ជំពូកទី ៦
ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាសិរសានៃរបស់សព្វសារពើ កាន់កាប់អំណាចជាស្ដេចរបស់ទ្រង់ចេញពីបល្ល័ង្ករបស់ទ្រង់។ ទ្រង់ត្រួតត្រាលើពិភពលោក និងរបស់សព្វសារពើ ហើយទ្រង់កំពុងតែដឹកនាំពួកយើងនៅលើផែនដីទាំងមូល។ គ្រប់ពេលវេលា ចូរទៅជិតទ្រង់ ហើយចូលមកចំពោះទ្រង់ដោយភាពស្ងៀមស្ងាត់ ដោយមិនរំលងជាដាច់ខាតសូម្បីតែមួយវិនាទី គឺតែងតែមានមេរៀនដែលត្រូវរៀនសូត្រជានិច្ច។ មជ្ឈដ្ឋានជុំវិញ ក៏ដូចជាមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗ មានវត្តមានឡើងដោយការអនុញ្ញាតពីបល្ល័ង្ករបស់ទ្រង់។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ចូរកុំឱ្យសេចក្ដីទុក្ខសោកកើតឡើងនៅក្នុងចិត្តរបស់អ្នកឱ្យសោះ បើមិនដូច្នោះទេ ព្រះជាម្ចាស់នឹងមិនប្រទានព្រះគុណរបស់ទ្រង់ដល់អ្នកឡើយ។ នៅពេលជំងឺកើតមានដល់អ្នក នេះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយបំណងព្រះហឫទ័យដ៏ល្អរបស់ទ្រង់ ប្រាកដជាមានបង្កប់នៅក្នុងនោះ។ ទោះបីជាសាច់ឈាមរបស់អ្នកអាចនឹងរងការឈឺចាប់បន្តិចក៏ដោយ ក៏មិនត្រូវទទួលយកគំនិតនានាពីសាតាំងដែរ។ ចូរសរសើរតម្កើងព្រះជាម្ចាស់អំឡុងពេលមានជំងឺ ហើយរីករាយនឹងព្រះជាម្ចាស់នៅក្នុងការសរសើរតម្កើងរបស់អ្នក។ ចូរកុំបាក់ទឹកចិត្តនៅពេលមានជំងឺឡើយ ចូរបន្តស្វែងរកម្ដងហើយម្ដងទៀត និងចូរកុំបោះបង់ ហើយព្រះជាម្ចាស់នឹងស្រាយបំភ្លឺ និងបំភ្លឺដល់អ្នក។ តើសេចក្ដីជំនឿរបស់យ៉ូបមានលក្ខណៈដូចម្ដេច? ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាគ្រូពេទ្យដ៏មានអំណាចគ្រប់យ៉ាង! ការរស់នៅក្នុងជំងឺគឺស្មើនឹងការឈឺ ប៉ុន្តែការរស់នៅក្នុងវិញ្ញាណគឺស្មើនឹងការមានសុខភាពល្អ។ ឱ្យតែអ្នកនៅសល់មួយដង្ហើម នោះព្រះជាម្ចាស់នឹងមិនឱ្យអ្នកស្លាប់ឡើយ។
នៅក្នុងខ្លួនរបស់ពួកយើង ពួកយើងមានជីវិតដែលរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ជារឿងដែលមិនអាចប្រកែកបាននោះគឺ ពួកយើងខ្វះសេចក្ដីជំនឿនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់៖ សូមព្រះជាម្ចាស់ដាក់សេចក្ដីជំនឿដ៏ពិតនៅក្នុងចំណោមពួកយើងផង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាផ្អែមមែន! ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាឱសថដ៏មានអានុភាព! វាធ្វើឱ្យសាតាំងអាម៉ាស់! ការយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ផ្ដល់ឱ្យយើងនូវជំនួយ។ ព្រះបន្ទូលរបស់ទ្រង់ធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីសង្គ្រោះចិត្តរបស់យើង! បន្ទូលទាំងនេះកំចាត់របស់សព្វសារពើ ហើយធ្វើឱ្យគ្រប់យ៉ាងមានសន្តិភាព។ សេចក្ដីជំនឿប្រៀបដូចឈើមួយដើមធ្វើស្ពាន៖ អ្នកណាដែលតោងស្អិតនឹងជីវិត ហើយខ្លាចស្លាប់ មុខជាពិបាកឆ្លងផុតណាស់ ប៉ុន្តែអ្នកណាដែលត្រៀមខ្លួនរួចរាល់ក្នុងការបូជាជីវិតរបស់ខ្លួន អាចឆ្លងកាត់ មានជំហរនឹងនរ និងមិនមានការព្រួយបារម្ភឡើយ។ ប្រសិនបើមនុស្សមានគំនិតភ័យខ្លាច និងកំសាក នោះគឺដោយសារតែសាតាំងបានបំភាន់ពួកគេ វាគឺខ្លាចថាពួកយើងនឹងឆ្លងស្ពាននៃសេចក្ដីជំនឿចូលទៅក្នុងព្រះជាម្ចាស់។ សាតាំងកំពុងតែព្យាយាមគ្រប់មធ្យោបាយដើម្បីបញ្ជូនគំនិតរបស់វាមកកាន់ពួកយើង។ ពួកយើងគួរតែអធិស្ឋានគ្រប់ពេលវេលាដើម្បីឱ្យព្រះជាម្ចាស់ស្រាយបំភ្លឺ និងបំភ្លឺពួកយើង ចូរពឹងផ្អែកលើព្រះជាម្ចាស់គ្រប់ពេលវេលា ដើម្បីជម្រះភាពពិសពុលរបស់សាតាំងចេញពីក្នុងពួកយើង ចូរអនុវត្តការចូលទៅជិតព្រះជាម្ចាស់នៅក្នុងវិញ្ញាណរបស់ពួកយើងគ្រប់ពេលវេលា ហើយអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រង និងកាន់កាប់លើភាវៈទាំងមូលរបស់យើង។