ខ. ព្រះបន្ទូលស្ដីពីការបើកសម្ដែងអំពីនិស្ស័យបែបសាតាំងរបស់មនុស្សជាតិដែលពុករលួយ និងសារជាតិធម្មជាតិរបស់ពួកគេ

៨១. ប្រភពនៃការជំទាស់ និងការបះបោររបស់មនុស្សប្រឆាំងនឹងព្រះជាម្ចាស់ គឺជាសេចក្ដីពុករលួយរបស់គេដែលបង្កដោយសាតាំង។ ដោយសារតែសេចក្ដីពុករលួយរបស់សាតាំង មនសិការរបស់មនុស្សក៏បានក្លាយជាស្ពឹកអស់ ដ្បិតគេគ្មានសីលធម៌ គំនិតរបស់គេចុះខ្សោយទៅៗ ហើយទស្សនៈវិស័យផ្លូវចិត្ដរបស់គេក៏ឈានថយក្រោយដែរ។ មុនពេលមនុស្សត្រូវសាតាំងបណ្ដាលឱ្យក្លាយជាពុករលួយ មនុស្សបានដើរតាមព្រះជាម្ចាស់ និងស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ បន្ទាប់ពីបានស្ដាប់ឮពួកវាដោយឯកឯង។ គេជាមនុស្សដែលមានវិចារណញ្ញាណ និងមនសិការល្អ ហើយជាមនុស្សជាតិធម្មតាម្នាក់។ ក្រោយពីសាតាំងធ្វើឱ្យគេធ្លាក់ក្នុងសេចក្ដីអាក្រក់មក វិចារណញ្ញាណ មនសិការ និងភាពជាមនុស្សរបស់គេក៏បានក្លាយជាអន់ថយ ហើយក៏ត្រូវខូចអស់ដោយសារសាតាំង។ ដូចនេះ គេក៏បានបាត់បង់ការស្ដាប់បង្គាប់ និងសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់។ វិចារណញ្ញាណរបស់មនុស្សបានខុសពីធម្មតា និស្ស័យរបស់គេក៏បានក្លាយដូចជាសត្វ ហើយការបះបោរប្រឆាំងនឹងព្រះជាម្ចាស់របស់គេក៏មានកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ។ ប៉ុន្ដែមនុស្សលោកនៅតែមិនដឹង និងមិនទទួលស្គាល់រឿងនេះ ហើយក៏បានជំទាស់ប្រឆាំង និងបះបោរទាំងងងឹតងងល់។ និស្ស័យពិតរបស់មនុស្សត្រូវបានលាតត្រដាងឡើង នៅក្នុងការបង្ហាញអំពីវិចារណញ្ញាណ ការយល់ដឹង និងមនសិការរបស់គេ ដ្បិតវិចារណញ្ញាណ និងការយល់ដឹងរបស់គេមិនសមហេតុផល ហើយមនសិការរបស់គេក៏បានក្លាយជាស្រអាប់យ៉ាងខ្លាំង ដូចនេះ និស្ស័យរបស់គេមានការបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ប្រសិនបើវិចារណញ្ញាណ និងការយល់ដឹងរបស់មនុស្សមិនអាចផ្លាស់ប្តូរ នោះការផ្លាស់ប្ដូរនិស្ស័យរបស់គេ គឺមិនអាចទៅរួចនោះទេ ដូចជាការគោរពតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើវិចារណញ្ញាណរបស់មនុស្សមិនត្រឹមត្រូវទេ នោះគេមិនអាចបម្រើព្រះជាម្ចាស់ និងមិនសក្ដិសមឱ្យព្រះជាម្ចាស់ប្រើប្រាស់ឡើយ។ «វិចារណញាណធម្មតា» សំដៅលើការស្ដាប់បង្គាប់ និងការស្មោះត្រង់ចំពោះព្រះជាម្ចាស់ ការចង់បានព្រះជាម្ចាស់ជាខ្លាំង និងការមិនមានចិត្តងាករេចំពោះព្រះជាម្ចាស់ផង។ វាសំដៅលើការមានចិត្ដមួយថ្លើមមួយ ចំពោះព្រះជាម្ចាស់ ព្រមទាំងមិនមានបំណងប្រឆាំងនឹងព្រះជាម្ចាស់ឡើយ។ ការមានវិចារណញ្ញាខុសពីធម្មតា គឺមិនដូច្នេះឡើយ។ ដោយសារតែសាតាំងបានធ្វើឱ្យមនុស្សទៅជាពុករលួយ មនុស្សក៏មានសញ្ញាណផ្សេងៗអំពីព្រះជាម្ចាស់ ហើយគេគ្មានភាពស្មោះត្រង់ចំពោះទ្រង់ ឬប្រាថ្នាចង់បានទ្រង់ឡើយ។ គេក៏មិននិយាយអ្វីចេញពីមនសិការ ចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សមានបំណងទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងបានធ្វើការវិនិច្ឆ័យទ្រង់ ហើយលើសពីនេះទៅទៀត ថែមទាំងប្រមាថទ្រង់នៅពីក្រោយខ្នងព្រះអង្គទៀតផង។ មនុស្សបានធ្វើការវិនិច្ឆ័យព្រះជាម្ចាស់ ទាំងដែលដឹងច្បាស់ថាព្រះអង្គគឺជាព្រះជាម្ចាស់ ដ្បិតមនុស្សគ្មានបំណងស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ ហើយគ្រាន់តែទាមទារនេះទាមទារនោះពីទ្រង់ ទាំងងងឹតងងល់ប៉ុណ្ណោះ។ មនុស្សបែបនេះ គឺមនុស្សដែលមានវិចារណញ្ញាណមិនសមស្រប មិនអាចស្គាល់ពីអាកប្បកិរិយាដ៏គួរឱ្យស្អប់ខ្ពើមរបស់ខ្លួន ឬមានការសោកស្ដាយអំពីការបះបោររបស់ខ្លួនទេ។ ប្រសិនបើមនុស្សអាចស្គាល់ពីខ្លួនឯងបាន នោះពួកគេបានទទួលនូវវិចារណញ្ញាណបន្ដិចបន្ដួចរបស់ពួកគេឡើងវិញហើយ ដ្បិតនៅពេលមនុស្សដែលមិនអាចស្គាល់ខ្លួនឯង កាន់តែបះបោរជំទាស់នឹងព្រះជាម្ចាស់ នោះវិចារណញ្ញាណរបស់ពួកគេ ក៏កាន់តែគ្មានហេតុផលដែរ។

(ដកស្រង់ពី «ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៨២. ក្រោយពីមានការធ្លាក់ចូលក្នុងសេចក្ដីពុករលួយជាច្រើនពាន់ឆ្នាំមក មនុស្សលោកមានភាពស្ពឹកស្រពន់ និងល្ងិតល្ងង់ ដ្បិតគេបានក្លាយជាអារក្សដែលបានទាស់ប្រឆាំងនឹងព្រះជាម្ចាស់ រហូតដល់ការបះបោររបស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានចងក្រងក្នុងសៀវភៅប្រវត្ដិសាស្ដ្រ ហើយមនុស្សលោកខ្លួនឯងទៀតសោត ក៏មិនអាចរៀបរាប់អស់អំពីទង្វើបះបោររបស់ខ្លួនបានពេញលេញដែរ ដ្បិតមនុស្សត្រូវបានសាតាំងបណ្ដាលឱ្យក្លាយជាពុករលួយអស់ ហើយសាតាំងក៏បាននាំឱ្យមនុស្សវង្វេង រហូតដល់មិនដឹងថា តើត្រូវងាកមកវិញនៅត្រង់ណាដែរ។ សូម្បីសព្វថ្ងៃនេះក្ដី មនុស្សលោកនៅតែក្បត់នឹងព្រះជាម្ចាស់ដដែល ដ្បិតនៅពេលមនុស្សបានមើលឃើញព្រះជាម្ចាស់ហើយ ក៏គេនៅតែក្បត់នឹងទ្រង់ ហើយនៅពេលដែលគេមិនអាចឃើញព្រះអង្គ នោះក៏គេនៅតែក្បត់នឹងព្រះអង្គដដែល។ ជាងនេះទៀត សូម្បីតែអ្នកដែលបានធ្វើជាសក្ខីភាពនៃបណ្ដាសា និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏នៅតែក្បត់នឹងព្រះអង្គទៀត។ ដូច្នេះ ខ្ញុំសូមប្រាប់ថាញ្ញាណរបស់មនុស្សបានបាត់បង់មុខងារដើមហើយ រីឯមនសិការរបស់មនុស្សក៏ដូចគ្នាដែរ។ មនុស្សលោកដែលខ្ញុំរៀបរាប់នេះ គឺជាសត្វសាហាវនៅក្នុងសណ្ឋានជាមនុស្ស គេជាសត្វពស់ដែលមានពិស ហើយមិនថាគេព្យាយាមសម្ដែងជាគួរឱ្យអាណិតយ៉ាងណានៅចំពោះមុខខ្ញុំ ក៏ខ្ញុំគ្មានក្ដីអាណិតចំពោះគេដែរ ដ្បិតមនុស្សលោកមិនចេះបែងចែកខ្មៅ និងស មិនចេះបែងចែកសេចក្ដីពិត និងសេចក្ដីមិនពិត។ វិចារណញ្ញាណរបស់មនុស្សមានភាពស្រពន់ណាស់ ប៉ុន្ដែគេនៅតែប្រាថ្នាចង់បានព្រះពរថែមទៀត ភាពជាមនុស្សរបស់គេមានភាពអាប់ឱនខ្លាំងណាស់ ប៉ុន្ដែគេក៏នៅតែប្រាថ្នាចង់បានអធិបតេយ្យភាពរបស់អង្គក្សត្រា។ តើមនុស្សដែលមានការយល់ឃើញបែបនេះ ត្រូវធ្វើជាស្ដេចរបស់នរណាទៅ? តើមនុស្សដែលមានសារជាតិជាមនុស្សបែបនេះ អាចអង្គុយលើបល័្លង្កបានយ៉ាងដូចម្ដេចទៅ? មនុស្សលោកពិតជាគ្មានការអៀនខ្មាសទាល់តែសោះ! គេជាមនុស្សមានអំនួត! ចំពោះអ្នករាល់គ្នាដែលប្រាថ្នាចង់ទទួលបានព្រះពរ នោះខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ដំបូង ត្រូវរកកញ្ចក់ឆ្លុះជាមុនសិន រួចក្រឡេកមើលពីភាពអាក្រក់របស់ខ្លួនឯង ហើយសួរថា តើអ្នករាល់គ្នាមានមុខមាត់ជាមនុស្សម្នាក់ ដែលអាចទទួលបានព្រះពរដែរឬទេ? គឺអ្នករាល់គ្នាមិនមានការផ្លាស់់ប្ដូរនិស្ស័យបន្ដិចណាសោះ ហើយអ្នករាល់គ្នាក៏មិនទាន់បានយកសេចក្ដីពិតទៅអនុវត្ដតាមដែរ តែអ្នករាល់គ្នានៅតែប្រាថ្នាចង់បានសេចក្ដីអស្ចារ្យ នៅថ្ងៃបន្ទាប់ដដែល។ អ្នករាល់គ្នាកំពុងតែបោកបញ្ឆោតខ្លួនឯងហើយ! មនុស្សដែលកើតមកក្នុងទឹកដីកខ្វក់បែបនេះ បានរងការខូចខាតពីសង្គមយ៉ាងខ្លាំង បានរងឥទ្ធិពលពីក្រមសីលធម៌សក្ដិភូមិ ហើយក៏ទទួលបានការបង្រៀននៅ «វិទ្យាស្ថានឧត្ដមសិក្សា» ទៀតផង។ ការគិតថយក្រោយ ការអាក្រក់ខូចផ្នែកសីលធម៌ ការយល់ឃើញតូចទាបពីជីវិត ទស្សនៈវិទ្យាសម្រាប់ការរស់នៅដ៏គួរឱ្យស្អប់ខ្ពើម ជីវិតរស់នៅដែលគ្មានតម្លៃទាល់តែសោះ ព្រមទាំងរបៀបរស់នៅ និងទំនៀមទម្លាប់ដ៏ថោកទាប ដែលទាំងអស់នេះបានឈ្លានពានដួងចិត្ដរបស់មនុស្សយ៉ាងខ្លាំងក្លា ព្រមទាំងបានធ្វើឱ្យចុះខ្សោយ និងវាយប្រហារមនសិការរបស់ពួកគេផងដែរ។ ជាលទ្ធផល មនុស្សលោកកាន់តែស្ថិតនៅឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់ ហើយកាន់តែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ច្រើនទៀតផង។ បន្តិចម្តងៗ និស្ស័យរបស់មនុស្សក៏កាន់តែសាហាវទៅៗដែរ ហើយមិនមាននរណាម្នាក់ដែលសុខចិត្ដបោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ឡើយ គ្មាននរណាម្នាក់ដែលនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ចេញពីចិត្ដ ហើយលើសពីនេះទៅទៀតនោះ ក៏គ្មានបុគ្គលណាម្នាក់ដែលនឹងស្វែងរកការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់អស់ពីចិត្ដដែរ។ ផ្ទុយទៅវិញ ដោយស្ថិតក្រោមដែនត្រួតត្រារបស់សាតាំង មនុស្សលោកមិនបានធ្វើអ្វីទាល់តែសោះ ក្រៅពីចង់បានការសប្បាយ ដោយយល់ព្រមឱ្យភាពពុករលួយនៃសាច់ឈាមនៅក្នុងទឹកដីដែលពេញដោយភក់ជ្រាំនេះ។ សូម្បីពេលដែលពួកគេបានឮអំពីសេចក្ដីពិតហើយក្ដី អស់អ្នកដែលរស់នៅក្នុងភាពងងឹតមិនបានគិតដល់ការយកសេចក្ដីពិតទៅអនុវត្ដទេ ហើយពួកគេក៏មិនមានទំនោរក្នុងការស្វែងរកព្រះជាម្ចាស់ដែរ ទោះបីជាពួកគេបានឃើញការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់ហើយក្ដី។ តើមនុស្សលោកដែលគួរឱ្យស្អប់ខ្ពើមយ៉ាងនេះ អាចមានឱកាសទទួលបានការសង្គ្រោះបានយ៉ាងដូចម្ដេច? តើមនុស្សលោកដែលអាប់ឳនខ្លាំងយ៉ាងនេះ អាចរស់នៅក្នុងពន្លឺបានយ៉ាងដូចម្ដេច?

(ដកស្រង់ពី «ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៨៣. ការបើកសម្ដែងឱ្យឃើញអំពីនិស្ស័យពុករលួយរបស់មនុស្ស គ្មានប្រភពមកពីណាក្រៅពីមនសិការដែលអន់ថយ សន្ដានព្យាបាទ ព្រមទាំងវិចារណញ្ញាណដែលមិនសមរម្យរបស់គេ។ ប្រសិនបើមនសិការ និងវិចារណញ្ញាណរបស់មនុស្ស អាចប្រែក្លាយទៅជាធម្មតាម្ដងទៀតបាន នោះគេនឹងក្លាយជាមនុស្សម្នាក់ដែលសក្ដិសមនឹងប្រើប្រាស់ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់។ វាជារឿងធម្មតាទៅហើយ ដោយសារមនសិការរបស់មនុស្សតែងតែស្ពឹកស្រពន់ជានិច្ច ហើយដោយសារតែវិចារណញ្ញាណរបស់មនុស្ស ដែលមិនធ្លាប់មានភាពសមរម្យផងនោះ ក៏កាន់តែអន់ថយទៅៗ ទើបមនុស្សលោកបះបោរប្រឆាំងនឹងព្រះជាម្ចាស់កាន់តែខ្លាំង គេថែមទាំងដល់ថ្នាក់ឆ្កាងព្រះយេស៊ូវនៅលើឈើឆ្កាង ព្រមទាំងបដិសេធចំពោះការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ នៅគ្រាចុងក្រោយដែលទ្រង់យាងចូលក្នុងដំណាក់របស់ព្រះអង្គ ហើយគេក៏បានថ្កោលទោសសាច់ឈាមរបស់ព្រះជាម្ចាស់ និងមើលងាយបន្ទាបបន្ថោកសាច់ឈាមរបស់ព្រះអង្គផង។ ប្រសិនបើមនុស្សមាននូវភាពជាមនុស្សតែបន្ដិចនោះ គេនឹងមិនប្រព្រឹត្ដយ៉ាងឃោរឃៅ ចំពោះសាច់ឈាមរបស់ព្រះជាម្ចាស់ដែលបានចាប់បដិសន្ធិមកនោះឡើយ។ ប្រសិនបើគេមានវិចារណញ្ញាណតែបន្តិច នោះគេនឹងមិនប្រព្រឹត្ដយ៉ាងព្រៃផ្សៃ ចំពោះសាច់ឈាមដែលព្រះជាម្ចាស់បានចាប់បដិសន្ធិនោះឡើយ។ ប្រសិនបើគេមានមនិសការតែបន្ដិច នោះគេនឹងមិន «អរព្រះគុណ» ចំពោះព្រះជាម្ចាស់ដែលបានចាប់បដិសន្ធិមក តាមរបៀបនេះឡើយ។ មនុស្សរស់នៅក្នុងយុគសម័យដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ប៉ុន្ដែ គេមិនអាចអរព្រះគុណព្រះជាម្ចាស់ សម្រាប់ការប្រទាននូវឱកាសល្អដល់ខ្លួនឡើយ ហើយផ្ទុយទៅវិញ គេក៏បានដាក់បណ្ដាសាចំពោះការយាងមករបស់ព្រះជាម្ចាស់ ឬបានព្រងើយកន្តើយ ចំពោះសេចក្ដីពិតនៃការការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ទាំងស្រុង ហើយក៏ហាក់ដូចជាប្រឆាំង និងនឿយណាយ ចំពោះការចាប់បដិសន្ធិនេះផងដែរ។ សរុបមក បើទោះបីជាមនុស្សប្រព្រឹត្តចំពោះការយាងមកវិញរបស់ព្រះជាម្ចាស់យ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់តែងតែអនុវត្តកិច្ចការរបស់ទ្រង់ ដោយអត់ធ្មត់ ទោះបីជាមនុស្សមិនបានស្វាគមន៍ព្រះអង្គសូម្បីតែបន្ដិច និងតែងទូលសុំពីព្រះអង្គទាំងងងឹតងងល់ក្ដី។ និស្ស័យរបស់មនុស្ស បានប្រែក្លាយទៅជាឃោឃៅយ៉ាងខ្លាំង វិចារណញ្ញាណរបស់គេក៏កាន់តែស្ពឹកស្រពន់ខ្លាំងដែរ ហើយមនសិការរបស់គេក៏ត្រូវបានអារក្សជាន់ឈ្លីទាំងស្រុង ហើយលែងជាមនសិការដើមរបស់មនុស្សជាយូរមកហើយ។ មនុស្សមិនត្រឹមតែមិនដឹងគុណដល់ព្រះដែលក្លាយជាសាច់ឈាម ចំពោះការដែលទ្រង់ប្រទាននូវជីវិត និងព្រះគុណយ៉ាងច្រើនដល់មនុស្សជាតិទេ តែគេបែរជាតូចចិត្ដនឹងព្រះជាម្ចាស់ដែលបានប្រទាននូវសេចក្ដីពិតដល់ខ្លួនទៅវិញ នេះគឺដោយសារមនុស្សមិនមានចំណាប់អារម្មណ៍ចំពោះសេចក្ដីពិតសូម្បីតែបន្ដិច ទើបគេតូចចិត្ដចំពោះព្រះជាម្ចាស់បែបនេះ។ មនុស្សមិនត្រឹមតែមិនអាចលះបង់ជីវិតរបស់ខ្លួន សម្រាប់ព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្សនោះទេ ប៉ុន្តែគេថែមទាំងបានព្យាយាមទាញយកព្រះហឫទ័យអធ្យាស្រ័យពីទ្រង់ ហើយទាមទារផលប្រយោជន៍លើសពីអ្វីដែលមនុស្សបានថ្វាយចំពោះព្រះជាម្ចាស់រាប់សិបដងទៅទៀត។ មនុស្សដែលមានមនសិការ និងវិចារណញ្ញាណបែបនេះ គិតថា នេះមិនមែនជាបញ្ហាធំដុំនោះទេ ហើយក៏នៅតែជឿថា ពួកគេបានលះបង់យ៉ាងច្រើនសម្រាប់ព្រះជាម្ចាស់ និងគិតថា ព្រះជាម្ចាស់បានប្រទានពរដល់ពួកគេបន្ដិចបន្ដួចប៉ុណ្ណោះ។ មានមនុស្សលាដៃទារឱ្យខ្ញុំសងទឹកដោះគោគេវិញពីរចាន ដ្បិតពួកគេបានឱ្យទឹកខ្ញុំមួយចាន ឬទារឱ្យខ្ញុំចេញថ្លៃបន្ទប់សំណាក់ឱ្យគេបីបួនយប់ ដោយសារតែគេចេញថ្លៃបន្ទប់សំណាក់ ឱ្យខ្ញុំមួយយប់។ តើអ្នកនៅតែចង់បានជីវិត ទាំងមានលក្ខណៈជាមនុស្ស និងមនសិការបែបនេះ ដូចម្ដេចបាន? អ្នកពិតជាមនុស្សទុរគតគួរឱ្យមើលងាយមែន!

(ដកស្រង់ពី «ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៨៤. ប្រសិនបើខ្ញុំមិនលាតត្រដាងពីសេចក្តីស្មោកគ្រោកនៅក្នុងជម្រៅចិត្តរបស់អ្នករាល់គ្នាទេ នោះម្នាក់ៗនឹងពាក់មកុដលើក្បាលរបស់ខ្លួន ហើយទទួលយកគ្រប់ទាំងសិរីល្អសម្រាប់ខ្លួនឯងមិនខាន។ និស្ស័យអំនួត និងភាពក្អេងក្អាងរបស់អ្នករាល់គ្នា គឺជាកត្តាដែលជំរុញឱ្យអ្នករាល់គ្នាក្បត់សម្បជញ្ញៈរបស់ខ្លួន ឱ្យអ្នកបះបោរទាស់ទទឹងនឹងព្រះគ្រីស្ទ និងបើកឱ្យដឹងពីសេចក្តីស្មោកគ្រោក ចេតនា សញ្ញាណ សេចក្តីប៉ងប្រាថ្នាហួសប្រមាណ និងកែវភ្នែកដែលពោរពេញទៅដោយភាពលោភលន់របស់អ្នករាល់គ្នា ដោយយកវាមកដាក់នៅទីភ្លឺ។ ប៉ុន្តែអ្នករាល់គ្នានៅតែបន្តនិយាយប៉ប៉ាច់ប៉ប៉ោចពីបំណងចិត្តចង់ធ្វើការថ្វាយព្រះគ្រីស្ទរហូតមួយជីវិតរបស់អ្នក ហើយនិយាយដដែលៗពីសេចក្តីពិតដែលព្រះគ្រីស្ទមានព្រះបន្ទូលកាលពីយូរលង់ណាស់មកហើយ។ នេះជា «សេចក្តីជំនឿ» របស់អ្នករាល់គ្នា ជា «សេចក្តីជំនឿឥតសៅហ្មង»។ ខ្ញុំបានដាក់បទដ្ឋានដ៏តឹងរឹងមួយឱ្យមនុស្សកាន់តាមគ្រប់ពេលទាំងអស់។ បើចិត្តភក្ដីភាពរបស់អ្នកមានភ្ជាប់ជាមួយចេតនា និងលក្ខខណ្ឌនានា នោះខ្ញុំមិនចង់បានភក្ដីភាពរបស់អ្នកឡើយ ត្បិតខ្ញុំស្អប់ណាស់អ្នកណាដែលបោកបញ្ឆោតខ្ញុំដោយចេតនា ហើយមកកំហែងខ្ញុំដោយលក្ខខណ្ឌរបស់គេ។ ខ្ញុំចង់បានតែមនុស្សដែលស្មោះត្រង់ពិតប្រាកដចំពោះខ្ញុំ ហើយហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ជាក់ និងជាប្រយោជន៍ដល់សេចក្តីជំនឿ។ ខ្ញុំស្អប់ពាក្យអែបអបដែលអ្នករាល់គ្នាប្រើ ដើម្បីព្យាយាមធ្វើឱ្យខ្ញុំអរសប្បាយ ដ្បិតកន្លងមក ខ្ញុំតែងប្រព្រឹត្តដាក់អ្នករាល់គ្នាដោយព្រះទ័យស្មោះសរ ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នាក៏ប្រព្រឹត្តដាក់ខ្ញុំ ដោយសេចក្តីជំនឿដ៏ពិតវិញដែរ។ នៅពេលនិយាយដល់សេចក្តីជំនឿ មនុស្សជាច្រើនគិតថា ពួកគេដើរតាមព្រះ ដោយសារតែគេមានសេចក្តីជំនឿ ដូច្នេះ គេនឹងមិនរងទុក្ខវេទនាឡើយ។ ហេតុនេះ យើងសូមសួរអ្នករាល់គ្នាដូច្នេះថា៖ បើអ្នកជឿថាពិតជាមានព្រះជាម្ចាស់មែន ហេតុអ្វីបានជាអ្នកមិនគោរពប្រណិប័តន៍ទ្រង់? បើអ្នកជឿថាមានព្រះជាម្ចាស់មែន ហេតុអ្វីបានជាអ្នកគ្មានការគោរពកោតខ្លាចដល់ទ្រង់សូម្បីតែបន្ដិច នៅក្នុងដួងចិត្តរបស់អ្នកដូច្នេះ? អ្នកទទួលស្គាល់ថាព្រះគ្រីស្ទជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ចុះហេតុអ្វីបានជាអ្នកខ្វះការគោរពចំពោះទ្រង់? ហេតុអ្វីបានជាអ្នកប្រព្រឹត្តចំពោះទ្រង់ ដោយខ្វះការគោរពបែបនេះ? ហេតុអ្វីបានជាអ្នកវិនិច្ឆ័យទ្រង់ ដោយបើកចំហរ? ហេតុអ្វីបានជាអ្នកចេះតែលបយកការណ៍ ពីដំណើរទៅមករបស់ទ្រង់? ហេតុអ្វីបានជាអ្នកមិនចុះចូលចំពោះការរៀបចំរបស់ទ្រង់? ហេតុអ្វីបានជាអ្នកមិនប្រព្រឹត្តស្របតាមព្រះបន្ទូលរបស់ទ្រង់? ហេតុអ្វីបានជាអ្នកព្យាយាមកំហែង និងលួចតង្វាយរបស់ទ្រង់? ហេតុអ្វីបានជាអ្នកនិយាយជំនួសព្រះគ្រីស្ទ? ហេតុអ្វីបានជាអ្នកហ៊ានវិនិច្ឆ័យថា កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ត្រូវ ឬខុស? ហេតុអ្វីបានជាអ្នកថ្លើមធំ ហ៊ានប្រមាថដល់ទ្រង់ ពីក្រោយខ្នងដូច្នេះ? តើសេចក្តីពណ៌នាទាំងនេះ ជាធាតុផ្សំនៃសេចក្តីជំនឿរបស់អ្នករាល់គ្នាមែនទេ?

(ដកស្រង់ពី «តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដមែនទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៨៥. ប្រសិនបើអ្នកប្រើចិត្តគំនិតរបស់ខ្លួនដើម្បីវាស់វែង និងកំណត់ព្រំដែនព្រះជាម្ចាស់ ថាព្រះជាម្ចាស់ប្រៀបដូចជារូបចម្លាក់ដីឥដ្ឋដែលមិនចេះប្រែប្រួល ហើយប្រសិនបើអ្នកកំណត់ព្រំដែនព្រះជាម្ចាស់នៅក្នុងខ្នាតរង្វាស់នៃព្រះគម្ពីរ និងដាក់ទ្រង់នៅក្នុងទំហំកិច្ចការដែលមានដែនកំណត់ ទង្វើនេះសបញ្ជាក់ថា អ្នករាល់គ្នាបានដាក់ទោសចំពោះព្រះជាម្ចាស់ហើយ។ ដ្បិតពួកសាសន៍យូដានៅក្នុងសម័យសញ្ញាចាស់ ចាត់ទុកព្រះជាម្ចាស់ជារូបបដិមាករដែលមានរូបរាងមិនប្រែប្រួល ដែលពួកគេអាចចាំទុកក្នុងចិត្តរបស់ពួកគេបាន ហាក់បីដូចជាព្រះជាម្ចាស់អាចហៅបានត្រឹមតែជាព្រះមែស្ស៊ី ហើយមានតែទ្រង់ដែលគេហៅថាព្រះមែស្ស៊ីប៉ុណ្ណោះ ដែលអាចជាព្រះជាម្ចាស់បាន ហើយដោយព្រោះមនុស្សបានបម្រើ និងបានថ្វាយបង្គំព្រះជាម្ចាស់ ទុកទ្រង់ដូចជារូបចម្លាក់ដីឥដ្ឋ (ដែលគ្មានជីវិត) ទើបបានជាពួកគេបោះដែកគោលឆ្កាងព្រះយេស៊ូវនៅក្នុងពេលនោះ ដោយកាត់ទោសប្រហារជីវិតទ្រង់ ពោលគឺព្រះយេស៊ូវដែលគ្មានកំហុសសោះត្រូវបានគេកាត់ទោសដល់ស្លាប់។ ព្រះជាម្ចាស់ពុំមានទោសអ្វីសោះឡើយ តែមនុស្សមិនព្រមទុកជីវិតឱ្យទ្រង់ ហើយទទូចកាត់ទោសប្រហារជីវិតទ្រង់ ដូច្នេះព្រះយេស៊ូវក៏ត្រូវបានគេឆ្កាងទៅ។ មនុស្សតែងជឿថា ព្រះជាម្ចាស់ពុំប្រែប្រួល ហើយកំណត់ទ្រង់ទៅតាមមូលដ្ឋាននៃសៀវភៅមួយក្បាល គឺព្រះគម្ពីរ ហាក់បីដូចជាមនុស្សមានការយល់ដឹងឥតខ្ចោះអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងហាក់បីដូចជាមនុស្សគ្រប់គ្រងអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើនៅក្នុងព្រះហស្ដរបស់ទ្រង់ដូច្នេះដែរ។ មនុស្សល្ងង់ខ្លៅយ៉ាងខ្លាំង ក្រអឺតក្រទមយ៉ាងខ្លាំង ហើយពួកគេពូកែខាងការនិយាយបំផ្លើស។ មិនថាអ្នកមានចំណេះដឹងអំពីព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ ខ្ញុំនៅតែមានបន្ទូលថា អ្នកពុំស្គាល់ព្រះជាម្ចាស់ឡើយ នៅតែថាអ្នកជាមនុស្សម្នាក់ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ខ្លាំងបំផុត និងនៅតែថាអ្នកបានថ្កោលទោសព្រះជាម្ចាស់ ដ្បិតអ្នកគ្មានសមត្ថភាពស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះជាម្ចាស់ និងមិនអាចដើរក្នុងផ្លូវដែលព្រះជាម្ចាស់បានធ្វើឱ្យគ្រប់លក្ខណ៍បានឡើយ។ តើហេតុអ្វីបានជាព្រះជាម្ចាស់មិនដែលសព្វព្រះហឫទ័យនឹងទង្វើរបស់មនុស្ស? គឺដោយសារតែមនុស្សពុំស្គាល់ព្រះជាម្ចាស់ ដោយសារតែមនុស្សមានសញ្ញាណច្រើនហួសហេតុពេក និងដោយសារតែចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ មិនស្របទៅនឹងសេចក្តីពិត តែផ្ទុយទៅវិញ និយាយពីរឿងរ៉ាវតែមួយដដែលៗដោយគ្មានអ្វីប្លែកសោះ ព្រមទាំងប្រើវិធីសាស្រ្តដូចៗគ្នានៅគ្រប់ស្ថានការណ៍ទាំងអស់។ ហេតុដូចនេះ ការយាងមកកាន់ផែនដីនាពេលសព្វថ្ងៃនេះ ព្រះជាម្ចាស់ត្រូវបានមនុស្សដំដែកគោលភ្ជាប់ទៅនឹងឈើឆ្កាងជាថ្មីម្ដងទៀត។ មនុស្សពិតជាឃោរឃៅណាស់! ការរួមគំនិតគ្នា និងល្បិចកលទុច្ចរិត ការលួចឆក់ និងការរឹបអូសពីអ្នកដទៃ ការដណ្ដើមកិត្តិយស និងលាភសក្ការៈ ការកាប់សម្លាប់គ្នាទៅវិញទៅមក តើដល់ពេលណាទើបអាចនឹងបញ្ចប់បាន? មិនថាព្រះជាម្ចាស់មានបន្ទូលច្រើនរាប់សិបពាន់ម៉ាត់ក៏ដោយ ក៏គ្មាននរណាម្នាក់ភ្ញាក់ស្មារតីវិញឡើយ។ មនុស្សធ្វើការដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងកូនប្រុសស្រីរបស់ពួកគេ ជាប្រយោជន៍ដល់មុខរបរ ភាពជោគជ័យទៅថ្ងៃអនាគត តួនាទី អំនួតផ្ទាល់ខ្លួន និងប្រាក់កាសរបស់ពួកគេ ជាប្រយោជន៍ខាងចំណីអាហារ សម្លៀកបំពាក់ និងខាងសាច់ឈាម។ ប៉ុន្តែ តើមាននរណាម្នាក់ដែលបានធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ពិតប្រាកដ? ទោះបីជាក្នុងចំណោមអស់អ្នកដែលធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ក៏ដោយ ក៏មានមនុស្សតិចតួចណាស់ដែលបានស្គាល់ព្រះជាម្ចាស់។ តើមានមនុស្សប៉ុន្មាននាក់ដែលមិនធ្វើការដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេនោះ? តើមានមនុស្សប៉ុន្មាននាក់ដែលមិនជិះជាន់ ឬបណ្តេញអ្នកដទៃចេញដើម្បីការពារតំណែងរបស់ពួកគេ? ដូចនេះ ព្រះជាម្ចាស់ត្រូវគេបង្ខំកាត់ទោសប្រហារជីវិតជាច្រើនលើកច្រើនសារ ហើយចៅក្រមឃោរឃៅច្រើនរាប់មិនអស់បានថ្កោលទោសព្រះជាម្ចាស់ និងបានដំដែកគោលឆ្កាងទ្រង់ទៅលើឈើឆ្កាងជាថ្មីម្ដងទៀត។ តើមានមនុស្សប៉ុន្មាននាក់ដែលអាចត្រូវបានហៅថាសុចរិតបាន ដោយសារពួកគេធ្វើការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដនោះ?

(ដកស្រង់ពី «ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៨៦. តើមនុស្សជាច្រើនមិនមែនប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងបង្អាក់ដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយសារតែគេមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ដែលមានបម្រែបម្រួល និងខុសប្លែកពីគ្នា ហើយលើសពីនេះទៀត មិនមែនដោយសារពួកគេមានតែចំណេះដឹង និងគោលលទ្ធិតិចតួច យកមកវាស់ស្ទង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ទោះបទពិសោធមនុស្សបែបនេះរាក់កំផែលក៏ដោយ ក៏ពួកគេក្រអឺតក្រទម និងបណ្ដែតបណ្ដោយតាមធម្មជាតិគេដែរ ហើយពួកគេមិនឱ្យតម្លៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ គេមិនអើពើនឹងគោលការណ៍របស់ព្រះវិញ្ញាណបរិសុទ្ធ ហើយជាងនេះទៅទៀត ពួកគេប្រើការជជែកវែកញែកចាស់គំរឹលនិងរាក់កំផែលរបស់គេមក «បញ្ជាក់» ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេក៏ធ្វើពុតជាសម្ដែង ហើយជឿស្លុងលើការរៀនសូត្រនិងចំណេះវិជ្ជាជ្រៅជ្រះរបស់គេ ហើយជឿថា ពួកគេអាចធ្វើដំណើរទូទាំងពិភពលោកបាន។ តើមនុស្សបែបនេះ មិនមែនជាមនុស្សដែលត្រូវព្រះវិញ្ញាណបរិសុទ្ធស្អប់ និងបដិសេធទេឬអី ហើយតើពួកគេមិនត្រូវផាត់ចោលដោយយុគសម័យថ្មីទេឬអី? តើអ្នកដែលចូលមកចំពោះព្រះជាម្ចាស់ ហើយប្រឆាំងទាស់នឹងទ្រង់ទាំងបើកចំហរ មិនមែនជាមនុស្សគួរឱ្យស្អប់គ្មានដឹងខ្យល់អ្វី ដែលគ្រាន់តែប្រឹងបង្អួតថា ខ្លួនគេឆ្លាតប៉ុនណាទេឬអី? ពួកគេព្យាយាមធ្វើកុបកម្មចូលទៅក្នុង «មជ្ឈដ្ឋានអប់រំ» របស់លោកីយ៍ ដោយប្រើចំណេះដឹងដ៏តិចតួចរបស់គេ។ ពួកគេព្យាយាមបង្វែរកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងព្យាយាមធ្វើឱ្យកិច្ចការនោះ នៅវិលវល់ជុំវិញដំណើរនៃការត្រិះរិះរបស់គេ ដោយប្រើគោលលទ្ធិរាក់កំផែលដែលគេយកទៅបង្រៀនមនុស្ស។ មនុស្សងងឹតភ្នែកដូចជាពួកគេនេះ ព្យាយាមសំឡឹងមើលកិច្ចការរយៈពេល ៦ ០០០ ឆ្នាំ របស់ព្រះជាម្ចាស់ឱ្យអស់ត្រឹមតែមួយកន្ទុយភ្នែក។ ពួកមនុស្សទាំងនោះ គ្មានហេតុផលដែលសមនឹងលើកយកមកនិយាយឡើយ! តាមពិត មនុស្សដែលស្គាល់ព្រះជាម្ចាស់កាន់តែច្រើន កាន់តែមិនប្រញាប់វិនិច្ឆ័យកិច្ចការរបស់ព្រះជាម្ចាស់។ ជាងនេះទៀត ពួកគេគ្រាន់តែនិយាយពីចំណេះដឹងតិចតួចទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃប៉ុណ្ណោះ ប៉ុន្តែពួកគេមិនប្រញាប់វិនិច្ឆ័យផ្ដេសផ្ដាសនោះទេ។ មនុស្សដែលស្គាល់ព្រះជាម្ចាស់កាន់តែតិច កាន់តែក្រអឺតក្រទម និងកាន់តែជឿជាក់លើខ្លួនឯង ហើយពួកគេរឹតតែប្រកាសអំពីលក្ខណៈរបស់ព្រះជាម្ចាស់ដោយឥតសំចៃ ប៉ុន្តែពួកគេនិយាយត្រឹមតែទ្រឹស្ដីប៉ុណ្ណោះ មិនបានផ្ដល់ភ័ស្តុតាងជាក់ស្ដែងឡើយ។ មនុស្សបែបនេះ គ្មានតម្លៃអ្វីទាល់តែសោះ។ អ្នកដែលចាត់ទុកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ថាជាល្បែងកម្សាន្ដ គឺជាមនុស្សល្ងីល្ងើ! មនុស្សដែលមិនប្រុងប្រយ័ត្នពេលគេជួបប្រទះកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធ និយាយមិនចេះគិត គឺជាមនុស្សដែលប្រញាប់វិនិច្ឆ័យ ជាមនុស្សដែលបញ្ចេញលក្ខណៈសម្បត្តិខ្លួនតាមទំនើងចិត្ត ដើម្បីបដិសេធភាពត្រឹមត្រូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏ជាមនុស្សដែលមើលងាយ និងប្រមាថដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ តើមនុស្សព្រហើនបែបនេះ មិនមែនជាមនុស្សល្ងង់មិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ជាងនេះទៅទៀត តើពួកគេមិនមែនជាមនុស្សក្រអឺតក្រទមខ្លាំង ជាមនុស្សដែលមានអំណួតពីកំណើត និងមិនអាចគ្រប់គ្រងបានទេឬអី? បើទោះបីថ្ងៃមួយ មនុស្សបែបនេះទទួលយកកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏ព្រះជាម្ចាស់នៅតែមិនអត់ឱ្យពួកគេដែរ។ ពួកគេមិនត្រឹមតែមើលងាយអ្នកដែលធ្វើការថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះទេ តែពួកគេក៏ប្រមាថព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ។ មនុស្សហួសហេតុបែបនេះ នឹងមិនទទួលបានការអត់ទោសឡើយ មិនថាក្នុងយុគសម័យនេះ ឬយុគសម័យខាងមុខទេ ហើយពួកគេនឹងត្រូវវិនាសនៅឯស្ថាននរក! មនុស្សព្រហើន និងបណ្ដែតបណ្ដោយដូចជាពួកគេនេះ កំពុងធ្វើពុតជាជឿលើព្រះជាម្ចាស់ ហើយកាលណាមនុស្សកាន់តែមានចរិតបែបនេះ ពួកគេក៏កាន់តែងាយល្មើសនឹងបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ដែរ។ តើមនុស្សក្រអឺតក្រទមដែលមិនចេះប្រយ័ត្នមាត់ពីកំណើត និងមនុស្សដែលមិនស្ដាប់បង្គាប់នរណាសោះ មិនមែនសុទ្ធតែដើរលើផ្លូវនេះទេឬអី? ពីមួយថ្ងៃទៅមួយថ្ងៃ តើពួកគេមិនមែនប្រឆាំងទាស់នឹងព្រះជាម្ចាស់ដ៏ជាព្រះដែលថ្មីជានិច្ចនិងមិនចេះចាស់ ទេឬអី?

(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៨៧. អ្នករាល់គ្នានឹងដឹងថា អ្នករាល់គ្នាប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះជាម្ចាស់ ឬប្រើសញ្ញាណផ្ទាល់ខ្លួន មកវាស់ស្ទង់កិច្ចការសព្វថ្ងៃនេះ ដ្បិតអ្នករាល់គ្នាពុំដឹងពីគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ទេ និងដោយសារអ្នករាល់គ្នាប្រញាប់វិនិច្ឆ័យកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធលឿនពេក។ ការដែលអ្នករាល់គ្នាប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងការរារាំងដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺសុទ្ធតែបង្កឡើងដោយសញ្ញាណ និងភាពក្រអឺតក្រទមពីកំណើតរបស់អ្នករាល់គ្នា មិនមែនមកពីកិច្ចការរបស់ព្រះជាម្ចាស់ខុសនោះទេ តែមកពីអ្នករាល់គ្នាចចេសរឹងរូសតាំងពីកំណើតម្ល៉េះ។ បន្ទាប់ពីពួកគេជឿលើព្រះជាម្ចាស់ហើយ មនុស្សខ្លះមិនទាំងអាចនិយាយដោយភាពជឿជាក់ថាមនុស្សមកពីណាផង ប៉ុន្តែ ពួកគេបែរជាហ៊ាននិយាយវាយតម្លៃភាពខុសត្រូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជាសាធារណៈទៅវិញ។ ពួកគេថែមទាំងបង្រៀនពួកសាវ័កដែលមានកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធទៀតផង ដោយផ្ដល់មតិយោបល់ និងនិយាយចេញមកទាំងដែលខ្លួនគ្មានសិទ្ធិអំណាចអ្វីសោះ។ ភាពជាមនុស្សរបស់គេនៅទាបណាស់ ហើយពួកគេគ្មានហេតុផលនៅក្នុងខ្លួនសូម្បីតែបន្តិច។ តើថ្ងៃដែលមនុស្សបែបនេះត្រូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបដិសេធ និងត្រូវដុតដោយភ្លើងស្ថាននរក នឹងមិនចូលមកដល់ទេឬអី? ពួកគេមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ទេ តែពួកគេបែរជាទិតៀនកិច្ចការរបស់ទ្រង់ទៅវិញ ហើយថែមទាំងព្យាយាមណែនាំព្រះជាម្ចាស់ពីរបៀបធ្វើការទៀតផង។ តើមនុស្សគ្មានហេតុផលបែបនេះ ស្គាល់ព្រះជាម្ចាស់ដូចម្ដេចទៅ? មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ក្នុងអំឡុងពេលកំពុងស្វែងរក និងដកពិសោធន៍។ មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់តាមរយៈការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ មិនមែនតាមរយៈការទិតៀនតាមទំនើងចិត្តទេ។ កាលណាមនុស្សស្គាល់ព្រះជាម្ចាស់រឹតតែច្បាស់ នោះគេរឹតតែលែងហ៊ានប្រឆាំងទាស់នឹងទ្រង់។ ផ្ទុយទៅវិញ កាលណាមនុស្សស្គាល់ព្រះជាម្ចាស់កាន់តែតិច នោះពួកគេកាន់តែប្រឆាំងទាស់នឹងទ្រង់ខ្លាំងឡើង។ សញ្ញាណរបស់អ្នក ធម្មជាតិពីមុនរបស់អ្នក ភាពជាមនុស្សរបស់អ្នក ចរិតនិងទស្សនៈខាងសីលធម៌របស់អ្នក គឺជាដើមទុនដែលអ្នកយកមកតតាំងនឹងព្រះជាម្ចាស់ ហើយកាលណាសីលធម៌របស់អ្នកខូចខ្លាំង កាលណាគុណសម្បត្តិរបស់អ្នកគួរឱ្យខ្ពើមរអើមខ្លាំង ហើយកាលណាភាពជាមនុស្សរបស់អ្នកកាន់តែអន់ថយខ្លាំង នោះអ្នកកាន់តែក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ខ្លាំងឡើង។ មនុស្សណាដែលមានសញ្ញាណច្រើន និងមាននិស្ស័យរាប់ខ្លួនឯងជាសុចរិត នោះគេរឹតតែជាសត្រូវនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សខ្លាំងឡើង។ មនុស្សបែបនេះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើអ្នកមិនបានកែប្រែសញ្ញាណរបស់អ្នកឱ្យត្រឹមត្រូវទេ សញ្ញាណទាំងនោះនឹងតែងតែប្រឆាំងទាស់នឹងព្រះជាម្ចាស់ជានិច្ច។ អ្នកនឹងមិនដែលចុះសម្រុងជាមួយព្រះជាម្ចាស់ឡើយ ហើយអ្នកក៏នឹងតែងតែឃ្លាតឆ្ងាយពីទ្រង់ជានិច្ចដែរ។

(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៨៨. អ្នកណាដែលមិនយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាអ្នកដែលប្រឆាំងទាស់នឹងទ្រង់ ហើយអ្នកដែលបានយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែនៅតែមិនខំប្រឹងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ អ្នកនោះកាន់តែត្រូវបានចាត់ទុកថាជាអ្នកប្រឆាំងនឹងព្រះជាម្ចាស់។ មានអ្នកដែលអានព្រះគម្ពីរនៅក្នុងក្រុមជំនុំធំៗ ហើយសូត្រខគម្ពីរពេញមួយថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់អាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀនព្រះជាម្ចាស់។ ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយចេតនា ទាំងដែលពួកគេកំពុងកាន់ទង់របស់ព្រះជាម្ចាស់។ ពួកគេនៅតែស៊ីសាច់ និងហុតឈាមមនុស្ស ខណៈដែលគេកំពុងប្រកាសអំពីជំនឿរបស់ខ្លួនចំពោះព្រះជាម្ចាស់។ មនុស្សទាំងអស់នេះសុទ្ធតែជាអារក្សដែលលេបត្របាក់ព្រលឹងមនុស្ស ជាមេបិសាចដែលមានចេតនារារាំងផ្លូវអ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ «អត្តភាពត្រឹមត្រូវ» ប៉ុន្តែធ្វើដូចម្ដេចឱ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្សឱ្យទាស់ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឱ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិតដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្សទៅ? អ្នកដែលលើកស្ទួយខ្លួនឯងឱ្យខ្ពង់ខ្ពស់ នៅចំពោះវត្តមានរបស់ព្រះជាម្ចាស់ គឺជាមនុស្សទាបថោកបំផុត ចំណែកអ្នកដែលគិតថាខ្លួនឯងទាបវិញ គឺជាអ្នកដែលមានកិត្តិយសបំផុត។ ហើយជាងនេះទៀត អ្នកដែលគិតថាពួកគេស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ និងអ្នកដែលមានសមត្ថភាព ក្នុងការប្រកាសប្រាប់ពីកិច្ចការរបស់ព្រះជាម្ចាស់ដល់អ្នកដទៃ ដោយសំឡេងឮៗ ទាំងក្នុងខណៈដែលពួកគេសម្លឹងមើលទៅទ្រង់ដោយផ្ទាល់ អ្នកទាំងនេះគឺជាមនុស្សល្ងង់ខ្លៅបំផុត។ មនុស្សបែបនេះ គេគ្មានទីបន្ទាល់ពីព្រះជាម្ចាស់ទេ តែក្រអឺតក្រទម និងពោរពេញដោយអំនួត។ អស់អ្នកណាដែលជឿថា ពួកគេមានចំណេះដឹងតិចតួចអំពីព្រះជាម្ចាស់ ទោះបីជាគេមានបទពិសោធ និងចំណេះដឹងជាក់ស្តែងអំពីទ្រង់ច្រើនក្តី គឺជាមនុស្សដែលទ្រង់សព្វព្រះទ័យបំផុត។ មានតែមនុស្សបែបនេះទេ ទើបមានទីបន្ទាល់ដ៏ពិតប្រាកដ ហើយពិតជាអាចត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ពីសំណាក់ព្រះជាម្ចាស់។ អស់អ្នកណាដែលមិនយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះគឺជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អស់អ្នកណាដែលយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ តែពុំបានអនុវត្តតាមសេចក្ដីពិត គឺជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកណាដែលហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ តែប្រឆាំងទាស់នឹងសារជាតិនៃព្រះបន្ទូលព្រះជាម្ចាស់ អ្នកនោះជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អស់អ្នកណាដែលមានសញ្ញាណអំពីព្រះជាម្ចាស់ដែលយកកំណើតជាសាច់ឈាម ហើយមានគំនិតចូលរួមក្នុងការបះបោរ គឺជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អស់អ្នកណាដែលតិទៀនព្រះជាម្ចាស់ គឺជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ ហើយអស់អ្នកណាដែលមិនអាចស្គាល់ព្រះជាម្ចាស់បាន ឬមិនអាចធ្វើជាទីបន្ទាល់សម្រាប់ទ្រង់បាន គឺជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ ដូច្នេះ ខ្ញុំសុំលើកទឹកចិត្តអ្នករាល់គ្នា៖ ប្រសិនបើអ្នករាល់គ្នាពិតជាមានសេចក្តីជំនឿថា អ្នករាល់គ្នាអាចដើរតាមផ្លូវនេះបាន ចូរបន្តដើរតាមផ្លូវនេះចុះ។ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនអាចហាមខ្លួនឯងមិនឱ្យប្រឆាំងនឹងព្រះជាម្ចាស់បានទេ នោះអ្នកត្រូវតែដើរចេញឱ្យឆ្ងាយ មុនហួសពេល។ បើមិនដូច្នោះទេ ឱកាសដែលរឿងអាក្រក់ធ្លាក់មកលើអ្នក គឺមានខ្ពស់ណាស់ ពីព្រោះចរិតពីកំណើតរបស់អ្នករាល់គ្នាពិតជាពុករលួយខ្លាំងណាស់។ អ្នកគ្មានភាពស្មោះត្រង់ ឬការស្ដាប់បង្គាប់ ឬចិត្តដែលស្រេកឃ្លានសេចក្តីសុចរិត និងសេចក្តីពិត ឬសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ សូម្បីតែបន្តិចសោះ។ គេអាចនិយាយបានថា ស្ថានភាពរបស់អ្នករាល់គ្នានៅចំពោះព្រះជាម្ចាស់ គឺពិតជាច្របូកច្របល់ខ្លាំងណាស់។ អ្នកមិនអាចគោរពតាមអ្វីដែលអ្នកគួរគោរពតាម និងមិនអាចនិយាយអ្វីដែលអ្នកគួរនិយាយ។ អ្វីដែលអ្នកគួរយកទៅអនុវត្ត អ្នកបែរជាមិនអាចអនុវត្តបាន។ ហើយមុខងារដែលអ្នកគួរតែបំពេញ អ្នកបែរជាមិនអាចបំពេញបាន។ អ្នកគ្មានភាពស្មោះត្រង់ គ្មានមនសិការ គ្មានការស្ដាប់បង្គាប់ ឬការសម្រេចចិត្តដែលអ្នកគួរធ្វើនោះទេ។ អ្នកមិនបានស៊ូទ្រាំនឹងការរងទុក្ខដែលតម្រូវឱ្យឱ្យអ្នកស៊ូទ្រាំនោះឡើយ ហើយអ្នកគ្មានសេចក្តីជំនឿដែលអ្នកគួរតែមាន។ និយាយឱ្យចំទៅ អ្នករាល់គ្នាគ្មានគុណសម្បត្តិអ្វីទាំងអស់៖ តើអ្នករាល់គ្នាមិនខ្មាសអៀននឹងបន្តរស់នៅទេឬអី? ខ្ញុំសូមបញ្ជាក់ប្រាប់អ្នករាល់គ្នាថា យកល្អ អ្នកគួរបិទភ្នែករបស់អ្នកគេងឱ្យលក់ជារៀងរហូតទៅ ធ្វើដូច្នេះកុំឱ្យព្រះជាម្ចាស់ទ្រង់ព្រួយព្រះទ័យពីបញ្ហា និងទុក្ខវេទនារបស់អ្នករាល់គ្នា ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា។ អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ តែមិនស្គាល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែមិនអាចគោរពតាមអ្វីដែលព្រះជាម្ចាស់ចង់បានពីមនុស្សឡើយ។ អ្នកជឿលើព្រះជាម្ចាស់ តែបែរជាមិនស្គាល់ទ្រង់ ហើយអ្នកបន្តរស់នៅដោយគ្មានគោលដៅ ដើម្បីតស៊ូសម្រេចឱ្យបាន គ្មានតម្លៃ និងគ្មានន័យអ្វីសោះឡើយ។ អ្នករស់នៅជាមនុស្ស តែបែរជាគ្មានសតិសម្បជញ្ញៈ គ្មានសុចរិតភាព ឬគ្មានភាពគួរឱ្យជឿជាក់សូម្បីតែបន្តិច តើអ្នករាល់គ្នានៅអាចហៅខ្លួនឯងថាជាមនុស្សបានទៀតឬអី? អ្នកជឿលើព្រះជាម្ចាស់ តែបែរជាបោកបញ្ឆោតទ្រង់។ លើសពីនេះទៅទៀត អ្នកយកប្រាក់កាសរបស់ព្រះជាម្ចាស់ និងតង្វាយដែលត្រូវបានថ្វាយដល់ទ្រង់។ តែនៅទីបញ្ចប់ អ្នកនៅតែមិនបានបង្ហាញនូវការគិតពិចារណាអំពីទឹកព្រះទ័យរបស់ព្រះជាម្ចាស់ ឬមានមនសិការចំពោះទ្រង់សូម្បីបន្តិច។ សូម្បីតែការចង់បានតិចតួចបំផុតរបស់ព្រះជាម្ចាស់ ក៏អ្នកមិនអាចធ្វើបានផង។ តើអ្នករាល់គ្នានៅអាចហៅខ្លួនឯងថាជាមនុស្សទៀតឬអី? ការបរិភោគអាហារដែលព្រះជាម្ចាស់ប្រទានដល់អ្នក និងការស្រូបយកអុកស៊ីហ្សែនដែលទ្រង់បានប្រទានដល់អ្នករាល់គ្នាដោយក្តីអំណរ និងព្រះគុណរបស់ទ្រង់ តែចុងក្រោយ សូម្បីបន្តិចក៏អ្នកមិនស្គាល់ទ្រង់ផង។ ផ្ទុយទៅវិញ អ្នកបានក្លាយជាមនុស្សឥតបានការ ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ តើការនេះមិនធ្វើឱ្យអ្នកក្លាយជាសត្វ ដែលទាបថោកជាងសត្វឆ្កែទេឬអី? ក្នុងចំណោមសត្វនានា តើមានសត្វណាមួយដែលសាហាវជាងអ្នករាល់គ្នាទៀតនោះ?

(ដកស្រង់ពី «មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៨៩. បញ្ហាធំបំផុតសម្រាប់មនុស្សគឺថា គេគ្រាន់តែស្រឡាញ់អ្វីដែលគេមិនអាចមើលឃើញឬប៉ះបានប៉ុណ្ណោះ ពោលគឺអ្វីដែលមានអាថ៌កំបាំង និងអស្ចារ្យខ្លាំងបំផុត និងអ្វីដែលមនុស្សមិនអាចស្រមៃបាន ហើយមនុស្សធម្មតាមិនអាចចាំយកបាន។ នៅពេលដែលអ្វីទាំងអស់នេះកាន់តែមិនពិតប្រាកដ នោះមនុស្សកាន់តែវិភាគវាខ្លាំងឡើង ហើយមនុស្សកាន់តែស្វែងរកអ្វីអស់ទាំងនោះដោយមិនប្រុងប្រយ័ត្ន និងព្យាយាមយកអ្វីទាំងនោះឱ្យបាន។ នៅពេលដែលអ្វីទាំងនោះកាន់តែអរូបី មនុស្សកាន់តែពិនិត្យពិច័យនិងវិភាគវាដោយយកចិត្តទុកដាក់ ហើយថែមទាំងធ្វើឱ្យគំនិតអំពីអ្វីអស់ទាំងនោះកាន់តែជ្រាលជ្រៅថែមទៀត។ ផ្ទុយទៅវិញ នៅពេលដែលអ្វីៗកាន់តែជាក់ស្តែង មនុស្សកាន់តែមិនឱ្យតម្លៃលើវា។ ពួកគេមិនឱ្យតម្លៃលើអ្វីអស់ទាំងនោះ ហើយថែមទាំងមើលងាយវាទៀតផង។ តើនេះមិនមែនជាអាកប្បកិរិយារបស់អ្នករាល់គ្នា ចំពោះកិច្ចការជាក់ស្ដែងដែលខ្ញុំធ្វើក្នុងពេលបច្ចុប្បន្ននេះទេឬអី? នៅពេលអ្វីទាំងអស់នោះកាន់តែជាក់ស្ដែងឡើងៗ អ្នករាល់គ្នាកាន់តែលម្អៀង ព្រោះស្អប់អ្វីទាំងអស់នោះ។ អ្នកមិនបានចំណាយពេលដើម្បីពិនិត្យមើលវា ហើយបែរជាមិនអើពើនឹងវាទៅវិញ។ អ្នកមើលស្រាលចំពោះលក្ខខណ្ឌតម្រូវដែលជាក់ស្តែង និងទាបតូចនេះ ហើយបែរជាមានសញ្ញាណច្រើនអំពីព្រះជាម្ចាស់ដែលពិតប្រាកដបំផុតនេះទៅវិញ ថែមទាំងមិនអាចទទួលយកនូវការពិត និងភាពសាមញ្ញរបស់ទ្រង់បានទៀតផង។ តាមរបៀបនេះ តើអ្នករាល់គ្នាមិនមែនកំពុងប្រកាន់តាមជំនឿស្រពេចស្រពិលទេឬអី? អ្នករាល់គ្នាមានសេចក្តីជំនឿដ៏មុតមាំចំពោះព្រះដ៏ស្រពេចស្រពិលកាលពីអតីតកាល ហើយគ្មានចាប់អារម្មណ៍នឹងព្រះជាម្ចាស់ដ៏ពិតប្រាកដនៃសម័យបច្ចុប្បន្ននេះសោះ។ តើនេះមិនមែនដោយសារព្រះជាម្ចាស់នៃអតីតកាល និងព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះ មកពីសម័យពីរខុសគ្នាទេឬអី? តើនេះមិនមែនដោយសារព្រះជាម្ចាស់នៃអតីតកាលគឺជាព្រះជាម្ចាស់នៅស្ថានសួគ៌ដែលខ្ពង់ខ្ពស់ ចំណែកឯព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះ គឺជាមនុស្សតូចទាបនៅលើផែនដីទេឬអី? បន្ថែមលើនេះ តើវាមិនមែនដោយសារព្រះជាម្ចាស់ដែលមនុស្សថ្វាយបង្គំ គឺជាព្រះដែលបង្កើតឡើងនៅក្នុងសញ្ញាណរបស់គេចំណែក ឯព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះ គឺជាព្រះខាងសាច់ឈាមពិតៗ ដែលកើតនៅលើផែនដីនេះទេឬអី? នៅពេលដែលអ្វីគ្រប់យ៉ាងត្រូវបាននិយាយ និងធ្វើរួចរាល់តើវាមិនមែនដោយសារព្រះជាម្ចាស់នៃបច្ចុប្បន្ននេះ ពិតប្រាកខ្លាំងពេក ទើបធ្វើឱ្យមនុស្សមិនស្វែងរកទ្រង់ទេឬអី? ដ្បិតអ្វីដែលព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះទាមទារពីមនុស្សគឺច្បាស់ជាអ្វីដែលមនុស្សមិនសុខចិត្តធ្វើតាម និងជាអ្វីដែលធ្វើឱ្យពួកគេមានអារម្មណ៍អាប់មុខ។ តើនេះមិនមែនធ្វើឱ្យមនុស្សកាន់តែលំបាកទេឬអី? តើនេះមិនមែនជាការបើកបង្ហាញស្នាមរបួសរបស់មនុស្សទេឬអី? តាមរបៀបនេះ មនុស្សជាច្រើនមិនស្វះស្វែងរកព្រះជាម្ចាស់ដ៏ពិត ព្រះជាម្ចាស់ដ៏ជាក់ស្ដែង ដូច្នេះហើយ ពួកគេក្លាយជាសត្រូវនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលអាចនិយាយបានថាជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើនេះមិនមែនជាការពិតច្បាស់ក្រឡែតទេឬអី? កាលពីអតីតកាល នៅពេលដែលព្រះជាម្ចាស់មិនទាន់បានត្រលប់ជាសាច់ឈាមនៅឡើយ អ្នកអាចក្លាយជាមេដឹកនាំសាសនា ឬជាអ្នកជឿដែលកោតខ្លាចព្រះជាម្ចាស់។ បន្ទាប់ពីព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម អ្នកជឿដែលកោតខ្លាចព្រះជាម្ចាស់ជាច្រើន បានក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទដោយមិនដឹងខ្លួន។ តើអ្នកដឹងថាមានអ្វីកើតឡើងដែរឬទេ? នៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ អ្នកមិនបានចាប់អារម្មណ៍លើការពិតឬស្វែងរក សេចក្តីពិតនោះទេ តែបែរជាជាប់ជំពាក់យ៉ាងក្រាស់ក្រែល ទៅនឹងភាពក្លែងក្លាយទៅវិញហើយតើនេះមិនមែនជាប្រភពយ៉ាងច្បាស់ក្រឡែតអំពីការប្រឆាំងរបស់អ្នកចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេឬអី?

(ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៩០. មុននឹងមានទំនាក់ទំនងជាមួយនឹងព្រះគ្រីស្ទ អ្នកអាចជឿថា និស្ស័យរបស់អ្នកបានផ្លាស់ប្រែទាំងស្រុងរួចហើយ ថាអ្នកជាអ្នកដើរតាមព្រះគ្រីស្ទដ៏ស្មោះត្រង់ម្នាក់ ថាគ្មាននរណាស័ក្ដិសមនឹងទទួលព្រះពររបស់ព្រះគ្រីស្ទជាងអ្នកទៀតទេ ហើយថា ការបានឆ្លងកាត់រឿងរ៉ាវជាច្រើន ការបានធ្វើកិច្ចការជាច្រើន និងការបានបង្កើតផលផ្លែជាច្រើន នោះចុងក្រោយ អ្នកមុខជាក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលនឹងទទួលបានមកុដមិនខាន។ ប៉ុន្ដែ មានការពិតមួយ ដែលអ្នកប្រហែលជាមិនបានដឹង៖ និស្ស័យពុករលួយ ការបះបោរ និងការទាស់ទទឹងរបស់មនុស្ស នឹងត្រូវលាតត្រដាង នៅពេលគេជួបនឹងព្រះគ្រីស្ទ ហើយការបះបោរ និងការទាស់ទទឹងរបស់មនុស្សដែលត្រូវលាតត្រដាងនៅពេលនោះ នឹងកាន់តែច្បាស់លាស់ទាំងស្រុង ជាងពេលណាៗទាំងអស់។ នេះក៏ព្រោះតែព្រះគ្រីស្ទជាបុត្រមនុស្ស ជាបុត្រមនុស្សដែលមានភាពជាមនុស្សធម្មតា ជាបុត្រមនុស្សដែលមនុស្សមិនលើកតម្កើង ឬគោរពទ្រង់ឡើយ។ ដោយសារតែព្រះជាម្ចាស់រស់នៅក្នុងសាច់ឈាមបែបនេះហើយ ទើបការបះបោររបស់មនុស្សត្រូវបានលាតត្រដាងយ៉ាងច្បាស់ក្រឡែត គ្មានសល់ចន្លោះត្រង់ណានោះ។ ដូចនេះ ខ្ញុំមានបន្ទូលថា ការយាងមករបស់ព្រះគ្រីស្ទ បានគាស់កកាយគ្រប់ទាំងការបះបោររបស់មនុស្សជាតិ និងបានបង្ហាញយ៉ាងច្បាស់ពីធម្មជាតិរបស់មនុស្សជាតិ។ ទង្វើនេះហៅថា «ព្រលែងខ្លាឱ្យចុះពីភ្នំ» និង «ព្រលែងចចកឱ្យចេញពីរូង»។ តើអ្នកហ៊ាននិយាយសន្មតថា អ្នកស្មោះត្រង់ចំពោះព្រះជាម្ចាស់ដែរឬទេ? តើអ្នកហ៊ាននិយាយសន្មតថា អ្នកស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុងទេ? តើអ្នកហ៊ាននិយាយសន្មតថា អ្នកមិនបះបោរដែរឬទេ? មនុស្សខ្លះនឹងថា៖ «ពេលណាព្រះជាម្ចាស់ប្រទានមជ្ឈដ្ឋានថ្មីដល់ខ្ញុំ នោះខ្ញុំនឹងចុះចូលឱ្យខាងតែបាន ដោយមិនរអ៊ូរទាំអ្វីឡើយ ហើយជាងនេះទៅទៀត ខ្ញុំក៏គ្មានសញ្ញាណអ្វីអំពីព្រះជាម្ចាស់ដែរ»។ អ្នកខ្លះនឹងថា៖ «មិនថាព្រះជាម្ចាស់ប្រគល់កិច្ចការអ្វីមកឱ្យខ្ញុំទេ ខ្ញុំនឹងធ្វើកិច្ចការនោះឱ្យអស់ពីសមត្ថភាព និងមិនធ្វេសប្រហែសឡើយ»។ ក្នុងករណីនេះ ខ្ញុំសុំសួរអ្នករាល់គ្នាដូច្នេះថា៖ នៅពេលអ្នករាល់គ្នារស់នៅជាមួយព្រះគ្រីស្ទ តើអ្នករាល់គ្នាអាចចុះសម្រុងជាមួយទ្រង់បានដែរឬទេ? ហើយតើអ្នករាល់គ្នាអាចចុះសម្រុងជាមួយទ្រង់បានយូរប៉ុនណា? មួយថ្ងៃ? ពីរថ្ងៃ? មួយម៉ោង? ពីរម៉ោង? សេចក្ដីជំនឿរបស់អ្នករាល់គ្នាគួរនឹងត្រូវលើកសរសើរ ប៉ុន្ដែ អ្នករាល់គ្នាគ្មានការតស៊ូព្យាយាមជាប់លាប់ឡើយ។ នៅពេលដែលអ្នករាល់គ្នាបានរស់នៅជាមួយព្រះគ្រីស្ទមែន នោះការរាប់ខ្លួនឯងជាសុចរិត និងការរាប់ខ្លួនឯងជាសំខាន់ នឹងត្រូវលាតត្រដាងតាមរយៈពាក្យសម្ដីនិងសកម្មភាពរបស់អ្នករាល់គ្នា ម្ដងបន្តិចៗ ហើយបំណងប្រាថ្នាដែលគិតតែពីខ្លួនឯង ផ្នត់គំនិតមិនស្ដាប់បង្គាប់ និងការមិនពេញចិត្ដរបស់អ្នករាល់គ្នា ក៏នឹងត្រូវបានលាតត្រដាងដោយរបៀបនេះដែរ។ ចុងក្រោយ ភាពក្រអឺតក្រទមរបស់អ្នក នឹងកាន់តែខ្លាំងឡើងៗ រហូតដល់ថ្នាក់អ្នកលែងចុះសម្រុងនឹងព្រះគ្រីស្ទដូចទឹកនិងភ្លើង ហើយពេលនោះ ធម្មជាតិរបស់អ្នក នឹងត្រូវលាតត្រដាងចេញមកទាំងស្រុង។ ពេលនោះ អ្នកមិនអាចបិទបាំងសញ្ញាណរបស់ខ្លួនបានទៀតឡើយ ហើយការរអ៊ូរទាំរបស់អ្នក ក៏នឹងលេចចេញមកដោយឯកឯងដែរ ហើយភាពជាមនុស្សជាតិដ៏អន់ថយរបស់អ្នក នឹងត្រូវលាតត្រដាងចេញមកទាំងស្រុង។ ទោះយ៉ាងណា សូម្បីតែដល់ពេលនោះហើយក្ដី ក៏អ្នកនៅតែបដិសេធមិនទទួលស្គាល់ការបះបោររបស់ខ្លួនដែរ ដោយបែរជាជឿថា ព្រះគ្រីស្ទបែបនេះ មនុស្សមិនងាយនឹងទទួលយកទេ ថាទ្រង់មានលក្ខណៈដូចមនុស្សខ្លាំងពេក ហើយថាអ្នកនឹងចុះចូលទាំងស្រុង ប្រសិនបើទ្រង់ជាព្រះគ្រីស្ទ ដែលមានសេចក្ដីសប្បុរសជាងនេះ។ អ្នករាល់គ្នាជឿថា ការបះបោររបស់អ្នករាល់គ្នាត្រឹមត្រូវ ថាអ្នករាល់គ្នាគ្រាន់តែបះបោរទាស់នឹងទ្រង់ នៅពេលដែលទ្រង់ច្រានអ្នករាល់គ្នាឱ្យចេញឆ្ងាយប៉ុណ្ណោះ។ អ្នករាល់គ្នាមិនដែលពិចារណាថា ខ្លួនអ្នករាល់គ្នា មិនដែលចាត់ទុកព្រះគ្រីស្ទជាព្រះជាម្ចាស់ទេ មិនដែលគិតថា អ្នកគ្មានចេតនាស្ដាប់បង្គាប់ទ្រង់ឡើយ។ ផ្ទុយទៅវិញ អ្នកចចេសរឹងរូសថា ព្រះគ្រីស្ទធ្វើការស្របទៅតាមបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នក ហើយនៅពេលដែលទ្រង់ធ្វើកិច្ចការអ្វីមួយដែលផ្ទុយពីការគិតរបស់អ្នក អ្នកបែរជាជឿថា ព្រះអង្គមិនមែនជាព្រះជាម្ចាស់ទេ តែជាមនុស្សម្នាក់ទៅវិញ។ ក្នុងចំណោមអ្នករាល់គ្នានេះ តើមិនមែនមានមនុស្សច្រើនគ្នាទេឬ ដែលបានទាស់នឹងទ្រង់ដោយរបៀបនេះ? ដូចនេះ តើអ្នករាល់គ្នាជឿលើអ្នកណាវិញ? ហើយតើអ្នករាល់គ្នាស្វែងរកដោយរបៀបណា?

(ដកស្រង់ពី «មនុស្សដែលមិនចុះសម្រុងជាមួយព្រះគ្រីស្ទ គឺជាសត្រូវនឹងព្រះជាម្ចាស់ប្រាកដណាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៩១. អ្នករាល់គ្នាតែងតែប្រាថ្នាចង់ឃើញព្រះគ្រីស្ទ ប៉ុន្ដែ ខ្ញុំសូមអង្វរអ្នករាល់គ្នា កុំឱ្យតម្លៃខ្លួនឯងខ្ពស់ខ្លាំងពេក។ នរណាក៏អាចនឹងមើលឃើញព្រះគ្រីស្ទបានដែរ ប៉ុន្ដែ ខ្ញុំសូមប្រាប់ថា គ្មាននរណាម្នាក់ស័ក្តិសមនឹងបានឃើញព្រះគ្រីស្ទឡើយ។ ដ្បិតធម្មជាតិរបស់មនុស្ស ពោរពេញទៅដោយអំពើអាក្រក់ ភាពក្រអឺតក្រទម និងការបះបោរ ហើយនៅពេលដែលអ្នកបានឃើញព្រះគ្រីស្ទភ្លាម នោះធម្មជាតិរបស់អ្នករាល់គ្នា នឹងបំផ្លាញនិងថ្កោលទោសអ្នករហូតដល់ស្លាប់មិនខាន។ ការដែលអ្នករាប់អានជាមួយបងប្អូនប្រុសស្រី អាចនឹងមិនបង្ហាញពីលក្ខណៈរបស់អ្នករាល់គ្នាច្រើនទេ ប៉ុន្ដែ ការដែលអ្នករាប់អានជាមួយព្រះគ្រីស្ទ មិនមែនសាមញ្ញនោះទេ។ សញ្ញាណរបស់អ្នកអាចនឹងចាក់ឫសកែវ ភាពក្រអឺតក្រទមរបស់អ្នក អាចនឹងចាប់ផ្ដើមដុះពន្លក ហើយការបះបោររបស់អ្នកក៏អាចនឹងចេញជាផ្លែល្វាមកបានគ្រប់ពេលដែរ។ តើមនុស្សដែលមានភាពជាមនុស្សជាតិដូចអ្នកនេះ អាចស័ក្តិសមនឹងរាប់អានជាមួយព្រះគ្រីស្ទបានយ៉ាងដូចម្ដេច? តើអ្នកពិតជាអាចចាត់ទុកទ្រង់ជាព្រះជាម្ចាស់បានគ្រប់ពេលវេលាជារៀងរាល់ថ្ងៃដែរឬទេ? តើអ្នកមានការចុះចូលនឹងព្រះជាម្ចាស់ពិតប្រាកដដែរឬទេ? អ្នករាល់គ្នាថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់ឧត្តមនៅក្នុងចិត្ដរបស់អ្នកថាជាព្រះយេហូវ៉ា ហើយចាត់ទុកព្រះគ្រីស្ទដែលអាចមើលឃើញ ថាជាមនុស្សម្នាក់។ ហេតុផលរបស់អ្នករាល់គ្នាអន់ពេកហើយ ហើយភាពជាមនុស្សរបស់អ្នករាល់គ្នាក៏អន់ថយខ្លាំងណាស់ដែរ! អ្នករាល់គ្នាគ្មានសមត្ថភាពចាត់ទុកព្រះគ្រីស្ទថាជាព្រះជាម្ចាស់ជារៀងរហូតបានទេ។ ម្ដងម្កាល ពេលអ្នករាល់គ្នាពេញចិត្ត អ្នករាល់គ្នាក៏ឱបក្រសោបទ្រង់ និងថ្វាយបង្គំទ្រង់ថាជាព្រះជាម្ចាស់។ ហេតុនេះ ទើបខ្ញុំនិយាយថា អ្នករាល់គ្នាមិនមែនជាអ្នកជឿលើព្រះជាម្ចាស់ទេ តែអ្នករាល់គ្នាជាអ្នកសមគំនិតប្រឆាំងទាស់នឹងព្រះគ្រីស្ទវិញទេតើ។ សូម្បីមនុស្សដែលមានចិត្ដសប្បុរសចំពោះអ្នកដទៃ ក៏ទទួលបានការតបស្នងដែរ ប៉ុន្ដែ ព្រះគ្រីស្ទដែលបានធ្វើកិច្ចការជាច្រើនក្នុងចំណោមអ្នករាល់គ្នា បែរជាមិនទទួលបានសេចក្ដីស្រលាញ់ ឬការប៉ះប៉ូវនិងការចុះចូលពីមនុស្សឡើយ។ តើនេះមិនមែនជារឿងគួរឱ្យឈឺចាប់ទេឬអី?

(ដកស្រង់ពី «មនុស្សដែលមិនចុះសម្រុងជាមួយព្រះគ្រីស្ទ គឺជាសត្រូវនឹងព្រះជាម្ចាស់ប្រាកដណាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៩២. អាចថានៅក្នុងរយៈពេលដែលអ្នកជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកនេះ អ្នកមិនដែលដាក់បណ្ដាសានរណាម្នាក់ ឬក៏ប្រព្រឹត្ដអំពើអាក្រក់អ្វីឡើយ ប៉ុន្ដែនៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយព្រះគ្រីស្ទវិញ អ្នកមិនចេះនិយាយការពិត មិនធ្វើរឿងស្មោះត្រង់ ឬស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះគ្រីស្ទឡើយ។ ក្នុងករណីនេះ ខ្ញុំហ៊ានថា អ្នករាល់គ្នាជាមនុស្សអាក្រក់និងព្យាបាទគេខ្លាំងបំផុតក្នុងលោកនេះ។ អ្នកអាចជាមនុស្សមានអធ្យាស្រ័យ និងមានការលះបង់ជាពិសេសចំពោះសាច់ញាតិ មិត្ដភក្ដិ ប្ដីប្រពន្ធ កូនប្រុសស្រី និងឪពុកម្ដាយរបស់អ្នក ហើយមិនដែលកេងចំណេញពីអ្នកដទៃណា ប៉ុន្ដែ ប្រសិនបើអ្នកមិនអាចមានភាពស្របគ្នាជាមួយព្រះគ្រីស្ទបានទេ ប្រសិនបើអ្នកគ្មានទំនាក់ទំនងចុះសម្រុងជាមួយទ្រង់ទេ ដូច្នេះ ទោះបីជាអ្នកលះបង់គ្រប់យ៉ាងដើម្បីជួយដល់អ្នកជិតខាង ឬយកចិត្តទុកដាក់មើលថែទាំឪពុកម្ដាយ និងសមាជិកគ្រួសាររបស់អ្នកក៏ដោយ ក៏ខ្ញុំនៅតែហ៊ាននិយាយថា អ្នកជាមនុស្សអាក្រក់ ហើយក៏ជាមនុស្សដែលពោរពេញទៅដោយល្បិចកលបោកបញ្ឆោតដែរ។ ចូរកុំគិតថាខ្លួនឯងចុះសម្រុងជាមួយព្រះគ្រីស្ទដោយព្រោះតែអ្នកចុះសម្រុងនឹងអ្នកដទៃ ឬធ្វើអំពើល្អតិចតួចឱ្យសោះ។ តើអ្នកគិតថា ចេតនាសប្បុរសរបស់អ្នក អាចទទួលបានព្រះពរពីស្ថានសួគ៌ឬ? តើអ្នកគិតថា ការធ្វើអំពើល្អបន្តិចបន្តួចនេះ អាចជំនួសឱ្យការស្ដាប់បង្គាប់របស់អ្នកបានហើយមែនទេ? គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចទទួលយកការដោះស្រាយជាមួយ និងការលួសកាត់បានឡើយ ហើយអ្នករាល់គ្នាក៏មានការលំបាកក្នុងការទទួលយកភាពជាមនុស្សធម្មតារបស់ព្រះគ្រីស្ទដែរ ទោះបីអ្នករាល់គ្នាអះអាងឥតឈប់ថា អ្នករាល់គ្នាស្ដាប់បង្គាប់ព្រះជាម្ចាស់ក៏ដោយ។ សេចក្ដីជំនឿបែបអ្នករាល់គ្នានេះ នឹងទទួលកម្មពៀរដែលស័ក្តិសមមិនខាន។ ចូរឈប់បង្កើតការស្រមើស្រមៃរវើរវាយក្នុងចិត្ត និងឈប់ប្រាថ្នាចង់ឃើញព្រះគ្រីស្ទទៀតទៅ ដ្បិតកម្ពស់អ្នករាល់គ្នាតូចទាបណាស់ តូចទាបរហូតដល់ថ្នាក់អ្នករាល់គ្នាមិនស័ក្តិសមនឹងឃើញទ្រង់ឡើយ។ នៅពេលដែលការបះបោរត្រូវបានដកចេញពីខ្លួនអ្នកអស់ ហើយអ្នកអាចចុះសម្រុងជាមួយព្រះគ្រីស្ទបាន នៅគ្រានោះ ព្រះជាម្ចាស់នឹងលេចមកនៅចំពោះមុខអ្នកដោយឯកឯងជាមិនខាន។ ប្រសិនបើអ្នកទៅជួបព្រះជាម្ចាស់ ដោយមិនបានឆ្លងកាត់ការលួសកាត់ ឬការជំនុំជម្រះទេ នោះអ្នកប្រាកដជាក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ ហើយត្រូវកំណត់ទុកសម្រាប់កម្ទេចចោល។ ធម្មជាតិរបស់មនុស្ស គឺប្រឆាំងនឹងព្រះជាម្ចាស់ពីកំណើត ដ្បិតមនុស្សទាំងអស់មានសេចក្ដីពុករលួយដល់ឆ្អឹងចេញពីសាតាំង។ ប្រសិនបើមនុស្សព្យាយាមប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ ដោយសេចក្ដីពុករលួយរបស់ខ្លួន ច្បាស់ណាស់ថា ការប្រាស្រ័យទាក់ទងនោះនឹងគ្មានផលល្អនោះទេ។ ទាំងទង្វើ ទាំងពាក្យសម្ដីរបស់មនុស្ស នឹងលាតត្រដាងពីសេចក្ដីពុករលួយរបស់គេគ្រប់ពេលទាំងអស់ ហើយពេលប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ នោះការបះបោររបស់គេ នឹងត្រូវបង្ហាញចេញមកនៅគ្រប់ទិដ្ឋភាពទាំងអស់។ មនុស្សចេញមកប្រឆាំងនឹងព្រះគ្រីស្ទ បោកបញ្ឆោតព្រះគ្រីស្ទ និងបោះបង់ព្រះគ្រីស្ទចោលទាំងមិនដឹងខ្លួន។ នៅពេលដែលរឿងនេះកើតឡើង មនុស្សនឹងកាន់តែស្ថិតក្នុងសភាពមិនទៀងទាត់ជាងមុនទៅទៀត ហើយបើរឿងនេះនៅតែបន្ដ នោះគេនឹងក្លាយជាវត្ថុសម្រាប់ដាក់ទោសជាមិនខាន។

មនុស្សមួយចំនួនអាចជឿថា ប្រសិនបើការរាប់អានព្រះជាម្ចាស់មានគ្រោះថ្នាក់ខ្លាំងបែបនេះ ដូច្នេះ រសនៅឱ្យឆ្ងាយពីព្រះជាម្ចាស់វិញប្រសើរជាង។ តើមនុស្សបែបនេះអាចទទួលបានអ្វីខ្លះ? តើពួកគេអាចស្មោះត្រង់នឹងព្រះជាម្ចាស់ដែរឬទេ? ប្រាកដណាស់ ការរាប់អានព្រះជាម្ចាស់ ពិតជាលំបាកណាស់ ប៉ុន្ដែ នេះក៏ព្រោះតែមនុស្សត្រូវបានធ្វើឱ្យពុករលួយ មិនមែនដោយសារតែព្រះជាម្ចាស់មិនអាចរាប់អានមនុស្សបាននោះទេ។ សម្រាប់អ្នករាល់គ្នា ការលះបង់និងការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីសេចក្ដីពិតនៃការស្គាល់ខ្លួនឯង ទើបជារឿងល្អបំផុត។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងអ្នករាល់គ្នា? ហេតុអ្វីបានជាទ្រង់ស្អប់ខ្ពើមនិស្ស័យរបស់អ្នករាល់គ្នា? ហេតុអ្វីបានជាទ្រង់មិនពេញព្រះទ័យនឹងពាក្យសម្ដីរបស់អ្នករាល់គ្នា? ឱ្យតែអ្នករាល់គ្នាបានបង្ហាញពីភាពស្មោះត្រង់តែបន្ដិច នោះអ្នករាល់គ្នានឹងច្រៀងសរសើរពីខ្លួនឯង ហើយអ្នកនឹងទាមទាររង្វាន់សម្រាប់ការរួមចំណែកបន្ដិចបន្តួចនោះ។ អ្នកបានមាក់ងាយអ្នកដទៃនៅពេលអ្នកបង្ហាញពីការស្ដាប់បង្គាប់បន្តិចបន្ដួច ហើយប្រែជាមើលងាយព្រះជាម្ចាស់នៅពេលសម្រេចកិច្ចការបន្ដិចបន្តួច។ ក្នុងការទទួលព្រះជាម្ចាស់ អ្នករាល់គ្នាទារប្រាក់ ទារអំណោយ និងការសរសើរ។ ពេលអ្នកបរិច្ចាគប្រាក់មួយកាក់ឬពីរកាក់ អ្នកបែរជាមិនសប្បាយចិត្ត។ នៅពេលអ្នកបរិច្ចាគដប់កាក់ អ្នកក៏ប្រាថ្នាចង់បានព្រះពរ ហើយចង់ឱ្យគេប្រព្រឹត្ដដាក់អ្នកពិសេសជាងអ្នកដទៃទៅវិញ។ ភាពមនុស្សជាតិដូចជាអ្នករាល់គ្នានេះ ទាស់ចិត្តខ្លាំងណាស់ មិនគួរនឹងនិយាយ ឬស្ដាប់នោះទេ។ នៅក្នុងពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នា តើមានអ្វីដែលគួរឱ្យសរសើរដែរឬទេ? អ្នកដែលបំពេញភារកិច្ចរបស់ខ្លួននិងអ្នកដែលមិនបំពេញ អ្នកដែលដឹកនាំនិងអ្នកដែលដើរតាម អ្នកដែលទទួលព្រះជាម្ចាស់និងអ្នកដែលមិនទទួល អ្នកដែលបរិច្ចាគនិងអ្នកដែលមិនបរិច្ចាគ អ្នកដែលអធិប្បាយនិងអ្នកដែលស្ដាប់ការអធិប្បាយ ។ល។ និង ។ល។ មនុស្សទាំងអស់នេះ សុទ្ធតែអួតសរសើរពីខ្លួនឯង។ តើអ្នករាល់គ្នាមិនយល់ថារឿងនេះគួរឱ្យចង់សើចទេឬអី? ទោះបីជាអ្នកដឹងយ៉ាងច្បាស់ថា អ្នកជឿលើព្រះជាម្ចាស់ក៏ដោយ ក៏អ្នកមិនអាចចុះសម្រុងជាមួយព្រះជាម្ចាស់បានដែរ។ ទោះដឹងយ៉ាងច្បាស់ថា អ្នករាល់គ្នាគ្មានគុណសម្បត្តិអ្វីសោះក៏ដោយ ក៏អ្នករាល់គ្នានៅតែអួតអាងដដែល។ តើអ្នករាល់គ្នាមិនយល់ថា ហេតុផលរបស់អ្នកបានចុះអន់ខ្សោយខ្លាំងរហូតដល់ថ្នាក់អ្នកគ្រប់គ្រងខ្លួនឯងលែងបានហើយទេឬអី? ដោយមានហេតុផលអន់បែបនេះ តើអ្នកស័ក្តិសមនឹងរាប់អានព្រះជាម្ចាស់ដោយរបៀបណាទៅ? ក្នុងពេលនេះ តើអ្នករាល់គ្នាមិនព្រួយបារម្ភចំពោះខ្លួនឯងទេឬអី? និស្ស័យរបស់អ្នករាល់គ្នាបានចុះអន់ខ្សោយខ្លាំងរហូតដល់ថ្នាក់អ្នករាល់គ្នាមិនអាចមានភាពស្របគ្នានឹងព្រះជាម្ចាស់បាន។ បើដូច្នេះមែន តើសេចក្ដីជំនឿរបស់អ្នករាល់គ្នាមិនគួរឱ្យចង់សើចទេឬអី? តើសេចក្ដីជំនឿរបស់អ្នករាល់គ្នាមិនមែនគ្មានហេតុផលទេឬអី? តើអ្នកនឹងសម្រេចអនាគតរបស់ខ្លួនដោយរបៀបណា? តើអ្នករាល់គ្នានឹងត្រូវសម្រេចជ្រើសដើរផ្លូវណាមួយដោយរបៀបណាទៅ?

(ដកស្រង់ពី «មនុស្សដែលមិនចុះសម្រុងជាមួយព្រះគ្រីស្ទ គឺជាសត្រូវនឹងព្រះជាម្ចាស់ប្រាកដណាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៩៣. មនុស្សមួយចំនួនមិនអរសប្បាយនៅក្នុងសេចក្តីពិតទេ ក៏រឹតតែមិនអរសប្បាយនឹងការជំនុំជម្រះដែរ។ ផ្ទុយទៅវិញ គេបែរជាអរសប្បាយនៅក្នុងអំណាច និងភាពមានបានទៅវិញ។ មនុស្សបែបនេះគេហៅថា អ្នកស្វែងរកអំណាច។ ពួកគេស្វែងរកតែនិកាយទាំងឡាយណា ដែលមានឥទ្ធិពលនៅក្នុងពិភពលោក ហើយរកតែគ្រូគង្វាលនិងគ្រូបង្រៀន ដែលចេញមកពីសាលាព្រះគម្ពីរ។ ទោះពួកគេបានទទួលយកផ្លូវនៃសេចក្តីពិតក៏ដោយ ក៏ពួកគេមានជំនឿតែពាក់កណ្ដាលប៉ុណ្ណោះ។ ពួកគេមិនអាចថ្វាយដួងចិត្ត និងគំនិតរបស់គេទាំងអស់ដល់ព្រះបានឡើយ ហើយទោះបីជាមាត់របស់គេនិយាយអំពីការលះបង់ខ្លួនឯងថ្វាយព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែភ្នែករបស់គេផ្ដោតទៅលើតែគ្រូគង្វាល និងគ្រូបង្រៀនល្បីៗប៉ុណ្ណោះ ហើយមិនសម្លឹងមើលទៅព្រះគ្រីស្ទ សូម្បីមួយវិនាទីឡើយ។ ដួងចិត្តរបស់គេវក់ទៅនឹងការចង់បានតែកិត្តិនាម ទ្រព្យសម្បត្តិ និងសិរីល្អ។ ដោយព្រោះតែចម្ងល់មួយថា ម្ដេចបានជាមនុស្សតូចទាបបែបនេះ មានសមត្ថភាពអាចយកឈ្នះមនុស្សជាច្រើនបាន ទើបពួកគេគិតថា មនុស្សដ៏សាមញ្ញនេះអាចប្រោសមនុស្សលោកឱ្យឥតខ្ចោះបាន។ ពួកគេគិតដោយសារតែគេឆ្ងល់ថា ម្ដេចក៏មនុស្សថោកទាបបាតសង្គមទាំងនេះ គឺជារាស្ត្រដែលព្រះជាម្ចាស់ជ្រើសរើសទៅវិញ។ ពួកគេជឿថា ប្រសិនបើមនុស្សបែបនេះជាវត្ថុបំណងនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ នោះផ្ទៃមេឃនិងផែនដីនឹងក្រឡាប់ចក្រ ហើយមនុស្សទាំងអស់នឹងសើចមិនខានចំអកខ្លាំងជាមិនខាន។ ពួកគេជឿថា ប្រសិនបើព្រះជាម្ចាស់បានជ្រើសរើសមនុស្សសំរាមទាំងនេះ ឱ្យក្លាយជាគ្រប់លក្ខណ៍ ដូច្នេះ មនុស្សអស្ចារ្យទាំងនោះ នឹងក្លាយជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គហើយ។ ទស្សនៈរបស់គេត្រូវសៅហ្មងដោយចិត្តមិនជឿ ពួកគេមិនត្រឹមតែមិនជឿទេ ពួកគេគឺដូចជាសត្វតិរច្ឆានដល្ងង់ខ្លៅតែម្ដង។ ពួកគេគោរពតែពួកជំនុំ និងនិកាយធំៗប៉ុណ្ណោះ ព្រោះថា ពួកគេឱ្យតម្លៃតែលើឋានៈ បុណ្យសក្តិ និងអំណាចប៉ុណ្ណោះ។ ពួកគេគ្មានការគោរពចំពោះមនុស្សដែលព្រះគ្រីស្ទដឹកនាំសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ មែនទែនទៅ ពួកគេគ្រាន់តែជាជនក្បត់ ដែលបានបែរខ្នងដាក់ព្រះគ្រីស្ទ បែរខ្នងដាក់សេចក្តីពិត និងបែរខ្នងដាក់ជីវិតតែប៉ុណ្ណោះ។

អ្វីដែលអ្នកគោរពសរសើរ មិនមែនជាការបន្ទាបខ្លួនរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែជាពួកគង្វាលក្លែងក្លាយដែលមានកិត្តិនាមលេចធ្លោទៅវិញ។ អ្នកមិនសរសើរចំពោះភាពគួរឱ្យស្រឡាញ់ ឬព្រះប្រាជ្ញាញាណរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែបែរជាសរសើរពួកខិលខូចដែលលង់នៅក្នុងសេចក្តីសោ្មកគ្រោកនៃលោកីយ៍ទៅវិញ។ អ្នកសើចចំអកចំពោះការឈឺចាប់របស់ព្រះគ្រីស្ទ ទាំងដែលទ្រង់គ្មានកន្លែងសម្រាប់កើយព្រះសិរសាទ្រង់ ប៉ុន្តែបែរជាសរសើរសាកសពដែលតាមប្រមាញ់តង្វាយ ហើយរស់នៅក្នុងអំពើឧបាយមុខទៅវិញ។ អ្នកមិនព្រមរងទុក្ខរួមជាមួយព្រះគ្រីស្ទទេ ប៉ុន្តែអ្នកបែរជារីករាយនឹងប្រគល់ខ្លួនទៅក្នុងដៃរបស់ពួកទទឹងព្រះគ្រីស្ទទាំងកំព្រើល ទោះពួកគេឱ្យអ្នកបានតែសាច់ឈាម ពាក្យសម្ដី និងការត្រួតត្រាក៏ដោយ។ សូម្បីតែពេលនេះ ដួងចិត្តរបស់អ្នក នៅតែបែរទៅរកពួកគេ បែរទៅរកកេរ្តិ៍ឈ្មោះរបស់គេ បែរទៅរកឋានៈរបស់គេ និងបែរទៅរកឥទ្ធិពលរបស់គេ។ ហើយអ្នកនៅតែបន្តប្រកាន់ខ្ជាប់នូវអាកប្បកិរិយាមួយ ដោយអ្នកគិតថាកិច្ចការរបស់ព្រះគ្រីស្ទពិបាកទទួលយកណាស់ ហើយអ្នកក៏មិនព្រមទទួលយកកិច្ចការនេះដែរ។ នេះជាហេតុផលដែលខ្ញុំហ៊ាននិយាយថា អ្នកខ្វះសេចក្តីជំនឿក្នុងការទទួលស្គាល់ព្រះគ្រីស្ទ។ ហេតុផលដែលនាំឱ្យអ្នកបានដើរតាមទ្រង់មកដល់សព្វថ្ងៃគឺដោយសារតែអ្នកគ្មានជម្រើសផ្សេងប៉ុណ្ណោះ។ នៅក្នុងដួងចិត្តរបស់អ្នក ចេះតែលេចឡើងនូវរូបភាពបុគ្គលខ្ពង់ខ្ពស់ជាច្រើន។ ពាក្យសម្ដី ទង្វើ និងស្នាដៃដ៏មានឥទ្ធិពលរបស់គេ ដក់ជាប់នៅក្នុងគំនិតរបស់អ្នកជានិច្ច។ នៅក្នុងចិត្តរបស់អ្នករាល់គ្នា ពួកគេជាបុគ្គលដ៏ខ្ពស់ឧត្តម និងជាវីរបុរសក្នុងចិត្តរបស់អ្នកជារៀងរហូត។ ប៉ុន្តែ សព្វថ្ងៃនេះ អ្នកមិនបានគិតបែបនេះចំពោះព្រះគ្រីស្ទឡើយ។ នៅក្នុងដួងចិត្តរបស់អ្នក ទ្រង់គ្មានសារៈសំខាន់ជារៀងរហូត ហើយមិនសក្ដិសមទទួលបានការគោរពជារៀងរហូត។ ដ្បិតទ្រង់ជាមនុស្សសាមញ្ញពេក មានឥទ្ធិពលតិចតួចពេក និងរឹតតែគ្មានឋានៈ យសស័ក្ដិខ្ពង់ខ្ពស់អ្វីឡើយ។

ទោះយ៉ាងណា ក៏ខ្ញុំអាចនិយាយបានថា មនុស្សទាំងអស់ដែលមិនឱ្យតម្លៃចំពោះសេចក្តីពិត សុទ្ធតែជាអ្នកមិនជឿ ហើយគេជាជនក្បត់ចំពោះសេចក្តីពិតដែរ។ មនុស្សបែបនេះនឹងមិនទទួលបានការសរសើរពីព្រះគ្រីស្ទឡើយ។ ឥឡូវនេះ តើអ្នកបានដឹងពីទំហំចិត្តមិនជឿនៅក្នុងជីវិតរបស់អ្នក ហើយដឹងពីទំហំចិត្តក្បត់ ដែលអ្នកមានចំពោះព្រះគ្រីស្ទហើយឬនៅ? ខ្ញុំសូមដាស់តឿនដល់អ្នកដូច្នេះថា៖ ដោយសារតែអ្នកបានជ្រើសរើសផ្លូវនៃសេចក្តីពិត នោះអ្នកគួរតែថ្វាយជីវិតរបស់អ្នកទាំងស្រុងដល់ទ្រង់ចុះ កុំធ្វើជាមនុស្សស្ទាក់ស្ទើរ ឬមនុស្សដែលនិយាយខុសពីចិត្តនោះឡើយ។ អ្នកគួរតែយល់ថា ព្រះជាម្ចាស់មិនមែនជាកម្មសិទ្ធិនៃលោកីយ៍ ឬជារបស់នរណាម្នាក់ឡើយ ប៉ុន្តែទ្រង់ជាកម្មសិទ្ធិរបស់មនុស្សទាំងអស់ ដែលជឿលើទ្រង់យ៉ាងពិតប្រាកដ ជាអ្នកដែលថ្វាយបង្គំទ្រង់ ជាមនុស្សប្ដូរផ្ដាច់ ហើយស្មោះត្រង់ចំពោះទ្រង់។

(ដកស្រង់ពី «តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដមែនទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៩៤. មនុស្សជាច្រើនដែលដើរតាមព្រះជាម្ចាស់ ខ្វល់ខ្វាយតែនឹងរឿងធ្វើយ៉ាងណាទើបបានព្រះពរ ឬធ្វើយ៉ាងណាទើបចៀសផុតពីក្ដីវិនាសអន្តរាយតែប៉ុណ្ណោះ។ កាលណាកិច្ចការនិងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានលើកយកមកនិយាយ នោះពួកគេនឹងស្ងាត់មាត់ឈឹង ហើយលែងចាប់អារម្មណ៍ភ្លាម។ ពួកគេគិតថា ការយល់ដឹងអំពីបញ្ហាដ៏គួរឱ្យធុញទ្រាន់បែបនេះ នឹងមិនជួយឱ្យជីវិតរបស់គេចម្រើនឡើង ឬផ្ដល់ជាប្រយោជន៍អ្វីនោះឡើយ។ ហេតុនេះ បើទោះបីជាពួកគេបានឮអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេពុំសូវជាយកចិត្តទុកដាក់ប៉ុន្មានដែរ។ ពួកគេមិនរាប់សេចក្ដីនេះទុកជារបស់មានតម្លៃ ដែលត្រូវទទួលទុកទេ ក៏រឹតតែមិនទទួលយកសេចក្ដីនេះ មកធ្វើជាចំណែកនៃជីវិតរបស់គេផងដែរ។ មនុស្សបែបនេះមានគោលដៅដ៏សាមញ្ញមួយគត់ ក្នុងការដើរតាមព្រះជាម្ចាស់ ហើយគោលដៅសាមញ្ញមួយនោះគឺ ការទទួលព្រះពរ។ មនុស្សបែបនេះមិនរវល់យកចិត្តទុកដាក់នឹងអ្វីៗផ្សេងទៀត ដែលមិនពាក់ព័ន្ធគោលដៅនេះឡើយ។ ចំពោះពួកគេ ការជឿលើព្រះជាម្ចាស់ គឺគ្មានគោលដៅណាមួយដែលស័ក្តិសមជាងការទទួលព្រះពរនោះឡើយ នេះហើយគឺជាគុណតម្លៃដ៏ពិតនៃសេចក្ដីជំនឿរបស់គេ។ ប្រសិនបើកិច្ចការផ្សេងទៀត គ្មានចំណេញអ្វីសោះដល់គោលបំណងមួយនេះ ពួកគេនឹងមិនខ្វល់នឹងកិច្ចការនោះឡើយ។ នេះគឺជាករណីសម្រាប់មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់នាពេលសព្វថ្ងៃនេះ។ គោលបំណង និងក្ដីប្រាថ្នារបស់គេ ហាក់បីដូចជាស័ក្តិសមណាស់ ដ្បិតនៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ ពួកគេលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ពួកគេដាក់ចិត្តកាយថ្វាយដល់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់គេទៀតផង។ ពួកគេបោះបង់យុវភាពរបស់ខ្លួន បោះបង់គ្រួសារ និងការងាររបស់ពួកគេ ថែមទាំងចំណាយពេលជាច្រើនឆ្នាំនៅឆ្ងាយពីគ្រួសារ ធ្វើឱ្យខ្លួនឯងមមាញឹក។ ដោយសារគោលបំណងចុងក្រោយរបស់ខ្លួន ពួកគេផ្លាស់ប្ដូរចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ ផ្លាស់ប្ដូរទស្សនចំពោះជីវិតរបស់ពួកគេ ព្រមទាំងបោះបង់ទិសដៅជីវិតដែលគេស្វះស្វែងរក ប៉ុន្តែពួកគេមិនអាចបោះបង់គោលបំណងនៃជំនឿរបស់គេលើព្រះជាម្ចាស់បានឡើយ។ ពួកគេវីវក់វិលវល់នឹងការគ្រប់គ្រងគំនិតស្រមើស្រមៃផ្ទាល់ខ្លួនរបស់គេ ទោះបីជាផ្លូវនោះឆ្ងាយយ៉ាងណា ហើយទោះបីជាមានការលំបាក និងឧបសគ្គនៅតាមផ្លូវច្រើនយ៉ាងណា ក៏ពួកគេនៅតែតស៊ូ ហើយមិនភ័យខ្លាចចំពោះសេចក្ដីស្លាប់ដែរ។ តើមានអនុភាពអ្វីមកជំរុញឱ្យពួកគេបន្តដាក់ចិត្តកាយលះបង់របៀបនេះ? តើវាជាបញ្ញាចិត្តរបស់គេមែនទេ? តើវាជាចរិតឆ្នើម និងថ្លៃថ្នូររបស់គេមែនទេ? តើវាជាការតាំងចិត្តតយុទ្ធនឹងអំណាចវិញ្ញាណអាក្រក់ រហូតដល់ទីបញ្ចប់មែនទេ? តើវាជាសេចក្ដីជំនឿរបស់គេ ក្នុងការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ដោយមិនគិតចង់បានរង្វាន់មែនទេ? តើវាជាភាពស្មោះត្រង់របស់គេ ក្នុងការស្ម័គ្រចិត្តលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីសម្រេចបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មែនទេ? ឬមួយវាជាទឹកចិត្តភក្ដីរបស់ពួកគេក្នុងការពលីជានិច្ចនូវការទាមទារផ្ទាល់ខ្លួនដ៏ហួសហេតុ? សម្រាប់មនុស្សម្នាក់ដែលមិនធ្លាប់យល់ពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ តែនៅលះបង់ច្រើនដល់ម្ល៉ឹង និយាយឱ្យខ្លីទៅ គឺអស្ចារ្យណាស់! ចូរយើងផ្អាកជជែកពីទំហំនៃការលះបង់របស់មនុស្សបែបនេះមួយគ្រាសិន។ យ៉ាងណាមិញ ឥរិយាបថរបស់ពួកគេ គឺពិតជាសមនឹងឱ្យយើងយកមកវិភាគមែន។ ក្រៅពីអត្ថប្រយោជន៍ដែលមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងពួកគេ តើអាចមានហេតុផលអ្វីខ្លះទៀត ដែលធ្វើឱ្យមនុស្សដែលមិនយល់ពីព្រះជាម្ចាស់ ហ៊ានលះបង់ច្រើនដល់ម្ល៉ឹង? ក្នុងអត្ថបទនេះ យើងរកឃើញបញ្ហាមួយដែលមិនត្រូវបានគេរកឃើញពីមុនមកសោះគឺ៖ សម្ពន្ធភាពរបស់មនុស្សជាមួយនឹងព្រះជាម្ចាស់ គឺគ្រាន់តែជាសម្ពន្ធភាពដើម្បីប្រយោជន៍ខ្លួនឯងសុទ្ធសាធ។ សម្ពន្ធភាពនេះ គឺជាសម្ពន្ធភាពរវាងអ្នកទទួលព្រះពរនិងអ្នកប្រទានព្រះពរ។ និយាយឱ្យចំទៅ គឺស្រដៀងគ្នានឹងសម្ពន្ធភាពរវាងកូនឈ្នួលនិងថៅកែដែរ។ កូនឈ្នួលធ្វើការដើម្បីទទួលតែរង្វាន់ដែលថៅកែផ្ដល់ឱ្យ។ សម្ពន្ធភាពមួយនេះ មិនមាននូវទឹកចិត្តស្រឡាញ់ទេ មានតែការជួញដូរ។ ការស្រឡាញ់ និងការទទួលនូវការស្រឡាញ់ គឺគ្មានទេ មានតែភាពសប្បុរស និងចិត្តមេត្តា។ គ្មានការយោគយល់ មានតែការតូចចិត្តដែលត្រូវគេសង្កត់សង្កិន និងការបោកប្រាស់តែប៉ុណ្ណោះ។ ភាពស្និទ្ធស្នាលក៏គ្មាន គឺមានតែភាពខ្វែងគំនិត ដែលមិនអាចឆ្លងគ្នាបាន។ ពេលនេះ អ្វីៗក៏បានឈានមកដល់ចំណុចនេះទៅហើយ តើនរណាអាចឱ្យសកម្មភាពនេះ ត្រឡប់ទៅក្រោយវិញបាន? ហើយតើមានមនុស្សប៉ុន្មាននាក់ ដែលអាចយល់ដឹងយ៉ាងប្រាកដថា សម្ពន្ធភាពនេះដុនដាបដល់កម្រិតណាហើយ? ខ្ញុំជឿថា កាលណាមនុស្សពន្លិចខ្លួនឯងទៅក្នុងអំណរនៃការទទួលព្រះពរនោះ គឺគ្មាននរណាម្នាក់គិតស្មានសោះថា ទំនាក់ទំនងជាមួយព្រះជាម្ចាស់បែបនេះ គួរឱ្យអាម៉ាស់ និងគួរឱ្យស្អប់ខ្លាំងណាស់។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៩៥. រឿងដ៏សោកសៅបំផុតអំពីជំនឿរបស់មនុស្សជាតិលើព្រះជាម្ចាស់គឺ មនុស្សអនុវត្តការគ្រប់គ្រងផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហើយគេមិនយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ភាពបរាជ័យដ៏ធំបំផុតរបស់មនុស្ស ស្ថិតនៅក្នុងរបៀបដែលមនុស្សកំពុងបង្កើតគោលដៅជីវិតដ៏ល្អជារបស់ខ្លួនឯង ហើយរៀបគម្រោងធ្វើយ៉ាងណាដើម្បីទទួលបាននូវព្រះពរដ៏ធំបំផុត និងគោលដៅជីវិតដ៏ល្អបំផុត ខណៈដែលគេកំពុងព្យាយាមចុះចូលចំពោះព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់ ក្នុងពេលជាមួយគ្នា។ ប្រសិនបើមនុស្សយល់ដឹងថា ពួកគេគួរឱ្យអាណិត គួរឱ្យស្អប់ និងគួរឱ្យអាសូរកម្រិតណា តើមនុស្សប៉ុន្មាននាក់អាចបោះបង់គំនិត និងសេចក្ដីសង្ឃឹមរបស់គេភ្លាមៗបាន? តើនរណាខ្លះអាចផ្អាកដំណើរជីវិតរបស់ខ្លួនឯង ហើយបញ្ឈប់គំនិតអាត្មានិយមដែលគិតតែពីខ្លួនឯងបាន? ព្រះជាម្ចាស់ត្រូវការមនុស្សណាដែលសហការយ៉ាងជិតស្និទ្ធជាមួយទ្រង់ ដើម្បីសម្រេចការគ្រប់គ្រងរបស់ព្រះអង្គ។ ទ្រង់ត្រូវការអស់អ្នកដែលចុះចូលចំពោះទ្រង់ ដោយលះបង់គំនិត និងរូបកាយ ដើម្បីកិច្ចការគ្រប់គ្រងរបស់ទ្រង់។ ទ្រង់មិនត្រូវការមនុស្សណាដែលលាដៃសុំពីទ្រង់រាល់ថ្ងៃឡើយ ក៏រឹតតែមិនត្រូវការមនុស្សណាដែលលះបង់តែបន្តិចបន្តួច រួចហើយទន្ទឹងរង់ចាំទទួលរង្វាន់ធំនោះដែរ។ ព្រះជាម្ចាស់ស្អប់អស់អ្នកដែលធ្វើទានបន្តិចបន្តួច ហើយស្កប់ចិត្តនឹងស្នាដៃរបស់ខ្លួន ទាំងមិនធ្វើអ្វីសោះ។ ទ្រង់ស្អប់មនុស្សឈាមត្រជាក់ដែលពេញចិត្តចំពោះកិច្ចការគ្រប់គ្រងរបស់ទ្រង់ ហើយចង់និយាយតែអំពីរឿងទៅស្ថានសួគ៌ និងការទទួលបានព្រះពរ។ ទ្រង់ក៏រឹតតែស្អប់អស់អ្នកដែលកេងចំណេញពីឱកាសដែលផ្ដល់ដោយកិច្ចការដែលទ្រង់ធ្វើក្នុងការសង្គ្រោះមនុស្សជាតិ។ នោះគឺមកពីមនុស្សទាំងអស់នេះ មិនដែលខ្វល់ខ្វាយចំពោះលទ្ធផលដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សម្រេច និងយកឱ្យបានតាមរយៈកិច្ចការគ្រប់គ្រងរបស់ទ្រង់ទេ។ ពួកគេខ្វល់តែរឿងធ្វើយ៉ាងណាឱ្យពួកគេអាចប្រើឱកាស ដែលត្រូវបានផ្ដល់ឱ្យដោយកិច្ចការរបស់ព្រះជាម្ចាស់ មកទទួលយកព្រះពរតែប៉ុណ្ណោះ។ ពួកគេមិនខ្វល់ពីដួងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយរវល់គិតអំពីអនាគត និងជោគវាសនាផ្ទាល់របស់ពួកគេ។ មនុស្សដែលអាក់អន់ចិត្ដនឹងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ប៉ុន្តែគ្មានចំណាប់អារម្មណ៍ចំពោះរបៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ និងចំពោះបំណងព្រះហឫទ័យទ្រង់ សូម្បីតែបន្តិច គឺពួកគេកំពុងតែផ្គាប់ចិត្តខ្លួនឯងតាមរបៀបមួយ ដែលដាច់ចេញពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិននឹកចាំ និងមិនទទួលឥរិយាបថរបស់ពួកគេឡើយ ហើយព្រះជាម្ចាស់ក៏រឹតតែមិនទតមកពួកគេដោយពេញព្រះហឫទ័យដែរ។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៩៦. កិច្ចការរបស់ខ្ញុំមានចំនួនច្រើនជាងគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយព្រះប្រាជ្ញាញាណរបស់ខ្ញុំទៀតសោត ក៏ខ្ពង់ខ្ពស់លើសបុត្រាទាំងអស់របស់ព្រះបាទសាឡូម៉ូនផងដែរ ប៉ុន្តែមនុស្សគិតត្រឹមថា ខ្ញុំជាគ្រូពេទ្យម្នាក់ដែលមិនសូវល្បី និងជាគ្រូបង្រៀនម្នាក់ដែលគ្មានមនុស្សណាស្គាល់សោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យខ្ញុំប្រោសគេឱ្យជាតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យខ្ញុំប្រើព្រះចេស្ដាបណ្ដេញវិញ្ញាណស្មោកគ្រោក ចេញពីរូបកាយរបស់គេ ហើយមានមនុស្សជាច្រើនជឿលើខ្ញុំដើម្បីឱ្យតែបានសេចក្តីសុខសាន្ត និងសេចក្តីអំណរពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីទាមទារចង់បានទ្រព្យសម្បត្តិកាន់តែច្រើនពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យជីវិតនេះអាចរស់នៅយ៉ាងសុខសាន្ត និងមានសុវត្ថិភាពល្អនៅលោកខាងមុខតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យបានរួចខ្លួនពីទុក្ខវេទនានៃស្ថាននរក និងដើម្បីទទួលបានព្រះពរនៃស្ថានសួគ៌។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីភាពស្រាកស្រាន្តមួយរយៈខ្លី ប៉ុន្តែគេមិនព្យាយាមដើម្បីឱ្យបានអ្វីៗដែលមាននៅលោកខាងមុខឡើយ។ នៅពេលដែលខ្ញុំបញ្ចេញសេចក្ដីក្រោធដាក់មនុស្ស ហើយដកហូតអស់ទាំងសេចក្តីអំណរ និងសេចក្តីសុខសាន្តដែលគេធ្លាប់មាន មនុស្សក៏ចាប់ផ្ដើមមានចិត្តសង្ស័យ។ ពេលដែលខ្ញុំប្រគល់ទុក្ខវេទនានៃស្ថាននរកឱ្យទៅមនុស្ស ហើយយកព្រះពរនៃស្ថានសួគ៌មកវិញ សេចក្តីអាម៉ាស់របស់មនុស្ស បានប្រែក្លាយជាកំហឹង។ ពេលមនុស្សសុំឱ្យខ្ញុំប្រោសគេឱ្យជាពីជំងឺ ខ្ញុំមិនអើពើទេ ខ្ញុំមានអារម្មណ៍ស្អប់គេខ្លាំង។ មនុស្សបានចាកចេញពីខ្ញុំ ហើយបែរទៅរកវិធីព្យាបាលតាមផ្លូវងងឹត និងអំពើអាបធ្មប់។ នៅពេលដែលខ្ញុំដកហូតអ្វីៗគ្រប់យ៉ាងដែលមនុស្សបានទាមទារពីខ្ញុំ ស្រាប់តែមនុស្សគ្រប់គ្នាបាត់ស្រមោលឈឹង ទាំងគ្មានបន្សល់ដានអ្វីឡើយ។ បើដូច្នេះ ខ្ញុំអាចនិយាយបានថាមនុស្សមានជំនឿលើខ្ញុំ ដោយសារតែខ្ញុំប្រទានព្រះគុណច្រើនពេក និងដោយសារមានអ្វីៗជាច្រើនដែលគេនឹងទទួលបាន។

(ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៩៧. អ្នកសង្ឃឹមថា សេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់នឹងមិននាំឱ្យមានបញ្ហាប្រឈម ទុក្ខវេទនា ឬទុក្ខលំបាកសូម្បីតែបន្ដិចនោះឡើយ។ អ្នកតែងតែបន្តស្វែងរកអ្វីៗដែលគ្មានតម្លៃ ហើយអ្នកផ្សារភ្ជាប់អ្វីដែលគ្មានតម្លៃទៅនឹងជីវិត ជាជាងយកគំនិតផ្ដេសផ្ដាសរបស់អ្នកមកដាក់នៅមុខសេចក្តីពិត។ អ្នកគ្មានតម្លៃសោះឡើយ! អ្នករស់នៅដូចជាសត្វជ្រូក។ តើវាមានភាពខុសគ្នាអ្វីទៅ រវាងអ្នកនិងសត្វជ្រូក ឬក៏សត្វឆ្កែនោះ? តើមនុស្សដែលមិនបន្តស្វែងរកសេចក្តីពិត ហើយបែរជាស្រឡាញ់សាច់ឈាម មិនមែនជាសត្វតិរច្ចានទេឬអី? តើមនុស្សស្លាប់ដែលគ្មានវិញ្ញាណទាំងនោះ មិនមែនជាខ្មោចឆៅទេឬអី? តើមានព្រះបន្ទូលចំនួនប៉ុន្មានហើយដែលអ្នករាល់គ្នាបានស្ដាប់ឮ? តើមានកិច្ចការបន្ដិចបន្ដួចប៉ុណ្ណោះដែលត្រូវបានធ្វើនៅក្នុងចំណោមអ្នករាល់គ្នាឬ? តើខ្ញុំបានប្រទានព្រះបន្ទូលចំនួនប៉ុន្មាន ហើយនៅក្នុងចំណោមអ្នករាល់គ្នា? ដូច្នេះ ហេតុអ្វីបានជាអ្នកនៅមិនទាន់បានទទួលទៀត? តើអ្នកត្រូវរអ៊ូរទាំអំពីអ្វីខ្លះទៀត? តើអ្នកមិនទទួលបានអ្វីសោះនេះ មិនមែនដោយសារតែអ្នកងប់ងល់នឹងសាច់ឈាមពេកទេឬអី? តើវាមិនមែនដោយសារតែគំនិតរបស់អ្នកផ្ដេសផ្ដាសពេកទេឬអី? តើវាមិនមែនដោយសារតែអ្នកជាមនុស្សល្ងង់ខ្លៅពេកទេឬអី? ប្រសិនបើអ្នកគ្មានសមត្ថភាពទទួលបានព្រះពរទាំងនេះ តើអ្នកអាចស្ដីបន្ទោសព្រះជាម្ចាស់ថា ទ្រង់មិនបានសង្រ្គោះអ្នកកើតឬ? អ្វីដែលអ្នកបន្តស្វែងរក ក្រោយពេលដែលជឿលើព្រះជាម្ចាស់ហើយ គឺចង់បានសេចក្តីសុខ ចង់ឱ្យកូនៗគ្មានជំងឺឈឺថ្កាត់ ចង់ឱ្យស្វាមីមានការងារល្អធ្វើ ចង់ឱ្យកូនប្រុសរកបានប្រពន្ធដ៏ល្អ ចង់ឱ្យកូនស្រីរកបានស្វាមីដ៏ត្រឹមត្រូវ ចង់ឱ្យគោ និងសេះរបស់អ្នកភ្ជួររាស់ដីឱ្យបានល្អស្អាត និងចង់បានអាកាសធាតុល្អពេញមួយឆ្នាំសម្រាប់ផលដំណាំរបស់អ្នក។ នេះជាអ្វីដែលអ្នកស្វែងរក។ ការស្វែងរករបស់អ្នក គឺគ្រាន់តែចង់រស់នៅក្នុងភាពសុខស្រួល ចង់កុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងទៅលើក្រុមគ្រួសាររបស់អ្នក ចង់ឱ្យខ្យល់បរិសុទ្ធបក់កាត់មុខអ្នក ចង់ឱ្យមុខរបស់អ្នកមិនប៉ះនឹងធូលីដី ចង់ឱ្យផលដំណាំក្រុមគ្រួសាររបស់អ្នក មិនត្រូវបានលិចលង់ដោយទឹកជំនន់ ចង់ឱ្យខ្លួនឯងរួចផុតពីគ្រោះមហន្តរាយផ្សេងៗ ចង់រស់នៅក្នុងការឱបក្រសោបរបស់ព្រះជាម្ចាស់ និងចង់រស់នៅក្នុងទ្រនំដ៏សុខស្រួល។ មនុស្សកំសាក ដែលតែងតែស្វែងរកខាងសាច់ឈាម ដូចជារូបអ្នក តើអ្នកមានដួងចិត្ត និងមានវិញ្ញាណដែរឬទេ? តើអ្នកមិនមែនជាសត្វតិរច្ឆានទេឬអី? ខ្ញុំប្រទានឱ្យអ្នកនូវផ្លូវដ៏ពិត ដោយគ្មានសុំការតបស្នងអ្វីឡើយ ប៉ុន្តែ អ្នកមិនចង់ស្វែងរកទៀត។ តើអ្នកជាម្នាក់នៅក្នុងចំណោមមនុស្សដែលជឿលើព្រះជាម្ចាស់ឬ? ខ្ញុំប្រទានជីវិតមនុស្សដ៏ពិតដល់អ្នក ប៉ុន្តែ អ្នកមិនចង់ស្វែងរកទេ។ តើអ្នកមានអ្វីខុសពីសត្វជ្រូក ឬសត្វឆ្កែទៅ? សត្វជ្រូកមិនស្វែងរកជីវិតរបស់មនុស្សឡើយ វាមិនស្វែងរកការលាងជម្រះទេ ហើយវាក៏មិនយល់អំពីអ្វីទៅជាជីវិតដែរ។ រាល់ថ្ងៃ ក្រោយពេលដែលវាស៊ីឆ្អែតហើយ វាគ្រាន់តែដេកប៉ុណ្ណោះ។ ខ្ញុំបានប្រទានឱ្យអ្នកនូវផ្លូវដ៏ពិត ប៉ុន្តែអ្នកមិនទទួលបានវាឡើយ៖ អ្នកមិនទទួលបានអ្វីសោះតែម្ដង។ តើអ្នកនឹងបន្តរស់នៅក្នុងជីវិតបែបនេះ ដែលជាជីវិតដូចសត្វជ្រូកទៀតឬ? តើមនុស្សដែលរស់នៅបែបនេះមានតម្លៃអ្វីទៅ? ជីវិតរបស់អ្នកពិតជាគួរឱ្យមើលងាយ និងថោកទាបពេកហើយ អ្នករស់នៅក្នុងចំណោមភាពស្មោកគ្រោក និងអំពើប្រាសចាកសីលធម៌ ហើយអ្នកមិនបន្តស្វែងរកគោលដៅណាមួយឡើយ។ តើជីវិតរបស់អ្នកមិនមែនថោកទាបបំផុតទេឬអី? តើអ្នកមានមុខអ្វីទៅសម្លឹងមើលព្រះជាម្ចាស់នោះ? ប្រសិនបើអ្នកបន្តមានបទពិសោធបែបនេះ តើអ្នកនឹងមិនទទួលបានអ្វីសោះទេឬ? ផ្លូវដ៏ពិតត្រូវបានប្រទានដល់អ្នករួចហើយ ប៉ុន្តែ ចុងបញ្ចប់ អ្នកអាចទទួលបានផ្លូវនោះឬក៏អត់ គឺអាស្រ័យលើការស្វែងរករបស់អ្នកហើយ។

(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៩៨. ក្នុងបទពិសោធជីវិតរបស់មនុស្ស ពួកគេរមែងគិតក្នុងចិត្តថា៖ «ខ្ញុំបានលះបង់គ្រួសារ និងការងាររបស់ខ្ញុំដើម្បីព្រះជាម្ចាស់ហើយ ដូច្នេះតើព្រះអង្គបានប្រទានអ្វីខ្លះដល់ខ្ញុំ? ខ្ញុំត្រូវរាប់ និងបញ្ជាក់ឱ្យបានច្បាស់។ តើថ្មីៗនេះខ្ញុំបានទទួលព្រះពរដែរឬទេ? ក្នុងអំឡុងពេលនេះ ខ្ញុំបានលះបង់ច្រើនណាស់ ខ្ញុំរត់ហើយរត់ទៀត ហើយបានរងទុក្ខជាច្រើន។ តើព្រះជាម្ចាស់បានសន្យាប្រទានអ្វីដល់ខ្ញុំវិញទេ? តើព្រះអង្គបានចងចាំពីអំពើល្អរបស់ខ្ញុំដែរឬទេ? តើទីបញ្ចប់របស់ខ្ញុំនឹងទៅជាយ៉ាងណា? តើខ្ញុំអាចទទួលបានព្រះពរពីព្រះជាម្ចាស់ដែរឬទេ? ...» មនុស្សគ្រប់រូបរមែងគិតគូរបូកដកបែបនេះនៅក្នុងចិត្តរបស់គេ ហើយពួកគេទាមទារពីព្រះជាម្ចាស់ទៅតាមគោលបំណង មហិច្ឆតា និងផ្នត់គំនិតនៃការដោះដូរ។ នេះមានន័យថា នៅក្នុងចិត្តរបស់មនុស្ស គេតែងសាកល្បងព្រះជាម្ចាស់ តែងប្រឌិតផែនការអំពីព្រះជាម្ចាស់ តែងជជែកវែកញែកជាមួយព្រះជាម្ចាស់ដើម្បីទីបញ្ចប់ផ្ទាល់ខ្លួនរបស់គេជានិច្ច និងព្យាយាមដកស្រង់បន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីមើលថាតើ ព្រះជាម្ចាស់អាចប្រទានអ្វីដែលគេចង់បានដែរឬអត់។ ក្នុងពេលដែលមនុស្សកំពុងដេញតាមព្រះជាម្ចាស់ មនុស្សមិនបានចាត់ទុកព្រះជាម្ចាស់ថាជាព្រះឡើយ។ មនុស្សតែងតែព្យាយាមចរចាជាមួយព្រះជាម្ចាស់ជានិច្ច ដោយទាមទារពីទ្រង់ឥតឈប់ ហើយថែមទាំងដាក់សម្ពាធលើទ្រង់គ្រប់ជំហានទៀតផង បានមួយហើយមិនស្កប់ ចង់បានដប់បន្ថែមទៀត។ ក្នុងពេលដែលគេកំពុងចរចាជាមួយព្រះជាម្ចាស់នោះ មនុស្សក៏ប្រកែកជាមួយទ្រង់ដែរ ហើយថែមទាំងមានមនុស្សខ្លះទៅជាទន់ជ្រាយ អសកម្ម និងធ្វេសប្រហែសនៅក្នុងកិច្ចការរបស់គេ និងពោរពេញទៅដោយការត្អូញត្អែរអំពីព្រះជាម្ចាស់ឥតឈប់ នៅពេលដែលការល្បងលធ្លាក់មកលើពួកគេ ឬនៅពេលដែលពួកគេដឹងខ្លួនថា ពួកគេធ្លាក់ក្នុងស្ថានភាពជាក់លាក់មួយចំនួន។ ចាប់តាំងពីពេលដែលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ជាលើកដំបូងមក គេបានចាត់ទុកព្រះជាម្ចាស់ជាកន្ដ្រកផ្លែឈើគ្រប់មុខ ជាកាំបិតមានមុខច្រើនប្រើការបានសព្វមុខ ហើយគេចាត់ទុកខ្លួនឯងជាម្ចាស់បំណុលដ៏ធំបំផុតរបស់ព្រះជាម្ចាស់ ហាក់ដូចជាការព្យាយាមទទួលបានព្រះពរ និងសេចក្ដីសន្យាពីព្រះជាម្ចាស់នោះ គឺជាសិទ្ធិមានពីកំណើត និងជាកាតព្វកិច្ចរបស់គេ ចំណែកឯព្រះជាម្ចាស់វិញ មានទំនួលខុសត្រូវក្នុងការការពារ និងមើលថែមនុស្ស និងទំនុកបម្រុងដល់គេដូច្នោះដែរ។ មនុស្សទាំងអស់ដែលជឿលើព្រះជាម្ចាស់ មានការយល់ដឹងកម្រិតមូលដ្ឋានបែបនេះអំពី «ជំនឿលើព្រះជាម្ចាស់» ហើយការយល់ដឹងបែបនេះ គឺជាការយល់ដឹងជ្រាលជ្រៅបំផុតរបស់ពួកគេអំពីគោលគំនិតនៃជំនឿលើព្រះជាម្ចាស់។ រាប់ចាប់តាំងពីសារជាតិនិងធម្មជាតិរបស់មនុស្ស រហូតដល់ការដេញតាមក្នុងលក្ខណៈផ្ទាល់ខ្លួនរបស់គេ គឺគ្មានអ្វីដែលពាក់ព័ន្ធនឹងការកោតខ្លាចដល់ព្រះជាម្ចាស់សោះឡើយ។ គោលបំណងរបស់មនុស្សក្នុងការជឿលើព្រះជាម្ចាស់ គ្មានអ្វីពាក់ព័ន្ធនឹងការថ្វាយបង្គំព្រះជាម្ចាស់ទេ។ នោះមានន័យថា មនុស្សមិនធ្លាប់គិត ឬក៏ធ្លាប់យល់ថា ជំនឿលើព្រះជាម្ចាស់ តម្រូវឱ្យមានការកោតខ្លាច និងការថ្វាយបង្គំព្រះជាម្ចាស់នោះឡើយ។ ទាក់ទងនឹងស្ថានភាពបែបនេះ សារជាតិរបស់មនុស្សស្ដែងចេញឱ្យឃើញច្បាស់ណាស់។ តើជាសារជាតិអ្វីដែរ? សារជាតិនោះគឺ ដួងចិត្តរបស់មនុស្សមានការព្យាបាទ លាក់ទុកសេចក្ដីវៀចវេរ និងបោកបញ្ឆោត ពុំស្រឡាញ់ភាពត្រឹមត្រូវ និងសេចក្ដីសុចរិត និងអ្វីៗដែលវិជ្ជមាន ហើយជាសារជាតិគួរឱ្យស្អប់ និងលោភលន់។ ចិត្តរបស់មនុស្សមិនអាចស្និទ្ធស្នាលនឹងព្រះជាម្ចាស់ជាងនេះបានទេ។ មនុស្សមិនបានប្រគល់ដួងចិត្តគេថ្វាយដល់ព្រះជាម្ចាស់សោះឡើយ។ ព្រះជាម្ចាស់ពុំដែលទតឃើញពីដួងចិត្តពិតរបស់មនុស្សទេ ហើយមនុស្សក៏មិនដែលថ្វាយបង្គំទ្រង់ដែរ។ ទោះបីជាព្រះជាម្ចាស់លះបង់តម្លៃធំធេងយ៉ាងណា ឬធ្វើកិច្ចការច្រើនយ៉ាងណា ឬប្រទានដល់មនុស្សច្រើនប៉ុនណាក៏ដោយ ក៏មនុស្សនៅតែខ្វាក់ដដែល ហើយទីបំផុត ពួកគេក៏ព្រងើយកន្តើយនឹងរឿងទាំងអស់នេះ។ មនុស្សមិនដែលប្រគល់ដួងចិត្តរបស់គេថ្វាយដល់ព្រះជាម្ចាស់ឡើយ គេគ្រាន់តែចង់គិតពីចិត្តខ្លួនគេប៉ុណ្ណោះ ចង់ធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនគេប៉ុណ្ណោះ ហើយអត្ថន័យបង្កប់នៃរឿងនេះគឺថា មនុស្សមិនចង់ដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ ឬស្ដាប់បង្គាប់តាមអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ឡើយ ក៏មិនចង់ថ្វាយបង្គំព្រះជាម្ចាស់ ទុកជាព្រះដែរ។ សភាពរបស់មនុស្សសព្វថ្ងៃនេះ គឺបែបនេះឯង។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៩៩. នៅពេលដែលនិយាយអំពីទិសដៅ អ្នករាល់គ្នាយកចិត្តទុកដាក់លើរឿងយ៉ាងខ្លាំង។ ជាងនេះទៅទៀត រឿងនេះងាយនឹងប៉ះពាល់អារម្មណ៍អ្នករាល់គ្នាបំផុត។ មនុស្សខ្លះមិនអាចរង់ចាំក្នុងការដាក់ក្បាលពួកគេទៅនឹងដី ដោយឱនក្រាបនៅចំពោះព្រះជាម្ចាស់ ដើម្បីទទួលបានទិសដៅល្អនោះទេ។ ខ្ញុំអាចកំណត់បាននូវភាពចង់បានរបស់អ្នករាល់គ្នាដោយមិនចាំបាច់អ្នកនិយាយចេញជាពាក្យសំដីនោះឡើយ។ ក្រៅពីនេះ អ្នករាល់គ្នាមិនចង់ឱ្យសាច់ឈាមរបស់អ្នកធ្លាក់ក្នុងគ្រោះមហន្តរាយ ហើយអ្នកនៅតែចង់ធ្លាក់ខ្លួនក្នុងការដាក់ទោសជារៀងរហូត នាពេលអនាគត។ អ្នករាល់គ្នាគ្រាន់តែសង្ឃឹមថា នឹងអនុញ្ញាតឱ្យខ្លួនឯងរស់នៅ ដោយសេរីជាងនេះបន្តិច ហើយកាន់តែងាយស្រួលប៉ុណ្ណោះ។ ដូច្នេះហើយអ្នករាល់គ្នាមានអារម្មណ៍រំជើបរំជួល ជាពិសេសនៅពេលនិយាយអំពីទិសដៅ ដោយភ័យខ្លាចជាខ្លាំងចំពោះវាសនា ហើយប្រសិនបើអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ទេនោះ អ្នករាល់គ្នាអាចនឹងធ្វើឱ្យព្រះជាម្ចាស់អាក់អន់ព្រះទ័យ ដូច្នេះហើយអ្នករាល់គ្នានឹងត្រូវទទួលទោស ដែលអ្នកសមនឹងទទួល។ អ្នករាល់គ្នាមិនបានស្ទាក់ស្ទើរក្នុងការសម្រុះសម្រួល ដើម្បីជាប្រយោជន៍ដល់ទិសដៅរបស់អ្នកនោះទេ ហើយសូម្បីតែអ្នករាល់គ្នាភាគច្រើនដែលធ្លាប់ជាមនុស្សវង្វេងនិងព្រហើន ក៏ស្រាប់តែក្លាយទៅជាសុភាពរាបសានិងស្មោះត្រង់មួយរំពេច។ លក្ខណៈនៃភាពស្មោះត្រង់របស់អ្នក ធ្វើអោយមនុស្សមានការភ្ញាក់ផ្អើលជាខ្លាំង។ ទោះយ៉ាងណា អ្នករាល់គ្នាសុទ្ធតែមានចិត្ត «ស្មោះត្រង់» ហើយអ្នករាល់គ្នាបាននិយាយបើកចំហនៅចំពោះមុខខ្ញុំពីអាថ៌កំបាំងនៅក្នុងចិត្តរបស់អ្នករាល់គ្នាជាប់ជានិច្ច ដោយមិនរក្សាទុកអ្វីទាំងអស់ ទោះបីវាជាការសោកសៅ ការបោកបញ្ឆោត ឬការលះបង់ក៏ដោយ។ សរុបមកអ្នករាល់គ្នាបាន «លន់តួ» យ៉ាងស្មោះត្រង់ចំពោះខ្ញុំ នូវរឿងរ៉ាវដែលស្ថិតនៅក្នុងការសម្រាកដ៏ស៊ីជម្រៅបំផុត នៃធម្មជាតិខាងក្នុងរបស់អ្នករាល់គ្នា។ ជាការពិត ខ្ញុំមិនដែលសសៀរជុំវិញរឿងរ៉ាវបែបនេះទេ សម្រាប់ខ្ញុំ រឿងរ៉ាវទាំងនេះធ្លាប់ស្គាល់ច្បាស់ហើយ។ អ្នករាល់គ្នាគួរតែចូលទៅក្នុងសមុទ្រភ្លើង ដើម្បីជាប្រយោជន៍ដល់ទិសដៅចុងក្រោយរបស់អ្នក ជាជាងការបាត់បង់សក់តែមួយសសៃដើម្បីទទួលការយល់ព្រមពីព្រះជាម្ចាស់។ វាមិនមែនថាខ្ញុំកំពុងម៉ឺងម៉ាត់នឹងអ្នករាល់គ្នាពេកនោះទេ។ គឺថា អ្នករាល់គ្នាកំពុងតែខ្វះខាតនូវភាពលះបង់នៅក្នុងចិត្ត ដើម្បីមកប្រឈមនឹងអ្វីដែលខ្ញុំបានធ្វើ។ អ្នករាល់គ្នាប្រហែលជាមិនយល់ពីអ្វីដែលខ្ញុំទើបតែមានព្រះបន្ទូលដូច្នេះខ្ញុំសូមផ្តល់ឱ្យអ្នកនូវការពន្យល់ដ៏សាមញ្ញមួយ៖ អ្វីដែលអ្នករាល់គ្នាត្រូវការ មិនមែនជាសេចក្តីពិត និងជីវិតនោះទេ ហើយក៏មិនមែនជាគោលការណ៍អំពីរបៀបនៃការប្រតិបត្តិខ្លួនឯងដែរ ក៏កាន់តែមិនមែនជាកិច្ចការធ្វើយ៉ាងផ្ចិតផ្ចង់របស់ខ្ញុំដែរ។ ផ្ទុយទៅវិញ អ្វីដែលអ្នកត្រូវការ គឺអ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាមាននៅក្នុងសាច់ឈាមទៅវិញទេ ដូចជាទ្រព្យសម្បត្តិ ស្ថានភាពគ្រួសារអាពាហ៍ពិពាហ៍ជាដើម។ អ្នករាល់គ្នាច្រានចោលនូវព្រះបន្ទូល និងកិច្ចការរបស់ខ្ញុំទាំងស្រុង ដូច្នេះខ្ញុំអាចសរុបសេចក្តីជំនឿរបស់អ្នករាល់គ្នា ដោយព្រះបន្ទូលមួយម៉ាត់ថា៖ ធ្វើដើម្បីតែបង្រ្គប់កិច្ច។ អ្នករាល់គ្នានឹងប្រឹងប្រែងដើម្បីសម្រេចនូវអ្វីដែលអ្នករាល់គ្នាបានលះបង់ពិតប្រាកដប៉ុណ្ណោះ ប៉ុន្តែខ្ញុំបានរកឃើញថា អ្នករាល់គ្នានឹងមិនធ្វើដូចគ្នា ដើម្បីជាប្រយោជន៍នៃរឿងរ៉ាវដែលទាក់ទងនឹងជំនឿរបស់អ្នកលើព្រះជាម្ចាស់ទេ។ ផ្ទុយទៅវិញអ្នកមានភក្តីភាព និងភាពស្មោះអស់ពីចិត្ត ដែលមិនជាក់លាក់។ នោះហើយជាមូលហេតុដែលខ្ញុំមានព្រះបន្ទូលថា អស់អ្នកដែលខ្វះដួងចិត្តស្មោះត្រង់បំផុត គឺជាអ្នកដែលបរាជ័យក្នុងជំនឿរបស់ខ្លួនលើព្រះជាម្ចាស់។ ចូរគិតឱ្យបានល្អិតល្អន់ តើមានអ្នកបរាជ័យច្រើនទេ ក្នុងចំណោមអ្នករាល់គ្នា?

អ្នកគប្បីដឹងថា ភាពជោគជ័យក្នុងជំនឿលើព្រះជាម្ចាស់ គឺសម្រេចបានដោយសារសកម្មភាពរបស់មនុស្សផ្ទាល់។ នៅពេលដែលមនុស្សមិនទទួលបានជោគជ័យ ប៉ុន្តែផ្ទុយទៅវិញបែរជាបរាជ័យ នោះក៏ដោយសារតែសកម្មភាពរបស់ពួកគេផ្ទាល់ដែរ ហើយមិនមានកត្តាផ្សេងទៀតជះឥទ្ធិពលទៅលើសកម្មភាពទាំងនេះឡើយ។ ខ្ញុំជឿថាអ្នករាល់គ្នានឹងធ្វើអ្វីគ្រប់យ៉ាងដែលត្រូវការដើម្បីសម្រេចបាននូវអ្វីដែលកាន់តែលំបាក និងតម្រូវឱ្យរងទុក្ខកាន់តែច្រើនជាងការជឿលើព្រះជាម្ចាស់ ហើយថាអ្នករាល់គ្នានឹងធ្វើវាយ៉ាងខ្ជាប់ខ្ជួន ដូច្នេះអ្នកនឹងមិនបណ្ដោយឱ្យមានកំហុសណាមួយឡើយ។ ទាំងនេះគឺជាប្រភេទនៃការខិតខំប្រឹងប្រែងដោយមិនបន្ធូរ ដែលអ្នករាល់គ្នាបានធ្វើនៅក្នុងជីវិតរបស់អ្នក។ អ្នករាល់គ្នាថែមទាំងអាចបញ្ឆោតសាច់ឈាមរបស់ខ្ញុំ ក្នុងកាលៈទេសៈដែលអ្នកនឹងមិនបោកបញ្ឆោតសមាជិកណាម្នាក់នៃគ្រួសាររបស់អ្នកផ្ទាល់នោះ ឡើយ។ នេះគឺជាឥរិយាបទជាប់លាប់របស់អ្នករាល់គ្នា និងគោលការណ៍ ដែលអ្នករាល់គ្នារស់នៅ។ តើអ្នករាល់គ្នានៅតែមិនមានគម្រោងការខុសឆ្គងដោយបញ្ឆោតខ្ញុំដើម្បីជាប្រយោជន៍ដល់ទិសដៅរបស់អ្នករាល់គ្នា ដើម្បីឱ្យទិសដៅរបស់អ្នករាល់គ្នាបានស្រស់ស្អាត និងទៅតាមអ្វីដែលអ្នកចង់បានទេឬ? ខ្ញុំដឹងថាការលះបង់របស់អ្នកគឺដូចជាភាពស្មោះត្រង់របស់អ្នកគឺគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះ។ តើដំណោះស្រាយរបស់អ្នករាល់គ្នា និងតម្លៃដែលអ្នករាល់គ្នាត្រូវលះបង់ សម្រាប់តែប្រយោជន៍ពេលបច្ចុប្បន្ន និងមិនមែនសម្រាប់អនាគតទេឬអី? អ្នករាល់គ្នាគ្រាន់តែខិតខំប្រឹងប្រែងចុងក្រោយដើម្បីទទួលបានទិសដៅដ៏ស្រស់បំព្រង ដោយមានគោលបំណងតែធ្វើការដោះដូរប៉ុណ្ណោះ។ អ្នកមិនបានខិតខំប្រឹងប្រែងដើម្បីចៀសវាងជំពាក់នឹងសេចក្ដីពិតទេ ហើយកាន់តែមិនមែនដើម្បីជាការតបស្នងដល់ខ្ញុំចំពោះតម្លៃដែលខ្ញុំបានបង់នោះដែរ។ សរុបមក អ្នកមានបំណងបានត្រឹមតែប្រើល្បិចកលដ៏វ័យឆ្លាតដើម្បីទទួលបានអ្វីដែលអ្នកចង់បានប៉ុណ្ណោះ ប៉ុន្តែមិនធ្វើសង្គ្រាមដោយបើកចំហសម្រាប់ការទាំងនោះទេ។ តើនេះមិនមែនជាក្តីប្រាថ្នាចេញពីចិត្ដរបស់អ្នករាល់គ្នាទេឬ? អ្នករាល់គ្នាមិនត្រូវបន្លំខ្លួនឯងហើយមិនត្រូវខំប្រឹងគិតខ្លាំងអំពីទិសដៅរបស់អ្នក រហូតដល់អ្នកមិនអាចបរិភោគ ឬគេងបាននោះឡើយ។ តើវាមិនពិតទេដែលថា លទ្ធផលរបស់អ្នកនឹងត្រូវបានកំណត់រួចជាស្រេចហើយ នៅចុងបញ្ចប់នោះ?

(ដកស្រង់ពី «អំពីទិសដៅ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១០០. អ្នករាល់គ្នាបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នករាល់គ្នាមិនដែលតបស្នងដល់ខ្ញុំនូវភាពស្មោះត្រង់វិញ សូម្បីតែបន្តិច។ ផ្ទុយទៅវិញ អ្នករាល់គ្នាបានវិលវល់ជុំវិញមនុស្សដែលអ្នករាល់គ្នាស្រឡាញ់ និងអ្វីៗដែលគាប់ចិត្តអ្នករាល់គ្នាដល់ថ្នាក់មិនថានៅពេលណា មិនថាអ្នករាល់គ្នាទៅទីណា ក៏អ្នករាល់គ្នារក្សាវានៅជាប់នឹងចិត្តអ្នករាល់គ្នា ហើយមិនដែលបោះបង់ចោលវាម្ដងណាឡើយ។ រាល់ពេលដែលអ្នករាល់គ្នាចង់ធ្វើ ឬងប់ងល់នឹងរឿងណាមួយដែលអ្នករាល់គ្នាស្រឡាញ់ ការនេះកើតឡើងនៅពេលដែលអ្នករាល់គ្នាកំពុងដើរតាមខ្ញុំ ឬសូម្បីតែពេលអ្នករាល់គ្នាកំពុងស្តាប់ពាក្យរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា អ្នករាល់គ្នាកំពុងប្រើប្រាស់ភាពស្មោះត្រង់ដែលខ្ញុំតម្រូវពីអ្នករាល់គ្នា មកស្មោះត្រង់នឹងសេចក្តីស្រឡាញ់ «វត្ថុកំណាន់» របស់អ្នករាល់គ្នាជំនួសវិញ។ ទោះបីអ្នករាល់គ្នាលះបង់កិច្ចការមួយ ឬពីរ សម្រាប់ខ្ញុំក៏ដោយ ក៏វាមិនបង្ហាញនូវកិច្ចការទាំងអស់របស់អ្នករាល់គ្នា ហើយក៏មិនបង្ហាញថា អ្នករាល់គ្នាពិតជាស្មោះត្រង់ចំពោះខ្ញុំដែរ។ អ្នករាល់គ្នាបានបញ្ចូលខ្លួនឯងទៅក្នុងការអនុវត្តកិច្ចការដែលអ្នករាល់គ្នាចង់ធ្វើពិតប្រាកដគឺ៖ មនុស្សខ្លះស្មោះត្រង់នឹងកូនប្រុសស្រី អ្នកខ្លះទៀតស្មោះនឹងប្តី ប្រពន្ធ ទ្រព្យសម្បត្តិ ការងារចៅហ្វាយនាយ ឋានៈ ឬស្ត្រី។ អ្នករាល់គ្នាមិនដែលមានអារម្មណ៍នឿយណាយ ឬធុញទ្រាន់ ចំពោះអ្វីដែលអ្នករាល់គ្នាស្មោះត្រង់ចំពោះនោះទេ ផ្ទុយទៅវិញ អ្នករាល់គ្នារឹតតែចង់បានរបស់ទាំងនេះមកធ្វើជាកម្មសិទ្ធិកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ហើយអ្នករាល់គ្នាមិនដែលបោះបង់វាឡើយ។ ទាំងខ្ញុំនិងព្រះបន្ទូលរបស់ខ្ញុំ តែងតែត្រូវបានគេរុញច្រានឱ្យទៅនៅពីក្រោយអ្វីដែលអ្នករាល់គ្នាពេញចិត្តពិត ប្រាកដ។ ហើយអ្នកគ្មានជម្រើសអ្វី ក្រៅពីដាក់ចំណាត់ថ្នាក់វានៅចុងក្រោយគេទេ។ មានអ្នកខ្លះទៀត សូម្បីតែកន្លែងចុងក្រោយនេះ ក៏គេទុកសម្រាប់អ្វីដែលពួកគេស្មោះត្រង់ចំពោះហើយ តែពួកគេមិនទាន់បានរកឃើញ។ ក្នុងចិត្តគេ សូម្បីតែដានបន្តិចបន្តួចពីខ្ញុំ ក៏មិនដែលមានដែរ។ អ្នករាល់គ្នាប្រហែលជាគិតថា ខ្ញុំទាមទារពីអ្នករាល់គ្នាច្រើនពេក ឬចោទប្រកាន់អ្នករាល់គ្នាខុស ប៉ុន្តែតើអ្នករាល់គ្នាធ្លាប់គិតទេថាពេលដែលអ្នករីករាយនឹងចំណាយពេលជាមួយគ្រួសារអ្នករាល់គ្នា នោះអ្នករាល់គ្នាមិនធ្លាប់ស្មោះត្រង់នឹងខ្ញុំសោះ សូម្បីម្ដង? នៅពេលវេលាបែបនេះ តើវាមិនធ្វើឱ្យអ្នករាល់គ្នាឈឺចាប់ទេឬ? នៅពេលដួងចិត្តរបស់អ្នករាល់គ្នាបានពេញដោយអំណរ ហើយអ្នករាល់គ្នាទទួលបានរង្វាន់សម្រាប់ការនឿយហត់របស់ខ្លួន តើអ្នករាល់គ្នាមិនមានអារម្មណ៍នឿយណាយ ដែលមិនបានផ្គត់ផ្គង់ខ្លួនឯងដោយសេចក្តីពិតគ្រប់គ្រាន់ទេឬអី? តើនៅពេលណាដែលអ្នករាល់គ្នាបានយំ ដោយមិនបានទទួលការសរសើរពីខ្ញុំ? អ្នករាល់គ្នាបានខំប្រឹងគិត ហើយទទួលនូវការឈឺចាប់យ៉ាងខ្លាំងដើម្បីជាប្រយោជន៍ដល់កូនប្រុសស្រីរបស់អ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នានៅតែមិនពេញចិត្ត ហើយអ្នករាល់គ្នានៅតែជឿជាក់ថា អ្នកមិនបានខំប្រឹងជំនួសពួកគេទេ ហើយជឿថាអ្នកមិនបានធ្វើអ្វីគ្រប់យ៉ាងឱ្យអស់ពីលទ្ធភាពសម្រាប់ពួកគេទេ។ យ៉ាងណាមិញ អ្នករាល់គ្នាតែងព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់ចំពោះខ្ញុំរហូត។ ខ្ញុំមានតែក្នុងការចងចាំរបស់អ្នករាល់គ្នាប៉ុណ្ណោះ តែខ្ញុំមិននៅក្នុងចិត្តអ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាមិនបានដឹងពីព្រះទ័យស្មោះត្រង់ និងការខិតខំប្រឹងប្រែងរបស់ខ្ញុំជារៀងដរាប ហើយអ្នករាល់គ្នាក៏មិនដែលមានការកោតសរសើរពីការទាំងនោះដែរ។ អ្នកគ្រាន់តែចូលរួមក្នុងការសញ្ជឹងគិតបន្តិចបបន្តួច ហើយជឿថាវានឹងគ្រប់គ្រាន់។ «ភាពស្មោះត្រង់» បែបនេះ មិនមែនជាអ្វីដែលខ្ញុំចង់បានជាយូរមកហើយនោះទេ ប៉ុន្តែជាអ្វីដែលខ្ញុំមិនសព្វព្រះទ័យវិញ។

(ដកស្រង់ពី «តើអ្នកស្មោះត្រង់ចំពោះអ្នកណា?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១០១. ប្រសិនបើខ្ញុំដាក់លុយខ្លះនៅចំពោះមុខអ្នករាល់គ្នាឥឡូវនេះ ហើយផ្តល់សេរីភាពឱ្យអ្នករាល់គ្នាជ្រើសរើស ហើយប្រសិនបើខ្ញុំមិនថ្កោលទោសអ្នករាល់គ្នាដោយព្រោះតែការសម្រេចចិត្តរបស់អ្នករាល់គ្នាទេនោះ អ្នករាល់គ្នាភាគច្រើននឹងជ្រើសរើសយកលុយ ហើយបោះបង់សេចក្ដីពិត។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលប្រសើរជាងគេនឹងលះបង់លុយកាក់ ហើយជ្រើសរើសសេចក្ដីពិតទាំងស្ទាក់ស្ទើរ ក៏មានអ្នកខ្លះចាក់ខ្សែ ដៃម្ខាងយកលុយ ដៃម្ខាងទៀតយកសេចក្ដីពិត។ ដូច្នេះ តើសន្ដានពិតរបស់អ្នករាល់គ្នា មិនក្លាយជាភស្តុតាងបញ្ជាក់ដោយខ្លួនឯងទេឬអី? កាលណាត្រូវជ្រើសរើសរវាងសេចក្តីពិត និងអ្វីៗដែលអ្នករាល់គ្នាងប់ងល់ចង់បាននោះ អ្នករាល់គ្នានឹងជ្រើសរើសយកជម្រើសនេះ ហើយអាកប្បកិរិយារបស់អ្នករាល់គ្នា នឹងនៅដដែល។ តើវាដូច្នោះមែន ឬមិនមែន? ក្នុងចំណោមអ្នករាល់គ្នា តើមិនមានគ្នាច្រើនទេឬ ដែលនៅចាក់ខ្សែ ចំកណ្ដាលរវាងភាពខុសឆ្គង និងភាពត្រឹមត្រូវ? នៅក្នុងការជជែកវែកញែករវាងភាពវិជ្ជមាន និងភាពអវិជ្ជមាន ខ្មៅ និងស អ្នករាល់គ្នាច្បាស់ជាដឹងអំពីជម្រើសដែលអ្នករាល់គ្នាបានជ្រើសរវាងគ្រួសារ និងព្រះជាម្ចាស់ រវាងកូនៗ និងព្រះជាម្ចាស់ រវាងភាពសុខសាន្ត និងការរំខាន រវាងភាពសម្បូរសប្បាយ និងភាពក្រីក្រ រវាងភាពខ្ពង់ខ្ពស់ និងភាពសាមញ្ញ រវាងការដែលត្រូវបានគេជ្រោមជ្រែង និងការដែលត្រូវគេបោះបង់ចោល ។ល។ រវាងគ្រួសារសុខសាន្ត និងគ្រួសារបែកបាក់ គឺអ្នករាល់គ្នាបានជ្រើសរើសយកជម្រើសទីមួយ ហើយអ្នកធ្វើដូច្នេះដោយគ្មានការស្ទាក់ស្ទើរ រវាងទ្រព្យសម្បត្ដិ និងភារកិច្ច ជាថ្មីម្តងទៀតអ្នករាល់គ្នាបានជ្រើសរើសជម្រើសទីមួយ បើទោះជាខ្វះឆន្ទៈត្រឡប់ទៅច្រាំងវិញក៏ដោយ។(ក) រវាងភាពប្រណីត និងភាពក្រីក្រ អ្នករាល់គ្នាបានជ្រើសរើសជម្រើសទីមួយ។ នៅពេលជ្រើសរើសរវាងកូនប្រុស កូនស្រី ប្រពន្ធ និងស្វាមីរបស់អ្នក ហើយនិងខ្ញុំ អ្នករាល់គ្នាបានជ្រើសរើសយកជម្រើសទីមួយ ហើយរវាងគំនិត និងសេចក្ដីពិត អ្នកបានជ្រើសរើសយកជម្រើសទីមួយជាថ្មីម្ដងទៀត។ ខ្ញុំបានបាត់បង់ជំនឿលើអ្នករាល់គ្នាដោយសារអ្នករាល់គ្នាប្រឈមមុខនឹងអំពើអាក្រក់គ្រប់បែបយ៉ាង។ បញ្ហានេះធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ដ្បិតចិត្តរបស់អ្នករាល់គ្នា ពិតជាពិបាកកែប្រែណាស់។ តាមរយៈការលះបង់ និងការខិតខំអស់រយៈពេលជាច្រើនឆ្នាំមកនេះ ពិតជាមិនបាននាំអ្វីមកឱ្យខ្ញុំសោះ ក្រៅពីការបោះបង់ចោល និងភាពអស់សង្ឃឹមរបស់អ្នករាល់គ្នានោះទេ ប៉ុន្តែក្តីសង្ឃឹមរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា គឺចេះតែចម្រើនឡើងជាមួយនឹងពេលវេលាដែលកន្លងផុតទៅរាល់ថ្ងៃ ដ្បិតពេលវេលាកំណត់របស់ខ្ញុំត្រូវបានបង្ហាញដល់មនុស្សគ្រប់គ្នា។ ប៉ុន្តែ អ្នករាល់គ្នានៅតែព្យាយាមស្វែងរកភាពងងឹត និងការអាក្រក់នានា ហើយបដិសេធមិនព្រមបោះបង់វាចោលឡើយ។ ដូច្នេះ តើលទ្ធផលរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណា? តើអ្នករាល់គ្នាធ្លាប់បានគិតពិចារណា ដោយយកចិត្តទុកដាក់ចំពោះបញ្ហានេះទេ? ប្រសិនបើគេឱ្យអ្នករាល់គ្នាជ្រើសរើសម្តងទៀត តើអ្វីជាគោលជំហររបស់អ្នករាល់គ្នា? តើវានៅតែជាជម្រើសទីមួយ ដដែលមែនទេ? តើអ្នករាល់គ្នានៅតែធ្វើឱ្យខ្ញុំខកចិត្ត និងសោកសៅបន្តទៀតទេ? តើដួងចិត្តអ្នករាល់គ្នា នៅតែស្ទើរក្ដៅស្ទើរត្រជាក់ដដែលមែនទេ? តើអ្នករាល់គ្នានៅតែមិនដឹងពីអ្វីដែលត្រូវធ្វើ ដើម្បីកម្សាន្តព្រះហឫទ័យខ្ញុំទេឬអី?

(ដកស្រង់ពី «តើអ្នកស្មោះត្រង់ចំពោះអ្នកណា?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(ក) ត្រឡប់ទៅច្រាំងវិញ៖ សំនួនវោហារចិនមានន័យថា «ងាកចេញពីផ្លូវអាក្រក់របស់ខ្លួន»។


១០២. ជារៀងរាល់ថ្ងៃ អំពើ និងគំនិតរបស់មនុស្សម្នាក់ៗ ត្រូវបានទតឃើញដោយព្រះនេត្យរបស់ព្រះដ៏ពិតតែមួយអង្គ ហើយក៏ជាការត្រៀមសម្រាប់ថ្ងៃស្អែកផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងពេលជាមួយគ្នានេះដែរ។ នេះគឺជាផ្លូវដែលត្រូវតែដើរដោយអស់អ្នកដែលកំពុងរស់នៅ វាគឺជាផ្លូវដែលខ្ញុំបានកំណត់ទុកមុនសម្រាប់គ្រប់គ្នា ហើយគ្មាននរណាម្នាក់អាចគេចផុត ឬត្រូវបានលើកលែងឡើយ។ ព្រះបន្ទូលដែលខ្ញុំបានថ្លែង គ្មានចំនួនកំណត់ទេ ហើយលើសពីនេះទៅទៀត កិច្ចការដែលខ្ញុំធ្វើ គឺមិនអាចវាស់ស្ទង់បានទេ។ តាមធម្មតា រៀងរាល់ថ្ងៃខ្ញុំទតមើលមនុស្សម្នាក់ៗអនុវត្តការងារទាំងអស់ដែលពួកគេធ្វើ អាស្រ័យតាមចរិតកំណើតរបស់ពួកគេ និងការវិវឌ្ឍនៃធម្មជាតិរបស់ពួកគេ។ មនុស្សជាច្រើន បានស្ថិតនៅលើ «ផ្លូវត្រូវ» ដែលខ្ញុំបានកំណត់ ដើម្បីពន្យល់ពីជំពូកមនុស្សខុសៗគ្នា ដោយមិនដឹងខ្លួន។ មនុស្សជំពូកខុសៗគ្នាទាំងនេះ ខ្ញុំបានដាក់ពួកគេនៅក្នុងបរិស្ថានខុសគ្នា តាំងពីយូរមកហើយ ហើយម្នាក់ៗបានបង្ហាញលក្ខណៈពីកំណើតរបស់គេ តាមកន្លែងរៀងៗខ្លួនរបស់គេដែរ។ គ្មានអ្នកណាចងពួកគេទេ ហើយក៏គ្មានអ្នកណាបោកបញ្ឆោតពួកគេដែរ។ ពួកគេមានសេរីភាពពេញលេញទាំងស្រុង ហើយកិរិយាដែលពួកគេស្ដែងចេញ គឺចេញមកតាមលក្ខណៈធម្មជាតិ។ មានតែវត្ថុមួយប៉ុណ្ណោះដែលរក្សាពួកគេឱ្យស្ថិតក្នុងការត្រួតពិនិត្យគឺ៖ ព្រះបន្ទូលរបស់ខ្ញុំ។ ដូច្នេះ មនុស្សមួយចំនួនពិតជាបានអានព្រះបន្ទូលរបស់ខ្ញុំទាំងមិនពេញចិត្ត ទាំងមិនដែលអនុវត្តតាមព្រះបន្ទូលខ្ញុំឡើយ តែគេធ្វើដូច្នោះដើម្បីចៀសវាងពីសេចក្ដីស្លាប់ប៉ុណ្ណោះ ទន្ទឹមនឹងនេះ អ្នកផ្សេងទៀតពិបាកទ្រាំរស់ណាស់ បើថ្ងៃណាគ្មានព្រះបន្ទូលរបស់ខ្ញុំមកណែនាំ និងផ្គត់ផ្គង់ពួកគេទេ ដូច្នេះហើយ ពួកគេជាធម្មតាកាន់តាមព្រះបន្ទូលរបស់ខ្ញុំគ្រប់ពេលវេលា។ ពេលវេលាចេះតែកន្លងទៅ ពួកគេរកឃើញអាថ៌កំបាំងនៃជីវិតមនុស្ស ទិសដៅរបស់មនុស្សលោក និងតម្លៃជីវិតជាមនុស្ស។ នេះគ្រាន់តែជាសភាពដែលមនុស្សជាតិ ស្ថិតក្នុងវត្តមាននៃព្រះបន្ទូលរបស់ខ្ញុំ ហើយខ្ញុំគ្រាន់តែអនុញ្ញាតឱ្យរឿងរ៉ាវកើតឡើងតាមដំណើររបស់ពួកវា។ ខ្ញុំមិនធ្វើកិច្ចការណាមួយដែលបង្ខំមនុស្សឱ្យយកព្រះបន្ទូលរបស់ខ្ញុំធ្វើជាគ្រឹះនៃអត្ថិភាពរបស់ពួកគេនោះទេ។ ដូច្នេះ មនុស្សដែលមិនធ្លាប់មានមនសិការ និងដែលអត្ថិភាពរបស់ពួកគេ មិនធ្លាប់មានគុណតម្លៃអ្វីសោះ ហ៊ានបោះចោលព្រះបន្ទូលរបស់ខ្ញុំទៅម្ខាង ហើយធ្វើតាមចំណង់របស់ពួកគេ ក្រោយពេលអង្កេតមើលរឿងរ៉ាវកើតឡើងយ៉ាងស្ងៀមស្ងាត់។ ពួកគេចាប់ផ្ដើមធុញទ្រាន់នឹងសេចក្ដីពិត និងគ្រប់យ៉ាងដែលចេញមកពីខ្ញុំ។ លើសពីនេះទៅទៀត ពួកគេធុញទ្រាន់នឹងការស្នាក់នៅក្នុងដំណាក់របស់ខ្ញុំ។ មនុស្សទាំងនេះ ស្នាក់នៅក្នុងដំណាក់របស់ខ្ញុំមួយរយៈ សម្រាប់ជាប្រយោជន៍ដល់គោលដៅរបស់ពួកគេ និងដើម្បីរួចផុតពីការដាក់ទណ្ឌកម្ម ទោះបីជាពួកគេកំពុងបម្រើព័ន្ធកិច្ចក៏ដោយ។ ដោយឡែក ចេតនា និងសកម្មភាពរបស់ពួកគេ មិនដែលផ្លាស់ប្តូរឡើយ។ ទង្វើនេះបង្កើនសេចក្ដីប្រាថ្នារបស់ពួកគេចំពោះព្រះពរ និងបង្កើនសេចក្ដីប្រាថ្នារបស់ពួកគេក្នុងការចូលទៅនគរព្រះតែមួយដង ហើយស្ថិតនៅទីនោះជារៀងរហូតតទៅ ទាំងចូលក្នុងស្ថានសួគ៌ដ៏អស់កល្ប។ កាលណាពួកគេរឹតតែចង់ឱ្យថ្ងៃរបស់ខ្ញុំឆាប់មកដល់ ពួកគេកាន់តែមានអារម្មណ៍ថា សេចក្ដីពិតក្លាយជាឧបសគ្គ ជាថ្មជំពប់ដល់ផ្លូវរបស់ពួកគេ។ ពួកគេស្ទើរតែមិនអាចរង់ចាំឈានជើងចូលក្នុងនគរព្រះ ដើម្បីទទួលបានព្រះពរពីនគរស្ថានសួគ៌ជារៀងរហូត ដោយមិនចាំបាច់តាមរកសេចក្ដីពិត ឬទទួលយកការជំនុំជម្រះ និងការដាក់ទោសអ្វីទាំងអស់ ហើយសំខាន់ជាងគេ គឺមិនចាំបាច់លុតក្រាបនៅក្នុងដំណាក់ខ្ញុំ និងធ្វើតាមខ្ញុំបញ្ជា។ មនុស្សទាំងនេះចូលក្នុងដំណាក់ខ្ញុំ មិនមែនដើម្បីបំពេញសេចក្ដីប្រាថ្នារបស់គេ ក្នុងការស្វែងរកសេចក្ដីពិត ឬសហការជាមួយការគ្រប់គ្រងរបស់ខ្ញុំទេ គោលបំណងរបស់ពួកគេ គឺគ្រាន់តែឱ្យបានស្ថិតក្នុងចំណោមមនុស្សដែលមិនរងសេចក្ដីវិនាសនៅក្នុងយុគសម័យដែលនឹងមកដល់។ ហេតុដូច្នេះ ដួងចិត្តរបស់ពួកគេមិនដែលស្គាល់អ្វីទៅជាសេចក្ដីពិត ឬធ្វើដូចម្ដេចទើបទទួលបានសេចក្ដីពិតឡើយ។ នេះជាមូលហេតុដែលមនុស្សបែបនេះ មិនដែលអនុវត្តសេចក្ដីពិត ឬដឹងពីជម្រៅនៃសេចក្ដីពុករលួយរបស់ពួកគេ ហើយនៅតែរស់នៅក្នុងដំណាក់របស់ខ្ញុំ ក្នុងនាមជា «អ្នកបម្រើ» រហូត។ ពួកគេរង់ចាំថ្ងៃរបស់ខ្ញុំមកដល់ «ទាំងអត់ធ្មត់» ហើយក៏មិនចេះនឿយហត់ ខណៈពេលដែលពួកគេត្រូវបានរុញទៅរុញមកដោយលក្ខណៈនៃកិច្ចការរបស់ខ្ញុំ។ ប៉ុន្តែមិនថាពួកគេខិតខំប្រឹងប្រែងខ្លាំងយ៉ាងណា ឬពួកគេបង់សងក្នុងតម្លៃណានោះទេ ក៏គ្មាននរណាម្នាក់ធ្លាប់ឃើញពួកគេរងទុក្ខដើម្បីសេចក្ដីពិតទេ ឬក៏ផ្ដល់អ្វីមួយ សម្រាប់ជាប្រយោជន៍ដល់ខ្ញុំដែរ។ ក្នុងដួងចិត្តរបស់ពួកគេ កំពុងតែរសាប់រសល់ចង់ឃើញថ្ងៃដែលខ្ញុំបញ្ចប់យុគសម័យចាស់ ហើយលើសពីនេះទៅទៀត គេមិនអាចទ្រាំចាំមើលភាពអស្ចារ្យនៃព្រះចេស្ដា និងសិទ្ធិអំណាចរបស់ខ្ញុំឡើយ។ រឿងដែលពួកគេមិនដែលរួសរាន់ធ្វើសោះនោះ គឺការកែខ្លួន និងតាមរកសេចក្តីពិត។ ពួកគេស្រឡាញ់អ្វីៗដែលខ្ញុំធុញទ្រាន់ ប៉ុន្តែពួកគេធុញទ្រាន់នឹងអ្វីៗដែលខ្ញុំស្រឡាញ់។ ពួកគេចង់បានយ៉ាងខ្លាំងនូវអ្វីៗដែលខ្ញុំស្អប់ ហើយពួកគេខ្លាចបាត់បង់អ្វីៗដែលខ្ញុំស្អប់ខ្ពើមខ្លាំង។ ពួកគេរស់នៅក្នុងលោកិយដ៏អាក្រក់នេះ មិនដែលស្អប់ខ្ពើមវា ហើយបែរជាខ្លាចខ្ញុំបំផ្លាញវាចោលយ៉ាងខ្លាំងទៅវិញ។ ក្នុងចេតនាផ្ទុយគ្នារបស់ពួកគេ ពួកគេស្រឡាញ់លោកិយដែលខ្ញុំស្អប់ខ្ពើមនេះ ប៉ុន្តែពួកគេក៏ចង់ឱ្យខ្ញុំបំផ្លាញវាយ៉ាងរួសរាន់ ដើម្បីឱ្យពួកគេអាចរួចជីវិតពីការរងទុក្ខដោយក្ដីអន្តរាយ ហើយក្លាយទៅជាចៅហ្វាយនៃយុគសម័យបន្ទាប់ មុនពេលពួកគេងាកចេញពីផ្លូវពិត។ នេះក៏ព្រោះតែពួកគេមិនស្រឡាញ់សេចក្ដីពិត ហើយក៏ធុញទ្រាន់នឹងគ្រប់យ៉ាងដែលចេញមកពីខ្ញុំ។ ពួកគេអាចក្លាយជា «មនុស្សដែលស្តាប់បង្គាប់» ក្នុងរយៈពេលខ្លី ដើម្បីកុំឱ្យបាត់បង់ព្រះពរ ប៉ុន្តែភាពអន្ទះសារបស់ពួកគេក្នុងការទទួលបានព្រះពរ ព្រមទាំងការភ័យខ្លាចការវិនាស និងការចូលក្នុងបឹងភ្លើង មិនអាចបិទបាំងបានរហូតនោះទេ។ នៅពេលដែលថ្ងៃរបស់យើលជិតមកដល់ សេចក្ដីប្រាថ្នារបស់ពួកគេ ក៏ដុះដាលខ្លាំងឡើងជាលំដាប់។ ហើយពេលមហន្តរាយកាន់តែខ្លាំង វាកាន់តែធ្វើឱ្យពួកគេគ្មានទីពឹង ទាំងមិនដឹងថា ត្រូវចាប់ផ្ដើមពីកន្លែងណា ដើម្បីធ្វើឱ្យខ្ញុំរីករាយព្រះទ័យ និងចៀសវាងការបាត់បង់ព្រះពរដែលពួកគេចង់បានយ៉ាងខ្លាំងជាយូរមកហើយ។ មនុស្សបែបនេះ ទទូចចង់ធ្វើសកម្មភាពបម្រើការជាទ័ពស្រួច ឱ្យបានទាន់ពេលដែលដៃរបស់ខ្ញុំចាប់ផ្តើមធ្វើការ។ ពួកគេគិតតែពីការកញ្ជ្រោលឡើងទៅជួរមុខបំផុតរបស់កងទ័ព ដោយខ្លាចខ្ញុំមើលមិនឃើញពួកគេយ៉ាងខ្លាំង។ ពួកគេធ្វើ និងនិយាយនូវអ្វីដែលពួកគេគិតថាត្រឹមត្រូវ ដោយមិនដែលដឹងថា អំពើ និងសកម្មភាពរបស់ពួកគេ មិនទាក់ទងនឹងសេចក្ដីពិតទាល់តែសោះ ហើយអំពើរបស់ពួកគេបានត្រឹមតែរំខាន និងបង្អាក់ផែនការរបស់ខ្ញុំប៉ុណ្ណោះ។ ពួកគេប្រហែលជាបានប្រឹងប្រែងយ៉ាងខ្លាំង ហើយអាចជាមានឆន្ទៈ និងចេតនាស្មោះត្រង់ពិតក្នុងការស៊ូទ្រាំនឹងភាពលំបាក ប៉ុន្តែពួកគេមិនបានធ្វើអ្វីសោះដែលទាក់ទងនឹងខ្ញុំ ដ្បិតខ្ញុំមិនដែលឃើញថា អំពើរបស់ពួកគេចេញមកពីចេតនាល្អសោះ ហើយខ្ញុំរឹតតែមិនធ្លាប់ឃើញពួកគេថ្វាយអ្វីមួយនៅលើអាសនៈរបស់ខ្ញុំដែរ។ ទាំងនេះ គឺជាអំពើដែលពួកគេបាន និងកំពុងធ្វើនៅចំពោះមុខខ្ញុំអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

(ដកស្រង់ពី «អ្នករាល់គ្នាត្រូវតែពិចារណានូវទង្វើរបស់ខ្លួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១០៣. មនុស្សជាច្រើន ប្រកាន់ខ្ជាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីអានរៀងរាល់ថ្ងៃ រហូតដល់ថ្នាក់តាំងចិត្តទន្ទេញបទគម្ពីរក្នុងព្រះបន្ទូលបុរាណទាំងនោះយ៉ាងយកចិត្តទុកដាក់ ដូចជាសម្បត្តិដ៏មានតម្លៃបំផុតរបស់គេ ហើយជាងនេះទៅទៀត គេក៏ផ្សាយព្រះបន្ទូលទៅគ្រប់ទីកន្លែងទាំងផ្គត់ផ្គង់ និងជួយដល់អ្នកដទៃ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង។ ពួកគេគិតថា ការធ្វើបែបនេះគឺដើម្បីធ្វើបន្ទាល់ពីព្រះជាម្ចាស់ ធ្វើបន្ទាល់ពីព្រះបន្ទូលរបស់ទ្រង់ គិតថាការធ្វើបែបនេះ គឺជាការដើរតាមផ្លូវរបស់ព្រះជាម្ចាស់ ពួកគេគិតថា ការធ្វើបែបនេះ គឺជាការរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គិតថាការធ្វើបែបនេះ គឺជាការនាំយកព្រះបន្ទូលរបស់ទ្រង់មកដាក់ក្នុងជីវិតរស់នៅផ្ទាល់របស់គេ គិតថាការធ្វើបែបនេះនឹងអាចឱ្យគេទទួលបានការសរសើរពីព្រះជាម្ចាស់ ហើយដើម្បីឱ្យបានសង្គ្រោះ និងបានប្រោសឱ្យគ្រប់លក្ខណ៍។ ប៉ុន្តែ សូម្បីតែពេលដែលពួកគេផ្សាយព្រះបន្ទូលព្រះជាម្ចាស់ ក៏ពួកគេមិនធ្លាប់ប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងការអនុវត្ត ឬព្យាយាមប្រៀបធៀបខ្លួនឯងទៅនឹងអ្វីដែលត្រូវបានបើកសម្ដែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ ពួកគេប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីទទួលបាននូវការស្រឡាញ់ និងការទុកចិត្តអ្នកដទៃដោយប្រើល្បិច ដើម្បីចូលទៅក្នុងការគ្រប់គ្រងរបស់ពួកគេផ្ទាល់ និងដើម្បីបន្លំ និងលួចយកសិរីល្អរបស់ព្រះជាម្ចាស់។ ពួកគេសង្ឃឹមកេងយកឱកាសដែលបានមកពីការផ្សាយព្រះបន្ទូលទាំងមិនបានការ ដើម្បីឱ្យបានកិច្ចការរបស់ព្រះជាម្ចាស់ និងការសរសើររបស់ទ្រង់ជារង្វាន់។ ប៉ុន្មានឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែមនុស្សទាំងនេះមិនត្រឹមតែមិនអាចទទួលបានការសរសើររបស់ព្រះជាម្ចាស់នៅក្នុងដំណើរការនៃការផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេក៏មិនត្រឹមតែមិនអាចស្វែងរកផ្លូវដែលពួកគេគួរដើរតាមនៅក្នុងដំណើរការនៃការធ្វើបន្ទាល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេមិនត្រឹមតែមិនបានជួយ ឬផ្គត់ផ្គង់សម្រាប់ខ្លួនឯងនៅក្នុងដំណើរការនៃការជួយ និងការផ្គត់ផ្គង់អ្នកដទៃដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេមិនត្រឹមតែមិនអាចស្គាល់ព្រះជាម្ចាស់ ឬដាស់ខ្លួនឯងឱ្យមានការគោរពកោតខ្លាចពិតប្រាកដចំពោះព្រះជាម្ចាស់នៅក្នុងដំណើរការនៃការធ្វើកិច្ចការទាំងអស់នេះប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ការយល់ខុសរបស់គេចំពោះព្រះជាម្ចាស់ គឺកាន់តែជ្រៅទៅៗ ការសង្ស័យរបស់គេក៏កាន់តែធ្ងន់ធ្ងរទៅៗ ហើយគំនិតរវើរវាយរបស់គេចំពោះទ្រង់ ក៏កាន់តែខុសឆ្ងាយពីការពិតទៅទៀតផង។ ដោយត្រូវបានផ្គត់ផ្គង់ ហើយដឹកនាំដោយទ្រឹស្ដីរបស់គេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេហាក់ដូចជាកំពុងប្រើជំនាញរបស់គេយ៉ាងងាយស្រួលដោយមិនបាច់ប្រឹង ពួកគេហាក់ដូចជាបានរកឃើញគោលបំណងរបស់គេក្នុងជីវិតបេសកកម្មរបស់គេ ហើយពួកគេក៏ហាក់ដូចជារកបានជីវិតថ្មី និងហាក់ដូចជាបានសង្គ្រោះដោយមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ហូរចេញមកម៉ាត់ៗ តាមការរ៉ាយរ៉ាប់ដោយអណ្ដាតរបស់គេដែរ ពួកគេបានទទួលនូវសេចក្ដីពិត និង បានយល់ពីចេតនារបស់ព្រះជាម្ចាស់ ហើយហាក់ដូចជាបានរកឃើញផ្លូវឆ្ពោះទៅរកការស្គាល់ព្រះជាម្ចាស់ នៅក្នុងដំណើរការនៃការផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេច្រើនតែមករកព្រះជាម្ចាស់ ដោយមុខទល់នឹងមុខ។ ពួកគេក៏ឧស្សាហ៍ត្រូវបាន «រំជួលចិត្ត» រហូតដល់យំយ៉ាងខ្លាំង និងរមែងត្រូវបានដឹកនាំដោយ «ព្រះជាម្ចាស់» នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏ហាក់ដូចជាកំពុងយល់ពីក្ដីកង្វល់ដ៏ស្មោះត្រង់ និងចេតនាដ៏សប្បុរសរបស់ទ្រង់ឥតឈប់ឈរដែរ ហើយក្នុងពេលជាមួយគ្នា គេហាក់ដូចជាបានយល់ពីសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ សម្រាប់មនុស្សជាតិ និងការគ្រប់គ្រងរបស់ទ្រង់ ហាក់ដូចជាចាប់ផ្ដើមស្គាល់ពីសារជាតិរបស់ទ្រង់ និងហាក់ដូចជាបានយល់ពីនិស្ស័យសុចរិតរបស់ទ្រង់ដែរ។ ផ្អែកលើមូលដ្ឋានគ្រឹះនេះ ពួកគេហាក់ដូចជាជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់កាន់តែខ្លាំងជាងមុន កាន់តែដឹងអំពីសភាពរុងរឿងរបស់ទ្រង់ជាងមុន ព្រមទាំងដឹងអំពីភាពមហស្ចារ្យ និងឧត្ដមភាពរបស់ទ្រង់កាន់តែស៊ីជម្រៅ។ ដោយបានផុងជ្រៅក្នុងចំណេះដឹងលំៗរបស់គេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីជំនឿរបស់គេហាក់ដូចជាបានចម្រើនឡើង ការតាំងចិត្តរបស់គេក្នុងការទ្រាំទ្រនឹងទុក្ខលំបាក ក៏កាន់តែរឹងមាំ ហើយចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ ក៏កាន់តែជ្រាលជ្រៅដែរ។ ពួកគេសឹងតែមិនដឹងសោះថា ចំណេះដឹងគ្រប់យ៉ាងរបស់គេអំពីព្រះជាម្ចាស់ និងគំនិតរបស់គេអំពីព្រះអង្គ គឺសុទ្ធតែកើតពីគំនិតរវើរវាយ និងការគិតស្មានរបស់គេផ្ទាល់តាមចិត្តដែលគេប្រាថ្នា។ សេចក្ដីជំនឿរបស់គេមុខជាមិនបានបង្ហាញថាបានឆ្លងកាត់នូវការល្បងលណាមួយពីព្រះជាម្ចាស់ ជីវិតខាងព្រលឹងវិញ្ញាណ និងឋានៈដែលគេអួតនោះ មុខជាមិនបង្ហាញថា បានឆ្លងកាត់នូវការល្បងល ឬការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ឡើយ ហើយការតាំងចិត្តរបស់គេ គ្រាន់តែជាប្រាសាទដែលធ្វើពីដីខ្សាច់ ហើយចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ ក៏គ្រាន់តែជាការប្រឌិតនៃគំនិតរវើរវាយរបស់គេប៉ុណ្ណោះ។ តាមពិត មនុស្សទាំងនេះធ្លាប់យកចិត្តទុកដាក់ខ្លាំងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែមិនធ្លាប់បានដឹងសោះថា អ្វីទៅជាជំនឿពិត អ្វីទៅជាការស្ដាប់បង្គាប់ពិត អ្វីទៅជាការយកចិត្តទុកដាក់ពិត ឬក៏អ្វីទៅជាចំណេះដឹងពិតអំពីព្រះជាម្ចាស់។ ពួកគេយកទ្រឹស្ដី ការស្រមើស្រមៃ ចំណេះដឹង អំណោយទាន ប្រពៃណី អបិយជំនឿ ហើយនិងគុណតម្លៃសីលធម៌របស់មនុស្ស រួចក៏យកសេចក្ដីទាំងនេះមកធ្វើជា «មូលធន» និងជា «អាវុធ» សម្រាប់ការជឿលើព្រះជាម្ចាស់ និងការដើរតាមទ្រង់ ថែមទាំងធ្វើឱ្យសេចក្ដីទាំងនេះក្លាយជាគ្រឹះនៃជំនឿរបស់គេលើព្រះជាម្ចាស់ និងការដែលគេដើរតាមព្រះអង្គថែមទៀតផង។ នៅក្នុងពេលជាមួយគ្នា ពួកគេក៏យកមូលធន និងអាវុធនេះ មកប្រែក្លាយជាវត្ថុស័ក្ដិសិទ្ធមានវេទមន្ត ដែលធ្វើឱ្យគេស្គាល់ព្រះជាម្ចាស់សម្រាប់ការប្រឈម និងការដោះស្រាយជាមួយការពិនិត្យពិច័យ ការល្បងល ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។ នៅទីបញ្ចប់ ពួកគេមិនទទួលបានអ្វីសោះ ក្រៅតែពីការសន្និដ្ឋានចំពោះព្រះជាម្ចាស់ ដែលផុងជ្រៅក្នុងន័យលាក់កំបាំងខាងសាសនា ក្នុងអបិយជំនឿហួសសម័យ និងក្នុងអ្វីៗគ្រប់យ៉ាងដែលនាំឱ្យរំជួលចិត្ត ប្លែកក្នុងចិត្ត និងជាអាថ៌កំបាំង។ មាគ៌ានៃការស្គាល់ និងការដែលគេកំណត់និយមន័យព្រះជាម្ចាស់ ត្រូវបានដៅជាប់នៅក្នុងពុម្ពតែមួយ ជាមួយនឹងមនុស្សដែលជឿតែត្រឹមថា ស្ថានសួគ៌នៅខាងលើ ឬបុរសចំណាស់នៅលើមេឃ ខណៈដែលភាពពិតជាក់ស្ដែងរបស់ព្រះជាម្ចាស់ សារជាតិរបស់ទ្រង់ និស្ស័យរបស់ទ្រង់ កម្មសិទ្ធិ និងអត្ថិភាពរបស់ទ្រង់ ។ល។ គ្រប់យ៉ាងដែលទាក់ទងនឹងព្រះជាម្ចាស់ដ៏ពិតផ្ទាល់ព្រះអង្គ គឺសុទ្ធតែជាសេចក្ដីដែលចំណេះដឹងរបស់គេយល់មិនដល់ ជាសេចក្ដីដែលចំណេះដឹងរបស់គេត្រូវបានផ្ដាច់ចេញស្រឡះ ហើយថែមទាំងនៅឆ្ងាយពីគ្នាស្រឡះ ដូចពីប៉ូលខាងជើងទៅប៉ូលខាងត្បូង។ តាមរបៀបនេះ ទោះបីជាមនុស្សទាំងអស់នេះរស់នៅក្រោមការផ្គត់ផ្គង់ និងការទំនុកបម្រុងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅតែមិនអាចដើរលើមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់យ៉ាងពិតប្រាកដដែរ។ ហេតុផលពិតចំពោះរឿងនេះ គឺពួកគេមិនធ្លាប់បានស្គាល់ព្រះជាម្ចាស់ទាល់តែសោះ ហើយពួកគេក៏មិនធ្លាប់មានទំនាក់ទំនង ឬប្រាស្រ័យជាមួយព្រះអង្គដែរដូច្នេះហើយ ពួកគេមិនអាចឈានដល់ការយោគយល់គ្នាទៅវិញទៅមកជាមួយនឹងព្រះជាម្ចាស់ ឬដាស់ជំនឿពិតដែលគេមានក្នុងខ្លួនពួកគេ ការដើរតាម ឬការថ្វាយបង្គំសម្រាប់ព្រះជាម្ចាស់ឡើយ។ ដែលពួកគេគួរគិតបែបនេះចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលពួកគេគួរគិតបែបនេះចំពោះព្រះជាម្ចាស់ ទស្សនៈ និងអាកប្បកិរិយានេះបានបំផ្លាញពួកគេឱ្យត្រឡប់ពីការប្រឹងប្រែងរបស់គេដោយដៃទទេ បានបំផ្លាញពួកគេមិនឱ្យពួកគេអាចដើរលើមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បាន រហូតអស់កល្បជានិច្ច។ គោលដៅដែលពួកគេកំពុងតម្រង់ឆ្ពោះ និងទិសដៅដែលគេកំពុងទៅ បង្ហាញថាពួកគេជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់អស់កល្បជានិច្ច និងបញ្ជាក់ថាពួកគេនឹងមិនអាចទទួលបានសេចក្ដីសង្គ្រោះអស់កល្បជានិច្ចឡើយ។

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

១០៤. អំឡុងពេលជាច្រើនឆ្នាំក្នុងការបំពេញកិច្ចការរបស់ខ្ញុំ មនុស្សបានទទួលក៏ច្រើន ហើយបោះបង់ចោលក៏ច្រើន ប៉ុន្តែខ្ញុំនៅតែពោលថា ពួកគេនៅមិនទាន់ជឿលើខ្ញុំដោយពិតប្រាកដឡើយ។ ដ្បិតមនុស្សលោកគ្រាន់តែទទួលស្គាល់ថា ខ្ញុំជាព្រះជាម្ចាស់ដោយមាត់របស់ពួកគេ ប៉ុន្តែពួកគេមិនយល់ស្របនឹងសេចក្តីពិតដែលខ្ញុំមានបន្ទូលនោះទេ ហើយជាងនេះទៅទៀត ពួកគេមិនអនុវត្តតាមសេចក្តីពិតដែលខ្ញុំបង្គាប់ពីពួកគេនោះឡើយ។ នោះមានន័យថា មនុស្សទទួលស្គាល់ត្រឹមថា មានព្រះជាម្ចាស់ ប៉ុន្តែមិនទទួលស្គាល់ថាមានសេចក្តីពិតនោះទេ។ មនុស្សទទួលស្គាល់ត្រឹមថាមានព្រះជាម្ចាស់ ប៉ុន្តែមិនទទួលស្គាល់ថា មានជីវិតនោះទេ។ មនុស្សទទួលស្គាល់ត្រឹមព្រះនាមរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនទទួលស្គាល់លក្ខណៈរបស់ទ្រង់នោះទេ។ ខ្ញុំស្អប់ពួកគេ ដោយសារតែចិត្តងប់ងល់របស់ពួកគេ ដ្បិតពួកគេគ្រាន់តែប្រើពាក្យសម្តីពិរោះៗដើម្បីបោកប្រាស់ខ្ញុំប៉ុណ្ណោះ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេថ្វាយបង្គំខ្ញុំដោយពិតប្រាកដនោះទេ។ ពាក្យសម្តីរបស់អ្នករាល់គ្នា មានបង្កប់នូវសេចក្ដីល្បួងរបស់សត្វពស់ ហើយជាសម្ដីអួតខ្លាំងជាទីបំផុត ជាសេចក្តីប្រកាសដ៏ពិតប្រាកដដោយមហាទេវតា។ ជាងនេះទៅទៀត ទង្វើរបស់អ្នករាល់គ្នាត្រូវបានបំផ្លាញខ្ទេចខ្ទីដល់កម្រិតមួយយ៉ាងអាម៉ាស់។ ក្តីប្រាថ្នាច្រើនហួសប្រមាណ និងបំណងលោភលន់របស់អ្នករាល់គ្នា គឺទាស់ត្រចៀកខ្លាំងណាស់។ អ្នករាល់គ្នាបានក្លាយជាសត្វខ្មូត នៅក្នុងដំណាក់របស់ខ្ញុំ ជាវត្ថុដែលត្រូវបោះចោលដោយសារសេចក្ដីសម្អប់។ ដ្បិតគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ស្រឡាញ់សេចក្តីពិតនោះទេ។ ផ្ទុយទៅវិញ អ្នកប្រាថ្នាចង់ទទួលបានព្រះពរ ចង់បានទៅឋានសួគ៌ ចង់មើលឃើញទិដ្ឋភាពដ៏អស្ចារ្យរបស់ព្រះគ្រីស្ទដែលទ្រង់សម្តែងឫទ្ធានុភាពរបស់ទ្រង់នៅលើផែនដីនេះ។ ប៉ុន្តែ តើអ្នករាល់គ្នាធ្លាប់គិតទេថា មនុស្សដូចជាអ្នករាល់គ្នា មនុស្សដែលពុករលួយយ៉ាងខ្លាំង ជាមនុស្សដែលមិនដឹងថាព្រះជាម្ចាស់ជាអ្វីផងនោះ ស័ក្ដិសមនឹងដើរតាមព្រះជាម្ចាស់ដូចម្តេចបាន? តើអ្នកអាចទៅឋានសួគ៌បានដូចម្ដេចទៅ? តើអ្នកស័ក្តិសមនឹងមើលឃើញទិដ្ឋភាពដ៏អស្ចារ្យ ជាទិដ្ឋភាពដ៏ល្អត្រចះត្រចង់ មិនដែលធ្លាប់មានពីមុនមកនោះ បានដោយរបៀបណា? មាត់របស់អ្នក ពោរពេញដោយពាក្យសម្ដីបោកប្រាស់ និងពាក្យស្មោកគ្រោក ពាក្យមិនស្មោះត្រង់ និងពាក្យក្រអឺតក្រទម។ អ្នកមិនដែលនិយាយពាក្យស្មោះត្រង់ចំពោះខ្ញុំឡើយ គ្មានពាក្យបរិសុទ្ធ គ្មានពាក្យចុះចូលចំពោះខ្ញុំ នៅពេលស្តាប់ឮបន្ទូលរបស់ខ្ញុំឡើយ។ នៅទីបំផុត តើជំនឿរបស់អ្នកមានលក្ខណៈបែបណាទៅ? នៅក្នុងចិត្តរបស់អ្នករាល់គ្នា គ្មានអ្វីក្រៅពីសេចក្តីប៉ងប្រាថ្នា និងប្រាក់កាសឡើយ ហើយនៅក្នុងគំនិតរបស់អ្នករាល់គ្នា ក៏គ្មានអ្វីក្រៅពីទ្រព្យសម្បត្តិដែរ។ រៀងរាល់ថ្ងៃ អ្នកត្រិះរិះថា ត្រូវធ្វើបែបណាដើម្បីទទួលបានអ្វីមួយពីខ្ញុំ។ រៀងរាល់ថ្ងៃ អ្នករាប់ចំនួនទ្រព្យសម្បត្តិ និងចំនួនរបស់ទ្រព្យដែលអ្នកបានទទួលពីខ្ញុំ។ រៀងរាល់ថ្ងៃ អ្នកទន្ទឹងរង់ចាំឱ្យព្រះពរធ្លាក់មករកអ្នករាល់គ្នាទៀត ដើម្បីឱ្យអ្នករាល់គ្នាអាចត្រេកអរសប្បាយនឹងរបស់ទ្រព្យគួរជាទីត្រេកអរសប្បាយ ដែលមានចំនួនកាន់តែច្រើន និងមានក្បួនខ្នាតកាន់តែខ្ពស់ជាងមុន។ នៅគ្រប់ពេលទាំងអស់ នៅក្នុងគំនិតរបស់អ្នកពុំមានរូបខ្ញុំឡើយ ក៏មិនមានសេចក្តីពិតដែលមកអំពីខ្ញុំដែរ តែផ្ទុយទៅវិញ គំនិតរបស់អ្នក មានតែប្តី ឬប្រពន្ធកូនប្រុស កូនស្រីរបស់អ្នករាល់គ្នា និងគ្រឿងបរិភោគ ព្រមទាំងសម្លៀកបំពាក់របស់អ្នករាល់គ្នាតែប៉ុណ្ណោះ។ អ្នកគិតថា តើត្រូវធ្វើដូចម្តេច ទើបអ្នកអាចទទួលបានភាពរីករាយកាន់តែច្រើន និងកាន់តែខ្លាំងជាងនេះ។ ប៉ុន្តែ បើទោះបីជាពេលដែលអ្នកបានចម្អែតក្រពះរបស់អ្នករាល់គ្នារហូតដល់ផ្ទុះពោះក្តី តើអ្នកនៅតែមិនមែនជាសាកសពទេឬអី? សូម្បីតែពេលដែលអ្នកតុបតែងខ្លួនឯងពីខាងក្រៅដោយសម្លៀកបំពាក់ស្អាតៗបែបនេះក្ដី តើអ្នករាល់គ្នាមិនមែនជាសាកសពចេះដើរ ដែលគ្មានជីវិតទេឬអី? អ្នករាល់គ្នា ខំធ្វើការនឿយហត់ព្រោះតែក្រពះ រហូតដល់សក់ក្បាលប្រែទៅជាស្កូវ តែគ្មាននរណាលះបង់សក់មួយសរសៃដើម្បីកិច្ចការរបស់ខ្ញុំទេ។ អ្នករាល់គ្នាកំពុងទៅមុខឥតឈប់ឈរ ដោយប្រើកម្លាំងកាយ និងញាំញីខួរក្បាល ដើម្បីជាប្រយោជន៍ដល់ខាងសាច់ឈាមរបស់អ្នកផ្ទាល់ និងសម្រាប់កូនប្រុសស្រីរបស់អ្នក ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា បង្ហាញការព្រួយបារម្ភ ឬក្តីកង្វល់អំពីបំណងហឫទ័យរបស់ខ្ញុំឡើយ។ តើនៅមានអ្វីខ្លះទៀតដែលអ្នករាល់គ្នាសង្ឃឹមថានឹងទទួលបានពីខ្ញុំ?

(ដកស្រង់ពី «មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែមានមនុស្សតិចណាស់ដែលត្រូវបានជ្រើសរើស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១០៥. ខ្ញុំបានសម្ដែងចេញនូវព្រះបន្ទូលយ៉ាងច្រើន ហើយក៏បានបង្ហាញពីព្រះហឫទ័យ និងនិស្ស័យរបស់ខ្ញុំផង បើទោះជាដូច្នេះក្ដី ក៏មនុស្សនៅតែមិនអាចស្គាល់ខ្ញុំ ហើយជឿលើខ្ញុំដែរ។ ឬក៏អាចនិយាយបានម្យ៉ាងទៀតថា មនុស្សនៅតែមិនអាចស្ដាប់បង្គាប់ខ្ញុំ។ អស់អ្នកដែលរស់នៅក្នុងគម្ពីរ អស់អ្នកដែលរស់នៅក្នុងក្រឹត្យវិន័យ អស់អ្នកដែលរស់នៅលើឈើឆ្កាង អស់អ្នកដែលរស់នៅស្របតាមសេចក្ដីបង្រៀន អស់អ្នកដែលរស់នៅក្នុងកិច្ចការដែលខ្ញុំធ្វើសព្វថ្ងៃនេះ ក្នុងចំណោមពួកគេទាំងនេះ តើនរណាទៅដែលស្របនឹងខ្ញុំ? អ្នករាល់គ្នាគិតតែពីការទទួលព្រះពរ និងរង្វាន់ តែមិនដែលលៃទុកគំនិតគិតថា ធ្វើរបៀបណាដើម្បីឱ្យបានចុះសម្រុងនឹងខ្ញុំយ៉ាងពិតប្រាកដ ឬក៏ពីរបៀបបង្ការខ្លួនឯងពីការប្រឆាំងនឹងខ្ញុំ។ ខ្ញុំខកព្រះហឫទ័យនឹងអ្នករាល់គ្នាណាស់ ព្រោះខ្ញុំបានប្រទានដល់អ្នករាល់គ្នាយ៉ាងច្រើន តែខ្ញុំទទួលបានពីអ្នករាល់គ្នាវិញ តិចតួចជាទីបំផុត។ ការឆបោក ភាពក្រអឺតក្រទម ភាពលោភលន់ សេចក្ដីប្រាថ្នាហួសល្បត់ ការក្បត់ ការមិនស្ដាប់បង្គាប់របស់អ្នករាល់គ្នា ក្នុងចំណោមទង្វើទាំងអស់នេះ តើទង្វើណាមួយ ដែលអាចគេចពីការកត់ចំណាំរបស់ខ្ញុំបាន? អ្នករាល់គ្នាព្រងើយកន្តើយនឹងខ្ញុំ អ្នករាល់គ្នាបោកបញ្ឆោតខ្ញុំ អ្នករាល់គ្នាប្រមាថខ្ញុំ អ្នករាល់គ្នាបញ្ជោរខ្ញុំ អ្នករាល់គ្នាទារឱ្យខ្ញុំសង ហើយជំរិតទារតង្វាយខ្ញុំ តើសេចក្ដីអាក្រក់របៀបនេះ អាចនឹងគេចរួចពីការដាក់ទោសរបស់ខ្ញុំដោយរបៀបបណា? ការប្រព្រឹត្តអាក្រក់ទាំងអស់នេះ ជាភ័ស្តុតាងបញ្ជាក់ពីភាពជាសត្រូវរបស់អ្នករាល់គ្នាចំពោះខ្ញុំ ហើយជាភ័ស្តុតាងបញ្ជាក់ពីភាពមិនចុះសម្រុងរបស់អ្នករាល់គ្នានឹងខ្ញុំ។ ពួកអ្នកម្នាក់ៗ ជឿលើខ្លួនឯងថា ចុះសម្រុងនឹងខ្ញុំណាស់ ប៉ុន្តែប្រសិនជាបែបនោះមែន តើភ័ស្តុតាងដែលមិនអាចប្រកែកបាននេះត្រូវប្រើចំពោះនរណាខ្លះ? អ្នករាល់គ្នាជឿលើខ្លួនឯងថា មានសេចក្ដីស្មោះត្រង់ និងភក្ដីភាព យ៉ាងច្រើនអនេកចំពោះខ្ញុំ។ អ្នករាល់គ្នាគិតថា ខ្លួនឯងមានចិត្តសប្បុរសខ្លាំងណាស់ មានមេត្តាខ្លាំងណាស់ ហើយស្រឡាញ់ខ្ញុំជាខ្លាំង។ អ្នករាល់គ្នាគិតថា ខ្លួនបានធ្វើលើសពីគ្រប់គ្រាន់ហើយដើម្បីខ្ញុំ។ ក៏ប៉ុន្តែ តើអ្នករាល់គ្នាមានដែលធៀបរឿងនឹងនេះ ទៅនឹងសកម្មភាពរបស់ខ្លួនឯងដែរឬទេ? ខ្ញុំមានបន្ទូលថា អ្នករាល់គ្នាក្រអឺតក្រទមខ្លាំង លោភលន់ខ្លាំង ធ្វេសប្រហែសខ្លាំង ល្បិចដែលអ្នករាល់គ្នាបោកខ្ញុំ គឺពិតជាឆ្លាតវៃណាស់ អ្នកមានចេតនា និងវិធីសាស្ត្រថោកទាបច្រើនណាស់។ ភក្ដីភាពរបស់អ្នករាល់គ្នា តិចតួចណាស់ សេចក្ដីស្មោះត្រង់របស់អ្នករាល់គ្នាវិញ ក៏ស្ដួចស្ដើងហើយសតិសម្បជញ្ញៈរបស់អ្នក រឹតតែខ្វះខាតទៅទៀត។ ក្នុងដួងចិត្តអ្នករាល់គ្នា គឺមានតែការព្យាបាទច្រើនពេក ហើយមិនមាននរណាម្នាក់ រួចផុតពីការព្យាបាទរបស់អ្នកឡើយ សូម្បីតែខ្ញុំ។ អ្នករាល់គ្នាបិទទ្វារចោលខ្ញុំ ដើម្បីតែកូនៗខ្លួនឯង ឬក៏ប្ដីអ្នករាល់គ្នា ឬដើម្បីតែការពារខ្លួនឯង។ ជំនួសឱ្យការយកចិត្តទុកដាក់នឹងខ្ញុំ អ្នកយកចិត្តទុកដាក់នឹងគ្រួសារ កូនៗ ឋានៈ អនាគត និងក្ដីសុខរបស់អ្នករាល់គ្នាជាង។ តើពេលណាទៅដែលអ្នកធ្លាប់បានគិតពីខ្ញុំ ខណៈពេលអ្នករាល់គ្នានិយាយ ឬប្រព្រឹត្តនោះ? នៅថ្ងៃដែលត្រជាក់ខ្លាំង គំនិតរបស់អ្នករាល់គ្នា រិះគិតតែអំពីកូនៗ ប្ដីប្រពន្ធ ឬឪពុកម្ដាយរបស់អ្នករាល់គ្នា។ នៅថ្ងៃដែលក្ដៅហែង អ្នកក៏មិនដែលគិតដល់ខ្ញុំដែរ។ ពេលអ្នករាល់គ្នាបំពេញភារកិច្ចរបស់ខ្លួន អ្នកកំពុងគិតពីផលប្រយោជន៍ សុវត្ថិភាពផ្ទាល់ខ្លួន និងសមាជិកគ្រួសាររបស់អ្នក។ តើអ្វីទៅដែលអ្នកធ្លាប់ធ្វើដើម្បីខ្ញុំនោះ? តើពេលណាទៅដែលអ្នកធ្លាប់គិតពីខ្ញុំ? តើពេលណាទៅ ដែលអ្នកធ្លាប់ថ្វាយខ្លួនឯងដល់ខ្ញុំ និងកិច្ចការរបស់ខ្ញុំ ទោះត្រូវលះបង់អ្វីក៏ដោយនោះ? ឯណាទៅភ័ស្តុតាងបញ្ជាក់ពីការចុះសម្រុងរបស់អ្នកនឹងខ្ញុំនោះ? ឯណាទៅតថភាពនៃភក្ដីភាពរបស់អ្នកចំពោះខ្ញុំនោះ? ឯណាទៅតថភាពនៃការស្ដាប់បង្គាប់របស់អ្នកចំពោះខ្ញុំនោះ? ពេលណាទៅ ដែលអ្នកគ្មានចេតនាចង់បានព្រះពរពីខ្ញុំ? អ្នករាល់គ្នាបោកប្រាស់ និងបញ្ឆោតខ្ញុំ អ្នករាល់គ្នាលលេងនឹងសេចក្ដីពិត អ្នកបិទបាំងវត្តមាននៃសេចក្ដីពិត ហើយក្បត់នឹងសារជាតិនៃសេចក្ដីពិត។ តាមរយៈការទាស់ទទឹងនឹងខ្ញុំបែបនេះ នាំឱ្យមានលទ្ធផលអ្វីខ្លះ ដែលកំពុងតែរង់ចាំអ្នករាល់គ្នានៅថ្ងៃខាងមុខ? អ្នករាល់គ្នាគ្រាន់តែព្យាយាមចុះសម្រុងនឹងព្រះដ៏ស្រពេចស្រពិល ហើយស្វែងរកតែជំនឿស្រពេចស្រពិល ប៉ុន្តែអ្នកមិនស្របនឹងព្រះគ្រីស្ទទេ។ តើសេចក្ដីអាក្រក់របស់អ្នក នឹងមិនទទួលការដាក់ទោស ដូចគ្នានឹងទោសដែលមនុស្សអាក្រក់សមនឹងទទួលទេឬអី? នៅពេលនោះ អ្នករាល់គ្នានឹងបានដឹងថា អ្នកដែលមិនចុះសម្រុងនឹងព្រះគ្រីស្ទ គ្មាននរណាម្នាក់អាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានទេ ហើយអ្នករាល់គ្នានឹងបានដឹងថា តើការដាក់ទោសប្រភេទណានឹងកើតមានចំពោះអស់អ្នកដែលប្រឆាំងនឹងព្រះគ្រីស្ទ។

(ដកស្រង់ពី «អ្នកគួរតែស្វះស្វែងរកវិធីដែលស្របនឹងព្រះគ្រីស្ទ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១០៦. នៅក្នុងការស្វែងរករបស់អ្នករាល់គ្នា អ្នកមាននូវសញ្ញាណ សេចក្តីសង្ឃឹម និងអនាគតផ្ទាល់ខ្លួនជាច្រើន។ កិច្ចការបច្ចុប្បន្ននេះ គឺដើម្បីដោះស្រាយនូវបំណងប្រាថ្នាដែលចង់បានឋានៈ និងបំណងប្រាថ្នាហួសប្រមាណរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ សេចក្តីសង្ឃឹម ឋានៈ និងសញ្ញាណ គឺសុទ្ធតែជាតំណាងពីបុរាណនៃនិស្ស័យបែបសាតាំង។ មូលហេតុដែលរឿងរ៉ាងទាំងនេះមាននៅក្នុងចិត្តរបស់មនុស្ស គឺដោយសារតែការបំពុលរបស់សាតាំង តែងតែធ្វើឱ្យគំនិតរបស់មនុស្សកាន់តែអាក្រក់ ហើយជានិច្ចកាល មនុស្សមិនអាចគេចចេញពីការល្បួងរបស់សាតាំងបានឡើយ។ ពួកគេកំពុងរស់នៅក្នុងអំពើបាប តែពួកគេមិនជឿថាវាជាអំពើបាបនោះទេ ហើយពួកគេនៅតែគិតថា៖ «ពួកយើងជឿលើព្រះជាម្ចាស់ ដូច្នេះទ្រង់ត្រូវតែប្រទានព្រះពរដល់ពួកយើង ហើយរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់យើងយ៉ាងសមរម្យ។ យើងជឿលើព្រះជាម្ចាស់ ដូច្នេះពួកយើងត្រូវតែលើសជាងអ្នកដទៃ ហើយយើងត្រូវមានឋានៈ និងអនាគតច្រើនជាងអ្នកដទៃដែរ។ ដោយសារយើងជឿលើព្រះជាម្ចាស់ ទ្រង់ត្រូវតែប្រទានឱ្យយើងនូវព្រះពរដែលគ្មានព្រំដែន។ បើមិនដូច្នោះទេ មិនគួរហៅថាជាអ្នកជឿលើព្រះជាម្ចាស់នោះឡើយ។» អស់រយៈពេលជាច្រើនឆ្នាំមកហើយ គំនិតដែលមនុស្សបានពឹងផ្អែកសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ បានធ្វើឱ្យដួងចិត្តរបស់ពួកគេច្របូកច្របល់ រហូតដល់ចំណុចដែលពួកគេបានត្រឡប់ជាមនុស្សក្បត់ កំសាក និងគួរឱ្យស្អប់ខ្ពើម។ ពួកគេមិនត្រឹមតែខ្វះឆន្ទៈក្នុងការសម្រេច និងការតាំងចិត្តប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានត្រឡប់ជាមនុស្សលោភលន់ ក្រអឺតក្រទម និងធ្វើអ្វីតាមចិត្តឯងផងដែរ។ ពួកគេខ្វះខ្លាំងមែនទែននូវការតាំងចិត្តណាមួយដែលហួសពីខ្លួនឯង ហើយលើសពីនេះទៅទៀត ពួកគេមិនមានភាពក្លាហានបន្តិចសោះក្នុងការចាកចេញពីភាពតឹងរ៉ឹងនៃឥទ្ធិពលងងឹតទាំងនេះទេ។ គំនិត និងជីវិតរបស់មនុស្ស គឺស្អុយរលួយណាស់ ដែលទស្សនៈរបស់ពួកគេលើការជឿលើព្រះជាម្ចាស់ នៅតែអាក្រក់ក្រៃលែងសឹងតែទ្រាំមិនបាន ហើយសូម្បីតែនៅពេលដែលមនុស្សនិយាយអំពីទស្សនរបស់ពួកគេលើការជឿលើព្រះជាម្ចាស់ ក៏សឹងតែមិនអាចអត់ទ្រាំឮដែរ។ មនុស្សទាំងអស់សុទ្ធតែជាមនុស្សកំសាក អសមត្ថភាព គួរឱ្យស្អប់ខ្ពើម និងផុយស្រួយ។ ពួកគេមិនមានអារម្មណ៍ស្អប់ខ្ពើមចំពោះកម្លាំងនៃភាពងងឹតទេ ហើយពួកគេមិនមានអារម្មណ៍ស្រឡាញ់ពន្លឺ និងសេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេខិតខំអស់ពីសមត្ថភាព ដើម្បីបណ្តេញពន្លឺ និងសេចក្ដីពិតចេញ។ តើគំនិត និងទស្សនវិស័យបច្ចុប្បន្នរបស់អ្នករាល់គ្នា មិនមែនដូចនេះទេឬ? «តាំងពីទូលបង្គំជឿលើព្រះជាម្ចាស់ ទូលបង្គំគប្បីទទួលបានការចាក់បង្ហូរនូវព្រះពរ ហើយគប្បីទទួលបានការធានាថា ឋានៈរបស់ទូលបង្គំមិនដែលរង្គោះរង្គើ ហើយឱ្យនៅតែខ្ពស់ជាងអ្នកមិនជឿទៅទៀតដែរ។» អ្នកមិនបានមាននូវទស្សនៈបែបនោះនៅក្នុងខ្លួនអ្នករាល់គ្នា មិនត្រឹមតែរយៈពេលមួយ ឬពីរឆ្នាំទេ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ វិធីនៃការគិតធ្វើប្រតិបត្តិការរបស់អ្នករាល់គ្នា គឺលើសជ្រុល។ ទោះបីជាអ្នកបានឈានដល់ជំហាននេះនៅថ្ងៃនេះក៏ដោយ ក៏អ្នករាល់គ្នានៅតែមិនទាន់បោះបង់ចោលឋានៈដែរ ប៉ុន្តែបែរជាតស៊ូជានិច្ចដើម្បីបានដំណឹងពីការនោះ ហើយសង្កេតអំពីការនោះជារៀងរាល់ថ្ងៃ ដោយការភ័យខ្លាចយ៉ាងខ្លាំងថា ថ្ងៃណាមួយឋានៈរបស់អ្នកនឹងត្រូវបាត់បង់ ហើយឈ្មោះរបស់អ្នកនឹងត្រូវខូច។ មនុស្សមិនដែលលះបង់បំណងប្រាថ្នាដើម្បីភាពងាយស្រួលទេ។ ... បើអ្នកស្វែងរកតាមវិធីនេះកាន់តែច្រើន អ្នកនឹងទទួលបានផលតិច។ បើមនុស្សមានបំណងប្រាថ្នាកាន់តែខ្ពស់លើឋានៈ នោះពួកគេនឹងត្រូវដោះស្រាយជាមួយព្រះជាម្ចាស់កាន់តែធ្ងន់ធ្ងរ ហើយពួកគេនឹងកាន់តែត្រូវឆ្លងកាត់នូវការបន្សុទ្ធដ៏ខ្លាំង។ មនុស្សបែបនេះគ្មានតម្លៃទេ! ពួកគេត្រូវតែត្រូវដោះស្រាយ និងជំនុំជម្រះពីព្រះជាម្ចាស់ដោយពេញលេញ ដើម្បីឱ្យពួកគេបោះបង់ចោលនូវរបស់ទាំងនេះទាំងស្រុង។ ប្រសិនបើអ្នករាល់គ្នាបន្តតាមវិធីនេះរហូតដល់ទីបំផុត អ្នកនឹងមិនទទួលបានអ្វីទាំងអស់។ អ្នកដែលមិនស្វែងរកជីវិត មិនអាចទទួលបានការបំផ្លាស់បំប្រែទេ ហើយអ្នកដែលមិនស្រេកឃ្លានសេចក្ដីពិត ក៏មិនអាចទទួលបានសេចក្ដីពិតដែរ។ អ្នកមិនផ្តោតលើការស្វែងរកការបំផ្លាស់បំប្រែ និងច្រកចូលផ្ទាល់ខ្លួនទេ ប៉ុន្តែបែរជាផ្តោតលើបំណងប្រាថ្នាដ៏ហួសហេតុ និងអ្វីៗដែលរារាំងសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ ហើយរារាំងអ្នកមិនឱ្យចូលទៅជិតទ្រង់។ តើការទាំងនោះអាចបំផ្លាស់បំប្រែអ្នកបានទេ? តើការទាំងនោះអាចនាំអ្នកចូលទៅក្នុងនគរព្រះបានទេ?

(ដកស្រង់ពី «ហេតុអ្វីបានជាអ្នកមិនអាចធ្វើជាវត្ថុឆ្លុះបញ្ចាំងបាន?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១០៧. មនុស្សរស់នៅក្នុងពន្លឺ ប៉ុន្តែគេមិនដឹងពីតម្លៃនៃពន្លឺនោះទេ។ គេមិនដឹងពីសារជាតិនៃពន្លឺ និងប្រភពនៃពន្លឺនោះទេ ហើយជាងនេះទៅទៀត គេមិនដឹងថាពន្លឺនោះជារបស់នរណាទេ។ នៅពេលដែលខ្ញុំមានព្រះបន្ទូលពីពន្លឺនៅក្នុងចំណោមមនុស្ស ភ្លាមៗនោះ ខ្ញុំពិនិត្យមើលសណ្ឋាននៅក្នុងចំណោមមនុស្ស៖ ដោយសារតែពន្លឺ មនុស្សទាំងអស់កំពុងតែផ្លាស់ប្តូរ និងរីកចម្រើន ហើយបានចាកចេញពីភាពងងឹតហើយ។ ខ្ញុំបានទតមើលគ្រប់ទីកន្លែងនៃពិភពលោក ហើយឃើញថា ភ្នំទាំងឡាយគ្របដណ្តប់ដោយអ័ព្ទ ទឹកបានកកក្នុងភាពត្រជាក់ ហើយដោយសារតែការមកដល់នៃពន្លឺ នោះមនុស្សសម្លឹងមើលទៅទិសខាងកើត ដែលពួកគេអាចរកឃើញអ្វីម៉្យាងដែលមានតម្លៃជាង។ ទោះបីជាយ៉ាងណា មនុស្សនៅតែគ្មានសមត្ថភាពក្នុងការមើលឃើញទិសដៅដ៏ច្បាស់មួយនៅក្នុងអ័ព្ទនោះទេ។ ដោយសារពិភពលោកទាំងមូលគ្របដណ្តប់ទៅដោយអ័ព្ទ នៅពេលដែលខ្ញុំទតចេញពីពពកមក មិនដែលមានមនុស្សណាម្នាក់រកឃើញព្រះវត្តមានរបស់ខ្ញុំនោះទេ។ មនុស្សកំពុងតែស្វែងរកអ្វីម៉្យាងនៅលើផែនដី។ គេហាក់ដូចជាកំពុងតែស្វែងរក ហាក់ដូចជាគេមានបំណងចង់ទន្ទឹងរង់ចាំការមកដល់របស់ខ្ញុំអ៊ីចឹង ប៉ុន្តែគេមិនដឹងពេលវេលារបស់ខ្ញុំនោះទេ ហើយគេអាចត្រឹមតែសម្លឹងមើលពន្លឺនៅទិសខាងកើតជារឿយៗប៉ុណ្ណោះ។ នៅក្នុងចំណោមមនុស្សទាំងអស់ ខ្ញុំស្វែងរកអស់អ្នកណាដែលសុខចិត្តតាមព្រះហឫទ័យរបស់ខ្ញុំយ៉ាងពិតប្រាកដ។ ខ្ញុំយាងនៅក្នុងចំណោមមនុស្សទាំងអស់ ហើយរស់នៅក្នុងចំណោមមនុស្សទាំងអស់ ប៉ុន្តែមនុស្សនៅលើផែនដីមានសុខសុវត្ថិភាព ដូច្នេះហើយ គ្មាននរណាម្នាក់សុខចិត្តតាមព្រះហឫទ័យដោយផ្ទាល់របស់ខ្ញុំយ៉ាងពិតប្រាកដនោះទេ។ មនុស្សមិនដឹងពីវិធីថែរក្សាបំណងព្រះហឫទ័យរបស់ខ្ញុំនោះទេ ពួកគេមិនអាចមើលឃើញសកម្មភាពរបស់ខ្ញុំ ហើយពួកគេមិនអាចផ្លាស់ទីនៅក្នុងពន្លឺ និងបានភ្លឺដោយសារពន្លឺនោះទេ។ ទោះបីជាមនុស្សធ្លាប់ផ្តល់តម្លៃដល់ព្រះបន្ទូលរបស់ខ្ញុំក៏ដោយ ក៏គេគ្មានសមត្ថភាពក្នុងការមើលធ្លុះផែនការបោកប្រាស់របស់សាតាំងឡើយ។ ដោយសារតែកម្ពស់របស់មនុស្សតូចទាបពេក ទើបគេមិនអាចធ្វើបានដូចដែលចិត្តគេប៉ងចង់ធ្វើនោះទេ។ មនុស្សមិនដែលស្រឡាញ់ខ្ញុំដោយស្មោះស្ម័គ្រនោះទេ។ នៅពេលដែលខ្ញុំលើកតម្កើងគេឡើង គេមានអារម្មណ៍ថាខ្លួនគេគ្មានតម្លៃ ប៉ុន្តែរឿងនេះមិនបានធ្វើឱ្យគេព្យាយាមដើម្បីធ្វើឱ្យខ្ញុំសព្វព្រះហឫទ័យនោះទេ។ គេគ្រាន់តែកាន់ «ទីតាំង» ដែលខ្ញុំបានប្រទាននៅក្នុងដៃគេ ហើយពិនិត្យថ្លឹងថ្លែងវាប៉ុណ្ណោះ ដោយមិនអាចមើលឃើញភាពដែលគួរឱ្យស្រឡាញ់របស់ខ្ញុំនោះទេ។ ផ្ទុយទៅវិញ គេមានៈរឹងរូសក្នុងការទទួលយកព្រះពរនៃទីតាំងរបស់គេ។ តើនេះមិនមែនជាភាពខ្វះខាតរបស់មនុស្សទេឬ? នៅពេលដែលភ្នំទាំងឡាយរំកិល តើពួកគេអាចធ្វើផ្លូវវាងដើម្បីប្រយោជន៍នៃទីតាំងរបស់អ្នកឬទេ? នៅពេលដែលទឹកហូរ តើទឹកនោះអាចឈប់នៅចំពោះទីតាំងរបស់មនុស្សឬទេ? តើស្ថានសួគ៌ និងផែនដី អាចផ្លាស់ប្តូរដោយសារទីតាំងរបស់មនុស្សឬទេ? ខ្ញុំធ្លាប់មានព្រះហឫទ័យសណ្តោសចំពោះមនុស្សម្តងហើយម្តងទៀត ប៉ុន្តែគ្មាននរណាម្នាក់ស្រឡាញ់ខ្ញុំខ្លាំង និងផ្តល់តម្លៃដល់រឿងនេះទេ។ ពួកគេគ្រាន់តែស្តាប់ដូចជាស្តាប់រឿងនិទាន ឬគ្រាន់តែអានដូចជារឿងប្រលោមលោកអ៊ីចឹង។ តើព្រះបន្ទូលរបស់ខ្ញុំពិតជាមិនប៉ះពាល់ចិត្តរបស់មនុស្សមែនទេ? តើព្រះសូរសៀងរបស់ខ្ញុំពិតជាមិនមានឥទ្ធិពលមែនទេ? តើអាចទេដែលគ្មាននរណាម្នាក់ជឿលើព្រះវត្តមានរបស់ខ្ញុំនោះ? មនុស្សមិនស្រឡាញ់ខ្លួននោះទេ ផ្ទុយទៅវិញ គេរួមដៃជាមួយសាតាំងដើម្បីវាយប្រហារខ្ញុំ ហើយប្រើប្រាស់សាតាំងជា «ទ្រព្យ» មួយ ដើម្បីបម្រើខ្ញុំ។ ខ្ញុំនឹងចូលទៅក្នុងផែនការបោកប្រាស់របស់សាតាំងទាំងអស់ ហើយបញ្ឈប់មនុស្សនៅលើផែនដី មិនឱ្យទទួលយកការបោកប្រាស់របស់សាតាំងតទៅទៀតទេ នោះទើបពួកគេមិនប្រឆាំងជំទាស់ខ្ញុំ ដោយសារតែវត្តមានរបស់វា។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១០៨. មនុស្សជាច្រើនលោភលន់ចង់បានផលប្រយោជន៍ជាបុណ្យសក្តិនៅពីក្រោយខ្នងរបស់ខ្ញុំ ពួកគេល្មោភស៊ី ពួកគេល្មោភដេក និងយកចិត្តទុកដាក់ចំពោះសាច់ឈាម គេតែងតែបារម្ភខ្លាចគ្មានវិធីបំប៉នសាច់ឈាម។ ពួកគេមិនបំពេញតាមតួនាទីត្រឹមត្រូវរបស់ពួកគេនៅក្នុងក្រុមជំនុំទេ តែពួកគេទទួលប្រយោជន៍ពីក្រុមជំនុំ ពុំនោះសោត ពួកគេក៏យកបន្ទូលរបស់ខ្ញុំទៅដាស់តឿនបងប្អូនប្រុសស្រី ដោយតាំងខ្លួនជាចៅហ្វាយលើអ្នកដទៃ តាមរយៈសិទ្ធិអំណាចជាអ្នកគ្រប់គ្រង។ មនុស្សជំពូកនេះ នៅតែនិយាយថា ពួកគេកំពុងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងតែងតែនិយាយថា ពួកគេជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់។ តើនេះមិនចម្លែកទេឬអី? ប្រសិនបើអ្នកមានបំណងដ៏ត្រឹមត្រូវ ប៉ុន្តែមិនអាចបម្រើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេនោះ អ្នកនឹងក្លាយជាមនុស្សល្ងីល្ងើ។ ប៉ុន្តែប្រសិនបើបំណងរបស់អ្នកមិនត្រឹមត្រូវ ហើយអ្នកនៅតែនិយាយថា អ្នកជាអ្នកបម្រើព្រះជាម្ចាស់ នោះអ្នកគឺជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយអ្នកសមនឹងទទួលទណ្ឌកម្មពីព្រះជាម្ចាស់! ខ្ញុំគ្មានការអាណិតអាសូរចំពោះមនុស្សបែបនេះទេ! នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ពួកគេតែងតែជំហម លោភលន់ចង់បានភាពស្រណុកខាងសាច់ឈាម ហើយមិនគិតពីផលប្រយោជន៍របស់ព្រះជាម្ចាស់ឡើយ។ ពួកគេតែងតែស្វែងរកអ្វីដែលល្អសម្រាប់ពួកគេ ហើយពួកគេមិនបានយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនទទួលយកការត្រួតពិនិត្យនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នៅក្នុងអ្វីដែលពួកគេធ្វើទ្បើយ។ ពួកគេតែងតែប្រើកលល្បិច និងបោកបញ្ឆោតបងប្អូនប្រុសស្រីរបស់ពួកគេ និងធ្វើជាមនុស្សមុខពីរ ដូចជាកញ្ជ្រោងនៅក្នុងចម្ការទំពាំងបាយជូរដែលតែងតែលួចយកផ្លែទំពាំងបាយជូរ ហើយជាន់កម្ទេចដើមនៅក្នុងចម្ការ។ តើមនុស្សជំពូកនេះអាចជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកសមនឹងទទួលព្រះពរពីព្រះជាម្ចាស់ដែរឬទេ? អ្នកមិនមានបន្ទុកសម្រាប់ជីវិតរបស់អ្នក និងក្រុមជំនុំសោះ តើអ្នកសមនឹងទទួលបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដែរឬទេ? តើនរណានឹងហ៊ានទុកចិត្តមនុស្សដូចជាអ្នក? នៅពេលអ្នកធ្វើការបម្រើព្រះជាម្ចាស់បែបនេះ តើព្រះជាម្ចាស់អាចនឹងប្រគល់កិច្ចការសំខាន់ជាងនេះដល់អ្នកដែរឬទេ? តើនេះនឹងមិនធ្វើឱ្យកិច្ចការមានភាពយឺតយ៉ាវទេឬអី?

(ដកស្រង់ពី «របៀបបម្រើ ស្របគ្នាទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១០៩. មនុស្សភាគច្រើនហ៊ានទាំងនិយាយលក្ខខណ្ឌជាច្រើន ចំពោះការបម្រើព្រះជាម្ចាស់ទៀតផង៖ ពួកគេមិនខ្វល់ទេថា ទ្រង់ជាព្រះជាម្ចាស់ ឬជាមនុស្ស ហើយពួកគេគ្រាន់តែនិយាយអំពីលក្ខខណ្ឌរបស់ខ្លួនឯង ហើយគេព្យាយាមសម្រេចសេចក្ដីប្រាថ្នារបស់ខ្លួនតែប៉ុណ្ណោះ។ នៅពេលអ្នករាល់គ្នាចម្អិនអាហារឱ្យខ្ញុំ អ្នករាល់គ្នាទាមទារថ្លៃឈ្នួលចុងភៅ នៅពេលអ្នករត់ឱ្យខ្ញុំ អ្នកក៏សុំថ្លៃរត់ នៅពេលអ្នកធ្វើការឱ្យខ្ញុំ អ្នកក៏ទាមទារថ្លៃធ្វើការដែរ នៅពេលអ្នកបោកគក់សម្លៀកបំពាក់របស់ខ្ញុំ អ្នកទាមទារថ្លៃបោកគក់ នៅពេលអ្នកផ្គត់ផ្គង់ដល់ក្រុមជំនុំ អ្នកក៏ទាមទារសំណងថ្លៃចំណាយមកវិញ នៅពេលអ្នកអធិប្បាយ អ្នកក៏ទាមទារថ្លៃអធិប្បាយ នៅពេលអ្នកចែកចាយសៀវភៅ អ្នកក៏ទាមទារថ្លៃឈ្នួលចែកចាយសៀវភៅនោះ ហើយនៅពេលដែលអ្នកសរសេរ អ្នកក៏ទាមទារថ្លៃនិពន្ធដែរ។ អស់អ្នកដែលខ្ញុំបានដោះស្រាយរួច ថែមទាំងបានទាមទារការតបស្នងពីខ្ញុំទៀត រីឯអស់អ្នកដែលត្រូវបានបញ្ជូនទៅផ្ទះ ក៏ទាមទារនូវសំណងសម្រាប់ការខូចខាតកេរ្តិ៍ឈ្មោះរបស់គេ អស់អ្នកដែលមិនទាន់បានរៀបការ ក៏ទាមទារថ្លៃបណ្ណាការ ឬការទូទាត់សំណងសម្រាប់ការបាត់បង់ភាពជាយុវវ័យរបស់គេ អស់អ្នកដែលបានសម្លាប់សត្វមាន់ ក៏បានទាមទារថ្លៃសម្លាប់សត្វ អស់អ្នកដែលចៀនអាហារ ក៏ទាមទារថ្លៃឈ្នួលចៀន ហើយអស់អ្នកដែលស្លសម្ល ក៏ទាមទារថ្លៃស្លនោះដែរ...។ នេះហើយជាលក្ខណៈមនុស្សជាតិដ៏ខ្ពង់ខ្ពស់ និងអស្ចារ្យរបស់អ្នករាល់គ្នានោះ ហើយទង្វើទាំងនេះហើយដែលមនសិការដ៏កក់ក្ដៅរបស់អ្នករាល់គ្នាយកតម្រាប់តាម។ តើវិចារណញាណរបស់អ្នករាល់គ្នានៅឯណា? តើលក្ខណៈជាមនុស្សរបស់អ្នកនៅឯណា? ខ្ញុំប្រាប់អ្នករាល់គ្នាចុះ! ប្រសិនបើអ្នករាល់គ្នានៅតែបន្ដបែបនេះ នោះខ្ញុំនឹងឈប់ធ្វើការក្នុងអ្នករាល់គ្នាជាមិនខាន។ ខ្ញុំនឹងមិនធ្វើការក្នុងចំណោមហ្វូងសត្វតិរច្ឆាន ដែលពាក់ស្បែកជាមនុស្សឡើយ ខ្ញុំនឹងមិនរងទុក្ខជំនួសក្រុមមនុស្សដែលយកទឹកមុខទន់ភ្លន់ មកលាក់បាំងចិត្ដព្រៃផ្សៃឡើយ ខ្ញុំនឹងមិនស៊ូទ្រាំជួសហ្វូងសត្វមួយក្ដាប់ ដែលមិនអាចទទួលបានការសង្គ្រោះ សូម្បីតែបន្ដិចនោះឡើយ។ នៅថ្ងៃដែលខ្ញុំយាងត្រលប់មករកអ្នករាល់គ្នាវិញ គឺជាថ្ងៃដែលអ្នករាល់គ្នាស្លាប់ជាមិនខាន វាជាថ្ងៃដែលភាពងងឹតចូលមកដល់អ្នករាល់គ្នា ហើយជាថ្ងៃដែលពន្លឺបោះបង់ចោលអ្នករាល់គ្នាផងដែរ។ ខ្ញុំប្រាប់អ្នករាល់គ្នាចុះ! ខ្ញុំនឹងមិនដែលមានចិត្ដសប្បុរស ចំពោះក្រុមមនុស្សដូចជាអ្នករាល់គ្នា ជាក្រុមមួយដែលអន់ជាងសត្វតិរច្ឆានទៅទៀតនោះឡើយ! ព្រះបន្ទូល និងសកម្មភាពរបស់ខ្ញុំមានដែនកំណត់ តាមភាពជាមនុស្សជាតិ និងមនសិការរបស់អ្នករាល់គ្នា នៅពេលនេះ ខ្ញុំនឹងមិនធ្វើការទៀតឡើយ ដ្បិតអ្នករាល់គ្នាខ្វះខាតមនសិការយ៉ាងខ្លាំង អ្នករាល់គ្នាបណ្ដាលឱ្យខ្ញុំមានការឈឺចាប់ក្រៃលែង ហើយឥរិយាបថដ៏គួរឱ្យស្អប់ខ្ពើមរបស់អ្នករាល់គ្នា ក៏ធ្វើឱ្យខ្ញុំខ្ពើមរអើមខ្លាំងណាស់ដែរ។ មនុស្សណាដែលខ្វះខាតនូវភាពជាមនុស្ស និងមនសិការខ្លាំងពេក នោះនឹងមិនអាចមានឱកាសទទួលបានការសង្គ្រោះឡើយ។ ខ្ញុំនឹងមិនសង្គ្រោះមនុស្សដែលគ្មានចិត្ដ និងរមិលគុណឡើយ។ លុះវេលាកំណត់របស់ខ្ញុំមកដល់ ខ្ញុំនឹងបង្អុរភ្លើងដ៏សន្ធោសន្ធៅអស់កល្បជានិច្ចមកលើកូនចៅនៃសេចក្ដីរឹងចចេស ដែលធ្លាប់ពន្យុះឱ្យខ្ញុំពិរោធយ៉ាងខ្លាំង ខ្ញុំនឹងដាក់ទណ្ឌកម្មជាដរាប ដល់សត្វលោកណាដែលធ្លាប់គ្រវែងខ្ញុំចោល ដោយគ្មានសន្ដានចិត្ដ និងបានបោះបង់ចោលខ្ញុំ ខ្ញុំនឹងយកភ្លើងនៃសេចក្ដីក្រោធរបស់ខ្ញុំ មកដុតកូននៃសេចក្ដីរឹងចចេស ដែលធ្លាប់បានរួមអាហារ និងរស់នៅជាមួយខ្ញុំ តែមិនបានជឿលើខ្ញុំ គឺមនុស្សដែលបានជេរប្រមាថ និងក្បត់ខ្ញុំ។ អស់អ្នកណាដែលពន្យុះឱ្យខ្ញុំមានសេចក្ដីក្រោធ ខ្ញុំនឹងដាក់ទណ្ឌកម្មអ្នកនោះ ខ្ញុំនឹងបង្អុរសេចក្ដីក្រោធទាំងអស់របស់ខ្ញុំមកលើពួកតិរិច្ឆានដែលធ្លាប់ចង់នៅក្បែរខ្ញុំ ចង់បានឋានៈស្មើនឹងខ្ញុំ តែមិនបានថ្វាយបង្គំ ឬស្ដាប់បង្គាប់ខ្ញុំទេ។ រំពាត់ដែលខ្ញុំយកមកវាយមនុស្សនឹងត្រូវធ្លាក់ទៅលើពពួកសត្វដែលធ្លាប់តែរីករាយចំពោះការមើលថែរបស់ខ្ញុំ ហើយធ្លាប់រីករាយនឹងអាថ៌កំបាំងដែលខ្ញុំមានបន្ទូលប្រាប់ផង ព្រមទាំងអស់អ្នកណាដែលធ្លាប់ព្យាយាមយកការសប្បាយនឹងទ្រព្យសម្បត្តិដែលខ្ញុំប្រទានឱ្យ។ ខ្ញុំនឹងមិនអត់ទោសចំពោះនរណាដែលព្យាយាមដណ្ដើមតំណែងរបស់ខ្ញុំទេ ខ្ញុំនឹងមិនទុកជីវិតឱ្យនរណាម្នាក់ដែលព្យាយាមដណ្ដើមយកអាហារ និងសម្លៀកបំពាក់ពីខ្ញុំឡើយ។

(ដកស្រង់ពី «ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១១០. អ្វីដែលអ្នករាល់គ្នាមើលឃើញនៅថ្ងៃនេះ គឺគ្រាន់តែជាដាវមុតស្រួចនៃព្រះឱស្ឋរបស់ខ្ញុំប៉ុណ្ណោះ។ អ្នកមិនទាន់បានឃើញដំបងនៅក្នុងដៃរបស់ខ្ញុំ ឬក៏អណ្ដាតភ្លើងដែលខ្ញុំបញ្ឆេះមនុស្សនៅឡើយទេ ទើបបានជាអ្នកនៅតែព្រហើន និងហួសហេតុនៅចំពោះមុខខ្ញុំ។ ហេតុនោះហើយបានជាអ្នកនៅតែតយុទ្ធជាមួយខ្ញុំនៅក្នុងដំណាក់របស់ខ្ញុំ ដោយប្រើអណ្ដាតមនុស្សរបស់អ្នក មកប្រកែកនឹងអ្វីដែលខ្ញុំបានមានបន្ទូលដោយព្រះឱស្ឋរបស់ខ្ញុំផ្ទាល់។ មនុស្សមិនកោតខ្លាចខ្ញុំទេ ហើយទោះបីជាគេនៅតែបន្ដស្អប់ខ្ញុំរហូតដល់សព្វថ្ងៃនេះក៏ដោយ ក៏គេនៅតែគ្មានការកោតខ្លាចអ្វីដែរ។ អ្នករាល់គ្នាមានអណ្ដាត និងធ្មេញរបស់មនុស្សទុច្ចរិតនៅក្នុងមាត់របស់អ្នករាល់គ្នា។ ពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នករាល់គ្នា ប្រៀបដូចជាទង្វើដែលសត្វពស់បានបោកបញ្ឆោតនាងអេវ៉ាឱ្យធ្វើបាបដែរ។ អ្នករាល់គ្នាទាមទារពីគ្នាទៅវិញទៅមក ដោយយកភ្នែកធួននឹងភ្នែក ហើយយកធ្មេញធួននឹងធ្មេញ ហើយអ្នករាល់គ្នាតស៊ូនៅចំពោះមុខខ្ញុំដើម្បីដណ្ដើមឋានៈ កិត្តិនាម និងផលប្រយោជន៍សម្រាប់ខ្លួនឯង ប៉ុន្តែអ្នករាល់គ្នាមិនដឹងថា ខ្ញុំកំពុងឃ្លាំមើលពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នករាល់គ្នាដោយស្ងាត់ៗនោះទេ។ មុនពេលដែលអ្នករាល់គ្នាចូលមកចំពោះមុខខ្ញុំ គឺខ្ញុំបានដឹងពីជម្រៅចិត្តរបស់អ្នករាល់គ្នារួចទៅហើយ។ មនុស្សតែងតែប្រាថ្នាចង់គេចចេញពីកណ្ដាប់ព្រះហស្ដរបស់ខ្ញុំ និងបង្វែរការសង្កេតចេញពីព្រះនេត្ររបស់ខ្ញុំ ប៉ុន្ដែខ្ញុំមិនដែលគេចចេញពីពាក្យសម្ដី និងការប្រព្រឹត្តរបស់គេឡើយ។ ផ្ទុយទៅវិញ ខ្ញុំសព្វព្រះហឫទ័យឱ្យពាក្យសម្ដី និងការប្រព្រឹត្តទាំងនោះ ចូលមកក្នុងព្រះនេត្ររបស់ខ្ញុំ ប្រយោជន៍ឱ្យខ្ញុំអាចដាក់ទោសចំពោះអំពើទុច្ចរិតរបស់មនុស្ស និងជំនុំជម្រះការបះបោររបស់ពួកគេ។ ដូច្នេះ ពាក្យសម្ដី និងការប្រព្រឹត្តដោយអាថ៌កំបាំងរបស់មនុស្ស នៅតែត្រូវលាតត្រដាងចំពោះបល្ល័ង្កជំនុំជម្រះរបស់ខ្ញុំ ហើយការជំនុំជម្រះរបស់ខ្ញុំ មិនដែលចាកចេញពីមនុស្សឡើយ ព្រោះការបះបោររបស់ពួកគេច្រើនពេកហើយ។ កិច្ចការរបស់ខ្ញុំ គឺត្រូវដុតបញ្ឆេះ និងបន្សុទ្ធគ្រប់ទាំងពាក្យសម្ដី និងការប្រព្រឹត្តទាំងអស់របស់មនុស្សដែលបាននិយាយ និងបានធ្វើនៅចំពោះវត្តមាននៃព្រះវិញ្ញាណរបស់ខ្ញុំ។ តាមរយៈការធ្វើបែបនេះ(ក) នៅពេលដែលខ្ញុំចាកចេញពីផែនដីទៅ មនុស្សនឹងនៅតែរក្សាភាពស្មោះត្រង់របស់ខ្លួនចំពោះខ្ញុំ ហើយនឹងនៅតែបម្រើខ្ញុំ ដូចដែលអ្នកបម្រើដ៏បរិសុទ្ធរបស់ខ្ញុំធ្វើការបម្រើនៅក្នុងកិច្ចការរបស់ខ្ញុំដែរ ដោយអនុញ្ញាតឱ្យកិច្ចការរបស់ខ្ញុំនៅលើផែនដីនេះ បន្ដរហូតដល់ថ្ងៃដែលវាត្រូវបញ្ចប់។

(ដកស្រង់ពី «កិច្ចការប្រកាសដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(ក) អត្ថបទដើមមិនមានឃ្លា «តាមរយៈការធ្វើបែបនេះ»។


១១១. យើងសព្វព្រះហឫទ័យចំពោះអស់អ្នកដែលមិនសង្ស័យលើអ្នកដទៃ ហើយយើងចូលចិត្តអស់អ្នកដែលសុខចិត្តទទួលយកសេចក្តីពិត ព្រោះយើងបង្ហាញការយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សទាំងពីរប្រភេទនេះ ដ្បិតពួកគេជាមនុស្សស្មោះត្រង់នៅក្នុងព្រះនេត្ររបស់យើង។ ប្រសិនបើអ្នកមានគំនិតបោកប្រាស់គេ នោះអ្នកនឹងមានការប្រុងប្រយ័ត្នខ្លួន ហើយមានការសង្ស័យចំពោះមនុស្សគ្រប់គ្នា និងគ្រប់បញ្ហា ហេតុនេះហើយ សេចក្ដីជំនឿរបស់អ្នកចំពោះយើង នឹងកើតឡើងពីមូលដ្ឋានគ្រឹះនៃការសង្ស័យ។ យើងមិនអាចទទួលស្គាល់សេចក្ដីជំនឿបែបនេះបានទេ។ ដោយសារគ្មានសេចក្ដីជំនឿពិតប្រាកដ នោះអ្នកនឹងកាន់តែមិនមានក្តីស្រឡាញ់ពិតប្រាកដ។ ហើយប្រសិនបើអ្នកអាចមានមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ និងទាយពីព្រះម្ចាស់តាមតែអំពើចិត្តរបស់អ្នក នោះអ្នកគឺជាជនបោកប្រាស់ខ្លាំងជាងគេបំផុត មិនចាំបាច់បកស្រាយអ្វីទេ។ អ្នកទាយថា ព្រះជាម្ចាស់អាចដូចជាមនុស្សបែបនេះថា៖ មានអំពើបាបដែលមិនអាចលើកលែងឱ្យបាន មានចរិតថោកទាប គ្មានភាពយុត្តិធម៌ និងហេតុផល គ្មានញាណដឹងពីសេចក្ដីយុត្តិធម៌ តែងតែមានកលល្បិចកាចសាហាវ ជាមនុស្សលាក់ពុត និងខូច សព្វហប្ញទ័យនឹងអំពើអាក្រក់ និងអំពើខ្មៅងងឹត ជាដើម ។ល។ តើហេតុផលដែលមនុស្សមានគំនិតបែបនេះ មិនមែនដោយសារតែពួកគេមិនបានយល់ដឹងអ្វីទាល់តែសោះពីព្រះជាម្ចាស់ឬ? សេចក្ដីជំនឿបែបនេះ គឺគ្មានអ្វីក្រៅពីអំពើបាបនោះទេ! មានមនុស្សខ្លះទៀតថែមទាំងជឿថា អ្នកដែលអាចផ្គាប់ចិត្តយើងបាន គឺជាអ្នកដែលចេះបញ្ជោរ និងចេះលត់ក្រាប ហើយថាអ្នកដែលមិនមានជំនាញបែបនេះ នឹងមិនត្រូវបានស្វាគមន៍មកកាន់ដំណាក់របស់ព្រះជាម្ចាស់នោះទេ ហើយក៏នឹងបាត់បង់កន្លែងរបស់ខ្លួននៅទីនោះដែរ។ តើនេះជាចំណេះដឹងតែមួយគត់ ដែលអ្នករាល់គ្នាទទួលបានក្នុងរយៈពេលច្រើនឆ្នាំមកនេះឬ? តើនេះជាអ្វីដែលអ្នករាល់គ្នាបានទទួលឬ? ហើយការយល់ខុសរបស់អ្នករាល់គ្នាចំពោះយើងមិនបានឈប់ត្រឹងហ្នឹងនោះទេ ព្រោះថា អាក្រក់ជាងនេះទៀតនោះ គឺអ្នករាល់គ្នាបានប្រមាថព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងនិយាយអាក្រក់ពីស្ថានសួគ៌។ ដូច្នេះហើយបានជាយើងនិយាយថា សេចក្ដីជំនឿរបស់អ្នករាល់គ្នាបែបនេះ បានត្រឹមតែធ្វើឱ្យអ្នករាល់គ្នាឃ្លាតកាន់តែឆ្ងាយពីយើង និងកាន់តែប្រឆាំងនឹងយើងខ្លាំងថែមទៀតប៉ុណ្ណោះ។ តាមរយៈការងារជាច្រើនឆ្នាំ អ្នករាល់គ្នាបានមើលឃើញសេចក្តីពិតជាច្រើន ប៉ុន្តែតើអ្នករាល់គ្នាមានបានដឹងពីអ្វីដែលត្រចៀករបស់យើងបានស្ដាប់លឺទេ? តើក្នុងចំណោមអ្នករាល់គ្នាមានប៉ុន្មានអ្នកដែលសុខចិត្តទទួលយកសេចក្តីពិតនេះ? អ្នករាល់គ្នាសុទ្ធតែជឿថា អ្នករាល់គ្នាសុខចិត្តបង់នូវតម្លៃដើម្បីប្តូរយកសេចក្តីពិត ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នា តើមានប៉ុន្មានអ្នកបានរងទុក្ខយ៉ាងពិតប្រាកដ ដើម្បីប្តូរយកសេចក្តីពិតនោះ? គ្មានអ្វីក្រៅពីសេចក្តីទុច្ចរិតនៅក្នុងចិត្តរបស់អ្នករាល់គ្នាឡើយ ដែលធ្វើឱ្យអ្នករាល់គ្នាគិតថាគ្រប់គ្នាសុទ្ធតែមានគំនិតបោកប្រាស់ និងវៀចវេរដូចគ្នា មិនថាគេជានរណានោះទេ ហើយអ្នករាល់គ្នាថែមទាំងជឿបែបនេះទៀតថា ការត្រលប់ជាសាច់ឈាមរបស់ព្រះជាម្ចាស់ អាចមានលក្ខណៈដូចជាមនុស្សធម្មតា គឺគ្មានដួងចិត្តដែលសប្បុរស និងសេចក្ដីស្រឡាញ់ដែលប្រកបដោយមេត្តាធម៌។ លើសពីនេះទៅទៀត អ្នករាល់គ្នាជឿថាចរិតដ៏ខ្ពង់ខ្ពស់ និងនិស្ស័យមេត្តាធម៌ ព្រមទាំងអាណិតអាសូរ កើតមានតែនៅក្នុងព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ អ្នករាល់គ្នាជឿថា មនុស្សបរិសុទ្ធបែបនេះមិនមាននៅលើលោកនេះទេ គឺមានតែអំពើខ្មៅងងឹត និងអំពើអាក្រក់ប៉ុណ្ណោះ ចំណែកព្រះជាម្ចាស់វិញ គឺគ្រាន់តែជារបស់ដែលមនុស្សដាក់ក្ដីប្រាថ្នារបស់ពួកគេចង់ឱ្យបានល្អ និងស្រស់ស្អាត តាមតួអង្គនៅរឿងព្រេងនិទានដែលពួកគេបានប្រឌិតឡើងប៉ុណ្ណោះ។ នៅក្នុងចិត្តគំនិតរបស់អ្នករាល់គ្នា ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ គឺទៀងត្រង់ សុចរិត និង អស្ចារ្យ ដែលស័ក្ដិសមនឹងការគោរពបូជា និង ការលើកសរសើរ ប៉ុន្តែចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ គឺគ្រាន់តែជាអ្នកជំនួស និងជាឧបករណ៍របស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ អ្នកជឿថាព្រះជាម្ចាស់អង្គនេះមិនអាចប្រៀបស្មើនឹងព្រះជាម្ចាស់ដែលគង់ស្ថានសួគ៌បានទេ កុំថាឡើយយកមកប្រៀបធៀបនឹងទ្រង់នោះ។ នៅពេលនិយាយពីភាពអស្ចារ្យ និង កិត្តិយសរបស់ព្រះជាម្ចាស់វិញ ទាំងនោះគឺជាផ្នែកមួយនៃសិរីរុងរឿងរបស់ព្រះម្ចាស់ដែលគង់នៅស្ថានសួគ៌ ប៉ុន្តែនៅពេលនិយាយដល់និស្ស័យ និងការខូចអាក្រក់របស់មនុស្សវិញទាំងនោះគឺជាលក្ខណៈដែលជាប់មកជាមួយនឹងព្រះជាម្ចាស់ដែលគង់នៅលើផែនដី។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ គឺមានភាពខ្ពង់ខ្ពស់ជានិច្ច ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ គឺមិនសំខាន់ ទន់ខ្សោយ និងគ្មានសមត្ថភាពជារៀងរហូត ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌មិនមានមនោសញ្ចេតនានោះទេ គឺមានតែសេចក្តីសុចរិតប៉ុណ្ណោះ ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ គឺមានតែហេតុផលអត្មានិយម និងគ្មានភាពយុត្តិធម៌ ឬហេតុផលនោះទេ។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ មិនវៀចវេរសោះឡើយ និងមានភាពស្មោះត្រង់ជានិច្ច ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដី គឺតែងតែគ្មានភាពទៀងត្រង់។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ស្រឡាញ់មនុស្សខ្លាំងណាស់ ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ បង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្សមិនគ្រប់គ្រាន់ និងថែមទាំងមិនអើពើនឹងពួកគេទៀតផង។ ការយល់ដឹងខុសឆ្គងនេះ បានស្ថិតនៅក្នុងចិត្តរបស់អ្នករាល់គ្នាជាយូរមកហើយ ហើយក៏អាចបន្តទៅអនាគតបានថែមទៀតផង។ អ្នករាល់គ្នាគិតដល់ទង្វើរបស់ព្រះគ្រីស្ទតាមទស្សនៈរបស់ពួកទុច្ចរិត និងវាយតម្លៃគ្រប់ការងារទាំងអស់របស់ទ្រង់ ព្រមទាំងអត្តសញ្ញាណ និងព្រះវិញ្ញាណរបស់ទ្រង់តាមទស្សនៈរបស់ពួកមនុស្សអាក្រក់។ អ្នករាល់គ្នាបានបង្កើតកំហុសដ៏ធ្ងន់ធ្ងរ និងបានធ្វើរឿងដែល មិនធ្លាប់មាននរណាបានធ្វើពីមុនមកទេ។ បានន័យថា អ្នករាល់គ្នាបម្រើតែព្រះដែលខ្ពង់ខ្ពស់ដែលគង់នៅស្ថានសួគ៌ ដែលមានមកុដនៅលើព្រសិរសារបស់ទ្រង់ប៉ុណ្ណោះ និងមិនបម្រើព្រះដែលអ្នករាល់គ្នាគិតថាមិនសំខាន់សោះរហូតដល់មើលមិនឃើញទ្រង់។ តើនេះមិនមែនអំពើបាបរបស់អ្នករាល់គ្នាទេឬ? តើនេះមិនមែនជាឧទាហរណ៍ទូទៅដែលបង្ហាញពីការប្រមាថនិស្ស័យរបស់ព្រះរបស់អ្នករាល់គ្នាទេឬ? អ្នករាល់គ្នាចូលចិត្តរូបអង្គដ៏ខ្ពង់ខ្ពស់ និងឱ្យតម្លៃដល់អ្នកដែលចំណានខាងវោហាស័ព្ទបញ្ចុះបញ្ចូល។ អ្នករីករាយនឹងទទួលបញ្ជាពីព្រះជាម្ចាស់ដែលបានញាត់មាសប្រាក់ពេញដៃរបស់អ្នក និងចង់បានព្រះជាម្ចាស់ដែលអាចបំពេញគ្រប់សេចក្តីប្រាថ្នារបស់អ្នក។ ព្រះមួយអង្គដែលអ្នកមិនថ្វាយបង្គំ គឺជាព្រះជាម្ចាស់ដែលគ្មានភាពខ្ពស់ខ្ពស់ ហើយរឿងតែមួយគត់ដែលអ្នកស្អប់ គឺទាក់ទងនឹងព្រះជាម្ចាស់ដែលគ្មានមនុស្សណាគោរព។ រឿងតែមួយគត់ដែលអ្នកមិនសុខចិត្តធ្វើ គឺបម្រើព្រះជាម្ចាស់ដែលមិនដែលផ្តល់ប្រាក់សូម្បីមួយសេនដល់អ្នក ហើយព្រះមួយអង្គដែលមិនអាចធ្វើឱ្យអ្នកចង់បានទ្រង់ គឺព្រះជាម្ចាស់ដែលមិនគួរឱ្យស្រឡាញ់នេះហើយ។ ព្រះជាម្ចាស់នេះ មិនអាចធ្វើឱ្យអ្នកពង្រីកចំណេះដឹងរបស់អ្នកបាន ហើយមិនអាចឱ្យអ្នកមានអារម្មណ៍ដូចជាអ្នករកបានកំណប់នោះទេ កុំថាឡើយបំពេញតាមសេចក្តីប្រាថ្នារបស់អ្នក។ ដូចនោះ ហេតុអ្វីបានជាអ្នកដើរតាមទ្រង់? តើអ្នកធ្លាប់បានគិតដល់សំណួរបែបនេះទេ? អ្វីដែលអ្នកធ្វើមិនត្រឹមតែប្រមាថដល់ព្រះគ្រីស្ទនោះទេ សំខាន់ជាងនេះទៀតនោះ គឺវាថែមទាំងប្រមាថដល់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ថែមទៀតផង។ ខ្ញុំគិតថា នេះមិនមែនជាគោលបំណងនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ទេ!

(ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១១២. មនុស្សជាច្រើនសុខចិត្តឱ្យគេដាក់ទោសធ្លាក់នរក ក៏មិនព្រមនិយាយពាក្យពិត និងធ្វើរឿងស្មោះត្រង់ដែរ។ គ្មានអ្វីប្លែកទេដែលខ្ញុំនៅមានការប្រព្រឹត្តផ្សេងទៀតចំពោះអ្នកដែលមិនស្មោះត្រង់នោះ។ ជាការពិតណាស់ ខ្ញុំដឹងយ៉ាងច្បាស់ថា អ្នករាល់គ្នាពិបាកនឹងធ្វើជាមនុស្សស្មោះត្រង់ណាស់។ ដោយសារតែអ្នករាល់គ្នាសុទ្ធតែមានភាពឆ្លាតវៃ សុទ្ធតែពូកែខាងវាស់ស្ទង់មនុស្សដោយប្រើម៉ែត្រដ៏ខ្លីរបស់ខ្លួន ហេតុនេះហើយទើបធ្វើឱ្យកិច្ចការរបស់ខ្ញុំកាន់តែសាមញ្ញជាងមុន។ ហើយដោយសារតែអ្នករាល់គ្នាឱបក្រសោបអាថ៌កំបាំងរបស់ខ្លួននៅជាប់នឹងទ្រូងមិនលែង ដូច្នេះ ចាំខ្ញុំដាក់អ្នករាល់គ្នាម្តងមួយៗចូលទៅក្នុងគ្រោះមហន្តរាយ ដើម្បីឱ្យភ្លើង «ផ្ដល់មេរៀន» ដល់អ្នករាល់គ្នា ដើម្បីឱ្យក្រោយមកទៀត អ្នករាល់គ្នាអាចលះបង់ចិត្ដគំនិតដើម្បីជឿលើបន្ទូលរបស់ខ្ញុំ។ នៅទីបំផុត ខ្ញុំនឹងអាចឮសម្ដីចេញពីមាត់របស់អ្នករាល់គ្នាថា «ព្រះជាម្ចាស់ជាព្រះដ៏ស្មោះត្រង់» ពេលនោះ អ្នករាល់គ្នានឹងទះទ្រូង រួចពោលទាំងកំសត់ថា៖ «ដួងចិត្តមនុស្ស អីក៏វៀចវេរដល់ម្ល៉េះ!»។ ពេលនេះ តើអ្នករាល់គ្នាមានអារម្មណ៍បែបណា? ខ្ញុំស្រម៉ៃថា អ្នករាល់គ្នានឹងគ្មានអារម្មណ៍ត្រេកអរដូចពេលនេះទេ ហើយអ្នករាល់គ្នាក៏នឹងគ្មានអារម្មណ៍ «ជ្រាលជ្រៅ និងពិបាកយល់» ដូចពេលនេះដែរ។ នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ មនុស្សខ្លះសុទ្ធតែធ្វើខ្លួនសមសួន និងត្រឹមត្រូវ ពួកគេទ្រាំលេបការឈឺចាប់ដើម្បីបង្ហាញ «ឫកពារល្អ» ប៉ុន្ដែនៅចំពោះព្រះភក្រ្តព្រះវិញ្ញាណវិញ ពួកគេបញ្ចេញចង្កូម និងក្រញាំរបស់ពួកគេដាក់ទ្រង់។ តើអ្នកនឹងរាប់មនុស្សបែបនេះចូលក្នុងចំណោមជួរមនុស្សស្មោះត្រង់ដែរឬទេ? ប្រសិនបើអ្នកជាមនុស្សលាក់ពុតដែលមានជំនាញក្នុង «ការទំនាក់ទំនងគ្នា» ដូច្នេះ ខ្ញុំហ៊ាននិយាយថា អ្នកប្រាកដជាមនុស្សម្នាក់ដែលព្យាយាមលេងសើចនឹងព្រះជាម្ចាស់ហើយ។ ប្រសិនបើពាក្យសម្តីរបស់អ្នករអាក់រអួលលាយឡំនឹងលេសដោះសារ និងហេតុផលដែលគ្មានតម្លៃ នោះខ្ញុំហ៊ាននិយាយថា អ្នកជាមនុស្សដែលស្អប់មិនចង់អនុវត្តសេចក្តីពិតទេ។ ប្រសិនបើអ្នកមានការសម្ងាត់ច្រើនដែលអ្នកស្ទាក់ស្ទើរមិនចង់និយាយចេញមក ប្រសិនបើអ្នកមិនពេញចិត្តនឹងលាតត្រដាងពីអាថ៌កំបាំងរបស់អ្នក ពីការលំបាករបស់អ្នកនៅចំពោះមុខអ្នកដទៃ ដើម្បីស្វែងរកផ្លូវនៃពន្លឺទេ នោះខ្ញុំហ៊ាននិយាយថា អ្នកជាមនុស្សដែលមិនងាយនឹងទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយអ្នកក៏មិនងាយនឹងងើបចេញផុតពីភាពងងឹតដែរ។

(ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១១៣. ខ្ញុំយល់យ៉ាងច្បាស់អំពីការបោកបញ្ឆោតដែលមាននៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា។ ភាគច្រើននៃអ្នករាល់គ្នាដើរតាមខ្ញុំ ដោយសារតែការចង់ដឹងចង់ឮ ហើយបានមករកខ្ញុំចេញពីភាពទទេសូន្យ។ នៅពេលដែលបំណងប្រាថ្នាទីបីរបស់អ្នករាល់គ្នា ត្រូវបានបំផ្លាញជាបំណងប្រាថ្នារបស់អ្នកដែលចង់បានជីវិតមានសន្តិភាព និងសុភមង្គលពេលនោះ ការចង់ដឹងចង់ឮរបស់អ្នករាល់គ្នាក៏រលាយបាត់ទៅដែរ។ ការបោកបញ្ឆោតដែលមាននៅក្នុងដួងចិត្តរបស់អ្នកម្នាក់ៗ ត្រូវបានបង្ហាញតាមរយៈពាក្យសម្ដី និងការប្រព្រឹត្ដរបស់អ្នករាល់គ្នា។ និយាយឱ្យចំ អ្នករាល់គ្នាគ្រាន់តែចង់ដឹងចង់ឮអំពីខ្ញុំប៉ុណ្ណោះ ប៉ុន្តែអ្នករាល់គ្នាមិនមែនខ្លាចក្រែងខ្ញុំទេ។ អ្នករាល់គ្នាមិនប្រយ័ត្នប្រយែងអណ្តាតរបស់ខ្លួនទេ ហើយអ្នករាល់គ្នាថែមទាំងមានការសង្រួមដ៏តិចតួចបំផុតនៅក្នុងឥរិយាបថរបស់ខ្លួន។ អ៊ីចឹង តើអ្នករាល់គ្នាមានសេចក្ដីជំនឿប្រភេទណាឱ្យពិតប្រាកដ? តើវាជាសេចក្ដីជំនឿដ៏បរិសុទ្ធឬទេ? អ្នករាល់គ្នាគ្រាន់តែប្រើព្រះបន្ទូលរបស់ខ្ញុំ ដើម្បីបំបាត់កង្វល់ និងកាត់បន្ថយភាពធុញទ្រាន់របស់អ្នក ដើម្បីបំពេញសុញ្ញភាពដែលនៅសេសសល់ក្នុងជីវិតរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ ក្នុងចំណោមអ្នករាល់គ្នា តើនរណាបានអនុវត្តព្រះបន្ទូលរបស់ខ្ញុំ? តើអ្នកណាមានសេចក្ដីជំនឿដ៏បរិសុទ្ធ? អ្នករាល់គ្នានៅតែស្រែកថា ព្រះជាម្ចាស់ជាព្រះដែលទតមើលឃើញជ្រៅធ្លុះដល់បេះដូងរបស់មនុស្ស ប៉ុន្តែ តើព្រះដែលអ្នកស្រែកដង្ហោយរកក្នុងដួងចិត្តរបស់អ្នករាល់គ្នា អាចត្រូវគ្នាជាមួយខ្ញុំដោយរបៀបណា? ដោយព្រោះអ្នករាល់គ្នាកំពុងស្រែកបែបនេះ ចុះហេតុអ្វីបានជាអ្នករាល់គ្នាបែរជាធ្វើបែបនោះទៅវិញ? តើវាអាចទេថា នេះជាសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាចង់សងមកខ្ញុំវិញនោះ? ពុំមានពាក្យថា ការលះបង់សូម្បីតែបន្ដិចនៅលើបបូរមាត់របស់អ្នករាល់គ្នា ប៉ុន្តែតើពលីកម្មរបស់អ្នករាល់គ្នា និងអំពើល្អរបស់អ្នករាល់គ្នានៅឯណា? ប្រសិនបើពាក្យសម្ដីរបស់អ្នករាល់គ្នា មិនឮដល់ព្រះកាណ៌របស់ខ្ញុំទេ តើឱ្យខ្ញុំស្អប់អ្នករាល់គ្នាយ៉ាងខ្លាំងដូចម្ដេចកើត? ប្រសិនបើអ្នករាល់គ្នាជឿលើខ្ញុំយ៉ាងពិតប្រាកដមែន តើអ្នកនឹងធ្លាក់ក្នុងសភាពលំបាកវេទនាបែបនេះដូចម្តេចកើត? អ្នកមានទឹកមុខក្រៀមក្រំ អស់សង្ឃឹម ហាក់ដូចជាអ្នកកំពុងឈរទៅមុខទីកាត់សេចក្ដីក្នុងស្ថានឃុំព្រលឹងអ៊ីចឹង។ អ្នកគ្មានភាពស្វាហាប់សូម្បីតែបន្តិច ហើយអ្នកនិយាយខ្សាវៗចេញពីសំឡេងខាងក្នុងខ្លួនឯង។ អ្នកជាមនុស្សដែលពោរពេញដោយការត្អូញត្អែរ និងបណ្តាសា។ អ្នករាល់គ្នាបានបាត់បង់សេចក្ដីជំនឿលើអ្វីដែលខ្ញុំធ្វើជាយូរមកហើយ ហើយសូម្បីតែសេចក្ដីជំនឿដើមរបស់អ្នករាល់គ្នា ក៏បានវិនាសហិនហោចដែរ ដូច្នេះតើអ្នកអាចដើរតាមរហូតដល់ទីបញ្ចប់បានដោយរបៀបណា? ដោយសារវាក្លាយជាបែបនេះទៅហើយ តើឱ្យខ្ញុំជួយសង្គ្រោះអ្នករាល់គ្នាដូចម្តេចបាន?

(ដកស្រង់ពី «ព្រះបន្ទូលសម្រាប់យុវជន និងមនុស្សចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១១៤. ទោះបីមនុស្សជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ដួងចិត្តរបស់គេគ្មានព្រះជាម្ចាស់ដែរ ហើយគេមិនដឹងពីរបៀបស្រឡាញ់ព្រះជាម្ចាស់ឡើយ ក៏មិនចង់ស្រឡាញ់ព្រះជាម្ចាស់ដែរ ដ្បិតដួងចិត្តរបស់គេមិនដែលស្និទ្ធស្នាលនឹងព្រះជាម្ចាស់ទេ ហើយគេតែងគេចវេសពីព្រះជាម្ចាស់ជានិច្ច។ ហេតុដូច្នេះហើយទើបបានជាដួងចិត្តរបស់មនុស្ស ឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ ដូច្នេះ តើដួងចិត្តរបស់គេនៅឯណា? តាមពិត ដួងចិត្តរបស់មនុស្សមិនបានទៅណានោះទេ៖ គេពុំបានប្រគល់ដួងចិត្តរបស់គេថ្វាយទៅព្រះជាម្ចាស់ ឬបើកចិត្តនោះឱ្យព្រះជាម្ចាស់ទតឃើញឡើយ ផ្ទុយទៅវិញ គេបែរជារក្សាចិត្តនោះទុកសម្រាប់ខ្លួនគេ។ នេះមិននិយាយដល់ការពិតខ្លះដែលមានមនុស្សមួយចំនួនតែងអធិដ្ឋានទៅព្រះជាម្ចាស់ និងទូលទៅទ្រង់ថា «ឱព្រះជាម្ចាស់អើយ សូមទតមើលចិត្តទូលបង្គំផង ដ្បិតទ្រង់ជ្រាបពីអ្វីៗគ្រប់យ៉ាងដែលទូលបង្គំគិតហើយ» ហើយមនុស្សខ្លះថែមទាំងស្បថឱ្យព្រះជាម្ចាស់ពិនិត្យពិច័យពួកគេ និងដាក់ទោសពួកគេ ប្រសិនបើពួកគេក្បត់ពាក្យសម្បថរបស់ខ្លួន។ ទោះបីមនុស្សអនុញ្ញាតឱ្យព្រះជាម្ចាស់ទតមើលចិត្តរបស់គេ ក៏នេះមិនមែនមានន័យថា មនុស្សអាចស្ដាប់បង្គាប់តាមការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់នោះដែរ ក៏មិនមែនមានន័យថា គេទុកវាសនា និងក្ដីសង្ឃឹមរបស់គេ ព្រមទាំងអ្វីគ្រប់យ៉ាងដែលគេមាន នៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់នោះដែរ។ ដូច្នេះមិនថា អ្នកស្បថចំពោះព្រះជាម្ចាស់យ៉ាងណា ឬប្រកាសចំពោះទ្រង់យ៉ាងណានោះទេ ក៏នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ដួងចិត្តរបស់អ្នក នៅតែបិទជិតមិនឱ្យទ្រង់ទតឃើញដដែល ដ្បិតអ្នកគ្រាន់តែអនុញ្ញាតឱ្យព្រះជាម្ចាស់ទតឃើញដួងចិត្តរបស់អ្នកប៉ុណ្ណោះ ប៉ុន្តែអ្នកមិនបានអនុញ្ញាតឱ្យទ្រង់គ្រប់គ្រងដួងចិត្តរបស់អ្នកឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា អ្នកមិនបានប្រគល់ដួងចិត្តរបស់អ្នកថ្វាយទៅព្រះជាម្ចាស់សោះឡោះយ ហើយគ្រាន់តែនិយាយពាក្យពីរោះៗឱ្យព្រះជាម្ចាស់ទ្រង់ព្រះស្ដាប់ប៉ុណ្ណោះ។ ក្នុងពេលនោះដែរ អ្នកក៏បានលាក់បាំងចេតនាបោកបញ្ចោតមួយចំនួន ព្រមទាំងចំណាប់អារម្មណ៍ គ្រោងការ និងផែនការនានារបស់អ្នកមិនឱ្យព្រះជាម្ចាស់ជ្រាបផង ហើយក្ដោបក្ដាប់ក្ដីសង្ឃឹម និងវាសនារបស់អ្នកជាប់នៅក្នុងដៃ ដោយខ្លាចថា ព្រះជាម្ចាស់នឹងដកយករបស់ទាំងនេះពីអ្នកវិញ។ ដូច្នេះ ព្រះជាម្ចាស់មិនដែលទតឃើញពីភាពស្មោះត្រង់ដែលមនុស្សមានចំពោះទ្រង់ឡើយ។ ទោះបីជាព្រះជាម្ចាស់សង្កេតមើលជម្រៅចិត្តរបស់មនុស្ស ហើយអាចទតឃើញពីអ្វីដែលមនុស្សកំពុងគិត និងចង់ធ្វើនៅក្នុងចិត្តរបស់គេ និងអាចទតឃើញពីអ្វីដែលមនុស្សលាក់ទុកក្នុងដួងចិត្តរបស់គេក៏ដោយ ក៏ដួងចិត្តរបស់មនុស្សមិនមែនជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ដែរ ហើយគេក៏មិនបានប្រគល់ដួងចិត្តនេះថ្វាយទៅព្រះជាម្ចាស់ដើម្បីគ្រប់គ្រងនោះដែរ។ នេះមានន័យថា ព្រះជាម្ចាស់មានសិទ្ធិសង្កេតមើល តែទ្រង់គ្មានសិទ្ធិគ្រប់គ្រងដួងចិត្តគេទេ។ នៅក្នុងមនសិការផ្ទាល់ខ្លួនរបស់មនុស្ស គេមិនចង់ ឬគ្មានចេតនាថ្វាយខ្លួនរបស់គេឱ្យព្រះជាម្ចាស់ចាត់ចែងឡើយ។ មនុស្សមិនត្រឹមតែមិនចង់ឱ្យព្រះជាម្ចាស់ចូលមកពាក់ព័ន្ធទេ តែក៏មានមនុស្សខ្លះទៀត ថែមទាំងគិតរកវិធីបិទបាំងដួងចិត្តខ្លួន ដោយប្រើសម្ដីប៉ិនប្រសព្វ និងពាក្យបញ្ចើចបញ្ជោ ដើម្បីបង្កើតចំណាប់អារម្មណ៍ក្លែងក្លាយ និងដើម្បីទទួលបានទំនុកចិត្តពីព្រះជាម្ចាស់ និងបិទបាំងមុខមាត់ពិតរបស់គេពីព្រះនេត្ររបស់ព្រះជាម្ចាស់ទៀតផង។ គោលដៅដែលមិនឱ្យព្រះជាម្ចាស់ទតឃើញ គឺដើម្បីកុំឱ្យព្រះជាម្ចាស់ជ្រាបពីលក្ខណៈពិតប្រាកដរបស់គេ។ ពួកគេមិនចង់ប្រគល់ដួងចិត្តរបស់គេថ្វាយទៅព្រះជាម្ចាស់ឡើយ តែចង់រក្សាចិត្តនោះទុកសម្រាប់ខ្លួនគេវិញ។ អត្ថន័យបង្កប់នៃទង្វើនេះគឺថា អ្វីដែលមនុស្សធ្វើ និងអ្វីដែលមនុស្សចង់បាន គឺសុទ្ធតែត្រូវមនុស្សគ្រោងទុក គិតទុក និងសម្រេចចិត្តរួចជាស្រេចទៅហើយ។ គេមិនត្រូវការការចូលរួម ឬការជ្រៀតជ្រែកពីព្រះជាម្ចាស់ឡើយ គេរឹតតែមិនចង់បានការរៀបចំ និងការចាត់ចែងពីព្រះជាម្ចាស់ទៀត។ ដូច្នេះ ទោះបីពាក់ព័ន្ធ ឬមិនពាក់ព័ន្ធនឹងសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ពាក់ព័ន្ធនឹងបញ្ជាបេសកកម្មរបស់ទ្រង់ ឬសេចក្ដីតម្រូវដែលព្រះជាម្ចាស់សព្វព្រះទ័យចង់បានពីមនុស្សក៏ដោយ ក៏ការសម្រេចចិត្តរបស់មនុស្សធ្វើឡើងដោយផ្អែកលើចេតនា និងប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ ផ្អែកលើសភាពនិងស្ថានការណ៍ផ្ទាល់ខ្លួនរបស់គេនៅពេលនោះដែរ។ មនុស្សតែងប្រើចំណេះដឹង និងតម្រិះជ្រៅជ្រះដែលគេធ្លាប់ចេះដឹង និងបញ្ញារបស់គេផ្ទាល់មកវិនិច្ឆ័យ និងជ្រើសរើសផ្លូវដែលគេគួរដើរ និងមិនអនុញ្ញាតឱ្យមានការលូកដៃ ឬការគ្រប់គ្រងពីព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់ទតឃើញថា មនុស្សមានដួងចិត្តបែបនេះឯង។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

១១៥. មនុស្សជាច្រើនមានបំណងចង់ស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដ ប៉ុន្តែដោយសារតែចិត្តរបស់ពួកគេមិនមែនជារបស់ពួកគេផ្ទាល់ ទើបពួកគេពុំមានការគ្រប់គ្រងលើខ្លួនឯង។ មនុស្សជាច្រើនស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដ នៅពេលដែលពួកគេមានបទពិសោធពីការល្បងលដែលខ្ញុំប្រទានឱ្យ ប៉ុន្តែពួកគេមិនមានសមត្ថភាពក្នុងការយល់ដឹងថាខ្ញុំពិតជាមានវត្ដមានគង់នៅនោះទេ ហើយពួកគេគ្រាន់តែស្រឡាញ់ខ្ញុំដោយភាពទទេ មិនមែនដោយសារតែព្រះវត្តមានពិតរបស់ខ្ញុំនោះទេ។ មនុស្សជាច្រើនថ្វាយចិត្តរបស់ពួកគេនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ហើយក្រោយមកពួកគេមិនយកចិត្តទុកដាក់ចំពោះដួងចិត្តរបស់ពួកគេនោះទេ ហេតុដូច្នេះហើយ ទើបដួងចិត្តរបស់ពួកគេត្រូវបានសាតាំងឆក់យកទៅនៅពេលដែលវាមានឱកាស ហើយក្រោយមកពួកគេក៏ចាកចេញពីខ្ញុំ។ មនុស្សជាច្រើនស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដ នៅពេលដែលខ្ញុំប្រទានព្រះបន្ទូលរបស់ខ្ញុំដល់គេ ប៉ុន្តែពួកគេមិនស្រឡាញ់ព្រះបន្ទូលរបស់ខ្ញុំនៅក្នុងវិញ្ញាណរបស់ពួកគេនោះទេ ផ្ទុយទៅវិញ ពួកគេប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំម្តងម្កាល ដូចជាទ្រព្យសម្បត្តិសាធារណៈអ៊ីចឹង ហើយនៅពេលណាក៏ដោយដែលពួកគេមានអារម្មណ៍ចូលចិត្ត ពួកគេបោះចោលព្រះបន្ទូលនោះទៅកាន់កន្លែងដើមវិញ។ មនុស្សស្វែងរកខ្ញុំក្នុងភាពឈឺចាប់ ហើយគេមើលមកកាន់ខ្ញុំក្នុងចំណោមការល្បងលទាំងឡាយ។ អំឡុងពេលសន្តិភាពគេរីករាយជាមួយខ្ញុំ នៅពេលដែលគេស្ថិតនៅក្នុងគ្រោះថ្នាក់គេបដិសេធខ្ញុំ នៅពេលដែលគេជាប់រវល់ គេភ្លេចខ្ញុំ ហើយនៅពេលដែលគេទំនេរ គេធ្វើព្រងើយកន្តើយដាក់ខ្ញុំ ទោះបីជាយ៉ាងណា គ្មាននរណាម្នាក់ស្រឡាញ់ខ្ញុំពេញមួយជីវិតរបស់ពួកគេនោះទេ។ ខ្ញុំមានបំណងចង់ឱ្យមនុស្សស្មោះត្រង់នៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ៖ ខ្ញុំមិនបង្គាប់ឱ្យគេថ្វាយអ្វីដល់ខ្ញុំនោះទេ គ្រាន់តែចង់ឱ្យមនុស្សទាំងអស់យកចិត្តទុកដាក់ចំពោះខ្ញុំ នោះគឺ ពួកគេអនុញ្ញាតឱ្យខ្ញុំនាំយកភាពស្មោះត្រង់របស់មនុស្សត្រឡប់មកវិញ ជាជាងទាញខ្ញុំទៅរកពួកគេ។ ការបំភ្លឺ ការស្រាយបំភ្លឺ និងតម្លៃនៃការប្រឹងប្រែងរបស់ខ្ញុំ ជ្រួតជ្រាបទៅគ្រប់មនុស្សទាំងអស់ ចំណែកការបោកបញ្ឆោតរបស់ពួគេចំពោះខ្ញុំ ក៏ដូចគ្នាដែរ។ វាហាក់ដូចជាគ្រឿងផ្សំនៃការបោកបញ្ឆោតរបស់មនុស្ស នៅជាមួយគេតាំងពីពួកគេនៅក្នុងផ្ទៃម្តាយអ៊ីចឹង វាហាក់ដូចជាគេមានជំនាញដ៏ពិសេសនៃការបោកប្រាស់ទាំងនេះតាំងពីកំណើតអ៊ីចឹង។ ជាងនេះទៅទៀត គេមិនដែលបោះបង់ចោលល្បែងបែបនេះទេ ហើយក៏គ្មាននរណាធ្លាប់បានឃើញច្បាស់ពីប្រភពនៃជំនាញបោកបញ្ឆោតទាំងនេះដែរ។ ជាលទ្ធផល មនុស្សរស់នៅក្នុងការបោកបញ្ឆោតដោយគ្មានដឹងខ្លួននោះទេ ហើយវាដូចជាគេអភ័យទោសដល់ខ្លួនឯងអ៊ីចឹង វាដូចជាបង្ហាញថា នេះជាការរៀបចំរបស់ព្រះជាម្ចាស់ ជាជាងការបោកបញ្ឆោតដែលបានគ្រោងទុករបស់គេចំពោះខ្ញុំអ៊ីចឹង។ តើនេះមិនមែនជាប្រភពចម្បងនៃការបោកបញ្ឆោតរបស់មនុស្ស ចំពោះខ្ញុំទេឬ? តើនេះមិនមែនជាផែនការប្រកបដោយឧបាយកលទេឬ? ខ្ញុំមិនដែលជាប់នឹងការពង្វក់ដោយសារតែការបញ្ជោរ និងឧបាយកលរបស់មនុស្សនោះទេ ដោយសារតែខ្ញុំបានយល់ពីចិត្តរបស់គេជាយូរមកហើយ។ តើនរណាដឹងថា ភាពមិនបរិសុទ្ធដែលមាននៅក្នុងឈាមរបស់គេមានប៉ុន្មាន ហើយពិសរបស់សាតាំងដែលមាននៅក្នុងខួរឆ្អឹងរបស់គេ មានប៉ុន្មាននោះ? រាល់ថ្ងៃនេះ មនុស្សកាន់តែស៊ាំនឹងសាតាំងទៅហើយ ហេតុនោះទើបគេមិនមានអារម្មណ៍ថា សាតាំងបានធ្វើឱ្យពួកគេគ្រោះថ្នាក់នោះ ហើយដោយហេតុនោះ ទើបគេគ្មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱ្យឃើញនូវ «សិល្បៈនៃជីវិតដ៏រឹងមាំមួយ» នោះ។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១១៦. មនុស្សទាំងអស់គឺជាសត្ដនិករដែលខ្វះចំណេះដឹងពីខ្លួនឯង ហើយពួកគេមិនអាចស្គាល់ខ្លួនឯងបានទេ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេស្គាល់អ្នកដទៃគ្រប់គ្នា ដូចស្គាល់ខ្នងដៃខ្លួនឯងអ៊ីចឹង វាដូចជាគ្រប់យ៉ាងដែលអ្នកដទៃបានធ្វើ និងបាននិយាយ ត្រូវបានពួកគេ «ត្រួតពិនិត្យ» នៅចំពោះមុខពួកគេ និងទទួលបានការអនុញ្ញាតពីពួកគេជាមុនសិន មុននឹងធ្វើ។ ជាលទ្ធផល វាដូចជាពួកគេបានវាស់ស្ទង់អ្នកដទៃគ្រប់គ្នា ដាក់ក្នុងសភាពចិត្តវិជ្ជារបស់ពួកគេអ៊ីចឹង។ មនុស្សទាំងអស់គឺដូចនេះ។ ទោះបីជាពួកគេបានចូលទៅក្នុងយុគសម័យនៃនគរព្រះនាពេលបច្ចុប្បន្នក៏ដោយ ក៏ធម្មជាតិរបស់ពួកគេនៅតែមិនផ្លាស់ប្តូរដដែល។ ពួកគេនៅតែធ្វើអ្វីដែលខ្ញុំធ្វើ នៅចំពោះព្រះភ័ក្រ្តខ្ញុំ ខណៈដែលនៅពីក្រោយខ្នងខ្ញុំ ពួកគេចាប់ ផ្តើមធ្វើ «កិច្ចការ» មួយផ្ទាល់ខ្លួនរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ នាពេលបន្ទាប់ នៅពេលដែលពួកគេមកចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ពួកគេដូចមនុស្សផ្សេងទាំងស្រុងតែម្តង គឺមើលទៅស្ងប់ស្ងាត់ ហើយមិនរួញរា ដោយមានទឹកមុខស្រគត់ស្រគំ និងមានចង្វាក់ជីពចរស្មើ។ តើនេះ មិនមែនជាអ្វីដែលពិតជាធ្វើឱ្យមនុស្សគួរឱ្យស្អប់ណាស់ទេឬអី? មនុស្សច្រើនណាស់ ពាក់មុខពីរផ្សេងគ្នាដាច់ មួយគឺពេលនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ និងមុខមួយទៀតនៅពេលដែលនៅក្រោយខ្នងរបស់ខ្ញុំ។ ពួកគេច្រើនណាស់ ប្រព្រឹត្តដូចកូនចៀមដែលទើបនឹងកើត នៅពេលដែលនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ប៉ុន្តែនៅខាងក្រោយខ្នងរបស់ខ្ញុំ ពួកគេបានប្តូរទៅជាសត្វខ្លាដ៏កាចសាហាវ ហើយក្រោយមក ប្រព្រឹត្តដូចជាកូនបក្សីតូចៗ ដែលហើរយ៉ាងរីករាយពីភ្នំមួយ ទៅភ្នំមួយអ៊ីចឹង។ មនុស្សច្រើនណាស់ បង្ហាញពីគោលបំណង និងការតាំងចិត្ត នៅចំពោះព្រះភ័ក្តរបស់ខ្ញុំ។ មនុស្សច្រើនណាស់ មកនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ស្វះស្វែងរកព្រះបន្ទូលរបស់ខ្ញុំដោយភាពស្រេកឃ្លាន និងចំណង់ ប៉ុន្តែនៅពីក្រោយខ្នងរបស់ខ្ញុំ ពួកគេឈប់ខ្វាយខ្វល់ ហើយបោះបង់ចោលព្រះបន្ទូលនោះ វាដូចជាព្រះសូរសៀងរបស់ខ្ញុំជារបស់ដែលទើសទែងមួយអ៊ីចឹង។ ច្រើនលើកច្រើនសាណាស់ ខ្ញុំបានបោះបង់ចោល សេចក្តីសង្ឃឹមរបស់ខ្ញុំនៅក្នុងមនុស្ស ដោយទតឃើញថា ជាតិសាសន៍មនុស្សត្រូវបានពុករលួយដោយសត្រូវរបស់ខ្ញុំ។ ច្រើនលើកច្រើនសាណាស់នៅពេលដែលខ្ញុំទតឃើញពួកគេមកចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ដោយស្វះស្វែងរកការអភ័យទោសទាំងទឹកភ្នែក ប៉ុន្តែដោយសារតែការខ្វះការគោរពខ្លួនឯង និងភាពចចេសរឹងរូសរបស់ពួកគេ ទើបខ្ញុំបានបិទព្រះនេត្ររបស់ខ្ញុំទាំងកំហឹងចំពោះទង្វើរបស់ពួកគេ ទោះបីជានៅពេលដែលចិត្តរបស់ពួកគេពិតប្រាកដ ហើយបំណងប្រាថ្នារបស់ពួកគេស្មោះត្រង់ក៏ដោយ។ ច្រើនលើកច្រើនសាណាស់ ដែលខ្ញុំបានទតឃើញមនុស្សមានទំនុកចិត្តគ្រប់គ្រាន់ដើម្បីសហការជាមួយខ្ញុំ នៅពេលនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ជាអ្នកដែលហាក់ដូចជានៅក្នុងការឱបក្រសោបរបស់ខ្ញុំ ដោយភ្លក់រសជាតិភាពកក់ក្តៅនៃការឱបក្រសោបនោះ។ ច្រើនលើកច្រើនសាណាស់ ដោយបានទតឃើញជាក់ស្តែងនូវភាពស្លូតត្រង់ ភាពរស់រវើក និងភាពគួរឱ្យស្រឡាញ់នៃរាស្ត្ររើសតាំងរបស់ខ្ញុំ តើខ្ញុំមិនអាចទទួលយកភាពសប្បាយរីករាយ ដោយសាររបស់ទាំងនេះបានយ៉ាងដូចម្ដេចទៅ? មនុស្សមិនដឹងពីវិធីរីករាយនឹងព្រះពរដែលបានកំណត់ទុករបស់ពួកគេនៅក្នុងព្រះហស្ដរបស់ខ្ញុំ ដោយសារពួកគេមិនយល់ពីអ្វីជាអត្ថន័យពិតប្រាកដ ទាំងពាក្យ «ព្រះពរ» និងពាក្យ «ការការរងទុក្ខ»។ ដោយសារមូលហេតុនេះហើយ ទើបមនុស្សនៅឆ្ងាយពីការស្វះស្វែងរកខ្ញុំដ៏ពិតប្រាកដ។ ប្រសិនបើមិនមានថ្ងៃស្អែកនោះទេ នោះតើនរណាក្នុងចំណោមអ្នករាល់គ្នាដែលឈរនៅមុខព្រះភ័ក្ត្ររបស់ខ្ញុំ នឹងអាចបរិសុទ្ធដូចជាព្រឹលធ្លាក់ ហើយឥតខ្ចោះដូចជាថ្លើមថ្មនោះ? តើវាអាចទៅជាបែបនោះទេ ដែលសេចក្តីស្រឡាញ់របស់អ្នកចំពោះខ្ញុំ ត្រឹមតែជារបស់ដែលអាចប្តូរនឹងអាហារដ៏ឆ្ងាញ់មួយពេល អាចដូរនឹងសម្លៀកបំពាក់ដ៏ទំនើបទាន់សម័យមួយកំផ្លេ ឬក៏ដូរនឹងតំណែងខ្ពស់មួយដែលមានប្រាក់ខែល្អនោះ? តើសេចក្តីស្រឡាញ់របស់អ្នកចំពោះខ្ញុំ អាចប្តូរជាមួយនឹងសេចក្តីស្រឡាញ់ដែលអ្នកដទៃមានចំពោះអ្នកឬទេ? តើវាអាចទៅជាបែបនោះទេ ដែលការឆ្លងកាត់ការល្បងល ពិតជាអាចជំរុញឱ្យមនុស្សបោះបង់សេចក្តីស្រឡាញ់ចំពោះខ្ញុំនោះ? តើការឈឺចាប់ និងទុក្ខព្រួយ នឹងបណ្តាលឱ្យពួកគេរអ៊ូរទាំចំពោះការរៀបចំរបស់ខ្ញុំឬទេ? គ្មាននរណាម្នាក់ធ្លាប់កោតសរសើរចំពោះដាវដ៏មុតស្រួចដែលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំនោះទេ៖ ពួកគេដឹងត្រឹមតែអត្ថន័យដ៏អស្ចារ្យរបស់វាប៉ុណ្ណោះ ដោយមិនបានយល់ពិតប្រាកដពីអ្វីដែលវាមានភាពចាំបាច់នោះទេ។ ប្រសិនបើមនុស្សអាចមើលឃើញភាពមុតស្រួចនៃដាវរបស់ខ្ញុំយ៉ាងពិតប្រាកដនោះ ពួកគេនឹងរត់យ៉ាងលឿនដូចសត្វកណ្តុរចូលក្នុងរន្ធរបស់ពួកវាអ៊ីចឹង។ ដោយសារតែភាពស្ពឹកស្រពន់របស់ពួកគេ ទើបមនុស្សមិនយល់អ្វីសោះពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ខ្ញុំ ដូច្នេះហើយ ពួកគេពុំមានតម្រុយដើម្បីដឹងថា តើព្រះបន្ទូលរបស់ខ្ញុំគួរឱ្យខ្លាចប៉ុនណា ឬតើព្រះបន្ទូលនោះបើកសម្តែងពីធម្មជាតិរបស់មនុស្សប៉ុនណា ហើយតើសេចក្តីពុករលួយផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានជំនុំជម្រះដោយព្រះបន្ទូលទាំងនោះប៉ុនណានោះទេ។ ចំពោះហេតុផលនេះ ដោយសារគំនិតនៅស្ទើររបស់ពួកគេអំពីអ្វីដែលខ្ញុំមានបន្ទូល ទើបមនុស្សភាគច្រើនបានប្រកាន់យកអាកប្បកិរិយាមិនសូវឧស្សាហ៍ព្យាយាម។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១១៧. អស់រយៈពេលជាច្រើនសម័យកាលមកហើយ ដែលមនុស្សជាច្រើនបានចាកចេញពីលោកីយ៍នេះទាំងខកចិត្ត និងស្ទាក់ស្ទើរ ហើយមនុស្សជាច្រើនទៀតបានមកដោយក្តីសង្ឃឹម និងសេចក្តីជំនឿ។ ខ្ញុំបានរៀបចំឱ្យមនុស្សជាច្រើនមក ហើយក៏បានបញ្ជូនមនុស្សជាច្រើនចេញដែរ។ មនុស្សរាប់មិនអស់បានឆ្លងកាត់ព្រះហស្ដរបស់ខ្ញុំ។ វិញ្ញាណជាច្រើនត្រូវបានបោះចូលទៅក្នុងស្ថានឃុំព្រលឹង វិញ្ញាណជាច្រើនបានរស់នៅក្នុងសាច់ឈាម ហើយវិញ្ញាណជាច្រើនបានស្លាប់ និងបានកើតវិញនៅលើផែនដី។ ប៉ុន្តែ មិនដែលមានវិញ្ញាណណាមួយមានឱកាសទទួលបានព្រះពរនៃនគរព្រះនាពេលសព្វថ្ងៃនេះទេ។ ខ្ញុំបានប្រទានឱ្យមនុស្សច្រើនណាស់ ប៉ុន្តែគេទទួលបានតិចតួច ដោយសារការវាយលុករបស់កម្លាំងសាតាំង បានធ្វើឱ្យពួកគេមិនអាចរីករាយគ្រប់ទាំងភាពបរិបូរណ៍របស់ខ្ញុំបាន។ គេបានត្រឹមតែមើលប៉ុណ្ណោះ ប៉ុន្តែមិនអាចរីករាយជាមួយនឹងភាពបរិបូរណ៍នោះបានឡើយ។ មនុស្សមិនដែលបានរកឃើញផ្ទះរតនសម្បត្តិនៅក្នុងរាងកាយរបស់គាត់ ដើម្បីទទួលយកភាពបរិបូរណ៍នៃស្ថានសួគ៌បានទេ ដូច្នេះគេបាត់បង់ព្រះពរដែលខ្ញុំបានប្រទានដល់គេហើយ។ តើវិញ្ញាណរបស់មនុស្ស មិនមែនជាអំណាចតែមួយដែលភ្ជាប់គេជាមួយវិញ្ញាណខ្ញុំទេឬ? ហេតុអ្វីមនុស្សមកជិតខ្ញុំដោយសាច់ឈាមបាន ប៉ុន្តែមិនអាចមកជិតខ្ញុំដោយវិញ្ញាណបាន? តើព្រះភ័ក្រ្ដពិតរបស់ខ្ញុំ ជាព្រះភ័ក្រ្ដសាច់ឈាមមែនទេ? ហេតុអ្វីបានជាមនុស្សមិនដឹងពីសារជាតិបស់ខ្ញុំ? តើនៅក្នុងវិញ្ញាណរបស់មនុស្ស ពិតជាមិនដែលមានដានណាមួយរបស់ខ្ញុំមែនឬ? តើខ្ញុំបានបាត់ចេញពីវិញ្ញាណរបស់មនុស្សទាំងស្រុងឬ? ប្រសិនបើមនុស្សមិនចូលទៅក្នុងពិភពខាងវិញ្ញាណ តើគេអាចចាប់បានគោលបំណងរបស់ខ្ញុំដោយវិធីណា? នៅក្នុងភ្នែករបស់មនុស្ស តើមានអ្វីដែលអាចធ្វើឱ្យយល់ពីរឿងខាងវិញ្ញាណដោយផ្ទាល់ទេ? ជាច្រើនលើកដែលខ្ញុំបានហៅមនុស្សដោយព្រះវិញ្ញាណរបស់ខ្ញុំ ប៉ុន្តែមនុស្សធ្វើដូចជាខ្ញុំបានចាក់គេ ហើយគោរពខ្ញុំពីចម្ងាយ ដោយភ័យខ្លាចខ្ញុំនឹងនាំគេទៅកាន់ពិភពថ្មីមួយទៀត។ ជាច្រើនលើកដែលខ្ញុំបានសាកសួរនៅក្នុងវិញ្ញាណរបស់មនុស្ស ប៉ុន្តែគេពិតជាខ្លាចជាខ្លាំង ខ្លាចខ្ញុំចូលទៅក្នុងផ្ទះរបស់គេ ហើយរកឱកាសដើម្បីដកកម្មសិទ្ធិគ្រប់យ៉ាងរបស់គេ។ ដូច្នេះ គេក៏បិទទ្វារដោយទុកឱ្យខ្ញុំនៅខាងក្រៅ ទុកឱ្យខ្ញុំរងារ ដោយបិទទ្វារយ៉ាងណែន។ ជាច្រើនលើកច្រើនសាដែលមនុស្សបានធ្លាក់ ហើយខ្ញុំបានសង្គ្រោះគេ ប៉ុន្តែបន្ទាប់ពីគេក្រោកដើររួច គេក៏ចាកចេញពីខ្ញុំមួយរំពេច ហើយសម្លឹងមើលខ្ញុំដោយការប្រុងប្រយ័ត្ន ដោយមិនបានប៉ះពាល់ចិត្តដោយសារក្តីស្រឡាញ់របស់ខ្ញុំទេ ព្រោះខ្ញុំមិនដែលធ្វើឱ្យចិត្តមនុស្សបានកក់ក្តៅឡើយ។ មនុស្សគឺជាសត្វដែលមានឈាមត្រជាក់ គ្មានមនោសញ្ចេតនា។ ទោះបីខ្ញុំឱបគេដោយកក់ក្តៅក៏ដោយ ក៏គេមិនដែលរំជួលចិត្តខ្លាំងដោយសារការឱបនោះដែរ។ មនុស្សប្រៀបដូចជាសត្វសាហាវនៅក្នុងភ្នំ។ គេមិនដែលផ្តល់តម្លៃដល់ការលើកទឹកចិត្តរបស់ខ្ញុំចំពោះមនុស្សនោះទេ។ គេមិនចង់មករកខ្ញុំឡើយ គឺចង់តែរស់នៅកណ្ដាលភ្នំ ជាកន្លែងដែលគេស៊ូទ្រាំនឹងការគម្រាមកំហែងរបស់ពពួកម្រឹគព្រៃ ប៉ុន្តែគេនៅតែមិនចង់មកជ្រកកោននៅក្នុងខ្ញុំ។ ខ្ញុំមិនបង្ខំមនុស្សណាម្នាក់នោះទេ ខ្ញុំគ្រាន់តែធ្វើកិច្ចការរបស់ខ្ញុំប៉ុណ្ណោះ។ គង់មានថ្ងៃណាមួយដែលមនុស្សនឹងហែលពីកណ្តាលមហាសមុទ្រដ៏ធំល្វឹងល្វើយមកខាងខ្ញុំវិញមិនខាន ដើម្បីឱ្យគេអាចសោយសុខនឹងភាពសម្បូរបែបនៅលើផែនដី ហើយគេចផុតពីគ្រោះថ្នាក់ដែលត្រូវសមុទ្រលេបត្របាក់យកទៅ។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១១៨. សេចក្ដីជំនឿរបស់អ្នករាល់គ្នា ស្រស់បំព្រងខ្លាំងណាស់។ អ្នកនិយាយថា អ្នកសុខចិត្តលះបង់ពេលវេលាក្នុងជីវិតរបស់អ្នកទាំងស្រុងដើម្បីកិច្ចការរបស់ខ្ញុំ ហើយអ្នកសុខចិត្តលះបង់ជីវិតរបស់អ្នកសម្រាប់កិច្ចការនេះ ប៉ុន្តែនិស្ស័យរបស់អ្នក មិនបានបំផ្លាស់បំប្រែអ្វីច្រើននោះទេ។ អ្នកគ្រាន់តែនិយាយដោយក្រអឺតក្រទម ទាំងដែលការពិតឥរិយាបថជាក់ស្ដែងរបស់អ្នក អាក្រក់ជាខ្លាំង។ វាហាក់ដូចជាអណ្ដាត និងបបូរមាត់របស់មនុស្សនៅឯស្ថានសួគ៌ ប៉ុន្តែជើងរបស់ពួកគេ នៅឆ្ងាយឯផែនដីឯណេះ ហេតុនេះហើយ សម្ដីនិងទង្វើរបស់ពួកគេ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ គឺនៅតែអាប់ឱន និងខូចបង់។ កេរ្តិ៍ឈ្មោះរបស់អ្នក ត្រូវបានបំផ្លាញ ចរិតរបស់អ្នក ត្រូវអាប់ឱន របៀបដែលអ្នកនិយាយ កាន់តែទាបទៅៗ ហើយជីវិតរបស់អ្នករាល់ក្នាគួរឱ្យស្អប់ខ្ពើម។ ហើយសូម្បីតែភាពជាមនុស្សរបស់អ្នករាល់គ្នា ក៏បានលិចចូលទៅក្នុងភាពតូចទាបដែរ។ អ្នកមានគំនិតចង្អៀតចង្អល់ចំពោះអ្នកដទៃ ហើយអ្នកជជែកតវ៉ាចំពោះរឿងតូចតាច។ អ្នកប្រកែកគ្នាជុំវិញកេរ្តិ៍ឈ្មោះនិងឋានៈរបស់អ្នក រហូតដល់ចំណុចមួយដែលអ្នកសុខចិត្តចុះនរក និងចុះទៅក្នុងបឹងភ្លើង។ ពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាក្នុងពេលបច្ចុប្បន្ននេះ គឺគ្រប់គ្រាន់ឱ្យខ្ញុំកំណត់ថា អ្នករាល់គ្នាជាមនុស្សមានបាបហើយ។ អាកប្បកិរិយារបស់អ្នកចំពោះកិច្ចការរបស់ខ្ញុំ គឺគ្រប់គ្រាន់ឱ្យខ្ញុំកំណត់ថា អ្នករាល់គ្នាជាមនុស្សទុច្ចរិត ហើយគ្រប់និស្ស័យទាំងអស់របស់អ្នករាល់គ្នា គឺគ្រប់គ្រាន់ដើម្បីចង្អុលបង្ហាញថា អ្នកជាព្រលឹងស្មោកគ្រោក ដែលពោរពេញទៅដោយការស្អប់ខ្ពើម។ ការបង្ហាញរបស់អ្នករាល់គ្នា និងអ្វីដែលអ្នកបើកសម្ដែង គឺគ្រប់គ្រាន់នឹងនិយាយថា អ្នករាល់គ្នាជាមនុស្សដែលបានផឹកនូវឈាមនៃវិញ្ញាណមិនបរិសុទ្ធរបស់អ្នក។ នៅពេលនិយាយដល់ការចូលទៅក្នុងនគរស្ថានសួគ៌ អ្នករាល់គ្នាមិនបានបង្ហាញអារម្មណ៍របស់អ្នកឡើយ។ តើអ្នករាល់គ្នាជឿថា ផ្លូវរបស់អ្នករាល់គ្នាក្នុងពេលនេះ គឺគ្រប់គ្រាន់ដើម្បីឱ្យអ្នកដើរកាត់ច្រកផ្លូវទៅកាន់នគរស្ថានសួគ៌របស់ខ្ញុំហើយមែនទេ? តើអ្នកជឿថា អ្នកអាចទទួលបានច្រកចូលទៅក្នុងដែនដីបរិសុទ្ធនៃកិច្ចការនិងព្រះបន្ទូលរបស់ខ្ញុំ ដោយខ្ញុំមិនមានការល្បងលលើពាក្យសម្ដី និងទង្វើផ្ទាល់របស់អ្នករាល់គ្នាមែនទេ? តើនរណាអាចបោកបញ្ឆោតខ្ញុំបាន? តើឥរិយាបថ និងការសន្ទនាដែលគួរឱ្យស្អប់ និងទាបថោករបស់អ្នកអាចគេចផុតពីខ្សែព្រះនេត្ររបស់ខ្ញុំបានដោយរបៀបណា? ជីវិតរបស់អ្នករាល់គ្នា ត្រូវបានខ្ញុំជាអ្នកកំណត់ ជាជីវិតដែលផឹកឈាម និងហូបសាច់ស្រស់នៃវិញ្ញាណមិនបរិសុទ្ធទាំងអស់នោះ ដោយសារអ្នករាល់គ្នាត្រាប់តាមពួកគេនៅចំពោះព្រះភ័ក្រខ្ញុំជារៀងរាល់ថ្ងៃ។ នៅចំពោះខ្ញុំ ឥរិយាបថរបស់អ្នកអាក្រក់ជាខ្លាំង ដូច្នេះ តើខ្ញុំអាចមិនខ្ពើមរអើមចំពោះអ្នកដូចម្ដេចបាន? ពាក្យសម្ដីរបស់អ្នក មាននូវភាពមិនបរិសុទ្ធនៃវិញ្ញាណមិនបរិសុទ្ធ៖ អ្នកបញ្ចើចបញ្ចើ លាក់កំបាំង និងបញ្ជោរ ដូចជាអ្នកដែលពាក់ព័ន្ធនឹងមន្ដអាគម និងដូចជាអ្នកផិតក្បត់ ដែលផឹកឈាមនៃពួកទុច្ចរិតដែរ។ រាល់ការសម្ដែងចេញរបស់មនុស្ស គឺទុច្ចរិតខ្លាំងណាស់ ដូច្នេះ តើមនុស្សទាំងអស់អាចដាក់ឱ្យនៅលើដែនដីបរិសុទ្ធ ដែលអ្នកសុចរិតរស់នៅបានដោយរបៀបណា? តើអ្នកគិតថា ឥរិយាបថគួរឱ្យស្អប់របស់អ្នកនោះ អាចឱ្យអាចសម្គាល់អ្នកបានថាអ្នកបរិសុទ្ធ បើធៀបនឹងអ្នកទុច្ចរិតទាំងអស់នោះមែនទេ? អណ្ដាតដែលប្រៀបដូចជាសត្វពស់របស់អ្នក ចុងក្រោយនឹងបំផ្លាញសាច់ឈាមរបស់អ្នក ដែលបង្កមហន្តរាយយ៉ាងខ្លាំង និងនាំមកនូវការស្អប់ខ្ពើម ហើយចុងក្រោយ ដៃរបស់អ្នកដែលប្រលាក់ទៅដោយឈាមនៃវិញ្ញាណមិនបរិសុទ្ធ ក៏នឹងទាញវិញ្ញាណរបស់អ្នកឱ្យធ្លាក់ទៅក្នុងស្ថាននរកផងដែរ។ ដូច្នេះ តើហេតុអ្វីបានជាអ្នកមិនចាប់យកឱកាសនេះដើម្បីសម្អាតដៃដ៏កខ្វក់របស់អ្នកទៅ? ហើយហេតុអ្វីបានជាអ្នកមិនទាញប្រយោជន៍ពីឱកាសនេះដើម្បីកាត់អណ្ដាតរបស់អ្នកដែលនិយាយពាក្យមិនសុចរិតទៅ? តើវាអាចថា អ្នកសុខចិត្តរងទុក្ខនៅក្នុងអណ្ដាតភ្លើងនៃស្ថាននរកដើម្បីជាប្រយោជន៍ដល់ដៃ អណ្ដាត និងបបូរមាត់របស់អ្នកឬ? ខ្ញុំបន្តឃ្លាំមើលដួងចិត្តរបស់មនុស្សគ្រប់គ្នាដោយព្រះនេត្រទាំងគូររបស់ខ្ញុំ ដោយសារមុនពេលដែលខ្ញុំបានបង្កើតមនុស្សលោកមក ខ្ញុំបានយល់ពីដួងចិត្តរបស់ពួកគេដូចជាបាតដៃរបស់ខ្ញុំដែរ។ ខ្ញុំបានមើលធ្លុះដួងចិត្តមនុស្សជាយូរណាស់មកហើយ ដូច្នេះ តើគំនិតរបស់ពួកគេអាចគេចចេញពីព្រះនេត្ររបស់ខ្ញុំដូចម្តេចបាន? តើវាមិនយឺតពេលពេកទេ ដែលពួកគេត្រូវគេចចេញពីការដុតកម្ទេចដោយព្រះវិញ្ញាណរបស់ខ្ញុំនោះ?

(ដកស្រង់ពី «អ្នករាល់គ្នាសុទ្ធតែមានចរិតអន់ខ្សោយណាស់!» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១១៩. បបូរមាត់របស់អ្នក ល្អជាងសត្វព្រាបទៅទៀត ប៉ុន្តែដួងចិត្តរបស់អ្នក សហាវឃោឃៅជាងសត្វពស់ចាស់ទៅទៀត។ បបូរមាត់របស់អ្នកស្រស់ស្អាតដូចជាស្ដ្រីលីបង់អ៊ីចឹង ប៉ុន្តែដួងចិត្តរបស់អ្នក មិនល្អជាងដួងចិត្តរបស់ពួកគេឡើយ ហើយច្បាស់ណាស់ សម្រស់នេះមិនអាចប្រៀបផ្ទឹមនឹងសម្រស់សាសន៍កាណានបានឡើយ។ ដួងចិត្តរបស់អ្នក ផិតក្បត់ជាខ្លាំង! របស់ដែលខ្ញុំស្អប់ខ្ពើម គឺត្រឹមតែជាបបូរមាត់ពួកទុច្ចរិត និងដួងចិត្តរបស់ពួកគេតែប៉ុណ្ណោះ ហើយសេចក្ដីតម្រូវរបស់ខ្ញុំចំពោះមនុស្ស គឺមិនខ្ពស់ជាងអ្វីដែលខ្ញុំរំពឹងចង់បានពីពួកសុចរិតឡើយ។ ខ្ញុំគ្រាន់តែមានអារម្មណ៍ស្អប់ខ្ពើមចំពោះអំពើអាក្រក់របស់ពួកទុច្ចរិត ហើយខ្ញុំសង្ឃឹមថា ពួកគេអាចកម្ចាត់ចេញនូវភាពស្មោកគ្រោករបស់ពួកគេ និងគេចចេញពីស្ថានការណ៍ដ៏លំបាករបស់ពួកគេក្នុងពេលបច្ចុប្បន្ន ដើម្បីឱ្យពួកគេអាចខុសគ្នាពីពួកទុច្ចរិតទាំងអស់នោះបាន និងអាចរស់នៅ និងរាប់ជាបរិសុទ្ធជាមួយពួកសុចរិត។ អ្នករាល់គ្នា ស្ថិតក្នុងកាលៈទេសៈដូចជាខ្ញុំដែរ ក៏ប៉ុន្តែអ្នករាល់គ្នាពោរពេញទៅដោយភាពស្មោកគ្រោក។ អ្នកគ្មានភាពដូចគ្នានឹងមនុស្សពីដើមដែលត្រូវបានបង្កើតឡើងតាំងពីដើមដំបូងមកនោះសូម្បីតែបន្តិច។ បន្ថែមលើនេះ ដោយសារតែរាល់ថ្ងៃនេះ អ្នករាល់គ្នាធ្វើត្រាប់តាមលក្ខណៈនៃវិញ្ញាណមិនបរិសុទ្ធទាំងអស់នោះ ដោយធ្វើអ្វីដែលពួកគេធ្វើ និងនិយាយអ្វីដែលពួកគេនិយាយ នោះគ្រប់ផ្នែកទាំងអស់របស់អ្នករាល់គ្នា សូម្បីតែអណ្ដាត និងបបូរមាត់របស់អ្នក ត្រូវផ្សើមជោគទៅដោយទឹកសម្អុយរបស់ពួកគេ រហូតដល់កម្រិតមួយដែលអ្នករាល់គ្នាត្រូវប្រឡាក់ទាំងស្រុង ហើយគ្មានចំណែកណាមួយរបស់អ្នក អាចប្រើសម្រាប់កិច្ចការរបស់ខ្ញុំបានឡើយ។ វាពិតជាខ្លោចផ្សារក្នុងចិត្តខ្លាំងណាស់! អ្នករស់នៅក្នុងពិភពសត្វសេះ និងគោក្របី ក៏ប៉ុន្តែតាមពិតទៅ អ្នករាល់គ្នាមិនមានអារម្មណ៍ថាមានបញ្ហាអ្វីទេ។ អ្នកពោរពេញដោយក្ដីរីករាយ ហើយរស់នៅដោយសេរី និងងាយស្រួល។ អ្នកកំពុងហែលនៅក្នុងទឹកស្អុយ ក៏ប៉ុន្តែអ្នកមិនដឹងទាល់តែសោះថា អ្នកបានធ្លាក់ទៅក្នុងស្ថានការណ៍ដ៏លំបាក។ ជារៀងរាល់ថ្ងៃ អ្នកជាប់ចិត្តនឹងវិញ្ញាណមិនបរិសុទ្ធ និងបះពាល់នឹង «លាមក»។ ជីវិតរបស់អ្នកគឺថោកទាបខ្លាំងណាស់ ក៏ប៉ុន្តែអ្នកមិនបានដឹងថា អ្នកពិតជាពុំបានកើតនៅក្នុងពិភពមនុស្សឡើយ ហើយអ្នកមិនដឹងថាអ្នកមិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឯងឡើយ។ តើអ្នកមិនដឹងថា ជីវិតរបស់អ្នក ត្រូវបានវិញ្ញាញមិនបរិសុទ្ធទាំងនោះជាន់ឈ្លីជាយូរណាស់មកហើយ ឬមិនដឹងថាចរិតរបស់អ្នក ត្រូវប្រឡាក់ទៅដោយទឹកសម្អុយនេះជាយូរណាស់មកហើយទេឬអី? តើអ្នកគិតថា អ្នកកំពុងរស់នៅក្នុងស្ថានសួគ៌លោកីយ៍ ហើយថាអ្នកកំពុងស្ថិតនៅក្នុងសេចក្ដីសុខសាន្តមែនទេ? តើអ្នកមិនដឹងថា អ្នកបានរស់នៅក្នុងជីវិតមួយជាមួយនឹងវិញ្ញាណមិនបរិសុទ្ធ និងបានរស់នៅជាមួយគ្រប់យ៉ាងដែលពួកគេបានរៀបចំសម្រាប់អ្នកទេឬអី? តើរបៀបដែលអ្នករស់នៅអាចមានអត្ថន័យបានដោយរបៀបណា? តើជីវិតរបស់អ្នកមានតម្លៃបានដោយរបៀបណា? អ្នកបានប្រឹងធ្វើការនៅទីនេះទីនោះដើម្បីឪពុកម្ដាយរបស់អ្នក ជាឪពុកម្ដាយដែលមានវិញ្ញាណមិនបរិសុទ្ធ ក៏ប៉ុន្តែតាមពិតទៅ អ្នកមិនដែលដឹងថា មនុស្សដែលដាក់អន្ទាក់អ្នក គឺជាឪពុកម្ដាយដែលមានវិញ្ញាណមិនបរិសុទ្ធដែលបានផ្ដល់កំណើតដល់អ្នក និងបានចិញ្ចឹមបីបាច់អ្នកនេះសោះ។ បន្ថែមលើនេះ អ្នកមិនបានដឹងថា តាមពិត ភាពស្មោកគ្រោករបស់អ្នក ត្រូវបានពួកគេផ្ដល់ឱ្យអ្នកទេ។ អ្វីដែលអ្នកដឹងគឺថា ពួកគេអាចនាំ «សេចក្ដីអរសប្បាយ» ដល់អ្នក ពួកគេមិនបានវាយផ្ចាលអ្នក ហើយពួកគេក៏មិនជំនុំជម្រះអ្នកដែរ ហើយជាពិសេស ពួកគេមិនបានដាក់បណ្ដាសាអ្នកឡើយ។ ពួកគេមិនដែលបានផ្ទុះកំហឹងដាក់អ្នកឡើយ ប៉ុន្តែប្រព្រឹត្តដាក់អ្នកដោយសេចក្ដីស្រឡាញ់ និងក្ដីសណ្ដោសប្រណី។ ពាក្យសម្ដីរបស់ពួកគេ ចិញ្ចឹមថ្នាក់ថ្នមចិត្តរបស់អ្នក និងចាប់អ្នកជាចំណាប់ខ្មាំង ដើម្បីឱ្យអ្នកក្លាយជាវង្វេងទិសដៅ ដោយមិនដឹងពីរឿងនេះឡើយ អ្នកត្រូវជាប់ក្នុងនោះ និងសុខចិត្តបម្រើពួកគេ ដោយក្លាយជារន្ធទឹក និងជាបាវបម្រើរបស់ពួកគេ។ អ្នកគ្មានរអ៊ូរទាំអ្វីទាំងអស់ ប៉ុន្តែសុខចិត្តធ្វើការបម្រើពួកគេដូចជាសត្វឆ្កែ ដូចជាសត្វសេះ។ អ្នកត្រូវពួកគេបោកប្រាស់បាន។ ដោយសារមូលហេតុនេះ អ្នកគ្មានប្រតិកម្មអ្វីទាល់តែសោះចំពោះកិច្ចការដែលខ្ញុំធ្វើ។ គ្មានអ្វីត្រូវឆ្ងល់ថាហេតុអ្វីបានជាអ្នកតែងតែចង់រួចចេញពីដៃរបស់ខ្ញុំដោយស្ងាត់ៗ ហើយគ្មានអ្វីត្រូវឆ្ងល់ថាហេតុអ្វីអ្នកតែងតែចង់ប្រើពាក្យផ្អែមល្អែមដើម្បីបានការអនុគ្រោះពីខ្ញុំនោះ។ ដូចវាបង្ហាញចេញមកស្រាប់ហើយ អ្នកមានគម្រោងមួយទៀតរួចទៅហើយ មានការរៀបចំមួយទៀតរួចហើយ។ អ្នកអាចឃើញពីទង្វើបន្តិចបន្ដួចរបស់ខ្ញុំថាជាទង្វើដ៏ធំអស្ចារ្យ ប៉ុន្តែអ្នកមិនមានចំណេះដឹងអ្វីបន្តិចទាល់តែសោះអំពីការជំនុំជម្រះ និងការវាយផ្ចាលរបស់ខ្ញុំ។ អ្នកគ្មានដឹងថាពេលណាការវាយផ្ចាលរបស់ខ្ញុំចាប់ផ្ដើមនោះទេ។ អ្នកគ្រាន់តែដឹងថាត្រូវបោកប្រាស់ខ្ញុំដោយរបៀបណាប៉ុណ្ណោះ ក៏ប៉ុន្តែអ្នកមិនដឹងថាខ្ញុំនឹងមិនអន់ឱនចំពោះការបំពារបំពានណាមួយរបស់មនុស្សឡើយ។ ដោយសារតែអ្នកបានតាំងចិត្តបម្រើខ្ញុំហើយ ខ្ញុំនឹងមិនឱ្យអ្នករបូតចេញទៅឡើយ។ ខ្ញុំជាព្រះជាម្ចាស់ដែលប្រចណ្ឌ ហើយខ្ញុំជាព្រះជាម្ចាស់ដែលប្រចណ្ឌចំពោះមនុស្សជាតិ។ ដោយសារអ្នកបានសច្ចាពាក្យសម្ដីរបស់អ្នកនៅទីសក្ការៈហើយ ខ្ញុំនឹងមិនអត់ឱនចំពោះការរត់គេចនៅចំពោះព្រះនេត្ររបស់ខ្ញុំឡើយ ហើយខ្ញុំនឹងមិនអត់ឱនចំពោះការបម្រើម្ចាស់ពីររបស់អ្នកឡើយ។ តើអ្នកគិតថា អ្នកអាចមានសេចក្ដីស្រឡាញ់ទីពីរ បន្ទាប់ពីសច្ចាពាក្យសម្ដីរបស់អ្នកនៅទីសក្ការៈរបស់ខ្ញុំ និងនៅចំពោះព្រះនេត្ររបស់ខ្ញុំមែនទេ? តើខ្ញុំអាចអនុញ្ញាញឱ្យមនុស្សលេងសើចនឹងខ្ញុំដោយរបៀបនេះបានមែនទេ? តើអ្នកគិតថា អ្នកអាចសន្យា និងស្បថស្បែជាធម្មតានៅចំពោះខ្ញុំដោយអណ្ដាតរបស់អ្នកឬ? តើអ្នកគិតថា អ្នកអាចស្បថនៅនឹងបល្ល័ង្ករបស់ខ្ញុំ ជាបល្ល័ង្កដែលខ្ពស់បំផុតរបស់ខ្ញុំមែនទេ? តើអ្នកគិតថាសម្បថរបស់អ្នកបានរលត់ផុតទៅហើយមែនទេ? ខ្ញុំប្រាប់អ្នករាល់គ្នាឱ្យដឹងចុះ៖ បើទោះបីជាសាច់ឈាមរបស់អ្នករាល់គ្នាបានស្លាប់ទៅហើយក្ដី ក៏ពាក្យសម្បថរបស់អ្នកមិនអាចរលត់ផុតទៅបានដែរ។ ចុងបញ្ចប់ ខ្ញុំនឹងផ្តន្ទាទោសអ្នករាល់គ្នាតាមសេចក្ដីសម្បថរបស់អ្នក។ ក៏ប៉ុន្តែ អ្នករាល់គ្នាជឿថា អ្នកអាចតទល់នឹងខ្ញុំបានដោយសច្ចាពាក្យសម្ដីរបស់អ្នករាល់គ្នានៅចំពោះខ្ញុំ ហើយថាដួងចិត្តរបស់អ្នក អាចបម្រើវិញ្ញាណមិនបរិសុទ្ធ និងវិញ្ញាណអាក្រក់បាន។ តើសេចក្ដីក្រោធរបស់ខ្ញុំ អាចអត់ឱននឹងមនុស្សដូចជាសត្វឆ្កែ មនុស្សដូចសត្វជ្រូកដែលបោកប្រាស់ខ្ញុំនេះបានដោយរបៀបណា? ខ្ញុំត្រូវតែបន្តអនុវត្តបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ហើយត្រូវយករបស់ទាំងអស់នោះពីដៃនៃវិញ្ញាណមិនបរិសុទ្ធ គឺមនុស្ស «ជឿស៊ប់» ដែលមានសេចក្ដីជំនឿលើខ្ញុំ ដើម្បីឱ្យពួកគេអាច «បន្តរង់ចាំ» ខ្ញុំ ក្នុងរបៀបដ៏មានវិន័យ ជាសត្វគោរបស់ខ្ញុំ ជាសត្វសេះរបស់ខ្ញុំ និងស្ថិតក្រោមការចាត់ចែងនៃការសម្លាប់របស់ខ្ញុំ។ ខ្ញុំនឹងឱ្យអ្នកជ្រើសរើសយកការចាត់តាំងពីមុនរបស់អ្នក និងបម្រើខ្ញុំជាថ្មីម្ដងទៀត។ ខ្ញុំនឹងមិនអត់ឱនចំពោះសត្តនិករណាមួយដែលបោកប្រាស់ខ្ញុំឡើយ។ តើអ្នកគិតថា អ្នកអាចស្នើសុំអ្វីពីខ្ញុំដោយគ្មានត្រាប្រណី និងភូតភរនៅចំពោះព្រះភ័ក្រខ្ញុំមែនទេ? តើអ្នកគិតថា ខ្ញុំមិនបានស្ដាប់ឮ ឬមិនបានទតឃើញនូវពាក្យសម្ដី និងទង្វើរបស់អ្នកទេឬអី? តើពាក្យសម្ដីនិងទង្វើរបស់អ្នក អាចមិនស្ថិតនៅក្នុងការព្រះនេត្ររបស់ខ្ញុំដោយរបៀបណាទៅ? តើខ្ញុំអាចអនុញ្ញាតឱ្យមនុស្សបោកប្រាស់ខ្ញុំដោយបែបនេះបានដោយរបៀបណា?

(ដកស្រង់ពី «អ្នករាល់គ្នាសុទ្ធតែមានចរិតអន់ខ្សោយណាស់!» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១២០. ខ្ញុំបានស្ថិតក្នុងចំណោមអ្នករាល់គ្នា ដោយទាក់ទងនឹងអ្នកជាច្រើនរដូវមកហើយ ទាំងរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ។ ខ្ញុំបានរស់នៅក្នុងចំណោមអ្នករាល់គ្នាអស់រយៈពេលជាយូរមកហើយ និងបានរស់នៅជាមួយអ្នករាល់គ្នានេះ។ តើឥរិយាបថដ៏គួរឱ្យស្អប់របស់អ្នកបានគេចផុតពីព្រះនេត្ររបស់ខ្ញុំច្រើនប៉ុនណា? ពាក្យលួងចិត្តទាំងអស់របស់អ្នក គឺគ្រាន់តែលាន់ឮនៅក្នុងត្រចៀករបស់ខ្ញុំប៉ុណ្ណោះ។ សេចក្ដីប្រាថ្នារាប់សិបលានរបស់អ្នករាល់គ្នា ត្រូវបានដាក់នៅលើទីសក្ការៈរបស់ខ្ញុំ ច្រើនរាប់មិនអស់។ ក៏ប៉ុន្តែ បើគិតពីការលះបង់របស់អ្នករាល់គ្នា និងអ្វីដែលអ្នករាល់គ្នាបានលះបង់វិញ អ្នកមិនបានលះបង់សូម្បីតែបន្តិចសោះឡើយ។ អ្នករាល់គ្នាមិនបានដាក់សេចក្ដីស្មោះត្រង់សូម្បីតែមួយកូនដំណក់់នៅលើទីសក្ការៈរបស់ខ្ញុំ។ តើផលផ្លែនៃជំនឿរបស់អ្នករាល់គ្នាចំពោះខ្ញុំនៅត្រង់ណា? អ្នករាល់គ្នាបានទទួលនូវព្រះគុណរាប់មិនអស់ពីខ្ញុំ ហើយអ្នកបានឃើញនូវអាថ៌កំបាំងយ៉ាងច្រើនពីស្ថានសួគ៌។ ខ្ញុំក៏បានបង្ហាញដល់អ្នករាល់គ្នាសូម្បីតែអណ្ដាតភ្លើងនៃស្ថានសួគ៌ដែរ ប៉ុន្តែមិនដែលមានព្រះហឫទ័យដុតបំផ្លាញអ្នករាល់គ្នាឡើយ។ ក៏ប៉ុន្តែ តើអ្នកបានប្រគល់អ្វីដល់ខ្ញុំខ្លះ? តើអ្នករាល់គ្នាសុខចិត្តលះបង់ថ្វាយដល់ខ្ញុំច្រើនប៉ុនណា? ខ្ញុំបានប្រទានអាហារដាក់ក្នុងដៃរបស់អ្នក ហើយអ្នកត្រឡប់ជាយកអាហារនោះមកថ្វាយដល់ខ្ញុំ ហើយថែមទាំងនិយាយថា អាហារនោះបានមកពីញើសឈាមរបស់អ្នកផ្ទាល់ដែលខំប្រឹងធ្វើការ ហើយដូច្នេះ អ្នកក៏ថ្វាយដល់ខ្ញុំនូវអ្វីគ្រប់យ៉ាងដែលអ្នកមាន។ តើអ្នកអាចមិនដឹងម្ដេចបានថា «ការបរិច្ចាគ» របស់អ្នក ថ្វាយដល់ខ្ញុំ គឺសុទ្ធតែជារបស់ដែលបានលួចពីទីសក្ការៈរបស់ខ្ញុំនោះ? បន្ថែមលើនេះ អ្នកថែមទាំងថ្វាយរបស់ទាំងនោះដល់ខ្ញុំក្នុងពេលនេះទៀត តើអ្នកមិនមែនកំពុងបោកប្រាស់ខ្ញុំទេឬអី? តើអ្នកអាចមិនដឹងថា អ្វីដែលខ្ញុំត្រេកអរសប្បាយក្នុងពេលនេះ គឺជាតង្វាយនៅលើទីសក្ការៈរបស់ខ្ញុំ និងមិនមែនជាអ្វីដែលបានមកពីការខំប្រឹងប្រែងធ្វើការរបស់អ្នក រួចដាក់ថ្វាយដល់ខ្ញុំនោះទេ? តាមពិតទៅ អ្នកហ៊ានបោកប្រាស់ខ្ញុំដោយបែបនេះ ដូច្នេះ តើខ្ញុំអាចអត់ទោសដល់អ្នករាល់គ្នាបានដោយរបៀបណា? តើអ្នកអាចរំពឹងឱ្យខ្ញុំអត់ទ្រាំរបៀបនេះ យូរប៉ុនណា? ខ្ញុំបានប្រទានគ្រប់យ៉ាងដល់អ្នករាល់គ្នា។ ខ្ញុំបានបើកបង្ហាញគ្រប់យ៉ាងដល់អ្នករាល់គ្នា បានប្រទានដល់អ្នករាល់គ្នានូវអ្វីដែលអ្នកត្រូវការ និងបានបើកភ្នែករបស់អ្នករាល់គ្នា ក៏ប៉ុន្តែអ្នករាល់គ្នាបោកប្រាស់ខ្ញុំបែបនេះ ដោយមិនអើពើនឹងសតិសម្បជញ្ញៈរបស់ខ្លួន។ ខ្ញុំបានប្រទានគ្រប់យ៉ាងដល់អ្នករាល់គ្នាដោយឥតកំណាញ់ បើទោះបីជាអ្នករាល់គ្នាត្រូវរងទុក្ខក្ដី ដើម្បីឱ្យអ្នកនៅបន្តទទួលបានពីខ្ញុំនូវគ្រប់យ៉ាងដែលខ្ញុំបាននាំមកពីស្ថានសួគ៌។ ក្រៅពីរឿងនេះ អ្នករាល់គ្នាមិនមានការលះបង់អ្វីទាល់តែសោះ ហើយបើទោះបីជាអ្នកបានបរិច្ចាគតិចតួចក្ដី ក៏អ្នកព្យាយាម «ទាមទារសំណង» ជាមួយនឹងខ្ញុំនៅពេលក្រោយវិញដែរ។ តើការបរិច្ចាគរបស់អ្នក មិនទៅជាអសារឥតការទេឬអី? អ្វីដែលអ្នកបានផ្ថល់ឱ្យខ្ញុំ គឺគ្រាន់តែជាគ្រាប់ខ្សាច់ប៉ុណ្ណោះ ប៉ុន្តែអ្វីដែលអ្នកស្នើសុំពីខ្ញុំ គឺជាមាសរាប់ពាន់គីឡូ។ តើអ្នកមិនហួសហេតុពេកទេឬអី? ខ្ញុំបំពេញកិច្ចការក្នុងចំណោមអ្នករាល់គ្នា។ គ្មានដានសូម្បីបន្តិចសោះពីចំនួនដប់ភាគដែលខ្ញុំគប្បីទទួលបាន មិនបាច់និយាយអ្វីដល់ដង្វាយបន្ថែមនោះទេ។ បន្ថែមលើនេះ ចំណែកដប់ភាគដែលដាក់ថ្វាយដោយពួកកោតខ្លាចព្រះ ត្រូវពួកទុច្ចរិតយកអស់។ តើអ្នករាល់គ្នាមិនឃ្លាតចេញឆ្ងាយពីខ្ញុំទេឬអី? តើអ្នកមិនសុទ្ធតែប្រឆាំងទាស់នឹងខ្ញុំទេឬអី? តើអ្នកមិនកំពុងបំផ្លាញទីសក្ការៈរបស់ខ្ញុំទេឬអី? តើមនុស្សបែបនេះអាចចាត់ទុកជាកំណប់ទ្រព្យក្នុងព្រះនេត្ររបស់ខ្ញុំបានដោយរបៀបណា? តើពួកគេមិនមែនជាសត្វជ្រូក និងសត្វឆ្កែដែលខ្ញុំស្អប់ទេឬអី? តើខ្ញុំអាចចាត់ទុកអំពើអាក្រក់របស់អ្នកជាកំណប់ទ្រព្យបានដោយរបៀបណា?

(ដកស្រង់ពី «អ្នករាល់គ្នាសុទ្ធតែមានចរិតអន់ខ្សោយណាស់!» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១២១. មានផ្លូវជាច្រើនដែលអ្នកមិនយល់ មានរឿងជាច្រើនដែលអ្នកមិនដឹង។ អ្នករាល់គ្នាពិតជាល្ងង់ខ្លៅពេកហើយ។ ខ្ញុំស្គាល់យ៉ាងច្បាស់អំពីនិស្ស័យ និងសេចក្តីខ្វះចន្លោះរបស់អ្នករាល់គ្នា។ ដូច្នេះ ទោះបីមានពាក្យពេចន៍ជាច្រើន ដែលអ្នករាល់គ្នាមិនអាចយល់បាន ក៏ខ្ញុំនៅតែព្រមប្រាប់អ្នករាល់គ្នាអំពីសេចក្តីពិតទាំងអស់ដែលអ្នកមិនធ្លាប់បានយល់ពីមុនមកនេះ ដោយសារតែខ្ញុំចេះតែបារម្ភក្រែងអ្នករាល់គ្នាមិនអាចឈររឹងមាំក្នុងការដែលអ្នករាល់គ្នាធ្វើបន្ទាល់ពីខ្ញុំ តាមគោលជំហររបស់អ្នករាល់គ្នានាពេលបច្ចុប្បន្ន។ ខ្ញុំគិតបែបនេះមិនមែនមានន័យថា អ្នករាល់គ្នាអន់នោះឡើយ ប៉ុន្តែអ្នករាល់គ្នាជាសត្វសាហាវដែលមិនទាន់បានឆ្លងកាត់បង្ហាត់បន្សាំងរបស់ខ្ញុំជាផ្លូវការនៅឡើយ ហើយខ្ញុំពិតជាមិនអាចមើលឃើញទំហំសិរីល្អ ដែលមាននៅខាងក្នុងអ្នករាល់គ្នាឡើយ។ ទោះបីខ្ញុំខំចំណាយកម្លាំងច្រើនប៉ុនណាលើអ្នករាល់គ្នា ក៏ធាតុវិជ្ជមាននៅខាងក្នុងអ្នករាល់គ្នាហាក់ដូចជាគ្មានលេចឡើងសោះឡើយ ចំណែកឯធាតុអវិជ្ជមានវិញ បែរជាមានតិចតួច និងទុកសម្រាប់យកមកធ្វើជាបន្ទាល់ ដើម្បីនាំសេចក្តីអាម៉ាស់មកឱ្យសាតាំងតែប៉ុណ្ណោះ។ ចំណែកឯអ្វីៗផ្សេងទៀតនៅក្នុងអ្នក គឺជាថ្នាំបំពុលរបស់សាតាំង។ អ្នករាល់គ្នាមើលមកខ្ញុំ ដូចជាអ្នកមិនអាចទទួលបានសេចក្តីសង្រ្គោះអ៊ីចឹង។ ដោយសារតែបែបនេះ ខ្ញុំសម្លឹងមើលសម្ដីសំដៅ និងឫកពាផ្សេងៗរបស់អ្នករាល់គ្នា ហើយទីបំផុត ខ្ញុំក៏ដឹងអំពីកម្ពស់ពិតរបស់អ្នករាល់គ្នា។ នេះជាហេតុផលដែលខ្ញុំតែងតែគិតខ្វល់អំពីអ្នករាល់គ្នាថា៖ បើទុកឱ្យមនុស្សរស់នៅដោយខ្លួនឯង តើជីវិតពួកគេនឹងរស់នៅបានប្រសើរជាងនេះ ឬក៏ដូចគ្នានឹងជីវិតរបស់គេសព្វថ្ងៃ? តើនិស្ស័យជាកូនក្មេងរបស់អ្នករាល់គ្នា មិនធ្វើឱ្យអ្នករសាប់រសល់ទេឬអី? តើអ្នករាល់គ្នាពិតជាអាចធ្វើដូចរាស្ត្ររើសតាំងនៃសាសន៍អ៊ីស្រាអែលដែលស្មោះចំពោះខ្ញុំ គឺចំពោះខ្ញុំតែម្នាក់ជារៀងរហូតបានដែរឬទេ? អ្វីដែលស្ដែងចេញនៅក្នុងអ្នករាល់គ្នា មិនមែនជាបំណងប៉ងចង់ធ្វើអាក្រក់របស់ក្មេង ដែលនៅឆ្ងាយពីឪពុកម្ដាយរបស់គេឡើយ ប៉ុន្តែជាចរិតតិរច្ឆានដែលផុសចេញពីសត្វសាហាវ ដែលនៅឆ្ងាយពីរំពាត់របស់ម្ចាស់វា។ អ្នករាល់គ្នាគួរតែស្គាល់និស្ស័យខ្លួនឯង ជាសេចក្តីកម្សោយដែលអ្នករាល់គ្នាមានដូចគ្នា វាជាជំងឺទូទៅមួយដែលអ្នករាល់គ្នាមានគ្រប់គ្នា។ ដូច្នេះ ពាក្យដាស់តឿនរបស់ខ្ញុំសម្រាប់អ្នករាល់គ្នានៅថ្ងៃនេះគឺ ចូរឈរមាំក្នុងបន្ទាល់ ដែលអ្នករាល់គ្នាធ្វើសម្រាប់ខ្ញុំ។ ទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ មិនត្រូវបណ្ដោយឱ្យជំងឺចាស់ផ្ទុះឡើងម្ដងទៀតឡើយ។ ការធ្វើបន្ទាល់ គឺជាកិច្ចការដ៏សំខាន់បំផុត ព្រោះវាជាបេះដូងនៃកិច្ចការរបស់ខ្ញុំ។ អ្នករាល់គ្នាគួរតែទទួលយកពាក្យរបស់ខ្ញុំ ដូចជានាងម៉ារាបានទទួលយកការបើកសម្ដែងរបស់ព្រះយេហូវ៉ា ដែលបានយាងមករកនាងនៅក្នុងសុបិន៖ ទាំងជឿ ហើយបន្ទាប់មកក៏ស្ដាប់បង្គាប់។ នេះហើយជាគុណសម្បត្តិរបស់ស្រីក្រមុំម្នាក់នេះ។ ដ្បិតអ្នករាល់គ្នាជាមនុស្សដែលឮពាក្យរបស់ខ្ញុំច្រើនជាងគេ ជាមនុស្សដែលទទួលព្រះពរពីខ្ញុំច្រើនជាងគេ។ ខ្ញុំបានប្រទានទ្រព្យសម្បត្តិដ៏មានតម្លៃទាំងអស់របស់ខ្ញុំដល់អ្នករាល់គ្នា ខ្ញុំបានប្រទានអ្វីៗគ្រប់យ៉ាងដល់អ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាមានស្ថានភាពខុសគ្នាស្រឡះពីប្រជាជនអ៊ីស្រាអែល គឺខុសគ្នាដូចមេឃ និងដីតែម្ដង។ ប៉ុន្តែ ប្រសិនបើធៀបនឹងពួកគេ អ្នករាល់គ្នាបានទទួលច្រើនជាងពួកគេឆ្ងាយណាស់។ ខណៈដែលពួកគេរង់ចាំការលេចមករបស់ខ្ញុំយ៉ាងអន្ទះសាអំពីអ្នករាល់គ្នាចំណាយជីវិតជាមួយខ្ញុំយ៉ាងរីករាយ ទាំងមានចំណែកទទួលសេចក្ដីសប្បុរសរបស់ខ្ញុំផង។ ផ្អែកលើភាពខុសគ្នានេះ តើអ្វីទៅដែលផ្ដល់ឱ្យអ្នករាល់គ្នាមានសិទ្ធិយំយែក និងទាស់ទែងជាមួយខ្ញុំ ហើយទាមទារឱ្យខ្ញុំចែកទ្រព្យសម្បត្តិរបស់ខ្ញុំជាមួយអ្នករាល់គ្នាដូច្នេះ? តើអ្នករាល់គ្នាមិនបានទទួលច្រើនហើយទេឬអី? ខ្ញុំបានប្រទានដល់អ្នករាល់គ្នាច្រើនណាស់ ប៉ុន្តែអ្វីដែលអ្នករាល់គ្នាតបស្នងមកខ្ញុំវិញ គឺជាភាពសោកសៅយ៉ាងវេទនាចិត្ត និងសេចក្តីថប់បារម្ភ សេចក្តីខកចិត្ត និងសេចក្តីទោមនស្សដែលមិនអាចទប់បាន។ អ្នករាល់គ្នាគួរឱ្យស្អប់ណាស់ ប៉ុន្តែអ្នកក៏គួរឱ្យអាណិតដែរ ដូច្នេះ ខ្ញុំគ្មានជម្រើសណាផ្សេង ក្រៅពីលេបយកសេចក្តីខកចិត្តទាំងប៉ុន្មានរបស់ខ្ញុំ ហើយពោលពាក្យជំទាស់របស់ខ្ញុំដាក់អ្នករាល់គ្នាម្ដងហើយម្ដងទៀតឡើយ។ សម្រាប់កិច្ចការជាងរាប់ពាន់ឆ្នាំមកនេះ ខ្ញុំមិនធ្លាប់ប្រកែកជាមួយមនុស្សលោកឡើយ ដោយសារតែខ្ញុំបានរកឃើញថា ក្នុងដំណើរវិវឌ្ឍន៍របស់មនុស្សជាតិតាំងពីដើមមកទល់ពេលនេះ គឺមានតែ «សេចក្តីបញ្ឆោត» នៅក្នុងចំណោមអ្នករាល់គ្នាទេ ដែលបានក្លាយជាចរិតដ៏ពេញនិយមបំផុត ប្រៀបបាននឹងកេរមត៌កដ៏មានតម្លៃ ដែលបុព្វបុរសដ៏ល្បីល្បាញនាសម័យបុរាណបានបន្សល់ទុកដល់អ្នករាល់គ្នា។ ខ្ញុំពិតជាស្អប់មនុស្សដែលមានចរិតអន់ជាងសត្វទាំងនោះណាស់។ អ្នករាល់គ្នាដូចជាគ្មានមនសិការសោះ! ចរិតរបស់អ្នករាល់គ្នា អន់ខ្លាំងណាស់! ឯដួងចិត្តរបស់អ្នករាល់គ្នារឹងដូចដុំថ្ម! ប្រសិនបើខ្ញុំយកពាក្យនេះទៅប្រើ និងយកកិច្ចការទាំងនេះទៅធ្វើចំពោះពួកអ៊ីស្រាអែលវិញ នោះខ្ញុំនឹងទទួលបានសិរីល្អជាយូរឆ្នាំមកហើយ។ ប៉ុន្តែ នៅក្នុងចំណោមអ្នករាល់គ្នា គឺមិនអាចទៅរួចឡើយ នៅក្នុងចំណោមអ្នករាល់គ្នា មានតែការព្រងើយកន្តើយដ៏ព្រៃផ្សៃ ចរិតរើសអើង និងលេសដោះសារបស់អ្នករាល់គ្នាតែប៉ុណ្ណោះ។ អ្នករាល់គ្នាគ្មានចិត្តមេត្តា និងគ្មានបានការទាល់តែសោះ!

(ដកស្រង់ពី «តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១២២. ចូរគិតពីអតីតកាលចុះ៖ តើនៅពេលណាដែលព្រះនេត្ររបស់ខ្ញុំក្រេវក្រោធ ហើយព្រះសូរសៀងរបស់ខ្ញុំទាស់នឹងអ្នករាល់គ្នា? តើនៅពេលណាដែលខ្ញុំបានធ្វើរឿងមិនចាំបាច់ជាមួយអ្នករាល់គ្នា? តើនៅពេលណាដែលខ្ញុំបានស្ដីបន្ទោសអ្នករាល់គ្នាដោយមិនសមហេតុផល? តើនៅពេលណាដែលខ្ញុំបានស្ដីបន្ទោសអ្នករាល់គ្នានៅចំពោះមុខ? តើវាមិនមែនសម្រាប់ជាប្រយោជន៍នៃកិច្ចការរបស់ខ្ញុំទេឬអី ដែលខ្ញុំទូលសុំព្រះវរបិតារបស់ខ្ញុំឱ្យជួយអ្នករាល់គ្នាគេចផុតពីសេចក្ដីល្បួងគ្រប់បែបយ៉ាង? តើហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តចំពោះខ្ញុំបែបនេះ? តើខ្ញុំធ្លាប់បានប្រើសិទ្ធិអំណាចរបស់ខ្ញុំ ដើម្បីវាយធ្វើបាបសាច់ឈាមរបស់អ្នករាល់គ្នាឬទេ? តើហេតុអ្វីបានជាអ្នករាល់គ្នាសងខ្ញុំវិញបែបនេះ? ក្រោយពេលដែលផ្លាស់ប្ដូរចិត្តចំពោះខ្ញុំយ៉ាងឆាប់រហ័ស អ្នករាល់គ្នាក៏លែងក្ដៅ និងលែងត្រជាក់តទៅទៀត ហើយបន្ទាប់មក អ្នករាល់គ្នាក៏ព្យាយាមបញ្ចុះបញ្ចូលខ្ញុំ និងលាក់បាំងអ្វីៗពីខ្ញុំ ហើយមាត់របស់អ្នករាល់គ្នាពេញដោយពាក្យសម្ដីរបស់មនុស្សទុច្ចរិត។ តើអ្នករាល់គ្នាគិតថាអណ្ដាតរបស់អ្នករាល់គ្នាអាចបោកប្រាស់វិញ្ញាណរបស់ខ្ញុំបានឬ? តើអ្នករាល់គ្នាគិតថាអណ្ដាតរបស់អ្នករាល់គ្នាអាចគេចផុតពីសេចក្ដីក្រោធរបស់ខ្ញុំឬ? ទោះជាពួកគេប្រាថ្នាបែបនេះក៏ដោយ តើអ្នករាល់គ្នាគិតថាអណ្ដាតរបស់អ្នករាល់គ្នាអាចធ្វើការវិនិច្ឆ័យចំពោះទង្វើរបស់ខ្ញុំ ដែលជាព្រះយេហូវ៉ាបានឬ? តើខ្ញុំគឺជាព្រះជាម្ចាស់ ដែលមនុស្សធ្វើការវិនិច្ឆ័យឬ? តើខ្ញុំអាចបណ្ដោយឱ្យដង្កូវដ៏តូចមួយប្រមាថខ្ញុំបែបនេះឬទេ? តើខ្ញុំអាចដាក់កូនដែលមិនស្ដាប់បង្គាប់បែបនេះនៅក្នុងចំណោមព្រះពរដ៏អស់កល្បជានិច្ចរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? ពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាបានលាតត្រដាង និងបានថ្កោលទោសអ្នករាល់គ្នាជាយូរមកហើយ។ នៅពេលដែលខ្ញុំលាតសន្ធឹងផ្ទៃមេឃ និងបង្កើតអ្វីៗទាំងអស់មក ខ្ញុំមិនបានបណ្ដោយឱ្យសត្វលោកណាមួយ ចូលរួមតាមដែលពួកគេពេញចិត្តនោះទេ ព្រោះខ្ញុំមិនបណ្ដោយឱ្យអ្វីមករំខានដល់កិច្ចការ និងការគ្រប់គ្រងរបស់ខ្ញុំឡើយ ទោះបីជាពួកគេប្រាថ្នាចង់ធ្វើបែបនេះក៏ដោយ។ ខ្ញុំមិនលើកលែងចំពោះមនុស្សណាម្នាក់ ឬក៏វត្ថុណាមួយឡើយ តើខ្ញុំអាចអនុគ្រោះឱ្យអស់អ្នកដែលឃោរឃៅ និងគ្មានមនុស្សធម៌ចំពោះខ្ញុំយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចអត់ទោសដល់អស់អ្នកដែលបះបោរទាស់នឹងព្រះបន្ទូលរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចអនុគ្រោះឱ្យអស់អ្នកដែលមិនស្ដាប់បង្គាប់ខ្ញុំយ៉ាងដូចម្ដេចកើត? តើជោគវាសនារបស់មនុស្សមិនស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ ដែលជាព្រះដ៏មានគ្រប់ចេស្ដាទេឬអី? តើខ្ញុំអាចរាប់សេចក្ដីទុច្ចរិតនិងការមិនស្ដាប់បង្គាប់របស់អ្នកជាបរិសុទ្ធយ៉ាងដូចម្ដេចកើត? តើអំពើបាបរបស់អ្នកអាចធ្វើឱ្យកខ្វក់ដល់ភាពបរិសុទ្ធរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? ខ្ញុំមិនកខ្វក់ដោយសារភាពមិនបរិសុទ្ធរបស់មនុស្សទុច្ចរិតឡើយ ហើយខ្ញុំក៏មិនរីករាយចំពោះតង្វាយរបស់មនុស្សទុច្ចរិតដែរ។ ប្រសិនបើអ្នកស្មោះត្រង់ចំពោះខ្ញុំដែលជាព្រះយេហូវ៉ា តើអ្នកអាចយកយញ្ញបូជានៅអាសនារបស់ខ្ញុំសម្រាប់ខ្លួនឯងយ៉ាងដូចម្ដេចកើត? តើអ្នកអាចប្រើអណ្ដាតពិសពុលរបស់អ្នកមកប្រមាថព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំឬទេ? តើអ្នកអាចបះបោរទាស់នឹងព្រះបន្ទូលរបស់ខ្ញុំតាមរបៀបនេះឬទេ? តើអ្នកអាចប្រព្រឹត្តចំពោះសិរីល្អ និងព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ ទុកជាឧបករណ៍មួយដែលបម្រើដល់សាតាំង ដែលជាមេកំណាចឬទេ? ជីវិតរបស់ខ្ញុំបានប្រទានមកសម្រាប់ជាការរីករាយរបស់ពួកបរិសុទ្ធ។ តើខ្ញុំអាចអនុញ្ញាតឱ្យអ្នកលេងសើចជាមួយជីវិតរបស់ខ្ញុំតាមដែលអ្នកប្រាថ្នានិងប្រើប្រាស់ធ្វើជាឧបករណ៍បង្កទំនាស់នៅក្នុងចំណោមអ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាអាចគ្មានចិត្ត និងខ្វះសេចក្ដីល្អចំពោះខ្ញុំយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាមិនដឹងថា ខ្ញុំបានកត់ត្រាទង្វើអាក្រក់របស់អ្នករាល់គ្នានៅក្នុងព្រះបន្ទូលនៃជីវិតទាំងនេះទេឬអី? តើអ្នករាល់គ្នាអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធ នៅពេលដែលខ្ញុំវាយផ្ចាលប្រទេសអេស៊ីព្ទយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចបណ្ដោយឱ្យអ្នករាល់គ្នាប្រឆាំង និងបំពានលើខ្ញុំតាមរបៀបនេះម្ដងហើយម្ដងទៀតយ៉ាងដូចម្ដេចកើត? ខ្ញុំសូមប្រាប់អ្នករាល់គ្នាដោយត្រង់ថា នៅពេលដែលថ្ងៃនោះមកដល់ ទោសរបស់អ្នករាល់គ្នានឹងកាន់តែពិបាកទ្រាំជាងទោសរបស់ប្រទេសអេស៊ីព្ទទៅទៀត។ តើអ្នករាល់គ្នាអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំយ៉ាងដូចម្ដេចបាន?

(ដកស្រង់ពី «គ្មាននរណាម្នាក់ដែលមានសាច់ឈាមអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានឡើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១២៣. មនុស្សមិនអាចទទួលបានព្រះជាម្ចាស់ គឺមិនមែនដោយសារព្រះជាម្ចាស់មានមនោសញ្ចេតនានោះទេ ក៏មិនមែនដោយសារព្រះជាម្ចាស់គ្មានបំណងព្រះហឫទ័យឱ្យមនុស្សទទួលបានទ្រង់នោះដែរ ប៉ុន្ដែ មនុស្សទៅវិញទេដែលមិនចង់បានព្រះជាម្ចាស់ ហើយដោយសារតែមនុស្សមិនប្រញាប់ប្រញាល់ស្វែងរកព្រះជាម្ចាស់។ តើព្រះជាម្ចាស់អាចដាក់បណ្ដាសាមនុស្សណាម្នាក់ នៅក្នុងចំណោមមនុស្សដែលស្វែងរកទ្រង់ពិតប្រាកដ ដូចម្ដេចបាន? តើវិចារណញ្ញាណដ៏ត្រឹមត្រូវ និងមនសិការដែលប្រកបដោយវិចារណញាណ ត្រូវព្រះជាម្ចាស់ដាក់បណ្ដាសាបានយ៉ាងដូចម្ដេច? តើមនុស្សម្នាក់ដែលបានថ្វាយបង្គំ និងបម្រើព្រះជាម្ចាស់ពិតប្រាកដ ត្រូវឆេះបន្សុសដោយភ្លើងនៃព្រះពិរោធរបស់ទ្រង់ ដូចម្ដេចបាន? តើមនុស្សម្នាក់ដែលរីករាយនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ ត្រូវបណ្ដេញចេញពីព្រះដំណាក់របស់ព្រះជាម្ចាស់ ដូចម្ដេចបាន? តើមនុស្សម្នាក់ដែលមិនអាចស្រលាញ់ព្រះជាម្ចាស់សមល្មម អាចរស់នៅក្នុងការដាក់ទោសរបស់ព្រះជាម្ចាស់ យ៉ាងដូចម្ដេច? តើមនុស្សម្នាក់ដែលរីករាយនឹងលះបង់គ្រប់យ៉ាងសម្រាប់ព្រះជាម្ចាស់ ត្រូវទុកចោលដោយគ្មានអ្វីសោះ យ៉ាងដូចម្ដេច? មនុស្សគ្មានឆន្ទៈនឹងព្យាយាមឱ្យបានព្រះជាម្ចាស់ គ្មានឆន្ទៈនឹងលះបង់ទ្រព្យរបស់ខ្លួនសម្រាប់ព្រះជាម្ចាស់ ហើយគ្មានឆន្ទៈនឹងលះបង់ការខិតខំក្នុងមួយជីវិតរបស់ខ្លួន ដើម្បីព្រះជាម្ចាស់ ផ្ទុយទៅវិញ គេពោលថា ព្រះជាម្ចាស់ជ្រុលពេក ដោយលក្ខណៈរបស់ព្រះជាម្ចាស់ ខុសឆ្ងាយពីការយល់ឃើញរបស់មនុស្សខ្លាំងពេក។ ដោយមានភាពជាមនុស្សបែបនេះ បើទោះបីជាអ្នករាល់គ្នាមិនកំណត់ការប្រឹងប្រែងរបស់ខ្លួន ក៏អ្នកនៅតែមិនអាចទទួលបានការយល់ព្រមពីព្រះជាម្ចាស់ ដោយមិនបាច់និយាយដល់ការពិតដែលថា អ្នកមិនស្វែងរកព្រះជាម្ចាស់ផង។ តើអ្នករាល់គ្នាមិនដឹងទេអីឬថា អ្នករាល់គ្នា គឺជាទំនិញខូចគុណភាពរបស់មនុស្សជាតិ? តើអ្នកមិនដឹងទេឬអីថា គ្មានភាពជាមនុស្សណា ដែលទាបជាងភាពជាមនុស្សរបស់អ្នករាល់គ្នាទេ? តើអ្នករាល់គ្នាមិនដឹងពីងារដែលអ្នកដទៃហៅអ្នក ដើម្បីផ្ដល់កិត្តិយសដល់អ្នករាល់គ្នាទេឬអី? អស់អ្នកដែលស្រលាញ់ព្រះជាម្ចាស់ពិតប្រាកដ ហៅអ្នករាល់គ្នាថាជាឪពុកចចក ជាម្ដាយចចក ជាកូនចចក និងជាចៅចចក។ អ្នករាល់គ្នាជាពូជពង្សចចក ហើយអ្នករាល់គ្នាគួរតែស្គាល់ពីអត្ដសញ្ញាណរបស់ខ្លួន ហើយមិនត្រូវភ្លេចឡើយ។ ចូរកុំគិតថាខ្លួនជាបុគ្គលដ៏ខ្ពង់ខ្ពស់នោះឡើយ៖ អ្នករាល់គ្នា គឺជាសត្វតិរិច្ឆានដ៏សាហាវនៅក្នុងចំណោមមនុស្សជាតិ។ តើអ្នករាល់គ្នាមិនដឹងរឿងនេះសោះមែនទេ? តើអ្នករាល់គ្នាដឹងថា ខ្ញុំបានប្រថុយគ្រោះថ្នាក់ខ្លាំងប៉ុនណាទេ ក្នុងការមកធ្វើការក្នុងចំណោមអ្នករាល់គ្នានេះ? ប្រសិនបើវិចារណញ្ញាណរបស់អ្នករាល់គ្នា មិនអាចដូចធម្មតាឡើងវិញបាន ហើយមនសិការរបស់អ្នករាល់គ្នា មិនអាចដំណើរការដូចធម្មតាទេនោះ អ្នករាល់គ្នានឹងមិនអាចបោះបង់ងារជា «ចចក» នោះចោលបានទេ អ្នករាល់គ្នានឹងមិនអាចគេចផុតថ្ងៃនៃបណ្ដាសា និងថ្ងៃនៃការដាក់ទោសរបស់អ្នករាល់គ្នាដែរ។ អ្នករាល់គ្នាបានកើតមកក្នុងឋានៈតូចទាប ជាជីវិតមួយដែលគ្មានតម្លៃទាល់តែសោះ។ តាមសន្ដានអ្នករាល់គ្នាពីកំណើត អ្នកគឺចចកស្រេកឃ្លានមួយហ្វូង ជាគំនរកម្ទេចកម្ទី និងជាគំនរសំរាម ហើយខ្ញុំខុសពីអ្នករាល់គ្នា គឺខ្ញុំមិនធ្វើការក្នុងចំណោមអ្នករាល់គ្នា ដើម្បីទទួលបានការពេញចិត្ដឡើយ តែដោយសារតែតម្រូវការការងារដែលត្រូវបំពេញវិញ។ ប្រសិនបើអ្នករាល់គ្នានៅបន្ដបះបោររបៀបនេះទៀត នោះខ្ញុំនឹងបញ្ឈប់កិច្ចការរបស់ខ្ញុំ ហើយនឹងមិនធ្វើការក្នុងចំណោមអ្នករាល់គ្នាជាថ្មីម្ដងទៀតឡើយ។ ផ្ទុយទៅវិញ ខ្ញុំនឹងផ្ទេរកិច្ចការរបស់ខ្ញុំ ទៅឱ្យមនុស្សមួយក្រុមផ្សេងទៀតដែលខ្ញុំសព្វព្រះទ័យ ហើយខ្ញុំនឹងចាកចេញពីអ្នករាល់គ្នារបៀបនេះ ជារៀងរហូត ដ្បិតខ្ញុំមិនចង់លើកតម្កើងអ្នកណាដែលជាសត្រូវនឹងខ្ញុំឡើយ។ ដូចនេះ តើអ្នករាល់គ្នានៅតែចង់ចុះសម្រុងជាមួយខ្ញុំ ឬចង់ធ្វើជាសត្រូវប្រឆាំងនឹងខ្ញុំ?

(ដកស្រង់ពី «ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១២៤. នៅពេលអ្នកដើរតាមផ្លូវនាពេលសព្វថ្ងៃនេះ តើការស្វះស្វែងរកបែបណាដែលសមស្របបំផុត? ក្នុងការស្វះស្វែងរករបស់អ្នក តើអ្នកគួរមើលឃើញខ្លួនអ្នកថាជាមនុស្សប្រភេទណា? អ្នកគប្បីដឹងអំពីវិធីដែលអ្នកគួរដោះស្រាយទាក់ទងនឹងអ្វីដែលកើតមានចំពោះអ្នកនៅថ្ងៃនេះ ដូចជាការល្បងល ឬការលំបាក ឬការវាញផ្ចាលដោយគ្មានមេត្តា និងការដាក់បណ្តាសា។ ដោយបានប្រឈមមុខនឹងរឿងទាំងអស់នេះ អ្នកគប្បីឆ្លុះបញ្ចាំងដោយយកចិត្តទុកដាក់លើការទាំងនោះក្នុងគ្រប់ករណីទាំងអស់។ ហេតុអ្វីខ្ញុំមានបន្ទូលដូច្នេះ? ខ្ញុំមានបន្ទូលអំពីការនោះ ពីព្រោះរឿងដែលកើតឡើងចំពោះអ្នកនៅថ្ងៃនេះ គឺជាការល្បងលរយៈពេលខ្លី ដែលកើតឡើងម្តងហើយម្តងទៀត។ ប្រហែលជាតាមគំនិតរបស់អ្នក ការទាំងនោះមិនមានបន្ទុកជាពិសេសចំពោះវិញ្ញាណទេ ដូច្នេះហើយអ្នកទុកអ្វីៗឱ្យរសាត់តាមធម្មជាតិរបស់វា ហើយមិនបានចាត់ទុកវាជាទ្រព្យដ៏មានតម្លៃក្នុងការស្វះស្វែងរកភាពលូតលាស់នោះឡើយ។ អ្នកជាមនុស្សមិនចេះគិតពិចារណានោះទេ! អ្នកថែមទាំងចាត់ទុកទ្រព្យដ៏មានតម្លៃនេះ ដូចជាពពកអណ្តែតនៅចំពោះភ្នែករបស់អ្នក ហើយអ្នកមិនឱ្យតម្លៃលើការបក់បោកខ្លាំងទាំងនេះ ដែលបានបក់បោកម្តងហើយម្តងទៀត ជាការបក់បោកដែលមានរយៈពេលខ្លី ហើយដែលហាក់ដូចជាមិនធ្ងន់ធ្ងរទេសម្រាប់អ្នក ប៉ុន្តែបែរជាព្រងើយកន្ដើយចំពោះការទាំងនោះ ដោយមិនទុកវានៅក្នុងចិត្តនោះឡើយ ហើយចាត់ទុកវាគ្រាន់តែជាការបក់បោកចៃដន្យប៉ុណ្ណោះ។ អ្នកគឺជាមនុស្សក្រអឺតក្រទម! ក្នុងការឈានដល់ការវាយប្រហារដ៏សាហាវទាំងនេះ ជាការវាយប្រហារស្រដៀងនឹងព្យុះ ដែលកើតឡើងម្តងហើយម្តងទៀត គឺអ្នកបង្ហាញតែភាពមិនយកចិត្តទុកដាក់ប៉ុណ្ណោះ។ ពេលខ្លះអ្នកថែមទាំងទៅយ៉ាងឆ្ងាយ គ្រាន់តែដើម្បីបញ្ចេញនូវស្នាមញញឹមដែលមិនចេញពីចិត្តប៉ុណ្ណោះ ដោយបង្ហាញពីភាពផ្សេងគ្នាទាំងស្រុង ដ្បិតអ្នកមិនដែលធ្លាប់គិតសោះពីខ្លួនឯង អំពីមូលហេតុដែលអ្នកបន្តរងនូវ «សំណាងអាក្រក់» បែបនោះឡើយ។ តើអាចទេថា ខ្ញុំអយុត្តិធម៍ខ្លាំងចំពោះមនុស្ស? តើខ្ញុំយកការនោះធ្វើជាកិច្ចការរបស់ខ្ញុំ ដើម្បីចាប់កំហុសអ្នកឬ? ទោះបីបញ្ហាទាក់ទងនឹងចិត្តគំនិតរបស់អ្នក អាចមិនធ្ងន់ធ្ងរដូចអ្វីដែលខ្ញុំបានពណ៌នាក៏ដោយ តែតាមរយៈការបង្ហាញចេញនូវភាពស្ងប់ពីខាងក្រៅរបស់អ្នក អ្នកបានលាបពណ៌រូបភាពដ៏ល្អឥតខ្ចោះនៃពិភពខាងក្នុងរបស់អ្នកតាំងពីយូរយារណាស់មកហើយ។ ខ្ញុំមិនចាំបាច់ប្រាប់អ្នកថា រឿងតែមួយគត់ដែលបានលាក់នៅក្នុងជម្រៅនៃដួងចិត្តរបស់អ្នក គឺសំដីទ្រគោះគ្រោតគ្រាត និងភាពសោកសៅរបស់អ្នក ដែលអ្នកដទៃមិនអាចយល់បាននោះទេ។ អ្នកដែលត្រូវបណ្តាសាអើយ ដោយសារតែអ្នកមានអារម្មណ៍ថាអយុត្តិធម៌ណាស់ដែលបានរងទុក្ខពីការល្បងលបែបនេះ ហើយដោយសារតែការល្បងលទាំងនេះធ្វើឱ្យអ្នកមានអារម្មណ៍ថាពិភពលោកទទួលរងនូវវិនាសកម្ម នោះអ្នកពោរពេញទៅដោយភាពស្រងេះស្រងោច។ លើសពីការមើលលើការស្ដីបន្ទោសម្តងហើយម្តងទៀត និងទង្វើនៃការប្រៀនប្រដៅថាជាការការពារដ៏ល្អបំផុត អ្នកបែរជាមើលឃើញថា ការទាំងនោះជាការបង្កបញ្ហារបស់ស្ថានសួគ៌ដោយឥតហេតុផល ឬក៏ជាការដាក់ទោសទៅចំពោះអ្នកទៅវិញ។ អ្នកគឺជាមនុស្សល្ងង់ខ្លៅណាស់! អ្នកបានកំណត់ដោយគ្មានប្រណីនូវពេលវេលាល្អៗនៅក្នុងភាពងងឹត។ ពីមួយពេលទៅមួយពេល អ្នកចាត់ទុកការល្បងលដ៏អស្ចារ្យ និងកិច្ចការប្រៀនប្រដៅ ថាជាការវាយប្រហារពីសត្រូវរបស់អ្នកទៅវិញ។ អ្នកមិនដឹងពីរបៀបសម្របខ្លួនទៅនឹងបរិស្ថានរបស់អ្នកទេ ហើយអ្នកក៏មិនមានឆន្ទៈក្នុងការធ្វើដូច្នេះដែរ ដ្បិតអ្នកមិនចង់ទទួលបានអ្វីពីការធ្វើដដែលៗនេះទេ ហើយចំពោះអ្នកដែលឃោរឃៅ គឺទទួលការវាយផ្ចាល។ អ្នកមិនព្យាយាមស្វែងរក ឬក៏រុករកទេ ហើយបានត្រឹមតែបណ្ដែតបណ្ដោយខ្លួនឯងទៅតាមវាសនារបស់អ្នក ទៅកន្លែងណាដែលវាសនានាំអ្នកទៅប៉ុណ្ណោះ។ អ្នកអាចនឹងគិតថាកិច្ចដ៏សាហាវនៃការវាយផ្ចាល មិនបានផ្លាស់ប្ដូរដួងចិត្តអ្នកនោះទេ ហើយក៏មិនបានគ្រប់គ្រងលើដួងចិត្តរបស់អ្នកដែរ តែផ្ទុយទៅវិញ កិច្ទទាំងនោះចាក់ចូលក្នុងដួងចិត្តអ្នក។ អ្នកមើលឃើញ «ការវាញផ្ចាលដ៏ឃោរឃៅ» នេះថាគ្រាន់តែជាសត្រូវនៅក្នុងជីវិតរបស់អ្នកប៉ុណ្ណោះ ហេតុដូច្នេះហើយ អ្នកមិនទទួលបានអ្វីសោះ។ អ្នកគឺជាមនុស្សសុចរិតណាស់! អ្នកកម្រនឹងជឿថា អ្នករងទុក្ខនឹងការល្បងលដូចនេះ គឺដោយសារការមើលងាយរបស់អ្នកទេ តែផ្ទុយទៅវិញ អ្នកចាត់ទុកខ្លួនឯងថាមានភាពអកុសល ហើយលើសពីនេះទៅទៀត អ្នកនិយាយថាខ្ញុំតែងតែចាប់កំហុសអ្នកជានិច្ច។ ហើយឥឡូវនេះ អ្វីៗបានមកដល់ដំណាក់នេះ តើអ្នកពិតជាដឹងនូវអ្វីដែលខ្ញុំមានព្រះបន្ទូល និងធ្វើបានប៉ុនណា? ចូរកុំគិតថាអ្នកជាមនុស្សមានភាពអស្ចារ្យពីធម្មជាតិ ដោយគ្រាន់តែទាបជាងមេឃ តែខ្ពស់ជាងផែនដីឆ្ងាយនោះឡើយ។ អ្នកគឺនៅឆ្ងាយពីភាពឆ្លាតវៃជាងអ្នកដទៃទៀត ហើយក៏អាចនិយាយបានថា អ្នកមានភាពល្ងង់ខ្លៅជាងអ្នកនៅលើផែនដីដែលប្រកាន់ខ្ជាប់នូវហេតុផលផងដែរ ដ្បិតអ្នកគិតពីខ្លួនឯងខ្ពស់ពេក ហើយមិនដែលមានអារម្មណ៍ថាអន់ជាងគេទេ គឺហាក់ដូចជាអ្នកអាចមើលឃើញតាមរយៈសកម្មភាពរបស់ខ្ញុំបានយ៉ាងល្អិតល្អន់អ៊ីចឹង។ តាមពិត អ្នកគឺជាមនុស្សម្នាក់ដែលខ្វះហេតុផលជាមូលដ្ឋាន ពីព្រោះអ្នកមិនដឹងថាខ្ញុំមានព្រះហឫទ័យចង់ធ្វើអ្វីទេ ហើយអ្នកក៏មិនសូវដឹងអំពីអ្វីដែលខ្ញុំកំពុងធ្វើនៅពេលនេះដែរ។ ដូច្នេះហើយ ខ្ញុំមានព្រះបន្ទូលថា អ្នកគឺមិនស្មើនឹងកសិករចាស់ជរាម្នាក់ដែលកំពុងនឿយហត់កាប់គាស់ដីផង ជាកសិករដែលមានការយល់ដឹងតិចតួចអំពីជីវិតមនុស្ស តែគាត់ពឹងផ្អែកទាំងស្រុងទៅលើព្រះពរពីស្ថានសួគ៌ នៅពេលគាត់ដាំដុះដំណាំ។ អ្នកមិនទុកនូវគំនិតទីពីរសម្រាប់ជីវិតរបស់អ្នកនោះទេ អ្នកមិនដឹងអ្វីសោះអំពីកិត្តិនាម ហើយចំណេះដឹងផ្ទាល់ខ្លួនរបស់អ្នកនៅតែមានតិចតួច។ អ្នកគឺ «ខ្ពស់ជាងអ្វីៗទាំងអស់»!

(ដកស្រង់ពី «អស់អ្នកដែលមិនរៀនសូត្រ ហើយនៅតែល្ងង់ខ្លៅ៖ តើពួកគេមិនមែនជាសត្វទេឬ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១២៥. អ្នកខ្លះតុបតែងខ្លួនយ៉ាងស្អាត តែស្អាតតែពីសម្បកក្រៅ៖ បងប្អូនស្រីៗតុបតែងខ្លួនយ៉ាងស្រស់ស្អាតដូចជាបុប្ផា ហើយបងប្អូនប្រុសៗវិញស្លៀកពាក់ដូចជាព្រះអង្គម្ចាស់ ឬអ្នកមានវ័យក្មេងដ៏ហ៊ឺហា។ ពួកគេខ្វល់តែរឿងខាងក្រៅដូចជា អ្វីដែលត្រូវបរិភោគ និងស្លៀកពាក់ប៉ុណ្ណោះ តែនៅខាងក្នុងវិញ ពួកគេគ្មានចំណេះដឹងអំពីព្រះជាម្ចាស់ទាល់តែសោះ សូម្បីតែបន្ដិចក៏គ្មានផង។ តើការធ្វើបែបនេះអាចមានអត្ថន័យអ្វីទៅ? បន្ទាប់មក មានមនុស្សមួយចំនួនទៀតដែលស្លៀកពាក់ដូចជាអ្នកសុំទានដ៏ក្រតោកយ៉ាក ពោលគឺមើលទៅពួកគេដូចជាទាសករនៅអាស៊ីបូព៌ាអ៊ីចឹង! តើអ្នករាល់គ្នាពិតជាមិនយល់អំពីអ្វីដែលខ្ញុំសួរដល់អ្នករាល់គ្នាទេឬអី? ចូរនិយាយគ្នានៅក្នុងចំណោមអ្នករាល់គ្នាចុះ៖ តើអ្នករាល់គ្នាទទួលបានអ្វីខ្លះហើយ? អ្នករាល់គ្នាបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ តែអ្នករាល់គ្នាប្រមូលបានតែប៉ុណ្ណឹង។ តើអ្នករាល់គ្នាមិនអាម៉ាស់ទេឬ? តើអ្នកមិនចេះខ្មាសអៀនទេឬ? អ្នកបានកំពុងតែដេញតាមនៅលើផ្លូវដ៏ពិតអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែនៅថ្ងៃនេះ កម្ពស់របស់អ្នកនៅតែទាបជាងកម្ពស់សត្វចាបទៅទៀត! ចូរមើលស្ត្រីវ័យក្មេងនៅក្នុងចំណោមអ្នករាល់គ្នា ដែលស្លៀកពាក់ និងតុបតែងខ្លួនគួរឱ្យទាក់ទាញ ដោយកំពុងតែប្រៀបធៀបខ្លួនជាមួយគ្នា តើអ្នកយកអ្វីមកប្រៀបធៀបទៅ? ការសប្បាយរបស់អ្នកឬ? ការទាមទាររបស់អ្នកឬ? តើអ្នករាល់គ្នាគិតថា ខ្ញុំបានយាងមក ដើម្បីជ្រើសរើសតារាម៉ូដែលឬ? អ្នកមិនចេះខ្មាសអៀនសោះ! តើជីវិតរបស់អ្នករាល់គ្នានៅឯណា? តើអ្វីដែលអ្នករាល់គ្នាដេញតាមនេះ មិនមែនជាសេចក្តីប៉ងប្រាថ្នាដ៏ផ្ដេសផ្ដាសរបស់អ្នករាល់គ្នាទេឬអី? អ្នកគិតថា រូបឆោមរបស់អ្នកស្រស់ស្អាតណាស់ ប៉ុន្តែទោះអ្នកអាចស្លៀកសម្លៀកបំពាក់ប្រណីតៗក៏ដោយ ក៏តាមពិតទៅ តើអ្នកមិនដូចជាដង្កូវបាក់ខ្នង ដែលកើតនៅក្នុងគំនរលាមកទេឬ? នៅថ្ងៃនេះ អ្នកមានសំណាងរីករាយនឹងព្រះពរនៃស្ថានសួគ៌ទាំងនេះ មិនមែនដោយសារតែមុខមាត់ដ៏ស្រស់ស្អាតរបស់អ្នកទេ ប៉ុន្តែដោយសារតែព្រះជាម្ចាស់កំពុងតែលើកលែង ដោយលើកអ្នកខ្ពស់ឡើងវិញទេ។ តើអ្នកនៅតែមិនច្បាស់ថាខ្លួនបានចេញមកពីណាទៀតឬ? ពេលលើកឡើងអំពីជីវិត អ្នកបិទមាត់គ្មាននិយាយអ្វីសោះ ពោលគឺដូចជារូបចម្លាក់មួយដែលគមិនចេះនិយាយ តែអ្នកនៅតែថ្លើមធំហ៊ានស្លៀកពាក់ទៀតអ៊ីចឹង! អ្នកនៅតែចង់ផាត់មុខ និងលាបម្សៅលើមុខរបស់អ្នកទៀត! ហើយមើលទៅកាន់ក្មេងប្រុសដ៏ហ៊ឺហានៅក្នុងចំណោមអ្នករាល់គ្នាចុះ គេជាមនុស្សចចេសដែលចំណាយពេលពេញមួយថ្ងៃ ដោយដើរលេងរហេតរហូត ពិបាកប្រៀនប្រដៅ ទាំងមានទឹកមុខមិនអើពើ។ តើនេះជារបៀបដែលបុគ្គលម្នាក់គួរតែប្រព្រឹត្តឬ? នៅក្នុងចំណោមអ្នករាល់គ្នា មិនថាជាបុរស ឬស្ត្រីនោះទេ តើម្នាក់ៗផ្តោតអារម្មណ៍ទៅលើអ្វីខ្លះទៅពេញមួយថ្ងៃ? តើអ្នករាល់គ្នាដឹងដែរឬទេថា អ្នករាល់គ្នាត្រូវពឹងអាងលើអ្នកណា ដើម្បីចិញ្ចឹមខ្លួនឯង? ចូរមើលការស្លៀកពាក់របស់អ្នក ចូរមើលអ្វីដែលអ្នកទទួលបាននៅក្នុងដៃរបស់អ្នក ចូរស្ទាបក្បាលពោះរបស់អ្នកទៅមើល៎ តើអ្នកបានទទួលប្រយោជន៍អ្វីខ្លះហើយចេញពីតម្លៃញើសឈាមដែលអ្នកបានបង់ថ្លៃទៅលើសេចក្តីជំនឿក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ? អ្នកនៅតែគិតចង់ដើរលេង អ្នកនៅតែគិតចង់តុបតែងលម្អសាច់ដ៏ស្អុយរបស់អ្នកទៀត។ នេះគឺជាការដេញតាមដែលគ្មានតម្លៃឡើយ! អ្នកត្រូវបានស្នើសុំឱ្យក្លាយជាមនុស្សដែលមានភាពសាមញ្ញ តែឥឡូវ អ្នកមិនគ្រាន់តែជាមនុស្សខុសប្រក្រតីប៉ុណ្ណោះទេ ប៉ុន្តែអ្នកក្លាយជាមនុស្សចម្លែកតែម្ដង។ តើមនុស្សបែបនេះអាចមានភាពអង់អាចចូលមកចំពោះខ្ញុំម្ដេចកើតទៅ? ជាមួយភាពជាមនុស្សបែបនេះ ដោយការបង្ហាញមន្តស្នេហ៍ និងការសម្ញែងសាច់របស់អ្នក ដោយការរស់នៅក្នុងសេចក្តីស្រើបស្រាលខាងសាច់ឈាមគ្រប់ពេលវេលាបែបនេះ តើអ្នកមិនមែនជាពូជនៃពួកអារក្សអសោច និងពួកវិញ្ញាណអាក្រក់ទេឬ? ខ្ញុំនឹងមិនបណ្ដោយឱ្យអារក្សអសោចបែបនេះបន្តមានវត្តមានយូរទៀតឡើយ! ហើយកុំនឹកស្មានថា ខ្ញុំមិនដឹងអំពីអ្វីដែលអ្នកគិតនៅក្នុងដួងចិត្តរបស់អ្នកនោះឡើយ។ អ្នកអាចគ្រប់គ្រងសេចក្តីស្រើបស្រាល និងសាច់ឈាមរបស់អ្នកយ៉ាងតឹងរ៉ឹងបាន ប៉ុន្តែតើខ្ញុំអាចមិនដឹងអំពីគំនិតដែលអ្នកមាននៅក្នុងចិត្តរបស់អ្នកម្ដេចកើតទៅ? តើខ្ញុំអាចមិនដឹងអំពីអ្វីគ្រប់យ៉ាងដែលភ្នែករបស់អ្នកប៉ងប្រាថ្នាម្ដេចកើតទៅ? បងប្អូនស្រីៗវ័យក្មេងអើយ តើអ្នករាល់គ្នាមិនធ្វើឱ្យខ្លួនស្រស់ស្អាត ដើម្បីបង្ហាញសាច់របស់ខ្លួនទេឬ? តើបុរសៗមានប្រយោជន៍អ្វីសម្រាប់អ្នករាល់គ្នាទៅ? តើពួកគេពិតជាអាចសង្រ្គោះអ្នកពីសមុទ្រទុក្ខបានដែរឬ? សម្រាប់អ្នករាល់គ្នាដែលជាមនុស្សហ៊ឺហាវិញ អ្នករាល់គ្នាស្លៀកពាក់ ដើម្បីធ្វើខ្លួនឱ្យមើលទៅដូចជាសុភាព និងថ្លៃថ្នូរ ប៉ុន្តែតើនេះមិនមែនជាឧបាយកលមួយដែលអ្នកបានរៀបចំ ដើម្បីទាញការចាប់អារម្មណ៍ទៅលើរូបរាងដ៏ហ៊ឺហារបស់អ្នកទេឬ? តើអ្នករាល់គ្នាកំពុងតែធ្វើការនេះសម្រាប់នរណា? តើស្ត្រីៗមានប្រយោជន៍អ្វីសម្រាប់អ្នករាល់គ្នាទៅ? តើពួកគេមិនមែនជាប្រភពនៃអំពើបាបរបស់អ្នករាល់គ្នាទេឬ? បុរស និងស្ត្រីទាំងឡាយអើយ ខ្ញុំបានថ្លែងព្រះបន្ទូលជាច្រើនហើយទៅកាន់អ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើតាមបានតែបន្ដិចបន្ដួចប៉ុណ្ណោះ។ ត្រចៀករបស់អ្នករាល់គ្នាពិបាកនឹងស្ដាប់ ភ្នែករបស់អ្នកប្រែជាស្រអាប់ ហើយដួងចិត្តរបស់អ្នកក៏រឹងរូសខ្លាំងដែរ រហូតដល់កម្រិតមួយនៅសល់តែសេចក្តីស្រើបស្រាលប៉ុណ្ណោះនៅក្នុងរូបកាយរបស់អ្នក ហើយបើនៅបែបនេះទៀត អ្នកត្រូវជាប់ចំណងគ្មានផ្លូវនឹងរួចខ្លួននោះឡើយ។ តើមានអ្នកណាខ្លះចង់នៅក្បែរអ្នករាល់គ្នា ដែលជាសត្វដង្កូវដ៏រវីករវើកនៅក្នុងសេចក្តីស្មោកគ្រោក និងភក់ជ្រាំទៅ? សូមកុំភ្លេចថា អ្នករាល់គ្នាគ្រាន់តែជាមនុស្សដែលខ្ញុំបានលើកឡើងចេញពីគំនរលាមកប៉ុណ្ណោះ ហើយក៏កុំភ្លេចដែរថា កាលពីដើមឡើយ អ្នកគ្មានភាពជាមនុស្សធម្មតានោះឡើយ។ អ្វីដែលខ្ញុំសុំពីអ្នករាល់គ្នាគឺជាភាពជាមនុស្សធម្មតា ដែលពីដើមឡើយ អ្នករាល់គ្នាមិនមានឡើយ មិនមែនឱ្យអ្នករាល់គ្នាបង្ហាញសេចក្តីស្រើបស្រាលរបស់អ្នក ឬដាច់បង្ហៀរទៅធ្វើតាមសាច់ឈាមដ៏ស្អុយអាក្រក់របស់អ្នករាល់គ្នា ដែលត្រូវបានអារក្សបង្វឹកបង្ហាត់អស់រយៈពេលជាច្រើនឆ្នាំនោះឡើយ។ នៅពេលដែលអ្នករាល់គ្នាស្លៀកពាក់បែបនេះ តើអ្នកមិនខ្លាចថា អ្នកនឹងផុងខ្លួនកាន់តែជ្រៅទេឬ? តើអ្នករាល់គ្នាមិនដឹងទេថា កាលពីដើមឡើយ អ្នករាល់គ្នាជាកម្មសិទ្ធិនៃបាប? តើអ្នករាល់គ្នាមិនដឹងទេថា រូបកាយរបស់អ្នករាល់គ្នាពេញពោរដោយសេចក្តីស្រើបស្រាល រហូតដល់វាលិចជ្រាបចេញតាមការស្លៀកពាក់របស់អ្នករាល់គ្នា ដោយបើកសម្ដែងឱ្យឃើញពីសភាពរបស់អ្នករាល់គ្នាថាជាពួកអារក្សអសោចដ៏ស្មោកគ្រោកមិនអាចអត់ទ្រាំបាន? តើវាមិនមែនជាករណីមួយដែលអ្នករាល់គ្នាដឹងអំពីការនេះច្បាស់ជាងអ្នកណាៗទាំងអស់ទេឬ? ដួងចិត្ត កែវភ្នែក បបូរមាត់របស់អ្នករាល់គ្នា តើវាមិនត្រូវបានពួកអារក្សអសោចធ្វើឱ្យខូចទេឬ? តើផ្នែកទាំងនេះរបស់អ្នកមិនបានស្មោកគ្រោកទេឬ? តើអ្នកគិតថា ដរាបណាអ្នកមិនបានសម្ដែងចេញ នោះអ្នកជាមនុស្សបរិសុទ្ធបំផុតឬ? តើអ្នកគិតថា ការស្លៀកពាក់យ៉ាងស្រស់ស្អាតអាចគ្របបាំងព្រលឹងដ៏ស្មោកគ្រោករបស់អ្នករាល់គ្នាបានឬ? វានឹងមិនអាចធ្វើទៅកើតឡើយ! ខ្ញុំសូមដាស់តឿនថា អ្នករាល់គ្នាគួរតែមានភាពប្រាកដប្រជាជាងនេះ៖ កុំធ្វើជាមនុស្សក្លែងបន្លំ និងក្លែងក្លាយ ហើយក៏កុំសម្ញែងខ្លួនឯងនោះដែរ។ អ្នករាល់គ្នាសម្ញែងសេចក្ដីស្រើបស្រាលរបស់អ្នកទៅកាន់គ្នា តែអ្វីដែលអ្នកនឹងទទួលបាន គឺជាទុក្ខវេទនាជារៀងរហូត និងការវាយផ្ចាលដ៏គ្មានមេត្តាវិញទេ! តើវាចាំបាច់អ្វីដែលអ្នករាល់គ្នាត្រូវញាក់ភ្នែកដាក់គ្នា ហើយអណ្ដែតអណ្ដូងនៅក្នុងអារម្មណ៍រ៉ូមែនទិច? តើនេះជាខ្នាតវាស់នៃសុចរិតភាពរបស់អ្នក ជាកម្រិតនៃភាពទៀងត្រង់របស់អ្នកឬ? ខ្ញុំស្អប់មនុស្សនៅក្នុងចំណោមអ្នករាល់គ្នា ដែលពាក់ព័ន្ធនៅក្នុងការព្យាបាលបែបផ្លូវអាក្រក់ និងអំពើអាបធ្មប់។ ខ្ញុំស្អប់បុរស និងស្ត្រីវ័យក្មេងនៅក្នុងចំណោមអ្នករាល់គ្នា ដែលស្រឡាញ់សាច់ឈាមរបស់ខ្លួន។ យកល្អ អ្នករាល់គ្នាគួរតែរៀនចេះទប់ចិត្តខ្លួនឯងទៅ ដោយសារតែឥឡូវនេះ អ្នករាល់គ្នាតម្រូវឱ្យមានភាពជាមនុស្សធម្មតា ហើយអ្នករាល់គ្នាមិនត្រូវបានអនុញ្ញាតឱ្យសម្ញែងសេចក្តីស្រើបស្រាលរបស់អ្នកឡើយ តែអ្នករាល់គ្នាបែរជាប្រើគ្រប់ទាំងឱកាសដែលអ្នកអាចប្រើបានទៅវិញ ដ្បិតសាច់ឈាមរបស់អ្នករាល់គ្នាគឺច្រើនពេកហើយ ហើយសេចក្តីស្រើបស្រាលរបស់អ្នកទៀតសោតក៏ធំធេងពេកដែរ!

(ដកស្រង់ពី «ការអនុវត្ត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១២៦. អស់អ្នកដែលគិតតែពីសាច់ឈាមរបស់ខ្លួន និងអ្នកដែលរីករាយនឹងភាពស្រណុកសុខស្រួល អស់អ្នកដែលហាក់ដូចជាជឿ តែមិនជឿយ៉ាងពិតប្រាកដ អស់អ្នកដែលពាក់ព័ន្ធនៅក្នុងការព្យាបាលតាមបែបផ្លូវអាក្រក់ និងអំពើអាបធ្មប់ អស់អ្នកដែលប្រាសចាកសីលធម៌ រយីករយាក អស់អ្នកដែលលួចយញ្ញបូជាដែលថ្វាយដល់ព្រះយេហូវ៉ា និងទ្រព្យសម្បត្តិរបស់ទ្រង់ អស់អ្នកដែលចូលចិត្តការសូកប៉ាន់ អស់អ្នកដែលកំជិលអាំងផេះ ហើយស្រមៃចង់ឡើងស្ថានសួគ៌ អស់អ្នកដែលអួតក្អេងក្អាង និងក្រអឺតក្រទម ដែលស្វះស្វែងរកតែភាពល្បីល្បាញ និងភាពស្ដុកស្ដម្ភ អស់អ្នកដែលបោះសម្ដីទ្រគោះបោះបោក អស់អ្នកដែលប្រមាថព្រះជាម្ចាស់ដោយផ្ទាល់ អស់អ្នកដែលគ្មានធ្វើអ្វីសោះ ក្រៅពីធ្វើការវិនិច្ឆ័យ និងមួលបង្កាច់ព្រះជាម្ចាស់ផ្ទាល់ អស់អ្នកដែលបង្កើតក្រុម ដើម្បីស្វែងរកឯករាជ្យ អស់អ្នកដែលលើកតម្កើងខ្លួនខ្ពស់ជាងព្រះជាម្ចាស់ ពួកបុរសស្ត្រីទាំងវ័យក្មេង ទាំងវ័យកណ្ដាល និងទាំងវ័យចំណាស់ដ៏ផ្ដេសផ្ដាសដែលផុងជាប់នៅក្នុងអំពើប្រាសចាក ពួកបុរសស្ត្រីទាំងប៉ុន្មានដែលរីករាយនឹងភាពល្បីល្បាញ និងទ្រព្យសម្បត្តិស្ដុកស្ដម្ភរបស់ខ្លួន ហើយដេញតាមឋានៈបុណ្យសក្ដិផ្ទាល់ខ្លួននៅក្នុងចំណោមអ្នកដទៃ ព្រមទាំងមនុស្សមិនប្រែចិត្តដែលបានជាប់នៅក្នុងអំពើបាប តើពួកគេទាំងអស់នេះមិននៅឆ្ងាយពីសេចក្តីសង្រ្គោះទេឬ? អំពើប្រាសចាកសីលធម៌ អំពើបាប ការព្យាបាលក្នុងផ្លូវអាក្រក់ អំពើអាបធ្មប់ ការប្រមាថព្រះ និងពាក្យទ្រគោះបោះបោក សុទ្ធតែកើនឡើងយ៉ាងរហ័សនៅក្នុងចំណោមអ្នករាល់គ្នា។ ហើយសេចក្តីពិត និងព្រះបន្ទូលនៃជីវិតត្រូវបានជាន់ឈ្លីនៅក្នុងចំណោមអ្នករាល់គ្នា ហើយភាសាបរិសុទ្ធក៏ត្រូវបានបង្ខូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ។ អ្នកដែលជាសាសន៍ដទៃ ត្រូវបានពេញពោរដោយសេចក្ដីស្មោកគ្រោក និងការមិនស្ដាប់បង្គាប់! តើលទ្ធផលចុងក្រោយរបស់អ្នកនឹងក្លាយជាអ្វីទៅ? តើអស់អ្នកដែលស្រឡាញ់សាច់ឈាម ដែលប្រព្រឹត្តអំពើអាបធ្មប់នៃសាច់ឈាម និងដែលបានជាប់នៅក្នុងអំពើបាបដ៏ប្រាសចាកសីលធម៌ មានភាពអង់អាចក្នុងការបន្តរស់នៅម្ដេចកើតទៅ? តើអ្នកមិនដឹងទេឬថា មនុស្សបែបអ្នករាល់គ្នាគឺជាសត្វដង្កូវដែលនៅឆ្ងាយពីសេចក្តីពិត? តើអ្វីទៅដែលផ្ដល់ឱ្យអ្នកមានសិទ្ធិទាមទារនេះ និងទាមទារនោះ? មកដល់ពេលនេះ មិនទាន់មានការផ្លាស់ប្ដូរសូម្បីតែបន្ដិចឡើយនៅក្នុងអស់អ្នកដែលមិនស្រឡាញ់សេចក្តីពិត ហើយស្រឡាញ់តែសាច់ឈាមនោះ។ តើមនុស្សបែបនេះអាចត្រូវបានសង្គ្រោះដោយរបៀបណា? អស់អ្នកដែលមិនស្រឡាញ់ផ្លូវនៃជីវិត ដែលមិនលើកតម្កើងព្រះជាម្ចាស់ និងធ្វើបន្ទាល់អំពីទ្រង់ ដែលរៀបគម្រោងសម្រាប់តែផលប្រយោជន៍នៃឋានៈបុណ្យសក្ដិផ្ទាល់ខ្លួន ដែលលើកសរសើរខ្លួនឯង តើពួកគេមិននៅតែដដែល រហូតដល់សព្វថ្ងៃទេឬ? តើអ្វីទៅជាគុណតម្លៃនៃការសង្រ្គោះពួកគេទៅ? ថាតើអ្នកអាចត្រូវបានសង្រ្គោះឬក៏អត់ នោះមិនអាស្រ័យលើអតីតភាពខ្ពស់កម្រិតណាដែលអ្នកមាន ឬថាអ្នកបានកំពុងតែធ្វើការជាច្រើនឆ្នាំនោះឡើយ ហើយក៏មិនអាស្រ័យលើសញ្ញាប័ត្រដែលអ្នកបានខំសាងនោះដែរ។ ផ្ទុយទៅវិញ វាអាស្រ័យលើថាតើការដេញតាមរបស់អ្នកបានបង្កើតជាផលផ្លែឬអត់។ អ្នកគួរតែដឹងថា អស់អ្នកដែលត្រូវបានសង្រ្គោះគឺជា «ដើមឈើ» ដែលបង្កើតផលផ្លែ មិនមែនជាដើមឈើដែលមានស្លឹកខៀវស្រងាត់ និងផ្កាច្រើន តែមិនបង្កើតផលផ្លែនោះឡើយ។ ទោះបើអ្នកបានចំណាយពេលជាច្រើនឆ្នាំដើរត្រាច់ចរតាមដងផ្លូវ តើវាសំខាន់អ្វីទៅ? តើទីបន្ទាល់របស់អ្នកនៅកន្លែងណា? ការគោរពរបស់អ្នកចំពោះព្រះជាម្ចាស់គឺនៅខ្សោយជាងការស្រឡាញ់របស់អ្នកចំពោះខ្លួនឯង និងចំពោះសេចក្តីប៉ងប្រាថ្នាដ៏ស្រើបស្រាលរបស់អ្នកទៅទៀត។ តើបុគ្គលបែបនេះមិនត្រូវចុះខ្សោយទៅៗទេឬ? តើពួកគេអាចក្លាយជាបុគ្គលគំរូសម្រាប់សេចក្តីសង្រ្គោះម្ដេចកើតទៅ? ធម្មជាតិរបស់អ្នកមិនអាចកែបាន អ្នកជាមនុស្សបះបោរខ្លាំងណាស់ ហើយក៏នៅឆ្ងាយពីសេចក្តីសង្រ្គោះដែរ! តើមនុស្សបែបនេះមិនមែនជាមនុស្សដែលនឹងត្រូវផាត់ចោលទេឬ? តើពេលវេលាដែលកិច្ចការរបស់ខ្ញុំត្រូវបានបញ្ចប់ មិនមែនជាពេលនៃការមកដល់នៃគ្រាចុងក្រោយរបស់អ្នកទេឬ? ខ្ញុំបានធ្វើកិច្ចការយ៉ាងច្រើន ហើយក៏បានថ្លែងនូវព្រះបន្ទូលយ៉ាងច្រើននៅក្នុងចំណោមអ្នករាល់គ្នាដែរ តើមានព្រះបន្ទូលប៉ុន្មានហើយដែលបានចូលត្រចៀករបស់អ្នកយ៉ាងពិតប្រាកដនោះ? តើមានព្រះបន្ទូលចំនួនប៉ុន្មានហើយដែលអ្នកបានស្ដាប់បង្គាប់តាម? នៅពេលដែលកិច្ចការខ្ញុំត្រូវបញ្ចប់ នោះវានឹងក្លាយជាពេលមួយ ដែលអ្នកឈប់ប្រឆាំងនឹងខ្ញុំ ជាពេលដែលអ្នកឈប់ទាស់នឹងខ្ញុំ។ នៅពេលដែលខ្ញុំធ្វើការ អ្នករាល់គ្នាតែងតែប្រព្រឹត្តទាស់នឹងខ្ញុំជានិច្ច។ អ្នករាល់គ្នាមិនដែលធ្វើស្របតាមព្រះបន្ទូលរបស់ខ្ញុំឡើយ។ ខ្ញុំធ្វើកិច្ចការរបស់ខ្ញុំ ហើយអ្នកធ្វើ «កិច្ចការ» របស់អ្នក ដោយបង្កើតនគរដ៏តូចរបស់អ្នកផ្ទាល់។ អ្នករាល់គ្នាគ្រាន់តែជាឆ្កែព្រៃ និងឆ្កែស្រុកមួយក្រុម ដែលកំពុងតែធ្វើអ្វីៗគ្រប់យ៉ាងប្រឆាំងនឹងខ្ញុំប៉ុណ្ណោះ! អ្នកកំពុងតែព្យាយាមក្ដាប់ក្រសោបយកមនុស្សដែលផ្ដល់សេចក្តីស្រឡាញ់ទាំងស្រុងរបស់ពួកគេដល់អ្នក តើការគោរពរបស់អ្នកនៅឯណាទៅ? គ្រប់យ៉ាងដែលអ្នកធ្វើសុទ្ធតែជាការបោកបញ្ឆោត! អ្នកគ្មានការស្ដាប់បង្គាប់ ឬការគោរពទេ ហើយគ្រប់យ៉ាងដែលអ្នកធ្វើគឺជារឿងបោកបញ្ឆោត និងការប្រមាថប៉ុណ្ណោះ! តើមនុស្សបែបនេះអាចត្រូវបានសង្គ្រោះដែរឬទេ? បុរសៗដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ និងសម្រើបកាម តែងតែចង់អូសទាញស្ត្រីពេស្យាដែលម្ញ៉ិកម៉្ញក់ទៅឯពួកគេ ដើម្បីឱ្យពួកគេសប្បាយ។ ដាច់ខាត ខ្ញុំនឹងមិនសង្រ្គោះពួកអារក្សប្រាសចាកសីលធម៌ខាងផ្លូវភេទបែបនេះឡើយ។ ខ្ញុំស្អប់អ្នករាល់គ្នាដែលជាពួកអារក្សអសោច ហើយភាពសម្រើបកាម និងភាពម្ញ៉ិចម្ញ៉ក់របស់អ្នករាល់គ្នានឹងនាំអ្នករាល់គ្នាឱ្យធ្លាក់នរកមិនខាន។ តើអ្នករាល់គ្នាត្រូវនិយាយអ្វីខ្លះ ដើម្បីការពារខ្លួនទៅ? ឱពួកអារក្សអសោច និងពួកវិញ្ញាណអាក្រក់អើយ អ្នករាល់គ្នាពិតជាគួរឱ្យស្អប់ខ្ពើមណាស់! អ្នកគួរឱ្យរអើមណាស់! តើសំរាមបែបនេះអាចត្រូវបានសង្រ្គោះម្ដេចកើតទៅ? តើពួកគេដែលត្រូវបានជាប់នៅក្នុងបាប អាចនៅតែត្រូវបានសង្គ្រោះដែរឬទេ? នៅថ្ងៃនេះ សេចក្តីពិតនេះ ផ្លូវនេះ និងជីវិតនេះមិនទាក់ទាញអ្នករាល់គ្នាទេ ផ្ទុយទៅវិញ អ្នករាល់គ្នាបែរជាជាប់ចិត្តនឹងអំពើបាប លុយកាក់ ឋានៈបុណ្យសក្ដិ ភាពល្បីល្បាញ និងផលប្រយោជន៍ សេចក្តីសប្បាយនៃសាច់ឈាម ភាពសង្ហារបស់បុរស និងភាពមានមន្តស្នេហ៍របស់ស្ត្រីទៅវិញ។ តើអ្វីទៅដែលធ្វើឱ្យអ្នករាល់គ្នាមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅក្នុងនគររបស់ខ្ញុំទៅ? រូបកាយរបស់អ្នករាល់គ្នាថែមទាំងធំជាងរូបអង្គរបស់ព្រះជាម្ចាស់ ឋានៈរបស់អ្នករាល់គ្នាថែមទៀតខ្ពស់ជាងឋានៈរបស់ព្រះជាម្ចាស់ កុំនិយាយដល់កិត្យានុភាពរបស់អ្នកនៅក្នុងចំណោមមនុស្សឡើយ ពោលគឺអ្នករាល់គ្នាបានក្លាយជារូបព្រះដែលមនុស្សថ្វាយបង្គំទៅហើយ។ តើអ្នកមិនបានក្លាយជាមហាទេវតាទេឬអី? នៅពេលដែលលទ្ធផលរបស់មនុស្សត្រូវបានបើកសម្ដែង ហើយនោះក៏ជាពេលដែលកិច្ចការសង្រ្គោះនឹងជិតចូលដល់ទីបញ្ចប់ដែរ មនុស្សជាច្រើននៅក្នុងចំណោមអ្នករាល់គ្នានឹងក្លាយជាសាកសពដែលនៅឆ្ងាយពីសេចក្តីសង្រ្គោះ ហើយត្រូវបានផាត់ចោលតែម្ដង។

(ដកស្រង់ពី «ការអនុវត្ត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១២៧. មនុស្សគឺជាជនអកុសលដែលគ្មានតម្លៃ ដោយសារតែពួកគេមិនផ្ដល់តម្លៃដល់ខ្លួនឯង។ ប្រសិនបើពួកគេមិនស្រឡាញ់សូម្បីតែខ្លួនឯងផង ផ្ទុយទៅវិញបណ្ដែតបណ្ដោយខ្លួន នោះតើនេះមិនមែនបង្ហាញអំពីភាពគ្មានតម្លៃរបស់ពួកគេទេឬ? មនុស្សគឺដូចជាស្ត្រីអសីលធម៌ម្នាក់ដែលលេងសើច ហើយហុចដៃឱ្យអ្នកដទៃបំពានលើខ្លួនអ៊ីចឹង។ ទោះបីជាបែបនេះក៏ដោយ ក៏មនុស្សនៅតែមិនទទួលស្គាល់ថា ពួកគេថោកទាបប៉ុនណានោះដែរ។ ពួកគេសប្បាយនឹងការធ្វើការសម្រាប់អ្នកដទៃ ឬនិយាយជាមួយអ្នកដទៃ ដោយអនុញ្ញាតឱ្យអ្នកដទៃគ្រប់គ្រងខ្លួន។ តើនេះមិនមែនជាភាពអាប់ឱនរបស់មនុស្សជាតិទេឬ? ទោះបីជាខ្ញុំមិនមានបទពិសោធជីវិតនៅក្នុងចំណោមមនុស្ស ហើយខ្ញុំគ្មានបទពិសោធជីវិតរបស់មនុស្សយ៉ាងពិតប្រាកដក៏ដោយ ក៏ខ្ញុំទទួលបាននូវការយល់ដឹងច្បាស់អំពីចលនានីមួយៗ សកម្មភាពនីមួយៗ ពាក្យនីមួយៗ និងទង្វើនីមួយៗដែលមនុស្សធ្វើដែរ។ ខ្ញុំក៏អាចបង្ហាញមនុស្សរហូតដល់ភាពអាម៉ាស់យ៉ាងខ្លាំងរបស់ពួកគេ ដល់ចំណុចដែលធ្វើឱ្យពួកគេលែងហ៊ានបើកសម្ដែងការផឹកស៊ីសប្បាយផ្ទាល់ខ្លួនរបស់ពួកគេ ឬលែងហ៊ានបើកផ្លូវចំពោះចំណង់តណ្ហារបស់ពួកគេទៀតផង។ ដូចជាសត្វខ្យងដែលលឹបក្បាលចូលទៅក្នុងសម្បករបស់ពួកវាអ៊ីចឹង ពួកវាលែងហ៊ានបញ្ចេញសភាពដ៏អាក្រក់ផ្ទាល់ខ្លួនរបស់ពួកវាចេញមកក្រៅទៀតហើយ។ ដោយសារតែមនុស្សមិនស្គាល់ខ្លួនឯង នោះគុណវិបត្តិដ៏ធំបំផុតរបស់ពួកគេគឺ ចំណង់ដែលចង់សម្ញែងភាពស្រស់ស្អាតរបស់ពួកគេនៅចំពោះមុខអ្នកដទៃ ដោយសម្ញែងមុខមាត់ដ៏អាក្រក់របស់ពួកគេ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់ស្អប់បំផុត។ នេះគឺដោយសារតែទំនាក់ទំនងរវាងមនុស្សខុសប្រក្រតី ហើយមានការខ្វះខាតទំនាក់ទំនងជាអន្តរបុគ្គលរវាងមនុស្ស ជាងនេះទៅទៀតគឺទំនាក់ទំនងជាប្រក្រតីរវាងពួកគេនិងងព្រះជាម្ចាស់។

(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៤ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១២៨. ធម្មជាតិរបស់សាតាំងគ្រប់គ្រង និងត្រួតត្រាមនុស្សពីខាងក្នុងខ្លួនពួកគេ រហូតទាល់តែពួកគេបានដកពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងបានយល់ពីសេចក្តីពិត។ តើធម្មជាតិនោះមានអ្វីជាពិសេសនៅក្នុងនោះ? ឧទាហរណ៍ ហេតុអ្វីបានជាអ្នកអាត្មានិយម? ហេតុអ្វីបានជាអ្នកការពារតំណែងខ្លួនឯង? ហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្លាំងបែបនេះ? ហេតុអ្វីបានជាអ្នកត្រេកអរនឹងរឿងទុច្ចរិតទាំងនោះ? ហេតុអ្វីបានជាអ្នកចូលចិត្តសេចក្ដីអាក្រក់ទាំងនោះ? តើមានមូលដ្ឋានអ្វីដែលធ្វើឱ្យអ្នកជាប់ចិត្តនឹងរឿងទាំងនេះ? តើអ្វីទាំងនេះមកពីណា? ហេតុអ្វីបានជាអ្នកសប្បាយចិត្តនឹងទទួលយករបស់ទាំងនេះខ្លាំងម្ល៉េះ? មកដល់ពេលនេះ អ្នករាល់គ្នាសុទ្ធតែបានយល់ហើយថា មូលហេតុចម្បងនៅពីក្រោយរឿងទាំងអស់នេះ គឺដោយសារពិសពុលរបស់សាតាំងដែលមាននៅក្នុងខ្លួនមនុស្ស។ ដូច្នេះ តើពិសពុលរបស់សាតាំងជាអ្វី? តើវាអាចសម្ដែងចេញមកដោយរបៀបណា? ឧទាហរណ៍ ប្រសិនបើអ្នកសួរថា៖ «តើមនុស្សគួររស់នៅយ៉ាងដូចម្ដេច? តើមនុស្សគួររស់នៅដើម្បីអ្វី?» មនុស្សនឹងឆ្លើយថា៖ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហានេះ។ ទស្សនវិជ្ជា និងតក្កវិជ្ជារបស់សាតាំង បានក្លាយជាជីវិតរបស់មនុស្សទៅហើយ។ មិនថាមនុស្សដេញតាមអ្វីនោះទេ គឺពួកគេដេញតាមវាដើម្បីតែខ្លួនឯង ដូច្នេះហើយ មនុស្សរស់នៅដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» នេះគឺជាទស្សនវិជ្ជាជីវិតរបស់មនុស្ស ហើយវាក៏តំណាងឱ្យធម្មជាតិរបស់មនុស្សផងដែរ។ ពាក្យសម្ដីទាំងអស់នេះ បានក្លាយជាធម្មជាតិរបស់មនុស្សជាតិពុករលួយរួចស្រេចទៅហើយ ហើយពាក្យទាំងនេះគឺជាលក្ខណៈពិតប្រាកដនៃធម្មជាតិបែបសាតាំងរបស់មនុស្សជាតិពុករលួយ។ ធម្មជាតិបែបសាតាំងនេះ បានក្លាយជាមូលដ្ឋានសម្រាប់ការរស់នៅរបស់មនុស្សជាតិពុករលួយទៅហើយ។ មនុស្សជាតិពុករលួយបានរស់នៅដោយមានពិសពុលរបស់សាតាំងអស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ មកទល់នឹងពេលបច្ចុប្បន្ននេះ។ អ្វីគ្រប់យ៉ាងដែលសាតាំងធ្វើ គឺដើម្បីតែចំណង់ មហិច្ឆតា និងគោលបំណងរបស់វាផ្ទាល់ប៉ុណ្ណោះ។ វាប្រាថ្នាចង់ឱ្យបានពូកែលើសព្រះជាម្ចាស់ ឱ្យរួចផុតពីព្រះជាម្ចាស់ ឱ្យដណ្តើមយកបានការត្រួតត្រាលើរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមក។ សព្វថ្ងៃនេះ មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់កម្រិតនេះហើយ៖ ពួកគេទាំងអស់គ្នាសុទ្ធតែមានធម្មជាតិបែបសាតាំង ពួកគេសុទ្ធតែព្យាយាមបដិសេធ និងប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយពួកគេចង់គ្រប់គ្រងលើវាសនាខ្លួនឯង ហើយព្យាយាមប្រឆាំងទាស់នឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។ មហិច្ឆតា និងចំណង់របស់ពួកគេ ដូចគ្នានឹងមហិច្ឆតា និងចំណង់របស់សាតាំងដែរ។ ដូច្នេះ ធម្មជាតិរបស់មនុស្ស គឺជាធម្មជាតិរបស់សាតាំង។ តាមពិត បាវចនា និងភាសិតល្អៗជាច្រើនរបស់មនុស្ស តំណាងឱ្យធម្មជាតិរបស់មនុស្ស និងឆ្លុះបញ្ចាំងពីសារជាតិនៃសេចក្តីពុករលួយរបស់ពួកគេ។ អ្វីដែលមនុស្សជ្រើសរើស គឺជាចំណង់ចំណូលចិត្តរបស់ពួកគេផ្ទាល់ ហើយទាំងអស់នោះសុទ្ធតែតំណាងឱ្យនិស្ស័យ និងការដេញតាមរបស់មនុស្សទាំងអស់។ សម្តីគ្រប់ម៉ាត់ដែលមនុស្សនិយាយ និងនៅក្នុងកិច្ចការគ្រប់យ៉ាងដែលពួកគេធ្វើ មិនថាក្លែងបន្លំបែបណានោះទេ ក៏មិនអាចបិទបាំងធម្មជាតិរបស់ពួកគេបានដែរ។ ឧទាហរណ៍ ជាទូទៅ ពួកផារិស៊ីតែងអធិប្បាយបានយ៉ាងល្អ ប៉ុន្តែនៅពេលដែលពួកគេបានឮសេចក្ដីអធិប្បាយ និងសេចក្ដីពិតដែលព្រះយេស៊ូវបានសម្តែងចេញមក ពួកគេមិនបានទទួលយកទេ តែបែរជាថ្កោលទោសសេចក្តីអធិប្បាយ និងសេចក្ដីពិតទាំងនោះទៅវិញ។ ចំណុចនេះបានលាតត្រដាងពីធម្មជាតិ និងសារជាតិរបស់ពួកផារិស៊ីដែលជិនឆ្អន់ និងស្អប់ខ្ពើមសេចក្ដីពិត។ មនុស្សខ្លះនិយាយបានល្អខ្លាំងណាស់ ហើយពូកែក្លែងបន្លំខ្លួនទៀតផង ប៉ុន្តែបន្ទាប់ពីអ្នកផ្សេងសេពគប់ជាមួយនឹងពួកគេបានមួយរយៈ អ្នកទាំងនោះក៏ដឹងថា ធម្មជាតិរបស់ពួកនេះមានល្បិចកលជ្រាលជ្រៅណាស់ ហើយក៏មិនស្មោះត្រង់ដែរ។ បន្ទាប់ពីសេពគប់ជាមួយពួកនេះបានមួយរយៈពេលធំ អ្នកទាំងនោះក៏បានស្គាល់ពីសារជាតិ និងធម្មជាតិរបស់ពួកគេ។ នៅទីបញ្ចប់ អ្នកទាំងនោះនឹងទាញសេចក្តីសន្និដ្ឋានដូចតទៅនេះថា៖ ពួកនេះមិនដែលនិយាយពាក្យពិតទេ ហើយជាមនុស្សបោកបញ្ឆោត។ ឃ្លានេះតំណាងឱ្យធម្មជាតិរបស់មនុស្សប្រភេទបែបនេះឯង ហើយវាគឺជាការបង្ហាញ និងជាភស្ដុតាងដ៏ល្អបំផុតអំពីធម្មជាតិ និងសារជាតិរបស់ពួកគេ។ ទស្សនវិជ្ជានៃការរស់នៅរបស់ពួកគេ គឺមិនត្រូវនិយាយការពិតប្រាប់នរណាម្នាក់ឡើយ ក៏មិនត្រូវទុកចិត្តនរណាម្នាក់ដែរ។ ធម្មជាតិបែបសាតាំងរបស់មនុស្ស មានពេញដោយទស្សនវិជ្ជា និងសារជាតិពិសពុលបែបសាតាំងជាច្រើន។ ពេលខ្លះ សូម្បីតែអ្នកខ្លួនឯងក៏មិនដឹង ក៏មិនយល់ពីទស្សនវិជ្ជាទាំងនោះដែរ។ ប៉ុន្តែទោះជាយ៉ាងណា ជីវិតរបស់អ្នកគ្រប់វិនាទី គឺផ្អែកលើទស្សនវិជ្ជាទាំងនេះ។ ជាងនេះទៅទៀត អ្នកគិតថា ទស្សនវិជ្ជាទាំងនេះ គឺត្រឹមត្រូវ និងសមហេតុផលណាស់ ហើយគ្មានកំហុសឆ្គងអ្វីទាល់តែសោះ។ ចំណុចនេះគ្រប់គ្រាន់នឹងបញ្ជាក់ថា ទស្សនវិជ្ជារបស់សាតាំង បានក្លាយជាធម្មជាតិរបស់មនុស្សរួចស្រេចទៅហើយ ហើយពួកគេកំពុងរស់នៅតាមទស្សនវិជ្ជានោះទាំងស្រុង ដោយគិតថា ការរស់នៅតាមរបៀបនេះ គឺជាការល្អ ហើយគ្មានសតិចង់ប្រែចិត្តបន្តិចណាសោះឡើយ។ ដូច្នេះហើយ ពួកគេបើកសម្ដែងនូវធម្មជាតិបែបសាតាំងរបស់ពួកគេឥតឈប់ ហើយពួកគេកំពុងតែបន្ដរស់នៅតាមទស្សនវិជ្ជាបែបសាតាំង។ ធម្មជាតិរបស់សាតាំង គឺជាជីវិតរបស់មនុស្សជាតិ ហើយវាជាធម្មជាតិ និងសារជាតិរបស់មនុស្សជាតិ។

(ដកស្រង់ពី «របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

១២៩. ធម្មជាតិរបស់មនុស្ស ខុសគ្នាពីសារជាតិរបស់ខ្ញុំឆ្ងាយណាស់ ដ្បិតធម្មជាតិពុករលួយរបស់មនុស្សកើតចេញមកទាំងស្រុងពីសាតាំង។ ធម្មជាតិរបស់មនុស្សត្រូវបានកែច្នៃ និងត្រូវធ្វើឱ្យពុករលួយដោយសាតាំង។ ពោលគឺ មនុស្សរស់នៅក្រោមឥទ្ធិពលនៃសេចក្ដីអាក្រក់ និងភាពគួរឱ្យស្អប់ខ្ពើមរបស់វា។ មនុស្សមិនលូតលាស់នៅក្នុងពិភពនៃសេចក្ដីពិត ឬក្នុងមជ្ឍដ្ឋានដ៏បរិសុទ្ធនោះទេ និងរឹតតែមិនរស់នៅក្នុងពន្លឺ។ ដូច្នេះ ការដែលមនុស្សណាម្នាក់មានសេចក្ដីពិតនៅក្នុងធម្មជាតិរបស់ពួកគេតាំងពីពេលដែលគេកើតមក គឺវាមិនអាចទៅរួចនោះឡើយ ហើយរឹតតែគ្មាននរណាម្នាក់អាចកើតមកដោយមានសារជាតិដែលកោតខ្លាច និងស្ដាប់បង្គាប់ព្រះជាម្ចាស់ទៅទៀត។ មនុស្សមានធម្មជាតិមួយដែលតតាំងនឹងព្រះជាម្ចាស់ មិនស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយគ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតឡើយ។ ធម្មជាតិនេះគឺជាបញ្ហាដែលខ្ញុំចង់ពិភាក្សា ហើយវាគឺជាអំពើក្បត់។

(ដកស្រង់ពី «បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៣០. ឥរិយាបថដែលមិនអាចស្ដាប់បង្គាប់ខ្ញុំទាំងស្រុង គឺជាអំពើក្បត់ហើយ។ ឥរិយាបថដែលមិនអាចស្មោះត្រង់នឹងខ្ញុំ គឺជាអំពើក្បត់ហើយ។ ការបោកប្រាស់ខ្ញុំ និងការប្រើពាក្យកុហកដើម្បីបោកប្រាស់ខ្ញុំ គឺជាអំពើក្បត់ហើយ។ ការលាក់ទុកនូវសញ្ញាណជាច្រើន ហើយផ្សព្វផ្សាយពីសញ្ញាណនោះទៅគ្រប់ទីកន្លែង គឺជាអំពើក្បត់ហើយ។ ការដែលមិនអាចកាន់ខ្ជាប់តាមទីបន្ទាល់ និងផលប្រយោជន៍របស់ខ្ញុំ គឺជាអំពើក្បត់ហើយ។ ការផ្ដល់នូវស្នាមញញឹមក្លែងក្លាយ ពេលដែលដួងចិត្តនៅឆ្ងាយពីខ្ញុំ នោះក៏ជាអំពើក្បត់ដែរ។ ទាំងអស់នេះ សុទ្ធតែជាអំពើក្បត់ដែលអ្នករាល់គ្នាតែងតែអាចធ្វើទៅរួច ហើយទង្វើនេះ គឺជារឿងធម្មតានៅក្នុងចំណោមអ្នករាល់គ្នា។ គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាអាចនឹងគិតថា ទង្វើនេះគឺជាបញ្ហានោះឡើយ ប៉ុន្តែនោះមិនមែនជាអ្វីដែលខ្ញុំគិតនោះទេ។ ខ្ញុំមិនអាចចាត់ទុកអំពើក្បត់របស់បុគ្គលណាម្នាក់ គឺជារឿងលេងសើចនោះឡើយ ហើយខ្ញុំក៏ប្រាកដជាមិនអាចព្រងើយកន្តើយនឹងរឿងនេះដែរ។ បច្ចុប្បន្ននេះ កាលខ្ញុំកំពុងធ្វើការក្នុងចំណោមអ្នករាល់គ្នា អ្នករាល់គ្នាមានកិរិយាបែបនេះ ប្រសិនបើថ្ងៃនោះមកដល់ ពេលគ្មាននរណាឃ្លាំមើលអ្នករាល់គ្នា តើអ្នករាល់គ្នាមិនប្រៀបបានទៅនឹងចោរដែលបានប្រកាសថា ខ្លួនឯងជាស្ដេចនៃភ្នំតូចៗរបស់ពួកគេទេឬអី? នៅពេលដែលរឿងនោះកើតឡើង ហើយអ្នករាល់គ្នាបានបង្កនូវចលាចល តើនរណាជាអ្នកដោះស្រាយបញ្ហានេះបន្ទាប់ពីអ្នក? អ្នករាល់គ្នាគិតថា អំពើក្បត់ខ្លះគ្រាន់តែជារឿងហេតុចៃដន្យម្ដងម្កាល មិនមែនជាឥរិយាបថអចិន្ត្រៃយ៍របស់អ្នករាល់គ្នាទេ ហើយក៏មិនសមនឹងយកមកពិភាក្សាដោយភាពតឹងរ៉ឹងថ្នាក់ហ្នឹង គឺដល់ថ្នាក់ត្រូវបង្ខូចដល់សេចក្ដីអំណួតរបស់អ្នករាល់គ្នាដែរ។ ប្រសិនបើអ្នករាល់គ្នាពិតជាគិតដូច្នេះ នោះអ្នករាល់គ្នាខ្វះសតិហើយ។ ការគិតដូច្នេះ គឺធ្វើជាសំណាក និងជាគំរូនៃការបះបោរហើយ។ ធម្មជាតិរបស់មនុស្ស គឺជាជីវិតរបស់គេ វាគឺជាគោលការណ៍មួលដែលគេពឹងអាង ដើម្បីរក្សាជីវិត ហើយគេមិនអាចផ្លាស់ប្ដូរវាបានឡើយ។ ចូរយកធម្មជាតិនៃអំពើក្បត់ធ្វើជាឧទាហរណ៍។ ប្រសិនបើអ្នកអាចធ្វើរឿងអ្វីម្យ៉ាង ដើម្បីក្បត់សាច់ញាតិ ឬមិត្តភក្តិនោះបង្ហាញថា វាជាផ្នែកមួយនៃជីវិតរបស់អ្នករាល់គ្នា និងជាធម្មជាតិមួយ ដែលអ្នកមានស្រាប់តាំងពីកំណើតមក។ នេះគឺជារឿងមួយដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។

(ដកស្រង់ពី «បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៣១. នរណាៗក៏អាចប្រើពាក្យសម្ដី និងសកម្មភាពរបស់ពួកគេផ្ទាល់ មកបង្ហាញពីមុខមាត់ពិតរបស់ពួកគេបានដែរ។ ពិតណាស់ មុខមាត់ពិតនេះ គឺជាធម្មជាតិរបស់ពួកគេនោះឯង។ ប្រសិនបើអ្នកគឺជាមនុស្សម្នាក់ដែលនិយាយស្ដីវៀចវេរ នោះអ្នកមានធម្មជាតិវៀចវេរ។ ប្រសិនបើធម្មជាតិរបស់អ្នកប្រកបដោយល្បិចកល នោះអ្នកនឹងប្រព្រឹត្តតាមបែបមានល្បិច ហើយអ្នកនឹងធ្វើយ៉ាងណាឱ្យអ្នកដទៃងាយលង់នឹងល្បិចកលរបស់អ្នក។ ប្រសិនបើធម្មជាតិរបស់អ្នកចង្រៃឧត្បាត នោះសម្ដីរបស់អ្នកអាចនឹងពីរោះស្ដាប់ តែទង្វើរបស់អ្នកមិនអាចលាក់បាំងល្បិចកលឧត្បាតរបស់អ្នកបានឡើយ។ ប្រសិនបើធម្មជាតិរបស់អ្នកខ្ជិលច្រអូស នោះគ្រប់យ៉ាងដែលអ្នករាល់គ្នានិយាយ ក៏ដើម្បីគេចវេសពីទំនួលខុសត្រូវចំពោះការបង្គ្រប់កិច្ច និងភាពខ្ជិលច្រអូសរបស់អ្នករាល់គ្នា ចំណែកសកម្មភាពរបស់អ្នករាល់គ្នាទៀតសោតក៏យឺតយ៉ាវ និងបង្គ្រប់កិច្ច ហើយប៉ិនប្រសប់ខាងលាក់បំបាំងសេចក្ដីពិតផង។ ប្រសិនបើធម្មជាតិរបស់អ្នករាល់គ្នាចេះយល់ចិត្ត នោះសម្ដីរបស់អ្នករាល់គ្នានឹងមានហេតុផល ហើយសកម្មភាពរបស់អ្នករាល់គ្នា ក៏អនុលោមគ្នាយ៉ាងត្រសងនឹងសេចក្ដីពិតដែរ។ ប្រសិនបើធម្មជាតិរបស់អ្នករាល់គ្នាស្មោះត្រង់ នោះពាក្យសម្ដីរបស់អ្នករាល់គ្នាក៏ប្រាកដជាស្មោះត្រង់ ហើយវិធីដែលអ្នកប្រព្រឹត្តក៏សាមញ្ញ មិនមានអ្វីដែលអាចធ្វើឱ្យចៅហ្វាយរបស់អ្នកទើសទាល់នោះឡើយ។ ប្រសិនបើធម្មជាតិរបស់អ្នកពេញដោយចំណង់ ឬលោភលន់ចង់បានប្រាក់ នោះដួងចិត្តរបស់អ្នកក៏ពោរពេញដោយសេចក្ដីទាំងនេះ ហើយអ្នកនឹងប្រព្រឹត្តទាំងមិនដឹងខ្លួន នូវទង្វើខុសគេ និងទង្វើអសីលធម៌ ដែលមនុស្សនឹងមិនបំភ្លេចបានងាយៗ និងធ្វើឱ្យគេខ្ពើមរអើមទៀតផង។ ដូចខ្ញុំបាននិយាយរួចហើយថា ប្រសិនបើអ្នកមានធម្មជាតិនៃអំពើក្បត់ នោះអ្នកមិនងាយនឹងអាចរើខ្លួនពីវាបានឡើយ។ ចូរកុំទុកចិត្តព្រេងសំណាងដែលថា ប្រសិនបើអ្នកមិនបានប្រព្រឹត្តខុសនឹងអ្នកដទៃ នោះអ្នកគ្មានធម្មជាតិនៃអំពើក្បត់នោះឡើយ។ ប្រសិនបើនោះជាអ្វីដែលអ្នកគិត នោះអ្នកពិតជាកំពុងបះបោរប្រឆាំងហើយ។ រាល់ពេលដែលខ្ញុំថ្លែងបន្ទូលទាំងអស់របស់ខ្ញុំ គឺសុទ្ធតែតម្រង់ឆ្ពោះទៅរកមនុស្សទាំងអស់ មិនមែនតម្រង់ទៅរកបុគ្គលតែម្នាក់ ឬក៏បុគ្គលតែមួយប្រភេទនោះឡើយ។ ដោយព្រោះតែអ្នកមិនបានក្បត់ខ្ញុំនៅក្នុងរឿងមួយ មិនមែនបញ្ជាក់ថា អ្នកមិនអាចក្បត់ខ្ញុំនៅក្នុងរឿងណាមួយនោះឡើយ។ មនុស្សខ្លះនៅពេលមានឧបសគ្គនៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ គឺបាត់បង់ជំនឿចិត្តរបស់ខ្លួនក្នុងការស្វែងរកសេចក្ដីពិត។ មនុស្សខ្លះបោះបង់កាតព្វកិច្ចរបស់ខ្លួនក្នុងការធ្វើជាមនុស្សស្មោះត្រង់ចំពោះខ្ញុំ នៅពេលបែកបាក់គ្រួសារ។ មនុស្សខ្លះបោះបង់ខ្ញុំចោល ដើម្បីស្វះស្វែងរកឱកាសសប្បាយ និងរីករាយ។ មនុស្សខ្លះសុខចិត្តធ្លាក់ទៅក្នុងជ្រោះងងឹត ក៏មិនសុខចិត្តរស់នៅក្នុងពន្លឺ និងទទួលបាននូវភាពរីករាយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ មនុស្សខ្លះមិនអើពើនឹងដំបូន្មានរបស់មិត្តភក្ដិ ដើម្បីបំពេញចំណង់លោភលន់ចង់បានទ្រព្យសម្បត្តិរបស់គេ ហើយសូម្បីតែពេលនេះ ក៏ពួកគេមិនអាចទាំងទទួលស្គាល់កំហុសរបស់ខ្លួន ហើយកែប្រែទង្វើរបស់ខ្លួនផង។ មនុស្សខ្លះរស់នៅក្រោមឈ្មោះរបស់ខ្ញុំបានតែមួយគ្រា ដើម្បីទទួលនូវការការពាររបស់ខ្ញុំ ខណៈដែលមនុស្សខ្លះទៀត ប្ដូរផ្ដាច់តែបន្តិចចំពោះការបង្គាប់បញ្ជារបស់ខ្ញុំប៉ុណ្ណោះ ដោយសារតែពួកគេតោងទាមជីវិត និងភ័យខ្លាចស្លាប់។ លើសពីនេះ តើទង្វើទាំងអស់នេះ និងទង្វើអសីលធម៌ដែលគ្មានសេចក្ដីថ្លៃថ្នូរ មិនគ្រាន់តែជាឥរិយាបថដែលមនុស្សបានក្បត់នឹងខ្ញុំយ៉ាងជ្រាលជ្រៅនៅក្នុងចិត្តរបស់ពួកគេ ជាយូរមកហើយទេឬអី? ពិតណាស់ ខ្ញុំដឹងថា មនុស្សគ្មានផែនការក្បត់ខ្ញុំជាមុននោះទេ ហើយក៏គ្មាននរណាសប្បាយចិត្តដែរ ដ្បិតពួកគេបានធ្វើអ្វីម្យ៉ាងក្បត់នឹងខ្ញុំ។ ផ្ទុយទៅវិញ ពួកគេញាប់ញ័រដោយភាពខ្លាច តើមែនទេ? ដូច្នេះ តើអ្នករាល់គ្នាកំពុងគិតរកវិធីលោះអំពើក្បត់ទាំងនេះ និងគិតរកវិធីផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ននេះដែរឬទេ?

(ដកស្រង់ពី «បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៣២. អ្នករាល់គ្នាត្រូវបានញែកចេញពីភក់ជ្រាំ ហើយមិនថាជាអ្វីនោះទេ អ្នកគឺជាវត្ថុដែលត្រូវបានជ្រើសរើសពីក្នុងចំណោមកាកសំណល់ដែលកខ្វក់ ហើយព្រះជាម្ចាស់ទ្រង់ស្អប់ខ្ពើមផង។ អ្នកបានក្លាយជាកម្មសិទ្ធិរបស់សាតាំង ហើយ សាតាំងបានជាន់ឈ្លី ហើយធ្វើឱ្យខូចម្ដងរួចទៅហើយ។ ដូច្នេះហើយ ទើបគេនិយាយថា អ្នកត្រូវបានញែកពីភក់ជ្រាំ ហើយក្រៅពីនៅឆ្ងាយពីភាពបរិសុទ្ធ អ្នកជាភាវៈដែលមិនមានលក្ខណៈជាមនុស្ស ដែលជាគោលបំណងនៃការបោកបញ្ឆោតរបស់សាតាំង តាំងពីយូរយារណាស់មកហើយ។ នេះគឺជាការវាយតម្លៃដ៏សក្តិសមបំផុតសម្រាប់អ្នករាល់គ្នា។ អ្នកត្រូវដឹងថា ដើមឡើយ អ្នករាល់គ្នាមិនបរិសុទ្ធ ដោយស្ថិតនៅក្នងទឹក និងភក់ជ្រាំដែលកខ្វក់ ដូចជាត្រី និងកំពឹស ដែលជំទាស់នឹងការចាប់តាមការចង់បាន ដោយសារគ្មានអ្វីដែលផ្តល់អំណរអាចយកចេញពីអ្នករាល់គ្នាបានទេ។ និយាយឱ្យចំទៅ អ្នករាល់គ្នាជាសត្វតិរិច្ឆានដែលទាបថោកបំផុត នៅក្នុងសង្គមដ៏តូចទាបមួយ ដែលអាក្រក់ជាងឆ្កែ និងជ្រូកទៅទៀត។ និយាយដោយត្រង់ទៅ ដើម្បីហៅអ្នករាល់គ្នា ដោយប្រើពាក្យបែបនេះ គឺមិនមែនជាការថ្លែងហួសហេតុ ហើយក៏មិនមែនជាការបំផ្លើសសេចក្តីដែរ។ ផ្ទុយទៅវិញ ការហៅបែបនេះ ជាការធ្វើឱ្យបញ្ហាកាន់តែក្លាយជារឿងតូចតាច។ ការហៅអ្នករាល់គ្នា ដោយប្រើពាក្យបែបនេះ អាចនិយាយបានថា ជាការផ្តល់ការគោរពដល់អ្នកទៅវិញទេ។ គំនិត សម្ដី ឥរិយាបថជាមនុស្សរបស់អ្នករាល់គ្នា និងរាល់ទិដ្ឋភាពនៃជីវិតរបស់អ្នក រួមទាំងឋានៈរបស់អ្នកនៅក្នុងភក់ជ្រាំ គឺគ្រប់គ្រាន់ក្នុងការអះអាងថា អត្តសញ្ញាណរបស់អ្នក គឺ «ខុសពីធម្មតា»។

(ដកស្រង់ពី «អត្តសញ្ញាណពីកំណើត និងតម្លៃរបស់មនុស្ស៖ តើមានលក្ខណៈពិតដូចម្តេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៣៣. មនុស្សគ្មានអ្វីក្រៅពីសត្រូវរបស់ខ្ញុំឡើយ។ មនុស្ស គឺជាមនុស្សអាក្រក់ដែលប្រឆាំងទាស់ និងមិនស្ដាប់បង្គាប់ខ្ញុំ។ មនុស្សគ្មានអ្វីក្រៅពីកូនចៅនៃមេកំណាច ដែលខ្ញុំស្អប់ខ្ពើមឡើយ។ មនុស្ស គឺគ្មានអ្វីក្រៅពីពូជពង្យមហាទេវតាដែលបានក្បត់ខ្ញុំឡើយ។ មនុស្ស គ្មានអ្វីក្រៅពីកេរ្តិ៍ដំណែលនៃមនុស្សអាក្រក់ ដែលខ្ញុំបានបោះបង់ចោលជាយូរមកហើយ និងជាសត្រូវដែលមិនអាចផ្សះផ្សារបានជាមួយនឹងខ្ញុំតាំងពីពេលនោះមក។ ដ្បិតមេឃនៅខាងលើមនុស្សជាតិ ខ្មៅងងឹតសូន្យសុង គ្មានពន្លឺមើលច្បាស់សូម្បីបន្តិចសោះឡើយ ហើយពិភពមនុស្សបានធ្លាក់ទៅក្នុងភាពងងឹតសូន្យសុង ដូចនេះ មនុស្សដែលរស់នៅក្នុងពិភពនោះ មិនអាចមើលឃើញដៃរបស់ខ្លួនដែលលាតសន្ធឹងនៅចំពោះមុខ ឬឃើញព្រះអាទិត្យ នៅពេលគេងើយក្បាលឡើងលើឡើយ។ ផ្លូវនៅខាងក្រោមជើងរបស់គេ ជាដីភក់ និងសម្បូរទៅដោយគ្រហុក មានលក្ខណៈខ្វាត់ខ្វែង និងក្រវិចក្រវៀន។ ដីទាំងមូលពោរពេញទៅដោយសាកសព។ ជ្រុងដែលងងឹតៗ មានពេញទៅដោយសាកសពនៃអ្នកស្លាប់ ហើយនៅជ្រុងដែលត្រជាក់និងមានស្រមោលបាំង ពួកវិញ្ញាណកំណាចជាច្រើនបានយកធ្វើជាទីលំនៅ។ ហើយនៅគ្រប់ទីកន្លែងទាំងអស់ នៅក្នុងពិភពមនុស្ស វិញ្ញាណអាក្រក់បានចូលមកទាំងក្រុមៗ។ កូនសត្វគ្រប់ប្រភេទទាំងអស់ ដែលប្រឡាក់ទៅដោយភាពស្មោកគ្រោគ ត្រូវជាប់នៅក្នុងសង្គ្រាមឈ្លានពាន ដែលសំឡេងនៃសង្គ្រាមនោះធ្វើឱ្យមានការភ័យតក់ស្លុតនៅក្នុងចិត្ត។ នៅពេលនោះ ស្ថិតក្នុងពិភពមួយបែបនេះ នៅក្នុង «ស្ថានសួគ៌លោកិយ» មួយបែបនេះ តើមនុស្សទៅស្វែងរកកន្លែងបរមសុខនៅក្នុងជីវិតនៅទីណាបាន? តើមនុស្សអាចទៅស្វែងរកទិសដៅជីវិតរបស់ខ្លួននៅទីណាបាន? ចាប់តាំងពីត្រូវសាតាំងជាន់ឈ្លីនៅក្រោមបាទជើងមក ជាលើកដំបូងហើយដែលមនុស្សជាតិបានក្លាយជាតួអង្គដែលត្រាប់តាមរូបកាយរបស់សាតាំង លើសពីនេះ មនុស្សជាតិគឺជាតំណាងរបស់សាតាំង និងធ្វើជាទីសម្អាងដែលធ្វើបន្ទាល់ឱ្យសាតាំង ដោយសំឡេងឮៗ និងច្បាស់ៗ។ តើពូជមនុស្សបែបនេះ ក្រុមមនុស្សថោកទាបគ្មានគុណធម៌បែបនេះ កូនចៅនៃអំបូរមនុស្សពុករលួយបែបនេះ អាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានដោយរបៀបណា? តើសិរីល្អរបស់ខ្ញុំចូលមកដល់នៅពេលណា? តើនៅទីណាដែលមនុស្សអាចចាប់ផ្ដើមនិយាយអំពីទីបន្ទាល់របស់ខ្ញុំបាន? ដ្បិតសត្រូវដែលឈរទទឹងទាស់នឹងខ្ញុំ ដែលបានធ្វើឱ្យមនុស្សជាតិពុករលួយ បានដណ្ដើមយកមនុស្សជាតិរួចជាស្រេចទៅហើយ ព្រមទាំងធ្វើឱ្យពួកគេប្រឡាក់ប្រឡូសអស់ ជាមនុស្សជាតិដែលខ្ញុំបានបង្កើតតាំងពីយូរមកហើយ និងបានទទួលសិរីល្អរបស់ខ្ញុំ និងការសម្ដែងចេញរបស់ខ្ញុំ តាមរយៈការស់នៅ។ វាបានឆក់យកសិរីល្អរបស់ខ្ញុំ ហើយអ្វីទាំងអស់ដែលវាបានបញ្ជ្រាបចូលទៅក្នុងខ្លួនមនុស្សនោះគឺថ្នាំពុល ដែលបានលាយយ៉ាងច្រើនជាមយយនឹងភាពអាក្រក់របស់សាតាំង រួមនឹងទឹកផ្លែឈើពីផ្លែឈើនៃដើមដឹងខុសត្រូវផង។

(ដកស្រង់ពី «តើក្លាយជាមនុស្សពិតប្រាកដម្នាក់មានន័យដូចម្តេច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៣៤. អាកប្បកិរិយាជាច្រើនឆ្នាំរបស់អ្នករាល់គ្នានៅចំពោះមុខខ្ញុំ បានផ្ដល់ឱ្យខ្ញុំនូវចម្លើយដែលមិនធ្លាប់មានពីមុនមក ហើយសំណួរចំពោះចម្លើយនេះគឺ៖ «តើមនុស្សមានអាកប្បកិរិយាបែបណា នៅចំពោះមុខសេចក្តីពិត និងព្រះដ៏ពិត?» ការប្រឹងប្រែង ដែលខ្ញុំបានបូជាចំពោះមនុស្ស គឺបញ្ជាក់ពីទម្ងន់នៃសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះមនុស្ស ហើយរាល់សកម្មភាពរបស់មនុស្សនៅចំពោះមុខខ្ញុំ បញ្ជាក់ពីទម្ងន់ នៃការស្អប់ខ្ពើមរបស់ពួកគេចំពោះសេចក្តីពិត ហើយទាស់ទទឹងនឹងខ្ញុំ។ គ្រប់ពេលវេលា ខ្ញុំបារម្ភពីអស់អ្នកដែលដើរតាមខ្ញុំ ប៉ុន្តែគ្មានពេលណាមួយដែលអ្នកដើរតាមខ្ញុំទាំងនោះអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំទេ ពួកគេមិនអាចទទួលយកសូម្បីតែការទូន្មានរបស់ខ្ញុំ។ នេះជារឿងដែលធ្វើឱ្យខ្ញុំក្រៀមក្រំបំផុត។ គ្មានអ្នកណាម្នាក់អាចយល់ពីខ្ញុំសោះ ហើយជាងនេះទៅទៀត ក៏គ្មានអ្នកណាម្នាក់អាចទទួលយកខ្ញុំ ទោះបីជាអាកប្បកិរិយាខ្ញុំស្មោះត្រង់ ហើយព្រះបន្ទូលខ្ញុំទន់ភ្លន់ក៏ដោយ។ គ្រប់គ្នាព្យាយាមធ្វើកិច្ចការដែលខ្ញុំបានប្រគល់ឱ្យ តាមគំនិតផ្ទាល់ខ្លួនរបស់គេ ពួកគេមិនស្វះស្វែងរកហឫទ័យរបស់ខ្ញុំឡើយ កុំថាឡើយសួរពីអ្វីដែលខ្ញុំទាមទារពីពួកគេ។ ពួកគេនៅតែអះអាងថា បម្រើខ្ញុំដោយស្មោះត្រង់ ខណៈដែលពួកគេបះបោរប្រឆាំងនឹងខ្ញុំគ្រប់ពេល។ មនុស្សជាច្រើនជឿថា សេចក្តីពិតដែលពួកគេមិនអាចទទួលយក ឬដែលពួកគេមិនអាចអនុវត្តបាន គឺមិនមែនជាសេចក្តីពិតទេ។ ចំពោះមនុស្សបែបនេះ សេចក្តីពិតរបស់ខ្ញុំក្លាយជារបស់ដែលត្រូវបានបដិសេធ និងបោះចោលទៅម្ខាង។ ក្នុងពេលជាមួយគ្នានោះ មនុស្សទទួលស្គាល់ខ្ញុំថាជាព្រះជាម្ចាស់ ត្រឹមតែពាក្យសម្ដី ក៏ជឿថាខ្ញុំជាអ្នកក្រៅ ដែលមិនមែនជាសេចក្តីពិត មិនមែនជាផ្លូវ ឬមិនមែនជាជីវិតផងដែរ។ គ្មានអ្នកណាស្គាល់សេចក្តីពិតនេះទេ៖ ព្រះបន្ទូលរបស់ខ្ញុំ គឺជាសេចក្តីពិត ដែលមិនប្រែប្រួលរហូត។ ខ្ញុំជាអ្នកផ្គត់ផ្គង់ជីវិតដល់មនុស្ស និងជាមគ្គុទេសក៍តែមួយគត់សម្រាប់មនុស្សជាតិ។ តម្លៃ និងអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំ មិនត្រូវបានកំណត់ត្រង់ថាមនុស្សលោកទទួលស្គាល់ ឬទទួលយក ឬក៏អត់នោះទេ ប៉ុន្តែសារជាតិនៃព្រះបន្ទូលទេ ដែលជាអ្នកកំណត់ដោយខ្លួនឯង។ ទោះបីជាគ្មានមនុស្សណាម្នាក់នៅលើផែនដីនេះអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានក៏ដោយ ក៏គុណតម្លៃ និងជំនួយនៃព្រះបន្ទូលរបស់ខ្ញុំចំពោះមនុស្សលោក គឺមិនអាចគណនាបានទេ ចំពោះមនុស្សណាក៏ដោយ។ ហេតុដូច្នេះហើយ នៅពេលប្រឈមមុខជាមួយមនុស្សជាច្រើនដែលបះបោរប្រឆាំង ឆ្លើយបដិសេធ ឬមើលងាយយ៉ាងខ្លាំងចំពោះព្រះបន្ទូលរបស់ខ្ញុំ ជំហររបស់ខ្ញុំគឺមានតែ៖ ទុកឱ្យពេលវេលា និងហេតុការណ៍ធ្វើជាសាក្សីរបស់ខ្ញុំ ព្រមទាំងបង្ហាញថា ព្រះបន្ទូលរបស់ខ្ញុំគឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ទុកឱ្យពួកវាបង្ហាញថា អ្វីដែលខ្ញុំបានថ្លែងគឺសុទ្ធតែត្រឹមត្រូវ ជាព្រះបន្ទូលដែលដែលមនុស្សគួរប្រដាប់ឱ្យជាប់ខ្លួន ហើយជាងនេះទៅទៀត ជាអ្វីដែលមនុស្សគួរតែទទួលយក។ ខ្ញុំនឹងឱ្យអស់អ្នកដែលដើរតាមខ្ញុំ ដឹងពីហេតុការណ៍នេះ៖ អ្នកដែលមិនអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានពេញលេញ អ្នកដែលមិនអាចអនុវត្តតាមព្រះបន្ទូលរបស់ខ្ញុំ អ្នកដែលមិនអាចរកឃើញពីគោលបំណងនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ និងអ្នកដែលមិនអាចទទួលសេចក្ដីសង្គ្រោះដោយសារព្រះបន្ទូលរបស់ខ្ញុំ សុទ្ធតែជាអ្នកដែលត្រូវទទួលការផ្ដន្ទាទោសដោយព្រះបន្ទូលរបស់ខ្ញុំ ហើយជាងនេះទៅទៀត ពួកគេបានបាត់បង់សេចក្ដីសង្គ្រោះរបស់ខ្ញុំ ហើយដំបងរបស់ខ្ញុំក៏នឹងមិនដែលងាកចេញពីពួកគេដែរ។

(ដកស្រង់ពី «អ្នករាល់គ្នាត្រូវតែពិចារណានូវទង្វើរបស់ខ្លួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ក. ព្រះបន្ទូលស្ដីពីការបើកសម្ដែងអំពីរបៀបដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ

បន្ទាប់៖ គ. ព្រះបន្ទូលស្ដីពីការបើកសម្ដែងសញ្ញាណបែបសាសនា អញ្ញមតិ និងជំនឿខុសឆ្គងរបស់មនុស្សជាតិដែលពុករលួយ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ