វិញ្ញាណខ្ញុំបានរួច
«នៅក្នុងជីវិតរបស់គាត់ ប្រសិនបើមនុស្សចង់ទទួលបានការលាងជម្រះ និងការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់គេ ប្រសិនបើគេចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យ និងបំពេញតាមភារកិច្ចរបស់ខ្លួនក្នុងនាមជាសត្តនិករម្នាក់ នោះគេត្រូវតែទទួលយកការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបណ្ដោយឲ្យការលត់ដំ និងការផ្ចាញ់ផ្ចាលរបស់ព្រះជាម្ចាស់ឃ្លាតឆ្ងាយចេញពីគេឡើយ ដើម្បីឲ្យគេអាចរួចខ្លួនចេញពីការបង្គាប់បញ្ជា និងឥទ្ធិពលរបស់អារក្សសាតាំង ហើយរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់។ ចូរដឹងថា ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គឺជាពន្លឺ ពោលគឺជាពន្លឺនៃសេចក្តីសង្រ្គោះរបស់មនុស្ស និងដឹងទៀតថា វាគ្មានព្រះពរ ព្រះគុណ ឬការការពារណាដែលប្រសើរជាងនេះសម្រាប់មនុស្សឡើយ» («ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គឺជាពន្លឺនៃសេចក្តីសង្រ្គោះរបស់មនុស្ស» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ការច្រៀងទំនុកតម្កើងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ រំឭកខ្ញុំពីបទពិសោធន៍មួយដែលខ្ញុំមានកាលពីពីរបីឆ្នាំមុន។
កាលពីខែតុលា ឆ្នាំ២០១៦ វីដេអូតន្រ្តីដែលមានទាំងការច្រៀង និងការរាំដែលខ្ញុំបានជួយបង្ហាត់ក្បាច់រាំ ត្រូវបានគេបង្ហោះលើអនឡាញ។ បងប្អូនប្រុសស្រីពេញចិត្តវាណាស់ ហើយពួកគេក៏បានណែនាំឱ្យខ្ញុំដឹកនាំក្រុមរាំក្នុងក្រុមជំនុំ។ ខ្ញុំសប្បាយចិត្តខ្លាំងដល់ថ្នាក់ខ្ញុំអធិដ្ឋានទៅព្រះជាម្ចាស់ថា ខ្ញុំប្រាកដជានឹងធ្វើភារកិច្ចនេះឱ្យបានល្អ ហើយផលិតវីដេអូឱ្យបានច្រើនថែមទៀតដើម្បីធ្វើបន្ទាល់ថ្វាយទ្រង់។ ក្រុមរាំនេះឆាប់ចាប់បានក្បាច់រាំរបស់គេយ៉ាងលឿនគួរឱ្យភ្ញាក់ផ្អើល។ បងប្អូនប្រុសស្រីបានមករកខ្ញុំ ដើម្បីឱ្យខ្ញុំជួយបង្ហាត់ក្បាច់រាំពិបាកៗដល់ពួកគេ។ ហើយពិតណាស់ កត្តានេះបានបំពេញនូវភាពអសារបង់របស់ខ្ញុំប្រាកដមែន ហើយខ្ញុំមានអារម្មណ៍ដូចជា ខ្លួនឯងគឺជាមនុស្សមានទេពកោសល្យដ៏សំខាន់ម្នាក់ក្នុងក្រុមជំនុំ។ មុននេះមិនយូរប៉ុន្មាន បងស្រីយីបានមកធ្វើការជាមួយខ្ញុំ តាមការរៀបចំរបស់អ្នកដឹកនាំក្រុមជំនុំ។ កត្តានេះបានធ្វើឱ្យខ្ញុំសប្បាយចិត្តណាស់ ខ្ញុំគិតថា «បងស្រីយី មានបទពិសោធន៍ជាអ្នករាំអាជីព ហើយពូកែច្នៃក្បាច់រាំប្លែកៗជាងខ្ញុំទៀត។ យើងអាចជួយបំពេញគ្នាទៅវិញទៅមក ហើយធ្វើការងាររបស់យើងបានយ៉ាងល្អ»។ មួយរយៈក្រោយមក កាលយើងកំពុងត្រៀមថតវីដេអូតន្ត្រីមួយ ហើយគំនិតរបស់បងស្រីយី សម្រាប់ក្បាច់រាំមានការអភិវឌ្ឍ និងមានការគិតគូរដិតដល់ជាងគំនិតខ្ញុំទៀត។ បងប្អូនប្រុសស្រីគ្រប់គ្នាមើលទៅ ដូចជាចូលចិត្តក្បាច់រាំនេះណាស់។ ខ្ញុំមិនសូវជាសប្បាយចិត្តនឹងរឿងនេះទេ ហើយគិតថា «តើពេលនេះអ្នកដទៃនឹងគិតយ៉ាងណាចំពោះខ្ញុំ? តើពួកគេនឹងគិតថា ខ្ញុំប្រៀបមិនបាននឹងបងស្រីយី ដែរឬទេ? ប្រសិនបើគាត់មានសមត្ថភាពជាងខ្ញុំ តើខ្ញុំនឹងនៅតែអាចបំពេញតួនាទីសំខាន់នៅក្នុងក្រុមដែរឬទេ?» វារំខានចិត្តខ្ញុំជាខ្លាំងនៅពេលដែលខ្ញុំបានឃើញអ្នកដទៃទៅជជែកជាមួយបងស្រីយី រាល់ពេលដែលពួកគេមានបញ្ហា។ ខ្ញុំជាអ្នកមើលខុសត្រូវ ប៉ុន្តែ ពួកគេបានទៅរកគាត់រាល់ពេលដែលពួកគេមានបញ្ហា។ តើការនោះមិនមានន័យថា ពួកគេចូលចិត្តគាត់ជាងខ្ញុំទេឬអី? ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចឱ្យគាត់ធ្វើបានល្អជាងទេ ដូច្នេះនៅក្នុងកម្មវិធីរបស់យើងលើកក្រោយ ខ្ញុំត្រូវតែធ្វើការសម្ដែងដ៏ល្អមួយ ដើម្បីឱ្យគ្រប់គ្នាបានឃើញថា ខ្ញុំក៏ពូកែដូចគាត់ដែរ។
ក្រោយមក បងស្រីយី និងខ្ញុំ ក៏ចែកការងារគ្នា ដើម្បីសម្រួលការងាររបស់យើង។ ខ្ញុំមើលខុសត្រូវការងារវីដេអូតន្ត្រី ហើយគាត់មើលខុសត្រូវការសម្ដែងលើឆាក។ ខ្ញុំពិតជាពេញចិត្តនឹងការបែងចែកនេះណាស់។ កាលមុន ពេលធ្វើការជាមួយគ្នា ខ្ញុំមានអារម្មណ៍ប្រកាន់ឫកពារណាស់។ ខ្ញុំចង់ឆក់យកឱកាសនេះ ហើយបង្ហាញឱ្យគ្រប់គ្នាឃើញថា ខ្ញុំពូកែជាងគាត់។ ខ្ញុំបានស្រាវជ្រាវរកក្បាច់រាំ និងស្ទីលរាំថ្មីៗ អស់រាប់ម៉ោង ដើម្បីផលិតវីដេអូតន្រ្តីដ៏ល្អបំផុត ប៉ុន្តែ ពេលខ្ញុំឃើញថា បងស្រីយី ជិតបង្ហើយការងារបង្កើតក្បាច់រាំរបស់គាត់ ខណៈដែលក្បាច់រាំរបស់ខ្ញុំនៅមិនទាន់ស្រេចនោះ ខ្ញុំមានអារម្មណ៍អន្ទះសា។ ខ្ញុំក៏ចាប់ផ្ដើមពន្លឿនការងាររបស់ខ្ញុំ។ ខ្ញុំតឹងរ៉ឹងជាមួយបងប្អូនប្រុសស្រីនៅក្នុងការហាត់សមរបស់យើងណាស់។ មានម្ដង ខ្ញុំស្ដីបន្ទោសប្អូនប្រុសម្នាក់ដោយសំឡេងខឹងសម្បារ ពេលគាត់រាំខុស។ ខ្ញុំខ្លាចថា ប្រសិនបើគាត់រាំមិនបានល្អទេ នោះការសម្ដែងរបស់ខ្ញុំមុខជាមិនបានល្អដូចបងស្រីយីទេ។ មុនពេលថត មានបងប្រុសម្នាក់ប្រាប់ថា ក្បាច់រាំបើកឆាកនៅមិនទាន់គ្រប់គ្រាន់ទេ។ ហើយគាត់និយាយត្រូវមែន ប៉ុន្តែពេលនោះ ខ្ញុំឆ្លើយអ្វីមិនរួចសោះ ដូច្នេះ គាត់ក៏ណែនាំឱ្យខ្ញុំជជែកនឹងបងស្រីយី។ ឮដូច្នេះ ខ្ញុំពិតជាមិនសប្បាយចិត្តសោះ។ ប្រសិនបើខ្ញុំទៅរកគាត់ និងសុំឱ្យគាត់ជួយ តើទង្វើនេះមិនធ្វើឱ្យខ្ញុំមើលទៅកាន់តែអន់ជាងគាត់ទេឬ? ប្រសិនបើបងស្រីយី ពាក់ព័ន្ធនឹងការងារនេះ តើស្នាដៃចុងក្រោយនឹងមិនបានទៅគាត់ទេឬអី? ខ្ញុំបានចំណាយពេល ចំណាយកម្លាំងរបស់ខ្ញុំ ដើម្បីឱ្យផលិតផលចុងក្រោយនេះ បានរឹងមាំល្អ។ ដូច្នេះ ខ្ញុំក៏មិនបានសុំឱ្យគាត់ជួយទេ។ ដូច្នេះ ខ្ញុំបាននិយាយថា «ណ្ហើយ កុំទៅយកចិត្តទុកដាក់នឹងការងារកំប៉ិកកំប៉ុកទាំងនេះនៅឥឡូវនេះអី។ ពេលថតរួច យើងអាចមើលផលិតផលចុងក្រោយបាន»។ ក្រោយមក អ្នកដឹកនាំក៏បានមើលវីដេអូតន្ត្រីរបស់យើង ហើយនិយាយថា វាមិនបានធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ ដោយប្រាប់ឱ្យពួកយើងធ្វើវាម្ដងទៀត។ ខ្ញុំព្រួយចិត្តណាស់ ខ្ញុំមានអារម្មណ៍ដូចមានអ្វីចាក់ទម្លុះបេះដូងរបស់ខ្ញុំអ៊ីចឹង។ ខ្ញុំគិតថា «ពេលនេះ អ្នកដទៃនឹងមើលឃើញពីសមត្ថភាពពិតប្រាកដរបស់ខ្ញុំមិនខាន។ ពួកគេនឹងមើលឃើញថា ខ្ញុំគ្មានសមត្ថភាពពូកែដូចបងស្រីយីទេ ខ្ញុំគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់ទេ។ ពេលនេះ ធ្វើម៉េចឱ្យខ្ញុំឈរជើងនៅក្នុងក្រុមរាំនេះទៀតបាន?ក្នុងរយៈពេលប៉ុន្មានថ្ងៃនោះ ខ្ញុំមិនអាចគិតពីអ្វីផ្សេងក្រៅពីមុខមាត់ និងឋានៈរបស់ខ្ញុំឡើយ។ យប់ឡើង ខ្ញុំដេកមិនលក់ ខ្ញុំភាំងៗនៅពេលជួបប្រជុំគ្នា ហើយមិនបានដាក់ចិត្តក្នុងភារកិច្ចរបស់ខ្លួន។
ហេតុនេះ អ្នកដឹកនាំរបស់ខ្ញុំក៏បានមករកខ្ញុំ។ ដោយមើលឃើញថា ខ្ញុំខ្លួនឯងមិនដឹងខ្លួនឯងយ៉ាងណា នោះគាត់ក៏បង្ហើបប្រាប់ខ្ញុំ ដោយនិយាយថា ខ្ញុំច្រណែននឹងបងស្រីយី ដើម្បីចង់ល្បីខ្លួនឯង និងមិនបានគិតគូរដល់ការងារក្រុមជំនុំទេ ហើយថា ខ្ញុំអាត្មានិយម។ គាត់បានប្រាប់ឱ្យខ្ញុំឆ្លុះបញ្ចាំងពីខ្លួនឯង ហើយគាត់បានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យខ្ញុំស្ដាប់ថា៖ «នៅពេលទាក់ទងនឹងមុខតំណែង មុខមាត់ ឬកេរ្តិ៍ឈ្មោះ ដួងចិត្តរបស់មនុស្សគ្រប់គ្នាចាប់ផ្ដើមប្រមើលទុក ហើយអ្នករាល់គ្នាម្នាក់ៗតែងតែចង់មានភាពលេចធ្លោ ចង់មានភាពល្បីល្បាញ និងចង់បានការទទួលស្គាល់។ មនុស្សគ្រប់គ្នាមិនចង់ចុះញ៉មឡើយ ផ្ទុយទៅវិញ គេតែងតែចង់តយុទ្ធ ទោះបីជាការយុទ្ធនោះជារឿងអាម៉ាស់ ហើយមិនត្រូវបានអនុញ្ញាតនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ។ យ៉ាងណាមិញ បើគ្មានការតយុទ្ធទេ អ្នកនៅមិនចេះស្កប់ចិត្តដដែល។ នៅពេលដែលអ្នកឃើញនរណាម្នាក់លេចធ្លោ អ្នកក៏កើតចិត្តច្រណែន ស្អប់ និងមានអារម្មណ៍ថា វាមិនយុត្តិធម៌។ «ហេតុអ្វីខ្ញុំមិនអាចលេចធ្លោបាន? ហេតុអ្វីបានជាបុគ្គលនោះចេះតែលេចធ្លោ ហើយខ្ញុំមិនដែលសោះអ៊ីចឹង?» នោះអ្នកក៏មានអារម្មណ៍ខកចិត្ត។ អ្នកព្យាយាមទប់អារម្មណ៍នេះ តែអ្នកមិនអាចទប់បានឡើយ។ អ្នកអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយមានអារម្មណ៍ល្អបានមួយរយៈ ប៉ុន្តែនៅពេលដែលអ្នកជួបស្ថានភាពបែបនោះម្ដងទៀត អ្នកមិនអាចយកឈ្នះវាបានឡើយ។ តើការនេះមិនបង្ហាញពីកម្ពស់ដ៏ក្មេងខ្ចីទេឬ? តើការដែលមនុស្សម្នាក់ធ្លាក់ចូលទៅក្នុងសភាពបែបនេះ មិនមែនជាអន្ទាក់ទេឬអី? ទាំងនេះគឺជាច្រវាក់នៃធម្មជាតិដ៏ពុករលួយរបស់សាតាំង ដើម្បីចងមនុស្សលោក។ ... បើអ្នកខំតយុទ្ធ នោះភាពងងឹតនឹងកាន់តែហ៊ុមព័ទ្ធជុំវិញអ្នក អ្នកនឹងកាន់តែមានចិត្តច្រណែន និងចិត្តស្អប់ ហើយអ្នកនឹងមានសេចក្តីប៉ងប្រាថ្នាចង់បានកាន់តែខ្លាំងឡើងៗប៉ុណ្ណោះ។ បើអ្នកមានសេចក្តីប៉ងប្រាថ្នាចង់បានកាន់តែខ្លាំងឡើង នោះលទ្ធភាពដែលអ្នកបានវា នឹងមានកាន់តែតិច ហើយនៅពេលដែលអ្នកទទួលបានកាន់តែតិច នោះចិត្តស្អប់របស់អ្នកនឹងកើនឡើង។ នៅពេលដែលចិត្តស្អប់របស់អ្នកកើនឡើង នោះដួងចិត្តរបស់អ្នកនឹងកាន់តែខ្មៅងងឹត។ បើដួងចិត្តរបស់អ្នកកាន់តែខ្មៅងងឹត នោះអ្នកនឹងបំពេញភារកិច្ចរបស់អ្នកកាន់តែមិនបានល្អ ហើយបើអ្នកបំពេញភារកិច្ចរបស់អ្នកកាន់តែមិនបានល្អ នោះអ្នកនឹងកាន់តែក្លាយជាបុគ្គលម្នាក់ដែលគ្មានប្រយោជន៍។ នេះជាវដ្ដមួយដ៏កាចសាហាវ និងមានភាពប្រទាក់គ្នា។ បើអ្នកមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អទេ នោះអ្នកនឹងត្រូវជម្រុះចោលបន្ដិចម្ដងៗមិនខាន» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះជាព្រនង់មួយដែលសំពងខ្ញុំឱ្យភ្ញាក់ប្រាកដណាស់។ អ្វីដែលព្រះជាម្ចាស់បើកសម្ដែងឱ្យខ្ញុំឃើញ គឺត្រូវនឹងសភាពរបស់ខ្ញុំសុទ្ធសាធ។ ខ្ញុំច្រណែននឹងទេពកោសល្យបងស្រីយីមែន ដោយគិតតែពីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈប៉ុណ្ណោះ។ វាគួរឱ្យខ្ពើមរអើមណាស់។ ខ្ញុំក៏ត្រឡប់ទៅគិតវិញថា ពេលនោះខ្ញុំពិតជាមានចិត្តច្រណែនខ្លាំងមែន គឺតាំងតែពីពេលដែលបងស្រីយីមកចូលរួមក្នុងក្រុម ហើយបានបង្ហាញសមត្ថភាពរបស់គាត់មក។ ខ្ញុំខ្លាចថា អ្នកដទៃនឹងយកគាត់ជាគម្រូ ហើយតួនាទីរបស់ខ្ញុំនឹងត្រូវគំរាមកំហែង។ ដូច្នេះ ដោយចង់បញ្ជាក់ពីសមត្ថភាពខ្លួនឯង ខ្ញុំបានចាប់ផ្ដើមប្រជែងសមត្ថភាពជាមួយនឹងគាត់។ ពេលខ្ញុំសម្គាល់ឃើញថា កម្មវិធីរាំរបស់គាត់កំពុងវិវឌ្ឍលឿនជាងខ្ញុំ នោះខ្ញុំក៏កាន់តែតឹងរ៉ឹង និងពិតជាទាមទារមិនឱ្យចាញ់គាត់នោះទេ។ ច្បាស់ណាស់ថា ខ្ញុំគួរតែទៅជជែកនឹងបងស្រីយី។ តែខ្ញុំរកលេសនៅឱ្យឆ្ងាយ ខ្លាចគាត់លួចយកកិត្តិយសទាំងអស់។ ដូច្នេះ បញ្ហាខ្លះមិនត្រូវបានដោះស្រាយទាន់ពេលនោះទេ ហើយសូម្បីក្រោយពេលដែលបងប្អូនប្រុសស្រីខំប្រឹងធ្វើការដល់ម្ល៉ឹងហើយ ក៏នៅមិនទាន់ល្អគ្រប់គ្រាន់សម្រាប់ធ្វើជាទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ដែរ។ ពេលអ្នកដឹកនាំក្រុមជំនុំបានរៀបចំឱ្យបងស្រីយី ធ្វើការជាមួយខ្ញុំនៅក្នុងភារកិច្ចរបស់ខ្ញុំ ដូច្នេះទើបយើងអាចយកចំណុចខ្លាំងរបស់យើងមកបញ្ចូលគ្នាដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់តាមរយៈក្បាច់រាំ ដោយឡែក ខ្ញុំមិនបានពិចារណាអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាល់តែសោះ។ ខ្ញុំរំខានការងាររបស់ក្រុមជំនុំតាមរយៈការប្រជែងគ្នាជាប្រចាំ ដើម្បីធ្វើឱ្យខ្លួនឯងល្បីឈ្មោះ។ ខ្ញុំបានប្រឆាំងនឹងព្រះជាម្ចាស់ និងមិនបានធ្វើអ្វីសោះ ក្រៅតែពីទង្វើអាក្រក់។ គំនិតនេះបានធ្វើឱ្យខ្ញុំស្ដាយក្រោយគ្រប់យ៉ាង។ ខ្ញុំបានអធិដ្ឋានទៅព្រះជាម្ចាស់ ហើយមិនដែលចង់ធ្វើជាមនុស្សច្រណែននឹងជោគជ័យអ្នកដទៃនោះឡើយ។ ខ្ញុំប្រែងចិត្ត ធ្វើការឱ្យបានល្អជាមួយបងស្រីយី និងចង់បំពេញភារកិច្ចរបស់យើង ហើយសហការគ្នាឱ្យបានល្អ។
ក្រោយមក យើងក៏បានសហការគ្នារៀបចំក្បាច់រាំ ហើយអាកប្បកិរិយារបស់ខ្ញុំក៏បានកែប្រែខ្លះ។ មានពេលខ្លះ ខ្ញុំនៅមានអារម្មណ៍ច្រណែននឹងគាត់ណាស់ តែខ្ញុំដឹងថា ខ្ញុំគួរតែយកការងារក្រុមជំនុំជាធំ មិនមែនយកប្រយោជន៍ផ្ទាល់ខ្លួនជាធំនោះទេ ខ្ញុំបោះបង់សាច់ឈាម និងចិត្តអំណួតរបស់ខ្ញុំដោយមនសិការ ទាំងគិតរកវិធីធ្វើការជាមួយបងស្រីរបស់ខ្ញុំ ដើម្បីធ្វើឱ្យកម្មវិធីកាន់តែប្រសើរឡើង ពេលយើងពើបប្រទះនឹងបញ្ហា ឬការលំបាក យើងរមែងប្រកបគ្នា លាតត្រដាងសេចក្ដីពុករលួយរបស់ខ្លួន និងស្វែងរកសេចក្ដីពិតមកដោះស្រាយវា។ ក្រោយមក ព្រះជាម្ចាស់ក៏ប្រទានព្រះពរដល់យើងយ៉ាងរួសរាន់ ហើយក្បាច់រាំរបស់យើងក៏រំលេចចេញមកយ៉ាងស្អាត។ ការប្រតិបត្តិសេចក្ដីពិត បានធ្វើឱ្យខ្ញុំមានអារម្មណ៍ស្ងប់នៅក្នុងចិត្ត។
ពីរបីខែក្រោយមក បងស្រីយី និងខ្ញុំកំពុងរៀបចំការសម្ដែងនៅលើឆាកមួយជាមួយគ្នាម្ដងទៀត។ ដំបូងៗ កិច្ចការគ្រប់យ៉ាងដំណើរការពិតជារហ័សណាស់ ហើយអ្នកផ្សេងក៏ពេញចិត្តនឹងរបៀបដែលយើងរៀបចំក្បាច់រាំរបស់យើងដែរ។ ខ្ញុំពិតជាពេញចិត្តនឹងខ្លួនឯងណាស់។ ហើយថ្ងៃមួយ អ្នកដឹកនាំក៏បានសួរនាំពីដំណើរការការងាររបស់យើង ហើយខ្ញុំក៏ឆ្លើយតបថា «យើងកំពុងមានការវិវឌ្ឍល្អ»។ ស្រាប់តែមានបងស្រីម្នាក់និយាយកាត់ថា «បងស្រីមានគំនិតល្អណាស់ ក្បាច់រាំនេះពិតជាមើលទៅស្អាតណាស់»។ សម្ដីនេះបានធ្វើឱ្យខ្ញុំមានអារម្មណ៍ទោមនស្សបន្តិច ទើបខ្ញុំគិតថា «ម៉េចក៏បងនិយាយដូច្នេះ? ពេលនេះគ្រប់គ្នាដឹងថា ក្បាច់រាំនេះជាគំនិតដែលមកពីបងស្រីយី ហើយខ្ញុំនឹងមិនទទួលបានការសរសើរអ្វីសោះ ខ្ញុំត្រូវរិះរកវិធីសម្រេចស្នាដៃមួយឱ្យបាន បើគ្មានស្នាដៃទេ តើគ្រប់គ្នានឹងគិតយ៉ាងណាចំពោះខ្ញុំ?» មានម្ដងពេលកំពុងហាត់សម ខ្ញុំគិតរកក្បាច់រាំ ហក់លោតថ្មីមួយ។ ហើយខ្ញុំសប្បាយចិត្តណាស់ ខ្ញុំគិតថា «ខ្ញុំពិតជាពូកែខាងហក់លោត។ ឱ្យតែយើងហាត់រាំឱ្យបានល្អ វាមិនត្រឹមតែជួយធ្វើឱ្យក្បាច់រាំកាន់តែស្អាតទេ តែគ្រប់គ្នានឹងយល់ពីភាពខ្លាំងរបស់ខ្ញុំដែរ។ ហើយទីបំផុត គ្រប់គ្នានឹងសរសើរការងារទាំងអស់របស់ខ្ញុំ»។ តែនៅថ្ងៃបន្ទាប់ ពេលខ្ញុំកំពុងបង្រៀនក្បាច់នោះដល់បងប្អូនប្រុសស្រី ពួកគេផ្ដល់មតិកែតម្រូវថា ក្បាច់នេះលឿនពេក ហើយពីបាកណាស់។ ល្ងាចនោះ មានបងស្រីម្នាក់ដាស់តឿនខ្ញុំថា «គេអាចនឹងធ្វើឱ្យខ្លួនឯងរបួសយ៉ាងងាយដោយសារក្បាច់នេះ។ ខ្ញុំគិតថា វាគ្មានសុវត្ថិភាពទេ»។ ខ្ញុំបារម្ភថា ពួកគេនឹងរកក្បាច់ថ្មីមួយជំនួសក្បាច់រាំរបស់ខ្ញុំ ពេលនោះ តើធ្វើម៉េចឱ្យខ្ញុំប្រៀបធៀបខ្លួនឯងនឹងបងស្រីយីបាន? ហេតុនេះ ខ្ញុំក៏បានលើកទឹកចិត្តគ្រប់គ្នាឱ្យព្យាយាមម្ដងទៀត។ ហើយខ្ញុំក៏បោះបង់ចោលតែម្ដង ពេលឃើញបងប្អូនស្រីៗខ្លះដួល និងរងរបួស។ ខ្ញុំមានអារម្មណ៍រកាំចិត្ត ហើយពិតជាសោកស្ដាយណាស់។ ដូច្នេះ ខ្ញុំក៏សុំទោសក្រុមទាំងមូល ហើយប្ដូរក្បាច់រាំវិញ តែខ្ញុំមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងទេ ទោះបីមានរឿងបែបនេះកើតឡើងក៏ដោយ។ បន្តិចក្រោយមក កម្មវិធីថតនឹងត្រូវចាប់ផ្ដើមតាមកាលកំណត់។ ទាំងបងស្រីយី និងខ្ញុំ ក៏បានសម្ដែង។ ពេលកំពុងថត ខ្ញុំមិនបានគិតថា ខ្ញុំរាំបានស្អាតនោះទេនៅក្នុងឈុតមួយ ដូច្នេះខ្ញុំក៏សុំអ្នកដឹកនាំឱ្យថតម្ដងទៀត ដោយឡែក ពេលខ្ញុំមើល មានឈុតច្រើនដែលមានជាប់មុខបងស្រីយី ហើយឈុតដែលថតកៀកខ្ញុំ គឺខ្ញុំជាប់ត្រឹមពីចំហៀងប៉ុណ្ណោះ។ ខ្ញុំមានអារម្មណ៍នឿយណាយ។ ពេលថតវគ្គក្រោយ ខ្ញុំញញឹមមិនទាំងចេញផង ហើយការរាំរបស់ខ្ញុំគ្មានរស់រវើកអ្វីបន្តិចសោះ។ ខ្ញុំងប់ងល់ ហើយរវល់គិតថា៖ ខ្ញុំរាំស្អាតជាងបងស្រីយី។ ខ្ញុំគ្មានចិត្តមើលវីដេអូរាំដែលខ្ញុំត្រូវពិនិត្យមើលនោះទេ។ ខ្ញុំមិនខ្វល់ទេថា ការសម្ដែងនោះធ្វើបន្ទាល់ពីព្រះជាម្ចាស់ឬក៏អត់។ ដូច្នេះហើយ ពេលវីដេអូចេញមក គ្រប់ៗគ្នានិយាយថា ការរាំនេះដូចជាញញើតៗ ឆ្កឹងៗពេក។ វាមិនត្រឹមតែមិនមែនជាទីបន្ទាល់ចំពោះព្រះជាម្ចាស់នោះទេ វាជាក្ដីអាម៉ាស់ចំពោះព្រះជាម្ចាស់ទៅវិញទេ។ ក្រោយមក អ្នកដឹកនាំក៏បាននិយាយថា ខ្ញុំប្រជែងគ្នា ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ និងមិនបានបំពេញភារកិច្ចរបស់ខ្លួន ហើយក៏សម្រេចចិត្តបញ្ឈប់ខ្ញុំ។ ខ្ញុំពិតជារកាំចិត្តណាស់។ ដំបូង ខ្ញុំគ្រាន់តែចង់ផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ប៉ុណ្ណោះ តែខ្ញុំបែរជាប្រជែងកេរ្តិ៍ឈ្មោះទៅវិញ គ្រប់កម្មវីធីទាំងអស់ដែលខ្ញុំបានរៀបចំបានធ្វើឱ្យអាម៉ាស់ដល់ព្រះជាម្ចាស់។ នេះគឺជាសេចក្ដីល្មើសមួយ។ ខ្ញុំបានបាត់បង់ឱកាសបំពេញភារកិច្ចរបស់ខ្ញុំតាមរយៈការរាំ។ ខ្ញុំយំខ្លាំងណាស់។
ខ្ញុំគិតហើយគិតទៀត។ «ខ្ញុំដឹងថា ការឈ្លោះដណ្ដើមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈគឺជាទង្វើដ៏ខុសឆ្គង ចុះហេតុអ្វីបានជាខ្ញុំមិនអាចឃាត់ខ្លួនឯងឱ្យឈប់ដេញតាមសេចក្ដីទាំងនេះបាន? តើអ្វីទៅជាហេតុផលពិតប្រាកដ?» ក្នុងពេលថ្វាយបង្គំ ខ្ញុំអានចំព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចែងថា៖ «សាតាំងប្រើកិត្តិយស និងបុណ្យសក្តិ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្សឲ្យគិតតែពីកិត្តិយស និងបុណ្យសក្តិរហូត។ ពួកគេតស៊ូប្រឹងប្រែងដើម្បីកិត្តិយស និងបុណ្យសក្តិ ទទួលរងទុក្ខលំបាកដើម្បីកិត្តិយស និងបុណ្យសក្តិ ស៊ូទ្រាំភាពអាម៉ាស់ដើម្បីកិត្តិយស និងបុណ្យសក្តិ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកិត្តិយស និងបុណ្យសក្តិ ហើយពួកគេនឹងធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តណាមួយដើម្បីកិត្តិយស និងបុណ្យសក្តិ។ តាមវិធីនេះសាតាំងបានចងមនុស្សជាមួយនឹងខ្សែដែលមើលមិនឃើញ ហើយពួកគេមិនមានកម្លាំង ឬភាពក្លាហានក្នុងការបោះចោលរបស់នេះឡើយ។ ពួកគេកំពុងទ្រាំទ្រនឹងឧបសក្គ និងទុក្ខលំបាកដ៏ខ្លាំងជាច្រើន ដោយមិនដឹងខ្លួន។ ដោយសារ កិត្តិយស និងបុណ្យសក្តិនេះ មនុស្សជាតិបានបដិសេធចោលព្រះជាម្ចាស់ ព្រមទាំងក្បត់ព្រះអង្គ ហើយក្លាយជាមនុស្សអាក្រក់កាន់តែខ្លាំងឡើងៗ។ ហេតុដូច្នេះ ពីជំនាន់មួយទៅជំនាន់មួយ មនុស្សត្រូវបានបំផ្លាញក្រោមឥទ្ធិពលកិត្តិយស និងបុណ្យសក្តិរបស់សាតាំង។ សូមសំឡឹងមើល ពីទង្វើរបស់សាតាំង តើបំណងអាក្រក់របស់វា មិនគួរជាទីស្អប់ខ្ពើមណាស់ទេឬអី? ប្រហែលជាថ្ងៃនេះ ឯងរាល់គ្នា នៅតែមិនអាចមើលឃើញបំណងអាក្រក់របស់សាតាំង ពីព្រោះឯងគិតថាមនុស្សម្នាក់មិនអាចរស់នៅដោយគ្មានកិត្តិយស និងបុណ្យសក្តិបានទេ។ ឯងគិតថាប្រសិនបើមនុស្សចាកចោលកិត្តិយស និងបុណ្យសក្តិ នោះពួកគេនឹងលែងមើលឃើញផ្លូវទៅមុខ លែងមើលឃើញគោលដៅរបស់ពួកគេទៀតហើយ ព្រមទាំងថាអនាគតរបស់ពួកគេនឹងក្លាយជាងងឹតអាប់អួរជាមិនខាន។ ក៏ប៉ុន្តែ យូរៗទៅ នៅថ្ងៃណាមួយឯងរាល់គ្នានឹងដឹងថាកិត្តិយស និងបុណ្យសក្តិ គឺជាខ្សែដ៏អាក្រក់ជាទីបំផុតដែលសាតាំងប្រើដើម្បីចងមនុស្ស។ នៅពេលដែលថ្ងៃនោះមកដល់ ឯងនឹងតទល់យ៉ាងម៉ឺងម៉ាត់ចំពោះការគ្រប់គ្រងរបសសាតាំង ហើយប្រឆាំងយ៉ាងខ្លាំងនឹងខ្សែដែលសាតាំងប្រើដើម្បីចងឯង។ នៅពេលដែលពេលវេលាដែលឯងចង់បោះចោលរបស់ទាំងអស់ ដែលសាតាំងបានបណ្តុះក្នុងខ្លួនឯងមកដល់ នោះឯងនឹងបែកចេញពីសាតាំង ហើយឯងនឹងស្អប់អ្វីទាំងអស់ដែលសាតាំងបាននាំយកមកឲ្យឯង។ មានតែពេលនោះទេ ដែលមនុស្សជាតិ នឹងមានសេចក្តីស្រឡាញ់ ព្រមទាំងប្រាថ្នាចង់បានព្រះជាម្ចាស់យ៉ាងពិតប្រាកដ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បើកសម្ដែងល្បិចកល និងចេតនាអាក្រក់របស់សាតាំងក្នុងការធ្វើឱ្យមនុស្សទៅជាពុករលួយ។ វាប្រើកេរ្តិ៍ឈ្មោះ និងលាភសក្ការៈដើម្បីគ្រប់គ្រងមនុស្ស និងធ្វើឱ្យគេទៅជាពុករលួយ ដើម្បីឱ្យពួកគេកាន់តែខូចសីលធម៌ និងពុករលួយ ថែមទាំងប្រឆាំងនឹងព្រះជាម្ចាស់ ហើយធ្វើការអាក្រក់។ ខ្ញុំបានទទួលការអប់រំ និងរងឥទ្ធិពលពីសាតាំង តាំងតែពីក្មេងមកម្ល៉េះ។ «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក» និង «មនុស្សបន្សល់កេរ្តិ៍ឈ្មោះនៅកន្លែងដែលខ្លួនទៅ ប្រៀបដូចនឹងក្ងានដែលបញ្ចេញសម្លេងគ្រប់ទីកន្លែងដែលវាទៅដែរ»។ ទស្សនវិជ្ជារបស់សាតាំងទាំងនេះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងខ្ញុំ។ មិនថា ខ្ញុំនៅក្នុងក្រុមអ្វីនោះទេ ខ្ញុំចង់ពូកែជាងគេ ចង់ឱ្យគេលើក ចង់ឱ្យគេសរសើរ ការមើលឃើញមនុស្សម្នាក់លេចធ្លោ ធ្វើឱ្យខ្ញុំច្រណែន ហើយខ្ញុំក៏ធ្វើគ្រប់យ៉ាងដែលខ្ញុំអាច ដើម្បីឱ្យបានគ្រាន់បើជាងគេ ខ្ញុំតែងពុះពារដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយវេទនាដោយសារតែល្បិចរបស់សាតាំង។ ខ្ញុំក៏រឹតតែក្រអឺតក្រទម និងរឹតតែកាច។ ខ្ញុំចង់ធ្វើឱ្យល្អជាបងស្រីយី ដោយប្រើជំនាញបច្ចេកទេសរបស់ខ្ញុំមកបង្អួតទេពកោសល្យរបស់ខ្ញុំ ហើយខ្ញុំមិនខ្វល់ទេថា រាងកាយរបស់អ្នកសម្ដែងអាចធ្វើបានឬមិនបាន ទីបំផុត បងប្អូនស្រីមួយចំនួនក៏ត្រូវរបួស។ ពេលយើងកំពុងថត ខ្ញុំចង់ប្រើតែឈុតដែលថតកៀកខ្ញុំប៉ុណ្ណោះ មកបង្ហាញថាខ្ញុំរាំស្អាតជាងបងស្រីយី ហើយដោយសារតែខ្ញុំមិនបានគិតថា ក្បាច់រាំរបស់ខ្ញុំស្អាតឥតខ្ចោះ ខ្ញុំក៏បានសុំឱ្យអ្នកដឹកនាំថតសាឡើងវិញ ខ្ញុំបានបង្អាក់ដល់ការងារនេះ។ ហើយពេលរូបរបស់ខ្ញុំថតជាប់ត្រឹមពីចំហៀង ហើយរូបបងស្រីយី ថតចំពេញមុខ ខ្ញុំមានអារម្មណ៍ពោរពេញដោយការមិនពេញចិត្ត ហើយរស់ក្នុងសភាពអគតិ ទាំងមិនបានយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ ជាលទ្ធផល ការរាំរបស់ខ្ញុំ បានធ្វើឱ្យព្រះជាម្ចាស់ទៅជាអាម៉ាស់។ ក្បាច់រាំរបស់ខ្ញុំ មិនមែនដើម្បីបម្រើដល់ព្រះជាម្ចាស់ទេ តែបម្រើខ្ញុំខ្លួនឯងវិញ។ ការដណ្ដើមកេរ្តិ៍ឈ្មោះរបស់ខ្ញុំបានក្លាយជាឧបសគ្គដ៏ធ្ងន់ធ្ងរចំពោះកិច្ចការរបស់ក្រុមជំនុំ និងបានធ្វើឱ្យមនុស្សដែលនៅជុំវិញខ្ញុំឈឺចាប់ទៀតផង។ ឥរិយាបថរបស់ខ្ញុំ គឺពិតជាគួរឱ្យស្អប់ និងខ្ពើមរអើមណាស់ ចំពោះព្រះជាម្ចាស់! ក្រោយមក ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏បានមកដល់គំនិតរបស់ខ្ញុំ៖ «'ផ្លូវអាក្រក់' នេះ មិនសំដៅទៅលើអំពើអាក្រក់មួយក្ដាប់តូចនោះឡើយ ប៉ុន្តែ សំដៅលើប្រភពនៃអំពើអាក្រក់ ដែលស្ដែងចេញឲ្យឃើញតាមរយៈអាកប្បកិរិយារបស់មនុស្ស» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំថា ខ្ញុំមិនត្រូវបានដោះលែង ដោយសារតែខ្ញុំបានធ្វើការអាក្រក់មួយចំនួន។ វាបានកើតឡើងដោយសារផ្លូវដែលខ្ញុំដើរគឺជាផ្លូវអាក្រក់ ហើយជាឫសគល់នៃសកម្មភាពរបស់ខ្ញុំ។ តាំងពីខ្ញុំចាប់ផ្ដើមធ្វើការជាមួយបងស្រីយីមក ខ្ញុំឈ្លោះរហូត ដើម្បីតែប្រយោជន៍ខ្លួនឯង ហើយអនុវត្តតែគំនិតរបស់ខ្លួនឯងច្រើន។ មានន័យថា ខ្ញុំកំពុងធ្វើការអាក្រក់ ហើយប្រឆាំងនឹងព្រះជាម្ចាស់។ តាមគំនិតនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំពោរពេញដោយភាពភ័យខ្លាច។ ខ្ញុំបានឃើញថា ខ្ញុំកំពុងប្រឆាំងនឹងព្រះជាម្ចាស់ ដោយដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ។ ហើយប្រសិនបើខ្ញុំមិនប្រែចិត្ត នៅទីបំផុតខ្ញុំនឹងត្រូវដាក់ទោស ហើយលុបបំបាត់ចោលមិនខាន។ ខ្ញុំមានអារម្មណ៍ខុសធ្ងន់ណាស់។ ខ្ញុំយំ ហើយអធិដ្ឋានទៅព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ! ទូលបង្គំបានបាត់បង់ភារកិច្ចរបស់ខ្លួនហើយ។ សេចក្ដីសុចរិតរបស់ទ្រង់កំពុងត្រូវបានសម្ដែងឱ្យទូលបង្គំឃើញ ហើយទូលបង្គំដឹងថា ទ្រង់កំពុងការពារទូលបង្គំ។ សូមអរព្រះគុណទ្រង់ណាស់ចំពោះការបញ្ឈប់ផ្លូវអាក្រក់របស់ទូលបង្គំ មុនវាហួសពេល។ ទូលបង្គំនឹងប្រែចិត្តថ្វាយទ្រង់»។
នៅថ្ងៃក្រោយៗមកទៀត ខ្ញុំផ្សាយដំណឹងល្អនៅក្នុងក្រុមជំនុំ និងឆ្លុះបញ្ចាំងអំពីខ្លួនឯង។ រាល់ពេលដែលខ្ញុំគិតអំពីកិច្ចការដែលខ្ញុំធ្វើដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ខ្ញុំមានអារម្មណ៍ស្ដាយក្រោយ។ ខ្ញុំស្អប់ខ្លួនឯងដែលមិនឱ្យតម្លៃឱកាសដែលព្រះជាម្ចាស់បានប្រទានឱ្យខ្ញុំនៅក្នុងក្រុមរាំ។ ពេលខ្ញុំមើលវីដេអូតន្រ្តីនោះសារឡើងវិញ ខ្ញុំពិតជាចង់ត្រឡប់ទៅវិញ ហើយចាប់ផ្ដើមពីដើមឡើងវិញ តែខ្ញុំបានដឹងថាវាមិនអាចទៅរួចនោះទេ។ គ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាននៅពេលនេះ គឺរៀនពីកំហុសរបស់ខ្ញុំ ហើយបំពេញភារកិច្ចដំណឹងល្អរបស់ខ្ញុំឱ្យបានល្អ។ ខ្ញុំភ្ញាក់ផ្អើលណាស់ដែលមួយខែក្រោយមក អ្នកដឹកនាំក្រុមជំនុំបានហៅខ្ញុំឱ្យចូលរួមក្នុងក្រុមរាំម្ដងទៀត។ ឮដំណឹងនេះ ខ្ញុំរំភើបចិត្តដល់ថ្នាក់មិនអាចបញ្ឈប់ទឹកភ្នែកខ្លួនឯងបានទៀតផង ហើយខ្ញុំក៏បានដោះស្រាយបញ្ហានោះ ខ្ញុំឈប់ដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈតទៅទៀត ហើយខ្ញុំឱ្យតម្លៃឱកាសនេះ ដើម្បីតបសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយធ្វើការជាមួយអ្នកគ្រប់គ្នា និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។
មានម្ដង ក្រោយពីបានចូលរួមក្នុងក្រុមម្ដងទៀត បងស្រីយីបានលើកឡើងថា ក្បាច់រាំមួយដែលខ្ញុំបានបង្រៀនគេនោះ មិនត្រូវតាមស្តង់ដារទេ។ ពេលនោះ ខ្ញុំមានអារម្មណ៍ខ្មាសណាស់ ហើយគិតថា «ម៉េចក៏អ្នកហ៊ានទិតៀនខ្ញុំនៅមុខអ្នកដទៃយ៉ាងនេះ? ពេលនេះ ពួកគេមុខជាគិតថា អ្នកពូកែជាងខ្ញុំហើយ។ ខ្ញុំមិនអាចឱ្យគេមើលងាយខ្ញុំបានទេ។ ខ្ញុំក៏ជាអ្នករាំអាជីពម្នាក់ដែរ។ អ្នកដឹងថា ក្បាច់រាំរបស់អ្នកក៏មិនមែនឥតខ្ចោះដែរ»។ ខ្ញុំចង់បោះចោលក្បាច់ដែលគាត់បង្ហាត់ ហើយទទួលស្គាល់ថា ខ្ញុំកំពុងគិតពីខ្លួនឯងម្ដងទៀត។ បន្ទាប់មក ខ្ញុំបានដឹងថាខ្ញុំកំពុងគិតពីកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈផ្ទាល់ខ្លួនម្ដងទៀត ដូច្នេះខ្ញុំក៏បានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្ញុំ។ បន្ទាប់ពីអធិដ្ឋានរួច ខ្ញុំក៏បានគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថា៖ «ប្រសិនបើពេលមួយកាន់តែសំខាន់ នោះមនុស្សកាន់តែអាចចុះចូល និងយកផលប្រយោជន៍ផ្ទាល់ខ្លួន អំនួត និងមោទនភាពរបស់ពួកគេចេញ ហើយបំពេញភារកិច្ចរបស់ពួកគេយ៉ាងសមរម្យ មានតែដូច្នោះទេ ទើបពួកគេត្រូវបានព្រះជាម្ចាស់នឹកចាំ។ ទាំងអស់នោះគឺជាទង្វើល្អ! មិនថាអ្វីដែលមនុស្សធ្វើទេ តើអ្វីដែលមានសារៈសំខាន់ជាង? អំនួតនិងមោទនភាពរបស់ពួកគេ ឬសិរីល្អរបស់ព្រះជាម្ចាស់? (សិរីល្អរបស់ព្រះជាម្ចាស់)។ តើមួយណាដែលមានសារៈសំខាន់ជាង? ទំនួលខុសត្រូវរបស់អ្នក ឬផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក? ការបំពេញទំនួលខុសត្រូវរបស់អ្នក គឺជាអ្វីដែលមានសារៈសំខាន់បំផុត ហើយអ្នកត្រូវជាប់កាតព្វកិច្ចចំពោះពួកវា។ ... នៅពេលដែលត្រូវប្រឈមមុខនឹងអ្វីៗជាក់លាក់ នោះចំណង់ដ៏អត្តវិស័យមួយភ្លែតផ្ទាល់ខ្លួនរបស់អ្នក ព្រមទាំងអំនួតនិងមោទនភាពរបស់អ្នក នឹងឈប់ឈរពាំងផ្លូវរបស់អ្នកហើយ ហើយអ្នកនឹងផ្ដល់អាទិភាពចម្បងទៅលើភារកិច្ចផ្ទាល់ខ្លួនរបស់អ្នក ទៅលើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទៅលើការនាំយកទីបន្ទាល់សម្រាប់ទ្រង់ និងទៅលើទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់អ្នក។ នេះគឺជាវិធីដ៏ល្អមួយនៃការនាំយកទីបន្ទាល់ ហើយវានាំមកនូវភាពអាម៉ាស់ឱ្យសាតាំង!» («ការទទួលបានព្រះជាម្ចាស់ និងសេចក្ដីពិត គឺជារឿងដែលមានសុភមង្គលបំផុត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ មានពន្លឺមួយភ្លឺឡើងក្នុងចិត្តខ្ញុំ។ តើស្ថានភាពនេះមិនមែនជាវិធីដែលព្រះជាម្ចាស់ល្បងលខ្ញុំទេឬអី? រាល់ពេលដែលមានជម្លោះរវាងផលប្រយោជន៍របស់ខ្ញុំផ្ទាល់ និងផលប្រយោជន៍ក្រុមជំនុំ ខ្ញុំគួរតែផ្ដោតលើការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រតិបត្តិសេចក្ដីពិត និងធ្វើឱ្យសាតាំងអាម៉ាស់។ ពេលខ្ញុំរម្ងាប់អារម្មណ៍បានហើយ ខ្ញុំមើលឃើញថា ខ្ញុំមិនបានបង្រៀនបងប្អូនប្រុសស្រីពីចលនាឱ្យបានត្រឹមត្រូវមែន។ បងស្រីយី និយាយត្រង់ពេក ហើយសម្ដីនោះធ្វើឱ្យខ្ញុំខ្មាស តែខ្ញុំបានទទួលយោបល់របស់គាត់ ដ្បិតខ្ញុំបានដឹងថា គាត់និយាយត្រូវ។ ដូច្នេះ បន្ទាប់ពីខ្ញុំទុកខ្លួនឯងមួយឡែក យើងក៏បានធ្វើការជាមួយគ្នាយ៉ាងឆាប់រហ័ស ហើយបញ្ចប់ការបង្ហាត់ក្បាច់រាំ។ ខ្ញុំក៏មានអារម្មណ៍ដែរថា ខ្ញុំពិតជាកំពុងបំពេញភារកិច្ចរបស់ខ្ញុំដូច្នោះមែន។
បទពិសោធន៍នោះពិតជាបានបង្ហាញខ្ញុំថា ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីសង្គ្រោះ និងសេចក្ដីស្រឡាញ់របស់ទ្រង់ សម្រាប់ខ្ញុំ។ ការជំនុំជម្រះរបស់ព្រះជាម្ចាស់ពិតជាបានដាស់ខ្ញុំឱ្យភ្ញាក់ ហើយបានធ្វើឱ្យខ្ញុំមើលឃើញគ្រោះថ្នាក់នៃការដេញតាមកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍។ ការនោះហើយដែលបានកែទស្សនៈខុសឆ្គងរបស់ខ្ញុំ ឱ្យបានត្រឹមត្រូវវិញ ហើយខ្ញុំក៏បានចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួន និងដេញតាមសេចក្ដីពិតដោយចរិយាបន្ទាបខ្លួន និងដោយស្ដែងចេញពីលក្ខណៈជាមនុស្ស។ សូមអរព្រះគុណព្រះជាម្ចាស់!
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?