ការឆ្លុះបញ្ចាំងអំពី ការប្រកួតប្រជែងដើម្បីកេរ្តិ៍ឈ្មោះ

09-06-2026

ដោយ ដេរិក ប្រទេសកូរ៉េខាងត្បូង

នៅឆ្នាំ ២០១៩ ខ្ញុំត្រូវបានជ្រើសរើសជាអ្នកដឹកនាំពួកជំនុំ។ នៅពេលនោះ ខ្ញុំមើលការខុសត្រូវជាចម្បងលើការងារវីដេអូ។ ដោយរៀនសូត្រពីប្រធានក្រុមមួយចំនួន ខ្ញុំក៏បានយល់ច្បាស់បន្តិចម្ដងៗពីគោលការណ៍ផលិតមួយចំនួន និងបង្កើតបានជាទស្សនៈផ្ទាល់ខ្លួន។ ក្នុងអំឡុងពេលពិភាក្សា ចំណុចខ្លះដែលខ្ញុំបានលើកឡើងទទួលបានការយល់ព្រមពីគ្រប់គ្នា។ ស្របពេលដែលវីដេអូដែលយើងបានផលិត កាន់តែល្អប្រសើរឡើងៗ បងប្អូនប្រុសស្រីមកពីពួកជំនុំផ្សេងៗ បានមករៀនសូត្រពីពួកយើង។ ខ្ញុំមានអារម្មណ៍ថាជោគជ័យយ៉ាងខ្លាំង ដោយគិតថា៖ «ខ្ញុំមិនត្រឹមតែអាចរ៉ាប់រងកិច្ចការពួកជំនុំបានប៉ុណ្ណោះទេ ខ្ញុំក៏យល់ដឹងពីការងារអាជីព និងអាចសម្គាល់ឃើញបញ្ហានានាក្នុងការផលិតវីដេអូផងដែរ។ ប្រសិនបើមានរឿងអ្វីដែលធ្វើឲ្យគ្រប់គ្នាទាល់គំនិត ពួកគេតែងតែសុំយោបល់ពីខ្ញុំ។ ជារួមមក ខ្ញុំគិតថា ខ្ញុំគឺជាអ្នកដឹកនាំដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ម្នាក់»។ ក្រោយមក បងប្រុសដែលជាដៃគូរបស់ខ្ញុំ មិនអាចរ៉ាប់រងកិច្ចការនេះបាន និងត្រូវបានដកហូតតំណែង ហើយបងស្រី លីសា បានក្លាយជាដៃគូថ្មីរបស់ខ្ញុំ ដើម្បីបំពេញកិច្ចការពួកជំនុំ។ ខ្ញុំចាប់ផ្ដើមថ្លឹងថ្លែងក្នុងចិត្តថា៖ លីសាប្រកបគ្នាអំពីសេចក្ដីពិតបានស៊ីជម្រៅជាងខ្ញុំមែន ប៉ុន្តែ ខ្ញុំបានកាន់ការងារផ្នែកវីដេអូយូរជាង និងមានបទពិសោធន៍ខ្ពស់ជាងគាត់។ គាត់មិនអាចប្រៀបនឹងជំនាញរបស់ខ្ញុំបានទេ ហើយក្នុងការនិយាយស្ដី និងការប្រព្រឹត្តរបស់គាត់ ក៏រាងយឺតយ៉ាវបន្តិចដែរ។ ជារួមមក ខ្ញុំនៅតែមានប្រៀបជាង ហើយខ្ញុំនឹងក្លាយជាអ្នកនាំមុខគេជាចម្បងនៅក្នុងការងាររបស់យើង។ ប៉ុន្តែ ស្របពេលដែល លីសា កាន់តែយល់ច្បាស់បន្តិចម្ដងៗពីកិច្ចការពួកជំនុំ ការប្រកបគ្នា និងការដោះស្រាយបញ្ហារបស់គាត់ ក៏កាន់តែមានប្រសិទ្ធភាពឡើង។ បងប្អូនប្រុសស្រីចាប់ផ្ដើមទៅរកគាត់ ពេលមានសំណួរនានា។ ពេលខ្ញុំឃើញថា លីសា ឧស្សាហ៍ព្យាយាម និងមានទំនួលខុសត្រូវក្នុងការងាររបស់នាង ហើយប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជាក់ស្ដែងជាងខ្ញុំ ខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ថា រងការគំរាមកំហែងដោយមិនដឹងខ្លួន។ ហើយជាពិសេស ពេលខ្ញុំកត់សម្គាល់ឃើញថា ប្រធានក្រុមតែងតែយល់ស្របនឹងគំនិតរបស់គាត់ ខ្ញុំកាន់តែមានចិត្តច្រណែនថែមទៀត។ ប្រសិនបើរឿងរ៉ាវនៅតែបន្តបែបនេះ មិនយូរមិនឆាប់ គាត់ប្រាកដជាដណ្ដើមមុខមាត់ពីខ្ញុំមិនខាន ហើយខ្ញុំនឹងក្លាយជាមនុស្សម្នាក់ ដែលកាន់តែលែងមានសារៈសំខាន់ទៅៗ។ ខ្ញុំបានគិតថា ទុកបែបនេះមិនកើតទេ។ ខ្ញុំត្រូវតែរកវិធីធ្វើឱ្យលើសគាត់ឱ្យបាន។ បន្ទាប់ពីនោះមក ពេលពួកយើងពិភាក្សាការងារជាមួយប្រធានក្រុម ខ្ញុំតែងតែព្យាយាមបញ្ចេញគំនិតរបស់ខ្ញុំមុនគេ។

ពេលមួយ នៅពេលដែលពួកយើងកំពុងពិភាក្សាអំពីបញ្ហាវីដេអូមួយ ខ្ញុំបានផ្ដល់យោបល់របស់ខ្ញុំ ប៉ុន្តែ អ្នកផ្សេងទៀតមិនគិតថាវាជាបញ្ហាគោលការណ៍នោះទេ ដូច្នេះ ពួកគេក៏បានច្រានចោលគំនិតរបស់ខ្ញុំ ហើយប្ដូរប្រធានបទ។ ខ្ញុំមានអារម្មណ៍ថា អាម៉ាស់មុខបន្តិច។ ដើមឡើយ ខ្ញុំចង់បង្ហាញថា ខ្ញុំមានគំនិតល្អ និងមានការយល់ដឹងស៊ីជម្រៅ ចុះហេតុអ្វីបានជាខ្ញុំមិនអាចពន្យល់ឱ្យគេយល់បានអ៊ីចឹង? ខ្ញុំបែរជាគាំងនៅពេលដ៏សំខាន់បំផុតទៅវិញ។ ភាពឆ្លាតហួសរបស់ខ្ញុំ បែរជាបង្ហាញឲ្យឃើញថា ខ្ញុំមិនទាន់ដល់កម្រិតរបស់ លីសា នៅឡើយទេ។ ពេល លីសា ធ្វើការប្រកបគ្នា ខ្ញុំមានអារម្មណ៍ថាបាត់បង់មុខមាត់ទាំងស្រុង ហើយខ្ញុំកាន់តែមានចិត្តច្រណែនថែមទៀត។ ពេលមួយ បន្ទាប់ពីការពិភាក្សារួច ប្រធានក្រុមម្នាក់បានមកជួបខ្ញុំជាឯកជន ហើយនិយាយថា៖ «មួយរយៈនេះ បងហាក់ដូចជាមានអារម្មណ៍ជ្រួលច្របល់បន្តិចហើយ។ បងប្រញាប់ដណ្ដើមនិយាយមុនគេ ទាំងមិនទាន់យល់ពីអ្វីដែលកំពុងពិភាក្សាគ្នាផង ហើយវាបានរំខានដល់សង្វាក់គំនិតរបស់យើង។ បន្ទាប់មក យើងត្រូវពន្យល់រឿងគ្រប់យ៉ាងប្រាប់បងម្ដងទៀត ហើយនោះធ្វើឲ្យយឺតយ៉ាវដល់វឌ្ឍនភាពការងាររបស់យើង។ បងត្រូវតែឆ្លុះបញ្ចាំងអំពីរឿងនេះ»។ ខ្ញុំពិតជាធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ពេលឮបែបនេះ។ កាលពីមុន គំនិតភាគច្រើនរបស់ខ្ញុំត្រូវបានគេយល់ព្រម នៅក្នុងការពិភាក្សាជាមួយប្រធានក្រុម។ ប៉ុន្តែ តាំងពី លីសា មកដល់ ឋានៈរបស់ខ្ញុំក្នុងចំណោមអ្នកដទៃបានធ្លាក់ចុះបន្តិចម្ដងៗ គ្មាននរណាខ្វល់ពីអ្វីដែលខ្ញុំនិយាយឡើយ ហើយខ្ញុំថែមទាំងបានរំខានដល់កិច្ចការពួកជំនុំទៀតផង។ ប្រសិនបើនៅតែបែបនេះទៀត តើខ្ញុំមានមុខឯណាទៅជួបគេទៀតទៅ? ខ្ញុំមិនត្រឹមតែមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងនោះទេ ប៉ុន្តែថែមទាំងទម្លាក់កំហុសទាំងអស់ទៅលើ លីសា ទៀតផង។ អស់រយៈពេលជាច្រើនថ្ងៃ ខ្ញុំបានអន់ចិត្តពីរឿងនេះ ហើយកាន់តែមានអារម្មណ៍អស់សង្ឃឹម ហើយការងាររបស់ខ្ញុំក៏កាន់តែគ្មានប្រសិទ្ធភាពទៅៗ។ ពេលមួយ មានអ្នកដឹកនាំថ្នាក់លើម្នាក់បានមកប្រាប់ខ្ញុំថា ផ្នែកខ្លះនៃការងារដែលខ្ញុំធ្លាប់មើលការខុសត្រូវ នឹងត្រូវប្រគល់ឲ្យ លីសា វិញ។ ខ្ញុំមិនសប្បាយចិត្តនឹងរឿងនេះទេ ប៉ុន្តែខ្ញុំមិនបាននិយាយអ្វីទាំងអស់។ ខ្ញុំបានគិតថា៖ «បន្ទាប់ពីការរៀបចំសារជាថ្មីនេះ ឃើញច្បាស់ណាស់ថា លីសានឹងមើលការខុសត្រូវលើកិច្ចការពួកជំនុំភាគច្រើន ហើយខ្ញុំនឹងជាជំនួយការប៉ុណ្ណោះ។ តើអ្នកផ្សេងទៀតនឹងគិតថា ការងារនេះត្រូវប្រគល់ឲ្យគេវិញ ដោយសារតែខ្ញុំមិនអាចរ៉ាប់រងបានឬយ៉ាងណា? ខ្ញុំធ្លាប់គ្រប់គ្រង និងចូលរួមក្នុងរាល់កិច្ចការពួកជំនុំសព្វគ្រប់ទាំងអស់ ប៉ុន្តែ ពេលនេះ លីសា បានដណ្ដើមមុខមាត់របស់ខ្ញុំអស់រលីងទៅហើយ។ ដរាបណាគាត់នៅទីនេះ ខ្ញុំនឹងបន្តត្រូវគេផាត់ចោលមិនខាន»។ កាន់តែគិតអំពីរឿងនេះ ខ្ញុំកាន់តែមានអារម្មណ៍មិនល្អ។ ខ្ញុំបានត្រឡប់ទៅបន្ទប់វិញទាំងចិត្តក្តុកក្តួល។ ហើយក៏ទម្រេតខ្លួននៅលើគ្រែទាំងអារម្មណ៍ទន់ខ្សោយ ដោយមិនអាចទទួលយកតថភាពថ្មីនេះបាន។ គុណសម្បត្តិ និងសមត្ថភាពការងាររបស់ លីសា មិនមែនល្អជាងខ្ញុំនោះទេ។ ខ្ញុំក៏ធ្លាប់មើលការខុសត្រូវលើការងារវីដេអូអស់រយៈពេលយ៉ាងយូរ និងមានបទពិសោធន៍ដែរ ចុះហេតុអ្វីបានជាគាត់មានប្រៀបជាងខ្ញុំអ៊ីចឹង? ខ្ញុំមិនអាចបណ្ដោយឲ្យគេជាន់ពន្លិចបែបនេះបានទេ។ ទោះមានរឿងអ្វីក៏ដោយ ក៏ខ្ញុំត្រូវតែដណ្ដើមកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំមកវិញឲ្យបានដែរ! ចាប់ពីពេលនោះមក ខ្ញុំចេះតែរង់ចាំមើលពេល លីសា ប្រព្រឹត្តិសេចក្ដីវៀចវេរក្នុងការងាររបស់គាត់ ដើម្បីឲ្យខ្ញុំអាចវាយបកយកតំណែងខ្ញុំមកវិញបាន។ ពេលមួយ លីសា មិនបានទាក់ទងមកខ្ញុំទេ ពេលដែលគាត់ទៅពិភាក្សាការងារជាមួយប្រធានក្រុម ហើយការងារក៏ត្រូវបានផ្តួចផ្ដើមឡើងដោយខ្ញុំមិនបានដឹង។ ខ្ញុំក៏បានក្ដាប់យកឱកាសនោះ ដើម្បីវាយបកដោយសម្ដីផ្លែផ្កា ចំពោះទង្វើធ្វើអ្វីស្រេចតែចិត្តរបស់គាត់។ ដោយបញ្ចេញនូវការថ្នាំងថ្នាក់ដែលកប់ទុកក្នុងចិត្តរបស់ខ្ញុំទាំងអស់។ ខ្ញុំបាននិយាយថា ខ្ញុំគ្រាន់តែមានឈ្មោះប៉ុណ្ណោះ ហើយលែងមានសិទ្ធិបញ្ចេញមតិអ្វី នៅក្នុងការងាររបស់ប្រធានក្រុមទៀតហើយ។ ពេលខ្ញុំកំពុងនិយាយ មុខរបស់ លីសា ឡើងក្រហមច្បាស់។ ទោះបីជាបានប្រើឱកាសនេះដើម្បីបញ្ចេញការថ្នាំងថ្នាក់របស់ខ្ញុំក៏ដោយ ក៏ក្នុងចិត្តខ្ញុំនៅតែមានអារម្មណ៍ងងឹតងងល់យ៉ាងខ្លាំងដដែល។ ប្រហែលនៅពេលនោះ អ្នកដឹកនាំរបស់យើងបានរៀបចំគម្រោងមួយ ប៉ុន្តែដោយសារមូលហេតុមួយចំនួន វាមានវឌ្ឍនភាពតិចតួចណាស់។ តាមពិតទៅ ខ្ញុំមានពេលច្រើនណាស់ដើម្បីជួយក្នុងគម្រោងនេះ ប៉ុន្តែខ្ញុំគិតថា៖ «លីសា គឺជាអ្នកមើលការខុសត្រូវចម្បងសម្រាប់គម្រោងនេះ ដូច្នេះ ទោះបីជាបានល្អ ក៏ខ្ញុំមិនបានស្នាដៃអ្វីពីវាដែរ។ ទុកឲ្យ លីសា អ្នកធ្វើវាទៅចុះ។ វាកាន់តែល្អទៅទៀត បើគាត់បរាជ័យនោះ ពោលគឺ បែបនោះ មនុស្សគ្រប់គ្នានឹងលែងឲ្យតម្លៃគាត់មិនខាន»។ ក្នុងអំឡុងពេលនោះ ខ្ញុំចេះតែប្រកួតប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះឥតឈប់។ ខ្ញុំមិនមានបន្ទុកអ្វីនៅក្នុងកិច្ចការពួកជំនុំទេ ហើយគ្រាន់តែធ្វើបង្គ្រប់កិច្ចប៉ុណ្ណោះ។ ខ្ញុំក៏មិនអាចដោះស្រាយបញ្ហានៅក្នុងការងារបានដែរ ហើយបញ្ហាកាន់តែច្រើនឡើងៗ បានកើតឡើងនៅក្នុងការងាររបស់ខ្ញុំ។ ប្រឈមមុខនឹងរឿងនេះ ខ្ញុំមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងទេ ហើយបែរជាកាន់តែមួម៉ៅក្ដៅក្រហាយទៅវិញ។ ខ្ញុំតែងតែចាប់កំហុសអ្នកដទៃ ហើយខឹងសម្បារដាក់ពួកគេ ដែលរំខានដល់ការងារ។ ពេលអ្នកដឹកនាំថ្នាក់លើបានដឹង គាត់ក៏បានប្រកបគ្នាជាមួយខ្ញុំ ហើយលាតត្រដាងពីបញ្ហារបស់ខ្ញុំ។ ប៉ុន្តែនៅក្នុងចិត្ត ខ្ញុំបានប្រកែកថា៖ «ខ្ញុំមិនមែនជាមនុស្សតែម្នាក់ ដែលទទួលខុសត្រូវចំពោះការងារដែលមិនទទួលបានលទ្ធផលនោះទេ។ ហេតុអ្វីបានជាសំដៅតែលើខ្ញុំអ៊ីចឹង?» ខ្ញុំមិនត្រឹមតែមិនស្គាល់ពីខ្លួនឯងទាល់តែសោះប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងទម្លាក់កំហុសទាំងអស់ទៅលើ លីសា ទៀតផង។ ខ្ញុំក៏បានត្អូញត្អែរថា ប្រធានក្រុមក៏មិនបានធ្វើការតាមគោលការណ៍ដែរ។ បន្ទាប់ពីខ្ញុំមិនព្រមទទួលយកការប្រកបគ្នាជាច្រើនដងរបស់អ្នកដឹកនាំ និងមិនបានធ្វើការងារជាក់ស្តែង គាត់ក៏បានដកហូតតំណែងខ្ញុំ។ បន្ទាប់ពីត្រូវបានដកហូតតំណែង ខ្ញុំមានអារម្មណ៍ថាទទេស្អាតក្នុងចិត្ត ឈឺចាប់ និងអវិជ្ជមានយ៉ាងខ្លាំង។ ដូច្នេះ ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលសូមទ្រង់ណែនាំខ្ញុំ ឲ្យរៀនសូត្រពីស្ថានភាពនេះ។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរវគ្គ ដែលធ្វើឲ្យខ្ញុំមានការស្គាល់ពីខ្លួនឯងខ្លះៗ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើអ្វីទៅជាបាវចនារបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនថាពួកគេស្ថិតនៅក្នុងក្រុមណាក៏ដោយ? សូមចែករំលែកគំនិតរបស់អ្នករាល់គ្នា។ (ការប្រយុទ្ធជាមួយមនុស្សដទៃ និងជាមួយស្ថានសួគ៌ គឺជាប្រភពនៃភាពសប្បាយរីករាយគ្មានទីបញ្ចប់។) តើនេះមិនមែនឆ្កួតទេឬ? នេះគឺឆ្កួតមែនហើយ។ តើមានអ្វីផ្សេងទៀតទេ? (ឱព្រះជាម្ចាស់ តើពួកគេមិនគិតថា៖ 'នៅក្នុងសកលលោកទាំងមូល មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលសោយរាជ្យខ្ពស់ឧត្តម' ទេឬ? ពោលគឺ ពួកគេចង់ក្លាយជាអ្នកខ្ពង់ខ្ពស់បំផុត ហើយមិនថាពួកគេនៅជាមួយនរណាទេ ពួកគេតែងតែចង់យកឈ្នះអ្នកទាំងនោះជានិច្ច។) នេះគឺជាគំនិតមួយក្នុងចំណោមគំនិតនានារបស់ពួកគេ។ តើមានអ្វីផ្សេងទៀតទេ? (ឱព្រះជាម្ចាស់ ខ្ញុំនឹកឃើញពាក្យមួយឃ្លាថា៖ 'អ្នកឈ្នះគឺជាស្ដេច'។ ខ្ញុំគិតថា ពួកគេតែងតែចង់ខ្ពង់ខ្ពស់ជាងអ្នកដទៃ និងលេចធ្លោ មិនថាពួកគេនៅទីណាក៏ដោយ ហើយពួកគេខិតខំប្រឹងប្រែងដើម្បីក្លាយជាអ្នកខ្ពង់ខ្ពស់បំផុត។) អ្វីភាគច្រើនដែលអ្នករាល់គ្នាបាននិយាយ សុទ្ធតែជាប្រភេទនៃគំនិត ចូរសាកល្បងយកប្រភេទនៃឥរិយាបថមកពណ៌នាពួកគេវិញមើល៍។ ពួកទទឹងនឹងព្រះគ្រីស្ទមិនប្រាកដថាចង់កាន់កាប់តំណែងខ្ពស់បំផុត មិនថាពួកគេនៅទីណានោះទេ។ រាល់ពេលដែលពួកគេទៅកន្លែងណាមួយ ពួកគេមាននិស្ស័យ និងផ្នត់គំនិតមួយដែលជំរុញឱ្យពួកគេធ្វើសកម្មភាព។ តើផ្នត់គំនិតនេះគឺជាអ្វី? វាគឺ 'ខ្ញុំត្រូវតែប្រកួតប្រជែង! ប្រកួតប្រជែង! ប្រកួតប្រជែង!' ហេតុអ្វីបានជាមានពាក្យ 'ប្រកួតប្រជែង' ដល់ទៅបីដង ហេតុអ្វីមិនប្រើពាក្យ 'ប្រកួតប្រជែង' តែម្ដងទៅ? (ការប្រកួតប្រជែងបានក្លាយជាជីវិតរបស់ពួកគេ វាគឺជាអ្វីដែលពួកគេពឹងផ្អែកដើម្បីរស់។) នេះជានិស្ស័យរបស់ពួកគេ។ ពួកគេកើតមកមាននិស្ស័យដែលក្រអឺតក្រទមយ៉ាងខ្លាំង និងពិបាកនឹងទប់ស្កាត់ ពោលគឺ ចាត់ទុកខ្លួនឯងថាគ្មាននរណាប្រៀបផ្ទឹមបាន និងលើកតម្កើងខ្លួនឯងជ្រុលហួសហេតុ។ គ្មាននរណាម្នាក់អាចទប់ស្កាត់និស្ស័យដ៏ក្រអឺតក្រទមយ៉ាងខ្លាំងរបស់ពួកគេនេះបានឡើយ សូម្បីតែពួកគេផ្ទាល់ក៏មិនអាចគ្រប់គ្រងវាបានដែរ។ ដូច្នេះ ជីវិតរបស់ពួកគេគឺមានតែការប្រយុទ្ធ និងការប្រកួតប្រជែងប៉ុណ្ណោះ។ តើពួកគេប្រយុទ្ធ និងប្រកួតប្រជែងដើម្បីអ្វី? ច្បាស់ណាស់ ពួកគេប្រកួតប្រជែងដើម្បីកេរ្តិ៍ឈ្មោះ លាភសក្ការៈ ឋានៈ មុខមាត់ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ មិនថាពួកគេត្រូវប្រើវិធីសាស្ត្រអ្វីក៏ដោយ ដរាបណាមនុស្សគ្រប់គ្នាចុះចូលនឹងពួកគេ ហើយដរាបណាពួកគេទទួលបានផលប្រយោជន៍ និងឋានៈសម្រាប់ខ្លួនឯង នោះពួកគេបានសម្រេចគោលដៅរបស់ពួកគេហើយ។ ឆន្ទៈរបស់ពួកគេក្នុងការប្រកួតប្រជែង មិនមែនជាការសប្បាយបណ្ដោះអាសន្នឡើយ វាគឺជាប្រភេទនៃនិស្ស័យដែលកើតចេញពីធម្មជាតិបែបសាតាំង។ វាប្រៀបដូចជានិស្ស័យរបស់នាគដ៏ធំមានសម្បុរក្រហម ដែលប្រយុទ្ធជាមួយស្ថានសួគ៌ ប្រយុទ្ធជាមួយផែនដី និងប្រយុទ្ធជាមួយមនុស្សអ៊ីចឹង។ ចុះនៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទប្រយុទ្ធ និងប្រកួតប្រជែងជាមួយអ្នកដទៃនៅក្នុងពួកជំនុំ តើពួកគេចង់បានអ្វី? ដោយគ្មានការសង្ស័យឡើយ គឺពួកគេកំពុងប្រកួតប្រជែងដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈ។ ប៉ុន្តែ ប្រសិនបើពួកគេទទួលបានឋានៈ តើវាមានប្រយោជន៍អ្វីដល់ពួកគេ? តើវាមានប្រយោជន៍អ្វីដល់ពួកគេ ប្រសិនបើអ្នកដទៃស្ដាប់តាម កោតសរសើរ និងថ្វាយបង្គំពួកគេនោះ? សូម្បីតែពួកទទឹងនឹងព្រះគ្រីស្ទខ្លួនឯង ក៏មិនអាចពន្យល់ពីរឿងនេះបានដែរ។ តាមការពិត ពួកគេចូលចិត្តសោយសុខនឹងកេរ្តិ៍ឈ្មោះ និងឋានៈ ចូលចិត្តឱ្យមនុស្សគ្រប់គ្នាញញឹមដាក់ពួកគេ ហើយទទួលបានការស្វាគមន៍ដោយការបញ្ជោរ និងការអែបអប។ ដូច្នេះ រាល់ពេលដែលអាទទឹងនឹងព្រះគ្រីស្ទទៅកាន់ពួកជំនុំណាមួយ គេធ្វើរឿងតែមួយគត់៖ គឺប្រយុទ្ធ និងប្រកួតប្រជែងនឹងអ្នកដទៃ។ ទោះបីជាគេដណ្ដើមបានអំណាច និងឋានៈក៏ដោយ ក៏គេមិនទាន់បញ្ចប់ត្រឹមនេះដែរ។ ដើម្បីការពារឋានៈរបស់គេ និងធានាឱ្យបាននូវអំណាចរបស់គេ គេបន្តប្រយុទ្ធ និងប្រកួតប្រជែងនឹងអ្នកដទៃ។ គេនឹងធ្វើបែបនេះរហូតដល់គេស្លាប់។ ដូច្នេះ ទស្សនវិជ្ជារបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺ 'ដរាបណាអ្នកនៅមានជីវិត កុំឈប់ប្រយុទ្ធឱ្យសោះ'។ ប្រសិនបើមានមនុស្សអាក្រក់បែបនេះនៅក្នុងពួកជំនុំ តើវានឹងរំខានដល់បងប្អូនប្រុសស្រីដែរឬទេ? ឧទាហរណ៍៖ ឧបមាថាមនុស្សគ្រប់គ្នាកំពុងហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងស្ងៀមស្ងាត់ ហើយបរិយាកាសមានភាពស្ងប់ស្ងាត់ និងមានអារម្មណ៍រីករាយ។ នៅពេលនេះ អាទទឹងនឹងព្រះគ្រីស្ទនឹងពុះកញ្ជ្រោលដោយសេចក្ដីមិនពេញចិត្ត។ គេនឹងក្លាយជាច្រណែននឹងអស់អ្នកដែលកំពុងប្រកបគ្នាអំពីសេចក្ដីពិត ហើយស្អប់អ្នកទាំងនោះ។ គេនឹងចាប់ផ្ដើមវាយប្រហារ និងធ្វើការវិនិច្ឆ័យលើអ្នកទាំងនោះ។ តើនេះមិនមែនជាការរំខានដល់បរិយាកាសដ៏ស្ងប់ស្ងាត់នេះទេឬ? គេគឺជាមនុស្សអាក្រក់ដែលមកដើម្បីរំខាន និងធ្វើឱ្យអ្នកដទៃខ្ពើមរអើម។ នេះហើយជាលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ជួនកាល ពួកទទឹងនឹងព្រះគ្រីស្ទមិនមែនកំពុងស្វែងរកការបំផ្លាញ ឬការយកឈ្នះលើអស់អ្នកដែលពួកគេប្រកួតប្រជែង និងបង្ក្រាបនោះទេ ដរាបណាពួកគេទទួលបានកេរ្តិ៍ឈ្មោះ ឋានៈ ភាពអំនួត និងមោទនភាព ហើយធ្វើឱ្យមនុស្សកោតសរសើរពួកគេ នោះពួកគេបានសម្រេចគោលដៅរបស់ខ្លួនហើយ» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ «នៅពេលដែលអ្នកកាន់តែដណ្ដើមយកកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ នោះចិត្តរបស់អ្នកនឹងកាន់តែងងឹត។ នៅពេលដែលអ្នកកាន់តែដណ្ដើមយករបស់ទាំងនោះ នោះសេចក្ដីច្រណែន និងសេចក្ដីស្អប់របស់អ្នកចំពោះអ្នកដទៃ នឹងកាន់តែធំឡើង។ អ្នកនឹងកាន់តែចង់ប្រជែងយករបស់ទាំងនោះ ហើយនៅពេលដែលអ្នកមិនទទួលបានរបស់ទាំងនោះទេ អ្នកនឹងកាន់តែមានអារម្មណ៍ស្អប់។ នៅពេលដែលអ្នកកាន់តែមានអារម្មណ៍ស្អប់ នោះភាពងងឹតនឹងកាន់តែខ្លាំងនៅក្នុងចិត្តរបស់អ្នក ការបំពេញភារកិច្ចរបស់អ្នកនឹងកាន់តែអាក្រក់ទៅៗ ហើយនៅពេលដែលការបំពេញភារកិច្ចរបស់អ្នកកាន់តែអាក្រក់ នោះដំណាក់របស់ព្រះជាម្ចាស់កាន់តែមិនអាចប្រើប្រាស់អ្នកបាន។ នេះគឺជាវដ្ដដ៏អាក្រក់ដែលផ្សារភ្ជាប់គ្នា។ ប្រសិនបើអ្នកមិនដែលបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អទេនោះ អ្នកនឹងត្រូវបានជម្រុះចោលបន្តិចម្ដងៗ» («មានតែបោះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ដោយសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបាននឹកឃើញដល់រាល់ឥរិយាបថរបស់ខ្ញុំក្នុងការប្រកួតប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះ។ អ្វីដែលខ្ញុំបានបញ្ចេញឲ្យឃើញ គឺដូចគ្នាបេះបិទទៅនឹងនិស្ស័យរបស់ពួកអាទទឹងនឹងព្រះគ្រីស្ទ ដែលព្រះជាម្ចាស់បានលាតត្រដាងអ៊ីចឹង។ តាំងពីពេលដែលខ្ញុំឃើញថា លីសា ទទួលបានលទ្ធផលល្អជាងខ្ញុំ ហើយទទួលបានការគោរពពីបងប្អូនប្រុសស្រីមក ខ្ញុំមានកម្លាំងជំរុញចិត្តយ៉ាងពុះកញ្ជ្រោលលាក់ទុកក្នុងខ្លួន ដើម្បីបញ្ជាក់ថា គាត់មិនមែនល្អជាងខ្ញុំនោះទេ ដូច្នេះខ្ញុំមិនអាចចាញ់គាត់បានឡើយ។ អ្វីដែលខ្ញុំអាចគិតដល់នោះគឺ របៀបត្រឡប់ស្ថានការណ៍ ដើម្បីយកឈ្នះគាត់វិញប៉ុណ្ណោះ។ ពេលពិភាក្សាការងារ ខ្ញុំកាត់សម្ដីគេ ដើម្បីបញ្ចេញទស្សនៈរបស់ខ្ញុំ គ្រាន់តែចង់ធ្វើឱ្យខ្លួនឯងលេចធ្លោ និងចង់មានប្រៀបលើ លីសា ប៉ុណ្ណោះ។ ដោយមិនបានគិតសូម្បីតែបន្តិចថា តើវាអាចប៉ះពាល់ដល់ការងាររបស់យើងយ៉ាងណា។ ហើយនៅពេលដែលអ្នកដឹកនាំថ្នាក់លើ បានប្រគល់ផ្នែកខ្លះនៃការងាររបស់ខ្ញុំទៅឲ្យ លីសា វិញ ខ្ញុំកាន់តែមានចិត្តច្រណែនខ្លាំងឡើង ដោយគិតថា គាត់បានដណ្ដើមមុខមាត់របស់ខ្ញុំអស់ហើយ។ បន្ទាប់មក ចេតនាដ៏ព្យាបាទរបស់ខ្ញុំក៏ចាប់ផ្ដើមលេចឡើង ពោលគឺ ខ្ញុំបានចាប់ផ្ដើមស្វែងរកឱកាស ដើម្បីចាប់កំហុសលើសេចក្ដីវៀចវេរ និងការធ្វេសប្រហែសរបស់ លីសា និងបញ្ចេញនូវការថ្នាំងថ្នាក់ក្នុងចិត្តរបស់ខ្ញុំ គ្រាន់តែដើម្បីសម្រេចគោលដៅរបស់ខ្ញុំប៉ុណ្ណោះ ទោះបីជាខ្ញុំបាននាំផលអាក្រក់ដល់គាត់កម្រិតណាក៏ដោយ។ នៅពេលដែលគម្រោងជាក់លាក់មួយមិនមានវឌ្ឍនភាព ទោះបីជាឃើញយ៉ាងច្បាស់ថាបញ្ហានៅត្រង់ណា ហើយមានពេលជួយក៏ដោយ ក៏ខ្ញុំមិនចង់ខ្វល់ខ្វាយពីវាដែរ ដោយដឹងថា លីសា គឺជាអ្នកមើលការខុសត្រូវស្រាប់ទៅហើយ។ ខ្ញុំថែមទាំងសង្ឃឹមថា គាត់នឹងបរាជ័យ ហើយបាត់បង់មុខមាត់ទៀតផង។ ខ្ញុំឃើញថា ខ្ញុំមានបំណងប្រាថ្នាខ្លាំងពេកទៅលើកេរ្តិ៍ឈ្មោះ និងឋានៈ គ្មានសេចក្ដីសប្បុរស ហើយមិនបានការពារកិច្ចការពួកជំនុំទាល់តែសោះ។ ខ្ញុំកំពុងតែប្រកួតប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះ ដោយតែងតែព្យាយាមចង់ចាញ់ចង់ឈ្នះអ្នកដទៃ ហើយមិនបានយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្ញុំឡើយ។ ការងារដែលខ្ញុំមើលការខុសត្រូវ ស្ទើរតែជាប់គាំងទាំងស្រុងទៅហើយ ហើយរូបខ្ញុំក៏បានធ្លាក់ចូលទៅក្នុងសេចក្ដីងងឹតដែរ។ «ការប្រកួតប្រជែង» នេះ បានធ្វើឲ្យខ្ញុំជាប់ផុងនៅក្នុងវដ្ដដ៏អាក្រក់មួយ។ ដូចដែលព្រះជាម្ចាស់មានព្រះបន្ទូលអ៊ីចឹង «ប្រសិនបើអ្នកមិនដែលបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អទេនោះ អ្នកនឹងត្រូវបានជម្រុះចោលបន្តិចម្ដងៗ»។ ខ្ញុំបានធ្វើឲ្យកិច្ចការពួកជំនុំមានភាពវឹកវរ ហើយថែមទាំងមិនបានគិតចង់ឆ្លុះបញ្ចាំងពីខ្លួនឯងទៀតផង។ ប្រសិនបើខ្ញុំនៅតែបន្តធ្វើបែបនេះទៀត មិនដឹងថាខ្ញុំអាចនឹងមានឥរិយាបថរំខានអ្វីខ្លះទៀតនោះទេ។ អាក្រក់បំផុតនោះ ខ្ញុំថែមទាំងអាចត្រូវបានគេជម្រុះចោលទៀតផង។ សំណាងហើយ ដែលការដកហូតតំណែងនោះ បានបញ្ឈប់អំពើអាក្រក់របស់ខ្ញុំទាន់ពេលវេលា។ នេះគឺជាការដែលព្រះជាម្ចាស់ប្រទានឱកាសដល់ខ្ញុំ ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង និងស្គាល់ពីខ្លួនឯង ហើយក៏ជាការលួសកាត់ខ្ញុំ ចំពោះបំណងប្រាថ្នា និងមហិច្ឆិតារបស់ខ្ញុំក្នុងការដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផងដែរ។ ខ្ញុំបានដឹងថា នេះគឺជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ និងជាវិធីដែលទ្រង់ការពារខ្ញុំ។ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់ ហើយសភាពរបស់ខ្ញុំក៏កាន់តែប្រសើរឡើងយ៉ាងខ្លាំង។ ខ្ញុំបានតាំងចិត្តផ្ទាល់ខ្លួនថា នឹងបំពេញភារកិច្ចរបស់ខ្ញុំដោយការបន្ទាបខ្លួន។ ហើយឈប់ប្រកួតប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះទៀតហើយ។

បន្ទាប់ពីនោះមក ខ្ញុំចេះដាក់ខ្លួនជាងមុនឆ្ងាយណាស់ នៅក្នុងភារកិច្ចរបស់ខ្ញុំ។ សូម្បីតែពេលដែលខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើកិច្ចការទូទៅ ហើយត្រូវធ្វើការងាររាយរងដែលមិនលេចធ្លោមួយចំនួនក៏ដោយ ក៏ខ្ញុំតាំងចិត្តចុះចូលដែរ ដោយដឹងថា ដោយសារតែព្រះជាម្ចាស់បានប្រទានឱកាសឲ្យខ្ញុំប្រែចិត្ត ខ្ញុំគួរតែបំពេញភារកិច្ចរបស់ខ្ញុំដោយការបន្ទាបខ្លួន។ មិនយូរប៉ុន្មាន គម្រោងវីដេអូថ្មីមួយត្រូវបានចាប់ផ្ដើម ហើយ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ មនុស្សគ្រប់គ្នាបានជ្រើសរើសខ្ញុំឲ្យផលិតវា។ ខ្ញុំបានឲ្យតម្លៃឱកាសនេះយ៉ាងខ្លាំង ហើយបានស្រាវជ្រាវ និងស្វែងរកគោលការណ៍ពាក់ព័ន្ធយ៉ាងឧស្សាហ៍ព្យាយាម។ មួយរយៈក្រោយមក រចនាសម្ព័ន្ធមូលដ្ឋានរបស់វីដេអូក៏ចាប់ផ្ដើមលេចជារូបរាងឡើង ហើយពេលឃើញលទ្ធផលរបស់វា ខ្ញុំមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងយ៉ាងខ្លាំង។ បំណងប្រាថ្នាចង់បានកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ ក៏បានកម្រើកឡើងវិញ។ ខ្ញុំគិតថា៖ «ខ្ញុំប្រហែលជាត្រូវបានគេដកហូតតំណែងជាអ្នកដឹកនាំមែន ប៉ុន្តែមនុស្សមានសមត្ថភាព គង់តែមានថ្ងៃបញ្ចេញរស្មីមិនខាន។ ខ្ញុំត្រូវតែចាប់យកឱកាសនេះ ដើម្បីបញ្ចេញចំណុចខ្លាំង និងបញ្ជាក់ពីទេពកោសល្យរបស់ខ្ញុំ។ លីសា អាចនឹងពូកែជាងខ្ញុំ ក្នុងការប្រកបគ្នាអំពីសេចក្ដីពិត និងការដោះស្រាយបញ្ហា ប៉ុន្តែខ្ញុំមានប្រៀបជាង ប្រសិនបើនិយាយពីជំនាញអាជីព។ ដរាបណាខ្ញុំចំណាយពេលវេលា និងផលិតវីដេអូនេះឲ្យបានល្អ មនុស្សគ្រប់គ្នានឹងឃើញពីភាពល្អប្រសើររបស់ខ្ញុំ ហើយខ្ញុំអាចនឹងត្រូវបានគេជ្រើសរើសជាអ្នកដឹកនាំម្ដងទៀត និងយកឈ្នះ លីសា មិនខាន»។ ថ្ងៃមួយ ខ្ញុំបានឮថា វឌ្ឍនភាពការងារជារួមមានភាពយឺតយ៉ាវ ហើយ លីសា ត្រូវបានអ្នកដឹកនាំលួសកាត់ ដោយសារតែការផលិតវីដេអូបានបំពានគោលការណ៍។ ពេលឮបែបនេះ ខ្ញុំមានអារម្មណ៍ត្រេកអរបន្តិចពេលឃើញគាត់មានបញ្ហា ហើយគិតថា៖ «ឃើញទេ ការងារវីដេអូមិនមានការរីកចម្រើនទេ តាំងពីខ្ញុំត្រូវបានគេដកហូតតំណែងមក។ វាកាន់តែអាក្រក់ជាងមុនទៅទៀត។ កាលពីមុន ខ្ញុំអាចរកឃើញបញ្ហា និងផ្ដល់គំនិតបាន ដូច្នេះ វាកាន់តែល្អប្រសើរ ប្រសិនបើពួកគេមិនមានវឌ្ឍនភាពអ្វីនោះ។ ពួកគេអាចឃើញហើយថា មិនមែនមានតែខ្ញុំទេដែលធ្វើការងារមិនបានល្អ សូម្បីតែ លីសា ក៏ដូចគ្នាដែរ»។ ក្រោយមក ខ្ញុំបានឮថា ថ្មីៗនេះ លីសា មានសភាពមិនសូវល្អទេ ពោលគឺ ការប្រកបគ្នារបស់គាត់នៅឯការជួបជុំ គឺខ្វះពន្លឺ ហើយអ្នកផ្សេងទៀតក៏ជួបបញ្ហាជាច្រើន និងក្លាយជាអវិជ្ជមានផងដែរ។ ខ្ញុំបាននឹកគិតក្នុងចិត្តថា៖ «ប្រសិនបើរឿងនេះនៅតែបន្តបែបនេះទៀត ប្រហែលជាមានបញ្ហាធ្ងន់ធ្ងរណាមួយកើតឡើងនៅក្នុងការងារវីដេអូ ហើយ លីសា នឹងត្រូវបានគេដកហូតតំណែង។ ប្រហែលពេលនោះ ខ្ញុំនឹងត្រូវបានគេជ្រើសរើសជាអ្នកដឹកនាំ ហើយអាចបន្តមើលការខុសត្រូវលើការងារនេះបាន»។ ដូច្នេះ ខ្ញុំនៅតែបន្តធ្វើវីដេអូនេះ ខណៈពេលដែលចាំតាមដានមើលស្ថានភាពរបស់ លីសា យ៉ាងយកចិត្តទុកដាក់ផងដែរ។ ពេលខ្ញុំឮថា លីសា បានរៀនសូត្រពីការដែលត្រូវបានគេលួសកាត់ហើយ សភាពរបស់នាងបានប្រសើរឡើងវិញ ហើយបងប្អូនប្រុសស្រីក៏បានយល់ពីគោលការណ៍មួយចំនួន តាមរយៈភាពបរាជ័យ និងឧបសគ្គ ព្រមទាំងកំពុងទទួលបានលទ្ធផលកាន់តែល្អប្រសើរនោះ ខ្ញុំមានអារម្មណ៍ខកចិត្ត និងធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។ ជាពិសេស នៅពេលការជួបជុំមួយ លីសា បានប្រកបគ្នាអំពីអ្វីដែលគាត់ទទួលបាន និងបទពិសោធន៍ដែលគាត់ឆ្លងកាត់ តាមរយៈរឿងទាំងអស់នេះ ហើយទទួលបានការទទួលស្គាល់ពីគ្រប់គ្នា ខ្ញុំកាន់តែមិនសប្បាយចិត្តថែមទៀត។ គំនិតច្រណែន និងស្អប់ខ្ពើម បានផុសឡើងក្នុងចិត្តខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា គ្មានសង្ឃឹមសម្រាប់ការស្ដារឋានៈរបស់ខ្ញុំឡើងវិញទេ។ បន្ទាប់ពីនោះមក ខ្ញុំគ្មានកម្លាំងចិត្តសោះ ហើយមិនមូលចិត្តទេ ក្នុងពេលផលិតវីដេអូ។ ប៉ុន្មានថ្ងៃក្រោយមក វីដេអូក៏ត្រូវបានធ្វើរួចរាល់។ ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ អ្នកដឹកនាំរបស់ខ្ញុំបានឃើញបញ្ហាដ៏ធំមួយនៅក្នុងវីដេអូនោះ ក្នុងអំឡុងពេលគាត់ពិនិត្យមើល។ បន្ទាប់មក គាត់ក៏បានចាត់តាំងនរណាម្នាក់ផ្សេងទៀតឲ្យកាត់តវា ហើយមិនឲ្យខ្ញុំបន្តផលិតវីដេអូនេះ ឬចាត់តាំងភារកិច្ចអ្វីផ្សេងទៀតឲ្យខ្ញុំឡើយ។ ខ្ញុំពិតជាតាំងស្មារតីមិនទាន់ទាល់តែសោះ។ ការបាត់បង់ឱកាសផលិតវីដេអូនេះ ធ្វើឲ្យរឿងតែមួយគត់ដែលខ្ញុំអាចយកមកបង្អួតគេបាន ត្រូវបានគេដកហូតយកទៅបាត់។ ស្របពេលដែលបងប្អូនប្រុសស្រីផ្សេងទៀត កំពុងរវល់នឹងភារកិច្ចរបស់ពួកគេ ខ្ញុំបែរជាគ្មានអ្វីត្រូវធ្វើ ហើយមើលទៅខុសគេខុសឯងយ៉ាងខ្លាំង។ ខ្ញុំមានអារម្មណ៍ថាយ៉ាប់យឺនមែនទែន ពោលគឺ ខ្ញុំមានអារម្មណ៍ឯកោ បាក់ទឹកចិត្ត និងឈឺចាប់ខ្លោចផ្សាយ៉ាងខ្លាំង។ ហើយត្រូវញាំញីដោយសេចក្ដីទុក្ខវេទនា។ ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ទាំងទឹកភ្នែកថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំដឹងថា គឺតាមរយៈសេចក្ដីសុចរិតរបស់ទ្រង់ហើយ ដែលទូលបង្គំត្រូវប្រឈមមុខនឹងស្ថានភាពនេះ។ បន្ទាប់ពីត្រូវបានដកហូតតំណែង ទូលបង្គំមិនបានឆ្លុះបញ្ចាំងពីខ្លួនឯង និងស្គាល់ពីខ្លួនឯងដោយពិតប្រាកដទេ តែបែរជាស្វែងរកវិធីដើម្បីស្ដារឋានៈឡើងវិញ និងធ្វើឲ្យខ្លួនឯងលេចធ្លោទៅវិញ។ ទូលបង្គំមានចិត្តព្យាបាទ និងក្រអឺតក្រទមណាស់ ហើយបានធ្វើឲ្យព្រះអង្គស្អប់ខ្ពើមទូលបង្គំ។ ពេលនេះ ទូលបង្គំមិនអាចបំពេញភារកិច្ចអ្វីបានទេ ហើយបានក្លាយជាមនុស្សដែលមិនបានការនៅក្នុងពួកជំនុំ។ ឱព្រះជាម្ចាស់អើយ ទូលបង្គំមិនចង់ប្រកួតប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះទៀតទេ។ សូមបំភ្លឺទូលបង្គំ និងអនុញ្ញាតឲ្យទូលបង្គំទទួលបានការស្គាល់ពីខ្លួនឯងដោយពិតប្រាកដ ដើម្បីឲ្យទូលបង្គំអាចស្អប់ និងបះបោរទាស់នឹងខ្លួនឯង ហើយឈប់ត្រឡប់ទៅរកផ្លូវចាស់របស់ទូលបង្គំទៀត»។

បន្ទាប់ពីនោះមក ខ្ញុំបានអានប៉ះអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គទៀត៖ «ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកឋានៈ និងកេរ្តិ៍ឈ្មោះរបស់ខ្លួនសំខាន់ជាងអ្វីទាំងអស់។ មនុស្សទាំងនេះមិនគ្រាន់តែបោកបញ្ឆោត មានល្បិចកល និងទុច្ចរិតប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានធម្មជាតិកាចសាហាវខ្លាំងបំផុតផងដែរ។ នៅពេលដែលពួកគេដឹងថា ឋានៈរបស់ពួកគេកំពុងជួបហានិភ័យ ឬនៅពេលដែលពួកគេបាត់បង់កន្លែងនៅក្នុងចិត្តមនុស្ស នៅពេលដែលពួកគេបាត់បង់ការគាំទ្រ និងការស្រឡាញ់ពេញចិត្តពីមនុស្ស នៅពេលដែលមនុស្សលែងគោរពស្រឡាញ់ពួកគេ ហើយពួកគេបានធ្លាក់ទៅក្នុងសេចក្ដីអាម៉ាស់ តើពួកគេធ្វើអ្វីខ្លះ? ពួកគេប្រែជាប្រទូសរ៉ាយមួយរំពេច។ ឱ្យតែពួកគេបាត់បង់ឋានៈភ្លាម ពួកគេមិនព្រមបំពេញភារកិច្ចណាមួយទេ គ្រប់យ៉ាងដែលពួកគេធ្វើ គឺធ្វើឱ្យតែរួចពីដៃ ហើយពួកគេគ្មានចំណាប់អារម្មណ៍ចង់ធ្វើអ្វីឡើយ។ ប៉ុន្តែ នេះមិនមែនជាការបើកបង្ហាញដ៏អាក្រក់បំផុតឡើយ។ តើការបើកបង្ហាញដ៏អាក្រក់បំផុតជាអ្វីទៅ? ឱ្យតែមនុស្សទាំងនេះបាត់បង់ឋានៈរបស់ខ្លួនភ្លាម និងគ្មាននរណាម្នាក់គោរពពួកគេ ហើយគ្មាននរណាម្នាក់ត្រូវបានពួកគេបំភាន់ទៀត នោះចិត្តស្អប់ ចិត្តឈ្នានីស និងការសងសឹកចាប់ផ្ដើមលេចចេញមក។ ពួកគេមិនត្រឹមតែគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ប៉ុណ្ណោះទេ តែក៏គ្មានការចុះចូលសូម្បីបន្តិចសោះឡើយ។ ជាងនេះទៅទៀត នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេស្អប់ដំណាក់របស់ព្រះជាម្ចាស់ ពួកជំនុំ ព្រមទាំងអ្នកដឹកនាំ និងអ្នកធ្វើការមិនខាន។ ពួកគេបន់ឱ្យតែកិច្ចការនៃពួកជំនុំជួបបញ្ហា ឬជាប់គាំងទេ។ ពួកគេចង់សើចចំអកដាក់ពួកជំនុំ និងដាក់បងប្អូនប្រុសស្រី។ ពួកគេក៏ស្អប់អ្នកដែលដេញតាមសេចក្តីពិត និងកោតខ្លាចព្រះជាម្ចាស់ផងដែរ។ ពួកគេវាយប្រហារ និង ចំអកឡកឡាយដាក់អ្នកណាដែលស្មោះត្រង់នឹងភារកិច្ចរបស់ខ្លួន និងព្រមលះបង់។ នេះគឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើនេះមិនកាចសាហាវទេឬអី? អ្នកទាំងអស់នេះគឺជាមនុស្សអាក្រក់យ៉ាងប្រាកដ ហើយពួកទទឹងនឹងព្រះគ្រីស្ទមានសារជាតិជាមនុស្សអាក្រក់។ សូម្បីតែនៅពេលដែលការជួបជុំត្រូវបានធ្វើឡើងតាមអនឡាញក៏ដោយ ប្រសិនបើពួកគេឃើញថាសេវាអ៊ីនធឺណិតដើរល្អ ពួកគេនឹងដាក់បណ្ដាសាស្ងាត់ៗ ហើយនិយាយក្នុងចិត្តថា៖ 'បន់ឱ្យតែដាច់សេវាទៅ! បន់ឱ្យតែដាច់សេវាទៅ! យកល្អ កុំឱ្យមាននរណាម្នាក់អាចស្ដាប់ឮសេចក្ដីអធិប្បាយទាំងនេះអី!' តើមនុស្សទាំងនេះជាអ្វីទៅ? (ជាពួកអារក្ស។) ពួកគេគឺជាពួកអារក្ស! ពួកគេប្រាកដណាស់ថាមិនមែនជារាស្ដ្រនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះជាម្ចាស់បានលាតត្រដាងឱ្យឃើញថា ធម្មជាតិរបស់ពួកអាទទឹងនឹងព្រះគ្រីស្ទ គឺកាចសាហាវ។ ពេលដែលពួកគេបាត់បង់ឋានៈរបស់ពួកគេ និងការគាំទ្រពីអ្នកដទៃភ្លាម ពួកគេមិនត្រឹមតែចាប់ផ្ដើមធ្វើបង្គ្រប់កិច្ចនៅក្នុងភារកិច្ចរបស់ពួកគេប៉ុណ្ណោះទេ ពួកគេថែមទាំងក្លាយជាមនុស្សមានចិត្តស្អប់ខ្ពើម ច្រណែន និងសងសឹកទៀតផង។ ដោយប្រាថ្នាចង់ឲ្យមានបញ្ហាកើតឡើងនៅក្នុងកិច្ចការពួកជំនុំ ដើម្បីឲ្យពួកគេអាចសើចចំអកដោយចិត្តព្យាបាទ ចំពោះដំណាក់របស់ព្រះជាម្ចាស់ និងអ្នកដទៃទៀត។ ខ្ញុំបានឃើញថា ឥរិយាបថរបស់ខ្ញុំគឺដូចគ្នាបេះបិទ ទៅនឹងអ្វីដែលព្រះជាម្ចាស់បានលាតត្រដាងអ៊ីចឹង។ ពេលខ្ញុំឮថា មានបញ្ហាកើតឡើងនៅក្នុងការងារដែល លីសា កំពុងមើលការខុសត្រូវ ហើយគាត់ត្រូវបានគេលួសកាត់ ខ្ញុំបានលួចអរក្នុងចិត្ត ហើយទន្ទឹងរង់ចាំយ៉ាងអន្ទះសា ឲ្យមានបញ្ហាធ្ងន់ធ្ងរកើតឡើងនៅក្នុងការងារវីដេអូ ដែលនឹងធ្វើឲ្យ លីសា ត្រូវបានគេដកហូតតំណែង ដើម្បីឲ្យខ្ញុំអាចជំនួសតំណែងគាត់បាន។ ពេលខ្ញុំឮថា សភាពរបស់ លីសា បានប្រសើរឡើង អ្នកផ្សេងទៀតបានរៀនសូត្រអ្វីមួយ ហើយកិច្ចការពួកជំនុំបានវិលមករកភាពល្អប្រសើរវិញនោះ ខ្ញុំបែរជាមិនសប្បាយចិត្តទៅវិញ។ ខ្ញុំពិតជាកំពុងតែបញ្ចេញឲ្យឃើញ នូវនិស្ស័យរបស់ពួកអាទទឹងនឹងព្រះគ្រីស្ទមែន! មានតែពួកអាទទឹងនឹងព្រះគ្រីស្ទ ពួកអារក្ស និងសាតាំងទេ ដែលស្អប់ព្រះជាម្ចាស់ និងសេចក្ដីពិត ដោយសង្ឃឹមថា កិច្ចការពួកជំនុំនឹងជាប់គាំងទាំងស្រុង មនុស្សគ្រប់គ្នានឹងក្លាយជាអវិជ្ជមាន បោះបង់ភារកិច្ចរបស់ពួកគេ បាត់បង់សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ហើយចុងក្រោយ ធ្លាក់ទៅក្នុងនរកជាមួយពួកគេ។ ទោះបីជាខ្ញុំជាសមាជិកម្នាក់នៃពួកជំនុំ ដែលទទួលបានការស្រោចស្រព និងការផ្គត់ផ្គង់យ៉ាងច្រើន ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ខ្ញុំបែរជាស្វែងរកកេរ្តិ៍ឈ្មោះ និងឋានៈ ជំនួសឲ្យសេចក្ដីពិត បានបង្អាក់ដល់កិច្ចការពួកជំនុំ ហើយមិនព្រមប្រែចិត្តទៅវិញ។ ហើយដោយសារតែចំណង់ចង់បានឋានៈរបស់ខ្ញុំមិនត្រូវបានបំពេញ ខ្ញុំសង្ឃឹមថានឹងមានបញ្ហាកើតឡើងនៅក្នុងកិច្ចការពួកជំនុំ ដើម្បីកុំឲ្យ លីសា មើលទៅល្អជាងខ្ញុំ។ ទាំងនេះគឺជាគំនិតដ៏ព្យាបាទ និងថោកទាបបំផុត។ មនុស្សនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គួរតែមានចិត្តតែមួយជាមួយព្រះជាម្ចាស់។ ពេលឃើញមនុស្សកាន់តែច្រើនដេញតាមសេចក្ដីពិត បំពេញភារកិច្ចរបស់ពួកគេឲ្យបានល្អ និងចេះគិតពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពួកគេមានអារម្មណ៍សប្បាយចិត្ត។ ពេលកិច្ចការពួកជំនុំត្រូវរាំងស្ទះ ពួកគេក្រោកឈរឡើងដើម្បីការពារការងារនេះ។ ប៉ុន្តែ នៅពេលដែល ខ្ញុំឃើញមានបញ្ហាកើតឡើងនៅក្នុងការផលិតវីដេអូ ហើយអ្នកផ្សេងទៀតក្លាយជាអវិជ្ជមាន ខ្ញុំមិនបានជួយពួកគេដោះស្រាយបញ្ហារបស់ពួកគេទេ ថែមទាំងសើចចំអកឲ្យពួកគេដោយព្យាបាទទៀតផង។ ពេលសភាពរបស់ពួកគេបានប្រសើរឡើង ហើយការងារវីដេអូចាប់ផ្ដើមមានសន្ទុះឡើងវិញ ខ្ញុំបែរជាមានអារម្មណ៍មិនសប្បាយចិត្តទៅវិញ។ គំនិតរបស់ខ្ញុំពិតជាព្យាបាទមែន។ ខ្ញុំមិនបានការពារកិច្ចការពួកជំនុំទាល់តែសោះ ហើយមិនស័ក្តិសមនឹងធ្វើជាមនុស្សនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំពិតជាគ្មានភាពអៀនខ្មាសមែន ដែលគិតថាខ្លួនឯងគួរតែត្រូវបានគេតែងតាំងជាអ្នកដឹកនាំនោះ!

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គទៀត ដែលជួយឲ្យខ្ញុំយល់ពីនិស្ស័យសាតាំងរបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សមិនគួរគិតថាខ្លួនឯងល្អឥតខ្ចោះ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ ឬខុសប្លែកពីអ្នកដទៃឡើយ រឿងទាំងអស់នេះបណ្ដាលមកពីនិស្ស័យក្រអឺតក្រទម និងអវិជ្ជារបស់មនុស្ស។ ការគិតថាខ្លួនឯងពិសេសជាងគេជានិច្ច នេះបណ្ដាលមកពីនិស្ស័យក្រអឺតក្រទម។ ការមិនអាចទទួលយកចំណុចខ្វះខាតរបស់ខ្លួន និងមិនអាចប្រឈមមុខនឹងកំហុស និងបរាជ័យរបស់ខ្លួន នេះបណ្ដាលមកពីនិស្ស័យក្រអឺតក្រទម។ ការតែងតែមិនអនុញ្ញាតឱ្យអ្នកដទៃឧត្តុង្គឧត្តមជាងខ្លួន ឬល្អជាងខ្លួន នេះបណ្ដាលមកពីនិស្ស័យក្រអឺតក្រទម។ ការតែងតែមិនអនុញ្ញាតឱ្យចំណុចខ្លាំងរបស់អ្នកដទៃលើស ឬហួសពីចំណុចខ្លាំងរបស់ខ្លួន នេះបណ្ដាលមកពីនិស្ស័យក្រអឺតក្រទម។ ការមិនអនុញ្ញាតឱ្យអ្នកដទៃមានគំនិត យោបល់ និងទស្សនៈល្អជាងខ្លួន ហើយនៅពេលរកឃើញថាអ្នកដទៃល្អជាងខ្លួន ក៏ក្លាយជាអវិជ្ជមាន មិនចង់និយាយ មានទុក្ខព្រួយ និងមានអារម្មណ៍ស្រពោនចិត្ត ហើយមិនសប្បាយចិត្ត រឿងទាំងអស់នេះបណ្ដាលមកពីនិស្ស័យក្រអឺតក្រទម។ និស្ស័យក្រអឺតក្រទមអាចធ្វើឱ្យអ្នកមិនអាចទទួលយកការកែតម្រូវរបស់អ្នកដទៃ ដោយសារតែការការពារមោទនភាពរបស់អ្នក មិនអាចប្រឈមមុខនឹងចំណុចខ្វះខាតរបស់អ្នក និងមិនអាចទទួលយកបរាជ័យ និងកំហុសរបស់អ្នក។ លើសពីនេះទៅទៀត នៅពេលនរណាម្នាក់ល្អជាងអ្នក វាអាចបណ្ដាលឱ្យមានការស្អប់ និងការច្រណែនកើតឡើងនៅក្នុងចិត្តរបស់អ្នក ហើយអ្នកអាចមានអារម្មណ៍ថាត្រូវបានរឹតត្បិត ហើយថែមទាំងមិនចង់បំពេញភារកិច្ចរបស់អ្នក និងធ្វើវាឱ្យតែរួចពីដៃ។ និស្ស័យក្រអឺតក្រទមអាចបណ្ដាលឱ្យអាកប្បកិរិយា និងការអនុវត្តទាំងនេះលេចឡើងនៅក្នុងអ្នក» («គោលការណ៍ដែលគួរណែនាំចំពោះការប្រព្រឹត្តខ្លួនរបស់មនុស្សម្នាក់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯង ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ មូលហេតុដែលខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនឯងមានសមត្ថភាព ហើយព្យាយាមប្រកួតប្រជែងជាមួយ លីសា នោះ គឺដោយសារតែខ្ញុំមានភាពក្រអឺតក្រទមខ្លាំងពេក ខ្វះវិចារណញាណ ហើយមិនដឹងថាខ្លួនឯងពិតជាមានសមត្ថភាពកម្រិតណានោះទេ។ កន្លងមក ខ្ញុំតែងតែជឿថា ខ្ញុំមានចំណេះដឹងអាជីព និងមានបទពិសោធន៍យ៉ាងច្រើនសន្ធឹកសន្ធាប់។ ខ្ញុំមានអំនួតពីរឿងនេះ ហើយមានអារម្មណ៍ថា ខ្ញុំខ្លាំងជាង លីសា នៅក្នុងផ្នែកទាំងនេះ។ ខ្ញុំគិតថា លក្ខណៈសម្បត្តិទាំងនេះ គឺគ្រប់គ្រាន់ដើម្បីធ្វើការងារនេះឲ្យបានល្អទៅហើយ ដូច្នេះ ពេល លីសា ទទួលបានលទ្ធផលល្អជាងខ្ញុំ នៅក្នុងភារកិច្ចរបស់គាត់ ហើយអ្នកដឹកនាំថ្នាក់លើបានប្រគល់ភារកិច្ចខ្លះរបស់ខ្ញុំទៅឲ្យគាត់វិញ ខ្ញុំបែរជាមិនសុខចិត្ត ដោយគិតថាគាត់មិនមែនល្អជាងខ្ញុំនោះទេ។ ខ្ញុំថែមទាំងចង់ស្ដារឋានៈឡើងវិញទៀតផង បន្ទាប់ពីត្រូវបានគេដកហូតតំណែង។ គិតថយក្រោយវិញ ខ្ញុំឃើញថា ខ្ញុំគ្រាន់តែយល់ដឹង និងមានបទពិសោធន៍ក្នុងការងារច្រើនជាងបន្តិចបន្តួចប៉ុណ្ណោះ ហើយអាចផ្ដល់យោបល់លើការផលិតវីដេអូបាន ប៉ុន្តែនោះមិនមែនមានន័យថា ខ្ញុំស័ក្តិសមសម្រាប់ការងារជាអ្នកដឹកនាំនោះទេ។ ការងារស្នូលរបស់អ្នកដឹកនាំ គឺត្រូវណែនាំអ្នកដទៃឲ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងចូលទៅក្នុងតថភាពនៃសេចក្ដីពិត និងដោះស្រាយរាល់បញ្ហាដែលកើតឡើងនៅក្នុងពួកជំនុំ ដើម្បីធានាដល់ដំណើរការធម្មតានៃកិច្ចការពួកជំនុំ។ ប៉ុន្តែ ខ្ញុំមិនអាចធ្វើការងារពិតប្រាកដ ដែលអ្នកដឹកនាំគួរតែធ្វើនោះ បានទាល់តែសោះ។ ពេលប្រធានក្រុមមានការខ្វែងគំនិតគ្នា ហើយតែងតែឈ្លោះប្រកែកគ្នា ដោយគ្មាននរណាម្នាក់ព្រមចុះញ៉ម ខ្ញុំមិនដឹងពីរបៀបប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហា និងជួយពួកគេឲ្យសហការគ្នាយ៉ាងចុះសម្រុងនោះទេ។ ម្យ៉ាងទៀត ពេលបងប្អូនប្រុសស្រីខ្លះក្លាយជាអវិជ្ជមាន និងអសកម្ម នៅក្នុងភារកិច្ចរបស់ពួកគេ ហើយត្រូវការការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីជួយជ្រោមជ្រែងពួកគេ បទពិសោធរបស់ខ្ញុំនៅមានកម្រិត ការប្រកបគ្នារបស់ខ្ញុំខ្វះភាពស៊ីជម្រៅ ហើយខ្ញុំមិនបានដោះស្រាយបញ្ហារបស់ពួកគេទេ។ ខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងគ្រប់ទិដ្ឋភាពនៃកិច្ចការពួកជំនុំឡើយ។ លីសា អាចនឹងមានចំណុចខ្វះខាតខ្លះៗនៅក្នុងជំនាញអាជីពរបស់គាត់ ប៉ុន្តែគាត់អាចដោះស្រាយការលំបាកមួយចំនួន ដែលកើតឡើងនៅក្នុងកិច្ចការពួកជំនុំបាន។ អ្នកដឹកនាំថ្នាក់លើបានប្រគល់ការងារខ្លះឲ្យគាត់វិញ គឺដើម្បីប្រយោជន៍របស់ពួកជំនុំ ប៉ុន្តែខ្ញុំក្រអឺតក្រទមពេក ហើយមិនស្គាល់ពីសមត្ថភាពរបស់ខ្លួនឯងឲ្យបានច្បាស់ទេ។ ខ្ញុំពិតជាមិនអាចប្រៀបនឹង លីសា បានមែន ប៉ុន្តែ ខ្ញុំនៅតែអួតអាងថាខ្លួនឯងខ្លាំង ហើយមិនព្រមដកថយឡើយ គឺតែងតែប្រកួតប្រជែងជានិច្ច។ ខ្ញុំពិតជាក្រអឺតក្រទមដោយគ្មានវិចារណញ្ញាណមែន! បន្ទាប់ពីនោះមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គនេះ៖ «ព្រះជាម្ចាស់ស្អប់ខ្ពើមបំផុតនៅពេលដែលមនុស្សដេញតាមឋានៈ ពីព្រោះការដេញតាមឋានៈគឺជានិស្ស័យរបស់សាតាំង វាជាផ្លូវខុស វាបានកើតចេញពីសេចក្ដីពុករលួយរបស់សាតាំង វាជាអ្វីមួយដែលព្រះជាម្ចាស់ផ្ដន្ទាទោស ហើយវាគឺជាអ្វីដែលព្រះជាម្ចាស់នឹងជំនុំជម្រះ និងបោសសម្អាត។ ព្រះជាម្ចាស់ស្អប់ខ្ពើមបំផុតនៅពេលដែលមនុស្សដេញតាមឋានៈ ប៉ុន្តែអ្នកនៅតែរឹងប្រជែងដណ្ដើមឋានៈ អ្នកឱ្យតម្លៃខ្ពស់លើវា និងការពារវាជានិច្ច ដោយតែងតែព្យាយាមយកវាធ្វើជារបស់ខ្លួន។ តើនៅក្នុងរឿងទាំងអស់នេះ មិនមានលក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់បន្តិចបន្តួចទេឬ? ឋានៈមិនមែនជាអ្វីដែលព្រះជាម្ចាស់បានកំណត់ទុកសម្រាប់មនុស្សឡើយ។ ព្រះជាម្ចាស់ប្រទានសេចក្ដីពិត ផ្លូវ និងជីវិតដល់មនុស្ស ដើម្បីឱ្យនៅទីបំផុតពួកគេក្លាយជាភាវៈដែលបានបង្កើតមកដែលស្របតាមស្ដង់ដា ជាភាវៈដែលបានបង្កើតមកដ៏តូចតាច និងមិនសំខាន់ ពោលគឺមិនមែនជាអ្នកដែលមានឋានៈ និងកិត្យានុភាព ហើយត្រូវបានមនុស្សរាប់ពាន់នាក់លើកតម្កើងនោះទេ។ ដូច្នេះហើយ ទោះបីជាមើលពីទស្សនៈណាក៏ដោយ ការដេញតាមឋានៈគឺជាផ្លូវទៅសេចក្ដីវិនាស។ ទោះបីជាហេតុផលរបស់អ្នកសម្រាប់ការដេញតាមឋានៈសមហេតុផលយ៉ាងណាក៏ដោយ ផ្លូវនេះនៅតែជាផ្លូវខុស ហើយមិនត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យឡើយ។ ទោះបីជាអ្នកព្យាយាមខ្លាំងប៉ុនណា ឬលះបង់តម្លៃធំប៉ុនណាក៏ដោយ ប្រសិនបើអ្នកប្រាថ្នាចង់បានឋានៈ ព្រះជាម្ចាស់មិនប្រទានវាមកអ្នកទេ នោះអ្នកនឹងបរាជ័យក្នុងការតស៊ូដើម្បីទទួលបានវា ហើយប្រសិនបើអ្នកបន្តតស៊ូ នោះនឹងមានលទ្ធផលតែមួយគត់៖ អ្នកនឹងត្រូវបានបើកសម្ដែងឱ្យឃើញ និងត្រូវបានជម្រុះចោល។ អ្នកនឹងនៅលើផ្លូវទៅកាន់សេចក្ដីវិនាស» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ បន្ទាប់ពីអានរួច ខ្ញុំមានអារម្មណ៍រន្ធត់ចិត្តចំពោះទង្វើរបស់ខ្ញុំយ៉ាងខ្លាំង ជាពិសេស បន្ទាប់ពីអានដល់វគ្គដែលចែងថា៖ «ប្រសិនបើអ្នកប្រាថ្នាចង់បានឋានៈ ព្រះជាម្ចាស់មិនប្រទានវាមកអ្នកទេ នោះអ្នកនឹងបរាជ័យក្នុងការតស៊ូដើម្បីទទួលបានវា ហើយប្រសិនបើអ្នកបន្តតស៊ូ នោះនឹងមានលទ្ធផលតែមួយគត់៖ អ្នកនឹងត្រូវបានបើកសម្ដែងឱ្យឃើញ និងត្រូវបានជម្រុះចោល។ អ្នកនឹងនៅលើផ្លូវទៅកាន់សេចក្ដីវិនាស»។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញពីភាពដែលមិនអាចប្រមាថបាន នៃនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់។ ពួកជំនុំបានផ្ដល់ឱកាសឲ្យខ្ញុំធ្វើភារកិច្ចនេះ ដើម្បីឲ្យខ្ញុំដេញតាមសេចក្ដីពិតនៅក្នុងភារកិច្ចរបស់ខ្ញុំ ហើយចុងក្រោយ ក្លាយជាភាវៈដែលព្រះបានបង្កើត ដែលត្រូវតាមស្ដង់ដារ។ តែផ្ទុយទៅវិញ ខ្ញុំចេះតែប្រជែងដណ្ដើមឋានៈជាប់ជានិច្ច។ តើនេះមិនមែនមានន័យថា ខ្ញុំកំពុងតែប្រឆាំងនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ដោយចេតនាទេឬ? ព្រះជាម្ចាស់ស្អប់ខ្ពើមរឿងនេះបំផុតហើយ។ ទោះបីជាបានទទួលខុសត្រូវលើការងារវីដេអូអស់រយៈពេលយ៉ាងយូរក៏ដោយ ខ្ញុំមានត្រឹមតែមូលដ្ឋានទ្រឹស្ដីនៅក្នុងទិដ្ឋភាពបច្ចេកទេសនៃការងារប៉ុណ្ណោះ ហើយខ្ញុំក៏មិនសូវជាស្ទាត់ជំនាញប៉ុន្មានដែរ ដូច្នេះ ពេលដែលគេឲ្យខ្ញុំធ្វើវីដេអូជាក់ស្ដែង ខ្ញុំមិនអាចធ្វើវាឲ្យបានល្អនោះទេ។ ពេលយើងទទួលបានលទ្ធផលល្អ នៅក្នុងការងារវីដេអូរបស់យើង ក្នុងពេលដែលខ្ញុំជាអ្នកដឹកនាំនោះ នោះគឺសុទ្ធតែដោយសារការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការខិតខំប្រឹងប្រែងរបស់ក្រុមយើងទាំងមូល មិនមែនជាចំណែករបស់ខ្ញុំឡើយ។ ប៉ុន្តែខ្ញុំបែរជាយកសមិទ្ធផលទាំងនេះ មកធ្វើជាអំនួតរបស់ខ្លួនឯង ហើយមិនព្រមឲ្យអ្នកដទៃមកដណ្ដើមកិត្តិយសរបស់ខ្ញុំឡើយ ដោយប្រកួតប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះយ៉ាងងងឹតងងល់ និងធ្វើឲ្យកិច្ចការពួកជំនុំធ្លាក់ចូលទៅក្នុងភាពវឹកវរ។ អ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺជាអំពើអាក្រក់ ហើយប្រឆាំងនឹងព្រះជាម្ចាស់ ហើយគួរឲ្យស្អប់ខ្ពើមយ៉ាងខ្លាំងក្នុងព្រះនេត្រទ្រង់។ ពេលនោះ ខ្ញុំនឹកឃើញដល់បងស្រីម្នាក់ ដែលខ្ញុំធ្លាប់ធ្វើជាដៃគូជាមួយកាលពីមួយឆ្នាំមុន។ គាត់មានបំណងប្រាថ្នាយ៉ាងខ្លាំងចង់បានឋានៈ និងកេរ្តិ៍ឈ្មោះ ហើយក្រាញអំណាចរបស់នាងយ៉ាងជាប់។ គាត់តែងតែសង្កត់សង្កិន និងធ្វើបាបអ្នកណាដែលគំរាមកំហែងដល់ឋានៈរបស់នាង ហើយថែមទាំងបំផ្លាញកិច្ចការពួកជំនុំដោយមិនញញើតដៃ ដើម្បីការពារឋានៈរបស់គាត់ទៀតផង។ ជាលទ្ធផល គាត់ត្រូវបានគេបើកសម្ដែងឲ្យឃើញថា ជាអាទទឹងនឹងព្រះគ្រីស្ទ ចំពោះអំពើអាក្រក់ទាំងអស់របស់គាត់ ហើយត្រូវបានបណ្ដេញចេញពីពួកជំនុំ។ ចំណែកខ្ញុំវិញ ខ្ញុំពិតជាមិនបានធ្វើការងារពិតប្រាកដមែន ប៉ុន្តែនៅតែចង់ប្រកួតប្រជែង ដែលបានបង្អាក់ និងរំខានដល់កិច្ចការពួកជំនុំ។ ប្រសិនបើខ្ញុំមិនព្រមប្រែចិត្ត ហើយនៅតែបន្តធ្វើបែបនោះទៀត ខ្ញុំប្រាកដជាត្រូវបានព្រះជាម្ចាស់ជម្រុះចោលមិនខាន។ ពេលដឹងបែបនេះ ខ្ញុំក៏បានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ពួកជំនុំបានផ្ដល់ឱកាសឲ្យទូលបង្គំទទួលបានការបណ្ដុះបណ្ដាលជាអ្នកដឹកនាំ ប៉ុន្តែទូលបង្គំមិនបានយកចិត្តទុកដាក់នឹងភារកិច្ចរបស់ខ្លួន ហើយដើរលើផ្លូវត្រូវនោះទេ ប៉ុន្តែបែរជាប្រកួតប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះទៅវិញ។ គំនិត និងទង្វើរបស់ទូលបង្គំ សុទ្ធតែជាអំពើអាក្រក់ទាំងអស់ ហើយប្រសិនបើទូលបង្គំត្រូវបានដាក់ទោស វាក៏ស័ក្តិសមបំផុតដែរ។ ឱព្រះជាម្ចាស់អើយ ទូលបង្គំមិនចង់រស់នៅយ៉ាងថោកទាបបែបនេះទៀតទេ។ ទូលបង្គំត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រែចិត្ត និងចាប់ផ្ដើមសារជាថ្មី»។

ប៉ុន្មានថ្ងៃក្រោយមក អ្នកដឹកនាំរបស់ខ្ញុំបានផ្ញើសារមកខ្ញុំ ដោយប្រាប់ថា ខ្ញុំត្រូវបានគេចាត់តាំងឲ្យចូលរួមសម្ដែងនៅក្នុងវីដេអូទំនុកបរិសុទ្ធមួយ ហើយ ឲ្យខ្ញុំរៀនច្រៀងទំនុកបរិសុទ្ធនេះសិន។ ខ្ញុំរំភើបចិត្តយ៉ាងខ្លាំង ពេលបានឃើញសារនេះ។ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់ចេញពីក្រអៅបេះដូង សម្រាប់ការផ្តល់ឱកាសឲ្យខ្ញុំម្ដងទៀត។ ទំនុកបរិសុទ្ធដែលខ្ញុំត្រូវរៀនច្រៀងនោះ មានចំណងជើងថា «ការថ្នាក់ថ្នមរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ»។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ នៅក្នុងទំនុកបរិសុទ្ធនោះថា៖ «ទោះបីទីក្រុងនីនីវេបានពោរពេញដោយមនុស្សដ៏ពុករលួយ អាក្រក់ និងឃោរឃៅ ដូចជាមនុស្សនៅក្រុងសូដុមក៏ដោយ ក៏ការប្រែចិត្តរបស់គេបានធ្វើឱ្យព្រះជាម្ចាស់ប្ដូរព្រះទ័យ ហើយសម្រេចមិនបំផ្លាញពួកគេដែរ។ ដោយសារតែរបៀបដែលពួកគេបានប្រព្រឹត្តចំពោះព្រះបន្ទូល និងសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ បានបង្ហាញចេញនូវឥរិយាបថមួយដែលផ្ទុយស្រឡះពីឥរិយាបថរបស់អ្នកក្រុងសូដុម ហើយដោយសារតែការចុះចូលយ៉ាងស្មោះរបស់គេចំពោះព្រះជាម្ចាស់ និងការប្រែចិត្តដ៏ស្មោះចំពោះអំពើបាបរបស់គេ ក៏ដូចជាអាកប្បកិរិយាដ៏ពិតស្មោះរបស់គេនៅក្នុងរាល់ទង្វើរបស់គេ ដូច្នេះ ព្រះជាម្ចាស់បានសម្ដែងព្រះទ័យអាឡោះអាល័យរបស់ទ្រង់ ហើយបានប្រទានវាដល់ពួកគេម្ដងទៀត។ អ្វីដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស និងព្រះទ័យអាឡោះអាល័យរបស់ទ្រង់សម្រាប់មនុស្ស គឺគ្មាននរណាម្នាក់អាចចម្លងបានឡើយ ហើយក៏គ្មានមនុស្សណាម្នាក់អាចមានសេចក្តីមេត្តាករុណា សេចក្តីអត់ធ្មត់ ឬអារម្មណ៍ដ៏ស្មោះពិតរបស់ទ្រង់ចំពោះមនុស្សនោះដែរ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញពីព្រះហឫទ័យរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សជាតិ។ ព្រះជាម្ចាស់បានខ្ញាល់ ហើយបម្រុងនឹងបំផ្លាញអ្នកក្រុងនីនីវេ ដោយសារតែសេចក្ដីពុករលួយ និងភាពអាក្រក់របស់ពួកគេ ប៉ុន្តែនៅពេលដែលអ្នកក្រុងនីនីវេបានប្រែចិត្តចំពោះព្រះជាម្ចាស់ដោយស្មោះត្រង់នោះ ទ្រង់ក៏បានបន្ធូរបន្ថយសេចក្ដីក្រោធរបស់ទ្រង់ ហើយមិនបានបំផ្លាញពួកគេឡើយ។ តាមរយៈរឿងនេះ ខ្ញុំបានដឹងថា ព្រះជាម្ចាស់ឲ្យតម្លៃទៅលើការប្រែចិត្តដោយស្មោះត្រង់របស់មនុស្ស។ ទោះបីជាខ្ញុំបានបង្អាក់ និងរំខានដល់កិច្ចការពួកជំនុំ ហើយបានប្រព្រឹត្តអំពើរំលងយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់មិនបានជម្រុះខ្ញុំចោលដែរ។ ទ្រង់បានប្រើប្រាស់ការដកហូតតំណែង និងការលួសកាត់ ដើម្បីជំរុញឲ្យខ្ញុំឆ្លុះបញ្ចាំងពីខ្លួនឯង។ នេះសុទ្ធសឹងតែជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់! ខ្ញុំមិនអាចបន្តរស់នៅក្នុងការស្ដាយក្រោយ និងភាពអវិជ្ជមានទៀតទេ។ ខ្ញុំត្រូវតែប្រែចិត្តចំពោះព្រះជាម្ចាស់ ស្វែងរកសេចក្ដីពិត និងដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ ដើម្បីជៀសវាងពីការធ្វើអំពើអាក្រក់ និងការទាស់ទទឹងនឹងព្រះជាម្ចាស់តទៅទៀត។

ពេលមួយ អំឡុងពេលនៃការចំណាយពេលខាងវិញ្ញាណរបស់ខ្ញុំ ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលបានផ្ដល់ឲ្យខ្ញុំនូវផ្លូវនៃការអនុវត្ត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការលែងដៃពីកេរ្តិ៍ឈ្មោះ និងឋានៈ មិនមែនជារឿងងាយស្រួលទេ មនុស្សអាចសម្រេចវាបាន តែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ។ មានតែតាមរយៈការយល់ពីសេចក្ដីពិតប៉ុណ្ណោះ ទើបពួកគេអាចស្គាល់ខ្លួនឯង មើលឃើញយ៉ាងច្បាស់ពីភាពទទេស្អាតនៃការដេញតាមកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ ហើយមើលឃើញយ៉ាងច្បាស់ពីការពិតនៃសេចក្ដីពុករលួយរបស់មនុស្សជាតិ។ មានតែនៅពេលដែលមនុស្សស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដប៉ុណ្ណោះ ទើបពួកគេអាចបោះបង់ឋានៈ និងកេរ្តិ៍ឈ្មោះបាន។ វាមិនងាយស្រួលទេក្នុងការបោះបង់ចោលនិស្ស័យពុករលួយរបស់អ្នក។ ប្រសិនបើអ្នកបានទទួលស្គាល់ថា អ្នកមិនមានសេចក្ដីពិត ថាអ្នកមានចំណុចខ្វះខាតច្រើនពេក ហើយថាអ្នកបញ្ចេញឱ្យឃើញសេចក្ដីពុករលួយច្រើនពេក ប៉ុន្តែអ្នកមិនខិតខំប្រឹងប្រែងក្នុងការដេញតាមសេចក្ដីពិត ហើយអ្នកបន្លំខ្លួន និងប្រព្រឹត្តដោយពុតត្បុត បណ្ដាលឱ្យមនុស្សយល់ច្រឡំថា អ្នកអាចធ្វើអ្វីបានគ្រប់យ៉ាង នោះរឿងនេះនឹងធ្វើឱ្យអ្នកមានគ្រោះថ្នាក់ ហើយមិនយូរមិនឆាប់ អ្នកនឹងជួបផ្លូវទាល់ ហើយដួលរលំមិនខាន។ អ្នកត្រូវតែទទួលស្គាល់ថា អ្នកមិនមានសេចក្ដីពិត ហើយត្រូវក្លាហានហ៊ានប្រឈមមុខនឹងតថភាព។ អ្នកមានភាពទន់ខ្សោយ បញ្ចេញឱ្យឃើញសេចក្ដីពុករលួយ និងមានចំណុចខ្វះខាតគ្រប់បែបយ៉ាង។ នេះជារឿងធម្មតាទេ ពីព្រោះអ្នកគឺជាមនុស្សធម្មតា អ្នកមិនមែនជាមនុស្សដែលមានមហិទ្ធិឫទ្ធិវិសេស ឬមានមហិទ្ធិឫទ្ធិសព្វបែបយ៉ាងឡើយ ហើយអ្នកត្រូវតែទទួលស្គាល់រឿងនោះ។ ... នៅពេលអ្នកមានគំនិត និងបំណងប្រាថ្នាជានិច្ចក្នុងការប្រកួតប្រជែងដណ្ដើមឋានៈ នោះអ្នកត្រូវតែដឹងថា តើសភាពបែបនេះនឹងនាំទៅរកផលវិបាកអាក្រក់បែបណា ប្រសិនបើទុកចោលដោយមិនដោះស្រាយ។ ដូច្នេះ ចូរកុំបង្អង់ពេលក្នុងការស្វែងរកសេចក្ដីពិតឡើយ ចូរយកឈ្នះលើបំណងប្រាថ្នារបស់អ្នកក្នុងការប្រកួតប្រជែងដណ្ដើមឋានៈ ខណៈពេលដែលវាស្ថិតក្នុងដំណាក់កាលពន្លកនៅឡើយ ហើយជំនួសវាដោយការអនុវត្តសេចក្ដីពិតវិញ។ នៅពេលដែលអ្នកអនុវត្តសេចក្ដីពិត បំណងប្រាថ្នា និងមហិច្ឆតារបស់អ្នកក្នុងការប្រកួតប្រជែងដណ្ដើមឋានៈនឹងថយចុះ ហើយអ្នកនឹងមិនរំខានដល់កិច្ចការនៃពួកជំនុំឡើយ។ តាមរបៀបនេះ សកម្មភាពរបស់អ្នកនឹងត្រូវបានព្រះជាម្ចាស់ចងចាំ និងសព្វព្រះហឫទ័យ» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា ដើម្បីអាចទម្លាក់ចោលនូវបំណងប្រាថ្នាចង់បានកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំបានដោយពិតប្រាកដ ដំបូងខ្ញុំត្រូវតែមានការស្គាល់ពីខ្លួនឯងជាមុនសិន អាចបើកចំហ និងទទួលស្គាល់កំហុសរបស់ខ្លួនឯងយ៉ាងសកម្ម ហើយទុកឲ្យអ្នកដទៃមើលឃើញពីស្ថានភាពពិតរបស់ខ្ញុំ។ ពេលចំណង់ចង់ប្រកួតប្រជែងផុសឡើងវិញ ខ្ញុំត្រូវតែអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ដោយដឹងខ្លួន បះបោរទាស់នឹងខ្លួនឯង ហើយសហការជាមួយអ្នកដទៃ។ មានតែធ្វើបែបនេះទេ ទើបខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំបានល្អ។ ខ្ញុំបានដឹងថា ខ្ញុំមិនបានផ្ដោតលើការឆ្លុះបញ្ចាំងពីខ្លួនឯង និងការស្គាល់ពីខ្លួនឯងនោះទេ។ ខ្ញុំមានចិត្តច្រណែនយ៉ាងខ្លាំង ហើយមិនព្រមចែករំលែកពីសភាពរបស់ខ្ញុំឲ្យគេដឹងដោយសកម្មទេ ហើយក៏មិនបានស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវាដែរ។ ជាលទ្ធផល ខ្ញុំបានរស់នៅក្នុងសភាពនៃការប្រកួតប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះ ដែលបង្កការរំខានដល់ជីវិតពួកជំនុំ។ ទៅថ្ងៃមុខ ខ្ញុំត្រូវតែអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីនោះមក ខ្ញុំបានបើកចំហអំពីសភាពរបស់ខ្ញុំនៅក្នុងភារកិច្ចដោយដឹងខ្លួន ហើយបានព្យាយាមរៀនសូត្រពីអ្នកដែលជាដៃគូជាមួយខ្ញុំយ៉ាងសកម្ម។ មួយរយៈក្រោយមក ខ្ញុំបានកត់សម្គាល់ឃើញថា បងប្អូនប្រុសស្រីមានចំណុចខ្លាំងជាក់លាក់នានា ដែលខ្លួនខ្ញុំផ្ទាល់មិនមាន។ ខ្ញុំកាន់តែមានអារម្មណ៍ខ្មាសអៀនចំពោះភាពក្រអឺតក្រទម និងភាពល្ងង់ខ្លៅរបស់ខ្ញុំ។ ខ្ញុំបាននឹកគិតត្រឡប់ទៅវិញអំពីរបៀបដែលខ្ញុំធ្លាប់ប្រកួតប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះ ដែលបណ្ដាលឲ្យមានការខាតបង់ដល់កិច្ចការពួកជំនុំ ហើយកាន់តែមានអារម្មណ៍ស្ដាយក្រោយថែមទៀត។ ខ្ញុំបានអធិដ្ឋានស្ងាត់ៗក្នុងចិត្តទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ តាមរយៈការត្រូវបានបើកសម្ដែង និងដកហូតតំណែង ទូលបង្គំទទួលបានការដឹងខ្លួនខ្លះៗហើយ។ កាលពីមុន ទូលបង្គំប្រកួតប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះ ដោយមិនបានការពារផលប្រយោជន៍របស់ពួកជំនុំឡើយ។ ទូលបង្គំមិនត្រឹមតែបានរំខានដល់កិច្ចការពួកជំនុំប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រុសស្រីទៀតផង។ ទូលបង្គំពិតជាមិនស័ក្តិសមនឹងរាប់ថាជាមនុស្សឡើយ! ទៅថ្ងៃមុខ ទូលបង្គំស្ម័គ្រចិត្តអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ រៀនសូត្រពីចំណុចខ្លាំងរបស់អ្នកដទៃ ហើយធ្វើជាដៃគូយ៉ាងចុះសម្រុងជាមួយអ្នកដទៃនៅក្នុងភារកិច្ចរបស់ទូលបង្គំ»។

ក្រោយមក មានបញ្ហាមួយចំនួនបានកើតឡើងនៅក្នុងគម្រោងវីដេអូថ្មីមួយ ហើយអ្នកដឹកនាំថ្នាក់លើបានចាត់តាំងខ្ញុំ និង លីសា ឲ្យដោះស្រាយវាជាមួយគ្នា។ លើកនេះ ខ្ញុំមិនបានប្រកួតប្រជែងជាមួយ លីសា ទេ នៅក្នុងការធ្វើជាដៃគូរបស់យើង។ ផ្ទុយទៅវិញ ខ្ញុំបានពិភាក្សា និងសុំយោបល់ពីគាត់យ៉ាងសកម្ម ពេលមានបញ្ហាកើតឡើង ដោយបន្តទៅមុខបាន លុះត្រាតែពួកយើងមានការឯកភាពគ្នាសិនប៉ុណ្ណោះ។ ជួនកាល នៅពេលដែលការប្រកបគ្នារបស់ លីសា មានភាពច្បាស់លាស់ និងស៊ីជម្រៅជាងរបស់ខ្ញុំ ខ្ញុំចេះតែព្យាយាមបញ្ជាក់ពីសមត្ថភាពរបស់ខ្លួនឯងដោយមិនដឹងខ្លួន។ ប៉ុន្តែ ខ្ញុំដឹងខ្លួនភ្លាមថា ខ្ញុំកំពុងតែប្រកួតប្រជែងម្ដងទៀតហើយ ដូច្នេះ ខ្ញុំក៏អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ និងបះបោរទាស់នឹងខ្លួនឯង ដោយទទួលយកយោបល់របស់ លីសា ហើយសញ្ជឹងគិត និងស្វែងរកលើរឿងទាំងនោះយ៉ាងឧស្សាហ៍ព្យាយាម។ ខ្ញុំបានដឹងថា គំនិតរបស់ លីសា ពិតជាល្អជាងរបស់ខ្ញុំមែន ហើយក៏អាចទទួលយកសេចក្តីទាំងនោះ បានដោយអស់ពីដួងចិត្ត។ ខ្ញុំមានអារម្មណ៍ថា សុខសាន្ត និងធូរស្រាលក្នុងចិត្តយ៉ាងខ្លាំង ពេលអនុវត្តតាមវិធីនេះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានបង្រៀនខ្ញុំពីរបៀបធ្វើជាដៃគូឲ្យបានល្អ និងរស់នៅឲ្យសមជាមនុស្ស។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ដួងចិត្តដែលត្រូវបានរំដោះឱ្យមានសេរីភាព

នៅខែ តុលា ឆ្នាំ ២០១៦ ស្វាមីរបស់ខ្ញុំ និងខ្ញុំ បានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ នៅពេលដែលពួកយើងនៅឯបរទេស។ ប៉ុន្មានខែក្រោយមក...

ការចាត់តាំងភារកិច្ចជាថ្មីបានបើកសម្ដែងខ្ញុំ

ដោយ អូវិន ប្រទេសអេស្ប៉ាញនៅឆ្នាំ ២០១៨ ខ្ញុំកំពុងផលិតវីដេអូនៅក្នុងពួកជំនុំ។ ដោយសារខ្ញុំបានពង្រឹងជំនាញផ្នែកវិជ្ជាជីវៈរបស់ខ្ញុំយ៉ាងឆាប់រហ័ស...

រង្វាន់ នៃការបំពេញភារកិច្ចរបស់មនុស្សម្នាក់

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវតែពិត និងជាក់ស្ដែង ហើយត្រូវស្ដែងចេញ តាមការរស់នៅ។...