ការបន្ធូរចំណងដែលបានចង

11-11-2021

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ដើម្បីជាប្រយោជន៍នៃវាសនារបស់អ្នករាល់គ្នា នោះអ្នករាល់គ្នាគប្បីត្រូវស្វែងរកការយល់ព្រម ពីព្រះជាម្ចាស់។ នេះគឺមានន័យថា ដោយសារអ្នករាល់គ្នាទទួលស្គាល់ថា អ្នកជាសមាជិកម្នាក់នៃព្រះដំណាក់របស់ព្រះជាម្ចាស់ នោះអ្នករាល់គ្នាគប្បីធ្វើឲ្យព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ ស្ងប់សុខ ហើយបំពេញតាមព្រះហឫទ័យទ្រង់ នៅក្នុងគ្រប់កិច្ចការទាំងអស់។ អាចនិយាយម៉្យាងទៀតបានថាអ្នកត្រូវតែមានគោលការណ៍ក្នុងគ្រប់ទង្វើរបស់អ្នក ហើយអនុលោមតាមសេចក្តីពិតនៅក្នុងទង្វើទាំងនោះ។ ប្រសិនបើអ្នកធ្វើរឿងនេះមិនបាន នោះអ្នកនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធចោល ហើយនឹងត្រូវមនុស្សគ្រប់រូបច្រានចេញមិនខាន។ នៅពេលដែលអ្នក បានធ្លាក់ចូលទៅក្នុងស្ថានភាពលំបាកបែបនេះ អ្នកមិនអាចត្រូវបានរាប់បញ្ចូលចូលជាសមាជិកក្នុងដំណាក់របស់ព្រះជាម្ចាស់បានទេ ដែលនេះជាអត្ថន័យនៃការដែលមិនទទួលបានការយល់ព្រមពីព្រះជាម្ចាស់» («សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ យើងមើលឃើញអំពីអ្វីដែលទ្រង់តម្រូវពីយើង៖ ក្លាយជាមនុស្សមានគោលការណ៍នៅក្នុងសកម្មភាពរបស់យើង និងប្រកាន់ខ្ជាប់តាមសេចក្តីពិត ដើម្បីឲ្យយើងអាចទទួលបានការយល់ព្រមពីទ្រង់ និងផ្គាប់ព្រះទ័យទ្រង់នៅក្នុងគ្រប់កិច្ចការ។ ខ្ញុំបានបរាជ័យក្នុងការធ្វើកិច្ចការនេះកាលពីមុន ភាគច្រើនដោយសារតែខ្ញុំត្រូវបានគ្រប់គ្រងដោយអារម្មណ៍ខ្ញុំ តែងតែរស់នៅ និងប្រព្រឹត្តតាមអារម្មណ៍ខ្ញុំ។ ទោះបើមើលទៅខ្ញុំមិនធ្វើការអាក្រក់ណាមួយក៏ដោយ ក៏ទង្វើរបស់ខ្ញុំបានប្រឆាំងនឹងគោលការណ៍នៃសេចក្តីពិត ហើយការនេះបានរារាំងដល់កិច្ចការរបស់ពួកជំនុំ។ ប៉ុន្តែ ក្រោយពេលព្រះជាម្ចាស់បានជំនុំជម្រះ និងវាយផ្ចាលខ្ញុំដោយព្រះបន្ទូលរបស់ទ្រង់មក ខ្ញុំបានចាប់ផ្ដើមយល់អំពីធម្មជាតិ និងផលវិបាកចេញពីការប្រព្រឹត្តបែបនេះ។ ក្រោយមក ខ្ញុំអាចធ្វើកិច្ចការប្រកបដោយចេតនាត្រឹមត្រូវ ជាជាងពឹងអាងលើអារម្មណ៍ ហើយខ្ញុំអាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តបាន។

នាខែវិច្ឆិកាឆ្នាំមុន កាលខ្ញុំមានភារកិច្ចជាអ្នកដឹកនាំម្នាក់ មានការស្ទង់មតិមួយទៅលើថាតើអ្នកដឹកនាំក្រុមនៅតាមកន្លែងប្រជុំនីមួយៗធ្វើបានល្អកម្រិតណា។ ចេញពីចម្លើយដែលទទួលបាន ខ្ញុំបានឃើញថា អ្នកដឹកនាំក្រុមម្នាក់ ឈ្មោះបងស្រីលី តែងតែធ្វេសប្រហែសនៅក្នុងភារកិច្ចរបស់គាត់ និងឃើញថា បើកំហុសណាមួយរបស់គាត់ត្រូវបានលើកឡើង នោះគាត់នឹងមិនគ្រាន់តែមិនព្រមទទួលយកសេចក្តីពិតប៉ុណ្ណោះទេ ប៉ុន្តែក៏ឈ្លោះប្រកែកផងដែរ។ ពេលដែលអ្នកដទៃមានការលំបាក គាត់មិនបានជួយពួកគេ ដោយការប្រកបគ្នាទៅលើសេចក្តីពិតឡើយ តែបែរជាបង្រៀនពួកគេដោយវាយឫកខ្ពស់ និងបង្គាប់បញ្ជាពួកគេទៅវិញ។ ... ក្រោយបានអានការស្ទង់មតិនេះរួចមក ខ្ញុំបានដឹងថា ដោយផ្អែកលើគោលការណ៍ គាត់ប្រាកដជាត្រូវបានគេជំនួសកន្លែងមិនខាន។ ប៉ុន្តែ យើងមានស្រុកកំណើតដូចគ្នា ហើយធ្លាប់ធ្វើការជាមួយគ្នានៅក្នុងភារកិច្ចរបស់យើងកាលពីមុន។ យើងមានភាពស្និទ្ធស្នាលនឹងគ្នា ហើយគាត់ក៏បានមើលថែខ្ញុំជាច្រើនផងដែរ។ បើខ្ញុំបណ្ដេញគាត់ចេញ តើគាត់នឹងគិតដែរឬទេថា ខ្ញុំជាមនុស្សគ្មានមេត្តា? រយៈពេលពីរឆ្នាំមុន ពេលគាត់ត្រូវបានបណ្ដេញចេញពីមុខតំណែងរបស់គាត់ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ ហើយគាត់ស្ទើរតែមិនអាចទាញខ្លួនឯងចេញពីភាពអវិជ្ជមាននោះឡើយ។ បើមុខតំណែងមួយទៀតត្រូវបានដកចេញពីគាត់ តើវានឹងមិនប៉ះទង្គិចកាន់តែខ្លាំងទៀតទេឬ? តើគាត់នឹងអាចទទួលយកវាបានដែរឬទេ? ខ្ញុំបានគិតថា ខ្ញុំត្រូវតែប្រកបគ្នាជាមួយគាត់ឥឡូវនេះ ដើម្បីឲ្យគាត់អាចមើលឃើញថា ស្ថានភាពរបស់គាត់គ្រោះថ្នាក់កម្រិតណា។ ខ្ញុំបានគិតថា បើគាត់អាចកែប្រែស្ថានការណ៍ទាន់ពេលវេលា នោះគាត់អាចបន្តកាន់មុខតំណែងរបស់គាត់ទៀតបាន។ ដូច្នេះ ខ្ញុំបានចូលទៅរកបងស្រី លី នៅក្នុងការប្រកបគ្នាអំពីបញ្ហារបស់គាត់ ប៉ុន្តែរកឃើញថា គាត់មិនមានការស្គាល់ខ្លួនឯងពិតប្រាកដត្រង់ណាមួយឡើយ។ ខ្ញុំបានចែកចាយនូវអ្វីៗគ្រប់យ៉ាងដែលខ្ញុំមាននៅក្នុងការប្រកបគ្នានោះជាមួយគាត់ ហើយក្រោយមក គាត់ស្ម័គ្រចិត្តព្រមផ្លាស់ប្ដូរ ព្រមឆ្លុះបញ្ចាំង ហើយនៅទីបំផុត ខ្ញុំក៏បានធូរចិត្ត។ ខ្ញុំបានគិតថា បើខ្ញុំអាចនិយាយពាក្យល្អៗពីរបីម៉ាត់អំពីគាត់ទៅកាន់សហការី ប្រហែល គាត់អាចបន្តធ្វើភារកិច្ចនោះបាន។

ក្រោយមក ក្នុងពេលពិភាក្សាអំពីកិច្ចការ សហការីពីរបីនាក់បាននិយាយថា បងស្រីលី មិនដែលទទួលយកសេចក្តីពិតទេ ហើយពួកគេគ្រប់គ្នាបានឯកភាពគ្នាថានឹងដកគាត់ចេញ។ ដោយឮបែបនេះ ធ្វើឲ្យខ្ញុំច្របូកច្របល់ជាខ្លាំង។ ខ្ញុំបានគិតថា «បងស្រីលី មានបញ្ហាមួយចំនួនមែន ប៉ុន្តែគាត់ត្រៀមខ្លួនផ្លាស់ប្ដូរហើយតើ ដូច្នេះ តើអ្នកមិនអាចផ្ដល់ឱកាសមួយទៀតដល់គាត់បានទេឬ?» ក្រោយមក បងស្រីស៊ូ បាននិយាយថា៖ «បងស្រីលី បានស្ថិតនៅក្នុងសភាពនេះមួយរយៈហើយ។ គាត់ប្រកបគ្នាបានល្អ ប៉ុន្តែគាត់មិនអនុវត្តតាមអ្វីដែលគាត់និយាយឡើយ។ វាគ្មានការផ្លាស់ប្ដូរនោះទេ។ គាត់មិនស័ក្ដិសមសម្រាប់មុខតំណែងនេះឡើយ។» ខ្ញុំក៏ប្រញាប់លូកមាត់ «បងស្រីលី មានការពិបាកទទួលយកសេចក្តីពិតមែន ប៉ុន្តែគាត់ចេះគិតគូរជាមុន និងមានការទទួលខុសត្រូវនៅក្នុងភារកិច្ចរបស់គាត់។ គ្រាន់តែថ្មីៗនេះ មានបងប្អូនប្រុសស្រីមួយចំនួនបានអសកម្មនៅក្នុងភារកិច្ចរបស់ខ្លួន ហើយគាត់បានជំរុញទឹកចិត្តពួកគេប៉ុណ្ណោះ។» បងស្រីប៉ាយ បានឆ្លើយតបភ្លាមៗថា «មើលទៅ បងស្រីលី តែងតែរត់ចុះរត់ឡើង ធ្វើខ្លួនដូចជាសកម្មណាស់ ប៉ុន្តែតាមពិត គាត់កំពុងតែសម្ដែងប៉ុណ្ណោះ ហើយគាត់មិនអាចដោះស្រាយបញ្ហាពិតៗបានទេ។» អ្វីដែលពួកគេបាននិយាយសុទ្ធតែជាការពិត ហើយខ្ញុំគ្មានអ្វីដែលត្រូវឆ្លើយតបទៅវិញឡើយ។ អ្នកដឹកនាំពួកជំនុំម្នាក់ទៀត ឈ្មោះបងស្រីសាង បាននិយាយថា «វាជាការពិតដែលបងស្រីលី មិនស័ក្តិសម​ក្លាយជាអ្នកដឹកនាំក្រុមមែន តែឥឡូវនេះ យើងមិនទាន់មានបេក្ខជនដែលសមស្រប ដើម្បីជំនួសកន្លែងគាត់ឡើយ។ ចូរបន្តឲ្យគាត់កាន់តំណែងនោះសិនទៅ ទម្រាំយើងអាចរកឃើញបេក្ខជនល្អម្នាក់។» នេះជាអ្វីដែលខ្ញុំចង់និយាយ ដូច្នេះ ខ្ញុំប្រញាប់បន្ថែមថា «ខ្ញុំយល់ស្រប។ ពេលមានបុគ្គលដ៏សមរម្យម្នាក់ ចាំយើងដកគាត់ចេញទៅ។» អ្វីដែលភ្ញាក់ផ្អើលនោះគឺថា មិនដល់មួយសប្ដាហ៍ក្រោយផង បងស្រីស៊ូ បានលើកឡើងអំពីបញ្ហានេះម្ដងទៀត ក្រោយពេលយើងបានបញ្ចប់ការពិភាក្សាអំពីកិច្ចការពួកជំនុំ។ គាត់បាននិយាយថា ប្អូនប្រុសចិន គឺជាជម្រើសដ៏ល្អម្នាក់ ហើយសហការីពីរបីនាក់ទៀតក៏យល់ស្របដែរ។ ខ្ញុំមានអារម្មណ៍បុកពោះយ៉ាងខ្លាំង។ បើប្អូនប្រុសចិន ត្រូវបានជ្រើសរើសជាអ្នកដឹកនាំក្រុមមែន នោះបងស្រីលី នឹងត្រូវបានបណ្ដេញចេញមិនខាន។ ដូច្នេះ ខ្ញុំក៏និយាយរឿងមួយចំនួនអំពីសេចក្តីពុករលួយ និងចំណុចខ្វះចន្លោះរបស់ប្អូនប្រុសចិន ហើយបាននិយាយថា គាត់មិនស័ក្ដិសមនឹងការងារនេះឡើយ។ ក្រោយមក គ្រប់គ្នាចាប់ផ្ដើមអល់អែក ហើយខ្ញុំមានអារម្មណ៍មិនសូវស្រួលចិត្តឡើយ ប៉ុន្តែនៅតែមិនស្វែងរកសេចក្តីពិតដដែល។

ក្រោយមកទៀត អ្នកដឹកនាំរបស់ខ្ញុំបានសុំឲ្យខ្ញុំវិភាគប្រាប់គាត់អំពីអ្នកដឹកនាំក្រុម ហើយពេលខ្ញុំវិភាគដល់បងស្រី លី ខ្ញុំមិនបានឆ្លុះបញ្ចាំងដោយសុក្រឹតទៅលើការវាយតម្លៃរបស់បងប្អូនប្រុសស្រីចំពោះគាត់ឡើយ។ ខ្ញុំមានអារម្មណ៍ស្រពេចស្រពិលពិបាកចិត្ត ក្រោយពេលគាត់បានចាកចេញ។ ខ្ញុំបានឆ្ងល់ថាហេតុអ្វីបានជាខ្ញុំនិយាយការពារបងស្រីលី ដោយតែងតែខ្វល់ខ្វាយអំពីគាត់បែបនេះ។ តើខ្ញុំមិនមែនកំពុងកាន់ជើងខាងគាត់ទេឬ? តើចេតនាបែបណាទៅដែលកំពុងតែត្រួតត្រាលើខ្ញុំនេះ? ក្រោយមក ខ្ញុំបានអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «ជាចម្បង តើអ្វីជាភាពមានមនោសញ្ចេតនា? វាគឺជានិស្ស័យពុករលួយមួយ។ បើពួកយើងប្រើប្រាស់ពាក្យដើម្បីពណ៌នាពីទិដ្ឋភាពជាក់ស្ដែងនៃភាពមានមនោសញ្ចេតនា នោះពួកវាគឺជាការអនុគ្រោះនិយម និងការលម្អៀងចំពោះការការពារមនុស្សជាក់លាក់ ការរក្សាទំនាក់ទំនងខាងសាច់ឈាម និងមិនមានភាពយុត្តិធម៌។ នេះគឺជាអត្ថន័យនៃភាពមានមនោសញ្ចេតនា។ ដូច្នេះ ការកម្ចាត់ចេញនូវភាពមានមនោសញ្ចេតនារបស់មនុស្សម្នាក់ មិនគ្រាន់តែមានន័យថា លែងគិតពីនរណាម្នាក់ប៉ុណ្ណោះទេ។ ដោយសាមញ្ញ អ្នកអាចមិនគិតអំពីពួកគេទាល់តែសោះ ប៉ុន្តែនៅពេលដែលនរណាម្នាក់រិះគន់ពីសមាជិកគ្រួសាររបស់អ្នក ស្រុកកំណើតរបស់អ្នក ឬរិះគន់នរណាម្នាក់ដែលអ្នកមានទំនាក់ទំនងជាមួយ នោះអ្នកបញ្ចេញកំហឹង និងតាំងចិត្តគាំទ្រខាងពួកគេ។ អ្នកមានអារម្មណ៍ជម្នះយ៉ាងដាច់ខាត ដើម្បីផ្លាស់ប្ដូរនូវអ្វីដែលត្រូវបាននិយាយអំពីពួកគេ។ អ្នកមិនអាចអនុញ្ញាតឱ្យពួកគេត្រូវទទួលរងនូវកំហុសដ៏អយុត្តិធម៌ឡើយ។ អ្នកមានអារម្មណ៍អំពីតម្រូវការ ដើម្បីធ្វើឱ្យអស់លទ្ធភាពរបស់អ្នក ក្នុងការការពារកេរ្ដិ៍ឈ្មោះរបស់ពួកគេ ធ្វើឱ្យអ្វីដែលខុសហាក់ដូចជាត្រឹមត្រូវ និងមិនអនុញ្ញាតឱ្យអ្នកដទៃប្រាប់ពីការពិតអំពីពួកគេ ឬលាតត្រដាងពួកគេឡើយ។ នេះគឺជាភាពអយុត្តិធម៌ ហើយវាត្រូវបានគេហៅថា ភាពមានមនោសញ្ចេតនា» («តើតថភាពនៃសេចក្ដីពិតជាអ្វី?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «បើមនុស្សខ្វះការគោរពចំពោះព្រះជាម្ចាស់ ហើយបើព្រះជាម្ចាស់មិនមានទីកន្លែងនៅក្នុងចិត្តរបស់ពួកគេ នោះពួកគេមិនអាចធ្វើសកម្មភាពតាមគោលការណ៍បានទេ មិនថាភារកិច្ចអ្វីដែលពួកគេកំពុងតែបំពេញ ឬបញ្ហាអ្វីដែលពួកគេកំពុងដោះស្រាយឡើយ។ មនុស្សដែលរស់នៅក្នុងគោលបំណង និងបំណងចិត្តបែបអាត្មានិយម មិនអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានឡើយ។ ដោយសារហេតុផលនេះ ពេលណាក៏ដោយដែលពួកគេជួបប្រទះនឹងបញ្ហា នោះពួកគេមិនសម្លឹងមើលចេតនារបស់ខ្លួនឡើយ ហើយមិនអាចដឹងថា ចេតនារបស់ពួកគេខុសឆ្គងកន្លែងណាឡើយ។ ផ្ទុយទៅវិញ ពួកគេប្រើប្រាស់មូលហេតុគ្រប់ប្រភេទ ដើម្បីបង្កើតការភូតកុហក និងការដោះសារសម្រាប់ខ្លួនឯង។ ពួកគេបំពេញការងារបានល្អគួរសម ក្នុងការការពារផលប្រយោជន៍ កេរ្ដិ៍ឈ្មោះរបស់ពួកគេផ្ទាល់ និងទំនាក់ទំនងអន្ដរបុគ្គល ប៉ុន្តែតាមពិត ពួកគេមិនបានបង្កើតទំនាក់ទំនងណាមួយជាមួយព្រះជាម្ចាស់ឡើយ» («ឥរិយាបថដែលមនុស្សគួរតែមានចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញថា ពេលប្រឈមនឹងបញ្ហា យើងមិនអាចប្រព្រឹត្តដោយយុត្តិធម៌ស្របតាមគោលការណ៍នៃសេចក្តីពិត ហើយយើងមិនចេះវែកញែករវាងត្រូវ និងខុសទេ ដោយកាន់ជើង និងការពារអស់អ្នកដែលយើងមានទំនាក់ទំនងជាមួយ ឬអ្នកដែលផ្ដល់ប្រយោជន៍ដល់យើងទេ។ នេះហើយជាការប្រព្រឹត្តតាមអារម្មណ៍នោះ។ ពេលយើងត្រូវបានគ្រប់គ្រងដោយអារម្មណ៍ មិនថានៅក្នុងភារកិច្ចរបស់យើង ឬការដោះស្រាយជាមួយបញ្ហាឡើយ យើងគ្រាន់តែគិតអំពីអារម្មណ៍ខាងសាច់ឈាម និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងប៉ុណ្ណោះ ដោយមិនអនុវត្តតាមសេចក្តីពិត ឬបំពេញភារកិច្ចរបស់យើងឲ្យបានល្អនោះឡើយ។ នេះហើយជាសភាពដែលខ្ញុំបានស្ថិតនៅនោះ។ ខ្ញុំមិនចង់បណ្ដេញបងស្រីលី ដោយសារតែខ្ញុំកំពុងតែធ្វើការតាមអារម្មណ៍របស់ខ្ញុំ។ ខ្ញុំកំពុងតែការពារទំនាក់ទំនងរបស់យើង និងខ្លាចថា នាងមានការអន់ចិត្តចំពោះខ្ញុំ។ ដូច្នេះ ពេលដែលសហការីចង់ប្រកាន់ខ្ជាប់តាមគោលការណ៍ និងបណ្ដេញនាងចេញ ខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីការពារនាង ដូច្នេះនាងអាចបន្តកាន់តំណែងរបស់នាង។ ពេលខ្ញុំផ្ដល់ការវាយតម្លៃរបស់ខ្ញុំអំពីនាងទៅកាន់អ្នកដឹកនាំ ខ្ញុំបានបន្ធូរបន្ថយវា ដោយគ្របបាំងនាងចេញពីភាពលម្អៀង ហើយបានប្រើល្បិចកល។ ពេលក្រឡេកក្រោយ ខ្ញុំបានមើលឃើញថា ចេតនា និងបំណងរបស់ខ្ញុំសុទ្ធតែត្រូវបានគ្រប់គ្រងដោយអារម្មណ៍។ ខ្ញុំកំពុងរស់នៅក្នុងនិស្ស័យពុករលួយនៃល្បិចកល និងការបោកបញ្ឆោត ដោយព្រមសម្របសម្រួលផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ដើម្បីការពារទំនាក់ទំនង ត្រៀមបំពានព្រះជាម្ចាស់ មុនពេលធ្វើឲ្យមនុស្សខកចិត្ត។ ខ្ញុំពិតជាខ្វះនូវការគោរពចំពោះព្រះជាម្ចាស់មែន។ ខ្ញុំអាត្មានិយម និងគួរឲ្យស្អប់ខ្ពើម! ខ្ញុំមានអារម្មណ៍ពិរុទ្ធយ៉ាងខ្លាំងអំពីការទាំងអស់នេះ ដូច្នេះ ខ្ញុំបានចូលទៅរកអ្នកដឹកនាំភ្លាមៗ ដើម្បីប្រាប់គាត់អំពីការពិត។ ក្រោយមក ខ្ញុំបានអធិស្ឋាន និងចូលទៅរកព្រះជាម្ចាស់៖ «ហេតុអ្វីខ្ញុំចេះតែជំរុញដោយអារម្មណ៍ មិនអាចអនុវត្តតាមសេចក្តីពិតបែបនេះ? តើអ្វីទៅជាឫសគល់នៃបញ្ហានេះ?»

នៅក្នុងការចំណាយពេលជាមួយព្រះនាថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលទាំងនេះមកពីព្រះជាម្ចាស់៖ «មនុស្សដែលកើតមកក្នុងទឹកដីកខ្វក់បែបនេះ បានរងការខូចខាតពីសង្គមយ៉ាងខ្លាំង បានរងឥទ្ធិពលពីក្រមសីលធម៌សក្ដិភូមិ ហើយក៏ទទួលបានការបង្រៀននៅ «វិទ្យាស្ថានឧត្ដមសិក្សា» ទៀតផង។ ការគិតថយក្រោយ ការអាក្រក់ខូចផ្នែកសីលធម៌ ការយល់ឃើញតូចទាបពីជីវិត ទស្សនៈវិទ្យាសម្រាប់ការរស់នៅដ៏គួរឲ្យស្អប់ខ្ពើម ជីវិតរស់នៅដែលគ្មានតម្លៃទាល់តែសោះ ព្រមទាំង របៀបរស់នៅ និងទំនៀមទម្លាប់ដ៏ថោកទាប ដែលទាំងអស់នេះបានឈ្លានពានដួងចិត្ដរបស់មនុស្សយ៉ាងខ្លាំងក្លា ព្រមទាំងបានធ្វើឲ្យចុះខ្សោយ និងវាយប្រហារមនសិការរបស់ពួកគេផងដែរ។ ជាលទ្ធផល មនុស្សលោកកាន់តែស្ថិតនៅឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់ ហើយកាន់តែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ច្រើនទៀតផង។ បន្តិចម្តងៗ និស្ស័យរបស់មនុស្សក៏កាន់តែសាហាវទៅៗដែរ ហើយមិនមាននរណាម្នាក់ដែលសុខចិត្ដបោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ឡើយ គ្មាននរណាម្នាក់ដែលនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ចេញពីចិត្ដ ហើយលើសពីនេះទៅទៀតនោះ ក៏គ្មានបុគ្គលណាម្នាក់ដែលនឹងស្វែងរកការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់អស់ពីចិត្ដដែរ។ ផ្ទុយទៅវិញ ដោយស្ថិតក្រោមដែនត្រួតត្រារបស់សាតាំង មនុស្សលោកមិនបានធ្វើអ្វីទាល់តែសោះ ក្រៅពីចង់បានការសប្បាយ ដោយយល់ព្រមឲ្យសាច់ឈាមខូចអាក្រក់នៅក្នុងទឹកដីដែលពេញដោយភក់ជ្រាំនេះ។ សូម្បីពេលដែលពួកគេបានឮអំពីសេចក្ដីពិតហើយក្ដី អស់អ្នកដែលរស់នៅក្នុងភាពងងឹតមិនបានគិតដល់ការយកសេចក្ដីពិតទៅអនុវត្ដទេ ហើយពួកគេក៏មិនមានទំនោរក្នុងការស្វែងរកព្រះជាម្ចាស់ដែរ ទោះបីជាពួកគេបានឃើញការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់ហើយក្ដី។ តើមនុស្សលោកដែលគួរឲ្យស្អប់ខ្ពើមយ៉ាងនេះ អាចមានឱកាសទទួលបានការសង្គ្រោះបានយ៉ាងដូចម្ដេច? តើមនុស្សលោកដែលអាប់អោនខ្លាំងយ៉ាងនេះ អាចរស់នៅក្នុងពន្លឺបានយ៉ាងដូចម្ដេច?» («ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ក្រោយមក ខ្ញុំបានរកឃើញថា ការធ្វើតាមអារម្មណ៍ ភាគច្រើនចេញមកពីការដែលសាតាំងបានបោកបញ្ឆោត និងធ្វើឲ្យពុករលួយ។ តាមរយៈការអប់រំនៅសាលា និងឥទ្ធិពលនៃសង្គម អារក្សសាតាំងបញ្ជ្រាបទៅក្នុងមនុស្ស គ្រប់ទាំងទស្សនវិជ្ជាខាងលោកីយ៍គ្រប់ប្រភេទ និងច្បាប់ទម្លាប់នៃការរស់រាន ដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង និងគិតដល់ប្រយោជន៍ផ្ទាល់ខ្លួន» «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន» និង «មនុស្សមិនមែនជាវត្ថុគ្មានជីវិតនោះទេ តើគេមិនអាចមានមនោសញ្ចេតនាយ៉ាងដូចម្ដេចទៅ?» ខ្ញុំបានរស់នៅតាមទស្សនវិជ្ជាទាំងនេះ ដោយចាត់ទុកការការពារមនុស្សដែលជិតស្និទ្ធនឹងខ្ញុំ ជាអ្វីមួយដែលវិជ្ជមាន និងចាត់ទុកការអាណិតអាសូរ និងចិត្តករុណា ជាសេចក្តីស្រឡាញ់។ ចំពោះបងស្រីលី ដែលត្រូវបានបណ្ដេញចេញ ខ្ញុំបន្តគិតថា យើងចេញមកពីកន្លែងតែមួយ និងគិតទៀតថា គាត់តែងតែមើលថែខ្ញុំ ដូច្នេះ ពេលដែលគាត់កំពុងប្រឈមនឹងការបណ្ដេញចេញ ខ្ញុំបានគិតថា ខ្ញុំគួរតែជួយគាត់ និងនិយាយការពារគាត់។ ខ្ញុំបានគិតថា នោះគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ ខ្ញុំបានដឹងថា គាត់មិនបានស្ពាយបន្ទុកសម្រាប់ភារកិច្ចរបស់គាត់ ក្នុងនាមជាអ្នកដឹកនាំក្រុមនោះឡើយ តែជារឿយៗ បានបង្រៀនអ្នកដទៃ និងត្រួតត្រាលើអ្នកដទៃ។ ការមិនបណ្ដេញគាត់ចេញនឹងបង្កផលប៉ះពាល់ដល់បងប្អូនប្រុសស្រី និងជះឥទ្ធិពលលើកិច្ចការនៃពួកជំនុំ។ ប៉ុន្តែ ខ្ញុំបានប្រឆាំងនឹងគោលការណ៍នៃសេចក្តីពិត និងមិនយកចិត្តទុកដាក់លើផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ដោយធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីការពារគាត់ និងឲ្យគាត់បន្តកាន់មុខតំណែងរបស់គាត់។ ខ្ញុំបានប្រើភារកិច្ចរបស់ខ្ញុំ ដើម្បីការពារទំនាក់ទំនងរបស់យើង និងបានប្រើកិច្ចការនៃពួកជំនុំ ដើម្បីសងគុណចំពោះចិត្តសប្បុរសដែលគាត់មានចំពោះខ្ញុំ។ ខ្ញុំកំពុងតែប្រើអំណាច និងភារកិច្ចរបស់ខ្ញុំសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ ខ្ញុំគួរតែបានគិតគូរអំពីកិច្ចការនៃពួកជំនុំ និងជីវិតរបស់បងប្អូនប្រុសស្រី ហើយប្រព្រឹត្តតាមគោលការណ៍នៃសេចក្តីពិតនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ប៉ុន្តែ ខ្ញុំកំពុងតែឲ្យតម្លៃលើមនោសញ្ចេតនាលើសអ្វីៗទាំងអស់ ទាំងដឹងអំពីសេចក្តីពិត តែមិនអនុវត្តតាម។ តើនេះមិនមែនជាការក្បត់សេចក្តីពិត និងគោលការណ៍ និងមិនសូវយកចិត្តទុកដាក់ចំពោះកិច្ចការនៃពួកជំនុំទេឬ? ខ្ញុំកំពុងតែរមិលគុណចំពោះអ្នកដែលជួយខ្ញុំហើយ! ក្រោយមក ខ្ញុំបានឃើញថា ទស្សនវិជ្ជាខាងលោកីយ៍ទាំងនោះគឺជាសេចក្តីខុសឆ្គងដែលសាតាំងប្រើ ដើម្បីធ្វើឲ្យពុករលួយ និងបោកបញ្ឆោតមនុស្ស។ ការនិយាយ និងប្រព្រឹត្តបែបនោះ គឺគ្មានភាពត្រឹមត្រូវ និងយុត្តិធម៌សោះឡើយ ហើយក៏គ្មាននូវគោលការណ៍នៃសេចក្តីពិតនៅក្នុងនោះដែរ។ វាដូចទៅនឹងទស្សនវិជ្ជានៃជីវិតរបស់មន្ត្រីបក្សកុម្មុយនីស្តចិនអ៊ីចឹង៖ «នៅពេលមនុស្សម្នាក់កាន់តែមានឋានៈធំជាងមុន នោះគ្រួសារ និងសាច់ញាតិខ្លួនក៏មានឋានៈខ្ពស់ជាងមុនតាមនោះដែរ»។ ពេលដែលបុគ្គលម្នាក់ក្លាយជាមន្ត្រី សាច់ញាតិរបស់ពួកគេក៏ទទួលប្រយោជន៍ជាច្រើនផងដែរ ហើយពួកគេអាចធ្វើអ្វីក៏បាន ដោយគ្មានទោសពៃរ៍នោះឡើយ។ សង្គមដែលត្រូវបានគ្រប់គ្រងដោយបក្សកុម្មុយនីស្តចិន ពិតជាខ្មៅងងឹត អាក្រក់ណាស់ គ្មានភាពត្រឹមត្រូវ ឬយុត្តិធម៌សោះឡើយ។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ ដោយមិនប្រព្រឹត្តតាមគោលការណ៍ តែរស់នៅតាមទស្សនវិជ្ជាបែបសាតាំងទាំងនោះ តើខ្ញុំមានអ្វីខុសពីមន្ត្រីបក្សកុម្មុយនីស្តចិនទៅ? ការមិនចង់បណ្ដេញបងស្រីលីចេញ មិនមែនចេញពីសេចក្តីស្រឡាញ់ ឬការជួយពិតប្រាកដឡើយ ខ្ញុំគ្រាន់តែខ្លាចថា គាត់នឹងនិយាយថា ខ្ញុំជាមនុស្សគ្មានចិត្ត និងគ្មានមេត្តាប៉ុណ្ណោះ ហើយគាត់នឹងលែងមើលមកកាន់ខ្ញុំដូចគ្រាមុនទៀត។ ខ្ញុំមិនបានគិតគូរដល់ជីវិតរបស់គាត់ទាល់តែសោះ។ ការដកនរណាម្នាក់ចេញនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ត្រូវបានធ្វើឡើង ដើម្បីលើកទឹកចិត្តឲ្យមានការឆ្លុះបញ្ចាំងលើខ្លួនឯង ដើម្បីឲ្យពួកគេអាចប្រែចិត្ត និងផ្លាស់ប្ដូរទាន់ពេលវេលា។ វាជារបៀបមួយដែលព្រះជាម្ចាស់សង្រ្គោះ និងការពារមនុស្ស។ ខ្ញុំក៏ធ្លាប់ត្រូវបានដកចេញពីភារកិច្ចរបស់ខ្ញុំផងដែរ ហើយពេលដែលខ្ញុំបានរៀនសូត្រចេញពីភាពបរាជ័យរបស់ខ្ញុំ ពួកជំនុំបានរៀបចំភារកិច្ចដ៏ស័ក្ដិសមមួយទៀតសម្រាប់ខ្ញុំ។ មានតែការជំពប់ជើង និងការដួលប៉ុណ្ណោះ ទើបធ្វើឲ្យខ្ញុំឆ្លុះបញ្ចាំង និងជួយឲ្យខ្ញុំមានការស្គាល់ខ្លួនឯងដ៏ពិតខ្លះ។ ខ្ញុំក៏បានយល់កាន់តែច្រើនអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីសង្រ្គោះមនុស្ស និងមើលឃើញថា សេចក្តីស្រឡាញ់របស់ទ្រង់មានទាំងសេចក្តីមេត្តាករុណា និងសេចក្តីសុចរិត។ វាមាននូវគោលការណ៍ចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ទ្រង់មិនបណ្ដោយតាមចិត្តយើង ឬធ្វើឲ្យយើងក្លាយជាមនុស្សខូចឡើយ។ ប៉ុន្តែ «សេចក្តីស្រឡាញ់» របស់ខ្ញុំចំពោះអ្នកដទៃគឺពេញដោយទស្សនវិជ្ជាខាងលោកីយ៍បែបសាតាំង និងឈរលើផលប្រយោជន៍ផ្ទាល់ខ្លួន។ វាមានលក្ខណៈចង្អៀតចង្អល់ និងអាត្មានិយម គួរឲ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់។ មានតែពេលនេះ ទើបខ្ញុំដឹងថា វាបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនយើង ពេលដែលយើងពឹងអាងលើអារម្មណ៍របស់យើង ហើយនេះជាឧបសគ្គដ៏ធំបំផុតរបស់ខ្ញុំនៅក្នុងការអនុវត្តតាមសេចក្តីពិត និងការបំពេញភារកិច្ចរបស់ខ្ញុំឲ្យបានល្អ។ ដោយមិនទទួលយកការជំនុំជម្រះ និងការវាយផ្ចាលចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយគ្មានការប្រែចិត្តពិតប្រាកដ ខ្ញុំបានបំពាននិស្ស័យរបស់ព្រះជាម្ចាស់ និងត្រូវបានព្រះជាម្ចាស់បដិសេធ ស្អប់ខ្ពើម និងលុបបំបាត់។

ក្រោយមក ខ្ញុំបានអានបទគម្ពីរមួយទៀតចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ប្រសិនបើអ្នកចង់មានសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះជាម្ចាស់ អ្នកត្រូវដាក់ចិត្តទៅបែរទៅរកព្រះជាម្ចាស់។ នៅពេលមានមូលដ្ឋាននេះជាបង្អែក អ្នកនឹងមានសម្ពន្ធភាពត្រឹមត្រូវជាមួយមនុស្សដទៃទៀត។ ប្រសិនបើអ្នកពុំមានសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះទេ ទោះអ្នកខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីរក្សាសម្ពន្ធភាពរបស់អ្នកជាមួយអ្នកដទៃ មិនថាអ្នកខិតខំព្យាយាមខ្លាំងប៉ុនណា ឬមិនថាអ្នកខំចំណាយកម្លាំងច្រើនប៉ុនណានោះទេ ក៏វាគ្រាន់តែជាគំនិតសម្រាប់ការរស់នៅរបស់មនុស្សលោកតែប៉ុណ្ណោះ។ អ្នកកំពុងរក្សាជំហររបស់ខ្លួន នៅក្នុងចំណោមមនុស្សដទៃ តាមរយៈទស្សនៈវិស័យ និងគំនិតបែបមនុស្សលោក ដើម្បីឲ្យមនុស្សនឹងកោតសរសើរដល់អ្នក ប៉ុន្តែ អ្នកពុំបានគោរពតាមព្រះបន្ទូលនៃព្រះក្នុងការបង្កើតសម្ពន្ធភាពត្រឹមត្រូវជាមួយអ្នកដទៃឡើយ។ ប្រសិនបើអ្នកពុំផ្តោតសំខាន់លើសម្ពន្ធភាពរបស់អ្នកជាមួយនឹងមនុស្ស ប៉ុន្តែ អ្នករក្សាសម្ពន្ធភាពដ៏ត្រឹមត្រូវជាមួយព្រះជាម្ចាស់ ប្រសិនបើអ្នកអាចប្រគល់ដួងចិត្តថ្វាយដល់ព្រះជាម្ចាស់ និងរៀនគោរពតាមទ្រង់ នោះសម្ពន្ធភាពរបស់អ្នកជាមួយអ្នកដទៃក៏នឹងត្រឹមត្រូវល្អបានដោយឯកឯងដែរ។ ហេតុនេះ សម្ពន្ធភាពអស់ទាំងនេះមិនមែនបង្កើតឡើងខាងសាច់ឈាមនោះទេ ប៉ុន្តែត្រូវបង្កើតឡើងដោយលើមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ សម្ពន្ធភាពខាងសាច់ឈាម គឺសឹងតែគ្មាន ចំណែកខាងឯវិញ្ញាណវិញ គឺរមែងមាននូវមេត្រីភាព សេចក្តីស្រឡាញ់ ការកម្សាន្តចិត្ត និងការទំនុកបម្រុងឲ្យគ្នាទៅវិញទៅមក។ អ្វីទាំងអស់នេះសម្រេចទៅបាន ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃដួងចិត្តដែលស្រឡាញ់ពេញចិត្តចំពោះព្រះជាម្ចាស់។ សម្ពន្ធភាពអស់ទាំងនេះ មិនអាចរក្សាបានដោយការពឹងផ្អែកលើគំនិតសម្រាប់ការរស់នៅតាមបែបមនុស្សលោកឡើយ ប៉ុន្តែ ត្រូវបង្កើតឡើងដោយការរែកបន្ទុកសម្រាប់ព្រះជាម្ចាស់។ ការនេះមិនតម្រូវឲ្យមានការខំប្រឹងប្រែងតាមបែបមនុស្សឡើយ។ អ្នកគ្រាន់តែអនុវត្តវាទៅតាមគោលការណ៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ» («ការបង្កើតទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ គឺពិតជាសំខាន់ខ្លាំងណាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ខ្ញុំបានយល់ថា ទំនាក់ទំនងជាមួយបងប្អូនប្រុសស្រីត្រូវមានមូលដ្ឋានផ្អែកលើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ វាមិនត្រូវគាំពារដោយទស្សនៈខាងលោកីយ៍របស់សាតាំងឡើយ។ ការអនុវត្តតាមសេចក្តីពិតគឺជាកូនសោ។ ជាពិសេស ពេលនិយាយដល់កិច្ចការនៃព្រះដំណាក់របស់ព្រះជាម្ចាស់ ពេលយើងមើលឃើញនរណាម្នាក់កំពុងបំពេញភារកិច្ចរបស់ពួកគេផ្ទុយពីគោលការណ៍នៃសេចក្តីពិត យើងត្រូវតែប្រកបគ្នាពីសេចក្តីពិត ដើម្បីជួយគាំទ្រដល់ពួកគេ។ បើពួកគេនៅមិនប្រែចិត្តក្រោយការប្រកបគ្នាជាច្រើនដងទៀត អ៊ីចឹង ពួកគេត្រូវតែទទួលការលួសកាត់ និងត្រូវដោះស្រាយជាមួយ នៅពេលដែលចាំបាច់។ សូម្បីតែជាមួយក្រុមគ្រួសារ និងមិត្តភក្តិក៏ដោយ យើងមិនអាចអាងលើអារម្មណ៍របស់យើង ឬប្រកាន់ខ្ជាប់តាមទស្សនវិជ្ជាខាងលោកីយ៍ឡើយ។ យើងត្រូវតែធ្វើអ្វីៗតាមគោលការណ៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ ការប្រកបគ្នា នៅពេលដែលចាំបាច់ និងការដកពួកគេចេញ បើការប្រកបគ្នានោះប្រើការមិនបាន។ កិច្ចការនៃពួកជំនុំ និងផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ត្រូវតែប្រកាន់ខ្ជាប់ជានិច្ច។ មានតែបែបនេះទេ ទើបស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ក្រោយមក ខ្ញុំបានពិភាក្សារឿងនេះជាមួយសហការីខ្លះ ហើយបានដកបងស្រីលីចេញ ដោយផ្អែកលើគោលការណ៍នៃសេចក្តីពិត។ ខ្ញុំក៏បានផ្ដល់នូវការប្រកបគ្នា ដើម្បីពិនិត្យពិច័យលើការងាររបស់គាត់ ដោយពិចារណាទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ និងបានលើកប្អូនប្រុសចិន ឲ្យក្លាយជាអ្នកដឹកនាំក្រុម។ មានតែធ្វើបែបនេះទេ ទើបខ្ញុំមានអារម្មណ៍ស្រួលក្នុងចិត្ត។ បន្ដិចក្រោយមក ខ្ញុំបានអានព្រះបន្ទូលខ្លះៗរបស់ព្រះជាម្ចាស់ឲ្យបងស្រីលី ស្ដាប់ ហើយបានសួរនាំអំពីអារម្មណ៍របស់គាត់។ គាត់បាននិយាយថា «សូមអរព្រះគុណព្រះជាម្ចាស់! គ្រប់យ៉ាងដែលទ្រង់ធ្វើ សុទ្ធតែល្អទាំងអស់។ ដំបូង ខ្ញុំមានអារម្មណ៍អវិជ្ជមាន និងរងទុក្ខ ប៉ុន្តែ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការអធិស្ឋានរួចមក ខ្ញុំបានយល់ថា ព្រះជាម្ចាស់កំពុងតែធ្វើការបែបនេះ ដើម្បីផ្លាស់ប្ដូរខ្ញុំ ហើយបើខ្ញុំមិនត្រូវបានដកចេញ និងត្រូវគេលើកឡើងអំពីបញ្ហារបស់ខ្ញុំទេ នោះខ្ញុំនឹងមិនបានស្គាល់ខ្លួនឯង ហើយក៏មិនបានផ្លាស់ប្ដូរ និងប្រែចិត្ត ដូចដែលខ្ញុំបានធ្វើឥឡូវដែរ។» ដោយឮបែបនេះ ខ្ញុំមានអារម្មណ៍ថា ការបោះបង់ចោលសាច់ឈាម និងការអនុវត្តតាមសេចក្តីពិត ពិតជាផ្អែមល្អែមខ្លាំងណាស់។ ខ្ញុំក៏បានមានបទពិសោធដែរថា មានតែការអនុវត្តតាមសេចក្តីពិត និងការគោរពតាមគោលការណ៍ប៉ុណ្ណោះ ទើបស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះហើយជារបៀបតែមួយគត់ដែលថ្លៃថ្នូរនោះ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុអ្វីខ្ញុំតែងតែប្រយ័ត្នប្រយែងជ្រុលហួសហេតុនៅក្នុងភារកិច្ចខ្ញុំ?

នាខែមីនា ឆ្នាំ២០២១ ខ្ញុំធ្វើជាអ្នកឌីស្សាញក្រាហ្វិកនៅពួកជំនុំ។ ព្រោះតែខ្ញុំក្រអឺតក្រទមក្នុងភារកិច្ច និងមិនអាចធ្វើការចុះសម្រុងជាមួយអ្នកដទៃ...

មានតែការពិនិត្យមើលមនុស្ស តាមរយៈព្រះបន្ទូលទេ ទើបត្រឹមត្រូវ

ថ្ងៃមួយ ក្នុងខែមីនា ឆ្នាំនេះ ខ្ញុំស្រាប់តែឮដំណឹងថា ពួកជំនុំបានដាក់បងស្រីខ្ញុំឱ្យនៅដាច់ដោយឡែក ដើម្បីឆ្លុះបញ្ចាំង។ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំង...

ខ្ញុំត្រូវបានរំដោះដោយសារការបោះបង់ចោលភាពអាត្មានិយម

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងនិស្ស័យរបស់មនុស្សសាមញ្ញ មិនមានសេចក្ដីវៀចវេរ ឬការបញ្ឆោតនោះទេ មនុស្សមានទំនាក់ទំនងធម្មតាជាមួយគ្នា...

Leave a Reply