និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)

ដំណឹងល្អនៃការប្រែចិត្ត ត្រូវបានប្រៀនប្រដៅនៅក្នុងយុគសម័យនៃព្រះគុណ ហើយបើមនុស្សបានជឿ នោះគេនឹងត្រូវបានសង្គ្រោះ។ សព្វថ្ងៃនេះ ជំនួសឲ្យសេចក្ដីសង្គ្រោះ មានតែការនិយាយអំពីការយកឈ្នះ និងភាពគ្រប់លក្ខណ៍តែប៉ុណ្ណោះ។ គេមិនធ្លាប់និយាយថា ប្រសិនបើមនុស្សម្នាក់ជឿ នោះគ្រួសាររបស់ពួកគេទាំងមូលនឹងត្រូវទទួលបានព្រះពរឡើយ ឬថានៅពេលត្រូវបានសង្រ្គោះហើយ គឺតែងតែត្រូវបានសង្គ្រោះជានិច្ចនោះទេ។ សព្វថ្ងៃនេះ គ្មាននរណាម្នាក់និយាយពាក្យទាំងអស់នេះទៀតទេ ហើយរឿងបែបនេះហួសសម័យហើយ។ នៅពេលនោះ កិច្ចការរបស់ព្រះយេស៊ូវ គឺជាកិច្ចការប្រោសលោះគ្រប់មនុស្សជាតិទាំងអស់។ អំពើបាបរបស់អស់អ្នកដែលបានជឿលើទ្រង់ ត្រូវបានអត់ទោសឲ្យ។ ឲ្យតែអ្នកបានជឿលើទ្រង់ នោះទ្រង់នឹងប្រោសលោះអ្នក។ ប្រសិនបើអ្នកបានជឿលើទ្រង់ នោះអ្នកលែងជាអ្នកមានបាបទៀតហើយ អ្នកត្រូវរួចផុតពីអំពើបាបរបស់អ្នក។ នេះគឺជាអត្ថន័យនៃការដែលទទួលបានសេចក្ដីសង្គ្រោះ និងការដែលត្រូវទទួលបានយុត្តិធម៌តាមរយៈសេចក្ដីជំនឿ។ ក៏ប៉ុន្តែនៅក្នុងអស់អ្នកដែលបានជឿ នៅតែមានការបះបោរ និងបានទទឹងទាស់នឹងព្រះជាម្ចាស់ដដែល ហើយសារជាតិទាំងនេះត្រូវដកចេញបន្ដិចម្ដងៗ។ សេចក្ដីសង្គ្រោះពុំមានន័យថា មនុស្សត្រូវបានព្រះយេស៊ូវទទួលបានទាំងស្រុងនោះទេ ប៉ុន្តែមនុស្សលែងមានអំពើបាបទៀតហើយ ពោលគឺមានន័យថាអំពើបាបរបស់គេត្រូវបានអត់ទោសឲ្យ។ ប្រសិនបើអ្នកបានជឿ នោះអ្នកនឹងលែងមានអំពើបាបទៀតហើយ។ នៅពេលនោះ ព្រះយេស៊ូវបានធ្វើកិច្ចការយ៉ាងច្រើនដែលសិស្សរបស់ទ្រង់មិនអាចយល់បាន និងបានមានព្រះបន្ទូលជាច្រើនដែលមនុស្សពុំយល់សោះឡើយ។ នេះគឺដោយសារនៅពេលនោះ ទ្រង់មិនបានប្រទានការពន្យល់ណាមួយឡើយ។ ហេតុនេះ ជាច្រើនឆ្នាំបន្ទាប់ពីទ្រង់បានយាងចាកចេញទៅ ម៉ាថាយបានបង្កើតពង្សាវតារមួយសម្រាប់ព្រះយេស៊ូវ ហើយអ្នកដទៃក៏បានធ្វើកិច្ចការជាច្រើនដែលចេញពីបំណងរបស់មនុស្ស។ ព្រះយេស៊ូវមិនបានយាងមកដើម្បីប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍ និងដើម្បីទទួលបានមនុស្សឡើយ ប៉ុន្តែដើម្បីបំពេញកិច្ចការមួយដំណាក់កាលនៃកិច្ចការនេះ ពោលគឺការនាំមកនូវដំណឹងល្អអំពីនគរស្ថានសួគ៌ និងការបញ្ចប់កិច្ចការនៃការជាប់ឆ្កាង។ ហេតុដូច្នេះ នៅពេលដែលព្រះយេស៊ូវត្រូវបានគេឆ្កាង នោះកិច្ចការរបស់ទ្រង់ នឹងត្រូវចូលដល់ទីបញ្ចប់។ ប៉ុន្តែនៅក្នុងដំណាក់កាលបច្ចុប្បន្ន ដែលជាកិច្ចការនៃការយកឈ្នះ នោះត្រូវតែមានព្រះបន្ទូលជាច្រើនថ្លែងចេញមក ត្រូវធ្វើកិច្ចការកាន់តែច្រើន និងត្រូវមានដំណាក់កាលជាច្រើន។ ដូច្នេះ អាថ៌កំបាំងជាច្រើននៃកិច្ចការរបស់ព្រះយេស៊ូវ និងព្រះយេហូវ៉ា ចាំបាច់ត្រូវតែបើកសម្ដែង ដើម្បីឲ្យមនុស្សទាំងអស់អាចមានការយល់ដឹង និងមានភាពច្បាស់លាស់នៅក្នុងជំនឿរបស់ពួកគេ ដ្បិតនេះគឺជាកិច្ចការនៃគ្រាចុងក្រោយ ហើយគ្រាចុងក្រោយ គឺជាចុងបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់ ជាពេលវេលានៃការបញ្ចប់កិច្ចការនេះ។ ដំណាក់កាលនៃកិច្ចការនេះនឹងបំភ្លឺដល់អ្នកអំពីក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា និងការប្រោសលោះរបស់ព្រះយេស៊ូវ ហើយជាគោលការណ៍ គឺដើម្បីឲ្យអ្នកអាចយល់ពីកិច្ចការទាំងស្រុងនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ និងលើកសរសើរអំពីសារៈសំខាន់ និងលក្ខណៈសំខាន់នៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ ព្រមទាំងយល់អំពីគោលបំណងនៃគ្រប់កិច្ចការទាំងអស់ដែលព្រះយេស៊ូវបានបំពេញ និងព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូល ហើយសូម្បីតែជំនឿផ្កាប់មុខរបស់អ្នក និងការស្រឡាញ់ពេញចិត្តចំពោះព្រះគម្ពីរក៏ដោយ។ គ្រប់ការទាំងអស់នេះសុទ្ធតែនឹងអនុញ្ញាតឲ្យអ្នកយល់ដឹងបានយ៉ាងពិស្ដារ។ អ្នកនឹងត្រូវយល់ដឹងទាំងអំពីកិច្ចការដែលព្រះយេស៊ូវបានបំពេញ និងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះ ហើយអ្នកនឹងយល់ដឹង និងបានឃើញអំពីសេចក្ដីពិត អំពីជីវិត និងអំពីផ្លូវ។ នៅក្នុងដំណាក់កាលនៃកិច្ចការដែលព្រះយេស៊ូវបានបំពេញ តើហេតុអ្វីបានជាព្រះយេស៊ូវយាងចាកចេញដោយមិនបានបញ្ចប់កិច្ចការនេះ? ដោយសារដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ គឺមិនមែនជាកិច្ចការនៃការបញ្ចប់សម័យកាលឡើយ។ នៅពេលដែលទ្រង់ត្រូវគេឆ្កាងទៅនឹងឈើឆ្កាង ព្រះបន្ទូលរបស់់ទ្រង់ក៏បានដល់ទីបញ្ចប់ដែរ។ ក្រោយការឆ្កាងរបស់ទ្រង់ កិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ទាំងស្រុង។ ដំណាក់កាលបច្ចុប្បន្ននេះ គឺខុសគ្នា៖ មានតែបន្ទាប់ពីព្រះបន្ទូលត្រូវបានសម្ដែងដល់ចុងបញ្ចប់នៃកិច្ចការទាំងស្រុងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបកិច្ចការរបស់ទ្រង់នឹងត្រូវបានបញ្ចប់។ ក្នុងអំឡុងដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ មានព្រះបន្ទូលជាច្រើនដែលមិនទាន់បានមានព្រះបន្ទូល ឬមិនទាន់បានបញ្ចេញព្រះសូរសៀងដោយពេញលេញនៅឡើយ។ ក៏ប៉ុន្តែ ព្រះយេស៊ូវមិនយកព្រះទ័យទុកដាក់ចំពោះអ្វីដែលទ្រង់បានមានព្រះបន្ទូល និងមិនបានមានព្រះបន្ទូលនោះទេ ដ្បិតព័ន្ធកិច្ចរបស់ទ្រង់ គឺមិនមែនជាព័ន្ធកិច្ចនៃព្រះបន្ទូលទេ ដូច្នេះហើយ ក្រោយពីទ្រង់ត្រូវបានគេឆ្កាងទៅនឹងឈើឆ្កាង ទ្រង់ក៏បានយាងចាកចេញទៅ។ ដំណាក់កាលនៃកិច្ចការនោះ សំខាន់គឺដើម្បីជាប្រយោជន៍ដល់ការជាប់ឆ្កាង និងមិនដូចជាដំណាក់កាលបច្ចុប្បន្ននេះឡើយ។ ជាគោលការណ៍ ដំណាក់កាលនៃកិច្ចការបច្ចុប្បន្ននេះ គឺដើម្បីជាប្រយោជន៍ដល់ការបញ្ចប់ ការសម្អាត និងការនាំកិច្ចការទាំងអស់នោះទៅរកទីបញ្ចប់។ ប្រសិនបើព្រះបន្ទូលមិនបានសម្ដែងរហូតដល់ចុងបំផុតទេ នោះនឹងគ្មានផ្លូវណាដែលអាចបញ្ចប់កិច្ចការនេះបានឡើយ ដ្បិតនៅក្នុងដំណាក់កាលនៃកិច្ចការនេះ គ្រប់កិច្ចការទាំងអស់ត្រូវចូលដល់ទីបញ្ចប់ និងត្រូវសម្រេចបានដោយប្រើព្រះបន្ទូល។ នៅពេលនោះ ព្រះយេស៊ូវបានបំពេញកិច្ចការជាច្រើនដែលមនុស្សមិនអាចយល់បាន។ ទ្រង់បានយាងចាកចេញទៅដោយស្ងៀមស្ងាត់ ហើយសព្វថ្ងៃនេះ នៅតែមានមនុស្សជាច្រើនដែលមិនយល់ពីព្រះបន្ទូលរបស់ទ្រង់ ដែលការយល់ដឹងរបស់ពួកគេគឺជាការខុសឆ្គង ក៏ប៉ុន្តែពួកគេនៅតែជឿថា វាជាការត្រឹមត្រូវ និងមិនដឹងថា ពួកគេខុសឆ្គងនោះទេ។ នៅទីបញ្ចប់ ដំណាក់កាលបច្ចុប្បន្ននេះនឹងនាំកិច្ចការរបស់ព្រះជាម្ចាស់ទៅរកទីបញ្ចប់ ហើយនឹងសម្រេចនូវការបញ្ចប់កិច្ចការនោះ។ មនុស្សទាំងអស់នឹងយល់ និងដឹងអំពីផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ សញ្ញាណនៅខាងក្នុងខ្លួនមនុស្ស បំណងរបស់គេ ការយល់ដឹងខុសរបស់គេ សញ្ញាណរបស់គេអំពីកិច្ចការរបស់ព្រះយេហូវ៉ា និងកិច្ចការរបស់ព្រះយេស៊ូវ ទស្សនៈរបស់គេអំពីពួកសាសន៍ដទៃ និងភាពវៀចវេរ និងកំហុសដទៃទៀត នឹងត្រូវបានកែតម្រូវ។ ហើយមនុស្សនឹងយល់ពីមាគ៌ាជីវិតដែលត្រឹមត្រូវ និងគ្រប់កិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ ព្រមទាំងសេចក្ដីពិតទាំងស្រុងផង។ នៅពេលដែលរឿងនេះកើតឡើង ដំណាក់កាលនៃកិច្ចការនេះនឹងត្រូវចូលដល់ទីបញ្ចប់។ កិច្ចការរបស់ព្រះយេហូវ៉ា គឺជាការបង្កើតពិភពលោកនេះ វាគឺជាការចាប់ផ្ដើមដំបូង។ ដំណាក់កាលនៃកិច្ចការនេះ គឺជាចុងបញ្ចប់នៃកិច្ចការ ហើយវាក៏ជាការបិទបញ្ចប់ដែរ។ កាលពីដើមដំបូង កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តក្នុងចំណោមរាស្រ្តរើសតាំងនៃស្រុកអ៊ីស្រាអែល ហើយវាគឺជាការចាប់ផ្ដើមនៃយុគសម័យថ្មីមួយនៅកន្លែងដែលបរិសុទ្ធជាងគ្រប់កន្លែងណាៗទាំងអស់។ ដំណាក់កាលចុងក្រោយនៃកិច្ចនេះ គឺត្រូវធ្វើឡើងនៅក្នុងប្រទេសដែលមិនបរិសុទ្ធជាងគេបំផុតក្នុងចំណោមប្រទេសទាំងអស់ ដើម្បីជំនុំជម្រះលោកិយនេះ និងនាំយុគសម័យនេះទៅដល់ទីចុងបញ្ចប់។ នៅក្នុងដំណាក់កាលដំបូង កិច្ចការរបស់ព្រះជាម្ចាស់ត្រូវធ្វើឡើងនៅកន្លែងដែលមានពន្លឺខ្លាំងជាងគេបំផុត ហើយដំណាក់កាលចុងក្រោយត្រូវអនុវត្តនៅក្នុងកន្លែងងងឹតជាងគេបំផុត ហើយភាពងងឹតនេះនឹងត្រូវបណ្ដេញចេញ រួចពន្លឺនឹងមកជំនួសវិញ ហើយមនុស្សទាំងអស់នឹងត្រូវបានយកឈ្នះ។ នៅពេលដែលមនុស្សនៃកន្លែងមិនបរិសុទ្ធ និងងងឹតជាងគេត្រូវបានយកឈ្នះ ហើយប្រជាជនទាំងអស់បានទទួលស្គាល់ថា មានព្រះជាម្ចាស់ពិតប្រាកដមែន ដឹងថានរណាជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយមនុស្សគ្រប់គ្នាបានជឿជាក់ទាំងស្រុង នោះការពិតនេះនឹងត្រូវប្រើដើម្បីអនុវត្តកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល។ ដំណាក់កាលនៃកិច្ចការនេះ គឺជានិមិត្តសញ្ញា៖ នៅពេលដែលកិច្ចការនៃយុគសម័នេះត្រូវបានបញ្ចប់ នោះកិច្ចការនៃការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះនឹងត្រូវចូលមកដល់ទីបញ្ចប់ទាំងស្រុង។ នៅពេលអស់អ្នកដែលស្ថិតនៅក្នុងកន្លែងងងឹតជាងគេបំផុតត្រូវបានយកឈ្នះ នោះច្បាស់ណាស់ថា គ្រប់កន្លែងដទៃផ្សេងទៀតក៏នឹងត្រូវបានយកឈ្នះដែរ។ ហេតុដូច្នេះ មានតែកិច្ចការនៃការយកឈ្នះនៅក្នុងប្រទេសចិនប៉ុណ្ណោះ ដែលមាននិមិត្តសញ្ញាដ៏មានអត្ថន័យខ្លឹមសារ។ ប្រទេសចិនតំណាងឲ្យគ្រប់កម្លាំងនៃសេចក្ដីងងឹតទាំងអស់ ហើយប្រជាជនចិនតំណាងឲ្យអស់អ្នកដែលនៅខាងសាច់ឈាមរបស់សាតាំង និងខាងសាច់ និងឈាម។ គឺប្រជាជនជាតិចិននេះហើយដែលត្រូវបាននាគដ៏ធំមានសម្បុរក្រហមធ្វើឲ្យពុករលួយយ៉ាងខ្លាំង ជាអ្នកដែលមានការទទឹងទាស់នឹងព្រះជាម្ចាស់ខ្លាំងជាងគេបំផុត ហើយភាពជាមនុស្សរបស់ពួកគេ គឺថោកទាប និងមិនបរិសុទ្ធឡើយ ដូច្នេះហើយ ពួកគេគឺជាប្រភេទគំរូនៃភាពជាមនុស្សដែលពុករលួយទាំងអស់។ នេះមិនមែនចង់និយាយថា ប្រទេសដទៃទៀតគ្មានបញ្ហាអ្វីនោះទេ។ សញ្ញាណរបស់មនុស្ស គឺសុទ្ធតែដូចគ្នាទាំងអស់ ហើយបើទោះបីជាប្រជាជននៃប្រទេសទាំងអស់នោះ អាចមានគុណសម្បត្តិល្អក្ដី ប្រសិនបើពួកគេមិនស្គាល់ព្រះជាម្ចាស់ទេ នោះច្បាស់ជាដោយសារតែពួកគេទាស់ទទឹងនឹងទ្រង់ហើយ។ តើហេតុអ្វីបានជាសាសន៍យូដាក៏ទាស់ទទឹង និងបដិសេធព្រះជាម្ចាស់ដែរនោះ? តើហេតុអ្វីបានជាពួកផារីស៊ីក៏ទទឹងទាស់នឹងទ្រង់ដែរនោះ? តើហេតុអ្វីបានយូដាសក្បត់ព្រះយេស៊ូវដែរ? នៅពេលនោះ សិស្សជាច្រើនមិនបានស្គាល់ព្រះយេស៊ូវឡើយ។ បន្ទាប់ពីព្រះយេស៊ូវត្រូវបានគេឆ្កាងនិងមានព្រះជន្មរស់ឡើងវិញ តើមូលហេតុអ្វីបានជាមនុស្សនៅតែមិនជឿលើទ្រង់ដដែល? តើការមិនស្ដាប់បង្គាប់របស់មនុស្ស មិនសុទ្ធតែដូចគ្នាទេឬអី? គឺគ្រាន់តែថា ប្រជាជនចិនត្រូវបានធ្វើជាឧទាហរណ៍អំពីការយកឈ្នះប៉ុណ្ណោះ ហើយនៅពេលដែលពួកគេត្រូវបានយកឈ្នះ ពួកគេនឹងក្លាយជាពុម្ព និងជាគំរូ ហើយនឹងក្លាយជាទីសម្អាងសម្រាប់អ្នកដទៃ។ តើហេតុអ្វីបានជាខ្ញុំតែងតែមានព្រះបន្ទូលថា អ្នករាល់គ្នាគឺជាមនុស្សបន្ទាប់បន្សំនៅក្នុងផែនការនៃការគ្រប់គ្រងរបស់ខ្ញុំ? គឺប្រជាជនចិននេះហើយដែលបើកបង្ហាញអំពីសេចក្ដីពុករលួយ ភាពមិនបរិសុទ្ធ ភាពទុច្ចរិត ការទាស់ទទឹង និងការបះបោរទាំងស្រុង និងបើកសម្ដែងឲ្យឃើញនៅក្នុងទម្រង់ខុសៗគ្នា។ ចំណុចម្ខាង ពួកគេមានលក្ខណៈសម្បត្តិអន់ខ្សោយ ហើយចំណុចម្ខាងទៀត ជីវិត និងផ្នត់គំនិតរបស់ពួកគេគឺអន់ខ្សោយ ហើយទម្លាប់ មជ្ឈដ្ឋាន គ្រួសារកំណើតរបស់ពួកគេ គ្រប់សព្វបែបយ៉ាងទាំងអស់ គឺសុទ្ធតែអន់ខ្សោយខ្លាំងណាស់ និងអន់ថយជាងគេបំផុត។ ឋានៈរបស់ពួកគេក៏តូចទាបខ្លាំងណាស់ដែរ។ កិច្ចការនៅក្នុងកន្លែងនេះ គឺជានិមិត្តសញ្ញា ហើយបន្ទាប់ពីការសាកល្បងនេះត្រូវបានអនុវត្តចប់ទាំងស្រុង នោះកិច្ចការបន្ទាប់របស់ព្រះជាម្ចាស់នឹងកាន់តែល្អប្រសើរជាងនេះ។ ប្រសិនបើដំណាក់កាលនៃកិច្ចការនេះអាចបញ្ចប់ទៅបាន នោះកិច្ចការបន្ទាប់ក៏នឹងអាចបញ្ចប់ទៅបានដូចគ្នាដែរ។ នៅពេលដែលដំណាក់កាលនៃកិច្ចការនេះត្រូវបានបញ្ចប់ នោះជោគជ័យដ៏អស្ចារ្យនឹងត្រូវសម្រេចបានដោយពេញលេញ ហើយកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល នឹងឈានចូលដល់ទីបញ្ចប់។ តាមពិតទៅ នៅពេលដែលកិច្ចការក្នុងចំណោមអ្នករាល់គ្នាសម្រេចបានជោគជ័យ នោះកិច្ចការនេះ គឺមិនខុសអ្វីពីជោគជ័យនៅទូទាំងសាកលលោកទាំងមូលឡើយ។ នេះគឺជាសារៈសំខាន់នៃមូលហេតុដែលខ្ញុំឲ្យអ្នករាល់គ្នាធ្វើជាពុម្ព និងជាគំរូ។ ការបះបោរ ការទាស់ទទឹង ភាពមិនបរិសុទ្ធ សេចក្ដីទុច្ចរិត ទាំងអស់នេះសុទ្ធតែមាននៅក្នុងខ្លួនមនុស្សទាំងអស់នេះ ហើយនៅក្នុងពួកគេ គឺសុទ្ធតែតំណាងឲ្យការបះបោររបស់មនុស្សជាតិ។ ពួកគេមានអ្វីដែលអាចប្រើការបាន។ ហេតុនេះ ពួកគេត្រូវបានចាត់ទុកជាគំរូល្អបំផុតនៃការយកឈ្នះ ហើយនៅពេលដែលពួកគេត្រូវបានយកឈ្នះរួចហើយ ពួកគេនឹងក្លាយជាពុម្ព និងជាគំរូសម្រាប់មនុស្សដទៃទៀតដោយឯកអ្នក។ គ្មានអ្វីដែលជានិមិត្តសញ្ញាជាងដំណាក់កាលដំបូងដែលត្រូវអនុវត្តនៅក្នុងស្រុកអ៊ីស្រាអែលឡើយ។ ពួកសាសន៍អ៊ីស្រាអែល គឺជាពួកបរិសុទ្ធជាងគេបំផុត និងជាមនុស្សពុករលួចតិចជាងគេបំផុត ដូច្នេះហើយ ការចាប់ផ្ដើមនៃយុគសម័យថ្មីនៅក្នុងទឹកដីនេះ គឺមានសារៈសំខាន់ខ្លាំងជាងគេបំផុត។ អាចនិយាយបានថា បុព្វបុរសរបស់មនុស្សជាតិបានចេញមកពីស្រុកអ៊ីស្រាអែល ហើយស្រុកអ៊ីស្រាអែលគឺជាទីកន្លែងកំណើតនៃកិច្ចការរបស់ព្រះជាម្ចាស់។ កាលពីដើមដំបូងឡើយ មនុស្សទាំងអស់នេះ គឺជាមនុស្សបរិសុទ្ធជាងគេបំផុត ហើយពួកគេទាំងអស់សុទ្ធតែថ្វាយបង្គំព្រះយេហូវ៉ា ហើយកិច្ចការរបស់ព្រះជាម្ចាស់ចំពោះពួកគេ គឺអាចសម្រេចផលផ្លែបានយ៉ាងច្រើនបំផុត។ ព្រះគម្ពីរទាំងមូលកត់ត្រាអំពីកិច្ចការក្នុងសម័យកាលពីរ៖ ទីមួយ គឺកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយមួយទៀត គឺកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណ។ ព្រះគម្ពីរសញ្ញាចាស់កត់ត្រាពីព្រះបន្ទូលរបស់ព្រះយេហូវ៉ាទៅកាន់ពួកសាសន៍អ៊ីស្រាអែល និងកិច្ចការរបស់ទ្រង់នៅស្រុកអ៊ីស្រអែល។ ព្រះគម្ពីរសញ្ញាថ្មីកត់ត្រាពីកិច្ចការរបស់ព្រះយេស៊ូវនៅស្រុកយូដា។ ប៉ុន្តែ តើហេតុអ្វីបានជាព្រះគម្ពីរមិនមានឈ្មោះចិន? ដោយសារកិច្ចការរបស់ព្រះជាម្ចាស់ពីរផ្នែកដំបូង ត្រូវធ្វើឡើងនៅស្រុកអ៊ីស្រាអែល ដោយសាររាស្រ្តនៃស្រុកអ៊ីស្រាអែល គឺជារាស្រ្តរើសតាំង នោះមានន័យថា ពួកគេគឺជាមនុស្សដំបូងដែលត្រូវទទួលស្គាល់កិច្ចការរបស់ព្រះយេហូវ៉ា។ ពួកគេជាមនុស្សដែលពុករលួយតិចតួចបំផុតក្នុងចំណោមមនុស្សជាតិទាំងអស់ ហើយកាលដើមដំបូងឡើយ ពួកគេមានគំនិតសរសើរតម្កើងដល់ព្រះជាម្ចាស់ និងគោរពទ្រង់។ ពួកគេបានស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ហើយតែងបម្រើការនៅក្នុងព្រះវិហារ និងស្លៀកសម្លៀកបំពាក់ជាពួកសង្ឃ ឬពាក់មកុដ។ ពួកគេគឺជាមនុស្សដំបូងគេបង្អស់ដែលថ្វាយបង្គំព្រះជាម្ចាស់ ហើយជាកម្មវត្ថុដំបូងគេបំផុតនៅក្នុងកិច្ចការរបស់ទ្រង់។ មនុស្សទាំងអស់នេះគឺជាពុម្ព និងជាគំរូសម្រាប់មនុស្សជាតិទាំងមូល។ ពួកគេគឺជាពុម្ព និងជាគំរូនៃភាពបរិសុទ្ធ និងសេចក្ដីសុចរិត។ មនុស្សដូចជាយ៉ូប អ័ប្រាហាំ ឡុត ឬពេត្រុស និងធីម៉ូថេ គឺសុទ្ធតែជាពួកសាសន៍អ៊ីស្រាអែល ជាពុម្ព និងជាគំរូនៃមនុស្សបរិសុទ្ធជាងគេបំផុត។ ក្នុងចំណោមមនុស្សជាតិ អ៊ីស្រាអែលគឺជាប្រទេសដំបូងគេបង្អស់ដែលថ្វាយបង្គំព្រះជាម្ចាស់ ហើយមនុស្សសុចរិតជាច្រើន ចេញមកពីទីនេះច្រើនជាងកន្លែងដទៃផ្សេងទៀត។ ព្រះជាម្ចាស់បានធ្វើការក្នុងចំណោមពួកគេដើម្បីឲ្យទ្រង់អាចធ្វើការគ្រប់គ្រងមនុស្សជាតិបានល្អប្រសើរនៅទូទាំងដែនដីទាំងមូលនៅពេលអនាគត។ សមិទ្ធផល និងសេចក្ដីសុចរិតរបស់ពួកគេ ដែលពួកគេថ្វាយបង្គំព្រះយេហូវ៉ា ត្រូវបានកត់ត្រាទុក ដើម្បីឲ្យពួកគេអាចធ្វើជាពុម្ព និងជាគំរូដល់មនុស្សនៅក្រៅស្រុកអ៊ីស្រាអែលក្នុងអំឡុងយុគសម័យនៃព្រះគុណ ហើយសកម្មភាពរបស់ពួកគេត្រូវបានអនុវត្តក្នុងកិច្ចការរយៈពេលរាប់ពាន់ឆ្នាំ រហូតមកទល់នឹងពេលសព្វថ្ងៃនេះ។

បន្ទាប់ពីការបង្កើតពិភពលោកនេះ ដំណាក់កាលដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវធ្វើឡើងនៅក្រៅស្រុកអ៊ីស្រាអែល ដូច្នេះហើយ ស្រុកអ៊ីស្រាអែលគឺជាទីកន្លែងកំណើតនៃកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី និងជាមូលដ្ឋាននៃកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ ទំហំនៃកិច្ចការរបស់ព្រះយេស៊ូវ គ្រប់ដណ្ដប់លើស្រុកយូដាទាំងមូល។ ក្នុងអំឡុងពេលនៃកិច្ចការរបស់ទ្រង់ មានមនុស្សតិចតួចប៉ុណ្ណោះនៅស្រុកយូដាដែលបានដឹងអំពីកិច្ចការនេះ ដ្បិតទ្រង់មិនបានធ្វើកិច្ចការណាមួយក្រៅស្រុកយូដាឡើយ។ សព្វថ្ងៃនេះ កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបាននាំយកទៅកាន់ប្រទេសចិន ហើយត្រូវបានអនុវត្តទាំងស្រុងតែនៅក្នុងទំហំកិច្ចការនេះប៉ុណ្ណោះ។ ក្នុងអំឡុងជំហាននេះ គ្មានកិច្ចការណាដែលត្រូវធ្វើឡើងនៅក្រៅប្រទេសចិនឡើយ។ ការពង្រីកកិច្ចការនេះនៅក្រៅប្រទេសចិន គឺជាកិច្ចការដែលនឹងត្រូវធ្វើឡើងនៅពេលក្រោយទៀត។ ដំណាក់កាលនៃកិច្ចការនេះ កើតមានបន្ទាប់ពីដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវបានបំពេញកិច្ចការនៃការប្រោសលោះ ហើយដំណាក់កាលនេះ គឺជាកិច្ចការដែលកើតមានបន្ទាប់ពីកិច្ចការនោះ។ កិច្ចការនៃការប្រោសលោះ ត្រូវបានបញ្ចប់ ហើយនៅក្នុងដំណាក់កាលនេះ ពុំត្រូវការឲ្យមានការយកកំណើតជាមនុស្សពីព្រះវិញ្ញាណបរិសុទ្ធឡើយ ដោយសារដំណាក់កាលនៃកិច្ចការនេះ គឺមិនដូចដំណាក់កាលចុងក្រោយឡើយ ហើយបន្ថែមលើនេះ ដោយសារប្រទេសចិន គឺមិនដូចគ្នានឹងប្រទេសអ៊ីស្រាអែលឡើយ។ ដំណាក់កាលនៃកិច្ចការដែលព្រះយេស៊ូវបានធ្វើ គឺជាកិច្ចការនៃការប្រោសលោះ។ មនុស្សបានមើលឃើញព្រះយេស៊ូវ ហើយមិនយូរប៉ុន្មាន កិច្ចការរបស់ទ្រង់ក៏បានចាប់ផ្ដើមផ្សាយទៅកាន់ពួកសាសន៍ដទៃ។ សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលជឿលើព្រះជាម្ចាស់នៅអាមេរិក នៅចក្រភពអង់គ្លេស និងរុស្ស៊ី ហេតុដូច្នេះហើយ តើហេតុអ្វីបានជាមានមនុស្សតិចតួចដែលជឿថាមានព្រះជាម្ចាស់នៅប្រទេសចិន? ដោយសារប្រទេសចិន គឺជាជាតិសាសន៍ដែលរឹតត្បិតជាងគេ។ បែបនេះ ប្រទេសចិនគឺជាប្រទេសចុងក្រោយគេដែលទទួលយកផ្លូវរបស់ព្រះជាម្ចាស់ ហើយសូម្បីតែនៅពេលនេះក្ដី គឺមានរយៈពេលតិចជាងមួយរយឆ្នាំទៅទៀតរាប់ចាប់តាំងពីប្រទេសនេះជឿលើព្រះ គឺនៅនៅក្រោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសឆ្ងាយណាស់។ ដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវធ្វើឡើងនៅក្នុងទឹកដីប្រទេសចិន ដើម្បីនាំយកកិច្ចការរបស់ទ្រង់ទៅដល់ទីបញ្ចប់ និងដើម្បីឲ្យកិច្ចការរបស់ទ្រង់អាចសម្រេចជោគជ័យបាន។ ប្រជាជននៅក្នុងស្រុកអ៊ីស្រាអែល សុទ្ធតែហៅព្រះយេហូវ៉ាថាព្រះអម្ចាស់។ នៅពេលនោះ ពួកគេបានចាត់ទុកទ្រង់ថាជាមេគ្រួសារ ហើយស្រុកអ៊ីស្រាអែលទាំងមូលបានក្លាយជាគ្រួសារដ៏ធំមួយ ដែលមនុស្សគ្រប់គ្នាថ្វាយបង្គំព្រះអម្ចាស់យេហូវ៉ា។ ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា តែងលេចមកនៅចំពោះមុខពួកគេ ហើយទ្រង់បានមានព្រះបន្ទូល និងបញ្ចេញព្រះសូរសៀងរបស់ទ្រង់ទៅកាន់ពួកគេ និងបានប្រើបង្គោលពពក និងសំឡេងដើម្បីណែនាំជីវិតរបស់ពួកគេ។ នៅពេលនោះ ព្រះវិញ្ញាណបានប្រទាននូវការណែនាំរបស់ទ្រង់នៅស្រុកអ៊ីស្រាអែលដោយផ្ទាល់ ដោយមានព្រះបន្ទូល និងបញ្ចេញព្រះសូរសៀងរបស់ទ្រង់ទៅកាន់មនុស្ស ហើយពួកគេបានឃើញពពក និងបានស្ដាប់ឮសំឡេងផ្គរលាន់ ហើយតាមរបៀបនេះ ទ្រង់ក៏បានណែនាំជីវិតរបស់ពួកគេអស់ពេលជាច្រើនពាន់ឆ្នាំ។ ហេតុនេះ មានតែរាស្រ្តនៃស្រុកអ៊ីស្រាអែលប៉ុណ្ណោះ ដែលតែងតែថ្វាយបង្គំព្រះយេហូវ៉ា។ ពួកគេជឿថា ព្រះយេហ៉ូវាគឺជាព្រះជាម្ចាស់របស់ពួកគេ ហើយថាទ្រង់មិនមែនជាព្រះជាម្ចាស់របស់សាសន៍ដទៃឡើយ។ នេះគឺគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ៖ ក្រោយមក ព្រះយេហូវ៉ាបានបំពេញកិច្ចការក្នុងចំណោមពួកគេអស់រយៈពេលជិតបួនពាន់ឆ្នាំ។ នៅក្នុងទឹកដីនៃប្រទេសចិននេះ ក្រោយពេលដេកលង់លក់ស្ដូកស្ដឹងអស់រយៈពេលរាប់ពាន់ឆ្នាំមក មានតែពេលនេះប៉ុណ្ណោះដែលពួកមនុស្សគ្មានគុណធម៌ ចាប់ផ្ដើមដឹងថាស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើទាំងអស់ មិនបានកើតឡើងដោយឯកអ្នកឡើយ ប៉ុន្តែត្រូវព្រះអាទិករជាអ្នកបង្កើតឡើងមក។ ដោយសារដំណឹងល្អនេះចេញមកពីស្រុកក្រៅ អស់អ្នកដែលមានគំនិតសក្តិភូមិ និងប្រតិកិរិយា ជឿថាអស់អ្នកដែលទទួលយកដំណឹងល្អនេះ គឺជាពួកក្បត់ ពួកគេគឺជាសត្វឆ្កែដែលបានក្បត់ព្រះពុទ្ធដែលជាដូនតារបស់ពួកគេ។ បន្ថែមលើនេះ ពួកអ្នកដែលមានគំនិតសក្ដិភូមិទាំងអស់នេះសួរថា៖ «តើប្រជាជនចិនអាចជឿលើព្រះជាម្ចាស់នៃសាសន៍បរទេសបានដោយរបៀបណា? តើពួកគេមិនក្បត់នឹងដូនតារបស់ពួកគេទេឬអី? តើពួកគេមិនមែនកំពុងប្រព្រឹត្តអំពើអាក្រក់ទេឬអី?» សព្វថ្ងៃនេះ មនុស្សបានភ្លេចថាព្រះយេហូវ៉ាជាព្រះជាម្ចាស់របស់ពួកគេជាយូរណាស់មកហើយ។ ពួកគេមិនសូវបានគិតគូរដល់ព្រះអាទិករជាយូរណាស់មកហើយ ហើយពួកគេបែរជាជឿលើការវិវឌ្ឍន៍ មានន័យថា មនុស្សវិវឌ្ឍន៍ចេញពីស្វាឪ ហើយថាពិភពធម្មជាតិកើតឡើងមកដោយឯកអ្នក។ គ្រប់អាហារល្អៗដែលមនុស្សបរិភោគសុទ្ធតែបានមកពីធម្មជាតិ មនុស្សមានកើត និងមានស្លាប់ ហើយគ្មានព្រះជាម្ចាស់អង្គណាមួយដែលគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់នេះទេ។ បន្ថែមលើនេះ មានពួកមិនជឿលើព្រះជាម្ចាស់ជាច្រើនដែលជឿថា ព្រះជាម្ចាស់ដែលគ្រប់គ្រងលើសព្វសារពើទាំងអស់ គឺជាអបិយជំនឿ និងមិនមែនជាវិទ្យាសាស្រ្តឡើយ។ ប៉ុន្តែ តើវិទ្យាសាស្រ្តអាចជំនួសកិច្ចការរបស់ព្រះជាម្ចាស់បានដែរឬទេ? តើវិទ្យាសាស្រ្តអាចគ្រប់គ្រងលើមនុស្សបានដែរឬទេ? ការផ្សាយដំណឹងល្អនៅក្នុងប្រទេសដែលដឹកនាំដោយពួកមិនជឿលើព្រះជាម្ចាស់ គឺមិនមែនជារឿងងាយទេ ហើយវាមានឧបសគ្គជាច្រើន។ សព្វថ្ងៃនេះ តើមិនមានមនុស្សច្រើនទេឬដែលទាស់ទទឹងនឹងព្រះជាម្ចាស់តាមរបៀបនេះ?

នៅពេលដែលព្រះយេស៊ូវបានយាងមកបំពេញកិច្ចការរបស់ទ្រង់ មានមនុស្សជាច្រើនបានប្រៀបធៀបកិច្ចការរបស់ទ្រង់ជាមួយនឹងកិច្ចការរបស់ព្រះយេហូវ៉ា និងឃើញថាកិច្ចការទាំងនោះមិនដូចគ្នាទេ រួចពួកគេក៏ឆ្កាងព្រះយេស៊ូវទៅនឹងឈើឆ្កាង។ តើហេតុអ្វីបានជាពួកគេរកមិនឃើញភាពដូចគ្នារវាងកិច្ចការរបស់ទ្រង់? រឿងខ្លះ គឺដោយសារព្រះយេស៊ូវបានបំពេញកិច្ចការថ្មី ហើយក៏ដោយសារនៅមុនពេលដែលព្រះយេស៊ូវបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ គ្មាននរណាម្នាក់បានសរសេរទុកពង្សាវតាររបស់ទ្រង់ឡើយ។ ប្រសិនបើមាននរណាម្នាក់បានសរសេរទុក នោះនឹងពុំចាំបាច់អ្វីត្រូវខ្វល់ចិត្តឡើយ ហើយតើនរណាដែលនឹងត្រូវឆ្កាងព្រះយេស៊ូវទៅនឹងឈើឆ្កាងនោះ? ប្រសិនបើម៉ាថាយបានសរសេរពង្សាវតាររបស់ព្រះយេស៊ូវជាច្រើនទស្សវត្សរ៍មុននោះ ប្រហែលជាព្រះយេស៊ូវនឹងមិនត្រូវរងទុក្ខវេទនាពីការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងបែបនេះឡើយ។ តើវាមិនមែនបែបនេះទេឬអី? ឲ្យតែមនុស្សបានអានអំពីពង្សាវតាររបស់ព្រះយេស៊ូវ ដែលថាទ្រង់គឺជាកូនរបស់អ័ប្រាហាំ និងជាឬសគល់របស់ស្ដេចដាវីឌ នោះពួកគេនឹងបញ្ឈប់ការធ្វើទុក្ខបុកម្នេញរបស់ពួកគេលើទ្រង់។ តើវាមិនគួរឲ្យអាណិតទេឬដែលពង្សាវតាររបស់ទ្រង់ត្រូវបានសរសេរយឺតពេលពេកនោះ? ហើយអ្វីដែលគួរឲ្យអាណិតនោះគឺ ព្រះគម្ពីរគ្រាន់តែកត់ត្រាពីដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់ចំនួនពីរប៉ុណ្ណោះ៖ ដំណាក់កាលមួយគឺជាកិច្ចការនៃយុគសម័យនៃនគរព្រះ និងជាកិច្ចការនៃយុគសម័យនៃព្រះគុណ ដំណាក់កាលមួយទៀត គឺជាកិច្ចការរបស់ព្រះយេហូវ៉ា និងជាកិច្ចការរបស់ព្រះយេស៊ូវ។ តើវានឹងប្រសើរយ៉ាងណា ប្រសិនបើហោរាអស្ចារ្យណាម្នាក់បានទស្សន៍ទាយពីកិច្ចការនៅក្នុងពេលសព្វថ្ងៃនេះ។ នោះនឹងមានផ្នែកបន្ថែមនៅលើព្រះគម្ពីរដែលមានចំណងជើងថា «កិច្ចការនៃគ្រាចុងក្រោយ» តើនោះនឹងមិនប្រសើរជាងនេះទេឬអី? តើហេតុអ្វីបានជាមនុស្សត្រូវរងទុក្ខវេទាយ៉ាងខ្លាំងនៅពេលសព្វថ្ងៃនេះ? អ្នករាល់គ្នាបានជួបប្រទះនឹងពេលវេលាដ៏សែនលំបាក! ប្រសិនបើរាល់គ្នាស័ក្តិសមនឹងឲ្យគេស្អប់មែន នោះគឺមកពីអេសាយ និងដានីយ៉ែល មិនបានទស្សន៍ទាយអំពីកិច្ចការនៃគ្រាចុងក្រោយ ហើយប្រសិនបើមនុស្សគ្រប់គ្នាត្រូវទទួលការស្ដីបន្ទោសមែន នោះគឺដោយសារពួកសាវ័កនៅក្នុងព្រះគម្ពីរសញ្ញាថ្មីមិនបានកត់ត្រាពង្សាវតាររបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឲ្យបានមុននេះ។ នេះពិតជាគួរឲ្យអាម៉ាស់ខ្លាំងណាស់! អ្នករាល់គ្នាត្រូវស្វែងរកភស្តុតាងទាំងអស់ ហើយបើទោះបីជារកឃើញចំណែកតិចតួចនៃព្រះបន្ទូលទាំងនោះក្ដី ក៏អ្នកនៅតែមិនអាចនិយាយថាតើអ្វីដែលរកឃើញនោះ ជាភស្តុតាង ឬមិនមែនដែរ។ ពិតជាគួរឲ្យខ្មាស់គេខ្លាំងណាស់! តើហេតុអ្វីបានជានៅក្នុងកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់មានអាថ៌កំបាំងអ្វីម៉្លេះ? ថ្ងៃនេះ មនុស្សជាច្រើនមិនទាន់បានស្វែងរកភស្តុតាងដាច់ស្រេចនៅឡើយទេ ក៏ប៉ុន្តែពួកគេក៏មិនអាចបដិសេធវាបានឡើយ។ ដូច្នេះ តើពួកគេគប្បីត្រូវធ្វើដូចម្តេច? ពួកគេមិនអាចតាំងចិត្តដើរតាមព្រះជាម្ចាស់បានឡើយ ក៏ប៉ុន្តែពួកគេក៏មិនអាចបោះជំហានទៅមុខទាំងមានមន្ទិលសង្ស័យបែបនេះបានដែរ។ ហេតុដូច្នេះហើយ «បញ្ញាវន្តឈ្លៀសវៃ និងមានអំណោយទាន» ប្រកាន់ខ្ចាប់ទៅតាមឥរិយាបថមួយនៃ «ការសាកល្បង ហើយនឹងឃើញច្បាស់» នៅពេលដែលពួកគេដើរតាមព្រះជាម្ចាស់។ នេះគឺជាបញ្ហាច្រើនខ្លាំងណាស់! តើរឿងរ៉ាវនឹងមិនងាយស្រួលទេឬ ប្រសិនបើម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន បានធ្វើការទស្សន៍ទាយពីអនាគតនោះ? វានឹងកាន់តែប្រសើរជាងនេះ ប្រសិនបើយ៉ូហានបានឃើញសេចក្ដីពិតដ៏ជ្រាលជ្រៅនៃជីវិតនៅក្នុងនគរព្រះ ប៉ុន្តែគួរឲ្យស្ដាយណាស់ដែលគាត់បានឃើញត្រឹមតែនិមិត្ត និងមិនបានឃើញពីកិច្ចការនៅលើផែនដីដែលជាក់ស្ដែង និងពិតប្រាកដ។ វាពិតជារឿងគួរឲ្យអាម៉ាស់ណាស់! តើព្រះជាម្ចាស់មានបញ្ហាអ្វី? ក្រោយពេលដែលកិច្ចការរបស់ទ្រង់ធ្វើបានយ៉ាងល្អនៅស្រុកអ៊ីស្រាអែល តើហេតុអ្វីបានជាពេលនេះទ្រង់យាងទៅប្រទេសចិនវិញ ហើយតើហេតុអ្វីបានជាទ្រង់ត្រូវយកកំណើតជាមនុស្ស និងត្រូវបំពេញកិច្ចការដោយផ្ទាល់ និងត្រូវរស់នៅក្នុងចំណោមមនុស្ស? ព្រះជាម្ចាស់ពិតជាយកព្រះទ័យទុកដាក់ចំពោះមនុស្សខ្លាំងណាស់។ ទ្រង់មិនត្រឹមតែមិនបានមានបន្ទូលប្រាប់មនុស្សជាមុននោះទេ ប៉ុន្តែទ្រង់បាននាំយកការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់មកភ្លាមៗ។ វាពិតជាគ្មានអត្ថន័យអ្វីទាល់តែសោះ! លើកដំបូងដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ទ្រង់បានរងទុក្ខវេទនាយ៉ាងខ្លាំងដោយសារការមិនបានមានបន្ទូលប្រាប់មនុស្សជាមុនអំពីសេចក្ដីពិតដ៏ជ្រាលជ្រៅទាំងអស់។ ច្បាស់ណាស់ ទ្រង់មិនអាចបំភ្លេចកិច្ចការនេះបានឡើយ? ហេតុដូច្នេះ តើហេតុអ្វីបានជាទ្រង់នៅមិនបានមានបន្ទូលប្រាប់មនុស្សអំពីរឿងនេះ? សព្វថ្ងៃនេះ ពិតជាសំណាងអាក្រក់ណាស់ដែលនៅក្នុងព្រះគម្ពីរមានកណ្ឌគម្ពីរត្រឹមតែហុកសិបប្រាំមួយកណ្ឌប៉ុណ្ណោះ។ គ្រាន់តែត្រូវការឲ្យមានការទស្សន៍ទាយបន្ថែមមួយទៀតអំពីកិច្ចការនៃគ្រាចុងក្រោយប៉ុណ្ណោះ! តើអ្នកមិនគិតអ៊ីចឹងទេមែនទេ? សូម្បីតែព្រះយេហូវ៉ា អេសាយ និងស្ដេចដាវីឌ ក៏ពុំបានមានព្រះបន្ទូលនិងនិយាយអំពីកិច្ចការសព្វថ្ងៃនេះដែរ។ ពួកគេក៏ត្រូវបានគេដកចេញពីពេលបច្ចុប្បន្ននេះដែរ ដោយបំបែកចេញពីគ្នាក្នុងរយៈពេលច្រើនជាងបួនពាន់ឆ្នាំ។ ព្រះយេស៊ូវក៏មិនបានទស្សន៍ទាយពីកិច្ចការសព្វថ្ងៃនេះឲ្យបានពេញលេញដែរ ដោយគ្រាន់តែមានព្រះបន្ទូលបន្តិចបន្តួចអំពីរឿងនេះប៉ុណ្ណោះ ហើយមនុស្សនៅតែរកភស្តុតាងមិនទាន់គ្រប់គ្រាន់នៅឡើយ។ ប្រសិនបើអ្នកប្រៀបធៀបកិច្ចការសព្វថ្ងៃនេះនឹងកិច្ចការកាលពីមុន តើកិច្ចការទាំងពីរនេះអាចរួមបញ្ចូលគ្នាបានដោយរបៀបណា? ដំណាក់កាលនៃកិច្ចការរបស់ព្រះយេហូវ៉ា ត្រូវបានដឹកនាំនៅស្រុកអ៊ីស្រាអែល ដូច្នេះ ប្រសិនបើអ្នកប្រៀបធៀបកិច្ចការសព្វថ្ងៃនេះជាមួយនឹងកិច្ចការនោះ នឹងមានភាពខុសគ្នាកាន់តែច្រើន។ កិច្ចការទាំងពីរនេះមិនអាចប្រៀបធៀបគ្នាបានឡើយ។ អ្នកមិនមែនជារាស្រ្តនៃស្រុកអ៊ីស្រាអែល ហើយអ្នកក៏មិនមែនជាសាសន៍យូដាដែរ។ គុណសម្បត្តិរបស់អ្នក និងអ្វីៗគ្រប់បែបយ៉ាងអំពីអ្នក គឺនៅខ្វះខាតណាស់ តើអ្នកអាចប្រៀបធៀបខ្លួនឯងជាមួយនឹងពួកគេបានដោយរបៀបណាទៅ? តើវាអាចទៅរួចដែរឬទេ? ត្រូវដឹងថា កិច្ចការសព្វថ្ងៃនេះ គឺជាយុគសម័យនៃនគរព្រះ ហើយវាគឺខុសគ្នាពីយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ ក្នុងករណីណាក៏ដោយ មិនត្រូវសាកល្បង និងប្រើរូបមន្តណាមួយឡើយ។ ព្រះជាម្ចាស់មិនអាចស្វែងរកឃើញតាមរូបមន្តណាមួយឡើយ។

តើព្រះយេស៊ូវរស់នៅរយៈពេល ២៩ឆ្នាំ ក្រោយកំណើតរបស់ទ្រង់យ៉ាងដូចម្តេច? ព្រះគម្ពីរគ្មានកត់ត្រាអ្វីពីកុមារភាព និងយុវភាពរបស់ទ្រង់ឡើយ។ តើអ្នកដឹងថារឿងនោះបែបណាដែរឬទេ? តើវាអាចថា ទ្រង់គ្មានកុមារភាព ឬយុវភាព ហើយថានៅពេលដែលទ្រង់បានប្រសូតមក ទ្រង់មានព្រះជន្ម ៣០ឆ្នាំរួចទៅហើយមែនទេ? អ្នកដឹងតិចតួចខ្លាំងណាស់ ដូច្នេះ មិនត្រូវធ្វេសប្រហែសក្នុងការបញ្ចេញទស្សនៈរបស់អ្នកឡើយ។ វាគ្មានអ្វីល្អចំពោះអ្នកនោះទេ! ព្រះគម្ពីរកត់ត្រាត្រឹមថា ព្រះយេស៊ូវមានព្រះជន្ម ៣០ឆ្នាំ ទ្រង់ត្រូវបានជ្រមុជទឹក ហើយត្រូវដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធទៅក្នុងទីរហោស្ថាន ដើម្បីឆ្លងកាត់ការល្បួងរបស់អារក្ស។ ហើយដំណឹងល្អទាំងបួន កត់ត្រាអំពីកិច្ចការរបស់ទ្រង់រយៈពេលបីឆ្នាំកន្លះប៉ុណ្ណោះ។ គ្មានកំណត់ត្រាពីកុមារភាពនិងយុវភាពរបស់ទ្រង់ឡើយ ប៉ុន្តែនេះពុំបញ្ជាក់ថា ទ្រង់គ្មានកុមារភាព និងយុវភាពនោះទេ។ គឺគ្រាន់តែថា កាលដើមដំបូងឡើយ ទ្រង់មិនបានធ្វើកិច្ចការណាមួយទេ ហើយទ្រង់គឺជាមនុស្សធម្មតាម្នាក់។ ដូច្នេះ តើអ្នកអាចនិយាយថា ព្រះយេស៊ូវបានរស់នៅអស់ ៣៣ឆ្នាំ ដោយគ្មានយុវភាព និងកុមារភាពបានដោយរបៀបណា? តើទ្រង់អាចយាងចូលដល់ព្រះជន្ម ៣៣ឆ្នាំកន្លះបានដោយរបៀបណា? មនុស្សទាំងអស់សុទ្ធតែគិតថាទ្រង់មានលក្ខលណៈអធិធម្មជាតិ និងមិនពិតប្រាកដ។ គ្មានអ្វីត្រូវឆ្ងល់នោះទេថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺមានភាពជាមនុស្សសាមញ្ញ និងធម្មតា ប៉ុន្តែនៅពេលដែលទ្រង់បានអនុវត្តកិច្ចការរបស់ទ្រង់ គឺទ្រង់បានធ្វើវាដោយភាពជាមនុស្សមិនពេញខ្នាត និងក្នុងភាពជាព្រះពេញលេញ។ គឺដោយសារបញ្ហានេះហើយទើបមនុស្សមានមន្ទិលសង្ស័យអំពីកិច្ចការនៅក្នុងពេលសព្វថ្ងៃនេះ និងសង្ស័យសូម្បីតែកិច្ចការរបស់ព្រះយេស៊ូវ។ បើទោះបីជាកិច្ចការរបស់ព្រះជាម្ចាស់ ខុសគ្នាពីសម័យកាលពីរដែលទ្រង់បានយកកំណើតជាមនុស្សក្ដី ក៏លក្ខណៈសំខាន់របស់ទ្រង់ មិនដូច្នេះដែរ។ ពិតណាស់ ប្រសិនបើអ្នកអានកំណត់ត្រានៃដំណឹងល្អទាំងបួន នោះមានភាពខុសគ្នាច្រើនខ្លាំងណាស់។ តើអ្នកអាចត្រឡប់ទៅកាន់ជីវិតរបស់ព្រះយេស៊ូវក្នុងអំឡុងកុមារភាព និងយុវភាពរបស់ទ្រង់បានដោយរបៀបណា? តើអ្នកអាចយល់ដឹងពីភាពជាមនុស្សធម្មតារបស់ព្រះយេស៊ូវបានដោយរបៀបណា? ប្រហែលជាអ្នកមានការយល់ដឹងខ្លាំងអំពីភាពជាមនុស្សរបស់ព្រះជាម្ចាស់ក្នុងពេលនេះ ក៏ប៉ុន្តែអ្នកគ្មានយល់ពីភាពជាមនុស្សរបស់ព្រះយេស៊ូវឡើយ ហើយអ្នកកាន់តែមិនយល់អំពីរឿងនេះទៅទៀត។ ប្រសិនបើម៉ាថាយមិនបានកត់ត្រាទុកទេ អ្នកក៏នឹងគ្មានចំណេះដឹងអ្វីអំពីភាពជាមនុស្សរបស់ព្រះយេស៊ូវដែរ។ ប្រហែលជានៅពេលដែលខ្ញុំប្រាប់សាច់រឿងរបស់ព្រះយេស៊ូវក្នុងអំឡុងជីវិតរបស់ទ្រង់ និងប្រាប់អ្នកអំពីសេចក្ដីពិតដ៏ជ្រាលជ្រៅអំពីកុមារភាព និងយុវភាពរបស់ព្រះយេស៊ូវ អ្នកនឹងក្រវីក្បាល ហើយនិយាយថា «មិនពិតទេ! ទ្រង់មិនអាចធ្វើបែបនេះបានឡើយ។ ទ្រង់មិនអាចមានចំណុចខ្សោយនោះទេ ហើយទ្រង់កាន់តែគ្មានភាពជាមនុស្សសោះឡើយ!» អ្នកនឹងស្រែកឮខ្លាំងៗថែមទៀត។ គឺដោយសារអ្នកមិនស្គាល់ព្រះយេស៊ូវ ទើបអ្នកគ្មានសញ្ញាណអំពីខ្ញុំ។ អ្នកជឿថាព្រះយេស៊ូវ មានលក្ខណៈជាព្រះខ្លាំងពេក គឺគ្មានអ្វីខាងឯសាច់ឈាមអំពីទ្រង់ឡើយ។ ប៉ុន្តែ ការពិតនៅតែជាការពិត។ គ្មាននរណាម្នាក់ចង់និយាយអ្វីផ្ទុយនឹងសេចក្ដីពិតនៃសច្ចភាពនេះឡើយ ដ្បិតនៅពេលដែលខ្ញុំមានព្រះបន្ទូលពាក់ព័ន្ធនឹងសេចក្ដីពិត គឺមិនមែនជាការប្រមើលមើល ហើយក៏មិនមែនជាការព្យាករនោះដែរ។ ត្រូវដឹងថា ព្រះជាម្ចាស់អាចយាងឡើងទៅទីដ៏សែនខ្ពស់ ហើយជាងនេះទៅទៀត ទ្រង់អាចពួននៅក្នុងទីដ៏សែនជ្រៅ។ ប្រាជ្ញារបស់អ្នកមិនអាចនឹកស្រម៉ៃអំពីទ្រង់បានឡើយ ទ្រង់គឺជាព្រះជាម្ចាស់នៃគ្រប់សត្តនិករទាំងអស់ ហើយមិនមែនជាព្រះជាម្ចាស់ផ្ទាល់ខ្លួនរបស់មនុស្សណាមួយឡើយ។

ខាង​ដើម៖ និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (១)

បន្ទាប់៖ និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ