សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌
ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវគេហៅថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទគឺជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ដែលគ្រងសាច់ឈាម។ សាច់ឈាមនេះមិនដូចមនុស្សណាម្នាក់នៅខាងសាច់ឈាមនោះទេ។ ភាពខុសគ្នានោះគឺថា ព្រះគ្រីស្ទមិនមែនជាសាច់ឈាមឡើយ តែទ្រង់គឺជាការយកកំណើតជាមនុស្សរបស់ព្រះវិញ្ញាណ។ ព្រះអង្គមានទាំងភាពជាមនុស្សសាមញ្ញ និងភាពជាព្រះដ៏ពេញលេញ។ ភាពជាព្រះរបស់ទ្រង់ គ្មានមនុស្សណាម្នាក់មានឡើយ។ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ គឺសម្រាប់ធ្វើគ្រប់សកម្មភាពធម្មតាទាំងអស់របស់ទ្រង់នៅខាងសាច់ឈាម ចំណែកឯភាពជាព្រះរបស់ទ្រង់វិញ គឺសម្រាប់បំពេញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មិនថាព្រះអង្គស្ថិតក្នុងភាពជាមនុស្ស ឬភាពជាព្រះឡើយ ទ្រង់តែងចុះចូលនឹងបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ជានិច្ច។ សារជាតិរបស់ព្រះគ្រីស្ទ គឺជាព្រះវិញ្ញាណ ពោលគឺ ភាពជាព្រះ។ ដូច្នេះ សារជាតិរបស់ទ្រង់ គឺសារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ សារជាតិនេះនឹងមិនរំខានដល់កិច្ចការរបស់ទ្រង់ផ្ទាល់ឡើយ ហើយទ្រង់ក៏មិនអាចធ្វើរឿងអ្វីមួយដែលបំផ្លាញដល់កិច្ចការរបស់ទ្រង់ផ្ទាល់ដែរ ហើយទ្រង់ក៏នឹងមិនថ្លែងព្រះបន្ទូលណាមួយដែលផ្ទុយទៅនឹងបំណងព្រះហឫទ័យរបស់ទ្រង់ផ្ទាល់ដែរ។ ដូច្នេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នឹងមិនអាចធ្វើកិច្ចការណាមួយដែលរំខានដល់ការគ្រប់គ្រងរបស់ទ្រង់ផ្ទាល់នោះទេ។ មនុស្សគ្រប់គ្នាគួរតែយល់អំពីចំណុចនេះ។ សារជាតិនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីសង្រ្គោះមនុស្ស និងដើម្បីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ផ្ទាល់។ ដូចគ្នាដែរ កិច្ចការរបស់ព្រះគ្រីស្ទក៏ដើម្បីសង្រ្គោះមនុស្ស និងដើម្បីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ដោយសារតែព្រះជាម្ចាស់ត្រលប់ជាសាច់ឈាមវិញ ទើបទ្រង់សម្រេចសារជាតិរបស់ទ្រង់នៅខាងសាច់ឈាម ដែលសាច់ឈាមរបស់ទ្រង់នោះ គឺគ្រប់គ្រាន់នឹងបំពេញកិច្ចការរបស់ទ្រង់បាន។ ដូច្នេះ គ្រប់កិច្ចការរបស់ព្រះវិញ្ញាណនៃព្រះជាម្ចាស់ ត្រូវបានជំនួសដោយកិច្ចការរបស់ព្រះគ្រីស្ទក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្ស ហើយចំណុចស្នូលនៃគ្រប់កិច្ចការទាំងអស់នៅក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សនោះ គឺជាកិច្ចការរបស់ព្រះគ្រីស្ទ។ កិច្ចការនោះមិនអាចលាយឡំគ្នាជាមួយកិច្ចការពីយុគសម័យដទៃទៀតបានឡើយ។ ហើយដោយសារតែព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ដូច្នេះទើបទ្រង់ធ្វើការនៅក្នុងអត្តសញ្ញាណជាសាច់ឈាមរបស់ទ្រង់។ ដោយសារតែទ្រង់យាងមកនៅខាងសាច់ឈាម ដូច្នេះ ទើបទ្រង់ត្រូវបញ្ចប់កិច្ចការនៅខាងសាច់ឈាមដែលទ្រង់គួរបញ្ចប់។ មិនថាជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ ឬជាព្រះគ្រីស្ទឡើយ ព្រះទាំងពីរអង្គនេះ សុទ្ធតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយទ្រង់បំពេញកិច្ចការដែលទ្រង់គួរបំពេញ និងធ្វើព័ន្ធកិច្ចដែលទ្រង់គួរតែធ្វើ។
សារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់នេះ មានសិទ្ធិអំណាចស្រេចហើយ ប៉ុន្តែទ្រង់នៅតែអាចចុះចូលទាំងស្រុងនឹងសិទ្ធិអំណាចដែលមកពីទ្រង់ដដែល។ មិនថាជាកិច្ចការរបស់ព្រះវិញ្ញាណ ឬជាកិច្ចការខាងសាច់ឈាមឡើយ កិច្ចការទាំងពីរនេះមិនដែលប្រទូស្ដប្រទាំងនឹងគ្នាទេ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ គឺជាសិទ្ធិអំណាចលើរបស់សព្វសារពើ។ សាច់ឈាមដែលមានសារជាតិរបស់ព្រះជាម្ចាស់ ក៏មានសិទ្ធិអំណាចដែរ តែព្រះជាម្ចាស់នៅខាងសាច់ឈាម សុខចិត្តធ្វើគ្រប់កិច្ចការទាំងអស់ដែលស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ គ្មានមនុស្សណាម្នាក់អាចសម្រេច ឬគិតយល់បានឡើយ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាសិទ្ធិអំណាចស្រេចហើយ តែសាច់ឈាមរបស់ទ្រង់នៅតែអាចចុះចូលនឹងសិទ្ធិអំណាចរបស់ទ្រង់បានដដែល។ នេះជាអត្ថន័យដែលយើងកាត់យល់បាន នៅពេលដែលគេថា «ព្រះគ្រីស្ទស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា»។ ព្រះជាម្ចាស់ជាព្រះវិញ្ញាណ ហើយទ្រង់អាចបំពេញកិច្ចការនៃការសង្រ្គោះបាន ដូចដែលព្រះជាម្ចាស់អាចក្លាយជាមនុស្សបានដូច្នោះដែរ។ មិនថាយ៉ាងណានោះទេ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ បំពេញកិច្ចការរបស់ទ្រង់ផ្ទាល់។ ទ្រង់មិនរំខាន មិនជ្រៀតជ្រែក ហើយក៏មិនធ្វើកិច្ចការទាំងឡាយណាដែលប្រទូស្ដប្រទាំងនឹងគ្នាដែរ ដ្បិតសារជាតិនៃកិច្ចការដែលព្រះវិញ្ញាណឬសាច់ឈាមធ្វើ គឺដូចតែគ្នាទេ។ មិនថាជាព្រះវិញ្ញាណឬជាសាច់ឈាមឡើយ សុទ្ធតែបំពេញកិច្ចការដើម្បីសម្រេចតាមបំណងព្រះហឫទ័យតែមួយ និងដើម្បីគ្រប់គ្រងកិច្ចការតែមួយ។ ទោះបីព្រះវិញ្ញាណ និងសាច់ឈាម មានគុណសម្បត្តិពីរដាច់ដោយឡែកពីគ្នាក៏ដោយ ប៉ុន្តែសារជាតិរបស់ព្រះអង្គទាំងពីរ គឺដូចគ្នា។ ព្រះទាំងពីរអង្គនេះ មានសារជាតិជាព្រះ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គ្មានផ្នែកណាមួយដែលមិនស្ដាប់បង្គាប់ឡើយ។ ទ្រង់មានសារជាតិល្អ។ ទ្រង់ជាការសម្ដែងចេញនូវគ្រប់ទាំងសោភណភាព និងសេចក្តីល្អ ក៏ដូចជាគ្រប់ទាំងសេចក្តីស្រឡាញ់ផងដែរ។ សូម្បីតែនៅខាងសាច់ឈាម ក៏ព្រះជាម្ចាស់មិនធ្វើអ្វីដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដែរ។ សូម្បីតែពេលដែលត្រូវលះបង់ព្រះជន្មរបស់ទ្រង់ក៏ដោយ ក៏ទ្រង់ព្រមលះបង់អស់ពីដួងព្រះហឫទ័យរបស់ទ្រង់ដែរ ហើយទ្រង់នឹងមិនសម្រេចព្រះទ័យផ្សេងពីនោះឡើយ។ ព្រះជាម្ចាស់គ្មានការរាប់ខ្លួនឯងជាសុចរិត គ្មានការរាប់ខ្លួនឯងជាសំខាន់ ហើយក៏គ្មានការអួតខ្លួនហួសហេតុ និងភាពក្រអឺតក្រទមដែរ។ ទ្រង់គ្មានធាតុនៃសេចក្តីវៀចវេរឡើយ។ អ្វីគ្រប់យ៉ាងដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ សុទ្ធតែមកពីអារក្សសាតាំងទាំងអស់ ព្រោះថាសាតាំងគឺជាប្រភពនៃគ្រប់ទាំងសេចក្តីស្មោកគ្រោក និងសេចក្តីអាក្រក់។ មូលហេតុដែលមនុស្សមានលក្ខណៈស្រដៀងគ្នាទៅនឹងលក្ខណៈរបស់សាតាំង គឺដោយសារតែមនុស្សត្រូវបានសាតាំងកែប្រែនិងធ្វើឱ្យពុករលួយ។ សាតាំងមិនបានធ្វើឱ្យព្រះគ្រីស្ទពុករលួយទេ ហេតុដូច្នេះហើយទើបទ្រង់មានតែបុគ្គលិកលក្ខណៈរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ គ្មានលក្ខណៈរបស់សាតាំងឡើយ។ មិនថាកិច្ចការពិបាកខ្លាំងប៉ុនណា ឬមិនថាសាច់ឈាមទន់ខ្សោយប៉ុនណានោះទេ ក៏ក្នុងពេលដែលព្រះជាម្ចាស់គង់នៅខាងសាច់ឈាម ទ្រង់នឹងមិនដែលធ្វើរឿងអ្វីមួយដែលរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ ហើយកាន់តែមិនដែលលះបង់ចោលបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដោយការមិនស្ដាប់បង្គាប់ដែរ។ ផ្ទុយទៅវិញ ព្រះអង្គសុខចិត្តទទួលយកការឈឺចាប់ខាងសាច់ឈាម ជាជាងប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា។ ដូចដែលព្រះយេស៊ូវបានអធិស្ឋានថា៖ «ឱព្រះវរបិតាអើយ! ប្រសិនបើអាច សូមឱ្យពែងនេះរំលងពីទូលបង្គំទៅ សូមកុំតាមចិត្តទូលបង្គំឡើយ តែសូមតាមបំណងព្រះហឫទ័យរបស់ទ្រង់វិញ»។ មនុស្សសម្រេចចិត្តដោយខ្លួនឯង ប៉ុន្តែ ព្រះគ្រីស្ទមិនធ្វើបែបនេះឡើយ។ ទោះបីទ្រង់មានអត្តសញ្ញាណជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គក៏ដោយ ក៏ប៉ុន្តែ ទ្រង់នៅតែស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដដែល និងបំពេញកិច្ចការដែលព្រះជាម្ចាស់ដ៏ជាព្រះវរបិតាបានប្រទានដល់ទ្រង់ ទៅតាមទស្សនៈខាងសាច់ឈាម។ មនុស្សមិនអាចសម្រេចការនេះបានទេ។ អ្វីដែលមកពីសាតាំង មិនអាចមានសារជាតិរបស់ព្រះជាម្ចាស់បានឡើយ។ សារជាតិតែមួយគត់ដែលវាមាន គឺការមិនស្ដាប់បង្គាប់ និងការទាស់ទទឹងនឹងព្រះជាម្ចាស់។ វាមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុងឡើយ ហើយវាក៏មិនព្រមស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ក្រៅពីព្រះគ្រីស្ទ មនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើរឿងដែលទាស់ទទឹងនឹងព្រះជាម្ចាស់បានទាំងអស់ ហើយគ្មានមនុស្សណាម្នាក់ អាចធ្វើកិច្ចការដែលព្រះជាម្ចាស់បានប្រគល់ឱ្យពួកគេធ្វើដោយផ្ទាល់បានឡើយ។ គ្មាននរណាម្នាក់អាចចាត់ទុកការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ជាភារកិច្ចផ្ទាល់ខ្លួន ដែលពួកគេត្រូវបំពេញឡើយ។ សារជាតិរបស់ព្រះគ្រីស្ទ គឺជាការចុះចូលនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា ចំណែកឯការមិនស្ដាប់បង្គាប់ទាស់នឹងព្រះជាម្ចាស់ គឺជាចរិតលក្ខណៈរបស់សាតាំង។ លក្ខណៈទាំងពីរនេះ មិនចុះសម្រុងជាមួយគ្នាទេ ហើយអ្នកណាដែលមានចរិតលក្ខណៈរបស់សាតាំង មិនអាចហៅថាជាព្រះគ្រីស្ទបានឡើយ។ ហេតុផលដែលមនុស្សមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ជំនួសទ្រង់បាន គឺដោយសារតែមនុស្សគ្មានសារជាតិរបស់ព្រះជាម្ចាស់។ មនុស្សថ្វាយព្រះជាម្ចាស់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងដើម្បីអនាគតល្អរបស់គេប៉ុណ្ណោះ ប៉ុន្តែព្រះគ្រីស្ទវិញ ធ្វើការដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា។
ភាពជាព្រះរបស់ព្រះគ្រីស្ទ គ្រប់គ្រងលើភាពជាមនុស្សរបស់ទ្រង់។ ទោះបីជាទ្រង់ស្ថិតនៅខាងសាច់ឈាមក៏ពិតមែន ក៏ប៉ុន្តែភាពជាមនុស្សរបស់ទ្រង់ មិនដូចមនុស្សនៅខាងសាច់ឈាមទាំងស្រុងឡើយ។ ទ្រង់មានបុគ្គលិកលក្ខណៈវិសេសផ្ទាល់ព្រះអង្គ ហើយបុគ្គលិកលក្ខណៈវិសេសនេះ ក៏ស្ថិតក្រោមការគ្រប់គ្រងពីភាពជាព្រះរបស់ទ្រង់ផងដែរ។ ភាពជាព្រះរបស់ទ្រង់ គ្មានចំណុចខ្សោយទេ។ ចំណុចខ្សោយរបស់ព្រះគ្រីស្ទ សំដៅទៅលើចំណុចខ្សោយនៃភាពជាមនុស្សរបស់ទ្រង់។ ចំណុចខ្សោយនេះក៏ដាក់កំហិតលើភាពជាព្រះរបស់ទ្រង់ក្នុងកម្រិតណាមួយផងដែរ ប៉ុន្តែការដាក់កំហិតនេះគឺនៅក្នុងវិសាលភាព និងពេលវេលាជាក់លាក់ណាមួយប៉ុណ្ណោះ មិនមែនគ្មានដែនកំណត់នោះទេ។ នៅពេលដែលត្រូវបំពេញកិច្ចការទ្រង់នៅក្នុងភាពជាព្រះ កិច្ចការនោះត្រូវបំពេញដោយមិនគិតពីភាពជាមនុស្សរបស់ទ្រង់ឡើយ។ ភាពជាមនុស្សរបស់ព្រះគ្រីស្ទ ត្រូវបានដឹកនាំដោយភាពជាព្រះរបស់ទ្រង់ទាំងស្រុង។ ក្រៅពីជីវិតសាមញ្ញក្នុងភាពជាមនុស្សរបស់ទ្រង់ រាល់សកម្មភាពដទៃផ្សេងទៀតទាំងអស់ក្នុងភាពជាមនុស្សរបស់ទ្រង់ សុទ្ធតែត្រូវទទួលរងឥទ្ធិពល ទទួលផល និងត្រូវដឹកនាំដោយភាពជាព្រះរបស់ទ្រង់។ ទោះបីព្រះគ្រីស្ទមានភាពជាមនុស្សក៏ដោយ ក៏ភាពជាមនុស្សនេះមិនបង្អាក់ដល់កិច្ចការក្នុងភាពជាព្រះរបស់ទ្រង់ដែរ ហើយច្បាស់ណាស់ នេះគឺដោយសារតែភាពជាមនុស្សរបស់ព្រះគ្រីស្ទ ត្រូវបានភាពជាព្រះរបស់ទ្រង់ដឹកនាំ។ ទោះបីជាការប្រព្រឹត្តខ្លួនជាមួយអ្នកដទៃក្នុងភាពជាមនុស្សរបស់ទ្រង់ មិនទាន់ចាស់ទុំក៏ដោយ ក៏វាមិនជះឥទ្ធិពលដល់កិច្ចការសាមញ្ញក្នុងភាពជាព្រះរបស់ទ្រង់ដែរ។ នៅពេលដែលខ្ញុំនិយាយថា ភាពជាមនុស្សរបស់ទ្រង់មិនត្រូវបានធ្វើឱ្យពុករលួយ ខ្ញុំចង់មានន័យថា ភាពជាមនុស្សរបស់ព្រះគ្រីស្ទ អាចឱ្យភាពជាព្រះរបស់ទ្រង់បញ្ជាបានដោយផ្ទាល់ ហើយទ្រង់មានញាណយល់ដឹងខ្ពស់ជាងមនុស្សសាមញ្ញ។ ភាពជាមនុស្សរបស់ទ្រង់ គឺស័ក្ដិសមឱ្យភាពជាព្រះរបស់ទ្រង់ដឹកនាំនៅក្នុងកិច្ចការទ្រង់បំផុត។ ភាពជាមនុស្សរបស់ទ្រង់ អាចបង្ហាញចេញបានយ៉ាងល្អបំផុតនូវកិច្ចការក្នុងភាពជាព្រះ និងអាចចុះចូលបានយ៉ាងល្អបំផុតចំពោះកិច្ចការនេះ។ នៅពេលដែលព្រះជាម្ចាស់ធ្វើការនៅខាងសាច់ឈាម ទ្រង់មិនដែលមើលរំលងភារកិច្ចដែលមនុស្សនៅខាងសាច់ឈាមគួរតែបំពេញនោះទេ។ ទ្រង់អាចថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ចេញពីដួងព្រះទ័យស្មោះ។ ទ្រង់មានសារជាតិជាព្រះ ហើយអត្តសញ្ញាណរបស់ទ្រង់ គឺជាអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ដោយសារតែទ្រង់បានយាងមកផែនដី និងបានក្លាយជាមនុស្ស ដោយមានសំបកក្រៅជាមនុស្ស ទើបឥឡូវនេះ ព្រះអង្គមានភាពជាមនុស្ស ដែលទ្រង់មិនធ្លាប់មានពីមុនមក។ ទ្រង់អាចថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌បាន។ នេះគឺជាលក្ខណៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយមនុស្សមិនអាចត្រាប់តាមបានឡើយ។ អត្តសញ្ញាណរបស់ទ្រង់ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទ្រង់ថ្វាយបង្គំព្រះជាម្ចាស់តាមទស្សនៈខាងសាច់ឈាម។ ដូច្នេះ ពាក្យដែលថា «ព្រះគ្រីស្ទថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌» គឺគ្មានអ្វីខុសឡើយ។ អ្វីដែលទ្រង់សុំពីមនុស្ស គឺលក្ខណៈរបស់ទ្រង់ផ្ទាល់តែម្ដង។ មុនពេលដែលទ្រង់សុំអ្វីពីមនុស្ស ទ្រង់បានធ្វើការទាំងអស់នោះរួចស្រេចមុននោះទៅទៀត។ ទ្រង់នឹងមិនទាមទារពីអ្នកដទៃ ទាំងដែលទ្រង់មិនបានធ្វើអ្វីនោះទេ ដ្បិតសេចក្តីទាំងអស់នេះផ្សំគ្នាបង្កើតបានជាលក្ខណៈរបស់ទ្រង់។ មិនថាទ្រង់បំពេញកិច្ចការរបស់ទ្រង់បែបណា ទ្រង់នឹងមិនបំពេញកិច្ចការនោះក្នុងលក្ខណៈណាមួយដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ។ មិនថាទ្រង់សុំអ្វីពីមនុស្សទេ ការសុំនោះនឹងមិនហួសពីសមត្ថភាពដែលមនុស្សអាចធ្វើបានឡើយ។ កិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងដើម្បីការគ្រប់គ្រងរបស់ទ្រង់។ ភាពជាព្រះរបស់ព្រះគ្រីស្ទ គឺខ្ពង់ខ្ពស់លើសមនុស្សទាំងអស់។ ដូច្នេះ ទ្រង់គឺជាសិទ្ធិអំណាចដ៏ខ្ពស់បំផុតលើភាវៈទាំងអស់ដែលព្រះបានបង្កើតមក។ សិទ្ធិអំណាចនេះ គឺជាភាពជាព្រះរបស់ទ្រង់ ជានិស្ស័យ និងលក្ខណៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលកំណត់ពីអត្តសញ្ញាណរបស់ទ្រង់។ ដូច្នេះ មិនថាភាពជាមនុស្សរបស់ទ្រង់សាមញ្ញាប៉ុនណាទេ ទ្រង់មានអត្តសញ្ញាណជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ មិនអាចប្រកែកបានឡើយ។ មិនថាទ្រង់មានព្រះបន្ទូលតាមទស្សនៈបែបណា ឬស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងណាទេ ក៏មិនអាចនិយាយថា ទ្រង់មិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានដែរ។ ជារឿយៗ មនុស្សល្ងីល្ងើនិងល្ងង់ខ្លៅ តែងចាត់ទុកភាពជាមនុស្សសាមញ្ញរបស់ព្រះគ្រីស្ទ គឺជាចំណុចខ្វះខាត។ ទោះជាទ្រង់សម្ដែងចេញ និងបើកសម្ដែងពីលក្ខណៈនៃភាពជាព្រះរបស់ទ្រង់បែបណាក៏ដោយ ក៏មនុស្សមិនអាចដឹងថា ទ្រង់ជាព្រះគ្រីស្ទដែរ។ ហើយកាលណាព្រះគ្រីស្ទបង្ហាញចេញការស្ដាប់បង្គាប់ និងការបន្ទាបខ្លួនរបស់ទ្រង់កាន់តែច្រើន នោះមនុស្សល្ងីល្ងើនឹងកាន់តែមើលស្រាលព្រះគ្រីស្ទខ្លាំងឡើងមិនខាន។ ក៏មានមនុស្សខ្លះទៀត ប្រកាន់អាកប្បកិរិយាមិនរាប់រក និងមើលងាយទ្រង់ផងដែរ ហើយគេបែរជាដាក់តាំងរូបថត «មនុស្សឆ្នើមអស្ចារ្យ» នៅលើតុ ដើម្បីថ្វាយបង្គំទៅវិញ។ ការប្រឆាំង និងការមិនស្ដាប់បង្គាប់របស់មនុស្សចំពោះព្រះជាម្ចាស់ កើតចេញមកពីរឿងដែលថា សារជាតិរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ចុះចូលនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏ដូចជាចេញមកអំពីភាពជាមនុស្សសាមញ្ញរបស់ព្រះគ្រីស្ទផងដែរ។ នេះគឺជាប្រភពនៃការប្រឆាំង និងការមិនស្ដាប់បង្គាប់របស់មនុស្សចំពោះព្រះជាម្ចាស់។ បើព្រះគ្រីស្ទគ្មានសំបកក្រៅក្នុងភាពជាមនុស្ស ហើយមិនបានស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាតាមទស្សនៈនៃភាវៈដែលព្រះបានបង្កើតមកទេ តែបែរជាមានភាពជាមនុស្សអស្ចារ្យវិញ នោះនៅក្នុងចំណោមមនុស្ស ទំនងជាគ្មានការមិនស្ដាប់បង្គាប់ឡើយ។ ហេតុផលដែលមនុស្សតែងតែជឿលើព្រះជាម្ចាស់ដែលមើលពុំឃើញនៅឯស្ថានសួគ៌ គឺដោយសារតែព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌នោះ គ្មានភាពជាមនុស្សឡើយ ហើយទ្រង់ក៏គ្មានលក្ខណៈជាភាវៈដែលព្រះបានបង្កើតមកសូម្បីតែមួយ។ ដូច្នេះ មនុស្សតែងគោរពទ្រង់ខ្លាំងបំផុត ហើយបែរជាមានអាកប្បកិរិយាមើលងាយចំពោះព្រះគ្រីស្ទទៅវិញ។
ទោះបីព្រះគ្រីស្ទនៅលើផែនដី អាចបំពេញកិច្ចការជំនួសព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានក៏ដោយ ក៏ទ្រង់មិនបានយាងមកក្នុងបំណងដើម្បីបង្ហាញរូបអង្គទ្រង់នៅខាងសាច់ឈាមឱ្យមនុស្សគ្រប់គ្នាបានឃើញដែរ។ ទ្រង់មិនបានយាងមកដើម្បីឱ្យមនុស្សគ្រប់គ្នាឃើញទ្រង់ទេ ប៉ុន្តែទ្រង់យាងមកដើម្បីអនុញ្ញាតឱ្យមនុស្សទទួលបានការដឹកនាំពីព្រះហស្តទ្រង់ និងអាចឱ្យគេចូលទៅក្នុងយុគសម័យថ្មីបាន។ មុខងារសាច់ឈាមរបស់ព្រះគ្រីស្ទ គឺដើម្បីកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ពោលគឺដើម្បីកិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាមតែម្ដង មិនមែនដើម្បីនាំមនុស្សឱ្យយល់ពីសារជាតិនៃសាច់ឈាមរបស់ទ្រង់ទាំងស្រុងឡើយ។ មិនថាទ្រង់បំពេញកិច្ចការដោយរបៀបណាទេ គ្មានកិច្ចការណាមួយដែលទ្រង់ធ្វើ ហួសពីសមត្ថភាពដែលសាច់ឈាមអាចធ្វើបានឡើយ។ មិនថាទ្រង់ធ្វើការបែបណាទេ ទ្រង់ធ្វើការនោះនៅខាងសាច់ឈាមក្នុងភាពជាមនុស្សសាមញ្ញម្នាក់ ហើយមិនបានបើកសម្ដែងពីទឹកព្រះភ័ក្រ្តពិតរបស់ព្រះជាម្ចាស់ឱ្យមនុស្សបានឃើញទាំងស្រុងឡើយ។ លើសពីនេះទៅទៀត កិច្ចការរបស់ទ្រង់នៅខាងសាច់ឈាម មិនដែលហួសពីនិស្ស័យធម្មជាតិ ឬច្រើនលើសលប់ដល់ថ្នាក់មនុស្សយល់មិនបាននោះទេ។ ទោះបីជាព្រះគ្រីស្ទតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៅខាងសាច់ឈាម និងបំពេញកិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគួរតែបំពេញដោយផ្ទាល់ក៏ពិតមែន ក៏ប៉ុន្តែ ទ្រង់មិនបានបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់នៅឯស្ថានសួគ៌ ហើយទ្រង់ក៏មិនបានប្រកាសពីកិច្ចការផ្ទាល់របស់ទ្រង់យ៉ាងប្រញាប់ប្រញាល់នោះដែរ។ ផ្ទុយទៅវិញ ទ្រង់បន្តលាក់បាំង បន្ទាបខ្លួននៅខាងសាច់ឈាមរបស់ទ្រង់។ ក្រៅពីព្រះគ្រីស្ទ អ្នកណាដែលក្លែងបន្លំអះអាងថាខ្លួនជាព្រះគ្រីស្ទ គ្មានគុណសម្បត្តិរបស់ទ្រង់ឡើយ។ នៅពេលដែលដាក់ផ្គូផ្គងគ្នាជាមួយនឹងនិស្ស័យក្រអឺតក្រទម តម្កើងខ្លួនរបស់ពួកព្រះគ្រីស្ទក្លែងក្លាយទាំងនោះ គេអាចឃើញយ៉ាងច្បាស់ថាលក្ខណៈខាងសាច់ឈាមបែបណាគឺជាលក្ខណៈពិតប្រាកដរបស់ព្រះគ្រីស្ទ។ កាលណាលក្ខណៈទាំងនោះកាន់តែក្លែងបន្លំ នោះកាន់តែបង្ហាញថា ពួកគេជាព្រះគ្រីស្ទក្លែងក្លាយ ហើយកាន់តែបង្ហាញថា លក្ខណៈទាំងនោះជាទីសម្គាល់ និងការអស្ចារ្យ ដើម្បីបោកបញ្ឆោតមនុស្ស។ ព្រះគ្រីស្ទក្លែងក្លាយគ្មានគុណសម្បត្តិរបស់ព្រះជាម្ចាស់ឡើយ។ ព្រះគ្រីស្ទគ្មានប្រឡាក់ប្រឡូសទៅដោយធាតុណាមួយជារបស់ពួកព្រះគ្រីស្ទក្លែងក្លាយទេ។ ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ដើម្បីតែបញ្ចប់កិច្ចការនៅខាងសាច់ឈាមប៉ុណ្ណោះ មិនមែនដើម្បីឱ្យមនុស្សមើលឃើញទ្រង់នោះទេ។ ផ្ទុយទៅវិញ ទ្រង់អនុញ្ញាតឱ្យកិច្ចការរបស់ទ្រង់ បញ្ជាក់ពីអត្តសញ្ញាណរបស់ទ្រង់ និងអនុញ្ញាតឱ្យអ្វីដែលទ្រង់បើកសម្ដែងនោះ បញ្ជាក់ពីសារជាតិរបស់ទ្រង់។ សារជាតិរបស់ទ្រង់មិនមែនគ្មានមូលដ្ឋាននោះទេ ហើយអត្តសញ្ញាណរបស់ទ្រង់ក៏មិនក្ដាប់ជាប់ក្នុងព្រះហស្តរបស់ទ្រង់ដែរ តែអត្តសញ្ញាណទ្រង់ត្រូវបានកំណត់ដោយកិច្ចការ និងសារជាតិរបស់ទ្រង់។ ទោះបីទ្រង់មានសារជាតិជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងមានសមត្ថភាពបំពេញកិច្ចការរបស់ព្រះជាម្ចាស់ដោយផ្ទាល់ក៏ដោយ ក៏ចុងក្រោយ ទ្រង់នៅតែជាសាច់ឈាម មិនមែនជាព្រះវិញ្ញាណឡើយ។ ទ្រង់មិនមែនជាព្រះជាម្ចាស់ដែលមានគុណសម្បត្តិរបស់ព្រះវិញ្ញាណទេ។ ទ្រង់ជាព្រះជាម្ចាស់ ដែលមានសំបកជាសាច់ឈាម។ ដូច្នេះ មិនថាទ្រង់សាមញ្ញ និងទន់ខ្សោយបែបណាទេ ហើយទោះជាទ្រង់ស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាក៏ដោយ ក៏មិនអាចប្រកែកពីភាពជាព្រះរបស់ទ្រង់បានដែរ។ នៅក្នុងព្រះកាយរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនគ្រាន់តែមានភាពជាមនុស្សសាមញ្ញ និងចំណុចខ្សោយប៉ុណ្ណោះទេ ប៉ុន្តែក៏មានភាពអស្ចារ្យ និងភាពមិនអាចវាស់ស្ទង់បានក្នុងភាពជាព្រះរបស់ទ្រង់ ក៏ដូចជាគ្រប់ទាំងកិច្ចការរបស់ទ្រង់នៅខាងសាច់ឈាមផងដែរ។ ដូច្នេះ ទាំងភាពជាមនុស្ស ទាំងភាពជាព្រះ មាននៅក្នុងព្រះកាយព្រះគ្រីស្ទ ទាំងពិតនិងជាក់ស្ដែង។ សេចក្ដីនេះមិនមែនឥតខ្លឹមសារ ឬហួសពីនិស្ស័យធម្មជាតិឡើយ។ ទ្រង់យាងមកកាន់ផែនដី ដោយមានគោលដៅចម្បងមួយ គឺដើម្បីបំពេញកិច្ចការ។ ការដែលត្រូវមានភាពជាមនុស្សសាមញ្ញដើម្បីបំពេញការងារនៅលើផែនដី គឺជាការចាំបាច់។ បើពុំដូច្នោះទេ ទោះបីព្រះចេស្ដាក្នុងភាពជាព្រះរបស់ទ្រង់អស្ចារប៉ុនណាក៏ដោយ ក៏មុខងារដើមនៃភាពជាព្រះរបស់ទ្រង់ មិនអាចប្រើការបានដែរ។ ទោះបីភាពជាមនុស្សរបស់ទ្រង់សំខាន់ខ្លាំងក៏ដោយ ក៏វាមិនមែនជាសារជាតិរបស់ទ្រង់ដែរ។ សារជាតិរបស់ទ្រង់គឺ ភាពជាព្រះ។ ដូច្នេះ ចាប់តាំងពីពេលដែលទ្រង់ចាប់ផ្ដើមបម្រើព័ន្ធកិច្ចរបស់ទ្រង់នៅលើផែនដី នោះក៏ជាពេលដែលទ្រង់ចាប់ផ្ដើមសម្ដែងចេញនូវលក្ខណៈក្នុងភាពជាព្រះរបស់ទ្រង់ដែរ។ ភាពជាមនុស្សរបស់ទ្រង់កើតមានឡើងគ្រាន់តែដើម្បីជួយទ្រទ្រង់ដល់ជីវិតសាមញ្ញរបស់ទ្រង់នៅខាងសាច់ឈាមប៉ុណ្ណោះ ដើម្បីឱ្យភាពជាព្រះរបស់ទ្រង់អាចបំពេញការងារនៅខាងសាច់ឈាមបានតាមធម្មតា។ ភាពជាព្រះនេះហើយ ដែលដឹកនាំកិច្ចការរបស់ទ្រង់ទាំងស្រុងនោះ។ នៅពេលដែលទ្រង់បញ្ចប់កិច្ចការរបស់ទ្រង់រួចហើយ នោះទ្រង់មុខជាបានបញ្ចប់ព័ន្ធកិច្ចរបស់ទ្រង់ដែរមិនខាន។ អ្វីដែលមនុស្សគួរតែដឹង គឺជាកិច្ចការរបស់ទ្រង់ទាំងមូល ហើយតាមរយៈកិច្ចការរបស់ទ្រង់នេះហើយ ដែលទ្រង់អនុញ្ញាតឱ្យមនុស្សស្គាល់ទ្រង់។ ក្នុងអំឡុងពេលនៃកិច្ចការរបស់ទ្រង់ ព្រះអង្គពិតជាសម្ដែងចេញនូវលក្ខណៈនៃភាពជាព្រះរបស់ទ្រង់សុទ្ធសាធ ដែលមិនមែនជានិស្ស័យដែលប្រឡាក់ប្រឡូសទៅដោយភាពជាមនុស្ស ឬប្រឡាក់ប្រឡូសទៅដោយគំនិត និងឥរិយាបថរបស់មនុស្សឡើយ។ ទម្រាំដល់ពេលដែលគ្រានោះមកដល់ ជាគ្រាដែលព័ន្ធកិច្ចទាំងអស់របស់ទ្រង់បានមកដល់ទីបញ្ចប់ នោះទ្រង់មុខជាបានសម្ដែងចេញនូវនិស្ស័យដែលទ្រង់គួរសម្ដែងចេញមកនោះសព្វគ្រប់គ្មានសល់ចន្លោះនោះទេ។ គ្មានសេចក្តីណែនាំពីមនុស្សណាម្នាក់ ដែលដឹកនាំកិច្ចការរបស់ទ្រង់ឡើយ។ ការសម្ដែងចេញនូវនិស្ស័យរបស់ទ្រង់ គ្មានការបង្ខិតបង្ខំ ឬត្រូវគ្រប់គ្រងដោយចិត្ត ឬវែកញែកដោយការគិតណាមួយឡើយ តែត្រូវបានបើកសម្ដែងដោយឯកឯង។ គ្មានមនុស្សណាម្នាក់អាចធ្វើកិច្ចការនេះបានទេ។ ទោះបីជាមជ្ឈដ្ឋានជុំវិញមិនល្អ ឬមានលក្ខខណ្ឌមិនអំណោយផលក្ដី ក៏ទ្រង់អាចសម្ដែងចេញនូវនិស្ស័យរបស់ទ្រង់ក្នុងពេលសមស្របបានដដែល។ បុគ្គលដែលជាព្រះគ្រីស្ទ សម្ដែងចេញនូវលក្ខណៈរបស់ព្រះគ្រីស្ទ ចំណែកឯបុគ្គលដែលមិនមែនជាព្រះគ្រីស្ទវិញ គ្មាននិស្ស័យរបស់ព្រះគ្រីស្ទនៅក្នុងខ្លួនឡើយ។ ដូច្នេះ ទោះបីជាមនុស្សគ្រប់គ្នាទាស់ទទឹងនឹងទ្រង់ ឬមានសញ្ញាណផ្សេងៗអំពីទ្រង់ក៏ដោយ ក៏គ្មាននរណាម្នាក់អាចបដិសេធមូលដ្ឋាននៃសញ្ញាណរបស់មនុស្សដែលថា និស្ស័យដែលព្រះគ្រីស្ទបានសម្ដែងចេញមកនោះ គឺមកអំពីព្រះជាម្ចាស់ដែរ។ អ្នកណាដែលមានចិត្តដេញតាមព្រះគ្រីស្ទពិតប្រាកដ ឬមានចេតនាស្វែងរកព្រះជាម្ចាស់នឹងទទួលស្គាល់ថា ទ្រង់គឺជាព្រះគ្រីស្ទ ដោយផ្អែកលើការសម្ដែងចេញនូវភាពជាព្រះរបស់ទ្រង់។ ពួកគេនឹងមិនដែលបដិសេធព្រះគ្រីស្ទ ដោយផ្អែកលើទិដ្ឋភាពណាមួយរបស់ទ្រង់ ដែលមិនស្របតាមសញ្ញាណរបស់មនុស្សឡើយ។ ទោះបីមនុស្សល្ងីល្ងើខ្លាំងក៏ដោយ ក៏មនុស្សទាំងអស់ដឹងយ៉ាងច្បាស់ថាអ្វីជាឆន្ទៈរបស់មនុស្ស និងអ្វីកើតចេញពីព្រះជាម្ចាស់ដែរ។ គ្រាន់តែថា មនុស្សជាច្រើនមានចេតនាទាស់ទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ។ បើមិនមែនដោយសារហេតុផលនេះទេ គ្មានមនុស្សណាម្នាក់មានហេតុផលបដិសេធអត្ថិភាពរបស់ព្រះគ្រីស្ទឡើយ ដ្បិតភាពជាព្រះដែលព្រះគ្រីស្ទបានសម្ដែងចេញមក គឺមានពិតប្រាកដមែន ហើយកិច្ចការរបស់ទ្រង់ទៀតសោត ក៏អាចមើលឃើញនឹងភ្នែកទទេបានដែរ។
កិច្ចការ និងការសម្ដែងចេញរបស់ព្រះគ្រីស្ទ កំណត់ពីសារជាតិរបស់ទ្រង់។ ទ្រង់អាចបញ្ចប់កិច្ចការដែលបានប្រគល់ជូនទ្រង់ ដោយព្រះទ័យស្មោះ។ ទ្រង់អាចថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដោយព្រះទ័យស្មោះ ហើយអាចស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដោយព្រះទ័យស្មោះពិត។ ទាំងអស់នេះសុទ្ធតែត្រូវកំណត់ដោយសារជាតិរបស់ទ្រង់ទាំងអស់។ ដូចគ្នានេះដែរ ការបើកសម្ដែងពីធម្មជាតិរបស់ទ្រង់ ក៏ត្រូវបានកំណត់ដោយសារជាតិរបស់ទ្រង់ដែរ។ ហេតុផលដែលខ្ញុំហៅការនេះថា «ការបើកសម្ដែងពីធម្មជាតិ» របស់ទ្រង់ គឺដោយសារតែការបើកសម្ដែងរបស់ទ្រង់មិនមែនជាការត្រាប់តាម ឬជាលទ្ធផលចេញពីការអប់រំរបស់មនុស្ស ឬចេញពីលទ្ធផលនៃការបណ្ដុះបណ្ដាលរាប់សិបឆ្នាំដោយមនុស្សឡើយ។ ទ្រង់មិនបានរៀន ឬបំពាក់បំប៉នអង្គទ្រង់ដោយការនេះឡើយ។ ផ្ទុយទៅវិញ លក្ខណៈនេះកើតមានមកជាមួយទ្រង់ពីកំណើតតែម្ដង។ មនុស្សអាចបដិសេធកិច្ចការរបស់ទ្រង់ បដិសេធការសម្ដែងចេញរបស់ទ្រង់ បដិសធភាពជាមនុស្សរបស់ទ្រង់ និងជីវិតទាំងស្រុងរបស់ទ្រង់ក្នុងភាពជាមនុស្សសាមញ្ញបាន ប៉ុន្តែគ្មាននរណាម្នាក់អាចបដិសេធបានឡើយថា ទ្រង់ថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដោយព្រះទ័យស្មោះពិត។ គ្មាននរណាម្នាក់អាចបដិសេធបានឡើយថា ទ្រង់បានយាងមក ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដែលគង់នៅឯស្ថានសួគ៌ ហើយក៏គ្មាននរណាម្នាក់អាចបដិសេធភាពស្មោះសរដែលទ្រង់ស្វែងរកព្រះជាម្ចាស់ដ៏ជាព្រះវរបិតាបានឡើយ។ ទោះបីរូបអង្គរបស់ទ្រង់មិនគាប់ភ្នែករបស់គេ សេចក្តីអធិប្បាយរបស់ទ្រង់គ្មានសូរសៀងអ្វីអស្ចារ្យ ហើយកិច្ចការរបស់ទ្រង់ មិនធ្វើឱ្យកក្រើកមេឃរញ្ជួយដី ដូចដែលមនុស្សស្រមើស្រមៃក៏ដោយ ក៏ប៉ុន្តែ ទ្រង់គឺជាព្រះគ្រីស្ទពិតប្រាកដ ដែលបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដោយព្រះទ័យស្មោះពិត ចុះចូលនឹងព្រះវរបិតាដែលគង់នៅស្ថានសួគ៌ទាំងស្រុង ហើយស្ដាប់បង្គាប់តាមទ្រង់លុះក្ស័យព្រះជន្ម។ នេះគឺដោយសារតែសារជាតិរបស់ទ្រង់ គឺជាសារជាតិរបស់ព្រះគ្រីស្ទ។ មនុស្សពិបាកនឹងជឿរឿងនេះណាស់ ប៉ុន្តែនេះគឺជាការពិត។ នៅពេលដែលព័ន្ធកិច្ចរបស់ព្រះគ្រីស្ទត្រូវបានបញ្ចប់ទាំងស្រុងហើយ នោះមនុស្សនឹងអាចមើលឃើញតាមរយៈកិច្ចការរបស់ទ្រង់ថា និស្ស័យនិងលក្ខណៈរបស់ទ្រង់ តំណាងឱ្យនិស្ស័យនិងលក្ខណៈរបស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ នៅគ្រានោះ សេចក្តីសង្ខេបពីគ្រប់កិច្ចការទាំងអស់របស់ទ្រង់ អាចបញ្ជាក់បានថា ទ្រង់ពិតជាសាច់ឈាមប្រាកដដូចព្រះបន្ទូលថាមែន ហើយទ្រង់មិនដូចជាសាច់ឈាមរបស់មនុស្សឡើយ។ គ្រប់ជំហាននៃកិច្ចការរបស់ព្រះគ្រីស្ទនៅលើផែនដី មានភាពសំខាន់ចាំបាច់តំណាងឱ្យកិច្ចការនោះ ប៉ុន្តែមនុស្សដែលបានដកពិសោធន៍ពីកិច្ចការជាក់ស្ដែងនៃជំហាននីមួយៗ មិនអាចយល់បានអំពីភាពសំខាន់ចាំបាច់នៃកិច្ចការរបស់ទ្រង់ឡើយ។ ជាពិសេស មនុស្សពុំបានយល់អំពីជំហាននានានៃកិច្ចការដែលព្រះជាម្ចាស់បានបំពេញនៅក្នុងការយកកំណើតជាមនុស្សជាលើកទីពីរនោះទេ។ មនុស្សភាគច្រើនដែលគ្រាន់តែបានឮ ឬបានឃើញព្រះបន្ទូលរបស់ព្រះគ្រីស្ទ តែមិនដែលបានឃើញទ្រង់ដោយផ្ទាល់ គ្មានសញ្ញាណអំពីកិច្ចការរបស់ទ្រង់ទេ។ អ្នកណាដែលបានឃើញព្រះគ្រីស្ទ និងបានស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ក៏ដូចជាបានដកពិសោធន៍ពីកិច្ចការរបស់ទ្រង់ផងនោះ ពិបាកនឹងទទួលយកកិច្ចការរបស់ទ្រង់ណាស់។ តើនេះមិនមែនដោយសារតែមនុស្សមិនចូលចិត្តការលេចមក និងភាពជាមនុស្សសាមញ្ញរបស់ព្រះគ្រីស្ទទេឬអី? អស់អ្នកណាដែលទទួលយកកិច្ចការរបស់ព្រះគ្រីស្ទ ក្រោយពេលទ្រង់បានយាងទៅផុត នឹងគ្មានការលំបាកបែបនេះឡើយ ដ្បិតពួកគេគ្រាន់តែទទួលយកកិច្ចការរបស់ទ្រង់ និងពុំធ្លាប់ជួបប្រទះភាពជាមនុស្សសាមញ្ញរបស់ព្រះគ្រីស្ទឡើយ។ មនុស្សមិនអាចបោះបង់សញ្ញាណរបស់គេអំពីព្រះជាម្ចាស់បាននោះទេ តែបែរជាពិនិត្យវែកញែកទ្រង់គ្មានសល់ចន្លោះទៅវិញ។ នេះគឺដោយសារតែមនុស្សផ្តោតទៅលើតែការលេចមករបស់ទ្រង់តែប៉ុណ្ណោះ ហើយគេមិនអាចស្គាល់ពីសារជាតិរបស់ទ្រង់ ផ្អែកលើកិច្ចការនិងព្រះបន្ទូលរបស់ទ្រង់បាន។ ប្រសិនបើមនុស្សបិទភ្នែកកុំមើលពីរូបអង្គខាងក្រៅរបស់ព្រះគ្រីស្ទ ឬជៀសវាងមិនពិភាក្សាអំពីភាពជាមនុស្សរបស់ព្រះគ្រីស្ទ និងនិយាយតែពីភាពជាព្រះរបស់ទ្រង់ដែលគ្មានមនុស្សណាអាចយល់ពីកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់បាន ដូច្នេះ សញ្ញាណរបស់មនុស្សនឹងត្រូវកាត់បន្ថយពាក់កណ្ដាល អាចដល់កម្រិតមួយដែលអាចដោះស្រាយការលំបាករបស់មនុស្សបានផង។ ក្នុងអំឡុងពេលនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មនុស្សមិនអាចទទួលយកទ្រង់បានឡើយ ហើយគេពេញទៅដោយសញ្ញាណជាច្រើនអំពីទ្រង់ ហើយករណីនៃការទាស់ទទឹង និងការមិនស្ដាប់បង្គាប់ក៏កើតមានជាញឹកញាប់ដែរ។ មនុស្សមិនអាចទទួលយកអត្ថិភាពរបស់ព្រះជាម្ចាស់បានទេ មិនអាចបង្ហាញការអត់ឱនចំពោះការបន្ទាបខ្លួន និងការលាក់បាំរបស់ព្រះគ្រីស្ទបានឡើយ ឬមិនអាចអត់ឱនចំពោះសារជាតិរបស់ព្រះគ្រីស្ទ ដែលស្ដាប់បង្គាប់តាមព្រះវរបិតាដែលគង់នៅឯស្ថានសួគ៌ឡើយ។ ដូច្នេះ ទ្រង់មិនអាចគង់នៅជាមួយមនុស្សជារៀងរហូតបានទេ បន្ទាប់ពីទ្រង់បានបញ្ចប់កិច្ចការរបស់ទ្រង់ហើយ ដ្បិតមនុស្សមិនចង់ឱ្យទ្រង់រស់នៅជាមួយពួកគេទេ។ ប្រសិនបើមនុស្សមិនទាំងអាចបង្ហាញពីការអត់ឱនចំពោះទ្រង់ក្នុងអំឡុងពេលនៃកិច្ចការរបស់ទ្រង់ផង ដូច្នេះ តើពួកគេអាចនឹងអត់ធ្មត់ចំពោះទ្រង់ ដែលរស់នៅជាមួយពួកគេបានយ៉ាងដូចម្ដេចទៅ បន្ទាប់ពីទ្រង់បានបញ្ចប់ព័ន្ធកិច្ចរបស់ទ្រង់ ហើយទ្រង់នៅទតមើលពួកគេដកពិសោធន៍បន្តិចម្ដងៗអំពីព្រះបន្ទូលរបស់ទ្រង់នោះ? តើមនុស្សជាច្រើននឹងមិនធ្លាក់ដោយសារតែទ្រង់ទេឬអី? មនុស្សត្រឹមអនុញ្ញាតឱ្យទ្រង់ធ្វើការនៅលើផែនដីប៉ុណ្ណោះ។ ភាពអត់ធ្មត់របស់មនុស្ស គឺមានទំហំប៉ុណ្ណេះឯង។ បើមិនមែនដោយសារតែកិច្ចការរបស់ទ្រង់ទេ មនុស្សមុខជាបណ្ដេញទ្រង់ចេញពីផែនដីនេះជាយូរយារណាស់មកហើយ ដូច្នេះ នៅពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ហើយ តើពួកគេនឹងបង្ហាញការអត់ធ្មត់កាន់តែតិចប៉ុនណាទៅ? ដូច្នេះ តើមនុស្សនឹងមិនធ្វើគុតទ្រង់ និងធ្វើទារុណកម្មទ្រង់រហូតដល់សុគតទេឬអី? បើទ្រង់មិនត្រូវគេហៅថាព្រះគ្រីស្ទទេ នោះទ្រង់ក៏នឹងមិនអាចធ្វើការនៅក្នុងចំណោមមនុស្សបានដែរ។ បើទ្រង់មិនបានធ្វើការក្នុងអត្តសញ្ញាណជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ តែបែរជាធ្វើការក្នុងនាមជាមនុស្សសាមញ្ញម្នាក់ នោះមនុស្សនឹងមិនអត់ទ្រាំស្ដាប់ព្រះបន្ទូលរបស់ទ្រង់សូម្បីតែមួយឃ្លាឡើយ ហើយក៏មិនអត់ទ្រាំចំពោះកិច្ចការរបស់ទ្រង់សូម្បីតែបន្តិចដែរ។ ដូច្នេះ ទ្រង់អាចមានអត្តសញ្ញាណនេះជាប់នឹងអង្គទ្រង់បានតែក្នុងកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ របៀបនេះ កិច្ចការរបស់ទ្រង់មានព្រះចេស្ដាខ្លាំងជាងពេលដែលទ្រង់មិនទាន់បានធ្វើអ្វីទៅទៀត ដ្បិតមនុស្សទាំងអស់ព្រមស្ដាប់បង្គាប់តាមតែអត្តសញ្ញាណដ៏លេចធ្លោ និងអស្ចារ្យប៉ុណ្ណោះ។ នៅពេលទ្រង់បំពេញកិច្ចការ បើទ្រង់គ្មានអត្តសញ្ញាណជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ឬមិនបានលេចមកជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ នោះទ្រង់នឹងគ្មានឱកាសបំពេញកិច្ចការសោះឡើយ។ ទោះបើទ្រង់មានសារជាតិជាព្រះ និងលក្ខណៈរបស់ព្រះគ្រីស្ទក៏ដោយ ក៏មនុស្សនឹងមិនបន្ធូរដៃ និងអនុញ្ញាតឱ្យទ្រង់បំពេញកិច្ចការដោយងាយស្រួលនៅក្នុងចំណោមមនុស្សដែរ។ ទ្រង់ពាំនាំអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៅក្នុងកិច្ចការរបស់ទ្រង់។ ទោះបីកិច្ចការបែបនេះមានព្រះចេស្ដាខ្លាំងរាប់សិបដងជាងការសម្រេចកិច្ចការដោយគ្មានអត្តសញ្ញាណបែបនេះក៏ដោយ ក៏មនុស្សនៅតែមិនស្ដាប់បង្គាប់ទ្រង់ទាំងស្រុងដដែល ដ្បិតមនុស្សចុះចូលចំពោះតែភាពលេចធ្លោរបស់ទ្រង់ប៉ុណ្ណោះ មិនចុះចូលនឹងសារជាតិរបស់ទ្រង់ឡើយ។ បើដូច្នេះមែន នៅថ្ងៃមួយណាមួយ ពេលព្រះគ្រីស្ទយាងចុះចេញពីតំណែងរបស់ទ្រង់ តើមនុស្សអាចអនុញ្ញាតឱ្យទ្រង់នៅមានព្រះជន្មរស់បន្តទៀតបានសូម្បីតែមួយថ្ងៃដែរឬទេ? ព្រះជាម្ចាស់សុខចិត្តរស់នៅលើផែនដីជាមួយមនុស្ស ដើម្បីឱ្យទ្រង់អាចមើលឃើញពីប្រសិទ្ធភាពនៃការងារចេញពីព្រះហស្តរបស់ទ្រង់ នៅពេលប៉ុន្មានឆ្នាំទៅមុខទៀត។ ក៏ប៉ុន្តែ មនុស្សមិនអាចអត់ទ្រាំនឹងព្រះវត្តមានរបស់ទ្រង់បានសូម្បីតែមួយថ្ងៃ ដូច្នេះ ទ្រង់មានតែបោះបង់ចោលប៉ុណ្ណោះ។ ការដែលមនុស្សអនុញ្ញាតឱ្យព្រះជាម្ចាស់ធ្វើកិច្ចការដែលទ្រង់គួរតែធ្វើនៅក្នុងចំណោមមនុស្ស និងបម្រើព័ន្ធកិច្ចរបស់ទ្រង់នោះ គឺជាការអត់ធ្មត់និងការអនុគ្រោះដ៏ធំធេងពីមនុស្សរួចទៅហើយ។ ទោះបីមនុស្សដែលត្រូវទ្រង់បានយកឈ្នះដោយផ្ទាល់រួចនោះ បង្ហាញការយោគយល់បែបនេះចំពោះទ្រង់ក៏ដោយ ក៏ពួកគេគ្រាន់តែអនុញ្ញាតឱ្យទ្រង់បន្តមានព្រះជន្មគង់នៅរហូតដល់កិច្ចការរបស់ទ្រង់បញ្ចប់តែប៉ុណ្ណោះ មិនលើសពីនេះឡើយ។ បើមនុស្សដែលព្រះជាម្ចាស់បានយកឈ្នះ ធ្វើបែបនេះចំពោះទ្រង់ទៅហើយ ចុះទម្រាំមនុស្សដែលទ្រង់មិនបានយកឈ្នះវិញ តើពួកគេនឹងធ្វើដាក់ទ្រង់បែបណាទៅ? តើមនុស្សប្រព្រឹត្តដាក់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដោយបែបនេះ មិនមែនដោយសារតែទ្រង់ជាព្រះគ្រីស្ទដែលមានសំបកកាយជាមនុស្សធម្មតាទេឬអី? បើទ្រង់មានភាពជាព្រះតែម្យ៉ាង ហើយគ្មានភាពជាមនុស្សសាមញ្ញទេនោះ ដូច្នេះតើការលំបាករបស់មនុស្ស នឹងមិនត្រូវបានដោះស្រាយដោយងាយស្រួលបំផុតទេឬអី? មនុស្សទទួលស្គាល់ភាពជាព្រះរបស់ទ្រង់ដោយចិត្តច្រណែន ហើយពុំចាប់អារម្មណ៍លើសំបកកាយរបស់ទ្រង់ជាមនុស្សសាមញ្ញទាល់តែសោះ ទោះបីជាសារជាតិរបស់ទ្រង់ ដូចគ្នាបេះបិទនឹងសារជាតិរបស់ព្រះគ្រីស្ទ ដែលចុះចូលនឹងបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ក៏ដោយ។ ហេតុនេះហើយ ទ្រង់មានតែលុបចោលកិច្ចការរបស់ទ្រង់ក្នុងការរស់នៅក្នុងចំណោមមនុស្ស ដើម្បីរួមសុខ រួមទុក្ខជាមួយពួកគេ ដ្បិតមនុស្សមិនអាចអត់ទ្រាំនឹងព្រះវត្ដមានរបស់ទ្រង់តទៅទៀតបានឡើយ។