ជំពូកទី ១៥

មនុស្សទាំងអស់គឺជាសត្ដនិករដែលខ្វះចំណេះដឹងពីខ្លួនឯង ហើយពួកគេមិនអាចស្គាល់ខ្លួនឯងបានទេ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេស្គាល់អ្នកដទៃគ្រប់គ្នា ដូចស្គាល់ខ្នងដៃខ្លួនឯងអ៊ីចឹង វាដូចជាគ្រប់យ៉ាងដែលអ្នកដទៃបានធ្វើ និងបាននិយាយ ត្រូវបានពួកគេ «ត្រួតពិនិត្យ» នៅចំពោះមុខពួកគេ និងទទួលបានការអនុញ្ញាតពីពួកគេជាមុនសិន មុននឹងធ្វើ។ ជាលទ្ធផល វាដូចជាពួកគេបានវាស់ស្ទង់អ្នកដទៃគ្រប់គ្នា ដាក់ក្នុងសភាពចិត្តវិជ្ជារបស់ពួកគេអ៊ីចឹង។ មនុស្សទាំងអស់គឺដូចនេះ។ ទោះបីជាពួកគេបានចូលទៅក្នុងយុគសម័យនៃនគរព្រះនាពេលបច្ចុប្បន្នក៏ដោយ ក៏ធម្មជាតិរបស់ពួកគេនៅតែមិនផ្លាស់ប្តូរដដែល។ ពួកគេនៅតែធ្វើអ្វីដែលខ្ញុំធ្វើ នៅចំពោះព្រះភ័ក្រ្តខ្ញុំ ខណៈដែលនៅពីក្រោយខ្នងខ្ញុំ ពួកគេចាប់ ផ្តើមធ្វើ «កិច្ចការ» មួយផ្ទាល់ខ្លួនរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ នាពេលបន្ទាប់ នៅពេលដែលពួកគេមកចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ពួកគេដូចមនុស្សផ្សេងទាំងស្រុងតែម្តង គឺមើលទៅស្ងប់ស្ងាត់ ហើយមិនរួញរា ដោយមានទឹកមុខស្រគត់ស្រគំ និងមានចង្វាក់ជីពចរស្មើ។ តើនេះ មិនមែនជាអ្វីដែលពិតជាធ្វើឱ្យមនុស្សគួរឱ្យស្អប់ណាស់ទេឬអី? មនុស្សច្រើនណាស់ ពាក់មុខពីរផ្សេងគ្នាដាច់ មួយគឺពេលនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ និងមុខមួយទៀតនៅពេលដែលនៅក្រោយខ្នងរបស់ខ្ញុំ។ ពួកគេច្រើនណាស់ ប្រព្រឹត្តដូចកូនចៀមដែលទើបនឹងកើត នៅពេលដែលនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ប៉ុន្តែនៅខាងក្រោយខ្នងរបស់ខ្ញុំ ពួកគេបានប្តូរទៅជាសត្វខ្លាដ៏កាចសាហាវ ហើយក្រោយមក ប្រព្រឹត្តដូចជាកូនបក្សីតូចៗ ដែលហើរយ៉ាងរីករាយពីភ្នំមួយ ទៅភ្នំមួយអ៊ីចឹង។ មនុស្សច្រើនណាស់ បង្ហាញពីគោលបំណង និងការតាំងចិត្ត នៅចំពោះព្រះភ័ក្តរបស់ខ្ញុំ។ មនុស្សច្រើនណាស់ មកនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ស្វះស្វែងរកព្រះបន្ទូលរបស់ខ្ញុំដោយភាពស្រេកឃ្លាន និងចំណង់ ប៉ុន្តែនៅពីក្រោយខ្នងរបស់ខ្ញុំ ពួកគេឈប់ខ្វាយខ្វល់ ហើយបោះបង់ចោលព្រះបន្ទូលនោះ វាដូចជាព្រះសូរសៀងរបស់ខ្ញុំជារបស់ដែលទើសទែងមួយអ៊ីចឹង។ ច្រើនលើកច្រើនសាណាស់ ខ្ញុំបានបោះបង់ចោល សេចក្តីសង្ឃឹមរបស់ខ្ញុំនៅក្នុងមនុស្ស ដោយទតឃើញថា ជាតិសាសន៍មនុស្សត្រូវបានពុករលួយដោយសត្រូវរបស់ខ្ញុំ។ ច្រើនលើកច្រើនសាណាស់នៅពេលដែលខ្ញុំទតឃើញពួកគេមកចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ដោយស្វះស្វែងរកការអភ័យទោសទាំងទឹកភ្នែក ប៉ុន្តែដោយសារតែការខ្វះការគោរពខ្លួនឯង និងភាពចចេសរឹងរូសរបស់ពួកគេ ទើបខ្ញុំបានបិទព្រះនេត្ររបស់ខ្ញុំទាំងកំហឹងចំពោះទង្វើរបស់ពួកគេ ទោះបីជានៅពេលដែលចិត្តរបស់ពួកគេពិតប្រាកដ ហើយបំណងប្រាថ្នារបស់ពួកគេស្មោះត្រង់ក៏ដោយ។ ច្រើនលើកច្រើនសាណាស់ ដែលខ្ញុំបានទតឃើញមនុស្សមានទំនុកចិត្តគ្រប់គ្រាន់ដើម្បីសហការជាមួយខ្ញុំ នៅពេលនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ជាអ្នកដែលហាក់ដូចជានៅក្នុងការឱបក្រសោបរបស់ខ្ញុំ ដោយភ្លក់រសជាតិភាពកក់ក្តៅនៃការឱបក្រសោបនោះ។ ច្រើនលើកច្រើនសាណាស់ ដោយបានទតឃើញជាក់ស្តែងនូវភាពស្លូតត្រង់ ភាពរស់រវើក និងភាពគួរឱ្យស្រឡាញ់នៃរាស្ត្ររើសតាំងរបស់ខ្ញុំ តើខ្ញុំមិនអាចទទួលយកភាពសប្បាយរីករាយ ដោយសាររបស់ទាំងនេះបានយ៉ាងដូចម្ដេចទៅ? មនុស្សមិនដឹងពីវិធីរីករាយនឹងព្រះពរដែលបានកំណត់ទុករបស់ពួកគេនៅក្នុងព្រះហស្ដរបស់ខ្ញុំ ដោយសារពួកគេមិនយល់ពីអ្វីជាអត្ថន័យពិតប្រាកដ ទាំងពាក្យ «ព្រះពរ» និងពាក្យ «ការការរងទុក្ខ»។ ដោយសារមូលហេតុនេះហើយ ទើបមនុស្សនៅឆ្ងាយពីការស្វះស្វែងរកខ្ញុំដ៏ពិតប្រាកដ។ ប្រសិនបើមិនមានថ្ងៃស្អែកនោះទេ នោះតើនរណាក្នុងចំណោមអ្នករាល់គ្នាដែលឈរនៅមុខព្រះភ័ក្ត្ររបស់ខ្ញុំ នឹងអាចបរិសុទ្ធដូចជាព្រឹលធ្លាក់ ហើយឥតខ្ចោះដូចជាថ្លើមថ្មនោះ? តើវាអាចទៅជាបែបនោះទេ ដែលសេចក្តីស្រឡាញ់របស់អ្នកចំពោះខ្ញុំ ត្រឹមតែជារបស់ដែលអាចប្តូរនឹងអាហារដ៏ឆ្ងាញ់មួយពេល អាចដូរនឹងសម្លៀកបំពាក់ដ៏ទំនើបទាន់សម័យមួយកំផ្លេ ឬក៏ដូរនឹងតំណែងខ្ពស់មួយដែលមានប្រាក់ខែល្អនោះ? តើសេចក្តីស្រឡាញ់របស់អ្នកចំពោះខ្ញុំ អាចប្តូរជាមួយនឹងសេចក្តីស្រឡាញ់ដែលអ្នកដទៃមានចំពោះអ្នកឬទេ? តើវាអាចទៅជាបែបនោះទេ ដែលការឆ្លងកាត់ការល្បងល ពិតជាអាចជំរុញឱ្យមនុស្សបោះបង់សេចក្តីស្រឡាញ់ចំពោះខ្ញុំនោះ? តើការឈឺចាប់ និងទុក្ខព្រួយ នឹងបណ្តាលឱ្យពួកគេរអ៊ូរទាំចំពោះការរៀបចំរបស់ខ្ញុំឬទេ? គ្មាននរណាម្នាក់ធ្លាប់កោតសរសើរចំពោះដាវដ៏មុតស្រួចដែលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំនោះទេ៖ ពួកគេដឹងត្រឹមតែអត្ថន័យដ៏អស្ចារ្យរបស់វាប៉ុណ្ណោះ ដោយមិនបានយល់ពិតប្រាកដពីអ្វីដែលវាមានភាពចាំបាច់នោះទេ។ ប្រសិនបើមនុស្សអាចមើលឃើញភាពមុតស្រួចនៃដាវរបស់ខ្ញុំយ៉ាងពិតប្រាកដនោះ ពួកគេនឹងរត់យ៉ាងលឿនដូចសត្វកណ្តុរចូលក្នុងរន្ធរបស់ពួកវាអ៊ីចឹង។ ដោយសារតែភាពស្ពឹកស្រពន់របស់ពួកគេ ទើបមនុស្សមិនយល់អ្វីសោះពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ខ្ញុំ ដូច្នេះហើយ ពួកគេពុំមានតម្រុយដើម្បីដឹងថា តើព្រះបន្ទូលរបស់ខ្ញុំគួរឱ្យខ្លាចប៉ុនណា ឬតើព្រះបន្ទូលនោះបើកសម្តែងពីធម្មជាតិរបស់មនុស្សប៉ុនណា ហើយតើសេចក្តីពុករលួយផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានជំនុំជម្រះដោយព្រះបន្ទូលទាំងនោះ ប៉ុនណានោះទេ។ ដោយសារហេតុផលនេះ ជាលទ្ធផលនៃទស្សនៈគាំទ្ររបស់ខ្លួនពាក់កណ្តាលអំពីអ្វីដែលខ្ញុំមានព្រះបន្ទូល មនុស្សភាគច្រើនបានជ្រើសរើសអាកប្បកិរិយាស្ទាក់ស្ទើរ។

នៅក្នុងនគរព្រះ មិនត្រឹមតែព្រះសូរសៀងដែលចេញពីព្រះឱស្ឋរបស់ខ្ញុំនោះទេ ព្រះបាទារបស់ខ្ញុំថែមទាំងយាងយ៉ាងអ៊ឹកធិក ទៅគ្រប់ទីកន្លែងទូទាំងដែនដីទៀតផង។ តាមរយៈវិធីនេះ ខ្ញុំបានទទួលជោគជ័យលើគ្រប់ទីកន្លែងដែលមិនស្អាត និងកខ្វក់ ដូច្នេះហើយមិនត្រឹមតែស្ថានសួគ៌ទេដែលផ្លាស់ប្តូរ សូម្បីតែផែនដីក៏ស្ថិតក្នុងដំណើរការនៃការផ្លាស់ប្តូរដែរ ហើយជាលទ្ធផលនឹងត្រូវបានធ្វើឱ្យថ្មីឡើងវិញ។ នៅក្នុងចក្រវាល គ្រប់យ៉ាងបញ្ចេញពន្លឺដូចថ្មី នៅក្នុងរស្មីនៃសិរីល្អរបស់ខ្ញុំ ដោយបង្ហាញពីទិដ្ឋភាពដ៏កក់ក្តៅដែលធ្វើឱ្យអារម្មណ៍សប្បាយរីករាយ និងលើកវិញ្ញាណរបស់មនុស្សឡើង ដូចជាពេលនេះ ទិដ្ឋភាពនេះមាននៅលើស្ថានសួគ៌មួយក្រៅពីស្ថានសួគ៌នានា ដូចមាននៅក្នុងការគិតស្រមៃរបស់មនុស្សអ៊ីចឹង ដោយមិនមានការធ្វើទុក្ខទោសពីសាតាំង និងរួចផុតពីការយារយីពីសត្រូវខាងក្រៅឡើយ។ នៅទីខ្ពស់បំផុតនៃពិភពលោក ផ្កាយជាច្រើនចូលទៅកាន់ទីកន្លែងដែលបានកំណត់របស់ពួកគេតាមការបញ្ជារបស់ខ្ញុំ ដោយបញ្ចេញពន្លឺរបស់ពួកគេទូទាំងតំបន់ផ្កាយ ក្នុងរយៈពេលជាច្រើនម៉ោងនៃភាពងងឹត។ គ្មាននរណាមួយហ៊ានគិតអំពីភាពរឹងរូសនោះទេ ដូច្នេះ ដោយផ្អែកលើសារៈសំខាន់នៃបញ្ញត្តិគ្រប់គ្រងរបស់ខ្ញុំ នោះពិភពលោកទាំងមូលមានរបៀបរៀបរយ ហើយមានសណ្តាប់ធ្នាប់យ៉ាងល្អឥតខ្ចោះ៖ មិនមានការរំខានណាមួយកើតឡើង ហើយចក្រវាលក៏មិនត្រូវបានញែកចេញពីគ្នានោះទេ។ ខ្ញុំបំបាត់ជំហានលោតផ្លោះដែលហោះនៅពីលើផ្កាយ ហើយនៅពេលដែលព្រះអាទិត្យបញ្ចេញពន្លឺរបស់ខ្លួន ខ្ញុំបំបាត់ភាពកក់ក្តៅរបស់ពួកគេ ដោយបញ្ជូនគ្រាប់ព្រឹលដ៏ធំប៉ុនស្លាបសត្វក្ងាន ធ្លាក់មកពីព្រះហស្តរបស់ខ្ញុំ។ ទោះបីជាយ៉ាងណា នៅពេលដែលខ្ញុំផ្លាស់ប្ដូរព្រះហឫទ័យ ព្រឹលទាំងនោះរលាយចូលទៅក្នុងទន្លេ ហើយភ្លាមៗនោះ និទាឃរដូវបានកើតមានគ្រប់ទីកន្លែងនៅក្រោមផ្ទៃមេឃ ហើយភាពខៀវស្រងាត់ដូចត្បូងមរកតបានប្រែក្លាយទេសភាពទាំងមូលនៅលើផែនដី។ ខ្ញុំដើរត្រាច់ចរនៅលើផ្ទៃមេឃ ហើយរំពេចនោះ ផែនដីគ្របដណ្តប់ដោយភាពខ្មៅងងឹត ដោយសារតែសណ្ឋានរបស់ខ្ញុំ៖ ដោយពុំមានការព្រមានពី «យប់» បានមកដល់ ហើយទូទាំងពិភពលោកកាន់តែងងឹត ដែលមនុស្សម្នាក់មិនអាចមើលឃើញដៃរបស់មនុស្សម្នាក់ទៀត នៅចំពោះគ្នានោះទេ។ នៅពេលដែលពន្លឺរលត់ទៅ មនុស្សយកពេលនេះ ដើម្បីចាប់ផ្តើមប្រព្រឹត្តទង្វើបំផ្លាញគ្នាទៅវិញទៅមក ដោយការកញ្ឆក់ និងការដណ្តើមគ្នា។ ក្រោយមក ជាតិសាសន៍នានានៃផែនដី ធ្លាក់ទៅក្នុងការបែបបាក់ដ៏គ្មានសណ្តាប់ធ្នាប់ ហើយមានសភាពជ្រួលច្របល់ដ៏វឹកវរ រហូតដល់ពួកគេមិនអាចទទួលការប្រោសលោះបាន។ មនុស្សតស៊ូនៅក្នុងការឈឺចាប់ ទាំងខ្សឹបខ្សួល និងថ្ងួចថ្ងូរ នៅក្នុងការឈឺចាប់របស់ពួកគេ ហើយទ្រហ៊ោរយំយ៉ាងអាណោចអធំនៅក្នុងសេចក្តីទុក្ខរបស់ពួកគេ ដោយចង់ឱ្យពន្លឺចុះមកកាន់ពភពមនុស្សម្តងទៀតភ្លាមៗ ដើម្បីបញ្ចប់ថ្ងៃនៃភាពងងឹត ហើយស្តារជីវិតដែលធ្លាប់មាននោះឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំបានចាកចេញពីមនុស្សជាយូរមកហើយ ទាំងមូរដៃអាវរបស់ខ្ញុំឡើង នោះខ្ញុំនឹងមិនអាណិតពួកគេដោយសារតែកំហុសរបស់ពិភពលោកម្តងទៀតនោះទេ៖ ខ្ញុំបានស្អប់ និងបដិសេធមនុស្សនៃផែនដីទាំងមូលជាយូរណាស់មកហើយ ខ្ញុំបានបិទព្រះនេត្ររបស់ខ្ញុំចំពោះស្ថានភាពនៅទីនោះ ខ្ញុំបានបែរព្រះភ័ក្ត្ររបស់ខ្ញុំចេញពីរាល់កាយវិការ និងការផ្លាស់ទីរបស់មនុស្ស ហើយខ្ញុំបានផ្អាកទទួលភាពរីករាយនៅក្នុងភាពស្លូតត្រង់ និងភាពមិនទាន់ដឹងក្តីរបស់វាទៀតហើយ។ ខ្ញុំបានចាប់ផ្តើមផែនការមួយផ្សេងទៀត ដើម្បីធ្វើឱ្យពិភពលោកថ្មី ដើម្បីឱ្យពិភពលោកថ្មីនេះអាចរកឃើញនូវការកើតឡើងជាថ្មីបានកាន់តែឆាប់ ហើយនឹងលែងលិចលង់ម្តងទៀតហើយ។ នៅក្នុងមនុស្ស មានសភាវៈចំឡែកជាច្រើន កំពុងរង់ចាំខ្ញុំដើម្បីកែតម្រូវឱ្យត្រឹមត្រូវឡើងវិញ មានកំហុសជាច្រើនដើម្បីឱ្យខ្ញុំការពារដោយផ្ទាល់កុំឱ្យកើតឡើង មានធូលីជាច្រើនដើម្បីឱ្យខ្ញុំបបោសចេញ ហើយមានអាថ៌កំបាំងជាច្រើនដើម្បីឱ្យខ្ញុំបើកសម្តែង។ មនុស្សទាំងអស់ទន្ទឹងរង់ចាំខ្ញុំ ហើយចង់បានការយាងមកដល់របស់ខ្ញុំ។

នៅលើផែនដី ខ្ញុំគឺជាព្រះដ៏ជាក់ស្ដែងដែលស្ថិតនៅក្នុងចិត្តរបស់មនុស្ស។ នៅលើស្ថានសួគ៌ ខ្ញុំជាម្ចាស់នៃសត្តនិករទាំងអស់។ ខ្ញុំបានឡើងភ្នំ និងឆ្លងទឹក ហើយខ្ញុំបានរសាត់អណ្តែតចេញចូលក្នុងចំណោមមនុស្ស។ តើនរណាហ៊ានប្រឆាំងទាស់ជាមួយព្រះដ៏ជាក់ស្ដែងដោយបើកចំហទៅ? តើនរណាហ៊ានបំបែកចេញពីអំណាចអធិបតេយ្យនៃគ្រប់ទាំងព្រះចេស្តានោះ? ក្រៅពីមានការសង្ស័យ តើនរណាហ៊ានអះអាងថា ខ្ញុំនៅលើស្ថានសួគ៌នោះ? ជាងនេះទៅទៀត តើនរណាហ៊ានអះអាងថា ខ្ញុំពិតជានៅលើផែនដីនោះ? គ្មាននរណាម្នាក់ក្នុងចំណោមមនុស្សទាំងអស់ មានសមត្ថភាពក្នុងការបញ្ជាក់ដោយលម្អិតពីទីកន្លែងដែលខ្ញុំគង់នៅនោះទេ។ តើវានឹងអាចទៅជាបែបនោះទេ នៅពេលដែលខ្ញុំនៅលើស្ថានសួគ៌ ខ្ញុំជាព្រះជាម្ចាស់ដែលហួសពីវិស័យ ហើយនៅពេលដែលខ្ញុំនៅលើផែនដី ខ្ញុំជាព្រះដ៏ជាក់ស្ដែងនោះ? ពិតណាស់ ខ្ញុំជាព្រះដ៏ជាក់ស្ដែងឬយ៉ាងណានោះ មិនអាចកំណត់តាមរយៈតួនាទីរបស់ខ្ញុំជាអ្នកគ្រប់គ្រងគ្រប់លើសត្តនិករទាំងអស់ ឬដោយសារខ្ញុំមានបទពិសោធទទួលរងការឈឺចាប់នៅក្នុងពិភពមនុស្សនោះទេ តើអាចទេ? ប្រសិនបើដូចករណីនេះមែន តើមនុស្សនឹងដឹងពីសេចក្តីសង្ឃឹមទាំងអស់ទេឬ? ខ្ញុំនៅលើស្ថានសួគ៌ ប៉ុន្តែខ្ញុំក៏នៅលើផែនដីដែរ។ ខ្ញុំស្ថិតនៅក្នុងចំណោមវត្ថុនៃការបង្កើតជាច្រើន ហើយខ្ញុំក៏ស្ថិតនៅក្នុងចំណោមប្រជាករផងដែរ។ មនុស្សអាចប៉ះពាល់ខ្ញុំជារៀងរាល់ថ្ងៃ។ ជាងនេះទៅទៀត ពួកគេអាចមើលឃើញខ្ញុំជារៀងរាល់ថ្ងៃផងដែរ។ យោងទៅលើការគិតរបស់មនុស្ស ពេលខ្លះខ្ញុំហាក់ដូចជាលាក់ខ្លួន ហើយពេលខ្លះខ្ញុំហាក់ដូចជាបង្ហាញខ្លួន។ ខ្ញុំហាក់ដូចជាមានវត្តមានពិតមែន ប៉ុន្តែខ្ញុំក៏ហាក់ដូចជាមិនមានវត្តមានផងដែរ។ នៅក្នុងខ្ញុំ មានអាថ៌កំបាំងដែលមនុស្សមិនអាចវាស់ស្ទង់បានទេ។ វាដូចជាមនុស្សទាំងអស់កំពុងតែសម្លឹងខ្ញុំតាមរយៈកែវពង្រីក ដើម្បីរុករកអាថ៌កំបាំងច្រើនទៀតនៅក្នុងខ្ញុំអ៊ីចឹង ដោយរំពឹងលុបបំបាត់អារម្មណ៍ដែលមិនសុខស្រួលនៅក្នុងចិត្តរបស់ពួកគេចេញ។ ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាពួកគេប្រើប្រាស់ម៉ាស៊ីនកាំរស្មីអ៊ិចក៏ដោយ ធ្វើដូចម្តេចទើបមនុស្សអាចបើកកកាយអាថ៌កំបាំងណាមួយ ដែលខ្ញុំមាននោះបាន?

ដោយសារលទ្ធផលនៃកិច្ចការរបស់ខ្ញុំ នៅពេលដែលរាស្ត្ររបស់ខ្ញុំត្រូវបានសរសើរតម្កើងជាមួយខ្ញុំ នោះជម្រករបស់នាគដ៏ធំមានសម្បុរក្រហមនឹងត្រូវបានរកឃើញ ភក់ល្បាប់ និងធូលីដីទាំងអស់នឹងត្រូវបានសម្អាតចេញ ហើយទឹកកខ្វក់ទាំងអស់ដែលបានប្រមូលផ្តុំជាច្រើនឆ្នាំ នឹងរីងស្ងួតដោយសារភ្លើងដែលកំពុងឆេះរបស់ខ្ញុំ ដោយលែងមានតទៅទៀតហើយ។ នៅពេលនោះ នាគដ៏ធំមានសម្បុរក្រហមនឹងស្លាប់នៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ។ តើអ្នករាល់គ្នាពិតជាចង់ស្ថិតនៅក្រោមការថែរក្សាប្រកបដោយសេចក្តីស្រឡាញ់របស់ខ្ញុំ ដើម្បីមិនឱ្យនាគឆក់យកទៅឬទេ? តើអ្នករាល់គ្នាពិតជាស្អប់ផែនការបោកបញ្ឆោតរបស់វាមែនទេ? តើនរណាអាចនាំយកទីបន្ទាល់ដ៏រឹងមាំសម្រាប់ខ្ញុំបាន? ដើម្បីផលប្រយោជន៍នៃព្រះនាមរបស់ខ្ញុំ ដើម្បីផលប្រយោជន៍នៃព្រះវិញ្ញាណរបស់ខ្ញុំ និងដើម្បីផលប្រយោជន៍នៃផែនការគ្រប់គ្រងរបស់ខ្ញុំទាំងមូល តើនរណាអាចថ្វាយកម្លាំងទាំងអស់របស់ពួកគេបាន? បច្ចុប្បន្ននេះ នៅពេលដែលនគរព្រះនៅក្នុងពិភពមនុស្ស នោះជាពេលដែលខ្ញុំបានយាងមកជាមនុស្សក្នុងចំណោមមនុស្ស។ ប្រសិនបើមិនដូច្នោះទេ តើមាននរណាម្នាក់អាចប្រថុយដើរផ្សងព្រេងទៅក្នុងសមរភូមិប្រយុទ្ធជំនួសខ្ញុំ ដោយគ្មានការខ្លាចញញើតទៅ? នោះនគរព្រះអាចលេចរូបរាងឡើង នោះព្រះហឫទ័យរបស់ខ្ញុំអាចសប្បាយរីករាយ ហើយជាងនេះទៅទៀត នោះថ្ងៃរបស់ខ្ញុំអាចនឹងចូលមកដល់ នោះពេលវេលាអាចចូលមកដល់ នៅពេលដែលវត្ថុនៃការបង្កើតជាច្រើនបានកើតឡើងវិញ ហើយរីកលូតលាស់យ៉ាងសម្បូរហូរហៀរ នោះមនុស្សអាចត្រូវបានសង្គ្រោះពីសមុទ្រនៃការឈឺចាប់របស់ពួកគេ នោះថ្ងៃស្អែកអាចចូលមកដល់ ហើយវាអាចនឹងអស្ចារ្យ រីកសុះសាយ និងលូតលាស់។ ជាងនេះទៅទៀត ភាពរីករាយនៃអនាគតនឹងកន្លងផុតទៅ មនុស្សទាំងអស់ប្រឹងប្រែងយ៉ាងអស់ពីកម្លាំងរបស់ពួកគេ ដោយមិនចំណាយអ្វីក្នុងការលះបង់ខ្លួនដើម្បីខ្ញុំនោះទេ។ តើនេះមិនមែនជាសញ្ញាដែលបង្ហាញថា ជ័យជំនេះ គឺជារបស់ខ្ញុំរួចទៅហើយទេឬអី? តើវាមិនមែនជាសញ្ញាសម្គាល់នៃការបញ្ចប់ផែនការរបស់ខ្ញុំទេឬអី?

កាលណាមានវត្តមានមនុស្សនៅថ្ងៃចុងក្រោយកាន់តែច្រើន នោះពួកគេនឹងមានអារម្មណ៍កាន់តែច្រើនអំពីភាពទទេស្អាតនៃពិភពលោក ហើយពួកគេនឹងមានភាពក្លាហានកាន់តែតិចដើម្បីរស់នៅ។ ដោយសារហេតុផលនេះ មនុស្សជាច្រើនរាប់មិនអស់បានស្លាប់ដោយខកចិត្ត មនុស្សជាច្រើនទៀតបានខកចិត្តចំពោះបំណងប្រាថ្នារបស់ពួកគេ ហើយមនុស្សជាច្រើនទៀតធ្វើឱ្យខ្លួនឯងឈឺចាប់ ដោយដៃរបស់សាតាំង។ ខ្ញុំបានជួយសង្គ្រោះមនុស្សច្រើនណាស់ ហើយបានជួយឧបត្ថម្ភគាំទ្រពួកគេជាច្រើន ហើយជារឿយៗ នៅពេលដែលមនុស្សបានបាត់បង់ពន្លឺ នោះខ្ញុំបានទាញពួកគេត្រឡប់មកកាន់ទីកន្លែងនៃពន្លឺវិញ ទើបពួកគេអាចស្គាល់ខ្ញុំនៅក្នុងពន្លឺ ហើយរីករាយដោយសារខ្ញុំ នៅក្នុងសេចក្តីសុខ។ ដោយសារតែការមកដល់នៃពន្លឺរបស់ខ្ញុំ នោះក្តីស្រឡាញ់រីកលូតលាស់នៅក្នុងចិត្តរបស់មនុស្ស ដែលរស់នៅក្នុងនគររបស់ខ្ញុំ ដោយសារតែខ្ញុំគឺជាព្រះជាម្ចាស់សម្រាប់ឱ្យមនុស្សស្រឡាញ់ គឺជាព្រះជាម្ចាស់ដែលមនុស្សតោងជាប់ដោយការស្រឡាញ់ ហើយពួកគេពេញទៅដោយការចាប់អារម្មណ៍នៃសណ្ឋានរបស់ខ្ញុំជានិច្ច។ ទោះបីជាយ៉ាងណា នៅពេលគ្រប់យ៉ាងត្រូវបានមានបន្ទូល និងបានធ្វើរួចរាល់ នោះគ្មាននរណាម្នាក់យល់ថា តើនេះជាកិច្ចការរបស់ព្រះវិញ្ញាណ ឬជាតួនាទីរបស់សាច់ឈាមនោះទេ។ មនុស្សនឹងប្រើពេលអស់មួយជីវិត គ្រាន់តែដើម្បីមានបទពិសោធពីរឿងមួយនេះឱ្យលម្អិតប៉ុណ្ណោះ នៅក្នុងជម្រៅចិត្តខាងក្នុងរបស់ពួកគេ មនុស្សមិនដែលស្អប់ខ្ញុំនោះឡើយ ផ្ទុយទៅវិញ ពួកគេតោងខ្ញុំជាប់នៅក្នុងជម្រៅនៃវិញ្ញាណរបស់ពួកគេ។ ព្រះបញ្ញាញាណរបស់ខ្ញុំ ធ្វើឱ្យពួកគេមានការស្ងើចសរសើរ ភាពអស្ចារ្យដែលខ្ញុំធ្វើចំណីចក្ខុសម្រាប់ភ្នែករបស់ពួកគេ ហើយព្រះបន្ទូលរបស់ខ្ញុំធ្វើឱ្យពួកគេស្ទាក់ស្ទើរក្នុងចិត្ត ប៉ុន្តែពួកគេស្រឡាញ់ព្រះបន្ទូលនោះយ៉ាងខ្លាំង។ ការពិតរបស់ខ្ញុំធ្វើឱ្យមនុស្សវង្វេង ធ្វើឱ្យមនុស្សសង្ស័យ និងធ្វើឱ្យមនុស្សស្មុគស្មាញ ប៉ុន្តែពួកគេទទួលព្រះបន្ទូលនោះដោយស្ម័គ្រចិត្ត។ តើនេះមិនមែនជារង្វាស់ រង្វាល់ជាក់លាក់របស់មនុស្ស ដូចអ្វីដែលពួកគេមានពិតទេឬ?

ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ១៤

បន្ទាប់៖ ជំពូកទី ១៦

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ