ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V

ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ (II)

បងប្អូនប្រុសស្រីអើយ នៅថ្ងៃនេះ ចូរយើងច្រៀងបទទំនុកតម្កើងមួយបទជាមួយគ្នា។ ចូររកបទមួយណាដែលបងប្អូនរាល់គ្នាចូលចិត្ត ជាបទដែលអ្នករាល់គ្នាច្រៀងជាប្រចាំ។ (យើងនឹងច្រៀងបទទំនុកតម្កើងលេខ ៧៦០ ដកស្រង់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ «សេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដោយឥតសៅហ្មង»។)

១  «សេចក្តីស្រឡាញ់» គឺសំដៅលើមនោសញ្ចេតនាដ៏បរិសុទ្ធ និងឥតសៅហ្មង ដែលអ្នកប្រើដួងចិត្តរបស់អ្នក មកស្រឡាញ់ មកសម្តែងអារម្មណ៍ និងមកគិតពិចារណា។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានលក្ខខណ្ឌ គ្មានរនាំង និងគ្មានគម្លាតនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានមន្ទិលសង្ស័យ គ្មានការបោកបញ្ឆោត និងគ្មានកលល្បិចនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានការដោះដូរ និងគ្មានអ្វីមិនបរិសុទ្ធឡើយ។ បើអ្នកស្រឡាញ់ នោះអ្នកនឹងមិនបោកបញ្ចោត ត្អូញត្អែ មិនក្បត់ បះបោរ ទាមទារ ឬស្វែងរកផលប្រយោជន៍អ្វីមួយ ឬដើម្បីទទួលបានលាភសក្ការៈក្នុងចំនួនណាមួយឡើយ។

២  «សេចក្តីស្រឡាញ់» គឺសំដៅលើមនោសញ្ចេតនាដ៏បរិសុទ្ធ និងឥតសៅហ្មង ដែលអ្នកប្រើដួងចិត្តរបស់អ្នក មកស្រឡាញ់ មកសម្តែងអារម្មណ៍ និងមកគិតពិចារណា។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានលក្ខខណ្ឌ គ្មានរនាំង និងគ្មានគម្លាតនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានមន្ទិលសង្ស័យ គ្មានការបោកបញ្ឆោត និងគ្មានកលល្បិចនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានការដោះដូរ និងគ្មានអ្វីមិនបរិសុទ្ធឡើយ។ បើអ្នកស្រឡាញ់ នោះអ្នកនឹងលះបង់ខ្លួនឯងដោយក្តីរីករាយ សុខចិត្តរងការលំបាកដោយក្តីរីករាយ អ្នកនឹងមានការចុះសម្រុងជាមួយនឹងខ្ញុំ អ្នកនឹងលះបង់ចោលអ្វីទាំងអស់ដែលអ្នកមានដើម្បីខ្ញុំ អ្នកនឹងលះបង់គ្រួសាររបស់អ្នក អនាគតរបស់អ្នក យុវភាពរបស់អ្នក និងជីវិតអាពាហ៍ពិពាហ៍របស់អ្នក។ ពុំនោះសោត ក្តីស្រឡាញ់របស់អ្នក នឹងមិនមែនជាក្តីស្រឡាញ់ដែលពិតប្រាកដនោះទេ គ្រាន់តែជាការបោកបញ្ឆោត និងការផិតក្បត់ប៉ុណ្ណោះ!

ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី

បទទំនុកតម្កើងនេះគឺជាជម្រើសមួយដ៏ល្អ។ តើអ្នករាល់គ្នាសុទ្ធតែរីករាយនឹងច្រៀងបទនេះមែនទេ? តើអ្នករាល់គ្នាមានអារម្មណ៍ដូចម្ដេចដែរ ក្រោយពេលច្រៀងបទនេះហើយ? តើអ្នកអាចមានអារម្មណ៍ដឹងពីសេចក្តីស្រឡាញ់បែបនេះនៅក្នុងដួងចិត្តរបស់អ្នកទេ? (មិនទាន់ទេ។) តើពាក្យពេចន៍ណាខ្លះនៅក្នុងបទចម្រៀងនេះដែលធ្វើឱ្យអ្នករំជួលចិត្តអ្នកបំផុតនោះ? (នៅក្នុងសេចក្តីស្រឡាញ់ គ្មានលក្ខខណ្ឌ គ្មានរនាំង និងគ្មានគម្លាតនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានមន្ទិលសង្ស័យ គ្មានការបោកបញ្ឆោត និងគ្មានកលល្បិចនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានការដោះដូរ និងគ្មានអ្វីមិនបរិសុទ្ធឡើយ។ ប៉ុន្តែ នៅក្នុងដួងចិត្តរបស់ខ្ញុំ ខ្ញុំនៅឃើញមានភាពមិនបរិសុទ្ធជាច្រើនទៀត និងឃើញមានផ្នែកជាច្រើននៃខ្លួនខ្ញុំ ដែលព្យាយាមដោះដូរជាមួយព្រះជាម្ចាស់។ ខ្ញុំមិនទាន់ទទួលបានប្រភេទនៃសេចក្តីស្រឡាញ់ដែលបរិសុទ្ធ និងឥតសៅហ្មងបែបនេះនៅឡើយទេ។) ប្រសិនបើអ្នកនៅមិនទាន់ទទួលបានសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដោយឥតសៅហ្មងនៅឡើយទេ ដូច្នេះ តើអ្នកមានសេចក្តីស្រឡាញ់កម្រិតណា? (ខ្ញុំគ្រាន់តែស្ថិតនៅដំណាក់កាលមួយដែលខ្ញុំព្រមស្វែងរក និងស្រេកឃ្លានប៉ុណ្ណោះ។) ផ្អែកលើកម្ពស់របស់អ្នក និងនិយាយតាមបទពិសោធរបស់អ្នក តើអ្នកសម្រេចបានសេចក្ដីស្រឡាញ់កម្រិតណាហើយ? តើអ្នកមានការបោកបញ្ឆោតដែរឬទេ? តើអ្នកមានការរអ៊ូរទាំដែរឬទេ? តើនៅក្នុងដួងចិត្តរបស់អ្នក មានការទាមទារអ្វីដែរឬទេ? តើមានអ្វីដែលអ្នកប្រាថ្នាចង់បានពីព្រះជាម្ចាស់ដែរឬទេ? (ខ្ញុំមានចំណុចសៅហ្មងទាំងនេះនៅក្នុងដួងចិត្តរបស់ខ្ញុំ។) តើចំណុចសៅហ្មងទាំងនោះលេចចេញមកនៅក្នុងកាលៈទេសៈណាខ្លះ? (នៅពេលដែលស្ថានភាពដែលព្រះជាម្ចាស់បានរៀបចំឱ្យខ្ញុំ មិនស្របតាមសញ្ញាណរបស់ខ្ញុំ ឬនៅពេលដែលមិនបំពេញតាមបំណងប្រាថ្នារបស់ខ្ញុំ៖ នៅក្នុងពេលបែបនេះហើយ ដែលខ្ញុំបញ្ចេញនិស្ស័យពុករលួយប្រភេទនេះ។) បងប្អូនប្រុសស្រីដែលមកពីតៃរ៉ាន់ តើបងប្អូនច្រៀងបទទំនុកតម្កើងនេះញឹកញាប់ដែរឬទេ? តើបងប្អូនអាចនិយាយបន្ដិចបានទេថាតើបងប្អូនយល់យ៉ាងណាចំពោះឃ្លាថា «សេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដោយឥតសៅហ្មង»? ហេតុអ្វីបានជាព្រះជាម្ចាស់កំណត់និយមន័យសេចក្តីស្រឡាញ់បែបនេះ? (ខ្ញុំចូលចិត្តបទទំនុកតម្កើងនេះខ្លាំងណាស់ ដោយសារតែតាមរយៈបទនេះ ខ្ញុំអាចមើលឃើញថា សេចក្តីស្រឡាញ់នេះជាសេចក្តីស្រឡាញ់ដ៏ពេញខ្នាត។ យ៉ាងណាមិញ ខ្ញុំនៅតែមានចំណុចខ្វះខាតជាច្រើនទៀតដើម្បីបំពេញតាមបទដ្ឋាននេះ ហើយខ្ញុំនៅឆ្ងាយមិនទាន់អាចសម្រេចសេចក្តីស្រឡាញ់ដ៏ពិតនេះបាននៅឡើយទេ។ មានចំណុចខ្លះដែលខ្ញុំអាចធ្វើការកែលម្អ និងសហការបានតាមរយៈកម្លាំងដែលព្រះបន្ទូលរបស់ទ្រង់ប្រទានដល់ខ្ញុំ និងតាមរយៈការអធិស្ឋាន។ ក៏ប៉ុន្តែ នៅពេលដែលជួបការល្បងល ឬការបើកសម្ដែងខ្លះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានអនាគត គ្មានវាសនាណាអ្វីទេ ហើយមានអារម្មណ៍ថា ខ្ញុំក៏គ្មានទិសដៅអ្វីដែរ។ ក្នុងពេលបែបនេះ ខ្ញុំមានអារម្មណ៍ទន់ជ្រាយ ហើយបញ្ហានេះតាមរំខានខ្ញុំជាញឹកញាប់។) នៅពេលដែលអ្នកនិយាយដល់ «អនាគត និងវាសនា» តើអ្នកកំពុងតែសំដៅទៅលើអ្វីដែរ? តើអ្នកកំពុងតែសំដៅលើអ្វីមួយជាក់លាក់មែនទេ? តើវាជារូបភាព ឬការស្រមើស្រមៃរបស់អ្នកមែនទេ? ឬតើអនាគត និងវាសនាដែលអ្នកនិយាយនោះ ជាអ្វីដែលអ្នកអាចមើលឃើញបាន? តើវាជាវត្ថុមួយមែនទេ? ខ្ញុំចង់ឱ្យអ្នករាល់គ្នាម្នាក់ៗគិតអំពីចំណុចនេះ៖ តើអនាគតនិងវាសនាដែលអ្នករាល់គ្នាខ្វល់ខ្វាយនោះ សំដៅលើអ្វី? (គឺសំដៅលើលទ្ធភាពដែលអាចទទួលបានការសង្រ្គោះ ដើម្បីឱ្យខ្ញុំបានរួចជីវិត។) ចុះចំណែក បងប្អូនប្រុសស្រីផ្សេងទៀតវិញ សូមនិយាយពីការយល់ដឹងរបស់ខ្លួនអំពី «សេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដោយឥតសៅហ្មង» បន្តិចទៅមើល។ (នៅពេលដែលបុគ្គលម្នាក់មានសេចក្តីស្រឡាញ់បែបនេះ នោះនឹងគ្មានភាពមិនបរិសុទ្ធណាចេញពីខ្លួនរបស់គេឡើយ ហើយពួកគេនឹងមិនត្រូវអនាគត និងវាសនារបស់គេគ្រប់គ្រងឡើយ។ មិនថាព្រះជាម្ចាស់ប្រព្រឹត្តដាក់ពួកគេបែបណាទេ ក៏ពួកគេអាចស្ដាប់បង្គាប់តាមកិច្ចការ និងការរៀបចំរបស់ព្រះជាម្ចាស់បានទាំងស្រុងដែរ ហើយគេដើរតាមទ្រង់រហូតដល់ទីបញ្ចប់។ មានតែសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់បែបនេះទេ ទើបជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ និងឥតសៅហ្មង។ ពេលវាយតម្លៃខ្លួនខ្ញុំជាមួយនឹងសេចក្តីស្រឡាញ់បែបនេះ ខ្ញុំបានឃើញថា ទោះបីជាខ្ញុំបានលះបង់ខ្លួន ឬបានកម្ចាត់ចោលរឿងមួយចំនួននៅក្នុងពេលជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ខ្ញុំនៅមិនទាន់អាចប្រគល់ដួងចិត្តរបស់ខ្ញុំថ្វាយដល់ព្រះអង្គបានយ៉ាងពិតប្រាកដនៅឡើយទេ។ នៅពេលដែលព្រះជាម្ចាស់លាតត្រដាងពីខ្ញុំ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចទទួលបានការសង្រ្គោះទេ រួចខ្ញុំក៏ធ្លាក់ទៅក្នុងសភាពអវិជ្ជមាន។ ខ្ញុំយល់ឃើញថាខ្លួនខ្ញុំកំពុងតែបំពេញភារកិច្ច ប៉ុន្តែក្នុងពេលដូចគ្នានោះដែរ ខ្ញុំក៏កំពុងតែព្យាយាមដោះដូរជាមួយព្រះជាម្ចាស់ផងដែរ។ ខ្ញុំមិនអាចស្រឡាញ់ព្រះជាម្ចាស់ឱ្យអស់ពីចិត្តបានឡើយ ព្រោះខ្ញុំតែងគិតពីទិសដៅ អនាគត និងវាសនារបស់ខ្ញុំជាប់ជានិច្ច។) មើលទៅដូចជាអ្នករាល់គ្នាបានទទួលការយល់ដឹងខ្លះពីបទទំនុកតម្កើងនេះហើយ និងបានធ្វើការផ្សារភ្ជាប់រឿងនេះខ្លះ រវាងបទទំនុកនេះនិងបទពិសោធជាក់ស្ដែងរបស់អ្នករាល់គ្នា។ យ៉ាងណាមិញ អ្នកមានការទទួលយកឃ្លានីមួយៗនៅក្នុងបទទំនុកតម្កើង «សេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដោយឥតសៅហ្មង» នេះក្នុងកម្រិតខុសៗគ្នា។ អ្នកខ្លះគិតថា បទនេះនិយាយអំពីឆន្ទៈ អ្នកខ្លះទៀតកំពុងព្យាយាមទុកអនាគតរបស់គេមួយឡែកសិន អ្នកខ្លះកំពុងតែស្វែងរកការលះបង់ក្រុមគ្រួសាររបស់គេ ហើយអ្នកខ្លះទៀតមិនបានស្វែងរកដើម្បីទទួលបានអ្វីនោះទេ។ ក៏នៅមានអ្នកផ្សេងទៀតដែលកំពុងតម្រូវឱ្យខ្លួនគេកុំមានការបោកបញ្ឆោត ការរអ៊ូរទាំ និងការបះបោរទាស់នឹងព្រះជាម្ចាស់។ ហេតុអ្វីបានជាព្រះជាម្ចាស់ណែនាំឱ្យមានសេចក្តីស្រឡាញ់បែបនេះ និងតម្រូវឱ្យមនុស្សស្រឡាញ់ទ្រង់តាមរបៀបនេះ? តើមនុស្សអាចសម្រេចសេចក្តីស្រឡាញ់ប្រភេទនេះបានដែរទេ? និយាយមួយបែបទៀតគឺថា តើមនុស្សអាចស្រឡាញ់តាមរបៀបនេះបានដែរឬទេ? មនុស្សអាចយល់ឃើញថា គេមិនអាចធ្វើបែបនេះបាននោះទេ ដោយសារតែពួកគេគ្មានតម្រុយណាមួយនៃសេចក្តីស្រឡាញ់បែបនេះឡើយ។ នៅពេលដែលមនុស្សគ្មានសេចក្ដីស្រឡាញ់បែបនេះ ហើយនៅពេលដែលពួកគេមិនដឹងសោះថាអ្វីជាសេចក្តីស្រឡាញ់ នោះព្រះជាម្ចាស់ក៏មានបន្ទូលទាំងនេះ ហើយពួកគេមិនយល់ពីព្រះបន្ទូលទាំងនេះឡើយ។ ដោយសារតែមនុស្សរស់នៅក្នុងលោកីយ៍នេះ និងរស់នៅក្នុងនិស្ស័យពុករលួយ ប្រសិនបើមនុស្សមានសេចក្តីស្រឡាញ់ប្រភេទនេះ ឬប្រសិនបើមនុស្សអាចមានសេចក្តីស្រឡាញ់បែបនេះបាន ជាសេចក្តីស្រឡាញ់ដែលគ្មានការស្នើសុំ និងគ្មានការទាមទារអ្វី ជាសេចក្តីស្រឡាញ់ដែលពួកគេព្រមលះបង់ខ្លួន ព្រមរងទុក្ខលំបាក និងព្រមលះបង់គ្រប់យ៉ាងដែលពួកគេមាន ដូច្នេះ តើអ្នកដទៃនឹងគិតបែបណាចំពោះមនុស្សដែលមានសេចក្តីស្រឡាញ់បែបនេះ? តើមនុស្សបែបនេះនឹងមិនមែនជាមនុស្សគ្រប់លក្ខណ៍ទេឬអី? (គ្រប់លក្ខណ៍។) តើមនុស្សគ្រប់លក្ខណ៍ប្រភេទនេះ មាននៅក្នុងលោកីយ៍នេះទេ? មនុស្សប្រភេទនេះ មិនមានសោះឡើយនៅក្នុងលោកីយ៍នេះ។ នេះជាការរឿងសច្ចៈបំផុត។ ដូច្នេះ មនុស្សខ្លះខំប្រឹងប្រែងយ៉ាងខ្លាំង តាមរយៈបទពិសោធន៍របស់គេ ដើម្បីវាស់វែងខ្លួនគេជាមួយនឹងបន្ទូលទាំងនេះ។ ពួកគេដោះស្រាយជាមួយខ្លួនឯង ឃាត់ឃាំងខ្លួនឯង ហើយពួកគេថែមទាំងលះបង់ខ្លួនជាប្រចាំទៀតផង៖ ពួកគេស៊ូទ្រាំនឹងទុក្ខលំបាក ហើយខំប្រឹងលះបង់សញ្ញាណរបស់ខ្លួនចោល។ ពួកគេលះបង់ការបះបោរ បំណងប្រាថ្នា និងការចង់បានរបស់គេ។ ប៉ុន្តែ ចុងបញ្ចប់ ពួកគេនៅតែគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដដែល។ ហេតុអ្វីបានជាកើតមានរឿងបែបនេះ? ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលទាំងនេះ ដើម្បីប្រទាននូវបទដ្ឋានមួយសម្រាប់ឱ្យមនុស្សដើរតាម ដូច្នេះ មនុស្សនឹងដឹងពីបទដ្ឋានដែលព្រះជាម្ចាស់តម្រូវឱ្យពួកគេធ្វើ។ ប៉ុន្តែ តើព្រះជាម្ចាស់ធ្លាប់មានបន្ទូលថា មនុស្សត្រូវតែសម្រេចវាឱ្យបានភ្លាមៗដែរឬទេ? តើព្រះជាម្ចាស់ធ្លាប់មានបន្ទូលថា មនុស្សសល់ពេលប៉ុន្មានដើម្បីសម្រេចបទដ្ឋាននេះដែរឬទេ? (អត់ទេ។) តើព្រះជាម្ចាស់ធ្លាប់មានបន្ទូលថា មនុស្សត្រូវតែស្រឡាញ់ទ្រង់តាមរបៀបនេះដែរឬទេ? តើអត្ថបទគម្ពីរនេះចែងដូច្នេះមែនទេ? អត់ទេ។ ព្រះជាម្ចាស់គ្រាន់តែប្រាប់មនុស្សអំពីសេចក្តីស្រឡាញ់ដែលទ្រង់កំពុងសំដៅដល់ប៉ុណ្ណោះ។ ចំពោះថាតើមនុស្សអាចស្រឡាញ់ព្រះជាម្ចាស់តាមរបៀបនេះ និងអាចប្រព្រឹត្តចំពោះព្រះជាម្ចាស់តាមរបៀបនេះបានឬអត់នោះ តើព្រះជាម្ចាស់មានសេចក្ដីតម្រូវអ្វីខ្លះសម្រាប់មនុស្ស? គ្មានការចាំបាច់អ្វីត្រូវសម្រេចសេចក្ដីតម្រូវទាំងនោះភ្លាមៗឡើយ ព្រោះបែបនេះនឹងលើសពីសមត្ថភាពរបស់មនុស្សហើយ។ តើអ្នករាល់គ្នាធ្លាប់បានគិតទេថាតើមានលក្ខខណ្ឌបែបណាខ្លះដែលមនុស្សត្រូវបំពេញ ដើម្បីអាចមានសេចក្ដីស្រឡាញ់បែបនេះបាន? ប្រសិនបើមនុស្សអានបន្ទូលទាំងនេះញឹកញាប់ តើចុងក្រោយពួកគេនឹងមានសេចក្តីស្រឡាញ់បែបនេះដែរឬទេ? (អត់ទេ។) ដូច្នេះ តើមានលក្ខខណ្ឌអ្វីខ្លះទៅ? ដំបូង តើមនុស្សអាចកម្ចាត់ភាពសង្ស័យលើព្រះជាម្ចាស់បានដែរឬទេ? (មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែលអាចសម្រេចលក្ខខណ្ឌនេះបាន។) ចុះចំណែកការគ្មានការបោកបញ្ឆោតវិញ? (ពួកគេក៏ត្រូវតែជាមនុស្សទៀងត្រង់ដែរ។) ចុះចំណែកការធ្វើជាមនុស្សម្នាក់ដែលមិនដោះដូរជាមួយព្រះជាម្ចាស់វិញ? នោះក៏ជាផ្នែកមួយនៃការធ្វើជាមនុស្សទៀងត្រង់ដែរ។ ចុះចំណែកការគ្មានល្បិចកលវិញនោះ? តើការនិយាយថា «នៅក្នុងសេចក្តីស្រឡាញ់ គ្មានជម្រើស» មានន័យដូចម្ដេច? តើអ្វីៗទាំងអស់នេះទាក់ទងនឹងការធ្វើជាមនុស្សទៀងត្រង់ដែរឬទេ? ត្រង់ចំណុចនេះ មានសេចក្តីលម្អិតជាច្រើន។ តើការដែលព្រះជាម្ចាស់អាចមានបន្ទូល និងកំណត់និយមន័យអំពីសេចក្តីស្រឡាញ់ប្រភេទនេះតាមរបៀបនេះ បញ្ជាក់ឱ្យឃើញពីអ្វីដែរ? តើយើងអាចនិយាយថា ព្រះជាម្ចាស់មានសេចក្តីស្រឡាញ់ប្រភេទនេះបានដែរឬទេ? (បាន។) តើអ្នករាល់គ្នាមើលឃើញចំណុចនេះនៅត្រង់ណា? (នៅក្នុងសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់មានចំពោះមនុស្ស។) តើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សមានលក្ខខណ្ឌដែរឬទេ? តើមានរនាំង ឬគម្លាតរវាងព្រះជាម្ចាស់ និងមនុស្សដែរឬទេ? តើព្រះជាម្ចាស់មានមន្ទិលសង្ស័យលើមនុស្សដែរឬទេ? (អត់ទេ។) ព្រះជាម្ចាស់អង្កេតពិនិត្យមនុស្ស ហើយទ្រង់យល់ពីមនុស្ស។ ទ្រង់យល់ពីមនុស្សច្បាស់ណាស់។ តើព្រះជាម្ចាស់បោកបញ្ឆោតមនុស្សដែរឬទេ? (អត់ទេ។) ដោយសារតែព្រះជាម្ចាស់មានបន្ទូលយ៉ាងឥតខ្ចោះអំពីសេចក្តីស្រឡាញ់នេះ តើដួងព្រះហឫទ័យរបស់ទ្រង់ ឬសារជាតិរបស់ទ្រង់ គ្រប់លក្ខណ៍ដែរឬទេ? (គ្រប់លក្ខណ៍។) មិនបាច់ឆ្ងល់នោះទេ ទាំងដួងព្រះហឫទ័យ ទាំងសារជាតិរបស់ទ្រង់ សុទ្ធតែគ្រប់លក្ខណ៍ទាំងអស់។ នៅពេលមនុស្សបានដកពិសោធន៍ដល់កម្រិតជាក់លាក់ណាមួយហើយ នោះពួកគេនឹងអាចមានអារម្មណ៍ដឹងបាន។ តើមនុស្សធ្លាប់ឱ្យនិយមន័យអំពីសេចក្តីស្រឡាញ់តាមរបៀបនេះទេ? តើមនុស្សឱ្យនិយមន័យសេចក្តីស្រឡាញ់នៅក្នុងកាលៈទេសៈបែបណា? ពាក់ព័ន្ធនឹងការបរិច្ចាគនិងការដាក់តង្វាយវិញ តើមនុស្សបាននិយាយពីសេចក្តីស្រឡាញ់ដែរទេ? (និយាយ។) និយមន័យអំពីសេចក្តីស្រឡាញ់នេះ នៅធម្មតាពេក និងខ្វះខ្លឹមសារ។

និយមន័យរបស់ព្រះជាម្ចាស់អំពីសេចក្តីស្រឡាញ់ និងរបៀបដែលព្រះជាម្ចាស់មានបន្ទូលអំពីសេចក្តីស្រឡាញ់ ត្រូវបានផ្សារភ្ជាប់ទៅនឹងទិដ្ឋភាពនៃសារជាតិរបស់ទ្រង់មួយផ្នែក។ តើទិដ្ឋភាពនោះជាអ្វី? កាលពីគ្រាមុន យើងបានប្រកបគ្នាអំពីប្រធានបទដ៏សំខាន់មួយ ជាប្រធានបទមួយដែលមនុស្សធ្លាប់បានពិភាក្សាគ្នាជាញឹកញាប់។ ប្រធានបទនេះ មានពាក្យមួយដែលគេលើកមកនិយាយជារឿយៗនៅក្នុងពេលនៃការជឿលើព្រះជាម្ចាស់ ហើយពាក្យនេះក៏ជាពាក្យមួយដែលធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថាធ្លាប់ស្គាល់ផង និងមិនដឹងស្គាល់ផង។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ពាក្យនេះចេញមកពីភាសារបស់មនុស្ស តែនៅក្នុងចំណោមមនុស្ស និយមន័យនៃពាក្យនេះ មានទាំងច្បាស់លាស់ផង ទាំងស្រពិចស្រពិលផង។ តើជាពាក្យអ្វី? (គឺពាក្យ «ភាពបរិសុទ្ធ»។) «ភាពបរិសុទ្ធ» នេះជាប្រធានបទដែលយើងបានប្រកបគ្នាកាលពីលើកមុន។ យើងបានប្រកបគ្នាអំពីផ្នែកមួយនៃប្រធានបទនេះ។ តាមរយៈការប្រកបគ្នារបស់យើងកាលពីលើកមុន តើគ្រប់គ្នាទទួលបានការយល់ដឹងថ្មីៗអំពីសារជាតិនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ដែរឬទេ? តើការយល់ដឹងក្នុងទិដ្ឋភាពណាខ្លះ ដែលអ្នករាល់គ្នាចាត់ទុកថាជារឿងថ្មីសន្លាងនោះ? ពោលគឺនៅក្នុងការយល់ដឹងនេះ ឬនៅក្នុងបន្ទូលទាំងនោះ តើអ្វីដែលធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍ថា ការយល់ដឹងរបស់អ្នករាល់គ្នាអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់នោះ មានលក្ខណៈខុសគ្នា ឬខុសប្លែកពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ដែលខ្ញុំបាននិយាយក្នុងអំឡុងពេលនៃការប្រកបគ្នានេះ? តើអ្នកមានការចាប់អារម្មណ៍អ្វីខ្លះអំពីចំណុចនេះ? (អ្វីដែលព្រះជាម្ចាស់ព្រះតម្រិះក្នុងព្រះហឫទ័យរបស់ទ្រង់ នោះព្រះអង្គនឹងមានបន្ថូលចេញមក។ ព្រះបន្ទូលរបស់ទ្រង់បរិសុទ្ធគ្មានប្រឡាក់ប្រឡូសអ្វីឡើយ។ នេះជាការបង្ហាញចេញនូវទិដ្ឋភាពនៃភាពបរិសុទ្ធមួយផ្នែក។) (នៅពេលព្រះជាម្ចាស់មានសេចក្ដីក្រោធចំពោះមនុស្ស ក៏មានភាពបរិសុទ្ធផងដែរ ដ្បិតសេចក្ដីក្រោធរបស់ទ្រង់ឥតសៅហ្មងឡើយ។) (ចំពោះភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ខ្ញុំយល់ឃើញថា មានទាំងសេចក្ដីក្រោធ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់នៅក្នុងនិស្ស័យសុចរិតរបស់ទ្រង់។ ខ្ញុំចាប់អារម្មណ៍ចំណុចនេះខ្លាំងណាស់។ នៅក្នុងការប្រកបគ្នាលើកចុងក្រោយរបស់យើង ក៏មានការលើកឡើងផងដែរថា និស្ស័យសុចរិតរបស់ព្រះជាម្ចាស់មានលក្ខណៈវិសេសឯក។ កាលពីមុន ខ្ញុំមិនបានយល់អំពីចំណុចនេះទេ។ ទើបតែក្រោយពីបានស្ដាប់ការប្រកបគ្នារបស់ព្រះជាម្ចាស់រួចប៉ុណ្ណោះ ដែលខ្ញុំបានយល់ថា សេចក្ដីក្រោធរបស់ព្រះជាម្ចាស់គឺខុសគ្នាពីកំហឹងរបស់មនុស្ស។ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់គឺជារឿងវិជ្ជមាន ហើយមានគោលការណ៍។ សេចក្ដីក្រោធត្រូវបានបញ្ចេញមក ដោយសារតែសារជាតិរបស់ព្រះជាម្ចាស់។ ពេលព្រះជាម្ចាស់ទតឃើញអ្វីអវិជ្ជមាន នោះទ្រង់នឹងបញ្ចេញសេចក្ដីក្រោធរបស់ទ្រង់មក។ ភាវៈដែលព្រះបង្កើតមក គ្មានលក្ខណៈបែបនេះទេ។) ប្រធានបទរបស់យើងនៅថ្ងៃនេះ គឺនិយាយពី «ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់»។ មនុស្សសុទ្ធតែធ្លាប់បានឮ និងធ្លាប់បានរៀនសូត្រពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់រួចហើយ។ លើសពីនេះ មនុស្សជាច្រើនក៏បាននិយាយគ្នាជាញឹកញាប់អំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ និងនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ផងដែរ។ ពួកគេនិយាយថា និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ គឺបរិសុទ្ធ។ ពាក្យ «បរិសុទ្ធ» នេះ មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ស្គាល់ធ្លាប់ដឹង ដ្បិតពាក្យនេះគេប្រើញឹកញាប់ណាស់។ ប៉ុន្តែ ទាក់ទងនឹងអត្ថន័យនៅក្នុងពាក្យនេះវិញ តើមនុស្សអាចមើលឃើញពីការសម្ដែងចេញនូវភាពបរិសុទ្ធរបស់ព្រះជាម្ចាស់អ្វីខ្លះ? តើព្រះជាម្ចាស់បានបើកសម្ដែងអ្វីខ្លះ ដែលមនុស្សអាចសម្គាល់ដឹងបាន? ខ្ញុំខ្លាចតែគ្មាននរណាម្នាក់ដឹងពីចំណុចនេះទេ។ និស្ស័យរបស់ព្រះជាម្ចាស់ គឺសុចរិតមែន ប៉ុន្តែប្រសិនបើអ្នកចាត់ទុកនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ថាជានិស្ស័យបរិសុទ្ធ នោះហាក់ដូចជាស្រពិចស្រពិលបន្តិច និងមិនសូវច្បាស់លាស់ទេ។ តើហេតុអ្វី? អ្នកនិយាយថា និស្ស័យរបស់ព្រះជាម្ចាស់ គឺសុចរិត ឬអ្នកថា និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ គឺបរិសុទ្ធ ដូច្នេះ នៅក្នុងចិត្តរបស់អ្នករាល់គ្នា តើអ្នកកំណត់ពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? តើអ្នកយល់ពីភាពបរិសុទ្ធនេះបានយ៉ាងដូចម្ដេច? និយាយមួយបែបទៀត អ្វីដែលព្រះជាម្ចាស់បានបើកសម្ដែង ឬកម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់នោះ តើមនុស្សនឹងសម្គាល់ដឹងថាបរិសុទ្ធដែរឬទេ? តើអ្នកធ្លាប់គិតអំពីចំណុចនេះពីមុនមកទេ? អ្វីដែលខ្ញុំបានឃើញកន្លងមកគឺថា មនុស្សតែងនិយាយចេញមកដោយប្រើពាក្យដែលគេធ្លាប់និយាយជាញឹកញាប់ ឬប្រើឃ្លាដែលគេនិយាយដដែលៗ ម្ដងហើយម្ដងទៀត ប៉ុន្តែពួកគេមិនទាំងដឹងថាពួកគេកំពុងតែនិយាយពីអ្វីផង។ មនុស្សគ្រប់គ្នានិយាយចេញមកដោយបែបនេះឯង ហើយគេនិយាយវាជាទម្លាប់ទៅហើយ ដូច្នេះ វាក៏ក្លាយជាពាក្យដែលគេប្រើប្រាស់ជាប្រចាំ។ ក៏ប៉ុន្តែ ប្រសិនបើពួកគេពិនិត្យអង្កេត និងសិក្សាឱ្យបានលម្អិត នោះគេនឹងដឹងថា គេមិនបានដឹងពីអត្ថន័យពិតនៃពាក្យនោះ ឬថាតើពាក្យនោះសំដៅលើអ្វីឡើយ។ ដូចជាពាក្យ «បរិសុទ្ធ» នេះអ៊ីចឹង គ្មាននរណាម្នាក់ដឹងច្បាស់ពីទិដ្ឋភាពនៃសារជាតិរបស់ព្រះជាម្ចាស់ ដែលគេនិយាយសំដៅដល់ ទាក់ទងនឹងភាពបរិសុទ្ធរបស់ទ្រង់ឡើយ ហើយក៏គ្មាននរណាម្នាក់ដឹងពីរបៀបប្រើពាក្យ «បរិសុទ្ធ» នេះ ជាមួយព្រះជាម្ចាស់ដែរ។ មនុស្សមានការភាន់ច្រឡំនៅក្នុងចិត្តរបស់គេ ហើយការទទួលស្គាល់ពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ក៏មានភាពស្រពិចស្រពិល និងមិនច្បាស់លាស់ដែរ។ ពាក់ព័ន្ធនឹងរឿងថាតើព្រះជាម្ចាស់មានភាពបរិសុទ្ធបែបណានោះ គឺគ្មាននរណាម្នាក់ដឹងច្បាស់ឡើយ។ នៅថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីប្រធានបទនេះ ដើម្បីប្រើពាក្យ «បរិសុទ្ធ» នេះឱ្យបានត្រឹមត្រូវជាមួយព្រះជាម្ចាស់ ដើម្បីឱ្យមនុស្សអាចមើលឃើញពីខ្លឹមសារពិតប្រាកដអំពីសារជាតិនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ បែបនេះនឹងការពារកុំឱ្យមនុស្សខ្លះប្រើប្រាស់ពាក្យនេះតាមទម្លាប់ និងគ្មានការប្រយ័ត្នប្រយែង និងនិយាយអ្វីព្រាវៗ នៅពេលដែលគេមិនដឹងពីអត្ថន័យនៃពាក្យនោះ ឬមិនដឹងថាអត្ថន័យនោះត្រឹមត្រូវ និងសុក្រឹតឬអត់។ មនុស្សតែងតែនិយាយរបៀបនេះឯង។ អ្នកក៏អ៊ីចឹង គាត់ក៏អ៊ីចឹង ដូច្នេះហើយ វាបានក្លាយទៅជាទម្លាប់នៃការនិយាយទៅហើយ។ ការនិយាយបែបនេះ ធ្វើឱ្យពាក្យនេះខូចអស់ទាំងមិនដឹងខ្លួន។

បើមើលពីសម្បកក្រៅទៅ ពាក្យ «បរិសុទ្ធ» នេះ ហាក់ដូចជាងាយស្រួលយល់ណាស់ មែនទេ? យ៉ាងហោចណាស់ក៏ មនុស្សជឿថា ពាក្យ «បរិសុទ្ធ» នេះ មានន័យថា ស្អាត មិនប្រឡាក់ ពិសិដ្ឋ និងឥតសៅហ្មង។ ក៏មានមនុស្សខ្លះភ្ជាប់ «ភាពបរិសុទ្ធ» នេះទៅនឹង «សេចក្តីស្រឡាញ់» នៅក្នុងបទទំនុកតម្កើង «សេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដោយឥតសោហ្មង» ដែលយើងទើបតែបានច្រៀងអម្បាញ់មិញនេះផងដែរ។ នេះជាការត្រឹមត្រូវ ដ្បិតនេះក៏ជាផ្នែកមួយនៃភាពបរិសុទ្ធដែរ។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺជាសារជាតិរបស់ទ្រង់មួយផ្នែក ប៉ុន្តែមិនមែនជាសារជាតិរបស់ទ្រង់ទាំងស្រុងទេ។ យ៉ាងណាមិញ នៅក្នុងសញ្ញាណរបស់មនុស្ស ពួកគេចាត់ទុកនិងមានទំនោរផ្សារភ្ជាប់ពាក្យនេះទៅនឹងអ្វីៗដែលពួកគេយល់ឃើញថាបរិសុទ្ធនិងស្អាត ឬជាមួយអ្វីដែលគេគិតថា មិនប្រឡាក់ ឬមិនសៅហ្មង។ ឧទាហរណ៍៖ មនុស្សខ្លះនិយាយថា ផ្កាឈូកស្អាត ហើយរីកស្គុសស្គាយដោយមិនប្រឡាក់ភក់ទេ។ ដូច្នេះ មនុស្សក៏ចាប់ផ្ដើមប្រើពាក្យ «បរិសុទ្ធ» ជាមួយផ្កាឈូក។ មនុស្សខ្លះយល់ឃើញថារឿងស្នេហាដែលគេតាក់តែងសម្រិតសម្រាំងឡើងនោះជារឿងបរិសុទ្ធ ឬពួកគេអាចយល់ឃើញថា តួអង្គដ៏អស្ចារ្យក្នុងរឿងប្រឌិតជាតួអង្គបរិសុទ្ធ។ លើសពីនេះទៅទៀត អ្នកខ្លះចាត់ទុកមនុស្សដែលមាននិយាយនៅក្នុងព្រះគម្ពីរ ឬបុគ្គលដែលត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅខាងវិញ្ញាណ (ដូចជា ពួកបរិសុទ្ធ ពួកសាវ័ក ឬអ្នកផ្សេងទៀតដែលធ្លាប់ដើរតាមព្រះជាម្ចាស់ ក្នុងពេលដែលទ្រង់បំពេញកិច្ចការរបស់ទ្រង់) ដែលមានបទពិសោធខាងវិញ្ញាណ ថាបទពិសោធនោះជាបទពិសោធបរិសុទ្ធ។ ទាំងនេះគឺជាអ្វីដែលមនុស្សអាចយល់បាន ហើយក៏ជាសញ្ញាណរបស់មនុស្សដែរ។ ហេតុអ្វីបានជាមនុស្សមានសញ្ញាណបែបនេះ? ហេតុផលគឺសាមញ្ញបំផុត៖ នោះគឺដោយសារតែមនុស្សរស់នៅក្នុងនិស្ស័យពុករលួយ និងរស់នៅក្នុងលោកីយ៍ដ៏អាក្រក់ និងស្មោកគ្រោក។ គ្រប់យ៉ាងដែលគេមើលឃើញ គ្រប់យ៉ាងដែលគេប៉ះ គ្រប់យ៉ាងដែលគេជួបប្រទះ គឺជាសេចក្ដីអាក្រក់ និងសេចក្តីពុករលួយរបស់សាតាំង ក៏ដូចជាគ្រោងការអាក្រក់ ការប្រយុទ្ធ និងសង្រ្គាមដែលកើតឡើងក្នុងចំណោមមនុស្សដែលស្ថិតនៅក្រោមឥទ្ធិពលរបស់សាតាំង។ ដូច្នេះ ទោះបីពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្ស ហើយទោះបីពេលដែលទ្រង់មានបន្ទូលទៅកាន់ពួកគេ និងបើកសម្ដែងពីនិស្ស័យ និងសារជាតិរបស់ទ្រង់ក៏ដោយ ក៏ពួកគេមិនអាចមើលឃើញ ឬស្គាល់ពីភាពបរិសុទ្ធ និងសារជាតិរបស់ព្រះជាម្ចាស់បានដែរ។ មនុស្សនិយាយជារឿយៗថា ព្រះជាម្ចាស់បរិសុទ្ធ ប៉ុន្តែ ពួកគេខ្វះការយល់ដឹងពិតប្រាកដ។ ពួកគេគ្រាន់តែនិយាយឱ្យរួចពីមាត់ប៉ុណ្ណោះ។ ដោយសារតែមនុស្សរស់នៅក្នុងចំណោមសេចក្តីស្មោកគ្រោក និងសេចក្តីពុករលួយ ស្ថិតនៅក្រោមដែនត្រួតត្រារបស់សាតាំង ហើយដោយសារពួកគេមើលមិនឃើញពន្លឺ មិនដឹងថាអ្វីវិជ្ជមាន ហើយជាងនេះទៅទៀត គេមិនដឹងថាសេចក្តីពិតជាអ្វី ដូច្នេះហើយទើបគ្មាននរណាម្នាក់ដឹងពីអត្ថន័យពិតនៃពាក្យ «បរិសុទ្ធ» នេះ។ ដូច្នេះ តើមានវត្ថុបរិសុទ្ធ ឬមនុស្សបរិសុទ្ធនៅក្នុងចំណោមមនុស្សជាតិពុករលួយនេះដែរឬទេ? យើងអាចនិយាយដោយប្រាកដបានថា គ្មាននោះទេ ដ្បិតមានតែសារជាតិរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលបរិសុទ្ធ។

កាលពីលើកមុន យើងបានប្រកបគ្នាអំពីទិដ្ឋភាពមួយដែលនិយាយថា សារជាតិរបស់ព្រះជាម្ចាស់ «បរិសុទ្ធ»។ ការប្រកបគ្នានេះ បានផ្ដល់ការជំរុញចិត្តខ្លះដល់មនុស្ស ដើម្បីទទួលបានចំណេះដឹងអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ វាមិនអាចជួយមនុស្សឱ្យដឹងពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់បានទាំងស្រុងទេ ហើយវាក៏មិនទាន់គ្រប់គ្រាន់នឹងអាចជួយពួកគេឱ្យយល់ថា ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់គឺវិសេសឯកដែរ។ លើសពីនេះ វាមិនគ្រប់គ្រាន់នឹងអាចជួយមនុស្សឱ្យយល់ពីអត្ថន័យពិតនៃភាពបរិសុទ្ធ ដែលមាននៅខាងក្នុងព្រះជាម្ចាស់ទាំងស្រុងនោះឡើយ។ ដូច្នេះ យើងចាំបាច់ត្រូវបន្តការប្រកបគ្នារបស់យើងអំពីប្រធានបទនេះទៀត។ កាលពីលើកមុន ការប្រកបគ្នារបស់យើងនិយាយទាក់ទងនឹងប្រធានបទចំនួនបី ដូច្នេះ ពេលនេះ យើងគួរតែពិភាក្សាគ្នាអំពីប្រធានបទទីបួនវិញម្ដង។ យើងនឹងចាប់ផ្ដើម ដោយការអានបទគម្ពីរ។

សេចក្តីល្បួងរបស់អារក្សសាតាំង

ម៉ាថាយ ៤:១-៤ គ្រានោះ ព្រះវិញ្ញាណបាននាំព្រះយេស៊ូវទៅកាន់ឯវាលរហោស្ថាន ដើម្បីឱ្យអារក្សល្បួងទ្រង់។ ហើយនៅពេលដែលទ្រង់បានតមអាហារសែសិបថ្ងៃសែសិបយប់រួចហើយ ទ្រង់ក៏មានព្រះទ័យឃ្លានអាហារ។ នៅពេលដែលមេល្បួងបានចូលមករកទ្រង់ វាបាននិយាយថា បើលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន ចូរបញ្ជាឱ្យដុំថ្មទាំងនេះក្លាយជានំប៉័ងមើល៍។ ប៉ុន្តែ ទ្រង់បានឆ្លើយតបវិញថា ដូចមានចែងក្នុងគម្ពីរថា មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ ប៉ុន្តែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់វិញ។

ទាំងនេះគឺជាពាក្យដែលអារក្សបានព្យាយាមល្បួងព្រះអម្ចាស់យេស៊ូវជាលើកដំបូង។ តើសម្ដីដែលអារក្សបាននិយាយនោះ មានខ្លឹមសារដូចម្ដេច? («បើលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន ចូរបញ្ជាឱ្យដុំថ្មទាំងនេះក្លាយជានំប៉័ងមើល៍»។) ពាក្យដែលអារក្សបាននិយាយទាំងនេះ មានលក្ខណៈសាមញ្ញទេ ប៉ុន្តែ តើខ្លឹមសាររបស់វាមានបញ្ហាដែរឬទេ? អារក្សបាននិយាយថា៖ «បើលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន» ប៉ុន្តែ នៅក្នុងចិត្តរបស់វា តើវាបានដឹង ឬក៏មិនបានដឹងទេថា ព្រះយេស៊ូវជាព្រះបុត្រារបស់ព្រះជាម្ចាស់? តើវាបានដឹង ឬក៏មិនបានដឹងទេថា ទ្រង់ជាព្រះគ្រីស្ទ? (វាបានដឹង។) ចុះហេតុអ្វីបានជាវានិយាយថា «បើលោកជា» ដូច្នេះវិញ? (វាកំពុងព្យាយាមល្បួងព្រះជាម្ចាស់។) ប៉ុន្តែ តើវាធ្វើបែបនេះមានគោលបំណងអ្វី? វាបាននិយាយថា៖ «បើលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។ នៅក្នុងចិត្តរបស់វា វាបានដឹងហើយថា ព្រះយេស៊ូវគ្រីស្ទជាបុត្រារបស់ព្រះជាម្ចាស់ នៅក្នុងចិត្តវា វាដឹងរឿងនេះច្បាស់ណាស់ ប៉ុន្តែទោះបីជាវាដឹងក៏ដោយ តើវាបានចុះចូលនឹងទ្រង់ និងបានថ្វាយបង្គំទ្រង់ដែរឬទេ? (អត់ទេ។) តើវាចង់ធ្វើអ្វី? វាចង់ប្រើវិធីសាស្ត្រនេះ និងប្រើពាក្យទាំងនេះ ដើម្បីធ្វើឱ្យព្រះអម្ចាស់យេស៊ូវក្រោធ ហើយបន្ទាប់មក បញ្ឆោតទ្រង់ឱ្យធ្វើតាមបំណងរបស់វា។ តើពាក្យរបស់អារក្សមិនមែនមានន័យបង្កប់បែបនេះទេឬអី? នៅក្នុងចិត្តរបស់វា អារក្សដឹងយ៉ាងច្បាស់ថា នេះគឺជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ ប៉ុន្តែវានៅតែនិយាយពាក្យទាំងនេះទៀត។ តើនេះមិនមែនជាធម្មជាតិរបស់សាតាំងទេឬអី? តើធម្មជាតិរបស់សាតាំងគឺជាអ្វីទៅ? (ល្បិចកល អាក្រក់ និងគ្មានការគោរពចំពោះព្រះជាម្ចាស់ឡើយ។) តើការមិនគោរពព្រះជាម្ចាស់នឹងទទួលផលវិបាកអ្វីខ្លះ? តើវាមិនមែនចង់វាយប្រហារព្រះជាម្ចាស់ទេឬអី? វាចង់ប្រើវិធីសាស្ត្រនេះ មកវាយប្រហារព្រះជាម្ចាស់ ដូច្នេះហើយបានជាវានិយាយថា៖ «បើលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន ចូរបញ្ជាឱ្យដុំថ្មទាំងនេះក្លាយជានំប៉័ងមើល៍»។ តើនេះមិនមែនជាចេតនាអាក្រក់របស់សាតាំងទេឬអី? តើវាកំពុងតែព្យាយាមធ្វើអ្វីឱ្យប្រាកដទៅ? គោលបំណងរបស់វា គឺអាចមើលឃើញយ៉ាងច្បាស់៖ វាកំពុងតែព្យាយាមប្រើវិធីសាស្ត្រនេះ ដើម្បីបដិសេធតួនាទី និងអត្តសញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ អ្វីដែលសាតាំងចង់មានន័យតាមរយៈពាក្យទាំងនោះគឺថា «បើលោកជាបុត្រារបស់ព្រះជាម្ចាស់មែន ធ្វើឱ្យដុំថ្មទាំងនេះក្លាយជានំប៉័ងទៅ។ បើលោកមិនអាចធ្វើបានទេ នោះលោកមិនមែនជាបុត្រារបស់ព្រះជាម្ចាស់ឡើយ ដូច្នេះ លោកមិនគួរបំពេញកិច្ចការរបស់លោកទៀតឡើយ»។ តើវាមិនមែនមានបំណងបែបនេះទេឬ? វាចង់ប្រើវិធីសាស្ត្រនេះ ដើម្បីវាយប្រហារព្រះជាម្ចាស់ វាចង់កម្ទេច និងបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់។ នេះគឺជាការតាមព្យាបាទរបស់សាតាំង។ ការតាមព្យាបាទរបស់វា គឺជាការសម្ដែងចេញពីធម្មជាតិរបស់វាមកដោយឯកឯង។ ទោះបីវាដឹងថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទជាបុត្រារបស់ព្រះជាម្ចាស់ ជាការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គក៏ដោយ ក៏វានៅតែធ្វើរឿងបែបនេះដដែល ដោយដើរតាមពីក្រោយព្រះជាម្ចាស់យ៉ាងប្រកិត ព្យាយាមវាយប្រហារទ្រង់ និងខំប្រឹងធ្វើគ្រប់បែបយ៉ាងដើម្បីបង្អាក់ និងបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់។

ឥឡូវនេះ យើងនាំគ្នាវិភាគអំពីឃ្លាដែលសាតាំងបាននិយាយ៖ «ចូរបញ្ជាឱ្យដុំថ្មទាំងនេះក្លាយជានំប៉័ងមើល៍»។ តើឃ្លាថា ‹ធ្វើឱ្យដុំថ្មក្លាយជានំប៉័ង› មានន័យដូចម្ដេច? ប្រសិនបើមានអាហារហើយ ហេតុអ្វីមិនទទួលទានទៅ? ហេតុអ្វីចាំបាច់ទៅធ្វើឱ្យដុំថ្មក្លាយជាអាហារធ្វើអ្វី? តើអាចថា ឃ្លានេះគ្មានន័យបានដែរឬទេ? ទោះបីទ្រង់កំពុងតែតមអាហារនៅពេលនោះក៏ដោយ តើព្រះអម្ចាស់យេស៊ូវមានអាហារសម្រាប់ទទួលទានដែរឬទេ? (ទ្រង់មាន។) ដូច្នេះ ត្រង់ចំណុចនេះ យើងអាចមើលឃើញពីភាពខុសទំនងនៃសម្ដីរបស់សាតាំង។ ក្នុងសេចក្ដីវៀចវេរ និងការព្យាបាទរបស់សាតាំងទាំងអស់ យើងនៅតែអាចមើលឃើញពីភាពខុសទំនង និងភាពមិនហេតុផលរបស់វាដដែល។ សាតាំងធ្វើរឿងជាច្រើន ដែលអាចឱ្យអ្នកមើលឃើញធ្លុះពីនិស្ស័យព្យាបាទរបស់វាបាន។ អ្នកអាចមើលឃើញវាធ្វើរឿងដែលបំផ្លាញដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយពេលឃើញបែបនេះ អ្នកមានអារម្មណ៍ថា វាពិតជាគួរឱ្យស្អប់មែន និងគួរឱ្យខឹងណាស់។ នេះម្យ៉ាង ប៉ុន្តែម្យ៉ាងទៀត តើអ្នកមើលមិនឃើញពីធម្មជាតិដ៏ឆោតល្ងង់ក្មេងខ្ចីបង្កប់នៅក្នុងពាក្យសម្ដី និងទង្វើរបស់វាទេឬអី? នេះជាការបើកសម្ដែងឱ្យឃើញពីធម្មជាតិរបស់សាតាំង។ ដោយសារតែសាតាំងមានធម្មជាតិបែបនេះហើយ ទើបវាធ្វើរឿងបែបនេះឯង។ ចំពោះមនុស្សសព្វថ្ងៃ ពាក្យរបស់សាតាំងនេះ គឺជាពាក្យខុសទំនង និងគួរឱ្យចង់សើច។ ប៉ុន្តែ សាតាំងនៅតែអាចនិយាយពាក្យទាំងនេះចេញមកទៀត។ តើយើងអាចថា វាពិតជាល្ងីល្ងើ និងគ្មានហេតុផលបានដែរឬទេ? សេចក្ដីអាក្រក់របស់សាតាំងមាននៅគ្រប់ទីកន្លែង ហើយសេចក្ដីអាក្រក់នេះកំពុងតែត្រូវបើកសម្ដែងជាបន្តបន្ទាប់។ ដូច្នេះ តើព្រះអម្ចាស់បានឆ្លើយតបទៅកាន់វាយ៉ាងដូចម្ដេច? («មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ ប៉ុន្តែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់វិញ»។) តើបន្ទូលទាំងនេះមានព្រះចេស្ដាដែរឬទេ? (ពិតជាមាន។) ហេតុអ្វីបានជាយើងនិយាយថា បន្ទូលទាំងនេះមានព្រះចេស្ដា? នោះគឺដោយសារតែបន្ទូលទាំងនេះ គឺជាសេចក្តីពិត។ តើមនុស្សរស់នៅដោយសារតែនំប៉័ងប៉ុណ្ណោះឬ? ព្រះអម្ចាស់យេស៊ូវបានតមអាហាររយៈពេលសែសិបថ្ងៃសែសិបយប់។ តើទ្រង់ឃ្លានដល់សុគតដែរឬទេ? ទ្រង់មិនបានឃ្លានដល់សុគតទេ ដូច្នេះ សាតាំងក៏បានចូលទៅរកទ្រង់ ក្នុងចេតនាចង់ឱ្យទ្រង់ធ្វើដុំថ្មឱ្យក្លាយជាអាហារ ដោយនិយាយថា៖ «បើលោកធ្វើឱ្យដុំថ្មទាំងនេះក្លាយជាអាហារបាន តើលោកនឹងមិនមានអាហារសម្រាប់ទទួលទានទេឬ? បើដូច្នេះ តើលោកចាំបាច់ទៅតមអាហារ ឱ្យខ្លួនឯងឃ្លានធ្វើអ្វី?» ប៉ុន្តែ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ» ដែលនេះមានន័យថា ទោះបីមនុស្សរស់នៅក្នុងរូបកាយខាងឈាច់ឈាមក៏ដោយ ក៏មិនមែនអាហារដែរ ដែលជួយឱ្យរូបកាយមានជីវិតរស់ និងដកដង្ហើម ប៉ុន្តែ គេរស់បាន ដោយសារតែគ្រប់ទាំងព្រះបន្ទូលដែលថ្លែងចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់វិញទេ។ ម្យ៉ាងទៀត បន្ទូលទាំងនេះគឺជាសេចក្តីពិត ហើយវាផ្ដល់សេចក្ដីជំនឿដល់មនុស្ស ធ្វើឱ្យមនុស្សមានអារម្មណ៍ថា ពួកគេអាចពឹងអាងលើព្រះជាម្ចាស់បាន និងថាទ្រង់គឺជាសេចក្តីពិត។ នេះម្យ៉ាង ហើយម្យ៉ាងទៀត តើបន្ទូលទាំងនេះមានទិដ្ឋភាពជាក់ស្ដែងដែរឬទេ? ក្រោយពេលទ្រង់តមអាហារសែសិបថ្ងៃសែសិបយប់ តើព្រះអម្ចាស់យេស៊ូវមិនមែនកំពុងឈរ និងនៅមានព្រះជន្មរស់នៅឡើយទេឬអី? តើនេះមិនមែនជាឧទាហរណ៍ពិតជាក់ស្ដែងទេឬអី? ទ្រង់មិនបានសោយអាហាររយៈពេលសែសិបថ្ងៃសែសិបយប់ ប៉ុន្តែ ទ្រង់នៅតែមានព្រះជន្មរស់នៅឡើយ។ នេះគឺជាភស្តុតាងដ៏មានឥទ្ធិពលមួយដែលអាចបញ្ជាក់អំពីសេចក្តីពិតនៃព្រះបន្ទូលរបស់ទ្រង់។ បន្ទូលទាំងនេះសាមញ្ញមែន ប៉ុន្តែចំពោះព្រះអម្ចាស់យេស៊ូវវិញ តើទ្រង់បានមានបន្ទូលទាំងនេះ តែនៅពេលដែលសាតាំងបានល្បួងទ្រង់ឬ? ឬតើបន្ទូលទាំងនេះជាផ្នែកមួយរបស់ទ្រង់រួចស្រេចទៅហើយ? និយាយមួយបែបទៀតគឺថា ព្រះជាម្ចាស់ជាសេចក្តីពិត ហើយព្រះជាម្ចាស់ជាជីវិត ប៉ុន្ដែតើសេចក្តីពិតនិងជីវិតរបស់ព្រះជាម្ចាស់នេះ ជាការបន្ថែមមកតាមក្រោយមែនទេ? តើវាកើតចេញពីបទពិសោធនៅពេលក្រោយទៀតមែនទេ? អត់ទេ។ សេចក្ដីពិតនិងជីវិត គឺជាលក្ខណៈដែលមានស្រាប់របស់ព្រះជាម្ចាស់។ អាចនិយាយបានថា សេចក្តីពិតនិងជីវិត គឺជាសារជាតិរបស់ព្រះជាម្ចាស់។ គ្រប់យ៉ាងដែលកើតឡើងចំពោះទ្រង់ គ្រប់យ៉ាងដែលទ្រង់បើកសម្ដែង គឺជាសេចក្តីពិត។ បន្ទូលទាំងនេះគឺជាសេចក្តីពិត មិនថាខ្លឹមសារនៃបន្ទូលរបស់ទ្រង់នោះវែង ឬក៏ខ្លីនោះទេ ប៉ុន្តែ វាអាចជួយឱ្យមនុស្សរស់នៅបាន និងប្រទានជីវិតដល់មនុស្ស។ បន្ទូលទាំងនេះអាចឱ្យមនុស្សទទួលបានសេចក្តីពិត និងមានភាពច្បាស់លាស់អំពីផ្លូវនៃជីវិតរបស់គេ និងអាចឱ្យពួកគេមានសេចក្ដីជំនឿលើព្រះជាម្ចាស់បាន។ អាចនិយាយម្យ៉ាងទៀតថា ប្រភពដែលព្រះជាម្ចាស់ប្រើបន្ទូលទាំងនេះ គឺវិជ្ជមាន។ ដូច្នេះ តើយើងអាចថា អ្វីដែលវិជ្ជមាននេះបរិសុទ្ធបានដែរឬទេ? (ពិតជាបាន។) ពាក្យរបស់សាតាំងទាំងអស់នោះ ចេញមកពីធម្មជាតិរបស់វា។ សាតាំងបើកសម្ដែងពីធម្មជាតិអាក្រក់ និងព្យាបាទរបស់វានៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ឥឡូវនេះ តើសាតាំងធ្វើការបើកសម្ដែងចំណុចទាំងនេះចេញមកដោយឯកឯងមែនទេ? តើមាននរណាម្នាក់បង្គាប់វាឱ្យធ្វើបែបនេះដែរឬទេ? តើមាននរណាម្នាក់ជួយវាដែរឬទេ? តើមាននរណាម្នាក់បង្ខំវាដែរឬទេ? អត់ទេ។ គ្រប់ការបើកសម្ដែងទាំងអស់នេះ គឺធ្វើឡើងចេញពីចេតនារបស់វាផ្ទាល់តែម្ដង។ នេះគឺជាធម្មជាតិអាក្រក់របស់សាតាំង។ មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះទេ ហើយមិនថាទ្រង់ធ្វើកិច្ចការនោះដោយរបៀបណាទេ សាតាំងតែងតែយកតម្រាប់តាមគ្រប់ជំហាន។ សារជាតិ និងធម្មជាតិពិតនៃអ្វីដែលសាតាំងនិយាយនិងធ្វើ គឺជាសារជាតិរបស់សាតាំង ជាសារជាតិអាក្រក់ និងព្យាបាទ។ ឥឡូវនេះ ពេលយើងអានបន្ត តើសាតាំងបាននិយាយអ្វីខ្លះទៀត? យើងអានទាំងគ្នា។

ម៉ាថាយ ៤:៥-៧ បន្ទាប់មក អារក្សនាំទ្រង់ឡើងទៅកាន់ទីក្រុងដ៏បរិសុទ្ធ ហើយដាក់ទ្រង់នៅលើកំពូលព្រះវិហារ ហើយបាននិយាយទៅកាន់ទ្រង់ថា បើលោកជាបុត្រារបស់ព្រះជាម្ចាស់មែន ចូរទម្លាក់ខ្លួនចុះទៅក្រោមមើល៍ ដ្បិតមានចែងទុកមកថា ព្រះជាម្ចាស់នឹងបញ្ជូនទេវតារបស់ទ្រង់មកតាមថែរក្សាលោក ហើយទេវតាទាំងនោះនឹងចាំទ្រលោកនៅក្នុងដៃរបស់គេ ដោយមិនឱ្យជើងលោកទង្គិចនឹងថ្មឡើយ។ ព្រះយេស៊ូវបានមានបន្ទូលទៅវាវិញថា ដូចមានសេចក្ដីចែងទុកមកទៀតថា អ្នកមិនត្រូវល្បួងព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ។

ដំបូង យើងនាំគ្នាមើលពាក្យដែលសាតាំងបាននិយាយនៅត្រង់ចំណុចនេះសិន។ សាតាំងបាននិយាយថា៖ «បើលោកជាបុត្រារបស់ព្រះជាម្ចាស់មែន ចូរទម្លាក់ខ្លួនចុះទៅក្រោមមើល៍» ហើយបន្ទាប់មក វាបានដកស្រង់បទគម្ពីរថា៖ «ព្រះជាម្ចាស់នឹងបញ្ជូនទេវតារបស់ទ្រង់មកតាមថែរក្សាលោក ហើយទេវតាទាំងនោះនឹងចាំទ្រលោកនៅក្នុងដៃរបស់គេ ដោយមិនឱ្យជើងលោកទង្គិចនឹងថ្មឡើយ»។ តើអ្នកមានអារម្មណ៍បែបណា នៅពេលដែលអ្នកឮសម្ដីរបស់សាតាំង? តើសម្ដីទាំងនេះមិនមែនផ្ដេសផ្ដាសពេកទេឬអី? សម្ដីទាំងនេះផ្ដេសផ្ដាស ខុសទំនង និងគួរឱ្យខ្ពើមណាស់។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ជារឿយៗ សាតាំងតែងធ្វើរឿងល្ងង់ខ្លៅបែបនេះ ហើយវាជឿថា ខ្លួនវាឆ្លាតណាស់។ ជារឿយៗ វាតែងដកស្រង់បទគម្ពីរ (សូម្បីតែព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងមកក៏ដោយ) ដោយព្យាយាមប្រើបន្ទូលទាំងនោះទៅទាស់នឹងព្រះជាម្ចាស់ វាយប្រហារទ្រង់ និងល្បួងទ្រង់ ក្នុងបំណងចង់សម្រេចគោលដៅរបស់វាដែលចង់បំផ្លាញផែនការកិច្ចការរបស់ព្រះជាម្ចាស់។ តាមរយៈសម្ដីដែលសាតាំងបាននិយាយនេះ តើអ្នកមើលឃើញចំណុចអ្វីដែរឬទេ? (សាតាំងលាក់បាំងចេតនាអាក្រក់។) គ្រប់កិច្ចការដែលសាតាំងធ្វើ វាតែងតែព្យាយាមចង់ល្បួងមនុស្សជាតិ។ សាតាំងមិននិយាយឱ្យចំៗឡើយ ប៉ុន្តែវាចូលចិត្តនិយាយបញ្ឆិតបញ្ឆៀង ដោយប្រើសេចក្តីល្បួង ការលួងបញ្ឆោត និងការទាក់ចិត្ត។ សាតាំងប្រើប្រាស់សេចក្តីល្បួងរបស់វាដាក់ព្រះជាម្ចាស់ ហាក់ដូចជាទ្រង់ជាមនុស្សសាមញ្ញម្នាក់អ៊ីចឹង ដោយជឿថា ព្រះជាម្ចាស់ក៏ល្ងីល្ងើ ល្ងង់ខ្លៅ និងមិនចេះវែកញែករកខុសត្រូវឱ្យបានច្បាស់លាស់ដូចជាមនុស្សដែរ។ សាតាំងគិតថា ទាំងព្រះជាម្ចាស់ ទាំងមនុស្ស សុទ្ធតែមិនអាចមើលធ្លុះពីសារជាតិរបស់វា ពីការបោកបញ្ឆោត និងចេតនាអាក្រក់របស់វាបានឡើយ។ តើនេះមិនមែនជាភាពល្ងង់ខ្លៅរបស់សាតាំងទេឬអី? លើសពីនេះទៅទៀត សាតាំងដកស្រង់បទគម្ពីរ ទាំងជឿជាក់ថា ការធ្វើបែបនេះ នឹងធ្វើឱ្យអ្នកកាន់តែឱ្យតម្លៃលើវា និងជឿថា អ្នកនឹងមិនអាចចាប់ចំណុចខ្សោយណាមួយនៅក្នុងសម្ដីរបស់វាបានទេ ឬចៀសផុតពីចាញ់បញ្ឆោតវាបានឡើយ។ តើនេះមិនមែនជាភាពគ្មានហេតុផល និងភាពក្មេងខ្ចីរបស់សាតាំងទេឬអី? រឿងនេះគឺដូចជាពេលដែលមនុស្សផ្សាយដំណឹងល្អ និងធ្វើបន្ទាល់អំពីព្រះជាម្ចាស់ដែរ៖ ពេលខ្លះ តើអ្នកមិនជឿនឹងមិននិយាយសម្ដីស្រដៀងនឹងសម្ដីដែលសាតាំងបាននិយាយនេះទេឬអី? តើអ្នករាល់គ្នាធ្លាប់ឮមនុស្សនិយាយសម្ដីស្រដៀងគ្នានេះដែរឬទេ? តើអ្នកមានអារម្មណ៍បែបណា នៅពេលអ្នកឮគេនិយាយបែបនេះ? តើអ្នកមានអារម្មណ៍ខ្ពើមដែរឬទេ? (មាន។) នៅពេលដែលអ្នកមានអារម្មណ៍ខ្ពើម តើអ្នកមានអារម្មណ៍ទាស់ចិត្ត និងស្អប់ដែរឬទេ? នៅពេលដែលអ្នកមានអារម្មណ៍បែបនេះ តើអ្នកអាចទទួលស្គាល់ថា សាតាំង និងនិស្ស័យពុករលួយដែលសាតាំងបង្កឡើងនៅក្នុងខ្លួនមនុស្ស ជារឿងអាក្រក់ដែរឬទេ? នៅក្នុងចិត្តរបស់អ្នក តើអ្នកធ្លាប់មានការទទួលស្គាល់បែបនេះដែរឬទេ៖ «នៅពេលដែលសាតាំងនិយាយ វានិយាយដើម្បីវាយប្រហារ និងដើម្បីល្បួង។ ពាក្យសម្ដីរបស់សាតាំងជាពាក្យគ្មានហេតុផល គួរឱ្យចង់សើច ផ្ដេសផ្ដាស និងគួរឱ្យខ្ពើម។ ក៏ប៉ុន្តែ ព្រះជាម្ចាស់វិញ ទ្រង់នឹងមិនដែលមានបន្ទូល ឬធ្វើបែបនេះឡើយ ហើយពិតណាស់ ទ្រង់មិនដែលបានធ្វើបែបនេះឡើយ»? ជាការពិត នៅក្នុងស្ថានភាពបែបនេះ មនុស្សអាចយល់បានតែបន្ដិចប៉ុណ្ណោះ ហើយនៅមិនទាន់អាចយល់ពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់នៅឡើយទេ។ តាមរយៈកម្ពស់របស់អ្នករាល់គ្នាបច្ចុប្បន្ននេះ អ្នករាល់គ្នាគ្រាន់តែមានអារម្មណ៍ថា៖ «គ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូល គឺជាសេចក្តីពិត មានប្រយោជន៍សម្រាប់យើងរាល់គ្នា ហើយយើងត្រូវតែទទួលយកព្រះបន្ទូល»។ ទោះបីអ្នកអាចទទួលយកបានឬអត់ក៏ដោយ ក៏អ្នកនឹងនិយាយដោយគ្មានការលើកលែងថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិត ថាព្រះជាម្ចាស់ជាសេចក្តីពិតដែរ ប៉ុន្តែអ្នកមិនដឹងថា គឺសេចក្តីពិតនេះឯងដែលបរិសុទ្ធ ហើយព្រះជាម្ចាស់នេះឯងដែលបរិសុទ្ធនោះទេ។

ដូច្នេះ តើព្រះយេស៊ូវបានមានបន្ទូលតបទៅនឹងសម្ដីរបស់សាតាំងដូចម្ដេច? ព្រះយេស៊ូវបានមានបន្ទូលទៅវាថា៖ «ដូចមានសេចក្ដីចែងទុកមកទៀតថា អ្នកមិនត្រូវល្បួងព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ»។ តើនៅក្នុងបន្ទូលដែលព្រះយេស៊ូវបានថ្លែងមកនេះ មានសេចក្ដីពិតដែរឬទេ? នៅក្នុងបន្ទូលទាំងនោះ ច្បាស់ជាមានសេចក្ដីពិតហើយ។ សម្បកក្រៅ បន្ទូលទាំងនេះគឺជាបញ្ញត្តិមួយសម្រាប់ឱ្យមនុស្សធ្វើតាម ប៉ុន្តែទោះយ៉ាងណា ទាំងមនុស្ស ទាំងសាតាំង បានល្មើសនឹងបន្ទូលទាំងនេះជារឿយៗ។ ដូច្នេះ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទៅសាតាំងថា «អ្នកមិនត្រូវល្បួងព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ» ដោយសារតែសាតាំងតែងធ្វើបែបនេះជាញឹកញាប់ ដូច្នេះ វាធ្វើរឿងនេះមិនចេះខ្ជិលទេ។ អាចនិយាយបានថា សាតាំងបានធ្វើរឿងនេះយ៉ាងគឃ្លើន និងឥតអៀនខ្មាសសោះឡើយ។ គឺធម្មជាតិនិងសារជាតិរបស់សាតាំងនេះហើយ ដែលមិនកោតខ្លាចព្រះជាម្ចាស់ និងមិនគោរពព្រះជាម្ចាស់នៅក្នុងចិត្តវានោះ។ សូម្បីតែពេលដែលសាតាំងបានឈរនៅក្បែរព្រះជាម្ចាស់ និងអាចមើលឃើញទ្រង់ក៏ដោយ ក៏វានៅតែល្បួងព្រះជាម្ចាស់កើតទៀត។ ដូច្នេះ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទៅសាតាំងថា៖ «អ្នកមិនត្រូវល្បួងព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ»។ ព្រះជាម្ចាស់តែងមានបន្ទូលបែបនេះទៅសាតាំងជារឿយៗ។ ដូច្នេះ តើឃ្លានេះស័ក្តិសមនឹងយកមកអនុវត្តនៅក្នុងសម័យបច្ចុប្បន្ននេះដែរទេ? (ពិតជាស័ក្តិសម ដ្បិតយើងក៏ល្បួងព្រះជាម្ចាស់ជារឿយៗដែរ។) ហេតុអ្វីបានជាមនុស្សល្បួងព្រះជាម្ចាស់ជារឿយៗបែបនេះ? តើដោយសារតែមនុស្សពេញដោយនិស្ស័យពុករលួយបែបសាតាំងមែនទេ? (មែនហើយ។) ដូច្នេះ តើសម្ដីរបស់សាតាំងខ្ពង់ខ្ពស់ជាងសម្ដីដែលមនុស្សតែងនិយាយមកជារឿយៗមែនទេ? តើមនុស្សនិយាយពាក្យទាំងនេះនៅក្នុងស្ថានភាពបែបណា? គេអាចនិយាយបានថា មនុស្សនិយាយបែបទាំងនេះ ដោយគ្មានគិតពីពេលវេលា និងទីកន្លែងនោះទេ។ ការនេះបញ្ជាក់បានថា និស្ស័យរបស់មនុស្សមិនខុសពីនិស្ស័យពុករលួយរបស់សាតាំងឡើយ។ ព្រះអម្ចាស់យេស៊ូវបានថ្លែងបន្ទូលសាមញ្ញពីរបីពាក្យ ជាបន្ទូលដែលតំណាងឱ្យសេចក្តីពិត ជាបន្ទូលដែលមនុស្សត្រូវការ។ ក៏ប៉ុន្តែ ស្ថិតក្នុងស្ថានភាពនេះ តើព្រះអម្ចាស់យេស៊ូវមានបន្ទូលបែបនេះដើម្បីឈ្លោះប្រកែកជាមួយសាតាំងមែនទេ? តើបន្ទូលដែលទ្រង់ថ្លែងទៅកាន់សាតាំងនេះ មានលក្ខណៈបង្ករឿងដែរឬទេ? (អត់ទេ។) នៅក្នុងដួងព្រះហឫទ័យរបស់ទ្រង់ តើព្រះអម្ចាស់យេស៊ូវមានព្រះទ័យដូចម្ដេចចំពោះសេចក្តីល្បួងរបស់សាតាំង? តើទ្រង់មានព្រះទ័យខ្ពើមរអើមដែរឬទេ? ព្រះអម្ចាស់យេស៊ូវមានព្រះទ័យខ្ពើមរអើម ប៉ុន្តែទ្រង់នៅតែមិនឈ្លោះប្រកែកជាមួយសាតាំងឡើយ ហើយទ្រង់ក៏មិនបានមានបន្ទូលអ្វីអំពីគោលការណ៍សំខាន់ៗដែរ។ តើហេតុអ្វីទៅ? (ដោយសារតែសាតាំងតែងតែបែបនេះឯង វាមិនអាចផ្លាស់ប្ដូរបានឡើយ។) តើអាចនិយាយថា សាតាំងមិនងាយនឹងទទួលយកហេតុផលបានទេ? (ពិតជាបាន។) តើសាតាំងអាចទទួលស្គាល់ថា ព្រះជាម្ចាស់ជាសេចក្តីពិតបានដែរឬទេ? សាតាំងនឹងមិនដែលទទួលស្គាល់ថា ព្រះជាម្ចាស់ជាសេចក្តីពិតឡើយ ហើយវាក៏នឹងមិនដែលសារភាពថា ព្រះជាម្ចាស់ជាសេចក្តីពិតនោះដែរ ដ្បិតនេះជាធម្មជាតិរបស់វា។ ធម្មជាតិរបស់សាតាំង នៅមានទិដ្ឋភាពមួយទៀតដែលគួរឱ្យខ្ពើមរអើម។ តើជាអ្វីទៅ? ពេលសាតាំងខំប្រឹងល្បួងព្រះអម្ចាស់យេស៊ូវ វាបានគិតថា ទោះបីវាមិនបានជោគជ័យក៏ដោយ ក៏វានៅតែព្យាយាមធ្វើបែបនេះដដែល។ ទោះបីវានឹងត្រូវរងការដាក់ទោសក៏ដោយ ក៏វានៅតែជ្រើសរើសសាកល្បងធ្វើបែបនេះដដែល។ ទោះបីវានឹងមិនទទួលប្រយោជន៍អ្វីពីការធ្វើបែបនេះក៏ដោយ ក៏វានៅតែព្យាយាមធ្វើបែបនេះ ដោយក្រាញ់ននៀលខំប្រឹងនិងឈរតតាំងនឹងព្រះជាម្ចាស់ រហូតដល់ទីបញ្ចប់។ តើនេះជាធម្មជាតិប្រភេទអ្វីទៅ? តើនេះមិនមែនជាធម្មជាតិអាក្រក់ទេឬអី? ប្រសិនបើមនុស្សម្នាក់ច្រឡោតខឹង នៅពេលដែលគេនិយាយពីព្រះជាម្ចាស់ តើគេបានឃើញព្រះជាម្ចាស់ហើយឬនៅ? តើគេដឹងថានរណាជាព្រះជាម្ចាស់ទេ? គេមិនដឹងថានរណាជាព្រះជាម្ចាស់ទេ គេមិនជឿលើទ្រង់ឡើយ ហើយព្រះជាម្ចាស់ក៏មិនដែលមានបន្ទូលទៅកាន់គេដែរ។ ព្រះជាម្ចាស់មិនដែលបង្កបញ្ហាដល់គេទេ ចុះហេតុអ្វីបានជាគេច្រឡោតខឹងដូច្នេះ? តើយើងអាចនិយាយថា មនុស្សនេះអាក្រក់បានដែរឬទេ? និន្នាការខាងលោកីយ៍ ការស៊ីផឹក ការស្វែងរកការសប្បាយភ្លើតភ្លើន ការដេញតាមពួកតារា ទាំងអស់នេះគ្មានអ្វីដែលរំខានដល់ចិត្តមនុស្សនេះឡើយ។ ក៏ប៉ុន្តែ នៅពេលនិយាយពី «ព្រះជាម្ចាស់» ឬពីសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេបែរជាច្រឡោតខឹងទៅវិញ។ តើនេះមិនរាប់បញ្ចូលថាជាការមានធម្មជាតិអាក្រក់ទេឬអី? នេះជាភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា នេះជាធម្មជាតិអាក្រក់របស់មនុស្ស។ ឥឡូវនេះ និយាយចំពោះអ្នករាល់គ្នាវិញ នៅពេលដែលគេនិយាយពីសេចក្តីពិត ឬនៅពេលដែលគេនិយាយពីការល្បងលរបស់ព្រះជាម្ចាស់មកលើមនុស្សជាតិ ឬពីព្រះបន្ទូលជំនុំជម្រះរបស់ព្រះជាម្ចាស់ទៅលើមនុស្ស តើអ្នករាល់គ្នាមានអារម្មណ៍ទាស់ចិត្ត មានអារម្មណ៍ស្អប់ខ្ពើម មិនចង់ឮរឿងទាំងនេះដែរឬទេ? អ្នកអាចគិតក្នុងចិត្តថា៖ «តើមនុស្សមិនសុទ្ធតែនិយាយថា ព្រះជាម្ចាស់ជាសេចក្តីពិតទេឬ? ព្រះបន្ទូលខ្លះ មិនមែនជាសេចក្ដីពិតទេ! ច្បាស់ណាស់ នោះគ្រាន់តែជាបន្ទូលដាស់តឿនរបស់ព្រះជាម្ចាស់ចំពោះមនុស្សតែប៉ុណ្ណោះ!» មនុស្សខ្លះថែមទាំងមានអារម្មណ៍ទាស់ចិត្តយ៉ាងខ្លាំង ហើយគិតថា៖ «ឮតែគេនិយាយពីការល្បងលរបស់ទ្រង់ ការជំនុំជម្រះរបស់ទ្រង់រាល់តែថ្ងៃ តើពេលណាគេឈប់និយាយទៅហ្ន៎? តើពេលណាទើបយើងទទួលបានទិសដៅដ៏ល្អមួយទៅ?» គ្មានអ្នកណាដឹងឡើយថា កំហឹងគ្មានហេតុផលបែបនេះ កើតចេញមកពីណាទេ។ តើនេះជាធម្មជាតិបែបណា? (ធម្មជាតិអាក្រក់។) ធម្មជាតិបែបនេះ ត្រូវបានណែនាំ និងដឹកនាំដោយធម្មជាតិអាក្រក់របស់សាតាំង។ តាមទស្សនៈរបស់ព្រះជាម្ចាស់ ទាក់ទងនឹងធម្មជាតិអាក្រក់របស់សាតាំង និងនិស្ស័យពុករលួយរបស់មនុស្ស ទ្រង់មិនដែលឈ្លោះប្រកែក ឬគុំកួនចំពោះមនុស្សឡើយ ហើយទ្រង់ក៏មិនដែលយកព្រះទ័យទុកដាក់អ្វីច្រើនដែរ នៅពេលដែលមនុស្សប្រព្រឹត្តទាំងល្ងង់ខ្លៅបែបនេះ។ អ្នកនឹងមិនដែលឃើញព្រះជាម្ចាស់មានទស្សនៈលើរឿងអ្វីមួយដូចមនុស្សឡើយ ហើយជាងនេះទៅទៀត អ្នកក៏នឹងមិនដែលឃើញទ្រង់ប្រើទស្សនៈ ចំណេះដឹង វិទ្យាសាស្ត្រ ទស្សនវិជ្ជា ឬការស្រមើស្រមៃរបស់មនុស្ស មកដោះស្រាយបញ្ហានានាដែរ។ ផ្ទុយទៅវិញ គ្រប់កិច្ចការដែលព្រះជាម្ចាស់បំពេញ និងគ្រប់សេចក្តីដែលព្រះជាម្ចាស់បើកសម្ដែង គឺផ្សារភ្ជាប់ទៅនឹងសេចក្តីពិត។ មានន័យថា គ្រប់ទាំងព្រះបន្ទូលដែលទ្រង់បានថ្លែង និងគ្រប់ទាំងសកម្មភាពដែលទ្រង់បានធ្វើ ត្រូវផ្សាយភ្ជាប់ទៅនឹងសេចក្តីពិត។ សេចក្តីពិតនេះមិនមែនជាផលដែលកើតចេញពីសេចក្តីរវើរវាយគ្មានមូលដ្ឋាននោះទេ ប៉ុន្តែ សេចក្តីពិត ព្រមទាំងព្រះបន្ទូលទាំងនេះ ត្រូវបានព្រះជាម្ចាស់សម្ដែងចេញតាមរយៈសារជាតិ និងជីវិតរបស់ទ្រង់។ ដោយសារតែព្រះបន្ទូលទាំងនេះ និងសារជាតិនៃគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ ជាសេចក្តីពិត ហេតុនេះ យើងអាចនិយាយបានថា សារជាតិរបស់ព្រះជាម្ចាស់គឺ បរិសុទ្ធ។ និយាយម្យ៉ាងទៀតគឺថា គ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូលនិងធ្វើ នាំមកនូវភាពរស់រវើក និងពន្លឺដល់មនុស្ស ធ្វើឱ្យមនុស្សអាចមើលឃើញពីអ្វីៗដែលវិជ្ជមាន និងតថភាពនៃអ្វីៗដែលវិជ្ជមាន ព្រមទាំងចង្អុលបង្ហាញផ្លូវដល់មនុស្ស ដើម្បីឱ្យពួកគេអាចដើរនៅលើផ្លូវត្រូវបាន។ សេចក្ដីទាំងអស់នេះ សុទ្ធតែត្រូវកំណត់ដោយសារជាតិរបស់ព្រះជាម្ចាស់ និងដោយសារជាតិនៃភាពបរិសុទ្ធរបស់ទ្រង់ទាំងអស់។ ពេលនេះ តើអ្នករាល់គ្នាយល់ពីចំណុចនេះដែរឬទេ? ឥឡូវនេះ យើងនឹងបន្តអានបទគម្ពីរមួយទៀត។

ម៉ាថាយ ៤:៨-១១ ម្ដងទៀត អារក្សក៏នាំព្រះ‌អង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយបង្ហាញនគរទាំងអស់នៅក្នុងពិភពលោក ព្រមទាំងសិរី‌ល្អនៃនគរទាំងនោះ ថ្វាយព្រះ‌អង្គទត រួចវាទូលព្រះ‌អង្គថា៖ ប្រសិន‌បើលោកក្រាបថ្វាយ‌បង្គំខ្ញុំ នោះខ្ញុំនឹងប្រគល់របស់ទាំងអស់នេះដល់លោក។ នោះ ព្រះ‌យេស៊ូវមានព្រះ‌បន្ទូលទៅវាថា៖ សាតាំងអើយ ចូរឯងថយចេញទៅ ដ្បិតមានសេចក្តីចែងទុកមកថា ឯងត្រូវថ្វាយ‌បង្គំព្រះ‌អម្ចាស់ ជាព្រះ‌របស់ឯង ហើយត្រូវគោរពបម្រើព្រះ‌អង្គតែមួយប៉ុណ្ណោះ។ ពេលនោះ អារក្សក៏ថយចេញពីទ្រង់ រួចមានពួកទេវតាមកបម្រើទ្រង់។

ពេលល្បិចកលទាំងពីរលើកកាលពីមុនបរាជ័យ អារក្សសាតាំងបានព្យាយាមម្ដងទៀត៖ វាបានបង្ហាញនគរទាំងអស់នៅក្នុងពិភពលោក និងសិរីល្អនៃនគរទាំងនោះថ្វាយព្រះអម្ចាស់យេស៊ូវទត ហើយសុំឱ្យព្រះអង្គថ្វាយបង្គំវា។ តាមរយៈស្ថានភាពបែបនេះ តើអ្នកអាចមើលឃើញពីលក្ខណៈអ្វីខ្លះរបស់អារក្ស? តើអារក្សសាតាំងមិនមែនមានភាពឥតអៀនខ្មាសទេឬអី? (មែនហើយ។) តើវាគ្មានភាពអៀនខ្មាសយ៉ាងដូចម្ដេចកើតទៅ? ព្រះជាម្ចាស់បង្កើតរបស់សព្វសារពើឡើង តែសាតាំងបែរជាមើលជុំវិញខ្លួន ហើយបង្ហាញគ្រប់យ៉ាងថ្វាយព្រះជាម្ចាស់ទតទៅវិញ ដោយនិយាយថា៖ «មើលពីភាពសម្បូររុងរឿង និងសិរីល្អនៃនគរទាំងនេះចុះ។ ប្រសិនបើលោកថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងប្រគល់របស់ទាំងអស់នេះដល់លោក»។ តើនេះមិនមែនជាការប្រែក្រឡាស់តួនាទីទាំងស្រុងទេឬអី? តើសាតាំងគ្មានភាពអៀនខ្មាសទេឬអី? ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ប៉ុន្តែ តើទ្រង់បានបង្កើតរបស់សព្វសារពើឡើងមកដើម្បីជាការកម្សាន្តព្រះទ័យរបស់ទ្រង់មែនទេ? ព្រះជាម្ចាស់បានប្រទានគ្រប់យ៉ាងដល់មនុស្សជាតិ ប៉ុន្តែសាតាំងចង់រឹបអូសយករបស់ទាំងអស់នោះវិញ ហើយពេលវារឹបអូសបានហើយ វាបានប្រាប់ព្រះជាម្ចាស់ថា៖ «ថ្វាយបង្គំខ្ញុំទៅ! ថ្វាយបង្គំខ្ញុំទៅ នោះខ្ញុំនឹងប្រគល់របស់ទាំងអស់នេះដល់លោក»។ នេះគឺជាមុខមាត់អាក្រក់របស់សាតាំង។ វាគ្មានភាពអៀនខ្មាសសោះឡើយ! សាតាំងមិនទាំងដឹងពីអត្ថន័យនៃពាក្យ «អៀនខ្មាស» ផង។ នេះគ្រាន់តែជាឧទាហរណ៍មួយទៀតពីសេចក្ដីអាក្រក់របស់វាប៉ុណ្ណោះ។ វាថែមទាំងមិនដឹងថាអៀនខ្មាសជាអ្វីទេ។ សាតាំងដឹងច្បាស់ថា ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហើយក៏ដឹងថា ទ្រង់គ្រប់គ្រង និងមានការត្រួតត្រាលើរបស់គ្រប់សារពើដែរ។ របស់សព្វសារពើមិនមែនជាកម្មសិទ្ធិរបស់មនុស្ស ហើយក៏មិនមែនជាកម្មសិទ្ធិរបស់សាតាំងដែរ ប៉ុន្តែជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ ទោះយ៉ាងនេះក្ដី អារក្សសាតាំងនៅតែនិយាយទាំងឥតអៀនខ្មាសថា វានឹងប្រគល់របស់ទាំងអស់នោះដល់ព្រះជាម្ចាស់វិញ។ តើនេះមិនមែនជាឧទាហរណ៍មួយទៀតដែលបញ្ជាក់អំពីការដែលសាតាំងធ្វើខុសទំនង និងឥតអៀនខ្មាសជាថ្មីម្ដងទៀតទេឬ? ទង្វើនេះធ្វើឱ្យព្រះជាម្ចាស់ស្អប់សាតាំងកាន់តែខ្លាំងឡើង មែនទេ? ប៉ុន្តែ មិនថាសាតាំងបានព្យាយាមបែបណានោះទេ តើព្រះអម្ចាស់យេស៊ូវបានចាញ់បញ្ឆោតវាដែរឬទេ? តើព្រះអម្ចាស់យេស៊ូវបានមានបន្ទូលអ្វីខ្លះ? («ឯងត្រូវថ្វាយ‌បង្គំព្រះ‌អម្ចាស់ ជាព្រះ‌របស់ឯង ហើយត្រូវគោរពបម្រើព្រះ‌អង្គតែមួយប៉ុណ្ណោះ»។) តើព្រះបន្ទូលទាំងនេះមានអត្ថន័យជាក់ស្ដែងដែរឬទេ? (មាន។) តើជាអត្ថន័យជាក់ស្ដែងបែបណា? យើងមើលដឹងពីសេចក្ដីអាក្រក់ និងភាពឥតអៀនខ្មាសរបស់សាតាំងតាមរយៈពាក្យសម្ដីរបស់វា។ ដូច្នេះ ប្រសិនបើមនុស្សថ្វាយបង្គំសាតាំងមែន តើនឹងមានលទ្ធផលបែបណា? តើពួកគេនឹងទទួលបានភាពសម្បូររុងរឿង និងសិរីល្អរបស់នគរទាំងអស់នោះដែរឬទេ? (អត់ទេ។) តើពួកគេនឹងទទួលបានអ្វីខ្លះ? តើមនុស្សជាតិនឹងប្រែជាឥតអៀនខ្មាស និងគួរឱ្យចង់សើច ដូចជាសាតាំងដែរមែនទេ? (មែន។) ពេលនោះ ពួកគេនឹងគ្មានអ្វីខុសប្លែកពីសាតាំងឡើយ។ ដូច្នេះ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទាំងនេះ ដែលជាបន្ទូលដ៏សំខាន់សម្រាប់មនុស្សគ្រប់ៗគ្នា៖ «ឯងត្រូវថ្វាយ‌បង្គំព្រះ‌អម្ចាស់ ជាព្រះ‌របស់ឯង ហើយត្រូវគោរពបម្រើព្រះ‌អង្គតែមួយប៉ុណ្ណោះ»។ នេះមានន័យថា ក្រៅពីព្រះអម្ចាស់ ក្រៅពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ប្រសិនបើអ្នកបម្រើអ្នកផ្សេង ប្រសិនបើអ្នកថ្វាយបង្គំអារក្សសាតាំង នោះអ្នកនឹងត្រូវលង់នៅក្នុងសេចក្តីស្មោកគ្រោក ដូចជាសាតាំងដែរមិនខាន។ ពេលនោះ អ្នកនឹងមានភាពឥតអៀនខ្មាស និងសេចក្ដីអាក្រក់របស់សាតាំង ហើយដូចជាសាតាំងដែរ អ្នកនឹងល្បួងព្រះជាម្ចាស់ និងវាយប្រហារព្រះជាម្ចាស់មិនខាន។ ដូច្នេះ តើអ្នកនឹងទទួលបានលទ្ធផលបែបណា? អ្នកនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម ត្រូវព្រះជាម្ចាស់វាយផ្ដួល និងត្រូវព្រះជាម្ចាស់បំផ្លាញ។ ក្រោយពេលសាតាំងបានល្បួងព្រះអម្ចាស់យេស៊ូវជាច្រើនដងតែមិនបានជោគជ័យហើយ តើវាបានព្យាយាមល្បួងទ្រង់ម្ដងទៀតដែរឬទេ? សាតាំងមិនបានព្យាយាមម្ដងទៀតឡើយ រួចវាក៏បានចាកចេញទៅ។ តើសេចក្ដីនេះចង់បញ្ជាក់អំពីអ្វីដែរ? សេចក្ដីនេះបញ្ជាក់ថា ធម្មជាតិអាក្រក់របស់សាតាំង ការព្យាបាទរបស់វា និងភាពគ្មានហេតុផល ព្រមទាំងភាពខុសទំនងរបស់វា គ្មានតម្លៃអ្វីក្នុងការលើកមកនិយាយនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ឡើយ។ ព្រះអម្ចាស់យេស៊ូវបានយកឈ្នះលើសាតាំង ដោយប្រើព្រះបន្ទូលតែបីប្រយោគប៉ុណ្ណោះ បន្ទាប់ពីនោះមក សាតាំងបានដើរចេញយ៉ាងលឿនដោយសេចក្ដីខ្មាសអៀនយ៉ាងខ្លាំង ហើយវាខ្មាសខ្លាំងមិនហ៊ានបង្ហាញមុខទេ ហើយវាក៏មិនដែលល្បួងព្រះអម្ចាស់យេស៊ូវម្ដងទៀតដែរ។ ដោយសារតែព្រះអម្ចាស់យេស៊ូវបានយកឈ្នះលើសេចក្តីល្បួងរបស់សាតាំងរួចហើយ ដូច្នេះពេលនេះ ទ្រង់អាចបន្តធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ និងកិច្ចការដែលនៅខាងមុខទ្រង់បានយ៉ាងងាយស្រួល។ ប្រសិនបើព្រះបន្ទូលនេះត្រូវយកមកអនុវត្តនៅក្នុងគ្រាបច្ចុប្បន្ន តើគ្រប់យ៉ាងដែលព្រះអម្ចាស់យេស៊ូវបានធ្វើនិងបានមានបន្ទូលនៅក្នុងស្ថានភាពនេះ មានអត្ថន័យជាក់ស្ដែងសម្រាប់មនុស្សគ្រប់ៗគ្នា ដែរឬទេ? (ពិតជាមាន។) តើវាមានអត្ថន័យជាក់ស្ដែងអ្វីខ្លះ? តើការយកឈ្នះលើសាតាំង ជារឿងងាយស្រួលធ្វើមែនទេ? តើមនុស្សត្រូវតែមានការយល់ដឹងឱ្យបានច្បាស់ពីធម្មជាតិអាក្រក់របស់សាតាំងដែរឬទេ? តើមនុស្សត្រូវតែមានការយល់ដឹងឱ្យបានសុក្រឹតពីសេចក្តីល្បួងរបស់សាតាំងដែរឬទេ? (ត្រូវតែមាន។) នៅពេលដែលជួបសេចក្តីល្បួងរបស់សាតាំងនៅក្នុងជីវិតរបស់អ្នក ប្រសិនបើអ្នកអាចមើលធ្លុះពីធម្មជាតិអាក្រក់របស់សាតាំង តើអ្នកនឹងមិនអាចយកឈ្នះលើវាបានដែរឬទេ? ប្រសិនបើអ្នកបានដឹងអំពីភាពគ្មានហេតុផល និងភាពខុសទំនងរបស់សាតាំង តើអ្នកនឹងនៅតែឈរខាងសាតាំង ហើយវាយប្រហារព្រះជាម្ចាស់ទៀតដែរទេ? ប្រសិនបើអ្នកបានដឹងថា ការព្យាបាទនិងភាពឥតអៀនខ្មាសរបស់សាតាំងត្រូវបានបើកសម្ដែងតាមរយៈអ្នក ប្រសិនបើអ្នកសម្គាល់ដឹង និងយល់ពីរឿងទាំងនេះបានយ៉ាងច្បាស់ តើអ្នកនឹងនៅតែវាយប្រហារ និងល្បួងព្រះជាម្ចាស់បែបនេះទៀតមែនទេ? (អត់ទេ យើងនឹងមិនធ្វើបែបនេះឡើយ។) តើអ្នកនឹងធ្វើបែបណា? (យើងនឹងបះបោរទាស់នឹងសាតាំង ហើយបណ្ដេញវាចេញ។) តើនេះជារឿងងាយស្រួលធ្វើដែរឬទេ? វាមិនស្រួលឡើយ។ ដើម្បីធ្វើបែបនេះបាន មនុស្សត្រូវតែអធិស្ឋានឱ្យបានញឹកញាប់ ពួកគេត្រូវតែដាក់ខ្លួនគេនៅចំពោះព្រះជាម្ចាស់ជារឿយៗ និងពិនិត្យមើលពីខ្លួនពួកគេ។ ហើយពួកគេត្រូវតែអនុញ្ញាតឱ្យព្រះជាម្ចាស់ប្រៀនប្រដៅ ជំនុំជម្រះ និងវាយផ្ចាលពួកគេ។ មានតែបែបនេះទេ ទើបមនុស្សនឹងអាចដកខ្លួនចេញពីសេចក្តីបញ្ឆោត និងការត្រួតត្រារបស់សាតាំងបន្តិចម្ដងៗបាន។

ពេលពិនិត្យមើលពាក្យទាំងអស់ដែលសាតាំងបាននិយាយ ឥឡូវនេះ យើងនឹងសង្ខេបអំពីចំណុចដែលផ្សំគ្នាបង្កើតបានជាសារជាតិរបស់សាតាំង។ ដំបូង សារជាតិរបស់សាតាំង អាចនិយាយបានជាទូទៅថា ជាសារជាតិអាក្រក់ ផ្ទុយពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាខ្ញុំនិយាយថា សារជាតិរបស់សាតាំង អាក្រក់? ដើម្បីឆ្លើយនឹងសំណួរនេះ គេត្រូវតែពិនិត្យមើលពីផលនៃទង្វើដែលសាតាំងបានធ្វើមកលើមនុស្សសិន។ សាតាំងត្រួតត្រាមនុស្ស និងធ្វើឱ្យមនុស្សពុករលួយ ហើយឱ្យមនុស្សប្រព្រឹត្តនៅក្រោមនិស្ស័យដ៏ពុករលួយរបស់សាតាំង និងរស់នៅក្នុងពិភពរបស់មនុស្សដែលត្រូវសាតាំងធ្វើឱ្យពុករលួយ។ មនុស្សជាតិត្រូវសាតាំងសណ្ឋិត និងក្លាយជាចំណែករបស់សាតាំងទាំងមិនដឹងខ្លួន។ ដូច្នេះហើយទើបមនុស្សមាននិស្ស័យពុករលួយរបស់សាតាំង ដែលជាធម្មជាតិរបស់សាតាំង។ តាមរយៈគ្រប់យ៉ាងដែលសាតាំងបាននិយាយនិងបានធ្វើ តើអ្នកបានឃើញពីភាពក្រអឺតក្រទមរបស់វាដែរឬទេ? តើអ្នកបានឃើញពីការបោកបញ្ឆោត និងការព្យាបាទរបស់វាដែរឬទេ? តើភាពក្រអឺតក្រទមរបស់សាតាំងត្រូវបានបង្ហាញចេញមកសំខាន់តាមរបៀបណា? តើសាតាំងតែងតែមានការលាក់បាំងពីបំណងចង់កាន់តួនាទីរបស់ព្រះជាម្ចាស់ដែរឬទេ? សាតាំងតែងតែចង់បំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ចោល និងចង់កាន់មុខតំណែងរបស់ព្រះជាម្ចាស់ ដើម្បីឱ្យមនុស្សដើរតាមវា គាំទ្រវា និងថ្វាយបង្គំវា។ នេះហើយជាធម្មជាតិក្រអឺតក្រទមរបស់សាតាំង។ នៅពេលដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ តើវាប្រាប់ពួកគេដោយផ្ទាល់ថាពួកគេគួរតែធ្វើអ្វីដែរឬទេ? នៅពេលដែលសាតាំងល្បួងព្រះជាម្ចាស់ តើវាចេញមកនិយាយថា៖ «ខ្ញុំកំពុងតែល្បួងលោក ខ្ញុំកំពុងតែវាយប្រហារលោក» ដែរឬទេ? វាមិនធ្វើបែបនេះជាដាច់ខាត។ ដូច្នេះ តើសាតាំងប្រើវិធីសាស្ត្របែបណា? វាទាក់ចិត្ត ល្បួង វាយប្រហារ និងដាក់អន្ទាក់ ហើយថែមទាំងដកស្រង់បន្ទូលចេញពីបទគម្ពីរទៀតផង។ សាតាំងនិយាយ និងប្រព្រឹត្តតាមរបៀបផ្សេងៗ ដើម្បីសម្រេចគោលបំណង និងចេតនាអាក្រក់របស់វា។ បន្ទាប់ពីសាតាំងបានធ្វើបែបនេះហើយ តើគេអាចមើលឃើញអ្វីខ្លះតាមរយៈការបើកសម្ដែងនៅក្នុងខ្លួនមនុស្ស? តើមនុស្សមិនមែនមានភាពក្រអឺតក្រទមដែរទេឬអី? មនុស្សបានរងទុក្ខដោយសារសេចក្តីពុករលួយរបស់សាតាំងអស់ពេលរាប់ពាន់ឆ្នាំមកហើយ ដូច្នេះ មនុស្សក៏មានភាពក្រអឺតក្រទម ការបោកបញ្ឆោត ការព្យាបាទ និងភាពល្ងីល្ងើផងដែរ។ គ្រប់សេចក្ដីអាក្រក់ទាំងអម្បាលម៉ាននេះកើតចេញពីធម្មជាតិរបស់សាតាំង។ ដោយសារតែធម្មជាតិរបស់សាតាំងអាក្រក់ ដូច្នេះ វាក៏បានផ្ដល់និស្ស័យអាក្រក់ និងនិស្ស័យពុករលួយមកឱ្យមនុស្សដែរ។ ហេតុនេះហើយបានជាមនុស្សរស់នៅក្រោមនិស្ស័យពុករលួយបែបសាតាំង ហើយមនុស្សក៏ប្រឆាំងទាស់នឹងព្រះជាម្ចាស់ វាយប្រហារព្រះជាម្ចាស់ និងល្បួងទ្រង់ដូចជាសាតាំងដែរ។ មនុស្សបែបនេះមិនអាចថ្វាយបង្គំព្រះជាម្ចាស់បានទេ ហើយគេក៏គ្មានដួងចិត្តដែលគោរពដល់ទ្រង់ដែរ។

វិធីប្រាំយ៉ាងដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ

ទាក់ទងនឹងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់វិញ ទោះបីប្រធានបទនេះហាក់ដូចជាធ្លាប់បានឮក៏ដោយ ប៉ុន្តែ នៅពេលនិយាយដល់ប្រធានបទនេះ វាអាចមានលក្ខណៈអរូបីសម្រាប់មនុស្សមួយចំនួន ហើយអាចមានលក្ខណៈជ្រាលជ្រៅ និងពិបាកនឹងឱ្យពួកគេយល់បាន។ ប៉ុន្តែ ពុំចាំបាច់ព្រួយបារម្ភឡើយ។ ខ្ញុំនឹងជួយឱ្យអ្នករាល់គ្នាយល់អំពីអត្ថន័យនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់នេះ។ ដើម្បីដឹងថាបុគ្គលម្នាក់ជាមនុស្សប្រភេទណា ត្រូវមើលទៅលើអ្វីដែលគេធ្វើ និងលទ្ធផលដែលចេញពីទង្វើរបស់គេ ហើយបន្ទាប់មក អ្នកនឹងអាចមើលឃើញពីសារជាតិរបស់បុគ្គលម្នាក់នោះមិនខាន។ តើអាចនិយាយបែបនេះបានទេ? (អាច។) ដូច្នេះ ជាដំបូង យើងគួរប្រកបគ្នាអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់តាមទិដ្ឋភាពមួយនេះសិន។ អាចនិយាយបានថា សារជាតិរបស់សាតាំងគឺអាក្រក់ ដូច្នេះហើយ ទង្វើរបស់សាតាំងមកលើមនុស្ស បានធ្វើឱ្យពួកគេពុករលួយឥតស្រាក់ស្រាន្ត។ សាតាំងអាក្រក់ ដូច្នេះ មនុស្សដែលវាបានធ្វើឱ្យពុករលួយ ក៏ច្បាស់ជាអាក្រក់ដែរ។ គេនឹងថា៖ «សាតាំងអាក្រក់មែន ប៉ុន្តែ ប្រហែលមនុស្សដែលវាបានធ្វើឱ្យពុករលួយនោះបរិសុទ្ធទេ» តើគេនិយាយដូច្នេះទេ? ការនិយាយបែបនេះ នឹងក្លាយជារឿងកំប្លែងមិនខាន មែនទេ? តើរឿងបែបនេះអាចទៅរួចដែរទេ? (អត់ទេ។) សាតាំងអាក្រក់ ហើយនៅក្នុងសេចក្តីអាក្រក់របស់វា មានទាំងផ្នែកសំខាន់ ទាំងផ្នែកជាក់ស្ដែង។ នេះមិនមែនជាការនិយាយឥតប្រយោជន៍ឡើយ។ យើងមិនមែនកំពុងតែព្យាយាមបង្ខូចឈ្មោះសាតាំងទេ។ យើងគ្រាន់តែប្រកបគ្នាអំពីសេចក្តីពិត និងភាពជាក់ស្ដែងប៉ុណ្ណោះ។ ការប្រកបគ្នាអំពីតថភាពនៃប្រធានបទនេះ អាចធ្វើឱ្យមនុស្សខ្លះ ឬមនុស្សមួយចំនួនតូចមានការឈឺចាប់ ប៉ុន្តែគ្មានចេតនាព្យាបាទអ្វីទេ។ ប្រហែល អ្នករាល់គ្នាស្ដាប់ឮនៅថ្ងៃនេះ ហើយមានអារម្មណ៍មិនស្រួលក្នុងចិត្ត ប៉ុន្តែ ទៅថ្ងៃមុខ ពេលដែលអ្នករាល់គ្នាអាចសម្គាល់ដឹងបាន នោះអ្នករាល់គ្នានឹងស្អប់ខ្ពើមខ្លួនឯង ហើយអ្នករាល់គ្នានឹងមានអារម្មណ៍ថា អ្វីដែលខ្ញុំបាននិយាយនៅថ្ងៃនេះ ពិតជាមានប្រយោជន៍ និងមានតម្លៃសម្រាប់អ្នករាល់គ្នាខ្លាំងណាស់។ សារជាតិរបស់សាតាំងគឺអាក្រក់ ដូច្នេះ តើយើងអាចនិយាយបានថា ផលដែលចេញពីទង្វើរបស់សាតាំងសុទ្ធតែអាក្រក់ ឬយ៉ាងហោចណាស់ក៏មានជាប់ពាក់ព័ន្ធនឹងសេចក្តីអាក្រក់របស់វា បានដែរឬទេ? (បាន។) ដូច្នេះ តើសាតាំងធ្វើឱ្យមនុស្សពុករលួយបានដោយរបៀបណា? នៅក្នុងចំណោមសេចក្ដីអាក្រក់ដែលសាតាំងធ្វើនៅក្នុងលោកីយ៍នេះ និងនៅក្នុងចំណោមនុស្សជាតិ តើមានទិដ្ឋភាពជាក់លាក់ណាខ្លះដែលមនុស្សអាចមើលឃើញ និងអាចយល់បាន? កាលពីមុន តើអ្នករាល់គ្នាធ្លាប់បានគិតអំពីចំណុចនេះដែរឬទេ? អ្នករាល់គ្នាប្រហែលជាមិនធ្លាប់បានគិតអំពីចំណុចនេះច្រើននោះទេ ដូច្នេះ ចាំខ្ញុំលើកឡើងពីចំណុចសំខាន់ៗមួយចំនួនចុះ។ មនុស្សគ្រប់គ្នាសុទ្ធតែដឹងអំពីទ្រឹស្ដីនៃការវិវត្តន៍ដែលសាតាំងបានលើកឡើងហើយ មែនទេ? នេះគឺជាចំណេះដឹងមួយផ្នែកដែលមនុស្សបានសិក្សា ត្រូវទេ? (ត្រូវ។) ដូច្នេះ ដំបូង សាតាំងបានប្រើចំណេះដឹង ដើម្បីធ្វើឱ្យមនុស្សពុករលួយ ហើយប្រើវិធីសាស្ត្របែបសាតាំងផ្ទាល់ ដើម្បីផ្ទេរចំណេះដឹងទៅកាន់ពួកគេ។ បន្ទាប់មក វាប្រើវិទ្យាសាស្ត្រ ដើម្បីធ្វើឱ្យមនុស្សពុករលួយ ដោយធ្វើឱ្យពួកគេមានចំណាប់អារម្មណ៍ខ្លាំងទៅលើចំណេះដឹងខាងវិទ្យាសាស្ត្រ រឿងរ៉ាវអាថ៌កំបាំង ឬក្នុងរឿងជាច្រើនដែលមនុស្សមានបំណងចង់រុករក។ របស់បន្ទាប់ដែលសាតាំងប្រើដើម្បីធ្វើឱ្យមនុស្សពុករលួយ គឺជាវប្បធម៌ប្រពៃណី និងអបិយជំនឿ ហើយបន្ទាប់មកទៀត គឺជានិន្នាការសង្គម។ មនុស្សជួបប្រទះរឿងរ៉ាវទាំងអស់នេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់គេ ហើយអ្វីៗទាំងអស់នេះកើតមានឡើងនៅជុំវិញខ្លួនមនុស្សតែម្ដង។ រឿងទាំងអស់នេះសុទ្ធតែផ្សារភ្ជាប់ទៅនឹងអ្វីៗដែលមនុស្សមើលឃើញ អ្វីៗដែលគេស្ដាប់ឮ អ្វីៗដែលគេប៉ះពាល់ និងអ្វីៗដែលគេជួបប្រទះ។ គេអាចនិយាយបានថា មនុស្សម្នាក់ៗរស់នៅក្នុងជីវិតដែលហ៊ុមព័ទ្ធដោយរបស់ទាំងអស់នេះ សូម្បីតែពួកគេចៀសវាង ឬរើខ្លួនឱ្យរួចពីរបស់ទាំងអស់នេះ ក៏មិនអាចធ្វើបានដែរ។ ពេលប្រឈមមុខនឹងរឿងទាំងនេះ មនុស្សជាតិមិនអាចធ្វើអ្វីបានឡើយ អ្វីដែលគេអាចធ្វើបាន គឺទទួលរងឥទ្ធិពល ត្រូវប្រឡាក់ប្រឡូស ត្រូវត្រួតត្រា និងត្រូវចងជាប់ដោយរបស់ទាំងនេះ។ ម្ល៉ោះហើយ មនុស្សគ្មានអំណាចអ្វីនឹងរើខ្លួនឱ្យរួចពីរបស់ទាំងនោះឡើយ។

ក. របៀបដែលសាតាំងប្រើចំណេះដឹងដើម្បីធ្វើឱ្យមនុស្សពុករលួយ

ដំបូង យើងនឹងនិយាយអំពីចំណេះដឹង។ តើមនុស្សចាត់ទុកចំណេះដឹងជាអ្វីដែលវិជ្ជមានមែនទេ? យ៉ាងហោចណាស់ ក៏មនុស្សគិតថា អត្ថន័យបង្កប់នៃពាក្យ «ចំណេះដឹង» នេះ មានភាពវិជ្ជមាន ជាជាងអវិជ្ជមានដែរ។ ដូច្នេះ ហេតុអ្វីបានជាយើងលើកឡើងនៅទីនេះថា សាតាំងប្រើចំណេះដឹង ដើម្បីធ្វើឱ្យមនុស្សពុករលួយទៅវិញ? តើទ្រឹស្ដីនៃការវិវត្តន៍មិនមែនជាទិដ្ឋភាពនៃចំណេះដឹងមួយទេឬអី? តើច្បាប់វិទ្យាសាស្ត្ររបស់ញូតុន មិនមែនជាចំណេះដឹងមួយផ្នែកទេឬអី? ទំនាញផែនដីក៏ជាចំណេះដឹងមួយផ្នែកដែរ មែនទេ? (មែនហើយ។) ដូច្នេះ ហេតុអ្វីបានជាចំណេះដឹងត្រូវបានរាប់បញ្ចូលក្នុងចំណោមរបស់ដែលសាតាំងប្រើ ដើម្បីធ្វើឱ្យមនុស្សជាតិពុករលួយ? តើអ្នករាល់គ្នាមានទស្សនៈបែបណាចំពោះរឿងនេះ? តើចំណេះដឹងមានសេចក្តីពិតសូម្បីតែមួយចំណិតនៅក្នុងនោះដែរឬទេ? (អត់ទេ។) ដូច្នេះ តើសារជាតិនៃចំណេះដឹងជាអ្វី? តើចំណេះដឹងទាំងអស់ដែលមនុស្សបានរៀនសូត្រ មានមូលដ្ឋានផ្អែកលើអ្វី? តើវាផ្អែកលើមូលដ្ឋានទ្រឹស្ដីនៃការវិវត្តន៍មែនទេ? តើចំណេះដឹងដែលមនុស្សទទួលបានតាមរយៈការរុករក និងការសន្និដ្ឋាន មិនមែនមានមូលដ្ឋានផ្អែកលើលទ្ធិមិនជឿព្រះទេឬអី? តើចំណេះដឹងណាមួយបែបនេះ មានការផ្សារភ្ជាប់ជាមួយព្រះជាម្ចាស់ដែរឬទេ? តើវាត្រូវបានផ្សារភ្ជាប់ជាមួយការថ្វាយបង្គំព្រះជាម្ចាស់ដែរឬទេ? តើវាត្រូវបានផ្សារភ្ជាប់ជាមួយសេចក្តីពិតដែរឬទេ? (អត់ទេ។) ដូច្នេះ តើសាតាំងប្រើចំណេះដឹងដើម្បីធ្វើឱ្យមនុស្សពុករលួយដោយរបៀបណា? ខ្ញុំគ្រាន់តែនិយាយថា គ្មានចំណេះដឹងណាមួយត្រូវបានផ្សារភ្ជាប់ទៅនឹងការថ្វាយបង្គំព្រះជាម្ចាស់ ឬជាមួយសេចក្តីពិតឡើយ។ មនុស្សមួយចំនួនគិតពីសម្ដីខ្ញុំបែបនេះ៖ «ចំណេះដឹងអាចនឹងមិនទាក់ទងអ្វីជាមួយនឹងសេចក្តីពិតក៏ពិតមែន ក៏ប៉ុន្តែវាក៏មិនធ្វើឱ្យមនុស្សពុករលួយនោះដែរ»។ តើអ្នករាល់គ្នាយល់ឃើញបែបណាចំពោះទស្សនៈនេះ? តើចំណេះដឹងបង្រៀនអ្នកថា សេចក្តីសុខរបស់មនុស្សត្រូវបង្កើតឡើងដោយដៃទាំងពីររបស់មនុស្ស មែនទេ? តើចំណេះដឹងបង្រៀនអ្នកថា វាសនារបស់មនុស្សស្ថិតនៅក្នុងដៃរបស់គេ មែនទេ? (មែន។) តើនេះជាសម្ដីបែបណាដែរ? (ជាសម្ដីរបស់អារក្ស។) ពិតជាត្រឹមត្រូវណាស់! វាជាសម្ដីរបស់អារក្ស! ចំណេះដឹង គឺជាប្រធានបទដ៏ស្មុគស្មាញមួយក្នុងពិភាក្សាគ្នា។ អ្នកអាចត្រឹមនិយាយថា ចំណេះដឹងក្នុងវិស័យណាមួយ គ្មានអ្វីក្រៅពីចំណេះដឹងឡើយ។ នោះគឺចំណេះដឹងមួយផ្នែកដែលរៀនសូត្រនៅលើមូលដ្ឋាននៃការមិនថា្វយបង្គំព្រះជាម្ចាស់ និងផ្អែកលើការមិនយល់ថា ព្រះជាម្ចាស់ជាអ្នកបង្កើតរបស់សព្វសារពើ។ នៅពេលដែលមនុស្សសិក្សាអំពីចំណេះដឹងប្រភេទនេះ ពួកគេមិនយល់ឃើញថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើឡើយ ហើយពួកគេក៏មិនយល់ឃើញថា ព្រះជាម្ចាស់កំពុងតែត្រួតត្រា ឬកំពុងគ្រប់គ្រងលើរបស់សព្វសារពើនោះដែរ។ ផ្ទុយទៅវិញ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺស្រាវជ្រាវ និងរុករកគ្មានទីបញ្ចប់ទៅលើចំណេះដឹងមួយផ្នែកនោះ ហើយព្យាយាមរកចម្លើយ ដោយផ្អែកលើចំណេះដឹង។ យ៉ាងណាមិញ ប្រសិនបើមនុស្សមិនជឿលើព្រះជាម្ចាស់ ហើយគេបែរជាគ្រាន់តែធ្វើការស្រាវជ្រាវទៅវិញ តើពិតទេដែលថាពួកគេនឹងមិនដែលរកឃើញចម្លើយពិតនោះ? ចំណេះដឹងទាំងអស់នោះ អាចផ្ដល់ជីវភាព ការងារ និងប្រាក់ចំណូលដល់អ្នកបាន ដើម្បីកុំឱ្យអ្នកស្រេកឃ្លាន ប៉ុន្តែ វានឹងមិនធ្វើឱ្យអ្នកថ្វាយបង្គំព្រះជាម្ចាស់ឡើយ ហើយវាក៏នឹងមិនដែលនាំអ្នកឱ្យចេញឆ្ងាយពីសេចក្ដីអាក្រក់នោះដែរ។ កាលណាអ្នកសិក្សាពីចំណេះដឹងកាន់តែច្រើន នោះអ្នកនឹងកាន់តែមានបំណងចង់បះបោរទាស់នឹងព្រះជាម្ចាស់ កាន់តែចង់ដាក់ព្រះជាម្ចាស់ទៅក្នុងកម្មវត្ថុនៃការសិក្សា កាន់តែចង់ល្បួងព្រះជាម្ចាស់ និងកាន់តែចង់ទាស់ទទឹងនឹងព្រះជាម្ចាស់ខ្លាំងឡើង។ ដូច្នេះ ឥឡូវនេះ តើយើងមើលឃើញអ្វីខ្លះដែលចំណេះដឹងកំពុងតែបង្រៀនដល់មនុស្ស? វាសុទ្ធតែជាទស្សនវិជ្ជារបស់សាតាំងទាំងអស់។ តើទស្សនវិជ្ជានិងក្បួនច្បាប់នៃការរស់រាន ដែលសាតាំងផ្សព្វផ្សាយនៅក្នុងចំណោមមនុស្សពុករលួយ មានទំនាក់ទំនងអ្វីជាមួយសេចក្តីពិតដែរឬទេ? វាគ្មានអ្វីពាក់ព័ន្ធទាល់ជាមួយនឹងសេចក្តីពិត ហើយតាមពិតទៅ វាផ្ទុយទៅនឹងសេចក្តីពិតវិញទេ។ ជារឿយៗ មនុស្សតែងនិយាយថា៖ «ជីវិតត្រូវមានចលនា» និង «មនុស្សគឺជាដែក ឯបាយគឺជាដែកថែប បើមនុស្សមិនបរិភោគបាយទេ គេនឹងឃ្លានមិនខាន»។ តើឃ្លាទាំងនេះមានន័យដូចម្ដេច? ឃ្លានេះជាពាក្យកុហក ហើយពេលឮពាក្យទាំងនេះ មានអារម្មណ៍គួរឱ្យខ្ពើម។ នៅក្នុងអ្វីដែលមនុស្សហៅថាជាចំណេះដឹងនេះ សាតាំងបានបញ្ជ្រាបទស្សនវិជ្ជាអំពីការរស់នៅ និងការគិតរបស់វាចូលក្នុងនោះបន្តិចបន្តួចដែរ។ ហើយនៅពេលដែលសាតាំងធ្វើបែបនេះ វាអនុញ្ញាតឱ្យមនុស្សប្រើគំនិត ទស្សនវិជ្ជា និងទស្សនៈយល់ឃើញរបស់វា ដើម្បីឱ្យមនុស្សអាចបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់ បដិសេធការត្រួតត្រារបស់ព្រះជាម្ចាស់ទៅលើរបស់សព្វសារពើ និងលើវាសនារបស់មនុស្ស។ ដូច្នេះ នៅពេលដែលការសិក្សារបស់មនុស្សកាន់តែចម្រើនទៅមុខ ហើយនៅពេលគេទទួលបានចំណេះដឹងកាន់តែច្រើន នោះគេមានអារម្មណ៍កាន់តែស្រពេចស្រពិលអំពីអត្ថិភាពរបស់ព្រះជាម្ចាស់ ហើយគេថែមទាំងលែងមានអារម្មណ៍ថា ព្រះជាម្ចាស់មានពិតប្រាកដមែនថែមទៀតផង។ ដោយសារសាតាំងបានបណ្ដុះគំនិត ទស្សនៈ និងសញ្ញាណជាក់លាក់មួយចំនួននៅក្នុងខ្លួនមនុស្ស ដូច្នេះហើយ នៅពេលដែលសាទាំងបានចាក់បំពេញជាតិពិសនេះចូលក្នុងខ្លួនមនុស្សហើយ តើមនុស្សនឹងមិនត្រូវចាញ់កល់ និងត្រូវសាតាំងធ្វើឱ្យពុករលួយទេឬអី? ដូច្នេះ តើអ្នករាល់គ្នាយល់ឃើញថា មនុស្សសព្វថ្ងៃនេះរស់នៅតាមអ្វីដែរ? តើពួកគេមិនមែនរសនៅតាមចំណេះដឹង និងគំនិតដែលសាតាំងបានបណ្ដុះនេះទេឬអី? ហើយអ្វីៗដែលលាក់បាំងនៅក្នុងចំណេះដឹងនិងគំនិតនេះ តើវាមិនមែនជាទស្សនវិជ្ជា និងជាតិពិសរបស់សាតាំងទេឬអី? មនុស្សរស់នៅតាមទស្សនៈវិជ្ជានិងជាតិពិសរបស់សាតាំង។ ហើយតើចំណុចស្នូលនៃការដែលសាតាំងធ្វើឱ្យមនុស្សពុករលួយជាអ្វី? សាតាំងចង់ឱ្យមនុស្សធ្វើការបដិសេធ ជំទាស់ និងក្រោកឈរប្រឆាំងនឹងព្រះជាម្ចាស់ដូចជាវាដែរ។ នេះជាគោលដៅរបស់សាតាំងក្នុងការធ្វើឱ្យមនុស្សពុករលួយ ហើយក៏ជាមធ្យោបាយដែលសាតាំងប្រើដើម្បីធ្វើឱ្យមនុស្សពុករលួយផងដែរ។

យើងនឹងចាប់ផ្ដើមដោយលើកឡើងអំពីចំណេះដឹងក្នុងទិដ្ឋភាពរាក់កំផែលជាងគេបំផុតសិន។ តើវេយ្យាករណ៍ និងពាក្យពេចន៍នៅក្នុងភាសាអាចធ្វើឱ្យមនុស្សពុករលួយបានដែរឬទេ? តើពាក្យពេចន៍អាចធ្វើឱ្យមនុស្សពុករលួយបានដែរឬទេ? ពាក្យពេចន៍មិនអាចធ្វើឱ្យមនុស្សពុករលួយទេ ប៉ុន្តែ វាជាឧបករណ៍មួយដែលមនុស្សប្រើប្រាស់ដើម្បីនិយាយ ហើយវាក៏ជាមធ្យោបាយដែលមនុស្សអាចប្រើ ដើម្បីប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ផងដែរ ហើយមិនចាំបាច់និយាយដល់ទៅថា ក្នុងពេលបច្ចុប្បន្ននេះ ព្រះជាម្ចាស់ប្រើភាសានិងពាក្យពេចន៍ដើម្បីប្រាស្រ័យទាក់ទងជាមួយមនុស្សផង។ ភាសានិងពាក្យពេចន៍ជាឧបករណ៍ ហើយក៏ជារបស់ចាំបាច់មួយផងដែរ។ មួយបូកនឹងមួយស្មើពីរ ហើយពីរគុណនឹងពីរស្មើបួន។ តើនេះមិនមែនជាចំណេះដឹងទេឬ? ប៉ុន្តែ តើវាអាចធ្វើឱ្យអ្នកពុករលួយបានដែរឬទេ? នេះគឺជាចំណេះដឹងទូទៅ វាមានលក្ខណៈមិនប្រែប្រួល ដូច្នេះ វាមិនអាចធ្វើឱ្យមនុស្សពុករលួយបានទេ។ ដូច្នេះ តើចំណេះដឹងប្រភេទណាទៅដែលធ្វើឱ្យមនុស្សពុករលួយ? ចំណេះដឹងដែលធ្វើឱ្យពុករលួយ គឺជាចំណេះដឹងដែលត្រូវបានច្របាច់បញ្ចូលគ្នាជាមួយទស្សនៈ និងគំនិតរបស់សាតាំង។ សាតាំងព្យាយាមបណ្ដុះទស្សនៈ និងគំនិតទាំងនេះចូលទៅក្នុងខ្លួនមនុស្សជាតិ តាមរយៈមធ្យោបាយនៃចំណេះដឹងនេះ។ ឧទាហរណ៍៖ នៅក្នុងអត្ថបទមួយ ពាក្យដែលគេសរសេរនៅក្នុងនោះ គ្មានបញ្ហានោះទេ។ បញ្ហាស្ថិតនៅត្រង់ទស្សនៈ និងចេតនារបស់អ្នកនិពន្ធនៅពេលដែលគេសរសេរអត្ថបទនោះ ក៏ដូចជានៅលើខ្លឹមសារនៃគំនិតរបស់គេនោះផងដែរ។ ទាំងនេះគឺជាអ្វីដែលចេញមកពីវិញ្ញាណ ហើយវាអាចធ្វើឱ្យមនុស្សពុករលួយបាន។ ឧទាហរណ៍៖ ប្រសិនបើអ្នកកំពុងតែមើលកម្មវិធីទូរទស្សន៍មួយ តើនៅក្នុងកម្មវិធីនោះមានអ្វីដែលដែលអាចផ្លាស់ប្ដូរទស្សនៈរបស់មនុស្សបានទេ? តើពាក្យពេចន៍ដែលតួសម្ដែងបាននិយាយ អាចធ្វើឱ្យមនុស្សពុករលួយបានដែរឬទេ? (អត់ទេ។) តើមានអ្វីដែលធ្វើឱ្យមនុស្សពុករលួយ? នោះប្រាកដជាគំនិត និងខ្លឹមសារសំខាន់នៃការសម្ដែងនោះហើយ ដែលតំណាងឱ្យទស្សនៈរបស់អ្នកដឹកនាំ។ ព័ត៌មានដែលមាននៅក្នុងទស្សនីយភាពទាំងនេះ អាចជះឥទ្ធិពលទៅលើដួងចិត្ត និងគំនិតរបស់មនុស្សបាន។ តើមិនបែបនេះទេឬអី? ពេលនេះ អ្នករាល់គ្នាដឹងថាខ្ញុំកំពុងនិយាយសំដៅទៅលើអ្វីហើយនៅក្នុងកិច្ចពិភាក្សារបស់យើងអំពីការដែលសាតាំងប្រើប្រាស់ចំណេះដឹងដើម្បីធ្វើឱ្យមនុស្សពុករលួយនោះ។ អ្នកនឹងមិនយល់ច្រឡំទៀតទេ មែនទេ? ដូច្នេះ លើកក្រោយ នៅពេលដែលអ្នកអានរឿងប្រលោមលោក ឬអត្ថបទណាមួយ តើអ្នកនឹងចេះវាយតម្លៃថាតើគំនិតដែលសម្ដែងចេញតាមរយៈសំណេរនោះ ធ្វើឱ្យមនុស្សជាតិពុករលួយ ឬក៏ជួយជាប្រយោជន៍ដល់មនុស្សជាតិបានដែរឬទេ? (អាចធ្វើបានបន្ដិចបន្តួចដែរ។) រឿងនេះត្រូវការសិក្សា និងដកពិសោធន៍បន្តិចម្ដងៗ ហើយវាមិនមែនជារឿងដែលងាយស្រួលយល់ភ្លាមៗឡើយ។ ឧទាហរណ៍៖ នៅពេលស្រាវជ្រាវ ឬសិក្សាអំពីចំណេះដឹងក្នុងវិស័យណាមួយ ផ្នែកវិជ្ជមានខ្លះនៃចំណេះដឹងនោះ អាចជួយដល់អ្នកក្នុងការយល់ដឹងពីចំណេះដឹងទូទៅខ្លះអំពីវិស័យនោះ ហើយក្នុងពេលជាមួយគ្នានោះ វាក៏អាចឱ្យអ្នកដឹងថាមនុស្សគួរតែចៀសវាងអ្វីខ្លះផងដែរ។ ចូរយក «អគ្គិសនី» ធ្វើជាឧទាហរណ៍ចុះ។ នេះជាចំណេះដឹងមួយផ្នែកដែរ មែនទេ? បើអ្នកមិនដឹងថា អគ្គិសនីអាចឆក់ និងបង្កគ្រោះថ្នាក់ដល់មនុស្សទេ នោះអ្នកល្ងង់ដែរឬអត់? ប៉ុន្តែ នៅពេលដែលអ្នកដឹងពីចំណេះដឹងក្នុងផ្នែកនេះហើយ នោះអ្នកនឹងលែងខ្វះការប្រុងប្រយ័ត្នទៅប៉ះវត្ថុដែលមានចរន្តអគ្គិសនីទៀតហើយ អ្នកនឹងដឹងអំពីរបៀបប្រើប្រាស់អគ្គិសនីមិនខាន។ រឿងនេះវិជ្ជមានទាំងពីរ។ ឥឡូវ តើអ្នកយល់ច្បាស់ហើយឬនៅអំពីអ្វីដែលយើងបានពិភាក្សាគ្នាទាក់ទងនឹងរបៀបដែលចំណេះដឹងធ្វើឱ្យមនុស្សពុករលួយនេះ? នៅក្នុងពិភពលោកនេះ មាននូវចំណេះដឹងជាច្រើនប្រភេទទៀតដែលត្រូវបានគេសិក្សា ហើយអ្នករាល់គ្នាត្រូវតែចំណាយពេលបែងចែកចំណេះដឹងទាំងនោះដោយខ្លួនឯង។

ខ. របៀបដែលសាតាំងប្រើវិទ្យាសាស្ត្រដើម្បីធ្វើឱ្យមនុស្សពុករលួយ

តើវិទ្យាសាស្ត្រជាអ្វី? នៅក្នុងគំនិតមនុស្សគ្រប់គ្នា តើគេមិនមែនចាត់ទុកវិទ្យាសាស្ត្រនេះជាអ្វីដែលឧត្ដុង្គឧត្តម និងជ្រាលជ្រៅទេឬអី? នៅពេលដែលនិយាយអំពីវិទ្យាសាស្ត្រ តើមនុស្សមិនមែនមានអារម្មណ៍ថា៖ «នេះជាប្រធានបទដែលមនុស្សសាមញ្ញមិនអាចយល់បានទេ។ នេះជាប្រធានបទមួយដែលមានតែអ្នកស្រាវជ្រាវ ឬអ្នកជំនាញផ្នែកវិទ្យាសាស្ត្រប៉ុណ្ណោះ ដែលអាចយល់បាន។ វាគ្មានអ្វីពាក់ព័ន្ធនឹងហ្វូងមនុស្សធម្មតាដូចជាយើងនេះឡើយ»? តើវាមានទំនាក់ទំនងណាមួយជាមួយមនុស្សធម្មតាដែរឬទេ? (មាន។) តើសាតាំងប្រើវិទ្យាសាស្ត្រទៅធ្វើឱ្យមនុស្សពុករលួយដោយរបៀបណា? នៅក្នុងកិច្ចពិភាក្សារបស់យើងនៅត្រង់ចំណុចនេះ យើងនឹងនិយាយតែអំពីអ្វីៗដែលមនុស្សជួបប្រទះជាញឹកញាប់នៅក្នុងជីវិតរបស់គេប៉ុណ្ណោះ ចំណែកឯរឿងផ្សេងទៀត យើងនឹងមិនពិភាក្សាឡើយ។ មានពាក្យមួយគឺ «ហ្សែន»។ តើអ្នកធ្លាប់ឮពាក្យនេះដែរឬទេ? អ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់ស្គាល់ពាក្យនេះហើយ។ តើហ្សែនមិនមែនត្រូវបានរកឃើញតាមរយៈវិទ្យាសាស្ត្រទេឬអី? តើហ្សែនមានន័យដូចម្ដេចចំពោះមនុស្ស? តើវាមិនមែនធ្វើឱ្យមនុស្សមានអារម្មណ៍ថា រាងកាយគឺជារបស់អាថ៌កំបាំងមួយទេឬអី? នៅពេលដែលគេចាប់ផ្ដើមនិយាយពីប្រធានបទនេះឱ្យមនុស្សស្ដាប់ នោះនឹងមានមនុស្សមួយចំនួន (ជាពិសេសអ្នកចង់ចេះចង់ដឹង) ដែលនឹងកាន់តែចង់ដឹងថែមទៀត ហើយចង់បានសេចក្ដីលម្អិតបន្ថែមទៀតអំពីប្រធានបទនេះ។ តើដូច្នេះមែនទេ? មនុស្សដែលចង់ដឹងទាំងនេះ នឹងចំណាយកម្លាំងរបស់គេទៅលើប្រធានបទនេះ ហើយនៅពេលដែលគេទំនេរ គេនឹងសិក្សាស្រាវជ្រាវស្វែងរកព័ត៌មាននៅក្នុងសៀវភៅផ្សេងៗ និងនៅលើអ៊ីនធើណិត ដើម្បីស្វែងយល់បន្ថែមអំពីប្រធានបទនេះ។ តើវិទ្យាសាស្ត្រជាអ្វី? និយាយដោយងាយយល់ វិទ្យាសាស្ត្រគឺជាគំនិត និងទ្រឹស្ដីអំពីអ្វីៗដែលមនុស្សចង់ដឹង អ្វីៗដែលគេមិនធ្លាប់ដឹង និងអ្វីៗដែលព្រះជាម្ចាស់មិនបានប្រាប់គេឱ្យដឹង។ វិទ្យាសាស្ត្រ គឺជាគំនិត និងទ្រឹស្ដីអំពីរឿងអាថ៌កំបាំងដែលមនុស្សចង់រុករក។ តើវិទ្យាសាស្ត្រមានវិសាលភាពកម្រិតណា? អ្នកអាចនិយាយថា វាមានវិសាលភាពធំធេងណាស់ ដ្បិតមនុស្សអាចស្រាវជ្រាវ និងសិក្សាពីអ្វីគ្រប់យ៉ាងដែលគេចាប់អារម្មណ៍បាន។ វិទ្យាសាស្ត្រពាក់ព័ន្ធនឹងការស្រាវជ្រាវរកសេចក្តីលម្អិត និងច្បាប់ដែលគ្រប់គ្រងលើសេចក្តីទាំងនេះ បន្ទាប់មក បង្កើតចេញជាទ្រឹស្ដីសមទំនងមួយដែលធ្វើឱ្យមនុស្សគ្រប់គ្នាគិតថា៖ «អ្នកវិទ្យាសាស្ត្រទាំងនេះពិតជាអស្ចារ្យណាស់! ពួកគេដឹងរឿងជាច្រើន ល្មមគ្រប់គ្រាន់ឱ្យគេយល់ពីអ្វីទាំងនេះបាន!» មនុស្សមានការកោតសរសើរដល់អ្នកវិទ្យាសាស្ត្រយ៉ាងខ្លាំង មែនទេ? មនុស្សដែលស្រាវជ្រាវវិទ្យាសាស្ត្រ តើពួកគេមានទស្សនៈបែបណា? តើពួកគេមិនមែនចង់ស្រាវជ្រាវអំពីចក្រវាឡ ស្រាវជ្រាវអំពីរឿងអាថ៌កំបាំងនៅក្នុងផ្នែកដែលពួកគេចាប់អារម្មណ៍ទេឬអី? តើការស្រាវជ្រាវនេះចុងក្រោយមានលទ្ធផលបែបណា? នៅក្នុងវិទ្យាសាស្ត្រខ្លះ មនុស្សធ្វើសេចក្តីសន្និដ្ឋានតាមរយៈការប៉ាន់ស្មានរបស់ពួកគេ ហើយនៅក្នុងវិទ្យាសាស្ត្រខ្លះទៀត ពួកគេពឹងផ្អែកលើបទពិសោធរបស់មនុស្ស ដើម្បីធ្វើសេចក្តីសន្និដ្ឋាន។ នៅក្នុងផ្នែកវិទ្យាសាស្ត្រផ្សេងទៀត មនុស្សធ្វើសេចក្តីសន្និដ្ឋានដោយផ្អែកលើការអង្កេតបែបប្រវត្តិសាស្ត្រ និងសាវតារ។ តើបែបនេះមែនទេ? ដូច្នេះ តើវិទ្យាសាស្ត្រផ្ដល់ប្រយោជន៍អ្វីខ្លះដល់មនុស្ស? អ្វីដែលវិទ្យាសាស្ត្រផ្ដល់ដល់មនុស្សនោះគឺគ្រាន់តែអនុញ្ញាតឱ្យមនុស្សមើលឃើញវត្ថុនៅក្នុងពិភពរូបធាតុនេះ និងដើម្បីជួយចម្អែតចំណង់ចង់ដឹងចង់ស្គាល់របស់មនុស្សតែប៉ុណ្ណោះ ប៉ុន្តែវាមិនអាចជួយឱ្យមនុស្សមើលឃើញពីច្បាប់ដែលព្រះជាម្ចាស់មានការត្រួតត្រាលើរបស់សព្វសារពើឡើយ។ មនុស្សហាក់ដូចជាចង់ស្វែងរកចម្លើយខាងវិទ្យាសាស្ត្រ ប៉ុន្តែចម្លើយទាំងនោះធ្វើឱ្យមានភាពច្របូកច្របល់ ហើយនាំមកនូវការពេញចិត្តតែមួយគ្រាប៉ុណ្ណោះ ជាការពេញចិត្តដែលគ្រាន់តែជួយបង្ខាំងចិត្តមនុស្សនៅត្រឹមពិភពរូបធាតុនេះប៉ុណ្ណោះ។ មនុស្សមានអារម្មណ៍ថា ពួកគេបានទទួលចម្លើយពីវិទ្យាសាស្ត្រ ដូច្នេះ មិនថាមានបញ្ហាអ្វីកើតឡើងទេ ពួកគេប្រើទស្សនៈតាមបែបវិទ្យាសាស្ត្រមកធ្វើជាមូលដ្ឋាន ដើម្បីបញ្ជាក់ និងទទួលយកបញ្ហានោះ។ ចិត្តរបស់មនុស្សបានងប់ងល់នឹងវិទ្យាសាស្ត្រ ហើយត្រូវវិទ្យាសាស្រ្តគ្រប់គ្រងទាំងស្រុង រហូតដល់ថ្នាក់មនុស្សលែងមានគំនិតចង់ស្គាល់ព្រះជាម្ចាស់ លែងចង់ថ្វាយបង្គំព្រះជាម្ចាស់ លែងជឿថារបស់សព្វសារពើមកពីព្រះជាម្ចាស់ និងលែងជឿថាមនុស្សគួរតែទៅរកទ្រង់ដើម្បីបានចម្លើយទៀតហើយ។ តើមិនដូច្នេះទេឬអី? កាលណាមនុស្សជឿលើវិទ្យាសាស្ត្រកាន់តែខ្លាំង នោះគេកាន់តែភ្លើ កាន់តែជឿថា អ្វីៗគ្រប់យ៉ាងសុទ្ធតែមានដំណោះស្រាយបែបវិទ្យាសាស្ត្រ កាន់តែជឿថាការស្រាវជ្រាវអាចដោះស្រាយបញ្ហាគ្រប់យ៉ាងបាន។ ពួកគេមិនស្វែងរកព្រះជាមា្ចស់ ហើយគេមិនជឿថា ព្រះជាម្ចាស់មានពិតប្រាកដនោះទេ។ នៅពេលប្រឈមនឹងបញ្ហាណាមួយ សូម្បីតែមនុស្សជាច្រើនដែលជឿលើព្រះជាម្ចាស់ជាយូរមកហើយក៏ដោយ ក៏នៅតែប្រើកុំព្យូទ័រដើម្បីរកមើលចម្លើយដែរ។ ពួកគេជឿតែលើចំណេះដឹងវិទ្យាសាស្រ្តប៉ុណ្ណោះ។ ពួកគេមិនជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្តីពិតឡើយ ពួកគេមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចដោះស្រាយបញ្ហាទាំងអស់របស់មនុស្សជាតិបានឡើយ ហើយពួកគេមិនបានគិតពិចារណាពីបញ្ហាជាច្រើនរបស់មនុស្សជាតិ តាមទិដ្ឋភាពនៃសេចក្ដីពិតឡើយ។ មិនថាពួកគេជួបប្រទះបញ្ហាអ្វីនោះទេ ពួកគេមិនដែលអធិស្ឋានទៅព្រះជាម្ចាស់ ឬស្វែងរកដំណោះស្រាយដោយស្វែងរកការពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ នៅក្នុងបញ្ហាជាច្រើន ពួកគេជ្រើសរើសជឿថា ចំណេះដឹងអាចដោះស្រាយបញ្ហាបាន។ សម្រាប់ពួកគេ វិទ្យាសាស្ត្រគឺជាចម្លើយតែមួយគត់។ នៅក្នុងចិត្តមនុស្សបែបនេះ គ្មានព្រះជាម្ចាស់ឡើយ។ ពួកគេជាអ្នកមិនជឿព្រះ ហើយទស្សនៈរបស់ពួកគេចំពោះជំនឿលើព្រះជាម្ចាស់ គឺមិនខុសពីអ្នកសិក្សាជ្រៅជ្រះ និងអ្នកវិទ្យាសាស្ត្រល្បីៗនោះទេ ដែលតែងតែព្យាយាមពិនិត្យពិច័យពីព្រះជាម្ចាស់ តាមវិធីសាស្ត្របែបវិទ្យាសាស្ត្រជានិច្ច។ ឧទាហរណ៍៖ មានអ្នកជំនាញខាងសាសនាជាច្រើននាក់ដែលបានឡើងទៅលើភ្នំ ដែលទូកធំបានទើរនៅទីនោះ ហើយពួកគេក៏បានបញ្ជាក់ពីវត្តមាននៃទូកធំនោះមែន។ ប៉ុន្តែ ទោះបីគេទទួលស្គាល់ពីវត្តមានរបស់ទូកធំនោះក៏ដោយ ក៏ពួកគេមិនយល់ថាមានព្រះជាម្ចាស់នោះដែរ។ ពួកគេជឿតែទៅលើសាច់រឿង និងប្រវត្តិសាស្ត្រប៉ុណ្ណោះ។ នេះហើយជាលទ្ធផលចេញពីការស្រាវជ្រាវ និងការសិក្សាបែបវិទ្យាសាស្ត្ររបស់គេអំពីពិភពរូបធាតុនេះ។ បើអ្នកស្រាវជ្រាវលើវត្ថុអ្វីមួយ មិនថាជាអតិសុខុមជីវសាស្ត្រ តារាសាស្ត្រ ឬភូមិសាស្ត្រឡើយ នោះអ្នកនឹងមិនដែលរកឃើញលទ្ធផលដែលកំណត់ថា ព្រះជាម្ចាស់មានពិតនោះទេ ឬថាទ្រង់មានអធិបតេយ្យភាពលើរបស់សព្វសារពើឡើយ។ ដូច្នេះ តើវិទ្យាសាស្ត្រមានប្រយោជន៍អ្វីខ្លះសម្រាប់មនុស្ស? តើវាមិនមែនធ្វើឱ្យមនុស្សឃ្លាតឆ្ងាយពីព្រះជាម្ចាស់ទេឬអី? តើវាមិនធ្វើឱ្យមនុស្សយកព្រះជាម្ចាស់មកធ្វើជាកម្មវត្ថុនៃការសិក្សាទេឬអី? តើវាមិនមែនធ្វើឱ្យមនុស្សកាន់តែសង្ស័យពីអត្ថិភាព និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយក៏បដិសេធ និងក្បត់ព្រះជាម្ចាស់ទេឬអី? នេះហើយជាផលវិបាក។ ដូច្នេះ នៅពេលសាតាំងប្រើប្រាស់វិទ្យាសាស្ត្រ ដើម្បីធ្វើឱ្យមនុស្សពុករលួយ តើសាតាំងកំពុងព្យាយាមចង់សម្រេចគោលបំណងអ្វី? វាចង់ប្រើសេចក្តីសន្និដ្ឋានបែបវិទ្យាសាស្ត្រ ដើម្បីបោកបញ្ឆោតមនុស្ស ដើម្បីឱ្យមនុស្សស្ពឹកស្រពន់ ហើយប្រើចម្លើយមិនច្បាស់លាស់មកដាក់នៅក្នុងដួងចិត្តរបស់មនុស្ស ដើម្បីឱ្យពួកគេឈប់ស្វែងរក ឬឈប់ជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ទៀត។ ហេតុដូច្នេះហើយបានជាខ្ញុំនិយាយថា វិទ្យាសាស្ត្រគឺជាវិធីមួយក្នុងចំណោមវិធីជាច្រើនទៀតដែលសាតាំងប្រើ ដើម្បីធ្វើឱ្យមនុស្សពុករលួយនោះ។

គ. របៀបដែលសាតាំងប្រើប្រាស់វប្បធម៌ប្រពៃណីដើម្បីធ្វើឱ្យមនុស្សពុករលួយ

តើមានអ្វីៗច្រើនទេដែលត្រូវបានចាត់ទុកជាផ្នែកមួយនៃវប្បធម៌ប្រពៃណី? (មានច្រើន។) តើ «វប្បធម៌ប្រពៃណី» មានន័យដូចម្ដេច? អ្នកខ្លះនិយាយថា វាជាអ្វីដែលត្រូវបានផ្ទេរបន្តពីដូនតាមក។ នេះគឺជាទិដ្ឋភាពមួយ។ តាំងពីដើមដំបូងមក ផ្លូវជីវិត ទំនៀមទម្លាប់ ពាក្យទំនៀម និងក្បួនច្បាប់ផ្សេងៗ ត្រូវបានផ្ទេរបន្តនៅតាមគ្រួសារ ក្រុមជនជាតិ និងនៅក្នុងចំណោមមនុស្សជាតិទាំងមូលផង ហើយវាបានចាសក់ឫសទៅក្នុងគំនិតរបស់មនុស្ស។ មនុស្សខ្លះចាត់ទុកវប្បធម៌ទាំងនេះជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់គេ ហើយចាត់ទុកវាជាក្បួនច្បាប់ ដោយប្រកាន់ខ្ជាប់តាមក្បួនច្បាប់នោះដូចជាជីវិតរបស់គេដូច្នោះដែរ។ ជាការពិត ពួកគេមិនដែលចង់ផ្លាស់ប្ដូរ ឬចង់បោះបង់ចោលរបស់ទាំងនេះឡើយ ដោយសារតែរបស់ទាំងនោះត្រូវបានផ្ទេរបន្តពីដូនតារបស់គេ។ មានទិដ្ឋភាពផ្សេងទៀតនៃវប្បធម៌បែបប្រពៃណីនេះ ដែលត្រូវបានជ្រួតជ្រាបចូលទៅក្នុងឆ្អឹងរបស់មនុស្ស ដូចជាវប្បធម៌ដែលត្រូវបានបន្សល់ទុកពីខុងជឺ និងម៉ឹងសឺ និងសេចក្តីដែលត្រូវបានបង្រៀនដល់មនុស្សតាមលទ្ធិតាវ និងលទ្ធិខុងជឺរបស់ចិនជាដើម។ តើរឿងមិនមែនបែបនេះទេឬអី? តើមានចំណុចអ្វីខ្លះដែលត្រូវបានរាប់បញ្ចូលនៅក្នុងវប្បធម៌ប្រពៃណី? តើវារួមបញ្ចូលទាំងថ្ងៃបុណ្យឈប់សម្រាកដែលមនុស្សប្រារព្ធធ្វើដែរឬទេ? ឧទាហរណ៍៖ ថ្ងៃបុណ្យចូលឆ្នាំចិន បុណ្យបង្ហោះគោម បុណ្យឆេងម៉េង បុណ្យអុំទូក បុណ្យភ្ជុំបិណ្ឌ ព្រមទាំងបុណ្យសែនព្រះខែផង។ ក្រុមគ្រួសារខ្លះថែមទាំងធ្វើបុណ្យខួបដល់មនុស្សចាស់ ឬអបអរថ្ងៃដែលកូនរបស់គេបានអាយុមួយខែ ឬបាន ១០០ ថ្ងៃ ជាដើម។ ទាំងនេះគឺជាថ្ងៃបុណ្យតាមប្រពៃណី។ បង្កប់ពីក្រោយថ្ងៃបុណ្យឈប់សម្រាកទាំងនេះ តើមិនមែនមានវប្បធម៌ប្រពៃណីនៅក្នុងនោះទេឬអី? តើអ្វីទៅជាចំណុចស្នូលនៃវប្បធម៌បែបប្រពៃណីនេះ? តើវាមានពាក់ព័ន្ធអ្វីជាមួយនឹងការថ្វាយបង្គំព្រះជាម្ចាស់? តើវាមានពាក់ព័ន្ធអ្វីនឹងការប្រាប់ឱ្យមនុស្សអនុវត្តតាមសេចក្តីពិត? តើមានថ្ងៃបុណ្យណាមួយដែលធ្វើឱ្យមនុស្សថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ឱ្យគេទៅកាន់ទីអាសនារបស់ព្រះជាម្ចាស់ និងទទួលយកការបង្រៀនរបស់ទ្រង់ដែរឬទេ? តើមានថ្ងៃបុណ្យបែបនេះដែរទេ? (អត់ទេ។) តើមនុស្សធ្វើអ្វីខ្លះនៅថ្ងៃបុណ្យទាំងនេះ? នៅក្នុងសម័យទំនើប គេឃើញមនុស្សស៊ីផឹកសប្បាយនៅថ្ងៃទាំងនេះ។ តើអ្វីទៅជាប្រភពដែលបង្កប់នៅពីក្រោយវប្បធម៌ប្រពៃណីនេះ? តើវប្បធម៌ប្រពៃណីចេញមកពីនរណា? វាចេញមកពីសាតាំង។ នៅពីក្រោយឆាកនៃថ្ងៃបុណ្យតាមប្រពៃណីទាំងនេះ សាតាំងបណ្ដុះរឿងជាក់លាក់មួយចំនួននៅក្នុងគំនិតមនុស្ស។ តើរឿងទាំងនោះមានអ្វីខ្លះ? គឺដើម្បីធ្វើយ៉ាងណាឱ្យមនុស្សចងចាំពីដូនតារបស់គេ។ តើនេះមិនមែនជារឿងមួយនៅក្នុងចំណោមរឿងជាច្រើនទៀតទេឬអី? ឧទាហរណ៍៖ នៅថ្ងៃបុណ្យឆេងម៉េង មនុស្សសម្អាតផ្នូរ និងរៀបចំរបស់សែនដល់ដូនតារបស់គេ ក្នុងបំណងដើម្បីកុំឱ្យភ្លេចដូនតារបស់គេ។ សាតាំងក៏ធ្វើយ៉ាងណាឱ្យមនុស្សបន្តចងចាំពីការស្នេហាមាតុភូមិ ដូចជា ពិធីបុណ្យអុំទូកជាដើម។ ចុះចំណែកបុណ្យសែនព្រះខែវិញ? (ការជួបជុំគ្រួសារ។) តើអ្វីទៅជាប្រវត្តិនៃការជួបជុំគ្រួសារ? តើវាមានហេតុផលអ្វី? ហេតុផលនោះគឺ ដើម្បីប្រាស្រ័យទាក់ទង និងផ្សារភ្ជាប់ខាងមនោសញ្ចេតនា។ ជាការពិត មិនថាជាការអបអរបុណ្យចូលឆ្នាំចិន មិនថាជាបុណ្យបង្ហោះគោមទេ វាមានរបៀបជាច្រើនដើម្បីពិពណ៌នាពីហេតុផលដែលនៅពីក្រោយពិធីបុណ្យទាំងនេះ។ មិនថាគេពណ៌នាពីហេតុផលទាំងនោះតាមបែបណាទេ ហេតុផលនីមួយៗគឺសុទ្ធតែជារបៀបដែលសាតាំងបណ្ដុះទស្សនវិជ្ជា និងការគិតរបស់វាចូលទៅក្នុងខ្លួនមនុស្ស ដើម្បីឱ្យពួកគេឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងដើម្បីកុំឱ្យគេដឹងថា មានព្រះជាម្ចាស់មែន ហើយដាក់សែនដល់ដូនតារបស់គេ ឬទៅឱ្យសាតាំង ឬស៊ីផឹកសប្បាយដើម្បីតែបំណងប្រាថ្នាខាងសាច់ឈាមរបស់គេ។ ដោយសារតែពិធីបុណ្យនីមួយៗនេះត្រូវបានគេប្រារព្ធឡើង ដូច្នេះហើយគំនិតនិងទស្សនៈរបស់សាតាំង ត្រូវបានដាំដុះនៅក្នុងជម្រៅចិត្តរបស់មនុស្សទាំងមិនដឹងខ្លួន។ នៅពេលដែលមនុស្សចូលដល់វ័យសែសិប ហាសិប ឬចាស់ជាងនេះ នោះគំនិតនិងទស្សនៈរបស់សាតាំងទាំងអស់នេះ បានចាក់ឫសយ៉ាងជ្រៅទៅក្នុងដួងចិត្តរបស់គេរួចស្រេចទៅហើយ។ លើសពីនេះ មនុស្សខិតខំយ៉ាងខ្លាំងដើម្បីផ្ទេរគំនិតទាំងនេះ ទាំងខុសទាំងត្រូវ ទៅកាន់មនុស្សជំនាន់ក្រោយ ដោយគ្មានបែងចែង និងគ្មានលាក់ទុកឡើយ។ តើបែបនេះមែនទេ? (គឺបែបនេះឯង។) តើវប្បធម៌ប្រពៃណី និងថ្ងៃបុណ្យទាំងនេះធ្វើឱ្យមនុស្សពុករលួយដោយរបៀបណា? តើអ្នកដឹងដែរឬទេ? (មនុស្សត្រូវក្បួនច្បាប់ប្រពៃណីទាំងនេះចងរឹតជាប់ ជាហេតុនាំឱ្យពួកគេគ្មានពេល ឬគ្មានកម្លាំងស្វែងរកព្រះជាម្ចាស់ឡើយ។) នេះជាទិដ្ឋភាពមួយ។ ឧទាហរណ៍៖ មនុស្សគ្រប់គ្នាអបអរសាទរថ្ងៃបុណ្យចូលឆ្នាំចិន ប្រសិនបើអ្នកមិនអបអរបុណ្យនេះទេ តើអ្នកមិនមែនមានអារម្មណ៍មិនសប្បាយចិត្តទេឬអី? តើនៅក្នុងដួងចិត្តរបស់អ្នក មានអបិយជំនឿអ្វីខ្លះ? អ្នកអាចមានអារម្មណ៍ថា៖ «ខ្ញុំមិនបានអបអរថ្ងៃចូលឆ្នាំថ្មី ហើយដោយសារតែថ្ងៃបុណ្យចូលឆ្នាំចិន គឺជាថ្ងៃមិនល្អ ដូច្នេះ តើថ្ងៃដែលសេសសល់ប៉ុន្មានទៀតនៅឆ្នាំនេះ នឹងមិនក្លាយជាថ្ងៃអាក្រក់ទៅហើយទេ»? តើអ្នកនឹងមិនមានអារម្មណ៍មិនស្រួលចិត្ត ឬខ្លាចតិចតួចដែរទេឬអី? មានមនុស្សខ្លះទៀតដែលមិនបានរៀបចំសែនឱ្យដូនតារបស់គេអស់ពេលជាច្រើនឆ្នាំ ហើយគេស្រាប់តែយល់សប្តិឃើញមនុស្សស្លាប់ណាម្នាក់មកសុំលុយពីពួកគេ។ តើពួកគេនឹងមានអារម្មណ៍ដូចម្ដេច? «ពិតជាគួរឱ្យអាណិតអ្នកដែលបានស្លាប់ទៅនោះណាស់ ព្រោះគេគ្មានលុយចាយ! ខ្ញុំនឹងដុតក្រដាសប្រាក់សែនខ្លះទៅឱ្យពួកគេ។ បើខ្ញុំមិនដុតឱ្យទេ ដូចជាមិនត្រឹមត្រូវនោះទេ។ វាអាចបង្កបញ្ហាដល់យើង ដែលជាមនុស្សរស់។ តើនរណាទៅដឹងទៅថា សំណាងអាក្រក់នឹងកើតឡើងនៅពេលណានោះ?» ពួកគេនឹងតែងតែមានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភបន្តិចបន្ដួចបែបនេះនៅក្នុងចិត្តរបស់គេ។ តើនរណាធ្វើឱ្យគេព្រួយបារម្ភ? សាតាំងគឺជាប្រភពនៃការព្រួយបារម្ភនេះ។ តើនេះមិនមែនជាវិធីមួយក្នុងចំណោមវិធីជាច្រើនទៀតដែលសាតាំងធ្វើឱ្យមនុស្សពុករលួយទេឬអី? វាប្រើប្រាស់មធ្យោបាយ និងហេតុផលផ្សេងៗគ្នា ដើម្បីត្រួតត្រាអ្នក គំរាមកំហែងអ្នក និងចងអ្នក ដើម្បីឱ្យអ្នកធ្លាក់ទៅក្នុងការវង្វេងស្មារតី ហើយចុះចូលនឹងវា។ សាតាំងធ្វើឱ្យមនុស្សពុករលួយតាមរបៀបនេះឯង។ ជារឿយៗ នៅពេលដែលមនុស្សទន់ខ្សោយ ឬនៅពេលដែលពួកគេមិនយល់អំពីស្ថានភាពនេះទាំងស្រុងទេ ពួកគេអាចធ្វើរឿងអ្វីមួយដែលធ្វេសប្រហែសនិងលេលា។ និយាយមួយបែបទៀត គឺពួកគេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំង ហើយប្រព្រឹត្តទាំងមិនដឹងខ្លួន អាចធ្វើកិច្ចការផ្សេងៗទាំងមិនដឹងថាខ្លួនគេកំពុងតែធ្វើផង។ សាតាំងធ្វើឱ្យមនុស្សពុករលួយតាមវិធីនេះឯង។ សូម្បីពេលនេះ ក៏នៅមានមនុស្សមួយចំនួនតូចដែលនៅអល់អែកមិនព្រមលះបង់វប្បធម៌ប្រពៃណីដែលចាក់ឫសយ៉ាងជ្រៅនេះទៀត គឺពួកគេមិនអាចបោះបង់វាចោលបាននោះទេ។ ជាពិសេស នៅពេលណាដែលពួកគេទន់ជ្រាយនិងអកម្ម ពួកគេចង់ប្រារព្ធបុណ្យទាំងនេះ ហើយពួកគេចង់ជួបសាតាំង និងបំពេញតាមចិត្តសាតាំងម្ដងទៀត ដើម្បីឱ្យគេបានស្រណុកចិត្ត។ តើវប្បធម៌ប្រពៃណីមានសាវតារបែបណា? តើដៃរបស់សាតាំងដែលនៅទីងងឹតកំពុងទាញខ្សែនៅពីក្រោយឆាកមែនទេ? តើធម្មជាតិអាក្រក់របស់សាតាំងកំពុងតែសម្លុតគំរាម និងត្រួតត្រាមែនទេ? តើសាតាំងមានឥទ្ធិពលខ្លាំងទៅលើរឿងនេះមែនទេ? (មែនហើយ។) នៅពេលមនុស្សរស់នៅក្នុងវប្បធម៌ប្រពៃណី និងអបអរថ្ងៃបុណ្យឈប់សម្រាកតាមបែបប្រពៃណីទាំងនេះ តើយើងអាចនិយាយបានថា នេះជាមជ្ឈដ្ឋានមួយដែលមនុស្សត្រូវបានសាតាំងបញ្ឆោត និងធ្វើឱ្យពុករលួយបានដែរឬទេ? ហើយលើសពីនេះទៀត តើអាចថាពួកគេរីករាយនឹងឱ្យសាតាំងបញ្ឆោត និងធ្វើឱ្យពុករលួយដែរទេ? (មែនហើយ។) នេះជាអ្វីដែលអ្នករាល់គ្នា សុទ្ធតែទទួលស្គាល់ សុទ្ធតែដឹង។

ឃ. របៀបដែលសាតាំងប្រើអបិយជំនឿដើម្បីធ្វើឱ្យមនុស្សពុករលួយ

អ្នកធ្លាប់ឮពាក្យថា «អបិយជំនឿ» នេះហើយ មែនទេ? អបិយជំនឿ និងវប្បធម៌ប្រពៃណីមានទំនាក់ទំនងគ្នាខ្លះ ប៉ុន្តែ យើងនឹងមិននិយាយពីចំណុចទាំងនោះទេនៅថ្ងៃនេះ។ ផ្ទុយទៅវិញ ខ្ញុំនឹងពិភាក្សាអំពីទម្រង់នៃអបិយជំនឿដែលយើងជួបប្រទះញឹកញាប់បំផុត៖ ការទាយជោគជតារាសី ការរកគ្រូទាយ ការដុតធូប និងការថ្វាយបង្គំព្រះពុទ្ធរូបជាដើម។ មនុស្សខ្លះធ្វើការទាយជោគជតារាសី អ្នកផ្សេងទៀតថ្វាយបង្គំរូបព្រះពុទ្ធ និងដុតធូប ឯអ្នកខ្លះទៀតឱ្យគ្រូទាយមើលជោគវាសនារបស់ខ្លួន ឬឱ្យគេមើលពីទម្រង់មុខរបស់ខ្លួន ដើម្បីទាយពីជោគវាសនារបស់គេ។ តើអ្នករាល់គ្នាប៉ុន្មាននាក់ដែលធ្លាប់ឱ្យគេទាយពីជោគវាសនារបស់ខ្លួន ឬឱ្យគេទាយពីទម្រង់មុខ? នេះជារឿងមួយដែលមនុស្សភាគច្រើនចាប់អារម្មណ៍ មែនទេ? (មែនហើយ។) ហេតុអ្វីទៅ? តើមនុស្សទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការរកគ្រូទាយ និងការទស្សន៍ទាយជោគជតារាសី? តើពួកគេទទួលបានការស្កប់ស្កល់ចិត្តបែបណាពីទង្វើបែបនេះ? (ការចង់ដឹង។) តើគ្រាន់តែជាការចង់ដឹងប៉ុណ្ណេះឬ? តាមដែលខ្ញុំយល់ឃើញ នោះដូចជាគ្មានចាំបាច់អ្វីទេ។ តើការទាយជោគជតារាសី និងការរកគ្រូទាយមានគោលបំណងអ្វី? ហេតុអ្វីបានជាគេធ្វើបែបនេះ? តើមិនមែនដើម្បីមើលពីអនាគតទេឬអី? មនុស្សខ្លះឱ្យគេទស្សន៍ទាយមុខរបស់ខ្លួន ដើម្បីទាយពីអនាគត ឯអ្នកខ្លះទៀតធ្វើបែបនេះ ដើម្បីចង់ដឹងថាតើពួកគេនឹងមានសំណាងល្អឬមិនល្អ។ មនុស្សខ្លះធ្វើរឿងនេះ ដើម្បីចង់ដឹងថាតើជីវិតអាពាហ៍ពិពាហ៍របស់គេនឹងទៅជាបែបណា ហើយអ្នកខ្លះទៀតធ្វើរឿងនេះ ដើម្បីចង់ដឹងថាតើឆ្នាំណាជាឆ្នាំសំណាងរបស់គេ។ មនុស្សខ្លះឱ្យគេទស្សន៍ទាយមុខរបស់ខ្លួន ដើម្បីចង់ដឹងពីអនាគតរបស់គេ និងចង់ដឹងថាតើកូនប្រុសកូនស្រីរបស់គេនឹងក្លាយជាបែបណា ហើយអ្នកជំនួញខ្លះឱ្យគេទស្សន៍ទាយឱ្យ ដើម្បីចង់ដឹងថាតើពួកគេនឹងរកលុយបានច្រើនប៉ុន្មាន ដោយសុំការចង្អុលបង្ហាញពីគ្រូទាយថាពួកគេគួរតែធ្វើសកម្មភាពអ្វីខ្លះ។ ដូច្នេះ តើគេធ្វើរឿងបែបនេះ គ្រាន់តែដើម្បីចង់បំពេញការចង់ដឹងរបស់គេឬ? នៅពេលដែលមនុស្សឱ្យគេទស្សន៍ទាយមុខរបស់ខ្លួន ឬឱ្យគេទស្សន៍ទាយឱ្យ ពួកគេធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់គេនាពេលអនាគត ដ្បិតពួកគេជឿថា អ្វីៗទាំងអស់នេះ ផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងវាសនារបស់គេ។ តើអ្វីទាំងអស់នេះមានប្រយោជន៍ដែរឬទេ? (អត់ទេ។) ហេតុអ្វីបានជាគ្មានប្រយោជន៍? តើការទទួលបានចំណេះដឹងខ្លះៗតាមរយៈរឿងទាំងអស់នេះ មិនមែនជារឿងល្អទេឬ? ការអនុវត្តទាំងនេះអាចជួយអ្នកឱ្យដឹងថា ពេលណាដែលបញ្ហាអាចកើតឡើង ហើយប្រសិនបើអ្នកដឹងពីបញ្ហាទាំងនោះជាមុន នោះអ្នកនឹងអាចចៀសផុតពីបញ្ហានោះបាន មែនទេ? ប្រសិនបើអ្នកឱ្យគេទស្សន៍ទាយពីជោគវាសនារបស់អ្នក ការទស្សន៍ទាយនោះអាចបង្ហាញប្រាប់អ្នកពីរបៀបស្វែងរកផ្លូវត្រឹមត្រូវ គេចចេញពីផ្លូវស្មុគស្មាញ ដើម្បីឱ្យអ្នកអាចទទួលសំណាងល្អនៅឆ្នាំខាងមុខ ហើយទទួលបានទ្រព្យសម្បត្តិច្រើនហូរហៀរ តាមរយៈរបររកស៊ីរបស់អ្នក។ ដូច្នេះ តើវាមានប្រយោជន៍ ឬក៏គ្មានប្រយោជន៍? មិនថាវាមានប្រយោជន៍ ឬក៏គ្មាននោះទេ វាគ្មានអ្វីជាប់ទាក់ទងនឹងយើងឡើយ ហើយការប្រកបគ្នារបស់យើងនៅថ្ងៃនេះ នឹងមិនពាក់ព័ន្ធនឹងប្រធានបទនេះទេ។ តើសាតាំងប្រើអបិយជំនឿដើម្បីធ្វើឱ្យមនុស្សពុករលួយដោយរបៀបណា? មនុស្សទាំងអស់ចង់ដឹងពីវាសនារបស់គេ ដូច្នេះ សាតាំងកេងចំណេញពីការចង់ដឹងរបស់មនុស្សនេះ ដើម្បីបញ្ឆោតចិត្តពួកគេ។ មនុស្សពាក់ព័ន្ធនៅក្នុងការមើលជោគជតារាសី ការរកគ្រូទាយ និងការទស្សន៍ទាយផ្ទៃមុខ ដើម្បីដឹងថានឹងមានអ្វីកើតឡើងចំពោះពួកគេនៅថ្ងៃអនាគត និងចង់ដឹងថា នៅខាងមុខពួកគេ មានផ្លូវអ្វីខ្លះ។ ចុងបញ្ចប់ តើជោគវាសនា និងអនាគតដែលមនុស្សខ្វល់ខ្វាយយ៉ាងខ្លាំងនោះ ធ្លាក់ទៅក្នុងដៃរបស់នរណា? (នៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។) អ្វីទាំងអស់នេះស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ តាមរយៈការប្រើវិធីសាស្ត្រទាំងនេះ តើសាតាំងចង់ឱ្យមនុស្សដឹងអ្វីខ្លះ? សាតាំងចង់ប្រើការទស្សន៍ទាយមុខ និងការទាយពីជោគវាសនា ដើម្បីប្រាប់មនុស្សថា វាដឹងអំពីជោគវាសនាទៅអនាគតរបស់ពួកគេ និងចង់ប្រាប់ពួកគេថា វាមិនគ្រាន់តែដឹងអំពីរឿងទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏គ្រប់គ្រងលើអនាគតរបស់ពួកគេផងដែរ។ សាតាំងចង់កេងចំណេញពីឱកាសនេះ ហើយប្រើប្រាស់វិធីសាស្ត្រទាំងនេះ ដើម្បីគ្រប់គ្រងលើមនុស្ស ដើម្បីឱ្យមនុស្សជឿលើវាទាំងងងឹតងងល់ ហើយស្ដាប់តាមសម្ដីគ្រប់ម៉ាត់របស់វា។ ឧទាហរណ៍៖ ប្រសិនបើអ្នកឱ្យគេទស្សន៍ទាយមុខ ប្រសិនបើគ្រូទាយបិទភ្នែក ហើយទាយប្រាប់អ្នកពីគ្រប់យ៉ាងដែលបានកើតឡើងលើអ្នកកាលពីម្ភៃសាមសិបឆ្នាំមុនយ៉ាងច្បាស់ តើក្នុងចិត្តអ្នកមានអារម្មណ៍បែបណាដែរ? ភ្លាមៗនោះ អ្នកនឹងមានអារម្មណ៍ថា៖ «គាត់និយាយត្រូវណាស់! ពីមុនមក ខ្ញុំមិនដែលប្រាប់រឿងអតីតកាលរបស់ខ្ញុំទៅនរណាម្នាក់ឡើយ តើគាត់ដឹងរឿងនេះយ៉ាងម៉េចទៅ? ខ្ញុំសូមសរសើរគ្រូទាយម្នាក់នេះហើយ!» ចំពោះសាតាំង គ្រាន់តែការដឹងអំពីអតីតកាលរបស់អ្នក តើនោះមិនងាយស្រួលទេឬអី? ព្រះជាម្ចាស់បានដឹកនាំអ្នកមកដល់កន្លែងដែលអ្នកស្ថិតនៅសព្វថ្ងៃនេះ ហើយក្នុងពេលនោះដែរ សាតាំងក៏តែងធ្វើឱ្យមនុស្សពុករលួយ និងតាមពីក្រោយអ្នកជាប់ផងដែរ។ ផ្លូវជីវិតរបស់អ្នកជាច្រើនទសវត្សរ៍ គ្មានអ្វីពិបាកសោះឡើយចំពោះសាតាំង ហើយការដឹងពីរឿងទាំងនេះ គ៏គ្មានអ្វីពិបាកសម្រាប់សាតាំងនោះដែរ។ នៅពេលដែលអ្នកដឹងថា គ្រប់អ្វីៗដែលសាតាំងនិយាយសុទ្ធតែសុក្រឹតត្រឹមត្រូវ តើអ្នកនឹងមិនប្រគល់ដួងចិត្តរបស់អ្នកដល់វាទេឬអី? តើអ្នកនឹងមិនពឹងផ្អែកលើវា ដើម្បីគ្រប់គ្រងលើអនាគត និងជោគវាសនារបស់អ្នកទេឬអី? ដួងចិត្តរបស់អ្នកនឹងមានការគោរព ឬការកោតខ្លាចដល់វាមួយរំពេច ហើយត្រង់ចំណុចនេះ ព្រលឹងរបស់មនុស្សមួយចំនួន នឹងត្រូវអារក្សឆក់យក។ ហើយភ្លាមៗនោះ អ្នកនឹងសួរគ្រូទាយថា៖ «បន្ទាប់មក តើខ្ញុំគួរធ្វើបែបណា? តើក្នុងឆ្នាំក្រោយ ខ្ញុំគួរចៀសវាងអ្វីខ្លះ? តើមានរឿងអ្វីខ្លះដែលខ្ញុំមិនគួរធ្វើ?» ហើយពេលនោះ គ្រូទាយនឹងនិយាយថា៖ «អ្នកមិនត្រូវទៅកន្លែងនេះ អ្នកមិនត្រូវធ្វើរឿងនេះ មិនត្រូវពាក់សម្លៀកបំពាក់ពណ៌នេះ អ្នកគួរតែទៅកន្លែងនេះតិចជាងមុន ឬធ្វើរឿងនេះឱ្យច្រើនជាងមុន...។» តើអ្នកនឹងមិនជឿលើពាក្យគ្រប់ម៉ាត់ ដែលគ្រូនោះនិយាយភ្លាមទេឬអី? អ្នកនឹងទន្ទេញពាក្យរបស់គ្រូនោះឱ្យរត់មាត់ជាងទន្ទេញព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត។ ហេតុអ្វីបានជាអ្នកត្រូវទន្ទេញពាក្យគ្រូទាយនោះឆាប់បែបនេះ? គឺដោយសារតែអ្នកចង់ពឹងលើសាតាំង ដើម្បីបានសំណាងល្អ។ តើនេះមិនមែនជាពេលដែលវាឆក់យកចិត្តរបស់អ្នកទេឬអី? នៅពេលដែលការទស្សន៍ទាយរបស់វាក្លាយជាការពិតម្ដងមួយៗ តើអ្នកនឹងមិនចង់ត្រឡប់ទៅរកវាវិញភ្លាម ដើម្បីចង់ដឹងពីជោគវាសនារបស់អ្នកនៅឆ្នាំក្រោយទេឬអី? (ចង់។) អ្នកនឹងធ្វើតាមអ្វីគ្រប់យ៉ាងដែលសាតាំងប្រាប់អ្នកឱ្យធ្វើ ហើយអ្នកនឹងចៀសវាងគ្រប់យ៉ាងដែលវាប្រាប់ឱ្យចៀសវាង។ បើដូច្នេះ តើអ្នកមិនមែនស្ដាប់បង្គាប់តាមគ្រប់យ៉ាងដែលវានិយាយទេឬអី? អ្នកនឹងធ្លាក់ទៅក្នុងដៃរបស់វាមួយរំពេច ចាញ់បញ្ឆោតវា និងស្ថិតនៅក្រោមការត្រួតត្រារបស់វា។ រឿងនេះកើតឡើងដោយសារតែអ្នកជឿថា អ្វីដែលវានិយាយគឺជាការពិត និងដោយសារតែអ្នកជឿថា វាដឹងពីជីវិតកាលអតីតកាលរបស់អ្នក ជីវិតបច្ចុប្បន្នកាលរបស់អ្នក និងអនាគតរបស់អ្នក។ នេះគឺជាវិធីសាស្ត្រដែលសាតាំងប្រើ ដើម្បីគ្រប់គ្រងលើមនុស្ស។ ប៉ុន្តែ នៅក្នុងតថភាពជាក់ស្ដែងវិញ តើនរណាជាអ្នកគ្រប់គ្រងឱ្យពិតប្រាកដទៅ? គឺព្រះជាម្ចាស់ផ្ទាល់ព្រះអង្គជាអ្នកគ្រប់គ្រង មិនមែនសាតាំងឡើយ។ សាតាំងគ្រាន់តែប្រើឧបាយកលដ៏វៃឆ្លាតរបស់វា ដើម្បីបញ្ឆោតមនុស្សល្ងង់ខ្លៅ បញ្ឆោតមនុស្សដែលមើលឃើញតែពិភពរូបធាតុ ឱ្យជឿ និងពឹងអាងលើវាប៉ុណ្ណោះ។ បន្ទាប់មក ពួកគេក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំង ហើយស្ដាប់តាមពាក្យគ្រប់ម៉ាត់របស់វា។ ប៉ុន្តែ នៅពេលដែលមនុស្សចង់ជឿ និងដើរតាមព្រះជាម្ចាស់វិញ តើសាតាំងធ្លាប់បន្ធូរដៃរបស់វាដែរឬទេ? សាតាំងមិនដែលឡើយ។ នៅក្នុងស្ថានភាពនេះ តើមនុស្សពិតជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំងមែនទេ? (មែន។) តើយើងអាចនិយាយថា ឥរិយាបថរបស់សាតាំងក្នុងរឿងនេះ ជាឥរិយាបថឥតអៀនខ្មាសបានដែរឬទេ? (បាន។) ហេតុអ្វីបានជាយើងនិយាយដូច្នេះ? គឺដោយសារតែទាំងនេះជាស្នៀតក្លែងបន្លំ ជាស្នៀតបោកបញ្ឆោត។ សាតាំងគ្មានការអៀនខ្មាសឡើយ ហើយវាធ្វើឱ្យមនុស្សយល់ច្រឡំថា វាត្រួតត្រាលើអ្វីគ្រប់យ៉ាងពាក់ព័ន្ធនឹងពួកគេ និងថា វាគ្រប់គ្រងលើវាសនារបស់ពួកគេទាំងអស់។ ទង្វើនេះធ្វើឱ្យមនុស្សល្ងង់ខ្លៅស្ដាប់បង្គាប់វាទាំងស្រុង។ ពួកគេចាញ់បញ្ឆោតវា ត្រឹមតែពាក្យពីរបីម៉ាត់ប៉ុណ្ណោះ។ នៅក្នុងដំណើរវង្វេងស្មារតីរបស់គេ មនុស្សលុតជង្គង់នៅចំពោះមុខវា។ ដូច្នេះ តើសាតាំងប្រើវិធីសាស្ត្រអ្វីខ្លះ? តើវានិយាយអ្វីខ្លះបានជាធ្វើឱ្យអ្នកជឿលើវាបែបនេះ? ឧទាហរណ៍៖ អ្នកប្រហែលជាមិនបានប្រាប់សាតាំងពីចំនួនមនុស្សនៅក្នុងក្រុមគ្រួសាររបស់អ្នកឡើយ ប៉ុន្តែវានៅតែអាចទាយដឹងពីចំនួនមនុស្សក្នុងគ្រួសាររបស់អ្នក និងអាយុឪពុកម្ដាយ និងកូនៗរបស់អ្នក។ ទោះបីជាអ្នកអាចមានមន្ទិល និងការសង្ស័យអំពីសាតាំងពីមុនមកក៏ដោយ ក៏ប៉ុន្តែក្រោយពេលបានឮវានិយាយបែបនេះ តើអ្នកនឹងមិនកាន់តែមានអារម្មណ៍ជឿលើវាខ្លាំងជាងមុនបន្ដិចទេឬអី? បន្ទាប់មក សាតាំងអាចនិយាយថា ការងាររបស់អ្នកនាពេលថ្មីៗនេះជួបការលំបាកជាច្រើន ថាចៅហ្វាយរបស់អ្នកមិនបានទទួលស្គាល់ស្នាដៃរបស់អ្នកឱ្យស័ក្ដិសមនឹងការងារដែលអ្នកខំប្រឹងនោះឡើយ ហើយតែងតែធ្វើការប្រឆាំងនឹងអ្នកជានិច្ច។ ក្រោយពេលបានឮបែបនេះហើយ អ្នកក៏គិតថា៖ «រឿងនេះពិតជាត្រូវមែន! អ្វីៗដូចជាដំណើរការមិនសូវរលូនសោះនៅកន្លែងធ្វើការ»។ ដូច្នេះ អ្នកនឹងជឿលើសាតាំងច្រើនជាងមុនបន្តិចទៀត។ បន្ទាប់មក វានឹងនិយាយរឿងផ្សេងទៀត ដើម្បីបញ្ឆោតអ្នកឱ្យជឿវាកាន់តែខ្លាំងជាងមុន។ បន្ដិចម្ដងៗ អ្នកនឹងជឿស្លុងលែងប្រកែក លែងមានចិត្តសង្ស័យចំពោះវាតទៅទៀត។ សាតាំងគ្រាន់តែប្រើល្បិចកំប៉ិកកំប៉ុកពីរបីក្បាច់ប៉ុណ្ណោះ ប៉ុន្តែធ្វើឱ្យអ្នកឡប់អស់។ នៅពេលដែលអ្នកឡប់លែងដឹងអ្វី អ្នកនឹងគ្មានគោលជំហរខ្លួនឯងទេ អ្នកនឹងមិនដឹងច្បាស់ថាត្រូវធ្វើអ្វីទេ ហើយអ្នកនឹងចាប់ផ្ដើមធ្វើតាមអ្វីដែលសាតាំងនិយាយ។ នេះគឺជាវិធីសាស្ត្រ «ដ៏ចំណាន» ដែលសាតាំងប្រើ ដើម្បីធ្វើឱ្យមនុស្សពុករលួយ ដែលធ្វើឱ្យអ្នកធ្លាក់ទៅក្នុងអន្ទាក់របស់វា ហើយជាប់ចិត្តនឹងវាដោយមិនដឹងខ្លួន។ សាតាំងប្រាប់រឿងមួយចំនួនដែលមនុស្សស្រមៃថាជារឿងល្អឱ្យអ្នកដឹង ហើយបន្ទាប់មក វាប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ និងអ្វីដែលត្រូវចៀសវាង។ នេះជារបៀបដែលអ្នកចាញ់កលវាទាំងមិនដឹងខ្លួន។ ពេលដែលអ្នកជាប់ចិត្តនឹងវាហើយ នោះអ្វីៗនឹងជាប់ស្អិតនឹងខ្លួនអ្នកមិនខាន។ អ្នកនឹងតែងតែគិតអំពីអ្វីដែលសាតាំងបាននិយាយ និងអ្វីដែលវាបានប្រាប់អ្នកឱ្យធ្វើ ហើយវានឹងសណ្ឋិតលើខ្លួនអ្នកទាំងអ្នកមិនដឹងខ្លួន។ ហេតុអ្វីបានជាបែបនេះ? គឺដោយសារតែមនុស្សជាតិខ្វះសេចក្តីពិត ដូច្នេះ គេមិនអាចឈរមាំ ដើម្បីប្រឆាំងនឹងការទាក់ចិត្ត និងសេចក្តីល្បួងពីសាតាំងបានឡើយ។ ប្រឈមជាមួយនឹងសេចក្ដីអាក្រក់ ការបញ្ឆោត ភាពវៀចវេរ និងការព្យាបាទរបស់របស់សាតាំង មនុស្សជាតិពិតជាល្ងង់ខ្លៅ ក្មេងខ្ចី និងទន់ជ្រាយណាស់ មែនទេ? តើនេះមិនមែនជាវិធីមួយក្នុងចំណោមវិធីជាច្រើនទៀតដែលសាតាំងប្រើ ដើម្បីធ្វើឱ្យមនុស្សពុករលួយទេឬអី? (មែន។) សាតាំងប្រើវិធីសាស្ត្រផ្សេងៗធ្វើឱ្យមនុស្សចាញ់បញ្ឆោត និងចាញ់ល្បិចវាបន្តិចម្ដងៗដោយមិនដឹងខ្លួន នេះក៏ដោយសារតែពួកគេខ្វះសមត្ថភាពក្នុងការវែកញែករវាងអ្វីវិជ្ជមាន និងអ្វីអវិជ្ជមាន។ ពួកគេខ្វះនូវកម្ពស់នេះ និងខ្វះនូវសមត្ថភាពដើម្បីយកឈ្នះលើសាតាំង។

ង. របៀបដែលសាតាំងប្រើប្រាស់និន្នាការសង្គមដើម្បីធ្វើឱ្យមនុស្សពុករលួយ

តើនិន្នាការសង្គមបានកើតមានឡើងនៅពេលណា? តើវាទើបតែលេចឡើងនៅក្នុងសម័យបច្ចុប្បន្ននេះឬ? គេអាចនិយាយបានថា និន្នាការសង្គមកើតមានឡើង នៅពេលដែលសាតាំងចាប់ផ្ដើមធ្វើឱ្យមនុស្សពុករលួយ។ តើនិន្នាការសង្គមរួមបញ្ចូលអ្វីខ្លះ? (បែបផែននៃការស្លៀកពាក់ និងការតុបតែងខ្លួន។) នេះជារឿងដែលមនុស្សជួបប្រទះញឹកញាប់បំផុត។ បែបផែននៃការស្លៀកពាក់ ម៉ូតសម្លៀកបំពាក់ និងទំនោរផ្សេងៗជាដើម ទាំងអស់នេះបង្កើតបានជាទិដ្ឋភាពតូចមួយ។ តើមានអ្វីផ្សេងទៀតទេ? តើឃ្លាប្រយោគដ៏ពេញនិយមដែលមនុស្សប្រើជារឿយៗ ត្រូវរាប់បញ្ចូលក្នុងនោះដែរឬទេ? តើបែបផែនជីវិតដែលមនុស្សប្រាថ្នាចង់បានត្រូវរាប់បញ្ចូលក្នុងនោះដែរឬទេ? តើតារាចម្រៀង សិល្បករល្បីៗ ទស្សនាវដ្ដី និងរឿងប្រលោមលោកដែលមនុស្សចូលចិត្តអាន រាប់បញ្ចូលនៅក្នុងនោះដែរឬទេ? (រាប់បញ្ចូល។) នៅក្នុងចិត្តរបស់អ្នករាល់គ្នា តើទិដ្ឋភាពនិន្នាការសង្គមមួយណាដែលអាចធ្វើឱ្យមនុស្សពុករលួយបាន? តើនិន្នាការណាមួយក្នុងចំណោមនេះដែលធ្វើឱ្យអ្នករាល់គ្នាចាប់អារម្មណ៍ខ្លាំងបំផុតនោះ? មនុស្សមួយចំនួននិយាយថា៖ «យើងទាំងអស់គ្នាបានឈានចូលដល់វ័យនេះហើយ យើងស្ថិតនៅក្នុងវ័យហាសិប ហុកសិប ចិតសិប ឬប៉ែតសិបហើយ ដូច្នេះ យើងមិនអាចតាមទាន់និន្នាការទាំងនេះបានទេ ហើយវាក៏មិនធ្វើឱ្យយើងចាប់អារម្មណ៍ដែរ»។ តើការនិយាយបែបនេះត្រឹមត្រូវដែរឬទេ? មនុស្សមួយចំនួនទៀតនិយាយថា៖ «យើងមិនធ្វើតាមពួកតារាល្បីៗឡើយ ដ្បិតនោះជារឿងដែលពួកយុវជនក្នុងវ័យម្ភៃផ្លាយធ្វើប៉ុណ្ណោះ។ យើងក៏មិនពាក់សម្លៀកបំពាក់ទាន់សម័យអ្វីដែរ ដ្បិតនោះសម្រាប់មនុស្សដែលចង់ស្អាតតែប៉ុណ្ណោះ»។ ដូច្នេះ តើនិន្នាការបែបណាទៅដែលអាចធ្វើឱ្យមនុស្សពុករលួយបាន? (ភាសិតពេញនិយម។) តើពាក្យភាសិតទាំងនេះអាចធ្វើឱ្យមនុស្សពុករលួយបានដែរឬទេ? ខ្ញុំនឹងឱ្យជាឧទាហរណ៍មួយ ហើយអ្នករាល់គ្នាអាចមើលបានថាតើវាអាចធ្វើឱ្យមនុស្សពុករលួយឬអត់៖ «លុយអាចប្រើខ្មោចឱ្យកិនម្សៅបាន» តើនេះជានិន្នាការមួយដែរឬទេ? បើធៀបទៅនឹងម៉ូដសម្លៀកបំពាក់ និងនិន្នាការម្ហូបអាហារឆ្ងាញ់ៗដែលអ្នករាល់គ្នាបានលើកឡើង តើភាសិតនេះមិនកាន់តែអាក្រក់ទៀតទេឬអី? «លុយអាចប្រើខ្មោចឱ្យកិនម្សៅបាន» គឺជាទស្សនវិជ្ជារបស់សាតាំង។ ទស្សនវិជ្ជានេះកំពុងតែរាលដាលនៅក្នុងចំណោមមនុស្សជាតិទាំងមូល និងក្នុងសង្គមជាតិទាំងអស់។ អ្នកអាចនិយាយបានថា នេះគឺជានិន្នាការមួយ។ នេះគឺដោយសារតែទស្សនវិជ្ជានេះត្រូវបានគេបណ្ដុះគំនិតនៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗដែលពីដើមដំបូងឡើយ មនុស្សនេះមិនបានទទួលយកភាសិតនេះទេ ប៉ុន្តែបន្ទាប់មក ក៏ព្រមទទួលយកដោយស្ងាត់ស្ងៀម នៅពេលដែលពួកគេចាប់ផ្ដើមមានទំនាក់ទំនងនៅក្នុងជីវិតជាក់ស្ដែង ហើយចាប់ផ្ដើមមានអារម្មណ៍ថា ពាក្យទាំងនេះពិតជាត្រឹមត្រូវមែន។ តើនេះមិនមែនជាដំណើរមួយដែលសាតាំងដើម្បីធ្វើឱ្យមនុស្សពុករលួយទេឬអី? ប្រហែលមនុស្សមិនយល់ពីពាក្យភាសិតនេះនៅក្នុងកម្រិតដូចគ្នាឡើយ ប៉ុន្តែមនុស្សគ្រប់គ្នាមានកម្រិតនៃការបកស្រាយ និងកម្រិតនៃការទទួលស្គាល់ភាសិតនេះខុសៗគ្នា ផ្អែកលើរឿងរ៉ាវដែលបានកើតឡើងជុំវិញខ្លួនពួកគេ និងផ្អែកលើបទពិសោធរបស់ពួកគេផ្ទាល់។ តើរឿងមិនបែបនេះទេឬអី? មិនថាមនុស្សម្នាក់មានបទពិសោធច្រើនប៉ុនណាពាក់ព័ន្ធពាក្យភាសិតនេះឡើយ តើវាអាចមានផលអវិជ្ជមានអ្វីខ្លះទៅលើចិត្តរបស់មនុស្សណាម្នាក់? រឿងខ្លះត្រូវបានបើកសម្ដែងតាមរយៈនិស្ស័យរបស់មនុស្សនៅក្នុងលោកីយ៍នេះ រួមទាំងអ្នករាល់គ្នាគ្រប់ៗរូបផងដែរ។ តើនេះវាជាអ្វីទៅ? នេះជាការថ្វាយបង្គំលុយ។ តើវាពិបាកនឹងដកចេញពីដួងចិត្តរបស់មនុស្សម្នាក់មែនទេ? ពិតជាពិបាកណាស់! ហាក់ដូចជាការដែលសាតាំងធ្វើឱ្យមនុស្សពុករលួយនោះ ជ្រាលជ្រៅខ្លាំងណាស់! សាតាំងប្រើលុយដើម្បីល្បួងមនុស្ស និងធ្វើឱ្យពួកគេពុករលួយ ធ្លាក់ខ្លួនទៅក្នុងការថ្វាយបង្គំលុយ គោរពបូជាវត្ថុផ្សេងៗ។ ហើយតើការថ្វាយបង្គំលុយនេះ បានបង្ហាញពីអ្វីខ្លះនៅក្នុងខ្លួនមនុស្ស? អ្នករាល់គ្នាធ្លាប់មានអារម្មណ៍ថា អ្នករាលគ្នាមិនអាចរស់នៅក្នុងពិភពលោកនេះបានទេបើគ្មានលុយ ឬមិនអាចរស់នៅបានសូម្បីតែមួយថ្ងៃបើគ្មានលុយ។ តើអ្នករាល់គ្នាមានអារម្មណ៍បែបនេះដែរឬទេ? ឋានៈរបស់មនុស្សអាស្រ័យលើទៅចំនួនទឹកប្រាក់ដែលគេមាន ហើយកម្រិតនៃការគោរព ក៏អាស្រ័យលើទឹកប្រាក់ផងដែរ។ អ្នកក្រខំឱនលំទោនទាំងភាពអាម៉ាស់ ឯអ្នកមានវិញរីករាយនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គេ។ ពួកគេឈរពើងទ្រូង ទាំងមានអំនួតផង ដោយនិយាយឮៗ និងរស់នៅទាំងក្រអឺតក្រទម។ តើពាក្យភាសិត និងនិន្នាការនេះ នាំអ្វីខ្លះដល់មនុស្ស? តើវាមិនមែនជាការពិតទេឬអីដែលមនុស្សជាច្រើនហ៊ានលះបង់គ្រប់យ៉ាង ដើម្បីដេញតាមទឹកលុយនោះ? តើមិនមែនមានមនុស្សជាច្រើនដែលបាត់បង់សេចក្តីថ្លៃថ្នូរ និងភាពសុចរិតរបស់ខ្លួនដោយសារតែដេញតាមលុយនេះទេឬអី? តើមិនមែនមានមនុស្សជាច្រើនដែលបាត់បង់ឱកាសក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងដើរតាមព្រះជាម្ចាស់ដើម្បីតែប្រាក់នេះទេឬអី? តើការបាត់បង់ឱកាសដើម្បីទទួលបានសេចក្ដីពិត និងត្រូវបានសង្រ្គោះ មិនមែនជាការបាត់បង់ដ៏ធំធេងបំផុតសម្រាប់មនុស្សទេឬអី? តើសាតាំងមិនអាក្រក់ទេឬអីដែលប្រើប្រាស់វិធីសាស្ត្រ និងពាក្យភាសិតនេះ ដើម្បីធ្វើឱ្យមនុស្សពុករលួយដល់កម្រិតនេះនោះ? តើនេះមិនមែនជាកលល្បិចព្យាបាទទេឬអី? នៅពេលដែលអ្នកផ្លាស់ប្ដូរពីការប្រឆាំងនឹងពាក្យភាសិតដ៏ពេញនិយមនេះ ហើយចុងក្រោយបែរចាទទួលស្គាល់ថាវាជាការពិត នោះដួងចិត្តរបស់អ្នកនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំងទាំងស្រុង ដូច្នេះហើយ អ្នកនឹងត្រូវរស់នៅតាមពាក្យភាសិតនេះទាំងមិនដឹងខ្លួន។ តើពាក្យភាសិតនេះបានជះឥទ្ធិពលដល់អ្នកក្នុងកម្រិតណា? អ្នកអាចដឹងអំពីផ្លូវពិត ហើយអ្នកអាចដឹងអំពីសេចក្តីពិត ប៉ុន្តែអ្នកគ្មានអំណាចក្នុងការដេញតាមវាឡើយ។ អ្នកអាចដឹងយ៉ាងច្បាស់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្តីពិត ប៉ុន្តែអ្នកមិនព្រមលះបង់ ឬព្រមរងទុក្ខ ដើម្បីទទួលបានសេចក្តីពិតនោះទេ។ ផ្ទុយទៅវិញ អ្នកបែរជាលះបង់អនាគត និងទិសដៅផ្ទាល់ខ្លួនរបស់អ្នកដើម្បីប្រឆាំងនឹងព្រះជាម្ចាស់ដល់ទីបំផុតទៅវិញ។ មិនថាព្រះជាម្ចាស់មានបន្ទូលបែបណា មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះទេ មិនថាអ្នកយល់ពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះអ្នកជ្រាលជ្រៅ និងខ្លាំងប៉ុនណាឡើយ អ្នកនៅតែក្បាលរឹងទទូចចង់ដើរតាមផ្លូវរបស់ខ្លួន និងហ៊ានលះបង់ដើម្បីពាក្យភាសិតមួយនេះទៀត។ មានន័យថា ពាក្យភាសិតនេះបានបោកបញ្ឆោត និងគ្រប់គ្រងលើគំនិតរបស់អ្នករួចហើយ វាបានគ្រប់គ្រងលើឥរិយាបថរបស់អ្នករួចហើយ ហើយអ្នកសុខចិត្តឱ្យវាគ្រប់គ្រងលើវាសនារបស់អ្នក ជាជាងលះបង់ការដេញតាមរកទ្រព្យសម្បត្តិរបស់អ្នក។ ការដែលមនុស្សអាចធ្វើដូច្នេះបាន ការដែលពួកគេអាចឱ្យសម្ដីរបស់សាតាំងគ្រប់គ្រង និងបោកប្រើបានដូច្នេះ តើនេះមិនមានន័យថាពួកគេត្រូវបានសាតាំងបោកបញ្ឆោត និងធ្វើឱ្យពុករលួយទេឬអី? តើទស្សនវិជ្ជា និងផ្នត់គំនិតរបស់សាតាំង និងនិស្ស័យរបស់សាតាំង មិនមែនបានចាក់ឫសក្នុងចិត្តរបស់អ្នកទេឬអី? នៅពេលដែលអ្នកដេញតាមទ្រព្យសម្បត្តិទាំងងងឹតងងុល ហើយលះបង់ចោលការស្វះស្វែងរកសេចក្ដីពិត តើសាតាំងមិនមែនបានសម្រេចគោលបំណងរបស់វាក្នុងការបោកបញ្ឆោតអ្នកទេឬអី? ករណីនេះពិតដូច្នេះមែន។ ដូច្នេះ នៅពេលដែលអ្នកត្រូវសាតាំងបោកបញ្ឆោត និងធ្វើឱ្យពុករលួយ តើអ្នកអាចមានអារម្មណ៍ដឹងបានដែរឬទេ? អ្នកមិនអាចដឹងបានទេ។ ប្រសិនបើអ្នកមិនអាចមើលឃើញសាតាំងឈរនៅខាងមុខអ្នក ឬមិនអាចមានអារម្មណ៍ដឹងថា សាតាំងកំពុងធ្វើរឿងនៅពីក្រោយខ្នងអ្នក តើអ្នកអាចនឹងមើលឃើញពីសេចក្ដីទុច្ចរិតរបស់សាតាំងបានដែរឬទេ? តើអ្នកអាចដឹងថាសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយដោយរបៀបណាបានទេ? សាតាំងធ្វើឱ្យមនុស្សពុករលួយគ្រប់ពេល និងគ្រប់ទីកន្លែង។ សាតាំងធ្វើឱ្យមនុស្សមិនអាចការពារខ្លួនទល់នឹងសេចក្តីពុករលួយនេះបាន ហើយធ្វើឱ្យមនុស្សគ្មានអ្នកជួយ មិនអាចប្រឆាំងទាស់នឹងវាបាន។ សាតាំងធ្វើឱ្យអ្នកទទួលយកគំនិតនិងទស្សនៈរបស់វា ព្រមទាំងរឿងអាក្រក់ៗដែលកើតចេញពីវានៅក្នុងស្ថានភាពដែលអ្នកមិនដឹងខ្លួន និងនៅពេលដែលអ្នកមិនដឹងថាមានអ្វីកំពុងកើតឡើងមកលើអ្នក។ មនុស្សទទួលយករឿងទាំងនេះដោយគ្មានប្រកែកអ្វីឡើយ។ ពួកគេប្រកាន់យក និងឱ្យតម្លៃលើរឿងទាំងនេះដូចជាកំណប់ទ្រព្យ ហើយពួកគេបណ្ដោយឱ្យរឿងទាំងនេះគ្រប់គ្រងពួកគេ និងលេងសើចជាមួយពួកគេ។ នេះហើយជារបៀបដែលមនុស្សរស់នៅក្រោមអំណាចរបស់សាតាំង និងស្តាប់បង្គាប់សាតាំងទាំងមិនដឹងខ្លួននោះ ហើយការដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ កាន់តែខ្លាំងឡើងៗ។

សាតាំងប្រើវិធីសាស្ត្រជាច្រើននេះ ដើម្បីធ្វើឱ្យមនុស្សពុករលួយ។ មនុស្សមានចំណេះដឹង និងការយល់ដឹងអំពីគោលការណ៍វិទ្យាសាស្ត្រខ្លះៗ មនុស្សរស់នៅក្រោមឥទ្ធិពលនៃវប្បធម៌ប្រពៃណី ហើយមនុស្សគ្រប់រូប សុទ្ធតែជាអ្នកស្នង និងជាអ្នកផ្ទេរវប្បធម៌ប្រពៃណីនោះ។ មនុស្សត្រូវបានជាប់ចំណងនៃការបន្តវប្បធម៌ប្រពៃណីដែលសាតាំងបានបន្សល់ទុកដល់គេ ហើយមនុស្សក៏ត្រូវសម្របខ្លួនតាមនិន្នាការសង្គម ដែលសាតាំងផ្ដល់ដល់មនុស្សជាតិផងដែរ។ មនុស្សមិនអាចផ្ដាច់ខ្លួនចេញពីសាតាំងបានទេ ដោយត្រូវសម្របខ្លួនតាមគ្រប់យ៉ាងដែលសាតាំងធ្វើគ្រប់ពេល ទទួលយកសេចក្ដីអាក្រក់ ការបញ្ឆោត ការព្យាបាទ និងភាពក្រអឺតក្រទមរបស់វា។ នៅពេលដែលមនុស្សចាប់ផ្ដើមមាននិស្ស័យរបស់សាតាំងទាំងនេះហើយ តើពួកគេរស់នៅដោយក្ដីរីករាយ ឬដោយក្ដីទុក្ខព្រួយនៅក្នុងចំណោមមនុស្សជាតិពុករលួយនេះ? (ដោយក្ដីទុក្ខព្រួយ។) ហេតុអ្វីបានជាអ្នកនិយាយបែបនេះ? (គឺដោយសារតែមនុស្សត្រូវបានជាប់ចំណង និងត្រូវបានគ្រប់គ្រងដោយអ្វីៗដែលពុករលួយទាំងនេះ គេរស់នៅក្នុងអំពើបាប ហើយត្រូវបានហ៊ុមព័ទ្ធដោយបញ្ហាដ៏សែនលំបាក។) មនុស្សខ្លះពាក់វ៉ែនតា មើលទៅហាក់ដូចជាមនុស្សមានបញ្ញាខ្លាំងណាស់អ៊ីចឹង។ សម្ដីសំដៅរបស់ពួកគេគួរឱ្យគោរព ប្រកបដោយវោហាសព្ទ និងហេតុផល ហើយដោយសារតែពួកគេបានឆ្លងកាត់រឿងរ៉ាវជាច្រើន ដូច្នេះ ពួកគេអាចមានបទពិសោធ និងប្រាជ្ញាវៃឆ្លាតច្រើនផង។ ពួកគេអាចនិយាយបានល្អិតល្អន់អំពីរឿងតូចធំ ពួកគេក៏អាចវាយតម្លៃពីភាពពិត និងចេះថ្លឹងថ្លែងហេតុផលផងដែរ។ អ្នកខ្លះអាចមើលពីឥរិយាបថ និងលក្ខណៈខាងក្រៅរបស់មនុស្សទាំងនេះ ព្រមទាំងមើលពីអត្តចរិត ភាពជាមនុស្ស ការប្រព្រឹត្ត និងចំណុចផ្សេងៗរបស់គេផងដែរ ហើយមើលមិនឃើញទាស់ត្រង់ណាសោះឡើយ។ មនុស្សបែបនេះ ពិតជាអាចសម្របខ្លួនបានយ៉ាងល្អទៅតាមនិន្នាការសង្គមបច្ចុប្បន្ននេះណាស់។ ទោះបីមនុស្សទាំងនេះអាចមានវ័យចាស់ក៏ដោយ ក៏ពួកគេមិនបណ្ដោយខ្លួនឱ្យតាមមិនទាន់និន្នាការ និងប្រកាន់នូវគំនិតចាស់គំរឹល រៀនមិនកើតនោះដែរ។ សម្បកក្រៅ គ្មាននរណាម្នាក់អាចមើលឃើញពីកំហុសរបស់មនុស្សនេះឡើយ ប៉ុន្តែសារជាតិខាងក្នុងរបស់ពួកគេវិញ ពួកគេត្រូវសាតាំងធ្វើឱ្យពុករលួយទាំងស្រុងតែម្ដង។ ទោះបីមនុស្សទាំងនេះ រកមិនឃើញកំហុសពីសំបកក្រៅក៏ពិតមែន ទោះសម្បកក្រៅ ពួកគេហាក់ដូចជាទន់ភ្លន់ ថ្លៃថ្នូរ ចេះដឹង មានសីលធម៌ល្អ និងមានសេចក្ដីសុចរិតក៏ពិតមែន ហើយទោះបីពួកគេមានចំណេះដឹងមិនចាញ់ពួកយុវជនក៏ដោយ ក៏ប៉ុន្តែបើនិយាយពីធម្មជាតិ និងសារជាតិរបស់ពួកគេវិញ មនុស្សបែបនេះគឺជាខ្នាតគំរូរស់របស់សាតាំងទាំងស្រុងតែម្ដង ពួកគេគឺជារូបតំណាងរបស់សាតាំងគ្មានខុសអ្វីបន្តិចឡើយ។ នេះគឺជា «ផលផ្លែ» កើតចេញពីការដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ។ អ្វីដែលខ្ញុំបាននិយាយអាចធ្វើឱ្យអ្នករាល់គ្នាឈឺចាប់ ប៉ុន្តែវាជាការពិត។ ចំណេះដឹងដែលមនុស្សរៀន វិទ្យាសាស្ត្រដែលគេយល់ និងមធ្យោបាយដែលគេជ្រើសរើសដើម្បីសម្របខ្លួនទៅតាមនិន្នាការសង្គម គឺសុទ្ធតែជាឧបករណ៍ដែលសាតាំងប្រើដើម្បីធ្វើឱ្យមនុស្សពុករលួយ។ នេះគឺជាការពិតឥតប្រកែកបានឡើយ។ ដូច្នេះ មនុស្សរស់នៅក្នុងនិស្ស័យមួយដែលសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹង ហើយមនុស្សគ្មានផ្លូវនឹងដឹងថាអ្វីជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ឬអ្វីជាសារជាតិរបស់ព្រះជាម្ចាស់នោះឡើយ។ នេះគឺដោយសារតែពីសម្បកក្រៅ មនុស្សមិនអាចមើលឃើញកំហុសអំពីវិធីដែលសាតាំងធ្វើឱ្យមនុស្សពុករលួយបាន ហើយតាមរយៈឥរិយាបថរបស់មនុស្សណាម្នាក់ គេមិនអាចដឹងថាអ្វីខុសឆ្គងនោះទេ។ មនុស្សគ្រប់គ្នាទៅធ្វើកិច្ចការរបស់គេជាធម្មតា ហើយរស់នៅក្នុងជីវិតរបស់គេជាធម្មតា ហើយគេអានសៀវភៅ និងកាសែតតាមធម្មតា ពួកគេសិក្សា និងនិយាយតាមធម្មតា។ មនុស្សខ្លះបានរៀនសូត្រពីក្រមសីលធម៌មួយចំនួន ហើយគេពូកែនិយាយ មានការយល់ដឹង និងរួសរាយរាក់ទាក់ ចេះជួយយកអាសាគេ និងមានចិត្តល្អ ហើយមិនឈ្លោះប្រកែក ឬកេងចំណេញពីមនុស្សណាឡើយ។ ក៏ប៉ុន្តែ និស្ស័យពុករលួយបែបសាតាំងរបស់ពួកគេ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងខ្លួនពួកគេ ហើយសារជាតិនេះមិនអាចត្រូវបានផ្លាស់ប្ដូរបានតាមរយៈការពឹងលើការខំប្រឹងពីសម្បកក្រៅនោះឡើយ។ ដោយសារតែសារជាតិនេះ មនុស្សមិនអាចដឹងពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់បានឡើយ ហើយទោះបីជាសារជាតិនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ត្រូវបានបើកបង្ហាញឱ្យមនុស្សដឹងក៏ដោយ ក៏មនុស្សមិនយកចិត្តទុកដាក់មើលដែរ។ នេះគឺដោយសារតែសាតាំងបានគ្រប់គ្រងទាំងស្រុងទៅលើអារម្មណ៍ គំនិត ទស្សនៈ និងការគិតរបស់មនុស្ស តាមរយៈមធ្យោបាយផ្សេងៗរួចទៅហើយ។ ការគ្រប់គ្រង និងសេចក្តីពុករលួយនេះមិនមែនបណ្ដោះអាសន្ន ឬម្ដងម្កាលឡើយ ប៉ុន្តែ វាមានវត្តមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ដូច្នេះ មនុស្សច្រើនសន្ធឹកសន្ធាប់ដែលបានជឿលើព្រះជាម្ចាស់រយៈពេលបីឬបួនឆ្នាំ ឬសូម្បីតែប្រាំឬប្រាំមួយឆ្នាំក្ដី ក៏នៅតែទទួលយកគំនិត ទស្សនៈ ហេតុផលខុសត្រូវ និងទស្សនវិជ្ជាដែលសាតាំងបានបណ្ដុះគំនិតនៅក្នុងខ្លួនពួកគេទុកដូចជាកំណប់ទ្រព្យដែរ ហើយពួកគេមិនអាចលះបង់វាបានឡើយ។ ដោយសារតែមនុស្សបានទទួលយកសេចក្ដីអាក្រក់ ភាពក្រអឺតក្រទម និងការព្យាបាទដែលមកពីធម្មជាតិរបស់សាតាំង ដូច្នេះ ចៀសមិនផុតទេ នៅក្នុងទំនាក់ទំនងអន្តរបុគ្គលរវាងមនុស្សនិងមនុស្ស ជារឿយៗ តែងមានជម្លោះ ការឈ្លោះប្រកែកគ្នា និងការមិនចុះសម្រុងគ្នា ដែលកើតចេញពីធម្មជាតិក្រអឺតក្រទមរបស់សាតាំង។ ប្រសិនបើសាតាំងបានផ្ដល់អ្វីដែលវិជ្ជមានដល់មនុស្ស ឧទាហរណ៍ ប្រសិនបើលទ្ធិខុងជឺ និងលទ្ធិតាវនិយមដែលចែងអំពីវប្បធម៌ប្រពៃណី ដែលមនុស្សបានទទួលយកនោះ គឺជារឿងល្អមែន ដូច្នេះមនុស្សប្រភេទស្រដៀងគ្នានេះ គួរណាស់តែអាចចុះសម្រុងជាមួយគ្នាបាន បន្ទាប់ពីពួកបានទទួលយករឿងទាំងនោះ។ ដូច្នេះ ហេតុអ្វីបានជារវាងមនុស្សដែលបានទទួលយករឿងដូចគ្នានេះ បែរជាមានការបែកចែងគ្នាខ្លាំងដូច្នេះទៅវិញ? ហេតុអ្វីបានជាដូច្នេះ? នេះគឺដោយសារតែរឿងទាំងនេះកើតចេញមកពីសាតាំង ហើយសាតាំងធ្វើឱ្យមានការបែកបាក់នៅក្នុងចំណោមមនុស្ស។ រឿងដែលកើតចេញមកពីសាតាំង មិនថាសម្បកក្រៅ មើលទៅហាក់ដូចជាថ្លៃថ្នូរ ឬអស្ចារ្យបែបណាទេ ក៏វាគ្មានអ្វីក្រៅតែពីនាំមកនូវភាពក្រអឺតក្រទមដល់ជីវិតមនុស្សប៉ុណ្ណោះ ហើយគ្មានអ្វីក្រៅពីការបោកបញ្ឆោតពីធម្មជាតិអាក្រក់របស់សាតាំងឡើយ។ តើវាមិនបែបនេះទេឬ? មនុស្សម្នាក់ដែលអាចក្លែងបន្លំខ្លួនបាន ដែលមានចំណេះដឹងច្រើន ឬជាអ្នកដែលមានការអប់រំល្អ ក៏នៅតែមានពេលខ្លះពិបាកក្នុងការលាក់បាំងពីនិស្ស័យពុករលួយបែបសាតាំងរបស់ពួកគេដែរ។ គឺអាចនិយាយបានថា មិនថាបុគ្គលម្នាក់នេះខំបិទបាំងខ្លួនគេតាមវិធីច្រើនប៉ុនណានោះទេ មិនថាអ្នកចាត់ទុកពួកគេជាពួកបរិសុទ្ធក៏ដោយ ឬប្រសិនបើអ្នកគិតថា ពួកគេជាមនុស្សល្អឥតខ្ចោះ ឬប្រសិនបើអ្នកគិតថា ពួកគេជាទេវតា មិនថាអ្នកគិតថា ពួកគេបរិសុទ្ធយ៉ាងណានោះទេ តើជីវិតពិតរបស់គេនៅពីក្រោយឆាកនោះ យ៉ាងណាដែរ? តើអ្នកមើលឃើញពីសារជាតិអ្វីខ្លះនៅក្នុងការបើកសម្ដែងពីនិស្ស័យរបស់គេ? ពុំចាំបាច់ឆ្ងល់ទេ អ្នកនឹងមើលឃើញពីធម្មជាតិអាក្រក់របស់សាតាំង។ តើអាចនិយាយបែបនេះបានទេ? (បាន។) ឧទាហរណ៍៖ ឧបមាថា អ្នកស្គាល់មនុស្សម្នាក់ដែលជិតស្និទ្ធនឹងអ្នក ដែលអ្នកគិតថា គេជាមនុស្សល្អ ឬអាចថាជាមនុស្សម្នាក់ដែលអ្នកចាត់ទុកជានិមិត្តរូបរបស់អ្នក។ តាមរយៈកម្ពស់បច្ចុប្បន្នរបស់អ្នក តើអ្នកនឹងគិតបែបណាចំំពោះគេ? ដំបូង អ្នកវាយតម្លៃមើលថាតើបុគ្គលប្រភេទនេះមានភាពជាមនុស្សដែរឬទេ ថាតើគេជាមនុស្សទៀងទ្រង់ឬអត់ ថាតើគេមានសេចក្តីស្រឡាញ់ពិតប្រាកដចំពោះមនុស្សដែរឬទេ ថាតើពាក្យសម្ដី និងទង្វើរបស់គេជួយអ្នកដទៃ និងមានប្រយោជន៍ដល់អ្នកដទៃដែរឬទេ។ (ពួកគេគ្មានលក្ខណៈបែបនេះឡើយ។) តើអ្វីទៅជាចិត្តសប្បុរស ចិត្តស្រឡាញ់ ឬចិត្តត្រាប្រណី ដែលមនុស្សទាំងនេះបើកសម្ដែងនោះ? ទាំងអស់សុទ្ធនេះតែក្លែងក្លាយ សុទ្ធតែជាលក្ខណៈខាងក្រៅតែប៉ុណ្ណោះ។ បង្កប់ពីក្រោយលក្ខណៈខាងក្រៅនេះ គឺមានគោលបំណងលាក់កំបាំងដ៏អាក្រក់មួយ៖ គឺដើម្បីឱ្យបុគ្គលនោះទទួលបានការគោរព និងក្លាយជានិមិត្តរូបអ្នកដទៃប៉ុណ្ណោះ។ តើអ្នករាល់គ្នាយល់ពីចំណុចនេះច្បាស់ដែរឬទេ? (យល់។)

តើវិធីសាស្រ្តដែលសាតាំងប្រើដើម្បីធ្វើឱ្យមនុស្សពុករលួយនោះ នាំអ្វីខ្លះមកដល់មនុស្សជាតិ? តើវានាំមកនូវរឿងវិជ្ជមានដែរឬទេ? ជាដំបូង តើមនុស្សអាចបែងចែករវាងសេចក្ដីល្អ និងសេចក្ដីអាក្រក់បានដែរឬទេ? មិនថាជាបុគ្គលល្បីល្បាញ ឬអស្ចារ្យ មិនថាជាទស្សនាវដ្ដី ឬឯកសារបោះពុម្ពផ្សាយអ្វីនោះទេ តើអ្នកនឹងនិយាយថា នៅក្នុងពិភពលោកនេះ បទដ្ឋានដែលគេប្រើដើម្បីវិនិច្ឆ័យថាអ្វីមួយល្អឬអាក្រក់ អ្វីមួយត្រូវឬខុសនោះ សុក្រឹតដែរឬទេ? តើការវាយតម្លៃរបស់ពួកគេទៅលើព្រឹត្តិការណ៍ និងទៅលើមនុស្ស មានភាពត្រឹមត្រូវដែរឬទេ? តើមានសេចក្តីពិតនៅក្នុងនោះដែរឬទេ? តើពិភពលោកនេះ មនុស្សជាតិនេះ វាយតម្លៃលើរឿងវិជ្ជមាន និងអវិជ្ជមាន ដោយផ្អែលើបទដ្ឋាននៃសេចក្តីពិតឬអត់? (អត់ទេ។) ហេតុអ្វីបានជាមនុស្សគ្មានសមត្ថភាពនោះ? មនុស្សបានសិក្សារៀនសូត្រពីចំណេះដឹងជាច្រើន ហើយក៏ដឹងពីវិទ្យាសាស្ត្រច្រើនផងដែរ ដូច្នេះ ពួកគេមានសមត្ថភាពពូកែខ្លាំងណាស់ មែនទេ? ហេតុអ្វីបានជាពួកគេមិនអាចបែងចែករវាងរឿងវិជ្ជមាន និងរឿងអវិជ្ជមានបានទៅវិញ? ហេតុអ្វីបានជាបែបនេះ? (គឺដោយសារតែមនុស្សគ្មានសេចក្តីពិត។ វិទ្យាសាស្ត្រ និងចំណេះដឹង មិនមែនជាសេចក្តីពិតឡើយ។) អ្វីៗគ្រប់យ៉ាងដែលសាតាំងនាំមកឱ្យមនុស្សជាតិ គឺជាសេចក្ដីអាក្រក់ សេចក្ដីពុករលួយ និងខ្វះសេចក្តីពិត ជីវិត និងផ្លូវ។ តាមរយៈសេចក្ដីអាក្រក់ និងសេចក្តីពុករលួយដែលសាតាំងនាំមកឱ្យមនុស្ស តើអ្នកអាចនិយាយបានថា សាតាំងមានសេចក្តីស្រឡាញ់ដែរឬទេ? តើអ្នកអាចនិយាយបានថា មនុស្សមានសេចក្តីស្រឡាញ់ដែរឬទេ? មនុស្សខ្លះអាចនិយាយថា៖ «អ្នកនិយាយនេះខុសហើយ។ មានមនុស្សជាច្រើននៅជុំវិញពិភពលោក ដែលជួយដល់អ្នកក្រីក្រ ឬជនអនាថា។ តើពួកគេមិនមែនជាមនុស្សល្អទេឬអី? ហើយក៏មានអង្គការមនុស្សធម៌ជាច្រើនដែលបានធ្វើការងារល្អផងដែរ តើការងារដែលពួកគេធ្វើនោះ មិនមែនជាការងារល្អទេឬអី?» តើអ្នកនឹងឆ្លើយបែបណាចំពោះសេចក្ដីនេះ? សាតាំងប្រើវិធីសាស្ត្រ និងទ្រឹស្ដីខុសៗគ្នាជាច្រើន ដើម្បីធ្វើឱ្យមនុស្សពុករលួយ ដូច្នេះ តើសេចក្តីពុករលួយរបស់មនុស្សនេះ ជាគោលគំនិតមួយស្រពិចស្រពិលឬ? អត់ទេ មិនស្រពិចស្រពិលឡើយ។ សាតាំងក៏ធ្វើរឿងជាក់ស្ដែងមួយចំនួនផងដែរ ហើយវាក៏ផ្សព្វផ្សាយពីទស្សនៈ ឬទ្រឹស្ដីនៅក្នុងពិភពលោកនេះ និងនៅក្នុងសង្គមផងដែរ។ នៅក្នុងគ្រប់សែរាជវង្ស និងនៅគ្រប់សម័យកាល សាតាំងផ្សព្វផ្សាយពីទ្រឹស្ដីណាមួយ និងបណ្ដុះគំនិតនានានៅក្នុងចិត្តមនុស្ស។ គំនិត និងទ្រឹស្ដីទាំងនោះ ចាក់ឫសបន្ដិចម្ដងៗទៅក្នុងចិត្តរបស់មនុស្ស ហើយបន្ទាប់មក ពួកគេចាប់ផ្ដើមរស់នៅតាមគំនិតទាំងនោះ។ នៅពេលដែលពួកគេចាប់ផ្ដើមរស់នៅតាមគំនិតទាំងនេះហើយ តើពួកគេមិនមែនក្លាយខ្លួនដូចជាសាតាំងទាំងមិនដឹងខ្លួនទេឬអី? បន្ទាប់មក តើមនុស្សមិនមែនក្លាយជាមនុស្សតែមួយនឹងសាតាំងទេឬអី? នៅពេលដែលមនុស្សបានក្លាយមនុស្សតែមួយនឹងសាតាំងហើយ ចុងក្រោយ តើចិត្តគំនិតរបស់គេចំពោះព្រះជាម្ចាស់នឹងប្រែជាបែបណា? តើវាមិនមែនជាចិត្តគំនិតដូចគ្នាដែលសាតាំងមានមកលើព្រះជាម្ចាស់ទេឬអី? គ្មាននរណាម្នាក់ហ៊ានទទួលស្គាល់ចំណុចនេះទេ មែនទេ? ពិតជាគួរឱ្យខ្លាចណាស់! ហេតុអ្វីបានជាខ្ញុំនិយាយថា ធម្មជាតិរបស់សាតាំងអាក្រក់? ខ្ញុំមិននិយាយបែបនេះដោយគ្មានមូលដ្ឋាននោះឡើយ ផ្ទុយទៅវិញ ធម្មជាតិរបស់សាតាំងត្រូវបានកំណត់ និងវិភាគ ផ្អែកលើអ្វីដែលវាបានធ្វើ និងអ្វីដែលវាបានបើកសម្ដែង។ ប្រសិនបើខ្ញុំគ្រាន់តែថា សាតាំងអាក្រក់ តើអ្នករាល់គ្នានឹងគិតបែបណា? អ្នករាល់គ្នានឹងគិតថា៖ «ជាក់ស្ដែងណាស់ សាតាំងគឺអាក្រក់មែន»។ ដូច្នេះ ខ្ញុំសួរអ្នកថា៖ «តើទិដ្ឋភាពណាខ្លះរបស់សាតាំងដែលអាក្រក់ទៅ?» ប្រសិនបើអ្នកឆ្លើយថា៖ «ការទាស់ទទឹងរបស់សាតាំងចំពោះព្រះជាម្ចាស់ គឺអាក្រក់» នោះអ្នកនៅមិនទាន់និយាយដោយភាពច្បាស់លាស់នៅឡើយទេ។ ឥឡូវខ្ញុំបាននិយាយច្បាស់លាស់លម្អិតបែបនេះហើយ តើអ្នករាល់គ្នាមានការយល់ពីខ្លឹមសារជាក់លាក់នៃសារជាតិអាក្រក់របស់សាតាំងដែរឬទេ? (យល់។) ប្រសិនបើអ្នកអាចមើលឃើញច្បាស់ពីធម្មជាតិអាក្រក់របស់សាតាំង នោះអ្នកនឹងមើលឃើញពីស្ថានភាពរបស់ខ្លួនអ្នកដែរហើយ។ តើរឿងទាំងពីរយ៉ាងនេះមានទំនាក់ទំនងគ្នាដែរឬទេ? តើវាមានប្រយោជន៍ចំពោះអ្នករាល់គ្នាដែរឬទេ? (មានប្រយោជន៍។) នៅពេលដែលខ្ញុំប្រកបគ្នាអំពីសារជាតិនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ តើខ្ញុំមានការចាំបាច់ត្រូវប្រកបគញនាអំពីសារជាតិអាក្រក់របស់សាតាំងដែរឬទេ? តើអ្នករាល់គ្នាមានទស្សនៈបែបណាចំពោះចំណុចនេះ? (ពិតជាមានការចាំបាច់។) ហេតុអ្វីទៅ? (សេចក្ដីអាក្រក់របស់សាតាំងធ្វើឱ្យមនុស្សកត់សម្គាល់ឃើញពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់បានដោយងាយ។) តើបែបនេះមែនទេ? និយាយបែបនេះត្រូវបានខ្លះ ក្នុងន័យថា បើគ្មានសេចក្ដីអាក្រក់របស់សាតាំងទេ នោះមនុស្សក៏នឹងមិនដឹងថា ព្រះជាម្ចាស់បរិសុទ្ធដែរ។ និយាយបែបនេះ ត្រឹមត្រូវហើយ ក៏ប៉ុន្តែ ប្រសិនបើអ្នកនិយាយថា ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់កើតមានឡើង ក៏ព្រោះតែវាផ្ទុយទៅនឹងសេចក្ដីអាក្រក់របស់សាតាំងតែប៉ុណ្ណោះ តើនិយាយនេះត្រឹមត្រូវដែរឬទេ? របៀបនៃការវែកញែករកខុសត្រូវបែបនេះ មិនត្រឹមត្រូវទេ។ ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជាសារជាតិរបស់ព្រះជាម្ចាស់។ ទោះបីជាពេលដែលព្រះជាម្ចាស់បើកសម្ដែងពីភាពបរិសុទ្ធនោះតាមរយៈកិច្ចការរបស់ទ្រង់ក៏ដោយ ក៏វានៅតែការសម្ដែងចេញពីធម្មជាតិនៃសារជាតិរបស់ព្រះជាម្ចាស់ដដែល ហើយវានៅតែជាសារជាតិពីកំណើតរបស់ព្រះជាម្ចាស់ដដែល។ ដូច្នេះ ភាពបរិសុទ្ធរបស់ទ្រង់តែងតែមានជានិច្ច ហើយជាសារជាតិដើម នៅជាប់ជាមួយព្រះជាម្ចាស់ផ្ទាល់ ទោះបីជាមនុស្សមើលមិនឃើញពីភាពបរិសុទ្ធនោះក៏ដោយ។ នេះគឺដោយសារតែមនុស្សរស់នៅក្នុងនិស្ស័យពុករលួយរបស់សាតាំង និងនៅក្រោមឥទ្ធិពលរបស់សាតាំង ហើយពួកគេមិនដឹងពីភាពបរិសុទ្ធ ក៏មិនដឹងពីខ្លឹមសារលម្អិតនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ដែរ។ ដូច្នេះ តើការដែលយើងត្រូវប្រកបគ្នាអំពីសារជាតិអាក្រក់របស់សាតាំងជាមុននេះ មានការចាំបាច់ដែរឬទេ? (ចាំបាច់។) មនុស្សខ្លះអាចសម្ដែងការសង្ស័យខ្លះថា៖ «ទ្រង់កំពុងតែប្រកបគ្នាអំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដូច្នេះ ហេតុអ្វីបានជាទ្រង់តែងតែមានបន្ទូលអំពីរបៀបដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ និងរបៀបដែលធម្មជាតិរបស់សាតាំងអាក្រក់ទៅវិញ?» ពេលនេះ អ្នកអាចរម្ងាប់ការសង្ស័យនេះបានហើយ មែនទេ? នៅពេលដែលមនុស្សមានការយល់ដឹងពីសេចក្ដីអាក្រក់របស់សាតាំង ហើយនៅពេលដែលពួកគេមាននិយមន័យសុក្រឹតមួយអំពីសេចក្ដីអាក្រក់នោះ នៅពេលដែលមនុស្សអាចមើលឃើញច្បាស់ពីខ្លឹមសារ និងការបង្ហាញឱ្យឃើញពីសេចក្ដីអាក្រក់ ប្រភពនិងសារជាតិនៃសេចក្ដីអាក្រក់ តាមរយៈការពិភាក្សាអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ នោះមនុស្សអាចដឹងច្បាស់ ឬទទួលស្គាល់ថាអ្វីជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ អ្វីជាភាពបរិសុទ្ធហើយ។ ប្រសិនបើខ្ញុំមិនពិភាក្សាអំពីសេចក្ដីអាក្រក់របស់សាតាំងទេ នោះមនុស្សខ្លះនឹងច្រឡំជឿថា រឿងខ្លះដែលមនុស្សធ្វើនៅក្នុងសង្គម និងនៅក្នុងចំណោមមនុស្ស ឬរឿងខ្លះដែលកើតឡើងនៅក្នុងពិភពលោកនេះ អាចទាក់ទងនឹងភាពបរិសុទ្ធ។ តើនេះមិនមែនជាទស្សនៈខុសឆ្គងទេឬអី? (ជាទស្សនៈខុសឆ្គង។)

ឥឡូវ ដោយសារខ្ញុំបានប្រកបគ្នាអំពីសារជាតិរបស់សាតាំងបែបនេះ ផ្អែកលើបទពិសោធរបស់អ្នករាល់គ្នាកាលពីពីរបីឆ្នាំមុន តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងតាមរយៈការដកពិសោធន៍ក្នុងកិច្ចការរបស់ទ្រង់ តើអ្នកទទួលបានការយល់ដឹងអ្វីខ្លះអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់? សូមនិយាយមកចុះ។ អ្នកមិនចាំបាច់ប្រើពាក្យពេចន៍ដែលពីរោះស្ដាប់ឡើយ គ្រាន់តែនិយាយតាមបទពិសោធរបស់អ្នកមកបានហើយ។ តើភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ផ្សំតែពីសេចក្តីស្រឡាញ់របស់ទ្រង់តែមួយប៉ុណ្ណេះមែនទេ? តើមានត្រឹមសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ប៉ុណ្ណេះទេឬ ដែលយើងចាត់ទុកជាភាពបរិសុទ្ធ? បែបនេះមិនមែនមើលតែមួយផ្នែកពេកទេឬអី? ក្រៅពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តើមានទិដ្ឋភាពដទៃទៀតនៃសារជាតិរបស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នករាល់គ្នាធ្លាប់បានឃើញសារជាតិទាំងនោះដែរឬទេ? (ឃើញ។ ព្រះជាម្ចាស់ស្អប់ខ្ពើមបុណ្យទាននិងថ្ងៃឈប់សម្រាក ទំនៀមទម្លាប់ និងអបិយជំនឿ។ នេះក៏ជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ផងដែរ។) ព្រះជាម្ចាស់បរិសុទ្ធ ដូច្នេះ ទ្រង់ស្អប់ខ្ពើមរឿងទាំងនេះ តើអ្នកចង់មានន័យបែបនេះឬ? នៅពេលនិយាយទាក់ទងនឹងចំណុចនេះ តើអ្វីទៅជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់នោះ? តើភាពបរិសុទ្ធរបស់ព្រះជាម្ចាស់គ្មានខ្លឹមសារសំខាន់អ្វីក្រៅពីការស្អប់នេះទេ មែនទេ? នៅក្នុងចិត្តរបស់អ្នករាល់គ្នា តើអ្នករាល់គ្នាកំពុងតែគិតថា៖ «ដោយសារតែព្រះជាម្ចាស់ស្អប់រឿងអាក្រក់ទាំងនេះ ដូច្នេះហើយ គេអាចនិយាយបានថា ព្រះជាម្ចាស់បរិសុទ្ធ» បែបនេះមែនទេ? តើនេះមិនមែនជាការប៉ាន់ស្មានទេឬអី? តើនេះមិនមែនជាទម្រង់មួយនៃការនិយាយសន្មត និងការវិនិច្ឆ័យទេឬអី? នៅពេលនិយាយទាក់ទងនឹងការយល់ដឹងរបស់យើងអំពីសារជាតិរបស់ព្រះជាម្ចាស់ តើកំហុសឆ្គងដ៏ធំបំផុតដែលត្រូវចៀសវាងជាដាច់ខាតនោះគឺជាអ្វី? (គឺនៅពេលដែលយើងមិននិយាយពីតថភាពជាក់ស្ដែង តែបែរជានិយាយពីគោលលទ្ធិទៅវិញ។) នេះគឺជាកំហុសឆ្គងដ៏ធំបំផុតមួយ។ តើមានអ្វីផ្សេងទៀតទេ? (ការប៉ាន់ស្មាន និងការស្រមើស្រមៃ។) ចំណុចទាំងពីរនេះ ក៏ជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរផងដែរ។ ហេតុអ្វីបានជាការប៉ាន់ស្មាន និងការស្រមើស្រមៃគ្មានប្រយោជន៍? តើរឿងដែលអ្នកប៉ាន់ស្មាន និងស្រមើស្រមៃនោះ ជារឿងដែលអ្នកអាចមើលឃើញពិតប្រាកដដែរឬទេ? តើវាជាសារជាតិពិតរបស់ព្រះជាម្ចាស់ដែរឬទេ? (អត់ទេ។) តើមានរឿងណាខ្លះទៀតដែលត្រូវចៀសវាង? តើគ្រាន់តែសូត្រពាក្យល្អៗ ដើម្បីពណ៌នាពីសារជាតិរបស់ព្រះជាម្ចាស់ ជាកំហុសឆ្គងដែរមែនទេ? (ជាកំហុសឆ្គង។) តើនេះមិនមែនជាការនិយាយបំផ្លើស និងគ្មានបានការទេឬអី? ការវិនិច្ឆ័យ និងការប៉ាន់ស្មាន គឺគ្មានន័យទេ ហើយការរើសយកតែពាក្យពីរោះស្ដាប់ក៏គ្មានបានការដែរ។ ការសរសើរតែមាត់ ក៏គ្មានបានការដែរ តើដូច្នេះមែនទេ? តើព្រះជាម្ចាស់សព្វព្រះទ័យនឹងសណ្ដាប់មនុស្សដែលនិយាយរឿងគ្មានបានការបែបនេះទេ? (ទ្រង់មិនសព្វព្រះទ័យឡើយ។) ពេលទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់មិនពេញព្រះទ័យនោះទេ! នៅពេលដែលព្រះជាម្ចាស់ដឹកនាំ និងសង្រ្គោះមនុស្សមួយក្រុម ហើយបន្ទាប់ពីមនុស្សមួយក្រុមនេះបានឮព្រះបន្ទូលរបស់ទ្រង់ហើយ ពួកគេនៅតែមិនយល់ពីអត្ថន័យរបស់ទ្រង់ទៀត។ គេអាចចោទសួរថា៖ «តើព្រះជាម្ចាស់ល្អដែរឬទេ?» ហើយពួកគេនឹងឆ្លើយតបថា៖ «ព្រះជាម្ចាស់ល្អ!» «ល្អប៉ុនណាទៅ?» «ល្អខ្លាំងណាស់!» «តើព្រះជាម្ចាស់ស្រឡាញ់មនុស្សដែរឬទេ?» «ស្រឡាញ់!» «ស្រឡាញ់កម្រិតណា? តើអ្នកអាចពណ៌នាបានទេ?» «ស្រឡាញ់ខ្លាំងណាស់! សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជ្រៅជាងទឹកសមុទ្រ ហើយខ្ពស់ជាងមេឃទៅទៀត!» តើពាក្យទាំងនេះមិនមែនគ្មានបានការទេឬអី? ហើយតើពាក្យគ្មានបានការនេះមិនមែនដូចជាអ្វីដែលអ្នករាល់គ្នាទើបតែនិយាយអម្បាញ់មិញថា៖ «ព្រះជាម្ចាស់ស្អប់និស្ស័យពុករលួយរបស់សាតាំង ដូច្នេះហើយទើបព្រះជាម្ចាស់ បរិសុទ្ធ» ទេឬអី? (ដូចមែន។) តើអ្វីដែលអ្នករាល់គ្នាទើបតែនិយាយអម្បាញ់មិញនេះ មិនមែនគ្មានបានការទេឬអី? តើរឿងចោលម្សៀតភាគច្រើនដែលគេនិយាយនោះ ចេញមកពីទីណា? រឿងចោលម្សៀតដែលគេនិយាយនោះ មានប្រភពចម្បងចេញមកពីការមិនទទួលខុសត្រូវរបស់មនុស្ស និងការខ្វះការគោរពដល់ព្រះជាម្ចាស់។ តើយើងអាចនិយាយបែបនេះបានទេ? អ្នកគ្មានការយល់ដឹងអ្វីទេ តែអ្នកនៅតែនិយាយទាំងគ្មានបានការទៀត។ តើនេះមិនមែនជាភាពគ្មានទំនួលខុសត្រូវទេឬអី? តើនោះមិនមែនជាការខ្វះការគោរពចំពោះព្រះជាម្ចាស់ទេឬអី? អ្នកបានរៀនសូត្រពីចំណេះដឹងខ្លះ បានយល់ដឹងពីការរិះគិត និងក្បួនខុសត្រូវខ្លះ អ្នកបានប្រើប្រាស់អ្វីទាំងអស់ ហើយថែមទាំងបានធ្វើបែបនេះ ដើម្បីយល់ពីព្រះជាម្ចាស់ទៀតផង។ នៅពេលដែលព្រះជាម្ចាស់ព្រះសណ្ដាប់ឮអ្នកនិយាយបែបនេះ តើអ្នកគិតថា ទ្រង់អន់ព្រះទ័យដែរឬទេ? តើអ្នករាល់គ្នាអាចព្យាយាមស្គាល់ព្រះជាម្ចាស់ដោយប្រើវិធីទាំងនេះយ៉ាងដូចម្ដេចបានទៅ? នៅពេលដែលអ្នកនិយាយបែបនេះ តើស្ដាប់ទៅមិនដូចជាឆ្គងៗទេឬអី? ដូច្នេះ នៅពេលដែលនិយាយទាក់ទងនឹងចំណេះដឹងអំពីព្រះជាម្ចាស់ គេត្រូវតែមានការប្រុងប្រយ័ត្ន គឺត្រូវនិយាយត្រឹមកម្រិតមួយដែលអ្នកស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ត្រូវនិយាយត្រង់ៗ និងជាក់ស្ដែង មិនត្រូវតាក់តែងពាក្យពេចន៍របស់អ្នកដោយការសរសើរដ៏គួរឱ្យធុញទ្រាន់ឡើយ ហើយក៏កុំប្រើពាក្យបញ្ជោរដែរ។ ព្រះជាម្ចាស់មិនត្រូវការបែបនេះឡើយ ដ្បិតសេចក្ដីទាំងនេះកើតចេញពីសាតាំងទេ។ និស្ស័យរបស់សាតាំងក្រអឺតក្រទម។ សាតាំងចូលចិត្តឱ្យគេបញ្ជោរវា និងចូលចិត្តស្ដាប់ពាក្យលើកជើងណាស់។ សាតាំងមុខជានឹងត្រឹកអរ និងពេញចិត្តមិនខាន បើមនុស្សសូត្រពាក្យល្អៗដែលគេបានរៀន ហើយប្រើវាដើម្បីសាតាំងនោះ។ ប៉ុន្តែ ព្រះជាម្ចាស់មិនត្រូវការបែបនេះឡើយ ដ្បិតព្រះជាម្ចាស់មិនត្រូវការការលើកជើង ឬការបញ្ជោរឡើយ ហើយទ្រង់ក៏មិនតម្រូវឱ្យមនុស្សនិយាយពាក្យគ្មានបានការ និងសរសើរទ្រង់ទាំងងងឹតងងល់បែបនោះដែរ។ ព្រះជាម្ចាស់ស្អប់ខ្ពើម ហើយទ្រង់នឹងមិនព្រះសណ្ដាប់ការសរសើរ និងការបញ្ជោរណាដែលមិនស្របតាមភាពជាក់ស្ដែងនោះទេ។ ដូច្នេះ នៅពេលដែលមនុស្សមួយចំនួនសរសើរតម្កើងព្រះជាម្ចាស់ដោយមិនស្មោះត្រង់ ហើយស្បថស្បែ និងអធិស្ឋានទៅទ្រង់ទាំងងងឹតងងល់ នោះព្រះជាម្ចាស់មិនសណ្ដាប់ពាក្យគេសោះឡើយ។ អ្នកត្រូវតែទទួលខុសត្រូវចំពោះពាក្យដែលអ្នកបាននិយាយ។ ប្រសិនបើអ្នកមិនដឹងរឿងអ្វីទេ គ្រាន់តែនិយាយថា អ្នកមិនដឹងទៅបានឡើយ។ ប្រសិនបើអ្នកពិតជាដឹងរឿងខ្លះមែន គ្រាន់តែបង្ហាញវាចេញមកតាមរបៀបជាក់ស្ដែងទៅបានហើយ។ ដូច្នេះ ពាក់ព័ន្ធនឹងថាតើភាពបរិសុទ្ធរបស់ព្រះជាម្ចាស់តម្រូវឱ្យមានភាពជាក់លាក់ និងភាពពិតប្រាកដកម្រិតណានោះ តើអ្នករាល់គ្នាមានការយល់ដឹងពិតប្រាកដអំពីចំណុចនេះដែរឬទេ? (នៅពេលដែលខ្ញុំបានសម្ដែងចេញនូវការបះបោរ នៅពេលដែលខ្ញុំបានប្រព្រឹត្តអំពើរំលង នោះខ្ញុំនឹងទទួលការជំនុំជម្រះ និងការវាយផ្ចាលពីព្រះជាម្ចាស់ ហើយតាមរយៈកិច្ចការនោះ ខ្ញុំបានឃើញពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ហើយនៅពេលដែលខ្ញុំបានជួបប្រទះមជ្ឈដ្ឋានដែលមិនស្របតាមការរំពឹងទុករបស់ខ្ញុំ ខ្ញុំបានអធិស្ឋានរឿងទាំងនេះទូលទៅទ្រង់ ខ្ញុំបានស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយពេលដែលព្រះជាម្ចាស់បំភ្លឺនិងដឹកនាំខ្ញុំតាមព្រះបន្ទូលរបស់ទ្រង់ ខ្ញុំបានឃើញពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។) ចម្លើយនេះចេញពីបទពិសោធរបស់អ្នកផ្ទាល់។ (តាមរយៈព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងអំពីសេចក្ដីនេះ ខ្ញុំបានឃើញថា មនុស្សបានប្រែក្លាយជាបែបណាហើយ បន្ទាប់ពីត្រូវសាតាំងធ្វើឱ្យពុករលួយ និងធ្វើបាបរួច។ ទោះយ៉ាងណា ព្រះជាម្ចាស់បានប្រទានគ្រប់យ៉ាងដើម្បីសង្រ្គោះយើង ហើយតាមរយៈចំណុចនេះ ខ្ញុំបានមើលឃើញពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។) នេះគឺជាការនិយាយចេញពីការពិត ជាចំណេះដឹងពិតប្រាកដ។ តើមានវិធីណាផ្សេងទៀត ដើម្បីយល់ពីសេចក្ដីនេះទេ? (តាមរយៈពាក្យដែលសាតាំងបាននិយាយ ដើម្បីទាក់ទាញចិត្តអេវ៉ាឱ្យប្រព្រឹត្តអំពើបាប និងតាមរយៈសេចក្តីល្បួងរបស់សាតាំងចំពោះព្រះអម្ចាស់យេស៊ូវ ខ្ញុំបានឃើញពីសេចក្ដីអាក្រក់របស់វា។ តាមរយៈព្រះបន្ទូលដែលព្រះជាម្ចាស់បានប្រាប់ទៅអ័ដាមនិងអេវ៉ាអំពីរបស់ដែលគេអាចបរិភោគបាន និងរបស់ដែលគេមិនអាចបរិភោគបាន ខ្ញុំមើលឃើញថា ព្រះជាម្ចាស់មានបន្ទូលត្រង់ៗ ងាយស្រួលយល់ និងគួរឱ្យទុកចិត្តបាន ហើយតាមរយៈព្រះបន្ទូលនេះ ខ្ញុំក៏មើលឃើញពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ដែរ។) ក្រោយពីបានស្ដាប់សម្ដីទាំងនេះ តើសម្ដីរបស់នរណាដែលជំរុញចិត្តរបស់អ្នករាល់គ្នាខ្លាំងបំផុតរហូតដល់និយាយថា «អាម៉ែន» នោះ? តើការប្រកបរបស់នរណាដែលស្រដៀងគ្នានឹងប្រធានបទនៃការប្រកបគ្នារបស់យើងនៅថ្ងៃនេះបំផុត? តើសម្ដីរបស់នរណាដែលប្រាកដប្រជាជាងគេ? តើការប្រកបគ្នារបស់ប្អូនស្រីចុងក្រោយគេយ៉ាងម៉េចដែរ? (ល្អ។) អ្នករាល់គ្នានិយាយពាក្យ «អាម៉ែន» ចំពោះអ្វីដែលគាត់បាននិយាយ។ តើប្អូនស្រីបាននិយាយអ្វីខ្លះដែលត្រូវចំចំណុច? (តាមសម្ដីដែលប្អូនស្រីទើបតែនិយាយអម្បាញ់មិញ ខ្ញុំបានឮថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងមកត្រង់ៗ និងច្បាស់លាស់ ហើយមិនដូចជាសម្ដីសាតាំងដែលនិយាយបញ្ឆិតបញ្ឆៀងនោះទេ។ ខ្ញុំបានឃើញភាពបរិសុទ្ធរបស់ព្រះជាម្ចាស់នៅក្នុងនោះ។) នេះគឺជាភាពបរិសុទ្ធមួយផ្នែក។ តើត្រឹមត្រូវទេ? (ត្រឹមត្រូវ។) ល្អណាស់។ ខ្ញុំមើលឃើញថា អ្នករាល់គ្នាបានរៀនសូត្រខ្លះពីការប្រកបគ្នាពីរលើកចុងក្រោយនេះ ប៉ុន្តែ អ្នករាល់គ្នាត្រូវតែខំប្រឹងប្រែងបន្តទៀត។ ហេតុផលដែលអ្នកត្រូវតែខំប្រឹងប្រែងបន្ថែមទៀតនោះ គឺដោយសារតែការយល់ដឹងពីសារជាតិរបស់ព្រះជាម្ចាស់នេះ ជាមេរៀនដ៏ជ្រាលជ្រៅខ្លាំងណាស់។ វាមិនមែនជារឿងដែលគេអាចយល់បានក្នុងពេលត្រឹមតែមួយយប់នោះទេ ហើយក៏មិនមែនជារឿងដែលគេអាចសម្ដែងចេញមកឱ្យបានច្បាស់ត្រឹមពាក្យពីរបីម៉ាត់នោះដែរ។

គ្រប់ទិដ្ឋភាពនៃនិស្ស័យពុករលួយបែបសាតាំងរបស់មនុស្ស ចំណេះដឹង ទស្សនវិជ្ជា គំនិតនិងទស្សនៈរបស់មនុស្ស ព្រមទាំងទិដ្ឋភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗផង បានរារាំងពួកគេយ៉ាងខ្លាំងមិនឱ្យស្គាល់ពីសារជាតិរបស់ព្រះជាម្ចាស់។ ដូច្នេះ នៅពេលដែលអ្នកបានឮពីប្រធានបទទាំងនេះ អ្នកខ្លះអាចមិនទាន់ចាប់បាននៅឡើយទេ អ្នកខ្លះអាចមិនទាន់យល់ ចំណែកឯអ្នកខ្លះទៀតអាចមិនទាន់ផ្សារភ្ជាប់ជាមួយនឹងភាពជាក់ស្ដែងបាននៅឡើយ។ មិនថាយ៉ាងណានោះទេ ខ្ញុំបានស្ដាប់ឮការយល់ដឹងរបស់អ្នករាល់គ្នាអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ហើយខ្ញុំដឹងថា នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា អ្នករាល់គ្នាកំពុងតែចាប់ផ្ដើមទទួលស្គាល់នូវអ្វីដែលខ្ញុំបាននិយាយ និងបានប្រកបគ្នាអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់នេះហើយ។ ខ្ញុំដឹងថា នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា បំណងប្រាថ្នាចង់ដឹងពីសារជាតិនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ កំពុងតែចាប់ផ្ដើមដុះពន្លកឡើងហើយ។ ប៉ុន្តែ អ្វីដែលធ្វើឱ្យខ្ញុំកាន់តែសប្បាយចិត្តនោះគឺថា អ្នករាល់គ្នាខ្លះអាចប្រើប្រាស់ពាក្យសាមញ្ញបំផុត ដើម្បីពណ៌នាអំពីចំណេះដឹងរបស់អ្នករាល់គ្នាទាក់ទងនឹងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់បានហើយ។ ទោះបីនេះជារឿងសាមញ្ញ ហើយខ្ញុំក៏ធ្លាប់បាននិយាយពីមុនមកដែរ ក៏ប៉ុន្តែនៅក្នុងដួងចិត្តរបស់អ្នករាល់គ្នាភាគច្រើន នៅមិនទាន់អាចទទួលយកបន្ទូលទាំងនេះបាននៅឡើយទេ ហើយបន្ទូលទាំងនេះក៏មិនបានធ្វើឱ្យអ្នកមានការចាប់ចិត្តដែរ។ យ៉ាងណាមិញ អ្នករាល់គ្នាមួយចំនួនបានព្យាយាមទន្ទេញព្រះបន្ទូលទាំងនេះឱ្យចាំ។ នេះគឺជាការល្អណាស់ ហើយក៏ជាការចាប់ផ្ដើមដ៏ប្រសើរផងដែរ។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងបន្តសញ្ជឹងគិត និងប្រកបគ្នាឱ្យបានកាន់តែច្រើនបន្ថែមទៀតអំពីប្រធានបទដែលអ្នករាល់គ្នាគិតថាជ្រាលជ្រៅ ឬប្រធានបទដែលហួសពីការយល់ដឹងរបស់អ្នករាល់គ្នា។ ចំពោះបញ្ហាដែលហួសពីការយល់ដឹងរបស់អ្នក នោះនឹងមានបុគ្គលណាម្នាក់ផ្ដល់ការណែនាំដល់អ្នករាល់រាល់គ្នាមិនខាន។ ពេលនេះ ប្រសិនបើអ្នកចូលរួមនៅក្នុងការប្រកបគ្នាអំពីផ្នែកដែលអ្នករាល់គ្នាអាចយល់បានកាន់តែច្រើន នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើកិច្ចការរបស់ទ្រង់ ហើយអ្នករាល់គ្នានឹងមានការយល់ដឹងកាន់តែច្រើន។ ការយល់ដឹងពីសារជាតិរបស់ព្រះជាម្ចាស់ និងការស្គាល់ពីសារជាតិរបស់ព្រះជាម្ចាស់ គឺជារឿងដ៏សំខាន់បំផុតសម្រាប់ច្រកចូលទៅក្នុងជីវិតរបស់មនុស្ស។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាមិនព្រងើយកន្ដើយចំពោះចំណុចនេះឡើយ ឬចាត់ទុកវាជាល្បែងកម្សាន្តនោះទេ ដ្បិតការស្គាល់ព្រះជាម្ចាស់ គឺជាគ្រឹះនៃសេចក្តីជំនឿរបស់មនុស្ស និងជាគន្លឹះសម្រាប់មនុស្សក្នុងការដេញតាមសេចក្តីពិត និងទទួលបានសេចក្តីសង្រ្គោះ។ ប្រសិនបើមនុស្សជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនស្គាល់ទ្រង់ ប្រសិនបើពួកគេគ្រាន់តែរស់នៅតាមតែព្រះបន្ទូលនិងគោលលទ្ធិ នោះពួកគេមុខជាមិនអាចទទួលបានសេចក្តីសង្រ្គោះឡើយ ទោះបីជាពួកគេប្រព្រឹត្ត និងរស់នៅស្របតាមអត្ថន័យរាក់កំផែលនៃសេចក្តីពិតក៏ដោយ។ គឺចង់បានន័យថា ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនស្គាល់ទ្រង់ នោះសេចក្តីជំនឿរបស់អ្នកគឺគ្មានន័យនោះទេ ហើយគ្មានតថភាពជាក់ស្ដែងនៅក្នុងនោះឡើយ។ តើអ្នកយល់ហើយមែនទេ? (យើងយល់ហើយ។) ការប្រកបគ្នារបស់យើងនៅថ្ងៃនេះ នឹងបញ្ចប់នៅត្រឹមប៉ុណ្ណេះ។

ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤

ខាង​ដើម៖ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IV

បន្ទាប់៖ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ