តើនរណាជាព្រះជាម្ចាស់ដ៏ពិតមួយព្រះអង្គ?

10-09-2021

សព្វថ្ងៃនេះ មនុស្សភាគច្រើនមានសេចក្តីជំនឿ និងជឿថា មានព្រះជាម្ចាស់មួយអង្គ។ ពួកគេជឿលើព្រះជាម្ចាស់ដែលស្ថិតនៅក្នុងដួងចិត្តរបស់គេ។ ដូច្នេះយូរៗទៅ នៅតាមកន្លែងខុសៗគ្នា មនុស្សចាប់ផ្ដើមជឿលើព្រះជាច្រើនខុសៗគ្នា អាចរាប់រយ ឬក៏រាប់ពាន់ផង។ តើអាចមានច្រើនបែបនេះដែរឬទេ? មិននោះទេ។ ដូច្នេះ តើមានចំនួនប៉ុន្មាន ហើយនរណាជាព្រះជាម្ចាស់ដ៏ពិតទៅ? គ្មានឥស្សរជនល្បីល្បាញ ឬអស្ចារ្យណាម្នាក់អាចផ្ដល់ចម្លើយច្បាស់លាស់សម្រាប់សំណួរនេះទេ ដោយសារតែគ្មានមនុស្សណាម្នាក់អាចមើលឃើញព្រះជាម្ចាស់ ឬមានទំនាក់ទំនងដោយផ្ទាល់ជាមួយទ្រង់ឡើយ។ មនុស្សគ្រប់រូបមានអាយុកាលខ្លី ហើយអ្វីដែលគេដកពិសោធន៍ និងឃើញនោះក៏មានកម្រិតដែរ ដូច្នេះ តើនរណាអាចធ្វើទីបន្ទាល់ច្បាស់លាស់អំពីព្រះជាម្ចាស់ទៅ? មនុស្សបែបនេះកម្រនឹងមានណាស់។ យើងដឹងថា ព្រះគម្ពីរដែលជាស្នាដៃដ៏មានតម្លៃ និងប្រកបដោយសិទ្ធិអំណាចបំផុត ធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ វាផ្ទុកនូវទីបន្ទាល់ដែលថា ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហើយតាំងពីបង្កើតមនុស្សជាតិមក ទ្រង់មិនដែលឈប់ចង្អុលបង្ហាញជីវិតមនុស្សនៅលើផែនដីនោះឡើយ។ ទ្រង់បានចេញក្រឹត្យវិន័យ និងបទបញ្ញត្តិផ្សេងៗសម្រាប់មនុស្ស ហើយវាក៏ធ្វើបន្ទាល់អំពីព្រះជាម្ចាស់នៅក្នុងសាច់ឈាមដែរថា ព្រះអម្ចាស់យេស៊ូវបានយាងមកប្រោសលោះមនុស្សជាតិ។ វាថ្លែងទំនាយអំពីការយាងមកវិញរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយក្នុងការធ្វើកិច្ចការជំនុំជម្រះ ដើម្បីសង្រ្គោះមនុស្សជាតិឱ្យបានពេញលេញ និងនាំមនុស្សទៅកាន់វាសនាដ៏ស្រស់ស្អាតមួយ។ ដូច្នេះ វាចែងយ៉ាងច្បាស់ថា ព្រះជាម្ចាស់ដែលព្រះគម្ពីរធ្វើបន្ទាល់នោះគឺជាព្រះអាទិករ ជាព្រះដ៏ពិតតែមួយអង្គ។ ការនេះសមហេតុផលណាស់។ អ្នកខ្លះសួរថា «តើព្រះជាម្ចាស់ដែលព្រះគម្ពីរធ្វើបន្ទាល់អំពីនេះជានរណាឱ្យប្រាកដទៅ? តើទ្រង់មានព្រះនាមអ្វី? តើយើងនឹងហៅទ្រង់ថាអ្វីទៅ?» ទ្រង់ត្រូវបានគេហៅថាជាព្រះយេហូវ៉ា ក្រោយមកនៅក្នុងសាច់ឈាម ទ្រង់ត្រូវបានគេហៅថាជាព្រះអម្ចាស់យេស៊ូវ ហើយបន្ទាប់មក កណ្ឌគម្ពីរវិវរណៈថ្លែងទំនាយអំពីការយាងមករបស់ព្រះដ៏មានគ្រប់ចេស្ដានៅគ្រាចុងក្រោយ ដែលជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះជាម្ចាស់នេះគឺជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី របស់សព្វសារពើ និងមនុស្សជាតិ។ ទ្រង់ជាព្រះដ៏ពិតតែមួយអង្គ ដែលតែងតែចង្អុលបង្ហាញ និងសង្រ្គោះមនុស្ស។ ទ្រង់គង់នៅអស់កល្ប ទ្រង់មានអធិបតេយ្យ និងត្រួតត្រាលើអ្វីៗទាំងអស់។ ដូច្នេះ អ្នកណាផ្សេងក្រៅពីព្រះអាទិករ និងព្រះដ៏ពិតតែមួយអង្គនេះ គឺជាព្រះក្លែងក្លាយហើយ។ សាតាំងគឺជាព្រះក្លែងក្លាយម្នាក់ ហើយពួកទេវតាធ្លាក់ចុះដែលដើរតាមវា គឺជាព្រះដែលក្លែងខ្លួន ដើម្បីបោកបញ្ឆោតមនុស្សទាំងស្រុងតែម្ដង។ ឧទាហរណ៍ ព្រះពុទ្ធ គង់អ៊ីម និងព្រះឥន្ទ្រនៃលទ្ធិតាវនិយម សុទ្ធតែជាព្រះក្លែងក្លាយទាំងអស់។ មានព្រះក្លែងក្លាយជាច្រើនផ្សេងទៀត ដូចជា អស់អ្នកដែលត្រូវបានតែងតាំង ដោយពួកអធិរាជពីអតីតកាល ហើយយើងមិនចាំបាច់និយាយអំពីព្រះនៃសាសនាផ្សេងទៀតឡើយ។ ដូច្នេះ ហេតុអ្វីបានជាយើងនិយាយថា ពួកគេជាព្រះក្លែងក្លាយ? នោះដោយសារតែពួកគេមិនបានបង្កើតអ្វីៗទាំងអស់នៅលើមេឃ និងផែនដី ឬក៏បង្កើតមនុស្សជាតិឡើយ។ នេះជាភស្តុតាងដ៏ត្រឹមត្រូវបំផុត។ អស់អ្នកដែលគ្មានសមត្ថភាពបង្កើតរបស់សព្វសារពើ មិនអាចគ្រប់គ្រងលើអ្វីៗទាំងអស់ សុទ្ធតែជាព្រះក្លែងក្លាយ។ តើអ្នកគិតថា ព្រះក្លែងក្លាយនឹងហ៊ានអះអាងថា របស់សព្វសារពើត្រូវបានបង្កើតឡើងដោយខ្លួនគេឬ? អត់ទេ។ ចុះចំណែកមនុស្សវិញ? វានឹងមិនហ៊ានឡើយ។ តើវាហ៊ានអះអាងថា វាអាចសង្រ្គោះមនុស្សជាតិពីសាតាំងដែរឬទេ? មិនអាចទេ។ ពេលដែលមហន្តរាយចូលមក បើអ្នកអំពាវនាវរកព្រះក្លែងក្លាយ តើវានឹងលេចមកដែរឬទេ? វានឹងមិនអាចឡើយ វានឹងលាក់ខ្លួនមិនខាន។ ត្រូវទេ? ដូច្នេះ យើងអាចមើលឃើញថា ព្រះក្លែងក្លាយមិនអាចសង្រ្គោះមនុស្សជាតិបានទេ ហើយការជឿលើពួកគេគឺជាសេចក្ដីជំនឿដែលគ្មានបានការ។ ការជឿលើពួកគេនឹងដូចជាការសម្លាប់ខ្លួនឯង ហើយមានតែលិចលង់ក្នុងសេចក្តីវិនាសប៉ុណ្ណោះ។ នេះហើយជាហេតុផល អំពីសារៈសំខាន់នៃការកំណត់ថានរណាជាព្រះជាម្ចាស់ដ៏ពិត នរណាជាព្រះអម្ចាស់ដែលបានបង្កើតអ្វីៗគ្រប់យ៉ាង មិនអាចបំផ្លើសបាននោះ។

សូមមើលអំពីអ្វីដែលមានចែងនៅក្នុងលោកុប្បត្តិ ១:១ «កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី»។ នេះជាខដំបូងគេបំផុតនៅក្នុងព្រះគម្ពីរ។ ខនេះពិតជាពេញដោយសិទ្ធិអំណាច និងមានអត្ថន័យណាស់។ វាចែករំលែកអំពីអាថ៌កំបាំងដែលព្រះជាម្ចាស់បង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ រួមទាំងមនុស្សជាតិផង។ លោកុប្បត្តិក៏ជាកំណត់ត្រាអំពីព្រះជាម្ចាស់បង្កើតពន្លឺ និងខ្យល់ដោយព្រះបន្ទូលរបស់ទ្រង់ ក៏ដូចជាសព្វសត្វ និងរុក្ខជាតិ ព្រមទាំងរបស់ឯទៀតៗ និងបង្កើតមនុស្ស ដោយព្រះហស្តរបស់ទ្រង់ផ្ទាល់ផងដែរ។ ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហើយព្រះអង្គទ្រទ្រង់ និងចិញ្ចឹមអ្វីៗគ្រប់យ៉ាង។ ទ្រង់ប្រទានឱ្យយើងនូវអ្វីគ្រប់យ៉ាងសម្រាប់ការរស់រានរបស់យើង។ មនុស្សជាតិ និងរបស់មានជីវិតទាំងអស់រស់រាននៅក្រោមក្រឹត្យវិន័យ ដែលត្រូវបានកំណត់ទុកដោយព្រះជាម្ចាស់។ នេះជាព្រះចេស្ដា និងសិទ្ធិអំណាចដ៏ពិសេសរបស់ព្រះអាទិករ និងជាអ្វីមួយដែលគ្មានមនុស្ស ទេវតា ឬវិញ្ញាណអាក្រក់របស់សាតាំងណាម្នាក់អាចមាន ឬសម្រេចបាននោះឡើយ។ យើងអាចនិយាយយ៉ាងប្រាកដថា មានតែព្រះមួយអង្គដែលអាចបង្កើតរបស់សព្វសារពើ និងមនុស្សជាតិប៉ុណ្ណោះ ទើបជាព្រះអាទិករ ជាព្រះដ៏ពិតតែមួយអង្គ។

ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហើយទ្រង់បានបង្កើតមនុស្សជាតិ។ ទ្រង់ត្រួតត្រាលើអ្វីគ្រប់យ៉ាង។ ក្នុងពេលនេះ ទ្រង់កំពុងតែដឹកនាំ និងសង្រ្គោះមនុស្សទាំងអស់។ សូមយើងមើលអំពីអ្វីដែលព្រះគម្ពីរចែង។ កាលពីដើមដំបូង ព្រះជាម្ចាស់បានបង្កើតមនុស្សជាតិ ហើយក្រោយមក អ័ដាម និងអេវ៉ាត្រូវបានសាតាំងល្បួង មនុស្សបានរស់នៅក្នុងអំពើបាប។ ពូជពង្សរបស់អ័ដាម និងអេវ៉ាបានពហុគុណនៅលើផែនដី តែពួកគេមិនដឹងពីរបៀបរស់នៅ ឬរបៀបថ្វាយបង្គំព្រះដ៏ពិតឡើយ។ ដោយផ្អែកលើផែនការគ្រប់គ្រងរបស់ទ្រង់ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការរបស់ទ្រង់នាយុគសម័យនៃក្រឹត្យវិន័យ ដោយដាក់ចេញនូវក្រឹត្យវិន័យ និងបទបញ្ញត្តិផ្សេងៗ ដោយបង្រៀនមនុស្សជាតិអំពីអ្វីជាអំពើបាប អ្វីដែលពួកគេគួរធ្វើ និងអ្វីដែលពួកគេមិនគួរធ្វើ ដូច្នេះ ពួកគេបានដឹងពីរបៀបដែលត្រូវរស់នៅ និងរបៀបថ្វាយបង្គំព្រះយេហូវ៉ាដ៏ជាព្រះ។ នេះជារបៀបដែលព្រះជាម្ចាស់បានចង្អុលបង្ហាញមនុស្សជាតិនៅលើផ្លូវដែលត្រឹមត្រូវទៅរកជីវិត។ ក្រោយមក នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មនុស្សជាតិត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំង ពួកគេមិនអាចកាន់តាមក្រឹត្យវិន័យ ហើយកំពុងតែប្រព្រឹត្តអំពើបាបកាន់តែច្រើនឡើងៗ។ គ្មានដង្វាយលោះបាបគ្រប់គ្រាន់ ដើម្បីថ្វាយឡើយ។ មនុស្សជាតិទាំងអស់នឹងត្រូវទទួលទោស និងស្លាប់នៅក្រោមក្រឹត្យវិន័យ បើការនេះនៅតែបន្តទៀត។ ដើម្បីសង្រ្គោះមនុស្សជាតិ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ជាព្រះអម្ចាស់យេស៊ូវ។ ព្រះអង្គផ្ទាល់ត្រូវបានគេឆ្កាងសម្រាប់មនុស្ស ទុកជាដង្វាយលោះបាបរបស់យើង ដោយទទួលយកអំពើបាបរបស់មនុស្ស។ ក្រោយមក គ្មាននរណាម្នាក់ត្រូវថ្វាយដង្វាយលោះបាបសម្រាប់អំពើបាបរបស់គេនោះទេ។ ដរាបណាពួកគេជឿ សារភាព និងប្រែចិត្តទៅរកព្រះអម្ចាស់ នោះអំពើបាបរបស់គេត្រូវបានអត់ទោស ហើយពួកគេនឹងចូលមកចំពោះព្រះជាម្ចាស់ ដើម្បីរីករាយនឹងអ្វីគ្រប់យ៉ាងដែលទ្រង់ប្រទានព្រះគុណដល់ពួកគេ។ បើគ្មានដង្វាយលោះបាបរបស់ព្រះអម្ចាស់យេស៊ូវទេ នោះគ្រប់គ្នានឹងត្រូវទទួលទោស និងត្រូវស្លាប់ក្រោមក្រឹត្យវិន័យមិនខាន ហើយយើងនឹងគ្មានផ្លូវឈរនៅទីនេះដល់ពេលសព្វថ្ងៃឡើយ។ ដូច្នេះ យើងដឹងថា ព្រះអម្ចាស់យេស៊ូវគឺជាព្រះប្រោសលោះមនុស្សជាតិទាំងអស់ជាការលេចមកនៃព្រះដ៏ពិតតែមួយអង្គ។ ព្រះវិញ្ញាណរបស់ទ្រង់គឺជាព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាដ៏ជាព្រះ។ ទ្រង់ជាការលេចមករបស់ព្រះយេហូវ៉ាដ៏ជាព្រះនៅក្នុងសាច់ឈាម។ បើនិយាយឱ្យកាន់តែសាមញ្ញ ព្រះយេហូវ៉ាដ៏ជាព្រះបានយាងមកកាន់ពិភពលោក ក្នុងនាមជាមនុស្ស ដើម្បីប្រោសលោះមនុស្សជាតិ ហើយទ្រង់ជាព្រះដ៏ពិតតែមួយអង្គ។

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការនៃការប្រោសលោះ ហើយគ្រប់គ្នាដែលជឿលើព្រះអម្ចាស់ ត្រូវបានអត់ទោសពីអំពើបាបរបស់គេ។ ថ្វីបើរីករាយនឹងសេចក្តីសុខសាន្ដ និងអំណរពីការអត់ទោសអំពើបាប និងគ្រប់ទាំងព្រះគុណដែលព្រះជាម្ចាស់ប្រទានដល់មនុស្សក៏ដោយ ក៏មនុស្សជាតិមិនដែលឈប់ប្រព្រឹត្តអំពើបាបដែរ។ មនុស្សរស់នៅក្នុងវដ្ដនៃការប្រព្រឹត្តបាប សារភាព និងប្រព្រឹត្តបាបម្ដងទៀត។ ពួកគេមិនបានទទួលភាពបរិសុទ្ធ ឬស័ក្ដិសមនឹងចូលក្នុងនគរព្រះនោះឡើយ។ ព្រះអម្ចាស់យេស៊ូវបានសន្យាថា ទ្រង់នឹងយាងមកម្ដងទៀតនៅគ្រាចុងក្រោយ ដើម្បីសង្គ្រោះមនុស្សជាតិទាំងស្រុង និងបន្សុទ្ធគេ ដើម្បីនាំគេចូលទៅក្នុងនគររបស់ទ្រង់។ ដូចដែលទ្រង់បានសន្យា សព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងមកផែនដីដោយផ្ទាល់នៅក្នុងសាច់ឈាម។ ទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយសម្ដែងចេញនូវសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ទ្រង់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានថ្លែងចេញនូវព្រះបន្ទូលរាប់លានពាក្យ ដោយបើកសម្ដែងនូវអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំរបស់ព្រះជាម្ចាស់ និងប្រាប់គ្រប់យ៉ាងដល់មនុស្សជាតិអំពីឫសគល់នៃការប្រព្រឹត្តបាប និងការប្រឆាំងរបស់មនុស្សចំពោះព្រះជាម្ចាស់ របៀបដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ របៀបដែលព្រះជាម្ចាស់ធ្វើការមួយជំហានម្ដងៗ ដើម្បីសង្រ្គោះមនុស្ស របៀបអនុវត្តតាមសេចក្ដីជំនឿ ដើម្បីទទួលបានការបន្សុទ្ធ និងចូលក្នុងនគរទ្រង់ របៀបសម្រេចបានការចុះចូល និងសេចក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់ ក៏ដូចជាលទ្ធផល និងវាសនាចុងក្រោយរបស់មនុស្សគ្រប់ប្រភេទផងដែរ។ មានភាពសម្បូរបែបនៅក្នុងសេចក្តីពិតដែលត្រូវបានព្រះដ៏មានគ្រប់ព្រះចេស្ដាថ្លែងចេញ ពោលគឺគ្មានខ្វះអ្វីនោះឡើយ។ ដោយឃើញនូវសេចក្តីពិតជាច្រើនដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញ យើងអាចបញ្ជាក់បានថា ទ្រង់ជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ ដោយសារតែព្រះអម្ចាស់បានថ្លែងទំនាយថា «កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១៣)។ តើព្រះដ៏មានគ្រប់ព្រះចេស្ដាមិនមែនកំពុងបើកសម្ដែងអំពីសេចក្តីពិតជាច្រើន នៃការសម្រេចតាមសេចក្តីទំនាយរបស់ព្រះអម្ចាស់យេស៊ូវទេឬ? តើការនេះមិនបញ្ជាក់ទេឬថា ទ្រង់ជាព្រះវិញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ ដើម្បីធ្វើការនៅក្នុងសាច់ឈាម? ដូច្នេះ ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺមកពីព្រះវិញ្ញាណតែមួយ ហើយព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះសង្រ្គោះដែលយាងមកផែនដី ដើម្បីសង្រ្គោះមនុស្សជាតិយ៉ាងពេញលេញ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចសម្ដែងនូវសេចក្តីពិតបាន។ ក្រៅពីព្រះជាម្ចាស់ គ្មានមនុស្សណាម្នាក់អាចធ្វើការនេះបានឡើយ។ នៅទូទាំងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ គ្មានមនុស្សណាម្នាក់ធ្លាប់បានសម្ដែងចេញនូវសេចក្តីពិតទេ។ សេចក្តីដែលត្រូវបានថ្លែង ដោយឥស្សរជនល្បីល្បាញ និងអស្ចារ្យទាំងអស់ ព្រមទាំងពួកអារក្ស និងពួកវិញ្ញាណអាក្រក់ដែលបន្លំខ្លួនជាព្រះទាំងនោះ សុទ្ធតែជាសេចក្តីក្លែងក្លាយ និងការកុហកបោកបញ្ឆោត ដោយគ្មានពាក្យនៃសេចក្តីពិតសូម្បីតែបន្ដិចឡើយ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចសម្ដែងចេញនូវសេចក្តីពិត និងសង្រ្គោះមនុស្សជាតិបាន។ គ្មានភាពសង្ស័យអំពីការនេះឡើយ។

ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ ហើយទ្រង់បានបង្កើតមនុស្សជាតិ។ ទ្រង់បានកំពុងមានបន្ទូល និងធ្វើការ ដើម្បីចង្អុលបង្ហាញ និងសង្រ្គោះមនុស្សជាតិនៅគ្រប់ពេលវេលា។ យើងអាចនិយាយយ៉ាងប្រាកដថា មានតែព្រះអាទិករដែលបាចបង្កើតផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើ និងត្រួតត្រាលើរបស់វាសនារបស់មនុស្សប៉ុណ្ណោះ ទើបជាព្រះដ៏ពិតតែមួយអង្គ។ ព្រះជាម្ចាស់បានបង្កើតមនុស្សជាតិ ហើយមានតែព្រះជាម្ចាស់មួយប៉ុណ្ណោះ ដែលយកព្រះទ័យទុកដាក់ចំពោះវាសនា និងការរីកចម្រើនរបស់មនុស្ស។ តាំងពីពេលបញ្ចប់កិច្ចការបង្កើតពិភពលោកមក ព្រះជាម្ចាស់បានផ្ដោតព្រះទ័យយកចិត្តទុកដាក់លើមនុស្ស ដោយការឃ្វាលយើង និងការផ្ដល់ឱ្យយើងនូវអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការ ដោយផ្ដល់ឱ្យយើងនូវភាពបរិបូរដ៏មហិមា។ ទ្រង់មិនបានចាកចេញចោលយើង ហើយទុកយើងចោល បន្ទាប់ពីបង្កើតយើងមកនោះទេ។ ពេលមនុស្សជាតិចាប់ផ្ដើមរស់នៅលើផែនដីនេះជាផ្លូវការ ព្រះជាម្ចាស់ក៏បានចាប់ផ្ដើមកិច្ចការនៃយុគសម័យក្រឹត្យវិន័យរបស់ព្រះអង្គ ដោយចេញនូវបទបញ្ញត្តិនានា ក្នុងការដឹកនាំជីវិតមនុស្សនៅលើផែនដី។ ពេលមនុស្សលង់ផុងជ្រៅក្នុងភាពពុករលួយដោយសារសាតាំង កាន់តាមក្រឹត្យវិន័យមិនបាន នោះគ្រប់គ្នាក៏ប្រឈមនឹងការផ្ដន្ទាទោសនៅក្រោមក្រឹត្យវិន័យ និងឈានដល់ចំណុចដែលគ្មានផ្លូវត្រឡប់ក្រោយបាន នោះព្រះជាម្ចាស់ក៏ក្លាយជាសាច់ឈាម គឺជាព្រះអម្ចាស់យេស៊ូវ ហើយសម្រេចកិច្ចការនៃការប្រោសលោះ ដោយផ្ទាល់ព្រះអង្គ ដើម្បីអត់ទោសមនុស្សលោកឱ្យរួចពីបាបរបស់គេ ដោយឱ្យគេបានរីករាយនឹងព្រះគុណ និងព្រះពរដែលបានប្រទានមក ពេលយុគសម័យនោះបញ្ចប់ទៅ ព្រះជាម្ចាស់ក៏បានចាប់បដិសន្ធិសាជាថ្មី លើកនេះ គឺជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីធ្វើកិច្ចការជំនុះជម្រះក្នុងគ្រាចុងក្រោយ ដើម្បីសង្គ្រោះមនុស្សជាតិឱ្យរួចពីបាប និងរួចពីអនុភាពរបស់សាតាំងទាំងស្រុង ហើយនាំមនុស្សជាតិចូលទៅក្នុងគោលដៅជីវិតដ៏ស្រស់ត្រកាល។ ទោះបីជាគ្រប់យុគសម័យទាំងអស់ កិច្ចការរបស់ព្រះជាម្ចាស់មានឈ្មោះខុសគ្នា ហើយព្រះអង្គក៏បានសម្រេចនូវកិច្ចការខុសគ្នាក៏ដោយ ក៏គ្រប់យ៉ាងសុទ្ធតែសម្រេចឡើងដោយព្រះជាម្ចាស់តែមួយអង្គ។ ព្រះអង្គមានព្រះវិញ្ញាណតែមួយ ហើយទ្រង់ជាព្រះជាម្ចាស់ដ៏ពិតតែមួយ។ ការនេះមិនអាចប្រកែកបានឡើយ។ ដូចដែលព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «កិច្ចការនៃផែនការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់ គឺត្រូវបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ដំណាក់កាលដំបូង ពោលគឺដំណាក់កាលនៃការបង្កើតពិភពលោកនេះ ត្រូវបានព្រះជាម្ចាស់បំពេញដោយផ្ទាល់ព្រះអង្គ ហើយប្រសិនបើមិនដូច្នេះទេ នោះគ្មាននរណាម្នាក់អាចមានសមត្ថភាពបង្កើតមនុស្សជាតិបានឡើយ។ ដំណាក់កាលទីពីរ គឺជាសេចក្ដីសង្គ្រោះរបស់មនុស្សជាតិទាំងមូល ហើយព្រះជាម្ចាស់ក៏បានបំពេញកិច្ចការនេះដោយផ្ទាល់ព្រះអង្គដែរ។ ដំណាក់កាលទីបី គឺកាន់តែជាក់ស្ដែងថែមទៀត៖ មានតម្រូវការកាន់តែច្រើនជាងមុនផងដែរ ដើម្បីឲ្យព្រះជាម្ចាស់បានបំពេញកិច្ចការនៅទីចុងបញ្ចប់ដោយផ្ទាល់ព្រះអង្គ។ កិច្ចការនៃការប្រោសលោះ ការយកឈ្នះ ការទទួលយក និងការប្រោសឲ្យមនុស្សជាតិទាំងមូលបានគ្រប់លក្ខណ៍ គឺជាកិច្ចការដែលត្រូវបំពេញ ដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ប្រសិនបើទ្រង់មិនបានបំពេញកិច្ចការដោយផ្ទាល់ព្រះអង្គទេ នោះមនុស្សមិនអាចជំនួសអត្តសញ្ញាណរបស់ទ្រង់បានឡើយ ហើយមនុស្សក៏មិនអាចធ្វើកិច្ចការរបស់ទ្រង់បានដែរ។ ដើម្បីយកឈ្នះលើសាតាំង ដើម្បីទទួលបានមនុស្ស និងដើម្បីប្រទានឲ្យមនុស្សនូវជីវិតធម្មតានៅលើផែនដី ទ្រង់ត្រូវដឹកនាំមនុស្សដោយផ្ទាល់ និងបំពេញកិច្ចការក្នុងចំណោមមនុស្សដោយផ្ទាល់ ហើយសម្រាប់ជា ប្រយោជន៍ដល់កិច្ចការនៃផែនការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់ និងសម្រាប់គ្រប់កិច្ចការទាំងអស់របស់ទ្រង់ គឺទ្រង់ត្រូវតែបំពេញកិច្ចការទាំងនោះដោយផ្ទាល់ព្រះអង្គ» («ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «កិច្ចការទាំងបីដំណាក់កាលនេះដែលបានបំពេញតាំងពីគ្រាដំបូងរហូដមកដល់សព្វថ្ងៃនេះ គឺសុទ្ធតែបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងជាព្រះជាម្ចាស់តែមួយព្រះអង្គគត់។ ការពិតអំពីកិច្ចការទាំងបីដំណាក់កាលនេះ គឺជាការពិតអំពីការដឹកនាំរបស់ព្រះជាម្ចាស់លើមនុស្សជាតិគ្រប់គ្នា ជាការពិតមួយដែលគ្មាននរណាម្នាក់អាចបដិសេធបាន។ នៅចុងបញ្ចប់នៃកិច្ចការទាំងបីដំណាក់កាលនេះ របស់សព្វសារពើនឹងត្រូវបែងចែកទៅតាមប្រភេទរបស់វា ហើយត្រូវត្រឡប់ទៅនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់តែមួយព្រះអង្គវិញ ព្រោះនៅក្នុងសកលលោកទាំងមូល មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ហើយគ្មានសាសនាដទៃផ្សេងទៀតឡើយ។ ព្រះណាដែលគ្មានសមត្ថភាពបង្កើតលោកីយ៍នេះ ក៏គ្មានសមត្ថភាពបញ្ចប់លោកីយ៍នេះដែរ ចំណែកឯព្រះណាដែលបានបង្កើតលោកីយ៍នេះ មុខជាអាចនាំលោកីយ៍នេះទៅរកទីបញ្ចប់ទៅបានជាប្រាកដ។ ដូច្នេះ ប្រសិនបើមនុស្សណាម្នាក់មិនអាចធ្វើឱ្យយុគសម័យមួយបញ្ចប់ទៅបានទេ ហើយបានត្រឹមជួយឱ្យមនុស្សបណ្ដុះគំនិតរបស់គេ អ្នកនោះប្រាកដជាមិនមែនជាព្រះទេ ហើយច្បាស់ជាមិនមែនជាព្រះអម្ចាស់របស់មនុស្សជាតិឡើយ។ គេនឹងពុំអាចធ្វើកិច្ចការអស្ចារ្យបែបនេះបានទេ។ មានតែព្រះមួយអង្គគត់ដែលអាចបំពេញកិច្ចការបែបនេះបាន ហើយមនុស្សទាំងអស់ដែលពុំអាចធ្វើកិច្ចការនេះបាន គឺសុទ្ធតែជាសត្រូវ មិនមែនជាព្រះជាម្ចាស់ទេ។ សាសនាអាក្រក់ទាំងអស់ គឺសុទ្ធតែមិនចុះសម្រុងជាមួយព្រះជាម្ចាស់ ហើយដោយសារពួកគេមិនចុះសម្រុងជាមួយព្រះជាម្ចាស់បែបនេះហើយ ទើបពួកគេសុទ្ធតែជាសត្រូវរបស់ព្រះជាម្ចាស់។ កិច្ចការទាំងអស់ត្រូវព្រះដ៏ពិតតែមួយអង្គនេះបំពេញទាំងអស់ ហើយសកលលោកទាំងមូល ក៏ត្រូវបានព្រះមួយព្រះអង្គនេះបញ្ជាដែរ។ ទោះបីកិច្ចការរបស់ទ្រង់ ជាកិច្ចការនៅស្រុកអ៊ីស្រាអែល ឬនៅក្នុងប្រទេសចិនក៏ដោយ ទោះបីកិច្ចការនោះ ត្រូវបានបំពេញដោយព្រះវិញ្ញាណ ឬដោយសាច់ឈាមក៏ដោយ ក៏កិច្ចការទាំងអស់ សុទ្ធតែត្រូវបានបំពេញដោយព្រះជាម្ចាស់ផ្ទាល់អង្គ ហើយគ្មាននរណាម្នាក់អាចធ្វើកិច្ចការនេះបានឡើយ។ ច្បាស់ណាស់ ដោយសារទ្រង់គឺជាព្រះជាម្ចាស់របស់មនុស្សជាតិគ្រប់គ្នា ដូច្នេះហើយទើបទ្រង់អាចបំពេញកិច្ចការដោយសេរី គ្មានការបង្ខិតបង្ខំពីលក្ខខណ្ឌណាមួយនោះទេ។ នេះគឺជានិមិត្តដ៏អស្ចារ្យក្នុងបណ្ដានិមិត្តទាំងអស់» («ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ យើងអាចឃើញថា មានព្រះជាម្ចាស់តែមួយ មានព្រះអាទិករតែមួយប៉ុណ្ណោះ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចបង្កើតអ្វីៗគ្រប់យ៉ាង សោយរាជ្យលើវាសនាទាំងអស់របស់មនុស្សជាតិ ចង្អុលបង្ហាញជីវិតមនុស្សជាតិនៅលើផែនដី សង្រ្គោះមនុស្ស និងនាំមនុស្សចូលទៅក្នុងវាសនាដ៏ស្រស់ស្អាត។ ដូចដែលមានចែងនៅក្នុងកណ្ឌគម្ពីរវិវរណៈថា «ខ្ញុំជាអាល់ហ្វា និងអូមេហ្គា ជាទីចាប់ផ្ដើម ហើយជាទីបញ្ចប់ ជាទីមួយ និងជាចុងបង្អស់» (វិវរណៈ ២២:១៣)។ ព្រះក្លែងក្លាយមិនអាចបង្កើតអ្វីៗគ្រប់យ៉ាងបានទេ ហើយក៏មិនអាចសង្រ្គោះមនុស្សជាតិ ឬបញ្ចប់យុគសម័យមួយនោះដែរ។ ព្រះក្លែងក្លាយមិនអាចធ្វើកិច្ចការដែលព្រះដ៏ពិតធ្វើឡើយ។ ព្រះក្លែងក្លាយអាចគ្រាន់តែបង្ហាញនូវទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ខ្លះៗ ឬផ្សាយនូវសេចក្តីខុសឆ្គង និងសេចក្តីក្លែងក្លាយខ្លះៗ ដើម្បីធ្វើឱ្យមនុស្សយល់ខុស និងពុករលួយប៉ុណ្ណោះ។ ពួកគេអាចផ្តល់នូវជំនួយខ្លះៗ ដើម្បីយកឈ្នះចិត្តមនុស្ស ហើយឱ្យមនុស្សដុតធូប និងថ្វាយបង្គំពួកគេទុកជាព្រះជាម្ចាស់។ ប៉ុន្តែ ព្រះក្លែងក្លាយមិនអាចអត់ទោសអំពើបាប ឬសម្ដែងចេញនូវសេចក្តីពិត ដើម្បីសម្អាតសេចក្តីពុករលួយរបស់មនុស្សបានទេ។ ជាពិសេស ពួកគេមិនអាចសង្រ្គោះមនុស្សជាតិពីកម្លាំងរបស់សាតាំងបានឡើយ។ ព្រះក្លែងក្លាយដែលហ៊ានបន្លំខ្លួនធ្វើជាព្រះដ៏ពិតបង្ហាញថា ពួកវាអាក្រក់ និងឥតអៀនខ្មាសបំផុត ហើយនៅទីបំផុត ពួកវានឹងត្រូវព្រះជាម្ចាស់ចាប់ចង ហើយបោះចូលទៅក្នុងជង្ហុកដ៏ធំ ពោលគឺពួកគេនឹងត្រូវទទួលទោស។ អស់អ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់នឹងត្រូវទ្រង់លុបបំបាត់ចោលនៅទីបំផុត។

ដូច្នេះ ដើម្បីស្វែងរកព្រះដ៏ពិត អ្នកត្រូវតែស្វែងរកព្រះមួយអង្គដែលបានបង្កើតអ្វីៗគ្រប់យ៉ាង ដែលត្រួតត្រាលើអ្វីគ្រប់យ៉ាង ជាព្រះដែលអាចសម្ដែងចេញនូវសេចក្តីពិត និងធ្វើការ ដើម្បីសង្រ្គោះមនុស្សជាតិ។ នេះជាចំណុចសំខាន់។ មានតែតាមរយៈការជឿ និងការថ្វាយបង្គំព្រះដ៏ពិតមួយអង្គនេះ តាមរយៈការទទួលយកសេចក្តីពិតដែលទ្រង់សម្ដែងចេញ និងការទទួលបានសេចក្តីពិតទុកជាជីវិតរបស់អ្នកទេ ទើបអ្នកអាចរំដោះចេញពីបាប ទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ និងចូលទៅក្នុងគោលដៅដ៏ស្រស់ស្អាតបាន។ បើអ្នកមិនស្គាល់ព្រះដ៏ពិតជានរណាទេ អ្នកត្រូវតែស្វែងរក និងស្រាវជ្រាវមើល។ យើងមិនអាចច្រឡំព្រះក្លែងក្លាយជាព្រះដ៏ពិត ដោយសារតែពួកគេសម្ដែងចេញនូវឫទ្ធិបាដិហារិយ៍ខ្លះៗ ឬព្យាបាលជំងឺខ្លះៗនោះទេ។ ការនេះនឹងក្លាយជាបម្រាមមួយ ដោយសារតែពួកគេមិនមែនជាព្រះដ៏ពិតទេ។ ការថ្វាយបង្គំព្រះក្លែងក្លាយគឺជាការប្រមាថ វាប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយស្មើនឹងការក្បត់ព្រះដ៏ពិតអ៊ីចឹង។ និស្ស័យរបស់ព្រះជាម្ចាស់នឹងមិនអត់ឱនចំពោះការបំពានរបស់មនុស្សឡើយ ដូច្នេះ អស់អ្នកដែលជឿលើព្រះក្លែងក្លាយ នឹងត្រូវទទួលទោស និងត្រូវបំផ្លាញដោយព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដរាបណាពិភពលោកចាស់នេះនៅតែបន្តមានវត្តមាន នោះខ្ញុំនឹងជះសេចក្ដីក្រោធរបស់ខ្ញុំ មកលើជាតិសាសន៍ទាំងអម្បាលម៉ាន ខ្ញុំនឹងចេញបញ្ញត្ដិរដ្ឋបាលរបស់ខ្ញុំពាសពេញសកលលោក ព្រមទាំងធ្វើការវាយផ្ចាលដល់មនុស្សណាដែលល្មើសនឹងបញ្ញត្ដិរដ្ឋបាលទាំងនេះ៖ ពេលខ្ញុំបែរព្រះភក្ត្ររបស់ខ្ញុំទៅកាន់សកលលោក ដើម្បីថ្លែងព្រះបន្ទូល មនុស្សទាំងអស់ស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ ហើយពេលនោះគេមើលឃើញកិច្ចការទាំងអស់ដែលខ្ញុំបានសាងនៅទូទាំងសកលលោក។ អស់អ្នកដែលបានតាំងខ្លួនទាស់ទទឹងនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ពោលគឺ មនុស្សដែលទាស់ទទឹងនឹងខ្ញុំដោយទង្វើរបស់មនុស្ស នឹងត្រូវនៅក្រោមការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំនឹងយកផ្កាយជាច្រើននៅលើមេឃ រួចធ្វើវាឲ្យថ្មីវិញ ចូរអរព្រះគុណខ្ញុំ ដ្បិតព្រះអាទិត្យនិងព្រះចន្ទ នឹងត្រូវបានស្អាងឲ្យថ្មីឡើង ផ្ទៃមេឃលែងចាស់ដូចពីមុន ហើយរបស់សព្វសារពើជាច្រើនអនេកនៅលើផែនដីនឹងត្រូវបានស្អាងជាថ្មីឡើងវិញដែរ។ អ្វីគ្រប់យ៉ាងនឹងបានសម្រេចតាមរយៈព្រះបន្ទូលរបស់ខ្ញុំ។ ជាតិសាសន៍ជាច្រើន នៅក្នុងសកលលោកនឹងត្រូវបែងចែកជាថ្មីម្ដងទៀត ហើយជំនួសដោយនគររបស់ខ្ញុំ ដើម្បីឲ្យប្រជាជាតិនានាលើផែនដីរលាយបាត់ទៅរហូត ហើយជាតិសាសន៍ទាំងអស់នឹងក្លាយទៅជានគរមួយ ដែលថ្វាយបង្គំខ្ញុំ ប្រជាជាតិទាំងអស់លើផែនដីនឹងត្រូវវិនាស ហើយលែងមានវត្តមានជារៀងរហូត។ មនុស្សទាំងអស់នៅក្នុងសកលលោក មនុស្សទាំងអស់ដែលជាកម្មសិទ្ធិរបស់អារក្សនឹងត្រូវវិនាសសាបសូន្យ នឹងត្រូវពិការដោយភ្លើងដ៏សន្ធោសន្ធៅរបស់ខ្ញុំ ពោលគឺ មនុស្សទាំងអស់នឹងត្រូវក្លាយទៅជាផេះ លើកលែងតែមនុស្សនៅក្នុងលំហូរនេះតែប៉ុណ្ណោះ។ ពេលខ្ញុំដាក់ទោសមនុស្សជាច្រើនតាមការប្រព្រឹត្តិខុសៗគ្នានោះ មនុស្សដែលនៅក្នុងចំណោមអ្នកកាន់សាសនា នឹងត្រឡប់មកឯនគររបស់ខ្ញុំ ត្រូវបានបង្ក្រាបដោយកិច្ចការរបស់ខ្ញុំ ដ្បិតពួកគេនឹងបានឃើញការមកដល់របស់ព្រះដ៏បរិសុទ្ធ ដោយយាងគង់លើដុំពពកស។ មនុស្សគ្រប់គ្នានឹងត្រូវញែកទៅតាមជំពូករបស់គេផ្ទាល់ ហើយគេនឹងទទួលការវាយផ្ចាលសមទៅនឹងទង្វើរបស់គេ។ អស់អ្នកដែលបានក្រោកឡើងប្រឆាំងនឹងខ្ញុំ គេនឹងវិនាស ចំណែកមនុស្សដែលពុំមានសកម្មភាពពាក់ព័ន្ធនឹងខ្ញុំ នោះគេនឹងបន្តមានវត្តមាននៅលើផែនដី ក្រោមការគ្រប់គ្រងរបស់ពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំ ដោយព្រោះតែរបៀបដែលគេបំពេញកាតព្វកិច្ចរបស់ខ្លួន។ ខ្ញុំនឹងបើកសម្ដែងព្រះកាយរបស់ខ្ញុំឲ្យមនុស្ស និងជាតិសាសន៍ជាច្រើនបានឃើញ រួចខ្ញុំនឹងបន្លឺព្រះសូរសៀងផ្ទាល់របស់ខ្ញុំលើផែនដី ទាំងប្រកាសពីការសម្រេចកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ ដើម្បីឲ្យមនុស្សជាតិទាំងអស់បានឃើញផ្ទាល់ភ្នែករបស់គេ» (ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ

ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីប្រធានបទ «ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ»។ នេះជាប្រធានបទដ៏សំខាន់...

តើការដើរតាមមេដឹកនាំសាសនាគឺជាការដើរតាមព្រះជាម្ចាស់ឬ?

កាលពី ២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវដ៏ជាព្រះអង្គសង្គ្រោះរបស់យើង បានយាងមកបំពេញកិច្ចការនៃការប្រោសលោះ ហើយត្រូវបានមហាបូជាចារ្យ ពួកអាចារ្យ...

តើសេចក្តីសង្គ្រោះតាមរយៈសេចក្ដីជំនឿផ្ដល់នូវច្រកចូលទៅនគរស្ថានសួគ៌ដែរឬទេ?

ជំងឺរាតត្បាតឆ្លងរាលដាលឥតស្រាកស្រាន្ត ហើយគ្រោះរញ្ជូយដី គ្រោះទឹកជំនន់ ហ្វូងសត្វល្អិតចង្រៃ គ្រោះទុរភិក្ស ក៏បានចាប់ផ្តើមកើតឡើងដែរ។...

Leave a Reply