អ្វីដែលនៅពីក្រោយ «កេរ្ដិ៍ឈ្មោះល្អ»

11-11-2021

នៅខែធ្នូ ឆ្នាំ២០១៩ ខ្ញុំបានធ្វើការជាអ្នកគ្រប់គ្រងដំណឹងល្អ នៅក្នុងក្រុមជំនុំមួយ។ បន្ទាប់ពីមួយរយៈមក ខ្ញុំដឹងថា នៅពេលដែលអ្នកដឹកនាំបានកត់សម្គាល់ឃើញបញ្ហា ដែលមាននៅក្នុងការបំពេញភារកិច្ចរបស់បងប្អូន នោះពួកគេលើកពីបញ្ហានោះដោយផ្ទាល់ ពេលខ្លះក្នុងសំឡេងដ៏តឹងសរសៃក។ ខ្ញុំបានគិតថា វាជារឿងត្រឹមត្រូវសម្រាប់ពួកគេ ក្នុងការលើកពីបញ្ហាទាំងនេះឡើង ប៉ុន្តែវិធីរបស់ពួកគេគឺកំពុងតែធ្វើឱ្យអាម៉ាស់ និងអាចប្រមាថមនុស្សយ៉ាងងាយ។ ខ្ញុំមិនចង់ដូចពួកគេទេ។ រឿងបែបនេះ ត្រូវតែនិយាយដោយភាពប៉ិនប្រសប់ ដើម្បីឱ្យមនុស្សមានការចាប់អារម្មណ៍។ តាមវិធីនោះ ខ្ញុំអាចទទួលបានការគាំទ្រពីគ្រប់គ្នា ហើយវាអាចកាន់តែងាយស្រួលបំពេញការងាររបស់ខ្ញុំ។ ដូច្នេះ នៅក្នុងការបោះឆ្នោតបន្ទាប់ ខ្ញុំអាចនឹងត្រូវបានជ្រើសរើសជាអ្នកដឹកនាំមួយរូប។ ជាមួយនឹងការគិតបែបនោះ ខ្ញុំពិតជាប្រុងប្រយ័ត្ន អំពីរបៀបដែលខ្ញុំប្រាស្រ័យទាក់ទងជាមួយបងប្អូន។ ខ្ញុំបានព្យាយាមប្រើភាពប៉ិនប្រសប់ និងមិនធ្វើឱ្យអារម្មណ៍របស់នរណាម្នាក់ឈឺចាប់ឡើយ ដើម្បីឱ្យគ្រប់យ៉ាងអាចទទួលយកបាន។

នៅត្រង់ចំណុចមួយ ខ្ញុំបានកត់សម្គាល់ឃើញថា ប្អូនស្រីចេង បានជ្រើសយកតែកិច្ចការដែលងាយស្រួល ហើយគេចពីកិច្ចការដែលលំបាក ហើយនាងគ្រាន់តែដកខ្លួនប៉ុណ្ណោះ នៅពេលដែលនាងត្រូវចែកចាយដំណឹងល្អជាមួយនរណាម្នាក់ ដែលមានសញ្ញាណជាច្រើន ឬមានអាកប្បកិរិយាមិនល្អ។ ហើយបន្ទាប់មក នាងនឹងមិនទៅបំពាក់បំប៉នខ្លួនឯង ដោយសេចក្ដីជំនឿដែលពាក់ព័ន្ធ ដើម្បីដោះស្រាយសញ្ញាណរបស់ពួកគេឡើយ។ ខ្ញុំបានឃើញថា នាងមិនមានអាកប្បកិរិយាត្រឹមត្រូវ​ ចំពោះភារកិច្ចរបស់នាងឡើយ ហើយថាគ្មានផ្លូវដែលនាងអាចបំពេញភារកិច្ចរបស់នាងបានល្អឡើយ បើនាងធ្វើតាមរបៀបនោះ។ ខ្ញុំរៀបនឹងលើកឡើងពីបញ្ហានេះទៅកាន់នាង ហើយចែកចាយការប្រកបគ្នា ប៉ុន្តែគ្រាន់តែរៀបផ្ញើសារទៅនាង នោះខ្ញុំគិតថា ទោះបីជានាងគេចមុខពីភាពលំបាកក៏ដោយ ក៏ជាទូទៅនាងសម្រេចបានលទ្ធផលនៅក្នុងភារកិច្ចរបស់នាងដែរ។ បើខ្ញុំលើកឡើងអំពីបញ្ហារបស់នាង នោះនាងអាចនិយាយថា ខ្ញុំបានទាមទារខ្ពស់ពេក ហើយវាអាចធ្វើឱ្យនាងមិនចូលចិត្តខ្ញុំ។ ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្ដេច បើនាងមិនចុះសម្រុងជាមួយការរៀបចំកិច្ចការណាមួយដែលខ្ញុំនឹងធ្វើនៅពេលខាងមុខ? បើខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំបានល្អទេ តើអ្នកដឹកនាំនឹងមិននិយាយថា ខ្ញុំមិនមានសមត្ថភាពចំពោះការងារទេឬ? ដូច្នេះ ដើម្បីកុំឱ្យប្រមាថដល់គាត់ ខ្ញុំមិនបាននិយាយអ្វីអំពីបញ្ហារបស់គាត់ឡើយ ប៉ុន្តែគ្រាន់តែផ្ញើសារលើកទឹកចិត្តដល់គាត់៖ «មនុស្សមួយចំនួន ដែលពួកយើងចែកចាយដំណឹងល្អជាមួយ មានសញ្ញាណជាច្រើន ប៉ុន្តែពួកគេគឺជាអ្នកជឿពិត។ ពួកយើងត្រូវតែមានសេចក្ដីស្រឡាញ់ និងភាពអត់ធ្មត់ ហើយអធិស្ឋាន និងពឹងផ្អែកលើព្រះជាម្ចាស់ឱ្យកាន់តែច្រើន។ ពួកយើងប្រឈមមុខនឹងការលំបាកកាន់តែច្រើន នោះសេចក្ដីជំនឿរបស់ពួកយើងកាន់តែអាចត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍។ ពួកយើងពិតជាមិនអាចរួញរាឡើយ»។ នៅពេលនោះនាងបានយល់ព្រម ប៉ុន្តែដោយគ្មានការយល់ដឹងណាមួយអំពីបញ្ហារបស់នាង នោះនាងបន្តគេចវេះពីការលំបាកទាំងអស់។ នាងមិនបានផ្លាស់ប្ដូរទាល់តែសោះ។ ប៉ុន្តែខ្ញុំមិនដឹងពីបញ្ហាឡើយនៅពេលនោះ ហើយខ្ញុំបានគិតថា ខ្ញុំកំពុងតែធ្វើបានល្អ។ គ្រប់ពេលដែលខ្ញុំបានជួបប្រទះនឹងអ្វីមួយស្រដៀងនេះ នោះខ្ញុំដោះស្រាយវាដូច្នោះដែរ។ ខ្ញុំមិនដែលដោះស្រាយជាមួយមនុស្ស ឬលាតត្រដាងសេចក្ដីពុករលួយ ឬគុណវិបត្តិរបស់ពួកគេឡើយ ដូច្នេះ បងប្អូនទាំងអស់សប្បាយចិត្តធ្វើការជាមួយខ្ញុំ ហើយពួកគេបានស្វែងរកខ្ញុំ ដើម្បីជជែកអំពីសភាពរបស់ពួកគេ។ រឿងនេះ កាន់តែធ្វើឱ្យខ្ញុំមានភាពជឿជាក់ចំពោះវិធីរបស់ខ្ញុំ ហើយខ្ញុំបានគិតថា បងប្អូនសរសើរខ្ញុំ ថាគ្រប់គ្នាពិតជាបានគាំទ្រខ្ញុំ។

ក្រោយមក ខ្ញុំបានសម្គាល់ឃើញថា ប្អូនស្រីជា ពិតជាមានភាពក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត ។ នាងរឹងរូស និងមិនសហការល្អជាមួយអ្នកដទៃឡើយ ហើយរឿងនេះប៉ះពាល់ដល់កិច្ចការដំណឹងល្អរបស់ពួកយើង។ ខ្ញុំបានគិតថា ម្ដេចបានជាប្អូនស្រីជាពិតជាក្រអឺតក្រទម ហើយមិនទទួលយកសំណើរបស់អ្នកដទៃ ដែលក្រោយមកបានប៉ះពាល់ភារកិច្ចរបស់នាង។ ខ្ញុំបានគិតថា ខ្ញុំគួរតែលើកបញ្ហានេះឡើងជាមួយនាង ដូច្នេះ នាងអាចកែតម្រូវ។ ប៉ុន្តែក្រោយមក ខ្ញុំមានចម្ងល់ថា បើខ្ញុំពិតជាលើកបញ្ហានេះឡើង ហើយនាងមិនទទួលយក ប៉ុន្តែបែរជាធ្វើមុខក្រញ៉ូវ ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្ដេច? នៅក្នុងការជួបជុំម្ដងនោះ ខ្ញុំបានឮនាងវាយតម្លៃវិជ្ជមានចំពោះខ្ញុំ ដូច្នេះ ខ្ញុំបារម្ភថា បើខ្ញុំប្រមាថនាង នោះវានឹងបំផ្លាញការយល់ឃើញល្អដែលនាងមានចំពោះខ្ញុំ។ បើការចាប់អារម្មណ៍របស់នាងអំពីខ្ញុំបានផ្លាស់ប្ដូរ នោះអាចប៉ះពាល់ឱកាសរបស់ខ្ញុំក្នុងការក្លាយជាអ្នកដឹកនាំ។ បន្ទាប់ពីគិតរឿងទាំងអស់នេះយ៉ាងហ្មត់ចត់ ទីបំផុតខ្ញុំមិនបានលើកឡើងអំពីសេចក្ដីពុករលួយ និងគុណវិបត្តិរបស់ប្អូនស្រីជាឡើយ។ ផ្ទុយទៅវិញ ខ្ញុំបាននិយាយថា «ខ្ញុំយល់ពីការមិនទទួលបានលទ្ធផលល្អនៅក្នុងភារកិច្ចរបស់ប្អូន ឬការជួបប្រទះបញ្ហា ប៉ុន្តែប្អូនត្រូវតែឆ្លុះបញ្ចាំងខ្លួនឯង ហើយគិតអំពីមូលហេតុ។ ពួកយើងក៏ត្រូវការសហការល្អជាមួយបងប្អូនដែរ»។ ខ្ញុំបានចៀសវាងលើកឡើងពីបញ្ហាចម្បង គ្រាន់តែផ្ដល់ពាក្យណែនាំ និងការលើកទឹកចិត្តពីរបីម៉ាត់ប៉ុណ្ណោះ។ ពីរបីថ្ងៃក្រោយមក អ្នកដឹកនាំម្នាក់បានចូលមកត្រួតពិនិត្យកិច្ចការរបស់ពួកយើងជាមួយខ្ញុំ ហើយខ្ញុំបានលើកឡើងថា ប្អូនស្រីជា ក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត ហើយថា នាងមិនបានសហការល្អជាមួយអ្នកដទៃឡើយ។ ដូចនេះពេលដែលខ្ញុំជួបប្អូនស្រីជានៅពេលបន្ទាប់នាងបាននិយាយថា «កាលពីពីរបីថ្ងៃមុន នៅពេលដែលអ្នកដឹកនាំសួរបងស្រីអំពីកិច្ចការរបស់ពួកយើង ខ្ញុំកំពុងតែដើរជិតនោះ ហើយបានឮបងស្រីនិយាយថា ខ្ញុំក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត ហើយថា ខ្ញុំមិនសហការល្អជាមួយអ្នកដទៃទេ។ បងស្រីដឹងច្បាស់ណាស់ថា ខ្ញុំមានបញ្ហាធ្ងន់ធ្ងរ ប៉ុន្តែបងស្រីមិនបាននិយាយអ្វីឡើយអំពីរឿងនោះមកកាន់ខ្ញុំ។ បងស្រីគ្រាន់តែជួយសម្រួលប៉ុណ្ណោះ។ ខ្ញុំបានសម្គាល់ឃើញថា ពីមុនបងស្រីមិនដែលខឹង ឬស្ដីបន្ទោសនរណាឡើយ ប៉ុន្តែផ្ទុយទៅវិញ បងស្រីតែងតែលួងលោមពួកគេ។ ខ្ញុំបានគិតថា បងស្រីពិតជាបុគ្គលល្អណាស់។ ពេលនេះ ខ្ញុំដឹងថា បងស្រីពិតជាមាន "ជំនាញ" មែន ដែលបងស្រីមានភាពប៉ិនប្រសប់របស់បងស្រី។ និយាយឱ្យត្រង់ទៅ បងស្រីជាមនុស្សមានពុតត្បុត»។ ដោយត្រូវបាននាងនិយាយចំៗបែបនេះ ខ្ញុំមានអារម្មណ៍ថា ផ្ទៃមុខរបស់ខ្ញុំឡើងក្រហមមួយរំពេច។ ពាក្យ «មនុស្សមានពុតត្បុត» និង «ភាពប៉ិនប្រសប់» បានដុតចូលទៅក្នុងខួរក្បាលរបស់ខ្ញុំ។ ខ្ញុំពិតជាមិនសប្បាយចិត្តសោះ ហើយចូលមកចំពោះព្រះជាម្ចាស់ដោយការអធិស្ឋាន សុំឱ្យទ្រង់ដឹកនាំខ្ញុំឱ្យយល់ពីនិស្ស័យពុករលួយរបស់ខ្ញុំ។

នៅថ្ងៃបន្ទាប់ ខ្ញុំបានអានអត្ថបទមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងការថ្វាយបង្គំរបស់ខ្ញុំ។ «ជារឿយៗ ការបោកបញ្ឆោតគឺជាក់ស្ដែងពីខាងក្រៅ។ នៅពេលគេថានរណាម្នាក់វាងវៃ និងមានប្រាជ្ញាមុតខ្លាំងណាស់ដោយប្រើពាក្យសម្ដី នោះគឺជាការបោកបញ្ឆោតហើយ។ ហើយអ្វីគឺជាចរិតលក្ខណៈចម្បងនៃអំពើអាក្រក់? អំពើអាក្រក់គឺនៅពេលអ្វីដែលមនុស្សនិយាយធ្វើឱ្យល្អស្ដាប់យ៉ាងខ្លាំង នៅពេលដែលវាហាក់ដូចជាសុទ្ធតែត្រឹមត្រូវ និងឥតខុសសោះ ហើយល្អមិនថាអ្នកមើលវាតាមរបៀបណានោះទេ ប៉ុន្តែសកម្មភាពរបស់ពួកគេគឺអាក្រក់ខ្លាំង និងលាក់លៀមខ្លាំង ហើយមិនងាយនឹងយល់ដឹងបាន។ ពួកគេច្រើនតែប្រើសម្ដីត្រឹមត្រូវ និងឃ្លាពីរោះស្ដាប់មួយចំនួន ហើយប្រើគោលលទ្ធិ ការទាញហេតុផល និងបច្ចេកទេសមួយចំនួនដែលត្រូវនឹងអារម្មណ៍របស់មនុស្សដើម្បីបំភាន់ភ្នែក។ ពួកគេធ្វើពុតជាទៅផ្លូវមួយនេះ ប៉ុន្តែតាមពិតគឺទៅផ្លូវមួយផ្សេងទៀត ដោយប្រើសកម្មភាពដែលហាក់ដូចជាល្អ និងត្រឹមត្រូវ ដែលត្រូវនឹងអារម្មណ៍របស់មនុស្ស និងមានគោលសីលធម៌ ដើម្បីសម្រេចគោលបំណងសម្ងាត់របស់ពួកគេ។ នេះហើយជាអំពើអាក្រក់។ ជាធម្មតា មនុស្សជឿថានេះគឺជាការបោកបញ្ឆោត។ ពួកគេមិនសូវស្គាល់អំពីអំពើអាក្រក់ទេ ហើយក៏មិនសូវវះកាត់ពិនិត្យវាដែរ។ អំពើអាក្រក់ពិតជាពិបាកកំណត់ជាងការបោកបញ្ឆោត ដ្បិតវាមានភាពលាក់បាំងជាង ហើយវិធីសាស្ត្រ និងបច្ចេកទេសដែលពាក់ព័ន្ធគឺមានភាពស្មុគស្មាញជាង។ នៅពេលមនុស្សមាននិស្ស័យបោកបញ្ឆោតនៅក្នុងពួកគេ ជាធម្មតាវាចំណាយពេលត្រឹមតែពីរ ឬបីថ្ងៃប៉ុណ្ណោះ នោះអ្នកអាចឃើញថា ពួកគេជាមនុស្សបោកបញ្ឆោត ឬឃើញថាសកម្មភាពរបស់ពួកគេ និងសេចក្ដីដែលពួកគេនិយាយ ចង្អុលបង្ហាញពីនិស្ស័យបោកបញ្ឆោត។ ប៉ុន្តែនៅពេលគេថានរណាម្នាក់អាក្រក់ នេះមិនមែនជាអ្វីដែលអាចដឹងក្នុងរយៈពេលមួយ ឬពីរថ្ងៃនោះទេ។ ដ្បិតប្រសិនបើគ្មានអ្វីធំដុំ ឬជាក់លាក់កើតឡើងក្នុងរយៈពេលខ្លីទេ ការស្ដាប់សម្ដីរបស់ពួកគេតែម្យ៉ាង អ្នកនឹងគិតថា ពួកគេជាមនុស្សល្អ ពួកគេអាចលះបង់អ្វីៗ និងលះបង់ខ្លួនឯង ពួកគេយល់ពីរឿងរ៉ាវខាងវិញ្ញាណ ហើយអ្វីៗដែលពួកគេនិយាយសុទ្ធតែត្រឹមត្រូវ រីឯអ្នកនឹងពិបាកដឹងថា ពួកគេជាមនុស្សបែបណាឱ្យប្រាកដ។ មានមនុស្សជាច្រើនដែលនិយាយអ្វីៗដែលត្រូវ ធ្វើអ្វីៗដែលត្រូវ និងអាចព្រោកប្រាជ្ញពីគោលលទ្ធិមួយហើយមួយទៀត។ បន្ទាប់ពីនៅជាមួយមនុស្សបែបនេះពីរ ឬបីថ្ងៃ អ្នកគិតថា ពួកគេជាមនុស្សដែលយល់ពីរឿងខាងវិញ្ញាណ ដែលមានបេះដូងស្រឡាញ់ព្រះជាម្ចាស់ ដែលធ្វើសកម្មភាពដោយមានមនសិការ និងហេតុផល។ ប៉ុន្តែបន្ទាប់មក អ្នកចាប់ផ្ដើមប្រគល់ភារកិច្ចឱ្យពួកគេ ហើយអ្នកក៏ដឹងភ្លាមថា ពួកគេមិនស្មោះត្រង់ ពួកគេថែមទាំងបង្កគ្រោះថ្នាក់សន្សឹមៗខ្លាំងជាងមនុស្សបោកបញ្ឆោត ពោលគឺពួកគេជាអ្វីម្យ៉ាងដែលអាក្រក់។ ពួកគេតែងតែជ្រើសរើសសម្ដីដែលត្រឹមត្រូវ សម្ដីដែលត្រូវនឹងសេចក្ដីពិត ដែលស្របជាមួយអារម្មណ៍របស់មនុស្ស និងភាពជាមនុស្ស សម្ដីដែលស្ដាប់ទៅពីរោះ និងសម្ដីបោកប្រាស់ដើម្បីសន្ទនាជាមួយមនុស្ស ក្នុងន័យម្យ៉ាងគឺដើម្បីធ្វើឱ្យខ្លួនឯងជោគជ័យ និងន័យម្យ៉ាងទៀតដើម្បីបោកបញ្ឆោតអ្នកដទៃ ដើម្បីឱ្យខ្លួនឯងអាចមានឋានៈ និងកិត្យានុភាពក្នុងចំណោមមនុស្ស ដែលទាំងអស់នេះងាយស្រួលនឹងទាក់ចិត្តពួកអ្នកដែលល្ងង់ខ្លៅ ដែលមានការយល់ដឹងរាក់កំផែលអំពីសេចក្ដីពិត ដែលមិនយល់ពីរឿងរ៉ាវខាងវិញ្ញាណ និងដែលខ្វះគ្រឹះនៅក្នុងសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ នេះហើយគឺជាអ្វីដែលមនុស្សមាននិស្ស័យអាក្រក់ធ្វើ» («ពួកគេបញ្ឆោត អូសទាញ គំរាមកំហែង និងគ្រប់គ្រងមនុស្ស» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈការបង្ហាញឥរិយាបថផ្ទាល់ខ្លួនប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះខ្ញុំបានដឹងថា និស្ស័យអាក្រក់របស់ខ្ញុំ កំពុងតែដឹកនាំសកម្មភាពរបស់ខ្ញុំ។ នៅពេលដែលខ្ញុំបានឃើញបញ្ហានៅក្នុងភារកិច្ចរបស់បងប្អូន ដែលកំពុងតែប៉ះពាល់ដល់កិច្ចការរបស់ពួកគេ នោះខ្ញុំមិនបានលាតត្រដាងបញ្ហានោះ ឬលើកឡើងអំពីបញ្ហានោះឡើយ ដើម្បីឱ្យពួកគេទាំងអស់និយាយថា ខ្ញុំជាបុគ្គលល្អ និងនិយាយល្អពីខ្ញុំ។ ខ្ញុំបានឃើញយ៉ាងច្បាស់ថា ប្អូនស្រីចេង មិនមានអាកប្បកិរិយាត្រឹមត្រូវឡើយ នៅក្នុងភារកិច្ចរបស់នាង ថានាងគ្រាន់តែធ្វើអ្វីដែលងាយស្រួល ហើយគេចវេះអ្វីដែលលំបាក។ ខ្ញុំក៏បានឃើញថា ប្អូនស្រីជាក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតដែរ ហើយថាវាជារឿងអវិជ្ជមានដែលប៉ះពាល់ដល់កិច្ចការដំណឹងល្អរបស់ក្រុមជំនុំ។ ខ្ញុំគួរតែបានលើកឡើងពីរឿងទាំងនេះទៅកាន់ពួកគេ និងចែកចាយការប្រកបគ្នាដើម្បីជួយពួកគេ។ ប៉ុន្តែខ្ញុំបារម្ភអំពីអ្វីដែលពួកគេគិតពីខ្ញុំ ថាពួកគេនឹងមិនគាំទ្រខ្ញុំនៅក្នុងកិច្ចការរបស់ខ្ញុំឡើយ ដូច្នោះហើយ អ្នកដឹកនាំនឹងគិតអាក្រក់ពីខ្ញុំ បើការបំពេញការងាររបស់ខ្ញុំមិនល្អ។ ដូច្នេះ ខ្ញុំគ្រាន់តែនិយាយអ្វីៗដែលមិនអាក្រក់ និងស្ដាប់ទៅល្អ ដើម្បីលើកទឹកចិត្តពួកគេ។ វិធីនេះ ខ្ញុំអាចការពារទំនាក់ទំនងរបស់ខ្ញុំជាមួយពួកគេ ហើយរក្សាកេរ្ដិ៍ឈ្មោះរបស់ខ្ញុំ ហើយពួកគេនឹងបន្តចូលចិត្តកិច្ចការរបស់ខ្ញុំ ដោយព្រួញមួយបាញ់បានចាបពីរ។ ខ្ញុំមានល្បិចកល និងបញ្ចុះបញ្ចូលខ្លាំងណាស់ ហើយខ្ញុំបានបិទបាំងភ្នែកមនុស្ស។ ខ្ញុំបោកបញ្ឆោតពួកគេ ធ្វើឱ្យពួកគេគិតថាខ្ញុំពិតជាបារម្ភ និងយោគយល់ ហើយពួកគេពិតជាសរសើរខ្ញុំ និងស្រឡាញ់ខ្ញុំ។ មានតែដូច្នោះទេ ទើបខ្ញុំឃើញថា ខ្ញុំមាននិស្ស័យអាក្រក់ និងមានល្បិចកល។ បើប្អូនស្រីជាមិនបាននិយាយពីខ្ញុំ និងការបើកសម្ដែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះខ្ញុំនៅតែមិនអាចមានការយល់ពីនិស្ស័យដ៏អាក្រក់របស់ខ្ញុំ ឬដឹងថា វាមានភាពធ្ងន់ធ្ងរបែបណាឡើយ។ ខ្ញុំបានឃើញពីសកម្មភាពដ៏គួរឱ្យស្អប់ និងអាក្រក់របស់ខ្ញុំបែបណា ថាវាគួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់ និងជារឿងក្ដៅក្រហាយដល់អ្នកដទៃ!

បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ «ពេលឃើញបងប្អូនប្រុសៗ ឬស្រីៗរបស់ខ្លួនកំពុងតែបំពេញភារកិច្ចរបស់ខ្លួន ដោយធ្វេសប្រហែស និងបែបបង្គ្រប់កិច្ច អ្នកដឹកនាំពួកជំនុំមួយចំនួនមិនស្ដីបន្ទោសពួកគេទេ ទោះបើពួកគេគួរតែធ្វើក៏ដោយ។ នៅពេលដែលពួកគេមើលឃើញអ្វីមួយដែលធ្វើឱ្យខូចដល់ប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេធ្វើជាមើលមិនឃើញ និងមិនសួរដេញដោលអ្វីឡើយ ដើម្បីកុំឱ្យគេមានការអាក់អន់ចិត្ត។ គោលបំណង និងគោលដៅដ៏ពិតរបស់ពួកគេគឺមិនមែនបង្ហាញនូវការគិតគូរដល់ចំណុចខ្សោយរបស់អ្នកដទៃឡើយ ពួកគេដឹងយ៉ាងច្បាស់អំពីអ្វីដែលពួកគេចង់បាន៖ «បើខ្ញុំបន្តធ្វើបែបនេះ ហើយមិនធ្វើឱ្យនរណាម្នាក់អន់ចិត្ត នោះពួកគេនឹងគិតថា ខ្ញុំជាអ្នកដឹកនាំដ៏ល្អម្នាក់។ ពួកគេនឹងគិតល្អ និងឱ្យតម្លៃខ្ញុំ។ ពួកគេនឹងទទួលស្គាល់ខ្ញុំ និងចូលចិត្តខ្ញុំ»។ ទោះបីជាមានការខូចខាតកម្រិតណាដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ហើយមិនថារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវបានរាំងស្ទះខ្លាំងបែបណានៅក្នុងច្រកចូលជីវិតរបស់ពួកគេនោះឡើយ ឬជីវិតជាពួកជំនុំរបស់ពួកគេត្រូវបានរាំងស្ទះបែបណាឡើយ ក៏មនុស្សបែបនេះនៅតែមានះនៅក្នុងទស្សនវិជ្ជាបែបសាតាំងរបស់ពួកគេ និងមិនធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តដដែល។ មិនដែលមានការតិះដៀលខ្លួនឯងនៅក្នុងដួងចិត្តរបស់ពួកគេទេ។ ភាគច្រើន ពួកគេអាចលើកឡើងនូវបញ្ហាមួយចំនួនដែលកន្លងផុតទៅ ក្រោយមកក៏លែងនិយាយទៀត។ ពួកគេមិនប្រកបគ្នាអំពីសេចក្តីពិត ហើយក៏មិនលើកឡើងពីសារជាតិនៃបញ្ហារបស់អ្នកដទៃដែរ ហើយពួកគេនៅតែបន្តមិនពិនិត្យពិច័យលើសភាពរបស់មនុស្សដដែល។ ពួកគេមិនដឹកនាំមនុស្សឱ្យចូលទៅក្នុងតថភាពនៃសេចក្តីពិតទេ ហើយពួកគេក៏មិនដែលប្រាស្រ័យទាក់ទងថាតើអ្វីជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬអ្វីជាកំហុសដែលមនុស្សប្រព្រឹត្តជាញឹកញាប់ ឬអ្វីជាប្រភេទនៃនិស្ស័យដ៏ពុករលួយដែលមនុស្សបើកសម្ដែងនោះដែរ។ ពួកគេមិនដោះស្រាយបញ្ហាជាក់ស្ដែងតាមរបៀបនេះឡើយ។ ផ្ទុយទៅវិញ ពួកគេបណ្ដោយទៅតាមសេចក្តីកម្សោយ និងភាពអវិជ្ជមានរបស់អ្នកដទៃ ហើយថែមទាំងបណ្ដោយតាមភាពធ្វេសប្រហែស និងការធ្វើការបែបបង្រ្គប់កិច្ចរបស់ពួកគេទៀតផង។ ពួកគេចេះតែបណ្ដោយឱ្យទង្វើ និងឥរិយាបថរបស់មនុស្សទាំងនេះធ្វើទៅ ដោយមិនកំណត់ថាវាជាអ្វីនោះឡើយ ហើយជាក់ស្ដែង ដោយសារតែពួកគេធ្វើបែបនេះ មនុស្សភាគច្រើនចាប់ផ្ដើមគិតថា «អ្នកដឹកនាំរបស់យើងដូចជាអ្នកម្ដាយម្នាក់ចំពោះយើង។ គាត់ថែមទាំងមានការយល់ដឹងអំពីចំណុចខ្សោយរបស់យើងជាងព្រះជាម្ចាស់ទៅទៀត។ កម្ពស់របស់យើងអាចនៅតូចទាបពេកក្នុងការរស់នៅតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ប៉ុន្តែយើងអាចមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការរស់នៅតាមសេចក្តីតម្រូវនៃអ្នកដឹកនាំរបស់យើង។ គាត់ជាអ្នកដឹកនាំដ៏ល្អម្នាក់សម្រាប់យើង។ បើថ្ងៃមួយមកដល់ ជាពេលដែលស្ថានលើមកជំនួសអ្នកដឹកនាំរបស់យើង នោះយើងគួរតែបញ្ចេញសំឡេងរបស់យើងឱ្យខ្លាំង ហើយសម្ដែងចេញពីយោបល់ និងបំណងប្រាថ្នាខុសៗគ្នារបស់យើង។ យើងគួរតែព្យាយាមចរចាជាមួយស្ថានលើ»។ បើមនុស្សប្រកាន់ខ្ជាប់គំនិតបែបនេះ បើពួកគេមានទំនាក់ទំនងបែបនេះជាមួយអ្នកដឹកនាំរបស់គេ និងមានការចាប់អារម្មណ៍បែបនេះអំពីពួកគេ ហើយបានបង្កើតនៅក្នុងដួងចិត្តរបស់ពួកគេនូវអារម្មណ៍ពឹងអាង ការកោតសរសើរ ការគោរព និងចិត្តស្វាមីភក្ដិបែបនេះចំពោះអ្នកដឹកនាំរបស់ពួកគេ តើអ្នកដឹកនាំមានអារម្មណ៍ដូចម្ដេចទៅ? នៅក្នុងរឿងនេះ បើពួកគេមានអារម្មណ៍តិះដៀលខ្លួនឯង មានអារម្មណ៍មិនស្រួល និងមានអារម្មណ៍ជំពាក់គុណព្រះជាម្ចាស់ នោះពួកគេមិនគួរផ្ចង់ចិត្តទៅលើឋានៈ ឬមុខមាត់របស់ពួកគេនៅក្នុងដួងចិត្តរបស់អ្នកដទៃឡើយ។ ពួកគេគួរតែធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងលើកតម្កើងទ្រង់ ដើម្បីឱ្យទ្រង់មាននូវកន្លែងមួយនៅក្នុងដួងចិត្តរបស់មនុស្ស និងដើម្បីឱ្យមនុស្សគោរពព្រះជាម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់។ មានតែតាមវិធីនេះទេ ទើបដួងចិត្តរបស់ពួកគេនឹងមានសន្ដិភាពយ៉ាងពិតប្រាកដ ហើយអ្នកដែលធ្វើបែបនេះគឺជាអ្នកដែលដេញតាមសេចក្តីពិត។ យ៉ាងណាមិញ នេះមិនមែនជាគោលដៅនៅពីក្រោយសកម្មភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ ផ្ទុយទៅវិញ ពួកគេប្រើប្រាស់វិធីសាស្ត្រ និងតិចនិកទាំងនេះ ដើម្បីទាក់ចិត្តមនុស្សឱ្យងាកចេញពីផ្លូវដ៏ពិត ហើយក្បត់សេចក្តីពិត ដោយទៅរកការបណ្ដែតបណ្ដោយតាមការបំពេញភារកិច្ចរបស់ពួកគេដោយធ្វេសប្រហែល បែបបង្គ្រប់កិច្ច និងគ្មានទំនួលខុសត្រូវ ជាមួយនឹងគោលបំណងចង់កាន់កាប់កន្លែងជាក់លាក់មួយនៅក្នុងដួងចិត្តរបស់មនុស្ស និងឈ្នះបានឆន្ទៈរបស់ពួកគេប៉ុណ្ណោះ។ តើនេះមិនមែនជាបំណងចង់ឈ្នះចិត្តមនុស្សទេឬ? តើនេះមិនមែនជារឿងដ៏អាក្រក់ និងគួរឱ្យស្អប់ខ្ពើមទេឬ? វាជារឿងគួរឱ្យស្អប់ខ្ពើមយ៉ាងខ្លាំង!» («ពួកគេព្យាយាមបញ្ចុះបញ្ចូលមនុស្ស» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ដោយឃើញអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែង នោះខ្ញុំបានដឹងថា ការធ្វើសកម្មភាពដោយផ្អែកតាមនិស្ស័យដ៏អាក្រក់របស់ខ្ញុំ ជាចាំបាច់គឺជាការបោកបញ្ឆោតមនុស្ស និងចង់បានការគាំទ្រពីពួកគេ ក្នុងបំណងគ្រប់គ្រងពួកគេ និងត្រួតត្រាពួកគេ។ ខ្ញុំបានធ្វើផ្ទុយនឹងព្រះជាម្ចាស់ ហើយដូចនឹងអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តដែរ! ខ្ញុំមិនអាចធ្វើអ្វីក្រៅតែពីការមានអារម្មណ៍ភ័យខ្លាចដោយគំនិតនេះឡើយ។ ដើម្បីការពារតួនាទីដែលខ្ញុំមាននៅក្នុងចិត្តរបស់អ្នកដទៃ និងឱកាសរបស់ខ្ញុំក្នុងការជ្រើសតាំងជាអ្នកដឹកនាំ នៅពេលដែលខ្ញុំបានឃើញបញ្ហានៅក្នុងភារកិច្ចរបស់បងប្អូន នោះខ្ញុំមិនដែលលើកឡើងពីបញ្ហានោះដោយផ្ទាល់ ឬធ្វើការប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីដោះស្រាយពួកវាឡើយ។ ផ្ទុយទៅវិញ ខ្ញុំបាននិយាយអ្វីៗដែលស្ដាប់ទៅល្អ ដូច្នេះអ្នកដទៃអាចចូលចិត្តខ្ញុំ និងចាត់ទុកខ្ញុំថាជាមនុស្សដែលចេះគិតគូរ និងគួរឱ្យស្រឡាញ់។ ខ្ញុំកំពុងតែប្រមូលអ្នកដើរតាមដោយមិនដឹងខ្លួន ហើយនៅទីបំផុត មនុស្សដែលខ្ញុំបានបោកបញ្ឆោត មិនត្រឹមតែមិនអាចឃើញបញ្ហារបស់ពួកគេ និងកែតម្រូវពួកវាឡើយ ប៉ុន្តែច្រកចូលទៅក្នុងជីវិតរបស់ពួកគេត្រូវបានបំផ្លាញ ហើយពួកគេថែមទាំងសរសើរខ្ញុំ និងស្រឡាញ់ខ្ញុំទៀតផង។ រឿងនោះអាក្រក់ និងគួរឱ្យស្អប់ខ្លាំងណាស់សម្រាប់ខ្ញុំ! ភាពខ្វះខាតទាំងស្រុងនៃការទទួលស្គាល់ជីវិតរបស់បងប្អូន និងការបណ្ដែតបណ្ដោយពួកគេ ខណៈដែលពួកគេបំពេញភារកិច្ចដោយផ្អែកលើនិស្ស័យពុករលួយរបស់ពួកគេ មានផលបះពាល់អវិជ្ជមានដល់កិច្ចការរបស់ពួកយើង។ ខ្ញុំកំពុងតែប្រព្រឹត្តខ្លួនជាកញ្ជះរបស់សាតាំងយ៉ាងពេញទំហឹង ដោយរំខាន និងរារាំងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ នៅត្រង់ការយល់ដឹងបែបនេះ ខ្ញុំចាប់ផ្ដើមស្អប់សេចក្ដីពុករលួយរបស់ខ្ញុំអស់ពីដួងចិត្ត។ ខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់ ដើម្បីអធិស្ឋាន​ និងប្រែចិត្ត។ ខ្ញុំបាននិយាយថា «ឱព្រះជាម្ចាស់អើយ ព្រះបន្ទូលរបស់ទ្រង់ បានធ្វើឱ្យទូលបង្គំឃើញពីនិស្ស័យដ៏អាក្រក់របស់ទូលបង្គំធ្ងន់ធ្ងរបែបណា ហើយថាទូលបង្គំកំពុងតែដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទហើយ។ ទូលបង្គំចង់ប្រែចិត្ត និងបោះបង់ចោលបំណងចិត្តផ្ទាល់ខ្លួនរបស់ទូលបង្គំ ព្រមទាំងឈប់ធ្វើសកម្មភាពដោយនិស្ស័យដ៏អាក្រក់របស់ទូលបង្គំទៀតហើយ»។

បន្ទាប់ពីការអធិស្ឋានរបស់ខ្ញុំ ខ្ញុំបានគិតអំពីព្រះបន្ទូលទាំងនេះមកពីព្រះជាម្ចាស់៖ «'ព្រះ‌យេហូវ៉ាដ៏ជាព្រះបានបង្គាប់ដល់មនុស្សថា នៅក្នុងចំណោមផ្លែឈើទាំងអស់នៅក្នុងសួន ឯងអាចបរិ‌ភោគបានដោយសេរី។ ប៉ុន្តែ មិនត្រូវបរិ‌ភោគផ្លែចេញពីដើមដឹងខុសត្រូវឡើយ៖ ដ្បិតនៅថ្ងៃណាដែលឯងបរិ‌ភោគវា ឯងប្រាកដជាស្លាប់មិនខាន'។ ... នៅក្នុងព្រះបន្ទូលដ៏ខ្លីដែលព្រះជាម្ចាស់បានមានបន្ទូលនេះ តើអ្នកអាចមើលឃើញអ្វីខ្លះ ជានិស្ស័យរបស់ព្រះអង្គដែរឬទេ? តើព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ពិតដែរឬទេ? តើមានការបោកបញ្ឆោតដែរឬទេ? តើមានក្លែងបន្លំដែរឬទេ? តើមានការសម្លុតកំហែងដែរឬទេ? (ទេ! អត់មានទេ) ព្រះជាម្ចាស់ បានមានបន្ទូលប្រាប់មនុស្សអំពីអ្វីដែលគេអាចបរិភោគបាន និងអ្វីដែលគេមិនអាចបរិភោគបាន ដោយស្មោះត្រង់ ដោយសេចក្ដីពិត និងដោយសុទ្ធចិត្ត។ ព្រះជាម្ចាស់ បានមានបន្ទូលយ៉ាងច្បាស់ និងដោយត្រង់ៗ។ តើមានអត្ថន័យលាក់កំបាំងណាមួយនៅក្នុងព្រះបន្ទូលទាំងនេះដែរទេ? តើព្រះបន្ទូលទាំងនេះ មិននិយាយចំៗទេឬអី? តើចាំបាច់ ត្រូវធ្វើការប៉ាន់ស្មានដែរទេ? (ទេ! អត់ទេ) ហើយក៏មិនចាំបាច់ស្មានព្រាវដែរ។ អត្ថន័យនៃព្រះបន្ទូលទាំងនេះ គឺច្បាស់ជាក់ស្តែងយ៉ាងក្រឡែត។ នៅពេលអានព្រះបន្ទូលនេះ មនុស្សមានអារម្មណ៍យល់ច្បាស់អំពីអត្ថន័យរបស់វារួចស្រេចទៅហើយ។ មានន័យថា អ្វីដែលព្រះជាម្ចាស់ចង់មានបន្ទូល និងអ្វីដែលព្រះអង្គចង់បង្ហាញ គឺចេញពីព្រះឫទ័យរបស់ព្រះអង្គ។ អ្វីដែលព្រះជាម្ចាស់សម្ដែងចេញ គឺល្អស្អាត ចំៗ និងច្បាស់ៗ។ ព្រះអង្គគ្មានបំណងលាក់បាំង និង អត្ថន័យបង្កប់ណាមួយឡើយ។ ព្រះអង្គមានបន្ទូលទៅកាន់មនុស្សត្រង់ៗ ដោយប្រាប់គេពីអ្វីដែលគេអាចបរិភោគបាន និងអ្វីដែលគេមិនអាចបរិភោគបាន» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IV» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ខ្ញុំបានអានព្រះបន្ទូលនេះ ហើយពិតជាមានអារម្មណ៍ថា ព្រះជាម្ចាស់ពិតប្រាកដបែបណាជាមួយពួកយើង។ នៅពេលដែលព្រះជាម្ចាស់បានបញ្ជាអ័ដាម ទ្រង់បានយល់ច្បាស់ពីអ្វីដែលអាចទទួលទាន និងអ្វីដែលមិនអាចទទួលទានបាន ដើម្បីឱ្យមនុស្សដឹងយ៉ាងច្បាស់ថា អ្វីត្រូវធ្វើ។ មិនមានអ្វីមួយដែលភាន់ច្រឡំ ឬធ្វើឱ្យយល់ច្រឡំឡើយនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ហើយមិនមានឧបាយកល ឬការបោកបញ្ឆោតឡើយ។ ព្រះជាម្ចាស់គ្រាន់តែចង់ប្រទានអ្វីដែលល្អបំផុតដល់មនុស្សជាតិ។ ទ្រង់ពិតជាគិតពីពួកយើងយ៉ាងពិតប្រាកដ។ ទ្រង់បានមានបន្ទូលយ៉ាងស្មោះត្រង់ណាស់ជាមួយមនុស្ស។ ខ្ញុំបានឃើញថា សារជាតិរបស់ព្រះជាម្ចាស់ គឺស្មោះត្រង់ បរិសុទ្ធ មេត្តាករុណា និងគួរឱ្យគោរពស្រឡាញ់។ ទ្រង់ពិតជាសមនឹងទទួលការទុកចិត្ត និងការសរសើររបស់ពួកយើង។ ប៉ុន្តែចំពោះខ្ញុំវិញ ខ្ញុំមិនស្មោះត្រង់ជាមួយបងប្អូនទាល់តែសោះ។ គ្រប់យ៉ាងដែលខ្ញុំបាននិយាយ និងបានធ្វើ គឺត្រូវបានខូចដោយបំណងចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំពេញដោយការភូតកុហក និងការបោកបញ្ឆោត។ ខ្ញុំកំពុងតែបោកបញ្ឆោត និងប្រើប្រាស់មនុស្ស ហើយទីបំផុត ធ្វើឱ្យបងប្អូនគ្រោះថ្នាក់។ ខ្ញុំពិតជាអាក្រក់មែន! ខ្ញុំមានអារម្មណ៍ខុសឆ្គងខ្លាំងណាស់ ហើយពេញដោយវិប្បដិសារីចំពោះការគិតបែបនេះ។ បន្ទាប់មក ខ្ញុំបានទៅរកប្អូនស្រីជា និងប្អូនស្រីចេង ហើយបើកបង្ហាញចំពោះពួកគេ នូវនិស្ស័យពុករលួយរបស់ខ្ញុំ។ ខ្ញុំក៏បានប្រាប់ពួកគេអំពីបញ្ហាដែលខ្ញុំបានឃើញ នៅក្នុងភារកិច្ចរបស់ពួកគេដែរ។ ពួកគេមិនបានគិតអាក្រក់ពីខ្ញុំទាល់តែសោះ ប៉ុន្តែបាននិយាយថា ការលើកឡើងយ៉ាងច្បាស់របស់ខ្ញុំអំពីបញ្ហារបស់ពួកគេ នឹងជួយឱ្យពួកគេយកដាក់ក្នុងចិត្ត បើមិនដូច្នោះទេ ពួកគេនឹងមិនដឹងថា បញ្ហារបស់ពួកគេធ្ងន់ធ្ងរប៉ុនណាឡើយ។ ពួកគេក៏បានប្រាប់ខ្ញុំឱ្យប្រាប់ពួកគេឱ្យដឹងម្ដងទៀតដោយកុំខ្លាចក្រែងចិត្ត បើខ្ញុំឃើញបញ្ហារបស់ពួកគេនៅថ្ងៃខាងមុខ។ ខ្ញុំបានឃើញការផ្លាស់ប្ដូរមួយចំនួនបន្ទាប់ពីនោះ ហើយពួកគេចាប់ផ្ដើមបំពេញភារកិច្ចរបស់ពួកគេកាន់តែល្អ។ រឿងនេះបានធ្វើឱ្យខ្ញុំពិតជាសប្បាយចិត្តណាស់។

បន្ទាប់មក នៅក្នុងការថ្វាយបង្គំរបស់ខ្ញុំ ខ្ញុំបានផ្ដោតលើការស្វែងរកដំណោះស្រាយចំពោះនិស្ស័យពុករលួយរបស់ខ្ញុំ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន។ «មិនថាពេលនេះអ្នកបំពេញភារកិច្ចរបស់ខ្លួន ឬស្វែងរកដំណាក់កាលដំបូងនៃការបំផ្លាស់បំប្រែនិស្ស័យទេ មិនថានិស្ស័យពុករលួយបែបណាដែលអ្នកបើកបង្ហាញទេ អ្នកត្រូវតែស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវា។ ... ឧទាហរណ៍ ប្រសិនបើអ្នកតែងព្យាយាមប្រើពាក្យសម្ដីល្អដើម្បីលាក់បាំងខ្លួនឯង ប្រសិនបើអ្នកតែងមានចំណង់ចង់ឱ្យអ្នកដទៃទុកអ្នកនៅក្នុងចិត្ត និងធ្វើឱ្យអ្នកដទៃកោតសរសើរអ្នក ប្រសិនបើអ្នកមានបំណងបែបនេះ នោះមានន័យថា អ្នកកំពុងត្រូវនិស្ស័យរបស់អ្នកគ្រប់គ្រងហើយ។ តើអ្នកគួរនិយាយពាក្យពីរោះស្ដាប់ទាំងនេះទេ? (អត់ទេ។) ប្រសិនបើអ្នកមិននិយាយវាទេ នោះតើអ្នកលាក់ទុកវាក្នុងចិត្តមែនទេ? ប្រសិនបើអ្នករកបានឃ្លាល្អៗឈ្លាសវៃជាងនេះ ជាឃ្លាផ្សេងដែលមនុស្សដទៃមិនអាចចាប់យល់ពីចេតនារបស់អ្នកបាន នេះគឺនៅតែជាបញ្ហាពាក់ព័ន្ធនឹងនិស្ស័យរបស់អ្នកដដែល។ តើនិស្ស័យអ្វីទៅ? គឺនិស្ស័យអាក្រក់។ តើនិស្ស័យពុករលួយងាយស្រួលនឹងកម្ចាត់បានដែរឬទេ? ចំណុចនេះពាក់ព័ន្ធនឹងសារជាតិពីធម្មជាតិរបស់មនុស្សម្នាក់ៗ។ មនុស្សមានសារជាតិបែបនេះ មានឬសគល់បែបនេះ ហើយត្រូវតែជីកគាស់វាចេញបន្តិចម្ដងៗ។ ត្រូវជីកវាចេញពីគ្រប់សភាពទាំងអស់ ចេញពីចេតនាបង្កប់នៅខាងក្រោយពាក្យពេចន៍ដែលអ្នកនិយាយទាំងអស់។ ត្រូវពុះជ្រៀកវាឱ្យល្អិត និងយល់ដឹងពីពាក្យសម្ដីដែលអ្នកនិយាយ។ នៅពេលការយល់ដឹងនេះ កាន់តែច្បាស់ទៅៗ ហើយវិញ្ញាញរបស់អ្នកកាន់តែឈ្លាសវៃទៅៗ នោះអ្នកអាចផ្លាស់ប្ដូរបានហើយ» («មានតែពេលដែលអ្នកស្គាល់ខ្លួនឯងប៉ុណ្ណោះ ដែលអ្នកអាចស្វែងរកសេចក្ដីពិតបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «រាល់ទង្វើដែលអ្នកប្រព្រឹត្ត រាល់សកម្មភាព រាល់ចេតនា និងរាល់ប្រតិកម្មទាំងអស់របស់អ្នក គួរតែត្រូវបានយកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់។ សូម្បីតែជីវិតខាងវិញ្ញាណប្រចាំថ្ងៃរបស់អ្នក រួមមានការអធិស្ឋានរបស់អ្នក ភាពជិតស្និទ្ធរបស់អ្នកចំពោះព្រះជាម្ចាស់ របៀបដែលអ្នកបរិភោគ និងផឹកព្រះបន្ទូលព្រះ ការប្រកបគ្នារបស់អ្នកជាមួយបងប្អូនប្រុសស្រីរបស់អ្នក និងជីវិតរបស់អ្នកនៅក្នុងពួកជំនុំ រួមទាំងការបម្រើជាដៃគូរបស់អ្នក ក៏អាចត្រូវបានយកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដើម្បីធ្វើការពិនិត្យពិច័យផងដែរ។ ការអនុវត្តបែបនេះហើយដែលនឹងជួយអ្នកឲ្យសម្រេចបានភាពរីកចម្រើននៅក្នុងជីវិត។ ដំណើរការនៃការទទួលយកការពិនិត្យពិច័យរបស់ព្រះ គឺជាដំណើរការនៃការបន្សុទ្ធ។ កាលណាអ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះកាន់តែច្រើន នោះអ្នកត្រូវបានបន្សុទ្ធ ហើយអ្នកកាន់តែត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រយោជន៍កុំឲ្យអ្នកត្រូវនាំទៅរកឧបាយមុខ ហើយឲ្យដួងចិត្តរបស់អ្នក ស្ថិតនៅក្នុងព្រះវត្តមានរបស់ទ្រង់។ កាលណាដែលអ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះកាន់តែច្រើន នោះសាតាំងក៏អាប់មុខកាន់តែខ្លាំង ហើយអ្នកសមត្ថភាពរបស់អ្នកក្នុងការបង់បោះចោលសាច់ឈាម ក៏កាន់តែប្រសើរឡើងដែរ។ ដូច្នេះ ការទទួលយកការពិនិត្យពិច័យរបស់ព្រះ គឺជាមាគ៌ាមួយនៃការប្រព្រឹត្តដែលមនុស្សលោកគួរតែដើរតាម។ ទោះបីជាអ្នកប្រព្រឹត្តអ្វីក៏ដោយ ក៏អ្នកអាចនាំយកការប្រព្រឹត្តរបស់អ្នកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ហើយស្វែងរកការពិនិត្យពិច័យរបស់ទ្រង់ និងព្យាយាមធ្វើតាមព្រះជាម្ចាស់បានដែរ សូម្បីតែពេលដែលអ្នកប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រុសស្រីរបស់អ្នកក្ដី ដ្បិតការណ៍នេះនឹងធ្វើឲ្យការអនុវត្តរបស់អ្នកកាន់តែត្រឹមត្រូវ។ មានតែតាមរយៈការនាំយករាល់ទង្វើរបស់អ្នកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ហើយទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ទេ ទើបអ្នកអាចក្លាយទៅជាមនុស្សម្នាក់ដែលអាចរស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់បាន» («ព្រះជាម្ចាស់ប្រោសមនុស្សណាដែលស្របតាមព្រះហឫទ័យទ្រង់ឱ្យបានគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខណៈពេលដែលខ្ញុំបានពិចារណាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះវាច្បាស់ណាស់ថា នៅចំពោះមុខបញ្ហាមួយ ខ្ញុំត្រូវតែពិនិត្យពិច័យគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ ឆ្លុះបញ្ចាំងលើបំណងចិត្តនៅពីក្រោយពាក្យសម្ដី និងទង្វើរបស់ខ្ញុំ នាំយកការនិយាយស្ដី និងសកម្មភាពរបស់ខ្ញុំទៅចំពោះព្រះជាម្ចាស់ ហើយទទួលយកការពិនិត្យពិច័យរបស់ទ្រង់ វិភាគ និងស្គាល់ខ្លួនឯង នៅពេលដែលខ្ញុំដឹងថាខ្លួនឯងកំពុងតែបង្ហាញពីនិស្ស័យដ៏អាក្រក់ ហើយអធិដ្ឋាន និងបោះបង់ចោលខ្លួនឯងដោយគ្មានការពន្យារពេលឡើយ។ ការធ្វើបែបនេះ ធ្វើឱ្យទិដ្ឋភាពនៃសេចក្ដីពុករលួយរបស់ខ្ញុំនោះ នឹងត្រូវបានបន្សុទ្ធបន្តិចម្ដងៗ។

ក្រោយមក ខ្ញុំបានកត់សម្គាល់ឃើញថា មានប្អូនស្រីម្នាក់ដែលហាក់ដូចជាទន់ខ្សោយ ហើយមិនចង់ឆ្លងកាត់ការលំបាកណាមួយឡើយ។ នាងអាចគេចចេញ នៅពេលដែលនាងជួបប្រទះបញ្ហានៅក្នុងកិច្ចការដំណឹងល្អរបស់នាង។ ខ្ញុំបានគិតថា នាងមិនមានទំនួលខុសត្រូវចំពោះភារកិច្ចរបស់នាងឡើយ ហើយខ្ញុំត្រូវតែធ្វើការប្រកបគ្នាជាមួយនាងភ្លាមៗ ដើម្បីដោះស្រាយបញ្ហា។ ប៉ុន្តែបញ្ហារបស់ខ្ញុំកើតឡើងម្ដងទៀត។ ខ្ញុំបានគិតថា បើខ្ញុំលើកឡើងពីបញ្ហារបស់នាង នោះនាងអាចគិតថាខ្ញុំឃោរឃៅពេក ហើយនាងអាចរឹងទទឹង និងស្អប់ខ្ញុំជាខ្លាំង។ ខ្ញុំមិនដឹងថាត្រូវរៀបចំគម្រោងបែបណាឡើយ ដើម្បីឱ្យនាងអាចទទួលយកបាន ហើយនាងនឹងមិនជំទាស់ជាមួយខ្ញុំ។ ត្រង់គំនិតនេះ ខ្ញុំបានដឹងថា ខ្ញុំកំពុងតែការពារឋានៈ និងកេរ្ដិ៍ឈ្មោះរបស់ខ្ញុំនៅក្នុងចំណោមបងប្អូនម្ដងទៀត។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់នៅក្នុងចិត្ត៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំត្រៀមរួចជាស្រេច ដើម្បីទទួលយកការពិនិត្យពិច័យរបស់ទ្រង់ ហើយបោះបង់ចោលបំណងចិត្តផ្ទាល់ខ្លួនរបស់ទូលបង្គំ។ ទូលបង្គំចង់ធ្វើការប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីជួយប្អូនស្រីទូលបង្គំ និងបំពេញភារកិច្ចរបស់ទូលបង្គំ។» បន្ទាប់មក ខ្ញុំបានចែកចាយការប្រកបគ្នាជាមួយប្អូនស្រីនេះ ដោយការវែកញែកបញ្ហារបស់នាង។ ខ្ញុំទទួលបានសេចក្ដីស្ងប់ខាងក្នុងជាច្រើន បន្ទាប់ពីយករឿងនេះទៅអនុវត្ត។ ពេលនេះ ខ្ញុំមានសុភវិនិច្ឆ័យមួយចំនួនលើនិស្ស័យដ៏អាក្រក់របស់ខ្ញុំ ហើយនៅពេលដែលខ្ញុំជួបប្រទះបញ្ហា នោះខ្ញុំស្វែងរកសេចក្ដីពិតយ៉ាងមានមនសិការ ហើយបោះបង់ចោលបំណងចិត្តដ៏អាត្មានិយមរបស់ខ្ញុំ។ ខ្ញុំអាចធ្វើសកម្មភាពផ្អែកតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គ្រប់យ៉ាងត្រូវបានសម្រេចតាមរយៈការជំនុំជម្រះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំដឹងគុណខ្លាំងណាស់ចំពោះសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

គួររាយការណ៍ ឬមិនគួររាយការណ៍

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដើម្បីជាប្រយោជន៍នៃវាសនារបស់អ្នករាល់គ្នា នោះអ្នករាល់គ្នាគប្បីត្រូវស្វែងរកការយល់ព្រម ពីព្រះជាម្ចាស់។...

ទីបំផុតខ្ញុំបានរៀនពីរបៀប បំពេញភារកិច្ចរបស់ខ្ញុំ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «គឺតាមរយៈដំណើរការ នៃការបំពេញភារកិច្ច របស់គេនេះហើយដែលមនុស្សបានបំផ្លាស់បំប្រែបន្តិចម្ដងៗ...

ការស្គាល់អំពីសិទ្ធិអំណាច និងអធិបតេយ្យភាព របស់ព្រះជាម្ចាស់ក្នុងជីវិត

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់...

ការរៀនសូត្រមេរៀនតាមរយៈការស្ដាប់បង្គាប់

មានថ្ងៃមួយ ក្នុងខែកញ្ញា កាលពីឆ្នាំមុន អ្នកដឹកនាំ បានចាត់តាំងឱ្យខ្ញុំមើលការខុសត្រូវក្រុមជំនុំមួយដែលទើបបង្កើតថ្មី ចំណែកបងប្រុស អ៊ីរិច...

Leave a Reply