ការចំណាយភាពយុវវ័យនៅក្នុងពន្ធនាគារ

11-11-2021

គ្រប់គ្នានិយាយថា វ័យយុវវ័យរបស់ពួកយើងគឺជាពេលវេលាដ៏បរិសុទ្ធបំផុត និងសប្បាយរីករាយបំផុតនៅក្នុងជីវិត។ ប្រហែលជាសម្រាប់មនុស្សជាច្រើន ឆ្នាំទាំងនោះពេញដោយអនុស្សាវរីយ៍ដ៏ស្រស់បំព្រង ប៉ុន្តែអ្វីដែលខ្ញុំមិនដែលបានរំពឹងទុកនោះគឺថា ខ្ញុំបានចំណាយភាពយុវវ័យរបស់ខ្លួននៅក្នុងជុំរុំការងារ។ អ្នកអាចគិតថាខ្ញុំចម្លែកដោយសារតែរឿងនេះ ប៉ុន្តែខ្ញុំមិនស្ដាយក្រោយឡើយ។ ទោះបីជាពេលដែលនៅក្នុងពន្ធនាគារនោះពេញដោយភាពល្វីងជូរចត់ និងទឹកភ្នែកក៏ដោយ ក៏វាជាអំណោយទានដ៏មានតម្លៃបំផុតនៅក្នុងជីវិតរបស់ខ្ញុំដែរ ហើយខ្ញុំបានទទួលនូវអ្វីៗជាច្រើនពីវា។

ការចំណាយភាពយុវវ័យនៅក្នុងពន្ធនាគារ

ថ្ងៃមួយនៅក្នុង ខែ មេសា ឆ្នាំ ២០០២ ខ្ញុំកំពុងតែស្នាក់នៅផ្ទះរបស់បងស្រីម្នាក់ ស្រាប់តែការចាប់ខ្លួនបានកើតឡើង។ នៅម៉ោង ១ ទៀបភ្លឺ ពួកយើងភ្ញាក់ពីដំណេកភ្លាមៗ ដោយលឺសំឡេងក្ឌាំងភ្លាមៗ និងឮៗនៅទ្វារ។ ពួកយើងបានឮមនុស្សម្នាក់នៅខាងក្រៅស្រែកថា «បើកទ្វារ! បើកទ្វារ!» បងស្រីបើកទ្វារមិនទាន់ផង ស្រាប់តែមន្ត្រីប៉ូលិសពីរបីនាក់រុញទ្វាររបើក សម្រុកចូលទៅខាងក្នុង ដោយនិយាយយ៉ាងខឹងសម្បារថា «ពួកយើងមកពីការិយាល័យសន្តិសុខសាធារណៈ»។ ដោយបានឮពាក្យបីម៉ាត់ «ការរិយាល័យសន្តិសុខសាធារណៈ» បានធ្វើឱ្យខ្ញុំព្រួយបារម្ភភ្លាមៗ។ តើពួកគេមកទីនេះដើម្បីចាប់ខ្លួនពួកយើង ដោយសារជំនឿរបស់ពួកយើងលើព្រះជាម្ចាស់ឬ? ខ្ញុំបានឮអំពីបងប្អូនប្រុសស្រីមួយចំនួនត្រូវបានចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញដោយសារសេចក្ដីជំនឿរបស់ពួកគេ។ តើវាអាចទៅរួចទេ ដែលពេលនេះវាកំពុងកើតឡើងចំពោះខ្ញុំ? ស្រាប់តែពេលនោះ បេះដូងរបស់ខ្ញុំចាប់ផ្ដើមលោតយ៉ាងសម្បើម ហើយដោយភាពភ័យខ្លាច ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីឡើយ។ ដូច្នេះខ្ញុំប្រញាប់អធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំអង្វរឱ្យទ្រង់គង់នៅជាមួយទូលបង្គំ។ សូមទ្រង់ប្រទានសេចក្ដីជំនឿ និងភាពក្លាហានដល់ទូលបង្គំផង។ មិនថាអ្វីកើតឡើងឡើយ ទូលបង្គំនឹងសុខចិត្តឈរធ្វើបន្ទាល់សម្រាប់ទ្រង់ជានិច្ច។ ទូលបង្គំក៏សុំអង្វរទ្រង់ឱ្យប្រទានព្រះប្រាជ្ញាញាណរបស់ទ្រង់ និងប្រទានពាក្យសម្ដីដែលទូលបង្គំគួរនិយាយ ហើយសូមកុំឱ្យទូលបង្គំក្បត់ទ្រង់ និងក្បត់បងប្អូនប្រុសស្រីរបស់ទូលបង្គំឡើយ»។ បន្ទាប់ពីការអធិស្ឋាន ចិត្តរបស់ខ្ញុំបានស្ងប់ស្ងាត់បន្តិចម្ដងៗ។ ខ្ញុំបានឃើញប៉ូលិសបួន ឬប្រាំនាក់ កំពុងតែរុះរើទីកន្លែងដូចជាចោរព្រៃអ៊ីចឹង ដោយស្រាវជ្រាវនៅកន្លែងដេក ទូ និងប្រអប់នីមួយៗ ថែមទាំងរកអ្វីដែលនៅក្រោមគ្រែទៀតផង រហូតដល់ទីបំផុត ពួកគេរកឃើញសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន ក៏ដូចជាបន្ទះស៊ីឌីទំនុកសរសើរមួយចំនួនផងដែរ។ ក្រោយមក ពួកគេបាននាំពួកយើងទៅកាន់ស្ថានីយ៍ប៉ូលិស។ នៅពេលដែលពួកយើងទៅដល់ការិយាល័យ មន្ត្រីមាឌធំបីបួននាក់បានចូលមកតាមពួកយើង ហើយឈរនៅខាងឆ្វេង និងខាងស្ដាំដៃខ្ញុំ។ មេក្រុមរបស់ប៉ូលិសអាក្រក់នោះបានស្រែកដាក់ខ្ញុំថា «នាងឯងឈ្មោះអ្វី? នាងឯងមកពីណា? ទាំងអស់មានគ្នាប៉ុន្មាននាក់?» ខ្ញុំទើបតែបើកមាត់ ហើយរៀបនឹងឆ្លើយតបទៅហើយ ស្រាប់តែគាត់ហក់មករកខ្ញុំ និងទះកំផ្លៀងខ្ញុំពីរដៃ។ ខ្ញុំភាំងនិយាយអ្វីមិនចេញឡើយ។ ខ្ញុំឆ្ងល់ក្នុងចិត្តថា «ហេតុអ្វីបានអ្នកវាយខ្ញុំ? ខ្ញុំមិនទាន់បានឆ្លើយចប់ផង។ ហេតុអ្វីបានជាអ្នកកម្រោល និងគ្មានអារ្យធម៌ខ្លាំងម៉្លេះ ដែលផ្ទុយទាំងស្រុងពីអ្វីដែលខ្ញុំបានគិតស្រមៃអំពីលក្ខណៈប៉ូលិសរបស់ប្រជាជន?» បន្ទាប់មក គាត់បានបន្តសួរអាយុរបស់ខ្ញុំ ហើយនៅពេលដែលខ្ញុំបានឆ្លើយយ៉ាងស្មោះត្រង់ថា ខ្ញុំមានអាយុ ១៧ ឆ្នាំ នោះគាត់ទះកំផ្លៀងរបស់ខ្ញុំពីរដៃទៀត ហើយស្ដីបន្ទោសឱ្យខ្ញុំថានិយាយកុហក។ បន្ទាប់ពីនោះ មិនថាអ្វីដែលខ្ញុំបាននិយាយឡើយ គឺគាត់តែងតែទះកំផ្លៀងខ្ញុំម្ដងហើយម្ដងទៀត រហូតដល់មុខរបស់ខ្ញុំក្ដៅដោយការឈឺចាប់។ ខ្ញុំបាននឹកដល់ការដែលបានឮបងប្អូនប្រុសស្រីរបស់ខ្ញុំនិយាយថា ការព្យាយាមប្រើប្រាស់ហេតុផលជាមួយប៉ូលិសដ៏សាហាវទាំងនេះនឹងគ្មានប្រយោជន៍ទេ។ ដោយការមានបទពិសោធន៍ពីរឿងនេះដោយខ្លួនឯង នោះចាប់ពីពេលនោះមក ខ្ញុំមិនបានបញ្ចេញពាក្យមួយម៉ាត់ឡើយ មិនថាអ្វីដែលពួកគេសួរឡើយ។ នៅពេលដែលពួកគេបានឃើញថា ខ្ញុំមិននិយាយ នោះពួកគេស្រែកដាក់ខ្ញុំថា «មេចង្រៃ! យើងនឹងឱ្យអ្វីមួយឱ្យនាងឯងគិត បើមិនដូច្នោះទេ នាងឯងនឹងមិនផ្ដល់អ្វីមួយដែលគួរឱ្យជឿបានទេ!» ខណៈដែលនិយាយពាក្យនេះ ពួកគេម្នាក់បានដាល់ដើមទ្រូងខ្ញុំយ៉ាងសាហាវពីរដៃដែលបណ្ដាលឱ្យខ្ញុំទ្រេត និងដួលមួយទំហឹងទៅលើកម្រាលឥដ្ឋ។ ក្រោយមក គាត់បានទាត់ខ្ញុំធ្ងន់ៗពីរបីជើង ទាញខ្ញុំឡើងពីកម្រាលឥដ្ឋ ហើយគំហកឱ្យខ្ញុំលុតជង្គង់ចុះ។ ខ្ញុំមិនបានស្ដាប់បង្គាប់ទេ ដូច្នេះគាត់បានទាត់ជង្គង់ខ្ញុំពីរបីជើង។ រលកនៃជំងឺដ៏ខ្លាំងដែលគ្របដណ្ដប់ខ្ញុំ បានបង្ខំឱ្យខ្ញុំលុតជងង្គង់ទៅលើកម្រាលឥដ្ឋឮសូរគ្រឹប។ គាត់បានចាប់សក់ខ្ញុំ ហើយទាញចុះយ៉ាងបង្ខំ ហើយក្រោយមកកន្ត្រាក់ក្បាលខ្ញុំទៅក្រោយភ្លាមៗ ដោយបង្ខំឱ្យខ្ញុំងើប។ គាត់ជេរប្រទេចខ្ញុំ ខណៈដែលទះកំភ្លៀងខ្ញុំពីរបីដងទៀត ហើយរឿងតែមួយដែលខ្ញុំនៅដឹងបានគឺថា ពិភពលោកកំពុងតែវិល។ បន្តិចក្រោយមក ខ្ញុំបានដួលទៅលើកម្រាលឥដ្ឋ។ ស្រាប់តែពេលនោះ មេប៉ូលិសអាក្រក់បានមើលឃើញនាឡិកានៅកដៃខ្ញុំភ្លាមៗ។ ដោយសម្លក់មើលនាឡិកានោះយ៉ាងស្រេកឃ្លាន គាត់ស្រែកថា «តើនាងឯងពាក់អីនៅដៃនោះ?» ភ្លាមៗនោះ ប៉ូលិសម្នាក់បានចាប់កដៃខ្ញុំ ហើយទាញនាឡិកាចេញពីកដៃយ៉ាងបង្ខំ រួចឱ្យទៅ «ចៅហ្វាយ» របស់គាត់។ ប៉ូលិសដ៏សហាវម្នាក់បានចាប់កអាវខ្ញុំ ហាក់ដូចជាគាត់កំពុងលើកកូនមាន់ឡើងអ៊ីចឹង ហើយលើកខ្ញុំឡើងពីកម្រាលឥដ្ឋ ដើម្បីស្រែកគំហកដាក់ខ្ញុំថា «អូ! នាងឯងរឹងក្បាលណាស់ មែនទេ? នេះជាអ្វីដែលនាងឯងទទួលបានពីការនៅស្ងៀម!» ខណៈដែលគាត់និយាយបែបនេះ គាត់បានវាយខ្ញុំយ៉ាងសាហាវពីរបីដង ហើយខ្ញុំបានដួលទៅលើកម្រាលឥដ្ឋម្ដងទៀត។ ត្រឹមពេលនោះ រាងកាយទាំងមូលរបស់ខ្ញុំឈឺមិនអាចទ្រាំបានឡើយ ហើយខ្ញុំលែងមានកម្លាំងទ្រាំតទៅទៀតហើយ។ ខ្ញុំគ្រាន់តែបិទភ្នែកដេកនៅលើកម្រាលឥដ្ឋមិនកម្រើកឡើយ។ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំបានអង្វរទៅព្រះជាម្ចាស់ភ្លាមៗថា «ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំមិនដឹងថាមានអំពើឃោរឃៅច្រើនជាងនេះ ដែលពួកក្រុមប៉ូលិសអាក្រក់នឹងធ្វើចំពោះទូលបង្គំឡើយ។ ទ្រង់ជ្រាបថា ទូលបង្គំមានកម្ពស់តូចទាប ហើយថាទូលបង្គំទន់ខ្សោយខាងរាងកាយ។ ទូលបង្គំអង្វរទ្រង់ឱ្យការពារទូលបង្គំ។ ទូលបង្គំសុខចិត្តស្លាប់ ប្រសើរជាងធ្វើជាយូដាស និងក្បត់ទ្រង់»។ បន្ទាប់ពីការអធិស្ឋានរបស់ខ្ញុំ ព្រះជាម្ចាស់បានប្រទានសេចក្ដីជំនឿ និងកម្លាំងដល់ខ្ញុំ។ ខ្ញុំនឹងសុខចិត្តស្លាប់ ជាជាងធ្វើជាយូដាសដោយការក្បត់ព្រះជាម្ចាស់ និងក្បត់បងប្អូនប្រុសស្រីរបស់ខ្ញុំ។ ខ្ញុំតាំងចិត្តនឹងឈរធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់។ ស្រាប់តែពេលនោះ ខ្ញុំបានឮមនុស្សម្នាក់នៅជិតខ្ញុំនិយាយថា «ម៉េចបានជានាងមិនកម្រើកបានទៀតអ៊ីចឹង? តិចនាងស្លាប់ទៅ?» បន្ទាប់មក មនុស្សម្នាក់ជាន់ដៃខ្ញុំ និងសង្កត់យ៉ាងធ្ងន់ដោយចេតនា ខណៈដែលស្រែកគំហកយ៉ាងសាហាវថា «ក្រោកឡើង! ពួកយើងនឹងនាំនាងឯងទៅកន្លែងផ្សេង»។

ក្រោយមក ខ្ញុំត្រូវបានគេបញ្ជូនទៅកាន់ការិយាល័យសន្តិសុខនៅតំបន់។ នៅពេលដែលពួកយើងទៅដល់បន្ទប់សួរចម្លើយ នោះមេប៉ូលិសអាក្រក់ទាំងនោះ និងពីរនាក់ផ្សេងទៀតបាននៅអមជុំវិញខ្ញុំ ហើយសួរចម្លើយខ្ញុំម្ដងហើយម្ដងទៀត ដោយដើរចុះឡើងៗនៅខាងមុខខ្ញុំ ដើម្បីបង្ខំឱ្យខ្ញុំក្បត់អ្នកដឹកនាំ និងបងប្អូនប្រុសស្រីនៅក្នុងក្រុមជំនុំរបស់ខ្ញុំ។ នៅពេលដែលពួកគេបានឃើញថា ខ្ញុំនៅតែមិនផ្ដល់ចម្លើយដែលពួកគេចង់ស្ដាប់ នោះពួកគេបីនាក់បានប្ដូរវេនគ្នាទះកំផ្លៀងខ្ញុំម្ដងហើយម្ដងទៀត។ ខ្ញុំមិនដឹងថាគេវាយខ្ញុំប៉ុន្មានដងទេ។ គ្រប់យ៉ាងដែលខ្ញុំអាចស្ដាប់ឮ គឺជាសំឡេងទះនៅពេលដែលពួកគេវាយមុខខ្ញុំ ជាសំឡេងដែលហាក់ដូចជាបន្លឺចេញទល់នឹងភាពស្ងប់ស្ងាត់នៃរាត្រីស្ងាត់អ៊ីចឹង។ ដៃរបស់ពួកគេឈឺ ដូច្នេះពួកគេវាយខ្ញុំនឹងសៀវភៅ។ ពួកគេវាយខ្ញុំរហូតដល់ទីបំផុតខ្ញុំមិនអាចដឹងឈឺតទៅទៀតឡើយ។ ផ្ទៃមុខរបស់ខ្ញុំហើម និងស្ពឹក។ នៅទីបំផុត ដោយឃើញថាពួកគេនឹងមិនទទួលបានព័ត៌មានដ៏មានតម្លៃណាមួយពីខ្ញុំ នោះប៉ូលិសដ៏ឃោរឃៅនោះបាននាំយកសៀវភៅទំនាក់ទំនង និងនិយាយទាំងពេញចិត្តថា «ពួកយើងបានរកឃើញនៅក្នុងកាបូបរបស់នាងឯង។ ទោះបីជានាងឯងមិនប្រាប់ពួកយើងនូវអ្វីមួយក៏ដោយ ក៏ពួកយើងនៅតែមានវិធីសម្ងាត់ដែរ!» ភ្លាមៗនោះ ខ្ញុំមានអារម្មណ៍ខ្វល់ខ្វាយយ៉ាងខ្លាំង៖ បើបងប្អូនប្រុសស្រីណាម្នាក់របស់ខ្ញុំលើកទូរស័ព្ទ នោះវានឹងនាំឱ្យពួកគេត្រូវបានចាប់ខ្លួនមិនខាន។ វាក៏អាចជាប់ពាក់ព័ន្ធនឹងក្រុមជំនុំផងដែរ ហើយផលវិបាកអាចនឹងជាមហន្តរាយមិនខាន។ ស្រាប់តែពេលនោះ ខ្ញុំបាននឹកឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ «ចំពោះអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងចក្រវាឡ វាគ្មានអ្វីមួយដែលខ្ញុំមិនមែនជាអ្នកអារកាត់ចុងក្រោយនោះឡើយ។ តើមានអ្វីមួយដែលមិនស្ថិតនៅក្នុងព្រះហស្តរបស់ខ្ញុំឬ?» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានគិតក្នុងចិត្តថា «ត្រឹមត្រូវហើយ» «របស់សព្វសារពើ និងព្រឹត្តិការណ៍ទាំងអស់ត្រូវបានចាត់ចែង និងរៀបចំដោយព្រះហស្ដរបស់ព្រះជាម្ចាស់។ ទោះបីជាការហៅទូរស័ព្ទចូល ឬអត់ក៏ដោយ គឺអាស្រ័យលើព្រះជាម្ចាស់ទាំងស្រុងជាអ្នកសម្រេចព្រះហឫទ័យ។ ខ្ញុំសុខចិត្តសម្លឹងមើលទៅលើ និងពឹងពាក់លើព្រះជាម្ចាស់ ព្រមទាំងចុះចូលចំពោះការចាត់ចែងរបស់ទ្រង់»។ ដូច្នេះហើយខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ម្ដងហើយម្ដងទៀត ដោយសុំឱ្យទ្រង់ការពារបងប្អូនប្រុសស្រីទាំងនេះ។ ជាលទ្ធផល ពួកគេបានចុចលេខទូរស័ព្ទទាំងនោះ ហើយការហៅទូរស័ព្ទមួយចំនួនបានរោទិ៍ ប៉ុន្តែគ្មាននរណាម្នាក់ទទួលឡើយ ខណៈដែលលេខដទៃទៀតមិនអាចចុចចូលទាល់តែសោះ។ នៅទីបំផុត ដោយការជេរប្រទេចទាំងមួម៉ៅ កងកម្លាំងអាក្រក់នោះបានបោះសៀវទំនាក់ទំនងនៅលើតុ ហើយក៏បានឈប់ព្យាយាម។ ខ្ញុំគ្មានអ្វីក្រៅពីសម្ដែងអំណរគុណ និងការសរសើររបស់ខ្ញុំចំពោះព្រះជាម្ចាស់ឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនបានបោះបង់ឡើយ ហើយបានបន្តសួរចម្លើយខ្ញុំអំពីកិច្ចការរបស់ក្រុមជំនុំ។ ខ្ញុំមិនបានឆ្លើយឡើយ។ ដោយវិលវល់ និងមួម៉ៅ នោះពួកគេគិតឃើញវិធីកាន់តែគួរឱ្យស្អប់ ដើម្បីព្យាយាមធ្វើឱ្យខ្ញុំរងទុក្ខ៖ ប៉ូលិសអាក្រក់ម្នាក់បានបង្ខំឱ្យខ្ញុំអង្គុយចោងហោង ហើយត្រូវតែលាតសន្ធឹងដៃត្រឹមស្មា និងមិនអនុញ្ញាតឱ្យខ្ញុំកម្រើកឡើយ។ មិនយូរប៉ុន្មាន ជើងរបស់ខ្ញុំចាប់ផ្ដើមញ័រ ហើយខ្ញុំមិនអាចលាតសន្ធឹងដៃត្រង់ទៀតបានទេ ចំណែករាងកាយរបស់ខ្ញុំចាប់ផ្ដើមឈរឡើងវិញដោយអចេតនា។ ប៉ូលិសបានចាប់យកដំបងឆក់ ហើយសម្លក់ដាក់ខ្ញុំដូចជាសត្វខ្លាកំពុងតែសម្លឹងចំណីរបស់វាអ៊ីចឹង។ ខ្ញុំឈរមិនបានមួយភ្លែតផង ស្រាប់តែគាត់បានវាយជើងខ្ញុំយ៉ាងឃោរឃៅ ធ្វើឱ្យខ្ញុំឈឺយ៉ាងខ្លាំងរហូតខ្ញុំជិតដួលលុតជង្គង់។ កន្លះម៉ោងក្រោយមក នៅពេលដែលជើង ឬដៃរបស់ខ្ញុំកម្រើកសូម្បីតែបន្តិច នោះគាត់វាយខ្ញុំនឹងដំបងភ្លាមៗ។ ខ្ញុំមិនដឹងថា គាត់វាយខ្ញុំប៉ុន្មានដងឡើយ។ ដោយសារត្រូវនៅអង្គុយចោងហោងរយៈពេលយូរ នោះជើងទាំងពីររបស់ខ្ញុំហើមយ៉ាងខ្លាំង ហើយពួកវាឈឺដោយអត់ទ្រាំលែងបាន ដូចជាពួកវាបាក់អ៊ីចឹង។ ខណៈដែលពេលវេលាចេះតែកន្លងផុតទៅ នោះជើងរបស់ខ្ញុំក៏ញ័រកាន់តែខ្លាំង ហើយធ្មេញរបស់ខ្ញុំសង្កៀតឥតឈប់។ ស្រាប់តែពេលនោះ ខ្ញុំមានអារម្មណ៍ដូចជាកម្លាំងរបស់ខ្ញុំខ្សោះអស់រលីង។ តែទោះបីជាយ៉ាងណា ប៉ូលិសអាក្រក់គ្រាន់តែសើចចំអកដាក់ខ្ញុំប៉ុណ្ណោះ ដោយបង្អាប់ និងសើចយ៉ាងរីករាយដាក់ខ្ញុំ ដូចមនុស្សកំពុងតែព្យាយាមយ៉ាងឃោរឃៅដើម្បីធ្វើឱ្យសត្វស្វាលេងសៀកអ៊ីចឹង។ ពេលខ្ញុំកាន់តែសម្លឹងមើលមុខដ៏គួរឱ្យស្អប់ និងអាក្រក់របស់ពួកគេ នោះខ្ញុំកាន់តែមានអារម្មណ៍ស្អប់ចំពោះប៉ូលិសអាក្រក់ទាំងនេះ។ ខ្ញុំបាននឹកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថា «នៅពេលដែលមនុស្សត្រៀមខ្លួនរួចរាល់ដើម្បីលះបង់ជីវិតរបស់ពួកគេ នោះគ្រប់យ៉ាងនឹងគ្មានន័យ ហើយគ្មាននរណាម្នាក់អាចទទួលបានអ្វីប្រសើរជាងនេះទេ។ តើមានអ្វីដែលមានសារៈសំខាន់ជាងជីវិតនោះ?» («ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៣៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ដូច្នេះ ខ្ញុំក៏ប្រញាប់ក្រោកឈរ ហើយនិយាយទៅកាន់ពួកគេដោយសំឡេងដ៏ឮថា «ខ្ញុំនឹងមិនអង្គុយចោងហោងតទៅទៀតទេ។ ចាត់ការទៅ ហើយដាក់ទោសប្រហារជីវិតខ្ញុំទៅ! ថ្ងៃនេះ ខ្ញុំគ្មានអ្វីត្រូវចាញ់ទេ! ទោះបីជាស្លាប់ក៏ខ្ញុំមិនខ្លាចដែរ ដូច្នេះតើខ្ញុំអាចខ្លាចអ្នកម្ដេចទៅកើត? ពួកអ្នកឯងមាឌធំៗមែន តែវិធីទាំងអស់ដែលអ្នកឯងចេះ គឺគ្រាន់តែធ្វើបាបក្មេងស្រីតូចដូចជាខ្ញុំនេះប៉ុណ្ណោះ!» ជារឿងគួរឱ្យភ្ញាក់ផ្អើលចំពោះខ្ញុំ ដែលបន្ទាប់ពីខ្ញុំនិយាយពាក្យនេះ ក្រុមប៉ូលិសអាក្រក់បានស្រែកជេរប្រទេច ហើយក្រោយមកក៏ឈប់សួរចម្លើយខ្ញុំទៅ។

ប៉ូលិសមួយក្រុមនេះបានធ្វើទារុណកម្មខ្ញុំស្ទើរពេញមួយយប់។ ដល់ពេលពួកគេឈប់ នោះក៏ដល់ពេលភ្លឺល្មម។ ពួកគេបានឱ្យខ្ញុំចុះហត្ថលេខាលើឈ្មោះរបស់ខ្ញុំ ហើយបាននិយាយថា ពួកគេនឹងឃុំឃាំងខ្ញុំ។ បន្ទាប់មក ប៉ូលិសវ័យចំណាស់ម្នាក់ ដោយធ្វើពុតជាចិត្តល្អបាននិយាយមកខ្ញុំថា «កញ្ញា មើលទៅកញ្ញានៅក្មេងណាស់ នៅកំពុងពេញវ័យតែម្ដង ដូច្នេះវាជារឿងល្អបំផុតដែលកញ្ញាប្រញាប់ប្រាប់ពួកយើងគ្រប់យ៉ាងដែលកញ្ញាដឹង។ ខ្ញុំធានាថា ខ្ញុំនឹងឱ្យពួកគេដោះលែងកញ្ញា។ បើកញ្ញាមានបញ្ហាណាមួយ ចូរកុំស្ទាក់ស្ទើរក្នុងការប្រាប់ខ្ញុំអី។ មើលចុះ ផ្ទៃមុខរបស់កញ្ញាហើមដូចនំប៉័ងអ៊ីចឹង។ តើកញ្ញាមិនឈឺទេអី?» ដោយបានឮគាត់និយាយរបៀបនេះ ខ្ញុំបានដឹងថា គាត់គ្រាន់តែព្យាយាមបញ្ឆោតខ្ញុំឱ្យធ្វើការសារភាពប៉ុណ្ណោះ។ ខ្ញុំក៏បាននឹកឃើញអ្វីមួយដែលបងប្អូនប្រុសស្រីរបស់ខ្ញុំបានប្រាប់អំឡុងពេលការប្រជុំ៖ ដើម្បីទទួលលបានអ្វីដែលពួកគេចង់បាន ប៉ូលិសអាក្រក់នឹងប្រើប្រាស់ទាំងវិធីលួងលោម និងវិធីគំរាមកំហែង ហើយរិះរកល្បិចកលគ្រប់ប្រភេទដើម្បីបោកបញ្ឆោតមនុស្ស។ ដោយគិតពីរឿងនេះ ខ្ញុំបានតបទៅប៉ូលិសវ័យចំណាស់នោះថា «កុំធ្វើដូចជាអ្នកជាមនុស្សល្អអី។ អ្នកទាំងអស់គ្នានៅក្រុមតែមួយ។ តើអ្នកចង់ឱ្យខ្ញុំសារភាពអ្វី? អ្វីដែលអ្នកកំពុងតែធ្វើ គេហៅថាការគំរាមកំហែងឱ្យគេសារភាព។ នេះគឺជាការដាក់ទោសខុសច្បាប់!» ដោយបានឮបែបនេះ គាត់បាននិយាយដោយមិនដឹងអី ហើយបានប្រកែកថា «ប៉ុន្តែខ្ញុំមិនបានវាយនាងម្ដងទេ។ ពួកគេជាអ្នកវាយនាង»។ ខ្ញុំដឹងគុណចំពោះការដឹកនាំ និងការការពាររបស់ព្រះជាម្ចាស់ ដែលបានអនុញ្ញាតឱ្យខ្ញុំយកឈ្នះលើសេចក្ដីល្បួងរបស់សាតាំងម្ដងទៀត។

បន្ទាប់ពីចាកចេញពីការិយាល័យសន្តិសុខសាធារណៈតំបន់ ពួកគេចាក់សោរខ្ញុំនៅមន្ទីរឃុំឃាំងភ្លាមៗ។ ដរាបណាពួកយើងដើរទៅខ្លោងទ្វារខាងមុខ នោះខ្ញុំបានឃើញទីកន្លែងនោះហ៊ុំព័ទ្ធដោយជញ្ជាំងដ៏ខ្ពស់ ដោយមានលួសបន្លាឆក់នៅលើជញ្ជាំងនោះ ហើយនៅរាល់ជ្រុងទាំងបួន មានដូចជាប៉មយាមមួយដែលមានប៉ូលិសប្រដាប់ដោយអាវុធឈរយាម។ វាមានអារម្មណ៍ថាគ្រប់យ៉ាងអាក្រក់ និងគួរឱ្យខ្លាចណាស់។ បន្ទាប់ពីឆ្លងកាត់ទ្វារដែកមួយហើយមួយទៀត ខ្ញុំក៏បានទៅដល់បន្ទប់ឃុំឃាំង។ នៅពេលដែលខ្ញុំបានឃើញភួយចាស់នៅលើគ្រែដ៏ត្រជាក់ ដែលទាំងខ្មៅផង និងកខ្វក់ផង ហើយមានក្លិនឈួល គឺក្លិនស្អុយចេញពីពួកវា នោះខ្ញុំគ្មានអ្វីក្រៅពីមានអារម្មណ៍ខ្ពើមឡើយ។ នៅពេលទទួលទានអាហារ អ្នកទោសម្នាក់ៗ ទទួលបាននំប៉ាវចំហុយតូចមួយដែលជូរ និងមិនឆ្អិនល្អឡើយ។ ទោះបីជាខ្ញុំត្រូវបានធ្វើទារុណកម្មដោយប៉ូលិសអស់កន្លះយប់ និងមិនបានហូបអ្វីក៏ដោយ ក៏នៅពេលដែលឃើញអាហារនេះ ធ្វើឱ្យខ្ញុំលែងឃ្លានហើយ។ លើសពីនោះ ផ្ទៃមុខរបស់ខ្ញុំហើមខ្លាំងណាស់ដោយការវាយរបស់ប៉ូលិស ហើយវាមានអារម្មណ៍តឹងដូចគេរុំនឹងបង់ស្អិតអ៊ីចឹង។ គ្រាន់តែហើបមាត់និយាយក៏ឈឺដែរ កុំថាឡើយហូបអាហារ។ ស្ថិតក្រោមស្ថានភាពនេះ ខ្ញុំមានអារម្មណ៍ស្រងូតស្រងាត់ ហើយមានអារម្មណ៍ខុសធ្ងន់ណាស់។ គំនិតដែលខ្ញុំពិតជាអាចត្រូវនៅទីនេះ ហើយអត់ទ្រាំនឹងការរស់នៅដ៏អមនុស្សធម៌បែបនេះ បានធ្វើឱ្យខ្ញុំតូចចិត្តណាស់ រហូតធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ បងស្រីដែលត្រូវបានចាប់ខ្លួនជាមួយគ្នា បានធ្វើការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយខ្ញុំ ហើយខ្ញុំបានយល់ថា ព្រះជាម្ចាស់បានអនុញ្ញាតឱ្យមជ្ឈដ្ឋាននេះកើតឡើងចំពោះខ្ញុំ ហើយនេះគឺទ្រង់ល្បងល និងសាកល្បងខ្ញុំ ដើម្បីឱ្យឃើញថា ខ្ញុំអាចឈរធ្វើបន្ទាល់បានឬអត់។ ទ្រង់ក៏កំពុងតែប្រើឱកាសនេះដើម្បីធ្វើឱ្យសេចក្ដីជំនឿរបស់ខ្ញុំគ្រប់លក្ខណ៍ផងដែរ។ ដោយបានដឹងពីរឿងនេះ ខ្ញុំឈប់មានអារម្មណ៍ថាមានកំហុសតទៅទៀត ហើយនៅក្នុងខ្ញុំ ខ្ញុំចាប់ផ្ដើមតាំងចិត្តខ្លួនឯង ដើម្បីអត់ទ្រាំងនឹងការលំបាករបស់ខ្ញុំ។

ពីរសប្ដាហ៍កន្លងផុតទៅ ហើយមេប៉ូលិសអាក្រក់ទាំងនោះក៏ចូលមកសួរចម្លើយខ្ញុំម្ដងទៀត។ ដោយឃើញខ្ញុំនៅស្ងៀម និងស្រគត់ស្រគំ ដោយគ្មានការភ័យខ្លាចទាល់តែសោះ នោះគាត់បានស្រែកហៅឈ្មោះរបស់ខ្ញុំ ហើយស្រែកថា «ប្រាប់ខ្ញុំឱ្យត្រង់មក៖ តើពីមុនមក ឯងត្រូវបានចាប់នៅកន្លែងណាទៀត? នេះប្រាកដជាមិនមែនជាលើកទីមួយទេ ដែលឯងជាប់ក្នុងគុកទេ។ បើមិនដូច្នោះទេ ម៉េចបានជាឯងប្រព្រឹត្តយ៉ាងស្ងប់ស្ងាត់ និងស្រគត់ស្រគំ ហាក់ដូចជាឯងមិនភ័យខ្លាចបន្តិចសោះអ៊ីចឹង?» នៅពេលដែលខ្ញុំបានឮគាត់និយាយបែបនេះ ខ្ញុំគ្មានអ្វីក្រៅពីអរព្រះគុណ និងសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងចិត្តឡើយ។ ព្រះជាម្ចាស់បានការពារខ្ញុំ និងប្រទានភាពក្លាហានដល់ខ្ញុំ ដូច្នេះក៏អនុញ្ញាតឱ្យខ្ញុំប្រឈមមុខនឹងប៉ូលិសអាក្រក់ទាំងនេះដោយគ្មានភាពភ័យខ្លាចទាល់តែសោះ។ ស្រាប់តែពេលនោះ កំហឹងបានចេញពីខាងក្នុងចិត្តរបស់ខ្ញុំមក៖ អ្នកកំពុងតែរំលោភអំណាចរបស់អ្នក ដោយការធ្វើទុក្ខបុកម្នេញមនុស្សចំពោះជំនឿខាងសាសនារបស់ពួកគេ ហើយអ្នកចាប់ខ្លួន ធ្វើបាប និងបង្ករបួសដល់អស់អ្នកដែលជឿលើព្រះជាម្ចាស់ ដោយគ្មានហេតុផលឡើយ។ អ្នកមិនប្រព្រឹត្តតាមច្បាប់ឡើយទាំងនៅផែនដី និងស្ថានសួគ៌។ ខ្ញុំជឿលើព្រះជាម្ចាស់ និងដើរលើមាគ៌ាដ៏ត្រឹមត្រូវ ហើយខ្ញុំមិនបានបំពានច្បាប់ឡើយ។ ម៉េចបានជាខ្ញុំត្រូវខ្លាចអ្នក? ខ្ញុំនឹងមិនចុះញ៉មនឹងកម្លាំងអាក្រក់របស់ក្រុមអ្នកទេ! ក្រោយមកខ្ញុំបានស៊កសម្ដីថា «តើអ្នកគិតថា គ្រប់កន្លែងផ្សេងទៀតគួរឱ្យធុញថប់ណាស់ឬ ដែលខ្ញុំចង់មកទីនេះនោះ? អ្នកបានដាក់កំហុសខ្ញុំ ហើយរុញខ្ញុំទៅនេះទៅនោះ! ការប្រឹងប្រែងណាមួយរបស់អ្នកក្នុងការគំរាមកំហែងឱ្យសារភាព ឬដាក់គម្រោងផែនការលើខ្ញុំនឹងគ្មានប្រយោជន៍ឡើយ!» ដោយឮខ្ញុំនិយាយបែបនេះ គាត់ខឹងបែកផ្សែង។ គាត់បានស្រែកថា «នាងឯងក្បាលរឹងមិនប្រាប់អ្វីមួយដល់ពួកយើងឡើយ។ នាងឯងមិននិយាយមែនទេ? ខ្ញុំនឹងដាក់ទោសនាងឯងឱ្យជាប់គុកបីឆ្នាំ ហើយក្រោយមកយើងនឹងចាំមើល ថាតើនាងឯងចាប់ផ្ដើមប្រព្រឹត្តខ្លួនឱ្យល្អឬអត់។ ខ្ញុំមិនខ្លាចថានាងឯងនៅរឹងរូសទេ! ត្រឹមពេលនោះ ខ្ញុំមានអារម្មណ៍ឈឺចិត្តហួស។ ខ្ញុំបានឆ្លើយតបយ៉ាងឮថា «ខ្ញុំនៅក្មេងនៅឡើយ ដូច្នេះតើបីឆ្នាំមានបញ្ហាអ្វីចំពោះខ្ញុំទៅ? មួយប៉ប្រិចភ្នែក ខ្ញុំនឹងរួចចេញពីគុកហើយ»។ ដោយកំហឹង នោះប៉ូលិសអាក្រក់បានក្រោកឈរយ៉ាងប្រញាប់ ហើយរអ៊ូដាក់កូនចៅរបស់គាត់ថា «ខ្ញុំឈប់ហើយ។ ឯងចាត់ការម្ដង ហើយសួរចម្លើយនាងទៅ»។ ក្រោយមកគាត់ក៏បានចាកចេញដោយបិទទ្វារក្ឌាំង។ ដោយឃើញពីអ្វីដែលបានកើតឡើង នោះប៉ូលិសពីរនាក់មិនសួរចម្លើយខ្ញុំតទៅទៀតឡើយ។ ពួកគេគ្រាន់តែបញ្ចប់ដោយការសរសេរសេចក្ដីថ្លែងមួយច្បាប់ ដើម្បីឱ្យខ្ញុំចុះហត្ថលេខា ហើយបានដើរចេញទៅ។ ដោយឃើញប៉ូលិសអាក្រក់បរាជ័យបែបនេះ បានធ្វើឱ្យខ្ញុំសប្បាយចិត្តណាស់ ហើយនៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំបានសរសើរតម្កើងជ័យជម្នះរបស់ព្រះជាម្ចាស់លើសាតាំង។ អំឡុងពេលការសួរចម្លើយជុំទីពីរ នោះពួកគេបានផ្លាស់ប្ដូរវិធីសាស្ត្រ។ ដរាបណាពួកគេបានដើរចូលមកដល់មាត់ទ្វារ នោះពួកគេធ្វើពុតជាបារម្ភពីខ្ញុំ៖ «នាងបាននៅទីនេះយូរហើយ។ ម៉េចបានជាគ្មានសមាជិករបស់គ្រួសារនាងម្នាក់មកសួរសុខទុក្ខនាងអ៊ីចឹង? ពួកគេប្រាកដជាបោះបង់នាងចោលហើយ។ ចុះបើនាងទូរស័ព្ទទៅពួកគេដោយខ្លួនឯង ហើយសុំឱ្យពួកគេមកលេងនាង យ៉ាងម៉េចដែរ?» ដោយឮការនិយាយនេះ បានធ្វើឱ្យខ្ញុំមានអារម្មណ៍ឈឺចិត្ត និងពិបាកចិត្ត។ ខ្ញុំមានអារម្មណ៍ឯកោ និងគ្មានទីពឹង។ ខ្ញុំនឹកផ្ទះ និងនឹកឪពុកម្ដាយរបស់ខ្ញុំ ហើយបំណងចិត្តចង់បានសេរីភាពកាន់តែខ្លាំងឡើងៗ។ ភ្នែករបស់ខ្ញុំស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ប៉ុន្តែខ្ញុំមិនចង់យំនៅចំពោះមុខក្រុមប៉ូលិសអាក្រក់នេះទេ។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់យ៉ាងស្ងៀមស្ងាត់ថា៖ «ឱ! ព្រះជាម្ចាស់អើយ! ពេលនេះ ទូលបង្គំមានអារម្មណ៍ទុក្ខព្រួយ និងឈឺចាប់ណាស់ ហើយទូលបង្គំមានអារម្មណ៍ថាគ្មានទីពឹងសោះ។ សូមទ្រង់ជួយទូលបង្គំផង។ ទូលបង្គំមិនចង់ឱ្យសាតាំងឃើញពីភាពទន់ខ្សោយរបស់ទូលបង្គំឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ ទូលបង្គំមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់បានឡើយ។ ទូលបង្គំអង្វរសូមទ្រង់បំភ្លឺ និងដឹកនាំទូលបង្គំផង»។ បន្ទាប់ពីអធិស្ឋានរួច ទស្សនៈមួយបានកើតឡើងនៅក្នុងគំនិតរបស់ខ្ញុំ៖ នេះគឺជាឧបាយកលបោកបញ្ឆោតរបស់សាតាំង។ ការព្យាយាមរបស់ពួកគេដើម្បីធ្វើឱ្យខ្ញុំទាក់ទងទៅគ្រួសាររបស់ខ្ញុំ អាចជាល្បិចកលមួយ ដើម្បីឱ្យគ្រួសាររបស់ខ្ញុំយកប្រាក់លោះខ្លួនមួយចំនួនមក ឬប្រហែលជាពួកគេអាចដឹងថា សមាជិកគ្រួសាររបស់ខ្ញុំទាំងអស់ជឿលើព្រះជាម្ចាស់ និងចង់ប្រើប្រាស់ឱកាសនេះដើម្បីចាប់ខ្លួនពួកគេ។ ប៉ូលិសអាក្រក់ទាំងនេះពិតជាពេញដោយល្បិចកលមែន។ បើមិនមែនដោយសារតែការបំភ្លឺរបស់ព្រះជាម្ចាស់ទេ នោះខ្ញុំអាចទូរស័ព្ទទៅផ្ទះហើយ។ ដូច្នេះតើខ្ញុំនឹងមិនក្លាយជាយូដាសដោយប្រយោលទេឬ? ដូច្នេះ ខ្ញុំប្រកាសយ៉ាងសម្ងាត់ទៅកាន់សាតាំងថា៖ «អារក្សអប្រិយអើយ អញនឹងមិនអនុញ្ញាតឱ្យឯងជោគជ័យនៅក្នុងការបោកបញ្ឆោតរបស់ឯងឡើយ»។ ក្រោយមក ខ្ញុំបាននិយាយយ៉ាងព្រងើយថា «ខ្ញុំមិនដឹងពីមូលហេតុដែលសមាជិកគ្រួសាររបស់ខ្ញុំមិនមកសួរសុខទុក្ខខ្ញុំទេ។ ខ្ញុំមិនខ្វល់ថាអ្នកធ្វើអ្វីចំពោះខ្ញុំឡើយ!» ប៉ូលិសអាក្រក់លែងមានសន្លឹកបៀរលេងទៀតហើយ។ បន្ទាប់ពីនោះ ពួកគេមិនសួរចម្លើយខ្ញុំទៀតឡើយ។

មួយខែបានកន្លងផុតទៅ។ ថ្ងៃមួយ ពូរបស់ខ្ញុំស្រាប់តែមកសួរសុខទុក្ខខ្ញុំ ដោយនិយាយថាគាត់ព្យាយាមយកខ្ញុំចេញពីនោះ ហើយថាពីរបីថ្ងៃទៀត ខ្ញុំគួរតែត្រូវបានដោះលែង។ នៅពេលដែលខ្ញុំដើចេញពីបន្ទប់ទទួលអ្នកមកសួរសុខទុក្ខ នោះខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់។ ខ្ញុំបានគិតថា ទីបំផុតខ្ញុំនឹងអាចឃើញពន្លឺថ្ងៃម្ដងទៀត ក៏ដូចជាឃើញបងប្អូនប្រុសស្រី និងអ្នកជាទីស្រឡាញ់ដែរ។ ដូច្នេះខ្ញុំចាប់ផ្ដើមសុបិនទាំងថ្ងៃ ហើយទន្ទឹងរង់ចាំឱ្យពូរបស់ខ្ញុំមកទទួលខ្ញុំ។ ជារៀងរាល់ថ្ងៃ ខ្ញុំផ្ទៀងត្រចៀកស្ដាប់សំឡេងរបស់អ្នកយាមប្រាប់ខ្ញុំថា ដល់ពេលចេញហើយ។ ច្បាស់ណាស់ មួយសប្ដាហ៍ក្រោយមក អ្នកយាមពិតជាបានមកហៅមែន ហើយបេះដូងរបស់ខ្ញុំស្ទើរតែលោតចេញពីទ្រូងទៅហើយ។ ខ្ញុំបានមកដល់បន្ទប់ទទួលអ្នកមកសួរសុខទុក្ខយ៉ាងសប្បាយរីករាយ។ ទោះបីជាយ៉ាងណា នៅពេលដែលខ្ញុំបានឃើញពូរបស់ខ្ញុំ នោះគាត់ឈ្ងោកក្បាលចុះ។ យូរណាស់ទម្រាំតែគាត់បាននិយាយដោយសំឡេងខូចចិត្តថា «ពួកគេបានសម្រេចរឿងក្ដីរបស់ឯងហើយ។ ឯងត្រូវបានដាក់ទោសឱ្យជាប់ពន្ធនាគារបីឆ្នាំ»។ នៅពេលដែលខ្ញុំឮដំណឹងនេះ ខ្ញុំភាំង ហើយគំនិតរបស់ខ្ញុំគិតអ្វីមិនឃើញឡើយ។ ខ្ញុំទប់ទឹកភ្នែក និងធ្វើខ្លួនកុំឱ្យយំ។ បន្ទាប់មក វាដូចជាខ្ញុំមិនអាចស្ដាប់ឮអ្វីមួយដែលពូរបស់ខ្ញុំបាននិយាយអ៊ីចឹង។ ខ្ញុំបានដើរចេញពីបន្ទប់ទទួលអ្នកមកសួរសុខទុក្ខទាំងភ្លេចភ្លាំងស្មារតី ជើងរបស់ខ្ញុំមានអារម្មណ៍ដូចជាពួកវាពេញដោយសំណអ៊ីចឹង ដោយរាល់ជំហានគឺធ្ងន់ជាងពីមុន។ ខ្ញុំគ្មានការចងចាំថា ខ្ញុំបានដើរត្រឡប់ទៅកាន់បន្ទប់ឃុំឃាំងរបស់ខ្ញុំវិញដោយវិធីណាឡើយ។ នៅពេលដែលខ្ញុំទៅដល់ទីនោះ ខ្ញុំដួលទៅនឹងកម្រាលឥដ្ឋ។ ខ្ញុំបានគិតក្នុងចិត្តថា «ជារៀងរាល់ថ្ងៃក្នុងរយៈពេលមួយខែជាងកន្លងមក នៃការរស់នៅដ៏អមនុស្សធម៌នេះ គឺប្រៀបដូចជាមួយឆ្នាំអ៊ីចឹង។ តើខ្ញុំនឹងអាចឆ្លងផុតរយៈពេលបីឆ្នាំបែបនេះដោយរបៀបណា?» កាលណាខ្ញុំកាន់តែគិតពីវា នោះការបារម្ភក៏កាន់តែកើនឡើង ហើយអនាគតរបស់ខ្ញុំហាក់ដូចជាកាន់តែមិនច្បាស់លាស់ និងមិនអាចយល់បាន។ ដោយមិនអាចអត់ទ្រាំជាមួយពួកវាតទៅទៀតបាន ខ្ញុំបានស្រក់ទឹកភ្នែក។ ខ្ញុំបានគិតថា ក្នុងនាមជាអនិតិជន ខ្ញុំនឹងមិនត្រូវបានកាត់ទោសឡើយ ឬធ្ងន់ធ្ងរបំផុតគឺត្រូវបានឃុំខ្លួនពីរបីខែប៉ុណ្ណោះ។ ខ្ញុំបានគិតថា ខ្ញុំគ្រាន់តែត្រូវអត់ទ្រាំនឹងការឈឺចាប់ និងការលំបាកបន្តិចបន្តួចទៀត និងបន្តយូរបន្តិចទៀត នោះវាចប់ហើយ។ វានឹងមិនដែលកើតឡើងចំពោះខ្ញុំឡើយថា ខ្ញុំពិតជាអាចត្រូវជាប់ពន្ធនាគារបីឆ្នាំនោះ។ នៅក្នុងភាពទុក្ខព្រួយរបស់ខ្ញុំ ខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់ម្ដងទៀត។ ខ្ញុំបានបើកបង្ហាញទៅកាន់ទ្រង់ ដោយនិយាយថា «ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំដឹងថារបស់សព្វសារពើ និងព្រឹត្តិការណ៍ទាំងអស់សុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់ ប៉ុន្តែពេលនេះ ចិត្តរបស់ទូលបង្គំមានអារម្មណ៍ដូចជាគ្មានអ្វីសោះ។ ទូលបង្គំមានអារម្មណ៍ដូចជាទូលបង្គំរៀបនឹងបែកបាក់អ៊ីចឹង។ ទូលបង្គំគិតថា វានឹងលំបាកសម្រាប់ទូលបង្គំ ក្នុងការអត់ទ្រាំការរងទុក្ខបីឆ្នាំនៅក្នុងគុក។ ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំសូមអង្វរ សូមទ្រង់បើកសម្ដែងពីបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះទូលបង្គំផង ហើយទូលបង្គំអង្វរទ្រង់សូមប្រទានសេចក្ដីជំនឿ និងកម្លាំងដល់ទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចចុះចូលទាំងស្រុងចំពោះទ្រង់ និងទទួលយកយ៉ាងក្លាហាននូវអ្វីដែលបានកើតឡើងចំពោះទូលបង្គំ»។ បន្ទាប់ពីការអធិស្ឋាននេះ ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ហើយទោះបីជាដល់ដង្ហើមចុងក្រោយរបស់អ្នកក៏ដោយ ក៏អ្នកត្រូវតែបន្តស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ដដែល ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង» («មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានប្រទានសេចក្ដីជំនឿ និងកម្លាំងដល់ខ្ញុំ ហើយខ្ញុំសុខចិត្តចុះចូល។ មិនថាអ្វីអាចកើតឡើងចំពោះខ្ញុំ ឬខ្ញុំអាចឆ្លងកាត់ការរងទុក្ខច្រើនប៉ុនណាឡើយ ខ្ញុំមិនអាចស្ដីបន្ទោសព្រះជាម្ចាស់ឡើយ។ ខ្ញុំនឹងឈរធ្វើបន្ទាល់ថ្វាយទ្រង់។ ពីរខែក្រោយមក ខ្ញុំត្រូវបានបញ្ជូនទៅកាន់ជំរុំការងារ។ នៅពេលដែលខ្ញុំបានទទួលលិខិតសាលក្រមរបស់ខ្ញុំ ហើយចុះហត្ថលេខាលើវា នោះខ្ញុំរកឃើញថា ការកាត់ទោសបីឆ្នាំ ត្រូវបានបង្រួមកមួយឆ្នាំ។ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំអរព្រះគុណ និងសរសើរតម្កើងព្រះជាម្ចាស់ម្ដងហើយម្ដងទៀត។ ព្រះជាម្ចាស់បានចាត់ចែងរឿងទាំងអស់នេះ ហើយនៅក្នុងនេះ ខ្ញុំអាចមើលឃើញសេចក្ដីស្រឡាញ់ និងការការពារដ៏ធំធេងដែលទ្រង់មានចំពោះខ្ញុំ។

នៅឯជំរុំការងារ ខ្ញុំបានឃើញផ្នែកកាន់តែឃោរឃៅ និងកាន់តែកំណាចរបស់ប៉ូលិសអាក្រក់។ តាំងពីព្រលឹម ពួកយើងក្រោកពីដំណេក និងទៅធ្វើការ ហើយពួកយើងមានកិច្ចការច្រើនលើសលប់ដែលត្រូវបំពេញនៅថ្ងៃនីមួយៗ។ ពួកយើងត្រូវប្រើកម្លាំងធ្វើការជាច្រើនម៉ោងជារៀងរាល់ថ្ងៃ ហើយពេលខ្លះ អាចធ្វើកិច្ចការម្ភៃបួនម៉ោងរយៈពេលពីរបីថ្ងៃពីរបីយប់ជាប់គ្នា។ អ្នកទោសមួយចំនួនមានជំងឺ ហើយត្រូវស្វែងរកការព្យួរស៊ីរ៉ូម ហើយតំណក់ទឹកស៊ីរ៉ូមត្រូវបានបើកឱ្យស្រក់យ៉ាងលឿនបំផុត ដើម្បីនៅពេលដែលវាអស់ ពួកគេអាចត្រឡប់ទៅកន្លែងធ្វើការវិញយ៉ាងលឿន ហើយចាប់ផ្ដើមធ្វើការ។ ការណ៍នេះបានធ្វើឱ្យអ្នកទោសភាគច្រើនមានជំងឺដែលពិបាកនឹងព្យាបាលជាបន្ដបន្ទាប់។ ដោយសារតែពួកគេធ្វើការយឺត មនុស្សមួយចំនួនត្រូវទទួលការរំលោភបំពានពាក្យសម្ដីជារឿយៗពីអ្នកយាម ភាសាអាក្រក់របស់ពួកគេគឺពិបាកស្ដាប់ណាស់។ មនុស្សមួយចំនួនបំពានច្បាប់វិន័យខណៈពេលធ្វើការ ដូច្នេះពួកគេត្រូវបានដាក់ទោស។ ឧទាហរណ៍ ពួកគេត្រូវបាន «ចង» មានន័យថា ពួកគេត្រូវតែលុតជង្គង់នៅលើដី ហើយចងដៃទៅក្រោយខ្នង ដៃរបស់ពួកគេត្រូវបានបង្ខំឱ្យលើកស្មើនឹងកយ៉ាងឈឺចាប់។ អ្នកដទៃទៀត ត្រូវបានចងភ្ជាប់នឹងដើមឈើដោយច្រវាក់ដែកដូចជាសត្វឆ្កែអ៊ីចឹង ហើយត្រូវបានវាយយ៉ាងឥតប្រណីដោយរំពាត់។ មនុស្សមួយចំនួនដែលមិនអាចអត់ទ្រាំបាននឹងការធ្វើទារុណកម្មដ៏សាហាវឃោរឃៅនេះ អាចព្យាយាមបង្អត់អាហារខ្លួនឯងរហូតដល់ស្លាប់ ដោយឱ្យអ្នកយាមដាក់ខ្នោះកជើងខ្នោះកដៃ ក្រោយមកដាក់រាងកាយនៅមួយកន្លែងយ៉ាងណែន ដោយរុញបំពង់បញ្ចុកអាហារ និងវត្ថុរាវចូលក្នុងពួកគេ។ ពួកគេខ្លាចអ្នកទោសទាំងនេះអាចស្លាប់ មិនមែនមកពីពួកគេស្រឡាញ់ជីវិតឡើយ ប៉ុន្តែដោយសារតែពួកគេបារម្ភអំពីការបាត់បង់កម្លាំងពលកម្មដ៏ថោក ដែលអ្នកជាប់ពន្ធនាគារទាំងនោះផ្ដល់ឱ្យ។ ទង្វើអាក្រក់ដែលអ្នកយាមគុកបានប្រព្រឹត្តពិតជាមានច្រើនរាប់មិនអស់ ខណៈពេលដែលហេតុការណ៍បង្ហូរឈាម និងហិង្សាយ៉ាងអាក្រក់បានកើតឡើង។ ទាំងអស់នេះបានធ្វើឱ្យខ្ញុំឃើញយ៉ាងច្បាស់ថា រដ្ឋាភិបាលបក្សកុម្មុយនីស្ដចិន គឺជាតំណាងនៅលើផែនដីរបស់សាតាំង ដែលរស់នៅក្នុងពិភពខាងវិញ្ញាណ។ វាអាក្រក់បំផុតក្នុងចំណោមអារក្សទាំងអស់ ហើយគុកដែលស្ថិតក្រោមរបបរបស់វាទាំងអស់ សុទ្ធតែនរកនៅលើផែនដី មិនមែនត្រឹមតែឈ្មោះទេ តែជាការពិតជាក់ស្ដែងទៀតផង។ ខ្ញុំចងចាំពាក្យនៅលើជញ្ជាំងការិយាល័យដែលខ្ញុំត្រូវបានសួរចម្លើយដែលសរសេរថា៖ ការវាយមនុស្សដោយចេតនា ឬឱ្យពួកគេទទួលទោសដោយខុសច្បាប់ត្រូវបានហាមឃាត់ ហើយកាន់តែហាមឃាត់មិនឱ្យទទួលបានការសារភាពតាមរយៈការធ្វើទារុណកម្មឡើយ»។ ទោះបីជាយ៉ាងណាក៏ដោយ ជាក់ស្ដែង សកម្មភាពរបស់ពួកគេគឺជាការបំពានដ៏ចំហនៃច្បាប់វិន័យនេះ។ ពួកគេបានវាយខ្ញុំយ៉ាងឃោរឃៅ ជាក្មេងស្រីម្នាក់ដែលមិនទាន់ពេញវ័យនៅឡើយ ហើយតម្រូវឱ្យខ្ញុំទទួលការដាក់ទោសដោយខុសច្បាប់ទៀត។ ជាងនេះទៅទៀត ពួកគេបានកាត់ទោសខ្ញុំ ដោយគា្រន់តែដោយសារជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់។ ទាំងអស់នេះបានធ្វើឱ្យខ្ញុំអាចឃើញយ៉ាងច្បាស់អំពីល្បិចកលដែលរដ្ឋាភិបាលបក្សកុម្មុយនីស្ដចិនបានប្រើប្រាស់ដើម្បីបំភាន់មនុស្ស ខណៈពេលដែលបង្ហាញពីរូបភាពក្លែងក្លាយនៃសន្ដិភាព និងវឌ្ឍនភាព។ ដូចជាព្រះជាម្ចាស់បានមានបន្ទូលថា៖ «អារក្សចងរឹតរាងកាយមនុស្សយ៉ាងជាប់ណែន វាធ្វើឲ្យភ្នែករបស់គេមើលលែងឃើញ ហើយបិទមាត់របស់គេយ៉ាងជិត។ ស្ដេចអារក្សបានច្រឡោតអស់រយៈពេលរាប់ពាន់ឆ្នាំ រហូតដល់សព្វថ្ងៃនេះ វានៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទីក្រុងខ្មោច គឺដូចទីក្រុងនេះជារាជវាំងហាមប្រាមរបស់ពួកអារក្សអ៊ីចឹង។ ក្នុងពេលនេះ ពួកឃ្លាំមើលមួយក្រុមនេះខំប្រឹងសម្លក់សម្លឹង ទាំងក្នុងចិត្តភ័យខ្លាចថា ព្រះជាម្ចាស់នឹងចាប់ពួកវាទាំងមិនដឹងខ្លួន ហើយបោសសម្អាតពួកវាទាំងអស់ចោល ដោយគ្មានទុកកន្លែងឲ្យពួកវាមានសេចក្តីសុខ និងសុភមង្គលឡើយ។ តើមនុស្សនៃទីក្រុងខ្មោចមួយនេះអាចធ្លាប់ឃើញព្រះជាម្ចាស់ដោយរបៀបណាទៅ? តើពួកវាធ្លាប់ទទួលបានការថ្នាក់ថ្នម និងភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើពួកវាមានការកោតសរសើរអ្វីខ្លះចំពោះកិច្ចការនៅពិភពរបស់មនុស្ស? តើមានមនុស្សណាខ្លះដែលអាចយល់អំពីព្រះហឫទ័យដ៏ជ្រាលជ្រៅរបស់ព្រះជាម្ចាស់? វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបន្តលាក់កំបាំងទាំងស្រុងនោះ៖ នៅក្នុងសង្គមដ៏ខ្មៅងងឹត ជាទីដែលពួកអារក្សដ៏គ្មានមេត្តា និងកាចសាហាវស្ថិតនៅនេះ តើស្ដេចអារក្ស ដែលសម្លាប់មនុស្សមិនប៉ប្រិចភ្នែកនេះ អាចទទួលយកអត្ថិភាពរបស់ព្រះជាម្ចាស់ ដែលជាព្រះដ៏គួរឲ្យស្រឡាញ់ សប្បុរស និងបរិសុទ្ធបានដោយរបៀបណា? តើវាអាចទះដៃសាទរ និងអបអរចំពោះការមកដល់របស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ឱ ពួកកញ្ជះដាច់ថ្លៃអើយ! តាំងពីយូរមកហើយ ពួកវាតបស្នងសេចក្តីសប្បុរសដោយសេចក្តីស្អប់ ពួកវាបានមាក់ងាយព្រះជាម្ចាស់ ពួកវាបានបំពានព្រះជាម្ចាស់ ពួកវាច្រឡោតខឹងយ៉ាងខ្លាំង ពួកវាគ្មានការគោរពចំពោះព្រះជាម្ចាស់សូម្បីតែបន្ដិច ពួកវាជាចោរលួចប្លន់ ពួកវាបានបាត់បង់មនសិការ ពួកវាប្រព្រឹត្តផ្ទុយពីមនសិការ ហើយពួកវាបានល្បួងមនុស្សស្លូតត្រង់ឲ្យប្រព្រឹត្តអំពើដ៏ល្ងង់ខ្លៅ។ តើនេះឬជាបុព្វបុរសពីសម័យបុរាណនោះ? ជាមេដឹកនាំដ៏គួរឲ្យស្រឡាញ់ឬ? ពួកវាសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់! ការជ្រៀតជ្រែករបស់ពួកវាបានធ្វើឲ្យពិភពក្រោមមេឃស្ថិតនៅក្នុងសភាពខ្មៅងងឹត និងភាពជ្រួលច្របល់! តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះឬ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ!» («កិច្ចការ និងការចូលទៅក្នុង (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

បន្ទាប់ពីឆ្លងកាត់បទពិសោធន៍នៃការធ្វើទុក្ខបុកម្នេញរបស់ប៉ូលិសអាក្រក់មក ខ្ញុំជឿជាក់ទាំងស្រុងទៅលើព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងនេះ ហើយពេលនេះ ខ្ញុំមានចំណេះដឹង និងបទពិសោធន៍ពិតអំពីព្រះបន្ទូលនេះ៖ រដ្ឋាភិបាលបក្សកុម្មុយនីស្ដចិនពិតជាកងកម្លាំងអារក្សដែលស្អប់ និងប្រឆាំងព្រះជាម្ចាស់ ហើយការធ្វើបែបនោះគាំទ្រអំពើអាក្រក់ និងអំពើហិង្សា ហើយការរស់នៅក្រោមការគាបសង្កត់របស់របបសាតាំងគឺមិនខុសពីរស់នៅក្នុងនរកដ៏គ្រោះថ្នាក់ឡើយ។ ស្របពេលជាមួយគ្នានេះ នៅឯជំរុំការងារ ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកនូវភាពកខ្វក់របស់មនុស្សគ្រប់ប្រភេទ៖ ទឹកមុខដ៏គួរឱ្យស្អប់របស់ពួកអ្នកដែលជាសត្វពស់ឱកាសនិយមនិយាយមាត់រអិលដែលត្រូវរ៉ូវជាមួយមេអ្នកយាម ទឹកមុខដ៏អាក្រក់របស់មនុស្សហិង្សាគ្មានមេត្តាដែលវក់នឹងការធ្វើបាបអ្នកទន់ខ្សោយ។ល។ ចំពោះខ្ញុំដែលមិនទាន់បានចាប់ផ្ដើមជីវិតជាមនុស្សពេញវ័យនៅឡើយ អំឡុងពេលជីវិតមួយឆ្នាំនេះនៅក្នុងពន្ធនាគារ ទីបំផុតខ្ញុំបានឃើញយ៉ាងច្បាស់នូវសេចក្ដីពុករលួយរបស់មនុស្ស។ ខ្ញុំបានឃើញពីសេចក្ដីវៀចវេរនៅក្នុងចិត្តរបស់មនុស្ស ហើយដឹងថា ពិភពមនុស្សអាចគួរឱ្យខ្លាចបែបណា។ ខ្ញុំក៏បានរៀនពីការញែករវាងភាពវិជ្ជមាន និងភាពអវិជ្ជមាន ខ្មៅ និងស ត្រូវ និងខុស ល្អ និងអាក្រក់ និងរវាងអ្វីដែលអស្ចារ្យ និងអ្វីដែលគួរឱ្យស្អប់។ ខ្ញុំបានឃើញយ៉ាងច្បាស់ថា សាតាំងកខ្វក់ អាក្រក់ សាហាវ ហើយថាមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជានិមិត្តសញ្ញានៃភាពបរិសុទ្ធ និងសេចក្ដីសុចរិត។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលតំណាងភាពស្រស់ស្អាត និងភាពល្អ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជាសេចក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះ។ ដោយត្រូវបានមើលថែ និងការពារដោយព្រះជាម្ចាស់ ឆ្នាំដ៏មិនអាចបំភ្លេចបាននោះបានកន្លងផុតទៅយ៉ាងលឿនសម្រាប់ខ្ញុំ។ ពេលនេះ ក្រឡេកទៅមើលវា ខ្ញុំឃើញថា ទោះបីជាខ្ញុំបានឆ្លងកាត់ការរងទុក្ខផ្នែករាងកាយមួយចំនួនក្នុងអំឡុងឆ្នាំជាប់ពន្ធនាគារនោះក៏ដោយ ក៏ព្រះជាម្ចាស់បានប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ដើម្បីដឹកនាំ និងបង្ហាញផ្លូវខ្ញុំដែរ ដូច្នេះអាចជួយឱ្យជីវិតរបស់ខ្ញុំមានភាពចាស់ទុំ។ ការរងទុក្ខ និងការល្បងលនេះគឺជាព្រះពរដ៏ពិសេសរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ។ អរព្រះគុណព្រះដ៏មានគ្រប់ព្រះចេស្ដា!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការលំបាករបស់គុក

ថ្ងៃមួយ នៅខែឧសភា ឆ្នាំ ២០០៤ ពេលខ្ញុំកំពុងតែចូលរួមការជួបជុំមួយជាមួយបងប្អូនប្រុសស្រីមួយចំនួន ស្រាប់តែប៉ូលិសជាង ២០ នាក់ បានសម្រុកចូលមក។...

សង្គ្រាមប្រឆាំងនឹងការអូសទាញ

ដោយ ចាវ លាំង (ចិន) ខ្ញុំត្រូវបានចាប់ខ្លួនដោយប៉ូលិសបក្សកុម្មុយនីស្ដចិន ដោយសារតែសេចក្ដីជំនឿរបស់ខ្ញុំ នៅពេលដែលខ្ញុំមានអាយុ ១៩ ឆ្នាំ។...

Leave a Reply