ជំពូកទី ៣៣
នៅក្នុងដំណាក់របស់ខ្ញុំ ធ្លាប់មានអ្នកលើកសរសើរព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ និងធ្លាប់មានអ្នកធ្វើការដោយមិនចេះនឿយហត់ដើម្បីឱ្យសិរីល្អរបស់ខ្ញុំនៅលើផែនដីទៅបំពេញមេឃា។ ដោយហេតុនេះហើយ ខ្ញុំបានរីករាយឥតឧបមា ហើយព្រះហឫទ័យរបស់ខ្ញុំបានពោរពេញដោយក្ដីរីករាយ ក៏ប៉ុន្តែតើមាននរណាអាចធ្វើការជំនួសខ្ញុំដោយឥតដេកទាំងយប់ទាំងថ្ងៃបានទៅ? ការតាំងចិត្តរបស់មនុស្សនៅចំពោះព្រះភក្ត្រខ្ញុំធ្វើឱ្យខ្ញុំរីករាយ ប៉ុន្តែការប៉ះបោររបស់ពួកគេធ្វើឱ្យខ្ញុំក្រោធ ម្ល៉េះហើយ ដោយសារតែមនុស្សមិនដែលអាចគោរពតាមភារកិច្ចរបស់ខ្លួនបាន ទើបសេចក្ដីសោកសៅរបស់ខ្ញុំចំពោះគេមានកាន់តែខ្លាំងឡើង។ ហេតុអ្វីបានជាមនុស្សមិនអាចលះបង់ខ្លួនឯងសម្រាប់ខ្ញុំដូច្នេះ? ហេតុអ្វីបានជាពួកគេតែងតែព្យាយាមចរចាជាមួយខ្ញុំ? តើខ្ញុំជាអ្នកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលពាណិជ្ជកម្មឬ? ហេតុអ្វីបានជាថា ខ្ញុំបំពេញតាមអ្វីៗដែលមនុស្សទាមទារពីខ្ញុំយ៉ាងអស់ពីព្រះហឫទ័យ រីឯអ្វីៗដែលខ្ញុំស្នើសុំពីមនុស្សបែរជាគ្មានបានអ្វីសោះទៅវិញ? តើវាអាចទៅរួចទេដែលមានតែមនុស្ស ឯខ្ញុំមិនចេះស្ទាត់នូវការធ្វើជំនួញនោះ? ហេតុអ្វីបានជាមនុស្សតែងតែបោកបញ្ឆោតខ្ញុំដោយសម្ដីទន់ភ្លន់ និងការបញ្ជោរដូច្នេះ? ហេតុអ្វីបានជាមនុស្សតែងតែប្រើលេសជូន «អំណោយ» ដើម្បីសុំផ្លូវត្រលប់ចូលវិញដូច្នេះ? តើនេះជាអ្វីដែលខ្ញុំបានបង្រៀនមនុស្សឱ្យធ្វើឬ? ហេតុអ្វីបានជាមនុស្សធ្វើរឿងទាំងនេះបានយ៉ាងឆាប់ និងស្អាតដូច្នេះ? ហេតុអ្វីបានជាគេតែងតែលើកទឹកចិត្តមនុស្សឱ្យបោកបញ្ឆោតខ្ញុំដូច្នេះ? ពេលខ្ញុំនៅក្នុងចំណោមមនុស្ស មនុស្សមើលមកខ្ញុំថាជាភាវៈដែលត្រូវបានបង្កើតឡើងមក។ ពេលខ្ញុំនៅក្នុងស្ថានសួគ៌ជាន់ទីបី ពួកគេចាត់ទុកខ្ញុំជាព្រះដ៏មានគ្រប់ចេស្ដា ដែលត្រួតត្រាលើរបស់សព្វសារពើ។ ពេលខ្ញុំនៅក្នុងមេឃា ពួកគេចាត់ទុកខ្ញុំជាព្រះវិញ្ញាណដែលកាន់កាប់របស់សព្វសារពើ។ សរុបមក គ្មានកន្លែងស័ក្តិសមសម្រាប់ខ្ញុំនៅក្នុងដួងចិត្តរបស់មនុស្សនោះទេ។ វាហាក់ដូចជាខ្ញុំជាភ្ញៀវដែលមិនត្រូវបានគេអញ្ជើញអ៊ីចឹង មនុស្សស្អប់ខ្ពើមខ្ញុំ ម្ល៉េះហើយ នៅពេលខ្ញុំចាប់យកសំបុត្រមួយមក ហើយអង្គុយលើកៅអីរបស់ខ្ញុំ ពួកគេដេញខ្ញុំចេញ ហើយនិយាយថា គ្មានកន្លែងសម្រាប់ខ្ញុំអង្គុយនៅទីនេះទេ និងថា ខ្ញុំមកខុសកន្លែងហើយ ដូច្នេះហើយ ខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីការចាកចេញទាំងខឹងក្រោធនោះទេ។ ខ្ញុំតាំងព្រះហឫទ័យមិនទាក់ទងជាមួយមនុស្សបន្តទៀតទេ ដ្បិតមនុស្សមានចិត្តចង្អៀតពេក ឯចិត្តសប្បុរសរបស់ពួកគេមានតិចតួចពេក។ ខ្ញុំនឹងមិនសោយរួមតុជាមួយពួកគេទៀតទេ ខ្ញុំនឹងមិនចំណាយពេលជាមួយពួកគេនៅលើផែនដីថែមទៀតទេ។ ប៉ុន្តែនៅពេលខ្ញុំមានបន្ទូល មនុស្សមានការភ្ញាក់ផ្អើល ពួកគេខ្លាចខ្ញុំនឹងចាកចេញ ម្ល៉េះហើយពួកគេបន្តឃាត់ឃាំងខ្ញុំ។ ដោយទតឃើញក្ដីស្រលាញ់របស់ពួកគេបែបនេះ ខ្ញុំមានអារម្មណ៍ស្រពាប់ស្រពោន និងលន្លង់លន្លោចបន្តិចភ្លាមនៅក្នុងព្រះហឫទ័យរបស់ខ្ញុំ។ មនុស្សភ័យខ្លាចថា ខ្ញុំនឹងចាកចេញពីពួកគេ ដូច្នេះហើយនៅពេលខ្ញុំចែកផ្លូវជាមួយពួកគេ សម្លេងយំឮទ្រហឹងពាសពេញផ្ទៃដីភ្លាម ហើយផ្ទៃមុខរបស់មនុស្សពេញពោរដោយទឹកភ្នែក។ ខ្ញុំជូតទឹកភ្នែករបស់ពួកគេ ខ្ញុំលើកពួកគេឡើងម្ដងទៀត ហើយពួកគេងើយមើលខ្ញុំ ដោយភ្នែកបែបអង្វរកររបស់ពួកគេស្ដែងចេញយ៉ាងច្បាស់សុំអង្វរខ្ញុំកុំឱ្យទៅ ហើយខ្ញុំនៅជាមួយពួកគេព្រោះតែ «សេចក្ដីស្មោះ» របស់ពួកគេ។ ប៉ុន្តែតើនរណាអាចយល់ពីការឈឺចាប់នៅក្នុងព្រះហឫទ័យរបស់ខ្ញុំបានទៅ? តើនរណាគិតដល់ទ្រព្យរបស់ខ្ញុំដែលគេមិនអាចពិពណ៌នាបានទៅ? ក្នុងក្រសែភ្នែករបស់មនុស្ស វាហាក់ដូចជាខ្ញុំគ្មានព្រះទ័យ ហើយយើងមកពីគ្រួសារពីរផ្សេងគ្នាអ៊ីចឹង។ តើពួកគេអាចមើលឃើញអារម្មណ៍សោកសៅនៅក្នុងព្រះហឫទ័យរបស់ខ្ញុំដូចម្ដេចបានទៅ? មនុស្សលោភលន់ចង់បានតែការសប្បាយផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយពួកគេមិនយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ខ្ញុំទេ ព្រោះរហូតមកដល់បច្ចុប្បន្ននេះ មនុស្សនៅតែមិនយល់ដឹងពីគោលបំណងនៃផែនការគ្រប់គ្រងរបស់ខ្ញុំឡើយ ដូច្នេះហើយ សព្វថ្ងៃនេះពួកគេនៅតែធ្វើការអង្វរសុំស្ងាត់ៗ ហើយតើនេះវាមានប្រយោជន៍អ្វីទៅ?
ពេលខ្ញុំរស់នៅក្នុងចំណោមមនុស្ស ខ្ញុំមានកន្លែងជាក់លាក់មួយនៅក្នុងដួងចិត្តរបស់មនុស្ស ព្រោះខ្ញុំបានលេចមកជាសាច់ឈាម ហើយមនុស្សរស់នៅតាមបែបសាច់ឈាមចាស់ ពួកគេតែងតែប្រព្រឹត្ដចំពោះខ្ញុំក្នុងភាពជាសាច់ឈាម។ ដោយសារមនុស្សមានតែសាច់ឈាម និងគ្មានអ្វីផ្សេងទៀតទើបពួកគេបានថ្វាយ «គ្រប់យ៉ាងដែលពួកគេមាន» ឱ្យខ្ញុំអស់ហើយ។ ប៉ុន្តែពួកគេមិនដឹងអ្វីទាំងអស់ ពួកគេគ្រាន់តែ «ថ្វាយភក្ដីភាពរបស់ខ្លួន» នៅចំពោះព្រះភក្ត្រខ្ញុំប៉ុណ្ណោះ។ អ្វីដែលខ្ញុំច្រូតកាត់បានគឺជាសំរាមឥតតម្លៃ តែមនុស្សមិនគិតអ៊ីចឹងទេ។ នៅពេលខ្ញុំប្រៀបធៀប «អំណោយ» ដែលពួកគេបានផ្ដល់ដល់ទ្រព្យរបស់ខ្ញុំ មនុស្សនឹងទទួលស្គាល់ភាពមានតម្លៃរបស់ខ្ញុំភ្លាម ហើយមានតែពេលនោះប៉ុណ្ណោះ ទើបពួកគេឃើញភាពមិនអាចវាស់វែងបានរបស់ខ្ញុំ។ ខ្ញុំគ្មានមោទនភាពដោយសារការលើកសរសើររបស់ពួកគេឡើយ ប៉ុន្តែខ្ញុំនៅតែបន្តលេចមកឱ្យមនុស្សឃើញ ដើម្បីឱ្យមនុស្សទាំងអស់អាចនឹងស្គាល់ខ្ញុំយ៉ាងពេញលេញ។ នៅពេលខ្ញុំបង្ហាញភាពទាំងស្រុងរបស់ខ្ញុំដល់ពួកគេ ពួកគេបើកភ្នែកធំៗសម្លឹងមើលខ្ញុំ ឈរទ្រឹងពីមុខខ្ញុំដូចសសរអំបិល។ ហើយនៅពេលខ្ញុំឃើញភាពចម្លែករបស់ពួកគេ ខ្ញុំស្ទើរតែទប់សំណើចមិនបាន។ ដោយសារតែពួកគេកំពុងឈោងមកសុំរបស់របរពីខ្ញុំ នោះខ្ញុំក៏ប្រទានឱ្យពួកគេនូវរបស់របរដែលមាននៅក្នុងព្រះហស្តរបស់ខ្ញុំ ហើយពួកគេឱបរបស់របរទាំងនោះនឹងដើមទ្រូងរបស់ពួកគេ ដោយថ្នាក់ថ្នមបីបមដូចទារកទើបនឹងកើត ប៉ុន្តែពួកគេធ្វើកាយវិការនេះបានតែមួយភ្លែតប៉ុណ្ណោះ។ នៅពេលខ្ញុំផ្លាស់ប្ដូរបរិស្ថានដែលពួកគេរស់នៅ ភ្លាមៗនោះពួកគេក៏បោះចោល «ទារក» នោះទៅម្ខាង ហើយរត់ចេញទៅដោយដាក់ដៃគ្របក្បាលរបស់ពួកគេ។ ក្នុងក្រសែភ្នែករបស់មនុស្ស ខ្ញុំគឺជាជំនួយការដែលមានវត្តមាននៅគ្រប់ពេលវេលា និងទីកន្លែង។ វាប្រៀបដូចជាខ្ញុំជាអ្នករត់តុម្នាក់ដែលមកបានភ្លាមៗនៅពេលដែលគេហៅ។ ដូច្នេះ មនុស្សតែងតែ «ស្ងើចសរសើរ» ខ្ញុំ ប្រៀបដូចជាខ្ញុំមានព្រះចេស្ដាគ្មានព្រំដែនក្នុងការប្រយុទ្ធនឹងគ្រោះមហន្តរាយ ដូច្នេះហើយពួកគេតែងតែកាន់ព្រះហស្តរបស់ខ្ញុំ នាំខ្ញុំធ្វើដំណើរឆ្លងកាត់ដែនដី ដើម្បីឱ្យរបស់សព្វសារពើអាចនឹងឃើញថាពួកគេមានមេដឹកនាំ ដូច្នេះគ្មាននរណាហ៊ានបោកបញ្ឆោតពួកគេទេ។ ខ្ញុំបានឃើញតាំងពីយូរមកហើយតាមរយៈល្បិច «កញ្ជ្រោងក្លែងជាមានឫទ្ធានុភាពដូចខ្លា» របស់មនុស្ស ដ្បិតពួកគេទាំងអស់គ្នាកំពុងតែ «ចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន» ដោយចង់បានចំណេញតាមរយៈឧបាយកល។ ខ្ញុំបានឃើញតាំងពីយូរមកហើយតាមរយៈគ្រោងការព្យាបាទ និងបោកបញ្ឆោតរបស់ពួកគេ ហើយវាគ្រាន់តែថា ខ្ញុំមិនចង់ធ្វើឱ្យខូចទំនាក់ទំនងរវាងពួកគេជាមួយខ្ញុំប៉ុណ្ណោះ។ ខ្ញុំមិនបង្កើតបញ្ហាចេញពីរឿងឥតខ្លឹមសារ ដ្បិតវាគ្មានតម្លៃ ឬសារៈសំខាន់នៅក្នុងនោះទេ។ ខ្ញុំគ្រាន់តែធ្វើកិច្ចការដែលខ្ញុំត្រូវធ្វើក្នុងការគិតពីភាពទន់ខ្សោយរបស់មនុស្សប៉ុណ្ណោះ បើមិនដូច្នោះទេ ខ្ញុំនឹងធ្វើឱ្យពួកគេទៅជាផេះ ហើយមិនឱ្យពួកគេរស់រានតទៅទៀតទេ។ ប៉ុន្តែកិច្ចការដែលខ្ញុំធ្វើ វាមានន័យ ដូច្នេះហើយខ្ញុំមិនវាយផ្ចាលមនុស្សបន្តិចណាឡើយ។ ដោយហេតុនេះហើយទើបមនុស្សតែងតែផ្ដល់សេរីភាពគ្រប់យ៉ាងដល់សាច់ឈាមរបស់ពួកគេ។ ពួកគេមិនគោរពតាមបំណងព្រះហឫទ័យរបស់ខ្ញុំទេ ប៉ុន្តែពួកគេធ្លាប់បញ្ជោរខ្ញុំនៅពីមុខកៅអីជំនុំជម្រះរបស់ខ្ញុំ។ មនុស្សក្លាហានណាស់៖ នៅពេល «ឧបករណ៍ធ្វើទារុណកម្ម» ទាំងអស់គំរាមពួកគេ ពួកគេមិនរេរាបន្តិចសោះឡើយ។ នៅចំពោះមុខអង្គហេតុ ពួកគេនៅតែមិនអាចលើកឡើងដោយផ្ដល់ការពិតណាមួយឡើយ ប៉ុន្តែពួកគេមិនធ្វើអ្វីទាំងអស់ក្រៅតែពីរឹងទទឹងទាស់នឹងខ្ញុំ។ នៅពេលខ្ញុំមានបន្ទូលប្រាប់ឱ្យពួកគេយករបស់ដែលស្មោកគ្រោកទាំងអស់ចេញមក ពួកគេនៅតែបង្ហាញដៃទទេទាំងពីរដល់ខ្ញុំ តើអ្នកផ្សេងទៀតអាចមិនប្រើវាជា «គំរូ» យ៉ាងដូចម្ដេចបានទៅ? ដោយសារតែ «សេចក្ដីជំនឿ» របស់មនុស្សអស្ចារ្យណាស់ រហូតដល់ថ្នាក់ «គួរឱ្យកោតសរសើរ» ពួកគេ។
ខ្ញុំបានចាប់ផ្ដើមកិច្ចការរបស់ខ្ញុំនៅទូទាំងសកលលោក។ មនុស្សនៅលើសកលលោកក៏ភ្ញាក់ដឹងខ្លួនភ្លាមៗ និងដើរជុំវិញស្នូលមួយ ដែលនេះជាកិច្ចការរបស់ខ្ញុំ ហើយនៅពេលដែលខ្ញុំ «ធ្វើដំណើរ» ក្នុងខ្លួនពួកគេ នោះទាំងអស់គ្នាក៏រួចផុតពីទាសភាពរបស់សាតាំង និងមិនរងទារុណកម្មនៅក្នុងទុក្ខវេទនារបស់សាតាំងឡើយ។ ដោយសារតែការមកដល់នៃពេលកំណត់របស់ខ្ញុំ មនុស្សបានពោរពេញទៅដោយសុភមង្គល ទុក្ខព្រួយនៅក្នុងដួងចិត្តរបស់ពួកគេរលាយបាត់អស់ ពពកនៃភាពសោកសៅនៅលើមេឃប្រែទៅជាអុកស៊ីសែនអណ្តែតនៅក្នុងខ្យល់ ហើយនៅខណៈពេលនេះ ខ្ញុំរីករាយនឹងសុភមង្គលដែលបាននៅជាមួយមនុស្ស។ សកម្មភាពរបស់មនុស្សផ្ដល់ឱ្យខ្ញុំនូវអ្វីម្យ៉ាងដើម្បីក្រេបរសជាតិ ដូច្នេះហើយខ្ញុំលែងសោកសៅតទៅទៀតហើយ។ ហើយអមជាមួយនឹងការមកដល់នៃពេលកំណត់របស់ខ្ញុំ អ្វីៗនៅលើផែនដីដែលមានភាពស្វាហាប់ ទទួលបានឫសគល់នៃអត្ថិភាពរបស់ពួកគេ របស់សព្វសារពើនៅលើផែនដីបានរស់ឡើងវិញ ហើយពួកគេយកខ្ញុំធ្វើជាគ្រឹះនៃអត្ថិភាពរបស់ពួកគេ ដ្បិតខ្ញុំធ្វើឱ្យរបស់សព្វសារពើបញ្ចេញពន្លឺទៅមុខជាមួយជីវិត ហើយដូចគ្នានេះ ខ្ញុំក៏ធ្វើឱ្យពួកវាបាត់ខ្លួនទៅដោយស្ងាត់ស្ងៀមផងដែរ។ ដូច្នេះ របស់សព្វសារពើទន្ទឹងរង់ចាំបទបញ្ជាពីព្រះឱស្ឋរបស់ខ្ញុំ ហើយពេញចិត្តនឹងអ្វីៗដែលខ្ញុំធ្វើ និងមានបន្ទូល។ ក្នុងចំណោមរបស់សព្វសារពើ ខ្ញុំជាព្រះដ៏ខ្ពង់ខ្ពស់បំផុត តែខ្ញុំក៏រស់នៅក្នុងចំណោមមនុស្សទាំងអស់គ្នាផងដែរ ហើយខ្ញុំប្រើទង្វើរបស់មនុស្សជាការបង្ហាញឱ្យឃើញពីការបង្កើតផ្ទៃមេឃ និងផែនដីរបស់ខ្ញុំ។ នៅពេលមនុស្សសរសើរតម្កើងយ៉ាងអស្ចារ្យនៅចំពោះព្រះភក្ត្រខ្ញុំ ខ្ញុំទទួលបានការលើកតម្កើងក្នុងចំណោមរបស់សព្វសារពើ ដូច្នេះហើយ ផ្កានានានៅលើផែនដីកាន់តែស្រស់ស្អាតនៅក្រោមព្រះអាទិត្យដ៏ក្ដៅ ស្មៅកាន់តែស្រស់បំព្រង រីឯពពកនៅលើមេឃហាក់ដូចជាកាន់តែខៀវឡើង។ ព្រោះតែសូរសៀងរបស់ខ្ញុំ មនុស្សរត់ប្រសេចប្រសាច។ ថ្ងៃនេះ ទឹកមុខរបស់មនុស្សនៅនគររបស់ខ្ញុំពោរពេញទៅដោយសេចក្តីអំណរ ហើយជីវិតពួកគេក៏រីកចម្រើនដែរ។ ខ្ញុំធ្វើការក្នុងចំណោមរាស្ត្ររើសតាំងទាំងអស់របស់ខ្ញុំ ហើយខ្ញុំមិនអនុញ្ញាតឱ្យកិច្ចការរបស់ខ្ញុំខូចខាតជាមួយគំនិតមនុស្សនោះទេ ដ្បិតខ្ញុំបំពេញកិច្ចការរបស់ខ្ញុំដោយអង្គឯង។ នៅពេលខ្ញុំធ្វើការ នោះផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗគ្រប់យ៉ាងនៅក្នុងពួកគេផ្លាស់ប្ដូរ និងថ្មីឡើងវិញ ហើយនៅពេលខ្ញុំបញ្ចប់កិច្ចការរបស់ខ្ញុំ នោះមនុស្សក៏បានប្រែជាថ្មីទាំងស្រុង ពួកគេលែងរស់នៅក្នុងការភិតភ័យដោយសារការជីកសួររបស់ខ្ញុំទៀតហើយ ដ្បិតសំឡេងនៃសុភមង្គលអាចលាន់ឮនៅពាសពេញផែនដី ហើយខ្ញុំយកឱកាសនេះដើម្បីផ្ដល់ឱ្យមនុស្សនូវព្រះពរដែលខ្ញុំប្រទានដល់ពួកគេ។ នៅពេលខ្ញុំធ្វើជាស្ដេចនៃនគរព្រះ មនុស្សកោតខ្លាចខ្ញុំ ប៉ុន្តែនៅពេលខ្ញុំធ្វើជាស្ដេចនៅក្នុងចំណោមមនុស្ស និងរស់នៅក្នុងចំណោមមនុស្ស ពួកគេមិនឃើញសេចក្ដីអំណរនៅក្នុងខ្ញុំទេ ព្រោះសញ្ញាណរបស់ពួកគេចំពោះខ្ញុំគឺអាក្រក់ខ្លាំងណាស់ រហូតដល់ថ្នាក់កប់បាត់យ៉ាងជ្រៅបំផុតដែលពិបាកនឹងយកចេញបាន។ ដោយសារការបង្ហាញឱ្យឃើញរបស់មនុស្ស ខ្ញុំធ្វើកិច្ចការរបស់ខ្ញុំបានយ៉ាងសមស្រប ហើយនៅពេលខ្ញុំឡើងខ្ពស់ទៅលើមេឃ និងបញ្ចេញសេចក្ដីក្រោធរបស់ខ្ញុំទៅលើមនុស្ស មតិជាច្រើនរបស់មនុស្សអំពីខ្ញុំប្រែទៅជាផេះផង់មួយរំពេច។ ខ្ញុំឱ្យពួកគេនិយាយពីសញ្ញាណរបស់ពួកគេចំពោះខ្ញុំពីរបីថែមទៀត ប៉ុន្តែពួកគេភាំងនិយាយមិនចេញ ហាក់ដូចជាពួកគេគ្មានអ្វីនិយាយ និងហាក់ដូចជាពួកគេបន្ទាបខ្លួន។ កាលណាខ្ញុំកាន់តែរស់នៅក្នុងសញ្ញាណរបស់មនុស្ស ពួកគេកាន់តែបែរមកស្រលាញ់ខ្ញុំ ហើយបើខ្ញុំកាន់តែរស់នៅក្រៅសញ្ញាណរបស់មនុស្ស ពួកគេកាន់តែឃ្លាតឆ្ងាយពីខ្ញុំ ហើយពួកគេកាន់តែមានមតិច្រើនឡើងអំពីខ្ញុំ ដ្បិតតាំងពីខ្ញុំបង្កើតពិភពលោករហូតមកដល់ថ្ងៃនេះ ខ្ញុំតែងតែរស់នៅក្នុងសញ្ញាណរបស់មនុស្ស។ នៅពេលខ្ញុំចូលមកក្នុងចំណោមមនុស្សសព្វថ្ងៃនេះ ខ្ញុំកម្ចាត់សញ្ញាណរបស់មនុស្សទាំងអស់ ដូច្នេះហើយទើបមនុស្សបដិសេធបានយ៉ាងងាយ ប៉ុន្តែខ្ញុំមានវិធីសាស្ត្រយ៉ាងសមស្របក្នុងការដោះស្រាយជាមួយសញ្ញាណរបស់ពួកគេ។ មនុស្សមិនគួរព្រួយបារម្ភ ឬរសាប់រសល់ឡើយ ខ្ញុំនឹងសង្គ្រោះមនុស្សជាតិទាំងអស់តាមវិធីរបស់ខ្ញុំផ្ទាល់ ដែលធ្វើឱ្យមនុស្សទាំងអស់ស្រឡាញ់ខ្ញុំ ហើយអនុញ្ញាតឱ្យពួកគេរីករាយនឹងព្រះពររបស់ខ្ញុំនៅឯស្ថានសួគ៌។
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩២