អ្នកទោស នៃគ្រួសាររបស់ខ្ញុំ

11-07-2023

ដោយជីងស៊ុន ប្រទេសថៃ

ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយក្នុងឆ្នាំ ២០១៩។ តាមរយៈការអានព្រះបន្ទូលព្រះ ខ្ញុំបានឃើញពីរបៀបដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបើកសម្ដែងសេចក្តីពិតលាក់កំបាំងអំពីកិច្ចការទាំងបីដំណាក់កាល ដើម្បីសង្គ្រោះមនុស្សជាតិ អាថ៌កំបាំងអំពីការយកកំណើតជាមនុស្សរបស់ព្រះ អត្ថន័យនៃកិច្ចការជំនុំជម្រះ របៀបដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ របៀបដែលព្រះសង្រ្គោះមនុស្ស និងរបៀបដែលមនុស្សអាចត្រូវបានបន្សុទ្ធ និងមានទិសដៅដ៏ស្រស់បំព្រង។ ព្រះបន្ទូលទាំងនេះមានសិទ្ធិអំណាច ហើយខ្ញុំមិនដែលឮព្រះបន្ទូលបែបនេះពីមុនមកឡើយ។ ព្រះបន្ទូលទាំងនេះថ្មីៗ និងជាក់ស្ដែង ហើយបានផ្គត់ផ្គង់ខ្ញុំ ដោយចម្អែតការស្រេកឃ្លានខាងវិញ្ញាណរបស់ខ្ញុំ។ ខ្ញុំជឿថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ ហើយខ្ញុំរំភើបចិត្តជាខ្លាំង។ ខ្ញុំស្មានមិនដល់ថា ខ្ញុំអាចស្វាគមន៍ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវក្នុងឆាកជីវិតខ្ញុំទេ។ ខ្ញុំយល់ថា ខ្ញុំមានសំណាងណាស់។ ក្រោយមក ខ្ញុំចូលរួមការជួបជុំ ផ្សាយដំណឹងល្អជារឿយៗ ហើយខ្ញុំមានអារម្មណ៍ស្កប់ចិត្ត និងរីករាយរាល់ថ្ងៃ។ ប៉ុន្តែពីរខែក្រោយមក ប្អូនប្រុស និងប្អូនថ្លៃខ្ញុំ បានដឹងអំពីជំនឿរបស់ខ្ញុំលើព្រះ។ ប្អូនថ្លៃខ្ញុំ ជាជនជាតិចិន និងធ្វើការក្នុងនាយកដ្ឋានរដ្ឋមួយកន្លែង ដូច្នេះ ប្អូនខ្ញុំបានទៅនៅប្រទេសចិនជាមួយគាត់។ ប្អូនខ្ញុំបានទូរសព្ទមកស្ដីបន្ទោសខ្ញុំថា៖ «រដ្ឋាភិបាលចិនធ្វើទុក្ខបុកម្នេញពួកអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំមិនជំទាស់នឹងជំនឿបងលើព្រះអម្ចាស់យេស៊ូវទេ តែបងមិនអាចជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាបានឡើយ។ បងជឿលើមនុស្សទេ មិនមែនជឿជាព្រះឡើយ»។ ពេលឮបែបនេះភ្លាម ខ្ញុំដឹងថា ប្អូនប្រុសខ្ញុំនិយាយតាមពាក្យចចាមអារ៉ាមប៉ុណ្ណោះ ព្រោះបើតាមការស្វែងរក និងការស៊ើបអង្កេតរបស់ខ្ញុំ ខ្ញុំបានឃើញវីដេអូអំពីពួកអ្នកជឿជាច្រើននាក់មកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលរងការធ្វើទុក្ខបុកម្នេញពីបក្សកុម្មុយនីស្តចិន ហើយខ្ញុំដឹងថា ផ្លូវពិតត្រូវជួបការធ្វើទុក្ខបុកម្នេញ តាំងពីបុរាណកាលមកម្ល៉េះ។ ពេលព្រះយាងមកធ្វើការ ទ្រង់បានជួបការធ្វើទុក្ខបុកម្នេញពីកម្លាំងរបស់សាតាំង។ ដូចកាលព្រះអម្ចាស់យេស៊ូវបានយាងមកធ្វើការអ៊ីចឹង ព្រះអង្គត្រូវអ្នកដឹកនាំសាសនា និងរបបរ៉ូម៉ាំងទាស់ទទឹង និងធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង។ ខ្ញុំបានប្រាប់គាត់ថា៖ «បងជឿលើព្រះ មិនមែនជឿលើមនុស្សទេ។ ពេលព្រះជាម្ចាស់យាងមកផែនដី ដើម្បីធ្វើការនិងសង្គ្រោះមនុស្សជាតិ ទ្រង់ត្រូវយកកំណើតជាបុត្រមនុស្ស មុនពេលយើងអាចចូលទៅជិតទ្រង់បាន។ ដោយសារព្រះត្រលប់ជាមនុស្ស ទ្រង់ត្រូវប្រសូតក្នុងគ្រួសារមួយ និងរស់នៅជាមនុស្សធម្មតា។ ព្រះដ៏មានគ្រប់ព្រះចេស្ដាលេចមកជាមនុស្សធម្មតាម្នាក់ តែព្រះអង្គមានព្រះវិញ្ញាណគង់នៅក្នុងទ្រង់ ហើយទ្រង់មានសារជាតិជាព្រះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្តីពិតជាច្រើន និងធ្វើការដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិ ជាកិច្ចការមួយដែលគ្មាននរណាម្នាក់អាចធ្វើបានឡើយ។ ព្រះអម្ចាស់យេស៊ូវមានរូបរាងដូចមនុស្សធម្មតាម្នាក់ តែព្រះអង្គមានសារជាតិជាព្រះ ហើយទ្រង់អាចសម្ដែងចេញសេចក្តីពិត និងប្រោសលោះមនុស្សជាតិ។ នេះជាអ្វីមួយដែលមនុស្សធម្មតាមិនអាចធ្វើបានទេ។ តើឯងអាចនិយាយបានទេថា ការជឿលើព្រះអម្ចាស់យេស៊ូវ ជាការជឿលើមនុស្ស? កុំចេះតែស្មានបែបឡប់ៗអំពីអ្វីដែលឯងមិនយល់នោះឡើយ។ អំពើបាបនៃការប្រមាថទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ មិនអាចត្រូវបានលើកលែងនោះទេ។ ពួកផារិស៊ីបានប្រមាថព្រះអម្ចាស់យេស៊ូវ ដោយនិយាយថា បេលសេប៊ូលបានជួយទ្រង់បណ្ដេញអារក្ស។ ចុងក្រោយ ព្រះបានដាក់ទោស និងដាក់បណ្ដាសាពួកគេ។ បងមិនបង្ខំឱ្យឯងជឿទេ ដូច្នេះ កុំរារាំងបងមិនឱ្យជឿលើព្រះអី!» គាត់មិនស្ដាប់ខ្ញុំសោះឡើយ។ កាលណាខ្ញុំជំទាស់គំនិតគាត់កាន់តែខ្លាំង គាត់ស្ដីបន្ទោសខ្ញុំកាន់តែខ្លាំង។ ពេលខ្ញុំឃើញថា គាត់បានចាញ់បញ្ឆោតពាក្យចចាមអារ៉ាមរបស់បក្សកុម្មុយនីស្តចិន និងបានប្រមាថព្រះ ខ្ញុំបានខកចិត្តយ៉ាងខ្លាំងចំពោះគាត់។ នៅថ្ងៃបន្ទាប់ ប្អូនថ្លៃខ្ញុំក៏បានទូរសព្ទមកបញ្ចុះបញ្ចូលខ្ញុំមិនឱ្យជឿផងដែរ ហើយគាត់ព្យាយាមគំរាមខ្ញុំថា៖ «ជំនឿរបស់បងលើព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជារឿងខុសច្បាប់នៅប្រទេសចិន។ ព្រោះតែជំនឿនេះ គេអាចបាញ់សម្លាប់បងបាន។ នៅប្រទេសចិន បើបងជឿលើព្រះជាម្ចាស់ គេនឹងចាប់ខ្លួនបងតាំងពីយូរមកហើយ។ រដ្ឋាភិបាលចិនចាប់ខ្លួនគ្រប់អ្នកជឿនៅតាមពួកជំនុំ ដែលពួកគេរកឃើញ។ គ្មាននរណាម្នាក់រត់រួចឡើយ»។ សម្ដីប្អូនថ្លៃខ្ញុំ បង្ហាញឱ្យខ្ញុំឃើញការពិតដែលបក្សកុម្មុយនីស្តចិនទាស់ទទឹងនឹងព្រះ និងធ្វើទុក្ខបុកម្នេញគ្រីស្ទបរិស័ទ ហើយខ្ញុំបានយល់ពីស្ថានភាពដ៏លំបាករបស់បងប្អូនប្រុសស្រីជនជាតិចិន ដែលជឿលើព្រះ។ ទន្ទឹមគ្នានោះ ខ្ញុំក៏មានអារម្មណ៍ចម្លែកដែរ។ ខ្ញុំបានជឿលើព្រះអម្ចាស់រយៈពេលប្រាំបីឆ្នាំ តែគ្រួសារខ្ញុំមិនដែលជ្រៀតជ្រែករឿងខ្ញុំឡើយ។ ហេតុអ្វីក៏ពួកគេគ្រប់គ្នាបៀតបៀនខ្ញុំ ពេលខ្ញុំជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយធ្វើជាមិនអើពើចំពោះខ្ញុំបែបនេះ? នេះជាពេលដែលខ្ញុំចាំអំពីការប្រកបគ្នារបស់បងប្អូនប្រុសស្រីថា តាំងពីបុរាណកាលមក ផ្លូវពិតត្រូវបានគេបៀតបៀន ហើយគ្រប់កន្លែងដែលព្រះធ្វើការ សាតាំងតែងជ្រៀតជ្រែកជានិច្ច។ ខ្ញុំយល់ថា ការដែលគ្រួសារខ្ញុំធ្វើទុក្ខបុកម្នេញខ្ញុំនេះ គឺជាការរំខានរបស់សាតាំង ដូច្នេះ កាលណាធ្វើទុក្ខបុកម្នេញខ្ញុំកាន់តែខ្លាំង ខ្ញុំកាន់តែចង់ដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា និងចង់គេចពីកលល្បិចរបស់សាតាំង។

ក្រោយមក បងប្អូនប្រុសស្រីបានចែករំលែកព្រះបន្ទូលនេះជាមួយខ្ញុំ «នៅគ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងខ្លួនមនុស្ស ពីខាងក្រៅទំនងជាអន្តរកម្មរវាងមនុស្ស ដែលហាក់ដូចជាកើតចេញពីការរៀបចំរបស់មនុស្ស ឬពីការជ្រៀតជ្រែករបស់មនុស្ស។ ប៉ុន្តែនៅពីក្រោយឆាក គ្រប់ជំហាននៃកិច្ចការ និងអ្វីគ្រប់យ៉ាងដែលកើតឡើង គឺសុទ្ធតែជាការភ្នាល់ដែលសាតាំងធ្វើឡើងនៅចំពោះព្រះជាម្ចាស់ ហើយទាមទារឲ្យមនុស្សប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីព្រះជាម្ចាស់។ ចូរយករឿងរបស់យ៉ូប នៅពេលដែលគាត់ត្រូវបានសាកល្បងមកធ្វើជាឧទាហរណ៍៖ នៅពីក្រោយឆាក សាតាំងកំពុងតែភ្នាល់ជាមួយព្រះជាម្ចាស់ ហើយអ្វីដែលបានកើតឡើងដល់យ៉ូបគឺជាទង្វើរបស់មនុស្ស និងការជ្រៀតជ្រែករបស់មនុស្ស។ នៅពីក្រោយជំហាននីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងអ្នក អ្នករាល់គ្នាគឺជាការភ្នាល់របស់សាតាំងជាមួយព្រះជាម្ចាស់ និយាយរួម នៅពីក្រោយអ្វីគ្រប់យ៉ាង គឺជាចម្បាំងមួយ» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈការអានព្រះបន្ទូលនេះ ខ្ញុំយល់បានថា នេះជាសមរភូមិខាងវិញ្ញាណ។ នៅពេលព្រះសង្រ្គោះមនុស្សម្នាក់ សាតាំងព្យាយាមរំខាន និងរារាំងពួកគេ ហើយអូសទាញពួកគេឱ្យធ្លាក់នរកជាមួយវា។ អ្វីដែលកើតឡើងនាថ្ងៃនោះ ពីសម្បកក្រៅ មើលទៅដូចប្អូនប្រុស និងប្អូនថ្លៃខ្ញុំកំពុងតែរារាំងខ្ញុំអ៊ីចឹង តែតាមពិត នោះជាការរំខានរបស់សាតាំងវិញទេ។ ខ្ញុំធ្លាប់មានទំនាក់ទំនងល្អជាមួយពួកគេ ហើយប្អូនប្រុសខ្ញុំ ក៏តែងស្ដាប់ខ្ញុំដែរ តែក្រោយពេលពួកគេស្ដាប់តាមពាក្យចចាមអារ៉ាមរបស់បក្សកុម្មុយនីស្តចិន ពួកគេប្រៀបដូចជាមនុស្សផ្សេងអ៊ីចឹង។ ពួកគេប្រើគ្រប់កលល្បិច ដើម្បីបង្ខំខ្ញុំឱ្យបោះបង់ព្រះ ហើយសម្ដីរបស់ពួកគេក៏ចាក់ដោតដួងចិត្តខ្ញុំដែរ។ ខ្ញុំជឿលើព្រះនៅប្រទេសថៃ ហើយពួកគេចង់គ្រប់គ្រងខ្ញុំ។ បើខ្ញុំនៅប្រទេសចិន ពួកគេប្រាកដជាបញ្ជូនខ្ញុំទៅពន្ធនាគារមិនខាន។ ខ្ញុំឃើញថា សាតាំងពិតជាអាក្រក់មែន និងឃើញទៀតថា ខ្ញុំមិនបានដើរលើផ្លូវដូចពួកគេទេ។ ពីសម្បកក្រៅ ពួកគេជាសាច់ញាតិរបស់ខ្ញុំ តែយើងមិនចុះសម្រុងគ្នាខាងវិញ្ញាណសោះឡើយ។ យើងគ្មានភាសាតែមួយ យើងមិនមែនជាប្រភេទមនុស្សដូចគ្នាទេ ហើយក៏គ្មានអារម្មណ៍ស្រឡាញ់ដូចមុនរវាងពួកយើងនោះដែរ។ ពេលល្ងាចនោះ ខ្ញុំបានមើលវីដេអូទីបន្ទាល់មួយ អំពីបងប្អូនប្រុសស្រីដែលត្រូវបក្សកុម្មុយនីស្តចិនធ្វើទារុណកម្ម។ មិនថាសាច់ឈាមពួកគេរងទុក្ខប៉ុនណាទេ ពួកគេបានតាំងចិត្តដើរតាមព្រះដដែល។ តាមរយៈការអធិស្ឋានទៅព្រះ និងការណែនាំពីព្រះបន្ទូលព្រះ ពួកគេអាចយកឈ្នះលើភាពកម្សោយខាងសាច់ឈាម ហើយអ្នកខ្លះថែមទាំងលះបង់ជីវិតរបស់ខ្លួន ដើម្បីប្រកាន់ខ្ជាប់នឹងទីបន្ទាល់របស់ខ្លួនទៀតផង។ បទពិសោធរបស់ពួកគេបានជំរុញចិត្តខ្ញុំជាខ្លាំង។ នៅក្នុងកាលៈទេសៈឈឺចាប់បែបនេះ ពួកគេនៅតែអាចរក្សាជំនឿរបស់ខ្លួនលើព្រះ និងមិនចុះញ៉មជាមួយសាតាំងបានដដែល។ ការធ្វើទុក្ខបុកម្នេញដែលខ្ញុំជួបនេះ មិនអាចផ្ទឹមនឹងពួកគេបានទេ។ ការនេះបានផ្ដល់ឱ្យខ្ញុំមានជំនឿកាន់តែខ្លាំង ដើម្បីប្រឈមរាល់អ្វីដែលអាចកើតឡើងនៅពេលក្រោយ។

គ្រប់ពេលដែលពួកគេមិនអាចបញ្ចុះបញ្ចូលខ្ញុំបាន ពួកគេបានញុះញង់ប្ដីខ្ញុំឱ្យមកបញ្ឈប់ខ្ញុំ ដោយនិយាយថា បើខ្ញុំជឿលើព្រះទៀត ខ្ញុំនឹងមិនចង់បានកូន ឬគ្រួសារឡើយ។ គ្រូគង្វាលក៏ផ្សាយសេចក្តីខុសឆ្គងបែបមួលបង្កាច់ ដើម្បីបោកបញ្ឆោតប្ដីខ្ញុំដែរ ដោយនិយាយថា ខ្ញុំជឿលើមនុស្សទេ។ បន្ទាប់ពីប្ដីខ្ញុំឮសេចក្តីទាំងនេះ គាត់បានដើរតាមពួកគេមកប្រឆាំងនឹងខ្ញុំ។ បើគាត់ឃើញខ្ញុំចូលរួមការជួបជុំតាមអនឡាញ ឬឆែកមើលវិបសាយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា គាត់តែងផ្ដាច់ខ្សែអ៊ីនធើណិតនៅផ្ទះ បន្ទាប់មក បិទទ្វារមិនឱ្យខ្ញុំចូលបន្ទប់ទេ។ គាត់បានធ្វើគ្រប់យ៉ាងដែលគាត់អាចធ្វើបាន ដើម្បីរំខាន និងរារាំងខ្ញុំមិនឱ្យចូលរួមការជួបជុំ ឬអានព្រះបន្ទូលព្រះ។ ខ្ញុំដឹងថា នេះជាការជ្រៀតជ្រែករបស់សាតាំង ដូច្នេះ ខ្ញុំមិនអាចសម្របតាមបានទេ។ ពេលប្ដីខ្ញុំឃើញថា គាត់មិនអាចឃាត់ខ្ញុំបាន គាត់ក៏និយាយថា៖ «បើអូនបន្តជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាទៀត យើងនឹងត្រូវលែងលះគ្នា! អូននឹងត្រូវចាកចេញពីផ្ទះនេះ។ ធ្វើការសម្រេចចិត្តនៅថ្ងៃនេះទៅ!» ខ្ញុំថា៖ «បើខ្ញុំមិនជឿលើព្រះទេ ខ្ញុំនឹងលះលែងបងតាំងពីយូរមកហើយ។ ពីមុន បងមានស្រីខាងក្រៅ តែខ្ញុំអត់ឱនឱ្យ ព្រោះតែខ្ញុំជឿលើព្រះ។ ដោយជឿលើព្រះ ខ្ញុំមិនបានធ្វើអ្វីខុសទេ ចុះហេតុអ្វីក៏បងព្យាយាមរារាំងខ្ញុំបែបនេះ? បើបងចង់លែងលះ និងបណ្ដេញខ្ញុំចេញ ខ្ញុំគ្មានជម្រើសនោះទេ។ ទោះបីខ្ញុំត្រូវចាកចេញពីផ្ទះនេះ ក៏ខ្ញុំនឹងនៅជឿលើព្រះដែរ!» ដូច្នេះ ខ្ញុំបានរៀបចំខោអាវ ហើយទៅនៅផ្ទះមិត្តភក្ដិខ្ញុំ។ ពេលនោះ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីបន្ទាប់ឡើយ។ ពេលខ្ញុំគិតដល់កូនតូចរបស់ខ្ញុំ ខ្ញុំហាក់អល់អែកក្នុងការចាកចេញ។ ដូច្នេះ ខ្ញុំបានទាក់ទងបងប្អូនប្រុសស្រី ដើម្បីប្រាប់ពួកគេអំពីសភាពខ្ញុំ ហើយប្អូនស្រីម្នាក់បានផ្ញើអត្ថបទមួយចេញពីព្រះបន្ទូលព្រះ។ «នៅលើដំណើរនៃកិច្ចការរបស់ទ្រង់ ចាប់តាំងពីដើមដំបូងមក ព្រះជាម្ចាស់បានកំណត់ទុកនូវការល្បងលសម្រាប់មនុស្សគ្រប់រូប ឬអ្នកអាចនិយាយបានថា មនុស្សគ្រប់រូបដែលដើរតាមទ្រង់ ហើយការល្បងលទាំងនោះសោត គឺមានគ្រប់ទំហំតែម្ដង។ មានមនុស្សដែលឆ្លងកាត់នូវការល្បងល តាមរយៈការជួបការបដិសេធពីក្រុមគ្រួសាររបស់គេ អ្នកដែលបានឆ្លងកាត់នូវការល្បងលនៃបរិយាកាសប្រឆាំង អ្នកដែលឆ្លងកាត់នូវការល្បងលដែលត្រូវគេចាប់ខ្លួន និងធ្វើទារុណកម្ម អ្នកដែលឆ្លងកាត់នូវការល្បងលដែលប្រឈមនឹងការសម្រេចចិត្ត និងអ្នកដែលប្រឈមនឹងល្បងលខាងលុយកាក់ និងឋានៈ។ បើនិយាយជាទូទៅ អ្នករាល់គ្នាម្នាក់ៗបានជួបនូវការល្បងលគ្រប់ប្រភេទ។ តើហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើបែបនេះ? ហេតុអ្វីបានជាទ្រង់ប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាបែបនេះ? តើទ្រង់ចង់បានលទ្ធផលបែបណាទៅ? នេះជាចំណុចសំខាន់ដែលខ្ញុំចង់ប្រាប់ឱ្យអ្នករាល់គ្នាដឹង៖ ព្រះជាម្ចាស់ចង់ដឹងថាតើបុគ្គលនេះជាប្រភេទមនុស្សដែលកោតខ្លាចទ្រង់ ហើយគេចចេញពីសេចក្ដីអាក្រក់ឬក៏អត់។ អត្ថន័យរបស់វាគឺថា នៅពេលដែលព្រះជាម្ចាស់កំពុងតែល្បងលអ្នក ហើយឱ្យអ្នកប្រឈមនឹងកាលៈទេសៈពិបាក បំណងព្រះហឫទ័យរបស់ទ្រង់ គឺដើម្បីល្បងលមើលថាតើអ្នកជាមនុស្សម្នាក់ដែលកោតខ្លាចទ្រង់ ហើយគេចចេញពីសេចក្ដីអាក្រក់ឬក៏អត់» («របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ បន្ទាប់ពីអានព្រះបន្ទូលនេះរួច ខ្ញុំយល់បានថា ការធ្វើទុក្ខបុកម្នេញដែលខ្ញុំជួបចេញពីគ្រួសារខ្ញុំនេះ ក៏ជាការល្បងលមួយសម្រាប់ខ្ញុំដែរ ដើម្បីចង់ដឹងមើលថាតើខ្ញុំផ្គាប់ព្រះទ័យព្រះ ឬក៏ផ្គាប់ចិត្តសាតាំង។ ខ្ញុំដឹងថា ខ្ញុំត្រូវតែជ្រើសរើស។ តែខ្ញុំនៅមានសង្ឃឹមតិចតួចក្នុងចិត្តដដែល។ ខ្ញុំនៅចង់ឱ្យប្ដីខ្ញុំប្ដូរចិត្តដដែល។ តែក្រោយមក ប្ដីខ្ញុំនិងប្អូនស្រីខ្ញុំ បានរកខ្ញុំឃើញ ហើយពួកគេបាននិយាយថា៖ «អូនត្រូវតែឈប់ជឿព្រះដ៏មានគ្រប់ព្រះចេស្ដានោះទៅ។ តើអូនមិនឃើញទេឬអី? អូនលែងចង់បានកូន និងគ្រួសារទៀតហើយ!» ខ្ញុំនិយាយទាំងខឹងទៅប្ដីខ្ញុំវិញថា៖ «ខ្ញុំមិនដែលថា ខ្ញុំមិនចង់បានកូន ឬគ្រួសារខ្ញុំនោះទេ។ ជាបងវិញទេដែលធ្វើទុក្ខបុកម្នេញខ្ញុំ រារាំងខ្ញុំមិនឱ្យជឿលើព្រះ និងថែមទាំងគំរាមចង់លែងលះគ្នាទៀតផង។ តើខ្ញុំអាចមានសេរីភាពខាងសាសនាតែបន្តិចបានទេ?» ឪពុកខ្ញុំក៏បានទូរសព្ទមកខ្ញុំ រួចសួរថា៖ «តើព្រះនេះនៅឯណាទៅ? ឈប់ជឿទៀតទៅ។ ឆាប់មកផ្ទះជាមួយប្ដីកូន ហើយរស់នៅជីវិតរីករាយវិញចុះ!» សម្ដីនេះធ្វើឱ្យខ្ញុំខឹងណាស់ ដូច្នេះ ខ្ញុំក៏ប្រកែកនឹងពួកគាត់ថា៖ «ការជឿលើព្រះ គ្មានអ្វីខុសទេ។ ហេតុអ្វីក៏អ្នករាល់គ្នាព្យាយាមគ្រប់គ្រងខ្ញុំបែបនេះ?» ពេលឪពុកខ្ញុំឮខ្ញុំនិយាយម៉ាត់ៗតាមទូរសព្ទបែបនេះ គាត់សុំឱ្យប្ដីខ្ញុំចាប់ចងខ្ញុំ រួចវាយខ្ញុំ ដោយនិយាយថា បើខ្ញុំស្លាប់ ចាំគាត់ទទួលខុសត្រូវ។ គាត់មិនបានវាយខ្ញុំទេ តែគាត់បានដកកាតធនាគារខ្ញុំទុក ក្រោយមក បានកម្ទេចទូរសព្ទ និងកុំព្យូទ័រខ្ញុំ។ បន្ទាប់មក ប្ដីនិងប្អូនស្រីខ្ញុំ បានបង្ខំឱ្យខ្ញុំចូលក្នុងឡាន រួចនាំខ្ញុំទៅផ្ទះវិញ។ នៅតាមផ្លូវ ពួកគាត់បានអង្គុយក្បែរខ្ញុំ រួចនិយាយគំរោះគំរើយដាក់ខ្ញុំទាំងពីរនាក់។ ការនេះធ្វើឱ្យខ្ញុំយល់អារម្មណ៍របស់បងប្អូនប្រុសស្រីជនជាតិចិន ដែលត្រូវបានប៉ូលិសចាប់ខ្លួន។ ខ្ញុំយល់ថា ពួកគេមិនមែនជាគ្រួសារខ្ញុំនោះឡើយ ហើយខ្ញុំក៏គ្មានសង្ឃឹមសម្រាប់ពួកគេទៀតដែរ។ ខ្ញុំមិនដឹងថា លើកក្រោយ គ្រួសារខ្ញុំនឹងធ្វើទុក្ខបុកម្នេញដល់ខ្ញុំបែបណានោះទេ ដូច្នេះ ខ្ញុំបានអធិស្ឋានស្ងាត់ៗក្នុងចិត្ត ទូលសុំឱ្យព្រះជួយណែនាំខ្ញុំឱ្យធ្វើការជ្រើសរើសយ៉ាងត្រឹមត្រូវ។ យប់នោះ ខ្ញុំពិបាកចិត្តជាខ្លាំង។ ភាគច្រើនកាលពេលនោះ ខ្ញុំបានផ្សាយដំណឹងល្អ តែឥឡូវ ខ្ញុំមិនអាចធ្វើអ្វីបានទេ។ តាំងពីគ្រួសារខ្ញុំដឹងថា ខ្ញុំជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាមក ពួកគេបានរួមដៃគ្នាមកធ្វើទុក្ខបុកម្នេញដល់ខ្ញុំ។ ព្រោះតែប្អូនថ្លៃខ្ញុំធ្វើការឱ្យរដ្ឋាភិបាលចិន និងមានលុយច្រើន ដូច្នេះ គ្រួសារខ្ញុំស្ដាប់តាមគាត់ ហើយគាត់បានចាក់រុកពួកគេឱ្យប្រើគ្រប់វិធីសាស្ត្រ ដើម្បីធ្វើទុក្ខបុកម្នេញខ្ញុំ រហូតពួកគេចង់វាយខ្ញុំដល់ស្លាប់ ដើម្បីកុំឱ្យខ្ញុំជឿលើព្រះទៀត។ ពេលនោះ ខ្ញុំបានឃើញមុខមាត់ពិតនៃការទាស់ទទឹងរបស់ពួកគេចំពោះព្រះ។ ពួកគេជាពួកអារក្ស ជាខ្មាំងសត្រូវរបស់ព្រះ។ ខ្ញុំបានគិតដល់របៀបដែលយ៉ូបជួបការល្បងលដ៏ឈឺចាប់បែបនេះ តែគាត់មិនបានរអ៊ូរទាំអំពីព្រះទេ។ ផ្ទុយទៅវិញ គាត់បានអធិស្ឋានស្ងាត់ៗនៅចំពោះព្រះ និងស្វែងរកព្រះទ័យព្រះ ដូច្នេះ ខ្ញុំក៏គួរតែពឹងអាងលើព្រះ ដើម្បីឈររឹងមាំដែរ ហើយមិនត្រូវចុះញ៉មតាមសាតាំងឡើយ ទោះបីមានកាលៈទេសៈបែបណាក៏ដោយ។

នៅថ្ងៃបន្ទាប់ ប្ដី និងឪពុកខ្ញុំ បាននាំខ្ញុំត្រលប់ទៅផ្ទះឪពុកម្ដាយខ្ញុំវិញ។ ម្ដាយខ្ញុំ និងប្រពន្ធបងប្រុសខ្ញុំខ្លាចខ្ញុំលួចរត់គេចខ្លួន ដូច្នេះ ពេលជួបខ្ញុំភ្លាម ពួកគាត់បានមករកខ្ញុំ រួចឱ្យខ្ញុំប្រគល់អត្តសញ្ញាណបណ្ណខ្ញុំដល់គាត់ភ្លាម។ ពួកគាត់មិនដែលផ្ដល់ឱកាសឱ្យខ្ញុំនៅម្នាក់ឯងទេ។ ពេលខ្ញុំងូតទឹក ឬទៅបន្ទប់ទឹក ម្ដាយខ្ញុំបានឈរយាមនៅខាងក្រៅ។ ពួកគាត់ថែមទាំងឱ្យក្មួយស្រីខ្ញុំគេងជាមួយខ្ញុំ ដើម្បីចាំឃ្លាំមើលខ្ញុំទៀតផង ហើយបើខ្ញុំបើកភ្លើងនៅពេលយប់ ម្ដាយខ្ញុំនឹងគោះទ្វារភ្លាម ដើម្បីចង់ដឹងថាខ្ញុំកំពុងធ្វើអ្វី រួចប្រាប់ខ្ញុំឱ្យបិទភ្លើងឆាប់ចូលគេងវិញ។ កាន់តែអាក្រក់មិនអាចទ្រាំបាននោះគឺ នៅម៉ោងបីបួនព្រឹក ម្ដាយខ្ញុំនឹងស្រែកឡូឡាគោះទ្វារ។ ទង្វើនេះធ្វើឱ្យខ្ញុំមួម៉ៅជាខ្លាំង។ នៅពេលថ្ងៃ ពួកគាត់ឃ្លាំមើលខ្ញុំយ៉ាងស្អិត។ ពួកគាត់មិនឱ្យខ្ញុំនិយាយជាមួយអ្នកដទៃ រួមទាំងស្ត្រីនៅក្បែរនោះផងដែរ ហើយអ្នកជិតខាងបានមើលមកខ្ញុំធ្វើដូចជាពួកគេមិនស្គាល់ខ្ញុំអ៊ីចឹង។ រាល់ថ្ងៃ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីធ្វើតាមការរៀបចំរបស់គ្រួសារសម្រាប់ខ្ញុំទេ។ ពួកគាត់បានចាត់ទុកខ្ញុំដូចជាអ្នកទោស និងឃ្លាំមើលខ្ញុំរាល់ថ្ងៃ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជានៅក្នុងគុកអ៊ីចឹង។ គ្រួសារខ្ញុំបានប្រព្រឹត្តចំពោះខ្ញុំបែបនេះ ព្រោះពួកគាត់ស្ដាប់តាមពាក្យចចាមអារ៉ាមរបស់បក្សកុម្មុយនីស្តចិន និងប្អូនថ្លៃស្រីខ្ញុំ។ ពួកគាត់ចង់កាត់ផ្ដាច់ចំណងទាក់ទងរបស់ខ្ញុំជាមួយបងប្អូនប្រុសស្រី និងធ្វើឱ្យខ្ញុំបាត់បង់ជំនឿលើព្រះបន្តិចម្ដងៗ។ រាល់ថ្ងៃ ខ្ញុំពិបាកចិត្តណាស់។ ខ្ញុំបាននឹកការជួបជុំ និងបងប្អូនប្រុសស្រី។ កិច្ចការរបស់ព្រះជិតមកដល់ទីបញ្ចប់ហើយ តែខ្ញុំមិនអាចចូលរួមការជួបជុំ មិនអាចអានព្រះបន្ទូល ឬបំពេញភារកិច្ចរបស់ខ្ញុំបានទេ។ តើខ្ញុំនឹងត្រូវផាត់ចោលដែរទេ? ខ្ញុំអន្ទះអន្ទែងចិត្តជាខ្លាំង ហើយខ្ញុំមានតែចង់រត់ចេញពីមជ្ឈដ្ឋាននេះ និងអាចជឿលើព្រះដោយសេរី។ ខ្ញុំបានពួននៅក្នុងបន្ទប់ទឹក និងអធិស្ឋានទៅព្រះ ដោយទូលសុំឱ្យទ្រង់បើកច្រកចេញមួយសម្រាប់ខ្ញុំ។ ក្រោយមក ឪពុកម្ដាយខ្ញុំបានសុំឱ្យខ្ញុំធ្វើការនៅក្នុងចម្ការក្រូចមួយកន្លែងជាមួយបងប្រុសខ្ញុំ និងប្រពន្ធគាត់ ជាទីដែលពួកគាត់អាចតាមដានខ្ញុំបាន។ បងថ្លៃស្រីខ្ញុំមិនសូវតឹងតែងចំពោះខ្ញុំក្នុងការជឿលើព្រះឡើយ ដូច្នេះ ពេលខ្ញុំធ្វើការនៅពេលថ្ងៃ ខ្ញុំបានប្រើទូរសព្ទដៃគាត់ ដើម្បីស្ដាប់ព្រះបន្ទូលព្រះតាមអនឡាញ។ ខ្ញុំអរព្រះគុណព្រះយ៉ាងអស់ពីចិត្ត ដែលបើកផ្លូវមួយនេះសម្រាប់ខ្ញុំ។

ខ្ញុំចាំបានថា មានអត្ថបទមួយចេញពីព្រះបន្ទូលព្រះ ដែលបានប៉ះពាល់ចិត្តខ្ញុំជាខ្លាំង។ «ក្រោយពីបានឆ្លងកាត់ការល្បងលទាំងពីរនេះហើយ យ៉ូបក៏ទទួលបានបទពិសោធកាន់តែច្រើន ហើយបទពិសោធនេះបានធ្វើឱ្យគាត់កាន់តែចាស់ទុំ និងកាន់តែចេះដឹង កាន់តែធ្វើឱ្យគាត់រឹងមាំ និងមានជំនឿកាន់តែអស្ចារ្យ ហើយក៏បានធ្វើឱ្យគាត់កាន់តែជឿជាក់លើភាពត្រឹមត្រូវ និងគុណតម្លៃនៃភាពទៀងត្រង់ដែលគាត់បានប្រកាន់ខ្ជាប់យ៉ាងមាំ។ ការល្បងលរបស់ព្រះយេហូវ៉ាដ៏ជាព្រះចំពោះ យ៉ូប ធ្វើឱ្យគាត់មានការស្គាល់និងការយល់ដឹងស៊ីជម្រៅអំពីព្រះទ័យខ្វល់ខ្វាយរបស់ព្រះជាម្ចាស់ចំពោះមនុស្ស និងឱ្យគាត់បានដឹងពីតម្លៃនៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលតាមរយៈនេះ ចំណុចគួរពិចារណា និងសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ក៏ត្រូវបានបន្ថែមទៅក្នុងការកោតខ្លាចដែល គាត់មានចំពោះព្រះជាម្ចាស់ដែរ។ ការល្បងលរបស់ព្រះយេហូវ៉ាដ៏ជាព្រះ មិនត្រឹមតែមិនបានធ្វើឱ្យយ៉ូបឃ្លាតចេញឆ្ងាយពីព្រះអង្គទេ តែបាននាំឱ្យចិត្តរបស់គាត់ចូលមកកៀកនឹងព្រះជាម្ចាស់កាន់តែខ្លាំងវិញ។ នៅពេលដែលការឈឺចាប់ខាងសាច់ឈាមដែលយ៉ូបឆ្លងកាត់ ឈានដល់កម្រិតកំពូលហើយ នោះគាត់ដឹងថា ព្រះយេហូវ៉ាដ៏ជាព្រះមានព្រះទ័យខ្វល់ខ្វាយចំពោះគាត់ ដូច្នេះគាត់គ្មានជម្រើសអ្វីក្រៅតែពីការដាក់បណ្ដាសាថ្ងៃកំណើតរបស់គាត់ឡើយ។ កិរិយាឫកពារបែបនេះ គឺមិនបានគ្រោងទុកជាយូរមកហើយនោះទេ តែជាការបើកសម្ដែងដោយឯកឯងពីការគិតគូរ និងសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះព្រះជាម្ចាស់នៅក្នុងចិត្តរបស់គាត់ ជាការបើកសម្ដែងដោយឯកឯងចេញពីការគិតគូរ និងសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះព្រះជាម្ចាស់។ នេះមានន័យថា ដោយសារគាត់ស្អប់ខ្លួនឯង ទើបគាត់មិនព្រម និងមិនអាចទ្រាំឱ្យព្រះជាម្ចាស់ឈឺចាប់បាន ដូច្នេះ ការគិតគូរ និងសេចក្ដីស្រឡាញ់របស់គាត់ ក៏ឈានដល់កម្រិតមួយដែលលែងគិតពីខ្លួនឯងទៀត។ នៅពេលនោះ គាត់ក៏បានលើកការស្ញប់ស្ងែង និងការស្រេកឃ្លានចង់បានព្រះជាម្ចាស់ និងភក្ដីភាពរបស់គាត់ចំពោះព្រះជាម្ចាស់ជាយូរមកហើយនោះឡើងទៅដល់កម្រិតដែលចេះគិតគូរ និងមានការស្រឡាញ់។ ក្នុងពេលជាមួយគ្នានោះ គាត់ក៏បានលើកសេចក្ដីជំនឿ និងការស្ដាប់បង្គាប់របស់គាត់ចំពោះព្រះជាម្ចាស់ និងការកោតខ្លាចព្រះជាម្ចាស់ ឡើងទៅដល់កម្រិតដែលចេះគិតគូរ និងមានការស្រឡាញ់ផងដែរ។ គាត់មិនបានបណ្ដោយខ្លួនគាត់ឱ្យធ្វើរឿងអ្វីដែលបង្កគ្រោះថ្នាក់ដល់ព្រះជាម្ចាស់ឡើយ គាត់មិនបានបណ្ដោយខ្លួនឱ្យប្រព្រឹត្តកិរិយាណាមួយដែលនាំឱ្យព្រះជាម្ចាស់ឈឺចាប់នោះទេ ហើយក៏មិនបណ្ដោយខ្លួនគាត់ឱ្យនាំក្ដីទុក្ខព្រួយ ក្ដីបារម្ភ ឬសូម្បីតែរឿងអពមង្គលដល់ព្រះជាម្ចាស់ ដោយសារតែមូលហេតុផ្ទាល់ខ្លួនដែរ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទោះបីយ៉ូបនៅតែជាយ៉ូបដូចកាលពីមុនក៏ដោយ ក៏សេចក្ដីជំនឿ ការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ បានធ្វើឱ្យព្រះជាម្ចាស់ពេញព្រះទ័យ និងត្រេកអរជាពន់ពេក។ នៅគ្រានោះ យ៉ូបបានសម្រេចភាពគ្រប់លក្ខណ៍ ដែលព្រះជាម្ចាស់រំពឹងថាគាត់នឹងសម្រេចបាន។ គាត់បានក្លាយជាមនុស្សម្នាក់ដែលស័ក្ដិសមនឹងហៅថា 'មនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់' នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ យ៉ូបបានជួបការល្បួង និងការវាយប្រហាររបស់សាតាំង កូន និងទ្រព្យសម្បត្តិទាំងអស់របស់គាត់ ត្រូវបានដកហូត រាងកាយគាត់ទាំងមូល ពេញដោយដំបៅ ហើយគាត់ឈឺចាប់សឹងតែទ្រាំមិនបាន ប៉ុន្តែ ព្រោះតែគាត់កោតខ្លាចព្រះ គាត់មិនបាននិយាយ ឬប្រព្រឹត្តទាំងទទឹងទិសទេ។ ផ្ទុយទៅវិញ គាត់បានចូលមកចំពោះព្រះជាមុន ដើម្បីអធិស្ឋាន និងស្វែងរកព្រះទ័យព្រះ។ គាត់ដឹងថា ព្រះទ័យព្រះគង់នៅជាមួយគាត់ក្នុងពេលគាត់ជួបទុក្ខវេទនា ហើយគាត់មានអារម្មណ៍ដឹងពីការមើលថែរបស់ព្រះចំពោះមនុស្ស។ យ៉ូបមិនអាចទ្រាំឱ្យព្រះរងការឈឺចាប់នោះទេ ដូច្នេះ គាត់សុខចិត្តដាក់បណ្ដាសាថ្ងៃដែលគាត់កើត ជាជាងស្ដីបន្ទោសព្រះ។ ចុងក្រោយ គាត់បានឈររឹងមាំ រួចនិយាយពាក្យបំបាក់មុខសាតាំងថា៖ «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា» (យ៉ូប ១:២១)។ មិនថាមិត្តភក្ដិ និងប្រពន្ធយ៉ូបសើចចំអកដាក់គាត់បែបណាទេ យ៉ូបបន្តមានជំនឿដ៏ពិតលើព្រះដដែល ហើយទីបន្ទាល់របស់គាត់បានបំបាក់មុខសាតាំង ដែលមិនអាចចោទប្រកាន់គាត់ទៀតហើយ។ តាមរយៈបទពិសោធនេះ ខ្ញុំដឹងថា ខ្ញុំមិនបានពឹងអាងលើព្រះ ដើម្បីកុំឱ្យចាញ់បញ្ឆោតផែនការសាតាំង ឬស្វែងយល់ពីបំណងល្អរបស់ព្រះនៅក្នុងបរិយាកាសនេះឡើយ។ ផ្ទុយទៅវិញ ខ្ញុំបានទាស់ទទឹង រអ៊ូរទាំ និងបណ្ដោយឱ្យសាតាំងសើចដាក់ខ្ញុំ។ ពេលខ្ញុំសញ្ជឹងគិតលើព្រះបន្ទូលព្រះ ខ្ញុំបានអធិស្ឋានទៅព្រះ ហើយជំនឿខ្ញុំបានរីកចម្រើនឡើង៖ មិនថាលើកក្រោយ ខ្ញុំជួបបរិយាកាសបែបណាទេ ខ្ញុំនឹងយកតម្រាប់តាមយ៉ូប ប្រកាន់ខ្ជាប់នឹងទីបន្ទាល់ខ្ញុំសម្រាប់ព្រះ និងបំបាក់មុខសាតាំង។

រាល់ថ្ងៃ ខ្ញុំទៅធ្វើការនៅតាមវាលជាមួយបងប្រុសខ្ញុំ និងប្រពន្ធគាត់។ ពេលឃើញក្ដីស្រឡាញ់រវាងបងប្រុស និងបងថ្លៃ ឃើញពីរបៀបដែលពួកគាត់ទៅធ្វើការ និងត្រលប់មកវិញជាមួយគ្នា ខ្ញុំកើតចិត្តច្រណែននឹងពួកគាត់។ ហេតុអ្វីក៏ខ្ញុំមិនអាចមានជីវិតគ្រួសារតាមធម្មតាបាន? ពេលគិតដល់រឿងនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំចង់សម្របតាម។ ជាពិសេស ពេលពួកគាត់ធ្វើម្ហូប ហើយខ្ញុំឃើញគ្រួសារពួកគាត់នៅជុំគ្នា និងសប្បាយរីករាយ ក្នុងពេលខ្ញុំនៅតែម្នាក់ឯង ដួងចិត្តខ្ញុំបានទន់ខ្សោយ ហើយខ្ញុំមិនអាចទប់ទឹកភ្នែកបានឡើយ។ ខ្ញុំដឹងថា ខ្ញុំបានខ្វល់ខ្វាយពីសាច់ឈាម ហើយខ្ញុំបានគិតពីព្រះដែលត្រលប់ជាសាច់ឈាមនៅគ្រាចុងក្រោយ និងសម្ដែងចេញសេចក្តីពិត ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្ស។ នេះជាពេលដ៏សំខាន់ ដែលត្រូវដេញតាមសេចក្តីពិត តែប្ដីខ្ញុំបានបង្ខំខ្ញុំឱ្យឈប់ជឿលើព្រះទៅវិញ។ យើងគ្មានអ្វីដូចគ្នាទេ ហើយសូម្បីតែពេលដែលយើងនៅជាមួយគ្នាទាំងអល់អែក ក៏យើងមិនសប្បាយដែរ។ ពេលខ្ញុំគិតដល់រឿងនេះ ខ្ញុំមិនសូវសប្បាយចិត្តឡើយ។ ខ្ញុំបានខ្ចីទូរសព្ទបងថ្លៃស្រីខ្ញុំ ដើម្បីលួចស្ដាប់ទំនុកតម្កើង ដែលបង្ហាញថា៖ «អ្នកគួរតែបោះបង់គ្រប់យ៉ាងសម្រាប់សេចក្តីពិត»

អ្នកត្រូវតែរងទុក្ខលំបាកសម្រាប់សេចក្តីពិត អ្នកត្រូវតែថ្វាយខ្លួនឯងដល់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងភាពអាម៉ាស់សម្រាប់សេចក្តីពិត ហើយដើម្បីទទួលបានសេចក្តីពិតកាន់តែច្រើន អ្នកត្រូវតែរងទុក្ខវេទនាកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ។ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ដល់ជីវិតក្រុមគ្រួសារដ៏សុខស្រួលឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពនៃជីវិតរបស់អ្នកសម្រាប់តែប្រយោជន៍ដល់ភាពសប្បាយតែមួយភ្លែតនោះដែរ។

អ្នកគួរតែបន្តដេញតាមអ្វីគ្រប់យ៉ាងដែលស្រស់ស្អាតនិងល្អ ហើយអ្នកគួរតែបន្តដេញតាមផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ។ ប្រសិនបើអ្នករស់នៅក្នុងជីវិតដ៏ថោកទាបបែបនេះ ហើយមិនបន្តស្វែងរកវត្ថុបំណងណាមួយទេ តើអ្នកមិនខ្ជះខ្ជាយជីវិតរបស់អ្នកទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះទៅចេញពីជីវិតបែបនេះ? អ្នកគួរតែបោះបង់ចោលរាល់សេចក្តីសប្បាយទាំងឡាយខាងសាច់ឈាមសម្រាប់ជាប្រយោជន៍ដល់សេចក្តីពិត ហើយមិនគួរគ្រវាត់ចោលគ្រប់ទាំងសេចក្តីពិតដើម្បីសេចក្តីសប្បាយតែបន្ដិចនោះឡើយ។ មនុស្សបែបនេះគ្មានសុចរិតភាព ឬសេចក្តីថ្លៃថ្នូរឡើយ ហើយជីវិតរបស់គេក៏គ្មានអត្ថន័យអ្វីដែរ!

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

អរព្រះគុណព្រះ ដែលជួយឱ្យខ្ញុំឮបទចម្រៀងនេះនាពេលនេះ។ ខ្ញុំដឹងថា ខ្ញុំមិនអាចបោះបង់ការដេញតាមសេចក្តីពិត ដើម្បីភាពរីករាយតែបន្តិចខាងសាច់ឈាមនោះទេ។ ឥឡូវ ព្រះកំពុងធ្វើការជំនុំជម្រះនៅគ្រាចុងក្រោយ ដើម្បីបិទបញ្ចប់យុគសម័យនេះជាស្ថាពរ។ បើយើងមិនទទួលបានសេចក្តីពិតទេ យើងនឹងបាត់បង់ឱកាស ដើម្បីទទួលបានការសង្រ្គោះ ហើយចុងក្រោយ យើងគ្រប់គ្នានឹងត្រូវធ្លាក់ក្នុងមហន្តរាយ និងត្រូវវិនាសមិនខាន។ បើយើងមានជីវិតគ្រួសារដ៏រីករាយ តើវាសំខាន់អ្វីទៅ? តើអ្វីៗទាំងនេះមិនមែនជារឿងបណ្ដោះអាសន្នទេឬអី? គ្មានការឈឺចាប់ និងការបាត់បង់ណា ធំជាងការមិនទទួលបានសេចក្តីពិតនោះទេ។ ពេលគិតដល់រឿងនេះ ខ្ញុំបានធូរចិត្តច្រើនណាស់ ដូចខ្ញុំបានជួបព្រះមុខទល់នឹងមុខអ៊ីចឹង។ ខ្ញុំមានអារម្មណ៍សុវត្ថិភាព និងរីករាយនៅក្នុងចិត្ត ហើយខ្ញុំលែងមានអារម្មណ៍ឯកាទៀតហើយ។

ក្រោយពេលរស់នៅក្នុងផ្ទះឪពុកម្ដាយខ្ញុំបានបីសប្ដាហ៍ ថ្ងៃមួយ ខ្ញុំបានលួចរត់ ក្នុងពេលដែលគ្រួសារខ្ញុំមិនបានចាប់អារម្មណ៍ ហើយបានទៅស្នាក់នៅក្នុងសណ្ឋាគារមួយ តែក្មួយស្រី និងបងប្រុសខ្ញុំបានរកខ្ញុំឃើញ រួចនាំខ្ញុំត្រលប់ទៅវិញ។ ក្រោយមក ឪពុកម្ដាយខ្ញុំបានហៅអ្នកភូមិទាំងអស់មកផ្ទះយើង ដើម្បីញ៉ាំអាហារពេលល្ងាច ហើយសុំឱ្យពួកគេជួយឃ្លាំមើលខ្ញុំ និងចាប់ខ្ញុំ បើគេឃើញខ្ញុំរត់គេច។ ប្ដីខ្ញុំបានមកជាមួយកូនប្រុសរបស់យើង ដែលមានអាយុប្រាំឆ្នាំ ដើម្បីសុំឱ្យខ្ញុំឈប់ជឿ និងត្រលប់ទៅផ្ទះវិញជាមួយគាត់។ កូនប្រុសខ្ញុំមិនហ៊ានចូលជិតខ្ញុំទេ ហើយពេលខ្ញុំសួរគាត់ពីមូលហេតុ គាត់ថា៖ «ប៉ាថា ម៉ាក់ឆ្កួត និងអាចសម្លាប់កូន»។ ពេលឮបែបនេះ ខ្ញុំខឹងជាខ្លាំង។ ខ្ញុំមិននឹកស្មានថា គាត់បង្រៀនកូនក្មេងបែបនេះទេ។ ក្រោយមក ខ្ញុំនិងកូនខ្ញុំ មិនអាចមានទំនាក់ទំនងតាមធម្មតានោះទេ។ មានតែពេលដែលខ្ញុំទិញស្ករគ្រាប់ឱ្យគាត់ប៉ុណ្ណោះ ទើបកូនខ្ញុំហ៊ាននិយាយជាមួយខ្ញុំ។ ខ្ញុំពិបាកចិត្តជាខ្លាំង ហើយប្រាថ្នាថា គ្រួសារខ្ញុំនឹងឈប់ព្យាយាមបង្ខំខ្ញុំទៀត តែខ្ញុំដឹងថា ខ្ញុំយល់ខុសហើយ។ ពួកគេគ្រប់គ្នាសុទ្ធតែស្អប់ព្រះ ហើយពួកគេនឹងគ្មានថ្ងៃផ្លាស់ប្ដូរឡើយ។ ប្ដីខ្ញុំនៅតែព្យាយាមបញ្ចុះបញ្ចូលខ្ញុំ ហើយឪពុកម្ដាយខ្ញុំបន្តសុំឱ្យខ្ញុំកុំជឿតទៅទៀត។ ខ្ញុំថា៖ «ខ្ញុំមិនអាចឈប់ជឿលើព្រះបានទេ»។ ពេលគាត់ឃើញថា ខ្ញុំបានតាំងចិត្តបែបនេះ ប្ដីខ្ញុំបានយកកូនប្រុសខ្ញុំត្រលប់ទៅផ្ទះវិញ។

នាព្រឹកមួយ មួយសប្ដាហ៍ក្រោយមក បងប្រុសខ្ញុំបានត្រលប់មកពីក្រុងវិញ ទាំងកាន់ខោអាវខ្ញុំមួយឈុតក្នុងដៃ។ គាត់ថា៖ «បងបានទៅរកគ្រូដេញខ្មោចតាំងពីព្រលឹម ដើម្បីបន្សុទ្ធឯង»។ ពេលនោះ ឪពុកខ្ញុំក៏បានដើរចេញពីបន្ទប់ រួចបង្គាប់ខ្ញុំឱ្យប្រញាប់ពាក់ខោអាវនោះថា៖ «បើកូនពាក់ខោអាវនេះ នោះកូននឹងបានជាមិនខាន»។ ខ្ញុំថា៖ «ខ្ញុំមិនពាក់ទេ។ ខ្ញុំគ្មានខ្មោចចូលទេ ហើយក៏គ្មានជំងឺអ្វីនោះដែរ ខ្ញុំជឿលើព្រះដ៏ពិតមួយអង្គ»។ ពេលឪពុកខ្ញុំឃើញខ្ញុំមិនទទួលយក «ការព្យាបាល» របស់ពួកគេ គាត់បានបង្ខំខ្ញុំឱ្យអង្គុយនៅលើកៅអីមួយ។ ទាំងដៃកាន់ដំបងប៉ុនកំភួនដៃខ្ញុំ គាត់និយាយទាំងទឹកមុខក្រញូវថា៖ «ព្រោះឯងមិនស្ដាប់បង្គាប់ ចាំមើលថាអញអាចផ្តល់មេរៀនឯងថ្ងៃនេះបានអត់! អញមិនដែលវាយឯងពីមុនទេ តែថ្ងៃនេះ អញនឹងវាយប្រដៅឯងឱ្យឃើញម្ដង។ ហើយបើឯងមិនឈប់ជឿព្រះនោះទេ អញនឹងវាយឯងដល់ស្លាប់!» ខ្ញុំមិនដែលឃើញឪពុកខ្ញុំខឹងខ្លាំងបែបនេះទេ។ ខ្ញុំខ្លាចត្រូវរំពាត់ ហើយដំបងនោះធំណាស់ អាចធ្វើឱ្យខ្ញុំបាក់ឆ្អឹងបាន។ ពេលឪពុកខ្ញុំសុំឱ្យខ្ញុំប្ដូរខោអាវ ខ្ញុំបានប្រញាប់អធិស្ឋានទៅព្រះថា៖ មិនថាមានរឿងអ្វីកើតឡើងទេ ខ្ញុំមិនអាចចុះញ៉មតាមសាតាំងទេ។ ខ្ញុំបានគិតពីរបៀបដែលសាតាំងបានល្បួង និងវាយប្រហារយ៉ូបម្ដងហើយម្ដងទៀត តែយ៉ូបរក្សាសុចរិតភាពរបស់គាត់ ប្រកាន់ខ្ជាប់នឹងទីបន្ទាល់របស់គាត់ ហើយចុងក្រោយ សាតាំងត្រូវបាក់មុខ បរាជ័យ និងបោះបង់ចោលទាំងស្រុង។ ទោះបីខ្ញុំអន់ជាងយ៉ូបឆ្ងាយក៏ដោយ ក៏ខ្ញុំដឹងថា សាតាំងកំពុងមករកខ្ញុំដែរ ដោយព្យាយាមបំផ្លាញជំនឿខ្ញុំលើព្រះបន្តិចម្ដងៗ ធ្វើឱ្យខ្ញុំបាក់ទឹកចិត្ត និងខកចិត្តលើព្រះ ហើយចុងក្រោយ ធ្វើឱ្យខ្ញុំក្បត់ព្រះ។ ខ្ញុំមិនអាចចាញ់បញ្ឆោតសាតាំងបានទេ។ ដូច្នេះ ខ្ញុំបានអធិស្ឋានស្បថសច្ចាទៅព្រះថា៖ «ឱព្រះជាម្ចាស់អើយ ទោះបីខ្ញុំម្ចាស់ត្រូវគេវាយដំដល់ស្លាប់ក៏ដោយ ក៏ខ្ញុំម្ចាស់នឹងមិនចុះញ៉មតាមសាតាំងដែរ។ ខ្ញុំម្ចាស់នឹងមិនលះបង់ជំនឿរបស់ខ្ញុំលើទ្រង់ទេ ហើយខ្ញុំម្ចាស់នឹងប្រកាន់ខ្ជាប់តាមទីបន្ទាល់របស់ខ្ញុំចំពោះទ្រង់»។ ក្រោយអធិស្ឋានរួច ខ្ញុំលែងមានអារម្មណ៍ខ្លាច ហើយខ្ញុំហ៊ានប្រថុយគ្រប់យ៉ាង។ ឃ្លាមួយចេញពីទំនុកតម្កើង បានផុសឡើងយ៉ាងច្បាស់នៅក្នុងគំនិតខ្ញុំថា៖ «ខ្ញុំមិនត្រូវបោះបង់សេចក្ដីប្រាថ្នារបស់ខ្ញុំ និងការតាំងចិត្តរបស់ខ្ញុំឡើយ។ ការបោះបង់ចោលនឹងប្រៀបដូចជាការសម្រុះសម្រួលជាមួយសាតាំង ប្រៀបដូចជាការធ្វើឱ្យខ្លួនឯងវិនាស និងប្រៀបដូចជាការផិតក្បត់ព្រះជាម្ចាស់អ៊ីចឹង» («ការតាំងចិត្តដែលចាំបាច់ដើម្បីស្វែងរកសេក្ដីពិត» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ព្រះបន្ទូលនេះបានផ្ដល់ឱ្យខ្ញុំមានទំនុកចិត្ត និងកម្លាំង។ ខ្ញុំនឹងមិនចុះញ៉មតាមសាតាំងទេ។ ឪពុកខ្ញុំបានកាន់ដំបងក្នុងដៃចូលមករកខ្ញុំ រួចហៀបនឹងវាយខ្ញុំ។ គាត់មើលទៅដូចជាអារក្សអ៊ីចឹង តែខ្ញុំមិនខ្លាចសោះឡើយ។ ពេលនោះ ប្ដីនិងម្ដាយខ្ញុំ ទើបតែត្រលប់មកពីទីវាលវិញ។ ម្ដាយខ្ញុំបានលោតមកបាំងខាងមុខខ្ញុំ ដើម្បីរារាំងឪពុកខ្ញុំ ក្រោយមក បានបញ្ចុះបញ្ចូលខ្ញុំមិនឱ្យជឿព្រះតទៅទៀត។ ខ្ញុំថា៖ «ការជឿលើព្រះ មិនមែនជាអំពើចោរកម្ម លួចប្លន់ទេ ហើយខ្ញុំក៏មិនបានបំផ្លាញគ្រួសារអ្នកណាដែរ។ អ្វីដែលខ្ញុំធ្វើ គឺទៅចូលរួមការជួបជុំប៉ុណ្ណោះ។ តើខ្ញុំបានធ្វើអ្វីខុសទៅ ទើបធ្វើឱ្យអ្នករាល់គ្នាចង់វាយខ្ញុំដល់ស្លាប់បែបនេះ? តើអ្នករាល់គ្នានៅជាគ្រួសារខ្ញុំទេ?» ក្មួយស្រីខ្ញុំនិយាយបែបចំអកថា៖ «មីង សាកមើលទៅមនុស្សដែលមានឡានមានលុយចុះ។ មីងជឿលើព្រះ ចុះព្រះមីងបានឱ្យមីងអ្វីខ្លះហើយ?» ខ្ញុំថា៖ «តើរបស់ទាំងនោះមានប្រយោជន៍អ្វីទៅ? ពេលគ្រោះមហន្តរាយកើតឡើង តើរបស់ទាំងនេះនឹងសង្គ្រោះជីវិតបានទេ? មានតែព្រះប៉ុណ្ណោះ ទើបអាចសង្រ្គោះមនុស្សបាន។ បើក្មួយចង់ដេញតាមរបស់ទាំងនោះ មីងមិនរារាំងក្មួយទេ។ មីងជឿលើព្រះ ចុះហេតុអ្វីក៏ក្មួយជ្រៀតជ្រែករឿងមីងដូច្នេះ?» ក្មួយស្រីខ្ញុំបាននិយាយទាំងកំហឹងថា៖ «បើមីងមិនឈប់ជឿលើព្រះទេ មីងមិនអាចបន្ទោសយើង ដែលគ្មានមេត្តាចំពោះមីងបានឡើយ។ យើងនឹងចងមីងព្យួរបីថ្ងៃបីយប់ ពេលនោះ ចាំមើលថាមីងនៅជឿទៀតអត់!» ពេលនោះ គ្រួសារទាំងមូលក៏យល់ស្របព្យួរខ្ញុំដែរ ហើយមិនដាក់ខ្ញុំចុះឡើយ រហូតដល់ខ្ញុំឈប់ជឿលើព្រះ។ ខ្ញុំបានខឹងជាខ្លាំង។ ម្ដេចក៏គ្រួសារខ្ញុំទៅជាបែបនេះ? ពួកគេជាពួកអារក្សហើយ។ ពេលនោះ ខ្ញុំខ្លាចបន្តិចដែរ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះ ដើម្បីឱ្យទ្រង់ដឹកនាំខ្ញុំ។ ប្ដីខ្ញុំបានព្យាយាមបញ្ចុះបញ្ចូលខ្ញុំថា៖ «ជំនឿអូនលើព្រះអម្ចាស់យេស៊ូវ គ្រាន់តែជាជំនឿមួយប៉ុណ្ណោះ។ ហេតុអ្វីក៏អូនតឹងតែងខ្លាំងម្ល៉េះអំពីរឿងនេះ? ឈប់ជឿព្រះទៅ»។ ខ្ញុំថា៖ «បើបងមិនទទួលស្គាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញ ដើម្បីសង្រ្គោះបងទេ ខ្ញុំក៏មិនបង្ខំបងឱ្យជឿនោះដែរ ដូច្នេះ សូមឈប់បង្ខំខ្ញុំទៀតទៅ។ ខ្ញុំនឹងដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា!» ក្រោយពេលខ្ញុំប្រកាសយ៉ាងដាច់ខាតទៅកាន់គ្រួសារខ្ញុំ ពួកគេបានស្ងាត់មាត់ឈឹង ហើយខ្ញុំដឹងថា សាតាំងបានចាញ់ហើយ។ ក្នុងដួងចិត្តខ្ញុំពេញដោយភាពផ្អែមល្អែម ដែលខ្ញុំមិនធ្លាប់មានពីមុនឡើយ ហើយខ្ញុំបានដឹងគុណព្រះជាខ្លាំង!

ក្រោយមក គ្រួសារខ្ញុំនៅតែបន្តឃុំឃាំងខ្ញុំនៅក្នុងផ្ទះដដែល។ ប៉ុន្តែ ខ្ញុំលែងមានអារម្មណ៍កើតទុក្ខទៀតហើយ ហើយខ្ញុំព្រមស្ដាប់បង្គាប់ និងរៀនមេរៀននៅក្នុងបរិយាកាសនេះ។ ជានិច្ចកាល ពេលពួកគេមិនចាប់អារម្មណ៍ ខ្ញុំយកទូរសព្ទបងថ្លៃស្រីខ្ញុំមកស្ដាប់ព្រះបន្ទូលប្រចាំថ្ងៃតាមអនឡាន។ ខ្ញុំតែងអធិស្ឋានទៅព្រះ ហើយខ្ញុំស្ម័គ្រចិត្តចុះចូលតាមការរៀបចំរបស់ព្រះ។ ចំពោះពេលដែលខ្ញុំអាចចាកចេញនោះគឺអាស្រ័យលើព្រះ ហើយខ្ញុំព្រមរង់ចាំ។ បន្តិចម្ដងៗ គ្រួសារខ្ញុំបានឃ្លាំមើលខ្ញុំកាន់តែតិច។ ម្ដងនោះ គ្រួសារមួយនៅក្នុងភូមិ បានរៀបចំពិធីមង្គលការ ហើយសមាជិកគ្រួសារខ្ញុំទាំងអស់បានទៅចូលរួម។ ខ្ញុំបានយកឱកាសនេះ ដើម្បីលួចរត់។ ក្រោយមក ខ្ញុំបានទាក់ទងបងប្អូនប្រុសស្រី រួចបានចាកចេញពីស្រុកកំណើតខ្ញុំ។ ឥឡូវ ទីបំផុត ខ្ញុំមានសេរីភាពជឿលើព្រះ និងបំពេញភារកិច្ចខ្ញុំហើយ។ ក្នុងពេលនេះ ខ្ញុំបានឆ្លងកាត់ការធ្វើទុក្ខបុកម្នេញពីគ្រួសារខ្ញុំ ហើយទោះបីខ្ញុំរងទុក្ខបន្តិចក្ដី ក៏ខ្ញុំទទួលបានច្រើនដែរ។ ខ្ញុំអាចឃើញកាន់តែច្បាស់ពីភាពអាក្រក់របស់បក្សកុម្មុយនីស្តចិន និងសារជាតិនៃការទាស់ទទឹងនឹងព្រះរបស់គ្រួសារខ្ញុំ ហើយខ្ញុំបានដកពិសោធន៍ជាក់ស្ដែងថា ព្រះគង់នៅក្បែរខ្ញុំ និងចាំជួយគាំទ្រខ្ញុំ។ គ្រប់ពេល ខ្ញុំអវិជ្ជមាន និងទន់ខ្សោយ ព្រះប្រើព្រះបន្ទូលទ្រង់ ដើម្បីបំភ្លឺខ្ញុំ ដឹកនាំខ្ញុំ និងប្រទានចិត្តក្លាហាន និងប្រាជ្ញាដល់ខ្ញុំ ដើម្បីឱ្យខ្ញុំមានទំនុកចិត្តឈរយ៉ាងរឹងមាំ។ អរព្រះគុណដល់ព្រះដ៏មានគ្រប់ព្រះចេស្ដា!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការរួចផុតពី ទ្រុងគ្រួសារ

ដោយលីនស៊ី ប្រទេសចិន ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយក្នុងឆ្នាំ២០០៥។ ក្នុងពេលនោះដែរ តាមរយៈការជួបជុំ...

ការមើលធ្លុះពីអំពើអាក្រក់របស់គ្រូគង្វាល

ខ្ញុំបានជួបបងស្រីម្នាក់តាមអនឡាញ កាលពីខែកញ្ញា ឆ្នាំ២០២០។ គាត់ប្រាប់ខ្ញុំថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញហើយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា...

ពាក់ព័ន្ធនឹងការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ តើគួរស្ដាប់តាមនរណា?

តើអ្វីទៅជាគន្លឹះក្នុងការការទទួលការយាងមករបស់ព្រះអម្ចាស់? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ» (យ៉ូហាន ១០:២៧)។...

Leave a Reply