ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង

មានសេចក្ដីជាច្រើនដែលខ្ញុំរំពឹងឱ្យអ្នករាល់គ្នាសម្រេចឱ្យបាន តែមិនមែនគ្រប់សកម្មភាពទាំងអស់របស់អ្នករាល់គ្នា មិនមែនគ្រប់យ៉ាងទាំងអស់ក្នុងជីវិតអ្នករាល់គ្នា សុទ្ធតែអាច សម្រេចនូវអ្វីដែលខ្ញុំបង្គាប់ពីអ្នករាល់គ្នាឡើយ ហេតុនេះ ខ្ញុំក៏គ្មានជម្រើសដែរ ក្រៅតែពីមានបន្ទូលឱ្យចំចំណុច ហើយពន្យល់ប្រាប់អ្នករាល់គ្នាពីបំណងព្រះហឫទ័យរបស់ខ្ញុំ។ ដោយយល់ថា ញាណយល់ដឹងរបស់អ្នករាល់គ្នាខ្សោយ ចំណែកការដឹងគុណរបស់អ្នករាល់គ្នាក៏ខ្សោយ អ្នករាល់គ្នាក៏ស្ទើរតែមិនដឹងអ្វីសោះអំពីនិស្ស័យ និងសារជាតិរបស់ខ្ញុំ ហេតុនេះ ខ្ញុំត្រូវតែប្រញាប់មានបន្ទូលប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះ។ ទោះបីជាពីមុនមក អ្នករាល់គ្នាធ្លាប់យល់ដឹងយ៉ាងណា ទោះបីជាអ្នករាល់គ្នាមិនចង់យល់ដឹងពីរឿងទាំងអស់នេះ ក៏ខ្ញុំនៅតែត្រូវពន្យល់ប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាយ៉ាងពិស្ដារដែរ។ រឿងទាំងនេះក៏មិនមែនជារឿងប្លែកទាំងស្រុងដល់អ្នករាល់គ្នាដែរ ប៉ុន្តែអ្នករាល់គ្នាខ្វះការយល់ដឹងច្រើន ខ្វះការយល់ច្បាស់ច្រើន ទាក់ទងនឹងអត្ថន័យដែលមាននៅក្នុង សេចក្ដីទាំងនេះ។ មនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នា មានត្រឹមការយល់ដឹងស្រពេចស្រពិល ហើយជាការយល់ដឹងត្រឹមមួយផ្នែក និងមិនពេញលេញទាល់តែសោះ។ ដើម្បីជួយឱ្យអ្នករាល់គ្នាអនុវត្តសេចក្ដីពិតបានកាន់តែប្រសើរ គឺអនុវត្តតាមព្រះបន្ទូលរបស់ខ្ញុំបានកាន់តែប្រសើរ ខ្ញុំព្រះតម្រិះឃើញថា សេចក្ដីទាំងនេះ គឺជារឿងសំខាន់បំផុតដែលអ្នករាល់គ្នាត្រូវដឹង។ ពុំនោះទេ សេចក្ដីជំនឿរបស់អ្នករាល់គ្នាគឺនៅតែស្រពេចស្រពិល ពុតត្បុត និងពោរពេញទៅដោយអន្ទាក់នៃសាសនា។ ប្រសិនបើអ្នករាល់គ្នាមិនយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ នោះអ្នកមិនអាចធ្វើកិច្ចការដែលអ្នកគួរធ្វើថ្វាយទ្រង់បានឡើយ។ ប្រសិនបើអ្នករាល់គ្នាមិនស្គាល់សារជាតិរបស់ព្រះជាម្ចាស់ នោះអ្នករាល់គ្នាមិនអាចគោរពប្រណិបតន៍ និងកោតខ្លាចទ្រង់បានឡើយ ផ្ទុយទៅវិញ គឺមានតែទង្វើធ្វើឱ្យតែបានរួចពីដៃដោយគ្មានការប្រុងប្រយ័ត្ន និងការកុហកបោកប្រាស់តែប៉ុណ្ណោះ ហើយលើសពីនេះ គឺមានតែការប្រមាថដែលគ្មានអ្វីអាចទូន្មានបាន។ ថ្វីបើការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ ហើយការស្គាល់សារជាតិរបស់ព្រះជាម្ចាស់ ក៏មិនអាចមើលរំលងបានមែន ក៏គ្មាននរណាម្នាក់បានពិនិត្យពិច័យ ឬក៏ជជីកវែកញែកសេចក្ដីទាំងនេះឱ្យបានហ្មត់ចត់នោះដែរ។ អ្នករាល់គ្នាបានច្រានចោលបញ្ញត្តិគ្រប់គ្រងនានាដែលខ្ញុំបានដាក់ចេញយ៉ាងច្បាស់ណាស់។ ប្រសិនបើអ្នករាល់គ្នាមិនយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់នោះអ្នកក៏ងាយនឹងប្រព្រឹត្តទាស់នឹងនិស្ស័យរបស់ទ្រង់ដែរ។ ការប្រព្រឹត្តទាស់នឹងនិស្ស័យរបស់ព្រះជាម្ចាស់ គឺដូចគ្នានឹងការជំរុញឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ទ្រង់មានសេចក្ដីក្រោធ ហើយក្នុងករណីនេះ ផលចុងក្រោយនៃទង្វើរបស់អ្នក គឺការបំពានបញ្ញត្តិគ្រប់គ្រងនោះហើយ។ ពេលនេះ អ្នកគប្បីទទួលស្គាល់ហើយថា កាលណាអ្នកស្គាល់សារជាតិរបស់ព្រះជាម្ចាស់ នោះអ្នកក៏អាចយល់អំពីនិស្ស័យរបស់ទ្រង់បានដែរ ហើយកាលណាអ្នកយល់អំពីនិស្ស័យរបស់ទ្រង់ នោះអ្នកក៏នឹងបានយល់អំពីបញ្ញត្តិរដ្ឋបាលនោះដែរ។ មិនចាំបាច់និយាយច្រើនទេ សារជាតិភាគច្រើននៅក្នុងបញ្ញត្តិរដ្ឋបាលនោះ សុទ្ធតែនិយាយអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនមែនគ្រប់និស្ស័យទាំងអស់របស់ទ្រង់ សុទ្ធតែមាននៅក្នុងបញ្ញត្តិរដ្ឋបាលនោះទេ ហើយអំណេះតទៅ អ្នករាល់គ្នាត្រូវបង្កើនការយល់ដឹងរបស់ខ្លួន ទាក់ទងនឹងនិស្ស័យរបស់ព្រះជាម្ចាស់ ឱ្យកាន់តែស៊ីជម្រៅជាងនេះ។

ខ្ញុំមានបន្ទូលជាមួយអ្នករាល់គ្នាថ្ងៃនេះ មិនមែនជាការសន្ទនាបែបធម្មតាៗនោះទេ ដើម្បីឱ្យបានជាប្រយោជន៍ដល់អ្នករាល់គ្នា ក្នុងការខិតចូលមកជិតព្រះបន្ទូលរបស់ខ្ញុំដោយការយកចិត្តទុកដាក់ ហើយលើសពីនេះ គឺដើម្បីសញ្ជឹងគិតពីព្រះបន្ទូលឱ្យស៊ីជម្រៅ។ ន័យដែលខ្ញុំមានបន្ទូលនេះគឺថា អ្នករាល់គ្នាបានខិតខំតិចតួចណាស់ចំពោះព្រះបន្ទូលដែលខ្ញុំបានថ្លែង។ អ្នករាល់គ្នាក៏មិនសូវចូលចិត្តគិតពិចារណាពីនិស្ស័យរបស់ព្រះជាម្ចាស់ដែរ ក៏មិនសូវមាននរណាម្នាក់ខំប្រឹងប្រែងផង។ ដោយព្រោះហេតុផលនេះហើយបានជាខ្ញុំមានបន្ទូលថា សេចក្ដីជំនឿរបស់អ្នករាល់គ្នាគ្មានអ្វីក្រៅពីការសម្ដែងវោហារសាស្ដ្រនោះទេ។ សូម្បីតែពេលនេះ ក៏ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់ខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសេចក្ដីកម្សោយបំផុតរបស់អ្នករាល់គ្នាដែរ។ អ្នករាល់គ្នាបានធ្វើឱ្យខ្ញុំខកព្រះទ័យ បន្ទាប់ពីខ្ញុំបានទទួលយកអស់ទាំងការឈឺចាប់ជំនួសអ្នករាល់គ្នារួច។ ដូច្នេះហើយទើបអ្នករាល់គ្នាមិនខ្វល់ពីព្រះជាម្ចាស់ ហើយជីវិតរបស់អ្នករាល់គ្នាទៀតសោត ក៏គ្មានសេចក្ដីពិតដែរ។ ធ្វើម្ដេចអាចឱ្យមនុស្សបែបនេះ រាប់ជាពួកបរិសុទ្ធបាន? វិន័យឋានសួគ៌ មិនបណ្ដែតបណ្ដោយចំពោះរឿងបែបនេះទេ! ដោយព្រោះអ្នករាល់គ្នាមានការយល់ដឹងតិចតួចអំពីរឿងនេះ ខ្ញុំគ្មានជម្រើសទេ មានតែប្រើខ្យល់ដង្ហើមទៀតប៉ុណ្ណោះ។

និស្ស័យរបស់ព្រះជាម្ចាស់ គឺជាប្រធានបទមួយដែលហាក់ដូចជាពិបាកយល់ចំពោះមនុស្សគ្រប់គ្នា ហើយជាងនេះទៅទៀត នេះក៏ជាប្រធានបទមួយដែលមិនងាយឱ្យមនុស្សគ្រប់គ្នាទទួលយកបានដែរ ដ្បិតនិស្ស័យរបស់ទ្រង់ ខុសពីបុគ្គលិកលក្ខណៈរបស់មនុស្ស។ ព្រះជាម្ចាស់ផ្ទាល់ក៏មានអារម្មណ៍ត្រេកអរ ខ្ញាល់ សោកសង្រេង និងរីករាយដូចគ្នាដែរ ប៉ុន្តែអារម្មណ៍ទាំងអស់នេះ គឺខុសគ្នាពីអារម្មណ៍របស់មនុស្ស។ ព្រះជាម្ចាស់មាននូវអ្វីដែលជាលក្ខណៈរបស់ទ្រង់ ហើយទ្រង់មាននូវអ្វីដែលជាកម្មសិទ្ធិរបស់ទ្រង់។ គ្រប់យ៉ាងដែលទ្រង់បញ្ចេញ និងបើកសម្ដែងឱ្យឃើញ គឺសុទ្ធតែជាតំណាងនៃសារជាតិ និងអត្តសញ្ញាណរបស់ទ្រង់។ លក្ខណៈ និងកម្មសិទ្ធិរបស់ទ្រង់ ក៏ដូចជាលក្ខណៈសំខាន់ និងអត្តសញ្ញាណរបស់ទ្រង់ គឺជាសេចក្ដីដែលមិនអាចយកមនុស្សណាម្នាក់មកជំនួសបានឡើយ។ និស្ស័យរបស់ទ្រង់ គឺរាប់បញ្ចូលទាំងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សជាតិ ភាពស្រាកស្រាន្ដរបស់មនុស្សជាតិ សេចក្ដីសម្អប់ចំពោះមនុស្សជាតិ ហើយជាងនេះទៅទៀតគឺ ការយល់ដឹងយ៉ាងហ្មត់ចត់អំពីមនុស្សជាតិ។ យ៉ាងណាមិញ បុគ្គលិកលក្ខណៈរបស់មនុស្សអាចមានលក្ខណៈសុទិដ្ឋិនិយម រស់រវើក និងគ្មានមេត្តា។ និស្ស័យរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដែលជាកម្មសិទ្ធិរបស់អ្នកគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់ រួមទាំងសភាវៈមានជីវិតផង ជាកម្មសិទ្ធិរបស់ព្រះអម្ចាស់នៃអ្វីៗទាំងអស់ដែលបានបង្កើតមក។ និស្ស័យរបស់ទ្រង់ តំណាងឱ្យកិត្តិយស ព្រះចេស្ដា ភាពប្រសើរថ្លៃថ្លា ភាពមហិមា ហើយសំខាន់ជាងគេគឺ ភាពឧត្តុង្គឧត្តម។ និស្ស័យរបស់ទ្រង់ គឺជានិមិត្តរូបនៃសិទ្ធិអំណាច ជានិមិត្តរូបនៃគ្រប់អំពើសុចរិត ក៏ជានិមិត្តរូបនៃសោភណភាព និងភាពល្អប្រពៃគ្រប់យ៉ាងដែរ។ លើសពីនេះ និស្ស័យនេះ គឺជានិមិត្តរូបនៃព្រះដែលមិនអាច ឱ្យភាពអន្ធការ និងពួកខ្មាំងសត្រូវណាមួយមកយកឈ្នះ ឬឈ្លានពានបានឡើយ ហើយជានិមិត្តរូបនៃព្រះដែលមិនអាចឱ្យភាវៈណាមួយដែលទ្រង់បានបង្កើតមកបំពានដែរ (ព្រះអង្គក៏មិនបណ្ដោយឱ្យគេបំពានទ្រង់ដែរ)។ និស្ស័យរបស់ទ្រង់ គឺជានិមិត្តរូបនៃព្រះចេស្ដាដ៏ខ្ពស់បំផុត។ គ្មានបុគ្គលណាអាចមករំខានកិច្ចការរបស់ទ្រង់ ឬនិស្ស័យរបស់ទ្រង់បានឡើយ។ ដោយឡែក បុគ្គលិកលក្ខណៈរបស់មនុស្ស ក៏មិនមែនគ្រាន់តែជានិមិត្តរូបនៃឧត្ដមភាពដែលមនុស្សមានលើសសត្វបន្តិចបន្តួចនោះដែរ។ មនុស្សផ្ទាល់ ពុំមានសិទ្ធិអំណាច ពុំមានស្វ័យភាព ក៏ពុំមានសមត្ថភាពអ្វីនឹងលើកតម្កើងខ្លួនឯងដែរ ប៉ុន្តែនៅក្នុងសារជាតិរបស់ខ្លួន មនុស្សម្នាក់ស្ថិតក្រោមការគ្រប់គ្រងនៃរបៀបរបស់មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗជាច្រើនទៀត។ អំណររបស់ព្រះជាម្ចាស់ កើតមកពីអត្ថិភាព និងការលេចឡើងនៃភាពសុចរិត និងពន្លឺ ក៏ដោយសារតែក្ដីវិនាសនៃភាពអន្ធការ និងការអាក្រក់ដែរ។ ទ្រង់សព្វព្រះហឫទ័យក្នុងការនាំយកពន្លឺ និងជីវិតដ៏ល្អប្រពៃមកឱ្យមនុស្សជាតិ។ អំណររបស់ទ្រង់ គឺជាអំណរដ៏សុចរិត ជានិមិត្តរូបនៃអត្ថិភាពនៃអ្វីៗគ្រប់យ៉ាងដែលវិជ្ជមាន ហើយលើសពីនេះ អំណរនេះជានិមិត្តរូបនៃភ័ព្វដ៏ប្រសើរ។ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់កើតមកពីភាពអន្តរាយដែលធ្លាក់មកលើមនុស្សជាតិ ដោយសារតែអត្ថិភាព និងការរំខាននៃអំពើអយុត្តិធម៌ ដោយសារតែអត្ថិភាពនៃសេចក្ដីអាក្រក់ និងភាពអន្ធការ ដោយសារតែអត្ថិភាពនៃកត្តានានាដែលបណ្ដេញសេចក្ដីពិតឱ្យចេញទៅឆ្ងាយ ហើយលើសពីនេះ គឺដោយសារតែអត្ថិភាពនៃកត្តានានាដែលប្រឆាំងទាស់នឹងសេចក្ដីល្អ និងភាពស្រស់បំព្រង។ សេចក្ដីក្រោធរបស់ទ្រង់គឺជានិមិត្តរូបបញ្ជាក់ប្រាប់ថា គ្រប់យ៉ាងដែលអវិជ្ជមាន លែងមានទៀតហើយ លើសពីនេះទៀតគឺបញ្ជាក់ថា សេចក្ដីក្រោធនេះ គឺជានិមិត្តរូបនៃភាពបរិសុទ្ធរបស់ទ្រង់។ សេចក្ដីទុក្ខសោករបស់ទ្រង់កើតមកពីមនុស្ស ជាអ្នកដែលទ្រង់មានក្ដីសង្ឃឹម ប៉ុន្តែគេបែរជាធ្លាក់ក្នុងភាពអន្ធការវិញ ពីព្រោះកិច្ចការដែលទ្រង់ធ្វើចំពោះមនុស្ស មិនបានផ្ដល់ផលសមនឹងក្ដីរំពឹងរបស់ទ្រង់ ក៏ដោយសារតែមនុស្សទាំងអស់ដែលទ្រង់ស្រឡាញ់ មិនអាចរស់នៅក្នុងពន្លឺបាន។ ទ្រង់មានអារម្មណ៍សោយសោក ចំពោះមនុស្សឥតទោស ចំពោះមនុស្សស្មោះត្រង់ តែល្វីល្ងើ និងចំពោះមនុស្សល្អ តែគ្មានអ្វីជាទស្សនៈផ្ទាល់ខ្លួនឯងសោះ។ សេចក្ដីទុក្ខសោករបស់ទ្រង់ គឺជានិមិត្តរូបនៃសេចក្ដីល្អ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ ជានិមិត្តរូបនៃសោភណភាព និងសេចក្ដីសប្បុរសរបស់ទ្រង់។ ព្រះទ័យរីករាយរបស់ទ្រង់ប្រាកដណាស់ គឺបានមកពីការយកឈ្នះលើខ្មាំងសត្រូវរបស់ទ្រង់ និងទទួលបានភាពស្មោះត្រង់ពីមនុស្ស។ ជាងនេះទៅទៀត ព្រះទ័យរីករាយរបស់ទ្រង់ កើតចេញពីការបណ្ដេញ និងការបំផ្លិចបំផ្លាញពួកខ្មាំងសត្រូវ ហើយដោយសារតែមនុស្សជាតិទទួលបានជីវិតមួយដ៏ល្អប្រពៃ និងប្រកបដោយសេចក្ដីសុខសាន្ត។ សេចក្ដីរីករាយរបស់ព្រះជាម្ចាស់ ខុសពីអំណរសប្បាយរបស់មនុស្ស។ ម្យ៉ាងទៀត សេចក្ដីរីករាយនេះ ជាអារម្មណ៍រីករាយ ដូចនៅពេលប្រមូលផលដាក់ជង្រុក គឺជាអារម្មណ៍រីករាយខ្លាំងក្លាជាងអំណរធម្មតា។ ព្រះទ័យរីករាយរបស់ទ្រង់ គឺជានិមិត្តរូបនៃការដែលមនុស្សជាតិរើខ្លួនរួចពីទុក្ខលំបាកចាប់ពីពេលនេះតទៅ និងជានិមិត្តរូបនៃការដែលមនុស្សជាតិឈានចូលក្នុងពិភពនៃពន្លឺ។ ម្យ៉ាងវិញទៀត អារម្មណ៍របស់មនុស្សជាតិ គឺសុទ្ធតែកើតឡើងដើម្បីជាប្រយោជន៍សម្រាប់ពួកគេផ្ទាល់ មិនមែនដើម្បីភាពសុចរិត មិនមែនដើម្បីពន្លឺ ក៏មិនមែនដើម្បីភាពស្រស់បំព្រង ហើយក៏រឹតតែមិនមែនដើម្បីព្រះគុណ ដែលត្រូវបានប្រទានមកពីស្ថានសួគ៌ដែរ។ អារម្មណ៍របស់មនុស្សជាតិ គឺជាអារម្មណ៍អាត្មានិយម ហើយជាកម្មសិទ្ធិនៃពិភពងងឹត។ អារម្មណ៍ទាំងនេះ មិនមែនកើតឡើងដើម្បីព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ក៏រឹតតែមិនមែនដើម្បីផែនការបស់ព្រះជាម្ចាស់ដែរ ហេតុនេះហើយ មនុស្ស និងព្រះជាម្ចាស់ មិនអាចយកសម្ដីពីខ្យល់ដង្ហើមតែមួយមកនិយាយឱ្យយល់បាននោះឡើយ។ ព្រះជាម្ចាស់ឧត្ដុង្គឧត្ដម និងខ្ពង់ខ្ពស់ជានិច្ច ចំណែកឯមនុស្សវិញ តូចទាប គ្មានតម្លៃរហូត។ នេះគឺមកពីព្រះជាម្ចាស់ទ្រង់តែងថ្វាយអង្គទ្រង់ជាយញ្ញបូជា ហើយលះបង់ដើម្បីមនុស្សជាតិរហូត។ ចំណែកឯមនុស្សវិញ គឺចេះតែយក និងខិតខំដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ ព្រះជាម្ចាស់ទ្រាំរងនូវការឈឺចាប់ដើម្បីឱ្យមនុស្សជាតិមានជីវិតរស់រានរហូត ចំណែកមនុស្សវិញ ពុំដែលរួមចំណែកអ្វីដល់ពន្លឺ ឬដើម្បីសេចក្ដីសុចរិតឡើយ។ បើទោះបីជាមនុស្សខំប្រឹងយ៉ាងណាក៏ដោយ ក៏មិនអាចធន់នឹងការវាយប្រហារបានសូម្បីតែមួយលើក ដ្បិតការខិតខំរបស់មនុស្ស រមែងធ្វើឡើងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនមែនដើម្បីប្រយោជន៍អ្នកដទៃឡើយ។ មនុស្សរមែងមានចិត្តអាត្មានិយម ចំណែកឯព្រះជាម្ចាស់វិញ ព្រះអង្គលះបង់ជានិច្ច។ ព្រះជាម្ចាស់ជាប្រភពនៃភាពសុចរិត ភាពល្អប្រពៃ និងភាពស្រស់បំព្រងគ្រប់យ៉ាង ចំណែកមនុស្សវិញ គេបានជោគជ័យ ហើយស្ដែងឱ្យឃើញភាពស្មោកគ្រោក និងការអាក្រក់គ្រប់យ៉ាងទាំងអស់។ ព្រះជាម្ចាស់នឹងមិនកែប្រែសារជាតិនៃភាពសុចរិត និងសោភណភាពរបស់ទ្រង់ឡើយ ចំណែកឯមនុស្សវិញ ទោះជានៅទីណា ពេលណា ក៏គេមានសមត្ថភាពឥតខ្ចោះ ក្នុងការក្បត់ភាពសុចរិត ហើយគេចចេញពីព្រះជាម្ចាស់ផង។

គ្រប់ប្រយោគដែលខ្ញុំបានថ្លែងប្រាប់ សុទ្ធតែបង្កប់នូវនិស្ស័យរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាគួរខំប្រឹងសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ខ្ញុំដោយយកចិត្តទុកដាក់ នោះអ្នករាល់គ្នានឹងទទួលផលពីព្រះបន្ទូលនេះជាប្រាកដ។ សារជាតិរបស់ព្រះជាម្ចាស់ ពិបាកនឹងយល់ណាស់ ប៉ុន្តែខ្ញុំជឿជាក់ថា យ៉ាងហោចណាស់អ្នករាល់គ្នានឹងបានដឹងខ្លះអំពីនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។ ពេលនោះខ្ញុំសង្ឃឹមថា អ្នកនឹងមានអ្វីបន្ថែមទៀតឱ្យខ្ញុំឃើញពីរឿងរ៉ាវដែលអ្នកបានធ្វើ ដែលមិនបំពានដល់និស្ស័យរបស់ព្រះជាម្ចាស់។ ពេលនោះ ខ្ញុំនឹងរឹតតែមានទំនុកចិត្ត។ ឧទាហរណ៍ដូចជាឱ្យព្រះជាម្ចាស់គង់ក្នុងចិត្តអ្នករាល់គ្នាគ្រប់ពេលវេលា។ កាលណាអ្នកធ្វើអ្វីមួយ ចូរធ្វើការនោះឱ្យស្របទៅនឹងព្រះបន្ទូលរបស់ទ្រង់។ ចូរឈ្វេងយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងគ្រប់កិច្ចការទាំងអស់ ហើយរក្សាខ្លួនពីការប្រព្រឹត្តនូវទង្វើទាំងឡាយណាដែលនាំឱ្យគេមើលងាយ និងបង្អាប់ដល់ព្រះជាម្ចាស់។ អ្នកក៏រឹតតែពុំគួរដកព្រះជាម្ចាស់ចេញពីគំនិតរបស់អ្នក ដើម្បីបំពេញអនាគតដែលនៅចន្លោះក្នុងចិត្តរបស់អ្នកដែរ។ ប្រសិនបើអ្នកធ្វើដូច្នេះ អ្នកមុខជាបំពាននិស្ស័យរបស់ព្រះជាម្ចាស់ហើយ។ ឧបមាថា អ្នកពុំដែលនិយាយប្រមាថ ឬរអ៊ូរទាំទាស់នឹងព្រះជាម្ចាស់សោះក្នុងមួយជីវិតរបស់អ្នក ហើយឧបមាទៀតថា អ្នកអាចបោះបង់ទ្រព្យសម្បត្តិគ្រប់យ៉ាងដែលទ្រង់បានប្រទានមកឱ្យអ្នក ហើយអាចចុះចូលចំពោះព្រះបន្ទូលទាំងអស់របស់ទ្រង់ពេញមួយជីវិតរបស់អ្នក ពេលនោះ អ្នកនឹងបានចៀសផុតពីសេចក្ដីរំលងដែលប្រព្រឹត្តទាស់នឹងបញ្ញត្តិគ្រប់គ្រងនោះហើយ។ ឧទាហរណ៍ ប្រសិនបើអ្នកធ្លាប់និយាយថា «ហេតុអ្វីបានជាខ្ញុំមិនគិតសោះថា ទ្រង់ជាព្រះជាម្ចាស់?» «ខ្ញុំគិតថា ព្រះបន្ទូលទាំងអស់នេះ គ្មានន័យអ្វីទេ គ្រាន់តែជាការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ» «ចំពោះគំនិតរបស់ខ្ញុំវិញ ខ្ញុំគិតថា មិនមែនគ្រប់យ៉ាងដែលព្រះជាម្ចាស់ទ្រង់ធ្វើសុទ្ធតែត្រូវរហូតនោះទេ» «ភាពជាមនុស្សរបស់ព្រះជាម្ចាស់ មិនប្រសើរជាងខ្ញុំនោះទេ» «ព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្មានអ្វីគួរឱ្យជឿទេ» ឬក៏ធ្លាប់និយាយសម្ដីវិនិច្ឆ័យដទៃទៀត នោះខ្ញុំទូន្មានអ្នករាល់គ្នាឱ្យលន់តួ ហើយប្រែចិត្តពីអំពើបាបរបស់ខ្លួនឱ្យបានរឿយៗជាងនេះ។ ពុំនោះទេអ្នកនឹងគ្មានឱកាសទទួលបានការអត់ទោសសោះឡើយ ដ្បិតអ្នកមិនមែនបំពានមនុស្សទេ តែបំពានព្រះជាម្ចាស់ផ្ទាល់ព្រះអង្គវិញ។ អ្នកប្រហែលជាគិតថា អ្នកកំពុងវិនិច្ឆ័យមនុស្ស ប៉ុន្តែព្រះវិញ្ញាណនៃព្រះជាម្ចាស់ មិនមានព្រះតម្រិះដូច្នេះឡើយ។ ការដែលអ្នកប្រមាថសាច់ឈាមរបស់ទ្រង់ គឺស្មើនឹងប្រមាថដល់ទ្រង់ហើយ។ ដូច្នេះ អ្នកមិនបានបំពាននិស្ស័យរបស់ព្រះជាម្ចាស់ទេ មែនទេ? អ្នកត្រូវចងចាំថា គ្រប់កិច្ចការដែលបានធ្វើឡើងដោយព្រះវិញ្ញាណនៃព្រះជាម្ចាស់ គឺត្រូវបានធ្វើឡើង ដើម្បីរក្សាការពារកិច្ចការរបស់ព្រះអង្គនៅក្នុងសាច់ឈាម និងដើម្បីឱ្យកិច្ចការនោះសម្រេចបានយ៉ាងប្រសើរ។ ប្រសិនបើអ្នកមិនអើពើចំពោះរឿងនេះ នោះខ្ញុំសូមមានបន្ទូលប្រាប់អ្នករាល់គ្នាឱ្យដឹងថា អ្នកជាមនុស្សដែលពុំអាចទទួលបានជោគជ័យ ក្នុងការជឿលើព្រះជាម្ចាស់ឡើយ។ ដោយព្រោះអ្នករាល់គ្នាបានជំរុញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហេតុដូច្នេះហើយ ទ្រង់នឹងប្រើទណ្ឌកម្មដ៏សក្ដិសម មកបង្រៀនមេរៀនមួយដល់អ្នកវិញ។

ការស្គាល់ពីសារជាតិរបស់ព្រះជាម្ចាស់ មិនមែនជារឿងឥតបានការទេ។ អ្នករាល់គ្នាត្រូវតែយល់អំពីនិស្ស័យរបស់ទ្រង់។ តាមវិធីនេះ អ្នកនឹងបានស្គាល់ពីសារជាតិរបស់ព្រះជាម្ចាស់បន្តិចម្ដងៗ ទាំងមិនដឹងខ្លួន។ កាលណាអ្នកបានដឹងអំពីរឿងនេះហើយ អ្នកប្រាកដជាឃើញខ្លួនឯងកំពុងឈានជើងចូលក្នុងសភាពដែលខ្ពង់ខ្ពស់ជាងមុន និងស្រស់បំព្រងជាងមុន។ ទីបំផុត អ្នកនឹងមានអារម្មណ៍ខ្មាសចំពោះព្រលឹងដ៏អាក្រក់របស់អ្នក ហើយលើសពីនេះ អ្នកនឹងមានអារម្មណ៍ថា គ្មានកន្លែងណាដើម្បីលាក់ពីភាពអាម៉ាស់របស់អ្នកបានឡើយ។ គ្រានោះ អ្នកនឹងកាន់តែលែងប្រព្រឹត្តទង្វើដែលបំពានដល់និស្ស័យរបស់ព្រះជាម្ចាស់តទៅទៀត ដួងចិត្តរបស់អ្នកនឹងចូលទៅកាន់តែកៀកនឹងព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះអង្គ ក៏កាន់តែចម្រើនឡើងនៅក្នុងដួងចិត្តរបស់អ្នកដែរ។ នេះហើយជាសញ្ញារបស់មនុស្សជាតិដែលកំពុងចូលទៅក្នុងសភាពស្រស់បំព្រង។ ដោយឡែក អ្នករាល់គ្នាមិនទាន់សម្រេចរឿងនេះបាននៅឡើយទេ។ កាលណាអ្នករាល់គ្នាប្រញាប់ប្រញាល់សម្រេចជោគវាសនារបស់ខ្លួន តើនរណាខ្លះមានចិត្តចង់ព្យាយាមស្គាល់ពីសារជាតិរបស់ព្រះជាម្ចាស់? បើនៅតែបែបនេះ អ្នករាល់គ្នានឹងប្រព្រឹត្តរំលងទាស់នឹងបញ្ញត្តិគ្រប់គ្រងទាំងមិនដឹងខ្លួន ដ្បិតអ្នករាល់គ្នាយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់បានតិចតួចណាស់។ ដូច្នេះតើកិច្ចការដែលអ្នករាល់គ្នាធ្វើពេលនេះ មិនមែនកំពុងចាក់គ្រឹះសម្រាប់ការប្រព្រឹត្តទាស់នឹងនិស្ស័យរបស់ព្រះជាម្ចាស់ទេឬអី? ថាខ្ញុំបង្គាប់ឱ្យអ្នករាល់គ្នាយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ គឺមិនដាច់ចេញពីកិច្ចការរបស់ខ្ញុំទេ។ ដ្បិតប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តរំលងនឹងបញ្ញត្តិគ្រប់គ្រងជារឿយៗ តើមាននរណាក្នុងចំណោមអ្នករាល់គ្នាដែលនឹងគេចផុតពីទណ្ឌកម្មបាន? តើពេលនោះ កិច្ចការរបស់ខ្ញុំនឹងទៅជាអសារឥតការទាំងស្រុងទៅហើយមែនទេ? ហេតុនេះ ខ្ញុំនៅតែបង្គាប់ឱ្យអ្នករាល់គ្នាប្រុងប្រយ័ត្នចំពោះជំហានដែលអ្នកដើរ បន្ថែមទៅលើការពិនិត្យពិច័យ ការប្រព្រឹត្តរបស់អ្នកផ្ទាល់។ នេះគឺជាសេចក្ដីបង្គាប់ដ៏ឧត្ដមដែលខ្ញុំបង្គាប់ពីអ្នករាល់គ្នា ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងពិចារណាពីសេចក្ដីបង្គាប់នេះដោយយកចិត្តទុកដាក់ ហើយគិតគូរអំពីសេចក្ដីបង្គាប់នេះដោយស្មោះអស់ពីចិត្ត។ គង់មានថ្ងៃមួយមកដល់ គឺជាពេលដែលទង្វើរបស់អ្នករាល់គ្នា ជំរុញឱ្យខ្ញុំមានសេចក្ដីក្រោធយ៉ាងខ្លាំងក្លា នោះលទ្ធផលដែលត្រូវពិចារណា គឺជារបស់អ្នករាល់គ្នាសុទ្ធសាធ ហើយគ្មានអ្នកផ្សេងណា មកទទួលការដាក់ទោសជំនួសអ្នកឡើយ។

ខាង​ដើម៖ អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក

បន្ទាប់៖ វិធីស្គាល់ព្រះដែលគង់នៅលើផែនដី

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ