ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IV

ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ (I)

នៅក្នុងការជួបជុំគ្នាលើកចុងក្រោយរបស់យើង យើងបានពិភាក្សាគ្នាបន្ថែមខ្លះទៀតអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ក្នុងពេលនេះ យើងនឹងមិនពិភាក្សាគ្នាពីប្រធានបទស្ដីពីសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ទៀតទេ។ ប្រធានបទដែលយើងនឹងលើកមកនិយាយនៅថ្ងៃនេះ គឺជាប្រធានបទថ្មីសន្លាងតែម្ដង ពោលគឺនិយាយអំពី ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជាទិដ្ឋភាពមួយផ្នែកផ្សេងទៀតនៃសារជាតិដ៏វិសេសឯករបស់ព្រះជាម្ចាស់ ដូច្នេះ យើងចាំបាច់ត្រូវប្រកបគ្នាអំពីប្រធានបទមួយនេះ។ កាលពីលើកមុន ខ្ញុំបានប្រកបគ្នាអំពីទិដ្ឋភាពពីរផ្នែកផ្សេងទៀតនៃសារជាតិរបស់ព្រះជាម្ចាស់គឺ និស្ស័យសុចរិត និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ តើទិដ្ឋភាពទាំងនេះ និងទិដ្ឋភាពដែលខ្ញុំនឹងលើកយកមកនិយាយនៅថ្ងៃនេះ សុទ្ធតែវិសេសឯកមែនទេ? (មែនហើយ។) ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ក៏វិសេសឯកដែរ ដូច្នេះ មូលបទសម្រាប់ការប្រកបគ្នារបស់យើងនៅថ្ងៃនេះ គឺលក្ខណៈអ្វីខ្លះដែលបានបង្កើតជាមូលដ្ឋាន និងជាឫសគល់នៃភាពវិសេសឯកនេះ។ ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីសារជាតិវិសេសឯករបស់ព្រះជាម្ចាស់គឺ ភាពបរិសុទ្ធរបស់ទ្រង់។ ប្រហែលអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នានេះ មានមន្ទិលសង្ស័យមួយចំនួន ហើយកំពុងសួរថា៖ «ហេតុអ្វីបានជាយើងគួរប្រកបគ្នាអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ទៅវិញ?» កុំបារម្ភថ្វី ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នាបន្តិចម្ដងៗ។ នៅពេលដែលអ្នករាល់គ្នាបានឮពីអ្វីដែលខ្ញុំត្រូវនិយាយចេញមក នោះអ្នកនឹងដឹងថា ហេតុអ្វីបានជាខ្ញុំចាំបាច់ត្រូវប្រកបគ្នាអំពីប្រធានបទមួយនេះហើយ។

ដំបូង យើងនាំគ្នាកំណត់ពីនិយមន័យនៃពាក្យថា «បរិសុទ្ធ» ជាមុនសិន។ ផ្អែកតាមការយល់ឃើញ និងចំណេះដឹងទាំងអស់ដែលអ្នករាល់គ្នាបានរៀនសូត្រចេះដឹងកន្លងមក តើអ្នករាល់គ្នាយល់ថា ពាក្យ «បរិសុទ្ធ» នេះ មានន័យដូចម្ដេច? («បរិសុទ្ធ» មានន័យថា មិនប្រឡាក់ គ្មានសេចក្ដីពុករលួយ ឬគុណវិបត្តិរបស់មនុស្សសោះឡើយ។ ភាពបរិសុទ្ធ បង្ហាញចេញគ្រប់យ៉ាងដែលវិជ្ជមាន មិនថានៅក្នុងការគិត ការនិយាយស្ដី ឬក្នុងសកម្មភាពនោះទេ។) ល្អណាស់។ (ពាក្យ «បរិសុទ្ធ» គឺមានភាពជាព្រះក្នុងនោះ គ្មានប្រឡាក់ប្រឡូស ហើយមនុស្សមិនអាចប្រមាថបានឡើយ។ ពាក្យនេះវិសេសឯក ជាពាក្យសម្រាប់តែព្រះជាម្ចាស់មួយអង្គគត់ ហើយជាពាក្យសម្គាល់ព្រះអង្គ។) អ្នករាល់គ្នាឱ្យនិយមន័យបែបនេះឯង។ នៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗ ពាក្យ «បរិសុទ្ធ» នេះ មានវិសាលភាព និយមន័យ និងការបកស្រាយន័យរៀងៗខ្លួន។ យ៉ាងហោចណាស់ នៅពេលដែលអ្នករាល់គ្នាឃើញពាក្យ «បរិសុទ្ធ» នេះ ក៏អ្នករាល់គ្នាមានគំនិតខ្លះដែរ មិនមែនអត់សោះនោះទេ។ អ្នកមាននិយមន័យសម្រាប់ពាក្យនេះក្នុងកម្រិតជាក់លាក់មួយ ហើយការឱ្យនិយមន័យរបស់អ្នកខ្លះទៀត ក៏កៀកទៅនឹងការឱ្យនិយមន័យអំពីសារជាតិនៃនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។ នេះគឺជារឿងល្អខ្លាំងណាស់។ មនុស្សភាគច្រើនជឿថា ពាក្យ «បរិសុទ្ធ» នេះ គឺជាពាក្យវិជ្ជមាន ហើយការជឿបែបនេះ គឺជារឿងត្រឹមត្រូវណាស់។ ប៉ុន្តែនៅថ្ងៃនេះ ដោយសារយើងប្រកបគ្នាអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ដូច្នេះ ខ្ញុំមិនគ្រាន់តែនិយាយអំពីនិយមន័យ ឬការពន្យល់តែប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ ខ្ញុំនឹងបង្ហាញការពិតជាភ័ស្តុតាងដើម្បីបង្ហាញដល់អ្នកថា ហេតុអ្វីបានជាខ្ញុំមានបន្ទូលថា ព្រះជាម្ចាស់បរិសុទ្ធ ហើយហេតុអ្វីបានជាខ្ញុំប្រើពាក្យ «បរិសុទ្ធ» នេះ ដើម្បីពិពណ៌នាអំពីសារជាតិរបស់ព្រះជាម្ចាស់។ នៅពេលយើងបញ្ចប់ការប្រកបគ្នានេះ នោះអ្នកនឹងដឹងថា ការប្រើពាក្យ «បរិសុទ្ធ» នេះ មកកំណត់ពីសារជាតិរបស់ព្រះជាម្ចាស់ និងជាការនិយាយសំដៅដល់ព្រះជាម្ចាស់ គឺរឿងត្រឹមត្រូវទាំងស្រុង និងសមស្របជាទីបំផុត។ យ៉ាងហោចណាស់ នៅក្នុងបរិបទភាសាមនុស្សបច្ចុប្បន្ន ការប្រើពាក្យនេះដើម្បីសំដៅទៅដល់ព្រះជាម្ចាស់ គឺស័ក្ដិសមខ្លាំងជាទីបំផុត។ ក្នុងចំណោមពាក្យទាំងអស់នៅក្នុងភាសាមនុស្ស មានតែពាក្យនេះទេ ដែលត្រឹមត្រូវនិងស័ក្តិសមបំផុតសម្រាប់សំដៅទៅដល់ព្រះជាម្ចាស់។ នៅពេលដែលប្រើដើម្បីនិយាយសំដៅដល់ព្រះជាម្ចាស់ ពាក្យនេះ មិនមែនជាពាក្យឥតន័យឡើយ ក៏មិនមែនជាពាក្យសរសើរគ្មានមូលដ្ឋាន ឬជាពាក្យបញ្ចើចឥតខ្លឹមសារនោះដែរ។ គោលបំណងនៃការប្រកបគ្នារបស់យើង គឺដើម្បីឱ្យមនុស្សគ្រប់គ្នា អាចសម្គាល់ដឹងពីការពិតអំពីទិដ្ឋភាពនៃសារជាតិរបស់ព្រះជាម្ចាស់មួយនេះ។ ព្រះជាម្ចាស់ មិនខ្លាចមនុស្សមានការយល់ដឹងត្រឹមត្រូវទេ តែទ្រង់ខ្លាចតែមនុស្សមានការយល់ច្រលំវិញទេតើ។ ព្រះជាម្ចាស់មានបំណងចង់ឱ្យមនុស្សគ្រប់គ្នាបានស្គាល់ពីសារជាតិរបស់ទ្រង់ និងស្គាល់ពីកម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់។ ដូច្នេះ រាល់ពេលដែលយើងនិយាយពីទិដ្ឋភាពណាមួយនៃសារជាតិរបស់ព្រះជាម្ចាស់ នោះយើងអាចលើកពីការពិតជាច្រើន ដើម្បីឱ្យមនុស្សអាចមើលឃើញថា ទិដ្ឋភាពនៃសារជាតិរបស់ព្រះជាម្ចាស់នោះ គឺមានពិតប្រាកដមែន។

ឥឡូវនេះ យើងមាននិយមន័យនៃពាក្យ «បរិសុទ្ធ» នេះហើយ ដូច្នេះ យើងនាំគ្នាពិភាក្សាពីឧទាហរណ៍មួយចំនួនវិញម្ដង។ នៅក្នុងសញ្ញាណរបស់មនុស្ស ពួកគេស្រមើស្រមៃថា មានវត្ថុនិងមនុស្សជាច្រើនសុទ្ធតែ «បរិសុទ្ធ»។ ឧទាហរណ៍៖ នៅក្នុងវចនានុក្រមរបស់មនុស្សជាតិ ក្មេងប្រុសនិងក្មេងស្រីនៅព្រហ្មចារី ត្រូវបានគេហៅថា បរិសុទ្ធ។ ប៉ុន្តែ តើពួកគេពិតជាបរិសុទ្ធមែនទេ? តើពាក្យដែលគេកំណត់ថា «បរិសុទ្ធ» នេះ និងពាក្យ «បរិសុទ្ធ» ដែលយើងនឹងប្រកបគ្នានៅថ្ងៃនេះ ជាពាក្យតែមួយនិងដូចគ្នាដែរឬទេ? ក្នុងចំណោមមនុស្សដែលមានសីលធម៌ល្អ មនុស្សដែលមានសម្ដីសំដៅថ្លៃថ្នូ និងប្រកបដោយការចេះដឹង មនុស្សដែលមិនធ្លាប់ធ្វើបាបអ្នកដទៃ និងមនុស្សដែលនិយាយពាក្យពេចន៍ធ្វើឱ្យអ្នកដទៃសប្បាយចិត្ត និងយល់ស្របតាមខ្លួន តើពួកគេសុទ្ធតែបរិសុទ្ធដែរឬទេ? អស់ណាដែលតែងធ្វើអំពើល្អជារឿយៗ មានចិត្តសប្បុរស និងជួយយកអាសាអ្នកដទៃ និងអ្នកដែលនាំភាពរីករាយមកក្នុងជីវិតរបស់មនុស្ស តើពួកគេបរិសុទ្ធដែរឬទេ? ចុះអ្នកដែលគ្មានគំនិតអាត្មានិយម អ្នកដែលគ្មានការទាមទារហួសហេតុពីអ្នកដទៃ និងអ្នកដែលមានអធ្យាស្រ័យល្អដល់មនុស្សរាល់គ្នា តើពួកគេបរិសុទ្ធដែរឬទេ? អ្នកដែលមិនធ្លាប់ឈ្លោះប្រកែក ឬកេងប្រវ័ញ្ចផលប្រយោជន៍ពីនរណាម្នាក់ តើពួកគេបរិសុទ្ធដែរឬទេ? ហើយចុះអ្នកដែលធ្វើការដើម្បីឱ្យអ្នកដទៃបានល្អ អ្នកដែលផ្តល់ប្រយោជន៍ដល់អ្នកដទៃ និងអ្នកដែលជួយអប់រំអ្នកដទៃតាមគ្រប់មធ្យោបាយវិញ តើពួកគេបរិសុទ្ធដែរឬទេ? តើអ្នកដែលបរិច្ឆាគប្រាក់សន្សំពេញមួយជីវិតរបស់ខ្លួនដល់អ្នកដទៃ និងរស់នៅក្នុងលក្ខណៈសាមញ្ញធម្មតា អ្នកដែលតឹងតែងចំពោះខ្លួនឯង តែងផ្ដល់សេរីភាពដល់អ្នកដទៃ តើពួកគេបរិសុទ្ធដែរឬទេ? (អត់ទេ។) តើអ្នករាល់គ្នាចាំពីរបៀបដែលម្តាយរបស់អ្នករាល់គ្នា ចិញ្ចឹមបីបាច់និងមើលថែអ្នករាល់គ្នាគ្រប់បែបយ៉ាងទេ? តើពួកគាត់បរិសុទ្ធដែរឬទេ? បុគ្គលដែលជានិមិត្តរូបរបស់អ្នក ដែលអ្នកគោរពស្រឡាញ់ មិនថាគេជាមនុស្សល្បីល្បាញ មានឈ្មោះបោះសំឡេង ឬជាបុគ្គលអស្ចារ្យបែបណានោះទេ តើពួកគេបរិសុទ្ធដែរឬទេ? (អត់ទេ។) ឥឡូវ សូមយើងក្រឡេកមើលពួកព្យាការីទាំងឡាយនៅក្នុងព្រះគម្ពីរ ដែលអាចថ្លែងប្រាប់ពីរឿងរ៉ាវនាពេលអនាគតកាលបាន ដែលមនុស្សជាច្រើនមិនបានស្គាល់ តើពួកគេទាំងនោះបរិសុទ្ធដែរឬទេ? មនុស្សដែលអាចកត់ត្រាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពីការពិតនានាអំពីកិច្ចការរបស់ទ្រង់នៅក្នុងព្រះគម្ពីរបាន តើពួកគេបរិសុទ្ធដែរឬទេ? តើម៉ូសេបរិសុទ្ធដែរឬទេ? តើអ័ប្រាហាំបរិសុទ្ធដែរឬទេ? (អត់ទេ។) ចុះយ៉ូបវិញ? តើគាត់បរិសុទ្ធដែរឬទេ? (អត់ទេ។) យ៉ូបជាមនុស្ស ដែលព្រះជាម្ចាស់រាប់ជាសុចរិត ចុះហេតុដូចម្តេចបានជាគាត់មិនអាចរាប់ថាមនុស្សបរិសុទ្ធបានទៅវិញ? តើមនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ពិតជាមិនបរិសុទ្ធមែនឬ? តើពួកគេបរិសុទ្ធ ឬអត់? (អត់ទេ។) អ្នករាល់គ្នាយល់បានបន្តិចបន្តួច ដូច្នេះអ្នករាល់គ្នាមិនដឹងចម្លើយច្បាស់ទេ ហើយអ្នករាល់គ្នាមិនហ៊ានថា «អត់» ក៏មិនហ៊ានថា «មែន» ដែរ។ ហេតុដូច្នេះ ចុងក្រោយ អ្នករាល់គ្នាក៏ឆ្លើយទាំងស្ទាក់ស្ទើរថា «អត់» បែបនេះ។ ខ្ញុំសូមសួរអ្នកមួយសំណួរទៀតចុះ។ តើអ្នកនាំសាររបស់ព្រះជាម្ចាស់ ដែលព្រះជាម្ចាស់ចាត់ឱ្យចុះមកផែនដីនេះ បរិសុទ្ធដែរឬទេ? តើពួកទេវតាបរិសុទ្ធដែរឬទេ? (អត់ទេ។) តើមនុស្សជាតិដែលត្រូវសាតាំងធ្វើឱ្យពុករលួយនោះ បរិសុទ្ធដែរឬទេ? (អត់ទេ។) អ្នករាល់គ្នាបន្តឆ្លើយថា «អត់ទេ» បែបនេះ គ្រប់សំណួរ។ តើមានមូលដ្ឋានអ្វីជាសម្អាង? តើអ្នករាល់គ្នាវង្វេងមែនទេ? ដូច្នេះ ហេតុអ្វីបានជាសូម្បីតែពួកទេវតាក៏នៅតែឆ្លើយថា មិនបរិសុទ្ធដែរនោះ? តើពេលនេះអ្នកមានអារម្មណ៍យល់ខ្លះទេ? តើអ្នកអាចគិតឃើញទេថាមានមូលដ្ឋានអ្វីជាសម្អាង ទើបយើងហ៊ានថា មនុស្ស វត្ថុ ឬភាវៈដែលមិនបានបង្កើតមកសុទ្ធតែមិនបរិសុទ្ធទាំងអស់បែបនេះ? ខ្ញុំជ្រាបច្បាស់ថា អ្នករាល់គ្នាមិនអាចគិតឃើញនោះទេ។ ដូច្នេះ តើចម្លើយដែលអ្នករាល់គ្នាឆ្លើយថា «អត់ទេ» នោះ មិនមែនចេះតែឆ្លើយទាំងគ្មានការទទួលខុសត្រូវបន្តិចណាទៅហើយទេ? តើអ្នកមិនឆ្លើយទាំងងងឹតងងល់ទេឬអី? មនុស្សមួយចំនួនកំពុងងឿងឆ្ងល់ថា៖ «ដោយសារព្រះអង្គរៀបសំណួរបែបនេះ ដូច្នេះ ចម្លើយគឺត្រូវតែឆ្លើយថា 'អត់ទេ' បែបនេះហើយ»។ សូមកុំផ្តល់ចម្លើយងាយបែបនេះមកខ្ញុំធ្វើអ្វី។ ចូរគិតដោយប្រុងប្រយ័ត្នថាតើចម្លើយនោះ «មែន» ឬក៏ «អត់» សិន។ បន្ទាប់ពីយើងបានប្រកបគ្នាអំពីប្រធានបទនេះហើយ នោះអ្នករាល់គ្នានឹងដឹងថាហេតុអ្វីបានជាចម្លើយត្រូវឆ្លើយថា «អត់ទេ» បែបនេះ។ ខ្ញុំនឹងផ្តល់ចម្លើយឱ្យអ្នករាល់គ្នាក្នុងពេលបន្តិចចទៀតនេះ។ ដំបូង យើងនាំគ្នាអានបទគម្ពីរសិន។

១. សេចក្ដីបង្គាប់របស់ព្រះយេហូវ៉ាដ៏ជាព្រះចំពោះមនុស្ស

លោកុប្បត្តិ ២:១៥-១៧ ហើយព្រះ‌យេហូវ៉ាដ៏ជាព្រះបានយកមនុស្សទៅដាក់នៅក្នុងសួន‌អេដែន ដើម្បីឱ្យគាត់ធ្វើការរៀបចំ និងថែរក្សា។ ព្រះ‌យេហូវ៉ាដ៏ជាព្រះបានបង្គាប់ដល់មនុស្សថា នៅក្នុងចំណោមផ្លែឈើទាំងអស់នៅក្នុងសួន អ្នកអាចបរិ‌ភោគបានដោយសេរី។ ប៉ុន្តែ មិនត្រូវបរិ‌ភោគផ្លែចេញពីដើមដឹងខុសត្រូវឡើយ៖ ដ្បិតនៅថ្ងៃណាដែលអ្នកបរិ‌ភោគវា អ្នកប្រាកដជាស្លាប់មិនខាន។

២. ការល្បួងរបស់សត្វពស់ចំពោះស្រ្តី

លោកុប្បត្តិ ៣:១-៥ ឯពស់ជាសត្វមួយដែលមានល្បិចកលប្រសប់ជាងអស់ទាំងសត្វព្រៃ ដែលព្រះ‌យេហូវ៉ាដ៏ជាព្រះបានបង្កើត។ វាពោលទៅកាន់ស្ត្រីថា៖ តើព្រះ‌ជាម្ចាស់មានបន្ទូលថា អ្នករាល់គ្នាមិនត្រូវបរិ‌ភោគផ្លែឈើទាំងប៉ុន្មានដែលនៅក្នុងសួន‌ មែនឬ? ស្ត្រីពោលទៅកាន់ពស់ថា យើងអាចបរិ‌ភោគផ្លែឈើទាំងឡាយនៅក្នុងសួន‌បាន ប៉ុន្តែព្រះ‌ជាម្ចាស់មានបន្ទូលថា ចំពោះផ្លែឈើដែលនៅចំកណ្ដាលសួន អ្នករាល់គ្នាមិនត្រូវបរិ‌ភោគវា ហើយក៏មិនត្រូវប៉ះពាល់វាដែរ ក្រែង‌លោអ្នករាល់គ្នាត្រូវស្លាប់។ ប៉ុន្ដែ ពស់និយាយទៅកាន់ស្ត្រីថា អ្នករាល់គ្នានឹងប្រាកដជាមិនស្លាប់ឡើយ ដ្បិតព្រះ‌ជាម្ចាស់ជ្រាបថា នៅថ្ងៃណាដែលអ្នករាល់គ្នាបរិ‌ភោគផ្លែឈើនោះ ភ្នែករបស់អ្នកនឹងបានភ្លឺឡើង ហើយអ្នករាល់គ្នានឹងបានដូចជាព្រះដែរ ដោយដឹងខុសត្រូវ។

អត្ថបទទាំងពីរនេះ គឺជាអត្ថបទដកស្រង់ចេញពីក័ណ្ឌគម្ពីរលោកុប្បត្តិនៅក្នុងព្រះគម្ពីរ។ តើអ្នករាល់គ្នាធ្លាប់ឮពីអត្ថបទទាំងពីរនេះដែរឬទេ? អត្ថបទទាំងពីរនេះ រៀបរាប់ពីព្រឹត្តិការណ៍ដែលបានកើតឡើងតាំងពីគ្រាដំបូងមកម្ល៉េះ ជាគ្រាដែលមនុស្សជាតិត្រូវបានបង្កើតមក។ ព្រឹត្តិការណ៍ទាំងនេះ គឺជារឿងពិត។ ជាដំបូង យើងនាំគ្នាពិនិត្យមើលថាតើព្រះយេហូវ៉ាបានបង្គាប់អ្វីខ្លះដល់អ័ដាម និងអេវ៉ា។ ខ្លឹមសារនៃសេចក្ដីបង្គាប់នេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រធានបទរបស់យើងនៅថ្ងៃនេះ។ «ព្រះ‌យេហូវ៉ាដ៏ជាព្រះបានបង្គាប់ដល់មនុស្សថា នៅក្នុងចំណោមផ្លែឈើទាំងអស់នៅក្នុងសួន អ្នកអាចបរិ‌ភោគបានដោយសេរី។ ប៉ុន្តែ មិនត្រូវបរិ‌ភោគផ្លែចេញពីដើមដឹងខុសត្រូវឡើយ៖ ដ្បិតនៅថ្ងៃណាដែលអ្នកបរិ‌ភោគវា អ្នកប្រាកដជាស្លាប់មិនខាន»។ តើសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ចំពោះមនុស្សនៅក្នុងអត្ថបទនេះមានសារៈសំខាន់អ្វីខ្លះ? ទីមួយ ព្រះជាម្ចាស់ប្រាប់មនុស្សអំពីអាហារដែលគេអាចបរិភោគបាន ពោលគឺផ្លែឈើជាច្រើនប្រភេទដែលគ្មានគ្រោះថ្នាក់ និងគ្មានជាតិពុល។ មនុស្សអាចបរិភោគផ្លែឈើទាំងនោះបានតាមចិត្ត និងដោយសេរី មិនចាំបាច់ព្រួយបារម្ភ ឬសង្ស័យអ្វីឡើយ។ នេះគឺជាសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់មួយផ្នែក ហើយមួយផ្នែកទៀត គឺជាការព្រមាន។ នៅក្នុងការព្រមាននេះដែរ ព្រះជាម្ចាស់បង្គាប់ទៅមនុស្សថា គេមិនត្រូវបរិភោគផ្លែឈើពីដើមដឹងខុសត្រូវជាដាច់ខាត។ ប្រសិនបើមនុស្សបរិភោគផ្លែចេញពីដើមឈើនោះ តើនឹងមានរឿងអ្វីកើតឡើង? ព្រះជាម្ចាស់បានមានបន្ទូលប្រាប់មនុស្សថា៖ ដ្បិតថ្ងៃណាដែលអ្នកបរិភោគវា អ្នកប្រាកដជាស្លាប់មិនខាន។ តើព្រះបន្ទូលនេះមិនមែនត្រង់ៗទេឬអ្វី? ប្រសិនបើព្រះជាម្ចាស់មានបន្ទូលប្រាប់អ្នកបែបនេះ ក៏ប៉ុន្តែអ្នកមិនបានយល់ពីមូលហេតុ តើអ្នកនឹងចាត់ទុកព្រះបន្ទូលរបស់ទ្រង់ជាច្បាប់ ឬបទបញ្ជាដែលត្រូវស្តាប់បង្គាប់តាមដែរឬទេ? ព្រះបន្ទូលបែបនេះ គួរតែត្រូវស្តាប់បង្គាប់តាម។ ក៏ប៉ុន្តែ ទោះបីជាមនុស្សអាចស្តាប់បង្គាប់តាមបានឬអត់ក៏ដោយ ក៏ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានន័យច្បាស់លាស់ដែរ។ ព្រះជាម្ចាស់មានបន្ទូលប្រាប់មនុស្សយ៉ាងច្បាស់ពីអ្វីដែលគេអាចបរិភោគបាន និងអ្វីដែលគេមិនអាចបរិភោគបាន និងរឿងដែលនឹងត្រូវកើតឡើង បើគេបរិភោគអ្វីដែលគេមិនគួរបរិភោគនោះ។ នៅក្នុងព្រះបន្ទូលដ៏ខ្លីដែលព្រះជាម្ចាស់បានថ្លែងមក តើអ្នកអាចមើលឃើញថាមានអ្វីខ្លះជានិស្ស័យរបស់ព្រះជាម្ចាស់? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះពិតដែរឬទេ? តើមានការបោកបញ្ឆោតណាមួយដែរឬទេ? តើមានចំណុចណាមួយមិនពិតដែរឬទេ? តើមានការសម្លុតកំហែងដែរឬទេ? (គ្មានទេ។) ព្រះជាម្ចាស់បានមានបន្ទូលប្រាប់មនុស្សតាមត្រង់ ពិតប្រាកដ និងសុទ្ធចិត្ត អំពីអ្វីដែលគេអាចបរិភោគបាន និងអ្វីដែលគេមិនអាចបរិភោគបាន។ ព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្បាស់ គ្មានបត់បែនអ្វីនោះទេ។ តើមានន័យបង្កប់នៅក្នុងព្រះបន្ទូលទាំងនេះដែរឬទេ? តើព្រះបន្ទូលទាំងនេះ មិនមែនថ្លែងមកដោយត្រង់ទេឬអី? តើចាំបាច់ត្រូវធ្វើការប៉ាន់ស្មានដែរឬទេ? គ្មានចាំបាច់អ្វីត្រូវស្មានព្រាវៗនោះទេ។ គ្រាន់តែក្រឡេកមើល ក៏ឃើញអត្ថន័យច្បាស់លាស់នៃព្រះបន្ទូលនេះបាត់ទៅហើយ។ នៅពេលអានព្រះបន្ទូលនេះរួច មនុស្សនឹងយល់ច្បាស់ទាំងស្រុងពីអត្ថន័យនៃព្រះបន្ទូលនេះ។ មានន័យថា អ្វីដែលព្រះជាម្ចាស់ចង់មានបន្ទូល និងអ្វីដែលព្រះអង្គចង់សម្ដែងចេញ គឺចេញពីដួងព្រះហឫទ័យរបស់ទ្រង់។ អ្វីដែលព្រះជាម្ចាស់សម្ដែងចេញ គឺស្អាតស្អំ ត្រង់គ្មានបត់បែន និងច្បាស់លាស់។ នៅក្នុងនោះ គ្មានបំណងលាក់បាំង និង អត្ថន័យបង្កប់អ្វីឡើយ។ ព្រះអង្គមានបន្ទូលទៅកាន់មនុស្សត្រង់ៗ ដោយប្រាប់គេពីអ្វីដែលគេអាចបរិភោគបាន និងអ្វីដែលគេមិនអាចបរិភោគបាន។ មានន័យថា តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សអាចដឹងថា ដួងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាដួងព្រះហឫទ័យស្មោះ មិនពិបាកយល់ទេ។ គ្មានដាននៃការកុហកបោកបញ្ឆោតនៅក្នុងនោះឡើយ។ នេះមិនមែនជាករណីដែលប្រាប់កុំឱ្យអ្នកបរិភោគអ្វីដែលអ្នកអាចបរិភោគបាន ឬប្រាប់ឱ្យអ្នក «បរិភោគអ្វីដែលអ្នកមិនអាចបរិភោគបាន ហើយចាំមើលថាមានរឿងអ្វីកើតឡើង» នោះទេ។ ព្រះជាម្ចាស់ពុំមានចេតនាបែបនេះឡើយ។ ព្រះជាម្ចាស់គិតអ្វីនៅក្នុងព្រះទ័យរបស់ទ្រង់ នោះព្រះអង្គនឹងមានបន្ទូលពីសេចក្ដីនោះចេញមក។ បើខ្ញុំថាព្រះជាម្ចាស់បរិសុទ្ធ ដោយព្រោះព្រះអង្គបង្ហាញនិងបើកសម្ដែងអង្គទ្រង់តាមរយៈព្រះបន្អូលទាំងអម្បាលម៉ាននេះ និងតាមរយៈរបៀបទាំងនេះ នោះអ្នកប្រហែលជាមានអារម្មណ៍ថា ខ្ញុំនិយាយពន្លើសថាដំបូកជាភ្នំ ឬថាខ្ញុំបានបំផ្លើសការពិតជ្រុលពេកហើយ។ បើដូច្នេះ ចូរកុំបារម្ភធ្វើអ្វី ដ្បិតយើងមិនទាន់បញ្ចប់នៅឡើយទេ។

ឥឡូវនេះ យើងនាំគ្នានិយាយអំពី «ការល្បួងរបស់សត្វពស់ចំពោះស្ត្រី» វិញម្តង។ តើសត្វពស់ជានរណា? គឺជាសាតាំង។ សាតាំងដើរតួជាតួអង្គអាក្រក់នៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ហើយជាតួអង្គមួយដែលយើងត្រូវលើកមកនិយាយ នៅពេលដែលយើងប្រកបគ្នាអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ហេតុអ្វីខ្ញុំនិយាយយ៉ាងដូច្នេះ? បើអ្នកមិនដឹងពីសេចក្ដីអាក្រក់ និងសេចក្ដីពុករលួយរបស់សាតាំងទេ បើអ្នកមិនដឹងពីសារជាតិរបស់សាតាំងទេ នោះអ្នកគ្មានផ្លូវទទួលស្គាល់ពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នកក៏មិនអាចដឹងបានថាភាពបរិសុទ្ធនោះគឺជាអ្វីដែរ។ មនុស្សជឿទាំងវង្វេងថា អ្វីដែលសាតាំងធ្វើ គឺជារឿងត្រឹមត្រូវ ពីព្រោះពួកគេរស់នៅក្នុងនិស្ស័យពុករលួយបែបនេះឯង។ បើគ្មានតួអង្គអាក្រក់នេះទេ បើគ្មានចំណុចប្រៀបធៀបទេ នោះអ្នកក៏មិនអាចដឹងបានថាអ្វីជាភាពបរិសុទ្ធដែរ។ ហេតុនេះហើយទើបយើងត្រូវតែលើកយកសាតាំងមកនិយាយនៅត្រង់នេះ។ ការលើកមកនិយាយបែបនេះ មិនមែនជាការនិយាយឥតប្រយោជន៍នោះទេ។ តាមរយៈពាក្យសម្ដី និងទង្វើរបស់សាតាំង យើងនឹងឃើញពីរបៀបដែលសាតាំងធ្វើការ របៀបដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ និងធម្មជាតិនិងមុខមាត់ពិតរបស់សាតាំង។ ដូច្នេះ តើស្ត្រីនោះបាននិយាយអ្វីទៅកាន់សត្វពស់? ស្ដ្រីបានរៀបរាប់ប្រាប់ពីអ្វីដែលព្រះយេហូវ៉ាដ៏ជាព្រះបានមានបន្ទូលបង្គាប់ទៅនាង។ នៅពេលនាងនិយាយពាក្យទាំងនេះ តើនាងប្រាកដទេថា អ្វីដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់នាង គឺជាការពិត? នាងមិនប្រាកដនោះទេ។ ក្នុងនាមជាមនុស្សម្នាក់ដែលទើបនឹងត្រូវបង្កើតមកថ្មីៗ នាងគ្មានសមត្ថភាពយល់ដឹងថាអ្វីល្អ អ្វីអាក្រក់នោះទេ ហើយនាងក៏មិនបានដឹងពីអ្វីៗដែលនៅជុំវិញខ្លួននាងដែរ។ បើវិនិច្ឆ័យទៅតាមពាក្យសម្ដីដែលនាងបាននិយាយទៅកាន់សត្វពស់ យើងអាចដឹងបានថា នាងនៅមិនទាន់ប្រាកដក្នុងចិត្តថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាបន្ទូលត្រឹមត្រូវនោះទេ។ នាងមានឫកពារបែបនេះឯង។ ហេតុនេះ នៅពេលសត្វពស់ឃើញស្ត្រីនោះមានឫកពារមិនច្បាស់លាស់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់បែបនេះ វាក៏បាននិយាយទៅកាន់នាងថា៖ «អ្នករាល់គ្នានឹងប្រាកដជាមិនស្លាប់ឡើយ ដ្បិតព្រះ‌ជាម្ចាស់ជ្រាបថា នៅថ្ងៃណាដែលអ្នករាល់គ្នាបរិ‌ភោគផ្លែឈើនោះ ភ្នែករបស់អ្នកនឹងបានភ្លឺឡើង ហើយអ្នករាល់គ្នានឹងបានដូចជាព្រះដែរ ដោយដឹងខុសត្រូវ»។ តើក្នុងព្រះបន្ទូលទាំងនេះ មានបញ្ហាអ្វីដែរឬទេ? នៅពេលអ្នករាល់គ្នាអានប្រយោគនេះ តើអ្នករាល់គ្នាដឹងពីចេតនារបស់សត្វពស់ដែរឬទេ? តើមានចេតនាអ្វីខ្លះ? វាចង់ល្បួងស្ត្រីនោះ ដើម្បីឱ្យនាងឈប់យកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀត។ ប៉ុន្តែវាមិនបាននិយាយចំណុចនេះចេញមកត្រង់ៗឡើយ។ ដូច្នេះ យើងអាចនិយាយបានថា វាមានល្បិចកលណាស់។ វាបង្ហាញពីអត្ថន័យរបស់វាដោយប្រើឧបាយកល និងការពង្វាងដាន ដើម្បីឈានទៅសម្រេចគោលដៅដែលវាប៉ងទុក ជាគោលដៅដែលវាបានលាក់នៅក្នុងចិត្តរបស់វា ព្រមទាំងលាក់បាំងមិនឱ្យមនុស្សដឹងទេ។ សត្វពស់នោះ មានល្បិចកលបែបនេះឯង។ សាតាំងតែងមានរបៀបនិយាយ និងរបៀបប្រព្រឹត្ដបែបនេះជានិច្ចដរាប។ វានិយាយថា «មិនប្រាកដទេ» ដោយមិនបញ្ជាក់ឱ្យច្បាស់ថាហេតុអ្វីមិនប្រាកដនោះទេ។ ក៏ប៉ុន្តែ ក្រោយពីឮបែបនេះ ដួងចិត្តរបស់ស្ត្រីល្ងង់ខ្លៅ ក៏រងការញុះញង់។ សត្វពស់មានក្តីរំភើប ពីព្រោះពាក្យរបស់វា មានឥទ្ធិពលដូចដែលវាចង់បាន។ នេះហើយជាចេតនាប្រកបដោយល្បិចកលរបស់សត្វពស់។ ជាងនេះទៅទៀត តាមរយៈការសន្យាផ្ដល់ផលប្រយោជន៍មួយដែលគួរជាទីចង់បានរបស់មនុស្ស វាបានលួងលោមនាងថា៖ «នៅថ្ងៃណាដែលអ្នករាល់គ្នាបរិ‌ភោគផ្លែឈើនោះ ភ្នែករបស់អ្នកនឹងបានភ្លឺឡើង»។ ដូច្នេះ នាងបានសញ្ជឹងគិតថា៖ «ដើម្បីឱ្យភ្នែកខ្ញុំបានភ្លឺឡើង គឺជារឿងល្អណាស់!»។ ហើយបន្ទាប់មក វាបាននិយាយអ្វីៗដែលកាន់តែទាក់ចិត្តជាងនេះថែមទៀត គឺជាសម្ដីដែលមនុស្សមិនធ្លាប់បានឮពីមុនមកសោះ ជាសម្ដីដ៏មានអានុភាពអស្ចារ្យក្នុងការល្បួងមនុស្សណាដែលបានឮសម្ដីនោះ៖ «ហើយអ្នករាល់គ្នានឹងបានដូចជាព្រះដែរ ដោយដឹងខុសត្រូវ»។ តើសម្ដីទាំងនេះមិនទាក់ទាញចិត្តមនុស្សខ្លាំងទេឬអី? សម្ដីនេះប្រៀបដូចជាមានមនុស្សម្នាក់និយាយមកកាន់អ្នកថា៖ «ទម្រង់មុខរបស់អ្នកស្អាតណាស់ ទាស់តែខ្ទង់ច្រមុះរាងទាបបន្តិច។ បើអ្នកកែកុនវាតែបន្តិច នោះអ្នកនឹងក្លាយនារីកំពូលសម្រស់ក្នុងលោកនេះជាមិនខាន!» តើសម្ដីទាំងនេះនឹងធ្វើឱ្យចិត្តមនុស្សដែលគ្មានចេតនាចង់កែសម្ផស្សសោះនោះ នៅស្ងៀមបានដែរឬទេ? តើសម្ដីទាំងនេះមិនប្រលោមចិត្តទេឬអី? តើការប្រលោមចិត្តនេះមិនមែនកំពុងតែល្បួងអ្នកទេឬអី? ហើយតើនេះមិនមែនជាការល្បួងទេឬអី? (ជាការល្បួង។) តើព្រះជាម្ចាស់ មានបន្ទូលបែបនេះដែរឬទេ? តើមានតម្រុយណាមួយនៃពាក្យបែបនេះ នៅក្នុងបន្ទូលរបស់ព្រះជាម្ចាស់ដែលយើងទើបនឹងបានអានអម្បាញ់មិញនេះដែរឬទេ? តើព្រះជាម្ចាស់មានបន្ទូលពីអ្វីដែលទ្រង់ព្រះតម្រិះនៅក្នុងព្រះទ័យរបស់ទ្រង់មែនទេ? តើមនុស្សអាចដឹងពីទឹកព្រះទ័យរបស់ព្រះជាម្ចាស់ តាមរយៈបន្ទូលរបស់ទ្រង់បានដែរឬទេ? (ដឹងបាន។) ក៏ប៉ុន្តែ នៅពេលដែលសត្វពស់និយាយពាក្យទាំងនោះទៅកាន់ស្ត្រីនោះវិញ តើអ្នកអាចដឹងពីចិត្តរបស់វាបានដែរឬទេ? អត់ទេ។ ហើយដោយសារតែភាពល្ងង់ខ្លៅរបស់មនុស្ស ទើបមនុស្សត្រូវចាញ់កលពាក្យសម្ដីលួងលោមរបស់សត្វពស់ ហើយបានឆ្លាក់ទៅក្នុងការបោកបញ្ឆោតដោយងាយស្រួល។ ដូច្នេះ តើអ្នកអាចដឹងពីចេតនារបស់សាតាំងបានដែរឬទេ? តើអ្នកអាចដឹងពីគោលបំណងបង្កប់នៅពីក្រោយសម្ដីរបស់សាតាំងបានដែរឬទេ? តើអ្នកអាចដឹងពីផែនការ និងឧបាយកលរបស់សាតាំងបានដែរឬទេ? (អត់ទេ។) តើរបៀបនិយាយរបស់សាតាំងតំណាងឱ្យនិស្ស័យប្រភេទណាដែរ? តាមរយៈពាក្យសម្ដីទាំងនេះ តើអ្នកបានឃើញថានៅក្នុងខ្លួនសាតាំងមានសារជាតិប្រភេទណា? តើមិនមែនជាសារជាតិកិច្ចកលទេឬអី? សម្បកក្រៅ វាប្រហែលជាញញឹមដាក់អ្នក ឬប្រហែលជាវាមិនសម្ដែងចេញអ្វីទាំងអស់។ ប៉ុន្តែនៅក្នុងចិត្តវាវិញ វាកំពុងរិះរកវិធី ដើម្បីសម្រេចគោលបំណងរបស់វាឱ្យបាន ហើយអ្នកមិនអាចមើលដឹងពីគោលបំណងរបស់វាបានឡើយ។ រាល់ការសន្យារបស់វាចំពោះអ្នក រាល់ផលប្រយោជន៍ទាំងអស់ដែលវាពិពណ៌នា សុទ្ធតែជាការបិទបាំងល្បិចលួងលោមរបស់វាទាំងអស់។ អ្នកយល់ថា អ្វីទាំងអស់នេះ សុទ្ធតែល្អ ដូច្នេះហើយ អ្នកមានអារម្មណ៍ថា អ្វីដែលវានិយាយមានប្រយោជន៍ជាង និងសំខាន់ជាងអ្វីដែលព្រះជាម្ចាស់មានបន្ទូលទៅទៀត។ នៅពេលរឿងនេះកើតឡើង តើមនុស្សមិនមែនក្លាយទៅជាអ្នកទោសដែលចូលខ្លួនស្រួលៗទេឬអី? តើយុទ្ធសាស្ត្រដែលសាតាំងបានប្រើនេះ មិនមែនជាយុទ្ធសាស្ត្រដ៏អាក្រក់ទេឬអី? អ្នកបានបណ្ដែតបណ្តោយខ្លួនអ្នកឱ្យឆ្លាក់ចូលទៅក្នុងភាពអន់ថយ។ សាតាំងមិនចាំបាច់លើកម្រាមដៃផង គ្រាន់តែនិយាយពាក្យតែពីរប្រយោគនេះ ក៏អ្នកសប្បាយចិត្តដើរតាមសាតាំង និងធ្វើអ្វីៗតាមតែសាតាំងបង្គាប់ដែរ។ ដូច្នេះ សាតាំងក៏បានសម្រេចគោលបំណងរបស់វា។ តើចេតនានេះមិនមែនអាក្រក់ទេឬអី? តើនេះមិនមែនជាមុខមាត់ពិតរបស់សាតាំងទេឬអី? តាមរយៈសម្ដីរបស់សាតាំង មនុស្សអាចដឹងពីបំណងអាក្រក់របស់វា ឃើញពីមុខមាត់គួរឱ្យខ្ពើមរបស់វា និងដឹងពីសារជាតិរបស់វា។ តើដូច្នេះមែនទេ? នៅក្នុងការប្រៀបធៀបប្រយោគទាំងនេះ បើអ្នកគ្មានការវិភាគអ្វីទេ នោះអ្នកប្រហែលជាមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះយេហូវ៉ាដ៏ជាព្រះ គឺដូចជាមិនសូវមានន័យអ្វីទេ ធម្មតា និងសាមញ្ញ ថាពាក្យទាំងនោះមិនសមជាពាក្យខ្ពង់ខ្ពស់ក្នុងការសរសើរពីភាពស្មោះត្រង់របស់ព្រះជាម្ចាស់នៅក្នុងអត្ថបទនេះឡើយ។ ក៏ប៉ុន្តែ នៅពេលដែលយើងយល់ឃើញពាក្យសម្ដីរបស់សាតាំង និងមុខមាត់គួរឱ្យខ្ពើមរបស់វាជាវត្ថុឆ្លុះបញ្ចាំង តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់ មិនមែនមានខ្លឹមសារសំខាន់សម្រាប់មនុស្សនាសម័យនេះទេឬអី? (មាន។) តាមរយៈការប្រៀបធៀបនេះ មនុស្សអាចដឹងច្បាស់ពីភាពឥតខ្ចោះហ្មត់ហ្មងរបស់ព្រះជាម្ចាស់។ គ្រប់ពាក្យសម្ដីដែលសាតាំងនិយាយ ក៏ដូចជាបំណង ចេតនា និងរបៀបដែលវានិយាយ សុទ្ធតែស្មោគគ្រោកទាំងអស់។ តើរបៀបនិយាយរបស់សាតាំងមានលក្ខណៈពិសេសសំខាន់អ្វី? សាតាំងប្រើពាក្យកុហកបោកប្រាស់ ដើម្បីលួងលោមអ្នក ដោយមិនឱ្យអ្នកមើលដឹងពីចិត្តវៀចវេររបស់វាឡើយ ហើយក៏មិនឱ្យអ្នកដឹងពីគោលបំណងរបស់វាដែរ។ សាតាំងដាក់នុយឱ្យអ្នកស៊ីមែន តែអ្នកក៏ត្រូវច្រៀងសរសើរពីគុណបុណ្យរបស់វាដែរ។ តើការបោកបញ្ឆោតនេះ មិនមែនជាវិធីសាស្ត្រដែលសាតាំងជ្រើសប្រើជាទម្លាប់ទៅហើយទេឬអី? (មែនហើយ។) ឥឡូវ យើងនាំគ្នាពិចារណាពីពាក្យពេចន៍ និងការសម្ដែងចេញផ្សេងទៀតពីសំណាក់សាតាំង ដើម្បីឱ្យមនុស្សអាចមើលឃើញពីមុខមាត់អាក្រក់របស់វា។ យើងនាំគ្នាអានបទគម្ពីរមួយចំនួនទៀតជាមួយគ្នា។

៣. ការសន្ទនារវាងសាតាំង និងព្រះយេហូវ៉ាដ៏ជាព្រះ

យ៉ូប ១:៦-១១ កាលថ្ងៃមួយ ពួកកូនរបស់ព្រះជាម្ចាស់បានចូលគាល់នៅចំពោះព្រះ‌យេហូវ៉ា ហើយសាតាំងក៏មកនៅក្នុងចំណោមគេដែរ។ ព្រះ‌យេហូវ៉ាបានមានបន្ទូលសួរសាតាំងថា៖ «តើឯងមកពីណា?» សាតាំងក៏បានទូលថា៖ «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី»។ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា៖ «តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង»។ បន្ទាប់មក សាតាំងបានទូលឆ្លើយព្រះ‌យេហូវ៉ាថា៖ «តើយ៉ូបកោតខ្លាចព្រះជាម្ចាស់ ដោយឥតអំពើឬ? តើព្រះ‌អង្គមិនបានធ្វើរបងព័ទ្ធជុំ‌វិញគាត់ ក្រុមគ្រួសាររបស់គាត់ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មានទេឬអី? ព្រះ‌អង្គបានប្រទានពរដល់គ្រប់កិច្ចការដែលគាត់ធ្វើ ហើយទ្រព្យ‌សម្បត្តិរបស់គាត់បានកើនចំនួនច្រើនឡើងនៅលើផែនដី។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះ‌ហស្តទៅពាល់អ្វីៗទាំងអស់ដែលគាត់មានមើល៍ នោះគាត់នឹងដាក់បណ្ដាសាព្រះអង្គ នៅចំពោះព្រះ ភ័ក្ត្ររបស់ព្រះអង្គមិនខាន»។

យ៉ូប ២:១-៥ កាលថ្ងៃមួយទៀត ពួកកូនរបស់ព្រះជាម្ចាស់បានចូលគាល់នៅចំពោះព្រះ‌យេហូវ៉ា ហើយសាតាំងក៏នៅក្នុងចំណោមពួកគេ ដើម្បីចូលគាល់ព្រះ‌យេហូវ៉ាដែរ។ ព្រះ‌យេហូវ៉ាបានមានបន្ទូលសួរសាតាំងថា៖ តើឯងមកពីណា? ហើយសាតាំងទូលឆ្លើយថា៖ ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី។ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង ហើយគាត់នៅតែប្រកាន់ខ្ជាប់សុចរិតភាពរបស់គាត់ដដែល ទោះបើឯងបានញុះញង់ឱ្យអញទាស់នឹងគាត់ ឱ្យបំផ្លាញគាត់ ដោយគ្មានហេតុផលក៏ដោយ។ សាតាំងទូលទៅព្រះយេហូវ៉ាថា ស្បែកសងដោយស្បែក ដ្បិតមនុស្សនឹងព្រមលះ‌បង់អ្វីគ្រប់យ៉ាង ដើម្បីឱ្យមានជីវិតរស់។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តរបស់ទ្រង់ទៅពាល់ឆ្អឹង និងសាច់របស់គាត់មើល៍ នោះគាត់នឹងដាក់បណ្ដាសាទ្រង់ នៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គមិនខាន។

នៅក្នុងអត្ថបទទាំងពីរនេះ គឺជាការសន្ទនាគ្នាទាំងស្រុង រវាងព្រះជាម្ចាស់និងសាតាំង ដែលបានកត់ត្រានូវអ្វីដែលព្រះជាម្ចាស់បានមានបន្ទូល និងអ្វីដែលសាតាំងបាននិយាយ។ ព្រះជាម្ចាស់មិនបានមានបន្ទូលអ្វីច្រើននោះទេ ហើយព្រះអង្គមានបន្ទូលយ៉ាងសាមញ្ញបំផុត។ តើយើងអាចមើលឃើញភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ តាមរយៈព្រះបន្ទូលដ៏សាមញ្ញរបស់ព្រះអង្គបានដែរឬទេ? អ្នកខ្លះនឹងថា មិនងាយនឹងមើលឃើញនោះទេ។ ដូច្នេះ តើយើងអាចមើលឃើញភាពអាក្រក់របស់សាតាំងតាមរយៈការឆ្លើយតបរបស់វាបានដែរឬទេ? ដំបូង យើងនាំគ្នាពិនិត្យមើលប្រភេទសំណួរដែលព្រះយេហូវ៉ាដ៏ជាព្រះបានចោទសួរទៅសាតាំងសិន។ «តើឯងមកពីណា?» តើនេះមិនមែនជាសំណួរត្រង់ៗទេឬអី? តើមានអត្ថន័យលាក់បាំងអ្វីដែរឬទេ? គ្មានទេ។ នេះគ្រាន់តែជាសំណួរត្រង់ៗមួយប៉ុណ្ណោះ។ ប្រសិនបើខ្ញុំជាអ្នកសួរអ្នករាល់គ្នាវិញថា៖ «តើអ្នកមកពីណា?» តើអ្នករាល់គ្នានឹងឆ្លើយយ៉ាងដូចម្តេចវិញ? តើសំណួរនេះពិបាកឆ្លើយដែរឬទេ? តើអ្នករាល់គ្នានឹងឆ្លើយថា៖ «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី» ដូច្នេះឬ? (អត់ទេ។) អ្នករាល់គ្នានឹងមិនឆ្លើយបែបនេះទេ។ ដូច្នេះ តើអ្នករាល់គ្នាមានអារម្មណ៍បែបណា នៅពេលអ្នករាល់គ្នាឃើញសាតាំងឆ្លើយរបៀបនេះ? (យើងមានអារម្មណ៍ថា សាតាំងមិនត្រឹមតែនិយាយខុសទំនងទេ តែក៏ពោរពេញទៅដោយការបោកបញ្ឆោតដែរ។) តើអ្នករាល់គ្នាអាចដឹងថាខ្ញុំមានអារម្មណ៍បែបណាទេ? រាល់ពេលដែលខ្ញុំឃើញពាក្យសម្ដីរបស់សាតាំងទាំងអស់នេះ ខ្ញុំមានអារម្មណ៍ខ្ពើមរអើមណាស់ ព្រោះថាសម្ដីរបស់សាតាំងសុទ្ធតែជាពាក្យដែលគ្មានខ្លឹមសារទាល់តែសោះ។ តើសាតាំងបានឆ្លើយសំណួររបស់ព្រះជាម្ចាស់ដែរឬទេ? អត់ទេ ពាក្យសម្ដីដែលសាតាំងបាននិយាយ មិនមែនជាចម្លើយទេ ក៏គ្មានប្រយោជន៍អ្វីដែរ។ សម្ដីទាំងនោះមិនមែនជាការឆ្លើយសំណួររបស់ព្រះជាម្ចាស់ទេ។ «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី»។ តើអ្នកយល់យ៉ាងណាចំពោះពាក្យទាំងអស់នេះ? តើសាតាំងទើបមកពីណាឱ្យប្រាកដ? តើអ្នករាល់គ្នាបានទទួលចម្លើយសំណួរនេះហើយឬនៅ? (នៅទេ។) នេះគឺជា «ភាពឈ្លាសវៃ» នៃគ្រោងការបោកបញ្ឆោតរបស់សាតាំង ដោយមិនឱ្យនរណាម្នាក់ដឹងថា វាកំពុងនិយាយអ្វីនោះទេ។ ក្រោយពីបានឮពាក្យសម្ដីទាំងនេះហើយ អ្នកនៅតែមិនអាចយល់ពីអ្វីដែលវាបាននិយាយដដែល ទោះវាបានឆ្លើយសំណួរនេះហើយក៏ដោយ។ ក៏ប៉ុន្តែ សាតាំងជឿថា វាបានឆ្លើយសំណួរនេះល្អឥតខ្ចោះរួចហើយ។ ដូច្នេះ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? មានអារម្មណ៍ស្អប់ខ្ពើមមែនទេ? (មែនហើយ។) ពេលនេះ អ្នកចាប់ផ្តើមមានអារម្មណ៍ស្អប់ខ្ពើមពាក្យទាំងអស់នេះហើយ។ ពាក្យសម្ដីសាតាំងមានលក្ខណៈពិសេសរបស់វា៖ អ្វីដែលសាតាំងនិយាយធ្វើឱ្យអ្នកអេះក្បាលឆ្ងល់ មិនដឹងថាពាក្យរបស់វាមានប្រភពមកពីណា។ ពេលខ្លះ សាតាំងមានបំណងនិយាយតាមត្រង់ ពេលខ្លះ សម្ដីនោះត្រូវគ្រប់គ្រងដោយធម្មជាតិរបស់វា ជាពាក្យដែលចេញពីមាត់របស់សាតាំងផ្ទាល់ និងចេញមកដោយឯកឯង។ សាតាំងមិនបានចំណាយពេលច្រើនថ្លឹងថ្លែងពីពាក្យទាំងនេះទេ តែពាក្យសម្ដីទាំងនោះនិយាយចេញមកដោយគ្មានគិតពិចារណាអ្វីឡើយ។ ពេលព្រះជាម្ចាស់សួរវាថាមកពីណា សាតាំងឆ្លើយនឹងទ្រង់ដោយប្រើពាក្យពេចន៍មិនច្បាស់លាស់។ អ្នកមានអារម្មណ៍ងឿងឆ្ងល់ជាខ្លាំង មិនដឹងថាសាតាំងមកពីណាឱ្យប្រាកដនោះទេ។ តើក្នុងចំណោមអ្នករាល់គ្នានេះ មាននរណាដែលនិយាយដូចនេះដែរឬទេ? តើសម្ដីបែបនេះ ជាសម្ដីប្រភេទបែបណាវិញ? (ជាសម្ដីមិនច្បាស់លាស់ ហើយមិនបានផ្តល់ចម្លើយជាក់លាក់ទេ។) តើយើងគួរប្រើពាក្យបែបណាមកពិពណ៌នាពីសម្ដីបែបនេះ? វាគឺជាសម្ដីលេងសើច និងនាំឱ្យមានការយល់ច្រឡំ។ ឧបមាថា មាននរណាម្នាក់មិនចង់ឱ្យអ្នកដទៃដឹងថាខ្លួនបានធ្វើអ្វីខ្លះកាលពីម្សិលមិញ។ អ្នកសួរគេថា៖ «ខ្ញុំឃើញគាត់ កាលពីម្សិលមិញ។ តើគាត់ទៅណា?» គេនឹងមិនប្រាប់អ្នកដោយត្រង់ថា កាលពីម្សិលមិញ គេបានទៅកន្លែងណាទេនោះទេ។ ផ្ទុយទៅវិញ គេនឹងនិយាយថា៖ «ម្សិលមិញសប្បាយណាស់។ ពិតជាអស់កំលាំងមែន!» តើគេបានឆ្លើយសំណួររបស់អ្នកដែរឬទេ? គេបានឆ្លើយហើយ តែគេមិនបានផ្តល់ចម្លើយដែលអ្នកចង់បាននោះទេ។ នេះគឺជា «ភាពឈ្លាសវៃ» នៅក្នុងឧបាយកលនៃការនិយាយស្ដីរបស់មនុស្ស។ អ្នកមិនដែលដឹងពីន័យដែលពួកគេចង់និយាយ ហើយក៏មិនដឹងពីប្រភព ឬចេតនានៃពាក្យសម្ដីរបស់ពួកគេដែរ។ អ្នកមិនអាចដឹងថាពួកគេកំពុងព្យាយាមគេចវេសពីអ្វីនោះទេ ពីព្រោះគេមានរឿងផ្ទាល់ខ្លួនលាក់បាំងនៅក្នុងចិត្តពួកគេ។ នេះគេហៅថា ស្នៀតបញ្ឆោត។ តើក្នុងចំណោមអ្នករាល់គ្នា មាននរណាម្នាក់ដែលតែងនិយាយរបៀបនេះដែរទេ? (មាន។) ដូច្នេះ តើអ្នកមានគោលបំណងអ្វី? ពេលខ្លះ ដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួនអ្នកមែនទេ? ពេលខ្លះ ដើម្បីរក្សាកិត្តិយស មុខតំណែង និងមុខមាត់របស់អ្នក និងដើម្បីរក្សាអាថ៌កំបាំងនៃជីវិតឯកជនរបស់អ្នកមែនទេ? ទោះបីមានគោលបំណងអ្វីក៏ដោយ ក៏វាមិនអាចកាត់ផ្ដាច់ចេញពីរឿងផលប្រយោជន៍របស់អ្នកបានដែរ គឺវាជាប់ទាក់ទងនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកទាំងអស់។ តើមនុស្សមិនមែនមានធម្មជាតិបែបនេះទេឬអី? មនុស្សទាំងឡាយណាដែលមានធម្មជាតិបែបនេះ មានទំនាក់ទំនងជិតស្និទ្ធនឹងសាតាំង បើពុំនោះទេ ក៏ជិតស្និទ្ធជាមួយគ្រួសាររបស់ពួកគេដែរ។ យើងអាចនិយាយបែបនេះបានដែរឬទេ? និយាយទៅ ការបង្ហាញឱ្យឃើញបែបនេះ គឺគួរឱ្យស្អប់ខ្ពើម និងអាក្រក់ជាទីបំផុត។ ឥឡូវនេះ អ្នករាល់គ្នាក៏មានអារម្មណ៍ស្អប់ខ្ពើមដែរមែនទេ? (មែនហើយ។)

សូមយើងពិនិត្យមើលខគម្ពីរខាងក្រោម។ សាតាំងឆ្លើយតបនឹងសំណួររបស់ព្រះយេហូវ៉ាម្ដងទៀតថា ដោយពោលថា៖ «តើយ៉ូបកោតខ្លាចព្រះជាម្ចាស់ ដោយឥតអំពើឬ?» សាតាំង កំពុងបើកការវាយប្រហារទៅលើការវាយតម្លៃរបស់ព្រះយេហូវ៉ាចំពោះយ៉ូប ហើយការវាយប្រហារនេះ គឺជាការលាបពណ៌ដោយការជំទាស់។ «តើព្រះ‌អង្គមិនបានធ្វើរបងព័ទ្ធជុំ‌វិញគាត់ ក្រុមគ្រួសាររបស់គាត់ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មានទេឬអី?» នេះគឺជាការយល់ដឹង និងការវាយតម្លៃរបស់សាតាំងទៅលើកិច្ចការរបស់ព្រះយេហូវ៉ាចំពោះយ៉ូប។ សាតាំងវាយតម្លៃយ៉ាងដូចនេះ ហើយពោលថា៖ «ព្រះ‌អង្គបានប្រទានពរដល់គ្រប់កិច្ចការដែលគាត់ធ្វើ ហើយទ្រព្យ‌សម្បត្តិរបស់គាត់បានកើនចំនួនច្រើនឡើងនៅលើផែនដី។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះ‌ហស្តទៅពាល់អ្វីៗទាំងអស់ដែលគាត់មានមើល៍ នោះគាត់នឹងដាក់បណ្ដាសាព្រះអង្គ នៅចំពោះព្រះ ភ័ក្ត្ររបស់ព្រះអង្គមិនខាន»។ សាតាំងតែងតែនិយាយមិនច្បាស់លាស់ ក៏ប៉ុន្តែនៅទីនេះ វានិយាយតាមពាក្យយ៉ាងជាក់លាក់។ យ៉ាងណាមិញ ពាក្យទាំងនេះគឺជាការវាយប្រហារ ការពោលពាក្យប្រមាថ និងជាទង្វើទាស់ទទឹងនឹងព្រះយេហូវ៉ាដ៏ជាព្រះផ្ទាល់ព្រះអង្គ ទោះបីពាក្យនេះត្រូវបាននិយាយក្នុងន័យជាក់លាក់ក៏ដោយ។ តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលអ្នករាល់គ្នា បានឮពាក្យទាំងនេះ? តើអ្នកមានអារម្មណ៍ថា ទាស់ចិត្តទេ? តើអ្នកអាចមើលដឹងអំពីចេតនារបស់សាតាំងទេ? ដំបូងបង្អស់ សាតាំងបានបដិសេធការវាយតម្លៃរបស់ព្រះយេហូវ៉ាចំពោះយ៉ូបដែលថា លោកជាមនុស្សគោរពកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីការអាក្រក់។ បន្ទាប់មក សាតាំងបដិសេធអ្វីៗទាំងអស់ដែលយ៉ូបនិយាយ និងធ្វើ ពោលគឺបដិសេធការកោតខ្លាចរបស់គាត់ចំពោះព្រះយេហូវ៉ា។ តើនេះមិនមែនជាការចោទប្រកាន់ទេឬអី? សាតាំងកំពុងចោទប្រកាន់ កំពុងបដិសេធ និងកំពុងសង្ស័យទៅលើអ្វីៗដែលព្រះយេហូវ៉ាបានធ្វើ និងមានបន្ទូលផងដែរ។ វាមិនជឿទេ ថែមទាំងនិយាយថា៖ «ប្រសិនបើព្រះអង្គមានបន្ទូលដូច្នេះមែន ចុះម្តេចបានជាទូលបង្គំមិនឃើញមានអីកើតឡើងសោះដូច្នេះ? ប្រសិនបើព្រះអង្គប្រទានពរដល់គាត់ច្រើនម្ល៉ឹងៗ ចុះម្ដេចបានជាគាត់មិនកោតខ្លាចដល់ព្រះអង្គដូច្នេះ?» តើនេះមិនមែនជាការបដិសេធគ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើទេឬអី? ការចោទប្រកាន់ ការបដិសេធ ការពោលពាក្យប្រមាថ តើមិនមែនជាពាក្យវាយប្រហាររបស់សាតាំងទេឬអី? តើទាំងអស់នេះមិនមែនជាការបង្ហាញ ពីអ្វីដែលសាតាំងគិតនៅក្នុងចិត្តរបស់វាប្រាកដទេឬអី? ពាក្យសម្ដីទាំងនេះ ពិតជាមិនដូចពាក្យសម្ដីដែលយើងទើបតែបានអានថា «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី»។ នោះទេ ពាក្យសម្ដីទាំងនេះខុសគ្នាទាំងស្រុង។ តាមពាក្យសម្ដីទាំងនេះ សាតាំងបង្ហាញយ៉ាងច្បាស់ក្រឡែតពីការពិតនៅក្នុងចិត្តរបស់វា គឺអាកប្បកិរិយារបស់វាចំពោះព្រះជាម្ចាស់ ហើយនិងការមិនពេញចិត្តរបស់វា ចំពោះការកោតខ្លាចរបស់យ៉ូបចំពោះព្រះជាម្ចាស់។ នៅពេលរឿងនេះកើតឡើង ចរិតព្យាបាទនិងឃោរឃៅរបស់វា ត្រូវបានលាតត្រដាងចេញមកទាំងស្រុង។ វាស្អប់អ្នកដែលកោតខ្លាចព្រះជាម្ចាស់ ហើយស្អប់អ្នកដែលគេចចេញពីអំពើអាក្រក់ និងរឹតតែស្អប់ខ្ពើមព្រះយេហូវ៉ា ចំពោះការប្រទានពរដល់មនុស្សផងដែរ។ វាចង់ប្រើឱកាសនេះដើម្បីបំផ្លាញយ៉ូប ជាមនុស្សដែលព្រះជាម្ចាស់បានលើកគាត់ឡើងដោយព្រះហស្តទ្រង់ផ្ទាល់ និងដើម្បីកម្ចាត់កម្ចាត់គាត់ចោល ដោយនិយាយថា៖ «ព្រះអង្គមានបន្ទូលថា យ៉ូបកោតខ្លាចព្រះអង្គ ព្រមទាំងគេចចេញពីសេចក្តីអាក្រក់ផងដែរ។ ក៏ប៉ុន្តែ ទូលបង្គំមើលឃើញផ្សេងវិញ»។ វាប្រើវិធីផ្សេងៗមកពន្យុះ និងល្បួងព្រះយេហូវ៉ា ព្រមទាំងប្រើកលល្បិចផ្សេងៗ ដើម្បីឱ្យព្រះយេហូវ៉ាប្រគល់យ៉ូបទៅឱ្យវា ដើម្បីពង្វក់ ធ្វើបាប និងវាយធ្វើទុក្ខឥតមេត្តា។ វាចង់ទាញយកប្រយោជន៍ពីឱកាសនេះ មកបំផ្លាញបុរសដែលជាមនុស្សសុចរិត និងគ្រប់លក្ខណ៍នៅចំពោះព្រះជាម្ចាស់ម្នាក់នេះ។ តើមកពីសន្ទុះចិត្តមួយគ្រាទេដឹង ទើបបណ្តាលឱ្យសាតាំងមានចិត្តបែបនេះ? ទេមិនមែនទេ។ ចរិតបែបនេះ គឺមានមកតាំងពីយូរហើយ។ នៅពេលព្រះជាម្ចាស់បំពេញកិច្ចការ យកព្រះទ័យទុកដាក់ចំពោះបុគ្គលណាម្នាក់ និងពិនិត្យពិច័យលើបុគ្គលនេះ ហើយនៅពេលដែលទ្រង់ពេញព្រះទ័យ និងយល់ព្រមចំពោះបុគ្គលនេះ សាតាំងក៏តាមយ៉ាងប្រកិត ដោយព្យាយាមបោកបញ្ឆោតបុគ្គលនោះ ហើយនាំគេទៅរកគ្រោះថ្នាក់។ ប្រសិនបើព្រះជាម្ចាស់សព្វព្រះទ័យចង់បានមនុស្សម្នាក់នោះ សាតាំងនឹងធ្វើអ្វីគ្រប់យ៉ាងតាមអានុភាពរបស់វា ដើម្បីរារាំងព្រះជាម្ចាស់ ដោយប្រើកលល្បិចអាក្រក់ជាច្រើនមកល្បួង រំខាន និងធ្វើឱ្យខូចកិច្ចការរបស់ព្រះជាម្ចាស់ដើម្បីសម្រេចគោលដៅលាក់កំបាំងរបស់វា។ តើគោលបំណងនេះជាអ្វី? វាមិនចង់ឱ្យព្រះជាម្ចាស់ទទួលបាននរណាម្នាក់ឡើយ។ វាចង់កញ្ឆក់យកអ្នកដែលព្រះជាម្ចាស់សព្វព្រះទ័យចង់ទទួលយក វាចង់គ្រប់គ្រងពួកគេ មើលខុសត្រូវលើពួកគេ ដើម្បីឱ្យពួកគេថ្វាយបង្គំវា និងដើម្បីឱ្យពួកគេចូលរួមប្រព្រឹត្តអំពើអាក្រក់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ជាមួយវាដែរ។ តើនេះមិនមែនជាបំណងចិត្ដអាក្រក់របស់សាតាំងទេឬអី? អ្នករាល់គ្នាច្រើនតែនិយាយថា សាតាំងសាហាវ សាតាំងអាក្រក់ ក៏ប៉ុន្តែ តើអ្នករាល់គ្នាធ្លាប់បានឃើញវាសាហាវនិងអាក្រក់បែបនោះទេ? អ្នកអាចមើលឃើញហើយថា មនុស្សជាតិអាក្រក់ប៉ុនណា តែអ្នកមិនអាចមើលឃើញថា សាតាំងអាក្រក់ប៉ុនណានោះទេ។ ក៏ប៉ុន្តែ ទាក់ទិននឹងរឿងរបស់យ៉ូប អ្នកបានសង្កេតឃើញយ៉ាងច្បាស់ហើយថា សាតាំងអាក្រក់ប៉ុនណានោះ។ បញ្ហានេះបានធ្វើឱ្យទឹកមុខអាក្រក់របស់សាតាំង និងសារជាតិមិនល្អរបស់វាបង្ហាញចេញមកយ៉ាងច្បាស់។ នៅក្នុងការធ្វើសង្គ្រាមជាមួយព្រះជាម្ចាស់ និងដេញតាមពីក្រោយព្រះអង្គ គោលបំណងរបស់សាតាំង គឺដើម្បីបំផ្លាញការងារទាំងអស់ ដែលព្រះជាម្ចាស់ចង់ធ្វើ ដើម្បីកាន់កាប់ និងត្រួតត្រាលើអ្នកដែលព្រះជាម្ចាស់ចង់បាន ដើម្បីលុបបំបាត់មនុស្សដែលព្រះជាម្ចាស់ចង់បានចោលឱ្យអស់ទៀតផង។ ប្រសិនបើពួកគេមិនត្រូវបានលុបបំបាត់ចោលទេ នោះពួកគេត្រូវក្លាយជាកម្មសិទ្ធិរបស់សាតាំង ដើម្បីឱ្យវាប្រើ នេះហើយគឺជាគោលបំណងរបស់វា។ ហើយតើព្រះជាម្ចាស់ង់ធ្វើអ្វីខ្លះ? ព្រះជាម្ចាស់មានបន្ទូលជាប្រយោគសាមញ្ញមួយនៅក្នុងបទគម្ពីរនេះ។ គ្មានកំណត់ត្រាអ្វីផ្សេងដែលព្រះជាម្ចាស់ធ្វើលើសពីនេះនោះឡើយ ក៏ប៉ុន្តែយើងឃើញថា មានកំណត់ត្រាជាច្រើនទៀត ទាក់ទងនឹងអ្វីដែលសាតាំងធ្វើ និងនិយាយ។ ក្នុងខគម្ពីរខាងក្រោមនេះ ព្រះយេហូវ៉ាសួរសាតាំងថា៖ «តើឯងមកពីណា?» តើចម្លើយរបស់សាតាំងឆ្លើយយ៉ាងម៉េច? (វានៅតែឆ្លើយដដែលថា៖ «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី»។) វានៅតែជាប្រយោគដដែល។ ពាក្យនេះបានក្លាយជាបាវចនា និងជានាមប័ណ្ណរបស់សាតាំងទៅហើយ។ ម្ដេចក៏ទៅជាបែបនេះ? តើសាតាំងមិនគួរឱ្យស្អប់ទេឬអី? ប្រាកដណាស់ ការនិយាយប្រយោគតែមួយលើក គឺវាល្មមនឹងគួរឱ្យស្អប់ខ្ពើមទៅហើយ។ ហេតុអ្វីបានជាសាតាំងនៅតែបន្តនិយាយពាក្យនេះ ម្តងហើយម្តងទៀត? នេះបង្ហាញពីរឿងមួយថា៖ និស្ស័យរបស់សាតាំងមិនផ្លាស់ប្តូរទេ។ សាតាំងមិនអាចប្រើពុតត្បុត មកលាក់មុខមាត់ដ៏អាក្រក់របស់វាបានទេ។ ព្រះជាម្ចាស់សួរវាមួយសំណួរ ហើយនេះជារបៀបដែលវាឆ្លើយតបមកវិញ។ ដោយសារតែបែបនេះ សូមយើងស្រមៃមើលថា វានឹងប្រព្រឹត្តចំពោះមនុស្សដោយរបៀបណា! សាតាំងមិនខ្លាចព្រះជាម្ចាស់ទេ វាមិនកោតខ្លាចព្រះជាម្ចាស់ ហើយក៏មិនស្តាប់បង្គាប់ព្រះអង្គផងដែរ។ វាហ៊ានធ្វើបែបនេះនៅចំពោះព្រះជាម្ចាស់ ដោយគ្មានខ្លាចក្រែងបន្តិចសោះ វាហ៊ានប្រើពាក្យដដែលនេះ មកផាត់សំណួររបស់ព្រះជាម្ចាស់ចោល វាហ៊ានប្រើចម្លើយដដែលៗ មកឆ្លើយនឹងសំណួររបស់ព្រះជាម្ចាស់ ព្រមទាំងព្យាយាមប្រើចម្លើយនេះផ្ចាញ់ផ្ចាលព្រះជាម្ចាស់ទៀតផង នេះហើយគឺជាមុខមាត់អាក្រក់របស់សាតាំង។ វាមិនជឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ មិនជឿលើសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយច្បាស់ជាមិនសុខចិត្តចុះចូលចំពោះអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ វាតែងតែប្រឆាំងនឹងព្រះជាម្ចាស់ជាប់ជានិច្ច តែងតែវាយប្រហារកិច្ចការដែលព្រះជាម្ចាស់ធ្វើជាប់ជានិច្ច ហើយព្យាយាមបំផ្លាញកិច្ចការគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើផងដែរ។ នេះជាគោលបំណងដ៏អាក្រក់របស់វា។

អត្ថបទទាំងពីរនៅក្នុងកណ្ឌគម្ពីរយ៉ូប ដែលកត់ត្រាពីសម្ដីនិងទង្វើរបស់សាតាំង តំណាងឱ្យការទាស់ទទឹងរបស់វាទៅនឹងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់។ ត្រង់ចំណុចនេះ សម្បុរពិតប្រាកដរបស់សាតាំង ក៏ត្រូវបានលាតត្រដាងចេញមក។ តើអ្នកធ្លាប់ឃើញពាក្យសម្ដី និងទង្វើរបស់សាតាំងនៅក្នុងជីវិតជាក់ស្ដែងដែរឬទេ? នៅពេលអ្នកបានឃើញ អ្នកអាចនឹងមិនគិតថា វាជាសម្ដីរបស់សាតាំងទេ តែផ្ទុយទៅវិញ អ្នកគិតថា វាជាសម្ដីរបស់មនុស្ស។ ពេលដែលមនុស្សនិយាយពាក្យសម្ដីបែបនេះចេញមក តើវាតំណាងឱ្យអ្វី? វាតំណាងឱ្យសាតាំងនេះឯង។ ទោះបីជាអ្នកសម្គាល់ដឹងពីពាក្យសម្ដីនោះក៏ដោយ ក៏អ្នកនៅតែមិនអាចដឹងបានថាតើពាក្យសម្ដីនោះពិតជាសាតាំងជាអ្នកនិយាយមែនឬអត់ណាស។ ក៏ប៉ុន្តែ នៅទីនេះនិងក្នុងពេលនេះ អ្នកបានឃើញយ៉ាងច្បាស់ពីអ្វីដែលសាតាំងផ្ទាល់បាននិយាយហើយ។ ឥឡូវ អ្នកមានការយល់ដឹងច្បាស់លាស់ពីមុខមាត់ដ៏គួរឱ្យខ្ពើមរបស់សាតាំង និងសេចក្ដីអាក្រក់របស់វាហើយ គឺច្បាស់ដូចជាកញ្ចក់អ៊ីចឹង។ ដូច្នេះ តើអត្ថបទទាំងពីរដែលសាតាំងបាននិយាយមកនេះ មានតម្លៃក្នុងការជួយមនុស្សជំនាន់នេះ ឱ្យទទួលបានការយល់ដឹងពីធម្មជាតិរបស់សាតាំងដែរទេ? តើអត្ថបទទាំងពីរនេះ ស័ក្ដិសមនឹងត្រូវចាំទុកឱ្យល្អ ដើម្បីឱ្យមនុស្សជាតិជំនាន់នេះ អាចស្គាល់ពីមុខមាត់ដ៏គួរឱ្យខ្ពើមរបស់សាតាំង ស្គាល់ពីមុខមាត់ដើមពិតប្រាកដរបស់វាដែរឬទេ? ទោះបីនេះហាក់ដូចជារឿងដែលមិនសមនឹងនិយាយក៏ដោយ ក៏បន្ទូលដែលបានសម្ដែងចេញមកទាំងអម្បាលម៉ាននេះ មិនអាចសម្ដែងចេញឱ្យច្បាស់ជាងនេះទៀតទេ។ ពិតណាស់ នេះគឺជាមធ្យោបាយតែមួយគត់ ដែលខ្ញុំអាចសម្ដែងចេញពីគំនិតនេះបាន ហើយឱ្យតែអ្នករាល់គ្នាអាចយល់បាន គឺមិនអីនោះទេ។ សាតាំងវាយប្រហារកិច្ចការដែលព្រះយេហូវ៉ាធ្វើ ម្ដងហើយម្ដងទៀត ដោយចោទប្រកាន់មកលើយ៉ូបក្នុងរឿងកោតខ្លាចដល់ព្រះយេហូវ៉ាដ៏ជាព្រះ។ សាតាំងប៉ុនប៉ងធ្វើគ្រប់វិធីដើម្បីអុចអាលព្រះយេហូវ៉ា ដោយព្យាយាមធ្វើយ៉ាងណាឱ្យព្រះយេហូវ៉ាអនុញ្ញាតឱ្យវាល្បងលយ៉ូប។ ហេតុនេះហើយទើបពាក្យសម្ដីរបស់វាមានលក្ខណៈអុចអាលខ្លាំងបែបនេះ។ ដូច្នេះ សាកប្រាប់ខ្ញុំមកមើល នៅពេលដែលសាតាំងនិយាយពាក្យទាំងនេះហើយ តើព្រះជាម្ចាស់អាចទតឃើញច្បាស់ពីអ្វីដែលសាតាំងចង់ធ្វើដែរឬទេ? (អាចទតឃើញ។) នៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ តើបុរសម្នាក់ឈ្មោះយ៉ូប ដែលព្រះជាម្ចាស់បានពិនិត្យពិច័យ ជាបាវបម្រើរបស់ព្រះជាម្ចាស់ ជាមនុស្សដែលព្រះជាម្ចាស់រាប់ជាសុចរិត និងជាមនុស្សគ្រប់លក្ខណ៍នោះ អាចទ្រាំទ្រនឹងការល្បួងប្រភេទនេះបានដែរឬទេ? (អាចទ្រាំបាន។) ហេតុអ្វីបានជាព្រះជាម្ចាស់ប្រាកដអំពីរឿងនេះខ្លាំងម៉្លេះ? តើព្រះជាម្ចាស់តែងតែពិនិត្យមើលដួងចិត្តរបស់មនុស្សមែនទេ? (មែនហើយ។) ដូច្នេះ តើសាតាំងអាចពិនិត្យមើលចិត្តរបស់មនុស្សបានដែរឬទេ? សាតាំងមិនអាចធ្វើបានទេ។ ទោះបីជាសាតាំងអាចមើលដឹងពីចិត្តរបស់អ្នកក៏ដោយ ក៏ធម្មជាតិអាក្រក់របស់វា នឹងមិនឱ្យវាជឿថា ភាពបរិសុទ្ធ គឺជាភាពបរិសុទ្ធ ឬថាភាពស្មោគគ្រោក គឺជាភាពស្មោគគ្រោកដែរ។ សាតាំងដ៏អាក្រក់នេះ មិនឱ្យតម្លៃទៅលើអ្វីដែលបរិសុទ្ធ សុចរិត ឬភ្លឺឡើយ។ សាតាំងមិនអាចធ្វើអ្វីបានក្រៅតែពីប្រព្រឹត្តតាមធម្មជាតិរបស់វា តាមសេចក្ដីអាក្រក់របស់វា និងតាមវិធីសាស្រ្តជាទម្លាប់របស់វា ទាំងមិនចេះនឿយហត់នោះឡើយ។ ទោះបីជាវាត្រូវព្រះជាម្ចាស់ដាក់ទោស ឬត្រូវបំផ្លាញក៏ដោយ ក៏វាមិនស្ទាក់ស្ទើរក្នុងការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ទាំងរឹងចចេសដែរ។ នេះគឺជាសេចក្ដីអាក្រក់ ហើយជាធម្មជាតិរបស់សាតាំង។ ដូច្នេះ ទើបនៅក្នុងអត្ថបទនេះ សាតាំងនិយាយថា៖ «ស្បែកសងដោយស្បែក ដ្បិតមនុស្សនឹងព្រមលះ‌បង់អ្វីគ្រប់យ៉ាង ដើម្បីឱ្យមានជីវិតរស់។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តរបស់ទ្រង់ទៅពាល់ឆ្អឹង និងសាច់របស់គាត់មើល៍ នោះគាត់នឹងដាក់បណ្ដាសាទ្រង់ នៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គមិនខាន»។ សាតាំងគិតថា មនុស្សកោតខ្លាចព្រះជាម្ចាស់ ដោយសារតែមនុស្សបានទទួលផលប្រយោជន៍ជាច្រើនពីព្រះជាម្ចាស់។ មនុស្សទទួលបានផលប្រយោជន៍ពីព្រះជាម្ចាស់ ដូច្នេះ ទើបគេនិយាយថា ព្រះជាម្ចាស់ល្អ ក៏ប៉ុន្តែ មិនមែនដោយសារព្រះជាម្ចាស់ល្អនោះទេ គឺគ្រាន់តែដោយសារមនុស្សទទួលបានផលប្រយោជន៍ច្រើនប៉ុណ្ណោះ ទើបបានជាគេអាចកោតខ្លាចព្រះជាម្ចាស់បែបនេះ។ ប្រសិនបើព្រះជាម្ចាស់ដកផលប្រយោជន៍របស់គេទាំងអស់ចេញវិញ នោះគេប្រាកដជាបោះបង់ចោលព្រះជាម្ចាស់ជាមិនខាន។ តាមធម្មជាតិអាក្រក់របស់សាតាំង វាមិនជឿថា ចិត្តមនុស្សអាចកោតខ្លាចព្រះជាម្ចាស់យ៉ាងពិតប្រាកដនោះទេ។ ដោយសារធម្មជាតិអាក្រក់របស់វានេះហើយ ទើបវាមិនដឹងថា អ្វីជាភាពបរិសុទ្ធ ក៏រឹតតែមិនដឹងថា អ្វីជាការគោរពកោតខ្លាចដែរ។ វាមិនដឹងថា អ្វីជាការស្តាប់បង្គាប់ព្រះជាម្ចាស់ ក៏មិនដឹងថាអ្វីជាការកោតខ្លាចព្រះជាម្ចាស់នោះដែរ។ ដោយសារតែវាមិនដឹងរឿងទាំងអស់នេះហើយ ទើបវាគិតថា មនុស្សក៏មិនអាចកោតខ្លាចដល់ព្រះជាម្ចាស់បានដែរ។ សូមប្រាប់ខ្ញុំមកមើល តើសាតាំងអាក្រក់មែនទេ? ក្រៅតែពីពួកជំនុំរបស់យើងចេញ គឺគ្មានសាសនានិងនិកាយផ្សេងៗឯណា ឬក្រុមសាសនា និងក្រុមសង្គមណាមួយ ជឿថាមានព្រះជាម្ចាស់ទេ។ ពួកគេរឹតតែមិនជឿថា ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមវិញ និងកំពុងបំពេញកិច្ចការនៃការជំនុំជម្រះឡើយ ដូច្នេះ ពួកគេគិតថា អ្វីដែលអ្នកជឿនោះ មិនមែនជាព្រះជាម្ចាស់ទេ។ មនុស្សគ្មានសីលធម៌ សម្លឹងមើលជុំវិញខ្លួនគេ ហើយចាត់ទុកមនុស្សគ្រប់គ្នាថាជាមនុស្សគ្មានសីលធម៌ដូចខ្លួនគេដែរ។ រីឯមនុស្សកុហក សម្លឹងមើលជុំវិញខ្លួនគេ ឃើញសុទ្ធតែភាពមិនស្មោះត្រង់ និងការភូតភរប៉ុណ្ណោះ។ មនុស្សអាក្រក់ យល់ឃើញថាមនុស្សគ្រប់គ្នាជាមនុស្សអាក្រក់ ហើយចង់តែវាយតប់នឹងមនុស្សណាដែលគេឃើញទេ។ មនុស្សដែលមានភាពស្មោះត្រង់ខ្លាំង យល់ឃើញថាមនុស្សគ្រប់គ្នាជាមនុស្សស្មោះត្រង់ ហេតុនេះទើបពួកគេតែងតែត្រូវគេបញ្ឆោត ត្រូវគេបោកប្រាស់ជានិច្ច ហើយពួកគេមិនអាចធ្វើអ្វីបានឡើយ។ ខ្ញុំលើកឧទាហរណ៍មួយចំនួនតូចនេះឡើង គឺដើម្បីឱ្យអ្នករាល់គ្នាកាន់តែជឿជាក់ថា៖ ធម្មជាតិអាក្រក់របស់សាតាំង មិនមែនជាសន្ទុះចិត្តតែមួយគ្រា ឬត្រូវបានកំណត់ឃើញតាមកាលៈទេសៈនោះទេ ក៏មិនមែនជាការបង្ហាញឱ្យឃើញជាបណ្តោះអាសន្ន ដែលកើតឡើងពីហេតុផល ឬកត្តាបរិបទណាមួយដែរ។ ច្បាស់ណាស់ គឺមិនមែនបែបនេះឡើយ! សាតាំងមិនអាចធ្វើអ្វីបានក្រៅតែពីបណ្ដោយតាមរបៀបនេះទេ! វាមិនអាចធ្វើអ្វីដែលល្អនោះទេ។ ទោះបីពេលវានិយាយអ្វីដែលពីរោះស្តាប់ក៏ដោយ ក៏វាគ្រាន់តែនិយាយដើម្បីលួងលោមអ្នកប៉ុណ្ណោះ។ កាលណាសម្ដីវាកាន់តែស្រទន់ កាន់តែពីរោះស្ដាប់ សម្ដីនោះកាន់តែមានល្បិចកល ហើយចេតនាអាក្រក់បង្កប់នៅក្នុងពាក្យសម្ដីទាំងនោះ ក៏មានកាន់តែច្រើនដែរ។ តាមរយៈអត្ថបទទាំងពីរនេះ តើសាតាំងបង្ហាញឱ្យឃើញពីមុខមាត់និងធម្មជាតិបែបណា? (ល្បិចកល ព្យាបាទ និងអាក្រក់។) ចរិតលក្ខណៈចម្បងរបស់សាតាំង គឺអាក្រក់។ សំខាន់ជាងគេនោះគឺ សាតាំងមានលក្ខណៈអាក្រក់ និងព្យាបាទគេ។

ឥឡូវនេះ យើងបានបញ្ចប់ការពិភាក្សាគ្នាអំពីសាតាំងហើយ យើងនាំគ្នាត្រលប់មកនិយាយអំពីព្រះជាម្ចាស់របស់យើងវិញម្តង។ ក្នុងអំឡុងពេលនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់នេះ មានព្រះបន្ទូលផ្ទាល់របស់ព្រះជាម្ចាស់តិចតួចណាស់ ដែលបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ ហើយព្រះបន្ទូលដែលបានកត់ត្រាទុកនោះ គឺសាមញ្ញណាស់។ ដូច្នេះ ចូរយើងចាប់ផ្តើមនិយាយពីដំបូងបង្អស់មកសិន។ ព្រះជាម្ចាស់បានបង្កើតមនុស្ស ហើយក៏បានដឹកនាំជីវិតមនុស្សជាតិតាំងពីពេលនោះមក។ មិនថាតាមរយៈការប្រទានព្រះពរដល់មនុស្សជាតិ ការបង្កើតក្រឹត្យវិន័យ និងបញ្ញត្តិនានាសម្រាប់មនុស្ស ឬការកំណត់ច្បាប់ផ្សេងៗសម្រាប់ជីវិតរស់នៅទេ តើអ្នករាល់គ្នាដឹងទេថាព្រះជាម្ចាស់បំពេញកិច្ចការទាំងអស់នេះក្នុងគោលបំណងអ្វី? ទីមួយ តើអ្នកអាចប្រាកដថា កិច្ចការទាំងអស់ដែលព្រះជាម្ចាស់ធ្វើ គឺសុទ្ធតែដើម្បីជាប្រយោជន៍មនុស្សជាតិដែរទេ? ចំពោះអ្នករាល់គ្នា បន្ទូលទាំងអស់នេះហាក់ដូចជាបន្ទូលដ៏មានព្រះចេស្ដាតែគ្មានន័យខ្លឹមសារអ៊ីចឹង ក៏ប៉ុន្តែនៅពេលពិនិត្យមើលឱ្យល្អិតល្អន់នៅក្នុងបន្ទូលទាំងនោះ តើមិនមែនគ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែមានបំណងដើម្បីដឹកនាំ និងតម្រង់មនុស្សឆ្ពោះទៅរកជីវិតរស់នៅបែបធម្មតាទេឬអី? មិនថាកិច្ចការនោះជាកិច្ចការនាំមនុស្សឱ្យគោរពតាមការគ្រប់គ្រងរបស់ទ្រង់ ឬគោរពតាមក្រឹត្យវិន័យរបស់ទ្រង់ទេ ក៏គោលបំណងរបស់ព្រះជាម្ចាស់មិនមែនដើម្បីឱ្យមនុស្សធ្លាក់ខ្លួនថ្វាយបង្គំសាតាំង និងត្រូវសាតាំងធ្វើបាបដែរ។ នេះជាចំណុចសំខាន់បំផុត ហើយក៏ជាកិច្ចការដែលបានធ្វើតាំងពីដើមដំបូងមកដែរ។ តាំងពីដើមដំបូងមក នៅពេលដែលមនុស្សមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏បង្កើតក្រឹត្យវិន័យ ក្បួនច្បាប់ និងបទបញ្ញត្តិងាយៗមួយចំនួនឡើង ដែលគ្រប់គ្រងលើបញ្ហានានាដែលអាចគិតយល់បាន។ បទបញ្ញត្តិទាំងនេះសាមញ្ញក៏ពិតមែន ក៏ប៉ុន្តែមានបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងនោះ។ ព្រះជាម្ចាស់ឱ្យតម្លៃ ពេញព្រះទ័យ និងស្រឡាញ់មនុស្សជាតិខ្លាំងណាស់។ ដូច្នេះ តើយើងអាចនិយាយបានទេថា ព្រះទ័យទ្រង់បរិសុទ្ធ? តើយើងអាចនិយាយបានទេថា ព្រះទ័យទ្រង់ល្អស្អាត? (បាន។) តើព្រះជាម្ចាស់មានបំណងអ្វីផ្សេងទៀតដែរឬទេ? (គ្មានទេ។) ដូច្នេះ តើគោលបំណងរបស់ទ្រង់ ត្រឹមត្រូវនិងល្អដែរឬទេ? នៅក្នុងអំឡុងពេលនៃកិច្ចការរបស់ព្រះជាម្ចាស់ គ្រប់ទាំងបទបញ្ញត្តិដែលទ្រង់បានបង្កើតមក សុទ្ធតែមានផលល្អដល់មនុស្ស ដោយដឹកនាំផ្លូវមនុស្ស។ ដូច្នេះ តើក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ មានគំនិតដែលគិតតែពីខ្លួនព្រះអង្គដែរឬទេ? បើនិយាយទាក់ទងនឹងមនុស្សវិញ តើព្រះជាម្ចាស់មានគោលបំណងផ្សេងទៀតដែរឬទេ? តើព្រះជាម្ចាស់ចង់ប្រើមនុស្សសម្រាប់គោលបំណងអ្វីផ្សេងទៀតដែរទេ? សូម្បីតែបន្តិចក៏គ្មានផង។ ព្រះជាម្ចាស់មានបន្ទូលបែបណា ទ្រង់ធ្វើបែបនោះហើយ ហើយព្រះបន្ទូលនិងសកម្មភាពរបស់ទ្រង់ដូចគ្នានឹងព្រះតម្រិះដែលមាននៅក្នុងព្រះទ័យទ្រង់ដែរ។ គ្មានទេគោលបំណងមិនស្អាតស្អំ គ្មានទេគំនិតអាត្មានិយម។ ព្រះអង្គមិនបានធ្វើកិច្ចការណាដើម្បីជាប្រយោជន៍ដល់អង្គទ្រង់ឡើយ។ គ្រប់កិច្ចការទាំងអស់ដែលព្រះអង្គធ្វើ គឺព្រះអង្គធ្វើដើម្បីមនុស្ស គ្មានគោលបំណងផ្ទាល់ព្រះអង្គឡើយ។ ទោះបីជាព្រះអង្គមានផែនការនិងបំណងសម្រាប់មនុស្សក៏ដោយ ក៏ក្នុងចំណោមផែនការនិងបំណងទាំងនោះ មិនមែនដើម្បីជាប្រយោជន៍សម្រាប់អង្គទ្រង់ផ្ទាល់នោះដែរ។ កិច្ចការគ្រប់យ៉ាងដែលព្រះអង្គធ្វើ គឺដើម្បីមនុស្សជាតិសុទ្ធសាធ ដើម្បីការពារមនុស្សជាតិ ដើម្បីកុំឱ្យមនុស្សជាតិវង្វេងផ្លូវ។ ដូច្នេះ តើព្រះទ័យរបស់ទ្រង់មិនមានតម្លៃទេឬអី? នៅក្នុងខ្លួនសាតាំង តើអ្នកអាចមើលឃើញដួងចិត្តដ៏មានតម្លៃបែបនេះសូម្បីតែបន្តិចដែរឬទេ? នៅក្នុងខ្លួនសាតាំង អ្នកមិនអាចមើលឃើញតម្រុយនៃដួងចិត្តបែបនេះសូម្បីតែបន្តិចណាឡើយ។ កិច្ចការគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ ត្រូវបានបើកសម្ដែងដោយឯកឯង។ ឥឡូវនេះ ចូរយើងក្រឡេកមើលពីរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់វិញម្ដង។ តើព្រះអង្គបំពេញកិច្ចការរបស់ទ្រង់យ៉ាងដូចម្តេច? តើព្រះជាម្ចាស់យកក្រឹត្យវិន័យនិងព្រះបន្ទូលទាំងអស់របស់ទ្រង់ ទៅចងរឹតក្បាលមនុស្សគ្រប់គ្នាយ៉ាងតឹងណែន ដូចជាបាលីកងរឹតក្បាល(ក) ដោយដាក់ឱ្យមនុស្សគ្រប់គ្នាអនុវត្តតាមមែនទេ? តើព្រះអង្គធ្វើការតាមរបៀបនេះមែនទេ? (អត់ទេ។) ដូច្នេះ តើព្រះជាម្ចាស់បំពេញកិច្ចការរបស់ទ្រង់ដោយរបៀបណា? តើព្រះអង្គគំរាមកំហែងមែនទេ? នៅពេលដែលព្រះអង្គមានបន្ទូលទៅកាន់អ្នករាល់គ្នា តើព្រះអង្គមានបន្ទូលត្រឡប់ត្រឡិនមែនទេ? (អត់ទេ។) នៅពេលដែលអ្នកមិនយល់ពីសេចក្ដីពិត តើព្រះជាម្ចាស់ដឹកនាំអ្នកយ៉ាងដូចម្តេច? ព្រះអង្គបញ្ចេញពន្លឺមកលើអ្នក ដោយប្រាប់អ្នកយ៉ាងច្បាស់ថា ការធ្វើបែបនេមិនស្របទៅនឹងសេចក្តីពិតទេ ហើយបន្ទាប់មក ទ្រង់ប្រាប់អ្នកពីអ្វីដែលអ្នកគួរធ្វើ។ តាមរបៀបដែលព្រះជាម្ចាស់បំពេញកិច្ចការនេះ តើអ្នកមានអារម្មណ៍ថា អ្នកមានទំនាក់ទំនងបែបណាជាមួយព្រះជាម្ចាស់? តើអ្នកមានអារម្មណ៍ថា ព្រះជាម្ចាស់ឆ្ងាយមិនអាចទៅដល់មែនទេ? (អត់ទេ។) ដូច្នេះ តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលអ្នកឃើញពីរបៀបដែលព្រះជាម្ចាស់បំពេញកិច្ចការ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាក់ស្ដែងណាស់ ហើយទំនាក់ទំនងរបស់ទ្រង់ជាមួយមនុស្សក៏ធម្មតាណាស់ដែរ។ ព្រះជាម្ចាស់គង់នៅជិតអ្នកបង្កើយ ហើយអ្នកក៏មិននៅឆ្ងាយពីព្រះអង្គដែរ។ នៅពេលដែលព្រះជាម្ចាស់ដឹកនាំអ្នក នៅពេលដែលព្រះអង្គទំនុកបម្រុងដល់អ្នក ជួយអ្នក និងគាំទ្រអ្នក នោះអ្នកនឹងដឹងថា ព្រះជាម្ចាស់គួរឱ្យស្រឡាញ់យ៉ាងណា និងគួរគោរពកោតខ្លាចប៉ុនណា។ អ្នកមានអារម្មណ៍ថា ព្រះអង្គពិតជាគួរឱ្យស្រឡាញ់ណាស់ អ្នកមានអារម្មណ៍កក់ក្តៅចំពោះទ្រង់។ ក៏ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់ស្តីបន្ទោសអ្នកដោយព្រោះតែសេចក្ដីពុករលួយ ឬនៅពេលដែលព្រះអង្គជំនុំជម្រះ និងប្រៀនប្រដៅអ្នក ព្រោះតែការបះបោរប្រឆាំងនឹងទ្រង់ តើព្រះអង្គប្រើវិធីណា? តើព្រះអង្គស្តីបន្ទោសអ្នកតាមរយៈព្រះបន្ទូលមែនទេ? តើទ្រង់ប្រៀនប្រដៅអ្នកតាមរយៈបរិស្ថានរស់នៅរបស់អ្នក និងតាមរយៈមនុស្ស កិច្ចការ និងរបស់ផ្សេងៗមែនទេ? (មែនហើយ។) តើព្រះជាម្ចាស់ប្រៀនប្រដៅអ្នកដល់កម្រិតណា? តើព្រះជាម្ចាស់ប្រៀនប្រដៅមនុស្សក្នុងកម្រិតដូចគ្នាដែលសាតាំងធ្វើបាបមនុស្សដែរទេ? (អត់ទេ ព្រះជាម្ចាស់ប្រៀនប្រដៅមនុស្សតែក្នុងកម្រិតដែលមនុស្សអាចស៊ូទ្រាំបានប៉ុណ្ណោះ។) ព្រះជាម្ចាស់បំពេញកិច្ចការក្នុងលក្ខណៈមួយដែលសុភាពរាបសា ទន់ភ្លន់ គួរឱ្យស្រឡាញ់ ប្រកបដោយការយកព្រះទ័យទុកដាក់ គឺក្នុងលក្ខណៈមួយដែលត្រូវបានគិតគូរហ្មត់ចត់ និងត្រឹមត្រូវបំផុត។ វិធីរបស់ទ្រង់ មិនបានជំរុញឱ្យអ្នកមានប្រតិកម្មតានតឹងក្នុងអារម្មណ៍ ដូចជាថា «ព្រះជាម្ចាស់ឱ្យខ្ញុំធ្វើរឿងនេះឱ្យបាន» ឬ «ព្រះជាម្ចាស់ឱ្យខ្ញុំធ្វើរឿងនោះឱ្យបាន» នោះទេ។ ព្រះជាម្ចាស់មិនធ្វើឱ្យអ្នកមានចិត្តឬអារម្មណ៍តានតឹង ដែលមិនអាចទ្រាំបាននោះឡើយ។ តើមែនទេ? សូម្បីតែនៅពេលដែលអ្នកទទួលយកព្រះបន្ទូលជំនុំជម្រះ និងព្រះបន្ទូលវាយផ្ចាលរបស់ព្រះជាម្ចាស់ក៏ដោយ តើពេលនោះអ្នកមានអារម្មណ៍យ៉ាងណាដែរ? នៅពេលដែលអ្នកដឹងពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ តើពេលនោះអ្នកនឹងមានអារម្មណ៍យ៉ាងណា? តើអ្នកមានអារម្មណ៍ថា ព្រះជាម្ចាស់ គឺជាព្រះនិងមិនអាចល្មើសបានមែនទេ? តើពេលនេះអ្នកមានអារម្មណ៍ថា អ្នកហើយនិងព្រះជាម្ចាស់ នៅឆ្ងាយពីគ្នាមែនទេ? តើអ្នកមានអារម្មណ៍ខ្លាចព្រះជាម្ចាស់ដែរទេ? អត់ទេ។ ផ្ទុយទៅវិញ អ្នកមានអារម្មណ៍គោរពកោតខ្លាចព្រះជាម្ចាស់ទៅវិញ។ តើនេះមិនមែនដោយសារកិច្ចការរបស់ព្រះជាម្ចាស់ទេឬអី ទើបធ្វើឱ្យមនុស្សមានអារម្មណ៍បែបនេះ? ប្រសិនបើសាតាំងជាអ្នកធ្វើការទាំងអស់នេះវិញ តើពួកគេនឹងមានអារម្មណ៍បែបនេះដែរទេ? មិនអាចជាដាច់ខាត។ ព្រះជាម្ចាស់ប្រើព្រះបន្ទូល សេចក្តីពិត និងជីវិតរបស់ទ្រង់ ដើម្បីទំនុកបម្រុង និងគាំទ្រដល់មនុស្សឥតឈប់ឈរ។ នៅពេលដែលមនុស្សទន់ខ្សោយ នៅពេលដែលមនុស្សមានអារម្មណ៍នឿយណាយចិត្ត នោះព្រះជាម្ចាស់នឹងមិនថ្លែងបន្ទូលគ្រោតគ្រាតថា៖ «កុំនឿយណាយចិត្តធ្វើអ្វី។ តើមានអ្វីដែលត្រូវនឿយណាយចិត្តទៅ? ហេតុអ្វីក៏ឯងទន់ជ្រាយបែបនេះ? តើមានមូលហេតុអ្វីដែលត្រូវទន់ជ្រាយទៅ? ឯងតែងទន់ជ្រាយមកជានិច្ច ហើយឯងក៏តែងអវិជ្ជមានគ្រប់ពេលដែរ! តើឯងរស់នៅបន្តទៀតមានប្រយោជន៍អ្វី? ស្លាប់ទៅវាល្អជាង!» តើព្រះជាម្ចាស់បំពេញកិច្ចការតាមរបៀបនេះមែនទេ? (អត់ទេ។) តើព្រះជាម្ចាស់មានសិទ្ធិអំណាចនឹងធ្វើទង្វើបែបនេះដែរឬទេ? ទ្រង់មានសិទ្ធិអំណាចនឹងធ្វើបែបនេះ។ ក៏ប៉ុន្តែ ព្រះជាម្ចាស់មិនធ្វើបែបនេះឡើយ។ មូលហេតុដែលព្រះជាម្ចាស់មិនធ្វើបែបនេះ គឺដោយសារតែសារជាតិរបស់ទ្រង់ គឺសារជាតិបរិសុទ្ធរបស់ទ្រង់។ សេចក្តីស្រឡាញ់របស់ទ្រង់ចំពោះមនុស្ស ការឱ្យតម្លៃ និងការបីបមថ្នមថ្នាក់របស់ព្រះអង្គចំពោះមនុស្ស មិនអាចសម្ដែងចេញមកឱ្យបានច្បាស់លាស់ត្រឹមតែពាក្យមួយប្រយោគ ឬពីរប្រយោគប៉ុណ្ណេះបានឡើយ។ សេចក្ដីនេះមិនមែនបានមកដោយការអួតអាងរបស់មនុស្សទេ ក៏ប៉ុន្តែ ត្រូវបានព្រះជាម្ចាស់នាំមកតាមរយៈការអនុវត្តជាក់ស្តែង ជាការបើកសម្តែងពីសារជាតិរបស់ព្រះជាម្ចាស់។ តើរបៀបដែលព្រះជាម្ចាស់បំពេញកិច្ចការទាំងអស់នេះ អាចធ្វើឱ្យមនុស្សមើលឃើញពីភាពបរិសុទ្ធរបស់ព្រះអង្គបានដែរឬទេ? របៀបគ្រប់យ៉ាងដែលព្រះជាម្ចាស់បំពេញកិច្ចការ រួមបញ្ចូលទាំងបំណងព្រះហឫទ័យល្អរបស់ទ្រង់ រួមបញ្ចូលទាំងផលដែលព្រះជាម្ចាស់ចង់សម្រេចបានលើមនុស្ស ប្រភេទនៃកិច្ចការដែលទ្រង់បំពេញ និងអ្វីដែលទ្រង់ចង់ឱ្យមនុស្សយល់ផងនោះ តើអ្នកមើលឃើញពីសេចក្ដីអាក្រក់ ឬការបោកបញ្ឆោតណាមួយ នៅក្នុងបំណងព្រះហឫទ័យល្អរបស់ព្រះអង្គដែរឬទេ? (អត់ទេ។) ដូច្នេះ ក្នុងកិច្ចការគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ បន្ទូលគ្រប់ព្រះឱស្ឋដែលព្រះជាម្ចាស់ថ្លែង រឿងគ្រប់យ៉ាងដែលព្រះអង្គព្រះតម្រិះក្នុងព្រះទ័យទ្រង់ ក៏ដូចជាគ្រប់សារជាតិរបស់ព្រះជាម្ចាស់ដែលទ្រង់បើកសម្ដែង តើយើងអាចហៅព្រះជាម្ចាស់ថាបរិសុទ្ធបានដែរឬទេ? (ហៅបាន។) តើមានមនុស្សណាម្នាក់ធ្លាប់បានឃើញពីភាពបរិសុទ្ធនេះនៅក្នុងលោកិយ ឬនៅក្នុងខ្លួនរបស់គេដែរឬទេ? ក្រៅពីព្រះជាម្ចាស់ តើអ្នកធ្លាប់ឃើញមានសារជាតិនេះនៅក្នុងខ្លួនមនុស្សណាម្នាក់ ឬនៅក្នុងខ្លួនសាតាំងទេ? (មិនអាចទេ។) តាមរយៈការពិភាក្សារបស់យើងរហូតមកដល់ពេលនេះ តើយើងអាចហៅព្រះជាម្ចាស់ថា ជាព្រះដ៏វិសេសឯក និងជាព្រះដ៏បរិសុទ្ធផ្ទាល់ព្រះអង្គបានដែរឬទេ? (បាន។) គ្រប់យ៉ាងដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស រួមទាំងព្រះបន្ទូលរបស់ទ្រង់ របៀបផ្សេងៗដែលព្រះជាម្ចាស់កែខៃមនុស្ស បន្ទូលដែលព្រះជាម្ចាស់ថ្លែងប្រាប់ដល់មនុស្ស រឿងដែលព្រះជាម្ចាស់រំឮកដល់មនុស្ស ព្រមទាំងអ្វីដែលទ្រង់ទូន្មាននិងលើកទឹកចិត្តផង ទាំងអស់នេះសុទ្ធតែមានប្រភពចេញពីសារជាតិតែមួយគឺ ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ប្រសិនបើគ្មានព្រះដ៏បរិសុទ្ធបែបនេះទេ គ្មានមនុស្សណាម្នាក់ អាចជំនួសកន្លែងទ្រង់ ដើម្បីធ្វើកិច្ចការដែលព្រះអង្គបំពេញនោះឡើយ។ បើព្រះជាម្ចាស់ប្រគល់មនុស្សទាំងនេះទៅឱ្យសាតាំងទាំងស្រុង តើអ្នករាល់ធ្លាប់គិតទេថា សព្វថ្ងៃនេះ អ្នករាល់គ្នានឹងស្ថិតក្នុងស្ថានភាពបែបណា? តើអ្នករាល់គ្នានឹងអង្គុយនៅទីនេះជុំគ្នាដោយសេរីបានទេ? តើអ្នកនឹងហ៊ានថា៖ «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី» ដែរទេ? តើអ្នកនឹងនិយាយពាក្យនេះដោយឥតអៀនខ្មាស ក្រអឺតក្រទម និងក្អេងក្អាងខ្លាំងបែបនេះទេ? តើអ្នកនឹងអួតអាងទាំងឥតគ្មានអៀនខ្មាសចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ដែរទេ? អ្នកមុខជាធ្វើបែបនោះមិនខាន មិនចាំបាច់សង្ស័យអ្វីសូម្បីតែបន្តិចឡើយ! ឫកពាររបស់សាតាំងចំពោះមនុស្ស ធ្វើឱ្យមនុស្សអាចមើលឃើញថា ធម្មជាតិនិងសារជាតិរបស់សាតាំង ខុសគ្នាទាំងស្រុងពីធម្មជាតិនិងសារជាតិរបស់ព្រះជាម្ចាស់។ តើសាតាំងមានសារជាតិអ្វីដែលផ្ទុយគ្នាពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់? (គឺសេចក្ដីអាក្រក់របស់សាតាំង។) ធម្មជាតិអាក្រក់របស់សាតាំង ផ្ទុយគ្នាពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ មូលហេតុដែលមនុស្សភាគច្រើន មិនដឹងពីការបើកសម្ដែងរបស់ព្រះជាម្ចាស់ និងសារជាតិនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺដោយសារតែពួកគេរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង នៅក្នុងសេចក្ដីពុករលួយរបស់សាតាំង និងនៅក្នុងការហ៊ុំព័ទ្ធរបស់សាតាំង។ ពួកគេមិនដឹងថា អ្វីជាភាពបរិសុទ្ធទេ ក៏មិនដឹងថាភាពបរិសុទ្ធនោះមានន័យដូចម្ដេចដែរ។ សូម្បីតែពេលដែលអ្នកយល់ពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកនៅតែមិនអាចកំណត់ថានេះជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ដោយប្រាកដបានដែរ។ ចំណេះដឹងរបស់មនុស្សអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ នៅមានចំណុចខ្វះខាត។

តើកិច្ចការរបស់សាតាំងលើមនុស្សមានចរិតលក្ខណៈអ្វីខ្លះ? អ្នកគួរតែអាចដឹងពីរឿងនេះបានតាមរយៈបទពិសោធផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា។ កិច្ចការនេះមានលក្ខណៈពិសេសជាគំរូរបស់សាតាំង ជាកិច្ចការដែលវាធ្វើម្តងហើយម្តងទៀត ជាកិច្ចការដែលវាព្យាយាមធ្វើជាមួយមនុស្សគ្រប់គ្នា។ ប្រហែលដោយសារអ្នកមិនអាចមើលឃើញពីលក្ខណៈពិសេសនេះបាន ម្ល៉ោះហើយទើបអ្នករាល់គ្នាមិនមានអារម្មណ៍ថា សាតាំងគួរឱ្យខ្លាច និងគួរស្អប់ខ្លាំងទេ។ តើមានអ្នកណាម្នាក់ដឹងថា លក្ខណៈពិសេសនេះជាអ្វីដែរទេ? (វាល្បួង លួងលោម និងបញ្ឆោតមនុស្ស។) ត្រឹមត្រូវហើយ។ លក្ខណៈពិសេសនេះត្រូវបង្ហាញឱ្យឃើញតាមរយៈវិធីមួយចំនួននេះឯង។ សាតាំងក៏និយាយបង្កាច់បង្ខូច វាយប្រហារ និងចោទប្រកាន់មនុស្សផងដែរ។ ចំណុចទាំងអស់នេះ សុទ្ធតែជាការបង្ហាញឱ្យឃើញពីលក្ខណៈរបស់វា។ តើមានចំណុចអ្វីផ្សេងទៀតដែរទេ? (វានិយាយកុហក។) ការបោកបញ្ឆោត និងការភូតភរ សាតាំងពូកែខ្លាំងបំផុត។ សាតាំងតែងធ្វើរឿងទាំងនេះជាញឹកញាប់។ ក៏មានផងដែរនូវការបញ្ជាមនុស្សឱ្យធ្វើការ ដោយញុះញង់ពួកគេ បង្ខំឱ្យពួកគេធ្វើរឿងផ្សេងៗ ប្រាប់ពួកគេថាត្រូវធ្វើអ្វី និងយកទ្រព្យសម្បត្តិពួកគេទាំងបង្ខំ។ ឥឡូវនេះ ខ្ញុំនឹងរៀបរាប់រឿងខ្លះប្រាប់ដល់អ្នករាល់គ្នា ដែលនឹងធ្វើឱ្យអ្នករាល់គ្នាភ័យបះសក់ ក៏ប៉ុន្តែ ខ្ញុំមិនមែននិយាយបែបនេះ ដើម្បីបំភ័យអ្នករាល់គ្នាទេ។ ព្រះជាម្ចាស់កែខៃមនុស្ស ស្រឡាញ់ថ្នាក់ថ្នមមនុស្ស ទាំងក្នុងអាកប្បកិរិយា និងក្នុងដួងព្រះហឫទ័យរបស់ទ្រង់។ ផ្ទុយទៅវិញ សាតាំងពុំបានស្រឡាញ់ថ្នាក់ថ្នមមនុស្សសោះឡើយ វាចំណាយពេលទាំងអស់គិតអំពីរបៀបធ្វើបាបមនុស្ស។ តើអញ្ចឹងមែនទេ? នៅពេលដែលវាកំពុងគិតអំពីការធ្វើបាបមនុស្ស តើសភាពចិត្តរបស់វាបន្ទាន់ខ្លាំងដែរទេ? (បន្ទាន់ខ្លាំង។) ដូច្នេះ ទាក់ទងនឹងកិច្ចការរបស់សាតាំងទៅលើមនុស្ស ខ្ញុំមានឃ្លាចំនួនពីរដែលអាចពណ៌នាបានយ៉ាងត្រឹមត្រូវពីសេចក្ដីអាក្រក់ និងការព្យាបាទរបស់សាតាំង ដែលអាចឱ្យអ្នករាល់គ្នាដឹងពីសេចក្ដីស្អប់របស់សាតាំងបាន៖ ក្នុងវិធីដែលសាតាំងប្រព្រឹត្តដាក់មនុស្ស វាតែងតែចង់គ្រប់គ្រងលើមនុស្សទាំងបង្ខំ និងចង់សណ្ឋិតក្នុងខ្លួនមនុស្សគ្រប់គ្នា រហូតដល់កម្រិតមួយដែលវាអាចគ្រប់គ្រងមនុស្សបានទាំងស្រុង និងអាចធ្វើបាបមនុស្សយ៉ាងព្រៃផ្សៃបាន ដើម្បីឱ្យវាអាចសម្រេចគោលដៅ និងបំពេញមហិច្ឆតាដ៏ធំរបស់វាបាន។ តើពាក្យ «ការគ្រប់គ្រងទាំងបង្ខំ» នេះ មានន័យដូចម្តេច? តើជារឿងដែលកើតឡើងដោយមានការព្រមព្រៀងពីអ្នក ឬគ្មានការព្រមព្រៀងពីអ្នកទេ? តើវាកើតឡើងដោយអ្នកបានដឹង ឬមិនដឹងទេ? ចម្លើយគឺ វាកើតឡើងដោយអ្នកមិនបានដឹងអ្វីទាល់តែសោះ! វាកើតឡើងនៅក្នុងស្ថានភាពដែលអ្នកមិនបានចាប់ភ្លឹក ឬប្រហែលវាមិនទាំងបាននិយាយ ឬធ្វើអ្វីមួយមកលើអ្នកផង គ្មានការសម្អាង គ្មានបរិបទទាល់តែសោះ។ នៅទីនោះ សាតាំងកំពុងតែឡោមព័ទ្ធ និងហ៊ុំគ្រងអ្នក។ វារកឱកាសដើម្បីកេងប្រវ័ញ្ចលើអ្នក ហើយបន្ទាប់មក វាក៏គ្រប់គ្រងអ្នកទាំងបង្ខំ ដើម្បីសម្រេចគោលបំណងរបស់វា នៅក្នុងការគ្រប់គ្រងលើអ្នកទាំងស្រុង រួចបង្កគ្រោះថ្នាក់ដល់អ្នក។ នេះគឺជាបំណង និងឥរិយាបថកើតមានញឹកញាប់បំផុតរបស់សាតាំង នៅពេលដែលវាខំប្រែងប្រជែងដណ្តើមមនុស្សពីព្រះជាម្ចាស់។ តើអ្នករាល់គ្នាមានអារម្មណ៍បែបណា ពេលអ្នករាល់គ្នាឮបែបនេះ? (មានអារម្មណ៍តក់ស្លត់ និងភ័យខ្លាចនៅក្នុងចិត្តរបស់យើង។) តើអ្នករាល់គ្នាមានអារម្មណ៍ស្អប់ខ្ពើមដែរឬទេ? (មាន។) នៅពេលដែលអ្នករាល់គ្នាមានអារម្មណ៍ស្អប់ខ្ពើមបែបនេះ តើអ្នករាល់គ្នាគិតថា សាតាំងគ្មានភាពអៀនខ្មាសមែនទេ? នៅពេលអ្នករាល់គ្នាគិតថា សាតាំងគ្មានភាពអៀនខ្មាស ដូច្នេះ តើអ្នករាល់គ្នាមានអារម្មណ៍ស្អប់ខ្ពើមមនុស្សទាំងឡាយដែលនៅជុំវិញខ្លួនអ្នករាល់គ្នា ដែលតែងតែចង់គ្រប់គ្រងអ្នករាល់គ្នា ដែលមានមហិច្ឆតាចង់បានឋានៈ និងផលប្រយោជន៍ខ្លាំង មែនទេ? (មែន។) ដូច្នេះ តើសាតាំងប្រើវិធីអ្វីខ្លះ ដើម្បីសណ្ឋិតលើខ្លួនមនុស្ស និងគ្រប់គ្រងមនុស្សទាំងបង្ខំ? តើអ្នករាល់គ្នាយល់ច្បាស់ពីបញ្ហានេះដែរឬទេ? នៅពេលអ្នកឮពាក្យទាំងពីរនេះ «ការគ្រប់គ្រងទាំងបង្ខំ» និង «ការសណ្ឋិត» អ្នកនឹងមានអារម្មណ៍ស្អប់ខ្ពើម ហើយអ្នកអាចដឹងអំពីសេចក្ដីអាក្រក់នៃពាក្យទាំងពីរនេះ។ សាតាំងសណ្ឋិតលើខ្លួនអ្នក គ្រប់គ្រងអ្នកទាំងបង្ខំ និងធ្វើឱ្យអ្នកពុករលួយ ទាំងគ្មានការយល់ព្រម ឬការដឹងឮពីអ្នកឡើយ។ តើអ្នកអាចភ្លក្សរសជាតិអ្វីខ្លះនៅក្នុងចិត្តរបស់អ្នក? តើអ្នកមានអារម្មណ៍ស្អប់ខ្ពើម និងជិនឆ្អន់ដែរឬទេ? (មាន។) នៅពេលដែលអ្នកមានអារម្មណ៍ស្អប់ខ្ពើម និងជិនឆ្អន់នឹងរបៀបរបស់សាតាំងនេះ តើអ្នកមានអារម្មណ៍បែបណាចំពោះព្រះជាម្ចាស់? (អារម្មណ៍ដឹងគុណ។) មានអារម្មណ៍ដឹងគុណចំពោះព្រះជាម្ចាស់ ដែលបានសង្រ្គោះអ្នក។ ដូច្នេះឥឡូវនេះ ពេលនេះ តើអ្នកមានបំណងប្រាថ្នា ឬសុខចិត្តឱ្យព្រះជាម្ចាស់កាន់កាប់ និងគ្រប់គ្រងអ្វីទាំងអស់ដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់អ្នកដែរឬទេ? (យល់ព្រម។) តើអ្នកឆ្លើយដូច្នេះក្នុងបរិបទណា? តើអ្នកឆ្លើយថា «យល់ព្រម» បែបនេះ ព្រោះតែអ្នកខ្លាចត្រូវសាតាំងគ្រប់គ្រងទាំងបង្ខំ និងសណ្ឋិតលើអ្នកមែនទេ? (មែន។) អ្នកមិនត្រូវមានចិត្តគំនិតបែបនេះទេ។ ចិត្តគំនិតបែបនេះមិនត្រឹមត្រូវឡើយ។ ចូរកុំខ្លាចធ្វើអ្វី ដ្បិតព្រះជាម្ចាស់គង់នៅទីនេះហើយ។ គ្មានអ្វីដែលត្រូវត្រូវខ្លាចនោះទេ។ នៅពេលដែលអ្នកបានយល់ពីសារជាតិអាក្រក់របស់សាតាំង អ្នកគួរតែមានការយល់ដឹងកាន់តែច្បាស់ ឬមានការស្រឡាញ់ពេញចិត្តកាន់តែខ្លាំងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ចំពោះបំណងព្រះហឫទ័យល្អរបស់ព្រះជាម្ចាស់ ព្រះទ័យក្ដួតអាណិតនិងសេចក្ដីត្រាប្រណីរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ក៏ដូចជានិស្ស័យសុចរិតរបស់ទ្រង់ផងដែរ។ សាតាំងគួរឱ្យស្អប់ណាស់។ បើបែបនេះហើយ នៅតែមិនជំរុញឱ្យអ្នកស្រឡាញ់ព្រះជាម្ចាស់ទៀត មិនជំរុញឱ្យអ្នកពឹងអាង និងទុកចិត្តលើព្រះជាម្ចាស់ទៀត ដូច្នេះ តើអ្នកជាមនុស្សប្រភេទណា? តើអ្នកសុខចិត្តឱ្យសាតាំងធ្វើបាបអ្នកបែបនេះមែនទេ? ក្រោយពីបានមើលឃើញពីសេចក្ដីអាក្រក់ និងសេចក្ដីទុច្ចរិតរបស់សាតាំងហើយ ឥឡូវយើងក៏ងាកមកមើលព្រះជាម្ចាស់វិញម្ដង។ តើពេលនេះ ចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ បានផ្លាស់ប្តូរហើយឬនៅ? តើយើងអាចនិយាយថា ព្រះជាម្ចាស់បរិសុទ្ធបានទេ? តើយើងអាចនិយាយថា ព្រះជាម្ចាស់គ្មានកំហុសសោះបានទេ? «ព្រះជាម្ចាស់ គឺជាព្រះដ៏បរិសុទ្ធតែមួយអង្គគត់»។ តើព្រះជាម្ចាស់ស័ក្ដិសមនឹងព្រះនាមមួយនេះដែរឬទេ? (ស័ក្តិសម។) ដូច្នេះ នៅក្នុងលោកិយនេះ និងក្នុងចំណោមរបស់សព្វសារពើ តើមិនមែនមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេឬ ដែលស័ក្ដិសមនឹងឱ្យមនុស្សយល់បែបនេះចំពោះព្រះអង្គនោះ? (មែនហើយ។) ដូច្នេះ តើព្រះជាម្ចាស់ប្រទានអ្វីដល់មនុស្សឱ្យប្រាកដទៅ? តើព្រះជាម្ចាស់ប្រទានការយកព្រះទ័យទុកដាក់ ព្រះទ័យព្រួយបារម្ភ និងព្រះទ័យគិតគូរដល់អ្នកតែបន្តិចបន្តួចប៉ុណ្ណេះ ដោយមិនឱ្យអ្នកដឹងឬមួយយ៉ាងណា? តើព្រះជាម្ចាស់បានប្រទានអ្វីខ្លះដល់មនុស្ស? ព្រះជាម្ចាស់បានប្រទានជីវិតដល់មនុស្ស ប្រទានគ្រប់យ៉ាងដល់មនុស្ស ហើយប្រទានអ្វីគ្រប់យ៉ាងដល់មនុស្សដោយគ្មានលក្ខខណ្ឌ ដោយគ្មានទាមទារអ្វីទាំងអស់ ដោយគ្មានគំនិតលាក់កំបាំងណាមួយឡើយ។ ព្រះអង្គប្រើសេចក្តីពិត ព្រះបន្ទូលទ្រង់ និងជីវិតរបស់ទ្រង់ ដើម្បីណែនាំ និងដឹកនាំមនុស្ស ដោយនាំមនុស្សគេចចេញពីការធ្វើបាបរបស់សាតាំង គេចចេញពីការល្បួង និងការបញ្ចុះបញ្ចូលរបស់សាតាំងទាំងអម្បាលម៉ាន ហើយឱ្យមនុស្សមើលឃើញយ៉ាងច្បាស់ពីធម្មជាតិអាក្រក់ និងមុខមាត់គួរឱ្យខ្ពើមរបស់សាតាំង។ តើសេចក្តីស្រឡាញ់ និងព្រះទ័យខ្វល់ព្រួយរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ពិតដែរឬទេ? តើអ្នករាល់គ្នាអាចដកពិសោធន៍ពីសេចក្ដីទាំងនេះបានដែរឬទេ? (បាន។)

សូមក្រឡេកមើលជីវិតរបស់អ្នករាល់គ្នារហូតមកដល់ពេលបច្ចុប្បន្ននេះចុះ មើលពីគ្រប់កិច្ចការដែលព្រះជាម្ចាស់បានធ្វើមកលើអ្នកនៅក្នុងអំឡុងពេលដែលអ្នកជឿព្រះចុះ។ មិនថាអារម្មណ៍របស់អ្នកប្រែប្រួលម្ដងជ្រៅម្ដងរាក់នោះទេ សួរថាតើនេះមិនមែនជារបស់ដែលចាំបាច់បំផុតសម្រាប់អ្នកទេឬអី? តើនេះមិនមែនជារបស់ដែលអ្នកត្រូវការខ្លាំងបំផុតទេឬអី? (ត្រូវការ។) តើនេះមិនមែនជាសេចក្ដីពិតទេឬអី? តើនេះមិនមែនជាជីវិតទេឬអី? (ជាសេចក្ដីនិងជាជីវិត។) នៅពេលព្រះជាម្ចាស់ប្រទានការបំភ្លឺដល់អ្នក តើព្រះអង្គធ្លាប់សុំអ្វីពីអ្នកជាថ្នូរនឹងអ្វីដែលព្រះអង្គបានប្រទានដល់អ្នកដែរឬទេ? (អត់ទេ។) ដូច្នេះ តើព្រះជាម្ចាស់មានគោលបំណងអ្វី? ហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើដូច្នេះ? តើព្រះជាម្ចាស់មានគោលបំណងគ្រប់គ្រងលើអ្នកដែរឬទេ? (គ្មានទេ។) តើព្រះជាម្ចាស់ចង់ឡើងសោយរាជ្យជាស្ដេចនៅក្នុងចិត្តរបស់មនុស្សដែរឬទេ? (ចង់។) ដូច្នេះ រវាងព្រះជាម្ចាស់ឡើងសោយរាជ្យជាស្ដេច និងការគ្រប់គ្រងទាំងបង្ខំរបស់សាតាំងមានភាពខុសគ្នាដែរទេ? ព្រះជាម្ចាស់ចង់យកឈ្នះចិត្តមនុស្ស ព្រះអង្គចង់កាន់កាប់ដួងចិត្តមនុស្ស។ តើមានន័យដូចម្តេច? តើនេះមានន័យថា ព្រះជាម្ចាស់ចង់ឱ្យមនុស្សក្លាយជាអាយ៉ងរបស់ទ្រង់ ឬក្លាយជាម៉ាស៊ីនរបស់ទ្រង់មែនទេ? (អត់ទេ។) ដូច្នេះ តើព្រះជាម្ចាស់មានបំណងអ្វី? រវាងព្រះជាម្ចាស់ដែលចង់កាន់កាប់ដួងចិត្តមនុស្ស និងសាតាំងដែលចង់គ្រប់គ្រងមនុស្សទាំងបង្ខំនិងចង់សណ្ឋិតលើខ្លួនមនុស្ស តើមានភាពខុសគ្នាដែរឬទេ? (មាន។) តើខុសប្លែកគ្នាត្រង់ណា? តើអ្នកអាចប្រាប់ខ្ញុំឱ្យច្បាស់បានទេ? (សាតាំងធ្វើវាដោយការបង្ខិតបង្ខំ ចំណែកឯព្រះជាម្ចាស់វិញ អនុញ្ញាតឱ្យមនុស្សស្ម័គ្រចិត្តដោយខ្លួនឯង។) តើនេះគឺជាភាពខុសគ្នាមែនទេ? នៅក្នុងដួងចិត្តអ្នក តើព្រះជាម្ចាស់មានប្រយោជន៍អ្វី? ហើយក្នុងការកាន់កាន់លើអ្នកនេះ តើព្រះជាម្ចាស់មានប្រយោជន៍អ្វី? នៅក្នុងចិត្តរបស់អ្នករាល់គ្នា តើអ្នករាល់គ្នាយល់យ៉ាងណាចំពោះពាក្យថា «ព្រះជាម្ចាស់កាន់កាប់លើដួងចិត្តមនុស្ស»? យើងត្រូវតែនិយាយអំពីព្រះជាម្ចាស់នៅត្រង់ចំណុចនេះឱ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ មនុស្សនឹងតែងយល់ច្រឡំជានិច្ច ហើយគិតថា៖ «ព្រះជាម្ចាស់តែងចង់កាន់កាប់ខ្ញុំជានិច្ច។ តើព្រះអង្គចង់កាន់កាប់ខ្ញុំដើម្បីអ្វី? ខ្ញុំមិនចង់ឱ្យគេកាន់កាប់ខ្ញុំឡើយ ខ្ញុំគ្រាន់តែចង់ធ្វើជាម្ចាស់លើខ្លួនឯងប៉ុណ្ណោះ។ អ្នកថាសាតាំងកាន់កាប់មនុស្ស ក៏ប៉ុន្តែ ព្រះជាម្ចាស់ក៏កាន់កាប់មនុស្សដូចគ្នាដែរ។ ទោះអ្នកណាកាន់កាប់ តើមិនដូចតែគ្នាទេឬអី? ខ្ញុំមិនចង់ឱ្យអ្នកណាម្នាក់កាន់កាប់ខ្ញុំឡើយ។ ខ្ញុំជាម្ចាស់ខ្លួនខ្ញុំ!» តើត្រង់ចំណុចនេះ មានភាពខុសគ្នាអ្វីដែរ? សាកគិតបន្តិចទៅមើល។ ខ្ញុំសូមសួរអ្នករាល់គ្នាចុះថា តើពាក្យថា «ព្រះជាម្ចាស់កាន់កាប់លើមនុស្ស» ជាពាក្យគ្មានន័យមែនទេ? តើព្រះជាម្ចាស់កាន់កាប់លើមនុស្ស មានន័យថា ព្រះអង្គគង់នៅក្នុងដួងចិត្តរបស់អ្នក ហើយគ្រប់គ្រងរាល់ពាក្យសម្ដី និងទង្វើរបស់អ្នកមែនទេ? ប្រសិនបើព្រះអង្គប្រាប់ឱ្យអ្នកអង្គុយ តើអ្នកហ៊ានឈរដែរទេ? ប្រសិនបើព្រះអង្គប្រាប់ឱ្យអ្នកទៅកើត តើអ្នកហ៊ានទៅលិចដែរទេ? តើពាក្យ «ការកាន់កាប់» នេះ សំដៅទៅលើពាក្យដែលមានន័យស្រដៀងនឹងឃ្លាខាងលើនេះមែនទេ? (ទេ មិនមែនទេ។ ព្រះជាម្ចាស់ចង់ឱ្យមនុស្សរស់នៅទៅតាមលក្ខណៈនិងកម្មសិទ្ធរបស់ទ្រង់។) ជាច្រើនឆ្នាំមកហើយដែលព្រះជាម្ចាស់បានគ្រប់គ្រងលើមនុស្ស ហើយនៅក្នុងកិច្ចការរបស់ទ្រង់លើមនុស្សរហូតមកដល់ដំណាក់កាលចុងក្រោយនេះ តើព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងមកទាំងអម្បាលម៉ាលនេះ បានសម្រេចផលអ្វីខ្លះដល់មនុស្សហើយ? តើនោះគឺមនុស្សរស់នៅតាមលក្ខណៈនិងកម្មសិទ្ធិរបស់ព្រះជាម្ចាស់មែនទេ? បើក្រឡេកមើលពីន័យត្រង់នៃពាក្យថា «ព្រះជាម្ចាស់កាន់កាប់ដួងចិត្តមនុស្ស» វិញ ហាក់ដូចជា ព្រះជាម្ចាស់យកដួងចិត្តមនុស្សមកកាន់កាប់ ហើយគង់នៅក្នុងនោះមិនព្រមចេញមក។ ព្រះអង្គក៏ក្លាយជាម្ចាស់នៃមនុស្ស ហើយអាចត្រួតត្រានិងរៀបចំដួងចិត្តមនុស្សទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ដូច្នេះ មនុស្សត្រូវតែធ្វើអ្វីតាមដែលព្រះជាម្ចាស់ប្រាប់គេឱ្យធ្វើ។ ក្នុងន័យនេះ ហាក់ដូចជាមនុស្សគ្រប់គ្នា សុទ្ធតែអាចក្លាយជាព្រះ និងសុទ្ធតែអាចមានសារជាតិនិងនិស្ស័យរបស់ទ្រង់បាន។ ដូច្នេះ ក្នុងករណីនេះ តើមនុស្សក៏អាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បានដែរមែនទេ? តើពាក្យ «ការកាន់កាប់» អាចពន្យល់តាមរបៀបនេះបានដែរឬទេ? (មិនបានទេ។) ដូច្នេះ តើន័យពិតនោះបែបណាវិញ? ខ្ញុំសូមសួរអ្នករាល់គ្នាថា៖ តើគ្រប់ទាំងព្រះបន្ទូល និងសេចក្តីពិត ដែលព្រះជាម្ចាស់ទំនុកបម្រុងដល់មនុស្ស គឺជាការបើកសម្ដែងពីសារជាតិរបស់ព្រះជាម្ចាស់ និងពីលក្ខណៈនិងកម្មសិទ្ធិរបស់ទ្រង់មែនទេ? (មែនហើយ។) នេះជាការពិត។ ក៏ប៉ុន្ដែ តើព្រះជាម្ចាស់ផ្ទាល់ព្រះអង្គចាំបាច់ត្រូវអនុវត្ត និងមានគ្រប់ទាំងព្រះបន្ទូលដែលព្រះអង្គទំនុកបម្រុងដល់មនុស្សដែរឬទេ? សាកគិតបន្តិចមើល។ នៅពេលព្រះជាម្ចាស់ជំនុំជម្រះមនុស្ស ហេតុអ្វីបានជាព្រះអង្គជំនុំជម្រះ? តើព្រះបន្ទូលទាំងនេះកើតមានឡើងយ៉ាងដូចម្តេច? នៅពេលដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្ស តើព្រះបន្ទូលដែលព្រះអង្គថ្លែងមក មានខ្លឹមសារអ្វីខ្លះ? តើផ្អែកលើអ្វីដែរ? តើផ្អែកទៅលើនិស្ស័យពុករលួយរបស់មនុស្សមែនទេ? (មែនហើយ។) ដូច្នេះ តើផលដែលសម្រេចបានពីការជំនុំជម្រះរបស់ព្រះជាម្ចាស់លើមនុស្ស ពឹងផ្អែកលើសារជាតិរបស់ព្រះជាម្ចាស់មែនទេ? (មែនហើយ។) ដូច្នេះ តើពាក្យ «ការកាន់កាប់លើមនុស្ស» របស់ព្រះជាម្ចាស់នេះ គឺជាឃ្លាគ្មានន័យមែនទេ? ច្បាស់ជាអត់ហើយ។ ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលបែបនេះទៅកាន់មនុស្ស? ក្នុងការដែលទ្រង់មានបន្ទូលបែបនេះ តើព្រះអង្គមានគោលបំណងអ្វី? តើព្រះអង្គ ចង់ប្រើពាក្យទាំងនេះធ្វើជាជីវិតមនុស្សមែនទេ? (មែនហើយ។) ព្រះជាម្ចាស់ចង់ប្រើសេចក្តីពិតទាំងអស់ ដែលទ្រង់បានថ្លែងមកតាមរយៈបន្ទូលទាំងនេះ មកធ្វើជាជីវិតរបស់មនុស្ស។ នៅពេលដែលមនុស្សទទួលយកសេចក្តីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះ ហើយបំផ្លាស់បម្រែវាទៅជាជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ពេលនោះ តើមនុស្សអាចស្តាប់បង្គាប់ព្រះជាម្ចាស់បានដែរឬទេ? ពេលនោះ តើមនុស្សអាចកោតខ្លាចដល់ព្រះជាម្ចាស់បានដែរឬទេ? តើមនុស្សអាចគេចចេញពីសេចក្ដីអាក្រក់បានដែរឬទេ? នៅពេលមនុស្សឈានដល់ចំណុចនេះ ពេលនោះ តើពួកគេអាចស្ដាប់បង្គាប់តាមអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់បានដែរឬទេ? ពេលនោះ តើមនុស្សអាចចុះចូលនឹងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បានដែរឬទេ? នៅពេលដែលមនុស្សដូចយ៉ូប ឬដូចពេត្រុស ឈានដល់ទីបញ្ចប់នៃជីវិតរបស់ពួកគាត់ នៅពេលដែលជីវិតរបស់ពួកគាត់អាចចាត់ទុកថាមានភាពចាស់ទុំ នៅពេលពួកគាត់មានការយល់ដឹងពិតប្រាកដអំពីព្រះជាម្ចាស់ ពេលនោះ តើសាតាំងនៅតែអាចនាំពួកគាត់ឱ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់បានទៀតទេ? ពេលនោះ តើសាតាំងនៅតែអាចកាន់កាប់ពួកគាត់បានទៀតទេ? តើសាតាំងនៅតែអាចសណ្ឋិតលើខ្លួនពួកគាត់ទាំងបង្ខំបានទៀតទេ? (មិនបានទេ។) ដូច្នេះ តើគេជាមនុស្សប្រភេទណា? តើគេជាមនុស្សដែលត្រូវព្រះជាម្ចាស់ទទួលយកទាំងស្រុងមែនទេ? (មែនហើយ។) នៅក្នុងន័យនេះ តើអ្នកយល់ឃើញបែបណាចំពោះប្រភេទមនុស្សដែលព្រះជាម្ចាស់បានទទួលយកទាំងស្រុងនេះ? តាមទស្សនៈរបស់ព្រះជាម្ចាស់ ក្នុងកាលៈទេសៈនេះ ព្រះអង្គបានកាន់កាប់ដួងចិត្តមនុស្សនេះរួចហើយ។ ក៏ប៉ុន្តែ តើបុគ្គលនេះមានអារម្មណ៍យ៉ាងណាដែរ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងផ្លូវរបស់ព្រះជាម្ចាស់ បានក្លាយជាជីវិតនៅក្នុងខ្លួនមនុស្ស ហើយជីវិតនេះបានកាន់កាប់រូបកាយទាំងមូលរបស់ពួកគេ ធ្វើឱ្យអ្វីៗទាំងអស់ដែលគេរស់នៅ ក៏ដូចជាសារជាតិរបស់គេផងនោះ គ្រប់គ្រាន់នឹងបំពេញតាមព្រះហឫទ័យព្រះជាម្ចាស់មែនទេ? តាមទស្សនៈរបស់ព្រះជាម្ចាស់ តើចិត្តមនុស្សជាតិនៅក្នុងពេលនេះ កំពុងត្រូវព្រះអង្គកាន់កាប់មែនទេ? (មែន។) ឥឡូវនេះ តើអ្នករាល់គ្នាយល់យ៉ាងដូចម្តេចដែរចំពោះអត្ថន័យនៅកម្រិតនេះ? តើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មែនទេ ដែលកាន់កាប់លើអ្នកនោះ? (មិនមែនទេ គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញទេ ដែលកាន់កាប់លើយើង។) គឺផ្លូវរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះហើយ ដែលបានក្លាយជាជីវិតរបស់អ្នក ហើយគឺសេចក្តីពិតនោះហើយ ដែលបានក្លាយជាជីវិតរបស់អ្នក។ នៅពេលនោះ មនុស្សនឹងមានជីវិតមកពីព្រះជាម្ចាស់ ក៏ប៉ុន្តែ យើងមិនអាចនិយាយថាជីវិតនោះ ជាជីវិតរបស់ព្រះជាម្ចាស់បានទេ។ និយាយម៉្យាងទៀត យើងមិនអាចនិយាយថា ជីវិតមនុស្សដែលបានមកអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាជីវិតរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ មិនថាមនុស្សដើរតាមព្រះជាម្ចាស់យូរប៉ុនណា មិនថាមនុស្សទទួលបានព្រះបន្ទូលពីព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ ក៏មនុស្សមិនអាចក្លាយជាព្រះបានដែរ។ ទោះបីថ្ងៃមួយ ព្រះជាម្ចាស់មានបន្ទូលថា៖ «ខ្ញុំបានកាន់កាប់ដួងចិត្តរបស់អ្នកហើយ ពេលនេះ អ្នកមានជីវិតរបស់ខ្ញុំហើយ» ពេលនោះ តើអ្នកនឹងមានអារម្មណ៍ថា អ្នកជាព្រះមែនទេ? (អត់ទេ។) ពេលនោះ តើអ្នកនឹងក្លាយជាអ្វីទៅ? តើអ្នកនឹងមិនមែនស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុងទេឬអី? តើដួងចិត្តរបស់អ្នកនឹងមិនពេញទៅដោយជីវិតដែលព្រះជាម្ចាស់បានប្រទានដល់អ្នកទេឬអី? នៅពេលដែលព្រះជាម្ចាស់កាន់កាប់ដួងចិត្តរបស់មនុស្ស នោះនឹងមានការបង្ហាញឱ្យឃើញដោយសាមញ្ញបែបនេះ។ នេះគឺជាការពិត។ ដូច្នេះ បើពិនិត្យមើលតាមទិដ្ឋភាពនេះ តើមនុស្សអាចក្លាយជាព្រះបានដែរឬទេ? នៅពេលដែលមនុស្សអាចរស់នៅតាមតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងក្លាយជាមនុស្សម្នាក់ដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ពេលនោះ តើមនុស្សអាចមានសារជាតិជីវិត និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់បានដែរឬទេ? មិនអាចជាដាច់ខាត។ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ចុងក្រោយ មនុស្សនៅតែជាមនុស្សដដែល។ អ្នកគឺជាភាវៈមួយដែលព្រះបានបង្កើតមក។ នៅពេលដែលអ្នកបានទទួលព្រះបន្ទូលពីព្រះជាម្ចាស់ និងបានទទួលយកផ្លូវរបស់ព្រះជាម្ចាស់ អ្នកគ្រាន់តែមានជីវិតដែលមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ អ្នកអាចក្លាយមនុស្សម្នាក់ដែលព្រះជាម្ចាស់បានលើកតម្កើង តែអ្នកនឹងមិនអាចមានសារជាតិជីវិតរបស់ព្រះជាម្ចាស់ ឬមានភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ឡើយ។

ឥឡូវនេះ យើងនឹងត្រលប់ទៅនិយាយពីប្រធានបទដែលយើងទើបនឹងបានពិភាក្សាគ្នាអម្បាញ់មិញវិញ។ ក្នុងអំឡុងការពិភាក្សានេះ ខ្ញុំបានសួរសំណួរអ្នករាល់គ្នាមួយថា តើអ័ប្រាហាំបរិសុទ្ធដែរឬទេ? តើយ៉ូបបរិសុទ្ធដែរឬទេ? (អត់ទេ។) «ភាពបរិសុទ្ធ» នេះ តំណាងឱ្យសារជាតិនិងនិស្ស័យរបស់ព្រះជាម្ចាស់ មនុស្សគ្មានឡើយ។ មនុស្សគ្មានសារជាតិនិងនិស្ស័យរបស់ព្រះជាម្ចាស់នោះទេ។ សូម្បីតែនៅពេលដែលមនុស្សបានដកពិសោធន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់ និងបានបំពាក់បំប៉នដោយសេចក្តីពិតនៃព្រះបន្ទូលទាំងនោះក្ដី ក៏មនុស្សនៅតែមិនអាចមានសារជាតិបរិសុទ្ធរបស់ព្រះជាម្ចាស់បានដែរ។ មនុស្សគឺជាមនុស្ស។ តើអ្នកយល់ដែរឬទេ? ដូច្នេះពេលនេះ តើអ្នករាល់គ្នាយល់យ៉ាងណាដែរចំពោះឃ្លាថា «ព្រះជាម្ចាស់កាន់កាប់ដួងចិត្តមនុស្ស» នេះ? (នោះគឺថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ផ្លូវរបស់ព្រះជាម្ចាស់ និងសេចក្តីពិតរបស់ទ្រង់បានក្លាយជាជីវិតរបស់មនុស្សហើយ។) អ្នកបានចងចាំពាក្យទាំងនេះល្អណាស់។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នា នឹងមានការយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀត។ មនុស្សខ្លះអាចនឹងសួរថា៖ «ចុះហេតុអ្វីបានជាថា អ្នកនាំសាររបស់ព្រះជាម្ចាស់ និងពួកទេវតា មិនបរិសុទ្ធ?» តើអ្នករាល់គ្នាគិតយ៉ាងណាដែរចំពោះសំណួរនេះ? ប្រហែលជាអ្នករាល់គ្នា មិនធ្លាប់បានគិតពីសំណួរនេះពីមុនមកទេ។ ខ្ញុំនឹងលើកឧទាហរណ៍សាមញ្ញមួយ៖ នៅពេលអ្នកបើកដំណើរការមនុស្សយន្ត វាអាចរាំក៏បាន និយាយក៏បាន ហើយអ្នកក៏អាចយល់ពីអ្វីដែលវាកំពុងនិយាយបានដែរ។ អ្នកអាចនិយាយថាមនុស្សយន្តនោះគួរឱ្យស្រលាញ់និងរស់រវើក ក៏ប៉ុន្តែ វានឹងមិនយល់អ្វីដែលអ្នកនិយាយទេ ព្រោះវាគ្មានជីវិត។ នៅពេលអ្នកផ្ដាច់ថាមពលផ្គត់ផ្គង់ដល់វា តើវានៅអាចធ្វើចលនាបានទៀតទេ? នៅពេលដែលបើកដំណើរការមនុស្សយន្តនោះ អ្នកអាចយល់ថា វាមានភាពរស់រវើក និងគួរឱ្យស្រលាញ់។ អ្នកវាយតម្លៃមនុស្សយន្តនោះ មិនថាវាមានប្រយោជន៍ឬគ្មានប្រយោជន៍នោះទេ ទោះក្នុងករណីណាក៏ដោយ ក៏អ្នកនៅតែអាចឃើញថាវាមានចលនាដែរ។ ក៏ប៉ុន្តែ នៅពេលដែលអ្នកបិទកុងតាក់ភ្លើងរបស់វា តើអ្នកអាចឃើញមានលក្ខណៈផ្ទាល់ខ្លួនណាមួយនៅក្នុងខ្លួនវាដែរទេ? តើអ្នកអាចឃើញវាមានសារជាតិបែបណាដែរឬទេ? តើអ្នកយល់ពីអ្វីដែលខ្ញុំកំពុងនិយាយនេះដែរឬទេ? និយាយទៅ ទោះបីជាមនុស្សយន្តនោះអាចផ្លាស់ទី និងអាចឈប់បានក៏ដោយ ក៏អ្នកមិនអាច និយាយថា វាមានសារជាតិបែបណាមួយនោះដែរ។ តើនេះមិនមែនជាការពិតទេឬអី? ឥឡូវនេះ យើងនឹងមិននិយាយអ្វីបន្ថែមទៀតអំពីបញ្ហានេះទេ។ គឺល្មមគ្រប់គ្រាន់សម្រាប់ឱ្យអ្នករាល់គ្នាមានការយល់ដឹងទូទៅអំពីអត្ថន័យនេះហើយ។ សូមបញ្ចប់ការប្រកបគ្នារបស់យើងត្រឹមនេះចុះ។ សូមជម្រាបលា!

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣

លេខយោង៖

(ក) «បាលីកងរឹតក្បាល» គឺជាបាលីមួយដែលលោកសង្ឃ ថាងសានចាង (ថាំងចេង) ប្រើនៅក្នុងខ្សែភាពយន្តចិនមួយដែលមានចំណងជើងថា «ដំណើរទៅទិសខាងលិច» (យុទ្ធសិល្ប៍ស៊ុនអ៊ូខុង)។ លោកសង្ឃថាងបានប្រើបាលីនេះ ដើម្បីគ្រប់គ្រងលើស៊ុនអ៊ូខុង ដោយរឹតបន្តឹងកងព័ទ្ធជុំវិញក្បាលវា ធ្វើឱ្យវាឈឺក្បាលខ្លាំងទ្រាំមិនបាន ដូច្នេះហើយទើបលោកសង្ឃថាងអាចគ្រប់គ្រងលើវាបាន។ ពាក្យនេះ ក៏ក្លាយជាពាក្យប្រៀបធៀបមួយ ដើម្បីពណ៌នាអំពីអ្វីមួយដែលចងមនុស្សជាប់រើមិនរួច។

ខាង​ដើម៖ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III

បន្ទាប់៖ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ