ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ

នៅចំពោះមុខមនុស្សគ្រប់គ្នា ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺជាកិច្ចការដែលគេមិនធ្លាប់បានដឹងសោះ ដ្បិតមនុស្សគិតថា ការគ្រប់គ្រងរបស់ទ្រង់ត្រូវបានដកចេញពីគេ។ មនុស្សគិតថា ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺជាកិច្ចការរបស់ទ្រង់តែមួយអង្គគត់ ហើយមានតែទ្រង់ទេដែលត្រូវខ្វល់ខ្វាយអំពីកិច្ចការនេះ ដូច្នេះហើយបានជាមនុស្សជាតិមិនអើពើនឹងកិច្ចការគ្រប់គ្រងរបស់ទ្រង់ឡើយ។ យ៉ាងនេះបានជាសេក្ដីសង្គ្រោះរបស់មនុស្សជាតិ ក្លាយជាស្រពេចស្រពិល មើលមិនយល់ ហើយពេលនេះក៏ទទេសូន្យ គឺសល់តែវោហារឥតន័យប៉ុណ្ណោះ។ ថ្វីបើមនុស្សដើរតាមព្រះជាម្ចាស់ដើម្បីទទួលនូវសេចក្ដីសង្គ្រោះ ហើយឈានទៅដល់គោលដៅដ៏អស្ចារ្យនេះ គេគ្មានអ្វីត្រូវខ្វល់ខ្វាយថា ព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់យ៉ាងណាឡើយ។ មនុស្សមិនយកចិត្តទុកដាក់នឹងអ្វីដែលព្រះជាម្ចាស់បានគ្រោងទុកទេ ក៏មិនខ្វល់អំពីចំណែកតួនាទីដែលគេត្រូវបំពេញដើម្បីឱ្យបានសង្គ្រោះនោះដែរ។ នេះពិតជាគួរឱ្យស្ដាយណាស់។ សេចក្ដីសង្គ្រោះរបស់មនុស្ស មិនកាត់ផ្ដាច់ចេញពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនអាចកាត់ផ្ដាច់ចេញពីផែនការរបស់ទ្រង់ដែរ។ ដោយឡែក មនុស្សមិនគិតគូរអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ហើយគេក៏នៅកាន់តែឆ្ងាយពីទ្រង់ទៀតផង។ កត្តានេះបានបង្កឱ្យចំនួនមនុស្សដែលមិនដឹងអ្វីសោះអំពីបញ្ហាសំខាន់ទាក់ទងនឹងចម្ងល់អំពីសេចក្ដីសង្គ្រោះ ដែលមានដូចជា អ្វីទៅជាកំណើតផែនដី អ្វីទៅជាជំនឿលើព្រះជាម្ចាស់ តើត្រូវថ្វាយបង្គំព្រះជាម្ចាស់ដោយរបៀបណា ជាដើមកើនឡើងកាន់តែច្រើន បន្ថែមលើចំនួនអ្នកដែលដើរតាមទ្រង់។ ហេតុនេះ ពេលនេះយើងត្រូវពិភាក្សាអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដើម្បីឱ្យមនុស្សម្នាក់ៗដែលដើរតាមទ្រង់ យល់ច្បាស់អំពីអត្ថន័យនៃការដើរតាម និងការជឿដល់ទ្រង់។ ទង្វើនេះនឹងជួយឱ្យមនុស្សម្នាក់ៗ ជ្រើសរើសផ្លូវដែលគេត្រូវដើរបានយ៉ាងសុក្រឹត មិនមែនគ្រាន់តែដើរតាមព្រះជាម្ចាស់ ដើម្បីឱ្យបានតែព្រះពរ ឬក៏គេចពីសេចក្ដីវិនាសអន្តរាយ ឬឱ្យបានឈ្មោះល្បីនៅក្នុងចំណោមមនុស្សដទៃនោះឡើយ។

ថ្វីបើការគ្រប់គ្រងរបស់ព្រះជាម្ចាស់មានលក្ខណៈ ជ្រាលជ្រៅក៏ពិតមែន ប៉ុន្តែក៏មិនមែនហួសពីការយល់ដឹងរបស់មនុស្សដែរ។ នេះគឺមកពីកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រង និងកិច្ចការសង្គ្រោះមនុស្សជាតិរបស់ទ្រង់ ហើយក៏ពាក់ព័ន្ធនឹងជីវិត ការរស់នៅ និងគោលដៅជីវិតរបស់មនុស្សជាតិដែរ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងចំណោមមនុស្ស អាចនិយាយបានថាជាកិច្ចការដ៏ជាក់ច្បាស់ ហើយពោរពេញដោយអត្ថន័យទៀតផង។ មនុស្សអាចមើលឃើញ និងអាចស្គាល់កិច្ចការនេះច្បាស់ ម្យ៉ាងកិច្ចការនេះមិនមែនជាកិច្ចការអរូបីនោះទេ។ ប្រសិនបើមនុស្សមិនអាចទទួលយកកិច្ចការទាំងអស់ដែលព្រះជាម្ចាស់ធ្វើ នោះតើកិច្ចការរបស់ទ្រង់មានសារៈប្រយោជន៍អ្វី? ហើយតើការគ្រប់គ្រងបែបនេះ អាចនាំមនុស្សទៅសេចក្ដីសង្គ្រោះបានដោយរបៀបណា? មនុស្សជាច្រើនដែលដើរតាមព្រះជាម្ចាស់ ខ្វល់ខ្វាយតែនឹងរឿងធ្វើយ៉ាងណាទើបបានព្រះពរ ឬធ្វើយ៉ាងណាទើបចៀសផុតពីក្ដីវិនាសអន្តរាយតែប៉ុណ្ណោះ។ កាលណាកិច្ចការនិងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានលើកយកមកនិយាយ នោះពួកគេនឹងស្ងាត់មាត់ឈឹង ហើយលែងចាប់អារម្មណ៍ភ្លាម។ ពួកគេគិតថា ការយល់ដឹងអំពីបញ្ហាដ៏គួរឱ្យធុញទ្រាន់បែបនេះ នឹងមិនជួយឱ្យជីវិតរបស់គេចម្រើនឡើង ឬផ្ដល់ជាប្រយោជន៍អ្វីនោះឡើយ។ ហេតុនេះ បើទោះបីជាពួកគេបានឮអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេពុំសូវជាយកចិត្តទុកដាក់ប៉ុន្មានដែរ។ ពួកគេមិនចាត់ទុកវាជារបស់មានតម្លៃដែលត្រូវទទួលយកឡើយ ហើយពួកគេរឹតតែមិនយល់ពីវាដោយចាត់ទុកវាជាផ្នែកមួយនៃជីវិតរបស់ពួកគេទៅទៀត។ គោលបំណងរបស់មនុស្សទាំងនេះក្នុងការដើរតាមព្រះជាម្ចាស់ គឺសាមញ្ញណាស់ ហើយវាគឺសម្រាប់គោលដៅតែមួយគត់៖ ដើម្បីទទួលបានព្រះពរ។ មនុស្សទាំងនេះមិនខ្ចីអើពើនឹងអ្វីផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងគោលដៅនេះឡើយ។ ចំពោះពួកគេ គ្មានគោលដៅណាមួយនៃការជឿលើព្រះជាម្ចាស់ដែលត្រឹមត្រូវជាងការទទួលបានព្រះពរឡើយ នេះហើយគឺជាតម្លៃពិតនៃសេចក្ដីជំនឿរបស់ពួកគេ។ ប្រសិនបើកិច្ចការផ្សេងទៀត គ្មានចំណេញអ្វីសោះដល់គោលបំណងមួយនេះ ទោះជាអ្វីក៏ដោយ ក៏ពួកគេនៅតែមិនរំជួលចិត្តនឹងវាឡើយ។ នេះគឺជាករណីសម្រាប់មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់នាពេលសព្វថ្ងៃនេះ។ គោលបំណង និងក្ដីប្រាថ្នារបស់គេ ហាក់បីដូចជាស័ក្តិសមណាស់ ដ្បិតនៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ ពួកគេលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ពួកគេដាក់ចិត្តកាយថ្វាយដល់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់គេទៀតផង។ ពួកគេបោះបង់យុវភាពរបស់ខ្លួន បោះបង់គ្រួសារ និងការងាររបស់ពួកគេ ថែមទាំងចំណាយពេលជាច្រើនឆ្នាំនៅឆ្ងាយពីគ្រួសារ រត់ចុះរត់ឡើង។ ដើម្បីគោលបំណងចុងក្រោយរបស់ខ្លួន ពួកគេផ្លាស់ប្ដូរចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ ផ្លាស់ប្ដូរទស្សនចំពោះជីវិតរបស់ពួកគេ ហើយថែមទាំងផ្លាស់ប្ដូរទិសដៅដែលគេដេញតាម ប៉ុន្តែពួកគេមិនអាចផ្លាស់ប្ដូរគោលបំណងនៃជំនឿរបស់គេលើព្រះជាម្ចាស់បានឡើយ។ ពួកគេវីវក់វិលវល់នឹងការគ្រប់គ្រងគំនិតស្រមើស្រមៃផ្ទាល់ខ្លួនរបស់គេ ទោះបីជាផ្លូវនោះឆ្ងាយយ៉ាងណា ហើយទោះបីជាមានការលំបាក និងឧបសគ្គនៅតាមផ្លូវច្រើនយ៉ាងណា ក៏ពួកគេនៅតែតស៊ូ ហើយមិនភ័យខ្លាចចំពោះសេចក្ដីស្លាប់ដែរ។ តើមានអនុភាពអ្វីមកជំរុញឱ្យពួកគេបន្តដាក់ចិត្តកាយលះបង់របៀបនេះ? តើវាជាបញ្ញាចិត្តរបស់គេមែនទេ? តើវាជាចរិតឆ្នើម និងថ្លៃថ្នូររបស់គេមែនទេ? តើវាជាការតាំងចិត្តតយុទ្ធនឹងអំណាចវិញ្ញាណអាក្រក់ រហូតដល់ទីបញ្ចប់មែនទេ? តើវាជាសេចក្ដីជំនឿរបស់គេ ក្នុងការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ដោយមិនគិតចង់បានរង្វាន់មែនទេ? តើវាជាភាពស្មោះត្រង់របស់គេ ក្នុងការស្ម័គ្រចិត្តលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីសម្រេចបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មែនទេ? ឬមួយវាជាទឹកចិត្តភក្ដីរបស់ពួកគេក្នុងការពលីជានិច្ចនូវការទាមទារផ្ទាល់ខ្លួនដ៏ហួសហេតុ? សម្រាប់មនុស្សម្នាក់ដែលមិនធ្លាប់យល់ពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ តែនៅលះបង់ច្រើនដល់ម្ល៉ឹង និយាយឱ្យខ្លីទៅ គឺអស្ចារ្យណាស់! ចូរយើងផ្អាកជជែកពីទំហំនៃការលះបង់របស់មនុស្សបែបនេះមួយគ្រាសិន។ យ៉ាងណាមិញ ឥរិយាបថរបស់ពួកគេ គឺពិតជាសមនឹងឱ្យយើងយកមកវិភាគមែន។ ក្រៅពីអត្ថប្រយោជន៍ដែលមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងពួកគេ តើអាចមានហេតុផលអ្វីខ្លះទៀត ដែលធ្វើឱ្យមនុស្សដែលមិនដែលយល់ពីព្រះជាម្ចាស់ សុខចិត្តលះបង់យ៉ាងធំធេងបែបនេះដើម្បីទ្រង់? ត្រង់នេះ យើងរកឃើញបញ្ហាមួយដែលមិនត្រូវបានមនុស្សរកឃើញពីមុនមកសោះគឺ៖ សម្ពន្ធភាពរបស់មនុស្សជាមួយនឹងព្រះជាម្ចាស់ គឺគ្រាន់តែជាសម្ពន្ធភាពដើម្បីប្រយោជន៍ខ្លួនឯងសុទ្ធសាធ។ សម្ពន្ធភាពនេះ គឺជាសម្ពន្ធភាពរវាងអ្នកទទួលព្រះពរនិងអ្នកប្រទានព្រះពរ។ និយាយឱ្យចំទៅ គឺជាសម្ពន្ធភាពរវាងកូនឈ្នួលម្នាក់និងថៅកែម្នាក់ដែរ។ កូនឈ្នួលប្រឹងប្រែងធ្វើការគ្រាន់តែដើម្បីទទួលរង្វាន់ដែលថៅកែផ្ដល់ឱ្យប៉ុណ្ណោះ។ នៅក្នុងសម្ពន្ធភាពដែលផ្អែកលើផលប្រយោជន៍ផ្ទាល់ខ្លួនប្រភេទនេះ គឺមិនមាននូវមនោសញ្ចេតនាដូចញាតិសន្ដានទេ មានតែការជួញដូរ។ ការស្រឡាញ់ និងការទទួលនូវការស្រឡាញ់ គឺគ្មានទេ មានតែការឱ្យទាន និងសេចក្ដីករុណា។ គ្មានការយោគយល់ មានតែការខំទប់កំហឹងទាំងគ្មានជម្រើស និងការបោកប្រាស់តែប៉ុណ្ណោះ។ ភាពស្និទ្ធស្នាលក៏គ្មាន គឺមានតែគម្លាតជ្រៅដែលមិនអាចឆ្លងកាត់បាន។ ពេលនេះ អ្វីៗក៏បានឈានមកដល់ចំណុចនេះទៅហើយ តើនរណាអាចបញ្ច្រាសនិន្នាការបែបនេះបាន? ហើយតើមានមនុស្សប៉ុន្មាននាក់ ដែលអាចយល់ដឹងយ៉ាងប្រាកដថា សម្ពន្ធភាពនេះធ្ងន់ធ្ងរខ្លាំងដល់កម្រិតណាហើយ? ខ្ញុំជឿថា កាលណាមនុស្សពន្លិចខ្លួនឯងទៅក្នុងបរិយាកាសដ៏អំណរនៃការទទួលព្រះពរនោះ គឺគ្មាននរណាម្នាក់គិតស្មានសោះថា ទំនាក់ទំនងជាមួយព្រះជាម្ចាស់បែបនេះ មានភាពឆ្គាំឆ្គង និងពិបាកមើលខ្លាំងប៉ុនណានោះទេ។

រឿងដ៏សោកសៅបំផុតអំពីជំនឿរបស់មនុស្សជាតិលើព្រះជាម្ចាស់គឺ មនុស្សអនុវត្តការគ្រប់គ្រងផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហើយគេមិនយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ភាពបរាជ័យដ៏ធំបំផុតរបស់មនុស្ស ស្ថិតនៅក្នុងរបៀបដែលមនុស្សកំពុងបង្កើតគោលដៅជីវិតដ៏ល្អជារបស់ខ្លួនឯង ហើយរៀបគម្រោងធ្វើយ៉ាងណាដើម្បីទទួលបាននូវព្រះពរដ៏ធំបំផុត និងគោលដៅជីវិតដ៏ល្អបំផុត ខណៈដែលគេកំពុងព្យាយាមចុះចូលចំពោះព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់ ក្នុងពេលជាមួយគ្នា។ ប្រសិនបើមនុស្សយល់ដឹងថា ពួកគេគួរឱ្យអាណិត គួរឱ្យស្អប់ និងគួរឱ្យអាសូរកម្រិតណា តើមនុស្សប៉ុន្មាននាក់អាចបោះបង់គំនិត និងសេចក្ដីសង្ឃឹមរបស់គេភ្លាមៗបាន? តើនរណាខ្លះអាចផ្អាកដំណើរជីវិតរបស់ខ្លួនឯង ហើយបញ្ឈប់គំនិតអាត្មានិយមដែលគិតតែពីខ្លួនឯងបាន? ព្រះជាម្ចាស់ត្រូវការមនុស្សណាដែលសហការយ៉ាងជិតស្និទ្ធជាមួយទ្រង់ ដើម្បីសម្រេចការគ្រប់គ្រងរបស់ព្រះអង្គ។ ទ្រង់ត្រូវការអស់អ្នកដែលចុះចូលចំពោះទ្រង់ ដោយលះបង់គំនិត និងរូបកាយ ដើម្បីកិច្ចការគ្រប់គ្រងរបស់ទ្រង់។ ទ្រង់មិនត្រូវការមនុស្សណាដែលលាដៃសុំពីទ្រង់រាល់ថ្ងៃឡើយ ក៏រឹតតែមិនត្រូវការមនុស្សណាដែលលះបង់តែបន្តិចបន្តួច រួចហើយទន្ទឹងរង់ចាំទទួលរង្វាន់ធំនោះដែរ។ ព្រះជាម្ចាស់ស្អប់អស់អ្នកដែលធ្វើទានបន្តិចបន្តួច ហើយស្កប់ចិត្តនឹងស្នាដៃរបស់ខ្លួន ទាំងមិនធ្វើអ្វីសោះ។ ទ្រង់ស្អប់មនុស្សឈាមត្រជាក់ដែលពេញចិត្តចំពោះកិច្ចការគ្រប់គ្រងរបស់ទ្រង់ ហើយចង់និយាយតែអំពីរឿងទៅស្ថានសួគ៌ និងការទទួលបានព្រះពរ។ ទ្រង់ក៏រឹតតែស្អប់អស់អ្នកដែលកេងចំណេញពីឱកាសដែលផ្ដល់ដោយកិច្ចការដែលទ្រង់ធ្វើក្នុងការសង្គ្រោះមនុស្សជាតិ។ នោះគឺមកពីមនុស្សទាំងអស់នេះ មិនដែលខ្វល់ខ្វាយចំពោះលទ្ធផលដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សម្រេច និងយកឱ្យបានតាមរយៈកិច្ចការគ្រប់គ្រងរបស់ទ្រង់ទេ។ ពួកគេខ្វល់តែរឿងធ្វើយ៉ាងណាឱ្យពួកគេអាចប្រើឱកាស ដែលត្រូវបានផ្ដល់ឱ្យដោយកិច្ចការរបស់ព្រះជាម្ចាស់ មកទទួលយកព្រះពរតែប៉ុណ្ណោះ។ ពួកគេមិនខ្វល់ពីដួងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយរវល់គិតអំពីអនាគត និងជោគវាសនាផ្ទាល់របស់ពួកគេ។ មនុស្សដែលអាក់អន់ចិត្ដនឹងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ប៉ុន្តែគ្មានចំណាប់អារម្មណ៍ចំពោះរបៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ និងចំពោះបំណងព្រះហឫទ័យទ្រង់ សូម្បីតែបន្តិច គឺពួកគេកំពុងតែផ្គាប់ចិត្តខ្លួនឯងតាមរបៀបមួយ ដែលដាច់ចេញពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិននឹកចាំ និងមិនទទួលឥរិយាបថរបស់ពួកគេឡើយ ហើយព្រះជាម្ចាស់ក៏រឹតតែមិនទតមកពួកគេដោយពេញព្រះហឫទ័យដែរ។

នៅក្នុងភាពល្វឹងល្វើយនៃចក្កវាឡ និងនភាល័យ មានសភាវៈមានជីវិតរាប់មិនអស់កំពុងតែរស់រាន និងបន្តពូជទៅតាមច្បាប់វដ្ដជីវិត ហើយប្រកាន់ខ្ជាប់តាមក្បួនច្បាប់ដ៏ម៉ឺងម៉ាត់មួយ។ មនុស្សដែលស្លាប់ គឺស្លាប់ទៅទាំងយករឿងរ៉ាវមនុស្សដែលនៅរស់ទៅជាមួយ ឯមនុស្សដែលនៅរស់ គឺរស់ជាន់ដានប្រវត្តិសាស្ត្រសោកនាដកម្មដូចគ្នាដដែលៗរបស់មនុស្សដែលស្លាប់ទៅ។ ហេតុនេះហើយ មនុស្សជាតិគ្មានទីពឹងឡើយ មានតែសួរខ្លួនឯងថា៖ ហេតុអ្វីបានជាយើងរស់រាន? ហើយហេតុអ្វីបានជាយើងស្លាប់? តើនរណាជាអ្នកបញ្ជាពិភពលោកនេះ? ហើយតើនរណាបានបង្កើតមនុស្សជាតិនេះឡើងមក? តើមនុស្សជាតិពិតជាកើតមកពីមាតាធម្មជាតិមែនទេ? តើមនុស្សជាតិ គឺជាអ្នកគ្រប់គ្រងជោគវាសនារបស់ខ្លួនឯងពិតប្រាកដទេ? ... ទាំងអស់នេះគឺជាចម្ងល់ ដែលមនុស្សចេះតែសួរឥតស្រាកស្រាន្ត អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ជាអកុសល កាលណាមនុស្សរឹតតែខ្វល់ចិត្តនឹងសំណួរទាំងអស់នេះ ពួកគេក៏រឹតតែស្រេកឃ្លានចង់ដឹងពីវិទ្យាសាស្ត្រដែរ។ វិទ្យាសាស្រ្តផ្ដល់ក្ដីសោមនស្សមួយរយៈខ្លី និងផ្ដល់ភាពរីករាយបណ្ដោះអាសន្នដល់សាច់ឈាម ប៉ុន្តែមិនល្មមនឹងរំដោះមនុស្សឱ្យរួចពីភាពត្រម៉ង់ត្រម៉ោច ភាពតែលតោល និងភាពភ័យខ្លាចដែលពិបាកបិទបាំង ព្រមទាំងភាពគ្មានទីពឹងដែលកប់ជ្រៅនៅក្នុងចិត្តរបស់គេទេ។ មនុស្សជាតិគ្រាន់តែប្រើចំណេះដឹងផ្នែកវិទ្យាសាស្រ្តដែលគេអាចមើលឃើញនឹងភ្នែករបស់គេផ្ទាល់ ហើយយល់ដោយខួរក្បាលរបស់គេ ដើម្បីធ្វើឱ្យចិត្តរបស់គេស្ងប់ប៉ុណ្ណោះ។ ប៉ុន្តែ ចំណេះដឹងផ្នែកវិទ្យាសាស្រ្តបែបនេះ មិនល្មមនឹងអាចបញ្ឈប់មនុស្សជាតិពីការស្រាវជ្រាវ សេចក្ដីអាថ៌កំបាំងឡើយ។ មនុស្សជាតិមិនស្គាល់ព្រះជាម្ចាស់ដែលប្រកបដោយអធិបតេយ្យភាព លើរបស់សព្វសារពើក្នុងពិភពលោកនេះ ជានរណាទេ គេក៏រឹតតែមិនដឹងពីដើមចម និងអនាគតរបស់មនុស្សជាតិទៅទៀត។ មនុស្សជាតិបានត្រឹមរស់នៅ និងប្រព្រឹត្តតាមច្បាប់នេះប៉ុណ្ណោះ។ គ្មាននរណាអាចគេចផុតពីច្បាប់នេះបានឡើយ ហើយក៏គ្មាននរណាអាចផ្លាស់ប្ដូរច្បាប់បាននេះដែរ ដ្បិតនៅក្នុងសព្វសារពើទាំងអស់ ទាំងនៅស្ថានសួគ៌ផង គឺមានតែព្រះមួយអង្គគត់ ចាប់ពីអស់កល្បជានិច្ចដល់អស់កល្បជានិច្ច ដែលមានអធិបតេយ្យភាពលើអ្វីៗគ្រប់យ៉ាង។ ទ្រង់គឺជាព្រះដែលមនុស្សជាតិមិនធ្លាប់មើលឃើញ គឺជាព្រះដែលមនុស្សជាតិមិនធ្លាប់ដឹងឮ ជាព្រះដែលមនុស្សជាតិមិនជឿថា មានវត្តមានគង់នៅ ប៉ុន្តែទ្រង់ជាព្រះដែលបានផ្លុំខ្យល់ដង្ហើមជីវិតឱ្យបុព្វបុរសរបស់មនុស្សជាតិ ព្រមទាំងប្រទានជីវិតដល់មនុស្សជាតិផង។ ព្រះអង្គជាព្រះដែលផ្គត់ផ្គង់ និងចិញ្ចឹមបីបាច់មនុស្សជាតិ ឱ្យគេបានរស់នៅ ហើយក៏ជាព្រះដែលបានដឹកនាំមនុស្សជាតិ ដរាបដល់សព្វថ្ងៃនេះដែរ។ ជាងនេះទៅទៀត ព្រះអង្គតែ១អង្គគត់ គឺជាព្រះដែលមនុស្សជាតិពឹងអាង ដើម្បីមានជីវិតរស់នៅ។ ទ្រង់មានអធិបតេយ្យភាពលើគ្រប់សព្វសារពើ ហើយគ្រប់គ្រងសភាវៈមានជីវិតទាំងអស់នៅក្នុងសកលលោក។ ទ្រង់បង្គាប់ឱ្យមានបួនរដូវកាល ហើយទ្រង់ក៏ជាអ្នកបង្គាប់ឱ្យមានជាខ្យល់លំហើយ ខ្យល់ត្រជាក់ ព្រិល និងទឹកភ្លៀងទៀតផង។ ព្រះអង្គនាំពន្លឺព្រះអាទិត្យមកឱ្យមនុស្សជាតិ ហើយចាំយាមនៅពេលយប់។ ទ្រង់ក៏ជាអ្នកលាតសន្ធឹងផ្ទៃមេឃ និងផែនដី ទាំងប្រទានឱ្យមនុស្សជាតិមានភ្នំ បឹងបួរ ស្ទឹង និងទន្លេ ព្រមទាំងអ្វីៗសព្វសារពើដែលមាននៅក្នុងរបស់ទាំងនេះផង។ ស្នាព្រះហស្តរបស់ទ្រង់នៅសព្វទីកន្លែង ព្រះចេស្ដារបស់ទ្រង់នៅសព្វទីកន្លែង ព្រះប្រាជ្ញាញាណរបស់ទ្រង់នៅសព្វទីកន្លែង ហើយសិទ្ធិអំណាចរបស់ទ្រង់ក៏នៅសព្វទីកន្លែងដែរ។ ក្រឹត្យវិន័យ និងក្បួនច្បាប់នីមួយៗ គឺជាគំរូពីស្នាព្រះហស្តរបស់ទ្រង់ ក្រឹត្យវិន័យ និងបញត្តិនីមួយៗ ក៏ស្ដែងឱ្យឃើញពីព្រះប្រាជ្ញាញាណ និងសិទ្ធិអំណាចរបស់ទ្រង់ទៀតផង។ តើនរណាអាចគេចខ្លួនផុតពីអធិបតេយ្យភាពរបស់ទ្រង់បាន? ហើយតើនរណាអាចដកខ្លួនចេញពីការរៀបចំរបស់ទ្រង់បាន? គ្រប់សភាវៈទាំងអស់សុទ្ធតែមានជីវិតនៅក្រោមការឃ្លាំមើលរបស់ទ្រង់ ហើយជាងនេះទៅទៀត គ្រប់សភាវៈទាំងអស់សុទ្ធតែរស់រាននៅក្រោមអធិបតេយ្យភាពរបស់ទ្រង់។ ស្នាព្រះហស្ត និងព្រះចេស្ដារបស់ទ្រង់ ធ្វើឱ្យមនុស្សជាតិគ្មានជម្រើសអ្វីសោះ ក្រៅតែពីការទទួលស្គាល់ការពិតថា ទ្រង់មានវត្តមានគង់នៅយ៉ាងពិតប្រាកដ ហើយក៏មានអធិបតេយ្យភាពលើគ្រប់សព្វសារពើទាំងអស់។ ក្រៅពីទ្រង់ គឺគ្មានអ្វីអាចបង្គាប់បញ្ជាចក្រវាឡនេះបានឡើយ ក៏រឹតតែគ្មានអ្វីអាចមកចិញ្ចឹមបីបាច់មនុស្សជាតិ ដោយឥតឈប់ឈរនោះបានឡើយ។ បើទោះបីជាអ្នកមិនអាចមើលស្គាល់ស្នាព្រះហស្តរបស់ព្រះជាម្ចាស់ក៏ដោយ ហើយបើទោះបីជាអ្នកមិនជឿលើព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ក៏ដោយ ក៏គ្មានអ្វីគួរសង្ស័យឡើយថា ជោគវាសនារបស់អ្នក គឺព្រះជាម្ចាស់បានកំណត់ទុក ហើយក៏គ្មានអ្វីគួរសង្ស័យទៀតថា ព្រះជាម្ចាស់នៅតែមានអធិបតេយ្យភាពលើគ្រប់សព្វសារពើជានិរន្ត។ ព្រះវត្តមាន និងសិទ្ធិអំណាចរបស់ទ្រង់ មិនមែនសំអាងលើកត្តាដែលមនុស្សជាតិទទួលស្គាល់ ឬមិនទទួលស្គាល់ ដឹងឮ ឬមិនដឹងឮនោះទេ។ មានតែព្រះអង្គទេដែលជ្រាបពីអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់មនុស្សជាតិ ហើយមានតែព្រះអង្គប៉ុណ្ណោះ ទើបអាចកំណត់ជោគវាសនារបស់មនុស្សជាតិបាន។ បើទោះបីជាអ្នកមិនអាចទទួលស្គាល់ការពិតនេះក៏ដោយ មិនយូរប៉ុន្មានមនុស្សជាតិនឹងឃើញការពិតទាំងអស់នេះផ្ទាល់នឹងភ្នែករបស់គេ ហើយនេះក៏ជាការពិត ដែលព្រះជាម្ចាស់នឹងនាំយកមកអនុវត្តផងដែរ។ មនុស្សរស់រាន និងបាត់បង់ជីវិត នៅក្រោមព្រះនេត្រទតមើលរបស់ព្រះជាម្ចាស់។ មនុស្សជាតិរស់នៅសម្រាប់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយកាលណាពួគេបិទភ្នែករបស់គេជាលើកចុងក្រោយ ក៏គេបិទទៅសម្រាប់ការគ្រប់គ្រងនេះដែរ។ មនុស្សស្លាប់រស់ វិលវល់ទៅមក ម្ដងហើយម្ដងទៀត។ ទាំងអស់នេះ គឺសុទ្ធតែជាចំណែកមួយនៃអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ គ្មានលើកលែងអ្វីសោះ។ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ វិវឌ្ឍទៅមុខជានិច្ច គឺមិនដែលឈប់សម្រាកម្ដងណាឡើយ។ ព្រះអង្គនឹងធ្វើឱ្យមនុស្សជាតិដឹងពីអត្ថិភាពរបស់ទ្រង់ ជឿលើអធិបតេយ្យភាពរបស់ទ្រង់ មើលឃើញស្នាព្រះហស្តរបស់ទ្រង់ ហើយត្រឡប់មកក្នុងនគររបស់ទ្រង់វិញ។ នេះគឺជាផែនការរបស់ទ្រង់ ហើយជាកិច្ចការដែលទ្រង់កំពុងគ្រប់គ្រងរាប់ពាន់ឆ្នាំមកហើយ។

កិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមព្រម គ្នានឹងកំណើតផែនដី ហើយមនុស្សគឺជាចំណុចស្នូលនៃកិច្ចការនេះ។ អាចនិយាយបានថា ការដែលព្រះជាម្ចាស់បង្កើតសព្វសារពើឡើងមក គឺដើម្បីជាប្រយោជន៍សម្រាប់មនុស្ស។ ដោយព្រោះកិច្ចការគ្រប់គ្រងរបស់ទ្រង់ លាតសន្ធឹងអស់រយៈពេលរាប់ពាន់ឆ្នាំ ហើយមិនមែនសម្រេចបានតែក្នុងរយៈពេលត្រឹមប៉ុន្មាននាទី ឬវិនាទី ឬមួយប៉ប្រិចភ្នែក ឬមួយឆ្នាំពីរឆ្នាំបាន ទើបទ្រង់ត្រូវបង្កើតនូវសភាវៈចាំបាច់នានា សម្រាប់ការរស់រានរបស់មនុស្សជាតិ រួមមានដូចជា ព្រះអាទិត្យ ព្រះចន្ទ សភាវៈមានជីវិតគ្រប់យ៉ាង មានទាំងស្បៀងអាហារ ព្រមទាំងបរិយាកាសដ៏ស្រស់ត្រកាលទៀតផង។ នេះហើយជាការចាប់ផ្ដើមនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។

បន្ទាប់មក ព្រះជាម្ចាស់ក៏ប្រគល់មនុស្សជាតិទៅឱ្យសាតាំង ហើយមនុស្សក៏រស់នៅក្រោមអំណាចគ្រប់គ្រងរបស់វា ដែលកត្តានេះនាំឆ្ពោះទៅរកកិច្ចការរបស់ព្រះជាម្ចាស់នៅយុគសម័យដំបូង គឺព្រឹត្តការណ៍យុគសម័យនៃក្រឹត្យវិន័យ...។ អស់រយៈពេលប៉ុន្មានពាន់ឆ្នាំក្នុងអំឡុងពេលយុគសម័យនៃក្រឹត្យវិន័យ មនុស្សជាតិក៏បានទម្លាប់ខ្លួនស៊ាំនឹងការដឹកនាំក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយមិនឱ្យតម្លៃការដឹកនាំនេះទៀតផង។ មនុស្សក៏ចាកចេញពីការបីបាច់រក្សារបស់ព្រះជាម្ចាស់បន្តិចម្ដងៗ។ ហេតុនេះហើយ ពួកគេក៏បានថ្វាយបង្គំរូបសំណាក ហើយប្រព្រឹត្តទង្វើអាក្រក់ ខណៈដែលពួកគេកំពុងដើរតាមក្រឹត្យវិន័យផង។ ពួកគេពុំមានការការពារពីព្រះយេហូវ៉ាឡើយ ហើយពួកគេគ្រាន់តែរស់នៅក្នុងជីវិតជាអ្នកបម្រើទីអាសនានៅក្នុងព្រះវិហារប៉ុណ្ណោះ។ តាមការពិត កិច្ចការរបស់ព្រះជាម្ចាស់បានចាកចេញពីពួកគេតាំងពីយូរណាស់មកហើយ ហើយបើទោះបីជាសាសន៍អ៊ីស្រាអែលនៅប្រកាន់ខ្ជាប់តាមក្រឹត្យវិន័យ និងហៅព្រះនាមព្រះយេហូវ៉ា ព្រមទាំងជឿដោយមោទនភាពថា មានតែពួកគេទេទើបជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា និងជារាស្ត្ររើសតាំងរបស់ព្រះយេហូវ៉ាក៏ដោយ ក៏សិរីរុងរឿងរបស់ព្រះជាម្ចាស់ បានបោះបង់ពួកគេចោលយ៉ាងស្ងៀមស្ងាត់រួចបាត់ទៅហើយ ...

ពេលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ នោះទ្រង់ តែងតែចាកចេញពីកន្លែងមួយយ៉ាងស្ងៀមស្ងាត់ រួចអនុវត្តកិច្ចការថ្មីមួយ ដែលទ្រង់ចាប់ផ្ដើមនៅទីកន្លែងផ្សេងទៀត យ៉ាងសន្សឹមៗ។ រឿងនេះហាក់បីដូចជាមិនអាចទៅរួចទេ សម្រាប់មនុស្សដែលស្រយុតស្រយង់។ មនុស្សតែងតែឱ្យតម្លៃនូវអ្វីដែលចាស់គំរិល ហើយសម្លឹងមើលទៅអ្វីៗដែលថ្មីសន្លាង ជារឿងដែលខ្មាំងសត្រូវមិនធ្លាប់ដឹងឮ ឬយល់ថាជាការរំខានចិត្តវិញ។ ហេតុដូច្នេះ រាល់កិច្ចការថ្មីៗដែលព្រះជាម្ចាស់អនុវត្តក្នុងចំណោមសភាវៈសព្វសារពើ មនុស្សគឺជាសភាវៈចុងក្រោយបង្អស់ ដែលដឹងអំពីកិច្ចការនេះតាំងតែពីដើមដល់ចប់។

ដូចសព្វដងដែរ បន្ទាប់ពីកិច្ចការរបស់ព្រះយេហូវ៉ា នៅក្នុងយុគសម័យក្រឹត្យវិន័យ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការថ្មីរបស់ទ្រង់ក្នុងដំណាក់កាលទី២ ដោយយាងមកសណ្ឋិតក្នុងសាច់ឈាម គឺយាងមកយកកំណើតជាមនុស្ស រយៈពេលដប់ម្ភៃឆ្នាំ ទាំងប្រកាសនិងធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមអ្នកជឿទៀតផង។ ដោយគ្មានករណីលើកលែង គ្មាននរណាម្នាក់ដឹងអំពីកិច្ចការនេះឡើយ ហើយបន្ទាប់ពីព្រះអម្ចាស់យេស៊ូវត្រូវគេបោះភ្ជាប់នឹងឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ មានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលស្គាល់ថា ទ្រង់គឺជាព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាម។ រឿងដែលមិនដាច់ស្រេច គឺមានមនុស្សម្នាក់ឈ្មោះថាប៉ុលបានបង្ហាញខ្លួន ជាមនុស្សដែលតាំងខ្លួនឯងជាសត្រូវខាងសាច់ឈាមជាមួយនឹងព្រះជាម្ចាស់។ ប៉ុលមិនបានផ្លាស់ប្ដូរនិស្ស័យចាស់របស់គាត់ឡើយ ហើយគាត់ក៏នៅតែបន្តដើរលើផ្លូវទាស់ទទឹងនឹងព្រះជាម្ចាស់ សូម្បីក្រោយពេលដែលគាត់ត្រូវវាយឱ្យដួល ហើយបានក្លាយជាសាវ័កហើយក៏ដោយ។ ក្នុងគ្រាដែលគាត់ធ្វើការ គាត់បានសរសេរសំបុត្រជាច្រើន តែគួរឱ្យស្ដាយ មនុស្សជំនាន់ក្រោយៗ បានឱ្យតម្លៃសំបុត្ររបស់គាត់ ស្មើនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថែមទាំងបញ្ចូលសំបុត្រទាំងនោះទៅក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយច្រឡំជាមួយនឹងព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ផ្ទាល់។ កត្តានេះបានក្លាយជារឿងដ៏អាម៉ាស់បំផុត តាំងពីការមកដល់នៃបទគម្ពីរ! តើនេះមិនមែនជាកំហុសដែលត្រូវបានប្រព្រឹត្តឡើង ដោយសារតែភាពលេលាជ្រុលរបស់មនុស្សទេឬអី? ពួកគេសឹងតែមិនដឹងសោះថា នៅក្នុងសំបុត្រ ឬសំណេរខាងព្រលឹងវិញ្ញាណរបស់មនុស្ស ដែលជាការកត់ត្រាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យព្រះគុណ មិនគួរយកមកតំណាងឱ្យកិច្ចការ និងតំណាងឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះឡើយ។ ប៉ុន្តែ នេះមិនមែនជាចំណុចដែលយើងចង់និយាយទេ ចូរយើងត្រឡប់ទៅមើលប្រធានបទដើមរបស់យើងវិញ។ នៅពេលដែលកិច្ចការដំណាក់កាលទីពីររបស់ព្រះជាម្ចាស់បានសម្រេចភ្លាម គឺបន្ទាប់ពីការឆ្កាងទ្រង់ នោះកិច្ចការសង្គ្រោះមនុស្សពីអំពើបាបរបស់ព្រះជាម្ចាស់ (ពោលគឺ ការសង្គ្រោះមនុស្សចេញពីកណ្ដាប់ដៃរបស់សាតាំង) ក៏សម្រេចដែរ។ ហេតុនេះហើយ ចាប់ពីពេលនោះមក មនុស្សជាតិមានតែទទួលយកព្រះអម្ចាស់យេស៊ូវធ្វើជាព្រះអង្គសង្គ្រោះប៉ុណ្ណោះ ទើបបាបរបស់គេត្រូវបានលើកលែង។ និយាយឱ្យចំទៅ បាបរបស់មនុស្សលែងជាឧបសគ្គដល់ការទទួលបានសេចក្ដីសង្គ្រោះរបស់គេ និងការចូលមករកព្រះជាម្ចាស់ ហើយក៏លែងជាឥទ្ធិពលដែលសាតាំងប្រើ សម្រាប់ចោទប្រកាន់មនុស្សដូចមុនហើយ។ នេះដោយសារព្រះជាម្ចាស់ផ្ទាល់ ទ្រង់បានធ្វើនូវកិច្ចការដ៏ពិតប្រាកដ បានក្លាយជារូបសាច់ និងជាគំរូពីសាច់ឈាមដែលពេញដោយបាប ហើយព្រះជាម្ចាស់ផ្ទាល់ជាតង្វាយលោះបាប។ តាមរយៈវិធីនេះ មនុស្សបានចុះពីលើឈើឆ្កាង ហើយត្រូវបានប្រោសលោះ និងត្រូវបានសង្គ្រោះតាមរយៈសាច់ឈាមរបស់ព្រះជាម្ចាស់ ពោលគឺលក្ខណៈដូចនឹងសាច់ឈាមដែលពេញដោយបាបនេះ។ ហេតុនេះ មនុស្សក៏បានឈានមួយជំហានកាន់តែកៀកទៅនឹងការទទួលសេចក្ដីសង្គ្រោះពីទ្រង់នៅចំពោះព្រះជាម្ចាស់ បន្ទាប់ពីត្រូវបានសាតាំងចាប់ជាឈ្លើយ។ ប្រាកដណាស់ កិច្ចការដំណាក់កាលនេះជ្រាលជ្រៅជាង និងមានការវិវឌ្ឍជាងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។

នេះហើយជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់៖ ទ្រង់ប្រគល់មនុស្សជាតិទៅឱ្យសាតាំង ជាមនុស្សជាតិដែលមិនដឹងទាល់តែសោះថាព្រះជាម្ចាស់ជាអ្វី ព្រះអាទិករជាអ្វី ត្រូវថ្វាយបង្គំព្រះជាម្ចាស់ដោយរបៀបណា ឬហេតុអ្វីបានជាពួកគេគួរតែចុះចូលនឹងព្រះជាម្ចាស់ ហើយអនុញ្ញាតឱ្យសាតាំងធ្វើឱ្យពួកគេពុករលួយតាមតែវាចង់ មួយជំហានម្ដងៗ បន្ទាប់មក ទ្រង់យកពួកគេត្រឡប់មកវិញពីកណ្ដាប់ដៃរបស់សាតាំង រហូតដល់ពួកគេថ្វាយបង្គំព្រះជាម្ចាស់យ៉ាងពេញលេញ និងបដិសេធសាតាំង។ នេះហើយជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ការនេះស្ដាប់ទៅហាក់ដូចជារឿងនិទានទេវកថា ហើយមើលទៅដូចជាពិបាកយល់។ មនុស្សគិតថានេះគឺជាទេវកថា ដ្បិតពួកគេគ្មានការយល់ដឹងទាល់តែសោះអំពីរឿងរ៉ាវជាច្រើនដែលបានកើតឡើងចំពោះមនុស្ស អស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ ពួកគេក៏កាន់តែមិនដឹងទៀតថា មានរឿងច្រើនប៉ុនណាបានកើតឡើងនៅក្នុងសកលលោកដ៏ធំល្វឹងល្វើយនេះ។ ហើយលើសពីនេះទៅទៀត គឺដោយសារតែភ្នែកមនុស្សធម្មតារបស់ពួកគេ មិនអាចមើលឃើញពិភពលោកដែលកាន់តែអស្ចារ្យ កាន់តែគួរឱ្យស្ញែងខ្លាចជាងនេះ ដែលមានហួសពីពិភពខាងសម្ភារៈនេះបានឡើយ។ វាមានអារម្មណ៍ថាមិនអាចយល់បានសម្រាប់ពួកគេ ពីព្រោះពួកគេគ្មានការយល់ដឹងពីអត្ថន័យនៃសេចក្ដីសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់ ឬអត្ថន័យនៃកិច្ចការគ្រប់គ្រងរបស់ទ្រង់នោះទេ ហើយមិនយល់ថាតើព្រះជាម្ចាស់ពិតជាសព្វព្រះហឫទ័យចង់បានមនុស្សជាតិប្រភេទណាឡើយ។ តើជាមនុស្សជាតិដែលមិនត្រូវបានសាតាំងធ្វើឱ្យពុករលួយទាល់តែសោះ ដូចជាអ័ដាម និងអេវ៉ាឬ? អត់ទេ! គោលបំណងនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺឈ្នះបានមកវិញនូវក្រុមមនុស្សណាដែលថ្វាយបង្គំព្រះជាម្ចាស់ ហើយចុះចូលចំពោះទ្រង់។ ថ្វីបើមនុស្សទាំងអស់នេះ ត្រូវសាតាំងធ្វើឱ្យពុករលួយ តែពួកគេលែងរាប់សាតាំងជាឪពុករបស់គេទៀតហើយ ផ្ទុយទៅវិញ ពួកគេស្គាល់មុខមាត់ដ៏គួរឱ្យស្អប់របស់សាតាំង ព្រមទាំងបដិសេធវា ហើយពួកគេចូលមកចំពោះព្រះជាម្ចាស់ ដើម្បីទទួលការជំនុំជម្រះ និងការវាយផ្ចាលពីព្រះជាម្ចាស់។ ពួកគេស្គាល់ពីភាពខុសគ្នារវាងភាពស្មោកគ្រោក និងភាពបរិសុទ្ធ និងបានទទួលស្គាល់ភាពមហិមារបស់ព្រះជាម្ចាស់ និងសេចក្ដីអាក្រក់របស់សាតាំងទៀតផង។ មនុស្សបែបនេះ គេលែងបម្រើសាតាំង លែងថ្វាយបង្គំ ឬតម្កើងវាជាវត្ថុស័ក្តិសិទ្ធហើយ។ នេះមកពីពួកគេជាមនុស្សមួយក្រុមដែលឈ្នះបានមកវិញដោយព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ នេះហើយជាសារៈសំខាន់នៃកិច្ចការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់។ ក្នុងកិច្ចការគ្រប់គ្រងនេះ មនុស្សគឺជាកម្មវត្ថុដែលសាតាំងធ្វើឱ្យពុករលួយ ហើយក្នុងពេលជាមួយគ្នានេះ មនុស្សគឺជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ និងផលដែលព្រះជាម្ចាស់ និងសាតាំងកំពុងតយុទ្ធដណ្ដើមគ្នា។ ពេលដែលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ ព្រះអង្គក៏កំពុងយកមនុស្សមកវិញពីកណ្ដាប់ដៃសាតាំងជាជំហានៗដែរ ហេតុនេះ មនុស្សចូលមករកព្រះជាម្ចាស់កាន់តែកៀកជាងមុន ...

បន្ទាប់មក យុគសម័យនៃនគរព្រះ ជាដំណាក់កាលកិច្ចការមួយ ដែលរឹតតែជាក់ស្ដែងជាងមុនទៀតនោះក៏មកដល់ ប៉ុន្តែយុគសម័យនេះក៏នៅតែជាដំណាក់កាលដ៏ពិបាកបំផុតនឹងឱ្យមនុស្សទទួលយកដដែល។ ចំណែកមូលហេតុគឺនៅត្រង់ថា កាលណាមនុស្សកាន់តែចូលមកកៀកនឹងព្រះជាម្ចាស់ ដំបងរាជ្យរបស់ព្រះជាម្ចាស់ ក៏រឹតតែខិតមកជិតគេដែរ ហើយព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់នឹងបង្ហាញឱ្យគេឃើញរឹតតែច្បាស់។ បន្ទាប់ពីការប្រោសលោះមនុស្សជាតិរួច មនុស្សនឹងត្រឡប់មកក្នុងគ្រួសាររបស់ព្រះជាម្ចាស់វិញជាផ្លូវការ។ មនុស្សគិតថា ពេលនេះជាពេលដែលត្រូវរីករាយ តែគេត្រូវរងការវាយប្រហារពេញទំហឹងពីព្រះជាម្ចាស់ ជាការវាយប្រហារដែលគ្មាននរណាអាចប៉ាន់ស្មានដឹងមុនឡើយ៖ លទ្ធផលចុងក្រោយគឺខុសស្រឡះ នេះជាពិធីបុណ្យជ្រមុជទឹក ដែលប្រជារាស្ត្ររបស់ព្រះជាម្ចាស់ត្រូវ «ទទួលដោយអំណរ»។ ស្ថិតក្រោមស្ថានភាពបែបនេះ មនុស្សគ្មានជម្រើសអ្វីក្រៅតែពីឈប់ស្ងៀម ហើយគិតក្នុងចិត្តថា «ខ្ញុំជាកូនចៀមវង្វេងអស់រយៈពេលជាច្រើនឆ្នាំ ដែលព្រះជាម្ចាស់បានលោះខ្ញុំមកវិញដោយតម្លៃថ្លៃពន់ពេក ចុះហេតុអ្វីបានជាព្រះជាម្ចាស់ប្រព្រឹត្តចំពោះខ្ញុំបែបនេះ? នេះឬជាវិធីដែលព្រះជាម្ចាស់សើចចំអកដាក់ខ្ញុំ និងលាតត្រដាងពីខ្ញុំ? ...» កន្លងផុតទៅជាច្រើនឆ្នាំ មនុស្សក៏ត្រូវទ្រុឌទ្រោមដោយអាកាសធាតុ បានឆ្លងកាត់បទពិសោធលំបាកៗដោយសារការបន្សុទ្ធ និងការវាយផ្ចាល។ ទោះបីមនុស្សបានបាត់បង់ «សិរីរុងរឿង» និង «ភាពផ្អែមល្អែម» ពីអតីតកាលទាំងមិនដឹងខ្លួនក៏ដោយ តែពេលនេះគេបានយល់ពីគោលការណ៍នៃកិរិយាប្រព្រឹត្តរបស់មនុស្ស ហើយចេះឱ្យតម្លៃពេលវេលានៃភក្ដីភាពរបស់ព្រះជាម្ចាស់ ក្នុងការជួយសង្គ្រោះមនុស្សជាតិ។ មនុស្សចាប់ផ្ដើមស្អប់ភាពព្រៃផ្សៃរបស់ខ្លួនឯងបន្តិចម្ដងៗ។ គេចាប់ផ្ដើមស្អប់ចរិតយង់ឃ្នងរបស់ខ្លួន ស្អប់ការយល់ខុសរបស់ខ្លួនចំពោះព្រះជាម្ចាស់ និងស្អប់ការទាមទារមិនសមហេតុផល ដែលគេតម្រូវពីទ្រង់។ ពេលវេលាមិនអាចត្រឡប់ក្រោយឡើយ។ រឿងរ៉ាវអតីតកាលក្លាយជាអនុស្សាវរីយ៍ពោរពេញដោយវិប្បដិសារីរបស់មនុស្ស រីឯព្រះបន្ទូល និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក៏ក្លាយជាកម្លាំងជម្រុញនៅក្នុងជីវិតថ្មីរបស់មនុស្សវិញ។ ពីមួយថ្ងៃទៅមួយថ្ងៃ របួសរបស់មនុស្សក៏ជាសះស្បើយ កម្លាំងគេក៏ដូចដើម រួចគេក៏ក្រោកឈរសម្លឹងមើលទៅព្រះដ៏មានគ្រប់ចេស្ដា...ដើម្បីឱ្យដឹងថា ទ្រង់តែងតែនៅក្បែរខ្ញុំជានិច្ច និងដើម្បីឱ្យដឹងថា ស្នាមញញឹម និងព្រះភ័ក្ត្រដ៏ស្រស់បស់របស់ទ្រង់ នៅតែធ្វើឱ្យរំជួលចិត្តដដែល។ ព្រះហឫទ័យរបស់ទ្រង់នៅតែខ្វល់ខ្វាយ ចំពោះមនុស្សជាតិដែលទ្រង់បានបង្កើតឡើង ហើយព្រះហស្តរបស់ទ្រង់ក៏នៅតែកក់ក្ដៅ និងពេញដោយព្រះចេស្ដាដូចគ្រាដំបូងដដែល។ មនុស្សហាក់ដូចជាបានវិលត្រឡប់ទៅសួនអេដែនវិញ តែពេលនេះ មនុស្សលែងស្ដាប់ការល្បួងរបស់សត្វពស់ ហើយគេក៏លែងគេចពីព្រះភ័ក្ត្រព្រះយេហូវ៉ាទៀតដែរ។ មនុស្សលត់ជង្គង់នៅចំពោះព្រះជាម្ចាស់ សម្លឹងមើលព្រះភ័ក្ត្រព្រះជាម្ចាស់ ដែលកំពុងតែញញឹម ហើយថ្វាយតង្វាយដ៏មានតម្លៃបំផុតរបស់ខ្លួន៖ ឱព្រះអម្ចាស់ជាព្រះជាម្ចាស់នៃទូលបង្គំអើយ!

សេចក្ដីស្រឡាញ់ និងសេចក្ដីករុណារបស់ព្រះជាម្ចាស់ ជ្រាបចូលក្នុងគ្រប់សេចក្ដីពិស្ដារនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយមិនថាតើមនុស្សអាចយល់ពីព្រះរាជបំណងដ៏ផ្ចិតផ្ចង់របស់ព្រះជាម្ចាស់ឬអត់នោះទេ ក៏ទ្រង់ធ្វើកិច្ចការដែលទ្រង់មានព្រះរាជបំណងសម្រេចឱ្យទាល់តែបាន ដោយសេចក្ដីព្យាយាមឥតឈប់ឈរឡើយ។ ទោះបីជាមនុស្សយល់ពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់តិច ឬច្រើនយ៉ាងណា ក៏ជំនួយ និងអត្ថប្រយោជន៍ដែលកិច្ចការរបស់ព្រះជាម្ចាស់នាំមកដល់មនុស្ស អាចត្រូវទទួលដឹងដោយអ្នកគ្រប់គ្នាដែរ។ មកដល់ថ្ងៃនេះ អ្នកប្រហែលជាមិនទាន់មានអារម្មណ៍ដឹងពីក្ដីស្រឡាញ់ និងការផ្គត់ផ្គង់ជីវិតណាមួយដែលមកពីព្រះជាម្ចាស់ឡើយ ប៉ុន្តែដរាបណាអ្នកមិនចាកចេញពីព្រះជាម្ចាស់ និងមិនបោះបង់ការតាំងចិត្តរបស់អ្នកក្នុងការដេញតាមសេចក្ដីពិតទេ នោះគង់មានថ្ងៃមួយ ព្រះភក្រ្តញញឹមរបស់ព្រះជាម្ចាស់នឹងលេចមកដល់អ្នកជាមិនខាន។ ដ្បិតគោលបំណងនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺដើម្បីទាមទារយកមកវិញនូវមនុស្សដែលស្ថិតក្រោមអំណាចរបស់សាតាំង មិនមែនបោះបង់មនុស្សដែលត្រូវសាតាំងធ្វើឱ្យពុករលួយ ហើយទាស់ទទឹងនឹងទ្រង់នោះទេ។

ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៥

ខាង​ដើម៖ ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់

បន្ទាប់៖ ឧបសម្ព័ន្ធ ៤៖ ការមើលឃើញការលេចមករបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ