តើអ្នករាល់គ្នាមានការយល់ដឹងអ្វីខ្លះអំពីព្រះពរ?

ទោះបីជាមនុស្សដែលកើតមកនៅក្នុងយុគសម័យនេះ ត្រូវបានពុករលួយដោយសាតាំង និងអារក្សអសោចក៏ដោយ ក៏សេចក្តីពុករលួយនេះបាននាំពួកគេទៅកាន់សេចក្តីសង្រ្គោះដ៏ខ្ពស់បំផុត ជាសេចក្តីសង្រ្គោះមួយដែលធំធេងជាងភ្នំ និងវាលទំនាបរបស់ពពួកសត្វនានា និងទ្រព្យសម្បត្តិដ៏មហាសាលរបស់យ៉ូបទៅទៀត ហើយក៏ធំធេងជាងព្រះពរចេញពីការមើលឃើញព្រះយេហូវ៉ាដែលយ៉ូបបានទទួលក្រោយពេលគាត់បានជួបការល្បងលដែរ។ មានតែក្រោយពេលដែលយ៉ូបបានឆ្លងកាត់ការល្បងលនៃសេចក្តីស្លាប់ប៉ុណ្ណោះទើបគាត់បានឮព្រះយេហូវ៉ាមានបន្ទូល ហើយស្ដាប់ឮព្រះសូរសៀងរបស់ព្រះយេហូវ៉ានៅក្នុងខ្យល់កួច។ ប៉ុន្តែគាត់មិនបានមើលឃើញព្រះភ័ក្ត្ររបស់ព្រះយេហូវ៉ាឡើយ ហើយគាត់ក៏មិនបានស្គាល់និស្ស័យរបស់ទ្រង់នោះដែរ។ អ្វីដែលយ៉ូបទទួលបាន គឺគ្រាន់តែជាទ្រព្យសម្បត្តិដែលផ្ដល់ការសប្បាយដល់រូបកាយ ព្រមទាំងកូនៗដែលមានរូបឆោមដ៏ស្រស់ស្អាតបំផុតនៅក្នុងចំណោមមនុស្សទាំងអស់នៅតាមបណ្ដាក្រុងជុំវិញ ក៏ដូចជាការការពារពីពពួកទេវតានៃស្ថានសួគ៌ប៉ុណ្ណោះ។ គាត់មិនដែលបានឃើញព្រះយេហូវ៉ាឡើយ ហើយទោះបីជាគាត់ត្រូវបានហៅថាជាមនុស្សសុចរិតក៏ដោយ ក៏គាត់មិនដែលបានស្គាល់និស្ស័យរបស់ព្រះយេហូវ៉ានោះដែរ។ គេអាចនិយាយបានថា ទោះបីជាការសប្បាយខាងសម្ភារៈរបស់មនុស្សសព្វថ្ងៃមានកម្រិតតិចតួចបណ្តោះអាសន្ន ឬបរិយាកាសនៃពិភពខាងក្រៅមានភាពប្រឆាំងក៏ដោយ ក៏ខ្ញុំបង្ហាញនិស្ស័យរបស់ខ្ញុំ ជានិស្ស័យដែលខ្ញុំមិនធ្លាប់បានបើកសម្ដែងដល់មនុស្សតាំងពីបុរាណកាលមក ហើយនិស្ស័យនេះទៀតសោតតែងតែជារឿងលាក់កំបាំង ក៏ដូចជាសេចក្តីអាថ៌កំបាំងពីអតីតកាលដ៏យូរលង់ចំពោះមនុស្សដ៏ទន់ទាបបំផុតដែរ ប៉ុន្តែខ្ញុំបានប្រទានសេចក្តីសង្រ្គោះដ៏ធំបំផុតរបស់ខ្ញុំដល់មនុស្សបែបនេះ។ លើសពីនេះទៅទៀត នេះគឺជាលើកដំបូងហើយដែលខ្ញុំបានបើកសម្ដែងសេចក្តីទាំងនេះ ដ្បិតខ្ញុំមិនធ្លាប់បានធ្វើកិច្ចការបែបនេះពីមុនមកឡើយ។ ទោះបីជាអ្នករាល់គ្នាអន់ជាងយ៉ូបឆ្ងាយយ៉ាងណាក៏ដោយ ក៏អ្វីដែលអ្នករាល់គ្នាទទួលបាន និងអ្វីដែលអ្នកបានឃើញនោះ មានកម្រិតខ្ពស់លើសលប់ជាងគាត់ដែរ។ ទោះបីជាអ្នករាល់គ្នាបានឆ្លងកាត់ទុក្ខលំបាកគ្រប់ប្រភេទ ហើយបានជួបទារុណកម្មសព្វបែបយ៉ាងក៏ដោយ ក៏ទុក្ខលំបាកទាំងនោះមិនអាចប្រៀបស្មើនឹងការល្បងលរបស់យ៉ូបឡើយ។ ផ្ទុយទៅវិញ វាជាការជំនុំជម្រះ និងការវាយផ្ចាលដែលមនុស្សទទួល ដោយសារតែការបះបោររបស់គេ ដោយសារតែការប្រឆាំងរបស់គេ និងដោយសារតែនិស្ស័យដ៏សុចរិតរបស់ខ្ញុំប៉ុណ្ណោះ។ វាជាការជំនុំជម្រះ ការវាយផ្ចាល និងការដាក់បណ្ដាសាដ៏សុចរិត។ នៅក្នុងន័យមួយបែបទៀត យ៉ូបគឺជាមនុស្សសុចរិតនៅក្នុងចំណោមពួកអ៊ីស្រាអែល ដែលបានទទួលសេចក្តីស្រឡាញ់ និងសេចក្តីថ្នាក់ថ្នមដ៏អស្ចារ្យបំផុតរបស់ព្រះយេហូវ៉ា។ គាត់មិនបានប្រព្រឹត្តអំពើអាក្រក់ណាមួយ ហើយក៏មិនបានប្រឆាំងនឹងព្រះយេហូវ៉ានោះដែរ ផ្ទុយទៅវិញ គាត់បានស្មោះត្រង់យ៉ាងប្ដូរផ្ដាច់ចំពោះព្រះយេហូវ៉ា។ ដោយសារតែសេចក្តីសុចរិតរបស់គាត់ គាត់ត្រូវរងការល្បងលហើយគាត់បានឆ្លងកាត់ការល្បងលដ៏ក្ដៅខ្លាំង ដោយសារតែគាត់ជាអ្នកបម្រើដ៏ស្មោះត្រង់ម្នាក់របស់ព្រះយេហូវ៉ា។ មនុស្សសព្វថ្ងៃត្រូវទទួលការជំនុំជម្រះ និងការដាក់បណ្ដាសារបស់ខ្ញុំ ដោយសារតែសេចក្តីស្មោកគ្រោក និងសេចក្ដីទុច្ចរិតរបស់ពួកគេ។ ទោះបីជាទុក្ខវេទនារបស់ពួកគេមិនដូចជាអ្វីដែលយ៉ូបបានឆ្លងកាត់ នៅពេលដែលគាត់បានបាត់បង់ហ្វូងសត្វ ទ្រព្យសម្បត្តិ អ្នកបម្រើ កូនៗ ព្រមទាំងមនុស្សជាទីស្រឡាញ់ទាំងអស់របស់គាត់ក៏ដោយ ក៏អ្វីដែលពួកគេរងទុក្ខនេះគឺជាការបន្សុទ្ធ និងការដុតដ៏ក្ដៅខ្លាំងដែរ។ ហើយអ្វីដែលធ្វើឱ្យវាកាន់តែធ្ងន់ធ្ងរជាងអ្វីដែលយ៉ូបបានជួបទៀតនោះគឺថា ការល្បងលបែបនេះមិនត្រូវបានបន្ធូរបន្ថយ ឬដកចេញ ដោយសារតែមនុស្សមានភាព ទន់ខ្សោយនោះឡើយ។ ផ្ទុយទៅវិញ ការល្បងលទាំងនេះនៅស្ថិតស្ថេរជានិច្ច ហើយបន្តមានរហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់មនុស្ស។ នេះគឺជាការដាក់ទោស ការជំនុំជម្រះ និងការដាក់បណ្ដាសា ដែលកំពុងតែឆេះយ៉ាងឥតសំចៃ ហើយលើសពីនេះទៀតគឺថា វាជា «កេរមរតក» ស្របច្បាប់របស់មនុស្សជាតិ។ វាជាអ្វីដែលមនុស្សសមនឹងទទួល ហើយវាជាកន្លែងមួយ ដើម្បីបង្ហាញចេញនូវនិស្ស័យដ៏សុចរិតរបស់ខ្ញុំ។ នេះជាការពិតមួយដែលអ្នកត្រូវដឹង។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលមនុស្សបានទទួលយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ មានកម្រិតខ្ពស់ជាងទុក្ខលំបាកដែលពួកគេត្រូវរងទុក្ខនាពេលសព្វថ្ងៃទៅទៀត។ ទុក្ខលំបាកដែលអ្នករាល់គ្នាត្រូវរងទុក្ខ គឺគ្រាន់តែជាឧបសគ្គមួយដែលកើតចេញពីភាពល្ងង់ខ្លៅរបស់អ្នកប៉ុណ្ណោះ ខណៈពេលដែលអ្វីដែលអ្នករាល់គ្នាទទួលបាននោះគឺមានចំនួនមួយរយដងច្រើនជាងទុក្ខលំបាករបស់អ្នករាល់គ្នាទៅទៀត។ បើស្របតាមក្រឹត្យវិន័យរបស់អ៊ីស្រាអែលនៅក្នុងសញ្ញាចាស់ អស់អ្នកដែលប្រឆាំងនឹងខ្ញុំ អស់អ្នកដែលជំនុំជម្រះខ្ញុំដោយចំហនិងអស់អ្នកដែលមិនដើរតាមផ្លូវរបស់ខ្ញុំ ហើយបែរជាហ៊ានថ្វាយយញ្ញបូជាមិនពិសិដ្ឋដល់ខ្ញុំ អ្នកនោះនឹងប្រាកដជាត្រូវវិនាសដោយភ្លើងនៅក្នុងព្រះវិហារ ឬត្រូវបានពួកអ្នករើសតាំងមួយចំនួនគប់ដុំថ្មសម្លាប់មិនខាន ហើយសូម្បីតែពូជអំបូរ ព្រមទាំងសាច់ញាតិផ្ទាល់ផ្សេងទៀតរបស់ពួកគេក៏នឹងត្រូវរងបណ្ដាសារបស់ខ្ញុំដែរ។ នៅជីវិតខាងមុខពួកគេនឹងមិនមានសេរីភាពឡើយ ប៉ុន្តែពួកគេនឹងក្លាយជាទាសកររបស់ទាសករខ្ញុំ ហើយខ្ញុំនឹងនិរទេសពួកគេឱ្យចូលទៅក្នុងចំណោមសាសន៍ដទៃ ហើយពួកគេនឹងមិនអាចវិលត្រលប់ទៅកាន់ទឹកដីកំណើតរបស់ពួកគេវិញបានឡើយ។ ដោយអាស្រ័យលើទង្វើ និងឥរិយាបថរបស់ពួកគេ ទុក្ខលំបាកដែលមនុស្សសព្វថ្ងៃជួបប្រទះនេះនៅមិនទាន់ស្មើនឹងទារុណកម្មដ៏ធ្ងន់ធ្ងរ ដែលពួកអ៊ីស្រាអែលបានជួបនោះឡើយ។ ការនិយាយថា អ្វីដែលអ្នករាល់គ្នាកំពុងតែរងទុក្ខនាពេលសព្វថ្ងៃគឺជាកម្មពៀរ នេះមិនមែនជារឿងដែលគ្មានហេតុផលនោះឡើយ ដ្បិតអ្នករាល់គ្នាពិតជាបានឆ្លងកាត់បន្ទាត់ហាមប្រាមមែន។ ប្រសិនបើអ្នករាល់គ្នាបានស្ថិតនៅក្នុងស្រុកអ៊ីស្រាអែល នោះអ្នករាល់គ្នានឹងបានក្លាយជាមនុស្សបាបដ៏អស់កល្បជានិច្ចមិនខាន ហើយអ្នកនឹងត្រូវបានពួកអ៊ីស្រាអែលហែកច្រៀកជាបំណែកៗ និងត្រូវបានឆេះដោយភ្លើងពីស្ថានសួគ៌នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាតាំងពីយូរណាស់មកហើយ។ តើសព្វថ្ងៃនេះអ្នករាល់គ្នាទទួលបានអ្វីខ្លះទៅ? តើអ្នករាល់គ្នាបានទទួលអ្វីខ្លះ ហើយអ្នករាល់គ្នាបានរីករាយនឹងអ្វីខ្លះទៅ? ខ្ញុំបានបើកសម្ដែងអំពីនិស្ស័យដ៏សុចរិតរបស់ខ្ញុំនៅក្នុងអ្នក ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថា ខ្ញុំបានបើកសម្ដែងព្រះទ័យអត់ធ្មត់របស់ខ្ញុំសម្រាប់ការប្រោសលោះមនុស្សជាតិ។ គេអាចនិយាយបានថា កិច្ចការដែលខ្ញុំបានធ្វើនៅក្នុងអ្នករាល់គ្នាគឺជាកិច្ចការនៃការអត់ធ្មត់ ហើយកិច្ចការនេះត្រូវបានធ្វើឡើងសម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ខ្ញុំ ហើយជាងនេះទៅទៀត វាត្រូវបានធ្វើឡើងសម្រាប់ជាប្រយោជន៍ដល់សេចក្តីរីករាយរបស់មនុស្សជាតិ។

ទោះបីជាយ៉ូបបានឆ្លងកាត់ការល្បងលរបស់ព្រះយេហូវ៉ាក៏ដោយ ក៏គាត់គ្រាន់តែជាមនុស្សសុចរិតម្នាក់ដែលបានថ្វាយបង្គំព្រះយេហូវ៉ាប៉ុណ្ណោះ។ ទោះបីកំពុងតែឆ្លងកាត់ការល្បងលទាំងនោះក៏ដោយ ក៏គាត់មិនបានរអ៊ូរទាំអំពីព្រះយេហូវ៉ាដែរ ហើយគាត់បានឱ្យតម្លៃយ៉ាងខ្លាំងទៅលើជំនួបរបស់គាត់ជាមួយទ្រង់។ មនុស្សសព្វថ្ងៃមិនគ្រាន់តែមិនសាទរចំពោះព្រះវត្តមានរបស់ព្រះយេហូវ៉ាប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបដិសេធ ស្អប់ខ្ពើម រអ៊ូរទាំ និងសើចចំអកចំពោះការលេចមករបស់ទ្រង់ទៀងផង។ តើអ្នករាល់គ្នាមិនទទួលបានច្រើនទេឬ? តើទុក្ខលំបាករបស់អ្នករាល់គ្នាពិតជាធំធេងខ្លាំងមែនឬ? តើអ្នករាល់គ្នាមិនមានសំណាងជាងនាងម៉ារា និងយ៉ាកុបទេឬ? តើការប្រឆាំងរបស់អ្នករាល់គ្នាពិតជាតិចតូចមែនឬ? តើវាអាចដោយសារតែអ្វីដែលខ្ញុំបានទាមទារពីអ្នករាល់គ្នា និងអ្វីដែលខ្ញុំបានសុំពីអ្នកនោះ វាធំខ្លាំងពេក និងច្រើនពេកឬ? សេចក្តីក្រោធរបស់ខ្ញុំត្រូវបានធ្លាក់ទៅលើពួកអ៊ីស្រាអែលដែលបានប្រឆាំងនឹងខ្ញុំប៉ុណ្ណោះ មិនមែនធ្លាក់ទៅលើអ្នករាល់គ្នាដោយផ្ទាល់ឡើយ ហើយអ្វីដែលអ្នករាល់គ្នាទទួលបាន គ្រាន់តែជាការជំនុំជម្រះដ៏ឃោរឃៅ និងការបើកសម្ដែងរបស់ខ្ញុំ ក៏ដូចជាការបន្សុទ្ធដ៏ក្ដៅខ្លាំងឥតឈប់ឈរប៉ុណ្ណោះ។ ទោះបីជាបែបនេះក៏ដោយ ក៏មនុស្សនៅតែបន្តប្រឆាំង និងបដិសេធខ្ញុំដដែល ហើយពួកគេធ្វើឡើងដោយគ្មានការចុះចូលសូម្បីតែបន្ដិច។ មានមនុស្សមួយចំនួនទៀតដែលចង់នៅឱ្យឆ្ងាយពីខ្ញុំ និងបដិសេធខ្ញុំ ហើយមនុស្សបែបនេះគ្មានអ្វីប្រសើរជាងបក្សពួករបស់កូរេនិងដាថាន ដែលបានប្រឆាំងនឹងម៉ូសេឡើយ។ ដួងចិត្តរបស់មនុស្សបានរឹងចចេសហើយធម្មជាតិរបស់ពួកគេជាមនុស្សក្បាលរឹង។ ពួកគេមិនដែលផ្លាស់ប្ដូរចរិតចាស់របស់ពួកគេឡើយ។ ខ្ញុំមានបន្ទូលថា ពួកគេត្រូវបានបកអាក្រាតយ៉ាងច្បាស់ក្រឡែត គឺដូចជាស្ត្រីពេស្យាដែលលក់ខ្លួននៅពេលថ្ងៃ ហើយព្រះបន្ទូលរបស់ខ្ញុំមិនពិរោះស្ដាប់ឡើយ រហូតដល់ថ្នាក់ធ្វើឱ្យពួកគេ «សង្កៀរត្រចៀក» ដើម្បីលាតត្រដាងពីធម្មជាតិរបស់មនុស្ស ប៉ុន្តែពួកគេគ្រាន់តែងក់ក្បាល សម្រក់ទឹកភ្នែកពីរបីតំណក់ ហើយបង្ខំចិត្តឱ្យមានអារម្មណ៍សោកសៅតែបន្ដិចប៉ុណ្ណោះ។ នៅពេលដែលវេលានេះបានកន្លងផុតទៅ ពួកគេក៏មានចរិតកាចសាហាវដូចស្ដេចសត្វព្រៃនៅតាមតំបន់ភ្នំវិញ ហើយពួកគេគ្មានការយល់ដឹងសូម្បីតែបន្តិចសោះឡើយ។ តើមនុស្សដែលមាននិស្ស័យបែបនេះអាចដឹងយ៉ាងដូចម្ដេចទៅថា ពួកគេមានសំណាងជាងយ៉ូបមួយរយដងនោះ? តើពួកគេអាចទទួលស្គាល់យ៉ាងដូចម្ដេចទៅថា អ្វីដែលពួកគេរីករាយនោះគឺជាព្រះពរដែលកម្រនឹងបានឃើញនៅក្នុងយុគសម័យទាំងអស់ និងថាគ្មាននរណាម្នាក់ធ្លាប់បានរីករាយពីមុនមក? តើត្រូវធ្វើដោយរបៀបណាទៅ ដើម្បីឱ្យមនសិការរបស់មនុស្សអាចស្គាល់ពីព្រះពរបែបនេះ ជាព្រះពរដែលមានផ្ទុកនូវការដាក់ទោស? បើនិយាយឱ្យចំទៅ អ្វីគ្រប់យ៉ាងដែលខ្ញុំទាមទារពីអ្នករាល់គ្នា គឺដើម្បីឱ្យអ្នករាល់គ្នាអាចក្លាយជាមនុស្សគំរូសម្រាប់កិច្ចការរបស់ខ្ញុំ ក្លាយជាស្មរបន្ទាល់សម្រាប់និស្ស័យទាំងស្រុងរបស់ខ្ញុំ និងសម្រាប់គ្រប់ទាំងទង្វើរបស់ខ្ញុំ ព្រមទាំងដើម្បីឱ្យអ្នករាល់គ្នាអាចត្រូវបានរួចខ្លួនពីការធ្វើបាបរបស់សាតាំង។ ប៉ុន្តែ មនុស្សតែងតែស្អប់ខ្ពើមកិច្ចការរបស់ខ្ញុំ ហើយមានបំណងប្រឆាំងនឹងកិច្ចការនេះជានិច្ច។ តើមនុស្សបែបនេះអាចមិនពន្យុះឱ្យខ្ញុំប្រើក្រឹត្យវិន័យរបស់អ៊ីស្រាអែល ហើយទម្លាក់សេចក្តីក្រោធដែលខ្ញុំបានបញ្ចេញទៅលើអ៊ីស្រាអែល ទៅលើពួកគេយ៉ាងម៉េចកើតទៅ? ទោះបីជាមានមនុស្សជាច្រើននៅក្នុងចំណោមអ្នករាល់គ្នា ដែល «ស្ដាប់បង្គាប់ និងចុះចូល» ចំពោះខ្ញុំក៏ដោយ ក៏នៅមានមនុស្សជាច្រើនទៀតដែលដូចជាបក្សពួកកូរេដែរ។ នៅពេលដែលខ្ញុំបានទទួលសិរីល្អដ៏ពេញលេញរបស់ខ្ញុំរួចហើយ នោះខ្ញុំនឹងប្រើភ្លើងពីស្ថានសួគ៌ ដើម្បីដុតបំផ្លាញពួកគេឱ្យក្លាយជាផេះមិនខាន។ អ្នករាល់គ្នាគួរតែដឹងថា ខ្ញុំនឹងលែងវាយផ្ចាលមនុស្សដោយព្រះបន្ទូលខ្ញុំទៀតហើយ។ ផ្ទុយទៅវិញ មុនពេលធ្វើកិច្ចការរបស់អ៊ីស្រាអែល ខ្ញុំនឹងដុតរំលាយទាំងស្រុងនូវ «បក្សពួកកូរេ» ដែលប្រឆាំងនឹងខ្ញុំ ព្រមទាំងមនុស្សដែលខ្ញុំបានផាត់ចោលតាំងពីយូរលង់ណាស់មកហើយ។ មនុស្សជាតិនឹងលែងមានឱកាស ដើម្បីរីករាយនឹងខ្ញុំទៀតហើយ។ ផ្ទុយទៅវិញ គ្រប់យ៉ាងដែលពួកគេមើលឃើញនឹងក្លាយជាសេចក្តីក្រោធរបស់ខ្ញុំ និងអណ្តាតភ្លើងដែលធ្លាក់ពីស្ថានសួគ៌។ ខ្ញុំនឹងបើកសម្ដែងលទ្ធផលផ្សេងៗរបស់មនុស្សគ្រប់ប្រភេទ ហើយខ្ញុំនឹងបែងចែកពួកគេទាំងអស់ទៅតាមផ្នែក។ ខ្ញុំនឹងកត់ត្រាទុកគ្រប់ទាំងទង្វើបះបោររបស់ពួកគេ ហើយបន្ទាប់មក បង្ហើយកិច្ចការរបស់ខ្ញុំ ដូច្នេះ លទ្ធផលរបស់មនុស្សនឹងត្រូវបានកំណត់ទុកដោយផ្អែកលើសេចក្តីសម្រេចរបស់ខ្ញុំ ក្នុងពេលដែលពួកគេរស់នៅលើផែនដី ក៏ដូចជាតាមរយៈអាកប្បកិរិយារបស់ពួកគេដែលមានចំពោះខ្ញុំដែរ។ នៅពេលដែលគ្រានោះមកដល់ វានឹងគ្មានអ្វីមួយអាចផ្លាស់ប្ដូរលទ្ធផលរបស់ពួកគេបានឡើយ។ ចូរឱ្យមនុស្សបើកសម្ដែងពីលទ្ធផលរបស់ពួកគេផ្ទាល់ទៅចុះ! បន្ទាប់មក ខ្ញុំនឹងថ្វាយលទ្ធផលរបស់មនុស្សដល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌។

ខាង​ដើម៖ តើអ្នកគួរដោះស្រាយជាមួយបេសកកម្មនាពេលអនាគតរបស់អ្នកយ៉ាងដូចម្តេច?

បន្ទាប់៖ តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ