិដែរ។ ទោះបីជាទ្រង់ត្រូវបានជាប់ឆ្កាង និងបានឆ្លងកាត់ជ្រោះម្លប់នៃសេចក្តីស្លាប់ ហើយទោះបីជាទ្រង់បានឆ្លងកាត់ការរស់ឡើងវិញក៏ដោយ ក៏ទ្រង់មិនមានការផ្លាស់ប្ដូរនៅក្នុងទិដ្ឋភាពណាមួយដែរ។ ទោះបីជាឥឡូវនេះ ទ្រង់មានស្នាមដែកគោលនៅលើព្រះកាយរបស់ទ្រង់ ហើយទោះបីទ្រង់បានមានព្រះជន្មរស់ឡើងវិញ និងបានយាងចេញពីផ្នូរក៏ដោយ ក៏និស្ស័យរបស់ទ្រង់ ការយល់ដឹងរបស់ទ្រង់អំពីមនុស្សជាតិ និងបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្សជាតិមិនបានផ្លាស់ប្ដូរសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ ជាមួយគ្នានេះដែរ ទ្រង់កំពុងតែមានបន្ទូលប្រាប់ដល់មនុស្សថា ទ្រង់បានយាងចុះពីឈើឆ្កាង យកឈ្នះលើបាប យកឈ្នះលើទុក្ខលំបាក និងសេចក្តីស្លាប់រួចហើយ។ ស្នាមដែកគោលគ្រាន់តែជាភស្ដុតាងអំពីជ័យជម្នះរបស់ទ្រង់លើសាតាំង ជាភស្តុតាងនៃការក្លាយជាតង្វាយលោះបាប ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់ប្រកបដោយភាពជោគជ័យប៉ុណ្ណោះ។ ទ្រង់កំពុងតែមានបន្ទូលប្រាប់ដល់មនុស្សថា ទ្រង់បានទទួលយកបាបរបស់មនុស្សជាតិរួចស្រេចទៅហើយ និងចង់ប្រាប់ទៀតថា ទ្រង់បានបញ្ចប់កិច្ចការនៃការប្រោសលោះរបស់ទ្រង់រួចហើយ។ នៅពេលដែលទ្រង់យាងត្រលប់មកជួបពួកសិស្សរបស់ទ្រង់ ទ្រង់បានមានបន្ទូលប្រាប់នូវសារនេះដល់ពួកគេតាមវិធីសាស្ដ្រនៃការលេចមករបស់ទ្រង់៖ «ខ្ញុំនៅមានព្រះជន្មរស់ ខ្ញុំនៅមានជីវិតនៅឡើយទេ។ ថ្ងៃនេះ ខ្ញុំកំពុងតែឈរនៅមុខអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាអាចមើលឃើញ និងប៉ះពាល់ខ្ញុំបាន។ ខ្ញុំនឹងតែងតែគង់នៅជាមួយអ្នករាល់គ្នាជានិច្ច»។ ព្រះអម្ចាស់យេស៊ូវក៏សព្វព្រះហឫទ័យចង់ប្រើប្រាស់ករណីរបស់ថូម៉ាស ជាសេចក្តីព្រមានមួយដើម្បីប្រាប់ដល់មនុស្សនៅថ្ងៃអនាគតថា៖ ទោះបីអ្នកមិនអាចមើលឃើញ ឬប៉ះពាល់ព្រះអម្ចាស់យេស៊ូវនៅក្នុងសេចក្តីជំនឿរបស់អ្នកលើទ្រង់ក៏ដោយ ក៏អ្នកមានពរហើយដែរ ដោយសារតែសេចក្តីជំនឿដ៏ពិតរបស់អ្នក ហើយអ្នកអាចមើលឃើញព្រះអម្ចាស់យេស៊ូវ ដោយសារតែសេចក្តីជំនឿដ៏ពិតរបស់អ្នក ហើយបុគ្គលបែបនេះមានពរហើយ។

ព្រះបន្ទូលដែលចែងនៅក្នុងព្រះគម្ពីរថា ព្រះអម្ចាស់យេស៊ូវបានមានបន្ទូល នៅពេលដែលទ្រង់បានលេចមកឱ្យថូម៉ាសបានឃើញ បានផ្ដល់ជាជំនួយដ៏ធំចំពោះមនុស្សទាំងអស់នៅក្នុងយុគសម័យនៃព្រះគុណ។ ការលេចមករបស់ទ្រង់នៅចំពោះថូម៉ាស និងព្រះបន្ទូលដែលទ្រង់បានថ្លែងទៅកាន់គាត់ បានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើមនុស្សជំនាន់ក្រោយៗ ហើយវាមាននូវភាពសំខាន់ដ៏ស្ថិតស្ថេរជានិច្ច។ ថូម៉ាសតំណាងឱ្យមនុស្សមួយប្រភេទដែលជឿលើព្រះជាម្ចាស់ ទាំងចិត្តសង្ស័យលើព្រះជាម្ចាស់។ ពួកគេមាននិស្ស័យសង្ស័យ មានដួងចិត្តដ៏កំណាច ទុយ៌ស ហើយមិនជឿលើអ្វីដែលព្រះជាម្ចាស់អាចសម្រេចបាននោះឡើយ។ ពួកគេមិនជឿលើសព្វានុភាពរបស់ព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ទ្រង់ ហើយក៏មិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែរ។ យ៉ាងណាមិញ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវមានលក្ខណៈផ្ទុយពីចរិតលក្ខណៈទាំងនេះដែលពួកគេមាន ហើយវាក៏បានផ្ដល់ឱ្យពួកគេនូវឱកាស ដើម្បីរកឃើញពីភាពសង្ស័យរបស់ពួកគេ ឱ្យស្គាល់ពីភាពសង្ស័យរបស់ពួកគេ និងទទួលស្គាល់ពីភាពទុយ៌សរបស់ពួកគេ ហើយចាប់ផ្ដើមជឿយ៉ាងពិតប្រាកដលើអត្ថិភាព និងការរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវដែរ។ អ្វីដែលបានកើតឡើងជាមួយថូម៉ាស គឺជាសេចក្តីព្រមាន និងសេចក្តីដាស់តឿនមួយសម្រាប់មនុស្សជំនាន់ក្រោយៗ ដើម្បីឱ្យមានមនុស្សកាន់តែច្រើនចេះដាស់តឿនខ្លួនឯងកុំឱ្យក្លាយជាមនុស្សសង្ស័យ ដូចជាថូម៉ាស និងជាការដាស់តឿនថា ប្រសិនបើពួកគេចម្អែតខ្លួនដោយភាពសង្ស័យ នោះពួកគេនឹងលិចលង់ចូលទៅក្នុងសេចក្តីងងឹតមិនខាន។ ប្រសិនបើអ្នកដើរតាមព្រះជាម្ចាស់ ប៉ុន្តែដើរតាមបែបថូម៉ាស ដែលតែងតែចង់ពាល់ឆ្អឹងជំនីររបស់ព្រះអម្ចាស់ និងចង់ពាល់ស្នាមដែកគោលរបស់ទ្រង់ ដើម្បីបញ្ជាក់ ផ្ទៀងផ្ទាត់ ស្ទង់មើលថាតើព្រះជាម្ចាស់ពិតជាមានព្រះជន្មរស់ឬក៏អត់ នោះព្រះជាម្ចាស់នឹងបោះបង់អ្នកចោលមិនខាន។ ដូច្នេះ ព្រះអម្ចាស់យេស៊ូវតម្រូវឱ្យមនុស្សកុំធ្វើដូចជាលោកថូម៉ាស ដែលគ្រាន់តែជឿលើអ្វីដែលពួកគេអាចមើលឃើញដោយផ្ទាល់ភ្នែក ប៉ុន្តែទ្រង់សព្វព្រះហឫទ័យចង់ឱ្យពួកគេក្លាយជាមនុស្សដ៏បរិសុទ្ធ ស្មោះត្រង់ មិនមានចិត្តសង្ស័យចំពោះព្រះជាម្ចាស់ ហើយគ្រាន់តែជឿ និងដើរតាមទ្រង់។ មនុស្សបែបនេះ គឺមានពរហើយ។ នេះគឺជាសេចក្ដីតម្រូវដ៏តិចតួចមួយដែលព្រះអម្ចាស់យេស៊ូវមានចំពោះមនុស្ស ហើយវាក៏ជាសេចក្តីព្រមានមួយដល់អ្នកដើរតាមទ្រង់ដែរ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៨០

ព្រះបន្ទូលរបស់ព្រះយេស៊ូវទៅកាន់ពួកសិស្សរបស់ទ្រង់ ក្រោយព្រះអង្គមានព្រះជន្មរស់ពីសុគតឡើងវិញ (អត្ថបទសម្រាំង)

យ៉ូហាន ២១:១៦-១៧ ព្រះ‌អង្គបានមានព្រះ‌បន្ទូលទៅគាត់ជាលើកទីពីរថា៖ ស៊ីម៉ូន កូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ? គាត់ទូលទៅទ្រង់ថា៖ ក្រាបទូលព្រះ‌អម្ចាស់ ព្រះ‌អង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះ‌អង្គ។ ព្រះ‌យេស៊ូវបានមានព្រះ‌បន្ទូលទៅគាត់ថា៖ ចូរឱ្យចំណីហ្វូងចៀមរបស់ខ្ញុំផង។ ព្រះ‌អង្គបានមានព្រះ‌បន្ទូលជាលើកទីបីថា៖ ស៊ីម៉ូន កូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ? ពេត្រុសបានចិត្តព្រួយ ដោយសារតែព្រះ‌អង្គមានព្រះ‌បន្ទូលជាលើកទីបីថា តើអ្នកស្រឡាញ់ខ្ញុំឬទេ? លោកទូលតបទៅព្រះ‌អង្គថា៖ ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គជ្រាបអំពីអ្វីៗទាំងអស់ ហើយទ្រង់ក៏ជ្រាបដែរថា ទូលបង្គំស្រឡាញ់ព្រះ‌អង្គ។ ព្រះ‌យេស៊ូវមានព្រះ‌បន្ទូលទៅគាត់ថា៖ ចូរឱ្យចំណីហ្វូងចៀមរបស់ខ្ញុំផង។

នៅក្នុងកិច្ចសន្ទនានេះ ព្រះអម្ចាស់យេស៊ូវបានសួរទៅកាន់ពេត្រុសម្ដងហើយម្ដងទៀតអំពីសំណួរមួយ៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?» នេះគឺជាបទដ្ឋានដ៏ខ្ពស់មួយដែលព្រះអម្ចាស់យេស៊ូវបានទាមទារពីមនុស្ស ដូចជាពេត្រុស ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ជាមនុស្សដែលជឿលើព្រះគ្រីស្ទយ៉ាងពិតប្រាកដ និងស្វះស្វែងស្រឡាញ់ព្រះអម្ចាស់។ សំណួរនេះគឺជាប្រភេទនៃការស៊ើបអង្កេត និងការសួរដេញដោល ប៉ុន្តែលើសពីនេះទៅទៀត វាក៏ជាការទាមទារចង់បាន និងជាសេចក្តីរំពឹងទុកចំពោះមនុស្ស ដូចជាលោកពេត្រុសដែរ។ ព្រះអម្ចាស់យេស៊ូវបានប្រើប្រាស់វិធីសាស្ត្រនៃការសួរដេញដោលនេះ ដើម្បីឱ្យមនុស្សឆ្លុះកញ្ចក់មើលខ្លួនឯង ដោយសួរថា៖ តើសេចក្ដីតម្រូវរបស់ព្រះអម្ចាស់យេស៊ូវចំពោះមនុស្សមានអ្វីខ្លះ? តើខ្ញុំស្រឡាញ់ព្រះអម្ចាស់ឬទេ? តើខ្ញុំជាបុគ្គលម្នាក់ដែលស្រឡាញ់ព្រះជាម្ចាស់ឬទេ? តើខ្ញុំគួរតែស្រឡាញ់ព្រះជាម្ចាស់យ៉ាងដូចម្ដេច? ទោះបីព្រះអម្ចាស់យេស៊ូវបានសួរសំណួរនេះទៅកាន់ពេត្រុសក៏ដោយ ក៏ការពិតនោះគឺថា តាមរយៈការសួរសំណួរទាំងនេះទៅកាន់ពេត្រុស នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ទ្រង់ចង់ប្រើឱកាសនេះ ដើម្បីសួរសំណួរដូចគ្នានេះទៅមនុស្សកាន់តែច្រើន ដែលព្យាយាមស្រឡាញ់ព្រះជាម្ចាស់ដែរ។ ពេត្រុសពិតជាមានពរណាស់ដែលអាចដើរតួជាអ្នកតំណាងឱ្យមនុស្សប្រភេទនេះ ក្នុងការទទួលសំណួរនេះពីព្រះឱស្ឋរបស់ព្រះអម្ចាស់យេស៊ូវដោយផ្ទាល់នោះ។

បើធៀបទៅនឹងព្រះបន្ទូលដែលព្រះអម្ចាស់យេស៊ូវបានថ្លែងទៅកាន់ថូម៉ាស ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់៖ «លូកដៃអ្នកមកចាក់ឆ្អឹងជំនីរខ្ញុំនៅត្រង់នេះ។ កុំរឹងរូសមិនព្រមជឿដូច្នេះឡើយ ចូរជឿទៅ» ជាមួយសំណួរដដែលៗចំនួនបីដងរបស់ទ្រង់ទៅកាន់លោកពេត្រុស៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?» នោះវាជួយឱ្យមនុស្សកាន់តែដឹងអំពីភាពប្រាកដប្រជានៃអាកប្បកិរិយារបស់ព្រះអម្ចាស់យេស៊ូវ និងភាពបន្ទាន់ដែលទ្រង់មាន ក្នុងអំឡុងពេលនៃការចោទសួររបស់ទ្រង់។ ចំពោះថូម៉ាស ដែលជាអ្នកមានមន្ទិល ជាមួយនឹងនិស្ស័យបោកបញ្ឆោតរបស់គាត់ ព្រះអម្ចាស់យេស៊ូវបានអនុញ្ញាតឱ្យគាត់លូកម្រាមដៃរបស់គាត់ ហើយពាល់ស្នាមដែកគោលនៅក្នុងព្រះកាយរបស់ទ្រង់ ដែលនាំឱ្យគាត់ជឿថា ព្រះអម្ចាស់យេស៊ូវជាបុត្រមនុស្សដែលមានព្រះជន្មរស់ឡើងវិញ និងទទួលស្គាល់អត្តសញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវថាជាព្រះគ្រីស្ទ។ ហើយទោះបីជាព្រះអម្ចាស់យេស៊ូវមិនបានស្ដីបន្ទោសថូម៉ាសខ្លាំងៗ និងមិនបានសម្ដែងការជំនុំជម្រះច្បាស់ៗចំពោះគាត់ក៏ដោយ ប៉ុន្តែទ្រង់បានប្រើសកម្មភាពជាក់ស្ដែង ដើម្បីជួយឱ្យថូម៉ាសដឹងថា ទ្រង់បានយល់ពីគាត់ ខណៈពេលដែលទ្រង់កំពុងតែបង្ហាញអាកប្បកិរិយា និងការតាំងព្រះទ័យរបស់ទ្រង់ចំពោះមនុស្សបែបនេះ។ សេចក្ដីតម្រូវ និងសេចក្តីរំពឹងទុករបស់ព្រះជាម្ចាស់យេស៊ូវចំពោះមនុស្សបែបនោះ មិនអាចត្រូវបានមើលឃើញចេញពីអ្វីដែលទ្រង់មានបន្ទូលឡើយ ព្រោះមនុស្សបែបថូម៉ាសមិនមានសេចក្តីជំនឿដ៏ពិតប្រាកដឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ សេចក្ដីតម្រូវរបស់ព្រះអម្ចាស់យេស៊ូវសម្រាប់ពួកគេ គឺមានកម្រិត ប៉ុន្តែអាកប្បកិរិយាដែលទ្រង់បង្ហាញចំពោះមនុស្សបែបពេត្រុស គឺមានលក្ខណៈខុសគ្នាស្រឡះ។ ទ្រង់មិនបានតម្រូវឱ្យពេត្រុសលូកម្រាមដៃរបស់គាត់មកពាល់ស្នាមដែកគោលរបស់ទ្រង់ ហើយក៏មិនបានមានបន្ទូលទៅកាន់ពេត្រុសថា៖ «កុំរឹងរូសមិនព្រមជឿដូច្នេះឡើយ ចូរជឿទៅ!» ផ្ទុយទៅវិញ ទ្រង់បានសួរលោកពេត្រុសនូវសំណួរដដែលៗ។ សំណួរនេះជាសំណួរចាក់ដោតគំនិត និងមានអត្ថន័យ ជាសំណួរមួយដែលធ្វើឱ្យអ្នកដើរតាមព្រះគ្រីស្ទគ្រប់រូបមានវិប្បដិសារី និងអារម្មណ៍ភ័យខ្លាច ប៉ុន្តែវាក៏នាំឱ្យដឹងពីអារម្មណ៍អន្ទះអន្ទែង និងសោកសៅរបស់ព្រះអម្ចាស់យេស៊ូវដែរ។ ហើយនៅពេលដែលពួកគេមានការឈឺចាប់ និងកំពុងរងទុក្ខយ៉ាងខ្លាំង ពួកគេកាន់តែអាចយល់ពីក្ដីកង្វល់របស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងការយកព្រះទ័យទុកដាក់របស់ទ្រង់។ ពួកគេចាប់ផ្ដើមដឹងអំពីសេចក្ដីបង្រៀនដ៏ស្មោះអស់ពីចិត្ត និងសេចក្ដីតម្រូវដ៏តឹងរ៉ឹងរបស់ទ្រង់ចំពោះមនុស្សដ៏បរិសុទ្ធ និងទៀងត្រង់។ សំណួររបស់ព្រះអម្ចាស់យេស៊ូវជួយឱ្យមនុស្សមានអារម្មណ៍ដឹងថា សេចក្តីរំពឹងទុករបស់ព្រះអម្ចាស់ចំពោះមនុស្សដែលបានបើកសម្ដែងនៅក្នុងព្រះបន្ទូលដ៏សាមញ្ញនេះ គឺមិនគ្រាន់តែជាការជឿ និងការដើរតាមទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានការស្រឡាញ់ព្រះអម្ចាស់ និងព្រះជាម្ចាស់របស់អ្នកដែរ។ សេចក្តីស្រឡាញ់ប្រភេទនេះ គឺជាការយកចិត្តទុកដាក់ និងការស្ដាប់បង្គាប់។ វាជាការដែលមនុស្សរស់នៅសម្រាប់ព្រះជាម្ចាស់ ស៊ូស្លាប់ដើម្បីព្រះជាម្ចាស់ ឧទ្ទិសអ្វីៗគ្រប់យ៉ាងចំពោះព្រះជាម្ចាស់ និងលះបង់ ព្រមទាំងថ្វាយអ្វីៗគ្រប់យ៉ាងសម្រាប់ព្រះជាម្ចាស់។ សេចក្តីស្រឡាញ់ប្រភេទនេះក៏កំពុងតែថ្វាយការកម្សាន្តចិត្តដល់ព្រះជាម្ចាស់ ជួយឱ្យទ្រង់រីករាយនឹងទីបន្ទាល់ និងបានស្ងប់ព្រះទ័យផងដែរ។ វាជាការតបស្នងសងគុណរបស់មនុស្សជាតិចំពោះព្រះជាម្ចាស់ ជាទំនួលខុសត្រូវ កាតព្វកិច្ច និងភារកិច្ចរបស់មនុស្ស ហើយវាជាផ្លូវមួយដែលមនុស្សត្រូវដើរតាមអស់មួយជីវិតរបស់ពួកគេ។ សំណួរទាំងបីនេះគឺជាសេចក្ដីតម្រូវ និងជាការដាស់តឿនដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទៅកាន់ពេត្រុស និងមនុស្សទាំងអស់ដែលទ្រង់នឹងប្រោសឱ្យគ្រប់លក្ខណ៍។ គឺសំណួរទាំងបីនេះហើយដែលបានដឹកនាំ និងជំរុញចិត្តរបស់ពេត្រុសឱ្យដើរតាមមាគ៌ានៅក្នុងជីវិតរបស់គាត់រហូតដល់ទីបញ្ចប់ ហើយគឺសំណួរទាំងបីនៅពេលដែលព្រះអម្ចាស់យេស៊ូវរៀបនឹងចាកចេញនេះហើយ ដែលបាននាំលោកពេត្រុសឱ្យចាប់ផ្ដើមមាគ៌ារបស់គាត់ក្នុងការប្រោសឱ្យគ្រប់លក្ខណ៍ ហើយដោយសារតែសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះអម្ចាស់ សំណួរទាំងនេះបានដឹកនាំគាត់ឱ្យខ្វល់ខ្វាយអំពីព្រះហឫទ័យរបស់ព្រះអម្ចាស់ ស្ដាប់បង្គាប់ព្រះអម្ចាស់ ផ្ដល់ការកម្សាន្តចិត្តដល់ព្រះអម្ចាស់ និងលះបង់ជីវិតរបស់គាត់ទាំងស្រុង ព្រមទាំងអ្វីៗទាំងអស់របស់គាត់ ដោយសារតែសេចក្តីស្រឡាញ់នេះ។

ក្នុងអំឡុងយុគសម័យនៃព្រះគុណ កិច្ចការរបស់ព្រះជាម្ចាស់ផ្តោតជាចម្បងទៅលើមនុស្សពីរប្រភេទ។ ប្រភេទទីមួយជាមនុស្សដែលជឿ និងដើរតាមទ្រង់ ជាអ្នកដែលអាចកាន់តាមបទបញ្ញត្តិ និងលីឈើឆ្កាងបាន និងជាអ្នកដែលអាចកាន់តាមផ្លូវនៃយុគសម័យនៃព្រះគុណបាន។ មនុស្សប្រភេទនេះនឹងទទួលបានព្រះពររបស់ព្រះជាម្ចាស់ ហើយរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់។ មនុស្សប្រភេទទីពីរ គឺដូចជាពេត្រុសដែរ ជាមនុស្សម្នាក់ដែលអាចប្រោសឱ្យគ្រប់លក្ខណ៍បាន។ ដូច្នេះ ក្រោយពេលដែលព្រះអម្ចាស់យេស៊ូវបានមានព្រះជន្មរស់ឡើងវិញ ទ្រង់បានធ្វើកិច្ចការដ៏មានអត្ថន័យបំផុតចំនួនពីរមុនគេបង្អស់។ កិច្ចការនេះត្រូវបានធ្វើជាមួយថូម៉ាស ហើយកិច្ចការទីពីរគឺជាមួយពេត្រុស។ តើកិច្ចការទាំងពីរនេះតំណាងឱ្យអ្វីខ្លះទៅ? តើកិច្ចការទាំងពីរនេះតំណាងឱ្យបំណងព្រះហឫទ័យដ៏ពិតរបស់ព្រះជាម្ចាស់ក្នុងការសង្រ្គោះមនុស្សជាតិដែរឬទេ? តើកិច្ចការទាំងពីរនេះតំណាងឱ្យភាពស្មោះត្រង់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិដែរឬទេ? កិច្ចការដែលទ្រង់បានធ្វើជាមួយថូម៉ាស គឺជាការព្រមានដល់មនុស្សមិនឱ្យក្លាយជាអ្នកចូលចិត្តសង្ស័យ ប៉ុន្តែគឺឱ្យគ្រាន់តែជឿចុះ។ កិច្ចការដែលទ្រង់បានធ្វើជាមួយពេត្រុស គឺជាការពង្រឹងសេចក្តីជំនឿរបស់មនុស្សបែបពេត្រុស និងដើម្បីប្រាប់ឱ្យដឹងច្បាស់អំពីសេចក្ដីតម្រូវរបស់ទ្រង់ដែលមានចំពោះមនុស្សបែបនេះ ដោយបង្ហាញគោលដៅដែលពួកគេគួរតែដេញតាម។

ក្រោយពេលដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ទ្រង់បានលេចមកឱ្យមនុស្សដែលទ្រង់ចាត់ទុកថាសំខាន់បានឃើញ ទ្រង់បានមានបន្ទូលជាមួយពួកគេ ហើយបានប្រាប់ពួកគេអំពីសេចក្ដីតម្រូវរបស់ទ្រង់ ដោយឱ្យពួកគេបានដឹងអំពីបំណងព្រះហឫទ័យ និងសេចក្តីរំពឹងទុករបស់ទ្រង់ចំពោះមនុស្ស។ គឺអាចនិយាយបានថា ក្នុងនាមជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក្តីបារម្ភរបស់ទ្រង់ចំពោះមនុស្សជាតិ និងសេចក្ដីតម្រូវរបស់ទ្រង់ចំពោះមនុស្ស មិនដែលផ្លាស់ប្ដូរឡើយ ហើយវានៅតែដដែល នៅពេលដែលទ្រង់បានគង់នៅក្នុងសាច់ឈាម និងនៅពេលដែលទ្រង់គង់នៅក្នុងរូបកាយខាងវិញ្ញាណរបស់ទ្រង់ ក្រោយពេលដែលទ្រង់បានជាប់ឆ្កាង និងមានព្រះជន្មរស់ឡើងវិញ។ ទ្រង់បានខ្វល់ខ្វាយអំពីពួកសិស្សទាំងនេះ មុនពេលដែលទ្រង់ជាប់ឆ្កាង ហើយនៅក្នុងព្រះហឫទ័យរបស់ទ្រង់ ព្រះអង្គបានជ្រាបដឹងយ៉ាងច្បាស់អំពីសភាពរបស់មនុស្សម្នាក់ៗ ទ្រង់បានយល់អំពីភាពទន់ខ្សោយរបស់មនុស្សម្នាក់ៗ ហើយជាការពិត ការយល់ដឹងរបស់ទ្រង់អំពីមនុស្សគ្រប់រូប ក្រោយពេលដែលទ្រង់បានសុគត បានមានព្រះជន្មរស់ឡើងវិញ និងក្លាយជារូបកាយខាងវិញ្ញាណ គឺដូចគ្នាទៅនឹងពេលដែលទ្រង់គង់នៅក្នុងសាច់ឈាមដែរ។ ទ្រង់បានជ្រាបថា មនុស្សមិនបានដឹងច្បាស់អំពីអត្តសញ្ញាណរបស់ទ្រង់ថា ជាព្រះគ្រីស្ទឡើយ ប៉ុន្តែក្នុងអំឡុងពេលដែលទ្រង់គង់នៅក្នុងសាច់ឈាម ទ្រង់មិនមានការទាមទារដ៏តឹងរ៉ឹងពីមនុស្សឡើយ។ យ៉ាងណាមិញ ក្រោយពេលដែលទ្រង់បានមានព្រះជន្មរស់ឡើងវិញ ទ្រង់បានលេចមកឱ្យពួកគេឃើញ ហើយទ្រង់បានធ្វើឱ្យពួកគេដឹងយ៉ាងប្រាកដថា ព្រះអម្ចាស់យេស៊ូវបានយាងមកពីព្រះជាម្ចាស់ និងដឹងទៀតថា ទ្រង់ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយទ្រង់ប្រើការលេចមក និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់នេះ ជានិមិត្ត និងការជំរុញចិត្តដ៏ខ្ពស់បំផុតសម្រាប់ការដេញតាមអស់មួយជីវិតរបស់មនុស្សជាតិ។ ការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់មិនគ្រាន់តែបានផ្ដល់កម្លាំងដល់អស់អ្នកដែលបានដើរតាមទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែការនេះក៏បានអនុវត្តកិច្ចការនៅយុគសម័យនៃព្រះគុណរបស់ទ្រង់នៅក្នុងចំណោមមនុស្សបានយ៉ាងម៉ឺងម៉ាត់ដែរ ហើយជាលទ្ធផល ដំណឹងល្អអំពីសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់យេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ បានផ្សព្វផ្សាយទៅកាន់គ្រប់ជ្រុងនៃមនុស្សជាតិបន្ដិចម្ដងៗ។ តើអ្នកនឹងនិយាយថា ការលេចមករបស់ព្រះអម្ចាស់យេស៊ូវ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ មានភាពសំខាន់ណាមួយឬទេ? បើអ្នកជាថូម៉ាស ឬជាពេត្រុសនៅគ្រានោះ ហើយអ្នកបានជួបហេតុការណ៍ដូចគ្នានេះនៅក្នុងជីវិតរបស់អ្នក ជាហេតុការណ៍ដ៏មានអត្ថន័យបំផុត តើវានឹងជះឥទ្ធិពលអ្វីខ្លះទៅលើអ្នក? តើអ្នកនឹងមើលឃើញហេតុការណ៍នេះជានិមិត្តដ៏ល្អបំផុត និងធំបំផុតនៃជីវិតរបស់អ្នកដែលជឿលើព្រះជាម្ចាស់ឬ? តើអ្នកនឹងមើលឃើញហេតុការណ៍នេះ ជាកម្លាំងជំរុញចិត្តអ្នក នៅពេលដែលអ្នកដើរតាមព្រះជាម្ចាស់ ស្វះស្វែងខំបំពេញតាមព្រះហឫទ័យរបស់ទ្រង់ និងព្យាយាមស្រឡាញ់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់អ្នកទាំងស្រុងឬ? តើអ្នកនឹងខិតខំប្រឹងប្រែងអស់មួយជីវិត ដើម្បីផ្សព្វផ្សាយអំពីនិមិត្តដ៏ធំបំផុតនេះឬ? តើអ្នកនឹងទទួលយកភារកិច្ចនៃការផ្សព្វផ្សាយសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់យេស៊ូវ ជាបញ្ជាបេសកកម្មមួយមកពីព្រះជាម្ចាស់ឬ? ទោះបីជាអ្នករាល់គ្នាមិនទាន់បានដកពិសោធន៍ហេតុការណ៍នេះក៏ដោយ ប៉ុន្តែឧទាហរណ៍ចំនួនពីររបស់ថូម៉ាស និងពេត្រុសគឺគ្រប់គ្រាន់សម្រាប់មនុស្សសម័យទំនើប ដើម្បីទទួលបានការយល់ដឹងដ៏ច្បាស់លាស់អំពីព្រះជាម្ចាស់ និងអំពីព្រះហឫទ័យរបស់ទ្រង់។ គឺអាចនិយាយបានថា ក្រោយពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ក្រោយពេលដែលទ្រង់បានដកពិសោធន៍ជីវិតដោយផ្ទាល់នៅក្នុងចំណោមមនុស្សជាតិ និងដកពិសោធន៍ដោយផ្ទាល់នូវជីវិតមនុស្ស ហើយក្រោយពេលដែលទ្រង់បានទតឃើញសេចក្តីអាក្រក់របស់មនុស្សជាតិ និងស្ថានភាពនៃជីវិតមនុស្សនៅគ្រានោះ ព្រះជាម្ចាស់ដែលគង់នៅក្នុងសាច់ឈាមបានមានអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីភាពតែលតោល ភាពអាណោចអាធ័ម និងភាពគួរឱ្យអាណិតរបស់មនុស្សជាតិ។ ព្រះជាម្ចាស់កាន់តែមានព្រះទ័យអាណិតអាសូរចំពោះស្ថានភាពរបស់មនុស្ស ដោយសារតែភាពជាមនុស្សដែលទ្រង់មាន ខណៈពេលទ្រង់កំពុងតែមានព្រះជន្មរស់នៅក្នុងសាច់ឈាម ដោយសារតែសភាវៈខាងសាច់ឈាមរបស់ទ្រង់។ ការនេះបាននាំឱ្យទ្រង់មានអារម្មណ៍ខ្វល់ខ្វាយកាន់តែខ្លាំងចំពោះអ្នកដើរតាមរបស់ទ្រង់។ នេះប្រហែលជាអ្វីដែលអ្នករាល់គ្នាមិនអាចយល់បានឡើយ ប៉ុន្តែខ្ញុំអាចពណ៌នាអំពីក្ដីបារម្ភ និងការយកព្រះទ័យទុកដាក់ដែលព្រះជាម្ចាស់គង់ក្នុងសាច់ឈាមមានចំពោះអ្នកដើរតាមគ្រប់រូបរបស់ទ្រង់ ដោយគ្រាន់តែប្រើពាក្យពីរម៉ាត់ប៉ុណ្ណោះ៖ «បារម្ភយ៉ាងខ្លាំង» ទោះបីពាក្យនេះចេញមកពីភាសារបស់មនុស្សក៏ដោយ ហើយទោះបីវាមានលក្ខណៈជាមនុស្សក្ដី ប៉ុន្តែពាក្យនេះពិតជាបង្ហាញ និងពណ៌នាអំពីអារម្មណ៍របស់ព្រះជាម្ចាស់ដែលមានចំពោះអ្នកដើរតាមរបស់ទ្រង់។ ចំពោះការបារម្ភយ៉ាងខ្លាំងរបស់ព្រះជាម្ចាស់ចំពោះមនុស្ស នៅលើដំណើរផ្លូវនៃបទពិសោធរបស់អ្នក នោះអ្នករាល់គ្នានឹងយល់អំពីអារម្មណ៍នេះ និងភ្លក់រសជាតិនៃអារម្មណ៍នេះបន្ដិចម្ដងៗ។ យ៉ាងណាមិញ ការនេះអាចសម្រេចទៅបានតាមរយៈការយល់បន្តិចម្ដងៗអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ដោយឈរលើមូលដ្ឋាននៃការដេញតាមការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នកផ្ទាល់។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានលេចមក វាបានធ្វើឱ្យក្ដីបារម្ភយ៉ាងខ្លាំងរបស់ទ្រង់ដែលមានចំពោះអ្នកដើរតាមរបស់ទ្រង់នៅក្នុងភាពជាមនុស្ស បានសម្ដែងចេញ និងបន្តទៅកាន់រូបកាយខាងវិញ្ញាណរបស់ទ្រង់ ឬក៏អ្នកអាចនិយាយបានថា ទៅកាន់ភាពជាព្រះរបស់ទ្រង់។ ការលេចមករបស់ទ្រង់បានជួយឱ្យមនុស្សដកពិសោធន៍ និងមានអារម្មណ៍ដឹងអំពីក្តីបារម្ភ និងព្រះទ័យទុកដាក់របស់ព្រះជាម្ចាស់ម្ដងទៀត ហើយក៏បញ្ជាក់យ៉ាងច្បាស់ដែរថា ព្រះជាម្ចាស់ជាព្រះដែលផ្ដើមយុគសម័យមួយ ជាព្រះដែលបើកយុគសម័យមួយ ហើយក៏ជាព្រះដែលបិទបញ្ចប់យុគសម័យមួយដែរ។ តាមរយៈការលេចមករបស់ទ្រង់ ព្រះអង្គបានពង្រឹងសេចក្តីជំនឿរបស់មនុស្សទាំងអស់ និងបានបញ្ជាក់ទៅកាន់ពិភពលោកនូវការពិតថា ព្រះអង្គគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ចំណុចនេះបានធ្វើឱ្យអ្នកដើរតាមរបស់ទ្រង់ទទួលបាននូវការបញ្ជាក់ដ៏អស់កល្បជានិច្ច ហើយតាមរយៈការលេចមករបស់ទ្រង់ ព្រះអង្គក៏បានផ្ដើមនូវដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យថ្មីនេះដែរ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៨១

ព្រះយេស៊ូវបរិភោគនំប៉័ង និងពន្យល់អំពីបទគម្ពីរ ក្រោយពេលដែលព្រះអង្គមានព្រះជន្មរស់ពីសុគតឡើងវិញ

លូកា ២៤:៣០-៣២ លុះដល់ពេលជប់លាង ពេលទ្រង់គង់នៅតុអាហារជាមួយគ្នា ព្រះ‌អង្គបានយកនំបុ័ង ហើយក៏ប្រទានពរ រួចកាច់ប្រទានឱ្យគេ។ ហើយភ្នែកគេបើកភ្លឺឡើង ហើយគេក៏បានស្គាល់ទ្រង់ តែព្រះ‌អង្គក៏បាត់ពីភ្នែករបស់គេទៅ។ ហើយពួកគេនិយាយគ្នាថា៖ តើដួងចិត្តរបស់យើងមិនឆេះឆួលទេឬអី ពេលដែលទ្រង់មានព្រះ‌បន្ទូលមកកាន់យើងនៅតាមផ្លូវ និងក្នុងពេលទ្រង់បកស្រាយបទគម្ពីរប្រាប់យើង?

ពួកសិស្សថ្វាយត្រីអាំងដល់ព្រះយេស៊ូវ ដើម្បីបរិភោគ

លូកា ២៤:៣៦-៤៣ ហើយកាលពួកគេកំពុងនិយាយអំពីរឿងទាំងនេះ ព្រះ‌យេស៊ូវក៏បានគង់នៅកណ្ដាលចំណោមពួកគេ ហើយមានព្រះ‌បន្ទូលថា៖ សូមឱ្យសេចក្តីសុខសាន្តកើតមានដល់អ្នករាល់គ្នាចុះ។ ប៉ុន្ដែ ពួកគេបានភ័យតក់ស្លុតជាខ្លាំង ព្រោះគេស្មានថាជាខ្មោចលង។ ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេថា៖ ហេតុអ្វីបានជាអ្នករាល់គ្នាថប់បារម្ភ និងមានចិត្តសង្ស័យដូច្នេះ? ចូរមើលដៃជើងខ្ញុំទៅ ដើម្បីឱ្យប្រាកដថា នេះគឺខ្ញុំមែន។ សាកស្ទាបខ្ញុំមើល៍ ដ្បិតខ្មោចគ្មានសាច់ និងឆ្អឹង ដូចជាអ្នករាល់គ្នាឃើញខ្ញុំនេះទេ។ ពេលទ្រង់មានព្រះ‌បន្ទូលទាំងនេះរួចហើយ ព្រះអង្គក៏បង្ហាញព្រះ‌ហស្ត និងព្រះ‌បាទាទ្រង់ឱ្យគេឃើញ។ កាលពួកគេមិនទាន់ជឿនៅឡើយ ដោយព្រោះតែគេអរផង និងងឿងឆ្ងល់ផង ព្រះ‌អង្គក៏មានព្រះ‌បន្ទូលសួរគេថា៖ នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិ‌ភោគឬទេ? ពួកគេក៏យកត្រីអាំងមួយដុំ និងផ្លិតឃ្មុំមកថ្វាយព្រះ‌អង្គ ហើយព្រះ‌អង្គទទួលយកមកសោយនៅចំពោះមុខពួកគេ។

បន្ទាប់មកទៀត យើងនឹងពិនិត្យមើលទៅលើអត្ថបទគម្ពីរខាងលើ។ អត្ថបទគម្ពីរទីមួយ គឺជាការពណ៌នាអំពីព្រះអម្ចាស់យេស៊ូវដែលកំពុងបរិភោគនំប៉័ង និងកំពុងតែពន្យល់អំពីបទគម្ពីរ ក្រោយទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយអត្ថបទគម្ពីរទីពីរគឺជាពណ៌នាអំពីព្រះអម្ចាស់យេស៊ូវដែលកំពុងតែបរិភោគត្រីអាំង។ តើអត្ថបទគម្ពីរទាំងពីរនេះជួយឱ្យអ្នកដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? តើអ្នកអាចស្រមៃឃើញអំពីរូបភាពដែលអ្នកទទួលបានចេញពីសេចក្តីពណ៌នាទាំងនេះអំពីព្រះអម្ចាស់យេស៊ូវដែលកំពុងបរិភោគនំប៉័ង ហើយបន្ទាប់មក បរិភោគត្រីអាំងដែរឬទេ? តើអ្នកអាចស្រមៃឃើញទេថា បើព្រះអម្ចាស់យេស៊ូវកំពុងតែឈរនៅមុខអ្នករាល់គ្នា កំពុងតែបរិភោគនំប៉័ង តើអ្នកមានអារម្មណ៍ដូចម្ដេចដែរ? ឬប្រសិនបើទ្រង់កំពុងតែបរិភោគរួមតុជាមួយអ្នករាល់គ្នា បរិភោគត្រី និងនំប៉័ងជាមួយមនុស្ស តើអ្នកនឹងមានអារម្មណ៍ដូចម្ដេចដែរនៅពេលនោះ? ប្រសិនបើអ្នកនឹងមានអារម្មណ៍ជិតស្និទ្ធជាមួយព្រះអម្ចាស់ និងមានអារម្មណ៍ថា ទ្រង់មានភាពស្និទ្ធស្នាលជាមួយអ្នក នោះវាជាអារម្មណ៍ត្រឹមត្រូវហើយ។ នេះគឺជាលទ្ធផលដ៏ជាក់ច្បាស់ថា ព្រះអម្ចាស់យេស៊ូវចង់នាំឱ្យមានការបរិភោគនំប៉័ង និងត្រីនៅមុខក្រុមមនុស្ស ក្រោយទ្រង់មានព្រះជន្មរស់ឡើងវិញ។ ប្រសិនបើព្រះអម្ចាស់យេស៊ូវបានមានបន្ទូលជាមួយមនុស្ស ក្រោយទ្រង់មានព្រះជន្មរស់ឡើងវិញ ប្រសិនបើពួកគេមិនអាចមានអារម្មណ៍ដឹងអំពីសាច់ និងឆ្អឹងរបស់ទ្រង់ទេ ប៉ុន្តែ ផ្ទុយទៅវិញ មានអារម្មណ៍ថា ទ្រង់ជាព្រះវិញ្ញាណដែលមិនអាចពាល់បាន តើពួកគេនឹងមានអារម្មណ៍ដូចម្ដេចទៅ? តើពួកគេនឹងមិនត្រូវខកចិត្តទេឬ? ដោយមានអារម្មណ៍ខកចិត្ត តើមនុស្សនឹងមិនមានអារម្មណ៍ថា ទ្រង់បានបោះបង់ពួកគេចោលដែរទេឬ? តើពួកគេនឹងមិនមានអារម្មណ៍ពីគម្លាតរវាងខ្លួនឯង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទទេឬ? តើគម្លាតនេះនឹងបង្កើតឱ្យមានការជះឥទ្ធិពលអវិជ្ជមានអ្វីខ្លះទៅលើទំនាក់ទំនងរបស់មនុស្សជាមួយព្រះជាម្ចាស់? មនុស្សនឹងប្រាកដជាមានអារម្មណ៍ភ័យខ្លាច មិនហ៊ានចូលជិតទ្រង់ឡើយ ហើយជាលទ្ធផល ពួកគេនឹងមានអាកប្បកិរិយាចង់រក្សាគម្លាតនៅឆ្ងាយពីទ្រង់មិនខាន។ ចាប់ពីពេលនោះទៅ ពួកគេនឹងប្រិតប្រៀងទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ពួកគេជាមួយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយវិលត្រលប់ទៅកាន់ទំនាក់ទំនងមួយរវាងមនុស្សជាតិ និងព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដែលមានកាលមុនយុគសម័យនៃព្រះគុណវិញ។ រូបកាយខាងវិញ្ញាណដែលមនុស្សមិនអាចពាល់បាន ឬមានអារម្មណ៍ដឹងនេះ នឹងនាំមកនូវការលុបបំបាត់ភាពស្និទ្ធស្នាលរបស់ពួកគេជាមួយព្រះជាម្ចាស់ ហើយវាក៏នឹងបញ្ចប់ទំនាក់ទំនងស្និទ្ធស្នាល ដែលបានបង្កើតឡើងក្នុងអំឡុងពេលដែលព្រះអម្ចាស់យេស៊ូវគ្រីស្ទបានគង់នៅក្នុងសាច់ឈាម ជាពេលដែលគ្មានគម្លាតរវាងទ្រង់ និងមនុស្សនោះ ត្រូវបញ្ចប់ដែរ។ អារម្មណ៍តែមួយគត់ដែលផុសឡើងនៅក្នុងមនុស្សតាមរយៈរូបកាយខាងវិញ្ញាណ គឺជាអារម្មណ៍ភ័យខ្លាច ការគេចវេះ និងការសម្លក់សម្លឹងដោយឥតមាត់ក។ ពួកគេនឹងមិនហ៊ានចូលជិត ឬចូលរួមសន្ទនាជាមួយទ្រង់ឡើយ ហើយក៏មិនហ៊ានដើរតាម ទុកចិត្ត ឬសម្លឹងមើលទៅកាន់ទ្រង់ដែរ។ ព្រះជាម្ចាស់មិនចង់ទតឃើញមនុស្សមានអារម្មណ៍បែបនេះចំពោះទ្រង់ឡើយ ទ្រង់មិនចង់ទតឃើញមនុស្សគេចវេះពីទ្រង់ ឬដកខ្លួនចេញពីទ្រង់នោះទេ។ ទ្រង់គ្រាន់តែសព្វព្រះហឫទ័យចង់ឱ្យមនុស្សយល់ពីទ្រង់ ចូលជិតទ្រង់ និងក្លាយជាក្រុមគ្រួសាររបស់ទ្រង់ប៉ុណ្ណោះ។ ប្រសិនបើក្រុមគ្រួសាររបស់អ្នក កូនចៅរបស់អ្នកបានឃើញអ្នក ប៉ុន្តែមិនទទួលស្គាល់អ្នក និងមិនហ៊ានចូលជិតអ្នក តែបែរជាចេះតែគេចវេះពីអ្នក ប្រសិនបើអ្នកមិនអាចទទួលបានការយល់ដឹងរបស់ពួកគេសម្រាប់អ្វីៗគ្រប់យ៉ាងដែលអ្នកបានធ្វើសម្រាប់ពួកគេ តើវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ដូចម្ដេចទៅ? តើវានឹងមិនធ្វើឱ្យអ្នកឈឺចាប់ទេឬ? តើអ្នកនឹងមិនខូចចិត្តទេឬ? នោះហើយជាអារម្មណ៍ដែលព្រះជាម្ចាស់មាន នៅពេលដែលមនុស្សគេចវេះពីទ្រង់។ ដូច្នេះ ក្រោយពេលដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ព្រះអម្ចាស់យេស៊ូវនៅតែលេចមកឱ្យមនុស្សបានឃើញនៅក្នុងទម្រង់ជាសាច់ឈាមរបស់ទ្រង់ ហើយទ្រង់នៅតែសោយអាហារជាមួយពួកគេ។ ព្រះជាម្ចាស់ទតឃើញមនុស្សជាក្រុមគ្រួសារមួយ ហើយព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យចង់ឱ្យមនុស្សមើលឃើញទ្រង់ជាព្រះដ៏ជាទីស្រឡាញ់របស់ពួកគេផងដែរ។ គឺមានតែបែបនេះទេ ទើបព្រះជាម្ចាស់អាចទទួលបានមនុស្សយ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបមនុស្សអាចស្រឡាញ់ និងថ្វាយបង្គំព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ឥឡូវនេះ តើអ្នករាល់គ្នាអាចយល់ហើយឬនៅអំពីបំណងរបស់ខ្ញុំនៅក្នុងការដកស្រង់បទគម្ពីរទាំងពីរនេះ ដែលចែងអំពីព្រះអម្ចាស់យេស៊ូវបរិភោគនំប៉័ង និងពន្យល់អំពីបទគម្ពីរ ក្រោយពេលដែលទ្រង់មានព្រះជន្មរស់ឡើងវិញ និងចែងអំពីពួកសិស្សថ្វាយត្រីអាំងឱ្យព្រះយេស៊ូវសោយ?

អាចនិយាយបានថា រឿងជាច្រើនដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូល និងបានធ្វើ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ គឺមានគំនិតស្មោះត្រង់នៅក្នុងនោះ។ រឿងទាំងនេះបានពេញដោយសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់មានចំពោះមនុស្ស ហើយក៏ពេញដោយសេចក្តីថ្នាក់ថ្នម និងការយកព្រះទ័យទុកដាក់ដែលទ្រង់មានចំពោះទំនាក់ទំនងដ៏ស្និទ្ធស្នាលដែលទ្រង់បានបង្កើតឡើងជាមួយមនុស្សជាតិ ក្នុងអំឡុងពេលដែលទ្រង់គង់នៅក្នុងសាច់ឈាមដែរ។ លើសពីនេះទៅទៀត សាច់រឿងទាំងនេះក៏ពេញដោយព្រះទ័យអាឡោះអាល័យ និងការទន្ទឹងចង់សោយអាហារ និងរួមរស់ជាមួយអ្នកដើរតាមទ្រង់ ក្នុងអំឡុងពេលដែលទ្រង់គង់នៅក្នុងសាច់ឈាមផងដែរ។ ដូច្នេះ ព្រះជាម្ចាស់មិនចង់ឱ្យមនុស្សមានអារម្មណ៍ថាមានគម្លាតរវាងព្រះជាម្ចាស់និងមនុស្សឡើយ ហើយទ្រង់ក៏មិនចង់ឱ្យមនុស្សជាតិឃ្លាតចេញពីព្រះជាម្ចាស់នោះដែរ។ លើសពីនេះទៅទៀត ទ្រង់មិនចង់ឱ្យមនុស្សជាតិមានអារម្មណ៍ថា ក្រោយការមានព្រះជន្មរស់ឡើងវិញ ព្រះអម្ចាស់យេស៊ូវលែងជាព្រះអម្ចាស់ដែលធ្លាប់មានទំនាក់ទំនងស្និទ្ធស្នាលជាមួយមនុស្ស មិនចង់ឱ្យគេមានអារម្មណ៍ថា ទ្រង់លែងនៅជាមួយមនុស្សជាតិ ដោយសារតែទ្រង់បានយាងត្រលប់ទៅឯពិភពខាងវិញ្ញាណ ត្រលប់ទៅឯព្រះវរបិតាដែលមនុស្សមិនអាចមើលឃើញ ឬពាល់បាន។ ទ្រង់មិនចង់ឱ្យមនុស្សមានអារម្មណ៍ពីភាពខុសគ្នាណាមួយនៅក្នុងឋានៈដែលបានលេចឡើងរវាងទ្រង់និងមនុស្សជាតិឡើយ។ នៅពេលដែលព្រះជាម្ចាស់ទតឃើញមនុស្សដែលចង់ដើរតាមទ្រង់ តែរក្សាគម្លាតនៅឆ្ងាយពីទ្រង់ ដួងព្រះហឫទ័យរបស់ទ្រង់បានឈឺចាប់ ពីព្រោះនោះមានន័យថា ដួងចិត្តរបស់ពួកគេគឺនៅឆ្ងាយពីទ្រង់ និងមានន័យទៀតថា វានឹងពិបាកខ្លាំងសម្រាប់ទ្រង់ក្នុងការទទួលបានដួងចិត្តរបស់ពួកគេ។ ដូច្នេះ ប្រសិនបើទ្រង់បានលេចមកឱ្យមនុស្សឃើញនៅក្នុងរូបកាយខាងវិញ្ញាណ ដែលពួកគេមិនអាចមើលឃើញ ឬពាល់បាន នោះវានឹងធ្វើឱ្យមនុស្សឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់ម្ដងទៀត ហើយវានឹងនាំឱ្យមនុស្សយល់ច្រឡំចំពោះព្រះគ្រីស្ទ ក្រោយពេលទ្រង់មានព្រះជន្មរស់ឡើងវិញ ដោយចាត់ទុកទ្រង់ថាខ្ពង់ខ្ពស់ ហើយមានលក្ខណៈខុសប្លែកពីមនុស្ស និងជាម្នាក់ដែលលែងរួមតុ ទទួលទានអាហារជាមួយមនុស្ស ដោយសារតែមនុស្សមានបាប និងស្មោកគ្រោក ហើយគេមិនអាចចូលជិតព្រះជាម្ចាស់បានឡើយ។ ដើម្បីលុបបំបាត់ការយល់ច្រឡំរបស់មនុស្សជាតិទាំងអស់នេះ ព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការមួយចំនួនដែលទ្រង់ធ្លាប់បានធ្វើនៅក្នុងសាច់ឈាម ដូចបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរថា៖ «ព្រះ‌អង្គបានយកនំបុ័ង ហើយក៏ប្រទានពរ រួចកាច់ប្រទានឱ្យគេ»។ ទ្រង់ក៏បានពន្យល់បទគម្ពីរទៅពួកគេ ដូចដែលទ្រង់ធ្លាប់បានធ្វើកាលពីអតីតកាល។ គ្រប់កិច្ចការដែលព្រះអម្ចាស់យេស៊ូវបានធ្វើនេះ បានធ្វើឱ្យមនុស្សគ្រប់គ្នាដែលបានឃើញទ្រង់ មានអារម្មណ៍ថា ព្រះអម្ចាស់មិនបានផ្លាស់ប្ដូរឡើយ មានអារម្មណ៍ថា ទ្រង់នៅតែជាព្រះអម្ចាស់យេស៊ូវដដែល។ ទោះបីទ្រង់បានជាប់ឆ្កាង ហើយបានដកពិសោធន៍សេចក្តីស្លាប់ហើយក៏ដោយ ក៏ទ្រង់បានមានព្រះជន្មរស់ឡើងវិញ និងមិនបានចាកចោលមនុស្សជាតិនោះឡើយ។ ទ្រង់បានត្រលប់មកគង់នៅកណ្ដាលចំណោមមនុស្ស ហើយគ្មានអ្វីមួយអំពីទ្រង់ដែលផ្លាស់ប្ដូរឡើយ។ បុត្រមនុស្សដែលកំពុងតែឈរនៅមុខមនុស្ស គឺនៅតែជាព្រះអម្ចាស់យេស៊ូវដដែល។ ឥរិយាបថរបស់ទ្រង់ និងរបៀបនៃការសន្ទនារបស់ទ្រង់ជាមួយមនុស្ស គឺនៅតែដដែល។ ទ្រង់នៅតែជាព្រះពេញដោយសេចក្តីស្រឡាញ់ដ៏សប្បុរស ព្រះគុណ និងការអត់ធ្មត់។ ទ្រង់នៅតែជាព្រះអម្ចាស់យេស៊ូវដែលស្រឡាញ់អ្នកដទៃ ដូចព្រះអង្គស្រឡាញ់អង្គទ្រង់ ដែលអាចអត់ទោសឱ្យមនុស្សជាតិប្រាំពីរចិតសិបដង។ ដូចជាទ្រង់តែងតែធ្វើកាលពីមុន គឺទ្រង់បានសោយអាហារជាមួយមនុស្ស ពិភាក្សាអំពីបទគម្ពីរជាមួយពួកគេ ហើយអ្វីដែលកាន់តែសំខាន់នោះគឺ ដូចកាលគ្រាមុនដែរ ទ្រង់បានចេញមកពីសាច់ឈាម ហើយមនុស្សអាចមើលឃើញ និងប៉ះពាល់ទ្រង់បាន។ បុត្រមនុស្សដែលធ្លាប់ជួយឱ្យមនុស្សមានអារម្មណ៍ស្និទ្ធស្នាល មានអារម្មណ៍ស្រួលចិត្ត និងមានអំណរក្នុងការទទួលបានម្ដងទៀតនូវអ្វីមួយដែលធ្លាប់បានបាត់បង់។ តាមរយៈភាពស្រួលចិត្តយ៉់ាងខ្លាំងនោះ ពួកគេបានចាប់ផ្ដើមពឹងអាង និងសម្លឹងទៅកាន់បុត្រមនុស្សនេះ ដែលអាចអត់ទោសដល់មនុស្សជាតិពីអំពើបាបរបស់ពួកគេ ដោយចិត្តក្លាហាន និងទំនុកចិត្ត។ ពួកគេក៏ចាប់ផ្ដើមអធិស្ឋាននៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ដោយគ្មានចិត្តអល់អែក អធិស្ឋានចង់ទទួលបានព្រះគុណ ព្រះពររបស់ទ្រង់ និងទទួលបានសេចក្តីសុខសាន្ត និងសេចក្តីអំណរពីទ្រង់ ទទួលបានការយកព្រះទ័យទុកដាក់ និងការការពារពីទ្រង់ ហើយពួកគេចាប់ផ្ដើមប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្សនៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៨២

ក្នុងអំឡុងពេលដែលព្រះអម្ចាស់យេស៊ូវបានធ្វើការនៅក្នុងសាច់ឈាម អ្នកដើរតាមទ្រង់ភាគច្រើនមិនអាចផ្ទៀងផ្ទាត់ទាំងស្រុងអំពីអត្តសញ្ញាណរបស់ទ្រង់ និងសេចក្តីដែលទ្រង់បានមានបន្ទូលនោះឡើយ។ នៅពេលដែលទ្រង់កំពុងតែចូលទៅជិតឈើឆ្កាង អាកប្បកិរិយារបស់អ្នកដើរតាមទ្រង់ គឺជាការអង្កេតមើល។ បន្ទាប់មក ចាប់តាំងពីពេលដែលទ្រង់បានជាប់ឆ្កាង រហូតដល់ទ្រង់បានសុគតនៅក្នុងផ្នូរ អាកប្បកិរិយារបស់មនុស្សដែលមានចំពោះទ្រង់ គឺជាការខកចិត្ត។ ក្នុងអំឡុងពេលនេះ មនុស្សបានចាប់ផ្ដើមចេញពីការមានភាពសង្ស័យក្នុងចិត្តរបស់ពួកគេទៅលើសេចក្តីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូល ក្នុងអំឡុងពេលដែលទ្រង់គង់នៅក្នុងសាច់ឈាម ទៅរកការបដិសេធសេចក្តីទាំងនោះទាំងស្រុងតែម្ដង។ បន្ទាប់មក នៅពេលដែលទ្រង់បានយាងចេញពីផ្នូរ ហើយបានលេចមកឱ្យពួកគេបានឃើញម្ដងមួយៗ នោះមនុស្សភាគច្រើនដែលបានឃើញទ្រង់ផ្ទាល់នឹងភ្នែក ឬបានឮដំណឹងអំពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ក៏ចាប់ផ្ដើមប្ដូរអាកប្បកិរិយារបស់ពួកគេបន្ដិចម្ដងៗ ពីការបដិសេធទៅរកភាពសង្ស័យវិញ។ ទាល់តែនៅពេលដែលព្រះអម្ចាស់យេស៊ូវបានឱ្យថូម៉ាសលូកម្រាមដៃរបស់គាត់ពាល់ឆ្អឹងជំនីររបស់ទ្រង់ និងនៅពេលដែលទ្រង់បានកាច់នំប៉័ង ហើយសោយអាហារនៅមុខបណ្ដាជន ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ហើយបន្ទាប់មក បន្តសោយត្រីអាំងនៅមុខពួកគេប៉ុណ្ណោះ ទើបពួកគេបានទទួលយកការពិតថា ព្រះអម្ចាស់យេស៊ូវពិតជាព្រះគ្រីស្ទដែលគង់នៅក្នុងសាច់ឈាមមែន។ អ្នកអាចនិយាយបានថា មើលទៅដូចជារូបកាយនៃសាច់ និងឈាមខាងវិញ្ញាណនេះកំពុងតែឈរនៅមុខមនុស្សទាំងនោះ ដែលកំពុងតែដាស់ពួកគេម្នាក់ៗឱ្យភ្ញាក់ផ្អើលពីសុបិនអ៊ីចឹង៖ បុត្រមនុស្សដែលកំពុងតែឈរនៅមុខពួកគេ គឺជាព្រះដែលបានមានព្រះជន្មរស់តាំងពីយូរយារណាស់មកហើយ។ ទ្រង់មានរូបរាង មានសាច់ និងឆ្អឹង ហើយទ្រង់ក៏បានរស់នៅ និងសោយអាហាររួមជាមួយមនុស្សជាតិអស់រយៈពេលជាយូរឆ្នាំមកហើយដែរ...។ នៅពេលនេះ មនុស្សមានអារម្មណ៍ថា អត្ថិភាពរបស់ទ្រង់គឺជាការពិត និងពិតជាអស្ចារ្យណាស់។ នៅពេលដូចគ្នានោះ ពួកគេក៏មានអំណរ ហើយចិត្តរីករាយ និងមានអារម្មណ៍រំជើបរំជួលយ៉ាងខ្លាំងដែរ។ ការលេចមកនេះបានជួយឱ្យមនុស្សមើលឃើញពីការបន្ទាបអង្គទ្រង់របស់ទ្រង់ មានអារម្មណ៍ដឹងអំពីភាពស្និទ្ធស្នាល និងការជំពាក់ព្រះទ័យរបស់ទ្រង់ចំពោះមនុស្សជាតិ ព្រមទាំងមានអារម្មណ៍ដឹងអំពីទំហំដែលទ្រង់បានគិតគូរអំពីពួកគេ។ ការជួបជុំដ៏ខ្លីនេះបានធ្វើឱ្យមនុស្សដែលបានឃើញព្រះអម្ចាស់យេស៊ូវ មានអារម្មណ៍ថា ឆាកជីវិតនេះបានកន្លងផុតទៅហើយ។ ដួងចិត្តដែលធ្លាប់បាត់បង់ ច្របូកច្របល់ ភ័យខ្លាច អន្ទះសា ស្រេកឃ្លាន និងស្ពឹកស្រពន់របស់ពួកគេ ទទួលបានការកម្សាន្តចិត្ត។ ពួកគេលែងសង្ស័យ ឬខកចិត្តទៀតហើយ ដោយសារតែពួកគេមានអារម្មណ៍ថា ឥឡូវនេះ គេមានសេចក្តីសង្ឃឹម និងមានអ្វីដែលពួកគេអាចពឹងពាក់បានហើយ។ ដូច្នេះ បុត្រមនុស្សដែលបានឈរនៅចំពោះមុខពួកគេ នឹងក្លាយជាខ្នងបង្អែករបស់ពួកគេជារៀងរហូត។ ទ្រង់នឹងក្លាយជាប៉មដ៏រឹងមាំរបស់ពួកគេ ជាជម្រករបស់ពួកគេអស់កល្បជានិច្ច។

ទោះបីព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញក៏ដោយ ក៏ព្រះហឫទ័យ និងកិច្ចការរបស់ទ្រង់មិនបានចាកចោលមនុស្សជាតិឡើយ។ តាមរយៈការលេចមកឱ្យមនុស្សបានឃើញ ទ្រង់បានមានបន្ទូលប្រាប់ពួកគេថា ទោះបីទ្រង់បានគង់នៅក្នុងទម្រង់អ្វីក៏ដោយ ក៏ទ្រង់នឹងនៅតាមការពារមនុស្ស យើងជាមួយពួកគេ និងគង់នៅជាមួយពួកគេគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែរ។ ទ្រង់បានមានបន្ទូលប្រាប់ពួកគេថា នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ទ្រង់នឹងផ្គត់ផ្គង់ដល់មនុស្សជាតិ និងតាមមើលថែពួកគេ អនុញ្ញាតឱ្យពួកគេមើលឃើញ និងប៉ះពាល់ទ្រង់ ហើយធានាថា ពួកគេនឹងមិនមានអារម្មណ៍តែលតោលម្ដងទៀតឡើយ។ ព្រះអម្ចាស់យេស៊ូវក៏សព្វព្រះហឫទ័យចង់ឱ្យមនុស្សដឹងថា ពួកគេមិនរស់នៅតែម្នាក់ឯងនៅក្នុងលោកនេះឡើយ។ មនុស្សជាតិមាននូវការមើលថែរបស់ព្រះជាម្ចាស់ ហើយព្រះអម្ចាស់គង់នៅជាមួយពួកគេ។ ពួកគេតែងតែអាចពឹងអាងលើព្រះជាម្ចាស់បានជានិច្ច ហើយទ្រង់ជាគ្រួសារដល់អ្នកដើរតាមទ្រង់គ្រប់គ្នា។ ដោយមានព្រះជាម្ចាស់ជាទីពំនាក់ មនុស្សជាតិនឹងលែងមានអារម្មណ៍ឯកោ ឬតែលតោល ហើយអស់អ្នកដែលទទួលយកទ្រង់ ជាតង្វាយលោះបាបរបស់ពួកគេ នឹងលែងជាប់នៅក្នុងបាបតទៅទៀតហើយ។ នៅក្នុងភ្នែករបស់មនុស្ស ចំណែកនៃកិច្ចការដែលព្រះអម្ចាស់យេស៊ូវបានអនុវត្ត ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ទាំងនេះ គឺជាកិច្ចការតូចតាចបំផុត ប៉ុន្តែរបៀបដែលខ្ញុំមើលឃើញនោះគឺថា គ្រប់កិច្ចការដែលទ្រង់បានធ្វើ សុទ្ធតែមានន័យ មានតម្លៃ សំខាន់ និងពេញដោយសារៈសំខាន់។

ទោះបីពេលវេលានៃការធ្វើការនៅក្នុងសាច់ឈាមរបស់ព្រះអម្ចាស់យេស៊ូវ មានពេញដោយទុក្ខលំបាក និងទុក្ខវេទនាក៏ដោយ ក៏ទ្រង់សម្រេចបានទាំងស្រុង និងបានយ៉ាងគ្រប់លក្ខណ៍នូវកិច្ចការរបស់ទ្រង់កាលគ្រាដែលទ្រង់គង់នៅខាងក្នុងសាច់ឈាម ដើម្បីប្រោសលោះមនុស្សជាតិ តាមរយៈការលេចមកនៅក្នុងរូបកាយខាងវិញ្ញាណនៃសាច់ និងឈាមរបស់ទ្រង់។ ទ្រង់បានចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ តាមរយៈការត្រលប់ជាសាច់ឈាម ហើយទ្រង់បានបញ្ចប់ព័ន្ធកិច្ចរបស់ទ្រង់ តាមរយៈការលេចមកឱ្យមនុស្សជាតិបានឃើញនៅក្នុងទម្រង់ខាងសាច់ឈាមរបស់ទ្រង់។ ទ្រង់បានប្រកាសអំពីយុគសម័យនៃព្រះគុណ ដោយចាប់ផ្ដើមយុគសម័យមួយថ្មី តាមរយៈអត្តសញ្ញាណរបស់ទ្រង់ជាព្រះគ្រីស្ទ។ តាមរយៈអត្តសញ្ញាណរបស់ទ្រង់ជាព្រះគ្រីស្ទ ទ្រង់បានអនុវត្តកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណ ហើយទ្រង់បានពង្រឹង និងដឹកនាំអ្នកដើរតាមទ្រង់ទាំងអស់នៅក្នុងយុគសម័យនៃព្រះគុណ។ គឺអាចនិយាយបានថា ទ្រង់ពិតជាបានបញ្ចប់កិច្ចការរបស់ព្រះជាម្ចាស់ ដែលទ្រង់បានចាប់ផ្ដើម។ វាមាននូវជំហាន និងផែនការ ហើយកិច្ចការនេះក៏ពេញដោយព្រះប្រាជ្ញាញាណ សព្វានុភាព ទង្វើដ៏អស្ចារ្យរបស់ទ្រង់ និងសេចក្តីស្រឡាញ់ ព្រមទាំងសេចក្តីមេត្តាករុណារបស់ទ្រង់ដែរ។ ជាការពិត រឿងដ៏សំខាន់ដែលមាននៅទូទាំងកិច្ចការរបស់ព្រះជាម្ចាស់ គឺជាការមើលថែរបស់ទ្រង់ចំពោះមនុស្សជាតិ ព្រោះព្រះហឫទ័យរបស់ទ្រង់បានពេញដោយក្តីបារម្ភដែលទ្រង់មិនអាចបោះចោលបានឡើយ។ នៅក្នុងខគម្ពីរទាំងនេះ នៅក្នុងគ្រប់កិច្ចការដែលព្រះអម្ចាស់យេស៊ូវបានធ្វើ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ សេចក្តីសង្ឃឹម និងក្ដីបារម្ភដ៏មិនផ្លាស់ប្រែរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ត្រូវបានបើកសម្ដែង ហើយការយកព្រះទ័យទុកដាក់ និងសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សជាតិ ក៏ត្រូវបានលាតត្រដាងដែរ។ គ្មានអ្វីមួយបានផ្លាស់ប្ដូរឡើយ តាំងពីដើមរហូតដល់ពេលបច្ចុប្បន្ន គឺនៅតែដដែល។ តើអ្នករាល់គ្នាមើលឃើញអំពីការនេះឬទេ? នៅពេលដែលអ្នករាល់គ្នាមើលឃើញការនេះ តើដួងចិត្តរបស់អ្នករាល់គ្នាមិនស្រូបចូលកាន់តែជិតព្រះជាម្ចាស់ទាំងមិនដឹងខ្លួនទេឬ? ប្រសិនបើអ្នករាល់គ្នាបានរស់នៅក្នុងយុគសម័យនោះ ហើយព្រះអម្ចាស់យេស៊ូវបានលេចមកឱ្យអ្នកបានឃើញ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់នៅក្នុងទម្រង់រូបិយ ហើយប្រសិនបើទ្រង់បានគង់នៅពីមុខអ្នក សោយនំប៉័ង និងត្រី ហើយពន្យល់អំពីបទគម្ពីរដល់អ្នករាល់គ្នា និងមានបន្ទូលជាមួយអ្នករាល់គ្នា តើអ្នករាល់គ្នានឹងមានអារម្មណ៍ដូចម្ដេចដែរ? តើអ្នកនឹងមានអារម្មណ៍រីករាយដែរឬទេ? ឬក៏អ្នកនឹងមានអារម្មណ៍ពិរុទ្ធ? ការយល់ច្រឡំ និងការគេចចេញពីព្រះជាម្ចាស់កាលពីអតីតកាល ជម្លោះ និងភាពសង្ស័យលើព្រះជាម្ចាស់ តើអ្វីៗទាំងអស់មិនត្រូវរលាយបាត់ទេឬអី? តើទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្សនឹងមិនកាន់តែមានភាពធម្មតា និងត្រឹមត្រូវទេឬ?

តាមរយៈការបកស្រាយជំពូកដ៏តិចតួចនៃព្រះគម្ពីរ តើអ្នករាល់គ្នារកឃើញគុណវិបត្តិណាមួយនៅក្នុងនិស្ស័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នករាល់គ្នាឃើញមានសេចក្តីមិនបរិសុទ្ធណាមួយនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នករាល់គ្នាមើលឃើញសេចក្តីបញ្ឆោត ឬការអាក្រក់ណាមួយនៅក្នុងសព្វានុភាព ឬព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ឬទេ? គឺប្រាកដជាគ្មានឡើយ! ឥឡូវនេះ តើអ្នករាល់គ្នាអាចនិយាយយ៉ាងប្រាកដថា ព្រះជាម្ចាស់ទ្រង់បរិសុទ្ធដែរឬទេ? តើអ្នកអាចនិយាយយ៉ាងប្រាកដថា អារម្មណ៍នីមួយៗរបស់ព្រះជាម្ចាស់ គឺជាការបើកសម្ដែងអំពីសារជាតិ និងនិស្ស័យរបស់ទ្រង់ដែរឬទេ? ខ្ញុំសង្ឃឹមថា ក្រោយពេលអ្នករាល់គ្នាបានអានព្រះបន្ទូលទាំងនេះហើយ ការយល់ដឹងដែលអ្នករាល់គ្នាទទួលបានពីព្រះបន្ទូលទាំងនេះ នឹងជួយដល់អ្នក ហើយផ្ដល់ជាប្រយោជន៍ដល់អ្នកនៅក្នុងការដេញតាមចង់បានការផ្លាស់ប្ដូរមួយនៅក្នុងនិស្ស័យ និងការកោតខ្លាចព្រះជាម្ចាស់ ហើយសង្ឃឹមថា វានឹងបង្កើតផលផ្លែនៅក្នុងអ្នករាល់គ្នា ជាផលផ្លែដែលចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះ នៅក្នុងដំណើរការនៃការដេញតាមនេះ អ្នករាល់គ្នានឹងចូលទៅកាន់តែជិតព្រះជាម្ចាស់ ព្រមទាំងចូលកាន់តែជិតបទដ្ឋានដែលព្រះជាម្ចាស់តម្រូវទុកដែរ។ អ្នកនឹងលែងធុញទ្រាន់ក្នុងការដេញតាមសេចក្តីពិតព្រមទាំងលែងមានអារម្មណ៍ថា ការដេញតាមសេចក្តីពិត និងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យ គឺជារឿងក្ដៅក្រហាយ ឬជាបន្ទុកដ៏លើសលប់ទៀតហើយ។ ផ្ទុយទៅវិញ ដោយទទួលបានការជំរុញចិត្តពីការបង្ហាញនិស្ស័យដ៏ពិតរបស់ព្រះជាម្ចាស់ និងសារជាតិដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ អ្នករាល់គ្នានឹងទន្ទឹងចង់បានពន្លឺ ចង់បានសេចក្តីយុត្តិធម៌ ចង់ដេញតាមសេចក្តីពិត ដេញតាមការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងក្លាយជាបុគ្គលម្នាក់ដែលព្រះជាម្ចាស់បានទទួល ពោលគឺក្លាយជាមនុស្សដ៏ពិតម្នាក់។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ខាង​ដើម៖ ការស្គាល់ព្រះជាម្ចាស់ I

បន្ទាប់៖ ការស្គាល់ព្រះជាម្ចាស់ III

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ