៣១. ការប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ខ្ញុំ

ខ្ញុំធ្លាប់មានអារម្មណ៍ច្រណែនខ្លាំងណាស់ ពេលឃើញបងប្អូនប្រុសស្រីសម្ដែង ច្រៀងរាំសរសើរព្រះជាម្ចាស់។ ខ្ញុំធ្លាប់ស្រមៃថា ថ្ងៃមួយ ខ្ញុំអាចឡើងច្រៀង និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់នៅលើឆាកដែរ។ ខ្ញុំគិតថា ​វាពិតជាមានកិត្តិយសណាស់! ថ្ងៃនោះក៏បានមកដល់លឿនជាងខ្ញុំធ្លាប់គិតទៅទៀត។

នៅក្នុងខែឧសភា ឆ្នាំ២០១៨ ខ្ញុំក៏បានចូលរួមហាត់សម សម្រាប់ការសម្ដែងចម្រៀងជាក្រុម គឺបទ ចម្រៀងជ័យនៃនគរព្រះ ដោយសារខ្ញុំមិនធ្លាប់រៀនច្រៀង ឬហាត់រាំពីមុន ដូច្នេះ ទើបការហាត់សមដំបូងៗ គឺពិបាកណាស់សម្រាប់ខ្ញុំ។ ខ្ញុំពិតជាអន្ទះសាក្នុងចិត្តពេលខ្ញុំច្រៀង ហើយមានទឹកមុខមិនស្រស់បស់សោះ។ ហើយខ្ញុំក៏រាំមិនស៊ីចង្វាក់នឹងគេទៀត។ ប៉ុន្តែ ខ្ញុំមិនបាក់ទឹកចិត្តទេ។ ខ្ញុំគិតថា ចម្រៀងជ័យនៃនគរព្រះ គឺជាទីបន្ទាល់អំពីការយាងមករបស់ព្រះជាម្ចាស់ ដូច្នេះទើបខ្ញុំមានអារម្មណ៍ត្រូវបានជំរុញចិត្តថា ដល់ថ្នាក់ខ្ញុំបន្តអធិដ្ឋានជាប់ជានិច្ច។ ខ្ញុំខំតាំងចិត្តសម្ដែងអស់ពីសមត្ថភាពរបស់ខ្ញុំក្នុងការច្រៀង និងរាំឱ្យបានល្អ។ ព្រះជាម្ចាស់បានដឹកនាំខ្ញុំបន្តិចម្ដងៗ ហើយពីរបីខែក្រោយមក ខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍កាន់តែស្រួលចិត្តជាមួយការសម្ដែងនេះ។ ខ្ញុំក៏បានដឹកនាំបងប្អូនប្រុសស្រីក្នុងការអនុវត្តសម្ដែងទឹកមុខរបស់គេទៀតផង។ ខ្ញុំចាប់ផ្ដើមពេញចិត្តនឹងខ្លួនឯង ដោយគិតថា «ពេលនេះ ខ្ញុំកំពុងសម្ដែងបានយ៉ាងល្អ។ កាយវិការរបស់ខ្ញុំ គឺពិតជារស់រវើក។ ពេលពួកគេកំពុងថត ខ្ញុំនឹងត្រូវគេដាក់នៅជួរមុខគេបំផុតប្រាកដណាស់។ ហើយពេលដែលបងប្អូនប្រុសស្រីដែលនៅឯផ្ទះ មើលឃើញខ្ញុំនៅមុខគេ ពួកគេប្រាកដជារំភើប និងសប្បាយរីករាយមិនខាន។ ខ្ញុំហ៊ានភ្នាល់ថា ពួកគេថែមទាំងច្រណែននឹងខ្ញុំទៀតផង ហើយស្ងើចសរសើរខ្ញុំមិនខាន។» គ្រប់ពេលដែលខ្ញុំគិតដូច្នោះ ខ្ញុំមានអារម្មណ៍ល្អតែម្ដង ហើយខ្ញុំហាក់មានថាមពលឥតដែនកំណត់សម្រាប់ភារកិច្ចរបស់ខ្ញុំ។ ហើយពេលដែលយើងហាត់សម ទោះបីជាពេលខ្ញុំហត់ និងទ្រោមខ្លួន ក៏ខ្ញុំមិនសម្រាកដែរ។ ខ្ញុំខ្លាចថា ប្រសិនបើខ្ញុំខ្ជីខ្ជា នោះខ្ញុំប្រាកដជាមិនបាននៅមុខទេ ហើយខ្ញុំនឹងគ្មានឱកាសបង្ហាញពីខ្លួនឯងទេ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវធ្វើឱ្យបានល្អបំផុត ទោះបីជាវាលំបាកយ៉ាងណា និងគួរឱ្យហត់នឿយយ៉ាងណាក៏ដោយ។ លុះជិតដល់ពេលថត អ្នកដឹកនាំថត ក៏រៀបចំកន្លែងដែលពួកយើងត្រូវឈរនៅលើឆាក។ ខ្ញុំរំភើបណាស់ ហើយរកមើលឈ្មោះរបស់ខ្ញុំក្នុងបញ្ជីឈ្មោះ។ ខ្ញុំឃើញឈ្មោះរបស់ខ្ញុំនៅជួរទី៧។ ខ្ញុំមិនជឿសោះ។ ម្ដេចក៏យកខ្ញុំទៅដាក់ឆ្ងាយដល់ម្ល៉ឹង? តើអ្នកដឹកនាំរៀបឆាកខុសទេដឹង? កាយវិការ និងទឹកមុខរបស់ខ្ញុំ មើលទៅសមណាស់ ហើយខ្ញុំថែមទាំងជួយអ្នកដទៃក្នុងការសម្ដែងកាយវិការរបស់គេផង។ ខ្ញុំពិតជាគិតថា ខ្ញុំគួរតែនៅជួរមុខបំផុតឯណេះទេ។ ហេតុអ្វីក៏ខ្ញុំត្រូវទៅនៅជួរក្រោយឆ្ងាយដល់ម្ល៉ឹង? ប្រសិនបើខ្ញុំមិនជាប់ក្នុងកាមេរ៉ា ប្រសិនបើខ្ញុំមិនជាប់នៅលើអេក្រង់ទូរទស្សន៍ផង ប្រាកដជាគ្មាននរណាមើលខ្ញុំឃើញនោះទេ។ គំនិតនេះបានធ្វើឱ្យខ្ញុំមិនពេញចិត្តសោះ។ ក្នុងការហាត់សម ខ្ញុំគ្មានចិត្តអរសប្បាយ ឬកម្លាំងកំហែងក្នុងការសម្ដែងអ្វីទៀតទេ។ ខ្ញុំតែងតែមានអារម្មណ៍ស្រពាប់ស្រពោន ជាពិសេស ពេលខ្ញុំឃើញបងប្អូនស្រីៗដែលសម្ដែងមិនសូវជាល្អប៉ុន្មានផង ឈរនៅជួរមុខៗ ខ្ញុំមិនយល់ទេ ម្ដេចបានជាគេទៅជាល្អជាងខ្ញុំដូច្នេះ? ហេតុអ្វីបានជាគេបាននៅជួរមុខ? ចំណែកខ្ញុំស្ថិតនៅជួរខាងក្រោយវិញ? ខ្ញុំមានអារម្មណ៍ច្រណែននឹងគេណាស់ ហើយមិនអាចទទួលយកបានទេ។ ប៉ុន្តែ ខ្ញុំពិតជាមើលឃើញបងប្អូនប្រុសស្រីមួយចំនួន ដែលហាត់រាំស្អាតជាងខ្ញុំ ពួកគាត់ត្រូវគេដាក់នៅជួរក្រោយៗមែន តែពេលសមលើឆាក ពួកគេមើលទៅសប្បាយចិត្តឥតខ្ចោះ ដូចជាគ្មានរំខានចិត្តអ្វីសោះ។ រឿងនេះធ្វើឱ្យខ្ញុំឆ្ងល់ណាស់៖ ទោះបីជានៅខាងក្រោយហើយ ក៏ពួកគេនៅតែស្ដាប់បង្គាប់ និងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្មដដែល ចុះហេតុអ្វីបានជាខ្ញុំលំបាកម្ល៉េះ ហើយហេតុអ្វីក៏ខ្ញុំមិនអាចចុះចូល? តើខ្ញុំកំពុងធ្វើជាមនុស្សគ្មានហេតុផលមែនទេ? ខ្ញុំមានអារម្មណ៍បន្ទោសខ្លួនណាស់នៅពេលនោះ តែខ្ញុំនៅតែមិនបានសញ្ជឹងគិតពីខ្លួនឯងដដែល។ ខ្ញុំនៅមិនយល់អំពីកន្លែងដែលត្រូវឈរសម្ដែងនោះទេ។

ពីរបីថ្ងៃក្រោយមក អ្នកដឹកនាំថតក៏បានធ្វើការផ្លាស់ប្ដូរកន្លែងឈរខ្លះ។ ខ្ញុំលួចសប្បាយចិត្តម្នាក់ឯង និងគិតថា លើកនេះគេប្រាកដជាប្ដូរយកខ្ញុំទៅដាក់មុខវិញមិនខាន។ ប៉ុន្តែ ពេលដែលខ្ញុំមើលឃើញការផ្លាស់ប្ដូរនោះ ខ្ញុំចង់តែស្រែកយំទេ។ គេយកខ្ញុំទៅដាក់ជួរក្រោយបង្អស់ គឺនៅជួរចុងគេ ជួរដែលកាមេរ៉ាពិបាកមើលឃើញខ្ញុំ។ ហើយអ្វីដែលខ្ញុំគិត គឺកាន់តែអាក្រក់ទៅទៀត បងប្អូនស្រីៗខ្លះ ដែលមកហាត់មិនបានយូរប៉ុន្មានផង ត្រូវគេយកទៅដាក់ជួរមុខខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា គ្រប់យ៉ាងបានបាត់បង់តុល្យភាព។ ខ្ញុំខំប្រឹងហាត់យ៉ាងលំបាក ខំហាត់រាំឱ្យរស់រវើក ដើម្បីឱ្យខ្ញុំអាចជាប់ក្នុងការថតវីដេអូ ចុះហេតុអ្វីក៏យកខ្ញុំទៅដាក់ជួរក្រោយជិតឈឹង គ្មានឱកាសនឹងបង្ហាញមុខសោះដូច្នេះ? ខ្ញុំគ្រាន់តែជាតួកំដររោងប៉ុណ្ណោះ។ តើការចូលមកសម្ដែងនេះមានប្រយោជន៍អ្វីទៅ? ប្រសិនបើខ្ញុំបានដឹងជាមុន ខ្ញុំប្រាកដជាមិនខំប្រឹងហាត់សមដល់ម្ល៉ឹងទេ។ ខ្ញុំមានអារម្មណ៍ដូចអស់រលីងពីខ្លួន។ ខ្ញុំទទួលយករឿងនេះមិនបានទេ។ ក្នុងការហាត់សមពីរបីថ្ងៃចុងក្រោយ ខ្ញុំថ្លោះកជើង ដូច្នេះ ខ្ញុំគិតថា «ពេលនេះ ខ្ញុំថ្លោះកជើងហើយ ខ្ញុំអាចសម្រាកបាក។ មិនចាំបាច់ធ្វើឱ្យខ្លួនឯងហត់នឿយរាល់ថ្ងៃទៀតទេ។ ខ្ញុំនៅជួរខាងក្រោយ យ៉ាងណាក៏គ្មាននរណាមើលឃើញខ្ញុំដែរ។ ម្ដេចបានខំដល់ម្ល៉ឹង?» ខ្ញុំទៅដល់កន្លែងហាត់សមក្រោយគេ ហើយចេញមុនគេ។ ពេលហាត់ដល់កន្លែងពិបាក ខ្ញុំសម្រាកនៅកៀនជញ្ជាំង។ ឃើញដូច្នេះ បងប្អូនស្រីៗខ្លះក៏បានចាប់ផ្ដើមរំឭកខ្ញុំថា «ជិតដល់ថ្ងៃថតហើយ ប្រសិនបើឯងមិនហាត់ជាមួយយើងគេ ឯងប្រាកដជារាំខុសគេមិនខាន។ យើងមិនអាចរាំយឺតបានទេ។» បានឮបែបនេះ ធ្វើឱ្យខ្ញុំអាក់អន់ចិត្តខ្លះដែរ ហើយខ្ញុំពិតជាចាប់ផ្ដើមមានអារម្មណ៍មិនល្អទេ។ ខ្ញុំបានដឹងថា យើងនឹងត្រូវថតតែក្នុងពេល២០ថ្ងៃទៀតប៉ុណ្ណោះ។ ប្រសិនបើខ្ញុំមិនហាត់ទេ នោះគម្រោងទាំងមូលនឹងត្រូវពន្យារពេល ខ្ញុំអាចបង្កការរំខានដល់ក្រុមការងារ រំពេចនោះខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ខ្លាច ម្ដេចបានជាខ្ញុំធ្វើខ្លួនជាមនុស្សអសីលធម៌ដល់ម្ល៉ឹង។ ពេលខ្ញុំសញ្ជឹងគិត ទើបខ្ញុំចាប់ផ្ដើមមើលឃើញថា ខ្ញុំបាន់បាត់បង់ការជំរុញចិត្តចំពោះភារព្វកិច្ចរបស់ខ្ញុំ និងមានចិត្តប្រឆាំង តាំងពីពេលដែលគេដាក់ខ្ញុំនៅជួរខាងក្រោយ ហើយខ្ញុំមិនមានឱកាសបង្ហាញមុខទេ។ ខ្ញុំគ្រាន់តែធ្វើកិច្ចការដ៏តិចតួចបំផុត ដោយធ្វើឱ្យតែរួចពីដៃប៉ុណ្ណោះ។ ខ្ញុំបានប្រឆាំងនឹងព្រះជាម្ចាស់ និងធ្វើជាអ្នកជំទាស់នឹងទ្រង់។ ជើងខ្ញុំដែលថ្លោះ គឺកាន់តែឈឺទៅៗ ហើយនោះអាចជាការដែលព្រះជាម្ចាស់កំពុងដាក់វិន័យខ្ញុំ។ ប្រសិនបើខ្ញុំនៅតែទាស់ទទឹងនឹងព្រះខ្លាំងបែបនេះ ដោយមិនខ្វល់ថាបានបង្អួតអំនួតខ្លួនឬអត់ នោះខ្ញុំប្រហែលជាមិនអាចឡើងឆាកផង ហើយខ្ញុំនឹងបាត់បង់ភារកិច្ចរបស់ខ្លួន យប់នោះ ខ្ញុំក៏បានអធិដ្ឋានទៅព្រះជាម្ចាស់ ដោយសេចក្ដីឈឺចាប់ និងការបន្ទោសខ្លួនឯង។ «ឱព្រះជាម្ចាស់អើយ តាំងពីពេលដែលទូលបង្គំត្រូវបានគេដាក់នៅជួរខាងក្រោយ ទូលបង្គំពិតជាមិនសប្បាយចិត្តតែម្ដង ហើយទូលបង្គំមិនទាន់អាចចុះចូលបាន ទូលបង្គំរអ៊ូរទាំ ខ្ញុំបំពេញភារកិច្ចមិនអស់ពីចិត្ត ដោយខ្ជីខ្ជានឹងការងារ។ ទូលបង្គំមើលឃើញថា ទូលបង្គំបះបោរយ៉ាងណា ទូលបង្គំបានធ្វើឱ្យទ្រង់ខកព្រះទ័យយ៉ាងណា។ ឱព្រះជាម្ចាស់អើយ សូមនាំទូលបង្គំចេញពីស្ថានភាពដ៏អាក្រក់នេះផង។»

បន្ទាប់មក ខ្ញុំក៏អានព្រះពន្ទូលព្រះជាម្ចាស់ថា៖ «នៅពេលទាក់ទងនឹងមុខតំណែង មុខមាត់ ឬកេរ្តិ៍ឈ្មោះ ដួងចិត្តរបស់មនុស្សគ្រប់គ្នាចាប់ផ្ដើមប្រមើលទុក ហើយអ្នករាល់គ្នាម្នាក់ៗតែងតែចង់មានភាពលេចធ្លោ ចង់មានភាពល្បីល្បាញ និងចង់បានការទទួលស្គាល់។ មនុស្សគ្រប់គ្នាមិនចង់ចុះញ៉មឡើយ ផ្ទុយទៅវិញ គេតែងតែចង់តយុទ្ធ ទោះបីជាការយុទ្ធនោះជារឿងអាម៉ាស់ ហើយមិនត្រូវបានអនុញ្ញាតនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ។ យ៉ាងណាមិញ បើគ្មានការតយុទ្ធទេ អ្នកនៅមិនចេះស្កប់ចិត្តដដែល។ នៅពេលដែលអ្នកឃើញនរណាម្នាក់លេចធ្លោ អ្នកក៏កើតចិត្តច្រណែន ស្អប់ និងមានអារម្មណ៍ថា វាមិនយុត្តិធម៌។ 'ហេតុអ្វីខ្ញុំមិនអាចលេចធ្លោបាន? ហេតុអ្វីបានជាបុគ្គលនោះចេះតែលេចធ្លោ ហើយខ្ញុំមិនដែលសោះអ៊ីចឹង?' នោះអ្នកក៏មានអារម្មណ៍ខកចិត្ត។ អ្នកព្យាយាមទប់អារម្មណ៍នេះ តែអ្នកមិនអាចទប់បានឡើយ។ អ្នកអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយមានអារម្មណ៍ល្អបានមួយរយៈ ប៉ុន្តែនៅពេលដែលអ្នកជួបស្ថានភាពបែបនោះម្ដងទៀត អ្នកមិនអាចយកឈ្នះវាបានឡើយ។ តើការនេះមិនបង្ហាញពីកម្ពស់ដ៏ក្មេងខ្ចីទេឬ? តើការដែលមនុស្សម្នាក់ធ្លាក់ចូលទៅក្នុងសភាពបែបនេះ មិនមែនជាអន្ទាក់ទេឬអី? ទាំងនេះគឺជាច្រវាក់នៃធម្មជាតិដ៏ពុករលួយរបស់សាតាំង ដើម្បីចងមនុស្សលោក។ បើបុគ្គលម្នាក់បានកម្ចាត់និស្ស័យពុករលួយទាំងនេះចេញ ដូច្នេះ តើគេមិនមានសេរីភាព នឹងត្រូវបានរំដោះទេឬ? សូមពិចារណាពីរឿងនេះ៖ តើការផ្លាស់ប្ដូរប្រភេទណាដែលបុគ្គលម្នាក់ត្រូវតែធ្វើ បើគេចង់ចៀសផុតពីការជាប់អន្ទាក់ក្នុងស្ថានភាពទាំងនេះ អាចរំដោះខ្លួនពីពួកវា និងរួចផុតពីការខ្វល់ខ្វាយ និងច្រវាក់នៃអ្វីៗទាំងនេះ? តើបុគ្គលម្នាក់ត្រូវទទួលបានអ្វីមុនពេលដែលគេពិតជាអាចមានសេរីភាព និងត្រូវបានរំដោះ? ម៉្យាងទៀត គេត្រូវតែមើលធ្លុះនូវអ្វីៗ៖ កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងតួនាទី គ្មានអ្វីក្រៅពីជាឧបករណ៍ និងវិធីសាស្ត្រដែលសាតាំងប្រើដើម្បីធ្វើឱ្យមនុស្សពុករលួយ ដើម្បីដាក់អន្ទាក់ពួកគេ ដើម្បីធ្វើឱ្យពួកគេគ្រោះថ្នាក់ និងដើម្បីបណ្ដាលឱ្យមានការខូចសីលធម៌របស់ពួកគេឡើយ។ តាមទ្រឹស្ដី ដំបូងឡើយ អ្នកត្រូវតែទទួលបានការយល់ដឹងដ៏ច្បាស់អំពីរឿងនេះជាមុនសិន។ ជាងនេះទៅទៀត អ្នកត្រូវតែរៀនយកចេញនូវអ្វីៗទាំងនេះ ហើយទុកពួកវាមួយឡែក។ ... មិនដូច្នោះទេ បើអ្នកខំតយុទ្ធ នោះភាពងងឹតនឹងកាន់តែហ៊ុមព័ទ្ធជុំវិញអ្នក អ្នកនឹងកាន់តែមានចិត្តច្រណែន និងចិត្តស្អប់ ហើយអ្នកនឹងមានសេចក្តីប៉ងប្រាថ្នាចង់បានកាន់តែខ្លាំងឡើងៗប៉ុណ្ណោះ។ បើអ្នកមានសេចក្តីប៉ងប្រាថ្នាចង់បានកាន់តែខ្លាំងឡើង នោះលទ្ធភាពដែលអ្នកបានវា នឹងមានកាន់តែតិច ហើយនៅពេលដែលអ្នកទទួលបានកាន់តែតិច នោះចិត្តស្អប់របស់អ្នកនឹងកើនឡើង។ នៅពេលដែលចិត្តស្អប់របស់អ្នកកើនឡើង នោះដួងចិត្តរបស់អ្នកនឹងកាន់តែខ្មៅងងឹត។ បើដួងចិត្តរបស់អ្នកកាន់តែខ្មៅងងឹត នោះអ្នកនឹងបំពេញភារកិច្ចរបស់អ្នកកាន់តែមិនបានល្អ ហើយបើអ្នកបំពេញភារកិច្ចរបស់អ្នកកាន់តែមិនបានល្អ នោះអ្នកនឹងកាន់តែក្លាយជាបុគ្គលម្នាក់ដែលគ្មានប្រយោជន៍។ នេះជាវដ្ដមួយដ៏កាចសាហាវ និងមានភាពប្រទាក់គ្នា។ បើអ្នកមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អទេ នោះអ្នកនឹងត្រូវជម្រុះចោលបន្ដិចម្ដងៗមិនខាន» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលទាំងអស់នេះ បានដាស់ខ្ញុំឱ្យភ្ញាក់រលឹកវិញបន្តិច។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានស្ដែងឱ្យឃើញពីស្ថានភាពរបស់ខ្ញុំផ្ទាល់ចំៗតែម្ដង។ បន្ទាប់ពីខ្ញុំបានចូលរួមក្នុងក្រុមចម្រៀង ហើយកាន់តែចេះក្បាច់រាំកាន់តែច្រើន ព្រមទាំងដឹកនាំអ្នកដទៃហាត់សមទៀតផងនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំសម្ដែងបានល្អជាងពួកគេ ហើយខ្ញុំគួរតែនៅជួរមុខ ពេលពួកគេថត។ ខ្ញុំពោរពេញដោយថាមពលសម្រាប់ភារកិច្ចរបស់ខ្ញុំ ដោយគិតថា ខ្ញុំនឹងមានមុខក្នុងកាមេរ៉ា ដោយខ្ញុំអាចបង្អួតបាន។ ខ្ញុំមានចិត្តរីករាយប្រឹងធ្វើការ និងស៊ូនឿយហត់ ហើយខ្ញុំគ្រាន់តែផ្ដោតខ្លាំងលើការហាត់សមពីការបញ្ចេញទឹកមុខ និងកាយវិការ។ ប៉ុន្តែ ពេលកន្លែងដែលខ្ញុំឈរនៅជួរខាងក្រោយឆ្ងាយពេល ក្ដីសង្ឃឹមរបស់ខ្ញុំក្នុងការបង្ហាញមុខនោះ ក៏ត្រូវបានរលុបទៅបាត់។ ខ្ញុំក៏បានជំទាស់នឹងការរៀបចំរបស់អ្នកដឹកនាំថត និងបានបដិសេធមិនទទួលយកអ្នកដែលឈរនៅមុខខ្ញុំ។ ខ្ញុំមានចិត្តច្រណែននឹងពួកគេ។ ខ្ញុំយល់ច្រឡំ និងរអ៊ូរទាំពីរឿងនេះ ខ្ញុំគិតថា វាមិនយុត្តិធម៌ទេ។ ខ្ញុំព្យាយាមរិះរកហេតុផល និងឈ្លោះប្រកែកជាមួយព្រះជាម្ចាស់។ ខ្ញុំក្លាយជាមនុស្សអវិជ្ជមាន និងខ្ជីខ្ជាក្នុងភារកិច្ចរបស់ខ្លួន។ ខ្ញុំថែមទាំងស្ដាយកិច្ចការទាំងអស់ដែលខ្ញុំខំប្រឹងប្រែងកន្លងមកទៀតផង។ ខ្ញុំក៏បានសញ្ជឹងគិតពីឥរិយាបទ និងចេតនារបស់ខ្ញុំ ខ្ញុំក៏បានដឹងថា ខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំដោយពិចារណាអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬធ្វើជាទីបន្ទាល់របស់ទ្រង់នោះទេ។ ផ្ទុយទៅវិញ ខ្ញុំចង់ឱ្យមានឱកាសសម្ដែងនោះ ដើម្បីឱ្យអ្នកដទៃសរសើរខ្ញុំតែប៉ុណ្ណោះ។ តើខ្ញុំមិនគ្រាន់តែតយុទ្ធដើម្បីឋានៈ និងកេរ្តិ៍ឈ្មោះរបស់ខ្ញុំផ្ទាល់ទេឬអី? ខ្ញុំអាត្មានិយម និងគួរឱ្យស្អប់ណាស់។ ព្រះជាម្ចាស់កំពុងលើកខ្ញុំឡើង ដោយផ្ដល់ឱកាសឱ្យខ្ញុំចូលរួមក្នុងក្រុមចម្រៀង តែដោយគ្មានមនសិការអ្វីទាំងអស់ ខ្ញុំមិនបានគិតរកវិធីដែលខ្ញុំអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់នោះទេ។ ខ្ញុំគ្រាន់តែប្រឹងប្រែងដើម្បីបង្ហាញអំនួត។ ហើយពេលដែលខ្ញុំមិនអាចធ្វើបាន ខ្ញុំមិនសប្បាយចិត្ត និងបានរអ៊ូរទាំ។ ខ្ញុំបានធ្លាក់ក្នុងសភាពកាន់តែខ្មៅងងឹត។ ចុងក្រោយខ្ញុំបំពេញភារកិច្ចមិនបានល្អ ហើយការនេះបានធ្វើឱ្យព្រះជាម្ចាស់ខ្ពើមរអើមណាស់។ តើខ្ញុំមិនមែនកំពុងធ្លាក់ក្នុងអន្ទាក់របស់សាតាំងទេឬអី? ខ្ញុំបានគិតពីមនុស្សទាំងអស់ដែលខំប្រឹងប្រែងធ្វើការក្រោយឆាក គឺមនុស្សដែលមិនបានឡើងឆាក តែបានខំប្រឹងធ្វើការដោយគ្មានរអ៊ូរទាំ ជាមនុស្សដែលខំប្រឹងបំពេញភារកិច្ចរបស់ខ្លួនអស់ពីសមត្ថភាព។ ធៀបនឹងមនុស្សទាំងអស់នេះ ខ្ញុំគ្មានអ្វីប្រៀបនឹងគេទេ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនចេះដឹងគុណ និងជំពាក់ព្រះជាម្ចាស់ទៀតផង។ ខ្ញុំមិនចង់ធ្វើជាមនុស្សបះបោរដូច្នេះទេ។ ខ្ញុំចង់ប្រែចិត្តចំពោះព្រះជាម្ចាស់។

ក្រោយមក ខ្ញុំអានព្រះបន្ទូលពីព្រះជាម្ចាស់ថា៖ «អ្នកត្រូវតែរៀនលះបង់ និងរៀនទុករបស់ទាំងនេះនៅមួយឡែក រៀនផ្ដល់អនុសាសន៍ដល់អ្នកដទៃ និងរៀនអនុញ្ញាតឲ្យពួកគេលេចធ្លោចុះ។ កុំខំតយុទ្ធ ឬប្រញាប់កេងចំណេញពីឱកាសដែលអ្នកទទួលបាន ដើម្បីចង់បានភាពលេចធ្លោ ឬសិរីរុងរឿងនោះឡើយ។ អ្នកត្រូវរៀនបែរចេញពីការទាំងនេះ តែមិនត្រូវពន្យារក្នុងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។ ចូរក្លាយជាបុគ្គលម្នាក់ដែលសម្ងំធ្វើការទាំងគេមិនស្គាល់ ហើយមិនសំញែងទៅកាន់អ្នកដទៃ ខណៈពេលដែលអ្នកបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយចិត្តភក្ដីភាព។ បើអ្នកលះចោលកិត្យានុភាព និងឋានៈរបស់អ្នកកាន់តែច្រើន ហើយបើអ្នកលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកកាន់តែច្រើន នោះអ្នកនឹងកាន់តែមានសេចក្តីសុខ ដួងចិត្តរបស់អ្នកនឹងកាន់តែបើកចំហ ហើយសភាពរបស់អ្នកនឹងកាន់តែប្រសើរឡើង។ បើអ្នកខំតយុទ្ធ និងប្រកួតប្រជែងកាន់តែខ្លាំង នោះសភាពរបស់អ្នកនឹងកាន់តែខ្មៅងងឹត។ បើអ្នកមិនជឿទេ ចូរសាកល្បង ហើយចាំមើលចុះ! បើអ្នកចង់ប្រែក្លាយសភាពនេះ ហើយមិនចង់ឲ្យរបស់ទាំងនេះមកគ្រប់គ្រងអ្នក ជាដំបូង អ្នកត្រូវតែទុករបស់ទាំងនោះនៅមួយឡែក ហើយលះបង់វាចោល» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានប្រទានផ្លូវអនុវត្តមួយឱ្យខ្ញុំ។ ពេលខ្ញុំចង់បង្ហាញអំនួតម្ដងទៀត ខ្ញុំត្រូវអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ និងបោះបង់ចោលខ្លួនឯង បោះបង់សេចក្ដីប្រាថ្នាផ្ទាល់ខ្លួនរបស់ខ្ញុំ និងគិតរកវិធីដែលខ្ញុំអាចបំពេញភារកិច្ច តាមដែលព្រះជាម្ចាស់តម្រូវ រាំឱ្យត្រូវ និងច្រៀងឱ្យពីរោះ។ នោះហើយកិច្ចការដែលខ្ញុំត្រូវធ្វើ។ ខ្ញុំបានទទួលស្គាល់ថា ឱកាសរបស់ខ្ញុំ ក្នុងការសម្ដែងចម្រៀងជ័យនៃនគរព្រះ គឺជាភារកិច្ចរបស់មនុស្ស ទោះបីជាខ្ញុំឈរកន្លែងណាក៏ដោយ។ ព្រះជាម្ចាស់មិនជំនុំជម្រះភក្ដីភាពរបស់យើង ដោយផ្អែកលើជួរដែលយើងឈរច្រៀងទេ តែផ្អែកលើភាពស្មោះត្រង់ និងមើលថាតើយើងអនុវត្តសេចក្ដីពិត និងចុះចូលចំពោះព្រះជាម្ចាស់ ឬក៏អត់។ ខ្ញុំមានអារម្មណ៍ស្ងប់ចិត្តជាងមុនច្រើនណាស់ ពេលខ្ញុំយល់ពីបំណងព្រះទ័យរបស់ព្រះជាម្ចាស់។ ហើយខ្ញុំក៏អធិដ្ឋានថា៖ «ឱព្រះជាម្ចាស់ ទូលបង្គំនឹងមិនបះបោរទៀតទេ។ កន្លែងដែលទូលបង្គំឈរ ទោះបីជានៅជួរចុងក្រោយដែលគេមើលទូលបង្គំមិនឃើញក៏ដោយ គ្រប់យ៉ាងដែលទូលបង្គំចង់បាន គឺបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ!»

តាំងពីពេលនោះមក គេតែងតែយកខ្ញុំទៅដាក់ជួរខាងក្រោយ ក្នុងពេលហាត់សម។ ហើយជួនកាល ខ្ញុំគិតអំពីវិធីដែលខ្ញុំមិនជាប់ក្នុងការថត និងគ្មាននរណាម្នាក់សរសើរខ្ញុំ ហើយខ្ញុំក៏មានអារម្មណ៍ខកចិត្ត។ ពេលរឿងនោះកើតឡើង ខ្ញុំក៏បានអធិដ្ឋានទៅព្រះជាម្ចាស់ ដើម្បីឱ្យចិត្តខ្ញុំស្ងប់ ហើយខ្ញុំគិតថា ធ្វើម្ដេចឱ្យខ្ញុំអាចបញ្ចេញនូវអ្វីដែលព្រះជាម្ចាស់តម្រូវ ក្នុងគ្រប់ឃ្លាដែលខ្ញុំច្រៀងបាន? ធ្វើម្ដេចទើបខ្ញុំអាចរាំបានស្អាត ប្រកបដោយថាមពល តាមក្បាច់រាំ? ពេលខ្ញុំធ្វើដាក់ចិត្តលើរឿងទាំងអស់នេះ ខ្ញុំមានអារម្មណ៍ស្និទ្ធស្នាលនឹងព្រះជាម្ចាស់ និងមិនខ្វល់ពីកន្លែងដែលខ្ញុំឈរនោះឡើយ។ ជាលទ្ធផល កាន់តែកៀកថ្ងៃថត ខ្ញុំក៏ត្រូវបានគេបង្ខិតមកកាន់តែកៀកជួរខាងមុខ ហើយគេក៏ឱ្យខ្ញុំជាប់ក្នុងឈុតខ្លះៗដែរ។ ខ្ញុំអរព្រះគុណព្រះជាម្ចាស់ ចំពោះការប្រទានឱកាសនេះមកឱ្យខ្ញុំ។ ក្នុងរយៈពេលពីរបីថ្ងៃដែលយើងថតនោះ ខ្ញុំប្រកាន់ខ្ជាប់នូវការដឹងគុណជានិច្ច។ គ្រប់ឈុតដែលថត ខ្ញុំផ្ដោតលើការដាក់ចិត្តក្នុងការសម្ដែង ដើម្បីឱ្យខ្ញុំគ្មានការសោកស្ដាយអ្វីទាំងអស់នៅក្នុងភារកិច្ចរបស់ខ្លួន។ សម្រាប់គ្រប់ការថតឈុតចុងក្រោយ ខ្ញុំត្រូវបានគេដាក់នៅជួរខាងមុខ កៀកនឹងកាមេរ៉ា។ ខ្ញុំស្ទើរតែមិនជឿសោះ។ ខ្ញុំមានអារម្មណ៍ថា វាជាកិត្តិយសដ៏ធំធេងណាស់។ ខ្ញុំអរព្រះគុណព្រះជាម្ចាស់ខ្លាំងណាស់។ ខ្ញុំបានតាំងចិត្តធ្វើការឱ្យបានល្អ។ ពេលខ្ញុំដើរទៅជួរទី១ យ៉ាងសប្បាយរីករាយនោះ កាមេរ៉ាទាំងអស់ បែរមករកខ្ញុំ ពន្លឺភ្លើងក៏បង្វែរមករកខ្ញុំដែរ។ មានបងស្រីម្នាក់រួសរាន់មកជួយសារេខោអាវខ្ញុំ និងធ្វើសក់របស់ខ្ញុំទៀតផង។ រំពេចនោះ ខ្ញុំមានអារម្មណ៍ថា គ្រប់គ្នាកំពុងសម្លឹងមើលមកខ្ញុំ ដូចជាខ្ញុំជាចំណុចស្នូលនៃចំណាប់អារម្មណ៍ ហើយខ្ញុំមិនអាចទប់ចិត្តមិនឱ្យរីករាយនោះទេ។ ខ្ញុំមិនដែលរំពឹងថាបានឈរនៅជួរទីមួយនោះទេ។ ប្រសិនបើការថតដំណើរការល្អ នោះមនុស្សជាច្រើនប្រាកដជាមើលឃើញខ្ញុំ ហើយខ្ញុំពិតជាធ្វើឱ្យខ្លួនឯងល្បីឈ្មោះមិនខាន។ គំនិតនេះមាននៅក្នុងខ្ញុំកាន់តែច្រើនឡើង។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អណាស់។ នៅក្នុងគំនិតនោះ ខ្ញុំស្រាប់តែដឹងថា ខ្ញុំកំពុងស្ថិតក្នុងសភាពមិនត្រឹមត្រូវទេ គឺខ្ញុំកំពុងបង្ហាញអំនួតទៀតហើយ។ ខ្ញុំក៏ប្រញាប់អធិដ្ឋានទៅព្រះជាម្ចាស់ និងបោះបង់ខ្លួនឯងចោល តែខ្ញុំមិនអាចរំងាប់គំនិតមិនត្រឹមត្រូវនេះបានឡើយ ហើយខ្ញុំមិនអាចស្ងប់អារម្មណ៍បានទេ។ យើងថតបានពីរបីឈុតជាបន្តបន្ទាប់អស់ពីមួយចូលមួយ តែខ្ញុំមិនអាចធ្វើបានល្អសោះ អ្នកដឹកនាំក៏រំឭកពួកយើងឱ្យផ្ចង់ចិត្តគំនិតឱ្យបានត្រឹមត្រូវ។ ពេលនោះ ខ្ញុំព្រួយបារម្ភថា អ្នកដឹកនាំនឹងមើលឃើញខ្ញុំធ្វើមិនត្រូវ ហើយដាក់ខ្ញុំនៅជួរខាងក្រោយវិញ។ ខ្ញុំបាត់បង់ឱកាសក្នុងការបង្ហាញសមត្ថភាព។ ប៉ុន្តែ ខ្ញុំដឹងថា ខ្ញុំមិនអាចគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំបានទេ ហើយខ្ញុំគួរតែសម្រួលអារម្មណ៍របស់ខ្ញុំ ហើយបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ កន្លងមកនេះ ខ្ញុំមានអារម្មណ៍ថា សង្គ្រាមនេះកំពុងផ្ទុះឡើងក្នុងចិត្ត រវាងការចង់បង្អួតសមត្ថភាព និងការចង់បំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ ខ្ញុំមានអារម្មណ៍ព្រួយបារម្ភណាស់។ យើងថតម្ដងហើយម្ដងទៀតចំនួនប្រាំដងជាប់ៗគ្នា ប៉ុន្តែខ្ញុំមិនអាចធ្វើបានល្អសោះ ហើយខ្ញុំមើលទៅរឹងខ្លួនមិនសមសួនសោះ។ ខ្ញុំឃើញបងប្អូនស្រីដទៃទៀតមានភាពរំភើបរីករាយំអំពីអ្វីដែលពួកគេបានរៀនសូត្របន្ទាប់ពីថតរួច ហើយអ្នកខ្លះក៏មានការប៉ះពាល់ចិត្តរហូតដល់ហូរទឹកភ្នែកទៀតផង តែខ្ញុំមិនអាចផ្ចង់អារម្មណ៍របស់ខ្ញុំសោះ។ ខ្ញុំមានអារម្មណ៍បាក់ទឹកចិត្តណាស់ ហើយខ្ញុំក៏ចាកចេញទៅយ៉ាងស្ងាត់។

ពេលកំពុងដើរត្រឡប់មកវិញ ខ្ញុំមានអារម្មណ៍ខុសចំពោះការដែលខ្ញុំធ្វើការសម្ដែងមិនបានល្អ។។ អ្នកដទៃគ្រប់គ្នាបានថ្វាយព្រះជាម្ចាស់នូវដួងចិត្តស្មោះត្រង់ និងស្នាមញញឹមដ៏ស្អាតស្អំរបស់គេ ចំណែកគ្រប់យ៉ាងដែលខ្ញុំថ្វាយ គឺចិត្តងប់ងល់នឹងការបង្ហាញអំនួតរបស់ខ្ញុំ។ ការសម្ដែងរបស់ខ្ញុំ មិនល្អគ្រប់គ្រាន់ ដើម្បីជាបន្ទាល់របស់ព្រះជាម្ចាស់ទេ ហើយព្រះជាម្ចាស់ក៏មិនអនុម័តភារកិច្ចរបស់ខ្ញុំដែរ។ ត្រង់ចំណុចនេះខ្ញុំពិតជាចង់ស្រែកយំណាស់។ ខ្ញុំទូលទៅព្រះជាម្ចាស់ថា «ឱព្រះជាម្ចាស់អើយ ទូលបង្គំពិតជាស្ដាយក្រោយចំពោះការថតចុងក្រោយនេះណាស់។ ទូលបង្គំលែងចង់បង្ហាញអំនួតទៀតហើយ។ ទូលបង្គំចង់ទៅនៅជួរក្រោយនៅចុងឆាកឯណោះវិញ គឺនៅកែងជញ្ជាំងដែលគ្មាននរណាម្នាក់ឃើញទូលបង្គំ ឬកាមេរ៉ាចាប់បាន។ សូមឱ្យតែទូលបង្គំមានចិត្តស្មោះត្រង់ និងសាមញ្ញ ដើម្បីច្រៀងថ្វាយទ្រង់យ៉ាងស្មោះត្រង់ នោះទូលបង្គំសប្បាយចិត្តនិងស្ងប់ចិត្តហើយ ហើយទូលបង្គំនឹងគ្មានអារម្មណ៍ទទួលរងនូវការចោទប្រកាន់ទៀតទេ។ ប៉ុន្តែ វាហួសពេលបាត់ទៅហើយ។ ទូលបង្គំមិនអាចកែប្រែអ្វីដែលខ្លួនបានធ្វើនោះទេ។» ខ្ញុំកាន់តែគិត គឺកាន់តែមានអារ្មណ៍ពិបាកចិត្ត គិតអ្វីមិនចេញសោះ មានតែវិប្បដិសារី ចំពោះការដែលខ្ញុំបំពេញភារកិច្ចរបស់ខ្លួនកន្លងមក។

ក្រោយមក ខ្ញុំបានរំងាប់ចិត្តខ្លួនឯង និងព្យាយាមគិតវាសាឡើងវិញ។ ហេតុអ្វីបានជាខ្ញុំមានចិត្តចង់ល្បី និងមានអំនួតដល់ថ្នាក់ពិបាកបោះបង់សាច់ឈាម និងពិបាកអនុវត្តសេចក្ដីពិតដល់ម្ល៉ឹង? ខ្ញុំក៏បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូច្នេះថា៖ «អ្វីដែលអ្នកចូលចិត្ត អ្វីដែលអ្នកផ្ដោតលើ អ្វីដែលអ្នកថ្វាយបង្គំ អ្វីដែលអ្នកច្រណែនឈ្នានីស និងអ្វីដែលអ្នកគិតនៅក្នុងដួងចិត្តរបស់អ្នករៀងរាល់ថ្ងៃ គឺសុទ្ធតែតំណាងឱ្យធម្មជាតិរបស់អ្នក។ វាគ្រប់គ្រាន់នឹងបញ្ជាក់បានថា ធម្មជាតិរបស់អ្នកគឺចូលចិត្តអំពើទុច្ចរិត ហើយក្នុងស្ថានភាពដែលធ្ងន់ធ្ងរ ធម្មជាតិរបស់អ្នកគឺអាក្រក់ និងមិនអាចព្យាបាលបាន។ អ្នកគួរតែវិភាគពីធម្មជាតិរបស់អ្នកតាមវិធីនេះ ពោលគឺត្រួតពិនិត្យមើលអ្វីដែលអ្នកចូលចិត្ត និងអ្វីដែលអ្នកបោះបង់ចោលនៅក្នុងជីវិតរបស់អ្នក។ អ្នកប្រហែលជាធ្វើល្អសម្រាប់អ្នកណាម្នាក់ក្នុងពេលណាមួយ ប៉ុន្ដែនេះមិនមែនបញ្ជាក់ថាអ្នកចូលចិត្តពួកគេនោះទេ។ អ្វីដែលអ្នកពិតជាពេញចិត្តបំផុតនោះគឺអ្វីដែលនៅក្នុងធម្មជាតិរបស់អ្នក ហើយទោះបីជាឆ្អឹងរបស់អ្នកបាក់ក៏ដោយ ក៏អ្នកនៅតែរីករាយជាមួយវា និងមិនអាចបោះបង់វាចោលឡើយ។ ការនេះគឺមិនងាយផ្លាស់ប្ដូរឡើយ» («អ្វីដែលគួរដឹងអំពីការបំផ្លាស់បំប្រែនិស្ស័យរបស់បុគ្គលម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «បន្ថែមលើការគាស់កកាយអ្វីៗដែលមនុស្សចូលចិត្តនៅក្នុងធម្មជាតិរបស់ពួកគេ ផ្នែកផ្សេងទៀតដែលទាក់ទងនឹងធម្មជាតិរបស់ពួកគេក៏ចាំបាច់ត្រូវគាស់កកាយដែរ។ ឧទាហរណ៍ ទស្សនៈរបស់មនុស្សអំពីអ្វីៗ វិធីសាស្ត្រ និងគោលដៅរបស់មនុស្សក្នុងជីវិត គុណតម្លៃជីវិតនិងទស្សនៈរបស់មនុស្សអំពីជីវិត ក៏ដូចជាទស្សនៈអំពីរបស់សព្វសារពើដែលទាក់ទងនឹងសេចក្ដីពិតដែរ។ ទាំងនេះគឺជារបស់សព្វសារពើដែលកប់ជ្រៅនៅក្នុងព្រលឹងរបស់មនុស្ស ហើយពួកវាមានទំនាក់ទំនងផ្ទាល់ជាមួយនឹងការបំផ្លាស់បំប្រែនិស្ស័យ» («អ្វីដែលគួរដឹងអំពីការបំផ្លាស់បំប្រែនិស្ស័យរបស់បុគ្គលម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជួយខ្ញុំឱ្យយល់ ថា ការគិត ចំណង់ចំណូលចិត្ត និងការចង់បានរបស់មនុស្ស គឺសុទ្ធតែកើតពីសណ្ដានធម្មជាតិរបស់យើង ហើយត្រូវគ្រប់គ្រងដោយសណ្ដានធម្មជាតិរបស់យើងផង។ ដូច្នេះ ខ្ញុំក៏សួរខ្លួនឯងថា របស់ដែលខ្ញុំបាន និងកំពុងស្វែងរក នៅក្នុងភារកិច្ចរបស់ខ្ញុំរហូតមកនេះគឺជាអ្វីទៅ។ ពេលដែលកន្លែងដែលខ្ញុំឈរនៅលើឆាក ត្រូវបានគេបញ្ជូនរហូតមកដល់ខាងមុខ ហើយខ្ញុំជាប់ច្រើនឈុតជាងគេ ខ្ញុំច្រើនតែគិតអំពីឱកាសដែលខ្ញុំបាននៅជួរខាងមុខ នៅទីបំផុត ដើម្បីឱ្យអ្នកដទៃច្រណែន និងដើម្បីបង្ហាញអំនួត។ ជាពិសេស នៅក្នុងឈុតចុងក្រោយ ពេលគេដាក់ខ្ញុំនៅជួរខាងមុខ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងដូចតារា។ ខ្ញុំគិតថា ខ្ញុំធ្វើការបានល្អហើយ។ ល្អដល់ថ្នាក់ខ្ញុំមិនគ្រប់គ្រងបំណងខ្លួនឯងក្នុងការបង្ហាញអំនួតរបស់ខ្ញុំ ឬបង្ហាញទឹកមុខល្អបំផុត នៅនឹងមុខកាមេរ៉ា ដើម្បីឱ្យទស្សនិកជនដែលកំពុងមើល ស្គាល់ខ្ញុំ មើលឃើញខ្ញុំ នឹងផ្ដល់ឱ្យខ្លួនឯងនូវអនុស្សាវរីយ៍ដ៏អស្ចារ្យមួយ។ ខ្ញុំបានឃើញហើយថា ខ្ញុំឱ្យតម្លៃកេរ្តិ៍ឈ្មោះ និងឋានៈប៉ុនណា និងឃើញថា វាចាក់ចូលក្នុងចិត្តរបស់ខ្ញុំជ្រៅកម្រិតណា។

បន្ទាប់មក ខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «និស្ស័យពុករលួយរបស់សាតាំង ចាក់ឫសគល់យ៉ាងជ្រៅក្នុងខ្លួនមនុស្ស។ វាបានក្លាយជាជីវិតរបស់ពួកគេហើយ។ តើមនុស្សស្វែងរកអ្វី និងប្រាថ្នាចង់បានអ្វីឱ្យប្រាកដ? ស្ថិតក្រោមកម្លាំងជំរុញពីនិស្ស័យពុករលួយជាសាតាំង តើអ្វីខ្លះជាភាពប្រសើរឧត្តម ជាក្ដីសង្ឃឹម ជាមហិច្ចតា និងជាគោលដៅជីវិត និងទិសដៅរបស់មនុស្ស? តើអ្វីទាំងនោះមិនផ្ទុយគ្នានឹងចំណុចវិជ្ជមានទេឬ? ដំបូង មនុស្សតែងតែចង់មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងក្លាយជាតារាល្បី។ ពួកគេប្រាថ្នាចង់បានកេរ្តិ៍ឈ្មោះ និងកិត្យានុភាពអស្ចារ្យ និងធ្វើឱ្យដូនតាពួកគេមានមុខមាត់។ តើទាំងអស់នេះ គឺជាចំណុចវិជ្ជមានមែនទេ? អ្វីទាំងអស់នេះមិនស្របគ្នានឹងចំណុចវិជ្ជមានទេ។ បន្ថែមលើនេះ វាផ្ទុយទៅនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ដែលមានការត្រួតត្រាលើវាសនារបស់មនុស្សជាតិ។ តើហេតុអ្វីបានជាខ្ញុំនឹងនិយាយបែបនេះ? តើមនុស្សប្រភេទណាដែលព្រះជាម្ចាស់សព្វព្រះទ័យចង់បាន? តើទ្រង់ចង់បានមនុស្សដែលមានភាពអស្ចារ្យ ជាតារា ជាមនុស្សថ្លៃថ្នូរ ឬជាមនុស្សកក្រើកមេឃរញ្ជួយដីមែនទេ? (អត់ទេ។) ដូច្នេះ តើមនុស្សប្រភេទណាដែលព្រះជាម្ចាស់សព្វព្រះទ័យចង់បាន? ទ្រង់សព្វព្រះទ័យចង់បានមនុស្សដែលមានហេតុផលជាក់ស្ដែង ដែលស្វែងរកចង់ក្លាយជាសត្តនិកររបស់ព្រះជាម្ចាស់ដែលមានគុណសម្បត្តិ ដែលអាចបំពេញភារកិច្ចរបស់សត្តនិករ និងជាអ្នកដែលអាចស្ថិតក្នុងចិត្តមនុស្សបាន» («និស្ស័យពុករលួយអាចដោះស្រាយទៅបានតែតាមរយៈការស្វែងរកសេចក្ដីពិត និងការពឹងផ្អែកលើព្រះជាម្ចាស់ប៉ុណ្ណោះ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «អ្នកតែងតែស្វែងរកភាពអស្ចារ្យ ភាពឧត្តុង្គឧត្តម និងសេចក្ដីថ្លៃថ្នូរ។ អ្នកតែងតែស្វែងរកការលើកសរសើរ។ តើព្រះជាម្ចាស់មានព្រះទ័យដូចម្ដេច នៅពេលដែលទ្រង់ទតឃើញបញ្ហានេះ? ទ្រង់ស្អប់វា ហើយមិនចង់ទតមើលវាឡើយ។ អ្នកកាន់តែតាមរកអ្វីៗដូចជា ភាពអស្ចារ្យ ភាពឧត្តុង្គឧត្តម និងដោយមានភាពខ្ពង់ខ្ពស់ជាងអ្នកដទៃ មានកិត្តិយស លេចធ្លោរ និងប្រសើរ នោះព្រះជាម្ចាស់កាន់តែស្អប់ខ្ពើមអ្នក។ ចូរកុំក្លាយជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ស្អប់ខ្ពើមអី! ដូច្នេះ តើការនេះ អាចសម្រេចបានដោយវិធីណា? តាមរយៈការធ្វើអ្វីៗតាមវិធីបន្ទាបខ្លួន ខណៈដែលកំពុងស្ថិតក្នុងតួនាទីរបស់មនុស្ស។ ចូរកុំសប្បាយនឹងសុបិនដ៏ខ្ជិលច្រអូស ចូរកុំស្វែងរកកេរ្ដិ៍ឈ្មោះ ឬលេចធ្លោរពីក្រុមរបស់អ្នកឡើយ ហើយជាងនេះទៅទៀត ចូរកុំព្យាយាមក្លាយជាបុគ្គលនៃភាពអស្ចារ្យម្នាក់ ដែលលើសអ្នកដទៃទាំងអស់ ដែលខ្ពស់ជាងគេក្នុងចំណោមមនុស្ស ហើយធ្វើឱ្យអ្នកដទៃថ្វាយបង្គំពួកគេឡើយ។ នោះគឺជាផ្លូវដែលសាតាំងដើរ។ ព្រះជាម្ចាស់មិនសព្វព្រះទ័យចង់បានភាវៈដែលត្រូវបានបង្កើតបែបនេះឡើយ។ នៅទីបញ្ចប់ បើពេលមួយកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ត្រូវបានបំពេញ ក៏នៅតែមានមនុស្សដែលតាមរករបស់ទាំងនេះដែរ នោះមានតែលទ្ធផលមួយប៉ុណ្ណោះសម្រាប់ពួកគេគឺ៖ ត្រូវបានលុបបំបាត់» («ការបំពេញភារកិច្ចដ៏ត្រឹមត្រូវ តម្រូវឲ្យមានកិច្ចសហការដែលចុះសម្រុងគ្នា» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រៀបដូចសម្រែកដាស់ឱ្យភ្ញាក់រលឹក។ ខ្ញុំបានឆ្លុះបញ្ចាំងថា ហេតុអ្វីក៏ខ្ញុំតែងតែចូលចិត្តប្រព្រឹត្តខ្លួនឥតប្រយោជន៍ និងបង្ហាញអំនួតដល់ម្ល៉ឹង។ គ្រប់យ៉ាងគឺមកពីខ្ញុំត្រូវបានសាតាំងធ្វើឱ្យទៅជាពុករលួយ គំនិតគិតថា «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក» និងគិតថា «មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច» បានជ្រាបនៅក្នុងខ្ញុំពេញអស់ហើយ ផ្ដល់ឱ្យខ្ញុំនូវទស្សនៈខុសឆ្គងអំពីជីវិត។ ខ្ញុំបានក្រលេកមើលពីការស្វែងរកកេរ្តិ៍ឈ្មោះ និងឋានៈ និងការរស់នៅឱ្យបានប្រសើរជាងអ្នកដទៃថាជារឿងវិជ្ជមាន។ ខ្ញុំបានយកវាមកធ្វើជាគោលដៅសម្រាប់ជីវិតរបស់ខ្ញុំ។ ខ្ញុំចង់បង្ហាញអំនួត មិនថា ខ្ញុំកំពុងធ្វើអ្វីនោះទេ ដើម្បីឱ្យអ្នកដទៃ សរសើរខ្ញុំ ហើយច្រណែនខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា បែបនេះជាការរស់នៅប្រសើរជាងអ្នកដទៃដែលវាជាកិត្តិយសខ្លាំងណាស់។ ហេតុនេះ ទើបខ្ញុំស្រឡាញ់កេរ្តិ៍ឈ្មោះ និងឋានៈខ្លាំងដល់ម្ល៉ឹង។ ខ្ញុំបានគិតអំពីការដែលខ្ញុំតែងមានចិត្តចង់ធ្វើអ្វីឱ្យលេចធ្លោជាងគេកាលពីមុន ទាំងនៅសាលារៀន ឬក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ ខ្ញុំចង់ឱ្យបានលើសគេ ចង់ចេញមុខចេញមាត់ជាងគេ។ ពេលអ្នកនរណាម្នាក់សរសើរខ្ញុំ នោះខ្ញុំក៏មានអារម្មណ៍សប្បាយចិត្តក្រៃលែង។ តែពេលអ្នកដទៃមិនសរសើរខ្ញុំ នៅក្នុងចំណោមមនុស្សច្រើន នោះខ្ញុំទ្រាំមិនបានទេ។ ខ្ញុំចង់ដណ្ដើមយកតំណែងមួយ ហើយខ្ញុំមិនសប្បាយចិត្តទេ ពេលដែលខ្ញុំបរាជ័យ។ ខ្ញុំតែងរស់នៅដោយប្រកាន់ខ្ជាប់ធាតុពិសពុលរបស់សាតាំងជានិច្ច ហើយតែងតែចង់ឱ្យអ្នកដទៃសរសើរខ្ញុំជានិច្ចដែរ។ ចំណុចទាំងអស់នេះប្រៀបដូចជាខ្នោះ ដែលកំពុងចងខ្ញុំជាប់ និងគ្រប់គ្រងគំនិតរបស់ខ្ញុំ។ វាធ្វើឱ្យខ្ញុំគិតថាខ្សែវីដេអូ ដែលត្រូវធ្វើជាទីបន្ទាល់ពីព្រះជាម្ចាស់ ជាឈុតសម្ដែងផ្ទាល់ខ្លួនរបស់ខ្ញុំ នៅលើឆាកទៅវិញ។ ខ្ញុំចាត់ទុកភារកិច្ចរបស់ខ្ញុំប្រៀបដូចជាប្រតិស្ឋាន សម្រាប់បំពេញតាមចំណង់របស់ខ្ញុំទៅវិញ។ គ្រប់យ៉ាងដែលនៅសល់ក្នុងចិត្តរបស់ខ្ញុំ គឺបំណងចិត្តចង់ល្បីឈ្មោះ ចង់បានរះឡើងខ្ទរខ្ទារ។ ខ្ញុំមិនបានគិតអំពីការផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចរបស់ខ្ញុំនោះទេ។ ខ្ញុំឃើញថា ខ្ញុំមិនបានផ្លាស់ប្ដូរនិស្ស័យសាតាំងរបស់ខ្ញុំទេ ខ្ញុំមិនត្រឹមតែមិនអាចបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ ​និងផ្គាប់បំណងព្រះហឫទ័យព្រះជាម្ចាស់នោះទេ តែរឿងដែលអាក្រក់ជាងនេះទៀត គឺខ្ញុំនឹងត្រូវព្រះជាម្ចាស់លុបបំបាត់ ដោយសារបានតែខ្ញុំទាស់ទទឹងនឹងព្រះអង្គ ព្រមទាំងបានប្រឆាំងនឹងទ្រង់។

ក្រោយមក ខ្ញុំអានព្រះបន្ទូលព្រះជាម្ចាស់ថា៖ «អ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស មិនមែនជាសមត្ថភាពក្នុងការបំពេញកិច្ចការក្នុងចំនួនជាក់លាក់មួយ ឬបំពេញកិច្ចការអស្ចារ្យណាមួយឡើយ ហើយទ្រង់ក៏មិនត្រូវការឱ្យពួកគេត្រួសត្រាយកិច្ចការដ៏អស្ចារ្យណាមួយឡើយ។ អ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យចង់បានគឺ ឱ្យមនុស្សអាចធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន តាមវិធីបន្ទាបខ្លួន និងរស់នៅស្របតាមព្រះបន្ទូលរបស់ទ្រង់។ ព្រះជាម្ចាស់មិនត្រូវការឱ្យអ្នកក្លាយជាមនុស្សអស្ចារ្យ ឬមានកិត្តិយសឡើយ ហើយទ្រង់ក៏មិនត្រូវការឱ្យអ្នកនាំយកនូវការអស្ចារ្យណាមួយ និងមិនសព្វព្រះទ័យចង់ឃើញការភ្ញាក់ផ្អើលដ៏ពេញចិត្តណាមួយនៅក្នុងអ្នកឡើយ។ ទ្រង់មិនត្រូវការអ្វីៗបែបនេះឡើយ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ត្រូវការ គឺឱ្យអ្នកស្ដាប់ព្រះបន្ទូលរបស់ទ្រង់ ហើយនៅពេលដែលអ្នកស្ដាប់ឮព្រះបន្ទូល អ្នកយកព្រះបន្ទូលដាក់នៅក្នុងចិត្ត និងយកចិត្តទុកដាក់ចំពោះព្រះបន្ទូល ខណៈពេលដែលអ្នកអនុវត្តឥរិយាបថបន្ទាបខ្លួន ប្រយោជន៍ឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចក្លាយជាអ្វីដែលអ្នករស់នៅ និងក្លាយជាជីវិតរបស់អ្នក។ ដូច្នេះ ព្រះជាម្ចាស់នឹងបានគាប់ព្រះហឫទ័យ» («ការបំពេញភារកិច្ចដ៏ត្រឹមត្រូវ តម្រូវឲ្យមានកិច្ចសហការដែលចុះសម្រុងគ្នា» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានឃើញថា បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចំពោះយើង គឺឱ្យយើងដេញតាមសេចក្ដីពិត​ និងធ្វើជាមនុស្សស្មោះត្រង់សុទ្ធសាធ និងដើម្បីព្យាយាម ដើម្បីចុះចូលតាមច្បាប់ និងការរៀបចំរបស់ទ្រង់ ព្រមទាំងទទួលយកគ្រប់យ៉ាងទាំងអស់របស់ខ្លួនមកធ្វើជាភារកិច្ចរបស់យើង។ ការធ្វើការឆ្ពោះទៅកាន់គោលដៅទាំងនេះ នឹងបានផ្គាប់ព្រះហឫទ័យរបស់ព្រះអង្គ។ ពីមុន ខ្ញុំពុំបានស្គាល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ គឺខ្ញុំគ្រាន់តែព្យាយាមឱ្យបានកេរ្តិ៍ឈ្មោះ និងឋានៈប៉ុណ្ណោះ។ ជាលទ្ធផល ខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំបានល្អទេ មានតែធ្វើឱ្យព្រះជាម្ចាស់ខកព្រះទ័យទៅវិញ។ ខ្ញុំថោកទាបណាស់ ប៉ុន្តែព្រះជាម្ចាស់ពុំដែលបោះបង់ខ្ញុំចោលទេ។ រាល់លើក ទ្រង់បានសម្ដែងឱ្យខ្ញុំឃើញពីទស្សនៈយល់ឃើញមិនត្រឹមត្រូវរបស់ខ្ញុំ ដោយប្ដូរកន្លែងដែលខ្ញុំត្រូវឈរនៅលើឆាកដើម្បីឱ្យខ្ញុំអាចមើលឃើញនិស្ស័យសាតាំងរបស់ខ្ញុំ កែប្រែ និងផ្លាស់ប្ដូរសម្មភាពរបស់ខ្ញុំ។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ គឺពិតជាបានប៉ះពាល់ចិត្តខ្ញុំជាខ្លាំង។ ខ្ញុំក៏អធិដ្ឋានទៅកាន់ព្រះអង្គដូច្នេះថា «ឱព្រះជាម្ចាស់អើយ ទូលបង្គំមិនចង់ស្វែងរកការលេចធ្លោ ឬឱ្យគេសរសើរទូលបង្គំទេ។ ការចង់បានទាំងអស់នោះ មានតែឱ្យទូលបង្គំឈឺចាប់ និងធ្វើឱ្យខ្ញុំមិនអាចផ្គាប់ព្រះហឫទ័យទ្រង់ នៅក្នុងភារកិច្ចរបស់ខ្លួន ដោយបានធ្វើឱ្យទូលបង្គំមានអារម្មណ៍ខុសឆ្គង។ ចាប់ពីពេលនេះទៅ ទូលបង្គំមានសូមអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់វិញ។ មិនថាទូលបង្គំឈរកន្លែងណា មិនថាទូលបង្គំអាចបង្ហាញអំនួតឬក៏មិនអាចក៏ដោយ ក៏គ្រប់យ៉ាងដែលទូលបង្គំចង់បាន គឺច្រៀងសរសើរទ្រង់ ដោយដួងចិត្តចុះចូល ដោយបំពេញភារកិច្ចដើម្បីផ្គាប់ព្រះហឫទ័យទ្រង់។» បន្ទាប់មក ពេលយើងថតម្ដងទៀត ជួនកាល ខ្ញុំត្រូវគេប្ដូរឱ្យទៅខាងក្រោយ ជួនកាលទៅខាងមុខ ជួនកាល គេប្រើខ្ញុំពេលហាត់សម តែគេមិនត្រូវការខ្ញុំពេលគេថតម្ដងទៀតនោះទេ។ ទង្វើនេះធ្វើឱ្យប៉ះពាល់អារម្មណ៍របស់ខ្ញុំបន្តិចបន្តួចដែរ តែតាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការអធិដ្ឋានដើម្បីគ្រប់គ្រងផ្នត់គំនិតខ្លួនឯង នោះខ្ញុំក៏អាចបោះបង់ការចង់បានរបស់ខ្លួនឯងផ្ទាល់បាន។ ជួនកាល ខ្ញុំឃើញបងប្អូនស្រីៗដទៃទៀតខ្វល់ចិត្ត ពេលគេត្រូវប្ដូរកន្លែងឈរនៅលើឆាក គឺអ្នកដែលបំពេញភារកិច្ចរបស់ខ្លួនមិនបានល្អ។ ខ្ញុំអាចស្វែងរកព្រះបន្ទូលដែលពាក់ព័ន្ធខ្លះៗរបស់ព្រះជាម្ចាស់ទាន់ពេលវេលា និងបានយកព្រះបន្ទូលនោះផ្សារភ្ជាប់នឹងបទពិសោធន៍របស់ខ្ញុំផ្ទាល់ដើម្បីជួយដល់ពួកគេ។ ការបំពេញភារកិច្ចរបស់ខ្ញុំតាមរបៀបនេះ ធ្វើឱ្យខ្ញុំបានធូរស្រាលចិត្ត ហើយវាមានអត្ថន័យណាស់! ក្រោយមក អ្នកដឹកនាំក៏ដាក់ខ្ញុំនៅជួរខាងមុខម្ដងទៀត តែមិនដូចលើកមុនទេ ខ្ញុំអត់បង្ហាញអំនួតទេ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរបំពេញភារកិច្ចរបស់ខ្លួន និងធ្វើបន្ទាល់នៅក្នុងគ្រប់ឈុតថតទាំងអស់។ ខ្ញុំផ្ដោតលើការច្រៀងឱ្យបានល្អ និងបំពេញកាតព្វកិច្ចរបស់ខ្ញុំតាមការគួរ។ ខ្ញុំចាំឈុតមួយ ដែលខ្ញុំនៅជួរខាងក្រោយ យើងច្រៀងថា «ចូរលើកទង់ជ័យរបស់ឯងឡើងដើម្បីអបអរចំពោះព្រះជាម្ចាស់! ចូរច្រៀងចម្រៀងជ័យឃោសរបស់ឯងដើម្បីផ្សាយព្រះនាមដ៏បរិសុទ្ធរបស់អញ!» ខ្ញុំបានគិតថាសាតាំងបានធ្វើឱ្យខ្ញុំពុករលួយខ្លាំងប៉ុនណា ដោយការស្វែងរកកេរ្តិ៍ឈ្មោះ និងឋានៈ គឺថាខ្ញុំបានបរាជ័យក្នុងការបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ ថ្ងៃនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរសរសើរព្រះជាម្ចាស់ចេញពីចិត្តរបស់ខ្ញុំ និងថ្វាយចម្រៀងដ៏ល្អបំផុតរបស់ខ្ញុំដល់ព្រះអង្គ ដើម្បីឱ្យសាតាំងនឹងត្រូវអាម៉ាស់មុខ និងបរាជ័យ! ពេលខ្ញុំកំពុងច្រៀងសរសើរព្រះជាម្ចាស់នៅលើឆាក ជាមួយនឹងការអាកប្បកិរិយាថ្មីនេះ ខ្ញុំមានអារម្មណ៍ថាមានសន្ដិភាព និងដូចជាសប្បាយម្យ៉ាង ជាអារម្មណ៍ដែលខ្ញុំមិនធ្លាប់មានពីមុនសោះ។ ខ្ញុំមានអារម្មណ៍ថាមានមោទនភាពណាស់!

ចម្រៀងជ័យនៃនគរព្រះ ដែលជាគម្រោងចម្រៀងដ៏ធំ ត្រូវបង្ហោះលើបណ្ដាញអនឡាញឆាប់ៗនេះ។ យើង និងបងប្អូនប្រុសស្រី សុទ្ធតែរីករាយនឹងទស្សនាវីដេអូនេះ។ ហើយយើងឃើញថា រាស្ត្ររើសតាំងជាច្រើនរបស់ព្រះជាម្ចាស់ដែលកំពុងច្រៀងនៅមុខភ្នំដើមអូលីវយ៉ាងមានមោទនភាព «បណ្ដាជនសាទរព្រះជាម្ចាស់បណ្ដាជនសរសើរតម្កើងព្រះជាម្ចាស់» វាធ្វើឱ្យខ្ញុំរំភើប មិនដូចកាលពីមុនទេ ហើយខ្ញុំទប់ចិត្តមិនបាន មានតែបង្ហូរទឹកភ្នែករបស់ខ្ញុំដោយការដឹងគុណ។ ដោយគិតពីរឿងគ្រប់យ៉ាងដែលបានកើតឡើង ខ្ញុំបានមើលឃើញថា ពីការដែលខ្ញុំរំខានចិត្ត ដោយសារតែកន្លែងដែលខ្ញុំត្រូវឈរនៅលើឆាកពីគ្រាមុន ដែលធ្វើឱ្យខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អ រហូតដល់ពេល ដែលមិនរងឥទ្ធិពលដោយសារកេរ្តិ៍ឈ្មោះ និងឋានៈ មិនថាខ្ញុំឈរលើឆាកនៅខាងមុខ ឬនៅខាងក្រោយក៏ដោយ ប៉ុន្តែគ្រាន់តែបំពេញតួនាទីជាសត្តនិករដែលត្រូវបានបង្កើតឡើងដោយគ្រាន់តែច្រៀងដោយសេរី និងធ្វើបន្ទាល់ពីព្រះជាម្ចាស់ គ្រប់យ៉ាងគឺជាផលផ្លែនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងខ្ញុំ។ សូមអរព្រះគុណព្រះជាម្ចាស់!

ខាង​ដើម៖ ៣០. ការលះបង់ឋានៈមិនមែនជារឿងងាយស្រួលទេ

បន្ទាប់៖ ៣២. វិញ្ញាណខ្ញុំបានរួច

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ