ឃ. ព្រះបន្ទូលស្ដីពីការបើកសម្ដែងអំពីអ្វីជាសេចក្តីពិត
១៥២. ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឱ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវត្រួតត្រាដោយបញ្ញត្តិដោយន័យពាក្យនានា ហើយជាប់ខ្នោះឃ្នាងប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ។ មនុស្សដែលមិនមែនរស់ដោយសារទឹកនៃជិវិត នឹងនៅជាសាកសព ជារបស់លេងរបស់សាតាំង និងជាកូននរករហូតអស់កល្បជានិច្ច។ ចុះម្ដេចបានជាពួកគេអាចមើលឃើញព្រះជាម្ចាស់ពីចម្ងាយ? ប្រសិនបើអ្នកគ្រាន់តែព្យាយាមឱបក្រសោបអតីតកាល គ្រាន់តែព្យាយាមបណ្ដោយឱ្យអ្វីៗ ទៅតាមដំណើរដោយនៅឈរទ្រឹង ហើយមិនព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ តើអ្នកមិននៅតែទាស់ទទឹងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឱ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឱ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថាព្រះជាម្ចាស់ដែលអ្នកជឿតាមនេះ គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច មិនដែលចាស់គំរឹលយ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាន័យពាក្យដែលអាចផ្ដល់ជូន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតនោះឡើយ។ បទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នក និងមិនមែនជាពាក្យពេចន៍នៃទស្សនៈវិជ្ជា ដែលអាចជួយឱ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឱ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឱ្យអ្នកស្គាល់នូវអាថ៌កំបាំង ដែលមាននៅក្នុងភាពខុសគ្នានេះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើកិច្ចការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ។
(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៥៣. ព្រះបន្ទូលរបស់ខ្ញុំ គឺជាសេចក្តីពិត ដែលមិនប្រែប្រួលរហូត។ ខ្ញុំជាអ្នកផ្គត់ផ្គង់ជីវិតដល់មនុស្ស និងជាមគ្គុទេសក៍តែមួយគត់សម្រាប់មនុស្សជាតិ។ តម្លៃ និងអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំ មិនត្រូវបានកំណត់ត្រង់ថាមនុស្សលោកទទួលស្គាល់ ឬទទួលយក ឬក៏អត់នោះទេ ប៉ុន្តែសារជាតិនៃព្រះបន្ទូលទេ ដែលជាអ្នកកំណត់ដោយខ្លួនឯង។ ទោះបីជាគ្មានមនុស្សណាម្នាក់នៅលើផែនដីនេះអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានក៏ដោយ ក៏គុណតម្លៃ និងជំនួយនៃព្រះបន្ទូលរបស់ខ្ញុំចំពោះមនុស្សលោក គឺមិនអាចគណនាបានទេ ចំពោះមនុស្សណាក៏ដោយ។ ហេតុដូច្នេះហើយ នៅពេលប្រឈមមុខជាមួយមនុស្សជាច្រើនដែលបះបោរប្រឆាំង ឆ្លើយបដិសេធ ឬមើលងាយយ៉ាងខ្លាំងចំពោះព្រះបន្ទូលរបស់ខ្ញុំ ជំហររបស់ខ្ញុំគឺមានតែ៖ ទុកឱ្យពេលវេលា និងហេតុការណ៍ធ្វើជាសាក្សីរបស់ខ្ញុំ ព្រមទាំងបង្ហាញថា ព្រះបន្ទូលរបស់ខ្ញុំគឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ទុកឱ្យពួកវាបង្ហាញថា អ្វីដែលខ្ញុំបានថ្លែងគឺសុទ្ធតែត្រឹមត្រូវ ជាព្រះបន្ទូលដែលដែលមនុស្សគួរប្រដាប់ឱ្យជាប់ខ្លួន ហើយជាងនេះទៅទៀត ជាអ្វីដែលមនុស្សគួរតែទទួលយក។ ខ្ញុំនឹងឱ្យអស់អ្នកដែលដើរតាមខ្ញុំ ដឹងពីហេតុការណ៍នេះ៖ អ្នកដែលមិនអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានពេញលេញ អ្នកដែលមិនអាចអនុវត្តតាមព្រះបន្ទូលរបស់ខ្ញុំ អ្នកដែលមិនអាចរកឃើញពីគោលបំណងនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ និងអ្នកដែលមិនអាចទទួលសេចក្ដីសង្គ្រោះដោយសារព្រះបន្ទូលរបស់ខ្ញុំ សុទ្ធតែជាអ្នកដែលត្រូវទទួលការផ្ដន្ទាទោសដោយព្រះបន្ទូលរបស់ខ្ញុំ ហើយជាងនេះទៅទៀត ពួកគេបានបាត់បង់សេចក្ដីសង្គ្រោះរបស់ខ្ញុំ ហើយដំបងរបស់ខ្ញុំក៏នឹងមិនដែលងាកចេញពីពួកគេដែរ។
(ដកស្រង់ពី «អ្នករាល់គ្នាត្រូវតែពិចារណានូវទង្វើរបស់ខ្លួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៥៤. ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាជីវិត ជាសេចក្ដីពិត ហើយជីវិតនិងសេចក្ដីពិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ មនុស្សដែលពុំមានសមត្ថភាពនឹងទទួលសេចក្ដីពិត ក៏មិនទទួលបានជីវិតដែរ។ ប្រសិនបើគ្មានការដឹកនាំ ការជ្រោមជ្រែង និងការប្រទាននូវសេចក្ដីពិតទេ នោះអ្នកនឹងទទួលបានតែត្រឹមតែន័យពាក្យ គោលលទ្ធិ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺសេចក្ដីស្លាប់តែប៉ុណ្ណោះ។ ជីវិតរបស់ព្រះជាម្ចាស់ មានវត្តមានជានិរន្តន៍ ហើយសេចក្ដីពិត និងជីវិតរបស់ទ្រង់ មានវត្តមានព្រមគ្នា។ ប្រសិនបើអ្នកមិនអាចរកឃើញប្រភពនៃសេចក្ដីពិតទេ នោះអ្នកក៏មិនទទួលបានការចិញ្ចឹមជីវិតដែរ ប្រសិនបើអ្នកមិនអាចទទួលបានការចិញ្ចឹមជីវិតទេ នោះអ្នកក៏ច្បាស់ជាគ្មានសេចក្ដីពិតដែរ ហើយគ្មានអ្វីក្រៅតែពីការស្រមើស្រមៃ និងការយល់ដឹងលំៗប៉ុណ្ណោះ ហើយរូបកាយទាំងមូលរបស់អ្នកគ្មានអ្វីទាំងអស់ ក្រៅតែពីសាច់ឈាម គឺជាសាច់ឈាមដ៏អសោចរបស់អ្នកតែប៉ុណ្ណោះ។ ចូរដឹងថា ពាក្យពេចន៍ក្នុងសៀវភៅមិនរាប់ជាជីវិតទេ កំណត់ត្រាប្រវត្តិសាស្ត្រ ក៏មិនអាចត្រូវគោរពថ្វាយបង្គំថាជាសេចក្ដីពិតដែរ ហើយបញ្ញត្តិពីបុរាណក៏មិនអាចដើរតួជាសេចក្ដីអធិប្បាយអំពីព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងនាពេលបច្ចុប្បន្ននេះដែរ។ មានតែព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងពេលព្រះអង្គយាងមកផែនដី ហើយរស់នៅក្នុងចំណោមមនុស្សលោកប៉ុណ្ណោះ ទើបជាសេចក្ដីពិត ជាជីវិត ជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយជាវិធីអនុវត្តកិច្ចការបច្ចុប្បន្នរបស់ទ្រង់។
(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៥៥. សេចក្តីពិតគឺជាសុភាសិតពិតជាងគេបំផុតនៃជីវិត និងជាសុភាសិតដែលខ្ពស់ជាងគេបំផុតក្នុងចំណោមមនុស្សជាតិទាំងអស់។ ដោយសារវាជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សលោកធ្វើ និងជាកិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ ហេតុនេះ កិច្ចការនេះហៅថា «ភាសិតនៃជីវិត»។ វាមិនមែនជាភាសិតមួយដែលបង្កើតចេញពីអ្វីមួយឡើយ វាមិនមែនជាសម្រង់សម្ដីពីបុគ្គលដ៏អស្ចារ្យណាមួយនោះទេ។ ផ្ទុយទៅវិញ វាគឺជាសូរសៀងរបស់ម្ចាស់នៃស្ថានសួគ៌និងផែនដី និងម្ចាស់នៃគ្រប់សព្វសារពើទាំងអស់។ វាមិនមែនជាពាក្យបង្កើតចេញពីមនុស្សជាតិនោះទេ ប៉ុន្តែជាជីវិតផ្ទាល់របស់ព្រះជាម្ចាស់។ ហេតុនេះហើយ គេហៅវាថា «ភាសិតនៃជីវិតដែលខ្ពង់ខ្ពស់បំផុត»។
(ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៥៦. សេចក្ដីពិតចេញមកពីពិភពរបស់មនុស្ស ប៉ុន្តែសេចក្ដីពិតក្នុងចំណោមមនុស្សគឺត្រូវផ្ទេរបន្តដោយព្រះគ្រីស្ទ។ សេចក្ដីពិតចេញមកពីព្រះគ្រីស្ទ ពោលគឺមកអំពី ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយមនុស្សមិនអាចធ្វើកិច្ចការនេះបាននោះឡើយ។ ក៏ប៉ុន្តែ ព្រះគ្រីស្ទប្រទានត្រឹមតែសេចក្ដីពិតប៉ុណ្ណោះ។ ទ្រង់មិនយាងមកដើម្បីសម្រេចថាតើមនុស្សនឹងត្រូវជោគជ័យនៅក្នុងការស្វែងរកសេចក្ដីពិតរបស់គេឡើយ។ ហេតុនេះ ជោគជ័យឬបរាជ័យ នៅក្នុងសេចក្ដីពិត គឺសុទ្ធតែស្ថិតនៅលើការស្វែងរក មនុស្សទាំងអស់។ ជោគជ័យ ឬបរាជ័យរបស់មនុស្សនៅក្នុងសេចក្ដីពិត ក៏មិនមានអ្វីពាក់ព័ន្ធនឹងព្រះគ្រីស្ទដែរ តែផ្ទុយទៅវិញ ត្រូវកំណត់ដោយការស្វែងរករបស់គេ។ ទិសដៅរបស់មនុស្ស និងជោគជ័យ ឬបរាជ័យរបស់គេ មិនអាចប្រមូលដាក់លើព្រះសិរសារបស់ព្រះជាម្ចាស់ដើម្បីធ្វើឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទទួលបន្ទុក លើបញ្ហានេះឡើយ ពីព្រោះនេះមិនមែនជាបញ្ហាមួយសម្រាប់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឡើយ ប៉ុន្តែគឺជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងភារកិច្ចដែលសត្តនិកររបស់ព្រះជាម្ចាស់គប្បីត្រូវបំពេញ។
(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៥៧. សេចក្តីពិតមិនមែនជាការធ្វើតាមរូបមន្តទេ ហើយវាក៏មិនមែនជាក្រឹត្យវិន័យដែរ។ វាមិនមែនជាអ្វីមួយដែលស្លាប់ឡើយ ប៉ុន្តែ វាជាជីវិត វាជាអ្វីមួយដែលមានជីវិត ហើយវាជាក្បួនច្បាប់មួយដែលមនុស្សត្រូវដើរតាមនៅក្នុងជីវិត និងជាក្បួនច្បាប់ដែលមនុស្សត្រូវមាននៅក្នុងជីវិត។ នេះជាអ្វីមួយដែលអ្នកត្រូវតែយល់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន តាមរយៈបទពិសោធន៍របស់អ្នក។ មិនថាអ្នកបានមកដល់ដំណាក់កាលណានៅក្នុងបទពិសោធរបស់អ្នកឡើយ គឺអ្នកមិនអាចដាច់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្តីពិតបានឡើយ ហើយអ្វីដែលអ្នកយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងអ្វីដែលអ្នកដឹងអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់នោះ គឺត្រូវបានស្ដែងចេញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដូច្នេះ វាត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងសេចក្តីពិត។ និស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺជាសេចក្តីពិតដោយផ្ទាល់។ សេចក្តីពិតជាការសម្ដែងចេញដ៏ពិតអំពីនិស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ វាធ្វើឱ្យកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ មានភាពរឹងមាំច្បាស់លាស់ ហើយវាបង្កើតចេញជាប្រយោគដ៏ច្បាស់មួយអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ វាប្រាប់អ្នកកាន់តែចំៗអំពីអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យ អ្វីដែលទ្រង់មិនសព្វព្រះទ័យ អ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ឱ្យអ្នកធ្វើ និងអ្វីដែលទ្រង់មិនចង់ឱ្យអ្នកធ្វើ មនុស្សណាខ្លះដែលទ្រង់ស្អប់ ហើយមនុស្សណាខ្លះដែលទ្រង់សព្វព្រះទ័យ។ នៅពីក្រោយសេចក្តីពិតដែលព្រះជាម្ចាស់សម្ដែងចេញ មនុស្សអាចមើលឃើញពីភាពរីករាយ ព្រះពិរោធ ទុក្ខព្រួយ និងសេចក្តីសុខរបស់ទ្រង់ ព្រមទាំងសារជាតិរបស់ទ្រង់ដែរ ដ្បិតនេះគឺជាការបើកសម្ដែងអំពីនិស្ស័យរបស់ទ្រង់។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
១៥៨. ទោះបីជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែង មានន័យត្រង់ ឬន័យជ្រាលជ្រៅបើមើលតាមសម្បកក្រៅទៅក៏ដោយ ក៏ព្រះបន្ទូលទាំងនោះសុទ្ធតែជាសេចក្ដិពិត ដែលសំខាន់ចំពោះមនុស្សដែរ នៅពេលដែលគេចូលទៅក្នុងជីវិត។ ព្រះបន្ទូលទាំងនោះ គឺជាប្រភពទឹករស់ដែលអាចឱ្យមនុស្សរស់រានទាំងនៅក្នុងវិញ្ញាណ និងសាច់ឈាម។ ព្រះបន្ទូលនេះផ្ដល់នូវអ្វីដែលមនុស្សត្រូវការ ដើម្បីរក្សាជីវិតឱ្យនៅរស់រាន ជាគោលការណ៍ និងគោលជំនឿសម្រាប់ការប្រតិបត្តិជីវិតប្រចាំថ្ងៃរបស់គេ ជាផ្លូវដែលគេត្រូវតែទទួលយក ដើម្បីទទួលបានសេចក្ដីសង្គ្រោះ ព្រមទាំងគោលដៅ និងទិសដៅផងដែរ ជាសេចក្ដីពិតសព្វបែបយ៉ាង ដែលគេគួរមាន ក្នុងនាមជាភាវៈដែលត្រូវបានបង្កើត នៅចំពោះព្រះជាម្ចាស់ និងជាសេចក្ដីពិតគ្រប់យ៉ាងដែលទាក់ទងនឹងវិធីដែលមនុស្សស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់។ ព្រះបន្ទូលទាំងនេះ ជាការធានា ដែលធានានូវការរស់រានមានជីវិតរបស់មនុស្ស ជានំម៉ាន៉ាប្រចាំថ្ងៃរបស់មនុស្ស ហើយក៏ជាជំនួយដ៏រឹងមាំ ដែលជួយឱ្យមនុស្សមានកម្លាំងខ្លាំងក្លា ហើយអាចក្រោកឈរបានដែរ។ ព្រះបន្ទូលទាំងនេះសម្បូរទៅដោយ ភាពពិតនៃសេចក្ដីពិតដែលត្រូវបានបង្កើតមក ដើម្បីឱ្យមនុស្សបានរស់នៅជាមនុស្សសាមញ្ញ សម្បូរដោយសេចក្ដីពិតដែលជួយមនុស្សជាតិឱ្យរួចពីសេចក្ដីពុករលួយ និងគេចផុតពីអន្ទាក់របស់សាតាំង សម្បូរដោយសេចក្ដីបង្រៀន ការទូន្មាន និងការលើកទឹកចិត្ត ឥតនឿយហត់ និងភាពធូរស្បើយដែលព្រះអាទិករប្រទានឱ្យមនុស្សដែលត្រូវបានបង្កើតមក។ ព្រះបន្ទូលទាំងនេះគឺជាចង្កៀងដែលដឹកនាំ និងបំភ្លឺមនុស្សឱ្យយល់សេចក្ដីគ្រប់យ៉ាងដែលវិជ្ជមាន ជាការធានាដែលធានាបានថា មនុស្សនឹងស្ដែងចេញតាមរយៈការរស់នៅរបស់គេ ហើយចាប់ផ្ដើមមានគ្រប់យ៉ាងដែលសុចរិត និងល្អប្រពៃ ជាលក្ខណវិនិច្ឆ័យ ដែលវាស់ស្ទង់មនុស្ស ព្រឹត្តិការណ៍ និងវត្ថុទាំងអស់ ហើយជាសញ្ញាសម្គាល់ទិសដែលនាំមនុស្សទៅរកសេចក្ដីសង្គ្រោះ និងមាគ៌ានៃពន្លឺ។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
១៥៩. ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនអាចធ្វើឱ្យក្លាយជាពាក្យរបស់មនុស្សបានឡើយ ហើយពាក្យរបស់មនុស្ស ក៏មិនអាចធ្វើឱ្យក្លាយជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បាននោះដែរ។ មនុស្សដែលព្រះជាម្ចាស់ប្រើ មិនមែនជាព្រះដែលយកកំណើតជាមនុស្សឡើយ ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏មិនមែនជាមនុស្សដែលព្រះជាម្ចាស់ប្រើដែរ។ នៅត្រង់ចំណុចនេះ វាមាននូវភាពខុសគ្នាដ៏សំខាន់មួយ។ ប្រហែលជាក្រោយពេលអានពាក្យទាំងនេះហើយ អ្នកមិនទទួលស្គាល់ពាក្យទាំងនេះថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចជាការស្រាយបំភ្លឺដែលមនុស្សបានទទួលនោះឡើយ។ បើបែបនេះ អ្នកពិតជាខ្វាក់ភ្នែក ដោយភាពល្ងង់ខ្លៅហើយ។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចដូចជាការស្រាយបំភ្លឺដែលមនុស្សបានទទួលដោយរបៀបណាទៅ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បើកឱ្យមានយុគសម័យមួយថ្មី ដឹកនាំមនុស្សជាតិទាំងអស់ បើកសម្ដែងសេចក្តីលាក់កំបាំង និងបង្ហាញដល់មនុស្សនូវទិសដៅដែលគេត្រូវដើរនៅក្នុងយុគសម័យថ្មីនេះ។ ការស្រាយបំភ្លឺដែលមនុស្សទទួលបាន គ្មានអ្វីក្រៅពីសេចក្តីណែនាំដ៏សាមញ្ញសម្រាប់ការប្រតិបត្តិ ឬទុកជាចំណេះដឹងនោះឡើយ។ វាមិនអាចដឹកនាំមនុស្សទាំងអស់ឱ្យចូលក្នុងយុគសម័យថ្មី ឬបើកសម្ដែងអំពីសេចក្តីលាក់កំបាំងរបស់ព្រះជាម្ចាស់ផ្ទាល់បានឡើយ។ សរុបមក បើពិចារណាឱ្យគ្រប់ជ្រុងជ្រោយទៅព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ ហើយមនុស្សគឺជាមនុស្ស។ ព្រះជាម្ចាស់មានសារជាតិជាព្រះជាម្ចាស់ ហើយមនុស្សមានសារជាតិជាមនុស្ស។ ប្រសិនបើមនុស្សចាត់ទុកពាក្យដែលព្រះជាម្ចាស់មានបន្ទូល ថាជាការស្រាយបំភ្លឺដ៏សាមញ្ញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយយកពាក្យរបស់ពួកសាវ័ក និងពួកហោរា ជាពាក្យដែលព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ នោះវាជាកំហុសរបស់មនុស្សហើយ។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
១៦០. សេចក្ដីពិត គឺជាព្រះជន្មរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ វាតំណាងឱ្យនិស្ស័យរបស់ទ្រង់ សារជាតិរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកនិយាយថា ការមានបទពិសោធ និងចំណេះដឹងខ្លះ ធ្វើឱ្យអ្នកមានសេចក្ដីពិត ដូច្នេះ តើអ្នកសម្រេចភាពបរិសុទ្ធហើយឬនៅ? ហេតុអ្វីបានជាអ្នកនៅតែបន្តបង្ហាញសេចក្តីពុករលួយទៀត? ហេតុអ្វីបានជាអ្នកមិនអាចបែងចែកប្រភេទមនុស្សខុសៗគ្នាបាន? ហេតុអ្វីក៏អ្នកមិនអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់បាន? ទោះបីអ្នកយល់ពីសេចក្តីពិតបានខ្លះក៏ដោយ ក៏ប៉ុន្តែ តើអ្នកអាចតំណាងឱ្យព្រះជាម្ចាស់បានដែរឬទេ? តើអ្នកអាចរស់នៅតាមនិស្ស័យរបស់ព្រះជាម្ចាស់បានដែរឬទេ? អ្នកអាចមានពិសោធន៍ និងចំណេះដឹងខ្លះពាក់ព័ន្ធនឹងទិដ្ឋភាពនៃសេចក្តីពិតណាមួយ ហើយអ្នកអាចបញ្ចេញពន្លឺបានតិចតួចនៅក្នុងពាក្យសម្ដីរបស់អ្នក ប៉ុន្តែអ្វីដែលអ្នកអាចផ្គត់ផ្គង់ទៅឱ្យមនុស្សបាន គឺមានតិចតួចខ្លាំងណាស់ ហើយមិនអាចគង់វង្សបានយូរនោះទេ។ នេះគឺដោយសារតែការយល់ដឹងរបស់អ្នក និងពន្លឺដែលអ្នកបានទទួលនោះ មិនតំណាងឱ្យសារជាតិនៃសេចក្តីពិតឡើយ ហើយវាមិនតំណាងឱ្យសេចក្តីពិតទាំងស្រុងនោះទេ។ វាគ្រាន់តែតំណាងទិដ្ឋភាពនៃសេចក្តីពិតក្នុងផ្នែកណាមួយ ឬទិដ្ឋភាពនៃសេចក្ដីពិតតូចណាមួយប៉ុណ្ណោះ គ្រាន់តែជាកម្រិតមួយដែលមនុស្សអាចសម្រេចបាន ហើយនៅឆ្ងាយពីសារជាតិនៃសេចក្តីពិតនៅឡើយ។ ពន្លឺ ការបំភ្លឺ បទពិសោធ និងចំណេះដឹងដ៏តិចតួចស្ដួចស្ដើងនេះ មិនអាចជំនួសសេចក្តីពិតបាននោះទេ។ ទោះបីមនុស្សទាំងអស់បានដកពិសោធន៍សេចក្តីពិតណាមួយប្រកបដោយផលិតភាពខ្លះ ហើយបានបូកបញ្ចូលគ្នាទាំងបទពិសោធ និងចំណេះដឹងរបស់ពួកគេក៏ដោយ ក៏វានៅមិនទាន់គ្រប់គ្រាន់ជាសេចក្ដីទាំងស្រុង និងជាសារជាតិនៃសេចក្ដីពិតសូម្បីតែមួយបន្ទាត់ផង។ ដូចបានថ្លែងទុកពីអតីតកាលថា៖ «ខ្ញុំសរុបវាឡើងជាសុភាសិតសម្រាប់ពិភពរបស់មនុស្សថា៖ ក្នុងចំណោមមនុស្សគ្មាននរណាម្នាក់ស្រឡាញ់ខ្ញុំនោះទេ»។ ឃ្លានេះគឺជាសេចក្តីពិត ជាសារជាតិពិតនៃជីវិត ជាសេចក្តីដ៏ជ្រាលជ្រៅបំផុត និងជាការសម្ដែងចេញអំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ បន្ទាប់ពីមានពិសោធន៍បានបីឆ្នាំហើយ អ្នកអាចមានការយល់ដឹងតិចតួចស្ដួចស្ដើងខ្លះ ហើយបន្ទាប់ពីបានប្រាំពីរឬប្រាំបីឆ្នាំហើយ អ្នកអាចនឹងមានការយល់ដឹងច្រើនជាងមុនបន្តិច ប៉ុន្តែការយល់ដឹងនេះមិនអាចជំនួសសេចក្តីពិតមួយឃ្លានេះបានឡើយ។ ចំណែកមនុស្សម្នាក់ទៀតអាចមានការយល់ដឹងបន្តិចបន្តួច បន្ទាប់ពីមានពិសោធន៍បានពីរឆ្នាំ ឬមានការយល់ដឹងបានកាន់តែច្រើន បន្ទាប់ពីបានដប់ឆ្នាំ ឬមានការយល់ដឹងកាន់តែខ្ពស់ជាងនេះ បន្ទាប់ពីចំណាយពេលពេញមួយជីវិត ប៉ុន្តែទោះបូកទាំងការយល់ដឹងរបស់អ្នក និងមនុស្សម្នាក់នោះទៀតបញ្ចូលគ្នាក៏ដោយ ក៏មិនអាចជំនួសសេចក្តីពិតមួយឃ្លានេះបានដែរ។ មិនថាអ្នកទាំងពីរបូកការយល់ដឹងជ្រៅជ្រះ ពន្លឺ បទពិសោធ ឬចំណេះដឹងបញ្ចូលគ្នាច្រើនប៉ុនណានោះទេ ក៏វាមិនអាចជំនួសឱ្យសេចក្តីពិតមួយឃ្លានេះបានដែរ។ នេះចង់បានន័យថា ជីវិតមនុស្ស គឺនៅតែជាជីវិតមនុស្សដដែល ហើយមិនថាចំណេះដឹងរបស់អ្នកស្របតាមសេចក្តីពិត ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ ក៏វាមិនអាចជំនួសឱ្យសេចក្តីពិតបាននោះដែរ។ ការនិយាយថា មនុស្សមានសេចក្តីពិត នោះមានន័យថា មនុស្សយល់ដឹងពីសេចក្តីពិតនោះបានពិតប្រាកដ មនុស្សរស់នៅតាមតថភាពមួយចំនួននៃព្រះបន្ទូលព្រះជាម្ចាស់ មានចំណេះដឹងពិតប្រាកដខ្លះអំពីព្រះជាម្ចាស់ និងអាចលើកតម្កើង និងធ្វើបន្ទាល់អំពីព្រះជាម្ចាស់បាន។ ក៏ប៉ុន្តែ មិនអាចនិយាយថា មនុស្សមានសេចក្តីពិតនៅក្នុងខ្លួនរួចជាស្រេចបាននោះទេ ព្រោះថាសេចក្តីពិត គឺជ្រាលជ្រៅខ្លាំងណាស់។ គ្រាន់តែព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រឹមមួយឃ្លា ក៏អាចធ្វើឱ្យមនុស្សចំណាយពេលពេញមួយជីវិត ដើម្បីដកពិសោធន៍បានដែរ ហើយពេលខ្លះ សូម្បីចំណាយពេលរាប់សិបជាតិ ឬដល់រាប់ពាន់ឆ្នាំហើយក៏ដោយ ក៏ពួកគេនៅតែមិនអាចដកពិសោធន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយឃ្លានេះឱ្យបានពេញលេញដែរ។ ចំណុចនេះបង្ហាញយ៉ាងច្បាស់ថា ដំណើរការនៃការយល់ពីសេចក្តីពិត និងការស្គាល់ព្រះជាម្ចាស់ គឺពិតជាគ្មានទីបញ្ចប់ឡើយ ហើយមនុស្សអាចយល់ពីសេចក្ដីពិតបានច្រើនប៉ុនណានៅក្នុងបទពិសោធពេញមួយជីវិតនោះ គឺគ្មានដែនកំណត់ឡើយ។ មនុស្សខ្លះនិយាយថា ពួកគេមានសេចក្តីពិត នៅពេលពួកគេយល់ពីអត្ថន័យនៃអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ភ្លាម។ តើនេះមិនមែនល្ងើពកថ្ងាសទេឬអី?
(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
១៦១. នៅពេលមនុស្សយល់ដឹងពីសេចក្ដីពិត និងរស់នៅជាមួយសេចក្ដីពិតនៅក្នុងជីវិតរបស់ពួកគេ តើជីវិតនេះសំដៅលើអ្វី? វាមានន័យថាសេចក្ដីពិត សោយរាជ្យទាំងស្រុងទៅលើដួងចិត្តរបស់ពួកគេ វាមានន័យថាពួកគេអាចរស់នៅ តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាមានន័យថាពួកគេមាននូវចំណេះដឹងពិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមានការយល់ដឹងពិតប្រាកដអំពីសេចក្ដីពិត។ នៅពេលមនុស្សមានជីវិតថ្មីនេះនៅក្នុងពួកគេ នោះត្រូវបានសម្រេចទាំងស្រុង តាមរយៈការអនុវត្ត និងការដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាត្រូវបានសង់លើគ្រឹះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលជាសេចក្ដីពិត ហើយវាត្រូវបានទទួល តាមរយៈការដែលពួកគេរស់នៅក្នុងពិភពនៃសេចក្តីពិត។ គ្រប់យ៉ាងដែលជីវិតរបស់មនុស្សរក្សាទុក គឺជាចំណេះដឹង និងបទពិសោធន៍របស់ពួកគេអំពីសេចក្តីពិត ហើយដោយមានការនេះជាគ្រឹះ គឺមិនហួសពីវិសាលភាពនោះទេ។ នេះគឺជាជីវិតដែលកំពុងនិយាយសំដៅ នៅពេលនិយាយដល់ការទទួលបានជីវិតនៃសេចក្ដីពិត។ ដើម្បីអាចរស់នៅស្របតាមសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ វាមិនមែនជាករណីដែលជីវិតនៃសេចក្ដីពិតសិ្ថតនៅក្នុងមនុស្ស ក៏មិនមែនជាករណីដែលពួកគេមាននូវសេចក្ដីពិតជាជីវិតរបស់ពួកគេ មនុស្សក្លាយជាសេចក្ដីពិត ហើយជីវិតនៅខាងក្នុងរបស់ពួកគេក្លាយជាជីវិតនៃសេចក្ដីពិត ហើយថែមទាំងមិនអាចនិយាយបានថា ពួកគេជាជីវិតនៃសេចក្ដីពិតដែរ។ នៅទីបំផុត ជីវិតរបស់អ្នកនៅតែជាជីវិតរបស់មនុស្សដដែល។ ប្រសិនបើអ្នកអាចរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមានចំណេះដឹងពីសេចក្តីពិត ហើយបើការយល់ដឹងនេះចាក់ឫសនៅក្នុងខ្លួនអ្នក នោះវាក្លាយជាជីវិតរបស់អ្នក ហើយសេចក្តីពិតដែលអ្នកទទួលបានតាមរយៈបទពិសោធ នឹងក្លាយជាមូលដ្ឋាននៃជីវិតរស់នៅរបស់អ្នក ហើយប្រសិនបើអ្នករស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះ នោះគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរបានឡើយ ហើយសាតាំងក៏មិនអាចបោកបញ្ឆោត ឬធ្វើឱ្យអ្នកពុករលួយបានដែរ ពេលនោះ អ្នកនឹងបានទទួលជីវិតនៃសេចក្តីពិតមិនខាន។ ពោលគឺ ជីវិតរបស់អ្នកមានត្រឹមសេចក្តីពិតប៉ុណ្ណោះ សំដៅលើការយល់ដឹង បទពិសោធ និងការយល់ដឹងជ្រៅជ្រះរបស់អ្នក ហើយមិនថាអ្នកធ្វើអ្វីនោះទេ អ្នកនឹងរស់នៅតាមចំណុចទាំងនេះ ហើយអ្នកនឹងមិនធ្វើហួសពីព្រំដែននៃចំណុចទាំងនេះឡើយ។ នេះជាអត្ថន័យនៃការមានតថភាពនៃសេចក្តីពិត ហើយមនុស្សបែបនេះ គឺជាមនុស្សដែលព្រះជាម្ចាស់ចង់ទទួលបាននៅទីចុងបំផុត ជាមួយនឹងកិច្ចការរបស់ទ្រង់។ ប៉ុន្ដែមិនថាមនុស្សយល់ដឹងពីសេចក្ដីពិតបានល្អប៉ុនណានោះទេ ក៏សារជាតិរបស់គេនៅតែជាម្នាក់ក្នុងចំណោមមនុស្សជាតិដដែល ហើយនៅតែមិនអាចប្រៀបនឹងសារជាតិរបស់ព្រះជាម្ចាស់បានឡើយ។ ដោយសារតែបទពិសោធន៍នៃសេចក្ដីពិតរបស់ពួកគេកំពុងតែបន្ដជារៀងរហូត និងដោយសារតែវាមិនអាចទៅរួចសម្រាប់ពួកគេក្នុងការស់នៅតាមសេចក្ដីពិតបានពេញលេញ ហើយពួកគេអាចបានត្រឹមតែរស់នៅច្រើនបំផុតត្រឹមដែនកំណត់បន្តិចបន្តួចនៃសេចក្ដីពិតដែលមនុស្សទទួលបានប៉ុណ្ណោះ ដូចនេះ តើមនុស្សអាចប្រែក្លាយជាព្រះបានយ៉ាងដូចម្ដេច? ... ប្រសិនបើអ្នកមាននូវបទពិសោធន៍បន្តិចបន្តួចជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកំពុងរស់នៅតាមបទពិសោធន៍ និងចំណេះដឹងដ៏ពិតនៃសេចក្ដីពិត នោះបន្តិចម្ដងៗ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងក្លាយជាជីវិតរបស់អ្នក។ យ៉ាងណាក្ដី អ្នកនៅតែមិនអាចពោលថា សេចក្ដីពិតជាជីវិតរបស់អ្នក ឬថាអ្វីដែលអ្នកកំពុងបង្ហាញគឺជាសេចក្ដីពិតទេ។ ប្រសិនបើនេះជាគំនិតរបស់អ្នក នោះអ្នកកំពុងធ្វើខុសហើយ។ ប្រសិនបើអ្នកគ្រាន់តែមានបទពិសោធន៍ខ្លះជាមួយទិដ្ឋភាពជាក់លាក់មួយនៃសេចក្តីពិត តើការនេះអាចតំណាងឱ្យសេចក្ដីពិតបានដែរឬទេ? តើនេះអាចចាត់ទុកថាជាការទទួលបានសេចក្តីពិតដែរឬទេ? តើអ្នកអាចពន្យល់បានពេញលេញគ្រប់ជ្រុងជ្រោយអំពីសេចក្ដីពិតដែរឬទេ? តើអ្នករកឃើញនូវនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ចេញពីសេចក្ដីពិតដែរឬទេ? ប្រសិនបើមិនសម្រេចបានលទ្ធផលទាំងនេះទេ ចំណុចនេះបញ្ជាក់ឱ្យឃើញថា ការដកពិសោធន៍ត្រឹមពីទិដ្ឋភាពនៃសេចក្តីពិតជាក់លាក់ណាមួយ មិនអាចចាត់ទុកជាការយល់ដឹងពីសេចក្តីពិត ឬជាការស្គាល់ព្រះជាម្ចាស់ពិតប្រាកដបាននោះទេ ហើយក៏មិនអាចនិយាយថាជាការទទួលបានសេចក្តីពិតនោះដែរ។ គ្រប់គ្នាមានបទពិសោធន៍តែជាមួយទិដ្ឋភាព និងវិសាលភាពមួយនៃសេចក្ដីពិតប៉ុណ្ណោះ។ តាមរយៈការមានបទពិសោធន៍នឹងវានៅក្នុងវិសាលភាពមានដែនកំណត់ អ្នកមិនអាចប៉ះត្រូវផ្នែកទាំងអស់នៃសេចក្ដីពិតឡើយ។ តើអ្នកអាចរស់នៅតាមអត្ថន័យដើមនៃសេចក្ដីពិតដែរឬទេ? តើបទពិសោធន៍បន្តិចបន្តួចរបស់អ្នកមានចំនួនប៉ុន្មានដែរ? គឺដូចជាគ្រាប់ខ្សាច់មួយគ្រាប់នៅឯឆ្នេរសមុទ្រ ដូចជាដំណក់ទឹកដែលធ្លាក់ចូលក្នុងមហាសមុទ្រអ៊ីចឹង។ ហេតុដូចនេះ មិនថាចំណេះដឹង និងអារម្មណ៍ដែលអ្នកទទួលបានតាមរយៈបទពិសោធរបស់អ្នក មានតម្លៃប៉ុនណានោះទេ ក៏វានៅតែមិនអាចចាត់ទុកជាសេចក្តីពិតបាននោះដែរ។ អាចត្រឹមនិយាយថា វាស្របតាមសេចក្តីពិតប៉ុណ្ណោះ។
(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
១៦២. ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគឺជាសេចក្តីពិត ហើយទ្រង់មានសេចក្តីពិតគ្រប់យ៉ាង។ ព្រះជាម្ចាស់ជាប្រភពនៃសេចក្តីពិត។ គ្រប់រឿងវិជ្ជមាននីមួយៗ និងគ្រប់សេចក្ដីពិតនីមួយៗសុទ្ធតែមកពីព្រះជាម្ចាស់។ ទ្រង់អាចដាក់ការវិនិច្ឆ័យលើភាពត្រឹមត្រូវ និងភាពមិនត្រឹមត្រូវនៃគ្រប់អ្វីទាំងអស់ និងគ្រប់ព្រឹត្តិការណ៍ទាំងអស់។ ទ្រង់អាចដាក់ការវិនិច្ឆ័យលើអ្វីដែលបានកើតឡើង អ្វីដែលកំពុងកើតឡើង និងរឿងរ៉ាវនៅថ្ងៃខាងមុខដែលមនុស្សមិនទាន់បានដឹង។ ព្រះជាម្ចាស់ជាចៅក្រមតែមួយរូបដែលអាចដាក់ការវិនិច្ឆ័យទៅលើសេចក្ដីត្រឹមត្រូវ និងសេចក្ដីមិនត្រឹមត្រូវនៃអ្វីៗទាំងអស់ ហើយការនេះមានន័យថាភាពត្រឹមត្រូវ និងភាពមិនត្រឹមត្រូវនៃអ្វីៗទាំងអស់អាចត្រូវបានវិនិច្ឆ័យដោយព្រះជាម្ចាស់ ទ្រង់ជ្រាបពីលក្ខណវិនិច្ឆ័យសម្រាប់គ្រប់យ៉ាង។ ទ្រង់អាចសម្តែងចេញសេចក្តិពិតបានគ្រប់ពេល និងគ្រប់ទីកន្លែង ទ្រង់ជាតំណាងឱ្យសេចក្ដីពិត ដែលមានន័យថាទ្រង់ផ្ទាល់ព្រះអង្គមាននូវសារជាតិនៃសេចក្ដីពិត។ ប្រសិនបើមនុស្សយល់ពីសេចក្ដីពិតជាច្រើន ហើយត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ តើពេលនោះពួកគេនឹងមានអ្វីទាក់ទងជាមួយនឹងការតាំងតំណាងនៃសេចក្ដីពិតដែរឬទេ? អត់ទេ។ នេះជាភាពប្រាកដប្រជា។ នៅពេលដែលមនុស្សត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ទាក់ទងនឹងកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងស្តង់ដារផ្សេងៗដែលព្រះជាម្ចាស់តម្រូវដល់មនុស្ស ពួកគេអាចមានការវិនិច្ឆ័យ និងវិធីសាស្រ្តអនុវត្តន៍ត្រឹមត្រូវ ហើយពួកគេនឹងយល់ទាំងស្រុងអំពីបំណងព្រះហឬទ័យព្រះជាម្ចាស់។ ពួកគេចេះវែកញែករវាងអ្វីដែលមកពីព្រះជាម្ចាស់និងអ្វីដែលមកពីមនុស្ស រវាងអ្វីដែលត្រូវនិងអ្វីដែលខុស។ ប៉ុន្តែ មានរឿងខ្លះទៀតដែលមនុស្សបន្តមិនអាចសម្រេចបាន និងមិនទាន់ច្បាស់លាស់ ជាអ្វីដែលពួកគេអាចដឹងនៅក្រោយពេលដែលព្រះជាម្ចាស់បានមានបន្ទូលប្រាប់ការទាំងនោះដល់គេប៉ុណ្ណោះ តើមនុស្សអាចដឹង ឬទស្សន៍ទាយអ្វីដែលមិនទាន់ដឹង ឬអ្វីដែលព្រះជាម្ចាស់មិនទាន់បានប្រាប់នោះបានទេ? ដាច់ខាតមិនបានទេ។ លើសពីនេះទៅទៀត ទោះបីជាមនុស្សបានទទួលនូវសេចក្ដីពិតពីព្រះជាម្ចាស់ និងមាននូវភាពពិតជាក់ស្ដែងអំពីសេចក្ដីពិត និងស្គាល់ពីសារជាតិនៃសេចក្ដីពិតជាច្រើន ហើយមាននូវសមត្ថភាពញែកអ្វីដែលត្រឹមត្រូវចេញពីអ្វីដែលខុស តើពួកគេមានសមត្ថភាពត្រួតត្រា និងគ្រប់គ្រងរបស់សព្វសារពើរដែរឬទេ? ពួកគេនឹងមិនមានសមត្ថភាពនេះទេ។ នោះហើយជាភាពខុសគ្នារវាងព្រះជាម្ចាស់ និងមនុស្ស។ សត្តនិករដែលត្រូវបានបង្កើតឡើង អាចទទួលបានសេចក្ដីពិតតែពីប្រភពនៃសេចក្ដីពិតប៉ុណ្ណោះ។ តើពួកគេអាចទទួលបានសេចក្ដីពិតពីមនុស្សដែរឬទេ? តើមនុស្សជាសេចក្ដីពិតឬ? តើមនុស្សអាចផ្តល់នូវសេចក្ដីពិតដែរឬទេ? ពួកគេមិនអាចទេ ហើយនៅក្នុងនោះមានភាពខុសគ្នា។ អ្នកគ្រាន់តែអាចទទួលបានសេចក្តីពិតប៉ុណ្ណោះ មិនអាចផ្តល់សេចក្តីពិតបានទេ។ តើគេអាចហៅអ្នកថាជាមនុស្សដែលមានសេចក្ដីពិតដែរឬទេ? តើគេអាចហៅអ្នកថា ជាតំណាងនៃសេចក្តីពិតបានដែរឬទេ? ដាច់ខាតមិនអាចទេ។ តើអ្វីជាសារជាតិពិតប្រាកដនៃតំណាងនៃសេចក្ដីពិត? វាជាប្រភពដែលផ្គត់ផ្គង់សេចក្ដីពិត និងជាប្រភពនៃការត្រួតត្រា និងមានអធិបតេយ្យភាពលើគ្រប់របស់ទាំងអស់ ហើយវាក៏ជាលក្ខណវិនិច្ឆ័យ និងស្តង់ដារតែមួយគត់ តាមរយៈរបស់សព្វសារពើ និងគ្រប់ព្រឹត្តិការណ៍ទាំងអស់ត្រូវបានវិនិច្ឆ័យផងដែរ។ នេះហើយគឺជាអ្នកតំណាងនៃសេចក្ដីពិត។
(ដកស្រង់ពី «ចំណុចទីប្រាំបី (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)
១៦៣. សេចក្ដីពិតគឺជាភាពពិតជាក់ស្ដែងនៃអ្វីៗដែលវិជ្ជមាន។ វាអាចជាជីវិតមនុស្ស និងទិសដៅដែលគេធ្វើដំណើរ។ វាអាចដឹកនាំមនុស្សម្នាក់ឱ្យបោះចោលនិស្ស័យពុករលួយរបស់ពួកគេ ដើម្បីមកកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ដើម្បីក្លាយជាម្នាក់ដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ និងជាភាវៈដែលមានសមត្ថភាព ជាម្នាក់ដែលព្រះជាម្ចាស់ស្រលាញ់ និងជាអ្នកដែលធ្វើឱ្យទ្រង់គាប់ព្រះទ័យ។ បើនិយាយពីតម្លៃដ៏វិសេសរបស់វា តើអាកប្បកិរិយាអ្វីខ្លះ និងការយល់ឃើញអ្វីខ្លះដែលមនុស្សម្នាក់គួរតែមានទាក់ទងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត? វាមានលក្ខណៈច្បាស់លាស់ណាស់៖ សម្រាប់អស់អ្នកដែលជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដ និងមានដួងចិត្តគោរពចំពោះទ្រង់ នោះព្រះបន្ទូលរបស់ទ្រង់គឺជាសរសៃឈាមនៃអាយុជីវិតរបស់ពួកគេ។ មនុស្សគួរតែស្វែងរកកំណប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយត្រូវហូប និងផឹកព្រះបន្ទូលទាំងនោះ ព្រមទាំងរីករាយនឹងព្រះន្ទូលទាំងនោះ ហើយទទួលយកព្រះបន្ទូលទាំងនោះជាជីវិតរបស់ខ្លួន ធ្វើជាទិសដៅដែលគេរៀបចំផ្លូវរបស់ខ្លួន ដ្បិតនោះជាជំនួយ និងការផ្គត់ផ្គង់ស្រាប់របស់គេ។ មនុស្សគួរតែរស់នៅ អនុវត្ត និងដកបទពិសោធន៍ស្របតាមការចែងទុក និងសេចក្ដីតម្រូវនៃសេចក្ដីពិត ព្រមទាំងគួរចុះចូលចំពោះការទាមទារពីគេចំពោះពាក្យដែលចែងមួយឃ្លាៗ និងសេចក្ដីតម្រូវនីមួយៗដែលសេចក្ដីពិតបានផ្ដល់ឱ្យគេ ជាជាងការដាក់កំណត់វាចំពោះការសិក្សា ការវិភាគ ការរំពឹងទុក និងការសង្ស័យ។ ដ្បិតសេចក្ដីពិតគឺជាជំនួយដែលមានស្រាប់សម្រាប់មនុស្ស ជាការផ្គត់ផ្គង់ដែលមានស្រាប់សម្រាប់គេ ហើយអាចជាជីវិតរបស់គេ នោះមនុស្សគួរតែប្រព្រឹត្តិចំពោះសេចក្ដីពិតទុកដូចជារបស់ដ៏មានតម្លៃបំផុត ដ្បិតគេត្រូវតែពឹងផ្អែកលើសេចក្ដីពិតដើម្បីរស់នៅ ដើម្បីផ្គាប់តាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ដោយកោតខ្លាចទ្រង់ ហើយគេចេញពីសេចក្ដីអាក្រក់ ព្រមទាំងរកឱ្យឃើញមាគ៌ាក្នុងជីវិតប្រចាំថ្ងៃរបស់គេដើម្បីអនុវត្ត ដោយយល់ដឹងពីគោលការណ៍នៃការអនុវត្ត និងការសម្រេចឱ្យបាននូវការចុះចូលចំពោះព្រះជាម្ចាស់។ មនុស្សក៏ត្រូវតែពឹងផ្អែកលើសេចក្ដីពិតដើម្បីបោះចោលនូវនិស្ស័យពុករលួយរបស់គេ ដើម្បីក្លាយជាម្នាក់ដែលត្រូវបានសង្គ្រោះ និងជាភាវៈដែលត្រូវបានបង្កើតមកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
(ដកស្រង់ពី «ចំណុចទីដប់ (ផ្នែកទីប្រាំពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)
១៦៤. នៅក្នុងការបង្ហាញរបស់ទ្រង់អំពីសេចក្ដីពិត ព្រះជាម្ចាស់បានបើកបង្ហាញនូវនិស្ស័យ និងសារជាតិរបស់ព្រះអង្គ។ ការបើកបង្ហាញរបស់ទ្រង់អំពីសេចក្ដីពិតគឺមិនមែនអាស្រ័យលើការការសរុបសេចក្ដីរបស់មនុស្សអំពីរឿងវិជ្ជមាន និងពាក្យពេចន៍នានាដែលមនុស្សជាតិទទួលស្គាល់នោះទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាបន្ទូលព្រះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាមូលដ្ឋានគ្រឹះ និងច្បាប់តែមួយគត់ដែលមនុស្សជាតិមាន ហើយអ្វីដែលហៅថាគោលជំនឿដែលកើតចេញពីមនុស្សគឺសុទ្ធតែខុស មិនសមហេតុផល ហើយត្រូវព្រះជាម្ចាស់ថ្កោលទោស។ គោលលទ្ធិទាំងនោះមិនត្រូវតាមការអនុម័តរបស់ទ្រង់ឡើយ ហើយចំណុចទាំងនោះរឹតតែមិនត្រូវនឹងលក្ខណៈដើម ឬមូលដ្ឋាននៃព្រះសូរសៀងរបស់ទ្រង់។ ព្រះជាម្ចាស់បើកបង្ហាញនិស្ស័យ និងសារជាតិរបស់ទ្រង់តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ គ្រប់ទាំងព្រះបន្ទូលដែលត្រូវបាននាំយកមកដោយការបើកបង្ហាញរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ដ្បិតព្រះអង្គមាននូវសារជាតិរបស់ព្រះជាម្ចាស់ ហើយទ្រង់គឺជាភាពជាក់ស្ដែងនៃរឿងវិជ្ជមានទាំងអស់។ មិនថាមនុស្សជាតិពុករលួយនេះមានមុខតំណែង ឬកំណត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬមានទស្សនៈ ឬយល់យ៉ាងណាចំពោះព្រះបន្ទូលនោះទេ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្តីពិតដ៏អស់កល្បជានិច្ច ហើយនេះជាការពិតដែលមិនផ្លាស់ប្តូរ។ មិនថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបាននិយាយបានប៉ុន្មាននោះទេ ហើយមិនថាមនុស្សពុករលួយដ៏អាក្រក់នេះ ថ្កោលទោស និងបដិសេធព្រះបន្ទូលយ៉ាងណាក៏ដោយ ក៏នៅតែមានការពិតដែលមិនប្រែប្រួលជារៀងរហូត៖ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងនៅតែជាសេចក្ដីពិតជានិច្ច ហើយមនុស្សមិនអាចផ្លាស់ប្ដូរការនេះបានទេ។ នៅទីបញ្ចប់ មនុស្សត្រូវតែទទួលស្គាល់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្តីពិត ហើយវប្បធម៌ប្រពៃណី និងចំណេះដឹងខាងវិទ្យាសាស្ត្រដែលគួរឱ្យគោរពរបស់មនុស្សជាតិមិនអាចក្លាយជារឿងវិជ្ជមានបានទេ ហើយថាវាមិនអាចក្លាយជាសេចក្តីពិតបានឡើយ។ នេះគឺជាការពិត។ វប្បធម៌បែបប្រពៃណី និងរបៀបនៃអត្ថិភាពរបស់មនុស្សជាតិ នឹងមិនក្លាយជាសេចក្ដីពិតដោយសារតែការផ្លាស់ប្ដូរ ឬការឆ្លងកាត់ពេលវេលាឡើយ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏មិនក្លាយជាពាក្យរបស់មនុស្សដោយសារតែការថ្កោលទោស និងភាពបំភ្លេចចោលរបស់មនុស្សជាតិដែរ។ សេចក្ដីពិតតែងតែជាសេចក្ដីពិតជានិច្ច។ សារជាតិនេះនឹងមិនដែលផ្លាស់ប្ដូរឡើយ។ តើនៅត្រង់ចំណុចនេះមានការពិតអ្វីទៅ? គ្រប់ពំនោលនៃវប្បធម៌បុរាណ និងពាក្យក្រៀមភាសាដែលមនុស្សជាតិបានសង្ខេបមក កើតចេញពីសាតាំង ការស្រមើស្រមៃ និងសញ្ញាណរបស់មនុស្ស ឬវាកើតចេញពីភាពឆេវឆាវ និងនិស្ស័យពុករលួយរបស់មនុស្ស ហើយវាមិនមានអ្វីដែលទាក់ទងជាមួយនឹងរឿងវិជ្ជមាននោះទេ។ ម្យ៉ាងវិញទៀត ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាការសម្តែងចេញពីសារជាតិ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់។ តើព្រះអង្គបើកបង្ហាញព្រះបន្ទូលទាំងនេះសម្រាប់មូលហេតុអ្វីដែរ? ហេតុអ្វីបានជាខ្ញុំពោលថាទាំងនេះជាសេចក្ដីពិត? មូលហេតុនោះគឺថា ព្រះជាម្ចាស់គ្រប់គ្រងលើគ្រប់ទាំងច្បាប់ ការគ្រប់គ្រង ឫសគល់ សារជាតិ ភាពពិតជាក់ស្ដែង និងអាថ៌កំបាំងនៃការទាំងអស់។ ការទាំងអស់នេះស្ថិតក្នុងព្រះហស្តរបស់ទ្រង់។ ដូច្នេះ មានតែព្រះជាម្ចាស់ទេដែលជ្រាបពីបញ្ញត្តិ តថភាព ការពិត និងអាថ៌កំបាំងគ្រប់យ៉ាង។ ព្រះជាម្ចាស់ជ្រាបពីដើមកំណើតនៃរបស់សព្វសារពើ ហើយព្រះទ្រង់ជ្រាបថាអ្វីជាឫសគល់នៃរបស់សព្វសារពើ។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជានិយមន័យដ៏ត្រឹមត្រូវបំផុតនៃរបស់សព្វសារពើ ហើយមានតែព្រះបន្ទូលរបស់ព្រះអង្គប៉ុណ្ណោះ ទើបជាស្តង់ដារ និងគោលការណ៍សម្រាប់ជីវិតមនុស្ស ព្រមទាំងជាសេចក្តីពិត និងលក្ខខណ្ឌដែលមនុស្សអាចពឹងអាស្រ័យក្នុងការរស់នៅ។
(ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីមួយ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)