ឌ. ស្ដីពីរបៀបកម្ចាត់ចោលឥទ្ធិពលរបស់សាតាំង និងសម្រេចបានសេចក្តីសង្រ្គោះ

៤៨៨. មនុស្សជាតិបានបាត់បង់នូវចិត្ត ដែលកោតខ្លាចព្រះជាម្ចាស់ ក៏ដូចជាមុខងារដែលប្រគល់ឱ្យសត្តនិកររបស់ព្រះជាម្ចាស់ ក្រោយពីត្រូវសាតាំងធ្វើឱ្យពុករលួយ ហើយបានក្លាយជាសត្រូវមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ ក្រោយមកទៀត មនុស្សជាតិរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង និងបានដើរតាមការបញ្ជារបស់សាតាំង។ ហេតុនេះ ព្រះជាម្ចាស់គ្មានផ្លូវណាត្រូវបំពេញកិច្ចការក្នុងចំណោមសត្តនិកររបស់ទ្រង់ឡើយ ហើយកាន់តែមិនអាចយកឈ្នះលើការគោរពកោតខ្លាចដែលពោរពេញដោយការខ្លាចរអារនោះទេ។ មនុស្សលោកត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយត្រូវថ្វាយបង្គំព្រះជាម្ចាស់ ប៉ុន្តែពួកគេទៅជាបែរខ្នងដាក់ទ្រង់ និងថា្វយបង្គំសាតាំងទៅវិញ។ សាតាំងបានក្លាយជាព្រះក្លែងក្លាយនៅក្នុងដួងចិត្តរបស់ពួកគេ។ ហេតុនេះ ព្រះជាម្ចាស់បានបាត់បង់នូវកន្លែងរបស់ទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ ដែលមានន័យថា ទ្រង់បានបាត់បង់នូវអត្ថន័យនៅពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់។ ហេតុនេះ ដើម្បីស្រោចស្រង់នូវអត្ថន័យនៅពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់ត្រឡប់មកវិញ ទ្រង់ត្រូវតែស្រោចស្រង់នូវភាពជាមនុស្សដើមរបស់ពួកគេត្រឡប់មកវិញ និងបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់ពួកគេចេញ។ ដើម្បីទាមទារយកមនុស្សពីសាតាំងវិញ ទ្រង់ត្រូវសង្គ្រោះពួកគេឱ្យរួចពីបាបសិន។ មានតែតាមរបៀបនេះទេ ទើបព្រះជាម្ចាស់អាចស្រោចស្រង់លក្ខណៈដើម និងមុខងាររបស់ពួកគេត្រឡប់មកវិញ ហើយចុងក្រោយ ក៏ស្រោចស្រង់នូវនគរស្ថានសួគ៌របស់ទ្រង់ត្រឡប់មកវិញ។ ការបំផ្លាញជាចុងក្រោយបង្អស់លើកូនដែលមិនស្ដាប់បង្គាប់ទាំងនោះ ក៏នឹងត្រូវអនុវត្តដើម្បីឱ្យមនុស្សបានថ្វាយបង្គំព្រះជាម្ចាស់ប្រសើរជាងមុនដែរ ហើយនឹងរស់នៅលើផែនដីនេះបានប្រសើរជាងមុន។ ដោយសារព្រះជាម្ចាស់បានបង្កើតមនុស្សលោកមក ទើបទ្រង់ត្រូវធ្វើឱ្យពួកគេថ្វាយបង្គំទ្រង់។ ដោយសារទ្រង់ចង់ស្រោចស្រង់មុខងារដើមរបស់មនុស្សជាតិត្រឡប់មកវិញ ទើបទ្រង់ត្រូវស្រោចស្រង់មុខងារនោះឱ្យបានទាំងស្រុង ដោយគ្មានការផិតក្បត់ឡើយ។ ការស្រោចស្រង់សិទ្ធិអំណាចរបស់ទ្រង់មានន័យថា ការធ្វើឱ្យមនុស្សថ្វាយបង្គំទ្រង់ និងចុះចូលចំពោះទ្រង់។ វាមានន័យថាព្រះជាម្ចាស់នឹងធ្វើឱ្យមនុស្សជាតិរស់នៅដោយសារទ្រង់ និងធ្វើឱ្យសត្រូវរបស់ទ្រង់វិនាសហិនហោច ដោយសារសិទ្ធិអំណាចរបស់ទ្រង់។ វាមានន័យថា ព្រះជាម្ចាស់នឹងធ្វើឱ្យសព្វសារពើររបស់ទ្រង់បន្តស្ថិតនៅក្នុងចំពោះមនុស្សជាតិ ដោយគ្មានការប្រឆាំងទាស់ពីនរណាម្នាក់ឡើយ។ នគរស្ថានសួគ៌ដែលព្រះជាម្ចាស់ចង់បង្កើត គឺជានគរស្ថានសួគ៌របស់ទ្រង់ផ្ទាល់។ មនុស្សជាតិដែលទ្រង់ចង់បាន គឺជាមនុស្សដែលនឹងថ្វាយបង្គំទ្រង់ ជាមនុស្សដែលនឹងចុះចូលចំពោះទ្រង់ទាំងស្រុង និងផ្សាយនូវសិរីល្អរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់ពុំបានសង្គ្រោះមនុស្សជាតិដែលពុករលួយទេ នោះអត្ថន័យពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់ នឹងត្រូវបាត់បង់។ ទ្រង់នឹងមិនមានសិទ្ធិអំណាចកាន់តែច្រើនក្នុងចំណោមមនុស្សជាតិ ហើយនគរស្ថានសួគ៌របស់ទ្រង់នឹងលែងអាចកើតមាននៅលើផែនដីនេះទៀតហើយ។ ប្រសិនបើព្រះជាម្ចាស់ពុំបានបំផ្លាញសត្រូវទាំងនោះដែលមិនស្ដាប់បង្គាប់ទ្រង់ទេ ទ្រង់នឹងមិនអាចទទួលបាននូវសិរីល្អពេញលេញរបស់ទ្រង់បានឡើយ ហើយទ្រង់ក៏នឹងមិនអាចបង្កើតនគរស្ថានសួគ៌របស់ទ្រង់នៅលើផែនដីនេះបានដែរ។ ទាំងអស់នេះ នឹងក្លាយជាទីសម្គាល់នៃការបញ្ចប់កិច្ចការរបស់ទ្រង់ និងជាជោគជ័យដ៏អស្ចារ្យរបស់ទ្រង់៖ ក្នុងការបំផ្លាញដល់អ្នកដែលនៅស្ថិតក្នុងចំណោមមនុស្សជាតិដែលមិនស្ដាប់បង្គាប់ទ្រង់ និងក្នុងការនាំអ្នកដែលបានធ្វើឱ្យពេញខ្នាតចូលទៅក្នុងសេចក្ដីសម្រាក។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៨៩. មនុស្សជាតិកាលពីដើមដំបូងឡើយ គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ប៉ុន្តែដោយសារការល្បួង និងសេចក្ដីពុករលួយរបស់សាតាំង មនុស្សត្រូវបានសាតាំងចាប់ចង និងធ្លាក់ទៅក្នុងដៃរបស់មេកំណាចនេះ។ ហេតុនេះ សាតាំងបានក្លាយទៅជាកម្មវត្ថុដែលត្រូវតែយកឈ្នះនៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដោយសារសាតាំងគ្រប់គ្រងលើមនុស្ស ហើយដោយសារមនុស្សជាធនធានដែលព្រះជាម្ចាស់ប្រើដើម្បីអនុវត្តការគ្រប់គ្រងទាំងអស់ ប្រសិនបើមនុស្សត្រូវទទួលបាននូវការសង្គ្រោះមែននោះត្រូវតែកញ្ឆក់យកមនុស្សចេញពីក្នុងដៃរបស់សាតាំងមកវិញ ពោលគឺត្រូវយកមនុស្សដែលត្រូវសាតាំងចាប់ធ្វើជាឈ្លើយនោះត្រឡប់មកវិញ។ ហេតុនេះ ត្រូវតែបង្ក្រាបសាតាំងឱ្យបានតាមរយៈការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស ជាការបំផ្លាស់បំប្រែដែលស្រោចស្រង់នូវស្មារតីដឹងខុសត្រូវរបស់មនុស្សពីមុនត្រឡប់មកវិញ។ តាមរបៀបនេះ មនុស្សដែលត្រូវបានចាប់ជាឈ្លើយ អាចត្រូវឆក់យកពីដៃរបស់សាតាំងត្រឡប់មកវិញបាន។ ប្រសិនបើមនុស្សត្រូវបានដោះលែងពីឥទ្ធិពល និងចំណងរបស់សាតាំង នោះសាតាំងនឹងត្រូវអាម៉ាស់មុខ មនុស្សនឹងត្រូវយកត្រឡប់មកវិញនៅចុងបំផុត ហើយសាតាំងនឹងត្រូវបរាជ័យ។ ហើយដោយសារមនុស្សត្រូវបានដោះលែងពីឥទ្ធិពលខ្មៅងងឹតរបស់សាតាំង មនុស្សនឹងក្លាយជារបឹបនៃចម្បាំងនេះទាំងមូល ហើយសាតាំងនឹងក្លាយជាកម្មវត្ថុដែលត្រូវដាក់ទោស នៅពេលណាដែលចម្បាំងនេះត្រូវបានបញ្ចប់។ ក្រោយពីចម្បាំងនេះទៅ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សទាំងមូល នឹងត្រូវបានបញ្ចប់សព្វគ្រប់។

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៩០. អស់អ្នកដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត គឺជាមនុស្សដែលរស់នៅក្នុងសេចក្តីស្លាប់ គឺជាអស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំង។ បើគ្មានការសង្គ្រោះពីព្រះជាម្ចាស់ និងត្រូវបានព្រះជាម្ចាស់ជំនុំជម្រះ ព្រមទាំងវាយផ្ចាលនោះទេ នោះមនុស្សមិនអាចគេចផុតពីឥទ្ធិពលរបស់សេចក្តីស្លាប់បានឡើយ។ ពួកគេមិនអាចក្លាយជាមនុស្សមានជីវិតបានទេ។ «មនុស្សស្លាប់» ទាំងនេះ មិនអាចធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់បានទេ ហើយព្រះជាម្ចាស់ក៏មិនអាចប្រើពួកគេដែរ ជាងនេះទៅទៀត ពួកគេរឹតតែមិនអាចចូលទៅក្នុងនគរព្រះបានទៀតផង។ ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានទីបន្ទាល់របស់មនុស្សដែលចូលមកឯជីវិត មិនមែនមនុស្សស្លាប់នោះទេ ហើយទ្រង់ស្នើឱ្យមនុស្សមានជីវិតធ្វើការសម្រាប់ទ្រង់ មិនមែនមនុស្សស្លាប់នោះទេ។ «មនុស្សស្លាប់» គឺអស់អ្នកដែលទាស់ទទឹង ហើយបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ពួកគេគឺជាអស់អ្នកដែលស្ពឹកស្រពន់ខាងវិញ្ញាណ ហើយមិនយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេគឺជាអស់អ្នកដែលមិនយកសេចក្តីពិតទៅអនុវត្ត ហើយមិនមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់សូម្បីតែបន្តិច ហើយពួកគេគឺជាមនុស្សដែលរស់នៅក្រោមការត្រួតត្រារបស់សាតាំង និងត្រូវបានសាតាំងកេងប្រវ័ញ្ច។ មនុស្សស្លាប់ស្ដែងពីខ្លួនរបស់គេតាមរយៈការក្រោកឈរប្រឆាំងនឹងសេចក្តីពិត តាមរយៈការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងតាមរយៈភាពតូចទាប ភាពថោកទាប ភាពអាក្រក់ ភាពសាហាវឃោរឃៅ ការបោកប្រាស់ និងកលល្បិច។ ទោះបីជាមនុស្សបែបនេះបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនអាចស្ដែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈការរស់នៅបានដែរ។ ទោះបីជាពួកគេមានជីវិតក៏ដោយ ក៏ពួកគេគ្រាន់តែជាសាកសពដែលដកដង្ហើម និងសាកសពដែលដើរប៉ុណ្ណោះ។ មនុស្សស្លាប់ពិតជាមិនអាចធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យបានឡើយ ជាងនេះទៅទៀត ពួកគេក៏កាន់តែមិនស្តាប់បង្គាប់ទ្រង់យ៉ាងពិតប្រាកដទៀតផង។ ពួកគេគ្រាន់តែអាចបោកបញ្ឆោតទ្រង់ ប្រមាថប្រឆាំងនឹងទ្រង់ និងក្បត់ទ្រង់ប៉ុណ្ណោះ ហើយគ្រប់យ៉ាងដែលពួកគេនាំមកតាមរយៈរបៀបដែលពួកគេរស់នៅ គឺសុទ្ធតែបើកសម្តែងពីធម្មជាតិរបស់សាតាំង។ ប្រសិនបើមនុស្សចង់ក្លាយជាភាវៈមានជីវិត និងចង់ធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយត្រូវបានអនុញ្ញាតពីព្រះជាម្ចាស់ នោះពួកគេត្រូវតែទទួលយកការសង្គ្រោះរបស់ព្រះជាម្ចាស់។ ពួកគេត្រូវតែចុះចូលចំពោះការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់យ៉ាងរីករាយ ហើយត្រូវតែទទួលយកនូវការលួសកាត់ និងការដោះស្រាយពីព្រះជាម្ចាស់ដោយរីករាយដែរ។ ទាល់តែពេលនោះ ទើបពួកគេនឹងអាចយកសេចក្តីពិតទាំងអស់ដែលព្រះជាម្ចាស់បានតម្រូវទៅអនុវត្តបាន ហើយទាល់តែពេលនោះ ទើបពួកគេនឹងទទួលបានការសង្គ្រោះរបស់ព្រះជាម្ចាស់ ហើយក្លាយជាភាវៈមានជីវិតយ៉ាងពិតប្រាកដ។ មនុស្សមានជីវិតត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់។ ពួកគេត្រូវបានជំនុំជម្រះ និងវាយផ្ចាលដោយព្រះជាម្ចាស់ ពួកគេចង់ថ្វាយខ្លួន និងរីករាយក្នុងការថ្វាយជីវិតរបស់ពួកសម្រាប់ព្រះជាម្ចាស់ ហើយពួកគេនឹងបូជាជីវិតរបស់ពួកគេទាំងមូលថ្វាយព្រះជាម្ចាស់យ៉ាងរីករាយ។ ទាល់តែពេលដែលមនុស្សមានជីវិតធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ទើបសាតាំងត្រូវអាម៉ាស់មុខ។ ទាល់តែមនុស្សមានជីវិត ទើបអាចផ្សព្វផ្សាយកិច្ចការដំណឹងល្អរបស់ព្រះជាម្ចាស់បាន ទាល់តែមនុស្សមានជីវិត ទើបត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយទាល់តែមនុស្សមានជីវិត ទើបជាមនុស្សពិត។ ដំបូងឡើយ មនុស្សដែលព្រះជាម្ចាស់បានបង្កើត គឺនៅមានជីវិត ប៉ុន្តែដោយសារតែសេចក្តីពុករលួយរបស់សាតាំង នោះមនុស្សរស់នៅក្នុងសេចក្តីស្លាប់ ហើយរស់នៅក្រោមឥទ្ធិពលរបស់សាតាំង ហើយដោយសារតែបែបនេះ ទើបមនុស្សបានក្លាយជាមនុស្សស្លាប់គ្មានវិញ្ញាណ ពួកគេបានក្លាយជាសត្រូវដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ពួកគេបានក្លាយជាឧបករណ៍របស់សាតាំង ហើយពួកគេបានក្លាយជាចំណាប់ខ្មាំងរបស់សាតាំងទៀតផង។ មនុស្សមានជីវិតទាំងអស់ដែលព្រះជាម្ចាស់បានបង្កើត បានក្លាយជាមនុស្សស្លាប់ ដូច្នេះ ព្រះជាម្ចាស់បានបាត់បង់ទីបន្ទាល់របស់ទ្រង់ ហើយទ្រង់បានបាត់បង់មនុស្សជាតិដែលទ្រង់បានបង្កើត និងដែលជាវត្ថុតែមួយគត់ដែលមានខ្យល់ដង្ហើមរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់នឹងត្រូវយកទីបន្ទាល់របស់ទ្រង់ត្រឡប់មកវិញ ហើយយកអស់អ្នកដែលទ្រង់បានបង្កើតដោយព្រះហស្ដរបស់ទ្រង់ផ្ទាល់ ប៉ុន្តែដែលត្រូវបានសាតាំងចាប់ជាចំណាប់ខ្មាំងត្រឡប់មកវិញ នោះទ្រង់ត្រូវតែប្រោសឱ្យពួកគេរស់ឡើងវិញ ដើម្បីឱ្យពួកគេក្លាយជាភាវៈមានជីវិត ហើយទ្រង់ត្រូវតែទទួលយកពួកគេមកវិញ ដើម្បីឱ្យពួកគេរស់នៅក្នុងពន្លឺរបស់ទ្រង់។ មនុស្សស្លាប់ គឺជាមនុស្សដែលគ្មានវិញ្ញាណ មនុស្សស្ពឹកស្រពន់បំផុត និងជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ ពួកគេនៅខាងមុខបង្អស់ក្នុងចំណោមអ្នកដែលមិនស្គាល់ព្រះជាម្ចាស់។ មនុស្សទាំងនេះគ្មានបំណងស្តាប់បង្គាប់ព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ។ ពួកគេមានតែបះបោរប្រឆាំងនឹងទ្រង់ ហើយទាស់ទទឹងនឹងទ្រង់ ព្រមទាំងគ្មានភាពស្មោះត្រង់សូម្បីតែបន្តិច។ មនុស្សមានជីវិតជាមនុស្សដែលមានវិញ្ញាណកើតជាថ្មី ជាមនុស្សដែលចេះស្តាប់បង្គាប់ព្រះជាម្ចាស់ និងជាមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់។ ពួកគេមានសេចក្តីពិត និងទីបន្ទាល់ ហើយមានតែមនុស្សទាំងនេះទេ ទើបគាប់ព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងដំណាក់របស់ទ្រង់។

(ដកស្រង់ពី «តើអ្នកគឺជាមនុស្សម្នាក់ដែលចូលមកឯជីវិតឬ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៩១. តើឥទ្ធិពលនៃភាពងងឹតគឺជាអ្វី? «ឥទ្ធិពលនៃភាពងងឹត» នេះ គឺជាឥទ្ធិពលនៃការបោកបញ្ឆោត សេចក្ដីពុករលួយ ការចាប់ចង និងការគ្រប់គ្រងមនុស្សរបស់សាតាំង ឥទ្ធិពលរបស់សាតាំងនេះហើយ គឺជាឥទ្ធិពលដែលមានលក្ខណៈនៃសេចក្ដីស្លាប់។ អស់អ្នកដែលរស់នៅក្រោមអំណាចរបស់សាតាំងត្រូវដាក់ទោសឱ្យវិនាសអន្តរាយ។ តើអ្នកអាចគេចចេញពីឥទ្ធិពលនៃភាពងងឹតក្រោយពីទទួលបានជំនឿលើព្រះជាម្ចាស់បានដោយរបៀបណា? នៅពេលដែលអ្នកបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដោយស្មោះត្រង់ អ្នកបង្វែរដួងចិត្ដរបស់អ្នកទៅរកព្រះអង្គទាំងស្រុង ក្នុងដំណាក់កាលនេះ ដួងចិត្តរបស់អ្នកនឹងត្រូវព្រះវិញ្ញាណនៃព្រះពាល់។ អ្នករឹតតែព្រមថ្វាយខ្លួនឯងផ្ទាល់ចំពោះព្រះជាម្ចាស់ទាំងស្រុង ហើយនៅពេលនេះ អ្នកបានគេចផុតពីឥទ្ធិពលនៃភាពងងឹតហើយ។ ប្រសិនបើទង្វើគ្រប់យ៉ាងដែលមនុស្សធ្វើ គឺជាទង្វើដែលធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ និងស្របតាមសេចក្ដីតម្រូវរបស់ទ្រង់ នោះគេជាមនុស្សដែលរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងនៅស្ថិតក្រោមការថែរក្សា និងការការពាររបស់ទ្រង់។ ប្រសិនបើមនុស្សមិនអាចអនុវត្ដព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន ប្រសិនបើគេតែងតែព្យាយាមបញ្ឆោតព្រះអង្គ ដោយធ្វើល្អបង្គ្រប់កិច្ចចំពោះព្រះអង្គ ហើយមិនជឿលើព្រះវត្ដមានគង់នៅរបស់ព្រះអង្គ អ្នកទាំងនេះហើយគឺជាមនុស្សទាំងអស់ដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលមិនទទួលបានសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ សុទ្ធតែកំពុងរស់នៅក្រោមអំណាចគ្រប់គ្រងរបស់សាតាំង ពោលគឺ ពួកគេទាំងអស់គ្នារស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលមិនជឿលើព្រះជាម្ចាស់ សុទ្ធតែកំពុងរស់នៅ ក្រោមអំណាចគ្រប់គ្រងរបស់សាតាំង។ សូម្បីតែមនុស្សដែលជឿលើព្រះវត្ដមានគង់នៅរបស់ព្រះជាម្ចាស់ក៏ប្រហែលជាមិនចាំបាច់កំពុងតែរស់ក្នុងពន្លឺរបស់ទ្រង់ដែរ ដ្បិតតាមពិត អស់អ្នកដែលជឿលើទ្រង់ ក៏ប្រហែលជាមិនមែនកំពុងរស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយក៏មិនអាចចុះចូលនឹងព្រះជាម្ចាស់បានដែរ។ មនុស្សមានដែនកំណត់ចំពោះការជឿលើព្រះជាម្ចាស់ ហើយដោយសារមនុស្សគ្មានការយល់ដឹងអំពីព្រះជាម្ចាស់ នោះគេនៅតែកំពុងរស់នៅជាមួយនឹងក្បួនច្បាប់ចាស់គំរឹល រស់នៅក្នុងន័យពាក្យដែលគ្មានបានការ នៅក្នុងជីវិតមួយដែលងងឹត មិនច្បាស់លាស់ មិនត្រូវបានបន្សុទ្ធដោយព្រះជាម្ចាស់ទាំងស្រុង ហើយមិនត្រូវបានទទួលយកទាំងស្រុងពីព្រះអង្គដែរ។ ដូចនេះ សូម្បីតែមនុស្សដែលជឿលើព្រះជាម្ចាស់ ក៏ប្រហែលជាកំពុងរស់នៅក្រោមឥទ្ធិពលនៃភាពងងឹតដែរ ដ្បិតពួកគេគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ទោះបីជាមិនបាច់និយាយក៏ដឹងដែរថា អ្នកដែលមិនជឿលើព្រះជាម្ចាស់ គេកំពុងតែរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលមិនទាន់បានទទួលនូវព្រះគុណ និងក្ដីមេត្ដាករុណារបស់ព្រះជាម្ចាស់ និងមនុស្សដែលមិនអាចមើលឃើញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺគេកំពុងតែស្ថិតនៅក្រោមឥទ្ធិពលនៃភាពងងឹត ហើយមនុស្សដែលអាស្រ័យផលនៃព្រះគុណរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនទាន់ស្គាល់ទ្រង់នៅឡើយ គេក៏ស្ថិតនៅក្នុងអំណាចនៃភាពងងឹត សឹងតែគ្រប់ពេលដែរ។ ប្រសិនបើមនុស្សម្នាក់ជឿលើព្រះជាម្ចាស់ ប៉ុន្តែបែរជាចំណាយពេលភាគច្រើនក្នុងជីវិតរបស់គាត់ រស់នៅក្រោមឥទ្ធិពលនៃភាពងងឹត នោះវត្ដមានជីវិតមនុស្សម្នាក់នេះ បានបាត់បង់អត្ថន័យរបស់វារួចទៅហើយ ចំណែកឯមនុស្សដែលមិនជឿថាមានព្រះជាម្ចាស់វិញ តើមានអ្វីត្រូវយកមកនិយាយទៀត?

មនុស្សណាដែលមិនអាចទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ឬមនុស្សដែលទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនអាចធ្វើតាមសេចក្ដីតម្រូវរបស់ព្រះអង្គបាន គេគឺជាមនុស្សដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ គឺមានតែមនុស្សដែលព្យាយាមឱ្យបានសេចក្ដីពិត និងមនុស្សដែលមានសមត្ថភាពបំពេញតាមការទាមទាររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបទទួលព្រះពរពីព្រះអង្គ ហើយមានតែពួកគេទេ ទើបអាចគេចផុតពីឥទ្ធិពលនៃភាពងងឹតបាន។ មនុស្សដែលមិនត្រូវបានដោះលែង ជាមនុស្សដែលតែងតែត្រូវបានគ្រប់គ្រងដោយអ្វីមួយជាក់លាក់ និងមនុស្សដែលមិនអាចថ្វាយដួងចិត្ដរបស់គេដល់ព្រះជាម្ចាស់បាន សុទ្ធតែជាមនុស្សដែលស្ថិតក្រោមចំណងរបស់សាតាំង ជាមនុស្សដែលរស់នៅក្នុងលក្ខណៈនៃសេចក្ដីស្លាប់។ មនុស្សមិនស្មោះត្រង់ចំពោះកាតព្វកិច្ចខ្លួន មនុស្សមិនស្មោះត្រង់ចំពោះបញ្ជាបេសកកម្មព្រះជាម្ចាស់ និងមនុស្សដែលខកខានមិនបានបំពេញតួនាទីរបស់ខ្លួននៅក្នុងក្រុមជំនុំ គឺសុទ្ធតែជាមនុស្សដែលកំពុងរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលមានចេតនារំខានដល់សកម្មភាពពួកជំនុំ មនុស្សដែលមានចេតនាសាបព្រោះជម្លោះបែកបាក់រវាងបងប្អូនប្រុសស្រី ឬមនុស្សដែលបង្កើតបក្សពួកនិយម គឺជាមនុស្សដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹតកាន់តែជ្រៅ ដោយស្ថិតក្នុងចំណងរបស់សាតាំង។ មនុស្សដែលមានសម្ពន្ធភាពខុសប្រក្រតីជាមួយព្រះជាម្ចាស់ មនុស្សដែលតែងតែមានការចង់បានពន់ប្រមាណ មនុស្សដែលតែងតែចង់បានអត្ថប្រយោជន៍ និងមនុស្សដែលមិនស្វែងរកការផ្លាស់ប្រែនិស្ស័យរបស់ខ្លួន គឺជាមនុស្សដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលតែងតែធ្វេសប្រហែស និងមិនដែលយកចិត្តទុកដាក់អនុវត្ដនូវសេចក្ដីពិតរបស់ខ្លួន និងមនុស្សដែលមិនព្យាយាមបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្យាយាមបំពេញតាមតែសាច់ឈាមរបស់ខ្លួនវិញនោះ ក៏ជាមនុស្សដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត ដែលហ៊ុំព័ទ្ធដោយសេចក្ដីស្លាប់ដែរ។ មនុស្សដែលចូលរួមក្នុងភាពវៀចវេរ និងការបោកបញ្ឆោតពេលធ្វើការថ្វាយព្រះជាម្ចាស់ មនុស្សដែលប្រឈមមុខនឹងព្រះជាម្ចាស់ ដោយកិរិយាបង្គ្រប់កិច្ច មនុស្សដែលបោកបញ្ឆោតព្រះជាម្ចាស់ និងមនុស្សដែលតែងតែរៀបផែនការសម្រាប់ខ្លួនឯង គឺជាមនុស្សដែលកំពុងរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ មនុស្សដែលមិនអាចស្រលាញ់ព្រះជាម្ចាស់អស់ពីចិត្ដ មនុស្សដែលមិនស្វះស្វែងរកបានសេចក្ដីពិត និងមនុស្សដែលមិនផ្ដោតលើការផ្លាស់ប្រែនិស្ស័យរបស់ខ្លួន គឺជាមនុស្សដែលកំពុងរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។

(ដកស្រង់ពី «ចូរគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយព្រះជាម្ចាស់នឹងទទួលយកអ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៩២. មនុស្សរស់នៅក្នុងចំណោមសាច់ឈាម ដែលមានន័យថា គេរស់នៅក្នុងស្ថាននរករបស់មនុស្ស ហើយបើគ្មានការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងស្មោកគ្រោក ដូចជាសាតាំងអ៊ីចឹង។ តើមនុស្សអាចក្លាយជាបរិសុទ្ធយ៉ាងដូចម្ដេចទៅ? ពេត្រុសបានជឿថា ការវាយផ្ចាល និងការជំនុំជម្រះដោយព្រះជាម្ចាស់ គឺជាការការពារដ៏ល្អបំផុត និងជាព្រះគុណដ៏ធំបំផុតរបស់មនុស្ស។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយព្រះជាម្ចាស់ទេ ទើបមនុស្សអាចភ្ញាក់ខ្លួន ហើយស្អប់សាច់ឈាម និងស្អប់សាតាំង។ ការលត់ដំដ៏តឹងរ៉ឹងរបស់ព្រះជាម្ចាស់ជួយរំដោះមនុស្សឱ្យមានសេរីភាពពីឥទ្ធិពលរបស់សាតាំង រំដោះមនុស្សពីពិភពដ៏តូចរបស់គេ និងអនុញ្ញាតឱ្យគេរស់នៅក្នុងពន្លឺនៃព្រះវត្តមានរបស់ព្រះជាម្ចាស់។ គ្មានសេចក្តីសង្រ្គោះណាផ្សេង ដែលប្រសើរជាងការវាយផ្ចាល និងការជំនុំជម្រះឡើយ! ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! ដរាបណាទ្រង់វាយផ្ចាល និងជំនុំជម្រះទូលបង្គំ នោះទូលបង្គំនឹងដឹងថា ទ្រង់មិនបានចាកចោលទូលបង្គំឡើយ។ ទោះបីជាទ្រង់មិនប្រទានឱ្យទូលបង្គំមានអំណរ ឬសេចក្តីសុខសាន្ត និងដាក់ទូលបង្គំឱ្យរស់នៅក្នុងទុក្ខវេទនា ហើយឱ្យទូលបង្គំរងទុក្ខមិនចេះចប់ក៏ដោយ ហើយបើទ្រង់មិនចាកចោលទូលបង្គំ នោះដួងចិត្តរបស់ទូលបង្គំនឹងធូរស្រាលមិនខាន។ នៅថ្ងៃនេះ ការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់បានក្លាយជាការការពារដ៏ល្អបំផុត និងជាព្រះពរដ៏ធំបំផុតរបស់ទូលបង្គំ។ ព្រះគុណដែលទ្រង់ប្រទានដល់ទូលបង្គំ ផ្ដល់នូវការការពារដល់ទូលបង្គំ។ ព្រះគុណដែលទ្រង់ប្រទានដល់ទូលបង្គំនៅថ្ងៃនេះ គឺជាការស្ដែងចេញអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយវាជាការវាយផ្ចាល និងការជំនុំជម្រះ។ លើសពីនេះ វាគឺជាការល្បងល ហើយជាងនេះទៀត វាជាជីវិតនៃការរងទុក្ខ។» ពេត្រុសអាចលះបង់ចោលសេចក្តីសប្បាយខាងសាច់ឈាម ហើយស្វែងរកសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ និងការការពារកាន់តែធំ ដោយសារតែគាត់បានទទួលព្រះគុណដ៏ច្រើនចេញពីការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។ នៅក្នុងជីវិតរបស់គាត់ ប្រសិនបើមនុស្សចង់ទទួលបានការបន្សុទ្ធ និងការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់គេ ប្រសិនបើគេចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យ និងបំពេញតាមភារកិច្ចរបស់ខ្លួនក្នុងនាមជាសត្តនិករម្នាក់ នោះគេត្រូវតែទទួលយកការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបណ្ដោយឱ្យការប្រៀនប្រដៅរបស់ព្រះជាម្ចាស់ និងការវាយកំទេចរបស់ព្រះជាម្ចាស់ឃ្លាតឆ្ងាយចេញពីគេឡើយ ដើម្បីឱ្យគេអាចរួចខ្លួនចេញពីការបង្គាប់បញ្ជា និងឥទ្ធិពលរបស់សាតាំង ហើយរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់។ ចូរដឹងថា ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គឺជាពន្លឺ ពោលគឺជាពន្លឺនៃសេចក្តីសង្រ្គោះរបស់មនុស្ស និងដឹងទៀតថា វាគ្មានព្រះពរ ព្រះគុណ ឬការការពារណាដែលប្រសើរជាងនេះសម្រាប់មនុស្សឡើយ។ មនុស្សរស់នៅក្រោមឥទ្ធិពលរបស់សាតាំង និងរស់នៅក្នុងសាច់ឈាម ហើយប្រសិនបើគេមិនត្រូវបានលាងជម្រះ និងមិនទទួលបានការការពាររបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងកាន់តែខូចអាក្រក់ជាងមុនមិនខាន។ ប្រសិនបើគេចង់ស្រឡាញ់ព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែទទួលយកការលាងជម្រះ និងសេចក្តីសង្រ្គោះ។ ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! នៅពេលដែលទ្រង់ប្រព្រឹត្តចំពោះទូលបង្គំដោយព្រះទ័យសប្បុរស នោះទូលបង្គំមានចិត្តរីករាយ និងមានអារម្មណ៍កម្សាន្តចិត្ត។ នៅពេលដែលទ្រង់វាយផ្ចាលទូលបង្គំ ទូលបង្គំមានអារម្មណ៍ទទួលបានការកម្សាន្តចិត្ត និងសេចក្ដីអំណរកាន់តែខ្លាំង។ ទោះបីជាទូលបង្គំទន់ខ្សោយ និងរងទុក្ខវេទនា ទាំងមិនបានដឹងមុនក៏ដោយ ទោះបីជាមានទឹកភ្នែក និងភាពសោកសៅក៏ដោយ ក៏ទ្រង់ជ្រាបដឹងថាភាពសោកសៅនេះ គឺដោយសារតែការមិនស្ដាប់បង្គាប់របស់ទូលបង្គំ និងដោយសារតែភាពកម្សោយរបស់ទូលបង្គំដែរ។ ទូលបង្គំយំ ដោយសារតែទូលបង្គំមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ ទូលបង្គំមានទុក្ខព្រួយ និងវិប្បដិសារី ដោយសារតែទូលបង្គំមិនអាចបំពេញតាមលក្ខខណ្ឌរបស់ទ្រង់ ប៉ុន្តែទូលបង្គំព្រមទទួលពិភពនេះ ទូលបង្គំព្រមធ្វើអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន ដើម្បីបំពេញបំណងព្រះហឫទ័យរបស់ទ្រង់។ ការវាយផ្ចាលរបស់ទ្រង់បាននាំមកនូវការការពារដល់ទូលបង្គំ និងបានប្រទានឱ្យទូលបង្គំនូវសេចក្តីសង្រ្គោះដ៏ល្អបំផុត។ ការជំនុំជម្រះរបស់ទ្រង់លុបពីលើការអត់ទ្រាំ និងចិត្តអត់ធ្មត់របស់ទ្រង់។ បើគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះទូលបង្គំនឹងមិនទទួលបានសេចក្តីមេត្តា និងសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ទ្រង់បានឡើយ។ នៅថ្ងៃនេះ ទូលបង្គំមើលឃើញគ្រប់យ៉ាងថា សេចក្តីស្រឡាញ់របស់ទ្រង់ខ្ពង់ខ្ពស់លើសផ្ទៃមេឃ និងអ្វីៗទាំងអស់។ សេចក្តីស្រឡាញ់របស់ទ្រង់ មិនគ្រាន់តែជាសេចក្តីមេត្តាករុណា និងសេចក្តីសប្បុរសនោះឡើយ ប៉ុន្តែលើសពីនេះទៅទៀត វាជាការវាយផ្ចាល និងការជំនុំជម្រះ។ ការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់បានប្រទានដល់ទូលបង្គំយ៉ាងច្រើនណាស់។ បើគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះនឹងគ្មានបុគ្គលណាម្នាក់ត្រូវបានលាងជម្រះ និងអាចមានបទពិសោធនូវសេចក្តីស្រឡាញ់របស់ព្រះអាទិករនោះឡើយ។ ទោះបីទូលបង្គំបានជួបការល្បងល និងទុក្ខវេទនារាប់រយ ហើយទោះបីជាទូលបង្គំប៊ិះនឹងស្លាប់ក៏ដោយ ប៉ុន្តែវាបានជួយឱ្យទូលបង្គំស្គាល់ទ្រង់យ៉ាងពិតប្រាកដ និងទទួលបានសេចក្តីសង្រ្គោះដ៏ខ្ពស់បំផុតវិញទេ។ ប្រសិនបើការវាយផ្ចាល ការជំនុំជម្រះ និងការលត់ដំរបស់ទ្រង់ ត្រូវឃ្លាតឆ្ងាយពីទូលបង្គំ នោះទូលបង្គំនឹងរស់នៅក្នុងសេចក្តីងងឹត ក្រោមដែនត្រួតត្រារបស់សាតាំងមិនខាន។ តើសាច់ឈាមរបស់មនុស្សមានអត្ថប្រយោជន៍អ្វីខ្លះទៅ? ប្រសិនបើការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ត្រូវឃ្លាតឆ្ងាយពីទូលបង្គំ នោះប្រៀបបីដូចជាព្រះវិញ្ញាណរបស់ទ្រង់បានបោះបង់ចោលទូលបង្គំ និងដូចជាទ្រង់លែងគង់នៅជាមួយទូលបង្គំអ៊ីចឹង។ ប្រសិនបើបែបនេះមែន តើទូលបង្គំអាចបន្តរស់នៅយ៉ាងដូចម្ដេចកើតទៅ? ប្រសិនបើទ្រង់ប្រទានឱ្យទូលបង្គំមានជំងឺ និងដកសេរីភាពរបស់ទូលបង្គំ ក៏ទូលបង្គំនៅតែអាចរស់នៅបានដដែល ប៉ុន្តែប្រសិនបើការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ត្រូវចាកចេញពីទូលបង្គំមែន នោះទូលបង្គំនឹងគ្មានផ្លូវត្រូវបន្តរស់នៅទៀតឡើយ។ ប្រសិនបើទូលបង្គំគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះទូលបង្គំនឹងបាត់បង់សេចក្ដីស្រឡាញ់របស់ទ្រង់ ជាសេចក្តីស្រឡាញ់មួយដ៏ជ្រាលជ្រៅ ដែលទូលបង្គំពិបាកនឹងបរិយាយណាស់។ បើគ្មានសេចក្តីស្រឡាញ់របស់ទ្រង់ទេ នោះទូលបង្គំនឹងរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង ហើយមិនអាចមើលឃើញពីព្រះគុណដ៏រុងរឿងរបស់ទ្រង់នោះឡើយ។ តើទូលបង្គំអាចបន្តរស់នៅបានយ៉ាងដូចម្ដេចទៅ? ទូលបង្គំមិនអាចទ្រាំទ្រនឹងសេចក្តីងងឹត និងជីវិតបែបនេះបានឡើយ។ ដោយមានទ្រង់គង់នៅជាមួយទូលបង្គំ គឺដូចជាទូលបង្គំមើលឃើញទ្រង់អ៊ីចឹង ដូច្នេះ តើទូលបង្គំអាចចាកចេញពីទ្រង់បានយ៉ាងដូចម្ដេចកើត? ទូលបង្គំសូមអង្វរ សូមទ្រង់កុំដកសេចក្តីកម្សាន្តចិត្តដ៏ធំបំផុតរបស់ទូលបង្គំចេញពីជីវិតរបស់ទូលបង្គំឡើយ ទោះបីវាគ្រាន់តែជាព្រះបន្ទូលនៃសេចក្តីធានាអះអាងតែពីរបីពាក្យក៏ដោយ។ ទូលបង្គំបានរីករាយនឹងសេចក្តីស្រឡាញ់របស់ទ្រង់ ហើយនៅថ្ងៃនេះ ទូលបង្គំមិនអាចរស់នៅដោយគ្មានទ្រង់បានឡើយ។ តើទូលបង្គំអាចមិនស្រឡាញ់ទ្រង់យ៉ាងដូចម្ដេចកើត? ទូលបង្គំបានបង្ហូរទឹកភ្នែកនៃសេចក្ដីទុក្ខព្រួយជាច្រើនដោយសារតែសេចក្តីស្រឡាញ់របស់ទ្រង់ ប៉ុន្តែទូលបង្គំតែងតែមានអារម្មណ៍ថា ជីវិតបែបនេះទើបមានន័យជាង ទើបអាចធ្វើឱ្យជីវិតទូលបង្គំកាន់តែប្រសើរឡើង ទើបអាចអាចបំផ្លាស់បំប្រែទូលបង្គំបាន និងកាន់តែអាចជួយឱ្យទូលបង្គំទទួលបានសេចក្តីពិត ដែលសត្តនិករគួរតែមាន។»

(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៩៣. សាច់ឈាមរបស់មនុស្សគឺចេញមកពីសាតាំង វាពេញដោយនិស្ស័យបះបោរ គួរឱ្យស្មោកគ្រោក និងមិនស្អាតបរិសុទ្ធឡើយ។ មនុស្សល្មោភចង់បានសេចក្តីរីករាយខាងសាច់ឈាមខ្លាំងពេក ព្រមទាំងបង្ហាញចេញខាងសាច់ឈាមច្រើនពេក ទើបនាំឱ្យព្រះជាម្ចាស់ស្អប់ខ្ពើមសាច់ឈាមរបស់មនុស្សដល់កម្រិតជាក់លាក់មួយដូច្នេះ។ នៅពេលដែលមនុស្សបោះបង់ចោលសេចក្តីពុករលួយដ៏ស្មោកគ្រោករបស់សាតាំង នោះពួកគេទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ ប៉ុន្តែ បើពួកគេនៅតែមិនកម្ចាត់ចោលសេចក្តីស្មោកគ្រោក និងសេចក្តីពុករលួយចេញពីពួកគេទេ នោះពួកគេនៅតែកំពុងរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងដដែល។ ការមិនអើពើ ការបោកបញ្ឆោត និងភាពវៀចវេររបស់មនុស្សសុទ្ធតែចេញមកពីសាតាំងទាំងអស់។ សេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់សម្រាប់អ្នក គឺជាការកម្ចាត់ចោលសេចក្តីទាំងនេះរបស់សាតាំងចេញពីអ្នក។ កិច្ចការរបស់ព្រះជាម្ចាស់មិនអាចខុសនោះឡើយ ព្រោះថាគ្រប់កិច្ចការដែលទ្រង់ធ្វើ គឺដើម្បីសង្រ្គោះមនុស្សចេញពីសេចក្តីងងឹត។ នៅពេលដែលអ្នកជឿដល់កម្រិតជាក់លាក់មួយ ហើយអ្នកអាចដកខ្លួនចេញពីសេចក្តីពុករលួយនៃសាច់ឈាម ព្រមទាំងលែងជាប់ខ្នោះនៃសេចក្តីពុករលួយនោះតទៅទៀត តើអ្នកនឹងមិនត្រូវបានសង្រ្គោះទេឬអី? នៅពេលដែលអ្នករស់នៅក្រោមដែនត្រួតត្រារបស់សាតាំង អ្នកគ្មានសមត្ថភាពក្នុងការបង្ហាញអំពីព្រះជាម្ចាស់ទេ អ្នកគឺជាអ្វីមួយដែលស្មោកគ្រោក ហើយមិនអាចទទួលបានកេរមរតករបស់ព្រះជាម្ចាស់ឡើយ។ នៅពេលដែលអ្នកត្រូវបានបន្សុទ្ធ និងប្រោសឱ្យគ្រប់លក្ខណ៍រួចមក នោះអ្នកនឹងក្លាយជាបរិសុទ្ធ ក្លាយជាមនុស្សធម្មតាម្នាក់ ព្រមទាំងទទួលព្រះពរពីព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏រីករាយចំពោះអ្នកផងដែរ។

(ដកស្រង់ពី «ការអនុវត្ត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៩៤. ជីវិតទាំងស្រុងរបស់មនុស្សត្រូវបានរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង ហើយគ្មានមនុស្សណាម្នាក់ ដែលអាចរំដោះខ្លួនចេញពីឥទ្ធិពលរបស់សាតាំង ដោយខ្លួនឯងបានឡើយ។ មនុស្សទាំងអស់រស់នៅក្នុងពិភពដ៏ស្មោកគ្រោក នៅក្នុងសេចក្តីពុករលួយ និងភាពទទេ ដោយគ្មានអត្ថន័យ ឬតម្លៃអ្វីឡើយ សូម្បីតែបន្តិចក៏គ្មានផង ហើយពួកគេរស់នៅក្នុងជីវិតដែលមិនខ្វល់ គឺរស់នៅសម្រាប់តែខាងសាច់ឈាម សម្រាប់សេចក្តីស្រើបស្រាល និងសម្រាប់តែសាតាំងប៉ុណ្ណោះ។ វាគ្មានតម្លៃអ្វីសោះឡើយចំពោះអត្ថិភាពរបស់ពួកគេ។ មនុស្សគ្មានសមត្ថភាពរកឃើញសេចក្តីពិតដែលនឹងរំដោះគេឱ្យចេញផុតពីដែនឥទ្ធិពលរបស់សាតាំងឡើយ។ ទោះបីជាមនុស្សជឿលើព្រះជាម្ចាស់ និងអានព្រះគម្ពីរក៏ដោយ ក៏គេមិនយល់អំពីរបៀបរំដោះខ្លួនចេញពីឥទ្ធិពលគ្រប់គ្រងរបស់សាតាំងដែរ។ នៅគ្រប់យុគសម័យ មានមនុស្សតិចតួចណាស់ដែលបានរកឃើញនូវអាថ៌កំបាំងនេះ ហើយមានមនុស្សតិចតួចណាស់ដែលបានយល់អំពីការនេះ។ ដូច្នេះហើយ ទោះបីជាមនុស្សស្អប់ខ្ពើមសាតាំង និងស្អប់សាច់ឈាមក៏ដោយ ក៏គេមិនដឹងពីរបៀបដកខ្លួនចេញពីឥទ្ធិពលទាក់ចិត្តរបស់សាតាំងដែរ។ នៅថ្ងៃនេះ តើអ្នករាល់គ្នាមិនស្ថិតនៅក្រោមដែនគ្រប់គ្រងរបស់សាតាំងទេឬអី? អ្នករាល់គ្នាមិនស្ដាយក្រោយចំពោះទង្វើមិនស្ដាប់បង្គាប់របស់ខ្លួនហើយ ថែមទាំងមិនមានអារម្មណ៍ថា ខ្លួនឯងស្មោកគ្រោក និងមិនស្ដាប់បង្គាប់ទៀត។ ក្រោយពេលដែលប្រឆាំងនឹងព្រះជាម្ចាស់ អ្នករាល់គ្នាថែមទាំងមានសេចក្តីសុខផ្លូវចិត្ត និងសេចក្តីសុខសាន្តថែមទៀត។ តើសេចក្តីសុខសាន្តរបស់អ្នក មិនមែនដោយសារតែអ្នកជាមនុស្សពុករលួយទេឬអី? តើសេចក្តីសុខផ្លូវចិត្តនេះមិនមែនចេញមកពីការមិនស្ដាប់បង្គាប់របស់អ្នកទេឬអី? មនុស្សរស់នៅក្នុងស្ថាននរករបស់មនុស្ស គេរស់នៅក្រោមឥទ្ធិពលដ៏ងងឹតរបស់សាតាំង ហើយនៅទូទាំងទឹកដី ខ្មោចរស់នៅរួមជាមួយមនុស្ស ដោយចូលទន្ទ្រានលើសាច់ឈាមរបស់មនុស្ស។ នៅលើផែនដី អ្នកមិនរស់នៅក្នុងស្ថានបរមសុខដ៏ស្រស់ស្អាតឡើយ។ ទីកន្លែងដែលអ្នករស់នៅ គឺជាពិភពរបស់អារក្ស ជានរករបស់មនុស្ស ជាស្ថានអវចី។ ប្រសិនបើមនុស្សមិនត្រូវបានលាងជម្រះទេ នោះគេចេញពីអ្វីៗដែលស្មោកគ្រោកហើយ។ ប្រសិនបើគេមិនត្រូវបានព្រះជាម្ចាស់ការពារ និងមើលថែទេ នោះគេនៅតែជាឈ្លើយសឹករបស់សាតាំងដដែល។ ប្រសិនបើគេមិនទទួលការជំនុំជម្រះ និងការវាយផ្ចាលទេ នោះគេនឹងគ្មានផ្លូវរត់គេចខ្លួនចេញពីការសង្កត់សង្កិននៃឥទ្ធិពលដ៏ងងឹតរបស់សាតាំងបានឡើយ។ និស្ស័យដ៏ពុករលួយដែលអ្នកបង្ហាញចេញ និងឥរិយាបថមិនស្ដាប់បង្គាប់ដែលអ្នកបង្ហាញចេញមកតាមរយៈការរស់នៅ គឺជាភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា អ្នកកំពុងតែរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងដដែល។ ប្រសិនបើគំនិត និងចិត្តរបស់អ្នកមិនត្រូវបានលាងជម្រះទេ ហើយនិស្ស័យរបស់អ្នកមិនត្រូវបានជំនុំជម្រះ និងវាយផ្ចាលទេ នោះជីវិតទាំងមូលរបស់អ្នកនឹងនៅតែត្រូវបានត្រួតត្រា ដោយដែនត្រួតត្រារបស់សាតាំង គំនិតរបស់អ្នកត្រូវបានបង្គាប់បញ្ជាដោយសាតាំង ហើយរូបកាយទាំងមូលរបស់អ្នកក៏ត្រូវបានត្រួតត្រាដោយដៃរបស់សាតាំងដែរ។ ឥឡូវនេះ តើអ្នកដឹងដែរឬទេថា អ្នកនៅឆ្ងាយប៉ុនណាពីបទដ្ឋានរបស់ពេត្រុស? តើអ្នកមាននូវគុណសម្បត្តិនោះដែរឬទេ? តើអ្នកដឹងច្រើនប៉ុនណាអំពីការវាយផ្ចាល និងការជំនុំជម្រះនៅថ្ងៃនេះ? តើអ្នកមានគុណសម្បត្តិដែលពេត្រុសបានដឹងច្រើនកម្រិតណាទៅ? ប្រសិនបើអ្នកមិនដឹងនៅថ្ងៃនេះទេ តើអ្នកនឹងអាចទទួលបានចំណេះដឹងនេះនៅថ្ងៃខាងមុខដែរឬទេ? មនុស្សដែលមានចរិតខ្ជិលច្រអូស និងកំសាកដូចអ្នកនេះ គឺគ្មានសមត្ថភាពដឹងអំពីការវាយផ្ចាល និងការជំនុំជម្រះឡើយ។ ប្រសិនបើអ្នកបន្តស្វែងរកសេចក្តីសុខនៃសាច់ឈាម និងសេចក្តីសប្បាយភ្លើតភ្លើននៃសាច់ឈាម នោះអ្នកនឹងគ្មានផ្លូវទទួលការលាងជម្រះបានឡើយ ហើយនៅទីចុងបញ្ចប់ អ្នកនឹងត្រូវត្រឡប់ទៅឯសាតាំងវិញ ដ្បិតអ្វីដែលអ្នកបង្ហាញចេញតាមរយៈការរស់នៅ គឺជាសាតាំង និងសាច់ឈាម។ នាពេលសព្វថ្ងៃនេះ មនុស្សជាច្រើនមិនបន្តស្វែងរកជីវិតឡើយ នេះមានន័យថា ពួកគេមិនខ្វល់អំពីការលាងជម្រះ ឬអំពីការចូលទៅក្នុងបទពិសោធជីវិតកាន់តែស៊ីជម្រៅឡើយ។ បើដូច្នេះ តើពួកគេអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយរបៀបណា? អស់អ្នកដែលមិនបន្តស្វែងរកជីវិត គ្មានឱកាសទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ឡើយ ហើយអស់អ្នកដែលមិនបន្តស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ អ្នកដែលមិនបន្តស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់គេ ក៏គ្មានសមត្ថភាពរួចខ្លួនពីឥទ្ធិពលដ៏ងងឹតរបស់សាតាំងដែរ។

(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៩៥. មនុស្សដែលជឿលើព្រះជាម្ចាស់ តែមិនស្វះស្វែងរកសេចក្ដីពិត គ្មានផ្លូវអាចគេចផុតពីឥទ្ធិពលរបស់សាតាំងឡើយ។ មនុស្សដែលមិនរស់នៅក្នុងភាពស្មោះត្រង់ មនុស្សប្រព្រឹត្ដនៅចំពោះមុខអ្នកដទៃផ្សេង ហើយប្រព្រឹត្ដនៅក្រោយខ្នងអ្នកដទៃផ្សេង មនុស្សដែលបង្ហាញនូវការបន្ទាបខ្លួន ការអត់ធ្មត់ និងសេចក្ដីស្រលាញ់ ទាំងដែលសារជាតិបស់គេ គឺបោកប្រាស់ មានល្បិចកល និងគ្មានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់។ មនុស្សបែបនេះហើយ គឺជាអ្នកតំណាងទូទៅរបស់មនុស្ស ដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ ពួកគេគឺជាពួកមនុស្សប្រភេទតែមួយនឹងសត្វពស់។ មនុស្សដែលជឿលើព្រះជាម្ចាស់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន មនុស្សដែលគិតថា ខ្លួនឯងសុចរិត និងមានឫកខ្ពស់ មនុស្សអួតអាង និងមនុស្សដែលការពារឋានៈខ្លួនឯង គឺជាមនុស្សដែលស្រលាញ់សាតាំង និងប្រឆាំងទាស់នឹងសេចក្ដីពិត។ មនុស្សទាំងនេះតតាំងនឹងព្រះជាម្ចាស់ ហើយជាកម្មសិទ្ធិទាំងស្រុងរបស់សាតាំងផង។ មនុស្សដែលមិនយកចិត្ដទុកដាក់ចំពោះបន្ទុករបស់ព្រះជាម្ចាស់ មនុស្សដែលមិនបម្រើព្រះជាម្ចាស់ដោយអស់ពីចិត្ដ មនុស្សដែលតែងតែខ្វល់ខ្វាយតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍ក្រុមគ្រួសាររបស់ពួកគេ មនុស្សដែលមិនអាចលះបង់គ្រប់យ៉ាងដើម្បីលះបង់ខ្លួនដើម្បីព្រះជាម្ចាស់បាន និងមនុស្សដែលមិនរស់នៅតាមព្រះបន្ទូលរបស់ទ្រង់ គឺជាមនុស្សដែលនៅក្រៅព្រះបន្ទូលរបស់ព្រះអង្គ។ មនុស្សបែបនេះមិនអាចទទួលបានការសរសើរពីព្រះជាម្ចាស់ឡើយ។

នៅពេលព្រះជាម្ចាស់បានបង្កើតមនុស្សមក គឺដើម្បីឱ្យពួកគេអាចរីករាយនឹងភាពសម្បូរណ៍សប្បាយរបស់ទ្រង់ ហើយស្រលាញ់ទ្រង់ មនុស្សមុខជារស់នៅក្នុងពន្លឺរបស់ព្រះអង្គ តាមវិធីនេះ។ សព្វថ្ងៃនេះ មនុស្សដែលមិនអាចស្រលាញ់ព្រះជាម្ចាស់ គេមិនយកចិត្ដទុកដាក់ចំពោះបន្ទុករបស់ព្រះអង្គ មិនអាចថ្វាយដួងចិត្ដរបស់ខ្លួនទាំងស្រុងដល់ព្រះអង្គ មិនអាចមានចិត្ដដូចព្រះហឫទ័យរបស់ទ្រង់ និងមិនអាចរែកពុនបន្ទុករបស់ព្រះអង្គ ដូចជាបន្ទុករបស់ខ្លួនបាន ពន្លឺរបស់ព្រះជាម្ចាស់ មិនចាំងចែងលើមនុស្សប្រភេទនេះទេ ដូច្នេះ ពួកគេទាំងអស់នោះកំពុងតែរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ ពួកគេស្ថិតលើផ្លូវផ្ទុយគ្នាស្រឡះពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយក្នុងកិច្ចការដែលគេធ្វើ សូម្បីសេចក្ដីពិតតែមួយសរសៃក៏គ្មានផង។ ពួកគេកំពុងតែត្រាំត្រែងក្នុងភក់ជ្រាំជាមួយសាតាំង ពួកគេគឺជាមនុស្សដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត។ ប្រសិនបើអ្នកអាចហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារឿយៗ ហើយយកចិត្ដទុកដាក់ចំពោះបំណងព្រះហឫទ័យទ្រង់ ព្រមទាំងយកព្រះបន្ទូលទ្រង់មកអនុវត្ដ នោះអ្នកគឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ហើយ ហើយអ្នកក៏ជាមនុស្សដែលរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ តើអ្នកព្រមគេចចេញពីអំណាចគ្រប់គ្រងរបស់សាតាំង ហើយរស់នៅក្រោមពន្លឺរបស់ព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើអ្នករស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមានឱកាសអនុវត្តកិច្ចការរបស់ទ្រង់ ប្រសិនបើអ្នករស់នៅក្រោមឥទ្ធិពលរបស់សាតាំង នោះអ្នកនឹងមិនផ្ដល់ឱកាសបែបនេះដល់ព្រះវិញ្ញាណឡើយ។ កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានអនុវត្តលើមនុស្ស ពន្លឺដែលព្រះអង្គចាំងលើពួកគេ ព្រមទាំងទំនុកចិត្ដដែលទ្រង់ប្រទានដល់ពួកគេ ស្ថិតស្ថេរតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើមនុស្សមិនប្រុងប្រយ័ត្ន ហើយមិនបានយកចិត្ដទុកដាក់ទេនោះ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនឹងទៅហួសពីពួកគេ។ ប្រសិនបើមនុស្សរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងគង់នៅជាមួយពួកគេ ព្រមទាំងអនុវត្តកិច្ចការចំពោះពួកគេផង។ ប្រសិនបើមនុស្សមិនរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះពួកគេរស់នៅក្នុងចំណងរបស់សាតាំងហើយ។ ប្រសិនបើមនុស្សរស់នៅជាមួយនឹងនិស្ស័យពុករលួយ នោះពួកគេគ្មានវត្ដមាននៃកិច្ចការរបស់ព្រះវិញ្ញាញបរិសុទ្ធឡើយ។ ប្រសិនបើអ្នករស់នៅក្នុងដែនកំណត់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នករស់នៅក្នុងសភាពដែលព្រះជាម្ចាស់តម្រូវ នោះអ្នកក៏ក្លាយជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដែលជាកម្មសិទ្ធិរបស់ទ្រង់ ហើយកិច្ចការរបស់ទ្រង់នឹងត្រូវអនុវត្តមកលើអ្នក ប្រសិនបើអ្នកមិនមែនកំពុងរស់នៅក្នុងដែនកំណត់នៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ តែបែរជាកំពុងរស់នៅក្រោមអំណាចរបស់សាតាំង នោះច្បាស់ណាស់ថា អ្នកកំពុងតែរស់នៅក្នុងសេចក្ដីពុករលួយរបស់សាតាំងហើយ។ មានតែតាមរយៈការរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការថ្វាយដួងចិត្ដរបស់អ្នកទៅទ្រង់ទេ ទើបអ្នកអាចធ្វើតាមសេចក្ដីតម្រូវរបស់ទ្រង់បាន អ្នកត្រូវតែធ្វើតាមអ្វីដែលព្រះជាម្ចាស់មានបន្ទូល ដោយយកព្រះសូរសៀងរបស់ទ្រង់មកធ្វើជាគ្រឹះនៃវត្ដមានជីវិត និងជាតថភាពរបស់អ្នក ហើយធ្វើជាសេចក្ដីនៅក្នុងជីវិតរបស់អ្នក ដល់ពេលនោះទើបអ្នកក្លាយជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកពិតជាអនុវត្ដតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះទ្រង់នឹងអនុវត្តកិច្ចការមកលើអ្នក ហើយអ្នកនឹងបានរស់នៅក្រោមព្រះពររបស់ទ្រង់ រស់នៅក្នុងពន្លឺនៃព្រះភក្រ្ដរបស់ព្រះអង្គ អ្នកនឹងយល់ដឹងអំពីកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធអនុវត្ត ហើយអ្នកនឹងបានស្គាល់នូវអំណរក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «ចូរគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយព្រះជាម្ចាស់នឹងទទួលយកអ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៩៦. ដើម្បីគេចចេញពីឥទ្ធិពលនៃភាពងងឹត ជាដំបូង អ្នកត្រូវស្មោះត្រង់នឹងព្រះជាម្ចាស់ និងមានចិត្ដព្យាយាមឱ្យបានសេចក្ដីពិត នោះទើបអ្នកអាចមានភាវៈដ៏ត្រឹមត្រូវ។ ការរស់នៅក្នុងភាវៈដ៏ត្រឹមត្រូវ គឺជាលក្ខខណ្ឌតម្រូវជាមុន សម្រាប់ការគេចចេញពីឥទ្ធិពលនៃភាពងងឹត។ ការដែលគ្មានភាវៈដ៏ត្រឹមត្រូវ ជាការវៀចវេរចំពោះព្រះជាម្ចាស់ និងគ្មានចិត្ដចង់ស្វែងរកសេចក្ដីពិត ហើយការគេចចេញពីឥទ្ធិពលនៃភាពងងឹតនោះ គឺគ្មានអ្វីត្រូវឆ្ងល់ទេ។ បន្ទូលរបស់ខ្ញុំជាមូលដ្ឋានរបស់មនុស្ស សម្រាប់ការគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយមនុស្សណាដែលមិនអាចអនុវត្ដតាមបន្ទូលរបស់ខ្ញុំ នឹងមិនអាចគេចផុតពីចំណងឥទ្ធិពលនៃភាពងងឹតឡើយ។ ការរស់នៅក្នុងភាវៈដ៏ត្រឹមត្រូវ គឺជាការរស់នៅក្រោមការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការរស់នៅក្នុងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ការរស់នៅក្នុងភាវៈនៃការស្វែងរកសេចក្ដីពិត ការរស់នៅក្នុងតថភាពនៃការលះបង់ជីវិតរបស់មនុស្សម្នាក់ដោយភាពស្មោះត្រង់ សម្រាប់ប្រយោជន៍ព្រះជាម្ចាស់ និងជាការរស់នៅក្នុងភាវៈនៃការស្រលាញ់ព្រះជាម្ចាស់ដោយភាពពិតត្រង់។ មនុស្សដែលរស់នៅក្នុងភាវៈ និងរស់នៅក្នុងតថភាពនេះ នឹងផ្លាស់ប្រែបន្ដិចម្ដងៗ ពេលពួកគេចូលក្នុងជម្រៅនៃសេចក្ដីពិត ហើយពួកគេនឹងផ្លាស់ប្រែ នៅពេលដែលកិច្ចការនេះចូលកាន់តែជ្រៅ ហើយនៅចុងបញ្ចប់ ពួកគេប្រាកដជាក្លាយជាមនុស្សដែលព្រះជាម្ចាស់ទទួលយក ហើយជាមនុស្សដែលស្រលាញ់ព្រះជាម្ចាស់ពិតប្រាកដ។ មនុស្សដែលបានគេចផុតពីឥទ្ធិពលនៃភាពងងឹត អាចដឹងច្បាស់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយយល់ដឹងពីព្រះហឫទ័យរបស់ទ្រង់បន្ដិចម្ដងៗ គង់មានថ្ងៃមួយ គេក៏ក្លាយជាមិត្តសម្លាញ់ព្រះជាម្ចាស់។ ពួកគេមិនត្រឹមតែគ្មានគំនិតយល់ដឹងបែបរវើរវាយចំពោះព្រះជាម្ចាស់ និងមិនប្រឆាំងទាស់នឹងទ្រង់ឡើយ តែពួកគេថែមទាំងស្អប់គំនិតរវើរវាយ និងការបះបោរដែលពួកគេធ្លាប់មានពីមុនមកទៀតផង ហើយសេចក្ដីស្រលាញ់ដ៏ស្មោះត្រង់ចំពោះព្រះជាម្ចាស់ ក៏ផុសឡើងនៅក្នុងចិត្ដរបស់ពួកគេ។ មនុស្សដែលមិនអាចគេចផុតពីឥទ្ធិពលនៃភាពងងឹត គឺសុទ្ធតែជាមនុស្សដែលចាប់អារម្មណ៍តែនឹងសាច់ឈាមទាំងស្រុង ហើយពោរពេញដោយការបះបោរ ដួងចិត្ដរបស់ពួកគេពោរពេញដោយគំនិតរបស់មនុស្ស និងទស្សនៈជាច្រើនសម្រាប់ការរស់នៅ ក៏ដូចជាចេតនាផ្ទាល់ខ្លួន និងការសញ្ជឹងគិតរបស់ពួកគេ។ អ្វីដែលព្រះជាម្ចាស់តម្រូវគឺ សេចក្ដីស្រលាញ់តែមួយពីមនុស្ស។ អ្វីដែលព្រះអង្គតម្រូវ គឺឱ្យមនុស្សចាប់អារម្មណ៍តែនឹងព្រះបន្ទូលរបស់ទ្រង់ ហើយមានដួងចិត្ដមួយដែលពេញដោយក្ដីស្រលាញ់សម្រាប់ព្រះអង្គ។ ការរស់នៅក្នុងព្រះបន្ទូលនៃព្រះជាម្ចាស់ ការស្វែងរកសេចក្ដីដែលគេគួរស្វែងរក នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ការស្រលាញ់ព្រះជាម្ចាស់ដើម្បីបានព្រះបន្ទូលរបស់ទ្រង់ ការរត់ដើម្បីព្រះបន្ទូលទ្រង់ ការរស់នៅដើម្បីឱ្យបានព្រះបន្ទូលទ្រង់ ទាំងនេះសុទ្ធតែជាគោលដៅ ដែលមនុស្សគួរប្រឹងប្រែងសម្រេចឱ្យបាន។ គ្រប់យ៉ាងត្រូវតែស្អាងឡើងលើព្រះបន្ទូលរបស់ទ្រង់ មានតែបែបនេះទេទើបមនុស្សអាចបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សមិនប្រដាប់ខ្លួនដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះគេគ្រាន់តែជាដង្កូវមួយក្បាលរបស់សាតាំងប៉ុណ្ណោះ! ចូរថ្លឹងថ្លែងសេចក្ដីនេះមើល៖ តើមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានចាក់គ្រឹះក្នុងជីវិតអ្នកច្រើនប៉ុនណា? តើក្នុងកិច្ចការណាខ្លះ ដែលអ្នកកំពុងរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើក្នុងកិច្ចការណាខ្លះ ដែលអ្នករស់នៅមិនស្របតាមព្រះបន្ទូលរបស់ទ្រង់? ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ គ្មានឥទ្ធិពលទាំងស្រុងលើអ្នកទេ តើក្នុងចិត្ដរបស់អ្នកកំពុងមានអ្វីឱ្យប្រាកដ? នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក តើអ្នកកំពុងត្រូវសាតាំងគ្រប់គ្រង ឬអ្នកកំពុងតែមានពេញដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់? តើព្រះបន្ទូលរបស់ទ្រង់ ជាមូលដ្ឋាននៃសេចក្ដីអធិស្ឋានរបស់អ្នកដែរឬទេ? តើអ្នកបានចេញផុតពីភាវៈអគតិ តាមរយៈការបំភ្លឺពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយមែនទេ? ការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាមូលដ្ឋាននៃវត្ដមានជីវិតរបស់អ្នកនេះហើយ គឺជាអ្វីដែលគ្រប់គ្នាគួរយកមកអនុវត្តក្នុងជីវិត។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនស្ថិតក្នុងជីវិតរបស់អ្នកទេ នោះអ្នកកំពុងតែរស់នៅក្រោមឥទ្ធិពលនៃភាពងងឹតហើយ អ្នកកំពុងតែបះបោរទាស់នឹងព្រះជាម្ចាស់ អ្នកកំពុងតែតតាំងនឹងទ្រង់ ហើយអ្នកកំពុងបន្ទាបបន្ថោកព្រះនាមរបស់ទ្រង់ហើយ។ ជំនឿដែលមនុស្សបែបនេះមានចំពោះព្រះជាម្ចាស់ គឺជាការបំភាន់ និងជាការរំខានសុទ្ធសាធ។ តើជីវិតរបស់អ្នកបានរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណាហើយ? តើជីវិតរបស់អ្នក មិនបានរស់នៅស្របតាមព្រះបន្ទូលរបស់ទ្រង់ ច្រើនប៉ុនណា? តើព្រះបន្ទូលដែលព្រះជាម្ចាស់តម្រូវពីអ្នក សម្រេចបានច្រើនប៉ុនណាហើយ? តើព្រះបន្ទូលដែលនៅក្នុងអ្នក បានបាត់បង់អស់ច្រើនប៉ុនណាហើយ? តើអ្នកបានពិចារណាអំពីសេចក្ដីទាំងនេះ ឱ្យបានដិតដល់ទេ?

ការគេចចេញពីឥទ្ធិពលនៃសេចក្ដីងងឹត ទាមទារឱ្យមានទាំងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ទាំងកិច្ចសហប្រតិបត្តិការប្ដូរផ្ដាច់របស់មនុស្ស។ ហេតុអ្វីបានជាខ្ញុំពោលថា មនុស្សមិនដើរលើផ្លូវត្រូវ? មនុស្សដែលកំពុងតែដើរលើផ្លូវត្រឹមត្រូវ ដំបូងគេអាចថ្វាយដួងចិត្ដរបស់ខ្លួនទៅព្រះជាម្ចាស់។ នេះជាគឺជាភារកិច្ចមួយដែលត្រូវចំណាយពេលវេលាយូរ ដើម្បីយកមកអនុវត្ត ដ្បិតមនុស្សលោកតែងតែរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត ហើយក៏បានឋិតនៅក្រោមចំណងរបស់អារក្សសាតាំងរាប់ពាន់ឆ្នាំដែរ។ ដូចនេះ ការចូលក្នុងផ្លូវនេះ មិនអាចសម្រេចបានត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃនោះឡើយ។ ថ្ងៃនេះ ខ្ញុំលើកពីបញ្ហានេះឡើយ ដើម្បីឱ្យមនុស្សអាចទទួលបានការយល់ដឹងអំពីភាវៈរបស់ខ្លួន នៅពេលដែលមនុស្សលោកអាចដឹងថា អ្វីទៅជាឥទ្ធិពលនៃភាពងងឹត និងដឹងអំពីអត្ថន័យនៃការរស់នៅក្នុងពន្លឺហើយ នោះការចូលក្នុងផ្លូវនេះ ក៏កាន់តែងាយស្រួលដែរ។ នេះដោយសារតែអ្នកត្រូវដឹងថា អ្វីជាឥទ្ធិពលរបស់សាតាំង មុនពេលដែលអ្នកអាចគេចផុតពីវា មានតែក្រោយពេលដែលអ្នកបានដឹង ទើបអ្នកមានវិធីបណ្ដេញវាចេញ។ អ្វីដែលត្រូវធ្វើបន្ទាប់ទៀតនោះ គឺជាកិច្ចការដែលមនុស្សត្រូវធ្វើខ្លួនឯង។ ចូរយកកិច្ចការគ្រប់យ៉ាងមកអនុវត្ត ដោយចាប់ផ្ដើមពីគំនិតវិជ្ជមាន ហើយកុំរង់ចាំ ដោយមិនធ្វើអ្វីសោះឡើយ។ មានតែវិធីនេះទេ ទើបអាចឱ្យព្រះជាម្ចាស់ទទួលយកអ្នកបាន។

(ដកស្រង់ពី «ចូរគេចចេញពីឥទ្ធិពលនៃភាពងងឹត ហើយព្រះជាម្ចាស់នឹងទទួលយកអ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៤៩៧. អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែចាំបាច់ ហើយមានសារៈសំខាន់ឥតឧបមា ដ្បិតគ្រប់យ៉ាងដែលទ្រង់ធ្វើនៅមកលើមនុស្ស គឺសុទ្ធតែពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ និងការសង្គ្រោះមនុស្សជាតិ។ តាមធម្មតា កិច្ចការដែលព្រះជាម្ចាស់ធ្វើមកលើយ៉ូបក៏មិនខុសគ្នាដែរ ទោះបីជាយ៉ូបគឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ក៏ដោយ។ អាចនិយាយម្យ៉ាងទៀតបានថា ទោះបីជាកិច្ចការដែលព្រះជាម្ចាស់ទ្រង់ធ្វើ ឬមធ្យោបាយដែលទ្រង់ធ្វើកិច្ចការនោះយ៉ាងណា ទោះបីត្រូវលះបង់យ៉ាងណា ទោះបីជាទ្រង់មានគោលបំណងយ៉ាងណា ក៏គោលបំណងនៃសកម្មភាពរបស់ទ្រង់មិនប្រែប្រួលដែរ។ គោលបំណងរបស់ទ្រង់ គឺបញ្ចូលព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅក្នុងខ្លួនមនុស្ស ហើយបញ្ចូលសេចក្ដីតម្រូវ និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស។ ម្យ៉ាងទៀត គោលបំណងនេះ គឺដើម្បីបញ្ចូលទៅក្នុងខ្លួនមនុស្សនូវអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ជឿថាវិជ្ជមាន ស្របទៅនឹងជំហានរបស់ទ្រង់ ដោយជួយឱ្យគេអាចយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់ ហើយយល់ពីសារជាតិរបស់ព្រះជាម្ចាស់ ព្រមទាំងអនុញ្ញាតឱ្យមនុស្សស្ដាប់បង្គាប់តាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយធ្វើឱ្យមនុស្សទទួលបានការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង ពោលគឺអ្វីទាំងអស់នេះ គឺជាទិដ្ឋភាពមួយនៃគោលបំណងរបស់ព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។ ទិដ្ឋភាពមួយទៀតគឺដោយសារសាតាំងគឺជាតួអង្គអាក្រក់ និងជាវត្ថុបម្រើក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហេតុដូច្នេះហើយទើបមនុស្សរមែងត្រូវប្រគល់ទៅឱ្យសាតាំង។ នេះគឺជាមធ្យោបាយដែលព្រះជាម្ចាស់ប្រើដើម្បីឱ្យមនុស្សមើលឃើញពីការល្បួងរបស់សាតាំង និងវាយប្រហារសេចក្ដីទុច្ចរិត ភាពស្មោកគ្រោក និងភាពគួរឱ្យស្អប់របស់សាតាំង ដោយធ្វើឱ្យមនុស្សស្អប់សាតាំង ហើយអាចដឹង និងទទួលស្គាល់នូវអ្វីដែលអវិជ្ជមានបាន។ ដំណើរនេះធ្វើឱ្យពួកគេដោះខ្លួនពីការគ្រប់គ្រង ការចោទប្រកាន់ ការជ្រៀតជ្រែក និងការវាយប្រហាររបស់សាតាំងបន្តិចម្ដងៗ រហូតទាល់តែពួកគេយកឈ្នះលើការវាយប្រហារ និងការចោទប្រកាន់របស់សាតាំង ដោយសារបានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចំណេះដឹងដែលពួកគេមាន និងការស្ដាប់បង្គាប់របស់ពួកគេចំពោះព្រះជាម្ចាស់ ព្រមទាំងសេចក្ដីជំនឿ និងការកោតខ្លាចដល់ព្រះជាម្ចាស់ផង។ ទាល់តែពេលនោះទើបពួកគេត្រូវបានដោះលែងឱ្យរួចពីដែនយត្រួតត្រារបស់សាតាំងទាំងស្រុង។ ការរំដោះខ្លួនរបស់មនុស្សមានន័យថា សាតាំងត្រូវបរាជ័យ មានន័យថា មនុស្សលែងជាចំណីនៅក្នុងមាត់របស់សាតាំងទៀតហើយ។ សាតាំងមិនអាចលេបត្របាក់ពួកគេបានទៀតឡើយ តែបែរជាត្រូវខ្ជាក់ពួកគេចេញមកវិញ។ នេះក៏ដោយសារមនុស្សបែបនេះ ទៀងត្រង់ ដោយសារពួកគេមានសេចក្ដីជំនឿ មានការស្ដាប់បង្គាប់ និងមានការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយមកពីពួកគេបែកចេញពីសាតាំងទាំងស្រុងផង។ ពួកគេបាននាំក្ដីអាម៉ាស់ឱ្យសាតាំង ពួកគេធ្វើឱ្យសាតាំងទៅជាកំសាក ហើយពួកគេបានយកឈ្នះលើសាតាំងទាំងស្រុង។ ភាពជឿជាក់របស់ពួកគេក្នុងការដើរតាមព្រះជាម្ចាស់ ព្រមទាំងការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់ពួកគេចំពោះព្រះជាម្ចាស់ បានយកឈ្នះលើសាតាំង និងធ្វើឱ្យសាតាំងលះបង់ពួកគេចោលទាំងស្រុង។ មានតែមនុស្សបែបនេះទេ ទើបត្រូវព្រះជាម្ចាស់ទទួលយកយ៉ាងពិតប្រាកដ ហើយនេះទើបជាគោលបំណងចុងក្រោយបង្អស់ដែលព្រះជាម្ចាស់សង្គ្រោះមនុស្ស។ ប្រសិនបើពួកគេចង់ឱ្យខ្លួនគេបានសង្គ្រោះ និងចង់ឱ្យព្រះជាម្ចាស់ទទួលយកគេទាំងស្រុង នោះអ្នកដែលដើរតាមព្រះជាម្ចាស់ត្រូវតែប្រឈមនឹងការល្បួង ប្រឈមនឹងការវាយប្រហារទាំងធំទាំងតូចពីសាតាំង។ មនុស្សដែលងើបចេញពីការល្បួង និងការវាយប្រហារទាំងនេះ ហើយអាចយកឈ្នះលើសាតាំងបានទាំងស្រុង ទើបជាមនុស្សដែលនឹងត្រូវព្រះជាម្ចាស់សង្គ្រោះ។ នេះចង់បានន័យថា អស់អ្នកណាដែលត្រូវព្រះជាម្ចាស់សង្គ្រោះ គឺជាអ្នកដែលបានឆ្លងកាត់ការល្បងលពីព្រះជាម្ចាស់ និងជាមនុស្សដែលត្រូវសាតាំងល្បួង និងវាយប្រហារជាច្រើនលើកច្រើនសា។ អ្នកដែលត្រូវសង្គ្រោះទៅឯព្រះជាម្ចាស់ យល់ពីបំណងព្រះហឫទ័យ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយអាចទទួលយកអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់បាន ហើយពួកគេមិនបោះបង់ចោលផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ នៅក្នុងគ្រាកំពុងត្រូវសាតាំងល្បួងឡើយ។ អស់អ្នកណាដែលត្រូវសង្គ្រោះទៅឯខាងព្រះជាម្ចាស់ មានភាពស្មោះត្រង់ ពួកគេមានចិត្តសប្បុរស ពួកគេចេះបែងចែកសេចក្ដីស្រឡាញ់និងសេចក្ដីស្អប់ ពួកគេមានស្មារតីយុត្តិធម៌ និងមានវិចារណញាណ ហើយពួកគេអាចយកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់ និងឱ្យតម្លៃអ្វីគ្រប់យ៉ាងដែលជារបស់ព្រះជាម្ចាស់។ មនុស្សបែបនេះ មិនជាប់ចំណង មិនត្រូវឈ្លបមើល មិនត្រូវចោទប្រកាន់ ឬត្រូវបំពានពីសំណាក់សាតាំងឡើយ។ ពួកគេមានសេរីភាពទាំងស្រុង ពួកគេត្រូវបានរំដោះឱ្យមានសេរីភាព ហើយត្រូវដោះលែងឱ្យរួចខ្លួនទាំងស្រុង។ យ៉ូបគឺជាមនុស្សម្នាក់ដែលមានសេរីភាពបែបនោះឯង ហើយច្បាស់ណាស់ នេះគឺជាមូលហេតុដ៏សំខាន់ដែលព្រះជាម្ចាស់បានប្រគល់គាត់ទៅឱ្យទៅសាតាំងនោះ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៤៩៨. សេចក្ដីជំនឿរបស់យ៉ូប ការស្ដាប់បង្គាប់ និងទីបន្ទាល់របស់គាត់អំពីការយកឈ្នះលើសាតាំង ជាប្រភពជំនួយ និងជាការលើកទឹកចិត្តដ៏ច្រើនលើសលប់ដល់មនុស្ស។ តាមរយៈយ៉ូប ពួកគេមើលឃើញពីក្ដីសង្ឃឹមដើម្បីទទួលបានសេចក្ដីសង្គ្រោះរបស់ពួកគេផ្ទាល់ ហើយឃើញថា តាមរយៈសេចក្ដីជំនឿ ការស្ដាប់បង្គាប់ ព្រមទាំងការកោតខ្លាចដល់ព្រះជាម្ចាស់ នោះនឹងអាចធ្វើឱ្យសាតាំងបរាជ័យ និងអាចយកឈ្នះលើសាតាំងបានទាំងស្រុង។ ពួកគេមើលឃើញថា ដរាបណាពួកគេទទួលយកអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយដរាបណាពួកគេមានការតាំងចិត្ត និងសេចក្ដីជំនឿដែលមិនបោះបង់ព្រះជាម្ចាស់ចោល បន្ទាប់ពីបាត់បង់អ្វីៗគ្រប់យ៉ាង នោះពួកគេនឹងអាចនាំភាពអាម៉ាស់ និងការបរាជ័យដល់សាតាំងមិនខាន ហើយពួកគេយល់ថា ពួកគេគ្រាន់តែត្រូវមានការតាំងចិត្ត និងការតស៊ូអត់ធ្មត់ប៉ុណ្ណោះ ដើម្បីប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ពួកគេ ដើម្បីឱ្យសាតាំងភ័យខ្លាច ហើយកញ្ជ្រោលដកខ្លួនយ៉ាងប្រញាប់ ទោះបីពួកគេត្រូវលះបង់ជីវិតក៏ដោយ។ ទីបន្ទាល់របស់យ៉ូប គឺជាការដាស់តឿនទៅដល់មនុស្សជំនាន់ក្រោយ ហើយការដាស់តឿននេះប្រាប់ពួកគេថា ប្រសិនបើពួកគេមិនបានធ្វើឱ្យសាតាំងបរាជ័យទេ នោះពួកគេនឹងមិនអាចរួចខ្លួនពីការចោទប្រកាន់ និងការជ្រៀតជ្រែករបស់សាតាំងបានឡើយ ហើយពួកគេក៏នឹងពុំអាចគេចផុតពីការធ្វើបាប និងការវាយប្រហារពីសំណាក់សាតាំងបាននោះដែរ។ ទីបន្ទាល់របស់យ៉ូបបានបំភ្លឺដល់មនុស្សជំនាន់ក្រោយ។ ការបំភ្លឺនេះបង្រៀនមនុស្សថា ទាល់តែពួកគេជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ ទើបពួកគេអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បាន។ ទីបន្ទាល់នេះបង្រៀនពួកគេថា ទាល់តែពួកគេកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ទើបពួកគេអាចធ្វើបន្ទាល់ដ៏ខ្លាំងក្លា និងកងរំពងថ្វាយព្រះជាម្ចាស់បាន។ ទាល់តែពួកគេធ្វើបន្ទាល់ដ៏ខ្លាំងក្លា និងកងរំពងថ្វាយព្រះជាម្ចាស់ ទើបពួកគេលែងត្រូវសាតាំងគ្រប់គ្រងទៀត ហើយត្រូវរស់នៅក្រោមការដឹកនាំ និងការការពាររបស់ព្រះជាម្ចាស់។ ទាល់តែពេលនោះទើបពួកគេត្រូវបានសង្គ្រោះយ៉ាងពិតប្រាកដ។ បុគ្គលិកលក្ខណៈរបស់យ៉ូប និងការដេញតាមនៅក្នុងជីវិតរបស់គាត់ គួរត្រូវមនុស្សគ្រប់គ្នាដែលដេញតាមសេចក្ដីសង្គ្រោះយកតម្រាប់តាម។ នេះហើយជាបុគ្គលិកលក្ខណៈដែលគាត់រស់នៅប្រកាន់តាមក្នុងជីវិតរបស់គាត់ទាំងមូល ហើយកិរិយាឫកពាររបស់គាត់ ក្នុងគ្រាដែលគាត់ត្រូវល្បងល ក៏ជាកំណប់ទ្រព្យដ៏មានតម្លៃដល់មនុស្សណាដែលព្យាយាមដេញតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផងដែរ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៤៩៩. នៅពេលដែលមនុស្សមិនទាន់បានសង្គ្រោះនៅឡើយ នោះជីវិតរបស់ពួកគេរមែងតែងត្រូវសាតាំងជ្រៀតជ្រែក ហើយថែមទាំងត្រូវវាគ្រប់គ្រងទៀតផង។ អាចនិយាយម្យ៉ាងទៀតបានថា មនុស្សដែលមិនទាន់បានសង្គ្រោះ គឺនៅជាអ្នកទោសរបស់សាតាំងនៅឡើយ ពួកគេគ្មានសេរីភាព ពួកគេមិនទាន់ត្រូវបានសាតាំងដោះលែងនៅឡើយទេ ពួកគេគ្មានលក្ខណៈសម្បត្តិ ក៏គ្មានសិទ្ធិថ្វាយបង្គំព្រះជាម្ចាស់ដែរ ហើយពួកគេត្រូវសាតាំងប្រដេញយ៉ាងប្រកៀក និងត្រូវវាវាយប្រហារយ៉ាងឃោរឃៅផង។ មនុស្សបែបនេះ គ្មានសុភមង្គលអ្វីត្រូវលើកមកនិយាយទេ ពួកគេគ្មានសិទ្ធិទទួលបានវត្តមាននៃជីវិតធម្មតាមួយដែលត្រូវលើកមកនិយាយផង ហើយជាងនេះទៀត ពួកគេគ្មានសេចក្ដីថ្លៃថ្នូរនឹងលើកត្រូវមកនិយាយនោះទេ។ ទាល់តែអ្នកក្រោកឈរឡើង ហើយធ្វើសង្គ្រាមជាមួយសាតាំង ដោយប្រើសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ព្រមទាំងការស្ដាប់បង្គាប់ និងការកោតខ្លាចដល់ព្រះជាម្ចាស់មកធ្វើជាគ្រឿងសាស្ត្រាវុធ ដើម្បីតយុទ្ធក្នុងសង្គ្រាមស្លាប់រស់ជាមួយសាតាំងនេះ ទើបអ្នកអាចយកឈ្នះលើសាតាំងទាំងស្រុងបាន និងធ្វើឱ្យវារត់គេច និងប្រែជាកំសាក ពេលណាវាឃើញអ្នក ដូច្នេះ ទើបវាបោះបង់ការវាយប្រហារ និងការចោទប្រកាន់របស់វាចំពោះអ្នកទាំងស្រុង។ ដល់ពេលនោះ ទើបអ្នកនឹងត្រូវសង្គ្រោះ ហើយមានសេរីភាពបាន។ ប្រសិនបើអ្នកតាំងចិត្តកាត់ផ្ដាច់ចេញពីសាតាំងទាំងស្រុង ប៉ុន្តែនៅមិនទាន់បំពាក់គ្រឿងសាស្ត្រាវុធនេះ ដែលនឹងជួយអ្នកឱ្យយកឈ្នះសាតាំង នោះអ្នកនឹងនៅតែស្ថិតក្នុងគ្រោះថ្នាក់ដដែល។ ពេលវេលាចេះតែកន្លងទៅមុខ ហើយនៅពេលដែលអ្នកត្រូវសាតាំងធ្វើទារុណកម្មខ្លាំង រហូតទាល់តែអ្នកអស់កម្លាំងពីខ្លួនរលីង ប៉ុន្តែអ្នកនៅមិនទាន់អាចធ្វើទីបន្ទាល់បាន នៅមិនទាន់បានរំដោះខ្លួនអ្នកទាំងស្រុងពីការចោទប្រកាន់ និងពីការវាយប្រហារទាស់នឹងអ្នកនៅឡើយ នោះអ្នកនឹងមានសង្ឃឹមទទួលបានសេចក្ដីសង្គ្រោះតិចតួចណាស់។ ទីបំផុត នៅពេលប្រកាសពីចុងបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់ហើយ នោះអ្នកនឹងនៅតែស្ថិតក្នុងកណ្ដាប់ដៃរបស់សាតាំងដដែល មិនអាចរំដោះខ្លួនបានទេ ហេតុដូច្នេះហើយ អ្នកនឹងគ្មានឱកាស ឬគ្មានសង្ឃឹមទៀតទេ។ ពេលនោះ អាចសន្មតបានថា មនុស្សបែបនេះនឹងត្រូវស្ថិតក្នុងការចាប់បង្ខាំងពីសំណាក់សាតាំងទាំងស្រុង។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥០០. ក្នុងអំឡុងកិច្ចការនៃការផ្គត់ផ្គង់ និងការទំនុកបម្រុងរយៈពេលវែងរបស់ព្រះជាម្ចាស់ដល់មនុស្ស ព្រះអង្គមានបន្ទូលប្រាប់ពីបំណងព្រះហឫទ័យរបស់ទ្រង់ទាំងអស់ និងពីសេចក្ដីតម្រូវដែលទ្រង់សព្វព្រះហឫទ័យចង់បានពីមនុស្ស ហើយបង្ហាញពីកិច្ចការ និស្ស័យ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ដល់មនុស្សផង។ គោលបំណងគឺដើម្បីបំពាក់បំប៉នមនុស្សឱ្យមានកម្ពស់ និងអនុញ្ញាតឱ្យមនុស្សទទួលបានសេចក្ដីពិតជាច្រើនពីព្រះជាម្ចាស់ នៅពេលកំពុងដើរតាមទ្រង់ ជាសេចក្ដីពិតដែលជាគ្រឿងសាស្ត្រាវុធដែលព្រះជាម្ចាស់ប្រទានឱ្យទៅមនុស្ស ដើម្បីតយុទ្ធជាមួយសាតាំង។ ក្រោយពេលបានបំពាក់គ្រឿងសាស្រ្ដាវុធរួចហើយ មនុស្សត្រូវតែប្រឈមនឹងការសាកល្បងរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានវិធី និងមធ្យោបាយជាច្រើនដើម្បីសាកល្បងមនុស្ស ប៉ុន្តែពួកគេគ្រប់គ្នាសុទ្ធតែត្រូវការ «ការសហការ» ពីសត្រូវរបស់ព្រះជាម្ចាស់ដែលជាសាតាំងនេះឯង។ នេះមានន័យថា ការប្រទានគ្រឿងសាស្ត្រាវុធដល់មនុស្សដើម្បីធ្វើសឹកជាមួយសាតាំង គឺព្រះជាម្ចាស់ក៏ប្រគល់មនុស្សទៅឱ្យសាតាំង និងអនុញ្ញាតឱ្យសាតាំង «សាកល្បង» កម្ពស់របស់មនុស្សដែរ។ ប្រសិនបើមនុស្សអាចរើខ្លួនរួចពីក្បួនសឹករបស់សាតាំងបាន ប្រសិនបើគេអាចគេចផុតពីការឡោមព័ទ្ធរបស់សាតាំង ហើយនៅមានជីវិត នោះមនុស្សបានឆ្លងផុតការសាកល្បងជាមិនខាន។ ប៉ុន្តែ ប្រសិនបើមនុស្សមិនអាចចាកចេញពីក្បួនសឹករបស់សាតាំងបាន ហើយចុះចូលនឹងសាតាំង នោះគេនឹងឆ្លងមិនផុតពីការសាកល្បងនេះទេ។ ទោះជាព្រះជាម្ចាស់ពិនិត្យពិច័យលើចំណុចណាមួយរបស់មនុស្សក៏ដោយ ក៏លក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការពិនិត្យពិច័យរបស់ទ្រង់គឺថាតើមនុស្សអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបានឬអត់ នៅពេលត្រូវសាតាំងវាយប្រហារ ហើយថាតើគេបានបោះបង់ចោលព្រះជាម្ចាស់ ហើយបានចុះចាញ់ និងចុះចូលនឹងសាតាំងឬអត់ នៅពេលដែលគេជាប់អន្ទាក់របស់សាតាំង។ អាចនិយាយបានថា មនុស្សត្រូវបានសង្គ្រោះឬអត់នោះ គឺអាស្រ័យលើថា តើគេអាចយកឈ្នះ និងបង្ក្រាបសាតាំងបានឬអត់ ហើយគេអាចទទួលបានសេរីភាពឬអត់នោះ គឺអាស្រ័យលើថាតើគេខ្លួនឯងអាចលើកគ្រឿងសាស្ត្រាវុធដែលព្រះជាម្ចាស់បានប្រទានឱ្យគេនោះ ដើម្បីយកឈ្នះលើចំណងរបស់សាតាំង ដោយធ្វើឱ្យសាតាំងលះបង់ក្ដីសង្ឃឹមចោលទាំងស្រុង ហើយទុកគេចោលឱ្យនៅម្នាក់ឯងឬអត់។ ប្រសិនបើសាតាំងលះបង់ក្ដីសង្ឃឹម ហើយដោះលែងនរណាម្នាក់ នោះមានន័យថា សាតាំងនឹងមិនព្យាយាមយកមនុស្សម្នាក់នេះចេញពីព្រះជាម្ចាស់ម្ដងទៀតឡើយ វានឹងលែងចោទប្រកាន់ និងជ្រៀតជ្រែកមនុស្សម្នាក់នេះទៀតឡើយ វាក៏នឹងឈប់ធ្វើទារុណកម្ម ឬវាយប្រហារពួកគេដោយគ្មានមេត្តាម្ដងទៀតដែរ។ មានតែមនុស្សបែបនេះទេ ដែលត្រូវព្រះជាម្ចាស់ទទួលយកយ៉ាងពិតប្រាកដនោះ។ នេះគឺជាដំណើរទាំងស្រុងដែលព្រះជាម្ចាស់ទទួលបានមនុស្ស។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៥០១. ថ្ងៃនេះ អ្នកអាចស្វះស្វែងឱ្យបានការប្រោសឱ្យបានគ្រប់លក្ខណ៍ ឬស្វះស្វែងរកការផ្លាស់ប្ដូរភាពជាមនុស្សពីខាងក្រៅ និងការកែលម្អគុណសម្បត្តិរបស់អ្នក ប៉ុន្តែសំខាន់ជាងគេនោះ គឺអ្នកអាចយល់ថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើនៅថ្ងៃនេះ មានអត្ថន័យ និងមានប្រយោជន៍៖ កិច្ចការនេះអាចធ្វើឱ្យអ្នកដែលជាមនុស្សដែលកើតក្នុងទឹកដីស្មោកគ្រោក អាចគេចផុតពីភាពស្មោកគ្រោក និងរលាស់វាចេញឱ្យអស់ ហើយវាអាចធ្វើឱ្យអ្នកឈ្នះលើឥទ្ធិពលរបស់សាតាំង និងអាចបោះបង់ឥទ្ធិពលដ៏ខ្មៅងងឹតរបស់សាតាំងចោលទៀតផង។ តាមរយៈការផ្ដោតជាសំខាន់លើសេចក្ដីទាំងនេះ អ្នកត្រូវបានការពារនៅក្នុងទឹកដីដ៏ស្មោកគ្រោនេះ។ ទីបំផុត តើអ្នកនឹងត្រូវសុំឱ្យផ្ដល់នូវទីបន្ទាល់អ្វីខ្លះ? អ្នកបានកើតនៅក្នុងទឹកដីដ៏ស្មោកគ្រោក ប៉ុន្តែអ្នកអាចក្លាយជាមនុស្សដ៏បរិសុទ្ធ មិនធ្លាប់ត្រូវប្រឡាក់ដោយភាពស្មោកគ្រោកសោះ រស់នៅក្រោមអំណាចសាតាំងមែន ប៉ុន្តែដកខ្លួនចេញពីឥទ្ធិពលរបស់សាតាំងបាន ក៏មិនដែលត្រូវសាតាំងសណ្ឋិត ឬរុកកួនឡើយ ថែមទាំងរស់នៅក្នុងព្រះហស្តនៃព្រះដ៏មានគ្រប់ព្រះចេស្ដាទៀតផង។ នេះគឺជាទីបន្ទាល់ និងជាភ័ស្តុតាងបញ្ជាក់ពីជ័យជម្នះនៅក្នុងសមរភូមិប្រយុទ្ធជាមួយសាតាំង។ អ្នកអាចបោះបង់សាតាំងចោលបាន អ្នកលែងបង្ហាញនិស្ស័យអាក្រក់ តាមរយៈជីវិតរស់នៅរបស់អ្នកទៀតហើយ តែផ្ទុយទៅវិញ អ្នកបានបង្ហាញនូវសេចក្ដីដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សមាន នៅពេលដែលទ្រង់បង្កើតមនុស្សមកគឺ ភាពជាមនុស្សធម្មតា ញាណធម្មតា តម្រិះធម្មតា ការតាំងចិត្តធម្មតាក្នុងការស្រឡាញ់ព្រះជាម្ចាស់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ តាមរយៈការរស់នៅរបស់អ្នកវិញ។ នេះហើយជាទីបន្ទាល់ដែលធ្វើឡើងដោយសត្តិនិកររបស់ព្រះជាម្ចាស់។ អ្នកនិយាយថា «យើងកើតមកក្នុងទឹកដីស្មោកគ្រោក ប៉ុន្តែដោយសារតែការការពាររបស់ព្រះជាម្ចាស់ ដោយសារការដឹកនាំរបស់ទ្រង់ និងដោយសារទ្រង់បានយកឈ្នះយើងរាល់គ្នា នោះយើងបានរើខ្លួនរួចពីឥទ្ធិពលរបស់សាតាំងហើយ។ ដែលយើងអាចស្ដាប់បង្គាប់នៅថ្ងៃនេះ នោះក៏មកពីផលនៃការដែលត្រូវព្រះជាម្ចាស់យកឈ្នះ ហើយមិនមែនមកពីយើងជាមនុស្សល្អ ឬមកពីយើងស្រឡាញ់ព្រះជាម្ចាស់តាំងពីកំណើតនោះឡើយ។ មកពីព្រះជាម្ចាស់បានជ្រើសរើសយើង និងបានកំណត់យើងទុកជាមុន ទើបយើងត្រូវបានយកឈ្នះនៅថ្ងៃនេះ ហើយអាចធ្វើទីបន្ទាល់អំពីទ្រង់ ហើយអាចបម្រើទ្រង់បាន ដូច្នេះ ដោយសារតែទ្រង់បានជ្រើសរើស និងការពារយើង ទើបយើងត្រូវបានសង្គ្រោះ និងត្រូវបានប្រោសឱ្យរួចពីអំណាចរបស់សាតាំង ហើយអាចបោះបង់ភាពស្មោកគ្រោក និងត្រូវបានបន្សុទ្ធនៅក្នុងប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហមដែរ។»

(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥០២. ថ្ងៃនេះ អ្នកមិនជឿលើពាក្យដែលខ្ញុំមានបន្ទូលឡើយ ហើយអ្នកមិនយកចិត្តទុកដាក់លើពាក្យទាំងនោះទេ ប៉ុន្តែនៅពេលដែលថ្ងៃកំណត់ដែលកិច្ចការនេះត្រូវផ្សព្វផ្សាយ ហើយអ្នកមើលឃើញរូបភាពធំនៃកិច្ចការនេះ នោះអ្នកនឹងស្ដាយក្រោយ ហើយនៅពេលនោះ អ្នកនឹងត្រូវស្រឡាំងកាំងមិនខាន។ វាមាននូវព្រះពរ ប៉ុន្តែអ្នកមិនចេះរីករាយនឹងវាឡើយ ហើយវាមាននូវសេចក្តីពិត ប៉ុន្តែអ្នកក៏មិនបន្តស្វែងរកវាដែរ។ តើអ្នកមិននាំការមើលងាយដាក់ខ្លួនទេឬអី? នៅថ្ងៃនេះ ទោះបីជាជំហានបន្ទាប់នៃកិច្ចការរបស់ព្រះជាម្ចាស់មិនទាន់ចាប់ផ្ដើមក៏ដោយ ក៏វាមិនទាន់មានអ្វីបន្ថែមពីលើការទាមទារដែលទ្រង់សព្វព្រះហឫទ័យចង់បានពីអ្នក និងអ្វីដែលទ្រង់សុំឱ្យអ្នករស់នៅតាមនោះឡើយ។ មានកិច្ចការ និងសេចក្តីពិតជាច្រើន តើការទាំងនេះមិនសក្ដិសមនឹងឱ្យអ្នកដឹងទេឬអី? តើការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានសមត្ថភាពដាស់វិញ្ញាណរបស់អ្នកឱ្យភ្ញាក់ទេឬ? តើការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានសមត្ថភាពធ្វើឱ្យអ្នកស្អប់ខ្លួនឯងទេឬ? តើអ្នកស្កប់ចិត្តក្នុងការរស់នៅក្រោមឥទ្ធិពលរបស់សាតាំង ស្កប់ចិត្តជាមួយសេចក្តីសុខសាន្ត និងអំណរ ព្រមទាំងភាពសុខស្រួលខាងសាច់ឈាមតែបន្ដិចបន្ដួចនេះឬ? តើអ្នកមិនមែនជាមនុស្សថោកទាបបំផុតទេឬអី? គ្មាននរណាម្នាក់ដែលល្ងីល្ងើជាងមនុស្សដែលបានឃើញសេចក្តីសង្រ្គោះហើយ ប៉ុន្តែបែរជាមិនបន្តស្វែងរកឱ្យបានសេចក្តីសង្រ្គោះនោះឡើយ។ ពួកគេទាំងនេះជាមនុស្សដែលស្រេកឃ្លានខាងសាច់ឈាម ហើយរីករាយជាមួយសាតាំង។ អ្នកសង្ឃឹមថា សេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់នឹងមិននាំឱ្យមានបញ្ហាប្រឈម ទុក្ខវេទនា ឬទុក្ខលំបាកសូម្បីតែបន្ដិចនោះឡើយ។ អ្នកតែងតែបន្តស្វែងរកអ្វីៗដែលគ្មានតម្លៃ ហើយអ្នកផ្សារភ្ជាប់អ្វីដែលគ្មានតម្លៃទៅនឹងជីវិត ជាជាងយកគំនិតផ្ដេសផ្ដាសរបស់អ្នកមកដាក់នៅមុខសេចក្តីពិត។ អ្នកគ្មានតម្លៃសោះឡើយ! អ្នករស់នៅដូចជាសត្វជ្រូក។ តើវាមានភាពខុសគ្នាអ្វីទៅ រវាងអ្នកនិងសត្វជ្រូក ឬក៏សត្វឆ្កែនោះ? តើមនុស្សដែលមិនបន្តស្វែងរកសេចក្តីពិត ហើយបែរជាស្រឡាញ់សាច់ឈាម មិនមែនជាសត្វតិរច្ចានទេឬអី? តើមនុស្សស្លាប់ដែលគ្មានវិញ្ញាណទាំងនោះ មិនមែនជាខ្មោចឆៅទេឬអី? តើមានព្រះបន្ទូលចំនួនប៉ុន្មានហើយដែលអ្នករាល់គ្នាបានស្ដាប់ឮ? តើមានកិច្ចការបន្ដិចបន្ដួចប៉ុណ្ណោះដែលត្រូវបានធ្វើនៅក្នុងចំណោមអ្នករាល់គ្នាឬ? តើខ្ញុំបានប្រទានព្រះបន្ទូលចំនួនប៉ុន្មាន ហើយនៅក្នុងចំណោមអ្នករាល់គ្នា? ដូច្នេះ ហេតុអ្វីបានជាអ្នកនៅមិនទាន់បានទទួលទៀត? តើអ្នកត្រូវរអ៊ូរទាំអំពីអ្វីខ្លះទៀត? តើអ្នកមិនទទួលបានអ្វីសោះនេះ មិនមែនដោយសារតែអ្នកងប់ងល់នឹងសាច់ឈាមពេកទេឬអី? តើវាមិនមែនដោយសារតែគំនិតរបស់អ្នកផ្ដេសផ្ដាសពេកទេឬអី? តើវាមិនមែនដោយសារតែអ្នកជាមនុស្សល្ងង់ខ្លៅពេកទេឬអី? ប្រសិនបើអ្នកគ្មានសមត្ថភាពទទួលបានព្រះពរទាំងនេះ តើអ្នកអាចស្ដីបន្ទោសព្រះជាម្ចាស់ថា ទ្រង់មិនបានសង្រ្គោះអ្នកកើតឬ?

(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៥០៣. ព្រះជាម្ចាស់ធ្វើការក្នុងកម្រិតដ៏ធំ និងសង្រ្គោះមនុស្សមួយក្រុមនេះទាំងស្រុងបែបនេះ ដើម្បីឱ្យអ្នកអាចគេចផុតពីឥទ្ធិពលរបស់សាតាំង រស់នៅក្នុងទឹកដីដ៏បរិសុទ្ធ រស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ហើយមានការដឹកនាំ និងការចង្អុលបង្ហាញរបស់ពន្លឺ។ នោះជីវិតរបស់អ្នកនឹងមានន័យ។ អ្វីដែលអ្នករាល់គ្នាបរិភោគ និងស្លៀកពាក់មានលក្ខណៈខុសប្លែកពីអ្នកមិនជឿ ហើយអ្នករាល់គ្នារីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងរស់នៅជីវិតមួយដែលមានន័យ ដូច្នេះ តើពួកគេនឹងរីករាយអ្វីខ្លះទៅ? ពួកគេនឹងរីករាយ «កេរមរតកដូនតា» និង «ស្មារតីជាតិនិយម» របស់ពួកគេតែប៉ុណ្ណោះ។ ពួកគេគ្មានដាននៃភាពជាមនុស្សសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង! សម្លៀកបំពាក់ ពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាត្រូវតែមានលក្ខណៈខុសប្លែកពីពួកគេ។ នៅទីបំផុត អ្នករាល់គ្នានឹងចៀសផុតទាំងស្រុងពីសេចក្តីស្មោកគ្រោក លែងជាប់អន្ទាក់នៅក្នុងសេចក្តីល្បួងរបស់សាតាំង ហើយទទួលបានការផ្គត់ផ្គង់ប្រចាំថ្ងៃរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាគួរតែប្រុងប្រយ័ត្នជានិច្ច។ ទោះបីអ្នករស់នៅក្នុងទីកន្លែងស្មោកគ្រោកក៏ដោយ ក៏អ្នកមិនបានប្រឡាក់សេចក្តីស្មោកគ្រោក ហើយអាចរស់នៅកៀកកិតជិតព្រះជាម្ចាស់ ដោយទទួលបានការការពារដ៏ធំធេងរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់បានជ្រើសរើសអ្នករាល់គ្នាចេញពីចំណោមមនុស្សទាំងអស់ដែលរស់នៅលើទឹកដីពណ៌លឿងនេះ។ តើអ្នកមិនមែនជាមនុស្សដែលមានព្រះពរបំផុតទេឬអី? អ្នកគឺជាភាវៈដែលត្រូវបានបង្កើតមក ដូច្នេះ អ្នកគួរតែថ្វាយបង្គំព្រះជាម្ចាស់ ហើយដេញតាមជីវិតមួយដែលមានន័យ។ បើអ្នកមិនថ្វាយបង្គំព្រះជាម្ចាស់ តែបែរជារស់នៅក្នុងសាច់ឈាមដ៏ស្មោកគ្រោករបស់អ្នកវិញ តើអ្នកមិនមែនជាសត្វតិរច្ឆាននៅក្នុងរូបប្រាណជាមនុស្សទេឬ? ដោយសារតែអ្នកជាមនុស្សម្នាក់ អ្នកគួរតែលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ហើយស៊ូទ្រាំក្នុងគ្រប់ទុក្ខលំបាកចុះ! អ្នកគួរតែទទួលយកទាំងចិត្តរីករាយ និងប្រាកដជាក់ចំពោះទុក្ខលំបាកតិចតួចដែលអ្នកជួបនៅថ្ងៃនេះ ហើយរស់នៅក្នុងជីវិតដ៏មានន័យ ដូចជាយ៉ូប និងពេត្រុសចុះ។ នៅក្នុងពិភពលោកនេះ មនុស្សត្រូវពាក់សម្លៀកបំពាក់របស់អារក្ស បរិភោគអាហារពីអារក្ស ហើយធ្វើការ និងបម្រើនៅក្រោមមេដៃរបស់អារក្ស ពោលគឺត្រូវបានជាន់ឈ្លីទាំងស្រុងនៅក្នុងសេចក្តីស្មោកគ្រោករបស់វា។ បើអ្នកមិនយល់អំពីអត្ថន័យនៃជីវិត ឬក៏ទទួលបានផ្លូវពិតទេ តើការរស់នៅបែបនេះមានភាពសំខាន់អ្វីទៅ? អ្នករាល់គ្នាគឺជាមនុស្សដែលដេញតាមផ្លូវដ៏ត្រឹមត្រូវ ជាអ្នកដែលស្វែងរកការធ្វើឱ្យប្រសើរឡើង។ អ្នករាល់គ្នាជាមនុស្សដែលត្រូវរះត្រដែតឡើងនៅក្នុងប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហម ជាអ្នកដែលព្រះជាម្ចាស់ហៅថាជាមនុស្សសុចរិត។ តើនេះមិនមែនជាជីវិតដ៏មានអត្ថន័យបំផុតទេឬ?

(ដកស្រង់ពី «ការអនុវត្ត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ឋ. ស្ដីពីរបៀបបម្រើព្រះជាម្ចាស់ និងធ្វើបន្ទាល់អំពីទ្រង់

បន្ទាប់៖ ឍ. ស្ដីពីរបៀបដេញតាមការផ្លាស់ប្ដូរខាងនិស្ស័យ និងការប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ