ហេតុអ្វីព្រះជាម្ចាស់ត្រូវការកិច្ចការទាំងបីដំណាក់កាល ដើម្បីសង្រ្គោះមនុស្សជាតិ?

15-12-2021

គ្រប់គ្នាដឹងហើយថា ២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានលេចមកធ្វើកិច្ចការប្រោសលោះមនុស្សជាតិនៅស្រុកយូដា និងប្រកាសថា៖ «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» (ម៉ាថាយ ៤:១៧)។ ទ្រង់បានសម្តែងសេចក្តីពិត និងបើកសម្ដែងនូវទីសម្គាល់ និងការអស្ចារ្យជាច្រើន ដោយធ្វើឲ្យរញ្ជួយស្រុកយូដា។ ថ្នាក់ដឹកនាំជាន់ខ្ពស់សាសនាយូដាបានឃើញពីសិទ្ធិអំណាច និងព្រះចេស្ដា នៃកិច្ចការ និងបន្ទូលព្រះអម្ចាស់យេស៊ូវ ហើយទ្រង់ទទួលបានអ្នកដើរតាមជានិច្ច។ អ្នកដឹកនាំទាំងនេះមានអារម្មណ៍ថា កិច្ចការព្រះយេស៊ូវបានគំរាមកំហែងដល់ឋានៈគេ ដូច្នេះ ពួកគេចាប់ផ្ដើមរកវិធី ដើម្បីប្រឆាំងទ្រង់ ដោយប្រឌិតពាក្យចចាមអារ៉ាមកុហក ថ្កោលទោសព្រះយេស៊ូវ និងធ្វើឲ្យមនុស្សឈប់ដើរតាមទ្រង់។ ព្រះយេស៊ូវ ដែលជាបុត្រមនុស្ស និងមិនស្ថិតក្នុងទម្រង់ខាងវិញ្ញាណ បានធ្វើឲ្យពួកគេកាន់តែឥតអៀនខ្មាស និងកញ្ជ្រោលឡើង។ កិច្ចការ និងបន្ទូលទ្រង់ដែលលើសពីក្រឹត្យវិន័យ គឺជាលេសរបស់ពួកគេ ដើម្បីថ្កោលទោស និងដេញចាប់ទ្រង់ ហើយឆ្កាងទ្រង់យ៉ាងព្រៃផ្សៃបំផុត។ ការនេះបានធ្វើឲ្យអ៊ីស្រាអែលជួបសេចក្ដីវិនាស និងការដាក់ទោស ពីព្រះ អស់ពេល ២ ០០០ ឆ្នាំ។ ឥឡូវ ព្រះយេស៊ូវយាងមកវិញនៅគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស កំពុងសម្ដែងសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់ព្រះ ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិទាំងស្រុង។ អស់អ្នកដែលរង់ចាំការលេចមករបស់ព្រះពីគ្រប់និកាយ បានអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ស្គាល់សូរសៀងព្រះ ហើយបែរទៅរកព្រះដ៏មានគ្រប់ព្រះចេស្ដា។ តែអ្នកដឹកនាំសាសនាជាច្រើនមិនអាចទទួលយកការនេះទេ។ ចៀមល្អៗរបស់គេបានចាកចេញពីហ្វូង ហើយឋានៈ និងការរស់នៅរបស់គេស្ថិតក្នុងគ្រោះថ្នាក់ ដែលពួកគេមិនអាចអត់ទ្រាំបានឡើយ។ ពួកគេកំពុងប្រឌិតរឿងកុហក ដើម្បីបដិសេធ និងថ្កោលទោសការលេចមក និងកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយធ្វើគ្រប់យ៉ាង ដើម្បីនាំពួកអ្នកជឿទៅរកផ្លូវខុស ហើយរារាំងពួកគេមិនឲ្យសិក្សាពីផ្លូវពិត។ ពួកគេថា ព្រះអម្ចាស់យេស៊ូវបានប្រោសលោះមនុស្សជាតិរួចហើយ ដូច្នេះ កិច្ចការសង្រ្គោះរបស់ព្រះបានបញ្ចប់ ហើយទ្រង់នឹងលើកអ្នកជឿឡើង ពេលទ្រង់យាងមក។ គ្មានកិច្ចការសង្រ្គោះទៀតឡើយ។ ពួកគេថែមទាំងតវ៉ាថា៖ «បើព្រះអម្ចាស់យាងមកវិញ ហើយមិននាំយើងចូលទៅក្នុងនគរព្រះទេទ្រង់មិនមែនជាព្រះអម្ចាស់ដ៏ពិតឡើយ! ព្រះអម្ចាស់នៅក្នុងសាច់ឈាម ដែលកំពុងធ្វើកិច្ចការជំនុំជម្រះ មិនអាចជាព្រះអម្ចាស់ឡើយ! គឺមានតែព្រះអម្ចាស់ ដែលយើងជឿទេ ទើបទ្រង់លើកយើងឡើងបាន!» ជាពិសេស ពេលពួកគេឃើញព្រះដ៏មានគ្រប់ព្រះចេស្ដាមិនស្ថិតក្នុងទម្រង់ជាវិញ្ញាណ តែជាបុត្រមនុស្សធម្មតាម្នាក់ ពួកគេកាន់តែចចេស ថ្កោលទោស និងប្រមាថទ្រង់កាន់តែខ្លាំង។ ពួកគេថែមទាំងចូលដៃជាមួយបក្សកុម្មុយនីស្ត ដើម្បីចាប់ខ្លួនអ្នកជឿ ដែលចែកចាយដំណឹងល្អទៀតផង។ ដោយសារទង្វើនេះ ពួកគេបានឆ្កាងព្រះជាម្ចាស់ម្ដងទៀត។ សូមគិតអំពីការនេះចុះ។ ហេតុអ្វីក៏គ្រប់ជំហាននៃកិច្ចការរបស់ព្រះ ត្រូវបានបដិសេធ ថ្កោលទោស និងប្រឆាំងពីសំណាក់ពិភពសាសនា? នោះដោយសារតែសាតាំងធ្វើឲ្យមនុស្សជាតិពុករលួយដល់ឆ្អឹង។ គ្រប់គ្នាមានធម្មជាតិបែបសាតាំង ស្អប់សេចក្តីពិត ហើយធុញទ្រាន់នឹងសេចក្ដីពិត។ ហេតុផលមួយទៀតគឺ មនុស្សមិនយល់ពីកិច្ចការរបស់ព្រះ ដូច្នេះ ពួកគេឃើញកិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះថាសាមញ្ញពេក។ យើងដឹងថា ពួកអ៊ីស្រាអែលបានជឿថា ពេលកិច្ចការរបស់ព្រះនៅយុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ ពួកគេគ្រាន់តែកាន់តាមក្រឹត្យវិន័យ ប៉ុណ្ណោះ ដើម្បីបានសង្រ្គោះ ហើយពេលព្រះមែស្ស៊ីយាងមក ពួកគេនឹងត្រូវនាំចូលទៅនគរព្រះ។ តើមានរឿងអ្វីកើតឡើង? ព្រះអម្ចាស់យេស៊ូវបានយាងមក ហើយសាសន៍យូដាបានឆ្កាងទ្រង់។ អ្នកមកពីយុគសម័យនៃព្រះគុណ គិតថា ដោយមានការប្រោសលោះរបស់ព្រះយេស៊ូវ បាបរបស់គេត្រូវបានអត់ទោស ហើយពួកគេត្រូវបានសង្រ្គោះតែម្ដងជាសូរេច ដូច្នេះ ពួកគេគួរតែត្រូវបាននាំចូលទៅក្នុងនគរព្រះ ពេលព្រះអម្ចាស់យាងមកវិញ។ ចុះមានរឿងអ្វីកើតឡើងទៅ? ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមក ហើយទ្រង់ត្រូវបានជាប់ឆ្កាងម្ដងទៀតពីសំណាក់ពិភពសាសនា ដែលចូលដៃជាមួយរបបសាតាំង។ ពួកគេគិតថា ពេលព្រះអម្ចាស់យេស៊ូវបានបញ្ចប់កិច្ចការទ្រង់ កិច្ចការសង្រ្គោះរបស់ព្រះក៏ត្រូវបានបញ្ចប់ដែរ។ តែវាពិតដែរទេ?

តាមពិត គ្រប់ជំហានថ្មីៗនៃកិច្ចការរបស់ព្រះ ត្រូវបានថ្លែងទុកជាមុនយូរមកហើយ។ ពេលព្រះយេស៊ូវបានយាងមកធ្វើកិច្ចការប្រោសលោះ ពួកហោរាបានទស្សន៍ទាយពីការយាងមករបស់ទ្រង់។ «ស្ត្រីព្រហ្មចារីនឹងមានគត៌ កើតបានកូនប្រុសម្នាក់ ហើយគេនឹងហៅព្រះនាមទ្រង់ថា អេម៉ាញូអែល» (អេសាយ ៧:១៤)។ «ដ្បិតបុត្រមួយប្រសូតដល់យើង ព្រះប្រទានបុត្រមួយដល់យើង ហើយការគ្រប់គ្រងនឹងនៅលើស្មារបស់ទ្រង់ ហើយគេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏អស្ចារ្យ ជាទីប្រឹក្សា ព្រះដ៏មានព្រះចេស្ដា ព្រះវរបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃសន្ដិភាព» (អេសាយ ៩:៦)។ សម្រាប់កិច្ចការជំនុំជម្រះរបស់ព្រះនៅគ្រាចុងក្រោយវិញ សេចក្តីទំនាយក្នុងព្រះគម្ពីរ យ៉ាងហោចក៏មាន២០០ដែរ។ សូមមើលបន្ទូលព្រះអម្ចាស់យេស៊ូវ៖ «អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៨)។ «ដ្បិតព្រះវរបិតាមិនជំនុំជម្រះនរណាម្នាក់ឡើយ តែទ្រង់បានប្រគល់ការជំនុំជម្រះទាំងអស់ដល់ព្រះរាជបុត្រាវិញ» (យ៉ូហាន ៥:២២)។ និងកណ្ឌគម្ពីរពេត្រុស៖ «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។ អ្នកណាដែលចាប់អារម្មណ៍លើកិច្ចការព្រះ អាចរកឃើញមូលដ្ឋានយ៉ាងងាយ ដូច្នេះ ពួកគេនឹងមិនទទូចទាំងគគ្លើនឲ្យឆ្កាងព្រះជាម្ចាស់នោះទេ។ ការនេះបង្ហាញថា សាតាំងបានធ្វើឲ្យមនុស្សជាតិពុករលួយដល់ឆ្អឹង។ មនុស្សទាំងអស់មានធម្មជាតិបែបសាតាំង ហើយវាសមរម្យក្នុងការនិយាយថា មនុស្សជាសត្រូវរបស់ព្រះ។ យើងគ្រប់គ្នាសុទ្ធតែឃើញថា៖ តាំងពីយុគសម័យនៃក្រឹត្យវិន័យ ដល់ការប្រោសលោះរបស់ព្រះយេស៊ូវនៅយុគសម័យនៃព្រះគុណ ហើយឥឡូវ នៅគ្រាចុងក្រោយ ដោយមានព្រះដ៏មានគ្រប់ព្រះចេស្ដាកំពុងធ្វើកិច្ចការជំនុំជម្រះនៅក្នុងសាច់ឈាម ដើម្បីបិទបញ្ចប់កិច្ចការនៃយុគសម័យទាំងនេះ វាស្ដែងយ៉ាងច្បាស់ថា កិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះមានបីដំណាក់កាលយ៉ាងពិតប្រាកដ។ ចុះហេតុអ្វីក៏កិច្ចការសង្រ្គោះរបស់ទ្រង់ចាំបាច់អ្វីត្រូវអនុវត្តនៅក្នុងបីដំណាក់កាល? វាជាអ្វីមួយដែលមនុស្សមិនអាចស្ទង់ដឹងឡើយ ជាហេតុនាំឲ្យមនុស្សជាច្រើនប្រឆាំង និងថ្កោលទោសកិច្ចការរបស់ព្រះ។ ផលវិបាកនៃទង្វើនេះ គឺធ្ងន់ធ្ងរណាស់។ ដូច្នេះហើយ បញ្ហាដែលយើងកំពុងតែស្វែងយល់នៅថ្ងៃនេះ គឺជាហេតុផលនាំឲ្យព្រះធ្វើជំហានទាំងបីនៃកិច្ចការ។

នៅគ្រាចុងក្រោយ កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបើកសម្ដែងគ្រប់ទាំងអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរបស់ទ្រង់។ សូមអានបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីឲ្យយើងអាចយល់កាន់តែច្បាស់អំពីការនេះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «កិច្ចការនៃការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ត្រូវបែងចែកជាបីដំណាក់កាល៖ យុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ គឺដើម្បីសេចក្ដីសង្គ្រោះដល់មនុស្សជាតិ ពោលគឺដំណាក់កាលទាំងនេះ គឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយដល់ឆ្អឹង។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះដែរ ដំណាក់កាលទាំងនេះ ក៏ដើម្បីឲ្យព្រះជាម្ចាស់អាចតយុទ្ធជាមួយសាតាំងបានផងដែរ។ ហេតុនេះកិច្ចការនៃសេចក្ដីសង្គ្រោះ ត្រូវបានបែងចែកជាបីដំណាក់កាល ហើយចម្បាំងជាមួយសាតាំងក៏ត្រូវបានបែងចែកជាបីដំណាក់កាលដែរ ហើយផ្នែកទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវធ្វើឡើងក្នុងពេលជាមួយគ្នា។ ចម្បាំងជាមួយសាតាំង តាមពិតគឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះមនុស្សជាតិ ហើយដោយសារកិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សជាតិនេះ មិនមែនជាកិច្ចការដែលអាចសម្រេចជោគជ័យបាននៅក្នុងដំណាក់កាលតែមួយ នោះចម្បាំងជាមួយសាតាំង ក៏ត្រូវបែងចែកទៅជាដំណាក់កាល និងសម័យកាលដែរ ហើយចម្បាំងដែលប្រកាសធ្វើជាមួយសាតាំងគឺស្របទៅតាមតម្រូវការរបស់មនុស្ស និងទៅតាមទំហំនៃសេចក្ដីពុករលួយរបស់សាតាំងចំពោះមនុស្ស។ ... មានដំណាក់កាលចំនួនបីនៃកិច្ចការសម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្ស ពោលគឺ ចម្បាំងជាមួយសាតាំងត្រូវបំបែកទៅជាបីដំណាក់កាល ដើម្បីយកឈ្នះលើសាតាំងមួយដងជាសម្រេច។ ក៏ប៉ុន្តែសេចក្ដីពិតខាងក្នុងនៃកិច្ចការចម្បាំងទាំងមូលជាមួយសាតាំង គឺថាឥទ្ធិពលនៃចម្បាំងនេះ អាចសម្រេចទៅបានតាមរយៈដំណាក់កាលនៃកិច្ចការជាច្រើន៖ ការប្រទានព្រះគុណដល់មនុស្ស ការក្លាយជាតង្វាយលោះបាបរបស់មនុស្ស ការអត់ទោសបាបរបស់មនុស្ស ការយកឈ្នះលើមនុស្ស និងការប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍» («ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ យើងអាចឃើញថា កិច្ចការសង្រ្គោះរបស់ព្រះកើតឡើងនៅក្នុងបីដំណាក់កាល។ វាមានកិច្ចការរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ និងកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងយុគសម័យនៃនគរព្រះ។ កិច្ចការទាំងបីដំណាក់កាលនេះបង្កើតបានជាកិច្ចការសង្រ្គោះពេញលេញរបស់ព្រះ ហើយនេះជារបៀបដែលព្រះសង្រ្គោះមនុស្សជាតិចេញពីកម្លាំងរបស់សាតាំង ម្ដងមួយជំហានៗ ដើម្បីឲ្យព្រះអាចទទួលយើងបានយ៉ាងពេញលេញ។ ភាពសំខាន់នៅពីក្រោយជំហាននីមួយៗ គឺជ្រាលជ្រៅ។ ទាំងអស់នេះសុទ្ធតែជាកិច្ចការដ៏មានតម្លៃនៅក្នុងផែនការគ្រប់គ្រងរបស់ព្រះ ដើម្បីសង្រ្គោះមនុស្សជាតិ និងជាផ្នែកដ៏សំខាន់នៃដំណើរការ ដើម្បីសង្គ្រោះមនុស្សជាតិដែលពុករលួយពីអំពើបាប និងពីកម្លាំងរបស់សាតាំង។

បន្ទាប់មក ខ្ញុំចង់សង្ខេបខ្លីៗអំពីកិច្ចការទាំងបីដំណាក់កាលរបស់ព្រះ ដោយផ្អែកលើព្រះបន្ទូលរបស់ទ្រង់។ ដំបូង សូមនិយាយអំពីកិច្ចការជំហានទីមួយរបស់ព្រះ ដើម្បីសង្រ្គោះមនុស្ស៖ ធ្វើការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ យើងគ្រប់គ្នាសុទ្ធតែដឹងថា មុនពេលព្រះអនុវត្តកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យនៃក្រឹត្យវិន័យ មនុស្សមិនយល់អ្វីសោះឡើយ។ ពួកគេមិនដឹងពីរបៀបថ្វាយបង្គំព្រះ ឬរបៀបរស់នៅជីវិតលើផែនដីទេ។ ពួកគេចេះតែប្រព្រឹត្តបាប និងប្រមាថព្រះ ហើយមិនទាំងដឹងអំពីអ្វីទៅជាអំពើបាបផង។ ដើម្បីជួយឲ្យមនុស្សឃ្លាតឆ្ងាយពីអំពើបាប និងរស់នៅបានត្រឹមត្រូវ ព្រះចាប់ផ្ដើមកិច្ចការរបស់ទ្រង់នៅយុគសម័យនៃក្រឹត្យវិន័យ។ សូមអានបន្ទូលរបស់ព្រះអំពីចំណុចនេះ។ «ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានកំណត់បញ្ញត្តិជាច្រើនដល់ម៉ូសេ ដើម្បីឱ្យគាត់បន្តប្រាប់ពីបញ្ញត្តិទាំងអស់នោះទៅជនជាតិអ៊ីស្រាអែល ដែលបានដើរតាមគាត់ចេញពីស្រុកអេស៊ីព្ទមក។ បញ្ញត្តិទាំងនេះ ត្រូវព្រះយេហូវ៉ាប្រទានមកជនជាតិអ៊ីស្រាអែល ហើយគ្មានអ្វីទាក់ទងនឹងជនជាតិអេស៊ីព្ទឡើយ។ បញ្ញត្តិទាំងនេះ គឺដើម្បីរឹតត្បិតចំពោះជនជាតិអ៊ីស្រាអែល ហើយទ្រង់ប្រើបញ្ញត្តិទាំងនេះ ដើម្បីឱ្យពួកគេស្ដាប់បង្គាប់ទ្រង់។ មិនថាពួកគេប្រតិបត្តតាមថ្ងៃឈប់សម្រាកឬអត់ មិនថាពួកគេគោរពឪពុកម្ដាយរបស់ពួកគេឬអត់ មិនថាពួកគេថ្វាយបង្គំរូបព្រះឬអត់ ។ល។ និង ។ល។ ក៏បញ្ញត្តិទាំងនេះ នៅតែជាគោលការណ៍សម្រាប់វិនិច្ឆ័យថាពួកគេជាអ្នកមានបាប ឬជាមនុស្សសុចរិតដដែល។ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះត្រូវព្រះយេហូវ៉ាប្រហារដោយភ្លើង អ្នកខ្លះត្រូវគប់សម្លាប់នឹងដុំថ្ម ហើយអ្នកខ្លះទៀត ទទួលបានព្រះពរពីព្រះយេហូវ៉ា ដែលលទ្ធផលទាំងនេះ ស្ថិតលើថាតើពួកគេគោរព ឬមិនគោរពតាមបញ្ញត្តិទាំងនេះ។ អ្នកណាដែលមិនប្រតិបត្តតាមថ្ងៃឈប់សម្រាក ត្រូវគប់សម្លាប់នឹងដុំថ្ម។ ពួកសង្ឃដែលមិនប្រតិបត្តតាមថ្ងៃឈប់សម្រាក ត្រូវប្រហារដោយភ្លើងរបស់ព្រះយេហូវ៉ា។ អ្នកណាដែលមិនគោរពឪពុកម្ដាយខ្លួន ក៏ត្រូវគប់សម្លាប់នឹងដុំថ្មដែរ។ បញ្ញត្តិទាំងប៉ុន្មាននេះ សុទ្ធតែត្រូវព្រះយេហូវ៉ាបង្កើតមកទាំងអស់។ ព្រះយេហូវ៉ាបង្កើតបញ្ញត្តិ និងក្រឹត្យវិន័យ ដើម្បីឱ្យពេលដែលទ្រង់ដឹកនាំជីវិតរបស់មនុស្ស ពួកគេនឹងព្រមស្ដាប់ ហើយស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ មិនបះបោរទាស់នឹងទ្រង់។ ទ្រង់ប្រើក្រឹត្យវិន័យទាំងនេះ ដើម្បីគ្រប់គ្រងពូជមនុស្សដែលទើបកើតថ្មី ដើម្បីក្រាលគ្រឹះដែលល្អជាងមុនសម្រាប់កិច្ចការរបស់ទ្រង់នាពេលអនាគត។ ដូច្នេះហើយ ផ្អែកលើកិច្ចការដែលព្រះយេហូវ៉ាបានបំពេញ យុគសម័យដំបូងគេនេះ ត្រូវហៅថា 'យុគសម័យនៃក្រឹត្យវិន័យ'» («កិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាដ៏ជាព្រះបានចេញក្រឹត្យវិន័យ និងបទបញ្ជាជាច្រើន ដោយបង្រៀនមនុស្សជាតិពីរបៀបថ្វាយបង្គំព្រះ និងរបៀបដឹកនាំជីវិតរបស់គេ។ អស់អ្នកដែលដើរតាមក្រឹត្យវិន័យ បានទទួលការការពារ និងព្រះពររបស់ព្រះ រីឯអ្នកដែលបំពានក្រឹត្យវិន័យវិញ ត្រូវថ្វាយយញ្ញបូជា ដើម្បីទទួលបានការអត់ទោសពីអំពើបាបរបស់ខ្លួន។ បើមិនដូច្នោះទេ ពួកគេនឹងត្រូវទទួលការដាក់ទោស និងការដាក់ទោសរបស់ព្រះ។ អ្នកនៅយុគសម័យនៃក្រឹត្យវិន័យ បានស្គាល់សេចក្តីសុចរិត និងសេចក្តីក្រោធរបស់ព្រះដោយផ្ទាល់ ដែលជានិស្ស័យមិនអាចប្រមាថបានឡើយ ហើយពួកគេស្គាល់ពីក្ដីមេត្តា និងព្រះពររបស់ទ្រង់។ នោះជាហេតុផលដែលគ្រប់គ្នាខ្លាចព្រះយេហូវ៉ាដ៏ជាព្រះ ហើយកាន់តាមក្រឹត្យវិន័យ និងបទបញ្ជារបស់ទ្រង់។ ពួកគេមានការការពាររបស់ព្រះ និងរស់នៅជីវិតដែលត្រឹមត្រូវនៅលើផែនដី។ ឥឡូវ សូមគិតអំពីចំណុចនេះបន្ដិច៖ បើព្រះមិនធ្វើកិច្ចការទ្រង់នៅយុគសម័យនៃក្រឹត្យវិន័យទេ តើមានអ្វីកើតឡើងចំពោះមនុស្សជាតិ? បើគ្មានការរឹតត្បិតនៃក្រឹត្យវិន័យ ឬការដឹកនាំរបស់ព្រះទេ មនុស្សជាតិទាំងអស់នឹងធ្លាក់ទៅក្នុងភាពវឹកវរ ហើយត្រូវបានសាតាំងចាប់យកមិនខាន។ ការដែលព្រះប្រទានក្រឹត្យវិន័យដល់មនុស្សជាតិគឺជាកិច្ចការដ៏សំខាន់ណាស់! កិច្ចការរបស់ទ្រង់នៅយុគសម័យនៃក្រឹត្យវិន័យបង្រៀនមនុស្សថាអ្វីទៅជាអំពើបាប និងអ្វីទៅជាសេចក្តីសុចរិត និងបង្ហាញមនុស្សថា អំពើបាបតម្រូវឲ្យមានយញ្ញបូជាលោះបាប។ ដំណាក់កាលដំបូងនៃកិច្ចការរបស់ព្រះមិនគ្រាន់តែនាំមនុស្សជាតិឲ្យដើរនៅលើផ្លូវត្រឹមត្រូវក្នុងជីវិតរបស់គេប៉ុណ្ណោះទេ តែវាក៏រៀបចំផ្លូវសម្រាប់កិច្ចការប្រោសលោះនៅយុគសម័យនៃព្រះគុណផងដែរ។

ក្រោយមក នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មនុស្សជាតិទាំងអស់ត្រូវបានសាតាំងធ្វើឲ្យពុករលួយយ៉ាងខ្លាំង រហូតដល់ពួកគេបន្តប្រព្រឹត្តបាបកាន់តែច្រើន ហើយក្រឹត្យវិន័យលែងអាចត្រួតត្រាលើពួកគេទៀតហើយ។ ពួកគេមិនមានយញ្ញបូជាគ្រប់គ្រាន់សម្រាប់អំពើបាបរបស់គេឡើយ ដូច្នេះ ពួកគេត្រូវប្រឈមការថ្កោលទោស និងការប្រហារជីវិតនៅក្រោមក្រឹត្យវិន័យ គ្រប់គ្នាអំពាវនាវរកព្រះនៅក្នុងការឈឺចាប់របស់គេ។ ដូច្នេះ ព្រះអង្គផ្ទាល់បានត្រឡប់ជាសាច់ឈាម ក្នុងនាមជាព្រះអម្ចាស់យេស៊ូវ និងបានធ្វើកិច្ចការប្រោសលោះ ដោយចាប់ផ្ដើមនូវយុគសម័យនៃព្រះគុណ និងបិទបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ សូមអានបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាថែមទៀត។ «ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវបានយាងមក ដើម្បីប្រោសលោះមនុស្សជាតិដែលធ្លាក់ចុះទាំងអស់ (មិនមែនគ្រាន់តែប្រជាជនអ៊ីស្រាអែលប៉ុណ្ណោះទេ)។ ទ្រង់បានបង្ហាញសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរសទៅកាន់មនុស្ស។ ព្រះយេស៊ូវដែលមនុស្សបានឃើញនៅក្នុងយុគសម័យនៃព្រះគុណ បានពេញដោយសេចក្តីស្រឡាញ់ដ៏សប្បុរស និងតែងតែស្រឡាញ់មនុស្សជានិច្ច ព្រោះថា ទ្រង់បានយាងមក ដើម្បីសង្រ្គោះមនុស្សជាតិឲ្យរួចពីបាប។ ទ្រង់អាចអត់ទោសមនុស្សឲ្យរួចពីបាបរបស់គេបាន លុះត្រាតែការជាប់ឆ្កាងរបស់ទ្រង់ បានប្រោសលោះមនុស្សជាតិពីអំពើបាបទាំងស្រុង។ ក្នុងអំឡុងពេលនេះ ព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់នៅមុខមនុស្សជាមួយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស មានន័យថា ទ្រង់បានក្លាយជាតង្វាយលោះបាបសម្រាប់មនុស្ស និងត្រូវបានជាប់ឆ្កាងដោយព្រោះអំពើបាបរបស់មនុស្ស ដើម្បីឲ្យពួកគេទទួលបានការអត់ទោសជារៀងរហូត» («ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «បើគ្មានការប្រោសលោះរបស់ព្រះយេស៊ូវទេ មនុស្សជាតិច្បាស់ជារស់នៅក្នុងអំពើបាបអស់កល្បជានិច្ច ហើយក្លាយជាពូជពង្សនៃអំពើបាប ជាតំណវង្សរបស់វិញ្ញាណអាក្រក់មិនខាន។ បើនៅតែបន្តបែបនេះទៀត ពិភពលោកទាំងមូលនឹងក្លាយជាទឹកដីដែលសាតាំងរស់នៅ ជាកន្លែងតាំងទីលំនៅរបស់វាមិនខាន។ យ៉ាងណាមិញ កិច្ចការនៃការប្រោសលោះនេះ តម្រូវឱ្យមានការបង្ហាញសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសដល់មនុស្ស។ មានតែតាមរយៈមធ្យោបាយនេះទេ ទើបមនុស្សអាចទទួលបានការអត់ទោស ហើយចុងក្រោយមានសិទ្ធិឱ្យព្រះជាម្ចាស់ប្រោសឱ្យបានពេញខ្នាត ហើយត្រូវទ្រង់ទទួលយកទាំងស្រុង។ ប្រសិនគ្មានកិច្ចការក្នុងដំណាក់កាលនេះទេ ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ មុខជាមិនអាចរីកចម្រើនទៅមុខបានឡើយ។ ប្រសិនបើព្រះយេស៊ូវពុំត្រូវបានគេឆ្កាងទេ ប្រសិនបើទ្រង់គ្រាន់តែព្យាបាលជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ចេញ ម្ល៉េះសមមនុស្សមិនអាចទទួលបានការអត់ទោសបាបរបស់គេទាំងស្រុងឡើយ។ ក្នុងរយៈពេលបីឆ្នាំកន្លះដែលព្រះយេស៊ូវបានចំណាយក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ទ្រង់បានសម្រេចកិច្ចការនៃការប្រោសលោះរបស់ទ្រង់ត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ។ បន្ទាប់មក តាមរយៈការឱ្យគេឆ្កាងទ្រង់ និងត្រលប់ជាសាច់ឈាមដូចមនុស្សមានបាប និងតាមរយៈការប្រគល់អង្គទ្រង់ទៅឱ្យមេកំណាច ទើបទ្រង់សម្រេចកិច្ចការនៃការសុគតលើឈើឆ្កាង និងបានធ្វើជាម្ចាស់លើវាសនាមនុស្ស។ ទាល់តែពេលដែលទ្រង់ត្រូវបានគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំងហើយ ទើបទ្រង់បានប្រោសលោះមនុស្សជាតិ។ អស់រយៈពេលសាមសិបបីឆ្នាំកន្លះដែលទ្រង់បានរងទុក្ខនៅលើផែនដី ដោយត្រូវគេចំអក ត្រូវគេមួលបង្កាច់ ហើយត្រូវគេបោះបង់ចោល រហូតដល់ថ្នាក់រកកន្លែងដាក់ព្រះសិរផ្ទំគ្មាន រកកន្លែងសម្រាកគ្មានផង។ ក្រោយមក ទ្រង់ក៏ត្រូវគេឆ្កាងរូបអង្គទ្រង់ទាំងមូល ជារូបអង្គបរិសុទ្ធគ្មានទោស។ ទ្រង់បានរងទុក្ខវេទនាគ្រប់បែបយ៉ាង។ ពួកអ្នកមានអំណាចចំអកដាក់ទ្រង់ ព្រមទាំងវាយទ្រង់នឹងរំពាត់ផង ចំណែកឯពួកទាហានវិញ ថែមទាំងស្ដោះទឹកមាត់ដាក់ទ្រង់ទៀតផង។ ប៉ុន្តែទ្រង់នៅតែមិនស្ដីអ្វី ហើយស៊ូទ្រាំរហូតដល់ទីបញ្ចប់ ចុះចូលឥតលក្ខខណ្ឌរហូតដល់សោយព្រះទិវង្គត ជាពេលដែលទ្រង់បានប្រោសលោះមនុស្សជាតិទាំងមូល។ មកដល់ពេលនោះឯង ទើបទ្រង់ត្រូវបានអនុញ្ញាតឱ្យសម្រាក។ កិច្ចការដែលព្រះយេស៊ូវបានធ្វើ តំណាងត្រឹមតែយុគសម័យនៃព្រះគុណប៉ុណ្ណោះ។ កិច្ចការនេះមិនតំណាងឱ្យយុគសម័យនៃក្រឹត្យវិន័យឡើយ ក៏មិនមែនជាកិច្ចការសម្រាប់ជំនួសឱ្យកិច្ចការនៃគ្រាចុងក្រោយដែរ។ នេះហើយជាសារជាតិនៃកិច្ចការរបស់ព្រះយេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ (យុគសម័យនៃការប្រោសលោះ) ជាយុគសម័យទីពីរដែលមនុស្សបានឆ្លងកាត់» («រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលព្រះយេស៊ូវគង់នៅក្នុងចំណោមយើង ទ្រង់បានប្រកាសថា៖ «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» (ម៉ាថាយ ៤:១៧)។ ទ្រង់បានបង្រៀនមនុស្សឲ្យសារភាព និងប្រែចិត្ត ស្រឡាញ់អ្នកដទៃដូចខ្លួនឯង អត់ទោសឲ្យអ្នកដទៃប្រាំពីរដងចិតសិបដង ស្រឡាញ់ព្រះយ៉ាងអស់ពីចិត្ត ពីព្រលឹង និងពីគំនិតរបស់យើង ថ្វាយបង្គំព្រះនៅក្នុងវិញ្ញាណ និងក្នុងសេចក្ដីពិត និងជាច្រើនទៀត។ បន្ទូលរបស់ព្រះយេស៊ូវបង្ហាញមនុស្សពីព្រះទ័យរបស់ព្រះ និងផ្ដល់ឲ្យមនុស្សនូវគោលដៅ និងទិសដៅដ៏ច្បាស់នៅក្នុងជំនឿរបស់គេ។ នេះជាជំហានមួយលើសពីការរឹតត្បិតនៃក្រឹត្យវិន័យ និងក្បួនច្បាប់។ ទ្រង់ក៏បង្ហាញនូវទីសម្គាល់ និងការអស្ចារ្យជាច្រើន ដោយប្រោសអ្នកជំងឺឲ្យជា បណ្ដេញអារក្ស និងអត់ទោសបាបផងដែរ។ ទ្រង់ពេញដោយការអត់ឱន និងការអត់ធ្មត់។ គ្រប់គ្នាអាចដឹងពីក្ដីស្រឡាញ់ និងក្ដីមេត្តារបស់ព្រះ អាចឃើញពីភាពគួរឲ្យស្រឡាញ់របស់ទ្រង់ និងចូលកាន់តែជិតព្រះ។ នៅទីបំផុត ព្រះអម្ចាស់យេស៊ូវត្រូវជាប់ឆ្កាង ដោយបម្រើជាតង្វាយលោះបាបដ៏អស់កល្ប អត់ទោសបាបរបស់យើងតែម្ដងជាសូរេច។ ក្រោយមក មនុស្សគ្រាន់តែសារភាព និងប្រែចិត្តចំពោះព្រះអម្ចាស់ ដើម្បីឲ្យទ្រង់អត់ទោសបាបរបស់គេ ហើយគេនឹងមិនត្រូវថ្កោលទោស និងដាក់ទោសនៅក្រោមក្រឹត្យវិន័យឡើយ។ ពួកគេអាចចូលមកចំពោះព្រះនៅក្នុងការអធិស្ឋាន ហើយរីករាយនឹងសេចក្តីសុខសាន្ត អំណរ និងព្រះពរដ៏បរិបូរដែលព្រះអម្ចាស់ប្រទានមក។ ច្បាស់ណាស់ កិច្ចការប្រោសលោះរបស់ព្រះយេស៊ូវបានក្លាយជាព្រះពរដ៏ធំមួយសម្រាប់មនុស្សជាតិ ដោយឲ្យយើងបន្តរស់រាន និងលូតលាស់មកដល់សព្វថ្ងៃ។

ក្រោយមក ដោយសារព្រះអម្ចាស់យេស៊ូវបានបញ្ចប់កិច្ចការរបស់ទ្រង់ និងប្រោសលោះយើងពីក្រញ៉ាំរបស់សាតាំង តើនេះមានន័យថា កិច្ចការសង្រ្គោះរបស់ព្រះបានបញ្ចប់ហើយឬ? តើវាមានន័យថា យើងមិនត្រូវការកិច្ចការសង្រ្គោះរបស់ព្រះទៀតទេឬ? ចម្លើយគឺថា៖ អត់ទេ។ កិច្ចការរបស់ព្រះមិនទាន់បានបញ្ចប់ឡើយ។ មនុស្សជាតិនៅត្រូវការជំហានមួយទៀតនៃកិច្ចការសង្រ្គោះរបស់ព្រះ។ មនុស្សត្រូវបានព្រះអម្ចាស់យេស៊ូវប្រោសលោះ ហើយអំពើបាបរបស់យើងត្រូវបានអត់ទោស តែធម្មជាតិបាបរបស់យើងមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ យើងត្រូវបានជំរុញដោយធម្មជាតិបាបរបស់យើង តែងតែរស់នៅក្នុងសេចក្តីពុករលួយ។ យើងមិនអាចធ្វើអ្វីក្រៅពីកុហក និងប្រព្រឹត្តបាបគ្រប់ពេលទេ។ យើងបះបោរ និងប្រឆាំងព្រះអម្ចាស់ ហើយយើងមិនអាចយកព្រះបន្ទូលទ្រង់ទៅអនុវត្តនោះទេ។ យើងគ្រប់គ្នារស់នៅក្នុងវដ្ដនៃការប្រព្រឹត្តបាប សារភាពបាប និងប្រព្រឹត្តបាបម្ដងទៀត នៅក្នុងការតយុទ្ធដ៏ឈឺចាប់ទាស់នឹងអំពើបាប។ គ្មាននរណាអាចរួចផុតពីចំណង និងព្រំដែននៃបាបឡើយ។ ដូច្នេះ តើមនុស្សដែលមិនអាចរួចផុតពីអំពើបាប ពិតជាត្រូវបានលើកឡើងទៅក្នុងនគរព្រះ ដោយគ្មានការជំនុំជម្រះ និងការវាយផ្ចាលទេឬ? ប្រាកដជាមិនអាចឡើយ។ ព្រះជាម្ចាស់ជាព្រះបរិសុទ្ធ។ «ដ្បិតបើគ្មានភាពបរិសុទ្ធទេ នោះគ្មាននរណានឹងឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤)។ ព្រះមិនអាចបណ្ដោយឲ្យអ្នកដែលនៅតែប្រព្រឹត្តបាប និងប្រឆាំងទ្រង់ ចូលទៅក្នុងនគរទ្រង់ឡើយ។ នោះជាហេតុផលដែលព្រះអម្ចាស់បានថ្លែងទំនាយថា ទ្រង់នឹងយាងមកវិញ ក្រោយពេលទ្រង់បានបញ្ចប់កិច្ចការប្រោសលោះរបស់ទ្រង់។ ការយាងមកវិញរបស់ព្រះអម្ចាស់យេស៊ូវ គឺដើម្បីដោះស្រាយទាំងស្រុងជាមួយធម្មជាតិបាបរបស់មនុស្ស ដើម្បីសង្រ្គោះយើងពីបាប ដើម្បីឲ្យយើងអាចក្លាយជាបរិសុទ្ធ និងចូលក្នុងនគរព្រះ។ ដូចព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ «ចូរប្រោសពួកគេឱ្យបានបរិសុទ្ធដោយសេចក្ដីពិតរបស់ទ្រង់ ដ្បិតបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត» (យ៉ូហាន ១៧:១៧)។ គម្ពីរវិវរណៈក៏ថ្លែងទំនាយដែរថា៖ «ដោយបន្លឺសំឡេងយ៉ាងខ្លាំងថា៖ 'ចូរកោតខ្លាចព្រះជាម្ចាស់ ហើយថ្វាយសិរី‌ល្អដល់ទ្រង់ចុះ ដ្បិតវេលានៃការជំនុំជម្រះរបស់ទ្រង់ជិតមកដល់ហើយ'» (វិវរណៈ ១៤:៧)។ យើងអាចឃើញថា នៅឯការយាងមកវិញរបស់ទ្រង់ ព្រះអម្ចាស់យេស៊ូវសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ ដោយនាំមនុស្សចូលទៅក្នុងគ្រប់សេចក្តីពិត។ នោះគឺដើម្បីសង្រ្គោះមនុស្សជាតិទាំងស្រុងពីអំពើបាប និងពីកម្លាំងរបស់សាតាំង ដោយនាំយើងចូលទៅក្នុងនគរព្រះ។ នេះជាជំហាននៃកិច្ចការដែលព្រះបានរៀបចំតាំងពីយូរមកហើយ ហើយក៏ជាជំហានចុងក្រោយក្នុងផែនការគ្រប់គ្រងរបស់ព្រះដែរ។ សូមអានបន្ទូលមួយចំនួនរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីយល់កាន់តែច្បាស់អំពីទិដ្ឋភាពនៃសេចក្តីពិតនេះ។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់នូវកិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យពុករលួយបែបសាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«តាមរយៈតង្វាយលោះបាប មនុស្សត្រូវបានអត់ទោសពីបាបរបស់គេ ដ្បិតកិច្ចការនៃការជាប់ឆ្កាងបានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានយកឈ្នះលើសាតាំងរួចហើយ។ ប៉ុន្តែ និស្ស័យដ៏ពុករលួយរបស់មនុស្សនៅតែបន្តមាននៅខាងក្នុងគេ មនុស្សនៅតែអាចប្រព្រឹត្តបាប និងប្រឆាំងជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនទទួលបានមនុស្សជាតិឡើយ។ នេះជាហេតុផលដែលនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ធ្វើឲ្យគេអនុវត្តស្របតាមមាគ៌ាត្រឹមត្រូវ។ ដំណាក់កាលនេះមានអត្ថន័យខ្លាំងជាងដំណាក់កាលមុន ហើយក៏មានផលផ្លែជាងដែរ ព្រោះថាឥឡូវនេះ គឺជាព្រះបន្ទូលដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវិតរបស់មនុស្ស និងជួយបំផ្លាស់និស្ស័យរបស់មនុស្សជាថ្មីទាំងស្រុង ហើយវាជាដំណាក់កាលនៃកិច្ចការមួយដែលមានលក្ខណៈហ្មត់ចត់ជាង។ ដូច្នេះ ការយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយបានបំពេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបានសម្រេចទាំងស្រុងនូវផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ការអាននេះជួយឲ្យយើងឃើញពីមូលហេតុដែលព្រះកំពុងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ។ កិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវគ្រាន់តែអត់ទោសបាបរបស់យើងប៉ុណ្ណោះ តែធម្មជាតិបាបរបស់យើងនៅតែផុងជ្រៅដដែល។ យើងត្រូវការព្រះ ដើម្បីថ្លែងនូវសេចក្តីពិតកាន់តែច្រើន និងធ្វើជំហាននៃកិច្ចការជំនុំជម្រះ ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិទាំងស្រុង។ មានន័យថា កិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវគ្រាន់តែរៀបចំផ្លូវសម្រាប់កិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះប៉ុណ្ណោះ ដែលជាផ្នែកដ៏សំខាន់ និងស្នូលបំផុតនៃកិច្ចការសង្រ្គោះរបស់ព្រះ។ វាក៏ជាផ្លូវតែមួយគត់របស់យើង ដើម្បីទទួលបានការសង្រ្គោះ និងច្រកចូលពេញលេញទៅក្នុងនគរព្រះផងដែរ។ ពេលដែលជំហាននៃកិច្ចការនេះត្រូវបានបញ្ចប់ និស្ស័យពុករលួយរបស់មនុស្សនឹងត្រូវបានសម្អាត ហើយយើងនឹងឈប់ប្រព្រឹត្តបាប និងឈប់ប្រឆាំងព្រះ។ យើងនឹងអាចចុះចូល និងស្រឡាញ់ព្រះយ៉ាងពិតប្រាកដ ហើយកិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះ នឹងត្រូវបានបញ្ចប់យ៉ាងពេញលេញ។ នោះនឹងក្លាយជាការបញ្ចប់នៃផែនការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំរបស់ព្រះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក និងចាប់ផ្ដើមធ្វើការនៅគ្រាចុងក្រោយ ដោយបិទបញ្ចប់យុគសម័យនៃព្រះគុណ និងចាប់ផ្ដើមយុគសម័យនៃនគរព្រះ។ ទ្រង់សម្ដែងចេញគ្រប់ទាំងសេចក្តីពិត ដែលតម្រូវទុក ដើម្បីសម្អាត និងសង្រ្គោះមនុស្សជាតិយ៉ាងពេញលេញ ដោយមិនគ្រាន់តែបើកសម្ដែងគ្រប់ទាំងអាថ៌កំបាំងអំពីផែនការគ្រប់គ្រងរបស់ព្រះប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជំនុំជម្រះ និងលាតត្រដាងគ្រប់ទាំងធម្មជាតិ និងនិស្ស័យបែបសាតាំងរបស់មនុស្សដែលទាស់ប្រឆាំងនឹងព្រះ ហើយបើកសម្ដែងគ្រប់ទាំងសញ្ញាណរបស់យើងអំពីព្រះ និងគំនិតយល់ច្រឡំនៅក្នុងជំនឿយើងផងដែរ។ ទ្រង់ក៏ប្រទានដល់យើងនូវផ្លូវមួយ ដើម្បីរួចផុតពីបាប និងត្រូវបានសង្រ្គោះពេញលេញផងដែរ ជាដើម។ បន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាមានតម្លៃណាស់! ទាំងនេះគឺជាតថភាពគ្រប់យ៉ាងនៃសេចក្តីពិតដែលមនុស្សត្រូវមាន ដើម្បីត្រូវបានបន្សុទ្ធ និងសង្រ្គោះយ៉ាងពេញលេញ ហើយក៏ជាបន្ទូលដែលព្រះមិនដែលថ្លែងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ឬយុគសម័យនៃព្រះគុណដែរ។ នេះជាព្រះដែលនាំផ្លូវយើងទៅកាន់ជីវិតអស់កល្បក្នុងគ្រាចុងក្រោយ។ រាស្ត្ររើសតាំងជាច្រើនរបស់ព្រះ ដែលបានឆ្លងកាត់ការជំនុំជម្រះរបស់ទ្រង់ បានឃើញសេចក្តីពិតអំពីសេចក្តីពុករលួយ និងធម្មជាតិបែបសាតាំងរបស់គេដែលប្រឆាំងនឹងព្រះ បានទទួលការយល់ដឹងពីនិស្ស័យសុចរិត មិនអាចប្រមាថបានរបស់ព្រះ និងមាននូវការគោរពចំពោះព្រះ។ ទីបំផុត ពួកគេមានសេរីភាពពីច្រវាក់នៃបាប និងរស់នៅលក្ខណៈជាមនុស្សដ៏ពិត។ ពួកគេគ្រប់គ្នាមានទីបន្ទាល់ដ៏គួរឲ្យជឿជាក់អំពីការត្រូវបានរំដោះឲ្យមានសេរីភាពពីបាប និងការមានជ័យជម្នះលើសាតាំង។ រាស្ត្ររើសតាំងរបស់ព្រះសុទ្ធតែដឹងថា កិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយរបស់ព្រះ គឺជាសេចក្តីសង្រ្គោះចុងក្រោយរបស់ទ្រង់សម្រាប់មនុស្សជាតិ! បើគ្មានកិច្ចការជំនុំជម្រះនេះទេ យើងនឹងមើលមិនឃើញពីសេចក្តីពិតនៃសេចក្តីពុករលួយរបស់យើងឡើយ យើងនឹងមិនដឹងពីឫសគល់នៃអំពើបាបរបស់យើងទេ ហើយយើងក៏នឹងមិនអាចសម្អាត និងផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់យើងនោះដែរ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានប្រោសអ្នកមានជ័យជម្នះមួយក្រុមឲ្យគ្រប់លក្ខណ៍ មុនគ្រោះមហន្តរាយ ហើយដំណឹងល្អអំពីនគររបស់ទ្រង់បានសាយភាយទូទាំងពិភពលោក។ ការពិតបង្ហាញថា ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយកឈ្នះសាតាំងទាំងស្រុង និងបានទទួលគ្រប់ទាំងសិរីល្អ ហើយផែនការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំរបស់ទ្រង់ក៏ត្រូវបានបញ្ចប់ផងដែរ។ មហន្តរាយធំៗបានចាប់ផ្ដើម ហើយគ្រប់មនុស្សទុច្ចរិតដែលប្រឆាំងនឹងព្រះ នឹងត្រូវដាក់ទោស និងត្រូវបំផ្លាញនៅក្នុងមហន្តរាយ រីឯអស់អ្នកដែលឆ្លងកាត់ការជំនុំជម្រះ និងត្រូវបានសម្អាត នឹងទទួលការការពារពីព្រះ ឆ្លងកាត់មហន្តរាយ។ ក្រោយមក វានឹងមានផ្ទៃមេឃថ្មី និងផែនដីថ្មី នគររបស់ព្រះគ្រីស្ទនឹងស្ដែងចេញនៅលើផែនដី ហើយអ្នកដែលនៅសេសសល់នឹងក្លាយជារាស្ត្ររបស់ព្រះ ដែលនឹងរស់នៅអស់កល្បជានិច្ចក្នុងនគររបស់ព្រះ និងរីករាយព្រះពររបស់ទ្រង់ ព្រមទាំងអ្វីដែលទ្រង់បានសន្យា។ ការនេះសម្រេចទាំងស្រុងតាមទំនាយនៃគម្ពីរវិវរណៈ៖ «នគរនៃលោកិយនេះ ក៏ត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើង និងរបស់ព្រះគ្រីស្ទនៃទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យដរាបអស់កល្បជានិច្ច» (វិវរណៈ ១១:១៥)។ «ហើយខ្ញុំក៏បានឮសម្លេងដ៏អស្ចារ្យមកពីស្ថានសួគ៌ ដោយពោលថា មើល៎រោងឧបោសថរបស់ព្រះជាម្ចាស់នៅជាមួយមនុស្ស ហើយទ្រង់នឹងរស់នៅជាមួយពួកគេ ហើយពួកគេនឹងធ្វើជារាស្ដ្ររបស់ទ្រង់ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនឹងគង់នៅជាមួយពួកគេ និងធ្វើជាព្រះរបស់ពួកគេ។ ហើយព្រះជាម្ចាស់នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ។ ហើយនឹងមិនមានសេចក្ដីស្លាប់ទៀត គ្មានសេចក្ដីទុក្ខសោក គ្មានការទួញយំ ហើយក៏នឹងគ្មានការឈឺចាប់ទៀតដែរ៖ ដ្បិតរឿងពីមុនបានកន្លងផុតទៅហើយ» (វិវរណៈ ២១:៣-៤)

ត្រង់ចំណុចនេះ យើងអាចឃើញពី តម្លៃ និងភាពជាក់ស្ដែងនៃជំហានទាំងបីនៃកិច្ចការរបស់ព្រះហើយ! គ្រប់ជំហានគឺដើម្បីដោះស្រាយបញ្ហានៃអំពើបាបរបស់មនុស្ស និងសម្រេចបំណងតែមួយគត់។ នោះគឺដើម្បីសង្រ្គោះមនុស្សជាតិពីអំណាចរបស់សាតាំង និងពីអំពើបាបមួយជំហានម្ដងៗ ដើម្បីឲ្យយើងអាចចូលទៅក្នុងនគរព្រះ និងទទួលសេចក្តីសន្យា និងព្រះពររបស់ទ្រង់។ ដំណាក់កាលនីមួយៗនៃកិច្ចការត្រូវបានទាក់ទងគ្នា ហើយជំហាននីមួយៗត្រូវបានសង់ពីលើគ្រឹះនៃជំហានមុន ដែលជំហាននីមួយៗកាន់តែជ្រាលជ្រៅ និងខ្ពស់ឡើងជាងមុន។ វាត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួត មិនអាចផ្ដាច់បាន ហើយមិនអាចធ្វើការ ដោយគ្មានមួយទៀតឡើយ។ ឃើញទេ បើគ្មានកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យទេ គ្មាននរណាដឹងថាអ្វីជាអំពើបាបឡើយ ហើយយើងគ្រប់គ្នានឹងត្រូវសាតាំងជាន់ឃ្លី រស់នៅក្នុងបាបមិនខាន។ យើងនឹងត្រូវសាតាំងឆក់យក ទាំងបាត់ដានមិនខាន។ បើគ្មានកិច្ចការប្រោសលោះនៅយុគសម័យនៃព្រះគុណទេ មនុស្សជាតិនឹងទទួលការដាក់ទោសសម្រាប់ការប្រព្រឹត្តបាបច្រើនពេក ហើយយើងនឹងមិនបានមកដល់សព្វថ្ងៃនេះទេ។ ចុះបើព្រះមិនធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ? បើគ្មានវាទេ យើងនឹងមិនរួចផុតពីចំណងនៃបាបឡើយ ឬមិនសក្ដិសមចូលក្នុងនគរស្ថានសួគ៌នោះទេ។ ចុងបញ្ចប់ យើងនឹងត្រូវវិនាសដោយសារអំពើបាបយ៉ាងជ្រាលជ្រៅមិនខាន។ ច្បាស់ណាស់ បើគ្មានជំហានណាមួយនៃជំហានទាំងបីនៃកិច្ចការនេះទេ មនុស្សជាតិនឹងជារបស់សាតាំង ហើយមិនអាចទទួលសេចក្តីសង្រ្គោះពេញលេញឡើយ។ កិច្ចការទាំងបីដំណាក់កាលបង្កើតបានជាផែនការគ្រប់គ្រងពេញលេញរបស់ព្រះ ដើម្បីសង្រ្គោះមនុស្ស។ ជំហាននីមួយៗកាន់តែសំខាន់ឡើងៗជាងពេលមុន ហើយវាសុទ្ធតែជាការរៀបចំយ៉ាងល្អិតល្អន់របស់ព្រះ ដើម្បីសង្រ្គោះមនុស្សជាតិ។ ការនេះបង្ហាញដល់យើងពីក្ដីស្រឡាញ់ដ៏ធំ និងសេចក្តីសង្រ្គោះរបស់ព្រះសម្រាប់មនុស្សជាតិ និងបង្ហាញដល់យើងពីប្រាជ្ញា និងព្រះចេស្ដារបស់ទ្រង់។ ដូចដែលព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ផែនការគ្រប់គ្រងរបស់ខ្ញុំទាំងមូល (ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ) មាន ៣ ដំណាក់កាល ឬ ៣ យុគសម័យ៖ យុគសម័យនៃក្រឹត្យវិន័យនៃគ្រាដំបូង យុគសម័យនៃព្រះគុណ (ឬហៅម្យ៉ាងទៀតថា យុគសម័យនៃការប្រោសលោះ) និងយុគសម័យនៃនគរព្រះនៃគ្រាចុងក្រោយ។ កិច្ចការរបស់ខ្ញុំនៅក្នុងយុគសម័យទាំងបីនេះ មានខ្លឹមសារខុសៗគ្នា អាស្រ័យទៅតាមធម្មជាតិនៃយុគសម័យនីមួយៗ។ ប៉ុន្តែនៅក្នុងដំណាក់កាលនីមួយៗ កិច្ចការនេះតែងបានជាប្រយោជន៍ដល់តម្រូវការរបស់មនុស្ស ឬបើនិយាយឱ្យចំ កិច្ចការនេះត្រូវធ្វើឡើងស្របទៅតាមកលល្បិចដែលសាតាំងប្រើនៅក្នុងសង្គ្រាមដែលខ្ញុំប្រយុទ្ធតតាំងជាមួយវា។ កិច្ចការរបស់ខ្ញុំ គឺមានគោលបំណងដើម្បីយកឈ្នះសាតាំង ដើម្បីបង្ហាញពីព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ខ្ញុំ ដើម្បីលាតត្រដាងពីកលល្បិចទាំងអស់របស់សាតាំង និងដើម្បីសង្គ្រោះពូជមនុស្សទាំងមូល ដែលរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង។ កិច្ចការនេះធ្វើឡើងដើម្បីបង្ហាញពីព្រះប្រាជ្ញាញាណនិងសព្វានុភាពរបស់ខ្ញុំ និងដើម្បីបើកសម្ដែងពីសេចក្ដីអាក្រក់ដ៏ច្រើនលើសលុបរបស់សាតាំង ហើយជាងនេះទៅទៀត គឺដើម្បីឱ្យភាវៈដែលព្រះបានបង្កើតមក មើលឃើញពីភាពខុសគ្នារវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់ ដើម្បីឱ្យគេដឹងថា ខ្ញុំជាអ្នកគ្រប់គ្រងលើរបស់សព្វសារពើ ដើម្បីឱ្យគេមើលឃើញយ៉ាងច្បាស់ថា សាតាំងគឺជាសត្រូវរបស់មនុស្សជាតិ ជាវិញ្ញាណអសីលធម៌ ជាមេកំណាច និងដើម្បីឱ្យមនុស្សអាចប្រាប់ពីភាពខុសគ្នារវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់ សេចក្ដីពិតនិងសេចក្ដីក្លែងក្លាយ ភាពបរិសុទ្ធនិងភាពស្មោកគ្រោក និងអ្វីជាភាពអស្ចារ្យ និងអ្វីជាភាពថោកទាប បានយ៉ាងប្រាកដច្បាស់លាស់បំផុត។ របៀបនេះ មនុស្សល្ងង់ខ្លៅ នឹងអាចធ្វើបន្ទាល់ពីខ្ញុំថា ខ្ញុំមិនមែនជាអ្នកដែលធ្វើឱ្យមនុស្សជាតិទៅជាពុករលួយឡើយ ហើយមានតែខ្ញុំដែលជាព្រះអាទិករនេះទេ ទើបអាចសង្គ្រោះមនុស្សជាតិបាន អាចប្រទានអ្វីៗដល់មនុស្សបាន ដែលគេអាចសោយសុខជាមួយបាន ហើយគេនឹងដឹងថា ខ្ញុំគឺជាអ្នកគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់។ ចំណែកសាតាំងវិញ គ្រាន់តែជាភាវៈមួយក្នុងចំណោមភាវៈឯទៀតដែលខ្ញុំបានបង្កើតមក ដែលវាបានបកមកប្រឆាំងនឹងខ្ញុំវិញនៅពេលក្រោយប៉ុណ្ណោះ។ ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ ត្រូវបានបែងចែកជា ៣ ដំណាក់កាល ហើយខ្ញុំធ្វើបែបនេះ គឺដើម្បីសម្រេចផលក្នុងការដែលអាចអនុញ្ញាតឱ្យភាវៈដែលខ្ញុំបានបង្កើតមកធ្វើបន្ទាល់ពីខ្ញុំ យល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ ព្រមទាំងដឹងថា ខ្ញុំគឺជាសេចក្ដីពិត» («រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើនរណាអាចសង្គ្រោះមនុស្សជាតិ និងផ្លាស់ប្តូរវាសនារបស់យើងបាន?

ពេលនិយាយពីវាសនា មនុស្សភាគច្រើន មានលុយ និងឋានៈដូចគ្នា ហើយទទួលជោគជ័យ មានវាសនាល្អ ហើយគិតថា អ្នកក្រ អ្នកគ្មានមុខមាត់ អ្នកជួបមហន្តរាយ...

ហេតុអ្វីបានជាព្រះដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយជាស្ត្រី?

នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស បានលេចមក ដើម្បីធ្វើការ និងសម្ដែងចេញនូវសេចក្តីពិតជាច្រើន។...

តើព្រះអង្គសង្រ្គោះ សង្រ្គោះមនុស្សដោយរបៀបណា ពេលទ្រង់យាងមក?

ពេលដែលយើងនិយាយអំពីព្រះសង្រ្គោះ គ្រប់អ្នកជឿសុទ្ធតែយល់ស្របគ្នាថា នៅគ្រាចុងក្រោយ ទ្រង់ប្រាកដជាយាងមកកាន់ផែនដី ដើម្បីសង្រ្គោះមនុស្សជាតិ។...

តើអ្វីទៅជា ការយកកំណើតជាមនុស្ស?

យើងគ្រប់គ្នាសុទ្ធតែដឹងថា កាលពីពីរពាន់ឆ្នាំមុន ព្រះបានយាងមកកាន់ផែនដីយកកំណើតជាមនុស្សជាព្រះអម្ចាស់យេស៊ូវ ដើម្បីប្រោសលោះមនុស្សជាតិ...