ជំពូកទី ២១

មនុស្សដួលចុះនៅកណ្តាលពន្លឺរបស់ខ្ញុំ ហើយឈរដោយរឹងមាំដោយសារសេចក្តីសង្គ្រោះរបស់ខ្ញុំ។ នៅពេលដែលខ្ញុំនាំយកសេចក្តីសង្គ្រោះទៅកាន់សាកលលោកទាំងមូល នោះមនុស្សព្យាយាមស្វែងរកវិធីដើម្បីចូលទៅក្នុងលំហូរនៃការស្តារឡើងវិញរបស់ខ្ញុំ ប៉ុន្តែមានមនុស្សជាច្រើនដែលបានបក់ផាត់ចេញដោយមិនបានបន្សល់ទុកដាន ដោយសារតែលំហូរដ៏ខ្លាំងនៃការស្តារឡើងវិញនេះ។ មានមនុស្សជាច្រើនដែលលង់ទឹក ហើយហ៊ុំព័ន្ធដោយទឹកដែលហូរជន់ជោរនេះ ហើយមានមនុស្សជាច្រើនផងដែរ ដែលឈរយ៉ាងរឹងមាំនៅក្នុងទឹកដែលហូរជន់ជោរ ជាអ្នកដែលមិនដែលភ្លេចទិសដៅ និងជាអ្នកដែលបានដើរតាមលំហូរដ៏ខ្លាំងនេះរហូតមកដល់សព្វថ្ងៃនេះ។ ខ្ញុំបោះជំហានជាមួយមនុស្ស ប៉ុន្តែមនុស្សនៅតែមិនស្គាល់ខ្ញុំ។ គេស្គាល់តែសម្លៀកបំពាក់ដែលខ្ញុំស្លៀកខាងក្រៅប៉ុណ្ណោះ ប៉ុន្តែមិនដឹងពីភាពសម្បូរណ៍ហូរហៀរដែលលាក់នៅក្នុងខ្ញុំនោះទេ។ ទោះបីជាខ្ញុំប្រទាន និងផ្គត់ផ្គង់មនុស្សរាល់ថ្ងៃក៏ដោយ ក៏គេមិនមានសមត្ថភាពក្នុងការទទួលយកដ៏ពិតប្រាកដ ហើយក៏មិនអាចទទួលយកភាពសម្បូរណ៍ហូរហៀរដែលខ្ញុំប្រទានឱ្យនោះដែរ។ គ្មានសេចក្តីពុករលួយរបស់មនុស្សណាមួយ គេចផុតពីការសម្គាល់របស់ខ្ញុំនោះទេ។ ចំពោះខ្ញុំ ពិភពខាងក្នុងរបស់គេ គឺច្បាស់ដូចជាព្រះចន្ទដ៏ភ្លឺចែងចាំងនៅលើផ្ទៃទឹកអ៊ីចឹង។ ខ្ញុំមិនប្រព្រឹត្តចំពោះមនុស្សដោយធ្វេសប្រហែស ឬព្រងើយកន្តើយជាមួយមនុស្សនោះទេ។ គឺដោយសារតែមនុស្សមិនអាចទទួលខុសត្រូវចំពោះខ្លួនឯង ទើបមនុស្សជាតិទាំងអស់តែងតែត្រូវបានបណ្ដាលឱ្យខូចសីលធម៌ ហើយសូម្បីតែសព្វថ្ងៃនេះក៏ដោយ ក៏គេមិនអាចយកភាពខូចសីលធម៌នេះ ចេញពីខ្លួនគេបានដែរ។ គួរឱ្យអាណិតមនុស្សណាស់! ហេតុអ្វីបានជាមនុស្សស្រឡាញ់ខ្ញុំ តែបែរជាមិនអាចដើរតាមគោលបំណងនៃព្រះវិញ្ញាណរបស់ខ្ញុំទៅវិញ? តើខ្ញុំមិនបានបើកបង្ហាញព្រះកាយរបស់ខ្ញុំដល់មនុស្សជាតិទេឬ? តើមនុស្សពិតជាមិនដែលបានឃើញព្រះភ័ក្រ្តរបស់ខ្ញុំទេឬ? តើវាអាចទៅជាបែបនោះទេ ដែលថាខ្ញុំបានបង្ហាញសេចក្តីមេត្តាករុណារបស់ខ្ញុំតិចពេកចំពោះមនុស្ស? ឱ ពួកបះបោរនៃមនុស្សជាតិទាំងឡាយអើយ! ពួកគេត្រូវតែកិនកម្ទេចនៅក្រោមព្រះបាទារបស់ខ្ញុំ។ ពួកគេត្រូវតែវិនាសនៅក្នុងការវាយផ្ចាលរបស់ខ្ញុំ ហើយត្រូវតែទុកពួកគេចោលពីក្នុងចំណោមមនុស្សជាតិ នៅថ្ងៃដែលកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំបានសម្រេច ដើម្បីមនុស្សជាតិទាំងមូលស្គាល់ពីមុខមាត់ដ៏អាក្រក់របស់ពួកគេ។ ការពិតដែលថា មនុស្សកម្រមើលឃើញព្រះភ័ក្រ្តរបស់ខ្ញុំ ឬកម្រនឹងឮព្រះសូរសៀងរបស់ខ្ញុំ គឺដោយសារតែពិភពលោកទាំងមូលវឹកវរខ្លាំងពេក ហើយសម្រែកនៃផែនដីនេះគឺខ្លាំងក្លាពេក ដូច្នេះហើយទើបមនុស្សខ្ជិលក្នុងការស្រាវជ្រាវរកព្រះភ័ក្រ្តរបស់ខ្ញុំ ហើយព្យាយាមយល់ពីព្រះហឫទ័យរបស់ខ្ញុំ។ តើនេះមិនមែនជាមូលហេតុនៃសេចក្តីពុករលួយរបស់មនុស្សទេឬអី? តើនេះមិនមែនជាមូលហេតុដែលមនុស្សត្រូវការជំនួយទេឬអី? មនុស្សជាតិទាំងអស់ តែងតែស្ថិតនៅក្នុងចំណោមការផ្គត់ផ្គង់របស់ខ្ញុំ។ ប្រសិនបើមិនដូច្នោះទេ ប្រសិនបើខ្ញុំមិនមានចិត្តមេត្តាករុណានោះទេ តើនរណាអាចនឹងបានរស់នៅរហូតមកដល់សព្វថ្ងៃនេះ? ភាពសម្បូរណ៍ហូរហៀរនៅក្នុងខ្ញុំ គឺគ្មានអ្វីប្រៀបផ្ទឹមបានទេ សូម្បីតែគ្រោះមហន្តរាយទាំងអស់ក៏ស្ថិតនៅក្នុងព្រះហស្តរបស់ខ្ញុំដែរ។ តើនរណាអាចគេចផុតពីគ្រោះមហន្តរាយពេលដែលវាកើតឡើងនោះ? តើសេចក្តីអធិស្ឋានរបស់មនុស្ស និងការស្រែកយំនៅក្នុងចិត្តរបស់គេ អាចឱ្យគេគេចផុតបានទេ? មនុស្សមិនដែលអធិស្ឋានរកខ្ញុំដ៏ពិតប្រាកដនោះទេ ដូច្នេះ ក្នុងចំណោមមនុស្សជាតិទាំងអស់ គ្មាននរណាម្នាក់ធ្លាប់រស់នៅជីវិតទាំងមូលរបស់ពួកគេ ក្នុងពន្លឺនៃការពិតនោះទេ។ មនុស្សគ្រាន់តែរស់នៅក្នុងពន្លឺដែលភ្លឹបភ្លែតៗ ម្តងភ្លឺម្តងបាត់ប៉ុណ្ណោះ។ ទាំងនេះហើយដែលបាននាំទៅរកភាពខ្វះខាតរបស់មនុស្សជាតិនៅពេលបច្ចុប្បន្ននេះ។

គ្រប់គ្នាកំពុងតែរង់ចាំទាំងអន្ទះសា ដោយចង់ចេញទៅក្រៅរកខ្ញុំ ដើម្បីទទួលបានអ្វីមួយពីខ្ញុំ ដូច្នេះ ដោយយល់ស្របតាមចិត្តសាស្ត្ររបស់មនុស្ស ខ្ញុំបានប្រទានសេចក្តីសន្យាដល់គេ ដើម្បីលើកទឹកចិត្តឱ្យមានសេចក្តីស្រឡាញ់ពិតនៅក្នងគេ។ តើវាពិតជាសេចក្តីស្រឡាញ់ពិតរបស់មនុស្សដែរឬទេ ដែលផ្តល់កម្លាំងដល់ពួកគេនោះ? តើភាពស្មោះត្រង់របស់មនុស្សចំពោះខ្ញុំមែនទេ ដែលបានធ្វើឱ្យរំជួលដល់វិញ្ញាណរបស់ខ្ញុំនៅលើស្ថានសួគ៌នោះ? ស្ថានសួគ៌ មិនដែលរងឥទ្ធិពលសូម្បីតែបន្តិច ដោយសារទង្វើរបស់មនុស្សឡើយ ហើយប្រសិនបើការប្រព្រឹត្តរបស់ខ្ញុំចំពោះមនុស្ស អាស្រ័យលើទង្វើនីមួយៗរបស់គេ នោះមនុស្សជាតិទាំងមូលនឹងរស់ក្នុងការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំបានឃើញមនុស្សជាច្រើនសម្រក់ទឹកភ្នែកហូរតាមថ្ពាល់របស់ពួកគេ ហើយខ្ញុំបានឃើញមនុស្សជាច្រើនថ្វាយចិត្តរបស់ពួកគេជាថ្នូរនឹងភោគទ្រព្យរបស់ខ្ញុំ។ ក្រៅពី «ភាពគោរពស្រលាញ់» បែបនេះ ខ្ញុំមិនដែលប្រទានគ្រប់យ៉ាងរបស់ខ្ញុំឱ្យមនុស្សដោយទទេៗ ដោយ សារតែការចង់បានភ្លាមៗរបស់គេនោះទេ ដ្បិតមនុស្សមិនដែលចង់លះបង់ខ្លួនដោយរីករាយនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំនោះទេ។ ខ្ញុំបានដោះរបាំងមុខរបស់មនុស្សទាំងអស់ចេញ ហើយបោះរបាំងមុខទាំងនេះទៅក្នុងបឹងភ្លើង ហើយជាលទ្ធផល ការអង្វរ និងសេចក្តីស្មោះត្រង់ដែលបានរំពឹងទុករបស់មនុស្ស មិនដែលឈរយ៉ាងរឹងមាំនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំនោះទេ។ មនុស្សប្រៀបដូចជាដុំពពកមួយដុំនៅលើមេឃ៖ នៅពេលដែលខ្យល់បញ្ចេញសម្លេង វាភ័យខ្លាចចំពោះភាពអស្ចារ្យនៃកម្លាំងរបស់វា ដូច្នេះវាក៏រសាត់យ៉ាងប្រញាប់ប្រញាល់ពីក្រោយខ្យល់ ដោយភ័យខ្លាចជាខ្លាំង ក្រែងគេត្រូវបានវាយទម្លាក់ដោយសារការមិនស្តាប់បង្គាប់របស់ខ្លួន។ តើនេះមិនមែនជាមុខមាត់អាក្រក់របស់មនុស្សទេឬអី? តើនេះមិនមែនជាអ្វីដែលហៅថា ការស្តាប់បង្គាប់របស់មនុស្សទេឬអី? តើនេះមិនមែនជា «អារម្មណ៍ពិត» និងបំណងល្អក្លែងក្លាយរបស់មនុស្សទេឬអី? មនុស្សជាច្រើនបដិសេធ មិនទទួលយកការបញ្ចុះបញ្ចូលរបស់ព្រះសូរសៀងទាំងអស់ដែលចេញពីព្រះឱស្ឋរបស់ខ្ញុំ ហើយមនុស្សជាច្រើនមិនទទួលយកការវាយតម្លៃរបស់ខ្ញុំនោះទេ ហេតុនេះ ពាក្យសម្តី និងទង្វើរបស់ពួកគេ បើកសម្ដែងពីគោលបំណងដែលមានលក្ខណៈបះបោររបស់ពួកគេ។ តើអ្វីដែលខ្ញុំមានព្រះបន្ទូល ផ្ទុយទៅនឹងធម្មជាតិដើមរបស់មនុស្សមែនទេ? តើខ្ញុំមិនបានប្រទាននិយមន័យដ៏សមស្របមួយដល់មនុស្ស ដោយយោងទៅលើ «ច្បាប់ធម្មជាតិ» ទេឬ? មនុស្សមិនស្តាប់បង្គាប់ខ្ញុំយ៉ាងពិតប្រាកដនោះទេ។ ប្រសិនបើគេពិតជាស្វែងរកខ្ញុំមែន នោះខ្ញុំនឹងមិនចាំបាច់មានព្រះបន្ទូលច្រើននោះទេ។ មនុស្សគឺជាសំរាមដែលគ្មានតម្លៃ ហើយខ្ញុំត្រូវប្រើការវាយផ្ចាលរបស់ខ្ញុំដើម្បីបង្ខំគេរហូតមក។ ប្រសិនបើខ្ញុំមិនបានធ្វើដូច្នោះទេ ទោះបីជាសេចក្តីសន្យាដែលខ្ញុំប្រទានដល់គេ គ្រប់គ្រាន់សម្រាប់ការរីករាយរបស់គេក៏ដោយ តើត្រូវធ្វើដូចម្តេចទើបចិត្តរបស់គេផ្លាស់ប្តូរបាន? មនុស្សតែងតែរស់នៅក្នុងការតស៊ូដ៏ឈឺចាប់អស់រយៈពេលជាច្រើនឆ្នាំ។ អាចនិយាយបានថា គេតែងតែបានរស់នៅក្នុងភាពអស់សង្ឃឹម។ ជាលទ្ធផល គេត្រូវបានបោះបង់ទាំងខូចចិត្ត ហើយនឿយហត់ទាំងផ្លូវកាយ និងផ្លូវចិត្ត ដូច្នេះហើយ ទើបពួកគេមិនទទួលយកដោយរីករាយនូវភាពសម្បូរណ៍ហូរហៀរដែលខ្ញុំប្រទានដល់គេនោះទេ។ សូម្បីតែសព្វថ្ងៃនេះក៏ដោយ ក៏គ្មាននរណាម្នាក់អាចទទួលយករាល់ភាពផ្អែមល្ហែមនៃវិញ្ញាណពីខ្ញុំបានដែរ។ មនុស្សអាចបានត្រឹមតែនៅក្រ ហើយបានត្រឹមតែទន្ទឹងរង់ចាំថ្ងៃចុងក្រោយប៉ុណ្ណោះ។

មនុស្សជាច្រើនមានបំណងចង់ស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដ ប៉ុន្តែដោយសារតែចិត្តរបស់ពួកគេមិនមែនជារបស់ពួកគេផ្ទាល់ ទើបពួកគេពុំមានការគ្រប់គ្រងលើខ្លួនឯង។ មនុស្សជាច្រើនស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដ នៅពេលដែលពួកគេមានបទពិសោធពីការល្បងលដែលខ្ញុំប្រទានឱ្យ ប៉ុន្តែពួកគេមិនមានសមត្ថភាពក្នុងការយល់ដឹងថាខ្ញុំពិតជាមានវត្ដមានគង់នៅនោះទេ ហើយពួកគេគ្រាន់តែស្រឡាញ់ខ្ញុំដោយភាពទទេ មិនមែនដោយសារតែព្រះវត្តមានពិតរបស់ខ្ញុំនោះទេ។ មនុស្សជាច្រើនថ្វាយចិត្តរបស់ពួកគេនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ហើយក្រោយមកពួកគេមិនយកចិត្តទុកដាក់ចំពោះដួងចិត្តរបស់ពួកគេនោះទេ ហេតុដូច្នេះហើយ ទើបដួងចិត្តរបស់ពួកគេត្រូវបានសាតាំងឆក់យកទៅនៅពេលដែលវាមានឱកាស ហើយក្រោយមកពួកគេក៏ចាកចេញពីខ្ញុំ។ មនុស្សជាច្រើនស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដ នៅពេលដែលខ្ញុំប្រទានព្រះបន្ទូលរបស់ខ្ញុំដល់គេ ប៉ុន្តែពួកគេមិនស្រឡាញ់ព្រះបន្ទូលរបស់ខ្ញុំនៅក្នុងវិញ្ញាណរបស់ពួកគេនោះទេ ផ្ទុយទៅវិញ ពួកគេប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំម្តងម្កាល ដូចជាទ្រព្យសម្បត្តិសាធារណៈអ៊ីចឹង ហើយនៅពេលណាក៏ដោយដែលពួកគេមានអារម្មណ៍ចូលចិត្ត ពួកគេបោះចោលព្រះបន្ទូលនោះទៅកាន់កន្លែងដើមវិញ។ មនុស្សស្វែងរកខ្ញុំក្នុងភាពឈឺចាប់ ហើយគេមើលមកកាន់ខ្ញុំក្នុងចំណោមការល្បងលទាំងឡាយ។ អំឡុងពេលសន្តិភាពគេរីករាយជាមួយខ្ញុំ នៅពេលដែលគេស្ថិតនៅក្នុងគ្រោះថ្នាក់គេបដិសេធខ្ញុំ នៅពេលដែលគេជាប់រវល់ គេភ្លេចខ្ញុំ ហើយនៅពេលដែលគេទំនេរ គេធ្វើព្រងើយកន្តើយដាក់ខ្ញុំ ទោះបីជាយ៉ាងណា គ្មាននរណាម្នាក់ស្រឡាញ់ខ្ញុំពេញមួយជីវិតរបស់ពួកគេនោះទេ។ ខ្ញុំមានបំណងចង់ឱ្យមនុស្សស្មោះត្រង់នៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ៖ ខ្ញុំមិនបង្គាប់ឱ្យគេថ្វាយអ្វីដល់ខ្ញុំនោះទេ គ្រាន់តែចង់ឱ្យមនុស្សទាំងអស់យកចិត្តទុកដាក់ចំពោះខ្ញុំ នោះគឺ ពួកគេអនុញ្ញាតឱ្យខ្ញុំនាំយកភាពស្មោះត្រង់របស់មនុស្សត្រឡប់មកវិញ ជាជាងទាញខ្ញុំទៅរកពួកគេ។ ការបំភ្លឺ ការស្រាយបំភ្លឺ និងតម្លៃនៃការប្រឹងប្រែងរបស់ខ្ញុំ ជ្រួតជ្រាបទៅគ្រប់មនុស្សទាំងអស់ ចំណែកការបោកបញ្ឆោតរបស់ពួគេចំពោះខ្ញុំ ក៏ដូចគ្នាដែរ។ វាហាក់ដូចជាគ្រឿងផ្សំនៃការបោកបញ្ឆោតរបស់មនុស្ស នៅជាមួយគេតាំងពីពួកគេនៅក្នុងផ្ទៃម្តាយអ៊ីចឹង វាហាក់ដូចជាគេមានជំនាញដ៏ពិសេសនៃការបោកប្រាស់ទាំងនេះតាំងពីកំណើតអ៊ីចឹង។ ជាងនេះទៅទៀត គេមិនដែលបោះបង់ចោលល្បែងបែបនេះទេ ហើយក៏គ្មាននរណាធ្លាប់បានឃើញច្បាស់ពីប្រភពនៃជំនាញបោកបញ្ឆោតទាំងនេះដែរ។ ជាលទ្ធផល មនុស្សរស់នៅក្នុងការបោកបញ្ឆោតដោយគ្មានដឹងខ្លួននោះទេ ហើយវាដូចជាគេអភ័យទោសដល់ខ្លួនឯងអ៊ីចឹង វាដូចជាបង្ហាញថា នេះជាការរៀបចំរបស់ព្រះជាម្ចាស់ ជាជាងការបោកបញ្ឆោតដែលបានគ្រោងទុករបស់គេចំពោះខ្ញុំអ៊ីចឹង។ តើនេះមិនមែនជាប្រភពចម្បងនៃការបោកបញ្ឆោតរបស់មនុស្ស ចំពោះខ្ញុំទេឬ? តើនេះមិនមែនជាផែនការប្រកបដោយឧបាយកលទេឬ? ខ្ញុំមិនដែលជាប់នឹងការពង្វក់ដោយសារតែការបញ្ជោរ និងឧបាយកលរបស់មនុស្សនោះទេ ដោយសារតែខ្ញុំបានយល់ពីចិត្តរបស់គេជាយូរមកហើយ។ តើនរណាដឹងថា ភាពមិនបរិសុទ្ធដែលមាននៅក្នុងឈាមរបស់គេមានប៉ុន្មាន ហើយពិសរបស់សាតាំងដែលមាននៅក្នុងខួរឆ្អឹងរបស់គេ មានប៉ុន្មាននោះ? រាល់ថ្ងៃនេះ មនុស្សកាន់តែស៊ាំនឹងសាតាំងទៅហើយ ហេតុនោះទើបគេមិនមានអារម្មណ៍ថា សាតាំងបានធ្វើឱ្យពួកគេគ្រោះថ្នាក់នោះ ហើយដោយហេតុនោះ ទើបគេគ្មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱ្យឃើញនូវ «សិល្បៈនៃជីវិតដ៏រឹងមាំមួយ» នោះ។

នៅពេលដែលមនុស្សនៅឆ្ងាយពីខ្ញុំ ហើយនៅពេលដែលគេល្បងលខ្ញុំ នោះខ្ញុំលាក់ខ្លួនពីពួកគេនៅក្នុងពពក។ ជាលទ្ធផល គេមិនអាចរកឃើញដានណាមួយរបស់ខ្ញុំនោះទេ ហើយគេត្រឹមតែរស់នៅជិតដៃរបស់មនុស្សអាក្រក់ ដោយធ្វើតាមរាល់កិច្ចការដែលពួកគេស្នើសុំប៉ុណ្ណោះ។ នៅពេលដែលមនុស្សនៅជិតខ្ញុំ នោះខ្ញុំបង្ហាញឱ្យគេឃើញ ហើយខ្ញុំមិនលាក់មុខរបស់ខ្ញុំពីគេនោះទេ ហើយនៅពេលនេះ មនុស្សមើលឃើញទឹកព្រះទ័យដ៏សប្បុរសរបស់ខ្ញុំ។ ភ្លាមៗនោះ គេដឹងខ្លួន ហើយទោះបីជាគេមិនដឹងក៏ដោយ ក៏នៅក្នុងខ្លួនគេមានសេចក្តីស្រឡាញ់សម្រាប់ខ្ញុំដែរ។ នៅក្នុងចិត្តរបស់គេ គេមានអារម្មណ៍មួយរំពេច នូវភាពផ្អែមល្ហែមដែលគ្មានការប្រដូចបាន ហើយងឿងឆ្ងល់ថា ហេតុដូចម្តេចទើបគេអាចស្គាល់ព្រះវត្ដមានរបស់ខ្ញុំនៅលើសាកលលោក។ ដូច្នេះ ទើបមនុស្សមានការយល់ដឹងកាន់តែច្បាស់អំពីភាពគួរឱ្យស្រឡាញ់របស់ខ្ញុំ ហើយជាងនេះទៅទៀត គឺដឹងកាន់តែច្បាស់អំពីតម្លៃដ៏ថ្លៃថ្លារបស់ខ្ញុំ។ ជាលទ្ធផល គេមិនដែលចង់ចាកចេញពីខ្ញុំម្តងទៀតនោះទេ គេមើលឃើញខ្ញុំថាជាពន្លឺនៃការមានជីវិតរស់នៅរបស់គេ ហើយដោយភ័យខ្លាចខ្ញុំចាកចេញពីគេជាខ្លាំង នោះគេឱបខ្ញុំយ៉ាងណែន។ ខ្ញុំមិនបានរំជួលព្រះទ័យដោយសារសេចក្ដីក្លៀវក្លារបស់មនុស្សនោះទេ ប៉ុន្តែខ្ញុំមានចិត្តសណ្តោសប្រណីដល់គេដោយសារតែក្តីស្រឡាញ់របស់គេ។ នៅពេលនេះ មនុស្សរស់នៅក្នុងការល្បងលរបស់ខ្ញុំជាបន្ដបន្ទាប់។ ព្រះភ័ក្ត្ររបស់ខ្ញុំបាត់ចេញពីចិត្តរបស់គេ ហើយរំពេចនោះ គេមានអារម្មណ៍ថា ជីវិតរបស់គេគឺទទេសូន្យ ហើយគំនិតរបស់គេបែរទៅរកការរត់គេច។ នៅពេលនេះ ចិត្តរបស់មនុស្សគ្មានអ្វីសោះ។ គេមិនឱបក្រសោបខ្ញុំដោយសារតែនិស្ស័យរបស់ខ្ញុំនោះទេ ផ្ទុយទៅវិញ គេសុំឱ្យខ្ញុំការពារគេ ដោយសេចក្តីស្រឡាញ់របស់ខ្ញុំ។ ទោះបីជាយ៉ាងណា នៅពេលដែលសេចក្តីស្រឡាញ់របស់ខ្ញុំវាយត្រឡប់ទៅកាន់មនុស្សវិញ គេក៏ប្តូរចិត្តភ្លាមៗ។ គេហែកចោលនូវសេចក្តីសញ្ញារបស់គេជាមួយខ្ញុំ ហើយដោះខ្លួនចេញពីការជំនុំជម្រះរបស់ខ្ញុំ ដោយមិនចង់សម្លឹងមើលព្រះភ័ក្ត្រដ៏សណ្តោសប្រណីរបស់ខ្ញុំម្តងទៀតនោះទេ ដូច្នេះ គេផ្លាស់ប្តូការយល់ឃើញរបស់គេចំពោះខ្ញុំ ហើយនិយាយថា ខ្ញុំមិនដែលបានសង្គ្រោះមនុស្សនោះទេ។ តើសេចក្តីស្រឡាញ់ពិត គ្មានអ្វីពាក់ព័ន្ធក្រៅពីក្តីសណ្តោសប្រណីទេឬអី? តើមនុស្សគ្រាន់តែស្រឡាញ់ខ្ញុំ នៅពេលដែលគេរស់នៅក្រោមពន្លឺរបស់ខ្ញុំមែនទេ? គេក្រឡេកមើលថ្ងៃម្សិលមិញ ប៉ុន្តែគេរស់នៅក្នុងថ្ងៃនេះ តើនេះមិនមែនជាស្ថានភាពរបស់មនុស្សទេឬអី? តើអ្នករាល់គ្នានឹងនៅតែដូច្នេះឬទេនៅថ្ងៃស្អែក? អ្វីដែលខ្ញុំចង់បាន គឺឱ្យមនុស្សមានចិត្តដែលចង់បានខ្ញុំដាក់ក្នុងជម្រៅចិត្តដ៏ជ្រៅ មិនមែនជាម្នាក់ដែលបំពេញព្រះហឫទ័យខ្ញុំ ដោយភាពរាក់កំផែលនោះទេ។

ថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ២០

បន្ទាប់៖ ជំពូកទី ២២

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ