តើព្រះគម្ពីរទាំងមូលសុទ្ធតែជាការបណ្ដាលមកពីព្រះជាម្ចាស់ឬ?

15-12-2025

ដោយ ចាវ ក្វាង ប្រទេសចិន

នៅឆ្នាំ ១៩៩៨ ប្អូនប្រុសជីដូនមួយរបស់ខ្ញុំឈ្មោះ យ៉ាង បានមកផ្សាយដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវដល់ខ្ញុំ។ គាត់បានយកព្រះគម្ពីរមួយក្បាលមកឲ្យខ្ញុំ ហើយបានប្រាប់ខ្ញុំថា ព្រះគម្ពីរទាំងមូលគឺជាការបណ្ដាលមកពីព្រះជាម្ចាស់ ហើយអ្វីៗទាំងអស់នៅក្នុងនោះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថានៅក្នុងនោះមានផ្លូវទៅកាន់នគរព្រះ និងជីវិតអស់កល្បជានិច្ច។ ពេលឮថាខ្ញុំអាចទទួលបានជីវិតអស់កល្បជានិច្ច ក៏បានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ភ្លាម ហើយបន្ទាប់មក ខ្ញុំក៏បានអានព្រះគម្ពីរនៅពេលខ្ញុំមានពេលទំនេរ។ មិនយូរប៉ុន្មាន ខ្ញុំក៏បានដឹងថា ព្រះអម្ចាស់យេស៊ូវគឺជាព្រះប្រោសលោះរបស់មនុស្សជាតិ ហើយក៏បានទទួលទ្រង់។ ដោយសារតែខ្ញុំមានចិត្តខ្នះខ្នែងក្នុងការដេញតាម ក្រោយមកខ្ញុំក៏បានក្លាយជាអ្នករួមការងារម្នាក់ ហើយចាប់ផ្តើមផ្សាយដំណឹងល្អ និងអធិប្បាយនៅក្នុងពួកជំនុំ។ ខ្ញុំជឿយ៉ាងមុតមាំថា ព្រះគម្ពីរគឺជាគ្រឹះ និងជាមគ្គុទ្ទេសក៍សម្រាប់ជំនឿរបស់ខ្ញុំ។

ប៉ុន្មានឆ្នាំកន្លងផុតទៅ ពួកជំនុំក៏រីងស្ងួត ហើយកាន់តែពិបាកទៅៗក្នុងការមានអារម្មណ៍ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកជឿភាគច្រើនចាប់ផ្ដើមមានភាពអវិជ្ជមាន និងទន់ខ្សោយ ជំនឿរបស់ពួកគេក៏ចុះត្រជាក់ ហើយមនុស្សជាច្រើនថែមទាំងបានត្រឡប់ទៅកាន់ពិភពលោកិយវិញ។ ការប្រឈមមុខនឹងរឿងទាំងអស់នេះ បានធ្វើឲ្យខ្ញុំមានអារម្មណ៍ថប់បារម្ភ និងគ្មានទីពឹង ហើយក៏មានភាពទន់ខ្សោយនៅក្នុងចិត្តរបស់ខ្ញុំដែរ។ តើព្រះអម្ចាស់បានបោះបង់ចោលពួកយើងហើយឬ? ប៉ុន្តែរាល់ពេលដែលខ្ញុំនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលថា «អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងត្រូវបានសង្គ្រោះ» (ម៉ាថាយ ១០:២២)។ ចិត្តរបស់ខ្ញុំក៏កាន់តែរឹងប៉ឹង។ ខ្ញុំជឿជាក់ថាព្រះអម្ចាស់នឹងមិនប្រព្រឹត្តដោយអយុត្តិធម៌ចំពោះអ្នកដែលដើរតាមទ្រង់ដោយចិត្តស្មោះសរនោះទេ ហើយខ្ញុំក៏បានបន្តលះបង់ខ្លួនសម្រាប់ព្រះអម្ចាស់។ ខ្ញុំតែងតែអធិស្ឋាននៅក្នុងចិត្ត ហើយទូលសូមឲ្យព្រះអម្ចាស់ពង្រឹងជំនឿរបស់ពួកយើង។ នៅពេលនោះហើយ ដែលមានពួកជំនុំមួយឈ្មោះថា «ផ្លេកបន្ទោរពីទិសខាងកើត» បានលេចឡើង។ ពួកគេបានធ្វើបន្ទាល់ថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញហើយ ទ្រង់កំពុងសម្ដែងចេញនូវសេចក្តីពិត និងកំពុងបំពេញកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ។ បងប្អូនប្រុសស្រីជាច្រើននៅក្នុងព្រះអម្ចាស់បានបែរទៅជឿតាម «ផ្លេកបន្ទោរពីទិសខាងកើត» ហើយវាបានធ្វើឲ្យខ្ញុំសោកសៅជាខ្លាំង។ អ្វីដែលខ្ញុំពិបាកទទួលយកជាពិសេសនោះគឺ ការដែលឮអ្នកមកពី «ផ្លេកបន្ទោរពីទិសខាងកើត» និយាយថា ព្រះគម្ពីរមានទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពាក្យរបស់មនុស្ស។ ខ្ញុំបានគិតថា៖ «ព្រះគម្ពីរបានចែងយ៉ាងច្បាស់ថា 'គ្រប់ទាំងបទគម្ពីរត្រូវបានប្រទានមក ដោយការដែលព្រះជាម្ចាស់បណ្ដាលឲ្យតែង' (២ ធីម៉ូថេ ៣:១៦)។ អ្វីៗទាំងអស់នៅក្នុងព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគ្រូគង្វាល និងពួកចាស់ទុំតែងតែនិយាយបែបនេះគ្រប់ពេល។ ដូច្នេះ តើអ្វីដែល 'ផ្លេកបន្ទោរពីទិសខាងកើត' និយាយ មិនមែនជាការប្រឆាំងនឹងព្រះគម្ពីរ និងក្បត់ព្រះអម្ចាស់ទេឬ?» ដោយសារតែរឿងនេះ ខ្ញុំពិតជាមានការទាស់ទទឹង និងប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះ «ផ្លេកបន្ទោរពីទិសខាងកើត»។ ចាប់តាំងពីពេលនោះមក ការប្រជុំភាគច្រើនរបស់ពួកយើង គឺពិភាក្សាអំពីរបៀបប្រុងប្រយ័ត្ន និងទប់ទល់នឹង «ផ្លេកបន្ទោរពីទិសខាងកើត» និងរបៀបការពារពួកជំនុំកុំឲ្យបាត់បង់ហ្វូងចៀម។ ដើម្បីការពារកុំឲ្យមនុស្សមកពី «ផ្លេកបន្ទោរពីទិសខាងកើត» លួចចៀមរបស់ពួកយើង ខ្ញុំបានប្រាប់បងប្អូនប្រុសស្រីរបស់ខ្ញុំថា៖ «ព្រះគម្ពីរទាំងមូលគឺជាការបណ្ដាលមកពីព្រះជាម្ចាស់ ហើយព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់គឺមាននៅក្នុងនោះ។ បើពួកយើងជឿលើព្រះជាម្ចាស់ ពួកយើងមិនអាចចាកចេញពីព្រះគម្ពីរបានទេ។ ការធ្វើបែបនេះគឺជាសាសនាខុសឆ្គង»។ ដោយធ្វើបែបនេះ ខ្ញុំសង្ឃឹមថានឹងអាចបង្ការពួកគេមិនឲ្យស្វែងយល់ពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងគ្រាចុងក្រោយ ប៉ុន្តែពួកគេនៅតែបន្តទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាដដែល។

មានម្ដងនោះ បន្ទាប់ពីត្រឡប់មកពីការប្រជុំពួកជំនុំវិញ ខ្ញុំបានឃើញប្រពន្ធរបស់ខ្ញុំកំពុងសូនម្សៅ ហើយនៅក្បែរគាត់មានស្ត្រីម្នាក់អាយុប្រហែលហុកសិបឆ្នាំកំពុងអង្គុយ ប្រកបគ្នាជាមួយគាត់។ ខ្ញុំស្មានថាគាត់ជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ទឹកមុខរបស់ខ្ញុំក៏ប្រែជាមាំភ្លាម ហើយខ្ញុំក៏និយាយថា «អ្នកបដិសេធ និងបានបោះបង់ចោលព្រះគម្ពីរ ហើយនៅតែហ៊ាននិយាយថាជឿលើព្រះជាម្ចាស់ទៀតឬ? ចេញពីទីនេះភ្លាមទៅ!» បងស្រីនោះបាននិយាយមកកាន់ខ្ញុំដោយអត់ធ្មត់ថា «បងប្រុសសូមកុំខឹង។ កុំធ្វើការវិនិច្ឆ័យលឿនដោយមិនដឹងការពិត។ ពួកយើងក៏ធ្លាប់អានព្រះគម្ពីរ និងយល់ខគម្ពីរដែលចែងថា 'គ្រប់ទាំងបទគម្ពីរត្រូវបានប្រទានមក ដោយការដែលព្រះជាម្ចាស់បណ្ដាលឲ្យតែង' (២ ធីម៉ូថេ ៣:១៦)។ ថាព្រះបន្ទូលទាំងអស់នៅក្នុងព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទាល់តែក្រោយមក ទើបពួកយើងដឹងថាការបកស្រាយបែបនេះមិនត្រឹមត្រូវទេ»។ «តើអ្នកមានភស្តុតាងអ្វី?» ខ្ញុំបានសួរដោយមើលងាយ។ បងស្រីនោះបាននិយាយថា «ឧទាហរណ៍ ដំណឹងល្អរបស់លូកាបានចែងថា៖ 'ដ្បិតមានមនុស្សជាច្រើនបានសរសេររៀបរាប់ជាលំដាប់អំពីអ្វីៗដែលយើងទាំងអស់ជឿជាក់ថាពិតប្រាកដក្នុងចំណោមយើង ដោយរឿងទាំងនោះត្រូវបានបញ្ជូនប្រាប់មកយើង ដោយសាក្សីដែលបានឃើញដោយផ្ទាល់ភ្នែកតាំងពីដំបូង និងជាអ្នកបម្រើព្រះបន្ទូល' (លូកា ១:១-២)។ តើនេះមិនមានន័យថា ដំណឹងល្អរបស់លូកាត្រូវបានសរសេរដោយលូកាផ្ទាល់ ចេញពីបទពិសោធន៍ និងការស្រាវជ្រាវរបស់គាត់ទេឬ? លូកាគ្រាន់តែសរសេរនូវការពិតមួយចំនួនដែលគាត់បានឃើញ និងបានឮនៅពេលនោះប៉ុណ្ណោះ។ នេះគឺជាសៀវភៅដែលសរសេរដោយមនុស្ស ដូច្នេះតើពួកយើងអាចនិយាយថាវាសុទ្ធតែជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដោយរបៀបណា? អ្វីៗដែលបណ្ដាលមកពីព្រះជាម្ចាស់ គឺមិនត្រូវការឲ្យមនុស្សមានបទពិសោធន៍ ឬលាយឡំជាមួយនឹងគំនិតរបស់មនុស្សឡើយ។ ទាំងពីរនេះគឺខុសគ្នាដាច់ស្រឡះ»។ ពាក្យសម្ដីរបស់បងស្រីនោះស្តាប់ទៅក៏សមហេតុផលដែរ។ ខ្ញុំដកដង្ហើមមួយៗ ហើយលួចក្រឡេកមើលបងស្រីនោះពីជ្រុងម្ខាង ហើយគិតក្នុងចិត្តថា៖ «គាត់មានវ័យចំណាស់ ហើយមើលទៅមិនសូវមានចំណេះដឹងខ្ពង់ខ្ពស់ទេ ប៉ុន្តែគាត់បែរជាមានការយល់ដឹងបែបនេះទៅវិញ។ មិនគួរឲ្យជឿសោះ!» មួយសន្ទុះ ខ្ញុំគិតមិនឃើញចម្លើយតបនឹងអ្វីដែលគាត់បាននិយាយនោះទេ ហើយមុខរបស់ខ្ញុំក៏ឡើងក្រហម។ ខ្ញុំបារម្ភថាខ្ញុំនឹងត្រូវគេបំភាន់បើខ្ញុំនៅតែបន្តស្តាប់គាត់និយាយទៀត ដូច្នេះខ្ញុំក៏ក្អកក្អាយ ហើយនិយាយថា៖ «បានហើយ ជំនឿរបស់ពួកយើងខុសគ្នាទេ។ សូមកុំមកទីនេះទៀត!» ពេលកំពុងនិយាយបែបនេះ ខ្ញុំក៏រុញបងស្រីនោះចេញទៅក្រៅ។ គាត់បានណែនាំខ្ញុំម្ដងហើយម្ដងទៀតឲ្យអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីឲ្យដឹងច្បាស់ថាតើព្រះអម្ចាស់បានយាងត្រឡប់មកវិញហើយឬនៅ ប៉ុន្តែខ្ញុំបានបិទចិត្តរបស់ខ្ញុំមិនព្រមស្ដាប់គាត់។ ខ្ញុំមិនចង់ស្តាប់ទេ។ ទាំងទឹកភ្នែករលីងរលោង គាត់បាននិយាយដោយអស់ពីចិត្តថា «បងប្រុសអើយ សូមពិចារណាឡើងវិញ!» ពេលឮពាក្យសម្ដីដ៏ស្មោះត្រង់របស់គាត់ ឃើញកែវភ្នែកដ៏ស្មោះត្រង់របស់គាត់ និងរូបរាងដ៏ទន់ខ្សោយរបស់គាត់នៅក្នុងខ្យល់រដូវរងា ចិត្តរបស់ខ្ញុំមានអារម្មណ៍ដូចត្រូវកាំបិតចាក់យ៉ាងមុត ហើយខ្ញុំមិនដឹងថាវាជាអារម្មណ៍បែបណានោះទេ។ ប៉ុន្តែខ្ញុំបានចងចាំថា ព្រះបន្ទូលទាំងអស់នៅក្នុងព្រះគម្ពីរគឺមកពីព្រះជាម្ចាស់ ហើយការងាកចេញពីព្រះគម្ពីរមិនមែនជាការជឿលើព្រះជាម្ចាស់ទេ។ អ្វីដែលពួកគេអធិប្បាយគឺលើសពីព្រះគម្ពីរ ហើយពួកគេថែមទាំងមកលួចចៀមនៅពួកជំនុំរបស់ពួកយើងទៀតផង។ ខ្ញុំមិនអាចស្តាប់អ្វីដែលពួកគេអធិប្បាយបានទេ ហើយខ្ញុំត្រូវតែរក្សាជំហររបស់ខ្ញុំឲ្យបានរឹងមាំ។ បន្ទាប់ពីនេះ ខ្ញុំនៅតែជឿជាក់ថា គំនិត និងទង្វើរបស់ខ្ញុំត្រឹមត្រូវ ហើយមានសេចក្ដីសុខសាន្តក្នុងចិត្ត ហើយខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការ «ការពារ» ហ្វូងចៀម។ ទោះបីជាបែបនេះក៏ដោយ រាល់ពេលដែលមាននរណាម្នាក់និយាយពីមនុស្សដែលមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំមានអារម្មណ៍អន្ទះសាក្នុងចិត្ត។ ការប្រកបគ្នារបស់ពួកគេគឺសមហេតុផល និងពិបាកនឹងបដិសេធ។ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីត្រូវតឹងរ៉ឹង និងរឹងប៉ឹងឡើយ។ ហើយអនុវត្តគោលការណ៍មិនស្ដាប់ មិនមើល និងមិនទាក់ទងជាមួយពួកគេ។

មួយប៉ព្រិចភ្នែក ក៏ដល់ដើមរដូវស្លឹកឈើជ្រុះឆ្នាំ ២០០៤។ ប្អូនប្រុសជីដូនមួយរបស់ខ្ញុំឈ្មោះ យ៉ាង បានទូរស័ព្ទមកខ្ញុំដោយនិយាយថា គាត់ត្រូវការខ្ញុំក្នុងរឿងបន្ទាន់មួយ។ ខ្ញុំក៏ប្រញាប់ទៅទីនោះ ហើយប្អូនប្រុសជីដូនមួយរបស់ខ្ញុំបានណែនាំបងប្រុស វ៉ាង ឈួនយ៉ាង ឲ្យខ្ញុំស្គាល់។ គាត់បាននិយាយថា ឈួនយ៉ាង គឺជាអ្នកអធិប្បាយ ហើយគាត់បានសុំឲ្យពួកយើងជជែកគ្នាអំពីការយល់ដឹងរបស់ពួកយើងចំពោះព្រះអម្ចាស់។ ខ្ញុំពិតជារីករាយណាស់ ហើយបន្ទាប់ពីបានជម្រាបសួររួច ប្អូនប្រុសជីដូនមួយរបស់ខ្ញុំបានឲ្យព្រះគម្ពីរមួយក្បាលដល់ខ្ញុំ ហើយបានយកសៀវភៅក្របក្រាស់ពីរទៀតចេញមក។ ខ្ញុំបានមើល ហើយនៅលើក្របសៀវភៅបានសរសេរថា៖ ព្រះបន្ទូលលេចមកជាសាច់ឈាម។ នេះគឺជាសៀវភៅរបស់ «ផ្លេកបន្ទោរពីទិសខាងកើត»! ខ្ញុំបានស្ទុះក្រោកឈរឡើង ហើយនិយាយថា៖ «យ៉ាង តើអ្នកបានទទួលយក «ផ្លេកបន្ទោរពីទិសខាងកើត» ហើយឬ?» ប្អូនប្រុសជីដូនមួយរបស់ខ្ញុំបានសើចតិចៗហើយនិយាយថា៖ «ត្រូវហើយ។ ថ្ងៃនេះខ្ញុំហៅបងមកទីនេះ គឺដោយសារតែខ្ញុំចង់ប្រកបគ្នាជាមួយបង។ ខ្ញុំសង្ឃឹមថាបងនឹងពិនិត្យមើលកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងគ្រាចុងក្រោយ»។ នៅពេលនេះ ខ្ញុំបាននឹកឃើញពីរបៀបដែលពួកគ្រូគង្វាល និងពួកចាស់ទុំតែងតែនិយាយថា ព្រះគម្ពីរទាំងមូលគឺជាការបណ្ដាលមកពីព្រះជាម្ចាស់ ហើយព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់គឺមាននៅក្នុងនោះ។ ការបង្រៀនរបស់ «ផ្លេកបន្ទោរពីទិសខាងកើត» គឺលើសពីព្រះគម្ពីរ ពួកគេបានងាកចេញពីការបង្រៀនរបស់ព្រះអម្ចាស់។ ដាច់ខាតមិនត្រូវស្ដាប់ពួកគេឡើយ។ មធ្យោបាយដ៏ល្អបំផុតរបស់ពួកយើង គឺការគេចវេះពីពួកគេ។ ដូច្នេះ ខ្ញុំក៏បានរកលេសថាមានការងារត្រូវធ្វើនៅផ្ទះ។ ប្អូនប្រុសជីដូនមួយរបស់ខ្ញុំបាននិយាយធម្មតាៗថា «ហេតុអ្វីបានជាបងរត់គេចរាល់ពេលដែលបងឃើញនរណាម្នាក់ដែលជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា? បើបងដឹងពីសេចក្តីពិត ហេតុអ្វីបានជាបងខ្លាចត្រូវគេបំភាន់? ដោយសារបងបានមកដល់ទីនេះហើយ ហេតុអ្វីមិនតាំងចិត្តឲ្យស្ងប់ ហើយស្វែងរកបន្តិចទៅ?» ខ្ញុំគ្មានជម្រើសអ្វីក្រៅពីត្រឡប់ទៅអង្គុយនៅកន្លែងរបស់ខ្ញុំវិញទេ ប៉ុន្តែក្នុងចិត្តរបស់ខ្ញុំមានភាពច្របូកច្របល់៖ តើថ្ងៃនេះខ្ញុំគួរដោះស្រាយស្ថានការណ៍នេះដោយរបៀបណា? ខ្ញុំបានអធិស្ឋានដោយស្ងៀមស្ងាត់នៅក្នុងចិត្តទៅកាន់ព្រះអម្ចាស់ថា៖ «ឱ! ព្រះអម្ចាស់អើយ! ទូលបង្គំប្រគល់ស្ថានការណ៍នេះដល់ទ្រង់។ សូមទ្រង់ការពារ និងដឹកនាំទូលបង្គំផង»។ បន្ទាប់មក ប្អូនប្រុសជីដូនមួយរបស់ខ្ញុំបានលើកយកសៀវភៅព្រះបន្ទូលលេចមកជាសាច់ឈាមឡើងមក ហើយបានអានមួយវគ្គនៃព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ «ខ្ញុំសូមទូន្មានអ្នករាល់គ្នាឱ្យដើរតាមផ្លូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់ដោយយកចិត្តទុកដាក់។ ចូរកុំប្រញាប់សន្មតតាមអំពើចិត្តពេក ហើយលើសពីនេះទៀត សូមកុំឱ្យជំនឿដែលអ្នកមានលើព្រះជាម្ចាស់ ក្លាយជាជំនឿធម្មតា ហើយខ្វះការពិចារណានោះឡើយ។ អ្នករាល់គ្នាតោងដឹងថា យ៉ាងហោចណាស់អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ គួរតែមានការបន្ទាបខ្លួន និងមានដួងចិត្តដែលកោតខ្លាចដល់ព្រះជាម្ចាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត តែបដិសេធមិនទទួលយកសេចក្ដីពិតនេះ គឺល្ងីល្ងើ និងល្ងង់ខ្លៅណាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត ប៉ុន្តែបែរជាប្រញាប់សន្មតដោយធ្វេសប្រហែស ឬថ្កោលទោសសេចក្ដីពិត អ្នកនោះគឺជាមនុស្សដែលក្រអឺតក្រទម។ គ្មាននរណាម្នាក់ដែលជឿព្រះយេស៊ូវ មានសិទ្ធិជេរប្រមាថ ឬមួយក៏ថ្កោលទោសអ្នកដទៃឡើយ។ អ្នករាល់គ្នាគប្បីធ្វើជាមនុស្សដែលមានហេតុផល ហើយទទួលយកនូវសេចក្ដីពិត។ ប្រហែល ដោយបានស្ដាប់ឮផ្លូវនៃសេចក្ដីពិត និងដោយបានអានព្រះបន្ទូលនៃជីវិត អ្នកជឿថា ក្នុងចំណោមមួយម៉ឺនពាក្យ គឺមានតែពាក្យមួយប៉ុណ្ណោះដែលស្របតាមទស្សនៈរបស់អ្នក និងស្របតាមព្រះគម្ពីរ ដូច្នេះ អ្នកគួរបន្តស្វែងរកនៅក្នុងពាក្យមួយនោះក្នុងចំណោមពាក្យទាំងមួយម៉ឺន។ ខ្ញុំក៏នៅតែទូន្មានឱ្យអ្នកចេះបន្ទាបខ្លួន កុំឱ្យជឿជាក់ខ្លួនឯងជ្រុលពេក និងមិនត្រូវតម្កើងខ្លួនឯងឱ្យខ្ពស់ពេកដែរ។ អ្នកនឹងទទួលបានពន្លឺកាន់តែត្រចះត្រចង់ថែមទៀត តាមរយៈចំណែកដ៏តូចនៃដួងចិត្តដែលអ្នកមានចំពោះការកោតខ្លាចព្រះជាម្ចាស់។ ប្រសិនបើអ្នកពិនិត្យពិច័យនូវពាក្យសម្ដីទាំងនេះដោយយកចិត្តទុកដាក់ រួចថ្លឹងថ្លែងពិចារណាពាក្យសម្ដីទាំងនេះម្ដងហើយម្ដងទៀត នោះអ្នកនឹងដឹងថា តើពាក្យសម្ដីទាំងនោះ គឺជាសេចក្ដីពិត ឬក៏មិនមែន និងដឹងថា ពាក្យសម្ដីទាំងនោះ គឺជាជីវិត ឬក៏មិនមែន» (ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំអង្គុយនៅទីនោះ ធ្វើហាក់ដូចជាមិនចាប់អារម្មណ៍អ្វីសោះ ប៉ុន្តែតាមពិតទៅ ពាក្យសម្ដីនៅក្នុងសៀវភៅនោះមានឥទ្ធិពលមកលើខ្ញុំ។ រាល់ការទាមទារទាំងនេះគឺស្របជាមួយនឹងព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ។ ព្រះអម្ចាស់បានមានបន្ទូលថា៖ «ពិតជាមានពរហើយ អស់អ្នកដែលមានសេចក្តីខ្សត់ខ្សោយផ្នែកវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់ពួកគេ» (ម៉ាថាយ ៥:៣)។ អ្នកដែលជឿលើព្រះជាម្ចាស់គួរតែមានឥរិយាបថបន្ទាបខ្លួន និងស្វែងរក។ ខ្ញុំបានផ្ដន្ទាទោស និងជំនុំជម្រះ «ផ្លកបន្ទោរពីទិសខាងកើត» ដោយងងឹតងងល់ ដោយមិនបានស្វែងរក ឬស្វែងយល់ឡើយ។ ខ្ញុំពិតជាក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតមែន។ ខ្ញុំមានអារម្មណ៍ថាមានកំហុស ហើយបានគិតក្នុងចិត្តថា៖ «ពាក្យសម្ដីទាំងនេះពិតជាពិសេសណាស់ វាស្រដៀងនឹងការបង្រៀនរបស់ព្រះអម្ចាស់ដែរ។ តើនេះអាចពិតជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលបានយាងត្រឡប់មកវិញ បានថ្លែងព្រះសូរ្យសៀងមែនទេ?» ខ្ញុំក៏បាននឹកឃើញដល់គ្រប់ពេលដែលខ្ញុំបានទាក់ទងជាមួយមនុស្សមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ៖ ពួកគេមានសេចក្តីថ្លៃថ្នូរ និងទៀងត្រង់ ពួកគេផ្សាយដំណឹងល្អដោយក្តីស្រឡាញ់ និងមានការអត់ធ្មត់ ហើយការពន្យល់របស់ពួកគេចំពោះសំណួរនានាគឺមានមូលដ្ឋានច្បាស់លាស់ និងគួរឲ្យជឿជាក់ណាស់។ «បើគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ តើពួកគេអាចសម្រេចការនេះដោយខ្លួនឯងបានដោយរបៀបណា? នេះបង្ហាញថា ផ្លូវរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាពិសេសមែន។ បើព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញមែន ហើយខ្ញុំមិនបានស្វែងរក ឬស្វែងយល់ទេ តើខ្ញុំនឹងមិនបាត់បង់ឱកាសក្នុងការទទួលការយាងមកដល់របស់ព្រះអម្ចាស់ ហើយត្រូវទ្រង់បោះបង់ចោលទេឬ? ខ្ញុំបានគិតថា៖ «ខ្ញុំគួរតែឈប់រឹងរូសទៀតទៅ។ ហេតុអ្វីបានជាថ្ងៃនេះខ្ញុំមិនសាកល្បងស្វែងរកមើលថាតើព្រះអម្ចាស់ពិតជាបានយាងមកហើយឬនៅ? បន្ទាប់មក ខ្ញុំនឹងបានច្បាស់លាស់ក្នុងចិត្ត»។ ខ្ញុំបានគិតមួយសន្ទុះ រួចហើយក៏និយាយដោយម៉ឺងម៉ាត់ថា៖ «ពាក្យសម្ដីដែលអ្នកបានអានពិតជាល្អ ហើយពិសេសណាស់។ ប៉ុន្តែខ្ញុំមិនយល់ទេ។ ព្រះគម្ពីរគឺជាសៀវភៅដ៏បរិសុទ្ធរបស់គ្រីស្ទបរិស័ទ។ អស់រយៈពេលជាងពីរពាន់ឆ្នាំមកហើយ ពិភពសាសនាតែងតែជឿថា ព្រះគម្ពីរទាំងមូលគឺជាការបណ្ដាលមកពីព្រះជាម្ចាស់ ហើយថាអ្វីៗទាំងអស់ដែលបានកត់ត្រានៅក្នុងព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះ ព្រះគម្ពីរតំណាងឲ្យព្រះអម្ចាស់។ ខ្ញុំបានទទួលយកថាវាជាការពិតអស់ជាច្រើនឆ្នាំដែលខ្ញុំធ្វើជាគ្រីស្ទបរិស័ទមក ប៉ុន្តែឥឡូវនេះអ្នកបែរជានិយាយថាព្រះគម្ពីរមានទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពាក្យរបស់មនុស្ស។ តើនេះមិនមែនជាការបដិសេធព្រះគម្ពីរទេឬ? នេះគឺជាការបដិសេធព្រះអម្ចាស់ ក្បត់ទ្រង់ ហើយគឺជាការប្រមាថដ៏គួរឲ្យស្អប់ខ្ពើម!» ឈួនយ៉ាង បាននិយាយដោយអត់ធ្មត់ថា៖ «តើការនិយាយថាព្រះគម្ពីរទាំងមូលគឺជាការបណ្ដាលមកពីព្រះជាម្ចាស់ គឺស្របនឹងការពិតដែរឬទេ? តើពួកយើងមានព្រះបន្ទូលអ្វីពីព្រះអម្ចាស់ធ្វើជាភស្តុតាង? ព្រះអម្ចាស់យេស៊ូវមិនដែលបានមានបន្ទូលថា ព្រះគម្ពីរទាំងមូលគឺជាការបណ្ដាលមកពីព្រះជាម្ចាស់ឡើយ ហើយព្រះវិញ្ញាណបរិសុទ្ធក៏មិនបានធ្វើបន្ទាល់អំពីរឿងនេះដែរ។ អ្វីដែលប៉ុលបាននិយាយគឺគ្រាន់តែតំណាងឲ្យការយល់ដឹងផ្ទាល់ខ្លួនរបស់គាត់អំពីព្រះគម្ពីរប៉ុណ្ណោះ ហើយមិនមែនតំណាងឲ្យព្រះជាម្ចាស់ដាច់ខាត»។ ខ្ញុំបានស្រឡាំងកាំង។ អ្វីដែលគាត់កំពុងនិយាយគឺសមហេតុផលណាស់ ហេតុអ្វីបានជាខ្ញុំមិនដែលដឹងពីរឿងនេះសោះ? បន្ទាប់មក ឈួនយ៉ាង បានសួរថា៖ «ប៉ុលបាននិយាយថា 'គ្រប់ទាំងបទគម្ពីរត្រូវបានប្រទានមក ដោយការដែលព្រះជាម្ចាស់បណ្ដាលឲ្យតែង' (២ ធីម៉ូថេ ៣:១៦)។ នៅពេលគាត់និយាយថា បទគម្ពីរ‘ តើគាត់ពិតជាចង់សំដៅទៅលើព្រះគម្ពីរទាំងមូល ឬគ្រាន់តែមួយផ្នែករបស់វា?» ខ្ញុំបាននិយាយដោយជឿជាក់ថា «គាត់ចង់មានន័យថាព្រះគម្ពីរទាំងមូល»។ ឈួនយ៉ាង បានបន្តទៀតថា៖ «តាមពិតទៅ ប៉ុលបានសរសេរសំបុត្រធីម៉ូថេទី២ ជាង ៦០ ឆ្នាំបន្ទាប់ពីព្រះអម្ចាស់បានយាងមក ហើយនៅពេលនោះ ព្រះគម្ពីរសញ្ញាថ្មីមិនទាន់ត្រូវបានចងក្រងនៅឡើយទេ មានតែព្រះគម្ពីរសញ្ញាចាស់ប៉ុណ្ណោះ។ ជាង ៩០ ឆ្នាំបន្ទាប់ពីព្រះអម្ចាស់បានយាងមក យ៉ូហានបានកត់ត្រានូវនិមិត្តដែលគាត់បានឃើញនៅលើកោះប៉ាត់ម៉ុស ដែលក្រោយមកបានក្លាយជាគម្ពីរវិវរណៈ។ ជាង ៣០០ ឆ្នាំបន្ទាប់ពីព្រះអម្ចាស់បានយាងមក នៅក្នុងកិច្ចប្រជុំមួយនៅក្រុងនីកា ពួកមេដឹកនាំសាសនាមកពីប្រទេសផ្សេងៗបានជ្រើសរើសយកដំណឹងល្អទាំងបួន និងសំបុត្រមួយចំនួនទៀតចេញពីក្នុងចំណោមសំបុត្រជាច្រើនរបស់ពួកសិស្ស ហើយរួមជាមួយនឹងគម្ពីរវិវរណៈរបស់យ៉ូហាន ក៏បានចងក្រងវាទៅជាព្រះគម្ពីរសញ្ញាថ្មី។ បន្ទាប់ពីនោះមក ពួកគេបានរួមបញ្ចូលព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីទៅជាសៀវភៅតែមួយ ដែលជាព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីទាំងមូលដែលពួកយើងអានសព្វថ្ងៃនេះ។ ព្រះគម្ពីរសញ្ញាថ្មីត្រូវបានចងក្រងឡើងបន្ទាប់ពីគ្រិស្តសករាជ ៣០០ ហើយប៉ុលបានសរសេរសំបុត្រធីម៉ូថេទី២ បន្ទាប់ពីគ្រិស្តសករាជ ៦០ ដែលជាពេលជាង ២០០ ឆ្នាំមុនពេលដែលព្រះគម្ពីរសញ្ញាថ្មីត្រូវបានចងក្រង។ ដោយហេតុនេះ យើងអាចឃើញថា នៅពេលដែលប៉ុលបាននិយាយថា ‚គ្រប់ទាំងបទគម្ពីរគឺជាការបណ្ដាលមកពីព្រះជាម្ចាស់‘ បទគម្ពីរដែលគាត់កំពុងសំដៅដល់នោះ គឺមិនបានរាប់បញ្ចូលព្រះគម្ពីរសញ្ញាថ្មីទេ»។ បន្ទាប់ពីខ្ញុំបានឮដូច្នេះ ខ្ញុំមិនអាចទប់ខ្លួនមិនឲ្យងក់ក្បាល ហើយនិយាយថា៖ «បើបទគម្ពីរដែលប៉ុលកំពុងនិយាយមិនបានរាប់បញ្ចូលព្រះគម្ពីរសញ្ញាថ្មីទេ នោះគាត់ច្បាស់ជាចង់មានន័យថាព្រះគម្ពីរសញ្ញាចាស់ហើយ»។ ឈួនយ៉ាង បាននិយាយថា៖ «បាទ ប៉ុន្តែ សូម្បីតែព្រះគម្ពីរសញ្ញាចាស់ក៏មិនមែនទាំងស្រុងជាការបណ្ដាលមកពីព្រះជាម្ចាស់ដែរ។ វានឹងកាន់តែច្បាស់នៅពេលដែលពួកយើងអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា»។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នកត្រូវតែដឹងថាព្រះគម្ពីរមានប៉ុន្មានផ្នែក គម្ពីរសញ្ញាចាស់មាន លោកុប្បត្តិ និក្ខមនំ... ហើយក៏មានសៀវភៅគម្ពីរថ្លែងអំពីទំនាយដែលពួកហោរាបានសរសេរផងដែរ។ នៅចុងបញ្ចប់ គម្ពីរសញ្ញាចាស់បញ្ចប់ដោយសៀវភៅម៉ាឡាគី។ ... សៀវភៅគម្ពីរព្យាការីទាំងនេះ គឺខុសគ្នាឆ្ងាយណាស់ពីសៀវភៅគម្ពីរឯទៀតៗនៃព្រះគម្ពីរ។ សៀវភៅគម្ពីរព្យាការីទាំងនេះ គឺជាព្រះបន្ទូលដែលបានថ្លែង ឬសរសេរ ដោយអ្នកដែលត្រូវបានប្រទានព្រះវិញ្ញាណនៃការថ្លែងទំនាយ ដោយអ្នកដែលបានទទួលនូវនិមិត្ត ឬព្រះសូរសៀងពីព្រះយេហូវ៉ា។ ក្រៅពីសៀវភៅទំនាយ សៀវភៅឯទៀតនៅក្នុងសញ្ញាចាស់ត្រូវបានបង្កើតឡើងដោយកំណត់ត្រាដែលបានធ្វើឡើងដោយមនុស្ស បន្ទាប់ពីព្រះយេហូវ៉ាបានបញ្ចប់កិច្ចការរបស់ទ្រង់។ សៀវភៅទាំងនេះ មិនអាចជំនួសការថ្លែងពីទំនាយដោយពួកហោរា ដែលព្រះយេហូវ៉ាបានតែងតាំងនោះទេ ដូចដែលសៀវភៅគម្ពីរលោកុប្បត្តិ និងគម្ពីរនិក្ខមនំ មិនអាចប្រៀបធៀបទៅនឹងសៀវភៅអេសាយ និងសៀវភៅដានីយ៉ែលបានទេ។ សេចក្ដីទំនាយនានា ត្រូវបានថ្លែងប្រាប់ មុនពេលដែលកិច្ចការត្រូវបានធ្វើឡើង។ រីឯសៀវភៅគម្ពីរឯទៀតៗ ត្រូវបានសរសេរបន្ទាប់ពីកិច្ចការត្រូវបានបញ្ចប់ ដែលជាអ្វីដែលមនុស្សអាចធ្វើបាន» (ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «មិនមែនគ្រប់យ៉ាងនៅក្នុងព្រះគម្ពីរ សុទ្ធតែជាការកត់ត្រានៃព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ព្រះអង្គនោះទេ។ ព្រះគម្ពីរគ្រាន់តែកត់ត្រាដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលផ្នែកមួយគឺជាការកត់ត្រាអំពីបទទំនាយរបស់ពួកហោរា ហើយផ្នែកមួយទៀត គឺជាបទពិសោធ និងចំណេះដឹងដែលត្រូវបានសរសេរដោយមនុស្សដែលព្រះជាម្ចាស់បានប្រើជាច្រើនយុគសម័យ។ បទពិសោធរបស់មនុស្សមានការលាយបញ្ចូលជាមួយទស្សនៈ និងចំណេះដឹង ហើយនេះគឺជារឿងដែលមិនអាចជៀសវាងបានទេ។ នៅក្នុងកណ្ឌគម្ពីរនានារបស់ព្រះគម្ពីរ គឺជាសញ្ញាណរបស់មនុស្ស ភាពលម្អៀងរបស់មនុស្ស និងការយល់ដែលបំភ្លើសខុសទំនងរបស់មនុស្ស។ ពិតណាស់ ពាក្យពេចន៍ភាគច្រើន គឺជាលទ្ធផលនៃការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយពាក្យពេចន៍ទាំងនោះជាការយល់ដឹងដ៏ត្រឹមត្រូវ ប៉ុន្តែនៅតែមិនអាចនិយាយបានថា ពាក្យពេចន៍ទាំងនេះ គឺជាការស្ដែងចេញនូវសេចក្ដីពិតដ៏ត្រឹមត្រូវទាំងស្រុងនោះទេ។ ទស្សនៈរបស់ពួកគេចំពោះរឿងរ៉ាវជាក់លាក់មួយចំនួន គ្មានអ្វីក្រៅពីចំណេះដឹងដែលបានមកពីបទពិសោធផ្ទាល់ខ្លួន ឬការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ ទំនាយរបស់ពួកហោរាត្រូវបានណែនាំដោយផ្ទាល់ពីព្រះជាម្ចាស់៖ ដូចជា ទំនាយរបស់ហោរាអេសាយ ដានីយ៉ែល អែសរ៉ា យេរេមា និងអេសេគាល បានមកពីការណែនាំដោយផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សទាំងនេះ គឺជាមនុស្សដែលបានមើលឃើញ ពួកគេបានទទួលវិញ្ញាណនៃបទទំនាយ ហើយពួកគេទាំងអស់ គឺជាហោរាក្នុងគម្ពីរសញ្ញាចាស់។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ មនុស្សទាំងអស់នេះដែលបានទទួលការជំរុញទឹកចិត្តពីព្រះយេហូវ៉ា បានថ្លែងនូវបទទំនាយជាច្រើន ដែលព្រះយេហូវ៉ាបានណែនាំដោយផ្ទាល់» (ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីនេះ ឈួនយ៉ាង បានប្រកបគ្នាថា៖ «ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺច្បាស់លាស់ណាស់។ ការថ្លែងទំនាយរបស់ពួកព្យាការី គឺត្រូវបានណែនាំដោយផ្ទាល់ពីព្រះវិញ្ញាណបរិសុទ្ធ ហើយត្រូវបានបញ្ជូនបន្តដោយពួកព្យាការី។ ទាំងនេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបង្ហាញពីអត្ថន័យពិតប្រាកដរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលដែលបណ្ដាលមកពីព្រះជាម្ចាស់ គឺតែងតែមានការបញ្ជាក់យ៉ាងច្បាស់នៅក្នុងព្រះគម្ពីរ ឧទាហរណ៍ នៅដើមគម្ពីរអេសាយបានចែងថា 'នេះគឺជានិមិត្តដែលលោកអេសាយ ជាកូនប្រុសរបស់លោកអេម៉ុស' (អេសាយ ១:១)។ នៅដើមគម្ពីរយេរេមាបានចែងថា 'ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់គាត់' (យេរេមា ១:២)។ មនុស្សគ្រាន់តែត្រូវការយកចិត្តទុកដាក់ប៉ុណ្ណោះ ដើម្បីឲ្យប្រាកដថាព្រះបន្ទូលណាខ្លះដែលបណ្ដាលមកពីព្រះជាម្ចាស់។ ក្រៅពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការព្យាករណ៍របស់ពួកព្យាការី អ្វីដែលនៅសល់ក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាកំណត់ត្រាដែលសរសេរដោយមនុស្ស បន្ទាប់ពីបានឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់។ កំណត់ត្រាទាំងនេះភាគច្រើនគឺជាការកត់ត្រានៃការចងចាំ ហើយបទពិសោធន៍ និងពាក្យសម្ដីទាំងនេះសុទ្ធតែមកពីមនុស្ស ពួកយើងមិនអាចនិយាយថាវាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ ដូច្នេះវាពិបាកនឹងជៀសផុតពីការលាយឡំជាមួយនឹងគំនិតរបស់មនុស្សណាស់។ ដូចដែលបានចែងនៅក្នុងគម្ពីរសាំយូអែលទី២ ២៤:១ ថា 'ម្តងទៀត ព្រះពិរោធរបស់ព្រះយេហូវ៉ា បានឆាបឆេះឡើងលើអ៊ីស្រាអែល ហើយទ្រង់បានបណ្ដាលចិត្តស្ដេចដាវីឌឲ្យប្រឆាំងនឹងពួកគេ ដោយមានបន្ទូលថា៖ «ចូរទៅធ្វើជំរឿនប្រជាជនអ៊ីស្រាអែល និងយូដាទៅ»'។ ប៉ុន្តែ គម្ពីររបាក្សត្រទី១ ២១:១ បានចែងថា៖ 'ហើយសាតាំងបានក្រោកឡើងប្រឆាំងទាស់នឹងអ៊ីស្រាអែល ហើយបានញុះញង់ស្ដេចដាវីឌឲ្យធ្វើជំរឿនប្រជារាស្រ្ដអ៊ីស្រាអែល'។ ខគម្ពីរទាំងពីរនេះកត់ត្រានៅពេលដែលដាវីឌបានរាប់ចំនួនប្រជារាស្ត្រអ៊ីស្រាអែល។ នៅកន្លែងមួយបាននិយាយថា ព្រះយេហូវ៉ាបានជំរុញឲ្យដាវីឌរាប់ចំនួនប្រជារាស្ត្រអ៊ីស្រាអែល ហើយនៅកន្លែងមួយទៀតបាននិយាយថា គឺជាសាតាំងដែលបានជំរុញឲ្យដាវីឌធ្វើដូច្នេះ។ បើវាជាការបណ្ដាលមកពីព្រះជាម្ចាស់ តើអាចមានភាពខុសគ្នាដ៏ធំបែបនេះដោយរបៀបណា? បើព្រះគម្ពីរសញ្ញាចាស់ទាំងមូលគឺជាការបណ្ដាលមកពីព្រះជាម្ចាស់ តើព្រះជាម្ចាស់នឹងធ្វើខុសទេឬ នៅពេលបណ្ដាលឲ្យមានរឿងរ៉ាវនៃព្រឹត្តិការណ៍តែមួយកើតឡើង?» បន្ទាប់ពីបានស្ដាប់ពាក្យសម្ដីរបស់ឈួនយ៉ាងរួចមក គំនិតរបស់ខ្ញុំក៏កាន់តែភ្លឺស្វាង ហើយជញ្ជាំងក្នុងចិត្តដ៏រឹងរូសរបស់ខ្ញុំក៏ចាប់ផ្តើមរលំរលាយ។ ខ្ញុំបាននិយាយថា៖ «បើព្រះគម្ពីរសញ្ញាចាស់មិនមែនជាការបណ្ដាលមកពីព្រះជាម្ចាស់ទាំងស្រុងទេ នោះពួកយើងក៏មិនអាចចាត់ទុកព្រះគម្ពីរសញ្ញាថ្មីថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុងបានដែរ ពីព្រោះវាសុទ្ធតែជាកំណត់ត្រារបស់ពួកសាវ័ក»។ ឈួនយ៉ាង បាននិយាយដោយរីករាយថា៖ «អរព្រះគុណព្រះជាម្ចាស់ ការយល់ដឹងរបស់អ្នកគឺត្រឹមត្រូវហើយ។ តាមពិតទៅ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី មានតែព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ និងការព្យាករណ៍នៅក្នុងគម្ពីរវិវរណៈប៉ុណ្ណោះដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្វីដែលនៅសល់គឺជាពាក្យសម្ដីរបស់ពួកសិស្ស ពួកផារិស៊ី មនុស្សទូទៅ ពួកទាហាន និងអារក្ស។ តើវាមិនសមហេតុផលទេឬ ដែលនិយាយថាអ្វីៗទាំងអស់នៅក្នុងព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះ? តើនេះមិនមែនជាការប្រមាថទេឬ?»

បន្ទាប់ពីនេះ ឈួនយ៉ាង បានអានព្រះបន្ទូលមួយវគ្គទៀតរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាឲ្យខ្ញុំស្ដាប់៖ «បច្ចុប្បន្ននេះ មនុស្សជឿថា ព្រះគម្ពីរគឺជាព្រះជាម្ចាស់ ហើយជឿថា ព្រះជាម្ចាស់គឺជាព្រះគម្ពីរ។ ពួកគេក៏ជឿថា ព្រះជាម្ចាស់បានមានបន្ទូលត្រឹមតែពាក្យពេចន៍ដែលមានក្នុងព្រះគម្ពីរប៉ុណ្ណោះ ហើយពាក្យទាំងអស់នោះសុទ្ធតែត្រូវបានព្រះជាម្ចាស់ថ្លែងមក។ សូម្បីអស់អ្នកដែលជឿព្រះជាម្ចាស់ក៏គិតថា ទោះបីជាកណ្ឌគម្ពីរទាំង ៦៦កណ្ឌ ក្នុងគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ត្រូវបានសរសេរដោយមនុស្សក៏ដោយ ក៏ពួកគេទាំងអស់ត្រូវបានប្រទាននូវការបណ្ដាលចិត្តដោយព្រះជាម្ចាស់ដែរ និងជាកំណត់ត្រាអំពីព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាការបំភ្លើសខុសទំនងរបស់មនុស្ស ហើយវាមិនស្របទៅនឹងការពិតទាំងស្រុងនោះឡើយ។ តាមពិត ក្រៅពីកណ្ឌគម្ពីរទំនាយ គម្ពីរសញ្ញាចាស់ភាគច្រើន គឺជាកំណត់ត្រាប្រវត្តិសាស្ត្រ។ សំបុត្រមួយចំនួនរបស់គម្ពីរសញ្ញាថ្មី បានមកពីបទពិសោធរបស់មនុស្ស ហើយមួយចំនួនទៀត បានមកពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ឧទាហរណ៍ សំបុត្ររបស់ប៉ុល បានកើតចេញពីកិច្ចការរបស់មនុស្សម្នាក់ សំបុត្រទាំងអស់នេះ គឺជាលទ្ធផលនៃការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសំបុត្រទាំងនោះត្រូវបានសរសេរសម្រាប់ពួកជំនុំ ហើយជាពាក្យពេចន៍រម្លឹកដាស់តឿន និងលើកទឹកចិត្ត សម្រាប់បងប្អូនប្រុសស្រីក្នុងពួកជំនុំ។ ពាក្យពេចន៍ទាំងនេះមិនមែនជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងនោះទេ។ ប៉ុលមិនអាចនិយាយជំនួសព្រះវិញ្ញាណបរិសុទ្ធបានទេ ហើយគាត់ក៏មិនមែនជាហោរាដែរ ហើយលើសពីនេះទៅទៀត គាត់មិនបានឃើញនិមិត្តដែលយ៉ូហានបានមើលឃើញនោះឡើយ។ សំបុត្ររបស់គាត់ត្រូវបានសរសេរសម្រាប់ពួកជំនុំអេភេសូរ កូរិនថូស កាឡាទី និងពួកជំនុំដទៃទៀតនៅសម័យកាលនោះ។ ... ប្រសិនបើមនុស្សឃើញសំបុត្រ ឬពាក្យដូចជាពាក្យរបស់ប៉ុលថាជាព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយថ្វាយបង្គំពាក្យពេចន៍ទាំងនេះដូចជាព្រះជាម្ចាស់ នោះអាចនិយាយបានតែម៉្យាងថា ពួកគេខ្វះការយល់ដឹងខាងឯវិញ្ញាណពេកហើយ។ បើនិយាយឱ្យធ្ងន់ជាងនេះ តើនេះមិនមែនជាការប្រមាថទេឬអី? ធ្វើដូចម្តេចទើបមនុស្សម្នាក់អាចនិយាយជំនួសព្រះជាម្ចាស់បាន? ហើយម្តេចបានជាមនុស្សអាចឱនក្រាបនៅចំពោះការកត់ត្រានៃសំបុត្ររបស់មនុស្ស និងពាក្យដែលគាត់បាននិយាយ ទុកដូចជាគម្ពីរដ៏បរិសុទ្ធមួយ ឬគម្ពីរមួយក្បាលដែលមកពីស្ថានសួគ៌ដូច្នេះ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចត្រូវបានថ្លែងដោយមិនបានគិតគូរទុកជាមុន ដោយមនុស្សម្នាក់ឬទេ? តើមនុស្សម្នាក់អាចនិយាយជំនួសព្រះជាម្ចាស់ដូចម្ដេចបាន?» (ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ កាលណាខ្ញុំកាន់តែស្ដាប់ ខ្ញុំកាន់តែយល់។ ខ្ញុំបាននិយាយទាំងស្ដាយក្រោយថា៖ «ពីមុនមក ខ្ញុំមិនបានយល់ពីបរិបទដែលប៉ុលបាននិយាយពាក្យទាំងនេះទេ។ ខ្ញុំបានគិតថា ព្រះគម្ពីរទាំងមូលគឺជាការបណ្ដាលមកពីព្រះជាម្ចាស់ ហើយថាព្រះបន្ទូលនៅក្នុងនោះសុទ្ធតែជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថាការជឿលើព្រះគម្ពីរ គឺជាការជឿលើព្រះជាម្ចាស់។ ការបកស្រាយនេះគឺពិតជាបំភ្លើសខុសទំនងមែន! ខ្ញុំបានទទូចចាត់ទុកពាក្យសម្ដីរបស់មនុស្សនៅក្នុងព្រះគម្ពីរថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំបានប្រើវាធ្វើជាមូលដ្ឋានសម្រាប់ជំនឿរបស់ខ្ញុំ។ តើនេះមិនមែនជាការចាកចេញពីផ្លូវរបស់ព្រះអម្ចាស់ទេឬ?»

បន្ទាប់មក ឈួនយ៉ាង បានប្រកបគ្នាថា «ព្រះគម្ពីរគ្រាន់តែជាទីបន្ទាល់មួយអំពីកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ វាគឺជាសៀវភៅប្រវត្តិសាស្ត្រ និងជាកំណត់ត្រានៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ តើគេអាចយកវាទៅប្រៀបផ្ទឹមនឹងព្រះជាម្ចាស់បានដោយរបៀបណា? ដូច្នេះ ព្រះអម្ចាស់យេស៊ូវបានស្ដីបន្ទោសពួកផារិស៊ីដោយមានបន្ទូលថា៖ 'ចូរស្រាវជ្រាវបទគម្ពីរ ដ្បិតអ្នករាល់គ្នាគិតថា អ្នកមានជីវិតអស់កល្បចេញពីគម្ពីរនោះ ពោលគឺគម្ពីរនោះហើយដែលធ្វើបន្ទាល់អំពីខ្ញុំ។ ហើយអ្នករាល់គ្នានឹងមិនព្រមមកឯខ្ញុំ ដែលប្រទានឲ្យអ្នករាល់គ្នាមានជីវិតឡើយ' (យ៉ូហាន ៥:៣៩-៤០)។ ព្រះគម្ពីរគ្រាន់តែជាទីបន្ទាល់មួយអំពីព្រះជាម្ចាស់ប៉ុណ្ណោះ វាមិនមានជីវិតអស់កល្បជានិច្ចទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចប្រទានជីវិតអស់កល្បជានិច្ចដល់មនុស្សបាន!» ខ្ញុំចាំបានថា ប្អូនប្រុសជីដូនមួយរបស់ខ្ញុំក៏បានប្រកបគ្នាដែរថា តាមរយៈការអានព្រះគម្ពីរ ពួកយើងយល់ពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ ពួកយើងដឹងថា អ្វីៗទាំងអស់នៅក្នុងចក្រវាលត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ របៀបដែលព្រះជាម្ចាស់បានប្រកាសឲ្យប្រើក្រឹត្យវិន័យដើម្បីដឹកនាំមនុស្សជាតិ និងរបៀបដែលពួកយើងគួររស់នៅលើផែនដី និងថ្វាយបង្គំព្រះជាម្ចាស់។ ពួកយើងដឹងថាអ្វីទៅជាអំពើបាប និងដឹងពីប្រភេទមនុស្សដែលព្រះជាម្ចាស់ប្រទានពរ ឬដាក់បណ្ដាសា។ ពួកយើងក៏ដឹងពីរបៀបដែលពួកយើងគួរតែលន់តួបាប និងប្រែចិត្តចំពោះព្រះអម្ចាស់ របៀបធ្វើខ្លួនឲ្យបន្ទាបខ្លួន អត់ធ្មត់ អត់ទោសឲ្យគេ និងរបៀបលីឈើឆ្កាងរបស់យើង ហើយដើរតាមព្រះអម្ចាស់។ ពួកយើងឃើញពីសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់មិនចេះចប់មិនចេះហើយរបស់ព្រះអម្ចាស់យេស៊ូវចំពោះពួកយើង ហើយយល់ថា មានតែតាមរយៈការជឿលើព្រះអម្ចាស់យេស៊ូវ និងការចូលមកចំពោះទ្រង់ប៉ុណ្ណោះ ទើបពួកយើងអាចទទួលបានព្រះគុណ និងសេចក្តីពិតដ៏បរិបូររបស់ព្រះជាម្ចាស់។ ប៉ុន្តែ ចំពោះសេចក្តីពិតអ្វីខ្លះដែលព្រះជាម្ចាស់នឹងសម្ដែងចេញនៅគ្រាចុងក្រោយ និងរបៀបដែលព្រះជាម្ចាស់នឹងជំនុំជម្រះ និងសម្អាតសេចក្ដីពុករលួយរបស់មនុស្ស ហើយដោះស្រាយឫសគល់នៃអំពើបាបរបស់ពួកយើង គឺពួកយើងមិនដឹងសូម្បីតែបន្តិច ពីព្រោះសេចក្តីពិតទាំងនេះមិនត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរទេ។ នៅលើគ្រឹះនៃកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ បានបំពេញកិច្ចការនៃការជំនុំជម្រះដែលចាប់ផ្តើមពីដំណាក់របស់ព្រះជាម្ចាស់ បានសម្ដែងចេញនូវសេចក្តីពិតទាំងអស់អំពីការសម្អាតមនុស្សជាតិ និងបានបើកសម្ដែងពីនិស្ស័យបែបសាតាំង និងធម្មជាតិបែបសាតាំងរបស់មនុស្សជាតិដែលពុករលួយ ដើម្បីឲ្យសេចក្ដីពុករលួយរបស់ពួកយើងត្រូវបានសម្អាត ហើយពួកយើងក្លាយជាមនុស្សដែលស្រឡាញ់ និងចុះចូលនឹងព្រះជាម្ចាស់ ហើយពួកយើងត្រូវបានធ្វើឲ្យស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ថាបរិសុទ្ធ សុចរិត និងមិនអនុញ្ញាតឲ្យមានការប្រមាថឡើយ។ ព្រះបន្ទូលទាំងនេះគឺជាផ្លូវពិតនៃជីវិតអស់កល្បជានិច្ច ហើយព្រះបន្ទូលទាំងនេះបានសម្រេចការព្យាករណ៍របស់ព្រះអម្ចាស់យេស៊ូវយ៉ាងពេញលេញ៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ សៀវភៅនេះ គឺព្រះបន្ទូលលេចមកជាសាច់ឈាម គឺជាព្រះបន្ទូលដែលបានព្យាករណ៍នៅក្នុងគម្ពីរវិវរណៈ ដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលទៅកាន់ពួកជំនុំទាំងអស់។ វាគឺជាក្រាំងដែលបានបើកដោយកូនចៀម។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា អ្នកជឿដ៏ពិតប្រាកដលើព្រះជាម្ចាស់មកពីពិភពសាសនា បានស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ បានបែរមករកព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបានដើរតាមស្នាមព្រះបាទារបស់កូនចៀម»។

បន្ទាប់ពីប្អូនប្រុសជីដូនមួយរបស់ខ្ញុំបាននិយាយដូច្នេះ ឈួនយ៉ាង បានអានព្រះបន្ទូលមួយវគ្គទៀតរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា៖ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ។ បើអ្នកមិនស្វែងរកមាគ៌ាជីវិតដែលត្រូវបានផ្គត់ផ្គង់ដោយព្រះគ្រីស្ទនៃសម័យចុងក្រោយទេ នោះអ្នកនឹងមិនអាចទទួលបានការសព្វព្រះទ័យពីព្រះយេស៊ូវឡើយ ហើយនឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅក្នុងខ្លោងទ្វារនៃនគរស្ថានសួគ៌បានឡើយ ពីព្រោះអ្នកគឺទាំងអាយ៉ង និងអ្នកដែលជាប់ចំណងយុគសម័យចាស់។ អស់អ្នកដែលត្រូវបានគ្រប់គ្រងដោយបទបញ្ញត្តិ ដោយពាក្យពេចន៍ និងដោយចំណងនៃប្រវត្តិសាស្ត្រ នឹងមិនអាចទទួលបានជីវិត ហើយក៏មិនអាចទទួលបានមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ នេះគឺដោយសារតែអ្វីដែលពួកគេមាន គឺគ្រាន់តែជាទឹកល្អក់ដែលត្រូវបានប្រកាន់ខ្ជាប់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ជំនួសឲ្យទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ក។ អស់អ្នកដែលមិនត្រូវបានផ្គត់ផ្គង់ដោយទឹកនៃជីវិត នឹងនៅតែជាសាកសព ជាវត្ថុលេងរបស់សាតាំង និងជាកូនចៅនៃនរករហូតអស់កល្ប។ តើក្នុងសភាពបែបនោះ ពួកគេអាចមើលឃើញព្រះជាម្ចាស់ដោយរបៀបណា? អ្នកគ្រាន់តែស្វែងរកដើម្បីឱបក្រសោបអតីតកាល ដើម្បីឈរនៅស្ងៀម និងរក្សាអ្វីៗឱ្យនៅដដែល ហើយមិនស្វែងរកការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ ដូច្នេះ តើអ្នកនឹងមិនប្រឆាំងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឱ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឱ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថាព្រះជាម្ចាស់ដែលអ្នកកាន់ខ្ជាប់តាមនេះ គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច មិនដែលចាស់គំរឹលយ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឱ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាពាក្យសម្ដីដែលអាចផ្ដល់ឱ្យបាន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតដល់អ្នកនោះឡើយ។ ពាក្យសម្ដីនៃបទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នក និងមិនមែនជាពាក្យពេចន៍នៃទស្សនៈវិជ្ជា ដែលអាចជួយឱ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឱ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឱ្យអ្នកស្គាល់នូវអាថ៌កំបាំង ដែលមាននៅក្នុងភាពខុសគ្នានេះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើកិច្ចការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ» (ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីបានឮព្រះបន្ទូលទាំងនេះ ខ្ញុំពិតជារំជួលចិត្តយ៉ាងខ្លាំង។ កិច្ចការរបស់ព្រះជាម្ចាស់តែងតែរីកចម្រើនទៅមុខជានិច្ច ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺគ្មានដែនកំណត់ឡើយ។ ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់មិនអាចត្រូវបានកំណត់ដោយព្រះគម្ពីរបានទេ។ បើខ្ញុំនៅតែប្រកាន់ខ្ជាប់នូវទស្សនៈសាសនារបស់ខ្ញុំ នោះនៅទីបំផុត អ្នកដែលខាតបង់គឺរូបខ្ញុំផ្ទាល់»។ ខ្ញុំបាននឹកឃើញដល់ចំណេះដឹងព្រះគម្ពីរជាច្រើនដែលខ្ញុំបានប្រមូលផ្ដុំក្នុងអំឡុងពេលជាច្រើនឆ្នាំដែលខ្ញុំជាគ្រីស្ទបរិស័ទ ប៉ុន្តែខ្ញុំស្ទើរតែគ្មានការយល់ដឹងអំពីសេចក្ដីពិត ឬអំពីព្រះជាម្ចាស់ទាល់តែសោះ។ ផ្ទុយទៅវិញ ខ្ញុំបែរជាកាន់តែក្រអឺតក្រទមទៅវិញ។ ព្រះអម្ចាស់បានយាងត្រឡប់មកវិញហើយ ប៉ុន្តែខ្ញុំមិនត្រឹមតែមិនបានស្វែងយល់នោះទេ ខ្ញុំថែមទាំងបានប្រើពាក្យពេចន៍ពីក្នុងព្រះគម្ពីរដើម្បីទាស់ទទឹង និងជំនុំជម្រះការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទៀតផង។ ខ្ញុំគឺដូចគ្នាទៅនឹងពួកផារិស៊ីដែលបានទាស់ទទឹងនឹងព្រះអម្ចាស់យេស៊ូវដែរ។ ខ្ញុំពិតជាខ្វាក់ភ្នែកមែន ហើយមិនបានស្គាល់ព្រះជាម្ចាស់ទេ! ខ្ញុំមិនត្រឹមតែប្រកាន់ខ្ជាប់នូវសញ្ញាណរបស់ខ្ញុំប៉ុណ្ណោះទេ ខ្ញុំថែមទាំងបានរារាំងអ្នកដទៃមិនឲ្យស្វែងយល់ទៀតផង។ តើនេះមិនមែនជាការបង្កនូវការបង្អាក់ និងការរំខានទេឬ? បើអ្នកដទៃមិនអាចទទួលស្វាគមន៍ព្រះអម្ចាស់ ឬដើរតាមកិច្ចការថ្មីរបស់ទ្រង់បានទេ ពួកគេនឹងបាត់បង់ឱកាសក្នុងការចូលទៅក្នុងនគរព្រះជាម្ចាស់ហើយ។ ខ្ញុំកំពុងតែអូសទាញអ្នកដទៃឲ្យធ្លាក់ទៅក្នុងនរក ហើយទាស់ទទឹងនឹងព្រះជាម្ចាស់! ខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ដ៏ធំបែបនេះ ប៉ុន្តែព្រះជាម្ចាស់នៅតែបង្ហាញសេចក្ដីមេត្តាករុណាមកលើខ្ញុំ ហើយទ្រង់បានអនុញ្ញាតឲ្យខ្ញុំឮព្រះសូរសៀងរបស់ទ្រង់។ នេះពិតជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់មែន! បន្ទាប់ពីនេះ ពួកយើងបានបន្តប្រកបគ្នាអំពីព្រះគម្ពីរ។ ពួកយើងក៏បាននិយាយអំពីមូលហេតុដែលពួកជំនុំនៅក្នុងយុគសម័យនៃព្រះគុណបានក្លាយទៅជាសោះកក្រោះ របៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិតាមរយៈកិច្ចការបីដំណាក់កាល និងប្រធានបទជាច្រើនទៀត។

នៅក្នុងពេលបន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាច្រើន។ កាលណាខ្ញុំកាន់តែអាន ខ្ញុំកាន់តែជឿជាក់ថា នេះគឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ថាព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ ហើយថាទ្រង់គឺជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ។ ពិតមែនហើយ ផ្លូវដើម្បីចូលទៅក្នុងនគរស្ថានសួគ៌គឺមិនមាននៅក្នុងព្រះគម្ពីរទេ មានតែព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះដែលអាចប្រទានផ្លូវទៅកាន់ជីវិតអស់កល្បជានិច្ចដល់មនុស្សបាន។ ខ្ញុំបានទទួលយកដោយរីករាយនូវកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងគ្រាចុងក្រោយ។ ក្រោយមក ប្រពន្ធរបស់ខ្ញុំក៏បានទទួលយកដែរ។ ពួកយើងបានរួមគ្នាផ្សាយដំណឹងល្អ ហើយបាននាំយកអ្នកជឿពិតប្រាកដមួយចំនួននៃពួកជំនុំរបស់ពួកយើងចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់។ អរព្រះគុណព្រះជាម្ចាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ខ្ញុំអាចស្គាល់បានរវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយ

«ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទដែលអាចប្រទានឱ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។...

ខ្ញុំដឹងពីរបៀបដោះស្រាយនិស្ស័យពុករលួយ

ខ្ញុំបានធំដឹងក្ដីនៅក្នុងក្រុមគ្រួសារដែលកាន់សាសនាកាតូលិក ហើយខ្ញុំបានជឿព្រះអម្ចាស់រួមជាមួយពួកគាត់ តាំងពីខ្ញុំនៅក្មេងមកម្ល៉េះ។ ពេលធំដឹងក្ដី...