ជំពូកទី ២៥
ពេលវេលាកន្លងហួស ហើយវេលាបច្ចុប្បន្នបានចូលមកដល់ក្នុងមួយប៉ប្រិចភ្នែក។ ក្រោមការដឹកនាំរបស់ព្រះវិញ្ញាណរបស់ខ្ញុំ មនុស្សទាំងអស់រស់នៅក្នុងពន្លឺរបស់ខ្ញុំ ហើយលែងមាននរណាម្នាក់គិតដល់អតីតកាល ឬយកចិត្តទុកដាក់ចំពោះថ្ងៃម្សិលមិញតទៅទៀតហើយ។ តើនរណាដែលមិនធ្លាប់បានរស់នៅ ហើយមានវត្តមាននៅក្នុងថ្ងៃបច្ចុប្បន្ននោះ? តើនរណាដែលមិនបានចំណាយពេលដ៏ប្រសើររាប់ថ្ងៃ និងរាប់ខែនៅក្នុងនគរព្រះនោះ? តើនរណាដែលមិនបានរស់នៅក្រោមព្រះអាទិត្យនោះ? ទោះបីជានគរព្រះបានចូលមកនៅក្នុងចំណោមមនុស្សក៏ដោយ ក៏គ្មាននរណាម្នាក់បានមានបទពិសោធទទួលបានភាពកក់ក្តៅរបស់វា យ៉ាងពិតប្រាកដនោះដែរ។ មនុស្សគ្រាន់តែស្គាល់វាពីខាងក្រៅប៉ុណ្ណោះ ដោយមិនបានដឹងពីខ្លឹមសាររបស់វានោះទេ។ អំឡុងពេលដែលនគររបស់ខ្ញុំត្រូវបានបង្កើតឡើង តើនរណាដែលមិនរីករាយដោយសារតែវានោះ? តើប្រទេសនានានៅលើផែនដី ពិតជាអាចរត់គេចបានទេ? តើនាគដ៏ធំមានសម្បុរក្រហមពិតជារត់គេចដោយការបញ្ឆោតរបស់វាបានទេ? បញ្ញត្តិរដ្ឋបាលនានារបស់ខ្ញុំត្រូវបានប្រកាសទូទាំងពិភពលោក ពួកវាថ្លែងប្រកាសពីសិទ្ធិអំណាចរបស់ខ្ញុំក្នុងចំណោមមនុស្សទាំងអស់ ហើយពួកវាមានសុពលភាពទូទាំងចក្រវាឡ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សមិនដែលដឹងយ៉ាងពិតប្រាកដអំពីរឿងនេះទេ។ នៅពេលដែលបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំត្រូវបានបើកបង្ហាញឱ្យដឹងទៅកាន់ពិភពលោក នោះក៏ជាពេលដែលកិច្ចការរបស់ខ្ញុំនៅលើផែនដីជិតបានបញ្ចប់ដែរ។ នៅពេលដែលខ្ញុំគ្រប់គ្រង និងកាន់កាប់អំណាចនៅក្នុងចំណោមមនុស្សទាំងអស់ ហើយនៅពេលដែលខ្ញុំត្រូវបានទទួលស្គាល់ថាជាព្រះជាម្ចាស់ នោះនគររបស់ខ្ញុំនឹងចុះមកផែនដីយ៉ាងពេញលេញ។ សព្វថ្ងៃនេះ មនុស្សទាំងអស់មានការចាប់ផ្តើមមួយនៅលើផ្លូវថ្មីមួយ។ ពួកគេបានចាប់ផ្តើមជីវិតថ្មីមួយ ប៉ុន្តែគ្មាននរណាម្នាក់ធ្លាប់មានបទពិសោធជីវិតនៅលើផែនដី ដែលភ្ជាប់សាច់ញាតិជាមួយស្ថានសួគ៌នោះទេ។ តើអ្នករាល់គ្នាពិតជារស់នៅក្នុងពន្លឺរបស់ខ្ញុំមែនទេ? តើអ្នកពិតជារស់នៅក្នុងព្រះបន្ទូលរបស់ខ្ញុំមែនទេ? តើនរណាដែលមិនគិតដល់បំណងប្រាថ្នារបស់ខ្លួនផ្ទាល់នោះ? តើនរណាដែលមិនមានទុក្ខព្រួយដោយសារតែជោគវាសនារបស់ខ្លួនឯងនោះ? តើនរណាដែលមិនតស៊ូលំបាកនៅក្នុងសមុទ្រនៃទុក្ខវេទនានោះ? តើនរណាដែលមិនចង់រំដោះខ្លួនឯងឱ្យមានសេរីភាពនោះ? តើព្រះពររបស់នគរព្រះ ត្រូវបានប្រទានជាការដោះដូរនឹងការប្រឹងប្រែងធ្វើការងាររបស់មនុស្សនៅលើផែនដីមែនទេ? តើបំណងប្រាថ្នារបស់មនុស្សទាំងអស់អាចសម្រេចបានដូចជាគេចង់បានទេ? ខ្ញុំធ្លាប់បង្ហាញទេសភាពដ៏ស្រស់ស្អាតនៃនគររបស់ខ្ញុំចំពោះមនុស្សម្តង ប៉ុន្តែគេគ្រាន់តែសម្លក់ដាក់វាដោយក្រសែភែ្នកដ៏លោភលន់ប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់ដែលពិតជាចង់ចូលទៅក្នុងនគរព្រះនោះទេ។ ខ្ញុំធ្លាប់ «រាយការណ៍» ប្រាប់មនុស្ស ពីស្ថានភាពជាក់ស្តែងនៅលើផែនដីម្តង ប៉ុន្តែគេមិនបានធ្វើអ្វីក្រៅតែពីស្តាប់ ហើយគេមិនយកព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ខ្ញុំដាក់ក្នុងចិត្តរបស់ពួកគេនោះទេ។ ខ្ញុំធ្លាប់មានព្រះបន្ទូលប្រាប់មនុស្សពីស្ថានភាពនៅលើស្ថានសួគ៌ម្តង ប៉ុន្តែគេចាត់ទុកព្រះបន្ទូលរបស់ខ្ញុំដូចជារឿងនិទានដ៏អស្ចារ្យ ហើយគេមិនបានទទួលយកពិតប្រាកដនូវអ្វីដែលព្រះឱស្ឋរបស់ខ្ញុំបានពណ៌នានោះទេ។ សព្វថ្ងៃនេះ ទស្សនីយភាពនៃនគរព្រះបង្ហាញឡើងមួយភ្លែតមកកាន់មនុស្ស ប៉ុន្តែ តើមាននរណាម្នាក់បាន «ឆ្លងកាត់កំពូលភ្នំ និងជ្រលងដងអូរ» ដើម្បីស្វែងរកទស្សនីយភាពនោះទេ? បើគ្មានការជំរុញរបស់ខ្ញុំទេ នោះមនុស្សនឹងនៅតែមិនភ្ញាក់ខ្លួនពីការយល់សប្តិរបស់ខ្លួនអ៊ីចឹង។ តើគេពិតជាជាប់ចិត្តដោយសារជីវិតរបស់គេនៅលើផែនដីមែនទេ? តើពិតជាគ្មានបទដ្ឋានខ្ពស់នៅក្នុងចិត្តរបស់គេមែនទេ?
អស់អ្នកដែលខ្ញុំបានកំណត់ជារាស្ត្ររបស់ខ្ញុំ អាចថ្វាយខ្លួនដល់ខ្ញុំ ហើយរស់នៅដោយសុខដុមរមនាជាមួយខ្ញុំ។ ពួកគេមានតម្លៃនៅក្នុងក្រសែព្រះនេត្ររបស់ខ្ញុំ ហើយបញ្ចេញពន្លឺដោយសេចក្តីស្រឡាញ់សម្រាប់ខ្ញុំនៅក្នុងនគររបស់ខ្ញុំ។ ក្នុងចំណោមនុស្សសព្វថ្ងៃនេះ តើនរណាបំពេញលក្ខខណ្ឌបែបនេះបាន? តើនរណាអាចទទួលបានចំណាត់ថ្នាក់ល្អ តាមការទាមទាររបស់ខ្ញុំបាន? តើការទាមទាររបស់ខ្ញុំពិតជាធ្វើឱ្យមានការលំបាកសម្រាប់មនុស្សមែនទេ? តើខ្ញុំមានចេតនាធ្វើឱ្យគេបង្កើតកំហុសមែនទេ? ខ្ញុំធូររលុងចំពោះមនុស្សទាំងអស់ ហើយប្រទានការអនុគ្រោះដល់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគឺចំពោះតែរាស្ត្ររបស់ខ្ញុំនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ វាមិនមែនខ្ញុំមើលស្រាលអ្នករាល់គ្នា ឬខ្ញុំមើលទៅអ្នករាល់គ្នាដោយក្ដីមិនទុកចិត្តនោះទេ ប៉ុន្តែដោយសារតែខ្ញុំពិត និងជាក់ស្តែងចំពោះអ្នក។ មនុស្សជួបប្រទះបរាជ័យនៅក្នុងជីវិតរបស់ពួកគេដោយជៀសមិនរួច មិនថាទាក់ទងនឹងគ្រួសាររបស់ពួកគេ ឬក៏ពិភពលោកដ៏ធំទូលាយនោះទេ។ ទោះបីជាយ៉ាងណា តើការលំបាករបស់អ្នកណាដែលត្រូវបានរៀបចំដោយផ្ទាល់ដៃរបស់ពួកគេនោះ? មនុស្សមិនអាចស្គាល់ខ្ញុំបានទេ។ គេមានការយល់ដឹងមួយចំនួនពីរូបរាងខាងក្រៅរបស់ខ្ញុំ ប៉ុន្តែគេមិនដឹងពីតម្លៃរបស់ខ្ញុំនោះទេ។ គេមិនស្គាល់គ្រឿងផ្សំនៃម្ហូបអាហារដែលគេទទួលទាននោះទេ។ តើនរណាអាចគិតដល់ព្រះហឫទ័យរបស់ខ្ញុំដោយយកចិត្តទុកដាក់នោះ? តើនរណាអាចយល់ដ៏ពិតប្រាកដចំពោះបំណងព្រះហឫទ័យ នៅក្នុងវត្តមានរបស់ខ្ញុំនោះ? នៅពេលដែលខ្ញុំយាងចុះមកផែនដី នោះផែនដីគ្របដណ្តប់ដោយភាពងងឹត ហើយមនុស្ស «ដេកលង់លក់យ៉ាងឆាប់រហ័ស។» ខ្ញុំយាងទៅគ្រប់ទីកន្លែង ហើយគ្រប់យ៉ាងដែលខ្ញុំឃើញ គឺរហែករយ៉េរយ៉ៃ មិនអាចទ្រាំមើលបានទេ។ វាប្រៀបដូចជាមនុស្សគ្រាន់តែចង់រីករាយប៉ុណ្ណោះ ហើយគេគ្មានបំណងយកចិត្តទុកដាក់ចំពោះ «វត្ថុពីពិភពខាងក្រៅ» នោះទេ។ ដោយមិនឱ្យមនុស្សទាំងអស់ដឹង ខ្ញុំ ពិនិត្យមើលផែនដីទាំងមូល ប៉ុន្តែខ្ញុំមិនឃើញកន្លែងណាដែលពេញដោយជីវិតនោះទេ។ ភ្លាមៗនោះ ខ្ញុំបញ្ចេញពន្លឺ និងកម្តៅ ហើយទតមើលផែនដីពីស្ថានសួគ៌ជាន់ទីបី។ ទោះបីជាពន្លឺធ្លាក់មកដល់ដី ហើយកម្តៅសាយភាយលើវាក៏ដោយ ក៏មានតែពន្លឺ និងកម្តៅប៉ុណ្ណោះ ហាក់ដូចជារីករាយ។ ពួកវាមិនបានដាស់អ្វីមួយនៅក្នុងមនុស្ស ដែលកំពុងតែសប្បាយរីករាយយ៉ាងសុខស្រួលនោះទេ។ ដោយទតឃើញបែបនេះ ខ្ញុំប្រទាន «ដំបង» ដែលខ្ញុំបានត្រៀមដល់មនុស្សមួយរំពេច។ ខណៈពេលដែលដំបងធ្លាក់ចុះ នោះពន្លឺនិងកម្តៅបានបាត់ទៅបន្តិចម្តងៗ ហើយភ្លាមៗនោះ ផែនដីក្លាយជាក្រៀមក្រោះ និងងងឹត។ ហើយដោយសារតែភាពងងឹត នោះមនុស្សឆក់យកឱកាសដើម្បីបន្តភាពសប្បាយរីករាយរបស់គេតទៅទៀត។ មនុស្សដឹងស្រពេចស្រពិលខ្លះៗពីការមកដល់នៃដំបងរបស់ខ្ញុំ ប៉ុន្តែគេមិនមានប្រតិកម្មនោះទេ ហើយគេបន្តរីករាយនឹង «ពរនៅលើផែនដី» របស់គេ។ បន្ទាប់មក ព្រះឱស្ឋរបស់ខ្ញុំប្រកាសការវាយផ្ចាលនៃមនុស្សទាំងអស់ ហើយមនុស្សទូទាំងសកលលោកត្រូវបានដំដែកគោលជាប់នឹងឈើឆ្កាង ដោយក្បាលសំយុងមកក្រោម។ នៅពេលដែលការវាយផ្ទាលរបស់ខ្ញុំមកដល់ នោះមនុស្សរង្គោះរង្គើដោយសារសម្លេងដួលរលំនៃភ្នំទាំងឡាយ និងការរហែកនៃផែនដី ហើយបន្ទាប់ពីនោះមក គេភ្ញាក់ដឹងខ្លួន។ ដោយតក់ស្លុតនិងភ័យខ្លាច នោះមនុស្សរត់គេចខ្លួន ប៉ុន្តែវាយឺតពេលណាស់ទៅហើយ។ ខណៈពេលដែលការផ្ចាលរបស់ខ្ញុំធ្លាក់ចុះមក នោះនគររបស់ខ្ញុំចុះមកលើផែនដី ហើយប្រទេសទាំងអស់ត្រូវបានវាយកម្ទេចទៅជាចំណែកៗ បាត់ទៅដោយគ្មានស្នាមដាន ហើយមិនបានបន្សល់ទុកអ្វីនោះទេ។
រាល់ថ្ងៃ ខ្ញុំទតមើលផ្ទៃនៃពិភពលោក ហើយរាល់ថ្ងៃ ខ្ញុំធ្វើកិច្ចការថ្មីនៅក្នុងចំណោមមនុស្ស។ ប៉ុន្តែមនុស្សទាំងអស់ជាប់រវល់នឹងកិច្ចការរបស់គេ ហើយគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះកម្លាំងនៃកិច្ចការរបស់ខ្ញុំ ឬកត់សម្គាល់ពីសភាពនៃវត្ថុក្រៅពីខ្លួនរបស់គេនោះទេ។ វាប្រៀបដូចជាមនុស្សរស់នៅក្នុងស្ថានសួគ៌ និងផែនដីថ្មីមួយ ដែលគេបង្កើតដោយខ្លួនរបស់គេអ៊ីចឹង ហើយមិនចង់ឱ្យនរណាម្នាក់ចូលមកជ្រៀតជ្រែកនោះទេ។ ពួកគេទាំងអស់ជាប់រវល់នឹងកិច្ចការនៃការធ្វើឱ្យខ្លួនពួកគេសប្បាយរីករាយ ហើយពួកគេកំពុងតែកោតសរសើរខ្លួនឯង ខណៈពេលដែលពួកគេធ្វើ «លំហាត់ហ្វឹកហ្វឺនរាងកាយ» របស់ពួកគេ។ តើពិតជាគ្មានកន្លែងសម្រាប់ខ្ញុំទាល់តែសោះមែនទេ នៅក្នុងចិត្តរបស់មនុស្ស? តើខ្ញុំពិតជាមិនអាចក្លាយជាអ្នកត្រួតត្រាចិត្តរបស់មនុស្សបានទេឬ? តើវិញ្ញាណរបស់មនុស្សពិតជាបានចាកចេញពីគេមែនទេ? តើនរណាធ្លាប់សញ្ជឹងគិតដោយយកចិត្តទុកដាក់ពីព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ខ្ញុំនោះ? តើនរណាធ្លាប់គិតពីបំណងព្រះហឫទ័យរបស់ខ្ញុំនោះ? តើចិត្តរបស់មនុស្សពិតជាត្រូវបានកាន់កាប់ដោយវត្ថុដទៃមែនទេ? ជាច្រើនលើកច្រើនសា ដែលខ្ញុំបានស្រែករកមនុស្ស ប៉ុន្តែតើមាននរណាម្នាក់ធ្លាប់មានសេចក្តីមេត្តាករុណាឬទេ? តើមាននរណាម្នាក់ធ្លាប់រស់នៅក្នុងភាពជាមនុស្សឬទេ? មនុស្សអាចរស់នៅក្នុងសាច់ឈាម ប៉ុន្តែគេគ្មានភាពជាមនុស្សនោះទេ។ តើគេបានកើតនៅក្នុងនគររបស់សត្វឬ? ឬក៏គេកើតនៅក្នងស្ថានសួគ៌ ហើយមានភាពជាព្រះ? ខ្ញុំធ្វើការទាមទាររបស់ខ្ញុំចំពោះមនុស្ស ប៉ុន្តែវាប្រៀបដូចជាគេមិនយល់ព្រះបន្ទូលរបស់ខ្ញុំអ៊ីចឹង វាប្រៀបដូចជាខ្ញុំគឺជាបិសាចដែលមិនអាចចូលជិត ដែលចម្លែកចំពោះគេអ៊ីចឹង។ ជាច្រើនលើកច្រើនសាណាស់ ដែលខ្ញុំបានខកចិត្តដោយសារមនុស្ស ជាច្រើនលើកច្រើនសារណាស់ ដែលខ្ញុំខឹងខ្លាំងដោយសារការបញ្ចេញសម្ថភាពដ៏ទន់ខ្សោយរបស់គេ ហើយជាច្រើនលើកច្រើនសារណាស់ ដែលខ្ញុំពិបាកចិត្តដោយសារតែភាពទន់ខ្សោយរបស់គេ។ ហេតុអ្វីបានជាខ្ញុំមិនអាចដាស់អារម្មណ៍ផ្នែកវិញ្ញាណនៅក្នុងចិត្តរបស់មនុស្សបាន? ហេតុអ្វីបានជាខ្ញុំមិនអាចញ៉ាំងឱ្យមានសេចក្តីស្រឡាញ់នៅក្នុងចិត្តរបស់មនុស្សបាន? ហេតុអ្វីបានជាមនុស្សមិនចង់ចាត់ទុកខ្ញុំមានតម្លៃដូចកែវភ្នែករបស់គេ? តើចិត្តរបស់មនុស្សមិនមែនជារបស់ផ្ទាល់ខ្លួនរបស់គេទេឬ? តើមានរបស់ផ្សេងស្នាក់នៅក្នុងវិញ្ញាណរបស់គេឬ? ហេតុអ្វីបានជាមនុស្សទ្រហោយំមិនចេះចប់? ហេតុអ្វីបានជាគេកំសត់? ហេតុអ្វីនៅពេលដែលគេកើតទុក្ខ គេធ្វើព្រងើយកន្តើយដាក់វត្តមានរបស់ខ្ញុំទៅវិញ? តើអាចទេ ដែលខ្ញុំបានចាក់ទម្លុះគេនោះ? តើអាចទេ ដែលខ្ញុំបានបោះបង់ចោលគេដោយចេតនានោះ?
នៅក្នុងក្រសែព្រះនេត្ររបស់ខ្ញុំ មនុស្សគឺជាអ្នកគ្រប់គ្រងនៃរបស់សព្វសារពើ។ ខ្ញុំបានប្រទានសិទ្ធិអំណាចមិនតិចទេដល់គេ ដោយអនុញ្ញាតឱ្យគេគ្រប់គ្រងរបស់សព្វសារពើនៅលើផែនដី មានដូចជា ស្មៅនៅលើភ្នំ សត្វនៅក្នុងព្រៃ និងត្រីនៅក្នុងទឹក។ ប៉ុន្តែ ផ្ទុយពីការសប្បាយរីករាយដោយសារតែសិទ្ធិអំណាចនេះ មនុស្សបែរជាត្រូវបានរំខានដោយការព្រួយបារម្ភទៅវិញ។ ជីវិតទាំងមូលរបស់គេ គឺជាជីវិតនៃការព្រួយបារម្ភ និងការប្រញាប់ប្រញាល់រត់រកក្ដីសប្បាយដែលបានបន្ថែមលើភាពទទេស្អាត។ នៅក្នុងជីវិតរបស់គេទាំងមូល ពុំមានការច្នៃប្រឌិត និងការបង្កើតថ្មីៗនោះទេ។ គ្មាននរណាម្នាក់អាចដោះខ្លួនចេញពីជីវិតដែលទទេនេះបានទេ គ្មាននរណាម្នាក់ធ្លាប់រកឃើញជីវិតដ៏មានន័យមួយ ហើយគ្មាននរណាម្នាក់ធ្លាប់មានបទពិសោធជីវិតពិតនោះទេ។ ទោះបីជាមនុស្សសព្វថ្ងៃទាំងអស់ រស់នៅក្រោមពន្លឺដ៏ចែងចាំងរបស់ខ្ញុំក៏ដោយ ក៏ពួកគេមិនដឹងអ្វីសោះពីជីវិតនៅលើស្ថានសួគ៌។ ប្រសិនបើខ្ញុំមិនមានសេចក្តីមេត្តាករុណាចំពោះមនុស្ស ហើយខ្ញុំមិនសង្គ្រោះមនុស្សជាតិនោះទេ នោះមនុស្សទាំងអស់ប្រែមកជាឥតប្រយោជន៍។ ជីវិតរបស់គេនៅលើផែនដីគឺគ្មានន័យ ហើយពួកគេនឹងស្លាប់ទៅដោយឥតខ្លឹមសារ គ្មានអ្វីដែលគេអាចមានមោទនភាពនោះទេ។ មនុស្សនៃគ្រប់សាសនា គ្រប់វិស័យនៃសង្គម គ្រប់ជាតិសាសន៍ និងគ្រប់និកាយទាំងអស់សុទ្ធតែដឹងពីភាពទទេស្អាតនៅលើផែនដី ហើយពួកគេទាំងអស់ស្វះស្វែងរកខ្ញុំ និងទន្ទឹងរង់ចាំការយាងត្រឡប់មកវិញរបស់ខ្ញុំ។ ប៉ុន្តែ តើនរណាអាចស្គាល់ខ្ញុំបាន នៅពេលដែលខ្ញុំយាងមកដល់នោះ? ខ្ញុំបង្កើតរបស់សព្វសារពើ ខ្ញុំបង្កើតមនុស្ស ហើយសព្វថ្ងៃនេះ ខ្ញុំបានចុះមកក្នុងចំណោមមនុស្ស។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សវាយបកមករកខ្ញុំ ហើយសងសឹកដាក់ខ្ញុំ។ តើកិច្ចការដែលខ្ញុំធ្វើចំពោះមនុស្ស មិនផ្តល់ផលប្រយោជន៍ដល់គេទេឬ? តើខ្ញុំពិតជាមិនអាចធ្វើឱ្យមនុស្សពេញចិត្តទេឬ? ហេតុអ្វីបានជាមនុស្សបដិសេធខ្ញុំ? ហេតុអី្វបានជាមនុស្សគ្មានចិត្ត ហើយមិនអើពើចំពោះខ្ញុំ? ហេតុអ្វីបានជាផែនដីគ្របដណ្តប់ដោយសាកសព? តើនេះពិតជាសភាពនៃពិភពលោកដែលខ្ញុំបានបង្កើតសម្រាប់មនុស្សមែនទេ? ហេតុអ្វីបានជាខ្ញុំប្រទានភាពសម្បូរណ៍ហូរហៀរដែលមិនអាចប្រៀបផ្ទឹមបានដល់មនុស្ស តែគេបែរជាថ្វាយដៃទទេត្រឡប់មកឱ្យខ្ញុំទៅវិញ? ហេតុអ្វីបានមនុស្សមិនស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដ? ហេតុអ្វីបានជាគេមិនដែលចូលមកនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ? តើព្រះបន្ទូលទាំងអស់របស់ខ្ញុំពិតជាមិនមានប្រយោជន៍មែនទេ? តើព្រះបន្ទូលរបស់ខ្ញុំបានរលាយបាត់ដូចជាកម្តៅចេញពីទឹកមែនទេ? ហេតុអ្វីបានជាមនុស្សមិនចង់សហការជាមួយខ្ញុំ? តើការមកដល់នៃថ្ងៃរបស់ខ្ញុំ ពិតជាពេលវេលានៃសេចក្តីស្លាប់របស់មនុស្សមែនទេ? តើខ្ញុំពិតជាអាចបំផ្លាញមនុស្សនៅពេលដែលនគររបស់ខ្ញុំត្រូវបានបង្កើតឬ? ហេតុអ្វីក្នុងអំឡុងពេលនៃផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ គ្មាននរណាម្នាក់ធ្លាប់យល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំអ៊ីចឹង? ហេតុអី្វផ្ទុយពីការស្រឡាញ់ព្រះសូរសៀងដែលចេញព្រះឱស្ឋរបស់ខ្ញុំ មនុស្សបែរជាស្អប់ ហើយបដិសេធព្រះសូរសៀងនោះទៅវិញ? ខ្ញុំមិនថ្កោលទោសនរណាម្នាក់នោះទេ ប៉ុន្តែខ្ញុំគ្រាន់តែធ្វើឱ្យមនុស្សទាំងអស់វិលត្រឡប់មករកភាពស្ងប់ស្ងៀម ហើយធ្វើការឆ្លុះបញ្ចាំងខ្លួនឯងប៉ុណ្ណោះ។
ថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៩២