ជំពូកទី ៤៦

ខ្ញុំមិនដឹងថា នៅក្នុងការធ្វើឱ្យព្រះបន្ទូលរបស់ខ្ញុំក្លាយជាមូលដ្ឋាននៃជីវិតរស់នៅរបស់មនុស្សនេះ ពួកគេកំពុងធ្វើបានល្អប៉ុនណានោះទេ។ ខ្ញុំតែងមានអារម្មណ៍ខ្វល់ខ្វាយចំពោះវាសនារបស់មនុស្សជាប់ជានិច្ច ប៉ុន្តែមនុស្សហាក់ដូចជាមិនបានដឹងពីរឿងនេះទាល់តែសោះ។ ហេតុនេះហើយ មនុស្សមិនដែលយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ខ្ញុំទេ ក៏មិនដែលកើតមានសេចក្ដីស្រឡាញ់ណាមួយចំពោះខ្ញុំ ដោយសារអាកប្បកិរិយារបស់ខ្ញុំចំពោះពួកគេដែរ។ ហាក់ដូចជាពួកគេអស់អារម្មណ៍ក្នុងការបំពេញតាមព្រះទ័យរបស់ខ្ញុំតាំងពីយូរយារណាស់មកហើយអ៊ីចឹង។ នៅពេលប្រឈមនឹងស្ថានភាពបែបនេះ ខ្ញុំក៏នៅស្ងាត់ស្ងៀមម្ដងទៀត។ ហេតុអ្វីបានជាបន្ទូលរបស់ខ្ញុំ គ្មានតម្លៃនឹងឱ្យមនុស្សយកចិត្តទុកដាក់ គ្មានតម្លៃនឹងឱ្យគេចូលទៅក្នុងបន្ថែមទៀត? តើដោយសារតែខ្ញុំគ្មានតថភាព ហើយខ្ញុំកំពុងតែព្យាយាមស្វែងរកអ្វីមួយដែលអាចប្រើបានដើម្បីប្រឆាំងនឹងមនុស្សមែនទេ? ហេតុអ្វីបានជាមនុស្សតែងថ្វាយ «បដិសណ្ឋារកិច្ចពិសេស» ដល់ខ្ញុំ? តើខ្ញុំគឺជាអ្នកជំងឺម្នាក់នៅក្នុងបន្ទប់អ្នកជំងឺពិសេសផ្ទាល់ខ្លួនរបស់គេឬ? នៅពេលដែលអ្វីៗបានឈានដល់ចំណុចដែលពួកគេមាននាពេលបច្ចុប្បន្ននេះ តើហេតុអ្វីបានមនុស្សនៅតែសម្លឹងមើលមកខ្ញុំខុសពីគេទៀត? តើអាកប្បកិរិយារបស់ខ្ញុំចំពោះមនុស្សមានកំហុសអ្វីមែនទេ? បច្ចុប្បន្ននេះ ខ្ញុំបានចាប់ផ្ដើមកិច្ចការថ្មីនៅក្នុងចក្កវាឡនេះ។ ខ្ញុំបានប្រទានការចាប់ផ្ដើមថ្មីដល់មនុស្សនៅលើផែនដី ហើយខ្ញុំបានបង្គាប់ពួកគេរាល់គ្នាឱ្យចាកចេញពីដំណាក់របស់ខ្ញុំ។ ហើយដោយសារតែមនុស្សតែងចូលចិត្តផ្ដេកផ្ដួលលើខ្លួនឯង ម្ល៉ោះហើយខ្ញុំក៏ណែនាំពួកគេឱ្យចាប់ភ្លឹកពីខ្លួនពួកគេ កុំឱ្យចេះតែរំខានដល់កិច្ចការរបស់ខ្ញុំជាប់ជានិច្ចបែបនេះ។ នៅក្នុង «ផ្ទះសំណាក់» ដែលខ្ញុំបើក គ្មានអ្វីដែលធ្វើឱ្យខ្ញុំស្អប់ជាងមនុស្សនោះទេ ដោយសារតែមនុស្សតែងបង្កបញ្ហាដល់ខ្ញុំ តែងធ្វើឱ្យខ្ញុំខកព្រះទ័យជានិច្ច។ ឥរិយាបថរបស់ពួកគេ នាំភាពអាម៉ាស់ដល់ខ្ញុំ ហើយខ្ញុំខ្មាសគេមិនហ៊ានអើតមុខចេញមកទេ។ ដូច្នេះ ខ្ញុំមានបន្ទូលស្ងាត់ៗជាមួយពួកគេ ដោយបង្គាប់ឱ្យពួកគេចាកចេញពីដំណាក់របស់ខ្ញុំកាន់តែឆាប់កាន់តែល្អ ហើយឈប់ឱ្យពួកគេទទួលទានអាហាររបស់ខ្ញុំដោយឥតគិតថ្លៃទៀត។ ប្រសិនបើពួកគេចង់នៅបន្ត ពួកគេត្រូវតែឆ្លងកាត់ទុក្ខលំបាក និងឆ្លងកាត់ការវាយផ្ចាលរបស់ខ្ញុំ។ នៅក្នុងគំនិតរបស់ពួកគេ ខ្ញុំល្ងង់ខ្លៅ មិនដឹងអ្វីសោះពីទង្វើរបស់ពួកគេ ដូច្នេះហើយ ពួកគេតែងឈរយ៉ាងក្លាហាននិងមានទំនុកចិត្តនៅចំពោះមុខខ្ញុំ គ្មានសញ្ញានៃការបរាជ័យណាមួយឡើយ ហើយចេះតែធ្វើពុតជាមនុស្ស ដើម្បីបង្គ្រប់ចំនួនប៉ុណ្ណោះ។ នៅពេលដែលខ្ញុំតាំងសេចក្ដីបង្គាប់ចំពោះមនុស្ស ពួកគេក៏ភ្ញាក់ផ្អើល៖ ពួកគេមិនដែលធ្លាប់គិតថា ព្រះជាម្ចាស់ដែលធ្លាប់តែស្លូតបូត និងមានព្រះទ័យសប្បុរសរាប់សិបឆ្នាំមកហើយនោះ អាចមានបន្ទូលបែបនេះឡើយ ជាបន្ទូលដែលគ្មានចិត្ត និងគ្មានយុត្តិធម៌។ ដូច្នេះហើយ ពួកគេក៏គាំងរកនិយាយអ្វីលែងចេញ។ នៅក្នុងគ្រាបែបនេះ ខ្ញុំទតឃើញថា ការស្អប់ខ្ពើមមកលើរូបខ្ញុំនៅក្នុងចិត្តមនុស្ស បានរីកធំឡើងម្ដងទៀត ដោយសារតែពួកគេបានចាប់ផ្ដើមធ្វើការរអ៊ូរទាំទៀតហើយ។ ពួកគេតែងប្រមាថទាស់នឹងផែនដី ហើយដាក់បណ្ដាសាស្ថានសួគ៌ផង។ ប៉ុន្តែ ខ្ញុំមិនដែលឃើញមានពាក្យរបស់ពួកគេណា ដែលដាក់បណ្ដាសាខ្លួនគេឡើយ ដោយសារតែពួកគេមានសេចក្ដីស្រឡាញ់ចំពោះខ្លួនពួកគេធំធេងខ្លាំងណាស់។ ដូច្នេះ ខ្ញុំសូមសរុបអត្ថន័យនៃជីវិតរបស់មនុស្សថា៖ ដោយសារមនុស្សស្រឡាញ់ខ្លួនឯងខ្លាំងពេក ទើបជីវិតរបស់ពួកគេទាំងមូល ឈឺចាប់ និងឥតន័យខ្លឹមសារ ហើយដោយសារតែការស្អប់ខ្ពើមរបស់ពួកគេចំពោះខ្ញុំ ទើបពួកគេនាំការបំផ្លិចបំផ្លាញមកដាក់លើក្បាលរបស់ពួកគេផ្ទាល់។

ទោះបីជាក្នុងពាក្យសម្ដីរបស់មនុស្ស មាន «សេចក្ដីស្រឡាញ់» ចំពោះខ្ញុំច្រើនរាប់មិនអស់នៅក្នុងនោះក៏ដោយ ក៏នៅពេលដែលខ្ញុំយកពាក្យសម្ដីទាំងនោះទៅ «មន្ទីរពិសោធន៍» ដើម្បីធ្វើតេស្ត និងពិនិត្យឆ្លុះមើលដោយប្រើមីក្រូទស្សន៍ អ្វីគ្រប់យ៉ាងដែលមាននៅក្នុងពាក្យសម្ដីទាំងនោះ ក៏ត្រូវបានបើកបង្ហាញយ៉ាងច្បាស់គ្មានសល់ចន្លោះឡើយ។ នៅពេលនេះ ខ្ញុំយាងមកក្នុងចំណោមមនុស្សម្ដងទៀត ដើម្បីឱ្យពួកគេបានឃើញ «កំណត់ត្រាពេទ្យ» របស់ពួកគេ ដើម្បីឱ្យពួកគេបានជឿអស់ពីចិត្ត។ នៅពេលដែលមនុស្សបានឃើញកំណត់ត្រាទាំងនោះហើយ ទឹកមុខរបស់ពួកគេពោរពេញទៅដោយទុក្ខព្រួយ ពួកគេមានការស្ដាយក្រោយនៅក្នុងចិត្តរបស់ពួកគេ ហើយពួកគេកាន់តែព្រួយចិត្តខ្លាំងឡើង រហូតដល់ថ្នាក់ពួកគេអន្ទះអន្ទែងចង់លះបង់ផ្លូវអាក្រក់របស់ពួកគេចោលភ្លាមៗ ហើយត្រឡប់ទៅរកមាគ៌ាដ៏ត្រឹមត្រូវវិញ ដើម្បីធ្វើឱ្យខ្ញុំសប្បាយព្រះទ័យ។ ពេលទតឃើញការតាំងចិត្តរបស់ពួកគេ ខ្ញុំពិតជាសប្បាយព្រះទ័យណាស់។ ខ្ញុំពេញដោយសេចក្ដីអំណរ៖ «នៅលើផែនដី ក្រៅពីមនុស្ស តើមាននរណាដែលអាចរួមសុខ រួមទុក្ខ និងចែករំលែកការលំបាកជាមួយខ្ញុំបានទៅ? គឺមានតែមនុស្សប៉ុណ្ណោះ មែនទេ?» ប៉ុន្តែ នៅពេលដែលខ្ញុំចាកចេញទៅ មនុស្សក៏ហែកកំណត់ត្រាពេទ្យរបស់ពួកគេចោល ហើយបោះវាទៅលើកម្រាលឥដ្ឋ រួចក៏ដើរចាកចេញទៅ។ ចាប់តាំងពីថ្ងៃនោះមក ខ្ញុំបានទតឃើញថា មានសកម្មភាពមនុស្សតិចតួចណាស់ ដែលធ្វើតាមព្រះទ័យរបស់ខ្ញុំ។ ទោះយ៉ាងណា ការតាំងចិត្តរបស់ពួកគេនៅចំពោះមុខខ្ញុំ បានកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ហើយពេលទតមើលលើការតាំងចិត្តរបស់ពួកគេ ខ្ញុំក៏មានអារម្មណ៍ខ្ពើមរអើមជាខ្លាំង ដ្បិតនៅក្នុងការតាំងចិត្តនោះ គ្មានអ្វីដែលអាចឱ្យខ្ញុំបានកម្សាន្តព្រះទ័យឡើយ។ ការតាំងចិត្តនោះមិនបរិសុទ្ធ និងប្រឡាក់ប្រឡូសច្រើនខ្លាំងណាស់។ ពេលឃើញខ្ញុំមិនយកព្រះទ័យទុកដាក់នឹងការតាំងចិត្តរបស់ពួកគេ មនុស្សក៏ចាប់ផ្ដើមបាក់ទឹកចិត្ត។ បន្ទាប់ពីនោះមក ពួកគេកម្រនឹងដាក់ «ពាក្យសុំ» ណាស់ ដោយសារដួងចិត្តរបស់មនុស្សមិនដែលត្រូវខ្ញុំស្ងើចសរសើរឡើយ បានត្រឹមទទួលការបដិសេធពីខ្ញុំប៉ុណ្ណោះ ហើយនៅក្នុងជីវិតរបស់មនុស្សលែងមានការទំនុកបម្រុងខាងវិញ្ញាណទៀតហើយ ដូច្នេះ ការខ្នះខ្នែងរបស់ពួកគេក៏រលាយបាត់ទៅ ហើយខ្ញុំក៏លែងមានអារម្មណ៍ថា អាកាសធាតុ «ក្ដៅហួតហែង» ទៀតដែរ។ នៅពេលស្ថានភាពបច្ចុប្បន្ននេះចូលមកដល់ មនុស្សរងទុក្ខយ៉ាងច្រើននៅក្នុងជីវិតរបស់ពួកគេ រហូតដល់ថ្នាក់ពួកគេត្រូវខ្ញុំ «ធ្វើទារុណកម្ម» ស្ទើរស្លាប់ ស្ទើររស់។ ហេតុនេះ ពន្លឺនៅលើផ្ទៃមុខរបស់ពួកគេប្រែជាស្រអាប់ ហើយពួកគេក៏បាត់បង់ «ភាពរពឹសនៅស្ងៀម» របស់ពួកគេ ដ្បិតពួកគេសុទ្ធតែ «បានធំធាត់» អស់ហើយ។ ខ្ញុំមិនអាចទ្រាំមើលសភាពដ៏គួរឱ្យអាណិតរបស់មនុស្សបានទេ នៅពេលដែលពួកគេត្រូវបន្សុទ្ធនៅក្នុងអំឡុងពេលនៃការវាយផ្ចាលនេះ។ ប៉ុន្តែ តើនរណាអាចសងនូវការបរាជ័យដ៏គួរឱ្យសង្វេគរបស់មនុស្សជាតិបាន? តើនរណាអាចសង្គ្រោះមនុស្សចេញផុតពីជីវិតដ៏គួរឱ្យសង្វេគនេះបានទៅ? ហេតុអ្វីបានជាមនុស្សមិនអាចរំដោះខ្លួនចេញផុតពីអន្លង់ដ៏ជ្រៅនៃសមុទ្រទុក្ខនេះបាន? តើខ្ញុំមានចេតនាដាក់អន្ទាក់មនុស្សឬ? មនុស្សមិនដែលយល់ពីអារម្មណ៍របស់ខ្ញុំឡើយ ដូច្នេះហើយ ទើបខ្ញុំទួញសោកដាក់ចក្កវាឡថា នៅក្នុងចំណោមរបស់សព្វសារពើនៅលើស្ថានសួគ៌និងផែនដី គ្មានអ្វីដែលធ្លាប់បានដឹងពីព្រះទ័យរបស់ខ្ញុំឡើយ ហើយក៏គ្មានអ្វីដែលស្រឡាញ់ខ្ញុំពិតប្រាកដនោះដែរ។ សូម្បីតែសព្វថ្ងៃនេះក្ដី ក៏ខ្ញុំនៅតែមិនដឹងថាហេតុអ្វីបានជាមនុស្សមិនអាចស្រឡាញ់ខ្ញុំបានដែរ។ ពួកគេអាចប្រគល់ដួងចិត្តរបស់ពួកគេថ្វាយដល់ខ្ញុំបាន ពួកគេអាចលះបង់ទិសដៅរបស់ពួកគេដើម្បីខ្ញុំបាន ប៉ុន្តែហេតុអ្វីបានជាពួកគេមិនអាចប្រគល់សេចក្ដីស្រឡាញ់របស់ពួកគេថ្វាយដល់ខ្ញុំបាន? តើពួកគេមិនមានអ្វីដែលខ្ញុំចង់បានទេឬ? មនុស្សអាចស្រឡាញ់អ្វីៗគ្រប់យ៉ាងបានលើកលែងតែខ្ញុំចេញ ដូច្នេះ តើហេតុអ្វីបានជាពួកគេមិនអាចស្រឡាញ់ខ្ញុំបាន? ហេតុអ្វីបានជាពួកគេតែងលាក់បាំងសេចក្ដីស្រឡាញ់របស់ពួកគេ? ដោយសារពួកគេបានឈរនៅចំពោះមុខខ្ញុំរហូតមកទល់នឹងសព្វថ្ងៃនេះ តើហេតុអ្វីបានជាខ្ញុំមិនដែលឃើញសេចក្ដីស្រឡាញ់របស់ពួកគេ? តើពួកគេខ្វះខាតរបស់ម្យ៉ាងនេះឬ? តើខ្ញុំកំពុងមានចេតនាធ្វើឱ្យមនុស្សពិបាកឬ? តើនៅក្នុងចិត្តពួកគេ នៅមានការស្ទាក់ស្ទើរទៀតមែនទេ? តើពួកគេខ្លាចស្រឡាញ់មនុស្សខុស ហើយមិនអាចកែប្រែបានមែនទេ? នៅក្នុងខ្លួនមនុស្ស មានអាថ៌កំបាំងជាច្រើនមិនអាចវាស់ស្ទង់បាន ដូច្នេះហើយ នៅចំពោះមុខមនុស្ស ខ្ញុំតែង «គ្មានសេចក្ដីក្លាហាន និងភ័យខ្លាច» ជាប់ជានិច្ច។

បច្ចុប្បន្ននេះ នៅពេលធ្វើដំណើរឆ្ពោះទៅរកខ្លោងទ្វារនៃនគរព្រះ មនុស្សរាល់គ្នាក៏ចាប់ផ្ដើមរុលទៅមុខ ប៉ុន្តែនៅពេលដែលពួកគេបានទៅដល់មុខខ្លោងទ្វារហើយ ខ្ញុំក៏បិទទ្វារ ខ្ញុំបិទទ្វារទុកឱ្យមនុស្សនៅខាងក្រៅ ហើយបង្គាប់ឱ្យពួកគេបង្ហាញលិខិតឆ្លងកាត់ច្រកចូល។ ការបោះជំហានដ៏ប្លែកនេះ គឺផ្ទុយទៅនឹងការរំពឹងទុករបស់មនុស្សទាំងស្រុង ហើយពួកគេរាល់គ្នាសុទ្ធតែភ្ញាក់ផ្អើល។ ហេតុអ្វីបានជាខ្លោងទ្វារដែលធ្លាប់តែបើកចំហយ៉ាងធំ បែរជាត្រូវបិទតូចចង្អៀតភ្លាមៗនៅពេលសព្វថ្ងៃនេះទៅវិញ? មនុស្សទន្ទ្រាំជើង ហើយបោះជំហានទៅមុខ។ ពួកគេស្រមៃថា ពួកគេអាចកេងចំណេញបាន ប៉ុន្តែនៅពេលដែលពួកគេប្រគល់លិខិតឆ្លងកាត់ច្រកចូលក្លែងក្លាយមកឱ្យខ្ញុំ ខ្ញុំក៏បោះពួកគេចូលទៅក្នុងបឹងភ្លើងភ្លាមៗ ហើយនៅពេលមើលឃើញ «ការប្រឹងប្រែងយ៉ាងខ្លាំង» របស់ពួកគេ ត្រូវឆេះក្នុងអណ្ដាតភ្លើង ពួកគេក៏បាត់បង់ក្ដីសង្ឃឹម។ ពួកគេឱនក្បាលជ្រប់ ទាំងទួញសោកផង ដោយមើលឃើញទស្សនីយភាពដ៏ស្រស់ស្អាតនៅក្នុងនគរព្រះ តែមិនអាចចូលទៅក្នុងនគរនោះបាន។ ប៉ុន្តែ ខ្ញុំមិនបានអនុញ្ញាតឱ្យពួកគេចូល ដោយសារតែសភាពដ៏គួរឱ្យអាណិតរបស់ពួកគេឡើយ។ តើនរណាអាចរំខានដល់ផែនការរបស់ខ្ញុំ តាមអំពើចិត្តបានទៅ? តើព្រះពរនៅពេលអនាគត ត្រូវបានប្រទានឱ្យជាថ្នូរនឹងការខ្នះខ្នែងរបស់មនុស្សឬ? តើអត្ថន័យនៃវត្តមានរស់នៅរបស់មនុស្សស្ថិតនៅលើការចូលទៅក្នុងនគររបស់ខ្ញុំ តាមចិត្តគេចង់ឬ? តើខ្ញុំអន់ខ្លាំងបែបនេះឬ? បើមិនមែនដោយសារបន្ទូលដ៏ម៉ឺងម៉ាត់របស់ខ្ញុំទេ តើមនុស្សនឹងមិនបានចូលទៅក្នុងនគររបស់ខ្ញុំតាំងពីយូរយាងណាស់មកហើយទេឬអី? ដូច្នេះ មនុស្សតែងតែស្អប់ខ្ញុំជាប់ជានិច្ច ដោយសារតែព្រះវត្តមានដ៏គង់នៅរបស់ខ្ញុំ បានរារាំងពួកគេ។ បើគ្មានវត្តមានរបស់ខ្ញុំទេ ម្ល៉េះសមពួកគេបានទទួលព្រះពរនៃនគរព្រះ ក្នុងអំឡុងពេលបច្ចុប្បន្ននេះបាត់ទៅហើយ។ ដូច្នេះ តើចាំបាច់ត្រូវឆ្លងកាត់ការរងទុក្ខនេះធ្វើអ្វី? ម្ល៉ោះហើយ ខ្ញុំបានមានបន្ទូលប្រាប់មនុស្សថា យកល្អពួកគេគួរតែចាកចេញទៅ ប្រាប់ពួកគេថា ពួកគេគួរតែឆ្លៀតទាញយកផលប្រយោជន៍ពីអ្វីៗដែលកំពុងដំណើរការយ៉ាងល្អនៅពេលបច្ចុប្បន្ននេះ ដើម្បីស្វែងរកច្រកចេញមួយសម្រាប់ខ្លួនគេ។ ពួកគេគួរតែឆ្លៀតទាញយកផលប្រយោជន៍ពីគ្រាបច្ចុប្បន្ននេះ ដើម្បីសិក្សាជំនាញមួយចំនួន ទាន់ពួកគេនៅក្មេងនៅឡើយ។ ប្រសិនបើពួកគេមិនព្រមធ្វើដូច្នោះទេ នោះនៅពេលអនាគត វានឹងយឺតពេលមិនខាន។ នៅក្នុងដំណាក់របស់ខ្ញុំ គ្មាននរណាម្នាក់ធ្លាប់បានទទួលព្រះពរឡើយ។ ខ្ញុំមានបន្ទូលប្រាប់មនុស្សឱ្យប្រញាប់ចាកចេញ កុំឱ្យបន្តផុងជាប់នៅក្នុងជីវិតរស់នៅក្នុង «ភាពក្រីក្រ» ទៀត។ នៅពេលអនាគត សោកស្ដាយនឹងយឺតពេលមិនខាន។ មិនត្រូវធ្វើឱ្យខ្លួនលំបាកខ្លាំងពេកទេ។ ហេតុអ្វីបានជាត្រូវធ្វើឱ្យអ្វីៗដែលលំបាកដល់ខ្លួនឯងដូច្នេះទៅវិញ? ប៉ុន្តែ ខ្ញុំក៏មានបន្ទូលប្រាប់មនុស្សផងដែរថា នៅពេលដែលពួកគេមិនអាចទទួលបានព្រះពរ មិនត្រូវរអ៊ូរទាំដាក់ខ្ញុំឡើយ។ ខ្ញុំគ្មានពេលទៅខ្ជះខ្ជាយព្រះបន្ទូលរបស់ខ្ញុំលើមនុស្សឡើយ។ ខ្ញុំសង្ឃឹមថា រឿងនេះនឹងដក់ជាប់នៅក្នុងចិត្តមនុស្ស សង្ឃឹមថា ពួកគេនឹងមិនភ្លេចរឿងនេះទៅចុះ។ ព្រះបន្ទូលដែលខ្ញុំថ្លែងមកទាំងអម្បាលម៉ាននេះ គឺជាសេចក្ដីពិតដែលមិនពីរោះស្ដាប់នោះទេ។ ខ្ញុំបានបាត់បង់ជំនឿទុកចិត្តលើមនុស្សតាំងពីយូរណាស់មកហើយ ហើយខ្ញុំក៏បានបាត់បង់ក្ដីសង្ឃឹមលើមនុស្សតាំងពីយូរណាស់មកហើយដែរ ដ្បិតពួកគេខ្វះមហិច្ឆតា ពួកគេមិនដែលអាចប្រគល់ដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ថ្វាយដល់ខ្ញុំបាន តែពួកគេបែរជាថ្វាយការជំរុញលើកទឹកចិត្តរបស់ពួកគេថ្វាយដល់ខ្ញុំជាប់ជានិច្ចទៅវិញ។ ខ្ញុំបានមានបន្ទូលជាច្រើនទៅកាន់មនុស្ស ហើយដោយសារតែមនុស្សនៅតែមិនអើពើនឹងដំបូន្មានរបស់ខ្ញុំនៅថ្ងៃនេះ ដូច្នេះខ្ញុំក៏មានបន្ទូលប្រាប់ពួកគេអំពីព្រះរាជតម្រិះរបស់ខ្ញុំ ដើម្បីកុំឱ្យពួកគេយល់ច្រឡំពីព្រះទ័យរបស់ខ្ញុំនៅពេលអនាគត។ មិនថាទៅថ្ងៃមុខ ពួកគេរស់ ឬស្លាប់ទេ នោះជារឿងរបស់ពួកគេ។ ខ្ញុំគ្មានការគ្រប់គ្រងលើរឿងនេះឡើយ។ ខ្ញុំសង្ឃឹមថា ពួកគេរកឃើញមាគ៌ាផ្ទាល់ខ្លួនរបស់ពួកគេដើម្បីអាចរួចជីវិតបាន។ ខ្ញុំគ្មានអំណាចអ្វីនៅក្នុងរឿងនេះឡើយ។ ដោយសារមនុស្សមិនបានស្រឡាញ់ខ្ញុំពិតប្រាកដ ដូច្នេះពួកយើងមានតែចែកផ្លូវគ្នាប៉ុណ្ណោះ។ នៅពេលអនាគត នឹងលែងមានពាក្យពេចន៍រវាងពួកយើងទៀតហើយ ពួកយើងលែងមានអ្វីត្រូវនិយាយគ្នាទៀតហើយ ពួកយើងនឹងមិនជ្រៀតជ្រែកគ្នាទៅវិញទៅមកឡើយ ពួកយើងនឹងដើរផ្លូវរៀងៗខ្លួន មនុស្សមិនត្រូវមកស្វែងរកខ្ញុំទេ ហើយខ្ញុំក៏នឹងលែងសុំ «ជំនួយ» ពីមនុស្សម្ដងទៀតដែរ។ នេះគឺជារឿងរវាងពួកយើង ហើយពួកយើងបាននិយាយគ្នាដោយត្រង់ទៅត្រង់មក ដើម្បីការពារកុំឱ្យមានបញ្ហាណាមួយនៅថ្ងៃអនាគត។ តើនេះមិនធ្វើឱ្យអ្វីៗកាន់តែងាយស្រួលទេឬអី? ពួកយើងម្នាក់ៗដើរផ្លូវរៀងៗខ្លួន ហើយលែងមានអ្វីពាក់ព័ន្ធគ្នាទៀតហើយ។ បែបនេះ តើមានបញ្ហាខុសទៅ? ខ្ញុំសង្ឃឹមថា មនុស្សនឹងពិចារណារឿងនេះ។

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ៤៥

បន្ទាប់៖ ជំពូកទី ៤៧

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ