ការលះបង់ឋានៈមិនមែនជារឿងងាយស្រួលទេ

01-03-2022

ដោយ លី ចឹង (ចិន)

ខ្ញុំកើតនៅក្នុងគ្រួសារកសិករមួយ។ នៅពេលខ្ញុំនៅតូច ខ្ញុំបានបាត់បង់ឪពុកម្ដាយ ដូច្នេះបងប្រុសខ្ញុំ និងខ្ញុំត្រូវពឹងគ្នាទៅវិញទៅមក។ យើងពិតជាក្រណាស់ ហើយមនុស្សមើលងាយយើង។ ខ្ញុំធ្លាប់គិតថា៖ «ខ្ញុំនឹងទៅរៀន ហើយថ្ងៃណាមួយ ខ្ញុំនឹងបានខ្ពស់មុខខ្ពស់មាត់ជាងអ្នកដទៃ»។ ក៏ប៉ុន្តែ ខ្ញុំត្រូវឈប់រៀនក្នុងឆ្នាំទីពីរនៅវិទ្យាល័យ ដោយសារយើងគ្មានប្រាក់។ ក្ដីស្រមៃរបស់ខ្ញុំដែលចង់បានខ្ពស់មុខខ្ពស់មាត់ជាងគេ បានក្លាយជាផេះផង់ ហើយខ្ញុំមានអារម្មណ៍ថាក្ដីសង្ឃឹមបានសាបសូន្យទាំងស្រុង។

នៅក្នុងឆ្នាំ ១៩៩០ ខ្ញុំបានជឿលើព្រះអម្ចាស់យេស៊ូវ។ អ្នកផ្សាយសាសនាបាននិយាយថា តាមរយៈការជឿលើព្រះអម្ចាស់ មិនត្រឹមតែយើងនឹងស្វែងរកសេចក្ដីស្ងប់សុខក្នុងជីវិតនេះទេ តែយើងនឹងមានជីវិតដ៏អស់កល្បជានិច្ចនៅក្នុងជីវិតតទៅមុខទៀត។ គាត់ក៏បាននិយាយផងដែរថា កាលណាមនុស្សកាន់តែច្រើនបានប្រែមកជឿព្រះតាមរយៈការផ្សាយដំណឹងល្អ នោះយើងនឹងកាន់តែទទួលបានព្រះពរ ហើយយើងនឹងទទួលបានរង្វាន់ និងមកុដ និងបានគ្រងរាជ្យជាស្ដេចជាមួយព្រះជាម្ចាស់។ ពេលនោះ ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះគម្ពីរ៖ «ខ្ញុំបានប្រយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំបានរក្សាសេចក្តីជំនឿខ្ញុំយ៉ាងមាំ។ ពីពេលនេះតទៅ មានមកុដនៃសេចក្តីសុចរិតមួយ ដែលបម្រុងទុកសម្រាប់ខ្ញុំ» (២ធីម៉ូថេ ៤:៧-៨)។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តលះបង់គ្រួសារ និងទៅផ្សាយដំណឹងល្អថ្វាយព្រះជាម្ចាស់។ ខ្ញុំពោរពេញដោយថាមពលនៅពេលនោះ ហើយមិនដល់មួយឆ្នាំផង ខ្ញុំបានឱ្យមនុស្សរាប់រយនាក់ប្រែមកជឿព្រះ។ ដោយសារចំនួននៃអ្នកប្រែជឿព្រះកើនឡើង ត្រឹមឆ្នាំ១៩៩៧ យើងបានបង្កើតក្រុមជំនុំរាប់រយ ដែលមានមនុស្សច្រើនជាង ៣០,០០០ នាក់។ ខ្ញុំជាអ្នកសម្រេចចិត្តលើគ្រប់កិច្ចការដែលពាក់ព័ន្ធនឹងក្រុមជំនុំ ហើយមិនថាក្រុមជំនុំណាដែលខ្ញុំទៅធ្វើការនោះទេ បងប្អូនប្រុសស្រីនៅទីនោះ តែងគោរពរាក់ទាក់ខ្ញុំ និងជូនខ្ញុំទៅណាតាមដែលខ្ញុំចង់ទៅ។ ពួកគេផ្ដល់អាហារឆ្ងាញ់ៗឱ្យខ្ញុំញ៉ាំ និងកន្លែងល្អៗដើម្បីស្នាក់នៅ ហើយពួកគេបានចេញថ្លៃធ្វើដំណើររបស់ខ្ញុំទៀតផង។ ខ្ញុំចាប់ផ្ដើមត្រេកអរនឹងរបស់ទាំងនេះ។

ថ្ងៃមួយ អ្នកដឹកនាំជាន់ខ្ពស់បានឱ្យយើងចូលរួមប្រជុំ ហើយនិយាយថា ពេលនេះមាននិកាយមួយហៅថាពន្លឺខាងកើត ផ្សាយដំណឹងថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញជាព្រះដ៏មានគ្រប់ព្រះ‌ចេស្តា និងបានប្រាប់យើងថា ការបង្រៀនបទគម្ពីររបស់ពួកគេល្អខ្ពង់ខ្ពស់ណាស់។ គាត់បាននិយាយថា សមាជិកល្អៗជាច្រើនរបស់ក្រុមជំនុំត្រូវបានពួកគេលួចទៅ ហើយថាសូម្បីអ្នកធ្វើការនៅក្រុមជំនុំរបស់យើង បងប្រុស វ៉ាង និងបងប្រុស វូ ក៏បានទទួលជឿលើពួកពន្លឺខាងកើតដែរ។ អ្នកដឹកនាំបានប្រាប់ឱ្យយើងបដិសេធបងប្រុសទាំងពីរជាដាច់ខាត និងបាននិយាយថា ប្រសិនបើយើងឃើញនរណាផ្សេងទៀតស្ដាប់ការបង្រៀនរបស់ពួកពន្លឺខាងកើត យើងត្រូវបណ្ដេញគេចេញភ្លាម។ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់។ ខ្ញុំស្គាល់បងប្រុសទាំងពីរនាក់នេះច្បាស់ណាស់។ ពួកគាត់សុទ្ធតែចេះខគម្ពីរ និងជឿលើព្រះអម្ចាស់ដោយស្មោះត្រង់។ ខ្ញុំគ្រាន់តែមិនយល់ថាតើពួកគាត់អាចទទួលយកពួកពន្លឺខាងកើតដោយបែបណាទៅ។ នៅពេលជិតដាច់ឆ្នាំ បងប្រុសទាំងពីរបានមកលេងផ្ទះខ្ញុំទាំងគួរឱ្យភ្ញាក់ផ្អើល។ ខ្ញុំស្ទាក់ស្ទើរជាយូរមកហើយ មុនពេលសម្រេចបើកទ្វារទទួលគាត់ ដោយខ្លាចថាពួកគាត់មកបោកបញ្ឆោតខ្ញុំ។ ប៉ុន្តែ ពេលនោះខ្ញុំបានគិតថា៖ «ក្នុងករណីណាក៏ដោយ ខ្ញុំជឿលើព្រះអម្ចាស់ ហើយខ្ញុំមិនអាចដេញពួកគាត់ទាំងពីរចេញពីផ្ទះខ្ញុំបានទេ»។ ដូច្នេះ ខ្ញុំបានអញ្ជើញពួកគាត់ឱ្យចូលក្នុង។ ពួកគាត់និយាយថា ដើម្បីទទួលព្រះអម្ចាស់ ខ្ញុំត្រូវផ្ដោតសំខាន់លើការស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយខ្ញុំមិនគួរបដិសេធការស្វែងរក ឬធ្វើការសួររកផ្លូវពិតដោយពុំខ្លាចត្រូវធ្វើឱ្យវង្វេងឡើយ។ បន្ទាប់មក ពួកគាត់បានធ្វើការប្រកបគ្នាយ៉ាងលម្អិតអំពីរបៀបធ្វើជាស្រីព្រហ្មចារីមានគំនិត ដែលស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងរបៀបបែងចែកភាពខុសគ្នារវាងផ្លូវពិត និងផ្លូវក្លែងក្លាយ។ ខ្ញុំបានគិតអំពីអ្វីដែលពួកគាត់បាននិយាយពិតជាថ្មីស្រឡាង និងមានការបំភ្លឺមែន។ ខ្ញុំពិតជាមានការជឿជាក់ទាំងស្រុង។ នៅពេលពួកគាត់បានចាកចេញទៅ ពួកគាត់បានហុចសៀវភៅមួយក្បាលដល់ខ្ញុំ ដោយប្រាប់ថាសៀភៅនោះមានព្រះសូរសៀងរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ហើយពួកគាត់បានលើកទឹកចិត្តឱ្យខ្ញុំអានវា និងមិនបាត់បង់ឱកាសក្នុងការទទួលព្រះអម្ចាស់ឡើយ។ បន្ទាប់ពីពួកគាត់បានទៅបាត់ ខ្ញុំចាប់ផ្ដើមមានការព្រួយបារម្ភថាខ្ញុំកំពុងត្រូវបានគេនាំឱ្យវង្វេង ហើយថា ប្រសិនបើអ្នកដឹកនាំខាងលើបានដឹងថាខ្ញុំបានទទួលបងប្រុសទាំងពីរនៅផ្ទះរបស់ខ្ញុំ ដូច្នេះខ្ញុំក៏នឹងត្រូវគេបណ្ដេញចេញពីក្រុមជំនុំដែរ។ ប៉ុន្តែក្រោយមក ខ្ញុំបានគិតថា៖ «ប្រសិនបើព្រះដ៏មានគ្រប់ព្រះ‌ចេស្តាគឺពិតជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញមែន ហើយខ្ញុំមិនបានពិនិត្យសួរឱ្យដឹងដោយសារភ័យខ្លាចត្រូវគេបណ្ដេញចេញ ដូច្នេះ តើនេះនឹងមិនមែនធ្វើឱ្យខ្ញុំបដិសេធ និងទាស់ទទឹងនឹងព្រះជាម្ចាស់ទេឬ?» តាមគំនិតនេះ ខ្ញុំបានសម្រេចចិត្តថាត្រូវពិនិត្យសួរឱ្យដឹងពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយ។

បន្ទាប់ពីនោះមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាជារៀងរាល់ថ្ងៃ។ ពេលនោះ បងប្រុសទាំងពីរបានប្រកបគ្នាជាមួយខ្ញុំអំពីដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ដើម្បីសង្គ្រោះមនុស្សជាតិ ដែលជាសេចក្ដីអាថ៌កំបាំងនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ថាតើព្រះជាម្ចាស់បំពេញកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សដោយរបៀបណា ថាតើព្រះជាម្ចាស់នឹងបញ្ចប់យុគសម័យនោះដោយរបៀបណា ថាតើនគររបស់ព្រះគ្រីស្ទនឹងត្រូវសម្រេចនៅលើផែនដីនេះដោយរបៀបណា និងចំណុចផ្សេងៗទៀត។ ខ្ញុំមិនដែលស្ដាប់ឮអ្វីដូចនេះទេនៅក្នុងពេលដែលខ្ញុំជឿលើព្រះអម្ចាស់ប៉ុន្មានឆ្នាំមកនេះ ហើយពេលខ្ញុំកាន់តែស្ដាប់ ខ្ញុំកាន់តែមានអារម្មណ៍ថាព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាកាន់តែមានសិទ្ធិអំណាច និងព្រះចេស្ដា។ ខ្ញុំមានអារម្មណ៍ថាព្រះដ៏មានគ្រប់ព្រះ‌ចេស្តាគឺពិតជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញមែន ដូច្នេះហើយខ្ញុំគួរធ្វើការពិនិត្យសួរឱ្យដឹង។ ប៉ុន្តែ ខ្ញុំតែងមានអារម្មណ៍ទាស់នៅក្នុងចិត្ត។ គ្រូគង្វាល និងពួកចាស់ទុំបានថ្កោលទោសលើពួកពន្លឺខាងកើតជាច្រើនឆ្នាំមកហើយ ហើយខ្ញុំក៏បានរួមគ្នាជាមួយពួកគេក្នុងការបិទបាំងក្រុមជំនុំឱ្យជិតល្អតាមដែលអាចធ្វើទៅបាន ដោយមិនឱ្យនរណាម្នាក់មានទំនាក់ទំនងជាមួយពួកពន្លឺខាងកើត ហើយត្រូវបណ្ដេញចេញនរណាដែលទទួលយកផ្លូវនេះ។ ប្រសិនបើខ្ញុំបានទទួលយកពួកពន្លឺខាងកើតមែន តើអ្នកជឿជាង ៣០,០០០ នាក់ នៅក្រោមបង្គាប់ខ្ញុំនៅក្នុងក្រុមជំនុំគិតយ៉ាងម៉េច? ប្រសិនបើទាំងអស់គ្នាសុទ្ធតែដើរតាមខ្ញុំ និងទទួលយកពួកពន្លឺខាងកើតដែរនោះ ដូច្នេះនោះពិតជាល្អណាស់ ប៉ុន្តែបើពួកគេមិនព្រមវិញ នោះពួកគេច្បាស់ជាបដិសេធខ្ញុំមិនខាន។ ខ្ញុំបានគិតអំពីការងារដែលខ្ញុំបានធ្វើកាលពីមុនមកដូចម្ដេចខ្លះ ការអធិប្បាយ និងការធ្វើការទាំងថ្ងៃទាំងយប់ ព្រមទាំងប្រថុយត្រូវពួក CCP តាមប្រមាញ់ ដោយបង្កើតក្រុមជំនុំទាំងអស់នេះដោយញើសឈាម និងទឹកភ្នែក។ ខ្ញុំបានចំណាយយ៉ាងច្រើនដើម្បីមកដល់ចំណុចនេះ និងដើម្បីឱ្យមនុស្សជាច្រើនឱ្យតម្លៃខ្ញុំ តើខ្ញុំអាចបោះបង់វាចោលបានដោយងាយៗដូចម្ដេចបាន? ក្រៅពីនេះ បើទោះបីជានរណាម្នាក់នៅក្រោមខ្ញុំនៅក្នុងក្រុមជំនុំបានទទួលយកព្រះដ៏មានគ្រប់ព្រះ‌ចេស្តា តើខ្ញុំនឹងនៅតែអាចធ្វើជាអ្នកដឹកនាំពួកគេបានទេ? ប៉ុន្តែក្រោយមក ខ្ញុំគិតថា៖ «ប្រសិនបើព្រះដ៏មានគ្រប់ព្រះ‌ចេស្តាពិតជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញមែន ហើយខ្ញុំមិនបានទទួលស្គាល់ទ្រង់ តើខ្ញុំនឹងមិនបាត់បង់ឱកាសក្នុងការទទួលព្រះអម្ចាស់ទេឬ?» ខ្ញុំគិតពីវាម្ដងហើយម្ដងទៀតនៅក្នុងចិត្ត មិនអាចសម្រេចថាត្រូវធ្វើអ្វីបាននោះទេ។ ពេលនោះ ប្រពន្ធខ្ញុំបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ដោយប្រញាប់ប្រញាល់មកផ្ទះទាំងសប្បាយចិត្ត បន្ទាប់ពីបានស្ដាប់ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ដោយនិយាយថា៖ «អូនបានស្ដាប់ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ហើយអូនជឿថាព្រះបន្ទូលនោះ ជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះដ៏មានគ្រប់ព្រះ‌ចេស្តាពិតជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញមែន នោះយើងត្រូវពិនិត្យមើល និងទទួលយកឱ្យបានឆាប់!» ខ្ញុំបានឆ្លើយតបទាំងមិនសប្បាយចិត្ត «បងដឹងហើយ ប៉ុន្តែវាមិនងាយនោះទេ។ អ្នកដឹកនាំ និងអ្នកធ្វើការក្នុងក្រុមជំនុំរបស់យើងបានបិទបាំងក្រុមជំនុំ ដើម្បីកុំឱ្យមាននរណាម្នាក់អាចពិនិត្យសួរពីពួកពន្លឺខាងកើតបាន។ ប្រសិនបើបងទទួលយកផ្លូវរបស់ពួកគេ នោះក្រុមជំនុំនឹងបដិសេធបងមិនខាន»។ ប៉ុន្តែការនេះធ្វើឱ្យប្រពន្ធខ្ញុំជ្រួលច្រាលក្នុងចិត្ត ហើយនាងនិយាយថា៖ «តើប៉ុន្មានឆ្នាំដែលយើងបានជឿលើព្រះអម្ចាស់គឺដើម្បីអ្វីទៅ? តើយើងមិនមែនកំពុងរង់ចាំការយាងមកវិញរបស់ព្រះអម្ចាស់ ដើម្បីឱ្យយើងអាចត្រូវបានលើកឡើងទៅក្នុងនគរស្ថានសួគ៌ទេឬ? ពេលនេះព្រះអម្ចាស់បានយាងត្រឡប់មកវិញហើយ បើទោះបីបងមិនមែនជាអ្នកដឹកនាំ ក៏បងនៅតែត្រូវទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ និងទទួលព្រះអម្ចាស់ដែរ!» ខ្ញុំបាននិយាយថាខ្ញុំយល់ស្របនឹងគាត់ ប៉ុន្តែខាងក្នុងចិត្តវិញ ខ្ញុំបានគិតថា៖ «គំនិតរបស់អូនគឺជាគំនិតរបស់ស្ដ្រីធម្មតាម្នាក់ប៉ុណ្ណោះ។ បងមានមនុស្សជាង ៣០,០០០ នាក់ ដែលត្រូវគិតគូរ។ បងត្រូវដើរដោយប្រុងប្រយ័ត្ន។ បងត្រូវគិតអំពីបញ្ហានេះឱ្យបានច្រើន»។ ជាច្រើនខែបានកន្លងផុតទៅដែលខ្ញុំមិនបានទទួលយកពួកពន្លឺខាងកើតទេ។ ក្នុងអំឡុងពេលនេះ បងប្អូនប្រុសស្រីមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះ‌ចេស្តា តែងមកលេងខ្ញុំជាញឹកញាប់។ ពួកគេប្រកបគ្នាដោយក្ដីអំណត់ជាមួយខ្ញុំ ហើយតាមពិតទៅ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ច្បាស់ក្នុងចិត្តថា នេះគឺពិតជាកិច្ចការរបស់ព្រះជាម្ចាស់មែន ប៉ុន្តែដោយសារខ្ញុំមិនអាចលះបង់មុខតំណែងរបស់ខ្ញុំបាន ខ្ញុំក៏នៅមិនព្រមទទួលយកទៅ។ មួយរយៈក្រោយមក បងប្អូនប្រុសស្រីបានដឹងពីសភាពរបស់ខ្ញុំ។ ពេលមួយ នៅពេលខ្ញុំកំពុងប្រកបគ្នាជាមួយបងប្រុស បៃ និងបងប្រុស សុង បងប្រុស សុង បានប្រកបគ្នាអំពីបទពិសោធន៍របស់គាត់ជាមួយខ្ញុំ។ គាត់បាននិយាយថា គាត់ក៏ធ្លាប់ធ្វើជាអ្នកដឹកនាំពួកជំនុំពីមុនមកដែរ ដោយគ្រប់គ្រងលើពួកជំនុំជាច្រើនដែរ។ បន្ទាប់ពីមានគេម្នាក់បានផ្សាយដំណឹងល្អដល់គាត់ ដោយការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គាត់ក៏បានដឹងប្រាកដថាព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ។ ប៉ុន្តែនៅពេលនិយាយដល់ការទទួលយកដោយពិតប្រាកដវិញ គាត់បានចាប់ផ្ដើមមានគំនិតមួយទៀត ដោយគិតថា៖ «ប្រសិនបើខ្ញុំទទួលយកព្រះដ៏មានគ្រប់ព្រះ‌ចេស្តា តើខ្ញុំនៅតែអាចជាអ្នកដឹកនាំទៀតទេ? តើខ្ញុំនៅតែត្រូវដឹកនាំមនុស្សជាច្រើនទៀតដែរទេ?» បន្ទាប់មក គាត់បានចងចាំពាក្យប្រស្នារបស់ព្រះអម្ចាស់យេស៊ូវអំពីពួកធ្វើចំការដែលទុច្ចរិត ក្នុងគម្ពីរម៉ាថាយ ជំពូក២១ ខ៣៣ ដល់ ៤១៖ «មានម្ចាស់ផ្ទះម្នាក់ គាត់បានដាំចម្ការទំពាំងបាយជូរ ហើយក៏បានធ្វើរបងព័ទ្ធចម្ការនោះ រួចក៏បានជីកដីដោតដាំដើមទំពាំងបាយជូរ គាត់បានសង់ប៉មមួយ ហើយក៏បានប្រវាស់ឱ្យទៅពួកកសិករ រួចគាត់ក៏បានចេញទៅស្រុកឆ្ងាយ៖ នៅពេលដែលជិតដល់រដូវប្រមូលផល នោះគាត់ក៏បានបញ្ជូនពួកអ្នកបម្រើឱ្យមកជួបពួកកសិករដើម្បីឱ្យពួកគេអាចទទួលផលផ្លែពីចម្ការនេះ។ ពួកកសិករក៏ចាប់ពួកអ្នកបម្រើ រួចវាយម្នាក់ និងសម្លាប់ម្នាក់ទៀតចោល និងបានចោលដុំថ្មគប់ម្នាក់ទៀត។ គាត់ក៏បានបញ្ជូនអ្នកបម្រើផ្សេងទៀតក្នុងចំនួនច្រើនជាងមុន៖ ហើយពួកកសិករក៏បានប្រព្រឹត្តចំពោះពួកអ្នកបម្រើទាំងនេះដូចអ្នកមុនដែរ។ ប៉ុន្ដែ លុះចុងក្រោយ គាត់ក៏បានបញ្ជូនកូនប្រុសរបស់គាត់ ដោយពោលថា ពួកគេនឹងគោរពចំពោះកូនប្រុសរបស់ខ្ញុំ។ ប៉ុន្តែនៅពេលពួកកសិករបានឃើញកូនប្រុសនោះ ពួកគេពោលប្រាប់គ្នីគ្នាថា នេះជាអ្នកស្នងមរតក តោះចូរយើងសម្លាប់គាត់ចោលទៅ ហើយយើងរឹបយកមរតករបស់គាត់។ រួចពួកគេក៏បានចាប់គាត់ និងបានបោះចោលទៅក្រៅចម្ការ រួចក៏ពិឃាដគាត់។ ដូចនេះ នៅពេលដែលម្ចាស់ចម្ការមកដល់ តើគាត់នឹងធ្វើអ្វីខ្លះដាក់កសិករទាំងនោះ? ពួកគេនិយាយទៅកាន់ទ្រង់ថា គាត់នឹងបំផ្លាញពួកមនុស្សអាក្រក់ទាំងនោះយ៉ាងវេទនា ហើយគាត់នឹងប្រវាស់ចម្ការទំពាំងបាយជូរនោះទៅឱ្យកសិករផ្សេង ដែលពួកគេនឹងផ្ដល់ចំណែកផលផ្លែតាមរដូវកាលរបស់វា»។ បងប្រុស សុង បាននិយាយអំពីការដែលមានអារម្មណ៍ស្ដាយក្រោយចំពោះខ្លួនឯងយ៉ាងខ្លាំង។ ព្រះអម្ចាស់បានប្រទានហ្វូងសត្វរបស់ទ្រង់ឱ្យគាត់ ហើយពេលនេះ ព្រះអម្ចាស់បានយាងត្រឡប់មកវិញ មិនត្រឹមតែមិនបានដឹកនាំបងប្អូនប្រុសស្រីទទួលព្រះអម្ចាស់ទេ គាត់បែរជាព្យាយាមប្រើហ្វូងសត្វរបស់ព្រះអម្ចាស់ និងបដិសេធព្រះអម្ចាស់ទៅវិញ។ គាត់បាននិយាយថា គាត់បានប្រព្រឹត្តដូចគ្នានឹងពួកធ្វើចំការដែលទុច្ចរិតដែរ ហើយគាត់គឺជាបាវបម្រើទុច្ចរិតដែលកំពុងទាស់ទទឹងនឹងព្រះអម្ចាស់។ គាត់បានសួរខ្លួនឯងថា៖ «តើខ្ញុំជឿលើព្រះជាម្ចាស់ដើម្បីឱ្យខ្ញុំបានក្លាយជាអ្នកដឹកនាំមែនទេ? តើខ្ញុំធ្វើវាដើម្បីឋានៈ និងជីវភាពរបស់ខ្ញុំមែនទេ? តើខ្ញុំពិតជាអ្នកជឿលើព្រះជាម្ចាស់មែនទេ?» គាត់ពិតជាមានអារម្មណ៍ស្ដាយក្រោយណាស់ នៅពេលគាត់គិតអំពីចំណុចទាំងនេះ ដូច្នេះគាត់បានលន់តួ និងប្រែចិត្តចំពោះព្រះជាម្ចាស់ ហើយបន្ទាប់មកបានទទួលយកព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ ក្រោយមកគាត់បានផ្សាយដំណឹងល្អទៅដល់បងប្អូនប្រុសស្រីនៅក្រោមឱវាទគាត់។ នៅពេលខ្ញុំបានឮពីការប្រកបនេះ ខ្ញុំមានអារម្មណ៍ខ្មាសអៀន និងមិនសប្បាយចិត្តទេ។ ដើម្បីការពារឋានៈរបស់ខ្ញុំផ្ទាល់ ខ្ញុំបានរឹងទទឹងមិនព្រមទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាទេ បើទោះបីជាខ្ញុំបានដឹងថា នោះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ក៏ដោយ។ ខ្ញុំមិនឱ្យបងប្អូនប្រុសស្រីពិនិត្យសួរឱ្យដឹងឡើយ ហើយខ្ញុំបដិសេដមិនព្រមប្រគល់ចៀមរបស់ព្រះជាម្ចាស់ថ្វាយទៅទ្រង់វិញទេ។ ខ្ញុំគឺជាបាវបម្រើអាក្រក់ ហើយខ្ញុំស័ក្តិសមនឹងត្រូវបណ្ដាសា និងការដាក់ទោស! ប៉ុន្តែនៅពេលខ្ញុំគិតអំពីការដែលខ្ញុំបានបិទបាំងពួកក្រុមជំនុំយ៉ាងជិត និងអំពីការដែលគ្មាននរណាម្នាក់នៅក្នុងក្រុមជំនុំរបស់ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយ ខ្ញុំបានគិតថា៖ «ប្រសិនបើខ្ញុំទទួលយកវា តើខ្ញុំមិនដូចជាដំសំពងជើងខ្លួនឯងទេឬ? តើខ្ញុំយកមុខខ្ញុំទៅទុកឯណា? ប្រសិនបើមនុស្សនៅក្នុងក្រុមជំនុំដឹងថាខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយ ពួកគេនឹងស្អប់ខ្ញុំ និងបដិសេធខ្ញុំមិនខាន ហើយបន្ទាប់មកខ្ញុំនឹងត្រូវចាកចេញដោយដៃទទេ»។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តថា មិនទទួលយកវិញល្អជាង។

ប៉ុន្មានថ្ងៃក្រោយមក នៅក្នុងការប្រជុំមួយទៀតជាមួយបងប្រុសទាំងពីរ ខ្ញុំបានប្រាប់ពួកគាត់អំពីក្ដីកង្វល់របស់ខ្ញុំ។ ពេលនោះ ខ្ញុំពិតជាបោកបញ្ឆោតខ្លាំងណាស់ ហើយខ្ញុំមិននិយាយឱ្យចំចំណុចទេ ដោយសួរពួកគាត់ថា «ប្រសិនបើមនុស្សដែលខ្ញុំដឹកនាំចាប់ផ្ដើមជឿលើព្រះដ៏មានគ្រប់ព្រះ‌ចេស្តាដែរ តើនរណានឹងដឹកនាំពួកគេ? តើត្រូវដឹកនាំដោយអ្នកដឹកនាំ និងអ្នកធ្វើការដូចពេលនេះដែរមែនទេ?» អ្វីដែលខ្ញុំចង់និយាយនោះគឺថា៖ «តើខ្ញុំនៅតែត្រូវដឹកនាំ និងគ្រប់គ្រងពួកគេដដែលមែនទេ»។ ប៉ុន្តែ បងប្រុស បៃ ពិតជាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលណាស់ដោយបាននិយាយថា៖ «បន្ទាប់ពីយើងទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយ គឺព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលដឹកនាំពួកយើង ស្រោចស្រពយើង និងឃ្វាលយើង។ នៅក្នុងក្រុមជំនុំរបស់យើង ព្រះគ្រីស្ទ និងសេចក្ដីពិតសំខាន់ជាងគេទាំងអស់។ អ្នកដឹកនាំពួកជំនុំត្រូវបានជ្រើសរើស ដូច្នេះនរណាក៏ដោយដែលយល់ពីសេចក្ដីពិត និងមានតថភាព ហើយនរណាក៏ដោយដែលអាចស្រោចស្រពបងប្អូនប្រុសស្រី និងដោះស្រាយបញ្ហាជាក់ស្ដែរបស់ពួកគេបាន គឺជាអ្នកដែលត្រូវជ្រើសរើសហើយ»។ គាត់បានបន្តនិយាយទៀតថា៖ «ប្រសិនបើប្អូនស្វែងរកសេចក្ដីពិត នោះប្អូនដូចគ្នា ក៏អាចត្រូវជ្រើសរើសជាអ្នកដឹកនាំម្នាក់ដែរ។ នៅក្នុងក្រុមជំនុំមានភារកិច្ចខុសៗគ្នា។ អ្នកដឹកនាំ អ្នកផ្សាយពីដំណឹងល្អ ពោលគឺមនុស្សគ្រប់គ្នាមានមុខងាររៀងៗខ្លួន។ បើនិយាយពីភារកិច្ចវិញ គ្មានភាពខុសគ្នាត្រង់ថាភារកិច្ចនោះ «សំខាន់» ឬ «មិនសំខាន់» ឬមានឋានៈ «ខ្ពស់» ឬ «តូចទាប» ទេ។ នោះគឺដោយសារមនុស្សគ្រប់គ្នាស្មើភាពគ្នានៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដែលខុសគ្នាទាំងស្រុងពីការបែងចែងនៅក្នុងនិកាយសាសនា»។ ពេលខ្ញុំស្ដាប់បង បៃ កាន់តែច្រើន ខ្ញុំកាន់តែមានអារម្មណ៍សោកសៅរហូតដល់ខ្ញុំឱនមុខចុះ។ ខ្ញុំគិតថា «ខ្ញុំមិនគិតថា ខ្ញុំនឹងអាចក្លាយជាអ្នកដឹកនាំម្នាក់លើមនុស្សជាច្រើននាក់បានទៀតទេ បន្ទាប់ពីនេះទៅ»។

បង សុង បានសម្គាល់ដឹងពីអារម្មណ៍របស់ខ្ញុំ និងបានប្រកបគ្នាជាមួយខ្ញុំអំពីបទពិសោធន៍របស់ស្ដេចនីនីវេ។ គាត់បាននិយាយថា៖ «ស្ដេចនីនីវេគឺជាអ្នកគ្រប់គ្រងជាតិសាសន៍មួយ។ នៅពេលគាត់បានឮយ៉ូណាសអធិប្បាយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយនិយាយថា ក្រុងនីនីវេនឹងត្រូវវិនាស គាត់បានយាងចុះពីបល្ល័ង្ក ហើយដឹកនាំអ្នកក្នុងក្រុងទាំងមូលដោយស្លៀកសំពត់ធ្មៃ និងអង្គុយក្នុងផេះ ហើយលត់ជង្គង់ចុះដើម្បីលន់តួ និងប្រែចិត្តចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់មានសេចក្ដីមេត្តាករុណាចំពោះពួកគាត់ ហើយក្រុងទាំងមូលក៏បានរួចផុតពីសេចក្ដីវិនាស»។ គាត់បានបន្តទៀតថា៖ «ក្នុងនាមជាអ្នកដឹកនាំក្រុមជំនុំម្នាក់ តើប្អូនមិនគួរព្យាយាមធ្វើតាមស្ដេចនីនីវេនៅពេលដែលប្អូនជួបហេតុការណ៍ដ៏អស្ចារ្យនៃការយាងមករបស់ព្រះអម្ចាស់ និងដឹកនាំបងប្អូនប្រុសស្រីដើម្បីលន់តួ និងប្រែចិត្តចំពោះព្រះជាម្ចាស់ទេឬ?» អ្វីដែលគាត់បាននិយាយពិតជាធ្វើឱ្យខ្ញុំរំជួលចិត្តមែន។ គាត់ពិតជានិយាយត្រូវមែន។ ស្ដេចនីនីវេគឺអ្នកគ្រប់គ្រងជាតិសាសន៍មួយ។ នៅពេលមនុស្សម្នាក់ដែលមានតួនាទីខ្ពស់បែបនេះអាចបន្ទាបខ្លួននិងលន់តួ ព្រមទាំងប្រែចិត្តចំពោះព្រះជាម្ចាស់បាន ចុះហេតុអ្វីបានខ្ញុំមិនអាចលះបង់ឋានៈ និងទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយបាន? បន្ទាប់មកបងប្រុស សុង បានបន្តនិយាយថា៖ «នៅពេលព្រះអម្ចាស់យេស៊ូវបំពេញកិច្ចការរបស់ទ្រង់ ពួកផារិស៊ីចង់ការពារតំណែង និងជីវភាពរបស់ខ្លួន ដូច្នេះហើយ ពួកគេសុទ្ធតែអាចទាស់ទទឹង និងថ្កោលទោសព្រះអម្ចាស់យេស៊ូវដោយរក្សាទុកអ្នកស្មោះត្រង់នៅក្រោមការគ្រប់របស់ពួកគេ។ ព្រះអម្ចាស់យេស៊ូវស្ដីបន្ទោសពួកគេដោយមានព្រះបន្ទូលថា៖ 'ប៉ុន្តែ ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឲ្យមនុស្សចូលទៅក្នុងនគរស្ថាន‌សួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឲ្យចូលទៀត' (ម៉ាថាយ ២៣:១៣)។ បន្ទាប់មក គាត់បាននិយាយជាមួយខ្ញុំថា៖ «ព្រះជាម្ចាស់ដែលសម្ដែងចេញនូវសេចក្ដីពិត និងបំពេញកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ គឺជាដំណឹងល្អនៃការចូលមកដល់នៃនគរស្ថានសួគ៌។ ដំបូង ប្អូនជឿលើការកុហកដែលគេប្រាប់ប្អូន និងបានរួមដៃជាមួយអ្នកដឹកនាំសាសនាក្នុងការបិទបាំងក្រុមជំនុំ ដោយរារាំងបងប្អូនប្រុសស្រីមិនឱ្យទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ ក្នុងការធ្វើបែបនេះ គឺប្អូនបានទាស់នឹងព្រះជាម្ចាស់។ ពេលនេះ ប្អូនបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា និងបានសន្មត់ថា ទ្រង់គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ។ ប្រសិនបើប្អូននៅបន្តបដិសេធមិនព្រមទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ទាំងរឹងត្អឹងបែបនេះ ឬមិនព្រមប្រាប់បងប្អូនប្រុសស្រីអំពីដំណឹងនៃការយាងមកវិញរបស់ព្រះអម្ចាស់ ដោយរារាំងពួកគេពីនគរស្ថានសួគ៌ នោះ ប្អូនដឹងថាបានធ្វើខុសហើយ តែនៅប្រព្រឹត្តកំហុសទៀត»។ គាត់បាននិយាយថា៖ «នោះគឺជាអំពើអាក្រក់យ៉ាងខ្លាំងប្រឆាំងនឹងព្រះជាម្ចាស់! ប្រសិនបើបងប្អូនប្រុសស្រីបាត់បងឱកាសទទួលបានសេចក្ដីសង្គ្រោះ ដោយសារយើងរារាំងពួកគេ នោះវាប្រាកដជាបំណុលឈាមមិនខាន! យើងនឹងមិនអាចសងបំណុលនេះបានទេ បើទោះបីជាយើងបានស្លាប់ម្ដងហើយម្ដងទៀតក៏ដោយ។ ក៏ប៉ុន្តែ ប្រសិនបើប្អូនដឹកនាំបងប្អូនប្រុសស្រីទៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដូច្នេះមិនត្រឹមតែពួកគេនឹងមិនស្អប់ប្អូនទេ តែពួកគេនឹងអរគុណប្អូនថែមទៀត ដ្បិតបានចែករំលែកដំណឹងល្អអំពីនគរស្ថានសួគ៌ និងផ្លូវនៃជីវិតដ៏អស់កល្បជានិច្ចដល់ពួកគេ»។

បន្ទាប់មក បងប្រុស បៃ អានអត្ថបទព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាមួយចំនួន។ «នៅពេលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាម និងមកបំពេញកិច្ចការក្នុងចំណោមមនុស្សផងទាំងពួង គ្រប់គ្នាមើលឃើញទ្រង់ និងស្តាប់ឮព្រះបន្ទូលរបស់ទ្រង់ ហើយគ្រប់គ្នាបានឃើញពីទង្វើដែលព្រះធ្វើ តាមរូបកាយខាងសាច់ឈាមរបស់ទ្រង់។ នៅពេលនេះ សញ្ញាណទាំងអស់របស់មនុស្សក៏រលាយបាត់។ ចំពោះអស់អ្នកណាដែលបានឃើញព្រះជាម្ចាស់ ដែលលេចមកជាសាច់ឈាម ពួកគេនឹងមិនត្រូវទទួលទោសទេ បើពួកគេព្រមស្តាប់បង្គាប់ទ្រង់ ចំណែកអស់អ្នកណាដែលមានចេតនាតតាំងជាមួយទ្រង់ នឹងត្រូវចាត់ទុកជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មនុស្សបែបនេះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ ជាសត្រូវដែលមានចេតនាប្រឆាំងទាស់នឹងព្រះជាម្ចាស់» («មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «មានអ្នកដែលអានព្រះគម្ពីរនៅក្នុងព្រះវិហារធំៗ ហើយសូត្រព្រះគម្ពីរពេញមួយថ្ងៃ ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃ កិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់ អាចធ្វើតាមព្រះហឫទ័យរបស់ព្រះបានឡើយ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀនព្រះជាម្ចាស់។ ពួកគេប្រឆាំងទាស់នឹងព្រះដោយចេតនា ទាំងដែលពួកគេកំពុងកាន់ទង់របស់ព្រះជាម្ចាស់ ពួកគេនៅតែស៊ីសាច់ និងហុតឈាមមនុស្ស ខណៈដែលគេកំពុងប្រកាសអំពីជំនឿរបស់ខ្លួនចំពោះព្រះ។ មនុស្សទាំងអស់នេះសុទ្ធតែជាបិសាចដែលលេបត្របាក់ព្រលឹងមនុស្ស ជាវិញ្ញាណអាក្រក់ដែលមានចេតនា ដើរចូលក្នុងផ្លូវរបស់ អស់អ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ «អត្តភាពត្រឹមត្រូវ» ប៉ុន្តែ ធ្វើដូចម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្ស ឲ្យទាស់ ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឲ្យអ្នកដែលដើរតាមពួកគេ ដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិត ដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្ស?» («មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីគាត់បានអានអត្ថបទទាំងនេះហើយ ខ្ញុំពិតជាកើតទុក្ខណាស់។ ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំត្រូវទះមួយកំផ្លៀង ហើយខ្ញុំចាប់ផ្ដើមក្រហមមុខ។ ខ្ញុំចង់ឱ្យធរណីបើក និងស្រូបយកខ្ញុំទៅ។ ខ្ញុំបានដឹងយ៉ាងច្បាស់ថាព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញ ហើយដឹងថាទ្រង់កំពុងសម្ដែងចេញនូវសេចក្ដីពិតជាច្រើន និងកំពុងបំពេញកិច្ចការនៃការជំនុំជម្រះ និងការបន្សុទ្ធមនុស្ស។ ប៉ុន្តែដើម្បីការពារមុខតំណែង និងជីវភាពរបស់ខ្ញុំ ខ្ញុំបែរជាបដិសេធមិនទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយ និងបានបិទបាំងក្រុមជំនុំ ដើម្បីកុំឱ្យចៀមរបស់ព្រះជាម្ចាស់មិនអាចស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ និងងាកទៅរកទ្រង់។ តើខ្ញុំមានអ្វីខុសគ្នាពីពួកផារិស៊ីដែលទាស់ទទឹងនឹងព្រះអម្ចាស់យេស៊ូវនៅកាលជំនាន់នោះទៅ? ព្រះអម្ចាស់គឺជាអ្នកគង្វាលរបស់យើង ហើយពេលនេះ ទ្រង់បានយាងត្រឡប់មកវិញដើម្បីត្រាស់ហៅចៀមរបស់ទ្រង់ត្រឡប់មករកទ្រង់វិញ។ ខ្ញុំត្រូវប្រគល់ចៀមរបស់ព្រះជាម្ចាស់ថ្វាយទៅទ្រង់វិញ។ តើខ្ញុំអាចនៅបន្តការពារមុខតំណែងរបស់ខ្ញុំពេលនេះបានដោយរបៀបណា? តើខ្ញុំត្រូវរង់ចាំរហូតការដាក់ទោសរបស់ព្រះជាម្ចាស់ធ្លាក់មកលើខ្ញុំមែនទេ? ខ្ញុំបានសម្រេចចិត្តថា ខ្ញុំមិនអាចទាស់នឹងព្រះជាម្ចាស់បានទៀតទេ។ បើទោះបីជាខ្ញុំលែងជាអ្នកដឹកនាំទៀតក្ដី ហើយមនុស្សគ្រប់គ្នាបដិសេធខ្ញុំក្ដី ក៏ខ្ញុំនៅតែត្រូវទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយ ដឹកនាំបងប្អូនប្រុសស្រីទៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ និងត្រូវបញ្ជូនហ្វូងសត្វរបស់ព្រះជាម្ចាស់ថ្វាយទៅទ្រង់វិញ។ នៅពេលខ្ញុំគិតអំពីចំណុចនេះ ខ្ញុំបានសម្រេចចិត្តទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយ និងចាប់ផ្ដើមផ្សាយដំណឹងល្អដល់មនុស្សដែលខ្ញុំបានដឹកនាំ។

មួយរយៈក្រោយមក តាមរយៈការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ មានមនុស្សជាង ១០,០០០ នាក់នៅក្នុងក្រុមជំនុំបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ សូមអរព្រះគុណព្រះជាម្ចាស់ ចុងក្រោយខ្ញុំបានដឹកនាំហ្វូងសត្វរបស់ព្រះជាម្ចាស់ទៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ហើយខ្ញុំមានអារម្មណ៍ស្ងប់សុខនិងងាយស្រួលណាស់។

ប្រាំមួយខែក្រោយមក មនុស្សកាន់តែច្រើននៅក្នុងតំបន់ធំជាងមុន បានចូលរួមជាមួយពួកជំនុំ ដូច្នេះ ពួកជំនុំត្រូវបានបែងចែកតាមតំបន់ ហើយអ្នកដឹកនាំ និងអ្នកធ្វើការក៏ត្រូវបានជ្រើសរើស។ ខ្ញុំពិតជាក្រអឺតក្រទមណាស់ ដោយគិតថា៖ «បើទោះបីជាគេបានបែងចែកពួកជំនុំ ក៏ខ្ញុំនឹងនៅតែជាអ្នកដឹកនាំដែរ ដោយសារសមត្ថភាពការងារ និងបទពិសោធន៍របស់ខ្ញុំ។ ខ្ញុំអាចគ្រប់គ្រងពួកជំនុំមួយចំនួនបានដោយគ្មានបញ្ហា»។ ក៏ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំកំពុងនៅក្នុងការប្រជុំគ្នាជាមួយបងប្រុសពីរនាក់ នៅពេលដែលអ្នកដឹកនាំក្រុមជំនុំមកដល់ និងបាននិយាយថា៖ «ពេលនេះគឺជាពេលត្រូវផ្សាយដំណឹងល្អពីនគរព្រះហើយ។ យើងត្រូវការបងប្អូនប្រុសស្រីខ្លះដែលមានគុណសម្បត្តិល្អ ដែលចេះដឹងព្រះគម្ពីរបានល្អ ដើម្បីទៅផ្សាយដំណឹងល្អនៅក្នុងតំបន់ផ្សេងទៀត។ នេះគឺជាការងារដែលមានសារៈសំខាន់បំផុត។ តើប្អូនទាំងពីរនឹងសុខចិត្តទៅដែរទេ?» បងប្រុសទាំងពីរនិយាយទាំងសប្បាយចិត្តថាពួកគាត់យល់ព្រម ប៉ុន្តែខ្ញុំមិនសប្បាយចិត្តអំពីរឿងនេះទេ ដោយគិតនឹងក្នុងចិត្តថា៖ «ខ្ញុំបានដឹកនាំពួកជំនុំនៅក្នុងនិកាយចាស់របស់ខ្ញុំជាច្រើនឆ្នាំមកហើយ ដោយគ្រប់គ្រងមនុស្សរាប់ពាន់នាក់។ ពេលនេះខ្ញុំត្រឡប់មកជាផ្សាយដំណឹងល្អសាជាថ្មី ចំណែកអ្នកធ្វើការជាមួយខ្ញុំខ្លះនៅក្រោមខ្ញុំ បានក្លាយជាអ្នកដឹកនាំ។ តើខ្ញុំនឹងអាចយកមុខខ្ញុំទៅទុកឯណា? វាពិតជាគួរឱ្យអាម៉ាស់ណាស់!» ខ្ញុំបានគិតអំពីពេលរាប់ឆ្នាំដែលខ្ញុំបានធ្វើជាអ្នកដឹកនាំ ត្រូវបានគេឱ្យតម្លៃយ៉ាងខ្ពស់ និងត្រូវគេគោរពនៅគ្រប់ទីកន្លែងដែលខ្ញុំទៅ ដោយត្រូវគេធ្វើតាមចិត្តចង់របស់ខ្ញុំ។ ពេលនេះខ្ញុំគ្មានអ្វីសោះ ហើយខ្ញុំត្រូវរងទុក្ខដើម្បីផ្សាយដំណឹងល្អម្ដងទៀត។ ខ្ញុំពិតជាមិនអាចទទួលយកបានមែន។ ប៉ុន្តែវាមិនសូវខ្មាសគេដូចជាការត្រូវគេបដិសេធនៅចំពោះមុខអ្នកដទៃទេ ដូច្នេះខ្ញុំក៏បានយល់ព្រមទាំងស្ទាក់ស្ទើរ។ ខ្ញុំបានគិតក្នុងចិត្តថា៖ «ខ្ញុំត្រូវផ្សាយដំណឹងល្អឱ្យបានល្អ។ ឱ្យតែខ្ញុំអាចនាំមនុស្សជាច្រើនឱ្យប្រែចិត្តជឿបាន នោះបងប្អូនប្រុសស្រីនឹងនៅតែកោតសរសើរខ្ញុំដដែល»។ ហើយនៅពេលខ្ញុំបានទៅធ្វើការ ខ្ញុំបានធ្វើការផ្សាយដំណឹងល្អបានយ៉ាងល្អ។ មិនយូរប៉ុន្មាន មនុស្សជាង ៤០០ នាក់បានទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍ថា នៅពេលនោះ មិនថាខ្ញុំទៅកន្លែងណានោះទេ បងប្អូនប្រុសស្រីរាក់ទាក់ស្វាគមន៍ខ្ញុំយ៉ាងរួសរាយ និងកោតសរសើរខ្ញុំ។ ខ្ញុំបានរស់នៅក្នុងសេចក្ដីរីករាយសាជាថ្មីតាមរយៈតួនាទីដែលខ្ញុំមាន ហើយសេចក្ដីសប្បាយរីករាយក្នុងផ្សាយដំណឹងល្អក៏បានកើនឡើង។

នៅខែសីហា ឆ្នាំ២០០០ ខ្ញុំបានធ្វើដំណើរចេញពីទីក្រុង ជាមួយបងប្រុស លូ ដើម្បីផ្សាយដំណឹងល្អ។ បងប្រុស លូ ធ្លាប់ជាអ្នកជឿលើព្រះដ៏មានគ្រប់ព្រះ‌ចេស្តាយូរជាងខ្ញុំទៅទៀត និងបានប្រកបគ្នាយ៉ាងច្បាស់ពីសេចក្ដីពិត។ ខ្ញុំក៏សប្បាយចិត្តផងដែរ ដោយគិតថាវាពិតជាល្អណាស់ដែលខ្ញុំអាចប្រើចំណុចខ្លាំងរបស់គាត់ដើម្បីបំពេញចំណុចខ្វះខាតរបស់ខ្ញុំ។ ពេលមួយ គាត់ និងខ្ញុំបានទៅផ្សាយដំណឹងល្អដល់មនុស្សមួយក្រុមដែលស្ថិតនៅក្នុងនិកាយសាសនាមួយ។ ពួកគេមានសញ្ញាណសាសនាខ្លះៗ ហើយខ្ញុំចង់ធ្វើការប្រកបគ្នាជាមួយពួកគាត់។ ប៉ុន្តែដោយសារការយល់ដឹងរបស់ខ្ញុំអំពីសេចក្ដីពិតនៅស្ទើរនៅឡើយ ខ្ញុំពិតជាចង់ជួយដែរ ប៉ុន្តែខ្ញុំមិនអាចធ្វើបាន។ ចុងក្រោយ បងប្រុស លូ បានធ្វើការប្រកបគ្នាដោយស្ងៀមស្ងាត់ជាមួយពួកគេដើម្បីទាស់នឹងសញ្ញាណរបស់ពួកគេ ដោយនិយាយតែការពិត និងហេតុផលប៉ុណ្ណោះ។ មនុស្សដែលយើងប្រកបគ្នាជាមួយ ពុំទទួលយកវាទេមុនដំបូង ប៉ុន្តែពេលពួកគេបានស្ដាប់ ពួកគេចាប់ផ្ដើមដឹងច្បាស់ថា បងប្រុស លូ កំពុងនិយាយពីការពិត រហូតដល់ចុងក្រោយ ពួកគេបានងក់ក្បាលដោយការយល់ស្រប។ ដោយមើលឃើញពីទិដ្ឋភាពនេះ ខ្ញុំមានអារម្មណ៍ច្រណែនផង និងកោតសរសើរបងប្រុស លូ ផង។ ខ្ញុំគិតថា៖ «បងប្រុស លូ ប្រកបគ្នាយ៉ាងច្បាស់។ ប្រសិនបើចំណុចនេះបន្តទៀត តួនាទីតែមួយគត់របស់ខ្ញុំគឺប្រាកដជាធ្វើឱ្យគាត់ត្រូវគេមើលទៅល្អមិនខាន ហើយអ្នកដទៃនឹងនិយាយថា គាត់ពូកែជាងខ្ញុំ។ នោះនឹងមិនល្អទេ! ខ្ញុំត្រូវឱ្យខ្លួនឯងមានសេចក្ដីពិត និងត្រូវព្យាយាមឱ្យបានល្អជាងបងប្រុស លូ»។ បន្ទាប់ពីខ្ញុំបានត្រឡប់មកផ្ទះវិញ ខ្ញុំបានចាប់ផ្ដើមអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីព្រឹកទល់ព្រលប់ ដោយឱ្យខ្លួននឯងមានសេចក្ដីពិតនៃការផ្សាយដំណឹងល្អ។ សូម្បីតែក្នុងអំឡុងពេលនោះ ខ្ញុំនឹកគិតថាតើបងប្រុស លូ ប្រកបគ្នាដោយរបៀបណា ដូច្នេះខ្ញុំអាចដឹងថាតើត្រូវប្រកបគ្នាពីគោលដៅអំពីដំណឹងល្អនៅពេលក្រោយដោយរបៀបណា ដើម្បីឱ្យខ្ញុំយ៉ាងហោចណាស់មើលទៅល្អដូចបងប្រុស លូ ដែរ។

ក៏ប៉ុន្តែ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ពេលក្រោយយើងបានទៅផ្សាយដំណឹងល្អដល់មនុស្សទាំងនោះ ពួកគេចាប់ផ្ដើមមានសំណួរថ្មីៗខ្លះ ហើយសាជាថ្មី ខ្ញុំមិនអាចធ្វើការប្រកបគ្នាបានច្បាស់ទេ។ ដោយឃើញពួកគេពិតជាមិនយល់ពីអ្វីដែលខ្ញុំកំពុងនិយាយ ធ្វើឱ្យខ្ញុំពិតជាមានការខ្មាសអៀនណាស់។ នៅពេលនោះ បងប្រុស លូ បានចូលមកនិយាយបន្តភ្លាមៗ។ ពួកគេបានស្ដាប់គាត់ដោយយកចិត្តទុកដាក់ ងក់ក្បាលនៅពេលនោះ ហើយនៅចុងក្រោយពួកគេបានយល់ពីគ្រប់យ៉ាងបានច្បាស់លាស់ល្អ។ ក៏ប៉ុន្តែ ខ្ញុំបានត្រឹមធ្វើឱ្យខ្លួនឯងអាម៉ាស់ប៉ុណ្ណោះ និងចង់ឱ្យធរណីបើក និងស្រូបយកខ្ញុំទៅ។ ខ្ញុំគិតថា៖ «ខ្ញុំមកជាមួយបងប្រុស លូ ប៉ុន្តែខ្ញុំមិនអាចប្រកបគ្នាយ៉ាងច្បាស់ និងគ្មានបានការអ្វីទាំងអស់។ ពួកគេនៅតែត្រូវការគាត់ឱ្យចូលមក និងជួយដោះស្រាយបញ្ហារបស់ពួកគេ។ ពិតជាគួរឱ្យអាម៉ាស់ខ្លាំងណាស់!» ដើម្បីយកសេចក្ដីថ្លៃថ្នូរខ្លះមកវិញ ខ្ញុំបានចងចាំពីការកេងចំណេញពីការដកឃ្លានៅក្នុងការប្រកបគ្នារបស់បងប្រុស លូ ដើម្បីនិយាយពាក្យមួយចំនួន។ មួយថ្ងៃក្រោយមក ពួកគេបានទទួលយកដំណឹងល្អ។ នេះពិតជាធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់ ប៉ុន្តែខាងក្នុងចិត្តវិញ ខ្ញុំមានអារម្មណ៍សោកសៅ។ ខ្ញុំមានអារម្មណ៍ដូចជាការទទួលយកដំណឹងល្អ មិនមែនជាគុណសម្បត្តិខ្ញុំទេ ហើយខ្ញុំមិនបានបង្ហាញចំណុចល្អពីខ្លួនឯងទេ។ បន្ទាប់ពីយើងបានញ៉ាំអាហារជុំគ្នា អ្នកទទួលជឿថ្មីនៅថ្ងៃនោះបានសុំខ្ញុំឱ្យនិយាយអំពីបទពិសោធន៍របស់ពួកយើង។ ខ្ញុំគិតថា៖ «ជាទូទៅ បងប្រុស លូ គឺជាមនុស្សម្នាក់ដែលលេចធ្លោ ប៉ុន្តែពេលនេះខ្ញុំត្រូវយកឱកាសនេះដើម្បីនិយាយពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដូច្នេះពួកគេមិនគិតថាខ្ញុំ គឺជាមនុស្សម្នាក់ដែលគ្មានសារៈសំខាន់នោះទេ»។ ដូច្នេះខ្ញុំបានចាប់ផ្ដើមនិយាយហើយនិយាយទៀតអំពីកិច្ចការដែលខ្ញុំបានធ្វើ និងការរងទុក្ខដែលខ្ញុំបានទ្រាំទ្រ និងអំពីការដែលខ្ញុំបានដឹកនាំមនុស្សជាង ១០,០០០ នាក់ត្រឡប់មករកព្រះជាម្ចាស់វិញដោយបែបណា។ ខ្ញុំពិតជាបាននិយាយពន្លើសមែន។ បងប្អូនប្រុសស្រីខ្លះពិតជាកោតស្ញប់ស្ញែង និងមើលមកខ្ញុំដោយការកោតសរសើរ ចំណែកឯអ្នកដទៃគ្រាន់តែស្ដាប់ដោយយកចិត្តទុកដាក់ប៉ុណ្ណោះ។ ខ្ញុំពិតជាសប្បាយចិត្តណាស់។ ខ្ញុំអាចរក្សាជំហររបស់ខ្ញុំ និងនិយាយដោយទំនុកចិត្ត។

នៅពេលខ្ញុំមកដល់ផ្ទះនៅថ្ងៃនោះ ខ្ញុំបានគិតថា៖ «ខ្ញុំខ្វះសេចក្ដីពិតជាច្រើន នៅពេលខ្ញុំផ្សាយដំណឹងល្អ។ តើខ្ញុំគួរទៅជួបបងប្រុស លូ អំពីរឿងនេះដែរទេ?» ប៉ុន្តែក្រោយមក ខ្ញុំគិតថា៖ «ប្រសិនបើខ្ញុំសួរបងប្រុស លូ អំពីរឿងនេះ តើនោះមិនបង្ហាញថា គាត់ពូកែជាងខ្ញុំទេឬ? បំភ្លេចចោលទៅ ខ្ញុំនឹងប្រដាប់ខ្លួនឯងដោយសេចក្ដីពិតដោយស្ងាត់ៗ។ ខ្ញុំនឹងមិនសួរគាត់ទេ»។ ក្រោយមក នៅពេលយើងទាំងពីរទៅផ្សាយដំណឹងល្អម្ដងទៀត បងប្អូនប្រុសស្រីបានរាក់ទាក់បងប្រុស លូ យ៉ាងកក់ក្ដៅ។ ពួកគេរោមគាត់ជិត ដោយសួរគាត់ពីនេះពីនោះ។ នេះពិតជាធ្វើឱ្យខ្ញុំមិនសប្បាយចិត្តសោះ ហើយខ្ញុំគ្រាន់តែឈ្ងោកមុខចុះ និងឈរទៅម្ខាង ដោយគិតថា៖ «តើខ្ញុំមកទីនេះមានប្រយោជន៍អី បើបងប្រុស លូ ធ្វើការប្រកបគ្នាបានល្អហើយ? តើខ្ញុំមិនគ្រាន់តែជាកង់សាគួរនៅក្នុងភ្នែកអ្នកដទៃទេឬ? គាត់គឺជាមនុស្សម្នាក់ដែលតែងតែលេចធ្លោជានិច្ច ហើយប្រសិនបើរឿងនេះនៅបន្តទៅទៀត គ្មាននរណានឹងគិតល្អចំពោះខ្ញុំសោះឡើយ»។ គំនិតបះបោរក៏បានកើតមាននៅក្នុងចិត្តខ្ញុំភ្លាមៗ ដែលខ្ញុំពិតជាមិនចង់បំពេញភារកិច្ចជាមួយបងប្រុស លូ ទៀតទេ។ បន្ទាប់ពីខ្ញុំមានគំនិតនេះមក នៅពេលណាដែលបង លូ និងខ្ញុំត្រូវទៅផ្សាយដំណឹងល្អ ខ្ញុំចាប់ផ្ដើមរកលេសដោះសាដោយនិយាយថា ខ្ញុំមិនស្រួលខ្លួន និងចង់នៅតែម្នាក់ឯង។ ពេលខ្លះ សូម្បីតែពេលខ្ញុំបានទៅជាមួយគាត់ ក៏ខ្ញុំមិនបានធ្វើការប្រកបគ្នាដែរ ពេលគេសួរសំណួរខ្ញុំ ទើបខ្ញុំធ្វើការប្រកបដោយស្ទាក់ស្ទើរតែពីរបីម៉ាត់។ ជាការពិត ខ្ញុំមិនបានបំពេញកិច្ចការរបស់ខ្ញុំជាមួយគាត់ទេ។ យើងបានធ្វើការជាមួយគ្នាអស់ពេលជាងពីរខែ ដោយខ្ញុំបានប្រជែងរកកេរ្តិ៍ឈ្មោះឥតឈប់ឈរ និងខំប្រឹងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ។ សភាពរបស់ខ្ញុំកាន់តែងងឹតទៅៗ និងអាក្រក់ទៅៗ ក៏ប៉ុន្តែការប្រែចិត្តមិនដែលចូលមកក្នុងគំនិតខ្ញុំឡើយ។ គឺនៅពេលនេះហើយដែលព្រះជាម្ចាស់បានវាយផ្ចាលខ្ញុំ និងបានប្រៀនប្រដៅខ្ញុំ។

ថ្ងៃមួយ គេប្រាប់ឱ្យខ្ញុំទៅភាគខាងឦសានប្រទេសចិនដើម្បីផ្សាយដំណឹងល្អនៅទីនោះ។ នៅពេលខ្ញុំឮបែបនេះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំង ដោយគិតថា៖ «ចុងក្រោយ ខ្ញុំមិនចាំបាច់ធ្វើការដូចជាបងប្រុស លូ ទៀតទេ។ នេះគឺជាពេលសម្រាប់ខ្ញុំត្រូវរះម្ដងហើយ ហើយនៅពេលខ្ញុំឱ្យមនុស្សបែរមកជឿតាមរយៈការផ្សាយដំណឹងល្អដល់ពួកគេ នោះគុណសម្បត្តិនឹងធ្លាក់មកលើខ្ញុំតែម្នាក់ឯង។ បងប្អូនប្រុសស្រីនឹងច្បាស់ជាកោតសរសើរខ្ញុំមិនខាន»។ អ្វីដែលខ្ញុំមិនអាចដឹងបានគឺថា នៅតាមផ្លូវធ្វើដំណើរទៅកាន់ទីនោះ ប៉ូលីសបានឃើញថា ខ្ញុំពុំមានអត្តសញ្ញាណប័ណ្ណជាប់ខ្លួន និងបានចាប់ខ្លួនខ្ញុំដោយគិតថាខ្ញុំជាឃាតកដែលបានរត់គេចខ្លួន។ មិនថាខ្ញុំព្យាយាមពន្យល់យ៉ាងណាទេ ពួកគេមិនព្រមស្ដាប់សោះ ហើយពួកគេបានធ្វើទារុណកម្មខ្ញុំអស់ពេលបីថ្ងៃបីយប់។ ខ្ញុំមិនត្រូវគេឱ្យញ៉ាំអី ឬគេង ឬសូម្បីតែផឹកទឹកមួយក្រេបក៏អត់ដែរ។ ពួកគេបានវាយខ្ញុំរហូតដល់មាត់ និងច្រមុះរបស់ខ្ញុំបែកឈាម ហើយភ្នែករបស់ខ្ញុំឡើងហើម មិនអាចមើលឃើញពួកគេ។ ខ្ញុំត្រូវគេវាយដំយ៉ាងខ្លាំង។ ខ្ញុំចាំថាបានសន្លប់ជាច្រើនសារ។ សេចក្ដីស្លាប់ពេលនោះនឹងល្អបំផុត។ ខ្ញុំមានអារម្មណ៍ក្រៀមក្រំក្នុងចិត្តជាខ្លាំង ហើយខ្ញុំស្អប់ពួកអារក្សនេះដោយសារទង្វើអាក្រក់ព្រៃផ្សៃរបស់ពួកគេ។ ពួកគេមិនបានស៊ើបអង្កេតឱ្យហ្មត់ចត់ទេ និងគ្មានភស្តុតាងទាល់តែសោះ តែខ្ញុំត្រូវគេសួរចម្លើយយ៉ាងសាហាវឃោរឃៅបំផុត។ ពេលនោះ ខ្ញុំមានតែអធិស្ឋានទៅព្រះជាម្ចាស់ឥតឈប់ ដោយទូលសុំទ្រង់ឱ្យការពារខ្ញុំ និងណែនាំខ្ញុំ។ ខ្ញុំបានដឹងថា ព្រះជាម្ចាស់កំពុងឱ្យរឿងនេះកើតឡើងមកលើខ្ញុំ ហើយខ្ញុំត្រូវស្វែងរកសេចក្ដីពិត និងរៀនអំពីអ្វីដែលកំពុងកើតឡើង។ បន្ទាប់មក ខ្ញុំចាប់ផ្ដើមឆ្លុះបញ្ចាំងពីខ្លួនឯង៖ «តើហេតុអ្វីបានជារឿងនេះកើតមកលើខ្ញុំ?» ពេលនោះ អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផុសក្នុងចិត្តខ្ញុំ៖ «បើអ្នកស្វែងរកតាមវិធីនេះកាន់តែច្រើន អ្នកនឹងទទួលបានផលតិច។ បើមនុស្សមានបំណងប្រាថ្នាកាន់តែខ្ពស់លើឋានៈ នោះពួកគេនឹងត្រូវដោះស្រាយជាមួយព្រះជាម្ចាស់កាន់តែមធ្យ័ត ហើយពួកគេនឹងកាន់តែត្រូវឆ្លងកាត់នូវការបន្សុទ្ធដ៏ខ្លាំង។ មនុស្សបែបនេះគ្មានតម្លៃទេ! ពួកគេត្រូវតែត្រូវដោះស្រាយ និងជំនុំជម្រះពីព្រះជាម្ចាស់ដោយពេញលេញ ដើម្បីឱ្យពួកគេបោះបង់ចោលនូវរបស់ទាំងនេះទាំងស្រុង។ ប្រសិនបើអ្នករាល់គ្នា បន្តតាមវិធីនេះរហូតដល់ទីបំផុត អ្នកនឹងមិនទទួលបានអ្វីទាំងអស់» («អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅពេលខ្ញុំគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថាបំណងចិត្តដែលចង់បានឋានៈរបស់ខ្ញុំពិតជាធំខ្លាំងណាស់។ ខ្ញុំបានគិតជាច្រើនដងពេលខ្ញុំបានផ្សាយដំណឹងល្អជាមួយបងប្រុស លូ។ នៅពេលខ្ញុំបានឃើញគាត់ធ្វើការប្រកបគ្នាបានល្អ ហើយមនុស្សគ្រប់គ្នាមើលមកគាត់ដោយការកោតសរសើរ ខ្ញុំចាប់ផ្ដើមច្រណែន និងចង់ប្រជែងជាមួយគាត់ ដើម្បីដឹងថានរណាពូកែជាង។ ខ្ញុំបាននិយាយពីបទពិសោធន៍ផ្ទាល់របស់ខ្ញុំនៅចំពោះមុខអ្នកទទួលជឿថ្មី ដើម្បីលើកសរសើរ និងបង្អួតពីខ្លួនឯង ដូច្នេះ ពួកគេអាចកោតសរសើរខ្ញុំ និងគោរពខ្ញុំ។ នៅពេលខ្ញុំមិនទទួលបានការកោតសរសើរពីបងប្អូនប្រុសស្រី ខ្ញុំប្រែជាអវិជ្ជមាន និងអន់ចិត្ត និងលែងចង់ធ្វើការជាមួយបងប្រុស លូ ហើយនៅក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំគ្រាន់តែធ្វើឱ្យតែរួចពីដៃប៉ុណ្ណោះ។ ខ្ញុំបានឃើញថា ខ្ញុំមិនបានបំពេញភារកិច្ចឱ្យបានល្អដើម្បីធ្វើបន្ទាល់ពីព្រះជាម្ចាស់ទេ ប៉ុន្តែបានប្រើវាដើម្បីទទួលបានកេរ្តិ៍ឈ្មោះ និងឋានៈត្រឡប់មកវិញ។ ខ្ញុំពិតជាគួរឱ្យស្អប់ខ្លាំងណាស់! ខ្ញុំមិនបានធ្វើអ្វីសោះ ប៉ុន្តែស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយការប្រែចិត្តមិនផុសក្នុងគំនិតខ្ញុំទេ មិនថាបានធ្លាក់ជ្រៅទៅក្នុងភាពងងឹតយ៉ាងណានោះទេ។ ខ្ញុំពិតជាបះបោរខ្លាំងណាស់! ពេលណាខ្ញុំគិតអំពីវាកាន់តែច្រើន ខ្ញុំកាន់តែស្អប់ខ្លួនឯង ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់។ ខ្ញុំបាននិយាយថា៖ «ឱព្រះជាម្ចាស់អើយ ទួលបង្គំតែងតែស្វែងរកឋានៈតួនាទីក្នុងភារកិច្ចរបស់ទួលបង្គំ និងប្រជែងដើម្បីកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍។ ទ្រង់ពិតជាស្អប់ទួលបង្គំខ្លាំងណាស់ហើយ! ពេលនេះទ្រង់កំពុងវាយផ្ចាល និងប្រៀនប្រដៅទួលបង្គំ ហើយទូលបង្គំចង់ឆ្លុះបញ្ចាំងពីខ្លួនឯងដោយស្មោះត្រង់ និងស្ដាប់បង្គាប់តាមការរៀបចំ និងការចាត់ចែងរបស់ទ្រង់។ ប្រសិនបើទូលបង្គំរស់នៅក្នុងលក្ខណៈបែបនេះ ទូលបង្គំចង់លះបង់ឋានៈ និងស្វែងរកសេចក្ដីពិតដោយស្មោះត្រង់»។ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ នៅពេលខ្ញុំបានចុះចូល និងរៀនពីមេរៀនខ្លះ ព្រះជាម្ចាស់បានបង្ហាញសេចក្ដីមេត្តាករុណាដល់ខ្ញុំ។ ប៉ូលីសបានរកឃើញអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំនៅក្នុងប្រព័ន្ធរបស់ពួកគេ ហើយដឹងថាខ្ញុំមិនមែនជាឃាតកទេ ពួកគេក៏ដោះលែងខ្ញុំ។

នៅពេលខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំបានទៅពេទ្យដើម្បីពិនិត្យសុខភាព។ ជើងស្ដាំរបស់ខ្ញុំបានបាក់ ហើយឆ្អឹងជំនីមួយទៀតក៏បាក់ដែរ។ ប៉ុន្មានខែក្រោយមក ខ្ញុំបានញ៉ាំ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានឆ្លុះបញ្ចាំងពីខ្លួនឯងនៅពេលកំពុងព្យាបាលជំងឺនៅផ្ទះ។ ថ្ងៃមួយ ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ចំនួនពីរ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងការស្វែងរករបស់អ្នករាល់គ្នា អ្នកមាននូវសញ្ញាណ សេចក្តីសង្ឃឹម និងអនាគតផ្ទាល់ខ្លួនជាច្រើន។ កិច្ចការបច្ចុប្បន្ននេះ គឺដើម្បីដោះស្រាយនូវបំណងប្រាថ្នាដែលចង់បានឋានៈ និងបំណងប្រាថ្នាហួសប្រមាណរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ សេចក្តីសង្ឃឹម ឋានៈ និងសញ្ញាណ គឺសុទ្ធតែជាតំណាងពីបុរាណនៃនិស្ស័យរបស់សាតាំង។ មូលហេតុដែលរឿងរ៉ាងទាំងនេះមាននៅក្នុងចិត្តរបស់មនុស្ស គឺដោយសារតែការបំពុលរបស់សាតាំង តែងតែធ្វើឱ្យគំនិតរបស់មនុស្សកាន់តែអាក្រក់ ហើយជានិច្ចកាល មនុស្សមិនអាចគេចចេញពីការល្បួងរបស់សាតាំងបានឡើយ។ ពួកគេកំពុងរស់នៅក្នុងអំពីអំពើបាប តែពួកគេមិនជឿថាវាជាអំពើបាបនោះទេ ហើយពួកគេនៅតែគិតថា៖ «យើងជឿលើព្រះជាម្ចាស់ ដូច្នេះទ្រង់ត្រូវតែប្រទានព្រះពរដល់យើង ហើយរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់យើងយ៉ាងសមរម្យ។ យើងជឿលើព្រះជាម្ចាស់ ដូច្នេះយើងត្រូវតែលើសជាងអ្នកដទៃ ហើយយើងត្រូវមានឋានៈ និងអនាគតច្រើនជាងអ្នកដទៃដែរ។ ដោយសារយើងជឿលើព្រះជាម្ចាស់ ទ្រង់ត្រូវតែប្រទានឱ្យយើងនូវព្រះពរដែលគ្មានព្រំដែន។ បើមិនដូច្នោះទេ មិនគួរហៅថាជាអ្នកជឿលើព្រះជាម្ចាស់នោះឡើយ»។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ គំនិតដែលមនុស្សបានពឹងផ្អែកសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ បានធ្វើឱ្យដួងចិត្តរបស់ពួកគេច្របូកច្របល់ រហូតដល់ចំនុចដែលពួកគេបានត្រឡប់ជាមនុស្សក្បត់ កំសាក និងគួរឱ្យស្អប់ខ្ពើម។ ពួកគេមិនត្រឹមតែខ្វះឆន្ទៈក្នុងការសម្រេច និងការតាំងចិត្តប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានត្រឡប់ជាមនុស្សលោភលន់ ក្រអឺតក្រទម និងធ្វើអ្វីតាមចិត្តអ្នកផងដែរ។ ពួកគេខ្វះខ្លាំងមែនទែននូវការតាំងចិត្តណាមួយដែលហួសពីខ្លួនអ្នក ហើយលើសពីនេះទៅទៀត ពួកគេមិនមានភាពក្លាហានបន្តិចសោះ ក្នុងការចាកចេញពីភាពតឹងរ៉ឹងនៃឥទ្ធិពលងងឹតទាំងនេះទេ។ គំនិត និងជីវិតរបស់មនុស្ស គឺស្អុយរលួយណាស់ ដែលទស្សនរបស់ពួកគេលើការជឿលើព្រះជាម្ចាស់ នៅតែអាក្រក់ក្រៃលែងសឹងតែទ្រាំមិនបាន ហើយសូម្បីតែនៅពេលដែលមនុស្សនិយាយអំពីទស្សនរបស់ពួកគេលើការជឿលើព្រះជាម្ចាស់ ក៏សឹងតែមិនអាចអត់ទ្រាំឮដែរ។ មនុស្សទាំងអស់សុទ្ធតែជាមនុស្សកំសាក អសមត្ថភាព គួរឱ្យស្អប់ខ្ពើម និងផុយស្រួយ។ ពួកគេមិនមានអារម្មណ៍ស្អប់ខ្ពើមចំពោះកម្លាំងនៃភាពងងឹតទេ ហើយពួកគេមិនមានអារម្មណ៍ស្រឡាញ់ពន្លឺ និងសេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេខិតខំអស់ពីសមត្ថភាព ដើម្បីបណ្តេញពន្លឺ និងសេចក្ដីពិតចេញ។ តើគំនិត និងទស្សនវិស័យបច្ចុប្បន្នរបស់អ្នករាល់គ្នា មិនមែនដូចនេះទេឬ? «តាំងពីទូលបង្គំជឿលើព្រះជាម្ចាស់ ទូលបង្គំគប្បីទទួលបានការចាក់បង្ហូរនូវព្រះពរ ហើយគប្បីតែទទួលបានការធានាថា ឋានៈរបស់ទូលបង្គំមិនដែលរង្គោះរង្គើ ហើយឱ្យនៅតែខ្ពស់ជាងអ្នកមិនជឿទៅទៀតដែរ»។ អ្នកមិនបានមាននូវទស្សនបែបនោះនៅក្នុងខ្លួនអ្នករាល់គ្នា មិនត្រឹមតែរយៈពេលមួយ ឬពីរឆ្នាំទេ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ វិធីនៃការគិតធ្វើប្រតិបត្តិការរបស់អ្នករាល់គ្នា គឺលើសជ្រុល។ ទោះបីជាអ្នកបានឈានដល់ជំហាននេះនៅថ្ងៃនេះក៏ដោយ ក៏អ្នករាល់គ្នានៅតែមិនទាន់បោះបង់ចោលឋានៈដែរ ប៉ុន្តែ បែរជាតស៊ូជានិច្ចដើម្បីបានដំណឹងពីការនោះ ហើយសង្កេតអំពីការនោះជារៀងរាល់ថ្ងៃ ដោយការភ័យខ្លាចយ៉ាងខ្លាំងថា ថ្ងៃណាមួយឋានៈរបស់អ្នកនឹងត្រូវបាត់បង់ ហើយឈ្មោះរបស់អ្នកនឹងត្រូវខូច។ មនុស្សមិនដែលលះបង់បំណងប្រាថ្នាដើម្បីភាពងាយស្រួលទេ ... វាពិបាកសម្រាប់អ្នករាល់គ្នា ក្នុងការដាក់ការរំពឹងទុក និងវាសនារបស់អ្នកនៅមួយឡែក។ អ្នករាល់គ្នា ឥឡូវនេះជាអ្នកដើរតាមទ្រង់ ហើយអ្នកបានទទួលការយល់ដឹងខ្លះៗអំពីដំណាក់កាលនៃកិច្ចការនេះ។ ទោះយ៉ាងណា អ្នកនៅតែមិនទាន់បានដាក់នូវបំណងចិត្តក្នុងការចង់បានឋានៈរបស់អ្នក ឱ្យនៅមួយឡែកនៅឡើយ។ នៅពេលឋានៈរបស់អ្នកខ្ពស់ អ្នកស្វែងរកបានល្អ ប៉ុន្តែ នៅពេលដែលឋានៈអ្នកទាប អ្នកនឹងមិនស្វែងរកទៀតទេ។ ព្រះពរអំពីឋានៈ គឺតែងតែស្ថិតនៅក្នុងគំនិតរបស់អ្នកជានិច្ច។ ហេតុអ្វីបានជាមនុស្សភាគច្រើនមិនអាចដកខ្លួនចេញពីភាពអវិជ្ជមានបាន? តើចំលើយមិនកើតមាន ដោយសារតែការរំពឹងទុកមិនគាប់ប្រសើរទេឬ?» («អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខ្ញុំក៏បានស្ដាប់ទំនុកតម្កើងមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ «មនុស្សរស់នៅក្នុងចំណោមសាច់ឈាម ដែលមានន័យថា គេរស់នៅក្នុងស្ថាននរករបស់មនុស្ស ហើយបើគ្មានការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងស្មោកគ្រោក ដូចជាអារក្សសាតាំងអ៊ីចឹង។ ការវាយផ្ចាល និងការជំនុំជម្រះដោយព្រះជាម្ចាស់ គឺជាការការពារដ៏ល្អបំផុត និងជាព្រះគុណដ៏ធំបំផុតរបស់មនុស្ស។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយព្រះជាម្ចាស់ទេ ទើបមនុស្សអាចភ្ញាក់ខ្លួន ហើយស្អប់សាច់ឈាម និងស្អប់អារក្សសាតាំង។ ការលត់ដំដ៏តឹងរ៉ឹងរបស់ព្រះជាម្ចាស់ជួយរំដោះមនុស្សឲ្យមានសេរីភាពពីឥទ្ធិពលរបស់អារក្សសាតាំង រំដោះមនុស្សពីពិភពដ៏តូចរបស់គេ និងអនុញ្ញាតឲ្យគេរស់នៅក្នុងពន្លឺនៃព្រះវត្តមានរបស់ព្រះជាម្ចាស់។ គ្មានសេចក្តីសង្រ្គោះណាផ្សេង ដែលប្រសើរជាងការវាយផ្ចាល និងការជំនុំជម្រះឡើយ!» («ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គឺជាពន្លឺនៃសេចក្តីសង្រ្គោះរបស់មនុស្ស» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ខ្ញុំយំយ៉ាងខ្លាំងនៅពេលខ្ញុំបានស្ដាប់ទំនុកតម្កើងនេះ។ ចុងក្រោយ ខ្ញុំបានដឹងថាព្រះជាម្ចាស់ជំនុំជម្រះ និងវាយផ្ចាល មិនមែនដោយសារទ្រង់ស្អប់មនុស្សទេ តែដោយសារទ្រង់ចង់សង្គ្រោះមនុស្ស។ ទ្រង់ចង់កែទស្សនៈខុសឆ្គងរបស់ខ្ញុំអំពីការស្វែងរកកេរ្តិ៍ឈ្មោះ និងឋានៈ។ ចាប់តាំងពីខ្ញុំនៅតូច ខ្ញុំបានរស់នៅដោយថ្នាំពុលរបស់សាតាំងថា៖ «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក» ហើយ «មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច»។ ខ្ញុំចង់លេចធ្លោជាងគេនៅគ្រប់ឱកាសដែលខ្ញុំមាន ហើយខ្ញុំថែមទាំងសុបិន្តចង់បានបែបនេះទៀត។ ចាប់តាំងពីខ្ញុំបានចាប់ផ្ដើមជឿលើព្រះអម្ចាស់មក ខ្ញុំបានបូជា និងលះបង់ខ្លួនដើម្បីតែបានឋានៈខ្ពស់ប៉ុណ្ណោះ ដើម្បីឱ្យបងប្អូនប្រុសស្រីអាចកោតសរសើរខ្ញុំ និងគោរពខ្ញុំ។ ខ្ញុំថែមទាំងចង់គ្រងរាជ្យជាស្ដេចជាមួយនឹងព្រះគ្រីស្ទផង។ មហិច្ចតារបស់ខ្ញុំគ្មានដែនកំណត់ទេ! នៅពេលខ្ញុំបានឮដំណឹងល្អរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ខ្ញុំបានដឹងថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញ ប៉ុន្តែដោយសារខ្ញុំមិនអាចលះបង់មុខតំណែងរបស់ខ្ញុំជាអ្នកដឹកនាំបាន ខ្ញុំមិនចង់ទទួលយកវាទេ ហើយស្ទើរតែក្លាយទៅជាបាវបម្រើអាក្រក់ដែលរារាំងមនុស្សស្មោះត្រង់ពីការទទួលបាននគររបស់ព្រះជាម្ចាស់។ រយៈពេលជាងពីរឆ្នាំកន្លងមកនេះ ចាប់តាំងពីខ្ញុំបានទទួលកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ពីសំបកក្រៅមើលទៅដូចជាខ្ញុំបានលះបង់មុខតំណែងជាអ្នកដឹកនាំអ៊ីចឹង តែក្នុងចិត្តខ្ញុំគឺនៅតែស្ថិតក្រោមការគ្រប់គ្រងដោយកេរ្តិ៍ឈ្មោះ និងឋានៈដដែល។ នៅពេលបងប្អូនប្រុសស្រីកោតសរសើរ និងគោរពខ្ញុំ ខ្ញុំសប្បាយចិត្ត និងមានកម្លាំងធ្វើការ។ តែនៅពេលពួកគេមិនយកចិត្តទុកដាក់ចំពោះខ្ញុំ ខ្ញុំក្លាយជាអស់ទឹកចិត្តនិងក្រៀមក្រំ ហើយលែងចង់បំពេញភារកិច្ចរបស់ខ្ញុំទៀត។ ខ្ញុំបានឃើញថា ខ្ញុំមិនមែនកំពុងបំពេញភារកិច្ចរបស់ខ្ញុំដើម្បីស្វែងរកសេចក្ដីពិត និងឱ្យនិស្ស័យរបស់ខ្ញុំបានបំផ្លាស់បំប្រែ ឬដើម្បីទទួលបានការកោតសរសើរពីព្រះជាម្ចាស់ឡើយ ប៉ុន្តែដើម្បីលេចធ្លោលើសគេ ដើម្បីឱ្យអ្នកដទៃសរសើរខ្ញុំ និងដើម្បីបំពេញមហិច្ចតា និងបំណងចិត្តរបស់ខ្ញុំ។ តើខ្ញុំមិនមែនកំពុងប្រើព្រះជាម្ចាស់ទាំងឥតអៀនខ្មាស និងកំពុងព្យាយាមបោកប្រាស់ទ្រង់ទេឬ? ខ្ញុំកំពុងទាស់នឹងព្រះជាម្ចាស់! ខ្ញុំកំពុងរស់នៅដោយថ្នាំពុលទាំងអស់នេះ ដោយកាន់តែក្រអឺតក្រទមទៅៗ ដោយគ្មានភាពជាមនុស្ស ឬហេតុផលសូម្បីបន្តិចសោះឡើយ។ ប្រសិនបើមិនមែនព្រោះតែការជំនុំជម្រះ និងការបើកសម្ដែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រោះតែការវាយផ្ចាល ព្រមទាំងការប្រៀនប្រដៅទេ ខ្ញុំប្រាកដជានឹងមិនដឹងថាខ្ញុំត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹង ឬថាតើបំណងចិត្តដែលចង់បានបានឋានៈរបស់ខ្ញុំធំប៉ុនណានោះទេ។ ខ្ញុំគ្រាន់តែលោភលន់ចង់បានព្រះពរនៃឋានៈច្រើនឡើងៗ និងកាន់តែថោកទាបខ្លាំងឡើងៗ រហូតដល់ចុងក្រោយ ខ្ញុំត្រូវបានព្រះជាម្ចាស់ដាក់ទោស។ ចុងក្រោយ ខ្ញុំពេញចិត្តថា មិនថាព្រះជាម្ចាស់ធ្វើអ្វី មិនថាវាជាការជំនុំជម្រះ ការវាយផ្ចាល ឬការប្រៀនប្រដៅទេ គឺសុទ្ធតែជាសេចក្ដីសង្គ្រោះ និងសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិ។

បន្ទាប់មក ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ទស្សនៈរបស់ព្រះជាម្ចាស់ គឺទាមទារឲ្យមនុស្សស្រោចស្រង់នូវភារកិច្ច និងឋានៈដើមរបស់គេត្រឡប់មកវិញ។ មនុស្សគឺជាសត្តនិកររបស់ព្រះជាម្ចាស់ ដូច្នេះហើយ មនុស្សមិនគប្បីត្រូវប្រព្រឹត្តខ្លួនឲ្យហួសហេតុដោយទាមទារចង់បានអ្វីពីព្រះជាម្ចាស់ឡើយ ហើយមិនគប្បីធ្វើអ្វីផ្សេងក្រៅពីបំពេញ ភារកិច្ចរបស់ខ្លួន ក្នុងនាមជាសត្តនិករ របស់ព្រះជាម្ចាស់ឡើយ» («ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ មនុស្សក៏ត្រូវបំពេញភារកិច្ចរបស់មនុស្សដែរ។ មិនថាគេជាពួកចៅហ្វាយ ឬជាអ្នកមើលថែគ្រប់ការទាំងអស់មិនថាឋានៈរបស់គេខ្ពស់ប៉ុនណាក្នុងចំណោមមនុស្សទេ ក៏គេនៅតែជាមនុស្សតូចទាប ដែលស្ថិតនៅក្រោមអំណាចត្រួតត្រា របស់ព្រះជាម្ចាស់ដដែល ហើយគេគ្មានអ្វីលើសពីមនុស្សដែលគ្មានសារៈសំខាន់ ជាសត្តនិកររបស់ព្រះជាម្ចាស់នោះឡើយហើយគេនឹងមិនអាចខ្ពស់ជាងព្រះជាម្ចាស់បានឡើយ។ ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់មនុស្សគប្បីព្យាយាមបំពេញភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ និងព្យាយាមស្រឡាញ់ព្រះជាម្ចាស់ ដោយគ្មានបង្កើតជម្រើសអ្វីផ្សេងទៀតឡើយ ដ្បិតព្រះជាម្ចាស់ មានតម្លៃសមនឹងទទួលបានសេចក្ដីស្រឡាញ់របស់មនុស្ស។ អស់អ្នកដែលព្យាយាមស្រឡាញ់ព្រះជាម្ចាស់ មិនគួរណាត្រូវស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឬស្វែងរកអ្វីដែលពួកគេទន្ទឹងរង់ចាំផ្ទាល់ខ្លួនជាយូរមកហើយនោះដែរ។ នេះគឺជាមធ្យោបាយនៃការស្វែងរកដ៏ត្រឹមត្រូវ។ ប្រសិនបើអ្វីដែលអ្នកស្វែងរក គឺជាសេចក្ដីពិតប្រសិនបើអ្វីដែលអ្នកប្រតិបត្តិតាម គឺជាសេចក្ដីពិត ហើយប្រសិនបើអ្នកបានទទួលនូវការផ្លាស់ប្ដូរនិស្ស័យរបស់អ្នក នោះផ្លូវដែលអ្នកត្រូវដើរ គឺជាផ្លូវដ៏ត្រឹមត្រូវហើយ។ ប្រសិនបើអ្វីដែលអ្នកស្វែងរក គឺជាព្រះពរខាងសាច់ឈាម ហើយអ្វីដែលអ្នកប្រតិបត្តិតាម គឺជាសេចក្ដីពិតនៃសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ហើយប្រសិនបើគ្មានការផ្លាស់ប្ដូរនិស្ស័យរបស់អ្នក ហើយអ្នករាល់គ្នាសុទ្ធតែមិនស្ដាប់បង្គាប់ព្រះជាម្ចាស់នៅខាងសាច់ឈាម ព្រមទាំងបន្តរស់នៅក្នុងភាពស្រពិចស្រពិល នោះអ្វីដែលអ្នកស្វែងរកច្បាស់ណាស់ នឹងនាំអ្នកទៅកាន់ស្ថាននរក ដ្បិតផ្លូវដែលអ្នកដើរ គឺជាផ្លូវបរាជ័យ។ អ្នកនឹងត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ ឬត្រូវលុបបំបាត់ចោល ឬអត់នោះ គឺអាស្រ័យលើការស្វែងរករបស់អ្នកផ្ទាល់ ដែលនេះក៏អាចនិយាយបានថា ជោគជ័យ ឬបរាជ័យ គឺអាស្រ័យលើផ្លូវដែលមនុស្សដើរ» («ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថាខ្ញុំគឺជាភាវៈដែលត្រូវបានបង្កើតមួយដែលគួរមានកន្លែងត្រឹមត្រូវមួយ ស្វះស្វែងស្រឡាញ់ព្រះជាម្ចាស់ ស្ដាប់បង្គាប់ព្រះជាម្ចាស់ កម្ចាត់បង់នូវនិស្ស័យពុករលួយ និងបំពេញភារកិច្ចជាភាវៈដែលត្រូវបានបង្កើតឱ្យបានល្អ។ នេះទើបជាការស្វែងរកដ៏ត្រឹមត្រូវ។ ខ្ញុំក៏បានដឹងផងដែរថា មិនថានរណាម្នាក់ដែលអាចទទួលបានសេចក្ដីសង្គ្រោះ និងត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ ឬអត់នោះទេ គឺគ្មានអ្វីពាក់ព័ន្ធនឹងថាតើពួកគេមានឋានៈឬអត់នោះទេ។ មិនថាមនុស្សម្នាក់បំពេញភារកិច្ចអ្វីនោះទេ អ្វីដែលព្រះជាម្ចាស់ទតឃើញនោះគឺជាភាពស្មោះត្រង់ និងការស្ដាប់បង្គាប់របស់ពួកគេដោយទតមើលថាតើពួកគេស្វែងរកសេចក្ដីពិត និងថាតើនិស្ស័យជីវិតរបស់ពួកគេបានផ្លាស់ប្ដូរឬអត់។ នៅពេលខ្ញុំបានដឹងពីចំណុចនេះ ខ្ញុំបានពោលពាក្យអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «មិនថាភារកិច្ចអ្វីដែលទូលបង្គំបំពេញទៅថ្ងៃអនាគតទេ មិនថាទូលបង្គំមានឋានៈឬអត់ទេ ទូលបង្គំប្រាថ្នាចង់ស្វែងរកសេចក្ដីពិតដោយស្មោះត្រង់ និងបំពេញភារកិច្ចរបស់ទូលបង្គំជាភាវៈដែលត្រូវបានបង្កើតឱ្យបានល្អ។» ប្រហែលជាជាងពីរខែទើបរបួសរបស់ខ្ញុំចាប់ផ្ដើមប្រសើរឡើងវិញ ហើយខ្ញុំអាចចេញក្រៅដើម្បីផ្សាយដំណឹងល្អម្ដងទៀត។ អ្វីដែលបានផ្លាស់ប្ដូរគឺថា ខ្ញុំលែងមានអារម្មណ៍ថាខ្ញុំគ្មានឋានៈអ្វីទៀតហើយ ហើយនៅពេលធ្វើការជាមួយអ្នកដទៃ ខ្ញុំលែងប្រជែងចង់បានល្អជាងគេទៀតហើយ។ ខ្ញុំមានអារម្មណ៍ថាការបំពេញភារកិច្ចរបស់ខ្ញុំ បង្ហាញថាព្រះជាម្ចាស់បានលើកតម្កើងខ្ញុំ។

ច្រើនឆ្នាំកន្លងផុតទៅ ហើយខ្ញុំគិតថា ខ្ញុំបានរួចផុតពីចំណង និងខ្នោះជើងនៃឋានៈ ប៉ុន្តែនៅពេលព្រះជាម្ចាស់រៀបចំស្ថានការណ៍ថ្មីមួយសម្រាប់ខ្ញុំ បំណងចិត្តដែលចង់បានឋានៈរបស់ខ្ញុំបានលេចមកជាថ្មី។ ពេលនោះគឺរដូវរងារ នាឆ្នាំ២០១២។ ប៉ូលីសបានចាប់ខ្លួនគ្រីស្ទបរិស័ទជាច្រើន ហើយស្ថានភាពពេលនោះយ៉ាប់ខ្លាំងណាស់។ ថ្ងៃមួយ អ្នកដឹកនាំ និងអ្នកមើលការខុសត្រូវក្រុមជំនុំបានជួបប្រជុំគ្នានៅក្នុងភូមិរបស់យើង។ អ្នកដឹកនាំម្នាក់បានឃើញថាខ្ញុំមានពេលទំនេរខ្លះ ក៏បានឱ្យខ្ញុំទៅឈរនៅកាច់ជ្រុងផ្លូវ និងធ្វើជាអ្នកឃ្លាំមើល។ ខ្ញុំពិតជាមានអារម្មណ៍មិនសប្បាយចិត្តនឹងការងារនេះសោះ ប៉ុន្តែពេលគិតដល់សុវត្ថិភាពបងប្អូនប្រុសស្រី ខ្ញុំក៏បានយល់ព្រម។ បន្ទាប់ពីអ្នកដឹកនាំបានចាកចេញទៅ ខ្ញុំគិតក្នុងចិត្តថា៖ «ខ្ញុំធ្វើជាអ្នកដឹកនាំជាច្រើនឆ្នាំមកហើយ និងតែងចេញទៅផ្សាយដំណឹងល្អ។ គួររកអ្នកជឿធម្មតាបួនដប់នាក់ ដើម្បីបំពេញកិច្ចការកំប៉ិកកំប៉ុកជាអ្នកមើលផ្លូវនេះបានត្រូវ។ តើហេតុអ្វីខ្ញុំត្រូវធ្វើការងារនេះ? ពួកគេនៅទីនោះជួបប្រជុំគ្នា ចំណែកខ្ញុំនៅខាងក្រៅត្រជាក់ផង ប្រថុយគ្រោះថ្នាក់ផង។ តើនេះមិនមែនដោយសារខ្ញុំគ្មានឋានៈអ្វីទេឬ? ប្រសិនបើខ្ញុំជាអ្នកដឹកនាំ ខ្ញុំនឹងមិនត្រូវទទួលភារកិច្ចជាឆ្មាំដូច្នេះទេ»។ ភ្លាមៗនោះ ខ្ញុំបានដឹងថា បំណងចិត្តដែលចង់បានឋានៈបានធ្លាក់ចូលក្នុងល្បិចចាស់ទៀតហើយ ដូច្នេះខ្ញុំប្រញាប់អធិស្ឋានទៅព្រះជាម្ចាស់ដោយពោលថា៖ «ព្រះជាម្ចាស់អើយ ពេលនេះទូលបង្គំត្រូវធ្វើការងារតូចតាចនេះ ហើយបំណងចិត្តដែលចង់បានឋានៈក៏បានលេចមកជាថ្មី។ ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំមិនចង់ជាប់ចំណងឋានៈនេះជាថ្មីទេ។ សូមទ្រង់ណែនាំទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចដោះខ្នោះជើងនៃឋានៈនេះបាន»។ បន្ទាប់មក ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នកខ្លះគោរពកោតសរសើរប៉ុលយ៉ាងខ្លាំង។ ពួកគេចូលចិត្តចេញទៅក្រៅ និងថ្លែងសុន្ទរកថា និងធ្វើកិច្ចការ ពួកគេចូលចិត្តចូលរួមការជួបជុំដើម្បីបង្ហាត់បង្រៀន ហើយពួកគេចូលចិត្តឱ្យមនុស្សស្តាប់ពួកគេ ថ្វាយបង្គំពួកគេ និងវិលវង់ជុំវិញពួកគេ។ ពួកគេចូលចិត្តមានឋានៈនៅក្នុងចិត្តរបស់អ្នកដទៃ ហើយពួកគេត្រេកអរនៅពេលអ្នកដទៃឱ្យតម្លៃដល់រូបភាពដែលពួកគេបង្ហាញ។ ចូរយើងវិភាគពីធម្មជាតិរបស់ពួកគេតាមរយៈអាកប្បកិរិយាទាំងនេះ៖ តើអ្វីទៅជាធម្មជាតិរបស់ពួកគេ? ប្រសិនបើពួកគេពិតជាមានអាកប្បកិរិយាបែបនេះមែន នោះវាគ្រប់គ្រាន់ហើយក្នុងការបង្ហាញថា ពួកគេក្រអឺតក្រទម និងមានអំនួត។ ពួកគេមិនថ្វាយបង្គំព្រះជាម្ចាស់ទាល់តែសោះ ពួកគេស្វះស្វែងរកឋានៈឱ្យកាន់តែខ្ពស់ឡើង និងចង់មានសិទ្ធិអំណាចលើអ្នកដទៃ ចង់កាន់កាប់ពួកគេ និងមានឋានៈនៅក្នុងចិត្តរបស់ពួកគេ។ នេះគឺជារូបភាពបុរាណរបស់សាតាំង។ ទិដ្ឋភាពដែលលេចធ្លោអំពីធម្មជាតិរបស់ពួកគេ គឺភាពក្រអឺតក្រទម និងអំនួត ភាពគ្មានឆន្ទៈក្នុងការថ្វាយបង្គំព្រះជាម្ចាស់ និងសេចក្ដីប្រាថ្នាឱ្យអ្នកដទៃថ្វាយបង្គំខ្លួន។ អាកប្បកិរិយាបែបនេះ អាចផ្ដល់ឱ្យអ្នកនូវទស្សនៈច្បាស់លាស់ណាស់អំពីធម្មជាតិរបស់ពួកគេ» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ខ្ញុំតែងតែដេញតាមរកតួនាទីខ្ពង់ខ្ពស់ តែងតែចង់ឱ្យអ្នកដទៃកោតសរសើរខ្ញុំ និងគោរពឱ្យតម្លៃខ្ញុំ។ ខ្ញុំចង់ឱ្យមនុស្សទុកខ្ញុំក្នុងចិត្តពួកគេ ហើយជាទូទៅ នេះមានន័យថាខ្ញុំចង់គ្រប់គ្រងដួងចិត្តមនុស្ស។ ខ្ញុំកំពុងប្រជែងគ្នាជាមួយព្រះជាម្ចាស់ដើម្បីយកបានមនុស្ស! ធម្មជាតិរបស់ខ្ញុំ គឺក្រអឺតក្រទមខ្លាំងណាស់! ខ្ញុំបានគិតអំពីប៉ុល ដែលតែងតែលើកសរសើរ និងធ្វើបន្ទាល់អំពីខ្លួនឯង ដែលធ្វើឱ្យអ្នកដទៃកោតសរសើរ និងថ្វាយបង្គំគាត់ ដែលហេតុនេះហើយបានជាគាត់បាននិយាយថា៖ «ចំពោះខ្ញុំ ខ្ញុំត្រូវរស់ដើម្បីព្រះគ្រីស្ទ ហើយការដែលត្រូវស្លាប់នោះគឺជាការចំណេញទៅវិញទេ» (ភីលីព ១:២១)។ ការនេះបានធ្វើឱ្យមនុស្សជាច្រើនកោតសរសើរ និងថ្វាយបង្គំគាត់យ៉ាងខ្លាំង រហូតដល់ឋានៈគាត់ក្នុងដួងចិត្តមនុស្សលើសពីព្រះអម្ចាស់យេស៊ូវទៅទៀត។ តើអ្វីដែលខ្ញុំកំពុងគិត និងស្វែងរកនៅពេលនោះ មិនមែនជាការធ្វើដូចនឹងប៉ុល ទេឬ? ខ្ញុំពិតជាបានដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលទាស់ទទឹងនឹងព្រះជាម្ចាស់មែន។ ខ្ញុំពិតជាបានធ្វើឱ្យព្រះជាម្ចាស់ និងមនុស្សស្អប់ ហើយខ្ញុំស័ក្តិសមនឹងត្រូវដាក់ទោស។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់សម្ដែងចេញនូវសេចក្ដីពិតដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្ស ក៏ប៉ុន្តែប៉ុន្មានឆ្នាំដែលខ្ញុំបានជឿនោះ ខ្ញុំមិនបានប្រឹងប្រែងស្វែងរកសេចក្ដីពិតទេ និងមិនដែលមានគំនិតស្វែងរកការបំផ្លាស់បំប្រែខ្លួនឯងឱ្យទៅជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់នោះទេ។ ផ្ទុយទៅវិញ ខ្ញុំប្រើគំនិត និងថាមពលរបស់ខ្ញុំទាំងអស់ដើម្បីស្វែងរកឋានៈ។ ប្រសិនបើខ្ញុំនៅបន្តដើរលើផ្លូវនោះទៀត ខ្ញុំនឹងត្រូវបណ្ដាសា និងត្រូវព្រះជាម្ចាស់ដាក់ទោស។ ខ្ញុំពិតជាល្ងង់មែន!

បន្ទាប់មក ខ្ញុំបានអាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «មនុស្សត្រូវបានបង្កើតមកក្នុងភាពជាមនុស្ស គ្មានអ្វីដែលគួរឱ្យអួតខ្លួនសោះឡើយ។ ដោយសារអ្នកជាសត្ដនិកររបស់ព្រះជាម្ចាស់ អ្នកត្រូវតែបំពេញកាព្វកិច្ចរបស់សត្តនិករ។ មិនមានសេចក្ដីតម្រូវផ្សេងទៀតពីអ្នករាល់គ្នាទេ។ នេះជារបៀបដែលអ្នករាល់គ្នាគប្បីអធិស្ឋាន៖ «ឱព្រះជាម្ចាស់អើយ! មិនថាទូលបង្គំមានឋានៈ ឬអត់ទេ ឥឡូវនេះ ទូលបង្គំយល់ពីខ្លួនឯងហើយ។ ប្រសិនបើឋានៈទូលបង្គំខ្ពស់ នោះគឺដោយសារតែការលើកស្ទួយពីទ្រង់ ហើយប្រសិនបើវាទាប គឺដោយសារតែការអនុញ្ញាតឱ្យកើតឡើងពីទ្រង់។ អ្វីៗទាំងអស់ស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់។ ទូលបង្គំគ្មានជម្រើសណាទេ ក៏មិនមានការតវ៉ាអ្វីដែរ។ ទ្រង់បានជ្រើសតាំងឱ្យទូលបង្គំកើតនៅក្នុងប្រទេសនេះ និងក្នុងចំណោមមនុស្សនេះ ហើយអ្វីទាំងអស់ដែលទូលបង្គំគួរធ្វើ គឺត្រូវស្ដាប់បង្គាប់ទាំងស្រុង ក្រោមការគ្រប់គ្រងរបស់ទ្រង់ ពីព្រោះអ្វីៗគ្រប់យ៉ាង គឺស្ថិតនៅក្នុងអ្វីដែលទ្រង់បានជ្រើសតាំង។ ទូលបង្គំមិនគិតពីឋានៈទេ។ យ៉ាងណាមិញ ទូលបង្គំគ្រាន់តែជាសត្តនិករប៉ុណ្ណោះ។ ប្រសិនបើទ្រង់ដាក់ទូលបង្គំនៅក្នុងជង្ហុកធំ នៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ទូលបង្គំមិនមែនជាអ្វីក្រៅពីជាសត្ដនិករទេ។ ប្រសិនបើទ្រង់ប្រើទូលបង្គំ ទូលបង្គំគឺជាសត្តនិករ។ ប្រសិនបើទ្រង់ធ្វើឱ្យទូលបង្គំបានគ្រប់លក្ខណ៍ ទូលបង្គំនៅតែជាសត្តនិករ។ ប្រសិនបើទ្រង់ មិនធ្វើឱ្យទូលបង្គំបានគ្រប់លក្ខណ៍ ក៏ទូលបង្គំនឹងនៅតែស្រឡាញ់ទ្រង់ ពីព្រោះទូលបង្គំមិនមែនលើសជាងសត្តនិករទេ។ ទូលបង្គំមិនមែនជាអ្វីឡើយ ក្រៅតែពីជាសត្តនិករតូចតាច ដែលបង្កើតឡើងដោយព្រះអម្ចាស់នៃការបង្កើត ពោលគឺគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមកប៉ុណ្ណោះ។ គឺជាទ្រង់ហើយដែលបានបង្កើតទូលបង្គំ ហើយឥឡូវនេះទ្រង់បានដាក់ទូលបង្គំម្តងទៀតនៅក្នុងព្រះហស្ដរបស់ទ្រង់ ដើម្បីធ្វើជាមួយទូលបង្គំទៅតាមព្រះហឫទ័យទ្រង់។ ទូលបង្គំមានឆន្ទៈធ្វើជាឧបករណ៍របស់ទ្រង់ និងជាមនុស្សបន្ទាប់បន្សំរបស់ទ្រង់ ពីព្រោះអ្វីៗគ្រប់យ៉ាង គឺជាអ្វីដែលទ្រង់បានជ្រើសតាំង។ គ្មាននរណាម្នាក់អាចផ្លាស់ប្តូរការនេះបានឡើយ។ របស់សព្វសារពើ និងព្រឹត្តិការណ៍ទាំងអស់ គឺសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់»។ នៅពេលដែលវេលាមកដល់ ដែលអ្នកនឹងលែងគិតពីឋានៈ នោះអ្នកនឹងរួចផុតពីការនេះ។ មានតែពេលនោះទេ ដែលអ្នកនឹងអាចស្វែងរកដោយទំនុកចិត្ត និងក្លាហាន ហើយមានតែពេលនោះទេ ដែលដួងចិត្តរបស់អ្នកអាចរួចផុតពីដាក់កម្រិតណាមួយបាន» («អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា បើនរណាម្នាក់ដែលមានឋានៈខ្ពង់ខ្ពស់ នោះព្រះជាម្ចាស់បានលើកពួកគេឡើង ហើយបើនរណាម្នាក់ដែលមានឋានៈតូចទាប នោះគឺព្រះជាម្ចាស់បានតម្រូវទុកជាមុនមកដូច្នេះ។ មិនថាទ្រង់ប្រព្រឹត្តដាក់មនុស្សដោយបែបណា និងមិនថាទ្រង់ដាក់យើងនៅកន្លែងណាទេ យើងគួរតែចុះចូលជានិច្ច និងបំពេញភារកិច្ចផ្ទាល់ខ្លួនឱ្យបានល្អ និងមិនត្រូវរអ៊ូរទាំទេ។ នេះគឺជារឿងសមហេតុផលដែលត្រូវធ្វើ ហើយគឺជាអ្វីដែលភាវៈដែលត្រូវបានបង្កើតពិតប្រាកដត្រូវធ្វើ។ នៅពេលខ្ញុំយល់ពីចំណុចនេះ ខ្ញុំបានព្រមចុះចូល និងអនុវត្តសេចក្ដីពិត ហើយចាប់ពីពេលនោះមក ខ្ញុំបានលះបង់ខ្លួនធ្វើជាអ្នកឃ្លាំមើល។ ខ្ញុំត្រូវប្រាកដថា ខ្ញុំឈរចាំយាមដើម្បីឱ្យអ្នកដឹកនាំ និងអ្នកមើលការខុសត្រូវក្រុមជំនុំអាចជួបប្រជុំដោយស្ងប់សុខបាន។ អ្នកដឹកនាំបានសុំឱ្យខ្ញុំឈរចាំយាមសម្រាប់ការប្រជុំគ្នាពីរបីដងទៀតបន្ទាប់ពីនោះ ប៉ុន្តែខ្ញុំលែងគិតថាតើខ្ញុំមានឋានៈខ្ពស់ឬទាបទៀតហើយ។ ខ្ញុំគ្រាន់តែមានអារម្មណ៍ថាមានសេរីភាព និងស្ងប់សុខ។

ប៉ុន្មានឆ្នាំនោះ ព្រះជាម្ចាស់បានរៀបចំស្ថានភាពម្ដងហើយម្ដងទៀតដើម្បីសម្ដែងឱ្យខ្ញុំបានយល់ ហើយទ្រង់ប្រើព្រះបន្ទូលរបស់ទ្រង់ដើម្បីជំនុំជម្រះ និងវាយផ្ចាលខ្ញុំ ដើម្បីឱ្យខ្ញុំពិតជាបានឃើញថាតើខ្ញុំត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹង និងថាតើបំណងចិត្តដែលចង់បានបានឋានៈរបស់ខ្ញុំធំប៉ុនណា។ ខ្ញុំក៏បានដឹងច្បាស់ថា ឋានៈនេះគឺជារបស់ដែលសាតាំងប្រើដើម្បីដាក់ខ្នោះមនុស្សដែរ៖ កាលណាយើងកាន់តែស្វែងរកឋានៈ នោះសាតាំងកាន់តែធ្វើឱ្យយើងគ្រោះថ្នាក់ និងលេងសើចជាមួយយើង ហើយយើងកាន់តែមិនស្ដាប់បង្គាប់ និងទាស់ទទឹងនឹងព្រះជាម្ចាស់។ ខ្ញុំក៏បានយល់អំពីអ្វីដែលមនុស្សគប្បីស្វែងរកនៅក្នុងសេចក្ដីជំនឿលើព្រះជាម្ចាស់ដើម្បីទទួលបានការសង្គ្រោះ។ ការដែលមានបំណងចិត្តចង់បានឋានៈខ្លាំង និងមានមហិច្ចតាធំបែបនេះ ដូចដែលខ្ញុំអាចផ្លាស់ប្ដូរនៅពេលនេះគឺត្រូវស្ដាប់បង្គាប់តាមការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំដោយការស្ដាប់បង្គាប់ អ្វីទាំងអស់នេះគឺសុទ្ធតែពឹងលើការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ខំប្រឹងជំនួសខ្ញុំយ៉ាងខ្លាំង ហើយខ្ញុំអរព្រះគុណព្រះដ៏មានគ្រប់ព្រះ‌ចេស្តាចេញពីជម្រៅចិត្តរបស់ខ្ញុំ ចំពោះការសង្គ្រោះខ្ញុំ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការស្វែងរក សេរីភាព ពី ឋានៈ

ដោយ ដុង អេន (បារាំង) ខ្ញុំបានក្លាយជាអ្នកដឹកនាំក្រុមជំនុំក្នុងឆ្នាំ ២០១៩។ ខ្ញុំបានធ្វើកិច្ចការដោយវិធីខ្លួនឯង...

ការបំពេញភារកិច្ច តម្រូវឱ្យមានការដេញតាមសេចក្តីពិត

កាលពីរបីឆ្នាំមុន ខ្ញុំចាប់ផ្ដើមផ្សាយដំណឹងល្អ។ ខ្ញុំតាំងចិត្តថា ខ្ញុំនឹងពឹងអាងលើព្រះ ដើម្បីបំពេញភារកិច្ចខ្ញុំឱ្យបានល្អ។ ដូច្នេះ រាល់ថ្ងៃ...

Leave a Reply