បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (១)
កិច្ចការរបស់ខ្ញុំនឹងត្រូវបានបញ្ចប់ឆាប់ៗនេះ ហើយរយៈពេលជាច្រើនឆ្នាំជាមួយគ្នានេះ បានក្លាយជាការចងចាំដែលមិនអាចទ្រាំទ្របាន។ ខ្ញុំបាននិយាយបន្ទូលរបស់ខ្ញុំដដែលៗឥតឈប់ឈរ ហើយបានលាតត្រដាងកិច្ចការថ្មីរបស់ខ្ញុំជានិច្ច។ ពិតណាស់ ដំបូន្មានរបស់ខ្ញុំ គឺជាធាតុផ្សំដ៏ចាំបាច់នៃចំណែកកិច្ចការនីមួយៗដែលខ្ញុំធ្វើ។ ដោយគ្មានពាក្យទូន្មានរបស់ខ្ញុំ អ្នករាល់គ្នាមុខជាបែកឆ្វេង ថែមទាំងយល់ឃើញថា ខ្លួនឯងវង្វេងទាំងស្រុងផង។ កិច្ចការរបស់ខ្ញុំពេលនេះ គឺជិតនឹងបញ្ចប់ហើយ ក៏ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយដែរ។ ខ្ញុំនៅតែចង់ធ្វើកិច្ចការនៃការផ្ដល់ដំបូន្មាន ពោលគឺ ផ្ដល់នូវពាក្យទូន្មានសម្រាប់ឱ្យអ្នករាល់គ្នាស្ដាប់។ ខ្ញុំគ្រាន់តែសង្ឃឹមថា អ្នករាល់គ្នាមិនអាចបណ្ដោយឱ្យការឈឺចាប់ដែលខ្ញុំបានទទួលយកនេះ នឹងទៅជាអសារបង់នោះទេហើយជាងនេះទៅទៀត ខ្ញុំសង្ឃឹមថា អ្នកអាចយល់ពីការយកទុកដាក់ដ៏ប្រិតប្រៀនដែលខ្ញុំមាន និងចាត់ទុកបន្ទូលរបស់ខ្ញុំជាគ្រឹះសម្រាប់របៀបដែលអ្នកប្រព្រឹត្តខ្លួនក្នុងនាមជាមនុស្ស។ ទោះបីជាព្រះបន្ទូលនេះ មិនមែនជាប្រភេទបន្ទូលដែលអ្នករាល់គ្នាព្រមស្ដាប់ ទោះបីជាអ្នករាល់គ្នាមិនពេញចិត្តនឹងការទទួលយកព្រះបន្ទូលទាំងនេះ ឬអាចទទួលបន្ទូលនេះបានទាំងមិនស្រណុកចិត្ត ក៏អ្នករាល់គ្នាត្រូវតែចាត់ទុកបន្ទូលទាំងនេះជាព្រះបន្ទូលដ៏សំខាន់ដែរ។ ពុំនោះទេ និស្ស័យ និងចរិយាឥតព្រៀងនិងឥតខ្វល់ខ្វាយរបស់អ្នករាល់គ្នា នឹងធ្វើឱ្យខ្ញុំព្រួយចិត្តជាខ្លាំង ហើយស្អប់ខ្ពើមខ្ញុំខ្លាំងទៀតផង។ ខ្ញុំសង្ឃឹមជាខ្លាំងថា អ្នករាល់គ្នាអាចអានព្រះបន្ទូលខ្ញុំម្ដងហើយម្ដងទៀតរាប់ពាន់ដង និងសង្ឃឹមថា អ្នករាល់គ្នាថែមទាំងអាចចាំព្រះបន្ទូលទាំងនេះទុកក្នុងចិត្ត។ មានតែវិធីនេះទេ ទើបអ្នកមិនអាចធ្វើឱ្យខកខុសពីការរំពឹងរបស់ខ្ញុំចំពោះអ្នករាល់គ្នាបាន។ យ៉ាងណាមិញ ពេលនេះ គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាកំពុងរស់ក្នុងសភាពនេះទេ។ ផ្ទុយទៅវិញ អ្នករាល់គ្នាសុទ្ធតែលង់ក្នុងជីវិតដែលខុសគន្លងធម៌ ជាជីវិតនៃការផឹកស៊ីតាមទំនើងចិត្ត ហើយគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាប្រើព្រះបន្ទូលរបស់ខ្ញុំចម្រើនដួងចិត្ត និងព្រលឹងរបស់អ្នកឡើយ។ ដោយព្រោះហេតុនេះហើយ ទើបខ្ញុំចាប់ផ្ដើមសន្និដ្ឋានអំពីមុខមាត់ពិតរបស់មនុស្សជាតិថា៖ មនុស្សអាចក្បត់ខ្ញុំពេលណាក៏បាន ហើយគ្មាននរណាម្នាក់ស្មោះត្រង់នឹងព្រះបន្ទូលរបស់ខ្ញុំទាំងស្រុងឡើយ។
«មនុស្សត្រូវសាតាំងធ្វើឱ្យពុករលួយ រហូតដល់ថ្នាក់គេលែងមានអការៈខាងក្រៅជាមនុស្សទៀតហើយ»។ ពេលនេះ មនុស្សភាគច្រើនទទួលស្គាល់សម្ដីមួយឃ្លានេះយ៉ាងទូលំទូលាយ។ ខ្ញុំនិយាយដូច្នេះ ពីព្រោះ «ការទទួលស្គាល់» ដែលខ្ញុំនិយាយនេះ គឺគ្រាន់តែជាការទទួលស្គាល់លំៗ ដែលផ្ទុយនឹងចំណេះដឹងពិតតែប៉ុណ្ណោះ។ ដោយសារគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចវាយតម្លៃខ្លួនឯងបានសុក្រឹត្យ ឬវិភាគខ្លួនឯងឱ្យបានហ្មត់ចត់ ទើបអ្នករាល់គ្នានៅតែសង្ស័យលើព្រះបន្ទូលរបស់ខ្ញុំ។ តែពេលនេះ ខ្ញុំកំពុងប្រើហេតុពិតមកពន្យល់ពីបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលមាននៅក្នុងអ្នករាល់គ្នា។ បញ្ហានោះ គឺអំពើក្បត់។ អ្នកទាំងអស់គ្នាសុទ្ធតែស្គាល់ពាក្យថា «អំពើក្បត់» ដ្បិតមនុស្សភាគច្រើនសុទ្ធតែធ្វើនូវទង្វើខ្លះដែលក្បត់នឹងអ្នកដទៃ ដូចជាប្ដីក្បត់ប្រពន្ធរបស់ខ្លួន ប្រពន្ធក្បត់ប្ដីរបស់ខ្លួន កូនប្រុសក្បត់ឪពុករបស់ខ្លួន កូនស្រីក្បត់ម្ដាយរបស់ខ្លួន ទាសករក្បត់ចៅហ្វាយរបស់ខ្លួន មិត្តភក្ដិក្បត់គ្នាទៅវិញទៅមក សាច់ញាតិក្បត់គ្នាទៅវិញទៅមក អ្នកលក់ក្បត់អ្នកទិញ ។ល។ ឧទាហរណ៍ទាំងអស់នេះ សុទ្ធតែមានសារជាតិនៃអំពើក្បត់។ និយាយឱ្យខ្លី អំពើក្បត់គឺជាទម្រង់នៃអកប្បកិរិយាដែលបំពានសន្យា ល្មើសនឹងគោលការណ៍សីលធម៌ ឬទង្វើផ្ទុយទៅនឹងក្រមសីលធម៌របស់មនុស្ស ដោយបង្ហាញនូវការបាត់បង់ភាពជាមនុស្ស។ និយាយជារួម ក្នុងនាមជាមនុស្សដែលកើតមកក្នុងលោកនេះ អ្នកនឹងបានធ្វើនូវទង្វើដែលបង្កើតបានជាអំពើក្បត់នឹងសេចក្ដីពិត បើទោះបីជាអ្នកនឹកចាំពីការដែលអ្នកធ្លាប់ប្រព្រឹត្តអំពើក្បត់នឹងនរណាម្នាក់ផ្សេងទៀត ឬអ្នកធ្លាប់ក្បត់អ្នកដទៃពីមុនមកច្រើនដងក៏ដោយ។ ដោយព្រោះអ្នកអាចក្បត់ទាំងឪពុកម្ដាយ ឬមិត្តភក្ដិរបស់អ្នក នោះអ្នកក៏អាចក្បត់អ្នកដទៃបានដែរ ហើយជាងនេះទៀត អ្នកក៏អាចក្បត់ខ្ញុំ ហើយប្រព្រឹត្តនូវទង្វើដែលខ្ញុំស្អប់ទៀតផង។ អាចនិយាយម្យ៉ាងទៀតបានថា អំពើក្បត់គឺមិនគ្រាន់តែជាឥរិយាបថអសីលធម៌បែបលំៗនោះទេ តែវាជាទង្វើដែល ផ្ទុយនឹងសេចក្ដីពិត។ ប្រាកដណាស់ នេះគឺជាប្រភពនៃការតតាំង និងចរិតរឹងចចេសរបស់មនុស្សជាតិចំពោះខ្ញុំ។ ដូច្នេះហើយទើបខ្ញុំសង្ខេបជាសម្ដីយ៉ាងខ្លីដូចតទៅថា៖ អំពើក្បត់គឺជាធម្មជាតិរបស់មនុស្ស ហើយធម្មជាតិនេះ គឺជាខ្មាំងនៃភាពចុះសម្រុងដែលបុគ្គលម្នាក់ៗមានចំពោះខ្ញុំ។
ឥរិយាបថដែលមិនអាចស្ដាប់បង្គាប់ខ្ញុំទាំងស្រុង គឺជាអំពើក្បត់ហើយ។ ឥរិយាបថដែលមិនអាចស្មោះត្រង់នឹងខ្ញុំ គឺជាអំពើក្បត់ហើយ។ ការបោកប្រាស់ខ្ញុំ និងការប្រើពាក្យកុហកដើម្បីបោកប្រាស់ខ្ញុំ គឺជាអំពើក្បត់ហើយ។ ការលាក់ទុកនូវសញ្ញាណជាច្រើន ហើយផ្សព្វផ្សាយពីសញ្ញាណនោះទៅគ្រប់ទីកន្លែង គឺជាអំពើក្បត់ហើយ។ ការដែលមិនអាចកាន់ខ្ជាប់តាមទីបន្ទាល់ និងផលប្រយោជន៍របស់ខ្ញុំ គឺជាអំពើក្បត់ហើយ។ ការផ្ដល់នូវស្នាមញញឹមក្លែងក្លាយ ពេលដែលដួងចិត្តនៅឆ្ងាយពីខ្ញុំ នោះក៏ជាអំពើក្បត់ដែរ។ ទាំងអស់នេះ សុទ្ធតែជាអំពើក្បត់ដែលអ្នករាល់គ្នាតែងតែអាចធ្វើទៅរួច ហើយទង្វើនេះ គឺជារឿងធម្មតានៅក្នុងចំណោមអ្នករាល់គ្នា។ គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាអាចនឹងគិតថា ទង្វើនេះគឺជាបញ្ហានោះឡើយ ប៉ុន្តែនោះមិនមែនជាអ្វីដែលខ្ញុំគិតនោះទេ។ ខ្ញុំមិនអាចចាត់ទុកអំពើក្បត់របស់បុគ្គលណាម្នាក់ គឺជារឿងលេងសើចនោះឡើយ ហើយខ្ញុំក៏ប្រាកដជាមិនអាចព្រងើយកន្តើយនឹងរឿងនេះដែរ។ បច្ចុប្បន្ននេះ កាលខ្ញុំកំពុងធ្វើការក្នុងចំណោមអ្នករាល់គ្នា អ្នករាល់គ្នាមានកិរិយាបែបនេះ ប្រសិនបើថ្ងៃនោះមកដល់ ពេលគ្មាននរណាឃ្លាំមើលអ្នករាល់គ្នា តើអ្នករាល់គ្នាមិនប្រៀបបានទៅនឹងចោរដែលបានប្រកាសថា ខ្លួនឯងជាស្ដេចនៃភ្នំតូចៗរបស់ពួកគេទេឬអី? នៅពេលដែលរឿងនោះកើតឡើង ហើយអ្នករាល់គ្នាបានបង្កនូវចលាចល តើនរណាជាអ្នកដោះស្រាយបញ្ហានេះបន្ទាប់ពីអ្នក? អ្នករាល់គ្នាគិតថា អំពើក្បត់ខ្លះគ្រាន់តែជារឿងហេតុចៃដន្យម្ដងម្កាល មិនមែនជាឥរិយាបថអចិន្ត្រៃយ៍របស់អ្នករាល់គ្នាទេ ហើយក៏មិនសមនឹងយកមកពិភាក្សាដោយភាពតឹងរ៉ឹងថ្នាក់ហ្នឹង គឺដល់ថ្នាក់ត្រូវបង្ខូចដល់សេចក្ដីអំណួតរបស់អ្នករាល់គ្នាដែរ។ ប្រសិនបើអ្នករាល់គ្នាពិតជាគិតដូច្នេះ នោះអ្នករាល់គ្នាខ្វះសតិហើយ។ ការគិតដូច្នេះ គឺធ្វើជាសំណាក និងជាគំរូនៃការបះបោរហើយ។ ធម្មជាតិរបស់មនុស្ស គឺជាជីវិតរបស់គេ វាគឺជាគោលការណ៍មួលដែលគេពឹងអាង ដើម្បីរក្សាជីវិត ហើយគេមិនអាចផ្លាស់ប្ដូរវាបានឡើយ។ ចូរយកធម្មជាតិនៃអំពើក្បត់ធ្វើជាឧទាហរណ៍។ ប្រសិនបើអ្នកអាចធ្វើរឿងអ្វីម្យ៉ាង ដើម្បីក្បត់សាច់ញាតិ ឬមិត្តភក្តិនោះបង្ហាញថា វាជាផ្នែកមួយនៃជីវិតរបស់អ្នករាល់គ្នា និងជាធម្មជាតិមួយ ដែលអ្នកមានស្រាប់តាំងពីកំណើតមក។ នេះគឺជារឿងមួយដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។ ឧទាហរណ៍ ប្រសិនបើបុគ្គលម្នាក់សប្បាយនឹងលួចគេ នោះ ភាពរីករាយនឹងការលួចនេះ គឺជាផ្នែកមួយនៃជីវិតរបស់គេ ទោះបីជាគេលួចរបស់អ្វី ឬមិនលួចរបស់អ្វីក៏ដោយ។ ទោះបីជាគេលួច ឬមិនលួច ក៏វាមិនអាចបញ្ជាក់ថា ទង្វើលួចរបស់គេនេះ គ្រាន់តែជាឥរិយាបថមួយប្រភេទរបស់គេបានឡើយ។ ផ្ទុយទៅវិញ វាបញ្ជាក់ថា វាគឺជាចំណែកមួយនៃជីវិតរបស់គេ ពោលគឺជាធម្មជាតិរបស់គេតែម្ដង។ អ្នកខ្លះនឹងសួរថា៖ ដោយសារវាជាធម្មជាតិរបស់គេ ចុះហេតុអ្វីក៏នៅពេលដែលពួកគេឃើញរបស់ល្អៗ ពេលខ្លះពួកគេមិនព្រមលួច? ចម្លើយគឺសាមញ្ញបំផុត។ មានហេតុផលជាច្រើនដែលគេមិនលួច។ ពួកគេអាចនឹងមិនលួចរបស់ខ្លះ ដោយសារតែរបស់ដែលត្រូវលួចនោះធំពេក លាក់មិនជិតភ្នែកដែលចាំឃ្លាំមើល ឬមកពីគ្មានពេលវេលាសមស្របនឹងលួច ឬរបស់នោះថ្លៃពេក គេឃ្លាំមើលតឹងរ៉ឹងពេក ឬប្រហែលមកពីពួកគេគ្មានចំណាប់អារម្មណ៍អ្វីពិសេសចំពោះរបស់នោះ ឬមួយគេមើលមិនឃើញថារបស់នោះមានប្រយោជន៍អ្វីសម្រាប់ពួកគេ ។ល។ ហេតុផលទាំងអស់នេះ សុទ្ធតែជាហេតុផលដែលអាចទៅរួច។ តែទោះជាហេតុផលអ្វីក៏ដោយ ទោះបីជាពួកគេលួច ឬមិនលួចរបស់ក៏ដោយ ក៏មិនអាចបញ្ជាក់ថា គំនិតនេះគ្រាន់តែជាគំនិតដែលមានឡើងមួយឆាវ ដូចភ្លើងហ្វាជែងនោះដែរ។ ផ្ទុយទៅវិញ វាជាចំណែកមួយនៃធម្មជាតិរបស់គេ ដែលពិបាកកែប្រែឱ្យប្រសើរឡើង។ មនុស្សបែបនេះ លួចម្ដងគឺមិនស្កប់ចិត្តទេ គំនិតដែលគិតទាមទារកម្មសិទ្ធិរបស់គេមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនបែបនេះ កើតឡើងនៅពេលណាដែលពួកគេប្រទះឃើញរបស់ល្អ ឬស្ថិតក្នុងស្ថានភាពសមប្រកបមួយ។ នេះហើយជាមូលហេតុដែលខ្ញុំនិយាយថា ប្រភពដើមនៃគំនិតគិតដូច្នេះ មិនមែនជាឥរិយាបថដែលគេមានម្ដងម្កាលនោះឡើយ តែវាជាចរិតដែលមាននៅក្នុងធម្មជាតិរបស់បុគ្គលម្នាក់នេះតែម្ដង។
នរណាៗក៏អាចប្រើពាក្យសម្ដី និងសកម្មភាពរបស់ពួកគេផ្ទាល់ មកបង្ហាញពីមុខមាត់ពិតរបស់ពួកគេបានដែរ។ ពិតណាស់ មុខមាត់ពិតនេះ គឺជាធម្មជាតិរបស់ពួកគេនោះឯង។ ប្រសិនបើអ្នកគឺជាមនុស្សម្នាក់ដែលនិយាយស្ដីវៀចវេរ នោះអ្នកមានធម្មជាតិវៀចវេរ។ ប្រសិនបើធម្មជាតិរបស់អ្នកប្រកបដោយល្បិចកល នោះអ្នកនឹងប្រព្រឹត្តតាមបែបមានល្បិច ហើយអ្នកនឹងធ្វើយ៉ាងណាឱ្យអ្នកដទៃងាយលង់នឹងល្បិចកលរបស់អ្នក។ ប្រសិនបើធម្មជាតិរបស់អ្នកចង្រៃឧត្បាត នោះសម្ដីរបស់អ្នកអាចនឹងពីរោះស្ដាប់ តែទង្វើរបស់អ្នកមិនអាចលាក់បាំងល្បិចកលឧត្បាតរបស់អ្នកបានឡើយ។ ប្រសិនបើធម្មជាតិរបស់អ្នកខ្ជិលច្រអូស នោះគ្រប់យ៉ាងដែលអ្នករាល់គ្នានិយាយ ក៏ដើម្បីគេចវេសពីទំនួលខុសត្រូវចំពោះការបង្គ្រប់កិច្ច និងភាពខ្ជិលច្រអូសរបស់អ្នករាល់គ្នា ចំណែកសកម្មភាពរបស់អ្នករាល់គ្នាទៀតសោតក៏យឺតយ៉ាវ និងបង្គ្រប់កិច្ច ហើយប៉ិនប្រសប់ខាងលាក់បំបាំងសេចក្ដីពិតផង។ ប្រសិនបើធម្មជាតិរបស់អ្នករាល់គ្នាចេះយល់ចិត្ត នោះសម្ដីរបស់អ្នករាល់គ្នានឹងមានហេតុផល ហើយសកម្មភាពរបស់អ្នករាល់គ្នា ក៏អនុលោមគ្នាយ៉ាងត្រសងនឹងសេចក្ដីពិតដែរ។ ប្រសិនបើធម្មជាតិរបស់អ្នករាល់គ្នាស្មោះត្រង់ នោះពាក្យសម្ដីរបស់អ្នករាល់គ្នាក៏ប្រាកដជាស្មោះត្រង់ ហើយវិធីដែលអ្នកប្រព្រឹត្តក៏សាមញ្ញ មិនមានអ្វីដែលអាចធ្វើឱ្យចៅហ្វាយរបស់អ្នកទើសទាល់នោះឡើយ។ ប្រសិនបើធម្មជាតិរបស់អ្នកពេញដោយចំណង់ ឬលោភលន់ចង់បានប្រាក់ នោះដួងចិត្តរបស់អ្នកក៏ពោរពេញដោយសេចក្ដីទាំងនេះ ហើយអ្នកនឹងប្រព្រឹត្តទាំងមិនដឹងខ្លួន នូវទង្វើខុសគេ និងទង្វើអសីលធម៌ ដែលមនុស្សនឹងមិនបំភ្លេចបានងាយៗ និងធ្វើឱ្យគេខ្ពើមរអើមទៀតផង។ ដូចខ្ញុំបាននិយាយរួចហើយថា ប្រសិនបើអ្នកមានធម្មជាតិនៃអំពើក្បត់ នោះអ្នកមិនងាយនឹងអាចរើខ្លួនពីវាបានឡើយ។ ចូរកុំទុកចិត្តព្រេងសំណាងដែលថា ប្រសិនបើអ្នកមិនបានប្រព្រឹត្តខុសនឹងអ្នកដទៃ នោះអ្នកគ្មានធម្មជាតិនៃអំពើក្បត់នោះឡើយ។ ប្រសិនបើនោះជាអ្វីដែលអ្នកគិត នោះអ្នកពិតជាកំពុងបះបោរប្រឆាំងហើយ។ រាល់ពេលដែលខ្ញុំថ្លែងបន្ទូលទាំងអស់របស់ខ្ញុំ គឺសុទ្ធតែតម្រង់ឆ្ពោះទៅរកមនុស្សទាំងអស់ មិនមែនតម្រង់ទៅរកបុគ្គលតែម្នាក់ ឬក៏បុគ្គលតែមួយប្រភេទនោះឡើយ។ ដោយព្រោះតែអ្នកមិនបានក្បត់ខ្ញុំនៅក្នុងរឿងមួយ មិនមែនបញ្ជាក់ថា អ្នកមិនអាចក្បត់ខ្ញុំនៅក្នុងរឿងណាមួយនោះឡើយ។ មនុស្សខ្លះនៅពេលមានឧបសគ្គនៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ គឺបាត់បង់ជំនឿចិត្តរបស់ខ្លួនក្នុងការស្វែងរកសេចក្ដីពិត។ មនុស្សខ្លះបោះបង់កាតព្វកិច្ចរបស់ខ្លួនក្នុងការធ្វើជាមនុស្សស្មោះត្រង់ចំពោះខ្ញុំ នៅពេលបែកបាក់គ្រួសារ។ មនុស្សខ្លះបោះបង់ខ្ញុំចោល ដើម្បីស្វះស្វែងរកឱកាសសប្បាយ និងរីករាយ។ មនុស្សខ្លះសុខចិត្តធ្លាក់ទៅក្នុងជ្រោះងងឹត ក៏មិនសុខចិត្តរស់នៅក្នុងពន្លឺ និងទទួលបាននូវភាពរីករាយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ មនុស្សខ្លះមិនអើពើនឹងដំបូន្មានរបស់មិត្តភក្ដិ ដើម្បីបំពេញចំណង់លោភលន់ចង់បានទ្រព្យសម្បត្តិរបស់គេ ហើយសូម្បីតែពេលនេះ ក៏ពួកគេមិនអាចទាំងទទួលស្គាល់កំហុសរបស់ខ្លួន ហើយកែប្រែទង្វើរបស់ខ្លួនផង។ មនុស្សខ្លះរស់នៅក្រោមឈ្មោះរបស់ខ្ញុំបានតែមួយគ្រា ដើម្បីទទួលនូវការការពាររបស់ខ្ញុំ ខណៈដែលមនុស្សខ្លះទៀត ប្ដូរផ្ដាច់តែបន្តិចចំពោះការបង្គាប់បញ្ជារបស់ខ្ញុំប៉ុណ្ណោះ ដោយសារតែពួកគេតោងទាមជីវិត និងភ័យខ្លាចស្លាប់។ លើសពីនេះ តើទង្វើទាំងអស់នេះ និងទង្វើអសីលធម៌ដែលគ្មានសេចក្ដីថ្លៃថ្នូរ មិនគ្រាន់តែជាឥរិយាបថដែលមនុស្សបានក្បត់នឹងខ្ញុំយ៉ាងជ្រាលជ្រៅនៅក្នុងចិត្តរបស់ពួកគេ ជាយូរមកហើយទេឬអី? ពិតណាស់ ខ្ញុំដឹងថា មនុស្សគ្មានផែនការក្បត់ខ្ញុំជាមុននោះទេ ហើយក៏គ្មាននរណាសប្បាយចិត្តដែរ ដ្បិតពួកគេបានធ្វើអ្វីម្យ៉ាងក្បត់នឹងខ្ញុំ។ ផ្ទុយទៅវិញ ពួកគេញាប់ញ័រដោយភាពខ្លាច តើមែនទេ? ដូច្នេះ តើអ្នករាល់គ្នាកំពុងគិតរកវិធីលោះអំពើក្បត់ទាំងនេះ និងគិតរកវិធីផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ននេះដែរឬទេ?