បន្ទាប់ពីការកុហក

11-11-2021

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នករាល់គ្នាត្រូវដឹងថាព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទៀងត្រង់។ ធាតុពិត ព្រះជាម្ចាស់គឺស្មោះត្រង់ ហេតុដូច្នេះ ព្រះបន្ទូលរបស់ព្រះអង្គតែងតែអាចទុកចិត្តបានជានិច្ច។ លើសពីនេះទៅទៀត ទង្វើរបស់ព្រះជាម្ចាស់គឺគ្មានកំហុស និងមិនអាចប្រកែកបានឡើយ ដែលនេះជាមូលហេតុនាំឱ្យព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទាំងឡាយដែលស្មោះត្រង់នឹងទ្រង់។ ភាពស្មោះត្រង់ គឺមានន័យថាអ្នកប្រគល់ដួងចិត្តរបស់អ្នក ថ្វាយដល់ព្រះជាម្ចាស់ មានភាពស្មោះត្រង់ពិតប្រាកដចំពោះព្រះជាម្ចាស់ ក្នុងកិច្ចការគ្រប់យ៉ាង មិនលាក់បាំងសេចក្ដីពិត មិនព្យាយាមបោកបញ្ឆោតអ្នកដែលនៅខាងលើ និងខាងក្រោមអ្នក ហើយមិនធ្វើអ្វីដែលគ្រាន់តែដើម្បីចង់បានការគាំទ្រពីព្រះជាម្ចាស់។ សរុបសេចក្ដីមក ដើម្បីមានភាពស្មោះត្រង់គឺត្រូវមានភាពបរិសុទ្ធនៅក្នុងទង្វើ និងពាក្យសម្ដីរបស់អ្នក ហើយក៏មិនបោកបញ្ឆោតព្រះជាម្ចាស់ និងមនុស្សទាំងឡាយដែរ» («សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះអម្ចាស់យេស៊ូវក៏មានបន្ទូលថា «ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា លើកលែងតែអ្នកត្រូវបានផ្លាស់ប្រែ និងក្លាយជាដូចកូនក្មេងសិន នោះទើបអ្នកនឹងបានចូលក្នុងនគរស្ថានសួគ៌» (ម៉ាថាយ ១៨:៣)។ យើងអាចមើលឃើញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាទ្រង់ស្មោះត្រង់ ថាទ្រង់ចូលចិត្តភាពស្មោះត្រង់ ហើយស្អប់ភាពបោកបញ្ឆោត ហើយមានតែមនុស្សស្មោះត្រង់ប៉ុណ្ណោះ ដែលអាចទទួលបានការសង្រ្គោះ និងចូលក្នុងនគរស្ថានសួគ៌បាន។ អ៊ីចឹងហើយទើបព្រះជាម្ចាស់ទាមទារម្តងហើយម្តងទៀតថា យើងត្រូវស្មោះត្រង់ ហើយថា ឱ្យយើងដោះស្រាយការជំរុញដែលនាំឱ្យយើងកុហក និងបញ្ឆោតង។ ប៉ុន្តែនៅក្នុងជីវិតពិត នៅពេលដែលមានអ្វីមកប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅតែពីកុហក ហើយបោកបញ្ឆោតប៉ុណ្ណោះ។ បើគ្មានការជំនុំជម្រះ និងការបើកសម្តែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ បើគ្មានការវាយផ្ចាល និងការប្រៀនប្រដៅពីទ្រង់ទេ ខ្ញុំប្រាកដជាមិនដែលបានប្រែចិត្ត ងាកចេញពីការកុហក ហើយអនុវត្តនូវសេចក្ដីពិត ដូចជាមនុស្សស្មោះត្រង់នោះឡើយ។

ពីរបីឆ្នាំមុន ខ្ញុំបានបំពេញភារកិច្ចជាអ្នកដឹកនាំពួកជំនុំ។ ថ្ងៃមួយ អ្នកដឹកនាំរបស់ខ្ញុំបានសុំឱ្យខ្ញុំចូលរួមការជួបជុំក្រុមការងារ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំបានគិតអំពីការលំបាក ដែលខ្ញុំកំពុងធ្វើនៅក្នុងពួកជំនុំនាពេលថ្មីៗនេះ ការរៀបចំការជួបជុំ និងការប្រកបជារៀងរាល់ថ្ងៃ ហើយបងប្អូនប្រុសស្រីភាគច្រើនបានចូលរួមយ៉ាងសកម្មនៅក្នុងភារកិច្ចរបស់ពួកគេ។ ក្រុមខ្លះមានការរីកចម្រើនច្រើន ដូច្នេះខ្ញុំគិតយ៉ាងច្បាស់ថាការជួបជុំនេះ នឹងផ្ដល់ឱកាសឱ្យខ្ញុំត្រូវបានគេមើលឃើញ។ ខ្ញុំអាចបង្ហាញដល់អ្នកដឹកនាំ និងក្រុមការងារថាខ្ញុំមានសមត្ថភាពប៉ុនណា ថាខ្ញុំប្រសើរជាងអ្នកដទៃ។ ពេលខ្ញុំបានទៅដល់ ខ្ញុំបានឃើញបងស្រី លីវ កំពុងមានការពិបាកចិត្តខ្លាំង ហើយគាត់បាននិយាយដោយដកដង្ហើមធំ «តើកិច្ចការស្រោចស្រព និងគាំទ្រដល់បងប្អូនប្រុសស្រីរបស់អ្នកយ៉ាងម៉េចដែរ? យើងកំពុងមានការលំបាក។ ខ្ញុំច្បាស់ជាខ្វះនូវតថភាពនៃសេចក្ដីពិតហើយ។ មានបញ្ហាជាច្រើនដែលខ្ញុំមិនអាចដោះស្រាយបាន»។ ខ្ញុំបានញញឹម ហើយនិយាយថា «កិច្ចការស្រោចស្រពកំពុងដំណើរការយ៉ាងល្អនៅក្នុងពួកជំនុំរបស់យើង គឺល្អប្រសើរជាងមុនទៅទៀត»។ ភ្លាមនោះ អ្នកដឹកនាំបានចូលមកដល់ ហើយចាប់ផ្តើមសួរអំពីកិច្ចការស្រោចស្រពនៅក្នុងពួកជំនុំ។ ខ្ញុំគិតថាវាជាឱកាសរបស់ខ្ញុំដើម្បីបញ្ចេញឱ្យគេឃើញ ដូច្នេះខ្ញុំត្រូវតែធ្វើការបង្ហាញឱ្យបានល្អ។ គួរឱ្យភ្ញាក់ផ្អើល គាត់មិនបានសួរយើងអំពីភាពជោគជ័យរបស់យើងក្នុងកិច្ចការស្រោចស្រពនោះទេ ប៉ុន្តែសួរថា តើបានជួបការលំបាកអ្វីខ្លះ ការលំបាកទាំងនោះត្រូវបានដោះស្រាយតាមរយៈការប្រកបនឹងសេចក្ដីពិតយ៉ាងដូចម្ដេច ហើយការលំបាកមួយណាដែលមិនទាន់បានដោះស្រាយរួច។ ខ្ញុំក៏ភ័យស្លន់ស្លោ។ ជាទូទៅ ខ្ញុំគ្រាន់តែរៀបចំនូវកិច្ចការ ហើយមិនបានដឹងរឿងលម្អិតសោះ ដូច្នេះខ្ញុំមិនបានធ្វើការស្រោចស្រពណាមួយពិតប្រាកដទេ។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ។ តើខ្ញុំគួរនិយាយអ្វីនៅពេលអ្នកដឹកនាំសួរខ្ញុំ? បើខ្ញុំប្រាប់ការពិត តើគាត់នឹងគិតថាខ្ញុំមិនធ្វើកិច្ចការពិតប្រាកដទេឬអី? ខ្ញុំទើបតែបានអួតប្រាប់បងស្រី លីវ និយាយថា កិច្ចការដែលខ្ញុំទទួលខុសត្រូវគឺ ដំណើរការបានល្អ។ បើខ្ញុំមិនអាចនិយាយលម្អិតទេ តើគាត់នឹងនិយាយថាខ្ញុំអួតអាងដោយឥតបានការទេឬអី? តើខ្ញុំអាចធ្វើអ្វីបាន? ខ្ញុំមានអារម្មណ៍កាន់តែព្រួយបារម្ភខ្លាំងឡើងៗ។ រំពេចនោះ បងប្រុស ចូវ បាននិយាយពីបញ្ហាមួយចំនួនដែលពួកគេបានជួបប្រទះនៅក្នុងកិច្ចការស្រោចស្រពនៅក្នុងពួកជំនុំរបស់ពួកគេ និងអំពើពុករលួយដែលគាត់បានបើកសម្ដែងនៅក្នុងកិច្ចការរបស់គាត់។ បន្ទាប់មក គាត់បានពន្យល់ពីរបៀបដែលគាត់បានស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយនូវរឿងរ៉ាវទាំងនេះ។ គាត់បានពន្យល់វាក្នុងលក្ខណៈយ៉ាងពិតប្រាកដ និងលម្អិត ដោយបង្ហាញយើងអំពីផ្លូវនៃការអនុវត្ត។ ខ្ញុំមានអារម្មណ៍ខ្មាសអៀនយ៉ាងខ្លាំង បន្ទាប់ពីបានឮការប្រកបរបស់គាត់។ ដោយដឹងថាខ្ញុំមិនបានធ្វើកិច្ចការពិតប្រាកដណាមួយ ខ្ញុំបានឱនក្បាល ហើយមុខខ្ញុំឡើងក្រហមឆេះ។ បន្ទាប់មកអ្នកដឹកនាំបានសុំឱ្យខ្ញុំនិយាយ។ បេះដូងខ្ញុំលោតខុសចង្វាក់។ តើខ្ញុំគួរនិយាយអ្វី? ខ្ញុំមិនមានព័ត៌មានលម្អិតដើម្បីចែករំលែកទេ ហើយគ្រាន់តែទិដ្ឋភាពទូទៅ នោះបង្ហាញថាខ្ញុំមិនបានធ្វើកិច្ចការពិតប្រាកដទេ។ តើមនុស្សនឹងគិតយ៉ាងណាចំពោះខ្ញុំបើខ្ញុំប្រាប់ការពិត? ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចនិយាយត្រង់បានទេ។ ដូច្នេះខ្ញុំគ្រាន់តែនិយាយថា «ស្ថានភាពរបស់ខ្ញុំ គឺដូចទៅនឹងស្ថានភាពរបស់បងប្រុស ចូវ ដែរ។ មិនចាំបាច់និយាយឡើងវិញទេ»។ អ្នកដឹកនាំបានស្តាប់ឮ ហើយមិននិយាយអ្វីទេ បន្ទាប់មកចាប់ផ្តើមការជួបជុំគ្នាដោយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅក្នុងការជួបជុំនោះ ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំលួចអ្វីមួយពីនរណាម្នាក់។ ខ្ញុំពិតជាមានការតឹងតែង ខ្លាចថ្ងៃដែលអ្នកដឹកនាំខ្ញុំពិនិត្យ ឬត្រួតមើលកិច្ចការរបស់ខ្ញុំ រកឃើញថាការអនុវត្តរបស់ខ្ញុំមិនដូចជាការអនុវត្តរបស់បងប្រុស ចូវ ហើយដកខ្ញុំចេញពីភារកិច្ចរបស់ខ្ញុំដែលមិនបានធ្វើកិច្ចការពិតប្រាកដ ដោយនិយាយកុហក និងបោកបញ្ឆោត។ ការថប់បារម្ភរបស់ខ្ញុំបានកើនឡើង ប៉ុន្តែខ្ញុំនៅតែខ្វះភាពក្លាហានក្នុងការប្រាប់ការពិត។ ខ្ញុំបានដោះស្រាយដោយស្ងៀមស្ងាត់ «ខ្ញុំពិតជាត្រូវធ្វើកិច្ចការឱ្យដូចអ្វីដែលបងប្រុស ចូវ បានធ្វើ ដើម្បីប៉ះប៉ូវភាពមិនស្មោះត្រង់របស់ខ្ញុំនៅថ្ងៃនេះ»។

នៅពេលខ្ញុំត្រឡប់ទៅពួកជំនុំវិញ ខ្ញុំបានជួបជាមួយអ្នកជំនួយ និងអ្នកដឹកនាំក្រុមភ្លាមៗ ដើម្បីផ្តល់ព័ត៌មានលំអិត ធ្វើការប្រកបដោយផ្ទាល់ ហើយឱ្យពួកគេចាប់ផ្តើមភ្លាមៗ។ បន្ទាប់មកខ្ញុំបានជិះកង់ទៅផ្ទះបងស្រី លី។ ខ្ញុំបានប្រាប់គាត់អំពីផ្លូវរបស់បង ចូវ ដោយលំអិត ហើយប្រាប់គាត់ឱ្យចែករំលែកវាជាមួយបងប្អូនប្រុសស្រីដទៃទៀត នៅពេលបំពេញភារកិច្ចស្រោចស្រព។ បីថ្ងៃបានកន្លងផុតទៅយ៉ាងដូច្នោះ ហើយខ្ញុំបានរង់ចាំដោយសេចក្តីរីករាយដើម្បីប្រមូលផលពីកម្លាំងពលកម្មរបស់ខ្ញុំ។ អ្វីជាការភ្ញាក់ផ្អើលរបស់ខ្ញុំ គឺពួកគេបានប្រាប់ខ្ញុំថាពួកគេបានជួបប្រទះបញ្ហាជាច្រើន នៅក្នុងកិច្ចការស្រោចស្រពរបស់ពួកគេ បញ្ហាមួយចំនួន ដែលពួកគេមិនអាចដោះស្រាយបាន ហើយអ្នកថ្មីត្រូវបានបោកបញ្ឆោតយកទៅ តាមរយៈការកុហករបស់បក្សកុម្មុយនីស្ដចិននិងគ្រូគង្វាលសាសនា ដោយសារពួកគេមិនត្រូវបានស្រោចស្រពទាន់ពេលវេលា ដូច្នេះពួកគេមិនហ៊ានមកជួបជុំគ្នាទៀតទេ។ ចិត្តរបស់ខ្ញុំវិលវល់។ តើវាអាចកើតឡើងយ៉ាងដូចម្តេច? ខ្ញុំប្រញាប់ត្រលប់ទៅផ្ទះរបស់បងស្រី លី ហើយនៅពេលគាត់បានឃើញខ្ញុំភ្លាម គាត់បាននិយាយដោយអន្ទះសា «ឥឡូវនេះ តើយើងគួរធ្វើយ៉ាងម៉េចចំពោះបញ្ហាទាំងនេះ ទាក់ទងនឹងកិច្ចការស្រោចស្រពរបស់យើង? ខ្ញុំពិតជាមិនដឹងទេ»។ ខ្ញុំសឹងតែមិនដឹងថាត្រូវនិយាយអីទេ។ ខ្ញុំបានណែនាំគាត់ជាពិសេសតាមរយៈការប្រកប ហើយខ្ញុំបាននិយាយយ៉ាងលំអិតនៅក្នុងការប្រកបរបស់ខ្ញុំ ប៉ុន្តែគាត់នៅតែមិនយល់។ ខ្ញុំឆ្ងល់ថា ពួកគេកើតស្អីហ្នឹង។ ខ្ញុំបានធ្វើការប្រកបយ៉ាងច្បាស់ ប៉ុន្តែពួកគេនៅតែមិនយល់។ តើអ្នកដឹកនាំនឹងគិតយ៉ាងណាចំពោះខ្ញុំ បើកិច្ចការរបស់ខ្ញុំធ្វើមិនបានល្អ? ពេលខ្ញុំគិតពីវាកាន់តែខ្លាំង ខ្ញុំកាន់តែមានអារម្មណ៍អន់ចិត្ត និងធ្លាក់ទឹកចិត្ត។ យប់នោះ ខ្ញុំបានខឹង ហើយឡើងទៅគេង តែមិនលក់ មានអារម្មណ៍ថាគ្មានថាមពលសោះ។ ទីបំផុតខ្ញុំចូលមកចំពោះព្រះជាម្ចាស់ដោយការអធិស្ឋាន៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំខំធ្វើការយ៉ាងខ្លាំងក្នុងភារកិច្ចរបស់ខ្លួនប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ុន្តែទូលបង្គំមិនបានសម្រេចអ្វីឡើយ។ ទូលបង្គំមិនអាចទទួលអារម្មណ៍ពីការណែនាំរបស់ទ្រង់ទេ ហើយទូលបង្គំកំពុងរស់នៅក្នុងភាពងងឹត។ ឱព្រះជាម្ចាស់អើយ តើទូលបង្គំកំពុងធ្វើអ្វីដែលផ្ទុយពីព្រះហឫទ័យរបស់ទ្រង់ ដែលធ្វើឱ្យទ្រង់ខ្ពើមរអើម និងស្អប់ឬ? សូមជួយបំភ្លឺទូលបង្គំផង ដើម្បីឱ្យទូលបង្គំអាចយល់ពីសភាពផ្ទាល់ខ្លួនរបស់ទូលបង្គំ»។

បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលទាំងនេះដែលបានបើកសម្ដែងពីព្រះជាម្ចាស់៖ «តើគោលដៅ និងបំណងរបស់អ្នក បង្កើតឡើងដោយមានរូបខ្ញុំនៅក្នុងចិត្តរបស់អ្នកដែរឬទេ? តើសម្ដីដែលអ្នកបាននិយាយ និងសកម្មភាពដែលអ្នកបានធ្វើ គឺនៅក្នុងវត្តមានរបស់ខ្ញុំមែនទេ? ខ្ញុំត្រួតពិនិត្យលើការគិត និងគំនិតទាំងអស់របស់អ្នក។ តើអ្នកមិនមានអារម្មណ៍ខុសទេឬអី? អ្នកលាក់បាំងទឹកមុខដើម្បីឱ្យអ្នកដទៃឃើញថាអ្នកមិនអី ហើយអ្នកធ្វើដូចជាអ្នកមានការរាប់ខ្លួនឯងជាសុចរិត។ អ្នកធ្វើបែបនេះដើម្បីការពារខ្លួនឯង។ អ្នកធ្វើបែបនេះដើម្បីលាក់បាំងអំពើអាក្រក់របស់អ្នក ហើយអ្នកគិតសូម្បីតែផ្លូវដើម្បីរុញច្រានអំពើអាក្រក់នោះទម្លាក់លើអ្នកដទៃ។ ពិតជាអំពើក្បត់ដែលមាននៅក្នុងដួងចិត្តរបស់អ្នកមែន!» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ចូរកុំប្រព្រឹត្តផ្សេងនៅចំពោះមុខរបស់អ្នកដទៃ ប៉ុន្តែ នៅពីក្រោយខ្នងរបស់ពួកគេ ប្រព្រឹត្តផ្សឹងអោយសោះ។ ខ្ញុំឃើញយ៉ាងច្បាស់នូវអ្វីៗដែលអ្នកធ្វើ ហើយទោះបីជាអ្នកអាចបំភាន់អ្នកដទៃបានក៏ដោយ ក៏អ្នកមិនអាចបំភាន់ខ្ញុំបានដែរ។ ខ្ញុំឃើញវាទាំងអស់យ៉ាងច្បាស់។ អ្នកមិនអាចលាក់បាំងអ្វីមួយបានទេ។ គ្រប់ការភូតកុហកគឺនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ ចូរកុំគិតថាខ្លនឯងឆ្លាត ដោយសារអ្នកទទួលបានផលប្រយោជន៍បន្តិចបន្តួចឱ្យសោះ។ ខ្ញុំមានបន្ទូលប្រាប់អ្នកថា៖ ទោះបីជាមានផែនការជាច្រើន ដែលមនុស្សអាចបង្កើតឡើងក៏ដោយ មិនថាមានរាប់ពាន់ ឬរាប់ម៉ឺនក៏ដោយ នៅទីបំផុត ពួកវាមិនអាចគេចផុតពីបាតព្រះហស្ដរបស់ខ្ញុំបានទេ។ របស់សព្វសារពើ និងវត្ថុគ្រប់យ៉ាង គឺត្រូវបានគ្រប់គ្រងដោយព្រះហស្ដរបស់ខ្ញុំ ចូរកុំខ្វល់ពីនរណាម្នាក់ឱ្យសោះ! ចូរកុំព្យាយាមគេច ឬលាក់ពួនខ្ញុំ ចូរកុំព្យាយាមលាក់ពុត ឬបិទបាំង។ តើវាអាចទៅរួចទេ ដែលអ្នកនៅតែមើលមិនឃើញព្រះភ័ក្រ្ដដ៏មានសិរីល្អរបស់ខ្ញុំ សេចក្ដីក្រោធរបស់ខ្ញុំ និងការជំនុំជម្រះរបស់ខ្ញុំ ដែលត្រូវបានបើកសម្ដែងជាសាធារណៈនោះ? អ្នកណាក៏ដោយដែលមិនចង់បានខ្ញុំយ៉ាងស្មោះស័្មគ្រ នោះខ្ញុំនឹងជំនុំជម្រះពួកគេភ្លាមៗ និងដោយគ្មានមេត្តាករុណាឡើយ។ សេចក្ដីអាណិតរបស់ខ្ញុំបានដល់ទីបញ្ចប់របស់វាហើយ មិនមាននៅសល់ទៀតឡើយ។ ចូរកុំព្យាយាមលាក់ពុតតទៅទៀត ហើយបញ្ឈប់វិធីដ៏ឥតប្រយោជន៍ និងឆ្កួតលីលារបស់អ្នកទៅ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៤៤ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯង បន្ទាប់ពីអានរឿងនេះ។ ខ្ញុំបានប្រញាប់ប្រញាល់ជួបជុំ និងប្រកបជាមួយអ្នកជំនួយ និងអ្នកដឹកនាំក្រុម ប៉ុន្តែតើការទាំងអស់នោះ ធ្វើដើម្បីអ្វី? តើខ្ញុំពិតជាធ្វើវាដើម្បីជាប្រយោជន៍ដល់កិច្ចការពួកជំនុំ ដើម្បីជីវិតបងប្អូនប្រុសស្រីរបស់ខ្ញុំមែនទេ? តើខ្ញុំធ្វើដើម្បីដោះស្រាយបញ្ហាពិតប្រាកដរបស់ពួកគេមែនទេ? ក្រោយមកខ្ញុំបានគិតពីវិធីដែលខ្ញុំគួរកុហកនៅក្នុងការជួបជុំនោះ។ នៅពេលអ្នកដឹកនាំសួរអំពីកិច្ចការស្រោចស្រព ខ្ញុំបានដឹងច្បាស់ថាខ្ញុំមិនបានធ្វើកិច្ចការពិតប្រាកដណាមួយទេ ប៉ុន្តែខ្ញុំបានបោកបញ្ឆោត ដើម្បីកុំឱ្យខ្ញុំមើលទៅដូចជាមនុស្សល្ងង់ ដូច្នេះមនុស្សនឹងមិនឃើញខ្ញុំជាក់ ឬមើលងាយខ្ញុំទេ។ ខ្ញុំបានប្រញាប់ត្រលប់មកវិញ ដើម្បីបំពេញចន្លោះប្រហោងនៅក្នុងកិច្ចការរបស់ខ្ញុំ ដោយធ្វើដូច្នេះដើម្បីមិនឱ្យអ្នកដឹកនាំអាចរកឃើញថាខ្ញុំបានកុហក។ ក្រោយមកខ្ញុំបានដឹងថា ខ្ញុំបានធ្វើការយ៉ាងលំបាកដើម្បីរក្សាការកុហករបស់ខ្ញុំ ដើម្បីបិទបាំងសេចក្ដីពិត ដែលខ្ញុំមិនបានធ្វើកិច្ចការពិតប្រាកដ និងដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំទើបតែប្រើផ្លូវដែលបងប្រុស ចូវ បានធ្វើការប្រកបគ្នា ជំនួសឱ្យការយល់ដឹងដ៏ពិតអំពីការលំបាកជាក់ស្តែងរបស់បងប្អូនប្រុសស្រី និងដោះស្រាយបញ្ហារបស់ពួកគេ ដោយការប្រកបគ្នាអំពីសេចក្ដីពិត។ ខ្ញុំបានធ្វេសប្រហែសក្នុងភារកិច្ចរបស់ខ្ញុំ ដោយគិតអំពីការជំរុញគួរឱ្យស្អប់ខ្ពើមនោះ។ តើនោះអាចស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងដូចម្តេច? ព្រះជាម្ចាស់ទតឃើញក្នុងជម្រៅចិត្តខាងក្នុងរបស់យើង ដូច្នេះតើធ្វើដូចម្តេចដើម្បីមិនឱ្យទ្រង់ត្រូវទទួលការស្អប់ខ្ពើមដោយសារខ្ញុំ ដែលព្យាយាមបញ្ឆោតទ្រង់ លេងល្បិចដាក់ទ្រង់ ហើយបំភាន់ទ្រង់បែបនោះបានទៅ? ភាពងងឹតដែលខ្ញុំធ្លាក់ចូលទៅក្នុងនោះ គឺព្រះជាម្ចាស់កំពុងវាយផ្ចាល និងប្រៀនប្រដៅខ្ញុំ។ ដោយដឹងពីការនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិច ហើយខ្ញុំបានគិតអំពីការអនុវត្តសេចក្ដីពិត ហើយបើកចំហនៅក្នុងការជួបជុំបន្ទាប់ ប៉ុន្តែខ្ញុំមានអារម្មណ៍ព្រួយបារម្ភខ្លះៗ ដោយគិតអំពីការដែលខ្ញុំត្រូវនិយាយប្រាប់ពីការកុហកដ៏ធំបែបនេះ។ តើអ្នកផ្សេងទៀតគិតយ៉ាងណាចំពោះខ្ញុំ បើខ្ញុំសារភាព? តើពួកគេនឹងនិយាយថាខ្ញុំមានល្បិចកលទេ?

បន្ទាប់មក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយទៀតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ «នៅពេលអ្នកនិយាយកុហក អ្នកពុំបាក់មុខភ្លាមៗទេ ប៉ុន្តែនៅក្នុងដួងចិត្តរបស់អ្នក អ្នកមានអារម្មណ៍ថា អ្នកត្រូវបានគេបំបាក់មុខទាំងស្រុង ហើយសតិសម្បជញ្ញៈរបស់អ្នកនឹងចោទប្រកាន់អ្នកថាមិនស្មោះត្រង់។ ខាងក្នុងចិត្តវិញ អ្នកនឹងស្អប់ខ្លួនឯង និងគិតថាខ្លួនឯងគួរឱ្យស្អប់ ហើយនឹងគិតថា៖ 'តើខ្ញុំអាចរស់នៅដោយឈឺចាប់បែបនេះយ៉ាងម៉េចបាន? តើវាពិតជាពិបាកខ្លាំងមែនទេក្នុងការនិយាយពីសេចក្ដីពិតនោះ? តើខ្ញុំត្រូវនិយាយកុហកដើម្បីតែកេរ្តិ៍ឈ្មោះរបស់ខ្ញុំមែនទេ? តើហេតុអ្វីបានជាជីវិតគួរឱ្យធុញទ្រាន់ម្ល៉េះសម្រាប់ខ្ញុំ?' អ្នកពុំចាំបាច់ត្រូវរស់នៅក្នុងជីវិតគួរឱ្យធុញទ្រាន់ទេ ប៉ុន្តែអ្នកមិនបានជ្រើសរើសផ្លូវមួយដែលងាយស្រួល និងមានសេរីភាព។ អ្នកបានជ្រើសរើសផ្លូវនៃការរក្សាកេរ្តិ៍ឈ្មោះ និងអំណួតរបស់អ្នក ដូច្នេះជីវិតរបស់អ្នកគឺពិតជាគួរឱ្យនឿយណាយណាស់។ តើអ្នកទទួលបានកេរ្តិ៍ឈ្មោះអ្វីពីការនិយាយកុហក? កេរ្តិ៍ឈ្មោះគឺជារបស់ទទេស្អាត ហើយគ្មានតម្លៃមួយសេនណាឡើយ។ តាមរយៈការនិយាយកុហក អ្នកលក់នូវសុចរិតភាព និងសេចក្ដីថ្លៃថ្នូរបស់អ្នក។ ការកហុកទាំងអស់នេះ ធ្វើឱ្យអ្នកបាត់បង់សេចក្ដីថ្លៃថ្នូរ និងគ្មានសុចរិតភាពចំពោះព្រះជាម្ចាស់ទេ។ ព្រះជាម្ចាស់ពុំសព្វព្រះហឫទ័យនឹងសេចក្ដីនេះទេ ហើយទ្រង់ស្អប់វា។ ដូច្នេះតើមានតម្លៃនឹងធ្វើវាទេ? តើនេះគឺជាផ្លូវត្រឹមត្រូវមែនទេ? វាមិនមែនជាផ្លូវត្រឹមត្រូវទេ ហើយដោយដើរតាមផ្លូវនេះ អ្នកមិនមែនកំពុងរស់នៅក្នុងពន្លឺនោះទេ។ នៅពេលអ្នកមិនរស់នៅក្នុងពន្លឺ អ្នកមានអារម្មណ៍ហត់នឿយ។ អ្នកតែងតែនិយាយកុហក និងព្យាយាមប្រឌិតរឿងកុហកឱ្យស្ដាប់ទៅមានហេតុផល ដោយខំប្រើខួរក្បាលដើម្បីគិតពីរឿងឥតបានការមកនិយាយ ធ្វើឱ្យខ្លួនឯងកាន់តែរងទុក្ខ រហូតដល់ចុងក្រោយ អ្នកគិតថា៖ 'ខ្ញុំមិនត្រូវនិយាយកុហកទៀតទេ។ ខ្ញុំនឹងនៅស្ងៀម និងនិយាយឱ្យបានតិច។' ប៉ុន្តែអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបានទេ។ តើហេតុអ្វីទៅ? អ្នកមិនអាចលះបង់របស់ដូចជាកេរ្តិ៍ឈ្មោះ និងកិត្យានុភាពបាន ដូច្នេះអ្នកអាចរក្សាវាបានដោយការនិយាយកុហកប៉ុណ្ណោះ។ អ្នកមានអារម្មណ៍ថា អ្នកអាចប្រើការកុហកដើម្បីរក្សារបស់អស់ទាំងនេះ ប៉ុន្តែតាមពិតទៅ អ្នកមិនអាចនោះទេ។ សម្ដីកុហករបស់អ្នកមិនត្រឹមតែមិនអាចរក្សាសេចក្ដីសុចរិត និងសេចក្ដីថ្លែថ្នូររបស់អ្នកបានទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺអ្នកបានបាត់បង់ឱកាសក្នុងការអនុវត្តសេចក្ដីពិតថែមទៀត។ បើទោះបីជាអ្នកបានរក្សាកេរ្តិ៍ឈ្មោះ និងកិត្យានុភាពក្ដី ក៏អ្នកបានបាត់បង់សេចក្ដីពិតហើយ។ អ្នកបានបាត់បង់ឱកាសក្នុងការអនុវត្តសេចក្ដីពិត ក៏ដូចជាឱកាសក្នុងការធ្វើជាមនុស្សស្មោះត្រង់ផងដែរ។ នេះគឺជាការខាតបង់ធំធេងបំផុត» («មានតែការស្មោះត្រង់ប៉ុណ្ណោះទើបមនុស្សម្នាក់អាចសម្ដែងចេញនូវលក្ខណៈដូចរបស់មនុស្សពិតប្រាកដបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ រាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានចូលត្រង់មកក្នុងដួងចិត្តខ្ញុំ។ ខ្ញុំបានរក្សាកេរ្តិ៍ឈ្មោះខ្លួន បន្ទាប់ពីនិយាយការកុហករបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនអាចមានអារម្មណ៍ថាមានបំណែកមួយនៃសុភមង្គលនោះទេ។ ផ្ទុយទៅវិញខ្ញុំមានការព្រួយបារម្ភ តែងតែមានអារម្មណ៍មិនល្អចំពោះអ្វីដែលខ្ញុំបានធ្វើជានិច្ច។ ជួនកាល ខ្ញុំមិនហ៊ានប្រឈមមុខជាមួយអ្នកដទៃទេពេលខ្ញុំនិយាយ ដោយខ្លាចពួកគេឃើញការបោកបញ្ឆោតរបស់ខ្ញុំហើយមិនទុកចិត្តខ្ញុំទៀត ខ្ញុំថែមទាំងបានព្យាយាមគ្រប់បែបយ៉ាងដើម្បីបិទបាំងអំពើកុហករបស់ខ្ញុំ ដើម្បីឱ្យគេអាចជឿបាន។ វាជារបៀបរស់នៅដ៏លំបាក និងខ្សោះល្វើយ ហើយខ្ញុំមិនអាចរកឃើញការធូរស្បើយឡើយ។ ខ្ញុំបានកុហក និងបោកបញ្ឆោត ហើយខ្ញុំបានរស់នៅតាមរបៀបដែលគួរឱ្យស្អប់ខ្ពើម និងគ្មានសេចក្ដីថ្លៃថ្នូរ។ ដោយមិនចង់បិទបាំងខ្លួនឯងទៀត ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ដើម្បីលន់តួ និងប្រែចិត្ត ហើយបានសំរេចចិត្តថាខ្ញុំនឹងបោះបង់ចោលសាច់ឈាមរបស់ខ្ញុំ ហើយបើកចំហនៅពេលក្រោយដែលខ្ញុំបានឃើញបងប្អូនប្រុសស្រី។

ពីរបីថ្ងៃក្រោយមក អ្នកដឹកនាំបានមកចូលរួមការប្រជុំជាមួយយើង ហើយខ្ញុំមានអារម្មណ៍ថា គឺព្រះជាម្ចាស់ទេតើដែលផ្តល់ឱកាសឱ្យខ្ញុំអនុវត្តសេចក្ដីពិត។ ខ្ញុំបានអធិស្ឋាន «ឱព្រះជាម្ចាស់អើយ ទូលបង្គំមានឆន្ទៈបើកសម្ដែងការកុហក និងការបោកបញ្ឆោតរបស់ទូលបង្គំ។ សូមប្រទានឱ្យទទួលបង្គំមានការតាំងចិត្ត ដើម្បីអនុវត្តសេចក្ដីពិត។» នៅពេលខ្ញុំទៅដល់ ខ្ញុំដឹងថាគាត់បានមកហើយ ដើម្បីជ្រើសរើសដៃគូការងារពីចំណោមអ្នកដឹកនាំពួកជំនុំរបស់យើង។ ក្នុងខ្លួនខ្ញុំក៏ហាក់មានបញ្ជាជាប់គាំងក្នុងចិត្ត៖ ក្នុងចំណោមពួកយើងដែលជាអ្នកដឹកនាំពួកជំនុំ លក្ខណៈសម្បត្តិល្អ និងសមិទ្ធផលរបស់ខ្ញុំ គឺប្រសើរជាងអ្នកដទៃ ដូច្នេះប្រហែលជាពួកគេបានឃើញខ្ញុំរួចហើយថាជាបេក្ខជនដែលសមនឹងជ្រើសរើស។ តែបើខ្ញុំប្រាប់ការពិត និងបើកសម្ដែងពីការកុហករបស់ខ្ញុំ តើពួកគេនឹងគិតអាក្រក់ពិខ្ញុំទេឬអី? តើពួកគេគិតថាខ្ញុំខូចពេក ហើយមិនជ្រើសយកខ្ញុំទេ? តើខ្ញុំអាចបង្ហាញមុខរបស់ខ្ញុំម្តងទៀតយ៉ាងដូចម្តេច បើអ្នកផ្សេងត្រូវបានគេជ្រើសរើសវិញនោះ? ខ្ញុំគិតថាខ្ញុំមិនអាចនិយាយអំពីការកុហកនេះបានទេ។ គ្រាន់តែពេលដែលខ្ញុំឱនក្បាលចុះ ដោយមិនបានយកចិត្តទុកដាក់ស្ដាប់ អ្នកដឹកនាំបានសុំឱ្យខ្ញុំចែករំលែកពីស្ថានភាពរបស់ខ្ញុំបច្ចុប្បន្ន។ ខ្ញុំស្ទាក់ស្ទើរក្នុងការបិទបាំង ហើយនិយាយថា៖ «ខ្ញុំស្ថិតក្នុងសភាពល្អ។ ពេលជួបការលំបាក ខ្ញុំដឹងថាត្រូវអធិស្ឋានដល់ព្រះជាម្ចាស់ ហើយស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាទាំងនោះ។» បន្ទាប់ពីនិយាយពាក្យនេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំបានធ្វើរឿងគួរឱ្យអាម៉ាស់មួយ ហើយខ្ញុំពោរពេញទៅដោយការថប់បារម្ភ។ ខ្ញុំចាប់ផ្ដើមបែកញើស។ ដោយឃើញដូច្នេះ ខ្ញុំបន្តជូតញើសចេញ អ្នកដឹកនាំបានយកទឹកក្តៅមួយពែងមកឱ្យខ្ញុំ ហើយសួរដោយស្មោះថា តើខ្ញុំមានជំងឺផ្តាសាយទេ? ខ្ញុំបាននិយាយថា «ខ្ញុំមិនដឹងថាមកពីមូលហេតុអ្វីទេ ខ្ញុំគ្រាន់តែមានអារម្មណ៍ថប់បារម្ភ និងមិនអាចបញ្ឈប់ការចេញញើសបាន»។ តាមពិត ខ្ញុំដឹងច្បាស់ណាស់ ថានោះគឺដោយសារតែខ្ញុំបានកុហកម្តងទៀត ហើយមិនបានអនុវត្តសេចក្ដីពិត។ ខ្ញុំបានអធិស្ឋានដោយស្ងៀមស្ងាត់ទៅចំពោះព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់ ទូលបង្គំបានកុហកម្តងហើយម្តងទៀតដោយរឹងរូសមិនព្រមអនុវត្តសេចក្ដីពិត។ ទូលបង្គំរឹងរូសណាស់ បះបោរខ្លាំងណាស់ សូមណែនាំទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចអនុវត្តសេចក្ដីពិត និងធ្វើជាមនុស្សស្មោះត្រង់»។

បន្ទាប់មកបងស្រី លីវ បានស្នើសុំឱ្យយើងច្រៀងទំនុកនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ «ភាពស្មោះត្រង់ គឺមានន័យថាអ្នកប្រគល់ដួងចិត្តរបស់អ្នក ថ្វាយដល់ព្រះជាម្ចាស់ មានភាពស្មោះត្រង់ពិតប្រាកដចំពោះព្រះជាម្ចាស់ ក្នុងកិច្ចការគ្រប់យ៉ាង មិនលាក់បាំងសេចក្ដីពិត មិនព្យាយាមបោកបញ្ឆោតអ្នកដែលនៅខាងលើ និងខាងក្រោមអ្នក ហើយមិនធ្វើអ្វីដែលគ្រាន់តែដើម្បីចង់បានការគាំទ្រពីព្រះជាម្ចាស់។ សរុបសេចក្ដីមក ដើម្បីមានភាពស្មោះត្រង់គឺត្រូវមានភាពបរិសុទ្ធនៅក្នុងទង្វើ និងពាក្យសម្ដីរបស់អ្នក ហើយក៏មិនបោកបញ្ឆោតព្រះជាម្ចាស់ និងមនុស្សទាំងឡាយដែរ។ ប្រសិនបើពាក្យសម្តីរបស់អ្នករអាក់រអួលជាមួយនឹងការដោះសារ និងយុត្តិកម្មដែលគ្មានតម្លៃ នោះខ្ញុំនិយាយថាអ្នកជាមនុស្សដែលស្អប់ខ្ពើមក្នុងការអនុវត្តសេចក្តីពិត។ ប្រសិនបើអ្នកមានការសម្ងាត់ច្រើនដែលមិនចង់ចែករំលែកប្រសិនបើអ្នកមិនពេញចិត្តក្នុងការលាតត្រដាងអាថ៌កំបាំងរបស់អ្នក ការលំបាករបស់អ្នកចំពោះមុខអ្នកដទៃ ដើម្បីស្វែងរកផ្លូវនៃពន្លឺទេ នោះខ្ញុំនិយាយថាអ្នកជាមនុស្សដែលមិនទទួលបានការសង្គ្រោះដោយងាយទេ ហើយនឹងមិនងាយចេញផុតពីភាពងងឹតបានឡើយ។ ប្រសិនបើការស្វែងរកផ្លូវនៃសេចក្តីពិត ធ្វើឱ្យអ្នកពេញចិត្ត នោះអ្នកជាមនុស្សម្នាក់ដែលតែងតែរស់នៅក្នុងពន្លឺជានិច្ច» («ព្រះជាម្ចាស់ប្រទានពរដល់អស់អ្នកណាដែលទៀងត្រង់» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ខណៈដែលខ្ញុំច្រៀងទំនុកនេះ ខ្ញុំមានអារម្មណ៍ពិបាកចិត្ត ព្រមទាំងខ្មាសអៀន។ ខ្ញុំបានអធិស្ឋានមុនការជួបជុំ ព្រោះខ្ញុំចង់បើកចំហ អំពីរបៀបដែលខ្ញុំបានកុហក និងបោកបញ្ឆោត ប៉ុន្តែនៅពេលខ្ញុំដឹងថាអ្នកដឹកនាំកំពុងជ្រើសរើសនរណាម្នាក់ដើម្បីធ្វើការជាមួយគាត់ ខ្ញុំមិនចង់បកអាក្រាតអ្វីទាំងអស់។ ខ្ញុំខ្លាចអ្នកដឹកនាំ និងអ្នករួមការងារដឹងថាខ្ញុំមិនបានធ្វើកិច្ចការពិតប្រាកដ ហើយថែមទាំងកុហកទៀត ថាពួកគេនឹងនិយាយថាខ្ញុំខូចពេក ហើយមិនជ្រើសរើសខ្ញុំសម្រាប់មុខតំណែងនោះ។ បន្ទាប់មកខ្ញុំនឹងបាត់បង់ឱកាសធ្វើជាអ្នកដឹកនាំ។ ខ្ញុំមានភាពបោកបញ្ឆោតខ្លាំងណាស់! ព្រះជាម្ចាស់ទតមើលឃើញអ្វីៗទាំងអស់។ ខ្ញុំប្រហែលជាអាចបំភាន់អ្នកដទៃបាន ប៉ុន្តែចុះព្រះជាម្ចាស់វិញ? ព្រះបន្ទូលទាំងនេះពិតជាបានលេចមក៖ «ប្រសិនបើអ្នកមានការសម្ងាត់ច្រើនដែលមិនចង់ចែករំលែកប្រសិនបើអ្នកមិនពេញចិត្តក្នុងការលាតត្រដាងអាថ៌កំបាំងរបស់អ្នក ការលំបាករបស់អ្នកចំពោះមុខអ្នកដទៃ ដើម្បីស្វែងរកផ្លូវនៃពន្លឺទេ នោះខ្ញុំនិយាយថាអ្នកជាមនុស្សដែលមិនទទួលបានការសង្គ្រោះដោយងាយទេ ហើយនឹងមិនងាយចេញផុតពីភាពងងឹតបានឡើយ»។ ខ្ញុំមានអារម្មណ៍កាន់តែមិនស្រួលថែមទៀត។ តើខ្ញុំមិនមែនជាមនុស្សដែលមានទំនុកចិត្តច្រើន ដែលធ្វើឱ្យគាត់ស្ទាក់ស្ទើរមិនចែករំលែក ដូចដែលព្រះជាម្ចាស់មានបន្ទូលទេឬអី? ខ្ញុំបានដឹងយ៉ាងច្បាស់ថា ខ្ញុំមិនដឹងពីភាពជាក់លាក់នៃកិច្ចការស្រោចស្រពទេ ប៉ុន្តែនៅពេលអ្នកដឹកនាំសួរខ្ញុំអំពីវា ខ្ញុំបានលេងល្បិច ហើយបានកុហកដោយចេតនា ហើយនៅពេលដែលខ្ញុំត្រលប់ទៅពួកជំនុំវិញ ខ្ញុំមិនបានបើកចំហទៅចំពោះអ្នកដទៃ ដើម្បីបើកសម្ដែងពីអំពើពុករលួយ និងកំហុសនៅក្នុងកិច្ចការរបស់ខ្ញុំនោះទេ។ ផ្ទុយទៅវិញ ខ្ញុំបានព្យាយាមលាក់បាំងការកុហករបស់ខ្ញុំ ហើយក៏បន្តធ្វើទៀត ខណៈដែលខ្ញុំកំពុងបំពេញភារកិច្ចខ្លួន។ តើខ្ញុំធ្វើភារកិច្ចរបស់ខ្ញុំនោះយ៉ាងដូចម្តេច? ការទាំងអស់គឺដើម្បីការពារកេរ្ដិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ។ ខ្ញុំបានព្យាយាមបំភាន់ព្រះជាម្ចាស់ ហើយបោកបញ្ឆោតមនុស្ស។ ហើយជាថ្មីម្តងទៀត ដើម្បីទទួលបានតំណែងថ្មីនេះ ខ្ញុំបានក្បត់នូវសម្បថ ដោយបោកបញ្ឆោតទាំងព្រះជាម្ចាស់ និងមនុស្ស។ ខ្ញុំបានកុហក ហើយបោកបញ្ឆោតម្តងហើយម្តងទៀត! បន្ទាប់មក ព្រះបន្ទូលទាំងនេះដែលមកពីព្រះជាម្ចាស់បានលេចឡើងចំពោះខ្ញុំ៖ «តែចូរឱ្យទំនាក់ទំនងរបស់អ្នក មែនគឺមែន ទេគឺទេ ដ្បិតអ្វីៗដែលលើសពីនេះ គឺមកពីអារក្សហើយ» (ម៉ាថាយ ៥:៣៧)។ «អ្នកមានអារក្សជាឪពុក ហើយអ្នកក៏នឹងធ្វើតាមតណ្ហានៃឪពុករបស់អ្នក។ វាជាឃាតករតាំងពីដំបូងមក ហើយមិនបានស្ថិតនៅក្នុងសេចក្ដីពិតឡើយ ដ្បិតគ្មានសេចក្ដីពិតណាមួយនៅក្នុងវាឡើយ។ នៅពេលវានិយាយកុហក នោះវាបានបង្ហាញឱ្យឃើញអំពីខ្លួនវា៖ ដ្បិតវាជាអ្នកកុហក និងជាឪពុកនៃសេចក្ដីនេះ» (យ៉ូហាន ៨:៤៤)។ ខ្ញុំដឹងយ៉ាងច្បាស់ថា ព្រះជាម្ចាស់ចូលចិត្តមនុស្សស្មោះត្រង់ ប៉ុន្តែខ្ញុំបានកុហក និងលាក់បាំងការកុហករបស់ខ្ញុំម្តងហើយម្តងទៀត ដោយព្យាយាមបញ្ឆោតព្រះជាម្ចាស់ និងបងប្អូនប្រុសស្រីរបស់ខ្ញុំ។ តើខ្ញុំខុសពីសាតាំងយ៉ាងដូចម្តេច? តើខ្ញុំមានសូម្បីតែបំណែកនៃមនុស្សជាតិត្រឹមត្រូវដែរឬទេ? បើខ្ញុំមិនប្រែចិត្ត ហើយមិនផ្លាស់ប្តូរ ខ្ញុំដឹងថាខ្ញុំនឹងត្រូវប្រឈមមុខនឹងទីបំផុតដូចសាតាំងដែរ។ គំនិតនេះធ្វើឱ្យខ្ញុំភ័យខ្លាច ដូច្នេះខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ ហើយខ្ញុំបានប្រមូលយកភាពក្លាហាន ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនឯងឱ្យខ្ទេច។ ខ្ញុំបានបើកសម្ដែងពីការកុហក និងការគ្រប់បាំង ដែលខ្ញុំបានធ្វើ និងការជម្រុញដ៏គួរឱ្យស្អប់ខ្ពើម មានល្បិចកលរបស់ខ្ញុំ យ៉ាងល្អិតល្អន់ ដោយមិនទុកអ្វីមួយឡើយ។ បន្ទាប់ពីខ្ញុំបានស្អាតទាំងស្រុងហើយ ខ្ញុំមានអារម្មណ៍ដូចជាទម្ងន់ដ៏ធំមួយត្រូវបានលើកចេញ ហើយខ្ញុំស្រាប់តែមានអារម្មណ៍ធូរស្រាលជាងមុន។ ខ្ញុំមានអារម្មណ៍ថាមានសេរីភាព ហើយមានអារម្មណ៍ស្រួលនៅក្នុងចិត្ត។

បងប្អូនប្រុសស្រីមិនបានមើលងាយខ្ញុំទេ ហើយអ្នកដឹកនាំថែមទាំងបានអានបទគម្ពីរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មកកាន់ខ្ញុំទៀត។ «នៅពេលដែលមនុស្សជាប់ពាក់ព័ន្ធនឹងការបោកបញ្ឆោត តើបំណងអ្វីដែលកើតចេញពីរឿងនេះ? តើពួកគេបើកសម្ដែងនិស្ស័យប្រភេទណា? ហេតុអ្វីបានជាពួកគេអាចសម្ដែងចេញនូវនិស្ស័យប្រភេទនេះ? តើអ្វីជាឫសគល់នៃការបោកបញ្ឆោត? គឺមនុស្សមើលឃើញផលប្រយោជន៍ផ្ទាល់ខ្លួន មានសារៈសំខាន់ជាងអ្វីផ្សេង។ ពួកគេជាប់ពាក់ព័ន្ធនឹងការបោកបញ្ឆោត ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ដូច្នេះហើយនិស្ស័យបោកបញ្ឆោតរបស់ពួកគេក៏ត្រូវបានបើកសម្ដែង។ តើបញ្ហានេះគួរតែត្រូវបានដោះស្រាយដោយរបៀបណា? ទីមួយ អ្នកត្រូវតែបោះបង់ចោលផលប្រយោជន៍ផ្ទាល់ខ្លួនជាមុនសិន។ ការឱ្យមនុស្សបោះបង់ចោលផលប្រយោជន៍ផ្ទាល់ខ្លួនគឺជារឿងលំបាកបំផុតដែលត្រូវធ្វើ។ មនុស្សភាគច្រើនគ្មានស្វែងរកអ្វីក្រៅពីផលចំណេញឡើយ។ ផលប្រយោជន៍របស់មនុស្សគឺជាជីវិតរបស់ពួកគេ ហើយការធ្វើឱ្យពួកគេបោះបង់ចោលអ្វីៗទាំងនោះ គឺស្មើនឹងបង្ខំឱ្យពួកគេបោះបង់ចោលជីវិតរបស់ពួកគេ។ ដូច្នេះ តើអ្នកគួរធ្វើអ្វី? អ្នកត្រូវតែរៀនលះបង់ចោល រៀនបោះបង់ រៀនរងទុក្ខ និងរៀនអត់ទ្រាំនូវការឈឺចាប់នៃការបោះបង់ចោលផលប្រយោជន៍ដែលអ្នកស្រឡាញ់។ នៅពេលដែលអ្នកអត់ទ្រាំនូវការឈឺចាប់នេះ ហើយលះបង់ចោលផលប្រយោជន៍ពីរបីយ៉ាងរបស់អ្នក នោះអ្នកនឹងមានអារម្មណ៍ធូរចិត្តបន្តិច និងរួចស្រឡះបន្តិច ហើយតាមវិធីនេះ អ្នកនឹងយកឈ្នះលើសាច់ឈាមរបស់អ្នកបាន។ ទោះបីជាយ៉ាងណាក៏ដោយ បើអ្នកនៅតោងជាប់ផលប្រយោជន៍របស់អ្នក ហើយមិនអាចបោះបង់ចោលពួកវាបានទេ ដោយនិយាយថា 'ខ្ញុំបោកបញ្ឆោត ប៉ុន្តែវាយ៉ាងម៉េច? ព្រះជាម្ចាស់មិនបានដាក់ទោសខ្ញុំទេ ដូច្នេះតើមនុស្សអាចធ្វើអ្វីចំពោះខ្ញុំបាន? ខ្ញុំនឹងមិនលះបង់ចោលអ្វីមួយឡើយ!' នៅពេលដែលអ្នកមិនលះបង់ចោលអ្វីមួយ នោះគ្មានអ្នកផ្សេងរងការបាត់បង់អ្វីឡើយ។ ចុងក្រោយ គឺខ្លួនអ្នកផ្ទាល់ដែលបាត់បង់។ នៅពេលដែលអ្នកទទួលស្គាល់និស្ស័យពុករលួយផ្ទាល់ខ្លួន ជាការពិត នេះជាឱកាសមួយសម្រាប់អ្នកក្នុងការចូលទៅក្នុង រីកចម្រើន និងផ្លាស់ប្ដូរ។ វាគឺជាឱកាសសម្រាប់អ្នកក្នុងការចូលមកចំពោះព្រះជាម្ចាស់ ហើយទទួលយកការពិនិត្យពិច័យរបស់ទ្រង់ ព្រមទាំងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់។ ជាងនេះទៅទៀត នេះជាឱកាសមួយសម្រាប់អ្នកក្នុងការទទួលបានសេចក្ដីសង្គ្រោះ។ បើអ្នកបោះបង់ចោលការស្វែងរកសេចក្ដីពិត នោះវាស្មើនឹងការបោះបង់ចោលឱកាសដើម្បីទទួលបានសេចក្ដីសង្គ្រោះ និងទទួលយកការជំនុំជម្រះ ព្រមទាំងការវាយផ្ចាល។ បើអ្នកចង់បានផលចំណេញ មិនចង់បានសេចក្ដីពិត ហើយផលចំណេញគឺជាអ្វីដែលអ្នកជ្រើសរើស នោះនៅទីបញ្ចប់ ផលចំណេញគឺជាអ្វីដែលអ្នកនឹងទទួលបាន ទោះបីជាអ្នកនឹងបានបោះបង់សេចក្ដីពិតក៏ដោយ។ ប្រាប់ខ្ញុំមក៖ តើនេះជាការខាតបង់ ឬការចំណេញ? ផលចំណេញមិនអស់កល្បជានិច្ចឡើយ។ ឋានៈ ការគោរពខ្លួនឯង លុយ របស់ខាងសម្ភារ គឺសុទ្ធតែបណ្ដោះអាសន្នទាំងអស់។ នៅពេលដែលអ្នកបំផ្លាញសមាសធាតុនៃនិស្ស័យពុករលួយរបស់អ្នកនេះចេញ ទទួលបានទិដ្ឋភាពនៃសេចក្ដីពិតនេះ ហើយទទួលបានសេចក្ដីសង្គ្រោះ នោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលមានតម្លៃនៅចំពោះព្រះជាម្ចាស់។ ជាងនេះទៅទៀត សេចក្ដីពិតដែលមនុស្សទទួលបានគឺអស់កល្បជានិច្ច។ សាតាំងមិនអាចយកសេចក្ដីពិតទាំងនេះចេញពីពួកគេបានឡើយ ហើយអ្នកផ្សេងក៏មិនអាចយកបានដែរ។ អ្នកបានបោះបង់ចោលផលប្រយោជន៍របស់អ្នក ប៉ុន្តែអ្វីដែលអ្នកបានទទួលគឺសេចក្ដីពិត និងសេចក្ដីសង្គ្រោះ។ លទ្ធផលទាំងនេះ ជាកម្មសិទ្ធិរបស់អ្នក។ អ្នកទទួលបានពួកវាសម្រាប់ខ្លួនឯងផ្ទាល់។ បើមនុស្សជ្រើសរើសអនុវត្តសេចក្ដីពិត នោះទោះបីជាពួកគេបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួនក៏ដោយ ក៏ពួកគេនឹងទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ និងជីវិតដ៏អស់កល្បជានិច្ចដែរ។ មនុស្សទាំងនោះគឺជាមនុស្សដែលឆ្លាតបំផុត។ បើមនុស្សទទួលបានផលប្រយោជន៍ ដោយត្រូវលះបង់សេចក្ដីពិត នោះអ្វីដែលពួកគេបាត់បង់គឺជីវិត និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ មនុស្សទាំងនោះល្ងង់បំផុត។ ដ្បិតអ្វីដែលបុគ្គលម្នាក់នឹងជ្រើសរើសនៅទីបញ្ចប់មិនថាជាផលប្រយោជន៍ផ្ទាល់ខ្លួន ឬសេចក្ដីពិតឡើយ នេះគឺជាបញ្ហាដែលបើកសម្ដែងពីបុគ្គលនោះច្រើនជាងអ្នកផ្សេងទាំងអស់។ អស់អ្នកដែលស្រឡាញ់សេចក្ដីពិតនឹងជ្រើសរើសសេចក្ដីពិត។ ពួកគេនឹងជ្រើសរើសចុះចូលនៅចំពោះព្រះជាម្ចាស់ ហើយដើរតាមទ្រង់។ ពួកគេនឹងបោះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ មិនថាពួកគេរងទុក្ខច្រើនប៉ុនណាឡើយ ពួកគេបានតាំងចិត្តក្រោកធ្វើទីបន្ទាល់ដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺជាផ្លូវដ៏សំខាន់នៃការអនុវត្តសេចក្ដីពិត និងការចូលទៅក្នុងតថភាពនៃសេចក្ដីពិត» («ការស្គាល់ពីនិស្ស័យរបស់ខ្លួន គឺជាគ្រឹះនៃការផ្លាស់ប្តូរនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ឮពីព្រះបន្ទូលទាំងនេះ ធ្វើឱ្យចិត្តខ្ញុំបានភ្លឺ។ ខ្ញុំបានឆ្លុះបញ្ចាំងពីរបៀបដែលខ្ញុំកុហក និងបោកបញ្ឆោតម្តងម្កាល ភាគច្រើនដោយសារតែខ្ញុំខ្វល់ខ្វាយច្រើនអំពីកេរ្តិ៍ឈ្មោះ និងមុខតំណែង ហើយដោយសារតែខ្ញុំមានធម្មជាតិបោកបញ្ឆោត។ ខ្ញុំត្រូវបានអប់រំ និងបញ្ចុះបញ្ចូលដោយសាតាំង តាំងពីខ្ញុំនៅតូច ហើយស្រូបយកសារធាតុពុលជាច្រើនពីវា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «ដូចជាដើមឈើរស់ដោយសារសំបក មនុស្សរស់ដោយសារមុខមាត់របស់គេ» «ការកុហកនឹងក្លាយជាសេចក្ដីពិត ប្រសិនបើវាកើតឡើងដដែលៗរាប់ពាន់ដង» «គ្មានសមិទ្ធផលណាអាចសម្រេចបានដោយគ្មានការកុហកនោះទេ» «ចូរគិតមុនពេលអ្នកនិយាយ ហើយបន្ទាប់មកនិយាយដោយការត្រៀមទុក» ។ល។ ទស្សនវិជ្ជាបែបសាតាំងទាំងនោះ បានក្លាយជាច្បាប់របស់ខ្ញុំដើម្បីការរស់រានមានជីវិត។ ខ្ញុំបានរស់នៅជាមួយនឹងទស្សនវិជ្ជានោះ ដោយកាន់តែអាត្មានិយម បោកបញ្ឆោត និងក្លែងក្លាយ។ ខ្ញុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយមិនអាចធ្វើេអ្វីក្រៅតែពីកុហក និងបោកបញ្ឆោតដល់ទីបំផុតប៉ុណ្ណោះ។ ទោះបីខ្ញុំមានអារម្មណ៍ថាមានកំហុស និងបន្ទោសខ្លួនឯងបន្ទាប់ពីនិយាយកុហក ហើយខ្ញុំចង់ប្រែចិត្តនៅចំពោះព្រះជាម្ចាស់ ហើយបើកចំហចំពោះអ្នកដទៃក៏ដោយ ក៏ការភ័យខ្លាចរបស់ខ្ញុំចំពោះភាពអាម៉ាស់ ហើយត្រូវគេសើចចំអក នៅតែធ្វើឱ្យខ្ញុំបិទបាំងដើម្បីខ្លួនឯង ហើយទុកនូវចរិតបោកបញ្ឆោត។ ខ្ញុំមិនមានឆន្ទៈបើកចំហ និងបើកសម្ដែងពីការជំរុញចិត្តដែលមានល្បិចកល និងឥរិយាបថបញ្ឆោតរបស់ខ្ញុំឡើយ។ ជាពិសេស ខ្ញុំខ្វះភាពក្លាហានក្នុងការដាក់មុខមាត់នៅម្ដុំ ហើយមានភាពស្មោះត្រង់ទេ ដោយគិតថានៅពេលដែលខ្ញុំប្រាប់ការពិត មនុស្សនឹងឃើញខ្ញុំថាខ្ញុំជាអ្វី ហើយពួកគេនឹងមិនឱ្យតម្លៃខ្ញុំទៀតទេ។ ខ្ញុំសុខចិត្តតស៊ូក្នុងភាពងងឹត និងការឈឺចាប់ ជាជាងការអនុវត្តសេចក្ដីពិត និងមានភាពស្មោះត្រង់។ ខ្ញុំឃើញពីការដែលខ្ញុំបានពុករលួយដោយសាតាំងយ៉ាងស៊ីជម្រៅ! បើគ្មានព្រះជាម្ចាស់បើកសម្ដែងខ្ញុំតាមវិធីនោះ បើគ្មានការជំនុំជម្រះ និងការបើកសម្តែងនូវព្រះបន្ទូលរបស់ទ្រង់ទេ ខ្ញុំនឹងមិនដែលបានឃើញអំពីធម្មជាតិនៃល្បិចកលរបស់ខ្ញុំយ៉ាងដូចម្ដេច ហើយខ្ញុំនឹងមិនត្រូវបានបណ្ដាលឱ្យអនុវត្តសេចក្ដីពិត និងបើកសម្ដែងពីភាពពិតពីខ្លួនឯងនោះទេ។ ពេលនោះខ្ញុំយល់ឃើញថាការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ គឺជាការការពារ និងសង្គ្រោះខ្ញុំ ហើយខ្ញុំមានអារម្មណ៍ពីការស្វះស្វែងរកសេចក្ដីពិត និងការអនុវត្តនូវភាពស្មោះត្រង់មានសារៈសំខាន់ប៉ុនណា។

ចាប់ពីពេលនោះមក ខ្ញុំតាំងចិត្តអនុវត្តនិយាយការពិត និងធ្វើជាមនុស្សស្មោះត្រង់។ បន្ទាប់ពីមួយរយៈមក ខ្ញុំរកឃើញថា អ្នកដឹកនាំម្នាក់ដែលចូលរួមជាមួយយើងក្នុងការជួបជុំគ្នា ពេលខ្លះអាចក្រអឺតក្រទម និងគិតថាខ្លួនឯងសុចរិត ហើយមិនងាយទទួលយកយោបល់អ្នកដទៃឡើយ។ ខ្ញុំចង់និយាយទៅកាន់គាត់ពីរបីដង ប៉ុន្តែបន្ទាប់មកខ្ញុំគិតថា «វាមិនអីទេ បើគាត់ទទួលយកអ្វីដែលខ្ញុំនិយាយ ប៉ុន្តែបើគាត់មិនទទួលវិញ តើគាត់នឹងគិតយ៉ាងណាចំពោះខ្ញុំ?» ខ្ញុំបានសម្រេចចិត្តរង់ចាំមើល។ ថ្ងៃមួយគាត់បានសួរខ្ញុំថា «ប្អូនស្រី យើងបានស្គាល់គ្នាមួយរយៈហើយ បើប្អូនឃើញមានបញ្ហាណាមួយនៅក្នុងខ្ញុំ សូមប្រាប់ខ្ញុំឱ្យដឹងផង។ នោះនឹងមានប្រយោជន៍សម្រាប់ខ្ញុំ។» ខ្ញុំមើលគាត់ ហើយហៀបនឹងនិយាយថា៖ «ខ្ញុំមិនបានកត់សំគាល់អ្វីទេ បងអស្ចារ្យណាស់»។ ប៉ុន្តែខ្ញុំដឹងថាវាជាការបោកបញ្ឆោត ដូច្នេះខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ ហើយធ្វើឱ្យខ្លួនខ្ញុំមានឆន្ទៈទទួលយកការពិនិត្យពិច័យរបស់ទ្រង់។ ខ្ញុំមិនអាចបន្តនិយាយកុហក និងបោកបញ្ឆោត ដោយសមគំនិត ដែលជាការស្អប់ខ្ពើមរបស់ព្រះជាម្ចាស់បានឡើយ។ ដូច្នេះខ្ញុំបានបើកចំហ ហើយប្រាប់គាត់អំពីបញ្ហារបស់គាត់។ គាត់ស្តាប់ បន្ទាប់មកងក់ក្បាលយ៉ាងលឿន ហើយបាននិយាយថា៖ «សូមអរព្រះគុណដល់ព្រះជាម្ចាស់! ខ្ញុំនឹងមិនដែលបានដឹងពីរឿងនេះទេ បើប្អូនមិនប្រាប់ខ្ញុំ។ ខ្ញុំពិតជាត្រូវឆ្លុះបញ្ចាំងពីខ្លួនឯង ហើយស្វែងយល់ពីរឿងនេះ។» ខ្ញុំសប្បាយចិត្តណាស់នៅពេលដែលខ្ញុំឃើញគាត់អាចទទួលយកបាន។ ខ្ញុំមានអារម្មណ៍ដែលមិនគួរឱ្យជឿថាមានសន្តិភាព និងការដោះលែង ហើយពិតជាបានបទពិសោធពីការអស្ចារ្យដោយអនុវត្តនូវសេចក្ដីពិត និងធ្វើជាមនុស្សស្មោះត្រង់ជាយ៉ាងណា!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ខ្ញុំ

ខ្ញុំធ្លាប់មានអារម្មណ៍ច្រណែនខ្លាំងណាស់ ពេលឃើញបងប្អូនប្រុសស្រីសម្ដែង ច្រៀងរាំសរសើរព្រះជាម្ចាស់។ ខ្ញុំធ្លាប់ស្រមៃថា ថ្ងៃមួយ ខ្ញុំអាចឡើងច្រៀង...

តើអ្នកណានិយាយថា និស្ស័យក្រអឺតក្រទម មិនអាចផ្លាស់ប្តូរបាន?

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល...

ការប្រមូលផលផ្លែពីការត្រូវបានលួសកាត់ និងដោះស្រាយជាមួយ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល...

Leave a Reply