ហេតុអ្វីបានជាអ្នកមិនអាចធ្វើជាវត្ថុឆ្លុះបញ្ចាំងបាន?

អស់អ្នកដែលត្រូវបានយកឈ្នះ គឺជាវត្ថុឆ្លុះបញ្ចាំង ហើយមានតែបន្ទាប់ពីត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ ទើបមនុស្សក្លាយជាគំរូ និងជាភាគសំណាកនៃកិច្ចការនៅគ្រាចុងក្រោយ។ មុនពេលបញ្ចប់រួចរាល់ ពួកគេគឺជាវត្ថុឆ្លុះបញ្ចាំង ជាឧបករណ៍ ក៏ដូចជាវត្ថុសម្រាប់ការបម្រើផងដែរ។ អស់អ្នកដែលត្រូវបានព្រះជាម្ចាស់យកឈ្នះទាំងស្រុង គឺជាអ្នកដែលបង្ហាញយ៉ាងច្បាស់អំពីកិច្ចការគ្រប់គ្រងរបស់ទ្រង់ ក៏ដូចជាគំរូ និងជាពុម្ពគំរូផងដែរ។ ព្រះបន្ទូលទាំងនេះដែលខ្ញុំបានប្រើដើម្បីពិពណ៌នាអំពីមនុស្សបែបនេះ ប្រហែលជាមិនមានលក្ខណៈគួរឱ្យកត់សម្គាល់នោះទេ ប៉ុន្តែព្រះបន្ទូលទាំងនេះបានបើកសម្ដែងពីរឿងរ៉ាវដែលគួរឱ្យចាប់អារម្មណ៍ជាច្រើន។ អ្នករាល់គ្នាដែលមានសេចក្ដីជំនឿតិច នឹងឈ្លោះប្រកែកគ្នាលើងារដែលសាមញ្ញ រហូតដល់មុខរបស់អ្នកប្រែទៅជាក្រហម ហើយជួនកាល ទំនាក់ទំនងទៅជារងនូវការប្រេះស្រាំទៅវិញ។ ទោះបីជាវាគ្រាន់តែជាងារតូចតាចក៏ដោយ នៅក្នុងការគិត និងជំនឿរបស់អ្នករាល់គ្នា នេះមិនត្រឹមតែលើសពីងារដែលមិនចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែវាជាបញ្ហាសំខាន់ដែលទាក់ទងនឹងជោគវាសនារបស់អ្នករាល់គ្នា។ ដូច្នេះអស់អ្នកដែលមិនអាចដឹងបាន នឹងទទួលរងនូវការខាតបង់ដ៏ធំធេងចំពោះរឿងដ៏តូចតាចបែបនេះ ការនេះគឺសន្សំបានបន្ដិចបន្ដួច ប៉ុន្ដែមានការខាតបង់ច្រើនប៉ុណ្ណោះ។ ដោយព្រោះតែងារមិនសំខាន់មួយចំនួន អ្នករាល់គ្នានឹងរត់ចេញ ហើយមិនត្រឡប់មកវិញ។ នេះគឺដោយសារតែអ្នករាល់គ្នាមើលឃើញថាជីវិតគឺមិនសំខាន់ ហើយអ្នកដាក់តម្លៃច្រើនពេកលើឈ្មោះដែលអ្នករាល់គ្នាត្រូវគេហៅ។ ដូច្នេះ នៅក្នុងជីវិតខាងវិញ្ញាណរបស់អ្នករាល់គ្នា និងសូម្បីតែនៅក្នុងជីវិតជាក់ស្តែងរបស់អ្នករាល់គ្នា ក៏អ្នករាល់គ្នាតែងតែបង្កើតនូវរឿងរ៉ាវពិបាកយល់ និងប្លែកៗជាច្រើនដែរ ដោយសារតែសញ្ញាណរបស់អ្នករាល់គ្នាដែលទាក់ទងនឹងឋានៈ។ ប្រហែលជាអ្នករាល់គ្នានឹងមិនទទួលស្គាល់ការនេះទេ ប៉ុន្តែខ្ញុំនឹងមានបន្ទូលប្រាប់អ្នកថា មនុស្សបែបនេះពិតជាមាននៅក្នុងជីវិតពិត ទោះបីជាអ្នករាល់គ្នាមិនទាន់ត្រូវបានលាតត្រដាងជាលក្ខណៈបុគ្គលក៏ដោយ។ រឿងទាំងនេះបានកើតឡើងនៅក្នុងជីវិតនីមួយៗរបស់អ្នករាល់គ្នា។ ប្រសិនបើអ្នកមិនជឿលើវាទេ ចូរគ្រាន់តែមើលគំនូររឿងនៅខាងក្រោម អំពីជីវិតរបស់បងប្អូនស្រី (ឬបងប្អូនប្រុស) ម្នាក់។ វាអាចទៅរួចដែលថា តាមពិតទៅមនុស្សនោះគឺជាអ្នក ឬក៏ជានរណាម្នាក់ដែលអ្នកធ្លាប់ស្គាល់នៅក្នុងជីវិតរបស់អ្នក។ ប្រសិនបើខ្ញុំមិនច្រឡំទេ គំនូររឿងនេះ ពិពណ៌នាអំពីបទពិសោធមួយដែលអ្នកធ្លាប់ជួបប្រទះ។ គ្មានអ្វីដែលខ្វះនៅក្នុងការពិពណ៌នានោះទេ សូម្បីតែគំនិត ឬយោបល់ណាមួយក៏មិនត្រូវបានទុកចោលដែរ ប៉ុន្តែត្រូវបានកត់ត្រាទុកទាំងអស់អំពីការទាំងនោះនៅក្នុងសាច់រឿងនេះ។ ប្រសិនបើអ្នកមិនជឿទេ ចូរគ្រាន់តែអានវាសិនចុះ។

នេះគឺជាបទពិសោធតិចតួចមួយអំពី «មនុស្សខាងវិញ្ញាណ»។

នាងមានអារម្មណ៍ខ្វល់ខ្វាយ នៅពេលដែលនាងបានឃើញរឿងរ៉ាវជាច្រើន ដែលបងប្អូនប្រុសស្រីក្នុងក្រុមជំនុំបានធ្វើ ដែលមិនបានស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដូច្នេះនាងបានចាប់ផ្តើមស្តីបន្ទោសពួកគេ ដោយនិយាយថា៖ «អ្នករាល់គ្នាបានធ្វើការទុច្ចរិត! តើអ្នកគ្មានមនសិការទេឬអី? ហេតុអ្វីបានជាអ្នកធ្វើអ្វីៗដែលមិនចេះពិចារណាសោះអ៊ីចឹង? ហេតុអ្វីបានជាអ្នកមិនស្វែងរកនូវសេចក្ដីពិត ជំនួសឱ្យការធ្វើអ្វីដែលអ្នកពេញចិត្ត? ... ហើយខ្ញុំកំពុងនិយាយនិយាយរឿងនេះទៅកាន់អ្នករាល់គ្នា ប៉ុន្តែក្នុងពេលជាមួយគ្នា គឺខ្ញុំខ្លួនឯងដែលខ្ញុំស្អប់។ ខ្ញុំឃើញថា ព្រះជាម្ចាស់មានសេចក្ដីក្រោធជាខ្លាំង ហើយខ្ញុំមានអារម្មណ៍ឆេះឆួលនៅខាងក្នុងខ្លួនខ្ញុំ។ ខ្ញុំពិតជាមានឆន្ទៈក្នុងការអនុវត្តនូវកិច្ចការដែលព្រះជាម្ចាស់បានប្រគល់ឱ្យខ្ញុំ ហើយខ្ញុំពិតជាចង់បម្រើដល់អ្នករាល់គ្នាខ្លាំងណាស់។ គ្រាន់តែថាឥឡូវនេះ ខ្ញុំឥតមានកម្លាំងទេ។ ព្រះជាម្ចាស់បានលះបង់ពេលវេលាច្រើនណាស់មកលើយើង ហើយបានមានព្រះបន្ទូលជាច្រើន ប៉ុន្តែយើងនៅតែដដែល។ ក្នុងចិត្តរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាខ្ញុំជំពាក់គុណព្រះជាម្ចាស់ច្រើនខ្លាំងណាស់...។» (នាងបានចាប់ផ្តើមយំ មិនអាចបន្តការនិយាយតទៀត)។ បន្ទាប់មក នាងបានចាប់ផ្តើមអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ! ខ្ញុំម្ចាស់សូមអង្វរទ្រង់ប្រទានកម្លាំងដល់ទូលបង្គំ ហើយពាល់ចិត្តខ្ញុំម្ចាស់ លើសជាងអ្វីដែលទ្រង់ធ្លាប់បានធ្វើពីមុន ហើយសូមឱ្យព្រះវិញ្ញាណរបស់ទ្រង់ធ្វើកិច្ចការនៅក្នុងខ្ញុំម្ចាស់។ ខ្ញុំម្ចាស់មានឆន្ទៈសហការជាមួយទ្រង់។ ដរាបណាទ្រង់ទទួលបានសិរីល្អនៅចុងបញ្ចប់ ខ្ញុំម្ចាស់មានឆន្ទៈលះបង់ខ្លួនឯងទាំងអស់ថ្វាយដល់ទ្រង់ ទោះបីវាមានន័យថាទូលបង្គំត្រូវលះបង់ជីវិតរបស់ខ្ញុំម្ចាស់ក៏ដោយ។ យើងសូមថ្វាយនូវការសរសើរដ៏អស្ចារ្យ ដើម្បីឱ្យបងប្អូនប្រុសស្រីរបស់យើងអាចច្រៀង និងរាំដោយអំណរ ដើម្បីសរសើរដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ លើកតម្កើងទ្រង់ឡើង សម្ដែងពីទ្រង់ តាំងកិច្ចការរបស់ទ្រង់ឡើងថាជាការពិត ហើយផ្តល់គ្រប់ទាំងការយកចិត្តទុកដាក់ទៅលើទ្រង់ ចំពោះបន្ទុកដែលទ្រង់រែកពន់...។» នាងបានអធិស្ឋានយ៉ាងអស់ពីចិត្តតាមរបៀបនេះ ហើយព្រះវិញ្ញាណបរិសុទ្ធពិតជាបានដាក់បន្ទុកដល់នាងមែន។ ក្នុងអំឡុងពេលនេះ នាងទទួលបន្ទុកយ៉ាងពិសេស ហើយនាងចំណាយពេលក្នុងការអាន សរសេរ និងស្តាប់ពេញមួយថ្ងៃ។ នាងមានសភាពមមាញឹកតាមដែលអាចធ្វើទៅបាន។ សភាពខាងឯវិញ្ញាណរបស់នាង គឺល្អប្រសើរបំផុត ហើយនៅក្នុងចិត្តនាង នាងតែងតែស្វាហាប់ និងមានបន្ទុកជានិច្ច។ ពីមួយពេលទៅមួយពេល នាងបានចុះខ្សោយ និងអស់កម្លាំងពីខ្លួន ប៉ុន្តែមិនយូរប៉ុន្មាន នាងមានសភាពធម្មតាឡើងវិញ។ បន្ទាប់ពីមួយរយៈមក នាងមានការរីកចម្រើនយ៉ាងឆាប់រហ័ស នាងអាចទទួលបានការយល់ដឹងខ្លះៗពីព្រះបន្ទូលជាច្រើនរបស់ព្រះជាម្ចាស់ ហើយនាងក៏បានរៀនច្រៀងទំនុកតម្កើងបានយ៉ាងលឿនផងដែរ។ ជារួម សភាពខាងវិញ្ញាណរបស់នាងគឺល្អប្រសើរបំផុត។ នៅពេលនាងឃើញថាមានការជាច្រើននៅក្នុងក្រុមជំនុំ ដែលមិនស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នាងមានការខ្វល់ខ្វាយ ហើយស្ដីបន្ទោសដល់បងប្អូនប្រុសស្រីរបស់នាងថា៖ «តើនេះជាការលះបង់ចំពោះភារកិច្ចរបស់អ្នកឬ? ហេតុអ្វីបានជាអ្នកមិនអាចសូម្បីតែលះបង់តិចតួចបែបនេះ? ប្រសិនបើអ្នករាល់គ្នាមិនចង់ធ្វើវាទេ ខ្ញុំនឹងធ្វើ...។»

នៅពេលនាងមានបន្ទុក នាងមានអារម្មណ៍កាន់តែរឹងមាំនៅក្នុងជំនឿរបស់នាង ដ្បិតព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការកាន់តែច្រើន។ ម្តងម្កាលនាងជួបប្រទះការលំបាកខ្លះៗ ហើយត្រឡប់ជាមានភាពអវិជ្ជមាន តែនាងអាចយកឈ្នះការទាំងនេះបាន។ នោះគឺសូម្បីតែនៅពេលដែលស្ថានភាពរបស់នាងអស្ចារ្យក៏ដោយ ក៏នាងនៅតែមិនអាចចៀសផុតពីការជួបប្រទះនូវភាពលំបាក ឬភាពកំសោយណាមួយដែរ នៅពេលដែលនាងបានទទួលបទពិសោធអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ រឿងបែបនេះកើតឡើងដោយចៀសមិនរួចឡើយ ប៉ុន្តែមិនយូរប៉ុន្មាន នាងក៏អាចចេញពីសភាពទាំងនោះបាន។ នៅពេលដែលនាងទទួលបទពិសោធអំពីភាពទន់ខ្សោយ នាងនឹងអធិស្ឋាន ហើយនឹងមានអារម្មណ៍ថាកម្ពស់ខ្លួននាងផ្ទាល់ពិតជាមិនមានសមត្ថភាពគ្រប់គ្រាន់ទេ ប៉ុន្តែនាងមានឆន្ទៈសហការជាមួយព្រះជាម្ចាស់វិញ។ មិនថាព្រះជាម្ចាស់បានធ្វើយ៉ាងដូចម្ដេចទេ នាងមានឆន្ទៈបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ ហើយស្ដាប់បង្គាប់តាមគ្រប់ការរៀបចំទាំងអស់របស់ទ្រង់។ មានមនុស្សមួយចំនួនដែលមានយោបល់ និងបុរេនិយច្ឆ័យជាក់លាក់អំពីនាង ប៉ុន្តែនាងអាចដាក់ខ្លួនទៅម្ខាង ហើយចូលរួមប្រកបយ៉ាងស្និទ្ធស្នាលជាមួយពួកគេ។ នេះគឺជាអ្វីដែលជាសភាពរបស់មនុស្ស នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធកំពុងតែបំពេញកិច្ចការធម្មតារបស់ទ្រង់។ បន្ទាប់ពីពេលវេលាជាក់លាក់មួយ កិច្ចការរបស់ព្រះជាម្ចាស់ចាប់ផ្តើមមានការផ្លាស់ប្តូរ ហើយមនុស្សទាំងអស់បានចូលទៅក្នុងជំហានកិច្ចការមួយទៀត ដែលព្រះជាម្ចាស់មានសេចក្ដីតម្រូវផ្សេងគ្នាពីពួកគេ។ ដូច្នេះ មានព្រះបន្ទូលថ្មីដែលបានមានបន្ទូលជាសេចក្ដីតម្រូវថ្មីពីមនុស្ស៖ «... ខ្ញុំមានតែសេចក្ដីសម្អប់សម្រាប់អ្នករាល់គ្នាប៉ុណ្ណោះ គឺមិនដែលប្រទានពរទេ។ ខ្ញុំមិនដែលមានព្រះតម្រិះថាចង់ប្រទានព្រះពរដល់អ្នករាល់គ្នាទេ ហើយខ្ញុំក៏មិនដែលគិតថាធ្វើឱ្យអ្នករាល់គ្នាបានពេញខ្នាតដែរ ដ្បិតអ្នករាល់គ្នាបះបោរខ្លាំងពេក។ ដោយព្រោះតែអ្នករាល់គ្នាមានភាពទុច្ចរិត និងបោកបញ្ឆោត ហើយដោយព្រោះតែអ្នករាល់គ្នាខ្វះនូវគុណសម្បត្តិល្អ ហើយអ្នកមានកម្ពស់ទាប អ្នករាល់គ្នាមិនដែលស្ថិតនៅក្នុងក្រសែព្រះនេត្ររបស់ខ្ញុំ ឬនៅក្នុងព្រះហឫទ័យរបស់ខ្ញុំឡើយ។ កិច្ចការរបស់ខ្ញុំត្រូវបានធ្វើរួចរាល់ ដោយបំណងព្រះហឫទ័យតែមួយគត់ដើម្បីថ្កោលទោសអ្នករាល់គ្នា ព្រះហស្ដខ្ញុំមិនដែលឃ្លាតឆ្ងាយពីអ្នករាល់គ្នា ហើយការវាយផ្ចាលរបស់ខ្ញុំក៏មិនដែលនៅឆ្ងាយពីអ្នករាល់គ្នាដែរ។ ខ្ញុំបានបន្តជំនុំជម្រះ និងដាក់បណ្តាសាអ្នករាល់គ្នា។ ដោយព្រោះតែអ្នករាល់គ្នាមិនយល់ពីខ្ញុំ សេចក្ដីក្រោធរបស់ខ្ញុំតែងតែមានលើអ្នករាល់គ្នាជានិច្ច។ ទោះបីខ្ញុំតែងតែធ្វើការក្នុងចំណោមអ្នករាល់គ្នាជានិច្ចក៏ដោយ ក៏អ្នករាល់គ្នាគួរតែដឹងអំពីអាកប្បកិរិយារបស់ខ្ញុំចំពោះអ្នករាល់គ្នាដែរ។ វាមិនជាអ្វីទេ ប៉ុន្តែជាការគួរឱ្យស្អប់ខ្ពើម ពោលគឺមិនមានអាកប្បកិរិយា ឬគំនិតផ្សេងទៀតទេ។ ខ្ញុំគ្រាន់តែចង់ឱ្យអ្នករាល់គ្នាធ្វើជាវត្ថុឆ្លុះបញ្ចាំងសម្រាប់ព្រះប្រាជ្ញាញ្ញាណរបស់ខ្ញុំ និងព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំប៉ុណ្ណោះ។ អ្នករាល់គ្នាមិនមានអ្វីក្រៅពីជាវត្ថុឆ្លុះបញ្ចាំងរបស់ខ្ញុំទេ ពីព្រោះសេចក្តីសុចរិតរបស់ខ្ញុំត្រូវបានបើកសម្ដែងតាមរយៈការបះបោររបស់អ្នករាល់គ្នា។ ខ្ញុំមានអ្នករាល់គ្នាដើរតួជាវត្ថុឆ្លុះបញ្ចាំងសម្រាប់កិច្ចការរបស់ខ្ញុំ ដើម្បីជាឧបសម្ព័ន្ធអំពីកិច្ចការរបស់ខ្ញុំ...។» ដរាបណានាងបានឃើញនូវព្រះបន្ទូលថាជា «ឧបសម្ព័ន្ធ» និងជា «វត្ថុឆ្លុះបញ្ចាំង» នាងចាប់ផ្តើមគិតថា «តើខ្ញុំគប្បីដើរតាមពន្លឺនៃព្រះបន្ទូលទាំងនេះយ៉ាងដូចម្តេច? ដោយបានបង់ថ្លៃបែបនេះ ខ្ញុំនៅតែជាវត្ថុឆ្លុះបញ្ចាំងដដែល។ តើវត្ថុឆ្លុះបញ្ចាំងមិនមែនគ្រាន់តែជាអ្នកស៊ីឈ្នួលទេឬអី? កាលពីមុន មានការនិយាយថា យើងនឹងមិនមែនជាអ្នកស៊ីឈ្នួលទេ គឺថាយើងជារាស្ដ្ររបស់ព្រះជាម្ចាស់ ប៉ុន្តែតើសព្វថ្ងៃនេះយើងមិនមែននៅតែស្ថិតនៅទីនេះ ក្នុងងារជាអ្នកស៊ីឈ្នួលទេឬអី? តើពួកអ្នកស៊ីឈ្នួលមិនមែនខ្វះនូវជីវិតទេឬអី? ទោះខ្ញុំស៊ូទ្រាំនឹងការរងទុក្ខលំបាកប៉ុនណាក៏ដោយ ក៏ព្រះជាម្ចាស់នឹងមិនសរសើរខ្ញុំចំពោះការនេះដែរ! បន្ទាប់ពីខ្ញុំបានធ្វើជាវត្ថុឆ្លុះបញ្ចាំងហើយ តើវានឹងមិនត្រូវបញ្ចប់ទេឬ? ...» បើនាងកាន់តែគិតអំពីរឿងនេះ កាន់តែធ្វើឱ្យនាងថមថយនូវកម្លាំងចិត្ត។ នាងកាន់តែមានអារម្មណ៍មិនល្អ នៅពេលដែលនាងមកក្រុមជំនុំ ហើយឃើញនូវសភាពបងប្អូនប្រុសស្រីរបស់នាង៖ «អ្នករាល់គ្នាមិនមែនមិនអីទេ! ខ្ញុំទៅជាមានភាពអវិជ្ជមាន។ អូ! តើមានអ្វីអាចធ្វើបាន? ព្រះជាម្ចាស់នៅតែមិនសព្វព្រះហឫទ័យចង់បានយើង។ ក្នុងការធ្វើកិច្ចការប្រភេទនេះ គ្មានផ្លូវណាដែលទ្រង់នឹងមិនធ្វើឱ្យយើងមានភាពអវិជ្ជមានឡើយ។ ខ្ញុំមិនដឹងថាមានអ្វីខុសចំពោះខ្ញុំទេ។ ខ្ញុំមិនចង់សូម្បីតែការអធិស្ឋាន។ ទោះយ៉ាងណាក៏ដោយ ខ្ញុំមិនមែនមិនអីទេឥឡូវនេះ ហើយខ្ញុំពិតជាមិនអាចប្រមូលផ្ដុំនូវកម្លាំងជំរុញខាងក្នុងរបស់ខ្ញុំបានទេ។ ខ្ញុំបានអធិស្ឋានជាច្រើនដងហើយ តែខ្ញុំនៅតែមិនអាចធ្វើបាន ហើយខ្ញុំនៅតែមិនមានឆន្ទៈបន្តធ្វើតទៅទៀត។ នេះជារបៀបដែលខ្ញុំឃើញការនេះ។ ព្រះជាម្ចាស់មានបន្ទូលថា យើងជាវត្ថុឆ្លុះបញ្ចាំងតើវត្ថុឆ្លុះបញ្ចាំងមិនមែនគ្រាន់តែជាអ្នកស៊ីឈ្នួលទេឬ? ព្រះជាម្ចាស់មានបន្ទូលថា យើងមិនមែនជាវត្ថុឆ្លុះបញ្ចាំងមិនមែនជាពួកកូនប្រុសរបស់ទ្រង់ ហើយយើងក៏មិនមែនជារាស្រ្តរបស់ទ្រង់ដែរ។ យើងមិនមែនជាពួកកូនប្រុសរបស់ទ្រង់ទេ ហើយរឹតតែមិនមែនជាពួកកូនប្រុសច្បងរបស់ទ្រង់ដែរ។ យើងមិនមានអ្វីទាំងអស់ គឺគ្រាន់តែជាវត្ថុឆ្លុះបញ្ចាំងប៉ុណ្ណោះ។ ប្រសិនបើនោះជាអ្វីដែលជាយើង តើយើងអាចទទួលបាននូវលទ្ធផលគាប់ប្រសើរដែរឬទេ? វត្ថុឆ្លុះបញ្ចាំងមិនមានសេចក្ដីសង្ឃឹមទេ ពីព្រោះពួកគេមិនមានជីវិត។ ប្រសិនបើយើងជាពួកកូនប្រុសរបស់ទ្រង់ ជារាស្ត្ររបស់ទ្រង់ នោះយើងនឹងមានសង្ឃឹមលើការនោះ ពោលគឺយើងអាចទទួលបានភាពពេញខ្នាត។ តើវត្ថុឆ្លុះបញ្ចាំងអាចមាននូវជីវិតរបស់ព្រះជាម្ចាស់បានទេ? តើព្រះជាម្ចាស់អាចដាក់ជីវិតទៅកាន់មនុស្សទាំងនោះដែលធ្វើការបម្រើទ្រង់បានទេ? អស់អ្នកដែលទ្រង់ស្រឡាញ់ គឺអស់អ្នកដែលមានជីវិតរបស់ទ្រង់ ហើយមានតែអ្នកដែលមានជីវិតរបស់ទ្រង់ប៉ុណ្ណោះ ទើបជាពួកកូនប្រុសរបស់ទ្រង់ និងជារាស្រ្តរបស់ទ្រង់។ ទោះបីខ្ញុំមានភាពអវិជ្ជមាន និងកំសោយក៏ដោយ ក៏ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមិនមានភាពអវិជ្ជមានដែរ។ ខ្ញុំដឹងថា ការដើរថយក្រោយ និងភាពអវិជ្ជមានបែបនេះ មិនអាចបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានទេ ប៉ុន្តែខ្ញុំមិនមានឆន្ទៈធ្វើជាវត្ថុឆ្លុះបញ្ចាំងទេ។ ខ្ញុំភ័យខ្លាចក្នុងការធ្វើជាវត្ថុឆ្លុះបញ្ចាំង។ ទោះយ៉ាងណាក៏ដោយ ខ្ញុំមានថាមពលមានកម្រិត តែខ្ញុំមិនអាចបន្តទៅមុខទៀតបានទេ។ ខ្ញុំសង្ឃឹមថា គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នានឹងធ្វើដូចដែលខ្ញុំបានធ្វើនោះទេ ប៉ុន្តែនឹងអាចទទួលបាននូវការលើកទឹកចិត្តខ្លះៗពីខ្ញុំវិញ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំក៏នឹងត្រូវស្លាប់ដែរ! ខ្ញុំនឹងទុកឱ្យអ្នករាល់គ្នានូវព្រះបន្ទូលចុងក្រោយខ្លះៗ មុនពេលខ្ញុំដល់សេចក្ដីស្លាប់របស់ខ្ញុំ។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាអាចធ្វើជាវត្ថុឆ្លុះបញ្ចាំងរហូតដល់ទីបំផុត។ ប្រហែលជានៅចុងបញ្ចប់ ព្រះជាម្ចាស់នឹងសរសើរវត្ថុឆ្លុះបញ្ចាំងនោះ...។» នៅពេលបងប្អូនប្រុសស្រីបានឃើញដូច្នេះ ពួកគេឆ្ងល់ថា៖ «ហេតុដូចម្ដេចបានជានាងអាចមានភាពអវិជ្ជមានខ្លាំងម្ល៉េះ? តើប៉ុន្មានថ្ងៃចុងក្រោយនេះ នាងមិនបានសុខសប្បាយទេឬអី? ហេតុអ្វីបានជានាងស្រាប់តែបាត់នូវថាមពលរបស់នាងភ្លាមៗអ៊ីចឹង? ហេតុអ្វីបានជានាងមិនមានលក្ខណៈធម្មតា?» នាងបាននិយាយាថា៖ «កុំនិយាយថាខ្ញុំមិនមានលក្ខណៈធម្មតាឡើយ។ តាមពិត ខ្ញុំដឹងច្បាស់អំពីអ្វីៗទាំងអស់នៅក្នុងចិត្តខ្ញុំ។ ខ្ញុំដឹងថា ខ្ញុំមិនបានបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ប៉ុន្តែតើនោះមិនមែនដោយសារតែខ្ញុំមិនមានឆន្ទៈក្នុងការធ្វើជាវត្ថុឆ្លុះបញ្ចាំងរបស់ទ្រង់ទេឬអី? ខ្ញុំមិនបានធ្វើអ្វីដែលអាក្រក់ទេ។ ប្រហែលជាថ្ងៃណាមួយ ព្រះជាម្ចាស់នឹងប្តូរងារពី 'វត្ថុឆ្លុះបញ្ចាំង' ទៅជា 'សត្តនិករ' ហើយមិនត្រឹមតែប៉ុណ្ណឹងទេ គឺជាសត្តនិកររបស់ទ្រង់ដែលត្រូវបានប្រើប្រាស់ដោយទ្រង់តាមវិធីសំខាន់ៗ។ តើមិនមានសង្ឃឹមខ្លះទេឬចំពោះរឿងនេះ? ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងមិនមានភាពអវិជ្ជមាន ឬក៏ធ្លាក់ទឹកចិត្តនោះឡើយ ហើយអាចបន្តដើរតាមព្រះជាម្ចាស់ និងព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើជាវត្ថុឆ្លុះបញ្ចាំង។ ក្នុងករណីណាក៏ដោយ ខ្ញុំមិនអាចបន្តទៅមុខទៀតបានទេ។ ចូរកុំឱ្យសកម្មភាពរបស់ខ្ញុំដាក់កម្រិតលើអ្នករាល់គ្នាឱ្យសោះ។» មនុស្សផ្សេងទៀតបានឮពីការនោះ ហើយបាននិយាយថា «ទោះបីជាអ្នកឈប់ដើរតាមទ្រង់ក៏ដោយ ក៏យើងនឹងបន្តតាមទ្រង់ដែរ ដ្បិតព្រះជាម្ចាស់មិនដែលប្រព្រឹត្តិចំពោះយើងដោយអយុត្តិធម៌នោះឡើយ។ យើងនឹងមិនត្រូវបានរារាំងដោយភាពអវិជ្ជមានរបស់អ្នកទេ។»

បន្ទាប់ពីឆ្លងកាត់នូវបទពិសោធនេះអស់មួយរយៈ នាងនៅតែស្ថិតក្នុងសភាពអវិជ្ជមានអំពីការធ្វើជាវត្ថុឆ្លុះបញ្ចាំង ដូច្នេះខ្ញុំបានមានបន្ទូលទៅកាន់នាងថា៖ «អ្នកមិនយល់ពីកិច្ចការរបស់ខ្ញុំទេ។ អ្នកមិនមានការយល់ដឹងអំពីសេចក្ដីពិតនៅខាងក្នុង សារជាតិ ឬលទ្ធផលដែលចង់បានអំពីព្រះបន្ទូលរបស់ខ្ញុំនោះទេ។ អ្នកមិនដឹងអំពីគោលដៅនៃកិច្ចការរបស់ខ្ញុំទេ ហើយក៏មិនមានប្រាជ្ញាអំពីកិច្ចការរបស់ខ្ញុំដែរ។ អ្នកមិនមានការយល់អំពីបំណងព្រះហឫទ័យរបស់ខ្ញុំនោះទេ។ អ្នកគ្រាន់តែដឹងថាត្រូវដកថយ ព្រោះអ្នកគឺជាវត្ថុឆ្លុះបញ្ចាំងអ្នកធ្វើឱ្យខ្លួនឯងរវល់ច្រើនពេកជាមួយនឹងឋានៈ! អ្នកជាមនុស្សដែលល្ងីល្ងើ! ខ្ញុំបានមានបន្ទូលជាច្រើនទៅកាន់អ្នករាល់គ្នាកាលពីមុន។ ខ្ញុំបានមានបន្ទូលថា ខ្ញុំនឹងប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍។ តើអ្នកមានភ្លេចទេ? តើខ្ញុំមិនបានមានបន្ទូលពីការប្រោសឱ្យគ្រប់លក្ខណ៍ មុនពេលដែលខ្ញុំមានបន្ទូលអំពីវត្ថុឆ្លុះបញ្ចាំងទេឬអី?» «ចាំបន្ដិច ទុកឱ្យខ្ញុំគិតអំពីការនោះសិន។ មែនហើយ នោះជាការត្រឹមត្រូវ! ទ្រង់បានមានបន្ទូលអំពីរឿងទាំងនោះ មុនពេលដែលទ្រង់បានមានបន្ទូលអំពីវត្ថុឆ្លុះបញ្ចាំង!» «នៅពេលខ្ញុំមានបន្ទូលអំពីការធ្វើឱ្យគ្រប់លក្ខណ៍ តើខ្ញុំមិនបានមានបន្ទូលទេថា មានតែបន្ទាប់ពីមនុស្សត្រូវបានយកឈ្នះទេ ទើបពួកគេនឹងត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍?» «មែនហើយ!» «តើព្រះបន្ទូលរបស់ខ្ញុំមិនមានភាពស្មោះត្រង់ទេឬ? តើព្រះបន្ទូលមិនត្រូវបានថ្លែងដោយស្មោះត្រង់ទេឬអី?» «មែនហើយ! ទ្រង់គឺជាព្រះជាម្ចាស់ដែលមិនធ្លាប់មានបន្ទូលពីអ្វីដែលមិនស្មោះត្រង់នោះទេ គ្មាននរណាម្នាក់ហ៊ានបដិសេធចំពោះរឿងនេះទេ។ ប៉ុន្តែទ្រង់មានបន្ទូលតាមវិធីផ្សេងៗជាច្រើន»។ «តើវិធីនៃការមានបន្ទូលរបស់ខ្ញុំ មិនផ្លាស់ប្តូរទៅតាមជំហានផ្សេងៗគ្នានៃកិច្ចការទេឬ? តើរឿងរ៉ាវដែលខ្ញុំមានបន្ទូល មិនបានធ្វើសម្រេច និងមានបន្ទូលដោយផ្អែកលើតម្រូវការរបស់អ្នកទេឬ?» «ទ្រង់ធ្វើកិច្ចការទៅតាមសេចក្ដីត្រូវការរបស់មនុស្ស ហើយទ្រង់ផ្គត់ផ្គង់ទៅតាមអ្វីដែលពួកគេត្រូវការ។ នេះមិនមែនជាការមិនពិតទេ!» «អ៊ីចឹង តើរឿងរ៉ាវដែលខ្ញុំបានមានបន្ទូលទៅកាន់អ្នក មិនបានផ្តល់ផលប្រយោជន៍ទេឬ? តើការវាញផ្ចាលរបស់ខ្ញុំ មិនត្រូវបានធ្វើឡើងដើម្បីជាប្រយោជន៍ដល់អ្នកទេឬ?» «តើទ្រង់នៅតែអាចមានបន្ទូលយ៉ាងដូចម្ដេចបានថា វាគឺសម្រាប់តែប្រយោជន៍របស់ទូលបង្គំផ្ទាល់នោះ! ទ្រង់បានវាលផ្ចាលទូលបង្គំស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយ ទូលបង្គំមិនចង់រស់ទៀតទេ។ ថ្ងៃនេះទ្រង់មានបន្ទូលបែបនេះ ថ្ងៃស្អែកទ្រង់មានបន្ទូលបែបនោះ។ ទូលបង្គំដឹងថា ការដែលទ្រង់ប្រោសឱ្យទូលបង្គំបានគ្រប់លក្ខណ៍ គឺសម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួនរបស់ទូលបង្គំ ប៉ុន្តែទ្រង់មិនទាន់បានប្រទានឱ្យទូលបង្គំបានគ្រប់លក្ខណ៍នៅឡើយទេ។ ទ្រង់បានធ្វើឱ្យទូលបង្គំក្លាយវត្ថុឆ្លុះបញ្ចាំងហើយទ្រង់នៅតែវាយផ្ចាលទូលបង្គំ។ ទ្រង់ស្អប់ទូលបង្គំ មែនទេ? គ្មាននរណាម្នាក់ហ៊ានជឿលើព្រះបន្ទូលរបស់ទ្រង់ឡើយ ហើយទើបតែពេលនេះទេដែលទូលបង្គំឃើញយ៉ាងច្បាស់ថា ការវាលផ្ចាលរបស់ទ្រង់ គឺគ្រាន់តែដើម្បីដោះស្រាយការស្អប់នៅក្នុងព្រះហឫទ័យរបស់ទ្រង់ប៉ុណ្ណោះ មិនមែនដើម្បីសង្គ្រោះទូលបង្គំទេ។ ពីមុន ទ្រង់បានលាក់សេចក្ដីពិតពីទូលបង្គំ។ ទ្រង់បានមានបន្ទូលថា ទ្រង់នឹងប្រោសឱ្យទូលបង្គំបានគ្រប់លក្ខណ៍ ហើយការវាលផ្ចាល គឺដើម្បីប្រោសឱ្យទូលបង្គំបានគ្រប់លក្ខណ៍។ ដូច្នេះ ទូលបង្គំតែងតែស្ដាប់បង្គាប់នឹងការវាលផ្ចាលរបស់ទ្រង់ជានិច្ច។ ទូលបង្គំមិនដែលនឹកស្រមៃថា ថ្ងៃនេះទូលបង្គំនឹងទទួលបានងារជាវត្ថុឆ្លុះបញ្ចាំងនោះទេ។ ព្រះជាម្ចាស់អើយ ប្រសិនបើទ្រង់ឱ្យទូលបង្គំធ្វើជាអ្វីផ្សេងនោះ តើនឹងមិនប្រសើរជាងនេះទេឬ? តើទ្រង់ត្រូវតែធ្វើឱ្យទូលបង្គំមានងារជាវត្ថុឆ្លុះបញ្ចាំងឬ? ទូលបង្គំមិនទាំងព្រមធ្វើជាអ្នកយាមទ្វារនៅក្នុងនគរព្រះផង។ ទូលបង្គំបានរត់ជុំវិញ ហើយលះបង់ខ្លួនទូលបង្គំ ប៉ុន្តែនៅទីបំផុត ដៃរបស់ទូលបង្គំនៅទទេសូន្យ ទូលបង្គំពិតជាគ្មានអ្វីសោះ។ សូម្បីតែឥឡូវនេះ ទ្រង់បានមានបន្ទូលប្រាប់ទូលបង្គំថា ទ្រង់នឹងឱ្យទូលបង្គំធ្វើជាវត្ថុឆ្លុះបញ្ចាំងរបស់ទ្រង់។ តើទូលបង្គំអាចបង្ហាញមុខរបស់ទូលបង្គំបានយ៉ាងដូចម្តេចទៅ?» «តើអ្នកកំពុងនិយាយពីអ្វី? ខ្ញុំបានធ្វើការជំនុំជម្រះជាច្រើនកាលពីពេលមុន ហើយអ្នកមិនយល់ពីការជំនុំជម្រះនោះទេ? តើអ្នកមានការយល់ដឹងពិតប្រាកដអំពីខ្លួនឯងទេ? តើងារជា 'វត្ថុឆ្លុះបញ្ចាំង' មិនមែនជាការជំនុំជម្រះនៃព្រះបន្ទូលផងដែរទេឬ? តើអ្នកគិតថា រាល់ការមានបន្ទូលរបស់ខ្ញុំអំពីវត្ថុឆ្លុះបញ្ចាំងក៏ជាវិធីសាស្រ្ត ជារបៀបមួយនៃការជំនុំជម្រះអ្នកដែរឬទេ? ដូច្នេះតើអ្នកនឹងដើរតាមខ្ញុំយ៉ាងដូចម្តេចបាន?» «ទូលបង្គំនៅតែមិនទាន់មានផែនការដើរតាមទ្រង់យ៉ាងដូចម្ដេចនោះទេ។ ដំបូងទូលបង្គំត្រូវដឹងថា៖ តើទូលបង្គំជាវត្ថុឆ្លុះបញ្ចាំងឬអត់? តើវត្ថុឆ្លុះបញ្ចាំងអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដែរឬទេ? តើងារជា 'វត្ថុឆ្លុះបញ្ចាំង' អាចនឹងត្រូវផ្លាស់ប្តូរដែរឬទេ? តើទូលបង្គំអាចធ្វើបន្ទាល់ដោយឮរំពង តាមរយៈការធ្វើជាវត្ថុឆ្លុះបញ្ចាំងហើយបន្ទាប់មកក្លាយជាមនុស្សម្នាក់ដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ជាគំរូអំពីព្រះជាម្ចាស់ដែលគួរឱ្យស្រឡាញ់ និងជាព្រះជាម្ចាស់ដ៏គួរជាទីជិតស្និទ្ធដែរឬទេ? តើទូលបង្គំអាចនឹងត្រូវបានប្រោសឱ្យពេញខ្នាតដែរឬទេ? សូមទ្រង់ប្រាប់ទូលបង្គំពីសេចក្ដីពិតមក!» «តើអ្នកមិនដឹងថា អ្វីៗកំពុងមានការលូតលាស់ និងផ្លាស់ប្តូរជានិច្ចទេឬ? ដរាបណាពេលបច្ចុប្បន្ននេះអ្នកមានឆន្ទៈក្នុងការស្តាប់បង្គាប់នៅក្នុងងាររបស់អ្នកជាវត្ថុឆ្លុះបញ្ចាំងនោះអ្នកនឹងអាចផ្លាស់ប្តូរបាន។ មិនថាអ្នកជាវត្ថុឆ្លុះបញ្ចាំងឬមិនមែនក៏ដោយ វាគ្មានអ្វីទាក់ទងនឹងវាសនារបស់អ្នកទេ។ ចំណុចគន្លឺះគឺថា តើអ្នកអាចជាមនុស្សម្នាក់ដែលមានការផ្លាស់ប្តូរនៅក្នុងនិស្ស័យនៃជីវិតរបស់ខ្លួនដែរឬអត់ប៉ុណ្ណោះ។» «តើទ្រង់អាចមានបន្ទូលប្រាប់ទូលបង្គំបានទេថា ទ្រង់អាចប្រោសឱ្យទូលបង្គំបានគ្រប់លក្ខណ៍ឬអត់?» «ដរាបណាអ្នកដើរតាម និងស្តាប់បង្គាប់ដល់ទីបំផុត នោះខ្ញុំធានាថាខ្ញុំអាចប្រោសឱ្យអ្នកគ្រប់លក្ខណ៍បាន។» «ហើយតើទូលបង្គំនឹងត្រូវរងទុក្ខវេទនាបែបណា?» «អ្នកនឹងជួបការរងទុក្ខ ក៏ដូចជាការជំនុំជម្រះអំពីព្រះបន្ទូល និងការវាយផ្ចាលពីព្រះបន្ទូល ជាពិសេសនោះគឺការវាយផ្ចាលពីព្រះបន្ទូល ដែលដូចគ្នានឹងការវាយផ្ចាលពីការធ្វើជាវត្ថុឆ្លុះបញ្ចាំងដែរ!» «ដូចគ្នានឹងការវាយផ្ចាលវត្ថុឆ្លុះបញ្ចាំងដែរមែនទេ? មែនហើយ ប្រសិនបើទូលបង្គំអាចត្រូវបានទ្រង់ប្រោសឱ្យគ្រប់លក្ខណ៍ ដោយឆ្លងកាត់នូវការរងទុក្ខ ហើយប្រសិនបើមានសេចក្តីសង្ឃឹម នោះមិនអីទេ។ ទោះបីវាគ្រាន់តែជាផ្នែកតូចនៃសេចក្តីសង្ឃឹមក៏ដោយ ក៏វាល្អប្រសើរជាងការធ្វើជាវត្ថុឆ្លុះបញ្ចាំងដែរ។ ងារជា 'វត្ថុឆ្លុះបញ្ចាំង' នោះ ស្តាប់ទៅអាក្រក់ខ្លាំងណាស់។ ទូលបង្គំមិនមានឆន្ទៈធ្វើជាវត្ថុឆ្លុះបញ្ចាំងទេ!» «តើអ្វីទៅដែលអាក្រក់ខ្លាំងអំពីវត្ថុឆ្លុះបញ្ចាំងនោះ? តើវត្ថុឆ្លុះបញ្ចាំងមិនល្អគ្រប់លក្ខណ៍នៅក្នុងភាពផ្ទាល់ខ្លួនរបស់វាទេឬអី? តើវត្ថុឆ្លុះបញ្ចាំងមិនសមនឹងទទួលបាននូវព្រះពរដែលគួរទទួលបានទេឬអី? ប្រសិនបើខ្ញុំមានបន្ទូលថាវត្ថុឆ្លុះបញ្ចាំងអាចទទួលបានព្រះពរ ពេលនោះអ្នកនឹងអាចទទួលបាននូវព្រះពរ។ តើវាមិនពិតទេឬដែលថាងាររបស់មនុស្សផ្លាស់ប្តូរដោយសារតែកិច្ចការរបស់ខ្ញុំ? ហើយគ្រាន់តែងារប៉ុណ្ណឹង រំខានដល់អ្នកខ្លាំងបែបហ្នឹងមែនទេ? ការពិតដែលថាអ្នកជាវត្ថុឆ្លុះបញ្ចាំងបែបនេះ សមនឹងទទួលណាស់។ តើអ្នកមានឆន្ទៈដើរតាមឬអត់?» «អ៊ីចឹង តើទ្រង់អាចប្រទានឱ្យទូលបង្គំបានពេញខ្នាតឬអត់? តើទ្រង់អាចអនុញ្ញាតឱ្យទូលបង្គំទទួលបាននូវព្រះពររបស់ទ្រង់បានទេ?» «តើអ្នកមានឆន្ទៈដើរតាមរហូតដល់ទីបំផុតឬអត់? តើអ្នកមានឆន្ទៈថ្វាយខ្លួនអ្នកឬទេ?» «សូមឱ្យទូលបង្គំគិតឡើងវិញ។ វត្ថុឆ្លុះបញ្ចាំងម្នាក់ ក៏អាចទទួលបាននូវព្រះពររបស់ទ្រង់ ហើយក៏អាចត្រូវបានប្រោសឱ្យពេញខ្នាតបានដែរ។ បន្ទាប់ពីត្រូវបានប្រោសឱ្យពេញខ្នាតរួចហើយ ទូលបង្គំនឹងក្លាយជាមនុស្សជិតស្និទ្ធនឹងទ្រង់ ហើយយល់ពីបំណងព្រះហឫទ័យទ្រង់ទាំងអស់តែម្ដង ហើយទូលបង្គំនឹងមាននូវអ្វីដែលទ្រង់មានដែរ។ ទូលបង្គំនឹងអាចទទួលបាននូវអ្វីដែលទ្រង់សព្វព្រះទ័យ ហើយទូលបង្គំនឹងដឹងនូវអ្វីដែលទ្រង់ជ្រាបដឹង។ ... បន្ទាប់ពីឆ្លងកាត់ភាពលំបាក ហើយបន្ទាប់ពីត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ទូលបង្គំនឹងអាចទទួលបាននូវព្រះពរ។ ដូច្នេះ តើទូលបង្គំប្រាកដជានឹងទទួលបាននូវព្រះពរអ្វីខ្លះ?» «កុំបារម្ភអំពីព្រះពរដែលអ្នកនឹងទទួលបានឡើយ។ ទោះបីខ្ញុំមានបន្ទូលប្រាប់អ្នកក៏ដោយ ក៏រឿងរ៉ាវទាំងនេះហួសពីការស្រមៃគិតរបស់អ្នកដែរ។ បន្ទាប់ពីធ្វើជាវត្ថុឆ្លុះបញ្ចាំងដ៏ល្អមក អ្នកនឹងត្រូវបានយកឈ្នះ ហើយអ្នកនឹងក្លាយជាវត្ថុឆ្លុះបញ្ចាំងដ៏ជោគជ័យ។ នេះគឺជាគំរូ និងពុម្ពគំរូរបស់អ្នកដែលត្រូវបានយកឈ្នះ ប៉ុន្តែជាការពិត អ្នកអាចក្លាយជាគំរូ និងពុម្ពគំរូតែបន្ទាប់ពីពេលដែលត្រូវបានយកឈ្នះប៉ុណ្ណោះ។» «តើគំរូ និងពុម្ពគំរូ គឺជាអ្វី?» «វាជាគំរូ និងពុម្ពគំរូសម្រាប់សាសន៍ដទៃទាំងអស់ ពោលគឺអស់អ្នកដែលមិនត្រូវបានយកឈ្នះ។» «តើរួមមានមនុស្សប៉ុន្មាននាក់ទៅ?» «មានមនុស្សច្រើនសន្ធឹក។ វាមិនមែនតែបួន ឬប្រាំពាន់នាក់ក្នុងចំណោមអ្នករាល់គ្នានោះទេ គឺអស់អ្នកដែលទទួលយកឈ្មោះនេះនៅពាសពេញពិភពលោក ត្រូវតែត្រូវបានយកឈ្នះ។» «ដូច្នេះមិនមែនត្រឹមតែទីក្រុងប្រាំ ឬដប់ ប៉ុណ្ណឹងទេឬ!» «ចូរកុំបារម្ភអំពីរឿងនេះពីឥឡូវនេះអី ហើយក៏កុំបារម្ភពីខ្លួនឯងខ្លាំងពេកដែរ។ គ្រាន់តែផ្តោតលើរបៀបដែលអ្នកគប្បីទទួលបានច្រកចូលឥឡូវនេះទៅបានហើយ! ខ្ញុំធានាថា អ្នកអាចនឹងត្រូវប្រោសឱ្យពេញខ្នាតបាន។» «តើដល់កម្រិតណាទៅ? ហើយតើទូលបង្គំអាចទទួលបានព្រះពរអ្វីខ្លះ?» «ហេតុអ្វីបានជាអ្នកបារម្ភម៉្លេះ? ខ្ញុំបានធានាថា អ្នកអាចនឹងត្រូវប្រោសឱ្យពេញខ្នាត។ តើអ្នកបានភ្លេចថា ខ្ញុំគួរឱ្យទុកចិត្តឬ?» «វាជាការពិតដែលថា ទ្រង់គួរឱ្យទុកចិត្តបាន ប៉ុន្តែវិធីសាស្រ្តខ្លះនៃការមានបន្ទូលរបស់ទ្រង់ គឺតែងតែមានការផ្លាស់ប្តូរជានិច្ច។ ថ្ងៃនេះទ្រង់មានបន្ទូលថា ទ្រង់ធានាថាទូលបង្គំអាចត្រូវបានប្រោសឱ្យបានពេញខ្នាត ប៉ុន្តែថ្ងៃស្អែកទ្រង់អាចមានបន្ទូលថាវាមិនប្រាកដទេ។ ហើយចំពោះមនុស្សមួយចំនួន ទ្រង់មានបន្ទូលថា 'ខ្ញុំធានាថានរណាម្នាក់ដូចជាអ្នក មិនអាចត្រូវបានប្រោសឱ្យពេញខ្នាតបានទេ'។ ទូលបង្គំមិនដឹងថាមានរឿងអ្វីកើតឡើងទាក់ទងនឹងព្រះបន្ទូលរបស់ទ្រង់ទេ។ ទូលបង្គំមិនហ៊ានជឿទេ។» «ដូច្នេះតើអ្នកអាចថ្វាយខ្លួនឯងបាន ឬអត់?» «ថ្វាយអ្វីទៅ?» «ថ្វាយនូវអនាគត និងក្តីសង្ឃឹមរបស់អ្នក។» «វាងាយស្រួលទេក្នុងការបោះបង់ចោលរបស់ទាំងនោះ! រឿងដែលសំខាន់គឺងារជា 'វត្ថុឆ្លុះបញ្ចាំង' ពោលគឺទូលបង្គំពិតជាមិនចង់បាននោះទេ។ ប្រសិនបើទ្រង់ដកងារនោះចេញពីទូលបង្គំ ពេលនោះទូលបង្គំនឹងបើកចំហអ្វីគ្រប់យ៉ាង និងអាចធ្វើនូវអ្វីគ្រប់យ៉ាងបាន។ តើទាំងនេះមិនមែនជារឿងតូចតាចទេឬ? តើទ្រង់អាចដកយកនូវការរចនានោះចេញបានទេ?» «នោះជាការងាយស្រួលទេ មែនទេ? ប្រសិនបើខ្ញុំអាចប្រទានឱ្យអ្នកនូវងារនោះបាន ខ្ញុំពិតជាអាចយកវាចេញបានដែរ។ តែពេលនេះ មិនទាន់ដល់ពេលនៅឡើយទេ។ ដំបូង អ្នកត្រូវតែបំពេញនូវបទពិសោធរបស់អ្នកអំពីជំហាននៃកិច្ចការនេះសិន ហើយមានតែពេលនោះទេ ទើបអ្នកអាចទទួលបានងារថ្មី។ បើមានមនុស្សដូចអ្នកកាន់តែច្រើន នោះពួកគេកាន់តែត្រូវការធ្វើជាវត្ថុឆ្លុះបញ្ចាំងកាន់តែច្រើនដែរ។ បើអ្នកកាន់តែភ័យខ្លាចចំពោះការធ្វើជាវត្ថុឆ្លុះបញ្ចាំងនោះខ្ញុំកាន់តែដាក់ងារអ្នកជាវត្ថុឆ្លុះបញ្ចាំងកាន់តែខ្លាំង។ មនុស្សដូចអ្នកត្រូវតែត្រូវបានប្រៀនប្រដៅ និងដោះស្រាយជាមួយឱ្យបានម៉ឺងម៉ាត់។ បើមានអ្នកដែលបះបោរកាន់តែច្រើន នោះពួកគេនឹងក្លាយជាអ្នកស៊ីឈ្នួលកាន់តែច្រើន ហើយនៅទីបំផុត ពួកគេនឹងមិនទទួលបានអ្វីឡើយ។» «ដោយសារទូលបង្គំកំពុងតែស្វែងរកដោយឧស្សាហ៍ព្យាយាមជាខ្លាំង ហេតុអ្វីបានជាទូលបង្គំមិនអាចដកចោលនូវឈ្មោះជា 'វត្ថុឆ្លុះបញ្ចាំង' អ៊ីចឹង? យើងបានដើរតាមទ្រង់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ និងបានរងទុក្ខមិនតិចទេ។ យើងបានធ្វើអ្វីៗជាច្រើនសម្រាប់ទ្រង់។ យើងបានឆ្លងកាត់ខ្យល់ និងភ្លៀង។ យើងជិតដល់ទីបំផុតនៃភាពយុវវ័យរបស់យើងហើយ។ យើងក៏មិនបានរៀបការ ក៏មិនបានចាប់ផ្ដើមមានគ្រួសារដែរ ហើយពួកយើងដែលបានធ្វើការនោះ នៅតែធ្វើដដែល។ ទូលបង្គំបានរៀននៅសាលារហូតដល់វិទ្យាល័យ ប៉ុន្តែនៅពេលដែលទូលបង្គំបានឮថាទ្រង់បានយាងមក ទូលបង្គំបានបោះបង់ឱកាសរបស់ទូលបង្គំក្នុងការរៀនបន្ដនៅសាកលវិទ្យាល័យ។ ហើយទ្រង់មានបន្ទូលថាយើងជាវត្ថុឆ្លុះបញ្ចាំង! យើងបានបាត់បង់ច្រើនណាស់! យើងបានធ្វើអ្វីៗទាំងអស់នេះហើយ ប៉ុន្តែឥឡូវនេះ បែរទៅជាថាយើងគ្រាន់តែជាវត្ថុឆ្លុះបញ្ចាំងរបស់ទ្រង់ប៉ុណ្ណោះ។ តើនេះធ្វើឱ្យអតីតមិត្តរួមថ្នាក់ និងមិត្តភក្ដិរបស់ទូលបង្គំ គិតយ៉ាងដូចម្តេចពីទូលបង្គំទៅ? នៅពេលពួកគេឃើញទូលបង្គំ ហើយសួរអំពីតួនាទី និងឋានៈរបស់ទូលបង្គំ តើទូលបង្គំមានការខ្មាសអៀនក្នុងការប្រាប់ពួកគេយ៉ាងណាទៅ? ដំបូង ទូលបង្គំលះបង់គ្រប់យ៉ាង ដោយព្រោះតែការជឿរបស់ទូលបង្គំលើទ្រង់ ហើយអ្នកឯទៀតចំអកឱ្យទូលបង្គំថាជាមនុស្សល្ងីល្ងើ។ ប៉ុន្តែទូលបង្គំនៅតែដើរតាម និងទន្ទឹងរង់ចាំពេលវេលាដែលថ្ងៃរបស់ទូលបង្គំនឹងមកដល់ នៅពេលដែលទូលបង្គំអាចបង្ហាញដល់អស់អ្នកដែលមិនជឿ។ ប៉ុន្តែផ្ទុយទៅវិញ ថ្ងៃនេះទ្រង់មានបន្ទូលប្រាប់ទូលបង្គំថា ទូលបង្គំជាវត្ថុឆ្លុះបញ្ចាំង។ បើទោះជាទ្រង់ប្រទានឱ្យទូលបង្គំនូវឋានៈទាបបំផុត បើទោះជាទ្រង់អនុញ្ញាតឱ្យទូលបង្គំធ្វើជាមនុស្សម្នាក់ក្នុងចំណោមមនុស្សនៃនរគរព្រះ នោះវាមិនអីទេ! ទោះបីទូលបង្គំមិនអាចធ្វើជាសិស្សរបស់ទ្រង់ ឬជាអ្នកដែលទ្រង់ជឿទុកចិត្តក៏ដោយ ក៏មិនថ្វីដែរ ដោយគ្រាន់តែជាអ្នកដើរតាមទ្រង់នោះ! អស់រយៈពេលជាច្រើនឆ្នាំមកនេះ យើងបានដើរតាមទ្រង់ បានលះបង់ក្រុមគ្រួសាររបស់យើង ហើយវាពិតជាលំបាកណាស់ក្នុងការបន្តស្វែងរកគ្រប់មធ្យោបាយរហូតមកដល់បច្ចុប្បន្ននេះ ហើយអ្វីទាំងដែលយើងត្រូវបង្ហាញសម្រាប់ការនោះ គឺងារជា 'វត្ថុឆ្លុះបញ្ចាំង'! ទូលបង្គំបានបោះបង់ចោលអ្វីៗទាំងអស់ដើម្បីទ្រង់។ ទូលបង្គំបានលះបង់ទ្រព្យសម្បត្តិទាំងអស់នៅលើផែនដី។ កាលពីមុន មានមនុស្សម្នាក់ដែលបានណែនាំទូលបង្គំឱ្យស្គាល់ដៃគូដ៏មានសក្តានុពលម្នាក់។ គាត់ពិតជាសង្ហា និងស្លៀកពាក់ស្អាតណាស់។ គាត់ជាកូនប្រុសរបស់មន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។ នៅពេលនោះ ទូលបង្គំបានចាប់អារម្មណ៍នឹងគាត់។ ប៉ុន្តែនៅពេលដែលទូលបង្គំបានឮថាព្រះជាម្ចាស់បានលេចមក ហើយកំពុងបំពេញកិច្ចការរបស់ទ្រង់ ថាទ្រង់បាននិងកំពុងដឹកនាំយើងចូលទៅក្នុងនគរព្រះ ហើយប្រទានឱ្យយើងបានគ្រប់លក្ខណ៍ ហើយថាទ្រង់បានស្នើសុំឱ្យយើងមានការតាំងចិត្តកុំឱ្យខាតពេលវេលា ក្នុងការចាកចេញពីអ្វីៗគ្រប់យ៉ាង នៅពេលដែលទូលបង្គំបានឮដូច្នោះ ទូលបង្គំបានឃើញថា ទូលបង្គំមានការខ្វះខាតទាំងស្រុងក្នុងការតាំងចិត្ត។ បន្ទាប់មក ទូលបង្គំបានធ្វើចិត្តរឹង ហើយបដិសេធនូវឱកាសនោះ។ ក្រោយមក គាត់បានផ្ញើអំណោយទៅគ្រួសាររបស់ទូលបង្គំជាច្រើនដង ប៉ុន្តែទូលបង្គំមិនបានសូម្បីតែក្រឡេកមើលទៅអំណោយទាំងនោះ។ តើទ្រង់គិតថាទូលបង្គំអាក់អន់ចិត្តនៅពេលនោះទេ? វាជាអ្វីដែលល្អខ្លាំងណាស់ ហើយវាមិនបានកើតឡើងសោះ។ តើទូលបង្គំមិនអាក់អន់ចិត្តម្ដេចបានទៅ? ទូលបង្គំអាក់អន់ចិត្តនឹងការនេះអស់រយៈពេលជាច្រើនថ្ងៃ រហូតដល់ទូលបង្គំគេងមិនលក់នៅពេលយប់ ប៉ុន្តែនៅទីបំផុត ទូលបង្គំឈប់គិតពីការនោះបាន។ រាល់ពេលដែលទូលបង្គំអធិដ្ឋាន ទូលបង្គំត្រូវព្រះវិញ្ញាណបរិសុទ្ធពាល់ចិត្ត ដែលបានមានបន្ទូលថា៖ តើអ្នកមានឆន្ទៈលះបង់អ្វីៗគ្រប់យ៉ាងដើម្បីខ្ញុំទេ? តើអ្នកមានឆន្ទៈលះបង់ខ្លួនអ្នកសម្រាប់ខ្ញុំទេ? នៅពេលណាដែលទូលបង្គំគិតពីព្រះបន្ទូលរបស់ទ្រង់ទាំងនោះ ទូលបង្គំនឹងយំ។ ទូលបង្គំត្រូវបានពាល់ចិត្ត ហើយយំក្នុងភាពសោកសៅច្រើនដង ច្រើនជាងអ្វីដែលទូលបង្គំបានដឹង។ មួយឆ្នាំក្រោយមក ទូលបង្គំបានឮថាបុរសម្នាក់នោះបានរៀបការហើយ។ គ្មានអ្វីត្រូវនិយាយទេ ទូលបង្គំកំសត់ក្រៃលែង ប៉ុន្តែទូលបង្គំនៅតែបណ្តោយឱ្យរឿងនោះកើតឡើង ដើម្បីជាប្រយោជន៍ដល់ទ្រង់។ ហើយអ្វីៗទាំងអស់នេះ ដោយមិននិយាយដល់អាហារ និងសម្លៀកបំពាក់របស់ទូលបង្គំមានសភាពអន់នោះទេ ទូលបង្គំបានបោះបង់ចោលអាពាហ៍ពិពាហ៍នោះ ទូលបង្គំបានលះបង់អ្វីៗទាំងអស់នេះ ដូច្នេះហើយ ទ្រង់មិនគួរឱ្យទូលបង្គំធ្វើជាវត្ថុឆ្លុះបញ្ចាំងនោះទេ! ទូលបង្គំបានលះបង់អាពាហ៍ពិពាហ៍របស់ទូលបង្គំ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់ទូលបង្គំ ដោយគ្រប់ទាំងអស់គឺដើម្បីជាប្រយោជន៍ដល់ការថ្វាយខ្លួនទូលបង្គំដល់ទ្រង់។ ជីវិតទាំងមូលរបស់មនុស្ស គឺគ្មានអ្វីក្រៅពីស្វែងរកដៃគូល្អម្នាក់ និងមានគ្រួសារមួយដែលមានសុភមង្គលនោះទេ។ ទូលបង្គំបោះបង់ចោលការទាំងនេះ ជាការដែលល្អបំផុតក្នុងចំណោមអ្វីៗគ្រប់យ៉ាង ហើយឥឡូវនេះ ទូលបង្គំគ្មានអ្វីឡើយ ហើយទូលបង្គំនៅតែម្នាក់ឯង។ តើទ្រង់នឹងនាំទូលបង្គំទៅទីណា? ទូលបង្គំធ្លាប់រងទុក្ខ ចាប់តាំងពីទូលបង្គំចាប់ផ្តើមដើរតាមទ្រង់មក។ ទូលបង្គំមិនមានជីវិតល្អទេ។ ទូលបង្គំបានលះបង់គ្រួសារ និងអាជីពរបស់ទូលបង្គំ ក៏ដូចជាលះបង់ការសប្បាយខាងសាច់ឈាមដែរ ហើយការលះបង់ដែលយើងទាំងអស់គ្នាបានធ្វើនេះ នៅមិនទាន់គ្រប់គ្រាន់ដើម្បីទទួលបាននូវព្រះពររបស់ទ្រង់ទេឬ? ដូច្នេះ ឥឡូវនេះវាជារឿងអំពី 'វត្ថុឆ្លុះបញ្ចាំង'។ ព្រះជាម្ចាស់អើយ ទ្រង់បានទៅឆ្ងាយណាស់ហើយ! សូមទតមើលមកយើង យើងគ្មានអ្វីត្រូវពឹងផ្អែកទេ នៅលើពិភពលោកនេះ។ អ្នកខ្លះក្នុងចំណោមយើង បានលះបង់កូនរបស់ខ្លួន ខ្លះទៀតលះបង់កិច្ចការរបស់ខ្លួន ប្ដីប្រពន្ធ[ក] របស់ខ្លួននិងអ្វីៗផ្សេងទៀត។ យើងបានលះបង់ការសប្បាយខាងសាច់ឈាមទាំងអស់។ តើមានសង្ឃឹមអ្វីទៀតសម្រាប់យើង? តើយើងអាចបន្តរស់រានមានជីវិតក្នុងពិភពលោកយ៉ាងដូចម្តេច? តើការលះបង់ដែលយើងបានធ្វើទាំងអស់នេះ មិនសមនឹងតម្លៃកាក់តែមួយសេនទេឬអី? តើទ្រង់មិនអាចឃើញការទាំងនោះទាល់តែសោះមែនឬ? ឋានៈរបស់ពួកយើងទាបណាស់ ហើយខ្វះលក្ខណៈសម្បត្តិល្អ។ យើងទទួលយកការនោះ ប៉ុន្តែតើនៅពេលណាដែលពួកយើងមិនស្ដាប់តាមអ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ឱ្យយើងធ្វើ? ឥឡូវនេះ ទ្រង់កំពុងបោះបង់ពួកយើងចោលដោយមិនអាណិតអាសូរ ហើយ 'សង' យើងវិញដោយដាក់ងារជា 'វត្ថុឆ្លុះបញ្ចាំង'? តើការទាំងអស់នោះ ចេញពីការលះបង់របស់ពួកយើងឬទេ? នៅទីបំផុត ប្រសិនបើមនុស្សម្នាសួរទូលបង្គំថា តើអ្វីដែលទូលបង្គំទទួលបានពីការជឿលើព្រះជាម្ចាស់ តើទូលបង្គំពិតជាអាចឱ្យពួកគេមើលឃើញពាក្យ 'វត្ថុឆ្លុះបញ្ចាំង' នេះដែរទេ? តើទូលបង្គំអាចបើកមាត់ទូលបង្គំ ដើម្បីនិយាយថា ទូលបង្គំជាវត្ថុឆ្លុះបញ្ចាំងដោយរបៀបណា? ទូលបង្គំមិនអាចពន្យល់រឿងនោះទៅកាន់ឪពុកម្តាយរបស់ទូលបង្គំបានទេ ហើយទូលបង្គំក៏មិនអាចពន្យល់រឿងនោះទៅកាន់អតីតដៃគូដ៏មានសក្តានុពលរបស់ទូលបង្គំបានដែរ។ ទូលបង្គំបានលះបង់យ៉ាងច្រើនសន្ធឹក ហើយអ្វីដែលទូលបង្គំទទួលបានត្រឡប់មកវិញ គឺការក្លាយជាវត្ថុឆ្លុះបញ្ចាំង! អូ! ទូលបង្គំមានអារម្មណ៍ក្រៀមក្រំណាស់!» (នាងចាប់ផ្តើមច្របាច់ភ្លៅនាង ហើយយំ)។ «ប្រសិនបើខ្ញុំមានបន្ទូលថា ឥឡូវនេះខ្ញុំនឹងមិនផ្តល់ឱ្យអ្នកនូវងារជាវត្ថុឆ្លុះបញ្ចាំងទេ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើឱ្យអ្នកក្លាយជារាស្រ្តម្នាក់ក្នុងចំណោមរាស្រ្តរបស់ខ្ញុំ និងណែនាំអ្នកឱ្យចេញទៅ ហើយផ្សាយដំណឹងល្អ ប្រសិនបើខ្ញុំផ្តល់ឱ្យអ្នកនូវឋានៈដើម្បីឱ្យអ្នកធ្វើកិច្ចការ តើអ្នកអាចធ្វើកិច្ចការនោះបានទេ? តាមពិតទៅ តើអ្នកបានទទួលអ្វីខ្លះពីជំហានមួយទៅជំហានមួយអំពីកិច្ចការនេះ? ហើយមើលអ្នកចុះ អ្នកកំពុងតែធ្វើឱ្យខ្ញុំរីករាយជាមួយរឿងរ៉ាវរបស់អ្នក អ្នកមិនមានការខ្មាសអៀនសោះ! អ្នកបាននិយាយថា អ្នកបានបង់ថ្លៃ ប៉ុន្តែមិនបានទទួលអ្វីសោះ។ តើវាអាចថា ខ្ញុំមិនបានអើពើក្នុងការមានបន្ទូលប្រាប់អ្នកនូវអ្វីដែលជាលក្ខខណ្ឌរបស់ខ្ញុំ សម្រាប់ការទទួលយកមនុស្សម្នាក់ឬ? តើកិច្ចការរបស់ខ្ញុំគឺសម្រាប់នរណា? តើអ្នកដឹងទេ? នេះអ្នកកំពុងសើរើឡើងវិញនូវការឈឺចាប់ពីមុន! តើអ្នកមិនត្រូវរាប់ថាជាមនុស្សតទៅទៀតទេឬអី? តើអ្នកមិនបានទទួលរងនូវទុក្ខវេទនាណាមួយដែលអ្នកបានជួបប្រទះ ដោយចេញពីឆន្ទៈផ្ទាល់ខ្លួនរបស់អ្នកទេឬ? ហើយតើការរងទុក្ខរបស់អ្នក មិនបានកើតឡើងដើម្បីទទួលបានព្រះពរទេឬអី? តើអ្នកបានបំពេញតាមសេចក្ដីតម្រូវរបស់ខ្ញុំហើយឬនៅ? អ្វីដែលអ្នកទាំងអស់គ្នាចង់បាន គឺចង់ទទួលបានព្រះពរ។ អ្នកមិនខ្មាសអៀនទេ! តើខ្ញុំធ្លាប់មានសេចក្ដីតម្រូវពីអ្នក ដែលចាំបាច់ត្រូវតែធ្វើពីពេលណា? ប្រសិនបើអ្នកមានឆន្ទៈដើរតាមខ្ញុំ អ្នកត្រូវស្ដាប់បង្គាប់ខ្ញុំក្នុងគ្រប់រឿងទាំងអស់។ ចូរកុំព្យាយាមចរចានូវលក្ខខណ្ឌអ្វីឡើយ។ យ៉ាងណាមិញ ខ្ញុំបានប្រាប់អ្នកជាមុនរួចហើយថា មាគ៌ានេះគឺជាមាគ៌ានៃការរងទុក្ខ។ វាពេញទៅដោយបញ្ហាដ៏តានតឹង ជាមួយនឹងភាពជោគជ័យតិចតួច។ តើអ្នកបានភ្លេចហើយឬ? ខ្ញុំបានមានបន្ទូលរឿងនេះជាច្រើនដងមកហើយ។ ប្រសិនបើអ្នកមានឆន្ទៈក្នុងការរងទុក្ខ នោះចូរតាមខ្ញុំចុះ។ ប្រសិនបើអ្នកមិនមានឆន្ទៈក្នុងការរងទុក្ខទេ នោះចូរឈប់ទៅ។ ខ្ញុំមិនមែនកំពុងបង្ខំអ្នកទេ អ្នកអាចមានសេរីភាពចូលមក ឬចេញទៅ! ទោះយ៉ាងណា នេះជារបៀបដែលខ្ញុំធ្វើសម្រេចកិច្ចការ ហើយខ្ញុំមិនអាចពន្យារពេលកិច្ចការរបស់ខ្ញុំទាំងមូល ដោយសារតែការបះបោររបស់អ្នកម្នាក់ៗនោះឡើយ។ អ្នកប្រហែលជាមិនមានឆន្ទៈស្ដាប់បង្គាប់ទេ ប៉ុន្តែមានអ្នកផ្សេងទៀតដែលមានឆន្ទៈស្ដាប់បង្គាប់។ អ្នកទាំងអស់គ្នាជាមនុស្សដែលអស់សង្ឃឹម! អ្នកមិនខ្លាចអ្វីទាំងអស់! អ្នកកំពុងចរចាលក្ខខណ្ឌជាមួយខ្ញុំ តើអ្នកចង់បន្ដរស់នៅឬអត់? អ្នកមានគម្រោងសម្រាប់ខ្លួនឯង និងប្រញាយគ្នាដើម្បីកិត្តិនាម និងផលប្រយោជន៍ផ្ទាល់ខ្លួន។ តើកិច្ចការទាំងអស់របស់ខ្ញុំមិនមែនសម្រាប់អ្នកទេឬ? តើអ្នកពិការភ្នែកទេឬ? មុនពេលដែលខ្ញុំត្រឡប់ជាសាច់ឈាម អ្នកមិនអាចមើលឃើញខ្ញុំបានទេ ហើយពាក្យទាំងនេះដែលអ្នកបាននិយាយ នឹងត្រូវលើកលែងទោសឱ្យនៅពេលនោះ ប៉ុន្តែឥឡូវនេះ ខ្ញុំយកកំណើតជាមនុស្ស ហើយខ្ញុំកំពុងធ្វើការក្នុងចំណោមអ្នករាល់គ្នា ប៉ុន្តែអ្នកនៅតែមិនអាចមើលឃើញដដែល? តើអ្វីខ្លះដែលអ្នកមិនយល់? អ្នកនិយាយថាអ្នករងនូវការខាតបង់។ ដូច្នេះខ្ញុំបានត្រឡប់ជាសាច់ឈាមដើម្បីជួយសង្រ្គោះដល់អ្នករាល់គ្នាដែលជាមនុស្សអស់សង្ឃឹម ហើយខ្ញុំបានធ្វើកិច្ចការជាច្រើន ហើយសូម្បីតែឥឡូវនេះ ក៏អ្នកនៅតែត្អូញត្អែរដដែល តើអ្នកនឹងមិននិយាយថា ខ្ញុំរងនូវការបាត់បង់ទេឬ? តើអ្វីដែលខ្ញុំបានធ្វើទាំងអស់ មិនមែនសម្រាប់អ្នកទេឬ? ខ្ញុំដាក់ងារនេះចំពោះមនុស្ស ដោយផ្អែកលើកម្ពស់បច្ចុប្បន្នរបស់ពួកគេ។ ប្រសិនបើខ្ញុំហៅអ្នកថាជា 'វត្ថុឆ្លុះបញ្ចាំង' ពេលនោះអ្នកនឹងក្លាយជាវត្ថុឆ្លុះបញ្ចាំងភ្លាម។ ដូចគ្នានេះដែរ ប្រសិនបើខ្ញុំហៅអ្នកថាជា 'ម្នាក់នៃរាស្រ្តរបស់ព្រះជាម្ចាស់' នោះអ្នកនឹងក្លាយជារាស្រ្តទ្រង់ភ្លាម។ អ្វីក៏ដោយដែលខ្ញុំហៅអ្នក នោះជាអត្តសញ្ញាណរបស់អ្នក។ តើការទាំងអស់នេះមិនសម្រេចបាន ដោយព្រះបន្ទូលពីរបីម៉ាត់ចេញពីបបូរមាត់ខ្ញុំទេឬអី? ហើយព្រះបន្ទូលពីរបីម៉ាត់ទាំងនេះរបស់ខ្ញុំ ធ្វើឱ្យអ្នកខឹងមែនទេ? បើអ៊ីចឹងមែន ខ្ញុំសូមទោស! ប្រសិនបើអ្នកមិនស្ដាប់បង្គាប់ខ្ញុំឥឡូវនេះទេ នៅទីបំផុត អ្នកនឹងត្រូវបណ្តាសា តើពេលនោះអ្នកនឹងសប្បាយចិត្តទេ? អ្នកមិនយកចិត្តទុកដាក់លើផ្លូវនៃជីវិតទេ តែផ្តោតលើឋានៈ និងងាររបស់អ្នកប៉ុណ្ណោះ។ តើជីវិតរបស់អ្នកដូចអ្វី? ខ្ញុំមិនបដិសេធថាអ្នកបានលះបង់តម្លៃដ៏ច្រើននោះទេ ប៉ុន្តែសូមក្រឡេកមើលកម្ពស់ និងការអនុវត្តរបស់អ្នកផ្ទាល់ ហើយសូម្បីតែឥឡូវនេះ ក៏អ្នកនៅតែព្យាយាមចរចាលក្ខខណ្ឌដដែល។ តើនេះជាកម្ពស់ដែលអ្នកបានទទួលតាមរយៈការតាំងចិត្តរបស់អ្នកឬ? តើអ្នកនៅតែមានភាពថ្លៃថ្នូរទេ? តើអ្នកមានមនសិការទេ? តើជាខ្ញុំមែនទេដែលបានធ្វើអ្វីខុស? តើសេចក្ដីតម្រូវរបស់ខ្ញុំពីអ្នកមានកំហុសដែរឬទេ? អ៊ីចឹង តើវាជាអ្វីទៅ? ខ្ញុំចង់ឱ្យអ្នកធ្វើជាវត្ថុឆ្លុះបញ្ចាំងរយៈពេលពីរបីថ្ងៃ តែអ្នកនៅតែមិនមានឆន្ទៈធ្វើ។ តើនោះជាការតាំងចិត្តប្រភេទណាទៅ? អ្នកទាំងអស់គ្នាជាមនុស្សចង់ធ្វើអ្វីដែលស្រួលៗ អ្នកគឺជាមនុស្សកំសាក! ការដាក់ទោសចំពោះមនុស្សដូចជាអ្នកនាពេលឥឡូវនេះ គឺប្រាកដច្បាស់ណាស់!» នៅពេលដែលខ្ញុំមានបន្ទូលបែបនេះហើយ នាងមិនបាននិយាយអ្វីទេ។

ឥឡូវនេ ចំពោះការដកបទពិសោធនូវកិច្ចការប្រភេទនេះ អ្នករាល់គ្នាត្រូវតែមានអ្វីម៉្យាងអំពីការយល់ដឹងពីជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ និងវិធីសាស្រ្តរបស់ទ្រង់អំពីការបំផ្លាស់បំប្រែមនុស្ស។ មាននូវការនេះ គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវលទ្ធផលនៃការបំផ្លាស់បំប្រែ។ នៅក្នុងការស្វែងរករបស់អ្នករាល់គ្នា អ្នកមាននូវសញ្ញាណ សេចក្តីសង្ឃឹម និងអនាគតផ្ទាល់ខ្លួនជាច្រើន។ កិច្ចការបច្ចុប្បន្ននេះ គឺដើម្បីដោះស្រាយនូវបំណងប្រាថ្នាដែលចង់បានឋានៈ និងបំណងប្រាថ្នាហួសប្រមាណរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ សេចក្តីសង្ឃឹម ឋានៈ និងសញ្ញាណ គឺសុទ្ធតែជាតំណាងពីបុរាណនៃនិស្ស័យបែបសាតាំង។ មូលហេតុដែលរឿងរ៉ាងទាំងនេះមាននៅក្នុងចិត្តរបស់មនុស្ស គឺដោយសារតែការបំពុលរបស់សាតាំង តែងតែធ្វើឱ្យគំនិតរបស់មនុស្សកាន់តែអាក្រក់ ហើយជានិច្ចកាល មនុស្សមិនអាចគេចចេញពីការល្បួងរបស់សាតាំងបានឡើយ។ ពួកគេកំពុងរស់នៅក្នុងអំពើបាប តែពួកគេមិនជឿថាវាជាអំពើបាបនោះទេ ហើយពួកគេនៅតែគិតថា៖ «ពួកយើងជឿលើព្រះជាម្ចាស់ ដូច្នេះទ្រង់ត្រូវតែប្រទានព្រះពរដល់ពួកយើង ហើយរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់យើងយ៉ាងសមរម្យ។ យើងជឿលើព្រះជាម្ចាស់ ដូច្នេះពួកយើងត្រូវតែលើសជាងអ្នកដទៃ ហើយយើងត្រូវមានឋានៈ និងអនាគតច្រើនជាងអ្នកដទៃដែរ។ ដោយសារយើងជឿលើព្រះជាម្ចាស់ ទ្រង់ត្រូវតែប្រទានឱ្យយើងនូវព្រះពរដែលគ្មានព្រំដែន។ បើមិនដូច្នោះទេ មិនគួរហៅថាជាអ្នកជឿលើព្រះជាម្ចាស់នោះឡើយ។» អស់រយៈពេលជាច្រើនឆ្នាំមកហើយ គំនិតដែលមនុស្សបានពឹងផ្អែកសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ បានធ្វើឱ្យដួងចិត្តរបស់ពួកគេច្របូកច្របល់ រហូតដល់ចំណុចដែលពួកគេបានត្រឡប់ជាមនុស្សក្បត់ កំសាក និងគួរឱ្យស្អប់ខ្ពើម។ ពួកគេមិនត្រឹមតែខ្វះឆន្ទៈក្នុងការសម្រេច និងការតាំងចិត្តប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានត្រឡប់ជាមនុស្សលោភលន់ ក្រអឺតក្រទម និងធ្វើអ្វីតាមចិត្តឯងផងដែរ។ ពួកគេខ្វះខ្លាំងមែនទែននូវការតាំងចិត្តណាមួយដែលហួសពីខ្លួនឯង ហើយលើសពីនេះទៅទៀត ពួកគេមិនមានភាពក្លាហានបន្តិចសោះក្នុងការចាកចេញពីភាពតឹងរ៉ឹងនៃឥទ្ធិពលងងឹតទាំងនេះទេ។ គំនិត និងជីវិតរបស់មនុស្ស គឺស្អុយរលួយណាស់ ដែលទស្សនៈរបស់ពួកគេលើការជឿលើព្រះជាម្ចាស់ នៅតែអាក្រក់ក្រៃលែងសឹងតែទ្រាំមិនបាន ហើយសូម្បីតែនៅពេលដែលមនុស្សនិយាយអំពីទស្សនរបស់ពួកគេលើការជឿលើព្រះជាម្ចាស់ ក៏សឹងតែមិនអាចអត់ទ្រាំឮដែរ។ មនុស្សទាំងអស់សុទ្ធតែជាមនុស្សកំសាក អសមត្ថភាព គួរឱ្យស្អប់ខ្ពើម និងផុយស្រួយ។ ពួកគេមិនមានអារម្មណ៍ស្អប់ខ្ពើមចំពោះកម្លាំងនៃភាពងងឹតទេ ហើយពួកគេមិនមានអារម្មណ៍ស្រឡាញ់ពន្លឺ និងសេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេខិតខំអស់ពីសមត្ថភាព ដើម្បីបណ្តេញពន្លឺ និងសេចក្ដីពិតចេញ។ តើគំនិត និងទស្សនវិស័យបច្ចុប្បន្នរបស់អ្នករាល់គ្នា មិនមែនដូចនេះទេឬ? «តាំងពីទូលបង្គំជឿលើព្រះជាម្ចាស់ ទូលបង្គំគប្បីទទួលបានការចាក់បង្ហូរនូវព្រះពរ ហើយគប្បីទទួលបានការធានាថា ឋានៈរបស់ទូលបង្គំមិនដែលរង្គោះរង្គើ ហើយឱ្យនៅតែខ្ពស់ជាងអ្នកមិនជឿទៅទៀតដែរ។» អ្នកមិនបានមាននូវទស្សនៈបែបនោះនៅក្នុងខ្លួនអ្នករាល់គ្នា មិនត្រឹមតែរយៈពេលមួយ ឬពីរឆ្នាំទេ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ វិធីនៃការគិតធ្វើប្រតិបត្តិការរបស់អ្នករាល់គ្នា គឺលើសជ្រុល។ ទោះបីជាអ្នកបានឈានដល់ជំហាននេះនៅថ្ងៃនេះក៏ដោយ ក៏អ្នករាល់គ្នានៅតែមិនទាន់បោះបង់ចោលឋានៈដែរ ប៉ុន្តែបែរជាតស៊ូជានិច្ចដើម្បីបានដំណឹងពីការនោះ ហើយសង្កេតអំពីការនោះជារៀងរាល់ថ្ងៃ ដោយការភ័យខ្លាចយ៉ាងខ្លាំងថា ថ្ងៃណាមួយឋានៈរបស់អ្នកនឹងត្រូវបាត់បង់ ហើយឈ្មោះរបស់អ្នកនឹងត្រូវខូច។ មនុស្សមិនដែលលះបង់បំណងប្រាថ្នាដើម្បីភាពងាយស្រួលទេ។ ដូច្នេះ នៅពេលដែលខ្ញុំជំនុំជម្រះអ្នករាល់គ្នានៅថ្ងៃនេះ តើនៅទីបំផុតអ្នករាល់គ្នានឹងមានការយល់ដឹងកម្រិតណា? អ្នករាល់គ្នានឹងនិយាយថា ទោះបីឋានៈរបស់អ្នករាល់គ្នាមិនខ្ពស់ក៏ដោយ ក៏អ្នករាល់គ្នានៅតែទទួលបាននូវការលើកស្ទួយពីព្រះជាម្ចាស់ដែរ។ ដោយសារតែអ្នករាល់គ្នាមានកំណើតតូចទាប អ្នកមិនមានឋានៈទេ តែអ្នកទទួលបានឋានៈដោយសារព្រះជាម្ចាស់លើកស្ទួយអ្នក នេះគឺជាអ្វីដែលទ្រង់បានប្រទានមកអ្នក។ ថ្ងៃនេះ អ្នកអាចទទួលការបណ្តុះបណ្តាលរបស់ព្រះជាម្ចាស់ ការវាយផ្ចាលរបស់ទ្រង់ និងការជំនុំជម្រះរបស់ទ្រង់ដោយផ្ទាល់បាន។ រឹតតែពិសេសទៅទៀតនោះ គឺជាការលើកស្ទួយពីទ្រង់។ អ្នករាល់គ្នាអាចទទួលបានការបន្សុទ្ធ និងការដុតបញ្ឆេះរបស់ទ្រង់ដោយផ្ទាល់។ នេះគឺជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ ឆ្លងកាត់សម័យកាលជាច្រើន មិនដែលមានមនុស្សណាម្នាក់ ដែលទទួលបានការបន្សុទ្ធ និងការដុតបញ្ឆេះរបស់ទ្រង់ឡើយ ហើយក៏មិនមានមនុស្សណាម្នាក់ ដែលអាចទទួលបាននូវភាពគ្រប់លក្ខណ៍ ដោយសារព្រះបន្ទូលរបស់ទ្រង់ឡើយ។ ឥឡូវ ព្រះជាម្ចាស់កំពុងមានបន្ទូលជាមួយអ្នករាល់គ្នាទល់មុខនឹងមុខ បន្សុទ្ធអ្នករាល់គ្នា បើកសម្តែងពីភាពបះបោរខាងក្នុងរបស់អ្នករាល់គ្នា នេះពិតជាការលើកស្ទួយរបស់ទ្រង់។ តើមនុស្សមានសមត្ថភាពអ្វីខ្លះ? មិនថាពួកគេជាកូនចៅរបស់ដាវីឌ ឬជាកូនចៅរបស់ម៉ូអាប់ទេ សរុបមក មនុស្សត្រូវបានបង្កើតមកក្នុងភាពជាមនុស្ស គ្មានអ្វីដែលគួរឱ្យអួតខ្លួនសោះឡើយ។ ដោយសារអ្នកជាសត្ដនិកររបស់ព្រះជាម្ចាស់ អ្នកត្រូវតែបំពេញភារកិច្ចរបស់សត្តនិករ។ មិនមានសេចក្ដីតម្រូវផ្សេងទៀតពីអ្នករាល់គ្នាទេ។ នេះជារបៀបដែលអ្នករាល់គ្នាគប្បីអធិស្ឋាន៖ «ឱព្រះជាម្ចាស់អើយ! មិនថាទូលបង្គំមានឋានៈឬអត់ទេ ឥឡូវនេះ ទូលបង្គំយល់ពីខ្លួនឯងហើយ។ ប្រសិនបើឋានៈរបស់ទូលបង្គំខ្ពស់ នោះគឺដោយសារតែការលើកស្ទួយពីទ្រង់ ហើយប្រសិនបើវាទាប គឺដោយសារតែការអនុញ្ញាតឱ្យកើតឡើងពីទ្រង់។ អ្វីៗទាំងអស់ស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់។ ទូលបង្គំគ្មានជម្រើសណាទេ ក៏មិនមានការតវ៉ាអ្វីដែរ។ ទ្រង់បានជ្រើសតាំងឱ្យទូលបង្គំកើតនៅក្នុងប្រទេសនេះ និងក្នុងចំណោមមនុស្សនេះ ហើយអ្វីទាំងអស់ដែលទូលបង្គំគួរធ្វើ គឺត្រូវស្ដាប់បង្គាប់ទាំងស្រុងក្រោមការគ្រប់គ្រងរបស់ទ្រង់ ពីព្រោះអ្វីៗគ្រប់យ៉ាង គឺស្ថិតនៅក្នុងអ្វីដែលទ្រង់បានជ្រើសតាំង។ ទូលបង្គំមិនគិតពីឋានៈទេ។ យ៉ាងណាមិញ ទូលបង្គំគ្រាន់តែជាសត្តនិករប៉ុណ្ណោះ។ ប្រសិនបើទ្រង់ដាក់ទូលបង្គំនៅក្នុងជង្ហុកធំ នៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ទូលបង្គំមិនមែនជាអ្វីក្រៅពីជាសត្ដនិករទេ។ ប្រសិនបើទ្រង់ប្រើទូលបង្គំ ទូលបង្គំគឺជាសត្តនិករ។ ប្រសិនបើទ្រង់ប្រោសឱ្យទូលបង្គំបានគ្រប់លក្ខណ៍ ទូលបង្គំនៅតែជាសត្តនិករ។ ប្រសិនបើទ្រង់មិនប្រោសឱ្យទូលបង្គំបានគ្រប់លក្ខណ៍ ក៏ទូលបង្គំនឹងនៅតែស្រឡាញ់ទ្រង់ ពីព្រោះទូលបង្គំមិនមែនលើសជាងសត្តនិករទេ។ ទូលបង្គំមិនមែនជាអ្វីឡើយ ក្រៅតែពីជាសត្តនិករតូចតាច ដែលបង្កើតឡើងដោយព្រះអម្ចាស់នៃការបង្កើត ពោលគឺគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមកប៉ុណ្ណោះ។ គឺជាទ្រង់ហើយដែលបានបង្កើតទូលបង្គំ ហើយឥឡូវនេះទ្រង់បានដាក់ទូលបង្គំម្តងទៀតនៅក្នុងព្រះហស្ដរបស់ទ្រង់ ដើម្បីឱ្យទ្រង់ធ្វើអ្វីៗតាមតែព្រះអង្គមានព្រះទ័យចង់ធ្វើ។ ទូលបង្គំមានឆន្ទៈធ្វើជាឧបករណ៍របស់ទ្រង់ និងជាវត្ថុឆ្លុះបញ្ចាំងរបស់ទ្រង់ ពីព្រោះអ្វីៗគ្រប់យ៉ាង គឺជាអ្វីដែលទ្រង់បានជ្រើសតាំង។ គ្មាននរណាម្នាក់អាចផ្លាស់ប្តូរការនេះបានឡើយ។ របស់សព្វសារពើ និងព្រឹត្តិការណ៍ទាំងអស់ គឺសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់។» នៅពេលដែលវេលាមកដល់ ដែលអ្នកនឹងលែងគិតពីឋានៈ នោះអ្នកនឹងរួចផុតពីការនេះ។ មានតែពេលនោះទេ ដែលអ្នកនឹងអាចស្វែងរកដោយទំនុកចិត្ត និងក្លាហាន ហើយមានតែពេលនោះទេ ដែលដួងចិត្តរបស់អ្នកអាចរួចផុតពីដាក់កម្រិតណាមួយបាន។ នៅពេលដែលមនុស្សដោះចេញពីការទាំងអស់នេះបាន ពេលនោះពួកគេនឹងលែងមានកង្វល់ទៀតហើយ។ តើឥឡូវនេះ ភាគច្រើននៃកង្វល់របស់អ្នករាល់គ្នាជាអ្វីទៅ? អ្នកតែងតែត្រូវបានដាក់កម្រិតដោយឋានៈ ហើយមានកង្វល់ជានិច្ចចំពោះការរំពឹងទុករបស់អ្នក។ អ្នកតែងតែត្រឡប់ទំព័រនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយរំពឹងចង់អានព្រះបន្ទូលទាក់ទងនឹងទិសដៅរបស់មនុស្ស ហើយចង់ដឹងថាតើការរំពឹងទុករបស់អ្នកមានអ្វីខ្លះ ហើយទិសដៅរបស់អ្នកនឹងទៅជាយ៉ាងណា។ អ្នកឆ្ងល់ថា «តើទូលបង្គំពិតជាមានការរំពឹងទុកឬទេ? តើព្រះជាម្ចាស់បាននាំការទាំងនោះទៅឆ្ងាយទេ? ព្រះជាម្ចាស់គ្រាន់តែមានបន្ទូលថា ទូលបង្គំជាវត្ថុឆ្លុះបញ្ចាំង។ តើអ្វីទៅជាការរំពឹងទុករបស់ទូលបង្គំ?» វាពិបាកសម្រាប់អ្នករាល់គ្នាក្នុងការដាក់ការរំពឹងទុក និងវាសនារបស់អ្នកនៅមួយឡែក។ ឥឡូវនេះ អ្នករាល់គ្នាជាអ្នកដើរតាមទ្រង់ ហើយអ្នកបានទទួលការយល់ដឹងខ្លះៗអំពីដំណាក់កាលនៃកិច្ចការនេះ។ ទោះយ៉ាងណា អ្នកនៅតែមិនទាន់បានដាក់នូវបំណងចិត្តក្នុងការចង់បានឋានៈរបស់អ្នក ឱ្យនៅមួយឡែកនៅឡើយ។ នៅពេលឋានៈរបស់អ្នកខ្ពស់ អ្នកស្វែងរកបានល្អ ប៉ុន្តែនៅពេលដែលឋានៈអ្នកទាប អ្នកនឹងមិនស្វែងរកទៀតទេ។ ព្រះពរអំពីឋានៈ គឺតែងតែស្ថិតនៅក្នុងគំនិតរបស់អ្នកជានិច្ច។ ហេតុអ្វីបានជាមនុស្សភាគច្រើនមិនអាចដកខ្លួនចេញពីភាពអវិជ្ជមានបាន? តើចម្លើយមិនកើតមាន ដោយសារតែការរំពឹងទុកមិនគាប់ប្រសើរទេឬ? ដរាបណាសូរសៀងរបស់ព្រះជាម្ចាស់ត្រូវបានថ្លែងចេញ នោះអ្នករាល់គ្នាប្រញាប់ចង់ឃើញថាតើឋានៈ និងអត្តសញ្ញាណរបស់អ្នកជាអ្វីឱ្យប្រាកដ។ អ្នករាល់គ្នា ផ្តល់អាទិភាពលើឋានៈ និងអត្តសញ្ញាណ ហើយទម្លាក់និមិត្តទៅលេខរៀងទីពីរវិញ។ ទីបីគឺជាអ្វីដែលអ្នកគួរចូល ហើយទីបួនគឺជាព្រះហឫទ័យបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ អ្នកដំបូងគេគឺក្រឡេកមើល ថាតើងារដែលព្រះជាម្ចាស់ដាក់ឱ្យអ្នកថាជា «វត្ថុឆ្លុះបញ្ចាំង» បានផ្លាស់ប្តូរឬអត់។ អ្នកអានហើយអានទៀត ហើយនៅពេលដែលអ្នកឃើញថាងារជា «វត្ថុឆ្លុះបញ្ចាំង» ត្រូវបានដកចេញហើយនោះ អ្នកនឹងសប្បាយចិត្ត និងអរព្រះគុណដល់ព្រះជាម្ចាស់យ៉ាងខ្លាំង ហើយសរសើរពីព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់។ ប៉ុន្តែ ប្រសិនបើអ្នកឃើញថាអ្នករាល់គ្នានៅតែជាវត្ថុឆ្លុះបញ្ចាំងនោះអ្នកនឹងអាក់អន់ចិត្ត ហើយកត្តាជំរុញនៅក្នុងដួងចិត្តរបស់អ្នករលាយបាត់ភ្លាម។ បើអ្នកស្វែងរកតាមវិធីនេះកាន់តែច្រើន អ្នកនឹងទទួលបានផលតិច។ បើមនុស្សមានបំណងប្រាថ្នាកាន់តែខ្ពស់លើឋានៈ នោះពួកគេនឹងត្រូវដោះស្រាយជាមួយព្រះជាម្ចាស់កាន់តែធ្ងន់ធ្ងរ ហើយពួកគេនឹងកាន់តែត្រូវឆ្លងកាត់នូវការបន្សុទ្ធដ៏ខ្លាំង។ មនុស្សបែបនេះគ្មានតម្លៃទេ! ពួកគេត្រូវតែត្រូវដោះស្រាយ និងជំនុំជម្រះពីព្រះជាម្ចាស់ដោយពេញលេញ ដើម្បីឱ្យពួកគេបោះបង់ចោលនូវរបស់ទាំងនេះទាំងស្រុង។ ប្រសិនបើអ្នករាល់គ្នាបន្តតាមវិធីនេះរហូតដល់ទីបំផុត អ្នកនឹងមិនទទួលបានអ្វីទាំងអស់។ អ្នកដែលមិនស្វែងរកជីវិត មិនអាចទទួលបានការបំផ្លាស់បំប្រែទេ ហើយអ្នកដែលមិនស្រេកឃ្លានសេចក្ដីពិត ក៏មិនអាចទទួលបានសេចក្ដីពិតដែរ។ អ្នកមិនផ្តោតលើការស្វែងរកការបំផ្លាស់បំប្រែ និងច្រកចូលផ្ទាល់ខ្លួនទេ ប៉ុន្តែបែរជាផ្តោតលើបំណងប្រាថ្នាដ៏ហួសហេតុ និងអ្វីៗដែលរារាំងសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ ហើយរារាំងអ្នកមិនឱ្យចូលទៅជិតទ្រង់។ តើការទាំងនោះអាចបំផ្លាស់បំប្រែអ្នកបានទេ? តើការទាំងនោះអាចនាំអ្នកចូលទៅក្នុងនគរព្រះបានទេ? ប្រសិនបើកម្មវត្ថុនៃការស្វះស្វែងរករបស់អ្នក មិនមែនដើម្បីស្វែងរកសេចក្ដីពិតទេនោះ អ្នកក៏អាចឆ្លៀតយកឱកាសនេះ ហើយត្រឡប់ទៅកាន់ពិភពលោកវិញចុះ។ ការខ្ជះខ្ជាយពេលវេលារបស់អ្នកតាមរបៀបនេះ គឺពិតជាមិនមានតម្លៃទេ។ ហេតុអ្វីបានជាធ្វើទារុណកម្មខ្លួនឯង? តើវាមិនពិតទេឬដែលថា អ្នកអាចទទួលបាននូវអ្វីៗគ្រប់បែបយ៉ាងនៅក្នុងពិភពលោកដ៏ស្រស់ស្អាតនោះ? លុយ ស្ត្រីស្រស់ស្អាត ឋានៈ អំនួតខ្លាំងលើខ្លួនឯង គ្រួសារ កូនៗ និងអ្វីៗផ្សេងទៀត តើសមិទ្ធិផលទាំងនេះរបស់លោកីយ៍ មិនមែនជារបស់ល្អបំផុតដែលអ្នកគួរទទួលបានបានទេឬ? តើដើម្បីអ្វីទៅក្នុងការដែលដើរចុះឡើងរកមើលកន្លែងមួយដែលអ្នកអាចសប្បាយបាននោះ? បុត្រមនុស្សគ្មានកន្លែងណានឹងកើយព្រះសិរសាទេ ដូច្នេះតើអ្នកអាចមានកន្លែងដែលសុខស្រួលបានយ៉ាងដូចម្តេចទៅ? តើទ្រង់បង្កើតកន្លែងងាយស្រួលដ៏ស្រស់ស្អាតមួយសម្រាប់អ្នកយ៉ាងដូចម្តេចទៅ? តើអាចទៅរួចទេ? ក្រៅពីការជំនុំជម្រះរបស់ខ្ញុំ ថ្ងៃនេះអ្នកអាចទទួលបានការបង្រៀនតែអំពីសេចក្ដីពិតប៉ុណ្ណោះ។ អ្នកមិនអាចទទួលបានការលួងលោមពីខ្ញុំទេ ហើយអ្នកមិនអាចទទួលបានគ្រែផ្កាកុលាបដែលអ្នកចង់បានជាយូរមកហើយនោះទេ។ ខ្ញុំនឹងមិនប្រទានឱ្យអ្នកនូវទ្រព្យសម្បត្តិនៃពិភពលោកទេ។ ប្រសិនបើអ្នកស្វែងរកយ៉ាងពិតប្រាកដ នោះខ្ញុំនឹងប្រទានឱ្យអ្នកនូវផ្លូវនៃជីវិតទាំងមូល ដើម្បីឱ្យអ្នកដូចជាត្រីត្រឡប់ចូលទៅក្នុងទឹកវិញអ៊ីចឹង។ ប្រសិនបើអ្នកមិនស្វែងរកដោយពិតប្រាកដទេ នោះខ្ញុំនឹងយកវាត្រលប់មកវិញទាំងអស់។ ខ្ញុំមិនមានព្រះហឫទ័យប្រទានព្រះបន្ទូលពីព្រះឱស្ឋរបស់ខ្ញុំទៅកាន់អ្នកដែលលោភលន់ដើម្បីបានការលួងលោម ជាអ្នកដែលគ្រាន់តែដូចជាជ្រូក និងឆ្កែប៉ុណ្ណោះឡើយ!

លេខយោង៖

(ក) អត្ថបទដើមសរសេរថា «ប្រពន្ធ»។

ខាង​ដើម៖ សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)

បន្ទាប់៖ របៀបសម្រេចបានប្រសិទ្ធភាពចំពោះជំហានទីពីរនៃកិច្ចការនៃការយកឈ្នះ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ