បុគ្គលម្នាក់ដែលទទួលបានសេចក្ដីសង្គ្រោះ គឺជាបុគ្គលដែលមានឆន្ទៈប្រតិបត្ដិតាមសេចក្ដីពិត

ភាពចាំបាច់នៃការដែលមានជីវិតជាពួកជំនុំដ៏ត្រឹមត្រូវ គឺតែងត្រូវបានគេលើកយកមកនិយាយនៅក្នុងសេចក្ដីអធិប្បាយ។ ដូចនេះ តើហេតុអ្វីបានជាជីវិតរបស់ពួកជំនុំនៅតែមិនទាន់បានប្រសើរឡើងនៅឡើយ និងនៅតែដូចពីមុនបែបនេះ? ហេតុអ្វីបានជាមិនមានមាគ៌ាជីវិតមួយដែលថ្មីស្រឡាង និងខុសប្លែកពីមុនទាំងស្រុងបែបនេះ? តើអាចជាការសាមញ្ញធម្មតាដែរឬទេ សម្រាប់មនុស្សក្នុងវ័យកៅសិបឆ្នាំ ទៅរស់នៅដូចជាអធិរាជមួយអង្គក្នុងយុគសម័យដ៏យូរលង់មកហើយនោះ? ទោះបីជាអ្វីដែលមនុស្សបច្ចុប្បន្ននេះ ហូបនិងផឹក ជាអាហារដ៏ឆ្ងាញ់ពិសារដែលមនុស្សជំនាន់មុនកម្រនឹងបានភ្លក់ក្ដី ក៏គ្មានអ្វីប្រែប្រួលជាដុំកំភួននៅក្នុងជីវិតរបស់ពួកជំនុំដែរ។ វាដូចជាការចាក់ស្រាចាស់ចូលទៅក្នុងដបថ្មីអ៊ីចឹង។ ដូច្នេះ តើមានប្រយោជន៍អ្វីដែលព្រះជាម្ចាស់មានបន្ទូលច្រើនបែបនេះ? ពួកជំនុំនៅកន្លែងភាគច្រើន មិនទាន់មានការប្រែប្រួលបន្ដិចសោះឡើយ។ ខ្ញុំបានឃើញការនេះដោយព្រះនេត្ររបស់ខ្ញុំផ្ទាល់ ហើយខ្ញុំក៏ដឹងច្បាស់នៅក្នុងព្រះហឫទ័យរបស់ខ្ញុំដែរ។ ទោះបីខ្ញុំមិនធ្លាប់ស្គាល់នូវជីវិតជាពួកជំនុំដោយផ្ទាល់ក្ដី ក៏ខ្ញុំស្គាល់ច្បាស់ពីស្ថានភាពនៃការជួបជុំគ្នារបស់ពួកជំនុំ ដូចខ្នងព្រះហស្ដរបស់ខ្ញុំដែរ។ ពួកគេមិនបានចម្រើនទៅមុខអ្វីច្រើននោះទេ។ ដូចដែលនិយាយពីមុនមកថា វាដូចជាការចាក់ស្រាចាស់ចូលទៅក្នុងដបថ្មីអ៊ីចឹង។ គ្មានអ្វីប្រែប្រួលឡើយ! នៅពេលនរណាម្នាក់ឃ្វាលពួកគេ ពួកគេក៏ឆេះឆួលឡើងដូចជាភ្លើង ប៉ុន្តែនៅពេលគ្មាននរណាម្នាក់នៅចាំគាំទ្រពួកគេ ពួកគេក៏ដូចជាដុំទឹកកក។ មានមនុស្សមិនច្រើនទេដែលអាចនិយាយពីរឿងដែលគួរប្រតិបត្ដិបាននោះ ហើយកម្រនឹងមានមនុស្សណាម្នាក់ដែលអាចដឹកនាំគេបានណាស់។ បើទោះជាសេចក្ដីអធិប្បាយខ្ពង់ខ្ពស់ប្រសើរក្ដី ក៏កម្រនឹងមាននរណាម្នាក់បានចូលក្នុងមាគ៌ានេះណាស់។ មានមនុស្សតិចតួចណាស់ដែលស្រឡាញ់ពេញចិត្តនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេសម្រក់ទឹកភ្នែកនៅពេលពួកគេទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមានចិត្ដរីករាយនៅពេលពួកគេទុកព្រះបន្ទូលនៅមួយឡែក ហើយនៅពេលពួកគេឃ្លាតចេញឆ្ងាយពីព្រះបន្ទូល ជីវិតពួកគេប្រែជាសោះកក្រោះ និងខ្វះនូវពន្លឺ។ និយាយឱ្យចំទៅ អ្នករាល់គ្នាមិនបានស្រឡាញ់ពេញចិត្តនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នកមិនដែលចាត់ទុកព្រះបន្ទូលសព្វថ្ងៃដែលចេញពីព្រះឱស្ឋរបស់ទ្រង់ផ្ទាល់ជាកំណប់ទ្រព្យឡើយ។ អ្នកគ្រាន់តែខ្វល់ចិត្តនៅពេលអានព្រះបន្ទូលរបស់ទ្រង់ ហើយមានអារម្មណ៍នឿយហត់នៅពេលទន្ទេញព្រះបន្ទូលប៉ុណ្ណោះ ហើយដល់ពេលត្រូវយកព្រះបន្ទូលនោះមកអនុវត្ដជាក់ស្ដែងវិញ គឺដូចជាការព្យាយាមរវៃស្នប់អណ្ដូងដោយប្រើរោមកន្ទុយសេះមួយសរសៃដើម្បីទាញវាអ៊ីចឹងដែរ ពោលគឹមិនថាអ្នកប្រឹងប្រែងទាញវាខ្លាំងប៉ុនណាទេ អ្នកមិនអាចមានកម្លាំងគ្រប់គ្រាន់ដើម្បីទាញវាបានឡើយ។ អ្នកតែងមានកម្លាំងកំហែងនៅពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែបែរជាភ្លេចភ្លាំងអស់នៅពេលអនុវត្តព្រះបន្ទូល។ តាមពិត ព្រះបន្ទូលទាំងនេះ មិនចាំបាច់ថ្លែងចេញមកដោយផ្ចិតផ្ចង់ និងថាម្ដងហើយម្ដងទៀតដោយអត់ធ្មត់នោះទេ។ ប៉ុន្ដែ ការដែលមនុស្សគ្រាន់តែស្ដាប់ដោយមិនបានយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកអនុវត្ដនោះ បានក្លាយជាឧបសគ្គចំពោះកិច្ចការរបស់ទ្រង់។ ខ្ញុំមិនអាចមិនលើករឿងនេះមកបានទេ ខ្ញុំមិនអាចមិនមានបន្ទូលអំពីរឿងនេះបានទេ។ ខ្ញុំត្រូវតម្រូវឱ្យធ្វើបែបនេះ មិនមែនដោយសារខ្ញុំសព្វព្រះហឫទ័យនឹងលាតត្រដាងពីចំណុចខ្សោយរបស់អ្នកដទៃនោះទេ។ អ្នករាល់គ្នាគិតថាការប្រតិបត្ដិរបស់អ្នក គឺប្រហែលជាល្មមគ្រប់គ្រាន់ហើយ ពោលគឺថា នៅពេលដែលការបើកសម្ដែងឈានដល់ចំណុចខ្ពស់បំផុត នោះការចូលរួមរបស់អ្នករាល់គ្នាក៏ដល់ចំណុចខ្ពស់បំផុតដែរមែនទេ? តើវាសាមញ្ញបែបនេះមែនទេ? អ្នករាល់គ្នាមិនដែលពិនិត្យពិច័យពីគ្រឹះដែលអ្នកកសាងបទពិសោធរបស់អ្នកមកនោះឡើយ! គិតត្រឹមពេលនេះ ការជួបជុំរបស់អ្នករាល់គ្នា ពិតជាមិនអាចហៅថាជាជីវិតពួកជំនុំដ៏ត្រឹមត្រូវបានឡើយ ហើយការជួបជុំគ្នាទាំងនេះ ក៏មិនអាចរាប់ជាជីវិតខាងព្រលឹងវិញ្ញាណដែលត្រឹមត្រូវបានដែរ។ វាគ្រាន់តែជាការជួបជុំគ្នានៃមនុស្សមួយក្រុមដែលចូលចិត្តជជែកគ្នាលេង និងច្រៀងរាំតែប៉ុណ្ណោះ។ បើនិយាយឱ្យច្បាស់លាស់ទៅ នៅក្នុងនោះ ពុំមានភាពពិតប្រាកដច្រើនឡើយ។ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ជាងនេះ ប្រសិនបើអ្នកមិនអនុវត្ដតាមសេចក្ដីពិតទេ តើភាពពិតប្រាកដនោះនៅទីណាវិញ? តើការដែលពោលថា អ្នកមានភាពពិតប្រាកដនោះ មិនមែនជាការអួតបំប៉ោងទេឬអី? អស់អ្នកដែលបំពេញកិច្ចការ តែងក្រអឺតក្រទម និងអួតអាង ដោយគ្មានឱកាសសម្រាប់ធ្វើការបណ្ដុះបណ្តាលឡើយ រីឯអស់អ្នកដែលស្ដាប់បង្គាប់ តែងនៅស្ងៀម និងចេះបន្ទាបខ្លួន។ មនុស្សណាដែលធ្វើកិច្ចការ ដែលមិនធ្វើអ្វីក្រៅតែពីការជជែកគ្នា នោះចេះតែបន្ដការនិយាយរបស់ពួកគេដោយសំឡេងឮទៅៗ ហើយអ្នកដើរតាមវិញ គ្រាន់តែស្ដាប់ចោលប៉ុណ្ណោះ។ គ្មានការបំផ្លាស់បំប្រែអ្វីដែលត្រូវលើកមកនិយាយឡើយ។ ទាំងអស់នេះ គ្រាន់តែជារបៀបរបបពីអតីតកាលប៉ុណ្ណោះ! សព្វថ្ងៃនេះ ការដែលអ្នកអាចចុះចូល និងមិនហ៊ានរំខាន ឬប្រព្រឹត្ដតាមអ្វីដែលអ្នកចង់នោះ គឺដោយសារការចូលមកដល់នៃបញ្ញតិរដ្ឋបាលរបស់ព្រះជាម្ចាស់។ វាមិនមែនជាការបំផ្លាស់បំប្រែដែលអ្នកបានឆ្លងកាត់តាមរយៈបទពិសោធនានានោះទេ។ ការពិតដែលអ្នកមិនហ៊ានធ្វើអ្វីដែលបំពានដល់បញ្ញត្ដិរដ្ឋបាលក្នុងពេលសព្វថ្ងៃនេះ គឺដោយសារតែកិច្ចការនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជះឥទ្ធិពលយ៉ាងពិតប្រាកដ និងបានយកឈ្នះលើមនុស្សរួចហើយ។ ខ្ញុំចង់សួរនរណាម្នាក់ថា៖ តើសមិទ្ធផលនាពេលបច្ចុប្បន្នរបស់អ្នកប៉ុន្មានដែលកើតចេញពីញើសឈាមនៃការខិតខំប្រឹងប្រែងរបស់អ្នក? តើមានសមិទ្ធផលប៉ុន្មានដែលព្រះជាម្ចាស់មានបន្ទូលប្រាប់អ្នកដោយផ្ទាល់? តើអ្នកនឹងឆ្លើយបែបណាដែរ? តើអ្នកនឹងស្រឡាំងកាំង ហើយនិយាយមិនចេញមែនទេ? ហេតុអ្វីបានជាអ្នកផ្សេងទៀតអាចនិយាយពីបទពិសោធជាក់ស្ដែងរបស់គេយ៉ាងច្រើន ដើម្បីជាអាហារទ្រទ្រង់ដល់អ្នក ចំណែកអ្នកវិញ បានត្រឹមទទួលទានអាហារណាដែលអ្នកដទៃចម្អិនតែប៉ុណ្ណោះ? តើអ្នកមិនមានអារម្មណ៍ខ្មាសអៀនទេឬ? អ្នករាល់គ្នាអាចនៅបន្ដពិនិត្យតាមដានរកការពិត ដោយពិនិត្យមើលអស់អ្នកដែលមានភាពល្អបង្គួរ៖ តើអ្នកយល់ពីសេចក្ដីពិតបានច្រើនប៉ុនណា? ហើយទីបំផុត តើអ្នកបានយកវាទៅអនុវត្ដបានច្រើនប៉ុនណាដែរ? តើនរណដែលអ្នកស្រឡាញ់ច្រើនជាងគេ ព្រះជាម្ចាស់ ឬខ្លួនឯង? តើអ្នកផ្ដល់ឱ្យគេញឹកញាប់ ឬក៏បានទទួលពីគេញឹកញាប់ជាង? នៅពេលអ្នកមានចេតនាមិនត្រឹមត្រូវ តើមានប៉ុន្មានដងហើយ ដែលអ្នកបានលះបង់នូវនិស្ស័យចាស់របស់អ្នកចោល និងបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? គ្រាន់តែសំណួរពីរបីនេះ នឹងធ្វើឱ្យមនុស្សជាច្រើនទ័លគំនិតទៅហើយ។ ចំពោះមនុស្សភាគច្រើន បើទោះបីជាគេដឹងថាចេតនារបស់គេមិនត្រឹមត្រូវក្ដី ក៏ពួកគេនៅតែធ្វើខុសទាំងដែលដឹងខ្លួនថាខុសដដែល ហើយពួកគេគ្មានកន្លែងណាដែលត្រូវលះបង់ខាងសាច់ឈាមរបស់ពួកគេឡើយ។ មនុស្សភាគច្រើន អនុញ្ញាតឱ្យអំពើបាបរីករាលដាលយ៉ាងលឿននៅក្នុងខ្លួនពួកគេ ដោយបណ្ដោយឱ្យអំពើបាបដឹកនាំគ្រប់សកម្មភាពទាំងអស់របស់គេ។ ពួកគេមិនអាចយកឈ្នះអំពើបាបរបស់ខ្លួនបាន ហើយពួកគេនៅបន្ដរស់នៅក្នុងអំពើបាប។ ដោយបានចូលមកដល់ដំណាក់កាលនេះ តើនរណានៅតែមិនដឹងថាខ្លួនឯងបានប្រព្រឹត្ដអំពើអាក្រក់ប៉ុន្មានដងមកហើយនោះ? ប្រសិនបើអ្នកនិយាយថា អ្នកមិនដឹង នោះមាត់អ្នកកំពុងតែពោលពាក្យកុហកហើយ។ និយាយដោយស្មោះត្រង់ចុះ នេះគឺដោយសារអ្នកគ្មានឆន្ទៈលះបង់នូវនិស្ស័យចាស់របស់ខ្លួនឯងចោល។ តើមានប្រយោជន៍អ្វីក្នុងការពោលពាក្យប្រែចិត្តជាច្រើនជា «ពាក្យចេញពីក្នុងចិត្ដ» តែឥតប្រយោជន៍នោះ? តើសេចក្ដីនេះជួយឱ្យអ្នករីកចម្រើននៅក្នុងជីវិតរបស់អ្នកដែរឬទេ? អាចនិយាយបានថា ការងារពេញម៉ោងរបស់អ្នក គឺត្រូវស្គាល់ខ្លួនឯង។ ខ្ញុំធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍តាមរយៈការចុះចូលរបស់ពួកគេ និងតាមរយៈការដែលពួកគេអនុវត្ដតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកប្រដាប់ខ្លួនដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចជាអ្នកស្លៀកសម្លៀកបំពាក់ដែរនោះ គឺគ្រាន់តែស្លៀកពាក់ឱ្យមើលទៅស្អាត និងទាក់ទាញតែប៉ុណ្ណោះ តើអ្នកមិនកំពុងតែបោកបញ្ឆោតខ្លួនឯង និងអ្នកដទៃទេឬអី? ប្រសិនបើអ្នកពូកែតែនិយាយ និងមិនដែលយកវាមកអនុវត្ដតាម តើអ្នកនឹងទទួលបានអ្វីខ្លះ?

មនុស្សជាច្រើនអាចនិយាយបានតិចតួចអំពីការអនុវត្ដ ហើយពួកគេអាចនិយាយពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ តែភាគច្រើន គឺជាការបំភ្លឺដែលចេញពីពាក្យសម្ដីរបស់អ្នកដទៃ។ ការនិយាយនេះ មិនមានបញ្ចូលនូវការអនុវត្ដផ្ទាល់ខ្លួនរបស់ពួកគេទាល់តែសោះ ហើយវាក៏មិនមានបញ្ចូលនូវអ្វីដែលគេមើលឃើញតាមបទពិសោធរបស់ពួកគេដែរ។ មុននេះ ខ្ញុំបានវិភាគល្អិនល្អន់ពីបញ្ហានេះហើយ។ ចូរកុំគិតថាខ្ញុំមិនដឹងអ្វីសោះនោះ។ អ្នកគ្រាន់តែជាខ្លាក្រដាសប៉ុណ្ណោះ តែអ្នកនិយាយពីការយកឈ្នះលើសាតាំង និយាយពីទីបន្ទាល់នៃជ័យជម្នះនានា និងនិយាយពីការស្ដែងចេញនូវរូបអង្គរបស់ព្រះជាម្ចាស់តាមរយៈការស់នៅ។ អ្វីទាំងអស់គឺអត់ប្រយោជន៍ទេ! តើអ្នកគិតថា ព្រះបន្ទូលទាំងអស់ដែលព្រះជាម្ចាស់បានថ្លែងសព្វថ្ងៃនេះ គឺសម្រាប់ឱ្យអ្នកស្ងើចសរសើរមែនឬ? មាត់របស់អ្នកពោលពីការលះបង់និស្ស័យចាស់របស់អ្នក និងការអនុវត្ដតាមសេចក្ដីពិត ប៉ុន្ដែដៃរបស់អ្នកកំពុងធ្វើនូវទង្វើផ្សេងទៀត ហើយដួងចិត្ដរបស់អ្នកកំពុងតែរៀបចំគ្រោងការផ្សេងទៅវិញ តើអ្នកជាមនុស្សប្រភេទណាទៅ? ហេតុអ្វីបានជាដួងចិត្ដ និងដៃរបស់អ្នកមិនស្របគ្នាដូច្នេះ? ការអធិប្បាយជាច្រើន បានក្លាយជាពាក្យឥតន័យខ្លឹមសារ។ តើមិនគួរឱ្យខូចព្រះហឫទ័យទេឬអី? ប្រសិនបើអ្នកមិនអាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ដបានទេ នោះបង្ហាញថា អ្នកមិនទាន់បានចូលក្នុងផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធត្រួសត្រាយឡើយ អ្នកមិនទាន់មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ្លួនឯងឡើយ ហើយអ្នកក៏មិនទាន់មាននូវការណែនាំរបស់ទ្រង់ដែរ។ ប្រសិនបើអ្នកពោលថា អ្នកបានត្រឹមតែយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែមិនអាចយកព្រះបន្ទូលនោះទៅអនុវត្ដបាន នោះអ្នកជាបុគ្គលដែលមិនស្រលាញ់សេចក្ដីពិតឡើយ។ ព្រះជាម្ចាស់មិនបានយាងមកដើម្បីសង្គ្រោះមនុស្សប្រភេទនេះឡើយ។ ព្រះយេស៊ូវបានរងទុក្ខវេទនាជាពន់ពេកនៅពេលទ្រង់ត្រូវគេឆ្កាង ដើម្បីសង្គ្រោះមនុស្សមានបាប ដើម្បីសង្គ្រោះមនុស្សក្រីក្រ និងដើម្បីសង្គ្រោះមនុស្សដែលចេះបន្ទាបខ្លួន។ ការជាប់ឆ្កាងរបស់ទ្រង់ គឺជាតង្វាយលោះបាប។ ប្រសិនបើអ្នកមិនអាចអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ អ្នកគួរចាកចេញឱ្យបានលឿនបំផុត។ ចូរកុំបង្អែរបង្អង់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ធ្វើជាពួកកេងប្រវ័ញ្ចឱ្យសោះ។ មនុស្សជាច្រើន គិតថាពិបាកនឹងបញ្ឈប់ខ្លួនឯងក្នុងការធ្វើរឿងដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយច្បាស់ៗណាស់។ តើពួកគេមិនមែនកំពុងទូលសុំសេចក្ដីស្លាប់ទេឬអី? តើពួកគេអាចនិយាយពីការចូលទៅក្នុងនគររបស់ព្រះជាម្ចាស់បានដោយរបៀបណា? តើពួកគេនឹងមានភាពអង់អាចដើម្បីមើលព្រះភក្ដ្ររបស់ព្រះជាម្ចាស់ដែរឬទេ? ការដែលទទួលទានអាហារដែលព្រះជាម្ចាស់ប្រទានឱ្យអ្នក ការធ្វើរឿងទុច្ចរិតដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ការព្យាបាទ ការបោកបញ្ឆោត និងការរៀបគម្រោងការសម្ងាត់ សូម្បីតែពេលដែលព្រះជាម្ចាស់អនុញ្ញាតឱ្យអ្នកអរសប្បាយនឹងព្រះពរដែលទ្រង់បានប្រទានដល់អ្នកក្ដី តើអ្នកមិនមានអារម្មណ៍រលាកដៃពេលអ្នកកំពុងទទួលយកព្រះពរទាំងនេះទេឬអី? តើអ្នកមិនមានអារម្មណ៍ថាមុខរបស់អ្នកប្រែជាក្រហមទេឬអី? ការដែលបានធ្វើអ្វីដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ការដែលនៅបន្ដគម្រោងការសម្ងាត់ដើម្បី «ធ្វើតាមចិត្តរបស់ខ្លួន» នោះ តើអ្នកមិនមានអារម្មណ៍ភ័យខ្លាចទេឬអី? ប្រសិនបើអ្នកមិនមានអារម្មណ៍អ្វីសោះ តើអ្នកអាចនិយាយពីអនាគតបានដោយរបៀបណា? សម្រាប់អ្នក គឺគ្មានអនាគតតាំងពីយូរណាស់មកហើយ ដូចនេះ តើអ្នកនៅរំពឹងចង់បានអ្វីជាដុំកំភួនទៀត? ប្រសិនបើអ្នកនិយាយអ្វីដែលគ្មានអៀនខ្មាស តែមិនមានអារម្មណ៍ស្ដីបន្ទោសដល់ខ្លួនឯង ហើយដួងចិត្ដរបស់អ្នកមិនដឹងខ្លួន ដូច្នេះ តើវាមិនមែនមានន័យថាព្រះជាម្ចាស់បានបោះបង់អ្នកទេឬអី? ការនិយាយ និងប្រព្រឹត្ដដោយបណ្ដែតបណ្ដោយមិនចេះទប់ បានក្លាយជាធម្មជាតិរបស់អ្នកទៅហើយ។ តើអ្នកអាចឱ្យព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ម្ដេចនឹងកើតទៅ? តើអ្នកនឹងអាចយកឈ្នះលើលោកិយនេះបានដែរឬទេ? តើអ្នកណានឹងជឿជាក់លើអ្នក? អស់អ្នកដែលស្គាល់ធម្មជាតិពិតរបស់អ្នក នឹងនៅឆ្ងាយពីអ្នក។ តើនេះមិនមែនជាការដាក់ទោសពីព្រះជាម្ចាស់ទេឬអី? សរុបមក ប្រសិនបើមានតែការនិយាយ តែគ្មានការអនុវត្ដនោះ ក៏គ្មានការរីកចម្រើនដែរ។ ទោះបីជាព្រះវិញ្ញាញបរិសុទ្ធអាចនឹងកំពុងធ្វើការនៅក្នុងខ្លួនឯង នៅពេលដែលអ្នកនិយាយក៏ដោយ តែបើអ្នកមិនអនុវត្ដទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងឈប់ធ្វើការ។ ប្រសិនបើអ្នកនៅបន្ដប្រព្រឹត្ដបែបនេះ តើអាចមានការនិយាយពីអនាគត ឬការថ្វាយខ្លួនឯងទាំងស្រុងចំពោះកិច្ចការរបស់ព្រះជាម្ចាស់ដូចម្ដេចបានទៅ? អ្នកគ្រាន់តែអាចនិយាយពីការថ្វាយខ្លួនរបស់អ្នកទាំងស្រុង តែអ្នកមិនទាន់បានថ្វាយសេចក្ដីស្រលាញ់ពិតប្រាកដរបស់អ្នកចំពោះព្រះជាម្ចាស់នៅឡើយទេ។ គ្រប់យ៉ាងដែលទ្រង់ទទួលបានពីអ្នក គឺភក្តីភាពចេញពីបបូរមាត់តែប៉ុណ្ណោះ។ ទ្រង់មិនបានទទួលនូវចេតនារបស់អ្នកក្នុងការអនុវត្ដសេចក្ដីពិតឡើយ។ តើនេះអាចជាកម្ពស់ពិតប្រាកដរបស់អ្នកដែរឬទេ? ប្រសិនបើអ្នកនៅតែបន្ដធ្វើបែបនេះ តើពេលណាទើបព្រះជាម្ចាស់ប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍ទៅ? តើអ្នកមិនមានអារម្មណ៍ខ្វល់ចិត្តអំពីអនាគតដ៏ងងឹតអាប់អួររបស់អ្នកទេឬអី? តើអ្នកមិនមានអារម្មណ៍ថា ព្រះជាម្ចាស់បានបាត់បង់ក្ដីសង្ឃឹមលើអ្នកទេឬអី? តើអ្នកមិនដឹងទេថា ព្រះជាម្ចាស់ចង់ប្រោសមនុស្សថ្មីៗជាច្រើនឱ្យបានគ្រប់លក្ខណ៍? តើរឿងពីមុនៗ អាចនៅបន្ដកើតមានដែរឬទេ? អ្នកមិនយកចិត្ដទុកដាក់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះទេ៖ តើអ្នកកំពុងរង់ចាំដល់ស្អែកមែនទេ?

ខាង​ដើម៖ នៅពេលដែលអ្នកយល់ដឹងអំពីសេចក្ដីពិត អ្នកគួរយកវាមកអនុវត្ត

បន្ទាប់៖ សេចក្ដីដែលអ្នកគង្វាលដ៏មានសមត្ថភាពគួរប្រដាប់ខ្លួន

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ