តើក្លាយជាមនុស្សពិតប្រាកដម្នាក់មានន័យដូចម្តេច

វាជាភារកិច្ចរបស់អញ ដែលត្រូវគ្រប់គ្រងមនុស្សលោក។ បន្ថែមលើនេះ ការបង្ក្រាបលើមនុស្សលោក គឺជាអ្វីដែលអញបានតែងតាំងនៅពេលដែលអញបានបង្កើតពិភពលោកនេះ។ មនុស្សប្រហែលមិនដឹងថា អញនឹងបង្ក្រាបមនុស្សលោកឲ្យបានទាំងស្រុងនៅគ្រាចុងក្រោយបង្អស់នោះទេ ឬមិនដឹងថា ការបង្ក្រាបលើពួកបះបោរនៅក្នុងចំណោមមនុស្សលោក គឺជាសេចក្ដីសម្អាងនៃជ័យជម្នះរបស់អញលើសាតាំងឡើយ។ ប៉ុន្តែ នៅពេលសត្រូវរបស់អញបានចូលរួមប្រយុទ្ធជាមួយអញ អញបានប្រាប់វារួចជាស្រេចហើយថា អញនឹងបង្ក្រាបលើអស់អ្នកណាដែលសាតាំងបានចាប់ជាឈ្លើយ និងធ្វើឲ្យទៅជាកូនចៅរបស់វា ទៅជាបាវបម្រើដ៏ស្មោះត្រង់ដែលនៅចាំការពារផ្ទះរបស់វា។ អត្ថន័យដើមនៃពាក្យបង្ក្រាប គឺការយកឈ្នះ ធ្វើឲ្យរងការអាម៉ាស់មុខ។ នៅក្នុងភាសានៃពួកអ៊ីស្រាអែល ពាក្យនេះមានន័យថា យកឈ្នះឲ្យខានតែបាន បំផ្លាញ និងធ្វើឲ្យគ្មានសមត្ថភាពអាចតស៊ូប្រឆាំងទាស់នឹងអញតទៅមុខទៀតបាន។ ប៉ុន្តែសព្វថ្ងៃនេះ នៅពេលប្រើក្នុងចំណោមឯងរាល់គ្នា អត្ថន័យនៃពាក្យនេះ គឺបង្ក្រាប។ ឯងរាល់គ្នាគប្បីដឹងថា ព្រះហឫទ័យរបស់អញ គឺតែងតែចង់កម្ចាត់ចោល និងយកឈ្នះឲ្យបានទាំងស្រុងលើមេកំណាចរបស់មនុស្សលោក ដើម្បីកុំឲ្យវាអាចបះបោរប្រឆាំងនឹងអញបាន និងគ្មានសូម្បីខ្យល់ដង្ហើមដើម្បីរំខាន ឬធ្វើឲ្យវឹកវរដល់កិច្ចការរបស់អញ។ ហេតុនេះ តាមការយល់ដឹងរបស់មនុស្ស ពាក្យនេះបានក្លាយជាមានន័យថា ការបង្ក្រាប។ មិនថាអត្ថន័យបង្កប់នៃពាក្យនេះមានន័យដូចម្តេចខ្លះទេ កិច្ចការរបស់អញគឺបង្ក្រាបលើមនុស្សលោក។ មួយរយៈមកនេះ វាជាការពិតដែលមនុស្សលោក គឺជារបស់បន្ទាប់បន្សំនៃការគ្រប់គ្រងរបស់អញ និយាយឲ្យកាន់តែច្បាស់ទៅ មនុស្សលោក គឺគ្មានអ្វីក្រៅពីសត្រូវរបស់អញនោះទេ។ មនុស្សលោក គឺជាមនុស្សអាក្រក់ដែលប្រឆាំងទាស់ និងមិនស្ដាប់បង្គាប់អញ។ មនុស្សលោក គឺគ្មានអ្វីក្រៅពីកូនចៅនៃមេកំណាចដែលអញស្អប់ខ្ពើមឡើយ។ មនុស្សលោក គឺគ្មានអ្វីក្រៅពីពូជពង្យមហាទេវតាដែលក្បត់អញឡើយ។ មនុស្សលោក គឺគ្មានអ្វីក្រៅពីកេរ្តិ៍ដំណែលនៃមនុស្សអាក្រក់ ដែលអញបានបោះបង់ជាយូរមកហើយ និងជាសត្រូវដែលមិនអាចផ្សះផ្សារបានជាមួយនឹងអញតាំងពីពេលនោះមក។ ដ្បិតមេឃនៅខាងលើមនុស្សលោក គឺខ្មៅនិងងងឹតសូន្យសុង គ្មានពន្លឺមើលច្បាស់សូម្បីបន្តិចសោះឡើយ ហើយពិភពមនុស្ស បានធ្លាក់ទៅក្នុងភាពងងឹតសូន្យសុង ដូចនេះ មនុស្សដែលរស់នៅក្នុងពិភពនោះ មិនអាចមើលឃើញដៃរបស់ខ្លួនដែលលាតសន្ធឹងនៅចំពោះមុខខ្លួន ឬឃើញព្រះអាទិត្យនៅពេលគេងើបក្បាលឡើងលើឡើយ។ ផ្លូវនៅខាងក្រោមជើងរបស់គេ ជាដីភក់ និងសប្បូរទៅដោយគ្រហុក ខ្វាត់ខ្វែង និងក្រវិចក្រវៀន។ ដីទាំងមូលពោរពេញទៅដោយសាកសព។ ជ្រុងដែលងងឹតៗ មានពេញទៅដោយសាកសពនៃអ្នកស្លាប់ ហើយនៅជ្រុងដែលត្រជាក់និងមានស្រមោលបាំង ពួកវិញ្ញាណកំណាចជាច្រើនបានយកធ្វើជាទីលំនៅ។ ហើយនៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងពិភពមនុស្ស វិញ្ញាណអាក្រក់បានចូលមក ទាំងក្រុមៗ។ កូនសត្វគ្រប់ប្រភេទទាំងអស់ ដែលប្រលាក់ទៅដោយភាពស្មោកគ្រោគ ត្រូវជាប់នៅក្នុងសង្គ្រាមឈ្លានពាន ដែលសំឡេងនៃសង្គ្រាមនោះធ្វើឲ្យមានការភ័យតក់ស្លុតនៅក្នុងចិត្ត។ នៅពេលនោះ ស្ថិតក្នុងពិភពមួយបែបនេះ នៅក្នុង “ស្ថានសួគ៌លោកិយ” មួយបែបនេះ តើមនុស្សលោកទៅស្វែងរកកន្លែងបរមសុខនៅក្នុងជីវិតនៅទីណាបាន? តើមនុស្សអាចទៅស្វែងរកគោលដៅជីវិតរបស់ខ្លួននៅទីណាបាន? ចាប់តាំងពីត្រូវសាតាំងជាន់ឈ្លីនៅក្រោមបាទជើងមក ជាលើកដំបូងហើយដែលមនុស្សបានក្លាយធ្វើជាតួអង្គដែលយកតាមរូបកាយរបស់សាតាំង លើសពីនេះ មនុស្សលោក គឺជា តំណាងរបស់សាតាំង និងធ្វើជាទីសម្អាងដែលធ្វើទីបន្ទាល់ឲ្យសាតាំង ដោយសំឡេងឮៗ និងច្បាស់ៗ។ តើពូជមនុស្សបែបនេះ ក្រុមមនុស្សថោកទាបគ្មានគុណធម៌បែបនេះ កូនចៅនៃអំបូរមនុស្សខូចអាក្រក់បែបនេះ អាចធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់បានដោយរបៀបណា? តើសិរីល្អរបស់អញចូលមកដល់នៅពេលណា? តើនៅទីណាដែលមនុស្សអាចចាប់ផ្ដើមនិយាយអំពីទីបន្ទាល់របស់អញបាន? ដ្បិតសត្រូវដែលឈរទទឹងទាស់នឹងអញ ដែលបានធ្វើឲ្យមនុស្សលោកខូចអាក្រក់ បានដណ្ដើមយកមនុស្សលោករួចជាស្រេចទៅហើយ ព្រមទាំងធ្វើឲ្យពួកគេប្រឡាក់អស់ ជាមនុស្សលោកដែលអញបានបង្កើតតាំងពីយូរមកហើយ និងបានទទួលនូវសិរីល្អរបស់អញ និងការសម្ដែងចេញរបស់អញតាមរយៈការស់នៅ។ វាបានឆក់យកនូវសិរីល្អរបស់អញ ហើយអ្វីទាំងអស់ដែលវាបានបញ្ជ្រាបចូលទៅក្នុងខ្លួនមនុស្សលោកនោះគឺថ្នាំពុល ដែលបានលាយយ៉ាងច្រើននឹងភាពអាក្រក់ របស់សាតាំង រួមនឹងទឹកផ្លែឈើពីផ្លែឈើនៃដើមដឹងខុសត្រូវ។ ការពីដើមឡើយ អញបានបង្កើតមនុស្សលោក ពោលគឺអញបានបង្កើតដូនតារបស់មនុស្ស គឺអ័ដាម។ គាត់ត្រូវបានប្រទានឲ្យនូវទម្រង់ និងរូបអង្គ ដែលពេញប្រៀបទៅដោយថាមពល ពេញប្រៀបទៅដោយភាពក្លៀវក្លា រួមជាមួយនឹងសិរីល្អរបស់អញថែមទៀត។ នោះគឺជាថ្ងៃដ៏មានសិរីល្អ នៅពេលដែលអញបានបង្កើតមនុស្សលោក។ ក្រោយមក អេវ៉ា ត្រូវបង្កើតចេញពីរូបកាយរបស់អ័ដាម ហើយនាងក៏ជាជីដូនជីតារបស់មនុស្សដែរ ដូច្នេះ មនុស្សដែលអញបានបង្កើតមក ត្រូវមានដោយខ្យល់ដង្ហើមរបស់អញ និងពេញប្រៀបទៅដោយសិរីល្អរបស់អញ។ ដំបូងឡើយ អ័ដាមកើតចេញពីស្នាព្រះហស្ដរបស់អញ ហើយជារូបអង្គតំណាងរបស់អញ។ ហេតុនេះ អត្ថន័យដំបូងរបស់ “អ័ដាម” គឺបង្កើតឡើងដោយអញ ពោរពេញទៅដោយអនុភាពជីវិតរបស់អញ ជ្រោតជ្រាបទៅដោយសិរីល្អរបស់អញ ដោយមានទម្រង់និងរូបអង្គ ដោយមានព្រលឹង និងខ្យល់ដង្ហើម។ គាត់គឺជាសភាវៈដែលត្រូវបង្កើតមកតែមួយគត់ ដែលមានព្រលឹង ដែលមានសមត្ថភាពតំណាងឲ្យអញបាន អាចមានរូបអង្គអញបាន និងអាចទទួលបានខ្យល់ដង្ហើមជីវិតរបស់អញបាន។ កាលដើមដំបូងឡើយ អេវ៉ា គឺជាមនុស្សទីពីរដែលទទួលបានការប្រទានខ្យល់ដង្ហើមជីវិត ដែលអញបានចាត់តាំងឲ្យបង្កើតនាងឡើងមក ដូចនេះ អត្ថន័យរបស់ “អេវ៉ា” គឺជាសភាវៈ ដែលត្រូវបង្កើតឡើងមក ដែលនឹងបន្តសិរីល្អរបស់អញ ដែលបំពេញទៅដោយភាពក្លៀវក្លារបស់អញ និងទទួលបាននូវការប្រទានសិរីល្អរបស់អញទៀតផង។ អេវ៉ាកើតចេញពីអ័ដាម ដូចនេះ នាងក៏មានរូបអង្គរបស់អញដែរ ដ្បិតនាងជាមនុស្សទីពីរដែលត្រូវបានបង្កើតឡើងក្នុងរូបអង្គរបស់អញ។ អត្ថន័យដើមរបស់ “អេវ៉ា” គឺជាមនុស្សរស់ ដែលមានព្រលឹង សាច់ឈាម និងឆ្អឹង ជាទីបន្ទាល់ទីពីររបស់អញ ក៏ដូចជារូបអង្គទីពីររបស់អញក្នុងចំណោមមនុស្សលោកផងដែរ។ ពួកគេជាជីដូនជីតារបស់មនុស្ស ជាសម្បត្តិដ៏ល្អបរិសុទ្ធនិងមានតម្លៃរបស់មនុស្សលោក ហើយពីដំបូងឡើយ សត្វមានជីវិត ត្រូវបានប្រទាននូវព្រលឹង។ ក៏ប៉ុន្តែ មេកំណាចបានជាន់ឈ្លី និងចាប់កូនចៅនៃជីដូនជីតារបស់មនុស្សលោកជាឈ្លើយ ដោយទម្លាក់ពិភពមនុស្សទៅក្នុងភាពងងឹតសូន្យសុង និងធ្វើឲ្យពិភពនេះទៅជាបែបនេះ ដើម្បីឲ្យកូនចៅគេលែងជឿលើវត្តមានរបស់អញទៀត។ អ្វីដែលគួរឲ្យស្អប់ខ្ពើមជាងនេះទៀតនោះគឺថា មេកំណាចមិនត្រឹមតែធ្វើឲ្យមនុស្សខូចអាក្រក់ និងជាន់ឈ្លីលើពួកគេនោះទេ វាសាហាវឃោឃៅដោយដណ្ដើមយកនូវសិរីល្អរបស់អញ ទីបន្ទាល់របស់អញ សេចក្តីក្លៀវក្លាដែលអញបានប្រទានឲ្យពួកគេ ខ្យល់ដង្ហើមនិងជីវិតដែលអញបានផ្លុំបញ្ចូលទៅឲ្យពួកគេ គ្រប់សិរីល្អរបស់អញនៅក្នុងពិភពមនុស្ស និងគ្រប់ឈាមនៅក្នុងបេះដូងដែលអញបានចំណាយប្រទានដល់មនុស្សលោក។ មនុស្សលោកលែងស្ថិតនៅក្នុងពន្លឺទៀតហើយ មនុស្សបានបាត់បង់នូវអ្វីគ្រប់យ៉ាងដែលអញបានប្រទានឲ្យគេ ហើយពួកគេបានលះបង់នូវសិរីល្អដែលអញបានផ្ដល់ឲ្យពួកគេ។ តើពួកគេអាចទទួលស្គាល់ថាអញជាព្រះអម្ចាស់នៃអស់សត្វដែលបង្កើតឡើងមកនោះដោយរបៀបណា? តើពួកគេអាចបន្តជឿលើវត្តមានរបស់អញនៅស្ថានសួគ៌បានដោយរបៀបណា? តើពួកគេអាចស្វែងរកការសម្ដែងឲ្យឃើញនូវសិរីល្អរបស់អញនៅលើផែនដីនេះបានដោយរបៀបណា? តើចៅប្រុសនិងចៅស្រីទាំងអស់នេះ អាចទទួលយកព្រះជាម្ចាស់ ដែលជីដូនជីតារបស់ពួកគេគោរពបូជាជាព្រអម្ចាស់ដែលបង្កើតគេមកនោះបានដោយរបៀបណា? ចៅប្រុសនិងចៅស្រីដ៏គួរឲ្យអាណិតទាំងអស់នេះ បាន “ផ្ដល់ជូន” ដោយសុទ្ធចិត្តនូវសិរីល្អ រូបអង្គ និងទីបន្ទាល់ដែលអញបានប្រទានដល់អ័ដាមនិងអេវ៉ា ក៏ដូចជាជីវិតដែលអញបានប្រទានឲ្យមនុស្សលោក ដែលពួកគេត្រូវការដើម្បីរស់រាននោះ ទៅឲ្យមេកំំណាច។ ហើយពួកគេមិនបានចាប់ភ្លឹកទាល់តែសោះចំពោះវត្តមានរបស់មេកំណាច និងបានផ្ដល់សិរីល្អទាំងអស់របស់អញទៅឲ្យវា។ តើនេះមិនមែនជាប្រភពនៃងារ “មនុស្សថោកទាប” ទេឬអី? តើមនុស្សបែបនេះ អារក្សកំណាចបែបនេះ សាកសពចេះដើរបែប រូបតំណាងរបស់សាតាំងបែបនេះ សត្រូវរបស់អញបែបនេះ អាចទទួលបាននូវសិរីល្អរបស់អញបានដោយរបៀបណា? អញនឹងយកមកវិញនូវសិរីល្អរបស់អញ យកមកវិញនូវទីបន្ទាល់របស់អញដែលមាននៅក្នុងចំណោមមនុស្សលោក និងអ្វីគ្រប់ ទាំងអស់ដែលធ្លាប់ជារបស់អញ និងអ្វីដែលអញបានផ្ដល់ទៅឲ្យមនុស្សលោកជាយូរលង់មកហើយ អញនឹងបង្ក្រាបមនុស្សលោកឲ្យបានទាំងស្រុង។ ក៏ប៉ុន្តែ អ្នករាល់គ្នាគួរដឹងថា មនុស្សដែលអញបានបង្កើតមក គឺជាមនុស្សដែលមានរូបអង្គរបស់អញ និងមានសិរីល្អរបស់អ្នក។ ពួកគេមិនមែនជាកម្មសិទ្ធិរបស់សាតាំងឡើយ ហើយពួកគេក៏មិនមែនជារបស់ដែលត្រូវឲ្យវាជាន់ឈ្លីដែរ ប៉ុន្តែជាការបើកបង្ហាញដ៏បរិសុទ្ធរបស់អញ ដោយមិនមានដានជាតិពុលរបស់សាតាំងសូម្បីបន្តិច។ អាស្រ័យដូចនេះ អញប្រាប់មនុស្សលោកថា អញគ្រាន់តែចង់បានអ្វីដែលអញបានបង្កើតឡើងដោយព្រះហស្ដរបស់អញតែប៉ុណ្ណោះ ជារបស់បរិសុទ្ធដែលអញស្រឡាញ់ និងរបស់ដែលមិនមែនជាកម្មសិទ្ធិរបស់អ្នកណាមួយ។ បន្ថែមលើនេះ អញនឹងមានសេចក្តីរីករាយពីរបស់ទាំងនោះ និងចាត់ទុកវាជាសិរីល្អរបស់អញ។ ក៏ប៉ុន្តែ អ្វីដែលអញចង់បាន គឺមិនមែនជាមនុស្សលោកដែលត្រូវបានសាតាំងធ្វើឲ្យខូចអាក្រក់នោះទេ ហើយក៏មិនមែនជាកម្មសិទ្ធិរបស់សាតាំងក្នុងពេលសព្វថ្ងៃនេះដែរ ព្រោះនោះលែងជារបស់ដើមដែលអញបានបង្កើតឡើងទៀត។ ដោយសារអញមានបំណងចង់យកមកវិញនូវសិរីល្អរបស់អញដែលមាននៅក្នុងពិភពមនុស្ស អញត្រូវបង្ក្រាបអ្នកនៅរស់ក្នុងចំណោមមនុស្សលោកឲ្យបានទាំងស្រុង ជាសេចក្តីសម្អាងនៃសិរីល្អរបស់អញនៅក្នុងការយកឈ្នះលើសាតាំង។ អញគ្រាន់តែធ្វើទីបន្ទាល់របស់អញជារូបអង្គដ៏ច្បាស់របស់អញប៉ុណ្ណោះ ជារបស់នៃសេចក្តីសប្បាយរីករាយរបស់អញ។ នេះគឺជាហឫទ័យរបស់អញ។

វាត្រូវការពេលរាប់សិបពាន់ឆ្នាំក្នុងប្រវត្តិសាស្រ្តរបស់មនុស្ស ដើម្បីចូលមកដល់ពេលបច្ចុប្បន្ននេះ ក៏ប៉ុន្តែ មនុស្សលោកដែលអញបានបង្កើតតាំងពីដើមដំបូងមក បានលិចចូលទៅក្នុងភាពចុះអន់ថយយូរលង់មកហើយ។ មនុស្សលោក លែងជាមនុស្សជាតិដែលអញចង់បានទៀតហើយ ហេតុនេះ នៅក្នុងព្រះនេត្ររបស់អញ មនុស្សលោកលែងសមនឹងទទួលឈ្មោះជាមនុស្សលោកទៀតហើយ។ ផ្ទុយទៅវិញ ពួកគេជាមនុស្សថោកទាបដែលសាតាំងបានចាប់ជាឈ្លើយ ជាសាកសពរលួយស្អុយដែលចេះដើរ ដែលសាតាំងសណ្ឋិត នៅ និងដែលសាតាំងយកធ្វើជាសម្លៀកបំពាក់របស់វា។ មនុស្សពុំមានសេចក្តីទុកចិត្តលើវត្តមានរបស់អញ ហើយពួកគេមិនស្វាគមន៍ចំពោះការយាងត្រឡប់មកវិញរបស់អញឡើយ។ មនុស្សលោកគ្រាន់តែឆ្លើយតបទៅនឹងសំណើរបស់អញដោយសេចក្តីច្រណែនឈ្នានីស ដោយយល់ព្រមជាបណ្ដោះអាសន្នចំពោះសំណើទាំងនោះ តែមិនបានរួមសុខនិងទុក្ខជាមួយអញនៅក្នុងជីវិតដោយស្មោះត្រង់នោះទេ។ ដោយសារមនុស្សគិតថាអញមិនអាចយល់បាន ពួកគេញញឹមដោយសេចក្តីឈ្នានីស អត្តចរិតរបស់ពួកគេត្រេកអរចំពោះអ្នកដែលមានអំណាច ដ្បិតមនុស្សពុំមានចំណេះដឹងអំពីកិច្ចការរបស់អញឡើយ ហើយកាន់តែមិនដឹងអំពីព្រះហឫទ័យរបស់អញក្នុងពេលសព្វថ្ងៃនេះដែរ។ អញនឹងនិយាយដោយត្រង់ចំពោះឯងរាល់គ្នា៖ នៅពេលថ្ងៃនោះបានមកដល់ ទុក្ខសោករបស់មនុស្សដែលថ្វាយបង្គំអញ នឹងបានធូរស្បើយជាងទុក្ខសោករបស់ឯងរាល់គ្នា។ កម្រិតនៃសេចក្តីជំនឿរបស់ឯងចំពោះអញ តាមពិតទៅ មិនលើសពីសេចក្តីជំនឿរបស់យ៉ូបឡើយ បើទោះបីជាសេចក្តីជំនឿរបស់ពួកផារិស៊ីជាតិយូដា ក៏លើសពីសេចក្តីជំនឿរបស់ឯងរាល់គ្នាដែរ ហើយដូច្នេះ ប្រសិនបើថ្ងៃដែលភ្លើងធ្លាក់មក ទុក្ខសោករបស់ឯងរាល់គ្នា នឹងកាន់តែធ្ងន់ធ្ងរជាងទុក្ខសោករបស់ពួកផារិស៊ី នៅពេលព្រះយេស៊ូវបានស្ទីបន្ទោសឲ្យ ហើយក៏ខ្លាំងជាងពួកមេដឹកនាំទាំង 250 នាក់ ដែលប្រឆាំងទាស់នឹងលោកម៉ូសេ និងខ្លាំងជាងក្រុងសូដូមដែលត្រូវបំផ្លិចបំផ្លាញដោយអណ្ដាតភ្លើងដែលឆេះរោលរាលនោះទៅទៀត។ នៅពេលដែលម៉ូសេវាយថ្ម នោះទឹកដែលព្រះយេហូវ៉ាបានប្រទានឲ្យក៏ហូរចេញមក នេះគឺដោយសារសេចក្តីជំនឿរបស់គាត់។ នៅពេលដេវីឌលេងស៊ុងដើម្បីសរសើរតម្កើងអញ ដែលជាព្រះយេហូវ៉ា ដោយដួងចិត្តគាត់ពោរពេញដោយទៅសេចក្តីអរសប្បាយ នេះគឺដោយសារសេចក្តីជំនឿរបស់គាត់។ នៅពេលដែលយ៉ូបបាត់បង់សត្វចិញ្ចឹមរបស់គាត់ដែលនៅពេញភ្នំ និងទ្រព្យសម្បត្តិយ៉ាងច្រើនសម្បើម ហើយរាងកាយរបស់គាត់ពេញដោយដំបៅខ្ទុះ នេះគឺដោយសារសេចក្តីជំនឿរបស់គាត់។ នៅពេលដែលគាត់អាចស្ដាប់ឮព្រះសូរសៀងរបស់អញ ដែលជាព្រះយេហូវ៉ា និងឃើញសិរីល្អរបស់អញ ដែលជាព្រះយេហូវ៉ា នេះគឺដោយសារសេចក្តីជំនឿរបស់គាត់។ ការដែលពេត្រុសអាចស្ដាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ គឺដោយសារសេចក្តីជំនឿរបស់គាត់។ ការដែលគាត់អាចឲ្យគេដំដែកគោលទៅនឹងឈើឆ្កាងក៏ព្រោះតែនាមអញ និងធ្វើទីបន្ទាល់ដែលមានសិរីល្អ គឺដោយសារសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលយ៉ូហាន បានឃើញពីរូបអង្គដ៏អស្ចារ្យនៃកូនមនុស្ស នេះគឺដោយសារសេចក្តីជំនឿរបស់គាត់។ នៅពេលដែលគាត់បានឃើញពីនិមិត្តហេតុនៅគ្រាចុងក្រោយបង្អស់ នេះគឺដោយសារសេចក្តីជំនឿរបស់គាត់។ មូលហេតុដែលពួកហ្វូងមនុស្សនៅក្នុងប្រទេសនៃពួកជាតិសាសន៍ដទៃ បានទទួលនូវការបើកបង្ហាញរបស់អញ និងបានដឹងថា អញបានត្រឡប់មកជាសាច់ឈាម ដើម្បីបំពេញកិច្ចការរបស់អញក្នុងចំណោមមនុស្សលោក គឺដោយសារសេចក្តីជំនឿរបស់ពួកគេផងដែរ។ អស់អ្នកណា ដែលលុតដំដោយសារបន្ទូលមិនពិរោះស្ដាប់របស់អញ ប៉ុន្តែត្រូវបានធូរស្បើយចិត្ត និងបានសង្គ្រោះដោយបន្ទូលទាំងនោះ តើពួកគេមិនបានធ្វើបែបនេះ ដោយសារសេចក្តីជំនឿរបស់ពួកគេទេឬអី? អស់អ្នកណាដែលជឿលើអញ ប៉ុន្តែមិនទាន់បានរងទុក្ខខ្លាំង តើពួកគេមិនត្រូវពិភពលោកនេះបដិសេធចោលទេឬអី? អស់អ្នកណាដែលរស់នៅក្រៅព្រះបន្ទូលរបស់អញ ដោយចាកចេញពីការរងទុក្ខនៃការសាកល្បង តើពួកគេមិនកំពុងរសាត់អណ្ដែតនៅក្នុងពិភពលោកនេះទេឬអី? ពួកគេស្រដៀងគ្នានឹងស្លឹកឈើនាសរទរដូវ ដែលបក់រវិចម្តងទៅនេះ ម្តងទៅនោះ គ្មានពេលឈប់ ហើយព្រះបន្ទូលរបស់អញក៏មិនអាចឲ្យគេបានធូរស្បើយចិត្តដែរ។ បើទោះបីជាការកាត់ទោស និងការបន្សុទ្ធរបស់អញ ពុំធ្វើតាមពួកគេក្ដី ប៉ុន្តែតើពួកគេមិនដូចជាអ្នកសុំទាន ដែលរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ ដោយដើរតាមផ្លូវនានានៅខាងក្រៅនគរស្ថានសួគ៌ទេឬអី? តើពិភពលោកនេះ គឺជាកន្លែងសម្រាប់អ្នកឈប់សម្រាកមែនទេ? តាមរយៈការគេចវេសពីការកាត់ទោសរបស់អញ តើឯងពិតជាអាចទទួលបាននូវស្នាមញញឹមនៃការពេញចិត្តចំពោះពិភពលោកនេះដែរឬទេ? តើឯងពិតជាអាចប្រើប្រាស់នូវសេចក្តីរីករាយដ៏ខ្លីរបស់ឯងដើម្បីលាក់បាំងនូវភាពទទេស្អាតនៅក្នុងដួងចិត្តរបស់ឯង ជាភាពទទេស្អាតដែលមិនអាចលាក់បាំង នេះបានដែរឬទេ? ឯងអាចបោកបញ្ឆោតមនុស្សគ្រប់គ្នានៅក្នុងគ្រួសាររបស់ឯងបាន ប៉ុន្តែឯងមិនអាចបោកប្រាស់អញបានឡើយ។ ដោយសារសេចក្តីជំនឿរបស់ឯងស្ដួចស្ដើងខ្លាំងពេក មកទល់សព្វថ្ងៃនេះ ឯងនៅតែគ្មានអំណាច ដើម្បីស្វែងរកជីវិតស្រស់បំព្រងដែលគួរមានបានឡើយ។ អញទទូចដល់ឯងចុះ៖ យកល្អគួរចំណាយពេលពាក់កណ្ដាលជីវិតរបស់ឯងដោយស្មោះត្រង់ដើម្បីជាប្រយោជន៍ដល់អញ ជាជាងចំណាយពេលពេញមួយជីវិតនៅក្នុងភាពថ្លៃថ្នូរ និងការងាររវល់ដើម្បីតែខាងសាច់ឈាម ដោយតស៊ូឆ្លងកាត់នូវទុក្ខសោកទាំងអស់ដែលមនុស្សកម្រនឹងអាចតស៊ូអត់ទ្រាំបាន។ តើមានគោលបំណងអ្វីដែលត្រូវទុកទ្រព្យសម្បត្តិឲ្យខ្លួនឯងច្រើនដល់ម្ល៉េះ និងគេចចេញពីការកាត់ទោសរបស់អញ? តើមានគោលបំណងអ្វីដែលត្រូវលាក់បាំងខ្លួនឯងពីការកាត់ទោសមួយពេលរបស់អញ ដោយគ្រាន់តែចង់បានការអាម៉ាស់ និងការកាត់ទោស អស់កល្បជានិច្ចនោះវិញ? តាមពិត អញមិនបានបត់បែននរណាម្នាក់ទៅតាមព្រះហឫទ័យរបស់អញឡើយ។ ប្រសិនបើមាននរណាម្នាក់ពិតជាសុខចិត្តចុះចូលនឹងផែនការទាំងអស់របស់អញ នោះអញនឹងមិនធ្វើដាក់ពួកគេអាក្រក់ពេកទេ។ ប៉ុន្តែអញត្រូវការឲ្យមនុស្សទាំងអស់ជឿលើអញ ដូចជា យ៉ូបជឿលើអញ ដែលជាព្រះយេហូវ៉ាដែរ។ ប្រសិនបើសេចក្តីជំនឿរបស់ឯងលើសពីសេចក្តីជំនឿរបស់ថូម៉ាស់ ដូច្នេះ សេចក្តីជំនឿរបស់ឯងរាល់គ្នា នឹងទទួលបានការកោតសរសើរពីអញ នៅក្នុងសេចក្តីស្មោះត្រង់របស់ឯងរាល់គ្នា ឯងនឹងរកឃើញនូវសិរីរុងរឿងរបស់អញ ហើយឯងនឹងប្រាកដជាឃើញនូវសិរីល្អរបស់អញនៅក្នុងសម័យរបស់ឯងរាល់គ្នា។ ក៏ប៉ុន្តែ មនុស្សដែលជឿលើពិភពលោកនេះ និងជឿលើអារក្ស បានធ្វើឲ្យចិត្តរបស់គេរឹងដូចដែក ដូចជាហ្វូងមនុស្សនៃទីក្រុងសូដុម ដែលត្រូវគ្រាប់ខ្សាច់ បក់ចូលភ្នែក និងមានគ្រឿងដង្វាយពីពួកអារក្សនៅក្នុងមាត់របស់ពួកគេ ដែលចិត្តគំនិតមោហ៍បាំងរបស់ពួកគេ ត្រូវបានមេកំណាចដែលបានដណ្ដើមពិភពលោកនេះ គ្រប់គ្រងមកជាយូរយកហើយ ។ គំនិតរបស់ពួកគេ ស្ទើរតែធ្លាក់ជាឈ្លើយទាំងស្រុងទៅក្នុងដៃរបស់ពួកអារក្សនៃសម័យមុន។ ហើយដូច្នេះ សេចក្តីជំនឿរបស់មនុស្សលោក បានរសាត់ទៅបាត់តាមខ្យល់ ហើយពួកគេមិនអាចកត់សម្គាល់សូម្បីតែកិច្ចការរបស់អញ។ អ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន គឺខិតខំប្រឹងប្រែងទាំងឥតកម្លាំងដើម្បីបំពេញកិច្ចការរបស់អញដោយគ្រាន់តែបង្គ្រប់កិច្ច ឬដើម្បីវិភាគវាដោយរដិបរដុប ដ្បិតពួកគេត្រូវជោគជាំដោយថ្នាំពុលរបស់សាតាំងមកជាយូរមកហើយ។

អញនឹងបង្ក្រាបមនុស្សលោក ដោយសារមនុស្សលោកត្រូវអញបង្កើតមក ហើយថែមទាំងបានត្រេកអរសប្បាយនឹងរបស់ជាច្រើនសន្ធឹកសន្ធាប់ដែលអញបានបង្កើតមក។ ប៉ុន្តែ មនុស្សក៏បានបដិសេធអញវិញដែរ។ អញបាត់ចេញពីក្នុងចិត្តរបស់ពួកគេ ហើយពួកគេគិតថាអញជាអម្រែកនៅក្នុងការរស់នៅរបស់ពួកគេ សូម្បីតែក្នុងចំណុចមួយដែលពួកគេបានឃើញអញដោយពិតប្រាកដក្ដី ក៏ពួកគេនៅតែបដិសេធអញដដែល ហើយប្រឹងប្រើខួរក្បាលរបស់ពួកគេគិតរកវិធីអ្វីដែលអាចយកឈ្នះលើអញបាន។ មនុស្សមិនព្រមឲ្យអញយកចិត្តទុកដាក់នឹងគេទេ ឬមិនចង់ឲ្យអញទាមទារពីពួកគេតឹងតែងពេកនោះទេ ហើយពួកគេក៏មិនព្រមឲ្យអញវិនិច្ឆ័យ ឬកាត់ទោសសេចក្តីទុច្ចរិតរបស់ពួកគេដែរ។ ពួកគេបែរជាមិនចាប់អារម្មណ៍លើរឿងនេះ និងគិតថាវាគួរឲ្យធុញទ្រាន់ទៅវិញ។ ហើយកិច្ចការរបស់អញ គឺត្រូវយក និងបង្ក្រាបពួកមនុស្សលោកដែលទទួលទាន ផឹក និងអរសប្បាយជាមួយអញ ប៉ុន្តែពុំស្គាល់អញ។ អញនឹងដោះគ្រឿងសាស្ត្រាវុធចេញពីមនុស្សលោក ហើយបន្ទាប់មក អញនឹងនាំយកពួកទេវតារបស់អញ និងសិរីល្អរបស់អញ រួចអញនឹងត្រឡប់ទៅកាន់ទីសំណាក់របស់អញវិញ។ ដ្បិតសកម្មភាពរបស់មនុស្ស បានធ្វើឲ្យអញខកចិត្តជាយូរមកហើយ ហើយធ្វើឲ្យកិច្ចការរបស់អញបែកខ្ញែកជាចំណែកតូចៗ។ អញមានបំណងចង់យកមកវិញនូវសិរីល្អរបស់អញ ដែលមេកំណាចបានយកទៅជាយូរមកហើយ នៅមុនពេលដែលអញដើរចេញដោយព្រះទ័យសប្បាយរីករាយ ដោយអនុញ្ញាតឲ្យមនុស្សបន្តរស់នៅក្នុងជីវិតរបស់ពួកគេ បន្ត “រស់នៅនិងធ្វើការក្នុងសុខសន្តិភាព និងសេចក្តីសប្បាយរីករាយ” ហើយអញនឹងមិនធ្វើអន្តរាគមន៍លើជីវិតរបស់ពួកគេនោះទេ។ ប៉ុន្តែសព្វថ្ងៃនេះ អញមានបំណងចង់យកសិរីល្អរបស់អញមកវិញឲ្យបានពេញលេញពីដៃរបស់មេកំណាច យកមកវិញនូវសិរីល្អទាំងស្រុងដែលបានប្រទានទៅឲ្យមនុស្សលោក នៅពេលបង្កើតពិភពលោកនេះ។ អញនឹងមិនប្រទានវាជាថ្មីដល់ពូជមនុស្សនៅលើផែនដីឡើយ។ ដ្បិតមនុស្សដែលមិនត្រឹមតែមិនបានថែរក្សាសិរីល្អរបស់អញប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេបានផ្លាស់ប្តូរវាទៅជារូបអង្គរបស់សាតាំងទៀតផង។ មនុស្សពុំអរសប្បាយនឹងការយាងមករបស់អញឡើយ ហើយពួកគេពុំឲ្យតម្លៃលើថ្ងៃនៃសិរីល្អរបស់អញឡើយ។ ពួកគេមិនសប្បាយនឹងទទួលនូវការកាត់ទោសរបស់អញឡើយ ពួកគេក៏មិនសុខចិត្តត្រឡប់មករកសិរីល្អរបស់អញនៅចំពោះអញដែរ ហើយពួកគេក៏មិនសុខចិត្តបន្សាបនូវថ្នាំពុលរបស់មេកំណាចដែរ។ មនុស្សលោក បន្តបោកបញ្ឆោតអញនៅក្នុងវិធីចាស់ៗដដែល មនុស្សនៅបន្តពាក់មុខញញឹមពព្រាយ និងសប្បាយរីករាយ ក្នុងរបៀបចាស់ៗដដែល។ ពួកគេពុំបានដឹងអំពីជម្រៅនៃភាពងងឹតដែលនឹងចុះមកលើមនុស្សលោកក្រោយពេលសិរីល្អរបស់អញចាកចេញនោះទេ។ ជាពិសេស ពួកគេពុំបានដឹងថា នៅថ្ងៃដែលអញយាងចុះមកក្នុងចំណោមមនុស្សលោកទាំងមូល នោះវានឹងកាន់តែលំបាកសម្រាប់ពួកគេ ជាងមនុស្សនៅក្នុងសម័យលោក ណូអេ ទៅទៀត ដ្បិតពួកគេពុំបានដឹងថាតើប្រទេសអ៊ីស្រាអែលទៅជាងងឹតដោយបែបណានោះទេ នៅពេលដែលសិរីល្អរបស់អញបានចេញផុតពីទីនោះ ដ្បិតមនុស្សភ្លេចថាការដើរក្នុងយប់ងងឹតសូន្យសុងនោះពិបាកយ៉ាងណានៅពេលថ្ងៃទើបនឹងរះឡើង។ នៅពេលព្រះអាទិត្យបាត់ទៅវិញជាថ្មីម្ដងទៀត ហើយនៅពេលភាពងងឹតចុះមកលើមនុស្សលោក គេនឹងទួញសោក និងសង្កៀតធ្មេញជាថ្មីនៅក្នុងភាពងងឹត។ តើឯងរាល់គ្នាបានភ្លេចថាពួកសាសន៍អ៊ីស្រាអែលត្រូវរងទុក្ខក្នុងសម័យនោះដោយបែបណាហើយមែនទេ នៅពេលដែលសិរីល្អរបស់អញបានចាកចេញពីអ៊ីស្រាអែលទៅ? បច្ចុប្បន្ននេះ គឺជាពេលដែលឯងរាល់គ្នាត្រូវឃើញសិរីល្អរបស់អញ ហើយវាក៏ជាពេលដែលឯងរាល់គ្នារួមរស់ក្នុងថ្ងៃនៃសិរីល្អរបស់អញដែរ។ មនុស្សនឹងទួញសោកនៅកណ្ដាលយប់ នៅពេលដែលសិរីល្អរបស់អញចាកចេញពីដីដ៏ស្មោកគ្រោកនេះ។ បច្ចុប្បន្ននេះគឺជាថ្ងៃនៃសិរីល្អ ជាពេលដែលអញបំពេញកិច្ចរបស់អញ ហើយវាគឺជាថ្ងៃដែលអញធ្វើឲ្យមនុស្សគេចផុតពីទុក្ខសោក ដ្បិតអញនឹងមិនចែករំលែកពេលវេលាទុក្ខទារុណ និងទុក្ខសោកជាមួយពួកគេឡើយ។ ដ្បិតអញគ្រាន់តែចង់បង្ក្រាបលើមនុស្សលោក និងយកឈ្នះលើមេកំណាចរបស់មនុស្សលោកឲ្យបានទាំងស្រុងប៉ុណ្ណោះ ។

ខាង​ដើម៖ តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?

បន្ទាប់៖ តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ