ខ្ញុំលែងខ្លាចទំនួលខុសត្រូវទៀតហើយ
ថ្ងៃមួយនៅខែ វិច្ឆិកា ឆ្នាំ ២០២០ អ្នកដឹកនាំម្នាក់បានចូលរួមក្នុងការជួបជុំរបស់ពួកយើង ហើយក្រោយមក បន្ទាប់ពីបញ្ចប់ការជួបជុំ គាត់បានលើកឡើងថា...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
នៅខែសីហា ឆ្នាំ២០១៨ ខ្ញុំមានអាយុ ២២ ឆ្នាំ។ ដោយសារតែគណបក្សកុម្មុយនីស្តចិនតែងតែធ្វើទុក្ខបុកម្នេញ និងចាប់ខ្លួនគ្រីស្ទបរិស័ទ ខ្ញុំមានគម្រោងទៅប្រទេសសេរី និងប្រជាធិបតេយ្យមួយ ដើម្បីជឿលើព្រះជាម្ចាស់។ តែនឹកស្មានមិនដល់ ខ្ញុំត្រូវបានគេចាប់ខ្លួននៅអាកាសយានដ្ឋាន។ ដើម្បីបង្ខំខ្ញុំឱ្យក្បត់ទម្លាយព័ត៌មានពីពួកជំនុំ ប៉ូលិសបានបង្ខំខ្ញុំឱ្យឈរផ្គុំជើងចូលគ្នាពីម៉ោង ៦ ព្រឹក ដល់ម៉ោង ១២ យប់រៀងរាល់ថ្ងៃ អស់រយៈពេលប្រាំមួយ ឬប្រាំពីរថ្ងៃជាប់ៗគ្នា។ ខ្ញុំឈរយូរពេក រហូតដល់វិលមុខ ជើងខ្ញុំឈឺ និងស្ពឹក ហើយការដកដង្ហើមរបស់ខ្ញុំប្រែជាញាប់។ ប៉ូលិសក៏បានគំរាមខ្ញុំដែរថា៖ «បើឯងមិនព្រមនិយាយទេ យើងនឹងចងព្យួរឯង ហើយឱ្យឯងភ្លក្សរសជាតិទារុណកម្ម 'អណ្ដាតភ្លើងភ្លោះនៃទឹកកក និងភ្លើង'។ យើងនឹងប្រើម៉ាស៊ីនដែលមានកម្ដៅក្ដៅខ្លាំងមកដុតឯងសិន រួចហើយទើបបង្ខំចាក់ទឹកចូលក្នុងខ្លួនឯង ដោយធ្វើបែបនេះច្រំដែលៗ។ ដល់ពេលនោះ ទោះជាឯងចង់និយាយ ក៏និយាយលែងចេញដែរ»។ ពេលគិតដល់បងប្អូនប្រុសស្រីដែលត្រូវបានប៉ូលិសធ្វើទារុណកម្ម ខ្ញុំមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងនៅក្នុងចិត្ត៖ «តើខ្ញុំអាចទ្រាំបានទេ បើពួកគេធ្វើទារុណកម្មខ្ញុំ?» ខ្ញុំបានអធិស្ឋានស្ងាត់ៗនៅក្នុងចិត្ត ដោយទូលសូមឱ្យព្រះជាម្ចាស់ប្រទានកម្លាំង និងសេចក្ដីជំនឿដល់ខ្ញុំ។ ដោយឃើញថា ខ្ញុំមិននិយាយអ្វីសោះ ប៉ូលិសបានសង្កត់ក្បាលខ្ញុំចុះ ហើយយកកន្ទុយបារីដែលកំពុងឆេះមកដាក់លើរន្ធច្រមុះខ្ញុំ។ ផ្សែងដ៏ក្រាស់ និងកម្ដៅបានហុយចូលទៅក្នុងរន្ធច្រមុះរបស់ខ្ញុំ ធ្វើឱ្យខ្ញុំឈ្លក់យ៉ាងខ្លាំង រហូតដល់មិនអាចដកដង្ហើមបាន។ ខ្ញុំមានអារម្មណ៍ថាថប់ដង្ហើមខ្លាំងណាស់។ ពួកគេថែមទាំងបានដុតស្បែកនៅក្រោមរន្ធច្រមុះរបស់ខ្ញុំទៀតផង ហើយខ្ញុំមានអារម្មណ៍ថាឈឺផ្សាមួយមេៗ។ បន្ទាប់មក ពួកគេបានទាញដៃខ្ញុំឡើង កេះដែកកេះ ហើយដុតដៃខ្ញុំជាមួយនឹងអណ្ដាតភ្លើង។ តាមសភាវគតិ ខ្ញុំបានព្យាយាមទាញដៃខ្ញុំចេញ តែប៉ូលិសបានចាប់ដៃខ្ញុំយ៉ាងណែន ដោយមិនឱ្យខ្ញុំកម្រើកបានឡើយ។ ដៃខ្ញុំត្រូវបានគេដុតរាប់សិបវិនាទី។ ការឈឺចាប់នោះគឺមិនអាចទ្រាំបានឡើយ។ ស្បែកនៅក្រោមដៃរបស់ខ្ញុំត្រូវបានឆេះខ្លោច និងរបក ក្រោយមកវាក៏ឡើងដំបៅរលួយ ដោយបន្សល់ទុកស្នាមផ្លែធំប៉ុនស៊ុត។ បន្ទាប់មក ប៉ូលិសថែមទាំងញញឹម និងសម្លឹងមកខ្ញុំដោយកែវភ្នែកដ៏កំណាចទៀតផង ហើយខ្ញុំពោរពេញដោយកំហឹង ការគុំកួន និងភាពភ័យខ្លាច ដោយគិតថា៖ «ពួកអារក្សទាំងនេះអាចធ្វើអ្វីក៏បាន។ នរណាដឹងថា ពួកគេនឹងធ្វើទារុណកម្មខ្ញុំបែបណាបន្តទៀតនោះ?» ខ្ញុំទន់ខ្សោយណាស់ ហើយចង់ចាកចេញពីកន្លែងនរកនេះឱ្យបានឆាប់។ តែខ្ញុំដឹងថា ខ្ញុំមិនអាចធ្វើជាយូដាស ហើយក្បត់បងប្អូនប្រុសស្រីរបស់ខ្ញុំ ដើម្បីអូសបន្លាយជីវិតដ៏វេទនារបស់ខ្ញុំឡើយ។ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់នៅក្នុងចិត្ត ដោយសច្ចាថា ទោះបីជាខ្ញុំត្រូវស្លាប់ ក៏ខ្ញុំមិនក្បត់ផលប្រយោជន៍ព្រះដំណាក់របស់ព្រះជាម្ចាស់ដែរ ហើយខ្ញុំស្បថថា នឹងមិនធ្វើជាយូដាសឡើយ។ ប៉ុន្មានថ្ងៃក្រោយមក ប៉ូលិសបាននាំគ្រួសារខ្ញុំមក ដើម្បីបង្ខំខ្ញុំឱ្យចុះហត្ថលេខាលើ «សេចក្ដីថ្លែងអះអាងទាំងបីចំណុច» ដោយនិយាយថា ពួកគេនឹងដោះលែងខ្ញុំ បើខ្ញុំព្រមចុះហត្ថលេខា។ ឪពុករបស់ខ្ញុំ ដែលត្រូវបាននាគដ៏ធំមានសម្បុរក្រហមបំភាន់ បាននិយាយថា គាត់នឹងកាត់កាល់ខ្ញុំចោល បើខ្ញុំមិនព្រមចុះហត្ថលេខា។ ខ្ញុំដឹងថា នេះគឺជាល្បិចរបស់សាតាំង ហើយក៏បានបដិសេធមិនចុះហត្ថលេខា។ បន្ទាប់មក ប៉ូលិសបានគំរាមខ្ញុំ ដោយនិយាយថា៖ «យើងទុកពេលឱ្យឯងមួយយប់ចុងក្រោយ តែបើថ្ងៃស្អែកឯងនៅតែមិនព្រមចុះហត្ថលេខាទៀត យើងនឹងនាំឯងទៅកន្លែងមួយ ហើយចាត់ការឯងឱ្យចាស់ដៃមិនខាន!» ឮបែបនេះ ខ្ញុំភ័យខ្លាចណាស់។ «ពួកគេអាចធ្វើអ្វីក៏បាន ហើយជាពិសេស ចំពោះអ្នកដែលជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ពួកគេកាន់តែឃោរឃៅទៅទៀត។ បើខ្ញុំនៅតែបន្តបដិសេធមិនចុះហត្ថលេខា តើនរណាដឹងថា ពួកគេនឹងធ្វើទារុណកម្មខ្ញុំបែបណានោះ?» គ្រាន់តែគិតដល់ការរងទុក្ខដែលវេទនាជាងសេចក្ដីស្លាប់ ខ្ញុំមានអារម្មណ៍ថាគួរឱ្យខ្លាចណាស់ទៅហើយ។ ខ្ញុំបានគិតថា៖ «ចុះបើខ្ញុំមិនអាចទ្រាំទ្រនឹងទារុណកម្ម ហើយក្លាយជាយូដាសនោះយ៉ាងម៉េចវិញទៅ? នោះខ្ញុំនឹងប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់ ហើយនឹងគ្មានឱកាសត្រូវបានសង្រ្គោះម្ដងទៀតឡើយ។ បើខ្ញុំចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុចដោយប្រើប្រាជ្ញា តែចិត្តខ្ញុំមិនក្បត់ព្រះជាម្ចាស់ តើព្រះជាម្ចាស់នឹងផ្ដល់ឱកាសឱ្យខ្ញុំម្ដងទៀតដែរឬទេ?» ចុងក្រោយ ខ្ញុំមិនអាចយកឈ្នះភាពទន់ខ្សោយនៃសាច់ឈាមរបស់ខ្ញុំបានទេ ហើយក៏បានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច។ ក្រោយពីបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុចរួច ប៉ូលិសក៏បានដោះលែងខ្ញុំឱ្យត្រឡប់ទៅផ្ទះវិញ។
ក្រោយពេលត្រឡប់មកដល់ផ្ទះវិញ ខ្ញុំមានអារម្មណ៍ថាមិនស្ងប់ក្នុងចិត្តសោះ។ ទោះបីជាខ្ញុំគិតថា នេះគឺជាការប្រើប្រាជ្ញាក៏ដោយ ក៏ខ្ញុំនៅតែបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុចដដែល ហើយនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ នេះគឺជាស្នាមនៃការក្បត់។ តើព្រះជាម្ចាស់នៅតែសង្គ្រោះខ្ញុំទៀតឬទេ? ក្រោយមក ឪពុកខ្ញុំចង់នាំខ្ញុំទៅធ្វើការនៅឆ្ងាយពីផ្ទះ ហើយគាត់ក៏បានហៅសាច់ញាតិ និងមិត្តភក្ដិមកបញ្ចុះបញ្ចូលខ្ញុំដែរ។ ខ្ញុំបានគិតក្នុងចិត្តថា៖ «ខ្ញុំមិនអាចចេញទៅទេ បើខ្ញុំចេញទៅ បងប្អូនប្រុសស្រីនឹងរកខ្ញុំលែងឃើញហើយ។ នោះខ្ញុំនឹងគ្មានឱកាសបានត្រឡប់មកកាន់ព្រះដំណាក់របស់ព្រះជាម្ចាស់វិញឡើយ»។ ខ្ញុំមានអារម្មណ៍ប្រៀបដូចជាសត្វស្លាបដែលវង្វេងសំបុក ដោយរង់ចាំយ៉ាងឯកោ នូវចម្លើយមួយដែលមិនដឹងមុន។ កន្លះខែក្រោយមក បងប្អូនប្រុសស្រីបានរកខ្ញុំឃើញ ហើយប្រកបគ្នាជាមួយខ្ញុំអំពីការបំពេញភារកិច្ចរបស់ខ្ញុំ។ ពេលឃើញថា ខ្ញុំនៅតែអាចត្រឡប់មកកាន់ព្រះដំណាក់របស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំបាន ខ្ញុំរំភើបចិត្តយ៉ាងខ្លាំង រហូតដល់ស្ទើរតែស្រក់ទឹកភ្នែក ហើយក៏ប្រញាប់ងក់ក្បាលយល់ព្រម។ បន្ទាប់ពីនោះមក មិនថាពួកជំនុំចាត់ចែងភារកិច្ចអ្វីដល់ខ្ញុំទេ ខ្ញុំតែងតែខិតខំបំពេញភារកិច្ចនោះអស់ពីសមត្ថភាព។ តែម្ដងម្កាល ខ្ញុំឮបងប្អូនប្រុសស្រីពិភាក្សាគ្នាអំពីរឿងចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច។ ពួកគេតែងនិយាយថា៖ «យើងដាច់ខាតមិនអាចចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុចឡើយ។ ការចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច គឺជាការក្បត់ព្រះជាម្ចាស់ ហើយវាធ្វើឱ្យយើងមានស្នាមនៃសត្វតិរិច្ឆាន»។ រាល់ពេលដែលឮពាក្យទាំងនេះ ចិត្តខ្ញុំឈឺចាប់ណាស់ ជាពិសេសគឺពេលដែលខ្ញុំអានបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «ចំពោះអស់អ្នកដែលមិនបង្ហាញភាពស្មោះត្រង់សូម្បីតែបន្តិចសោះចំពោះខ្ញុំ ក្នុងអំឡុងពេលទុក្ខវេទនា ខ្ញុំនឹងមិនមានសេចក្ដីករុណាទៀតឡើយ ដ្បិតសេចក្ដីមេត្តាករុណារបស់ខ្ញុំលាតសន្ធឹងដល់ត្រឹមនេះតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ខ្ញុំមិនចូលចិត្តចំពោះអ្នកណាដែលធ្លាប់ក្បត់ខ្ញុំម្តងហើយនោះទេ ហើយខ្ញុំរឹតតែមិនចូលចិត្តសេពគប់ជាមួយអ្នកណាដែលលក់ផលប្រយោជន៍មិត្តភក្តិរបស់ខ្លួនឡើយ។ មិនខ្វល់ថាបុគ្គលនោះអាចជានរណានោះទេ នេះជានិស្ស័យរបស់ខ្ញុំ។ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាដូចនេះថា៖ អ្នកណាដែលធ្វើឱ្យខ្ញុំខូចព្រះហឫទ័យទាំងស្រុង ពួកគេនឹងមិនទទួលបានការប្រោសប្រណីពីខ្ញុំជាលើកទីពីរឡើយ ចំណែកឯអ្នកណាដែលស្មោះត្រង់ចំពោះខ្ញុំ ពួកគេនឹងស្ថិតនៅក្នុងដួងព្រះហឫទ័យរបស់ខ្ញុំជារៀងរហូត» («ចូរត្រៀមអំពើល្អទុកឱ្យបានគ្រប់គ្រាន់សម្រាប់គោលដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំឃើញថា និស្ស័យរបស់ព្រះជាម្ចាស់គឺសុចរិត មានតេជានុភាព និងមិនអាចប្រមាថបានឡើយ ហើយព្រះជាម្ចាស់នឹងលែងមានសេចក្ដីមេត្តាករុណា ចំពោះអ្នកណាក៏ដោយដែលក្បត់ទ្រង់ និងធ្វើឱ្យទ្រង់ឈឺព្រះទ័យទៀតហើយ។ ខ្ញុំបានគិតក្នុងចិត្តថា៖ «ខ្ញុំបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ហើយបានក្បត់ព្រះជាម្ចាស់បាត់ទៅហើយ។ តើខ្ញុំត្រូវបានព្រះជាម្ចាស់ជម្រុះចោលហើយឬនៅ? តើនេះមានន័យថា ទោះបីជាខ្ញុំជឿរហូតដល់ទីបញ្ចប់ ក៏ខ្ញុំមិនអាចត្រូវបានព្រះជាម្ចាស់សង្គ្រោះជាដាច់ខាតមែនទេ?» ជាពិសេស នៅក្នុងវីដេអូទីបន្ទាល់តាមរយៈបទពិសោធពីព្រះដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំឃើញបងប្អូនប្រុសស្រីដែលត្រូវបានគេចាប់ខ្លួន អាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ពេលប្រឈមមុខនឹងទារុណកម្មគ្រប់បែបយ៉ាង ដោយបដិសេធយ៉ាងដាច់អហង្ការ មិនព្រមចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុចឡើយ។ តែខ្ញុំបែរជាចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ដើម្បីគេចពីការធ្វើទារុណកម្មទៅវិញ។ ខ្ញុំមិនត្រឹមតែមិនអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់នោះទេ តែថែមទាំងបន្សល់ទុកនូវស្លាកស្នាមនៃភាពអាម៉ាស់ ដែលអាចឱ្យសាតាំងចំអកឱ្យខ្ញុំទៀតផង។ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់ប្រាកដជាខកព្រះទ័យនឹងខ្ញុំខ្លាំងណាស់ហើយ។ កាន់តែគិតពីរឿងនេះ ខ្ញុំកាន់តែមានអារម្មណ៍អវិជ្ជមាន ចិត្តខ្ញុំឈឺចាប់ប្រៀបដូចជាត្រូវគេចាក់នឹងកាំបិតអ៊ីចឹង ហើយខ្ញុំគិតថា ខ្ញុំមិនគួរណាចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុចនោះសោះ។ តែអ្វីៗហួសអស់ទៅហើយ ប្រៀបដូចជាទឹកដែលកំពប់ហើយ មិនអាចដួសមកវិញបានឡើយ។ ក្រោយមក ព្រះដំណាក់របស់ព្រះជាម្ចាស់បានចាប់ផ្ដើមស៊ើបអង្កេតអ្នកដែលបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ហើយខ្ញុំក៏ជាមុខសញ្ញានៃការស៊ើបអង្កេតនោះដែរ។ ខ្ញុំបាននឹកឃើញដល់បន្ទូលរបស់ព្រះជាម្ចាស់ដែលថា៖ «តើអស់អ្នកដែលចុះហត្ថលេខាលើ 'សេចក្ដីថ្លែងអះអាងទាំងបីចំណុច' មិនមែនជាអ្នកដែលបានបំផ្ទុះគ្រាប់បែក និងធ្វើឱ្យខ្លួនឯងខ្ទេចខ្ទីអស់ទេឬ?» («របៀបដេញតាមសេចក្ដីពិត (៥)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៧៖ អំពីការដេញតាមសេចក្តីពិត)។ ព្រះជាម្ចាស់ស្អប់ខ្ពើមអ្នកដែលចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ហើយក្បត់ទ្រង់ណាស់។ ដោយសារតែខ្ញុំបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ខ្ញុំប្រាកដជាត្រូវបានព្រះជាម្ចាស់ផ្ដន្ទាទោស និងជម្រុះចោលមិនខាន។ តើបន្ទាប់ទៅ ខ្ញុំនឹងត្រូវបានគេបោសសម្អាតចោលឬ? ក្រោយមក ទោះបីជាពួកជំនុំមិនបានបោសសម្អាតខ្ញុំចោលក៏ពិតមែន តែខ្ញុំនៅតែរស់នៅក្នុងភាពអវិជ្ជមានដដែល។ ជារឿយៗ ពេលដែលខ្ញុំឃើញបងប្អូនប្រុសស្រីដែលខ្ញុំសហការជាមួយ ជជែកគ្នាអំពីការសរសេរអត្ថបទតាមរយៈបទពិសោធ ឬការចូលទៅក្នុងជីវិត ខ្ញុំមានអារម្មណ៍ថា ខ្ញុំគឺខុសពីពួកគេ ដោយគិតថា ពួកគេសុទ្ធតែជាបងប្អូនប្រុសស្រី ហើយពួកគេទាំងអស់គ្នាមានឱកាសដេញតាមសេចក្ដីពិត និងត្រូវបានសង្គ្រោះ។ តែខ្ញុំគឺខុសពីគេ។ ខ្ញុំបានក្បត់ព្រះជាម្ចាស់ ហើយទ្រង់ប្រាកដជាខ្ពើមរអើមខ្ញុំជាទីបំផុត។ ខ្ញុំមានអារម្មណ៍ថា មនុស្សដូចខ្ញុំគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដេញតាមសេចក្ដីពិតឡើយ ហើយទោះបីជាខ្ញុំជឿរហូតដល់ទីបញ្ចប់ក៏ដោយ ក៏វាគ្មានប្រយោជន៍អ្វីដែរ ខ្ញុំប្រហែលជាត្រឹមតែជាអ្នកធ្វើការដោយកម្លាំងម្នាក់ប៉ុណ្ណោះ ហើយសេចក្ដីសង្គ្រោះ គឺគ្មានពាក់ព័ន្ធអ្វីនឹងខ្ញុំឡើយ។ ខ្ញុំរស់នៅក្នុងសភាពអវិជ្ជមាន ហើយរាល់ថ្ងៃ ខ្ញុំគ្រាន់តែបំពេញភារកិច្ចរបស់ខ្ញុំដូចជាម៉ាស៊ីន ដោយក្នុងចិត្តពោរពេញដោយការឈឺចាប់ដែលមិនអាចថ្លែងប្រាប់បាន។ នៅពេលនោះ ខ្ញុំតែងតែស្ដាប់ទំនុកតម្កើងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយបទ ដែលមានចំណងជើងថា «ប្រសិនបើអ្នកជាអ្នកបម្រើការ»។ ព្រះជាម្ចាស់សួរយើងថា៖ «ប្រសិនបើអ្នក គឺពិតជាអ្នកបម្រើការមែន តើអ្នកអាចបម្រើការដល់ខ្ញុំដោយស្មោះស្ម័គ្រ ដោយគ្មានការធ្វើឱ្យតែរួចពីដៃ ឬភាពអវិជ្ជមានណាមួយបានទេ? ប្រសិនបើអ្នករកឃើញថា ខ្ញុំមិនធ្លាប់ឱ្យតម្លៃអ្នកសោះ តើអ្នកនឹងនៅតែអាចនៅនឹងខ្ញុំ ហើយបម្រើការដល់ខ្ញុំអស់មួយជីវិតទេ?» («បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ រាល់ពេលដែលឮបទនេះ ខ្ញុំរំជួលចិត្តយ៉ាងខ្លាំង។ ខ្ញុំគឺជាភាវៈដែលព្រះបានបង្កើត ហើយការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្ញុំ គឺត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ ទោះបីជាព្រះជាម្ចាស់មិនចង់បានខ្ញុំ ក៏ខ្ញុំនៅតែជឿលើទ្រង់រហូតដល់ទីបញ្ចប់ដែរ។ ដរាបណាខ្ញុំមានពេលមួយថ្ងៃទៀតដើម្បីបំពេញភារកិច្ច ខ្ញុំត្រូវតែខិតខំបំពេញភារកិច្ចរបស់ខ្ញុំឱ្យអស់ពីសមត្ថភាព!
ថ្ងៃមួយ ខ្ញុំបានអានប៉ះព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់ ដែលនិយាយត្រូវនឹងសភាពរបស់ខ្ញុំបេះបិទតែម្ដង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ក៏មានមូលហេតុឫសគល់មួយទៀតដែលនាំឱ្យមនុស្សធ្លាក់ក្នុងភាពអស់សង្ឃឹមដែរ នោះគឺដោយសារមានរឿងរ៉ាវជាក់លាក់ខ្លះកើតឡើងចំពោះពួកគេ មុនពេលពួកគេគ្រប់វ័យ ឬបន្ទាប់ពីពួកគេពេញវ័យហើយ ពោលគឺ ពួកគេបានប្រព្រឹត្តអំពើរំលងខ្លះៗ ឬបានធ្វើអំពើឆ្កួតលីលា អំពើល្ងង់ខ្លៅ និងអំពើដែលកើតពីការមិនចេះដឹង។ គឺដោយសារតែអំពើរំលងទាំងនេះ និងអំពើឆ្កួតលីលា ល្ងង់ខ្លៅដែលពួកគេបានប្រព្រឹត្ត ទើបធ្វើឱ្យពួកគេធ្លាក់ក្នុងភាពអស់សង្ឃឹម។ ភាពអស់សង្ឃឹមប្រភេទនេះ គឺជាការថ្កោលទោសខ្លួនឯង ហើយវាក៏ជាការកំណត់លក្ខណៈខ្លួនឯងថាជាមនុស្សប្រភេទនោះដែរ។ ... ពេលខ្លះ មនុស្សមួយចំនួនអាចបោះបង់ចោលភាពអស់សង្ឃឹមរបស់ពួកគេបាន ហើយទុកវាចោល។ ពួកគេប្រើភាពស្មោះត្រង់ និងកម្លាំងទាំងអស់ដែលពួកគេមាន ដើម្បីបំពេញភារកិច្ច កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ហើយថែមទាំងដាក់ចិត្តគំនិតទាំងអស់ទៅក្នុងការដេញតាមសេចក្ដីពិត និងការត្រិះរិះពិចារណាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងទៅក្នុងការខិតខំប្រឹងប្រែងយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង។ ទោះជាយ៉ាងនេះក្ដី ពេលមានស្ថានភាព ឬកាលៈទេសៈជាក់លាក់ណាមួយកើតឡើង ភាពអស់សង្ឃឹមក៏មកគ្រប់គ្រងពួកគេម្ដងទៀត ហើយធ្វើឱ្យពួកគេមានអារម្មណ៍ថារងការចោទប្រកាន់ម្ដងទៀតនៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ។ ពួកគេគិតក្នុងចិត្តថា៖ 'អ្នកធ្លាប់បានធ្វើរឿងនោះពីមុនមក ហើយអ្នកធ្លាប់ជាមនុស្សប្រភេទនោះ។ តើអ្នកអាចទទួលបានសេចក្ដីសង្គ្រោះដែរឬទេ? តើការអនុវត្តសេចក្ដីពិតមានប្រយោជន៍អ្វីដែរ? តើព្រះជាម្ចាស់ទតឃើញអំពើដែលអ្នកបានប្រព្រឹត្តនោះយ៉ាងដូចម្ដេច? តើព្រះជាម្ចាស់នឹងលើកលែងទោសឱ្យអ្នកចំពោះអ្វីដែលអ្នកបានធ្វើដែរឬទេ? តើការលះបង់បែបនេះនៅពេលនេះ អាចលុបលាងអំពើរំលងនោះបានដែរឬទេ?' ពួកគេឧស្សាហ៍ស្ដីបន្ទោសខ្លួនឯង និងមានអារម្មណ៍ថារងការចោទប្រកាន់នៅជ្រៅក្នុងចិត្ត ហើយពួកគេឧស្សាហ៍សង្ស័យលើខ្លួនឯង ព្រមទាំងចោទសួរខ្លួនឯង។ ពួកគេមិនអាចបោះបង់ចោលភាពអស់សង្ឃឹមនេះបានសោះ ហើយនៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេមានអារម្មណ៍មិនស្ងប់ជានិច្ច អំពីរឿងដ៏គួរឱ្យអាម៉ាស់ដែលពួកគេបានធ្វើ។ ដូច្នេះ ពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែហាក់ដូចជាមិនបានឮអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូលសោះ ហើយពួកគេក៏ហាក់ដូចជាមិនបានយល់អ្វីសោះដែរ។ ប្រៀបដូចជាពួកគេមិនដឹងថា តើការទទួលបានសេចក្ដីសង្គ្រោះទាក់ទងនឹងពួកគេដែរឬទេ តើពួកគេអាចទទួលការអត់ទោស និងការប្រោសលោះបានដែរឬទេ ឬថាតើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ព្រមទាំងសេចក្ដីសង្គ្រោះរបស់ទ្រង់ដែរឬទេ។ ពួកគេមិនដឹងអ្វីទាំងអស់អំពីរឿងទាំងនេះឡើយ។ ដោយសារតែពួកគេមិនបានទទួលចម្លើយណាមួយ ហើយដោយសារតែពួកគេមិនទទួលបានការវិនិច្ឆ័យដ៏ត្រឹមត្រូវណាមួយ ទើបពួកគេមានអារម្មណ៍អស់សង្ឃឹមជានិច្ចនៅក្នុងជម្រៅដួងចិត្ត។ នៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ ពួកគេនឹកគិតដល់អ្វីដែលពួកគេបានធ្វើម្ដងហើយម្ដងទៀត ពួកគេបង្ហាញរឿងនោះឡើងវិញនៅក្នុងគំនិតរបស់ពួកគេម្ដងហើយម្ដងទៀត ដោយនឹកគិតពីរបៀបដែលរឿងនោះចាប់ផ្ដើម និងរបៀបដែលវាបញ្ចប់ នឹកគិតពីអ្វីដែលកើតឡើងមុន និងអ្វីដែលកើតឡើងបន្ទាប់។ មិនថាពួកគេនឹកគិតពីរឿងនោះដោយរបៀបណាក៏ដោយ ក៏ពួកគេតែងតែមានអារម្មណ៍ថាមានបាបជានិច្ច ដូច្នេះហើយ ទើបពួកគេតែងតែមានអារម្មណ៍អស់សង្ឃឹមជានិច្ចចំពោះរឿងនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សូម្បីតែនៅពេលពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួន សូម្បីតែនៅពេលពួកគេបម្រើជាអ្នកមើលការខុសត្រូវសម្រាប់កិច្ចការណាមួយក៏ដោយ ក៏ពួកគេនៅតែមានអារម្មណ៍ថា ពួកគេគ្មានសង្ឃឹមនឹងទទួលបានសេចក្ដីសង្គ្រោះដែរ។ ហេតុដូច្នេះហើយ ពួកគេមិនដែលប្រឈមមុខនឹងបញ្ហានៃការដេញតាមសេចក្ដីពិតដោយត្រង់ ថាជារឿងដែលត្រឹមត្រូវ និងសំខាន់បំផុតនោះឡើយ។ ពួកគេគ្រាន់តែជឿថា កំហុសដែលពួកគេបានប្រព្រឹត្ត ឬរឿងដែលពួកគេបានធ្វើកាលពីអតីតកាលនោះ ត្រូវបានមនុស្សភាគច្រើនមិនយល់ស្របយ៉ាងខ្លាំង ឬត្រូវមនុស្សថ្កោលទោស ហើយស្អប់ខ្ពើមនិងបដិសេធ ឬថែមទាំងត្រូវបានព្រះជាម្ចាស់ថ្កោលទោសទៀតផង ហើយថា ទោះបីជាពួកគេដេញតាមសេចក្ដីពិតនៅពេលអនាគតក៏ដោយ ក៏ពួកគេមិនអាចបានសង្គ្រោះដែរ។ មិនថា កិច្ចការរបស់ព្រះជាម្ចាស់ឈានដល់ដំណាក់កាលណា ឬទ្រង់បានមានព្រះបន្ទូលប៉ុន្មានទេ ក៏ពួកគេមិនដែលប្រឈមមុខនឹងបញ្ហានៃការដេញតាមសេចក្ដីពិតតាមរបៀបដែលត្រឹមត្រូវដែរ។ ហេតុអ្វីបានជាដូច្នេះ? គឺដោយសារតែសេចក្ដីសន្និដ្ឋានចុងក្រោយដែលពួកគេទាញចេញពីបទពិសោធន៍នៃរឿងបែបនេះ គឺខុសឆ្គង ហេតុដូច្នេះហើយ ទើបពួកគេមិនអាចបោះបង់ចោលភាពអស់សង្ឃឹមរបស់ពួកគេបាន» («របៀបដេញតាមសេចក្ដីពិត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ព្រះជាម្ចាស់បានរៀបរាប់ពីសភាពជាក់ស្ដែងរបស់ខ្ញុំ។ ចាប់តាំងពីខ្ញុំបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុចមក រឿងនេះប្រៀបដូចជាបន្លាចាក់ចំដួងចិត្តខ្ញុំអ៊ីចឹង ហើយខ្ញុំតែងតែមានអារម្មណ៍ខូចចិត្ត និងរងទុក្ខជាខ្លាំង។ មិនមែនតែម្ដងទេ ដែលខ្ញុំតែងសួរខ្លួនឯងថា៖ «ដោយសារតែខ្ញុំបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ហើយមានស្លាកស្នាមនៃសត្វតិរិច្ឆានជាប់ខ្លួនទៅហើយ តើព្រះជាម្ចាស់នៅតែសង្គ្រោះមនុស្សដូចខ្ញុំទៀតឬទេ? ព្រះជាម្ចាស់ចង់បានមនុស្សដែលអាចធ្វើបន្ទាល់ថ្វាយទ្រង់ តែខ្ញុំមិនត្រឹមតែមិនបានធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់នោះទេ ខ្ញុំថែមទាំងបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ក្បត់ព្រះជាម្ចាស់ ហើយក្លាយជាស្នាមនៃភាពអាម៉ាស់ទៀតផង។ តើព្រះជាម្ចាស់បានជម្រុះខ្ញុំចោលហើយមែនទេ?» រាល់ពេលដែលខ្ញុំគិតបែបនេះ ចិត្តខ្ញុំឈឺចាប់ប្រៀបដូចជាត្រូវគេយកកាំបិតមកអារអ៊ីចឹង។ ខ្ញុំថែមទាំងមិនដឹងថា ត្រូវទូលពាក្យអ្វីទៅកាន់ព្រះជាម្ចាស់នៅក្នុងការអធិស្ឋានរបស់ខ្ញុំទៀតផង។ ទោះបីជាពួកជំនុំនៅតែផ្ដល់ឱកាសឱ្យខ្ញុំបំពេញភារកិច្ចក៏ពិតមែន ហើយខ្ញុំពិតជាមានអំណរគុណយ៉ាងខ្លាំង ថែមទាំងចង់ខិតខំបំពេញកិច្ចការនោះឱ្យអស់ពីសមត្ថភាពក្ដី តែភាពមិនស្ងប់ក្នុងចិត្តរបស់ខ្ញុំនៅតែមិនបាត់សោះ។ រាល់ពេលដែលខ្ញុំឮបងប្អូនប្រុសស្រីពិភាក្សាគ្នាអំពីអ្នកដែលបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ចិត្តរបស់ខ្ញុំតែងតែឈឺងំៗ។ ពេលឃើញបទពិសោធន៍របស់បងប្អូនប្រុសស្រីដែលអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបាន ក្រោយពេលត្រូវបានគេចាប់ខ្លួន ចិត្តខ្ញុំរឹតតែឈឺចាប់លើសដើម។ ខ្ញុំគិតថា ព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សទាំងនេះ តែខ្ញុំបែរជាបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ហើយបានក្បត់ព្រះជាម្ចាស់ ដែលធ្វើឱ្យខ្ញុំលែងស័ក្ដិសមនឹងទទួលបានសេចក្ដីសង្គ្រោះរបស់ទ្រង់ទៀតហើយ។ ដោយសារតែខ្ញុំមិនអាចរលាស់ខ្លួនចេញពីស្រមោលនៃការចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុចបាន ទើបខ្ញុំតែងតែរស់នៅក្នុងសភាពអវិជ្ជមាន ហើយខ្ញុំមិនអាចប្រមូលកម្លាំងចិត្ត ដើម្បីដេញតាមសេចក្ដីពិត ឬមានការចូលទៅក្នុងជីវិតបានឡើយ។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងប្រៀបដូចជាសំបកមនុស្សដែលគ្មានព្រលឹង ដែលរាល់ថ្ងៃដឹងត្រឹមតែធ្វើការងារឱ្យរួចរាល់ប៉ុណ្ណោះ។ មើលទៅ ហាក់ដូចជាមានតែការធ្វើការងារឱ្យបានល្អប៉ុណ្ណោះ ទើបខ្ញុំអាចលុបលាងអំពើរំលងរបស់ខ្ញុំបាន ហើយមានតែធ្វើបែបនេះទេ ទើបចិត្តខ្ញុំមានអារម្មណ៍ធូរស្រាលបន្តិច។ ពេលសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំទើបដឹងថា ព្រះជាម្ចាស់មិនបានដកហូតឱកាសរបស់ខ្ញុំ ក្នុងការដេញតាមសេចក្ដីពិតនោះទេ។ ទ្រង់ថែមទាំងអនុញ្ញាតឱ្យខ្ញុំហ្វឹកហាត់បំពេញភារកិច្ចជាអ្នកដឹកនាំទៀតផង។ ប្រសិនបើព្រះជាម្ចាស់បានជម្រុះខ្ញុំចោលមែននោះ តើខ្ញុំនៅមានឱកាសបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងដូចម្ដេចទៅ? ហើយរឹតតែមិនអាចទទួលបានការស្រោចស្រព និងការផ្គត់ផ្គង់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង។ តែខ្ញុំនៅតែបន្តយល់ច្រឡំលើព្រះជាម្ចាស់ ហើយខ្ជះខ្ជាយពេលយ៉ាងច្រើនរស់នៅក្នុងភាពអវិជ្ជមានទៅវិញ! ប្រសិនបើខ្ញុំនៅតែបន្តអវិជ្ជមានបែបនេះទៀត នោះវាមិនមែនជាព្រះជាម្ចាស់ទេដែលជម្រុះខ្ញុំចោល ផ្ទុយទៅវិញ ខ្ញុំកំពុងតែបំផ្លាញខ្លួនឯង ដោយការមិនដេញតាមសេចក្ដីពិតទៅវិញទេ។ ខ្ញុំត្រូវតែឆ្លុះបញ្ចាំងពីខ្លួនឯងឱ្យបានដិតដល់ និងស្វែងរកសេចក្ដីពិត ដើម្បីចេញពីសភាពអវិជ្ជមាននេះឱ្យបាន។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់ ដែលជួយឱ្យខ្ញុំរកឃើញឫសគល់នៃបញ្ហា។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សទាំងអស់ជឿលើព្រះជាម្ចាស់ ដើម្បីទទួលបានព្រះពរ រង្វាន់ និងមកុដ។ តើមនុស្សគ្រប់រូបមិនមានបំណងនេះនៅក្នុងចិត្តទេឬ? តាមពិតទៅ មនុស្សគ្រប់រូបសុទ្ធតែមានបំណងនេះ។ នេះគឺជាការពិត។ ទោះបីជាមនុស្សមិនសូវនិយាយអំពីវាក៏ដោយ ហើយថែមទាំងលាក់បាំងបំណង និងសេចក្ដីប្រាថ្នារបស់ពួកគេក្នុងការទទួលបានព្រះពរក៏ដោយ ក៏សេចក្ដីប្រាថ្នានេះ បំណងនេះ និងគំនិតជំរុញនេះ ដែលលាក់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់មនុស្ស មិនដែលរង្គោះរង្គើឡើយ។ មិនថាមនុស្សយល់ពីទ្រឹស្ដីខាងវិញ្ញាណកម្រិតណា មានចំណេះដឹងតាមរយៈបទពិសោធអ្វីខ្លះ អាចបំពេញភារកិច្ចអ្វី ស៊ូទ្រាំនឹងការរងទុក្ខបានកម្រិតណា ឬលះបង់តម្លៃប៉ុនណាក៏ដោយ ក៏ពួកគេមិនដែលបោះបង់ចោលបំណងក្នុងការទទួលបានព្រះពរ ដែលលាក់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ពួកគេឡើយ ហើយតែងតែធ្វើកិច្ចការលំបាកដោយស្ងៀមស្ងាត់ និងរត់ចុះរត់ឡើងដើម្បីបម្រើបំណងនេះ។ តើនេះមិនមែនជារឿងដែលកប់ជ្រៅបំផុតនៅក្នុងដួងចិត្តរបស់មនុស្សទេឬ? បើគ្មានបំណងក្នុងការទទួលបានព្រះពរនេះទេ តើអ្នករាល់គ្នានឹងមានអារម្មណ៍យ៉ាងណា? តើអ្នករាល់គ្នានឹងបំពេញភារកិច្ចរបស់អ្នករាល់គ្នា និងដើរតាមព្រះជាម្ចាស់ដោយអាកប្បកិរិយាបែបណា? តើមនុស្សនឹងក្លាយទៅជាយ៉ាងណា ប្រសិនបើបំណងក្នុងការទទួលបានព្រះពរ ដែលលាក់នៅក្នុងដួងចិត្តរបស់ពួកគេនេះ ត្រូវបានលុបបំបាត់ទាំងស្រុងនោះ? វាអាចទៅរួចដែលថាមនុស្សជាច្រើននឹងក្លាយជាអវិជ្ជមាន ហើយថា អ្នកខ្លះនឹងអស់កម្លាំងចិត្តនៅក្នុងភារកិច្ចរបស់ពួកគេ ព្រមទាំងបាត់បង់ចំណាប់អារម្មណ៍នៅក្នុងជំនឿរបស់ខ្លួនលើព្រះជាម្ចាស់។ ពួកគេនឹងហាក់ដូចជាបានបាត់បង់ព្រលឹងរបស់ខ្លួន ហើយវានឹងមើលទៅហាក់ដូចជាដួងចិត្តរបស់ពួកគេត្រូវបានដកចេញអ៊ីចឹង។ នេះហើយជាមូលហេតុដែលខ្ញុំនិយាយថា បំណងក្នុងការទទួលបានព្រះពរ គឺជារឿងដែលលាក់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់មនុស្ស។ ប្រហែលជា នៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួន ឬរស់នៅក្នុងជីវិតពួកជំនុំ ពួកគេមានអារម្មណ៍ថា ពួកគេបានយល់សេចក្ដីពិតមួយចំនួន ហើយអាចលះបង់គ្រួសាររបស់ពួកគេ ព្រមទាំងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយក្ដីរីករាយ ហើយថា ពេលនេះ ពួកគេមានការយល់ដឹងពីបំណងរបស់ពួកគេក្នុងការទទួលបានព្រះពរ ហើយបានបោះបង់បំណងនេះ ព្រមទាំងលែងត្រូវបានវាគ្រប់គ្រង ឬរឹតត្បិតទៀតហើយ។ បន្ទាប់មក ពួកគេគិតថា ពួកគេលែងមានបំណងក្នុងការទទួលបានព្រះពរទៀតហើយ ប៉ុន្តែព្រះជាម្ចាស់ព្រះតម្រិះផ្ទុយពីនេះ។ មនុស្សគ្រាន់តែមើលរឿងរ៉ាវយ៉ាងរាក់កំផែលប៉ុណ្ណោះ។ បើគ្មានការល្បងលទេ ពួកគេមានអារម្មណ៍ល្អចំពោះខ្លួនឯង។ ដរាបណាពួកគេមិនចាកចេញពីពួកជំនុំ ឬបដិសេធព្រះនាមរបស់ព្រះជាម្ចាស់ ហើយពួកគេនៅតែបន្តលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ នោះពួកគេជឿថា ពួកគេបានផ្លាស់ប្ដូរហើយ។ ពួកគេមានអារម្មណ៍ថា ពួកគេលែងត្រូវបានជំរុញដោយភាពក្លៀវក្លា ឬការជំរុញចិត្តមួយឆាវរបស់ពួកគេ នៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនទៀតហើយ។ ផ្ទុយទៅវិញ ពួកគេជឿថា ពួកគេអាចដេញតាមសេចក្ដីពិត ហើយថា ពួកគេអាចបន្តស្វែងរក និងអនុវត្តសេចក្ដីពិត ខណៈពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ដើម្បីឱ្យនិស្ស័យពុករលួយរបស់ពួកគេត្រូវបានបន្សុទ្ធ ហើយពួកគេទទួលបានការផ្លាស់ប្ដូរដ៏ពិតប្រាកដខ្លះ។ ក៏ប៉ុន្តែ នៅពេលមានរឿងរ៉ាវកើតឡើង ដែលទាក់ទងដោយផ្ទាល់ទៅនឹងគោលដៅ និងលទ្ធផលរបស់ពួកគេ តើការបង្ហាញចេញរបស់ពួកគេបែបណា? ស្ថានភាពពិតរបស់ពួកគេ ត្រូវបានបើកសម្ដែងឱ្យឃើញទាំងស្រុង» («សូចនាករទាំងប្រាំមួយអំពីការរីកចម្រើននៃជីវិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះជាម្ចាស់បានលាតត្រដាងពីសភាពពិតរបស់ខ្ញុំ។ មូលហេតុដែលខ្ញុំអវិជ្ជមានខ្លាំងបែបនេះ គឺដោយសារតែបំណងប្រាថ្នាចង់បានព្រះពររបស់ខ្ញុំត្រូវបានបំបែកខ្ទេចខ្ទី។ ក្រោយពេលទទួលជឿព្រះជាម្ចាស់ ខ្ញុំខ្នះខ្នែងក្នុងការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ហើយក៏បានចាប់ផ្ដើមបំពេញភារកិច្ចពេញម៉ោង ភ្លាមៗក្រោយពេលរៀនចប់វិទ្យាល័យ ដោយគិតថា បើខ្ញុំនៅតែបន្តដេញតាមបែបនេះទៀត ខ្ញុំប្រាកដជានឹងបានចូលទៅក្នុងនគរព្រះ និងទទួលបានព្រះពរនៃនគរស្ថានសួគ៌មិនខាន។ ពេលដែលខ្ញុំត្រូវបានគេចាប់ខ្លួន ហើយបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ដោយសារតែខ្លាចការធ្វើទារុណកម្ម ខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានសង្ឃឹមនឹងទទួលបានព្រះពរទៀតទេ ហើយរាល់ការសង្ស័យ និងការយល់ច្រឡំរបស់ខ្ញុំចំពោះព្រះជាម្ចាស់ ក៏បានផុសឡើងមក។ ខ្ញុំបានឆ្ងល់ថា៖ «ក្រោយពេលចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុចរួច តើព្រះជាម្ចាស់នៅតែអាចអភ័យទោសឱ្យខ្ញុំទៀតឬទេ? បើព្រះជាម្ចាស់មិនសង្គ្រោះខ្ញុំ តើខ្ញុំនៅមានសង្ឃឹមទទួលបានព្រះពរដែរឬទេ? បើគ្មានសង្ឃឹមទទួលបានព្រះពរទេ ចុះតើការជឿរហូតដល់ទីបញ្ចប់មានន័យអ្វីទៅ?» ខ្ញុំប្រែជាអវិជ្ជមានយ៉ាងខ្លាំងនៅក្នុងចិត្ត។ ជាពិសេសនៅពេលក្រោយមក ពេលដែលអ្នកដឹកនាំបានស៊ើបអង្កេតរឿងដែលខ្ញុំបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ខ្ញុំចាប់ផ្ដើមសង្ស័យថា ខ្ញុំអាចនឹងត្រូវបានពួកជំនុំបោសសម្អាតចោលនៅពេលណាមួយមិនខាន ហើយខ្ញុំមានអារម្មណ៍ថា ទោះបីជាខ្ញុំនៅតែអាចទទួលបានការផ្គត់ផ្គង់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនអាចគេចផុតពីវាសនាដែលត្រូវគេជម្រុះចោលបានដែរ។ ខ្ញុំគិតថា ខ្ញុំគ្មានសង្ឃឹមនឹងទទួលបានព្រះពរទៀតទេ ហើយចិត្តរបស់ខ្ញុំមានអារម្មណ៍ដូចជាមានដុំថ្មដ៏ធ្ងន់មកសង្កត់ពីលើអ៊ីចឹង។ ខ្ញុំមានអារម្មណ៍ដូចជាបាត់បង់ព្រលឹង។ ខ្ញុំតែងតែត្រូវបានគ្របដណ្ដប់ដោយភាពអវិជ្ជមាន និងការឈឺចាប់ ហើយខ្ញុំមិនអាចប្រមូលកម្លាំងចិត្តដើម្បីដេញតាមសេចក្ដីពិត ឬការចូលទៅក្នុងជីវិតបានឡើយ។ ខ្ញុំឃើញថា បំណងប្រាថ្នាចង់បានព្រះពររបស់ខ្ញុំគឺខ្លាំងក្លាពេកហើយ។ ប៉ុន្មានឆ្នាំមកនេះ រាល់ការលះបង់ និងការពលិកម្មដែលខ្ញុំបានធ្វើ មិនមែនដើម្បីផ្គាប់ព្រះទ័យព្រះជាម្ចាស់ទេ តែដើម្បីព្យាយាមតថ្លៃជាមួយទ្រង់ទៅវិញ។ ពេលណាមានប្រយោជន៍ដែលត្រូវទទួលបាន ខ្ញុំនឹងមានកម្លាំងចិត្តយ៉ាងខ្លាំងក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ តែនៅពេលដែលខ្ញុំមិនអាចទទួលបានព្រះពរ ខ្ញុំបែរជាប្រែជាអវិជ្ជមានហួសហេតុទៅវិញ។ តើការដេញតាមរបស់ខ្ញុំ មានអ្វីខុសប្លែកពីពួកអ្នកមិនជឿទៅ? ខ្ញុំគ្រាន់តែជាភាវៈដែលព្រះបានបង្កើត សូម្បីតែធូលីដីក៏ខ្ញុំមិនស័ក្ដិសមផង តែខ្ញុំអាចមកព្រះដំណាក់របស់ព្រះជាម្ចាស់ បំពេញភារកិច្ចរបស់ខ្ញុំ និងទទួលបានសេចក្ដីពិតទាំងអស់ដែលព្រះជាម្ចាស់បានសម្ដែងចេញ។ ខ្ញុំទទួលបានយ៉ាងច្រើនពីព្រះជាម្ចាស់។ តែខ្ញុំមិនមានអំណរគុណទាល់តែសោះ ចំពោះអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំ។ ខ្ញុំថែមទាំងទារព្រះពរនៃនគរស្ថានសួគ៌ពីព្រះជាម្ចាស់ដោយឥតអៀនខ្មាស ហើយបើខ្ញុំមិនអាចទទួលបានព្រះពរទេ ខ្ញុំប្រែជាអវិជ្ជមាន ហើយទាស់ទទឹងនឹងទ្រង់។ ខ្ញុំពិតជាគ្មានភាពជាមនុស្សមែន! ពេលដឹងរឿងនេះ ខ្ញុំមានអារម្មណ៍សោកស្ដាយជាខ្លាំង ដូច្នេះ ខ្ញុំក៏បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយសុខចិត្តលះបង់ចោលនូវបំណងចង់បានព្រះពររបស់ខ្ញុំ ហើយប្រែចិត្ត។
បន្ទាប់ពីនោះមក ខ្ញុំបានអានព្រះបន្ទូលពីរវគ្គទៀតរបស់ព្រះជាម្ចាស់ ហើយក៏ទទួលបានការយល់ដឹងកាន់តែច្បាស់អំពីបំណងព្រះហឫទ័យរបស់ទ្រង់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សភាគច្រើនបានប្រព្រឹត្តអំពើរំលងមួយចំនួន និងបានធ្វើឱ្យខ្លួនឯងមានស្នាមប្រឡាក់។ ឧទាហរណ៍ មនុស្សមួយចំនួនបានប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងបាននិយាយពាក្យប្រមាថ មនុស្សមួយចំនួនបានបដិសេធការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ហើយបានបដិសេធមិនបំពេញភារកិច្ចរបស់ខ្លួន ហើយត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើមនិងបដិសេធ មនុស្សមួយចំនួនបានក្បត់ព្រះជាម្ចាស់ នៅពេលដែលពួកគេបានប្រឈមមុខនឹងសេចក្ដីល្បួង អ្នកខ្លះបានចុះហត្ថលេខាលើ 'សេចក្ដីថ្លែងអះអាងទាំងបីចំណុច' នៅពេលពួកគេត្រូវបានចាប់ខ្លួន ក្បត់ព្រះជាម្ចាស់ អ្នកខ្លះបានលួចតង្វាយ អ្នកខ្លះបានខ្ជះខ្ជាយតង្វាយ អ្នកខ្លះបានរំខានដល់ជីវិតពួកជំនុំជាញឹកញាប់ និងបានបង្កគ្រោះថ្នាក់ដល់រាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ អ្នកខ្លះបានបង្កើតបក្សពួក និងធ្វើបាបអ្នកដទៃ ធ្វើឱ្យពួកជំនុំរញ៉េរញ៉ៃ អ្នកខ្លះតែងតែផ្សព្វផ្សាយសញ្ញាណ និងសេចក្ដីស្លាប់ ដែលបង្កគ្រោះថ្នាក់ដល់បងប្អូនប្រុសស្រី ហើយអ្នកខ្លះបានពាក់ព័ន្ធក្នុងសម្ពន្ធភាពមិនសមរម្យជាមួយមនុស្សភេទផ្ទុយគ្នា និងការរួមភេទមិនរើសមុខ ហើយបានក្លាយជាឥទ្ធិពលដ៏អាក្រក់បំផុត។ អាចនិយាយបានថា មនុស្សគ្រប់គ្នាមានអំពើរំលង និងស្នាមប្រឡាក់រៀងៗខ្លួន។ ក៏ប៉ុន្តែ មនុស្សមួយចំនួនមានសមត្ថភាពទទួលយកសេចក្ដីពិត និងប្រែចិត្ត ចំណែកឯអ្នកផ្សេងទៀតមិនអាចទទួលយកសេចក្ដីពិតឡើយ ហើយសុខចិត្តស្លាប់ជាជាងប្រែចិត្ត។ ដូច្នេះ ពួកគេគួរតែត្រូវបានប្រព្រឹត្តដាក់ស្របទៅតាមសារជាតិធម្មជាតិ និងការបង្ហាញចេញជាប់លាប់របស់ពួកគេ។ អស់អ្នកណាដែលអាចប្រែចិត្ត គឺជាអស់អ្នកណាដែលពិតជាជឿលើព្រះជាម្ចាស់ ប៉ុន្តែចំពោះអស់អ្នកណាដែលពិតជាមិនព្រមប្រែចិត្ត ពួកគេគួរតែត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញតាមការគួរ។ ... ការចាត់ចែងរបស់ព្រះជាម្ចាស់ចំពោះមនុស្សម្នាក់ៗ គឺផ្អែកលើកាលៈទេសៈ និងប្រវត្តិជាក់ស្ដែងនៅពេលនោះ ក៏ដូចជាផ្អែកលើសកម្មភាព និងឥរិយាបថរបស់បុគ្គលនោះ ព្រមទាំងសារជាតិធម្មជាតិរបស់គេផងដែរ។ ព្រះជាម្ចាស់មិនដែលប្រព្រឹត្តដោយអយុត្តិធម៌ចំពោះនរណាម្នាក់ឡើយ។ នេះគឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ ឧទាហរណ៍៖ អេវ៉ាត្រូវបានសត្វពស់ល្បួងឱ្យបរិភោគផ្លែឈើពីដើមដឹងខុសត្រូវ ប៉ុន្តែព្រះយេហូវ៉ាមិនបានស្ដីបន្ទោសនាង ដោយមានព្រះបន្ទូលថា៖ 'យើងបានប្រាប់អ្នកមិនឱ្យបរិភោគវាទេ ចុះហេតុអ្វីបានជាអ្នកនៅតែធ្វើវាទៀត? អ្នកគួរតែមានការញែកដឹង អ្នកគួរតែដឹងថាសត្វពស់និយាយគ្រាន់តែដើម្បីល្បួងអ្នកប៉ុណ្ណោះ'។ ព្រះយេហូវ៉ាមិនបានស្ដីបន្ទោសអេវ៉ាបែបនោះឡើយ។ នេះគឺដោយសារតែមនុស្សត្រូវបានបង្កើតមកដោយព្រះជាម្ចាស់ ហើយទ្រង់ជ្រាបថាតើសមត្ថភាពធម្មជាតិរបស់ពួកគេមានលក្ខណៈបែបណា និងអ្វីដែលសមត្ថភាពទាំងនោះអនុញ្ញាតឱ្យមនុស្សធ្វើ តើមនុស្សអាចគ្រប់គ្រងខ្លួនឯងបានកម្រិតណា ហើយតើមនុស្សអាចសម្រេចបានច្រើនប៉ុនណា។ ព្រះជាម្ចាស់ជ្រាបពីរឿងទាំងអស់នេះយ៉ាងច្បាស់។ ការចាត់ចែងរបស់ព្រះជាម្ចាស់ចំពោះមនុស្សម្នាក់ មិនសាមញ្ញដូចដែលមនុស្សស្រមើស្រមៃនោះទេ។ អាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះមនុស្សម្នាក់ មិនថាទ្រង់សព្វព្រះហឫទ័យនឹងគេ ស្អប់ខ្ពើមចំពោះគេ ឬខ្ពើមរអើមគេនោះទេ គឺផ្អែកជាចម្បងទៅលើអាកប្បកិរិយារបស់បុគ្គលនោះចំពោះសេចក្ដីពិត។ មិនថាបុគ្គលម្នាក់និយាយអ្វីនៅក្នុងបរិបទណាក៏ដោយ ក៏ព្រះជាម្ចាស់ពិនិត្យពិច័យ និងយល់ពីរឿងនេះដែរ ពីព្រោះព្រះជាម្ចាស់ពិនិត្យពិច័យដួងចិត្ត និងសារជាតិរបស់មនុស្ស។ មនុស្សតែងតែជឿថា៖ 'ព្រះជាម្ចាស់មានតែភាពជាព្រះប៉ុណ្ណោះ។ ទ្រង់សុចរិត ហើយមិនអត់ឱនចំពោះការប្រមាថពីមនុស្សឡើយ។ ទ្រង់មិនព្រះតម្រិះពីការលំបាករបស់មនុស្ស ឬដាក់ព្រះអង្គទ្រង់នៅក្នុងស្ថានភាពរបស់ពួកគេនោះទេ។ ប្រសិនបើមនុស្សម្នាក់ទាស់ទទឹងនឹងព្រះជាម្ចាស់ ទ្រង់នឹងដាក់ទោសគេ'។ រឿងរ៉ាវមិនមែនបែបនេះទាល់តែសោះ។ ប្រសិនបើនេះជារបៀបដែលមនុស្សយល់ពីកិច្ចការរបស់ព្រះជាម្ចាស់ គោលការណ៍របស់ទ្រង់ក្នុងការប្រព្រឹត្តដាក់មនុស្ស និងសេចក្ដីសុចរិតរបស់ទ្រង់ នោះនេះគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ។ ការកំណត់របស់ព្រះជាម្ចាស់ចំពោះលទ្ធផលរបស់មនុស្សម្នាក់ៗ មិនមែនផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សនោះទេ ប៉ុន្តែផ្អែកលើនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់។ ទ្រង់នឹងតបស្នងដល់មនុស្សម្នាក់ៗទៅតាមអ្វីដែលគេបានធ្វើ។ ព្រះជាម្ចាស់គឺសុចរិត ហើយមិនយូរមិនឆាប់ ទ្រង់នឹងធ្វើឱ្យមនុស្សទាំងអស់មានការទទួលស្គាល់ក្នុងចិត្តទាំងស្រុង» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «នៅក្នុងព្រះគម្ពីរ មានរឿងមួយអំពីការវិលត្រឡប់របស់កូនប្រុសខ្ជះខ្ជាយ តើហេតុអ្វីបានជាព្រះអម្ចាស់យេស៊ូវប្រើរឿងប្រៀបប្រដៅនេះ? គឺដើម្បីធ្វើឱ្យមនុស្សយល់ថា បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិ គឺស្មោះស្ម័គ្រ ហើយថាទ្រង់ប្រទានឱកាសដល់មនុស្សដើម្បីប្រែចិត្ត និងផ្លាស់ប្ដូរ។ ពេញមួយដំណើរការនេះ ព្រះជាម្ចាស់យល់ពីមនុស្ស ដោយមានចំណេះដឹងយ៉ាងជ្រាលជ្រៅអំពីភាពទន់ខ្សោយរបស់ពួកគេ និងអំពីកម្រិតនៃសេចក្ដីពុករលួយរបស់ពួកគេ។ ទ្រង់ជ្រាបថា មនុស្សនឹងជំពប់ដួល ហើយបរាជ័យ។ ដូចជាកូនក្មេងដែលរៀនដើរអ៊ីចឹង មិនថាពួកគេមានកម្លាំងកាយមាំមួនយ៉ាងណាក៏ដោយ ក៏នឹងមានពេលដែលពួកគេដួល និងជំពប់ជើង ហើយក៏មានពេលដែលពួកគេបុកទង្គិចនឹងរបស់របរ ហើយដួលដែរ។ ព្រះជាម្ចាស់យល់ពីមនុស្សម្នាក់ៗ ដូចជាម្ដាយយល់ពីកូនរបស់ខ្លួនអ៊ីចឹង។ ទ្រង់យល់ពីការលំបាក ភាពទន់ខ្សោយ និងតម្រូវការរបស់មនុស្សម្នាក់ៗ។ លើសពីនេះទៅទៀត ព្រះជាម្ចាស់យល់ពីការលំបាក ភាពទន់ខ្សោយ និងបរាជ័យអ្វីខ្លះដែលមនុស្សនឹងប្រឈមមុខ នៅក្នុងដំណើរការនៃការចូលទៅក្នុងជីវិត និងការផ្លាស់ប្ដូរនិស្ស័យ។ ទាំងនេះគឺជារឿងដែលព្រះជាម្ចាស់យល់ច្បាស់បំផុត។ ដូចនេះហើយទើបមានការលើកឡើងថា ព្រះជាម្ចាស់ពិនិត្យពិច័យជម្រៅដួងចិត្តរបស់មនុស្ស។ មិនថាអ្នកទន់ខ្សោយយ៉ាងណាក៏ដោយ ឱ្យតែអ្នកមិនបដិសេធព្រះនាមរបស់ព្រះជាម្ចាស់ ឬចាកចេញពីទ្រង់ និងផ្លូវនេះទេ នោះអ្នកនឹងតែងតែមានឱកាសដើម្បីសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យជានិច្ច។ ប្រសិនបើអ្នកមានឱកាសនេះ នោះអ្នកមានសង្ឃឹមក្នុងការរស់រានមានជីវិត ហើយហេតុនេះ អ្នកមានសង្ឃឹមក្នុងការត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់» («មាគ៌ានៃការអនុវត្តដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំទទួលបានការយល់ដឹងខ្លះៗអំពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់។ នៅពេលព្រះជាម្ចាស់វិនិច្ឆ័យថា តើមនុស្សម្នាក់អាចត្រូវបានសង្គ្រោះ ឬក៏អត់នោះ ទ្រង់មិនថ្កោលទោស ឬជម្រុះមនុស្សម្នាក់ចោល ដោយផ្អែកលើអំពើរំលងមួយពេលនោះទេ។ ព្រះជាម្ចាស់ជ្រាបពីកម្ពស់របស់យើង ហើយទ្រង់យោគយល់ពីភាពទន់ខ្សោយរបស់យើង។ ព្រះជាម្ចាស់វាស់ស្ទង់មនុស្សម្នាក់ ជាចម្បងគឺផ្អែកលើអាកប្បកិរិយាជាប់លាប់របស់ពួកគេ និងផ្អែកលើថាតើពួកគេអាចទទួលយកសេចក្ដីពិតបានដែរឬទេ។ ប្រសិនបើអាកប្បកិរិយារបស់ពួកគេនៅក្នុងភារកិច្ចតែងតែល្អជាប់លាប់ ហើយប្រសិនបើក្រោយពេលប្រព្រឹត្តអំពើរំលង ពួកគេអាចទទួលយកសេចក្ដីពិត និងប្រែចិត្តយ៉ាងពិតប្រាកដមែន នោះព្រះជាម្ចាស់នឹងមានសេចក្ដីមេត្តាករុណា ហើយបង្ហាញការអត់ឱនចំពោះមនុស្សបែបនេះមិនខាន។ ឧទាហរណ៍ ក្រោយពេលដាវីឌបានយកប្រពន្ធរបស់អ៊ូរីរួច លោកមានវិប្បដិសារីយ៉ាងខ្លាំង ហើយក៏លែងប្រព្រឹត្តអំពើផិតក្បត់ទៀត។ សូម្បីតែពេលលោកចាស់ជរា ទោះបីជាមានស្ត្រីវ័យក្មេងម្នាក់ត្រូវបានគេនាំមកដើម្បីកំដរលើគ្រែរបស់លោកក៏ដោយ ក៏លោកមិនបានប៉ះពាល់នាងដែរ។ ទោះបីជាដាវីឌបានប្រព្រឹត្តអំពើរំលងក៏ពិតមែន តែលោកបានប្រែចិត្តយ៉ាងពិតប្រាកដ ហើយព្រះជាម្ចាស់នៅតែសព្វព្រះទ័យនឹងលោកដដែល។ បងប្អូនប្រុសស្រីខ្លះត្រូវបានគេបណ្ដេញចេញ ដោយសារតែបានដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងដោយសារតែបានរំខានដល់កិច្ចការពួកជំនុំយ៉ាងធ្ងន់ធ្ងរ តែក្រោយមក ពួកគេបានប្រែចិត្តយ៉ាងពិតប្រាកដ ហើយត្រូវបានអនុញ្ញាតឱ្យត្រឡប់ចូលព្រះដំណាក់របស់ព្រះជាម្ចាស់វិញ ថែមទាំងបានសរសេរអត្ថបទតាមរយៈបទពិសោធ ដោយធ្វើបន្ទាល់អំពីកិច្ចការនៃការសង្គ្រោះរបស់ព្រះជាម្ចាស់មកលើពួកគេទៀតផង។ តាមរយៈពួកគេ ខ្ញុំឃើញថា អាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះអ្នកដែលប្រែចិត្តយ៉ាងពិតប្រាកដ និងអាចទទួលយកសេចក្ដីពិតបាន គឺជាសេចក្ដីមេត្តាករុណា និងសេចក្ដីសង្គ្រោះ។ ផ្ទុយទៅវិញ ចំពោះអ្នកដែលតែងតែធ្វើមិនបានល្អជាប់រហូតមក មិនទទួលយកសេចក្ដីពិត ឬមិនបានប្រែចិត្តយ៉ាងពិតប្រាកដ អាកប្បកិរិយារបស់ព្រះជាម្ចាស់គឺ ថ្កោលទោស និងជម្រុះពួកគេចោល។ ឧទាហរណ៍ មនុស្សខ្លះដែលបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ក្រោយមក គ្មានការយល់ដឹង ឬការប្រែចិត្តចំពោះការក្បត់ព្រះជាម្ចាស់របស់ពួកគេសោះ ហើយថែមទាំងបានក្បត់ពួកជំនុំ និងបងប្អូនប្រុសស្រីទៀតផង។ ព្រះជាម្ចាស់មិនផ្ដល់ឱកាសបន្ថែមដល់មនុស្សបែបនេះទេ ព្រោះពួកគេស្អប់ខ្ពើមសេចក្ដីពិត ហើយគ្មានមនសិការ ឬវិចារណញ្ញាណឡើយ។ ខ្ញុំគិតដល់ពេលដែលខ្ញុំត្រូវបានគេចាប់ខ្លួន ពេលនោះខ្ញុំទើបតែបំពេញភារកិច្ចបានមិនយូរប៉ុន្មានទេ បទពិសោធន៍របស់ខ្ញុំនៅតិចតួច ហើយកម្ពស់របស់ខ្ញុំនៅទាបនៅឡើយ។ ខ្ញុំបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ក្នុងពេលដែលខ្ញុំទន់ខ្សោយមួយឆាវ តែក្រោយមក ខ្ញុំមានអារម្មណ៍បន្ទោសខ្លួនឯង និងសោកស្ដាយយ៉ាងខ្លាំង ហើយខ្ញុំចង់ប្រែចិត្ត និងកែប្រែ។ ពួកជំនុំបានផ្ដល់ឱកាសឱ្យខ្ញុំ ដោយផ្អែកលើអាកប្បកិរិយាជាប់លាប់របស់ខ្ញុំនៅក្នុងភារកិច្ច។ នេះហើយគឺជាសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ និងបានបើកសម្ដែងពីសេចក្ដីសុចរិតរបស់ទ្រង់។ តែខ្ញុំមិនយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយចេះតែបន្តយល់ច្រឡំលើទ្រង់ ដោយគិតថា ខ្ញុំគ្រាន់តែធ្វើការដោយកម្លាំងប៉ុណ្ណោះ ហើយនឹងត្រូវបានគេជម្រុះចោល ក្រោយពេលខ្ញុំធ្វើការដោយកម្លាំងចប់សព្វគ្រប់ ហាក់ដូចជាទ្រង់កំពុងប្រើខ្ញុំឱ្យធ្វើការដោយកម្លាំងអ៊ីចឹង។ ខ្ញុំគិតថា ព្រះជាម្ចាស់តែងតែប្រើល្បិចតទល់នឹងមនុស្ស ដូចជាមនុស្សជាតិដ៏ពុករលួយដែរ។ តើនេះមិនមែនជាការប្រមាថព្រះជាម្ចាស់ទេឬអី? ខ្ញុំគ្មានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ! ខ្ញុំបានបដិសេធសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ទាំងស្រុង ហើយខ្ញុំក៏បានបដិសេធបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការសង្គ្រោះមនុស្សជាតិយ៉ាងអស់ពីលទ្ធភាពផងដែរ។ ខ្ញុំដឹងថា នៅក្នុងជំនឿរបស់ខ្ញុំ ខ្ញុំមិនស្គាល់ព្រះជាម្ចាស់ទាល់តែសោះ។ ខ្ញុំពិតជាខ្វាក់ភ្នែកមែន! បើខ្ញុំនៅតែបន្តបែបនេះទៀត ខ្ញុំនឹងគ្មានថ្ងៃទទួលបានការអភ័យទោសពីព្រះជាម្ចាស់ឡើយ។ ខ្ញុំត្រូវតែធ្វើតាមគំរូរបស់ដាវីឌ ប្រឈមមុខនឹងអំពើរំលងរបស់ខ្ញុំដោយស្ងប់ស្ងាត់ ហើយប្រែចិត្តយ៉ាងពិតប្រាកដ។ មិនថាចុងក្រោយខ្ញុំមានលទ្ធផលល្អ ឬក៏អត់នោះទេ ខ្ញុំត្រូវតែទទួលយក និងចុះចូល ហើយមិនត្រូវបារម្ភពីអនាគត និងផ្លូវទៅមុខរបស់ខ្លួនឯងឡើយ។
ក្រោយមក ខ្ញុំឆ្ងល់ថា៖ «តើអ្វីទៅជាឫសគល់នៃការបរាជ័យរបស់ខ្ញុំ ក្នុងរឿងចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ក្រោយពេលខ្ញុំត្រូវបានគេចាប់ខ្លួន?» ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នកសង្ឃឹមថា សេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់នឹងមិននាំឱ្យមានការលំបាក ទុក្ខវេទនា ឬការរងទុក្ខសូម្បីតែបន្ដិចនោះឡើយ។ អ្នកតែងតែដេញតាមរបស់ដែលគ្មានតម្លៃទាំងនោះ ហើយអ្នកចាត់ទុកជីវិតថាគ្មានតម្លៃ បែរជាដាក់គំនិតដ៏ជ្រុលហួសហេតុរបស់អ្នកមុនសេចក្តីពិត។ អ្នកគ្មានតម្លៃសោះឡើយ! អ្នករស់នៅដូចជាសត្វជ្រូក។ តើវាមានភាពខុសគ្នាអ្វីទៅ រវាងអ្នកនិងសត្វជ្រូក ឬក៏សត្វឆ្កែនោះ? តើមនុស្សដែលមិនដេញតាមសេចក្តីពិត ហើយបែរជាស្រឡាញ់សាច់ឈាម មិនមែនសុទ្ធតែជាសត្វតិរច្ឆានទេឬ? តើមនុស្សស្លាប់ដែលគ្មានវិញ្ញាណទាំងនោះ មិនមែនសុទ្ធតែជាខ្មោចឆៅទេឬ? តើមានព្រះបន្ទូលចំនួនប៉ុន្មានដែលត្រូវបានថ្លែងក្នុងចំណោមអ្នករាល់គ្នា? តើមានកិច្ចការបន្ដិចបន្ដួចប៉ុណ្ណោះដែលត្រូវបានធ្វើនៅក្នុងចំណោមអ្នករាល់គ្នាឬ? តើខ្ញុំបានផ្គត់ផ្គង់ច្រើនប៉ុនណាក្នុងចំណោមអ្នករាល់គ្នា? ដូច្នេះ ហេតុអ្វីបានជាអ្នកនៅមិនទាន់បានទទួលទៀត? តើអ្នកត្រូវរអ៊ូរទាំអំពីអ្វីខ្លះទៀត? តើអ្នកមិនទទួលបានអ្វីសោះនេះ មិនមែនដោយសារតែអ្នកងប់ងល់នឹងសាច់ឈាមពេកទេឬ? តើវាមិនមែនដោយសារតែគំនិតរបស់អ្នកជ្រុលហួសហេតុពេកទេឬ? តើវាមិនមែនដោយសារតែអ្នកជាមនុស្សល្ងង់ខ្លៅពេកទេឬ? ប្រសិនបើអ្នកមិនអាចទទួលបានព្រះពរទាំងនេះ តើអ្នកអាចស្ដីបន្ទោសព្រះជាម្ចាស់ថា ទ្រង់មិនបានសង្រ្គោះអ្នកកើតឬ? ... ខ្ញុំប្រទានជីវិតមនុស្សដ៏ពិតដល់អ្នក ប៉ុន្តែ អ្នកមិនដេញតាមនោះទេ។ តើអ្នកមិនមែនជាជំពូកដូចសត្វជ្រូក ឬសត្វឆ្កែទេឬ? សត្វជ្រូកមិនដេញតាមជីវិតរបស់មនុស្សឡើយ វាមិនដេញតាមការលាងជម្រះទេ ហើយវាក៏មិនយល់អំពីអ្វីទៅជាជីវិតដែរ។ រាល់ថ្ងៃ ក្រោយពេលដែលវាស៊ីឆ្អែតហើយ វាគ្រាន់តែដេកប៉ុណ្ណោះ។ ខ្ញុំបានប្រទានផ្លូវពិតដល់អ្នក ប៉ុន្តែអ្នកមិនទទួលបានវាឡើយ អ្នកនៅតែដៃទទេដដែល។ តើអ្នកសុខចិត្តបន្តនៅក្នុងជីវិតនេះ ដែលជាជីវិតដូចសត្វជ្រូកទៀតឬ? តើមនុស្សដែលរស់នៅបែបនេះមានអត្ថន័យអ្វីទៅ? ជីវិតរបស់អ្នកពិតជាគួរឱ្យមើលងាយ និងថោកទាបពេកហើយ អ្នករស់នៅក្នុងចំណោមភាពស្មោកគ្រោក និងអំពើប្រាសចាកសីលធម៌ ហើយអ្នកមិនដេញតាមគោលដៅណាមួយឡើយ ដូច្នេះតើជីវិតរបស់អ្នកមិនមែនថោកទាបបំផុតទេឬ? តើអ្នកមានមុខអ្វីទៅប្រឈមនឹងព្រះជាម្ចាស់នោះ? ប្រសិនបើអ្នកបន្តមានបទពិសោធបែបនេះ តើអ្នកនឹងមិនទទួលបានអ្វីសោះទេឬ? ផ្លូវពិតត្រូវបានប្រទានដល់អ្នករួចហើយ ប៉ុន្តែនៅចុងបញ្ចប់ ថាតើអ្នកអាចទទួលបានផ្លូវនោះឬក៏អត់ គឺអាស្រ័យលើការដេញតាមរបស់អ្នកហើយ» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «សព្វថ្ងៃនេះ មនុស្សគ្រប់គ្នានៅលើពិភពលោកកំពុងឆ្លងកាត់ការល្បងល សូម្បីតែព្រះជាម្ចាស់ក៏កំពុងរងទុក្ខដែរ ដូច្នេះ តើអ្នករាល់គ្នាមិនរងទុក្ខម្ដេចបាន? ... មនុស្សមួយចំនួនប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញពីគ្រួសាររបស់ពួកគេ អ្នកខ្លះប្រឈមមុខនឹងការបដិសេធពីមនុស្សជាទីស្រឡាញ់របស់ពួកគេ ហើយអ្នកខ្លះទៀត ក្រោមការធ្វើទុក្ខបុកម្នេញ មិនអាចត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបាន ដោយគ្មានកន្លែងសុវត្ថិភាពដើម្បីសម្រាកឡើយ។ ការណ៍នេះបណ្ដាលឱ្យមានការរងទុក្ខនៅក្នុងដួងចិត្តរបស់ពួកគេ។ តើរងទុក្ខដែលអ្នករាល់គ្នាកំពុងប្រឈមមុខនៅពេលនេះ មិនដូចគ្នានឹងអ្វីដែលព្រះជាម្ចាស់បានស៊ូទ្រាំទេឬ? ពេលនេះ អ្នករាល់គ្នាកំពុងរងទុក្ខជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់អមដំណើរមនុស្សនៅក្នុងការរងទុក្ខ។ លុះត្រាតែអ្នករាល់គ្នាមានចំណែកនៅក្នុងទុក្ខវេទនា នគរ និងការស៊ូទ្រាំរបស់ព្រះគ្រីស្ទនៅថ្ងៃនេះ ទើបអ្នករាល់គ្នានឹងទទួលបានសិរីល្អនៅទីបញ្ចប់! ការរងទុក្ខនេះមានអត្ថន័យ។ តើវាមិនបែបនេះទេឬ? អ្នកមិនអាចខ្វះការតាំងចិត្តបានឡើយ។ អ្នកត្រូវតែយល់ពីអត្ថន័យនៃការរងទុក្ខនៅថ្ងៃនេះ និងមូលហេតុដែលអ្នករងទុក្ខខ្លាំងម៉្លេះ។ អ្នកត្រូវតែស្វែងរកសេចក្ដីពិត និងឈានដល់ការយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មក អ្នកនឹងមានការតាំងចិត្តដើម្បីរងទុក្ខមិនខាន» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំដឹងថា ឫសគល់ដែលនៅពីក្រោយការចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច គឺដោយសារតែខ្ញុំស្រឡាញ់សាច់ឈាមរបស់ខ្លួនឯងពេក។ ខ្ញុំបានធ្វើតាមច្បាប់រស់រានមានជីវិតរបស់សាតាំងដែលថា «មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់» ហើយខ្ញុំបានចាត់ទុកផលប្រយោជន៍ខាងសាច់ឈាមរបស់ខ្លួនឯងសំខាន់ជាងអ្វីៗទាំងអស់។ នៅក្នុងការជឿលើព្រះជាម្ចាស់ ខ្ញុំប្រាថ្នាចង់ឱ្យគ្មានទុក្ខលំបាក ឬការឈឺចាប់ទាល់តែសោះ និងចង់ឱ្យសាច់ឈាមរបស់ខ្ញុំមិនរងទុក្ខវេទនា ហើយរឹតតែចង់មិនបាច់ឆ្លងកាត់ការល្បងល ឬទុក្ខវេទនាណាមួយទៀតផង។ ដូច្នេះ ពេលដែលនាគដ៏ធំមានសម្បុរក្រហមគំរាមធ្វើទារុណកម្ម អ្វីដែលនៅក្នុងចិត្តរបស់ខ្ញុំ មិនមែនជាការគិតថាតើត្រូវប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនយ៉ាងដូចម្ដេចនោះទេ តែជាការភ័យខ្លាចការធ្វើទារុណកម្មទៅវិញ ពោលគឺដើម្បីរងទារុណកម្មឱ្យបានតិចជាងមុន ខ្ញុំក៏បានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច។ ដើម្បីការពារខ្លួនឯង និងគេចពីការរងទុក្ខខាងសាច់ឈាម ខ្ញុំបានឱនក្បាលចំពោះអារក្ស បន្ទាបខ្លួនដើម្បីរស់រានមានជីវិត តោងទាមយកជីវិតដ៏គួរឱ្យអាម៉ាស់របស់ខ្លួនឯង បដិសេធព្រះជាម្ចាស់ ហើយបានក្បត់ទ្រង់។ តើទង្វើរបស់ខ្ញុំមានអ្វីខុសប្លែកពីយូដាសទៅ? តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំក៏បានដឹងដែរថា ដើម្បីត្រូវបានសង្គ្រោះនៅក្នុងជំនឿរបស់ខ្លួន មនុស្សម្នាក់ត្រូវតែទ្រាំទ្រនឹងការរងទុក្ខជាច្រើន។ មានតែឆ្លងកាត់កាលៈទេសៈដ៏ឈឺចាប់ប៉ុណ្ណោះ ទើបយើងអាចមានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់បាន។ ជាឧទាហរណ៍ សូមមើលពីពេត្រុសចុះ។ ពេលលោកដើរតាមព្រះអម្ចាស់យេស៊ូវ ពេញមួយជីវិតរបស់លោក លោកបានឆ្លងកាត់ការល្បងល និងការបន្សុទ្ធរាប់រយដង។ លោកបានស្វែងរកការស្រឡាញ់ព្រះជាម្ចាស់ នៅក្នុងការបន្សុទ្ធទាំងនេះ ហើយនៅទីបំផុត លោកសម្រេចបានសេចក្ដីស្រឡាញ់យ៉ាងខ្ពង់ខ្ពស់បំផុតចំពោះព្រះជាម្ចាស់ និងការចុះចូលរហូតដល់ស្លាប់ ហើយលោកត្រូវបានគេឆ្កាងបញ្ច្រាសក្បាលចុះក្រោមសម្រាប់ព្រះជាម្ចាស់ ក្លាយជាមនុស្សដំបូងគេបង្អស់តាំងពីដើមរៀងមក ដែលត្រូវបានព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍។ ក៏មានយ៉ូបម្នាក់ទៀតដែរ ដែលបានប្រឈមមុខនឹងការល្បងល។ លោកបានបាត់បង់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ និងកូនៗរបស់លោកត្រឹមមួយប៉ប្រិចភ្នែក ឯរូបកាយរបស់លោកក៏ពេញទៅដោយដំបៅ តែយ៉ូបនៅតែអាចចុះចូលនឹងអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនសម្រាប់ព្រះជាម្ចាស់ ដែលធ្វើឱ្យសាតាំងភ័យខ្លាច និងរត់គេចខ្លួនទាំងតក់ស្លុត។ យ៉ូបបានក្លាយជាមនុស្សដែលមានសេរីភាពពិតប្រាកដ។ បើប្រៀបធៀបជាមួយពួកគាត់ ខ្ញុំមានអារម្មណ៍ថាខ្មាសអៀនណាស់។ ខ្ញុំប្រែជាភ័យខ្លាចយ៉ាងខ្លាំង ហើយបានចុះចាញ់សាតាំងទៅហើយ សូម្បីតែមិនទាន់បានប្រឈមមុខនឹងទារុណកម្មធ្ងន់ធ្ងរផង។ ខ្ញុំប្រៀបដូចជាផ្កានៅក្នុងផ្ទះកញ្ចក់ ដែលមិនអាចទប់ទល់នឹងខ្យល់ ឬភ្លៀងបន្តិចបន្តួចបានឡើយ។ ខ្ញុំពិតជាទន់ជ្រាយមែន! ខ្ញុំត្រូវតែដេញតាមសេចក្ដីពិត ហើយលែងគិតពីសាច់ឈាមរបស់ខ្លួនឯងទៀត ហើយខ្ញុំបានសច្ចាថា ប្រសិនបើថ្ងៃណាមួយខ្ញុំត្រូវបានគេចាប់ខ្លួនម្ដងទៀត ខ្ញុំនឹងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ទោះបីជាសាតាំងធ្វើទារុណកម្មខ្ញុំយ៉ាងធ្ងន់ធ្ងរ រហូតធ្វើឱ្យជីវិតវេទនាជាងស្លាប់ទៀតក៏ដោយ។
នៅចុងខែកក្កដា ឆ្នាំ២០២៤ ភ្លាមៗក្រោយពេលខ្ញុំមកដល់ពួកជំនុំតុងយ៉ាង ពួកជំនុំនៅក្បែរនោះ ត្រូវបានគេចាប់ខ្លួនក្នុងការបោសសម្អាតទ្រង់ទ្រាយធំ ហើយអ្នកដឹកនាំបានចាត់ចែងឱ្យពួកយើងប្រញាប់ទៅជួយប្ដូរទីតាំងសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តែក្រោយពេលយើងរើកន្លែងលាក់សៀវភៅបានពីរបីកន្លែង អ្នកបើកបរត្រូវបានគេសង្ស័យថាមានគេតាមដាន។ លើសពីនេះទៅទៀត បងប្រុសដែលខ្ញុំសហការជាមួយ ក៏ប្រឈមនឹងហានិភ័យផងដែរ ដោយសារតែបានទាក់ទងជាមួយអ្នកបើកបរនោះ។ ខ្ញុំមានអារម្មណ៍ភ័យខ្លាចណាស់។ ខ្ញុំនឹកគិតដល់រឿងថ្មីៗនេះ ដែលខ្ញុំត្រូវបានប៉ូលិសតាមដានយ៉ាងយូរ ហើយស្ទើរតែត្រូវបានគេចាប់ខ្លួនទៅហើយ ព្រមទាំងរឿងដែលយូដាសបានក្បត់ទម្លាយខ្ញុំ ហើយខ្ញុំគឺជាមុខសញ្ញាសំខាន់ដែលប៉ូលិសត្រូវចាប់ខ្លួន។ ប្រសិនបើបងប្រុសដែលខ្ញុំកំពុងសហការជាមួយ ត្រូវប៉ូលិសកំណត់មុខសញ្ញាមែន នោះខ្ញុំក៏មិនអាចគេចផុតដែរ បើប៉ូលិសចាប់ខ្ញុំបាន ពួកគេប្រាកដជាមិនដោះលែងខ្ញុំឡើយ។ តែនៅពេលខ្ញុំគិតដល់អំពើរំលង ដែលខ្ញុំបានប្រព្រឹត្តកាលពីលើកមុន ពេលដែលខ្ញុំត្រូវបានគេចាប់ខ្លួន ហើយបានចុះហត្ថលេខាលើសេចក្ដីថ្លែងអះអាងទាំងបីចំណុច ខ្ញុំមានអារម្មណ៍យ៉ាងខ្លាំងក្លានៅក្នុងចិត្តថា៖ «បើខ្ញុំពិតជាត្រូវគេចាប់ខ្លួនមែន ខ្ញុំស្បថថា ខ្ញុំនឹងមិនបដិសេធព្រះជាម្ចាស់ឡើយ ហើយខ្ញុំប្រាកដជានឹងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់មិនខាន!» ពេលគិតបែបនេះ ចិត្តខ្ញុំលែងត្រូវរងការរឹតត្បិតដោយកាលៈទេសៈនេះទៀតហើយ។ មិនថាខ្ញុំនឹងត្រូវគេចាប់ខ្លួន ឬក៏អត់ គឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយខ្ញុំត្រូវតែចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។ សៀវភៅទាំងនោះត្រូវតែប្រញាប់ប្ដូរទីតាំង កិច្ចការផ្សេងៗត្រូវតែប្រញាប់អនុវត្ត ហើយខ្ញុំត្រូវតែការពារផលប្រយោជន៍ព្រះដំណាក់របស់ព្រះជាម្ចាស់។ ដូច្នេះ ខ្ញុំនៅតែបន្តពិភាក្សាអំពីការចាត់ចែងក្នុងការប្ដូរទីតាំងសៀវភៅ ជាមួយដៃគូរបស់ខ្ញុំដដែល។ ស្របពេលជាមួយគ្នានោះ ខ្ញុំបានសរសេរសំបុត្រមួយច្បាប់ទៅកាន់ពួកជំនុំ ដើម្បីតាមដានវឌ្ឍនភាពនៃការប្ដូរទីតាំងនេះ។ តាមរយៈការអនុវត្តបែបនេះ ខ្ញុំមានអារម្មណ៍ថាស្ងប់ក្នុងចិត្តជាងមុនឆ្ងាយណាស់។ ការដែលខ្ញុំអាចទទួលបានការយល់ដឹង និងការផ្លាស់ប្ដូរបន្តិចបន្តួចនេះ គឺមិនអាចកាត់ផ្ដាច់ពីការណែនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់យ៉ាងស្មោះ!
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ថ្ងៃមួយនៅខែ វិច្ឆិកា ឆ្នាំ ២០២០ អ្នកដឹកនាំម្នាក់បានចូលរួមក្នុងការជួបជុំរបស់ពួកយើង ហើយក្រោយមក បន្ទាប់ពីបញ្ចប់ការជួបជុំ គាត់បានលើកឡើងថា...
នាខែមីនា ឆ្នាំ២០២១ ខ្ញុំធ្វើជាអ្នកឌីស្សាញក្រាហ្វិកនៅពួកជំនុំ។ ព្រោះតែខ្ញុំក្រអឺតក្រទមក្នុងភារកិច្ច និងមិនអាចធ្វើការចុះសម្រុងជាមួយអ្នកដទៃ...
ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយនៅខែធ្នូ ឆ្នាំ២០២០។ ពីរបីខែក្រោយមក...
ពេលមួយ អ្នកដឹកនាំរបស់ពួកយើងបានបាត់បង់តួនាទីរបស់គាត់ ដោយសារតែគាត់មិនតាមរកសេចក្ដីពិត ឬបំពេញកិច្ចការជាក់ស្ដែង...