ជំពូកទី ២៥
ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះវរបិតាដ៏គង់នៅអស់កល្ប ជាម្ចាស់នៃមេត្រីភាព ព្រះជាម្ចាស់គឺជាសេ្ដច! ព្រះដ៏មានគ្រប់ព្រះចេស្ដា ដាក់ព្រះបាទទ្រង់នៅលើភ្នំអូលីវ។ ពិតជាស្រស់ស្អាតមែន! ចូរស្ដាប់ចុះ! ពួកយើងដែលជាអ្នកចាំយាម ចូរបន្លឺសម្លេងរបស់ពួកយើងឡើង! ដោយសម្លេងរបស់ពួកយើង នោះពួកយើងច្រៀងជាមួយគ្នា ដោយសារព្រះជាម្ចាស់បានយាង មកឯក្រុងស៊ីយ៉ូនវិញ។ ពួកយើងឃើញនឹងភ្នែករបស់ពួកយើង នូវការបំផ្លាញរបស់យេរូសាឡឹម។ ចូរបញ្ចេញសម្លេងដ៏រីករាយ ហើយច្រៀងរួមគ្នា ដោយសារព្រះជាម្ចាស់បាននាំមកនូវសេចក្ដីកម្សាន្ដចិត្តដល់ពួកយើង ហើយបានប្រោសលោះក្រុងយេរូសាឡិម។ ព្រះជាម្ចាស់បានលាត់ព្រះពាហុដ៏បរិសុទ្ធរបស់ទ្រង់ឱ្យគ្រប់ទាំងសាសន៍បានឃើញផ្ទាល់នឹងភ្នែក រាស្ត្រដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់បានលេចមកហើយ! អស់ទាំងចុងនៃផែនដី បានឃើញនូវសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់នៃយើងរាល់គ្នា។
ឱ ព្រះដ៏មានគ្រប់ព្រះចេស្ដា! វិញ្ញាណទាំងប្រាំពីរ ត្រូវបានបញ្ជូនចេញពីបល្ល័ង្ករបស់ទ្រង់ទៅកាន់ក្រុមជំនុំនីមួយៗ ដើម្បីបើកសម្ដែងអាថ៌កំបាំងទាំងអស់របស់ទ្រង់។ ដោយការគង់លើបល្ល័ង្កនៃសិរីល្អរបស់ទ្រង់ នោះទ្រង់បានគ្រប់គ្រងនគររបស់ទ្រង់ ហើយបានធ្វើឱ្យនគរនោះតាំងឡើង និងទប់ទល់ ដោយភាពយុត្តិធម៌ និងសេចក្ដីសុចរិត ហើយទ្រង់បានត្រួតត្រាជាតិសាសន៍ទាំងអស់នៅចំពោះទ្រង់។ ឱ ព្រះដ៏មានគ្រប់ព្រះចេស្ដា! ទ្រង់បានស្រាយកញ្ចប់របស់ស្ដេច ទ្រង់បានធ្វើឱ្យទ្វារក្រុងបើកចំហនៅចំពោះទ្រង់ ដោយមិនដែលបិទឡើយ។ ដ្បិតពន្លឺរបស់ទ្រង់បានមកដល់ហើយ ហើយសិរីល្អរបស់ទ្រង់ក៏រះឡើង និងបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់។ ភាពងងឹតគ្របដណ្ដប់ផែនដី ហើយសេចក្ដីសូន្យសុងគ្របលើមនុស្ស។ ឱ ព្រះជាម្ចាស់អើយ! ទោះបីជាយ៉ាងណា ទ្រង់បានលេចមក និងបញ្ចេញពន្លឺរបស់ទ្រង់លើពួកយើង ហើយសិរីល្អរបស់ទ្រង់នឹងស្ថិតនៅលើពួកយើង។ អស់ទាំងសាសន៍ នឹងមូលគ្នាមកឯពន្លឺរបស់ទ្រង់ ហើយសេ្ដចទាំងប៉ុន្មាននឹងមកឯរស្មីដែលចេញពីទ្រង់។ ទ្រង់បើកព្រះនេត្ររបស់ទ្រង់មើលជុំវិញ៖ ពួកកូនប្រុសៗរបស់ទ្រង់មូលគ្នាមកឯទ្រង់ ហើយពួកគេមកពីទីឆ្ងាយ។ កូនស្រីៗរបស់ទ្រង់ក៏ត្រូវបានគេបីមកដែរ។ ឱ ព្រះដ៏មានគ្រប់ព្រះចេស្ដា! សេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ទ្រង់បាននៅជាប់ជាមួយពួកយើង។ គឺទ្រង់ដែលដឹកនាំពួកយើងដើរនៅលើផ្លូវឆ្ពោះទៅរកនគររបស់ទ្រង់ ហើយគឺព្រះបន្ទូលរបស់ទ្រង់ដែលជ្រាបអំពីពួកយើង។
ឱ ព្រះដ៏មានគ្រប់ព្រះចេស្ដា! ពួកយើងថ្វាយនូវការអរព្រះគុណ និងសរសើរតម្កើងទ្រង់! ចូរឱ្យយើងសម្លឹងទៅរកទ្រង់ នាំយកទីបន្ទាល់ថ្វាយទ្រង់ ស្រឡាញ់ទ្រង់ ហើយច្រៀងទៅរកទ្រង់ដោយចិត្តមួយដែលស្មោះស្ម័គ្រ ស្ងប់ស្ងាត់ និងផ្ចង់ស្មារតី។ ចូរឱ្យយើងមានចិត្តតែមួយ ហើយរួមជាមួយគ្នា ហើយសូមឱ្យទ្រង់ធ្វើឱ្យយើងក្លាយជាអ្នកដែលត្រូវនឹងព្រះហឫទ័យទ្រង់ឱ្យបានឆាប់ ដើម្បីត្រូវបានទ្រង់ប្រើប្រាស់។ ដោយហេតុនោះ បំណងព្រះហឫទ័យរបស់ទ្រង់នៅលើផែនដី នឹងអាចត្រូវបានអនុវត្តដោយគ្មានការរារាំង!