ការរួចផុតពី ទ្រុងគ្រួសារ

11-07-2023

ដោយលីនស៊ី ប្រទេសចិន

ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយក្នុងឆ្នាំ២០០៥។ ក្នុងពេលនោះដែរ តាមរយៈការជួបជុំ និងការអានបន្ទូលព្រះ ខ្ញុំបានរៀនសូត្រពីសេចក្តីពិត និងអាថ៌កំបាំងជាច្រើន ដែលខ្ញុំមិនធ្លាប់បានឮពីមុនមក៖ ខ្ញុំចាប់ផ្ដើមដឹងពីរបៀបដែលព្រះគ្រប់គ្រង និងសង្គ្រោះមនុស្សជាតិ ហើយខ្ញុំបានដឹងពីគោលបំណង គុណតម្លៃ និងអត្ថន័យនៃជីវិតមនុស្ស ក៏ដូចជាលទ្ធផល និងទិសដៅរបស់មនុស្សផងដែរ។ តាមរយៈការអានបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំអាចដោះស្រាយបញ្ហា និងការលំបាកជាច្រើននៅក្នុងជីវិតខ្ញុំបាន។ ខ្ញុំមានអារម្មណ៍ល្អពេលជឿព្រះ។ តែពេលប្ដីខ្ញុំដឹង គាត់ក៏តាំងចិត្តប្រឆាំងនឹងជំនឿខ្ញុំ។ ពូខ្ញុំធ្លាប់ត្រូវប៉ូលិសបក្សកុម្មុយនីស្តចិនចាប់ខ្លួន ព្រោះតែគាត់ជឿលើព្រះអម្ចាស់។ ប្ដីខ្ញុំដឹងថា បក្សកុម្មុយនីស្តចិនហាមគ្រប់គ្នាមិនឱ្យជឿលើព្រះឡើយ ម្ល៉ោះហើយគាត់បារម្ភខ្លាចខ្ញុំត្រូវគេចាប់ខ្លួនដែរ ហើយវានឹងពាក់ព័ន្ធដល់គ្រួសារទាំងមូល ដូច្នេះ គាត់បានជំទាស់នឹងជំនឿខ្ញុំយ៉ាងខ្លាំង។ ពេលនោះ ខ្ញុំក៏ជាគ្រូបង្រៀនជំនួសម្នាក់ផងដែរ គាត់បារម្ភខ្លាចសាលាដឹងរឿងនេះ ហើយបណ្ដេញខ្ញុំចេញ ដូច្នេះ គាត់បានដាក់សម្ពាធលើខ្ញុំយ៉ាងខ្លាំង និងបានរារាំងខ្ញុំ។

ប្ដីខ្ញុំមិនឱ្យខ្ញុំអានបន្ទូលព្រះ ឬស្ដាប់ទំនុកតម្កើងទេ ហើយគាត់ក៏មិនឱ្យខ្ញុំចូលរួមការជួបជុំ ឬបំពេញភារកិច្ចខ្ញុំដែរ។ ម្ដងនោះ ខ្ញុំចាំបានថា គាត់បានឃើញខ្ញុំអានបន្ទូលព្រះ ហើយគាត់ខឹងយ៉ាងខ្លាំង។ គាត់ថា៖ «រដ្ឋាភិបាលហាមអូនឯងមិនឱ្យជឿទេ តែអូនឯងនៅតែជឿទៀត! បើសមាជិកគណៈកម្មការអប់រំដឹងរឿងនេះ អូនឯងមិនត្រឹមតែបាត់បង់ការងារប៉ុណ្ណោះទេ តែត្រូវគេបញ្ជូនចូលគុកទៀតផង។ បងគ្មានលុយសូកប៉ាន់គេទេ ដូច្នេះ យកល្អ អូនឯងគួរតែឈប់ជឿទៅ កុំឱ្យហួសពេលទាន់!» ក្រោយមក ពេលខ្ញុំបន្តជឿទៀត គាត់បានគំរាមខ្ញុំថា៖ «ដរាបណាអញនៅមានដង្ហើម កុំស្រមៃចង់ប្រណិប័តន៍ជំនឿឱ្យសោះ»! ពេលឮបែបនេះ ការតាំងចិត្តខ្ញុំក៏ថយចុះវិញ។ ខ្ញុំគិតថា៖ «ប្ដីខ្ញុំដាច់ខាតមិនឱ្យខ្ញុំប្រណិប័តន៍ជំនឿទេ តែខ្ញុំនៅតែទទូចជឿទៀត។ ដូច្នេះ តើគាត់នឹងធ្វើដាក់ខ្ញុំយ៉ាងណាទៅ?» ពេលនោះ ខ្ញុំបានគិតដល់អត្ថបទព្រះបន្ទូលមួយថា៖ «អ្នកត្រូវតែមានភាពក្លាហានរបស់ខ្ញុំនៅក្នុងខ្លួនអ្នក ហើយអ្នកត្រូវតែមានគោលការណ៍ នៅពេលប្រឈមនឹងសាច់ញាតិដែលមិនជឿ។ ទោះយ៉ាងណាក៏ដោយ ដើម្បីជាប្រយោជន៍ដល់ខ្ញុំ អ្នកក៏មិនត្រូវទោរទន់ទៅតាមវិញ្ញាណអាក្រក់នោះដែរ។ ចូរពឹងផ្អែកលើប្រាជ្ញារបស់ខ្ញុំ ដើម្បីដើរតាមផ្លូវដ៏គ្រប់លក្ខណ៍។ មិនត្រូវអនុញ្ញាតឱ្យមានការឃុបឃិតណាមួយរបស់សាតាំងកើតមានឡើយ។ ចូរដាក់ការខិតខំប្រឹងប្រែងទាំងអស់របស់អ្នក ដោយការដាក់ចិត្តរបស់អ្នកនៅចំពោះខ្ញុំ ហើយខ្ញុំនឹងកម្សាន្តចិត្តអ្នក និងផ្ដល់ឱ្យអ្នកនូវសន្តិភាព និងសុភមង្គល» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទូលព្រះជំរុញលើកទឹកចិត្តខ្ញុំជាខ្លាំង។ ខ្ញុំបានគិតពីរបៀបដែលប្ដីខ្ញុំបានចាញ់បញ្ឆោតបក្សកុម្មុយនីស្តចិន រហូតដល់គំរាមខ្ញុំ ដើម្បីបង្ខំខ្ញុំឱ្យបោះបង់ជំនឿចោល។ ពីសម្បកក្រៅ មើលទៅដូចជាប្ដីខ្ញុំកំពុងដាក់សម្ពាធ និងរារាំងខ្ញុំមិនឱ្យដើរតាមព្រះអ៊ីចឹង តែតាមពិត សាតាំងកំពុងធ្វើការតាមរយៈគាត់ ដើម្បីបង្ខំខ្ញុំឱ្យក្បត់ព្រះ និងបាត់បង់សេចក្តីសង្រ្គោះរបស់ព្រះ។ ខ្ញុំមិនអាចចាញ់ល្បិចសាតាំង ឬចុះញ៉មនឹងសាតាំងបានឡើយ។ ខ្ញុំជឿថា ឱ្យតែខ្ញុំពឹងលើព្រះ និងធ្វើតាមព្រះបន្ទូលទ្រង់ នោះទ្រង់នឹងដឹកនាំខ្ញុំយកឈ្នះការបង្ខិតបង្ខំរបស់ប្ដីខ្ញុំមិនខាន។ ក្រោយមក ខ្ញុំបានលាក់សៀវភៅបន្ទូលព្រះជាម្ចាស់ទុក ហើយខ្ញុំអាន ចូលរួមការជួបជុំ ឬផ្សាយដំណឹងល្អ តែពេលណាដែលប្ដីខ្ញុំមិននៅផ្ទះប៉ុណ្ណោះ។ រហូតដល់ខែកក្កដា ឆ្នាំ២០០៨ ទើបប្ដីខ្ញុំដឹងថា ខ្ញុំនៅបន្តប្រណិប័តន៍ជំនឿ និងបំពេញភារកិច្ចខ្ញុំដដែល ម្ល៉ោះហើយគាត់ខឹងខ្ញុំខ្លាំងណាស់។ គាត់បានរើកកាយពេញផ្ទះដើម្បីរកមើលសៀវភៅព្រះបន្ទូល និងម៉ាស៊ីន MP5 ដែលខ្ញុំប្រើ ដើម្បីចាក់ស្ដាប់បទទំនុកតម្កើង។ គាត់បានជាន់កម្ទេចម៉ាស៊ីននោះ ក្លាយជាបំណែកតូចៗ។ ដើម្បីរារាំងកុំឱ្យខ្ញុំប្រណិប័តន៍ជំនឿទៀត គាត់បានដាក់ច្បាប់សម្រាកពីការងារមានប្រាក់ខែខ្ពស់របស់គាត់ ដើម្បីតាមដានសកម្មភាពខ្ញុំនៅផ្ទះ ពេញមួយថ្ងៃ។ ខ្ញុំមិនអាចចូលរួមការជួបជុំ និងពិបាកចិត្តជាខ្លាំង ដូច្នេះ ពេលមានឱកាស ខ្ញុំលួចទៅជួបបងប្អូនប្រុសស្រី។ តែខ្ញុំភ្ញាក់ផ្អើលណាស់ គាត់បានទូរស័ព្ទប្ដឹងប៉ូលិសពីករណីពួកយើង។ សំណាងល្អ ពួកគេរកមិនឃើញសៀវភៅព្រះបន្ទូល ឬភស្តុតាងផ្សេងទៀត ដូច្នេះ ពួកគេមិនបានចាប់ខ្លួនពួកយើងនោះទេ។ ក្រោយមក ពេលគាត់ដឹងថា ផ្ទះបងស្រីខ្ញុំនៅក្បែរនោះ គឺជាកន្លែងជួបជុំ គាត់បានថតរូបបងប្អូនប្រុសស្រីដែលមកជួបជុំ រួចគំរាមរាយការណ៍ពីពួកគាត់។ ហេតុនេះ បងប្អូនប្រុសស្រីមិនហ៊ានបន្តមកជួបជុំនៅទីនោះទៀតទេ។ គ្រប់ពេលដែលគាត់ឃើញខ្ញុំទាក់ទងជាមួយបងប្អូនប្រុសស្រី គាត់តែងវាយខ្ញុំ ឬជេរប្រទេចខ្ញុំ។ គាត់វាយដំខ្ញុំរាប់មិនអស់ទេ ហើយខ្ញុំហ៊ឹងក្នុងត្រចៀកម្ខាង រាប់សិបខែទម្រាំបាត់។

អំឡុងពេលនោះ ខ្ញុំតែងច្រៀងបទទំនុកតម្កើងមួយបទនេះជាប្រចាំ៖ «ខ្ញុំនឹងថ្វាយសេចក្ដីស្រឡាញ់ និងភក្ដីភាពរបស់ខ្ញុំទៅព្រះជាម្ចាស់ និងបំពេញបេសកកម្មរបស់ខ្ញុំ ដើម្បីថ្វាយសិរីល្អដល់ទ្រង់។ ខ្ញុំតាំងចិត្តឈរយ៉ាងរឹងមាំក្នុងទីបន្ទាល់របស់ខ្ញុំចំពោះព្រះជាម្ចាស់ និងមិនដែលចុះចាញ់សាតាំងឡើយ។ ទោះបីជាក្បាលរបស់ពួកយើងអាចបែក ឈាមរបស់យើងអាចហូរក៏ដោយ ក៏ឆ្អឹងខ្នងនៃរាស្ត្ររបស់ព្រះជាម្ចាស់មិនអាចកោងបានឡើយ។ ដោយសេចក្ដីដាស់តឿនរបស់ព្រះជាម្ចាស់ដែលបានចងភ្ជាប់នឹងចិត្តរបស់ខ្ញុំ នោះខ្ញុំតាំងចិត្តបំបាក់មុខសាតាំង អារក្ស។ ការឈឺចាប់ និងការលំបាក ត្រូវបានកំណត់ទុកដោយព្រះជាម្ចាស់។ ខ្ញុំនឹងស្មោះត្រង់ និងស្ដាប់បង្គាប់ចំពោះទ្រង់រហូតដល់ស្លាប់។ ខ្ញុំនឹងមិនបណ្ដាលឱ្យព្រះជាម្ចាស់ទ្រង់ព្រះកន្សែងម្ដងទៀតឡើយ ហើយមិនបណ្ដាលឱ្យទ្រង់ព្រួយព្រះទ័យទៀតឡើយ» («ខ្ញុំចង់ឃើញថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ខ្ញុំគិតថា ព្រោះតែសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះនេះហើយ ទើបខ្ញុំ ដែលជាភាវៈដែលព្រះបានបង្កើតមកនេះ មានសំណាង ដើរតាមព្រះ និងត្រូវបានទ្រង់សង្រ្គោះនោះ។ ខ្ញុំសុខចិត្តស្លាប់ ក៏មិនព្រមចុះញ៉មនឹងសាតាំង ហើយក្បត់នឹងព្រះនោះដែរ។ ពេលប្ដីខ្ញុំដាក់សម្ពាធខ្ញុំកាន់តែខ្លាំង ខ្ញុំកាន់តែដើរតាមព្រះ កាន់តែរឹងមាំ និងបំបាក់មុខសាតាំងខ្លាំងឡើង។ ក្រោយមក ពួកជំនុំបារម្ភខ្លាចប្ដីខ្ញុំ បន្តវាយដំខ្ញុំទៀត បើខ្ញុំចូលរួមការជួបជុំ ឬបំពេញភារកិច្ចខ្ញុំ និងខ្លាចគាត់រាយការណ៍ពីបងប្អូនប្រុសស្រីឯទៀត ដូច្នេះ ពួកគាត់បានសុំឱ្យខ្ញុំឈប់ចូលរួមការជួបជុំ ត្រឹមតែអានព្រះបន្ទូលនៅផ្ទះប៉ុណ្ណោះ។

ក្នុងពេលបីឆ្នាំបន្ទាប់ ទាល់តែពេលប្ដីខ្ញុំចេញក្រៅផ្ទះ ទើបខ្ញុំអាចលួចអានព្រះបន្ទូលបាន យូរៗម្ដង ខ្ញុំបានជួបជាមួយបងស្រីខ្ញុំ ដែលនៅក្បែរនោះ ដើម្បីប្រកបគ្នា និងផ្សាយដំណឹងល្អទៅមិត្តភក្តិ និងគ្រួសារ។ ខ្ញុំត្រូវបានរឹតត្បិត ដូចចាបនៅក្នុងទ្រុងអ៊ីចឹង។ ខ្ញុំបានគិតដល់ពេលដែលខ្ញុំជួបជុំគ្នាជាមួយបងប្អូនប្រុសស្រីផ្សេងទៀត ប្រកបគ្នាពីសេចក្តីពិត ច្រៀងទំនុកតម្កើងសរសើរព្រះ ពេលនោះ ពិតជាសប្បាយរីករាយខ្លាំងណាស់! ខ្ញុំក៏គិតដែរថា កិច្ចការសង្គ្រោះមនុស្សជាតិរបស់ព្រះនៅគ្រាចុងក្រោយ គឺជាឱកាសដែលមានតែម្ដងគត់ក្នុងមួយឆាកជីវិត ហើយឱកាសនេះអាចនឹងបាត់ទៅវិញយ៉ាងឆាប់រហ័ស ដូច្នេះ ខ្ញុំមិនអាចខកខានបានឡើយ។ ខ្ញុំពិតជាចង់រស់នៅក្នុងជីវិតពួកជំនុំបែបធម្មតា ដើម្បីផ្សាយដំណឹងល្អ និងធ្វើបន្ទាល់អំពីព្រះជាមួយអ្នកដទៃខ្លាំងណាស់ តែបានត្រឹមជាក្ដីសង្ឃឹមឥតន័យប៉ុណ្ណោះ។ ខ្ញុំធ្លាក់ទឹកចិត្ត និងសោកសៅជាខ្លាំង ហើយជារឿយៗ ខ្ញុំតែងចង់នៅម្នាក់ឯង និងតែងលួចយំ។ ខ្ញុំចង់ស្រែកថា៖ «ការជឿព្រះ គឺជាការដើរលើផ្លូវត្រូវ។ ខ្ញុំជ្រើសរើសត្រូវហើយ។ ហេតុអ្វីក៏ខ្ញុំជឿមិនបាន?» ពេលនោះ ខ្ញុំបានគិតដល់អត្ថបទព្រះបន្ទូលមួយថា៖ «អស់រយៈពេលរាប់ពាន់ឆ្នាំ ទឹកដីនេះបានក្លាយជាទឹកដីនៃសេចក្តីស្មោកគ្រោក។ វាកខ្វក់យ៉ាងខ្លាំង ពេញដោយសេចក្តីកំសត់វេទនា ព្រលឹងខ្មោចហោះហើរពាសពេញគ្រប់កន្លែង ជាទីដែលពេញដោយកលល្បិច និងការបោកបញ្ឆោត ចោទប្រកាន់គ្មានមូលដ្ឋាន គ្មានមេត្តា និងកាចសាហាវ ចូរដើរចេញពីទីក្រុងខ្មោចនេះ ហើយទុកឲ្យវាមានពេញទៅដោយសាកសពចុះ។ ក្លិនដ៏ស្អុយរលួយមានពាសពេញដី ហុយឡើងពាសពេញអាកាសវេហា ហើយវាត្រូវបានការពារយ៉ាងមាំ។ តើនរណាអាចមើលឃើញពិភពលោកដែលហួសពីមេឃទៅ? អារក្សចងរឹតរាងកាយមនុស្សយ៉ាងជាប់ណែន វាគ្របបាំងភ្នែករបស់គេទាំងពីរ ហើយបិទមាត់របស់គេយ៉ាងជិត។ ស្ដេចអារក្សបានច្រឡោតអស់រយៈពេលរាប់ពាន់ឆ្នាំ រហូតដល់សព្វថ្ងៃនេះ វានៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទីក្រុងខ្មោច គឺដូចទីក្រុងនេះជារាជវាំងហាមប្រាមរបស់ពួកអារក្សអ៊ីចឹង។ ក្នុងពេលនេះ ពួកឃ្លាំមើលមួយក្រុមនេះខំប្រឹងសម្លក់សម្លឹង ទាំងក្នុងចិត្តភ័យខ្លាចថា ព្រះជាម្ចាស់នឹងចាប់ពួកវាទាំងមិនដឹងខ្លួន ហើយបោសសម្អាតពួកវាទាំងអស់ចោល ដោយគ្មានទុកកន្លែងឲ្យពួកវាមានសេចក្តីសុខ និងសុភមង្គលឡើយ។ តើមនុស្សនៃទីក្រុងខ្មោចមួយនេះអាចធ្លាប់ឃើញព្រះជាម្ចាស់ដោយរបៀបណាទៅ? តើពួកវាធ្លាប់ទទួលបានការថ្នាក់ថ្នម និងភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើពួកវាមានការកោតសរសើរអ្វីខ្លះចំពោះកិច្ចការនៅពិភពរបស់មនុស្ស? តើមានមនុស្សណាខ្លះដែលអាចយល់អំពីបំណងព្រះហឫទ័យដ៏ជ្រាលជ្រៅរបស់ព្រះជាម្ចាស់? វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបន្តលាក់កំបាំងទាំងស្រុងនោះ៖ នៅក្នុងសង្គមដ៏ខ្មៅងងឹត ជាទីដែលពួកអារក្សដ៏គ្មានមេត្តា និងកាចសាហាវស្ថិតនៅនេះ តើស្ដេចអារក្សដែលសម្លាប់មនុស្សមិនប៉ប្រិចភ្នែកនេះ អាចទទួលយកអត្ថិភាពរបស់ព្រះជាម្ចាស់ ដែលជាព្រះដ៏គួរឲ្យស្រឡាញ់ សប្បុរស និងបរិសុទ្ធបានដោយរបៀបណា? តើវាអាចទះដៃសាទរ និងអបអរចំពោះការមកដល់របស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ឱ ពួកកញ្ជះដាច់ថ្លៃអើយ! តាំងពីយូរមកហើយ ពួកគេតបស្នងសេចក្តីសប្បុរសដោយសេចក្តីស្អប់ ពួកគេបានចាប់ផ្ដើមចាត់ទុកព្រះជាម្ចាស់ជាសត្រូវតាំងពីយូរមកហើយ ពួកគេបំពានព្រះជាម្ចាស់ ពួកវាច្រឡោតខឹងយ៉ាងខ្លាំង ពួកវាគ្មានការគោរពចំពោះព្រះជាម្ចាស់សូម្បីតែបន្ដិច ពួកវាជាចោរលួចប្លន់ ពួកវាបានបាត់បង់មនសិការ ពួកវាប្រព្រឹត្តផ្ទុយពីមនសិការ ហើយពួកវាបានល្បួងមនុស្សស្លូតត្រង់ឲ្យប្រព្រឹត្តអំពើដ៏ល្ងង់ខ្លៅ។ តើនេះឬជាបុព្វបុរសពីសម័យបុរាណនោះ? ជាមេដឹកនាំដ៏គួរឲ្យស្រឡាញ់ឬ? ពួកវាសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់! ការជ្រៀតជ្រែករបស់ពួកវាបានធ្វើឲ្យពិភពក្រោមមេឃស្ថិតនៅក្នុងសភាពខ្មៅងងឹត និងភាពជ្រួលច្របល់! តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះឬ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ!» («កិច្ចការ និងការចូលទៅក្នុង (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈការបើកសម្ដែងពីបន្ទូលព្រះ ខ្ញុំបានមើលធ្លុះពីការពិតនៃការទាស់ទទឹងរបស់អារក្សដែលជាបក្សកុម្មុយនីស្តចិនចំពោះព្រះ។ ខ្ញុំបានគិតថា តាំងពីបក្សកុម្មុយនីស្តចិនកាន់អំណាចមក ពួកគេបានផ្សាយលទ្ធិមិនជឿព្រះយ៉ាងច្រើនថា៖ «អ្វីគ្រប់យ៉ាងវិវត្តទៅតាមធម្មជាតិ» «មនុស្សបានវិវត្តចេញពីសត្វស្វា» «មិនដែលមានព្រះសង្រ្គោះឯណាទេ» និងទ្រឹស្ដីផ្សេងទៀត។ ពួកគេបានប្រើទ្រឹស្ដីគ្មានហេតុផលទាំងនេះ ដើម្បីបោកបញ្ឆោតមនុស្ស ដោយមានចេតនាធ្វើឱ្យពួកគេបដិសេធ និងក្បត់ព្រះ ទាស់ទទឹងនឹងព្រះជាមួយពួកគេ ហើយចុងក្រោយ ត្រូវព្រះបំផ្លាញចោល និងក្លាយជាវត្ថុកប់ក្នុងផ្នូររបស់ពួកគេ។ នៅគ្រាចុងក្រោយ ដោយសារព្រះបានយកកំណើតជាសាច់ឈាម ដើម្បីសង្រ្គោះមនុស្សជាតិ ដូច្នេះ បក្សកុម្មុយនីស្តចិនបានតាមប្រមាញ់ព្រះគ្រីស្ទ ព្រមទាំងចាប់ខ្លួន និងបៀតបៀនគ្រីស្ទបរិស័ទយ៉ាងខ្លាំង ដោយមានបំណងចង់បង្ក្រាបលើកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយ និងបង្កើតតំបន់គ្មានអ្នកជឿព្រះនៅក្នុងប្រទេសចិន។ បក្សកុម្មុយនីស្តចិន ជាទាហានអារក្សដែលចាត់ទុកព្រះជាសត្រូវរបស់វា។ វាជារូបតំណាងរបស់សាតាំងដែលជាឃាតករ និងជាអ្នកទាស់ទទឹងនឹងព្រះ។ ហេតុផលដែលប្ដីខ្ញុំដាក់សម្ពាធ និងរារាំងខ្ញុំមិនឱ្យប្រណិប័តន៍ជំនឿ គឺព្រោះតែគាត់ត្រូវទស្សនវិជ្ជាបែបលទ្ធិគ្មានព្រះរបស់បក្សកុម្មុយនីស្តចិន លាងខួរបាន។ គាត់មិនជឿលើព្រះទេ និងខ្លាចថា បើខ្ញុំត្រូវបក្សកុម្មុយនីស្តចិនចាប់ខ្លួនបាន នោះគាត់នឹងជាប់ពាក់ព័ន្ធដែរ ដូច្នេះ គាត់បានជំទាស់នឹងជំនឿរបស់ខ្ញុំលើព្រះជាខ្លាំង។ ទុក្ខវេទនាគ្រប់យ៉ាងដែលខ្ញុំជួបប្រទះនេះ គឺជាទង្វើរបស់ស្ដេចអារក្ស ដែលជាបក្សកុម្មុយនីស្តចិននេះឯង។ ខ្ញុំស្អប់ក្រុមអារក្សនេះខ្លាំងណាស់។ តាំងពីខ្ញុំចាប់ផ្ដើមជឿលើព្រះមក ប្ដីខ្ញុំបានចូលដៃជាមួយបក្សកុម្មុយនីស្តចិនក្នុងការគាបសង្កត់ខ្ញុំ មិនឱ្យខ្ញុំអានព្រះបន្ទូល ចូលរួមការជួបជុំ ឬបំពេញភារកិច្ច វាយដំខ្ញុំរាប់មិនអស់ ហើយថែមទាំងរាយការណ៍ពីខ្ញុំ និងបងប្អូនប្រុសស្រីទៅប៉ូលិសទៀតផង។ ដោយដឹងថា ប្ដីខ្ញុំមានធម្មជាតិ និងសារជាតិស្អប់សេចក្តីពិត និងស្អប់ខ្ពើមព្រះ ហើយបើខ្ញុំព្យាយាមប្រណិប័តន៍ជំនឿនៅផ្ទះទៀត គាត់មុខជាគាបសង្កត់ខ្ញុំមិនលែងទេ ខ្ញុំបានគិតចង់លែងគាត់ជាច្រើនលើក និងចង់ចាកចេញពីផ្ទះ ដើម្បីប្រណិប័តន៍ជំនឿ និងបំពេញភារកិច្ចខ្ញុំ។ តែគ្រប់ពេលដែលខ្ញុំគិតដល់ការចាកចេញពីផ្ទះ ខ្ញុំតែងបារម្ភពីកូនប្រុសខ្ញុំ។ គាត់ទើបមានវ័យជំទង់ ដូច្នេះ គាត់នឹងជួបការពិបាកពេលបាត់បង់ម្ដាយ! នៅផ្ទះ ខ្ញុំអាចអានសាច់រឿងព្រះគម្ពីរឱ្យគាត់ស្ដាប់ ប្រកបគ្នាជាមួយគាត់ពីបន្ទូលព្រះ និងនាំគាត់មកចំពោះព្រះជាម្ចាស់។ បើខ្ញុំចាកចេញ តើនរណានឹងនាំគាត់ឱ្យជឿលើព្រះទៅ? គ្រប់ពេលដែលខ្ញុំគិតដល់រឿងនេះ ខ្ញុំមានអារម្មណ៍ទន់ជ្រាយជាខ្លាំង តែងបាត់បង់ចិត្តក្លាហានក្នុងការលែងលះប្ដីខ្ញុំ ហើយសម្ងំស៊ូទ្រាំនឹងជីវិតជាទាសករនេះ។ ពេលជួបទុក្ខវេទនា ខ្ញុំតែងមកអធិស្ឋាននៅចំពោះព្រះ និងលួចអានព្រះបន្ទូល។ ពេលនោះ ទើបខ្ញុំបានធូរស្បើយក្នុងចិត្តខ្លះ។

នៅខែតុលា ឆ្នាំ២០១១ ខ្ញុំបានលួចទៅចូលរួមការជួបជុំពីរបីលើកដោយស្ងាត់ៗ។ ប្ដីខ្ញុំបានគំរាមបងប្អូនប្រុសស្រីថា បើពួកគេទទួលខ្ញុំ លើកក្រោយ គាត់នឹងលែងគួរសមចំពោះពួកគាត់ទៀតហើយ។ គាត់ក៏គំរាមខ្ញុំដែរថា៖ «បើនាងឯងបន្តស្នាក់នៅទីនេះទេ អញមិនឱ្យនាងឯងជឿព្រះដាច់ខាត! បើនាងឯងចង់ជឿ នាងឯងត្រូវតែចាកចេញពីគ្រួសារនេះ!» ពេលឮបែបនេះ ខ្ញុំពិតជាខកចិត្តខ្លាំងណាស់។ អ្វីដែលភ្ញាក់ផ្អើលនោះគឺ គាត់បណ្ដេញខ្ញុំ ព្រោះតែខ្ញុំជឿលើព្រះ ដោយមិនបានគិតដល់ការរួមរស់ជាមួយគ្នាជាច្រើនឆ្នាំមកនេះសូម្បីបន្តិចសោះ។ ពេលនោះ ខ្ញុំបានគិតដល់អត្ថបទព្រះបន្ទូលមួយថា៖ «ហេតុអ្វីបានជាប្ដីស្រឡាញ់ប្រពន្ធ? ហេតុអ្វីបានប្រពន្ធស្រឡាញ់ប្ដី? ហេតុអ្វីបានជាកូនត្រូវមានកាតព្វកិច្ចចំពោះឪពុកម្ដាយរបស់ពួកគេ? ហេតុអ្វីបានជាឪពុកម្ដាយផ្ដោតការស្រឡាញ់លើកូនៗរបស់ពួកគេ? តើមនុស្សមានបំណងបែបណានៅក្នុងចិត្តរបស់ពួកគេឲ្យប្រាកដ? តើបំណងរបស់ពួកគេ មិនមែនដើម្បីសម្រេចផែនការផ្ទាល់ខ្លួន ឬបំពេញចំណង់ចិត្តអាត្មានិយមរបស់ខ្លួនគេផ្ទាល់ទេ មែនទេ?» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទូលព្រះពិតជាចែងច្បាស់លាស់ណាស់។ រវាងមនុស្ស គ្មានសេចក្តីស្រឡាញ់ពិតប្រាកដទេ។ សេចក្តីស្រឡាញ់រវាងប្ដី និងប្រពន្ធ គឺអាស្រ័យលើការផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ។ មុនពេលខ្ញុំជឿលើព្រះ ប្ដីខ្ញុំមិនដែលធ្វើដាក់ខ្ញុំបែបនេះទេ។ តែពេលដែលគាត់បារម្ភខ្លាចត្រូវជាប់ពាក់ព័ន្ធ បើខ្ញុំត្រូវគេចាប់ខ្លួនដោយសារជឿលើព្រះ គាត់មិនបានគិតដល់ការរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធជាច្រើនឆ្នាំមកនេះឡើយ គាត់បានវាយខ្ញុំ ហើយថែមទាំងគំរាមបណ្ដេញខ្ញុំចេញពីផ្ទះទៀត។ គ្រាន់តែដើម្បីការពារប្រយោជន៍ខ្លួន តើគាត់មិនមែនដាច់ធម៌មេត្តាទេឬអី? ពេលដឹងបែបនេះ ខ្ញុំបានគិតក្នុងចិត្តថា៖ «ដោយសារគាត់ព្យាយាមបណ្ដេញខ្ញុំបែបនេះ ខ្ញុំត្រូវតែចាកចេញ ហើយមានសេរីភាពក្នុងការជឿព្រះ និងបំពេញភារកិច្ចខ្ញុំ»។ ក្រោយមក ពេលកូនខ្ញុំកំពុងរៀនជាមួយមីងវា ខ្ញុំបានចាកចេញទៅពួកជំនុំមួយ ដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីផ្ទះ ហើយចុងក្រោយ ក៏អាចចូលរួមជីវិតពួកជំនុំ និងបំពេញភារកិច្ចខ្ញុំបាន។ តែពេលនោះ ខ្ញុំនៅបារម្ភពីកូនខ្ញុំដដែល។ គ្រប់ពេលដែលខ្ញុំទំនេរ ឬក្នុងអំឡុងថ្ងៃឈប់សម្រាក ពេលខ្ញុំឃើញក្មេងៗចេញពីរៀន ត្រលប់ទៅផ្ទះវិញ ដើម្បីជួបម្ដាយឪពុកគេ ខ្ញុំតែងគិតថា មិនដឹងកូនខ្ញុំពិបាកចិត្តប៉ុនណាទេ ដែលខ្ញុំមិននៅផ្ទះបែបនេះ ហើយខ្ញុំតែងចង់ទៅផ្ទះវិញ ដើម្បីជួបកូនខ្ញុំ។ តែខ្ញុំបារម្ភខ្លាចប្ដីខ្ញុំវាយខ្ញុំ គាបសង្កត់ និងជេរប្រទេចខ្ញុំទៀត ដូច្នេះ ខ្ញុំមិនហ៊ានត្រលប់ទៅវិញទេ។ អ្វីដែលខ្ញុំអាចធ្វើបាន គឺលួចយំស្ងាត់ៗតែប៉ុណ្ណោះ។

ថ្ងៃមួយ នៅខែកញ្ញា ឆ្នាំ ២០១២ ខ្ញុំបានជួបបងថ្លៃប្រុសខ្ញុំដោយចៃដន្យនៅតាមផ្លូវ ហើយគាត់បានបង្ខំខ្ញុំឱ្យត្រលប់ទៅផ្ទះវិញ។ ក្រោយពីខ្ញុំបានត្រលប់ទៅផ្ទះវិញ ប្ដីខ្ញុំបានហៅគ្រួសារទាំងមូលឱ្យមកជុំគ្នា។ គាត់បានហៅប្អូនប្រុស និងបងប្រុសគាត់ ឪពុកចុងខ្ញុំ និងបងថ្លៃប្រុសខ្ញុំ ឱ្យមកព្យាយាមបញ្ចុះបញ្ចូលខ្ញុំ។ បងថ្លៃប្រុសខ្ញុំ បានគំរាមខ្ញុំថា៖ «បើឯងមិនមែនជាប្អូនថ្លៃបងទេ បងនឹងទូរស័ព្ទឱ្យគេបញ្ជូនឯងទៅការិយាល័យសន្ដិសុខសាធារណៈបាត់ទៅហើយ»។ ឪពុកចុងខ្ញុំក៏បានចាក់សាំងពីលើភ្លើងទៀត ដោយជំរុញឱ្យប្ដីខ្ញុំបង្ក្រាបខ្ញុំ។ ពេលឃើញថា មានមនុស្សជាច្រើនជំទាស់នឹងការដែលខ្ញុំជឿលើព្រះបែបនេះ ខ្ញុំបារម្ភថា ប្ដីខ្ញុំនឹងគាបសង្កត់ខ្ញុំកាន់តែខ្លាំងនៅពេលអនាគត ដូច្នេះ ខ្ញុំបាននិយាយយ៉ាងប៉ិនប្រសប់ថា ខ្ញុំនឹងត្រលប់ទៅរស់នៅជាជីវិតខ្ញុំនៅផ្ទះវិញ។ ពេលនោះ ទើបសាច់ញាតិខ្ញុំស្ងាត់មាត់។ នៅថ្ងៃទីបីបន្ទាប់ពីខ្ញុំត្រលប់មកផ្ទះវិញ ខ្ញុំឃើញអ្នកដឹកនាំពួកជំនុំខ្ញុំមកសួរសុខទុក្ខបងស្រីខ្ញុំដែលនៅក្បែរនោះ ដូច្នេះ ខ្ញុំបានចូលទៅសួរនាំគាត់ទាំងត្រេកអរអំពីការជួបជុំរបស់ពួកជំនុំ។ គួរឱ្យភ្ញាក់ផ្អើលណាស់ ប្ដីខ្ញុំបានតាមពីក្រោយ ហើយស្រែកដាក់ខ្ញុំឱ្យត្រលប់មកផ្ទះវិញ។ ខ្ញុំមិនចង់នាំរឿងដល់បងប្អូនស្រីៗ ដូច្នេះ ខ្ញុំក៏ប្រញាប់ត្រឡប់មកផ្ទះវិញ។ ពេលអ្នកដឹកនាំពួកជំនុំចេញពីផ្ទះបងស្រីខ្ញុំ ប្ដីខ្ញុំបានកាន់ប៉ែលគំរាមគាត់ថា៖ «បើមកក្រវែលជុំវិញនេះម្ដងទៀត លើកក្រោយ ខ្ញុំនឹងមិនគួរសមទៀតទេ!» ក្រោយមក គាត់បានកាន់កាំបិតចុងស្រួច ចូលមកក្នុងផ្ទះបងស្រីខ្ញុំ បម្រុងនឹងចាក់គាត់ ខ្ញុំ និងប្ដីបងស្រីខ្ញុំ ក៏ប្រញាប់ទៅឃាត់គាត់។ បន្ទាប់ទីនោះមក ខ្ញុំឈប់ជួបជុំជាមួយបងប្អូនប្រុសស្រីទៀត ដោយខ្លាចថា ខ្ញុំនឹងធ្វើបាបដល់ពួកគាត់។

ក្នុងពេលនោះ ខ្ញុំមានបញ្ហាផ្លូវចិត្តជាច្រើន ហើយជារឿយៗ ខ្ញុំតែងលាក់បាំង និងលួចយំតែម្នាក់ឯង។ ម្ដងនោះ បន្ទាប់ពីប្ដីខ្ញុំចេញក្រៅ ខ្ញុំបានលួចចេញពីផ្ទះ ទៅជជែកលេងជាមួយបងស្រីម្នាក់ តែពេលខ្ញុំត្រលប់ទៅផ្ទះវិញ ប្ដីខ្ញុំបានប្រទះឃើញខ្ញុំនៅតាមផ្លូវ ពេលគាត់បើកឡានមកផ្ទះវិញ។ គាត់បានស្រែកដាក់ខ្ញុំថា៖ «ជឿថាអញហ៊ានបើកឡានកិននាងឯងទេ?» ពេលឮបែបនេះ ខ្ញុំឈឺចិត្តខ្លាំងណាស់។ គាត់ចង់បើកឡានកិនខ្ញុំ ព្រោះតែខ្ញុំជឿលើព្រះ។ វាធ្វើឱ្យខ្ញុំឃើញកាន់តែច្បាស់ថា ប្ដីខ្ញុំជាអារក្សដែលស្អប់ព្រះ ហើយគាត់នឹងមិនព្រមឈប់គាបសង្កត់ខ្ញុំឡើយ។ នៅផ្ទះនោះ ខ្ញុំមិនអាចប្រណិប័តន៍ជំនឿបានទេ ដូច្នេះ ជម្រើសតែមួយគត់ គឺខ្ញុំត្រូវតែចាកចេញ។ តែពេលគិតដល់ការចាកចេញ ខ្ញុំពិបាកចិត្តខ្លាំងណាស់។ ខ្ញុំទើបតែជួបជុំគ្នាជាមួយកូនប្រុសខ្ញុំវិញ បើខ្ញុំចាកចេញទៅម្ដងទៀត គាត់នឹងពិបាកចិត្តមិនខាន! បើខ្ញុំចាកចេញទៅបាត់ តើនរណានឹងណែនាំគាត់ឱ្យជឿលើព្រះ និងដើរលើផ្លូវត្រូវទៅ? ពេលគិតដល់រឿងនេះកាន់តែច្រើន ខ្ញុំកាន់តែមិនដាច់ចិត្តចាកចេញពីកូនខ្ញុំ។ អ្វីដែលខ្ញុំអាចធ្វើបាន គឺបន្តអធិស្ឋាននៅចំពោះព្រះថា៖ «ឱព្រះជាម្ចាស់អើយ! ប្ដីខ្ញុំម្ចាស់ចេះតែគាបសង្កត់ និងរារាំងខ្ញុំម្ចាស់។ ខ្ញុំម្ចាស់ចង់ចាកចេញពីទីនេះ ដើម្បីឱ្យខ្ញុំម្ចាស់អាចប្រណិប័តន៍ជំនឿបាន តែខ្ញុំម្ចាស់មិនអាចលះបង់កូនប្រុសបានឡើយ។ ឱព្រះជាម្ចាស់អើយ! ខ្ញុំម្ចាស់មិនដឹងថាត្រូវសម្រេចចិត្តបែបណាទេ សូមទ្រង់ជួយបំភ្លឺ និងណែនាំខ្ញុំម្ចាស់ផង»។ ក្រោយមក ខ្ញុំបានឃើញបទទំនុកតម្កើងមួយចេញពីព្រះបន្ទូលថា៖ «តើមនុស្សមិនអាចទុកសាច់ឈាមចោលសម្រាប់រយៈពេលដ៏ខ្លីនេះបានទេឬ? តើអ្វីដែលអាចបំបែកសេចក្ដីស្រឡាញ់រវាងមនុស្សនិងព្រះជាម្ចាស់បាន? តើនរណាអាចទាញបំបែកសេចក្ដីស្រឡាញ់រវាងមនុស្ស និងព្រះជាម្ចាស់បាន? តើជាឪពុកម្ដាយ ស្វាមី បងប្អូនស្រី ភរិយា ឬជាការបន្សុទ្ធដ៏ឈឺចាប់? តើអារម្មណ៍នៃមនសិការអាចលុបបំបាត់រូបអង្គរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សបានទេ? តើសកម្មភាព និងការជាប់ជំពាក់របស់មនុស្សចំពោះគ្នា គឺជាទង្វើផ្ទាល់ខ្លួនរបស់ពួកគេឬ? តើពួកវាអាចដោះស្រាយដោយមនុស្សបានទេ? តើនរណាអាចការពារខ្លួនបាន? តើមនុស្សអាចផ្គត់ផ្គង់ខ្លួនឯងបានទេ? តើនរណាដែលខ្លាំងជាងគេនៅក្នុងជីវិត? តើនរណាអាចចាកចេញពីខ្ញុំ ហើយរស់នៅដោយខ្លួនឯងបាន? ម្ដងហើយម្ដងទៀត ហេតុអ្វីបានជាព្រះជាម្ចាស់បង្គាប់ឱ្យមនុស្សអនុវត្តកិច្ចការនៃការឆ្លុះបញ្ចាំងពីខ្លួនឯង? ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលថា 'តើការលំបាករបស់អ្នកណាដែលត្រូវបានរៀបចំដោយផ្ទាល់ដៃរបស់ពួកគេនោះ?'» («Can Man Not Put Aside Their Flesh for This Short Time?» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ បន្ទូលព្រះធ្វើឱ្យខ្ញុំរំជួលចិត្តជាខ្លាំង ហើយខ្ញុំយល់ថា ខ្លួនខ្ញុំបានធ្វើខុស។ ខ្ញុំគិតពីរបៀបដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដើម្បីសង្រ្គោះមនុស្សជាតិ និងសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្ស ដោយការអត់ធ្មត់ជាខ្លាំង ស៊ូទ្រាំនឹងការប្រមាថយ៉ាងក្រាស់ក្រែល និងប្រទានក្ដីស្រឡាញ់ទាំងអស់របស់ទ្រង់ដល់មនុស្សជាតិ ដែលជាកម្មវត្ថុនៃសេចក្ដីសង្រ្គោះរបស់ទ្រង់។ ពេលគិតដល់គ្រប់ទាំងទុក្ខលំបាកដែលព្រះបានឆ្លងកាត់ ដើម្បីសង្រ្គោះមនុស្ស ខ្ញុំបានដឹងថា ក្ដីស្រឡាញ់របស់ទ្រង់ជាក់ស្ដែងអស្ចារ្យណាស់។ ព្រះសង្ឃឹមថា យើងនឹងក្រោកឈរ ហើយគិតគូរដល់ព្រះទ័យទ្រង់ ដោយលះបង់អ្វីគ្រប់យ៉ាង ដើម្បីផ្សាយដំណឹងល្អ និងធ្វើបន្ទាល់អំពីទ្រង់។ នេះជាសេចក្ដីស្រឡាញ់របស់ព្រះសម្រាប់យើង។ តែខ្ញុំអាត្មានិយម គិតតែរឿងគ្មាននរណាមើលថែកូនខ្ញុំ បើខ្ញុំចាកចេញ តែមិនបានគិតគូរដល់ព្រះទ័យព្រះឡើយ។ ខ្ញុំស្អប់ខ្លួនឯងណាស់ ដែលទន់ជ្រាយ គ្មានបានការ គ្មានសតិសម្បជញ្ញៈ និងមិនអាចលះបង់អ្វីគ្រប់យ៉ាង ដើម្បីដើរតាមព្រះបាន។ ព្រោះតែខ្ញុំមិនអាចលះបង់កូនប្រុសបាន ខ្ញុំសុខចិត្តនៅជាប់ក្នុងផ្ទះ រងការវាយដំពីប្ដីខ្ញុំ ជាប់ទ្រុង និងត្រូវគេគ្រប់គ្រង ដោយគ្មានឱកាសអានព្រះបន្ទូល ហើយក៏គ្មានឱកាសបំពេញភារកិច្ច ក្នុងនាមជាភាវៈដែលព្រះបានបង្កើតមកនោះដែរ។ ខ្ញុំគ្មានការតាំងចិត្តចង់ដេញតាមសេចក្តីពិត និងស្រឡាញ់ព្រះសូម្បីតែបន្តិចណាឡើយ។ អ័ប្រាហាំសុខចិត្តលះបង់កូនប្រុសតែមួយរបស់គាត់ ជាតង្វាយដល់ព្រះ ចុះហេតុអ្វីក៏ខ្ញុំមិនអាចបែកពីកូនប្រុសខ្ញុំជាបណ្ដោះអាសន្នបាន ដើម្បីបំពេញភារកិច្ច ក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក ដេញតាមសេចក្តីពិត និងទទួលបានសេចក្តីសង្រ្គោះរបស់ព្រះ? ខ្ញុំមិនអាចទម្លាក់ចោលភារកិច្ចខ្ញុំ ព្រោះតែខ្ញុំមិនអាចលះបង់កូនប្រុសខ្ញុំតទៅទៀតបានឡើយ។ ខ្ញុំដឹងថា កិច្ចការសង្រ្គោះរបស់ព្រះ ជិតមកដល់ទីបញ្ចប់ហើយ ហើយមហន្តរាយដ៏ធំ ក៏នឹងមកដល់ក្នុងពេលឆាប់ៗដែរ។ នៅផ្ទះ ខ្ញុំមិនអាចអានព្រះបន្ទូល ចូលរួមការជួបជុំ ឬបំពេញភារកិច្ចបានទេ។ បើនៅតែបែបនេះទៀត ខ្ញុំនឹងមិនទទួលបានសេចក្តីពិត និងមិនអាចធ្វើអំពើល្អបានឡើយ។ ខ្ញុំមុខជាវិនាសក្នុងមហន្តរាយណាមួយនាពេលខាងមុខមិនខាន។ ពេលនោះ តើខ្ញុំនឹងនាំកូនខ្ញុំឱ្យដើរលើផ្លូវត្រូវយ៉ាងម៉េចកើតទៅ? វាសនាកូនប្រុសខ្ញុំស្ថិតក្នុងព្រះហស្តរបស់ព្រះ មិនអ៊ីចឹង? ខ្ញុំមិនអាចគ្រប់គ្រងលើវាសនាកូនខ្ញុំថាគេត្រូវរងទុក្ខច្រើនប៉ុនណា ឬថាតើកូនខ្ញុំអាចដើរលើផ្លូវត្រូវឬអត់នោះទេ។ ពេលដឹងបែបនេះ ការព្រួយបារម្ភរបស់ខ្ញុំបានថយចុះបន្តិច។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលខ្លះបន្ថែមទៀត បានរៀនសូត្រពីសេចក្តីពិតតិចតួចទៀត ហើយចុងក្រោយ ខ្ញុំក៏លែងបារម្ភពីកូនខ្ញុំទៀត។ ខ្ញុំបានអានអត្ថបទមួយនេះ។ «ក្រៅពីការផ្ដល់កំណើត និងការចិញ្ចឹមបីបាច់ ទំនួលខុសត្រូវរបស់ឪពុកម្ដាយនៅក្នុងជីវិតកូនៗរបស់គេ គឺគ្រាន់តែផ្ដល់ឲ្យពួកគេនូវបរិយាកាសផ្លូវការមួយដើម្បីលូតលាស់ ព្រោះថាក្រៅពីការកំណត់វាសនាទុកជាមុនរបស់ព្រះអាទិករ គ្មានអ្វីមួយមានមានភាពទាក់ទងទៅលើវាសនារបស់មនុស្សឡើយ។ គ្មាននរណាម្នាក់អាចគ្រប់គ្រងលើប្រភេទនៃអនាគតដែលគេនឹងមានឡើយ ព្រោះថាវាត្រូវបានកំណត់ទុកជាមុនយូរមកហើយ ទោះបីជាឪពុកម្ដាយរបស់គេក៏មិនអាចផ្លាស់ប្ដូរជោគវាសនារបស់គេបានដែរ។ ពាក់ព័ន្ធនឹងជោគវាសនា មនុស្សគ្រប់គ្នាមានភាពឯករាជ្យ ហើយមនុស្សគ្រប់គ្នាមានជោគវាសនារបស់ខ្លួន។ ដូច្នេះ គ្មានឪពុកម្ដាយណាម្នាក់អាចកែខៃជោគវាសនានៅក្នុងជីវិតរបស់មនុស្សម្នាក់ ឬប្រើឥទ្ធិពលនៃតួនាទីដែលគេមានសូម្បីតែបន្ដិចនៅក្នុងជីវិត។ គឺអាចនិយាយបានថា ក្រុមគ្រួសារដែលមនុស្សម្នាក់ត្រូវបានកំណត់ទុកថានឹងកើតចូល និងមជ្ឈដ្ឋានដែលមនុស្សម្នាក់លូតលាស់ឡើង គឺគ្មានអ្វីក្រៅពីលក្ខខណ្ឌកំណត់ទុកជាមុនសម្រាប់ការបំពេញបេសកកម្មនៅក្នុងជីវិតរបស់មនុស្សម្នាក់នោះឡើយ។ វាមិនបានកំណត់នូវជោគវាសនានៅក្នុងជីវិតរបស់មនុស្ស ឬប្រភេទនៃជោគវាសនាដែលមនុស្សម្នាក់ត្រូវបំពេញបេសកកម្មរបស់គេឡើយ។ ដូច្នេះ គ្មានឪពុកម្ដាយណាម្នាក់អាចជួយគេឲ្យសម្រេចបេសកកម្មជីវិតរបស់គេបានឡើយ ហើយក៏គ្មានសាច់ញាតិបងប្អូនណាម្នាក់អាចជួយគេឲ្យធ្វើតួនាទីជីវិតរបស់គេបានដែរ។ របៀបដែលមនុស្សម្នាក់សម្រេចបេសកកម្មរបស់គេ និងប្រភេទនៃមជ្ឈដ្ឋានដ៏រស់រវើកដែលមនុស្សម្នាក់ត្រូវធ្វើតាមតួនាទីរបស់ខ្លួន គឺត្រូវបានកំណត់រួចស្រេចទៅហើយ ដោយជោគវាសនានៅក្នុងជីវិតរបស់ខ្លួន។ អាចនិយាយម្យ៉ាងទៀតបានថា គ្មានលក្ខខណ្ឌកម្មវត្ថុណាផ្សេងអាចមានឥទ្ធិពលលើបេសកកម្មរបស់មនុស្ស ដែលត្រូវបានកំណត់ទុកជាមុនដោយព្រះអាទិករនោះឡើយ។ មនុស្សទាំងអស់ធំពេញវ័យនៅក្នុងមជ្ឈដ្ឋានជាក់លាក់ដែលពួកគេត្រូវលូតលាស់ឡើង ហើយបន្តិចម្ដងៗ និងមួយជំហានម្ដងៗ ពួកគេចាប់ផ្ដើមដើរនៅលើផ្លូវរបស់ខ្លួនក្នុងជីវិត និងបំពេញជោគវាសនាដែលព្រះអាទិករបានគ្រោងទុកសម្រាប់ពួកគេ។ តាមធម្មតា ពួកគេចូលទៅក្នុងសមុទ្រដ៏ធំល្វឹងល្វើយនៃមនុស្សជាតិ និងត្រូវកាន់តួនាទីរបស់ខ្លួននៅក្នុងជីវិតដោយមិនស្ម័គ្រពីចិត្ត ជាកន្លែងដែលពួកគេចាប់ផ្ដើមបំពេញទំនួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតមក សម្រាប់ជាប្រយោជន៍ដល់ការកំណត់ជោគវាសនាទុកជាមុនរបស់ព្រះអាទិករ និងសម្រាប់ជាប្រយោជន៍ដល់អធិបតេយ្យភាពរបស់ទ្រង់» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈការអានព្រះបន្ទូលនេះ ខ្ញុំដឹងថា វាសនារបស់កូនមិនពាក់ព័ន្ធនឹងឪពុកម្ដាយទេ តែត្រូវបានតម្រូវទុកតាមរយៈអធិបតេយ្យភាពរបស់ព្រះវិញ។ វាសនាកូនប្រុសខ្ញុំ ស្ថិតក្នុងព្រះហស្តរបស់ព្រះ។ ខ្ញុំមិនអាចគ្រប់គ្រងថាតើកូនខ្ញុំនឹងត្រូវរងទុក្ខច្រើនប៉ុនណា ឬថាតើគាត់នឹងដើរលើផ្លូវត្រូវឬអត់នោះទេ អ្វីទាំងអស់នេះស្ថិតក្រោមការរៀបចំរបស់ព្រះ។ ខ្ញុំបាននឹកចាំពីយ៉ូសែប៖ គាត់ត្រូវបានគេលក់ឱ្យធ្វើជាទាសករនៅស្រុកអេស៊ីព្ទតាំងពីក្មេង ហើយមិនបានទទួលការមើលថែ និងការណែនាំពីឪពុកម្ដាយគាត់ទេ តែព្រះយេហូវ៉ាដ៏ជាព្រះ បានគង់នៅជាមួយគាត់។ មិនថាប្រពន្ធមេកងស្ដេចផារ៉ោនល្បួងគាត់បែបណាទេ ក៏គាត់មិនចាញ់បញ្ឆោតដែរ។ យ៉ូសែបក៏បានរងទុក្ខជាច្រើននៅស្រុកអេស៊ីព្ទ តែការលំបាកទាំងនេះបានធ្វើឱ្យគាត់តាំងចិត្តកាន់តែខ្លាំង និងបង្រៀនគាត់ឱ្យពឹងលើព្រះ។ ពេលគិតពីបងប្អូនប្រុសស្រី ដែលមិនបានចាកចេញពីផ្ទះ ដើម្បីបំពេញភារកិច្ចរបស់ខ្លួន ពួកគាត់តែងលើកទឹកចិត្តកូនៗរបស់ពួកគាត់ឱ្យប្រណិប័តន៍ជំនឿ និងដើរលើផ្លូវត្រូវ ហើយក្មេងខ្លះក៏បានប្រណិប័តន៍ជំនឿ និងដើរតាមព្រះនៅលើផ្លូវត្រូវ តែក្មេងខ្លះទៀតបានជាប់ក្នុងនិន្នាការអាក្រក់ខាងលោកីយ៍ ហើយកាន់តែអសីលធម៌។ ខ្ញុំឃើញថា អ្វីដែលជួយឱ្យក្មេងដើរលើផ្លូវត្រូវបាន មិនអាស្រ័យលើឪពុកម្ដាយនៅជាមួយពួកគេទេ តែវាអាស្រ័យលើថាតើពួកគេមានធម្មជាតិដែលស្រឡាញ់សេចក្តីពិតឬអត់ និងថាតើព្រះបានតម្រូវទុកឱ្យពួកគេធ្វើបែបនេះឬអត់។ បើកូនខ្ញុំមានភាពជាមនុស្ស និងជាកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ព្រះមែន ទោះបីខ្ញុំមិនបាននៅក្បែរគាត់ក៏ដោយ ក៏គាត់នៅតែធំដឹងក្ដីមានសុខភាពល្អ និងជឿលើព្រះជាម្ចាស់ដដែលទេ។ អ្វីគ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្តរបស់ព្រះ។ ខ្ញុំមិនចាច់បារម្ភអំពីរឿងនេះទេ។ ជឿព្រះប៉ុន្មានឆ្នាំមកនេះ ខ្ញុំបានទទួលការស្រោចស្រព និងការទំនុកបម្រុងយ៉ាងច្រើនពីបន្ទូលព្រះ តែខ្ញុំមិនអាចបំពេញភារកិច្ចខ្លួនក្នុងនាមជាភាវៈដែលព្រះបង្កើតមក ព្រោះតែការជាប់ជំពាក់ជាមួយកូនខ្ញុំ។ ពិតជាអាត្មានិយមមែន! ខ្ញុំត្រូវតែតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការផ្សាយដំណឹងល្អ ការធ្វើបន្ទាល់ថ្វាយទ្រង់ និងការនាំមនុស្សកាន់តែច្រើនឱ្យចូលមកក្នុងដំណាក់ព្រះ។ នៅខែកុម្ភៈ ឆ្នាំ២០១៣ ខ្ញុំបានចាកចេញពីគ្រួសារ ហើយជិះរថភ្លើងទៅពួកជំនុំមួយនៅក្រុងមួយដ៏ឆ្ងាយ។

ពេលរថភ្លើងបរកាត់សាលាកូនប្រុសខ្ញុំ ខ្ញុំបានសម្លឹងមើលអគារ ដែលកូនប្រុសខ្ញុំបានចូលរៀន រួចគិតក្នុងចិត្តថា៖ «មិនដឹងពេលណា ទើបខ្ញុំបានជួបកូនខ្ញុំម្ដងទៀតឡើយ»។ ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ។ រឿងនេះធ្វើឱ្យខ្ញុំស្អប់ការគ្រប់គ្រងរបស់អារក្សសាតាំងកាន់តែខ្លាំង។ វាបានបំបែកបំបាក់គ្រួសារខ្ញុំ និងរារាំងខ្ញុំមិនឱ្យប្រណិប័តន៍ជំនឿ និងបំពេញភារកិច្ចខ្ញុំដោយសេរី។ ពេលនោះ ខ្ញុំកាន់តែទន្ទឹងចង់ឃើញការមកដល់នៃសេចក្ដីអំណរ និងសេរីភាព នៅពេលព្រះគ្រីស្ទបានសោយរាជ្យយ៉ាងខ្ពង់ខ្ពស់ ហើយវាបានបញ្ឆេះចំណង់របស់ខ្ញុំ ក្នុងការដេញតាមសេចក្តីពិត និងស្វែងរកពន្លឺ។ ខ្ញុំបានច្រៀងបទទំនុកតម្កើងមួយចេញពីព្រះបន្ទូលនៅក្នុងចិត្តថា៖ «អ្នកគឺជាភាវៈដែលត្រូវបានបង្កើតមក ដូច្នេះ អ្នកគួរតែថ្វាយបង្គំព្រះជាម្ចាស់ ហើយដេញតាមជីវិតមួយដែលមានន័យ។ ដោយសារតែអ្នកជាមនុស្សម្នាក់ អ្នកគួរតែលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ហើយស៊ូទ្រាំក្នុងគ្រប់ទុក្ខលំបាកចុះ! អ្នកគួរតែទទួលយកទាំងចិត្តរីករាយ និងប្រាកដជាក់ចំពោះទុក្ខលំបាកតិចតួចដែលអ្នកជួបនៅថ្ងៃនេះ ហើយរស់នៅក្នុងជីវិតដ៏មានន័យ ដូចជាយ៉ូប និងពេត្រុសចុះ។ អ្នករាល់គ្នាគឺជាមនុស្សដែលដេញតាមផ្លូវដ៏ត្រឹមត្រូវ ជាអ្នកដែលស្វែងរកការធ្វើឲ្យប្រសើរឡើង។ អ្នករាល់គ្នាជាមនុស្សដែលត្រូវរះត្រដែតឡើងនៅក្នុងប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហម ជាអ្នកដែលព្រះជាម្ចាស់ហៅថាជាមនុស្សសុចរិត។ តើនេះមិនមែនជាជីវិតដ៏មានអត្ថន័យបំផុតទេឬ?» («ជីវិតដ៏មានអត្ថន័យបំផុត» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ពេលសញ្ជឺងគិតពីព្រះបន្ទូលនេះ ខ្ញុំបានដឹងថា ព្រះបានតម្រូវទុកជាស្រេចថា ខ្ញុំគួរតែដើរតាមទ្រង់ និងបំពេញភារកិច្ចនៅក្នុងមជ្ឈដ្ឋានលំបាកបែបនេះ នេះជាផ្លូវមួយដែលព្រះបានដឹកនាំខ្ញុំ។ ក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក ខ្ញុំត្រៀមខ្លួនចុះចូលតាមការរៀបចំរបស់ទ្រង់ ស្វែងរកសេចក្តីពិត បំពេញភារកិច្ចរបស់ខ្ញុំ ដើម្បីផ្គាប់ព្រះទ័យព្រះ និងបំបាក់មុខអារក្សសាតាំង។ ពេលដឹងបែបនេះ ខ្ញុំកាន់តែមានអារម្មណ៍សុខសាន្ត និងស្រួលចិត្ត។ ខ្ញុំអរព្រះគុណព្រះដែលដឹកនាំខ្ញុំឱ្យបានរួចពីការឃុំឃាំងពីសំណាក់ប្ដីខ្ញុំ ដោយអនុញ្ញាតឱ្យខ្ញុំបានបំពេញភារកិច្ច ក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក និងដើរលើផ្លូវត្រូវ។

ក្រោយមក ខ្ញុំបានបន្តបំពេញភារកិច្ចនៅក្នុងពួកជំនុំមួយ ដែលនៅឆ្ងាយពីផ្ទះខ្ញុំ។ ប៉ុន្មានឆ្នាំមកនេះ ខ្ញុំបានដកពិសោធន៍ពីព្រះបន្ទូល និងកិច្ចការរបស់ព្រះ បានយល់ពីសេចក្តីពិតខ្លះ និងអារម្មណ៍ថា ខ្ញុំបានរៀនសូត្រច្រើនគួរសម។ សូមអរព្រះគុណព្រះជាម្ចាស់ដែលបានណែនាំខ្ញុំ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ពាក់ព័ន្ធនឹងការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ តើគួរស្ដាប់តាមនរណា?

តើអ្វីទៅជាគន្លឹះក្នុងការការទទួលការយាងមករបស់ព្រះអម្ចាស់? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ» (យ៉ូហាន ១០:២៧)។...

គ្រូគង្វាលខ្ញុំបានឈរនៅចន្លោះខ្ញុំ និងនគរព្រះ

ខែវិច្ឆិកា ឆ្នាំ២០២០ បងប្រុសម្នាក់បានអញ្ជើញខ្ញុំឲ្យចូលរួមការជួបជុំតាមអនឡាញមួយ។ ខ្ញុំគិតថា នៅពួកជំនុំខ្ញុំ ខ្ញុំតែងតែឮមេរៀនចាស់ដដែលៗ...

អ្នកទោស នៃគ្រួសាររបស់ខ្ញុំ

ដោយជីងស៊ុន ប្រទេសថៃ ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយក្នុងឆ្នាំ ២០១៩។ តាមរយៈការអានព្រះបន្ទូលព្រះ...

Leave a Reply